គ្រូមន្តអាគម​ចាម និង​សម័យ​ខ្មែរក្រហម

ភ្លាមៗ​បន្ទាប់​ពី​ការ​សិក្សា​ស្រាវជ្រាវ​របស់ខ្ញុំ​ស្ដីពី​ជនជាតិ​ចាម​មូស្លីម​កាលពី​ឆ្នាំ​មុន ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​បន្តិចបន្តួច​នៅ​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា ជនជាតិ​ចាម​មូស្លីម​ត្រូវ​បាន​ជឿ​ថា​ជា​គ្រូមន្តអាគម​ដ៏​ពូកែ ។ ខ្ញុំ​បាន​សិក្សា​អំពី​អ៊ិស្លាម​នៅ​មជ្ឈិមបូព៌ា​មុន​ពេល​ដែល​មក​កាន់​ប្រទេស​កម្ពុជា ហើយ​ទិដ្ឋភាព​ស្ដីពី​ជន​មូស្លីម​នៅ​ទី​នេះ​គឺជា​ទិដ្ឋភាព​ថ្មី​សម្រាប់​ខ្ញុំ ។ កាលនោះ ខ្ញុំ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្ដីពី​ឯកសារ​សម្ងាត់​សរសេរ​ជា​ភាសា​អារ៉ាប់ ដែល​ត្រូវ​បាន​កប់​ដោយ​ជនជាតិ​ចាម ដើម្បី​ការពារ​ឯកសារ​ទាំងនោះ​ពី​ការ​បំផ្លិចបំផ្លាញ​របស់​ខ្មែរក្រហម ។ ខ្ញុំ​គិត​ថា ការ​សិក្សា​ស្រាវជ្រាវ​នេះ​អាច​លាតត្រដាង​ដល់​អ្នក​អាន​នូវ​ទិដ្ឋភាព​នៃ​ជីវិត​របស់​បញ្ញវន្ត​ជនជាតិ​ចាម​កាល​គ្រានោះ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ស្រាវជ្រាវ​នេះ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​ចង់​ដឹង​អំពី​ទិដ្ឋភាព​នៃ​វប្បធម៌​ជនជាតិ​ចាម​មូស្លីម​កាន់​ខ្លាំង​ជាង​មុន ។ បន្ទាប់​មក ខ្ញុំ​យល់​ឃើញ​ថា​ការ​ប្រើប្រាស់​មន្តអាគម​ក្នុង​ចំណោម​ជនជាតិ​ចាម​មូស្លីម អាច​ជា​គន្លឹះ​ដើម្បី​យល់​ដឹង​អំពី​វប្បធម៌ ដោយ​មាន​ហេតុផល​បី​យ៉ាង ទី​១. វេទមន្ត​គឺ​ផ្នែក​មួយ​ក្នុង​ចំណោម​ខ្លឹមសារ​នៃ​ការ​សិក្សា​ដ៏​សំខាន់​បំផុត​ក្នុង​ការ​យល់​ដឹង​អំពី​តម្លៃ​ឬ​ទស្សនៈ​ជា​សកល​ពាក់ព័ន្ធ​ទៅ​នឹង​ជនជាតិ​ចាម​សាមញ្ញ ទី​២. មន្តអាគម​មាន​អត្ថន័យ​ថា ជា​និមិត្តរូប​អំពី​ការ​កកើត​របស់​ជនជាតិ​ចាម​ក្នុង​សង្គម​កម្ពុជា ដែល​ថា​តើ​វា​ជា​ការ​ពិត​ឬ​យ៉ាងណា ទី​៣. មន្តអាគម​គឺជា​ទិដ្ឋភាព​ដ៏​ចម្រូងចម្រាស់​នៅ​ក្នុង​សង្គម​មូស្លីម ។ មាន​បញ្ញវន្ត​ជា​ច្រើន​នៅ​ក្នុង​មជ្ឈិមបូព៌ា​ទទូច​ថា ការ​ប្រើប្រាស់​មន្តអាគម​ត្រូវ​បាន​ហាមឃាត់ ដោយសារ​វា​ប្រឆាំង​ទៅ​នឹង​ជំនឿ​របស់​សាសនា​អ៊ិស្លាម ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ​ប្រើ​មន្តអាគម​នៅ​តែ​មាន ។

ខ្ញុំ​បាន​ធ្វើការ​សិក្សា​តាម​រយៈ​ការ​សម្ភាស​គ្រូ ឬ​គ្រូមន្តអាគម​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ដូច​ជា ច្រាំងចំរេះ ជ្រោយចង្វា ព្រែកប្រា និង​ ព្រែកលៀប នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៣ ។ ពាក្យ «គ្រូ» មាន​ន័យ​ថា «មេ» ដែល​កើត​ចេញពី​ពាក្យ​សំស្ក្រឹត «គូរុ» ហើយ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​និយាយ​សំដៅ​ទៅ​រក «គ្រូ​វេទមន្ត» «គ្រូធ្មប់» ឬ «គ្រូ​ព្យាបាល​ជំងឺ​អំពើ​ធ្មប់» នៅ​ក្នុង​ជំនឿ​ជនជាតិ​ចាម និង​ពុទ្ធសាសនិក​ខ្មែរ ។ ខ្ញុំ​បាន​សម្ភាស​ជាមួយ​គ្រូ​ចំនួន​៣០​នាក់ ។ មួយ​ភាគ​បី​ក្នុង​ចំណោម​គ្រូ​ទាំងនោះ​គឺជា​ស្ត្រី ២៨​ភាគរយ​នៃ​គ្រូ​ទាំងនោះ មាន​អាយុ​ចន្លោះ​៣០​ឆ្នាំ​ទៅ​ដល់​៤០​ឆ្នាំ ហើយ​៤៤​ភាគរយ​ស្ថិត​ក្នុង​អាយុ​៥០​ឆ្នាំ​ដល់​៦០​ឆ្នាំ ហើយ​២៨​ភាគរយ​ក្នុង​ចំណោម​គ្រូ​ទាំងនោះ ស្ថិត​ក្នុង​អាយុ​៧០​ឆ្នាំ​ដល់​៨០​ឆ្នាំ ។ ខ្ញុំ​បាន​សរសេរ​ឈ្មោះ​បស់​គ្រូមន្តអាគម​ទាំងនោះ​ជា​តួអក្សរ​កាត់ ដើម្បី​ការពារ​ឯកជនភាព ហើយ​ខ្ញុំ​ចង់​បង្ហាញ​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​របស់ខ្ញុំ​ចំពោះ​អ្នក​ទាំងនោះ ។ ខ្ញុំ​ចង់​អរគុណ​ចំពោះ​ការ​គាំទ្រ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សា ហ្វាទីលី និង​ជំនួយការ​ស្រាវជ្រាវ​របស់ខ្ញុំ ។

