សន្យា​ឫស្សី: គុក​ឥត​ជញ្ជាំង

សន្យា​ឫស្សី: គុក​ឥត​ជញ្ជាំង

សៀវភៅ​រៀបរាប់​ពី​ជីវិត​ក្នុង​របប​ខ្មែរក្រហម ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ជាប់​ជា​កំណត់ហេតុ​នៅ​ក្នុង​ពិភពលោក​ចំពោះ​អំពើ​បំភិតបំភ័យ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋ ។ មិន​មាន​រដ្ឋាភិបាល​ណា​មួយ​បាន​សម្លាប់​ប្រជាជន​របស់​ខ្លួន​យ៉ាង​ច្រើន​ដូច​គ្នា​នឹង​របប​ខ្មែរក្រហម ហើយ​ក្នុង​នោះ​ ១​ភាគ​៥ ​នៃ​ប្រជាជន ស្មើ​ទៅ​នឹង​ជាង​ ១​លាន ៥​សែន​នាក់ បាន​ស្លាប់​ក្រោម​កណ្តាប់​ដៃ​ខ្មែរក្រហម ។ យើង​ពិបាក​យល់​ដឹង​អំពី​ចំនួន​អ្នក​ស្លាប់ និង​ផល​ប៉ះពាល់​លើ​ប្រជាជន សង្គម សេដ្ឋកិច្ច និង​វប្បធម៌​ណាស់ ។ អត្ថបទ​បំប៊ួ​ប្រូមីស (សន្យា​ឫស្សី Bomboo Promise) របស់ វិជ្ជារ៉ា ហួន គឺជា​ការ​ក្រើនរំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម​ដែល​មាន​ន័យ​ចំពោះ​អ្នក​រស់រាន​មានជីវិត​នា​ពេល​បច្ចុប្បន្ន ។ ដោយសារ​អត្ថបទ​នេះ ត្រូវ​បាន​សរសេរ​ជា​ច្រើន​ឆ្នាំ​បន្ទាប់​ពី​របប​ខ្មែរក្រហម​បាន​កើត​ឡើង ទោះបីជា​យ៉ាងណា​ក៏​ដោយ អត្ថបទ​របស់​គាត់​មាន​លក្ខណៈ​ថ្មី​សន្លាង និង​មាន​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​ជា​ច្រើន ។ សាច់​រឿង​របស់​គាត់​បង្ហាញ​អំពី​សេចក្តី​ក្លាហាន និង​ការ​រស់រាន​មាន​ជីវិត និង​ជា​សាច់​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ។​ចុង​បញ្ចប់​ដូចដែល យើង​ដឹង វិជ្ជារ៉ា បាន​រស់រាន​មានជីវិត​ដើម្បី​ប្រាប់​ពី​សាច់​រឿង​នៃ​ការ​សម្លាប់​រង្គាល​នោះ ។ ការ​រស់រាន​មានជីវិត និង​ជីវិត​ថ្ម​រី​បស់​គាត់​នៅ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឲ្យ​គាត់​ចង់​យល់​ដឹង​អំពី​បទ​ពិសោធន៍​របស់​គាត់​ពាក់ព័ន្ធ​នឹង​ការ​បង្អត់អាហារ និង​ការ​ស្លាប់​មួយ​ផ្នែក​ដើម្បី​គោរព​ចំពោះ​អ្នក​ដែល​បាន​ស្លាប់ ។ អត្ថបទ បំប៊ូ​ប្រូមីស បំពេញ​បន្ថែម​ដល់​ការ​កើន​ឡើង​នៃ​ចំនួន​សៀវភៅ​ដែល​បោះពុម្ពផ្សាយ​ជា​ភាសា​អង់គ្លេស ដោយ​អ្នក​ដែល​បាន​រស់​នៅ​ឆ្លងកាត់​ការ​ភ័យ​ខ្លាច​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ នៅ​ពេល​ដែល​ខ្មែរក្រហម​បាន​ដៅ​ធ្វើ​ទារុណកម្ម និង​សម្លាប់​បញ្ញវន្ត​ជា​ច្រើន​នាក់ ។ អត្ថបទ បំប៊ូ​ប្រូមីស បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​នឹង​មិន​ភ្លេច​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ទសវត្សរ៍​៧០​នោះ​ទេ ។

