ជំពូក​៩-កត្តាចង្រៃ និង​ការ​គ្រប់គ្រង

ព្រះមេ ឬ ព្រះមាតា ឬ ព្រះប្រពៃស្រព

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម

ជំពូក​៩

កត្តាចង្រៃ និង​ការ​គ្រប់គ្រង

ព្រាប វិសារទោ, នី វុទ្ធី, ប៉ុល ចាន់ធី និង​ខៀវ ប៊ុណ្ណារិទ្ធ

៩.១. ជំងឺ​លើ​ដំណាំ​ស្រូវ

ជំងឺ​សំខាន់ៗ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​លើ​ដំណាំ​ស្រូវ ត្រូវ​បាន​គេ​ចែក​ចេញ​ជា​បី​ក្រុម​ធំៗ ទៅ​តាម​ប្រភេទ​នៃ​ការ​បំផ្លាញ និង​ទៅ​តាម​ប្រភេទ​នៃ​ភ្នាក់ងារ​បង្ក ដែល​បាន​ធ្វើការ​បំផ្លាញ​នៅ​លើ​សរីរាង្គ​ស្រូវ​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​លូតលាស់​របស់​វា ដូច​ជា ជំងឺ​លើ​ស្លឹក ជំងឺ​លើ​ដើម និង​ស្រទប និង​ជំងឺ​លើ​គ្រាប់ ៘ មិន​តែ​ប៉ុណ្ណោះ នៅ​មាន​ជំងឺ​សំខាន់​ផ្សេងៗ​ទៀត​ដូច​ជា ជំងឺ​វីរុស (Virus diseases) ជំងឺ​ណេម៉ាតូត (Nematode diseases) ដែល​បាន​បង្ក​ឲ្យ​ខូចខាត​លើ​ដំណាំ​ស្រូវ​ផង​ដែរ ។

៩.១.១. ជំងឺ​លើ​ស្លឹក (Leaf diseases)

ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​ស្លឹក​ស្រូវ មាន​ភាព​មិន​ប្រក្រតី​គឺ​ស្លឹក​ស្រូវ​ប្រែ​ពណ៌​ស្រពោន រួញ ក្រិន ឬ​មាន​ស្នាម​អុចៗ​លើ​ផ្ទៃ​ស្លឹក ។ ជំងឺ​ទាំងនោះ​មាន​ដូច​ជា ៖

៩.១.១.១. ជំងឺ​ខ្នារអំបោះ​ត្នោត (Rice blast)

ជំងឺ​នេះ​មាន​ការ​រីក​រាលដាល​ខ្លាំង​ជាងគេ​នៅ​លើ​ដំណាំ​ស្រូវ ។ ជា​ពិសេស​វា​អាច​កើត និង​រីក​រាលដាល​នៅ​គ្រប់​សរីរាង្គ​របស់​ស្រូវ (ដើម ស្លឹក កួរស្រូវ គ្រាប់ស្រូវ) ។ លើស​ពី​នេះ​ទៀត ជំងឺ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុកជា​ជំងឺ​ផ្ដាសាយ​ស្រូវ​ដែល​គេ​ប្រទះ​ឃើញ​មុន​គេ​នៅ​ប្រទេស​ចិន នា​ឆ្នាំ​១៦៣៧ ហើយ​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​នៅ​ប្រទេស​ជប៉ុន នា​ឆ្នាំ​១៧០៤ នៅ​ប្រទេស​អ៊ីតាលី ឆ្នាំ​១៨២៨ នៅ​សហរដ្ឋអាមេរិក​ ឆ្នាំ​១៨៧៦ និង​នៅ​ឥណ្ឌា ឆ្នាំ​១៩១៣ ។ ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ ទើប​តែ​ធ្វើការ​កត់ត្រា​អំពី​ជំងឺ​នេះ​ក្នុង​អំឡុង​ឆ្នាំ​១៩៩០​ប៉ុណ្ណោះ ។

ក. រោគសញ្ញា

នៅ​លើ​ស្លឹក យើង​សង្កេត​ឃើញ​មាន​ស្នាម​ជាំ​ពណ៌​ត្នោត​ក្រមៅ និង​នៅ​ចំ​កណ្តាល​ចំណុច មាន​ពណ៌​ប្រផេះ​ភ្លឺ ។ ពេល​ដែល​វា​រីក​រាលដាល​ធំ​ឡើង​រហូត​ដល់​ប្រវែង ៣-៤ សម និង​ទំហំ ០.៥ សម វា​មាន​រាង​ដូចជា​ខ្នារ​អំបោះ ។ នៅ​លើ​គែម​នៃ​ស្លឹក​មាន​ការ​លេច​ចេញ​នូវ​ចំណុច​ពណ៌​ខ្មៅ ។ ជាដំបូង​ចំណុច​តូចៗ​ពណ៌​ខ្មៅ​ទាំងនេះ​មាន​លក្ខណៈ​តូច បន្ទាប់​មក​វា​ក៏​មាន​ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ពាសពេញ​ដើម និង​ស្លឹក ។ រីឯ​កួរស្រូវ​វិញ​មាន​និប្ផលភាព (អារ) មិន​ដាក់​គ្រាប់ ហើយ​មាន​ពណ៌​ខ្មៅ​ប្រផេះ នៅ​ផ្នែក​ខាងក្នុង​នៅ​លើ​ទង​នៃ​កួរស្រូវ (រូប ៩.១) ។

រូប ៩.១ រោគសញ្ញា​នៃ​ជំងឺ​ខ្នារអំបោះ (Rice Blast)

ខ. ភ្នាក់ងារ​បង្ក​នៃ​ជំងឺ

ជំងឺ​នេះ​បង្ក​ដោយ​មេរោគ​ឈ្មោះ Pyricularia oryzae ដែល​ជ្រៀតចូល​តាម​ចន្លោះ​កោសិកា​រុក្ខជាតិ វា​មាន​ទំហំ 19-27μm x 8-10μm ។ ជំងឺផ្សិត​នេះ​រីក​រាលដាល​ខ្លាំង​នៅ​សីតុណ្ហភាព ២២-២៤ អង្សា​សេ និង​សំណើម​បរិយាកាស​ប្រមាណ ៩០-៩៥ ភាគរយ ។ លើស​ពី​នេះ​ទៀត ជំងឺ​នេះ​បាន​ធ្វើ​ឲ្យ​ដំណុះ​គ្រាប់ស្រូវ​មាន​ការ​បាត់បង់ ។ ទិន្នផល​ដែល​បាត់បង់​ដោយសារ​ជំងឺ​នេះ មាន​ប្រមាណ​ជា ២០-២៥% ។

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

ត្រូវ​ជ្រើសរើស​រក​ពូជ​ធន់​ទ្រាំ និង​ធ្វើការ​ដុត​នូវ​កម្ទេចកម្ទី និង​ស្មៅ​ទាំងឡាយ​ដែល​ជាទី​ជម្រក​របស់​វា ។ ប្រឡាក់​ថ្នាំ​ផ្សិត (Pyroquilion និង Tricyclazole) លើ​គ្រាប់ពូជ​មុន​យក​ទៅ​សាប ដាំ​ដំណាំ​ឆ្លាស់ (ស្រូវ​សណ្តែក) បញ្ចូល​ទឹក​ក្នុង​ស្រែ​ឲ្យ​បាន​កម្ពស់ ១៥-១៨ សម សម្អាត​គ្រាប់​ដោយ​ត្រាំ​ជាមួយ​ទឹក​ក្ដៅ​ក្នុង​កម្រិត ៥០-៥៥​អង្សា ក្នុង​រយៈពេល ១០-១៥​នាទី និង​បាញ់ថ្នាំ Benomyl ឬ Probenazol នៅ​ដំណាក់កាល​មុន​ស្រូវ​ផើម ក្រោយ​ពេល​ចេញ​ផ្កា និង​១០​ថ្ងៃ​បន្ទាប់ ។ ចំពោះ​ប្រភេទ​ថ្នាំ Pyroquilion និង Tricyclazole មាន​ប្រសិទ្ធភាព​ខ្ពស់ នៅ​ក្នុង​ការ​ប្រឡាក់​គ្រាប់​ស្រូវ​មុន​ពេល​សាប​ព្រោះ ។

៩.១.១.២. ជំងឺ​អុត​ត្នោត (Brown spot)

គឺជា​ជំងឺ​ដែល​ត្រូវ​បាន​រក​ឃើញ​មុន​គេ​បង្អស់ នៅ​ប្រទេស​ជប៉ុន នា​ឆ្នាំ​១៩០០ បន្ទាប់​មក​ឃើញ​មាន​ការ​រាលដាល​ពាសពេញ​ពិភពលោក ដែល​មាន​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ ។ ជាដំបូង​នៅ​ឆ្នាំ​១៩១៦ ជំងឺ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ជា ជំងឺ Sesame leaf blight ព្រោះ​ចំណុច​អុត (Oval spots) មាន​រូបរាង​ដូច​គ្រាប់​ល្ង ។ ជំងឺ​អុត​ត្នោត​នេះ​មាន​ការ​រីក​រាលដាល​យ៉ាង​ខ្លាំង​លើ​ផលិតកម្ម​ដំណាំ​ស្រូវ ។ ការ​រីក​រាលដាល​នេះ យើង​សង្កេត​ឃើញ​មាន​នៅ​លើ​ស្លឹក គែម​នៃ​ស្លឹក និង​គ្រាប់ស្រូវ ។

ក. រោគសញ្ញា

មាន​នៅ​លើ​ពន្លក​ស្លឹក​ស្រូវ លេច​ចេញ​នូវ​ចំណុច​មូល​តូចៗ​ដែល​មាន​ទំហំ ១-១៤​មម x ០.៥-៣​មម ។ បន្ទាប់​មក​ចំណុច​នេះ​នឹង​រីក​ធំ​ឡើង​មាន​ពណ៌​ត្នោត​ក្រមៅ នៅ​ដក់​ជាប់​លើ​ស្លឹក (រូប ៩-២) ។ ម្យ៉ាងវិញទៀត នៅ​ពេល​ដែល​វា​រីក​រាលដាល​ខ្លាំង ធ្វើ​ឲ្យ​ស្រូវ​មិន​អាច​ចេញ​ផ្កា​បាន ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​បាត់បង់​ទិន្នផល ។

រូប ៩-២ រោគសញ្ញា​នៃ​ជំងឺ​អុត​ត្នោត (Brown spot)

ខ. ភ្នាក់ងារ​បង្ក​នៃ​ជំងឺ

ចំពោះ​ភ្នាក់ងារ​បង្ក​របស់​វា គឺជា​ពពួក​ផ្សិត Helmithosporium oryzae ដែល​បង្ក​នៅ​ផ្នែក​ខាងលើ​នៃ​ជាលិកា​រុក្ខជាតិ ហើយ​មាន​ពណ៌​ត្នោត ខ្មៅ ទំហំ 63-153μm x 14-22μm ពពួក​ផ្សិត​នេះ​ជ្រៀតចូល​ទៅ​ក្នុង​កោសិកា​រុក្ខជាតិ តាម​រយៈ​ស្រទាប់​អេពីឌែម និង​រោម​តូចៗ​នៃ​រុក្ខជាតិ ។ ហើយ​ពួក​វា​ទាំងនេះ​អាច​បង្កើត​នូវ​ប្រព័ន្ធ​ឫស​ដែល​មាន​លទ្ធភាព​បញ្ចេញ​នូវ​សារធាតុពុល ។ លើស​ពី​នេះ​ទៀត វា​អាច​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់ មាន​សំណើម​បរិយាកាស​ខ្ពស់​លើស​ពី ៩២% និង​សីតុណ្ហភាព​រវាង ២១-៣៦​អង្សា (រូប ៩-៣) ។

រូប ៩.៣ ភ្នាក់ងារ​បង្ក​ជំងឺ​អុត​ត្នោត

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

  • ត្រូវ​ជ្រើសរើស​ពូជ​ធន់​ទ្រាំ
  • ធ្វើការ​សម្អាត​ស្រែ​មុន​ពេល​ដាំ
  • ធ្វើការ​ពន្លិចទឹក​នៅ​ពេល​ស្រូវ​មាន​ពន្លក
  • ដាក់​ជី​ឲ្យ​បាន​សម​ស្រប​តាម​តម្រូវការ​របស់​រុក្ខជាតិ
  • ធ្វើការ​សម្អាត​គ្រាប់​មុន​ពេល​ដាំ (ត្រាំ​គ្រាប់​ជាមួយ​ទឹក​ក្ដៅ​ក្នុង​កម្រិត​សីតុណ្ហភាព ៥៣-៥៤​អង្សា ក្នុង​រយៈពេល ១០-១២​នាទី ឬ​ធ្វើការ​ប្រឡាក់​ថ្នាំ Antibiotic (captan, thiram, chitosan, carbendazim) និង​បាញ់ថ្នាំ Mancozeb + Triclazol នៅ​ដំណាក់កាល​បែក​គុម្ព ។
៩.១.១.៣. ជំងឺ​បាក់តេរី​ស្រពោន​ស្លឹក (Bacterial leaf blight)

ជា​ប្រភេទ​ជំងឺ ដែល​រីក​រាលដាល​ខ្លាំង និង​ធ្វើការ​បំផ្លាញ​យ៉ាង​ខ្លាំងក្លា​មក​លើ​ដំណាំ​ស្រូវ ។ ហើយ​ជំងឺ​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃី​ញ​នៅ​ប្រទេស​ជប៉ុន នា​ឆ្នាំ ១៩០៨ ។ បន្ទាប់​មក​ទៀត​ត្រូវ​បាន​គេ​ជួប​ប្រទះ​នៅ​ប្រទេស​ហ្វីលីពីន កម្ពុជា ឥណ្ឌា និង ម៉ិកស៊ិក ។

ក. រោគសញ្ញា

រោគសញ្ញា​នៃ​ជំងឺ​នេះ យើង​សង្កេត​ឃើញ​តាម​បណ្តោយ​ស្លឹក​នៃ​ផ្ទៃ​ស្លឹក​ស្នាម​ឆ្កូត ស្ងួត​ពណ៌ លឿង ប្រផេះ ឆ្នូត នៅ​សងខាង​នៃ​ផ្ទៃ​ស្លឹក ។ រោគសញ្ញា​នេះ​ភាគច្រើន​កើត​នៅ​ពេល​ស្រូវ​មាន​កំណ​កំណើត​កួរ ។ លើស​ពី​នេះ​ទៀត នៅ​ពេល​អាកាសធាតុ​មាន​លក្ខណៈ​សើម យើង​អាច​មើល​ឃើញ​ជំងឺ​នេះ តាម​ដំណក់ទឹក​ដែល​មាន​លក្ខណៈ​សើម​កខ្វក់ ពណ៌​លឿង​ប្រផេះ​ដូច​ក្រញ៉ម​បារី ។ នៅ​ពេល​អាកាសធាតុ​មាន​លក្ខណៈ​សម​ស្រប យើង​សង្កេត​ឃើញ​នៅ​លើ​ស្លឹក​មាន​ចំណុច​ដាម​ពណ៌​ប្រផេះ​ស្ងួត ហើយ​ចំណុច​នេះ​បន្តិច​ម្ដងៗ​ក៏​ប្រែ​ពណ៌​ទៅ​ជា​លឿង​ស្លែត​មាន​លក្ខណៈ ភ្លឺ រលោង ដែល​នៅ​ទីបំផុត​ដាម​ទាំងនេះ ក្លាយ​ទៅជា​ស្ងួត រលោង​ដូច​ហ្វីល​ថត (រូប ៩-៤) ។

រូប ៩.៤ រោគសញ្ញា​នៃ​ជំងឺ​បាក់តេរី​ស្រពោន​ស្លឹក

ខ. ភ្នាក់ងារ​បង្ក​នៃ​ជំងឺ

ភ្នាក់ងារ​បង្ក​របស់​វា​គឺ Xanthomonas oryzae pv. oryzae ដែល​មាន​រាង​ជា​ចង្កឹះ​មាន​ទំហំ 0,5-0,8μm x 1,2-2μm ។ ហើយ​ការ​ធ្វើ​ចលនា​របស់​វា​គឺ​មិនមែន​ដោយ Spors ដូច​ជំងឺ​ដែល​បង្ក​ដោយ​ផ្សិត​នោះ​ទេ ។ ពោល​គឺ​វា​មាន​កន្ទុយ ហើយ​នៅ​រាល់​ការ​ផ្លាស់​ទី​របស់​វា​គឺ​អាស្រ័យ​ដោយ​កន្ទុយ​នេះ​ឯង ។ ចំណែកឯ​សីតុណ្ហភាព​មធ្យម​សម្រាប់​ការ​រីក​លូតលាស់​របស់​វា​គឺ ២៥-៣០​អង្សា​សេ ។ ប៉ុន្តែ​វា​អាច​ទ្រាំ​បាន​រហូត​ដល់ ៥៣​អង្សា​សេ ។ លើស​ពី​នេះ​ទៀត ការ​លាក់ខ្លួន​របស់​ភ្នាក់ងារ​បង្ក​របស់​វា​ភាគច្រើន​នៅ​លើ​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង នៃ​គ្រាប់ស្រូវ និង​កម្ទេចកម្ទី​ផ្សេងៗ​ទៀត​ដែល​មាន​នៅ​ក្នុង​ស្រែ ។

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

ជាដំបូង​ត្រូវ​ធ្វើការ​កម្ចាត់​ជំងឺ​នេះ នៅ​លើ​គ្រាប់ និង​នៅ​លើ​កម្ទេចកម្ទី​ដែល​មាន​នៅ​ក្នុង​ស្រែ ។ ដោយ​ត្រូវ​ត្រាំ​គ្រាប់ពូជ​នឹង​សីតុណ្ហភាព ៥២-៥៣ អង្សា​សេ ក្នុង​រយៈពេល​៣០​នាទី ។ យើង​ក៏​អាច​ត្រាំ​វា​ជាមួយ​ល្បាយ​ទឹក​អាក្រូមីស៊ីន (Agromicine) 0,25% ក្នុង​រយៈពេល​១២​ម៉ោង ៘ ត្រូវ​ធ្វើការ​ជ្រើសរើស​ពូជ​ដែល​មាន​លក្ខណៈ​ធន់​ទ្រាំ (ពូជស្រូវ​ស្រាល) ឬ​ត្រូវ​ធ្វើការ​ប្រឡាក់​ថ្នាំ​ប្រភេទ​អង់ទីប៊ីយ៉ូទិក​ទៅ​លើ​គ្រាប់ពូជ​មុន​យក​ទៅ​សាប ។

៩.១.១.៤. ជំងឺ​បាក់តេរី​ឆ្នូត (Bacterial leaf streak)

ជា​ប្រភេទ​ជំងឺ​បាក់តេរី​ម្យ៉ាង​ដែល​គេ​ជួប​ប្រទះ​មុនគេ​នៅ​ប្រទេស​ជប៉ុន កម្ពុជា និង​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ ។ ភ្នាក់ងារ​បង្ក​របស់​ជំងឺ​នេះ​ភាគច្រើន​រាលដាល​នៅ​លើ​ស្រទាប់​អេពីឌែម​គ្រាប់ស្រូវ ហើយ​មាន​ពណ៌​ខ្មៅ និង​ផ្នែក​ខាងក្រៅ​នៃ​គ្រាប់ស្រូវ មើលទៅ​ហាក់​បីដូច​ជា​ពុំ​មាន​ទទួល​រង​នូវ​ការ​បំផ្លាញ ។

ក. រោគសញ្ញា

ចំពោះ​រោគសញ្ញា​នៃ​ជំងឺ​នេះ យើង​សង្កេត​ឃើញ​នៅ​លើ​ស្លឹក​មាន​ដាន​ស្នាម​ឆ្នូត​វែង តាម​បណ្តោយ​ស្លឹក​មាន​ពណ៌​ត្នោត​ក្រមៅ ហើយ​ស្នាម​ទាំងនេះ​នឹង​រីក​ធំ​ឡើងៗ​ពាសពេញ​ផ្ទៃ​ស្លឹក ។ លើស​ពី​នេះ​ទៀត នៅ​ពេល​ស្លឹក​ស្រូវ​សើម យើង​សង្កេត​ឃើញ​មាន​ដំណក់​ទឹក​ល្អក់ និង​ចំណុច​ពង​ពណ៌​លឿង​នៅ​លើ​ស្លឹក (រូប ៩.៥) ។

រូប ៩.៥ រោគសញ្ញា​នៃ​ជំងឺ​បាក់តេរី​ឆ្នូត

ខ. ភ្នាក់ងារ​បង្ក​នៃ​ជំងឺ

ភ្នាក់ងារ​បង្ក​នៃ​ជំងឺ​បាក់តេរី​នេះ​គឺ Xanthomonas oryzae pv. oryzicola ដែល​មាន​រាង​មូល​ជា​រង្វង់​ហើយ​មាន​ទំហំ 0,5-0,8μm x 1,2-3,5μm ។ សីតុណ្ហភាព​មធ្យម​សម្រាប់​ការ​រីក​លូតលាស់​គឺ ២៩​អង្សា​សេ ហើយ​បាក់តេរី​ទាំងនេះ​នឹង​ងាប់​នៅ​សីតុណ្ហភាព ៥០ ទៅ ៥១ អង្សា​សេ ។ ការ​ជ្រៀតចូល​នៃ​ភ្នាក់ងារ​បង្ក​នេះ​ទៅ​ក្នុង​គ្រាប់ស្រូវ​នៅ​ដំណាក់កាល​ស្រូវ​ដាក់​ទឹកដោះ តាម​រយៈ​ការ​ប៉ះទង្គិច​គ្នា​តាម​ការ​បញ្ចេញ​បញ្ចូល​ទឹក និង​តាម​គ្រាប់ពូជ ៘

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

ត្រូវធ្វើ​ការ​ដក់​ឬ​កម្ទេច​ចោល​នូវ​ប្រភព​ជំងឺ​ដែល​ស្ថិត​នៅ​លើ​គល់​ជញ្ជ្រាំង និង​ចំបើង​ហើយ​ត្រូវ​ប្រើ​គ្រាប់ពូជ​ដែល​ស្អាត​ល្អ​គ្មាន​ជំងឺ និង​ត្រូវ​ប្រើ​ជី​អាសូត​ក្នុង​កម្រិត​មួយ​ទាប ។ ក្នុង​ករណី​ចាំបាច់​អាច​ធ្វើការ​បាញ់​ថ្នាំ​ប្រភេទ phenazine-5-oxide ។

៩.១.២. ជំងឺ​កើត​លើ​ដើម និង​ស្រទប​ស្រូវ (Stem and sheath diseases)

ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​ដើម និង​ស្រទប​ស្លឹក​ស្រូវ មាន​ភាព​មិន​ប្រក្រតី គឹ​ស្លឹក​ស្រូវ​ប្រែ​ពណ៌ រលួយ រួញ ក្រិន​លូត​វែង​ខុសធម្មតា​ឬ​មាន​ស្នាម​អុត​ជាំ​លើ​ផ្នែក​ទាំងនោះ ។ ជំងឺ​ទាំង​នោះ​មាន​ដូច​ជា ៖

៩.១.២.១. ជំងឺ​ស្រូវ​ឈ្មោល (Bakanae)

ក. រោគសញ្ញា

ជា​ប្រភេទ​ជំងឺ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ជា​លើក​ដំបូង នៅ​ក្នុង​ប្រទេស​ជប៉ុន នា​ឆ្នាំ​១៨២៨ បន្ទាប់​មក​ឃើញ​មាន​ការ​រាតត្បាត​នៅ​តាម​ប្រទេស​នានា ដែល​មាន​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ដែល​ការ​បំផ្លាញ​របស់​វា គឺ​ធ្វើ​ឲ្យ​រុក្ខជាតិ​លូត​កម្ពស់​ខុស​ប្រក្រតី ។ មិន​តែ​ប៉ុណ្ណោះ​ដើម​ស្រូវ​ដែល​កើត​ជំងឺ​នេះ ជា​ទូទៅ​ត្រូវ​បាន​ងាប់ មុន​ពេល​ស្រូវ​កំណ​កំណើត​កួរ ឬ​បើ​ពុំ​ដូច្នោះ​ទេ​ដើម​ស្រូវ​ទាំងនោះ​មាន​និប្ផលភាព ឬ​អារ​គ្មាន​កួរ ។ ពន្លក​រុក្ខជាតិ​មាន​ពណ៌​លឿង​រួញ ស្ងួត​ឫស រលួយ ហើយ​ដើម​ស្រូវ​លូត​វែង​ខុសធម្មតា (រូប ៩.៦) ។

រូប ៩.៦ រោគសញ្ញា​នៃ​ជំងឺ​ស្រូវ​ឈ្មោល

ខ. ភ្នាក់ងារ​បង្ក​នៃ​ជំងឺ

ភ្នាក់ងារ​បង្ក​ឈ្មោះ Fusarium oryzae ក្រោម​ឥទ្ធិពល​នៃ​សារធាតុពុល​របស់​ផ្សិត​នេះ ធ្វើ​ឲ្យ​រុក្ខជាតិ​មាន​ការ​លូត​កម្ពស់​ខ្ពស់​ខុស​ប្រក្រតី ដើម​មាន​លក្ខណៈ​តូច​ស្ដួច​ពណ៌​លឿង និង​ទីបំផុត​រុក្ខជាតិ​អាច​ងាប់ ។ ផ្សិត​បង្ក​ជំងឺ​នេះ​មាន Microconidia រាងមូល​ដែល​មាន​ទំហំ 5-12 x 1.5-2.5μm ហើយ Spore មាន​ទំហំ 5-15μm ។ ការ​បាត់បង់​ទិន្នផល​ដោយសារ​ជំងឺ​នេះ​មាន​ប្រមាណ ១៥-២០ ភាគរយ (រូប ៩.៧) ។

រូប ៩.៧ ភ្នាក់ងារ​បង្ក​ជំងឺ​ស្រូវ​ឈ្មោល Fusarium oryzae

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

ដាំ​ដំណាំ​ឆ្លាស់​ប្រឡាក់​គ្រាប់ស្រូវ​ជាមួយ​ថ្នាំ​ផ្សិត Benomyl ឬ Thiram ឬ Cabendazim និង​ប្រើ​ពូជ​ធន់ ។

៩.១.២.២. ជំងឺ​រលួយ​ដើម​ស្រូវ (Stem rot)

ជា​ប្រភេទ​ជំងឺ​ដែល​ធ្វើការ​បំផ្លាញ​លើ​ដើម​ស្រូវ ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប្រទេស​អ៊ីតាលី ឆ្នាំ​១៨៧៦ ប្រទេស​ជប៉ុន ឆ្នាំ​១៩១០ ប្រទេស​ឥណ្ឌា ឆ្នាំ​១៩១៣ ប្រទេស​ស្រីលង្កា ឆ្នាំ​១៩២០ ប្រទេស​វៀតណាម និង​សហរដ្ឋអាមេរិក ឆ្នាំ​១៩២១ ប្រទេស​ហ្វីលីពីន ឆ្នាំ​១៩២៤ និង​នៅ​ប្រទេស​កម្ពុជា បាន​ចាប់​ផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នា​ឆ្នាំ​២០០៥ ។

ក. រោគសញ្ញា

រោគសញ្ញា​នៃ​ជំងឺ​នេះ គឺជា​ទូទៅ យើង​សង្កេត​ឃើញ​លេច​ចេញ​នៅ​ពាក់កណ្តាល​នៃ​ដំណាក់កាល​ស្រូវ​បែក​គុម្ព ។ ដើម​ស្រូវ និង​ស្រទប​ស្លឹក​រលួយ បន្ទាប់​មក​ធ្វើ​ឲ្យ​ដើម​ស្រូវ​ទាំងនោះ​ដួល​រលំ​ទៅ​លើ​ដី​នៅ​ពេល​ស្រូវ​ចាប់ផ្តើម​ដាក់​គ្រាប់ ។ ការ​រាលដាល​នៃ​ជំងឺ​នេះ ជា​ទូទៅ​កើត​ឡើង​នៅ​ពេល​ស្រូវ មាន​អាយុកាល ១-១.៥ ខែ ក្រោយ​ពេល​ស្ទូង​រហូត​ដល់​ស្រូវ​ផើម ។ ភាព​រលួយ​នេះ​ស្ថិត​នៅ​ផ្នែក​ខាងក្នុង​នៃ​ដើម​ស្រូវ មាន​ពណ៌​ជាំ​ខ្មៅ​នៅ​ជុំវិញ​ដើម​ស្រូវ (រូប ៩.៨) ។

រូប ៩.៨ រោគសញ្ញា​នៃ​ជំងឺ​រលួយ​ដើម​ស្រូវ

ខ. ភ្នាក់ងារ​បង្ក​នៃ​ជំងឺ

ភ្នាក់ងារ​បង្ក​របស់​វា​គឺ Sclerotium oryzae cattaneo មាន​រាង​មូល​ដូច​ពងក្រពើ​ពណ៌​ក្រមៅ នៅ​ជាប់​នឹង​ស្រទាប់​ស្លឹក​ស្រូវ ហើយ​មាន​ប្រវែង 104-165μm x 8.7-17.7μm និង​មាន Ascospore ចំនួន​៨ ។ នៅ​ក្នុង​លក្ខខណ្ឌ​ដី​ស្ងួត ភ្នាក់ងារ​បង្ក​នេះ អាច​រស់បាន​រហូត​ដល់ ១៣៣​ថ្ងៃ តែ​វា​អាច​ងាប់​នៅ​ជម្រៅ​ដី ២០​សម ដោយសារ​កម្ដៅ​ព្រះអាទិត្យ ។

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

បង្ហូរ​ទឹក​ចេញពី​ស្រែ​ក្នុង​រយៈពេល ១.៥-២​ខែ រហូត​ដល់​ស្រូវ​ផើម ដោយ​ធ្វើកា​ស្រោច​ទឹក​វិញ ដាំ​ដំណាំ​ឆ្លាស់ (ស្រូវ​១-២ ឆ្នាំ) បន្ថែម​ជី​ប៉ូតាស្យូម ប្រើ​ថ្នាំ​ផ្សិត Edifenphos ឬ Validamicin ឬ Carbendazim ឬ Isoprothiolane បាញ់​មុន​ពេល​ស្រូវ​បែក​គុម្ព ដើម្បី​ឲ្យ​ស្រូវ​មាន​ភាព​ធន់​នឹង​ជំងឺ ។​

