ប្រវត្តិ​​ឈូកខ្មែរ

ឈូក​ជា​ផ្កា​សក្ការៈ

ឈូក ​គឺ​ជា​វារីជាតិ​ដុះ​នៅ​ក្នុង​ភក់​នៃ​ស្រះ ត្រពាំង បឹង​បួរ​ វាល​ភក់ និង​ស្រែ​​ពន្លិច​ទឹក​ដែល​មាន​ជម្រៅ​រាក់ ។ ឈូក​មាន​ដើម​កំណើត​នៅ​មជ្ឈឹម​បូព៌ា អាស៊ី អូស្ត្រាលី និង​ប៉ាពូ​អាស៊ី​នូវែល​ហ្គីណេ ។ ឈូក​អាច​មាន​កំពស់​រហូត​ដល់​ ៦​ម អាស្រ័យ​ទៅ​តាម​ជម្រៅទឹក ។ ឈូក​មាន​ដុះ​នៅ​គ្រប់​ទី​តំបន់​​ក្នុង​ប្រទេស​កម្ពុជា ។

ឈូក​ជា​ផ្កា​សក្ការៈ

មើម​ឈូក គឺជា​ពក​រឹង​នៅ​ក្នុង​ភក់​ក្រោម​ទឹក ។ ឈូក​មាន​ដើម​មូល​វែង និង​មាន​បន្លា​តូច​ៗ​ព័ទ្ធ​ជុំ​វិញ ហើយ​វា​មាន​តួ​នាទី​ត​​ភ្ជាប់​មើម​ ទៅ​ស្លឹក និង​ផ្កា ។ ភាគ​ច្រើន​គេ​យក​មើម​ឈូក​ទៅ​ស្ងោ​ជា​មួយ​ជើង​ជ្រូក ឬ​ឆ្អឹង​ជ្រូក ហើយ​គេ​ក៏​យក​មើម​ឈូក​ទៅ​ហាល​ឲ្យ​ស្ងួត​ រួច​កិន​កម្ទេច​ធ្វើ​ម្សៅ​ផង​ដែរ ។ ក្រអៅ​ឈូក គឺ​ជា​ខ្នែង​ខ្ចី​ដែល​បែក​ចេញ​ពី​មើម​ឈូក ។ គេ​យក​ក្រអៅ​ឈូក​ទៅ​ធ្វើ​ជា​អាហារ​បរិភោគ​បាន​ច្រើន​យ៉ាង​ ដូច​ជា អន្លក់ ញ៉ាំ ឆា និង​ស្ល​ម្ជូរ ។

ស្លឹក​ឈូក មាន​រាង​មូល​ដូច​ថាស​អាច​មាន​ទំហំ​ដល់​ ៩​តឹក (៩០​សម) ។ ស្លឹក​ឈូក​អាច​អណ្ដែត ឬ​ផុស​ចេញ​ផុត​ពី​ផ្ទៃ​ទឹក និង​មាន​ស្នាម​ឆូតៗ ។ ក្នុង​កំឡុង​ពេល​ដែល​ថង់​ផ្លាស្ទិច​មិន​​ទាន់​បាន​គេ​នាំ​ចូល​មក​ប្រើ​ប្រាស់ ស្លឹក​ឈូក​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាងទូលាយ​សម្រាប់​វេច​ខ្ចប់​របស់​របរ និង​ចំណី​អាហារ ។ ខ្ញុំ​នឹក​ឃើញ​កាល​ពី​ក្មេង​ទៅ​ផ្សារ​ទិញ​នំ​ពង​អន្សង និង​សាច់​ជ្រូក​ដែល​គេ​ខ្ចប់​នឹង​ស្លឹក​ឈូក ។ បើ​គិត​ពី​តម្លៃ​ខាង​បរិស្ថាន ស្លឹក​ឈូក​ល្អ​ជាង​ថង់​ផ្លាស្ទិច ពី​ព្រោះ​ស្លឹក​ឈូក​ឆាប់​រលួយ និង​​ផ្ដល់​ជា​ជី​កុំប៉ុស្តិ៍​មាន​ប្រយោជន៍​ដល់​កសិកម្ម ។ រីឯ​ថង់​ផ្លាស្ទិច​ចំណាយ​ពេល​យូរ​ឆ្នាំ​ទំរាំ​តែ​រលាយ ។

