សុវត្ថិភាព​ស្បៀងអាហារ: ការ​ប្រឈម​ដ៏​ធំ​របស់​កសិកម្ម

តើ​ជម្រើសវិទូ​រុក្ខជាតិ និង​អ្នក​ដាំ​ដំណាំ​នៅ​ជុំវិញ​ពិភពលោក​អាច​បន្ត​បង្កើន​ផលិតកម្ម​ម្ហូបអាហារ​នៅ​ក្នុង​ល្បឿន​ស្របគ្នា​នឹង​អត្រា​កំណើន​ប្រជាជន​ពិភពលោក​ដែល​បាន​ព្យាករណ៍​ថា​នឹង​កើន​ពី​ចំនួន ៧,២​ពាន់​លាន​នាក់​បច្ចុប្បន្ន​ទៅ ៩,៦​ពាន់​លាន​នាក់​នៅ​ឆ្នាំ២០៥​០​ឬ​ទេ ?

នេះ​គឺ​ជា​សំណួរ​ដ៏​សំខាន់​ដែល​បណ្ដា​ជម្រើសវិទូ​ស្រូវ​សាលី​ឈាន​មុខ​ក្នុង​ពិភពលោក​បាន​ពិភាក្សា​ដោះស្រាយ​នៅ​ក្នុង​ជំនួប​កំពូល​ស្រូវ​សាលី​អន្តរជាតិ Borlaug នៅ​ប្រទេស​ម៉ិកស៊ិក កាល​ពី​ខែ​មីនា​ឆ្នាំ​នេះ ។

សាស្ត្រាចារ្យ​ផ្នែក​ការ​អភិវឌ្ឍ​អន្តរជាតិ​នៃ​សាលា Imperial College នៅ​ក្រុង​ឡុងដ៍ Sir Gordon Conway បាន​ប្រាប់​សន្និសីទ​នេះ​ថា ស្រប​ពេល​ដែល​កំណើន​ផលិតកម្ម​ស្បៀងអាហារ​ស្រប​គ្នា​នឹង​កំណើន​ប្រជាជន​បច្ចុប្បន្ន ការ​ងើប​ឡើង​នៃ​ប្រជាជន​ថ្នាក់​កណ្ដាល និង​ការ​ផ្លាស់ប្ដូរ​តម្រូវការ​របប​អាហារ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​បង្ហាញ​អំពី​ការ​ប្រឈម​ថ្មីៗ​នៃ​វិស័យ​ផលិតកម្ម​ស្បៀងអហារ ។

លោក​សាស្ត្រាចារ្យ​មាន​ប្រសាសន៍​ថា «ប្រសិនបើ​លោកអ្នក​គ្រាន់​តែ​និយាយ​អំពី​ការ​ចិញ្ចឹម​មនុស្ស​បន្ថែម​ដូច​នឹង​អ្វី​ដែល​ពួកគេ​ត្រូវ​បាន​ចិញ្ចឹម​ពេល​បច្ចុប្បន្ន យើង​អាច​ធ្វើ​បាន ។ ប៉ុន្តែ​ការ​ប្រឈម​ដ៏​ធំ​នោះ​គឺ​ថា នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៃ​ប្រទេស​ទើប​ចម្រើន​លូតលាស់​ ដូចជា ប្រទេស​ចិន ឥណ្ឌា ប្រេស៊ីល ម៉ិកស៊ិក និង​កូរ៉េ របប​អាហារ​របស់​ពួកគេ​កំពុង​តែ​មាន​ការ​ប្រែប្រួល ។ ពួកគេ​បរិភោគ​ផលិតផល​សាច់​កាន់​តែ​ច្រើន និង​ត្រូវការ​ធញ្ញជាតិ ដូច្នេះ​យើង​នឹង​ត្រូវការ​ធញ្ញជាតិ​កាន់​តែ​ច្រើន​ទៀត​ដើម្បី​ចិញ្ចឹម​ពួកគេ ។ ឧទាហរណ៍ បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​ផលិត​បសុសត្វ​ក្នុង​បរិមាណ​ដ៏​ច្រើន និង​កំពុង​នាំចូល​សណ្ដែកសៀង​ចំនួន​ពីរ​ភាគ​បី​នៃ​សណ្ដែកសៀង​សរុប​នៅ​លើ​ទីផ្សារ​ពិភពលោក» ។

