ជំពូក​១២-អត្ថប្រយោជន៍​នៃ​ដំណាំ​ស្រូវ

ព្រះមេ ឬ ព្រះមាតា ឬ ព្រះប្រពៃស្រព

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម

ជំពូក​១២

អត្ថប្រយោជន៍​នៃ​ដំណាំ​ស្រូវ

ទី ចាន់ណា, ចាន់ ផលលឿន និង ហាក់ សុជាតា

សេចក្តី​ផ្តើម

នៅ​ព្រះរាជាណាចក្រ​កម្ពុជា ស្រូវ​ត្រូវ​បាន​គេ​ចាត់ទុកជា​ដំណាំ​សំខាន់ ជា​អាហារ​ចាំបាច់ និង​ជា​ប្រភព​ផ្តល់​ថាមពល​សម្រាប់​ទ្រទ្រង់​ជីវិត ។ ប្រជា​ពលរ​ដ្ឋែ​ខ្មែរ​តែង​ចាត់​ទុក​ថា ស្រូវ​ជា​ព្រះ​មេ ព្រោះ​ស្រូវ​ជា​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ដូច្នេះ​ហើយ​បាន​ជា​បុព្វបុរស​ខ្មែរ​តែងតែ​ទូន្មាន​ប្រៀនប្រដៅ កុំឲ្យ​ជាន់​លើ​អង្ករ ឬ​ខ្ជះខ្ជាយ ទោះបី​មួយ​គ្រាប់​ក្តី ។ ជា​ភស្តុតាង​នៅ​ក្នុង​ប្រាង្គ​ប្រាសាទ​បន្ទាយស្រី យើង​ឃើញ​មាន​រូប​ព្រះ​ឥសូរ​កាន់​កួរស្រូវ ដែល​ជា​និមិត្តរូប​បញ្ជាក់​ថា ស្រូវ​គឺជា​ប្រភព​ផ្តល់​ជីវិត ។

តាម​រយៈ​ការ​ផ្តល់​ថាមពល ស្រូវ​មិន​ប្រើ​សម្រាប់​តែ​ការ​បរិភោគ​បាយ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ត្រូវ​ប្រជាពលរដ្ឋ​យើង​យក​មក​ច្នៃប្រឌិត និង​រៀបចំ​ចម្អិន​តាម​វិធីសាស្ត្រ​ផ្សេងៗ ជា​អាហារ​ប្រចាំ​ថ្ងៃ និង​ជា​បង្អែម​ជាដើម ៘ បាយ គឺជា​ប្រភព​ផ្ដល់​ថាមពល​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​យើង​គ្រប់​រូបៗ ដែល​ពុំ​អាច​ខ្វះ​បាន​ឡើយ ហេតុនេះ​ហើយ​ទើប​មាន​សុភាសិត​ខ្មែរ​យើង​មួយ​ពោល​ថា «ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ» ។ ប្រជាពលរដ្ឋ​យើង​បរិភោគ​បាយ ចំនួន​បី​ដង​ក្នុង​មួយ​ថ្ងៃ​គឺ អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច ។ ប៉ុន្តេ ជា​ការ​ពិត​ក្រៅពី​បាយ​ជា​អាហារ​ប្រចាំ​ថ្ងៃ ប្រជាពលរដ្ឋ​បាន​យក​អង្ករ​មក​ច្នៃ​ធ្វើ​ជា​អាហារ​ប្រចាំ​ផ្សេង​ទៀត​ដូច​ជា គុយទាវ នំ​បញ្ចុក បាញ់ឆេវ បាញ់ហយ បបរស បបរគ្រឿង​ជាដើម ។

ជា​ធម្មតា ការ​បរិភោគ​បាយ​តែ​មួយ​មុខ​ប្រចាំ​ថ្ងៃ មិន​អាច​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ម្នាក់ៗ​បាន​ឡើយ ។ ជាក់ស្តែង​នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ក្រៅពី​បរិភោគ​បាយ ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​យក​អង្ករ​ (ខ្សាយ ឬ ដំណើប) មក​ច្នៃប្រឌិត​ជា​បង្អែម​តាម​ប្រភេទ និង​របៀប​ខុសៗ​គ្នា​ជា​ច្រើន​ដូច​ជា នំអន្សម នំគម នំ​បត់ នំជាល នំបំពង (ក្រពង) នំចាំង នំក្រូច នំ​អ៊ី នំ​អន្សង នំ​ទ្រាប (ទ្រាបបាយ) នំផ្លែអាយ ក្រឡាន អំបុក បាយដំណើប តាប៉ែ កន្តំ (ម៉ែន សារុម ២០០១) ។ តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដោយឡែក​នំអន្សម នំ​បត់ និង​នំគម មិន​ត្រឹម​ជា​បង្អែម​ធម្មតា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ នំ​ទាំង​បី​ប្រភេទ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​យើង​ចាត់ទុកជា​នំ​សំខាន់ៗ​សម្រាប់​រៀបចំ​ឧទ្ទិស​ថ្វាយ​ក្នុង​ពិធី​ផ្សេងៗ ដូច​ជា​ពិធី​រៀប​អាពាហ៍ពិពាហ៍​កូនប្រុស​ស្រី បុណ្យ​ភ្ជុំបិណ្ឌ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​សម្រាប់​ពិធីបុណ្យ​ជា​ច្រើន​ទៀត ។ ក្រៅពី​បង្អែម​ផ្សេងៗ​ខាងលើ ប្រជាជន​យើង​យក​អង្ករដំណើប ឬ​ខ្សាយ មក​ច្នៃប្រឌិត​ផលិត​ជា​ស្រា​ផង​ដែរ (តារាង​ទី ១២.១ និង​រូបភាព ១២.១ ) ។

តារាង​ទី ១២.១: ឈ្មោះ​នំ​ដែល​ធ្វើ​ពី​អង្ករ និង​ការ​ពិពណ៌នា​សង្ខេប​អំពី​ប្រភេទ​នំ​ទាំង​នោះ ក្នុង​ការ​ប្រើប្រាស់ ក្នុង​ពិធី​ផ្សេងៗ​ដែល​គេ​តែង​ប្រទះ​ឃើញ (Men Sarom, 2001)

ក្រៅពី​ការ​ផ្តល់​នូវ​អត្ថប្រយោជន៍​ខាងលើ ដំណាំ​ស្រូវ​បាន​ផ្តល់​ផលប្រយោជន៍​ជា​ច្រើន​ទៀត ដូច​ជា កន្ទក់​មាន​អត្ថប្រយោជន៍​សំខាន់​ណាស់ ប្រជាជន​យើង​អាច​យក​មក​ច្នៃប្រឌិត ដោយ​ផលិត​ជា​ឱសថ​បុរាណ​សម្រាប់​ព្យាបាល​ជំងឺ​ហើម​ដៃជើង (ខ្វះ​វីតាមីន​ផ្សេងៗ) និង​ធ្វើ​ជា​ចំណីអាហារ​សម្រាប់ សត្វ​ជ្រូក មាន់ ទា គោ និង​សេះ​ជាដើម ៘

