ជំពូក​១១-សេដ្ឋកិច្ច និង​ទីផ្សារ

ព្រះមេ ឬ ព្រះមាតា ឬ ព្រះប្រពៃស្រព

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម

ជំពូក​១១

សេដ្ឋកិច្ច និង​ទីផ្សារ

ជា សារ៉េត

១១.១. សារសំខាន់​នៃ​ដំណាំ​ស្រូវ

ដំណាំ​ស្រូវ ជា​ដំណាំ​មួយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​សកល​ថា មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ទោះបីជា​កាល​នៃ​ការ​ដាំ​ដុះ​ដំបូង​បំផុត​ហាក់ដូចជា​ពុំ​មាន​ឯកសារ​អះអាង​ច្បាស់លាស់ ឬ​ត្រូវ​បាន​បាត់បង់​ក្នុង​សម័យ​បុរេប្រវត្តិ​ក៏​ដោយ ។ ស្រូវ​គឺជា​ប្រភព​ដ៏​សំខាន់​នៅ​ក្នុង​ប្រព័ន្ធ​ផ្គត់ផ្គង់​ចំណីអាហារ​ពិភពលោក ។ ប្រហែលជា​ពាក់កណ្តាល​នៃ​មនុស្ស​នៅ​លើ​ពិភពលោក ជា​ពិសេស​ប្រជាជន​នៅ​បណ្តា​ប្រទេស​អាស៊ី​បាន​រស់នៅ​ដោយ​ពឹងផ្អែក​លើ​ស្រូវ​ជា​អាហារ​សំខាន់​របស់​ពួក​គេ ។ ជា​ទូទៅ​ប្រជាជន​ដែល​ពឹងផ្អែក​លើ​ដំណាំ​ស្រូវ​ជា​អាហារ ភាគច្រើន​បាន​រស់នៅ​ក្នុង​ប្រទេស​កំពុង និង​ក្រោម​អភិវឌ្ឍន៍​ដែល​មាន​ប្រជាជន​ច្រើន​កុះករ តួយ៉ាង​ប្រទេស​ចិន និង​ឥណ្ឌា រួម​មាន​មនុស្ស​រហូត​ជិត ២០០០ លាន​នាក់ ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម​នៅ​ទាប​នៅឡើយ ។ ដោយ​ការ​ពឹងផ្អែក​ទាំងស្រុង​លើ​ដំណាំ​ស្រូវ​របស់​ប្រទេស​នៅ​អាស៊ី​ភាគច្រើន ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​បរាជ័យ​នៃ​ផលិតកម្ម​ដំណាំ​ស្រូវ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ទុរ្ភិក្ស និង​ការ​បាត់បង់​ជីវិត​របស់​ប្រជាជន​នៅ​តំបន់​នេះ ។

ការ​ផលិត​ស្រូវ​សាឡី​នៅ​លើ​សកលលោក មាន​បរិមាណ​ច្រើន​ជាង​ផលិតផល​ស្រូវ ដោយ​គិត​ពី​បរិមាណ​នៃ​ផលិតកម្ម ។ ប៉ុន្តែ​បរិមាណ​ស្រូវ​សាឡី​រហូត​ដល់​មួយ​ភាគ​បួន​មិន​ត្រូវ​បាន​ប្រើប្រាស់​ជា​អាហារ​ទេ​បើ​ប្រៀបធៀប​ជាមួយ​ស្រូវ ដែល​មាន​ចំនួន​តែ ៧ ភាគរយ ប៉ុណ្ណោះ ។ ប្រទេស​ចិន និង​ឥណ្ឌា​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក​មាន​តម្រូវការ​ស្រូវ​ច្រើន​ជាង​ចំនួន​ពីរ​ដង​នៃ​បរិមាណ​ស្រូវ​សាឡី ។ ដំណាំ​ទាំង​ពីរ​ប្រភេទ​នេះ​បាន​គ្របដណ្ដប់​លើ​មួយ​ភាគ​បួន​នៃ​ផ្ទៃដី​ដាំ​ដុះ​នៅ​លើ​ពិភពលោក ។ ចំនួន​ប្រហែល ២៤ ភាគរយ​នៃ​ស្រូវ​សាឡី​ត្រូវ​បាន​លក់ដូរ​ជា​អន្តរជាតិ ចំណែកឯ​ផលិតផល​ស្រូវ​វិញ​គឺ​ចំនួន ៩០ ភាគរយ​ត្រូវ​បាន​ផលិត និង​ដោះ​ដូរ​នៅ​ក្នុង​ឧបទ្វីប​អាស៊ី ។ តំបន់​ដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​អាស៊ី ត្រូវ​បាន​បែងចែក​ជា​បី​តំបន់​ទៅ​តាម​ទីតាំង​ភូមិសាស្ត្រ រួម​មាន អាស៊ី​ខាងកើត អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ខាងត្បូង ។ ប្រទេស​ចិន រួម​ទាំង​តៃវ៉ាន់ ជប៉ុន និង​កូរ៉េ ជា​ប្រទេស​ផលិតកម្ម​ស្រូវ​ចម្បង​នៅ​អាស៊ី​ខាងកើត ។ ប្រទេស​កម្ពុជា ភូមា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង​វៀតណាម ជា​ប្រទេស​ផលិតកម្ម​ចម្បង​នៅ​អាស៊ី​អាគ្នេយ៍ ។ ចំនួន​ប្រាំ​ប្រទេស​ចម្បង​នៅ​អាស៊ី​ខាងត្បូង​រួម​មាន បង់ក្លាដែស ស្រីលង្កា ឥណ្ឌា នេប៉ាល់ និង​បាគីស្ថាន ។

នៅ​តំបន់​ពឹងផ្អែក​លើ​ផលិតកម្ម​ស្រូវ ដំណាំ​ស្រូវ​មិន​គ្រាន់តែ​គ្របដណ្ដប់​លើ​ផ្នែក​ផលិតកម្ម និង​ការ​បរិភោគ​ប៉ុណ្ណោះ​ទេ គឺ​មាន​ឥទ្ធិពល​ដ៏​សំខាន់​នៅ​ក្នុង​ការ​រៀបចំ​សង្គម និង​សេដ្ឋកិច្ច​សម្រាប់​ការ​រស់នៅ​របស់​មនុស្ស​ទៀត​ផង ។ កសិករ​ទាំងអស់​បាន​ប្រកប​របរ​ធ្វើ​ស្រូវ​ច្រើន​ជាង​មុខរបរ​ផ្សេងៗ​ដទៃ​ទៀត ដែល​ក្នុង​នោះ​ផលិតកម្ម​ស្រូវ​បាន​ស្រូប​យក​ជាង​ពាក់​កណ្តាល​នៃ​កម្លាំង​ពលកម្ម​សម្រាប់​កសិកម្ម​នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ស្រូវ​មិន​គ្រាន់​ជា​អាហារ​ដ៏​សំខាន់​របស់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ចជាតិ (FAO/WFP, 1999) ។ ភោគផល​ស្រូវ​ប្រចាំឆ្នាំ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សន្តិសុខ​ស្បៀង​ផលិតផល​សរុប​ក្នុងស្រុក ព្រមទាំង​ការងារ​នៃ​កម្លាំង​ពលកម្ម​នៅ​ជនបទ ។ ដំណាំ​ស្រូវ​ក៏​មាន​សារសំខាន់​ដ៏​លើសលុប​ផង​ដែរ​ខាង​នយោបាយ ។ ការ​ផ្គត់ផ្គង់​ស្រូវ​គ្រប់គ្រាន់​ជាមួយ​តម្លៃ​ថោក​សមរម្យ ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​សប្បាយចិត្ត និង​ជួយ​រក្សា​តម្លៃ​ប្រកួតប្រជែង​សម្រាប់​អតិថិជន​ក្នុងស្រុក​ក៏​ដូច​ជា​ការ​នាំ​ចេញ​ផង​ដែរ ។ ផ្ទុយ​ទៅ​វិញ ការ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ តម្លៃ​ឡើង​ខ្ពស់ បង្ក​ឲ្យ​មាន​សម្ពាធ​អតិផរណា​ទៅ​លើ​ប្រាក់បៀវត្ស និង​ប្រាក់​ចំណូល និង​ធ្វើ​ឲ្យ​មាន​អស្ថេរភាព​នយោបាយ ។ សារសំខាន់​របស់​ដំណាំ​ស្រូវ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស គឺ​អាស្រ័យ​លើ​លើ​សេដ្ឋកិច្ច​នៃ​ស្រូវ​ដែល​ងាយ​ទទួល​រង​សម្ពាធ​នយោបាយ ដែល​ជា​ឧបសគ្គ​ដល់​ការ​រីក​លូតលាស់ ។ ដូច្នេះ​ដំណាំ​ស្រូវ​មិនមែន​គ្រាន់តែ​សម្រាប់​ជា​អាហារ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ គឺ​វា​បាន​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​ក្នុង​វិស័យសេដ្ឋកិច្ច សង្គម និង​នយោបាយ​ផង​ដែរ ។

១១.២. ស្ថិតិ​ផលិតកម្ម​ស្រូវ

ផ្ទៃដី​ដាំ​ដុះ ទិន្នផល និង​ផលិតកម្ម​នៃ​ដំណាំ​ស្រូវ​នៅ​លើ​ពិភពលោក មាន​ការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ចាប់ពី​ទសវត្សរ៍​ទី​៦០ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ។ ផ្ទៃដី​ដាំ​ដុះ​នៃ​ប្រទេស​នៅ​តំបន់ ឬ​ឧបទ្វីប​ខ្លះ​មាន​ការ​កើនឡើង ផ្ទុយ​ទៅ​វិញ ផលិតកម្ម​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​តូច បែរ​មាន​ការ​ធ្លាក់​ចុះ​ទៅ​វិញ ក៏​ប៉ុន្តែ​បើ​យោង​លើ​និន្នាការ​នៅ​លើ​ពិភពលោក​ទាំងមូល គឺ​មាន​ការ​កើនឡើង ។ តារាង ១១.១ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទាំង​ផ្ទៃដី ទិន្នផល និង​ផលិតកម្ម​គឺ​មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង ទោះបីជា​នៅ​ទសវត្សរ៍​ទី​៦០ និង​ដើម​ទសវត្សរ៍​៧០ មាន​កំណើន​យឺត​ក៏​ដោយ​បើ​ប្រៀបធៀប​ទៅ​នឹង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។ ភាព​ខុស​គ្នា​នៃ​ផលិតកម្ម​ស្រូវ​នៅ​លើ​ពិភពលោក​ក្នុង​អំឡុង​ពេល​ឆ្នាំ ១៩៦១-១៩៦៥ ដែល​ទិន្នផល​មិន​មាន​ការ​កើនឡើង ដោយសារ​ការ​ចាប់ផ្តើម​នៃ​ពាក្យ​ដ៏​មាន​ប្រជាប្រិយភាព គឺ «បដិវត្តន៍​បៃតង» គួប​ផ្សំ​នឹង​ភាពរាំងស្ងួត​នៅ​ឆ្នាំ​១៩៧២ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ភាព​ល្អ​ប្រសើរ​ជា​ទូទៅ​នៃ​ផលិតកម្ម​ស្រូវ​នៅ​ឆ្នាំ​១៩៧៣ និង ១៩៧៥ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ការ​ប្រើប្រាស់​ពូជ​ទំនើប​ក្នុង​ទ្រង់ទ្រាយ​ធំ ការ​កើនឡើង​នូវ​ការ​ប្រើប្រាស់​ជី និង​ការ​ប្រើប្រាស់​ទុន​ផលិតកម្ម​ផ្សេងៗ​ទៀត (Chandler, 1979) ។ ក្រោយ​យុគសម័យ​បដិវត្តន៍​បៃតង រហូត​មក​ដល់​ឆ្នាំ​២០០៤ ទាំង​ផ្ទៃដី និង​ផលិតកម្ម ជា​ពិសេស​ទិន្នផល​មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង ដែល​បាន​បញ្ជាក់​ពី​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ខាង​ផលិតកម្ម​ស្រូវ ។

តារាង ១១.១ ផលិតកម្ម​ស្រូវ​នៅ​លើ​ពិភពលោក

ឧបទ្វីប​អាស៊ី​ជា​តំបន់​មួយ ដែល​ផលិត​ស្រូវ​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក ទោះបីជា​ទិន្នផល​ស្រូវ​ជា​មធ្យម​នៃ​តំបន់​នេះ ទំនងជា​នៅ​មាន​កម្រិត​ទាប បើ​ប្រៀប​ប្រៀប​ទៅ​នឹង​តំបន់​ដាំ​ស្រូវ​ផ្សេងៗ​ទៀត ក៏​ដោយ (តារាង ១១.១) ។ ទោះបីជា​មាន​ការ​ប្រែប្រួល​នៃ​ផ្ទៃដី និង​ផលិតកម្ម​ស្រូវ​នៅ​លើ​ពិភពលោក​ក៏​ដោយ ក៏​ផ្ទៃ​ដី​ដាំ​ដុះ និង​ផលិតកម្ម​នៅ​តំបន់​អាស៊ី គឺ​មាន​ចំនួន ៩០ ភាគរយ​នៃ​ពិភពលោក ពី​មួយ​ទសវត្សរ៍​ទៅ​មួយ​ទសវត្សរ៍​រហូត​ឆ្នាំ​២០០៤ ។ ទិន្នផល​ស្រូវ​នៅ​អាស៊ី​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​គឺ​មាន​ចំនួន​ជិត​ពីរ​ដង ឬ​ក៏​លើស​ពីរ​ដង សម្រាប់​ប្រទេស​មួយ​ចំនួន​ធំ បើ​ប្រៀបធៀប​ទៅ​នឹង​ទិន្នផល​ក្នុង​ទសវត្សរ៍​ទី​៦០ ក៏​ប៉ុន្តែ​សម្រាប់​ប្រទេស​មួយ​ចំនួន​តូច ក៏​ពុំ​មាន​ការ​ប្រែប្រួល​ដែរ ដោយ​ប្រទេស​ទាំងនោះ​ទទួល​បាន​ទិន្នផល​ខ្ពស់​តាំងពី​យូរយារ​មក​ហើយ ។ នៅ​តំបន់​អាស៊ី​មាន​តែ​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​បី​តោន​ក្នុង​មួយ​ហិកតា​ក្នុង​ទសវត្សរ៍​ទី​៦០ រួម​មាន​ប្រទេស​ជប៉ុន កូរ៉េ​ខាងជើង និង​ប្រទេស​ចិន ។ ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ​ទាំង​ពីរ បាន​ទទួលផល​ច្រើន​ជាង​បួន​តោន​តាំង​តែ​ពី​ដើម​ទសវត្សរ៍ ដោយឡែក​ទិន្នផល​នៅ​ប្រទេស​ចិន​ទើបតែ​មាន​ការ​កើនឡើង​ខ្ពស់​ជាង​បី​តោន ចាប់ពី​ពាក់កណ្តាល​ទសវត្សរ៍​ទី​៦០ ប៉ុណ្ណោះ ។ ដោយ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​នៅ​ក្នុង​វិស័យ​កសិកម្ម ក៏​ដូច​ជា​ដំណាំ​ស្រូវ​ដែរ ទិន្នផល​នៅ​ក្នុង​នៅ​តំបន់ មាន​ការ​កើន​ឡើងជា​បន្តបន្ទាប់​ដែរ រហូត​ដល់​ពេល​បច្ចុប្បន្ន​មាន​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍​ដូច​ជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន និង​វៀតណាម​ជាដើម ព្រមទាំង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ខាងត្បូង​ទទួល​បាន​ទិន្នផល​លើស​ពី​បី​តោន ។ ទិន្នផល​បាន​ឡើង​ខ្ពស់​ជាង ៦​តោន សម្រាប់​ប្រទេស​មាន​ការ​រីក​ចម្រើន​តាំងពី​ដើម​មក​ដូច​ជា ប្រទេស​ជប៉ុន ចិន និង​កូរ៉េ​ខាងត្បូង​ជាដើម ។

នៅ​ទ្វីបអាហ្វ្រិក​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​ប្រហែលជា ៣ ភាគរយ​ប៉ុណ្ណោះ ដែល​ក្នុង​នោះ ប្រទេស​អេហ្ស៊ីប និង​ម៉ាដាហ្គាស្កា ជា​ប្រទេស​ដែល​មាន​ផលិតកម្ម​ស្រូវ​ធំ​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់ (Chandler, 1979) ។ ប្រទេស​ប្រេស៊ីល មាន​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​រហូត​ដល់ ៨២ ភាគរយ​នៃ​តំបន់​អាមេរិក​ខាងត្បូង ។ ទិន្នន័យ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​កូឡុំប៊ី មាន​ការ​អភិវឌ្ឍ​ផលិតកម្ម​ស្រូវ​ដោយ​ការ​រីកសាយ​ភាយ​ប្រព័ន្ធ​ស្រោចស្រព ពូជ​ថ្មី និង​បច្ចេកវិទ្យា​ថ្មី ។ នៅ​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​ប្រទេស​អូស្ត្រាលី មាន​ផ្ទៃ​ដី​ផលិតកម្ម​ស្រូវ​មិនសូវ​ធំ​ទេ ។ ទោះបីជា​មាន​ផ្ទៃ​ដី​ដាំ​ដុះ​តិចតួច​ក៏​ដោយ ក៏​ទិន្នផល​ស្រូវ​នៃ​ប្រទេស​ជឿនលឿន​ទាំងនេះ មាន​កម្រិត​ខ្ពស់​ណាស់​ដែល​អាច​រហូត​ដល់​ជាង ៧​តោន នៅ​សហរដ្ឋអាមេរិក និង​ជិត ៩​តោន នៅ​ប្រទេស​អូស្ត្រាលី នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ការ​រីក​ចម្រើន​នៃ​ផលិតកម្ម​នៅ​បណ្ដា​ប្រទេស​ទាំងនេះ គឺ​អាស្រ័យ​ការ​ស្រោចស្រព​ពេញលេញ ការ​ប្រើប្រាស់​បរិមាណ​ជី​ត្រឹមត្រូវ​គ្រប់គ្រាន់ និង​វិធីសាស្ត្រ​ដាំ​ដុះ​ដ៏​ប្រសើរ ។ ការ​ទទួល​បាន​នូវ​ទិន្នផល​ខ្ពស់​គឺ​កើតឡើង​ដោយសារ​ការ​គ្រប់គ្រង​ដំណាំ​ដ៏​ល្អ និង​ភាព​កើតឡើង​ដ៏​កម្រ​នូវ​សត្វល្អិត និង​ជំងឺ​ទៅ​លើ​ដំណាំ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ការ​កើនឡើង​នូវ​ផលិតកម្ម គឺជា​លទ្ធផល​នៃ​ការ​កើនឡើង​នូវ​ផ្ទៃ​ដី​ដាំ​ដុះ ជាក់​ស្ដែង​ផ្ទៃ​ដី​ដាំ​ដុះ​នៅ​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ត្រូវ​បាន​ពង្រីក​យ៉ាង​ខ្លាំង​ពី​ទសវត្សរ៍​ទី​៦០ ទៅ​ទសវត្សរ៍​ទី​៨០ (តារាង ១១.១) ។

ទោះបីជា​មាន​ការ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ជា​ទូទៅ​ក៏​ដោយ ក៏​ទិន្នផល​នៅ​ប្រទេស​មួយ​ចំនួន​ធំ មាន​ការ​កើនឡើង​យ៉ាង​យឺត ឬ​ក៏​ទិន្នផល​នៅ​មាន​កម្រិត​ទាប នៅ​តំបន់​អាហ្វ្រិក អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍​ជាដើម ។ ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​រួម​មាន​ប្រទេស កម្ពុជា ឡាវ ឥណ្ឌូណេស៊ី និង​ប្រទេស​ថៃ ជា​ប្រទេស​ដែល​មាន​ទិន្នផល​ទាប ហើយ​មាន​ការ​រីក​ចម្រើន​យឺត ។ ទោះបីជា​ប្រទេស​ថៃ​ជា​ប្រទេស​នាំមុខ​គេ​ក្នុង​ពិភពលោក​ក្នុង​ការ​នាំ​ស្រូវ​ចេញ​នៅ​ពេល​បច្ចុប្បន្ន​ក៏​ដោយ ក៏​ទិន្នផល​ស្រូវ​នៃ​ប្រទេស​នេះ​មិន​បាន​នាំមុខ​គេ​ទេ ដែល​ទិន្នផល​រហូត​ដល់​ថ្មីៗ​នេះ​គឺ ២,៦ តោន​/​ហត (តារាង ១១.១) ។ ប្រទេស​ឡាវ​ជា​ប្រទេស​មួយ​នៅ​ក្នុង​តំបន់ ដែល​មាន​ទិន្នផល​ស្រូវ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ ទិន្នផល​ស្រូវ​នៅ​ប្រទេស​នេះ​គឺ​តិច​ជាង​មួយ​តោន តែ​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​ទិន្នផល​បាន​ឈាន​ដល់​ច្រើន​ជាង​បី​តោន ។

ទិន្នផល​ស្រូវ​នៅ​ប្រទេស​កម្ពុជា​មាន​កម្រិត​ទាប​ជាងគេ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​កាលពី​ទសវត្សរ៍​ទី​៦០ ក៏​ដូច​ជា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ។ តែ​ទោះបីជា​យ៉ាង​ក៏​ដោយ ស្ថិតិ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទិន្នផល​ស្រូវ​ជា​មធ្យម​របស់​ប្រទេស​កម្ពុជា​បាន​កើន ១,២ តោន​/​ហត នៅ​ទសវត្សរ៍​ទី​៦០ មក ២ តោន​/​ហត នៅ​ពេល​បច្ចុប្បន្ន​នេះ ដែល​ជា​សញ្ញាណ​មួយ​នៃ​ការ​រីក​ចម្រើន​នៃ​ផលិតកម្ម​នៅ​កម្ពុជា ។ លទ្ធផល​ដែល​គួរ​ឲ្យ​កត់សម្គាល់​នេះ គឺជា​ការ​ចូលរួម​មួយ​ដ៏​ធំធេង​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CARDI) ដែល​បាន​បន្តវេន​កាតព្វកិច្ច​ពី​កម្មវិធី​កម្ពុជា​-​អ៊ីរី​-​អូស្ត្រាលី (CIAP) ។ កម្មវិធី កម្ពុជា​-​អ៊ីរី​-​អូស្ត្រាលី ដែល​ជា​គម្រោង​តែ​មួយ​គត់​នៅ​កម្ពុជា​ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​ពី​ដំណាំ​ស្រូវ​បាន​ចាប់កំណើត​នៅ​ឆ្នាំ​១៩៨៨ និង​បាន​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា ក្នុង​គោលបំណង​ដោះស្រាយ​ជីវភាព​ខ្វះខាត​របស់​កសិករ​ខ្មែរ ក្រោម​កិច្ចប្រតិបតិ្តការ​រវាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​វិទ្យាសា្ថន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ (IRRI) ។ ដោយសារ​ស្នាដៃ​ដ៏​គួរ​ឲ្យ​កោតសរសើរ​របស់​អ្នក​វិទ្យាសាស្ត្រ​ខ្មែរ និង​បរទេស​របស់​កម្មវិធី​នេះ ទិន្នផល​ស្រូវ​នៅ​កម្ពុជា​មាន​ការ​រីក​ចម្រើន និង​អាច​លើស​ពី​តម្រូវការ​ចាប់​ពិ​ឆ្នាំ​១៩៩៥ ។

ផ្ទៃដី​សម្រាប់​ដំណាំ​ស្រូវ​នៅ​កម្ពុជា មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នៅ​ទសវត្សរ៍​ទី​៧០ បើ​ប្រៀបធៀប​ទៅ​នឹង​ទសវត្សរ៍​ទី​៦០ ដោយសារ​សង្គ្រាមស៊ីវិល និង​ការ​កើត​កលិយុគ​នៅ​តាម​ជនបទ ដែល​បណ្តាល​ឲ្យ​ការ​ប្រកប​របរ​កសិកម្ម​ត្រូវ​បាន​អាក់ខាន ។ ផ្ទៃ​ដី​ផលិតកម្ម​ស្រូវ​ប្រហែលជា ៥០ ភាគរយ​មិន​ត្រូវ​បាន​ធ្វើការ​ដាំ​ដុះ​ដោយ​កសិករ​ខ្មែរ ថយ​ពី ២,២ លាន​ហិកតា មក​តិច​ជាង ១,១ លាន​ហិកតា ។ ផ្ទៃ​ដី​ដាំ​ដុះ​មាន​ការ​កើនឡើង​វិញ​គួរ​ឲ្យ​កត់សម្គាល់​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ទោះបីជា​នៅ​តិច​ជាង​សម័យ​មុន​សង្គ្រាម​បន្តិចបន្តួច​ក៏​ដោយ ។ តែបើ​ពិនិត្យ​មើល​ស្ថិតិ​នៅ​ក្នុង​ឆ្នាំ​២០០៤ គឺ​ប្រហាក់ប្រហែល​នឹង​អំឡុង​ឆ្នាំ​១៩៦០ ដែរ ។ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ផ្ទៃ​ដី​ដាំ​ដុះ​ស្រូវ​នៅ​កម្ពុជា​មាន​ទំហំ​រហូត​ដល់​ប្រហែល ២,៤ លាន​ហិកតា ដែល​ប្រហែលជា ៤៣ ភាគរយ​នៃ​ផ្ទៃដី​កសិកម្ម​ទូទាំង​ប្រទេស ។ តែបើ​ប្រៀបធៀប​ជាមួយ​ដី​អាច​ដាំ​ដុះ​បាន​វិញ​គឺ​មាន​រហូត​ជាង ៦០ ភាគរយ ។

១១.៣. បែបផែន​នៃ​ការ​កាន់កាប់​ដី និង​ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា

១១.៣.១. ការ​អនុវត្ត​មុន​សម័យ​សង្គ្រាម

ការ​កាន់កាប់​ដី និង​ផលិតកម្ម​ស្រូវ​របស់​កសិករ​ខ្មែរ​តាំងពី​បុរេប្រវត្តិ រហូត​មក​ទល់​ពេល​សម័យកាល​ទំនើប ជា​ពិសេស​អំឡុង​ពេល​ទសវត្សរ៍​ទី​៦០ គឺ​មាន​លក្ខណៈ​ជា​ឯកជន ឬ​គ្រួសារ ទោះបីជា​ដីស្រែ​មិនមែន​ជា​កម្មសិទ្ធិ​របស់​កសិករ ឬ​ប្រជារាស្ត្រ​ក៏​ដោយ ។ ដោយសារ​វិសាលភាព​នៃ​ដែនដី​ចក្រភព​ខ្មែរ និង​ដង់ស៊ីតេ​ប្រជាជន​ទាប​ក្នុង​សម័យ​បុរេប្រវត្តិ និង​ក្រោយ​សម័យ​បុរេប្រវត្តិ កសិករ​ខ្មែរ​ដែល​បាន​ធ្វើការ​រុការន​ដី​ធ្វើការ​ដាំ​ដុះ ព្រមទាំង​កាន់កាប់​ដី​កសិកម្ម​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ដោយ​ពុំ​ចាំបាច់​មាន​ការ​អនុញ្ញាត ឬ​ចុះ​បញ្ជី​ទេ ។ ដោយ​យោង​ទៅ​លើ​លទ្ធភាព​របស់​កសិករ និង បច្ចេកវិទ្យា​នៅ​សម័យកាល​មុន ជា​ពិសេស​ភាព​ស្មោះត្រង់ និង​ភាព​មិន​លោភលន់​របស់​កសិករ​ខ្មែរ ការ​កាន់កាប់​ដី មិន​ទំនងជា​មាន​ទំហំ​ធំធេង​ហួសហេតុ​ពេក​ទេ សម្រាប់​គ្រួសារ​នីមួយៗ គឺ​ប្រហែលជា​មាន​ទំហំ​ល្មម​សម្រាប់​ផលិត​គ្រប់គ្រាន់​បរិភោគ​ក្នុង​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ ។ នៅ​ក្នុង​ច្បាប់​ខ្មែរ​មួយ​កាលពី​សម័យ​មុន​បាន​ចែង​យ៉ាង​ច្បាស់​ថា ដី​នៃ​ព្រះរាជាណាចក្រ​ជា​កម្មសិទ្ធិ​របស់​ព្រះមហាក្សត្រ មាន​ន័យ​ថា​ព្រះមហាក្សត្រ​ជា​ម្ចាស់​ដី​តែ​មួយ​គត់ (Delvert, 1961) ។ បើ​យោង​តាម​ច្បាប់​ដីធ្លី​នេះ កសិករ​ខ្មែរ​ពុំ​មែន​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ដី​ធី្ល​ទេ តែ​កសិករ​មាន​សិទ្ធិ​ធ្វើការ​បង្កបង្កើន​ផល​តាម​លទ្ធភាព និង​លក្ខណៈ​គ្រួសារ​របស់​ខ្លួន ។ តែបើ​ព្រះមហាក្សត្រ​ផ្ដល់​រង្វាន់​ដល់​ប្រជារាស្ត្រ​ណា​ដែល​មាន​ស្នាដៃ​ក្នុង​ការងារ​នូវ​ស្រែប្រាំង ស្រែវស្សា ចម្ការ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ ទ្រព្យសម្បត្តិ​នោះ​អាច​ផ្ទេរ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​នៅ​ពេល​ដែល​ឪពុក​ម្តាយ​ស្លាប់ ។ ច្បាប់​ក៏​មាន​ចែង​ផង​ដែរ​ថា​ប្រជា​កសិករ​អាច​មាន​សិទ្ធិ​កាន់កាប់​ដី​ដែល​ខ្លួន​បាន​រុការន កាប់​ឆ្ការ និង​ធ្វើការ​ដាំ​ដុះ​ដើម្បី​ចិញ្ចឹមជីវិត ហើយ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​មក​រំលោភ​បំពាន​បាន​ឡើយ ។ ទោះបីជា​ក្នុង​ច្បាប់​បាន​ចែង​ថា ដី​គឺជា​កម្មសិទ្ធិ​របស់​ព្រះមហាក្សត្រ​ក៏​ដោយ ក៏​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ដី​ជា​កម្មសិទ្ធិ​របស់​អ្នក​ដែល​ធ្វើការ​រុការន​ដាំ​ដុះ ។

រហូត​មក​ដល់​ទសវត្សរ៍​ទី​៥០ ដែល​ជា​សម័យកាល​ប្រជាជន​នៅ​មាន​ចំនួន​តិច​ក៏​ដោយ ក៏​ការ​កាន់កាប់​ដីស្រែ​របស់​កសិករ​មាន​ទំហំ​តូច​ដែល​ជា​មធ្យម​គឺ ២​ហត ក្នុង​មួយ​គ្រួសារ ។ ការ​កាន់កាប់​ដីស្រែ​របស់​កសិករ​គឺ​មាន​ការ​ប្រែប្រួល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ អាស្រ័យ​ទៅ​លើ​ដង់ស៊ីតេ​នៃ​ប្រជាជន​នៅ​ក្នុង​តំបន់​នីមួយៗ ។ ទំហំ​កម្មសិទ្ធិ​ដីស្រែ​របស់​កសិករ ជា​ទូទៅ​ដែល​មាន​ចំនួន​ជា​អតិបរមា​អាច​ចែក​ចេញ​ជា​ក្រុមៗ គឺ​ក្រុម​ដែល​មាន​ទំហំ​តិច​ជាង ១​ហត មាន​ចំនួន ៥៥​ភាគរយ ក្រុម​ដែល​មាន​ទំហំ​ពី ១-២​ហត មាន​ចំនួន ២៥​ភាគរយ ក្រុម​ដែល​មាន​ទំហំ​ពី ២-៥​ហត មាន​ចំនួន ១២​ភាគរយ ក្រុម​ដែល​មាន​ទំហំ​ពី ២-៥​ហត មាន​ចំនួន ៧​ភាគរយ និង​ក្រុម​ដែល​មាន​ទំហំ​លើស​ពី ១០-២០​ហត មាន​ចំនួន​តែ ១​ភាគរយ​ប៉ុណ្ណោះ (Delvert, 1961) ។ ខេត្ត​បាត់ដំបង ព្រៃវែង និង​ស្វាយរៀង ជា​ខេត្ត​ដែល​មាន​ការ​កាន់កាប់​ដីស្រែ​ធំ​ជាងគេ​នៅ​ទូទាំង​ប្រទេស​ដែល​ក្នុង​នោះ​មាន​ការ​កាន់កាប់​ពី ១០-៥០​ហត មាន​ចំនួន ៥,៣​ភាគរយ នៅ​ខេត្តបាត់ដំបង ៣​ភាគរយ នៅ​ស្វាយរៀង និង ២,៤​ភាគរយ នៅ​ខេត្ត​ព្រៃវែង ។ លើស​ពី​នេះ​ទៀត នៅ​ខេត្ត​ទាំង​បី​ដែល​មាន​ចំនួន​ប្រហែល​ពី ១,២-១,៤​ភាគរយ នៃ​ម្ចាស់​កម្មសិទ្ធិ​ដី​មាន​ការ​កាន់កាប់​រហូត​ដល់​ទំហំ​ធំ​ជាង ៥០​ហត ។ អ្នក​ដែល​កាន់កាប់​ដី​ដែល​មាន​ទំហំ​ធំ​មិនមែន​ជា​ប្រជា​កសិករ​សាមញ្ញ​ទេ គឺ​ភាគច្រើន​ជា​រាជវង្សានុវង្ស នាម៉ឺន​មន្ត្រី និង​សេដ្ឋី​ជាដើម ។ ទន្ទឹម​នឹង​នេះ អ្នក​ដែល​រស់នៅ​ជនបទ​ហើយ​គ្មាន​ដី​សម្រាប់​ធ្វើស្រែ ក៏​មាន​ចំនួន​គួរ​ឲ្យ​កត់សម្គាល់​ដែរ កាលពី​សម័យ​កាលនោះ ។ គ្រួសារ​កសិករ​ចំនួន ៧៧ នៃ ៨០០ គ្រួសារ (៩​ភាគរយ) នៅ​ត្រពាំងក្រសាំង​នៃ​ស្រុក​បាទី ចំនួន ២០​ភាគរយ នៃ​កសិករ នៅ​គិរីវង់​ក្នុង​ខេត្តតាកែវ ១២​ភាគរយ​នៅ​ជ្រៃ​ក្នុង​ខេត្ត​ព្រៃវែង ចំនួន ៤៧​ភាគរយ នៅ​ចំបក់​នៃ​ខេត្តស្វាយរៀង និង​ចំនួន ២០​ភាគរយ​នៅ​ព្រែកគយ​នៃ​ស្រុក​ស្អាង ពុំ​មាន​ដី​សម្រាប់​ធ្វើស្រែ​ទេ ។

ដោយសារ​ភាព​ខុស​គ្នា​រវាង​ការ​កាន់កាប់​ដី​ដែល​មាន​ទំហំ​ធំ និង​ភាព​គ្មាន​ដី ព្រមទាំង​លទ្ធភាព​ផលិតកម្ម​នៅ​ក្នុង​គ្រួសារ​ផង បាន​នាំ​ឲ្យ​មាន​បែបផែន​ផលិតកម្ម​ផ្សេងៗ​គ្នា គឺ​មាន​ការ​ធ្វើ​ដោយ​ម្ចាស់​ផ្ទាល់ ការ​ប្រវាស់​ស្រែ​គ្នា និង​ការ​ជួល​ដី​ជាដើម ។ ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ចំនួន​គ្រួសារ​ដែល​មាន​ទំហំ​ដី​តូច គឺជា​ទូទៅ​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួនឯង​ស្ទើរតែ​ទាំងអស់ ឬ​ភាគច្រើន លើកលែង​គ្រួសារ​ដែល​មាន​ដី​ធំ​ទំនងជា​មិន​អាច​ធ្វើ​ដោយ​ខ្លួនឯង​ទាំងអស់​ទេ ដូច​ជា​កសិករ​ចំនួន ២៨​ភាគរយ​នៅ​ចម្ការសំរោង និង ៤៣​ភាគរយ​នៅ​គោកឃ្មុំ​បាន​ធ្វើស្រែ​លើ​ដី​មិនមែន​ជា​របស់​ខ្លួន (Delvert, 1961) ។ ប្រព័ន្ធ​នៃ​ការ​ប្រវាស់​ស្រែ​គ្នា​ត្រូវ​បាន​អនុវត្ត​យ៉ាង​ទូលំទូលាយ​នៅ​សម័យ​កាលនោះ ដូច​ជា​ការ​ចិញ្ចឹម​ជ្រូក និង​គោ​ប្រវាស់​ដែរ ។ ម្ចាស់​ស្រែ​បាន​ផ្ដល់​ដី និង​បង់ពន្ធ​ដី ហើយ​ភាគី​ម្ខាង​ទៀត​ជា​អ្នកមាន​កម្លាំង​ពលកម្ម ដោយ​ធ្វើការ​បែងចែក​ផល​ស្មើ​គ្នា ដែល​ជា​កិច្ចសន្យា​ព្រមព្រៀង​គ្នា​រវាង​ភាគី​ទាំង​ពីរ ពុំ​មាន​បែបបទ​ជា​លាយលក្ខណ៍អក្សរ​ទេ ។ ម្ចាស់​ដី​អាច​ជា​អ្នក​មាន​ដី​ច្រើន ឬ​ជា​មនុស្ស​ចាស់ ឬ​ស្ត្រី​មេម៉ាយ​ដែល​រស់នៅ​យ៉ាង​លំបាក ដោយ​ពឹង​លើ​ចំណូល​នេះ​តែ​មួយ​គត់ ។ ការ​ប្រវាស់​ស្រែ​គ្នា​ក៏​បាន​អនុវត្ត​ញឹកញាប់​ដែរ​តាម​រយៈ​ភាព​អត់​មាន​មធ្យោបាយ​ទឹម​នៃ​ម្ចាស់​ស្រែ និង​អ្នក​មាន​មធ្យោបាយ​ទឹម​ដែល​អត់​មាន​ដី ។ ក្រៅពី​ការ​ប្រវាស់​ស្រែ​គ្នា ការ​ជួល​ស្រែ​ដែល​មាន​ទ្រង់ទ្រាយ​តូច ឬ​លក្ខណៈ​គ្រួសារ​ក៏​មាន​អនុវត្ត​រវាង​អ្នក​អត់​ដី និង​អ្នក​មាន​ដី​ភាគច្រើន​ជា​មនុស្ស​ចាស់ ស្ត្រី​មេម៉ាយ អ្នកជំនួញ និង​មន្ត្រីរាជការ​ខ្លះៗ ។ ការ​ជួល​ដី​ត្រូវ​បាន​អនុវត្ត​យ៉ាងច្រើន​នៅ​ក្នុង​ខេត្ត​បាត់ដំបង ហើយ​ឈ្នួល​ថ្លៃ​ស្រែ​ជា​ទូទៅ​មាន​ការ​ទូទាត់​ដោយ​ផល​ស្រូវ​ដែល​មាន​ការ​ប្រែប្រួល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត ។ ការ​អនុវត្ត​នេះ​ក៏​មាន​នៅ​ខេត្ត​កំពង់ធំ ពោធិ៍សាត់ និង​ស្វាយរៀង ដែល​មាន​តម្លៃ​ឈ្នួល​ដី​មិន​ដូច​គ្នា​ទេ ដូច​ជា​ថ្លៃ​ឈ្នួល​ស្រែ ៣០​ថាំង (៦៦០ គក្រ) នៅ​ស្រុក​ព្រៃកប្បាស មាន​ទិន្នផល​តែ ១,២-១,៥ តោន​/​ហត និង​ចំនួន ៤០ ថាំង (៨៨០ គក្រ) នៅ​កំពង់ក្តី​ដែល​មាន​ទិន្នផល​តែ ១,២ ត​/​ហត ប៉ុណ្ណោះ ។

១១.៣.២. ការ​អនុវត្ត​បែបផែន​សហករណ៍ (១៩៧៥-១៩៧៩)

ដើម្បី​កសាង​របប​កុម្មុយនីស្ដ​តាម​របៀប​ផ្ដាច់​ការ​មួយ ក្រុម​ខ្មែរក្រហម​បាន​ចាប់​ផ្ដើម​កសាង​សង្គម​កសិកម្ម​ថ្មី​មួយ​ភ្លាម​បន្ទាប់​ពី​ការ​ឡើង​កាន់​អំណាច​របស់​ពួក​គេ ។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ប្រទេស​កម្ពុជា​ត្រូវ​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅ​សកលលោក​លើកលែងតែ​ប្រទេស​ពីរ ឬ​បី​ដែល​ជា​សម្ព័ន្ធមិត្ត​ជិតដិត​បំផុត​ប៉ុណ្ណោះ ទន្ទឹម​នឹង​នេះ​ពួក​ខ្មែរក្រហម​បាន​ជន្លៀស​ប្រជាជន​ខ្មែរ​ទាំងអស់​ចាកចេញ​ពី​ទីក្រុង និង​ទីប្រជុំជន​នៅ​ទូទាំង​ប្រទេស​ទៅ​កាន់​តំបន់​ជនបទ ដោយ​បង្ខំ​ឲ្យ​ទៅ​រស់នៅ និង​ធ្វើការ​រួម​គ្នា ។ ប៉ុល​ពត​ដែល​ជា​មេដឹកនាំ​របស់របប​ខ្មែរក្រហម បាន​ចាប់​ផ្ដើម​ធ្វើការ​ពិសោធន៍​សង្គម​កម្ពុជា​ដ៏​ចម្លែក​មួយ​អស់​រយៈពេល​បី​ឆ្នាំ ប្រាំបី​ខែ និង​ម្ភៃ​ថ្ងៃ តាម​របៀប​គ្មាន​មនុស្សធម៌​ដែល​មិន​អាច​រក​វាចារ​នឹង​ថ្លែង ។ កម្លាំង​ពលកម្ម​មនុស្ស​តែ​មួយ​គត់ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បង្កើត​គ្រឹះ​កសិកម្ម​ថ្មី​មួយ ដែល​ជា​មូលដ្ឋាន​សម្រាប់​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង ។

នៅ​ក្នុង​ផែនការ​សេដ្ឋកិច្ច​បួន​ឆ្នាំ​របស់​ក្រុម​នេះ ដើម្បី​កសាង​គ្រប់​វិស័យ​តាម​លទ្ធិ​សង្គមនិយម​របស់​របប​ប៉ុល​ពត ។ រាល់​ទ្រព្យសម្បត្តិ និង​កម្មសិទ្ធិ​ឯកជន​ត្រូវ​បាន​លុប​ចោល ហើយ​អ្វីៗ​ទាំងអស់​ជា​របស់​អង្គការ ។ ដីស្រែ​ទាំងអស់​គឺជា​កម្មសិទ្ធិ​របស់​អង្គការ និង​ប្រជាជន​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ស្រែ​តាម​បញ្ជា​របស់​ថ្នាក់លើ ដោយ​គ្មាន​ការ​ប្រកែក​តវ៉ា​បាន​ទេ ។ ទោះបីជា​ប្រជាជន​បាន​ចូលរួម​យ៉ាង​ខ្លាំងក្លា​ក៏​ដោយ ក៏​ប្រជាជន​មិន​បាន​ទទួលផល​ប្រយោជន៍​អ្វី​ក្រៅពី​ការ​ហូប​មិន​គ្រប់គ្រាន់​ប៉ុណ្ណោះ ។ របប​ខ្មែរក្រហម​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​រាល់​សម្បត្តិ​របស់​ខ្មែរ​ជា​របស់​សហករណ៍ និង​បាន​ជំរុញ​ផលិតកម្ម​ស្រូវ​តាម​ការ​គ្មាន​ចំណេះដឹង និង​បច្ចេកទេស​កសិកម្ម​នៅ​ទូទាំង​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន​ដល់​កម្រិត​មួយ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​បំណង​សម្រេច​គោលដៅ ៣ តោន​/​ហត ជា​មធ្យម​នៅ​ទូទាំង​ប្រទេស ដែល​ពី​មុន​មក​ជា​ប្រទេស​ដែល​មាន​ទិន្នផល​ស្រូវ​ទាប​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ (Chandler, 1993) ។ ការ​បង្កើន​ទិន្នផល​ឲ្យ​បាន​បី​ដង ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​បង្ខំ​ឲ្យ​ប្រជាជន​ធ្វើការ​ហួស​កំណត់ ប្រព័ន្ធ​ស្រោចស្រព​ដ៏​ទូលំទូលាយ និង​អារម្មណ៍​ក្លៀវក្លា​នៃ​អ្នក​បដិវត្ត ដែល​ទាក់ទង​នឹង​ការ​រំដោះប្រជាជន​ចេញពី​ការ​កេងប្រវ័ញ្ច និង​ភាព​អាត្មានិយម ។

ផលិតកម្ម​ស្រូវ​តាម​បែប​សហករណ៍ ដែល​ពឹង​ផ្អែក​លើ​កម្លាំង​មនុស្ស​ទាំងស្រុង គឺ​ពុំ​មាន​លក្ខណៈ​និរន្តរភាព និង​ទទួល​បាន​ជោគជ័យ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ការ​បំផ្លិចបំផ្លាញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ទៅ​វិញ​ទេ ។ ធនធាន​កសិកម្ម​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​របប ប៉ុល ពត ដូច​ជា​ភាព​គ្មាន​ប្រសិទ្ធភាព​ក្នុង​ប្រើប្រាស់ និង​ឆាប់​ខូច​នៃ​ប្រព័ន្ធ​ស្រោចស្រព ដោយ​ការ​គ្មាន​លក្ខណៈ​បច្ចេកទេស​នៃ​វិស្វកម្ម និង​ភាព​គ្មាន​គុណភាព​ក្នុង​ការ​សាងសង់ ការ​បាត់បង់​ពូជស្រូវ​ប្រពៃណី​ដោយ​ការ​ប្រើប្រាស់​ពូជស្រូវ​ទំនើប និង​ធ្ងន់ធ្ងរ​បំផុត​ការ​បាត់បង់​ជីវិត​មនុស្ស​ជាង​បី​លាន​នាក់ ដោយ​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួសហេតុ ការ​បង្អត់អាហារ ជំងឺ និង​ការ​សម្លាប់​រង្គាល ។

១១.៣.៣. ការ​អនុវត្ត​បែបផែន​សហករណ៍ (១៩៧៩-១៩៨៤)

បន្ទាប់​ការ​ដួល​រលំ​របស់​របប​ខ្មែរក្រហម​នៅ​ដើម​ឆ្នាំ​១៩៧៩ ដី​កសិកម្ម​នៅ​ទូទាំង​ប្រទេស​មិន​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​កសិករ​ខ្មែរ​ភ្លាមៗ​ទេ ពីព្រោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​បន្ត​ការ​គ្រប់គ្រង​ដីធី្ល​រហូត​ដល់​ឆ្នាំ​១៩៨៤ ដោយ​បន្ត​អនុវត្ត​កសិកម្ម​តាម​បែប​សហករណ៍ ។ កសិករ​ទាំងអស់​ត្រូវ​បាន​ចងក្រង​ជា​លក្ខណៈ​ក្រុម​ឬ​សហករណ៍​ដែល​មាន​ឈ្មោះ​ថា «ក្រុមសាមគ្គី» ដើម្បី​ធ្វើការ​ដាំ​ដុះ​រួម​គ្នា និង​បែងចែក​ផលិតផល​ជាមួយ​គ្នា ។ ទោះបីជា​មាន​ការ​រៀបចំ​ជា​សហករណ៍​ដូច​របប​ខ្មែរក្រហម​ក៏​ដោយ ក៏​ការ​បង្កបង្កើន​ផល​នៅ​ក្នុង​សម័យកាល​ក្រោយ​នេះ​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ពី​សម័យ​ខ្មែរក្រហម​ដែរ ។ ការ​ចាប់​បង្ខំ​ក្នុង​ការ​បង្កបង្កើន​ផល មិន​ត្រូវ​បាន​អនុវត្ត​ទេ ហើយ​ផល​ដែល​បាន​មក ត្រូវ​បាន​ធ្វើការ​បែងចែក​ទៅ​តាម​កម្លាំង​ពលកម្ម​នៃ​ការងារ ។ ប្រជាកសិករ​ទទួល​បាន​ការ​បរិភោគ​គ្រប់គ្រាន់ និង​មាន​លក្ខណៈ​ស្មើៗ​គ្នា ។ ក្រុម​សាមគ្គី​ត្រូវ​បាន​បែងចែក​ជា​បី​ប្រភេទ​ធំៗ ដោយ​យោង​ទៅ​លើ​វិធី​ប្រើប្រាស់​ធនធាន គោលការណ៍​នៅ​ក្នុង​ផលិតកម្ម ការ​បែងចែក​ផលិតផល និង​កាតព្វកិច្ច​របស់​ក្រុម​សាមគ្គី​ចំពោះ​រដ្ឋ​ដែល​ការ​អនុវត្ត​នេះ​អាស្រ័យ​ទៅ​តាម​តំបន់​នីមួយៗ (Kiernan and Boua, 1989) ។

តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រុមសាមគ្គី​ត្រូវ​បាន​អនុវត្ត​ដោយ​ឈរ​លើ​គោលការណ៍​រួម ដូច​ជា​ធ្វើ​រួម​គ្នា​ហើយ​បែង​ផលិតផល​ទៅ​តាម​ការ​ចូលរួម​របស់​សមាជិក​ក្រុម​នីមួយៗ​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ ។ក្រុម​សាមគ្គី​នីមួយៗ​មាន​ចំនួន​ពី ១០ ទៅ ១២ គ្រួសារ ឬ​អាច​ច្រើន​ជាង​នេះ ឬ​ក៏​តិច​ជាង​នេះ​ដែល​មាន​ការ​ប្រែប្រួល​ទៅ​តាម​ទីកន្លែង និង​លក្ខខណ្ឌ​ដីស្រែ​បង្កបង្កើន​ផល ។ ផ្ទៃដី​សម្រាប់​បង្កបង្កើន​ផល​របស់​ក្រុម​នីមួយៗ ក៏​មាន​ការ​ប្រែប្រួល​ទៅ​តាម​ទីកន្លែង​ដែល​មាន​ផ្ទៃដី​ស្រែ​ធំ ហើយ​មាន​ប្រជាជន​រស់នៅ​តិច ប៉ុន្តែ​ទំហំ ៦ ហត សម្រាប់​ដី​ដែល​មាន​សក្តានុពល​ផលិតកម្ម​ខ្ពស់​ក្នុង​មួយ​ក្រុម​ត្រូវ​បាន​អនុវត្ត​នៅ​ច្រើន​តំបន់ ។ ក្រុមសាមគ្គី​នីមួយៗ​ក៏​មាន​ការ​បែងចែក​ដីស្រែ​បន្ថែម​សម្រាប់​ការ​បង្កបង្កើន​ផល​នូវ​ប្រភេទ​ដី​ដែល​មាន​ជីជាតិ​ខ្សោយ ឬ​មាន​លក្ខខណ្ឌ​មិន​អំណោយផល​សម្រាប់​តំបន់​មួយ​ចំនួន ។ ក្រុមសាមគ្គី​នីមួយៗ ជួនកាល​ត្រូវ​បាន​បែងចែក​ជា ៣ ក្រុម​តូចៗ​ទៀត​ដែល​មាន​ឈ្មោះ​ថា «សាខា» ដើម្បី​ឲ្យ​មាន​ការ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​ការងារ​បង្កបង្កើន​ផល​មាន​ប្រសិទ្ធិភាព ។