សាស្ត្រាចារ្យ Gordon Conway បន្ត​ថា ការ​រីកចម្រើន​ណា​មួយ​នៅ​ក្នុង​ផលិតកម្ម​ស្បៀងអាហារ​នឹង​ទាមទារ​សម្រេច​ឲ្យ​បាន​នៅ​ទីកន្លែង​ណា​ដែល​ដី​មាន​គុណភាព​ល្អ ហើយ​ការ​ផ្គត់ផ្គង់​ទឹក​គឺ​ត្រឹម​កម្រិត​មាន​កំណត់​នៅ​ក្នុង​តំបន់​ទាំងនោះ ។ លោក​និយាយ​ថា «ដូច្នេះ​យើង​នឹង​ត្រូវ​ផលិត​ឲ្យ​បាន​ច្រើន​បន្ថែម​ជាមួយ​នឹង​ធនធាន​មាន​តិច ។ នេះ​ហើយ​គឺ​ជា​ពាក្យ​ស្លោក​នៅ​ពេល​អនាគត ។ អ្នក​វិទ្យាសាស្ត្រ​ដឹង​ពី​វិធី​ដើម្បី​សម្រេច​វា ។ ប៉ុន្តែ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​មាន​ប្រពល​លក្ខណៈ​ប្រកប​ដោយ​និរន្តរភាព ពោល​គឺ​យើង​ត្រូវ​ប្រើ​ធាតុចូល​ដែល​បង្ក​គ្រោះថ្នាក់​កាន់​តែ​តិច ដូចជា​ថ្នាំពុល​កសិកម្ម និង​ជី​គីមី កាត់​បន្ថយ​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កើត​ពី​កសិកម្ម បង្កើន​សមត្ថភាព​រក្សា​ទឹក​របស់​ដី និង​ធ្វើ​ឲ្យ​ដី​កាន់​តែ​ធន់ទ្រាំ​ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ។ វា​មិន​មែន​គ្រាន់​តែ​ប្រពលវប្បកម្ម​ដែល​យើង​ចង់​បាន​ទេ​ដែល​នឹង​ពិបាក​សម្រេច ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​វា​តាម​វិធី​ដែល​មាន​និរន្តរភាព ។ ប្រពលវប្បកម្ម​ប្រកប​ដោយ​និរន្តរភាព​គឺ​ជា​ការ​ប្រឈម​ដ៏​ចម្បង​បំផុត​ដែល​ពិភពលោក​មិន​ធ្លាប់​ជួប​ប្រទះ» ។

ការ​ចិញ្ចឹម​ពិភពលោក​នៅ​ពេល​អនាគត​គឺ​ជា​បញ្ហា​មួយ​ដែល​លោក Tony Fischer ជា​អ្នកស្រាវជ្រាវ​នៅ​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ឧស្សាហកម្ម​របស់​អូស្ត្រាលី (CSIRO) និង​ជា​អតីត​នាយក​ការ​ស្រាវជ្រាវ​ស្រូវ​សាលី​នៅ​មជ្ឈមណ្ឌល CIMMYT ក្នុង​ប្រទេស​ម៉ិកស៊ិក បាន​ចោទសួរ​នៅ​ក្នុង​សៀវភៅ​ថ្មី​មួយ​ដែល​លោក​សហការ​និពន្ធ​ជាមួយ​លោក Derek Byerlee និង​លោក Greg Edmeades មាន​ចំណងជើង​ថា «ទិន្នផល​ដំណាំ និង​សុវត្ថិភាព​ស្បៀងអាហារ​ពិភពលោក: តើ​កំណើន​ទិន្នផល​នៅ​តែ​បន្ត​ចិញ្ចឹម​ពិភពលោក​ឬ​ទេ ?» ។

លោក​បណ្ឌិត Tony Fischer បាន​ប្រាប់​សន្និសីទ​នៅ​ប្រទេស​ម៉ិកស៊ិក​ថា ស្របពេល​ដែល​ជម្រើសវិទូ​រុក្ខជាតិ​កំពុង​បង្កើន​ទិន្នផល​នៅ​កសិដ្ឋាន​សម្រាប់​ដំណាំ​ភាគច្រើន​បាន​ប្រហែល ១% ក្នុង​មួយ​ឆ្នាំ​នោះ វា​បាន​ក្លាយ​ជា​ការ​លំបាក​កាន់​តែ​ខ្លាំង​ក្នុង​ការ​រក្សា​អត្រា​កំណើន​ផលិតកម្ម​ក្នុង​កម្រិត​នេះ ។ លោក​និយាយ​ថា គេ​មិន​អាច​ធ្វើ​បាន​ទៀត​ទេ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​កំណើន​ខ្លាំងក្លា​ដែល​ធ្លាប់​កើត​មាន​កាល​ពី​អតីតកាល ដែល​គេ​ឃើញ​ទិន្នផល​ស្រូវសាលី​នៅ​តំបន់ Yaqui Valley នៃ​ប្រទេស​ម៉ិកស៊ិក កើន​ឡើង ៧​ដង ក្នុង​រយៈពេល ៦៥​ឆ្នាំ ចាប់​ពី​ទសវត្សរ៍ ១៩៤០ ដែល​ទិន្នផល​នៅ​ពេល​នោះ​គឺ​ក្រោម ១​តោន​/​ហិកតា ។