៩.១.២.៣. ជំងឺ​រលួយ​ស្រទប (Sheath rot)

ជា​ប្រភេទ​ជំងឺ ដែល​ត្រូវ​បាន​គេ​បរិយាយ​ជា​លើក​ដំបូង​នៅ​ប្រទេស​តៃវ៉ាន់ នា​ឆ្នាំ​១៩២២ ។ បន្ទាប់​មក​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ប្រទេស​ជប៉ុន ឥណ្ឌា បង់ក្លាដែស កម្ពុជា ស្រីលង្កា កេនយ៉ា ម៉ិកស៊ិក និង​សហរដ្ឋអាមេរិក ។ លើស​ពី​នេះ​ទៀត ជំងឺ​នេះ​មាន​ការ​រីក​រាលដាល​យ៉ាង​ខ្លាំង​នៅ​លើ​ស្រែប្រាំង ។

ក. រោគសញ្ញា

រោគសញ្ញា​នៃ​ជំងឺ​នេះ យើង​សង្កេត​ឃើញ​ភាព​រលួយ​នៅ​លើ​ស្រទប​ស្លឹក និង​ធ្វើ​ឲ្យ​កួរស្រូវ​មិន​អាច​លូតលាស់​ចេញ​ផ្កា​តាម​ធម្មតា​បាន ។ ជាដំបូង​ចំណុច​ជាំ​ខ្មៅ​ត្នោត លេច​ចេញ​លើ​ស្រទប​ស្លឹក មាន​រាង​ទ្រវែង និង​មាន​ទំហំ ០,៥-១,៥ សម ។ ហើយ​បន្ទាប់​មក​ស្នាម​ទាំងនេះ​នឹង​រីក​រាលដាល​ធំ​ឡើងៗ ពាសពេញ​ស្រទប​ស្លឹក ដោយ​ចំណុច​កណ្តាល​នៃ​ស្នាម​ទាំងនេះ​មាន​ពណ៌​ប្រផេះ​រាង​ត្នោត​ភ្លឺ ។ ជា​ទូទៅ​ស្រូវ​ដែល​ទទួល​រង​នូវ​ជំងឺ​នេះ ភាគ​ច្រើន​និប្ផល​ដោយ​គ្មាន​ដាក់​គ្រាប់ ។

ខ. ភ្នាក់ងារ​បង្ក​ជំងឺ

ភ្នាក់ងារ​បង្ក​របស់​ជំងឺ​នេះ គឺ​ពពួក​ផ្សិត Sarocladium oryzae (Sawada) W. Gams & D. Hawksworth ដែល​មាន Mycelium ពណ៌​ស ឆ្មារៗ​ដូច​សរសៃ​អំបោះ អង្កត់ផ្ចិត​មាន​ទំហំ 1.5-2 μm និង Conidia មាន​ទំហំ 4-9 x 1-2/5 μm ។ ហើយ​មាន​លក្ខណៈ​ខ្សោយ ដោយ​ជា​ធម្មតា ការ​ចម្លង​របស់​វា​តែងតែ​អាស្រ័យ និង​វត្តមាន​នូវ​ដង្កូវ​ស៊ី​រូង​ដើម ឬ​ដោយ​មូលហេតុ​ផ្សេងៗ​ទៀត​ដូច​ជា ការ​ចម្លង​ជំងឺ​វីរុស និង​ការ​បំផ្លាញ​របស់​សត្វល្អិត​ដទៃ​ទៀត​លើ​ស្រទប​ស្លឹក​ទង់ជ័យ ។ មិន​តែ​ប៉ុណ្ណោះ​ការ​បំផ្លាញ​របស់​ជំងឺ​នេះ ភាគច្រើន​បង្ក​លើ​ស្រទប​ស្លឹក ក្បែរ​កួរស្រូវ​ខ្ចី ។ នៅ​ពេល​ខ្លះ​ទៀត​ភ្នាក់ងារ​បង្ក​នៃ​ផ្សិត​នេះ ធ្វើការ​ចម្លង​លើ​ស្រទប​ស្លឹក ស្រូវ​ជាមួយនឹង​ភ្នាក់ងារ​នៃ​ជំងឺ​បាក់តេរី (Pseudomonas fuscovaginae) ជា​ហេតុ​ធ្វើ​ឲ្យ​គ្រាប់ស្រូវ​មាន​ការ​ផ្លាស់​ប្ដូរ​ពណ៌​ជា​ស​ស្លែត ។ វា​អាច​រស់នៅ​លើ​កម្ទេចកម្ទី​កាក​សំណល់ និង​លើ​គ្រាប់ស្រូវ ។

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

  • ប្រើ​ពូជ​ដែល​មាន​ភាព​ធន់​ទ្រាំ
  • ធ្វើការ​កម្ចាត់​សត្វល្អិត​ចង្រៃ​ដោយ​ត្រូវ​ធ្វើការ​បាញ់​ថ្នាំ​កសិកម្ម​នៅ​ពេល​ចាំបាច់​គឺ Phosphamidon ជា​ថ្នាំ​សត្វល្អិត​លាយ​ជាមួយ​ថ្នាំ​ផ្សិត Tridemorph
  • ធ្វើការ​ប្រឡាក់​គ្រាប់ស្រូវ​ជាមួយ​ថ្នាំ​ផ្សិត Mancozeb និង Benomyl ដើម្បី​សម្អាត​ផ្សិត​លើ​គ្រាប់​ធ្វើការ​កម្ចាត់​បាក់តេរី Pseudomonas fluorescens អាច​កាត់​បន្ថយ​ជំងឺ​រលួយ​ស្រទប ។

៩.១.៣. ជំងឺ​កើត​លើ​គ្រាប់ស្រូវ (Grain diseases)

ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​គ្រាប់​ស្រូវ មាន​ភាព​មិន​ប្រក្រតី គឺ​គ្រាប់ស្រូវ​ប្រែ​ពណ៌​មាន​ស្នាម​ជាំ ឬ​អុតៗ​លើ​គ្រាប់ស្រូវ ឬ​គ្រាប់ស្រូវ​ទាំងនោះ​ឡើង​ផ្ទុះ ។ ជំងឺ​ទាំងនោះ​មាន​ដូច​ជា ៖

៩.១.៣.១. ជំងឺ​ម្រែងភ្លើង (Kernel smut)

ជា​ប្រភេទ​ជំងឺ ដែល​មាន​ការ​រីក​រាលដាល​នៅ​លើ​គ្រាប់ស្រូវ ហើយ​មាន​ការ​រីក​រាល​ខ្លាំង នៅ​បណ្តា​ប្រទេស​មួយ​ចំនួន ដូច​ជា ជប៉ុន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ កម្ពុជា សហរដ្ឋ​អាមេរិក ៘

ក. រោគសញ្ញា

រោគសញ្ញា​នៃ​ជំងឺ​នេះ ឃើញ​មាន​នៅ​លើ​គ្រាប់ស្រូវ​នៃ​កួរស្រូវ ហើយ​មាន​ពណ៌​ខ្មៅ ដូច​ធ្យូង ហើយ​ស្ពៀត​គ្មាន​គ្រាប់ (រូប ៩.៩) ។

ខ. ភ្នាក់ងារ​បង្ក​នៃ​ជំងឺ

ភ្នាក់ងារ​បង្ក​របស់​វា​គឺ Tilletia barclayana (Bref.) ហើយ ស្ពរ (Spore) មាន​ទំហំ​ពី 14μm ទៅ 36μm មាន​ពណ៌​ត្នោត​ភ្លឺ​បន្ទាប់​មក​ប្រែ​ទៅ​ជា​ខ្មៅ ។ ផ្សិត​នេះ​អាច​ធ្វើ​ចលនា​តាម​ខ្យល់ តាម​ទឹក និង​អាច​ឆ្លង​ទៅ​រុក្ខជាតិ​ផ្សេង​ទៀត តាម​រយៈ​ការ​ប៉ះទង្គិច​គ្នា ។ ជំងឺ​នេះ​លេច​ចេញ​ឲ្យ​យើង​ឃើញ​នៅ​ពេល​ស្រូវ​ចាប់ផ្តើម​ដាក់​ម្សៅ ។ ប្រភព​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​នេះ គឺ​ដីស្រែ​ដែល​មាន​ជ្រុះ​គ្រាប់ស្រូវ​មាន​ជំងឺ ហើយ​ភ្នាក់ងារ​បង្ក​របស់​វា​អាច​រស់នៅ​ក្នុង​ស្រែ​បាន​ប្រមាណ ៦​ខែ ។

រូប ៩.៩ រោគសញ្ញា​នៃ​ជំងឺ​បាក់តេរី​ឆ្នូត

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

ដាំ​ដំណាំ​ឆ្លាស់ ធ្វើការ​សម្អាត​ស្រែ ធ្វើការ​សម្អាត​គ្រាប់ពូជ ជ្រើសរើស​រក​ពូជ​ធន់​ទ្រាំ ឬ បាញ់ថ្នាំ​នៅ​ដំណាក់កាល​លូតលាស់ ។

៩.១.៣.២. ជំងឺ​ធ្យូង​បៃតង (False smut)

ជំងឺ​នេះ​ត្រូវ​បាន​ពិពណ៌នា​ដោយ​លោក Cooke នា​ឆ្នាំ ១៨៧៨ ។ ហើយ​បាន​រាលដាល​នៅ​ប្រទេស​ហ្វីលីពីន​នា​ឆ្នាំ​១៩១៨ និង​នៅ​ប្រទេស​ភូមា នា​ឆ្នាំ ១៩៣៥ ។ រហូត​មក​ដល់​បច្ចុប្បន្ន គេ​ប្រទះ ឃើញ​ជំងឺ​នេះ មាន​នៅ​គ្រប់​ប្រទេស​ទាំងអស់​ដែល​បាន​ដាំ​ស្រូវ រួម​ទាំង​កម្ពុជា​ផង​ដែរ ។​

ក. រោគសញ្ញា

គេ​សង្កេត​ឃើញ​មាន​នៅ​លើ​កួរស្រូវ មាន​ពណ៌​លឿង​ក្រហម​ដូច​ស្លា​ទុំ ដុះ​ជា​កញ្ចុំ​ដូច​ផ្កា​នៅ​ព័ទ្ធ​ជុំវិញ​គ្រាប់ស្រូវ​ដូច​ដុំ​ធូលី (រូប ៩.១០) ។​

រូប ៩.១០ រោគសញ្ញា​នៃ​ជំងឺ​ធ្យូង​បៃតង

ខ. ភ្នាក់ងារ​បង្ក

ជំងឺ​នេះ​បង្ក​ដោយ​មេរោគ Ustilaginodea virens Cooke ដែល​មាន​ទំហំ 3-5μm x 4-6μm រាលដាល​ខ្លាំង​នៅ​ពេល​ស្រូវ​ចាប់​ចេញ​ផ្កា និង​មាន​អាកាសធាតុ​សើម ។ ម្យ៉ាងទៀត​បណ្ដាល​មក​ពី​ការ​ដាក់​ជី​អាសូត​លើស​កម្រិត (រូប ៩.១១) ។

រូប ៩.១១ ភ្នាក់ងារ​បង្ក​ជំងឺ​ធ្យូង​បៃតង Ustilaginodea virens Cooke

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

សម្អាត​គ្រាប់ស្រូវ​ដោយ​ត្រាំ​ទឹក​ក្ដៅ​ក្នុង​កម្រិត ៥០-៥៥​អង្សា ក្នុង​រយៈពេល ១០-១២​នាទី ប្រឡាក់ គ្រាប់​ជាមួយ​ថ្នាំ Sulem 1:1000 រយៈពេល ៣០​នាទី បាញ់ថ្នាំ Jinggamycin លាយ​ជាមួយ Bordeaux mixture ឬ Chlorothalonil លាយ​ជាមួយ Metalaxyl combinations ឬ Triadimefon ឬ Carbendazim ។ នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង ការ​ដាំ​ដំណាំ ឆ្លាស់​ក៏​ជា​វិធានការ​មួយ​ល្អ ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​នេះ ។ ត្រូវ​ប្រើ​ពូជ​ធន់​ទ្រាំ​ក្នុង​ការ​ដាំ​ដុះ ដែល​ជា​ជម្រើស​ដ៏​ល្អ​ក្នុង ការ​ទប់ស្កាត់​នូវ​ជំងឺ​នេះ ។

៩.១.៤. ជំងឺ​វីរុស (Virus diseases)

​រោគសញ្ញា​នៃ​ជំងឺ​វីរុស​មាន​កើត​ឡើង​នៅ​លើ​គ្រប់​សរីរាង្គ​នៃ​ដំណាំ​ស្រូវ ។ ជំងឺ​វីរុស​សំខាន់ៗ​លើ​ដំណាំ​ស្រូវ​រួម​មាន ៖

៩.១.៤.១. ជំងឺ​ទង់គ្រោ (Tungro diseases)

គឺជា​ជំងឺ​ចម្បង​គេ ក្នុង​ប្រវត្តិ​នៃ​ការ​សិក្សា​នូវ​ជំងឺ​វីរុស​របស់​ដំណាំ​ស្រូវ ។ នៅ​ដើម​សតវត្ស​ទី​២០ អ្នកប្រាជ្ញ​ជប៉ុន​ម្នាក់​ឈ្មោះ តាកាមម៉ា បាន​ធ្វើការ​អះអាង​ថា ជំងឺ​នេះ​អាច​ត្រូវ​បាន​ចម្លង​ដោយ​សត្វ​លិ្អត​ទៅ​រុក្ខជាតិ ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ជំងឺ​ទង់គ្រោ​ត្រូវ​បាន​គេ​ជួប​ប្រទះ​នៅ​ប្រទេស​ជប៉ុន កម្ពុជា និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​អាស៊ី ។

ក. រោគសញ្ញា

ពេល​ដែល​បង្ក​ដោយ​ជំងឺ​នេះ ដើម​ស្រូវ​តឿ និង​បែក​គុម្ព​បាន​តិច ។ តែបើ​សិន​ជំងឺ​នេះ​កើត​ឡើង​នៅ​ក្រោយ​ពេល​អាយុកាល​ស្រូវ​បាន ៦០​ថ្ងៃ នោះ​វា​នឹង​លេច​ចេញ​នូវ​រោគសញ្ញា​ផ្សេង​ទៀត ដូច​ជា​ស្លឹក​ពណ៌​លឿងខ្ចី ប្រែ​ទៅ​ជា​ពណ៌​លឿង​ទឹកក្រូច ។ ហើយ​នៅ​លើ​ស្លឹក​ខ្ចី មាន​ស្នាម​អុចៗ​ពណ៌​ទឹកក្រូច​ចម្រុះ ដែល​លេច​ចេញពី​ផ្នែក​ចុង​នៃ​ស្លឹក ។ ចំពោះ​ស្លឹក​ចាស់​វិញ​លេច​ចេញ​នូវ​ចំណុច​តូចៗ ពណ៌​ច្រេះ​មាន​ទំហំ​ផ្សេងៗ​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដើម​ស្រូវ​ចេញ​ផ្កា​យឺត មាន​កួរ​តូច និង​គ្មាន​ដាក់​គ្រាប់ ។

រូប ៩.១២ រោគសញ្ញា​នៃ​ជំងឺ​ទង់គ្រោ

ខ. ភ្នាក់ងារ​បង្ក

ភ្នាក់ងារ​ចម្លង​ជំងឺ​នេះ គឺ​ពពួក​មមាច​បៃតង Green leafhoppers ដែល​មាន​លទ្ធភាព​ក្នុង​ការ​ចម្លង​ជំងឺ​ពី​ដើម​ស្រូវ​មួយ ទៅ​ដើម​ស្រូវ​មួយ​ទៀត ។ មមាច​បៃតង​ដែល​បាន​ជញ្ជក់​រុក្ខរស​លើ​រុក្ខជាតិ ដែល​មាន​ផ្ទុក​ជំងឺ​វីរុស គឺ​វា​អាច​ចម្លង​ទៅ​រុក្ខជាតិ​ដទៃ​ទៀត ក្នុង​រយៈពេល​១-៥​ថ្ងៃ ។ ជំងឺ​នេះ​នឹង​លេច​ចេញ​នូវ​រោគសញ្ញា​លើ​រុក្ខជាតិ​ចម្លង​ក្រោយ​ពេល​ដែល​វីរុស​ត្រូវ​បាន​ចម្លង​ទៅ​រុក្ខជាតិ​នោះ ក្នុង​រយៈពេល​ពី ៧ ទៅ​១០​ថ្ងៃ ។

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

ត្រូវ​ធ្វើការ​ប្រមូល ឬ​ដក​យក​ចេញ និង​ដុត​ចោល​ជា​បន្ទាន់ នូវ​ដើម​ស្រូវ​ទាំងឡាយ​ដែល​ទទួល​រង​នូវ​ជំងឺ​នេះ ឬ​ត្រូវ​ធ្វើការ​បាញ់ថ្នាំ​សត្វល្អិត​ប្រភេទ Carbohfuran ក្នុង​ករណី​ចាំបាច់ ។

៩.១.៤.២. ជំងឺ​តឿ​ស្មៅ (Grassy stunt)

ជា​ប្រភេទ​ជំងឺ​វីរុស ដែល​ជា​និច្ចកាល​តែង​ច្រឡំ​គ្នា​ទៅ​នឹង​ជំងឺ​វីរុស​លឿង​តឿ ហើយ​ត្រូវ​បាន​គេ​កត់សម្គាល់​ជា​លើក​ដំបូង​នៅ​ប្រទេស​ហ្វីលីពីន​នា​ឆ្នាំ​១៩៦២ បន្ទាប់​មក​ក៏​មាន​ធ្វើការ​កត់ត្រា និង​សិក្សា​នៅ​តាម​តំបន់​ដែល​មាន​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ រួម​ទាំង​ប្រទេស​កម្ពុជា​ផង ។

ក. រោគសញ្ញា

ជា​រោគសញ្ញា​នៃ​ជំងឺ​នេះ គឺ​យើង​សង្កេត​ឃើញ​ដើម​ស្រូវ​ដុះ​បែក​គុម្ព​ចំនួន​ច្រើន ចង្អៀត និង​តឿ​តូចៗ​ខុស​ប្រក្រតី តែ​មាន​ពណ៌​បៃតង​ជាង​ស្រូវ​ដែល​កើត​ជំងឺ​លឿងទុំ (រូប ៩.១៣) ។

រូប ៩.១៣ រោគសញ្ញា​នៃ​ជំងឺ​តឿ​ស្មៅ

ខ. ភ្នាក់ងារ​ចម្លង

ភ្នាក់ងារ​ចម្លង​ជំងឺ​នេះ គឺ​ពពួក​មមាច​ត្នោត (Nilaparvata lugens) ។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ចំនួន​ដង់ស៊ីតេ​របស់​មមាច​ត្នោត​ដែល​មាន​ចាប់ពី ២០-៤០% អាច​មាន​លទ្ធភាព​ចម្លង​ជំងឺ​វីរុស ប្រភេទ​នេះ​ទៅ​លើ​ដំណាំ​ស្រូវ​បាន​យ៉ាង​ងាយ (Rivera et al., 1966; IRRI, 1968) ។ ម្យ៉ាងទៀត ពពួក​មមាច​ត្នោត​ទាំងនេះ​អាច​មាន​លទ្ធភាព​ចម្លង​ជំងឺ ក្រោយ​ពេល​វា​ជញ្ជក់​ដើម​ស្រូវ​ដែល​មាន​ជំងឺ រយៈពេល ៣០​នាទី ហើយ​វីរុស​នោះ នឹង​ឆ្លង​ចូល​ទៅ​សម្ងំ​នៅ​ក្នុង​សរីរាង្គ​ពពួក​មមាច​ត្នោត​ប្រមាណ ១០-១១ ថ្ងៃ ។ វា​អាច​ចម្លង​ជំងឺ​ទៅ​រុក្ខជាតិ​ផ្សេង​ទៀត​តាម​រយៈ​ពពួក​មមាច​ត្នោត ដែល​បាន​ជញ្ជក់​ដើម​ស្រូវ​ផ្សេង​ទៀត ក្នុង​រយៈពេល ៥-១៥​នាទី ។

គ. វិធាន​ទប់ស្កាត់ និង​ការ​កម្ចាត់

ប្រើ​វិធាន​ការណ៍​ចម្រុះ (IPM) ដើម្បី​គ្រប់គ្រង​មមាច​ត្នោត ដូច​ជា ៖

  • ត្រូវ​ប្រើ​ពូជស្រូវ​ធន់
  • ប្រើ​ពេលវេលា​ដាំ​ដុះ​ឲ្យ​សម​ស្រប ឬ​ដាំ​ស្រូវ​ឲ្យ​ព្រម​គ្នា
  • ប្រើ​ជី​អាសូត​ទៅ​តាម​កម្រិត​នៃ​ការ​ណែនាំ​ក្នុង​ការ​គ្រប់គ្រង​មមាច​ត្នោត
  • បាញ់ថ្នាំ​កសិកម្ម ដើម្បី​កម្ចាត់​មមាច​ត្នោត​ក្នុង​ករណី​ចាំបាច់ ។
៩.១.៤.៣. ជំងឺ​តឿ​រួញ​ស្លឹក (Ragged stunt)

ជា​ប្រភេទ​ជំងឺ​វីរុស ដែល​ធ្វើ​ឲ្យ​ដើម​ស្រូវ​គ្មាន​កួរ គ្មាន​គ្រាប់ ហើយ​ដើម និង​ស្លឹក​មាន​លក្ខណៈ​តឿ និង​រួញ ។

ក. រោគសញ្ញា

រោគសញ្ញា​នៃ​ជំងឺ​គេ​សង្កេត​ឃើញ ដើម​ស្រូវ​មាន​លក្ខណៈ​តឿ ស្លឹក​រួញ សរសៃ​វែង ឡើង​ប៉ោង​នៅ​លើ​ស្លឹក និង​ស្រទាប់​ក្បែរ​កកួរ​ស្រូវ ។ ជា​ទូទៅ​ស្លឹក​ស្រូវ​មាន​លក្ខណៈ​រួញ រមូរ​នៅ​ផ្នែក​ខាងលើ ។ ហើយ​បន្ទាប់​មក​ស្លឹក​ទាំងនេះ ប្រែ​ពណ៌​ពី​លឿង​ទៅ​លឿង​ត្នោត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្លឹក​ទាំងនេះ​ងាយ​បាក់ (រូប​៩.១៣) ។

រូប ៩.១៣ រោគសញ្ញា​នៃ​ជំងឺ​តឿ​រួញ​ស្លឹក

ខ. ភ្នាក់ងារ​ចម្លង

ភ្នាក់ងារ​ចម្លង​ជំងឺ​នេះ គឺ​ពពួក​មមាច​ត្នោត Brown planthopper (Nilaparvata lugens) ដែល​អាច​ចម្លង​ទៅ​រុក្ខជាតិ​នូវ​ជំងឺ​វីរុស​ប្រភេទ​នេះ នៅ​ពេល​ពួក​វា​ជញ្ជក់​ដើម​ស្រូវ​ក្នុង​រយៈពេល ២៤​ម៉ោង ហើយ​ជំងឺ​នេះ​នឹង​លេច​ចេញ​នូវ​រោគសញ្ញា ៣០-៣៥ ថ្ងៃ ក្រោយ​ពេល​ចម្លង ។ សំខាន់​ជាង​នេះ​ទៀត កូន​មមាច​ដែល​មាន​អាយុ​បាន ៥​ថ្ងៃ អាច​មាន​លទ្ធភាព​ចម្លង​ជំងឺ​ខ្ពស់​ជាង​មមាច​ពេញវ័យ ។ វា​អាច​ចម្លង​នូវ​វីរុស​នេះ​បាន​យ៉ាង​ងាយ ក្រោយ​ពេល​ជញ្ជក់​បាន ១-៦​ម៉ោង ។

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

ប្រើ​វិធាន​ការណ៍​ចម្រុះ (IPM) ដើម្បី​គ្រប់គ្រង​មមាច​ត្នោត ដូច​ជា ៖

  • ត្រូវ​ប្រើ​ពូជស្រូវ​ធន់
  • ប្រើ​ពេលវេលា​ដាំ​ដុះ​ឲ្យ​សម​ស្រប ឬ​ដាំ​ស្រូវ​ឲ្យ​ព្រម​គ្នា
  • ប្រើ​ជី​អាសូត​ទៅ​តាម​កំរិត​នៃ​ការ​ណែនាំ​ក្នុង​ការ​គ្រប់គ្រង​មមាច​ត្នោត
  • បាញ់ថ្នាំ​កសិកម្ម​ដើម្បី​កម្ចាត់​មមាច​ត្នោត​ក្នុង​ករណី​ចាំបាច់ ។

៩.១.៥. ជំងឺ​ណេម៉ាតូត (Nematode diseases)

ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ពពួក​ណេម៉ាតូត ស៊ី​បំផ្លាញ​សរីរាង្គ​ផ្សេងៗ​នៃ​ដំណាំ​ស្រូវ ដែល​បណ្ដាល​ឲ្យ​ដំណាំ​លូតលាស់​មិន​បាន​ល្អ ។ រោគសញ្ញា​នៃ​ជំងឺ​ណេម៉ាតូត​នេះ មាន​កើត​ឡើង​នៅ​លើ​គ្រប់​សរីរាង្គ​នៃ​ដំណាំ​ស្រូវ ។ ជំងឺ​ណេម៉ាតូត​សំខាន់ៗ​លើ​ដំណាំ​ស្រូវ​រួម​មាន ៖

៩.១.៥.១. ណេម៉ាតូត​លើ​ដើម​ស្រូវ (Rice stem nematode)

ជា​ប្រភេទ​ណេម៉ាតូត ដែល​ធ្វើការ​បំផ្លាញ​ខ្លាំង​នៅ​ក្នុង​តំបន់​ស្រែ​ទឹក​ជ្រៅ ជា​ពិសេស​គឺ​នៅ​ក្នុង​តំបន់​ស្រែ​វាលទំនាប​លិច​ទឹក​នា​រដូវវស្សា ។ គេ​សង្កេត​ឃើញ​ការ​បំផ្លាញ​របស់​វា​មាន​នៅ​ប្រទេស​បង់ក្លាដែស ឥណ្ឌា ម៉ាដាហ្គាស្កា ម៉ាឡេស៊ី ភូមា ថៃ កម្ពុជា វៀតណាម និង​អង់គ្លេស ។ នៅ​ប្រទេស​វៀតណាម ការ​បាត់បង់​ទិន្នផល​ដោយសារ​ណេម៉ាតូត​ប្រភេទ​នេះ មាន​ពី ៥០-១០០% នៅ​ក្នុង​ស្រែ​ទឹក​ជ្រៅ ។

ក. រោគសញ្ញា

រោគសញ្ញា​មាន​សង្កេត​ឃើញ​លេច​ចេញ​នៅ​គ្រប់​ដំណាក់កាល​លូតលាស់​របស់​ស្រូវ ពោល​គឺ​ផ្នែក​ខាង​ចុង​នៃ​ស្លឹក​មាន​ពណ៌​ស រមូរ​ជ្រួញ ។ រីឯ​កួរស្រូវ​វិញ មាន​លក្ខណៈ​រួញ រមូរ​ជាប់​នឹង​ស្រទាប់ ហើយ​អារ មិន​ដាក់​គ្រាប់ ។

ខ. ភ្នាក់ងារ​បង្ក

ជំងឺ​នេះ​បង្ក​ដោយ​ណេម៉ាតូត Ditylenchus angustus ។ ក្នុង​វដ្ដ​ជីវិត​ណេម៉ាតូត​ប្រភេទ​នេះ គឹ​វា​រស់នៅ និង​ស៊ី​បំផ្លាញ​ដើម​ស្រូវ​នៅ​ផ្នែក​ខាងលើ​នៃ​ស្លឹក​ខ្ចីៗ និង​លើ​បណ្ដូល​ខ្ចី​នៃ​កំណកំណើត​កួរ ។ លើស​ពី​នេះ​ទៀត ការ​បន្ត​ពូជ និង​បង្កើត​កូនចៅ​របស់​ពួក​វា គេ​សង្កេត​ឃើញ​មាន​នៅ​ក្នុង​ខែមិថុនា និង​ខែវិច្ឆិកា ។ សីតុណ្ហភាព​សម​ស្រប​សម្រាប់​ការ​លូតលាស់​របស់​វា​គឺ ២៧-៣០ អង្សា​សេ (រូប ៩.១៤) ។

រូប ៩.១៤ រោគសញ្ញា​នៃ​ជំងឺ​បង្ក​ដោយ​ពពួក​ណេម៉ាតូត

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

  • ដក​ប្រមូល​យក​ចេញ​នូវ​គុម្ព​ស្រូវ ដែល​ទទួល​រង​នូវ​ការ​បំផ្លាញ​ពី​ណេម៉ាតូត និង​ធ្វើការ​បំផ្លាញ​ចោល​នូវ​រុក្ខជាតិ​ជម្រក​របស់​វា ដូច​ជា​ស្មៅ Echinochloa colona Link, ស្មៅ Leersia hexandra Sw, ស្មៅ Sacciolepsis interrupta Stapf (សូម​មើល​ចំណុច ៩.៣)
  • ដាំ​ដំណាំ​ឆ្លាស់​នៅ​ពេល​ភ្ជួរ
  • ត្រូវ​ធ្វើការ​វាស់វែង​នូវ​កម្រិត​ទឹក​ក្នុង​ស្រែ
  • ជ្រើសរើស​ពូជ​ធន់
  • ធ្វើការ​បាញ់ថ្នាំ carbofuran និង benomyl ។
៩.១.៥.២. ណេម៉ាតូត​ពក​ឫស​ស្រូវ (Rice root-knot nematode)

ជា​ប្រភេទ​ណេម៉ាតូត ដែល​បាន​ធ្វើការ​បំផ្លាញ​យ៉ាង​ខ្លាំង ហើយ​ត្រូវ​បាន​គេ​ចាត់​ទុកជា​បញ្ហា​សំខាន់​ដែរ​នៅ​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ ។ គេ​សង្កេត​ឃើញ​ណេម៉ាតូត​ប្រភេទ​នេះ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ វៀតណាម ភូមា ហ្វីលីពីន ថៃ និង​សហរដ្ឋ​អាមេរិក ។

