ជំពូក​ទី​៥-ពន្ធុវិទ្យា និង បសិដ្ឋកម្មពូជ

ព្រះមេ ឬ ព្រះមាតា ឬ ព្រះប្រពៃស្រព

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម

ជំពូក​៥

ពន្ធុវិទ្យា និង បសិដ្ឋកម្ម​ពូជ

ម៉ែន សារុម និង ពិត ខុនហ៊ែល

៥.១. ពន្ធុសាស្ត្រ​នៃ​ដំណាំ​ស្រូវ (Rice genetics)

ស្រូវ​គឺជា​រុក្ខជាតិ​ឯកវត្ស (Annual plant) ដែល​ត្រូវ​បាន​ចាត់​ទៅ​ក្នុង​ក្រុម​ឯកពិជបត្ត​រុក្ខជាតិ (Monocotyledon) ឬ រុក្ខជាតិ​ដែល​មាន​ពន្លក​ស្លឹក​មួយ​នៅ​ក្នុង​គ្រាប់ និង​ជា​រុក្ខជាតិ​ដែល​ត្រូវការ​រយៈ​ពន្លឺ​ថ្ងៃ​ខ្លី (Short day plant) ដើម្បី​បង្ក​កំណើត​ផ្កា ។ វា​គឺជា​រុក្ខជាតិ​ដែល​មាន​សក្តានុពល និង​វិសាលភាព​យ៉ាង​ធំធេង​ក្នុង​ការ​បន្សាំ​ទៅ​នឹង​ក្សេត្រ​បរិស្ថាន​ផ្សេងៗ​ដែល​មិន​មាន​លក្ខខណ្ឌ​អំណោយផល​ល្អ​ដល់​ការ​ដុះ​លូតលាស់ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ កម្ដៅ​ទាប ឬ​ខ្ពស់ សំណើម​ទាប ឬ​ខ្ពស់ និង​នៅ​លើ​ដី​ដែល​មាន​ជាតិពុល ដូចជា​ពុល​ដែក និង​ពុល​លោហៈ​ផ្សេងៗ ឬ​នៅ​លើ​ដីជូរ ដូចជា​ដី​អាស៊ីត ឬ​នៅ​លើ​ដី​ប្រៃ ឬ​ដី​អាកាឡាំង​ជាដើម ។ល។ ក្រៅពី​នេះ ស្រូវ​ក៏​ត្រូវ​ប្រឈម​ផង​ដែរ​ទៅ​នឹង​ការ​បំផ្លាញ​ពី​សត្វល្អិត សត្វ​ចង្រៃ​ផ្សេងៗ និង​ជំងឺ​ទាំង​ក្នុង​ដំណាក់កាល​លូតលាស់ ក៏​ដូចជា​ក្រោយ​ពេល​ប្រមូលផល​យ៉ាងច្រើន​ថែម​ទៀត ។

៥.១.១. ប្រភព (Origin)

ស្រូវ​អាច​មាន​ប្រភព​នៅ​ក្នុង​តំបន់​នៃ​ភូមិភាគ​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ ដែល​ជា​តំបន់​ស្ថិត​នៅ​ចន្លោះ​ចាប់ពី​ជួរ​ភ្នំ​ហេមពាន្ត (Himalaya) នៃ​តំបន់​អាស្សាម (Assam, India) នៅ​ប៉ែក​ខាងជើង ដល់​ខ្ពង់រាប​ដេកាន (Deccan Plateau) នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ឥណ្ឌា និង ភូមិភាគ​អាស៊ី​អាគ្នេយ៍​ដែល​រួម​មាន ប្រទេស​ភូមា ថៃ កម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី នា​ប្រមាណ ៣​លាន​ឆ្នាំ​មុន​គ្រិស្តសករាជ (Chaudhary, 1982, Chaudhary and Tran, 2001) (រូប ៥.១) ។ ការ​លើក​ឡើង​នេះ​បាន​ត្រូវ​គាំទ្រ​ដោយ Hill (1976) ដែល​បាន​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​អំពី​ប្រភព​នៃ​ដំណាំ​ស្រូវ ហើយ​បាន​លើក​ជា​ការ​សន្និដ្ឋាន​មួយ​ថា ស្រូវ​អាច​មាន​ប្រភព​ពី​តំបន់​ដែល​លាតសន្ធឹង​ពី Orissa និង ពិហារ នៃ​ប្រទេស​ឥណ្ឌា ដល់​ឧបទ្វីប​ឥណ្ឌូចិន ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​សំណួរ​ដែល​សួរ​ថា តើ​ស្រូវ​មាន​ប្រភព​ដំបូង​នៅ​យថាតំបន់​ណា​មួយ (Specific location) នៅ​ក្នុង​នេះ ឬ​មួយ​ថា​ស្រូវ​ត្រូវ​បាន​គេ​ធ្វើ​វប្បកម្ម​ដំណាល​គ្នា​នៅ​ក្នុង​តំបន់​ដែល​លាតសន្ធឹង​នោះ​ឬ​យ៉ាង​ណា ក៏​នៅ​មិន​ទាន់​មាន​ចម្លើយ​ច្បាស់លាស់​នៅឡើយ ។

