ជំពូក​ទី​៧-ប្រព័ន្ធ​កសិកម្ម​ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន

ព្រះមេ ឬ ព្រះមាតា ឬ ព្រះប្រពៃស្រព

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម

ជំពូក​៧

ប្រព័ន្ធ​កសិកម្ម​ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន

ភាវ សុវុទ្ធី ចាន់ ផលលឿន អ៊ុង សុភាព និង នាង សាវុឌ្ឍឌី

មក​ទល់​បច្ចុប្បន្ន វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​បាន និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ព្រមទាំង​បន្ត​គាំទ្រ និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​តាម​ទី​ជនបទ ។ ផលិតផល​ក្នុងស្រុក​សរុប (GDP) (NIS,2001) ប្រមាណ ៣៧,៦ ភាគរយ បាន​មក​ពី​វិស័យ​កសិកម្ម ។

ហេតុ​ដូចនេះ​ហើយ​បាន ជា​រាជរដ្ឋាភិបាល​កម្ពុជា នា​អណត្តិ​ទី​៣ បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជា​យុទ្ធសាស្ត្រ សំដៅ​លើក​កម្ពស់​ផលិតភាព​កសិកម្ម និង​ពិពិធកម្ម​វិស័យ​កសិកម្ម ឲ្យ​ក្លាយ​ទៅ​ជា​ផ្នែក​នាំមុខ​មួយ​ដែល​អាច​ផ្តល់​ជីវភាព​បន្ថែម​ដល់​កំណើន​សេដ្ឋកិច្ច និង​អាច​ចូលរួម​វិភាគទាន​យ៉ាង​សកម្ម​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា (RGC, 2004) ។ ក្នុង​ទិសដៅ​នេះ ការ​ប្រើប្រាស់​ធនធាន​ក្នុងស្រុក​សម្រាប់​អនុវត្ត​ពហុវប្បកម្ម និង​ប្រពលវប្បកម្ម​កសិកម្ម ដើម្បី​ធានា​បាន​និរន្តរភាព​នៃ​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារ និង​បង្កើន​ប្រាក់​ចំណូល​នៅ​ទី​ជនបទ ព្រមទាំង​ធានា​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​ទូទៅ បាន​ត្រូវ​បង្កើន​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​របប​អាហារូបត្ថម្ភ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប និង​បង្កើន​ការ​នាំ​ចេញ​កសិផល ។

ដូច​បាន​រៀបរាប់ ផលិតកម្ម​ដំណាំ​មាន​សារសំខាន់​ណាស់ ក្នុង​វិស័យ​កសិកម្ម​ក៏​ដូច​ជា​ក្នុង​សកម្មភាព​សេដ្ឋកិច្ច ជា​ពិសេស​នៅ​តំបន់​ទី​ជនបទ ហើយ​វា​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​បង្កើន​ផលិតផល​ក្នុងស្រុក បើ​ប្រៀបធៀប​ទៅ​នឹង​វិស័យ​ផ្សេងៗ​ទៀត ។ ផលិតកម្ម​ដំណាំ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិស័យ​ដទៃ​ទៀត​នៃ​សេដ្ឋកិច្ច ដូចជា ការ​ចិញ្ចឹម​សត្វ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ដែល​លទ្ធផល​នៃ​សកម្មភាព​ទាំងនេះ​កំណត់​ដោយ​វិស័យ​ផលិតកម្ម​ដំណាំ ។ ហេតុ​ដូច្នេះ កំណើន​នៃ​ផលិតកម្ម​ដំណាំ គឺជា​ទឡ្ហីករណ៍ (Determinant) ដ៏​សំខាន់​ក្នុង​ការ​បង្ហាញ​នូវ​កម្រិត​លូតលាស់​របស់​សេដ្ឋកិច្ចជាតិ​ជា​រួម (Singh, 2000) ។

ស្រូវ​នៅ​តែ​ជា​ប្រភព​អាហារ​ដ៏​ចម្បង​របស់​ប្រជាជន​នៅ​អាស៊ី ក៏​ដូច​ជា​កម្ពុជា ហើយ​តួនាទី​នេះ​ស្ថិត​នៅ​ជា​ចិរកាល ។ ផលិតកម្ម​ដំណាំ​ស្រូវ ត្រូវ​បាន​ប្រជាជន​កម្ពុជា​រស់នៅ​តាម​ជនបទ​ច្រើន​ជាង ៨០ ភាគរយ ជ្រើសរើស​ជា​មុខរបរ​ប្រចាំជីវិត ។ ចាប់ពី​ឆ្នាំ​១៩៩៥ មក ប្រទេស​កម្ពុជា​ផលិត​ស្រូវ​សម្រាប់​បរិភោគ​គ្រប់គ្រាន់ និង​លើស​សេចក្តី​ត្រូវការ​ក្នុងស្រុក​ទៀត​ផង (Nesbitt, 1997; Ouk et al., 2001) ។ ផ្ទៃដី​ដាំដុះ​ស្រូវ​នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង​រហូត​ដល់ ២,២ លាន​ហិកតា ក្នុង​ឆ្នាំ​២០០៣ ហើយ​ទិន្នផល​ស្រូវ​មធ្យម​គឺ ២,១ តោន​ក្នុង ១ ហិកតា (MAFF, 2003) ។

ប៉ុន្តែ គេ​ពិនិត្យ​ឃើញ​ថា ប្រព័ន្ធ​ដាំដុះ​ដំណាំ​ស្រូវ​តែ​មួយ​មុខ​បាន​ផ្តល់​មក​នូវ​ចំណូល​ទុន​មាន​កម្រិត ហេតុ​ដូចនេះ​ការ​ផ្លាស់​ប្តូរ​ផ្ទៃដី​ដាំដុះ​ស្រូវ ឬ​ត្រូវ​ជំនួស​វិញ​ដោយ​ដំណាំ​ដែល​ផ្តល់​នូវ​ប្រាក់​ចំណេញ​ខ្ពស់ តាម​រយៈ​ការ​ធ្វើ​ពិពិធកម្ម​ដំណាំ គឺជា​ដំណោះស្រាយ​មួយ​គួរ​ពិចារណា ។ ការ​ធ្វី​ពិពិធកម្ម​លើ​ដំណាំ​ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ជាង​ស្រូវ ដូច​ជា ដំណាំ​កសិ-ឧស្សាហកម្ម បន្លែ ឈើ​ហូប​ផ្លែ និង​ពពួក​ផ្កា បាន​ទទួល​ជោកជ័យ​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់ ទោះបីជា​ការ​ធ្វើ​ផលិតកម្ម វា​ទាមទារ​នូវ​ពេលវេលា និង​គុណភាព​ផលិតផល ដែល​ជា​ចំណុច​សំខាន់​សម្រាប់​ភាព​ទទួល​ជោកជ័យ​នៃ​ទីផ្សារ​ក៏​ដោយ ។ ផ្ទុយ​ទៅ​វិញ កង្វះខាត​ប្រភព​ធនធាន ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តាញ​ទីផ្សារ​អាច​នាំ​ឲ្យ​កសិករ​ក្រីក្រ​មិន​អាច​សម្រេច​បំណង​នេះ​បាន (Chainuvati and Athipanan, 2000; Singh, 2000) ។

គោលបំណង​សំខាន់​ក្នុង​ការ​រៀបចំ​អត្ថបទ​នេះ​ឡើង គឺ​អ្នកនិពន្ធ​មាន​បំណង​ចូលរួម​ចំណែក​ផ្តល់​ពុទ្ធិ​មួយ​ចំនួន​ជុំវិញ​ការ​បង្កើន​ផលិតភាព​កសិកម្ម តាម​រយៈ​ការ​លើក​មក​បង្ហាញ​នូវ​ការ​អនុវត្ត និង​បណ្តា​អានុសាសន៍​ល្អៗ​ដែល​ជា​ចំណុច​យុទ្ធសាស្ត្រ ក្នុង​ការ​អភិវឌ្ឍ​ផលិតកម្ម​ដំណាំ​ស្រូវ និង​ការ​ធ្វើ​ពិពិធកម្ម​កសិកម្ម​ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន​នៅ​ក្នុង​ក្របខណ្ឌ​ដាំដុះ​ប្រទេស​កម្ពុជា ។

៧.១. ប្រព័ន្ធ​កសិកម្ម និង​របប​ទឹក​ភ្លៀង

ការ​ដាំដុះ​ដំណាំ​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា ច្រើន​ស្ថិត​នៅ​តំបន់​ដែល​ទទួល​របប​ទឹកភ្លៀង​ចន្លោះ​ពី ១២៥០ ទៅ ១៧៥០ មម ។ របប​ទឹកភ្លៀង​បែប​នេះ មាន​លក្ខណៈ​សម​ស្រប​ឲ្យ​ដំណាំ​ស្រូវ​ទទួល​នូវ​ភោគផល​ល្អ ប្រសិនបើ​មាន​របប​ទឹកភ្លៀង​ទៀងទាត់ ។ ផ្ទុយ​ទៅ​វិញ ភាព​មិន​ប្រក្រតី​នៃ​របប​ទឹកភ្លៀង បណ្តាល​ឲ្យ​ទិន្នផល​ស្រូវ​ត្រូវ​ធ្លាក់​ចុះ និង​ភាព​មិន​អំណោយផល​ដល់​ប្រព័ន្ធ​កសិកម្ម​ផ្សេងៗ​ទៀត ។ ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​មាន​ការ​ពន្យា​ពេល​ ហើយ​តែងតែ​កើត​មាន​ដំណាក់កាល​រាំង​ស្ងួត (កូន​រដូវប្រាំង) រយៈពេល​ពី ៣​សប្ដាហ៍ ឬ​ច្រើន​ជាង​នេះ​នៅ​ចុង​ខែកក្កដា រហូត​ដល់​ខែ​សីហា ។ ជួនកាល​ភ្លៀង​ធ្លាក់​ជោកជាំ​ពេក​នៅ​លើ​ដី​ជាំ​ទឹក ក៏​អាច​បណ្តាល​ឲ្យ​មាន​ការ​ខូចខាត​ផលដំណាំ​ដទៃ​ទៀត​ដែល​គេ​និយម​ដាំ​នៅ​ដើមរដូវ​វស្សា​មុន​ដំណាំ​ស្រូវ ។

ជា​ទូទៅ កសិករ​និយម​ប្រើប្រាស់​ពូជ​ប្រកាន់​រដូវ (ពូជ​វេទរស​នឹង​រយៈ​ពន្លឺ) ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​មិន​ទៀងទាត់​នៃ​របាយ​ទឹកភ្លៀង ។ ពូជ​ទាំងនេះ​ចាប់ផ្តើម​បង្កើត​កួរ​ទៅ​តាម​រយៈពេល​នៃ​ពន្លឺ​ថ្ងៃ​កំណត់​មួយ នៅ​ចំពោះ​ហេតុផល​នេះ ការ​ស្ទូង​របស់​កសិករ​អាច​ពន្យា​ពេល​រហូត​ដល់ ៥​ខែ បន្ទាប់​ពី​សាប​ព្រោះ​រួច ។

ភាព​ខ្សត់​ទឹក​នៅ​ចុងរដូវ បាន​កាត់​បន្ថយ​នូវ​សក្តានុពល​នៃ​ការ​ដាំដុះ​ដំណាំ​បន្ទាប់បន្សំ​ដទៃ​ទៀត ក្រោយ​ដំណាំ​ស្រូវ ដោយសារ​ដំណាំ​ទាំងនោះ​មាន​ប្រព័ន្ធ​ឫស​រាក់ រួម​ផ្សំ​ជាមួយ​នឹង​ដី​ដែល​មាន​សមត្ថភាព​ចាប់​យក​ទឹក​មាន​កំណត់​ផង​នោះ ធ្វើ​ឲ្យ​ដី​ប្រែ​ក្លាយជា​មាន​សភាព​ស្ងួត​យ៉ាង​ឆាប់រហ័ស ។ យ៉ាងណាមិញ ភាព​មិន​ទៀងទាត់​នៃ​របាយ​ទឹកភ្លៀង​នៅ​ចុង​នៃ​ដើមរដូវ​វស្សា ជំរុញ​ឲ្យ​កសិករ​ធ្វើ​ពិពិធកម្ម​ពូជស្រូវ​ដែល​មាន​អាយុកាល​ខុសៗ​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ទទួល​ទិន្នផល​មិន​បាន​សម​ស្រប ។

៧.២. ប្រព័ន្ធ​កសិកម្ម និង​ដី​ដាំដុះ​ដំណាំ

ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ​នៅ​ប្រទេស​កម្ពុជា ភាគច្រើន​ជា​ប្រភេទ​ដី​ជាំ​ទឹក​នៅ​ស្រទាប់​ក្រោម ។ ដី​ទាំងនេះ​ងាយស្រួល​នឹង​ទទួល​រង​នូវ​ជំនន់​នៅ​ពេល​មាន​ភ្លៀង​មូសុង​ច្រើន​ដង ។ ការ​ដាំដុះ​ដំណាំ​ខ្ពង់រាប​នៅ​លើ​ដីស្រែ​ទាំងនេះ​ទាមទារ​នូវ​ការ​ធ្វើ​ប្រឡាយ​បង្ហូរទឹក​ចេញ ។ ឧទាហរណ៍​ដូច​ជា ពោត អំពៅ ថ្នាំជក់ និង​ល្ង ត្រូវ​បាន​ដាំដុះ​នៅ​លើ​ដី​ច្រាំង​ទន្លេ ។ ដំណាំ​ល្ង​ពេល​ខ្លះ​ត្រូវ​បាន​ដាំ​មុន​ស្រូវ​ឡើង​ទឹក​នៅ​តំបន់​ដី​ដែល​មាន​ជីជាតិ​ខ្ពស់ ។ ចំណែក​ដំណាំ​អំពៅ​ និង​ថ្នាំជក់​ត្រូវ​បាន​ដាំ​នៅ​លើ​អំពក​ដី​ដែល​ស្ថិត​នៅ​ជិត​ផ្ទះ ។ ដោយឡែក ដំណាំ​សណ្តែកដី​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​ការ​ដាំដុះ​នៅ​លើ​ប្រភេទ​ដីខ្សាច់​ច្រោះ​ទឹក​ល្អ​នៅ​តំបន់​ស្រែ​ខ្ពស់ៗ ។ ដី​តំបន់​នេះ​មាន​សក្តានុពល​ខ្ពស់​ណាស់ សម្រាប់​ដាំដុះ​ដំណាំ​ផ្សេងៗ ក្រៅពី​ស្រូវ​ក្នុង​លក្ខខណ្ឌ​ដែល​មាន​ការ​ស្រោចស្រព ។

ដំណាំ​សណ្តែកបាយ និង​សណ្តែកសៀង​ត្រូវ​បាន​ដាំដុះ​នៅ​លើ​ដី​មាន​ជីជាតិ​បង្គួរ នៅ​តំបន់​ជម្រាល​ខាងលើ​នៃ​តំបន់​ដាំដុះ​ស្រូវ​ក្នុង​ខេត្តកំពង់ចាម ។ មិន​តែ​ប៉ុណ្ណោះ កសិករ​ដែល​ដាំដុះ​ដំណាំ​ស្រូវ ក៏​បាន​ដាំ​ដំណាំ​សណ្តែកបាយ និង​សណ្តែកសៀង​នៅ​លើ​ដីស្រែ​តូចៗ​របស់​គាត់​ផង​ដែរ នៅ​បណ្តា​ខេត្ត​ដទៃ​ទៀត​ទូទាំង​ប្រទេស ។

៧.៣. ប្រព័ន្ធ​ដាំដុះ​ដំណាំ

ប្រព័ន្ធ​ដាំដុះ​ដំណាំ​ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន ត្រូវ​បាន​គ្របដណ្តប់​នៅ​លើ​ផ្ទៃដី​ដាំដុះ​ភាគច្រើន​នៃ​តំបន់​ដាំដុះ​ស្រូវ​ទំនាប​ពឹងផ្អែក​លើ​របប​ទឹកភ្លៀង ។ ចំណែក​តំបន់​ដាំដុះ​ដំណាំ​ខ្ពង់រាប​មាន​ផ្ទៃដី​តូច ប៉ុន្តែ​ពោរពេញ​ដោយ​ការ​អនុវត្ត​នូវ​ប្រព័ន្ធ​ដាំដុះ​ផ្សេងៗ​គ្នា​ជា​ច្រើន ។

៧.៣.១. ប្រព័ន្ធ​ដាំដុះ​ដំណាំ​ស្រូវ

ការ​ដាំដុះ​ដំណាំ​ស្រូវ​មាន​ការ​ប្រែប្រួល គួរ​ឲ្យ​កត់សម្គាល់​ទៅ​តាម​តំបន់​ក្សេត្រ​បរិស្ថាន នៃ​តំបន់​ដាំដុះ​ស្រូវ​ស្រែ​ទំនាប​ពឹងផ្អែក​លើ​របប​ទឹកភ្លៀង តំបន់​ខ្ពង់រាប តំបន់​ស្រូវ​ឡើង​ទឹក (ទឹក​ជម្រៅ) និង​តំបន់​ស្រោចស្រព ។ កសិករ​នៅ​តំបន់​ស្រូវ​ស្រែ​ទំនាប​ពឹងផ្អែក​លើ​ទឹកភ្លៀង ចាប់ផ្តើម​ដាក់​ជី​លាមក​សត្វ​ទៅ​ក្នុង​ស្រែ​ក្នុង​ខែមេសា និង​ខែឧសភា​រៀង​រាល់​ឆ្នាំ ។ ក្នុង​ខណៈ​ពេល​ដែល​ពុំ​មាន​លាមក​សត្វ​គ្រប់គ្រាន់ កសិករ​និយម​ដាក់​ជី​កំប៉ុស្ត​លាយ​ជាមួយ​លាមក​សត្វ​ទៅ​ក្នុង​ថ្នាលសំណាប ដើម្បី​ជួយ​ឲ្យ​ដី​ថ្នាល​ផុស​ល្អ​ងាយស្រួល​ក្នុង​ការ​ភ្ជួរ​រាស់ និង​ជំរុញ​នូវ​ការ​លូតលាស់​របស់​សំណាប ។ អាស្រ័យ​ទៅ​តាម​លទ្ធភាព​ដែល​មាន​កម្រិត​នៃ​ជីលាមក​សត្វ ដែល​គេ​និយម​ប្រើ ប្រែប្រួល​ពី ២០០-៣០០ គក ទៅ ២៥ តោន ក្នុង ១ ហិកតា​ថ្នាលសំណាប (Lando and Solieng, 1994) ។

នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ថ្នាលសំណាប​នោះ ដីស្រែ​ត្រូវ​បាន​ភ្ជួរ​ពីរ​ដង និង​រាស់​មួយ​ដង ឬ​ពីរ​ដង ដើម្បី​ពង្រាបដី ។ ដីស្រែ​ត្រូវ​បាន​ភ្ជួរ​ជា​អាចម៍បំណាស់ ទៅ​តាម​គន្លង​នង្គ័ល​នៃ​ស្រែ​នីមួយៗ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បញ្ចេញ​ទឹក​ពី​ស្រែ ។ ថ្នាលសំណាប​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច​នោះ ត្រូវ​បាន​សាប​ភ្លាម​ជាមួយ​គ្រាប់ពូជ​ដែល​បាន​ត្រាំ​ទឹក​រយៈពេល ២៤-៣៦​ម៉ោង ។ កម្រិត​គ្រាប់ពូជ​ដែល​ត្រូវ​សាប​ប្រែប្រួល​ពី ៥០-៧០ គក ក្នុង ០,១ ហិកតា​ថ្នាលសំណាប អាស្រ័យ​ទៅ​តាម​កម្រិត​ជីជាតិ​ដី និង​ទម្លាប់​កសិករ ។ ជា​ទូទៅ ថ្នាលសំណាប​ត្រូវ​បាន​កសិករ​ប្រើប្រាស់​ពី ១៥-២៥ ភាគរយ​នៃ​ផ្ទៃដី​ដាំដុះ​សរុប​របស់​គាត់ ហើយ​ច្រើន​ស្ថិត​នៅ​ក្បែរ​ផ្ទះ និង​តំបន់​ដែល​មាន​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រោចស្រព​បន្ថែម ។

ស្រែ​សម្រាប់​ស្ទូង​ត្រូវ​បាន​ភ្ជួរ​រាស់​ក្នុង​រយៈពេល​ពី ១ ទៅ ៣ ខែ ក្រោយ​ពេល​មាន​ការ​រៀបចំ​ថ្នាលសំណាប​រួចរាល់ ហើយ​ក៏​អាស្រ័យ​ផង​ដែរ​ទៅ​នឹង​របាយ​ទឹកភ្លៀង ។ ស្រែ​ដែល​មាន​ទឹក​ដក់​ស្រាប់​ត្រូវ​បាន​គេ​និយម​ស្ទូង​មុន ។ ចំពោះ​ដី​ដែល​ងាយ​ហាប់​ណែន​ក្រោយ​ពេល​ភ្ជួរ​រួច​នោះ ការ​ភ្ជួរ​រាស់​គួរ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល​ស្ទូង ។ ការ​ស្ទូងស្រូវ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់ កសិករ​ខ្លះ​ចាប់ផ្តើម​ដាក់​ជី​ទ្រាប់​បាត ខ្លះ​ទៀត​ជ្រលក់​គល់ និង​ឫស​ស្រូវ​ទៅ​នឹង​ល្បាយ​ជីគីមី​នៅ​លើ​ដីខ្សាច់ និង​ជី​លាមក​សត្វ​លាយ​បញ្ចូល​គ្នា ។ ឈើច្រាន (Transplanting stick) ក៏​ត្រូវការ​ផង​ដែរ​នៅ​លើ​ដី​ខ្លះ ពិសេស​នៅ​លើ​ដីខ្សាច់ ហើយ​ដង់ស៊ីតេ​សំណាប​សម្រាប់​ស្ទូង​ប្រែប្រួល​ពី ៨​ម៉ឺន ទៅ ៨​សែន​គុម្ព ក្នុង ១ ហិកតា សម្រាប់​ពូជស្រូវ​ទំនើប ។

ការ​ធ្វើ​ស្រូវ​ពង្រោះ​ក៏​មាន​ការ​អនុវត្ត​ផង​ដែរ នៅ​ក្នុង​ខេត្តបាត់ដំបង និង​តំបន់​ខ្លះ​ទៀត​នៃ​ខេត្តពោធិ៍សាត់ និង​បន្ទាយមានជ័យ ។ ការ​ធ្វើ​ស្រូវ​ពង្រោះ​ច្រើន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ភ្ជួរ​រាស់​ដី ១ ឬ ២​ដង​សិន ទើប​ព្រោះ​គ្រាប់​ស្ងួត ហើយ​ពេល​ខ្លះ រាស់​ដី​តែ ១ ដង​ក្រោយ​ពេល​ពង្រោះ ។ ការ​ធ្វើ​ស្រូវ​ពង្រោះ​កម្លាំង​ពលកម្ម​សម្រាប់​រៀបចំ​ថ្នាល​សំណាប និង​ស្ទូង​មិន​ត្រូវការ​ប្រើប្រាស់​ទេ ។ ប៉ុន្តែ​ស្មៅចង្រៃ​ច្រើន​បង្ក​ជា​បញ្ហា​ក្នុង​ការ​អនុវត្ត​បច្ចេកទេស​នេះ ហើយ​កសិករ​និយម​ភ្ជួរ​ចោល​ម្តង​នៅ​ពេល​ពី ៦ ទៅ ៨ សប្ដាហ៍ ក្រោយ​ស្រូវ​បាន​ដុះ​ឡើង ដើម្បី​សម្លាប់​ស្មៅចង្រៃ ។ នៅ​ដំណាក់កាល​នេះ ស្រូវ​មានកម្ពស់​សម​ល្មម​នឹង​ដួល ប៉ុន្តែ​ឫស​មាន​ភាព​ចំណាស់​គ្រប់គ្រាន់​សម្រាប់​បន្ត​ការ​លូតលាស់​រហូត​ដល់​ទុំ ។

