ពាក្យពេចន៍ និងផ្នត់គំនិត

នៅ​ស្រុក​ប្រជាធិបតេយ្យ​ចាស់ទុំ ជាពិសេស​ប្រទេស​ប្រើភាសាអង់គ្លេស នៅពេល​ដែល​គេ​និយាយ​ពី​ការ​ចំណាយ​សាធារណៈ គេ​តែង​តែ​ប្រើពាក្យ «ថវិកា​ឬ​លុយ​របស់​អ្នកបង់ពន្ធ (Taxpayer money)» ។ ការ​ប្រើ​ពាក្យ​នេះ ​នាំឲ្យ​សម្គាល់​បាន​យ៉ាង​ច្បាស់ថា រដ្ឋាភិបាល ក្រសួង​មន្ទីរ ឬ​អង្គភាព​នានា គឺ​គ្រាន់​តែ​ជា​អ្នកតំណាង​ឬ​អ្នកជំនួស​ក្នុង​ការ​ចាត់ចែង​ថវិកា​របស់​ប្រជាជន​តែ​ប៉ុណ្ណោះ ហើយ​ប្រជាជន (អ្នកបង់ពន្ធ) មាន​អំណាច​ខ្លាំង ឬ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​តាមដាន​ត្រួតពិនិត្យ និង​តវ៉ា​លើ​ការ​ចាត់ចែង និង​ប្រើប្រាស់​ថវិកា​ទាំងនោះ ។ ដូចពាក្យ​សាមញ្ញ​ថា ស៊ីប្រាក់ខែ​រាស្ត្រ​ត្រូវ​មាន​កាតព្វកិច្ច​ផ្ដល់​សេវា ថែរក្សា​ និងការពារ​ផលប្រយោជន៍​របស់​រាស្ត្រ ។ ការណ៍​នេះ​ប្រហែល​បណ្ដាល​មក​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំងនេះ ឃើញ​ច្បាស់​ជាក់ស្ដែង​ពី​ភាព​ជាប់​ពន្ធ​ស្ទើរ​គ្រប់​សកម្មភាព​ទាំងអស់ រួម​មាន ពន្ធដី ពន្ធ​ផ្ទះ ពន្ធ​ប្រាក់ខែ … និង​សូម្បី​តែ​ទិញ​របស់​ហូបចុក​បន្តិចបន្តួច​ក៏​ឃើញ​មាន​បង្ហាញ​ពន្ធ​លក់​នៅ​លើ​វិក្ក័យបត្រ​ផងដែរ ។ ក្នុង​នោះ ពន្ធ​ដែល​ធ្វើ​ឲ្យ​អ្នកបង់ពន្ធ​ឈឺចាប់​និង​ចង់​ធ្វើ​ភាព​ជាម្ចាស់​ក្នុង​ការ​តាមដាន​មិន​ចង់​ឲ្យ​ចាយវាយ​ផ្ដេសផ្ដាស​ខុស​ផ្លូវ គឺ​ពន្ធ​លើ​ប្រាក់ខែ និង​ពន្ធ​លើ​ប្រាក់​ចំណូល ដែល​មាន​ក្នុង​ពី​ចន្លោះ ៣០% រហូត​ដល់ ៧០% ឯណោះ ។ ដូច្នេះ អ្នក​ខំប្រឹងប្រែង​ធ្វើការ និង​អ្នក​ជំនួញ​ទាំងឡាយ​គឺ​មាន​ភាព​ផ្ទាល់ខ្លួន​ស្អិត​រមួត​នឹង​ថវិកាជាតិ ដែល​ជា​ចំណែក​នៃ​ញើស​ឈាម​របស់​ខ្លួន ។