រូប ៥.១ តំបន់​ប្រភព​នៃ​ដំណាំ​ស្រូវ

តាម​ការ​ប៉ាន់​ស្មាន​នៃ​អ្នក​សិក្សា​ផែ្នក​ដំណាំ​ស្រូវ ស្រូវ​អាច​មាន​ដើម​កំណើត​មក​ពី​ទីវាល​ទំនាប​ជាំ​ទឹក នៃ​តំបន់​ត្រូពិក ដែល​មាន​អាកាសធាតុ​ក្តៅ​ហើយ​សើម ។ អ្នក​វិទ្យាសាស្ត្រ​នៃ​ដំណាំ​ស្រូវ​ជា​ច្រើន​បាន​ព្យាយាម​ធ្វើការ​បកស្រាយ និង​លើក​សម្មតិកម្ម​ផ្សេងៗ​គ្ន​អំពី​ប្រភព​នៃ​ដំណាំ​ស្រូវ និង​តំបន់​ដែល​ស្រូវ​មាន​ដើម​កំណើត ។ ប៉ុនែ្ត​ជា​ការ​មួយ​គួរ​ឲ្យ​សោកស្តាយ​ដោយ​អ្នក​វិទ្យាសាស្ត្រ​ទាំងនោះ ហាក់​ដូចជា​នៅ​តែ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​លើ​បញ្ហា​ថា​តើ​ស្រូវ​មាន​ប្រភព​ចេញ​ពី​តំបន់​ណា​មួយ​ឲ្យ​ប្រាកដ​នៅ​ឡើយ ។ យោង​លើ​សម្មតិកម្ម​ដែល​បាន​លើក​ឡើង​ថា ស្រូវ​អាច​មាន​ប្រភព​ចេញពី​តំបន់​ទំនាប​ជាំ​ទឹក​ប្រកបដោយ​អាកាសធាតុ​ក្តៅ​ហើយ​សើម និង​ដោយ​ផ្អែក​លើ​និយម​ន័យ​អំពី​ឧប្បត្តិមណ្ឌល (Centre of origin) ដែល​បាន​លើក​ឡើង​ដោយ​លោក​វ៉ាវីឡូហ្វ ធ្វើ​ឲ្យ​យើង​អាច​សន្និដ្ឋាន​បាន​ដែរ​ថា​ស្រូវ​អាច​មាន​ប្រភព​ចេញពី​តំបន់​ជុំវិញ​បឹងទឹកសាប​ធម្មជាតិ​ធំៗ​នា​តំបន់​ត្រូពិក ដែល​មាន​សំណើម​បរិយាកាស​ខ្ពស់ ។ ក្នុង​ន័យ​នេះ និង​ដោយ​យោង​លើ​លក្ខខណ្ឌ​ភូមិសាស្ត្រ​នៅ​ក្នុង​តំបន់​ដែល​លាតសន្ធឹង​ពី​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា មក​ទល់​នឹង​ភាគ​ខាងកើត​នៃ​ប្រទេស​វៀតណាម បឹង​ទន្លេសាប​គឺជា​បឹង​ទឹកសាប​ធម្មជាតិ​ធំ​មួយ​ដែល​មាន​នៅ​ក្នុង​ភូមិភាគ​នេះ ។ ដូច្នេះ​សំណួរ​ដែល​ថា​តើ​ស្រូវ​អាច​មាន​ដើម​កំណើត​ចេញពី​តំបន់​ក្បែរ​បឹង​ទន្លេសាប​ដែរ ឬ​យ៉ាងណា​នោះ គឺ​ទាមទារ​ឲ្យ​មានការ​សិក្សា​ច្រើន​ផ្សេង​បន្ថែម​ទៀត​ ដូចជា ការ​សិក្សា​ទៅ​លើ​ពពួក​ស្រូវ​ព្រៃ ឬ​ស្រងែ (Wild rice) ដែល​មាន​នៅ​ក្នុង​តំបន់​ជាដើម ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី Walker (1961) និង Hill (1976) បាន​គាំទ្រ​ការ​លើក​ឡើង​ដោយ​លោក Roschevics នា​ឆ្នាំ​១៩៣០ ដែល​បាន​សន្និដ្ឋាន​ថា ស្រូវ​អាច​មាន​ដើម​កំណើត​ចេញពី​តំបន់​ជុំវិញ​បឹង​ទន្លេសាប ។ ការ​សន្និដ្ឋាន​នេះ​គឺ​ផ្អែក​ជា​ចម្បង​លើ​ភាព​សម្បូរ​ហូរហៀរ​នៃ​ពពួក​ស្រូវ​ស្រងែ Oryza rufipogon (Oryza fatua) ដែល​គេ​បាន​ចាត់​ទុក​ថា​ជា​មេបា​នៃ​ដំណាំ​ស្រូវ Oryza sativa L.. នៅ​ក្នុង​តំបន់​ជុំវិញ ។ ភាព​សម្បូរ​ហូរហៀរ​នៃ​ប្រភព​ធនធាន​សេណេទិក​ស្រូវ (Genetic diversity of rice plants) នេះ យើង​ក៏​អាច​ឃើញ​ផង​ដែរ​នៅ​គ្រប់​ច្រកល្ហក​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ក្នុង​លក្ខណៈ​ជា​ស្រូវ​ស្រងែ និង​ទាំង​ក្នុង​លក្ខណៈ​ជា​ពូជ​វប្បកម្ម (Cultivated rice) (Men Sarom, 2001) ។ ក្រៅពី​នេះ​ស្រូវ​គឺជា​ដំណាំ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដោយ​វា​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​វប្បធម៌​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជាតិ​សាសន៍​យើង​តាំង​តែ​ពី​អតីតកាល​ដ៏​យូរលង់​ណាស់​មក​ហើយ (សូម​អាន​ជំពូក​១) ។ ដូច្នេះ​នេះ​ក៏​ជា​ភស្តុតាង​មួយ​បន្ថែម​ទៀត អាច​បញ្ជាក់​បាន​អំពី​លទ្ធភាព​ដែល​ថា តំបន់​ជុំវិញ​បឹង​ទន្លេសាប​អាច​ជា​តំបន់​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ឧប្បត្តិមណ្ឌល (Centre of origin) នៃ​ដំណាំ​ស្រូវ ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី និង​ទោះជា​មាន​ការ​បកស្រាយ​ជា​បន្តបន្ទាប់​អំពី​ឧប្បត្តិមណ្ឌល​នៃ​ដំណាំ​ស្រូវ​ក៏​ដោយ ក៏​បញ្ហា​នេះ​នៅ​តែ​ជា​ចំណុច​ជជែក​មិន​ទាន់​ដាច់ស្រេច​នៅ​ឡើយ ។

