អំពើចោរកម្មលើវត្ថុបុរាណរបស់ប្រទេសកម្ពុជា

artefact20looting2011

ប្រាសាទ​នៅ​ក្នុង​តំបន់​កោះកែរ ដែល​ក្រុមចោរ​គាស់​រំលើង​ដើម្បី​លួច​យក​រូបចម្លាក់

រៀង​រាល់​ឆ្នាំ ភ្ញៀវ​ទេសចរ អ្នក​សិក្សា​រៀនសូត្រ អ្នក​ស្រាវជ្រាវ​រាប់​លាន​នាក់ និង​មនុស្ស​ដទៃ​មក​ពី​ប្រទេស​ផ្សេងៗ​គ្រប់​តំបន់​ទាំងអស់​ជុំវិញ​ពិភពលោក បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ក្រីក្រ​ដ៏​តូច​មួយ​នេះ ដើម្បី​ឃើញ​ដោយ​ផ្ទាល់​នូវ​កេរដំណែល​សិល្បៈ​វប្បធម៌​ដ៏​អស្ចារ្យ​របស់​អាណាចក្រ​ខ្មែរ​បុរាណ ។ កេរដំណែល​នោះ​មាន​ប្រាសាទបុរាណ​ជា​ច្រើន នៅ​ក្នុង​ខេត្តសៀមរាប ជា​ពិសេស​ប្រាសាទ​បែប​ហិណ្ឌូ​នៅ​ក្នុង​តំបន់​អង្គរវត្ត និង​ទី​គោរព​បូជា​បែប​ព្រះពុទ្ធ​សាសនា ដូច​ជា ប្រាសាទបាយ័ន ។ ដោយ​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប និង​ស្ថិត​នៅ​តាម​ជើងភ្នំ​គូលែន ប្រាសាទ​បន្ទាយស្រី ដែល​ជា​សំណង់​មាន​ចម្លាក់​ដ៏​អស្ចារ្យ និង​សោភ័ណភាព​ត្រូវ​បាន​ឆ្លាក់​ចេញពី​ថ្មភក់ ហើយ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ស្ថាបត្យកម្ម​ក្នុង​ទ្រង់ទ្រាយ​តូច ដែល​ងាក​ចេញពី​លក្ខណៈ​ស្ថាបត្យកម្ម​នៃ​ប្រាសាទខ្មែរ​បុរាណ​ដទៃ ។ ដោយ​ស្គាល់​ថា ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​ស្ត្រី ឈ្មោះ​ពិត​របស់​ប្រាសាទ​នេះ មាន​ឈ្មោះ​ថា ត្រីភូវណ្ណមហេស្វរៈ ។

កេរដំណែល​នោះ​មាន​បន្សល់​នៅ​តាម​បណ្តា​ខេត្ត​ដទៃ ដូច​ជា ប្រាសាទ​ព្រះវិហារ​ដ៏​អស្ចារ្យ ដែល​ស្ថិត​នៅ​លើ​ខ្នង​ភ្នំ​ដងរែក កម្ពស់​៥២៥​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ។ ប្រាសាទ​ព្រះវិហារ​បាន​បម្រើ​មុខងារ​ជា​ប្រាសាទ​ឧទ្ទិស​បែប​ហិណ្ឌូ ហើយ​ថ្មីៗ​នេះ បាន​ក្លាយជា​កម្មវត្ថុ​នៃ​ចំណុច​វិវាទ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ឡាអេ ដែល​ចៅក្រម​ក្នុង​តុលាការ​នោះ​បាន​កាត់សេចក្តី​ឲ្យ​ប្រទេស​កម្ពុជា​គ្រប់គ្រង​ថែរក្សា​ប្រាសាទ​ព្រះវិហារ ។ ទី​ជនបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពី​មុន​គ្រប់​ដណ្តប់​ដោយ​ព្រៃឈើ លម្អ​ទៅ​ដោយ​ប្រាសាទ ចាប់​តាំងពី​ប្រាសាទ​តូច រហូត​ដល់​ប្រាសាទ​ធំ បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​បូជា​របស់​មនុស្ស​បុរាណ​ចំពោះ​អាទិទេព​របស់​ខ្លួន ។ ដោយសារ​តែ​ភាព​ក្រីក្រ មិន​មាន​ការ​យកចិត្ត​ទុកដាក់​ថែរក្សា ជួសជុល និង​ផ្នែក​សន្តិសុខ ទី​សក្ការបូជា​ជា​ច្រើន​ត្រូវ​បាន​បោះបង់​ចោល និង​ត្រូវ​ព្រៃ​ដុះ​ព័ទ្ធ​លើ ។

