បាតុភូតត្រីងាប់ និងមូលហេតុនៃកំណើតយ៉ាងរហ័យនៃសារាយ

ចាប់ពីឆ្នាំ​២០១៣ នៅ​តំបន់​អភិរក្ស​បឹង​ទន្លេឆ្មារ ស្ថិត​ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​ឆ្លងកាត់​ស្ថានភាព​ត្រី​ស្លាប់​រាប់​សិបតោនក្នុង​អំឡុងខែមេសា-ឧសភា ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា­­­­­­­​ ។ ​ស្ថាប័ន​ជំនាញ ជាពិសេស​ក្រសួង​បរិស្ថាន​បាន​ពន្យល់​ពី​ហេតុ​ផល​ថា ដោយ​សារស្ថានភាព​រាំងស្ងួត ទឹករាក់ កំណើន​សីតុណ្ហភាព ទើប​បណ្ដាល​ឲ្យ​បរិមាណ​អុកស៊ីសែន​នៅ​ក្នុង​ទឹក​ធ្លាក់ចុះ ហើយ​បូករួម​នឹង​ឆ្នាំ​ខ្លះ​មាន​ព្យុះបក់បោក​បណ្ដាល​ឲ្យ​ផុស​កករ​ដី​ធ្វើ​ឲ្យ​ទឹក​ល្អក់ ។ ស្ថិត​ក្នុងស្ថានភាព​នេះ​ ត្រី​ពិបាក​ដក​ដង្ហើម ដែល​ឈាន​ទៅ​ដល់​ថប់​ដង្ហើម​ស្លាប់ ។ តើ​កម្រិត​អុកស៊ីសែន​នៅ​ក្នុង​ទឹក​ធ្លាក់ចុះ​បានយ៉ាង​ដូចម្ដេច ?

ក្នុង​សប្ដាហ៍​នេះ នៅប្រទេស​អូស្ត្រាលី មាន​ត្រី​ប្រហែល​១​លាន​ក្បាល​បាន​ងាប់​នៅ​ក្នុង​អាង​ទន្លេ Murray-Darling ដែល​ជា​ប្រព័ន្ធ​ទន្លេ​ដ៏​សំខាន់ហូរកាត់​តំបន់​កសិកម្ម​ក្នុង​រដ្ឋ Queensland  រដ្ឋ New South Wales រដ្ឋ Victoria និង​រដ្ឋ South Australia ។ ស្ថានភាព​គឺ​ស្រដៀង​គ្នា ស្ថិត​ក្នុង​ភាព​រាំងស្ងួត រួច​ឈាន​ចូល​ដល់​រដូវ​ក្ដៅ កម្ពស់ទឹក​ក្នុង​ទន្លេ​ធ្លាក់ចុះ កំណើន​សីតុណ្ហភាព កម្រិត​អុកស៊ីសែន​ក្នុង​ទឹក​ធ្លាក់​ចុះ​ខ្លាំង បណ្ដាល​ឲ្យ​ត្រី​ថប់​ដង្ហើម​ស្លាប់ ។ អ្នកជំនាញ​បាន​សន្និដ្ឋាន​ថា ដើម​ហេតុ​គឺកំណើត​យ៉ាងរហ័យ​នៃ​សារាយ (Algae bloom) នាំ​ទៅ​ដល់​ខ្សត់​អុកស៊ីសែន​ក្នុង​ទឹកទន្លេ ។

សារាយ ឬ​ស្លែ (Alga) គឺជា​រុក្ខជាតិមីក្រូសរីរាង្គមានទម្រង់ជាកោសិកាទោល គ្មានឫស​ដើម​ស្លឹក​ពិតប្រាកដ ។ សារាយ​ធ្វើ​រស្មីសំយោគ​នៅ​ពេល​ថ្ងៃ និង​ដកដង្ហើម​ពេល​យប់​ដូច​រុក្ខជាតិ​ទូទៅ​ដែរ ។

មុន​នឹង​ឈាន​ទៅ​ដល់​បកស្រាយ​ចម្ងល់​ពី​ការ​ធ្លាក់ចុះ​នៃ​កម្រិត​អុកស៊ីសែន យើង​ងាក​មក​ស្វែង​យល់​អំពី​ការ​រលាយ​អុកស៊ីសែន​ចូលទៅក្នុង​ទឹក និង​ការដកដង្ហើម​របស់​ត្រី​នៅ​ក្នុង​ទឹក​បន្តិច​សិន ។

