សមាគមនិស្សិតខ្មែរនៅរដ្ឋឃ្វីនស្លែនត្រូវបានសម្ពោធឲ្យដំណើរការជាផ្លូវការ

និមិត្តសញ្ញា​សមាគមនិស្សិត​ខ្មែរ​ប្រចាំ​រដ្ឋ​ឃ្វីនស្លែន (CamSAQ)

សមាគមនិស្សិតខ្មែរប្រចាំរដ្ឋឃ្វីនស្លែន (Cambodian Students Association in Queensland) ហៅកាត់ថា CamSAQ ត្រូវ​បានរៀបចំពិធីសម្ពោធ​ដំណើរការ​ជាផ្លូវការ​កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅក្រុងប៊្រីសបែន រដ្ឋឃ្វីនស្លែន ប្រទេសអូស្ត្រាលី ។ នេះ​គឺជាលើកទី១​ហើយ​ដែល​និស្សិតខ្មែរ​កំពុងសិក្សា​នៅ​តាមបណ្ដា​សកលវិទ្យាល័យ​នានា​ក្នុង​រដ្ឋឃ្វីនស្លែន មាន​សមាគមនិស្សិត​ជា​ផ្លូវការ ។ ​សមាគមនិស្សិត​ខ្មែរ​ត្រូវ​បាន​បង្កើន​ឡើង​នៅ​រដ្ឋ​ញូវសាវវេល រដ្ឋវ៉ិចតូរីយ៉ា និង​រដ្ឋ​អូស្ត្រាលី​ខាងត្បូង តាំង​ពីយូរឆ្នាំ​កន្លង​មក​ហើយ ។

CamSAQ ជាអង្គការ​សមាគម​ក្រៅរដ្ឋាភិបាល គ្មាន​និន្នាការ​នយោបាយ ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើងចាប់​ពី​ដើម​ឆ្នាំ​២០១៩​នេះ​ដោយ​និស្សិត​មួយ​ក្រុម​មាន​គ្នា ៦នាក់ កំពុង​សិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ឃ្វីនស្លែន (UQ) និង​សាកលវិទ្យាល័យ​ហ្គ្រីហ្វីត (Griffith) ។ កិច្ចការ​ចម្បងនៅ​ក្នុង​ដំណាក់កាល​ដំបូង​គឺការ​រៀបចំ​សេចក្ដីព្រាង​លក្ខខន្តិកៈ ការ​រៀបចំ​និមិត្តសញ្ញា និងការ​​ស្វែងយល់​ពីការចុះបញ្ជី​និង​ប្រតិបត្តិការ​របស់​អង្គការ​សមាគម​ក្រៅ​រដ្ឋភិបាល​នៅ​ក្នុង​រដ្ឋ​ឃ្វីនស្លែន ។ ខ្ញុំ​មាន​ការ​រំភើប​រីករាយ​និង​មាន​មោទនភាព​​ដែល​បាន​ចូលរួម​ចំណែក​​នៅ​ក្នុង​ការ​បង្កបង្កើត​នេះ ។

គោលបំណងចម្បងរបស់ CamSAQ ​គឺ៖ (១) ជំរុញ​លើកស្ទួយ​មិត្តភាព និងសាមគ្គីភាព, (២) ចែក​រំលែក​ចំណេះដឹង​និង​បទពិសោធន៍​ក្នុង​ចំណោម​និស្សិត​ខ្មែរ និង (៣) ជំរុញ​ផ្សព្វផ្សាយវប្បធម៌ខ្មែរ និងធ្វើការ​​ផ្លាស់ប្ដូរ​វប្បធម៌​ជាមួយ​អង្គការ​សមាគម​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ។ ​និស្សិតខ្មែរ​ទាំងអស់ (អាហារូបករណ៍ និង​ឯកជន) ​ដែល​កំពុង​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យណាមួយ​ស្ថិត​ក្នុង​រដ្ឋឃ្វីនស្លែន ​អាចសុំ​ចូលរួម​​ជា​សមាជិក​បាន​ ។ បច្ចុប្បន្ន​មាន​និស្សិត​ប្រមាណ​ជាង​ ១០​នាក់ មក​ពី​សាកលវិទ្យាល័យ​ជុំវិញ​ក្រុង​ប៊្រីសបិន​តែប៉ុណ្ណោះ​ដែល​នឹង​ចូលរួម​ជា​សមាជិក រីឯ​និស្សិត​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ឆ្ងាយ​ពី​ប៊្រីសបិន​នៅ​មិន​ទាន់​ក្ដាប់​ទិន្នន័យ​បាន​នៅ​ឡើយ ។