ចំណែកឯ អង្កាម ត្រូវ​បាន​ប្រជាជន​យើង​យក​មក​ច្នៃប្រឌិត​បានជា​ច្រើន​យ៉ាងដូច​ជា ធ្វើ​ជា​ជីកំប៉ុស្តិ៍ ជញ្ជាំង​ផ្ទះ ឥដ្ឋ និង​សម្រាប់​ដុត​ចម្អិន​ចំណីអាហារ​ថែម​ទៀត​ផង ។

រូបភាព ១២.១ នំ​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​និយម​ធ្វើ​ដោយ​ប្រើ​អង្ករ​ជា​ចម្បងៈ ក- នំអន្សម​, ខ- នំគម​, គ- នំ​បត់​, ឃ- នំសែសយ, ង- នំក្រឡាន ។

ចំពោះ​ចំបើង​វិញ ក៏​ត្រូវ​បាន​ប្រជាជន​យើង​ច្នៃប្រឌិត​ធ្វើ​ជា ចំណី​សត្វពាហនៈ ជញ្ជាំង​ផ្ទះ និង​ជា​វត្ថុធាតុដើម​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ជីកំប៉ុស្តិ៍ និង​ការ​បណ្តុះ​ផ្សិត ។ មិន​តែ​ប៉ុណ្ណោះ ចំបើង​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់ ជា​គម្រប​សម្រាប់​រក្សា​សំណើម​ដី នៅ​ពេល​ដាំ​ដុះ ។

យ៉ាងណាមិញ យើង​សង្កេត​ឃើញ​ថា ស្រូវ​មាន​សារសំខាន់​ណាស់ ដោយ​បាន​ផ្សា​ភ្ជាប់​យ៉ាង​ជិត​ស្និត​ទៅ​នឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​យើង រហូត​ដល់​មាន​ការ​តាក់តែង ជា​កំណាព្យ​របស់​កវី​ខ្មែរ​យើង ដែល​មាន​អត្ថន័យ និង​ខ្លឹមសារ​ដូច​ខាងក្រោម ៖

បើ​នាង​បុកស្រូវ ហា​អឺអឹង​អើយ កុំ​ចោល​អង្កាម​អើយ (ពីរ​ដង)
ចាស់ទុំ​លោក​ហាម ហា​អឺអឹង​អើយ (ពីរ​ដង) អង្កាម​ជាន់ឥដ្ឋ ។
អង្ករសម្រូប ហា​អឺអឹង​អើយ ទៅ​ជា​សម្រិត អើយ (ពីរ​ដង)
សម្រាំង​ពី​ចិត្ត ហា​អឺអឹង​អើយ ដោយសារ​ដៃ​នាង ។
 

១២.១. ដំណាំ​ស្រូវ និង​វប្បធម៌

យោង​តាម​ឯកសារ K.  Helmers ឆ្នាំ ១៩៩៧ បាន​បញ្ជាក់​ថា​ប្រជា​កសិករ​ខ្មែរ​បាន​ធ្វើការ​ដាំ​ដុះ​ស្រូវ​នៅ​ក្នុង​តំបន់​ទំនាប​អាស្រ័យ​របប​ទឹកភ្លៀង អស់​រយៈកាល​ជាង​ពីរ​ពាន់​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ប្រហែលជា​មាន​រយៈពេល​យូរ​ជាង​នេះ​ទៅ​ទៀត​ចំពោះ​ស្រូវចម្ការ ឬ​ស្រូវ​ភ្នំ ។ ម្យ៉ាងវិញទៀត ប្រទេស​កម្ពុជា​សម្បូណ៌​ទៅ​ដោយ​ធនធាន​ពន្ធុ (ធនធាន​សេណេទិក) នៃ​ដំណាំ​ស្រូវ​ច្រើន​ហូរហៀរ ព្រោះ​ជា​ប្រភព​ដើម​កំណើត និង​តំបន់​រីកសាយ​ភាយ ។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ដំណាំ​ស្រូវ​ត្រូវ​បាន​គេ​ពិពណ៌នា​នៅ​ក្នុង​គម្ពី​សាសនា​នៃ​អារិយ្យធម៌​ខ្មែរ​តាំងពី​សម័យ​បុរាណកាល​មក ។ អ្នកប្រវត្តិសាស្ត្រ​បាន​រក​ឃើញ​ថា ប្រជាជន​នៅ​ក្នុង​ឧបទ្វីប​អាស៊ី​អាគ្នេយ៍​នេះ ពិសេស​បុព្វ​បុរស​ខ្មែរ​យើង​បាន​ចារឹក​ទុក​នៅ​ក្នុង​សិលាចារឹក នៃ​ប្រាង្គ​ប្រាសាទ​ទូ​ទាំង​ប្រទេស​ពាក់ព័ន្ធ​នឹង​ដំណាំ​ស្រូវ ។ មិន​តែ​ប៉ុណ្ណោះ បុព្វបុរស​យើង​បាន​បន្សល់​ទុក​នូវ​ប្រពៃណី​វប្បធម៌​ជា​ច្រើន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​អនុវត្ត​ដើម្បី​បួងសួង ក៏​ដូច​ជា​រំលឹក​គុណ​ដល់​ព្រះ​អាទិទេព ដើម្បី​សុំ​ឲ្យ​បាន​ទទួល​ភោគផល​ល្អ​ក្នុង​ការ​ប្រកប​មុខរបរ​កសិកម្ម ជា​ពិសេស​លើ​ការ​ផលិត​ដំណាំ​ស្រូវ​តែ​ម្តង ។ ពាក់ព័ន្ធ​នឹង​ប្រពៃណី​វប្បធម៌​ទាំងនេះ ត្រូវ​បាន​ប្រជា​កសិករ​ខ្មែរ​មាន​ជំនឿ​ជឿជាក់ និង​ប្រារព្ធ​ធ្វើ​រហូត​ដល់​បច្ចុប្បន្ន​នេះ ទៅ​តាម​ពិធី និង​ពេលវេលា​ផ្សេងៗ​គ្នា ។ ពិធី​ទាំងនោះ​មាន​ដូច​ជា ៖

ក. ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល

ទំនៀមទម្លាប់​ច្រត់ព្រះនង្គ័ល​នេះ ជា​រាជ​ព្រះវេណី​របស់​ព្រះមហាក្សត្រ​តាំងពី​បុរាណ​កាល​មក ។ ពិធី​នេះ​ប្រារឰ​ធ្វើ​នៅ​ដើមរដូវ​វស្សា​ក្នុង​ខែពិសាខ ឬ ខែឧសភា ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​ព្រះ​វត្តមាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ជា​ព្រះរាជ​អធិបតី ព្រមទាំង​មន្ត្រី​អ្នកមុខអ្នកការ​ធំ​តូច និង​ប្រជាជន​ចូលរួម​យ៉ាងច្រើន​កុះករ ។ គោលបំណង​នៃ​ការ​ប្រារឰ​ពិធី​នេះ គឺ​ដើម្បី​រំលឹក​ដល់​ប្រជា​កសិករ​យើង​ឲ្យ​បាន​ដឹង​ថា រដូវវស្សា​មក​ដល់​ហើយ​ដើម្បី​ត្រៀម​ជា​លក្ខណៈសម្បត្តិ​ក្នុង​ការ​ធ្វើស្រែ​ចម្ការ ។ ជា​ពិសេស​ពិធី​នេះ ធ្វើ​ប្រារឰ​ឡើង​ដើម្បី​ទស្សន៍ទាយ​នូវ​ភោគផល​កសិកម្ម​ក្នុង​ឆ្នាំ​នីមួយៗ តាម​រយៈ​គោ​ស៊ី​ស្រូវ និង​ដំណាំ​ធញ្ញជាតិ​ដទៃ​ទៀត ព្រមទាំង​ទឹក​ភ្លៀង​ប្រចាំ​ឆ្នាំ​ផង​ដែរ ។ ប្រសិនបើ​គោ​ស៊ី​ស្រូវ និង​ផឹកទឹក​ច្រើន​ទំនាយ​ទាយ​ថា​ឆ្នាំ​នេះ​ភោគផល​ស្រូវ និង​ទឹកភ្លៀង នឹង​សម្បូណ៌​ហូរហៀរ​ពុំខាន​ឡើយ ។

