ភាព​ធាត់​ជ្រុល​ក្នុង​ពេល​មាន​ផ្ទៃពោះ

នៅ​ក្នុង​ការ​សិក្សា​ពី​ទំនាក់ទំនង​រវាង​ភាព​ធាត់​ជ្រុល​របស់​ម្ដាយ និង​ការ​អភិវឌ្ឍ​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ ប្រធាន​ក្រុម​ស៊ើបអង្កេត Jin-Ran Chen ប្រើ​លំដាប់​រៀង DNA ជំនាន់​បន្ទាប់​មួយ ដើម្បី​អង្កេត​ពី​ការ​ប្រែប្រួល​មេទីលកម្ម​នៅ​ក្នុង​ហ្សែន

ភាព​ធាត់​ជ្រុល​ក្នុង​ពេល​មាន​ផ្ទៃពោះ

អ្នកវិទ្យាសាស្ត្រ​រកឃើញ​ផលប៉ះពាល់​ទៅ​លើ​សុខភាព​ឆ្អឹង​របស់​ទារក

គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថាតើ​ភាព​ធាត់​ជ្រុល​របស់​ម្ដាយ​ក្នុង​ពេល​មាន​ផ្ទៃពោះ​អាច​ប៉ះពាល់​ដល់​ឱកាស​លូតលាស់​របស់​ឆ្អឹង​ប្រកប​ដោយ​ភាព​រឹងមាំ និង​មាន​សុខភាព​ល្អ​របស់​ទារក​នោះ​ទេ ។ ប៉ុន្តែ​ការ​សិក្សា​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​មជ្ឈមណ្ឌល​អាហារូបត្ថម្ភ​កុមារ Arkansas ស្ថិត​ក្នុង​ក្រុង Little Rock បាន​ផ្ដល់​ពន្លឺ​ខ្លះ ។

លោក​វិជ្ជបណ្ឌិត Jin-Ran Chen ជា​ប្រធាន​ក្រុម​ស៊ើបអង្កេត​នៅ​មន្ទីរពិសោធន៍​ការ​អភិវឌ្ឍ​ឆ្អឹង​របស់​មជ្ឈមណ្ឌល​ខាងលើ​បាន​បង្ហាញ​ថា ការ​អភិវឌ្ឍ​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​នៃ​កណ្ដុរ​ពិសោធន៍​ដែល​បាន​ផ្ដល់​របប​ចំណី​មាន​ខ្លាញ់​ខ្ពស់​ដើម្បី​បង្កើត​ភាព​ធាត់​ជ្រុល មាន​ការ​អន់ថយ​គួរ​ឲ្យ​កត់​សម្គាល់ ខុស​គ្នា​ស្រឡះ​ពី​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​នៃ​កណ្ដុរ​ដែល​ទទួល​របប​ចំណី​មាន​ខ្លាញ់​ទាប ។

ការ​វិភាគ​កោសិកា​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​យក​ពី​លលាដ៍​ក្បាល និង​ឆ្អឹងខ្នង បង្ហាញ​ថា ការ​ប្រែប្រួល​នៃ​តួនាទី​របស់​ហ្សែន HoxA10 អាច​ជួយ​ពន្យល់​ពី​ភាព​ខុសគ្នា​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​កកើត​ឆ្អឹង ។ ការ​សិក្សា​នានា​របស់​អ្នកវិទ្យាសាស្ត្រ​នៅ​ទីដទៃ​បាន​បង្ហាញ​រួច​ហើយ​ថា ហ្សែន HoxA10 នេះ​មាន​សារសំខាន់​ចំពោះ​ការ​កកើត និង​អភិវឌ្ឍ​របស់​ឆ្អឹង ។ ប៉ុន្តែ​ការ​អង្កេត​របស់​លោក Jin-Ran Chen បាន​បង្ហាញ​ជា​លើក​ដំបូង​ថា ​ភាព​ធាត់ជ្រុល​ដែល​បណ្ដាល​មក​ពី​ចំណី​មាន​ខ្លាញ់​ខ្ពស់​អាច​បិទ​ហ្សែន​នេះ​មិន​ឲ្យ​ដំណើរការ ដូច្នេះ​បង្អាក់​ការ​អភិវឌ្ឍ​ឆ្អឹង​ឲ្យ​បាន​រឹងមាំ ។

លោក​ Jin-Ran Chen និង​ក្រុម​ស្រាវជ្រាវ​របស់​លោក​បាន​រក​ឃើញ​ថា ហ្សែន HoxA10 ត្រូវ​បាន​បិទ​មិន​អាច​ដំណើរការ​បាន​ដោយសារ​កម្រិត​ខ្ពស់​នៃ​មេទីលកម្ម​របស់ DNA ដែល​ជា​ដំណើរការ​ជីវគីមី​មួយ​ដែល​គេ​ហៅ​ម្យ៉ាងទៀត​ថា «មេទីលកម្ម​ហ្សែន» ។ លោក Jin-Ran Chen ពន្យល់​ថា «មេទីលកម្ម​ហួសហេតុ​នេះ​ចាំបាច់​ត្រូវ​តែ​បិទ​ហ្សែន​ដ៏​សំខាន់​នេះ» ។