ផ្នែក​ទី​មួយ​នៃ​សន្យា​ឫស្សី ពិពណ៌នា​អំពី​កុមារភាព​របស់ វិជ្ជារ៉ា នៅ​សម័យ​ក្រោយ​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ ហើយ​ផ្នែក​ទី​ពីរ​នៃ​សៀវភៅ​នេះ​ជីក​កកាយ​នូវ​សាច់​រឿង​អំពី​ភាព​អត់ឃ្លាន និង​ការ​ធ្វើការ​ហួសកម្លាំង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​របប​ខ្មែរក្រហម ។ ផ្នែក​ចុង​ក្រោយ​រៀបរាប់​អំពី​ការ​ត្រលប់​មក​រក​សភាព​ធម្មតា និង​ការ​សម្រេចចិត្ត​ចុង​ក្រោយ​របស់ វិជ្ជារ៉ា ដើម្បី​រត់គេច​ទៅ​ប្រទេស​ថៃ ។ អំពើ​ប្រល័យពូជសាសន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ស្វែង​យល់​ការ​ស្រមើស្រមៃ​របស់​យើង​ដ៏​អាថ៌​កំបាំង​មួយ​នេះ ។ សម្រាប់​ទិដ្ឋភាព​មួយ​នោះ ខ្មែរក្រហម​បាន​ចូល​កាន់​អំណាច​នៅ​ពេល​ដែល​ជនបរទេស​នៅ​ក្នុង​ទីក្រុង ។ ជាង​នេះ​ទៅ​ទៀត មាន​ជនជាតិ​អឺរ៉ុប និង​ជនជាតិ​អាមេរិកកាំង​មួយ​ចំនួន​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ខ្មែរក្រហម​កាលពី​ដំបូង ហើយ​បាន​ស្វែង​យល់​អំពី​វិធីសាស្ត្រ​នៃ​ការ​ឃោសនា​របស់​ខ្មែរក្រហម​ទាំងនោះ​ដែល​ផ្ដល់​ជា​តម្រុយ​នូវ​ការ​កកើត​ឡើង​នៅ​អំពើ​បំភិតបំភ័យ ។ អត្ថបទ​បោះពុម្ពផ្សាយ​នេះ បង្ហាញ​នូវ​ទិដ្ឋភាព​លម្អិត​នៃ​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង ហើយ​អ្នក​មាន​អំណាច​បាន​គ្រប់គ្រង​សមូហភាវូបនីយកម្ម​ដោយ​ផ្អែក​លើ​ការ​កាត់​បន្ថយ​ចំនួន​ប្រជាជន ។ ខ្មែរក្រហម​បាន​ប្រាប់​អ្នករាយការណ៍​កាសែត​ញ៉ូវវីក បន្ទាប់​ពី​ការ​ដួល​រលំ​ទីក្រុង​ថា អ្នក​ទីក្រុង និង​ធ្វើស្រែ ហើយ​ជាង​នេះ​ទៅ​ទៀត អ្នក​ទាំងនោះ​នឹង​ធ្វើ​ការងារ ឬ​អត់​អាហារ ។