ខ. បុណ្យ​សុំ​ទឹកភ្លៀង ឬ​បុណ្យ​ឡើងអ្នកតា

តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង ពិធីបុណ្យ​នេះ​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ក្នុង​ថ្ងៃ ១ កើត ខែ​ពិសាខ​ជា​រៀង​រាល់​ឆ្នាំ ។ ពិធីបុណ្យ​នេះ ប្រារឰ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បួងសួង​ដល់​ព្រះ​អាទិទេព សូម​ឲ្យ​បណ្តា​ព្រះរាជ​វង្សានុវង្ស មន្ត្រី​តូច​ធំ និង​ប្រជានុរាស្ត្រ​ទាំងឡាយ​ឲ្យ​បាន​សេចក្តីសុខ​សប្បាយ និង​សេចក្តី​ចម្រើន​គ្រប់ៗ​គ្នា និង​សូម​ឲ្យ​អំណាច​ទេវានុភាព​ចូរ​បណ្តាល​ឲ្យ​ភ្លៀង​ធ្លាក់ ត្រូវ​តាម​រដូវ​កាល​តាំងពី​ដើមឆ្នាំ រហូត​ដល់​ចុងឆ្នាំ ដើម្បី​ឲ្យ​ប្រជា​កសិករ​ធ្វើស្រែ​ចម្ការ​ច្បារ​ដំណាំ​ឲ្យ​បាន​ភោគផល​សម្បូណ៌​ហូរហៀរ ទូ​ទាំង​ព្រះ​នគរ ។

គ. បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ

ពិធីបុណ្យ​នេះ​ត្រូវ​បាន​ប្រារឰ​ឡើងជា​រៀង​រាល់​ឆ្នាំ ដែល​មាន​រយៈពេល​៣ ថ្ងៃ ចាប់ពី​ថ្ងៃ​១៤ កើត រហូត​ដល់​ថ្ងៃ ១ រោច ខែ​កក្ដិក នៅ​មុខ​ព្រះ​បរម​រាជវាំង ដែល​ជា​កន្លែង​ចំណុចប្រសព្វ​នៃ​ទន្លេ​ទាំង​បួន គឺ​ទន្លេមេគង្គ​លើ ទន្លេមេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប ។ ពិធី​នេះ​គឺជា​ពិធីបុណ្យ​ធំ​មួយ​ក្នុង​ចំណោម​ពិធីបុណ្យ​ធំៗ​ទាំង​៥ ប្រចាំឆ្នាំ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ។ ពិធីបុណ្យ​ដ៏​អធិកអធម​នេះ ប្រារឰ​ឡើង​ក្នុង​គោលបំណង​ដើម្បី​រំលឹក​គុណ​ដល់​វីរ​កងទ័ព​ជើងទឹក​ដ៏​ក្លាហាន ដែល​បាន​ប្រយុទ្ធ​តស៊ូ​ជាមួយ​សត្រូវ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​សុវណ្ណ​ភូមិ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​គង់វង្ស ។ ក្នុង​ពិធី​នេះ​ដែរ នា​យប់​ថ្ងៃ​ទី ១៥ កើត ខែ កក្ដិក ជា​ថ្ងៃ​ព្រះចន្ទ​ពេញ​បូរមី ប្រជារាស្ត្រ​គ្រប់​ស្រទាប់វណ្ណៈ​ទូទាំង​ប្រទេស បាន​រៀបចំ​គ្រឿង​សក្ការៈបូជា​ព្រមទាំង​មាន​អំបុក ចេកទុំ ដូងខ្ចី ថ្វាយ​ដល់​ព្រះ​ចន្ទ ដែល​គេ​ហៅ​ថា​ពិធី​អកអំបុក សំពះ​ព្រះ​ខែ ដើម្បី​រំលឹក​គុណ​ដល់​ព្រះ​អាទិទេព (ទេវតា) ដែល​បាន​ប្រទាន​នូវ​ទឹកភ្លៀង​យ៉ាងច្រើន​បរិបូរ​ដល់​ប្រជា​កសិករ​ក្នុង​ការ​ធ្វើស្រែ​ចម្ការ រហូត​បាន​ទទួល​នូវ​ភោគផល​សម្បូណ៌​ហូរហៀរ ។ ម្យ៉ាងវិញទៀត​ពិធីបុណ្យ​នេះ​ប្រារឰ​ឡើង ដើម្បី​កើន​រំលឹក​ដល់​ប្រជា​កសិករ​ខ្មែរ​ទាំងឡាយ ឲ្យ​រៀបចំ​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់យ៉ាង ព្រោះថា​រដូវ​ច្រូតកាត់​ប្រមូល​ផល​បាន​មក​ដល់​ហើយ ពិសេស​ការ​ច្រូតកាត់​ប្រមូល​ផលដំណាំ​ស្រូវ ។

ឃ. បុណ្យ​ដារលាន

ពិធីបុណ្យ​នេះ​ត្រូវ​បាន​ប្រជា​កសិករ​ខ្មែរ​យើង​ប្រារព្ធ​ឡើង បន្ទាប់​ពី​បាន​ប្រមូល​ផល​ច្រូត​កាត់ បោក​បែន​ស្រូវ​រួចរាល់​ជា​ស្ថាពរ​ក្នុង​អំឡុង​ខែមករា ដល់​ខែកុម្ភៈ ។ គោលបំណង​សំខាន់​នៃ​ពិធីបុណ្យ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​បួងសួង និង​រំលឹក​គុណ​ដល់​ព្រះ​អាទិទេព ដែល​បាន​ផ្តល់​នូវ​ភោគផល​ស្រូវ​យ៉ាង​គាប់ប្រសើរ​ដល់​ប្រជា​កសិករ​ក្នុង​ការ​ចិញ្ចឹម​ជីវិត និង​អបអរសាទរ បន្ទាប់​ពី​បាន​បំពេញ​ការងារ​ធ្វើស្រែ​ចម្ការ​ពេញ​មួយ​រដូវ ប្រកប​ដោយ​ជោគជ័យ ព្រមទាំង​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន​ដល់​ពួក​គេ​ទាំងឡាយ​ផង ។