ម្យ៉ាងវិញទៀត ការ​ទាក់ទាញ និង​ការ​លើក​សរសើរ​អំពី​សំណង់​អច្ចរិយវត្ថុ​នេះ ត្រូវ​បាន​បំផ្លិចបំផ្លាញ​ចោល​ជា​លក្ខណៈ​បុគ្គល​ជា​រឿយៗ និង​ថ្មីៗ​នេះ​តាម​រយៈ​អំពើ​លួច​ប្លន់​វត្ថុ​បុរាណ​ដែល​លម្អ​នៅ​គ្រប់​តំបន់​ទាំងនេះ ។ ឧទាហរណ៍ រូបចម្លាក់​បែប​ព្រះពុទ្ធ​សាសនា រូបចម្លាក់​បែប​ហិណ្ឌូ ដែល​បាន​ឆ្លាក់​ដ៏​ល្អ និង​រូបចម្លាក់​ដទៃ​ជា​រឿយៗ​មាន​ទំហំ​ប៉ុន​រូប​មនុស្ស​ពិត​ឬ​ធំ​ជាង​នេះ ត្រូវ​បាន​កាត់​ក្បាល ហើយ​ត្រូវ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ការ​ប្រើប្រាស់​ឧបករណ៍​ដើម្បី​កាត់​យក​ក្បាល​រូបចម្លាក់​ទាំងនោះ ។ រូបចម្លាក់​ទាំងនោះ​នៅ​ឈរ​ដោយ​គ្មាន​ក្បាល​ក្នុង​នាម​ជា​សាក្សី​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម ភាព​លោភលន់ និង​អំពើ​ចោរកម្ម​លើ​បេតិកភណ្ឌ​សិល្បៈ​ទាំងនេះ ។ នៅ​តាម​ប្រាសាទ​ផ្សេង រូប​សត្វ និង​រូប​មនុស្ស​នៅ​ក្នុង​រឿង​ទេវកថា​រាប់​មិន​អស់ ដែល​មាន​ទំហំ​ធំ​ជាង​រូប​ពិត និង​ឆ្លាក់​ចេញពី​ថ្ម​រឹងមាំ​ត្រូវ​បាន​បំបែក​ចេញពី​កន្លែង​ដែល​រូបចម្លាក់​ទាំងនោះ​ត្រូវ​បាន​តម្កល់​ទុក ដោយ​បន្សល់​ទុក​នូវ​តែ​ជើង​ទម្រ ។ ដោយសារ​សំណង់​ស្ថាបត្យកម្ម​របស់​ប្រាសាទ​មួយ​ចំនួន​បាន​រារាំង​ឧក្រិដ្ឋជន​ពី​ការ​គាស់​រំលើង ឧក្រិដ្ឋជន​ទាំង​នោះ​បាន​ប្រើប្រាស់​រំសេវ​ផ្ទុះ​ដើម្បី​បំផ្លាញ​ថ្ម​នៅ​ផ្នែក​ខាងក្រៅ ដើម្បី​អាច​ស្វែងរក​វត្ថុ​មាន​តម្លៃ​នៅ​ក្នុង​រូប​ថ្ម​ទាំងនោះ ។

