ជំពូក​ទី​៦-ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន និង​វប្បកម្ម​ដំណាំ​ស្រូវ​

ព្រះមេ ឬ ព្រះមាតា ឬ ព្រះប្រពៃស្រព

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម

ជំពូក​៦

ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន និង​វប្បកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា

សាខន សុផានី, ស៊ាង ឡៃហេង, ឡេង ឡាយហួត និង ថេន រ័ត្នមុន្នី

៦.១. សេចក្តី​ផ្តើម

វប្បកម្ម​ដំណាំ​ស្រូវ​នៅ​ប្រទេស​កម្ពុជា អាច​បែងចែក​តាម​លក្ខណៈ​វិនិច្ឆ័យ​បី​ធំៗ​គឺៈ  វេទរសភាព​នឹង​រយៈ​ពន្លឺ រយៈកាល​លូតលាស់ និង​ក្សេត្រ​បរិស្ថាន ។ អាស្រ័យ​នឹង​វេទរសភាព​នឹង​រយៈ​ពន្លឺ ស្រូវ​ត្រូវ​បាន​បែងចែក​ជា​ វេទរសភាព (ភាព​ប្រកាន់​រដូវ) និង​អវេទរសភាព (ភាព​មិន​ប្រកាន់​រដូវ) ។ អាស្រ័យ​ទៅ​តាម​អាយុកាល​លូតលាស់ ស្រូវ​អាច​បែងចែក​ជា ស្រូវស្រាល ស្រូវកណ្តាល និង​ស្រូវធ្ងន់ ។ ដោយឡែក​យោង​តាម​ស្ថានភាព​ដី​ និង​លក្ខខណ្ឌ​ដាំដុះ ដំណាំ​ស្រូវ​អាច​បែងចែក​ជា ក្សេត្រ​បរិស្ថាន​រដូវប្រាំង (Dry season ecosystem) ក្សេត្រ​បរិស្ថាន​ស្រែ​ទំនាប​ទីពឹង​របប​ទឹកភ្លៀង (Rainfed lowland ecosystem) ក្សេត្រ​បរិស្ថាន​ស្រែ​ជម្រៅ ឬ​ស្រូវ​ឡើង​ទឹក (Deep water ecosystem) និង​ក្សេត្រ​បរិស្ថាន​ចម្ការ (Upland ecosystem) (រូប ៦.១) ។​

រូប ៦.១ ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវ​នៅ​កម្ពុជា (Men Sarom, 2001)

ដែល​ហៅ​ថា​វេទរសភាព​នឹង​រយៈ​ពន្លឺ​គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បម្រែបម្រួល​នៃ​ប្រវែង​ថ្ងៃ ឬ​រយៈពេល​នៃ​ពន្លឺ​របស់​ព្រះអាទិត្យ​ចាប់ពី​ពេល​រះ​នៅ​ឰដ៏​ជើងមេឃ ដល់​ពេល​លិច​បាត់​ទៅ​ក្នុង​ជើងមេឃ​វិញ (Men Sarom, 1996) ។ ពពួក​ស្រូវ​ដែល​ពេលវេលា​ចេញ​ផ្កា​របស់​វា​ប្រែប្រួល​ដោយ​ការ​ប្រែប្រួល​នៃ​ប្រវែង​ថ្ងៃនេះ ហៅ​ថា​មាន​វេទរសភាព​នឹង​រយៈ​ពន្លឺ ផ្ទុយ​ទៅ​វិញ​ក្រុម​ស្រូវ​ដែល​ពេលវេលា​នៃ​ការ​ចេញ​ផ្កា​មិន​បាន​កំណត់​ដោយ​រយៈពេល​នៃ​ពន្លឺ​ថ្ងៃ​នោះ​ហៅ​ថា​អវេទរសភាព​នឹង​រយៈ​ពន្លឺ ។  វេទរសភាព​នៃ​ពូជស្រូវ​ផ្សេងៗ​ទៅ​នឹង​រយៈ​ពន្លឺ​ក៏​មាន​ការ​ប្រែប្រួល​ពី​ខ្លាំង​ទៅ​ខ្សោយ​ផង​ដែរ ។ ប្រភេទ​ក្រុម​ស្រូវស្រាល​គឺជា​ប្រភេទ​ស្រូវ​ដែល​មាន​អាយុ​ចាប់ពី​សាប​ដល់​ពេល​ទុំ​ខ្លី​ជាង ឬ​ស្មើ​នឹង ១២០​ថ្ងៃ ។ ក្រុម​នេះ​ជា​ទូទៅ​មិន​មាន​វេទរសភាព​ទៅ​នឹង​រយៈ​ពន្លឺ​ឡើយ ។ ស្រូវ​កណ្ដាល និង​ស្រូវធ្ងន់ អាច​បាន​បែងចែក​ជា​ពីរ​ក្រុម​បន្ត​ទៀត អាស្រ័យ​ទៅ​នឹង​វេទរសភាព​ទៅ​នឹង​រយៈ​ពន្លឺ គឺ​ស្រូវកណ្តាល​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ ស្រូវកណ្តាល​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ ស្រូវធ្ងន់​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ និង​ស្រូវធ្ងន់​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ ។ ស្រូវកណ្តាល​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ គឺជា​ក្រុម​ស្រូវ​ដែល​មាន​អាយុ​ចាប់ពី​ពេល​សាប​រហូត​ដល់​ទុំ ពី ១២០ ដល់ ១៥០ ថ្ងៃ ឯ​ស្រូវកណ្តាល​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ ត្រូវ​ចេញ​ផ្កា​ក្នុង​ចន្លោះ​ពាក់​កណ្តាល​ខែតុលា ដល់​ពាក់កណ្តាល​ខែវិច្ឆិកា ។ ក្រុម​ស្រូវធ្ងន់​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ​ជា​ទូទៅ​កម្រ​ជួប​ប្រទះ​ណាស់ ។ ស្រូវ​ស្ថិត​នៅ​ក្នុង​ក្រុម​នេះ ត្រូវ​មាន​អាយុកាល​លូតលាស់​វែង​ជាង ១៥០​ថ្ងៃ ។ ក្រុម​ស្រូវធ្ងន់​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ គឺ​ចេញ​ផ្កា​នៅ​ក្រោយ​ពាក់កណ្តាល​ខែវិច្ឆិកា ។

អាស្រ័យ​ដោយ​គុណភាព ស្រូវ​ក៏​ត្រូវ​បាន​បែងចែក​ជា ក្រុម​ស្រូវ​ក្រអូប និង​ស្រូវ​មិន​ក្រអូប ជា​ក្រុម​ស្រូវ​ខ្សាយ និង​ក្រុម​ស្រូវដំណើប​ផង​ដែរ ។

ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ​តាម​ក្សេត្រ​បរិស្ថាន មាន​ការ​ប្រែប្រួល​គូរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​រយៈពេល ៣៨​ឆ្នាំ​ចុង​ក្រោយ​នេះ (តារាង​ទី ៦.១) ។ ផ្ទៃដី​ក្សេត្រ​បរិស្ថាន​រដូវប្រាំង​បាន​កើន​ជាង​ពីរ​ដង​គឺ​ពី ៦,២ ភាគរយ ទៅ​ដល់ ១៣,១ ភាគរយ នៃ​ផ្ទៃដី​ដាំដុះ​សរុប​នា​ឆ្នាំ​២០០៥ ។ ដោយឡែក​ផ្ទៃដី​ក្សេត្រ​បរិស្ថាន​ស្រែ​ទំនាប​ទីពឹង​របប​ទឹកភ្លៀង​បាន​កើន​រហូត​ដល់ ៨៥,៧ ភាគរយ នា​ឆ្នាំ​១៩៩៥ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៨៣,៤ ភាគរយ វិញ​នា​ឆ្នាំ​២០០៥ ។ ផ្ទៃដី​ក្សេត្រ​បរិស្ថាន​ស្រូវ​ឡើង​ទឹក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី ១៥,៩​ភាគរយ នា​ឆ្នាំ​១៩៦៧ មក​នៅ​ត្រឹម​ ១,៥​ភាគរយ នា​ឆ្នាំ​២០០៥ ។ ឯ​ចំពោះ​ក្សេត្រ​បរិស្ថាន​ចម្ការ​វិញ តួលេខ​ក្នុង​បណ្តា​ឆ្នាំ​១៩៩៥ ១៩៩៩ និង ២០០៥ បាន​បង្ហាញ​ថា មាន​ការ​ប្រែប្រួល​បន្តិចបន្តួច​ប៉ុណ្ណោះ គឺ​ក្នុង​ចន្លោះ​ពី ១.៩ ភាគរយ ទៅ ២.០ ភាគរយ ។

តារាង​៦.១ ការ​ប្រែប្រួល​ភាគរយ​នៃ​ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ សម្រាប់​ក្សេត្រ​បរិស្ថាន​ផ្សេងៗ​ក្នុង​រយៈពេល ៣៨​ឆ្នាំ (១៩៦៧.២០០៥)

៦.២. ក្សេត្រ​បរិស្ថាន​រដូវប្រាំង (Dry season ecosystem)

៦.២.១. បរិស្ថាន​ដាំដុះ

តំបន់​ដាំដុះ​ដែល​ចាត់​ចូល​ក្នុង​ក្សេត្រ​បរិស្ថាន​នេះ គឺជា​តំបន់​ទំនាប ដែល​មាន​ប្រព័ន្ធ​ប្រឡាយ និង​ប្រភព​ទឹក សម្រាប់​ស្រោចស្រព​ពេញ​មួយ​វដ្ត​ជីវិត​របស់​ដំណាំ​ស្រូវ ហើយ​ស្រូវ​ដែល​ដាំដុះ​ក្នុង​តំបន់​នេះ​ហៅ​ថា ស្រូវ​ស្រោចស្រព (Irrigated rice) និង​តំបន់​ជម្រាល​មាត់បឹង ឬ​ទំនប់​នានា​ដែល​ដំណាំ​ស្រូវ​ត្រូវ​បាន​ដាំដុះ​នា​ពេល​ទឹក​ចាប់ផ្តើម​ស្រក​ចុះ ។ ស្រូវ​ដែល​ដាំដុះ​ក្នុង​តំបន់​មាត់បឹង​នេះ ហៅ​ថា ស្រូវប្រដេញទឹក (Recession rice) ។ វាលស្រែ​ក្នុង​ក្សេត្រ​បរិស្ថាន​នេះ គឺ​ត្រូវ​មាន​ភ្លឺ​សម្រាប់​រក្សា​ទឹក ។ ផ្ទៃដី​ដាំដុះ​ស្រូវប្រាំង​បាន​កើនឡើង​យ៉ាង​គំហុក​ពី​ជិត​មួយ​សែន​ហិកតា​នា​ឆ្នាំ​១៩៨១ មក​ជាង បី​សែន​ហិកតា​នា​ឆ្នាំ​២០០៥ បន្ទាប់​ពី​កម្មវិធី​កម្ពុជា-អ៊ីរី​អូស្ត្រាលី និង​ក្រោយមក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា បាន​បញ្ចេញ​ឲ្យ​កសិករ​ប្រើប្រាស់​នូវ​ពូជស្រូវ​ស្រាល និង​មាន​ទិន្នផល​ខ្ពស់​ចាប់ពី​ឆ្នាំ ១៩៩០ មក ។

ពូជស្រូវ​ដែល​ត្រូវ​បាន​ឲ្យ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ក្សេត្រ​បរិស្ថាន​នេះ គឺជា​ប្រភេទ​ពូជស្រូវ​ស្រាល អាយុកាល​តិច​ជាង ១២០​ថ្ងៃ អវេទរស​ទៅ​នឹង​ពន្លឺ (មិន​ប្រកាន់​រដូវ) ។ ផលិតភាព​របស់​ស្រូវ​ក្រុម​នេះ មាន​ការ​ឆ្លើយ​តប​ទៅ​តាម​កត្តា​ផលិតកម្ម ដូចជា ការ​គ្រប់គ្រង​ទឹកបាន​គត់មត់​ល្អ​ប្រសើរ ប្រភេទ​ដី​មាន​ជីជាតិ​ល្អ អាំងតង់ស៊ីតេ​ពន្លឺ​ខ្ពស់​នៅ​ពេល​ដំណាំ​ដុះ​លូតលាស់ និង​ការ​ប្រើប្រាស់​ជី​ក្នុង​កម្រិត​ខ្ពស់ ។ ដំណាំ​ស្រូវ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ដាំដុះ​ច្រើន​នៅ​ក្នុង​ខេត្ត តាកែវ ព្រៃវែង កណ្ដាល កំពង់ឆ្នាំង សៀមរាប និង​កំពង់ចាម ។ បច្ចុប្បន្ន​នេះ​ប្រមាណ ៧០ ទៅ ៨០ ភាគរយ នៃ​តំបន់​ដាំដុះ​ស្រូវ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព ត្រូវ​បាន​គេ​ដាំដុះ​ពូជស្រូវ​ដូចជា អ៊ីអ៊ែរ​៦៦ គ្រូ រំពេ រហាត់ ជលសារ បារាយណ៍ អ៊ីអ៊ែរ​កេសរ និង​សែនពិដោរ (រូប ៦.២) ព្រមទាំង​មាន​ពូជ​ស្រូវ​ប្រពៃណី​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ​ខ្លះ ត្រូវ​បាន​គេ​នៅ​តែ​បន្ត​ការ​ដាំដុះ​ដូចជា ពូជ​លំអងខ្សាច់ និង​នាងសប្រញាប់ ៘ ដោយ​ផ្អែក​ទៅ​លើ​តម្រូវការ​ទឹក​នៃ​ការ​ស្រោចស្រព គេ​អាច​បែងចែក​ស្រូវប្រាំង​ជា​ពីរ​ប្រភេទ ៖

រូប ៦.២ ពូជស្រូវ​ក្រអូប សែនពិដោរ

៦.២.១.១. ស្រូវ​ស្រោចស្រព (Irrigated rice)

ស្រូវ​ប្រភេទ​នេះ ត្រូវ​បាន​ដាំដុះ​នៅ​ក្នុង​ស្រែ​ដែល​មាន​ភ្លឺ និង​មាន​ប្រព័ន្ធ​ស្រោចស្រព​ល្អ ។ ប្រជា​កសិករ​ខ្មែរ​ចាប់ផ្តើម​ធ្វើ​ស្រូវ​ស្រោចស្រព​នេះ​នៅ​ក្នុង​ខែវិច្ឆិកា ។ តំបន់​ដាំ​ស្រូវ​ស្រោចស្រព​មាន​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​តំបន់​ដែល​ដាំ​ច្រើន​ជាងគេ​មាន​នៅ​ក្នុង​ខេត្តតាកែវ ព្រៃវែង កណ្តាល កំពង់ចាម កំពង់ឆ្នាំង សៀមរាប និង​ស្វាយរៀង ។

៦.២.១.២. ស្រូវប្រដេញទឹក (Flood recession rice)

ស្រូវប្រដេញទឹក គឺជា​ស្រូវ​ដែល​គេ​ធ្វើការ​ដាំដុះ​នៅ​តាម​មាត់បឹង អាង​ស្តុក​ទឹក និង​តាម​តំបន់​ជាប់មាត់​ទន្លេ​នា​ពេល​ទឹក​ស្រក ។ ជា​ទូទៅ​អាច​ចាប់ផ្តើម​ពី​ខែតុលា រហូត​ដល់​ខែមករា ដោយ​ស្ទូង​ប្រដេញ​ទៅ​តាម​ទឹក​ស្រក ហើយ​អាច​បញ្ចប់​ក្នុង​ខែ​មីនា ឬ​រហូត​ដល់​ខែឧសភា ។ ស្រូវប្រដេញទឹក​បាន​ដាំដុះ​លើ​ផ្ទៃដី​ស្រូវ​ឡើង​ទឹក ដោយហេតុ​ថា​ស្រូវ​ឡើង​ទឹក​ផ្តល់​ទិន្នផល​ទាប និង​ជា​ពិសេស​ការ​ប្រែប្រួល​នៃ​របប​ទឹកទន្លេ និង​ទឹកជំនន់​ដែល​មិន​សមប្រកប​ដល់​ស្រូវ​ឡើង​ទឹក ។ ការ​កើនឡើង​នូវ​ផ្ទៃដី​ស្រូវប្រដេញទឹក នា​អំឡុង​ពីរ​ទសវត្សរ៍​នេះ ក៏​ដោយសារ​មាន​ការ​រំដោះ​ចេញ​នូវ​ពូជស្រូវ​ស្រាល ជា​ច្រើន​ដែល​មាន​ទិន្នផល​ខ្ពស់ ព្រម​ជាមួយ​និង​ការ​ទទួល​យក​នូវ​ពូជ​ទាំងនោះ​ពី​ប្រជា​កសិករ​នៅ​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស ។

៦.២.២. វិធីសាស្ត្រ​ដាំដុះ

៦.២.២.១. ការ​ជ្រើសរើស និង​រៀបចំ​ថ្នាលសំណាប

ការ​រៀបចំ​ធ្វើ​ថ្នាលសំណាប ជាដំបូង​ត្រូវ​ជ្រើសរើស​ស្រែ​ដែល​រាប​ស្មើ និង​មាន​ជីជាតិ ពីព្រោះ​ស្រែ​ដែល​មិន​រាប​ស្មើ បង្ក​ឲ្យ​មាន​ការ​ដុះ​លូតលាស់​សំណាប​មិន​ស្មើ​គ្នា ។ ម្យ៉ាង​ទៀត​មិន​ត្រូវ​ជ្រើសរើស​ស្រែ​ដែល​នៅ​ក្រោម​ម្លប់​ពីព្រោះ​វា​ជំរុញ​ឲ្យ​មាន​ការ​បំផ្លាញ​ពី​សត្វល្អិត និង​អាច​បង្ក​ឲ្យ​ជំងឺ​ទៀត​ផង ។ ស្រែ​ដែល​ជ្រើសរើស​សម្រាប់​ធ្វើ​ថ្នាល​សំណាប គួរតែ​នៅ​ក្បែរ​ប្រភព​ទឹក ប៉ុន្តែ​មិនមែន​ជា​កន្លែង​ដែល​អាច​ទទួល​រង​ការ​ជន់​លិច​ឡើយ ។ ថ្នាលសំណាប​ត្រូវ​រៀបចំ​ពី ៣០ ទៅ ៣៥ ថ្ងៃ មុន​ពេល​ស្ទូង​ ហើយ​ត្រូវ​ភ្ជួរ​មួយ​លើក និង​រាស់​ពីរ​ទៅ​បី​ដង​ក្នុង​អំឡុង​ពេល​ពី ៧-១០​ថ្ងៃ រួច​បន្ទាប់​មក​ត្រូវ​ពន្លិចទឹក​ឲ្យ​បាន​ស្មើ ល្មម​នៅ​លើ​ដី​ថ្នាល ដើម្បី​ឲ្យ​ថ្នាល​មាន​ភាព​ស្មើ​គ្នា​ល្អ ។ កា​​រៀបចំ​ថ្នាល​សំណាប​មាន ៣ ប្រភេទ​គឺ ៖

ក. ថ្នាល​ទឹក

ថ្នាល​ទឹក គឺជា​ថ្នាល​ដែល​កសិករ​និយម​ប្រើប្រាស់​បំផុត ។ ការ​ភ្ជួរ​ដី​ត្រូវធ្វើ​ពី​ពីរ​ទៅ​បី​ដង​តាម​ប្រភេទ​ដី បរិមាណ​ស្មៅ និង​ទម្លាប់​របស់​កសិករ ។ បន្ទាប់​ពី​ភ្ជួរ​ចុង​ក្រោយ​រួច​ហើយ ត្រូវ​រាស់​ពង្រាបដី​ឲ្យ​បាន​ហ្មត់​ល្អ និង​រាប​ស្មើ​ព្រម​ទាំង​យក​ស្មៅ និង​កម្ទេចកម្ទី​ចេញពី​ថ្នាល​ទាំងអស់ ។ ពេល​រាស់​ពង្រាប​ថ្នាល​ត្រូវ​មាន​ទឹក​ភក់ៗ ដែល​ធ្វើ​ឲ្យ​ការ​រាស់​ពង្រាប​មាន​ភាព​ងាយស្រួល ។ បន្ទាប់​ពី​រាស់​រួច​ហើយ​ កសិករ​និយម​ឆូត​ឆ្នូត​នង្គ័ល​លើ​ថ្នាល​ប្រហែល​ពី ២-៣ ម៉ែត្រ​មួយ​ឆ្នូត ដើម្បី​បង្ហូរទឹក​ចេញ ដើរ​សាប​គ្រាប់ពូជ និង​ដើរ​ថែទាំ​សំណាប ។ គ្រាប់ស្រូវ​សម្រាប់​ថ្នាល​ទឹក​នេះ​ត្រូវ​ត្រាំ​ក្នុង​រយៈពេល​ពី ២៤ ម៉ោង រួច​ផ្អាប់​ក្នុង​រយៈពេល​ពី ២៤-៤៨ ម៉ោង ដើម្បី​ឲ្យ​ដុះ​ពន្លក ហើយ​ដែល​កសិករ​និយម​ហៅ​ថា បែក​មាត់ចាប ហើយ​បន្ទាប់​មក​បាន​យក​ទៅ​សាប ។