ការ​ធ្វើ​ស្មៅ​ដោយ​អន្លើៗ ត្រូវ​បាន​កសិករ​អនុវត្ត​ក្នុង​តំបន់​ស្រូវ​ស្រែ​ទំនាប​ពឹង​ផ្អែកលើ​របប​ទឹក​ភ្លៀង ហើយ​កសិករ​ច្រើន​លើក​ភ្លឺ​ព័ទ្ធ​ជុំវិញ​វាលស្រែ​របស់​ខ្លួន ដើម្បី​ឲ្យ​មាន​ទឹក​ដក់​គ្រប់គ្រាន់​សម្រាប់​កម្ចាត់​ស្មៅចង្រៃ ។ ការ​ច្រូតកាត់ ត្រូវ​បាន​គេ​និយម​ប្រើ​កណ្តៀវ ហើយ​កណ្ដាប់​ច្រើន​ដាក់​នៅ​លើ​ភ្លឺស្រែ​ហាល​សម្ងួត​សម្រាប់​បោក​បែន ។ នៅ​ពេល​ស្ងួត​សម​ល្មម កណ្ដាប់​ស្រូវ​ត្រូវ​បាន​ដឹក ឬ​ជញ្ជូន​ទៅ​ផ្ទះ ហើយ​ក៏​ផ្ដើម​បោក​បែន​តែ​ម្ដង​នៅ​ពេល​ប្រមូលផល​រួច ។ ស្រូវ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ជង្រុក ។ ចំបើង​ត្រូវ​បាន​គរ​ជា​ពំនូក​ជុំវិញ​បង្គោល​ឈើ សម្រាប់​ចំណី​សត្វ​នៅ​រដូវវស្សា​ពេល​ដែល គ្មាន​ស្មៅ​គ្រប់​គ្រាន់ ។

ក្រោយ​ពេល​ច្រូតកាត់ សត្វពាហនៈ​ទាំងឡាយ​រួម​មាន​គោ​និង​ក្របី ត្រូវ​បាន​គេ​លែង​ឲ្យ​ស៊ី​គល់​ជញ្ជ្រាំង​ដែល​នៅ​សល់​ដោយ​មាន​ការ​ឃ្វាល​របស់​ក្មេងៗ ។ កសិករ​ខ្លះ​និយម​ដុត​គល់​ជញ្ជ្រាំង​ចោល​នៅ​ពេល​ពីរ​បី​ខែ​ក្រោយ​មក ដើម្បី​ជួយ​សម្រួល​ដល់​ការ​រៀបចំ​ដី និង​សម្លាប់​ជម្រក​កត្តាចង្រៃ (សត្វល្អិត និង​ជំងឺ) ។ ប៉ុន្តែ​ការ​អនុវត្ត​បែប​នេះ បាន​កាត់​បន្ថយ​នូវ​បរិមាណ​ចំណី​សម្រាប់​សត្វពាហនៈ ។ ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ដំបូង ការ​ចាប់ផ្តើម​ដុះ​ពន្លក​របស់​ស្មៅ បង្កើត​បាន​នូវ​លទ្ធភាព​នៃ​ចំណី​បៃតង​ជា​ច្រើន​នៅ​តំបន់​ស្រូវ​ស្រែ​ទំនាប​ពឹង​ផែ្អក​លើ​របប​ទឹក​ភ្លៀង និង​តំបន់​ស្រូវ​ឡើង​ទឹក (ទឹក​ជម្រៅ) ។ ស្មៅ​ចំណី​សត្វ​មួយ​ចំនួន ឧទាហរណ៍ ស្មៅ​ហ្គីណេ (Ginea grass) ស្មៅ​ដំរី (Eleplant grass) និង ស្មៅ​ឃីងក្រាស (King grass) ក៏​បាន​ដុះ​លូតលាស់​ផង​ដែរ​នៅ​លើ​ភ្លឺ និង​កន្លែង ដែល​គ្មាន​ដក់​ទឹក​នៅ​រដូវវស្សា ។ យើង​មាន​សក្តានុពល​គ្រប់គ្រាន់​ក្នុង​ការ​បង្កើន​នូវ​ប្រភេទ​ដំណាំ​ចំណី​សត្វ​ទាំងនេះ តាម​រយៈ​ការ​ប្រើ​ជីផូស្វាត និង​បញ្ចូល​នូវ​ពូជស្រូវ​ល្អៗ (White, pers .comm.) ។ នៅ​ពេល​ដែល​ស្រែ​ភាគច្រើន​ត្រូវ បាន​ស្ទូង​ជា​បន្តបន្ទាប់ ដី​ទំនេរ​សម្រាប់​ស្មៅ​ចំណី​សត្វ​ត្រូវ​បាន​បាត់បង់​បន្តិច​ម្តងៗ ក្នុង​ករណី​នេះ​សត្វពាហនៈ​ត្រូវ​បាន​ឃ្វាល នៅ​តំបន់​ខ្ពស់ៗ​ក្បែរ​ផ្ទះសំបែង ។ជា​ទូទៅ​ស្មៅ​ដែល​ទើប​នឹង​កាត់​យក​មក​ថ្មីៗ រួម​នឹង​ចំបើង​ត្រូវ​បាន​ផ្តល់​ដល់​សត្វពាហនៈ ។

ការ​ដាំ​ស្រូវ​ខ្ពង់រាប ឬ​ស្រូវ​ភ្នំ​ត្រូវ​បាន​បុក​ដាំ ដោយ​ប្រើ​ជំនួយ​អង្រែ​បុក​ដែល​មាន​ចុង​ស្រួច ហើយ​ត្រូវ​បាន​ដាំ​នៅ​លើ​ដី​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច ក្រោយ​ពេល​កាប់​ឆ្ការ និង​ដុត​ចោល​ដើមឈើ​ដែល​មាន​ដុះ​នៅ​តំបន់​នោះ (Slash and burn practices) ។ គេ​ចាប់ផ្តើម​ដាំ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​នៅ​ដើមរដូវ​វស្សា និង​ប្រមូលផល​នៅ​ខែ​តុលា ឬ វិច្ឆិកា ។ ពុំ​មាន​ការ​ប្រើប្រាស់​ជី​ទេ ដោយហេតុ​ថា ជា​ទូទៅ​ដី​មាន​ជីជាតិ​បង្គួរ​ក្រោយ​ពេល​ទើប​រាន​ថ្មី ។ គេ​និយម​ដាំ​ស្រូវ​តែ​ឯកឯង ប៉ុន្តែ​ជួនកាល​គេ​ដាំ​ឆ្លាស់​ជាមួយ​ដំណាំ​ពោត ដំឡូងមី និង​ពពួក​សណ្តែក ។ ការ​ដាំដុះ​ដំណាំ​បន្តបន្ទាប់​គ្នា​ទាមទារ​នូវ​ការ​ធ្វើ​ស្មៅ​ផង​ដែរ ។

ការ​រៀបចំ​ដី​សម្រាប់​ស្រូវ​ឡើង​ទឹក (ទឹក​ជម្រៅ) ត្រូវ​បាន​អនុវត្ត​ភ្លាម​បន្ទាប់​ពី​បាន​ច្រូតកាត់​មួយ​រយៈមក​ពោល​គឺ​នៅ​ពេល​ដែល​កសិករ​ចាប់ផ្តើម​ដុត​គល់​ជញ្ជ្រាំង​ដែល​បន្សល់​ទុក​ពី​ឆ្នាំ​កន្លង​មក ហើយ​ការ​ភ្ជួរ​រាស់​គឺ​ធ្វើ​ភ្លាមៗ​តែ​ម្តង ។ ការ​អនុវត្ត​ដែល​គេ​និយម​ចូល​ចិត្ត​គឺ​ភ្ជួរ​ពីរ​ដង និង​រាស់​មួយ​ដង បន្ទាប់​មក​ព្រោះ​គ្រាប់ពូជ​ស្ងួត​ក្នុង​កម្រិត​ពី ១២០ ទៅ ១៥០ គក ក្នុង ១ ហិកតា ។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​មាន​ភ្លៀង​ធ្លាក់​យឺតយ៉ាវ​នោះ កសិករ​ខ្លះ​បាន​ព្រោះ​គ្រាប់ ហើយ​ភ្ជួរ​លុប​គ្រាប់​ទៅ​ក្នុង​ដី ឬ​ព្រោះ​គ្រាប់​នៅ​លើ​ដី​ដែល​មាន​ការ​ភ្ជួរ​រាស់​តែ​ម្តង​គត់ ។ ការ​អនុវត្ត​បែប​នេះ វាលស្រែ​មិន​ចាំបាច់​លើក​ភ្លឺ​ព័ទ្ធ​ជុំវិញ ហើយ​ក៏​មាន​ប្រសិទ្ធភាព​លើ​ការ​គ្រប់​គ្រ​ងេ​ស្មៅចង្រៃ​ដែរ ។ ជា​ទូទៅ​យើង​សង្កេត​ឃើញ​ថា សត្វពាហនៈ​ស៊ី​ចំណីអាហារ​នៅ​តំបន់​នេះ រហូត​ដល់​វាលស្រែ​ត្រូវ​បាន​លិច​ទឹក​ទាំងស្រុង ។ មាន​កសិករ​ខ្លះ​ដែល​បាន​អនុវត្ត​ការ​កម្ចាត់​ស្មៅចង្រៃ​តាម​រយៈ​ការ​ដាក់ ឬ​បាញ់​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​កត្តាចង្រៃ​ដទៃ​ទៀត ។ ការ​ប្រមូលផល​ស្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ទឹក​ចាប់ផ្តើម​ស្រក​ដោយ​ច្រូត​យក​តែ​កួរស្រូវ​ប៉ុណ្ណោះ ។ កណ្ដាប់​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​លំនៅដ្ឋាន​សម្រាប់​បោក​បែន ។

ការ​ដាំដុះ​ដំណាំ​ស្រូវ​នៅ​រដូវប្រាំង ជា​ទូទៅ​ធ្វើ​ឡើង​នៅ​លើ​តំបន់​ស្រូវប្រដេញទឹក (Recession area) ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ដំណាំ​ស្រូវ តែងតែ​ទទួល​នូវ​អាហារ​បំប៉ន​ជា​រៀង​រាល់​ឆ្នាំ​តាម​រយៈ​ល្បាប់​ថ្មី និង​ការ​ប្រើប្រាស់​ជី ជា​ពិសេស​ប្រភេទ​ជី​អាសូត​ត្រូវ​បាន​ដាក់​បំប៉ន ។ ចំពោះ​វាលស្រែ​ដែល​ទឹក​បាន​ស្រក​ផុត​មុន ត្រូវ​បាន​ប្រើ​ធ្វើ​ជា​ថ្នាលសំណាប ហើយ​វាលស្រែ​ជា​បន្តបន្ទាប់​ទៀត​ត្រូវ​បាន​គេ​ស្ទូងស្រូវ ។ ទឹក​ត្រូវ​បាន​គេ​បូម​ពី​ទន្លេ ឬ​អាង​ត្រលប់​បញ្ចូល​ស្រែ​វិញ ។ ជា​ទូទៅ ពូជស្រូវ​ទំនើប​មិន​ប្រកាន់​រដូវ ឬ​វេទរស និង​រយៈ​ពន្លឺ ត្រូវ​បាន​គេ​ធ្វើ​អនុសាសន៍​ឲ្យ​ដាំដុះ​នៅ​តំបន់​នេះ ។ ការ​ស្ទូងស្រូវ​ធ្វើ​ឡើង​ចាប់ពី​ខែវិច្ឆិកា រហូត​ដល់​ខែកុម្ភៈ ជា​រៀង​រាល់​ឆ្នាំ ។ នៅ​តំបន់​ខ្លះ​ការ​ផ្គត់ផ្គង់​ស្រោចស្រព​បន្ថែម អាច​ផ្តល់​ដល់​ការ​ដាំដុះ​ដំណាំ​រួម​ផ្សំ​ដទៃ​ទៀត​នៅ​ដើមរដូវ​វស្សា ។

៧.៣.២. ពិពិធកម្ម​ដំណាំ (Crop diversification)

ដើម្បី​កាត់​បន្ថយ​បាន​នូវ​ហានិភ័យ (Risk) នៃ​លក្ខខណ្ឌ​ធម្មជាតិ និង​សេដ្ឋកិច្ច​សង្គម ដែល​តែងតែ​កើត​មាន​ជាយថាហេតុ​នោះ ការ​បញ្ចូល​នូវ​បច្ចេកវិទ្យា​នៃ​ពិពិធកម្ម​ដំណាំ ពិតជា​រួមចំណែក​ក្នុង​ការ​បង្កើន​សន្តិសុខ​ស្បៀង និង​ចំណូល​បន្ថែម ជា​ពិសេស​សម្រាប់​កសិករ​ក្រីក្រ ហើយ​វា​ជួយ​ដល់​ការ​រក្សា​លំនឹង​នៃ​បរិស្ថាន (Dywayri, 2000; Padademetriou, 2000) ។ ពិពិធកម្ម​ដំណាំ​ជា​មធ្យោបាយ​មួយ​ប្រកបដោយ​អតិផល​របស់​ដំណាំ​លើ​ទំហំ​ដី និង​ពេលវេលា​កំណត់​មួយ ។ វា​ជា​ការ​ដាំដុះ​ដំណាំ​លើស​ពី​មួយ​មុខ នៅ​លើ​ផ្ទៃដី​មួយ ឬ​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ ឬ​ខុស​គ្នា (Multiple cropping ) ។

៧.៣.២.១. ដំណាំ​បន្ត​-​បណ្តាក់ (Sequential cropping)

ជា​ការ​ដាំ​ដំណាំ​ពីរ ឬ​ច្រើន​មុខជា​បន្តបន្ទាប់​លើ​ផ្ទៃដី​តែ​មួយ​ក្នុង​រយៈពេល​មួយ ។ ដំណាំ​ដាំ​លើក​ក្រោយ​ត្រូវ​បាន​គេ​ដាំ​បន្ទាប់​ពី​ដំណាំ​ទី​១​បាន ឬ​ជិត​ប្រមូលផល​រួច ។ មធ្យោបាយ​អតិផល​ដំណាំ​ក្នុង​ករណី​នេះ គឹ​សំដៅ​តែ​ទៅ​លើ​ទំហំ​ពេលវេលា ។ វា​ពុំ​មាន​ការ​ប្រកួតប្រជែង​គ្នា​ដូច​ក្នុង​ប្រព័ន្ធ​ដាំដុះ​ឆ្លាស់​ទេ ពោល​គឺ​កសិករ​ជ្រើសរើស និង​រៀបចំ​ដំណាំ​តែ​មួយ​មុខ​គត់​នៅ​ក្នុង​ពេល​មួយ​លើ​កសិដ្ឋាន​របស់​ខ្លួន ។

  • វប្បកម្ម​២​មុខ​ដំណាំ (Double cropping)
  • វប្បកម្ម​៣​មុខ​ដំណាំ (Triple cropping)
  • វប្បកម្ម​៤​មុខ​ដំណាំ (Quadruple cropping)
  • វប្បកម្ម​ជា​សារ (Ratoon cropping) គឺជា​ដំណាំ​ដែល​ដុះ​ឡើង​វិញ​បន្ទាប់​ពី​ប្រមូលផល​រួច ទោះបីជា​មិន​ចាំបាច់​ផ្តល់​គ្រាប់ ឬ​ផ្លែ​ក៏​ដោយ ។
៧.៣.២.២. ដំណាំ​បង្វិល (Crop Rotation)

ជា​ការ​ដាំ​ដំណាំ​មួយ ឬ​ច្រើន​មុខជា​បន្តបន្ទាប់​លើ​ផ្ទៃដី​តែ​មួយ ក្នុង​រយៈពេល​កំណត់​មួយ​នៃ​រដូវ​កាល​ដាំដុះ ។ ដំណាំ​ទី​ពីរ​ត្រូវ​បាន​គេ​ដាំ បន្ទាប់​ពី​ដំណាំ​ទី​មួយ​បាន​ប្រមូលផល​រួច ។ មធ្យោបាយ​អតិ​ផលដំណាំ​ក្នុង​ករណី​នេះ គឺ​សំដៅ​តែ​ទៅ​លើ​ទំហំ​ពេលវេលា​ដែល​ត្រូវ​បង្វិល ។ វា​ពុំ​មាន​ការ​ប្រកួតប្រជែង​គ្នា​ដូច​ក្នុង​ប្រព័ន្ធ​ដាំដុះ​ឆ្លាស់​ទេ ពោល​គឺ​កសិករ​ជ្រើសរើស និង​រៀបចំ​ដំណាំ​តែ​មួយ​មុខ​គត់​នៅ​ក្នុង​ពេល​មួយ​លើ​កសិដ្ឋាន​របស់​ខ្លួន ។

៧.៣.២.៣. ដំណាំ​ឆ្លាស់ (Intercropping)

ជា​ការ​ដាំ​ដំណាំ​ពីរ ឬ​ច្រើន​មុខ​ក្នុង​ពេល​ដំណាលគ្នា និង​លើ​ផ្ទៃដី​តែ​មួយ ។ អតិផលកម្ម​នៃ​ដំណាំ​ស្ថិត​នៅ​លើ​ទំហំ​ផ្ទៃដី និង​ពេលវេលា ។ ក្នុង​ករណី​នេះ​ដំណាំ​មាន​ការ​ប្រកួតប្រជែង​គ្នា នៅ​ស្ទើរ​គ្រប់​ដំណាក់កាល​លូតលាស់ និង​ដំណាក់កាល​ផ្តល់​ផល ។ កសិករ​ជ្រើសរើស​ដំណាំ​ចាប់ពី​ពីរ​មុខ​ឡើង​ទៅ ហើយ​ដាំ​លើ​ផ្ទៃដី​តែ​មួយ ។ វប្បកម្ម​ដំណាំ​ឆ្លាស់​ចែក​ចេញ​ជា ៖

  1. វប្បកម្ម​ឆ្លាស់​ចម្រុះ (Mixed intercropping) គឺ​ដាំ​ដំណាំ​ពីរ ឬ​ច្រើន​មុខ​ដោយ​ពុំ​មាន​ជួរ​បន្ទាត់​ត្រឹមត្រូវ ។
  2. វប្បកម្ម​ឆ្លាស់​ជា​ជួរ (Row intercropping) គឺ​ដាំ​ដំណាំ​ពីរ ឬ​ច្រើន​មុខ ហើយ​ដាំ​មាន​លក្ខណៈ​ជា​ជួរ ។
  3. វប្បកម្ម​ជា​ឆ្នូត (Strip intercropping) ដាំ​ដំណាំ​ពីរ ឬ​ច្រើន​មុខ តាម​ឆ្នូត​ខុសៗ​គ្នា ដែល​មាន​ទំហំ​ចន្លោះ​ឃ្លាត​គ្រប់គ្រាន់​សម​ល្មម ដើម្បី​ឲ្យ​ដំណាំ​ទាំងអស់​លូតលាស់​ដោយ​ឯករាជ្យ ប៉ុន្តែ​វា​ហាក់​ដូចជា​មាន​លក្ខណៈ​ចង្អៀត​បន្តិច សម្រាប់​ដំណាំ​មួយ​ចំនួន​ដែល​មាន​អន្តរអំពើ​ខ្លាំង ។
  4. វប្បកម្ម​ឆ្លាស់​បណ្ដាក់ (Relay intercropping) គឺជា​ការ​ដាំ​ដំណាំ​ពីរ ឬ​ច្រើន​មុខ​ក្នុង​អំឡុងពេល​មួយ​ភាគ​នៃ​វដ្ត​ជីវិត​របស់​ដំណាំ​នីមួយៗ ។ ដំណាំ​ទី​ពីរ​ត្រូវ​បាន​គេ​ដាំ បន្ទាប់​ពី​ដំណាំ​ទី​មួយ ឈាន​ទៅ​រក​វគ្គ​បន្ត​ពូជ ឬ​មុន​ពេល​ប្រមូលផល​ដំណាំ​ទី​១ ។

ពិពិធកម្ម​ដំណាំ​គឺជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដែល​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​បាន​កំណត់​ដើម្បី​សម្រេច​ទិសដៅ​ក្នុង​ការ​គ្រប់គ្រង និង​យកចិត្ត​ទុកដាក់​ទៅ​លើ​វិស័យ​អត្ថិភាព​មួយ​ចំនួន ដើម្បី​និរន្តរភាព​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម បរិស្ថាន និង​ការ​គ្រប់គ្រង​ជីវសាស្ត្រ និង​សេដ្ឋកិច្ច​សង្គម (Singh, 2000) ។

គំរូ​ដាំដុះ​ប្រែប្រួល​ទៅ​តាម​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន និង​អាស្រ័យ​ទៅ​លើ​លក្ខណៈ​ដី សណ្ឋាន​ដី ចំណង់​ចំណូល​ចិត្ត ប្រភព​ទឹក​សម្រាប់​ស្រោចស្រព និង​តម្រូវការ​ទីផ្សារ ។ ពេល​នេះ​យើង​សូម​លើក​យក​តែ​ពិពិធកម្ម​នៃ​ការ​ដាំដុះ​ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន​មក​បរិយាយ ។ គេ​បាន​ធ្វើការ​កំណត់​ប្រព័ន្ធ​ដាំដុះ​ចម្រុះ ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន​នៅ​កម្ពុជា ជា​បួន​តំបន់​ក្សេត្រ​បរិស្ថានៈ ១. តំបន់​ខ្ពង់រាប​អាស្រ័យ​ទឹកភ្លៀង ២. តំបន់​ទំនាប​អាស្រ័យ​ទឹកភ្លៀង ៣. តំបន់​ទឹក​ជម្រៅ និង ៤. តំបន់​ស្រោចស្រព ។

ក. តំបន់​ខ្ពង់រាប​អាស្រ័យ​លើ​ទឹកភ្លៀង

នៅ​តំបន់​ខ្ពង់រាប​អាស្រ័យ​ទឹកភ្លៀង កសិករ​បាន​ដាំដុះ​ដំណាំ​ស្រូវ​តែ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ ដូច​ជា​ប្រព័ន្ធ​ដាំដុះ​ស្រូវចម្ការ​ដែល​គេ​ដាំ​នៅ​កន្លែង​គ្មាន​ទឹក​ដក់ និង​មាន​លក្ខណៈ​ជា​កូន​ស្រែ​តូចៗ នៅ​ក្នុង​ស្រែ​នោះ​គេ​អាច​ធ្វើ​ដំណាំ​រួម​ផ្សំ​ផ្សេងៗ​ជាមួយនឹង​ដំណាំ​ស្រូវ ដូច​ជា​ពពួក​សណ្តែក ពោត ដំណាំ​យក​មើម និង​បន្លែ (Him, 1997) ។ ប្រព័ន្ធ​ដាំដុះ​នៅ​ក្នុង​តំបន់​នេះ ត្រូវ​បាន​គេ​ចែក​ជា​បី​ប្រភេទ​គឺ ៖