ផ្កា​ឈូក មាន​ច្រើន​ត្របក និង​មាន​ច្រើន​ពណ៌​ ដូច​ជា ស ក្រហម និង​ច្រាល ។ ឈូក​គឺ​ជា​ផ្កា​សក្ការៈ​នៅ​ក្នុង​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញ​សាសនា ។ ផ្កា​ឈូក​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ​ទៅ​នឹង​ពុទ្ធប្រវត្តិ ។ ​គេ​ចាត់​ទុកផ្កា​ឈូក​​ថា​ជា​ផ្កា​បរិសុទ្ធ​ទោះ​ជា​ដុះ​ចេញ​ពី​ក្នុង​ភក់ និង​ជា​ផ្កា​សម្រាប់​ថ្វាយ​ព្រះ ។

ផ្លែ​ឈូក មាន​រាង​កោន​ដែល​អាច​មើល​ឃើញ​នៅ​ពេល​ដែល​ស្រទាប់​ត្របក​ផ្កា​រុះ​ ធ្លាក់ ។ ផ្លែ​ឈូក​ប្រើ​ជា​អាហារ​តាម​ខ្ចី​តាម​ចាស់ ។ ចំណែក​ឯ​ផ្លែ​គ្រាប់​ខ្ចី​ដែល​គ្មាន​សាច់​ក៏​ជា​ល្បែង​លែង​របស់​ក្មេងៗ​ដែរ គឺ​យក​វា​ទៅ​ជល់​នឹង​អ្វី​មួយ​ដើម្បី​ឮ​សូរ ជា​ពិសេស ជល់​នឹង​ថ្ងាស ។ អ្នក​ខ្លះ​មាន​ជំនឿ​ថា​ការ​ខាំ​ទំពារ​គ្រាប់​ឈូក​លីង​ឲ្យ​បាន​ញឹកញាប់ គឺ​ជា​ការ​សម​ធ្មេញ​ឲ្យ​មាន​ភាព​រឹង​មាំ ។ គ្រាប់​ឈូក​មាន​រាង​មូល ឬ​អូវ៉ុល មាន​ពណ៌​បៃតង​ពេល​ខ្ចី និង​ពណ៌​ត្នោតពេល​​ចាស់ ។ គ្រាប់​ឈូក​ស្ថិត​ក្នុង​ប្រភេទ​​គ្រាប់​រុក្ខជាតិ​មាន​វត្តមាន​យូរ​អង្វែង​ តាម​ការ​កត់​ត្រា​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ ។

ចម្លាក់សកម្មភាពបេះផ្កាឈូកនៅប្រាសាទបាយ័ន ចម្លាក់សកម្មភាពបេះផ្កាឈូកនៅប្រាសាទបាយ័ន

ឈូកស ឈូកក្រហម ផ្កាឈូកសរីក ផ្លែឈូក

 

ប្រវត្តិ​ឈ្មោះ​ប្លុក

ចម្លាក់​អុំ​ទូក​បេះ​ផ្កា​ឈូក​នៅ​ប្រាសាទ​បាយ័ន

ឈូក​ខ្មែរ ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ឈ្មោះ​ប្លុក​នេះ ​ដោយសារ​ខ្ញុំ​សង្កេត​ឃើញ​ថា ឈូក​ជា​ផ្កា​សក្ការៈ ជា​ផ្កា​បរិសុទ្ធ​ ទោះ​ជា​ដុះ​នៅ​ក្នុង​ភក់ជ្រាំ​​ក៏​នៅ​តែ​មិន​ចោល​សារជាតិ និង​បាន​នៅ​ជិតស្និទ​នឹង​ជនជាតិ​ខ្មែរ​យើង​តាំង​ពី​បុរាណ​រៀង​មក ដែល​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​រៀបចំ​រណ្ដាប់​គ្រឿង​ពលីការ​ផ្សេងៗ រហូត​ដល់​ក្បាច់​រចនា​ចម្លាក់​នៅ​លើ​ប្រាង្គ​ប្រាសាទ​នានា ។ មិន​តែ​ប៉ុណ្ណោះ ឈូក​ជា​រុក្ខជាតិ​ដែល​សរីរាង្គ​ទាំង​អស់​មាន​គុណ​ប្រយោជន៍​គ្រប់​យ៉ាង រាប់​បញ្ចូល​តាំង​ពី​ឫស (ក្រអៅ) មើម ដើម ស្លឹក ផ្កា និង​ផ្លែ ។ សម​នឹង​កំណាព្យ «ផ្កា​ឈូក» របស់​កវី ម៉ុក សំអោក ដែល​បាន​ពិពណ៌នា​ថា «បងអុំ​ទូក​ទៅ ឮ​សូរ​គ្រូកៗ ទៅ​បេះ​ផ្កា​ឈូក នៅ​ក្នុង​បឹង​កក់ ឱ​ផ្កា​ឈូក​អើយ ដុះ​ចេញ​ពី​ភក់ គួរ​ធុំ​អាក្រក់ ម្ដេច​ឡើយ​ឈ្ងុយឈ្ងប់ ទាំង​មើម​ក្រអៅ ទាំង​ម្សៅ​ឈ្ងុយ​សព្វ ដុះ​ក្នុង​ដី​ល្បប់ ​ត្រលប់​ជា​ល្អ» ។ លើស​ពី​នេះ​ទៅ​ទៀត​គឺ​ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​ឆា​ក្រអៅ​ឈូក និង​ម្សៅ​ឈូក​កូរ​ទឹក​ក្ដៅ (ខ្សឹបៗ ជួយ​លាក់​ផង​កុំ​ឲ្យ​គេដឹង​អាថ៌កំបាំង​នេះ) ។