១២.២. ដំណាំ​ស្រូវ និង​នយោបាយ និង​សង្គម

ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រទេស​ដែល​យក​វិស័យ​កសិកម្ម​ជា​វិស័យ​ចំបង​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។ ប្រជាជន​ប្រមាណ​ជាង ៨០% ជា​កសិករ ហើយ​ពឹងផ្អែក​លើ​មុខរបរ​កសិកម្ម ជា​មូលដ្ឋាន​ក្នុង​ការ​រក​ចំណូល​បង្កើន​សេដ្ឋកិច្ច​គ្រួសារ ក៏​ដូច​ជា​សម្រាប់​ចិញ្ចឹមជីវិត​របស់​ពួក​គេ ។

ដោយឡែក​ដំណាំ​ស្រូវ ត្រូវ​បាន​ចាត់ទុកជា​ដំណាំ​សំខាន់​ជាងគេ នៃ​ដង្ហើម​សេដ្ឋកិច្ចជាតិ​នៃ​ប្រទេស​កម្ពុជា​តាំងពី​អតីតកាល ក៏​ដូច​ជា​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត ។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​តាម​រយៈ​កំណត់ហេតុ​របស់​លោក ជីវ តាក្វាន់ ដែល​បាន​មក​ដល់ទី​ក្រុង​អង្គរ​នៅ​ក្នុង​អំឡុង​ឆ្នាំ ១២៩៥ ដល់​ឆ្នាំ ១២៩៦ នៃ​គ្រឹះ​សករាជ ដែល​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​យើង​បាន​កសាង​ខ្លួន​ទៅ​ជា​មហានគរ និង​ជា​ដែនដី​សុវណ្ណ​ភូមិ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល​រហូត​ដល់ ៥០០​ឆ្នាំ ក៏​ដោយសារ​កសិកម្ម​ដ៏​រុងរឿង​នា​សម័យ​នោះ ពោល​គឺ​ដំណាំ​ស្រូវ​នេះឯង​ហើយ​ដែល​យើង​មាន​សំណង់​ធារាសាស្ត្រ​បារាយណ៍ទឹកថ្លា ដ៏​មហា​អស្ចារ្យ​សម្រាប់​ស្រោចស្រព​លើ​ផ្ទៃដី​រាប់​ម៉ឺន​ហិកតា ជា​សក្ខីភាព​បញ្ជាក់ និង​ភស្តុតាង​ស្រាប់​រហូត​ដល់​បច្ចុប្បន្ន​នេះ ។

ម្យ៉ាងវិញទៀត ស្រូវ គឺជា​ដំណាំ​ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម និង​របប​នយោបាយ នៃ​ប្រទេស​កម្ពុជា​យើង ដូច​ជា​ការ​តាំង​លំនៅ​ជា​សហគមន៍ និង​ផ្ដល់​ការងារ​បង្កើន​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន ។

១២.២.១. ដំណាំ​ស្រូវ និង​សង្គម

បច្ចុប្បន្ន​នេះ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​ប្រទេស​កម្ពុជា មាន​ប្រមាណ​ជាង ពីរ​លាន​ហិកតា ដែល​មាន​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ខុសៗ​គ្នា គឺ​ដំណាំ​ស្រូវ​តំបន់​ទំនាប​ពឹងផ្អែក​របប​ទឹកភ្លៀង ដំណាំ​ស្រូវចម្ការ ដំណាំ​ស្រូវ​តំបន់​ទឹក​ជ្រៅ និង​តំបន់​ស្រោចស្រព ។ ដោយ​ផ្អែក​ទៅ​តាម​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ខុសៗ​គ្នា​នេះ​ហើយ ធ្វើ​ឲ្យ​ការ​តាំង​លំនៅ​របស់​ប្រជាជន​ក៏​ខុសៗ​គ្នា​ដែរ ហើយ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៨០% ជា​កសិករ ហើយ​បាន​តាំងទី​លំនៅ និង​ប្រកប​មុខរបរ​ដាំ​ស្រូវ​នៅ​ក្នុង​តំបន់​ទាំង​បួន​ខាងលើ​នេះ ។ យោង​តាម​ការ​អះអាង​នេះ ដំណាំ​ស្រូវ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ការងារ និង​មុខរបរ​យ៉ាងច្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ តាម​រយៈ​ការ​បង្កើត​មុខរបរ និង​ការងារ​នេះ ដំណាំ​ស្រូវ​បាន​ដើរតួ និង​រួម​ចំណែក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​សាមគ្គីភាព រវាង​ប្រជាពលរដ្ឋ និង​សហគមន៍ និង​រវាង​សហគមន៍ និង​សង្គម​តែ​ម្តង ។ ជាក់ស្តែង​ប្រជាពលរដ្ឋ​បាន​បង្កើត​ជា​ក្រុម​ប្រវាសដៃ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ពន្លឿន​ការងារ​ភ្ជួរ​រាស់ ដក​ស្ទូង ច្រូតកាត់ និង​បោក​បែន ឲ្យទាន់​ពេលវេលា ។ ម្យ៉ាង​វិញ​ទៀត នា​ដើម​រដូវ និង​ពេល​បញ្ចប់​រដូវ​ច្រូតកាត់​បោក​បែន​ម្តងៗ​ប្រជាពលរដ្ឋ​តែងតែ​រួបរួម​គ្នា​ប្រារឰ​ធ្វើ​ពិធី​ផ្សេងៗ ដូច​ជា ពិធីបុណ្យ​សុំ​ទឹកភ្លៀង ឬ បុណ្យ​ឡើង​អ្នកតា និង​បុណ្យ​ដារលាន ជាដើម ហើយ​តាម​រយៈ​ការ​ប្រារឰ​ពិធី​ទាំងនេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ចេះ​ស្រឡាញ់​រួបរួមសាមគ្គី​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ មិន​តែ​ប៉ុណ្ណោះ កម្លាំង​សាមគ្គី​ក្នុង​សហគមន៍​បាន​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​លើ​ផ្នែក​ផ្សេងៗ​ទៀត ដូច​ជា​ការ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​សម្រាប់​ស្រោចស្រព មធ្យោបាយ​ផលិតកម្ម​កសិកម្ម​និង​ឧបករណ៍​កសិកម្ម​ជាដើម ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​ជួប​ប្រទះ ពាក់ព័ន្ធ​នឹង​មុខរបរ​ជាក់ស្តែង​របស់​ពួក​គាត់ ។ ជា​ពិសេស​កម្លាំង​សាមគ្គី​ក្នុង​សហគមន៍ មិន​ត្រឹមតែ​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នៅ​ក្នុង​មុខរបរ​ដាំ​ដំណាំ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​គឺជា​កត្តា​ដ៏​មាន​សារសំខាន់​បំផុត​ដើម្បី​ជួយ​ជំរុញ​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​មាន​ដូច​ជា ការ​កសាង​សាលារៀន មន្ទីរពេទ្យ ផ្លូវ​គមនាគមន៍​ជាដើម ៘ ដែល​ធ្វើ​ឲ្យ​សង្គម​នៅ​តាម​តំបន់​នីមួយៗ​មានការ​រីក​ចម្រើន ។