ស្លាកស្នាម​លើ​ថ្ម បាន​ឆ្លុះ​បញ្ចាំង​អំពី​ចរិត​ថោកទាប និង​កំសាក​ដែល​ក្រុម​ចោរ​ទាំងនោះ​បាន​ធ្វើ ស្លាកស្នាម​ទាំងនោះ​បាន​បង្ក​ឲ្យ​មាន​រូបភាព​នៃ​អំពើ​ហិង្សា អំពើ​យង់ឃ្នង និង​ការ​មិន​គោរព​ចំពោះ​តម្លៃ​របស់​ប្រាសាទ និង​រូបចម្លាក់​ទាំងនេះ ហើយ​អំពើ​ទាំងនេះ​មិន​គោរព​ចំពោះ​មនុស្ស​សម័យ​បច្ចុប្បន្ន ដែល​សំណង់​ស្ថាបត្យកម្ម​និង​វត្ថុ​មាន​តម្លៃ​បែប​សិល្បៈ បាន​ផ្សា​ភ្ជាប់​យ៉ាង​សំខាន់​ទៅ​នឹង​បុព្វបុរស​របស់​ខ្លួន និង​សមត្ថ​ភាព​ក្នុង​ការ​ឆ្លាក់​រូប​ទាំងនោះ ។

artefact20looting202

រូបចម្លាក់​នៅ​លើ​ផ្ដែរ​ប្រាសាទ ដែល​ក្រុមចោរ​លួច​ដាប់​យក

ភាគច្រើន​នៃ​អំពើ​លួច​ប្លន់​វត្ថុ​បុរាណ​ជាតិ​ប្រទេស​កម្ពុជា ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​ទុច្ចរិត ដោយសារ​តែ​ផលប្រយោជន៍ ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺថា​ក្រុម​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដែល​ជន​ទុច្ចរិត និង​ឈ្មួញ​កណ្តាល​ពឹង​ផ្អែក​នោះ បាន​ជំរុញ​ឲ្យ​មាន​អំពើ​ឧក្រិដ្ឋកម្ម​នេះ ។ ឧទាហរណ៍ រហូត​ទាល់តែ​ដល់​ឆ្នាំ​១៩១៤ ទើប​អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង​ស្វែងរក​ឃើញ​ប្រាសាទ​បន្ទាយស្រី ដោយសារ​តែ​ទីតាំង​ដាច់​ស្រយាល​របស់​ប្រាសាទ​នោះ ។ ប្រមាណ​១០​ឆ្នាំ​ក្រោយ ក្នុង​ឆ្នាំ​១៩២៣ អ្នកនិពន្ធ អេនដ្រេ ម៉ុលរ៉ូ ដែល​បម្រើ​មុខងារ​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​កាល​គ្រានោះ បាន​ធ្វើ​ផែនការ​យក​រូបចម្លាក់​អប្សរា​ចំនួន​បួន ចេញពី​ប្រាសាទ​ដោយ​មាន​គោលបំណង​ដឹក​ជញ្ជូន​រូបចម្លាក់​ទាំងនោះ​ភ្លាមៗ​ទៅ​ប្រទេស​បារាំង ហើយ​វា​ហាក់បី​ដូចជា​អាជ្ញាធរ​អាណានិគម​មួយ​នេះ ត្រូវ​បាន​ផ្តល់​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ដូច្នេះ ។ ចំពោះ​ទង្វើ​បែប​នេះ អំពើ​ចោរកម្ម​លើ​រូបចម្លាក់​នោះ ត្រូវ​បាន​លាតត្រដាង​មុន​ពេល​ដែល​រូបចម្លាក់​ត្រូវ​បាន​ដឹក​ជញ្ជូន និង​បំណែក​នៃ​រូបចម្លាក់​ទាំងនោះ​ត្រូវ​បាន​ប្រមូល​យក​មក​វិញ ។ ថ្មីៗ​នេះ បន្ទាប់​ពី​មាន​ការ​ចរចា​ដែល​ប្រើប្រាស់​ពេលវេលា​ច្រើន​នោះ សារមន្ទីរ​សិល្បៈ​មេត្រូ​ប៉ូលីតែន នៅ​ក្នុង​ទីក្រុង​ញូវយ៉ក បាន​បញ្ជូន​រូបចម្លាក់​ចំនួន​ពីរ​ទៅ​សារមន្ទីរ​ជាតិ​ប្រទេស​កម្ពុជា រួម​មាន រូបចម្លាក់​សត្វ​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​លួច​ចេញពី​សារមន្ទីរ​នៅ​ក្នុង​ព្រៃ​ដាច់​ស្រយាល បន្ទាប់​ពី​ស្លាកស្នាម​នៅ​លើ​ជើង​ទម្រ​នៅ​ប្រាសាទ ត្រូវ​បាន​ប្រៀបធៀប​ជាមួយ​នឹង​ជើង​ទម្រ​ខាងក្រោម​នៃ​រូបចម្លាក់ ហើយ​វា​បង្ហាញ​ពី​ភាព​ស៊ីគ្នា ។