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​នេះ ការងារ​ជា​ច្រើន​ត្រូវ​បាន​លាតត្រដាង ។ ផ្នែក​មួយ​ក្នុង​ចំណោម​ការ​សិក្សា​ស្រាវជ្រាវ​នោះ គឺថា​ភាគច្រើន​នៃ​អ្នក​មក​ពឹងពាក់​គ្រូមន្តអាគម​ចាម​គឺជា​ជនជាតិ​ខ្មែរ មិន​មែន​ជា​ជនជាតិ​ចាម​ទេ ។ មុន​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ការ​សិក្សា​ស្រាវជ្រាវ ខ្ញុំ​បាន​សន្មត​ថា សហគមន៍​ជនជាតិ​ចាម​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​ការ​ចាប់ផ្តើម​ការ​សិក្សា​ស្រាវជ្រាវ ខ្ញុំ​យល់​ឃើញ​ថា ជនជាតិ​ខ្មែរ​ភាគច្រើន​ត្រូវការ​វេទមន្ត​របស់​ជនជាតិ​ចាម ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​ទាក់ទង​ទៅ​នឹង​បញ្ហា​ប្តី​ប្រពន្ធ ជំនួញ និង​សុខភាព ទោះបី​ជា​សង្គម​ខ្មែរ​មាន​និន្នាការ​ភ័យ​ខ្លាច​ចំពោះ​វេទមន្ត​របស់​ជនជាតិ​ចាម​ក៏​ដោយ ។

ខ្ញុំ​ចង់​បន្ថែម​ថា ខ្ញុំ​មិន​អាច​យល់​ស្រប​ជាមួយនឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា ជនជាតិ​ចាម​គឺជា​គ្រូមន្តអាគម​ដ៏​ពូកែ​ដែល​ខ្ញុំ​បាន​និយាយ​កាលពី​ខាង​ដើម​នៃ​អត្ថបទ​នេះ ។ គ្រូមន្តអាគម​ជា​ច្រើន​ដែល​ខ្ញុំ​បាន​សម្ភាស​បាន​និយាយ​ថា «កាលពី​អតីតកាល ជនជាតិ​ចាម​ជា​ច្រើន​អាច​ប្រើប្រាស់​មន្តអាគម​ដើម្បី​ព្យាបាល​ជំងឺ​ឬ​ការពារ​ខ្លួន​ពី​សត្រូវ» ។ ពាក្យ​នេះ​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ច្បាស់​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ ជនជាតិ​ចាម​ធម្មតា​មិន​បាន​ប្រើប្រាស់​មន្តអាគម​នោះ​ឡើយ ។ ជាង​នេះ​ទៅ​ទៀត មេដឹកនាំ​សាសនា​ជនជាតិ​ចាម​ដូច​ជា ហាកឹម (មេដឹកនាំ​សហគមន៍ និង​វិហារ​អ៊ិស្លាម) ហើយ​អ្នក​ដែល​មានការ​យល់​ដឹង​អំពី​អ៊ិស្លាម​នៅ​ក្រៅប្រទេស​កម្ពុជា មិន​ព្រម​ទទួល​យក​ចំពោះ​ការ​ប្រើប្រាស់​មន្តអាគម​នោះ​ឡើយ ។ ភាគច្រើន​នៃ​អ្នក​ទាំងនោះ​ទទូច​ថា «មិន​មាន​គ្រូមន្តអាគម​នៅ​ក្នុង​សាសនា​អ៊ិស្លាម​នោះ​ទេ» ឬ «មិន​មាន​ការ​អនុញ្ញាត​ឲ្យ​ប្រើ​មន្តអាគម​ក្នុង​ចំណោម​ជនជាតិ​មូស្លីម​នោះ​ទេ» ។ ឧទាហរណ៍ អាម៉ាត យ៉ាសយ៉ា ប្រធាន​អង្គការ​អភិវឌ្ឍ​សហគមន៍​អ៊ិស្លាម​កម្ពុជា ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ជនជាតិ​ចាម​ដ៏​មាន​ឥទ្ធិពល និង​សកម្ម​បំផុត បាន​និយាយ​ថា «ខ្ញុំ​មិន​ជឿ​មនុស្ស​ទាំងនោះ​ទេ​…. ទី​១. គឺ​ថា ការ​ក្លាយជា​គ្រូមន្តអាគម​គឺ​ផ្ទុយ​ទៅ​នឹង​ការ​បង្រៀន​របស់​អ៊ិស្លាម ។ ទី​២. គឺថា អ្នក​ទាំងនោះ​កុហក​មនុស្ស» ។

ចំណុច​ដ៏​សំខាន់​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់ខ្ញុំ​កាលនោះ​គឺថា គ្រូមន្តអាគម​ចាម​ប្រើប្រាស់​មន្តអាគម ដោយ​យោង​ទៅ​លើ​វិធីសាស្ត្រ ឬ​ទ្រឹស្ដី​ដែល​កើត​ចេញ​ពី​វប្បធម៌​ចំនួន​បី ៖ វប្បធម៌​មក​ពី​អាណាចក្រ​ចម្ប៉ា​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​វៀតណាម ។ វប្បធម៌​របស់​អ៊ិស្លាម​តាម​រយៈ​ប្រទេស​ម៉ាឡេស៊ី និង​វប្បធម៌​ខ្មែរ ។ ផ្នែក​ដំបូង​ហាក់បី​ដូចជា​កាន់​តែ​ទន់ខ្សោយ ប៉ុន្តែ​ផ្នែក​ដទៃ​ទាំង​ពីរ​ហាក់បី​ដូចជា​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ប្រធានបទ​នេះ​នឹង​ត្រូវ​បាន​ពិភាក្សា​ក្នុង​អត្ថបទ​ផ្សេង ដែល​មិន​ទាន់​បោះពុម្ព​ផ្សាយ​នៅឡើយ ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ចង់​ពិភាក្សា​អំពី​អ្វី​ដែល​ត្រូវ​បាន​លាតត្រដាង​អំឡុង​ពេល​នៃ​ការ​ស្រាវជ្រាវ​របស់ខ្ញុំ​ដែល​ថា «តើ​សម័យ​ខ្មែរក្រហម​បាន​ជះ​ឥទ្ធិពល​ដល់​គ្រូមន្តអាគម​ជនជាតិ​ចាម​នា​ពេល​បច្ចុប្បន្ន​ដោយ​របៀប​ណា ?» ។ ខ្ញុំ​មាន​ការ​រីករាយ​ប្រសិនបើ​អត្ថបទ​នេះ​អាច​ផ្តល់​ព័ត៌មាន​មួយ​ចំនួន​អំពី​ស្ថានភាព​នៅ​ក្នុង​សម័យ​ខ្មែរក្រហម ទោះបីជា​តិចតួច​ក៏​ដោយ ។

