រឿងរ៉ាវ​ល្បីល្បាញ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ​២០១៤

រដ្ឋប្រហារ​នៅ​ប្រទេស​ថៃ (រូបថត​របស់ Chris Singshinsuk / Shutterstock.com)

មុន​នឹង​ឈាន​ចូល​ទៅ​អបអរ​ឆ្នាំថ្មី​នៅ​ប៉ុន្មាន​ម៉ោង​ទៀត​នេះ ចូរ​យើង​ត្រលប់​បែរ​ក្រោយ​មក​ក្រលេក​មើល​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​របស់​យើង​បន្តិច ។ ព្រឹត្តិការណ៍​ទាំងនេះ​ចងក្រង​ដោយ លោក Mong Palatino មាន​ចុះផ្សាយនៅ​លើ​វេបសាយ​របស់ The Diplomat ចុះ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤ ។ លោកបញ្ជាក់​ថា ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ និង​ពិភាក្សា​យ៉ាង​ទូលំទូលាយ​តាម​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​នានា​ផង​ដែរ ។

១. រដ្ឋប្រហារ​នៅ​ប្រទេស​ថៃ

បន្ទាប់​ពី​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​តាម​ដង​ផ្លូវ​អស់​រយៈពេល​ជាច្រើន​ខែ​មក យោធា​នៃ​ប្រទេស​ថៃ​បាន​ធ្វើ​អន្តរាគមន៍​នៅ​ថ្ងៃទី​២២ ខែ​ឧសភា និង​បាន​ប្រកាស​ច្បាស់​អាជ្ញាសឹក ។ រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​មួយ​ត្រូវ​បាន​ព្រាង​ឡើង​ដែល​ឈាន​ទៅ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​មួយ​ឡើង​គាំទ្រ​ដោយ​យោធា ។ ឧត្ដមសេនីយ៍ Prayuth Chan-ocha ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ទី​២៩ របស់​ប្រទេស​ថៃ ។

២. ការ​ធ្លាក់​យន្តហោះ​ជើងហោះហើរ MH370, MH17 និង Air Asia QZ8501

មាន​អ្នក​ដំណើរ​និង​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ចំនួន ២៣៩ នាក់ ស្ថិត​នៅ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន Malaysian Airlines ជើង​ហោះហើរ​លេខ MH370 ដែល​បាន​បាត់​ខ្លួន​នៅ​ខែ​មីនា និង​នៅ​តែ​រក​ពុំ​ទាន់​ឃើញ​មក​ទល់​បច្ចុប្បន្ន ។ ជើង​ហោះហើរ​លេខ MH17 របស់​ក្រុមហ៊ុន Malaysian Airlines មួយ​ទៀត ត្រូវ​បាន​បាញ់​ធ្លាក់​ដោយ​មីស៊ីល​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ក្នុង​ខែ​កក្កដា សម្លាប់​អ្នកដំណើរ និង​បុគ្គលិក​យន្តហោះ​ទាំងអស់ ២៩៨ នាក់ ។ នៅ​ពេល​នេះ ទីតាំង​ធ្លាក់​របស់​ជើង​ហោះហើរ QZ8501 របស់​ក្រុមហ៊ុន Air Asia ដែល​បាន​បាត់​ខ្លួន​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ដឹក​មនុស្ស ១៦២ នាក់ ត្រូវ​បាន​កំណត់​កាល​ពី​ម្សិលមិញ​ដោយ​ក្រុម​រុករក​ចម្រុះ​ជាតិសាសន៍​នៅ​ភាគខាងត្បូង​កោះ​ស៊ូម៉ាត្រា ផ្នែក​ខាង​ប្រទេស​ឥណ្ឌូណេស៊ី ។