ខ្មែរក្រហម​បាន​ធ្វើ​តាម​ការ​សន្យា នៅ​ពេល​ដែល​ខ្មែរក្រហម​ទាំងនោះ​អាច​គ្រប់គ្រង​ទីក្រុង​ភ្នំពេញ នៅ​ខែមេសា ឆ្នាំ​១៩៧៥ ។ ខ្មែរក្រហម​ទាំងនោះ​បាន​បង្ខំ​ឲ្យ​បញ្ញវន្ត​ភ្ជួរស្រែ បង្ខំ​ឲ្យ​ជន​មូស្លីម​បរិភោគ​សាច់​ជ្រូក ។ ពួក​គេ​បាន​ចិញ្ចឹម​ជ្រូក​នៅ​ក្នុង​បណ្ណាល័យ​ជាតិ បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន រួម​មាន​ប្រាក់​កាក់ ។ ចាប់តាំងពី​ការ​ចាប់​ផ្ដើម ជនភៀសខ្លួន​កម្ពុជា ដែល​អាច​រត់គេច​ទៅ​ប្រទេស​ថៃ បាន​ពិពណ៌នា​អំពី​ភាព​វឹកវរ និង​ការ​ច្របូកច្របល់​នៅ​តាម​ផ្ទះ ប៉ុន្តែ​សាច់​រឿង​របស់​ជនភៀសខ្លួន​ទាំងនោះ​ត្រូវ​បំភ្លេច​ចោល​ថា​ជា​សាច់​រឿង​ចម្លែក និង​មិន​គួរ​ឲ្យ​ជឿ ។ សាច់​រឿង​អំពី​ការ​ប្រើ​ពលកម្ម​ទាសករ ការ​សម្លាប់​ឪពុក​ម្ដាយ និង​ក្មេងៗ​ត្រូវ​អ្នកគាំទ្រ​របប​ខ្មែរក្រហម​នៅ​លោក​ខាងលិច ព្រងើយ​កន្តើយ ។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ មួយ​ឆ្នាំ​ក្រោយមក មន្ទីរ​រដ្ឋ​របស់​ប្រទេស​អាមេរិក បាន​បញ្ជាក់​ថា ខ្មែរក្រហម​បាន​បង្កើត​ប្រព័ន្ធ​វាលស្រែ ដែល​មនុស្ស​ក្មេង មនុស្ស​ចាស់​ធ្វើស្រែ ដូច​ជា​ទាសករ ចាប់តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​ពេល​យប់ ដោយ​មិន​មាន​ប្រើ​ឧបករណ៍​ទំនើប និង​ត្រូវ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​យោធា​ខ្មែរក្រហម​ដែល​គួរ​ឲ្យ​ខ្លាច ។ មន្ទីរ​រដ្ឋ​បាន​កត់​សម្គាល់​ថា របប​ខ្មែរក្រហម​បាន​សម្លាប់​មន្ត្រី​រដ្ឋាភិបាល និង​អ្នកជំនាញ ព្រមទាំង​សាច់ញាតិ​របស់​ពួក​គេ ។ ប៉ុន្តែ​បញ្ញវន្ត​ដែល​សិក្សា​នៅ​បរទេស​ជា​ច្រើន​បាន​បោះបង់​ចោល​សាច់​រឿង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នេះ ដូច្នេះ​ហើយ​បញ្ញវន្ត​ទាំងនោះ បាន​គាំទ្រ​របប​ខ្មែរក្រហម​ដោយ​ប្រយោល ។

កងទ័ព​វៀតណាម​បាន​ឈ្លានពាន​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​បាន​បណ្ដេញ​ខ្មែរក្រហម​ចេញពី​អំណាច​នៅ​ខែមករា ឆ្នាំ​១៩៧៩ ។ ជា​អកុសល ការ​ឈ្លានពាន​ដើម្បី​រំដោះ​យក​សេរីភាព​របស់​កងទ័ព​វៀតណាម​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​បញ្ចប់​នូវ​ភាព​ភ័យ​ខ្លាច​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​បាន​នាំ​យក​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម​មក​ផ្ដន្ទាទោស ។ រដ្ឋាភិបាល​វៀតណាម​មាន​របៀបវារៈ​ផ្ទាល់ខ្លួន ដែល​ត្រូវ​គ្រប់គ្រង និង​ត្រួតត្រា​ប្រទេស​កម្ពុជា ។ ទន្ទឹម​ពេល​ដែល​វៀតណាម​បាន​បង្កើត​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង (ដែល​ជា​អតីត​គុក ជាទី​ដែល​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម និង​សម្លាប់) មិន​មាន​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឬ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ជន​រង​គ្រោះ និង​អ្នក​រស់រាន​មាន​ជីវិត ពី​អំពើ​ប្រល័យពូជសាសន៍​បាន​ធ្វើ​ឡើង​នោះ​ទេ ។ ទាល់តែ​ឆ្នាំ​២០០០ ទម្រាំ​ដែល​តុលាការ​ខ្មែរក្រហម​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំនុំជម្រះ​មេដឹកនាំ​ខ្មែរក្រហម ។