ក. រោគសញ្ញា

រោគសញ្ញា​មាន​សង្កេត​ឃើញ​ដើម​ស្រូវ​មាន​លក្ខណៈ​តឿ ក្រិន​មិន​បែក​គុម្ព ស្លឹក​មាន​ពណ៌​លឿងទុំ​នៅ​ផ្នែក​ខាង​ចុង ហើយ​អណ្ដែត​លើ​ផ្ទៃ​ទឹក ដែល​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​ហៅ​ថា ជំងឺ​ច្រាច់ ។ លើស​ពី​នេះ​ទៀត មាន​លេច​ចេញ​យ៉ាង​ច្បាស់​នូវ​ដុំ​ពកៗ​តាម​ឫស​ស្រូវ ។ នៅ​ពេល​ដើម​ស្រូវ​ទទួល​រង​នូវ​ការ​បំផ្លាញ​ធ្ងន់ធ្ងរ គឺ​ធ្វើ​ឲ្យ​ស្រូវ​នោះ​ចេញ​ផ្កា និង​ទុំ​ឆាប់ ហើយ​ស្លឹក​មាន​លក្ខណៈ​ខ្ញីវខ្ញូវ (រូប​៩.១៥) ។

រូប ៩.១៥ រោគសញ្ញា​នៃ​ជំងឺ​ពក​ឫស​ស្រូវ​បង្ក​ដោយ​ណេម៉ាតូត

ខ. ភ្នាក់ងារ​បង្ក

ជំងឺ​នេះ​បង្ក​ដោយ​ណេម៉ាតូត Meloidogyne graminicola Golden & Birchfield ។ វដ្ដ​ជីវិត​ណេម៉ាតូត​ប្រភេទ​នេះ គឺ​អាច​រស់​បាន​ក្នុង​រយៈពេល ១៩-៥១ ថ្ងៃ ក្នុង​សីតុណ្ហភាព ២២-២៩ អង្សា​សេ ។ មេ​ញី​របស់​វា​ចូល​ចិត្ត​ពង​ដាក់​លើ​សម្បក​នៃ​ឫស​ស្រូវ ហើយ​កូន​របស់​វា​ជ្រៀត​ចូល​ទៅ​នៅ​ក្នុង​កោសិកា​នៃ​ឫស​ស្រូវ ក្នុង​រយៈពេល ៤១​ម៉ោង​ក្រោយ ។ ៧២​ម៉ោង​ក្រោយ​មក វា​ក៏​អាច​បង្កើត​បាន​ជា​ដុំ​ពក​នៅ​លើ​ឫស​ស្រូវ ។ ណេម៉ាតូត​ប្រភេទ​នេះ មិន​ធន់​ទៅ​នឹង​លក្ខខណ្ឌ​ទឹក​លិច​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី ក៏​វា​អាច​រស់នៅ​ក្នុង​ឫស​ស្រូវ​បាន​យ៉ាង​ងាយ ។ ចំពោះ​សំណើម​ដី​ដែល​សម​ស្រប​សម្រាប់​ការ​រស់នៅ​របស់​វា​គឺ ៣២% ។ តែ​សម្រាប់​ការ​រីក​រាលដាល​របស់​វា គឺ​ក្នុង​សំណើម​ដី ២០-៣០% ជា​ពិសេស នៅ​ពេល​ស្រូវ​បែក​គុម្ព និង​កំណកំណើត​កួរ ។

គ. វិធានការ​ទប់ស្កាត់ និង​កម្ចាត់

  • ត្រូវ​ធ្វើការ​ពន្លិចទឹក​ស្រែ
  • ត្រូវ​ធ្វើការ​ដាំ​ដំណាំ​ឆ្លាស់
  • ត្រូវ​ដាំ​ពូជស្រូវ​ដែល​មាន​ភាព​ធន់​ទ្រាំ
  • ត្រូវ​ប្រើ​ថ្នាំ Systemic chemical ដែល​មាន​ដូច​ជា Oxamyl, Fensulfothion, និង Phorate, Cabofuran ។

៩.២. សត្វល្អិត​ស៊ី​ស្រូវ

សត្វល្អិត​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ទៅ​នឹង​ដំណាំ​ស្រូវ ។ សត្វល្អិត​ខ្លះ​យក​ស្រូវ​ជា​អាហារ និង​ជម្រក​ត្រូវ​បាន​គេ​ហៅ​ថា «សត្វល្អិត​ចង្រៃ» និង​ខ្លះ​ទៀត​ជា​សត្វល្អិត​ដែល​ចាប់​សត្វល្អិត​ចង្រៃ​ជា​អាហារ ត្រូវ​បាន​គេ​ហៅ​ថា «សត្វល្អិត​មាន​ប្រយោជន៍» ។ នៅ​ក្នុង​សៀវភៅ​នេះ យើង​និយាយ​តែ​អំពី​សត្វល្អិត​ចង្រៃ​ប៉ុណ្ណោះ ។

នៅ​ក្នុង​រយៈពេល​នៃ​ការ​លូតលាស់​នៃ​ដំណាំ​ស្រូវ សត្វល្អិត​ស៊ី​ស្រូវ​អាច​ស៊ី​តាម​ផ្នែក​ផ្សេងៗ​នៃ​ដំណាំ ដូច​ជា ប្រព័ន្ធ​ឫស ស្លឹក ដើម កួរ និង​គ្រាប់ ។ មិន​តែ​ប៉ុណ្ណោះ នៅ​ក្រោយ​ពេល​ប្រមូលផល ផលិតផល​ដែល​រក្សា​ទុក​នៅ​ក្នុង​ជង្រុក​តែងតែ​ទទួល​រង​ការ​យាយី​ពី​សត្វល្អិត​មួយ​ចំនួន​ផង​ដែរ ។ សត្វល្អិត​ស៊ី​ស្រូវ​ត្រូវ​បាន​ចែក​ចេញ​ជា​បួន​ក្រុម​សំខាន់ៗ​ទៅ​តាម​ទីកន្លែង​នៃ​ការ​ស៊ី​របស់​វា ៖ ១. សត្វល្អិត​ស៊ី​ប្រព័ន្ធ​ឫស ២. សត្វល្អិត​ស៊ី​ដើម និង​ស្លឹក ៣. សត្វល្អិត​ជញ្ជក់​គ្រាប់ស្រូវ ៤. សត្វល្អិត​ស៊ី​គ្រាប់ស្រូវ​អង្ករ​ក្នុង​ជង្រុក ។

៩.២.១. សត្វល្អិត​ស៊ី​ប្រព័ន្ធ​ឫស

ជា​ពួក​សត្វល្អិត​ចង្រៃ​ដែល​ស៊ី​ដោយ​ទំពារ​ផ្នែក​ខ្លះៗ ឬ​ទាំងស្រុង​នៃ​ឫស ឬ​ជញ្ជក់​យក​រុក្ខរស​ពី​ឫស​នៃ​ដំណាំ​ស្រូវ​ដែល​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​មាន​ការ​លូតលាស់​យឺត ឬ​ងាប់​ទាំង​គុម្ព ប្រសិនបើ​ការ​ស៊ី​នោះ​មាន​ភាព​ធ្ងន់ធ្ងរ ។ សត្វល្អិត​ប្រភេទ​នេះ អាច​ស៊ី​បំផ្លាញ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ដំណាំ​ផង​ដែរ ។ សត្វល្អិត​ស៊ី​ប្រព័ន្ធ​ឫស​នៃ​ដំណាំ​ស្រូវ​សំខាន់ៗ​រួម​មាន ៖

៩.២.១.១. ចៃ​ឫស​ស្រូវ Rhopalosiphum rufiabdominalis និង Tetraneura nigriabdominalis, Hemiptera: Aphididae

មាន​ចៃ​ឫស​ស្រូវ​បី​ប្រភេទ អាច​ជញ្ជក់​បឺត​យក​រុក្ខ​រស​ពី​ឫស​ស្រូវ បណ្ដាល​ឲ្យ​ដើម​ស្រូវ​ក្លាយជា​ពណ៌​លឿង (រូប ៩.១៦) ។ ការ​បំផ្លាញ​លើ​ដំណាំ​ស្រូវ​មាន​លក្ខណៈ​ជា​ដុំៗ​នៅ​ក្នុង​ស្រែ ។ ពួក​ចៃ​ឫស R. rufiabdominalis (រូប ៩.១៧​ក) ។ ពេញវ័យ​មាន​ស្លាប​ហើរ​ផ្លាស់​ទី​ពី​រុក្ខជាតិ​ជម្រក ដែល​វា​រស់នៅ​នា​រដូវ​ប្រាំង ឬ​រដូវ​ត្រជាក់​មក​ស៊ី​បំផ្លាញ​ស្រូវ ។ ប្រភេទ​ចៃ​ខ្លះ​ទៀត នៅ​រដូវ​ត្រជាក់ វា​ស៊ី​បំផ្លាញ​ដើមឈើ និង​មាន​ខ្លះ​ទៀត រស់នៅ​លើ​ស្មៅ​នា​រដូវប្រាំង ។

រូប ៩.១៦ ការ​បំផ្លាញ​ពី​ពពួក​ចៃ​ឫស​ស្រូវ

ចៃ​ឫស​ស្រូវ T. nigriabdominalis ញី​បង្កើត​កូនចៅ​តូចៗ​ជា​ច្រើន នៅ​ផ្នែក​គល់​នៃ​ដើម​ស្រូវ ។ កូនចៃ​ទាំងនោះ​មាន​រាង​មូល​ទ្រវែង ហើយ​ឃើញ​នៅ​ជាប់​នឹង​ឫស​ស្រូវ នៅ​ពេល​យើង​ចាប់ដក​ដើម​ស្រូវ​ឲ្យ​ផុត​ឫស​ពី​ដី (រូប ៩.១៧​ខ) ។ កូនចៃ​ពណ៌​ត្នោត​បញ្ចេញ​ទឹក​មាន​ជាតិ​ស្ករ​ពី​ក្នុង​ខ្លួន ដែល​អាច​ទាក់ទាញ​ពួក​ស្រមោច ។ ពួក​ស្រមោច​អាច​ការពារ​ពួក​ចៃ​ពី​សត្វរំពារ និង​ប៉ារ៉ាស៊ីត ។ ពួក​ស្រមោច​ទាំងនេះ​ក៏​អាច​ពាំនាំ ឬ​បញ្ជូន​ពួក​ចៃ​ពី​ដើម​ស្រូវ​មួយ​ទៅ​ដើម​ស្រូវ​មួយ​ទៀត​បាន​ដែរ ។ ស្រមោច​ជីក​រូងដី​នៅ​ផ្នែក​ខាង​គល់​នៃ​ដើម​ស្រូវ ហើយ​ពាំនាំ​កូនចៃ​តូចៗ ដែល​មាន​ខ្លួន​ទន់​នៅ​ផ្នែក​ខាងក្រោម​ផ្ទៃដី​ទៅ​លើ​ឫស ។

រូប ៩.១៧ ចៃ​ពេញវ័យ និង​កូន​នៅ​នឹង​ឫស​ស្រូវ

៩.២.១.២. ស្រមោច​ភ្លើង (Solenopsis geminata Fabricius, Hymenoptera: Formicidae)

ស្រមោច​ចូល​ចិត្ត​រស់នៅ​តាម​ភ្លឺស្រែ​តំបន់​ទំនាប ឬ​តំបន់​ដី​ខ្ពស់ ។ ពួក​វា​មិន​ចូល​ចិត្ត​រស់នៅ​តំបន់​ដីស្រែ​លិច​ទឹក​ទេ ។ មាន​ស្រមោច​ជា​ច្រើន​ប្រភេទ​ដូច​ជា S. geminata (រូប ៩.១៨​ក) ដែល​ជួនកាល វា​ស៊ី​បំផ្លាញ​គ្រាប់​ស្រូវ​ដែល​ទើប​នឹង​សាប និង​ស៊ី​បំផ្លាញ​ស្លឹក ។ ជា​ពិសេស​ទៅ​ទៀត ស្រមោច​នេះ​វា​ចូល​ចិត្ត​ស្វែងរក​ចាប់​សត្វល្អិត​ដទៃ​ទៀត​ជា​ចំណី​របស់​វា​ផង​ដែរ ។ ស្រមោច​នេះ​ស្វែងរក​ចំណី​ដូច​ជា គ្រាប់ស្រូវ​ដែល​សាប​នៅ​ពេល​យប់​ក្នុង​ស្រែ​គ្មាន​ទឹក ។ ពួក​វា​ពាំ​ជញ្ជូន​គ្រាប់ស្រូវ​ទាំងនោះ​ទៅ​ទុក​ក្នុង​សម្បុក​ក្រោម​ដី ជា​ហេតុ​បណ្ដាល​ឲ្យ​ស្រូវ​ក្នុង​ស្រែ មាន​ការ​បាត់​គុម្ព (រូប​ទី ៩.១៨​ខ) ។ ការ​សាប​គ្រាប់​ស្រូវ​ទុក​យូរ​នៅ​ក្នុង​ស្រែ​គ្មាន​ទឹក ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​កាន់តែ​ច្រើន​ ហេតុ​ដូច្នេះ​ហើយ​ទឹកភ្លៀង​ជា​កត្តា​សំខាន់​នៅ​ពេល​សាបព្រោះ​ក្នុង​ស្រែ​ដែល​មាន​វត្តមាន​សត្វ​ស្រមោច​ភ្លើង​នេះ ។

រូប ៩.១៨ សត្វ​ស្រមោច​ភ្លើង និង​ការ​បំផ្លាញ

វិធានការ​គ្រប់គ្រង

បង្កើន​បរិមាណ​គ្រាប់ពូជ​ដើម្បី​ជំនួស​ការ​បាត់បង់​ដែល​បង្ក​ឡើង​ដោយ​ស្រមោច ។ ប្រឡាក់​គ្រាប់ពូជ​ជាមួយ​ថ្នាំ​សម្លាប់​សត្វល្អិត គឺជា​វិធានការ​មួយ​មាន​ប្រសិទ្ធភាព​បំផុត ។

៩.២.១.៣. ខ្មុល​ដី Gryllotalpa orientalis Burmeister, Orthoptera: Gryllotalpidae

គេ​អាច​សម្គាល់​វា​បាន​ដោយ​ទំហំ​ខ្លួន​វា​ធំ ទ្រូង និង​ជើង​ខាង​មុខ​មាន​ទំហំ​ធំ ។ ខ្មុល​ដី G. orientalis គឺជា​សត្វល្អិត​ដែល​រស់នៅ​ក្នុង​ដី និង​ជា​សត្វល្អិត​ដែល​ពូកែ​ហើរ ទោះបីជា​មាន​ស្លាប​ខ្លី​ក៏​ដោយ ម្យ៉ាងទៀត​វា​ជា​សត្វល្អិត​ចូល​ចិត្ត​ពន្លឺ​ភ្លើង ។ សត្វ​ពេញវ័យ និង​កូន​របស់​វា​ស៊ី​បំផ្លាញ​ប្រព័ន្ធ​ឫស ។ ខ្មុល​ដី​ជីក​រូង​ចូល​ទៅ​ក្នុង​ដី ដោយសារ​ជើង​ធំ​ខាង​មុខរប​ស់វា (រូប ៩.១៩) ។ សត្វ​ពេញវ័យ​អាច​ស៊ី​គ្រាប់ស្រូវ​ដែល​សាបព្រោះ និង​ប្រព័ន្ធ​ឫស ។ ពួក​វា​ក៏​អាច​ស្វែងរក​ចំណី​ដូច​ជា​គ្រាប់ស្រូវ ឬ​សត្វល្អិត​ដទៃ​ទៀត​នៅ​លើ​ដី​ផង​ដែរ ។ នៅ​ពេល​ថ្ងៃ វា​លាក់​ខ្លួន​នៅ​ក្រោម​ដី ហើយ​ជា​រឿយៗ​គេ​អាច​ប្រទះ​ឃើញ​វា​ហែល​ទឹក​នៅ​ក្នុង​ស្រែ​លិច​ទឹក ។ ប្រជាករ​វា​អាច​កើនឡើង​ខ្ពស់​ខុស​ពី​ធម្មតា បើសិន​រដូវប្រាំង​មាន​រយៈពេល​ខ្លី ។ ស្រូវ​ដែល​នៅ​តូច ឬ​ដំណាក់កាល​បែក​គុម្ព​ដំបូង អាច​ងាប់​ដោយសារ​ការ​បាត់បង់​ឫស​ដោយ​បង្កើត​ជា​ស្នាម​វាល​បាត់​គុម្ព​ម្ដុំៗ​នៅ​ក្នុង​ស្រែ (រូប ៩.២០) ។

រូប ៩.១៩ សត្វ​ខ្មុល​ដី

រូប ៩.២០ ការ​បំផ្លាញ​ដែល​បង្ក​ដោយ​សត្វ​ខ្មុល​ដី

វិធានការ​គ្រប់គ្រង

រក្សា​ទឹក​ឲ្យ​មាន​នៅ​ក្នុង​ស្រែ​ជា​ប្រចាំ ពីព្រោះ​ខ្មុល​ដី​មិន​អាច​រស់នៅ​ក្រោម​ទឹក​បាន​ទេ និង​អាច​ការពារ​វា មិន​ឲ្យ​កាយ​ធ្វើ​រន្ធ​នៅ​ក្នុង​ដី​បាន​ទៀត​ផង ។ គ្មាន​ពូជ​ដែល​មាន​លក្ខណៈ​ធន់​ទ្រាំ​ទៅ​នឹង​វា​ទេ ។ នុយ​បំពុល​ផ្សំ​ឡើង​ដោយ​កន្ទក់​លាយ​ជាមួយ​ថ្នាំ​សម្លាប់​សត្វល្អិត អាច​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ស្រែ ឬ​នៅ​តាម​ភ្លឺស្រែ ដើម្បី​សម្លាប់សត្វ​ខ្មុល​ដី​ដែល​ស្វែងរក​ចំណី​នៅ​ពេល​យប់ ។

៩.២.២. សត្វល្អិត​ស៊ី​ដើម និង​ស្លឹក

ជា​ពួក​សត្វល្អិត​ស៊ី​ដោយ​ទំពារ​ផ្នែក​ខ្លះៗ ឬ​ទាំងស្រុង​នៃ​ដើម ឬ​ស្លឹក ឬ​ជញ្ជក់​យក​រុក្ខរស​ពី​ដើម ឬ​ស្លឹក​នៃ​ដំណាំ​ស្រូវ ដែល​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​មាន​ការ​លូតលាស់​យឺត ឬ​បាត់បង់​ដើម​ស្រូវ​ខ្លះៗ ឬ​ងាប់​ទាំង​គុម្ព ប្រសិនបើ​ការ​ស៊ី​នោះ​មាន​ភាព​ធ្ងន់ធ្ងរ ។ សត្វល្អិត​ប្រភេទ​នេះ​អាច​ស៊ី​បំផ្លាញ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ដំណាំ​ផង​ដែរ ។ សត្វល្អិត​ស៊ី​ដើម និង​ស្លឹក​នៃ​ដំណាំ​ស្រូវ​សំខាន់ៗ​រួម​មាន ៖

៩.២.២.១. ដង្កូវ​ស៊ី​រូង​ដើម​

នៅ​ក្នុង​តំបន់​អាស៊ី គេ​សង្កេត​ឃើញ​មាន​ពួក​ដង្កូវ​ស៊ី​រូង​ដើម​ប្រាំ​ប្រភេទ​លើ​ដំណាំ​ស្រូវ ។ ដង្កូវ​ស៊ី​រូង​ដើម​ទាំងនោះ​រួម​មាន ៖ ដង្កូវ​ស៊ី​រូង​ដើម​ពណ៌​លឿង (Scirpophaga incertulas Walker, Lepidoptera: Pyralidae) ដង្កូវ​ស៊ី​រូង​ដើម​ពណ៌​ស (Scirpophaga innotulas Walker, Lepidoptera: Pyralidae) ដង្កូវ​ស៊ី​រូង​ដើម​ឆ្នូត (Chilo suppressalis Walker, Lepidoptera: Pyralidae) ដង្កូវ​ស៊ី​រូង​ដើម​ក្បាល​ខ្មៅ (Chilo polychrysus Meyrick, Lepidoptera: Pyralidae) និង​ដង្កូវ​ស៊ី​រូង​ដើម​ពណ៌​ផ្កាឈូក (Sesamia inferens Walker, Lepidoptera: Noctuidae) ។

ដង្កូវ​ស៊ី​រូង​ដើម គឺជា​សត្វល្អិត​ចង្រៃ​លើ​ដំណាំ​ស្រូវ ។ គ្រប់​ប្រភេទ​ទាំងអស់​នៃ​ដង្កូវ​ស៊ី​រូង​ដើម គឺជា​មេអំបៅ ដែល​ដង្កូវ​របស់​វា​ចោះ​ចូល​ក្នុង​ដើម និង​កួរស្រូវ ។ ជា​រឿយៗ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​ពួក​ដង្កូវ​ស៊ី​រូង​ដើម​ពីរ ឬ​បី​ប្រភេទ​នៅ​ក្នុង​ស្រែ​តែ​មួយ ជា​ពិសេស​នៅ​ក្នុង​គុម្ព​តែ​មួយ ប៉ុន្តែ​កម្រ​មាន​នៅ​ក្នុង​ដើម​តែ​មួយ​ជាមួយ​គ្នា​ណាស់ ។ ដង្កូវ​ស៊ី​រូង​ដើម​ពណ៌​លឿង គឺជា​ប្រភេទ​សត្វល្អិត​ចង្រៃ​សំខាន់​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ដង្កូវ​ស៊ី​រូង​ដើម​ពណ៌​លឿង (Scirpophaga incertulas Walker, Lepidoptera: Pyralidae) គឺជា​ប្រភេទ​សត្វល្អិត​ចង្រៃ​សំខាន់​ជាងគេ​នៅ​ក្នុង​តំបន់​ស្រែ​ទំនាប ដោយ​ដង្កូវ​របស់​វា​ស៊ី​ចោះ​ចូល​ទៅ​ក្នុង​ដើម​ស្រូវ ។ មេអំបៅ​ដង្កូវ​ស៊ី​រូង​ដើម​ពណ៌​លឿង​ញី​មាន​ស្លាប​ខាង​មុខ​ពណ៌​លឿង​ព្រលែត ឬ​ពណ៌​ត្នោត​ខ្ចី ហើយ​នៅ​លើ​ស្លាប​ទាំង​ពីរ មាន​ចំណុច​ខ្មៅ​មួយ​ជា​លក្ខណៈ​សម្គាល់ (រូប​៩.២១​ក) ។ មេអំបៅ​ដង្កូវ​ស៊ី​រូង​ដើម​ពណ៌​លឿង​ឈ្មោល មាន​មាឌ​តូច​ជាង​ញី មាន​ពណ៌​ប្រផេះ ឬ​ពណ៌​ត្នោត​ខ្ចី និង​មាន​ចំណុច​ខ្មៅ​តូចៗ​ពីរ​ជួរ នៅ​ចុង​ស្លាប​ខាង​មុខ ( រូប ៩.២១​ខ) ។ មេអំបៅ​នេះ​ចេញ​ត្រាច់ចរ​នៅ​ពេល​យប់ ហើយ​មេអំបៅ​ញី​អាច​ពង​បាន​រហូត​ដល់​បី​សម្បុក​ក្នុង​រយៈពេល​ពី ៧ ទៅ ១០ ថ្ងៃ​នៃ​ជីវិត​របស់​វា ។ ពង​របស់​វា​រាង​មូល​សំប៉ែត ។ មេអំបៅ​នេះ​ពង​ដាក់​នៅ​លើ​ស្លឹក​ស្រូវ​ផ្នែក​ខាង​ចុង ដោយ​តម្រៀប​គ្នា​ជា​កញ្ចុំៗ​រាង​ពងក្រពើ និង​គ្របដណ្ដប់​ដោយ​រោម​ពោះ​របស់​វា ( រូប ៩.២១​គ) ។ ដង្កូវ​របស់​វា​មាន​ក្បាល​តូច ពណ៌​ទឹកក្រូច ។ ដង្កូវ​នេះ​ស៊ី​បំផ្លាញ​តែ​លើ​ដំណាំ​ស្រូវ និង​ស្រូវ​ស្រងែ​ប៉ុណ្ណោះ ។

រូប ៩.២១ ដង្កូវ​ស៊ី​រូង​ដើម​ពណ៌​លឿង (Scirpophaga incertulas Walker)

ក. ការ​បំផ្លាញ

បើសិន​ការ​បំផ្លាញ​កើត​មាន​ឡើង​នៅ​ដំណាក់កាល​ស្រូវ​បែក​គុម្ព ស្លឹក​បណ្ដូល​នៃ​ដើម​ស្រូវ ដែល​រង​ការ​បំផ្លាញ ក្លាយជា​ពណ៌​ត្នោត ។ ការ​បំផ្លាញ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «ងាប់​បណ្ដូល» ហើយ​វា​ងាយ​នឹង​ដក​ចេញពី​ដើម​របស់​វា ។ ជួនកាល​គេ​អាច​មើល​ឃើញ​មាន​អាចម៍​ដង្កូវ​នៅ​ផ្នែក​គល់​នៃ​ស្លឹក​ដែល​ដក​ចេញ​មក ។ បើសិន​ការ​បំផ្លាញ​កើត​មាន​ឡើង​នៅ​ក្រោយ​ដំណាក់កាល​ចេញ​ផ្កា កួរ​របស់​វា​ក្លាយជា​ពណ៌​ស និង​ពុំ​មាន​ដាក់​គ្រាប់​ទេ ហើយ​អាច​ដក​ដោយ​ដៃ​បាន​យ៉ាង​ងាយស្រួល ។ ការ​បំផ្លាញ​នេះ ត្រូវ​បាន​គេ​ហៅ​ថា «កួរ​ស» ។

ខ. វិធានការ​គ្រប់គ្រង

សត្រូវ​ធម្មជាតិ: មាន​ប្រភេទ​ឪម៉ាល់ ចង្រិត និង​កណ្ដូប​មួយ​ចំនួន​ស៊ី​បំផ្លាញ​ពង​ដង្កូវ​ស៊ី​រូង​ដើម ។ ភ្នាក់ងារ​សត្រូវ​ធម្មជាតិ​ទាំងនេះ​គឺ​មាន​វត្តមាន​នៅ​ក្នុង​ស្រែ​ស្រាប់ ។

វិធានការ​ក្សេត្រសាស្ត្រ: ការ​កាត់​ចុង​ស្លឹក​សំណាប​ចោល​មុន​ពេល​ស្ទូង អាច​កាត់​បន្ថយ​ការ​នាំ​យក​ពង​របស់​ដង្កូវ​ស៊ី​រូង​ដើម​ពី​ថ្នាល​សំណាប​ទៅ​ក្នុង​ស្រែ​សន្ទូង​បាន ព្រោះថា​ដង្កូវ​ស៊ី​រូង​ដើម ពង​ដាក់​នៅ​ម្ដុំ​ផ្នែក​ខាង​ចុង​នៃ​ស្លឹក​ស្រូវ ។ ការ​ស្ទូង​ដោយ​ប្រើ​សំណាប​ដែល​មាន​អាយុ​ចំណាស់​ជាង​ធម្មតា​បន្តិច​អាច​ជួយ​កាត់​បន្ថយ​លទ្ធភាព​រាតត្បាត​ពី​ដង្កូវ​ស៊ី​រូង​ដើម ព្រោះ​សំណាប​បែប​នេះ មាន​ដើម​ប្រកបដោយ​សម្បក​រឹង ។ ភ្ជួរ​ពន្លិច​ស្រែ​បន្ទាប់​ពី​ច្រូតកាត់ គឺជា​វិធី​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​កម្ចាត់ ឬ​បំផ្លាញ​ចោល​ដង្កូវ​ស៊ី​រូង​ដើម ដែល​ស្ថិត​នៅ​ក្នុង​គល់​ជញ្ជ្រាំង ។ ការ​ដុត​គល់​ជញ្ជ្រាំង​ចោល​គឺ​មាន​ប្រសិទ្ធភាព​តែ​នៅ​ក្នុង​ករណី​ខ្លះ​ប៉ុណ្ណោះ ពីព្រោះ​ដង្កូវ​អាច​ផ្លាស់​ទី​ចូល​ទៅ​ក្នុង​ដី បន្ទាប់​ពី​ច្រូតកាត់ ម្យ៉ាងវិញទៀត​ទង្វើ​បែប​នេះ អាច​ប៉ះពាល់​ដល់​ជីជាតិ​ដី​ផង​ដែរ ។ ដាំ​ពូជស្រូវ​ដែល​មាន​ភាព​ធន់​ត្រាំ​នឹង​ដង្កូវ​ស៊ី​រូង​ដើម មានពូជ​ស្រូវ​ទំនើប​មួយ​ចំនួន ដែល​អាច​រកបាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ធន់​ទ្រាំ​ទៅ​នឹង​ដង្កូវ​ស៊ី​រូង​ដើម ដូច​ជា ពូជ​សែនពិដោរ អ៊ីអ៊ែរ​កេសរ ជាដើម ។

វិធានការ​គីមី: ជា​ទូទៅ​វិធានការ​កម្ចាត់​ដង្កូវ​ស៊ី​រូង​ដើម​ដោយ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត គឺ​មាន​ការ​លំបាក​ខ្លាំង ព្រោះ​ដង្កូវ​ស៊ី​រូង​ដើម​បាន​ចោះ​ចូល​នៅ​ក្នុង​ដើម​ស្រូវ ។ ការ​បាញ់ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​គឺ​បាញ់​ចន្លោះ ពេល​ដង្កូវ​ញាស់​ចេញ​ពី​ពង និង​ពេល​វា​រុលចូល​ទៅ​ក្នុង​ដើម​ប៉ុណ្ណោះ ។ ថ្នាំ​សម្លាប់​សត្វល្អិត​ជ្រាប ដែល​មាន​ឥទ្ធិពល​តាម​ការ​រក្សា​ទុក​ក្នុង​ជាលិកា (systemic insecticide) ជ្រាប​ចូល​ទៅ​ក្នុង​ដើម គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​ដង្កូវ​ស៊ី​រូង​ដើម បន្ទាប់​ពី​វា​ចូល​ទៅ​ក្នុង​ដើម​ស្រូវ ប៉ុន្តែ​ជា​ទូទៅ​រយៈពេល​នេះ វា​ជា​ការ​យឺត​ពេល​ទៅ​ហើយ​ក្នុង​ការ​សង្គ្រោះ​ដំណាំ​ស្រូវ ។