ហេតុ​ដូចនេះ​ហើយ បានជា​បុព្វ​បុរស​ខ្មែរ​យើង បាន​ចារឹក​លើ​ប្រាង្គ​ប្រាសាទ​នានា បង្ហាញ​ពី​សកម្មភាព​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​រវាង​ដំណាំ​ស្រូវ និង​សង្គម ព្រមទាំង​ទទួល​ស្គាល់​ថា ដំណាំ​ស្រូវ​មិន​ត្រឹមតែ​ជា​អាហារ​ចាំបាច់ និង​ជា​ប្រភព​ផ្តល់​ថាមពល​សម្រាប់​ទ្រទ្រង់​ជីវិត​របស់​មនុស្ស​យើង​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ដើរតួ​នាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ឲ្យ​មានការ​រីក​ចម្រើន ។

១២.២.២. ដំណាំ ស្រូវ និង​នយោបាយ

តាម​រយៈ​ការ​ចារឹក​លើ​ប្រាង្គ​ប្រាសាទ​នានា របស់​បុព្វ​បុរស​ខ្មែរ​យើង ដំណាំ​ស្រូវ​មិន​ត្រឹមតែ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ផ្នែក​នយោបាយ​ផង​ដែរ ។ ជាក់ស្តែង​បុព្វ​បុរស​ខ្មែរ​យើង​តែង​ពោល​ថា «ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ» ពំនោល​នេះ មាន​ន័យ​ថា ស្រូវ​ជា​ដំណាំ​សំខាន់ និង​ជា​មូលដ្ឋាន​គ្រឹះ សម្រាប់​ទ្រទ្រង់​សង្គម​ឲ្យ​មាន​ស្ថេរភាព ។ ជាក់ស្តែង ប្រជា​ពលរដ្ឋ​ខ្មែរ​តែង​ចាត់​ទុក​ថា ស្រូវ​ជា​ព្រះ​មេ ព្រោះស្រូវ​ជា​អាហារ​ដែល​មិន​អាច​ខ្វះ​បាន សម្រាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ក្នុង​ការ​ផ្តល់​ជា​ថាមពល​សម្រាប់​ការ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ឲ្យ​បាន​រីក​ចម្រើន និង​រុងរឿង ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ប្រជាពលរដ្ឋ​ពុំ​មាន​ស្រូវ​គ្រប់គ្រាន់​សម្រាប់​បរិភោគ នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​កម្លាំង​ថាមពល ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស ​មិន​តែ​ប៉ុណ្ណោះ នឹង​ធ្វើ​ឲ្យ​បរិយាកាស​សង្គម​ទាំងមូល​មាន​ភាព​ច្របូកច្របល់ អាណាធិបតេយ្យ ពោល​គឺ​ធ្វើ​ឲ្យ​នយោបាយ​នៃ​សង្គម​ជាតិ​អស្ថេរភាព ។

ជា​ទស្សនៈវិស័យ​រួម ប្រសិនបើ​សង្គម និង​សេដ្ឋកិច្ច មាន​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​រុងរឿង​នោះ ស្ថានភាព​នយោបាយ​នៅ​ក្នុង​សង្គម​ប្រាកដជា​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​មាន​ស្ថេរភាព ។ ហេតុ​ដូចនេះ បានជា​រាជរដ្ឋាភិបាល​កម្ពុជា នា​ពេល​បច្ចុប្បន្ន បាន​និង​កំពុង​តម្រង់​ទិស​ដៅ​របស់​ខ្លួន​ដើម្បី​ឲ្យ​ក្លាយជា​រដ្ឋាភិបាល​សេដ្ឋកិច្ច ហើយ​ដែល​បាន​ចាត់​ទុក​វិស័យ​កសិកម្ម ជា​វិស័យ​អាទិភាព​ចំបង​ទី​មួយ ក្នុង​ការ​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ជាក់ស្តែង​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល បាន​កំណត់​វិស័យ​កសិកម្ម ជា​មុំ​មួយ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ក្នុង​បណ្តា​មុំ​ដទៃ​ទៀត សម្រាប់​ជំរុញ​បង្កើន​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។ ខ្លឹមសារ​ដ៏​មាន​សារសំខាន់​នៃ​មុំ​នេះ គឺ​សង្កត់ធ្ងន់​ទៅ​លើ​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន នៅ​ក្នុង​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល គឺ​ការ​បង្កើន​ផលិតភាព​កសិកម្ម លើ​ដំណាំ​ស្រូវ​ជា​មូលដ្ឋាន ។ ជា​ការ​ពិត​ណាស់ ដំណាំ​ស្រូវ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ មាន​ស្ថេរភាព​ព្រោះថា បច្ចុប្បន្ន​នេះ​ដំណាំ​ស្រូវ​បាន​ផ្តល់​ការងារ​ប្រមាណ​ជាង ៧៥% ជូន​ដល់​ប្រជាពលរដ្ឋ​នៃ​ចំនួន​ប្រជាជន​ទាំងមូល ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​បង្កើន​ប្រាក់​ចំណូល​នៅ​ជនបទ ព្រមទាំង​ធានា​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​ទូទៅ ហើយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អាហារូបត្ថម្ភ និង​បង្កើន​ការ​នាំ​ចេញ​កសិកផល ។ ទន្ទឹម​នឹង​ការ​ផ្តល់​ទីផ្សារ​ការងារ និង​បង្កើន​ប្រាក់​ចំណូល​ជូន​ដល់​ប្រជា​កសិករ ដំណាំ​ស្រូវ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ផលិតផល​ក្នុងស្រុក (GDP) ។

ម្យ៉ាងវិញទៀត យោង​តាម​លទ្ធផល​នៃ​ការ​ធ្វើ​វិភាគ​សេដ្ឋកិច្ច ដែល​ធ្វើ​ឡើង​ដោយ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា និង​ជំនាញការ​អន្តរជាតិ​ជា​លក្ខណៈ​បឋម​កន្លង​មក តាម​រយៈ​ការ​ប្រៀបធៀប​បច្ចេកវិទ្យា​របស់​វិទ្យាស្ថាន​ទៅ​នឹង​ការ​អនុវត្ត​របស់​កសិករ បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០០៥ កន្លង​មក ផលិតកម្ម​ដំណាំ​ស្រូវ​បាន​បង្កើន​នូវ​ប្រាក់​ចំណេញ​ដុល​ប្រមាណ ៩២​លាន​ដុល្លា​សហរដ្ឋអាមេរិក (រដូវវស្សា ៤៣ លាន និង​រដូវប្រាំង ៤៩ លាន) ។

សរុបសេចក្តី​មក យើង​អាច​វាយតម្លៃ​បាន​ថា ដំណាំ​ស្រូវ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ មិន​សម្រាប់​តែ​ជា​អាហារ​សម្រាប់​ទ្រទ្រង់​ជីវិត​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឲ្យ​បាន​រីក​ចម្រើន​រុងរឿង និង​ពង្រឹង​ស្ថេរភាព​នយោបាយ​ក្នុង​សង្គម​យ៉ាង​ពិតប្រាកដ ។