បរិមាណ​គ្រាប់ពូជ​សម្រាប់​ស្ទូង​លើ​ដី​មួយ​ហិកតា និង​ទំហំ​ថ្នាលសំណាប គឺ​ប្រែប្រួល​ទៅ​តាម​ទម្លាប់​ គុណភាព​គ្រាប់ពូជ លក្ខខណ្ឌ​ដុះ​លូតលាស់ និង​ការ​ថែទាំ​របស់​កសិករ ។ នៅ​តាម​តំបន់​ដែល​ងាយ​រង​គ្រោះ​រាំង​ស្ងួត និង​ទឹកជំនន់ កសិករ​និយម​ប្រើប្រាស់​បរិមាណ​ពូជ​ច្រើន គឺ​ប្រហែល​ពី ៦០-៨០ គីឡូក្រាម​ក្នុង​មួយ​ហិកតា ។ ប៉ុន្តែ​នៅ​តំបន់​ដែល​កសិករ​អាច​គ្រប់គ្រង​ទឹកបាន បរិមាណ​គ្រាប់ពូជ​ដែល​កសិករ​ប្រើប្រាស់​គឺ​ប្រែប្រួល​ពី ៣០-៤០ គីឡូក្រាម​ក្នុង​មួយ​ហិកតា ។ ក្នុង​ករណី​ដែល​កសិករ​ប្រើប្រាស់​ពូជ​សុទ្ធ និង​មាន​សុខភាព​ល្អ គ្រប់គ្រង​ទឹកបាន និង​មាន​ការ​ថែទាំ​នោះ បរិមាណ​គ្រាប់ពូជ​ដែល​ត្រូវការ​ក្នុង​មួយ​ហិកតា គឺ​អាច​ពី ១៥-២០ គីឡូក្រាម ហើយ​ជាង​នេះ​ទៅ​ទៀត បើ​កសិករ​ស្ទូង​តែ​មួយ​ដើម​ក្នុង​មួយ​គុម្ព​នោះ​បរិមាណ​គ្រាប់ពូជ គឺ​អាច​ថយ​ចុះ​មក​ប្រហែល ១០​គីឡូក្រាម​ក្នុង​មួយ​ហិកតា​តែ​ប៉ុណ្ណោះ ។ ជា​ទូទៅ​កសិករ​ច្រើន​សាប​ញឹក​ជ្រុល​ដែល​បណ្តាល​ឲ្យ​សំណាប​ដុះ​មក​មិន​បាន​ធំធាត់​ល្អ ។ ដើម្បី​ឲ្យ​សំណាប​ដុះ​លូតលាស់​ធំធាត់​ល្អ គេ​ត្រូវ​សាប​គ្រាប់ពូជ​មួយ​គីឡូក្រាម​លើ​ផ្ទៃដី​ថ្នាល ១០​ម៉ែត្រការ៉េ ។

ខ. ថ្នាល​គោក

គឺជា​ថ្នាលសំណាប​គោក​ដែល​សាប​ជា​រង ហើយ​ដែល​ភាគច្រើន​ប្រើ​សម្រាប់​ការងារ​ពិសោធន៍ និង​ផលិតកម្ម​គ្រាប់ពូជ​ប៉ុណ្ណោះ ។ ជា​ទូទៅ​បន្ទាប់​ពី​ភ្ជួរ​រាស់​ដី​ហើយ ត្រូវ​លើក​រង​កម្ពស់ ១០-២០ ស.ម ទទឹង​ខ្នង​រង​មួយ​ម៉ែត្រ ​និង​បណ្តោយ​ទៅ​តាម​ស្ថានភាព​ដី ព្រមទាំង​តម្រូវការ ។ បន្ទាប់​ពី​លើក​រង​ហើយ​ត្រូវ​ឆូត​ជា​ចង្អូរ​ជម្រៅ ២-៣ ស.ម ដោយ​ចន្លោះ​ពី​ចង្អូរ​មួយ​ទៅ​ចង្អូរ​មួយ​មាន​ប្រវែង ១០​ស.ម ។ បន្ទាប់​ពី​ឆូត​ចង្អូរ​រួច ត្រូវ​រោយ​គ្រាប់ពូជ​ស្ងួត ដាក់​ក្នុង​ចង្អូរ​ក្នុង​កម្រិត​មួយ​គីឡូក្រាម​លើ​ផ្ទៃ​ថ្នាល ៥​ម៉ែត្រការ៉េ ដែល​ត្រូវជា ៥០​ចង្អូរ ។ គ្រាប់ពូជ​ដែល​រោយ​ក្នុង​ចង្អូរ​រួច ត្រូវ​រោយជី​លាមក​គោ​ស្ងួត ឬ​ជី​កំប៉ុស្ត​គ្រប​ពីលើ ហើយ​បន្ទាប់​មក​ត្រូវ​បញ្ចូល​ទឹក​សន្សឹមៗ​ទៅ​ក្នុង​ថ្នាល​ប្រការ​កុំឲ្យ​គ្រាប់ពូជ​បែក​ខ្ញែក​ពី​ចង្អូរ (រូប ៦.៣) ។ បរិមាណ​គ្រាប់ពូជ និង​ផ្ទៃដី​ថ្នាល​ដែល​សាប​លើ​ថ្នាល​គោក ប្រែប្រួល​ទៅ​តាម​ដំណុះ​គ្រាប់ ការ​បាត់បង់ និង​ការ​ថែទាំ ។ ក្នុង​ករណី​ដែល​ល្អ​ប្រសើរ​គឺ​គេ​ត្រូវ​ប្រើ​គ្រាប់ពូជ​ក្នុង​បរិមាណ​ពី ១៥-២០ គីឡូក្រាម និង​ផ្ទៃដី​ថ្នាល​ពី ៧៥-១០០ ម៉ែត្រការ៉េ​ សម្រាប់​ផ្ទៃដី​ស្ទូង​មួយ​ហិកតា ។ ផ្ទុយ​ទៅ​វិញ បរិមាណ​គ្រាប់ពូជ​ដែល​ត្រូវការ​គឺ​ពី ៣០-៤០ គីឡូក្រាម និង​ផ្ទៃដី​ថ្នាល​ពី ១៥០-២០០ ម៉ែត្រការ៉េ ។

រូប ៦.៣ ការ​ធ្វើ​ថ្នាលសំណាប​គោក

គ. ថ្នាល​ដាប៉ុក

បច្ចេកទេស​ថ្នាល​ដាប៉ុក​មាន​ប្រភព​មក​ពី​អ៊ីរី-ហ្វីលីពីន ហើយ​ដែល​នាំ​ចូល​មក​កម្ពុជា​នា​ឆ្នាំ​១៩៩០ ។ ថ្នាល​នេះ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​កសិករ ដែល​រស់នៅ​ក្នុង​តំបន់​លិច​ទឹក​ជ្រៅ​ក្នុង​រដូវវស្សា និង​ដាំដុះ​ដំណាំ​ស្រូវ​ក្នុង​រដូវ​ទឹកសម្រក ឬ​ក៏​កសិករ​ណា​ដែល​មាន​ស្រែ​នៅ​ឆ្ងាយ​ពី​ភូមិ ។ លក្ខណៈ​ពិសេស​របស់​ថ្នាល​ដាប៉ុក គឺ​សាប​គ្រាប់ពូជ​ដោយ​មិន​ចាំបាច់​ត្រូវការ​ដីស្រែ និង​អាច​ផ្លាស់​ទី​បាន​ស្រួល ។ ថ្នាល​ដាប៉ុក​គឺជា​ថ្នាល​ដែល​សាប​នៅ​លើ​ស្លឹកចេក ឬ​បន្ទះ​ប្លាស្ទិក​ដែល​ក្រាល​នៅ​លើ​ដី ឬ​ទ្រនើ ។ បរិមាណ​គ្រាប់ពូជ​ដែល​ប្រើ​លើ​ផ្ទៃ​ថ្នាល​គឺ​ចំនួន ៣ គីឡូក្រាម​ក្នុង​មួយ​ម៉ែត្រការ៉េ ដូចនេះ​សម្រាប់​ផ្ទៃដី​ស្ទូង​មួយ​ហិកតា គេ​ត្រូវការ​ផ្ទៃ​ថ្នាល​សំណាប​ពី ៤ ម៉ែត្រការ៉េ (ក្នុង​បរិមាណ​គ្រាប់ពូជ ១២ គីឡូក្រាម) ទៅ​ដល់ ១០ ម៉ែត្រការ៉េ (ក្នុង​បរិមាណ​គ្រាប់ពូជ ៣០ គីឡូក្រាម) ។ សំណាប​អាច​ស្ទូង​បាន​នៅ​ពេល​មាន​អាយុ​ពី ៩-១៤ ថ្ងៃ បន្ទាប់​ពី​សាប ដោយ​មូរ​សំណាប​ជា​រមូរ​តាម​ទំហំ​ដែល​ត្រូវការ ។ ចំពោះ​ការ​ធ្វើ​ថ្នាល​ដាប៉ុក​នេះ​ កសិករ​ខ្មែរ​មិន​សូវ​និយម​ទេ ព្រោះ​វា​ទាមទារ​ឲ្យ​មាន​ការ​ថែទាំ​យ៉ាង​ហ្មត់ចត់ និង​ពិបាក​ស្ទូង ព្រោះ​ដើម​សំណាប​ខ្លីៗ​ពេក ។

៦.២.២.២. ការ​ថែទាំ​ថ្នាល និង​សំណាប

ថ្នាលសំណាប​ត្រូវ​ថែទាំ​ឲ្យ​បាន​ល្អ​តាំងពី​ចាប់ផ្តើម​រហូត​ដល់​ចប់ ។ មុន​ពេល​ភ្ជួរ​ដាស់​ដី​លើក​ទី​មួយ​ត្រូវ​ដាក់​ជី​លាមក​គោ ឬ​កំប៉ុស្ត​មួយ​រទេះគោ ឬ ២៥០ គីឡូក្រាម​ក្នុង​ថ្នាល ១០០ ម៉ែត្រការ៉េ​ឲ្យ​បាន​ស្មើ​គ្រប់​កន្លែង ។ ថ្នាល​ត្រូវ​ភ្ជួរ និង​រាស់​ឲ្យ​បាន​ល្អ និង​រាប​ស្មើ​មុន​នឹង​សាប ។ បន្ទាប់​ពី​កូន​សំណាប​ដុះ​លូតលាស់ គេ​អាច​បញ្ចូល​ទឹក​ជម្រៅ​ពី​៣-៥ ស.ម រហូត​ដល់​កូន​សំណាប​អាយុ​ល្មម​នឹង​ដក​យក​ទៅ​ស្ទូង ។ ចំពោះ​ស្រូវស្រាល​ដែល​មាន​អាយុ​កាលពី​ ១១០-១២០​ថ្ងៃ អាយុ​សំណាប​សម​ស្រប​សម្រាប់​ស្ទូង​គឺ​ពី ២០-២៥​ថ្ងៃ និង​ចំពោះ​ពូជស្រូវ​ដែល​មាន​អាយុ​កាលពី​ ៩៥-១១០​ថ្ងៃ​នោះ អាយុកាល​សម​ស្រប​គឺ​ពី ១៨-២២​ថ្ងៃ ។ ដោយឡែក​ចំពោះ​ស្រែ​ដែល​រាប​ស្មើ​ល្អ គ្មាន​ក្តាម​បំផ្លាញ និង​គ្រប់គ្រង​ទឹកបាន គេ​អាច​ប្រើ​សំណាប​ដែល​មាន​អាយុ​ពី ១០-១៥ ថ្ងៃ ។ ពេល​មុន​ដក​ទៅ​ស្ទូង​ចំនួន​មួយ​សប្ដាហ៍ យើង​គួរ​បាច​ជី​បំប៉ន ដើម្បី​ឲ្យ​កូន​សំណាប​ថ្លោស​ល្អ និង​មាន​កម្លាំង​លូតលាស់​ខ្លាំង​ងាយ​ស្រួល​ក្នុង​ការ​ដក​យក​ទៅ​ស្ទូង ។​

៦.២.២.៣. ការ​រៀបចំ​ដី​សម្រាប់​ស្ទូង

ការ​រៀបចំ​ដី ជា​ទូទៅ​គេ​ធ្វើ​ចំនួន ២​ដង គឺ​លើក​ទី​មួយ​ធ្វើ​ឡើង​នៅ​មុន​ពេល​ស្ទូង​ចំនួន ១៥ ថ្ងៃ និង​លើក​ទី​២ ធ្វើ​ឡើង​នៅ​មុន​ពេល​ស្ទូង​ចំនួន ១ ថ្ងៃ ។ គោលបំណង​នៃ​ការ​រៀបចំ​ដី​នៅ​មុន​ពេល​ស្ទូង​ចំនួន ១៥ ថ្ងៃ នោះ​គឺ​ដើម្បី​ការពារ​មិន​ឲ្យ​កូន​សំណាប​ទទួល​រង​នូវ​ឥទ្ធិពល​កំហាប់​ជាតិពុល ដែល​កើត​ចេញពី​ការ​រលួយ​របស់​សារធាតុសរីរាង្គ​ស្រស់​មួយ​ចំនួន ។ ចំពោះ​ជម្រៅ​នៃ​ការ​ភ្ជួរ​គឺ​ចាប់ពី ១៨-២០ ស.ម ហើយ​បន្ទាប់​ពី​ភ្ជួរ​ដី​លើក​ទី​ពីរ​ហើយ គេ​ចាប់ផ្តើម​រាស់​ពង្រាប​ដី ដើម្បី​បំបែក​ដី និង​ធ្វើ​ឲ្យ​ដី​រាប​ស្មើ​ងាយ​ស្រួល​ក្នុង​ការ​បញ្ចេញ​បញ្ចូល​ទឹក ។

៦.២.២.៤. ការ​ស្ទូង

ការ​ស្ទូង​ធ្វើ​ឡើង​នៅ​ពេល​សំណាប​មាន​អាយុ​ចាប់ពី ១០-២៥​ថ្ងៃ (សូម​មើល​ចំនុច ៦.២.២.២) ។ ចំពោះ​ចន្លោះ​គុម្ព​នៃ​ការ​ស្ទូង គឺ​វា​អាស្រ័យ​ទៅ​តាម​ប្រភេទ​ដី ។ ចំពោះ​ដី​ដែល​មាន​ជីជាតិ​ល្អ​ដូចជា ដី​ទួលសំរោង ក្រគរ​ និង​ក្បាលពោធិ៍ គួរ​ស្ទូង​ចន្លោះ​គុម្ព ២៥ x ២៥ ស.ម តែ​ចំពោះ​ដី​ដែល​ពុំ​សូវ​មាន​ជីជាតិ ដូចជា ដី​ប្រទះឡាង ដី​ព្រៃ​ខ្មែរ ស្ទូង​ចន្លោះ​គុម្ព ២០ x ២០ ស.ម ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ស្ទូង​ដោយ​ប្រើ​ចន្លោះ​គុម្ព​ត្រឹមត្រូវ​មាន​សារសំខាន់​ណាស់​ចំពោះ​ទិន្នផល​ស្រូវ ។ បើសិនជា​យើង​ស្ទូង​ដោយ​ប្រើ​ចន្លោះ​គុម្ព​មិន​ត្រឹមត្រូវ​ទៅ​តាម​ប្រភេទ​ដី​ ដូចជា​ស្ទូង​ទុក​ចន្លោះ​គុម្ព​ធំ​ពេក​លើ​ដី​ដែល​ពុំ​សូវ​មាន​ជីជាតិ ឬ​ទុក​ចន្លោះ​គុម្ព​តូច​ពេក​លើ​ដី​ដែល​មាន​ជីជាតិ នោះ​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នូវ​ទិន្នផល​ដែរ ។

៦.២.២.៥. ការ​ប្រើប្រាស់​ជី

ការ​បាច​ជី​ក្នុង​កម្រិត​ណែនាំ​មួយ​នា​ដំណាក់កាល​លូតលាស់​សម​ស្រប​របស់​ដំណាំ មាន​សារសំខាន់​ណាស់​ដើម្បី​ទទួល​បាន​ទិន្នផល​គ្រាប់ និង​គ្រាប់ពូជ​ដែល​គុណភាព​ល្អ ។ ជី​គួរតែ​បាច​ឲ្យ​បាន​ស្មើ​សាច់ ឫសព្វ​ល្អ ។ ការ​បាច​ជី​មិន​បាន​ស្មើ​ល្អ បង្ក​ឲ្យ​ការ​ដុះ​លូតលាស់​របស់​ដំណាំ​មិន​ស្មើ​គ្នា ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ដួល​ដើម ការ​បំផ្លាញ​ដោយ​សត្វល្អិត​ចង្រៃ និង​ជំងឺ​គ្រាប់​ស្កក ច្រើន​នៅ​កន្លែង​ដែល​ទទួល​ជី​ច្រើន​លើសលប់ ផ្ទុយ​ទៅ​វិញ​ការ​ដុះ​លូតលាស់​របស់​ដំណាំ​មាន​លក្ខណៈ​ខ្សោយ​នៅ​កន្លែង​ណា​ត្រូវ​បាន​បាច​ជី​ក្នុង​កម្រិត​ទាប ។ ការ​ប្រើ​ជីសរីរាង្គ ដូចជា​ជី​លាមក​គោ​ ឬ​ជី​កំប៉ុស្ត​ជាដើម ជាមួយ​និង​ជី​អសរីរាង្គ​តាម​លក្ខណៈ​បច្ចេកទេស ដែល​បាន​អនុសាសន៍ គឺ​នឹង​ជំនួយ​ឲ្យ​មាន​ការ​កើនឡើង​នូវ​ទិន្នផល​ប្រកបដោយ​និរន្តរភាព (សូម​មើល​ជំពូក​ទី ៨) ។

៦.២.២.៦. ការ​គ្រប់គ្រង និង​ការ​បញ្ចេញ​បញ្ចូល​ទឹក

ស្រូវ គឺជា​ដំណាំ​មួយ​ដែល​ត្រូវការ​ទឹក​ច្រើន​សម្រាប់​ការ​លូតលាស់ តែ​តម្រូវការ​នេះ​មិន​ស្មើ​គ្នា​នៅ​គ្រប់​ដំណាក់កាល​ទេ ។ ស្រូវ​ត្រូវការ​ទឹក​ទៅ​តាម​តំណាក់កាល​ដូច​ខាងក្រោម ៖

  • មុន និង​ពេល​រៀបចំ​ដី: ដើម្បី​ឲ្យ​ដី​ទន់​ល្អ ងាយស្រួល​ក្នុង​ការ​រៀបចំ​ដី
  • ដំណាក់កាល​សំណាប: ដើម្បី​ឲ្យ​ឆាប់​ដុះ​ឫស​
  • ដំណាក់កាល​បែក​គុម្ព: ដើម្បី​ឲ្យ​បែក​គុម្ព​បាន​ច្រើន ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ដំណាំ​ស្រូវ មិន​ត្រូវការ​ទឹក​ច្រើន​ពេក​ទេ ព្រោះ​បើកាលណា​ជម្រៅ​ទឹក​នៅ​ក្នុង​ស្រែ​កាន់តែ​ជ្រៅ ធ្វើ​ឲ្យ​ចំនួន​ដើម​បែក​ថយ​ចុះ ហើយ​កម្លាំង​លូតលាស់​របស់​ដើម​ស្រូវ ក៏​ថយ​ចុះ​ផង​ដែរ ផ្ទុយ​ទៅ​វិញ​កម្ពស់​ដើម​កាន់តែ​ខ្ពស់​ឡើង ។ កម្ពស់​ទឹក​សម​ស្រប​សម្រាប់​ដំណាក់កាល​នេះ​គឺ ៥-១០ ស.ម អាស្រ័យ​ទៅ​តាម​ប្រភេទ​ស្រូវ ។
  • ដំណាក់កាល​កកើត​កួរ ដល់​ចេញ​ផ្កា: ជា​ដំណាក់កាល​សំខាន់ ដែល​ត្រូវ​រក្សា​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​អាច​ប៉ះពាល់​ខ្លាំង​ដល់​ទិន្នផល​របស់​ដំណាំ ម្យ៉ាងទៀត​នៅ​ក្នុង​ដំណាក់កាល​ចេញ​ផ្កា ស្រូវ​អាច​ស្កក​ច្រើន បើសិនជា​មិន​មាន​សំណើម​គ្រប់គ្រាន់​ទេ​នោះ ។
  • ដំណាក់កាល​ដាក់​ម្សៅ: ដើម្បី​ឲ្យ​ស្រូវ​ដាក់​គ្រាប់​បាន​ល្អ ទន្ទឹម​នឹង​តម្រូវការ​ទឹក​សម្រាប់​ដំណាំ​ស្រូវ​ យើង​ក៏​ត្រូវ​បង្ហូរទឹក​ចេញពី​ស្រែ​នៅ​មុន​ពេល​ច្រូត​រយៈពេល ២-៣ សប្ដាហ៍ ដើម្បី​ឲ្យ​ស្រូវ​ឆាប់​ទុំ និង​ធ្វើ​ឲ្យ​ដី​រឹង ងាយស្រួល​ដល់​ការ​ច្រូតកាត់ ។
៦.២.២.៧. ការ​ប្រមូលផល