យ៉ាងណាក៏ដោយ រឿងរ៉ាវ​វា​មិន​ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ ។ មេទីលកម្ម DNA ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្វី​ដែល​អ្នកវិទ្យាសាស្ត្រ​ពិពណ៌នា​ថា​ជា «យន្តការ​និយ័តកម្ម​អេពីសេណេទិក» ដែល​ក្នុង​នោះ​រចនាសម្ព័ន្ធ ឬ​លំដាប់រៀង​របស់​ហ្សែន​មួយ​មិន​ត្រូវ​បាន​ប្រែប្រួល​ទេ ប៉ុន្តែ​តួនាទី​វា​មាន​ការ​ប្រែប្រួល ។

ការ​ប្រែប្រួល​ផ្នែក​អេពីសេណេទិក​នៃ​តួនាទី​របស់​ហ្សែន​មួយ​អាច​កើត​មាន​ជា​និរន្ត មាន​ន័យ​ថា ភាព​អន់ថយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ឆ្អឹង​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​សង្កេត​ឃើញ អាច​ស្ថិត​នៅ​រហូត​ពេញ​មួយ​ជីវិត ។

ប្រសិនបើ​លទ្ធផល​ដែល​បាន​រក​ឃើញ​ចំពោះ​កណ្ដុរ​អាច​កើត​មាន​ដូច​គ្នា​ចំពោះ​មនុស្ស​នោះ ការ​បង្កើន​មេទីលកម្ម​របស់​ហ្សែន HoxA10 អាច​បង្កើន​ហានីយភ័យ​របស់​ទារក​ក្នុង​ការ​កើត​ជំងឺ​ឆ្អឹង ដូចជា​ពុកឆ្អឹង​នៅ​ពេល​ចាស់​ជាដើម នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Jin-Ran Chen ។

បច្ចុប្បន្ន​នេះ ជនជាតិ​អាមេរិកាំង​ប្រមាណ ១០​លាន​នាក់ មាន​ជំងឺ​ពុកឆ្អឹង ហើយ​ប្រជាជន​ប្រមាណ ១៨​លាន​នាក់​ផ្សេង​ទៀត កំពុង​ប្រឈម​នឹង​ហានីយភ័យ​នៃ​ជំងឺ​នេះ ។ ជំងឺ​ពុកឆ្អឹង​កាត់​បន្ថយ​ទាំង​ម៉ាស និង​ដង់ស៊ីតេ​របស់​ឆ្អឹង ដូច្នេះ​បង្កើន​ហានីយភ័យ​នៃ​ការ​ប្រេះស្រាំ​ឆ្អឹង​នៅ​ត្រង់​ត្រគាក កដៃ និង​ខ្នង ។

នៅ​ក្នុង​ការ​សិក្សា​ដើម្បី​ផ្ទៀងផ្ទាត់ លោក Jin-Ran Chen នឹង​ពិនិត្យ​មើល​សុខភាព​ឆ្អឹង​របស់​កូន​កណ្ដុរ​ធាត់​ជ្រុល និង​កូន​កណ្ដុរ​ស្គម ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ផលវិបាក​នានា​នៃ​របប​អាហារូបត្ថម្ភ​របស់​ម្ដាយ ។ លោក Jin-Ran Chen និយាយ​ថា «អ្វីៗ​ដែល​យើង​បាន​ដឹង​មក​ដល់​បច្ចុប្បន្ន​នេះ​បង្ហាញ​ថា វា​ចាំបាច់​ណាស់​ក្នុង​ការ​ចាប់​ផ្ដើម​ពី​ដំបូង​ទី​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា អាហារូបត្ថម្ភ​របស់​ម្ដាយ​ផ្ដល់​ផលប្រយោជន៍​ដល់​សុខភាព​ឆ្អឹង​របស់​កូន​ដែល​កំពុង​តែ​លូតលាស់» ។

លោក Jin-Ran Chen និង​សហការី Tom Badger, Mike Blackburn, Ping Kang, Oxana Lazarenko, Martin Ronis, Kartik Shankar និង Jian Zhang ទាំងអស់​គ្នា​បម្រើការ​នៅ​មជ្ឈមណ្ឌល​អាហារូបត្ថម្ភ និង​នៅ​សាកលវិទ្យាល័យ Arkansas ផ្នែក​វិទ្យាសាស្ត្រ​វិជ្ជសាស្ត្រ បាន​កត់ត្រា​របកគំហើញ​របស់​ពួកគេ​នៅ​ក្នុង​អត្ថបទ​វិទ្យាសាស្ត្រ​មួយ​ដែល​បាន​បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ​២០១២ ក្នុង​ទស្សនាវដ្ដី FASEB របស់ Federation of American Societies for Experimental Biology ។ មជ្ឈមណ្ឌល​អាហារូបត្ថម្ភ Arkansas គឺ​ជា​ដៃគូ​រវាង ARS សាកលវិទ្យាល័យ និង​ពេទ្យ​កុមារ Arkansas ដែល​ស្ថិត​នៅ​ក្រុង Little Rock ជាមួយ​គ្នា ។ អត្ថបទ​ដោយ Marcia Wood មន្ត្រី​ព័ត៌មាន​នៃ ARS

បកប្រែ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA Agricultural Research/Feb 2014

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s