ថ្មីៗ​នេះ សារមន្ទីរ​សិល្បៈ​ទីក្រុង​ក្លេហ្វឺលេន បាន​បដិសេធ​មិន​ព្រម​ប្រគល់​រូបចម្លាក់​ហនុមាន​ឲ្យ​មក​សារមន្ទីរ​ជាតិ ដែល​ជា​រូបចម្លាក់​អាទិទេព​ហនុមាន​បែប​លទ្ធិ​ហិណ្ឌូ ត្រូវ​បាន​លួច​ចេញពី​ប្រាសាទ​ចិន នៅ​ក្នុង​ខេត្តព្រះវិហារ ។ សារមន្ទីរ​ក្លេហ្វឺលេន បាន​ទទួល​រូបចម្លាក់​ទាំងនោះ​នៅ​ក្នុង​ឆ្នាំ​១៩៨២ ។ ចំពោះ​បទចោទប្រកាន់​លើ​ការ​លួច​រូបចម្លាក់ អ្នក​អភិរក្ស​សារមន្ទីរ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ជាមួយនឹង​សំណាក​ជ័រ​ផ្នែក​ខាងក្រោម​រូបចម្លាក់​ដែល​ត្រូវ​បាន​កាត់​ចេញពី​ជើង​ទម្រ ។ ដោយ​មិន​បាន​ផ្តល់​ដំណឹង​ដល់​មន្ត្រី​កម្ពុជា លោកស្រី​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ប្រាសាទ​ចិន ហើយ​បាន​ប្រៀបធៀប​សំណាក​ទៅ​នឹង​កន្លែង​ពីរ​ទំនេរ ដែល​រូបចម្លាក់​ត្រូវ​បាន​លួច ហើយ​បាន​កត់​សម្គាល់ថា មិន​មាន​ភាព​ស៊ីគ្នា​នោះ​ទេ ។ មន្ត្រី​សារមន្ទីរ​បាន​យល់​ថា រូបចម្លាក់​ហនុមាន គឺ​មាន​លក្ខណៈ​ជា​របស់​ខ្មែរ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​បដិសេធ​មិន​ព្រម​ប្រគល់​រូបចម្លាក់​ទាំងនោះ រហូត​ទាល់តែ​មានការ​ផ្គូផ្គង​ត្រូវ​បាន​បញ្ជាក់ ។ នៅ​ខែឧសភា ឆ្នាំ​២០១៤ ក្រុមហ៊ុន​ដេញថ្លៃ​វត្ថុ​បុរាណ គ្រីស្ទី និង​សារមន្ទីរ​ន័រតុន ស៊ីមុន នៅ​ក្នុង​ទីក្រុង​កាលីហ្វ័រញ៉ា បាន​សន្យា​បញ្ជូន​រូបចម្លាក់​ទាំង​ពីរ​ដែល​បាន​លួច​នៅ​ក្នុង​ឆ្នាំ​១៩៧០ មក​ពី​តំបន់​កោះកែរ ។ សាលក្រម​ខែធ្នូ ឆ្នាំ​២០១៣ ប្រឆាំង​នឹង​ក្រុមហ៊ុន​ដេញថ្លៃ​វត្ថុ​បុរាណ សូធ័រប៊ី បាន​បង្គាប់​ឲ្យ​មាន​ការ​ប្រគល់​រូបចម្លាក់​ទុរិយោដាន មក​ប្រទេស​កម្ពុជា ។