៥.១.២. វគ្គីករណ៍វិទ្យា

តាម​វគ្គីករណ៍វិទ្យា (Taxonomy) ស្រូវ​ស្ថិត​នៅ​ក្នុង​គ្រួសារ (Family) Graminea សន្តាន (Genus) Oryza និង​អំបូរ (Species) Oryza sativa L. ។ នៅ​ក្នុង​សន្តាន Oryza នេះ មានអំបូរ​ចំនួន ២៣ ហើយ​ដែល​ក្នុង​នេះ​មាន​តែ​អំបូរ​ចំនួន​ពីរ​ប៉ុណ្ណោះ​គឺ Oryza sativa L.. និង Oryza glaberrima ដែល​ត្រូវ​បាន​ដាំ​ដុះ ។ អំបូរ​វប្បកម្ម​ទាំង​ពីរ​នេះ គឺជា​អំបូរ​ឌីប្លូអ៊ីត ដែល​មាន​ចំនួន​ក្រូម៉ូសូម ១២​គូ ឬ ២​ន = ២៤ ។ ដោយឡែក​ក្នុង​អំបូរ​ស្រងែ​ទាំង ២១ អំបូរ​ស្រងែ​ចំនួន ១២ ក៏​ជា​ឌីប្លូអ៊ីត​ដែរ ប៉ុន្តែ​សល់​ក្រៅពី​នេះ​គឺជា តេត្រាប្លូអ៊ីត ។ អំបូរ Oryza sativa L. ឬ​ដែល​គេ​ស្គាល់​ម្យ៉ាងទៀត​ថា ស្រូវ​អាស៊ី (Asian rice) មាន​ប្រភព​នៅ​ក្នុង​ទ្វីបអាស៊ី ប៉ុន្តែ​អាស្រ័យ​ដោយ​អំបូរ​នេះ​មាន​សក្តានុពល​ទិន្នផល និង​មាន​វិសាលភាព​បន្សាំ​ខ្ពស់​ទៅ​នឹង​ក្សេត្រ​បរិស្ថាន​ផ្សេងៗ នា​ពេល​បច្ចុប្បន្ន​ក្រៅពី​បន្ត​ដាំ​ដុះ​នៅ​ក្នុង​តំបន់​ដើម​កំណើត​របស់​ខ្លួន អំបូរ​ស្រូវ Oryza sativa នេះ​ក៏​បាន​រីកសាយ​ភាយ​ទៅ​ដល់​ទ្វីប​អឺរ៉ុប អាមេរិក អូសេអានី និង​ទ្វីបអាហ្វ្រិក​ផង​ដែរ ។ ផ្ទុយ​ទៅ​វិញ​អំបូរ Oryza glaberrima ឬ​ស្រូវ​អាហ្វ្រិក​ដែល​មាន​ដើម​កំណើត​នៅ​ទ្វីបអាហ្វ្រិក​នា​តំបន់​ទំនាប Niger Basin គេ​ឃើញ​មាន​ដាំ​នៅ​តែ​ភាគ​ខាងលិច​នៃ​ទ្វីបអាហ្វ្រិក​ប៉ុណ្ណោះ ។ ប៉ុន្តែ​ទោះជា​ដាំ​នៅ​ទីណា និង​ទោះជា​អំបូរ Oryza sativa L.ក្តី Oryza glaberrima ក្តី​ អំបូរ​ទាំង​ពីរ​សុទ្ធតែ​ជា​ប្រភព​អាហារូបត្ថម្ភ​ដ៏​សំខាន់ និង​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្សជាតិ ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ប្រមាណ ៤​កោដិ​នាក់​នៅ​លើ​ផែនដី​យើង​នេះ ។​

នៅ​ក្នុង​ដំណើរការ​នៃ​ការ​ធ្វើ​បសុកម្ម (Domestication) ស្រូវ​អាស៊ី​បាន​បែងចែក​ចេញ​ជា​បី​ប្រភេទ​គឺ ៖

  1. Oryza sativa ssp. japonica: នេះ​គឺជា​ប្រភេទ​ស្រូវ​ដែល​បាន​ទទួល​ការ​ដាំ​ដុះ​នៅ​ប៉ែក​ខាងជើង​នៃ​ប្រទេស​ចិន កូរ៉េ និង​ជប៉ុន ដោយ​វា​មាន​តម្រូវការ​សីតុណ្ហភាព​ត្រជាក់​ជាង​ស្រូវ​ពីរ​ប្រភេទ​ទៀត ។ ជា​ទូទៅ​ស្រូវ​ប្រភេទ​នេះ​មាន​ដើម​ទាប ស្លឹក​ក្រាស់ និង​គ្រាប់​ខ្លី ប៉ុន្តែ​មាន​សក្តានុពល​ទិន្នផល​ខ្ពស់ ។
  2. Oryza sativa ssp. javanica: នេះ​គឺជា​ប្រភេទ​ស្រូវ​ដែល​បាន​ទទួល​ការ​ដាំ​ដុះ​ភាគច្រើន​នៅ​ឥណ្ឌូណេស៊ី ។ ភាគច្រើន​វា​មាន​ដើមដង​ខ្ពស់ ស្លឹក​ធំ ហើយ​គ្រាប់​ធំ​វែង ។ នា​ពេល​បច្ចុប្បន្ន​ក្រោយ​ពី​មាន​ការ​សិក្សា​យ៉ាង​លម្អិត​ពី​អ្នក​វិទ្យាសាស្ត្រ​មក ប្រភេទ​នេះ​ក៏​បាន​ត្រូវ​ចាត់​ទៅ​ក្នុង​ប្រភេទ japonica ដែរ (Khush, 2000) ប៉ុន្តែ​ខុស​ប្លែក​ពី​ស្រូវ japonica ធម្មតា​ដែល​គេ​ដាំ​នៅ​តំបន់​ត្រជាក់​នៃ​ប្រទេស​មួយ​ចំនួន​នោះ គេ​ឲ្យ​ឈ្មោះ​ស្រូវ​ប្រភេទ javanica នេះ​ថា​ស្រូវ japonica តំបន់​ក្តៅ (Tropical japonica) វិញ ។ ការ​បង្កាត់​រវាង japonica តំបន់​ក្តៅ និង japonica តំបន់​ត្រជាក់​មិន​មាន​បញ្ហា​ទេ ដោយ​កូន​បង្កាត់​នៅ​ជំនាន់ F1 មិន​មាន​និប្ផលភាព (Sterility) ឡើយ ។​
  3. Oryza sativa ssp. indica: នេះ​គឺ​ជា​ប្រភេទ​ស្រូវ​ដែល​បាន​ទទួល​ការ​ដាំ​ដុះ​នៅ​ពាសពេញ​ពិភពលោក ហើយ​ក៏​ជា​ប្រភេទ​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ស្រូវ​ប្រភេទ​នេះ​មាន​ដើមដង​ស្រាវ កម្ពស់​ពី​ទាប​មធ្យម​ទៅ​ខ្ពស់ ស្លឹក​វែង​តូច​ស្តើង ឯ​គ្រាប់​ជា​ធម្មតា​មាន​ពី​ប្រវែង​មធ្យម​ទៅ​តូច​ទ្រវែង ។