៩.២.២.២. មមាច​ជញ្ជក់​ដើម (Planthoppers)

ពពួក​មមាច​ជញ្ជក់​ដើម​សំខាន់ៗ​នៅ​លើ​ដំណាំ​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា​គឺ មមាច​ត្នោត (Nilaparvata lugens Stål, Homoptera: Delphacidae) និង​មមាច​ខ្នង​ស (Sogatella furcifera, Homoptera: Delphacidae) ។ ប្រភេទ​មមាច​ជញ្ជក់​ដើម​ទាំង​ពីរ​នេះ បង្ក​ឲ្យ​មាន​ការ​ឆេះ​ខ្លោច​ដោយ​ពួក​វា​ជញ្ជក់​រុក្ខ​រស​ពី​ដើម ។ មមាច​ត្នោត Nilaparvata lugens Stål, Homoptera: Delphacidae នៅ​ក្នុង​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវ​គេ​សង្កេត​ឃើញ​មាន​មមាច​ត្នោត​ពេញវ័យ​ស្លាប​វែង (macropterous) (រូប ៩.២២​ក) និង​មមាច​ត្នោត​ពេញវ័យ​ស្លាប​ខ្លី (brachypterous) (រូប ៩.២២​ខ) ទាំង​ញី​ទាំង​ឈ្មោល ។ មមាច​ត្នោត​ស្លាប​ខ្លី​មិន​អាច​ហើរ​បាន​ទេ ប៉ុន្តែ​វា​អាច​រស់នៅ និង​បង្កើត​កូនចៅ​បាន​នៅ​ក្នុង​ស្រែ ។ ជា​ទូទៅ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​មមាច​ត្នោត​ស្លាប​វែង​ពេញវ័យ​ជា​លើក​ដំបូង​នៅ​ក្នុង​ស្រែ បន្ទាប់​មក​នៅ​ជំនាន់​ក្រោយៗ​មក​ទៀត ទើប​មាន​វត្តមាន​ពួក​មមាច​ត្នោត​ស្លាប​ខ្លី ។ មមាច​ត្នោត​ស្លាប​វែង​អាច​មាន​លទ្ធភាព​ហើរ​ផ្លាស់​ទី​ស្វែងរក​ចំណី​បាន ។ ទម្រង់​ស្លាប​វែង​របស់​មមាច​ត្នោត អាច​លូតលាស់​នៅ​ក្នុង​ដំណាក់កាល​ស្រូវ​ទុំ (នៅ​ពេល​ចំណីអាហារ​របស់​វា​មិន​គ្រប់គ្រាន់) ឬ​នៅ​ពេល​ចំនួន​មមាច​ទាំងនេះ​មាន​ច្រើន ដើម្បី​ធ្វើការ​ផ្លាស់​ទី​ទៅ​ស្រែ​ដែល​មាន​ចំណី (ដំណាំ​ខ្ចី​ជាង) ។ មមាច​ត្នោត​ស្លាប​វែង​អាច​ហើរ​ផ្លាស់​ទី​ស្វែងរក​ចំណី​បាន​រាប់រយ​គីឡូម៉ែត្រ ដោយសារ​កម្លាំង​ខ្យល់​បក់​ជួយ ។ មមាច​ត្នោត​ស្លាប​វែង​ជា​សត្វល្អិត​ចូល​ចិត្ត​ភ្លើង ។ មមាច​ត្នោត​ញី​ស្លាប​វែង​អាច​ពង​បាន ១០០​ពង និង​មមាច​ត្នោត​ស្លាប​ខ្លី​អាច​ពង​បាន ៣០០​ពង ក្នុង​រយៈពេល ២ សប្ដាហ៍​នៃ​ជីវិត​របស់​វា ។ ពង​របស់​វា​មាន​ពណ៌​ស ហើយ​វា​ពង​ដាក់​ក្នុង​ស្រទប​ស្លឹក ឬ​ទ្រនុង​ស្លឹក​ជា​កញ្ចុំ​រាង​ដូច​ស្និតចេក​ពី ៨-១៦​ពង (រូប ៩.២២​គ) ដោយ​ប្រដាប់​បញ្ចេញ​ពង​របស់​វា (Ovipositor) ។ កូន​របស់​មមាច​ត្នោត​មាន​ពណ៌​ស​នៅ​ដំណាក់កាល​ដំបូង ហើយ​ក្លាយជា​ពណ៌​ត្នោត​នៅ​ពេល​វា​ធំ ។

រូប ៩.២២ មមាច​ត្នោត Nilaparvata lugens Stål និង​ការ​បំផ្លាញ​របស់​វា

ក. ការ​បំផ្លាញ

មមាច​ត្នោត​ជា​សត្វល្អិត​ចង្រៃ​បំផុត​លើ​ដំណាំ​ស្រូវ ។ ទាំង​កូន និង​មេ​ចំណាស់ ជញ្ជក់​រុក្ខរស​ពី​ដើម​ស្រូវ​នៅ​ផ្នែក​គល់​ដោយ​ប្រដាប់​ជញ្ជក់​របស់​វា ។ ការ​ស៊ី​បំផ្លាញ​របស់​វា បណ្ដាល​ឲ្យ​ដើម​ស្រូវ​ស្រពោន ខ្លោច ហើយ​ងាប់​គេ​ហៅ​ថា «ឆេះ​ខ្លោច​ដោយ​មមាច​ត្នោត» (រូប ៩.២២​ឃ) ។ មមាច​ត្នោត​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​វីរុស តឿ​រួញ​ស្លឹក និង​តឿ​ស្មៅ ។ ជំងឺ​វីរុស​តឿ​រួញ​ស្លឹក គឺជា​ជំងឺ​មួយ​ដែល​ជា​ទូទៅ​កើត​មាន​លើ​ដំណាំ​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា តែ​ជំងឺ​តឿ​ស្មៅ​វិញ​កម្រ​កើត​មាន​ណាស់ ហើយ​គេ​មិន​អាច​កម្ចាត់​ជំងឺ​នេះ​បាន​ទេ ។

ខ. វិធានការ​គ្រប់គ្រង

មិន​ត្រូវ​ដាំ​ស្រូវ​លើស​ពី​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ទេ និង​ត្រូវ​ទុក​ដីស្រែ​ឲ្យ​មាន​រយៈពេល​ទំនេរ​ពី​ការ​ដាំ​ស្រូវ ដើម្បី​កាត់​បន្ថយ​ចំណី និង​ជម្រក​របស់​វា ។ ភ្ជួរ​លុប​ស្មៅ និង​ស្រូវ​ដុះ​សារ​បន្ទាប់​ពី​ច្រូតកាត់ អាច​បំបាត់​ប្រភព​ជំងឺ​រីរុស ។ ប្រើប្រាស់​ជី​ឲ្យ​បាន​ត្រឹមត្រូវ ប្រើប្រាស់​ជីអ៊ុយរ៉េ​ក្នុង​កម្រិត​មធ្យម ហើយ​បាច​ជា​បី​ដំណាក់កាល ។ ដំណាក់កាល​ទាំងនោះ​មាន: ១. មួយ​ថ្ងៃមុន​ស្ទូង ២. សំណាប​បែក​គុម្ព និង ៣. កំណ​កំណើត​កួរ ។ ពន្លិចទឹក​ថ្នាលសំណាប​បន្សល់​ទុក​តែ​ចុង​សំណាប​រយៈពេល​មួយ​ថ្ងៃ វា​នឹង​អាច​កម្ចាត់​មមាច​ត្នោត ។ ដាំ​ពូជស្រូវ​ដែល​មាន​ភាព​ធន់​ទ្រាំ​នឹង​មមាច​ត្នោត ជា​វិធីសាស្ត្រ​មួយ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​កម្ចាត់​មមាច​ត្នោត ។ មាន​ពូជ​ស្រូវ​ទំនើប​មួយ​ចំនួន​ដែល​អាច​រក​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ភាព​ធន់​ទ្រាំ​ទៅ​នឹង​មមាច​ត្នោត ។

ទោះបី​មាន​ការ​បំផ្លាញ​ឆេះ​ខ្លោច​ដោយ​មមាច​ត្នោត​ហើយ​ក៏​ដោយ មិន​គួរ​បាញ់​ថ្នាំ​សម្លាប់​សត្វល្អិត​ទេ ក្នុង​ករណី​ចំនួន​សត្រូវ​ធម្មជាតិ មាន​កម្រិត​ខ្ពស់​ជាង​ចំនួន​មមាច​ត្នោត ។ ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត អាច​បំផ្លាញ​ដល់​សត្រូវ​ធម្មជាតិ និង​អនុញ្ញាត​ឲ្យ​ពង​របស់​មមាច​ត្នោត​ញាស់​ចេញ​មក ដោយ​គ្មាន​ការ​គ្រប់គ្រង​ពី​សត្រូវ​ធម្មជាតិ ហើយ​ធ្វើ​ឲ្យ​មមាច​ត្នោត​នៅ​រស់​អាច​កើន​ចំនួន​ច្រើន​យ៉ាង​ឆាប់​រហ័ស​ដល់​កម្រិត​ខូចខាត ។ សត្រូវ​ធម្មជាតិ​របស់​មមាច​ត្នោត​រួម​មាន: ស្រឹង​ទឹក​ជើងវែង ស្រឹង​គោក ពួក​ពីងពាង និង​ពួក​ប៉ារ៉ាស៊ីត ។ បាញ់ថ្នាំ​កសិកម្ម​សម្លាប់​សត្វ​ល្អិត​នៅ​លើ​ថ្នាល​សំណាប ជា​វិធានការ​គីមី​មួយ​សម្រាប់​កម្ចាត់​មមាច​ត្នោត​បើសិន​គេ​ជួប​ប្រទះ​គ្រប់​លក្ខខណ្ឌ​ដូច​ជា ចំនួន​មធ្យម​នៃ​មមាច​ត្នោត​មាន​ច្រើន​ជាង​មួយ​ក្នុង​មួយ​ដើម ចំនួន​មធ្យម​នៃ​មមាច​ត្នោត​ច្រើន​ជាង​ចំនួន​មធ្យម​នៃ​សត្រូវ​ធម្មជាតិ គ្មាន​មធ្យោបាយ​ក្នុង​ការ​ពន្លិច​ទឹក​ថ្នាល​សំណាប ។ ការ​ជ្រើសរើស​យក​ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​សម្លាប់​សត្វ​ល្អិត​វា​អាស្រ័យ​ដោយ​កត្តា​ជា​ច្រើន ។ ជា​និច្ចកាល​ត្រូវ​ធ្វើការ​ថ្លឹងថ្លែង​ឲ្យ​បាន​ហ្មត់ចត់​នូវ​ផលប្រយោជន៍​នៃ​ថ្នាំ​កសិកម្ម​សម្លាប់​សត្វ​ល្អិត​ជាមួយនឹង​ភាព​គ្រោះ​ថ្នាក់​របស់​វា ។

៩.២.២.៣. មូស​ផ្លុង Orseolia oryzae Wood-Mason, Diptera: Cecidomyiidae (Gall midge)

មូស​ផ្លុង (O. oryzae) ជា​សត្វល្អិត​ដែល​មាន​រូបរាង​តូច​ដូច​មូស​ធម្មតា​ដែរ ។ ខ្លួន​របស់​មូស​ផ្លុង​ឈ្មោល​ពេញវ័យ មាន​ពណ៌​លឿង​ត្នោត និង​មាន​មាឌ​តូច​ជាង​មូស​ផ្លុង​ញី ដែល​មាន​ពោះ​ពណ៌​ក្រហម (រូប ៩.២៣) ។ នៅ​ពេល​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​នា​ដើមរដូវ​វស្សា មូស​ផ្លុង​ពេញវ័យ​ហើរ​ចេញពី​ស្មៅ​ចង្រៃ​មក​រក​ជម្រក​ថ្មី​ដែល​មាន​ចំណី និង​អាច​បន្ត​ពូជ​បាន ។ មូស​ផ្លុង​ញី​នីមួយៗ​អាច​ពង​បាន​ពី ១-៤​ពង​នៅ​លើ​ស្លឹក​ស្រូវ (រូប ៩.២៤) និង​មាន​ជីវិត​ត្រឹមតែ ៤ ឬ ៥​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​ពេល​វា​ពេញវ័យ​រហូត​ដល់​ងាប់​ទៅ​វិញ វា​អាច​ពង​បាន​រាប់រយ ។ ដង្កូវ​មូស​ផ្លុង​ដែល​ញាស់​ចេញពី​ពង​មាន​ពណ៌​ស​ស្រអាប់ ហើយ​ចូល​លាក់ខ្លួន​នៅ​ក្នុង​ដើម​ស្រូវ និង​ស៊ី​បំផ្លាញ​បណ្ដូល​ក្នុង​នៃ​ដើម​ស្រូវ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្រូវ​មិន​អាច​ចេញ​កួរ​បាន ។

រូប ៩.២៣ មូស​ផ្លុង Orseolia oryzae

រូប ៩.២៤ ពង​របស់​មូស​ផ្លុង

ក. ការ​បំផ្លាញ

ការ​ស៊ី​បំផ្លាញ​ដល់​បណ្ដូល​ខាងក្នុង​នេះ​មាន​សណ្ឋាន​ជា​បំពង់​ដូច​ស្លឹក​ខ្ទឹមបារាំង ដែល​គេ​និយម​ហៅ​ថា ពក​ស្លឹក​ខ្ទឹមបារាំង (រូប ៩.២៥​ក) ។ មូស​ផ្លុង​អាច​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ ចាប់តាំងពី​នៅ​វគ្គ​សំណាប​រហូត​ដល់​ចុង​បញ្ចប់​នៃ​វគ្គ​បែក​គុម្ព ។ មូស​ផ្លុង​ចេញពី​ក្នុង​ដើម​ពក​ស្លឹក​ខ្ទឹមបារាំង​តាម​ប្រហោង ដោយ​បន្សល់​ទុក​សម្បក​ដឹកដឿ​នៅ​ជាប់​នឹង​ដើម​ដែល​បំផ្លាញ​នោះ (រូប ៩.២៥​ខ) ។

រូប ៩.២៥ ការ​បំផ្លាញ​របស់​មូស​ផ្លុង

ខ. វិធានការ​គ្រប់គ្រង

  • បំផ្លាញ​រុក្ខជាតិ​ជា​ជម្រក: ធ្វើការ​កាប់​ឆ្ការ​សម្អាត​ស្មៅ​ចង្រៃ ឬ​ស្រងែ​ដែល​នៅ​ជុំវិញ​បរិវេណ​ស្រែ និង​នៅ​ក្នុង​ស្រែ​នៅ​ពេល​ដាំ​ដុះ និង​ក្រោយ​ពេល​ប្រមូល​ផល​រួច ។ ភ្ជួរស្រែ​បន្ទាប់​ពី​ប្រមូល​ផល ធ្វើ​ដី​ឲ្យ​ស្អាត​ល្អ​កុំ​ឲ្យ​មាន​រុក្ខជាតិ​ជម្រក​បន្ទាប់​ពី​ច្រូតកាត់​រួច ។
  • ត្រូវ​ពន្យា​ពេល​ដាំ​ដុះ​ក្នុង​រដូវវស្សា​ឲ្យ​បាន​សម​ស្រប​បើ​អាច​ធ្វើ​ទៅ​បាន ចំពោះ​ពូជស្រូវ​ប្រកាន់​រដូវ​ដើម្បី​កាត់​បន្ថយ​វគ្គ​លូតលាស់​របស់​ស្រូវ​ឲ្យ​នៅ​ខ្លី ។ ផ្ទុយ​ទៅ​វិញ​ធ្វើការ​ដាំ​ដុះ​ពូជស្រូវ​មិន​ប្រកាន់​រដូវ​ឲ្យ​បាន​ឆាប់រហ័ស​នៅ​ពេល​ដើម​រដូវ​វស្សា ដើម្បី​ឲ្យ​ដំណាំ​ស្រូវ​បាន​បញ្ចប់​វគ្គ​លូតលាស់​មុន​ពេល​មូស​ផ្លុង​បម្លាស់​ទី​មក​ពី​រុក្ខជាតិ​ជម្រក​ជា​ការ​ប្រសើរ ។
  • ការ​ប្រើប្រាស់​ជីអ៊ុយរ៉េ​ក្នុង​កម្រិត​មធ្យម ហើយ​បាច​ជា​បី​ដំណាក់កាល: ដំណាក់កាល​សំណាប​បែក​គុម្ព និង​កំណកំណើត​កួរ ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ការពារ​ជាមួយ​មូស​ផ្លុង ដែល​មាន​ការ​បំផ្លាញ និង​រាតត្បាត ។
  • ការ​ដាំ​ដុះ​ពូជ​ធន់​គឺជា​វិធានការ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព​ល្អ​បំផុត​ក្នុង​ការ​ការពារ​ពី​ការ​បំផ្លាញ​របស់​មូស​ផ្លុង ។
  • ការ​បាញ់​ថ្នាំ​សម្លាប់​សត្វល្អិត​ប្រភេទ​ពុល​ខ្លាំង​ដើម្បី​កម្ចាត់​ប្រភេទ​សត្វល្អិត​ចង្រៃ​ណា​មួយ អាច​ធ្វើ​ឲ្យ​មាន​ការ​រាតត្បាត​ដោយ​មូស​ផ្លុង​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត គឺ​ដោយសារ​ថ្នាំ​នោះ​បាន​សម្លាប់​ពពួក​សត្វ​ល្អិត​មាន​ប្រយោជន៍​ដូច​ជា ពីងពាង ពួក​ឪម៉ាល់ និង​ប៉ារ៉ាស៊ីត ដែល​ជា​សត្រូវ​ធម្មជាតិ​សម្រាប់​សម្លាប់​មូស​ផ្លុង ។ ការ​កម្ចាត់​មូស​ផ្លុង​ដោយ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត មាន​ការ​លំបាក​ជាទី​បំផុត​ព្រោះ​ដង្កូវ​មូស​ផ្លុង​វា​រស់​នៅ​ក្នុង​ដើម​ស្រូវ ។ ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត​ជ្រាប (Systemic insecticide) មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កម្ចាត់​មូស​ផ្លុង ។
៩.២.២.៤. ទ្រីប Stenchaetothrips biformis Bagnall, Thysanoptera: Thripidae (Thrips)

ទ្រីប​គឺជា​សត្វល្អិត​មាន​មាឌ​តូច​ឆ្មារ​ស្ដើង និង​ខ្លួន​ទន់ អាច​មើល​ឃើញ​ដោយ​ពុំ​ចាំបាច់​មាន​កែវពង្រីក​ជា​ជំនួយ ។ ទ្រីប​ពេញវ័យ​មាន​រាង​តូច​ពណ៌​ត្នោត​ខ្មៅ (រូប ៩.២៦​ក) ។ ទ្រីប​នេះ ខ្លះ​មាន​ស្លាប ខ្លះ​គ្មាន​ស្លាប​ទេ ។ ប្រសិនបើ​មាន​ស្លាប ស្លាប​ទាំង​ពីរ​គូ​នោះ​មាន​រាង​ទ្រវែង​តូច ហើយ​មាន​រោម​វែង​នៅ​តាម​គែម​ជុំវិញ ។ ទ្រីប​ពេញវ័យ​ញី​ជម្រុះ​ពង​របស់​វា​ទៅ​ក្នុង​ជាលិកា​ស្លឹក​ដោយ​ប្រដាប់​បញ្ចេញ​ពង (Ovipositor) ។ កូន​ញាស់​ដែល​ទើប​នឹង​ញាស់​មាន​ពណ៌​ស និង​គ្មាន​ស្លាប (រូប ៩.២៦​ខ) ។ កូន​ញាស់​នេះ​ប្រែ​ពណ៌​ជា​ក្រមៅ​នៅ​ពេល​វា​មាន​វ័យ​ចំណាស់ (រូប ៩.២៦​គ) ។ ទ្រីប​មាន​វត្តមាន​នៅ​គ្រប់​បរិស្ថាន​ដំណាំ​ស្រូវ ប៉ុន្តែ​វា​កើត​មាន​ច្រើន​នៅ​ពេល​អាកាសធាតុ​ក្ដៅ​ស្ងួត ។ ជា​រឿយៗ​នៅ​រដូវប្រាំង ដំណាំ​ស្រូវ​ទទួល​រង​ការ​បំផ្លាញ​ដោយសារ​ទ្រីប​ក្នុង​វគ្គ​លូតលាស់ ។ កូន​ញាស់ និង​សត្វ​ពេញវ័យ​ស៊ី​រូស​ស្លឹក​ធ្វើ​ឲ្យ​ស្លឹក​ស្ងួត បន្ទាប់​មក​ប្រែជា​ពណ៌​ត្នោត ។ ចំពោះ​ស្រូវចម្ការ ឬ​ថ្នាល​សំណាប​ស្ងួត មាន​រោគសញ្ញា​ផ្សេង​ពី​នេះ គឺ​ស្លឹក​ដែល​រង​ការ​ស៊ី​បំផ្លាញ​ដោយ​ទ្រីប​ឡើង​រមូរ (រូប ៩.២៦​ឃ) ។ ដំណាក់កាល​ផ្សេងៗ​គ្នា​របស់​ទ្រីប និង​ស្នាម​ស៊ី​បំផ្លាញ​ពណ៌​លឿង អាច​មើល​ឃើញ​យ៉ាង​ច្បាស់​នៅ​ក្នុង​រូប ៩.២៦​ឃ ។

រូប ៩.២៦ ទ្រីប Stenchaetothrips biformis Bagnall និង​ការ​បំផ្លាញ​របស់​វា

ក. វិធានការ​គ្រប់គ្រង

ថ្នាលសំណាប ឬ​សន្ទូង​ឲ្យ​លិច​ផុត​ចុង​ស្រូវ​រយៈពេល​ពីរ​ថ្ងៃ ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​កម្ចាត់​ទ្រីប ។ គ្មាន​ពូជស្រូវ​ដែល​ធន់​ទ្រាំ​នឹង​ទ្រីប​ទេ ។ ការ​បាញ់​ថ្នាំ​សម្លាប់​សត្វល្អិត​ដើម្បី​កម្ចាត់​ទ្រីប​មាន​ប្រសិទ្ធភាព​ខ្ពស់ ទាំង​ថ្នាំ​ទឹក និង​ថ្នាំ​គ្រាប់ ប៉ុន្តែ​វា​មាន​អាច​មាន​ភាព​គ្រោះថ្នាក់​ខ្លាំង​ដល់​ត្រី​នៅ​ក្នុង​ស្រែ និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ព្រមទាំង​បរិស្ថាន ។

៩.២.២.៥. ដង្កូវ​បំពង់​កាត់​ស្លឹក Nymphula depunctalis Guenée, Lepidoptera: Pyralidae (Case worm)

ដង្កូវ​បំពង់​កាត់​ស្លឹក (N. depunctalis) ជា​ប្រភេទ​មេអំបៅ​ដែល​ដង្កូវ​របស់​វា​មាន​លក្ខណៈ​ពិសេស​អាច​រស់នៅ​ក្នុង​ទឹក​បាន ។ ដំណាក់​កាលដែល​វា​អាច​ស៊ី​បំផ្លាញ​បាន​គឺ​ដំណាក់កាល​ជា​ដង្កូវ ដែល​ដង្កូវ​របស់​វា​រស់​នៅ​ក្នុង​បំពង់​ស្លឹក​ដែល​វា​កាត់​ពី​ដើម​ស្រូវ​ខ្ចី​តូចៗ​រុំ​ធ្វើ​ជា​បំពង់ ។ ដង្កូវ​នេះ​ដកដង្ហើម​យក​អុកស៊ីសែន​ពី​ទឹក​តាម​រោម​ដូច​ស្រកី (Gills) ដែល​មាន​នៅ​តាម​ដងខ្លួន​វា ។ ដង្កូវ​នេះ​អាច​រស់នៅ និង​បំផ្លាញ​ស្រូវ​បាន​តែ​ក្នុង​ស្រែ​ណា​ដែល​មាន​ទឹក​ប៉ុណ្ណោះ ។ មេអំបៅ​របស់​ដង្កូវ​បំពង់​កាត់​ស្លឹក មាន​ពណ៌​ស​ភ្លឺ​ជាមួយនឹង​ពណ៌​ត្នោត​ព្រឿងៗ និង​មាន​ចំណុច​ខ្មៅ (រូប ៩.២៧) ។ នៅ​ពេល​ថ្ងៃ​មេអំបៅ​នេះ​លាក់ខ្លួន​នៅ​ក្នុង​ស្រែ និង​បញ្ចេញ​ពង​នៅ​ពេល​យប់ ។ មេអំបៅ​នេះ​ត្រាច់ចរ​នៅ​ពេល​យប់ ។ ពង​របស់​វា​មាន​ពណ៌​លឿង​ព្រលែត ឬ​បៃតងខ្ចី មាន​រាង​មូល​សំប៉ែត និង​ទំហំ​មិន​ពិតប្រាកដ ។ មេអំបៅ​នេះ​ជម្រុះ​ពង​តម្រៀប​ជា​ជួរ (មួយ​ឬ​ពីរ​ជួរ) ឬ​ជា​កញ្ចុំ​នៅ​លើ​ផ្ទៃ​ស្លឹក​ផ្នែក​ខាងក្រោម​ដែល​ធ្លាក់​អណ្ដែត​លើ​ផ្ទៃ​ទឹក​(រូប ៩.២៨​ក) ។ ដង្កូវ​ញាស់​ចេញពី​ពង​នៅ​ក្នុង​ទឹក ហើយ​ចាប់ផ្តើម​កោស​ស៊ី​ជាលិកា​ស្លឹក​មាន​សណ្ឋាន​ដូច​ជណ្ដើរ​លើ​ផ្ទៃ​ស្លឹក និង​កាត់​ស្លឹក​ផ្ដាច់​ស្មើ ដូច​កាត់​នឹង​កន្ត្រៃ ។ គេ​អាច​មើលឃើញ​ស្រកី (ឬ​រោម) ដែល​មាន​សណ្ឋាន​ដូច​អំបោះ​ជា​ច្រើន​គូ​នៅ​តាម​កង់​នៃ​ដងខ្លួន នៅ​ពេល​គេ​ហែក​បំពង់​របស់​ដង្កូវ​នេះ (រូប ៩.២៨​ខ) ។ ដង្កូវ​នេះ​ផ្លាស់​ប្ដូរ​បំពង់​របស់​វា​រាល់ពេល​វា​សក​ខ្លួន​វា ។ នៅ​ពេល​ដង្កូវ​នេះ​មាន​វ័យ​ចំណាស់​ជិត​ក្លាយជា​ដឹកដឿ វា​វារ​ឡើង​លើ​ដើម​ស្រូវ​ផុត​ពី​ផ្ទៃ​ទឹក ហើយ​វា​ភ្ជាប់​បំពង់​របស់​វា​ទៅ​នឹង​ដើម​ស្រូវ (រូប​៩.២៨​គ) ។ ដង្កូវ​នេះ​រុំ​ខ្លួន​វា​ដោយ​សរសៃអំបោះ​ដូច​សម្បុក​កូន​នាង​នៅ​ខាងក្នុង​បំពង់​ស្លឹក​ដែល​នៅ​ទីនោះ​វា​ក្លាយជា​ដឹកដឿ ។

រូប ៩.២៧ មេអំបៅ​ដង្កូវ​បំពង់​កាត់​ស្លឹក Nymphula depunctalis

រូប ៩.២៨ ពង (ក), ដង្កូវ (ខ) និង​ដឹកដឿ (គ) នៃ​ដង្កូវ​បំពង់​កាត់​ស្លឹក Nymphula depunctalis

វិធានការ​គ្រប់គ្រង

  • វិធានការ​ដាំ​ដុះ: ថ្នាលសំណាប​ស្ងួត​អាច​ការពារ​ពី​ការ​បំផ្លាញ​របស់​ដង្កូវ​បំពង់​កាត់​ស្លឹក ប៉ុន្តែ​វា​ងាយ​ទទួល​រង​ការ​បំផ្លាញ​ពី​កក្តា​ចង្រៃ​ផ្សេងៗ​ទៀត ។ ការ​ស្ទូង​សំណាប​មាន​អាយុ​ចាស់​បន្តិច អាច​ជួយ​កាត់​បន្ថយ​រយៈពេល​ស៊ី​បំផ្លាញ​របស់​ដង្កូវ​នេះ​បាន ។ បង្ហូរទឹក​ចេញពី​ក្នុង​ស្រែ​រយៈពេល ៣ ទៅ ៤ ថ្ងៃ អាច​កម្ចាត់​ដង្កូវ​បំពង់​កាត់​ស្លឹក​បាន ប៉ុន្តែ​ច្រើន​មាន​បញ្ហា​ស្មៅ​ដុះ ។
  • វិធានការ​ជីវសាស្ត្រ: សត្រូវ​ធម្មជាតិ​របស់​ដង្កូវ​បំពង់​កាត់​ស្លឹក​រួម​មាន ខ្មូត​ស្លាប​រឹង​រស់នៅ​ក្នុង​ទឹក (Hydrophilid and Dytiscid water beetle) ដែល​ស្វែងរក​ចាប់​ដង្កូវ​នេះ​ជា​ចំណី ។ ពពួក​ពីងពាង​ចាប់​មេអំបៅ​នេះ​ជា​ចំណី ។
  • វិធានការ​គីមី: ការ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ដើម្បី​កម្ចាត់​ដង្កូវ​បំពង់​កាត់​ស្លឹក​មាន​ប្រសិទ្ធភាព​ខ្ពស់​ទាំង​ថ្នាំ​ទឹក និង​ថ្នាំ​គ្រាប់ ប៉ុន្តែ​វា​មាន​ការ​ប្រថុយប្រថាន​ក្នុង​ការ​សម្លាប់​ត្រី​នៅ​ក្នុង​ស្រែ និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​បរិស្ថាន ។
៩.២.២.៦. ដង្កូវ​មូរ​ស្លឹក​ស្រូវ (Leaf folders)