ពេលវេលា​សម​ស្រប​សម្រាប់​ប្រមូលផល គឺ​ត្រូវ​ពិនិត្យ​លើ​កម្រិត​ទុំ​នៃ​គ្រាប់​ដោយ​ការ​វាស់​សំណើម​គ្រាប់ ។ សំណើម​សម​ស្រប​ដែល​ត្រូវ​មាន​នៅ​ក្នុង​គ្រាប់ស្រូវ​ពេល​ប្រមូលផល​គឺ ២១ ទៅ ២៥ ភាគរយ ។ នៅ​ក្នុង​តំបន់​ត្រូពិក​កម្រិត​សំណើម​គ្រាប់​នេះ មាន​បន្ទាប់​ពី​ស្រូវ​ចេញ​ផ្កា​បាន ២៨ ទៅ ៣២ ថ្ងៃ ។ ប្រសិនបើ​ការ​ច្រូតកាត់​ត្រូវ​បាន​ពន្យា​ពេល នោះ​វា​នឹង​បណ្តាល​ឲ្យ​មាន​ការ​បាត់បង់​ទាំង​ទិន្នផល និង​ភាគរយ​នៃ​អង្ករដើម​បន្ទាប់​ពី​កិន ។ ប្រសិនបើ​ការ​ពន្យា​ពេល​នេះ​មាន​រយៈពេល​យូរ ហើយ​សំណើម​ក្នុង​គ្រាប់​ធ្លាក់​ចុះ​មក​ត្រឹម ១៥ ភាគរយ នោះ​ទិន្នផល​នឹង​អាច​បាត់បង់​ច្រើន​ជាង​២០ ភាគរយ ។ បញ្ហា​នេះ​គឺ​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​ ដូចជា ការ​ជ្រុះ​គ្រាប់ ការ​បំផ្លាញ​ពី​សត្វ​ចាប​ និង​សត្វ​កណ្តុរ​ជាដើម ។ ជា​ពិសេស​ទៅ​ទៀត កួរស្រូវ​នឹង​បាក់​ភាគច្រើន ពេល​នោះ​ការ​ច្រូតកាត់​នឹង​ធ្វើ​ឲ្យ​ដាច់​កួរ​ទាំងនោះ ។ ដូចនេះ​ការ​ប្រមូលផល​ស្រូវ​ក្នុង​សំណើម​គ្រាប់ស្រូវ​ពី ២១ ទៅ ២៥ ភាគរយ នេះ​គឺ​អាច​ជួយ​កាត់​បន្ថយ​ការ​បាត់បង់​គ្រាប់ស្រូវ និង​ធ្វើ​ឲ្យ​អង្ករ​មាន​គុណភាព​ទៀត​ផង ។ ក្នុង​ករណី​គ្រាប់ស្រូវ​ទុំ​ញោះ​ក្នុង​ស្រែ នោះ​គ្រាប់​ភាគច្រើន​នឹង​ត្រូវ​បាក់​នៅ​ពេល​កិន ដោយសារ​គ្រាប់​ទាំងនោះ​បាន​ប្រេះស្រាំ ដោយ​កម្ដៅ​ពន្លឺព្រះអាទិត្យ ។ ការ​ប្រមូលផល​អាច​នឹង​ប្រព្រឹត្ត​ដោយ​ម៉ាស៊ីន និង​ដោយ​ដៃ ។ ការ​ប្រមូលផល​ដោយ​ដៃ ត្រូវការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ព្រមទាំង​មាន​ការ​យឺតយ៉ាវ​ផង​ដែរ ។ ជា​ទូទៅ​គេ​ត្រូវការ​កម្លាំង​ជា​មធ្យម ២៥ ទៅ ៣០ នាក់ ក្នុង​មួយ​ហិកតា ។ ផ្ទុយ​ទៅ​វិញ​ ការ​ច្រូតកាត់​ដោយ​ម៉ាស៊ីន បាន​បង្ក​ភាព​ងាយស្រួល​ច្រើន​ដល់​កសិករ ដោយ​អាច​បំពេញ​សេចក្តី​ត្រូវការ​ច្រើន បាន​ទាន់​ពេលវេលា​ក្នុង​ពេល​ជាមួយ​គ្នា ដូចជា ការ​ច្រូតកាត់ ការ​បោក​បែន និង​ការ​សម្អាត​ផង​ដែរ ។

ការ​ច្រូតកាត់​ឲ្យ​ទាន់​ពេលវេលា មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​កាត់​បន្ថយ​ការ​បាត់បង់​ពី​សំណាក់​ការ​បំផ្លាញ​ផ្សេងៗ ដូចជា បក្សី កណ្តុរ និង​ការ​ជ្រុះ​គ្រាប់​ជាដើម ។ ការ​ប្រមូលផល​យឺតយ៉ាវ ឬ​មុន​ពេល ក៏​អាច​ប៉ះពាល់​ដល់​ទិន្នផល​ស្រូវ និង​គុណភាព​អង្ករ​ពេល​កិន ក្រៅពី​នេះ​អាច​ធ្វើ​ឲ្យ​មាន​អត្រា​ដំណុះ​គ្រាប់​ទាប និង​ភាគរយ​គ្រាប់​ស្កក​មាន​ចំនួន​ច្រើន បើសិនជា​យើង​ប្រមូលផល​នៅ​មុន​ពេល​កំណត់ ។ ដូចនេះ​មុន​ពេល​ប្រមូលផល ​យើង​គួរ​ធ្វើការ​ត្រួតពិនិត្យ​ភាគរយ​នៃ​ការ​ទុំ​នៃ​គ្រាប់ស្រូវ​នៅ​ក្នុង​ស្រែ ។ ស្រូវ​ដែល​អាច​ប្រមូលផល​បាន គឺ​នៅ​ពេល​គ្រាប់ស្រូវ​មាន​សំណើម​ពី ២១-២៥ ភាគរយ ដែល​ក្នុង​នោះ​គ្រាប់ស្រូវ​ប្រហែល ៨៥ ភាគរយ ក្នុង​កួរ​ទុំ​មាន​ពណ៌​ដូច​ចំបើង ។ បើសិនជា​គ្រាប់ស្រូវ​មាន​អត្រា​សំណើម​ខ្ពស់​ជាង​នេះ នោះ​អាច​នឹង​បន្ថយ​នូវ​រយៈពេល​នៃ​ការ​ស្តុក​ទុក​ដោយសារ​មាន​បញ្ហា​ជា​ច្រើន ដូចជា ការ​ដុះ​ផ្សិត សត្វល្អិត​បំផ្លាញ និង​អត្រា​ដំណុះ​ថយ​ចុះ​ជាដើម ។

៦.២.៣. កត្តា​រាំងស្ទះ (Constraints)

មាន​កត្តា​ជា​ច្រើន​ដែល​បង្ក​ភាព​រាំងស្ទះ​នៅ​ក្នុង​វប្បកម្ម​ដំណាំ​ស្រូវ ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​ទិន្នផល​យ៉ាងច្រើន ។ កត្តា​រាំងស្ទះ​ទាំង​អស់នោះ​រួម​មាន ៖

៦.២.៣.១. ស្មៅចង្រៃ

បញ្ហា​ស្មៅចង្រៃ​នៅ​ក្នុង​ផលិតកម្ម​ស្រូវ ជា​កត្ត​សំខាន់​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​ដី​ឲ្យ​បាន​ត្រឹមត្រូវ និង​កម្ចាត់​ស្មៅ​ឲ្យ​បាន​ស្អាត​ល្អ ចាប់តាំងពី​ពេល​សាប រហូត​ដល់​ពេល​ស្រូវ​ចាប់​ផ្ដើម​ចេញ​ផ្កា ។ ស្មៅចង្រៃ​មាន​ប្រព័ន្ធ​ឫស​គ្រប់គ្រាន់ និង​មាន​លទ្ធភាព​ដុះ​លឿន​ជាង​ស្រូវ ។ ស្មៅ​ជា​ឧបសគ្គ​នឹង​ដំណាំ​ស្រូវ នៅ​ពេល​ស្រូវ​ស្ថិត​នៅ​ក្នុងង​ដំណាក់កាល​សំណាប​រហូត​ដល់​ដំណាក់កាល​ពន្លូត​ដើម ព្រោះ​នៅ​ក្នុង​ដំណាក់កាល​នេះ ​ស្រូវ​នៅ​តូច​ហើយ​ដុះ​យឺត ។ ដូច្នេះ​នៅ​ពេល​ដំណាំ​ស្រូវ​ស្ថិត​ក្នុង​ដំណាក់កាល​នេះ ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​សម្អាត​ស្មៅ​ឲ្យ​បាន​ស្អាត ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ដំណាំ​ស្រូវ​ដុះ​លូតលាស់​បាន​ល្អ ជា​ពិសេស​ទៅ​ទៀត​ការ​ធ្វើ​ស្មៅ​ចាំ​បាច់​បំផុត​នោះ គឺ​មុន​ពេល​បាច​ជី​បំប៉ន ។ ក្រៅពី​នេះ ការ​បោច​សម្អាត​ស្មៅ​ត្រូវ​ធ្វើ​ជា​បន្ត​បន្ទាប់​មក​ទៀត​ឲ្យ​បាន​ពីរ​ទៅ​បី​ដង អាស្រ័យ​ទៅ​តាម​អាយុកាល​របស់​ស្រូវ និង​ក្នុង​មួយ​វដ្ត​នៃ​ដំណាំ​ស្រូវ ។

៦.២.៣.២. សត្វល្អិត​ចង្រៃ

នៅ​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ តែង​ទទួល​រង​នូវ​ការ​បំផ្លាញ​ពី​សត្វ​ល្អិត​ចង្រៃ​ជា​ច្រើន​ប្រភេទ ។ សត្វ​ល្អិត​ចង្រៃ​ដែល​គេ​ជួប​ប្រទះ​ជា​ញឹកញាប់​នៅ​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ ចាប់តាំងពី​ដំណាក់កាល​សំណាប រហូត​ដល់​ពេល​ស្រូវ​ទុំ​គឺ​មាន​សត្វល្អិត ដូចជា ទ្រីប មមាច​ខៀវ មមាច​ត្នោត ពពួក​ដង្កូវ​ស៊ី​រូង​ដើម ដង្កូវ​កាត់​ស្លឹក ដង្កូវ​មូល​ស្លឹក ពពួក​កណ្តូប​បំផ្លាញ​នៅ​លើ​ស្លឹក​ស្រូវ និង​ស្រឹង​ជញ្ជក់​ទឹកដោះ​លើ​គ្រាប់ស្រូវ (សូម​មើល​ជំពូក​ទី​៩) ។

៦.២.៣.៣. សត្វ​កណ្តុរ និង​ចាប

កណ្តុរ គឺជា​សត្វ​ចង្រៃ​ដែល​តែងតែ​បំផ្លាញ​ដំណាំ​ស្រូវ ចាប់តាំងពី​សាប​រហូត​ដល់​ស្រូវ​ទុំ និង​នៅ​ក្នុង​ជង្រុក ។ មាន​វិធីសាស្ត្រ​ជា​ច្រើន​បាន​យក​មក​អនុវត្ត​ក្នុង​ការ​កម្ចាត់​កណ្តុរ ។ វិធីសាស្ត្រ​ទី​មួយ គឺជា​វិធីសាស្ត្រ​មេកានិច ដែល​ក្នុង​នោះ​មាន​ការ​ជីក​រន្ធ ការ​ចាក់​សម្បុក​តាម​ដើមឈើ ដាក់​អង្គប់ ចាក់ទឹក​ក្នុង​រន្ធ របាំង​ប្លាស្ទិក និង​ប្រព័ន្ធ​អង្គប់​របាំង​ប្លាស្ទិក ។ វិធីសាស្ត្រ​មួយទៀត​គឺ វិធីសាស្ត្រ​កម្ចាត់​ដោយ​ប្រើ​ឆ្កែ ។ ក្រៅពី​នេះ ក៏​មាន​វិធីសាស្ត្រ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ផង​ដែរ ។ ដើម្បី​កម្ចាត់​កណ្តុរ​ឲ្យ​មាន​ប្រសិទ្ធភាព គេ​ត្រូវ​ធ្វើការ​កម្ចាត់​ជា​ក្រុម​រួម​គ្នា ។

ចាប​បំផ្លាញ​ដំណាំ​ស្រូវ​នៅ​ក្នុង​ពេល​សាប ដោយ​ស៊ី​គ្រាប់ស្រូវ និង​នៅ​ពេល​ស្រូវ​ដាក់​ទឹកដោះ​រហូត​ដល់​ទុំ ។ ការ​បំផ្លាញ​របស់​ចាប​អាច​មាន​កម្រិត​ធ្ងន់ធ្ងរ ។ ដើម្បី​ការពារ​ចាប​គេ​ត្រូវ​ដាក់​រូប​ទីងមោង តែ​ជា​ការ​ល្អ​គួរ​មាន​អ្នក​ចាំ​ចាប ។

៦.២.៤. ពូជ​អនុសាសន៍

ពូជស្រូវ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​បន្ថែម ឬ​ទាំងស្រុង គឺជា​ពូជ​ស្រាល​ដែល​មាន​អាយុកាល​មិន​លើស​ពី​១២០ ថ្ងៃ ។ នា​ពេល​បច្ចុប្បន្ន​ពូជស្រូវ​ស្រាល​ទាំង​ប្រាំបួន ដែល​បាន​រំដោះ​ដោយ​គណៈកម្មាធិការ​ជាតិ​អនុសាសន៍​ពូជ​ត្រូវ​បាន​កសិករ​នៅ​ក្នុង​ប្រទេស ប្រើប្រាស់​ប្រភេទ​ពូជ​ផ្សេងៗ​គ្នា អាស្រ័យ​ទៅ​តាម​តំបន់ ។ ពូជស្រូវ​ទាំងនោះ​គឺជា​ពូជ​ដែល​មាន​ទិន្នផល​ខ្ពស់ មាន​ដូចជា​ពូជ អ៊ីអ៊ែរ​៦៦ អ៊ីអ៊ែរ​៧២ គ្រូ អ៊ីអ៊ែរ​កេសរ រំពេ បារាយណ៍ រហាត់ ជលសារ និង​សែនពិដោរ (តារាង ៦.២) ។ ក្នុង​នេះ​ពូជស្រូវ​សែនពិដោរ គឺជា​ពូជស្រូវ​ស្រាល​ក្រអូប ហើយ​មាន​គុណភាព​ល្អ​សម្រាប់​នាំ​ចេញ​ទៀត​ផង ។

តារាង ៦.២ ពូជស្រូវ​ដែល​បាន​អភិវឌ្ឍន៍ និង​រំដោះ​ដោយ​គណកម្មការ​អនុសាសន៍​ពូជ

៦.៣. ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ស្រូវ​ស្រែ​ទំនាប​អាស្រ័យ​របប​ទឹកភ្លៀង

៦.៣.១. បរិស្ថាន​ដាំដុះ

តំបន់​ស្រែ​ទំនាប​អាស្រ័យ​របប​ទឹកភ្លៀង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ៨៤ ភាគរយ នៃ​ផ្ទៃដី​ដំណាំ​ស្រូវ​សរុប (Ouk et al.,2001) ។ នៅ​ក្នុង​នោះ​មាន​អនុប្រព័ន្ធ​បរិស្ថាន​សំខាន់ៗ​ចំនួន​បី​ទៀត​សម្រាប់​ដំណាំ​ស្រូវ គឺ​ក្រុម​ដែល​មាន​អាយុកាល​ស្រាល កណ្តាល និង​ធ្ងន់ (Men Sarom et al., 2001a) ។ ការ​ធ្វើ​វប្បកម្ម​ដំណាំ​ស្រូវ​ពួក​នេះ គឺ​កសិករ​ធ្វើ​ទៅ​តាម​យថាផល ដោយ​ពឹង​ផែ្អ​ក​ទាំងស្រុង​ទៅ​លើ​ទឹក​ភ្លៀង ។ តំបន់​ដែល​មាន​ការ​ដាំដុះ​ប្រភេទ​ដំណាំ​ស្រូវ​នេះ​ច្រើន​ជាងគេ គឺ​តំបន់​ទំនាប​ដែល​នៅ​ជុំវិញ​ដង​ទន្លេសាប តំបន់​មេគង្គ​ក្រោម និង​ទន្លេបាសាក់ ។ ខេត្ត​ដែល​បាន​ដាំ​ប្រភេទ​ស្រូវ​នេះ​រួម​មាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ​កំពង់ចាម កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង កំពត កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ហើយ​ច្រើន​ធ្វើការ​ដាំដុះ​នៅ​លើ​ស្រែ​ដែល​មាន​ជម្រៅ​ទឹក​ក្នុង​ស្រែ ជា​ទូទៅ​ចាប់ពី ២៥ ស.ម-៥០​ស.ម ឬ​ច្រើន​ជាង​នេះ​បន្តិចបន្តួច ក្នុង​រយៈពេល​ខ្លី ។​

៦.៣.១.១. ស្រូវស្រាល (Early Duration Maturity)

ស្រូវស្រាល គឺជា​ប្រភេទ​ពូជស្រូវ​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ (Photoperiod Insensitive varieties) ដែល​មាន​អាយុ​កាលពី​ថ្ងៃ​សាប​រហូត​ដល់​ទុំ មិន​លើស​ពី ១២០​ថ្ងៃ ហើយ​បាន​ធ្វើការ​ដាំដុះ​ប្រមាណ ២១ ភាគរយ​នៃ​ផ្ទៃដី​ស្រែ​ទំនាប​អាស្រ័យ​របប​ទឹកភ្លៀង (ដាំដុះ​នៅ​លើ​ដីស្រែ​ខ្ពស់ៗ) (Ouk et al., 2001) ។ ក្នុង​ចំណោម​ប្រភេទ​ពូជស្រូវ​នៅ​គ្រប់​ក្សេត្រ​បរិស្ថាន​ទាំងអស់ គឺ​មាន​តែ​ប្រភេទ​ស្រូវស្រាល​មួយ​ប៉ុណ្ណោះ ដែល​យើង​អាច​ធ្វើ​បាន​បី​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ក្នុង​រដូវវស្សា រដូវប្រាំង និង​ស្រូវប្រដេញទឹក ។ គេ​អាច​ដាំដុះ​បាន​នៅ​ដើម​រដូវ​វស្សា គឺ​ចាប់ពី​ខែឧសភា ដល់​ខែតុលា ឬ​ឯ​រដូវប្រាំង គឺ​នៅ​ដើម​ខែ​វិច្ឆិកា ដល់​ខែមេសា (ប្រសិនបើ​មាន​ប្រភព​ទឹក) និង​ធ្វើ​ស្រូវប្រដេញទឹក នៅ​ចន្លោះ​រដូវវស្សា និង​រដូវប្រាំង ។ ប្រសិនបើ​គ្មាន​ប្រភព​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​ទេ គឺ​អាច​ធ្វើ​បាន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ ។ ពពួក​ស្រូវ​ប្រភេទ​នេះ អាច​ដាំដុះ​បាន​នៅ​លើ​ប្រភេទ​ដី (ដី​ខ្ពស់) ដែល​មាន​ជម្រៅ​ទឹក​ចាប់ពី ០-១៥ សង្ទីម៉ែត្រ ហើយ​វា​អាច​ចេញ​ផ្កា​បាន​នៅ​ពេល​ណា​ក៏​បាន​នៃ​ឆ្នាំ ឲ្យ​តែ​លក្ខខណ្ឌ​ដាំដុះ​អនុគ្រោះ​ដល់​ការ​ដុះ​លូតលាស់​របស់​វា ។ នា​ពេល​បច្ចុប្បន្ន ខេត្ត​ដែល​ដាំ​ពូជស្រូវ​ស្រាល​ច្រើន​ជាងគេ គឺ​មាន​ខេត្តតាកែវ ដែល​មាន​ផ្ទៃដី​ដាំដុះ​ប្រមាណ ៥៣.៨១៨​ហិកតា ក្នុង​ផ្ទៃដី​សរុប​ចំនួន ១៦៦.៤៥០ ហិកតា ខេត្តសៀមរាប ៣៦.២៤០ ហិកតា ក្នុង​ផ្ទៃដី​សរុប ១៧៥.៥៤៥ ហិកតា និង​ខេត្តព្រៃវែង ៣៣.២៩៣ ហិកតា នៅ​ក្នុង​ផ្ទៃដី​សរុប ២១៤.២៣៩ ហិកតា (ក្រសួងកសិកម្ម ២០០៤-២០០៥) ។

៦.៣.១.២. ស្រូវកណ្តាល (Medium Duration Maturity)

គឺជា​ប្រភេទ​ពូជស្រូវ​ដែល​អាច​ច្រូតកាត់​បាន​ក្នុង​រយៈពេល​១២០ ទៅ​១៥០​ថ្ងៃ បន្ទាប់​ពី​ការ​ដាំដុះ ។​ពូជស្រូវ​កណ្តាល​មាន​ពីរ​ប្រភេទ​គឺ ពូជស្រូវ​កណ្តាល​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ និង​ពូជស្រូវ​កណ្តាល​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ ។

ក. ពូជស្រូវ​កណ្តាល​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ (Photoperiod Insensitive): គឺជា​ពូជស្រូវ​កណ្តាល​មិន​ប្រកាន់​រដូវ ដែល​មាន​អាយុកាល​ចាប់ពី ១២០-១៥០​ថ្ងៃ ក្រោយ​ពី​ធ្វើការ​ដាំដុះ ។

ខ. ពូជស្រូវ​កណ្តាល​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ (Photoperiod sensitive): គឺជា​ពូជស្រូវ​កណ្តាល​ដែល​ប្រកាន់​រដូវ ពូជស្រូវ​ប្រភេទ​នេះ​ច្រើន​ចេញ​ផ្កា​នៅ​ចន្លោះ​ថ្ងៃ​ទី ១០ ដល់ ១៥ ខែតុលា​នៃ​ឆ្នាំ ។ ពូជស្រូវ​ប្រភេទ​នេះ មាន​ការ​ដាំដុះ​លើ​ផ្ទៃដី​ប្រមាណ ៤៦ ភាគរយ នៃ​ផ្ទៃដី​ស្រែ​ទំនាប​អាស្រ័យ​របប​ទឹកភ្លៀង ហើយ​ត្រូវ​ដាំ​នៅ​លើ​ផ្ទៃ​ដីស្រែ​កណ្តាល​ដែល​មាន​ជម្រៅ​ទឹក​ចាប់ពី ១០-៣០ ស.ម ។

ខេត្ត​ដែល​ប្រើប្រាស់​ពូជស្រូវ​កណ្តាល​ច្រើន​ជាងគេ​គឺ ខេត្តកំពត​ដែល​មាន​ផ្ទៃដី ៩២.៩៥៥ ហិកតា ក្នុង​ផ្ទៃដី​សរុប ១១៩.៤៤៨ ហិកតា ខេត្តព្រៃវែង ៩២.២០៨ ហិកតា ក្នុង​ផ្ទៃដី​សរុប ២១៤.២៣៩ ហិកតា ខេត្តតាកែវ ៨៨.០៥៨ ហិកតា ក្នុង​ផ្ទៃដី​សរុប ១៦៦.៤៥០ ហិកតា (ក្រសួងកសិកម្ម ២០០៤.២០០៥) ។