១. ស្ថានភាព​របស់​គ្រូ​វេទមន្ត​ក្នុង​អំឡុង​សម័យ​ខ្មែរក្រហម

នៅ​ក្នុង​របប​ខ្មែរក្រហម ទាំង​សាសនា​អ៊ិស្លាម និង​ព្រះពុទ្ធ​សាសនា ត្រូវ​បាន​បំផ្លិចបំផ្លាញ ។ ការ​កម្ទេច​ជនជាតិ​ចាម​មូស្លីម​របស់​ខ្មែរក្រហម​គឺ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ការ​កម្ទេច​ជនជាតិ​ខ្មែរ​កាន់​ព្រះពុទ្ធ​សាសនា ចំពោះ​អ្វី​ដែល​ត្រូវ​បាន​ហៅ​ថា​ជា «ការ​បោស​សម្អាត​ពូជសាសន៍» ។ របប​ខ្មែរក្រហម​បាន​បំផ្លាញ​វិហារ​អ៊ិស្លាម គម្ពីរ​សាសនា​ជា​ច្រើន រួម​មាន គម្ពីរ​គូរ៉ាន ព្រមទាំង​ការ​សម្លាប់​មេដឹកនាំ​សាសនា​របស់​សហគមន៍​ជនជាតិ​ចាម ដោយសារ​ខ្មែរក្រហម​ជំទាស់​ទៅ​នឹង​ការ​កកើត​ឡើង​នៃ​សាសនា​ណា​ក៏​ដោយ ។ ដូច្នេះ​ហើយ វា​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​ដឹង​ថា គ្រូ​វេទមន្ត​ចាម​ជា​ច្រើន មិន​បាន​លាតត្រដាង​នូវ​ចំណេះវិជ្ជា​របស់​ខ្លួន ហើយ​ធ្វើ​ពុត​ជា​មិន​ចេះ​អ្វី​នោះ ។ គ្រូមន្តអាគម​ជា​ច្រើន​បាន​និយាយ​ថា «ខ្ញុំ​មិន​បាន​និយាយ​ថា ខ្ញុំ​គឺជា​គ្រូ​ដើម្បី​ការពារ​ខ្លួនឯង» ហើយ «ប្រសិនបើ​ខ្ញុំ​បាន​និយាយ​ដូច្នេះ ខ្ញុំ​នឹង​ត្រូវ​គេ​សម្លាប់» ។ គ្រូមន្តអាគម​មួយ​ចំនួន​បាន​និយាយ​ដែរ​ថា ខ្លួន​គាត់​ធ្វើ​ការងារ​ជា​អ្នក​ឃ្វាលគោ និង​ធ្វើ​ជា​ជាង​ក្នុង​អំឡុង​សម័យ ប៉ុល ពត ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ មាន​គ្រូមន្តអាគម​ដទៃ​ផ្សេង​ទៀត​មួយ​ចំនួន ដែល​ប្រើប្រាស់​ចំណេះវិជ្ជា​របស់​ខ្លួន​ដើម្បី​ការពារ​ខ្លួន​ពី​របប​ខ្មែរក្រហម​ដើម្បី​រស់រាន​មាន​ជីវិត ។ គ្រូ «» មាន​អាយុ​ជាង​៦០​ឆ្នាំ បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​លាក់កំបាំង​ការ​ពិត​ដែល​ថា​គាត់​គឺជា​គ្រូមន្តអាគម​ដែល​ប្រើប្រាស់​ចំណេះវិជ្ជា​របស់​ខ្លួន​ដើម្បី​ការពារ​ខ្លួន​គាត់​ពី​គ្រាប់កាំភ្លើង​របស់​ទាហាន​ខ្មែរក្រហម ហើយ​បាន​លាក់កំបាំង​ខ្លួន​តាម​រយៈ​ការ​ទន្ទេញ​គម្ពីរ​គូរ៉ាន ប៉ុន្តែ​គាត់​មិន​អាច​ជួយ​អ្នក​ដទៃ ដោយសារ​គាត់​ចាំបាច់​ត្រូវការ​ធ្វើ​ការងារ​នេះ​ដោយ​សម្ងាត់ ។ គ្រូមន្តអាគម «» មាន​អាយុ​ជាង​៧០​ឆ្នាំ បាន​និយាយ​ថា ចំណេះវិជ្ជា​មន្តអាគម​បាន​ធ្វើ​ឲ្យ​គាត់​រស់រាន​មានជីវិត​អំឡុង​ពេល​ដែល​ជីវិត​របស់​គាត់​ជួប​គ្រោះថ្នាក់ ។ អំណាច​មន្តអាគម​របស់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​អាច​កត់សម្គាល់​ខ្មែរក្រហម​ដែល​នឹង​មក ហើយ​គាត់​អាច​លាក់ខ្លួន​បាន ។ គាត់​អាច​បំបាំង​ខ្លួន​តាម​រយៈ​ការ​ប្រើប្រាស់​ស្លឹកឈើ ទោះបីជា​គាត់​អង្គុយ​ក្រោម​ដើមឈើ​ក៏​ដោយ ។ បទពិសោធន៍​នេះ​បាន​ពង្រឹង​ជំនឿ​របស់​គាត់​លើ​អំណាច​មន្តអាគម ។ មន្តអាគម​បំបាំង​ខ្លួន​មនុស្ស ហាក់បី​ដូចជា​អាគម​មួយ​ក្នុង​ចំណោម​មន្តអាគម​របស់​ជនជាតិ​ចាម នៅ​ពេល​ដែល​ខ្ញុំ​បាន​សម្ភាស​គ្រូមន្តអាគម ដែល​បាន​និយាយ​ថា បច្ចុប្បន្ន គាត់​កំពុង​ប្រើ​មន្តអាគម​នោះ​ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​ជោគជ័យ​នៅ​ឡើយ ។