នា​ពេល​បច្ចុប្បន្ន​តាម​ការ​ធ្វើ​វិភាគ​ដោយ អ៊ីសូសែម (Isozymic analysis) ស្រូវ​អាស៊ី (Asian rice) បាន​ត្រូវ​បែងចែក​ជា ៦​ក្រុម ។ ក្នុង​ការ​ប្រៀបធៀប​ចំណាត់ថ្នាក់​នេះ​ទៅ​នឹង​ចំណាត់ថ្នាក់​ខាងលើ​តាម​លក្ខណៈ​រូបសាស្ត្រ​យើង​ឃើញ​ថា ក្រុម​ទី I គឺជា​ប្រភេទ indica ឯ​ក្រុម​ទី VI គឺជា japonica ។ ប៉ុន្តែ​នៅ​ក្នុង​ក្រុម​ទី VI នេះ​ក៏​មាន​រួម​បញ្ចូល​ទាំង​ស្រូវ ប៊ូលូ (Bulu) និង​ហ្គន់ឌីល (Gundil) ដែល​កន្លង​មក​បាន​ចាត់​ទៅ​ក្នុង​ប្រភេទ javanica ផង​ដែរ ។ ក្រុម​ទី II, III, IV និង​ក្រុម​ទី V អាច​ចាត់​ថា​ជា​ស្រូវ indica ទាំងអស់ ។ ស្រូវ​ដែល​នៅ​ក្នុង​ក្រុម​ទី II គឺជា​ស្រូវ​ដែល​មាន​អាយុកាល​ខ្លី​ណាស់ (Very early varieties) ហើយ​គេ​ឃើញ​មាន​តែ​នៅ​លើ​ស្រូវ​ដែល​គេ​ស្គាល់​ថា ស្រូវ​អូស (Aus rice) មក​ពី​ប្រទេស​បង់ក្លាដែស ។ ស្រូវ​ដែល​នៅ​ក្នុង​ក្រុម​ទី III និង​ក្រុម​ទី IV គឺជា​ស្រូវ​ឡើង​ទឹក ឯ​ក្រុម​ទី V គឺជា​ស្រូវ​ក្រអូប​ដែល​មក​ពី​ប្រទេស​ឥណ្ឌា បាគីស្ថាន បង់ក្លាដែស និង​ភូមា ។ ដោយឡែក​ស្រូវ​ក្រអូប​ខ្មែរ ថៃ និង​វៀតណាម​គឺ​ស្ថិត​នៅ​ក្នុង​ក្រុម​ទី I វិញ​ទេ ។

៥.១.៣. បសុកម្ម

បសុកម្ម (Domestication) គឺជា​ការ​បន្សាំ​រុក្ខជាតិ​ព្រៃ​ទៅ​នឹង​បរិស្ថាន​ដែល​រៀបចំ​ដោយ​មនុស្ស និង​តាម​តម្រូវការ​របស់​មនុស្ស ។ ដូច្នេះ តាម​និយម​ន័យ​នេះ ដំណាំ​អ្វី​ក៏​ដោយ​ដែល​កំពុង​ដាំ​នៅ​ថ្ងៃនេះ គឺជា​រុក្ខជាតិ​ព្រៃ​នា​ពេល​ណា​មួយ​កន្លង​មក ប៉ុន្តែ​ដោយ​អំពើ​នៃ​បសុកម្ម​ដែល​បាន​អនុវត្ត​ដោយ​មនុស្ស​សម្រាប់​បំពេញ​តាម​តម្រូវការ​របស់​ខ្លួន រុក្ខជាតិ​ទាំងនោះ​បាន​ក្លាយ​ទៅជា​ដំណាំ​ស្រុក​ដែល​មាន​លក្ខណៈសម្បត្តិ​ល្អ​ជាង​រុក្ខជាតិ​ព្រៃ​ដែល​ជា​មេបា ។ ក្រៅពី​ការ​ធ្វើ​បសុកម្ម​ទៅ​លើ​ដំណាំ​ដែល​បំពេញ​តម្រូវការ​ផែ្នក​ចំណី​អាហារ មនុស្ស​ក៏​បាន​ធ្វើ​បសុកម្ម​ផង​ដែរ​ចំពោះ​រុក្ខជាតិ​ព្រៃ​ដែល​ជា​តម្រូវការ​ផ្សេង​ទៀត​ដូចជា​រុក្ខជាតិ​សម្រាប់​ធ្វើ​ថ្នាំ (Medicinal plants) និង​រុក្ខជាតិ​លម្អ (Ornamental plants) ៘