សៀវភៅ​របស់ វិជ្ជារ៉ា ហួន បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រំឭក​ដល់​សហគមន៍​អន្តរជាតិ ដែល​ថា ការ​ដាក់​ទណ្ឌកម្ម​មិន​គួរ​ត្រូវ​បាន​លើកលែង​នោះ​ទេ ទោះបីជា​ត្រូវ​បាន​ពន្យា​ពេល​ជា​ច្រើន​ទសវត្សរ៍​ក៏​ដោយ ។ ពិត​ប្រាកដ​ណាស់ អ្នក​រស់រាន​មាន​ជីវិត​ពី​អំពើ​ប្រល័យពូជសាសន៍​ជា​ច្រើន​បាន​ស្លាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​នៃ​ដំណាក់កាល​ធ្វើ​អន្តរាគមន៍​របស់​អន្តរជាតិ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ អត្ថបទ បំប៊ូ​ប្រូមីស ជួយ​ជីក​កកាយ​នូវ​អាថ៌​កំបាំង​នៃ​អំពើ​ប្រល័យពូជសាសន៍ និង​ផល​ប៉ះពាល់​នៃ​របប​ប្រល័យពូជសាសន៍​មក​លើ​អ្នក​រស់រាន​មាន​ជីវិត ។

អត្ថបទ បំប៊ូ​ប្រូមីស បាន​ចាប់ផ្ដើម​នៅ​ទសវត្សរ៍​៥០ នៅ​ពេល​ដែល​ជីវិត​ហាក់បីដូចជា​មាន​ភាព​សុខ​ស្រួល និង​មាន​ភាព​ជោគជ័យ ។ ការ​ចាប់កំណើត​របស់ វិជ្ជារ៉ា ស្រប​ពេល​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​សង្គម និង​សេដ្ឋកិច្ច​យ៉ាង​លឿន ដែល​បាន​កើតឡើង​ក្រោម​រដ្ឋាភិបាល សម្តេច សីហនុ (ឆ្នាំ​១៩៥៤ ដល់​ឆ្នាំ​១៩៧០) ។ ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​ត្រូវ​បាន​ពង្រីក ។ ក្មេងៗ​គ្រប់​អាយុ​ចូល​រៀន​រាប់​លាន​នាក់​បាន​ចូល​រៀន​សាលា​បឋម​សិក្សា ហើយ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ថ្នាក់​មូលដ្ឋាន ទន្ទឹម​ពេល​ដែល​បច្ចេកទេស​ផលិតកម្ម​ថ្មី​បាន​បង្កើន​ទិន្នផល​ស្រូវ​យ៉ាងច្រើន ហើយ​បាន​ដាក់​ប្រាក់​បម្រុង​ក្នុង​ធនាគារ​មជ្ឈិម​របស់​កម្ពុជា ។

វិជ្ជារ៉ា ត្រូវ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្នុង​ផ្ទះ​ចាស់​ដែល​ឆ្លងកាត់​អស់​ច្រើន​ជំនាន់​នៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ ។ ឪពុក​របស់ វិជ្ជារ៉ា ធ្វើការ​នៅ​ក្រុមហ៊ុន​ផលិត​ឱសថ ហើយ​បាន​ក្លាយជា​អ្នកជំនួញ​ដ៏​ជោគជ័យ និង​មាន​ទ្រព្យ​សម្បត្តិ ។ ភាព​ជោគជ័យ​ខាង​ជំនួញ​របស់​គាត់​បាន​នាំ​ទៅ​រក​ការងារ​ខាង​នយោបាយ ហើយ​គាត់​បាន​ធ្វើ​ជា​សមាជិក​សភា​ជា​ច្រើន​ឆ្នាំ ចាប់​ផ្ដើម​នៅ​ដើម​ទសវត្សរ៍​៦០ ។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ កុមារភាព​របស់ វិជ្ជារ៉ា ត្រូវ​បាន​បំភិតបំភ័យ​ដោយ​ព្រឹត្តិការណ៍​ពីរ ។ ទី​១. នៅ​ពេល​ដែល​គាត់​មាន​អាយុ ៨​ឆ្នាំ ម្ដាយ​របស់​គាត់​បាន​ស្លាប់ បន្ទាប់​ពី​ការ​វះកាត់​ដោយ​មិន​មាន​ជំនាញ​ច្បាស់លាស់ ដើម្បី​យក​ដុំ​សាច់​ចេញ ។ ភ្លាមៗ​បន្ទាប់​ពី​នោះ​មក ឪពុក​របស់ វិជ្ជារ៉ា បាន​យកប្រពន្ធ​ថ្មី​ដែល​មិន​អាច​បង្កើត​កូន​ផ្ទាល់ខ្លួន​បាន ។ កំហឹង​ច្រណែន​របស់​ម្ដាយចុង​ទៅ​លើ​កូនស្រី​ដើម​របស់​ខ្លួន បង្ក​ឲ្យ​មាន​អំពើ​ឃោរឃៅ ដូចដែល​បាន​បង្ហាញ​នូវ​ក្នុង​រឿងនិទាន​នៅ​ជុំវិញ​ពិភពលោក ។ វិជ្ជារ៉ា បាន​រស់នៅ​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​មាន​សមាជិក​ច្រើន​របស់​ខ្លួន ហើយ​បាន​ពឹងផ្អែក​លើ​ការ​មើលថែ​ពី​ជីដូន​ជីតា​ខាង​ម្ដាយ និង​សាច់ញាតិ​ផ្សេងៗ​ដើម្បី​ប៉ះប៉ូវ​នូវ​ជីវិត​ដែល​ជួប​បញ្ហា​នៅ​ក្នុងផ្ទះ ។ កាលពី​ក្មេង ការ​ប្រឈម​ទី​២​កើតឡើង​ចេញពី​ទំនាក់ទំនង​ដ៏​លំបាក​របស់​ឪពុក​របស់​វិជ្ជារ៉ា ជាមួយនឹង​គ្រួសារ​របស់​គាត់ ។ ឪពុក​របស់ វិជ្ជារ៉ា បាន​បាត់បង់​ម្ដាយ​របស់​គាត់​កាលពី​គាត់​នៅ​ក្មេង ហើយ​ជីតា​របស់​គាត់​បាន​រៀប​ការ​ជាមួយ​ស្ត្រី​ម្នាក់​ដែល​មាន​កូន​ជា​ច្រើន ។ សាច់ញាតិ​ឪពុក​វិជ្ជារ៉ា ជា​ញឹកញយ​ខឹង និង​ច្រណែន វិជ្ជារ៉ា ដែល​ជា​កូនស្រី​តែ​ម្នាក់​គត់​របស់​អ្នកជំនួញ​មាន​ទ្រព្យ​សម្បត្តិ​នោះ ។