  1. ដំណាំ​រួម​ផ្សំ: មាន​ពោត បន្លែ ដំណាំ​យក​មើម ជា​ពិសេស​ដំណាំ​សណ្តែក ដែល​ជា​ដំណាំ​អាច​ធ្វើ​ជា​ជី​ស្រស់ យ៉ាង​សំខាន់​ផង​ដែរ​មុន​ការ​ដាំដុះ​ដំណាំ​ស្រូវ ។ ការ​អនុវត្ត​គំរូ​ដាំដុះ​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ខែឧសភា ដល់​ដើម​ខែសីហា ។ ការ​ដាំដុះ​មាន​លក្ខណៈ​មិន​ដូច​គ្នា​ទេ កសិករ​ខ្លះ​ដាំពោត បន្លែ និង​កសិករ​ផ្សេង​ទៀត​បាន​យកចិត្ត​ទុកដាក់​ទៅ​លើ​ដំណាំ​សណ្តែក ដូច​ជា សណ្តែកបាយ សណ្តែកអង្គុយ និង​សណ្តែកសៀង ៘
  2. ដំណាំ​ស្រូវ: បន្ទាប់​ពី​ទទួលផល​ពី​ដំណាំ​រួម​ផ្សំ កសិករ​បាន​បន្ត​ការ​ដាំ​ដំណាំ​ស្រូវ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ដែល​គេ​ពុំ​អាច​ដាំ​ដំណាំ​រួម​ផ្សំ​បាន ។ កសិករ​ដាំ​ដំណាំ​ស្រូវ​ជំនួស​វិញ​ចាប់ពី​ចុង​ខែសីហា ដល់​ខែមករា ។
  3. ដំណាំ​បន្ទាប់​ពី​ដំណាំ​ស្រូវ: នៅ​ពេល​ប្រមូលផល​ស្រូវ​រួច​ហើយ កសិករ​អាច​ដាំ​ដំណាំ​រួម​ផ្សំ​មួយ​ចំនួន​មាន​បន្លែ ពោត ឪឡឹក សណ្តែកបាយ សណ្តែកអង្គុយ ចាប់ពី​ខែមករា​-​មេសា ដោយ​មាន​ការ​ស្រោចស្រព​បន្ថែម​ខ្លះៗ ។

ខ. តំបន់​វាលទំនាប​អាស្រ័យ​ទឹកភ្លៀង

នៅ​វាលទំនាប​អាស្រ័យ​ទឹកភ្លៀង កសិករ​អាច​ដាំដុះ​ដំណាំ​ស្រូវ​បាន​ពី ១ ទៅ ២​ដង គឺ​មាន​គំរូ​ដាំដុះ​ស្រូវ ។ ការ​ដាំដុះ​ដំណាំ​ស្រូវ​នៅ​តំបន់​នេះ មាន​លក្ខណៈ​ជា​ដីស្រែ​ធំៗ ។ គេ​ដាំដុះ​ដំណាំ​ស្រូវ​មានពូជ​ស្រាល ដែល​អាច​ដាំ​បាន​ពីរ​ដង​ក្នុង ១​ឆ្នាំ រីឯ​ចំពោះ​ពូជស្រូវ​ក្នុងស្រុក គេ​អាច​ដាំ​បាន​តែ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ ដោយសារ​វា​មាន​រយៈពេល​មធ្យម​ទៅ​វែង ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​លើ​ដីស្រែ​តំបន់​នេះ​កសិករ​អាច​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេងៗ នៅ​ពេល​មុន និង​ក្រោយ​ដាំ​ដំណាំ​ស្រូវ ។ ប្រព័ន្ធ​ដាំដុះ​សំខាន់ៗ​នៅ​ក្នុង​តំបន់​នេះ​រួម​មាន ៖

  1. ការ​ដាំដុះ​ដំណាំ​រួម​ផ្សំ: មាន​សណ្តែក ពោត បន្លែ និង​ដំណាំ​ផ្សេងៗ​ទៀត គឺ​ដាំ​នៅ​មុន​ដំណាំ​ស្រូវ​ក្នុង​ខែមករា និង​ឧសភា និង​ដាំ​ដំណាំ​ស្រូវ​ពីរ​ដង ដែល​មាន​គំរូ​ដាំដុះ​ដំណាំ​រួមផ្សំ​-​ស្រូវ និង​ស្រូវ (ពូជ​ស្រាល)-​ស្រូវ ។
  2. ដំណាំ​ស្រូវ​តែ​មួយ​មុខ: ចំពោះ​ពូជស្រូវ​ស្រាល​គេ​អនុវត្ត​បាន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ និង​ចំពោះ​ស្រូវកណ្តាល និង​ធ្ងន់ គេ​ដាំ​បាន​មួយ​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ។

គ. តំបន់​ស្រូវ​ឡើង​ទឹក (ទឹក​ជម្រៅ)

ជា​ទូទៅ​ដំណាំ​ស្រូវ​នៅ​តំបន់​នេះ គេ​អាច​ធ្វើ​តែ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​គេ​អាច​ដាំ​បាន​ពីរ​ដង​ផង​ដែរ​គឺ​អាស្រ័យ​លើ​ប្រព័ន្ធ​ស្រោចស្រព​បន្ថែម ។ ការ​ដាំ​លើក​ទី​មួយ​គឺ​ស្រូវ​ឡើង​ទឹក នៅ​ពេល​ប្រមូលផល​ស្រូវ​ឡើង​ទឹក​រួច​គេ​អាច​បន្ត​ការ​ដាំដុះ​ស្រូវប្រាំង​ទៀត​ផង ។ នៅ​រដូវវស្សា​ទឹក​បាន​លិច​តំបន់​នេះ​ទាំងស្រុង ធ្វើ​ឲ្យ​ដី​តំបន់​នេះ​សម្បូរ​ជីជាតិ​យ៉ាងច្រើន​សម្រាប់​ដំណាំ​ស្រូវ និង​ដំណាំ​ចម្ការ​ផ្សេង​ទៀត ។ នៅ​រដូវ​ទឹកសម្រក​គេ​អាច​ដាំ​ដំណាំ​ចម្ការ​ធំៗ​ដូច​ជា​ឪឡឹក ពោត ដំណាំ​យក​មើម សណ្តែកបាយ សណ្តែកសៀង និង​ថ្នាំជក់ ។ល ។

ប្រព័ន្ធ​ដាំដុះ​សំខាន់ៗ​នៅ​តំបន់​នេះ​រួម​មាន ស្រូវ​-​ដំណាំ​រួមផ្សំ ឬ​ដំណាំ​រួមផ្សំ​-​ស្រូវ​-​ស្រូវ ។ ចំពោះ​ដំណាំ​ស្រូវ​រដូវវស្សា កសិករ​អនុវត្ត​ការ​ដាំដុះ​ពី​ខែឧសភា ដល់​ខែវិច្ឆិកា ចំណែកឯ​ស្រូវប្រាំង​កសិករ​ដាំដុះ​ពី​ដើមខែ​ធ្នូ រហូត​ដល់​ខែមីនា ដោយ​ដាំដុះ​ជា​បន្តបន្ទាប់ ។

ឃ. តំបន់​ស្រោចស្រព

ដំណាំ​ស្រូវ​នៅ​តំបន់​នេះ កសិករ​អាច​ដាំ​បាន​ពី​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ឆ្នាំ និង​ប្រែប្រួល​ទៅ​តាម​តំបន់​ដែល​មាន​ប្រភព​ទឹក ដោយ​តំបន់​ខ្លះ​គ្រាន់តែ​ស្រោចស្រព​បន្ថែម និង​តំបន់​ខ្លះ​ទៀត​ស្រោចស្រព​ទាំងស្រុង (Sor, 2003) ។

  1. ប្រព័ន្ធ​ដាំដុះ​នៅ​តំបន់​ស្រោចស្រព​មិន​ពេញលេញ: កសិករ​អាច​ដាំ​ដំណាំ​សណ្តែក​នៅ​មុន និង​បន្ទាប់​ពី​ស្រូវ ។ ម្យ៉ាងវិញទៀត​នៅ​ក្នុង​តំបន់​ស្រោចស្រព​មិន​ពេញលេញ​នេះ កសិករ​អាច​ដាំ​ស្រូវ​បាន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ និង​ដំណាំ​រួមផ្សំ​ ដូចជា ពោត សណ្តែក និង​បន្លែ បន្ទាប់​ពី​ស្រូវ ។
  2. ប្រព័ន្ធ​ដាំដុះ​ស្រោចស្រព​ពេញលេញ: កសិករ​អាច​ដាំ​ដំណាំ​សណ្តែក បន្លែ និង​ដំណាំ​ស្រូវ​ពីរ​ដង ឬ​បី​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​គាត់​អនុវត្ត​ការ​ដាំ​ដំណាំ​រួម​ផ្សំ​បាន​នៅ​រដូវប្រាំង នៅ​ក្នុង​ខែមករា មេសា ដល់​ខែមិថុនា មាន​ពពួក​ដំណាំ​សណ្តែក និង​ដំណាំ​បន្លែ ។ នៅ​ខែមិថុនា ឬ​កក្កដា ដល់​ខែកញ្ញា ការ​ដាំដុះ​ស្រូវ​លើក​ទី​មួយ និង​លើក​ទី​ពីរ នៅ​ចុង​ខែកញ្ញា ដល់​ខែធ្នូ ។ ការ​ដាំដុះ​ស្រូវ​លើក​ទី​ពីរ និង​ដំណាំ​រួម​ផ្សំ​ចាប់ពី​ចុង​ខែមករា ដល់​ខែមេសា ។
សេចក្តីសន្និដ្ឋាន និង​អនុសាសន៍

ការ​ធ្វើ​ពិពិធកម្ម​ដំណាំ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការ​បង្កើន​ចំណូល​សរុប​ដែល​នាំ​មក​នូវ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ សុវត្ថិភាព​នៃ​ប្រព័ន្ធ​ជីវសាស្ត្រ​បរិស្ថាន និង​ជា​រួម គឺ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ។ យ៉ាងណាមិញ ជោកជ័យ​នៃ​កម្មវិធី​ពិពិធកម្ម​ដំណាំ ត្រូវការ​នូវ​ការ​វិនិយោគ​លើ​វិស័យ​រួម​ផ្សំ​មួយ​ចំនួន​ទៀត​ ដូច​ជា ការ​កែទម្រង់​នៃ​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ដីធ្លី ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ធ្វើការ​ផ្សព្វផ្សាយ​នូវ​បច្ចេកវិទ្យា​កសិកម្ម និង​ព័ត៌មាន​ស្តីពី​បណ្ដាញ​ទីផ្សារ និង​សំខាន់​បំផុត​នោះ​គឺ​ការ​ផ្តល់​នូវ​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ខ្ចី​ទុន​សម្រាប់​វិនិយោគ ។

ខាងក្រោម​គឺជា​អនុសាសន៍​មួយ​ចំនួន ដែល​គួរ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ មុន​នឹង​សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​ពិពិធកម្ម​ដំណាំ ៖

  • ការ​ធ្វើ​ពិពិធកម្ម​ដំណាំ​អាច​ចាប់​ផ្ដើម​ឡើង​តាម​រយៈ​គោលការណ៍​ពីរ ដែល​មាន​អន្តរ​អំពើ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ ពិពិធកម្ម​ខ្សែ​ផ្ដេក (Horizontal diversification) ដែល​យក​ដំណាំ​ជា​កត្តា​សំខាន់ ដោយ​ធ្វើការ​ពង្រីក ឬ​បន្ថែម​នូវ​មុខ​ដំណាំ​ច្រើន ប្រភេទ​ទៅ​ក្នុង​ប្រព័ន្ធ​ដាំដុះ​ដែល​គេ​និយម​ចូល​ចិត្ត ទៅ​តាម​តំបន់​នីមួយៗ និង​ពិពិធកម្ម​ខ្សែ​បញ្ឈរ (Vertical diversification) ជា​សកម្មភាព​បន្ត​ដែល​បន្ថែម​នូវ​តម្លៃ​ផលិតផល​ដែល​សម្រេច​បាន គឺ​នៅ​ដំណាក់កាល​នេះ បង្ហាញ​នូវ​ការ​កែច្នៃ​ផលិតផល​តាម​បែប​ឧស្សាហកម្ម និង​ចំណូល​ទុន​សេដ្ឋកិច្ច​របស់​វា ។
  • ជា​គោលការណ៍​ការ​ធ្វើ​ពិពិធកម្ម គឺ​អាស្រ័យ​លើ​តម្រូវការ​ទីផ្សារ ហើយ​ក៏​គ្មាន​ហេតុផល​ណាមួយ​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​នៃ​ដំណាំ​ដែល​តម្រូវការ​ទីផ្សារ​មាន​តិចតួច ។ ក្នុង​ករណី​នេះ​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ នៃ​ផលិតកម្ម​ពិពិធកម្ម​ដំណាំ ដោយ​ផ្តល់​នូវ​ភាព​សម​ស្រប​ខាង​ទីផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធ ។ គេ​គួរ​ពិចារណា​ផង​ដែរ ក្នុង​ការ​រក្សា​តុល្យភាព​រវាង​តម្រូវការ​អាហារ​គ្រប់គ្រាន់ (Self-sufficiency) និង​តម្រូវការ​អាហារ​ពឹងផ្អែក​ផ្សេង​ទៀត (Self-reliance) ។
  • ស្រូវ គឺជា​ដំណាំ​អាហារ​ចម្បង​របស់​ប្រជាជន ប៉ុន្តែ​ជា​ទូទៅ​ការ​វិនិយោគ​លើ​ផលិតកម្ម​ដំណាំ​ស្រូវ​តែ​មួយ​មុខ បាន​ផ្តល់​នូវ​ចំណូល​មាន​កម្រិត ។ ដូចនេះ ការ​កែ​លម្អ​នូវ​ប្រព័ន្ធ​ដាំដុះ​ឲ្យ​មាន​និរន្តរភាព និង​ការ​ផ្លាស់​ប្តូរ ឬ​ជំនួស​តំបន់​ដែល​ធ្លាប់​ដាំ​ស្រូវ ដោយ​ដំណាំ​ដែល​មាន​តម្លៃ​ខ្ពស់ គឺជា​ដំណោះស្រាយ​ដ៏​សម​ស្រប​មួយ ។ ជម្រើស​ផ្សេង​ទៀត​នៃ​ប្រព័ន្ធ​ដាំដុះ​តំបន់​ខ្ពង់រាប គួរ​ត្រូវ​បាន​ធ្វើការ​ពិចារណា​ដោយ​បញ្ចូល​នូវ​ការ​ដាំដុះ​ពពួក​ឈើ​ហូប​ផ្លែ និង​បន្លែ ដែល​ជា​មធ្យោបាយ​មួយ​នៃ​ពិពិធកម្ម​ដំណាំ​គ្រួសារ ។
  • មាន​ការ​ប្រឹងប្រែង​ជា​ច្រើន​នៅ​ក្នុង​ការ​បង្កើត​ឡើង នូវ​មុខ​ដំណាំ​ពិសេសៗ​ហើយ​ថ្មី និង​ដាំដុះ​មិន​ប្រកាន់​រដូវ ហើយ​មាន​សារប្រយោជន៍​ច្រើន​ជាង ។ ដំណាំ​ទាំងនោះ​រួម​មាន ដំណាំ​កសិ-​ឧស្សាហកម្ម​ឈើ​ហូប​ផ្លែ បន្លែ និង​ពពួក​ផ្កា ដែល​ជា​ការ​ផ្តល់​នូវ​ឱកាស​ថ្មី​មួយ​សម្រាប់​អ្នក​ប្រកប​របរ​នេះ ។ គេ​ក៏​បាន​កត់សម្គាល់​ឃើញ​ផង​ដែរ​ថា មាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ទៅ​លើ​ប្រភេទ​ដំណាំ ដែល​ប្រើប្រាស់​បាន​ច្រើន​មុខ ហើយ​មាន​សារប្រយោជន៍​សម្រាប់​ការ​ធ្វើ​ពិពិធកម្ម នៃ​វិស័យ​កែច្នៃ​កសិផល​កម្រិត​តូច​ទៅ​តាម​តំបន់ ឬ​នៅ​ទូទាំង​ប្រទេស​ក្នុង​ន័យ​ដើម្បី​បង្កើន​ផលិតភាព និង​ការ​ផ្តល់​ឱកាស​ការងារ ។
  • ការ​កែ​លម្អ​គ្រាប់ពូជ និង​ផ្នែក​ដទៃ​ទៀត​នៃ​ពូជ​ដំណាំ សម្រាប់​ពិពិធកម្ម​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ត្រូវ​បាន​កត់សម្គាល់ ។ ផលិតកម្ម​គ្រាប់ពូជ​ប្រកបដោយ​គុណភាព តាម​រយៈ​កម្មវិធី​នៃ​ផលិតកម្ម​គ្រាប់ពូជ​ថ្នាក់​ជាតិ និង​ការ​អភិវឌ្ឍ​គ្រាប់ពូជ​អ៊ីប៊្រីដ (Hybrid seed) ក៏​ត្រូវ​បាន​យកចិត្ត​ទុកដាក់ ។ ការ​ពង្រីក​នូវ​ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ និង​ឯកជន​ក្នុង​ការ​ផលិត​គ្រាប់ពូជ និង​ផ្នែក​ដទៃ​ទៀត​នៃ​ដំណាំ មាន​តួនាទី​សំខាន់​ណាស់​ក្នុង​វិស័យ​ពិពិធកម្ម​ដំណាំ ។ ការងារ​នេះ​ត្រូវធ្វើ​ឡើងជា​ជំហានៗ ដើម្បី​ពង្រីក​នូវ​ប្រសិទ្ធភាព ទាំង​ថ្នាក់​ជាតិ និង​ក្នុង​តំបន់​លើ​ផ្នែក​សន្តិសុខ​គ្រាប់ពូជ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ជាមួយ​ប្រទេស​នានា ។
  • ការ​ថយ​ចុះ​នូវ​ជីជាតិ​ដី ដោយសារ​ការ​ធ្វើ​ប្រពលវប្បកម្ម​ដំណាំ​បន្ត​បន្ទាប់ ក្នុង​រយៈពេល​យូរអង្វែង​គួរ​ត្រូវ​ពិចារណា និង​រក​មធ្យោបាយ​កែ​លម្អ ។ ការ​ប្រើប្រាស់​ដោយ​ផ្ទាល់​នូវ​ជីសរីរាង្គ ជា​ពិសេស​ជី​លាមក​សត្វ គឺជា​មធ្យោបាយ​មួយ ក្នុង​ការ​ផ្តល់​ដល់​ដី​វិញ​នូវ​ជីជាតិ ឬ​ធ្វើ​ដំណាំ​បង្វិល (Crop rotation) និង​ការ​បញ្ចូល​នូវ​ដំណាំ​ជី​ស្រស់ និង​ដំណាំ​អាហារ​អម្បូរ​សណ្តែក​ទៅ​ក្នុង​ប្រព័ន្ធ​ដាំដុះ​ចម្រុះ ។
  • ការ​ចូលរួម​របស់​កសិករ​គឺ​ជា​ប្រការ​សំខាន់​នៅ​គ្រប់​ដំណើរ​ការងារ​ពិពិធកម្ម​ដំណាំ ព័ត៌មាន​បណ្ដោះអាសន្ន​ស្តីពី​មុខ​ដំណាំ​ថ្មីៗ បច្ចេកវិទ្យា​ប្រើប្រាស់​សក្តានុពល​ទិន្នផល បណ្តាញ​ទីផ្សារ និង​ចំណូល​គ្រោងទុក មាន​សារសំខាន់​ណាស់​ដើម្បី​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ពិពិធកម្ម​ដំណាំ​ប្រកបដោយ​ជោកជ័យ ។ លើស​ពី​នេះ​ទៅ​ទៀត តម្រូវការ​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​លើ​សមត្ថភាព​ជំនាញ និង​ឯកសារ​ផ្សេងៗ​ដែល​ជា​ប្រភព​ព័ត៌មាន​ចាំបាច់ ដូច​ជា​សៀវភៅ​គន្លឹះ​សម្រាប់​អនុវត្ត​នៅ​ទីវាល សម្ភារៈ​ផ្សព្វផ្សាយ ៘ សម្រាប់​ប្រើប្រាស់​ដោយ​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ គួរ​ត្រូវ​ចាត់​ទុក​ថា​មាន​សារសំខាន់​ណាស់​ដែរ ។
  • ជា​រួមការ​ទទួលស្គាល់​នូវ​អត្ថប្រយោជន៍​នៃ​ពិពិធកម្ម​ដំណាំ ថា​ជា​កត្តា​ចម្បង​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ បង្កើន​ចំណូល​គ្រួសារ រក្សា​ភាព​សមធម៌ និង​អភិរក្ស​ធនធានធម្មជាតិ ។ ដើម្បី​លើក​ស្ទួយ​វិស័យ​ពិពិធកម្ម​ដំណាំ យន្តការ​ដ៏​ល្អ​មួយ​គួរ​ត្រូវ​បា​នបង្កើត​ឡើង​ដោយ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​អង្គការ​អន្តរជាតិ និង​រដ្ឋាភិបាល ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​គំនិត​ផ្តួចផ្តើម​ខាងលើ​នេះ ។

៧.៤. ប្រព័ន្ធ​កសិកម្ម​ចម្រុះ

ទិន្នផល​ស្រូវ​នៅ​ប្រទេស​កម្ពុជា​យើង ជា​មធ្យម​មាន​ប្រមាណ​តែ ១,៥-២,១ តោន/ហិកតា​ប៉ុណ្ណោះ នេះ​គឺជា​តួលេខ​ទាប​បំផុត​នៅ​ទ្វីបអាស៊ី (Nesbitt, 1997; Ouk et al., 2001; MAFF- 2003) ។ មូលហេតុ​នេះ គឺ​អាស្រ័យ​ដោយ​យើង​ធ្វើការ​ដាំដុះ​នៅ​លើ​ស្រែ​ដែល​អាស្រ័យ​ដោយ​ទឹកភ្លៀង ខុស​ពី​ប្រទេស​ជិតខាង​យើង​ដែល​ភាគច្រើន​គេ​ដាំ​ស្រូវ​ផ្អែក​លើ​ប្រព័ន្ធ​ស្រោចស្រព​គ្រប់គ្រាន់ ។ ដី​ជា​ច្រើន​កន្លែង​នៅ​តំបន់​ទំនាប​អាស្រ័យ​ដោយ​ទឹកភ្លៀង​ក្នុង​ប្រទេស​កម្ពុជា គឺ​បាត់បង់​នូវ​ជីជាតិ​បន្តិច​ម្តងៗ ប៉ុន្តែ​បើ​គេ​ដាក់​ជី​បន្ថែម​ជាមួយ​និង​ការ​គ្រប់គ្រង​ទឹក​បាន​ល្អ​នោះ អាច​បង្កើន​នូវ​ទិន្នផល​សរុប ។ ក៏​ប៉ុន្តែ​ដោយ​របប​ទឹកភ្លៀង​មាន​ការ​ប្រែប្រួល បណ្ដាល​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ទឹក​ក្នុង​ស្រែ​ឲ្យ​បាន​ត្រឹមត្រូវ ។ ដូចនេះ ភាពរាំងស្ងួត ទឹកជំនន់ និង​ដី​ខ្សត់​ជីជាតិ​បាន​ធ្វើ​ឲ្យ​ទិន្នផល​មាន​កម្រិត​ទាប ។