៣. ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​លោក Jokowi

លោក Joko Widodo អភិបាល​ក្រុង Jakarta ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា Jokowi ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ។ ជា​អ្នក​នយោបាយ​ម្នាក់ លោក​មាន​ប្រជាប្រិយភាព​តាម​រយៈ​អភិក្រម​ខុស​ពី​ទម្លាប់​ចាស់​របស់​លោក​ក្នុង​ភាព​ជា​អ្នកដឹកនាំ ដូចជា ការ​ធ្វើ​ទស្សនកិច្ច​ដោយ​មិន​ប្រកាស​ឲ្យ​ដឹង​ជា​មុន ទៅ​កាន់​ទីកន្លែង​ធ្វើការ​របស់​រដ្ឋ​នានា​ដើម្បី​ត្រួត​ពិនិត្យ​ពី​ប្រសិទ្ធភាព​ការងារ​របស់​បុគ្គលិក​រដ្ឋ ។ ជ័យជម្នះ​របស់ Jokowi ត្រូវ​បាន​ស្វាគមន៍​ភ្លាមៗ​ថា​ជា​ការ​លើក​ស្ទួយ​យ៉ាង​ខ្លាំងក្លា​ដល់​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ដោយសារ​វា​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ម្នាក់​គ្មាន​ការ​ជាប់​ទាក់ទង​នឹង​យោធា ឬ អតីត​ប្រធានាធិបតី Suharto ដែល​បាន​គ្រប់គ្រង​ផ្ដាច់ការ​អស់​ជាង ៣ ទសវត្សរ៍ ។

៤. ប្រទេស​ព្រុយណេ​អនុវត្ត​ច្បាប់​អ៊ិស្លាម​តឹងរ៉ឹង Sharia

ច្បាប់ Sharia ចូល​ជា​ធរមាន​នៅ​ក្នុង​ប្រទេស​ព្រុយណេ​នៅ​ខែ​ឧសភា ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ទី​មួយ​នៅ​អាស៊ីអាគ្នេយ៍​ដែល​បាន​អនុវត្ត​ច្បាប់​នេះ​នៅ​ថ្នាក់​ជាតិ ។ នៅ​ក្នុង​កម្រិត​ទី​១ នៃ​ការ​អនុវត្ត ច្បាប់​នេះ​គ្រប​ដណ្ដប់​លើ​បទល្មើស​ទូទៅ​ដូចជា ការ​បរិភោគ​នៅ​ទីសាធារណៈ​ក្នុង​អំឡុង​ខែ​កាន់​បួស (Ramadan) ការ​ខកខាន​ថ្វាយ​បង្គុំព្រះ​នៅ​រាល់​ថ្ងៃសុក្រ ឬ​ការ​មាន​ផ្ទៃពោះ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ ។ កម្រិត​ទី​២ នៃ​ការ​អនុវត្ត​ច្បាប់ រួម​មាន ការ​កាត់ដៃ​ចំពោះ​បទលួច ការ​វាយដំ​ធ្ងន់ធ្ងរ​ចំពោះ​បទល្មើស​ផ្សេងៗ ដូចជា​ការ​រំលូត​កូន​ជាដើម ការ​ផឹកស្រា និង​ការ​ស្រលាញ់​ភេទ​ដូច​គ្នា ។ ការ​ដាក់​ទោស​ដល់​ស្លាប់​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​កម្រិត​ទី​៣ ដែល​មាន​ដូចជា គប់​សម្លាប់​ដោយ​ដុំ​ថ្ម​ចំពោះ​បទ​សហាយស្មន់ ហើយ​ការ​ដាក់​ទោស​ដល់​ស្លាប់​ក៏​ធ្វើ​ឡើង​ផង​ដែរ​ចំពោះ​បទ​ចាប់​រំលោភ និង​ការ​រួមភេទ​តាម​រន្ធ​គូទ ។

៥. ការ​ប្រឆាំង​តវ៉ា​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ប្រទេស​ឡាវ

ប្រទេស​ឡាវ​បាន​អនុម័ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​សម្បើម​មួយ​តាម​ដង​ទន្លេ​មេគង្គ ទោះបី​ជា​មាន​ការ​ជំទាស់​ពី​ប្រទេស​ថៃ វៀតណាម និង​កម្ពុជា​ក៏​ដោយ ។ ប្រទេស​ជិតខាង​របស់​ឡាវ និង​អ្នក​ការពារ​បរិស្ថាន​ជាច្រើន​ក្រុម ចង់​ឲ្យ​មាន​ការ​សិក្សា​អំពី​ផលប៉ះពាល់​បន្ថែម​ទៀត​មុន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​បន្ត ។