នៅ​ក្នុង​តំបន់​អាស៊ី គេ​សង្កេត​ឃើញ​មាន​ពួក​ដង្កូវ​មូរ​ស្លឹក​បួន​ប្រភេទ​លើ​ដំណាំ​ស្រូវ ។ ដង្កូវ​មូរ​ស្លឹក​ទាំងនោះ​រួម​មាន: ដង្កូវ​មូរ​ស្លឹក Cnaphalocrocis medinalis Guenée, Marasmia patnalis Bradley, Marasmia exigua (Butler) និង Marasmia ruralis (Walker) ដែល​មេអំបៅ​ទាំងនេះ​ស្ថិត​នៅ​ក្នុង​លំដាប់ Lepidoptera និង​គ្រួសារ Pyralidae ។ ដង្កូវ​របស់​មេអំបៅ​ទាំង​នេះ​ស៊ី​បំផ្លាញ​ស្លឹក​ស្រូវ និង​មាន​លក្ខណៈ​ជីវសាស្ត្រ​ប្រហាក់​ប្រហែល​គ្នា ។ ដង្កូវ​មូរ​ស្លឹក C. medinalis គឺជា​ប្រភេទ​សត្វល្អិត​ចង្រៃ​សំខាន់​ជាងគេ និង​ជួប​ប្រទះ​ច្រើន​នៅ​ក្នុង​ស្រែ​នៃ​ប្រទេស​កម្ពុជា ។

ដង្កូវ​មូរ​ស្លឹក Cnaphalocrocis medinalis Guenée, Lepidoptera : Pyralidae មេអំបៅ​នៃ​ដង្កូវ​មូរ​ស្លឹក​មាន​ពណ៌​ត្នោត​លឿង ។ នៅ​ពេល​វា​ទំ​សម្រាក មេអំបៅ​នេះ​តម្រៀប​ស្លាប​បង្កើត​បាន​ជា​រាង​ត្រីកោណ​ដែល​មាន​ជ្រុង​ស្មើគ្នា (រូប ៩.២៩​ក) ។ គ្រប់​ប្រភេទ​ទាំងអស់​នៃ​ដង្កូវ​មូរ​ស្លឹក​មេអំបៅ​ឈ្មោល​មាន​មាឌ​តូច​ជាង​មេអំបៅ​ញី​បន្តិច ។ មេអំបៅ​ញី​ពង​នៅ​ពេល​យប់ ដែល​មេអំបៅ​ញី​មួយ​អាច​ពង​បាន​ប្រហែល ៣០០ នៅ​ក្នុងអំឡុងពេល​ដែល​អាច​រស់នៅ​របស់​វា​ពី ៣-១០ ថ្ងៃ ។ ពងមាន​រាង​មូល​សំប៉ែត និង​ពង​រាយ​មួយៗ ផ្គុំ​ជា​ម្ដុំៗ​ដែល​មាន​ចំនួន​ពី ១០-១២​ពង (រូប​៩.២៩​ខ) ។ នៅ​ពេល​ថ្ងៃ មេអំបៅ​លាក់ខ្លួន​ពី​សត្វរំពារ​នៅ​ដើម​ស្រូវ និង​ស្មៅ ហើយ​វា​ហើរ​ជិតៗ​នៅ​ពេល​យើង​រំខាន​វា ។ មេអំបៅ​នៃ​ដង្កូវ​មូរ​ស្លឹក​ចូល​ចិត្ត​ពន្លឺ​ភ្លើង ប៉ុន្តែ​កម្រ​ចាប់​បាន​ដោយ​អន្ទាក់​ភ្លើង​ណាស់ ។ ដង្កូវ​នេះ​មូរ​ស្លឹក​ស្រូវ​ជុំវិញ​ខ្លួន​វា ដោយ​ភ្ជាប់​គែម​ស្លឹក​ស្រូវ​ដោយ​សរសៃសូត្រ ។

ស្លឹក​ដែល​រមូរ​បណ្ដាល​ឲ្យ​ថយ​ចុះ​សកម្មភាព​រស្មីសំយោគ​របស់​រុក្ខជាតិ ។ ចំណែក​នៅ​ក្នុង​សឹ្លក​រមូរ ដង្កូវ​នេះ​បាន​ស៊ី​បក​ជាលិកា​ផ្ទៃ​ស្លឹក​ដែល​បណ្ដាល​ឲ្យ​លេច​ឡើង​នូវ​ឆ្នូត​ពណ៌​ស​ថ្លា​វែងៗ (រូប​៩.២៩​គ) ។ ស្លឹក​ស្រូវ​ដែល​ទទួល​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​មាន​ភាព​ស្ងួត ។ បន្ទាប់​ពី​ការ​សក​ម្ដងៗ​ដង្កូវ​បាន​ប្ដូរ​ទីតាំង​ទៅ​ស្លឹក​ផ្សេង​ទៀត ។ ដង្កូវ​វ័យ​ចំណាស់​មាន​ពណ៌​បៃតង​លឿង និង​ក្បាល​ពណ៌​ត្នោត​ក្រមៅ ។ បន្ទាប់​ពី​ដំណាក់កាល​ជា​ដង្កូវ ដង្កូវ​នីមួយៗ​រុំ​ខ្លួន​វា​ដោយ​សរសៃ​អំបោះ ដូច​សម្បុក​កូន​នាង ហើយ​ក្លាយជា​ដឹកដឿ​នៅ​ខាងក្នុង​បំពង់​ស្លឹក​រមូរ (រូប​៩.២៩​ឃ) ។

រូប ៩.២៩ ដង្កូវ​មូរ​ស្លឹក Cnaphalocrocis medinalis

វិធានការ​គ្រប់គ្រង

  • វិធានការ​ដាំ​ដុះ: ការ​ប្រើប្រាស់​ជី​អាសូត​លើស​បណ្ដាល​ឲ្យ​បរិមាណ​ដង្កូវ​មូរ​ស្លឹក​កើនឡើង​ច្រើន ។ ជា​ទូទៅ​ការ​ដាំ​ស្រូវ​នៅ​ក្រោម​ម្លប់ឈើ​មាន​ការ​រាតត្បាត និង​បំផ្លាញ​ខ្លាំង​ពី​ដង្កូវ​មូរ​ស្លឹក ។ ធ្វើការ​កាប់​ឆ្ការ​សម្អាត​ស្មៅ​ចង្រៃ ឬ​ស្រងែ​ដែល​នៅ​ជុំវិញ​បរិវេណ​ស្រែ និង​នៅ​ក្នុង​ស្រែ​នៅ​ពេល​ដាំ​ដុះ និង​ក្រោយ​ពេល​ប្រមូលផល​រួច ដើម្បី​ការពារ​ការ​កើន​ឡើង​នៃ​ដង្កូវ​មូរ​ស្លឹក​នៅ​លើ​រុក្ខជាតិ​ជម្រក ។
  • វិធានការ​ជីវសាស្ត្រ: មាន​ភ្នាក់ងារ​កម្ចាត់​តាម​បែប​ជីវសាស្ត្រ​របស់​ដង្កូវ​មូរ​ស្លឹក​ជា​ច្រើន​ប្រភេទ​រួម​មាន: ពួក​ឪម៉ាល់​ជា​ប៉ារ៉ាស៊ីត អណ្ដើកមាស​មាន​ប្រយោជន៍ ពីងពាង និង​ចង្រិត​មាន​ប្រយោជន៍​ដែល​ស៊ី​ពង​របស់​មេអំបៅ​ដង្កូវ​មូរ​ស្លឹក ។
  • វិធានការ​គីមី: ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់​សម្លាប់​សត្វល្អិត ដោយ​បាច​ទៅ​ក្នុង​ទឹក​ស្រែ ពុំ​មាន​ប្រសិទ្ធភាព​ទេ ក្នុង​ការ​កម្ចាត់​ដង្កូវ​មូរ​ស្លឹក ផ្ទុយ​ទៅ​វិញ​ការ​បាញ់ថ្នាំ​វា​ជា​ការ​ប្រសើរ​ជាង ។
៩.២.២.៧. ដង្កូវ​ស្នែង Melanitis leda ismene (Cramer), Lepidoptera: Satyridae

នៅ​លើ​ដំណាំ​ស្រូវ​មាន​ដង្កូវ​ស្នែង​ពីរ​ប្រភេទ​សំខាន់ៗ: Melanitis និង Mycalesis ដែល​មាន​លក្ខណៈ​ខុស​គ្នា​ដោយ​គំនូរ​មាន​សណ្ឋាន​ដូច​ភ្នែក នៅ​លើ​ស្លាប និង​នៅ​ក្រោម​ស្លាប​របស់​វា ។ មេអំបៅ​ដង្កូវ​ស្នែង Melanitis មាន​ចំណុច​រាង​ជា​ចំណុច​វង់​ពណ៌​ស​ពីរ នៅ​លើ​ស្លាប​ខាង​មុខ និង​មាន​ចំណុច​រង្វង់​ប្រាំពីរ នៅ​ផ្នែក​ខាង​ចុង​នៃ​ស្លាប​ខាងក្រោយ (រូប ៩.៣០​ក) ។ នៅ​ផ្នែក​ផ្ទៃ​ខាងក្រោម​នៃ​ស្លាប មាន​ចំណុច​វង់​បី​នៅ​ស្លាប​ខាង​មុខ និង​ប្រាំមួយ​នៅ​លើ​ស្លាប​ខាងក្រោយ (រូប ៩.៣០​ខ) ។ គ្រប់​ចំណុច​វង់​ទាំងអស់​មាន​រង្វង់​មូល​ពណ៌​ស្វាយ និង​លឿង​ព័ទ្ធ​ជុំវិញ ។ មេអំបៅ​ជម្រុះ​ពង​រាយ​មួយៗ ឬ​ក្រុម​តូចៗ​នៅ​លើ​ស្លឹក​ស្រូវ (រូប ៩.៣០​គ) ។ ពងមាន​ពណ៌​ភ្លឺ​រលោង និង​មាន​រាង​ដូច​ស៊្វែរ ។ វា​មាន​ឈ្មោះ​ថា​មេអំបៅ​ដង្កូវ​ស្នែង ពីព្រោះ​ដង្កូវ​នេះ​មាន​ស្នែង​ពីរ​គូ: មួយ​គូ​នៅ​លើ​ក្បាល និង​មួយ​គូ​ទៀត​នៅ​ផ្នែក​ខាង​ចុង​នៃ​ដងខ្លួន (គូទ) (រូប ៩.៣០​ឃ) ។ នៅ​ពេល​ជិត​ក្លាយជា​ដឹកដឿ ដង្កូវ​នេះ​ភ្ជាប់​ផ្នែក​ខាង​ចុង​នៃ​ដងខ្លួន (គូទ) របស់​វា​ទៅ​នឹង​ដើម ឬ​ស្លឹក​ស្រូវ ហើយ​ក្លាយជា​ដឹកដឿ​ពណ៌​បៃតង​ថ្លា​រលោង​(រូប ៩.៣០​ង) ។ ដង្កូវ​ស៊ី​កាត់​ផ្ដាច់​គែម​ស្លឹក និង​ចុង​ស្លឹក (រូប ៩.៣០​ច) ។

រូប ៩.៣០ ដង្កូវ​ស្នែង Melanitis leda ismene

វិធានការ​គ្រប់គ្រង

  • វិធានការ​ដាំ​ដុះ: រាល់​វិធានការ​ដាំ​ដុះ ពុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​ដង្កូវ​ប្រភេទ​នេះ​ទេ ។ គ្មាន​ពូជស្រូវ​ដែល​ធន់​ទ្រាំ​នឹង​ដង្កូវ​នេះ​ទេ ។
  • វិធានការ​ជីវសាស្ត្រ: មាន​ភ្នាក់ងារ​កម្ចាត់​តាម​បែប​ជីវសាស្ត្រ​របស់​ដង្កូវ​នេះ ជា​ច្រើន​ប្រភេទ​រួម​មាន ពួក​ឪម៉ាល់​តូចៗ Trichogrammatid wasps ជា​ប៉ារ៉ាស៊ីត​លើ​ពង​របស់​វា និង​ឪម៉ាល់​មាឌធំៗ Chalcid wasps ប៉ារ៉ាស៊ីត​លើ​ដង្កូវ ។
  • វិធានការ​គីមី: ការ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ដើម្បី​កម្ចាត់​ដង្កូវ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចំពោះ​ថ្នាំ​ទឹក ប៉ុន្តែ​វា​មាន​ការ​ប្រថុយប្រថាន​ក្នុង​ការ​សម្លាប់​ត្រី​នៅ​ក្នុង​ស្រែ និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ព្រមទាំង​បរិស្ថាន ។
៩.២.២.៨- ដង្កូវ​ភ្នែក​ឆ្មារ​រ Pelopidas mathias (Fabricius) និង Parnara guttata Bremer & Grey, Lepidoptera: Hesperiidae

មេអំបៅ​ដង្កូវ​ភ្នែក​ឆ្មារ​ហើរ​ត្រាច់ចរ​នៅ​ពេល​ថ្ងៃ ហើយ​ជា​រឿយៗ​វា​ជញ្ជក់​បឺត​យក​ទឹកដម​ពី​ផ្កា ។ ពួក​មេអំបៅ​ត្រូវការ​សារធាតុ​ស្ករ​ដែល​ជា​ប្រភព​ថាមពល​ក្នុង​ការ​ហើរ​ត្រាច់ចរ និង​បង្កើត​ពង ។ នៅ​ក្នុង​ប្រព័ន្ធ​បរិស្ថាន​មាន​មេអំបៅ​ដង្កូវ​ភ្នែក​ឆ្មារ​ពីរ ឬ​បី​ប្រភេទ ប៉ុន្តែ​មេអំបៅ​ដង្កូវ​ភ្នែក​ឆ្មារ​ដែល​សំខាន់​ជាងគេ​មាន​ពីរ​ប្រភេទ​គឺ Pelopidas mathias (រូប ៩.៣១​ក​, រូប​ខាងស្តាំ) និង Parnara guttata (រូប ៩.៣១​ក, រូប​ខាងឆ្វេង) ដែល​ខុស​គ្នា​ដោយ​គំនូស​នៃ​ស្នាម​អុត​ពណ៌​ស​នៅ​លើ​ស្លាប​ពណ៌​ត្នោត​របស់​វា ។ មេអំបៅ​ទាំង​ពីរ​ប្រភេទ​នេះ​នៅ​ពេល​ទំ​សម្រាក​ស្លាប​របស់​វា​ត្រង់​ឡើង​លើ ដូច​បង្ហាញ​ដោយ Pelopidas mathias (រូប ៩.៣១​ខ) ។ ពងមាន​រាង​ដូច​គជ់​រាយ​មួយៗ​នៅ​លើ​ផ្ទៃ​ស្លឹក (រូប ៩.៣១​គ) ។ ដង្កូវ​របស់​មេអំបៅ​នេះ​មាន​ទំហំ​ខ្លួន​ប៉ុនគ្នា​នឹង​ដង្កូវ​ស្នែង​ដែរ ប៉ុន្តែ​វា​គ្មាន​ស្នែង​ទេ ។ ក្បាល​ដង្កូវ​នេះ​មាន​រាង​សំប៉ែត ហើយ​ទេរ​ទៅ​ក្រោយ​បន្តិច ។ ស្លឹក​ស្រូវ​ដែល​ស៊ី​បំផ្លាញ​ដោយ​ដង្កូវ​នេះ មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ការ​បំផ្លាញ​របស់​ដង្កូវ​ស្នែង​ដែរ ។ ដង្កូវ​ភ្នែក​ឆ្មារ​ធ្វើ​ជម្រក​នៅ​ក្នុង​ស្លឹក​បត់ ប៉ុន្តែ​វិធី​ក្នុង​ការ​បត់ស្លឹក ធ្វើ​ជម្រក​ខុស​ពី​ដង្កូវ​មូរ​ស្លឹក ។ ដង្កូវ​ភ្នែក​ឆ្មារ​ទាញ​ចុង​ស្លឹក​បត់​មក​ភ្ជាប់​ផ្នែក​ខាងក្រោម​បង្កើត​ជា​សម្បុក​ការពារ (រូប ៩.៣១​ឃ) ។ ដង្កូវ​ភ្នែក​ឆ្មារ Pelopidas មាន​ស្នាម​ឆ្នូត​រាង​បញ្ឈរ​ពណ៌​ក្រហម​នៅ​សងខាង​ក្បាល (រូប ៩.៣១​ង, រូប​ខាងស្តាំ) រីឯ​ដង្កូវ​ភ្នែក​ឆ្មារParnara វិញ​មាន​ស្នាម​ឆ្នូត​រាង​ជា​អក្សរ «W» ពណ៌​ត្នោត​ក្រមៅ (រូប ៩.៣១​ង​, រូប​ខាងឆ្វេង) ។ ដឹកដឿ​វា​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ដឹកដឿ​របស់​ដង្កូវ​ស្នែង​ដែរ (រូប ៩.៣១​ច) ។

រូប ៩.៣១ ដង្កូវ​ភ្នែក​ឆ្មារ Pelopidas mathias និង Parnara guttata

វិធានការ​គ្រប់គ្រង: វិធានការ​គ្រប់គ្រង​ដង្កូវ​ភ្នែក​ឆ្មារ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ដង្កូវ​ស្នែង​ដែរ ។

៩.២.២.៩. កណ្ដូប Oxya hyla intricata Stål, Orthoptera: Acrididae

កណ្ដូប​ស្រូវ​មាន​បី​បួន​ប្រភេទ (Oxya spp.) ដែល​អាច​រស់នៅ​បរិស្ថាន​ស្រូវ​វាលទំនាប វា​ជម្រុះ​ពង​នៅ​លើ​ស្លឹក​ស្រូវ ។ កណ្ដូប​ពេញវ័យ Oxya hyla intricata មាន​ពណ៌​បៃតង​ស្រស់ និង​មាន​ស្នាម​ឆ្នូត​ពណ៌​ខ្មៅ​លើ​ទ្រូង​បន្ត​លាតសន្ធឹង​រហូត​ដល់​ស្លាប ។ ពង​រាង​ដូច​គម្រប​ក្បាល​ដប​ពណ៌​លឿង ត្រូវ​បាន​ពង​ដាក់​នៅ​ក្រោយ​ស្រទប​ស្លឹក​ជា​គំនរ​តម្រៀប​ជិតៗ​គ្នា និង​គ្រប​ដោយ​ពពុះ​ពណ៌​ស​ដែល​បញ្ចេញ​ដោយ​កណ្ដូប ដើម្បី​ការពារ​ពង​ទាំងនោះ​កុំ​ឲ្យ​ស្ងួត ។ កណ្ដូប​ពេញវ័យ និង​កូន​ញាស់​ស៊ី​បំផ្លាញ​ដោយ​កាត់​ផ្ដាច់​ជា​ផ្ទាំង​ធំៗ​នៅ​ក្បែរ​គែម​ស្លឹក ។

វិធានការ​គ្រប់គ្រង

  • រាល់​វិធានការ​ដាំ​ដុះ: ពុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​កណ្ដូប​ទេ ។ គ្មាន​ពូជស្រូវ​ដែល​ធន់​នឹង​កណ្ដូប​នេះ​ទេ ។
  • វិធានការ​ជីវសាស្ត្រ: តាម​បែប​ជីវសាស្ត្រ​មាន​ភ្នាក់ងារ​កម្ចាត់​ជា​ច្រើន​ប្រភេទ ដែល​អាច​ជា​ប៉ារ៉ាស៊ីត​ទៅ​លើ​ពង​ទៅ​លើ​កូន​ញាស់ និង​ទៅ​លើ​កណ្ដូប​ពេញវ័យ ។
  • វិធានការ​គីមី: ការ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ដើម្បី​កម្ចាត់​កណ្ដូប​មាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​មាន​ទម្រង់​ជា​ទឹក ប៉ុន្តែ​វា​មាន​ការ​ប្រថុយប្រថាន​ក្នុង​ការ​សម្លាប់​ត្រី​នៅ​ក្នុង​ស្រែ សត្វល្អិត​មាន​ប្រយោជន៍ និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ព្រមទាំង​បរិស្ថាន ។
៩.២.២.១០. ចង្រិត Euscytus concinnus (de Haan), Orthoptera: Gryllidae

ចង្រិត E. concinnus មាន​ខ្លួន​រឹង​មាំ និង​អង់តែន​វែង​ជាង​ប្រវែង​ដងខ្លួន​របស់​វា ។ ចង្រិត​ពេញវ័យ និង​កូន​ញាស់​កាត់​ស៊ី​ស្លឹក​ស្រូវ​ដោយ​ចោះ​ស្លឹក​ជា​ប្រហោងៗ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​គែម​ស្លឹក​ឡើយ ។ ស្លឹក​ទាំងឡាយ​ដែល​ត្រូវ​វា​បំផ្លាញ​មាន​សភាព​រហែក​ដាច់ដោច ។

វិធានការ​គ្រប់គ្រង

វិធានការ​គ្រប់គ្រង​ចង្រិត មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​នឹង​វិធានការ​គ្រប់គ្រង​កណ្ដូប​ដែរ ។

៩.២.២.១១. មមាច​បៃតង Nephotettix spp., Homoptera: Cicadellidae

មមាច​បៃតង​ពេញវ័យ​មាន​ប្រវែង​ដងខ្លួន ៣-៥ មម ហើយ​មាន​ពណ៌​បៃតង​ភ្លឺ​រលោង និង​មាន​ស្នាម​ដុំៗ​ពណ៌​ខ្មៅ​ដែល​អាច​ប្រែប្រួល​បាន (រូប ៩.៣២) ។ មមាច​បៃតង​ញី​ពង​ដាក់​ក្នុង​ស្រទប​ស្លឹក ឬ​ទ្រនុង​ស្លឹក​ជា​កញ្ចុំ​រាង​ដូច​ស្និតចេក​ប្រមាណ ៨-១៦​ពង ដោយ​ប្រដាប់​បញ្ចេញ​ពង​របស់​វា (Ovipositor) ។ ពង​ថ្មីៗ​របស់​វា​មាន​ពណ៌​ស ឬ​លឿង​ព្រលែត ប៉ុន្តែ​បន្ទាប់​មក​ទៀត​វា​ក្លាយជា​ពណ៌​ត្នោត និង​មាន​ចំណុច​ពណ៌​ក្រហម ។ កូន​ញាស់​របស់​វា​មាន​ប្រាំ​ដំណាក់កាល និង​មាន​ស្នាម ឬ​ចំណុច​ដែល​អាច​ប្រែប្រួល​បាន ។ មមាច​បៃតង​មាន​វត្តមាន​សឹងតែ​គ្រប់​ទីកន្លែង ។ មមាច​បៃតង​នេះ ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​វីរុស​លើ​ដំណាំ​ស្រូវ​យ៉ាង​សំខាន់​ដូច​ជា ជំងឺ​ក្រិន​តឿ ជំងឺ​លឿង​ស្លឹក​មិន​ស្ថិតស្ថេរ ជំងឺ​ទង់គ្រោ និង​ជំងឺ​តឿ​លឿង ។

រូប ៩.៣២ មមាច​បៃតង Nephotettix spp

វិធានការ​គ្រប់គ្រង

ក. វិធានការ​ដាំ​ដុះ

មិន​ត្រូវ​ដាំ​ស្រូវ​លើស​ពី​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ទេ និង​ត្រូវ​ទុក​ដីស្រែ​ឲ្យ​មាន​រយៈពេល​ទំនេរ​ពី​ការ​ដាំ​ស្រូវ ដើម្បី​កាត់​បន្ថយ​ចំណី និង​ជម្រក​របស់​វា ។ ភ្ជួរ​លុប​ស្មៅ​ចង្រៃ និង​ស្រូវ​ដុះ​សារ​បន្ទាប់​ពី​ច្រូតកាត់​អាច​បំបាត់​ប្រភព​ជំងឺ​វីរុស​ចេញពី​ស្រែ ។ ប្រើ​ស្បៃ​មុង ឬ​សំណាញ់​គ្រប​ថ្នាលសំណាប​អាច​ការពារ​ពួក​មមាច​បៃតង ដែល​អាច​ចម្លង​ជំងឺ​វីរុស​បាន ។ ធ្វើ​ថ្នាលសំណាប​ឲ្យ​នៅ​ឆ្ងាយ​ពី​ប្រភព​ពន្លឺភ្លើង និង​ស្មៅ ពីព្រោះ​ពន្លឺ​ភ្លើង​អាច​ទាក់ទាញ​ពួក​មមាច ហើយ​ស្មៅ​ជា​កន្លែង​ដែល​វា​បន្ត​ពូជ​បង្កើត​កូនចៅ​របស់​វា ។ ដាំ​ពូជស្រូវ​ដែល​មាន​ភាព​ធន់​ទ្រាំ​នឹង​មមាច​បៃតង ជា​វិធីសាស្ត្រ​មួយ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​វីរុស ។

ខ. វិធានការ​ជីវសាស្ត្រ

មាន​ភ្នាក់ងារ​កម្ចាត់​តាម​បែប​ជីវសាស្ត្រ​ជា​ច្រើន​ប្រភេទ ដែល​ជា​សត្វរំពារ និង​ជា​ពួក​ប៉ារ៉ាស៊ីត កើត​លើ​ពង​កើត​លើ​កូន​ញាស់ និង​កើត​លើ​មមាច​ពេញវ័យ ។ សត្រូវ​ធម្មជាតិ​របស់​មមាច​បៃតង​រួម​មាន ស្រឹង​ទឹក​ជើងវែង ស្រឹង​គោក ពួក​ពីងពាង និង​ពួក​ប៉ារ៉ាស៊ីត ។

គ. វិធានការ​គីមី

ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត អាច​បំផ្លាញ​ដល់​សត្រូវ​ធម្មជាតិ ដែល​អនុញ្ញាត​ឲ្យ​ពង​របស់​មមាច​ញាស់​ចេញ​មក​ដោយ​គ្មាន​ការ​គ្រប់គ្រង​ពី​សត្រូវ​ធម្មជាតិ ហើយ​ធ្វើ​ឲ្យ​មមាច​បៃតង​នៅ​រស់​អាច​កើន​ចំនួន​ច្រើន​យ៉ាង​ឆាប់រហ័ស​ដល់​កម្រិត​ខូចខាត ។ ការ​ជ្រើសរើស​យក​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​អាស្រ័យ​ដោយ​កត្តា​ជា​ច្រើន ។ ជា​និច្ចកាល​ត្រូវ​ធ្វើការ​ថ្លឹងថ្លែង​ឲ្យ​បាន​ហ្មត់ចត់​នូវ​ផលប្រយោជន៍​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត ជាមួយនឹង​ភាព​គ្រោះថ្នាក់​របស់​វា ។

៩.២.២.១២. មមាច​ពព្រុស Recilia dorsalis, Homoptera: Cicadellidae

មមាច​ពព្រុស​ជា​សត្វល្អិត ដែល​ជញ្ជក់​រុក្ខ​រស​ពី​ដំណាំ​ស្រូវ ។ ស្លាប​របស់​មមាច​ពព្រុស​ពេញវ័យ​មាន​គំនូស​ជា​រាង​អក្សរ​ហ្សែត «Z» ជា​ចំណាំ (រូប ៩.៣៣) ។ កូន​ញាស់​របស់​វា​មាន​ពណ៌​ត្នោត​លឿង ។ មមាច​ពព្រុស​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ក្រិន​ពកៗ ជំងឺ​ទង់គ្រោ ជំងឺ​វីរុស​ស្លឹក​លឿងទុំ ។ វិធានការ​គ្រប់គ្រង​មមាច​ពព្រុស មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​នឹង​វិធានការ​គ្រប់គ្រង​មមាច​បៃតង​ដែរ ។

រូប ៩.៣៣ មមាច​ពព្រុស Recilia dorsalis

៩.២.៣. សត្វល្អិត​ជញ្ជក់​គ្រាប់ស្រូវ

ជា​ទូទៅ​ជា​ពួក​សត្វល្អិត​ប្រភេទ​នេះ ស៊ី​ស្រូវ​ដោយ​ជញ្ជក់​យក​ម្សៅ​ពី​គ្រាប់ស្រូវ ដែល​កំពុង​ដាក់​ទឹកដោះ ហើយ​ធ្វើ​ឲ្យ​គ្រាប់​ស្រូវស្កក ស្ពៀត ឬ​មាន​ស្នាម​អុច​ជាំ​នៅ​លើ​គ្រាប់ស្រូវ ។ សត្វល្អិត​ជញ្ជក់​គ្រាប់ស្រូវ​សំខាន់ៗ​រួម​មាន ៖

៩.២.៣.១. ស្រឹង​ស្រូវ Leptocorisa oratorius (Fabricius), Heminoptera: Alydidae

ស្រឹង​ស្រូវ​បំផ្លាញ​ដំណាំ​ស្រូវ​ដោយ​ចុច​ជញ្ជក់​យក​សារធាតុ​រាវ​នៅ​ក្នុង​គ្រាប់ស្រូវ​នៅ​ដំណាក់កាល​ស្រូវ​ដាក់​ទឹកដោះ ។ ស្រឹង​ពេញវ័យ​មាន​ដងខ្លួន​ប្រហែល ១៥​មម និង​ទទឹង​ដងខ្លួន​ប្រវែង ៣​មម មាន​ជើងវែង និង​ខ្លួន​មាន​ពណ៌​បៃតង​ត្នោត (រូប ៩.៣៤) ។ សត្វ​ស្រឹង​ពេញវ័យ​ធ្វើ​សកម្មភាព​នៅ​ពេល​រសៀល និង​ពេល​ព្រលឹម ហើយ​វា​សម្រាក​លាក់ខ្លួន​នៅ​កន្លែង​ម្លប់ ។ សត្វ​ស្រឹង​ញី​មួយ​អាច​ពង​បាន​រាប់រយ​ពង​ក្នុង​រយៈពេល ២-៣ ខែ​នៃ​វដ្ដ​ជីវិត​របស់​វា ។ ទាំង​កូន​ញាស់ និង​ស្រឹង​ពេញវ័យ​ស៊ី​បំផ្លាញ​គ្រាប់ស្រូវ​ដូច​គ្នា ។