វិជ្ជារ៉ា បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ នៅ​កន្លែង​ដែល​ខ្លួន​បាន​ជួប​ជាមួយ​មិត្ត​ប្រុស​ដំបូង​របស់​ខ្លួន ។ ចំ​ពេល​ដែល វិជ្ជារ៉ា កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ ពេល​នោះ​ចំ​ពេល​ដែល​យោធា​អាមេរិក​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ជន​កុម្មុយនីស្ត​វៀតណាម​មិន​ឲ្យ​ជ្រកកោន​នៅ​តាម​ទី​ជនបទ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​ទម្លាក់​គ្រាប់បែក​ដោយ​សម្ងាត់​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ឆ្នាំ​១៩៦៦ ប៉ុន្តែ​បាន​កើន​ឡើង​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៩-១៩៧៣ ។ ការ​ទម្លាក់​គ្រាប់បែក​ជា​បន្តបន្ទាប់​មក​លើ​ភូមិ និង​វាលស្រែ បាន​ធ្វើ​មាន​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​បង្កើត​ភាព​តានតឹង​ផ្នែក​នយោបាយ​សង្គម និង​សេដ្ឋកិច្ច ។

ការ​ស្លាប់​របស់​ជន​ស៊ីវិល​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​បាន​ជំរុញ​ឲ្យ​ប្រជាជន​នៅ​តាម​ជនបទ ចូលរួម​ប្រយុទ្ធ​ជាមួយ​ខ្មែរក្រហម ដែល​បាន​ទទួល​ការ​គាំទ្រ​តិចតួច​រហូត​ដល់​ការ​ទម្លាក់​គ្រាប់បែក បាន​ចាប់ផ្ដើម​ដោយ​ធ្វើ​ឲ្យ​មាន​ការ​ពង្រីក​សង្គ្រាម​វៀតណាម​ចូល​ក្នុង​ប្រទេស​កម្ពុជា ការ​ធ្វើ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​១៩៧០ ដែល​ទម្លាក់ សម្តេច សីហនុ ការ​ងើប​ឡើង​យ៉ាង​លឿន​របស់​ខ្មែរក្រហម និង​ចុង​ក្រោយ​អំពើ​ប្រល័យពូជសាសន៍​ក្នុង​ប្រទេស​កម្ពុជា ។