ដំណើរការ​និង​ការប្រព្រឹត្តទៅរបស់ CamSAQ ស្ថិតក្រោម​អំណាច២​ដាច់​ពីគ្នា​គឺ អង្គសមាជ (General Assembly) ជាទីប្រជុំ​នៃ​​សមាជិកសកម្ម​ទាំងអស់​ និង ​ក្រុមការងារ​ប្រតិបត្តិ (Executive team) ស្ថិត​ក្រោម​ការដឹកនាំរបស់​ប្រធាន​មួយ​រូប ។ អង្គសមាជ​មាន​សិទ្ធិអំណាច​ខាង​​នីតិបញ្ញត្តិ និង​តុលាការ រីឯ​ក្រុមការងារ​ប្រតិបត្តិ​​ ទទួល​ខុសត្រូវ​ទាំងស្រុង​លើ​សកម្មភាពការងារ​​របស់ CamSAQ ។ អង្គសមាជ​គ្មាន​ប្រធាន​និង​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ទេ សមាជិក​ដែល​មាន​អាយុ​ច្រើន​ជាង​គេ (ព្រឹទ្ធសមាជិក) នៅ​ពេល​ជួប​ប្រជុំ​គឺ​ជា​ប្រធាន និង​មាន​សិទ្ធិ​ចាត់តាំង​សមាជិក​មួយចំនួន​ជាជំនួយការ​សម្រាប់​ការ​ប្រជុំ​ម្ដងៗ ។ អង្គសមាជ​​ទទួលខុសត្រូវ​​ពិនិត្យ​និង​ធ្វើវិសោធនកម្ម​លក្ខន្តិកៈ​របស់​សមាគម បកស្រាយ​លក្ខន្តិកៈ អនុម័ត​កម្រងឯកសារនីតិវិធី​អនុវត្តផ្ទៃក្នុង​សម្រាប់​​បែបបទ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ អនុម័ត​គម្រោង​ផែនការ​ថវិកា​ប្រចាំឆ្នាំ​របស់​ CamSAQ ទទួល​ដោះស្រាយ​ជម្លោះ និងដោះស្រាយ​ពាក្យ​បណ្ដឹងជំ​ទាស់​នឹង​សេចក្ដី​សម្រេច​និង​ការ​អនុវត្ត​ការងារ​របស់​ប្រធាន​សមាគម ។ ប្រធាន​សមាគម​ទទួល​ខុសត្រូវចាត់ចែង​​លើ​សកម្មភាព​រួម​របស់​សមាគម និង​មាន​សិទ្ធិ​តែងតាំង​សមាជិកនៃ​​ក្រុម​ការងារ​ប្រតិបត្តិ​តាម​ចំនួន​ចាំបាច់​ដែល​ត្រូវការ​ ដើម្បី​ទទួល​បន្ទុក​ការងារ​រដ្ឋបាល គណនេយ្យ រៃអង្គាស​ថវិកា ព័ត៌មាន​វិទ្យា និង​ទំនាក់ទំនង​សាធារណៈ ។ ប្រធាន​រួម​ជាមួយ​ដៃគូ (Running mate) មួយ​រូប​សម្រាប់​តួនាទី​អនុប្រធាន ត្រូវ​ធ្វើ​ការ​ជ្រើសតាំង​សម្រាប់​អាណត្តិ​មួយ​ឆ្នាំ ដោយ​ការ​បោះឆ្នោត​តាម​សម្លេង​ភាគច្រើន​ដាច់​ខាត​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​របស់​អង្គសមាជ ។ ប្រធាន​ក្នុង​ដំណែង​មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធាន​សមាគម​សម្រាប់​អាណត្តិ​បន្ទាប់​បាន​ឡើយ ។

សម្រាប់​អាណត្តិ​ឆ្នាំ​២០១៩ ដែល​ជា​អាណត្តិ​អន្តរកាល​នៃ​ការ​ចាប់​ផ្ដើម​ចេញ​ដំណើរ​របស់ CamSAQ លោក ឈាត ស៊្រាង (និស្សិត​ថ្នាក់បណ្ឌិត​នៅ​ UQ) ត្រូវ​បាន​ជ្រើសតាំង​​ឲ្យ​ធ្វើ​ជា​ប្រធាន និង​មាន​ដៃគូ​ លោក ឃុន កក្កដា (និស្សិត​ថ្នាក់បណ្ឌិត​នៅ Griffith) ជា​អនុប្រធាន ។ ការ​ជ្រើសរើស​ប្រធាន​សមាគម​សម្រាប់​អាណត្តិ​ឆ្នាំ​២០២០ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ចុងខែធ្នូ ឆ្នាំ​២០១៩ ។

បងប្អូន​អាច​ចូលទៅមើល​លក្ខន្តិកៈរបស់ CamSAQ បាន​ដោយចុចទីនេះ ។ បច្ចុប្បន្ន CamSAQ មាន​ទំព័រ​ហ្វេសប៊ុក ដែលមាន​អាសយដ្ឋាន https://www.facebook.com/Cambodian-Students-Association-in-Queensland-375845073260066/

សង្ឃឹមថា សមាគមនិស្សិត​ដ៏​ថ្មីថ្មោង​មួយ​នេះ ​ដំណើរការ​បាន​រលូន អាច​ទាក់ទាញ​អ្នក​ជំនាន់ក្រោយ​ជា​បន្តបន្ទាប់​​ដែល​មាន​ឆន្ទៈ​ស្ម័គ្រចិត្ត​ជួយជ្រោមជ្រែង​ដឹកនាំ​សមាគមបន្ត ឈាន​ទៅ​សម្រេច​បាន​នូវ​បេសកម្ម​របស់​ខ្លួន​ក្នុង​ការ​រឹត​ចំណង​មិត្តភាព សាមគ្គីភាព​ក្នុង​ចំណោម​និស្សិត​ខ្មែរ​ប្រចាំរដ្ឋ​ឃ្វីនស្លែន និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ អស់​រយៈកាល​យូរ​អង្វែងត​ទៅ​មុខ ៕

Advertisements

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឈូកមតិ, អរិយធម៌​ខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s