រូប ៩.៣៤ ស្រឹង​ស្រូវ Leptocorisa oratorius

វិធានការ​គ្រប់គ្រង

ក. វិធានការ​ដាំ​ដុះ

ធ្វើការ​ដក​សម្អាត​ស្មៅ​ចេញពី​ក្នុង​ស្រែ លើ​ភ្លឺ តាម​ប្រឡាយ និង​នៅ​ជុំវិញ​ស្រែ​ឲ្យ​បាន​ស្អាត ដើម្បី​ទប់​ស្កាត់​នូវ​ការ​កើត​ឡើង​បរិមាណ​ស្រឹង​ស្រូវ ក្នុង​រយៈពេល​ទុក​ដី​ឲ្យ​នៅ​ទំនេរ ។ ជៀសវាង​ការ​ដាំ​ស្រូវ​បណ្ដាក់​គ្នា​ជា​ហូរហែ​នៅ​ក្នុង​កន្លែង​តែ​មួយ ។

ខ. វិធានការ​ជីវសាស្ត្រ

តាម​បែប​ជីវសាស្ត្រ​មាន​ភ្នាក់ងារ​កម្ចាត់​ជា​ច្រើន​ប្រភេទ ដូច​ជា ពួក​ឪម៉ាល់ កណ្ដូប និង​ពីងពាង អាច​ធ្វើការ​កម្ចាត់​ស្រឹង​ស្រូវ និង​ពង​របស់​វា ។

គ. វិធានការ​គីមី

ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​អាច​បំផ្លាញ​ដល់​សត្រូវ​ធម្មជាតិ​របស់​វា ។ ជា​និច្ចកាល​ត្រូវ​ធ្វើការ​ថ្លឹងថ្លែង​ឲ្យ​បាន​ហ្មត់ចត់​នូវ​ផលប្រយោជន៍​នៃ​ថ្នាំ​កសិកម្ម​សម្លាប់​សត្វ​ល្អិត ជាមួយនឹង​ភាព​គ្រោះ​ថ្នាក់​របស់​វា ។ ប្រភេទ​ថ្នាំ​ទឹក​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​ស្រឹង​ស្រូវ ។

៩.២.៣.២. ស្រឹង​ជញ្ជក់​បៃតង Nezara viridula (Linnaeus), Heminoptera: Pentatomidae

ស្រឹង​ជញ្ជក់​បៃតង​មាន​រូបរាង​ខុស​ពី​ស្រឹង​ស្រូវ ដោយ​ខ្លួន​របស់​វា​មាន​ប្រវែង​ខ្លី​ជាង និង​មាន​មាឌ​មាំ​ជាង ។ ស្រឹង​ជញ្ជក់​បៃតង​ប្រើ​ប្រអប់មាត់​ជញ្ជក់​ដ៏​រឹង​មាំ​របស់​វា ចោះ​ចូល​ទៅ​ក្នុង​គ្រាប់ស្រូវ ដើម្បី​ជញ្ជក់​បឺត​យក​សារធាតុ​ពី​ក្នុង​គ្រាប់ស្រូវ ។ ស្រឹង​ជញ្ជក់​បៃតង​ស៊ី​ជញ្ជក់​លើ​គ្រាប់​របស់​ដំណាំ​ជា​ច្រើន​ប្រភេទ រួម​ទាំង​ពពួក​សណ្តែក​ផង​ដែរ ។ កូន​ញាស់​របស់​ស្រឹង​បៃតង​មាន​ពណ៌​ខ្មៅ និង​មាន​ចំណុច​លឿង និង​ក្រហម​ជា​ច្រើន នៅ​លាយឡំ​គ្នា (រូប ៩.៣៥​ក) ។ ស្រឹង​បៃតង​ពេញវ័យ​ជា​និច្ច​ជា​កាល​មាន​ពណ៌​បៃតង (រូប ៩.៣៥​ខ) ។ ពង​របស់​ស្រឹង​បៃតង​មាន​រាង​ដូច​ស្វ៊ែ ហើយ​តម្រៀប​ជា​ជួរ​ជិតៗ​គ្នា​នៅ​លើ​ស្លឹក​រុក្ខជាតិ (រូប ៩.៣៥​គ) ។

រូប ៩.៣៥ ស្រឹង​ជញ្ជក់​បៃតង Nezara viridula

វិធានការ​គ្រប់គ្រង

វិធានការ​គ្រប់គ្រង​ស្រឹង​បៃតង មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​នឹង​វិធានការ​គ្រប់គ្រង​ស្រឹង​ស្រូវ​ដែរ ។

៩.២.៤. សត្វល្អិត​ស៊ី​គ្រាប់ស្រូវ​/​អង្ករ​ក្នុង​ជង្រុក

គេ​សង្កេត​ឃើញ​សត្វល្អិត​ប្រភេទ​នេះ ស៊ី​បំផ្លាញ​គ្រាប់ស្រូវ​ឬ​អង្ករ​តែ​នៅ​ក្នុង​ជង្រុក​ប៉ុណ្ណោះ ទោះបីជា​នៅ​ពេល​ខ្លះ សត្វល្អិត​ប្រភេទ​នេះ មាន​វត្តមាន​ចាប់តាំងពី​នៅ​ក្នុង​ស្រែ​មក​ក៏​ដោយ ។ សត្វល្អិត​ស៊ី​គ្រាប់ស្រូវ ឬ​អង្ករ​ក្នុង​ជង្រុក​សំខាន់ៗ​រួម​មាន ៖

៩.២.៤.១. ដង្កូវ​អង្ករ Sitotroga cerealella Olivier, Lepidoptera: Gelechiidae (Angoumois grain moth)

មេអំបៅ​នៃ​ដង្កូវ​នេះ​មាន​ដងខ្លួន​ប្រវែង​ពី ៥-១០​មម និង​មាន​ពណ៌​ត្នោត​លឿង ព្រមទាំង​មាន​ចំណុច​ពណ៌​ខ្មៅ​ជា​ច្រើន​នៅ​លើ​ស្លាប ។ មេអំបៅ​ដង្កូវ​អង្ករ​មាន​លក្ខណៈ​សម្គាល់​ដូច​ជា ចុង​ស្លាប​មាន​រាង​ស្រួច និង​មាន​ចំណុច​ខ្មៅ​មួយ ស្ថិត​នៅ​ផុត​ពាក់​កណ្ដាល​ផ្ទៃ​ស្លាប​ខាងលើ​នៃ​ស្លាប​ខាង​មុខ ។ ស្លាប​ខាងក្រោយ​មាន​រាង​វែង​ចុង​ស្រួច​រាង​ដូច​ម្ជុល ។ ស្លាប​មាន​ជាយ និង​មាន​រាង​កោង (រូប ៩.៣៦​ក) ។ មេអំបៅ​អាច​មាន​ជីវិត​រស់នៅ​បាន​ពី ១០-៣០​ថ្ងៃ ។ មេអំបៅ​ញី​អាច​ជម្រុះ​ពង​បាន​ពី ៣០-១៥០ រាយ​មួយៗ ឬ​ជា​ដុំៗ​នៅ​ផ្ទៃ​ខាងលើ​នៃ​គ្រាប់​ស្រូវ ។ ដង្កូវ​នីមួយៗ​ស៊ី​ដោយ​ចោះ​ជា​ប្រហោង​នៅ​ក្នុង​គ្រាប់​អង្ករ ។ ដង្កូវ​មាន​ពណ៌​ស​-​លឿង និង​ក្បាល​ពណ៌​ខ្មៅ ។ ដង្កូវ​នេះ​អាច​មាន​ជីវិតរ​ស់បាន​ពី ៥-៦​សប្ដាហ៍ ឬ​មាន​រយៈពេល​វែង​ដល់​ទៅ ១២-១៣​សប្ដាហ៍ នៅ​ពេល​រក្សា​ទុក​នៅ​សីតុណ្ហភាព​ទាប ។ បន្ទាប់​អភិវឌ្ឍន៍​ជា​មេអំបៅ វា​ក៏​ហើរ​ចេញពី​គ្រាប់​អង្ករ​តាម​ប្រហោង​ដែល​វា​ចោះ ។ គ្រាប់​អង្ករ​ដែល​ទទួល​រង​ការ​បំផ្លាញ​មាន​ស្នាម​ប្រហោង​តូច ។ មេអំបៅ​នេះ​ងាប់​នៅ​សីតុណ្ហភាព​ក្រោម ១០ អង្សា​សេ ។ ពង និង​ដង្កូវ​ងាប់​នៅ​សីតុណ្ហភាព​លើស​ពី ៦០ អង្សា​សេ ។

៩.២.៤.២. ខ្មូត​ស៊ី​រូង​គ្រាប់ស្រូវ Sitophilus oryzae Linnaeus, Coleoptera: Curculionidae (Rice weevil)

ខ្មូត​ស៊ី​រូង​គ្រាប់ស្រូវ (S. Oryzae) មាន​ប្រវែង​ពី ២.៥-៤​មម និង​មាន​ពណ៌​ត្នោត​ក្រហម ឬ​ត្នោត​ខ្មៅ ។ ខ្មូត​នេះ​អាច​ច្រឡំ​ជាមួយនឹង​ខ្មូត​ស៊ី​រូង​គ្រាប់​ពោត ។ លក្ខណៈ​សម្គាល់​របស់​ខ្មូត​នេះ​គឺ​នៅ​ផ្នែក​ខាង​មុខ​នៃ​ទ្រូង​មាន​ស្នាម​ប្រហោង​រាង​មូល ឬ​រាង​ប្រែប្រួល​មិន​ទៀងទាត់​នៅ​ណែនណាន់​តាន់តាប់ ។ នៅ​លើ​ក្បាល​មាន​ច្រមុះ​តូច​វែង និង​អង់តែន​មាន​៨​កង់ រាង​ដូច​ដំបង ឬ​ព្រនង់ ។ ស្លាប​ខាង​មុខ​រឹង​មាន​ស្នាម​អុច​៤ ពណ៌​ក្រហម​ត្នោត (រូប ៩.៣៦​ខ) ។ ខ្មូត​ពេញវ័យ​អាច​រស់​បាន ៧-៨​ខែ ។ ខ្មូត​ញី​មួយ​អាច​ពង​បាន​ពី ៣០០-៥០០ ពង ដោយ​រាយ​មួយៗ​ដាក់​នៅ​ក្នុង​ប្រហោង​គ្រាប់​ដែល​វា​បាន​ស៊ី​បំផ្លាញ ។ ដង្កូវ​មួយ​អាច​ស៊ី​ដោយ​ចោះ​ប្រហោង​គ្រាប់​ស្រូវ​មួយ​គ្រាប់ ។ ដង្កូវ​នេះ​មាន​ខ្លួន​ពណ៌​ស​គ្មាន​ជើង និង​មាន​ក្បាល​ពណ៌​ត្នោត ហើយ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ដងខ្លួន​ត្រង់ ។ ដង្កូវ​នេះ​អាច​រស់​បាន​ពី ៤-៧ សប្ដាហ៍ ។ ខ្មូត​ពេញវ័យ​ស៊ី​ទម្លុះ​គ្រាប់​ស្រូវ ឬ​អង្ករ​ចេញ​មក​ក្រៅ​ដោយ​បន្សល់​ទុក​នូវ​ប្រហោង​រន្ធ​រាង​មូល ។ ខ្មូត​ពេញវ័យ​កម្រ​ហើរ​ណាស់ ហើយ​វា​ចូល​ចិត្ត​គ្រាប់​ស្រូវ ឬ​អង្ករ​ដែល​មាន​ទំហំ​តូចៗ ។ គ្រាប់​ស្រូវ​ឬ​អង្ករ​ដែល​វា​ស៊ី​បំផ្លាញ​មាន​ស្នាម​ប្រហោង ដែល​មាន​ទំហំ​ប្រែប្រួល ។ ខ្មូត​នេះ​ធ្វើ​ពុត​ជា​ងាប់​នៅ​ពេល​រំខាន​វា ដោយ​វា​ដាក់​ជើង​របស់​វា​ទៅ​ជិត​នឹង​ខ្លួន​របស់​វា បន្ទាប់​មក​វា​ទម្លាក់​ខ្លួន​វា​ចុះ និង​នៅ​ស្ងៀម​ក្នុង​រយៈពេល​ពីរ​បី​នាទី ។

៩.២.៤.៣. ខ្មូត​គ្រាប់ស្រូវ Rhizoperta dominica Fabricus, Coleoptera : Bostrychidae R.Dominica (Lesser grain borer)

ខ្មូត​នេះ​មាន​ប្រវែង​ដងខ្លួន​ពី ២.៥ ទៅ ៣​មម និង​មាន​ពណ៌​ត្នោត​ខ្មៅ ។ លក្ខណៈ​សម្គាល់​របស់​ខ្មូត​នេះ គឺ​ដងខ្លួន​វា​មាន​រាង​ជា​ស៊ីឡាំង និង​មាន​ស្នាម​ប្រហោង​រាង​មូល​តម្រៀប​គ្នា​ជា​ជួរៗ នៅ​លើ​ស្លាប​រឹង​របស់​វា ។ ក្បាល​របស់​វា​បត់​ចុះ​ក្រោម​ដែល​បាំង​ដោយ​ផ្នែក​ទ្រូង​ខាង​មុខ ។ មាន​ដុំ​ពក​គគ្រើម​នៅ​តាម​គែម​នៃ​ផ្នែក​ទ្រូង​មុខ​នេះ ។ អង់តែន​របស់​វា​មាន​រាង​ជា​ព្រនង់ ឬ​ដំបង​ចែក​ជា​បី​កង់​ធំៗ​ជា​សម្គាល់ (រូប ៩.៣៦​គ) ។ ខ្មូត​នេះ​អាច​រស់​នៅ​បាន​រយៈពេល​មួយ​ឆ្នាំ ។ ខ្មូត​ញី​មួយ​ពង​បាន ៣០០-៦០០​ពង នៅ​លើ​គ្រាប់ស្រូវ ។ ដង្កូវ​ស៊ី​នៅ​ផ្នែក​ខាងក្នុង និង​ខាងក្រៅ​នៃ​គ្រាប់ស្រូវ ។ វា​ចូល​ចិត្ត​ស៊ី​អង់ដូស្ពែម (Endosperm) របស់​គ្រាប់ស្រូវ ។ ដង្កូវ​របស់​ខ្មូត​នេះ​មាន​ជើង​មុខ ។ ក្បាល​វា​បត់​ចូល​ទៅ​ក្នុង​ខ្លួន​រាង​កោង​របស់​វា ។ ដង្កូវ​នេះ​អាច​រស់បាន​ពី ៤-៥​សប្ដាហ៍ ។ សត្វ​ខ្មូត​ពេញវ័យ​ពូកែ​ហើរ ។ ការ​សង្កេត​ឃើញ​មាន​វត្តមាន​ធូលី​ម្សៅ​នៅ​ក្នុង​ឃ្លាំង សម្ភារៈ​ជា​សញ្ញា​បញ្ជាក់​ថា​មាន​ការ​រុករាន ស៊ី​បំផ្លាញ​ដោយ​សត្វ​ខ្មូត​នេះ ។ ខ្មូត​នេះ​មិន​ស៊ី​បំផ្លាញ​គ្រាប់​សណ្ដែកក និង​គ្រាប់​ផ្កា​ឈូករ័ត្ន​ទេ ។

រូប ៩.៣៦ (ក) ដង្កូវ​អង្ករ Sitotroga cerealella , (ខ) ខ្មូត​ស៊ី​រូង​គ្រាប់ស្រូវ Sitophilus oryzae , និង (គ) ខ្មូត​គ្រាប់ស្រូវ Rhizoperta dominica

វិធានការ​គ្រប់គ្រង​សត្វល្អិត​បំផ្លាញ​ក្នុង​ជង្រុក

វិធានការ​ការពារ

  • គ្រាប់ស្រូវ ឬ​អង្ករ​ដែល​ត្រូវ​ទុកដាក់​ត្រូវ​ហាល​ឲ្យ​បាន​ស្ងួត​ល្អ និង​រក្សា​ទុក​ឲ្យ​ស្ងួត​ជា​និច្ច ។ ប្រសិនបើ​គ្រាប់​សើម ចូរ​ធ្វើការ​សម្ងួត​វា​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។
  • មិន​ត្រូវ​រក្សា​ទុក​គ្រាប់​ដែល​រង​ការ​បំផ្លាញ​ពី​សត្វល្អិត​ទេ ពីព្រោះ​គ្រាប់​ទាំងនោះ​អាច​ផ្ទុក​ពង​សត្វល្អិត ។
  • ប្រសិនបើ​គ្រាប់ស្រូវ​មាន​បរិមាណ​ច្រើន ហើយ​ត្រូវ​រក្សា​ទុក​ក្នុង​រយៈពេល​យូរ ចូរ​ប្រើប្រាស់​ថ្នាំ​បង្ហុយ (Fumigate) យូរៗ​ម្ដង ។
  • រក្សា​ឃ្លាំង​ឲ្យ​បាន​ស្អាត​ជានិច្ច​បើ​អាច​ធ្វើ​ទៅ​បាន ។

វិធានការ​កម្ចាត់

រែង ឬ​អុំ​ដើម្បី​ញែក និង​រើស​យក​សត្វល្អិត និង​គ្រាប់​ខូចខាត​ចេញ ។ ការ​ធ្វើ​បែប​នេះ វា​ពុំ​មែន​ជា​វិធីសាស្ត្រ​ក្នុង​ការ​កម្ចាត់​សត្វល្អិត សម្រាប់​បរិមាណ​ស្រូវ​ច្រើន​ឡើយ ។ ការ​លាយ​ផេះ កំបោរ ឬ​កម្ទេច​ម្សៅ​ជាមួយ​គ្រាប់ស្រូវ​អាច​កាត់​បន្ថយ​ការ​បំផ្លាញ​ពី​សត្វល្អិត​ដោយ​ធ្វើ​ឲ្យ​វា​រមាស់ និង​បន្ថយ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន ។ ដាក់​ស្លឹក​ស្ដៅ​ចូល​ទៅ​ក្នុង​ឃ្លាំង ឬ​ជង្រុក​ស្រូវ​អាច​ដេញ​សត្វល្អិត​ចង្រៃ ។ បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​លើ​ផ្ទៃ​ឃ្លាំង ខាងក្នុង​ទាំងមូល និង​ជុំវិញ​ផ្ទៃ​បាវ​ខាងក្រៅ ដើម្បី​ការពារ ឬ​កម្ចាត់​មេអំបៅ និង​ពពួក​ខ្មូត ។

៩.៣. ស្មៅ​សំខាន់ៗ​នៅ​លើ​ដំណាំ​ស្រូវ

ស្មៅ​ជា​ច្រើន​ប្រភេទ​ដុះ​រុករាន​រំខាន​ដល់​ការ​លូតលាស់​របស់​ដំណាំ​ស្រូវ នៅ​គ្រប់​បរិស្ថាន​នៃ​ដំណាំ​ស្រូវ ។ ជា​ពិសេស​នៅ​តំបន់​ដែល​ពឹងផ្អែក​ទៅ​លើ​របប​ទឹកភ្លៀង ដែល​ជា​ទូទៅ​មាន​ភ្លៀង​មិន​ទៀងទាត់ ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​ទិន្នផល​ស្រូវ​យ៉ាងច្រើន​ជា​រៀង​រាល់​ឆ្នាំ ។ ការ​បាត់បង់​ទិន្នផល​នេះ អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុវត្ថិភាព​ស្បៀងអាហារ សុខភាព និង​សេដ្ឋកិច្ច​គ្រួសារ​របស់​កសិករ ។ តាម​របាយការណ៍​របស់​កសិករ​ក្នុង​ខេត្ត​ចំនួន ១១ បាន​រាយការណ៍​ថា មាន​ស្មៅ​ចំនួន ៦៦ ប្រភេទ ដែល​កំពុង​តែ​រាតត្បាត​លើ​ដំណាំ​ស្រូវ (Jahn et al., 1997) ។

៩.៣.១. ស្មៅ​បំផ្លាញ​ជា​ប្រភេទ​ស្មៅ​ជើងក្រាស់ (Grassy weeds)

ជា​ក្រុម​ប្រភេទ​ស្មៅ​ទាំងឡាយ​ណា​ដែល​ដុះ​លូតលាស់​នៅ​ក្នុង​ស្រែ ឬ​ចម្ការ ហើយ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ស្មៅ​ជើងក្រាស់ ។ ក្រុម​ប្រភេទ​ស្មៅ​ទាំងនោះ​រួម​មាន ៖

៩.៣.១.១. ស្មៅ​បែកក្បាល (Baryard grass)

គ្រួសារ: Poaceae  អំបូរ: Echinochloa cru-gally (L) Beauv

ក. ពិពណ៌នា

ស្មៅ​បែកក្បាល (រូប ៩.៣៧) ជា​ប្រភេទ​ស្មៅ​ឯកវដ្ដ ដែល​មាន​កម្ពស់​ប្រហែល ១៥០​សម និង​មាន​បែក​ខ្នែង​ជា​ច្រើន​នៅ​លើ​ថ្នាំង​ផ្នែក​ខាងក្រោម ។ កួរ​ផ្កា​ប្រវែង ១០-២០​សម និង​មាន​ស្មែង ១០-១២ ។ ការ​បន្ត​ពូជ​ប្រភេទ​ស្មៅ​នេះ គឺ​តាម​រយៈ​គ្រាប់ ហើយ​គ្រាប់​មាន​ដំណេក​រយៈពេល​ពី ៣-៤​ខែ ។ ដំណុះ​គ្រាប់​មាន​ពី ៧០-៩០% នៅ​លើ​ប្រភេទ​ដី ដែល​មាន​សមត្ថភាព​រក្សា​ទឹក​បាន​ល្អ ។ គ្រាប់​វា​អាច​ដុះ​បាន​នៅ​ក្រោម​ផ្ទៃ​ទឹក ។ ស្មៅ​ប្រភេទ​នេះ​ស្រដៀង​នឹង​សំណាប​នៅ​ដំណាក់កាល​ស្មៅ​នៅ​តូច ។

រូប ៩.៣៧ ស្មៅ​បែកក្បាល (Baryard grass)

ខ. ជម្រក​សត្វល្អិត និង​ជំងឺ

ស្មៅ​បែកក្បាល វា​ជា​ជម្រក​សត្វ​ល្អិត និង​ជំងឺ​មួយ​ចំនួន​លើ​ដំណាំ​ស្រូវ ដូច​ជា ខ្ញុង​បន្លា មេអំបៅ​ដង្កូវ​ភ្នែក​ឆ្មា មេអំបៅ ដង្កូវបាក់ខ្នង ដង្កូវ​ហ្វូង ដង្កូវ​មូរ​ស្លឹក ទ្រីប មមាច​ជញ្ជក់​ស្លឹក រុយ​ស្រូវ ជំងឺ​រលាក​ស្រទប ជំងឺ​រលួយ​ស្រទប ជំងឺ​តឿ​លឿង ណេម៉ាតូត​លើ​ឫស ជាដើម ។

គ. របាយ និង​សារសំខាន់

ស្មៅ​បែកក្បាល​ជា​ស្មៅ​ចង្រៃ​ចម្បង​លើ​ដំណាំ​ស្រូវ និង​ដំណាំ ៣៤​មុខ ផ្សេង​ទៀត នៅ​ក្នុង​តំបន់​ត្រូពិច និង​ត្រជាក់​បង្គួរ (Auld & Medd, 1987) ។ បើ​គ្មាន​ការ​គ្រប់គ្រង​បាន​ល្អ និង​ទាន់​ពេលវេលា​ទេ នោះ​ការ​បាត់បង់​ទិន្នផល​ស្រូវ​មាន​រហូត​ដល់ (១០០%) ។ ប្រភេទ​ស្មៅ​ចង្រៃ​នេះ​បង្ក​ជា​បញ្ហា​ខ្លាំងក្លា ដល់​កសិករ​នៅ​តំបន់​ស្រែ​ទំនាប និង​ស្រែប្រាំង​ស្រោចស្រព​ដោយ​ប្រព័ន្ធ​បញ្ចេញ​បញ្ចូល​ទឹក (Irrigation areas) ។

៩.៣.១.២. ស្មៅ​ជើងក្រាស់ (Crowsfoot grass)

គ្រួសារ: Poaceae  អំបូរ: Eleusine indica (L) Gaertn

ក. ពិពណ៌នា

ស្មៅ​ជើងក្រាស់ (រូប ៩.៣៨) ជា​ប្រភេទ​ស្មៅ​ឯកវដ្ដ ដែល​មាន​កម្ពស់​ប្រហែល​៥០-៨០​សម និង​ប្រព័ន្ធ​ឫស​ជា​សរសៃ​ស្វិត​ជាប់ ប៉ុន្តែ​គ្មាន​ឫស​នៅ​តាម​ថ្នាំង​ទេ ។ ស្លឹក​ដុះ​មាន​រាង​ជា​អក្សរ V ហើយ​មាន​ទទឹង​ប្រហែល ៨​មម និង​បណ្តោយ ១០-២០​សម ។ កួរ​ផ្កា​មាន​ប្រវែង​ពី ១០-២០​សម និង​មាន​ស្មែង ១០-១២ ហើយ​អាច​ផ្កា​ពេញ​មួយ​ឆ្នាំ ។ ការ​បន្ត​ពូជ​តាម​រយៈ​គ្រាប់​ក្នុង​ស្មៅ​មួយ​គុម្ពៗ អាច​មាន​រហូត​ដល់ ៥០០០០​គ្រាប់ ។

រូប ៩.៣៨ ស្មៅ​ជើងក្រាស់ (Crowsfoot grass)

ខ. ជម្រក​សត្វល្អិត និង​ជំងឺ

ស្មៅ​ជើងក្រាស់​វា​ជា​ជម្រក​សត្វល្អិត និង​ជំងឺ​មួយ​ចំនួន​លើ​ដំណាំ​ស្រូវ ដូច​ជា ដង្កូវបាក់ខ្នង ដង្កូវ​ហ្វូង ខ្ញុង​បន្លា មេអំបៅ ដង្កូវ​ភ្នែក​ឆ្មា មេអំបៅ​ដង្កូវ ស្រឹង​ជញ្ជក់​គ្រាប់ស្រូវ ដង្កូវ​មូរ​ស្លឹក ទ្រីប មមាច​ជញ្ជក់​ស្លឹក រុយ​ស្រូវ ជំងឺ​តឿ​លឿង ណេម៉ាតូត​លើ​ឫស ជំងឺ​រលួយ​ស្រទប ជាដើម ។

គ. របាយ និង​សារសំខាន់

ស្មៅ​ជើងក្រាស់​ជា​ប្រភេទ​ស្មៅ​ចង្រៃ​ចម្បង​នៅ​លើ​ស្រែ ដែល​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ទឹក ស្រែ​ខ្ពស់​មាន​ទឹក​តិចតួច និង​មាន​វត្តមាន​លើ​ប្រភេទ​ដំណាំ​លើស​ពី ៤០​មុខ​ដំណាំ​ផ្សេង​ទៀត ។ វា​អាច​ដុះ​លូតលាស់​បាន​ល្អ​នៅ​លើ​ដី​ដែល​មាន​សំណើម​ទាប​រហូត​ដល់​ខ្ពស់ ។ បើ​គ្មាន​វិធានការ​គ្រប់គ្រង​ទាន់​ពេលវេលា​ទេ ការ​បាត់បង់​ទិន្នផល​ស្រូវ​អាច​មាន​រហូត​ដល់ ៨០% ។

៩.៣.១.៣. ស្មៅ​រពាក់​ទឹក (Water couch)

គ្រួសារ: Poaceae  អំបូរ: Paspalum distichum (L)

ក. ពិពណ៌នា

ស្មៅ​រពាក់​ទឹក (រូប ៩.៣៩) ជា​ប្រភេទ​ស្មៅ​ពហុវដ្ដ ដែល​មាន​កម្ពស់​រហូត​ដល់​៦០​សម ។ ការ​បន្ត​ពូជ​ជា​ចម្បង​នៃ​ប្រភេទ​ស្មៅ​នេះ​គឺ​តាម​រយៈ​ថ្នាំង​ដែល​វារ​នៅ​ក្រោម​ដី និង​បន្ទាប់បន្សំ​តាម​រយៈ​គ្រាប់ ។ កួរ​ផ្កា​មាន​ពីរ​ស្មែង​ដែល​ក្នុង​ស្មែង​នីមួយៗ​មាន​តម្រៀប​គ្រាប់​តែ​ម្ខាង​មាន​ប្រវែង ២,៥-៤,៥​សម ។ ឫស​របស់​វា​ដុះ​យ៉ាង​ក្រាស់​នៅ​ផ្នែក​ខាងក្រោម​ផ្ទៃ​ទឹក អាច​រារាំង​ល្បឿន​ទឹក​ក្នុង​ករណី​វា​ដុះ​លូតលាស់​នៅ​តាម​ប្រឡាយ​បញ្ចេញ​បញ្ចូល​ទឹក​ស្រែ ។

រូប ៩.៣៩ ស្មៅ​រពាក់​ទឹក (Water couch)

ខ. ជម្រក និង​សារសំខាន់

ស្មៅ​រពាក់​ទឹក​ជា​ជម្រក​សត្វល្អិត និង​ជំងឺ​មួយ​ចំនួន​លើ​ដំណាំ​ស្រូវ ដូច​ជា ដង្កូវ​បាក់​ខ្នង ខ្ញុង​បន្លា មេអំបៅ​ដង្កូវ​ភ្នែក​ឆ្មា ដង្កូវ​មូរ​ស្លឹក ជំងឺ​តឿ​លឿង ណេម៉ាតូត​លើ​ឫស ខ្យង​ស៊ី​ស្រូវ​ពណ៌​មាស ជាដើម ។

គ. របាយ និង​សារសំខាន់

ស្មៅ​រពាក់​ទឹក​ជា​ប្រភេទ​ស្មៅ​ចម្បង​ដែល​មាន​នៅ​លើ​ដីស្រែ​ទំនាប ស្រែ​ជម្រៅ ស្រែ​ខ្ពស់ ម្យ៉ាងទៀត​វា​ក៏​អាច​ដុះ​លូតលាស់​នៅ​លើ​ស្រែ​ដែល​គ្រប់គ្រង​ទឹក​បាន​ល្អ​ទៀត​ផង ។ ស្មៅ​ប្រភេទ​នេះ មាន​ភាព​ធន់​ទ្រាំ​ទៅ​នឹង​ថ្នាំ​សម្លាប់​ស្មៅ​មួយ​ចំនួន​ធំ ។ វា​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​ដំណាំ​ស្រូវ ហើយ​បើ​គ្មាន​វិធានការ​គ្រប់គ្រង​ទាន់​ពេលវេលា​ទេ ការ​បាត់បង់​ទិន្នផល​ស្រូវ​អាច​មាន​រហូត​ដល់​៨៥% ។

