ឥស្សរៈ​ជិះ​កង់ឈើ

wooden20bike

«ឥស្សរៈ​ជិះ​កង់ឈើ» ជា​ឃ្លាមួយ​ដែល​អ្នកស្រុក​នៅ​ភូមិកំណើត​របស់​ខ្ញុំ​ប្រើ​សំដៅលើ​ពេលវេលា​ដែល​កន្លងទៅ​យូរ​ហើយ​មុន​ជំនាន់​ណាៗ​ទាំងអស់​ក្នុង​សម័យ​ទំនើប ។ ឧទាហរណ៍ ត្រូវប្រយ័ត្ន កុំ​ធ្វើ​ឲ្យ​បែក​របស់​នេះ​ឲ្យ​សោះ ព្រោះវា​បន្សល់​ទុក​តាំងពី​សម័យ​ឥស្សរៈ​ជិះ​កង់ឈើ ។ ងាប់​ហើយ ទើប​តែ​ដឹង​ហ្នឹង ? គេ​ដឹង​យូរ​ហើយ​តាំងពី​ជំនាន់​ឥស្សរៈ​ជិះ​កង់​ឈើ​ហស៎ ។

មិនដឹងថា​ពាក្យ «ជិះកង់ឈើ» គ្រាន់តែ​ជា​បរិវាសព្ទ​ឲ្យ​ណែងណង ឬ​ឥស្សរៈ​ពិតជា​ជិះកង់ឈើ​មែន​ឬ​យ៉ាងណា​ទេ ! រឿង​នេះ​អាច​ពិត​ផង​ និង​មិន​ពិត​ផង ព្រោះ​ដូចជា​គ្មាន​ឯកសារ​ណា​មួយ​និយាយ​ដល់​រឿង​ជិះ​កង់ឈើ​នេះ​ទេ ។ រឿងពិត​នៅ​ត្រង់​ថា កង់ឈើ​ដែល​ត្រូវ​បាន​គេ​បង្កើត​លើក​ដំបូង​គឺ​ក្នុង​ឆ្នាំ ១៨១៧ ហើយ​ក្រុម​តស៊ូ​ទាមទារ​ឯករាជ​ពី​បារាំង «ឥស្សរៈ» កកើត​ឡើង​ក្នុង​ឆ្នាំ ១៩៤៦ ។ ដូចនេះ​ក្នុង​ចំណោម​សមាជិក​ក្រុម​ខ្មែរ​ឥស្សរៈ​មួយ​ចំនួន ឬ​ភាគច្រើន​អាច​ជិះ​កង់ឈើ ។ រីឯរឿងដែល​មិន​ពិត​គឺថា ក្រុម​ខ្មែរ​ឥស្សរៈ​ត្រូវបាន​បង្កើត​ឡើង​ ឬ​ចូលរួម​បង្កើត​ដោយ​លោក ប៊ុណ្ណ ចន្ទម៉ុល អ្នកនិពន្ធ​សៀវភៅ​ចរិត្តខ្មែរ ។ បើ​តាម​ការរៀបរាប់​នៅ​ក្នុង​សៀវភៅ​នេះ លោក ប៊ុណ្ណ ចន្ទម៉ុល រត់​គេច​ចេញ​ពី​ការតាម​ចាប់​ខ្លួន​របស់​បារាំង​ចូល​ទៅ​ក្នុង​ដីសៀម​កាន់​កាប់​គឺ​តាម​រយៈ​កង់មែន​ ប៉ុន្តែ​ជា​កង់​សម័យ​ទំនើប (កង់ដែក) ។ ប្រហែល​ជា​ការ​និទាន​ដំណើរ​ដើម​រឿង​តៗគ្នា​យូរទៅ «កង់ដែក» ក៏​បាន​ក្លាយ​ទៅ​ជា​ «កង់ឈើ» ដើម្បី​បង្ហាញ​ពី​ភាពចំណាស់ និង​ភាព​វែង​អន្លាយ​របស់​រឿង ។

កាល​នៅ​ក្មេងៗ ខ្ញុំ​កម្រ​ឮ​ចាស់ៗ​រំលឹក​ពី​សម័យ​កាល​របស់​បារាំង​គ្រប់គ្រង​ស្រុកខ្មែរ​ណាស់ ។ នេះ​ប្រហែល​មកពី​ខេត្តបន្ទាយមានជ័យ (ជាផ្នែក​មួយ​នៃ​ខេត្ត​បាត់ដំបង) ក្នុង​កាលណោះ​គ្រប់គ្រង​ដោយ​សៀម ។ សម័យកាល​ដែល​តែង​តែ​លើក​ឡើង​មក​ជជែក​គ្នា​ពី​ដំណើរ​ដើមទង ស្រុក​កំណើត ធ្លាប់​ធ្វើ​អ្វីនៅ​ឯណា​មាន ៖