គុណវិបត្តិ​ផ្សេង​ទៀត​នៃ​ការ​ដាំដុះ​នៅ​តំបន់​ស្រែ​អាស្រ័យ​ទឹកភ្លៀង គឺ​កសិករ​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​ធ្វើ​ផលិតកម្ម​ស្រូវ​តែ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ​សម្រាប់​បម្រើ​ការ​ហូប​ចុក និង​លក់ដូរ ។ ក្នុង​រដូវប្រាំង​មាន​រយៈពេល​វែង​បើសិនជា​គ្មាន​ការ​ស្រោចស្រព​នោះ​ទេ ការ​ដាំដុះ​មុន និង​ក្រោយ​ដំណាំ​ស្រូវ​មាន​ការ​លំបាក ។ ដំណោះស្រាយ​មួយ​ដើម្បី​ឲ្យ​មាន​ទឹក​គ្រប់គ្រាន់​គឺ ធ្វើការ​កែប្រែ​ដី​ដោយ​ជីក​ប្រឡាយ ហើយ​យក​អាចម៍ដី​លើក​ជា​រង ។ ប្រព័ន្ធ​កសិកម្ម​ចម្រុះ​គឺជា​វិធានការ​ដាំដុះ​ដែល​មាន​លក្ខណៈ​ប្រមូល​ផ្ដុំ​មួយ រួម​មាន ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ ដំណាំ​បន្លែ ឈើ​ហូប​ផ្លែ ដំណាំ​រួម​ផ្សំ​ផ្សេងៗ​ទៀត និង​ការ​ចិញ្ចឹមសត្វ និង​ត្រី​ផង​ដែរ ។

៧.៤.១. បច្ចេកទេស​កែប្រែ​ស្ថានភាព​ដី

ផលិតផល​ពី​ការ​ដាំដុះ​ឯកវប្បកម្ម​ដំណាំ​ស្រូវ ជា​មធ្យម​បាន​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ​កសិករ ក្នុង​រយៈពេល​ប្រហែល​ពី ៧ ដល់ ១០​ខែ​ក្នុង​មួយ​ឆ្នាំ ។ ដូច្នេះ កសិករ​មាន​ការ​ខ្វះខាត​អាហារ ជា​ទូទៅ​មុន​ពេល​ប្រមូលផល​ស្រូវ ។ ការ​ដាំដុះ​ដំណាំ​ស្រូវ​ទាំងនេះ ក៏​ស្ថិត​នៅ​ក្រោម​ភាព​ប្រថុយប្រថាន (Risk) ពី​ការ​បំផ្លាញ​ដោយ​កត្តា​ផ្សេងៗ ដូច​ជា សត្វល្អិត ជំងឺ ភ្លៀង​ធ្លាក់​មិន​ទៀងទាត់ ។ នៅ​ឆ្នាំ​ខ្លះ​ភ្លៀង​ធ្លាក់​មាន​ការ​យឺតយ៉ាវ ឬ​ទឹកជំនន់​លិចលង់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ទាំងស្រុង​ដល់​ដំណាំ​ស្រូវ ។ ម្យ៉ាងវិញទៀត​ប្រព័ន្ធ​បញ្ចេញ​បញ្ចូល​ទឹក ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការងារ​បង្កបង្កើន​ផល​ស្រូវ​ឡើយ ។

អ្នក​ស្រាវជ្រាវ​ផ្នែក​កសិកម្ម​ជា​ច្រើន បាន​យកចិត្ត​ទុកដាក់​លើ​យុទ្ធវិធី​ដាំដុះ​ដំណាំ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ខាត​ស្បៀង ។ ក្នុង​ចំណោម​វិធីសាស្ត្រ​ដាំដុះ​ទាំងនេះ គឺ​ការ​កែប្រែ​ស្ថានភាព​ដី​ដើម្បី​ធ្វើ​ប្រព័ន្ធ​កសិកម្ម​ចម្រុះ ។ ប្រព័ន្ធ​កសិកម្ម​បែប​នេះ មាន​គោលបំណង​ជួយ​កសិករ​ឲ្យ​ផលិត​ចំណីអាហារ​គ្រប់គ្រាន់ សម្រាប់​ការ​បរិភោគ​ក្នុង​គ្រួសារ និង​សម្រាប់​លក់​ខ្លះ​ដើម្បី​ដោះស្រាយ​ជីវភាព ។ គំរូ​ទូទៅ​នៃ​ការ​កែប្រែ​ស្ថានភាព​ដី​របស់​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​មាន​បង្ហាញ​នៅ​ក្នុង​រូបភាព ៧.១ ។

រូបភាព ៧.១ គំរូ​ទូទៅ​នៃ​ការ​កែប្រែ​ស្ថានភាព​ដី

ការ​កែប្រែ​ស្ថានភាព​ដី​បង្កើត​ភាព​សម​ស្រប​សម្រាប់​ដំណាំ​ចម្ការ និង​ដំណាំ​ស្រូវ ។ ប្រឡាយ​អាច​ប្រើប្រាស់​ជា​ប្រភព​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ចម្ការ និង​សម្រាប់​ចិញ្ចឹម​ត្រី ។ លើស​ពី​នេះ​ទៀត ប្រឡាយ​ទាំងនេះ​អាច​ផ្ទុក​ទឹក​ទុក​សម្រាប់​ស្រោចស្រព​បន្ថែម​នៅ​ពាក់​កណ្ដាល ឬ​ចុងរដូវ​ប្រាំង និង​ការ​ខ្វះខាត​នៅ​រដូវវស្សា​ផង​ដែរ ។

ប្រព័ន្ធ​ដាំដុះ​គំរូ​មួយ​ដែល​បាន​អនុវត្ត​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ក្នុង​ការ​កែប្រែ​ស្ថានភាព​ដី​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩៨ ។ ការ​ស្រាវជ្រាវ​នេះ គ្របដណ្តប់​លើ​ផ្ទៃដី ១,២ ហិកតា និង​ស្ថិត​នៅ​លើ​ប្រភេទ​ដី​ប្រទះឡាង​នៃ​ចំណាត់ថ្នាក់​ដី (White et al., 1997) ដែល​ជា​ប្រភេទ​ដី​សម្បូរ​ទៅ​ដោយ​ល្បាយខ្សាច់ និង​ខ្វះ​ជីជាតិ ។ ការ​កែប្រែ​ស្ថានភាព​ដី រួម​មាន​ផ្ទៃដី​ខ្ពស់ ដោយ​រៀបចំ​ជា​ថ្នាល ឬ​រង សម្រាប់​ដាំ​ឈើ​ហូប​ផ្លែ ដំណាំ​បន្លែ និង​ដំណាំ​ផ្សេងៗ​ទៀត ដីស្រែ​សម្រាប់​ដាំ​ដំណាំ​ស្រូវ និង​ប្រឡាយ សម្រាប់​ចិញ្ចឹម​ត្រី និង​សម្រាប់​ស្តុក​ទឹក​រក្សា​ទុក​ធ្វើការ​ស្រោចស្រព​ដំណាំ​នៅ​រដូវប្រាំង ។

រង​ទាំងអស់​ត្រូវ​បាន​ធ្វើការ​ដាំដុះ​ដំណាំ​ឈើ​ហូប​ផ្លែ​ផ្សេងៗ​គ្នា ដូច​ជា ដាំ​ស្វាយ ខ្នុរ អម្ពិលផ្អែម ល្មុត និង​ត្របែក ។ ដំណាំ​ឈើ​ហូប​ផ្លែ​ទាំង​អស់នោះ​បាន​ដុះ​លូតលាស់​ល្អ ប៉ុន្តែ នៅ​ឆ្នាំ​១៩៩៩-២០០០ ដោយសារ​ទឹកជំនន់​បាន​លិចលង់​លើ​ថ្នាល​រយៈពេល ២​សប្ដាហ៍ ធ្វើ​ឲ្យ​ដំណាំ​មួយ​ចំនួន​ងាប់​ស្ទើរ​តែ​ទាំងអស់ តែ​ក្រោយ​មក​យើង​បាន​ដាំ​ស្វាយ​នៅ​គ្រប់​ថ្នាល​ជំនួស​វិញ ហើយ​ដំណាំ​ស្វាយ​ទាំងអស់​មាន​ការ​ដុះ​លូតលាស់​ល្អ​ប្រសើរ ។ ក្នុង​ចំណោម​ដំណាំ​ឈើ​ហូប​ផ្លែ​ទាំងអស់ ដំណាំ​ស្វាយ និង​ត្របែក​បាន​ផ្ដល់​ផល​ល្អ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​បំផ្លិចបំផ្លាញ​ពី​កត្តាចង្រៃ​ក៏​ជា​ឧបសគ្គ​មួយ​ដ៏​ចម្បង​ដែរ ។

ដំណាំ​ត្របែក​បាន​ដុះ​លូតលាស់​ល្អ​នៅ​ឆ្នាំ​ទី​១ និង​ចាប់​ផ្ដើម​ឲ្យ​ផល​រយៈពេល ១​ឆ្នាំ​បន្ទាប់​ពី​ដាំ ហើយ​បន្ត​រហូត​ដល់​ពេល​បច្ចុប្បន្ន ។

ផ្ទៃដី​សម្រាប់​ដំណាំ​ស្រូវ​មាន ០,២៥ ហិកតា ជា​រៀង​រាល់​ឆ្នាំ យើង​បាន​ដាំដុះ​ស្រូវ​ពូជ​សន្តិភាព ៣ ឬ​ពូជ​សែនពិដោរ​ដែល​ជា​ទូទៅ​ច្រើន​ចាប់​ផ្ដើម​នៅ​ខែមិថុនា ឬ​កកដ្កា និង​ប្រមូលផល​នៅ​ខែវិច្ឆិកា ។ ទិន្នផល​ស្រូវ​ជា​មធ្យម ៣-៣.៥ តោន​ក្នុង ១​ហិកតា ដោយ​ប្រើប្រាស់​កម្រិត​ជី ៣០-២០-២០ (គក​ក្នុង ១​ហិកតា) នៃ​ប្រភេទ​ជី អាសូត ផូស្វ័រ និង​ប៉ូតាស្យូម ក្នុង​នោះ ១០០ ភាគរយ​នៃ​បរិមាណ​ផូស្វ័រ និង​ប៉ូតាស្យូម ៥០​ភាគរយ​នៃ​ជី​អាសូត ត្រូវ​បាច​ទ្រាប់​បាត និង ៥០ ភាគរយ​នៃ​ជី​អាសូត​ដែល​នៅ​សល់​ត្រូវ​បាច​បំប៉ន​នៅ​ពេល​កំណកំណើត​កួរ ។ ក្រោយ​ពេល​ប្រមូលផល​ស្រូវ​រួច ស្រែ​ទាំងនោះ​ត្រូវ​បាន​ធ្វើការ​ភ្ជួរ​រាស់ ដើម្បី​ដាំដុះ​ដំណាំ​អម្បូរ​សណ្តែក (Leguminous crops) ដូច​ជា សណ្ដែកបាយ សណ្តែកសៀង និង​បន្លែ ដូច​ជា ត្រសក់ស្រូវ និង​ឪឡឹក ជាដើម ។ ដើម្បី​ជួយ​កែប្រែ​កម្រិត​ជីជាតិ​ដី​ប្រកបដោយ​និរន្តរភាព ។

តារាង ៧.១ មុខ​ដំណាំ​ដែល​បាន​ដាំដុះ​នៅ​ថ្នាល​ពិសោធន៍​រយៈពេល​៦​ឆ្នាំ

តារាង ៧.២ ចំណូល​សរុប​នៃ​ផលិតផល​ពី​ប្រព័ន្ធ​កែប្រែ​ស្ថានភាព​ដី​នៅ​វិទ្យាស្ថាន CARDI

បន្ថែម​លើ​ដំណាំ​ទាំងនេះ ត្រី ទា មាន់ ជ្រូក ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​នោះ​ដែរ ។ ត្រី​ទីឡាព្យា ត្រី​ឆ្ពិន ត្រី​កាប​ស និង​ត្រី​កាប​សាមញ្ញ ត្រូវ​បាន​ចិញ្ចឹម​នៅ​ក្នុង​ប្រឡាយ និង​ស្រះ​នៅ​ក្នុង​ប្រព័ន្ធ ពេល​ដែល​មាន​ទឹក​គ្រប់គ្រាន់ ហើយ​ត្រី​ទាំងនោះ​ត្រូវ​បាន​ប្រមូលផល​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ មក ។ ទ្រុង​ជ្រូក​ត្រូវ​បាន​សាងសង់​នៅ​លើ​ប្រឡាយ​ចិញ្ចឹម​ត្រី ហើយ​លាមក​ជ្រូក​ធ្លាក់​ក្នុង​ប្រឡាយ អាច​ជា​ចំណី​បន្ថែម​សម្រាប់​ត្រី ។

ការ​ស្រាវជ្រាវ​លើ​ការ​កែប្រែ​ស្ថានភាព​ដី​នៅ​ក្នុង​វិទ្យាស្ថាន​បាន​បង្ហាញ​ថា ដី​ត្រូវ​បាន​កែ​លម្អ បន្ទាប់​ពី​ការ​ដាំដុះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ការ​ដាំដុះ​ដំណាំ​ឆ្លាស់​បាន​អនុវត្ត​ជា​បន្តបន្ទាប់ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ជីជាតិ​ដី​ឲ្យ​មាន​លក្ខណៈ​ប្រសើរ​ឡើង ។ ការ​លក់​ផលិតផល​ដែល​ទទួល​បាន​ពី​ប្រព័ន្ធ​ ដូច​ជា ដំណាំ​ស្រូវ ដំណាំ​រួម​ផ្សំ​ផ្សេងៗ ឈើ​ហូប​ផ្លែ ត្រី និង​សត្វ​ចិញ្ចឹម បាន​បង្កើន​ប្រាក់​ចំណូល ប្រភព​ប្រាក់​ចំណូល​ពី​សកម្មភាព​នីមួយៗ​គិត​ជា​ភាគរយ​ក្នុង​រយៈពេល ៦ ឆ្នាំ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ចិញ្ចឹម​សត្វ ឈើ​ហូប​ផ្លែ និង​ដំណាំ​រួម​ផ្សំ​ផ្សេងៗ គឺ​ទទួល​បាន​ច្រើន​ជាង​ដំណាំ​ស្រូវ (រូបភាព ៧.២) ។

រូបភាព ៧.២ ប្រភព​ប្រាក់​ចំណូល​នៃ​ការ​អនុវត្ត​ប្រព័ន្ធ​កែប្រែ​ស្ថានភាព​ដី​គិត​ជា​ភាគរយ​ក្នុង​រយៈពេល​៦​ឆ្នាំ (១៩៩៨-២០០៣)

៧.៤.២. វប្បកម្ម​ស្រូវ និង​មច្ឆាជាតិ

នៅ​ប្រទេស​កម្ពុជា​មាន​ពាក្យស្លោក​មួយ​ឃ្លា​ពោល​ថា «ទីណា​មាន​ទឹក ទីនោះ​មាន​ត្រី» ។ ជា​ការ​ពិត​ណាស់ វាលស្រែ​នៅ​ប្រទេស​កម្ពុជា​នា​រដូវប្រាំង​បាន​រីង​ហួតហែង លុះដល់​រដូវវស្សា​ធ្លាក់​ភ្លៀង​ ស្រាប់តែ​កើត​មាន​ត្រី​ពង កូន​ព្រោងព្រាត​តាម​វាលស្រែ​នានា ។ នេះ​ដោយសារ​ត្រី​មេ​ពូជ​ដែល​នៅ​សេសសល់​ពី​ចាប់​បាន​លាក់ខ្លួន​នៅ​តាម​ស្រះ​ថ្លុក ត្រពាំង បឹងបួរ​ទាំងឡាយ លុះដល់​ភ្លៀង​ធ្លាក់​លិច​ស្រះ​ត្រពាំង​ទាំងនោះ ត្រី​ក៏​ចេញ​ទៅ​បន្ត​ពូជ​តាម​វាលស្រែ​នេះ​ជា​ភាព​អំណោយផល​នៃ​លក្ខខណ្ឌ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន​ផល​ត្រី​ក្នុង​ធម្មជាតិ ក៏​ដូច​ជា​ក្នុង​ស្រែ​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង ដោយសារ​កំណើន​នៃ​តម្រូវការ និង​ភាព​អនាធិបតេយ្យ​ក្នុង​ការ​នេសាទ ។ ដើម្បី​បំពេញ​បន្ថែម​នូវ​ភាព​ខ្វះខាត​នោះ ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ គឺជា​យុទ្ធសាស្ត្រ​មួយ​ត្រូវ​បាន​ធ្វើការ​ពិសោធន៍​សាកល្បង និង​ផ្សព្វផ្សាយ​ដល់​ប្រជា​កសិករ ។

ដីស្រែ​ដែល​ប្រើប្រាស់​សម្រាប់​ដំណាំ​ស្រូវ ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​មាន​ផលប្រយោជន៍​មួយ​ទៀត គឺ​ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ ។ ត្រី និង​ស្រូវ​មាន​អន្តរអំពើ ដោយ​ទទួល​បាន​ប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក គេ​អាច​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​ដើម្បី​គ្រប់គ្រង​សត្វល្អិត​ដែល​បំផ្លាញ​ដំណាំ​ស្រូវ​ផង​ដែរ (Chapman et al., 1987) ។ ស្រូវ​គ្រប់​ប្រភេទ​សុទ្ធតែ​អាច​ធ្វើ​វប្បកម្ម​ចម្រុះ​ជាមួយ​ត្រី​បាន​ទាំងអស់ មិន​ថា​ស្រូវធ្ងន់ ស្រូវស្រាល ឬ​ស្រូវ​ឡើង​ទឹក​ឡើយ (Gregory, 1997) ។

ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​ចាប់ផ្តើម​រីក​ចម្រើន​ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ​៩០ ដោយ​មាន​ការ​បំផុស និង​ផ្សព្វផ្សាយ​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ដូច​ជា Asian Institute of Technologies (AIT) និង Cambodia-IRRI-Australia Project (CIAP) ធ្វើ​នៅ​ខេត្តស្វាយរៀង Partnership Development of Kampuchea (PADEK) ធ្វើ​នៅ​ខេត្តព្រៃវែង និង Southeast Asian Outreach-Cambodian Agriculture Low Expenditure (SCALE) ធ្វើ​នៅ​ខេត្តកណ្តាល ជាដើម ៘ ទោះបីជា​បច្ចេកវិទ្យា​នៃ​ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​កសិករ​ក៏​ដោយ ក៏​នៅ​តែ​មាន​កសិករ​មួយ​ចំនួន​ពុំ​ទាន់​មាន​ការ​យល់​ដឹង​បាន​ច្បាស់លាស់​នៅ​ឡើយ ដោយនៅ​មាន​កសិករ​យ៉ាងច្រើន​សម្ដែង​ការ​ព្រួយបារម្ភ ខ្លាចក្រែង​មាន​ការ​ថយ​ចុះ​ទិន្នផល​ស្រូវ នៅ​ពេល​ផ្ទៃដី​ស្រែ​មួយ​ចំនួន​ត្រូវ​បាន​ចំណាយ​សម្រាប់​ធ្វើ​ជា​បៀ ឬ​ប្រឡាយ​តូចៗ​នោះ ។ ផ្ទុយ​ទៅ​វិញ មាន​ព័ត៌មាន​ជា​ច្រើន​ចេញពី​ប្រភព​កសិករ​បាន​បង្ហាញ​នូវ​ភាព​មិន​ថយ​ចុះ​នូវ​ទិន្នផល​ស្រូវ​ក្រោយ​ពី​ការ​ចំណាយ​ដី​មួយ​ផ្នែក​ជីក​ធ្វើ​ជា​ជម្រក​ត្រី​ក្នុង​ប្រព័ន្ធ​វប្បកម្ម​ស្រូវ​-​ត្រី (SCALE, 1999) ។

ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​ដែល​ស្ទូងស្រូវ​ស្រាល ស្រូវកណ្តាល ឬ​ស្រូវធ្ងន់ ជាដំបូង​គេ​ត្រូវ​ធ្វើការ​រៀបចំ​ស្រែ​ដោយ ១. ធ្វើការ​ជ្រើសរើស​ទីតាំង​សម​ស្រប និង​មាន​សុវត្ថិភាព ទីតាំង​ដែល​សម​ស្រប​ជាងគេ គឺ​ដីស្រែ​ដែល​នៅ​ជិត​ភូមិ ២. ធ្វើការ​ជ្រើសរើស​ប្រភេទ​ដី​សម​ស្រប ប្រភេទ​ដី​ដែល​គួរ​ចៀសវាង​គឺ​ដីខ្សាច់ ពីព្រោះ​វា​មិន​អាច​ធ្វើ​ឲ្យ​ទឹក​ដក់​ក្នុង​ស្រែ​បាន​រយៈពេល​យូរ ៣. លើក​ភ្លឺ​ឲ្យ​បាន​ខ្ពស់​ដែល​អាច​ស្តុក​ទឹក​បាន​ក្នុង​ជម្រៅ ២០-៤០ សង់ទីម៉ែត្រ និង​ត្រូវ​មាន​បំពង់​បង្ហូរទឹក​ចេញ​បង្កប់​នៅ​តាម​ភ្លឺស្រែ ដើម្បី​រក្សា​កម្ពស់​ទឹក​ក្នុង​ស្រែ​កុំ​ឲ្យ​ជន់​លិច​ភ្លឺ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ៤. ត្រូវ​ជីក​ជា​បៀ ឬ​ប្រឡាយ​តូចៗ​នៅ​ក្នុង​ស្រែ​នោះ​ក្នុង​ទំហំ​ប្រមាណ ៥-១០ ភាគរយ​នៃ​ទំហំ​ស្រែ ហើយ​មាន​ជម្រៅ ០,៥-១​ម៉ែត្រ និង ៥. ត្រូវ​ត្រៀម​របាំង​ព្រួល ឬ​សាច់​អួន​សម្រាប់​បាំង​ជុំវិញ​ស្រែ ការពារ​កុំ​ឲ្យ​ត្រី​ចេញ​ក្រៅ​ក្នុង​ករណី​មាន​ទឹកជំនន់​លិច​ស្រែ ។

ការ​ដាក់​កូន​ត្រី​ចិញ្ចឹម ជា​ទូទៅ​គួរ​ដាក់​យ៉ាងតិច​មួយ​សប្ដាហ៍​ក្រោយ​ពេល​ស្ទូង​ស្រូវ ធ្វើ​យ៉ាងនេះ​គឺ​ដើម្បី​ឲ្យ​សន្ទូង​ចាប់​ឫស​បាន​រឹង​មាំ​ល្អ​សិន ចៀសវាង​ការ​ធ្វើ​ឲ្យ​ដួល​រលំ​សន្ទូង ដោយសារ​ការ​ឈ្មុសឈ្មុល​របស់​ត្រី ជា​ពិសេស​ត្រី​កាប​សាមញ្ញ (PADEK and DOF, 1991) ។ តាម​រយៈ​លោក Gregory, 1997 បានឲ្យ​ដឹង​ថា ប្រភេទ​ត្រី​ដែល​អាច​ធ្វើការ​ចិញ្ចឹម​ក្នុង​ស្រែ​បាន​រួម​មាន ត្រី​កាប​សាមញ្ញ (Common carp) ត្រី​ទីឡាព្យា (Tilapia) ត្រី​កាប​ស (Silver carp) ត្រី​ឆ្ពិន (Silver barb) និង​ត្រី​កន្ធរ (Snakeskin gourami) (តារាង ៧.៣) ។

