បន់ព្រះសំពះទេវតាបានផលឬទេ ?

នេះ​គ្រាន់តែ​ជាការ​គិតលេង​ប៉ុណ្ណោះ ! បងប្អូន​ជនជាតិ​ខ្មែរ​និង​ជាតិសាសន៍​មួយ​ចំនួន​ទៀត​នៅ​ទូទាំង​ពិភពលោក​តែងតែ​ធ្វើ​ការ​បួងសួង បន់ស្រន់​ដល់​វត្ថុស័ក្តិសិទ្ធិ ឬ​ដួងវិញ្ញាណ​ដែល​មាន​មហិទ្ធិឫទ្ធិ នៅ​ពេល​ជួបគ្រោះអាសន្ន ឬ​ពេល​ធ្វើដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​នានា ឬ​ការ​ធ្វើ​សំបួងសង្រួង​ប្រចាំថ្ងៃ ។ គោលដៅ​ចម្បង​គឺ​ស្នើសុំ​អន្តារគមន៍ ថែរក្សា​ឲ្យ​បាន​សេចក្ដីសុខ ផុត​ទុក្ខទោស​ទាំងឡាយ ។ សំណួរ​ចោទ​ឡើងថា តើ​បាន​ផល​ដែរ​ឬ​ទេ ? តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​លោក​ពេល​ដែល​មាន​អន្តរាគមន៍​ពី​ពិភព​ខាងក្រៅ ?

វាអាច​គ្មាន​ពិភព​ដទៃ​ក្រៅ​ពី​ពិភពមនុស្សលោក ។ ប៉ុន្តែ ឥឡូវ​សន្មត​ថា មាន​ពិភព​ផ្សេង​ទៀត​ក្រៅ​ពី​មនុស្ស (ខ្មោច បិសាច អសុរកាយ ទេវតា នរក ប្រែត ឋាន​លើក ឋានក្រោម ឋាន​កណ្ដាល…) តើ​ពិភព​ទាំងនេះ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពីគ្នា ឬ​មាន​អន្តរអំពី​លើ​គ្នា​ទៅ​វិញ​ទៅ​មក ឬ​តែ​ពី​ម្ខាង​ដែល​មានឫទ្ធានុភាព​ជាង ?

ប្រសិនបើ​ពិភព​ទាំងឡាយ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពីគ្នា ពោល​គឺ​គ្មាន​អន្តរអំពី​លើ​គ្នា មនុស្ស​ល្អ​ស្លាប់​ទៅ​កើត​នៅ​ឋានលើ ឋាន​ទេវតា មនុស្ស​អាក្រក់​ស្លាប់​ទៅ​កើត​ប្រែត​អសុរកាយ ធ្លាក់នរក ។ លុះ​ចំណេរកាល​អស់​កម្មពៀរវេរា ឬ​អស់​និស្ស័យ​បុណ្យ ក៏​មក​កើត​នៅ​ឋាន​កណ្ដាល​របស់​មនុស្ស​លោក​វិញ ។ យមរាជ ឬ​ព្រះឥន្ទ្រ​ព្រះព្រហ្ម ឬ​បរិវារ មក​ឋាន​កណ្ដាល​ត្រឹម​តែ​ទទួល​យក​វិញ្ញាណ​ល្អ​ឬ​អាក្រក់​តាម​កាលវេលា រួច​ក៏​ត្រលប់​ទៅ​វិញ ដាក់​ទោស​​ឬ​ដំកើង​បុណ្យ​តាម​កាល​ដ៏​ស័ក្តិសម ដោយ​មិន​បាន​លូកលាន់​ទៅ​ក្នុង​កិច្ចការ ដំណើរ​ប្រព្រឹត្ត​ទៅ​របស់​សត្វ​លោក​ទាំងពួង ពោល​គឺ​ទឹក​អណ្ដូង​មិន​បំពាន​ទឹក​ទន្លេ ។ បើដូច្នេះ​មែន ឃើញ​ថា ការ​បន់​ព្រះសំពះ​ទេវតា គឺ​ជា​ទង្វើ​ដែល​មិន​បាន​ទទួល​ផល​តប​វិញ​នោះ​ទេ ។ ទង្វើ​របស់​សត្វ​ទាំងឡាយ​ទាំងពួង​ក្នុង​លោក​ក្នុង​សភាវៈ​ល្អ ឬ​អាក្រក់​ក្នុង​កម្រិត​ណា ក៏​នឹង​ហុច​ផល​ទៅ​តាម​នោះ តែ​រៀងៗខ្លួន ។ លុះ​ស្លាប់​ទៅ ក៏​ទៅ​កើត​តាម​ទី​ដទៃ​តាម​ទម្ងន់​នៃ​ទង្វើ​របស់​ខ្លួន ។