មាន​គ្រូមន្តអាគម​ដែល​មាន​វិជ្ជា​ព្យាបាល​អ្នកជំងឺ​ទាំង​លក្ខណៈ​ឯកជន និង​បើកចំហ ។ គ្រូ​មន្តអាគម​ជា​ស្ត្រី​មួយ​ចំនួន​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ព្យាបាល​ក្មេងៗ និង​មនុស្ស​ជំទង់​ដែល​ឈឺ ដូច​ជា​ជំងឺ​សើ​ស្បែក ឬ​ការ​ឈឺចាប់​រាងកាយ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ គ្រូមន្តអាគម​ទាំងនោះ​បាន​ប្រើ​មន្តអាគម​ដោយ​សម្ងាត់ ។ គាត់​បាន​បន្ត​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ រហូត​ដល់​ពេល​បច្ចុប្បន្ន​ដោយ​ប្រើប្រាស់​រុក្ខជាតិ​ជា​ថ្នាំ​ព្យាបាល ។ គ្រូមន្តអាគម​ដទៃ​បាន​ប្រើប្រាស់​ចំណេះវិជ្ជា​នេះ​ដោយ​បើកចំហ ដោយសារ​គ្រូ​ទាំងនោះ​ត្រូវ​ខ្មែរក្រហម​ស្នើ​សុំ​ឲ្យ​ប្រើ​មន្តអាគម​ទាំងនោះ ។ គ្រូមន្តអាគម​ប្រុស​ម្នាក់​មាន​អាយុ​៨០​ឆ្នាំ បាន​និយាយ​ថា នៅ​ពេល​ដែល​គាត់​នៅ​បាត់ដំបង ខ្មែរក្រហម​ម្នាក់​បាន​ប្រាប់​គាត់​ថា ប្រពន្ធ​របស់​ខ្លួន​មិន​អាច​មាន​កូន​នោះ​ឡើយ ។ បន្ទាប់​ពី​គាត់​បាន​ប្រើ​មន្តអាគម​ដោយ​ប្រើ​អង្ករ ប្រពន្ធ​របស់​ខ្មែរក្រហម​រូប​នោះ​ក៏​មាន​ផ្ទៃពោះ ។ ខ្ញុំ​បាន​សួរ​ថា តើ​ខ្មែរក្រហម​យល់​ឃើញ​យ៉ាងដូច​ម្ដេច​ចំពោះ​រូប​គាត់​នៅ​ពេល​ដែល​ការ​ប្រើ​មន្តអាគម មិន​ត្រូវ​បាន​អនុញ្ញាត​ក្នុង​សម័យ​ខ្មែរក្រហម ។ គាត់​បាន​ឆ្លើយ​ថា គាត់​មិន​បាន​ប្រាប់​អំពី​ចំណេះវិជ្ជា​របស់​គាត់​ក្នុង​នាម​ជា​គ្រូ​នោះ​ទេ ប៉ុន្តែ​ខ្មែរក្រហម​មិន​អាច​យល់​ដឹង​អំពី​របៀប​ណា​ដើម្បី​ធ្វើ​ឲ្យ​គ្រួសារ​របស់​គាត់​មាន​កូន​បាន​នោះ ហើយ​ក៏​មិន​អាច​ស្វែងរក​នរណា​ម្នាក់ ដែល​អាច​ជួយ​ព្យាបាល​បាន ។ ខ្មែរក្រហម​បាន​អនុញ្ញាត​ឲ្យ​គាត់​ប្រើ​មន្តអាគម​នោះ ទោះបីជា​ខ្មែរក្រហម​បាន​ហាមឃាត់​ការ​ប្រើ​មន្តអាគម​ជា​ផ្លូវការ​ក៏​ដោយ ។

គ្រូមន្តអាគម «» មាន​អាយុ​ជាង​៧០​ឆ្នាំ បាន​ប្រើប្រាស់​ជំនាញ​ពេទ្យ​របស់​ខ្លួន​ក្នុង​សម័យ​ខ្មែរក្រហម ។ គាត់​ត្រូវ​បាន​ខ្មែរក្រហម​ស្នើ​ឲ្យ​គាត់​ធ្វើ​ជា​គ្រូពេទ្យ​ដែល​ប្រើប្រាស់ «ថ្នាំ​ខ្មែរ» ប៉ុន្តែ​គាត់​បាន​បិទ​បាំង​អំពី​ការ​ដែល​ថា គាត់​ជា​ជនជាតិ​ចាម ប្រសិនបើ​គាត់​និយាយ គាត់​នឹង​ត្រូវ​សម្លាប់ ។ គាត់​មិន​បាន​ប្រើប្រាស់​មន្តអាគម ដូច​ជា​ការ​ទន្ទេញ​គម្ពីរ​គូរ៉ាន​នោះ​ទេ ផ្ទុយ​ទៅ​វិញ បាន​ប្រើប្រាស់​ជំនាញ​ពេទ្យ​របស់​គាត់ ។ ពេល​ដែល​ខ្មែរក្រហម​ត្រូវការ​ព្យាបាល​ជំងឺ គាត់​អាច​ប្រើ​វិជ្ជាពេទ្យ​របស់​គាត់​បាន ។ ដូច្នេះ​ហើយ​គ្រូមន្តអាគម​ជនជាតិ​ចាម​បាន​លាក់កំបាំង​អត្តសញ្ញាណ​ក្នុង​នាម​ជា​ជនជាតិ​ចាម ប៉ុន្តែ​តាម​ការ​តម្រូវ គាត់​ប្រើ​មន្តអាគម​ដើម្បី​ព្យាបាល​ជំងឺ ទាំង​ប្រជាជន​សាមញ្ញ និង​ខ្មែរក្រហម ។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន គ្រូមន្តអាគម​ចាម ដូច​ជា​គ្រូ​មន្តអាគម​ខ្មែរ​មាន​ចំណេះ​វិជ្ជា​ព្យាបាល​អ្នកជំងឺ ដែល​តាម​ប្រពៃណី​ក្នុង​តំបន់​នោះ ត្រូវ​បាន​ហៅ​ថា ជា​ឱសថ​ជំនួស ។