តារាង ៧.៣ ប្រភេទ​ត្រី​ដែល​កសិករ​និយម​ធ្វើ​វប្បកម្ម​ស្រូវ-ត្រី

ដោយឡែក តាម​ការ​សិក្សា​ពិសោធន៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ត្រី​ទាំង​ប្រាំ​ប្រភេទ​ដូច​មាន​ក្នុង​តារាង​ខាង​លើ នៅ​មាន​ត្រី​កាប​ឥណ្ឌា (Mrigal) និង​ត្រី​អណ្តែង​(Walking catfish) ដែល​អាច​ធ្វើការ​ចិញ្ចឹម​ក្នុង​ស្រែ​បាន​ដែរ (CARDI, 2003) ។ ក្នុង​ចំណោម​ត្រី​ទាំង​ប្រាំ​ប្រភេទ​នេះ ត្រី​កន្ធរ​គឺជា​ប្រភេទ​ត្រី​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ជាងគេ និង​ជា​ប្រភេទ​ត្រី​នាំ​ចេញ​ទៀត​ផង លក្ខណៈ​បរិស្ថាន​របស់​វា​គឺ​ចូល​ចិត្ត​រស់នៅ​តំបន់​ទឹក​នឹង ជា​ពិសេស​នៅ​តាម​បឹងបួរ​ជាដើម (Rainboth, 1996) ។ កន្លង​មក​ត្រី​កន្ធរ​ត្រូវ​បាន​ស្ថាប័ន​ជំនាញ​ជលផល​បាន​ធ្វើការ​សាកល្បង​បង្កាត់​តាម​បែប​សិប្បនិមិត្ត និង​ពាក់កណ្តាល​សិប្បនិមិត្ត ព្រមទាំង​ធ្វើការ​សាកល្បង​ចិញ្ចឹម​ក្នុង​ស្រះ (ស្ថានីយ៍​ស្រាវជ្រាវ​ជលផល​ច្រាំងចំរេះ, ២០០២) ។ ឆ្លង​តាម​ចំណុច​ជោកជ័យ​នៃ​ការងារ​នេះ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា បាន​សាកល្បង​ធ្វើការ​បន្សាំ​ត្រី​កន្ធរ​នៅ​ក្នុង​ស្រែ ដោយ​ធ្វើការ​ចិញ្ចឹម​ក្នុង​ស្រែ​ដែល​ស្ទូងស្រូវ​កណ្តាល ពូជ​សន្តិភាព ៣ ។ ការ​ពិសោធន៍​បាន​បង្ហាញ​នូវ​ភាព​ដែល​អាច​ទទួល​យក​បាន ដោយ​មាន​អត្រា​រស់​រហូត​ដល់ ៩៤ ភាគរយ ចំពោះ​កូន​ត្រី​ដែល​ដាក់​ចិញ្ចឹម​ដំបូង​មាន​ទម្ងន់​មធ្យម ១៩ ក្រាម កំណើន​ទម្ងន់​មធ្យម​ប្រចាំ​ថ្ងៃ​ក្នុងអំឡុង​ពេល​ចិញ្ចឹម ១២០​ថ្ងៃ គឺ ០,៣២ ក្រាម ។ នេះ​ជា​អត្រា​រស់ និង​កំណើន​ទម្ងន់​មធ្យម​ដែល​អាច​ទទួលយក​បាន​សម្រាប់​មច្ឆវប្បកម្ម (CARDI, 2002) ។

នៅ​ក្នុង​ចំណោម​ត្រី​ទាំង​ប្រាំពីរ​ប្រភេទ​ដូច​បាន​រៀបរាប់​ខាងលើ លើកលែងតែ​ត្រី​អណ្តែង​មួយ​ចេញ សុទ្ធតែ​ជា​ពពួក Omnivorous, Planktivorous និង Herbivorous ដែល​អាច​ប្រើប្រាស់​ចំណី​ធម្មជាតិ​ដែល​មាន​ស្រាប់​ក្នុង​ស្រែ​ដូច​ជា Phytoplankton, Zooplankton, សត្វល្អិត និង​សត្វ​នៅ​ដី​ស្រទាប់​បាត​ ដូច​ជា ដង្កូវ ជន្លេន​ជាដើម​ធ្វើ​ជា​អាហារ​បាន (Gregory, 1997) ។ ការ​ដាក់​ចិញ្ចឹម​ត្រី​ពពួក​អម្បូរ Omnivorous, Planktivorous និង Herbivorous គេ​អាច​ធ្វើ​តាម​វិធីសាស្ត្រ​ពីរ​យ៉ាងៈ ១. ការ​ដាក់​ចិញ្ចឹម​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ចំណី​បន្ថែម​ក្នុង​ករណី​នេះ គេ​អាច​ដាក់​ចិញ្ចឹម​ក្នុង​ដង់ស៊ីតេ ១​ក្បាល​/​២​ម៉ែត្រ​ការេ និង ២. ការ​ដាក់​ចិញ្ចឹម​ដោយ​ធ្វើការ​ផ្តល់​ចំណី​បន្ថែម ក្នុង​ករណី​នេះ គេ​អាច​បង្កើន​ដង់ស៊ីតេ​រហូត​ដល់ ១-២ ក្បាល​/​១​ម៉ែត្រ​ការេ ។

ក្នុង​ប្រព័ន្ធ​កសិកម្ម​ស្រូវ-ត្រី ការ​ប្រើប្រាស់​ជី ទោះ​សរីរាង្គ ឬ​អសរីរាង្គ​ក្តី ជា​ការ​សំខាន់​បំផុត ព្រោះថា ជី​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​លូតលាស់​បាន​ល្អ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ធ្វើ​ឲ្យ​រុក្ខជាតិ​ប្លង់តុង ដែល​ជា​ចំណី​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​ត្រី​ពពួក Planktivorous នោះ​ស្រូប​យក​សារធាតុចិញ្ចឹម ដើម្បី​បង្កើន​ការ​លូតលាស់​ថែម​ទៀត​ផង (Gregory, 1997) ។

សដើម្បី​ឲ្យ​ប្រព័ន្ធ​វប្បកម្ម​ស្រូវ​-​ត្រី​នេះ ដំណើរការ​បាន​ល្អ វា​ទាមទារ​នូវ​ការ​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត និង​គ្រប់គ្រង​ឲ្យ​បាន​នូវ: ទី​១. ទឹក​ក្នុង​ស្រែ​មិន​គួរ​ឲ្យ​ទាប​ជាង ២០ សង់ទីម៉ែត្រ ទី​២. កូន​ត្រី​ដែល​ដាក់​ចិញ្ចឹម ត្រូវ​មាន​សុខភាព​ល្អ ទី​៣. ទំហំ​កូន​ត្រី​ដែល​ដាក់​ចិញ្ចឹម​គួរ​មាន​ទម្ងន់​យ៉ាងតិច ១០ ក្រាម ទី​៤. ការពារ​កុំ​ឲ្យ​ពពួក Predators ចូល​ទៅ​ក្នុង​ស្រែ​ចិញ្ចឹម​ត្រី ទី​៥. ជ្រើសរើស​ពូជស្រូវ​ស្រប​ទៅ​នឹង​រដូវ​កាល និង ទី​៦. មិន​ត្រូវ​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​ពេល​ដែល​ត្រី​កំពុង​ត្រូវ​បាន​ចិញ្ចឹម​ក្នុង​ស្រែ​នៅ​ឡើយ ។ ខាងក្រោម​នេះ ជា​លទ្ធផល​នៃ​ការ​ពិសោធន៍​ស្រាវជ្រាវ​ដែល​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា បាន​អនុវត្ត​កន្លង​មក​ដោយ​ធ្វើការ​ប្រៀបធៀប​ការ​លូតលាស់​របស់​ត្រី​បី​ប្រភេទ ក្នុង​ការ​ចិញ្ចឹម​ក្នុង​ស្រែ​រយៈពេល ៨០​ថ្ងៃ គឺ​ត្រី​ឆ្ពិន (Barbodes gonionotus) ត្រី​កាប​ឥណ្ឌា (Mrigal) និង​ត្រី​កាប​សាមញ្ញ (Cyprini carpio) ។ លទ្ធផល​បាន​ឲ្យ​ដឹង​ថា ការ​លូតលាស់​ប្រចាំ​ថ្ងៃ​របស់​ត្រី​ទាំង​បី​ប្រភេទ​ខាងលើ​នេះ ពុំ​មាន​ភាព​ខុស​ប្លែក​គ្នា​គួរ​ឲ្យ​គត់​សម្គាល់​ឡើយ (រូបភាព​៧.៣) តែ​ដោយឡែក​ត្រី​ឆ្ពិន មាន​អត្រា​រស់​ខ្ពស់​ជាងគេ ក្នុង​លក្ខខណ្ឌ​កូន​ត្រី​នៅ​ពេល​ដាក់​ចិញ្ចឹម​មាន​ទម្ងន់​មធ្យម​តូច​ជាង ៥ ក្រាម (CARDI, 2002) ។

រូបភាព ៧.៣ ការ​លូតលាស់​ប្រចាំ​ថ្ងៃ​របស់​ត្រី​ទាំង​បី​ប្រភេទ​ដែល​ចិញ្ចឹម​ក្នុង​ស្រែ

ការ​ប្រមូលផល​ត្រី ជា​ទូទៅ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ស្រូវ ដែល​ត្រូវ​បាន​ស្ទូង​ក្នុង​ស្រែ​ចិញ្ចឹម​ត្រី​នោះ បើជា​ស្រូវ​ប្រកាន់​រដូវ​នោះ ការ​ប្រមូលផល​ត្រី​អាច​ធ្វើ​ដំណាលគ្នា គឺ​នៅ​ចន្លោះ​ចុង​ខែវិច្ឆិកា ដល់​ដើមខែមករា ។ នៅ​ក្នុង​អំឡុងពេល​នេះ​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​ទន្លេ បឹងបួរ និង​ឆ្ងាយ​ពី​ទីផ្សារ ចាប់ផ្តើម​ខ្សត់​ត្រី​បរិភោគ ដូច្នោះ​ជា​ពេលវេលា​សម​ស្រប​សម្រាប់​កសិករ​ធ្វើការ​ប្រមូលផល​ត្រី យក​មក​បរិភោគ ឬ​លក់​នៅ​ក្នុង​ភូមិ ។ ដោយឡែក​ចំពោះ​តំបន់​ដែល​នៅ​ជិត​ទន្លេ បឹងបួរ នៅ​ចន្លោះ​ខែធ្នូ និង​ខែមករា​នេះ ជា​ពេលវេលា​សម្បូរ​ត្រី​ដែល​ចាប់​បាន​ពី​ទន្លេ និង​បឹងបួរ​ទាំងឡាយ​នាំ​ឲ្យ​តម្លៃ​ត្រី​ធ្លាក់​ចុះ​ទាប ដូច្នេះ​ការ​ប្រមូលផល​ត្រី​នៅ​ពេល​នេះ មិន​មាន​ភាព​អំណោយផល​ល្អ​ឡើយ ។ ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ចំពោះ​តំបន់​ដែល​នៅ​ជិត​ទន្លេ បឹង និង​ទីប្រជុំជន គឺ​ជ្រើសរើស​ស្រូវ​មិន​ប្រកាន់​រដូវ មក​ធ្វើ​វប្បកម្ម​ស្រូវ​-​ត្រី នោះ​គេ​អាច​តម្រូវ​ពេលវេលា​ប្រមូលផល​ទៅ​ក្នុង​ខែមេសា ឬ​ខែឧសភា ដែល​ពេល​នោះ ត្រី​ចាប់ផ្តើម​ឡើងថ្លៃ​វិញ (Gregory, 1997) ។

ការ​ធ្វើ​វប្បកម្ម​ស្រូវ​-​ត្រី​ក្នុង​ប្រទេស​កម្ពុជា គឺ​ពឹង​ផ្អែក​ស្ទើរ​ទាំងស្រុង​ទៅ​លើ​របប​ទឹកភ្លៀង នេះ​ជា​កត្តា​ដែល​ប្រឈម​មុខ​នឹង​ភាព​រង​គ្រោះ (CIAP, 1997) ។ តាម​ការ​សង្កេត​ជា​រួម កសិករ​ដែល​មាន​ចំណាប់អារម្មណ៍​ខ្ពស់​ក្នុង​ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​គួប​ផ្សំ​ដំណាំ​ស្រូវ ភាគច្រើន​ជា​កសិករ​រស់នៅ​តាម​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​បឹង​ទន្លេ នេះ​មក​ពី​ភាព​ខ្សត់ខ្សោយ​នៃ​ផល​ត្រី​ក្នុង​ធម្មជាតិ ។ ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កសិករ​ដោយ ១. កសិករ​មិន​ចាំបាច់​ចំណាយ​ផ្ទៃដី​ក្នុង​ការ​ជីក​ស្រះ ២. ត្រី​នៅ​ជិត​ផ្ទះ​ស្រាប់​ងាយស្រួល​ក្នុង​ការ​ចាប់​យក​មក​បរិភោគ ៣. វា​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​សម្រាប់​មនុស្ស និង ៤. វា​ក៏​ជា​ប្រភព​ចំណូល​មួយ​សម្រាប់​ប្រជា​កសិករ​ផង​ដែរ ។

៧.៥. ការងារ​កសិដ្ឋាន​រួម​ផ្សំ

៧.៥.១. ផលិតកម្ម​ដំណាំ​បន្លែ​សរីរាង្គ និង​សួន​បន្លែ​គ្រួសារ

ដំណើរ​នៃ​ការ​យល់​ដឹង​អំពី​ការ​អភិរក្ស​នៃ​បរិស្ថាន ដូច​ជា​ការ​គ្រោះថ្នាក់​ដល់​សុខភាព ដែល​ពាក់ព័ន្ធ​លើ​ថ្នាំ​គីមីកសិកម្ម និង​អ្នក​ប្រើប្រាស់ ដែល​គេ​និយម​ចូល​ចិត្ត​ម្ហូបអាហារ​ដែល​គ្មាន​គ្រោះ​ថ្នាក់​ទាំងអស់​ជា​កត្តា​ជំរុញ​ឲ្យ​គេ​ស្រាវជ្រាវ​រិះរក​គ្រប់​វិធីសាស្ត្រ ដើម្បី​ជំរុញ​ការងារ​កសិកម្ម​សរីរាង្គ ។ ការងារ​កសិកម្ម​សរីរាង្គ គឺជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​ក្នុង​ចំណោម​វិធីសាស្ត្រ​ដ៏​ច្រើន ដែល​អាច​ជួយ​ទ្រទ្រង់​បរិស្ថាន (Ramesh et al., 2005) ។ សួន​បន្លែ​សរីរាង្គ គឺជា​ប្រភព​អាហារ​មួយ ដែល​អាច​ផ្តល់​នូវ​អាហារូបត្ថម្ភ​សម្បូរ​បែប​ដល់​មនុស្សជាតិ ដែល​គេ​ជឿជាក់​ថា មាន​សុវត្ថិភាព​ដល់​សុខភាព ។

៧.៥.១.១. និយមន័យ​សួន​បន្លែ​គ្រួសារ

សួន​បន្លែ​គ្រួសារ គឺជា​ក្បាលដី​ប្រចាំ​គ្រួសារ​នីមួយៗ ស្ថិត​នៅ​ព័ទ្ធ​ជុំវិញ​ភូមិដ្ឋាន​របស់​គេ​ម្នាក់ៗ ដែល​ដាំ​បន្លែ និង​ដំណាំ​ឈើ​ហូប​ផ្លែ​ផ្សេងៗ​ទៀត ត្រូវ​បាន​គេ​ធ្វើការ​ដាំដុះ​ពេញ​មួយ​ឆ្នាំ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​គ្រួសារ ។ ជួនកាល​គេ​រួម​បញ្ចូល​ការ​ចិញ្ចឹមសត្វ​ពាហនៈ បសុបក្សី និង​ត្រី ឬ​ក៏​ដាំ​រុក្ខជាតិ​លម្អ ដើម្បី​បង្កើត​បរិយាកាស​ល្អ (Chatterjee, 1998) ។

៧.៥.១.២. សារសំខាន់​នៃ​សួន​បន្លែ

បន្លែ​ជា​ដំណាំ ដែល​មាន​លក្ខណៈ​ចាំបាច់​សម្រាប់​សុខភាព​របស់​មនុស្ស ព្រមទាំង​អាច​ចាត់​ចូល​ជា​អាហារ​លេខ​មួយ បើ​គិត​ពី​សារធាតុចិញ្ចឹម ។ បន្លែ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ជា​ច្រើន​មាន ប្រូតេអ៊ីន គ្លុយកូស ជាតិ​ប្រេង ពិសេស សារជាតិ​ខនិជ និង​ជីវជាតិ A, B, C ជាដើម ៘

សារធាតុចិញ្ចឹម​ទាំងនេះ អាច​ទ្រទ្រង់​សារពាង្គកាយ​មនុស្ស​យើង​ឲ្យ​រស់រាន​មានជីវិត មាន​កម្លាំង​ពលំ​បរិបូណ៌ ព្រមទាំង​ប្រាជ្ញា​ស្មារតី​សម្រាប់​អនុវត្ត​ការងារ​ផ្សេងៗ ។ យើង​មិន​អាច​រក្សា​សុខភាព​បាន​ល្អ​ដោយ​គ្រាន់តែ​បរិភោគ​បាយ នំប៉័ង ឬ​សាច់​ដោយ​គ្មាន​បន្លែ​បាន​ឡើយ ។ បន្លែ​មាន​ច្រើន​ប្រភេទ ការ​ប្រើប្រាស់​ជួនកាល​មាន​លក្ខណៈ​ដូច​គ្នា​ជួនកាល​ផ្លាស់​ប្តូរ​ទៅ​តាម​របៀប​ផ្សេងៗ​គ្នា​ដែរ ។ ក្នុង​ករណី​ខ្លះ គេ​បរិភោគ​បន្លែ​នៅ​ពេល​ស្រស់ ឬ​ឆៅ ជួនកាល​ចម្អិន​ទៅ​ជា​សម្ល​ក៏​បាន ។ ការ​បរិភោគ​បន្លែ​មិន​គ្រប់គ្រាន់ អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ខ្វះ​ជីវជាតិ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ជំងឺ​ដទៃ​ទៀត​ងាយ​រាតត្បាត​ដល់​រាង​កាយ​របស់​យើង ។

  • ការ​ខ្វះ​ជីវជាតិ​បណ្តាល​ឲ្យ​ភ្នែក​កើត​ជំងឺខ្វាក់មាន់ ។ ប្រភព​សំខាន់​នៃ​ជីវជាតិ A គឺ​ស្ថិត​នៅ​ក្នុង​ស្លឹក​បន្លែ​ដែល​មាន​ពណ៌​បៃតង ផ្លែ​ឈើ​ដែល​មាន​ពណ៌​លឿង ប័រ ស៊ុត​សត្វ ឬ ស្ថិត​នៅ​ក្នុង​ថ្លើម​សត្វ ។
  • ប្រភព​សំខាន់​នៃ​ជីវជាតិ C គឺ​នៅ​ក្នុង​បន្លែ​យក​ស្លឹក ផ្លែ​ល្ហុង ផ្លែ​ត្របែក ក្រូចថ្លុង ក្រូចពោធិ៍សាត់ និង​ក្រូច​ឆ្មារ ៘
  • ជីវជាតិ B ស្បែក ភ្នែក សរសៃប្រសាទ និង​ឈាម​ត្រូវការ​ជីវជាតិ​នេះ ។ ការ​ខ្វះ​ជីវជាតិ B បណ្តាល​ឲ្យ​មាន​ការ​ខ្វះ​ឈាម ខ្សោះ​កម្លាំង ស្បែក​ស្ងួត​ក្រៀម ខ្លួន​ហើម ព្រមទាំង​ពុំ​សូវ​មាន​ប្រាជ្ញា​ស្មារតី​ល្អ​ទៀត​ផង ។ ជីវជាតិ B នេះ​ស្ថិត​នៅ​ក្នុង​ស្លឹក​បន្លែ អង្ករ ម្សៅ សាច់សត្វ និង​ថ្លើម​សត្វ … ។ ការ​បរិភោគ​បន្លែ​ឲ្យ​បាន​ទៀងទាត់ អាច​ធ្វើ​ឲ្យ​សុខភាព​មាន​លក្ខណៈ​ល្អ​ប្រសើរ ។ ក្រៅពី​នេះ​បន្លែ​អាច​ប្រើ​ជា​គ្រឿង​សម្រាប់​ជួយ​លើ​កម្ពស់​គុណភាព​អាហារ​ខ្លះ​ទៀត​ផង ។

ក្រៅពី​ដាំដុះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ បន្លែ​ដែល​នៅ​សេសសល់​គេ​យក​ទៅ​លក់​នៅ​តាម​ទីផ្សារ​តូច​-​ធំ ដែល​អាច​ផ្តល់​ប្រាក់​កាស​តិចតួច​ឬ​ច្រើន​ទៅ​តាម​ទំហំ​ផលិតផល ។ យើង​សង្កេត​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា ប្រជាជន​មួយ​ចំនួន​មាន​មុខ​របរ​ជា​អ្នក​ដាំ​បន្លែ ជា​ពិសេស​កសិករ​ដែល​ស្ថិត​នៅ​តាម​ជាយក្រុង ឬ​តាម​តំបន់​មាត់ទន្លេ ។ ប្រជាជន​ទាំងនេះ​មាន​បទពិសោធន៍​ច្រើន​ខាង​ដំណាំ​បន្លែ ។ ប្រសិនបើ​មធ្យោបាយ​ផលិត​មាន​គ្រប់គ្រាន់​នោះ គាត់​អាច​ទទួល​បាន​កម្រៃ​ច្រើន និង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​គាត់​បាន​ធូរធារ​ទៀត​ផង ។ ម្យ៉ាងទៀត ការ​ដាំ​បន្លែ​តាម​គ្រួសារ​អាច​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​សម្រាប់​ទិញ​បន្លែ​ពី​គេ និង​អាច​មាន​បន្លែ​ស្រស់ៗ​សម្រាប់​បរិភោគ​ទៀត​ផង ។

៧.៥.១.៣. កត្តា​សំខាន់ៗ​ដែល​ទាក់ទង​នឹង​ការ​ដាំដុះ​បន្លែ

ដើម្បី​ធានា​ក្នុង​ការ​ទទួល​ប្រាក់​ចំណូល​ច្រើន​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​ពី​ការងារ​នេះ ត្រូវ​តែ​ស្វែង​យល់​អំពី​កត្តា​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ការ​ដាំដុះ​បន្លែ ។

ក. កត្តា​អាកាសធាតុ

ប្រភេទ ឬ​ពូជ​ដំណាំ​មួយ​ចំនួន ត្រូវការ​លក្ខខណ្ឌ​បរិយាកាស​ជុំវិញ​ប្លែកៗ​ពី​គ្នា ។ អាកាសធាតុ​ជា​កត្តា​មួយ​យ៉ាង​សំខាន់​ក្នុង​ចំណោម​កត្តា​សំខាន់ៗ​ដទៃ​ទៀត ដែល​កំណត់​នូវ​លទ្ធភាព​ក្នុង​ការ​ដាំដុះ​បន្លែ ឬ​ក្នុង​ការ​ផលិត​ពូជ​ផង​ដែរ ។ ដោយហេតុ​នេះ​ហើយ ទើប​យើង​ត្រូវ​ដឹង​ជា​ចាំបាច់​នូវ​ប្រភេទ​ពូជ និង​តម្រូវការ​របស់​វា​ជា​មុន​និង​ផលិត ។

សីតុណ្ហភាព: សីតុណ្ហភាព​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ដំណុះ​គ្រាប់ ការ​លូតលាស់​របស់​ដំណាំ និង​ការ​ផលិត​ពូជ ។ អាកាសធាតុ​ត្រជាក់​ខ្លាំង ឬ​ក្តៅ​ខ្លាំង មិន​អំណោយផល​ឲ្យ​គ្រាប់​ដុះ​ល្អ​ឡើយ ។សីតុណ្ហភាព​សម​ស្រប​សម្រាប់​ដំណុះ​គ្រាប់​ដំណាំ​បន្លែ​គឺ ១៦ អង្សា​សេ ទៅ ២០ អង្សា​សេ ។ នៅ​សីតុណ្ហភាព​លើស​ពី ៣០ អង្សា​សេ ដំណុះ​គ្រាប់​ត្រូវ​ថយ​ចុះ ឬ ត្រូវ​បញ្ឈប់​តែ​ម្តង ។ សីតុណ្ហភាព​ក្តៅ​ខ្លាំង ធ្វើ​ឲ្យ​ដំណាំ​រាំងស្ទះ​ក្នុង​ការ​ស្រូប​យក​ជីជាតិ​សម្រាប់​ចិញ្ចឹម​ដើមដង ទោះបី​សារធាតុ​ទាំងនោះ មាន​នៅ​ក្នុង​ដី​ក៏​ដោយ ព្រមទាំង​ធ្វើ​ឲ្យ​ស្លោក​ផ្លែ ឬ​ស្លឹក​ទៀត​ផង ។