ក្រោម​ឥទ្ធិពល​នៃ​ការ​ធ្វើ​បសុកម្ម និង​តាម​រយៈ​ការ​បន្សាំ (Adaptation) ទៅ​នឹង​បរិស្ថាន​ថ្មីៗ​បសុរុក្ខជាតិ (Domesticated plant) បាន​ទទួល​រង​នូវ​បម្រែបម្រួល​យ៉ាងច្រើន​ទៅ​លើ​ពន្ធុសាស្ត្រ (Genetic) របស់​ខ្លួន និង​ព្រម​ជាមួយ​គ្នា​នោះ​ដែរ​ទៅ​លើ​រុក្ខលក្ខណៈ (Plant characters) សំខាន់ៗ​មួយ​ចំនួន ដែល​មាន​ទំនាក់ទំនង​ដោយ​ត្រង់​ទៅ​នឹង​វប្បកម្ម​នៃ​ដំណាំ ។ អំពើ​នៃ​បរិវត្តកម្ម (Mutation) ដោយ​ធម្មជាតិ ការ​បង្កាត់ (Hybridization) ដោយ​ធម្មជាតិ ឬ​ដោយ​មនុស្ស និង​ដោយ​ការ​ជ្រើសរើស (Selection) ជា​ប្រចាំ​ពី​មនុស្ស​បាន​ជំរុញ​ឲ្យ​បសុរុក្ខជាតិ​ទទួល​នូវ​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ខុស​ពី​រុក្ខជាតិ​ព្រៃ (Wild ancestor) ដែល​ជា​បុព្វបុរស​របស់​ខ្លួន ។ ការ​ប្រែប្រួល​នេះ​ជា​ធម្មតា​គឺ​មាន​លក្ខណៈ​វិជ្ជមាន តែ​ក៏​អាច​ជា​អវិជ្ជមាន​ផង​ដែរ ។ ក្រោម​ឥទ្ធិពល​នៃ​បសុកម្ម លក្ខណៈ​ដែល​ទទួល​រង​នូវ​ការ​ប្រែប្រួល​ខ្លាំង​មាន ៖

ក. ដំណើរការ​ចេញ​ផ្កា (Flowering) អាស្រ័យ​ដោយ​ភាព​សុទ្ធ​ដែល​មាន​នៅ​ក្នុង​ប្រជាករ​នៃ​ពូជស្រូវ​ដែល​បាន​ធ្វើ​បសុកម្ម​គឺជា​ភាព​ចាំបាច់ ការ​ចេញ​ផ្កា​នៅ​ក្នុង​ប្រជាករ​នោះ​ច្រើន​មាន​ភាព​សម​កាល​ឬ​ស្រុះគ្នា (Synchronizing) ។ ប៉ុន្តែ​ចំពោះ​រុក្ខជាតិ​ព្រៃ ដូចជា​ស្រងែ ដែល​ចាំបាច់​ត្រូវ​មាន​ប្រជាករ​ដែល​មាន​ភាព​អេតេរ៉ូសែន​ខ្ពស់ ងាយ​ស្រួល​ក្នុង​ការ​បន្សាំ​ទៅ​នឹង​លក្ខខណ្ឌ​មិន​អំណោយផល​ផ្សេងៗ​នោះ ការ​ចេញ​ផ្កា​មុន​ក្រោយ ឬ​បណ្តាក់​គ្នា គឺ​តែង​បាន​ប្រទះ​ឃើញ​ជា​ធម្មតា ។

ខ. លម្អងកម្ម (Pollination) ដើម្បី​បន្សាំ​ទៅ​នឹង​បរិស្ថាន​រស់នៅ ដែល​ជា​ទូទៅ​មាន​លក្ខណៈ​មិន​អំណោយផល ឬ​មិន​សមប្រកប​នោះ ប្រជាករ​ដែល​មាន​ភាព​អេតេរ៉ូសែន​ខ្ពស់ គឺជា​ប្រការ​ចាំបាច់​សម្រាប់​បន្ត​ពូជពង្ស​នៅ​ក្នុង​រុក្ខជាតិ​ព្រៃ ឬ​ស្រងែ ។ ដូច្នេះ​នេះ​អាច​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​នៅ​ក្នុង​ប្រជាករ​ស្រងែ មាន​ការ​បង្កាត់​ឆ្លង (Out-crossing) ខ្ពស់​ជាង​នៅ​ក្នុង​ប្រជាករ​នៃ​ដំណាំ​ស្រូវ​ ឬ​វប្បរុក្ខជាតិ​ផ្សេង​ទៀត ដែល​ការ​រក្សា​ឲ្យ​ប្រជាករ​មាន​សុទ្ធិ​ខ្ពស់​គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​ទីផ្សារ ក៏​ដូចជា​ក្នុង​ការ​សម្រួល​ដល់​ការងារ​ដាំ​ដុះ​ផ្សេងៗ​ផង​ដែរ ។​

គ. ភាព​រុះ​នៃ​គ្រាប់ (Seed shattering) ការ​ជ្រុះ​គ្រាប់​តាម​លក្ខណៈ​ធម្មជាតិ​ដោយ​ការ​បោកបក់​នៃ​ដើម ដែល​បណ្តាល​ពី​ខ្យល់ ឬ​ពី​ការ​ប៉ះទង្គិច​ផ្សេងៗ គឺជា​លក្ខណៈ​ចាំបាច់​មួយ​របស់​រុក្ខជាតិ​ព្រៃ​ក៏​ដូចជា​ស្រងែ​ដែរ ព្រោះថា​តាម​រយៈ​យន្តការ​នេះ គ្រាប់ពូជ​បាន​ខ្ទាត​ឆ្ងាយ​ពី​ដើម​មេ និង​អាច​មាន​លទ្ធភាព​រីកសាយ​ភាយ​ដុះដាល​បាន​នៅ​កន្លែង​ដែល​មាន​លក្ខខណ្ឌ​ល្អ​សម​ស្រប​សម្រាប់​ការ​ដុះ​លូតលាស់​របស់​ខ្លួន ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ដោយ​មាន​អន្តរាគមន៍​ពី​មនុស្ស​នៅ​ក្នុង​ការ​ធ្វើ​វប្បកម្ម ក៏​ដូចជា​ក្នុង​ការ​ពង្រីក​ទី​ដាំ​ដុះ​ដែរ​នោះ ភាព​ងាយ​រុះ​នៃ​គ្រាប់​នេះ​មិន​ត្រឹមតែ​លែង​ជា​ការ​ចាំបាច់​សម្រាប់​ពូជ​បសុកម្ម​ទេ តែ​គឺជា​លក្ខណៈ​មិន​ល្អ​ទៅ​ទៀត​ព្រោះ​វា​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ទិន្នផល​យ៉ាងច្រើន ។