២. សម័យ​ខ្មែរក្រហម​ជា​ដើមចម​ក្នុង​ការ​ធ្វើ​ជា​គ្រូ​មន្តអាគម

មាន​ការ​សិក្សា​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា មាន​ហេតុផល​ពីរ​យ៉ាង​សម្រាប់​គ្រូមន្តអាគម​ជ្រើសរើស​ការងារ​បែប​នេះ ។ ទី​មួយ​គឺថា​អ្នក​ទាំងនោះ​កើត​ក្នុង​គ្រួសារ​ដែល​មាន​គ្រូមន្តអាគម ហើយ​បន្ត​ចំណេះវិជ្ជា​ពី​គ្រូមន្តអាគម​ដទៃ ។ គ្រូមន្តអាគម​ជា​ច្រើន​បាន​និយាយ​ថា គាត់​បាន​រៀនសូត្រ​ពី​ឪពុក​ម្តាយ​របស់​ខ្លួន ឬ​ពី​ជីដូន​ជីតា​ដែល​ជា​គ្រូមន្តអាគម ។ ហេតុផល​ផ្សេង​គឺថា បន្ទាប់​ពី​គាត់​ឬ​ក្រុម​គ្រួសារ​របស់​គាត់​ឈឺ ឬ​ត្រូវ​បណ្តាសារ​ពី​អ្នក​ដទៃ ពួក​គេ​ចាប់ផ្តើម​រៀន​វេទមន្ត​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្លួនឯង ។ ខាងក្រោម​នេះ គឺ​ករណី​មួយ​ដែល​សម័យ​ខ្មែរក្រហម​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​ហេតុផល​ទាំង​ពីរ​នេះ​ក្លាយទៅជា​គ្រូមន្តអាគម ។

គ្រូមន្តអាគម «» មាន​អាយុ​ជាង​៦០​ឆ្នាំ បាន​រៀន​មន្តអាគម​ដើម្បី​ព្យាបាល​ជំងឺ​វិកល​ចរិត​របស់​ប្រពន្ធ​របស់​គាត់ ។ ដោយសារ​ជីដូន​ជីតា​របស់​គាត់​គឺជា​គ្រូមន្តអាគម ហើយ​ឪពុក​របស់​គាត់​ចេះ​មន្តអាគម​នោះ ។ ពួក​គេ​បាន​បង្រៀន​គាត់​ពី​មន្តអាគម​មុន​សម័យ​ខ្មែរក្រហម ។ ប៉ុន្តែ​គាត់​មិន​បាន​ចាប់អារម្មណ៍ ហើយ​ក៏​មិន​បាន​ប្រើប្រាស់​កាល​គ្រានោះ​ទេ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្នុង​សម័យ​ខ្មែរក្រហម គាត់​បាន​ប្រើប្រាស់​ចំណេះវិជ្ជា​នោះ​ដើម្បី​គេច​ពី​គ្រាប់​កាំភ្លើង​ខ្មែរក្រហម ។ គាត់​បាន​និយាយ​ថា ពិតប្រាកដ​ណាស់​មនុស្ស​ជា​ច្រើន​បាន​រៀន​មន្តអាគម​ដើម្បី​ការពារ​ខ្លួន​ពី​គ្រាប់​កាំភ្លើង​កាលសម័យ​នោះ ។ ប្រពន្ធ​របស់​គាត់​បាន​វង្វេង​ស្មារតី​ដប់​ដង​កាល​គ្រានោះ ហើយ​បាន​ព្យាយាម​សម្លាប់​កូន​របស់​ខ្លួន ។ ទង្វើ​របស់​គាត់​នៅ​តែ​បន្ត​រហូត​ដល់​ចប់​សម័យ​ខ្មែរក្រហម ។ ដូច្នេះ​ហើយ គាត់​បាន​សម្រេចចិត្ត​រៀន​មន្តអាគម​បន្ត​ពី​ជីដូន​ជីតា​របស់​គាត់ និង​ឪពុក អាស្រ័យ​ហេតុនេះ គាត់​អាច​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​គាត់​ត្រឡប់​មក​រក​ប្រក្រតី​បាន ។

ចាប់តាំងពី​សម័យ​ខ្មែរក្រហម ករណី​ជា​ច្រើន​ត្រូវ​បាន​រាយការណ៍​ថា មនុស្ស​ទទួល​រង​ការ​ប៉ះ​ទង្គិច​សតិអារម្មណ៍​ដោយសារ​ការ​រស់នៅ​យ៉ាង​លំបាក​របស់​ខ្លួន ។ ឧទាហរណ៍ ស្ត្រី​ជប៉ុន​ម្នាក់​ឈ្មោះ យ៉ាស៊ូកុ ណៃតុ ដែល​បាន​រៀបការ​ជាមួយ​ប្រតិភូ​ទូត​កម្ពុជា និង​បាន​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​ឮ​សំឡេង​កូនប្រុស​ទី​ពីរ​របស់​គាត់​បន្ទាប់​ពី​កូន​ប្រុស​ទី​មួយ និង​កូនចិញ្ចឹម​ស្រី​របស់​គាត់​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់​ពី​សម័យ​ខ្មែរក្រហម​បាន​ឡើង​គ្រប់គ្រង​អំណាច ។ ដូច​គ្នា​ទៅ​នឹង​ជនជាតិ​ជប៉ុន​ដទៃ ទោះបីជា​គាត់​មិន​បាន​ជឿ​ទាល់តែ​សោះ​អំពី​ជំនឿ​លើ​មន្តអាគម​មុន​សម័យ​ខ្មែរក្រហម ។ បទពិសោធន៍​របស់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​ជឿ​លើ​ជំនឿ បន្ទាប់​ពី​គាត់​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន ក្រោយ​ពី​ការ​បញ្ចប់​សម័យ​ខ្មែរក្រហម ។

ប្រពន្ធ​របស់​គ្រូមន្តអាគម ម ទទួល​រង​ការ​ប៉ះទង្គិច​សតិអារម្មណ៍ ដែល​បណ្ដាល​ឲ្យ​គ្រូមន្តអាគម ម ចង់​រៀន​វេទមន្ត ហើយ​ក្លាយជា​គ្រូមន្តអាគម ។ គ្រូមន្តអាគម ម បច្ចុប្បន្ន​ធ្វើ​ការងារ​ជា​គ្រូ​ជួយ​មនុស្ស​ដោះស្រាយ​បញ្ហា ដោយ​ផ្អែក​លើ​ជំនឿ​លើ​សាសនា​អ៊ិស្លាម ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ គាត់​បាន​និយាយ​ថា ពិតប្រាកដ​ណាស់ គាត់​មិន​ចង់​ក្លាយជា​គ្រូ ដោយសារ​គាត់​កត់សម្គាល់​ឃើញ​ថា វា​មិន​សក្តិសម​ទៅ​នឹង​ជំនឿ​សាសនា​អ៊ិស្លាម​ភាគច្រើន ហើយ​គាត់​មិន​ចង់​ឲ្យ​កូនប្រុស​របស់​គាត់​ធ្វើ​តាម​គាត់ ដោយសារ​បច្ចុប្បន្ន​វា​មាន​វិទ្យាសាស្ត្រ ។