៦. ជម្លោះ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង

ប្រទេស​ចិន​បន្ត​ឈ្លោះប្រកែក​ជាមួយ​ប្រទេស​វៀតណាម និង​ហ្វីលីពីន អំពី​កម្មសិទ្ធិ​នៃ​បណ្ដា​ដែនដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង (ឬ​សមុទ្រ​ហ្វីលីពីន​ខាងលិច) ។ ប្រទេស​ចិន​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​រំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន ដោយ​ការ​សាងសង់ ឬ​ជំនួស​រចនាសម្ព័ន្ធ​នៅ​ក្នុង​ដែនទឹក​ដែល​ជាប់​ជម្លោះ ។ ការ​សម្រេច​ចិត្ត​ដោយ​អាជ្ញាកណ្ដាល​អន្តរជាតិ​អំពី​ការ​ទាមទារ​ដែនទឹក​នេះ​នៅ​ឆ្នាំ​ក្រោយ នឹង​ធ្វើ​ឲ្យ​រឿង​នេះ​ក្លាយ​ជា​បញ្ហា​ស្នូល​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។

៧. ការ​ធ្វើ​កូដកម្ម​នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា

កម្មករ​រោងចក្រ​សម្លៀកបំពាក់​រាប់​ពាន់​នាក់​បាន​ចូល​រួម​កូដកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​តម្លើង​ប្រាក់​ឈ្នួល​គោល ។ ប៉ុន្តែ​កូដកម្ម​នេះ​ត្រូវ​បាន​បំបែក​ដោយ​ហិង្សា​ដោយ​នរគបាល កាល​ពី​ខែ​មករា ហើយ​ការ​ជួបជុំ​តវ៉ា​ជា​សាធារណៈ​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ យុទ្ធនាការ​តវ៉ា​នេះ​ក៏​បាន​ទាមទារ​ឲ្យ​ម្ចាស់​ម៉ាក​សម្លៀកបំពាក់​ល្បីៗ​ធានា​ថា​អ្នក​ផ្គត់ផ្គង់​របស់​ពួកគេ​នៅ​កម្ពុជា​គោរព​ច្បាប់​ការងារ ។

៨. បក្ស​ប្រឆាំង​នៅ​កម្ពុជា​ព្រម​ទទួល​យក​កៅអី​នៅ​ក្នុង​រដ្ឋសភា

បន្ទាប់​ពី​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​អស់​រយៈពេល ១០ ខែ ដើម្បី​ប្រឆាំង​នឹង​ការ​កេងបន្លំ​សន្លឹកឆ្នោត សមាជិក​សភា​ទាំង ៥៥ រូប របស់​បក្សប្រឆាំង​បាន​ចូល​ស្បថ​កាន់​តំណែង​នៅ​ខែ​សីហា ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​មាន​លទ្ធភាព​បង្ហាញ​ពី​របៀបវារៈ​នយោបាយ​របស់​ខ្លួន​នៅ​ក្នុង​សភា ទោះបី​ជា​អ្នកតាមដាន​នានា​កត់​សម្គាល់​ថា វា​ក៏​ជា​ការ​លើក​ស្ទួយ​ភាព​ជា​អ្នកដឹកនាំ​របស់​សម្ដេច ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ក្នុង​រយៈពេល ៣ ទសវត្សរ៍​ចុង​ក្រោយ​នេះ​ក៏​ដោយ ។

៩. ប្រទេស​ម៉ាឡេស៊ី​នឹង​ពង្រឹង​ច្បាប់​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល

លោក​នាយករដ្ឋមន្ត្រី Najib Razak មិន​បាន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ថា​នឹង​លុប​ចោល​ច្បាប់​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ បែរ​ជា​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ធ្វើការ​កែទម្រង់​និង​ពង្រឹង​ច្បាប់​នេះ​ទៅ​វិញ ដែល​ជា​ច្បាប់​មួយ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​អាណានិគម​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៨ ។ មេធាវី អ្នកកាសែត សកម្មជន និង​សូម្បី​សាស្ត្រាចារ្យ​ជា​ច្រើន​នាក់​ត្រូវ​បាន​កាត់​ទោស​ពី​បទ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ឆ្នាំ​នេះ ដែល​ជំរុញ​ឲ្យ​អ្នក​តវ៉ា​ជាច្រើន​ក្រុម​កាន់​តែ​ពង្រីក​សម្ព័ន្ធភាព​របស់​ពួកគេ​ដើម្បី​ប្រឆាំង​នឹង​ច្បាប់​នេះ ។

១០. ប្រទេស​មីយ៉ាន់ម៉ា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន

ការ​ទាស់ទែង​ក្នុង​ស្រុក​មាន​ផលប៉ះពាល់​ដល់​តួនាទី​របស់​មីយ៉ាន់ម៉ា​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​ប្ដូរវេន​របស់​អាស៊ាន ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ភាព​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០១៤ មិន​គ្រាន់​តែ​ជា​ប្រវត្តិសាស្ត្រ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​សារសំខាន់​ខណៈ​ដែល​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​បោះ​ជំហាន​ដ៏​សំខាន់​ឈាន​ទៅ​ធ្វើ​សាមាហរណកម្ម​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ។

១១. កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រ៉ើប​ឡើង​វិញ​បន្ទាប់​ពី​ខ្យល់ព្យុះ Haiyan នៅ​ហ្វីលីពីន

ខ្យល់ព្យុះ Haiyan គឺ​ជា​ព្យុះ​ទីហ្វុង​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ បោកបក់​លើ​ប្រជុំ​កោះ Visayas របស់​ហ្វីលីពីន​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ។ វា​បាន​ទាក់ទាញ​សហគមន៍​អន្តរជាតិ​ឲ្យ​ចូល​ជួយ​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្ដារ​ឡើង​វិញ ស្រប​ពេល​ដែល​សកម្មជន​បរិស្ថាន​សំអាង​ហេតុផល​ថា​វា​គឺ​ជា​ឧទាហរណ៍​មួយ​នៃ​ផលប៉ះពាល់​ខ្លាំងក្លា​នៃ​ការ​កើន​ឡើង​នូវ​កម្ដៅ​ផែនដី ។ ក្នុង​ពេល​នេះ​ដែរ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​សប្ដាហ៍​មុន​ បាន​បណ្ដាល​ឲ្យ​មាន​គ្រោះ​ទឹក​ជំនន់​អាក្រក់​បំផុត​នៅ​បណ្ដា​រដ្ឋ​ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ក្នុង​រយៈពេល ៣ ទសវត្សរ៍​ចុង​ក្រោយ ។

តើ​ឆ្នាំ​២០១៥ នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ឬ​ទេ ? អ្វី​ដែល​ច្បាស់​គឺ​ថា ឆ្នាំ​ក្រោយ​នេះ​គឺ​ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​មួយ ដោយ​អាស៊ីអាគ្នេយ៍​កំពុង​តែ​ផ្លាស់ប្ដូរ​រូបរាង​ឆ្ពោះ​ទៅ​បង្កើត​សហគមន៍​អាស៊ាន​រួម​មួយ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ ៕

Advertisements

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ចំណេះ​ធ្វើ and tagged . Bookmark the permalink.

One Response to រឿងរ៉ាវ​ល្បីល្បាញ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ​២០១៤

  1. Doc says:

    Wow, good price. I’ve actually got my eye on an old KMD analog delay right now for my pad rig. It’s we232&#8ir0;it&#8d17;s one of those delay pedals that for some reason I’ve wanted for years, just because they’re so rare. Oh, and fuzz can be gorgeous, too! What fuzz pedals do you own? I’ve got the Hartman Germanium right now, and totally love it.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s