ភ្លៀង: គឺជា​កត្តា​សំខាន់​សម្រាប់​ដំណាំ​ទូទៅ ។ ការ​ដាំដុះ​បន្លែ​មួយ​ចំនួន​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ទឹកភ្លៀង ប៉ុន្តែ​នៅ​រដូវភ្លៀង​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ខ្លះ​ដែរ​ដូច​ជា ស្មៅ​ឆាប់​ដុះ ដំណាំ​ឈ្លក់ទឹក​ពេល​ភ្លៀង​ខ្លាំង បាត់បង់​ជី​ដោយ​ហូរ​តាម​ទឹក ដី​ឆាប់​ហាប់ មាន​ជំងឺផ្សិត​ច្រើន ការ​ប្រើប្រាស់​ថ្នាំពុល ជួនកាល​គ្មាន​ប្រសិទ្ធភាព ៘ ប៉ុន្តែ​នៅ​រដូវប្រាំង ការ​ដាំដុះ​ទាមទារ​ធ្វើ​ឲ្យ​បាន​ពី​ដើមរដូវ និង​ទាមទារ​ការ​ស្រោច​ទឹក​ច្រើន ឬ​ធ្វើការ​បញ្ចូល​ទឹក​ជំនួស​ភ្លៀង ។ នៅ​ចុងរដូវ​វស្សា​ភ្លៀង​ច្រើន​ធ្លាក់​ខ្លាំង​ហួស ឯ​ចុងរដូវ​ប្រាំង​ច្រើន​ខ្វះ​ទឹក សីតុណ្ហភាព​ក្តៅ​ខ្លាំង ការ​ដាំដុះ​ក៏​ពុំ​សូវ​ផ្តល់​ផល​សម​ស្រប​ឡើយ ។ ភ្លៀង​ធ្លាក់​ខ្លាំង​រួច​រាំង​ស្ងួត​យូរ​ក្រោយ​ពេល​ដាំ​គ្រាប់ អាច​បណ្តាល​ឲ្យ​គ្រាប់​មិន​ដុះ​ព្រោះ​ដីស្រទាប់លើ​ហាប់​ខ្លាំង គ្រាប់​ពិបាក​ដុះ​ចេញ រួច​ពន្លក​គ្រាប់​ក៏​ងាប់​ក្នុង​ដី​នោះ​តែ​ម្តង ។ ទឹកភ្លៀង​ជា​កត្តា​សំខាន់​ក្នុង​ការ​ដាំដុះ​បន្លែ និង​ជា​កត្តា​កំណត់​ទិន្នផល ។

សំណើម​បរិយាកាស: សំណើម​ក្នុង​បរិយាកាស ក៏​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ដាំដុះ​បន្លែ វា​មាន​កម្រិត​ខ្ពស់​កាលណា​ភ្លៀង​ធ្លាក់​ខ្លាំង ។ ក្នុង​រដូវប្រាំង​សំណើម​ក្នុង​បរិយាកាស​មាន​កម្រិត​ទាប ឯ​កម្រិត​នៃ​ការ​ស្រោច​ទឹក​ក៏​យោល​ទៅ​លើ​សំណើម​ក្នុង​បរិយាកាស​ដែរ ។ កាលណា​បរិយាកាស​សើម រុក្ខជាតិ​បន្ថយ​នូវ​ការ​បំភាយ​ចំហាយ​ទឹក​ការ​ត្រូវការ​ទឹក​របស់​ដំណាំ​ក៏​ថយ​ចុះ​ដែរ ។ នៅ​ប្រទេស​កម្ពុជា​ក្នុង​ខែវិច្ឆិកា ធ្នូ ឬ​មករា សីតុណ្ហភាព​ចុះ ហើយ​សំណើម​ក្នុង​បរិយាកាស​ក៏​ទាប​ដែរ ចំណែក​វត្តមាន​សត្វល្អិត​ចង្រៃ ឬ​ជំងឺ​ក៏​ពុំ​សូវ​កើត​មាន​ដែរ ។ នៅ​ចុង​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​សត្វ​ចង្រៃ​មួយ​ចំនួន​ធំ​ត្រូវ​ស្លាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​កកើត​កូនចៅ​នៅ​ដើមរដូវ​ប្រាំង​ពុំ​សូវ​មាន​សកម្មភាព​ខ្លាំងក្លា ។

ខ. កត្តា​ទឹក

ដំណាំ​បន្លែ​ជា​ដំណាំ​ត្រូវការ​ទឹក​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​ដំណាំ​ផ្សេងៗ​ទៀត ។ ចំពោះ​ដំណាំ​មួយ​ចំនួន​ដែល​មិន​សូវ​ទាមទារ​ការ​ស្រោច​ទឹកជា​ប្រចាំ គេ​អាច​ដាំ​ដោយ​មិន​បាច់​ស្រោច​ទឹក ប៉ុន្តែ​គេ​ដាំ​នៅ​លើ​ប្រភេទ​ដី​ដែល​អាច​រក្សា​ទឹក​ទុក​បាន​យូរ​អាច​ឲ្យ​រុក្ខជាតិ​រស់​បាន ។ ចំពោះ​ដំណាំ​បន្លែ​មួយ​ចំនួន​ទៀត ដែល​ទាមទារ​ការ​ស្រោច​ទឹក​ច្រើន​ត្រូវ​បាន​គេ​ដាំ​នៅ​ក្បែរ​មាត់​ទន្លេ បឹងបួរ ត្រពាំង ឬ​អាង​ទឹក ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្រោចស្រព ។ តម្រូវការ​ទឹក​ផ្លាស់​ប្តូរ​ទៅ​តាម​មុខ​ដំណាំ រដូវ តំបន់ និង​ទៅ​តាម​ដំណាក់កាល​លូតលាស់​របស់​វា ។ ការ​ស្រោច​ទឹក​ច្រើន​ហួស​អាច​បណ្តាល​ឲ្យ​បន្លែ​ឈ្លក់ទឹក ស្រពោន​ឬ​ងាប់ ឬ​អំណោយផល​ដល់​ការ​កកើត​ជំងឺ​ផ្សេងៗ ។ រីឯ​ការ​ខ្វះ​ទឹក​នាំ​ឲ្យ​ដំណាំ​បន្ថយ​ការ​លូតលាស់ ឬ​ងាប់ ។ យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​របស់​លោក Rowell and Tat ឆ្នាំ​១៩៩២ បាន​ធ្វើការ​បែងចែក​បន្លែ​ទៅ​តាម​តម្រូវការ​ទឹក ហើយ​ចែក​ចេញ​ជា​ក្រុម​ដូច​តទៅ ៖

  1. បន្លែ​ត្រូវការ​ទឹក​ខ្ពស់: ស្ពៃ សាលាដ ខ្ទឹម ស្ពៃក្តោប ។
  2. បន្លែ​ត្រូវការ​សំណើម: ខ្ទឹមស ត្រសក់ ខ្ទឹមបារាំង ។
  3. បន្លែ​ត្រូវការ​ទឹក​តិច: ឆៃថាវ សណ្តែក ដំឡូងបារាំង ពោត ។
  4. បន្លែ​ធន់​ភាពរាំងស្ងួត: ប្រពាយ​យក្ស ឪឡឹក ល្ពៅ មីឡុង ។

គ. កត្តា​ដី

ដីស្រទាប់លើ​ដែល​ឫស​រុក្ខជាតិ​ចាក់​ចូល និង​ស្រូប​ជីជាតិ ហើយ​វា​ក៏​ជា​កត្តា​សំខាន់​សម្រាប់​ដំណាំ​បន្លែ​គឺ ដី​ធូរ​ល្បាយខ្សាច់ ស្រទាប់​ភ្ជួរ​ជ្រៅ ជា​ដី​ល្អ​សម្រាប់​ដំណាំ​បន្លែ ។ ដីខ្សាច់ និង​ដីឥដ្ឋ​មិន​អនុគ្រោះ​ដល់​ការ​លូតលាស់​របស់​ដំណាំ​ឡើយ ។ ដី​មាន​អំពុក​ពី ៤ ទៅ ៥ ភាគរយ ជា​ដី​ដែល​មាន​ទម្រង់​ល្អ មាន​រន្ធ​ខ្យល់ និង​មាន​អនុភាព​ទ្រទ្រង់​ទឹក​ខ្ពស់ ដែល​អាច​ឲ្យ​ដំណាំ​ទទួល​បាន​ទិន្នផល​ខ្ពស់ ។ ដី​អាស៊ីត​មាន​អំពុក​ស្មើ​នឹង ២ ភាគរយ ប៉ុន្តែ​ស្រទាប់​ភ្ជួរ​ស្ដើង​មិន​អាច​ឲ្យ​បន្លែ​យក​មើម​ដុះ​លូតលាស់ និង​ផ្តល់​ទិន្នផល​ខ្ពស់ ។ ចំពោះ​ដី​អាស៊ីត​ដែល​មាន​អំពុក​តិច ដើម្បី​ដាំ​បន្លែ​គេ​ត្រូវការ​ជី​ស្រស់ ជី​កំប៉ុស្ត និង​ជី​លាមក​សត្វ ។ ដើម្បី​បន្ថយ​អាស៊ីត​ជំនួយ​ដោយ​កំបោរ ហើយ​អាច​បង្កើន​មមោក​ធ្វើ​ឲ្យ​ស្រទាប់​ភ្ជួរ​រាស់​ក្រាស់ ។ ដំណាំ​បន្លែ​ទាមទារ​ដី​ធូរ​ជ្រៅ​មាន​ជីជាតិ​ច្រើន និង​ជា​ប្រភេទ​ដី​មិន​ជូរ​ពេក ឬ​អាល់កាឡាំង​ពេក គឺ​ទូទៅ pH ពី ៦,៥-៧,៥ ។

ឃ. កត្តា​ជី

ដំណាំ​ត្រូវការ​សារធាតុចិញ្ចឹម​ខ្លះ​ពី​ដី​ដើម្បី​លូតលាស់ ។ តាម​លោក Russell បង្ហាញ​ថា​សារធាតុ​សំខាន់ៗ​សម្រាប់​រុក្ខជាតិ​គឺ N, P, K, Ca, Mg, Na, S និង​សារធាតុ​បន្ទាប់បន្សំ​ដូច​ជា Fe, Mn, Zn, Mo, B, and Cu ។ បន្លែ​ជា​ប្រភេទ​ដំណាំ​ដែល​មាន​ឫស​ខ្លី មិន​អាច​ស្រូប​យក​ជីជាតិ​ពី​ក្នុង​ដី​បាន​ជ្រៅ​ឡើយ ។ ដូច្នេះ វា​ទាមទារ​ការ​ដាក់​ជី​ច្រើន ដើម្បី​ជំនួយ​ដល់​ការ​លូតលាស់ ។ រុក្ខជាតិ​ប្រភេទ ឬ​ពូជ​ផ្សេង​គ្នា ទាមទារ​នូវ​ជីជាតិ​ខុសៗ​គ្នា​ដែរ ។ ជា​ទូទៅ​ដំណាំ​យក​ស្លឹក​ត្រូវការ​នូវ N ច្រើន ផ្កា និង​ផ្លែ ត្រូវការ​នូវ P2O5 ច្រើន ដំណាំ​យក​មើម ទាមទារ​នូវ K2O ច្រើន​ដើម្បី​ផ្តល់​ទិន្នផល​ខ្ពស់ ។ ចំពោះ​ពពួក​សណ្តែក មិន​ទាមទារ​ការ​ដាក់ N ច្រើន​ទេ ព្រោះ​មាន​បាក់តេរី រីសូប៊ីយោម (Rhizobium) សម្រាប់​ស្រូប​យក​ធាតុ N ពី​ក្នុង​ខ្យល់ ប៉ុន្តែ​វា​ទាមទារ​ការ​ដាក់ P2O5 ដើម្បី​ធ្វើ​ឲ្យ​ផ្លែ​ធំធាត់​បាន​ល្អ ។ ការ​ដាក់​ជី N ច្រើន​ហួស​បណ្តាល​ឲ្យ​បន្លែ​យក​គ្រាប់​ពន្យា​ពេល​ទុំ និង​ធ្វើ​ឲ្យ​រុក្ខជាតិ​ងាយ​នឹង​កើត​ជំងឺ ។ ផ្ទុយ​ទៅ​វិញ ការ​ខ្វះ​សារធាតុចិញ្ចឹម​ខាងលើ​ណា​មួយ វា​ក៏​បណ្តាល​ឲ្យ​ដំណាំ​កើត​ជំងឺ​ដែរ ដែល​គេ​ហៅ​ថា ជំងឺ​ខ្វះ​ជីជាតិ ឬ​ជំងឺ​ខ្វះ​សារធាតុចិញ្ចឹម (Kim, 1995) ។

ង. កត្តាចង្រៃ​បំផ្លាញ​ដំណាំ​បន្លែ

សត្វល្អិត​ចង្រៃ: សត្វល្អិត​ផ្សេងៗ​គ្នា ចំពោះ​ការ​បំផ្លាញ​របស់​វា​ទៅ​លើ​ដំណាំ​ក៏​មាន​សភាព​ផ្សេងៗ​គ្នា​ដែរ ។ នៅ​ក្នុង​ចម្ការ​បន្លែ ក្រៅពី​សត្វល្អិត​ចង្រៃ ក៏​នៅ​មាន​សត្វល្អិត​មាន​ប្រយោជន៍​ច្រើន​ប្រភេទ​នៅ​ក្នុង​នោះ​ដែរ ។ ខាងក្រោម​នេះ​គឺជា​ឈ្មោះ​សត្វ​ល្អិត​ចង្រៃ​មួយ​ចំនួន​ដែល​ធ្វើការ​បំផ្លាញ​ទៅ​លើ​ដំណាំ​បន្លែ: ដង្កូវ​យោលទោង (Plutella xylostella) បំផ្លាញ​ដំណាំ​ស្ពៃក្តោប ។ ដង្កូវ​ហ្វូង (Spodoptera litura) បំផ្លាញ​ទៅ​លើ​ដំណាំ​ស្ពៃ​ផ្កា ។ ដង្កូវបាក់ខ្នង (Trichoptusiani) បំផ្លាញ​ទៅ​លើ​ដំណាំ​ប្រូកូលី ។ ដង្កូវ​ស៊ី​ត្រួយ (Hellula undalis) បំផ្លាញ​ទៅ​លើ​ដំណាំ​ខាត់ណា ។ ត្រចៀក​គូ (Phylotretta striolata) បំផ្លាញ​ទៅ​លើ​ដំណាំ​ស្ពៃស ។ ចៃ (Green peach aphid) បំផ្លាញ​ទៅ​លើ​ដំណាំ​ស្ពៃ​ក្រញាញ់ ។ ដង្កូវ​កាត់​ដើម (Agrotis, sp) បំផ្លាញ​ទៅ​លើ​ដំណាំ​សាលាដ ។ ដង្កូវ​ចោះ​ផ្លែ (Helicoverpa amigera) បំផ្លាញ​ទៅ​លើ​ដំណាំ​ប៉េងប៉ោះ ។ រុយ​ស (Bemisia tabaci) បំផ្លាញ​ទៅ​លើ​ដំណាំ​ម្ទេស ។ គឹង (Cylas formicarius) បំផ្លាញ​ទៅ​លើ​ដំណាំ​ដំឡូងជ្វា ។ ដង្កូវ​ស៊ី​ផ្លែ (Helicoverpa amigera) បំផ្លាញ​ទៅ​លើ​ដំណាំ​ពោត​ផ្អែម ។ ដង្កូវ​កាត់​ដើម (Ostinia furnicalis) បំផ្លាញ​ទៅ​លើ​ដំណាំ​ពោត​ផ្អែម (Rowell and Tat, 1992) ។

៧.៥.១.៤. បច្ចេកទេស​ដាំដុះ​បន្លែ

ក. ការ​ជ្រើសរើស​ទីតាំង និង​ការ​រៀបចំ​ដី

ដី​សម្រាប់​សួន​បន្លែ ត្រូវ​ជ្រើសរើស​យក​ដី​ដែល​ស្ថិត​នៅ​ក្បែរ​ប្រភព​ទឹក ឬ​អាច​រក​ទឹក​បាន​នៅ​ក្បែរ​ផ្ទះ ។ ដី​សួន​បន្លែ​ដែល​បាន​ជ្រើសរើស​នេះ​មាន​ទំហំ​ពី ២៥​ម-១០០​ម វា​អាស្រ័យ​ទៅ​នឹង​ទំហំ​ដី​ដែល​កសិករ​មាន ។ ដំណាំ​បន្លែ​ទាមទារ​ការ​រៀបចំ​ដី​យ៉ាង​សម្អិតសម្អាង​បំផុត ។ ការ​រៀបចំ​ដី​គឺ​ធ្វើ​ឲ្យ​ដី​ធូរ ស្អាត​ស្មៅ ឬ​សត្វ​ល្អិត ស្រោះទឹក​ល្អ​មាន​ជី​គ្រប់គ្រាន់​ដើម្បី​ធានា​គុណភាព​ផលិតផល ។ ការ​រៀបចំ​ដី​ត្រូវ​មាន ៖

  • ការ​ភ្ជួរ​រាស់ ឬ​កាប់​ដោយ​ចប អាច​ធ្វើ​ឲ្យ​បាន​ច្រើន​សារ នៅ​ពេល​ដី​ស្រោះទឹក​ល្មម ។ ចៀសវាង​ការ​ភ្ជួរ​នៅ​ពេល​ដី​សើម​ពេក បណ្តាល​ឲ្យ​អាចម៍បំណាស់​ដាច់​ធំៗ និង​សភាព​រឹង​ខុសធម្មតា​នៅ​ពេល​ស្ងួត ចៀសវាង​ការ​ភ្ជួរ​នៅ​ពេល​ដី​ស្ងួត​ពេក ដែល​នាំ​ឲ្យ​លំបាក និង​ពុំ​សូវ​មុត​បាន​ជ្រៅ
  • ធ្វើ​ដី​សម្អាត​ស្មៅ​ឲ្យ​បាន​ល្អ
  • ធ្វើ​ដី​ឲ្យ​បាន​ជ្រៅ ដើម្បី​ឲ្យ​ខ្យល់​ចេញ​-​ចូល និង​ដំណាំ​ចាក់​ឫស​ល្អ ម្យ៉ាងទៀត​ដើម្បី​បង្កើន​សកម្មភាព​សត្វល្អិត​មាន​ប្រយោជន៍​នៅ​ក្នុង​ដី
  • ធ្វើ​ប្រឡាយ​ទឹក​បើសិនជា​ចាំបាច់
  • ការ​ដាក់​ជីធម្មជាតិ ឬ​ជីគីមី​មុន​ពេល​ដាំ (ជី​ទ្រាប់​បាត)
  • ធ្វើ​ដី​ឲ្យ​ម៉ដ្ឋ និង​រាបស្មើ ។

ការ​លើក​រង​របស់​ដំណាំ​មិន​ដូច​គ្នា​ទេ គឺ​អាស្រ័យ​ទៅ​តាម​រដូវ​កាល​ដាំដុះ ។ នៅ​រដូវវស្សា រង​ត្រូវធ្វើ​កម្ពស់​ប្រហែល ២០-៣០​សម កុំ​ឲ្យ​ថ្នក់​កណ្តាល​ចៀសវាង​ការ​ដក់​ជាំ​ទឹក ។ ចំពោះ​រដូវប្រាំង ត្រូវ​ធ្វើ​រង​ឲ្យ​ទាប ហើយ​លើក​គែម​រង​បន្តិច​ដើម្បី​រក្សា​ទឹក ។ ការ​ជីក​ប្រឡាយ​បញ្ចេញ​បញ្ចូល​ទឹក​ក៏​មាន​សារសំខាន់​ណាស់​ដែរ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទឹក​ច្រើន​ហួស ។ ចំពោះ​ដី​ជម្រាល ការ​ភ្ជួរ​រាស់​ត្រូវធ្វើ​កាត់​ទទឹង​នឹង​ទិស​ជម្រាល ដើម្បី​ចៀសវាង​ការ​ហូរ​ច្រោះ​ដី​ខ្លាំង​ដោយសារ​ទឹកភ្លៀង​ហូរ ។ ការ​ដាំដុះ​ដោយ​ប្រើ​ប្រព័ន្ធ​ប្រឡាយ​បញ្ចូល​ទឹក ចាំបាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​ដី​ស្មើ​ល្អ​ដើម្បី​ងាយស្រួល​ទឹក​ហូរ និង​កន្លែង​ខ្លះ​មិន​ទទួល​ទឹក​ច្រើន​ហួស​បណ្តាល​ឲ្យ​បន្លែ​ឈ្លក់ទឹក និង​កន្លែង​ខ្លះ​ទៀត​មិន​បាន​ទទួល​ទឹក​គ្រប់គ្រាន់ ។ បើសិនជា​យើង​ចង់​ធ្វើការ​ដាំដុះ​ដោយ​វិធី​បញ្ចូល​ទឹក​នោះ គួរតែ​ធ្វើ​ចង្អូរ​ទឹក​ឲ្យ​បាន​ធំ និង​ជ្រៅ​ជាង​ធម្មតា ឧទាហរណ៍ កម្ពស់​ទឹក​ពី ២០-៣០​សម, ចង្អូរ​ពី ៤០-៥០​សម និង​ទទឹង​រង​ពី ០,៨-១​ម ។ ប៉ុន្តែ​បើ​គេ​ចង់​ធ្វើ​រង​ធំ​ដាំ​ច្រើន​ជួរ​នោះ គេ​គួរ​អនុវត្ត​ការ​បាចទឹក​បញ្ចូល​កណ្តាល​រង (Waaijenberg, 1981) ។

ខ. ការ​ជ្រើសរើស​ពូជ

ពូជ​ជា​កត្តា​កំណត់​នូវ​ទិន្នផល​របស់​ដំណាំ ។ ពូជ​បន្លែ​មាន ២​ប្រភេទ​គឺ ពូជ​អ៊ីប្រ៊ីត និង​ពូជ​ប្រពៃណី ។ គ្រាប់ពូជ​ដែល​ត្រូវ​ដាំ​គួរ​ជ្រើសរើស​ដូច​តទៅ: ១. ដុះ​លូតលាស់​សម​ស្រប​ទៅ​នឹង​តំបន់​ផលិត ២. ផ្តល់​ទិន្នផល​ខ្ពស់​រយៈពេល​លូតលាស់​ខ្លី គុណភាព​ល្អ ៣. ធន់​នឹង​ជំងឺ និង​សត្វល្អិត ៤. គ្រាប់​សុទ្ធ​ល្អ គ្មាន​សត្វ​ល្អិត និង​ជំងឺ​បំផ្លាញ​ដំណុះ​គ្រាប់​ច្រើន និង ៥. ពូជ​មិន​បង្កាត់ ផ្តល់​ទិន្នផល​សម​ស្រប​មាន​តម្លៃ​ថោក​ជាង​ពូជ​បង្កាត់ ។