៣. សម័យ​ខ្មែរ ក្រហម​គឺ​ជា​ហេតុផល​មួយ​នៃ​ការ​បាត់​បង់​សៀវភៅ​មន្តអាគម​របស់​អាណាចក្រ​ចម្ប៉ា

តាម​រយៈ​ការងារ​ស្រាវជ្រាវ​នេះ បាន​បង្ហាញ​ថា គ្រូមន្តអាគម​ជនជាតិ​ចាម ធ្លាប់​មាន​សៀវភៅ​មន្តអាគម ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​យល់​ដឹង​អំពី​អ្វីៗ​ទាំងអស់​នា​ពេល​អនាគត ។ សៀវភៅ​នោះ​ត្រូវ​គេ​ហៅ​ថា គីតាប អ៊ីល ហ្វាលាកគីតាប (តឹមប្លុក) ប៉ុន្តែ​បច្ចុប្បន្ន​វា​បាន​បាត់បង់​អស់ហើយ ។ «គីតាប» មាន​ន័យ​ថា «សៀវភៅ» ហើយ «អ៊ីល ហ្វាលាក» កើត​ចេញពី​ពាក្យ «អ៊ីម អាល ហ្វាលាក» ដែល​មាន​ន័យ​ថា «ការ​យល់​ដឹង​អំពី​រាងកាយ» ហើយ​ជា​ធម្មតា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​និយាយ​អំពី​ការ​សិក្សា​អំពី​ហោរាសាស្ត្រ ។ សម្រាប់​អត្ថន័យ​នៃ​ពាក្យ «តឹម ប្លុក» ខ្ញុំ​បាន​សួរ​គ្រូមន្តអាគម​យ៉ាងច្រើន ប៉ុន្តែ​មិន​អាច​ទទួល​បាន​ចម្លើយ​ច្បាស់លាស់​ណាមួយ​ទេ ។ អ្វី​ដែល​ខ្ញុំ​អាច​គូសបញ្ជាក់​នា​ពេល​បច្ចុប្បន្ន គឺថា «អ៊ីល ហ្វាលាក» និង «តឹមប្លុក» មាន​សំឡេង​ស្រដៀង​គ្នា ជា​ពិសេស​ផ្នែក​ខាងក្រោយ​នៃ​ពាក្យ​ទាំង​ពីរ​នេះ ដែល​បង្កប់​អត្ថន័យ​ថា មាន​សៀវភៅ​តែ​មួយ​ប៉ុណ្ណោះ​ដែល​មាន​ឈ្មោះ​ពីរ​ផ្សេង​គ្នា ។ ប៉ុន្តែ​តាំងពី​យូរ​មក ខ្ញុំ​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​វិនិច្ឆ័យ​នោះ​ទេ ។

ជា​អកុសល មាន​ព័ត៌មាន​តិចតួច​ស្ដីពី​សៀវភៅ ទោះបីជា​មាន​ព័ត៌មាន​ផ្សេងៗ​ក៏​ដោយ ។ គ្រូមន្តអាគម​ខ្លះ​បាន​និយាយ​ថា គីតាប អ៊ីល ហ្វាលាក និង គីតាប តឹមប្លុក គឺជា​សៀវភៅ​ពីរ​ផ្សេង​គ្នា​ទន្ទឹម​ពេល​ដែល​អ្នក​ដទៃ​បាន​និយាយ​ថា សៀវភៅ​ទាំង​ពីរ​នេះ គឺជា​និយាយ​ថា ធ្លាប់​បាន​ឮ​ឈ្មោះ ប៉ុន្តែ​មិន​បាន​ឃើញ​សៀវភៅ​នោះ​ដោយ​ផ្ទាល់​ភ្នែក​នោះ​ទេ ប៉ុន្តែ​អ្នក​ទាំងនោះ​បាន​ឃើញ​គ្រូមន្តអាគម​ផ្សេង​អាន​សៀវភៅ​នោះ​តាំងពី​អតីតកាល ប៉ុន្តែ​មិន​ដែល​បាន​អាន​សៀវភៅ​ដោយ​ខ្លួនឯង​នោះ​ទេ ។ ខ្ញុំ​បាន​ជួប​ជាមួយ​គ្រូមន្តអាគម​មួយ​ចំនួន ដែល​បាន​លើក​ឡើង​ថា គាត់​បាន​អាន​សៀវភៅ​នោះ ប៉ុន្តែ​បាន​គ្រវែង​ចោល ។ ដោយ​ផ្សារ​ភ្ជាប់​សាច់​រឿង​ទាំងនេះ​សៀវភៅ​មន្តអាគម​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ចម្ប៉ា ដែល​និយាយ​រៀបរាប់​អំពី​អាណាចក្រ​ដែល​បាន​បាត់បង់ ហើយ​ត្រូវ​បាន​សរសេរ​ជា​ភាសា​ចាម (កាក កក) ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ គ្រូមន្តអាគម​មួយ​ចំនួន​បាន​និយាយ​ថា សៀវភៅ​នោះ​ត្រូវ​បាន​បំផ្លាញ​ចោល​ក្នុង​របប​ខ្មែរក្រហម ហើយ​អ្នក​ដទៃ​បាន​និយាយ​ថា សៀវភៅ​នោះ​ត្រូវ​ជនជាតិ​ចាម​គ្រវែង​ចោល ដោយសារ​សៀវភៅ​នោះ​រៀបរាប់​អំពី​ការ​ទស្សន៍ទាយ​ជតា​រាសី ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ចំណោម​ជន​មូស្លីម​ដែល​ជឿ​លើ​ព្រះ​អាឡា ។ ព្រះ​អាច​ដឹង​អ្វីៗ​ទាំងអស់​រួម​ទាំង​អនាគត ។ នេះ​គឺជា​ករណី​មួយ​របស់​គ្រូមន្តអាគម​ដែល​ជឿ​ថា សៀវភៅ​នោះ​ត្រូវ​បាន​បាត់បង់​ដោយសារ​តែ​របប​ខ្មែរក្រហម ។ គ្រូ «» មាន​អាយុ​ជាង​៥០​ឆ្នាំ បាន​ប្រាប់​ខ្ញុំ​ដូច​ខាងក្រោម​ថា ៖