នៅ​ដើម​ទសវត្សរ៍​៧០ វិជ្ជារ៉ា និង​មិត្ត​ប្រុស បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​រួច​ហើយ ។ ប៉ុន្តែ​គ្រួសារ​របស់ វិជ្ជារ៉ា បាន​ព្យាយាម​ផ្គូផ្គង​ជាមួយ​កូន​អ្នកមាន​ទ្រព្យសម្បត្តិ និង​កិត្តិយស ។ ទន្ទឹម​ពេល​ដែល វិជ្ជារ៉ា រង់ចាំ​ឪពុក​របស់​ខ្លួន​ទទួល​យក​មិត្ត​ប្រុស​បច្ចុប្បន្ន​របស់​ខ្លួន វិជ្ជារ៉ា បាន​សម្រេចចិត្ត ព្យាយាម​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​នៅ​ប្រទេស​បារាំង ។ ឪពុក​របស់ វិជ្ជារ៉ា មាន​ការ​ស្ទាក់ស្ទើរ​យល់​ស្រប​ជាមួយ​ការ​សិក្សា​របស់ វិជ្ជារ៉ា នៅ​ប្រទេស​បារាំង ។ ដូច្នេះ​ហើយ វិជ្ជារ៉ា បាន​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទន្តសាស្ត្រ និង​ឱសថ​សាស្ត្រ ក្នុង​ទីក្រុង​ភ្នំពេញ​វិញ ។ ការ​សម្រេចចិត្ត​នោះ បាន​បង្កើត​ទៅ​ជា​កម្ម​វាសនា ។ សូម្បី​តែ​ក្នុង​ឆ្នាំ​១៩៧៤ ដែល​សញ្ញាណ​នៃ​ការ​គំរាមកំហែង​បាន​កើត​ឡើងជា​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បន្ទាប់​ពី​គ្រួសារ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​បាន​បញ្ជូន​កូន​របស់​ខ្លួន​ទៅ​បរទេស​ដើម្បី​សុវត្ថិភាព​នោះ ឪពុក​របស់ វិជ្ជារ៉ា មិន​មាន​ភាព​ប្រាកដប្រជា​ចំពោះ​ការ​បញ្ជូន​កូន​ទៅ​ប្រទេស​បារាំង​នោះ​ឡើយ ។ អាពាហ៍ពិពាហ៍​របស់​វិជ្ជារ៉ា បាន​ប្រព្រឹត្ត​ឡើង​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​មាន​ការ​ភ្ជាប់​ពាក្យ​ជា​ផ្លូវការ នៅ​ពេល​ដែល​ឪពុក​របស់ វិជ្ជារ៉ា ទន់​ចិត្ត ទោះបីជា​ពិធី​រៀបការ​ត្រូវ​បាន​រំខាន​ដោយ​យោធា​ខ្មែរក្រហម​ដែល​ខិត​ជិត​ចូល​មក​ទីក្រុង និង​ភាព​វឹកវរ​នៅ​ក្នុង​ទីក្រុង​ក៏​ដោយ ។

វិជ្ជារ៉ា ព្រមទាំង​ប្ដី ឪពុក និង​ម្ដាយ​ក្រោយ និង​សាច់ថ្លៃ​ត្រូវ​បាន​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ ។ ខ្មែរក្រហម​បាន​បញ្ចប់​ជីវភាព​អ្នក​រស់នៅ​ក្នុង​ទីក្រុង បិទ​មន្ទីរពេទ្យ សាលារៀន និង​សារមន្ទីរ ។ រោងចក្រ​ត្រូវ​បាន​បិទ ។ ព្រះសង្ឃ​ត្រូវ​បាន​បណ្ដេញ​ចេញពី​វត្ត ។ ប្រជាជន​ទាំងអស់​ត្រូវ​ផ្លាស់​ទី​ទៅ​ជនបទ​ដោយ​មាន​ឧបករណ៍​ធ្វើស្រែ​ចម្ការ និង​រស់នៅ​ក្នុង​ទីជម្រក​ថ្មី ។ ប្រទេស​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​គុក​ដ៏​ធំ​មួយ ។ គោលបំណង​នោះ​គឺ​ដើម្បី​គ្រប់គ្រង​ប្រទេស​ទាំងមូល​ដោយ​ទប់ស្កាត់​ការ​រស់នៅ​ជា​លក្ខខណ្ឌ​បុគ្គល ឬ​ការ​គិត​បែប​ឯករាជ្យ ។ ក្នុង​ទិដ្ឋភាព​នេះ នរណា​ក៏​ដោយ​ដែល​កើត​ចេញ​ពី​វណ្ណៈ​ដែល​មាន​ការ​អប់រំ​រៀនសូត្រ គឺជា​ជនសង្ស័យ ។ ដូច្នេះ​ហើយ​គ្រួសារ វិជ្ជារ៉ា ប្រឈម​មុខ​ទៅ​នឹង​មហន្តរាយ​ទ្វេ​ដង ដោយសារ​អ្នក​ទាំងនោះ​គឺជា​អ្នក​ទីក្រុង​ដែល​មិន​ទាន់​រៀបចំ​ខ្លួន​រស់នៅ​តាម​ស្រែ​ចម្ការ ហើយ​ក៏​ជា​ក្រុម​មានទ្រព្យ​សម្បត្តិ និង​មាន​ការ​អប់រំ​ដែល​ត្រូវ​ដៅ​ជា​មុខសញ្ញា ។​