កម្លាំង​ពលកម្ម​ដែល​ចូលរួម​ក្នុង​ការ​បង្កបង្កើន​ផល ត្រូវ​បាន​ចំណាត់​ថ្នាក់​ជា​ពីរ​ប្រភេទ ក៏​ដូច​ជា​ការ​បែងចែក​ផលិតផល​ផង​ដែរ ។ កម្លាំង​ប្រភេទ​ទី​១ ដែល​ទទួល​បាន​ផល​ច្រើន​ជាងគេ​រួម​មាន​បុរស និង​ស្ត្រី​ដែល​ពេញកម្លាំង​ពលកម្ម និង​កម្លាំង​អូស​ទាញ​នៃ​គោ​ឈ្មោល ។ សមាជិក​ក្រោម​កម្លាំង​ពលកម្ម មនុស្ស​វ័យចាស់ ព្រមទាំង​គោ​ញី​ត្រូវ​បាន​ចាត់ទុកជា​កម្លាំង​ប្រភេទ​ទី​២ ។ ក្រោយ​ពេល​ច្រូតកាត់ កម្លាំង​ពលកម្ម​ប្រភេទ​ទី​១ បាន​ទទួលផល​មាន​បរិមាណ​ពីរ​ដង​នៃ​កម្លាំង​ពលកម្ម​ប្រភេទ​ទី​២ ។ គោ​ឈ្មោល​ត្រូវ​បាន​ទទួលផល​ដូច​ប្រភេទ​ទី​១ ដែរ តែ​គោ​ញី​បាន​ទទួល​តែ​អនុផល​ចំបើង​ប៉ុណ្ណោះ ។ ដូចនេះ​កសិករ​ដែល​មាន​គោ​ឈ្មោល ទទួល​បាន​ផល​ច្រើន​ដូច​គ្រួសារ​កសិករ ដែល​មាន​កម្លាំង​ពលកម្ម​ពេញ​ដែរ ។ កម្លាំង​ពលកម្ម​ប្រភេទ​ទី​១ ដែល​ខក​ខាន​មិន​បាន​ចូលរួម​បង្កបង្កើន​ផល​ក្នុង​មួយ​ឆ្នាំ​ពេញ​ដោយ​មាន​មូលហេតុ​ត្រឹមត្រូវ​បាន​ទទួលផល​ក្នុង​ប្រភេទ​២​វិញ ។ ក្រុមសាមគ្គី​នីមួយៗ​ត្រូវ​មាន​កាតព្វកិច្ច​ពីរ​យ៉ាង​ចំពោះ​រដ្ឋ ដោយ​បង់ពន្ធ និង​លក់​ស្រូវ​ជូន​រដ្ឋ​តាម​ការ​កំណត់ ។ ការ​បង់ពន្ធ​ត្រូវ​ប្រែប្រួល​ទៅ​តាម​ភាព​ជីជាតិ​នៃ​ដីស្រែ​ដោយ​តម្រូវ​ឲ្យ​បង់ ៦០​គក្រ​/​ហត សម្រាប់​ដី​ដែល​មាន​ជីជាតិ​ល្អ​បំផុត ។ កសិករ​ត្រូវ​លក់​ស្រូវ​ចំនួន ១៥០ គក្រ​/​ហត ឲ្យ​ក្រុមហ៊ុន​ស្បៀង​របស់​រដ្ឋ​តាម​កំណត់​ដើម្បី​គ្រប់​ផែនការ​ប្រចាំឆ្នាំ​របស់​រដ្ឋ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ផលិតកម្ម​តាម​របៀប​ក្រុមសាមគ្គី គឺ​មិនមែន​ជា​វិធីសាស្ត្រ​ល្អ​ប្រសើរ​ក្នុង​ការ​កសាង​ប្រទេស​នោះ​ទេ ។ សេដ្ឋកិច្ច​តាម​បែប​សហករណ៍​របស់​កម្ពុជា រួម​ទាំង​ផលិតកម្ម​ក្រុម​សាមគ្គី​កំពុង​ត្រូវ​បាន​ធ្វើការ​រុះរើ​ឡើង​វិញ (Unicef, 1990) ។

១១.៣.៤. ការ​អនុវត្ត​ក្រោយ​ពេល​សហករណ៍​រហូត​បច្ចុប្បន្ន

ចាប់ពី​ឆ្នាំ​១៩៨៤ របប​ផលិតកម្ម​កសិកម្ម​តាម​បែប​សហករណ៍​ត្រូវ​បាន​កែទម្រង់​បន្តិច​ម្ដងៗ ដោយ​ត្រូវ​បាន​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ទៅ​ជា​ឯកជន​តាម​លក្ខណៈ​មិន​ផ្លូវការ​ជា​បណ្តើរៗ ។ រហូត​ដល់​ឆ្នាំ​១៩៨៩ ក្រុមសាមគ្គី​ត្រូវ​បាន​បាត់​តួនាទី​ទាំងស្រុង (Unicef, 1990) ។ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​កែទម្រង់​ដី​កសិកម្ម​ថ្នាក់​ជាតិ ដោយ​ធ្វើ​ការ​រំសាយ​ក្រុមសាមគ្គី និង​ផ្ដល់​កម្មសិទ្ធិ​ដីស្រែ​ដល់​កសិករ​ដែល​ជា​សមាជិក​ក្រុមសាមគ្គី ។ រដ្ឋាភិបាល​បាន​លុប​ចោល​កាតព្វកិច្ច​បង់ពន្ធ និង​លក់​ស្រូវ​ជូន​រដ្ឋ ។ ដីស្រែ​ទាំងអស់​ត្រូវ​បាន​ធ្វើការ​បែងចែក​ដោយ​សមាមាត្រ​ទៅ​នឹង​សមាជិកគ្រួសារ​ដែល​ប្រែប្រួល​ពី ០.០៧-០.១១ ហត នៃ​ប្រភេទ​ដី​មាន​សក្តានុពល​សម្រាប់​មនុស្ស​ម្នាក់ ។ លក្ខខណ្ឌ​ដីស្រែ និង​អាយុ​របស់​សមាជិក​គ្រួសារ ជា​កត្តា​ដែល​ធ្វើ​ឲ្យ​មាន​ការ​ខុស​គ្នា​នៃ​ទំហំ​ដី​សម្រាប់​គ្រួសារ​នីមួយៗ ។ ទីតាំង​ដីស្រែ​នៃ​ការ​បែងចែក​ឡើង​វិញ មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទេ ពីព្រោះ​ដីស្រែ​របស់​ក្រុមសាមគ្គី ត្រូវ​បាន​បែងចែក​ឲ្យ​សមាជិក​របស់​ក្រុម​នីមួយៗ ។ កសិករ​ក៏​បាន​ទទួល​ដី​បន្ថែម​ដែល​ជា​ដី​មិន​អំណោយផល​ដូច​ជា ស្រែ​ជម្រៅ ឬ​ដី​ទួល​ជាដើម​សម្រាប់​តំបន់​ខ្លះ ។

ដីស្រែ ដីចម្ការ និង​ដី​ភូមិ​សម្រាប់​លំនៅដ្ឋាន​ត្រូវ​បាន​ដោះ​ដូរ​ដោយ​សេរី​រវាង​អ្នក​ក្នុង​ភូមិ​តែ​មួយ ឬ​ជាមួយ​អ្នក​មក​ពី​ទីទៃ​ក្រោយ​ពេល​កំណែទម្រង់​ដីធ្លី ។ តម្លៃ​ដី​អាស្រ័យ​ទៅ​នឹង​កត្តា​មួយ​ចំនួន ដូច​ជាទី​តាំង​ភូមិសាស្ត្រ ជីជាតិ​ដី ជីវភាព​គ្រួសារ និង​ពេលវេលា ។ ដីស្រែ​មាន​សក្តានុពល​ខ្ពស់ ជា​ពិសេស​ដី​ដែល​មាន​ទីតាំង​ជាប់​ផ្លូវ​គមនាគមន៍ និង​តំបន់​អភិវឌ្ឍ​មាន​តម្លៃ​យ៉ាង​ខ្ពស់ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ជា​ទូទៅ កសិករ​ភាគច្រើន​មិន​ចង់​លក់​ដីស្រែ​របស់​គាត់​ទេ ពីព្រោះ​ដីស្រែ​ជា​ឆ្នាំងបាយ និង​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​កសិករ ។ នៅ​ក្នុង​កាលៈទេសៈ​ចាំបាច់ កសិករ​ពុំ​មាន​ជម្រើស​ផ្សេង​ទេ ដូច​ជា​ការ​លក់​ដើម្បី​យក​កម្រៃ​សងបំណុល​ដែល​ជំពាក់​យូរ​ឆ្នាំ ។ ការ​លក់​ដី​នៅ​ឆ្ងាយ​ពី​ផ្ទះ​ដើម្បី​ទិញ​ដី​ជិត​ផ្ទះ​ក៏​ជា​មូលហេតុ​មួយ​ដែរ ។ កសិករ​ខ្លះ​បាន​លក់​ដី​នៅ​ឆ្នាំ​១៩៩៣ ដោយសារ​ការ​ឃោសនា​គណបក្ស​នយោបាយ​ផ្សេងៗ​ថា កំណែ​ទម្រង់ការ​កាន់កាប់​ដីធ្លី​នឹង​ត្រូវ​ធ្វើ​នៅ​ពេល​គណបក្ស​របស់​គេ​ជាប់​ឆ្នោត ។ ជា​ពិសេស​តម្លៃ​ដី​បាន​ឡើង​ខ្ពស់​ហួសប្រមាណ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ជំរុញ​ឲ្យ​កសិករ​លក់​ដី​របស់​ខ្លួន​ដើម្បី​ទៅ​រស់នៅ​តំបន់​ផ្សេងៗ ។

ប៉ុន្មាន​ឆ្នាំ​ភ្លាមៗ​បន្ទាប់​ពី​កំណែទម្រង់​ដីធ្លី ការ​កាន់កាប់​ដី​របស់​កសិករ​នៅ​កម្ពុជា ទំនងជា​នៅ​មាន​លក្ខណៈ​សមាមាត្រ​រវាង​សមាជិកគ្រួសារ និង​ទំហំ​ដី​ដែល​កាន់កាប់ ។ គ្រួសារ​ដែល​មាន​សមាជិក​ច្រើន អាច​កាន់កាប់​ទំហំ​ដី​ធំ ប៉ុន្តែ​គ្រួសារ​ដែល​មាន​សមាជិកគ្រួសារ​តិច កាន់កាប់​ទំហំ​ដី​តូច ។ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ទំនាក់ទំនង​នៃ​ការ​កាន់កាប់​ដី និង​ទំហំ​សមាជិក​ក្នុង​គ្រួសារ​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង ។ ចំនួន​គ្រួសារ​ដែល​មាន​សមាជិក​តិច អាច​កាន់កាប់​ដី​ដែល​មាន​ទំហំ​រហូត​ដល់ ៣ ហត ឬ​អាច​ធំ​ជាង​ពី​នេះ ចំណែក​គ្រួសារ​មួយ​ចំនួន​មាន​សមាជិក​ច្រើន មាន​ដីស្រែ​តូច​រហូត​ដល់ ០.៥ ហត ឬ​ក៏​គ្មាន​ដី​សោះ​ក៏​មាន ។ ភាព​ខុស​គ្នា​នេះ​បណ្ដាល​មក​ពី​គ្រួសារ​តូច​ដែល​មាន​សមាជិក​ពេញកម្លាំង​ច្រើន រួម​នឹង​ការ​ទិញ​ដី​បន្ថែម ចំណែក​គ្រួសារ​ធំ​ដែល​ជួប​ការ​ខ្វះខាត​ជីវភាព​បាន​លក់​ដី​របស់​ខ្លួន ។

ការ​ជួល​ដី​សម្រាប់​ផលិតកម្ម​ស្រូវ ហាក់ដូចជា​មិនសូវ​មាន​ការ​អនុវត្ត​ទេ ពីព្រោះ​ផល​ដែល​ទទួល​បាន មាន​ការ​លំបាក​ដើម្បី​ទូទាត់​ទៅ​នឹង​ឈ្នួល​ដី​រួម​នឹង​ទុន​ចំណាយ​ក្នុង​ផលិតកម្ម​ដោយ​ទិន្នផល​ទាប តែ​បើសិនជា​មាន​ដីស្រែ​ដែល​អំណោយផល​គឺ​ម្ចាស់​ដី មិន​ជួល​ឲ្យ​អ្នក​ដទៃ​ធ្វើ​ទេ ដោយ​រក្សា​ដី​សម្រាប់​ធ្វើ​ខ្លួនឯង ។ ម្យ៉ាងទៀត​គ្រួសារ​នីមួយៗ​មាន​ដី​គ្រប់គ្រាន់​សម្រាប់​ដាំ​ដុះ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​ខ្លួន​ប៉ុណ្ណោះ ។ នៅ​ក្នុង​ករណី​ខ្លះ ការ​ជួល​ដី ឬ​ក៏​ជា​លក្ខណៈ​ប្រវាស់​ត្រូវ​បាន​ធ្វើ​ឡើង​ដែរ​សម្រាប់​កសិករ​ដែល​មាន​ដី​ច្រើន តែ​មាន​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​គ្រួសារ ដោយ​ផ្ដល់​ដី​ឲ្យ​កសិករ​ដែល​មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា ដោយ​ធ្វើការ​បែងចែក​ផលិតផល​គ្នា​នៅ​ពេល​ច្រូតកាត់ ។ ជួនកាល​ដីស្រែ​នៅ​ឆ្ងាយ​ពី​ភូមិ ម្ចាស់​កម្មសិទ្ធិ ឬ​ក៏​ម្ចាស់​កម្មសិទ្ធិ​ដី​មាន​មុខរបរ​ផ្សេងៗ ដូច​ជា​លក់ដូរ​នៅ​ទីផ្សារ​ជាដើម ត្រូវ​បាន​ជួល​ទៅ​ឲ្យ​កសិករ​ភូមិ​ក្បែរ​ដី​របស់​ខ្លួន តែ​ជា​ទូទៅ​គឺជា​សាច់ញាតិ ឬ​ក៏​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិតដិត ឬ​មួយ​អ្នក​ជាទី​ទុកចិត្ត ពីព្រោះ​ដើម្បី​ជៀសវាង​ការ​កេង​បន្លំ ។ ឈ្នួល​ដី ឬ​ការ​បែងចែក​ផលិតផល​គ្នា​គឺ​ប្រែប្រួល​ពី ៥០០ ទៅ ១.៥០០ គក្រ​/​ហត អាស្រ័យ​ទៅ​នឹង​ភាព​អំណោយផល​នៃ​ដី ។ ការ​បង់​ឈ្នួល​ដី​ដែល​មាន​តម្លៃ​លើស​ពី ១.០០០ គក្រ​/​ហត មាន​ការ​ពិបាក​សម្រាប់​អ្នក​ជួល​ដី ។ ក៏​ប៉ុន្តែ​ភាគច្រើន​ដោយ​ការ​យោគយល់​គ្នា​ជា​ខ្មែរ​ដូច​គ្នា និង​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា កិច្ចសន្យា​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​អធ្យាស្រ័យ​គ្នា​ដោយ​ផ្អែក​លើ​ភាព​អំណោយផល​នៃ​ដំណាំ ។ បើ​ការ​ប្រមូល​ផល​បាន​ច្រើន នោះ​ការ​បង់​ឈ្នួល​ដី​ក៏​ខ្ពស់​ដែរ តែ​ផ្ទុយ​ទៅ​វិញ​បើ​ផល​ខូចខាត នោះ​ការ​បង់​ឈ្នួល​ដី​ក៏​តិច​ដែរ ។

១១.៤. កត្តា​សំខាន់ៗ​សម្រាប់​ការ​វិភាគ​ផលិតកម្ម​ស្រូវ

នៅ​ក្នុង​ផលិតកម្ម​ស្រូវ ក៏​ដូច​គ្នា​នឹង​ផលិតកម្ម​ផ្សេងៗ​ទៀត​ក្នុង​វិស័យ​ឧស្សាហកម្ម ហើយ​ក៏​ដូច​គ្នា​នឹង​ការ​វិនិយោគ​ផ្សេងៗ​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ដូច្នោះ​ដែរ គឺ​មាន​ចំណាយ​ទុន​ផលិត ឬ​ថ្លៃ​ដើម​ផលិតកម្ម និង​ផល​សម្រេច​ដែល​ទទួល​បាន​នៅ​ទី​បញ្ចប់​នៃ​ខួប​ផលិតកម្ម ។ ដូច្នេះ​ដើម្បី​ធ្វើការ​វិភាគ​សេដ្ឋកិច្ច​នៅ​ក្នុង​ផលិតកម្ម​ស្រូវ ការ​កំណត់​កត្តាផលិតកម្ម​ជា​ការ​ចាំបាច់ ដើម្បី​ឲ្យ​ការ​វិភាគ​មាន​ភាព​សុក្រឹត និង​សម​ស្រប ។ អ្នក​សេដ្ឋកិច្ច​កសិកម្ម​បាន​ប្រើ​ការ​វិភាគ​ចំណាយ និង​ចំណូល​ជា​វិធីសាស្ត្រ​ទូទៅ​មួយ តែ​ពុំ​មាន​និយមន័យ​ជា​គំរូ​មួយ​នៅ​ក្នុង​ការ​វិភាគ​ចំណាយ និង​ចំណូល​នៅ​ក្នុង​ផលិតកម្ម​កសិកម្ម​ទេ (Herdt, 1978) ។ និយមន័យ​នៃ​ចំណាយ​នេះ មាន​លក្ខណៈ​សម​ស្រប​នឹង​លក្ខខណ្ឌ​នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ពីព្រោះ​វិធី​ប្រើប្រាស់​ដី កម្លាំង​ពលកម្ម និង​ទុន​សម្រាប់​ផលិតកម្ម​ស្រូវ​របស់​កសិករ​នៅ​កម្ពុជា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​បណ្តា​ប្រទេស​ទាំងនោះ​ដែរ ។

១១.៤.១. ថ្លៃដើម​ផលិតកម្ម

ការ​ចំណាយ​របស់​ផលិតកម្ម ត្រូវ​បាន​បែងចែក​ជា​បួន​កត្តា​ផលិតកម្ម​សំខាន់ៗ (រូប ១១.១) ដែល​ត្រូវ​គណនា​ក្នុង​មួយ​ហិកតា​ជា​ឯកតា​មូលដ្ឋាន: ចំណាយ​នៃ​ប្រាក់សុទ្ធ (Cash expenditure) ចំណាយ​នៃ​ធនធាន (In-kind expenditure) ចំណាយ​នៃ​កម្លាំង​ពលកម្ម​គ្រួសារ (Family labour inputs) និង​ថ្លៃ​ឈ្នួល​ដីស្រែ (Land costs) ។ រាល់​ការ​ចំណាយ​ទាំងអស់​ដែល​កសិករ​បាន​ប្រើប្រាស់​ថវិកា​នៅ​ក្នុង​ផលិតកម្ម​ស្រូវ ដូច​ជា​ជីគីមី ថ្នាំពុល​កសិកម្ម ប្រេង ឈ្នួល​បូមទឹក និង​ការ​ជួល​កម្លាំង​ពលកម្ម​ជាដើម ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ចំណាយ​ប្រាក់សុទ្ធ ។ ការ​ចំណាយ​ធនធាន​គឺ​សំដៅ​ទៅ​លើ​ធនធាន ដែល​មាន​នៅ​ក្នុង​គ្រួសារ ដូច​ជា​គ្រាប់ពូជ​ជីធម្មជាតិ និង​ថ្លៃ​ឈ្នួល​ពលកម្ម​ដែល​ត្រូវ​បាន​បង់​ជា​ស្រូវ ។ ជា​ទូទៅ តម្លៃ​នៃ​គ្រាប់ពូជ និង​ស្រូវ​ចំណី​ពុំ​មាន​ការ​ខុស​គ្នា​ខ្លាំង​ទេ​ឬ​គ្មាន​ការ​ខុស​គ្នា​ផង​នៅ​ប្រទេស​កម្ពុជា ។ ទោះបីជា​កសិករ​ជា​ទូទៅ​ប្រើប្រាស់​ជី​លាមក​គោ​ដែល​មាន​ស្រាប់​នៅផ្ទះ និង​ពុំ​មាន​តម្លៃ​ទីផ្សារ​ពិត​ជាក់ស្តែង​ក៏​ដោយ ក៏​ជី​លាមក​គោ​មាន​តម្លៃ​របស់​វា​បើសិន​កសិករ​ត្រូវការ​បន្ថែម​ដើម្បី​ដាក់​ស្រែ ដោយសារ​ជី​លាមក​គោ​ដែល​មាន​ស្រាប់​មិន​គ្រប់គ្រាន់ ហើយ​ប្រែប្រួល​ទៅ​តាម​តំបន់​ដែល​សម្បូណ៌ និង​ខ្សត់​សត្វពាហនៈ ។ សរុប​សេចក្តី​ទៅ ជី​លាមក​គោ​មិន​អាច​រកបាន​ក្នុង​បរិមាណ​ច្រើន​ដោយ​គ្មាន​ចំណាយ​បាន​ទេ ។ តម្លៃ​ជី​លាមក​គោ​ក្នុង​មួយ​តោន​គឺ​ប្រមាណ ៤០.០០០​រៀល ដែល​រក​ទិញ​បាន​ពី​តំបន់​មាត់ទន្លេ ។ ជា​ទូទៅ​កសិករ​ខ្មែរ​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​គ្រួសារ ឬ​ប្រវាស់​ដៃ​គ្នា តែ​ជួនកាល​កសិករ​ត្រូវ​ជួល​កម្លាំង​ពលកម្ម នៅ​ពេល​ដែល​ត្រូវការ​ចាំបាច់ ដែល​មិន​អាច​ប្រវាស់ដៃ​គ្នា​បាន ។ ដូច្នេះ​ទោះបីជា​កម្លាំង​ពលកម្ម​គ្រួសារ ឬ​ប្រវាស់ដៃ​គ្នា​ក៏​ដោយ​គឺ​វា​មាន​តម្លៃ​របស់​វា​មួយ ។ តាម​ពិត​ទៅ​កម្លាំង​ពលកម្ម​ត្រូវ​បាន​បែងចែក​យ៉ាង​ច្បាស់​ទៅ​តាម​មេ​គ្រួសារ មនុស្ស​ពេញវ័យ​ភេទ​ប្រុស មនុស្ស​ពេញវ័យ​ភេទ​ស្រី កុមារ កម្លាំង​ពលកម្ម​ជួល​ជា​មនុស្ស​ប្រុស កម្លាំង​ពលកម្ម​ជួល​ជា​ស្រី្ត និង​កម្លាំង​ពលកម្ម​ជួល​ជា​កុមារ ពីព្រោះ​វា​ទាក់ទង​នឹង​ប្រសិទ្ធភាព​នៃ​ការងារ ។ តែ​ដោយនៅ​ក្នុង​ផលិតកម្ម​ស្រូវ ការងារ​មាន​ច្រើន​ប្រភេទ ដែល​ប្រភេទ​កម្លាំង​ពលកម្ម​ខ្លះ អាច​មាន​ប្រសិទ្ធភាព​សម្រាប់​ការងារ​មួយ តែ​មិនសូវ​មាន​ប្រសិទ្ធភាព​សម្រាប់​ការងារ​មួយ​ផ្សេង​ទៀត ។ ដូច្នេះ​កម្លាំង​ពលកម្ម​មិន​ត្រូវ​បាន​បែងចែក​ឲ្យ​មាន​ច្រើន​ប្រភេទ​ទេ​នៅ​កម្ពុជា ។ ថ្លៃ​ឈ្នួល​កម្លាំង​ពលកម្ម​ក៏​មាន​ការ​ប្រែប្រួល​ទៅ​តាម​ប្រភេទ​ការងារ​ផ្សេងៗ​ដែរ ដូច​ជា​ការ​ភ្ជួរ​ដី ដក​ស្ទូង ធ្វើ​ស្មៅ ច្រូត និង​បោក​ជាដើម ឬ​ពេល​មមាញឹក​នៃ​ការងារ ។ ការ​ជួល​ដី​មិន​ត្រូវ​បាន​អនុវត្ត​ជា​ទូទៅ​នៅ​កម្ពុជា​ទេ តែបើសិន​កសិករ​ពុំ​មាន​ដី ឬ​ក៏​ដី​ផ្ទាល់ខ្លួន​មិន​គ្រប់គ្រាន់ កសិករ​ត្រូវ​ជួល​ដី ឬ​ប្រវាស់​ដីស្រែ​ដើម្បី​ធ្វើការ​ដាំ​ដុះ​ដែល​បាន​អនុវត្ត​តាំងពី​សម័យ​មុន​សង្គ្រាម ដូច​បាន​បង្ហាញ​នៅ​ផ្នែក​ខាង​ដើម ។ ដូច្នេះ​នៅ​ក្នុង​ផលិតកម្ម​ស្រូវ ដី​មាន​តម្លៃ​របស់​វា​ច្បាស់លាស់​ដើម្បី​ធ្វើការ​វិភាគ​សេដ្ឋកិច្ច ទោះបីជា​កសិករ​មិន​បាន​ចំណាយ​ថវិការ​ក៏​ដោយ ។ ដូច្នេះ​ថ្លៃ​ឈ្នួល​ដី​អាច​គណនា​បាន​តាម​រយៈ​បរិមាណ​ស្រូវ​ដែល​បង់​ដល់​ម្ចាស់​ដី​តាម​រយៈ​កិច្ចសន្យាជួល ឬ​ក៏​ការ​ប្រវាស់​ស្រែ​ដែល​មាន​ការ​ប្រែប្រួល​ពី ៥០០-១.០០០ គក្រ​/​ហត អាស្រ័យ​ទៅ​នឹង​លក្ខខណ្ឌ​អំណោយផល​នៃ​ដី និង​ទំនាក់ទំនង​រវាង​ម្ចាស់​ស្រែ និង​អ្នក​ជួល ឬ​ប្រវាស់ ។

