ពោរពេញ​ដោយ​ពិភព: ណាសា​បង្ហាញ​ពិភព​ថ្មី​ចំនួន ៧១៥

រូបភាព​នេះ​ផ្ដល់​ដោយ​ណាសា បង្ហាញ​ពី Kepler-11 ជា​ផ្កាយ​មួយ​ដូច​ព្រះអាទិត្យ​របស់​យើង ដែល​រុំព័ទ្ធ​ដោយ​គន្លង​គោរចរ​របស់​ភព​ចំនួន​៦

មុខងារ​នៃ​បេសកកម្ម Kepler របស់​ទីភ្នាក់ងារ​អវកាស​របស់​សហរដ្ឋអាមេរិក (ណាសា, NASA) គឺ​រុករក​ទៅ​កាន់​ទីឆ្ងាយៗ​នៃ​អវកាស ដោយ​សង្ឃឹម​ថា​នឹង​រកឃើញ​បណ្ដា​ភព​ដែល​មាន​សក្ដានុពល​អាច​រស់នៅ​បាន ។ ណាសា​បាន​ប្រកាស​ពី​ជោគជ័យ​ដ៏​ត្រចះត្រចង់​ដោយ​បេសកកម្ម Kepler បាន​កំណត់​អត្តសញ្ញាណ​ភព​ថ្មី​ចំនួន ៧១៥ ដែល​គោចរ​ជុំវិញ​ផ្កាយ​ចំនួន ៣០៥ ។ របកគំហើញ​នេះ​បាន​បង្កើន​ចំនួន​ភព​ដែល​ត្រូវ​បាន​ស្គាល់​រហូត​ដល់ ៧០% 

អ្នករាយការណ៍​របស់​វិទ្យុ​ជាតិ​សាធារណៈ (NPR) លោក Nell Greenfieldboyce បាន​ឲ្យ​ដឹង​ថា «ភព​ចំនួន ៤ នៃ​ពិភព​ថ្មី​ទាំងនេះ​មាន​ទំហំ​ធំ​ជាង​ផែនដី​ប្រហែល ២ ដង និង​វិល​ជុំវិញ​ផ្កាយ​តាម​គន្លង​ដែល​គេ​ហៅ​ថា​ជា​តំបន់​អាច​រស់​នៅ​បាន ដែល​សីតុណ្ហភាព​អាច​សមស្រប​សម្រាប់​ឲ្យ​មាន​ទឹក​ក្នុង​សភាព​រាវ» ។

ខាងក្រោម​នេះ​ជា​សេចក្ដី​បន្ថែម​នៃ​របកគំហើញ​ដែល​ណាសា​បាន​ប្រកាស ៖

  • របកគំហើញ​ថ្មី​ទាំងនេះ​មាន​ប្រព័ន្ធ​ពហុភព​ដូច​គ្នា​នឹង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​ដែរ
  • ៩៤% នៃ​ភព​ទាំងនោះ​មាន​ទំហំ​តូច​ជាង​ភព​ណិបទូន (ដែល​ធំ​ជាង​ផែនដី​ជិត ៤​ដង)
  • ភព និង​ផ្កាយ​ទាំងនោះ​ត្រូវ​បាន​វិភាគ​ដោយ​អ្នកស្រាវជ្រាវ​ដោយ​ប្រើ​ទិន្នន័យ​ពី​ការ​សង្កេត​រយៈពេល ២​ឆ្នាំ​ដំបូង​នៃ​បេសកកម្ម Kepler ពី​ខែឧសភា ឆ្នាំ​២០០៩ ដល់​ខែមីនា ឆ្នាំ​២០១១ ។
  • ការ​រាប់​ផ្ទៀងផ្ទាត់​នៃ​ពិភព​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង (Exoplanets) បច្ចុប្បន្ន​ឃើញ​ថា​មាន​ចំនួន​ជិត ១៧០០ 