វិជ្ជារ៉ា និង​ឪពុក ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្លាស់​ទីលំនៅ​ពី​ភូមិ​ដាច់​ស្រយាល​មួយ​ទៅ​មួយ​ទៀត ហើយ​បាន​រស់នៅ​ក្នុង​ផ្ទះ​ដ៏​តូច​នៅ​ជិត​សាច់ថ្លៃ​របស់​ខ្លួន ។ វិជ្ជារ៉ា បាន​បែក​ចេញពី​ប្ដី​របស់​ខ្លួន ដែល​ត្រូវ​យោធា​ខ្មែរក្រហម​នាំ​យក​ទៅ​សម្លាប់ ។ ចាប់តាំងពី​ពេល​នោះ​មក វិជ្ជារ៉ា លេង​ឃើញ​ប្ដី​របស់​ខ្លួន​តទៅ​ទៀត ។

ក្មេងៗ​និង​មនុស្ស​ចាស់​ជា​មនុស្ស​ដំបូង​ដែល​ស្លាប់ ។ ឪពុក​របស់ វិជ្ជារ៉ា បាន​ស្លាប់​បន្ទាប់​ពី​ការ​រស់នៅ​ក្នុង​ជីវភាព​ក្រខ្សត់ ការ​ខ្វះ​អាហារូបត្ថម្ភ ខ្វះ​ថ្នាំសង្កូវ ។ បន្ទាប់​ពី​ឪពុក​របស់ វិជ្ជារ៉ា ស្លាប់​ដោយ​ការ​ឈឺចាប់ វិជ្ជារ៉ា បាន​មក​រស់នៅ​ជាមួយ​សាច់ថ្លៃ​ដែល​មិន​ចូល​ចិត្ត​ចែករំលែក​អាហារ​ជាមួយ​អ្នក​ដទៃ ទន្ទឹម​ពេល​ដែល​សាច់ថ្លៃ​ទាំងនោះ​ចង់​សងសឹក​ឪពុក​របស់ វិជ្ជារ៉ា ចំពោះ​ការ​ពន្យា​ពេល​ការ​រៀបការ​របស់ វិជ្ជារ៉ា និង​ប្ដី​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ នៅ​ពេល​ដែល​ស្ថានភាព​ការ​ហូប​ចុក​បន្ត​យ៉ាប់យ៉ឺន ​វិជ្ជារ៉ា យល់​ឃើញ​ថា​ខ្លួន​មិន​ត្រូវ​បាន​ស្វាគមន៍ លែង​ត្រូវការ​ហើយ​ក៏​សម្រេចចិត្ត​តស៊ូ​ដោយ​ខ្លួនឯង ។ វិជ្ជារ៉ា ចូល​ទៅ​សម្រាក​ព្យាបាល​របួស​ក្នុង​មន្ទីរពេទ្យ​នៅ​ចុងឆ្នាំ​១៩៧៨ នៅ​ពេល​ដែល​ទាហាន​វៀតណាម​ដេញ​ខ្មែរក្រហម​ទៅ​ព្រំដែន ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។