៦.៣.១.៣. ពូជស្រូវ​ធ្ងន់ (Long Duration Maturity)

ពូជស្រូវ​ប្រភេទ​នេះ មាន​អាយុកាល​ចាប់ពី ១៥០ ថ្ងៃ​ឡើង​ទៅ ។ ដោយ​ឡែក​ចំពោះ​ពូជស្រូវ​ធ្ងន់​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ (Photoperiod sensitive) ច្រើន​ចេញ​ផ្កា​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា ហើយ​ពូជស្រូវ​ប្រភេទ​នេះ​ធ្វើការ​ដាំដុះ​លើ​ផ្ទៃដី​ប្រមាណ ៣៣ ភាគរយ​នៃ​ផ្ទៃដី​ស្រែ​ទំនាប​ពឹងផ្អែក​លើ​របប​ទឹកភ្លៀង (Ouk et al., 2001) ។

ចំពោះ​ស្រូវ​ប្រភេទ​នេះ ខេត្ត​ដែល​បាន​ធ្វើការ​ដាំដុះ​ច្រើន​នៅ​លើ​ផ្ទៃដី​ដ៏​ធំធេង​ជាងគេ គឺ​ខេត្តបាត់ដំបង ដែល​មាន​ផ្ទៃដី​ប្រមាណ ១១៤.៥៧៩ ហិកតា ក្នុង​ផ្ទៃដី​សរុប ២២៨.២៥៥ ហិកតា ខេត្តព្រៃវែង ផ្ទៃដី​សម្រាប់​ដាំដុះ​ស្រូវធ្ងន់​មាន ៨៨.៦៨០ ហិកតា ក្នុង​ផ្ទៃដី​សរុប ២១៤.២៣៩ ហិកតា និង​ខេត្តកំពង់ចាម ៨០.១១៧ ហិកតា ក្នុង​ផ្ទៃដី​សរុប ១៦២.៦៣២ ហិកតា (ក្រសួងកសិកម្ម ២០០៤-២០០៥) ។

៦.៣.២. វិធីសាស្ត្រ​ដាំដុះ

នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា វិធីសាស្ត្រ​ដាំដុះ​លើ​ដំណាំ​ស្រូវ​មាន ៤ ប្រភេទ​គឺ ៖

៦.៣.២.១. ស្រូវ​ពង្រោះ

ស្រូវ​ពង្រោះ គឺជា​វិធីសាស្ត្រ​ដាំដុះ​មួយ​ដែល​កសិករ​ព្រោះ​គ្រាប់ស្រូវ​ទៅ​ក្នុង​ស្រែ​ដោយ​ផ្ទាល់ និង​មិន​ធ្វើការ​ដក​ស្ទូង​ឡើយ ។ កសិករ​ច្រើន​ព្រោះ​នៅ​ចុង​ខែមេសា ឬ​ដើម​ខែ​ឧសភា នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ដំបូង ឬ​នៅ​ពាក់កណ្តាល​ខែមេសា រហូត​ដល់​ខែកក្កដា ។ ជា​ទូទៅ​កសិករ​ច្រើន​ប្រើ​ពូជស្រូវ​ធ្ងន់ ឬ​ពូជស្រូវ​ប្រពៃណី ដោយ​ប្រើ​គ្រាប់ពូជ​ក្នុង​បរិមាណ ១០០-១៥០ គីឡូក្រាម ក្នុង​មួយ​ហិកតា ។ ក្នុង​ករណី​ដែល​មាន​គ្រាប់ពូជ​សុទ្ធ​ល្អ កសិករ​អាច​ប្រើ​តែត្រឹម ៧០-៨០ គីឡូក្រាម​ប៉ុណ្ណោះ​ក៏​អាច​គ្រប់គ្រាន់​បាន​ដែរ ។ ក្រៅពី​ពូជស្រូវ​ធ្ងន់ ជួនកាល​គេ​ក៏​ប្រើប្រាស់​ពពួក​ស្រូវកណ្តាល និង​ពពួក​ស្រូវស្រាល​ដែរ ។ ប្រសិនបើ​ស្រូវពង្រោះ​ជា​ពូជស្រូវ​ធ្ងន់ គេ​ច្រើន​ធ្វើការ​ច្រូតកាត់​នៅ​ពាក់​កណ្តាល ឬ​ចុង​ខែមករា ។ កសិករ​ភាគច្រើន​នៅ​តំបន់​ខេត្ត​ពាយ័ព្យ ដោយសារ​តែ​ផ្ទៃដី​ក្នុង​មួយ​គ្រួសារៗ​មាន​ទំហំ​ធំ ខ្វះ​កម្លាំង​ពលកម្ម និង​ចំណេញ​ថវិកា​ផង​នោះ គេ​ច្រើន​ធ្វើ​ស្រូវ​ពង្រោះ ។ ប្រសិនបើ​មាន​ការ​ថែទាំ​ដិត​ដល់ ទិន្នផល​ដែល​ទទួល​បាន​ពី​ស្រូវ​នេះ វា​ប្រហាក់ប្រហែល​នឹង​ស្រូវ​សន្ទូង​ដែរ ។ ដោយឡែក​នៅ​ខាង​តំបន់​ពាយ័ព្យ​នៃ​ប្រទេស គេ​តែង​ធ្វើការ​ភ្ជួរ​ពង្រោះ​អាស្រ័យ​ទៅ​នឹង​កម្ពស់​ដើម​ពី ០.៤-០.៦​ម ដោយ​ចាំបាច់​ឲ្យ​មាន​វត្តមាន​ទឹក​នៅ​ក្នុង​ស្រែ ក្នុង​គោលបំណង​ដើម្បី​រំលោះ​ដើម​ចោល​ខ្លះ ។ គេ​ច្រើន​ភ្ជួរ​ពង្រោះ​នៅ​ចុង​ខែ​កក្កដា និង​ខែសីហា ឬ​នៅ​ពេល​ណា​មាន​ទឹក​នៅ​ក្នុង​ស្រែ​ប្រមាណ ១០-២០ ស.ម កសិករ​ចាប់ផ្តើម​ភ្ជួរ​ដើម​របស់​ស្រូវ​ពង្រោះ​របស់​គាត់​ដើម្បី​រំលោះ​ដើម និង​ធ្វើ​ឲ្យ​ស្រូវ​ឆាប់​បែក​គុម្ព​ល្អ ។ ការ​ភ្ជួរ​ដើម​របៀប​នេះ គេ​ច្រើន​ធ្វើ​លើ​ប្រភេទ​ស្រូវធ្ងន់ កណ្តាល​លើកលែង​ចំពោះ​ប្រភេទ​ស្រូវ​ឡើង​ទឹក និង​ប្រភេទ​ស្រូវស្រាល ។

ក. គុណសម្បត្តិ​នៃ​ការ​ភ្ជួរ​ដើម

  • ធ្វើ​ឲ្យ​ស្មៅ​ងាប់
  • ផុស​ដី​បាន​ល្អ
  • រំលោះ​ដើម​ខ្លះ
  • បែក​គុម្ព​ល្អ និង​បង្កើត​ឫស​ថ្មី

ខ. គុណវិបត្តិ​នៃ​ការ​ភ្ជួរ​ដើម

  • ប្រើ​ពូជ​អស់​ច្រើន​
  • នឹង​មាន​ការ​ខូចខាត ប្រសិនបើ​មាន​គ្រោះ​ធម្មជាតិ​បន្ទាប់​ពី​ភ្ជួរ​ដើម​រួច
  • ធ្វើ​ឲ្យ​ដីស្រែ​មាន​អាចម៍បំណាស់ ពិបាក​ដើរ​ច្រូត ។
៦.៣.២.២. សន្ទូង

ចំពោះ​ស្រូវ​សន្ទូង ដែល​ធ្វើ​នៅ​លើ​ដីស្រែ​ទំនាប​ពឹងផ្អែក​លើ​របប​ទឹកភ្លៀង គេ​ធ្វើ​បាន​ចំពោះ​ពូជស្រូវ​ទាំង ៣​ប្រភេទ គឺ​ស្រូវស្រាល កណ្តាល និង​ស្រូវធ្ងន់ ដោយ​ប្រើ​គ្រាប់ពូជ​ប្រមាណ ៣០-៥០ គីឡូក្រាម ក្នុង​មួយ​ហិកតា ។ អាយុ​សម​ស្រប​របស់​សំណាប​ដែល​ត្រូវ​ដក​យក​ទៅ​ស្ទូង​គឺ ១០-២៥​ថ្ងៃ (សូម​មើល​ចំណុច ៦.២.២.២) សម្រាប់​ប្រភេទ​ស្រូវស្រាល និង ៣០-៣៥​ថ្ងៃ សម្រាប់​ប្រភេទ​ស្រូវកណ្តាល និង​ស្រូវធ្ងន់ ។

ក. ការ​រៀបចំ​ទី​សំណាប (សូម​មើល​ចំនុច​ទី ៦.២.២.១)

ខ. ការ​ស្ទូង

ការ​ស្ទូង​មាន​ពីរ​បែប​គឺ ការ​ស្ទូង​ជា​ជួរ និង​ការ​ស្ទូង​ធម្មតា ។

ខ​១. ការ​ស្ទូង​ជា​ជួរ

កាលពីមុន​ការ​ស្ទូង​ជា​ជួរ គឺ​មាន​តែ​នៅ​កន្លែង​ពិសោធន៍​ស្រាវជ្រាវ​តែ​ប៉ុណ្ណោះ ដោយ​ក្នុង​ការ​អនុវត្ត​របៀប​នេះ​គេ​ស្ទូង​តែ​មួយ​ដើម​ប៉ុណ្ណោះ​ក្នុង​មួយ​គុម្ព ដើម្បី​ជួយ​សម្រួល​ដល់​អ្នកបច្ចេកទេស ក្នុង​ការ​កាត់​ពូជ​លាយ​នៅ​ក្នុង​ស្រែ​របស់​ផលិតកម្ម​គ្រាប់ពូជ និង​ងាយស្រួល​ដល់​ការងារ​ថែទាំ​ដំណាំ​ស្រូវ​ទៀត​ផង ។ តែ​បច្ចុប្បន្ន​ការ​ស្ទូង​ជា​ជួរ​នេះ​កំពុង​ពេញ​និយម​ដល់​ប្រជា​កសិករ​ខ្មែរ ជា​ពិសេស​កសិករ​ដែល​មាន​ផ្ទៃ​ដី​តិច ពីព្រោះ​ការ​ស្ទូង​ជា​ជួរ យើង​បាន​បែងចែក​នូវ​ចន្លោះ​គុម្ព និង​ចន្លោះ​ជួរ​ស្មើ​គ្នា ដូចនេះ​ស្រូវ​មាន​លទ្ធភាព​ស្រូប​យក​ជីជាតិ​ពី​ដី និង​ស្រូប​យក​ពន្លឺ ដើម្បី​ធ្វើ​រស្មីសំយោគ​បាន​ស្មើៗ​គ្នា ដែល​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ទទួល​បាន​ទិន្នផល​ខ្ពស់ (រូប ៦.៤) ។ ជា​ទូទៅ​នៅ​ក្នុង​ស្រែ​កសិករ​ដើម្បី​កាត់​បន្ថយ​ការ​ជួស​សន្ទូង​ដែល​ត្រូវ​ងាប់​ដោយ​បញ្ហា​ផ្សេងៗ​នោះ ការ​ស្ទូង ២ ទៅ ៣​ដើម ក្នុង​មួយ​គុម្ព គួរ​ត្រូវ​បាន​អនុវត្ត ។ ចន្លោះ​គុម្ព​សន្ទូង​គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ពូជ និង​តាម​រដូវ ។ នៅ​ក្នុង​រដូវវស្សា​ ចំពោះ​ពូជស្រូវ​ស្រាល​គឺ​ត្រូវ​មាន​ចន្លោះ​គុម្ព ២៥ x ២៥​ស.ម តែ​នៅ​រដូវប្រាំង​វិញ គួរ​មាន ២០ x ២០ ស.ម ។ ដោយឡែក​ចំពោះ​ពូជស្រូវ​កណ្តាល ចន្លោះ​គុម្ព​សម​ស្រប គឺ ២៥ x ២៥ ស.ម និង ៣០ x ៣០ ស.ម សម្រាប់​ស្រូវធ្ងន់ ។ សន្ទូង​គួរ​ត្រូវ​ជួស​នា​ប្រមាណ ៥​ថ្ងៃ ក្រោយ​ពី​ពេល​ស្ទូង ។ សម្ភារៈ​សម្រាប់​ធ្វើ​ការងារ​ស្ទូង​ជា​ជួរ​មាន ខ្សែ​ក្រិត និង​ក្តារ​ក្រិត ។​

រូប ៦.៤ ស្រូវ​ស្ទូង​ជា​ជួរ

គុណសម្បត្តិ​នៃ​ការ​ស្ទូង​ជា​ជួរ

  • ប្រើប្រាស់​ពូជ​អស់​តិច
  • ងាយស្រួល​ក្នុង​ការ​បាច​ជី និង​បាញ់ថ្នាំ
  • ស្រួល​សម្អាត​ស្មៅ​ដោយ​ម៉ាស៊ីន និង​ដោយ​ដៃ
  • ចន្លោះ​គុម្ព​សម​ស្រប ធ្វើ​ឲ្យ​សន្ទូង​ដុះ​លូត​លាស់​ស្មើ​គ្នា និង
  • ងាយស្រួល​កម្ចាត់​ពូជ​ដែល​លាយ​នៅ​ក្នុង​ស្រែ ។

គុណវិបត្តិ​នៃ​ការ​ស្ទូង​ជា​ជួរ

  • ប្រើ​កម្លាំង​ពលកម្ម​ច្រើន​អាច​រហូត​ដល់ ៥០-៦០​នាក់ ក្នុង​មួយ​ហិកតា
  • ចំណាយ​ពេលវេលា និង​ចំណាយ​ប្រាក់​ច្រើន ។

ខ​២. ការ​ស្ទូង​តាម​ទម្លាប់​កសិករ ឬ​ស្ទូង​មុំ​ចង្ក្រាន

ការ​ស្ទូង​ជា​មុំ​ចង្ក្រាន ត្រូវ​បាន​អនុវត្ត​ជា​ទូទៅ​ដោយ​កសិករ​ខ្មែរ ដោយហេតុ​ថា​វា​ជា​ទម្លាប់​តាំងពី​ដូនតា​មក​ហើយ ។ នៅ​ក្នុង​ការ​ស្ទូង​ដូចនេះ​កសិករ​អាច​ស្ទូង​បាន​លឿន និង​ចំណាយ​កម្លាំង​ពលកម្ម​អស់​តិច​ជាង​ការ​ស្ទូង​ជា​ជួរ ។ ប៉ុន្តែ​ក្នុង​ការ​ស្ទូង​ជា​មុំ​ចង្ក្រាន យើង​បែងចែក​នូវ​ចន្លោះ​គុម្ព និង​ចន្លោះ​ជួរ​មិន​បាន​ស្មើ​គ្នា​ទេ ដូចនេះ​ស្រូវ​ពុំ​មាន​លទ្ធភាព​ស្រូប​យក​ជីជាតិ​ពី​ដី និង​ស្រូប​យក​ពន្លឺ​ដើម្បី​ធ្វើ​រស្មីសំយោគ​បាន​ស្មើៗ​គ្នា​ទេ ដែល​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទិន្នផល​ស្រូវ ។

គុណសម្បត្តិ​នៃ​ការ​ស្ទូង​ជា​មុំ​ចង្ក្រាន

  • ប្រើ​កម្លាំង​ពលកម្ម​អស់​តិច
  • ចំណាយ​ពេលវេលា​ខ្លី និង​ចំណាយ​ប្រាក់​តិច

គុណវិបត្តិ​នៃ​ការ​ស្ទូង​ជា​មុំ​ចង្ក្រាន

  • ប្រើប្រាស់​ពូជ​អស់​ច្រើន
  • ពិបាក​ក្នុង​ការ​ធ្វើ​ស្មៅ និង​សម្អាត​ពូជ​លាយ
៦.៣.២.៣. ការ​ព្រាច​សំណាប

ការ​ព្រាច​សំណាប គេ​ចាត់ទុកជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដែរ តែ​វា​ធ្វើ​បាន​តែ​នៅ​លើ ៖

  • ផ្ទៃដី​តូចៗ​
  • ដី​មាន​ជីជាតិ​
  • ដី​រាប​ស្មើ​ល្អ
  • នៅ​ជិត​ប្រភព​ទឹក
  • អាច​បញ្ចេញ​បញ្ចូល​ទឹក​បាន​ល្អ

មុន​ដំបូង​គេ​ត្រូវ​បង្ហូរទឹក​ចេញពី​ស្រែ​ឲ្យ​អស់​ក្រោយ​ពី​ការ​ភ្ជួរ​រាស់ រួច​យក​សំណាប​ទៅ​ព្រាច​លើ​ដីស្រែ​នោះ​ដោយ​ប៉ាន់​ស្មាន​កុំ​ឲ្យ​ក្រាស់ ឬ​ស្ដើង​ពេក រួច​ទុក ២-៣​ថ្ងៃ ដើម្បី​ឲ្យ​សំណាប​នោះ​ចាប់​ឫសបាន​ល្អ រួច​ទើប​បញ្ចូល​ទឹក​ទៅ​ក្នុង​ស្រែ​នោះ ។ ការ​ប្រើ​ជី​ទ្រាប់​បាត ឬ​ទៅ​តាម​ដំណាក់កាល​នានា អនុវត្ត​ដូច​ស្រូវ​សន្ទូង​ដែរ ។ ចំពោះ​ទិន្នផល​ដែល​បាន​មក​ពី​ការ​ព្រាច​សំណាប​នេះ គឺ​ប្រហាក់ប្រហែល និង​ស្រូវ​សន្ទូង​ដែរ ។

៦.៣.៣. ការ​រៀបចំ​ដី

ដីស្រែ​ដែល​សម្រាប់​ស្ទូង ជា​ធម្មតា​គួរតែ​ធ្វើ ៣ លើក​ជា​ការ​ល្អ លើក​ទី​១ គឺ​ភ្ជួរ​ដាស់ដី​ម្តង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ដំបូង និង​ភ្ជួរ​លើក​ទី​២ មុន​ស្ទូង​កន្លះ​ខែ និង​លើក​ទី​៣ ភ្ជួរ និង​រាស់​មុន​ស្ទូង ១​ថ្ងៃ ដើម្បី​ឲ្យ​ដី​ធូរ​ល្អ និង​សម្លាប់​ស្មៅ​ក្នុង​ស្រែ​ទៀត​ផង ។

ផ្តល់​នូវ​គោលបំណង​នៃ​ការ​ភ្ជួរ ៖

  • ដើម្បី​កម្ចាត់​ស្មៅ
  • លាយ​សារធាតុសរីរាង្គ​ជាមួយ​ដី
  • បង្កប់​ជី និង​ថ្នាំពុល​ទៅ​ក្នុង​ដី
  • ធ្វើ​ឲ្យ​ងាយស្រួល​ដល់​ការ​ស្ទូង
  • បង្កើត​ស្រទាប់ដី​តែ​មួយ​ដែល​បន្ថយ​ដល់​ការ​ខាត​ទឹក ក្នុង​រយៈពេល​នៃ​ការ​ស្រោចស្រព
  • ចាប់ផ្តើម​បំបែក​ស្រទាប់ដី
  • បំបែក​ដី​ដុំ​ធំៗ​ឲ្យ​ល្អិត
  • លាយ​ច្របល់​កម្ទេច​រុក្ខជាតិ​មួយ​ដី
  • ពង្រាបដី​សម្រាប់​ការ​ស្រោចស្រព និង​បញ្ចេញ​ទឹក ដើម្បី​ការពារ​សំណាប និង​ពង្រោះ​ពី​ឥទ្ធិពល​អាក្រក់​នៃ​កំហាប់​ជាតិពុល ដែល​កើត​ឡើង​ដោយសារ​ការ​រលួយ​ធាតុ​សរីរាង្គ និង​ដើម្បី​អនុញ្ញាត​ឲ្យ​រុក្ខជាតិ​ស្រូប​យក​ជីជាតិ​ឆ្លង​តាម​ការ​រលួយ​នៃ​ធាតុ​សរីរាង្គ ។ ដី​ធូរ​ហើយ​រាបស្មើ សម្រាប់​ឲ្យ​ការ​ចែកចាយ​ទឹក​បាន​ល្អ និង​មាន​ឯកសណ្ឋាន​ភាព ។ ការ​ធ្វើ​ដី​មាន​ពីរ​សារ​ឡើង​ទៅ បើ​លើក​ទី​មួយ​កសិករ​ភ្ជួរ​ផាត់​ចេញ​នៅ​លើក​ទី​ពីរ គាត់​ត្រូវ​ភ្ជួរ​ផាត់​ចូល​មក​វិញ​ដើម្បី​ឲ្យ​ដី​មាន​ឯកសណ្ឋាន ។

៦.៣.៤. ការ​ប្រើប្រាស់​ជី

ការ​ប្រើប្រាស់​ជី គឺ ៣ ដង​ក្នុង​មួយ​វដ្ត​ជីវិត​របស់​ដំណាំ​ស្រូវ ។ លើក​ទី​១ គឺ​បាច​ទ្រាប់​បាត​មុន​ស្ទូង លើក​ទី​២ ក្រោយ​ពី​ស្ទូង ៣០ ថ្ងៃ និង​លើក​ទី​៣ នៅ​ពេល​ស្រូវ​កកើត​កួរ ។ កម្រិត​នៃ​ការ​ប្រើប្រាស់​ជី គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ដី (សូម​មើល​ក្នុង​ជំពូក​៨) ។