រូប ១១.១ រូបមន្ត​វិភាគ​សេដ្ឋកិច្ច

១១.៤.២. ផលិតផល​ផលិតកម្ម

ដោយ​ការ​កំណត់​កត្តា​ចំណាយ ឬ​ថ្លៃដើម​ផលិតកម្ម​ផ្សេងៗ​គ្នា រួម​មាន ចំណាយ​នៃ​ប្រាក់សុទ្ធ ចំណាយ​នៃ​ធនធាន ចំណាយ​នៃ​កម្លាំង​ពលកម្ម​គ្រួសារ និង​ថ្លៃ​ឈ្នួល​ដីស្រែ ចំណូល​នៃ​ផលិតកម្ម​ក៏​បាន​បែងចែក​ជា​ប្រភេទ​ផ្សេងៗ​គ្នា​ដែរ ដូច​ជា ចំណូល​ដុល (Gross income or GI) ចំណេញ​ដុល (Gross margin or GM) ចំណូល​ផលិតកម្ម​គ្រួសារ (Farm family income or FFI) ចំណូល​នៃ​កម្លាំង​ពលកម្ម​គ្រួសារ​របស់​ផលិតកម្ម (Farm family labour income or FFLI) ចំណូល​នៃ​ពលកម្ម​ប្រចាំ​ថ្ងៃ (Labour day income or LDI) ចំណូល​ការ​ធ្វើ​អាជីវកម្ម​នៃ​ដី (Return to land) និង​ចំណេញ​សុទ្ធ (Net income or NI) ដូច​បាន​បង្ហាញ​នៅ​ក្នុង រូប​១១.១ ។ ចំណូល​ដុល គឺជា​តម្លៃ​ទីផ្សារ​នៃ​ផលិតផល​ទាំងអស់​ដែល​បាន​ពី​ផលិតកម្ម​ទាំងមូល ។ ចំណេញ​ដុល​បាន​ពី​ចំណូល​ដុល​ដក​ចំណាយ​នៃ​ប្រាក់សុទ្ធ ។ ចំនួន​ដែល​សល់​ពី​ការ​ទូទាត់​ជាមួយ​ចំណាយ​នៃ​ប្រាក់សុទ្ធ និង​ចំណាយ​ធនធាន គឺជា​ចំណូល​នៃ​គ្រួសារ​ផលិតកម្ម ។ ចំណូល​នៃ​កម្លាំង​ពលកម្ម​គ្រួសារ​នៃ​ផលិតកម្ម គឺ​ស្មើ​នឹង​ចំណូល​ដុល ដក​ចំណាយ​នៃ​ប្រាក់សុទ្ធ ចំណាយ​នៃ​ធនធាន និង​ថ្លៃ​ឈ្នួល​ដីស្រែ ។ ចំណូល​នៃ​ពលកម្ម​ប្រចាំ​ថ្ងៃ គឺជា​លទ្ធផល​នៃ​ចំណូល​នៃ​កម្លាំង​ពលកម្ម​គ្រួសារ​នៃ​ផលិតកម្ម​ចែក​នឹង​ចំនួន​ថ្ងៃ​ពលកម្ម​គ្រួសារ​ក្នុង​ម្នាក់ ដែល​បាន​ចំណាយ​ក្នុង​មួយ​ខួប​ផលិតកម្ម​ទាំងមូល ។ ចំណូល​ការ​ធ្វើ​អាជីវកម្ម​នៃ​ដី បាន​ពី​ការ​ដក​ថ្លៃ​ចំណាយ​ទាំងអស់​នៃ​ផលិតកម្ម លើកលែង​ឈ្នួល​ដី​ចេញពី​ចំណូល​ដុល ។ លទ្ធផល​ចុង​ក្រោយ​គឺ​ចំណេញ​សុទ្ធ​ដែល​បាន​ពី​ចំណូល​ដុល ដក​ថ្លៃ​អថេរ​នៃ​ផលិតកម្ម​រួម​មាន​ចំណាយ​នៃ​ប្រាក់សុទ្ធ ចំណាយ​នៃ​ធនធាន និង​ចំណាយ​នៃ​កម្លាំង​ពលកម្ម​គ្រួសារ និង​ថ្លៃ​ថេរ​នៃ​ថ្លៃ​ឈ្នួល​ដីស្រែ ។

ការ​សិក្សា​ពី​ប្រភព​ចំណូល​ផ្សេងៗ​គ្នា បាន​ផ្ដល់​នូវ​អាំងឌីកាទ័រ​ប្លែកៗ​នៃ​ការ​សំដែង​នៅ​ក្នុង​សេដ្ឋកិច្ច ដែល​ក្នុង​នោះ​ប្រភេទ​ចំណូល​ខ្លះ មាន​ភាព​សម​ស្រប​ជាង​ប្រភេទ​ផលិតកម្ម​មួយ​ផ្សេង​ទៀត ។ ចំណូល​ដុល​គឺជា​ការ​គណនា​ផលិតផល​សរុប​ដែល​ប្រមូល​បាន បើសិនជា​ផលិតផល​ទាំងអស់​ត្រូវ​បាន​លក់​ទាំងអស់ ដោយ​គិត​ជា​តម្លៃ​នៅ​ទីផ្សារ ប៉ុន្តែ​ជាក់ស្តែង ផលិតផល​ដែល​បាន​មក កសិករ​លក់​តែ​មួយ​ចំណែក​ប៉ុណ្ណោះ ឬ​ក៏​មិន​បាន​លក់​ផង​អាស្រ័យ​ទៅ​នឹង​តម្រូវការ​ក្នុង​គ្រួសារ ។ ចំណេញ​ដុល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គណនា​ចំណូល​ពី​ផលិតកម្ម​ស្រូវ បាន​ពី​ការ​វិនិយោគ​ប្រភព​ធនធាន​គ្រួសារ ដូច​ជា​ដីស្រែ កម្លាំង​ពលកម្ម និង​ធនធាន​ដែល​បាន​ផលិត​ផ្សេង​ទៀត ។ ចំណូល​ពី​គ្រួសារ​ផលិតកម្ម​ត្រូវ​បាន​ប្រើ ដើម្បី​គណនា​ចំណូល​ដែល​បាន​ពី​ការ​វិនិយោគ​នៃ​ដីស្រែ និង​កម្លាំង​ពលកម្ម ឬ​ក៏​ជា​ចំណូល​ដែល​មាន និង​អាច​ប្រើប្រាស់​បាន​សម្រាប់​គ្រួសារ​កសិករ ។ ចំណូល​នៃ​គ្រួសារ​ផលិតកម្ម​គឺជា​រង្វាស់​ដែល​មាន​លក្ខណៈ​សម​ស្រប​សម្រាប់​វិភាគ​ពី​លក្ខខណ្ឌ​របស់​កសិករ​នៅ​ស្រុក​ខ្មែរ ពីព្រោះ​ចំណូល​នេះ​អាច​ប្រើប្រាស់​ទាំងអស់ ដោយ​មិន​ប៉ះពាល់​ដល់​ដំណើរការ​ផលិតកម្ម​នៅ​ឆ្នាំ​បន្តបន្ទាប់​ទេ ។ ចំណូល​នៃ​កម្លាំង​ពលកម្ម​គ្រួសារ​ផលិតកម្ម គឺជា​រង្វាស់​នៃ​ចំណូល​ដែល​បាន​ពី​ចំណាយ​កម្លាំង​ពលកម្ម​គ្រួសារ ហើយ​អាច​គណនា​ចំណូល​ពី​ការងារ​ពលកម្ម​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយ​ថ្ងៃ ។ ចំណូល​ការ​ធ្វើ​អាជីវកម្ម​នៃ​ដី គឺ​តំណាង​ឲ្យ​ចំណូល​នៃ​កត្តា​ថេរ​របស់​ផលិតកម្ម ។ ចំណេញ​សុទ្ធ​គឺជា​រង្វាស់​មួយ​សម្រាប់​គណនា​ការ​ចំណេញ​មួយ​ពី​ផលិតកម្ម​ស្រូវ បន្ទាប់​ពី​ទូទាត់​នូវ​រាល់​ការ​ចំណាយ​ទាំងអស់ ។ ប្រភេទ​ចំណូល​ពីរ​ចុង​ក្រោយ​ទំនងជា​មិន​សម​ស្រប សម្រាប់​ផលិតកម្ម​ស្រូវ​ទ្រង់ទ្រាយ​តូច និង​ទទួល​ទិន្នផល​ទាប​ដូច​ជា លក្ខខណ្ឌ​នៅ​ស្រុក​ខ្មែរ​ទេ ។

១១.៥. ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​លើ​សេដ្ឋកិច្ច

ការ​រីក​ចម្រើន​បច្ចេកវិទ្យា​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​ផលិតកម្ម​ស្រូវ​នៅ​លើ​ពិភពលោក ជា​ពិសេស​ឧបទ្វីប​ដែល​មាន​ផលិតកម្ម​ស្រូវ​សំខាន់ៗ​ដូច​ជា​បណ្ដា​ប្រទេស​នៅ​អាស៊ី ។ បច្ចេកវិទ្យា​ទំនើប​បាន​ជំរុញ​ឲ្យ​ទិន្នផល​ស្រូវ​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី ដូច​ជា ជប៉ុន កូរ៉េ​ខាងត្បូង កូរ៉េ​ខាងជើង តៃវ៉ាន់ អ៊ីរ៉ង់ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក រួម​មាន សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប ។ ពូជស្រូវ​ថ្មី​នៃ​បដិវត្ត​បៃតង​ដែល​ជា​លទ្ធផល​នៃ​បច្ចេកវិទ្យា​ទំនើប បាន​រួម​ចំណែក​បង្កើន​ការ​ផ្គត់ផ្គង់​ស្បៀង​ដ៏​ច្រើន​សន្ធឹកសន្ធាប់ សម្រាប់​ការ​កើន​ឡើង​ដ៏​ឆាប់រហ័ស​នៃ​ប្រជាជន ជា​ពិសេស​នៅ​តំបន់​អាស៊ី ។ ប្រភេទ​ស្រូវ​ត្រូពិក​ដែល​មាន​សក្តានុពល​ទិន្នផល​ខ្ពស់​ត្រូវ​បាន​បង្កាត់​ឡើង​ដំបូង​បង្អស់​ដោយ​អ្នក​បង្កាត់​ពូជ​នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ ។ គោលនយោបាយ​ផលិតកម្ម​ស្រូវ​នៃ​សការជ​បដិវត្ត​បៃតង​ត្រូវ​បាន​ដំណើរការ​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​ជំរុញ​ប្រទេស​ខ្វះ​ស្បៀង​នៅ​អាស៊ី​ឲ្យ​ក្លាយ​ទៅជា​ប្រទេស​ដែល​មាន​ស្បៀង​គ្រប់គ្រាន់ និង​លើស​ពី​សេចក្តី​ត្រូវការ​សម្រាប់​បទេស​មួយ​ចំនួន ។ ទន្ទឹម​នឹង​នេះ​ពូជស្រូវ​ថ្មី​ក៏​ទទួល​បាន​ការ​រិះគន់​យ៉ាង​ច្រើន​ពី​ឥទិ្ធពល​អវិជ្ជមាន ដូច​ជា ភាព​មិន​ធន់​នឹង​កត្តា​ចង្រៃ និង​ជំងឺ តម្រូវការ​ចំណាយ​ខ្ពស់ និង​បណ្តាល​ឲ្យ​មាន​ឥទ្ធិពល​អវិជ្ជមាន​ដោយ​បង្ក​ឲ្យ​មាន​ការ​លម្អៀង​នៃ​ចំណូល​នៅ​ជនបទ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ វត្តមាន​នៃ​ពូជស្រូវ​ថ្មី​គឺជា​កត្តា​ដែល​កែ​លម្អ​សន្តិសុខ​ស្បៀង​នៅ​អាស៊ី​ដែល​មិន​អាច​ប្រកែក​បាន ។

១១.៥.១. គុណសម្បត្តិ​ពូជស្រូវ​ថ្មី

តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​ទី​៦០ អ្នក​បង្កាត់​ពូជស្រូវ​បាន​បង្កាត់​ពូជស្រូវ​ថ្មី ឬ​ពូជស្រូវ​ដែល​មាន​សក្ដានុពល​ទិន្នផល​ខ្ពស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​បន្ទាប់​មក​បាន​រីក​រាលដាល​ទៅ​តំបន់​ដទៃ​ទៀត​នៃ​ពិភពលោក ។ ពូជស្រូវ​ថ្មី​ដែល​មាន​សក្តានុពល​ទិន្នផល​ខ្ពស់ ដែល​បង្កាត់​ឡើង​នៅ​ពេល​ថ្មី​នេះ មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ផលិតកម្ម​ស្រូវ​នៅ​ភូមិភាគ​អាស៊ី ។ ពូជស្រូវ​ថ្មី​មាន​លក្ខណៈ​ពិសេស ដូច​ជា​អាយុកាល​លូតលាស់​ខី្ល ភាព​មិន​ប្រកាន់​រដូវ (អវេទរសភាព​នឹង​រយៈ​ពន្លឺ) មាន​កម្ពស់​ដើម​មធ្យម មាន​ដើម​រឹង មិន​ដួល និង​ស្លឹក​ឈរ​ត្រង់ អត្រា​ស្រូប​ពន្លឺ​ថ្ងៃ​ខ្លាំង ។ ភាព​មិន​ប្រកាន់​រដូវ និង​អាយុកាល​ខ្លី​របស់​ពូជស្រូវ​នេះ​ធ្វើ​ឲ្យ​ការ​ដាំ​ដុះ​អាច​ធ្វើ​ឡើង​នៅ​ពេល​ណា​ក៏​បាន ព្រមទាំង​ដាំ​បាន​ពីរ​ឬ​បី​ដង​ក្នុង​មួយ​ឆ្នាំ បើសិនជា​មានទឹក​គ្រប់គ្រាន់ ។

នៅ​ក្នុង​លក្ខខណ្ឌ​អំណោយផល ពូជស្រូវ​ថ្មី​អាច​ផ្ដល់​ទិន្នផល​យ៉ាង​ខ្ពស់ បើ​ធៀប​នឹង​ពូជ​ប្រពៃណី ។ នៅ​ក្នុង​លក្ខខណ្ឌ​ប្រសើរ​មួយ​ដែល​មាន​ជី​គ្រប់គ្រាន់ ការ​គ្រប់គ្រង​កត្តាចង្រៃ​បាន​ល្អ និង​មាន​ប្រភព​ស្រោចស្រព​គ្រប់គ្រាន់ ផលិតកម្ម​ពូជស្រូវ​ថ្មី​អាច​ផ្ដល់​ទិន្នផល​ខ្ពស់​រហូត​ដល់​ពី ១០-១៥ ត​/​ហត តួយ៉ាង ១៣,២ ត​/​ហត ទិន្នផល​កត់ត្រា​នៅ​ប្រទេស​ជប៉ុន ១៤,៤ ត​/​ហត ទិន្នផល​នៅ​ប្រទេស​តៃវ៉ាន់ និង ១៧.៨ ត​/​ហត ទិន្នផល​នៅ​ប្រទេស​ឥណ្ឌា (Greenland, 1997) ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ទិន្នផល​ដែល​ខ្ពស់​ហួសហេតុ​មាន​តែ​នៅ​ក្នុង​ស្ថានីយ៍​ពិសោធន៍​ស្រាវជ្រាវ​ប៉ុណ្ណោះ ហើយ​បើ​ប្រៀប​ទិន្នផល​ពិសោធន៍​ទៅ​នឹង​ទិន្នផល​នៅ​ក្នុង​លក្ខខណ្ឌ​កសិករ​គឺ​មាន​គម្លាត​ធំ​មួយ​ដូចជា ទិន្នផល ១០-១២ ត​/​ហត នៃ​ការ​ពិសោធន៍ ធៀប​នឹង​ទិន្នផល ៣-៥ ត​/​ហត នៅ​លក្ខខណ្ឌ​កសិករ (Evenson, Herdt and Hossain, 1996) ។

ផលិតកម្ម​នៃ​ពូជស្រូវ​ទំនើប ដែល​មាន​ការ​ប្រើប្រាស់​ជី​គ្រប់គ្រាន់ គឺ​ទូទៅ​ផ្ដល់​ទិន្នផល​ខ្ពស់​ជាង​ពូជស្រូវ​ប្រពៃណី សូម្បី​តែ​ដាំ​ដុះ​នៅ​ក្នុង​រដូវវស្សា​ក៏​ដោយ ។ ការ​ពិសោធន៍​ទិន្នផល​នៃ​ពូជស្រូវ​ផ្សេងៗ​គ្នា​នៅ ១០ កន្លែង​ផ្សេង​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គ្រប់​ពូជ​ទាំងអស់​មាន​ទិន្នផល​យ៉ាងតិច ២.៥ ត​/​ហត សម្រាប់​រដូវវស្សា និង​ខ្ពស់​ជាង ៣ ត​/​ហត សម្រាប់​រដូវប្រាំង ដោយ​មាន​ប្រភព​ស្រោចស្រព​គ្រប់គ្រាន់ (CIAP, 2000) ។ ទិន្នផល​ជា​មធ្យម​នៃ​ពូជស្រូវ​ថ្មី ដែល​ដាំ​នៅ​តំបន់​អាស៊ី គឺ​មាន​ចំនួន​ពីរ​ដង​ច្រើន​ជាង​ទិន្នផល​នៃ​ស្រូវ​ប្រពៃណី ។ នៅ​ក្នុង​តំបន់​ផ្សេងៗ​នៅ​អាស៊ី ផលិតកម្ម​នៃ​ពូជស្រូវ​ថ្មី​ដែល​មាន​ទិន្នផល​ខ្ពស់ អាយុកាល​ខ្លី និង​មិន​ប្រកាន់​រដូវ កើនឡើង​ពីរ ឬ​បី​ដង​លឿន​ជាង​ការ​កើនឡើង​នៃ​ប្រជាជន​ក្នុង​រយៈ ២០-៣០ ឆ្នាំ (Lipton and Longhurst, 1989) ។

ពូជស្រូវ​ថ្មី​បាន​ឆ្លើយ​តប​យ៉ាង​ល្អ​ប្រសើរ​ទៅ​នឹង​ការ​ប្រើ​ដាក់​ជីគីមី ដោយ​ផ្ដល់​នូវ​ទិន្ន​យ៉ាង​ខ្ពស់ ។ កម្ពស់​ដើម​ខ្លី និង​មាន​សភាព​រឹង​ធ្វើ​ឲ្យ​ដើម​ស្រូវ​ឈរ​ត្រង់​ទៅ​លើ​ស្មើ​គ្នា ហើយ​ភាព​លើស​នៃ​ធាតុ​អាសូត ប៉ូតាស និង​កាល់ស្យូម​អាច​បម្លែង​ឲ្យ​ទៅ​ជា​គ្រាប់ស្រូវ​មាន​ទម្ងន់​ធ្ងន់ ។ លក្ខណៈ​មិន​ប្រកាន់​រដូវ បែក​គុម្ព​ធំ និង​កម្ពស់​ដើម​មធ្យម​ជាមួយនឹង​ដើម​ត្រង់ និង​ស្លឹក​ឈរ​ត្រង់ ធ្វើ​ឲ្យ​ពូជស្រូវ​នេះ​មាន​ប្រតិកម្ម​ជា​វិជ្ជមាន​ចំពោះ​ជី​អសរីរាង្គ​កម្រិត​ខ្ពស់ ។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ពូជស្រូវ​ថ្មី​នេះ​តម្រូវការ​ទាំង​ជីសរីរាង្គ និង​អសរីរាង្គ ដើម្បី​សម្រេច​សក្តានុពល​ទិន្នផល ។ នៅ​ពេល​ថ្មីៗ អ្នក​បង្កាត់​ពូជស្រូវ​បាន​បង្កើត​ពូជស្រូវ​ផ្សេងៗ​ទៀត​ដែល​មាន​លក្ខណៈ​អ៊ីប្រ៊ីត​ខ្ពស់ និង​កែ​លម្អ​ក្លូន ដើម្បី​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ​ខ្សត់​ជីជាតិ​នៃ​ដី ។ ពូជស្រូវ​ទំនើប​ដែល​បង្កាត់​កាលពី​ទសវត្សរ៍​មុនៗ ជួនកាល​អាច​ទទួល​បាន​ទិន្នផល​ទាប​ជាង​ពូជស្រូវ​ប្រពៃណី នៅ​ក្នុង​លក្ខខណ្ឌ​ដី​ខ្សត់​ជីជាតិ​ដូច​គ្នា ប៉ុន្តែ​ពូជស្រូវ​ថ្មី​បង្កាត់​ក្នុង​ពេល​ថ្មីៗ​នេះ​ជា​ទូទៅ​ផ្ដល់​ទិន្នផល​ខ្ពស់​ជាង​ពូជស្រូវ​ប្រពៃណី​នៅ​ក្នុង​លក្ខខណ្ឌ​ដូច​គ្នា ទោះបីជា​កសិករ​មិន​អាច​រក​លុយ​ទិញ​ជី​ដាក់​ស្រែ​ក៏​ដោយ ។

ទឹក​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​ឲ្យ​ដំណាំ​ស្រូវ​ដុះ​លូតលាស់​ល្អ និង​ផ្ដល់​ទិន្នផល​ខ្ពស់ ។ ខុស​ពី​ដំណាំ​មួយ​ចំនួន ស្រូវ​មិន​អាច​ដុះ​លូតលាស់​បាន​ទេ ក្នុង​ករណី​គ្មាន​ទឹក​គ្រប់គ្រាន់ និង​តម្រូវ​ឲ្យ​មានទឹក​ក្នុង​មួយ​ខួប​ជីវិត​ពេញ ដោយ​ចាប់តាំងពី​ពេល​សាប​រហូត​ដល់​ពេល​ច្រូតកាត់ ។ ការ​ខ្វះខាត​ទឹក​នៅ​ដំណាក់កាល​លូតលាស់​ណា​មួយ អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទិន្នផល​ស្រូវ ។ អ្នក​វិទ្យាសាស្ត្រ​សង្គម​ជា​ច្រើន​បាន​អះអាង​ថា នៅ​ក្នុង​លក្ខខណ្ឌ​ខ្វះខាត​ទឹក ពូជស្រូវ​ថ្មី​មាន​ការ​លូតលាស់​ចាញ់​ពូជស្រូវ​ប្រពៃណី ។ ក៏​ប៉ុន្តែ​មាន​ការ​អះអាង​ផ្ទុយ​ពី​មតិ​ខាងលើ ដោយ​បញ្ជាក់​ថា​ពូជស្រូវ​ថ្មី​ដែល​ទើប​បង្កាត់​នៅ​ពេល​បច្ចុប្បន្ន មាន​លក្ខណៈ​ប្រសើរ​ជាង​ពូជស្រូវ​ប្រពៃណី ទាក់ទង​នឹង​ការ​ប្រើប្រាស់​ទឹក គឺ​ការ​ស្រោចស្រព​មាន​ប្រសិទ្ធភាព​ខ្ពស់ ទោះជា​ក្នុង​លក្ខខណ្ឌ​ដី​ស្ងួត​ខ្លាំង​ក៏​ដោយ ក៏​ពូជស្រូវ​ថ្មី​មាន​លក្ខណៈ​ធន់​ជាង​ពូជស្រូវ​ប្រពៃណី ។

ដំណាំ​ស្រូវ​ត្រូវការ​ស្រូប​យក​សារធាតុចិញ្ចឹម​ពី​ប្រភព​ផ្សេងៗ​ពី​ធម្មជាតិ​ដែល​មាន​ដី ទឹក និង​ខ្យល់ និង​ពី​ជីគីមី ជីសរីរាង្គ ឬ​កំប៉ុស្ដ ក៏​ប៉ុន្តែ​ពន្លឺ​ថ្ងៃ​ដែល​មាន​សារប្រយោជន៍​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​រស្មីសំយោគ គឺ​មាន​តែ​មួយ​ប្រភព​គត់ ហើយ​មាន​បរិមាណ និង​ពេលវេលា​មិន​អាច​ផ្លាស់​ប្តូរ ឬ​ក៏​ជំនួស​បាន​ទេ ។ ទោះបីជា​ពូជស្រូវ​ទំនើប​មាន​លក្ខណៈ​មិន​ប្រកាន់​រដូវ​ដែល​អាច​ដាំ​ដុះ​នៅ​ពេល​ណា​ក៏​បាន​ក្នុង​មួយ​ឆ្នាំ​ក៏​ដោយ ក៏​វា​ទាមទារ​ឲ្យ​មាន​ពន្លឺ​គ្រប់គ្រាន់​ដើម្បី​លូតលាស់ និង​បង្កើត​គ្រាប់ស្រូវ​ដែរ ។ លក្ខណៈ​ឈរ​ត្រង់​រឹង​នៃ​ស្លឹក​ពូជស្រូវ​ថ្មី ដែល​មាន​លក្ខណៈ​មិន​បាំង​ម្លប់​គ្នា​ទៅ​វិញ​ទៅ​មក ជួយ​ឲ្យ​វា​ស្រូប​យក និង​ប្រើប្រាស់​ពន្លឺ​ថ្ងៃ​យ៉ាង​មាន​ប្រសិទ្ធភាព ។ លក្ខណៈ​ពិសេស​មួយ​ទៀត​ដែល​ផ្ដល់​ផលប្រយោជន៍​ចម្បង​នៃ​ពូជស្រូវ​ថ្មី គឺ​មុខងារ​បម្លែង​សារធាតុ​ឲ្យ​ទៅ​ជា​គ្រាប់ស្រូវ​នៅ​ក្នុង​ស្លឹក​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ។ ដូច្នេះ​យើង​ឃើញ​ថា​លក្ខណៈ​ពិសេស​នៃ​ស្លឹក​ស្រូវ​របស់​ពូជ​នេះ​ដែល​ពូជស្រូវ​ប្រពៃណី​ពុំ​មាន​គឺ​ជួយ​ការ​ស្រូប និង​ប្រើប្រាស់​ពន្លឺ​ថ្ងៃ​មាន​ប្រសិទ្ធភាព ។

កត្តាចង្រៃ​ក៏​ជា​បញ្ហា​ចម្បង​ដែរ​នៅ​ក្នុង​ផលិតកម្ម​ស្រូវ ធ្វើ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំងក្លា​ពី​កសិករ និង​ធ្វើ​ឲ្យ​មាន​ការ​ចំណាយ​រាប់​លាន​ដុល្លា​សម្រាប់​ការពារ​ផលិតកម្ម​របស់​កសិករ និង​ការងារ​ស្រាវជ្រាវ​របស់​វិទ្យាសាស្ត្រ​ដោយ​មិន​និយាយ​ពី​ទំហំ​ខាតបង់​នៃ​ផលិតកម្ម​ទេ ។ មាន​ការ​គំរាមកំហែង​ពីរ​សម្រាប់​ការ​លូតលាស់​នៃ​ដំណាំ​ស្រូវ​គឺ ទី​មួយ រូបសាស្ត្រ​ឧបសគ្គ​ដូច​ជា​ការ​មាន​ពន្លឺ​មិន​គ្រប់គ្រាន់ ការ​ខ្វះខាត​ទឹក និង​ការ​ខ្សត់​សារធាតុចិញ្ចឹម និង​ទី​ពីរ កត្តាចង្រៃ ឬ​ក៏​ឧបសគ្គ រួម​មាន ស្មៅ កណ្តុរ សត្វ​លិ្អត​ចង្រៃ ចាប ពួក​បាក់តេរី ពួក​វីរុស និង​ពួក​ផ្សិត ។ កសិករ​ភាគច្រើន ព្រមទាំង​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​មួយ​ចំនួន ដូច​ជា​នៅ​ប្រទេស​កម្ពុជា​ជាដើម បាន​ជឿ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ថា ពូជស្រូវ​ថ្មី​មាន​លក្ខណៈ​ងាយ​ទទួល​រង​ការ​បំផ្លាញ​ពី​កត្តា​ចង្រៃ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ពូជស្រូវ​ថ្មី​មួយ​ចំនួន​មាន​លក្ខណៈ​ធន់​នឹង​ជំងឺ​មួយ​ចំនួន ដូច​ជា​ពូជស្រូវ​អ៊ីអ៊ែរ​កេស​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ពូជ​មាន​លក្ខណៈ​ធន់​នឹង​អម្បូរ​ចំនួន​បី​នៃ​មមាច​ត្នោត ។ ការ​ពិសោធន៍​ពី​ជីវៈ​ផ្សេងៗ​គ្នា​នៃ​ពូជស្រូវ​ថ្មី និង​ពូជស្រូវ​ប្រពៃណី​នៅ​ក្នុង​ប្រព័ន្ធ​បរិស្ថាន​ទំនាប​ទឹកភ្លៀង​នៅ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពូជស្រូវ​ថ្មី​មិន​បាន​រង​ការ​បំផ្លាញ​ខ្លាំងក្លា​ជាង​ពូជ​ប្រពៃណី​ទេ ។ ការ​សិក្សា​មួយ​នៅ​ប្រទេស​ជប៉ុន​បង្ហាញ​ឲ្យ​ឃើញ​ថា គ្មាន​ការ​ខុស​គ្នា​នៃ​អត្រា​មាន​ជីវិត​របស់​ពង​មមាច​ខ្នង​ស​រវាង​លក្ខខណ្ឌ​ពូជស្រូវ​ទំនើប និង​ប្រពៃណី ។ ជាង​នេះ​ទៅ​ទៀត ពូជស្រូវ​ទំនើប​អាច​បង្ក​លក្ខខណ្ឌ​មិន​អំណោយផល​ដល់​កត្តាចង្រៃ​ទៀត​ផង ។ ពូជស្រូវ IR36 ដែល​បាន​ដាំ​ដុះ​អស់​រយៈកាល ៣០​ឆ្នាំ មិន​បាន​បង្ក​ឲ្យ​មាន​ការ​រីក​រាលដាល​ធ្ងន់ធ្ងរ​នៃ​កត្តាចង្រៃ​ទេ ។