ទាំងនេះ​ឆ្លុះ​បញ្ចាំង​អំពី​ក្រុម​ជំនួញ​ឧក្រិដ្ឋជន ដែល​ដៅ​យក​រតនសម្បត្តិ​ជាតិ រួម​មាន កេរដំណែល​ផ្នែក​ប្រវត្តិសាស្ត្រ វប្បធម៌ និង​សិល្បៈ​របស់​ជាតិ ហើយ​ក្រុម​ជំនួញ​ឧក្រិដ្ឋជន​ទាំងនោះ​ទទួល​បាន​រតនសម្បត្តិ​ទាំងនោះ​តាម​រយៈ​ភ្នាក់ងារ និង​សារមន្ទីរ​សិល្បៈ ។ ប្រទេស​កម្ពុជា​ខុស​ពី​ប្រទេស​ដទៃ​ត្រង់​ថា វត្ថុ​សិល្បៈ​បុរាណ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​លួច ។ ភាព​អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ថែរក្សា​ប្រាសាទ​ជា​ច្រើន​នៅ​ពាសពេញ​ទី​ជនបទ​ដាច់​ស្រយាល បាន​ជំរុញ​ឲ្យ​មាន​ការ​ស្វែងរក​ផល​ប្រ​យោជន៍​តាម​រយៈ​ការ​បំផ្លិចបំផ្លាញ ។ ជាង​នេះ​ទៅ​ទៀត ឈ្មួញ​អ្នកមាន​ទ្រព្យសម្បត្តិ​ដែល​ប្រមូល​វត្ថុ​បុរាណ មិន​បាន​យល់​ដឹង និង​ជា​ជន​ឆោតល្ងង់ ថែម​ទាំង​មិន​មាន​និន្នាការ​ក្នុង​ការ​ថែរក្សា​ព័ត៌មាន​អំពី​វត្ថុ​ទាំងនោះ​មុន​ពេល​ដែល​ខ្លួន​ទិញ​វត្ថុ​បុរាណ​ទាំងនោះ​សម្រាប់​ជា​ការ​កម្សាន្ត​ផ្ទាល់ខ្លួន ឬ​ក៏​ក្នុង​ចេតនា​ដើម្បី​បរិច្ចាគ​វត្ថុ​បុរាណ​ទាំងនោះ​ទៅ​ឲ្យ​សារមន្ទីរ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន ។ ការ​ប្រកួតប្រជែង​ដើម្បី​គ្រប់គ្រង​វត្ថុ​បុរាណ​ទាំងនោះ មាន​ដូចជា ប្រទេស​លោក​ខាងលិច រហូត​ដល់​ប្រទេស​រុស្សី និង​ប្រទេស​ចិន​ដែល​បាន​ជំរុញ​លើកទឹកចិត្ត​លើ​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​ជាង​មុន ដើម្បី​បំផ្លិចបំផ្លាញ​វត្ថុ​បុរាណ​នៅ​ក្នុង​ប្រទេស​ក្រីក្រ ដូច​ជា ប្រទេស​កម្ពុជា ដោយសារ​ចំនួន​មហាសេដ្ឋី​បាន​កើនឡើង ។ រូបថត​សមុច្ច័យ​នៅ​សារមន្ទីរ​ល្បីល្បាញ រួម​មាន​រូបចម្លាក់​ព្រះពុទ្ធ​បដិមា​គ្មាន​ព្រះ​កេស និង​រូបចម្លាក់​បុរាណ​ដទៃ ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​កម្ពុជា​ដ៏​មាន​តម្លៃ ។ មិន​មាន​អ្វី​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​តាំង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ ជា​ជាង​ការ​កាត់​យក​ក្បាល​រូប​បដិមា​បុរាណ ។ មន្ត្រី​កម្ពុជា​មាន​ភាព​អន្ទះសារ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ការ​គ្រប់គ្រង​ឯករាជ្យ និង​ការ​ការពារ​ផ្នែក​សន្តិសុខ​នៅ​ទីតាំង​បេតិកភណ្ឌ​ជាតិ ។ មន្ត្រី​ទាំងនោះ​មិន​ពេញចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​យល់​ឃើញ​ថា ជា​តួនាទី​ខាង​នយោបាយ​របស់​យូណេស្កូ អង្គការ​អន្តរជាតិ​ដទៃ ក្រសួង​វិចិត្រសិល្បៈ និង​វប្បធម៌ និង​ភ្នាក់ងារ​ដទៃ​ទេ ។ ដោយ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​អង្គភាព​ទាំងនោះ ការ​លួច​ដោះ​ដូរ និង​ការ​បំផ្លិចបំផ្លាញ​នៅ​តែ​បន្ត ។