គាត់​ខ្លួនឯង​មិន​បាន​ឃើញ​សៀវភៅ​នោះ​ទេ ប៉ុន្តែ​គាត់​បាន​គិត​ថា ជីតា​របស់​គាត់​ធ្លាប់​មាន​សៀវភៅ​នោះ ។ គាត់​មិន​ដឹង​ថា​តើ​មាន​សៀវភៅ​មួយ​ឬ​ពីរ​ក្បាល​នោះ​ទេ ។ ជីតា​របស់​គាត់​គឺជា​គ្រូមន្តអាគម​ដ៏​ល្បីល្បាញ ដែល​មិន​ចេះ​និយាយ​ភាសា​ខ្មែរ ប៉ុន្តែ​អាច​យល់​ដឹង​សៀវភៅ កាក កក និង​ភាសា​អារ៉ាប់ ។ គាត់​គឺជា​មនុស្ស​ម្នាក់​ដែល​បាន​បង្រៀន​គ្រូមន្តអាគម ដ អំពី​មន្តអាគម ។ សៀវភៅ​នោះ​ត្រូវ​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ កាក កក ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​សៀវភៅ​នោះ​បាន​បាត់បង់ ពីព្រោះ​សៀវភៅ​នោះ​ត្រូវ​បាន​កប់​ក្នុង​សម័យ​ខ្មែរក្រហម ហើយ​មិន​អាច​រក​ឃើញ​បន្ទាប់​ពី​ពេល​នោះ​ទេ ។ ជីតា​របស់​គាត់ គឺជា​គ្រូមន្តអាគម​ម្នាក់​ដ៏​ពូកែ ដែល​គាត់​អាច​មើលឃើញ​ពី​អនាគត ហើយ​អាច​ព្យាករណ៍​អំពី​អ្វី​ដែល​នឹង​កើត​ឡើង បន្ទាប់​ពី​របប​ខ្មែរក្រហម​បាន​កាន់កាប់ ។ ដូច្នេះ​ហើយ ជីតា​របស់​គាត់​បាន​ព្យាករណ៍​ថា សៀវភៅ​នោះ​នឹង​ត្រូវ​បាត់បង់​ក្នុង​សម័យ​ខ្មែរក្រហម ហើយ​ត្រូវ​ថតចម្លង​ផ្នែក​ខ្លះ​នៃ​សៀវភៅ​ដាក់​លើ​ក្រណាត់​ដើម្បី​រក្សា​ខ្លឹមសារ ។

គ្រូ ដ បាន​បង្ហាញ​ខ្ញុំ​នូវ​ក្រណាត់ ដែល​នៅ​លើ​នោះ​មាន​និមិត្តរូប​ជា​ច្រើន​ជា​តួអក្សរ ភាសា​អារ៉ាប់ និង​រូបថត​នាវា ។ គាត់​បាន​និយាយ​ថា និមិត្តរូប​នីមួយៗ​មាន​អំណាច​វេទមន្ត ដែល​មាន​មុខងារ​ផ្សេងៗ​ ហើយ​បន្ទាប់​ពី​ជ្រើសរើស​និមិត្តរូប​មួយ និមិត្តរូប​នោះ​ត្រូវ​បាន​ចម្លង​ដាក់​លើ​ក្រដាស​មួយ​ដែល​ស្គាល់​ថា​ជា​ស្នេហ៍ ។ គាត់​បាន​ពន្យល់​ថា នាវា​ដែល​គូរ​លើ​ក្រណាត់​នោះ គឺ​នាវា​មួយ​ដែល​ជនជាតិ​ចាម​បាន​ជិះ​ដើម្បី​គេច​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា ។ ឈើ​នាវា​នោះ​យក​មក​ពី​រាជវាំង​នៃ​អាណាចក្រ​ចម្ប៉ា ។ ដូច្នេះ​ហើយ សាច់​រឿង​របស់​គ្រូមន្តអាគម «» បាន​ឆ្លុះ​បញ្ចាំង​អំពី​ប្រវត្តិសាស្ត្រ​ដ៏​សោកសៅ​របស់​ចាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បាត់បង់​ប្រទេស​របស់​ខ្លួន ដោយសារ​ការ​ឈ្លានពាន​របស់​វៀតណាម​ហើយ​ត្រូវ​បាន​សម្លាប់​អំឡុង​សម័យ​ខ្មែរក្រហម ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​មិន​ងាយស្រួល​សម្រាប់​យើង​ដើម្បី​ទទួល​បាន​ការ​ពិត​អំពី​សៀវភៅ​នោះ ។ គ្រូមន្តអាគម​ដទៃ​ដែល​បាន​អះអាង​ថា គាត់​ធ្លាប់​មាន​សៀវភៅ ប៉ុន្តែ​បាន​បោះចោល ដោយសារ​គាត់​ចាត់​ទុក​សៀវភៅ​នោះ​ថា​ជា​ការ​ប្រឆាំង​ទៅ​នឹង​ជំនឿ​លើ​សាសនា​អ៊ិស្លាម ហើយ​បាន​និយាយ​ថា សៀវភៅ​នោះ​មិន​បាន​ដាក់​បញ្ចូល​រូបភាព​ណាមួយ​នោះ​ទេ ប៉ុន្តែ​មាន​តែ​ពាក្យ​ប៉ុណ្ណោះ ។ អ្វី​ទាំងអស់​ដែល​យើង​អាច​សន្មត​នៅ​ទី​នេះ គឺថា សៀវភៅ​ថតចម្លង​នោះ​ត្រូវ​បាន​បំផ្លាញ​ចោល ហើយ​បាន​បាត់បង់​ក្នុង​សម័យ​ខ្មែរក្រហម ហើយ​បន្ទាប់​ពី​ពេល​នោះ​មក​សៀវភៅ​ថតចម្លង​ផ្សេងៗ​ត្រូវ​បាន​បំផ្លាញ​ចោល​ដោយ​ចេតនា ។ ដោយសារ​តែ​ការ​បាត់បង់​សៀវភៅ វា​ហាក់បីដូចជា​មិន​អាច​មាន​ព័ត៌មាន​ត្រឹមត្រូវ​អំពី​រឿង​នេះ​ទេ ។ អ្វី​ដែល​យើង​ដឹង​នា​ពេល​បច្ចុប្បន្ន គឺថា​គ្រូ​ចាម​ធ្លាប់​មាន​សៀវភៅ​ពិសេស​ស្ដីពី​មន្តអាគម​នៅ​នគរ​ចម្ប៉ា ប៉ុន្តែ​វា​បាន​បាត់បង់​ទៅ​វិញ ។