គ. ការ​ដាំដុះ

ពេលវេលា​ដាំដុះ: ពេលវេលា​ជា​កត្តា​កំនត់​ទិន្នផល​នៃ​ដំណាំ ហើយ​ក៏​វា​អាច​កំណត់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ថែទាំ​ដែរ ។ ពេលវេលា​ដាំដុះ​ត្រូវធ្វើ​ឡើង​នៅ​ចុង​ខែមេសា ឬ ដើម​ខែឧសភា នៅ​រដូវវស្សា និង​ចុង​ខែតុលា និង​ដើម​ខែវិច្ឆិកា នៅ​រដូវប្រាំង ។ ពពួក​បន្លែ​ដែល​ដាំ​លើក​ទី​១​មាន: ប៉េងប៉ោះ ត្រប់ សណ្តែកកួរ ម្ទេស​ផ្អែម ឃ្លោក ត្រកួន ននោង ត្រឡាច ម្រះ ស្ពៃ​ក្រញាញ់ ។ ហើយ​ពពួក​បន្លែ​ដែល​ដាំ​លើក​ទី​២​មាន: ត្រកួន សណ្តែកកួរ ត្រសក់ ឆៃថាវ ស្ពៃ​ខ្មៅ និង​ស្ពៃ​ចង្កឹះ ។ ពេលវេលា​ដាំដុះ​ទាក់ទង​ទៅ​នឹង​ទឹកភ្លៀង លទ្ធភាព​ក្នុង​ការ​ស្រោចស្រព សីតុណ្ហភាព សំណើម​បរិយាកាស រយៈពេល​យប់​និង​ថ្ងៃ ទីកន្លែង​ដាំដុះ​ប្រភេទ​ដំណាំ និង​ប្រភេទ​ពូជ ។

របៀប​ដាំដុះ: របៀប​ដាំដុះ​មាន​ដូច​ជា ព្រាច​ពេញ​ដី ដាំ​ជា​ជួរ ដាំ​ជា​រណ្តៅ ដាំ​ជា​រង និង​ដាំ​លើ​ដី​រាប​ស្មើ​ធម្មតា ។ បន្លែ​មាន​ច្រើន​ប្រភេទ​ការ​ដាំដុះ​ក៏​មាន​របៀប​ខុសៗ​គ្នា​ដែរ ។ ដំណាំ​មួយ​ចំនួន​យើង​ត្រូវ​ដាំ​ផ្ទាល់​តែ​ម្តង ក្នុង​ករណី​ឫស​របស់​វា​ក្រ​ចាប់​ដុះ​ចេញ​ជា​ថ្មី​នៅ​ពេល​ស្ទូង ពិសេស​ដំណាំ​យក​មើម និង​ដំណាំ​ដែល​គេ​ដាំ​ញឹក​បាន ។

ចំពោះ​ដំណាំ​បន្លែ​ខ្លះ ដើម្បី​ឲ្យ​គ្រាប់​ឆាប់​ដុះ​បាន​ល្អ យើង​ត្រូវ​ត្រាំ​គ្រាប់ពូជ​ជា​មុន​សិន​មុន​នឹង​ដាក់​ដាំ ។ បន្លែ​ខ្លះ​ទៀត​យើង​អាច​ដាំ ឬ​សាប​ផ្ទាល់ ឬ​ក៏​ដាក់​ជា​កន្ទោង​ព្រោះ​វា​ចំណេញ​កូន ។

ការ​សាប: បន្លែ​មួយ​ចំនួន​ត្រូវការ​សាប​នៅ​ក្នុង​ថ្នាល​ជា​មុន​សិន មុន​នឹង​យក​ទៅ​ដាំដុះ​នៅ​លើ​ផ្ទៃដី​ដាំដុះ​ធម្មតា ។ រីឯ​របៀប​សាប និង​ការ​ថែទាំ​កូន​បន្លែ​ក្នុង​ថ្នាល​មាន​ដូច​តទៅ: លើក​រង​ទំហំ​តាម​សេចក្តី​ត្រូវការ ។ ធ្វើ​ដី​ឲ្យ​ដី​ម៉ដ្ឋ​ល្មម និង​រាបស្មើ​ស្រប​តាម​មុខ​ដំណាំ ។ សាប​គ្រាប់​លើ​ថ្នាល​កុំ​ឲ្យ​ក្រាស់ ឬ​ស្តើង​ពេក រួច​រាស់​លុប​បន្តិច​ម្តងៗ នឹង​រនាស់ដៃ ឬ​ដោយ​ដៃ ឬ​ក៏​លុប​នឹង​ដី​ម៉ដ្ឋ​កម្រាស់​ពី ២-៣​ដង នៃ​វិជ្ជមាត្រ​របស់​គ្រាប់ ។ កាត់​ចំបើង​ខ្លីៗ​រួច​គ្រប​ពីលើ ។ ស្រោច​ទឹក ២-៣​ដង ក្នុង​មួយ​ថ្ងៃ ទៅ​តាម​អាកាសធាតុ​ក្តៅ ឬ​ត្រជាក់​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ដី​សើម​ជានិច្ច កុំ​ឲ្យ​ងាប់​ពន្លក​គ្រាប់ ។ ធ្វើ​ដូច្នេះ រហូត​ដល់​កូន​បន្លែ​ដុះ​ស្លឹក​រឹង​មាំ​ទើប​បន្ថយ​ទឹក​វិញ ។ រោយ​ផេះ​ជុំវិញ​ថ្នាល​ក្រោយ​ពេល​សាប​គ្រាប់ បើសិនជា​មាន​ស្រមោច​ពាំ​គ្រាប់​ពូជ ។ ដក​កូន​ចេញ​ខ្លះ​បើសិនជា​ដុះ​ក្រាស់​ពេក ។ ដក​ស្មៅចង្រៃ​កុំ​ឲ្យ​រំខាន​កូន​បន្លែ ។ បន្ថយ​ការ​ស្រោច​ទឹក ៣-៤​ថ្ងៃ មុន​ពេល​ដក​កូន​ទៅ​ស្ទូង ដើម្បី​ឲ្យ​ដី​មាន​សភាព​រឹងមាំ ។ ស្រោច​ជីអ៊ុយរ៉េ ដោយ​លាយ ២ ក្រាម ក្នុង​ទឹក​មួយ​លីត្រ បើសិនជា​កូន​បន្លែ​បញ្ចេញ​សញ្ញា​ខ្វះ​ជាតិ​អាសូត ។

ដើម្បី​ដាំដុះ​ឲ្យ​បាន​ពី​ដើមរដូវ យើង​អាច​ធ្វើ​ថ្នាល​សាប​កូន​នៅ​លើ​ដី​ខ្ពស់​មិន​ជាំ​ទឹក រួច​គ្រប​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ឬ​សាប​ក្នុង​កេស​ដើម្បី​ងាយស្រួល​លើក​ចុះឡើង ។

ចំពោះ​ការ​ដាំដុះ​ជា​លក្ខណៈ​គ្រួសារ ដំណាំ​មួយ​ចំនួន​គួរ​ធ្វើការ​សាប​ផ្ទាល់​តែ​ម្តង និង​ដក សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​ប្រចាំ​ថ្ងៃជា​បណ្តើរៗ ។ ឧទាហរណ៍ ស្ពៃខៀវ ស្ពៃស សាលាដ ស្ពៃចង្កឹះ ។

ការ​ស្ទូង: អាយុ​កូន​បន្លែ​ដែល​ត្រូវ​ស្ទូង មាន​ភាព​ខុសៗ​គ្នា​គឺ​ផ្លាស់​ប្តូរ​ទៅ​តាម​មុខ​ដំណាំ ប្រភេទ​ពូជ​សីតុណ្ហភាព និង​ការ​ថែទាំ ។ ចំពោះ​កូន​ដំណាំ​ដែល​ត្រូវ​យក​ស្ទូង​ត្រូវ​អនុវត្ត​ដូច​តទៅ: ស្រោច​ទឹក​ថ្នាល​ឲ្យ​បាន​ជោក​ល្អ​មុន​នឹង​គាស់​កូន​យក​ទៅ​ដាំ ។ ត្រូវ​គាស់​កូន​បន្លែ​ឲ្យ​ជាប់​ទាំង​ដី ដើម្បី​កុំ​ឲ្យ​ដាច់​ឫស​រំខាន​ដល់​ការ​លូតលាស់ ។ ត្រូវ​ស្ទូង​នៅ​ពេល​ល្ងាច​មេឃ​ត្រជាក់ ដើម្បី​ចៀសវាង​ការ​ស្វិត​ស្រពោន​ឬ​ងាប់​កូន​សន្ទូង ។ ស្ទូង​តាម​ចន្លោះ​គុម្ព និង​ជួរ​សម​ស្រប​តាម​មុខ​ដំណាំ និង​ពូជ​នីមួយៗ ។ រើស​យក​កូន​ថ្លោស​ល្អ គ្មាន​សត្វ​ល្អិត និង​ជំងឹ​រាតត្បាត ។ ស្រោច​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ជួស​ឡើង​វិញ​នូវ​កូន​ដែល​ងាប់ (៣-៥​ថ្ងៃ​ក្រោយ​ពេល​ដាំ) ។ បើ​ថ្ងៃ​ក្តៅ​ខ្លាំង ត្រូវ​គ្រប​កូន​សន្ទូង​ក្នុង​រយៈពេល ២-៣​ថ្ងៃ ដោយ​ប្រើ​ស្រទបចេក​ក៏​បាន ។ បើ​មាន​លទ្ធភាព​គួរ​គ្រប​រង​ដំណាំ​នឹង​ចំបើង កំប្លោក ឬ​ស្មៅចង្រៃ​ដែល​ងាប់​ស្ងួត​ហើយ ដើម្បី​កុំ​ឲ្យ​ដី​ឆាប់​ហាប់​ដោយ​ការ​ស្រោច​ទឹក រក្សា​ទឹក និង​ការពារ​កុំ​ឲ្យ​ស្មៅ​ដុះ​ច្រើន (Rowell and Tat, 1992) ។

កសិករ​ភាគច្រើន​ដាំ​បន្លែ​យក​ផ្លែ មើម និង​យក​ស្លឹក សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ ផលិតផល​ដែល​ទទួល​បាន​មិន​បាន​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ក្នុង​មួយ​ឆ្នាំ​ផង ព្រោះ​ប្រជា​កសិករ​ចំណាយ​ពេលវេលា និង​ប្រាក់​កាស​បន្តិចបន្តួច​ប៉ុណ្ណោះ ទៅ​លើ​ផលិតកម្ម​ក្នុង​សួន​គ្រួសារ ។ បន្លែ​ដែល​កសិករ​ច្រើន​ដាំ​មាន ៖

  • បន្លែ​យក​ស្លឹក: ត្រកួន សាលាដ ផ្ទីដូង ផ្ទី​ក្រហម ផ្ទីស ផ្ទីបន្លា ស្ពៃ​ក្រញាញ់ ។
  • បន្លែ​យក​មើម: ដំឡូង​មី ដំឡូងជ្វា ត្រាវ ការ៉ុត ស្ពៃមើម ឈូក ប៉ិកួៈ ។
  • បន្លែ​យក​ផ្លែ: ម្រះ ប៉េងប៉ោះ ត្រប់ ននោង ត្រឡាច ល្ពៅ ឃ្លោក ត្រសក់ ម្ទេស​ហឹរ ។

ដំណាំ​បន្លែ​យក ស្លឹក ផ្លែ មើម​ទាំងនេះ កសិករ​ដាំ​នៅ​លើ​ផ្ទៃដី​ក្នុង​បរិវេណ​លំនៅដ្ឋាន និង​ដាំ​នៅ​ចម្ការ​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់ ។ ដំណាំ​ទាំងនេះ​កសិករ​ដាំ​យ៉ាងតិច​ពីរ​មុខ ហើយ​ច្រើន​បំផុត ៨ មុខ ។

៧.៥.១.៥. ការ​វិភាគ​សេដ្ឋកិច្ច​នៃ​សួន​បន្លែ​ជា​លក្ខណៈ​គ្រួសារ

រាល់​ចំណូល និង​ចំណាយ​ទាំងអស់​ត្រូវ​បាន​គិត​ជា​ចំនួន​មធ្យម ។ ប្រាក់​ចំណាយ​សរុប​បាន​បូក​បញ្ចូល​ពី​ការ​ចំណាយ​លើ​តម្លៃ​សម្ភារៈ ក្នុង​នោះ​មាន​គ្រាប់ពូជ និង​ជី ។ ចំពោះ​កម្លាំង​ពលកម្ម​ដែល​បាន​ដំណើរការ​ក្នុង​ការងារ​ផលិតកម្ម មក​ពី​សមាជិកគ្រួសារ​មិន​បាន​គិត​បញ្ចូល​ក្នុង​ការ​ចំណាយ​ផលិតកម្ម​ទេ ។ ព្រោះថា​ផ្ទៃ​ដី​សួន​បន្លែ​មាន​ចំនួន​តូច គឺ​ពី ២៥​ម-១០០​ម ហើយ​សមាជិកគ្រួសារ​ខ្លះ មាន​សកម្មភាព​ការងារ​ពី ៥-១០​នាទី និង ១០-២០ នាទី ក្នុង​មួយ​ថ្ងៃ ក្នុង​ការងារ​សួន​បន្លែ​មុន ឬ​ក្រោយ​ពេល​ម៉ោង​ធ្វើការ​ស្នូល ។

ចំពោះ​ចំណូល​ជា​សាច់ប្រាក់ ត្រូវ​បាន​គណនា​ដោយ​គុណ​ផលិតផល​ដំណាំ ជាមួយនឹង​តម្លៃ​ជាក់ស្តែង​តាម​មូលដ្ឋាន (តម្លៃ​លក់​ក្នុង​មួយ​គីឡូក្រាម) នោះ​ទទួល​បាន​ប្រាក់​ចំណូល​ដុល ។ ខាងក្រោម​ជា​ឧទាហរណ៍​មួយ​ចំនួន​ដែល​ទទួល​បាន​ពី​ការ​សិក្សា​កន្លង​មក ប្រាក់​ចំណូល​ដុល​របស់​កសិករ​សហការ​ទាំង ១៣​គ្រួសារ ជា​មធ្យម​ទទួល​បាន​ប្រាក់​ចំណូល​ដុល​ចំនួន ៧០.៨២៧៛ ហើយ​ប្រាក់​ចំណូល​ដុល​ដែល​តិច​ជាងគេ មាន​ចំនួន ១៦.៤០០៛ និង​ច្រើន​ជាងគេ​មាន​ចំនួន ១៨២.៨៨០៛ (តារាង ៧.៤ និង​តារាង ៧.៥) ។ ឆ្លង​តាម​លទ្ធផល​នៃ​ការ​អង្កេត​ទាំង​ពីរ​លើក​បញ្ជាក់​ឲ្យ​ឃើញ​ថា ក្នុង​ចំណោម​កសិករ​សហការ​ទាំង ១៣​គ្រួសារ មាន​កសិករ​ចំនួន​៦​គ្រួសារ ទទួល​បាន​ប្រាក់​ចំណូល​ដុល​តិច​ជាង​តម្លៃ​មធ្យម​ដោយសារ​តែ​ទីកន្លែង​ទំនេរ​សម្រាប់​ធ្វើ​អង្កេត​នោះ​ជា​ដី​ថ្មី ឬ​ជា​ដី​បាត​ត្រពាំង ដី​នេះ​មិន​ទាន់​មាន​ការ​កែប្រែ​ល្អ ។ ចំណែកឯ​គ្រួសារ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ដុល​លើស​ពី​តម្លៃ​មធ្យម គឺ​ដោយសារ​ការ​គ្រប់គ្រង​ដំណាំ​របស់​គាត់​បាន​ល្អ ហើយ​គាត់​មាន​សារធាតុសរីរាង្គ​ច្រើន​សម្រាប់​សួន​បន្លែ​របស់​គាត់ ។

តារាង ៧.៤ ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​សួន​បន្លែ​នៅ​ភូមិ​គោកខ្សាច់ និង​វត្ត​ស្លែង ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ឆ្នាំ​១៩៩៩

តារាង ៧.៥ ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​សួន​បន្លែ​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​ស្វាយរៀង ខេត្តស្វាយរៀង ឆ្នាំ​២០០១-២០០២

៧.៥.២. ប្រព័ន្ធ​កសិកម្ម​កសិដ្ឋាន​គ្រួសារ

អាជីព​ដែល​ប្រជាជន​ទូទៅ​នៅ​តាម​ជនបទ​ចាប់អារម្មណ៍​ជាងគេ​នោះ គឺ​ការ​បង្កបង្កើន​ផល​កសិកម្ម​ ហើយ​ដែល​មាន​ផលិតកម្ម​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន​គ្រឹះ និង​បន្ទាប់​មក​ទៀត​នៅ​មាន​របរ​កសិកម្ម​ផ្សេងៗ​ទៀត ដូចជា ការ​ដាំ​បន្លែ ការ​ចិញ្ចឹមសត្វ ការ​នេសាទ ការ​ដាំ​ឈើ​ហូប​ផ្លែ និង​ការ​កាប់​ឧស​ជាដើម (រូបភាព ៧.៤) ។

រូបភាព ៧.៤ ទំនាក់ទំនង​នៃ​ផលិតផល​កសិដ្ឋាន

៧.៥.១.១. ដំណាំ​ស្រូវ

ការ​អនុវត្ត​ការងារ​ធ្វើស្រែ​របស់​កសិករ គឺ​ពឹងផ្អែក​ទៅ​លើ​ទឹកភ្លៀង​ទាំងស្រុង​ក្នុង​ស្រូវ​វស្សា ដោយឡែក​ចំពោះ​ស្រូវប្រាំង​ក៏​បាន​អនុវត្ត​ដែរ លុះត្រាតែ​ស្រែ​របស់​កសិករ​នោះ​នៅ​ជិត​ប្រព័ន្ធ​ស្រោចស្រព​ដូច​ជា ប្រព័ន្ធ​ប្រឡាយ បឹង និង​ព្រែក​ជាដើម ។ ការ​ចាប់ផ្តើម​ដាំដុះ​ស្រូវ​វស្សា គឺ​ចាប់ពី​ខែឧសភា​-​មិថុនា ដល់​ខែធ្នូ​ដោយ​អនុវត្ត​ភាគច្រើន​លើ​ពូជ​ទំនើប​ប្រកាន់​រដូវ ។ រីឯ​ស្រូវប្រាំង​គឺ​ចាប់ផ្តើម​ពី​ខែមករា ដល់​ខែមីនា​-​មេសា ដោយ​អនុវត្ត​លើ​ពូជ​មិន​ប្រកាន់​រដូវ​ពពួក​អ៊ីអ៊ែរ (៣៦, ៤២, ៤៨, ៦៦, ៧២) អ៊ីអ៊ែរ​គ្រូ និង​សែនពិដោរ ៘

កសិករ​ភាគច្រើន​ធ្វើស្រែ​ជា​លក្ខណៈ​យថាផល ដូច្នេះ ទិន្នផល​ដែល​ទទួល​បាន​មក​ទាប ហើយ​ក្រៅពី​ការងារ​ធ្វើស្រែ គឺ​កសិករ​មួយ​ភាគ​ធំ​ទំនេរ ម្យ៉ាងទៀត​ដោយ​យោង​ទៅ​តាម​សភាពការណ៍​បច្ចុប្បន្ន ដោយសារ​អត្រាកំណើន​របស់​ប្រជាជន ២,៨% និង​មាន​ការ​រីក​ចម្រើន​ស្ទើរតែ​គ្រប់​ផ្នែក​ទៀត​ដូច​ជា កំណើន​គ្រួសារ ភូមិដ្ឋាន ផ្លូវ​គមនាគមន៍ ទីផ្សារ ៘ កត្តា​ទាំង​អស់នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ផ្ទៃដី​កសិកម្ម​កាន់តែ​ថយ​ចុះ​ជា​លំដាប់ ។ ដើម្បី​ធានា​ឲ្យ​បាន​សុវត្ថិភាព​ស្បៀង និង​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ ដែល​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​ជា​បន្តបន្ទាប់ និង​អាច​មាន​តុល្យភាព​សេដ្ឋកិច្ច​បាន ទើប​រាជរដ្ឋាភិបាល​បាន​ធ្វើការ​អំពាវនាវ​ដល់​ស្ថាប័ន​នានា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ឲ្យ​ចូលរួម​ចំណែក​ធ្វើការ​សហការ មាន​ជា​អាទិ៍ FAO, CWS, PRASAC, SIDCE AIT, និង CIAP/CARDI បាន​ចុះ​ធ្វើការ​ជាមួយ​កសិករ​ដោយ​ធ្វើការ​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​បច្ចេកទេស​ផ្សេងៗ ដោយ​អនុវត្ត​ជាក់ស្តែង​នៅ​លើ​ស្រែ​របស់​កសិករ ដើម្បី​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​បច្ចេកវិទ្យា ដែល​នាំ​ឲ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​សម​ស្រប ។ ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់ CIAP/CARDI មូលដ្ឋាន​គ្រឹះ​គឺ​ផ្តោត​ទៅ​លើ​ប្រព័ន្ធ​កសិកម្ម ដែល​មាន​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន ដោយ​យកចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​ជា​ច្រើន​ដូច​ជា ការ​ជ្រើសរើស​ពូជ​ដែល​សុទ្ធ​ល្អ ពូជ​ដែល​មាន​អាយុកាល​ខ្លី មាន​លក្ខណៈ​ធន់​នឹង​អាកាសធាតុ ហើយ​ទិន្នផល​ដែល​ទទួល​បាន​មក​គឺ​ខ្ពស់​សម​ស្រប ។ ស្ថិតិ​កសិកម្ម​ឆ្នាំ​២០០៣-២០០៤ បាន​បង្ហាញ​ថា តុល្យភាព​ស្បៀង​លើស​ពី​សេចក្តី​ត្រូវការ​ក្នុងស្រុក​ចំនួន ៦៨៦.៤៩៤​តោន (MAFF, 2003) ។ នេះ​គឺជា​សមិទ្ធិផល​ទទួល​បាន​តាម​រយៈ​ការ​បញ្ចូល​នូវ​បច្ចេកវិទ្យា​ទំនើប គឺ​មាន​អត្ថប្រយោជន៍​បំផុត ចំពោះ​ប្រជា​កសិករ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​បន្ថែម ក៏​ដូច​ជា​បំពេញ​កង្វះខាត​របស់​គាត់​ដែរ ។ ប៉ុន្តែ​ចំពោះ​តម្លៃ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នៅ​តាម​បណ្តា​ខេត្ត និង​នៅ​ភ្នំពេញ​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ ។

៧.៥.១.២. ការ​ចិញ្ចឹម​ត្រី

កម្មវិធី​វារីវប្បកម្ម​ចម្រុះ​របស់​អង្គការ SCALE នៅ​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា ការ​ដែល​មិន​ចិញ្ចឹម​ត្រី គឺ​វា​គ្រប់គ្រាន់​សម្រាប់​សេចក្តី​ត្រូវការ​ប្រើប្រាស់​ក្នុងស្រុក​កាលពី​អតីតកាល​មក ។ គ្មាន​ការ​នាំ​ត្រី​ចូល និង​ផលិតផល​ត្រី​ទៅ​ក្នុង​តំបន់​នេះ​ទេ ក្នុង​អំឡុង​ពេល ៤០ ឆ្នាំ​មុន ក្នុង​អំឡុង​ពី​ពេល​នោះ​មក​ដែរ ត្រី​ក្នុងស្រុក​ត្រូវ​បាន​ថយ​ចុះ​ដែល​ធ្វើ​ឲ្យ​ខូចខាត​ដោយសារ​កំណើន​របស់​ប្រជាជន ការ​ខូចខាត​បរិស្ថាន ការ​ចាប់​ត្រី​មិន​សម​តាម​បច្ចេកទេស និង​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទៅ​លើ​ការ​ដាំ​ស្រូវ ។