៦.៣.៥. ការ​ថែទាំ

ជា​ការ​ពិត​ណាស់ ការ​ថែទាំ​ជា​ផ្នែក​មួយ​ដែល​ជួយ​ដល់​ការ​បង្កើន​ទិន្នផល​ស្រូវ​ផង​ដែរ ដូចជា​ការ​ដក​ស្មៅចង្រៃ​ចេញពី​ស្រែ ព្រោះ​ជា​ជម្រក​របស់​ពពួក​សត្វល្អិត និង​ជំងឺ ។ រីឯ​ការ​គ្រប់គ្រង​ទឹក​វិញ ពេល​ស្រូវ​នៅ​ក្នុង​វគ្គ​បែក​គុម្ព គួរ​បញ្ចេញ​ទឹក​ឲ្យ​អស់​ពី​ក្នុង​ស្រែ​ក្នុង​រយៈពេល​ពី ៣-៥​ថ្ងៃ រួច​បញ្ចូល​វិញ​ជា​ការ​ល្អ​ប្រសិនបើ​ស្រែ​នៅ​ជិត​ប្រភព​ទឹក ។ តែ​បើ​សិន​ទឹក​ដក់​ក្នុង​ស្រែ​ជា​ប្រចាំ​នោះ វា​នឹង​ធ្វើ​ឲ្យ​ដី​នោះ​មាន​កង្វះ​ធាតុ​ស័ង្កសី (Zn) ។ សំខាន់​ជាង​នេះ​ទៀត ស្រែ​ត្រូវ​មាន​មាន​ភ្លឺ​ធំ​មាំ​ល្អ ដើម្បី​ទប់​ទឹក​ទុក​ក្នុង​ពេល​រាំង​ស្ងួត ឬ​អត់​ភ្លៀង​នៅ​ចុងរដូវ ឬ​ក៏​ក្នុង​ករណី​ដែល​វាលស្រែ​មាន​រាង​ជា​បាតខ្ទះ ការ​លើក​ភ្លឺ​អាច​បន្ថយ​ជម្រៅ​ទឹក​ក្នុង​ស្រែ​បាន ។

៦.៣.៦. ប្រមូលផល

ស្រូវ​ដែល​ល្មម​ច្រូតកាត់​បាន គឺ ៣០​ថ្ងៃ ក្រោយ​ពី​ស្រូវ​ចេញ​ផ្កា​ស្រុះ ម្យ៉ាង​ទៀត​គេ​សម្គាល់​ស្រូវ​ទុំ​ល្មម​ច្រូតកាត់​បាន ដោយ​សម្គាល់​ទៅ​លើ​គ្រាប់ស្រូវ​មាន​ពណ៌​ដូច​មាស ឬ​ក៏​គេ​សម្គាល់​មើលទៅ​លើ​កួរស្រូវ ប្រសិនបើ​វា​ទុំ​ពី​ចុង​កួរស្រូវ​បាន ៨៥ ភាគរយ ហើយ​សំណើម​នៃ​គ្រាប់ស្រូវ​មាន​ពី ២០-២៤ ភាគរយ ដូចនេះ​ការ​ច្រូតកាត់​មិន​បាត់បង​ទិន្នផល ហើយ​អង្ករ​ពេល​កិន​ស្រឡូន​ល្អ ។ បើ​ច្រូតកាត់​ពេល​ស្រូវ​ទុំ​ជ្រុល​ពេក ធ្វើ​ឲ្យ​ស្រូវ​បាក់​ក ចាប​ស៊ី​ជ្រុះ ដុះ ធ្វើ​ឲ្យ​ទិន្នផល​ចុះ​ទាប និង​គុណភាព​អង្ករ​បាក់​ច្រើន ។ ការ​ច្រូតកាត់​ឆាប់​ពេក​អាច​ធ្វើ​ឲ្យ​ទិន្នផល​ថយ​ចុះ ដែល​បណ្តាល​មក​ពី​គ្រាប់ស្រូវ​មិន​ទាន់​ទុំ​ល្អ ។ មុន​ពេល​ច្រូតកាត់ បើសិន​មាន​ទឹក​ក្នុង​ស្រែ យើង​ត្រូវ​ធ្វើការ​បញ្ចេញ​ទឹក​ចុង​ក្រោយ​ឲ្យ​បាន ២-៣ អាទិត្យ មុន​ពេល​ច្រូតកាត់​ធ្វើ​ឲ្យ​ស្រូវ​ឆាប់​ទុំ និង​ងាយស្រួល​ដល់​ការ​ច្រូតកាត់ ។ ក្នុង​ការ​ច្រូតកាត់​ដោយ​ដៃ​ជា​មធ្យម​ដើម្បី​ច្រូត​បាន​មួយ​ហិកតា គេ​ត្រូវការ​អ្នក​ច្រូត​ពី ២០-៣០​នាក់ ក្នុង​មួយ​ថ្ងៃ ។

៦.៣.៦.១. ការ​បោក​បែន

ការ​បោក​បែន​មាន ៣ យ៉ាង គឺ​ការ​បោក​បែន​ដោយ​កម្លាំង​មនុស្ស ការ​បញ្ជាន់​ដោយ​គោក្របី ឬ​ត្រាក់ទ័រ និង​ការ​បោក​បែន​ដោយ​ម៉ាស៊ីន​បោក ដោយឡែក​ការ​បោក​បែន​ដោយ​ម៉ាស៊ីន​បោក សំបក​ធុង​ទ្រ​ដោយ​សាក់ស៊ី​កង់​បួន​អូស​ដោយ​ម៉ាស៊ីន ១០-១២ សេះ អាច​បោក​ជា​មធ្យម ១០ បាវ គ្រាប់ស្រូវ​ក្នុង​មួយ​ម៉ោង (សូម​មើល​ជំពូក​ទី ១០) ។

៦.៣.៦.២. ការ​រោយ​សម្អាត

បន្ទាប់​ពី​ការ​បោក​បែន​រួច ត្រូវ​ដក​យក​ចេញ​នូវ​កម្ទេចកម្ទី​ផ្សេងៗ ដែល​នៅ​លាយឡំ​នៅ​ជាមួយ​នឹង​គ្រាប់ស្រូវ ដែល​បណ្តាល​ឲ្យ​មាន​ឥទ្ធិពល​មិន​ល្អ នៅ​ពេល​ស្តុក​គ្រាប់ និង​គុណភាព​អង្ករ ។

៦.៣.៧. កត្តា​រាំងស្ទះ

ជា​ទូទៅ​ផលិតកម្ម​ដំណាំ​ស្រូវ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំងស្រុង​ទៅ​លើ​ធម្មជាតិ​ ដូចនេះ​ហើយ​ទើប​ជា​រៀង​រាល់​ឆ្នាំ​ប្រជា​កសិករ​តែង​ជួប​ប្រទះ​នឹង​គ្រោះ​ធម្មជាតិ​ផ្សេងៗ ដូចជា ទឹកជំនន់ ការ​រាំង​ស្ងួត ឬ​សត្វល្អិត​បំផ្លាញ ៘ (សូម​មើល​ចំណុច ៦.២.៣) ។ កត្តា​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​មាន ៖

  • ខ្វះ​ប្រព័ន្ធ​ស្រោចស្រព ប្រឡាយ ភ្លឺស្រែ ទំនប់ អាង​ទឹក សំណង់​ស្ទាក់​ទឹក​តូច​ធំ
  • ខ្វះ​មធ្យោបាយ​សម្ភារៈ​ឧបករណ៍​កសិកម្ម ប្រើ​កម្លាំង​អូស​ទាញ​ដោយ​គោក្របី
  • ខ្វះ​ការ​គ្រប់គ្រង​ដឹកនាំ (ជា​ក្រុម ក្លឹប សមាគម សហគមន៍ បុរេសហគមន៍)
  • ប្រជា​កសិករ​ធ្វើស្រែ​ទៅ​តាម​ទម្លាប់​បុរាណ
  • ដី​ខ្សត់ខ្សោយ​ជីជាតិ
  • ខ្វះ​ចំណេះដឹង (មិន​ចេះអក្សរ) ខ្វះ​បច្ចេកទេស​ដាំដុះ
  • ខ្វះ​ទុន​ផលិតកម្ម ឥណទាន​…
  • ដីស្រែ​ស្ទើរ​ទាំងអស់​មិន​ទាន់​រៀបចំ​ឲ្យ​បាន​សម​ស្រប​នៅឡើយ
  • ខ្វះ​ទីផ្សារ​កសិផល តម្លៃ​កសិផល​នៅ​ទាប (ផ្អែក​លើ​ឈ្មួញ​កណ្ដាល​ជា​អ្នក​កំណត់​តម្លៃ)
  • ខ្វះ​ការ​កែ​ច្នៃ​ផលិត​គុណភាព​ផលិតផល
  • មិន​មាន​បទដ្ឋាន (Standard) តាម​ទីផ្សារ​អន្តរជាតិ
  • ដាក់​ឲ្យ​តាម​លក្ខណៈ​បច្ចេកទេស​នូវ​កសិផល​ដែល​ទទួល​បាន និង​ពូជ​ដំណាំ
  • ពុំ​ទាន់​មាន​គម្រោង​វិនិយោគ​លើ​មុខ​ដំណាំ ដើម្បី​បង្កើន​ផលិតភាព​ក្នុងស្រុក ។

៦.៣.៨. ពូជ​អនុសាសន៍

ពូជ​ដែល​ល្អ​សម្រាប់​ធ្វើការ​ដាំដុះ នៅ​ក្នុង​លក្ខខណ្ឌ​ស្រែ​ដែល​រំពឹង​ទឹកភ្លៀង​ទាំងស្រុង គឺ​ពូជ​ដែល​បាន​រំដោះ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CARDI) ដែល​មាន​កម្ពស់​ដើមដង អាយុកាល​សម​ស្រប​ទៅ​នឹង​បរិស្ថាន​ដាំដុះ និង​មាន​ទិន្នផល​ខ្ពស់​ប្រកប​ទៅ​ដោយ​គុណភាព​ល្អ សម្រាប់​ប្រជា​កសិករ​ខ្មែរ​ធ្វើការ​ជ្រើសរើស ៖

៦.៣.៨.១. ប្រភេទ​ស្រូវស្រាល ជា​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ

នៅ​ក្នុង​ក្រុម​ពូជស្រូវ​ស្រាល​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ​មាន ពូជ​អ៊ីអ៊ែរ​៦៦ អ៊ីអ៊ែរ​៧២ គ្រូ អ៊ីអ៊ែរ​កេសរ ជលសារ រហាត់ និង​ពូជ​ក្រអូប​សែនពិដោរ ។

៦.៣.៨.២. ប្រភេទ​ស្រូវកណ្តាល

ចំពោះ​ប្រភេទ​ស្រូវកណ្តាល​មាន​ពីរ​ប្រភេទ ៖

ក. ពូជ​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ ឬ​ពូជ​មិន​ប្រកាន់​រដូវ: នៅ​ក្នុង​ក្រុម​ពូជស្រូវ​កណ្តាល​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ​មាន ពូជ​សន្តិភាព​១ សន្តិភាព​២ សន្តិភាព​៣ ពពូល និង​សារិកា ។

ខ. ពូជ​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ ឬ​ពូជ​ប្រកាន់​រដូវ: នៅ​ក្នុង​ក្រុម​ពូជស្រូវ​កណ្តាល វេទរស​ទៅ​នឹង​រយៈ​ពន្លឺ​មាន ពូជ​រាំងជ័យ ខា​១ ខា​២ ខា​៣ និង​ខា​១១ ។

គ. ពូជ​ក្រអូប​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ: នៅ​ក្នុង​ក្រុម​ពូជស្រូវ​កណ្តាល ក្រអូប​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ​មាន ពូជ​ក្រអូប ផ្ការំចេក ផ្ការំចង់ ផ្ការំដួល ផ្កា​រំដេង និង​ពូជ​ក្រអូប​ផ្ការមៀត ។

៦.៣.៨.៣. ប្រភេទ​ស្រូវធ្ងន់

នៅ​ក្នុង​ក្រុម​ពូជស្រូវ​កណ្តាល វេទរស​ទៅ​នឹង​រយៈ​ពន្លឺ មាន​ពូជ ខា​៤ ខា​៥ ខា​៦ ខា​៧ ខា​៨ ខា​៩ ខា​១២ និង​ខា​១៣ ។

៦.៣.៩. ស្រូវ​ដើមរដូវ

មុន​ឆ្នាំ​១៩៩០ កសិករ​កម្ពុជា​ដាំដុះ​ដំណាំ​ស្រូវ​តែ​ម្តង​គត់ នៅ​ក្នុង​ក្សេត្រ​បរិស្ថាន​ទំនាប​អាស្រ័យ​របប​ទឹកភ្លៀង ។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៩១-១៩៩៣ មក​ដោយ​មាន​ការ​ជីក​អណ្តូង​ក្រោម​ដី ដើម្បី​យក​ទឹក​មក​ស្រោចស្រព​ដំណាំ​បាន​ធ្វើ​ឲ្យ​រុក្ខ​ជម្រើស​វិទូ និង​ក្សេត្រ​វិទូ សាកល្បង​ប្រព័ន្ធ​ដាំដុះ​ដំណាំ​ស្រូវ​ពីរ​ដង​ក្នុង​មួយ​រដូវវស្សា ។ ពូជស្រូវ​ស្រាល​បាន​ដាំដុះ​ក្នុង​ខែមេសា ដោយ​ប្រើប្រាស់​ទឹក​ក្រោម​ដី​ស្រោចស្រព រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​ក្នុង​ខែឧសភា ហើយ​ធ្វើការ​ច្រូតកាត់​ក្នុង​អំឡុង​ពាក់​កណ្តាល​ខែកក្កដា និង​ខែសីហា ដែល​ក្នុង​អំឡុង​ពេល​នេះ ជា​ទូទៅ​គឺជា​កូន​រដូវប្រាំង​មួយ ។ ដំណាំ​ស្រូវ​ដែល​ដាំ​នៅ​ក្នុង​លក្ខខណ្ឌ​នេះ គឺជា​ដំណាំ​ស្រូវ​ដើម​រដូវ ។ បន្ទាប់​ពី​ការ​ច្រូតកាត់​បាន​កន្លះ​ខែ​មក​ទើប​ចាប់ផ្តើម​ស្ទូងស្រូវ​វស្សា ។​

៦.៤. ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ស្រូវ​ឡើង​ទឹក

៦.៤.១. បរិស្ថាន​ដាំដុះ

នា​ទសវត្សរ៍​ទី​៦០ ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ​ឡើង​ទឹក​មាន​ប្រមាណ ៤​សែន​ហិកតា ស្មើ​នឹង ១៦ ភាគរយ នៃ​ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​ផ្ទៃដី​ដាំដុះ​ស្រូវ​ឡើង​ទឹក​មាន ១.៥ ភាគរយ​ប៉ុណ្ណោះ (ក្រសួងកសិកម្ម ២០០៥) ។ ការ​ថយ​ចុះ​ផ្ទៃ​ដី​ទាំងនោះ គឺ​ដោយសារ​ដំណាំ​ស្រូវ​ឡើង​ទឹក គឺជា​ដំណាំ​យថាផល​មាន​ន័យ​ថា​ដាំដុះ​ដោយ​ពឹងផ្អែក​លើ​កត្តា​ធម្មជាតិ​ទាំងស្រុង បើសិនជា​កត្តា​ធម្មជាតិ​មិន​អំណោយ​ទេ​នោះ​ផលដំណាំ​នឹង​ខូចខាត​ទាំងស្រុង ។ ម្យ៉ាងវិញទៀត ដោយសារ​តែ​កត្តា​ធម្មជាតិ​មាន​ការ​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បាន​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​បាន​ផ្លាស់​ប្តូរ​ពី​ដំណាំ​ស្រូវ​ឡើង​ទឹក មក​ជា​ដំណាំ​ស្រូវ​រដូវប្រាំង ឬ​ក៏​ជា​ដំណាំ​ស្រូវប្រដេញទឹក​វិញ ។ តំបន់​ដាំដុះ​ដំណាំ​ស្រូវ​ឡើង​ទឹក​ទាំងនេះ គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​ដែល​ស្ថិត​នៅ​ជាប់​បឹង​ទន្លេសាប​ ទន្លេបាសាក់ និង​ទន្លេមេគង្គ ។ ក្នុង​ឆ្នាំ​២០០៤-២០០៥ តំបន់​ស្រូវ​ឡើង​ទឹក គឺ​មាន​ច្រើន​ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ធំ (២២.១៦៧ ហ.ត) ខេត្តបន្ទាយមានជ័យ (២៤.៤៤២ ហ.ត) ខេត្តបាត់ដំបង (១៤.៦៥៩ ហ.ត) ខេត្តពោធិ៍សាត់ (១១.៨៦៥ ហ.ត) ខេត្តសៀមរាប តាកែវ កណ្តាល និង​កំពង់ឆ្នាំង គឺ​មាន​ផ្ទៃដី​ដាំដុះ​ស្រូវ​ឡើង​ទឹក​ប្រហាក់​ប្រហែល​គ្នា​ចាប់ពី ១០០០-៨០០០​ហិកតា ក្នុង​ខេត្ត​នីមួយៗ ។ ដោយឡែក​ខេត្ត ស្វាយរៀង ព្រៃវែង កំពត កំពង់ចាម ភ្នំពេញ និង​ស្ទឹង​ត្រែង មាន​ផ្ទៃដី​ដាំដុះ​ស្រូវ​ឡើង​ទឹក​តិច​ជាង ១០០០​ហិកតា ។ ស្រូវ​ឡើង​ទឹក​ទាំងនោះ​ត្រូវ​បាន​គេ​ដាំដុះ​នៅ​តំបន់​ស្រែ​ទំនាប ដែល​មាន​ជម្រៅ​ទឹក​ចាប់ពី ៥០ ស.ម ឬ​លើស​ពី​នេះ ហើយ​នៅ​កន្លែង​ខ្លះ​ទៀត​ជម្រៅ​ទឹក​អាច​មាន​រហូត​ដល់​ទៅ ៤ ម៉ែត្រ ។ ជម្រៅ​ទឹក​ដែល​មាន​នៅ​ក្នុង​ស្រែ​ទាំងនេះ​គឺ​ទទួល​បាន​មក​ពី​ការ​ជន់​ឡើង​ពី​បឹង​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ នៅ​រដូវភ្លៀង​ធ្លាក់ ។

៦.៤.២. វិធីសាស្ត្រ​ដាំដុះ

៦.៤.២.១. ការ​រៀបចំ​ដី និង​ពេលវេលា​ដាំដុះ

ការ​អនុវត្ត​លើ​ដំណាំ​ស្រូវ​ឡើង​ទឹក គឺ​មាន​លក្ខណៈ​សាមញ្ញ ហើយ​ប្រើប្រាស់​អស់​ទុន​តិច​បំផុត បើ​ធៀប​ទៅ​នឹង​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវ​ដទៃ​ផ្សេង​ទៀត ។

ក. ការ​រៀបចំ​ដី​តាម​របៀប​កសិករ

ជា​ទូទៅ កសិករ​តែង​ចាប់ផ្តើម​ដុត​ចំបើង និង​គល់​ជញ្ជ្រាំង​ដែល​មាន​សេសសល់​នៅ​ក្នុង​ស្រែ បន្ទាប់​ពី​លែង​សត្វពាហនៈ​ឲ្យ​ចូល​ស៊ី​រួច​មក ហើយ​ការ​ដុត​នេះ​ច្រើន​ធ្វើ​ឡើង​នៅ​រវាង​ខែកុម្ភៈ និង​ដើម​ខែមេសា ។ ចំពោះ​ការ​រៀបចំ​ដី គឺ​គេ​ចាប់ផ្តើម​ភ្ជួរ​រាស់​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ដំបូង ហើយ​ការ​ភ្ជួរ​រាស់​គេ​ធ្វើ​ឡើង​មួយ​ដង ឬ​ពីរ​ដង បន្ទាប់​មក​គេ​ចាប់ផ្តើម​ព្រោះ​គ្រាប់ពូជ​ស្ងួត ។ សម្រាប់​ខេត្ត​ដែល​ស្ថិត​នៅ​ប៉ែក​ខាងត្បូង​រួម​មាន ខេត្តតាកែវ ព្រៃវែង និង​ខេត្តកណ្តាល ពេលវេលា​ដាំដុះ​គឺ​ចាប់ផ្តើម​នៅ​ចុង​ខែមេសា រហូត​ដល់​ខែឧសភា ឯ​ខេត្ត​ដែល​ស្ថិត​នៅ​ប៉ែក​ពាយ័ព្យ ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ខេត្តសៀមរាប គឺ​ចាប់ផ្តើម​ពី​ដើម​ខែ​ឧសភា រហូត​ដល់​ពាក់កណ្តាល​ខែមិថុនា ។