ឃ. ទំហំ​គ្រាប់ ចំពោះ​ដំណាំ​ស្រូវ ទំហំ​គ្រាប់​គឺ​អាស្រ័យ​ទៅ​នឹង​គោលបំណង​នៃ​កម្មវិធី​រុក្ខ​ជម្រើសវិទ្យា ដូចជា​នៅ​ប្រទេស​ខ្លះ​ស្រូវ​គ្រាប់​ល្អិតៗ​តូចៗ​មាន​តម្លៃ ប៉ុន្តែ​នៅ​ប្រទេស​ខ្លះ​ទៀត គ្រាប់​ធំៗ​គឺជា​តម្រូវការ​ទៅ​វិញ ។ ម្យ៉ាង​វិញទៀត​គ្រាប់ស្រូវ​ពេញ​ណែន​ល្អ គឺជា​លក្ខណៈ​សំខាន់​សម្រាប់​ពូជ​បសុកម្ម ដែល​ប្រការ​ទាំង​អស់នេះ​គឺ​ខុស​ប្លែក​ពី​ស្រងែ​ដែល​ជា​មេបា ដែល​ជា​ទូទៅ​មាន​ទំហំ​គ្រាប់​ប្រែប្រួល និង​ភាគច្រើន​ស្ពៀត​មិន​ពេញ​ណែន ។

ង. ដំណេកភាព​នៃ​គ្រាប់ (Seed dormancy) ជា​ទូទៅ​ដើម្បី​រក្សា​ពូជពង្ស​របស់​ខ្លួន ដំណេក​ភាព​គ្រាប់​នៃ​ពពួក​ស្រងែ​អាច​មាន​រយៈពេល​រាប់​ខែ ឬ​ដល់​មួយ​ឆ្នាំ​អាស្រ័យ​ទៅ​តាម​លក្ខខណ្ឌ​បរិស្ថាន​ដែល​វា​រស់នៅ ។ ក្នុង​លក្ខខណ្ឌ​នៃ​តំបន់​ត្រូពិក ដែល​មាន​រដូវវស្សា និង​រដូវប្រាំង​ចែក​ដាច់​ពី​គ្នា​នោះ​ រយៈពេល​ដំណេកភាព​វែង​នេះ អាច​ធ្វើ​ឲ្យ​គ្រាប់​ស្រងែ​ដុះ​ចំ​ពេល​ដែល​បរិស្ថាន​ដែល​វា​រស់នៅ​មាន​ទឹកភ្លៀង​បរិបូណ៌ ដែល​នេះ​គឺជា​លក្ខខណ្ឌ​សមប្រកប​សម្រាប់​ការ​ដុះ​លូតលាស់ និង​អាច​បញ្ចប់​នូវ​វដ្ត​ជីវិត​របស់​វា​បាន​ពេញលេញ ។ ប៉ុន្តែ​ចំពោះ​ពូជ​វប្បកម្ម​វិញ ដើម្បី​បំពេញ​តម្រូវការ​ដាំ​ដុះ​ទាន់​ពេលវេលា និង​បាន​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ ដំណេកភាព​នៃ​គ្រាប់​បាន​ត្រូវ​កាត់​បន្ថយ ឬ​ក្នុង​ករណី​ខ្លះ​អាច​បាត់​អស់ទាំង​ស្រុង​តែ​ម្តង ពិសេស​សម្រាប់​ពូជស្រូវ​ដែល​មាន​អាយុកាល​ខ្លី ។​