នៅ​ពេល​លោក​បណ្ឌិត Tony Fischer មក​ដល់​ប្រទេស​ម៉ិកស៊ិក​ដើម្បី​បម្រើការ​នៅ​មជ្ឈមណ្ឌល CIMMYT ក្នុង​ឆ្នាំ​១៩៧០ ផលិតកម្ម​មាន​ប្រព័ន្ធ​ស្រោចស្រព​ឈាន​ដល់​ប្រហែល ៤​តោន/ហិកតា ។

លោក​មាន​ប្រសាសន៍​ថា «ខ្ញុំ​ចាំ​ថា​យើង​សប្បាយ​រីករាយ​ប៉ុណ្ណា​នៅ​ឆ្នាំ​១៩៧៥ ពេល​ដែល​ទិន្នផល​ឈាន​ដល់ ៥​តោន/ហិកតា ។ ហើយ​គ្រាន់​តែ​ឆ្នាំ​កន្លង​ទៅ​នេះ តំបន់ Yaqui Valley សម្រេច​បាន​លើស ៧​តោន/ហិកតា បន្តិច ។ ដូច្នេះ​មាន​ដំណើរការ​ឈាន​ទៅ​មុខ​ជា​បណ្ដើរៗ ប៉ុន្តែ​អត្រា​រីកចម្រើន​កំពុង​តែ​ធ្លាក់​ចុះ ។ វា​គួរ​ឲ្យ​អស្ចារ្យ​ណាស់​នៅ​ក្នុង​បណ្ដា​ឆ្នាំ​ដំបូងៗ ។ បច្ចុប្បន្ន​វា​ធ្លាក់​ចុះ​មក​ត្រឹម ១% ។ ប៉ុន្តែ​តាម​តួលេខ​បង្ហាញ​ថា យើង​ត្រូវ​ការ​កំណើន​ទិន្នផល​លើស ១% ប្រសិនបើ​យើង​នឹង​ចិញ្ចឹម​ពិភពលោក» ។

លោក​បណ្ឌិត Tony Fischer និយាយ​អំពី​ដំណាំ​អាហារ​ចម្បង​ចំនួន​បី​គឺ ស្រូវ​សាលី ពោត និង​ ស្រូវ ដែល​ក្នុង​នោះ​ស្រូវ​សាលី​នឹង​ពិបាក​បំផុត​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​រីកចម្រើន​ខ្លាំងក្លា​ក្នុង​ផលិតកម្ម ។

ជាមួយ​នឹង​កាលានុវត្តភាព​កាន់​តែ​តិច​សម្រាប់​ការ​រីកចម្រើន​ផ្នែក​ក្សេត្រសាស្ត្រ និង​ការ​រីកចម្រើន​នៅ​កសិដ្ឋាន​ដើម្បី​លើក​កម្ពស់​ផលិតកម្ម​ស្រូវ​សាលី ចំណុច​ផ្ដោត​គឺ​ស្ថិត​នៅ​លើ​ជម្រើសវិទូ​ក្នុង​ការ​សម្រេច​កំណើន​តាម​រយៈ​ការ​បង្កើន​គុណផល​ពូជ ប៉ុន្តែ​វា​នឹង​ជា​កិច្ចការ​ដ៏​ពិបាក​មួយ ។

លោក​បណ្ឌិត Tony Fischer មាន​ប្រសាសន៍​ថា «តម្រូវការ​ស្រូវ​សាលី​មាន​ភាព​ខ្លាំងក្លា​ជាង​តម្រូវការ​ស្រូវ ហើយ​ភាព​ខុស​គ្នា​នៃ​ទិន្នផល​សម្រាប់​ស្រូវ​សាលី​រវាង​បរិមាណ​ដែល​កសិករ​ទទួល​បាន និង​បរិមាណ​ដែល​យើង​ទទួល​បាន​នៅ​តាម​ស្ថានីយ​ពិសោធន៍​គឺ​មាន​តិច​តួច​ជាង​ស្រូវ ។ ដូច្នេះ​ក្នុង​ករណី​ស្រូវ​សាលី មាន​លំហ​តូច​ក្នុង​ការ​បំបាត់​ចន្លោះ​ប្រហោង​ទិន្នផល មាន​ន័យ​ថា​វា​កាន់​តែ​មាន​តម្រូវការ​ក្នុង​ការ​ធ្វើ​ឲ្យ​រីកចម្រើន​តាម​រយៈ​ជម្រើសវិទ្យា» ។