អុកស៊ីសែន​រលាយ​ក្នុង​ទឹក​ដូចស្ករ​ដែរ តែ​ខុសគ្នា​​ត្រង់​វា​គ្មាន​ពណ៌ និង​គ្មាន​ក្លិន ។ បរិមាណ​ដែល​អុកស៊ីសែន​រលាយ​ចូល​ក្នុងទឹក​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ ដូចជា សីតុណ្ហភាព​ទឹក សម្ពាធ​បរិយាកាស និង​ជាតិ​ប្រៃ​របស់​ទឹក​ ។ អុកស៊ីសែន​រលាយ​ចូល​ក្នុង​ទឹកហូរ និង​ទឹករលក បាន​ច្រើន​ជាង​ទឹក​នៅ​នឹងថ្កល់ ។ ជាទូទៅ​បរិមាណ​អុកស៊ីសែន​ដែល​អាច​រលាយ​ក្នុង​ទឹក​បាន​ច្រើន​បំផុត ដែល​គេ​ហៅ​ថា «កំហាប់​ឆ្អែត» គឺ ៧-១០ មីលីក្រាម​អុកស៊ីសែន​ក្នុង​ទឹក​១​លីត្រ (៧-១០ មក្រ/ល) ។

ត្រី​ទាញយកអុកស៊ីសែន​ដែល​រលាយ​ក្នុង​ទឹក​ដើម្បី​ដក​ដង្ហើម ដោយ​ស្រូប​យក​ទឹក​តាម​មាត់ រួច​បញ្ចេញ​តាម​ស្រកី ។ ស្រកី​ត្រី​ប្រៀបដូច​ជា​សួត​របស់​មនុស្ស មាន​ពោរពេញ​ទៅ​ដោយ​សរសៃឈាម ។ ពេល​ទឹក​ឆ្លងកាត់​ជញ្ជាំង​ស្ដើងៗ​របស់​ក្រសី អុកស៊ីសែន​រលាយ​ក្នុងទឹកត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ឈាម និង​បន្ទាប់​មក​ចូល​ទៅ​ក្នុង​កោសិកា​របស់​ត្រី ។ ប្រសិនបើ​កំហាប់​អុកស៊ីសែន​ខ្ពស់ ការ​បញ្ជូន​អុកស៊ីសែន​ប្រព្រឹត្ត​ទៅ​បាន​ងាយ​ស្រួល (ងាយ​ដកដង្ហើម) ។

ចូលដល់ក្នុង​កោសិកា អុកស៊ីសែន​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ដកដង្ហើម ។ វា​មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​សរីរាង្គ​ផ្ដល់​ថាមពល ដូចជា ស្ករ កាបូនអ៊ីដ្រាត និង​ខ្លាញ់ រួច​បញ្ចេញ​ថាមពល​ដល់​កោសិកា ។ សំណល់​ពី​ប្រតិកម្ម​នេះ​គឺ​ ឧស្ម័ន​កាបូនិក ។ ដូចមនុស្ស​ដែរ ត្រី​ស្រូប​យក​អុកស៊ីសែន បញ្ចេញ​មក​វិញ​នូវ​ឧស្ម័ន​កាបូនិក ។ បង្រួម​ឲ្យ​ខ្លី​មក​គឺ ៖