បេសកកម្ម​របស់​ឈូក​ខ្មែរ គឺ​ផ្ដល់​ចំណេះ​ដឹង​សកល​ជា​ភាសាជាតិ «ខ្មែរ» ប៉ុន្តែ​គួរ​សោកស្ដាយ ខ្ញុំ​មិន​អាច​ចេះ​ដឹង​នូវ​អ្វីៗ​គ្រប់យ៉ាង​ទាំងអស់​បាន​ទេ ដូច្នេះ​ហើយ​បាន​ជា​ប្លុក​នេះ​គ្របដណ្ដប់​ភាគ​ច្រើន​ដោយ​អត្ថបទ​ផ្នែក វប្បធម៌‑អរិយធម៌​ខ្មែរ (ជា​មុខ​វិជ្ជា​ដែល​ខ្ញុំ​ចូល​ចិត្ត​ស្រាវជ្រាវ) និង​ផ្នែក​វិស័យកសិកម្ម (ជាជំនាញ​បច្ចេកទេស​របស់​ខ្ញុំ) ។ ដោយហេតុ​តែ​ទឹក​ចិត្ត​ស្រឡាញ់​វិស័យ​អក្សរសាស្ត្រ និង​ដើម្បី​ចូលរួម​ចំណែក​ឲ្យ​ធនធាន​ឯកសារ​ជាភាសា​ខ្មែរ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​ភាព​សម្បូរ​បែប ខ្ញុំ​ក៏​ចេះ​តែ​ឆ្លៀត​ពេល​ប្រឹងប្រែង​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ។ ​រីឯ​វិធីសាស្ត្រ​ចែក​រំលែក​នូវ​ចំណេះដឹង ខ្ញុំ​ធ្វើ​ឡើង​តាម​រូប​ភាព​ ដូចខាង​ក្រោម ៖

  1. លើក​យក​ឯកសារ​ចាស់ៗដែល​មាន​ស្រាប់​មក​ផ្សព្វផ្សាយ​ឡើង​វិញ ដោយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​រូបភាព​ដែល​បាន​ថត​ដោយ​ផ្ទាល់​ដៃ ឬ​បាន​តាម​រយៈ​ការ​ស្រាវជ្រាវ​ផ្សេងៗ ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ។ ខ្ញុំ​មាន​បទពិសោធន៍​ខ្លួន​ឯង​នៅ​ពេល​សិក្សា​អត្ថបទ​ប្រពៃណី វប្បធម៌ ភូមិសាស្ត្រ និង​អត្ថបទ​ផ្សេងៗ​ទៀត គឺ​ខ្ញុំ​បាន​អាន​តែ​ជា​អក្សរ​សុទ្ធសាធ និង​ធ្វើការ​នឹក​ស្រមៃ​ព្រាលៗ​ទៅ​លើ​របស់​នោះ​តាម​ការ​រៀបរាប់​របស់​អ្នក​និពន្ធ​ប៉ុណ្ណោះ ឬ​ជួនកាល​មាន​រូប​តែ​មួយ​សន្លឹក​យក​មក​បង្ហាញ​តែ​ប៉ុណ្ណោះ ដែល​ជា​ការ​មួយ​មិន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​បាន​យល់​ជ្រួតជ្រាប ចងចាំ​បាន​យូរ និង​អាច​ពន្យល់​បន្ត​ទៀត​បាន ។ ដូចពាក្យ​បុរាណាចារ្យ​លោក​ពោល​ថា «អានឬ​ឮ​១០០​ដង មិន​ស្មើ​នឹង​ឃើញ​១​ដង ឃើញ​១០០​ដង មិន​ស្មើ​នឹង​ប៉ះ​ស្ទាប​១​ដង» និង «ខ្ញុំ​ឮ​ខ្ញុំ​ភ្លេច ខ្ញុំ​ឃើញ​ខ្ញុំ​ចាំ ខ្ញុំ​ធ្វើ​ខ្ញុំ​យល់ ខ្ញុំ​រក​ឃើញ​ ខ្ញុំ​ជា​ម្ចាស់»