១២.៣. ដំណាំ​ស្រូវ និង​បរិស្ថាន

បរិស្ថាន គឺជា​កត្តា​សំខាន់​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជីវិត​រស់នៅ​របស់​មនុស្ស សត្វ និង​រុក្ខជាតិ ។ បច្ចុប្បន្ន​នេះ នៅ​លើ​ពិភពលោក​ទាំងមូល កំពុង​តែ​មានការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​បរិស្ថាន​នេះ ព្រោះថា ប្រសិនបើ​បរិយាកាស​នៅ​លើ​ភព​ផែនដី​យើង​នេះ​មាន​បញ្ហា ដូច​ជា​ការ​ឡើង​កម្ដៅ ការ​កើន​ឡើង​នូវ​សារធាតុពុល​នៅ​ក្នុង​ខ្យល់ ក្នុង​ទឹក និង​ក្នុង​ដី នោះ​នឹង​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​មនុស្ស សត្វ និង​រុក្ខជាតិ ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ជា​ច្រើន ដូច​ជា​គ្រោះ​រាំង​ស្ងួត គ្រោះ​ទឹកជំនន់ ខ្យល់ព្យុះ ការ​រញ្ជួយ​ដី ការ​រញ្ជួយ​ដី​បាតសមុទ្រ​ជាដើម ៘ ហេតុ​ដូចនេះ យើង​ទាំងអស់​គ្នា​ត្រូវ​យកចិត្ត​ទុកដាក់ និង​ជួយ​ថែរក្សា​បរិស្ថាន ឲ្យ​មាន​និរន្តរភាព និង​ល្អ​ប្រសើរ ដើម្បី​ការពារ និង​ថែរក្សា​ជីវិត មនុស្ស សត្វ និង​រុក្ខជាតិ​នៅ​លើ​ភព​ផែនដី​យើង​នេះ ។ រុក្ខជាតិ គឺ​ចំណែក​មួយ និង​ជា​កត្តា​ចំបង ក្នុង​ការ​បង្កើត​ឲ្យ​មាន​បរិស្ថាន​ធម្មជាតិ​ល្អ​ប្រសើរ​នៅ​ក្នុង​បរិយាកាស​នៃ​ការ​រស់នៅ ។ យ៉ាងណាមិញ ស្រូវ​គឺជា​ដំណាំ​ដែល​មាន​សារប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​បរិស្ថាន ព្រោះថា នៅ​ក្នុង​ដំណាក់កាល​លូតលាស់ គឺ​នៅ​ពេល​ធ្វើ​រស្មីសំយោគ​ស្លឹក​ស្រូវ​បាន​ស្រូប​យក​ឧស្ម័ន​កាបូនិក (CO2) ដែល​ជា​ជាតិពុល​ពី​បរិយាកាស រួម​ផ្សំ​ជាមួយនឹង​ទឹក ក្រោម​ឥទ្ធិពល​នៃ​ពន្លឺព្រះអាទិត្យ និង​ក្លរ៉ូភីល បង្កើត​បាន​ជា​កាបូន​អ៊ីដ្រាត (គ្លុយកូស) ហើយ​បំភាយ​អុកស៊ីហ្សែន (O2) ពី​រន្ធ​ដង្ហើម​នេះ​មាន​ន័យ​ថា អុកស៊ីហ្សែន​បាន​មក​ពី រស្មីសំយោគ​នៃ​រុក្ខជាតិ​បៃតង ។ អុកស៊ីហ្សែន គឺជា​ឧស្ម័ន​សកម្ម​បំផុត ចាំបាច់​សម្រាប់​ទ្រទ្រង់​ចំហេះ ជា​ឧស្ម័ន​សំខាន់​បំផុត សម្រាប់​ភាវៈរស់​ក្នុង​ការ​ដក​ដង្ហើម ។ នៅ​តាម​វាលស្រែ ដែល​ជ្រា​សូវ​លិច​ទឹក មេតាន​បាន​បញ្ចោ​ញ​ទៅ​ក្នុង​បរិយាកាស តាម​រយៈ​ការ​សាយភាយ តាម​រយៈ​ពពុះទឹក និង​តាម​រយៈ​ឫស​និង​ដើម​នៃ​ដំណាំ​ស្រូវ ។ ដំណាំ​ស្រូវ និង​កត្តា​ដទៃ​ទៀត​ដូច​ជា របប​ទឹក សីតុណ្ហភាព គុណភាព​ដី ជា​កត្តា​ចំបង​សម្រាប់​កំណត់​ផលិតកម្ម និង​ការ​ប្រែប្រួល​នៃ​មេតាន​នៅ​ក្នុង​ស្រែ ។ ជាង ៩០ ភាគរយ​នៃ​មេតាន បាន​ផលិត​ឡើង​នៅ​ក្នុង​មួយ​រដូវ​កាល​ដាំ​ដុះ​នៃ​ដំណាំ​ស្រូវ ។ មេតាន គឺជា​ឧស្ម័ន​ធម្មជាតិ​ដែល​គ្មាន​ពណ៌ គ្មាន​ក្លិន គេ​ប្រើ​ជា​ឥន្ធនៈ CH4(g) + 2O2CO2 (g) + 2H2O (l) ។ ថាមពល​ដែល​បាន​បញ្ចេញ​មក​ដោយ​ការ​ឆេះ គេ​ប្រើ​ដោយ​ផ្ទាល់​សម្រាប់​ដុត​កម្ដៅ​ក្នុងផ្ទះ និង​ក្នុង​អគារ​ពាណិជ្ជកម្ម និង​ប្រើប្រាស់​ក្នុង​ការបង្កើត​ថាមពល​អគ្គិសនី​ផង​ដែរ ។ នៅ​ក្នុង​ឧស្សាហកម្ម​គីមី មេតាន​គឺជា​វត្ថុធាតុដើម​ឆៅ​មួយ សម្រាប់​ផលិត​មេតាណុល Methanol (CH2OH), Formaldehyde (CH2O2), Nitromethane (CH3NO2), Chloroform (CH3Cl), Carbon Tetrachloride (CCl4) ៘