សារធាតុ​សរីរាង្គ + អុកស៊ីសែន –> ឧស្ម័នកាបូនិក + ទឹក + ថាមពល

ដូចមនុស្ស​និង​ត្រី​ដែរ បាក់តេរី​ច្រើន​ប្រភេទ​ទទួល​បាន​ថាមពល​តាម​រយៈ​ការដកដង្ហើម​ដូច​រៀបរាប់​ខាងលើ ។ ដូចនេះ ប្រសិនបើ​មាន​សារធាតុ​សរីរាង្គ​នៅ​ក្នុង​ទឹកទន្លេ ដូចជា ស្ករ ខ្លាញ់ និង​ប្រូតេអ៊ីន បាក់តេរី​ស៊ីបំបែក​សារធាតុ​ទាំង​នេះ បង្កកំណើត ​និង​ស្រូប​យក​អុកស៊ីសែន​រលាយ​ក្នុង​ទឹក ។ អុកស៊ីសែន​ដែល​បាត់បង់​​អាច​ត្រូវ​ជំនួស​ដោយ​អុកស៊ីសែន​ថ្មី​រលាយ​ចូល​ក្នុង​ទឹក​វិញ ប៉ុន្តែ​ប្រសិនបើ​ទឹក​នៅ​នឹង​ថ្កល់ ការរលាយ​ប្រព្រឹត្ត​ទៅ​យឺតៗ​បំផុត ។ សារធាតុ​សរីរាង្គ​ខ្លះ​ត្រូវ​បាន​ស៊ីបំបែក​ឆាប់​រហ័យ ហើយ​ខ្លះទៀត​ក្នុងរយៈ​ពេល​យូរ ។ ជា​ទូទៅ​គេ​កំណត់យក​តម្រូវការ​អុកស៊ីសែន​ក្នុង​ការ​បំបែក​សារធាតុ​សរីរាង្គ​ក្នុង​រយៈពេល​៥​ថ្ងៃ (BOD5) និង​គិតឯក្កតា​​ជា​មីលីក្រាម​អុកស៊ីសែន​ក្នុង​ទឹក​១​លីត្រ (មក្រ/ល)  ។ នៅ​ក្នុង​ទឹកស្អាត​ដូចតួលេខ​បង្ហាញ​ខាងលើ មាន​កម្រិត​អុកស៊ីសែន​រលាយ ៧-១០ មក្រ/ល ។ ប្រសិនបើ​យើង​ចាក់បញ្ចូល​សារធាតុ​សរីរាង្គ​ក្នុង​កំហាប់​ដែល​មាន​តម្រូវការ​អុកស៊ីសែន​ខ្ពស់​ជាង​នេះ យើង​នឹង​ឃើញ​ថា ទឹក​នោះ​នឹង​អស់​អុកស៊ីសែន​រលាយ​ក្នុង​រយៈពេល​៥​ថ្ងៃ ។ នេះ​ហើយ​គឺ​មូលហេតុចម្បង​ដែល​យើង​ត្រូវ​ព្យាបាល (សម្អាត)​ ទឹក​លូ​មុន​ពេល​បញ្ចេញ​ចោល​ទៅ​តាម​ផ្លូវទឹក ពីព្រោះថា ទឹក​លូ​ដែល​បញ្ចេញ​ពី​ទីក្រុង​អាច​មាន​តម្រូវការ​អុកស៊ីសែន (BOD5) រហូត​ដល់​ទៅ ៣០០-៥០០ មក្រ/ល ។ បើ​យើង​បញ្ចេញ​ទឹក​នេះ​ទៅ​ក្នុង​ស្ទឹងទន្លេ​ធម្មតា​ដែល​មាន​កម្រិត​អុកស៊ីសែន​រលាយ​តែ ៧-១០ មក្រ/ល អុកស៊ីសែន​ទាំងនេះ​​នឹង​ត្រូវ​ប្រើ​អស់ ហើយ​ត្រី និង​សត្វ​រស់​នៅ​ក្នុង​ទឹក​ដទៃ​ទៀត​នឹង​គ្មាន​អុកស៊ីសែន​សម្រាប់​ដកដង្ហើម ។ ដូចនេះ​ដើម្បី​ព្យាបាល​ទឹក​លូ គេ​ត្រូវ​ធ្វើ​ឲ្យ​វា​មាន​ចលនា ឬ​ធ្វើ​ឲ្យ​ក្លាយ​ជា​ពពុះ ដើម្បី​ឲ្យ​អុកស៊ីសែន​រលាយ​ចូល​បាន​ច្រើន បន្សាប​ឬ​បន្ថយ​តម្រូវការ​អុកស៊ីសែន (BOD5) ។ ទឹក​ដែល​ព្យាបាល​បានល្អ មាន​តម្រូវការ​អុកស៊ីសែន (BOD5) តែ ៥ មក្រ/ល តែ​ប៉ុណ្ណោះ ហើយ​នឹង​អាចបន្សាប​​ធ្លាក់​ចុះ​ទាប​ជាង​នេះ​នៅ​ពេល​បញ្ចេញ​ទៅ​បរិស្ថាន​ធម្មជាតិ ។