ច. វេទរសភាព​នឹង​រយៈ​ពន្លឺ (Photoperiod Sensitivity) ឬ​ភាព​ប្រកាន់​រដូវ ដែល​ហៅ​ថា​វេទរសភាព​នឹង​រយៈ​ពន្លឺ ឬ​ភាព​ប្រកាន់​រដូវ គឺជា​ការ​ឆ្លើយ​តប​របស់​រុក្ខជាតិ​ទៅ​នឹង​បម្រែបម្រួល​នៃ​ប្រវែង​ថ្ងៃ ឬ​រយៈពេល​នៃ​ពន្លឺ​របស់​ព្រះអាទិត្យ ចាប់ពី​ពេល​រះ​នៅ​ឰដ៏​ជើងមេឃ​នា​ទិស​បូព៌ា​រហូត​ដល់​ពេល​អស្តង្គត​លិច​បាត់​ទៅ​វិញ​ក្នុង​ជើងមេឃ​ឯ​ទិសបស្ចឹម (Men Sarom, 1996) ។ ពូជស្រូវ​ដែល​ពេលវេលា​ចេញ​ផ្កា​របស់​វា​កំណត់​ដោយ​ប្រវែង​ថ្ងៃ​នេះ ហៅ​ថា​ជា​ពូជ​ដែល​មាន​វេទរសភាព​នឹង​រយៈ​ពន្លឺ (Photoperiod sensitive variety) ផ្ទុយ​ទៅ​វិញ​ក្រុម​ស្រូវ​ដែល​ពេលវេលា​នៃ​ការ​ចេញ​ផ្កា​មិន​បាន​កំណត់​ដោយ​រយៈពេល​នៃ​ពន្លឺ​ថ្ងៃ​នោះ ហៅ​ថា​អវេទរសភាព​នឹង​រយៈ​ពន្លឺ (Photoperiod insensitive variety) ។ វេទរសភាព​នៃ​ពូជស្រូវ​ផ្សេងៗ​ទៅ​នឹង​រយៈ​ពន្លឺ​មាន​ការ​ប្រែប្រួល​ពី​ខ្លាំង​ទៅ​ខ្សោយ ។ ដូច​គ្នា​នឹង​ដំណេកភាព​នៃ​គ្រាប់ និង​អាស្រ័យ​ទៅ​តាម​លក្ខខណ្ឌ​បរិស្ថាន​ដែល​វា​រស់នៅ ស្រងែ​អាច​មាន​វេទរសភាព​នឹង​រយៈ​ពន្លឺ​ខ្លាំង ឬ​ខ្សោយ ។ ទាំងនេះ​គឺជា​យន្តការ​មួយ​របស់​រុក្ខជាតិ​ក្នុង​ការ​ធ្វើ​និយ័តកម្ម (Regulate) ដើម្បី​ឲ្យ​ការ​ចេញ​ផ្កា​របស់​ខ្លួន ចំ​ពេល​ដែល​បរិស្ថាន​ដែល​វា​រស់នៅ​មាន​លក្ខខណ្ឌ​សម​ស្រប ធានា​ឲ្យ​គ្រាប់​ដែល​រីក​ចម្រើន​ក្រោយ​ពី​ការ​ធ្វើ​ពហុពលកម្ម (Fertilization) រួច​អាច​នឹង​អភិវឌ្ឍ និង​លូតលាស់​បាន​ពេញលេញ​ល្អ សម្រាប់​បន្ត​ពូជពង្ស​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ​ទៀត​បាន ។ ខុស​ពី​ពពួក​ស្រងែ​ដែល​ជា​មេបា ពូជ​ស្រូវ​វប្បកម្ម​បច្ចុប្បន្ន​មាន​វេទរសភាព​ខ្សោយ ឬ​អវេទរស​តែ​ម្តង ។​

ឆ. សរីរាង្គ​ការពារ (Protected traits) សរីរាង្គ ឬ​ផ្នែក​ខ្លះ​នៃ​រុក្ខជាតិ​ដូចជា បន្លា រោម ដែល​ធ្លាប់​មាន​តួនាទី​ការពារ​រុក្ខជាតិ​ពី​ភយន្តរាយ​នានា​បាន​ត្រូវ​បាត់បង់ ៘ ជា​ទូទៅ​ពពួក​ស្រងែ​មាន​កន្ទុយ​វែងៗ ដែល​អាច​បង្ក​ជា​ឧបសគ្គ​ដល់​សត្វ​បក្សី ពិសេស​ពពួកសត្វ​ចាប​ក្នុង​ការ​ចុះ​ស៊ី​បំផ្លាញ ។ ប៉ុន្តែ​កន្ទុយ​វែងៗ​នេះ មិនជា​ការ​ចូល​ចិត្ត​នៃ​មនុស្ស​ឡើយ​ដោយ​វា​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ច្រូតកាត់ ការ​ដឹក​ជញ្ជូន និង​ក្នុង​ការ​បោក​បែន ។ ដូច្នេះ​តាម​រយៈ​បសុកម្ម មនុស្ស​បាន​សម្រាំង​ជ្រើសរើស​យក​តែ​ប្រភេទ​ស្រូវ​ដែល​គ្មាន​កន្ទុយ​ប៉ុណ្ណោះ ។​

ជ. យថាបរិស្ថាន (Specific environments) ចំពោះ​រុក្ខជាតិ​ព្រៃ​ដែល​ក្នុង​នេះ​រួម​មាន​ទាំង​ពពួក​ស្រងែ​ផង តែង​ដុះ និង​បន្សាំ​នៅ​ក្នុង​បរិស្ថាន​កំណត់​ណា​មួយ​របស់​ខ្លួន ឧទាហរណ៍ តំបន់​ខ្ពង់រាប តំបន់​ព្រៃ តំបន់​ដែល​មាន​ទឹក​ជ្រៅៗ ឬ​នៅ​ក្បែរៗ​ភូមិ ៘ ហើយ​កម្រ​នឹង​ឃើញ​ដុះ ឬ​កម្រ​នឹង​ជួប​ប្រទះ​នៅ​តំបន់​ផ្សេង​ខុស​ឬ​ក្រៅពី​តំបន់​ដើម​កំណើត​របស់​ខ្លួន​នេះ​ណាស់ ។ ផ្ទុយ​ទៅ​វិញ តាម​រយៈ​បសុកម្ម និង​អាស្រ័យ​ដោយ​មាន​កម្មវិធី​រុក្ខជម្រើសវិទ្យា ពូជបសុកម្ម​ភាគច្រើន​អាច​នឹង​ដាំ​នៅ​កន្លែង​ណា​ក៏​បាន ។

ឈ. សារធាតុ​អាហារូបត្ថម្ភ (Nutrition quality) នៅ​ក្នុង​ដំណើរការ​បសុកម្ម មនុស្ស​បាន​ព្យាយាម​ជ្រើសរើស​សម្រិតសម្រាំង​យក​តែ​រុក្ខជាតិ​ណា​ដែល​ផ្តល់​ផល​ខ្ពស់ និង​មាន​គុណភាព​ស្រប​តាម​តម្រូវការ​របស់​ខ្លួន ។ មនុស្ស​ក៏​បាន​ព្យាយាម​ផង​ដែរ ក្នុង​ការ​ធ្វើ​បសិដ្ឋកម្ម​ឲ្យ​ផលិតផល​រុក្ខជាតិ សម្រាប់​បរិភោគ​ដូចជា​គ្រាប់​អង្ករ ឬ​ផ្លែ​ឈើ​មាន​រសជាតិ​ឆ្ងាញ់​ពិសា និង​សម្បូរ​ទៅ​ដោយសារ​ធាតុ​អាហារូបត្ថម្ភ​ចាំបាច់​ទាំងឡាយ ដែល​ជា​ធម្មតា​សារធាតុ​ទាំងនោះ​អាច​មាន​តិចតួច ឬ​គ្មាន​នៅ​ក្នុង​ពូជ​ព្រៃ​ជា​មេបា ។ ល ។