  1. សម័យ​ឥស្សរៈ
  2. សម័យ​សង្គម (សង្គមរាស្ត្រ​និយម សម័យ​សម្ដេច​សីហនុ)
  3. សម័យ​លន់ នល់ (ច្រើន​ប្រើពាក្យ​លន់ នល់ ទម្លាក់​សីហនុ)
  4. សម័យអាពត (សម័យ​ខ្មែរ​ក្រហម ដឹកនាំដោយ ប៉ុល ពត)
  5. សម័យ​វៀតណាម​ចូលស្រុក (គួរ​ចម្លែក​បន្តិច​ដែរ មិន​ដែល​ឮ​ប្រើពាក្យថា​យួនទេ ប្រហែល​មាន​ការ​ហាម​ឃាត់​ពី​អាជ្ញាធរ​នៅ​ជំនាន់​នោះ) ។
  6. សម័យឥឡូវ (កាល​នោះ​ខ្ញុំ​មិន​ដែល​ឮ​ចាស់ៗ​និយាយ​ថា​ជា​សម័យ​ ហេង សំរិន ឬ​សម័យ ហ៊ុន សែន ទេ)

រាល់​ពេល​ចាស់ៗជួបគ្នា ស្ទើរ ៩០% នៃ​ពេលវេលា​និយាយ​គ្នា គឺ​អំពីរឿងរ៉ាវ​និង​ហេតុ​ការណ៍​ដែល​កើត​ឡើង​ក្នុង​ចុងសម័យ​ លន់ នល់ ក្នុង​របប ប៉ុល ពត និង​សម័យ​ក្រោយ​បែក​អាពត ។ មាន​មិត្ត​ជនជាតិ​បរទេស​ម្នាក់ ពេល​គាត់​មក​ស្រុកខ្មែរ គាត់​កំពុង​អាន​សៀវភៅ​ដំបូង​គេ​សម្លាប់​ប៉ា​របស់​ខ្ញុំ ហើយ​គាត់​សួរ​ខ្ញុំ​ថា តើ​សៀវភៅ​សម័យ​ខ្មែរ​ក្រហម​ណា​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​អាន ? ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​មិនដែល​អាន​សូម្បី​មួយ​ក្បាល  ព្រោះ​ខ្ញុំ​បាន​ឮ​គ្រប់គ្រាន់​ហើយ​ពី​ឪពុកម្ដាយ និង​អ្នកជិតខាងរបស់​ខ្ញុំ ។ គាត់​ងក់ក្បាល ហើយ​តប​ថា «សមហេតុផល​អាច​យល់​បាន​ (Fair enough)» ។ តាម​ពិត​ ខ្ញុំ​ក៏​បាន​អាន​ពី​សម័យ​ខ្មែរ​ក្រហម​ដែរ ប៉ុន្តែវា​ជា​ជំពូក​មួយ​នៃ​សៀវភៅ​ប្រវត្តិសាស្ត្រ​ទាំង​ភាសាខ្មែរ និង​ភាសា​អង់គ្លេស ។ ខ្ញុំ​ក៏​ចូលចិត្តត្រួស (Scroll) មើល​រូបភាព​សម័យ​ខ្មែរ​ក្រហម​ក្នុង​ទស្សនាវដ្ដី​ស្វែងរកការពិត (ទម្រង់​អេឡិចត្រូនិច) របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ។ ហើយ​រយៈកាល​ចុងក្រោយនេះ បាន​អាន​សៀវភៅ​ដែល​និពន្ធ​ដោយ ខៀវ សំផន ស្ដីពី​ជំហរ​របស់​គាត់​ក្នុង​ការ​ចូលរួម​ពាក់ព័ន្ធ​ជាមួយ​ក្រុមខ្មែរ​ក្រហម (ត្រូវ​តែ​អាន​សៀវភៅ​នេះ ព្រោះ​ជា​កាដូ​ដែល​ប្រពន្ធ​ទិញ​ឲ្យ ☹) ៕

Advertisements

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, វាក្យសព្ទខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s