លោក Jason Rowe ប្រធាន​ក្រុម​ស្រាវជ្រាវ និង​ជា​អ្នកវិទ្យាសាស្ត្រ​បម្រើការ​នៅ​វិទ្យាស្ថាន SETI នៅ​ក្រុង Mountain View រដ្ឋ​កាលីហ្វ័រញ៉ា មាន​ប្រសាសន៍​ថា «ចេញ​ពី​ការ​សិក្សា​នេះ យើង​ដឹង​ថា បណ្ដា​ភព​នៅ​ក្នុង​ពហុប្រព័ន្ធ​ទាំងនោះ​មាន​ទំហំ​តូច ហើយ​គន្លង​គោចរ​របស់​ពួកវា​ស្ថិត​ក្នុង​ប្លង់​ដេក​រាប និង​ជា​រង្វង់ គឺ​មិន​ដូច​គំហើញ​ធម្មតា​នៃ​អាតូម​នោះ​ទេ ។ នៅ​ពេល​យើង​កាន់​តែ​រុករក យើង​កាន់​តែ​រក​ឃើញ​ដាន​នានា​ក្នុង​ចំណោម​ផ្កាយ​ទាំងនោះ​ដូច​គ្នា​នឹង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង» ។

ណាសា​ក៏​បាន​សង្កត់​ធ្ងន់​ថា ពិភព​ដែល​ភ្នាក់ងារ​អវកាស​មួយ​នេះ​កំពុង​ពិភាក្សា​គឺ​ខុស​គ្នា​ពី​ភព​ដែល​បាន​បង្ហាញ​ឲ្យ​ដឹង​ដោយ​ការ​សិក្សា​នានា​ពី​មុន​មក ។

លោក Jack Lissauer អ្នកវិទ្យាសាស្ត្រ​សិក្សា​អំពី​ភព​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Ames របស់​ទីភ្នាក់ងារ​ណាសា​នៅ​ក្រុង Mffett Field រដ្ឋ​កាលីហ្វ័រញ៉ា បាន​និយាយ​ថា «កាល​ពី ៤​ឆ្នាំ​មុន បេសកកម្ម Kepler បាន​ចាប់​ផ្ដើម​ប្រកាស​ជា​បន្តបន្ទាប់​នូវ​បេក្ខជន​ភព ដំបូង​ចំនួន​រាប់​រយ បន្ទាប់​មក​រាប់​ពាន់ ប៉ុន្តែ​ពួក​វា​គ្រាន់​តែ​ជា​ពិភព​បេក្ខជន​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​យើង​បាន​អភិវឌ្ឍ​ដំណើរការ​មួយ​ដើម្បី​ផ្ទៀងផ្ទាត់​បញ្ជាក់​បេក្ខជន​ភព​ក្នុង​ទ្រង់ទ្រាយ​ធំ ហើយ​បាន​ប្រើប្រាស់​វា​ដើម្បី​បង្ហាញ​ពី​ចំនួន​ដ៏​ច្រើន​អាច​ផ្ទៀងផ្ទាត់​បាន​នៃ​ពិភព​ថ្មីៗ» ។

ក្រាហ្វិក​ប្រៀបធៀប​អំពី​ចំនួន​ភព​ដែល​បាន​រក​ឃើញ​គិតត្រឹម​ថ្ងៃទី​២៥-២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ។ ក្រាហ្វិក​ទាំង​ពីរ​មាន​ទ្រង់ទ្រាយ​ដូច​គ្នា ប៉ុន្តែ​ក្រហ្វិក​ស្ថិត​នៅ​ខាង​ស្ដាំ​មាន​មាត្រដ្ឋាន​ធំ​ជាង

ខាងក្រោម​នេះ​ជា​អ្វី​ដែល​ភ្នាក់ងារ​អវកាស​ណាសា​ពន្យល់​ពី​ដំណើរការ​ពិនិត្យ​ពិភព​ថ្មី ៖