នៅ​រដូវ​បង្កបង្កើន​ផលដំណាំ​ស្រូវ បាន​កាត់​បន្ថយ​ភាព​សឹក​រិចរឹល​នៃ​ដី (Soil erosion) ដែល​បណ្តាល​មក​ពី​លំហូរ​ទឹកភ្លៀង និង​ខ្យល់ ក្រៅពី​នេះ​គឺជា​ជម្រក​ដ៏​ប្រសើរ​សម្រាប់​ពពួក​មច្ឆជាតិ ពពួក​កង្កែប ក្តាម ខ្យង ពពួក​ល្មូន​ផ្សេងៗ​ដូច​ជា​ពស់ និង​ពពួក​បាណកសត្វ​ទាំងឡាយ មាន​ពួក​សត្វល្អិត​ដែល​មាន​ប្រយោជន៍​ដូច​ជា ពួក​ពីងពាង អណ្តើក​មាស និង​ពួក​ប៉ារ៉ាស៊ីត​ជាដើម ដែល​តាម​រយៈ​នេះ​បាន​ធ្វើ​ឲ្យ​បរិស្ថាន​នៅ​ក្នុង​តំបន់​មាន​លំនឹង ។ ជា​ការ​ពិត​ការ​បាត់បង់​លំនឹង​នេះ អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីក​រាលដាល​កើនឡើង​នៃ​កត្តាចង្រៃ​ផ្សេងៗ ដែល​នឹង​បណ្តាល​ឲ្យ​មាន​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ដំណាំ​ទាំងឡាយ ។ ពូជស្រូវ​ដែល​ធន់​នឹង​ការ​រាំង​ស្ងួត​ដូច​ជា ពូជ​ខា ៣ ដែល​ជា​ពូជស្រូវ​កណ្តាល មាន​ដាំ​នៅ​ប្រទេស​កម្ពុជា អាច​ជួយ​សន្សំ​សំចៃ​ក្នុង​ការ​ប្រើប្រាស់​ទឹកបាន ដែល​បច្ចុប្បន្ន​ប្រទេស​មួយ​ចំនួន​កំពុង​តែ​ជួប​ប្រទះ​នឹង​គ្រោះ​រាំង​ស្ងួត និង​កង្វះ​ទឹក​នេះ ។ ឯ​ពូជស្រូវ​ដែល​ធន់​នឹង​ជំងឺ និង​សត្វល្អិត ដូច​ជា ពូជស្រូវ IR កេសរ IR-72 ជាដើម ដែល​ធន់​នឹង​ពួក​មមាច​ត្នោត អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ពុល នាំ​ឲ្យ​បរិស្ថាន​មាន​ភាព​ស្រស់ថ្លា ប្រកបដោយ​ខ្យល់​បរិសុទ្ធ ។

ក្រៅពី​នេះ ស្រូវ​នៅ​មាន​អត្ថប្រយោជន៍​មួយ​ចំនួន​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​រីករាយ​ស្រស់ថ្លា ។ បើ​យើង​ធ្វើ​ដំណើរ​នៅ​រដូវវស្សា ក្រោយ​ពេល​ដក​ស្ទូង គឺ​នៅ​ពេល​សន្ទូង​រីក​បែក​គុម្ព ដុះ​លូតលាស់​បាន​ល្អ វាលស្រែ​ទាំងឡាយ​មាន​ពណ៌​បៃតង​ខៀវស្រងាត់ ដើម​ស្រូវ​បក់​រេ​រាំ ទោរទន់​តាម​ជំនោរ​ខ្យល់ ពេល​ខ្លះ​មើលទៅ​ហាក់​ដូចជា​ទឹក​រលក​រត់​ប្រដេញ​គ្នា អម​ទៅ​ដោយ​ដើម​ត្នោត​ខ្ពស់​ទាប ព្រមទាំង​រុក្ខជាតិ​ផ្សេងៗ និង​សម្រែក​ខ្ញៀវខ្ញារ​មិន​ស្តាយ​សំនៀង​នៃ​បក្សាបក្សី​ទាំងឡាយ ដែល​ហើរ​ច្រវាត់ ធ្វើ​ឲ្យ​អ្នកដំណើរ​គយគន់​ទៅ​ត្រជាក់​ភ្នែក និង​មាន​អារម្មណ៍​សប្បាយ​រីករាយ បាត់​អស់​ក្តី​កង្វល់​ទាំងឡាយ ។ នៅ​ពេល​ស្រូវ​ដាក់​គ្រាប់ ក្លិនក្រអូប​ប្រហើរ បាន​រសាត់​តាម​ខ្យល់​ចេញពី​វាលស្រែ មក​ប៉ះ​នាសា​របស់​អ្នកដំណើរ​ទាំងឡាយ ធ្វើ​អោយ​គេ​មាន​កម្លាំង​ប្រឹស ភ្លេច​អស់​ការ​នឿយហត់​ទាំង​ប៉ុន្មាន ។ «ពេល​នេះ ជំនោរ​កត្តិក​បក់​ធ្លាក់​រអឹក មក​ពី​ទិសឧត្តរ​ហើយ មើល​នុះន៎! ស្រូវ​ទុំ​ក្រហម​ពេញ​ស្រែ​វាលស្រែ​ទាំងឡាយ មាន​ទិដ្ឋភាព​ដូច​ជា​កម្រាលព្រំ​ពណ៌​មាស លាតសន្ធឹង​ល្វឹងល្វើយ លើ​ផែន​ពសុធា នា​រដូវរំហើយ​គួរ​ជាទី​មនោរម្យ​សម្រាប់​មនុស្សជាតិ​មែន ហើយ​ក៏​ជាទី​សង្ឃឹម​នៃ​ប្រជា​កសិករ ចំពោះ​ភោគផល​ស្រូវ​ថ្មី និង​ជាទី​ត្រេកត្រអាល​នៃ​បក្សាបក្សី​ទាំងឡាយ​ផង​ដែរ» ។

១២.៤. ដំណាំ​ស្រូវ និង​ទេសចរណ៍

ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ចំណាស់ និង​អរិយធម៌​រុងរឿង​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ែក​អាគ្នេយ៍ ។ ជាក់ស្តែង មរតក​វប្បធម៌​ដ៏​មាន​តម្លៃ​ជា​ច្រើន ដែល​បុព្វ​បុរស​ខ្មែរ​បាន​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ រហូត​ដល់​បច្ចុប្បន្ន​នេះ មាន​ដូច​ជា ប្រាសាទ​ព្រះវិហារ ប្រាសាទ​បន្ទាយស្រី ប្រាសាទ​បាយ័ន ប្រាសាទ​តាព្រហ្ម ប្រាសាទ​នាគព័ន្ធ ប្រាសាទ​ព្រះខ័ន ប្រាសាទ​សំបូរព្រៃគុហ៍ ប្រាសាទ​បន្ទាយឆ្មារ និង​ប្រាសាទ​នានា​ដ៏​ល្បីល្បាញ និង​មាន​តម្លៃ​ជា​ច្រើន​ទៀត ជា​ពិសេស​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដែល​ជា​អច្ឆរិយវត្ថុ​ទី​៧ ក្នុង​ពិភពលោក​ដែល​កំពុង​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដ៏​ច្រើន​សន្ធឹកសន្ធាប់​ និង​មាន​កំណើន​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ មក​ទស្សនា​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍ គឺជា​ឧស្សាហកម្ម​គ្មាន​ផ្សែង និង​ជា​វិស័យ​អាទិភាព សម្រាប់​ការ​អភិវឌ្ឍ​នៃ​ខឿន​សេដ្ឋកិច្ច​ជាតិ ។