ដោយ​អ្នក​បង្កាត់​ពូជស្រូវ​បាន​បន្តការងារ​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​បង្កាត់​ពូជ​ថ្មីៗ​ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​ពូជស្រូវ​ដែល​ទើប​បង្កាត់​ថ្មី​មាន​ការ​ធន់​នឹង​កត្តា​ចង្រៃ​ជាង​ពូជ​ពី​មុន ។ ពូជស្រូវ​ដែល​ទើប​បង្កាត់​ថ្មី​ដូច​ជា IR36 IR64 និង IR72 មាន​ពហុ​ពន្ធុ​ដែល​ធន់​នឹង​កត្តាចង្រៃ​ចម្បងៗ​ជាង​ពូជ​ដើម IR8 (Hossain, 1996 and Greenland, 1997) ។ ការ​ពិសោធន៍​នៅ​ប្រទេស​ជប៉ុន​ក៏​បាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស​របស់​ពូជ​ដែល​បង្កាត់​ក្រោយ​អាច​ជំនួស​ពូជ​ចាស់ ដោយសារ​ភាព​ធន់​នឹង​ពហុ​កត្តាចង្រៃ និង​ជំងឺ ។ ការ​ពិសោធន៍​ទៅ​លើ​ដង្កូវ​ស៊ី​រូង​ដើម បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ចំនួន​ដើម​ដែល​បាន​បំផ្លាញ​ដោយ​ពួក​ដង្កូវ​នេះ​ត្រូវ​បាន​ដុះ​ឡើង​វិញ និង​ផ្ដល់​គ្រាប់​ធ្ងន់​ជាង​ដើម្បី​ជំនួស​ការ​បាត់បង់ ។ ចំនួន​ដើម​ដែល​មិន​ផ្ដល់​ផល​ត្រូវ​បាន​បាត់បង់ ហើយ​ត្រូវ​ជំនួស​វិញ​ដោយ​ដើម​ដែល​មាន​ប្រយោជន៍​នៅ​ពេល​រង​ការ​បំផ្លាញ​ដោយ​ដង្កូវ​ស៊ី​រូង​ដើម​នៅ​ដំណាក់កាល​បង្កើន​ផល ។ ដូច្នេះ​ពូជស្រូវ​ថ្មី​ដែល​បាន​បង្កាត់​ក្រោយ​ដោយ​ការ​ខិតខំ​របស់​អ្នក​បង្កាត់​ពូជ​មាន​លក្ខណៈ​ធន់​នឹង​កត្តាចង្រៃ និង​ជំងឺ​ច្រើន​ប្រភេទ ។

ក្រៅពី​ប្រភព​នៃ​ការ​ធានា​សុវត្ថិភាព​ដល់​មនុស្ស ពូជស្រូវ​ថ្មី​ក៏​បាន​បង្កើន​ចំបើង​ដល់​សត្វពាហនៈ​ផង​ដែរ ។ គឺជា​ការ​ពិត​ណាស់​ការ​ដាំ​ពីរ ឬ​បី​ដង​ក្នុង​មួយ​ឆ្នាំ​អាច​ផ្ដល់​ជា​ចំបើង​គ្រប់គ្រាន់​ដល់​សត្វ​គោ និង​ក្របី ព្រមទាំង​អាច​រក្សា​ទុកជា​ចំណី​នៅ​រដូវវស្សា​ផង​ដែរ ជា​ពិសេស​នៅ​តំបន់​ទំនាប​លិច​ទឹកភ្លៀង​នៅ​ប្រទេស​កម្ពុជា ស្មៅ​សត្វ​ពាហនៈ​ជា​បញ្ហា​មួយ​ដែល​កសិករ​បាន​ប្រឈម​ផង​ដែរ ពីព្រោះ​វាលស្រែ​ទាំងអស់​ត្រូវ​បាន​ធ្វើការ​ដាំ​ដុះ គ្មាន​វាល​ស្មៅ​សម្រាប់​សត្វ​ទាំងនេះ​ទេ ។ ចំបើង​នៃ​ពូជស្រូវ​ថ្មី​មាន​គុណភាព​ប្រសើរ​សម្រាប់​សត្វ​ទំពាអៀង បើ​ប្រៀបធៀប​នឹង​ពូជស្រូវ​ប្រពៃណី ។ ការ​សិក្សា​ពី​គុណភាព​ចំបើង​ចំណី​សត្វ​ដែល​បាន​ពី​ស្លឹក និង​ដើម​ស្រូវ​នា​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ភាគរយ​នៃ​ស្លឹក​មាន​កម្រិត​ខ្ពស់​ជាង​ដើម​សម្រាប់​ផលិតកម្ម​ពូជស្រូវ​ថ្មី ដោយ​ប្រៀបធៀប​នឹង​ផលិតកម្ម​ពូជស្រូវ​ប្រពៃណី ហើយ​ស្លឹក​ត្រូវ​បាន​ចំណាត់​ថ្នាក់ខ្ពស់​ជាង​ដើម អំពី​តម្លៃ​គុណភាព​ចំណី​ទាំង​មុន និង​ក្រោយ​ពេល​កែច្នៃ ដោយ​ប្រើប្រាស់​សារធាតុ​គីមី (Vadiveloo, 2000) ។ ដូច្នេះ​កសិករ​គួរ​ត្រូវ​បាន​ជំរុញ​ឲ្យ​ផ្ដល់​ចំបើង​នៃ​ពូជស្រូវ​ថ្មី​ដល់​សត្វពាហនៈ​ដែល​ជា​ការ​បំប៉ន​ដល់​ពួក​គេ ដែល​តែង​ជួប​ប្រទះ​ភាព​ខ្វះខាត​ចំណី​នៅ​គ្រប់​រដូវ​កាល ដែល​អាច​ប៉ះពាល់​ដល់​ការ​ដាំ​ដុះ ពីព្រោះ​សត្វ​ទំពា​អៀង​ទាំងនេះ​ជា​ប្រភព​កម្លាំង​ដ៏​សំខាន់​នៅ​ការ​ផលិតកម្ម​ស្រូវ ។

ផលិតកម្ម​នៃ​ពូជស្រូវ​ថ្មី​ត្រូវ​បាន​ទទួល​ស្គាល់​ថា បង្កើន​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម ។ តម្រូវការ​នៃ​ការ​ប្រើប្រាស់​ជី​ក្នុង​បរិមាណ​ច្រើន ការ​គ្រប់គ្រង​ទឹក ច្រូតកាត់ និង​បោក​បែន ព្រមទាំង​បង្កើន​ការ​ដាំ​ដុះ​ពីរ ឬ​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ នាំ​ឲ្យ​មាន​ការ​កើន​ឡើង​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​មួយ​ហិកតាផលិតកម្ម ។ ការ​សិក្សា​មួយ​បាន​ធ្វើ​ឡើង​នៅ​ដំណាក់កាល​ដំបូង​នៃ​បដិវត្ត​បៃតង បាន​បង្ហាញ​ឲ្យ​ឃើញ​ថា តម្រូវការ​កម្លាំង​ពលកម្ម​មាន​ការ​កើនឡើង​ពី​១៥-២០ ភាគរយ​ដែល​បាន​ពី​ការ​កើន​ឡើង​ទ្វេ​ដង​នៃ​ទិន្នផល​ផលិតកម្ម​របស់​ពូជស្រូវ​ថ្មី ។ ក៏​ប៉ុន្តែ​តម្រូវការ​កម្លាំង​ពលកម្ម​សម្រាប់​ផលិតកម្ម​ពូជស្រូវ​ថ្មី​ជំនាន់​ទី ២ ដែល​បាន​ជំនួស​ពូជ​ជំនាន់​ទី​១ ទាំងស្រុង​ហាក់​ដូចជា​មាន​ការ​ថយ​ចុះ​បន្តិច​ម្ដងៗ ។ ជា​សេចក្តី​សន្និដ្ឋាន​គឺ​ការ​ដាំ​ដុះ​ពូជស្រូវ​ថ្មី​បាន​បង្កើន​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​ផ្ទៃ​ដី​មួយ​ហិកតា តែ​វា​បាន​បន្ថយ​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​មួយ​តោន​ស្រូវ​ដែល​បាន​ផលិត ។

ជាង​នេះ​ទៅ​ទៀត ការ​ដាំ​ដុះ​ពូជស្រូវ​ថ្មី​មាន​ន័យ​បង្កើន​ឱកាស​ការងារ​ដល់​អ្នក​ក្រីក្រ ដែល​អត់​មាន​ដី​សម្រាប់​ការ​បង្កបង្កើន​ផល ដើម្បី​រកបាន​កម្រៃ​បន្ថែម​ក្នុង​ការ​ចិញ្ចឹមជីវិត ។ ការ​ទទួលយក​ពូជស្រូវ​ថ្មី គឺជា​ការ​បង្កើន​ប្រាក់​ចំណូល​ទៅ​លើ​ដី​ដែល​ធ្វើ​អាជីវកម្ម និង​កម្លាំង​ពលកម្ម​ដោយ​បង្កើន​តម្រូវការ​នៃ​ពលករ​សម្រាប់​ការ​ថែទាំ​ដំណាំ ការ​ច្រូតកាត់ និង​ការ​បោក​បែន ព្រមទាំង​បង្កើន​ប្រាក់​ចំណេញ​នៃ​ការ​ដាំ​ដុះ​ស្រូវ​រដូវប្រាំង ។ ដូច្នេះ​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​នៅ​ក្នុង​ផលិតកម្ម​ស្រូវ​ពី​ពូជស្រូវ​ប្រពៃណី​ទៅ​ពូជស្រូវ​ទំនើប​បាន​បង្កើន​ប្រាក់​ចំណូល​ទាំង​ផលិតករ និង​អ្នក​ក្រីក្រ​ដែល​អត់​មាន​ដី ។ ផលិតកម្ម​ពូជស្រូវ​ថ្មី​មិន​ត្រឹមតែ​បង្កើន​ឱកាស​ការងារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើន​អត្រា​ថ្លៃ​ឈ្នួល​កម្លាំង​ពលកម្ម​ទៀត​ផង ។

ផលិតកម្ម​ពូជស្រូវ​ថ្មី អាច​កាត់​បន្ថយ​ភាព​អត់​ការងារ​ធ្វើ​នៅ​តំបន់​ជនបទ ព្រមទាំង​ពន្យឺត​អត្រា​នៃ​ការ​បម្លាស់​ទី​របស់​ប្រជាជន​នៅ​ជនបទ ដើម្បី​ទៅ​តាំងទី​លំនៅ​ទីក្រុង ។ ការ​ទទួលយក​ពូជស្រូវ​ថ្មី​នៅ​ក្នុង​លក្ខខណ្ឌ​អំណោយផល​នៃ​បរិស្ថាន​ដូច​ជា​តំបន់​មាន​ប្រភព​ស្រោចស្រព និង​តំបន់​ទំនាប​ទឹកភ្លៀង​ដែល​មាន​កម្រិត​ទឹកភ្លៀង​ល្អ​បាន​បង្កើន​តម្រូវការ​កម្លាំង​ពលកម្ម​នៅ​តំបន់​ទាំងនោះ ហើយ​ជំរុញ​ឲ្យ​មាន​បម្លាស់​ទី​កម្លាំង​ពលកម្ម​ជា​អន្តរ​តំបន់ និង​ជា​ហេតុ​ជួយ​សម្រាល​ដល់​ឥទ្ធិពល​អវិជ្ជមាន ដែល​អាច​កើត​មាន​ដោយ​ធ្វើ​ឲ្យ​ចំណូល​ពី​កម្លាំង​ពលកម្ម ជា​តំបន់​មាន​ភាព​ស្មើ​គ្មា​នៅ​គ្រប់​បរិស្ថាន​ផលិតកម្ម ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ទទួលយក​ពូជស្រូវ​ថ្មី​នៅ​ក្នុង​ផលិតកម្ម​ស្រូវ​នៅ​តំបន់​ផ្សេងៗ​គ្នា មិន​បាន​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​មាន​អតុល្យភាព​ខ្លាំង​រវាង​តំបន់​ផ្សេង​គ្នា ដែល​មាន​លក្ខណៈ​អំណោយផល និង​តំបន់​មិន​អំណោយផល ។ ដូច្នេះ​ការ​ទទួល​យក​ពូជស្រូវ​ថ្មី​មិន​គ្រាន់តែ​បាន​បង្កើន​ឱកាស​ការងារ និង​ចំណូល​ពី​កម្លាំង​ពលកម្ម​នៅ​តំបន់​ដែល​ទទួល​យក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់​ឱកាស​ដល់​កម្លាំង​ពលកម្ម​នៅ​កន្លែង​ដទៃ​ទៀត មាន​ន័យ​ថា​សារប្រយោជន៍​ពី​ពូជស្រូវ​ថ្មី មាន​របាយ​ស្មើ​គ្នា​នៅ​គ្រប់​តំបន់ ។

១១.៥.២. គុណវិបត្តិ​ពូជស្រូវ​ថ្មី

ទទឹម​នឹង​ភាព​វិជ្ជមាន​របស់​ពូជស្រូវ​ថ្មី គុណវិបត្តិ​ខ្លះៗ​ក៏​បាន​កើតឡើង​សម្រាប់​ការ​ដាំ​ដុះ​ពូជស្រូវ​នេះ​ដែរ ។ ចំណុច​អវិជ្ជមាន​ទាំងនោះ​អាច​បង្ក​ដោយ​ការ​អនុវត្ត​ផលិតកម្ម ទីតាំង​ភូមិសាស្ត្រ និង​ពូជស្រូវ​តែ​ម្ដង ។ ដោយ​ពូជស្រូវ​នេះ​ជា​ពូជ​អវេទរសភាព​នឹង​រយៈ​ពន្លឺ អ្នក​ដាំ​ដុះ​និយម​ដាំ​ដុះ​នៅ​រដូវប្រាំង ដោយ​ទុក​រដូវវស្សា​សម្រាប់​ការ​ដាំ​ដុះ​ពូជស្រូវ​ប្រពៃណី​ដែល​មិន​អាច​ដាំ​រដូវប្រាំង​បាន ។ ដូច្នេះ​ប្រភព​ទឹក​សម្រាប់​ស្រោចស្រព​បាន​ចោទ​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​ការ​ដាំ​ដុះ ។ វត្តមាន​នៃ​ប្រព័ន្ធ​ស្រោចស្រព​បាន​ក្លាយជា​កត្តា​ចម្បង​បំផុត ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​រីកសាយ​ភាយ​ពូជស្រូវ​ថ្មី​យ៉ាង​ខ្លាំង​នៅ​ស្ទើរ​តែ​គ្រប់​ប្រទេស​ផលិតកម្ម​ស្រូវ ។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មធ្យោបាយ​ស្រោចស្រព ការ​គ្រប់គ្រង​ទឹក និង​បរិស្ថាន​ពឹង​ទឹកភ្លៀង​ដែល​អំណោយផល គឺជា​កត្តា​សំខាន់​ក្នុង​ការ​ទទួល​យក​ពូជស្រូវ​ថ្មី​នៅ​បណ្ដា​ប្រទេស​នៅ​អាស៊ី ។ ការ​ខុស​គ្នា​រវាង​ប្រភព​ស្រោចស្រព​នៅ​ក្នុងភូមិ​ផ្សេងៗ​នាំ​ឲ្យ​មាន​ចំនួន​អ្នក​ទទួលយក​មាន​ចំនួន​តិច ឬ​ច្រើន​អាស្រ័យ​ទៅ​នឹង​លក្ខខណ្ឌ​ជាក់ស្តែង ។ ការ​រីកសាយ​ភាយ​នៃ​ពូជស្រូវ​ថ្មី​យ៉ាង​ឆាប់រហ័ស និង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​ទាំងឡាយ និង​ក្នុង​តំបន់​នៃ​ប្រទេស​ទាំងនោះ ដែល​មាន​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព​ល្អ​ប្រសើរ ។ ការ​ខ្វះខាត​ប្រព័ន្ធ​ស្រោចស្រព និង​ប្រភព​ទឹក​បណ្តាល​ឲ្យ​ទិន្នផល​នៃ​ពូជស្រូវ​ថ្មី​មាន​កម្រិត​យ៉ាង​ទាប ទោះបីជា​បរិមាណ​ជី​ត្រូវ​បាន​ដាក់​គ្រប់គ្រាន់​ក៏​ដោយ ។

ការ​បង្កើន​រដូវ​កាល​ដាំ​ដុះ ឬ​ផលិតកម្ម​ជា​លក្ខណៈ​ប្រពលវប្បកម្ម ទាមទារ​ឲ្យ​មាន​ការ​វិនិយោគ​យ៉ាង​សន្ធឹកក​សន្ធាប់​ផង​ដែរ​ទៅ​លើ​ធាតុ​ចូល​នៃ​ផលិតកម្ម ។ គ្រប់​ពូជស្រូវ​ទាំងអស់ មិន​ចំពោះតែ​ពូជស្រូវ​ទំនើប​ទេ គឺ​តម្រូវការ​ចាំបាច់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​ការ​ដុះ​លូតលាស់ ។ ការ​ដាំ​ដុះ​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ​នៅ​លើ​ដី​ដដែលៗ​អាច​បណ្តាល​ឲ្យ​ជីជាតិ​នៃ​ដីស្រែ​មាន​ភាព​រេចរឹល បើសិនជា​ពុំ​មាន​ការ​គ្រប់គ្រង​ជីជាតិ​ដី​បាន​ល្អ ឬ​បន្ថែម​ជីជាតិ​ទេ​នោះ ។ អាស្រ័យ​ហេតុនេះ ការ​ដាំ​ដុះ​ពូជស្រូវ​ថ្មី ជា​លក្ខណៈ​ប្រពលវប្បកម្ម​នោះ ទាមទារ​ការ​ប្រើប្រាស់​ជី​អសរីរាង្គ បន្ថែម​ទៅ​ជីជាតិ​ដែល​មាន​ក្នុង​ដី ដើម្បី​ធានា​នូវ​ទិន្នផល​របស់​ផលិតកម្ម ។ ដោយ​ពូជ​ស្រូវ​ទំនើប​ជា​ពូជ​ដែល​មាន​សក្ដានុពល​ទិន្នផល​ខ្ពស់ តម្រូវ​អាហារ​ធាតុ​ចិញ្ចឹម​ក៏​មាន​កម្រិត​អតិបរមា​ដែរ ។ ជា​ការ​ពិត​ផលិតផល​មួយ​មិន​អាច​កើត​មាន​ឡើង​ដោយ​ឯកឯង​ទេ ឬ​ក៏​ដោយ​ពុំ​មាន​ការ​វិនិយោគ​នោះ ។ ដោយ​សក្ដានុពល​នៃ​ទិន្នផល​ពូជស្រូវ​ថ្មី​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​ការ​ប្រើប្រាស់​កម្រិត​ជី​ខ្ពស់ បើសិន​ពុំ​មាន​ជី​គ្រប់គ្រាន់​ទេ ការ​ផ្ដល់​ទិន្នផល​ក៏​មាន​កម្រិត​ទាប​ដែរ ។ ដូច្នេះ​ពូជស្រូវ​ថ្មី​អាច​ផ្ដល់​ប្រាក់​ចំណេញ​ខ្ពស់​ចំពោះ​ការ​វិនិយោគ​ច្រើន​លើ​ធាតុ​ចូល​ដែរ ។ ដូច្នេះ​មូលដ្ឋាន​សេដ្ឋកិច្ច ឬ​ទុន​សម្រាប់​វិនិយោគ​នៅ​ក្នុង​ផលិតកម្ម​របស់​របស់​កសិករ មាន​ឥទ្ធិពល​លើ​និន្នាការ​ក្នុង​ការ​ទទួលយក​ពូជស្រូវ​ថ្មី ។

បដិវត្ត​បៃតង​បាន​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ប្រើប្រាស់​ជី ថ្នាំ​កសិកម្ម និង​ការ​ស្រោចស្រព​ទៅ​ប្រភេទ​ដំណាំ​ធញ្ញជាតិ​ដូច​ជា​ស្រូវ ។ ស្ទើរតែ ១០០​ភាគរយ នៃ​ការ​ទទួលយក​ពូជស្រូវ​ថ្មី​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​នូវ​ថ្នាំ​កសិកម្ម និង​ត្រាក់ទ័រ ។ ការ​ប្រើប្រាស់​ថ្នាំ​ពុល​ទៅ​លើ​ផលិតកម្ម​ស្រូវ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​បន្ទាប់​ពី​បដិវត្ត​បៃតង ។ ការ​កើនឡើង​នូវ​ការ​វិនិយោគ​លើ​ធាតុ​ចូល គឺ​បណ្តាល​មក​ពី​ការ​ដាំ​ដុះ​តាម​បែប​ប្រពលវប្បកម្ម ។ ការ​បង្កើន​រដូវ​កាល​ដាំ​ដុះ​មិន​ត្រឹមតែ​តម្រូវការ​ជី​បន្ថែម​ប៉ុណ្ណោះ​ទេ គឺ​ថ្នាំ​កសិកម្ម​ផង​ដែរ​ព្រោះ​កត្តា​ចង្រៃ​អាច​កើន​ឡើង ដោយ​ភាព​អំណោយផល​នៃ​ប្រព័ន្ធ​បរិស្ថាន (Ecology) ។ ទាក់ទង​នឹង​ការងារ​បច្ចេកទេស​ពូជស្រូវ​ថ្មី​ជំនាន់​ទី ១ ឬ​បង្កាត់​ពី​មុនៗ​មាន​លក្ខណៈ​មិន​ធន់​នឹង​ជំងឺ និង​កត្តាចង្រៃ​ទេ ។ ម្យ៉ាងទៀត​ពូជស្រូវ​ថ្មី​ត្រូវ​ទទួល​ការ​រិះគន់​អំពី​រសជាតិ បើ​ប្រៀបធៀប​ទៅ​នឹង​ពូជ​ប្រពៃណី ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ពូជស្រូវ​ថ្មី​ដែល​បង្កាត់ និង​រំដោះ​នា​ពេល​ថ្មីៗ​នេះ ជា​ពិសេស​ពូជ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ដូច​ជា IR66 IR72 គ្រូ និង IR កេសរ ជាដើម គឺ​មាន​លក្ខណៈ​សម​ស្រប​សម្រាប់​ការ​ដាំ​ដុះ​នៅ​ក្នុង​លក្ខខណ្ឌ​ប្រទេស​កម្ពុជា ព្រមទាំង​មាន​គុណភាព​អាច​ទទួល​យក​បាន សម្រាប់​ការ​បរិភោគ​នៅ​ក្នុង​គ្រួសារ ក៏​ដូច​ជា​តម្រូវការ​នៅ​លើ​ទីផ្សារ​ដែរ ។

១១.៦. ការ​វិភាគ​សេដ្ឋកិច្ច​នៃ​ប្រព័ន្ធ​ដាំ​ដុះ​ស្រូវ​ពីរ​ដំណាំ

ជា​ទូទៅ​ការ​ដាំ​ដុះ​ស្រូវ​នៅ​កម្ពុជា គឺ​ធ្វើ​ឡើង​តែ​មួយ​រដូវ​កាល​ប៉ុណ្ណោះ ដោយ​ដាំ​ដុះ​នៅ​រដូវវស្សា ហើយ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ពេញ​មួយ​រដូវប្រាំង បន្ទាប់​ពី​ការ​ច្រូតកាត់​ស្រូវ​រដូវវស្សា​រួចរាល់ ទោះបីជា​ផល​ស្រូវ​ដែល​ប្រមូល​បាន​មិន​គ្រប់គ្រាន់​សម្រាប់​បរិភោគ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក៏​ដោយ ។ កត្តា​រារាំង​ពីរ​ចម្បង​ដែល​ជា​ឧបសគ្គ​ដល់​ការ​បង្កើន​រដូវ​ដាំ​ដុះ​ដល់​កសិករ​ខ្មែរ គឺ​ប្រភព​ទឹក និង​ពូជស្រូវ ។ ដីស្រែ​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​ចាត់​ទុកជា​ដីស្រែ​ទំនាប​លិច​ទឹកភ្លៀង ដែល​ភ្លៀង​ជា​ប្រភព​ស្រោចស្រព​តែ​មួយ​គត់ ។ អាស្រ័យ​ហេតុនេះ កសិករ​មិន​អាច​ធ្វើការ​ដាំ​ដុះ​នៅ​ពេល​គ្មាន​ភ្លៀង​ធ្លាក់​បាន​ទេ ។ ម្យ៉ាង​ទៀត រហូត​មក​ពេល​បច្ចុប្បន្ន​នេះ ការ​ទទួលយក​ពូជស្រូវ​ថ្មី​ដែល​មាន​អាយុកាល​ខ្លី និង​មិន​ប្រកាន់​រដូវ​នៅ​មាន​កម្រិត​នៅ​ឡើយ ពីព្រោះ​កសិករ​មាន​ការ​ជឿជាក់ និង​ពេញចិត្ត​យ៉ាង​ខ្លាំង​ទៅ​នឹង​ពូជស្រូវ​ប្រពៃណី ទោះបីជា​ពូជស្រូវ​នេះ​មាន​អាយុកាល​វែង ប្រកាន់​រដូវ និង​ទាមទារ​ពេល​ដាំ​ដុះ​ច្បាស់​លាស់​គឺ​នៅ​រដូវវស្សា​ក៏​ដោយ ។ ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​តែ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​ប្រើប្រាស់​ពូជស្រូវ​ប្រពៃណី និង​ធ្វើការ​ដាំ​ដុះ​តាម​ទម្លាប់​លើ​ទំហំ​ផ្ទៃដី​តូច​របស់​គ្រួសារ​នីមួយៗ គឺ​ការ​ប្រមូល​ផល​មាន​ការ​ខ្វះខាត​សម្រាប់​ចិញ្ចឹម​គ្រួសារ​ក្នុង​មួយ​ឆ្នាំ ចំពោះ​កសិករ​ភាគច្រើន ។