  2. ផ្ដល់នូវព័ត៌មាន​ទាន់​ហេតុការណ៍ថ្មីៗ​សំខាន់ៗ​​ដែល​កើតមាន​នៅ​ក្នុង​ប្រទេស និង​បកប្រែ​នូវ​របកគំហើញ និងការ​ស្រាវជ្រាវ​ថ្មីៗ​របស់​អ្នកវិទ្យាសាស្ត្រ ដែល​ភាគ​ច្រើន​ជា​អត្ថបទ​ដែល​ទាក់ទង​នឹង​វប្បធម៌‑អរិយធម៌​ខ្មែរ វិស័យ​កសិកម្ម និង​ជីវឥន្ធៈ ។​

  3. ផ្ដល់​ជូន​នូវ​កំណត់ហេតុ និង​រឿងរ៉ាវ​ផ្សេងៗ​ដែល​ខ្ញុំជួប​ប្រទះ​ប្រចាំ​ថ្ងៃ ឬ​ធ្លាប់​បាន​ឆ្លង​កាត់ ។

ចម្លាក់​ដើម​ឈូក​ដុះ​ចេញ​ពី​ក្បាល​នាគ នៅ​ប្រាសាទ​ព្រះខ័ន

 

ឈូកខ្មែរ ធ្លាប់​បាន​ចុះ​ផ្សាយ​ប្រវត្តិរូប​របស់​អ្នក​បង្កើត​យ៉ាង​លម្អិត រួមមាន ឈាមជ័រ ទីកន្លែង​កំណើត សមាជិក​គ្រួសារ រហូត​ដល់​ការ​គោរព​ដូនតា ។ល។ សង្ឃឹម​ថា បងប្អូន​ពិត​ជា​នៅ​ចង​ចាំ​ច្បាស់​ជា​មិនខាន ។ បងប្អូន​ក៏​អាច​រំលឹក​ប្រវត្តិ​នេះ​ឡើង​វិញ​ដោយចុច​ទី​នេះ

ក្រៅពី​កន្លែង​បញ្ចេញ​មតិ​ខាងក្រោម បងប្អូន​អាច​​ទំនាក់ទំនង​មក​ឈូក​ខ្មែរ​តាម​រយៈ អ៊ីមែល choukkhmer@gmail.com ក្នុង​ការណី​ត្រូវការ​ទាក់ទង​ឈូកខ្មែរ​ដោយ​​ផ្ទាល់​ ដើម្បី​សាកសួរ​ព័ត៌មាន​ផ្សេងៗ ជាពិសេស​ប្រសិនបើ​​បងប្អូន​ត្រូវការ​រូបភាព​ណា​មួយ​នៅ​លើ​ប្លុក​ឈូកខ្មែរ ដែល​មាន​កំហិតកម្ម​ខ្ពស់ (High resolution) ខ្ញុំ​នឹង​ចាត់ចែង​ផ្ញើ​ជូន​តាម​សំណើ ។

 

7 Responses to ប្រវត្តិ​​ឈូកខ្មែរ

  1. សាំងហ៊ី says:

    តើអាចរលាយរលត់ដូចមុនទេ ខ្ញុំរកមុខយូរហើយ

  2. សាំងហ៊ី says:

    បងបើសិន WordPress ក្ស័យធននៅមានវិគីភីឌាខ្មែរ មួយទៀត គ្រាន់តែវាចុះបានតែអត្ថបទ

  3. itkhmeromc says:

    សួស្តីបង អាចប្រាប់ខ្ញុំពីរបៀបដាក់ Facebook like box ក្នុង wordpress បានទេ?

  4. នៅ​ក្នុង Dashboard សូម​ចូល​ទៅ Widgets –> Appearance –> Available widgets អូសទាញ​យក Facebook like box ទៅ​ដាក់​នៅ Widget area នៅ​ខាង​ស្ដាំ​ដៃ រួច​ហើយ​បញ្ចូល​ឈ្មោះ​គណនី និង​លេខ​សម្ងាត់ ជា​ការ​ស្រេច ។

  5. piseysor says:

    ខ្ញុំពេញចិត្តនិងវប្បធមនៃការចែករំលែកនេះណាស់

  6. សូមអ្នកស្រាវជ្រាវ ស្វែងយល់ និង ចែករំលែក បន្តទៅទៀត ដើម្បីអោយអ្នកសិក្សា ចូលមកកាន់ ប្លុក របស់អ្នក កាន់តែច្រើន ! អគុណដែលបានចែករំលែក!។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s