artefact20looting203

ជើង​ទម្រ​ដែល​នៅ​នៅ​សេសសល់​បន្ទាប់​ពី​ក្រុមចោរ​លួច​កាត់​យក​រូបចម្លាក់​ចេញ​ទៅ

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺជា​អង្គការ​មិន​រក​ប្រាក់​កម្រៃ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។ ដោយ​ត្រូវ​បាន​ចូលរួម​កសាង​ដោយ​សកលវិទ្យាល័យ​យ៉ែល មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ក្លាយជា​មជ្ឈមណ្ឌល​ឯករាជ្យ​នៅ​ក្នុង​ឆ្នាំ​១៩៩៤ ។ បច្ចុប្បន្ន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បម្រើ​មុខងារ​ជា​អ្នក​ថែរក្សា​ឯកសារ​ដើម​ទាំងអស់​ទាក់ទង​នឹង​របប​ខ្មែរក្រហម និង​របប​កាប់សម្លាប់​ចាប់​តាំងពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បម្រើ​មុខងារ​ជា​ប្រភព​ដ៏​សំខាន់ សម្រាប់​ឯកសារ​ភ័ស្តុតាង​ដល់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ជា​តុលាការ​ឧក្រិដ្ឋកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចាប់ផ្តើម​គម្រោង​ថត​ខ្សែភាពយន្ត​ឯកសារ និង​ភាពយន្ត​ដទៃ​មួយ​ចំនួន តាម​រយៈ​មូលនិធិ និង​ការ​គាំទ្រ​ដ៏​សំខាន់​ដទៃ ។ គម្រោង​ជា​ច្រើន​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សំខាន់ ។ គម្រោង​ទាំងនោះ រួម​មាន នៅ​ក្រោយ​ជញ្ជាំង​មន្ទីរ​សន្តិសុខ​ស​-២១ ប្រវត្តិសាស្ត្រ​ផ្ទាល់​មាត់​របស់​គុក​ទួលស្លែង ។ ផលិតកម្ម​ថ្មីៗ ដូច​ជា​រឿង​ក្បង់ទឹក​ទន្លេ របស់​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ បាន​ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ចំនួន​ប្រាំ ហើយ​បាន​ក្លាយជា​បេក្ខភាព​ចុង​ក្រោយ​សម្រាប់​ពានរង្វាន់​ខ្សែភាពយន្ត​បរទេស​នៅ​ក្នុង​ឆ្នាំ​២០១៣ ។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ ត្រូវ​បាន​ជ្រើសតាំង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ភឿង សកុណា សម្រាប់​ការងារ​ជា​អ្នក​អភិវឌ្ឍ​តំបន់​ប្រាសាទ​កោះកែរ ដែល​ជាទី​ស្ថានបុរាណ​ដ៏​ធំ​ស្ថិត​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​មិនសូវ​មាន​ប្រជាជន​រស់នៅ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង ៤៩ គីឡូម៉ែត្រ​ក្រឡា ។ ភាគ​ច្រើន​តំបន់​នោះ​គឺជា​ព្រៃ​ក្រាស់ ហើយ​មិន​ទាន់​ត្រូវ​បាន​យក​មីន​ចេញ ។ តំបន់​នោះ​រួម​មាន​បដិសរណដ្ឋាន​បុរាណ​ជាង​១៨០​កន្លែង ដែល​មាន​ទំហំ​ខុស​គ្នា និង​មាន​វត្ថុ​សិល្បៈ​ផ្សេងៗ ។ កោះកែរ គឺជា​រាជធានី​របស់​អាណាចក្រ​ខ្មែរ ចន្លោះ​ពី​ឆ្នាំ​៩២៨ ដល់​ឆ្នាំ​៩៤៤ ។

ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ រចនាបទ​កោះកែរ​បាន​វិវត្ត​ទៅ​ជា​ទម្រង់​ផ្សេង​នៃ​រូបចម្លាក់​ដ៏​អស្ចារ្យ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​មហិច្ឆតា​ផ្នែក​សិល្បៈ​របស់​ព្រះ​អង្គ ។ សោភ័ណ​ភាព​រូបចម្លាក់​បាន​ខាប​អារម្មណ៍​ក្រុម​ឧក្រិដ្ឋជន​លួច​វត្ថុ​សិល្បៈ ដែល​បាន​យល់​ឃើញ​ថា រតនសម្បត្តិ​នោះ គឺជា​គោលដៅ​យ៉ាង​ងាយ​ស្រួល ដោយសារ​តែ​តំបន់​កោះកែរ​ជា​តំបន់​ព្រៃ​ដាច់​ស្រយាល ។ ទង្វើ​បែប​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​លួច​វត្ថុ​បុរាណ និង​ការ​ពង្រីក​សកម្មភាព​លួច​ជា​ច្រើន​សតវត្ស ។ វត្ថុ​បុរាណ​តិចតួច​ណាស់​ត្រូវ​បាន​ជួយ​សង្គ្រោះ ។ សោកនាដកម្ម​នៃ​រូបចម្លាក់​ប្រាសាទ​កោះកែរ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​តាម​សារមន្ទីរ​ល្បីល្បាញ និង​នៅ​តាម​កន្លែង​ប្រមូល​វត្ថុ​បុរាណ​របស់​អ្នកមាន​ទ្រព្យសម្បត្តិ ។ រូបចម្លាក់​នៅ​តំបន់​ប្រាសាទ​កោះកែរ បាន​លេច​ឡើង​ដោយ​សម្ងាត់​នៅ​តាម​កន្លែង​ដាក់​ដេញថ្លៃ ។

ដោយ​បាន​ជួប​ប្រទះ​សកម្មភាព​ឧក្រិដ្ឋកម្ម​នេះ​ដោយ​ផ្ទាល់ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ បាន​ប្តេជ្ញា​ចិត្ត​ចាប់ផ្តើម​យុទ្ធនាការ​សាធារណៈ​ក្នុង​កម្រិត​អន្តរជាតិ ដើម្បី​ជូនដំណឹង​ដល់​សហគមន៍​អន្តរជាតិ និង​ចូលរួម​ជាមួយ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​ស៊ើបអង្កេត​ដើម​កំណើត​នៃ​វត្ថុ​បុរាណ​ទាំងនោះ និង​រួមចំណែក​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​ស្គាល់ ហើយ​ប្រគល់​វត្ថុ​បុរាណ​ទាំងនោះ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ។​