នៅ​ពេល​ថ្មីៗ​នេះ កសិករ​មួយ​ចំនួន​តូច​នៃ​តំបន់​ខ្លះ មាន​ការ​ចាប់អារម្មណ៍​នឹង​ការ​ដាំ​ដំណាំ​បង្កើន​រដូវ មាន​ន័យ​ថា ដាំ​ពីរ​ដំណាំ​ក្នុង​មួយ​ឆ្នាំ ដោយសារ​ភាព​មិន​គ្រប់គ្រាន់​នៃ​ផល​ស្រូវ​វស្សា និង​លក្ខណៈ​អំណោយផល​នៃ​ពូជស្រូវ​ថ្មី ជា​ពិសេស​គឺ​ពូជស្រូវ IR66 ដែល​ជា​សមិទ្ធិផល​មួយ​ក្នុង​ចំណោម​ស្នាដៃ​ធំៗ​របស់​កម្មវិធី​កម្ពុជា​-​អ៊ីរី​-​អូស្ត្រាលី (CIAP) ដែល​បាន​ក្លាយជា​វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម​ថ្នាក់​ជាតិ​តែ​មួយ​គត់​នៅ​កម្ពុជា ចាប់​តាំងពី​ឆ្នាំ​១៩៩៩ ដែល​មាន​ឈ្មោះ​ថា វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CARDI) ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ស្រោចស្រព​បន្ថែម បើសិនជា​ពុំ​មាន​លទ្ធភាព​ស្រោចស្រព​ពេញលេញ គឺជា​កត្តា​ចាំបាច់​សម្រាប់​ធ្វើការ​ដាំ​ដុះ​ស្រូវ​បង្កើន​រដូវ ។ ការ​ដាំ​ពីរ​ដំណាំ​មាន​ន័យ​ថា ការ​ដាំ​ដុះ​ពីរ​ដង​នៅ​ក្នុង​ពេល​ណា​ក៏​ដោយ​ក្នុង​មួយ​ឆ្នាំ នៅ​ដីស្រែ​តែ​មួយ​ដូច​គ្នា ដោយ​ការ​ដាំ​ដំណាំ​ទី​២ ភ្លាមៗ​បន្ទាប់​ពី​ការ​ច្រូតកាត់​ដំណាំ​ទី​១ ឬ​ក៏​ទុក​ចន្លោះ​ពេល​មួយ ឬ​ពីរ​ខែ​អាស្រ័យ​លក្ខខណ្ឌ​អំណោយផល ។ ក៏​ប៉ុន្តែ​នៅ​កម្ពុជា ស្រូវ​រដូវវស្សា​ដែល​ត្រូវ​បាន​ចាត់ទុកជា​ដំណាំ​សំខាន់ ការ​ដាំ​មួយ​ដំណាំ​ទៀត​ដែល​អាច​នៅ​រដូវប្រាំង ឬ​ដើមរដូវ​វស្សា ដែល​ជា​ដំណាំ​បន្ថែម​នៅ​ក្នុង​ប្រព័ន្ធ​ពីរ​ដំណាំ​ដែល​មាន​ការ​អនុវត្ត​កន្លង​មក​នៅ​ក្នុង​ប្រទេស​នេះ ។ ដោយ​ការ​ដាំ​ដំណាំ​នៅ​រដូវប្រាំង​ទាមទារ​នូវ​ការ​ស្រោចស្រព​ពេញលេញ ដែល​ជា​ឧបសគ្គ​ចម្បង​ដល់​កសិករ​ក្នុង​ការ​ដាំ​ដំណាំ​នេះ ការ​ដាំ​ដំណាំ​បន្ថែម​នៅ​ដើមរដូវ​វស្សា​អាច​កាត់​បន្ថយ​ភាព​បរាជ័យ​ដោយសារ​ការ​រាំង​ស្ងួត ។ ប្រភព​ស្រោចស្រព​ដូច​ជា​ទឹក​ក្រោម​ដី ត្រពាំង ប្រឡាយ និង​ស្រះ​ជាដើម នៅ​តែ​ជា​កត្តា​ចាំបាច់​ក្នុង​ការ​ធានា​ភាព​មិន​ទៀងទាត់​នៃ​ទឹកភ្លៀង​នៅ​ដើមរដូវ​វស្សា ដែល​ជួន​ការ​មាន​ការ​អូស​បន្លាយ​អស់​រយៈពេល​យ៉ាង​វែង ។

១១.៦.១. លក្ខណៈ​ទូទៅ​នៃ​ទីកន្លែង និង​កសិករ

ករណី​សិក្សា​មួយ​អំពី​ផលិតកម្ម​ពូជស្រូវ​ថ្មី ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធ្វើការ​វិភាគ​ទៅ​លើ​លក្ខខណ្ឌ​ដាំ​ដុះ កត្តា​ផលិតកម្ម និង​សេដ្ឋកិច្ច​នៃ​ការ​ទទួលយក​ពូជស្រូវ​ថ្មី​របស់​កសិករ ។ ការ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដែល​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស មាន​ការ​ទទួលយក​ពូជស្រូវ​ថ្មី​គួរ​ឲ្យ​កត់សម្គាល់ ។ ប្រព័ន្ធ​កសិបរិស្ថាន អាកាសធាតុ ការ​កាន់កាប់​ដី ប្រភព​ធនធាន​កសិកម្ម និង​សកម្មភាព​ការងារ​កសិកម្ម របស់​ទីតាំង​សិក្សា មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​តំបន់​តំបន់​ទាប​កណ្តាល​ដទៃ​ទៀត​ដែរ ។ ប្រជាជន​ចំនួន​ច្រើន​ជាង ៨០​ភាគរយ មាន​មុខ​របរ​ធ្វើស្រែ​ចម្ការ​ទៅ​តាម​លទ្ធភាព​ដី​របស់​គ្រួសារ​នីមួយៗ ។ ដំណាំ​ស្រូវ​ជា​ដំណាំ​សំខាន់​ជាងគេ ហើយ​ចំនួន​កសិករ​រហូត​ដល់ ៨០​ភាគរយ បាន​អនុវត្ត​ប្រព័ន្ធ​ដាំ​ដុះ​ពីរ​ដំណាំ​ស្រូវ គឺ​ដំណាំ​ស្រូវ​ដើមរដូវ​វស្សា ដែល​ប្រើប្រាស់​ពូជស្រូវ​ទំនើប បន្ថែម​ទៅ​លើ​ស្រូវ​វស្សា​ដែល​ប្រើប្រាស់​ពូជ​ប្រពៃណី ។ ផ្ទៃដី​ដាំ​ដុះ​សម្រាប់​គ្រួសារ​នីមួយៗ​មាន​ទំហំ​តូច​ដែល​ប្រហែលជា ០,៨​ហត និង​ផ្ទៃដី​សម្រាប់​ដំណាំ​ផ្សេងៗ​ទៀត មាន​ទំហំ​តែ ០,០៦​ហត ។ ទាក់ទង​នឹង​ប្រភព​ស្រោចស្រព​បន្ថែម ចំនួន ៦៧​ភាគរយ នៃ​គ្រួសារ​ដែល​ដាំ​ពីរ​ដំណាំ​មាន​ប្រភព​ទឹក​ក្រោម​ដី ចំណែក​កសិករ​ដែល​ដាំ​តែ​មួយ​ដំណាំ​នៅ​រដូវវស្សា ពុំ​មាន​ប្រភព​ស្រោចស្រព​បន្ថែម​ទេ ។ ទាំង​កសិករ​ដែល​អនុវត្ត​ប្រព័ន្ធ​ពីរ​ដំណាំ និង​កសិករ​ដែល​អនុវត្ត​ដំណាំ​ទោល បាន​ចាត់​ទុក​ដំណាំ​ស្រូវ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់ ទោះបីជា​កសិករ​មាន​ប្រកប​របរ​ផ្សេង​ទៀត ដូច​ជា​ការ​ដាំ​ដំណាំ​ផ្សេងៗ ការ​ចិញ្ចឹមសត្វ និង​ការ ប្រកប​របរ​មិនមែន​កសិកម្ម​ក៏​ដោយ ។

១១.៦.២. ស្រូវ​ដើមរដូវ

ចំនួន ៨០​ភាគរយ នៃ​កសិករ​ដែល​បាន​ដាំ​ស្រូវ​ដើមរដូវ នៅ​លើ​ផ្ទៃដី​តូច​ជាង ១​ហត ដែល​ទំហំ​នេះ​ជា​ទូទៅ​មាន​ទំហំ​តូច​ជាង​ផ្ទៃដី​សរុប​ដែល​គ្រួសារ​នីមួយៗ​បាន​កាន់កាប់ (តារាង ១១.២) ។ ពូជស្រូវ​ស្រាល​ដែល​មាន​លក្ខណៈ​មិន​ប្រកាន់​រដូវ និង​មាន​អាយុកាល​ខ្លី ព្រមទាំង​មាន​ទិន្នផល​ខ្ពស់ និង​គុណភាព​ល្អ​ប្រសើរ ពិសេស​ពូជស្រូវ IR66 បាន​ត្រូវ​ប្រើប្រាស់​សម្រាប់​ដំណាំ​ដើមរដូវ ។ កសិករ​បាន​ប្រើប្រាស់​ទឹក​ក្រោម​ដី ដែល​មាន​ម៉ាស៊ីន​បូម ជា​ប្រភព​ស្រោចស្រព​ដ៏​សំខាន់​សម្រាប់​ការ​ស្រោចស្រព​បន្ថែម​ទៅ​លើ​ដំណាំ​ដើមរដូវ ។ ចំនួន​ច្រើន​ជាង​៧០​ភាគរយ នៃ​គ្រួសារ​ដែល​អនុវត្ត​ពីរ​ដំណាំ មាន​ប្រភព​ទឹក​ក្រោម​ដី និង​ម៉ាស៊ីនបូមទឹក ប៉ុន្តែ​ការ​ដាំ​ដុះ​ដោយ​ពឹងផ្អែក​លើ​ទឹកស្រះ ឬ​ពឹងផ្អែក​លើ​ទឹកភ្លៀង​ទាំងស្រុង ដែល​អាច​ប្រឈម​នឹង​ភាព​បរាជ័យ ។

តារាង ១១.២ របាយ​ផ្ទៃដី​ដាំ​ដុះ​រវាង​ស្រូវ​ដើមរដូវ និង​ស្រូវ​វស្សា

ដំណាំ​ស្រូវ​ដើមរដូវ​បាន​ផ្ដល់​ទិន្នផល​គួរ​ជាទី​ពេញចិត្ត ដែល​គិត​ជា​មធ្យម​គឺ ៣​ត​/​ហត ។ ទោះបីជា​មាន​ការ​ប្រែប្រួល​ទិន្នផល​ដែល​មាន​ការ​ទទួលផល​តិច​ជាង​២​តោន​/​ហត ក៏​ដោយ មាន​ករណី​ទិន្នផល​ខ្ពស់​រហូត​ដល់ ៤​តោន​/​ហត (តារាង​១១.៣) ។ ដោយ​មាន​ទិន្នផល​ខ្ពស់ ស្រូវ​ដើមរដូវ​អាច​បង្កើន​ឲ្យ​មាន​ប្រាក់​ចំណូល​ដុល (GI) មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ដែរ ។ GI ជា​មធ្យម​ពី​ស្រូវ​ដើមរដូវ មាន​ចំនួន ២៦០​ដុល្លា​/​ហត (តារាង ១១.៤) ។ GI សរុប​ដែល​កសិករ​ទទួល​បាន​ជាក់ស្តែង មាន​ចំនួន​តិច​ជាង​នេះ​ដែល​គិត​ជា​មធ្យម​គឺ​មាន​ចំនួន ១១០​ដុល្លា ពីព្រោះ​កសិករ​បាន​ដាំ​ស្រូវ​ដើមរដូវ​លើ​ផ្ទៃដី​តិច​ជាង​មួយ​ហិកតា ។

តារាង ១២.៣ របាយ​ទិន្នផល​រវាង​ស្រូវ​ដើមរដូវ និង​ស្រូវ​វស្សា

តារាង ១១.៤ ប្រាក់​ចំណូល​ពី​ផលិតកម្ម​ស្រូវ

ការ​ចំណាយ​ទុន​សរុប​សម្រាប់​ផលិតកម្ម​ស្រូវ​ដើមរដូវ ដែល​គិត​ជា​មធ្យម​ប្រមាណ​ជា ៣១៥​ដុល្លា (តារាង ១១.៥) ។ ការ​វិនិយោគ​នៃ​កម្លាំង​ពលកម្ម​គ្រួសារ គឺជា​ការ​ចំណាយ​ខ្ពស់​បំផុត​ក្នុង​ចំណោម​កត្តា​ចំណាយ​ផលិតកម្ម​ទាំងអស់ បើ​គិត​នៅ​ក្នុង​អត្រា​តម្លៃ​ពលកម្ម​នៅ​ទីផ្សារ ។ ក្រៅពី​កម្លាំង​ពលកម្ម ជី​លាមក​គោ​ក៏​មាន​តម្លៃ​ខ្ពស់​ដែរ បើ​គិត​នៅ​ក្នុង​តម្លៃ​ទិញ​នៅ​ទីផ្សារ ។ ប្រភេទ​ចំណេញ​របស់​ផលិតកម្ម​ត្រូវ​បាន​គណនា​ដោយ​ការ​ទូទាត់​ទៅ​តាម​រយៈ​ចំណាយ​ផ្សេងៗ ដែល​ក្នុង​នោះ​មាន ចំណេញ​ដុល (GM) ចំណូល​នៃ​គ្រួសារ​ផលិតកម្ម (FFI) ចំណូល​នៃ​កម្លាំង​ពលកម្ម​គ្រួសារ​ផលិតកម្ម និង​ប្រភេទ​ចំណូល​ផ្សេងៗ​ទៀត ។ GM ជា​មធ្យម​មាន​ចំនួន ១៩៥​ដុល្លា​/​ហត ដែល​ប្រហែលជា ៣០​ភាគរយ ច្រើន​ជាង​ស្រូវ​ផលិតកម្ម​ស្រូវ​វស្សា ។ ដោយឡែក FFI បាន​ឆ្លុះ​បញ្ចាំង​ពី​ចំណូល​សំខាន់​របស់​កសិករ​ក្នុង​តម្លៃ​វិជ្ជមាន ដែល​មាន ១១០​ដុល្លា​/​ហត ឬ​ប្រហាក់ប្រហែល​គ្នា​នឹង​ផលិតកម្ម​ស្រូវ​វស្សា​ដែរ ។

តារាង ១១.៥ ចំណាយ​នៃ​ផលិតកម្ម​ស្រូវ

១១.៦.៣. ស្រូវ​វស្សា

ពូជស្រូវ​ប្រពៃណី​ដែល​ប្រកាន់​រដូវ និង​មាន​អាយុកាល​មធ្យម និង​វែង ជា​ពូជ​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់​ដំណាំ​រដូវវស្សា ហើយ​ដាំ​លើ​ផ្ទៃ​ធំ​ជាង​ស្រូវ​ដើមរដូវ (តារាង ១១.២) ។ កត្តា​សំខាន់ៗ​ក្នុង​ការ​ជ្រើសរើស​ពូជ​ប្រពៃណី រួម​មាន រយៈពេល​ប្រមូល​ផល គុណភាព ទិន្នផល​ខ្ពស់ ភាព​ឡើងបាយ និង​កត្តា​សង្គម ក៏​បាន​ជះ​ឥទ្ធិពល​ដល់​ការ​ជ្រើសរើស​ប្រភេទ​ស្រូវ​មក​ដាំ​ដែរ តួយ៉ាង​ស្ទើរតែ​គ្រប់​កសិករ​ទាំងអស់​បាន​ដាំ​ពូជស្រូវ​ដំណើប​សម្រាប់​ធ្វើ​នំ ក្នុង​ពិធី​ប្រពៃណី និង​សាសនា​ជាដើម ។

ទិន្នផល​នៃ​ស្រូវ​វស្សា​ជា​មធ្យម​គឺ ២,០​ត​/​ហត ដែល​ទាប​ជាង​ស្រូវប្រាំង (តារាង ១១.៣) ។ តម្លៃ​មធ្យម​របស់ GI នៃ​ផលិតកម្ម​ស្រូវ​វស្សា​គឺ​ប្រហែលជា ១៥០​ដុល្លា ឬ ២០០​ដុល្លា​/​ហត ដោយ​មាន​ការ​ខុស​គ្នា​បន្តិចបន្តួច​រវាង​កសិករ​ដាំ​ពីរ​ដំណាំ និង​មួយ​ដំណាំ (តារាង ១១.៤) ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​ការ​ចំណាយ​សរុប​សម្រាប់​ផលិតកម្ម​ស្រូវ​វស្សា ដែល​គិត​ជា​មធ្យម គឺ ៣១០​ដុល្លា​/​ហត សម្រាប់​កសិករ​ដែល​ដាំ​មួយ​ដំណាំ បើ​ប្រៀបធៀប​ជាមួយ​កសិករ​ដែល​ដាំ​ពីរ​ដំណាំ ចំណាយ​អស់​តែ ២៤០​ដុល្លា​/​ហត ប៉ុណ្ណោះ ដោយ​បញ្ចូល​រាល់​ការ​ចំណាយ​ទាំងអស់ ទាំង​ថ្លៃ​ដី​ផង​ដែរ​ជាមួយនឹង​តម្លៃ​នៅ​ទីផ្សារ ពីព្រោះ​ការ​ចំណាយ​នៃ​ប្រភព​ធនធាន និង​ថ្លៃ​ដី​មាន​តម្លៃ​ខ្ពស់​សម្រាប់​កសិករ​ដែល​ដាំ​មួយ​ដំណាំ ពីព្រោះ​កសិករ​ដែល​ដាំ​ពីរ​ដំណាំ បាន​ប្រើប្រាស់​ជីធម្មជាតិ​តិច ឬ​ក៏​មិន​ដាក់​សោះ​សម្រាប់​ដំណាំ​ទី​២ ដោយ​ប្រើប្រាស់​សំណល់​ពីរ​ដំណាំ​ទី​១ ហើយ​ថ្លៃ​ដី​ផលិតកម្ម​ពាក់​កណ្ដាល ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ថ្លៃ​ផលិតកម្ម​នៃ​ដំណាំ​ដើមរដូវ (តារាង ១១.៦) ។ ចំណូល GM ក្នុង​មួយ​ហិកតា សម្រាប់​កសិករ​ដែល​ដាំ​មួយ​ដំណាំ មាន​តម្លៃ​ខ្ពស់​ជាង​កសិករ​ដែល​ដាំ​ពីរ​ដំណាំ​បន្តិច ដោយសារ​ក្រុម​ទី​១ បាន​ចំណាយ​តិច​លើ​ខ្ទង់​សាច់ប្រាក់​សុទ្ធ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​មូលហេតុ​នៃ​ការ​ដាក់​ជី​លាមក​តិច ឬ​ក៏​មិន​មាន​ការ​ដាក់​ជី​លាមក​គោ​ចំណូល FFI របស់​កសិករ​ដែល​ដាំ​ពីរ​ដំណាំ​មាន​ភាព​ប្រសើរ​ជាង​ក្រុម​កសិករ​ដែល​ដាំ​មួយ​ដំណាំ (តារាង ១១.៤) ។

តារាង ១១.៦ ប្រាក់​ចំណូល​សរុប​ពី​ផលិតកម្ម​ស្រូវ

១១.៦.៤. ការ​ប្រៀបធៀប​រវាង​ស្រូវ​ដើមរដូវ និង​ស្រូវ​វស្សា

តាម​រយៈ​លទ្ធផល និង​ការ​ពិភាក្សា​ខាងលើ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ការ​ខុស​គ្នា​រវាង​ការ​ដាំ​ដំណាំ​ដើមរដូវ និង​រដូវវស្សា ។ ដំណាំ​ដើមរដូវ ជា​ទូទៅ​ត្រូវ​បាន​ដាំ​លើ​ផ្ទៃដី​តែ​មួយ​ផ្នែក​នៃ​ដី​សរុប​របស់​កសិករ ដែល​ត្រូវ​បាន​ប្រើប្រាស់​ទាំងស្រុង​សម្រាប់​ដំណាំ​រដូវវស្សា ។ ផ្ទៃដី​ជា​មធ្យម​សម្រាប់​ស្រូវ​ដើមរដូវ​គឺ ០,៤​ហត ដោយ​ធៀប​នឹង ០,៨​ហត នៃ​ស្រូវ​វស្សា ។ ពូជស្រូវ​ថ្មី IR66 ត្រូវ​បាន​ប្រើប្រាស់​នៅ​ដើមរដូវ រីឯ​ពូជស្រូវ​ប្រពៃណី​ដែល​ប្រកាន់​រដូវ ត្រូវ​បាន​និយម​ចូល​ចិត្ត​ដាំ​ដុះ​នៅ​រដូវវស្សា ។ ប្រហែលជា​ចំនួន ៣០​ភាគរយ នៃ​ស្រូវ​ដើមរដូវ​ត្រូវ​បាន​ដាំ​ដោយ​វិធី​ពង្រោះ ប៉ុន្តែ​វិធី​ស្ទូង​តែ​មួយ​គត់​ដែល​កសិករ​ប្រើប្រាស់​សម្រាប់​ស្រូវ​វស្សា ។

ការ​ប្រើ​ពូជស្រូវ​ខុស​គ្នា គឺជា​កត្តា​ដែល​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ទិន្នផល​នៃ​ដំណាំ​ទាំង​ពីរ​រដូវ មាន​ការ​ខុស​គ្នា​ដែរ ។ ទិន្នផល​ជា​មធ្យម​សម្រាប់​ស្រូវ​ដើមរដូវ​គឺ ៣,០​ត​/​ហត ចំណែក​ទិន្នផល​ស្រូវ​វស្សា​ជា​មធ្យម​គឺ​តែ ២,០​ត​/​ហត ។ ជាង​នេះ​ទៅ​ទៀត ទិន្នផល​ខ្ពស់​ជា​អតិបរមា​នៃ​ស្រូវ​វស្សា​គឺ ៣,០​ត​/​ហត ប៉ុន្តែ​ប្រហែលជា ៥០​ភាគរយ នៃ​ស្រូវ​ដើមរដូវ​គឺ​នៅ​ចន្លោះ​ពី ៣ ទៅ ៤ ត​/​ហត ព្រមទាំង​កសិករ​មួយ​ចំនួន​តូច​បាន​ទទួលផល​លើស​ពី ៤​ត​/​ហត ។ ទិន្នផល​កាន់តែ​ខ្ពស់​នៃ​ស្រូវ​ដើមរដូវ ធ្វើ​ឲ្យ​ចំណូល​ដុល​ក្នុង​មួយ​ហិកតា មាន​តម្លៃ​ខ្ពស់​ជាង​ស្រូវ​វស្សា ទោះបីជា​ផ្ទៃដី​ដាំ​ដុះ​នៃ​ស្រូវ​ដើមរដូវ មាន​ទំហំ​តូច​ជាង​ស្រូវ​វស្សា​ដែល​ចំណូល​ដុល​នៃ​ស្រូវ​ដើមរដូវ គឺ​ប្រហែលជា​បី​ភាគ​បួន​នៃ​ស្រូវ​វស្សា ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​ស្រូវ​ដើមរដូវ​ទាមទារ​ទុន​ចំណាយ​ខ្ពស់​ជាង​ស្រូវ​វស្សា ។ ថ្លៃ​អថេរ​សរុប​របស់​ស្រូវ​ដើមរដូវ​ជា​មធ្យម​គឺ ២៧០​ដុល្លា​/​ហត បើ​ធៀប​នឹង​ចំនួន ២១០​ដុល្លា​/​ហត សម្រាប់​ស្រូវ​វស្សា (តារាង ១១.៥) ។ កសិករ​ដែល​ដាំ​ពីរ​ដំណាំ​បាន​ចំណាយ​តែ ១៩០​ដុល្លា​/​ហត សម្រាប់​ស្រូវ​វស្សា ដោយ​ការ​សន្សំ​សំចៃ​នៃ​ប្រភព​ធនធាន ។ ការ​ចំណាយ​ជា​សាច់ប្រាក់ និង​ប្រភព​ធនធាន​សម្រាប់​ដំណាំ​ដើមរដូវ​មាន​កម្រិត​ខ្ពស់​ជាង​ស្រូវ​វស្សា​ពីព្រោះ​ជីគីមី ថ្លៃ​ប្រេង​ក្នុង​ការ​ស្រោចស្រព ថ្នាំពុល​កសិកម្ម និង​ជី​លាមក​គោ​ត្រូវ​បាន​ដាក់​យ៉ាងច្រើន ទៅ​លើ​ដំណាំ​ទី​មួយ ។ ទោះបីជា​ថ្លៃ​ពលកម្ម​គ្រួសារ​បាន​បង្ហាញ​ពី​ភាព​គ្មាន​ខុស​គ្នា​រវាង​ស្រូវ​ដើមរដូវ និង​ស្រូវ​វស្សា តាម​ពិត​ស្រូវ​ដើមរដូវ​ទាមទារ​កម្លាំង​ពលកម្ម​ច្រើន ។ កម្លាំង​ពលកម្ម​ជា​មធ្យម​ដែល​ប្រើប្រាស់​នៅ​ក្នុង​ផលិតកម្ម​ស្រូវ​ដើមរដូវ​គឺ​១៥០ នាក់​/​ហត ធៀប ១២៣ នាក់​/​ហត នៃ​ស្រូវ​វស្សា ។ តម្លៃ​ពលកម្ម​រដូវ​កាល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​រវាង​ស្រូវ​ទាំង​ពីរ​រដូវ​កាល ទោះបីជា​មាន​ការ​រាំងស្ទះ​កម្លាំង​ពលកម្ម​ដែល​តែងតែ​កើតឡើង​នៅ​រដូវវស្សា ដែល​អាច​បណ្តាល​មក​ពី​ការ​ដាំ​ដុះ​ទ្រង់ទ្រាយ​ធំ ។