ក្នុង​ករណី​អាង​ទន្លេ Murray-Darling ការ​ធ្លាក់ចុះ​នៃ​បរិមាណ​អុកស៊ីសែន​រលាយ​ក្នុង​ទឹក​គឺ​បណ្ដាល​មក​ពីកំណើត​យ៉ាង​រហ័ស​នៃ​សារាយ ។ ដូចបាក់តេរី​ដែរ គេ​ប្រទះ​ឃើញ​សារាយ​មាន​​នៅ​ក្នុង​បរិស្ថាន​ចម្រុះ ក្រៅ​ពី​នៅ​ក្នុង​ទឹក តាមផ្លូវទឹក ឃើញ​មាន​នៅ​ក្នុង​ដី ព្រិល និង​ផ្កាថ្ម ផងដែរ ។ នៅ​ពេល​ដែល​សារធាតុ​ចិញ្ចឹម ដូចជា អាសូត និង​ផូស្វ័រ នៅ​ក្នុង​ទឹក​កើន​ឡើង ដែល​បណ្ដាល​មក​ពី​លំហូរ​តាម​ទឹក​នូវ​ជីប្រើក្នុង​ផលិតកម្ម​កសិកម្ម ទឹកលូ និង​ទឹក​ភ្លៀង សារាយ​មាន​ឧត្ដមភាព​ខ្លាំង​ជាង​គេ​ក្នុង​ការ​ស្រូប​យក និង​បង្ក​កំណើត​ជា​រៀងរាល់​ថ្ងៃ ដែល​ជា​លទ្ធផល​គឺ​កំណើន​រាលដាល​រហ័ស​នៃ​សារាយ (Algae bloom) ។

ហេតុ​អ្វី​សារាយ​មិន​រាលដាល​គ្រប់​ពេល​ទៅ ? ការរាលដាល​គឺ​តម្រូវ​ឲ្យ​មាន​លក្ខខណ្ឌ​សមស្រប ដូចជា សារធាតុចិញ្ចឹម​គ្រប់គ្រាន់ កម្តៅ និង​ពន្លឺ​សមស្រប ហើយ​ជា​ពិសេស​គឺ​ទឹកត្រូវ​តែ​ហូរយឺតៗ ឬ​ស្ថិត​នៅ​នឹង​ថ្កល់ ។

សារាយ​ធ្វើ​រស្មីសំយោគ​នៅ​ពេល​ថ្ងៃ (ផ្ដល់អុកស៊ីសែន) និង​ដកដង្ហើម​នៅ​ពេល​យប់ (ទាញ​យក​អុកស៊ីសែន​វិញ) ។ គឺ​នៅ​ពេល​យប់​នេះ​ហើយ​ដែលបរិមាណ​អុកស៊ីសែន​រលាយ​ក្នុងទឹក​ធ្លាក់ចុះ ហើយ​ប្រភេទ​ត្រី​ណា​ដែល​មិន​អាច​ទ្រាំ​បាន​ត្រូវ​ស្លាប់ ។

កំណើន​រាលដាលនៃ​សារាយ​ចេះ​តែ​បន្ត​រហូត​ដល់​​ដំណាក់កាល​មួយ​ដែល​សារធាតុ​ចិញ្ចឹម​ត្រូវ​ស្រូប​យក​អស់ ឬ​អាកាសធាតុ​ចុះ​ត្រជាក់ សារាយ​បញ្ឈប់​ការ​បង្កកំណើត ហើយ​ងាប់ ។ សារាយ​ងាប់​ក្លាយ​ជា​សារធាតុ​សរីរាង្គ ដែលជា​ចំណី​របស់​បាក់តេរី ។ បន្ត​មក បាក់តេរី​កើន​ចំនួន ដក​ដង្ហើម ធ្វើ​ឲ្យ​អស់​អុកស៊ីសែន​រលាយ​ក្នុង​ទឹកទាំងថ្ងៃ​ទាំងយប់ ទី​បំផុត​ត្រីងាប់ ។ ក្នុង​ពេល​ស៊ីបំបែក​សារាយ​ងាប់​ដោយ​បាក់តេរី ទឹក​បញ្ចេញ​ក្លិន​ស្អុយ​មួយ​បែប (ដូច​ស៊ុត​ស្អុយ) ។ លុះ​ដល់​ត្រី​ងាប់ ហើយ​បាក់តេរី​ស៊ីបំបែក​ខ្មោច​ត្រីទាំងនោះ បញ្ចេញ​ក្លិន​ស្អុយ​មួយ​បែប​ទៀត ៕

ឯកសារយោង ៖

Advertisements

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម, ចំណេះ​ធ្វើ, វិទ្យាសាស្ត្រ​ថ្មី. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s