ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ក្រុង​ប៊្រីសបិន ប្រទេស​អូស្ត្រាលី

ឆាក​តន្ត្រី​ក្នុង​ឱកាស​ពីធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ក្រុង​ប៊្រីសបិន ប្រទេស​អូស្ត្រាលី

ដូច​រៀងរាល់​ឆ្នាំ​ដែរ សហគមន៍​ខ្មែរ​រស់​នៅ​ក្រុង​ប៊្រីសបិន រដ្ឋ​ឃ្វីនស្លែន ប្រទេស​អូស្ត្រាលី តែង​តែ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​យឺត​ជាង​នៅ​ស្រុក​ខ្មែរ​បន្តិច ដោយសារ​តែ​ថ្ងែ​ចូល​ឆ្នាំ​ថ្មី​ជាក់​ស្ដែង​ចំ​លើ​ថ្ងៃ​ធ្វើការ ដូច្នេះ​ហើយ​គឺ​ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​ចុង​សប្ដាហ៍​វិញ ។ ឆ្នាំ​នេះ​គឺ​ប៉ះ​លើ​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មេសា ។

ឆ្នាំ​នេះ ខ្ញុំ និង​មិត្តភក្តិ​មាន​ឱកាស​បាន​ទៅ​វត្ត​ខេមរៈរតនារាម​បាន​ពី​ព្រឹក និង​ស្ថិត​នៅ​ទី​នោះ​រហូត​ដល់​ម៉ោង ៧​យប់ ។ នេះ​គឺ​ជា​លើក​ចុងក្រោយ​ដែល​ខ្ញុំ​បាន​មក​ចូលរួម ព្រោះ​ថា​ខ្ញុំ​នឹង​ត្រលប់​ទៅ​ស្រុក​ខ្មែរ​វិញ​នៅ​ចុង​ខែ​កក្កដា​ខាងមុខ ។

មាន​ពុទ្ធបរិស័ទ​ខ្មែរ​ច្រើន​កុះករ​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ម៉ោង​ប្រមាណ ១​រសៀល រួច​ក៏​បែក​គ្នា​ទៅ​កាន់​គេហដ្ឋាន​រៀង​ខ្លួន និង​ចាប់​ផ្ដើម​ជួបជុំ​គ្នា​ម្ដង​ទៀត​ចាប់​ពី​ម៉ោង ៥​រសៀល រហូត​ដល់​ម៉ោង ១០​យប់ ។ ចាប់​ពី​ព្រឹក​ដល់​រសៀល ក្រៅ​ពី​ពិធី​នានា​ខាង​សាសនា ក៏​មាន​រៀបចំ​ឲ្យ​មាន​លេង​ល្បែង​ប្រជាប្រិយ​មួយ​ចំនួន ដូចជា រត់​បាវ បូម​ទឹក​ដាក់​ដប និង​លាក់​កន្សែង​ជាដើម ។ លុះ​ដល់​ពេល​យប់ មាន​ការ​ដាក់​លក់​ម្ហូបអាហារ​ខ្មែរ និង​មាន​ការ​ប្រគុំ​តន្ត្រី​ឥត​គិត​ថ្លៃ​ដែល​មាន​តារាង​ចម្រៀង​ពីរ​រូប​មក​ពី​ប្រទេស​កម្ពុជា គឺ កញ្ញា អ៊ុំ វណ្ណនី និង​លោក ជុន សុធី ។

ខ្ញុំ​មាន​ការ​ខក​ចិត្ត​បន្តិច​ដែរ​ចំពោះ​ចំណី​អាហារ​ឆ្នាំ​នេះ ។ គ្មាន​នំ​អន្សម​ជ្រូក បាញ់​ជំនឿក លត និង​ត្រប៉ែ​លក់​ទេ ដែល​មូលហេតុ​នោះ​ចាស់ៗ​ប្រាប់​ថា គ្មាន​នរណា​ធ្វើ ព្រោះ​ថា​ការ​លក់ដូរ​នេះ​គឺ​ដើម្បី​យក​ថវិកា​ចូល​វត្ត ។ ប៉ុន្តែ ឃើញ​មាន​លក់​តែ​កាហ្វេ​ក្ដៅៗ​ដែល​ឆ្នាំ​កន្លង​ទៅ​គ្មាន ។ ដូច​កម្មវិធី​មុនៗ​ដែរ ខ្ញុំ​ចាប់​ចិត្ត​នឹង​សាច់គោ​អាំង នំបញ្ចុក និង​នំកូរ ថ្វីបើ​ពីបី​ម៉ាត់​ដំបូង​នៃ​នំបញ្ចុក​សម្ល​ខ្មែរ​ហាក់​ធុំ​ក្លិន​ប្រហុក​បន្តិច​ក៏​ដោយ ។ ប៉ុន្តែ តែ​ពីបី​ម៉ាត់​ប៉ុណ្ណោះ បន្ទាប់​មក​គឺ​ឆ្ញាញ់​ផស់​គេ !