យើង​នឹង​ចាប់ផ្តើម​ដំណើរការ​នេះ​តាម​រយៈ​ការ​រៃ​អង្គាស​ថវិកា​របស់​ម្ចាស់​ជំនួយ ដើម្បី​ជួយ​ដល់​ការ​ផលិត​ខ្សែភាពយន្ត​ឯកសារ​ស្តី​ពី​បញ្ហា​ទាំងនោះ ដោយ​ស៊ើបអង្កេត​ស៊ីជម្រៅ​លើ​យន្តការ និង​ដំណើរការ​របស់​ក្រុម​ឧក្រិដ្ឋជន ដែល​បាន​ធ្វើ​ជំនួញ​លើ​វត្ថុ​បុរាណ​មិន​អាច​កាត់ថ្លៃ​បាន​នេះ ។ ជំហរ​ផ្នែក​សីលធម៌ ដែល​គំនិត​ផ្តួច​ផ្តើម​មាន​នោះ គឺ​មិន​ដូច​គ្នា​ទៅ​នឹង​ចលនា​របស់​អន្តរជាតិ ដែល​គ្រាន់តែ​ជូនដំណឹង​ដល់​សហគមន៍​ទូទាំង​សកលលោក​អំពី​ការ​កកើត​ឡើង​នៃ​ទីផ្សារ​ជួញដូរ​ពេជ្រ​ខុស​ច្បាប់ ។​

ដើម្បី​លម្អិត​បន្ថែម យើង​បាន​ធ្វើការ​ប៉ាន់ស្មាន ៖

  • យើង​ប្រមើល​មើលឃើញ​ថា ដំណាក់កាល​ផ្សេងៗ​នៃ​ការ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​នោះ ចាប់​តាំងពី​ការ​ធ្វើ​ផែនការ​ការ​ស្រាវជ្រាវ ការ​ស៊ើបអង្កេត ការ​ថត និង​ដំណាក់កាល​ពិនិត្យ​កែសម្រួល នឹង​ត្រូវការ​ពេលវេលា​ប្រហែល​បី​ឆ្នាំ ។
  • យើង​បាន​ធ្វើ​ផែនការ​ថវិកា​ប្រមាណ ២៥ ​ម៉ឺន​ដុល្លារ​អាមេរិក
  • យើង​នឹង​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អង្គភាព​ច្បាប់ និង​ប៉ូលិស​អន្តរជាតិ និង​ដាក់​បញ្ចូល​បទ​សម្ភាសន៍​នៅ​ក្នុង​ខ្សែភាពយន្ត
  • យើង​ផ្តោត​លើ​ផ្នែក​រិះគន់​ស្ថាបនា និង​ធ្វើការ​ផ្ទៀងផ្ទាត់​ខ្សែភាពយន្ត​ឯកសារ​នេះ​មួយនឹង​ផ្នែក​ផ្សេង ។​

យើង​សង្ឃឹមថា លោក​នឹង​រួមចំណែក​លើ​ការ​ចំណាយ​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​ឯកសារ​នេះ ។ ម្ចាស់​ជំនួយ​ទាំងអស់​នឹង​ទទួល​ស្គាល់​ចំពោះ​គុណសម្បត្តិ​នេះ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្នុង​នាម​ជា​ផលិតករ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​ទទូច​ឲ្យ​មាន​ការ​ពិនិត្យ​កែសម្រួល​ដោយ​ឯករាជ្យ ។

សូម​ទាក់ទង​យើងខ្ញុំ ប្រសិនបើ​អ្នកមាន​ចម្ងល់ ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម ។ យើងខ្ញុំ​ទន្ទឹងរង់ចាំ​ទទួល​ដំណឹង​អំពី​អ្នក ។

ម៉ាកាស់ ស៊ីម័រ
ទស្សនាវដ្ដី​ស្វែងរក​ការ​ពិត លេខ​១៧៣ ខែឧសភា ឆ្នាំ​២០១៤
Advertisements

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in អរិយធម៌​ខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s