«ទិន្នផល​ពោត​កើន​ឡើង ១,៥% ក្នុង​មួយ​ឆ្នាំ គ្រប​ដណ្ដប់​ដោយ​វិស័យ​ឯកជន​ដ៏​ខ្លាំង ពូជ​អ៊ីប៊្រីត និង​វិស្វកម្ម​បម្លែង​ពន្ធុ ។ មាន​ចន្លោះ​ប្រហោង​ទិន្នផល​ដ៏​ធំ​រវាង​បរិមាណ​ដែល​កសិករ​ទទួល​បាន ជា​ពិសេស​នៅ​អនុតំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក និង​នៅ​ឥណ្ឌា ។ ដូច្នេះ ខ្ញុំ​គិត​ថា ពោត​នឹង​ឈាន​មុខ​ក្នុង​តម្រូវការ​បាន​ល្អ​ជាង​ស្រូវ ហើយ​ដំណាំ​ទាំង​ពីរ​នេះ​ប្រឈម​នឹង​តម្រូវការ​បាន​ល្អ​ជាង​ស្រូវ​សាលី» ។

លោក​បណ្ឌិត Tony Fischer បន្ត​ថា មាន​តម្រូវការ​ជា​បន្ទាន់​ក្នុង​ការ​ជំរុញ​ការ​បណ្ដាក់​ទុន​ក្នុង​ការ​ស្រាវជ្រាវ អភិវឌ្ឍ និង​ផ្សព្វផ្សាយ ដើម្បី​បំពេញ​តម្រូវការ​ផលិតកម្ម​ស្បៀងអាហារ​ពិភពលោក​ដែល​កាន់​តែ​កើន​ឡើង «ហើយ​នៅ​ក្នុង​តំបន់​ទាំង​នេះ​នៃ​ពិភពលោក មាន​ចន្លោះ​ទិន្នផល​ធំ​ធេង​រវាង​បរិមាណ​ដែល​យើង​ទទួល​បាន​នៅ​ស្ថានីយ​ពិសោធន៍ និង​បរិមាណ​ដែល​កសិករ​ទទួល​បាន មាន​តម្រូវការ​នៃ​ការ​បណ្ដាក់ទុន​ធំ​ធេង​នៅ​ក្នុង​គ្រប់​ទិដ្ឋភាព​ទាំង​អស់​ដែល​ប្រទេស​អភិវឌ្ឍ​ដូច​ជា​ប្រទេស​អូស្ត្រាលី​មាន​ស្រាប់ គឺ​ផ្លូវ​ថ្នល់ ផ្សារ ការ​អប់រំ​នៅ​ជនបទ ស្ថាប័ន កម្មសិទ្ធិ​ដីធ្លី ។ រចនាសម្ព័ន្ធ​ទាំងអស់​នេះ​បម្រើ​ជា​កម្លាំង​ទំនាញ​ឲ្យ​កសិករ​ធ្វើ​ទំនើបកម្ម» ។

ត្រលប់​មក​រឿងរ៉ាវ​ក្នុង​ផ្ទះ លោក​បណ្ឌិត Tony Fischer ស្នើ​ឲ្យ​បង្កើន​ការ​បណ្ដាក់ទុក​នៅ​ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​កសិកម្ម​នៅ​ប្រទេស​អូស្ត្រាលី​ ជា​កន្លែង​ដែល​លោក​កត់​សម្គាល់​ឃើញ​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​រីកចម្រើន​ដំណាំ​ដោយសារ​ការ​កាត់​បន្ថយ​មូលនិធិ​ស្រាវជ្រាវ ។ លោក​និយាយ​ថា «មាន​ការ​ធ្លាក់​ចុះ​នៃ​កំណើន​ផលិតភាព​នៅ​ក្នុង​ឧស្សាហកម្ម​ស្រូវ​សាលី​របស់​អូស្ត្រាលី​នៅ​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ទោះបី​ជា​អ្នក​ប្រៀបធៀប​នឹង​ភាព​រាំងស្ងួត​ធ្ងន់ធ្ងរ​នៅ​ក្នុង​មួយ​ទសវត្សរ៍​ដំបូង​នៃ​សហសវត្ស​នេះ​ក៏​ដោយ ។ មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​នូវ​ចំនួន​ភាគរយ​នៅ​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​នៃ​កសិកម្ម​ដែល​យើង​បណ្ដាក់​ទុន​ក្នុង​ការ​ស្រាវជ្រាវ ។ វា​ធ្លាក់ចុះ​ពី ៥% នៅ​ក្នុង​វិស័យ​សាធារណៈ​កាល​ពី ៣០​ឆ្នាំ​មុន មក​ប្រហែល ៣% បច្ចុប្បន្ន ប៉ុន្តែ​មាន​ការ​ទទួល​យក​មួយ​ចំណែក​ពី​សំណាក់​វិស័យ​ឯកជន» ៕

ប្រែសម្រួល​ពី​សារព័ត៌មាន Queensland Country Life ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៤

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s