ត្រី​ធម្មជាតិ​នៅ​តែ​អាច​រកបាន​នៅ​តាម​វាលស្រែ និង​ក្នុង​បឹង​ធម្មជាតិ ប៉ុន្តែ​ការ​ដែល​ចាប់​បាន​នោះ គឺ​បាន​តិច​មែនទែន បើ​ប្រៀបធៀប​ទៅ​នឹង​ពី​អតីតកាល ។ តាម​ការ​ប៉ាន់​ស្មាន គឺ​ទាប​ជាង ៦០-៧០​ភាគរយ បន្ទាប់​ពី​មុន​សង្គ្រាមស៊ីវិល (SCALE, 1999) ។ និន្នាការ​នៃ​ការ​នាំ​ត្រី​ចូល និង​ផលិតផល​ត្រី​ពី​ខាងក្រៅ គឺ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​នៅ​ក្នុង​ប្រទេស​សម្រាប់​អ្នក​ប្រើប្រាស់ ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​បន្តបន្ទាប់ ។ ដោយសារ​បញ្ហា​នៃ​ការ​ថយ​ចុះ​ត្រី​ធម្មជាតិ គួរ​ឲ្យ​បារម្ភ​នេះ​ហើយ ទើប​ការិយាល័យ​វារីវប្បកម្ម​នៃ​នាយកដ្ឋាន​ជលផល បាន​សហការ​ជាមួយនឹង AIT និង CIAP/CARDI ដោយ​ចុះ​ធ្វើការ​បង្ហាញ​លើ​ស្រែ​កសិករ ពី​របៀប​នៃ​ការ​ចិញ្ចឹម​ក្នុង​ស្រែ ។ ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​កសិកម្ម​ដែល​ត្រូវ​បាន​ធ្វើការ​អនុវត្ត​ដូច​ជា ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ និង​ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​ជាដើម ។ ការ​អនុវត្ត​កម្មវិធី​ចិញ្ចឹម​ត្រី​នេះ គឺ​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ខ្វះខាត​ម្ហូបអាហារ បង្កើន​សេដ្ឋកិច្ច​គ្រួសារ ជា​ពិសេស​គឺ​ចូលរួម​ចំណែក​រក្សា​នូវ​ត្រី​ធម្មជាតិ ។

បច្ចុប្បន្ន​ការ​ចិញ្ចឹម​ត្រី​យក​សាច់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​មាន​ការ​អភិវឌ្ឍ​បន្តិច​ម្តងៗ ហើយ​បើ​តាម​របាយការណ៍​ផែនការ​វារីវប្បកម្ម​កាលពី​ឆ្នាំ​១៩៩៥ គឺ​គេ​ត្រូវ​ចិញ្ចឹម​ត្រី​ឲ្យ​បាន​ត្រី​សាច់​ចំនួន ១០០ តោន ។ ស្ថិតិ​កសិកម្ម​ឆ្នាំ​២០០៣ បាន​បញ្ជាក់​ថា វារីវប្បកម្ម​ត្រី​សាច់​ទឹកសាប​ឆ្នាំ​២០០៣ ទទួល​បាន​ផល ៧៣ តោន និង​ទឹកប្រៃ​ចំនួន ១៥៥ តោន ។ យើង​ឃើញ​ថា ក្នុង​ការងារ​នេះ កសិករ​មាន​ការ​ធូរស្រាល​ច្រើន​លើ​បញ្ហា​ដោះស្រាយ​ម្ហូប​ប្រចាំ​ថ្ងៃ​របស់​គាត់ ព្រមទាំង​បន្ថយ​ការ​ចាប់​ត្រី​ធម្មជាតិ​តាម​បឹងបួរ​នានា​ថែម​ទៀត​ផង ។ មិន​តែ​ប៉ុណ្ណោះ ការ​អនុវត្ត​ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ គឺ​វា​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ប្រសើរ​ជាមួយ​ដំណាំ​ស្រូវ ។ ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ ចែក​ចេញ​ជា​ដំណាក់កាល​នីមួយៗ ដូច​ជា​ពេលវេលា​នៃ​ការ​ស្តុក​កូន​ត្រី​ក្នុង​ស្រែ​បម្រុង ពេល​ដែល​ត្រូវ​ប្រលែង​ត្រី​ចូល​ស្រែ​មេ និង​ពេល​ប្រមូលផល​ត្រី​ជាដើម ។

ប្រភេទ​ត្រី​ដែល​បាន​យក​ទៅ​ចិញ្ចឹម​ក្នុង​ស្រែ​មាន: ត្រី​ឆ្ពិន ត្រី​ទីឡាព្យា ត្រី​កាប​សាមញ្ញ ត្រី​កន្ធរ និង​ប្រភេទ​ផ្សេងៗ​ទៀត ដោយឡែក ត្រី​អណ្តែង​ទាមទារ​នូវ​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​ថែទាំ​ផ្តល់​ចំណី ដែល​ត្រី​ទាំងនោះ​ទាមទារ​ឲ្យ​មាន​អាយុកាល​សម​ស្រប​ទៅ​នឹង​អាយុកាល​របស់​ស្រូវ​ដែរ (Gregory, 1997) ។ ចំពោះ​ការ​ចិញ្ចឹម​ត្រី​គឺជា​ប្រភព​ចំណូល​មួយ​យ៉ាង​ធំ បន្ទាប់​ពី​ដំណាំ​ស្រូវ ជួយ​ដោះស្រាយ​ម្ហូប​ប្រចាំ​ថ្ងៃ​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ ហើយ​គេ​សង្ឃឹមថា​ការងារ​នឹង​មាន​ការ​អភិវឌ្ឍ​នា​ថ្ងៃ​អនាគត ។ ចំពោះ​បញ្ហា​ទីផ្សារ គ្មាន​ចោទ​ជា​បញ្ហា​ដល់​កសិករ​ទេ​នា​ពេល​បច្ចុប្បន្ន គឺ​មាន​តែ​កសិករ​ខិតខំ​ពង្រីក​នូវ​ការ​ចិញ្ចឹម​ត្រី​ថែម​ទៀត នៅ​ឆ្នាំ​១៩៩៦ ក្នុង​ខេត្តស្វាយរៀង ចំពោះ​ត្រី​ស្រែ និង​ត្រី​ចិញ្ចឹម​យក​សាច់ គឺ​មាន​តម្លៃ​ប្រែប្រួល​ពី ៤០០០-៦០០០​រៀល/គក ស្មើ​នឹង​តម្លៃ​ស្រូវ​ទម្ងន់​ពី ១០​គក ទៅ ១២ គក ធ្វើ​ឲ្យ​កសិករ​មាន​ទិសដៅ​ក្នុង​ការ​ពង្រីក​ការងារ​របស់​គាត់​ថែម​ទៀត ។

៧.៥.១.៣. ដំណាំ​រួម​ផ្សំ

ក. បន្លែ និង​ដំណាំ​យក​មើម

ការ​ធ្វើ​សួន​បន្លែ​ក្នុង​គ្រួសារ គឺជា​ការ​បង្កើន​នូវ​អាហារ ដែល​ផ្តល់​វីតាមីន​ដល់​កសិករ ។ កសិករ​អាច​ដាំ​បន្លែ​ចម្រុះ​សម្រាប់​ធ្វើ​ជា​អាហារ​ផង​ដែរ ។ ប្រសិនបើ​ផលិតផល​ទទួល​បាន​លើស​ពី​សេចក្តី​ត្រូវការ កសិករ​អាច​នាំ​ទៅ​លក់​នៅ​ទីផ្សារ សម្រាប់​ប្រាក់​កម្រៃ​ចំណូល​បន្ថែម​ក្នុង​គ្រួសារ ។ តាម​ឯកសារ​ផលិតកម្ម​ដំណាំ​បន្លែ​នៅ​កម្ពុជា (A review vegetable production in Cambodia) បាន​ឲ្យ​ដឹង​ថា តាម​ការ​ប៉ាន់​ស្មាន ផលិតផល ៥០ ភាគរយ ត្រូវ​បាន​នាំ​ចូល​ពី​ក្រៅប្រទេស ដែល​ក្នុង​នោះ ២៦ ភាគរយ ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ក្រុងភ្នំពេញ (Ungsa and Vanhorn, 1996) ។ ដោយ​ឆ្លង​សកម្មភាព​ត្រួតពិនិត្យ​អនាម័យ​របស់​ការិយាល័យ​ការពារ​ដំណាំ​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​១៩៩៦ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​បន្លែ​ចំនួន ៧.១៣២ តោន ក្នុង​នោះ ពី​ប្រទេស​វៀតណាម​មាន ៥.១៦០ តោន និង​ពី​ប្រទេស​ថៃ​ចំនួន ១.៩៧២ តោន (Ungsa and Vanhorn, 1996) ។ តាម​ស្ថិតិ​ឆ្នាំ​២០០៤ របស់​ក្រសួងកសិកម្ម​បាន​បង្ហាញ​ថា ផ្ទៃដី​សម្រាប់​ដំណាំ​បន្លែ​រដូវប្រាំង​ឆ្នាំ​២០០៤ មាន​ចំនួន ១៦.៧១១ ហត ក្នុង​ផ្ទៃដី​ដែល​ត្រូវ​បាន​ធ្វើការ​ប្រមូលផល មាន​ចំនួន ១៦.៤១៣ ហត ដែល​ទទួល​បាន​ទិន្នផល ៣,៧៩១ តោន/ហត ហើយ​បរិមាណ​ផល​សរុប​ចំនួន ៦២.២២៦ តោន ផ្ទៃដី​ដាំ​បន្លែ​រដូវវស្សា​មាន​ចំនួន ១៩.៣៧៩ ហត ទទួល​ទិន្នផល​មធ្យម ៣,៩២៩ តោន/ហត ហើយ​បរិមាណ​ផល​សរុប​ចំនួន ៧៧.៤០០ តោន ។ យើង​ឃើញ​ថា ផលិតផល​ដែល​ទទួល​បាន​មក​គឺ​ពុំ​បាន​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​គ្រប់គ្រាន់​ទេ ដូច្នេះ​ការ​បង្កើន​ការ​ដាំ​បន្លែ ជា​ករណី​ល្អ​ប្រសើរ ដើម្បី​ការ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ និង​អាច​រក​ប្រាក់​ចំណូល​បាន​បន្ថែម​ទៀត ។

កសិករ​នៅ​តំបន់​បរិស្ថាន​វាលទំនាប​រំពឹង​ទឹកភ្លៀង ភាគច្រើន​ដាំ​បន្លែ និង​ដំណាំ​យក​មើម​ខ្លះ សម្រាប់​តែ​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ប៉ុណ្ណោះ ហើយ​មិន​បាន​គ្រប់គ្រាន់​ពេញ​សម្រាប់​មួយ​ឆ្នាំ​ផង ។ ដូច្នេះ ការ​រក​កម្រៃ​ពី​បន្លែ និង​ដំណាំ​យក​មើម​ទាំងនោះ គឺ​គ្មាន​សម្រាប់​កសិករ​មួយ​ចំនួន​ធំ ។ កសិករ​ច្រើន​ដាំ​មាន: ផ្ទី ត្រកួន ត្រប់ ននោង ត្រសក់ ត្រឡាច ម្រះ ល្ពៅ ត្រាវ សណ្តែកទ្រើង ប៉េងប៉ោះ ស្ពៃ ខ្ញី ស្លឹកគ្រៃ រំដេង ជី ៘ រីឯ​ដំណាំ​យក​មើម​មាន​ដូច​ជា ដំឡូងជ្វា ដំឡូង​មី ត្រាវ ។ បន្លែ និង​ដំណាំ​យក​មើម​ទាំងនេះ គឺ​គាត់​បាន​ដាំ​នៅ​លើ​ផ្ទៃដី​តូច​ក្នុងភូមិ សម្រាប់​តែ​ការ​ហូប​ចុក​ក្នុង​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​មាន​កសិករ​មួយ​ចំនួន​បាន​ទទួល​ផល​ចំណេញ​ពី​ការ​ដាំ​បន្លែ​ខ្លះ​ដែរ ។ ការ​ដាំ​បន្លែ និង​ដំណាំ​យក​មើម​របស់​កសិករ​ភាគច្រើន​គឺ​ពុំ​សូវ​បាន​យកចិត្ត​ទុកដាក់​លើ​ការ​ថែទាំ ដូច​ជា ​ការ​ដាក់​ជី​បំប៉ន​បន្ថែម ការ​កម្ចាត់​សត្វល្អិត និង​ជំងឺ គឺ​ពួក​គេ​ដាំ​ជា​លក្ខណៈ​យថាផល ។

ខ. ដំណាំ​ឈើ​ហូប​ផ្លែ

ឈើ​ហូប​ផ្លែ​ដែល​កសិករ​និយម​ដាំ​ក្នុង​កសិដ្ឋាន​មាន ស្វាយ ដូង ស្វាយចន្ទី ទៀប ល្ហុង ចេក ត្របែក ក្រូចឆ្មារ ៘ បច្ចុប្បន្ន​ផលិតផល​ដែល​ទទួល​បាន​ពី​រុក្ខជាតិ​ទាំងនេះ ពុំ​សូវ​មាន​អត្ថន័យ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ប៉ុន្មាន​ទេ ព្រោះ​វា​ផ្តល់​ផលប្រយោជន៍​នៅ​ក្នុង​ពេល​យូរ​ឆ្នាំ ដែល​កសិករ​មិន​អាច​ចំណាយពេល​យូរ​ឆ្នាំ​ក្នុង​ការ​រង់ចាំ​នូវ​ភោគផល​ទាំងនេះ ។ ឧទាហរណ៍ ដំណាំ​ស្វាយ បើ​ដាំ​ដោយ​បណ្តុះ​គ្រាប់​អាច​ផ្តល់​ផល ផ្លែផ្កា​នៅ​ក្នុង​ឆ្នាំ​ទី​៥ ដំណាំ​ត្របែក​អាច​ផ្តល់​ផល​ក្នុង​ឆ្នាំ​ទី​២ ហើយ​ចំនួន​ដើម​ដំណាំ​សម្រាប់​គ្រួសារ​នីមួយៗ​ក៏​តិច សម្រាប់​តែ​ផ្តល់​ដល់​ការ​បរិភោគ​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ ក្រៅពី​នោះ​គឺ​សុទ្ធតែ​ជាដើម​ឈើ​ដែល​នៅ​តូចៗ​ទើបនឹង​ដាំ ។ ដំណាំ​ហូប​ផ្លែ​ទាំង​អស់នេះ ត្រូវ​បាន​កសិករ​ដាំ​នៅ​ក្នុង​បរិវេណ​លំនៅដ្ឋាន​របស់​គាត់ ហើយ​ផលិតផល​ភាគច្រើន ដែល​គាត់​អាច​មាន​លទ្ធភាព​លក់​បាន​នោះ​មាន​ស្វាយ និង​ខ្នុរ​ជា​ចម្បង ។

៧.៥.១.៤. ការ​ចិញ្ចឹមសត្វ

ក. គោ-ក្របី

បញ្ហា​ចម្បង​បំផុត​ក្នុង​ការ​ចិញ្ចឹម​គោ​ក្របី​របស់​ប្រជា​កសិករ គឺ​ក្នុង​គោលបំណង​ប្រើ​ជា​កម្លាំង​អូស​ទាញ​ ក្រៅពី​នេះ វា​ជា​ប្រភព​នៃ​ប្រាក់​ចំណូល និង​ផ្តល់​ជា​លាមក​ដែល​កសិករ​ត្រូវការ​សម្រាប់​ធ្វើ​ជា​ជី​ធម្មជាតិ ឧស​ដុត និង​សំណង់ (កសិករ​នៅ​ខេត្តស្វាយរៀង យក​លាមក​គោ​ក្របី​លាយ​ជាមួយ​ដីដំបូក​សម្រាប់​ធ្វើ​ជា​ជញ្ជាំង​ផ្ទះ) ។ ជា​ទូទៅ​គ្រួសារ​កសិករ​ណា​ដែល​មាន​ការ​ចិញ្ចឹម​គោ​ក្របី​ច្រើន​ គ្រួសារ​នោះ​មាន​ជីវភាព​គ្រាន់បើ​ព្រោះ​វា​ជា​ជំនួយ​ដ៏​សំខាន់​ផ្នែក​កម្លាំង​អូស​ទាញ​ក្នុង​របរ​កសិកម្ម ថែម​ទាំង​ជា​កម្លាំង​ជួល​សម្រាប់​កសិករ​ដែល​គ្មាន​គោក្របី​ទៀត​ផង ។ ប្រសិនបើ​គ្រួសារ​កសិករ​ណា​ដែល​គ្មាន​គោ​ក្របី​ទេ​នោះ នឹង​មាន​បញ្ហា​លំបាក​ក្នុង​ការ​ប្រកប​របរ​កសិកម្ម ព្រោះ​គាត់​ត្រូវ​ជួល​កម្លាំង​អូស​ទាញ​ពី​គេ​ទាំងស្រុង​ ដូច​ជា ការ​រៀបចំ​ដី ការ​ដឹក​ជញ្ជូន​ជាដើម ដែល​ត្រូវ​ចំណាយ​ថវិកា​ទៅ​លើ​ការ​ជួល​នោះ ហើយ​នៅ​ពេល​ដែល​ទិន្នផល​ទទួល​បាន​មក ពិបាក​នឹង​ទូទាត់​រក​ប្រាក់​ចំណេញ (តារាង ៧.៦) ។ បញ្ហា​ទាំង​អស់នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​ដែល​ខ្វះខាត​កម្លាំង​អូស​ទាញ បាន​ខិតខំ​សន្សំ​ប្រាក់​ដើម្បី​ទិញ​គោ​ក្របី ដែល​ជា​ជំនួយ​មួយ​ផ្នែក​ធំ​ក្នុង​ការ​ធ្វើស្រែ​របស់​គាត់ ព្រមទាំង​អាច​រក​ចំណូល​បន្ថែម​ពី​ការ​ជួល​កម្លាំង​អូស​ទាញ​នេះ ។

តារាង ៧.៦ តម្លៃ​ផលិតផល​ដែល​បាន​មក​ពី​ប្រព័ន្ធ​កសិដ្ឋាន​គ្រួសារ​នៅ​ស្រុក​ឈូក ខេត្តកំពត ឆ្នាំ​២០០១

ចំពោះ​ការ​ចិញ្ចឹម​គោ​ក្របី​របស់​កសិករ ជា​ទម្លាប់​របស់​គាត់​ច្រើន​តែ​ប្រលែង​វា​ដើរ​រក​ចំណី ស៊ី​នៅ​តាម​វាលស្រែ​បន្ទាប់​ពី​ការ​ច្រូតកាត់​រួច​រហូត​ដល់​រដូវប្រាំង ។ រីឯ​នៅ​រដូវវស្សា​ពិសេស​នៅ​ពេល​ដំណាំ​ស្រូវ​ដាំដុះ​នៅ​ក្នុង​ស្រែ កសិករ​បាន​ផ្តល់​ជា​ចំបើង ឬ​ស្មៅ​សម្រាប់​ជា​ចំណី​បន្ថែម ។

ខ. ជ្រូក

កសិករ​ភាគច្រើន​និយម​ចូល​ចិត្ត​ចិញ្ចឹម​ជ្រូក ដើម្បី​បង្កើន​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ ដោយ​យល់​ឃើញ​ថា​ជា​ប្រាក់​ចំណូល​ទី​២ បន្ទាប់​ពី​ដំណាំ​ស្រូវ ។ ប៉ុន្តែ​ការ​ចិញ្ចឹម​ជ្រូក​របស់​កសិករ គឺ​មាន​លក្ខណៈ​ជា​គ្រួសារ​ដែល​អនុវត្ត​ការ​ចិញ្ចឹម​តាម​ទម្លាប់​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ផ្សេងៗ​គ្នា​របស់​គ្រួសារ​នីមួយៗ ។ ក្នុង​ការ​ចិញ្ចឹម​ជ្រូក គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​បង្គួរ ពិសេស​គឺ​ការ​ចំណាយ​ទៅ​លើ​ចំណី​ប្រចាំ​ថ្ងៃ តែបើ​កសិករ​អាច​រក​បាន​នូវ​ចំណី​បន្ថែម​ក្រៅ​ ដូច​ជា ត្រកួន ដើម​ចេក​ជាដើម​នោះ ការ​រក​ផល​ចំណេញ​ពី​ការ​ចិញ្ចឹម​វា​ក៏​បាន​ច្រើន​ដែរ ។ ប្រសិនបើ​កសិករ​បង្កើន​នូវ​ការ​ចិញ្ចឹម​ជ្រូក​ឲ្យ​បាន​ច្រើន​នោះ គាត់​អាច​សម្រួល​ជីវភាព​គ្រួសារ​បាន​យ៉ាង​ងាយស្រួល ។ ក្នុង​ការ​ចិញ្ចឹម​ជ្រូក ក្រៅពី​ផ្តល់​នូវ​ប្រាក់​ចំណូល វា​ក៏​ផ្តល់​ផង​ដែរ​នូវ​លាមក​ដែល​ជា​ជី​សម្រាប់​ដំណាំ និង​សម្រាប់​ការ​ចិញ្ចឹម​ត្រី​ទៀត​ផង ។

គ. បក្សី

ការ​ចិញ្ចឹម​មាន់​របស់​កសិករ គឺជា​ផ្នែក​មួយ​ដែល​ជា​ការ​បំពេញបន្ថែម​នូវ​ជីវជាតិ​ម្ហូបអាហារ និង​ជា​ប្រភព​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​ផង​ដែរ ។ ចំពោះ​ការ​ចិញ្ចឹម​មាន់​របស់​ប្រជា​កសិករ​យើង ក៏​ពុំ​មាន​លក្ខណៈ​ជា​ធំដុំ​ទេ ប៉ុន្តែ​ដោយសារ​មាន់​មាន​ការ​សាយ​កូន​ច្រើន ហេតុនេះ​ហើយ​ទើប​កសិករ​អាច​ទទួល​ផលិតផល​សល់​ពី​ហូប សម្រាប់​លក់​រក​ប្រាក់​ចំណូល​បន្ថែម ។ ហើយ​ចំពោះ​ការ​ចិញ្ចឹម​មាន់​របស់​កសិករ គឺ​មិន​មាន​ចំណាយ​អ្វី​ដែល​មាន​លក្ខណៈ​គួរ​ឲ្យ​កត់សម្គាល់​ទេ ដូច​ជា​ការ​ចំណាយ​ទៅ​លើ​ចំណី លើ​វ៉ាក់សាំង លើ​ការ​ថែទាំ ៘ ពោល​គឺ​ភាគ ច្រើន​ចិញ្ចឹម​ក្នុង​លក្ខណៈ​យថាផល ។ ផលិតកម្ម​នៃ​ការ​ចិញ្ចឹម​មាន់​របស់​ប្រជា​កសិករ គឺ​ផ្តល់​កម្រៃ​សម្រាប់​សេដ្ឋកិច្ច​ខ្ពស់ ព្រោះ​គាត់​ចំណាយ​តិច​តែ​វា​មាន​កម្រិត​បង្កើន​ប្រាក់​ចំណូល​ខ្ពស់ ។ ការ​ចិញ្ចឹមសត្វ​បក្សី គឺ​វា​មាន​តួនាទី​សំខាន់ ព្រោះ​វា​មិន​ត្រឹមតែ​ផ្តល់​សាច់ ស៊ុត និង​ប្រាក់​ចំណូល​តែ​ប៉ុណ្ណោះ​ទេ គឺ​វា​ផ្តល់​ថែម​ទៀត​នូវ​លាមក ។

 
 

ត្រលប់​ទៅ​មាតិកា​រឿង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s