ក្រុម​ស្រាវជ្រាវ​បាន​ប្រើប្រាស់​បច្ចេកទេស​មួយ​ហៅ​ថា ការ​ផ្ទៀងផ្ទាត់​ដោយ​ចំនួន​ច្រើន ដោយ​ពឹងផ្អែក​មួយ​ភាគ​លើ​ឡូហ្ស៊ិក​នៃ​ប្រូបាប៊ីលីតេ ។ បេសកកម្ម Kepler អង្កេត​មើល​ផ្កាយ​ចំនួន ១៥០ ០០០ ហើយ​បាន​រក​ឃើញ​ផ្កាយ​ចំនួន​ពីរបី​ពាន់​នៃ​ផ្កាយ​ទាំងនោះ​មាន​បេក្ខជន​ភព ។ ប្រសិនបើ​បេក្ខជន​ភព​ទាំងនោះ​ត្រូវ​បាន​បែងចែក​ដោយ​ចៃដន្យ​ក្នុង​ចំណោម​ផ្កាយ​របស់ Kepler មាន​ផ្កាយ​តែ​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ​មាន​បេក្ខជន​ភព​ច្រើន​ជាង​មួយ ។ ប៉ុន្តែ បេសកកម្ម Kepler បាន​សង្កេត​ផ្កាយ​រាប់​រយ​ដែល​មាន​បេក្ខជន​ភព​ច្រើន ។ ឆ្លង​តាម​ការ​សិក្សា​ដោយ​យក​ចិត្ត​ទុកដាក់​អំពី​សំណាក​នេះ ពិភព​ថ្មី​ទាំង ៧១៥ ត្រូវ​បាន​ផ្ទៀងផ្ទាត់​បញ្ជាក់ ។

ប៉ុន្តែ​ប្រសិនបើ​យើង​បាន​រក​ឃើញ​អសយដ្ឋាន​នៃ​ភព​ថ្មី​មួយ​នៅ​ក្បែរខាង វា​អាច​ចំណាយ​ពេល​មួយ​រយៈ មុន​ពេល​នរណា​ម្នាក់​យក​វា​ទៅ​ពិនិត្យ​ស្រាវជ្រាវ ។

ណាសា​បាន​ប្រកាស​តាម Twitter ថា «ពន្លឺ​ដែល​យើង​កំពុង​មើល​ឃើញ​បច្ចុប្បន្ន ត្រូវ​បាន​បញ្ចេញ​ពី​ផ្កាយ​ទាំង​នេះ ១០០០​ឆ្នាំ​មក​ហើយ» ។

លោកអ្នក​អាច​រក​មើល​បញ្ជី​នៃ​ភព​ដែល​បាន​បញ្ជាក់​ពី​អត្ថិភាព​តាម​រយៈ​វេបសាយ បេសកកម្ម Kepler ។ ណាសា​បាន​គូសបញ្ជាក់​ពី​ភព​មួយ​ឈ្មោះ Kepler-296f ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាច​រស់នៅ​បាន និង​គោចរ​ជុំវិញ​ផ្កាយ​មួយ​មាន​ទំហំ​ពាក់​កណ្ដាល និង​មាន​ពន្លឺ​ភ្លឺ​ជាង​ព្រះអាទិត្យ​របស់​យើង ៥% 

ណាសា​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា «Kepler-296f មាន​ទំហំ​ធំង​ជាង​ផែនដី ២​ដង ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​មិន​ដឹង​ទេ​ថា​តើ​ភព​នេះ​ជា​ពិភព​ឧស្ម័ន​រុំព័ទ្ធ​ដោយ​ស្រទាប់​ឧស្ម័ន​អ៊ីដ្រូសែន-អេលីយ៉ូម​យ៉ាង​ក្រាស់ ឬ​មួយ​វា​ជា​ពិភព​ទឹក​ព័ទ្ធ​ជុំវិញ​ដោយ​មហាសមុទ្រ​យ៉ាងជ្រៅ» ។

ប្រែសម្រួល​ពី NPR ថ្ងែទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s