ខ. ការ​រៀបចំ​ដី​តាម​បែប​លក្ខណៈ​បច្ចេកទេស

ការ​រៀបចំ​ស្រែ​គឺ​ត្រូវ​រៀបចំ​ឲ្យ​បាន​ស្មើ​ល្អ ដោយ​ធ្វើការ​ភ្ជួរ និង​រាស់ស្រែ ២ ឬ​៣​ដង ដើម្បី​សម្រួល​ដល់​ការ​ដុះ​លូតលាស់​របស់​រុក្ខជាតិ​ចង្រៃ និង​កម្ចាត់​វា ។ ការ​ភ្ជួរ​គឺ​យើង​ត្រូវ​ភ្ជួរ​វា​នៅ​ជម្រៅ​ពី ២០ ទៅ ២៥ ស.ម រួច​រាស់​វាយ​បំបែក​ដី​ឲ្យ​បាន​ម៉ត់​ល្អ បន្ទាប់​មក​យើង​ហាល​ដី​រយៈពេល​ពី ៧ ទៅ ១០​ថ្ងៃ ដើម្បី​ទុក​ឲ្យ​ស្មៅ និង​គ្រាប់ពូជ​ផ្សេងៗ​ទៀត​ដុះ រួច​ធ្វើការ​ភ្ជួរ​រាស់​ដី​ម្តងទៀត និង​ពង្រាបដី​ឲ្យ​ស្មើ​ល្អ និង​មាន​លក្ខណៈ​ឯកសណ្ឋាន ។ ចំពោះ​ការ​ដាំដុះ​ទាន់​ពេលវេលា គឺជា​បំណងប្រាថ្នា​សម្រាប់​ដំណាំ ដែល​លូតលាស់​ល្មម ទាន់​ពេល​ដែល​ទឹកជំនន់​មក​ដល់ ព្រោះ​ដើម​សំណាប​ដែល​ចាស់ គឺ​វា​មាន​ការ​លូតលាស់​ល្អ និង​ធន់​ទ្រាន់​ទៅ​នឹង​ទឹកជំនន់ ជាង​ដើម​ស្រូវ​ដែល​ទើប​នឹង​ដាំ ។ ទឹកជំនន់​បាន​ចាប់​ផ្តើម​ឡើង នៅ​ពេល​ដែល​ស្រូវ​មាន​ការ​អភិវឌ្ឍ​ពេញលេញ យ៉ាង​ហោច​ណាស់​ក៏​មាន​អាយុ​ពី ៤-៦ អាទិត្យ​ដែរ ដើម្បី​មាន​លទ្ធភាព​ពន្លូត​ដើម​ល្អ​ប្រសើរ (Catling 1992) ។

៦.៤.២.២. ការ​ពង្រោះ​គ្រាប់ពូជ

ការ​ពង្រោះ​គ្រាប់​ពូជស្រូវ​ឡើង​ទឹក ជា​ទូទៅ​នៅ​តំបន់​ដែល​មាន​ដី​ជម្រាល​ទាប​ជាងគេ គឺ​គេ​ធ្វើការ​ពង្រោះ​មុន ព្រោះ​កន្លែង​ដែល​ដី​ជម្រាល​ទាប​នោះ ទឹក​វា​ចាប់ផ្តើម​លិច​មុន ហើយ​ការ​ប្រើប្រាស់​គ្រាប់ពូជ​ជា​មធ្យម គឺ​គេ​ប្រើ​អស់ពី ១២០-២០០​គីឡូក្រាម ប៉ុន្តែ​អាច​តិច​ជាង ឬ​ច្រើន​ជាង​នេះ​អាស្រ័យ​ទៅ​តាម​តំបន់​នីមួយៗ និង​លក្ខខណ្ឌ​ស្រែ​ដែល​ការ​ពង្រោះ​គ្រាប់​បាន​ត្រូវ​អនុវត្ត ។ នៅ​តំបន់​ខ្លះ​គេ​កប់​គ្រាប់ពូជ​ទៅ​ក្នុង​ដី តាម​រយៈ​ការ​ភ្ជួរ​ឬ​រាស់​លុប ។ ការ​ភ្ជួរ​ឬ​រាស់​លុប​នេះ គឺ​បាន​ធ្វើ​ឲ្យ​ប្រសើរ​នូវ​រចនាសម្ព័ន្ធ​របស់​ដី និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ឫស​នៃ​ស្រូវ​មាន​ការ​ដុះ​លូតលាស់​បាន​ល្អ ។ មធ្យោបាយ​នេះ យើង​ក៏​អាច​ការពារ​គ្រាប់ពូជ​បាន​ពី​ការ​បំផ្លាញ​ពី​ពពួក​សត្វ​ចង្រៃ ដូចជា ចាប និង​សត្វ​កណ្តុរ​ជាដើម ៘ គ្រាប់ពូជ​ចាប់ផ្តើម​ដុះ​លូតលាស់​ល្អ​ក្នុង​រយៈពេល ២-៣​ថ្ងៃ បន្ទាប់​ពី​ព្រោះ ឬ​ក៏​អាច​ពន្យា​ពេល​រហូត​ទៅ​ដល់ ១​សប្ដាហ៍ អាស្រ័យ​ទៅ​នឹង​ទឹកភ្លៀង ។​

៦.៤.២.៣. ការ​ប្រមូលផល

ចំពោះ​ខេត្ត​នៅ​ភាគ​ខាងត្បូង​ប្រទេស ការ​ប្រមូលផល​ចាប់ផ្តើម​នៅ​ចុង​ខែ​ធ្នូ រហូត​ដល់​ចុង​ខែ​កុម្ភៈ ។ ដោយឡែក ចំពោះ​ខេត្ត​ដែល​នៅ​ភាគ​ខាងជើង ការ​ប្រមូលផល​ចាប់ផ្តើម​ចាប់ពី​ចុង​ខែមករា រហូត​ដល់​ដើម​ខែ​មីនា ហើយ​ស្រូវ​ដែល​ស្ថិត​នៅ​ក្នុង​កន្លែង​ដែល​មាន​ដី​ខ្ពស់​ជាង​គេ ត្រូវ​បាន​គេ​ប្រមូលផល​មុន​គេ ។ ការ​ប្រមូលផល​មាន​ភាព​ងាយស្រួល​នៅ​ពេល​ដែល​ទឹក​ស្រក​ចុះ​ទាំង​អស់ពី​ស្រែ ។ ការ​ទុំ​របស់​គ្រាប់​ជា​ញឹកញាប់​តែងតែ​កើតឡើង​ក្នុង​ពេល​ដំណាលគ្នា​ជាមួយនឹង​ដំណើរ​ស្រក​របស់​ទឹក ហើយ​ជា​ទូទៅ ស្រូវ​ត្រូវ​បាន​គេ​ប្រមូលផល​ក្នុង​ស្ថានភាព​ស្រែ​ស្ងួត ។ ភាពរាំងស្ងួត​បន្ទាប់​ពី​ការ​ស្រក​ចុះ​របស់​ទឹក អាច​កើត​ឡើងជា​បន្តបន្ទាប់​ក្នុង​តំបន់​ស្រែ​ដែល​លិច​ទឹក​ជ្រៅៗ ។ ពូជ​ដែល​ដាំដុះ​នៅ​តាម​តំបន់​ខ្ពស់ ការ​ទុំ​របស់​វា​មាន​លក្ខណៈ​លឿន​ជាង​ការ​ដាំដុះ​នៅ​តាម​តំបន់​ទំនាប ។

៦.៤.២.៤. ការ​ប្រតិបត្តិ​ក្រោយ​ពេល​ប្រមូលផល

ការ​ប្រតិបត្តិ​ការងារ​ក្រោយ​ពេល​ប្រមូលផល គឺ​មាន​សារសំខាន់​ណាស់​ទៅ​លើ​គុណភាព​គ្រាប់ ។ បន្ទាប់​ពី​ការ​ប្រមូលផល​រួច ធ្វើការ​បោក​បែន​នឹង​ហាល​សម្ងួត​គ្រាប់​ឲ្យ​បាន​ស្ងួត​ល្អ ដោយ​រក្សា​សំណើម​គ្រាប់​ពី ១២ ទៅ ១៤ ភាគរយ រួច​រោយ​សម្អាត​គ្រាប់​ឲ្យ​បាន​ស្អាត​ល្អ ហើយ​ច្រក​ទុក​ក្នុង​បាវ រួច​ទុកដាក់​ក្នុង​ឃ្លាំង ដោយ​រៀប​ដាក់​លើ​កំណល់​ឲ្យ​បាន​ត្រឹម​ត្រូវ ជៀសវាង​ទុក​ផ្ទាល់​នឹង​ឥដ្ឋ ដែល​បណ្តាល​ឲ្យ​សត្វល្អិត​ងាយ​បំផ្លាញ និង​ធ្វើ​ឲ្យ​ងាយ​ជក់​ឡើង​នៃ​សំណើម ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ឆាប់​ពុក​គ្រាប់ និង​ធ្វើ​ឲ្យ​គ្រាប់ស្រូវ​ឆាប់​ថយ​ចុះ​នូវ​គុណភាព ។​

៦.៤.៣. កត្តា​រាំងស្ទះ

៦.៤.៣.១. កម្រិត​ទឹក​ឡើង​លឿន​ពេក

ការ​កើន​ឡើងជា​បន្តបន្ទាប់​របស់​ទឹក បាន​ធានា​ដល់​ការ​រស់រាន​មាន​ជីវិត​របស់​ពូជ​ដំណាំ​ជា​ច្រើន ដែល​មាន​លទ្ធភាព​នៃ​ការ​ពន្លូត​ដើម ។ ប្រសិនបើ​កម្រិត​ទឹក​កើនឡើង​យ៉ាង​លឿន ហើយ​នៅ​តែ​បន្ត​រហូត​នោះ​ អាច​ធ្វើ​ឲ្យ​លិចលង់​ដល់​ដំណាំ ទោះបីជា​ពូជ​នោះ​មាន​លទ្ធភាព​ពន្លូត​ដើម​ល្អ​យ៉ាង​ណា​ក៏​ដោយ ។ ហើយ​ការ​លិច​ទឹក​នេះ បាន​ធ្វើ​ឲ្យ​មាន​ភាព​រំខាន​ដល់​ការ​លូតលាស់​របស់​ដំណាំ​ស្រូវ និង​ធ្វើ​ឲ្យ​ភាពរឹងមាំ​របស់​ដំណាំ កាន់តែ​ចុះ​ខ្សោយ​បន្តិច​ម្តងៗ​ក្នុង​ដំណាក់កាល​លូតលាស់ និង​កាត់​បន្ថយ​ការ​បែក​គុម្ព ហើយ​ពន្យា​ពេល​ការ​ផុស​ចេញពី​ទឹក​របស់​កួរ នៅ​ក្នុង​ដំណាក់កាល​កំណរ​កំណើត​កួរ រហូត​ដល់​ដំណាក់កាល​ចេញ​កួរ ។ ដោយហេតុ​នេះ​ហើយ ទើប​វា​បណ្តាល​ឲ្យ​កើត​មាននូវ​និប្ផលភាព (អារ) នៃ​កន្សោម​ផ្កា (Vergara, 1985) ។ ការ​លិច​ទឹក​ក្នុង​ដំណាក់កាល​ចេញ​ផ្កា អាច​នឹង​ធ្វើ​ឲ្យ​ស្រូវ​ខូចខាត និង​មាន​ផល​ប៉ះពាល់​ទាំងស្រុង​ទៅ​លើ​ទិន្នផល​គ្រាប់ ជា​ពិសេស​បើ​ការ​លិច​នេះ​មាន​រយៈកាល​ចាប់ពី ៣​អាទិត្យ​ឡើង​ទៅ (Catling, 1992) ។

៦.៤.៣.២. ការ​ស្រក​ចុះ​របស់​ទឹក

ការ​ស្រក​ចុះ​របស់​ទឹក ជា​ទូទៅ​មាន​ល្បឿន​លឿន ប៉ុន្តែ​ពុំ​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ដល់​ដំណាំ​ស្រូវ​ទេ ។ ជា​ញឹកញយ​ការ​ស្រក​ទឹក គឺ​កើតឡើង​នៅ​ពេល​ដំណាលគ្នា ជាមួយនឹង​ការ​ទុំ​របស់​ដំណាំ​ស្រូវ ។ ការ​ស្រក​ចុះ​របស់​ទឹក​នៅ​ពេល​ដំណាលគ្នា​ជាមួយនឹង​ពេល​ស្រូវ​ទុំ​នេះ​ហើយ គឺ​យើង​ពិនិត្យ​ឃើញ​ថា វា​ផ្តល់​ភាព​ងាយស្រួល​ដល់​ពេល​យើង​ប្រមូលផល ប៉ុន្តែ​វា​ក៏​បាន​បង្ក​ផលវិបាក​ផង​ដែរ ទៅ​លើ​ការ​ថយ​ចុះ​នៃ​គុណភាព​គ្រាប់ស្រូវ ដោយសារ​ការ​ស្រក​ចុះ​របស់​ទឹក​បាន​ធ្វើ​ឲ្យ​ដើម​ស្រូវ​ដួល​ទៅ​នឹង​ភក់ ដែល​ធ្វើ​ឲ្យ​គ្រាប់ស្រូវ​មួយ​ចំនួន បាន​ប្រឡាក់​លាយឡំ​ជាមួយ​ភក់​ ហើយ​គ្រាប់​ខ្លះ​មាន​ដំណេក​ខ្លី អាច​ងាយ​ដុះ​ពន្លក​ឡើង​វិញ ។

៦.៤.៣.៣. កត្តា​សត្វល្អិត និង​កត្តាចង្រៃ​ផ្សេងៗ

នៅ​ក្នុង​វដ្ត​ជីវិត​របស់​ដំណាំ​ស្រូវ​ឡើង​ទឹក ការ​បំផ្លាញ​ធំ​ជាងគេ​គឺ​បណ្តាល​មក​ពី​សត្វ​បក្សី​ឈ្មោះ​ខ្លុំ ដែល​អាច​ធ្វើ​ឲ្យ​ទិន្នផល​មាន​ការ​ថយ​ចុះ ដោយ​សត្វ​នេះ​ដើរ​ទន្ទ្រាំ​ទៅ​លើ​ដំណាំ​ស្រូវ ហើយ​កាត់​ដើម​ស្រូវ​ដើម្បី​ធ្វើ​សម្បុក​ថែម​ទៀត​ផង ។ ផ្ទុយ​ទៅ​វិញ​បញ្ហា​ស្មៅ សត្វ​ល្អិត​ចង្រៃ និង​ជំងឺ មិនមែន​ជា​កត្តា​ព្រួយបារម្ភ​ដ៏​សំខាន់​នោះ​ទេ នៅ​ក្នុង​ប្រព័ន្ធ​បរិស្ថាន​ដំណាំ​ស្រូវ​ឡើង​ទឹក ទោះបីជា​ពូជស្រូវ​ខ្លះ​មាន​ការ​លូតលាស់​រយៈពេល​វែង​ក៏​ដោយ ។ នៅ​ក្នុង​អំឡុង​មុន​ពេល​ទឹកជំនន់​ចូល សំណើម​ដីស្រែ​មាន​ទាប ហើយ​ដង់ស៊ីតេ​ដំណាំ​ស្រូវ​ក៏​ទាប​ដែរ ដូច្នេះ​លក្ខណៈ​ទាំង​អស់​នេះ​មិន​បាន​បង្ក​លក្ខណៈ​ងាយស្រួល ដល់​ការ​កកើត​ឡើង​នូវ​ពពួកសត្វ​ល្អិត​ចង្រៃ​នោះ​ទេ ហើយ​ចំពោះ​ស្មៅចង្រៃ​វិញ​ យើង​អាច​ធ្វើការ​សម្អាត​បាន​គឺ​នៅ​មុន​ពេល​ទឹកជំនន់​មក​ដល់ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ទឹកជំនន់​បាន​មក​ដល់​នោះ ក៏​វា​មិន​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សត្វល្អិត​ចង្រៃ​ភាគច្រើន​នោះ​ដែរ (Catling, 1992) ។ ប៉ុន្តែ​ដោយឡែក សត្វ​កណ្តុរ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ការ​បាត់បង់​នូវ​ទិន្នផល​បន្ថែម​ទៀត ជា​ពិសេស​នៅ​ក្នុង​អំឡុង​ពេល​ដែល​មាន​ទឹកជំនន់ រួម​ទាំង​មាន​ការ​ចាប់​សត្វ​ពស់ និង​ទាំង​ការ​លិច​ទឹក​នៃ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​របស់​សត្វ​កណ្តុរ​ផង (Seng et al.,1988) ។

៦.៤.៣.៤. ការ​ទុកដាក់​ក្រោយ​ពេល​ប្រមូលផល

បញ្ហា​មួយ​ដ៏​ធំ​ទៀត​នោះ គឺ​បញ្ហា​ទុកដាក់​ក្រោយ​ពេល​ប្រមូលផល ។ យើង​ដឹង​ហើយ​ថា​ការ​ទុកដាក់​ក្រោយ​ពេល​ប្រមូល គឺ​មាន​សារសំខាន់​ណាស់ បើ​យើង​រៀបចំ​ទុកដាក់​ដោយ​មិន​បាន​ប្រើ​កំណល់​ត្រឹមត្រូវ​ទេ វា​អាច​ធ្វើ​ឲ្យ​គ្រាប់ស្រូវ​ឆាប់​ខូច ដោយសារ​ការ​ជប់​នូវ​សំណើម​ឡើង ។ លើស​ពី​នេះ​ទៅ​ទៀត វា​ធ្វើ​ឲ្យ​ងាយ​រង​នូវ​ការ​បំផ្លាញ​របស់​សត្វល្អិត​ទៀត​ផង ។

៦.៤.៤. ការ​ជ្រើសរើស​ពូជ

ការ​ជ្រើសរើស​ពូជស្រូវ គឺ​មាន​លក្ខណៈ​សំខាន់​ណាស់ សម្រាប់​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើង​ទឹក ។ កាលពីមុន​សម័យ​សង្គ្រាម យើង​មាន​ពូជ​ស្រូវ​ឡើង​ទឹក​ល្អៗ​ជា​ច្រើន ដូចជា ពូជស្រូវ​បី​ថ្នោល ពូជស្រូវ​កន្លងភ្នំ ពូជស្រូវ​នាងក្រញ៉ុល ៘ ពូជស្រូវ​ទាំងនេះ គឺជា​ពូជស្រូវ​ធ្ងន់ ហើយ​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ (ពូជស្រូវ​ប្រកាន់​រដូវ) ។ ចាប់តាំងពី​សម័យ​សង្គ្រាម​មក ពូជស្រូវ​ទាំងនេះ មាន​ពូជ​ខ្លះ​ក៏​បាត់បង់​ទាំងស្រុង ហើយ​ពូជ​ខ្លះ​ទៀត ក៏​ស្ទើ​តែ​នឹង​បាត់បង់​ផង​ដែរ ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ពូជស្រូវ​ដែល​នៅ​សល់​ក៏​វា​ពុំ​មាន​ភាព​សុទ្ធ​ល្អ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ទទួល​បាន​នូវ​ទិន្នផល​ទាប ។ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​១៩៨៩ រហូត​មក​ដល់​បច្ចុប្បន្ន វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ជា​ពិសេស​កម្មវិធី​រុក្ខ​ជម្រើសវិទ្យា​បាន​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​ទៅ​លើ​ដំណាំ​ស្រូវ ហើយ​ក៏​បាន​រំដោះ​ពូជស្រូវ​បាន​ចំនួន ៣៧​ពូជ ដោយ​គណៈកម្មាធិការ​ជាតិ​អនុសាសន៍​ពូជ​ដំណាំ ។ ក្នុង​ចំណោម​ពូជស្រូវ​ទាំង ៣៧​ពូជ ក្នុង​នោះ​រួម​មាន​ពូជ​ស្រូវ​ឡើង​ទឹក​ប្រកាន់​រដូវ​ចំនួន ៣​ពូជ គឺ​ពូជស្រូវ ដូន ទេវតា និង​ខាវតាពេជ្រ (Men Sarom et al.,2001b) (តារាង​ ៦.២) ដែល​សម​ស្រប​ទៅ​បរិស្ថាន​ដាំដុះ​តំបន់​នោះ ហើយ​ប្រើប្រាស់​គ្រាប់ពូជ​អស់​តិច គឺ​ពី ៦០ ទៅ ៨០ គ.ក ក្នុង ១​ហិកតា ហើយ​ទទួល​បាន​ទិន្នផល​ខ្ពស់​ទៀត​ផង ។