១១.៦.៥. ការ​វិភាគ​ក្នុង​មួយ​ឆ្នាំ​ផលិតកម្ម

ឥទ្ធិពល​នៃ​ការ​ដាំ​ដុះ​ស្រូវ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ការ​វិភាគ​ក្នុង​មួយ​ឆ្នាំ​នៃ​ផលិតកម្ម ។ កសិករ​ដែល​បាន​ដាំ​ពីរ​ដំណាំ​អាច​បង្កើន​ផលិតកម្ម​ស្រូវ និង​ប្រាក់​ចំណូល​របស់​ខ្លួន​តាម​រយៈ​ការ​ដាំ​ដុះ​តាម​វិធី​ប្រពលវប្បកម្ម​លើ​ផ្ទៃ​ដី​ដែល​មាន​កំណត់​របស់​ខ្លួន ។ ផ្ទៃ​ដី​សរុប​របស់​កសិករ​ដែល​ដាំ​ពីរ​ដំណាំ​គិត​ជា​មធ្យម​គឺ ០,៨​ហត ប៉ុន្តែ​កសិករ​អាច​ធ្វើ​ផលិតកម្ម​បាន​រហូត​ដល់ ១,២​ហត ក្នុង​រយៈពេល​មួយ​ឆ្នាំ (តារាង ១២.៦) ។ ផលិតផល​សរុប​ដែល​កសិករ​ពីរ​ដំណាំ​ប្រមូល​បាន​គឺ ៣​តោន ដោយ​ប្រៀបធៀប​នឹង ១,៥​តោន នៃ​ផលិតផល​របស់​កសិករ​ដាំ​ដំណាំ​ទោល ។ ប្រាក់​ចំណូល​សរុប​ក្រុម​ទី​មួយ​គឺ ២៦០​ដុល្លា ដែល​មាន​ចំនួន​ប្រហែលជា​ពីរ​ដង​នៃ​កសិករ​ដាំ​ដំណាំ​ទោល ។ បន្ទាប់​ពី​ការ​ទូទាត់​ថ្លៃ​ផលិតកម្ម កសិករ​ដែល​ដាំ​ពីរ​ដំណាំ​ទទួល​បាន GM ចំនួន ២០៥ ដុល្លា និង FFI ចំនួន ១៤៥ ដុល្លា ដែល​មាន​ចំនួន​ច្រើន​ជាង​កសិករ​ដែល​ដាំ​ដំណាំ​ទោល​គួរ​ឲ្យ​កត់សម្គាល់ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ចំណាយ​ទុន​បន្ថែម​បាន​ផ្ដល់​នូវ​ប្រាក់​ចំណេញ​សុទ្ធ​ដល់​កសិករ ។

តាម​ការ​វិភាគ​ផលិតផល​មួយ​ឆ្នាំ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ទំហំ​ដី​ដែល​កសិករ​កាន់កាប់ ឬ​មាន​តម្លៃ​ក្នុង​មួយ​ហិកតា​របស់​កសិករ​ដំណាំ​ទោល​ខាងលើ មិន​មាន​ការ​ប្រែប្រួល​ទេ ប៉ុន្តែ​ទិន្នផល​របស់​កសិករ​ពីរ​ដំណាំ​មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង​ពី ២,៣​ត​/​ហត ទៅ ៣,៥​ត​/​ហត ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ប្រសើរ​នៃ​ប្រើប្រាស់​ដី​ដែល​មាន​ស្រាប់ (តារាង ១១.៦) ។ តម្លៃ​មធ្យម​នៃ GI បាន​កើន​ឡើង​រហូត​ដល់ ៣២៥​ដុល្លា​/​ហត ស្មើ​នឹង ៥៥​ភាគរយ ខ្ពស់​ជាង​កសិករ​មួយ​ដំណាំ ។ ស្រដៀង​គ្នា​ដែរ តម្លៃ GM គឺ ២៥៥​ដុល្លា​/​ហត (៤២​ភាគរយ ខ្ពស់​ជាង) និង FFI គឺ ១៨០​ដុល្លា​/​ហត (៣៧​ភាគរយ​ខ្ពស់​ជាង) ។

១១.៧. ការ​បែងចែក និង​ប្រើប្រាស់​ផលិតផល

ស្រូវ​គឺជា​គ្រាប់​ធញ្ញជាតិ​ដែល​ផ្ដល់​ថាមពល​ច្រើន​បំផុត ដល់​ប្រជាជន​ដែល​រស់នៅ​តំបន់​អាស៊ី បើ​ប្រៀបធៀប​ជាមួយ​ប្រភេទ​ធញ្ញជាតិ​ដទៃៗ​ទៀត ។ ស្រូវ​បាន​ផ្ដល់​រហូត​ដល់​ចំនួន ៤០​ភាគរយ​នៃ​កាឡូរី​សរុប​នៅ​ក្នុង​អាហារ​ជា​មធ្យម​សម្រាប់​ប្រជាជន​អាស៊ី (Barker et al, 1985) ។ បរិមាណ​នៃ​ការ​បរិភោគ​មាន​ការ​កើនឡើង សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី​ខាងត្បូង ក៏​ដូច​ជា​នៅ​អាស៊ី​អាគ្នេយ៍​ដែរ ។ នៅ​ខណៈ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​កម្រិត​នៃ​ការ​បរិភោគ​បាន​ឡើង​ដល់​កម្រិត​អតិបរមា សម្រាប់​ប្រទេស​ដែល​មាន​ការ​រីក​ចម្រើន​បង្គួរ​នៅ​តំបន់​អាស៊ី​ខាងកើត ដោយឡែក​បរិមាណ​បរិភោគ​នៅ​បណ្តា​ប្រទេស​ជឿនលឿន ដូច​ជា​នៅ​ប្រទេស​ជប៉ុន​ជាដើម គឺ​មាន​ការ​ថយ​ចុះ ។ ការ​ពង្រីក​ការ​វិនិយោគ​នូវ​ការ​ស្រោចស្រព ការ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ និង​ការ​ទទួលយក​បច្ចេកទេស​ថ្មី បាន​ជួយ​បង្កើន​ទាំង​បរិមាណ​ទិន្នផល និង​ផលិតកម្ម ដោយ​រក្សា​តម្លៃ​ស្រូវ​ទាប ។

ទិន្នន័យ​ជាក់លាក់​អំពី​បរិមាណ​ស្រូវ​ដែល​បរិភោគ​ដោយ​ប្រជាជន​នៅ​បណ្តា​ប្រទេស​នានា មាន​ភាព​ស្មុគស្មាញ​ជាង​ការ​គិត ។ បរិមាណ​នៃ​ការ​បរិភោគ​សរុប​របស់​ជាតិ​មួយ គឺ​មិន​ស្មើ​នឹង​បរិមាណ​ផលិតកម្ម​សរុប​របស់​ជាតិ​នោះ​ទេ ពីព្រោះ​ផលិតផល​ស្រូវ​ត្រូវ​បាន​ដោះ​ដូរ រក្សា​ទុក ចិញ្ចឹមសត្វ និង​ប្រើប្រាស់​ជា​គ្រាប់ពូជ ។ ប្រទេស​ភាគច្រើន​មិន​មាន​ការ​សិក្សា​ពី​បរិមាណ​បរិភោគ​ប្រចាំឆ្នាំ​ទេ តែ​ទោះបីជា​ការ​សិក្សា​បាន​ធ្វើ​ឡើង ក៏​លទ្ធផល​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ការ​ប្រែប្រួល​នៃ​រដូវ​កាល ឬ​ឆ្លុះ​បញ្ចាំង​ពី​ការ​បាត់បង់​ដែរ ។ វិធីសាស្ត្រ​ដែល​ប្រើប្រាស់​សម្រាប់​វាស់​ការ​ប្រែប្រួល​ការ​បរិភោគ​គឺ​តារាង​តុល្យភាព​អាហារ ។ ការ​សិក្សា​ពី​ការ​ប្រើប្រាស់​ផ្សេងៗ​ទៀត​ដើម្បី​ទទួល​បានការ​ប៉ាន់​ស្មាន​ការ​បរិភោគ​ឲ្យ​កាន់តែ​ជាក់លាក់​សម្រាប់​អនុផ្នែក​ប្រជាករ​ផ្សេងៗ ឬ​ដើម្បី​វាស់​ពី​ទំនាក់ទំនង​រវាង​ការ​បរិភោគ និង​ចំណូល ឬ​សុខភាព និង​គំរូ​បរិភោគ​អាហារ ។ តាម​ការ​ប៉ាន់​ប្រមាណ​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក ពី​ការ​បរិភោគ​ស្រូវ​នៅ​តំបន់​ខុសៗ​គ្នា​នៅ​លើ​ពិភពលោក​បាន​បញ្ជាក់​ពី​កម្រិត​ផលិតកម្ម និង​ការ​បរិភោគ ដោយ​ផ្តោត​ទៅ​លើ​តំបន់​អាស៊ី ។

នៅ​ក្នុង​ទសវត្សរ៍​ទី​៧០ ការ​បរិភោគ​ជា​មធ្យម​នៅ​លើ​ពិភពលោក​គឺ ៧៦​គីឡូក្រាម​អង្ករ ក្នុង​ម្នាក់​ក្នុង​មួយ​ឆ្នាំ តែ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​បរិភោគ​តែ ៥​គីឡូក្រាម​ក្នុង​ម្នាក់​ក្នុង​មួយ​ឆ្នាំ ។ នៅ​អាមេរិកឡាទីន ការ​បរិភោគ ៥ ដង​ច្រើន​ជាង​នេះ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​វា​គ្រាន់តែ​មួយ​ភាគ​បួន​នៃ​ចំនួន​មធ្យម ១០០​គីឡូក្រាម ក្នុង​ម្នាក់​ក្នុង​មួយ​ឆ្នាំ នៅ​អាស៊ី​ប៉ុណ្ណោះ ។ បរិមាណ​នៃ​ការ​បរិភោគ​របស់​ប្រទេស​កម្ពុជា ជា​មធ្យម​មាន​កម្រិត​ខ្ពស់​រហូត​ដល់ ១៦០​គីឡូក្រាម​ក្នុង​ម្នាក់​ក្នុង​មួយ​ឆ្នាំ ជា​ពិសេស​ប្រជាជន​នៅ​តាម​ជនបទ ។ តាម​ស្ថិតិ​របស់​អង្គការ​ស្បៀង និង​កសិកម្ម​ពិភពលោក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បរិមាណ​ជា​មធ្យម​នៃ​ការ​បរិភោគ​របស់​ប្រជាជន​ខ្មែរ​នៅ​ទសវត្សរ៍​ទី​៦០ គឺ ២៤២​គីឡូក្រាម​ស្រូវ ត្រូវ​នឹង ១៦២​គីឡូក្រាម​អង្ករ តែ​បរិមាណ​នេះ​បាន​ធ្លាក់​ចុះ​ដល់ ១៩៩​គីឡូក្រាម​ស្រូវ ត្រូវ​នឹង ១៣៣​គីឡូក្រាម​អង្ករ ក្នុង​សម័យ​សង្គ្រាមស៊ីវិល ។ តាំងពី​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​រហូត​ដល់​ពេល​ថ្មីៗ​នេះ បរិមាណ​នៃ​ការ​បរិភោគ​មាន​ការ​កើនឡើង​វិញ​រហូត​ដល់ ២២៨​គីឡូក្រាម​ស្រូវ ត្រូវ​នឹង ១៥២​គីឡូក្រាម​អង្ករ ។

កត្តា​បី​ដែល​ជា​កត្តា​កំណត់​នូវ​ការ​បរិភោគ​របស់​អ្នក​បរិភោគ​រស់នៅ​តំបន់​ផ្សេងៗ​គ្នា និង​ពេលវេលា​ខុសៗ​គ្នា ។ កត្តា​ទាំងនោះ​រួម​មាន រសជាតិ និង​ការ​ចូល​ចិត្ត ប្រាក់​ចំណូល និង​តម្លៃ​ស្រូវ​ដែល​ទាក់ទង​នឹង​តម្លៃ​អាហារ​ជំនួស​ផ្សេងៗ ។ កត្តា​ទាំង​បី​នេះ​គឺ​មាន​ការ​ទាក់ទង​គ្នា និង​ឆ្លុះ​បញ្ចាំង​ពី​សមាសធាតុ​រណប​ចូលរួម​ទាំងអស់ ។ រសជាតិ និង​ការ​ចូល​ចិត្ត​របស់​អ្នក​ទីក្រុង​មាន​ការ​ខុស​គ្នា​ស្រឡះ​ជាមួយ​អ្នក​នៅ​តំបន់​ជនបទ ដោយសារ​ភាព​ខុស​គ្នា​នៃ​របៀបរបប​រស់នៅ និង​កម្រិត​សកម្មភាព​របស់​រូបរាង​កាយ ។ រសជាតិ​នៃ​ចំណូលចិត្ត​របស់​ជនជាតិ​មួយ​ក្រុម​នៅ​ក្នុង​ប្រទេស​មួយ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ក្រុម​ដទៃៗ​ទៀត ។ ការ​ប្រែប្រួល​តម្លៃ​របស់​ស្រូវ​នឹង​មាន​ឥទ្ធិពល​លើ​ការ​បរិភោគ ពីព្រោះ​ថ្លៃ​ស្រូវ​មាន​ការ​កើនឡើង ឬ​ធ្លាក់​ចុះ​មាន​ការ​ទាក់ទង​នឹង​ជម្រើស​ផ្សេងៗ ។ ខណៈ​ដែល​មាន​ការ​ចំណាយ​ខ្ពស់​ទៅ​លើ​ស្រូវ​នៃ​ការ​ចំណាយ​ទាំងអស់​នោះ ថ្លៃ​របស់​ស្រូវ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ប្រាក់​ចំណូល​ពិត ។

ការ​រស់នៅ​ទីកន្លែង​ខុស​គ្នា​រវាង​ទីក្រុង និង​ជនបទ​ក៏​ជា​កត្តា​សំខាន់​ដែល​មាន​ឥទ្ធិពល​លើ​ការ​បរិភោគ​ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់ ។ ដោយ​ប្រជាជន​ដែល​រស់នៅ​ជនបទ​មាន​ប្រាក់​ចំណូល​តិច​ជាង​ប្រជាជន​ដែល​រស់នៅ​ទីក្រុង និង​ជា​ទូទៅ​ប្រកបការងារ​កសិកម្ម ឬ​ក៏​ធ្វើ​ការងារ​ដែល​ទាមទារ​នូវ​ពេលវេលា​ច្រើន ប្រជាជន​នៅ​ជនបទ​បរិភោគ​អាហារ​ទាំង​បី​ពេល​នៅផ្ទះ ហើយ​ម្យ៉ាងទៀត​ពួក​គាត់​មិន​បាន​ចំណាយ​ថវិកា​ដើម្បី​ទិញ​អាហារ​ដូច​ជា​នំប៉័ង​ទេ ។ ប្រជា​កសិករ​ខ្មែរ​បរិភោគ​បាយ​មាន​បរិមាណ​មិន​តិច​ជាង​ពីរ​ដង​ទេ ដោយ​ប្រៀបធៀប​ជាមួយ​ប្រជាជន​ដែល​រស់នៅ​ទីក្រុង ។ ជា​ទូទៅ​កម្រិត​នៃ​ការ​បរិភោគ​មាន​ការ​ទាក់ទង​ទៅ​នឹង​ប្រាក់​ចំណូល ក្រុម​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ បរិមាណ​នៃ​ការ​បរិភោគ​របស់​ក្រុម​ក៏​មាន​ការ​កើន​ឡើង​ដែរ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​មាន​ប្រទេស​ខ្លះ​បរិមាណ​នៃ​ការ​បរិភោគ​ហាក់​ដូចជា​ពុំ​មាន​ការ​ខុស​គ្នា​រវាង​ក្រុម​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​ក្រុម​មាន​ប្រាក់​ចំណូល​ទាប​ដូច​ជា​ប្រទេស​ជប៉ុន​ជាដើម ។

ការ​បែងចែក​ផលិតផល​ក្រោយ​ពេល​ប្រមូលផល គឺ​មាន​លក្ខណៈ​មិន​ដូច​គ្នា​ទេ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ គឺ​អាស្រ័យ​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច ផ្ទៃដី​ផលិតកម្ម ភាព​អំណោយផល​នៃ​កត្តា​ផលិតកម្ម ព្រមទាំង​ទម្លាប់​នៃ​ការ​បរិភោគ​ផង​ដែរ ។ សម្រាប់​ប្រទេស​ជឿនលឿន ដូច​ជា ប្រទេស​ជប៉ុន អាមេរិក អូស្ត្រាលី និង​ប្រទេស​រីក​ចម្រើន​នៅ​អឺរ៉ុប ការ​ផលិត​ស្រូវ​របស់​គេ​គឺ​សម្រាប់​លក់ ដែល​ជា​គោលបំណង​ចម្បង​នៅ​ក្នុង​ផលិតកម្ម​ស្រូវ ។ ក៏​ប៉ុន្តែ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ គោលបំណង​ចម្បង​នៅ​ក្នុង​ផលិតកម្ម​ស្រូវ​គឺ​ការ​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ ហើយ​ការ​លក់ដូរ​គឺជា​កត្តា​បន្ទាប់បន្សំ​ប៉ុណ្ណោះ ។

ផលិតកម្ម​ស្រូវ​នៅ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​ចាត់​ទុក​ស្រូវ​ជា​អាហារ​សំខាន់​បំផុត​ដែរ គឺ​ការ​បរិភោគ​ដែល​ជា​គោលបំណង​ចម្បង ។ ទោះបីជា​ប្រទេស​កម្ពុជា​ជា​ប្រទេស​ផលិតកម្ម​ស្រូវ​ក៏​ដោយ ក៏​ការ​ផលិត​ស្រូវ​នៅ​ប្រទេស​នេះ​គឺ​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ​ជា​អាទិភាព ពីព្រោះ​ប្រជាជន​ខ្មែរ​ស្ទើរ​តែ​មួយ​រយ​ភាគរយ បាន​បរិភោគ​បាយ​ជា​អាហារ​ប្រចាំ​ថ្ងៃ បច្ចេកទេស​ដាំ​ដុះ​មាន​លក្ខណៈ​បុរាណ ការ​ដាំ​ដុះ​មាន​ការ​ពឹង​លើ​ធម្មជាតិ​ជា​សំខាន់ ផ្ទៃ​ដី​ដាំ​ដុះ​សម្រាប់​គ្រួសារ​នីមួយៗ​គឺ​មាន​ទំហំ​តូច ជា​ទ្រង់ទ្រាយ​ផលិតកម្ម​តូច និង​ទិន្នផល​មាន​កម្រិត​ទាប ។ ទោះបីជា​ផលិតកម្ម​ស្រូវ​នៃ​តំបន់​អំណោយផល ដូច​ជា​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ដែល​ដីស្រែ​មាន​ជីជាតិ​ល្អ ទិន្នផល​ស្រូវ​មាន​កម្រិត​ខ្ពស់ ព្រមទាំង​ការ​កាន់កាប់​ដីស្រែ​របស់​កសិករ ជា​ទូទៅ​មាន​ទំហំ​ធំ​បង្គួរ​បើ​ប្រៀបធៀប​ជាមួយ​កសិករ​នៅ​ខេត្ត​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស ក៏​ការ​បែងចែក​ផលិតផល​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ​ជា​អាទិភាព ។ ក៏​ប៉ុន្តែ​ទំហំ​នៃ​ការ​លក់​របស់​កសិករ​ភាគច្រើន​នៅ​តំបន់​នេះ មាន​បរិមាណ​ច្រើន​ជាង​កសិករ​នៅ​តំបន់​ដទៃ​ទៀត ។

ជា​ទូទៅ ការ​ផលិត​ស្រូវ​របស់​កសិករ​នៅ​ទូទាំង​ប្រទេស គឺ​គ្រប់គ្រាន់​សម្រាប់​បរិភោគ​នៅ​ក្នុង​គ្រួសារ​ប៉ុណ្ណោះ តែបើ​ជួប​លក្ខខណ្ឌ​មិន​អំណោយផល ផលិតផល​មិន​អាច​ឧបត្ថម្ភ​គ្រប់គ្រាន់​សម្រាប់​មួយ​ឆ្នាំ​បាន​ទេ ។ បន្ទាប់​ពី​ការ​ច្រូតកាត់ កសិករ​ខ្មែរ​ទូទៅ​បាន​ធ្វើការ​បែងចែក​ផលិតផល​របស់​ខ្លួន​ជា​បី​ចំណែក​ធំៗ គឺ​ការ​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ ការ​ទុកដាក់​សម្រាប់​ជា​ពូជ​នៅ​រដូវ​កាល​ក្រោយ និង​មួយ​ចំណែក​ទៀត​សម្រាប់​ដោះ​ដូរ​ជា​ថវិកា ដើម្បី​ដោះស្រាយ​តម្រូវការ​នៅ​ក្នុង​គ្រួសារ ។ ការ​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ​រួម​មាន​ការ​ទុក​សម្រាប់​បរិភោគ និង​ផ្ដល់​ជា​ចំណី​សត្វ​ជាដើម បើសិនជា​កសិករ​មាន​ចិញ្ចឹមសត្វ​ដូច​ជា មាន់ ទា និង​ជ្រូក​ជាដើម ។ ការ​ទុក​ពូជ​ក៏​ជា​កត្តា​សំខាន់​សម្រាប់​កសិករ​ខ្មែរ​ដែរ ពីព្រោះ​តាម​ទម្លាប់ កសិករ​មិន​ចង់​ទិញ​ពូជស្រូវ​ពី​គេ​ទេ លើក​លែងតែ​ដំណាំ​របស់​គាត់​ត្រូវ​ខូចខាត​ទាំងស្រុង ។ ទោះបីជា​ការ​លក់​ផល​ស្រូវ​មិន​ជា​គោលបំណង​ចាំបាច់​ក៏​ដោយ តែ​ជា​ការ​ចាត់ចែង​ក្នុង​ដំណោះស្រាយ​តម្រូវការ​សំខាន់ៗ​នៅ​ក្នុង​គ្រួសារ ។ ចំណូល​ពី​ការ​លក់​ផលិតផល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ដូច​ជា​ម្ហូបអាហារ ថ្នាំសង្កូវ ការ​សិក្សា សម្លៀក​បំពាក់ និង​ចំណាយ​នៅ​ក្នុង​ពិធី​ប្រពៃណី​ជាដើម ។ ម្យ៉ាងវិញទៀត វា​ជា​ការ​ចាំបាច់​នៅ​ក្នុង​ការ​សង​បំណុល​នៅ​ក្នុង​ផលិតកម្ម​ស្រូវ ដូច​ជា​ការ​ថ្លៃ​ជី និង​ការ​ជួល​កម្លាំង​ពលកម្ម ជាដើម ។

កសិកម្ម​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប ដែល​ផលិតផល​កសិកម្ម​អាច​មាន​រហូត​ដល់ ៤៥​ភាគរយ ឬ​ច្រើន​ជាង​នេះ​នៃ​ផលិតផល​ក្នុងស្រុក​សរុប តួយ៉ាង​ប្រទេស​ភូមា នេប៉ាល់ បង់ក្លាដែស វៀតណាម ឡាវ និង​កម្ពុជា ជាដើម ។ ដោយឡែក​ដំណាំ​ស្រូវ​ជា​ប្រភព​ចំណូល​មួយ​របស់​សេដ្ឋកិច្ច​ជាតិ​នៃ​ប្រទេស ដែល​ចាត់​ទុក​ស្រូវ​ជា​ដំណាំ​ស្បៀង​ប្រចាំ​ថ្ងៃ និង​មាន​ផលិតកម្ម​ស្រូវ​ជា​ចម្បង ទាំង​ប្រទេស​ដែល​បាន​នាំ​ស្រូវ​ចេញ ក៏​ដូច​ជា​ប្រទេស​ដែល​ផលិត​ស្រូវ​ល្មម​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ដែរ ។ សម្រាប់​ប្រទេស​ដែល​មាន​លទ្ធភាព​ផលិត​ស្រូវ​លើស​ពី​សេចក្តី​ត្រូវការ​នៅ​ក្នុង​ប្រទេស បាន​នាំ​ស្រូវ​ចេញ​ដើម្បី​ដោះ​ដូរ​យក​រូបិយប័ណ្ណ​យ៉ាង​សន្ធឹកសន្ធាប់ ។ ប្រទេស​ដែល​មាន​ការ​នាំ​ស្រូវ​ចេញ​សំខាន់ៗ​នៅ​លើ​ពិភពលោក រួម​មាន​ប្រទេស​ថៃ វៀតណាម ចិន ឥណ្ឌា ភូមា សហរដ្ឋ​អាមេរិក និង​ប្រទេស​អូស្ត្រាលី ជាដើម ។ ចំណែក​ប្រទេស​ដែល​មាន​ផលិតកម្ម​ជា​ចម្បង​ដែរ​តែ​ការ​នាំ​ចេញ​មាន​កម្រិត​មាន​ដូច​ជា ប្រទេស​ជប៉ុន កូរ៉េ​ទាំង​ពីរ ប្រទេស​ផ្សេងៗ​នៅ​អាស៊ី​ខាងត្បូង អាស៊ី​អាគ្នេយ៍ និង​ប្រទេស​កម្ពុជា ជាដើម ។ ប្រទេស​ទាំង​អស់​នេះ​មិន​បាន​ផលិត​ស្រូវ​សម្រាប់​ការ​នាំ​ចេញ ក្នុង​បរិមាណ​ដ៏​ច្រើន​ក៏​ពិតមែន តែ​ប្រទេស​ទាំងនេះ​បាន​ផលិត​ស្រូវ​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ប្រជាជន​របស់​ខ្លួន និង​អាច​នាំ​ចេញ​ក្នុង​បរិមាណ​តិច ។ ដូច្នេះ​ថវិកា​សម្រាប់​បរិមាណ​ស្រូវ​ដែល​ចិញ្ចឹម​ប្រជាជន​រាប់​លាន​នាក់ គឺ​មាន​ចំនួន​ដ៏​ច្រើន​លើសលុប ។