៩.៣.១.៤. ស្មៅ​កន្ទុយក្ងោក (Red sprangletop)

គ្រួសារ: Poaceae  អំបូរ: Leptochloa chinensis L

ក. ពិពណ៌នា

ស្មៅ​កន្ទុយ​ក្ងោក (រូប ៩.៤០) ជា​ប្រភេទ​ស្មៅ​ឯកវដ្ដ ឬ​ពហុវដ្ដ មាន​កម្ពស់ ៥០-១០០​សម ដើម​វា​តូច​ឈរ​ត្រង់ ហើយ​មាន​ដុះ​ឫស​តាម​ថ្នាំង ។ ស្លឹក​របស់​វា​រលោង​តម្រៀប​ជា​ជួរ​ប្រវែង ១០-២០​សម ។ កួរ​ផ្កា​មាន​ប្រវែង​ពី ២០-៦០​សម ដែល​មាន​ស្មែង​ជា​ច្រើន មាន​ប្រវែង​ប្រហែល ១០​សម ។ បន្ត​ពូជ​តាម​រយៈ​គ្រាប់ ។ ការ​កាត់​ផ្ដាច់​ផែ្នក​នៃ​គុម្ព​តាម​រយៈ​ការ​ភ្ជួរ​រាស់​ក្តី​អាច​មាន​លទ្ធភាព​ដុះ​លូត​លាស់​ជា​ថ្មី និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដុះ​រាលដាល ។

រូប ៩.៤០ ស្មៅ​កន្ទុយ​ក្ងោក (Red sprangletop)

ខ. ជម្រក​សត្វល្អិត និង​ជំងឺ

ស្មៅ​ប្រភេទ​នេះ​ជា​ជម្រក​សត្វល្អិត និង​ជំងឺ​មួយ​ចំនួន​លើ​ដំណាំ​ស្រូវ ដូច​ជា ជំងឺ​បាក់តេរី​ស្រពោន​ស្លឹក ជំងឺ​តឿ​លឿង ណេម៉ាតូត​លើ​ឫស ដង្កូវ​មូរ​ស្លឹក ដង្កូវបាក់ខ្នង ដង្កូវ​ភ្នែក​ឆ្មា ដង្កូវ​ហ្វូង ខ្យង​ស៊ី​ស្រូវ​ពណ៌​មាស ជាដើម ។

គ. របាយ និង​សារសំខាន់

ជា​ប្រភេទ​ស្មៅ​ដែល​ដុះ​លូតលាស់​ល្អ​ក្នុង​ស្រែ​ដី​សើម ជា​ពិសេស​ក្នុង​ស្រែ​ពង្រោះ ហើយ​ក៏​មាន​ដុះ​ក្នុង​ស្រែ​ដី​ខ្ពស់​ផង​ដែរ ។ ប្រភេទ​ស្មៅ​នេះ​មិន​អាច​ដុះ​លូតលាស់​នៅ​ក្នុង​ស្រែ​ដែល​លិច​ទឹក​ជា​ប្រចាំ ។ វា​មាន​ការ​ប្រកួតប្រជែង​ជាមួយនឹង​ស្រូវ ដណ្តើម​យក​សារធាតុចិញ្ចឹម និង​ពន្លឺ​ធ្វើ​ឲ្យ​បាត់បង់​ទិន្នផល​ស្រូវ​លើស​ពី ៤០% និង​មាន​ភាព​ធន់​ទ្រាំ​ទៅ​នឹង​ថ្នាំ​សម្លាប់​ស្មៅ​មួយ​ចំនួន ។

៩.៣.១.៥. ស្មៅ​ចំពុះទា (Wrinkle duck-beak)

គ្រួសារ: Poaceae  អំបូរ: Ischaemum rogusum Salisb

ក. ពិពណ៌នា

ស្មៅ​ចំពុះទា (រូប ៩.៤១) ជា​ប្រភេទ​ស្មៅ​ឯកវដ្ដ​ដែល​មាន​កម្ពស់​ពី ៦០-១២០​សម ស្លឹក​វា​មាន​រាង​ដូច​លំពែង​ប្រវែង ២០-៣០​សម ស្រទប​ស្លឹក​មាន​ពណ៌​ក្រហម​ត្នោត ។ ស្មៅ​ប្រភេទ​នេះ មាន​ដំណាក់កាល​លូតលាស់​ស្រដៀង​ស្រូវ ។ ការ​បន្ត​ពូជ​របស់​វា​គឺ​តាម​រយៈ​គ្រាប់ ។ គ្រាប់​មាន​ដំណេក និង​មាន​ដំណុះ​គ្រាប់​ល្អ​នៅ​សីតុណ្ហភាព ២០-៤០​អង្សា នៅ​ស្រទាប់ដី​លើ ៥​សម ប៉ុណ្ណោះ ។ គ្រាប់​ស្មៅ​មិន​អាច​ដុះ​ពន្លក​បាន​នៅ​ក្រោម​ផ្ទៃ​ទឹក ប៉ុន្តែ​បន្ទាប់​ពី​ដុះ​ពន្លក​រួច វា​អាច​លូតលាស់​បាន​នៅ​ក្នុង​លក្ខខណ្ឌ​ទឹក​លិច ។

រូប ៩.៤១ ស្មៅ​ចំពុះទា (Wrinkle duck-beak)

ខ. ជម្រក​សត្វល្អិត និង​ជំងឺ

ស្មៅ​ប្រភេទ​នេះ​ជា​ជម្រក​សត្វ​ល្អិត និង​ជំងឺ​មួយ​ចំនួន​លើ​ដំណាំ​ស្រូវ ដូច​ជា ដង្កូវ​ស៊ី​រូង​ដើម​ស៊ី​ជម្ពូ ដង្កូវ​ភ្នែក​ឆ្មា Rice root nematode, Rice root nock nematode ជាដើម ។

គ. របាយ និង​សារសំខាន់

ជា​ប្រភេទ​ស្មៅ​ដែល​អាច​ដុះ​លូតលាស់​ល្អ​ក្នុង​ដី​សើម និង​ដីល្បាប់ វា​មាន​ការ​ប្រកួតប្រជែង​ជាមួយនឹង​ស្រូវ​យ៉ាង​ខ្លាំង ក្នុង​ការ​ដណ្តើម​យក​សារធាតុចិញ្ចឹម និង​ពន្លឺ បើ​មាន ៥​គុម្ព ១​ម​២ ធ្វើ​ឲ្យ​បាត់បង់​ទិន្នផល​ស្រូវ​លើ​ពី​១៥% ។

៩.៣.២. ប្រភេទ​កក់ (Sedge)

ជា​ក្រុម​ប្រភេទ​ស្មៅ​ទាំងឡាយ​ណា​ដែល​អាច​ដុះ​លូតលាស់​នៅ​ក្នុង​ស្រែ ហើយ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​កក់ ។ ក្រុម​ប្រភេទ​កក់​ទាំងនោះ​រួម​មាន ៖

៩.៣.២.១. ស្មៅ​កក់ជ្រុង​ឆត្រ​ធំ (Umbrella sedge)

គ្រួសារ: Cyperaceae  អំបូរ: Cyperus iria L

ក. ពិពណ៌នា

ស្មៅ​កក់ជ្រុង​ឆត្រ​ធំ (រូប ៩.៤២) ជា​ប្រភេទ​ស្មៅ​ឯកវដ្ដ​ដែល​មាន​កម្ពស់​ពី ២០-៦០​សម ដើម​វា​មាន​រាង​ត្រីកោណ ឫស​មាន​ពណ៌​លឿង ក្រហម ផ្កា​រីក​មាន​ពណ៌​លឿង​មាន​ប្រវែង ១-២០​សម ស្លឹក​ទ្រនាប់​ផ្កា​មាន​ចំនួន​៣-៥ មាន​ប្រវែង​៥-៣០​សម ហើយ​ស្លឹក​ស្ថិត​នៅ​ផ្នែក​ខាងក្រោម​គេ​មាន​ប្រវែង វែង​ជាង​ប្រវែង​ផ្កា ។ ការ​បន្ត​ពូជ​គឺ​តាម​រយៈ​គ្រាប់ ។ គ្រាប់​របស់​វា​អាច​មាន​ដំណេក ប៉ុន្តែ​អាច​ដុះ​ពន្លក​បន្ទាប់​ពី​ទុំ​ជ្រុះ​ប្រហែល ៧៥​ថ្ងៃ ។ ស្មៅ​មួយ​គុម្ព​អាច​មាន​គ្រាប់ រហូត​ដល់​៥០០០​គ្រាប់ ។

រូប ៩.៤២ ស្មៅ​កក់ជ្រុង​ឆត្រ​ធំ (Umbrella sedge)

ខ. ជម្រក​សត្វល្អិត និង​ជំងឺ

ស្មៅ​កក់ជ្រុង​ប្រភេទ​នេះ ជា​ជម្រក​សត្វល្អិត និង​ជំងឺ​មួយ​ចំនួន​លើ​ដំណាំ​ស្រូវ​ដូច​ជា ជំងឺ​តឿ​លឿង​ណេម៉ាតូត​លើ​ឫស ជំងឺ​រលួយ​ស្រទប និង​ចៃ​ស្រូវ ជាដើម ។

គ. របាយ និង​សារសំខាន់

ប្រភេទ​ស្មៅ​នេះ អាច​ដុះ​លូតលាស់​ល្អ​លើ​ដី​មាន​សំណើម​រហូត​ដល់​ដី​សើម វា​ជា​ស្មៅ​ចង្រៃ​ចម្បង​សម្រាប់​ស្រែ​ទំនាប និង​ស្រែ​បញ្ចេញ​បញ្ចូល​ទឹក ប៉ុន្តែ​ពុំ​សូវ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​ស្រែ​ចម្ការ​ទេ ។ បើសិនជា​គ្មាន​ការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ទេ អាច​បណ្ដាល​ឲ្យ​បាត់បង់​ទិន្នផល​ស្រូវ​រហូត​ដល់ ៤០% ។

៩.៣.២.២. ស្មៅ​កក់​ភ្នែក​ក្ដាម (Globe fingerush)

គ្រួសារ: Cyperaceae  អំបូរ: Fimbristylis miliacea L

ក. ពិពណ៌នា

ស្មៅ​កក់​ភ្នែក​ក្ដាម (រូប ៩-៤៣) ជា​ប្រភេទ​ស្មៅ​កក់​ឯកវដ្ដ ដុះ​ជា​គុម្ព​ដែល​មាន​កម្ពស់​ពី ២៥-៥០​សម ស្លឹក​វា​ដុះ​លូតលាស់​ល្អ​នៅ​គល់ ហើយ​មាន​តួ​ស្លឹក​ខ្លី ត្រួតស៊ីគ្នា​នឹង​ស្រទប​ស្លឹក ។ ផ្កា​ជា​ចង្កោម​មាន​គ្រាប់​ពី ៥០-១០០ គ្រាប់ ក្នុង​១​ដើម​ស្លឹក ទ្រនាប់​ផ្កា​ខ្លី​ជាង​ផ្កា ។ ការ​បន្ត​ពូជ​គឺ​តាម​រយៈ​គ្រាប់ ។ ភាគច្រើន គ្រាប់​នៃ​ស្មៅ​កក់​ភ្នែក​ក្ដាម​នេះ​គ្មាន​ដំណេក​ទេ វា​អាច​ដុះ​ភ្លាម​បន្ទាប់​ពី​ទុំ ។ គ្រាប់​ត្រូវការ​ពន្លឺ​សម្រាប់​ដុះ ។ គ្រាប់​អាច​ដុះ​លូតលាស់​ពេញ​មួយ​ឆ្នាំ ។

រូប ៩.៤៣ ស្មៅ​កក់​ភ្នែក​ក្ដាម (Globe fingerush)

ខ. ជម្រក​សត្វល្អិត និង​ជំងឺ

ស្មៅ​កក់​ភ្នែក​ក្ដាម​ប្រភេទ​នេះ ជា​ជម្រក​សត្វ​ល្អិត និង​ជំងឺ​មួយ​ចំនួន​លើ​ដំណាំ​ស្រូវ ដូច​ជា រុយ​ស្រូវ ខ្យង​ស៊ី​ស្រូវ​ពណ៌​មាស ណេម៉ាតូត​ឫស ជាដើម ។

គ. របាយ និង​សារសំខាន់

ប្រភេទ​ស្មៅ​នេះ អាច​ដុះ​លូតលាស់​ល្អ​លើ​ដី​ដែល​មាន​សំណើម​រហូត​ដល់​ដី​សើម វា​ក៏​អាច​រាលដាល​យ៉ាង​ឆាប់រហ័ស​ទៅ​តំបន់​ផលិតកម្ម​ដំណាំ​ស្រូវ​ថ្មី បើ​គ្មាន​វិធានការ​កម្ចាត់​ទាន់​ពេលវេលា ។ ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​ស្មៅ​ពុំ​សូវ​មាន​ប្រសិទ្ធិ​ភាព ព្រោះ​ស្មៅ​ប្រភេទ​នេះ​គ្រាប់​វា​អាច​ដុះ​ពេញ​មួយ​ឆ្នាំ ។ ម្យ៉ាង​ទៀត​វា​មាន​សារធាតុ​គីមី​ប្រឆាំង​នឹង​ការ​ដុះ​ពន្លក​របស់​ស្រូវ (Sobhana et al., 1990) ។ បើសិនជា​គ្មាន​ការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ទេ អាច​បណ្ដាល​ឲ្យ​បាត់បង់​ទិន្នផល​ស្រូវ​មាន​រហូត​ដល់ ៥០% ។

៩.៣.២.៣. ស្មៅ​កក់​ឆត្រ​តូច (Small flower umbrella plant)

គ្រួសារ: Cyperaceae  អំបូរ: Cyperus difformis Linn

ក. ពិពណ៌នា

ស្មៅ​កក់​ឆត្រ​តូច (រូប ៩.៤៤) ជា​ប្រភេទ​ស្មៅ​កក់​ឯកវដ្ដ​ដែល​មាន​កម្ពស់​ពី ២០-៧០ សម ដើម​វា​រលោង​មាន​រាង​ត្រីកោណ និង​មាន​សរសៃ​ឫស​ច្រើន ហើយ​មាន​ពណ៌​ក្រហម ។ ស្លឹក​រលោង​មាន​ប្រវែង ៥-២៥​សម ឬ​ស្មើ​២​ភាគ​៣ នៃ​កម្ពស់​ដើម និង​ទទឹង​ស្លឹក​ប្រវែង​២-៦​មម ។ ផ្កា​ពណ៌​លឿង​តម្រៀប​គ្នា​យ៉ាង​ណែន​ស្ថិត​នៅ​ជា​ផ្តុំ​គ្នា ឬ​ជា​ទោល ។ ស្លឹក​ទ្រនាប់​ផ្កា​ខ្លី​ជាង​ផ្កា ។ ការ​បន្ត​ពូជ​ប្រព្រឹត្ត​តាម​រយៈ​គ្រាប់ ។ វដ្ដ​ជីវិត​ស្មៅ​កក់​នេះ​មាន​រយៈពេល​៣០​ថ្ងៃ អាច​រីក​ដុះ រាលដាល​លឿន និង​អាច​មាន​លើសលុប​នៅ​ក្នុង​ស្រែ​ជា​ប្រចាំ ។

រូប ៩.៤៤ ស្មៅ​កក់​ឆត្រ​តូច (Small flower umbrella plant)

ខ. ជម្រក​សត្វល្អិត និង​ជំងឺ

ស្មៅ​កក់​ឆត្រ​តូច​ជា​ជម្រក​សត្វ​ល្អិត និង​ជំងឺ​មួយ​ចំនួន​លើ​ដំណាំ​ស្រូវ​ដូច​ជា Brevennia rehi (Rice mealybug) ជំងឺ​រលួយ​ស្រទប (Hirschmanniella oryzae), Rice root nematode និង​ខ្យង​ស៊ី​ស្រូវ​ពណ៌​មាស​ជាដើម ។

គ. របាយ និង​សារសំខាន់

ជា​ប្រភេទ​ស្មៅ​ដែល​អាច​ដុះ​លូតលាស់​ល្អ​នៅ​តំបន់​ដី​ទំនាប និង​ដី​លិច​ទឹក​ដែល​មាន​ជីជាតិ​ល្អ ។ ភាព​ដុះ​ក្រាស់ និង​វដ្ដ​ជីវិត​ខ្លី អាច​ប្រជែង​ជាមួយ​ស្រូវ ក្នុង​ការ​ដណ្តើម​យក​ទឹក និង​សារធាតុចិញ្ចឹម​ដែល​អាច​បណ្ដាល​ឲ្យ​បាត់បង់​ទិន្នផល​ស្រូវ​ពី ១២-៥០% ។ ស្មៅ​ប្រភេទ​នេះ​ងាយ​ដុះ​លើស​លុប ជា​ប្រចាំ​នៅ​ក្នុង​ស្រែ ប្រសិនបើ​យើង​ជ្រើសរើស​យក​ថ្នាំ​សម្លាប់​ស្មៅ​ដែល​មាន​ប្រសិទ្ធភាព​លី​ពពួក​ស្មៅ (Grasses) មក​ប្រើប្រាស់ ។

៩.៣.២.៤. ស្មៅ​ក្រវាញជ្រូក (Purple nutsedge)

គ្រួសារ: Cyperaceae  អំបូរ: Cyperus rotundus L

ក. ពិពណ៌នា

ស្មៅ​ក្រវាញជ្រូក (រូប ៩.៤៥) ជា​ប្រភេទ​ស្មៅ​កក់​ពហុវដ្ដ ដើម​ដែល​មាន​ផ្កា​មាន​កម្ពស់​រហូត​ដល់ ៦០​សម ដើម​វា​រលោង មាន​រាង​ត្រីកោណ និង​រីក​ធំ​នៅ​ផ្នែក​គល់ ។ មាន​ទ្រនុង​ស្លឹក​ផុស​ខ្ពស់ ជា​ទូទៅ​ស្លឹក​មាន​ប្រវែង​ខ្លី​ជាង​ដើម​ដែល​មាន​ផ្កា មាន​ប្រវែង​ទទឹង​ស្លឹក ៧​មម ដែល​ដុះ​ចេញ​ពី​ស្រទប​នៅ​ជុំវិញ​គល់ ។ ឫស​វា​ជា​សរសៃ​មើម (Rhizome) ត​ភ្ជាប់​ទៅ​នឹង​ឫស និង​មើម​ដទៃ​ទៀត (Tuber) ហើយ​មាន​ពណ៌​ក្រហម​ត្នោត​-​ខ្មៅ ដែល​មាន​ប្រវែង​ប្រែប្រួល​ពី ១-២​សម មើម (Tubers) បែក​ពន្លក​មួយ​ឬ​មាន​ខ្នែង​ពន្លក​ច្រើន (CAB, 2001) ។ មើម​របស់​វា​មាន​ដំណេក ហើយ​អាច​រស់​ក្នុង​លក្ខខណ្ឌ​បរិស្ថាន​អាក្រក់​បាន​ក្នុង​រយៈពេល​យូរ (Nnarko & De Datta, 1991) ការ​បន្ត​ពូជ​ជា​ចម្បង​តាម​រយៈ មើម និង​មាន​តិចតួច​តាម​រយៈ​គ្រាប់ ។

រូប ៩.៤៥ ស្មៅ​ក្រវាញជ្រូក (Purple nutsedge)

ខ. ជម្រក​សត្វល្អិត និង​ជំងឺ

ស្មៅ​ក្រវាញ​ជ្រូក​ជា​ជម្រក​សត្វ​ល្អិត និង​ជំងឺ​មួយ​ចំនួន​លើ​ដំណាំ​ស្រូវ ដូច​ជា ដង្កូវ​ហ្វូង ដង្កូវ​ស៊ី​រូង​ដើម​ស៊ីជម្ពូ ជំងឺ​តឿ​ស្មៅ ជាដើម (CAB, 2001) ។

គ. របាយ និង​សារសំខាន់

ជា​ប្រភេទ​ស្មៅ​ដែល​មាន​បញ្ហា​ចម្បង​នៅ​ក្នុង​ស្រែ​ចម្ការ និង​ស្រែ​ដី​ខ្ពស់ ស្មៅ​ប្រភេទ​នេះ​ងាយ​ដុះ​លូតលាស់​លើ​គ្រប់​ប្រភេទ​ដី ហើយ​មាន​ការ​ធន់​ទ្រាំ​ទៅ​នឹង​សីតុណ្ហភាព​ខ្ពស់ (Reissig et al., 1986) ។ ពិបាក​ក្នុង​ការ​កម្ចាត់​តាម​វិធីសាស្ត្រ​ដាំ​ដុះ ពីព្រោះ​ការ​ដាំ​ដុះ​អាច​បណ្ដាល​ឲ្យ​ដាស់​ដំណេក​មើម ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ដុះ​រាលដាល​យ៉ាង​ឆាប់រហ័ស ។ បើសិនជា​គ្មាន​ការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ទេ អាច​បណ្ដាល​ឲ្យ​បាត់បង់​ទិន្នផល​ស្រូវ​រហូត​ដល់ ៥០% ។

៩.៣.៣. ប្រភេទ​ស្មៅ​ស្លឹក​ធំ (Broadleaved weeds)

ជា​ក្រុម​ប្រភេទ​ស្មៅ​ទាំងឡាយ​ណា​ដែល​ដុះ​លូតលាស់​នៅ​ក្នុង​ស្រែ ឬ​ចម្ការ ហើយ​មាន​ស្លឹក​ធំ និង​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ស្មៅ​កំពីងពួយ ។ ក្រុម​ប្រភេទ​ស្មៅ​ទាំងនោះ​រួម​មាន ៖

៩.៣.៣.១. ស្មៅ​តាសៀវ (Gooseweed)

គ្រួសារ: Sphenocleaceae  អំបូរ: Sphenoclea zeylanica Gaertn

ក. ពិពណ៌នា​

ស្មៅ​តាសៀវ (រូប ៩.៤៦) ជា​ប្រភេទ​ស្មៅ​ឯកវដ្ដ​ស្លឹក​ធំ មាន កម្ពស់​រហូត​ដល់ ១៥០​សម ដើម​វា​រលោង មិន​រឹង និង​ប្រហោង​ក្នុង​បែកមែក​ជា​ច្រើន ។ ស្លឹក​តម្រៀប​ជា​រង្វិល​ដែក​ខួង​មាន​ប្រវែង​បណ្តោយ ១០​សម និង​ទទឹង ៣​សម រៀវ​ស្រួច​នៅ​ផ្នែក​ចុង​ស្លឹក ។ ផ្កា​តម្រៀប​គ្នា​យ៉ាង​ណែន​រៀវ​ស្រួច​ដូច​កំពូល​នៅ​ខាង​ចុង​កញ្ចុំ​ផ្កា ។ ការ​បន្ត​ពូជ​អាស្រ័យ​ដោយ​ពន្លឺ (Mercado et al., 1990) ។ ការ​ដុះ​លូតលាស់ និង​មាន​ផ្កា​ពេញ​មួយ​ឆ្នាំ ។

រូប ៩.៤៦ ស្មៅ​តាសៀវ (Gooseweed)

ខ. ជម្រក​សត្វល្អិត និង​ជំងឺ

ស្មៅ​តាសៀវ​ជា​ជម្រក​សត្វ​ល្អិត និង​ជំងឺ​មួយ​ចំនួន​លើ​ដំណាំ​ស្រូវ ដូច​ជា ខ្យង​ស៊ី​ស្រូវ​ពណ៌​មាស និង Rice root knot nematode ។

គ. របាយ និង​សារសំខាន់

ជា​ប្រភេទ​ស្មៅ​ស្លឹក​ធំ​ដែល​ដុះ​លូតលាស់​នៅ​លើ​ដី​សើម ពិសេស​នៅ​កន្លែង​ដែល​មាន​ទឹក​ស្ងប់ មាន​ក្លិន​ស្អុយ ។ មាន​បញ្ហា​ចម្បង​នៅ​ក្នុង​ស្រែ​ទំនាប ។ បើសិនជា​គ្មាន​ការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ទេ អាច​បណ្ដាល​ឲ្យ​បាត់បង់​ទិន្នផល​រហូត​ដល់ ៤៥% ។ ស្មៅ​ប្រភេទ​នេះ​មាន​ភាព​ធន់​ទ្រាំ​ទៅ​នឹង​ថ្នាំ​សម្លាប់​ស្មៅ ២-៤D ផ្សេងៗ​គ្នា (Mercado et al., 1990) ។ ការ​ប្រើប្រាស់​ស្មៅ​ស្រស់​ប្រភេទ​នេះ ៧ គក ដាក់​ក្នុង​ស្រែ​អាច​បង្កើន​ទិន្នផល​ស្រូវ ស្មើនឹង​ការ​ប្រើប្រាស់​ជី​អាសូត​ចំនួន ៦០ គក/ហត (Dubey, 1986) ។

៩.៣.៣.២. ស្មៅ​កណ្ដៀង​ឈើ (Primrose willow)

គ្រួសារ: Onagraceae  អំបូរ: Ludwigia octovalvi (Jacq), Raven

ក. ពិពណ៌នា

ស្មៅ​កណ្ដៀង​ឈើ (រូប ៩.៤៧) ជា​ប្រភេទ​ស្មៅ​ឯកវដ្ដ​ស្លឹក​ធំ មាន​កម្ពស់​រហូត​ដល់ ១០០ សម ដើម​រឹង​មាំ​ឈរ​ត្រង់ គគ្រាត មាន​រោម​ក្រាស់ ប្រវែង ១,៥ សម និង​បែកមែក​ជា​ច្រើន ។ ស្លឹក​មាន​រាង​ជា​លំពែង តម្រៀប​ឆ្លាស់​គ្នា ។ ផ្កា​ទោល​មាន​ទង​ផ្កា​ខ្លី​ឬ​គ្មាន ត្របក​ផ្កា​ពណ៌​លឿង ហើយ​ដុះ​ចេញពី​អ័ក្ស​រវាង​ស្លឹក ឬ​មែក​ជាមួយ​ដើម ។ ផែ្ល​មាន​ពណ៌​លឿង​-​ស្វាយ ។ ការ​បន្ត​ពូជ​តាម​រយៈ​គ្រាប់ ។ គ្រាប់​មួយ​ចំនួន​ដុះ​ពន្លក​ភ្លាម​នៅ​ក្នុង​លក្ខខណ្ឌ​ដី​សើម និង​ដី​លិច​ទឹក ។

រូប ៩.៤៧ ស្មៅ​កណ្ដៀង​ឈើ (Primrose willow)

ខ. ជម្រក​សត្វល្អិត និង​ជំងឺ

ស្មៅ​កណ្ដៀង​ឈើ​ជា​ជម្រក​សត្វ​ល្អិត និង​ជំងឺ​មួយ​ចំនួន​លើ​ដំណាំ​ស្រូវ ដូច​ជា ជំងឺ​រលួយ​ស្រទប​ស្លឹក ចៃ និង​ណេម៉ាតូត​ឫស​ជាដើម ។

គ. របាយ និង​សារសំខាន់

ជា​ប្រភេទ​ស្មៅ​ស្លឹក​ធំ ដែល​ដុះ​លូតលាស់​នៅ​លើ​ដី​សើម និង​មាន​ទឹក ។ បើសិនជា​គ្មាន​ការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ទេ អាច​បណ្ដាល​ឲ្យ​បាត់បង់​ទិន្នផល​ស្រូវ​ពី​៥០-៨០% ។ ស្មៅ​ប្រភេទ​នេះ​មាន​ភាព​ធន់​ទ្រាំ​ខ្ពស់​ទៅ​នឹង​បម្រែបម្រួល​កម្ពស់​ទឹក​ក្នុង​ស្រែ (Mohankumar & Alexander, 1989) ។ ស្មៅ​ប្រភេទ​នេះ​ឆ្លើយ​តប​យ៉ាង​ឆាប់រហ័ស​ទៅ​នឹង​ការ​ដាក់​ជី​អាសូត​រហូត​ដល់ ១០០​គក/ហត ស្រែ​ដែល​មាន​ការ​ប្រើប្រាស់​ជី​អាសូត​ច្រើន (Gaffer, 1985; Kim & Moody, 1989) អាច​នាំ​ឲ្យ​បង្កើន​នូវ​សកម្មភាព​កម្ចាត់ ។

៩.៣.៣.៣. ស្មៅ​កំពីងពួយ (Creeping water primrose)

គ្រួសារ: Onagraceae  អំបូរ: Ludwigia adscendens (L.) Hara

ក. ពិពណ៌នា

ស្មៅ​កំពីងពួយ (រូប ៩-៤៨) ជា​ប្រភេទ​ស្មៅ​ពហុវដ្ដ​ស្លឹក​ធំ ដើម​វា​វារ​សណ្តូក​លើ​ផ្ទៃដី ឬ​អណ្ដែត​លើ​ផ្ទៃ​ទឹក ឫស​ដែល​ដុះ​តាម​ថ្នាំង​មាន​ពណ៌​ស ។ ស្លឹក​ទោល​មាន​រាង​មូល ឬ​មូល​ទ្រវែង​ទាល គ្មាន​រោម ទង​ស្លឹក​ពណ៌​ក្រហម ។ ជា​ផ្កា​ទោល​មាន​ត្របកផ្កា​ពណ៌​ស និង​លឿង នៅ​ផ្នែក​គល់​ទង​ផ្កា​មាន​ពណ៌​ក្រហម​ឬ​លឿង ។ ការ​បន្ត​ពូជ​តាម​រយៈ​ផ្នែក​ដើម និង​គ្រាប់ ។

រូប ៩.៤៨ ស្មៅ​កំពីងពួយ (Creeping water primrose)