ដោយឡែក​ស្រូវ មិន​ត្រឹមតែ​ជា​អាហារ​ចាំបាច់​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ ព្រោះថា​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ បាន​លាតសន្ធឹង​យ៉ាង​ធំ​ល្វឹងល្វើយ ជាង​ពីរ​លាន​ហិកតា ពិសេស​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​តំបន់​ដែល​ដាំ​ដុះ​ច្រើន​ជាងគេ គឺ​ស្ថិត​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​ទន្លេមេគង្គ ។ យោង​តាម​ផ្ទៃដី​ដាំ​ដុះ​ខាងលើ​នេះ ដំណាំ​ស្រូវ​មាន​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​បួន គឺ​តំបន់​ស្រូវ​ទំនាប​ទឹកភ្លៀង តំបន់​ស្រូវចម្ការ តំបន់​ស្រូវ​ឡើង​ទឹក និង​តំបន់​ស្រោចស្រព ដែល​បង្កើត​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​យ៉ាង​ល្អ​ត្រកាល ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ក្រៃលែង​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ។ យ៉ាងណាមិញ​នៅ​រដូវវស្សា ប្រសិនបើ​យើង​ធ្វើ​ដំណើរ​កំសាន្ត​តាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប ឬ​តាម​រថយន្ត​ឆ្ពោះទៅ​កាន់​រមណីយ៍ដ្ឋាន​នានា យើង​នឹង​ឃើញ​ទេសភាព​វាលស្រែ​ពណ៌​បៃតង​ស្រងាត់ រំលេច​ដោយ​ដើម​ត្នោត និង​ដើម​រុក្ខជាតិ​ដ៏​ទៃ​ទៀត បង្កើត​បានជា​ទេសភាព​ធម្មជាតិ​យ៉ាង​ល្អ​ត្រកាល​គួរ​ឲ្យ​គយគន់ ដែល​លាតសន្ធឹង​តាម​ដងផ្លូវ តាម​ដង​ទន្លេមេគង្គ និង​បឹង​ទន្លេសាប ។ ម្យ៉ាងវិញទៀត ប្រសិនបើ​នៅ​រដូវប្រាំង យើង​នឹង​ឃើញ​ទេសភាព​វាលស្រែ​ទាំងនេះ ប្រែ​ក្លាយ​ទៅជា​ពណ៌​មាស និង​មាន​ក្លិនក្រអូប​ប្រហើរ​ឈ្ងុយ​ឈ្ងប់ ដោយ​លាយឡំ​នឹង​សម្លេង​សត្វ​បក្សាបក្សី និង​ជំនោរ​កត្តិក​បក់​មក​រំភើយៗ ធ្វើ​ឲ្យ​ទេសភាព​ដ៏​ល្អ​ត្រកាល និង​សែន​មនោរម្យ​នេះ ដែល​ធ្វើ​ឲ្យ​មនោ​អារម្មណ៍​របស់​អ្នក​ទេសចរណ៍​ទាំងឡាយ កាន់តែ​មាន​ភាព​សប្បាយ​រីករាយ និង​ជ្រះថ្លា​ក្នុង​អារម្មណ៍​ទ្វេ​ឡើង​ថែម​ទៀត ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត ដំណាំ​ស្រូវ​មិន​ត្រឹមតែ​បង្កើត​នូវ​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ល្អ​ត្រកាល និង​គួរ​ឲ្យ​គយគន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានជា​បង្កើត​ទីកន្លែង​កំសាន្ត​នានា សម្រាប់​អ្នក​ទេសចរណ៍​ទាំងឡាយ​ដូច​ជា​កន្លែង​ស្ទូចត្រី និង​កន្លែង​លំហែកាយ ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង​ពី​ការងារ ឬ​ការ​សិក្សា និង​អាច​ព្យាបាល​អ្នកមាន​វិបត្តិ​ផ្លូវ​ចិត្ត ដ៏​មាន​ប្រសិទ្ធិ​ភាព​ថែម​ទៀត (រូបភាព ១២.២) ។ ម្យ៉ាងវិញទៀត​នៅ​ពេល​ដែល​អ្នក​ទេសចរណ៍​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​កំសាន្ត​ណា​មួយ​ហើយ​នោះ ធ្វើ​ឲ្យ​ពួក​គេ​ពុំ​ចង់​វិល​ត្រឡប់ ឬ​ចាក​ចេញពី​កន្លែង​នោះ​ឡើយ ដោយសារ​តែ​ធ្វើ​ឲ្យ​ពួក​គេ​ជក់ចិត្ត និង​ដិតអារម្មណ៍​យ៉ាង​ក្រៃ​លែង ទៅ​លើ ទេសភាព​ធម្មជាតិ​ដ៏​ល្អ​ត្រកាល និង​បរិយាកាស​ដ៏​សែន​មនោរម្យ របស់​វាលស្រែ​ដ៏​ធំ​ល្វីង​ល្វើយ​នោះ ។

រូបភាព ១២.២ ទេសភាព​ដ៏​ត្រកាល​នៃ​វាលស្រែ

យោង​តាម​សំណេរ​ខាងលើ​នេះ យើង​អាច​វាយតម្លៃ​បាន​ថា ដំណាំ​ស្រូវ​ជា​ដំណាំ​ដំណែល​មរតក​ពី​ដូនតា តាំងពី​យូរលង់​ណាស់​មក​ហើយ និង​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ជាទី​បំផុត​សម្រាប់​ប្រជាជន និង​ប្រជាជាតិ​ខ្មែរ​ទាំងមូល ព្រោះថា​ដំណាំ​ស្រូវ​មិន​ត្រឹមតែ​ជា​អាហារ ចាំបាច់​សម្រាប់​ផ្តល់​ថាមពល និង​ទ្រទ្រង់​ជីវិត​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម នៅ​ក្នុង​សង្គម​ដូច​ជា បង្កើត​ទីផ្សារ​ការងារ​ជូន​ប្រជាពលរដ្ឋ បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជា​កសិករ លើក​ស្ទួយ​ប្រពៃណី វប្បធម៌ និង​សាមគ្គីធម៌ ពង្រឹង​ស្ថេរភាព​នយោបាយ លើក​ស្ទួយ និង​ថែរក្សា​បរិស្ថាន​ធម្មជាតិ និង​ចូលរួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ៕

កំណាព្យ

ព្រះមេ​មាន​គុណ

(បទ​ព្រហ្មគិត)

មរតក​ដូនតា កុលបុត្រ​ខេមរា ត្រូវ​រក្សា​ខ្ជាប់
វប្បធម៌​ប្រពៃ ទំនៀមទម្លាប់ ការពារ​ឲ្យ​ជាប់
  ស្រូវ​មរតក​ខ្មែរ ។  
ស្រូវ​ជា​ព្រះ​មេ អ្នក​មានគុណ​ទ្វេ ដល់​ជន​ខេមរា
ជា​អ្នក​ទ្រទ្រង់ ផ្តល់​ជា​អាហារ ថាមពល​ខ្លាំងក្លា
  ខេមរា​គ្រប់​រូប ។  
ក្រៅពី​អាហារ ស្រូវ​ផ្តល់​កិច្ចការ ដល់​ខេមរា​ថ្លៃ
មានគុណ​បំណាច់ យ៉ាង​ធំធេង​ក្រៃ ខេមរា​ប្រុស​ស្រី
  ចង​ចាំ​ឥត​ភ្លេច ។  
នេះ​ជា​អត្ថ ប្រយោជន៍​ប្រត្យក្ស ដល់​សង្គម​ខ្មែរ
ជួយ​អភិវឌ្ឍន៍ ជាប់​ជា​ហូរហែរ ទេសចរ​ផង​ដែរ
  សេដ្ឋកិច្ច​រុងរឿង ។
 

ត្រលប់​ទៅ​មាតិកា​រឿង