តាម​ការ​កត់​សម្គាល់​គឺ​ថា បច្ចុប្បន្ន​គឺ​មាន​នៅ​សល់​ចាស់ៗ​ដើម្បី​ធ្វើ​ម្ហូប​អាហារ​ខ្មែរ ហើយ​ម្ហូប​ចំណី​មួយ​ចំនួន​ដូច​រៀបរាប់​ខាងលើ ក៏​អស់​អ្នក​ធ្វើ​ជា​បណ្ដើរៗ​ហើយ ។ តើ​ទៅ​ខាង​មុខ ប្រសិនបើ​នៅ​សល់​តែ​ក្មេងៗ​ជំនាន់​ក្រោយ តើ​ម្ហូប​ចំណី​ខ្មែរ​ទាំងនេះ​នឹង​នៅ​តែ​បង្ហាញ​ខ្លួន​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ​បន្ត​ទៀត​ឬ​ទេ ?

ខាងក្រោម​នេះ​គឺ​ជា​ទិដ្ឋភាព​ខ្លះៗ​ដែល​ខ្ញុំ​បាន​ផ្ដិត​យក​មក​ទុក​ជូន​ជា​អនុស្សាវរីយ៍ ។

ព្រះវិហារ​វត្ត​ខេមរៈរតនារាម មើល​ពី​ទិស​ខាង​ជើង

ព្រះពុទ្ធរូប​អង្គ​ធំ​ស្ថិត​ក្នុង​ព្រះវិហារ ។ ជញ្ជាំ និង​ពិតាន​ក្នុង​ព្រះវិហារ​មាន​ភាព​ស​ស្អាត គឺ​ពុំ​មាន​គំនូរ​ពុទ្ធប្រវត្តិ​ផ្សេងៗ​ដូច​ព្រះវិហារ​នៅ​ស្រុក​ខ្មែរ​ទេ ។

រណ្ដាប់​រៀបចំ​សម្រាប់​ពិធី​ស្រង់ព្រះ​នៅ​ក្នុង​ព្រះវិហារ

រាន​សម្រាប់​ពូន​ភ្នំខ្សាច់

ពិធី​ពូន​ភ្នំខ្សាច់ ដឹក​នាំ​ដោយ​ព្រះចៅអធិការ​វត្ត ។ បច្ចុប្បន្ន វត្ត​ខេមរៈរតនារាម​មាន​ព្រះសង្ឃ ៤​អង្គ គង់​នៅ ។

ល្បែង​ប្រជាប្រិយ​រត់​បាវ

ល្បែង​ប្រជាប្រិយ​បូម​ទឹក​ដាក់​ដប

ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អំពី​តន្ត្រី​មិន​គិត​ថ្លៃ​នៅ​ក្នុង​ថ្ងៃ​ទី​១៩ មេសា ២០១៤

ខិត្តប័ណ្ណ​ស្ដីអំពី​តន្ត្រី​គិត​កម្រៃ​នៅ​ប៊្រីសបិន ដែល​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៦ មេសា ២០១៤

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in អរិយធម៌​ខ្មែរ. Bookmark the permalink.

One Response to ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ក្រុង​ប៊្រីសបិន ប្រទេស​អូស្ត្រាលី

  1. នៅជុុំវិញបរិវេណវត្តមានព្រៃឈើខៀវស្រងាត់គួរជាទីចាប់ចិត្តស្អាតជាងវត្តក្នុងទីក្រុងភ្នំពេញទៅទៀត។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s