ដូចដែល​បានឃើញ​ពី​ផ្នែក​ខាង​លើ សម័យ​ខ្មែរក្រហម​គឺជា​ពេលវេលា​មួយ​ដែល​គ្រូមន្តអាគម​ជនជាតិ​ចាម ទទួល​រង​ទុក្ខទោស និង​មាន​ការ​ព្រួយបារម្ភ ដូច​គ្នា​ទៅ​នឹង​ប្រជាជន​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ឯកសារ​នេះ ផ្តោត​លើ​ជនជាតិ​ចាម ប៉ុន្តែ​យើង​អាច​មើលឃើញ​យ៉ាង​ងាយស្រួល​ចំពោះ​ការ​ពិត​ដែល​ថា សហគមន៍​ខ្មែរ​មាន​បទពិសោធន៍​ស្រដៀង​គ្នា​ទៅ​នឹង​សាច់​រឿង​ដែល​ពិពណ៌នា​ខាងលើ ។ យោង​ទៅ​តាម​លោក ឌីឌីយ៉េរ ប័រត្រេន ដែល​ស្រាវជ្រាវ​អំពី​បារមី ទោះបីជា​ការ​បញ្ចូល​រូប​អក្សរ​ត្រូវ​បាន​ហាមឃាត់​ក្នុង​សម័យ​ខ្មែរក្រហម អ្នក​កាន់​បារមី​ត្រូវ​បាន​ការពារ​ដោយ​ព្រលឹង​ខ្មោច ដោយសារ​ព្រលឹង​ខ្មោច​បាន​នាំ​យក​អាហារ​មក​ឲ្យ​អ្នក​ទាំងនោះ ។

សៀវភៅ​របស់ ហ្សង់ អូវីសេន និង អៀង ព្រីត ត្រែនគល មាន​ចំណងជើង​ថា «ជនជាតិ​កម្ពុជា និង​វេជ្ជបណ្ឌិត​របស់​ខ្លួន: នរវិទ្យា​វេជ្ជសាស្ត្រ​របស់​ប្រទេស​កម្ពុជា​សម័យ​អាណានិគម និង​ក្រោយ​អាណានិគម» បាន​បរិយាយ​លម្អិត​អំពី​ស្ថានភាព​របស់​គ្រូ​មន្តអាគម​ខ្មែរ ជា​គ្រូ​ព្យាបាល​ជំងឺ​ក្នុង​តំបន់ ក្នុង​សម័យ​ខ្មែរក្រហម ។ មាន​គ្រូ​មន្តអាគម​ខ្មែរ​ដែល​បាន​រស់រាន​មានជីវិត​ពី​សម័យ​ខ្មែរក្រហម ដោយសារ​ព្រម​គោរព​បញ្ជា​របស់​ខ្មែរក្រហម ក្នុង​ការ​ផ្សំ​ថ្នាំ​ពី​ស្លឹកឈើ និង​មិន​ប្រព្រឹត្តិ​អំពើ​សែនព្រេន អាថ៌​កំបាំង​នោះ ។ សៀវភៅ​របស់ អូវីសេន និង ត្រែនគល បាន​លាតត្រដាង​ថា ខ្មែរក្រហម​បាន​ទប់​ស្កាត់​ការ​ផ្ទេរ​ចំណេះដឹង​ព្យាបាល​ជំងឺ​តាម​ផ្លូវ​ងងឹត និង​តាម​លក្ខណៈ​វេជ្ជសាស្ត្រ ហើយ​បាន​លើក​ឡើង​ថា ស្លឹករឹត​ដែល​មាន​ការ​ពន្យល់​អំពី​ចំណេះវិជ្ជា​នេះ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ចោល ។ កាល​ពិត សៀវភៅ​របស់ អ៊ាន ហារីស មាន​ចំណងជើង​ថា «ព្រះពុទ្ធ​សាសនា​ក្រោម​របប ប៉ុល ពត» បាន​ពិពណ៌នា​អំពី​ការ​បំផ្លិចបំផ្លាញ​អក្សរសាស្ត្រ​របស់​ព្រះពុទ្ធ​សាសនា ដូច​ជា​ស្លឹករឹត ។

អាស្រ័យ​ហេតុនេះ គ្រូមន្តអាគម​ចាម និង​ខ្មែរ មាន​បទពិសោធន៍​ស្រដៀង​គ្នា​នៅ​ក្នុង​សម័យ​ខ្មែរក្រហម ប៉ុន្តែ​អ្នក​ទាំងនោះ​មាន​លក្ខណៈ​ខុស​គ្នា គ្រូមន្តអាគម​ចាម​ត្រូវ​តែ​លាក់កំបាំង​អត្តសញ្ញាណ​របស់​ខ្លួន​ក្នុង​នាម​ជា​ជនជាតិ​ចាម ។ ភាព​ខុស​ប្លែក​គ្នា​នេះ​បណ្តាល​មក​ពី​គោលនយោបាយ​ខ្មែរក្រហម​កម្ទេច​ជនជាតិ​ចាម​ដែល​មាន​ដើម​កំណើត​មក​ពី​នគរ​ចម្ប៉ា ។ ខ្មែរក្រហម​បាន​កែប្រែ​ជនជាតិ​ចាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បំបាត់​លក្ខណៈ​វប្បធម៌​ចម្ប៉ា​តាម​រយៈ​ការ​បំផ្លាញ​សៀវភៅ​មន្តអាគម​របស់​អ្នក​ទាំងនោះ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ និន្នាការ​ក្នុង​ការ​កាត់​បន្ថយឥទ្ធិពល​វប្បធម៌​ចម្ប៉ា ក្នុង​ចំណោម​ជនជាតិ​ចាម ហាក់បីដូចជា​កំពុង​បន្ត​ទៅ​មុខ​នា​ពេល​បច្ចុប្បន្ន ។

ម្យ៉ាងវិញទៀត លក្ខណៈ​វប្បធម៌​អ៊ិស្លាម និង​ខ្មែរ​បាន​ជះ​ឥទ្ធិពល​បន្ថែម​ទៀត ទោះបីជា​ការ​ស្រាវជ្រាវ​នេះ​គឺជា​ប្រធានបទ​សម្រាប់​ការ​ពិភាក្សា​ផ្នែក​ក្រោយ ដូចដែល​បាន​លើក​ឡើង​នៅ​ខាងលើ​ក៏​ដោយ ៕

រីកុ គូរ៉ូមីយ៉ា អូកាវ៉ា
ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​១៧០ ខែកុម្ភៈ ឆ្នាំ​២០១៤

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ប្រវត្តិសាស្ត្រ, អរិយធម៌​ខ្មែរ and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s