ប្រសិនបើ​ពិភព​នីមួយៗ​មាន​សិទ្ធិ​លូកដៃ​ចូល​ដំណើរ​ប្រព្រឹត្ត​ទៅ​របស់​ពិភព​ដទៃនោះ ការ​បន់ព្រះ​សំពះ​ទេវតា​ប្រហែល​ជា​ហុច​ផលតាម​កិច្ច​សំបួងសង្រួង​ពិតប្រាកដ​មែន ។ ប៉ុន្តែ​ពិភព​នីមួយៗ​មាន​ដំណើរ​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​អ្វី ? ជា​ច្បាប់​ធម្មជាតិ ឬ​ព្រហ្មលិខិត ? ប្រហែល​ជា​ច្បាប់​ព្រហ្មលិខិត​ច្រើនជាង ហើយ​ចំណុច​នេះ​ក៏​មាន​ការ​យល់​ស្រប​ពី​វិទ្យាសាស្ត្រ​ផងដែរ ។ ដូច្នេះ ជីវិត​នីមួយៗ​ចាប់​តាំង​ពី​បដិសន្ធិ រស់រាន រហូត​រលត់​ទៅ​វិញ គឺ​សុទ្ធ​តែ​មាន​ការ​គូសវាស​ទុកមុន​ជាស្រេច ។ លុះ​ដល់​មាន​អន្តរាគមន៍​ពី​ខាងក្រៅ ធ្វើ​ឲ្យ​អាក់ខាន ឬ​បែកខ្ញែក​នូវ​សំណុំ ឬ​ពង្វាង​គំនូស​ផ្លូវ​ដែល​បាន​គូស​រួចហើយ រឿង​មិន​ល្អ មិន​នឹក​ស្មាន​ដល់ ឬ​មិន​សម​ប្រាថ្នា​អាច​នឹង​កើត​មាន​ឡើង ។ ចំណុច​នេះ​យើង​មិន​អាច​មើល​ឃើញ និង​មិន​ដឹង​ទាំង​អស់​គ្នា ប៉ុន្តែ​យើង​អាច​ពិចារណា​តាម​រឿង​ព្រេង​និទាន​បាន ។ ឧទាហរណ៍អាច​ឃើញ​នឹង​ភ្នែក​​មាន​ក្នុង​រឿងភាគ​បុរាណ​ចិន​ជាច្រើន ដែល​ក្នុង​នោះ​ព្រះឥន្ទ្រ ឬ​ទេវតា មាន​ចេតនា​ល្អ​ចង់​ជួយ​អ្នក​ទន់ខ្សោយ ក្រីក្រ ដែល​ជា​ទង្វើ​ឲ្យ​អាក់ខានដល់​​ដំណើរ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​របស់​ពិភពលោក ច្រើន​តែ​ទទួល​បាន​ផល​អវិជ្ជមាន​បញ្ច្រាស​មក​វិញ ។ ឃើញ​កសិករ​ពីរបី​គ្រួសារ​លំបាក​តោក​យាក ត្រូវ​គេ​ធ្វើ​បាប ទេវតា​មាន​ចិត្ត​អាណិត​យក​ដុំ​មាស​ទៅ​ឲ្យ បណ្ដាលឲ្យ​ពួក​គេ​ខ្ជិល​លែង​ធ្វើការ បែក​គំនិត​ចាយ​វាយ​ខ្ជះខ្ជាយ ផឹកស៊ី​ស្រីញី រហូត​បែកបាក់​ក្រុម​គ្រួសារ ឬ​ត្រូវ​ចោរ​ប្លន់​កាប់​សម្លាប់ ។ល។ និង​ ។ល។

សរុប​មក ការ​បន់ព្រះសំពះ​ទេវតា អាច​មិន​ទទួល​បាន​ផល ឬ​បាន​ផលដែរ ប៉ុន្តែ​ត្រូវ​តប​ស្នង​ទៅ​វិញ​ដោយ​តម្លៃ​ណា​មួយ​ ដោយ​ផ្ទាល់ ដោយ​មិន​ផ្ទាល់ ។ អ្នក​សុំ​អាច​បាន​ផល​ពេល​កំពុង​សុំ ប៉ុន្តែ​ត្រូវ​បង់ខាត​អ្វី​មួយ​ក្នុង​ដំណាក់​កាល​ណា​មួយ​ក្នុង​ជីវិត ឬ​អ្នក​ដទៃ​ម្នាក់​ឬ​ច្រើន​ទៀត​ជា​អ្នកបង់ខាត​ជំនួស ៕

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ឃ្លាំង​គំនិត. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s