ប្រទេស​កម្ពុជា​ធ្លាប់​ជា​ប្រទេស​មួយ​មាន​ការ​ជោគជ័យ​នៅ​ក្នុង​ផលិតកម្ម​ស្រូវ ហើយ​ជា​ប្រទេស​ដែល​នាំ​ស្រូវ​ចេញ​ធំ​មួយ​នៅ​លើ​ពិភពលោក​នៅ​ទសវត្សរ៍​ទី​៦០ ។ ផលិតកម្ម​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​អំឡុង​ពេល និង​ក្រោយ​ពេល​សង្គ្រាម​ស៊ីវិល ។ ទាំង​ផលិតភាព និង​ទិន្នផល​ស្រូវ​មាន​ភាព​ប្រសើរ​ឡើងជា​បណ្តើរៗ ឯ​ផលិតផល​ស្រូវ​ក៏​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ។ ផលិតផល​កសិកម្ម គឺជា​ចំណែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កម្ពុជា ដោយ​មាន​បរិមាណ​ប្រហែលជា ៤០​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក ។ ផលិតផល​ស្រូវ​មាន​រហូត​ដល់​ទៅ​ចំនួន ៦០​ភាគរយ នៃ​ផលិតផល​កសិកម្ម​ដែល​ត្រូវ​នឹង​ចំនួន ១៤​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក ។

១១.៨. ទីផ្សារ​ស្រូវ អង្ករ

តម្លៃ​ស្រូវ ឬ​អង្ករ​មាន​ការ​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត ។ ជាង​នេះ​ទៅ​ទៀត តម្លៃ​របស់​វា​ក៏​មាន​ការ​ខុស​គ្នា​ផង​ដែរ​សម្រាប់​ប្រភព​ផ្សេង​គ្នា និង​បរិមាណ​នៃ​ការ​ដោះ​ដូរ ដូច​ជា​តម្លៃ​រាយ និង​តម្លៃ​ដុំ ទោះបីជា​ស្ថិត​ក្នុង​ប្រទេស​តែ​មួយ និង​ពេលវេលា​ដូច​គ្នា​ក៏​ដោយ ។ តម្លៃ​អង្ករ​នៅ​លើ​ពិភពលោក ជា​ទូទៅ​ទីផ្សារ​នៃ​បណ្តា​ប្រទេស​នៅ​អាស៊ី​គឺ​ទាប​ជាង ១០០ ដុល្លា​អាមេរិក​ក្នុង​មួយ​តោន នៅ​មុន​ឆ្នាំ​១៩៦៥ ។ តម្លៃ​អង្ក​នេះ​បាន​កើនឡើង​រហូត​ដល់ ១០០ និង ២០០ ដុល្លា​អាមេរិក នៅ​ចុង​ទសវត្សរ៍​ទី​៦០ ។ តម្លៃ​នេះ​បាន​ធ្លាក់​ចុះ​វិញ មុន​ពេល​បន្ត​ឡើង​រហូត​លើស​ពី ២០០ ដុល្លា​អាមេរិក​ក្នុង​មួយ​តោន ដោយ​តម្លៃ​ខ្ពស់​បំផុត អាច​រហូត​ដល់ ៤៩០ ដុល្លា​អាមេរិក​ក្នុង​មួយ​តោន ដោយ​មិន​គិត​បញ្ចូល​ពី​ប្រភេទ Basmati របស់​ប្រទេស​បាគីស្ថាន ដែល​មាន​តម្លៃ​រហូត​ដល់​ជាង ៧០០ ដុល្លា​អាមេរិក​ក្នុង​មួយ​តោន ។ ការ​ប្រែប្រួល​របស់​តម្លៃ​អង្ករ​ខ្ពស់ ឬ​ទាប​អាស្រ័យ​នឹង​ប្រភេទ​អង្ករ និង​ប្រទេស​នីមួយៗ ។ តម្លៃ​អង្ករ​មាន​ការ​ប្រែប្រួល​ខ្លាំង​នៅ​ទូទាំង​ពិភពលោក គឺ​នៅ​ចន្លោះ​ទសវត្សរ៍​ទី​៧០ និង ៨០ ពីព្រោះ​វា​មាន​ការ​ប្រែប្រួល​ពី ១០០ ទៅ ៥០០ ដុល្លា​អាមេរិក​ក្នុង​មួយ​តោន ។ ការ​ប្រែប្រួល​តម្លៃ​អង្ករ​នៅ​លើ​ពិភពលោក​គឺជា​ទ្វេ​គ្រោះ​មួយ ។ តម្លៃ​អង្ករ​បាន​កំណត់​នូវ​កម្រិត​នៃ​ការ​បរិភោគ​គឺ​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ក្រីក្រ ដែល​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ស្រូវ​ជា​ប្រភព​កាឡូរី​ដ៏​សំខាន់ ។ ម្យ៉ាងទៀត​តម្លៃ​អង្ករ​មាន​ឥទ្ធិពល​ទៅ​លើ​កម្រិត​នៃ​ការ​ផ្គត់ផ្គង់​អង្ករ ដោយ​មាន​ការ​ប៉ះពាល់​ទៅ​នឹង​កម្រិត​នៃ​ការ​ជំរុញ​ផលិតកម្ម​ចំពោះ​កសិករ ។ ដូចនេះ​ការ​ប្រែប្រួល​តម្លៃ​អង្ករ​មាន​ផល​ប៉ះពាល់​ទាំង​អតិថិជន និង​ផលិតករ ។

ទីផ្សារ​ស្រូវ និង​អង្ករ​នៅ​អាស៊ី អាមេរិកឡាទីន និង​អាហ្វ្រិក​បាន​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន​ដែល​មាន​ការ​ពិបាក​រក​ដំណោះស្រាយ ។ ការ​ផ្គត់ផ្គង់ និង​តម្លៃ​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង ទោះបី​ការ​កើនឡើង​នូវ​តម្រូវការ​មាន​លក្ខណៈ​ថេរ ស្រប​នឹង​ការ​កើនឡើង​នៃ​ប្រជាជន​ក៏​ដោយ ក៏​ការ​ផ្គត់ផ្គង់​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​អាស្រ័យ​នឹង​ភាព​អំណោយផល​នៃ​អាកាសធាតុ ។ ការ​បរិភោគ​បាយ​របស់​ប្រជាជន​នៅ​ជនបទ មាន​កម្រិត​ខ្ពស់​ប្រមាណ​ពី ៥០ ទៅ ៧០​ភាគរយ នៃ​ផលិតផល​ស្រូវ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ ត្រូវ​បាន​ប្រើប្រាស់​ដោយ​កសិករ​ហើយ​ផលិតផល​នេះ​មិន​អាច​ទៅ​ដល់ទី​ផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​ទេ ។ ការ​នាំ​ផលិតផល​ចេញ​ក្រៅប្រទេស​មាន​កម្រិត​ទាប បើ​ប្រៀប​ធៀប​នឹង​បរិមាណ​ប្រើប្រាស់​ក្នុងស្រុក​គឺ​តិច​ជាង ១០​ភាគរយ ។ ម្យ៉ាងទៀត​សេចក្តី​លើស​ពី​តម្រូវការ ទំនងជា​មិន​កើត​ឡើង​ទេ ។

ទោះបីជា​មាន​ការ​កែ​លម្អ​ទីផ្សារ​ស្រូវ​អង្ករ​នៅ​ក្នុងស្រុក តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​ថ្លៃ ការ​អនុវត្ត​បទបញ្ញតិ​អ្នក​ប្រមូល​ទិញ​ស្រូវ​អង្ករ និង​ការ​កែ​លម្អ​មធ្យោបាយ​ប្រមូល ហាល​សម្ងួត ម៉ាស៊ីន​កិន និង​ការ​ទុកដាក់ កសិករ​ក្រីក្រ​នៅ​តែ​រង​សម្ពាធ​ពី​អ្នកទិញ​ដដែល ។ ជា​ញឹកញាប់​កសិករ​ត្រូវ​តែ​ទទួល​យល់ព្រម​ពី​អ្នកទិញ ពីព្រោះ​កសិករ​ត្រូវការ​ថវិកា​ទ្រទ្រង់​គ្រួសារ និង​សងបំណុល ។ ជា​ទូទៅ​កសិករ​ក្រីក្រ​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ទុកដាក់​ផលិតផល​របស់​ខ្លួន រហូត​ដល់​ថ្លៃ​ផលិតផល​ឡើង​ខ្ពស់ ។ ម្យ៉ាង​វិញ​ទៀត​កសិករ​រស់នៅ​ដាច់​ស្រយាល និង​គ្មាន​ទំនាក់ទំនង​ពី​ទីផ្សារ ដោយសារ​មធ្យោបាយ​ធ្វើ​ដំណើរ ។ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​កសិករ​ក្រីក្រ និង​ក្រុម​ប្រមូល​ទិញ​ផលិតផល​ស្រូវ​អង្ករ គឺ​ដំណោះស្រាយ​មួយ​ចំនួន​គួរ​ធ្វើការ​ពិចារណា ។ ការ​បង្កើត​ជា​សហគមន៍​កសិករ​ដែល​ដឹកនាំ​ដោយ​ក្រុម​ដឹកនាំ​ដ៏​ស្មោះត្រង់ ដែល​ទទួល​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ និង​មាន​ការ​ចូលរួម​ពី​កសិករ​ក្នុង​ការ​សម្រេចចិត្ត ។ ការ​បង្កើត​នូវ​នយោបាយ​ទីផ្សារ ដោយ​រៀបចំ​ឧបករណ៍​ហាល​សម្ងួត និង​ទុកដាក់​ធ្វើការ​កែ​លម្អ​ម៉ាស៊ីន​កិនស្រូវ និង​ប្រព័ន្ធ​ឥណទាន ។ ជាង​នេះ​ទៅ​ទៀត ការ​គាំទ្រ​ពី​រដ្ឋាភិបាល​មាន​សារសំខាន់​ណាស់​ដូច​ជា​ការ​ត្រួតពិនិត្យ​តម្លៃ និង​បង្កើត​បទបញ្ញត្តិ​ក្នុង​ការ​នាំ​ចេញ និង​នាំ​ចូល ។

ដោយសារ​អតុល្យភាព​រវាង​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ស្រូវ​អង្ករ​នៅ​តាម​បណ្តា​ប្រទេស​នីមួយៗ​នៅ​លើ​ពិភពលោក​នេះ នាំ​ឲ្យ​មាន​ការ​នាំ​ស្រូវ​អង្ករ​ចូល ។ ប្រទេស​ភាគច្រើន​ទាំង​ប្រទេស​ដែល​ចាត់​ទុក​បាយ​ជា​អាហារ​សំខាន់ និង​បាយ​ជា​អាហារ​ទី​២ ឬ​ទី​បី​ក៏​ដោយ នៅ​លើ​ពិភពលោក​បាន​ទិញ​អង្ករ​ពី​ទីផ្សារ​អន្តរជាតិ ។ តាម​ស្ថិតិ​របស់​ទីផ្សារ​ស្រូវ​អង្ករ​ពិភពលោក ការ​នាំ​អង្ករ​ចូល​នៅ​លើ​ពិភពលោក​មាន​ការ​កើន​ឡើង​ពី ៧​លាន​តោន នៅ​ឆ្នាំ​១៩៦១ ដល់ ២៥​លាន​តោន នៅ​ឆ្នាំ​២០០៣ ដែល​នៅ​ក្នុង​នោះ​ការ​នាំ​ចូល​របស់​ប្រទេស​នៅ​តំបន់​អាស៊ី មាន​ចំនួន​ប្រហែលជា ៧០​ភាគរយ នៃ​បរិមាណ​នាំ​ចូល​សរុប​នៅ​លើ​ពិភពលោក​នៅ​ដើម​ទសវត្សរ៍​ទី​៦០ ក៏​ប៉ុន្តែ​ការ​នាំ​ចូល​អង្ករ​របស់​ប្រទេស​នៅ​អាស៊ី​មាន​ការ​ធ្លាក់​ចុះ​មក​ត្រឹម ៤៥​ភាគរយ ទោះបី​បរិមាណ​បាន​កើន​ឡើង​រហូត​ច្រើន​ជាង ១១​លាន​តោន ក៏​ដោយ ។ ចំណុច​គួរ​ឲ្យ​កត់សម្គាល់​គឺថា ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស ថៃ តៃវ៉ាន់ សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ ពុំ​មាន​ការ​នាំ​ចូល ឬ​ក៏​មាន​ការ​នាំ​ចូល​តិចតួច​បំផុត​តាំងពី​ដើម​ទសវត្សរ៍​ទី​៦០ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ។ ដោយឡែក​ប្រទេស​កម្ពុជា​មិន​បាន​នាំ​ស្រូវ​ចូល​ទេ​មុន​ឆ្នាំ​១៩៧០ តែ​ចាប់​ពេល​មាន​សង្គ្រាមស៊ីវិល រហូត​ដល់​ពេល​បច្ចុប្បន្ន​ប្រទេស​នេះ បាន​បន្ត​នាំ​ស្រូវ​អង្ករ​ចូល​ជា​ហូរហែរ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​នាំ​អង្ករ​ចូល​របស់​ប្រទេស​កម្ពុជា​មាន​បរិមាណ​ទាប បើ​ប្រៀបធៀប​នឹង​ប្រទេស​ដទៃ​ទៀត ដែល​ជា​ទូទៅ​គឺ​ទាប​ជាង ១០០.០០០ តោន​ក្នុង​មួយ​ឆ្នាំ លើក​លែង​តែ​នៅ​ឆ្នាំ​១៩៧៤ ដែល​មាន​ចំនួន​រហូត​ដល់ ២០០.០០០​តោន ។

ទន្ទឹម​នឹង​ការ​នាំ​ស្រូវ​ចូល​របស់​ប្រទេស​ស្ទើរតែ​ទាំងអស់​នៅ​លើ​ពិភពលោក មាន​ប្រទេស​មួយ​ចំនួន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​ស្បៀង​នៅ​លើ​ពិភពលោក ដោយសារ​ប្រទេស​ទាំងនេះ​មាន​លក្ខណៈ​អំណោយផល​គួប​ផ្សំ​ការ​រីក​ចម្រើន​ខាង​បច្ចេកវិទ្យា​ថ្មី បាន​ធ្វើ​ឲ្យ​ផលិតកម្ម​ស្រូវ​របស់​ប្រទេស​ទាំងនេះ​លើស​ពី​តម្រូវការ​នៅ​ក្នុង​ប្រទេស ។ តួលេខ​នៃ​ការ​នាំ​ចេញ និង​ការ​នាំ​ចូល​នៅ​លើ​ពិភពលោក គឺ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា ក្នុង​អំឡុង​ពេល​ចាប់ពី​ទសវត្សរ៍​ទី​៦០ រហូត​ដល់​ពេល​បច្ចុប្បន្ន ។ ដោយ​ការ​នាំ​ចេញ​របស់​ប្រទេស​នៅ​អាស៊ី​មាន​លក្ខណៈ​ផ្ទុយ​ពី​ការ​នាំ​ចូល គឺ​ការ​នាំ​អង្ករ​ចេញ​របស់​តំបន់​អាស៊ី​មាន​ការ​កើន​ឡើង​ជានិច្ច​តាំងពី​ឆ្នាំ​១៩៦១ រហូត​ដល់​ពេល​ថ្មីៗ​នេះ ។ ការ​នាំ​ចេញ​ផលិតផល​អង្ករ​ពី​ទ្វីបអាស៊ី មាន​ចំនួន​ប្រហែលជា ៧០​ភាគរយ​នៃ​ផលិតផល​នាំ​ចេញ​សរុប​របស់​ពិភពលោក​នៅ​ដើម​ទសវត្សរ៍​ទី​៦០ តែ​ការ​នាំ​ចេញ​មាន​ការ​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទោះបី​បរិមាណ​នៃ​ការ​នាំ​ចេញ​មាន​ការ​ធ្លាក់​ចុះ​នៅ​ពេល​ខ្លះ​ក៏​ដោយ ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ទិន្នន័យ​សកលលោក ។ ការ​នាំ​ផលិតផល​អង្ករ​ចេញ​របស់​ប្រទេស​នៅ​អាស៊ី មាន​ការ​កើន​ឡើង​រហូត​ដល់​ច្រើន​ជាង ៧០​ភាគរយ​នៃ​ការ​នាំ​ចេញ​នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ​២០០៣ បើ​ប្រៀបធៀប​នឹង​ទិន្នន័យ​នៃ​ការ​នាំ​ចូល គឺ​មាន​ការ​ធ្លាក់​ចុះ​រហូត​ដល់​ក្រោម ៥០​ភាគរយ នៅ​ក្នុង​ឆ្នាំ​ជាមួយ​គ្នា ។

ប្រទេស​ដែល​នាំ​អង្ករ​ចេញ​ធំៗ​នៅ​លើ​ពិភពលោក​នៅ​ទសវត្សរ៍​ទី​៦០ និង ៧០ នៅ​ក្នុង​ទ្វីបអាស៊ី​រួម​មាន ចិន ថៃ ភូមា នេប៉ាល់ បាគីស្ថាន និង​កម្ពុជា និង​ប្រទេស​ផ្សេងៗ​ទៀត​ដូច​ជា សហរដ្ឋអាមេរិក អូស្ត្រាលី អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​អ៊ីតាលី​ជាដើម ។ បរិមាណ​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​នីមួយៗ​មាន​ការ​ប្រែប្រួល​ពី​ទាប​ទៅ​ខ្ពស់ ឬ​ក៏​ផ្ទុយ​ទៅ​វិញ ។ ការ​នាំ​អង្ករ​ចេញ​របស់​ប្រទេស​មួយ​ចំនួន​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ទន្ទឹម​នឹង​នេះ​មាន​ប្រទេស​ខ្លះ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ពី​នាំ​ចូល​ទៅ​នាំ​ចេញ និង​ខ្លះ​ទៀត​ឈាន​ដល់​លេខ​១ ដូច​ជា​ប្រទេស​ថៃ​ជាដើម តាំងពី​ទសវត្សរ៍​ទី​៨០ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ។ ប្រទេស​ដែល​នាំមុខ​គេ​ក្នុង​ការ​នាំ​ស្រូវ​ចេញ​នៅ​លើ​ពិភពលោក ដែល​ច្រើន​ជាង​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​រួម​មាន​ប្រទេស​ថៃ សហរដ្ឋអាមេរិក វៀតណាម ចិន បាគីស្ថាន និង​អាហ្វ្រិក​ខាងត្បូង ។ ដោយឡែក​ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នាំ​ស្រូវ​ចេញ​សំខាន់ៗ​នៅ​លើ​ពិភពលោក​នៅ​មុន​ទសវត្សរ៍​ទី​៧០ ។ តារាង​នាំ​អង្ករ​ចេញ​ពិភពលោក​មិន​មាន​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៧៣ រហូត​មក​ដល់​ឆ្នាំ​១៩៩៥ ដែល​នៅ​ចន្លោះ​នោះ​មាន​ការ​នាំ​ចេញ​ចំនួន​បី​ឆ្នាំ​នៅ​ដើម​ទសវត្សរ៍​ទី​៨០ ។ ដោយសារ​សង្គ្រាមស៊ីវិល និង​ភាព​វឹកវរ​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេស បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​ធ្លាប់​ផលិត​ស្រូវ​គ្រប់គ្រាន់​សម្រាប់​បរិភោគ និង​លើស​ពី​តម្រូវការ មក​ជា​ប្រទេស​ទិញ​ស្រូវ​អង្ករ​ពី​ផ្សារ​អន្តរជាតិ​វិញ ។

តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ផលិតកម្ម​ស្រូវ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​កែ​លម្អ​តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល និង​អង្គការ​ក្រៅរដ្ឋាភិបាល​ជា​ពិសេស​គឺ កម្មវិធី អ៊ីរី​-​អូស្ត្រាលី​-​កម្ពុជា (CIAP) ដែល​ជាដើម​កំណើត​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CARDI) បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ខាង​ផ្នែក​បច្ចេកទេស ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​ទាំង​ផលិតកម្ម និង​ទិន្នផល​ក្រោយ​ពេល​សង្គ្រាម​បាន​បញ្ចប់ ។ ចាប់ពី​ឆ្នាំ​១៩៩៦ ប្រទេស​កម្ពុជា​បាន​វិល​ត្រឡប់​ចូល​ទៅ​ក្នុង​បញ្ជី​ប្រទេស​នាំ​អង្ករ​ចេញ​របស់​ពិភពលោក ទោះបីជា​មាន​បរិមាណ​ទាប​បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង​ក៏​ដោយ ។ យោង​តាម​ស្ថិតិ​របស់​ក្រសួងពាណិជ្ជកម្ម អង្ករ​របស់​ប្រទេស​កម្ពុជា​បាន​នាំ​ទៅ​មិន​តិច​ជាង​មួយ​រយ​ប្រទេស​ទេ​នៅ​លើ​សកលលោក​នៅ​ក្នុង​ឆ្នាំ​២០០៣ ។ ដូច្នេះ​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល អ្នក​វិទ្យាសាស្ត្រ​កសិកម្ម អ្នក​បច្ចេកទេស​ខាង​កសិកម្ម និង​ធារាសាស្ត្រ​ និង​កសិករ ផលិតកម្ម​ស្រូវ​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ការ​រីក​ចម្រើន ហើយ​ឈាន​ទៅ​រក​ប្រទេស​នាំ​ចេញ​មួយ​គួរ​ឲ្យ​កត់សម្គាល់​នៅ​លើ​សកលលោក ។

 

សទ្ទានុក្រម

បុរេប្រវត្តិ (Prehistory) = ទាក់ទង​នឹង​ពេលវេលា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មុន​ពេល​ព័ត៌មាន​ត្រូវ​បាន​កត់ត្រា ។

អតិផរណា (Inflation) = ការ​កើន​ឡើងជា​ទូទៅ​នូវ​តម្លៃ​នៃ​សេវាកម្ម និង​ទំនិញ​របស់​ប្រទេស​មួយ ។

បដិវត្តន៍​បៃតង (Green Revolution) = សមិទ្ធិផល​ដ៏​ធំធេង​នៃ​ផលិតកម្ម​ដំណាំ​ដែល​សម្រេច​បាន​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​តាម​រយៈ​ការ​ប្រើប្រាស់​ជីគីមី ថ្នាំ​កសិកម្ម និង​ពូជ​ដែល​ផ្ដល់​ទិន្នផល​ខ្ពស់ ។

យុគសម័យ (Era) = រយៈកាល​ដ៏​វែង​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មាន​ការ​ខុស​គ្នា​នូវ​អ្វី​មួយ​នៅ​លើ​ពិភពលោក ។

បច្ចេកវិទ្យា (Technology) = ចំណេះដឹង​ខាង​វិទ្យាសាស្ត្រ​ដែល​បាន​អនុវត្ត​សម្រាប់​ការ​រីក​ចម្រើន​នៃ​កសិកម្ម ។

វិសាលភាព (Dimension) = ភាព​ដ៏​ធំ​លើសលុប​នៃ​អ្វី​មួយ​ដូច​ជា​ដែនដី ឬ​ទឹក ។

ដង់ស៊ីតេ (Density) = បរិមាណ​នៃ​មនុស្ស ឬ​វត្ថុ​នៅ​ទីកន្លែង​មួយ​កំណត់ ។

ការ​ប្រវាស់​ស្រែ (Paddy field exchange) = ការ​ផ្ដល់ ឬ​ចែក​ស្រែ​គ្នា​ធ្វើ​ក្នុង​រយៈពេល​មួយ​កំណត់​ដោយ​ធ្វើការ​បែងចែក​ផល​គ្នា​តាម​ការ​សន្យា ។

របប​កុម្មុយនីស្ដ (Communism) = ប្រព័ន្ធ​នយោបាយ​មួយ​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​ទាំងស្រុង​នូវ​រាល់​ផលិតកម្ម​អាហារ និង​ទំនិញ​ហើយ​គ្មាន​វណ្ណៈ​ខុស​គ្នា​នៅ​ក្នុង​សង្គម ។

ក្រុមសាមគ្គី (Solidarity group) = ការ​ប្រកប​របរ​កសិកម្ម​ជា​ក្រុម​ដោយ​ធ្វើការ​បែងចែក​ផល​ស្មើៗ​គ្នា​ទៅ​តាម​កម្លាំង​ពលកម្ម​ដែល​ចូលរួម ។

អាំងឌីកាទ័រ (Indicator) = សញ្ញា​មួយ​សម្រាប់​ចង្អុល​បង្ហាញ​ពី​ការ​ប្រែប្រួល​នូវ​ស្ថានភាព​មួយ ។

ជីសរីរាង្គ (Organic fertilizer) = ជីធម្មជាតិ​ដែល​បាន​ពី​ការ​ប្រមូលផ្តុំ​សំណល់ និង​រុក្ខជាតិ​ផ្សេងៗ​ដែល​មិន​អាច​កំណត់​បាន​ពី​ធាតុ​បន្សំ​ច្បាស់លាស់ ។

ជី​អសរីរាង្គ (Inorganic fertilizer) = ជី​ដែល​ផលិត​ឡើង​ដោយ​មាន​ការ​កំណត់​ធាតុគីមី​បន្សំ​ច្បាស់​លាស់ ។

លក្ខខណ្ឌ​ជីវសាស្ត្រ (Biodiversity) = ប្រភេទ​ជីវិត​ផ្សេងៗ​នៃ​សត្វ និង​រុក្ខជាតិ​នៅ​លើ​ពិភពលោក ឬ​នៅ​ទី​កន្លែង​កំណត់​មួយ ។

ក្សេត្រ​បរិយាកាស (Agro-ecology) = លក្ខខណ្ឌ ឬ​បរិយាកាស​ជុំវិញ​ដែល​មាន​ទំនាក់ទំនង​នឹង​ការ​ដាំ​ដុះ ។

ថ្លៃ​អថេរ (Variable costs) = ថ្លៃ​ដែល​មាន​ការ​ប្រែប្រួល​ដោយ​មិន​អាច​កំណត់ ។

ថ្លៃថេរ (Fixed costs) = ថ្លៃ​ដែល​នៅ​ក្នុង​ការ​ជួញដូរ​មិន​មាន​ការ​ប្រែប្រួល​ទោះបី​មាន​ការ​ប្រែប្រួល​ទំហំ​នៃ​ការងារ​ផលិត​ក្តី ។

ប្រពលវប្បកម្ម (Intensive farming) = ការ​បង្កើន​ផលិតភាព​នៅ​ក្នុង​កសិកម្ម​ដោយ​ប្រើប្រាស់​ផ្ទៃ​ដី​ដាំ​ដុះ​តូច និង​ទុន​តិច​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ។

ទ្វេ​គ្រោះ (Dilema) = ស្ថានភាព​មួយ​ដែល​មាន​ការ​ពិបាក​ក្នុង​ការ​ជ្រើសរើស​រវាង​បញ្ហា​ពីរ ឬ​ច្រើន​ដែល​មាន​សារសំខាន់​ដូច​គ្នា ។

 

ត្រលប់​ទៅ​មាតិកា​រឿង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s