៦.៥. ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ស្រូវចម្ការ

៦.៥.១. បរិស្ថាន​ដាំដុះ

ស្រូវចម្ការ គឺជា​ប្រភេទ​ស្រូវ​ដែល​ជា​ទូទៅ​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ស្រែ​ដែល​គ្មាន​ភ្លឺ តាម​ទី​ជម្រាល ទីទួល​នៅ​លើ​ដី​កោះ និង​តាម​ដីចម្ការ​មួយ​ចំនួន ហើយ​ពឹងផ្អែក​ទាំងស្រុង​ទៅ​នឹង​របប​ទឹកភ្លៀង​នៅ​ក្នុង​តំបន់ ។ តំបន់​ដាំ​ស្រូវចម្ការ​ខ្លះ​ទៀត ត្រូវ​បាន​គេ​ដាំ​នៅ​ក្នុង​ព្រៃ តាម​ចង្កេះភ្នំ ដោយ​ធ្វើការ​កាប់​ឆ្ការព្រៃ និង​ដុត​សម្អាត​ចោល ទើប​ធ្វើការ​បុក​ដាំ​ស្រូវ​ជា​ក្រោយ ។ បន្ទាប់​ពី​ដាំ​ស្រូវ​បាន​រយៈពេល​ពីរ ទៅ​ប្រាំ​ឆ្នាំ ដី​ខ្សោះ​ជីជាតិ ទើប​គេ​ធ្វើការ​ផ្លាស់​ប្តូរ​ទៅ​ដាំ​នៅ​កន្លែង​ផ្សេង​ទៀត ។ ក្រោយ​ពេល​ទុក​ដី​ចោល ជា​ច្រើន​ឆ្នាំ​ទើប​វិល​មក​ធ្វើ​នៅ​លើ​កន្លែង​ចាស់​វិញ ការ​ដាំ​ស្រូវចម្ការ​តាម​របៀប​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា កសិកម្ម​ពនេចរ (Shifting Cultivation) ។ អ្នក​អនុវត្តន៍​កសិកម្ម​ពនេចរ​ភាគច្រើន​ជា​ជនជាតិ​ភាគតិច ។ នៅ​ក្នុង​ខេត្ត​រតនគីរី ក្រុម​ជនជាតិភាគតិច​ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ធ្វើ​កសិកម្ម​ពនេចរ​នេះ មាន​ដូចជា ព្នង ក្រាវិត ក្រៀង ព្រៅ ទុំពុន ឡាវ ស្គួយ ស្ទៀងង និង​ពួក​រូត ។ នៅ​ក្នុង​ខេត្តក្រចេះ ទាំង​ក្រុម​ជនជាតិ​ភាគតិច​ដូចជា ព្នង សំរែ កួយ និង​ស្ទៀង និង​ជនជាតិ​ខ្មែរ​ជា​ច្រើន​បាន​ធ្វើការ​ដាំដុះ​ស្រូវចម្ការ​នេះ​ផង​ដែរ ។ នៅ​ក្នុង​ខេត្តសៀមរាប និង​ក្រុងព្រះសីហនុ អ្នក​ដែល​ធ្វើ​កសិកម្ម​ពនេចរ គឺជា​ជនជាតិ​ខ្មែរ ។ ក្រុម​ជនជាតិ​ភាគតិច​នៅ​តាម​តំបន់​ខ្ពស់ៗ គឺ​មាន​ការ​ប្តូរផ្តាច់​យ៉ាង​មុតមាំ​ទៅ​លើ​ជំនឿ​របស់​ពួក​គេ ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​កសិកម្ម​ពនេចរ​នេះ (Javier, 1997) ។ ក្រៅពី​នេះ​ទៀត​បរិស្ថាន​ដាំដុះ​ស្រូវចម្ការ គេ​ប្រទះ​ឃើញ​ជា​ច្រើន​ទៀត នៅ​តាម​តំបន់​ភ្នំ ប្រភេទ​ស្រូវចម្ការ ដែល​ដាំ​នៅ​តាម​តំបន់​ភ្នំ​ត្រូវ​បាន​គេ​ស្គាល់ និង​ហៅ​ថា​ស្រូវ​ភ្នំ បរិស្ថាន​ដាំដុះ​ស្រូវចម្ការ​មាន​ទំហំ​តូច បើ​ប្រៀបធៀប​ទៅ​នឹង​ទំហំ​ដីស្រែ​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នា​ឆ្នាំ​២០០៥ ផ្ទៃដី​ដាំដុះ​ស្រូវចម្ការ​មាន ២ ភាគរយ នៃ​ផ្ទៃដី​សរុប ២,៤៤ លាន​ហិកតា (សូម​មើល​តារាង ៦.១) ខេត្ត​ដែល​ដាំដុះ​ច្រើន​ជាងគេ​គឺ​មាន​ខេត្ត​រតនគិរី កំពង់ចាម និង​ខេត្តសៀមរាប ។ ទន្ទឹម​នឹង​នេះ​ស្រូវចម្ការ​ក៏​មាន​ដាំដុះ​នៅ​ក្នុង​ខេត្ត​ដទៃ​ទៀត​ដែរ ដូចជា​ខេត្ត​មណ្ឌលគិរី កំពង់ធំ កោះកុង ព្រះវិហារ ស្ទឹងត្រែង កណ្តាល និង​ខេត្តកំពត ។ ខេត្ត​រតនគីរី​ និង​ខេត្ត​មណ្ឌលគិរី មាន​ប្រព័ន្ធ​បរិស្ថាន​ល្អ​ជាងគេ​ចំពោះ​ដំណាំ​ស្រូវចម្ការ ។ កាលពីមុន​តំបន់​ដាំដុះ ស្រូវចម្ការ​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ មាន​ចំនួន​ច្រើន​ជាង​ពីរ​ដង ធៀប​ទៅ​នឹង​តំបន់​ដាំដុះ​ស្រូវ​ចម្ការ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ។ កសិករ​ម្នាក់ៗ​អាច​មាន​ដី​ធ្វើស្រែ​ចម្ការ​ចាប់ពី ១-២ កន្លែង ហើយ​ទំហំ​របស់​ស្រែ​នីមួយៗ​មាន​ចាប់ពី ០,១-៣ ហិកតា​ដែល​អាច​មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ពី ១-១០ គ.ម ពី​ផ្ទះ​របស់​ពួក​គេ ។ ស្រែ​ស្រូវចម្ការ ជា​ទូទៅ​ស្ថិត​នៅ​ឆ្ងាយ​ជាង​ស្រែ​ដទៃ​ទៀត ជា​ទូទៅ​មាន​ចម្ងាយ​យ៉ាង​ហោច​ណាស់​ក៏ ១ គ.ម ដែរ ។ ស្រែ​ចម្ការ កម្រ​នឹង​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ស្រែ​តំបន់​ទំនាប​ណាស់ ។ ប្រព័ន្ធ​បរិស្ថាន​ដំណាំ​ស្រូវចម្ការ គឺ​មាន​ភាព​ខុស​គ្នាៗ ថ្វី​ត្បិត​តែ​តំបន់​ដាំដុះ​នោះ​មាន​ទំហំ​តូចៗ​យ៉ាងណា​ក៏​ដោយ ។ ភាព​ខុស​គ្នា​ទាំងនេះ គឺ​បណ្តាល​មក​ពី​លក្ខខណ្ឌ​ដាំដុះ​នៅ​ក្នុង​បរិស្ថាន​ផ្សេងៗ​គ្នា ។ ភាព​ខុសៗ​គ្នា​នៃ​កត្តាបរិស្ថាន គឺ​បណ្តាល​មក​ពី​ការ​ប្រែប្រួល​កម្ពស់​ទឹកភ្លៀង សំណើម​បរិយាកាស រយៈ​ពន្លឺ​សីតុណ្ហភាព និង​ប្រភេទ​ដី ។ ភាព​ខុស​គ្នា​នៃ​កត្តាបរិស្ថាន​ទាំងនេះ បណ្តាល​មក​ពី​បរិស្ថាន​ស្ថិត​នៅ​រយៈកម្ពស់ ផ្សេងៗ​ពី​គ្នា​ពី ២០០​ម – ១០០០​ម ធៀប​នឹង​កម្ពស់​ទឹកសមុទ្រ (Sea level) ។

បរិស្ថាន​តាម​តំបន់​មាន​រយៈកម្ពស់​ខ្ពស់​ធៀប​នឹង​កម្ពស់​ទឹកសមុទ្រ ជាទី​កន្លែង​ដែល​មាន​សីតុណ្ហភាព​ប្រចាំ​ថ្ងៃ​ទាប ។ បរិស្ថាន​នៅ​តាម​តំបន់​ខ្លះ មាន​លក្ខណៈ​អំណោយផល​ខ្លាំង​ដល់​ការ​ដាំដុះ​ស្រូវចម្ការ ដោយសារ​តំបន់​នោះ​មាន​របប​ទឹកភ្លៀង​គ្រប់គ្រាន់ ហើយ​តំបន់​ខ្លះ​ទៀត​ដែល​ជួប​ប្រទះ​នឹង​ភាពរាំងស្ងួត គឺ​ត្រូវការ​ជា​ចាំបាច់​នូវ​ពូជស្រូវ​ដែល​មាន​ភាព​ធន់​ទ្រាំ​ទៅ​នឹង​ភាពរាំងស្ងួត ឬ​ពូជ​ដែល​ឆាប់​រើប​រស់រាន​ឡើង​វិញ (Drought Recovery) នៅ​ពេល​ដែល​មាន​របប​ទឹក​សម​ស្រប​បន្ទាប់​ពី​ជួប​នឹង​ភាពរាំងស្ងួត មួយ​រយៈ​កន្លង​មក ។

៦.៥.២. វិធីសាស្ត្រ​ដាំដុះ

៦.៥.២.១. ការ​រៀបចំ​ដី

ការ​រៀបចំ​ដី​សម្រាប់​ដាំដុះ​ស្រូវចម្ការ គឺ​អាស្រ័យ​ទៅ​តាម​ទីកន្លែង​ដាំដុះ ។ នៅ​តាម​តំបន់​ដី​ទីទួល ដី​លើ​កោះ ឬ​នៅ​តាម​ដីចម្ការ​ជា​អចិន្ត្រៃយ៍ កសិករ​ធ្វើការ​ភ្ជួរ​រាស់​សម្អាត​ដី​ដូច​គ្នា​នឹង​ការ​រៀបចំ​ដី​ធ្វើស្រែ​នៅ​តាម​តំបន់​ទំនាប​អាស្រ័យ​ដោយ​របប​ទឹកភ្លៀង​ផង​ដែរ ។ ជា​ទូទៅ គេ​រៀបចំ​ដី​នៅ​ក្នុង​អំឡុង​ខែឧសភា និង​ខែមិថុនា ។ ប៉ុន្តែ​ការ​រៀបចំ​ដី​សម្រាប់​ធ្វើ​កសិកម្ម​ពនេចរ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ការ​រៀបចំ​ដី​សម្រាប់​ដាំ​ស្រូវចម្ការ​នៅ​តាម​ទីទួល ឬ​នៅ​លើ​កោះ ។ ការ​រៀបចំ​ដី​សម្រាប់​ធ្វើ​កសិកម្ម​ពនេចរ គឺ​ព្រៃ​ឈើ​ត្រូវ​បាន​គេ​កាប់​ចេញ និង​ទុក​ឲ្យ​ស្ងួត​ទើប​ធ្វើការ​ដុត​ចោល​នៅ​ក្នុង​រដូវប្រាំង​គឺ​ចាប់ពី​ខែកុម្ភៈ រហូត​ដល់​ខែមេសា ដើម្បី​យក​ដី​ដាំ​ស្រូវ​នៅ​ក្នុង​ខែមិថុនា ដោយ​គ្មាន​ការ​ភ្ជួរ​រាស់​បំបែក​ដី​នោះ​ទេ គឺ​គ្រាន់តែ​ប្រើ​ឈើបុក​ទៅ​ក្នុង​ដី​ធ្វើ​ជា​រណ្តៅ​តូចៗ ដើម្បី​ដាំ​ស្រូវ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ព្រៃឈើ​តូច​ធំ​ត្រូវ​បាន​ដុត​សម្អាត​អស់ពី​ផ្ទៃដី​កន្លែង​ដែល​ត្រូវ​ដាំ ។ ការ​រៀបចំ​ដី​តាម​បែប​នេះ ត្រូវ​បាន​គេ​អនុវត្ត​ជា​ពិសេស​នៅ​តាម​តំបន់​សម្បូរ​ទៅ​ដោយ​កូនភ្នំ និង​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​ព្រៃ​គ្រប​បណ្ត​ប់ ។

៦.៥.២.២. បច្ចេកទេស​ដាំដុះ

ការ​ដាំដុះ​ស្រូវចម្ការ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​តាម​តំបន់​នីមួយៗ ។ នៅ​តាម​តំបន់​ខ្លះ​បន្ទាប់​ពី​ការ​ភ្ជួរ​រាស់​ដី​រួច​ហើយ គឺ​គេ​ភ្ជួរ​ដី​ឆូត​ធ្វើ​ជា​ចង្អូរ​ ហើយ​រោយ​គ្រាប់ពូជ​តាម​ចង្អូរ​ដែល​ភ្ជួរ រួច​ហើយ​ប្រើ​ជើង​ឈូស​ដី​លប់​ស្តើងៗ​ពីលើ​គ្រាប់ពូជ វិធីសាស្ត្រ​នេះ​គេ​ច្រើន​ធ្វើ​តែ​នៅ​លើ​ដី តាម​តំបន់​ទីទួល ដី​លើ​កោះ ឬ​តាម​ដីចម្ការ​ជា​អចិន្ត្រៃយ៍ ។ បន្ទាប់​ពី​ស្រូវ​ដុះ​មាន​អាយុ​ប្រហែល ៣០-៤០ ថ្ងៃ គេ​ចាប់ផ្តើម​រាស់​កាត់​ជា​ពំនុះ​ទទឹង​ជួរ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ដង់ស៊ីតេ​ចំនួន​ដើម​ស្រូវ​ក្នុង​ជួរ​នីមួយៗ និង​កាត់​បន្ថយ​ភាព​ស្មោក ។ នៅ​ពេល​ណា​ដែល​ដង់ស៊ីតេ​ដើម ស្រូវ​មាន​ចំនួន​ច្រើន​ពេក​នោះ វា​មានភាព​ស្មោក​ខ្លាំង ហើយ​ស្រូវ​ក៏​មិន​សូវ​បាន​ផល​ដែរ ។

នៅ​តាម​កន្លែង​ខ្លះ​ទៀត​ការ​ដាំ​ស្រូវចម្ការ គឺ​បន្ទាប់​ពី​ធ្វើការ​ភ្ជួរ​រាស់ និង​កៀរ​ដី​បាន​រាប​ស្មើ​ហើយ​នោះ គេ​ធ្វើការ​បុកដី​ដាក់​គ្រាប់ពូជ​ដាំ​ក្នុង​រន្ធ​តែ​ម្តង​ក្នុង​ជម្រៅ ៥-៨ ស.ម និង​មាន​ចន្លោះ​គុម្ព​ចាប់ពី ២០-៤០ ស.ម ។ ចន្លោះ​គុម្ព​គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ដី ក្នុង​ករណី​ដី​ដែល​ទើបនឹង​រាន​ហើយ​ថ្មីៗ​មាន​ជីជាតិ​ល្អ ចន្លោះ​គុម្ព​ត្រូវ​ដាំ​មាន​ការ​ឃ្លាត​គ្នា​ខ្លាំង ចំណែកឯ​ដី​ចាស់​ពុំ​សូវ​មាន​ជីជាតិ​ចន្លោះ​គុម្ព​ដាំ​ជិតៗ​គ្នា ។ នៅ​លើ​ដី​ថ្មី​ចន្លោះ​គុម្ព គេ​ទុក​ឲ្យ​វា​ទូលាយ​សម្រាប់​ដាំ​ដំណាំ​ចម្រុះ​ផ្សេងៗ​ទៀត​ជាមួយ​ស្រូវ ។​

ចំពោះ​ការ​ដាំដុះ​តាម​បែប​កសិកម្ម​ពនេចរ​វិញ បន្ទាប់​ពី​ព្រៃ​ឈើ​តូច​ធំ ត្រូវ​បាន​ដុត​សម្អាត​អស់​ពីលើ​ផ្ទៃ​ដី​ហើយ​នោះ គឺ​គេ​ចាប់ផ្តើម​ធ្វើការ​បុក​ដាំ​តែ​ម្តង ដោយ​ពុំ​ចាំបាច់​មាន​ការ​ភ្ជួរ​រាស់​កៀរ​ពង្រាបដី​នោះ​ទេ ។ ការ​អនុវត្តន៍​វិធីសាស្ត្រ​នេះ គេ​ច្រើន​តែ​ជួប​ប្រទះ​ឃើញ​នៅ​តាម​តំបន់​ព្រៃ​ភ្នំ តាម​ចង្កេះភ្នំ ឬ​នៅ​តាម​ជើងភ្នំ ដែល​គេ​ច្រើន​ប្រទះ​ឃើញ​នៅ​ខេត្ត​រតនគីរី និង​មណ្ឌលគិរី ជាដើម ។ ការ​ដាំដុះ​ស្រូវចម្ការ​នៅ​ក្នុង​ខេត្តក្រចេះ ជា​ទូទៅ​ត្រូវ​បាន​គេ​ធ្វើការ​ដាំដុះ​ជា​ដំណាំ​ឆ្លាស់ ជាមួយ​ដំណាំ​ប្រចាំឆ្នាំ​ផ្សេងៗ​ទៀត ។ កសិករ​ខ្លះ​បាន​ធ្វើការ​បែងចែក​ដីស្រែ​ចម្ការ​សម្រាប់​ដាំដុះ​ជា​ពីរ​ផ្នែក​ផ្សេង​គ្នា​ក្នុង​មួយ​ឆ្នាំៗ ។ នៅ​ក្នុង​ឆ្នាំ​ទី​មួយ ក្នុង​ស្រែ​ទី​មួយ គាត់​ដាំ​ស្រូវចម្ការ ហើយ​ស្រែ​ទី​ពីរ គាត់​ដាំ​ដំណាំ​ផ្សេងៗ​ទៀត​ដូចជា សណ្តែកបាយ ពោត ល្ង និង​ប៉េងប៉ោះ ជាដើម ។ នៅ​ឆ្នាំ​បន្ទាប់​ស្រូវចម្ការ គាត់​ផ្លាស់​ទៅ​ដាំ​នៅ​ក្នុង​ស្រែ​ទី​ពីរ​វិញ ហើយ​ដំណាំ​ផ្សេងៗ គាត់​យក​ទៅ​ដាំ​នៅ​ស្រែ​ទី​មួយ​វិញ​ម្តង ហៅ​ថា​ដំណាំ​បង្វិល ។ នៅ​ក្នុង​ខេត្តកំពង់ចាម​តម្រូវការ​ទីផ្សារ​សម្រាប់​ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេងៗ​ទៀត តាម​តំបន់​ទំនាប​អាស្រ័យ ដោយ​របប​ទឹកភ្លៀង មាន​ដូចជា​ពពួក​ដំណាំ​ដំឡូង ពោត សណ្តែកបាយ សណ្តែកសៀង ល្ង ៘ គេ​ត្រូវ​ធ្វើការ​កំណត់​នូវ​ទីតាំង​ឲ្យ​បាន​ច្បាស់លាស់​សម្រាប់​តំបន់​ដាំដុះ​ស្រូវចម្ការ ។ ដូច្នេះ​គេ​តែង​ដាំ​ស្រូវ​នៅ​កន្លែង​ជាក់លាក់​ណាមួយ ជា​រៀង​រាល់​ឆ្នាំ បង្កើត​បានជា​តំបន់​មួយ​សម្រាប់​ដំណាំ​ស្រូវ​ឯកវប្បកម្ម ។​

៦.៥.២.៣. ការ​ថែទាំ

នៅ​ក្នុង​ផលិតកម្ម​ស្រូវចម្ការ បញ្ហា​ស្មៅចង្រៃ​ជា​កត្តា​សំខាន់​មួយ ដែល​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​ដី ដើម្បី​សម្អាត​ស្មៅ​ឲ្យ​បាន​ស្អាត​ល្អ តាម​កនែ្លង​ត្រូវ​ដាំ​ស្រូវចម្ការ ។ ក្នុង​មួយ​ផលិតកម្ម ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​សម្អាត​ស្មៅ​ចង្រៃ​ឲ្យ​បាន​ញឹកញាប់​ចាប់ពី ២-៣ ដង ។ ពូជស្រូវ​ដែល​មាន​អាយុកាល​វែង ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​ស្មៅ​ច្រើន​ដង​ជាង​ពូជស្រូវ ដែល​មាន​អាយុកាល​ខ្លី ។

៦.៥.២.៤. ការ​ដាក់​ជី

ជីជាតិ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ដី មិន​គ្រប់គ្រាន់​សម្រាប់​ការ​ស្រូប​យក​ពី​ដំណាំ​ស្រូវ ដែល​ធ្វើការ​ដាំដុះ​លើ​ដី​ដដែលៗ​ជា​ច្រើន​ឆ្នាំ​នោះ ។ ដូច្នេះ​ដើម្បី​ឲ្យ​ស្រូវ​ដុះ​លូតលាស់​បាន​ល្អ និង​មាន​ទិន្នផល​ខ្ពស់​គួរ តែ​មាន​ការ​ដាក់​ជីសរីរាង្គ​ឬ ជី​លាមក​គោ បន្ថែម​ទៅ​ក្នុង​ដី​នៅ​កម្រិត​ពី ៣-៥ តោន​ក្នុង​ផ្ទៃដី​ហិកតា ។ ក្រៅពី​ជីសរីរាង្គ ជីគីមី​ក៏​មាន​សារប្រយោជន៍​យ៉ាង​សំខាន់​ទៅ​លើ​ការ​ដាំដុះ​ស្រូវចម្ការ ប៉ុន្តែ​ការ​ប្រើប្រាស់​ជីគីមី ត្រូវ​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស ឬ​តាម​ការ​ណែនាំ​ក្នុង​អនុសាសន៍​ការ​ប្រើប្រាស់​ដី​សម្រាប់​ផលិតកម្ម​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា (White et al.1997) ។