ដោយ​ឡែក នៅ​ក្នុង​ប្រទេស​ខ្មែរ​វិញ ភាព​ជាប់​ពន្ធ​មាន​ប្រហាក់ប្រហែល​គ្នា​នឹង​ប្រទេស​ប្រជាធិបតេយ្យ​ចាស់ទុំ​ដែរ ប៉ុន្តែ​ប្រជាជន​ភាគច្រើន​ហាក់​មិន​គិត​ថា ថវិកា​ដែល​បាន​ពី​ពន្ធ​ទាំងនោះ​ជា​របស់​ខ្លួន​ទេ ។ នេះ​អាច​បណ្ដាល​មក​ពី​ពន្ធ​បង្កប់ខ្លួន​នៅ​ក្នុង​តម្លៃ​ទំនិញ និង​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​ ។ នៅ​ស្រុកខ្មែរ គេ​ឃើញមាន​ប្រើ​ពាក្យ «ថវិកាជាតិ» «លុយ​របស់​រដ្ឋាភិបាល» ហើយ​ពាក្យ​ដែល​ប្រើ​ជា​ទូទៅ​គឺ «លុយរដ្ឋ ឬ​ថវិការដ្ឋ» ។ ប្រហែល​មក​ពី​ប្រជាជន​ខ្មែរ​ភាគច្រើន ជា​ពិសេស​អ្នក​រស់​នៅ​តាម​ទី​ជនបទ ដែល​ស្ទើរ​តែ​មិន​បាន​ដឹង​ឬ​ឃើញ​ជាក់​នឹង​ភ្នែក​ផ្ទាល់​អំពី​ភាព​ជាប់​ពន្ធ​របស់​គាត់ និង​មិន​បាន​ដឹង​ថា​រដ្ឋាភិបាល​រក​បាន​ចំណូល​ពីណាសម្រាប់​ការ​ចំណាយ​ប្រចាំ​ឆ្នាំ ធ្វើ​ឲ្យ​ពួកគាត់​មើល​ឃើញ​រដ្ឋាភិបាល និង​ស្ថាប័ន​នានា​ហាក់​ដូចជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ថវិកា​ស្វ័យត​មិន​ជាប់ពាក់ព័ន្ធ​នឹង​គាត់ ។ ករណី​ដែល​កាន់​តែ​ជាក់ស្ដែង​បំផុត គឺ​នៅពេល​ដែល​រដ្ឋាភិបាល​ខ្ចី​ថវិកា ឬ​ទទួល​ជំនួយ​ពីបរទេស ។ ការ​ពិត​ទាំង​កម្ចី និង​ជំនួយទាំងអស់​​គឺ​គេ​ផ្ដល់​ឲ្យពួកគាត់ (​ប្រជាជន​កម្ពុជា​ទាំងមូល) ​តាម​រយៈ​រដ្ឋាភិបាល ដើម្បី​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ជូន​គាត់ និង​ដើម្បី​ជួយ​សកម្មភាព​ផ្សេងៗ (តាម​រយៈ​គម្រោង) ក្នុង​ការ​លើក​ស្ទួយ​កម្រិត​ជីវភាព​ សុវត្ថិភាព និង​សុខមាលភាព​របស់​ពួកគាត់ ។ ភាព​ដែល​មិន​គិត​ថា​ខ្លួន​ជា​ម្ចាស់​នេះ ធ្វើ​ឲ្យ​ផ្នត់​គំនិត​របស់​ប្រជាជន​ខ្មែរ ហាក់​សោះអង្គើយអំ​ពី​ការ​ចាត់ចែង និង​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ ។ ហើយ​រឿង​ដែល​នាំ​ឲ្យ​យល់​កាន់​តែ​ខុស​ថា​មិន​មែន​ជា​ម្ចាស់​លុយ​​មួយ​ទៀត​គឺ ផ្លូវលំ ឬ​សំណង់​នានា​នៅ​តាម​ទីជនបទ​ភាគ​ច្រើន តែង​លើក​ស្លាក​ដែល​មាន​សរសេរ​ឃ្លា​ថា «អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា» ។ បាន​លុយ​ពី​ប្រជាជន ហើយ​យក​លុយ​នោះ​ធ្វើ​អំណោយ​ឲ្យ​ប្រជាជន​វិញ ???

ដូច្នេះ ការ​ប្រើពាក្យ​ពេចន៍ និង​បរិបទ​នៃ​ការ​យល់ដឹង​និង​សកម្មភាពរស់​នៅ​របស់​ប្រជាពលរដ្ឋ អាច​មាន​ទម្ងន់​ទៅ​លើ​ភាព​ជា​ម្ចាស់​នៃ​ថវិកាសាធារណៈ (ថវិកាជាតិ) ហើយ​ជាលទ្ធផល​នាំ​ទៅ​ដល់​កម្រិត​ខុស​គ្នា​លើ​ការ​ត្រួតពិនិត្យ​តាម​ដាន និងសិទ្ធិ​អំណាច​ក្នុង​ការ​តវ៉ា​ឲ្យ​ការ​ប្រើប្រាស់​ថវិកា​ទាំង​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ។

ខាងលើនេះ​គឺ​ជា​ការ​សង្កេតផ្ទាល់ខ្លួន​​របស់​ខ្ញុំ ដោយ​មិន​ផ្អែក​លើ​ទិន្នន័យ ឬ​កត្តា​វិទ្យាសាស្ត្រ​អ្វី​ឡើយ ៕

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កំសាន្ត, ឃ្លាំង​គំនិត, វាក្យសព្ទខ្មែរ. Bookmark the permalink.

1 Response to ពាក្យពេចន៍ និងផ្នត់គំនិត

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s