ខ. ជម្រក​សត្វល្អិត និង​ជំងឺ

ស្មៅ​កំពីងពួយ​ជា​ជម្រក​សត្វ​ល្អិត និង​ជំងឺ​មួយ​ចំនួន​លើ​ដំណាំ​ស្រូវ ដូច​ជា ចៃ​ស្រូវ និង​ណេម៉ាតូត​ឫស ជាដើម ។

គ. របាយ និង​សារសំខាន់

ជា​ប្រភេទ​សៅ​ស្លឹក​ធំ ដែល​ដុះ​លូតលាស់​នៅ​លើ​ដីស្រែ ឬ​ដី​មាន​ទឹកជា​ប្រចាំ តាម​ប្រព័ន្ធ​ប្រឡាយ​បញ្ចេញ​បញ្ចូល​ទឹក​ស្រែ​ជា​សើម ។ ប្រភេទ​ស្មៅ​នេះ​ដុះ​ប្រកួតប្រជែង​ជាមួយ​ស្រូវ​ស្រែ​ពង្រោះ ស្រែ​ទឹក​ជ្រៅ និង​ស្រែ​សន្ទូង (Moody, 1989) ។

៩.៣.៣.៤. ស្មៅ​ច្រាច់ (Pickerel weed)

គ្រួសារ: Pontederiaceae  អំបូរ: Monochoria vaginalis (Burm.F.) Presl

ក. ពិពណ៌នា

ស្មៅ​ច្រាច់ (រូប ៩.៤៩) ជា​ប្រភេទ​ស្មៅ​ឯកវដ្ដ​ស្លឹក​ធំ ដុះ​ជា​គុម្ព​ក្នុង​ស្រែ​ទំនាប ឬ​ជា​ស្មៅ​ពហុវដ្ដ​នៅ​តំបន់​ដែល​មាន​ទឹក​ជា​ប្រចាំ ។ មាន​ដើម​រលោង​ភ្លឺ​មាន​កម្ពស់ ១០-៥០​សម ។ ស្លឹក​មាន​រាង​បេះដូង រលោង និង​ទ្រ​ដោយ​ទង​ស្លឹក ។ ផ្កា​មាន​ស្លឹក​ទ្រនាប់​ផ្កា​ធំ ដុះ​ចេញពី​បាច់​ស្លឹក​នៅ​លើ​ទង​ស្លឹក​ដែល​ឋិត​នៅ​ចម្ងាយ ២/៣ ពី​គល់​នៃ​ទង​ស្លឹក ។ ត្របកផ្កា​មាន​ពណ៌​ស្វាយ ។ ការ​បន្ត​ពូជ​តាម​រយៈ​គ្រាប់ គ្រាប់​មាន​ពណ៌​ត្នោត និង​មាន​ទ្រនុង​តាម​បណ្តោយ​គ្រាប់ ។ នៅ​ក្នុង​លក្ខខណ្ឌ​ដី​សើម គ្រាប់​វា​អាច​ដុះ​បាន​ពេញ​មួយ​រដូវ​ដាំ​ដុះ ។

រូប ៩.៤៩ ស្មៅ​ច្រាច់ (Pickerel weed)

ខ. ជម្រក​សត្វល្អិត និង​ជំងឺ

ស្មៅ​ច្រាច់​ជា​ជម្រក​សត្វ​ល្អិត និង​ជំងឺ​មួយ​ចំនួន​លើ​ដំណាំ​ស្រូវ​ដូច​ជា ខ្ញុង​បន្លា ខ្យង​ស៊ី​ស្រូវ​ពណ៌​មាស ជំងឺ​រលួយ​ស្រទប ជំងឺ​តឿ​ស្មៅ​ដែល​បង្ក​ដោយ​មមាច​ត្នោត ណេម៉ាតូត​ឫស ណេម៉ាតូត​កំពក​ឫស​ជាដើម ។

គ. របាយ និង​សារសំខាន់

ស្មៅ​ច្រាច់ ជា​ស្មៅ​ដែល​មាន​បញ្ហា​ចម្បង​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ ។ វា​ដុះ​លូតលាស់​ល្អ នៅ​លើ​ដីស្រែ​ទំនាប​ស្រែ​ទឹក​ជ្រៅ តាម​ប្រព័ន្ធ​ប្រឡាយ​បញ្ចេញ​បញ្ចូល​ទឹក​ស្រែ​ជាដើម ។ ប្រភេទ​ស្មៅ​នេះ​ដុះ​ទន្ទ្រាន​ដណ្ដើម​យក​សារធាតុចិញ្ចឹម​អាសូត​ពី​ដំណាំ​ស្រូវ ។ ក្នុង​ករណី​ដង់ស៊ីតេ​របស់​វា​ខ្ពស់ អាច​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ទិន្នផល​ស្រូវ​រហូត​ដល់ ៨២% (Sattar & Biswas, 1991) ។

៩.៣.៤. វិធីសាស្ត្រ​គ្រប់គ្រង​ស្មៅ​បំផ្លាញ

ជា​ទូទៅ​មាន​វិធីសាស្ត្រ​ជា​ច្រើន​ក្នុង​ការ​គ្រប់គ្រង​ស្មៅ​បំផ្លាញ​នៅ​ក្នុង​ដំណាំ​ស្រូវ ដូច​ជា វិធីសាស្ត្រ​ដាំ​ដុះ វិធីសាស្ត្រ​ធ្វើ​ដោយ​ដៃ វិធីសាស្ត្រ​មេកានិច វិធីសាស្ត្រ​គីមី និង​ជីវសាស្ត្រ ជាដើម ។ ប៉ុន្តែ​ការ​គ្រប់គ្រង​ស្មៅ​ដោយ​ការ​បញ្ចូល​រួម​គ្នា​នូវ​វិធីសាស្ត្រ​ទាំងនេះ​ឲ្យ​បាន​ច្រើន​បំផុត និង​សម​ស្រប​តាម​លក្ខខណ្ឌ​ដែល​អាច​ធ្វើ​បាន ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិ​ភាព​បំផុត​ក្នុង​ការ​គ្រប់គ្រង​ស្មៅ​បំផ្លាញ​ក្នុង​ដំណាំ​ស្រូវ ចំណែក​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ទោល​ពុំ​សូវ​មាន​ប្រសិទ្ធិ​ភាព​ទេ ។

៩.៣.៤.១. វិធីសាស្ត្រ​ដាំ​ដុះ

មូលដ្ឋាន​ចម្បង​នៃ​វិធីសាស្ត្រ​នេះ គឺ​បង្កើន​ការ​លូតលាស់​នៃ​ដំណាំ​ស្រូវ ដើម្បី​គ្រប​សង្កត់​ការ​ដុះ​លូតលាស់​របស់​ស្មៅ​ចង្រៃ ។

ក. ការពារ និង​ទប់ស្កាត់​នូវ​វត្តមាន​ស្មៅ​បំផ្លាញ​ក្នុង​ស្រែ

គ្រាប់ពូជ​ដែល​មាន​គ្រាប់​ស្មៅ​នៅ​លាយឡំ​គ្នា ត្រូវ​សម្អាត​ឲ្យ​បាន​ស្អាត មុន​នឹង​យក​ទៅ​សាប​ក្នុង​ថ្នាល​សំណាប ពិសេស​គ្រាប់ពូជ​ថ្មី ឬ​គ្រាប់ពូជ​ទិញ​ពី​តំបន់​ផ្សេងៗ ។ ថ្នាល​សំណាប​ត្រូវ​រៀបចំ​ឲ្យ​បាន​ស្អាត ដោយ​យក​ចេញ​នូវ​ផ្នែក ឬ​បំណែក​នៃ​ស្មៅ​បំផ្លាញ​ដែល​អាច​ដុះ​លូតលាស់​បាន ដើម្បី​ឲ្យ​សំណាប​ដែល​យក​ទៅ​ស្ទូង គ្មាន​វត្តមាន​ស្មៅ​បំផ្លាញ ។ សម្អាត​ភ្លឺស្រែ​ជុំវិញ ឬ​ស្រែ​ដែល​ទុក​ចោល​ទំនេរ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ស្មៅ​បំផ្លាញ តាម​រយៈ​គ្រាប់ ។ ត្រូវ​សម្អាត​គ្រាប់​ស្មៅ​ដែល​នៅ​ជាប់​ជាមួយ​ឧបករណ៍​កសិកម្ម ដូច​ជា នង្គ័ល រនាស់ ត្រាក់ទ័រ​ជាដើម មុន​នឹង​យក​ទៅ​ប្រើប្រាស់​ក្នុង​ស្រែ ។

ខ. ការ​រៀបចំ​ដីស្រែ

ភ្ជួរ​ដី​ឲ្យ​បាន​ជ្រៅ ដើម្បី​កប់​គ្រាប់​ស្មៅ​ដែល​នៅ​ស្រទាប់​លើ​ឲ្យ​បាន​ជ្រៅ អាច​ជួយ​កាត់​បន្ថយ​ដំណុះ​គ្រាប់​ស្មៅ​បំផ្លាញ ទោះបីជា​មាន​គ្រាប់​ស្មៅ​តិចតួច​អណ្ដែត​ឡើង​មក​ស្រទាប់ដី​ខាងលើ​នៅ​ពេល​ភ្ជួរ​រាស់​ក៏​ដោយ ។ ពន្យា​ពេល​ភ្ជួរ​រាស់​ក្នុង​រយៈពេល​មួយ​សម​ស្រប​បំផុត ដើម្បី​ឲ្យ​គ្រាប់​ស្មៅ​មាន​លទ្ធភាព​ដុះ​ដល់​កម្រិត​អតិបរិមា រួច​សឹម​ធ្វើការ​ភ្ជួរ​រាស់ ធ្វើ​ដូចនេះ​អាច​សម្លាប់​ប្រជាករ​គ្រាប់​ស្មៅ​ដល់ ៥០% (Nyarko, 1991) ។ ភ្ជួរ​រាស់ស្រែ​ក្រោយ​ពេល​ច្រូតកាត់ អាច​សម្លាប់​មើម (Tubes) ហើយ​និង Rhizome របស់​ប្រភេទ​ស្មៅ​ពហុវដ្ដ ដោយ​កម្ដៅ​ថ្ងៃ​នា​រដូវប្រាំង ។

គ. ការ​ដាំ​ដំណាំ​បង្វិល

ការ​ដាំ​ដំណាំ​បង្វិល​នៃ​ដំណាំ​ស្រូវ ជាមួយ​ដំណាំ​ចម្ការ​អាច​កាត់​បន្ថយ​ដង់ស៊ីតេ​ស្មៅ​បំផ្លាញ​នៅ​ក្នុង​ស្រែ ពីព្រោះ​នៅ​ពេល​យើង​ដាំ​ស្រូវ ធ្វើ​ឲ្យ​ពពួក​ស្មៅ​បំផ្លាញ​ដែល​មិន​ធន់​ទ្រាំ​នឹង​ទឹក​នឹង​ងាប់ និង​ផ្ទុយ​ទៅ​វិញ ធ្វើ​ឲ្យ​ពពួក​ស្មៅ​ដែល​ត្រូវការ​ទឹក​ងាប់ នៅ​ពេល​យើង​ដាំ​ដំណាំ​ចម្ការ ។ ម្យ៉ាង​ទៀត​ការ​ដាំ​ដំណាំ​ចម្ការ ដែល​មាន​ស្លឹក​ធំ​ជាមួយ​ស្រូវ​អាច​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​ស្មៅ​បំផ្លាញ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​សម្លាប់​ស្មៅ​បំផ្លាញ​ប្រភេទ​ស្មៅ​ដែល​ពិបាក​ក្នុង​ការ​កម្ចាត់ ។

ឃ. ការ​ជ្រើសរើស​ពូជ

ដាំ​ដុះ​ពូជ​ដែល​មាន​ការ​ធន់​ទ្រាំ​នឹង​សត្វល្អិត និង​ជំងឺ​មាន​លទ្ធភាព​ក្នុង​ការ​ប្រឆាំង​ជាមួយ​ស្មៅ​ចង្រៃ ។ ពូជស្រូវ​ដែល​បែក​គុម្ព និង​មាន​ស្លឹក​ច្រើន​មាន​លទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​រាតត្បាត​ពី​ស្មៅ​បំផ្លាញ​ដែរ ប៉ុន្តែ​ពូជស្រូវ​ប្រភេទ​នេះ ច្រើន​តែ​មាន​ទិន្នផល​ទាប ។

ង. ពេលវេលា​ដាំ​ដុះ

ជ្រើសរើស​ពេល​មួយ​សប​ស្រប ដោយ​ទុក​ឲ្យ​គ្រាប់​ស្មៅ​ដុះ រហូត​ដល់​ដី​មាន​សំណើម​គ្រប់គ្រាន់​សម្រាប់​ស្រូវ​ទើប​ធ្វើការ​ភ្ជួរ​រាស់​អាច​មាន​លទ្ធភាព​ខ្ពស់ ក្នុង​ការ​សម្លាប់​ស្មៅ​ក្នុង​ស្រែ ។ ប៉ុន្តែ​មិន​ត្រូវ​ពន្យា​ពេលវេលា​ដាំ​ដុះ​រហូត​ដល់​ពេលវេលា​សម​ស្រប​សម្រាប់​ដាំ​ស្រូវ​ត្រូវ​បាន​រំលង​នោះ​ទេ ។ ពេលវេលា​មាន​សារសំខាន់​ណាស់​សម្រាប់​ស្រូវ​ដែល​ពឹងផ្អែក​ដោយ​ទឹកភ្លៀង ពីព្រោះ​ស្រូវ​នឹង​តឿ​ក្រិន នៅ​ពេល​ដែល​ភាពរាំងស្ងួត​អូស​បន្លាយ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្រូវ​មិន​អាច​ប្រកួតប្រជែង​ជាមួយ​ស្មៅ ។

ច. របៀប​ដាំ​ដុះ

របៀប​ដាំ​ដុះ​មាន​ឥទ្ធិពល​ទៅ​លើ​សមត្ថភាព​ដល់​ដំណាំ​ស្រូវ ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ស្មៅ ។ ការ​ដាំ​គ្រាប់ ឬ​ស្ទូង​សំណាប​ជា​ជួរ អាច​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ធ្វើ​ស្មៅ ឬ​ដក​ដោយ​ដៃ ។ ស្ទូង​សំណាប​ចាស់​ដើម (អាយុ​២០-៣០​ថ្ងៃ សម្រាប់​ពូជ​ទំនើប) មាន​ភាព​ប្រកួតប្រជែង​ជាមួយ​ស្មៅ​ខ្លាំង​ជាង​សំណាប​ខ្ចី​ដើម ។ ស្រូវចម្ការ​មិន​គួរ​ដាំ​គ្រាប់ស្រូវ​ក្នុង​រណ្តៅ ក្នុង​ជម្រៅ​ជ្រៅ​ធ្វើ​ឲ្យ​ស្រូវ​ដុះ​យឺត នាំ​ឲ្យ​គ្រាប់​ស្មៅ​ដែល​នៅ​រាក់ អាច​ដុះ​មុន​ជំរុញ​ឲ្យ​ស្មៅ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ស្រូវ ។

ឆ. ដង់ស៊ីតេ​ស្រូវ

ដង់ស៊ីតេ​ដើម​ស្រូវ ជា​កត្តា​សំខាន់​ក្នុង​ការ​បង្កើត​ម្លប់​ជួរ​ស្រូវ ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ស្មៅ ។ រវាង​គុម្ព​ស្រូវ​មួយ​ទៅ​មួយ​ត្រូវ​មាន​ចន្លោះ​សម​ស្រប (អាស្រ័យ​តាម​ពូជ​ប្រភេទ​ជីជាតិ​ដី និង​រដូវ​កាល) ក្នុង​ករណី​ដែល​ចន្លោះ​គុម្ព​ទូលាយ​អាច​ឲ្យ​ស្មៅ​ទទួល​ពន្លឺ​បាន​ងាយ ជា​ហេតុ​ធ្វើ​ឲ្យ​ស្មៅ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ស្រូវ ។ ចំពោះ​ពូជស្រូវ​ទំនើប (អ៊ីអ៊ែរ​៦៦ ៘) ចន្លោះ​គុម្ព​សម​ស្រប​គឺ ២០ សម x ២០ សម ។ ចំពោះ​ស្រូវ​ពង្រោះ​ការ​បង្កើន​គ្រាប់ពូជ អាច​ជួយ​ក្នុង​ការ​កម្ចាត់​ស្មៅ​ចង្រៃ​បាន​ដែរ ប៉ុន្តែ​ការ​កម្ចាត់​ស្មៅ​បែប​នេះ​គ្មាន​ចំណេញ​ទេ បើសិនជា​ការ​ប្រើប្រាស់​គ្រាប់ពូជ​លើស​ពី​កម្រិត​សម​ស្រប ១០០ គក/ហត ដែល​ជា​កម្រិត​មួយ​អាច​ផ្ដល់​ឲ្យ​ការ​លូតលាស់​ស្រូវ​បាន​ល្អ ។

ជ. ការ​ប្រើប្រាស់​ជី

ជី​អាសូត ផូស្វ័រ និង​ប៉ូតាស្យូម ជា​ជី​សំខាន់​របស់​ស្រូវ​សម្រាប់​ដំណាំ​ស្រូវ ។ ស្មៅ​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​ច្រើន​ពី​ដី និង​ប្រព្រឹត្ត​ទៅ​លឿន​ជាង​ស្រូវ ។ ការ​ប្រើប្រាស់​បរិមាណ​ជី​ច្រើន នឹង​មិន​បង្កើន​ទិន្នផល​ស្រូវ​ទេ បើ​គ្មាន​ការ​កម្ចាត់​ស្មៅ​ជា​មុន ។ ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រើប្រាស់​ជី​អាសូត​អាច​គ្មាន ឬ​មាន​តិចតួច​បំផុត លើ​ស្រូវ​ដាំ​ដុះ​ក្នុង​ម្លប់ ហើយ​ជី​អាសូត និង​ជី​ផូស្វ័រ​ដែល​នៅ​សស់​នឹង​ជំរុញ​ដល់​ដំណុះ​គ្រាប់​ស្មៅ​ដែល​កប់​នៅ​ស្រទាប់​លើ​នៃ​ផ្ទៃ​ដី ។

ឈ. ការ​គ្រប់គ្រង​ទឹក

ការ​គ្រប់គ្រង​ស្មៅ​នៅ​ដំណាក់កាល​ស្រូវ​លូតលាស់​ដំបូង ឬ​បន្ទាប់​ពី​ស្ទូង តាម​រយៈ​វិធីសាស្ត្រ​គ្រប់គ្រង​ទឹក​មាន​ប្រសិទ្ធិ​ភាព​បំផុត ។ ប៉ុន្តែ​បើ​មាន​វត្តមាន​ស្មៅ​នៅ​ក្នុង​ស្រែ​យូរ​មក​ហើយ​នោះ ការ​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​លើ​ស្មៅ​ជា​ការ​ពិបាក ។ ការ​ពន្លិច​ទឹក​ស្រែ​ក្នុង​ជម្រៅ ១៥ សម ពេញ​មួយ​រដូវ អាច​កម្ចាត់​ស្មៅ​បំផ្លាញ ជា​ប្រភេទ​ស្មៅ​ជើងក្រាស់ ។ ចំពោះ​ស្មៅ​ប្រភេទ​ស្លឹក​ធំ និង​ស្មៅ​កក់ ការ​ពន្លិច​ទឹក​ស្រែ​ក្នុង​ជម្រៅ​ជ្រៅ ក្នុង​កម្រិត​ប្រែប្រួល​អាច​រំខាន​ដល់​ការ​លូតលាស់​របស់​វា ។ ការ​បង្ហូរទឹក​ចេញពី​ស្រែ​ជម្រៅ​នៅ​ពេលវេលា​មួយ​សម​ស្រប​អាច​កាត់​បន្ថយ​ពពួក​ស្មៅ​ដែល​រស់នៅ​ក្នុង​ទឹក ។

ញ. វិធានការ​ដោយ​ពលកម្ម​មនុស្ស

រួម​មាន​ការ​ដុត​សម្អាត​ដោយ​កម្លាំង​មនុស្ស និង​ដោយ​ប្រើ​ឧបករណ៍​មេកានិក​ជាដើម ។

  • ការ​ដុត​បំផ្លាញ: ការ​កាប់​ចិញ្ច្រាំ និង​ដុត​ជា​វិធីសាស្ត្រ​មួយ​សាមញ្ញ​នៃ​ការ​រៀបចំ​ដី វា​អាច​សម្លាប់​គ្រាប់​ស្មៅ ស្មៅ​នៅ​តូចៗ និង​លុប​បំបាត់​ចោល​រុក្ខជាតិ​ផ្សេងៗ​ទៀត​ដែល​មិន​ត្រូវការ ជា​ទូទៅ​អាច​រក្សា​ស្រែ ដោយ​គ្មាន​ស្មៅ​ពី ២-៣​អាទិត្យ ប៉ុន្តែ​អាច​ជំរុញ​ដល់​ដំណុះ​គ្រាប់​ស្មៅ​ដែល​នៅ​ស្រទាប់ដី​លើ ។ ការ​ប្រើ​វិធី​នេះ នៅ​លើ​ផ្ទៃដី​ធំធេង​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ហូរ​ច្រោះ និង​បាត់បង់​ជី​អាសូត និង​ជី​ដទៃ​ទៀត ហើយ​អាច​បំពុល​ដល់​បរិស្ថាន ។
  • ការ​សម្អាត​ដោយ​ដៃ: ការ​ដកស្មៅ​ដោយ​ដៃ​មាន​ប្រសិទ្ធភាព​ល្អ តែ​ស្រែ​ដែល​មានទឹក និង​ពុំ​មាន​ឥទ្ធិពល​អាក្រក់​ដល់​បរិស្ថាន ប៉ុន្តែ​ពិបាក​ត្រូវការ​កម្លាំង​ពលកម្ម ពេលវេលា​ច្រើន និង​ត្រូវ​ធ្វើការ​កម្ចាត់​ច្រើន​ដង ព្រោះ​ស្មៅ​តូចៗ​ដែល​យើង​មិន​អាច​ដក​បាន និង​ដុះ​លូតលាស់​រហ័ស ។ វិធីសាស្ត្រ​នេះ អាច​ធ្វើ​បាន​ល្អ​ចំពោះ​ស្រែ​តូចៗ ។

ដ. ឧបករណ៍​មេកានិច

ការ​ប្រើប្រាស់​ឧបករណ៍​មេកានិច​វា​ចំណេញ​កម្លាំង និង​ពេលវេលា​ជាង​ការ​ដក​ដោយ​ដៃ ។ ចំពោះ​ស្រែ​ដែល​ដាំ ឬ​ស្ទូង​គ្មាន​ជួរ​យើង​អាច​ប្រើ​ចប ចបជីក ប៉ែល​តូចៗ កាំបិត ជាដើម អាច​មាន​ប្រសិទ្ធភាព​ទាំង​ស្រែ​មាន​ទឹក ឬ​គ្មាន​ទឹក ។ ចំពោះ​ស្រែ​ដាំ ឬ​ស្ទូង​ជា​ជួរ​អាច​ប្រើប្រាស់​ឧបករណ៍​កម្ចាត់​ស្មៅ​រ៉ូតារី ឬ​កូណូ ។

ថ. វិធានការ​ជីវសាស្ត្រ

ការ​កម្ចាត់​តាម​វិធី​នេះ ប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ​មាន​សត្វល្អិត ចៃ និង​ជំងឺ​មួយ​ចំនួន​ដែល​គេ​បាន​ប្រើប្រាស់ ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កម្ចាត់​ស្មៅ​ក្នុង​ដំណាំ​ស្រូវ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​លើ​ស្មៅ​កំណត់​មិន​ទូទៅ ។ ភាព​ដុះ​លូតលាស់​គ្របដណ្ដប់​លើ​ផ្ទៃ​ទឹក​ក្នុង​ស្រែ​របស់​ចក​តូច Azolla អាច​ទប់ស្កាត់​ដល់​ការ​ដុះ​លូតលាស់​ស្មៅ​ចង្រៃ ៧៩% នៃ​ទម្ងន់​ស្មៅ​ចង្រៃ​ក្នុង​ស្រែ​ក្នុង​រយៈពេល ៥០​ថ្ងៃ ក្រោយ​ស្ទូង (Nyarko and Datta, 1991) ប្រទេស​ខ្លះ​កំពុង​ប្រើប្រាស់​ខ្យង​ពណ៌​មាស​ក្នុង​ការ​កម្ចាត់​ស្មៅ ។

ឌ. វិធានការ​គីមី

ថ្នាំ​សម្លាប់​ស្មៅ ជា​វិធីសាស្ត្រ​មួយ​ដែល​សន្សំ​សំចៃ​កម្លាំង​ពលកម្ម ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ ។ ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​ស្មៅ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​ភាព​សន្សំ​សំចៃ ត្រូវ​មាន​ការ​យល់​ដឹង​អំពី​សកម្មភាព និង​ព្រំដែន​របស់​ថ្នាំ​សម្លាប់​ស្មៅ​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​ធ្វើការ​សម្រេចចិត្ត​ប្រើប្រាស់ ។ ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​ស្មៅ​ត្រូវការ​សម្ភារៈ ដូច​ជា ធុង​បាញ់ថ្នាំ ម្យ៉ាងទៀត​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​ស្មៅ មិន​ដូច​ជា​ការ​ប្រើប្រាស់​ឧបករណ៍​មេកានិច ត្រូវ​តែ​មាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ ការ​ធ្វេសប្រហែស ធ្វើ​ឲ្យ​មិន​ត្រឹមតែ​មិន​អាច​សម្លាប់​ស្មៅ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ខូចខាត ឬ​ងាប់​ដំណាំ​ទាំងស្រុង​ទៀត ។ ប្រភេទ​ថ្នាំ​សម្លាប់​ស្មៅ​មាន ៖

  • ថ្នាំ​សម្លាប់​ស្មៅ​ដោយ​ប៉ះ​ផ្ទាល់ (Contact herbicide): ជា​ប្រភេទ​ថ្នាំ​សម្លាប់​ផ្នែក​ខ្លះ​នៃ​ស្មៅ ដែល​បាន​ប៉ះ​ផ្ទាល់​ជាមួយ​ថ្នាំ​សម្លាប់​ស្មៅ ។
  • ថ្នាំ​សម្លាប់​ស្មៅ​ដោយ​ជ្រាប (Systemic herbicide): ជា​ប្រភេទ​ថ្នាំ​ដែល​សម្លាប់​ស្មៅ តាម​រយៈ​ជ្រាប​ចូល​ទៅ​គ្រប់​សរីរាង្គ​ទាំងអស់ ទោះជា​ផ្នែក​មិន​ប៉ះ​នឹង​ថ្នាំ​ក៏​ដោយ ។
  • ថ្នាំ​សម្លាប់​ស្មៅ​ជ្រើស (Selective herbicide): ជា​ប្រភេទ​ថ្នាំ​សម្លាប់​ស្មៅ​ដែល​សម្លាប់​តែ​ស្មៅ និង​មិន​រំខាន​ដល់​ការ​លូតលាស់​របស់​រុក្ខជាតិ​ឡើយ ។ ថ្នាំ​ប្រភេទ​នេះ​អាច​ជា​ថ្នាំ​សម្លាប់​ស្មៅ ដោយ​ប៉ះ​ផ្ទាល់ ឬ​ថ្នាំ​សម្លាប់​ស្មៅ​ដោយ​ជ្រាប ។
  • ថ្នាំ​សម្លាប់​ស្មៅ​មិន​ជ្រើស (None selective herbicide): ជា​ប្រភេទ​ថ្នាំ​សម្លាប់​ស្មៅ ដែល​សម្លាប់​មិន​រើសមុខ ដំណាំ​ស្រូវ ឬ​ស្មៅ​ឡើយ ។ ថ្នាំ​សម្លាប់​ស្មៅ​អាច​ប្រើប្រាស់​ជា​ទូទៅ​មុន​ពេល​ដាំ ។

ក. មុន​ពេល​ដាំ

ត្រូវ​បាន​ប្រើ​ថ្នាំ​សម្លាប់​ស្មៅ​មុន​ពេល​ដាំ សាប​គ្រាប់ស្រូវ ឬ​ស្ទូងស្រូវ ។ ថ្នាំ​សម្លាប់​ស្មៅ​មិន​ជ្រើស​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ករណី​នេះ ។

ខ. មុន​ពេល​ដុះ

ថ្នាំ​សម្លាប់​ស្មៅ​ត្រូវ​បាន​ប្រើប្រាស់​ទៅ​លើ​ផ្ទៃ​ដី​បន្ទាប់​ពី​ដាំ ប៉ុន្តែ​មុន​ស្រូវ និង​ស្មៅ​ដុះ​ពន្លក សម្រាប់​ស្រូវ​ពង្រោះ និង​មុន​ពេល​ស្មៅ​ដុះ​ពន្លក​ក្នុង​ស្រែ​សន្ទូង ។ ក្នុង​មធ្យោបាយ​នេះ​ជា​ទូទៅ ថ្នាំ​សម្លាប់​ស្មៅ​ប្រភេទ​ជ្រាប​ត្រូវ​បាន​ប្រើប្រាស់ ។

គ. ក្រោយ​ពេល​ដុះ

ថ្នាំ​សម្លាប់​ស្មៅ​ត្រូវ​បាន​ប្រើប្រាស់​បន្ទាប់​ពី​ស្រូវ ឬ​ស្មៅ​ដុះ​ពន្លក ឬ​បន្ទាប់​ពី​ស្ទូង​រួច ។ ថ្នាំ​សម្លាប់​ស្មៅ​ជ្រើស​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ករណី​នេះ ។ ជា​ពិសេស ដើម្បី​ឲ្យ​ការ​គ្រប់គ្រង​ស្មៅ​មាន​ប្រសិទ្ធភាព យើង​ត្រូវ​ជ្រើសរើស​យក​វិធីសាស្ត្រ​ទាំងឡាយ ដូច​បាន​រៀបរាប់​ខាងលើ ដែល​សម​ស្រប​នៅ​ក្នុង​លក្ខខណ្ឌ​ជាក់ស្ដែង​នៃ​ស្រែ​របស់​យើង​មក​អនុវត្ត​បញ្ចូល​គ្នា ។

 
 

ត្រលប់​ទៅ​មាតិកា​រឿង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s