៦.៥.២.៥. ការ​ប្រមូលផល

ស្រូវចម្ការ ត្រូវ​បាន​គេ​ធ្វើការ​ប្រមូលផល​ចាប់ពី​ខែកញ្ញា រហូត​ដល់​ខែធ្នូ គឺ​អាស្រ័យ​ទៅ​នឹង​អាយុកាល​របស់​ពូជ​នីមួយៗ ព្រោះ​មាន​ពូជ​ស្រូវ​ខ្លះ​មាន​លក្ខណៈ​វេទរស​នឹង​ពន្លឺ និង​ពូជ​ខ្លះ​ទៀត​មាន​លក្ខណៈ​អវេទរស​នឹង​ពន្លឺ ។ ការ​ប្រមូលផល​នេះ គេ​ធ្វើ​ឡើង​ដោយ​កាត់ ឬ​បូត​កួរ​យក​តែ​គ្រាប់ និង​នៅ​តំបន់​ខ្លះ កសិករ​ធ្វើការ​ច្រូតកាត់​ជិត​ដល់​គល់ ចង​ជា​កណ្តាប់​ងាយស្រួល​សម្រាប់​ធ្វើការ​បោក​បែន ។ វិធីសាស្ត្រ​ទី​មួយ គឺ​ប្រមូលផល​បូត​ដោយ​ដៃ​ទៅ​លើ​កួរស្រូវ បន្ទាប់​មក​ដាក់​គ្រាប់​ទៅ​ក្នុង​កន្ត្រក​ដែល​ស្ពាយ​នៅ​ពីក្រោយ​ខ្នង (ពាក្យ​ខ្មែរលើ​ហៅ​ថា​កាផា) ឬ​យួរ​នៅ​ក្នុង​ដៃ​ម្ខាង​របស់​អ្នក​ប្រមូលផល ។ ចំណែក​វិធីសាស្ត្រ​ទី​ពីរ គឺជា​ការ​ច្រូតកាត់​ដើម​ជិត​ដល់​នឹង​ដី ឬ​ផ្នែក​ខាងក្រោម​កួរ​បន្តិច ។ នៅ​ក្នុង​ខេត្ត​រតនគិរី គេ​ប្រមូលផល​ស្រូវចម្ការ​ច្រើន​បូត​កួរស្រូវ​ដោយ​ដៃ ។ ចំណែក​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ការ​ប្រមូលផល​បូត​ដោយ​ដៃ គឺជា​ញឹកញាប់​គេ​ច្រើន​ប្រើ​ចំពោះ​ប្រភេទ​ស្រូវធ្ងន់ ឬ ស្រូវ​វេទរស​នឹង​ពន្លឺ​ខ្លាំង ។ ចំពោះ​ពូជស្រូវ​ស្រាល និង​ពូជ​ដែល​មាន​ភាពស្វិត​ពិបាក​បូត គេ​ប្រមូលផល​ដោយ​កាត់​ក្រោម​កួរ​បន្តិច ដើម្បី​ងាយស្រួល​ចង​ផ្តុំ ប្រមូល​ជញ្ជូន​ទុកដាក់ ។ នៅ​ក្នុង​ខេត្តក្រចេះ ខេត្តសៀមរាប និង​ក្រុងព្រះសីហនុ ការ​ប្រមូលផល​គេ​ធ្វើ​ដោយ​ការ​កាត់​ដើម​ក្រោម​កួរ​បន្តិច ។ ការ​បោក​បែន​កសិករ​ច្រើន​ចូល​ចិត្ត​ប្រើ​ជើង​បែនស្រូវ ជាង​ប្រើ​ដៃ​បោក​ព្រោះ​បន្ទាប់​ពី​ធ្វើការ​កាត់​កួរ​កសិករ គាត់​ចង​ប្រមូលផ្តុំ​គួរ​ស្រូវ​ជា​ដុំៗ វា​មាន​លក្ខណៈ​ងាយស្រួល​សម្រាប់​ការ​បែន​ដោយ​ប្រើ​ជើង ហើយ​មាន​ការ​លំបាក​សម្រាប់​ការ​បោក ព្រោះ​ពុំ​មាន​កន្លែង​សម្រាប់​កាន់​បោក ។​

ចំពោះ​ទិន្នផល​ស្រូវចម្ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​កម្រិត​ទាប​នៅ​ឡើយ ជា​ទូទៅ​កសិករ​ទទួល​បាន​ទិន្នផល​ជា​មធ្យម​ប្រមាណ​ជា ១,២ តោន ក្នុង​មួយ​ហិកតា ។ ចំពោះ​ការ​ដាំដុះ​តាម​បែប​កសិកម្ម​ពនេចរ​វិញ នៅ​តាម​កន្លែង​ខ្លះ ទិន្នផល​អាច​មាន​ពី ១,៦-១,៨ តោន ក្នុង​មួយ​ហិកតា នៅ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌលគិរី ។​

៦.៥.៣. កត្តា​រាំងស្ទះ

មាន​កត្តា​ជា​ច្រើន ដែល​បង្ក​ភាព​រាំងស្ទះ​ដល់​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវចម្ការ ក្នុង​ការ​ធ្វើ​ផលិតកម្ម​ចាប់តាំងពី​ពេល​ចាប់ផ្តើម រហូត​ដល់​ការ​ប្រមូលផល ដែល​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ទិន្នផល​យ៉ាងច្រើន ។ កត្តា​រាំងស្ទះ​ទាំង​អស់នោះ​រួម​មាន ៖

៦.៥.៣.១. ស្មៅ​ចង្រៃ

បញ្ហា​ស្មៅចង្រៃ​នៅ​ក្នុង​វប្បកម្ម​ស្រូវចម្ការ ជា​កត្តា​សំខាន់​មួយ ដែល​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​ដី​ឲ្យ​បាន​ត្រឹមត្រូវ និង​កម្ចាត់​ស្មៅ​ឲ្យ​បាន​ស្អាត​ល្អ​នៅ​តាម​ទី​កន្លែង​ដាំ​ស្រូវចម្ការ ចាប់តាំងពី​ពេល​ដាក់​គ្រាប់​ដាំ​ទៅ​ក្នុង​ដី ។ ស្មៅ​ចង្រៃ​មាន​ប្រព័ន្ធ​ឫស​គ្រប់គ្រាន់ និង​មាន​លទ្ធភាព​ដុះ​បាន​មុន និង​ដុះ​លឿន​ជាង​ស្រូវ​បន្ទាប់​ពី​ដាក់​គ្រាប់ស្រូវ​ដាំ​ទៅ​ក្នុង​ដី ។​

ស្មៅ​ជា​ឧបសគ្គ​ចម្បង​បំផុត​សម្រាប់​ស្រូវចម្ការ នៅ​ពេល​ដែល​ស្រូវ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សំណាប ព្រោះ​នៅ​ក្នុង​ដំណាក់កាល​នេះ ដំណាំ​ស្រូវ​នៅ​តូចៗ ហើយ​ដុះ​យឺត​ជាង​ស្មៅ ដូច្នេះ​មិន​អាច​ប្រជែង​ស្រូប​យក​ជីជាតិ​ពី​ដី​ឈ្នះ​ស្មៅ​ចង្រៃ​បាន​ឡើយ ។​

ដូច្នេះ​ត្រូវ​ឲ្យ​មាន​ការ​សម្អាត​ស្មៅ​ឲ្យ​បាន​ស្អាត​ពី​ចម្ការ​ស្រូវ ពិសេស​នៅ​ក្នុង​ដំណាក់កាល​សំណាប ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ដំណាំ​ស្រូវ​ដុះ​លូតលាស់​បាន​ល្អ ។ ក្រៅពី​នេះ​ការ​បោច​សម្អាត​ស្មៅ ត្រូវធ្វើ​ជា​បន្ត​បន្ទាប់​មក​ទៀត ឲ្យ​បាន​ពីរ​ទៅ​បី​ដង អាស្រ័យ​ទៅ​តាម​អាយុកាល​របស់​ស្រូវ និង​ក្នុង​មួយ​វដ្ត​នៃ​ផលិតកម្ម​ដំណាំ​ស្រូវចម្ការ ។

៦.៥.៣.២. សត្វល្អិត និង​សត្វ​ចង្រៃ​ផ្សេងៗ

ជា​ទូទៅ​ស្រូវចម្ការ​តែង​ទទួល​រង​ការ​យាយី​ពី​ពពួកសត្វ​ល្អិត និង​សត្វ​ចង្រៃ​ជា​ច្រើន​ប្រភេទ ចាប់តាំងពី​ពេល​ដាក់​គ្រាប់ពូជ​ដាំ​ទៅ​ក្នុង​ដី រហូត​ដល់​ពេល​ស្រូវ​ទុំ ។ សត្វល្អិត​ចង្រៃ​ដែល​គេ​ជួប​ប្រទះ​ជា​ញឹកញាប់ គឺ​មាន​ស្រមោច (កាយ​ស៊ី​គ្រាប់​ដែល​ទើបនឹង​ដាំ) មមាច (ជញ្ជក់​រុក្ខរស​របស់​ដើម) ដង្កូវ (ស៊ី​រូង​ដើម និង​មូរ​ស្លឹក) និង​ស្រឹង​ជញ្ជក់​ទឹកដោះ ។

សត្វ​ចង្រៃ​ផ្សេង​ទៀត​មាន បក្សី ពពួកសត្វ​កកេរ ទន្សាយ និង​ជ្រូកព្រៃ​ជាដើម ។ ចំពោះ​ពួក​បក្សី​មាន សេក​ លលក និង​ចាប​ដែល​បំផ្លាញ​គ្រាប់ស្រូវ​ពេល​ដាំ និង​ពេល​ដាក់​ទឹកដោះ​រហូត​ដល់​ទុំ ។ ពពួកសត្វ​កកេរ​មាន​កណ្តុរ​កង្ហែន​ជាដើម​ដែល​បំផ្លាញ​ដំណាំ​ស្រូវ​ចាប់ពី​ដាក់​គ្រាប់​រហូត​ដល់​ទុំ ។ ជ្រូកព្រៃ និង​ទន្សាយ ជា​ទូទៅ​បំផ្លាញ​ដំណាំ​ស្រូវ បន្ទាប់​ពី​ស្រូវ​ដុះ​បាន​ធំ​បង្គួរ ។​

ពេល​គ្រាប់ពូជ​ដុះ​ចេញ​ផុត​ដី ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សំណាប និង​វគ្គ​លូតលាស់​បន្តបន្ទាប់ រហូត​ដល់​ពេល​ស្រូវ​ទុំ គេ​សង្កេត​ឃើញ​មាន​ការ​បំផ្លាញ​ដោយ​ពពួកសត្វ​ល្អិត ដូចជា មមាច​ខៀវ មមាច​ត្នោត ដែល​បំផ្លាញ​ដើម​ស្រូវ​ដោយ​បឺត​ជញ្ជក់​រុក្ខរស​ពី​ដើម​ស្រូវ ពពួក​ដង្កូវ​ស៊ីរូង​ដើម ដង្កូវ​មូល​ស្លឹក ពពួក​កណ្តូប​បំផ្លាញ​នៅ​លើ​ស្លឹក​ស្រូវ និង​ស្រឹង​ជញ្ជក់​ទឹកដោះ​លើ​គ្រាប់ស្រូវ ។ ក្រៅពី​សត្វល្អិត​ទាំងនេះ នៅ​មាន​សត្វ​ចង្រៃ​ផ្សេងៗ​ទៀត​មាន​ដូចជា ជ្រូកព្រៃ ក្តាន់ និង​ពពួកសត្វ​ពាហនៈ​ដទៃ​ទៀត ដែល​ពួក​សត្វ​ចង្រៃ​ទាំងនេះ ធ្វើការ​បំផ្លាញ​លើ​ដំណាំ​ស្រូវចម្ការ​ទាំងមូល​តែ​ម្តង​ និង​គ្រប់​ដំណាក់កាល ។ បើ​គ្មាន​វិធានការ​ជា​មុន​ដោយ​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ដើម្បី​ការពារ​ចម្ការ​ទេ​នោះ និង​ពេល​ដំណាំ​ស្រូវ​ទុំ​ត្រូវ​ទទួល​រង​ការ​បំផ្លាញ​ពី​ចាប ព្រាប និង​កណ្តុរ ជាដើម ។​

៦.៥.៣.៣. ជំងឺ

ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវចម្ការ ជា​ញឹកញាប់​គេ​តែង​ជួប​ប្រទះ​នូវ​ជំងឺ ដូចជា ជំងឺ​ខ្នារ​អំបោះ (Blast) ដែល​ជា​ទូទៅ​តែង​កើត​មាន​លើ​ស្លឹក ស្រូវ​ពេល​ស្រូវ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សំណាប និង​កើត​នៅ​លើ​កួរស្រូវ ។ ក្រៅពី​ជំងឺ​នេះ ស្រូវចម្ការ​តែងតែ​ជួបនឹង​ជំងឺ​អុច​ត្នោត​ផង​ដែរ ។​

ជំងឺ​អុច​ត្នោត ជា​ជំងឺ​មួយ​មាន​សភាព​ធ្ងន់ធ្ងរ តែង​កើត​មាន​ជា​ញឹកញាប់​នៅ​លើ​ដំណាំ​ស្រូវចម្ការ ។ មូលហេតុ​ដោយសារ​ថា ស្រូវចម្ការ​ជា​ដំណាំ​ដាំ​នៅ​ក្នុង​ស្រែ​គ្មាន​ភ្លឺ នៅ​ពេល​ពុំ​មាន​ភ្លៀង​គ្រប់គ្រាន់ បណ្ដាល​ឲ្យ​មាន​ភាពរាំងស្ងួត ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​កើត​ជំងឺ​អុច​ត្នោត ហើយ​ប្រសិនបើ​ការ​រាំង​ស្ងួត​កាន់តែ​អូស​បន្លាយពេល​កាន់តែ​យូរ នោះ​ជំងឺ​អុច​ត្នោត​ក៏​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដែរ ។​

៦.៥.៣.៤. រាំង​ស្ងួត

កត្តា​រាំង​ស្ងួត គឺជា​បញ្ហា​មួយ​ដ៏​សំខាន់​សម្រាប់​តំបន់​ដាំ​ស្រូវចម្ការ ដែល​ពឹងផ្អែក​លើ​របប​ទឹកភ្លៀង ។ ទោះបីជា​មិន​ចាំបាច់​ឲ្យ​មាន​ភ្លឺ សម្រាប់​រក្សា​ទឹកជា​ប្រចាំ​ក្នុង​ស្រែ​ក៏​ដោយ ក៏​ស្រូវចម្ការ​ត្រូវការ​ភាព​សើម​នៅ​ក្នុង​ដី ដែល​បាន​មក​ពី​ទឹកភ្លៀង ដើម្បី​ដុះ​លូតលាស់ ។ ដូច្នេះ​ការ​ខកខាន​ពុំ​មាន​ភ្លៀង ឬ ភ្លៀង​ពុំ​ទៀងទាត់​បណ្តាល​ឲ្យ​មាន​ភាពរាំងស្ងួត ជា​កត្តា​មួយ​នៃ​ផលវិបាក​ប៉ះពាល់​ទៅ​ដល់​ការ​ធ្វើ​ផលិតកម្ម​ស្រូវចម្ការ ។ នៅ​គ្រប់​ដំណាក់កាល​ទាំងអស់ ក្នុង​វដ្ត​ជីវិត​របស់​ស្រូវចម្ការ ​បើ​ជួបនឹង​ការ​រាំង​ស្ងួត​បន្តបន្ទាប់ អាច​បណ្តាល​ឲ្យ​ស្រូវ​កើត​ជំងឺ​អុច​ត្នោត ហើយ​ប្រសិនបើ​ភាពរាំងស្ងួត​កាន់តែ​អូស​បន្លាយពេល​យូរ​ទៅៗ អាច​បំផ្លាញ​ដំណាំ​ទាំងស្រុង ។​

ជា​រួម​លក្ខណៈ​ជីវសាស្ត្រ​ដំណាំ​ស្រូវចម្ការ មិន​ត្រូវការ​មាន​ទឹក​ដក់​ជា​ប្រចាំ​នៅ​ក្នុង​ស្រែ ឬ​មាន​ភ្លៀង​ជា​ប្រចាំ​នោះ​ទេ តែ​ដំណាំ​នេះ​ត្រូវការ​សំណើម​ខ្ពស់​នៅ​ក្នុង​ដី​ដែល​បាន​មក​ពី​ទឹកភ្លៀង ។ ភ្លៀង​មិន​ចាំបាច់​មាន​ជា​ប្រចាំ​ថ្ងៃ​គឺ​ត្រូវការ​មាន​ភ្លៀង និង​មាន​ចន្លោះ​ពេល​ភ្លៀង​សម​ស្រប​ណាមួយ អាច​ធានា​ឲ្យ​ដី​មាន​សំណើម ដើម្បី​ដំណាំ​ស្រូវចម្ការ​អាច​ស្រូប​យក​សំណើម​ពី​ក្នុង​ដី សម្រាប់​ការ​ដុះ​លូតលាស់ ។

៦.៥.៤. ពូជ​អនុសាសន៍

ភាគច្រើន​នៃ​ពូជស្រូវ​ចម្ការ ដែល​កសិករ​ដាំ​សម្រាប់​ធ្វើ​ផលិតកម្ម គឺជា​ពូជ​ប្រពៃណី ។ ពូជ​ទាំងនោះ​មាន​អាយុកាល​ប្រហាក់ប្រហែល​គ្នា​នឹង​ប្រភេទ​ស្រូវ​ដែល​កសិករ​ធ្វើ​ផលិតកម្ម​នៅ​តាម​តំបន់​ស្រែ​ទំនាប​ពឹង​ផែ្អ​កលើ​ទឹកភ្លៀង​ដែរ ។ ជា​ទូទៅ ពូជស្រូវ​ប្រពៃណី​ទាំងនេះ​មាន​ដង​ដើម​វែង ស្លឹក​វែង ហើយ​ធ្លាក់​ចុះ​ព្រមទាំង​មាន​ដើម​បែក​តិច ។​ លក្ខណៈ​កម្ពស់​ដើម និង​ស្លឹក អាច​ធ្វើ​ឲ្យ​ពូជស្រូវ​ប្រភេទ​នេះ​មាន​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រ​ប្រជែង​ជា​មួយ​ស្មៅ​បាន​ល្អ ។ ស្លឹក​វែង​ធ្លាក់​ចុះ​ង្កើត​បាន​ជា​គម្រប​គ្រប​ដី និង​អាច​រួម​ចំណែក​ដល់​ការ​ការពារ​សំណើម​ដី​បាន​ល្អ​ដែរ ។​

ពូជស្រូវ​ប្រពៃណី​ផ្តល់​ចំបើង​បាន​ច្រើន​ដែល​ផ្តល់​លទ្ធភាព​ដល់​ការ​ចិញ្ចឹមសត្វ​គោ ក្របី និង​សត្វ​ផ្សេងៗ​ទៀត ។ ពូជ​ដែល​មាន​កម្ពស់​ខ្ពស់ បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រមូលផល​ដោយ​ការ​បូត​ដោយ​ដៃ ព្រោះថា​កសិករ​មិន​ចាំបាច់​ឱន​ដើម្បី​បូត​កួរស្រូវ​នោះ​ទេ ។ ជា​ទូទៅ​ពូជ​ប្រពៃណី មាន​លក្ខណៈ​ធន់​ទ្រាំ​ទៅ​នឹង​ភាពរាំងស្ងួត និង​លទ្ធភាព​ក្នុង​ការ​រស់​ឡើង​វិញ បន្ទាប់​ពី​មាន​ជួបនឹង​គ្រោះ​រាំង​ស្ងួត​មួយ​រយៈ​បាន​យ៉ាង​ល្អ​ផង​ដែរ ។ លក្ខណៈ​ជីវសាស្ត្រ​ពូជ​ប្រពៃណី​ស្រូវចម្ការ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ណាស់ ។ ប្រភេទ​ពូជស្រូវ​ផ្សេងៗ​គ្នា ត្រូវ​បាន​កសិករ​ធ្វើការ​ជ្រើសរើស​យក​មក​ដាំ​ធ្វើ​ផលិតកម្ម​នៅ​លើ​ដីចម្ការ​របស់​គាត់​តាម​តំបន់​ផ្សេងៗ​គ្នា នៅ​ក្នុង​ទីតាំង​ភូមិសាស្ត្រ​តែ​មួយ ។ ជា​ឧទាហរណ៍​ក្នុង​តំបន់​ដែល​មាន​រយៈកម្ពស់​ខ្ពស់ មាន​សីតុណ្ហភាព​ទាប កសិករ​បាន​ជ្រើសរើស​ពូជស្រូវ​មាន​លក្ខណៈ​ធន់​ទ្រាំ​ទៅ​នឹង​ភាព​ត្រជាក់​ដាំដុះ​ជា​ផលិតកម្ម ។ ទោះជា​យ៉ាងណា​ក៏​ដោយ ថ្វី​ត្បិត​តែ​ពូជស្រូវ​ប្រពៃណី​មាន​លក្ខណៈ​ជីវសាស្ត្រ​ល្អ និង​សម​ស្រម​សម្រាប់​ការ​ដាំដុះ នៅ​ក្នុង​តំបន់​តាម​ភូមិសាស្ត្រ​ទាំងនោះ​មែន ប៉ុន្តែ​កត្តា​សំខាន់​នោះ​ទិន្នផល​របស់​ពូជស្រូវ​ប្រពៃណី​ទាំង​នៅ​មាន​កម្រិត​ទាប​នៅឡើយ ។

នៅ​ក្នុង​ឆ្នាំ ១៩៩១ ពូជស្រូវ​ចម្ការ​ចំនួន​ពីរ​ពូជ គឺ​ពូជ​សីតា និង​រាមកេរ្តិ៍ បាន​ត្រូវ​រំដោះ​ដោយ​គណៈកម្មាធិការ​អនុសាសន៍​ពូជស្រូវ (តារាង ៦.២) ។ ពូជស្រូវ​ចម្ការ​ទាំង​ពីរ​ជា​ពូជស្រូវ​ស្រាល​មាន​អាយុកាល​ចាប់ពី​៩០ ដល់ ១០០ ថ្ងៃ ហើយ​ពូជស្រូវ​ទាំង​ពី​នេះ មាន​ទិន្នផល​ចាប់ពី ២,៥ តោន រហូត​ដល់ ៤ តោន ក្នុង​មួយ​ហិកតា ។ ដូច្នេះ​ការ​រំដោះ​ពូជ​ស្រូវចម្ការ​ទាំង​ពីរ​ពូជ​នេះ បាន​ផ្តល់​ដល់​កសិករ​នូវ​ពូជស្រូវ​ដែល​មាន​ទិន្នផល​ខ្ពស់ ពិសេស​នៅ​ពេល​ដែល​គាត់​កំពុង​ជួប​ប្រទះ​នូវ​ការ​លំបាក ក្នុង​ការ​ធ្វើ​ផលិតកម្ម​ដំណាំ​ស្រូវចម្ការ ដោយ​ពូជ​ប្រពៃណី​របស់​គាត់​មាន​ទិន្នផល​ទាប ។ តាម​រយៈ​នេះ​ដែល​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ស្បៀង ក៏​ដូចជា​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​របស់​កសិករ​ឲ្យ​បាន​រីក​ចម្រើន​ធូរធារ ។

 
 

ត្រលប់​ទៅ​មាតិកា​រឿង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s