ផ្នែក​ទី​៣​នៃ​សៀវភៅ​នេះ ជីក​កកាយ​នូវ​ដំណើរ​វិល​ត្រលប់​មក​ទីក្រុង​ភ្នំពេញ​របស់ វិជ្ជារ៉ា ។ ក្នុង​ឆ្នាំ​១៩៧៩ វិជ្ជារ៉ា បាន​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ចាស់ និង​សាច់ញាតិ​ចាស់​មួយ​ចំនួន​សា​ជា​ថ្មី ។ វិជ្ជារ៉ា បាន​មក​លេង​ផ្ទះ​របស់​ខ្លួន ដែល​ត្រូវ​បាន​រុក​រើ និង​ត្រូវ​យក​វត្ថុ​មាន​តម្លៃ​ចេញ​ទាំងអស់ ។ ដោយសារ​តែ​មាន​ជំនាញ​ផ្នែក​ភាសា វិជ្ជារ៉ា បាន​ក្លាយជា​អ្នកបកប្រែ​ឲ្យ​ជនជាតិ​វៀតណាម និង​សមាគម​ជនជាតិ​បរទេស ។ ពេល​នោះ វិជ្ជារ៉ា ក៏​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ឱសថសាស្ត្រ​ដែរ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ទុក្ខ​ព្រួយ​បាន​ញាំញី​ជីវិត​របស់ វិជ្ជារ៉ា រាល់ពេល​ដែល វិជ្ជារ៉ា នឹក​ដល់​ការ​បាត់បង់ និង​ការ​បាត់​ខ្លួន​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន ។ បន្ទាប់​ពី​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដែល​បាន​រសាត់ អណ្ដែត​ហើយ​ព្យាយាម​ស្វែងរក​តួនាទី​សម្រាប់​ខ្លួនឯង​ផ្ទាល់ វិជ្ជារ៉ា បាន​ធ្វើការ​សម្រេចចិត្ត​យ៉ាង​ច្បាស់ និង​ប្រថុយប្រថាន​រត់គេច​ទៅ​ប្រទេស​ថៃ ។

នៅ​ដើមឆ្នាំ​១៩៨៣ វិជ្ជារ៉ា បាន​ទៅ​ដល់​ជំរុំ​ជនភៀសខ្លួន​នៅ​តាម​ព្រំដែន​ប្រទេស​ថៃ ។ យ៉ាង​ហោច​ណាស់ វិជ្ជារ៉ា មាន​សេរីភាព​ក្នុង​ការ​ស្រមៃ​ឃើញ​អនាគត​ដ៏​ប្រសើរ ។ សៀវភៅ​នេះ​បាន​បញ្ចប់​ទៅ​ដោយ​ការ​រត់គេច​ទៅ​ប្រទេស​ថៃ ។ យើង​ដឹង​ថា វិជ្ជារ៉ា បាន​ទៅ​ដល់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ឆ្នាំ​១៩៨៥ ។ យើង​នឹង​រង់ចាំ​មើល​សៀវភៅ​ទី​២ ដើម្បី​ស្ដាប់​អំពី​ការ​រត់គេច​ទៅ​ជំរុំ​ជនភៀសខ្លួន និង​រស់នៅ​សហរដ្ឋ​អាមេរិក ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ យើង​មាន​សំណាង​ដែល​ថា វិជ្ជារ៉ា សម្រេចចិត្ត​បោះពុម្ពផ្សាយ​ជីវប្រវត្តិ​របស់​ខ្លួន ។ វិជ្ជារ៉ា គឺជា​អ្នកនិពន្ធ​ដែល​មាន​លក្ខណៈ​ជំរុញ​លើកទឹកចិត្ត ហើយ​បាន​បង្ហាញ​នូវ​សាច់​រឿង​ដ៏​សោកសៅ និង​ទាក់ទាញ​ស្ដីពី​ការ​រង​ទុក្ខ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​នាម​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ប្រល័យពូជសាសន៍​ក្នុង​ប្រទេស​កម្ពុជា ។ សៀវភៅ​របស់​គាត់​គឺ​ប្រវត្តិ​ស្ដីពី​ការ​លើក​ទឹកចិត្ត និង​ការ​ប្ដេជ្ញា​ចិត្ត​ដែល​ប្រឈម​នឹង​ការ​អត់ឃ្លាន និង​ការ​ភ័យ​ខ្លាច ៕

ផូលេខ គូស័រ
ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​១៧១ ខែមីនា ឆ្នាំ​២០១៤

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ប្រវត្តិជនសំខាន់, ប្រវត្តិសាស្ត្រ and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s