ដោយ​ការ​ជ្រើសរើស​របស់​កសិករ ឬ​ដោយ​ការ​បង្កាត់​ផ្សេងៗ ដែល​មនុស្ស​បាន​ធ្វើ​ដោយ​ចេតនា​ក្តី​ឬ​ដោយ​អចេតនា​ក្តី ឬ​ដោយ​អំពើ​នៃ​បរិវត្តកម្ម​ផ្សេងៗ ដែល​កើត​មាន​នៅ​ក្នុង​ធម្មជាតិ ឬ​ដោយ​មនុស្ស​ជា​អ្នក​បង្កើត​បាន​លេច​ចេញ​ជា​បន្តបន្ទាប់​នូវ​ពូជ​ថ្មីៗ​ជា​ច្រើន​មិន​ធ្លាប់​មាន​នៅ​ក្នុង​ធម្មជាតិ ។ ដូច្នេះ​តាម​រយៈ​បសុកម្ម លក្ខណៈ​ព្រៃ​ទាំង​ប៉ុន្មាន​ដែល​ពូជ​ព្រៃ​ធ្លាប់​មាន​បាន​ត្រូវ​បំបាត់ ហើយ​ពូជ​ដែល​មាន​លក្ខណៈ​ប្លែកៗ​ទៅ​តាម​តម្រូវការ​របស់​មនុស្ស​បាន​ត្រូវ​អភិវឌ្ឍ ។ ដូច​យើង​បានដឹង​រួច​មក​ហើយ​ថា មុន​ពេល​ដែល​មនុស្ស​បាន​ធ្វើ​បសុកម្ម​ទៅ​លើ​ប្រភេទ​រុក្ខជាតិ​តាម​តម្រូវការ​របស់​ខ្លួន រុក្ខជាតិ​ព្រៃ​ទាំង​នោះ​បាន​រស់នៅ និង​សម្រប​ខ្លួន​បាន​យ៉ាង​ប្រសើរ​ទៅ​នឹង​បរិស្ថាន​ដែល​ខ្លួន​រស់នៅ ។ មាន​ទ្រឹស្តី​ជា​ច្រើន​ដែល​បាន​បង្ហាញ​ពី​ជោគជ័យ​នៃ​ពពួក​រុក្ខជាតិ​ព្រៃ​នៅ​ក្នុង​ការ​សម្រប​ខ្លួន​ដើម្បី​ការពារ​មិន​ឲ្យ​អំបូរ​របស់​ខ្លួន​បាត់បង់​ដោយ​ភាព​មហន្តរាយ​នៃ​ធម្មជាតិ ។ នៅ​ក្នុង​នេះ​ការ​ធ្វើ​ឲ្យ​មាន​អេតេរ៉ូសែន​ភាព​នៅ​ក្នុង​រុក្ខប្រជាករ​ព្រៃ​ទាំងឡាយ (Heterogeneity of plant populations) គឺជា​យន្តការ​មួយ​ដ៏​ស័ក្តិសិទ្ធ​របស់​ធម្មជាតិ​ក្នុង​ការ​ការពារ​ពូជ​រុក្ខជាតិ​នៅ​លើ​លោក​យើង​នេះ ។ តាម​ទ្រឹស្តី​នេះ​ការ​បង្កើត​ឲ្យ​មាន​លក្ខណៈ​អេតេរ៉ូសែន​នៅ​ក្នុង​ប្រជាករ​មួយ​អាច​ធ្វើ​ឲ្យ​ប្រជាករ​នោះ​ទប់ទល់​នឹង​ការ​បាត់បង់​ដោយ​អំពើ​នៃ​កត្តា​មិន​អំណោយផល​ផ្សេងៗ​នៃ​ធម្មជាតិ ហើយ​ដែល​ប្រការ​នេះ​អាច​សម្រេច​បាន​ដោយសារ​ការ​មាន​បម្រែបម្រួល​ពន្ធុ (Genetic diversity) នៅ​ក្នុង​ប្រជាករ​នោះ ។ នេះ​គឺ​មាន​ន័យ​ថា ទោះបីជា​មាន​ភាព​ដូច​គ្នា​លើ​លក្ខណៈ​មួយ​ចំនួន​ធំ​ក៏​ដោយ ក៏​រាល់​ឯកត្តៈ​នៅ​ក្នុង​ប្រជាករ មាន​បណ្តុំ​សេណូទីប (Genotype) ខុសៗ​គ្នា​នៅ​លើ​លក្ខណៈ​មួយ​ចំនួន​ផ្សេង​ទៀត ។ ពេល​ដែល​បម្រែបម្រួល​ពន្ធុ​នេះ​កាន់តែ​ខ្លាំង ការ​បន្សាំ​របស់​ប្រជាករ​នោះ​ក៏​កាន់តែ​ធំ​ដែរ ។ ឧទាហរណ៍​ប្រជាករ​នៃ​ស្រូវស្រងែ និង​ពូជស្រូវ​ប្រពៃណី​ទាំងអស់​ដោយ​រួម​ទាំង​ពូជស្រូវ​ប្រពៃណី​ខ្មែរ​យើង​ផង គឺ​មាន​លក្ខណៈ​ជា​ប្រជាករ​នៃ​ឯកត្តៈ​ដែល​មាន​សេណូទីប​ខុសៗ​គ្នា ។ ដូច្នេះ​ការ​បាត់បង់​នូវ​លក្ខណៈ​ព្រៃ​ខ្លះៗ​តាម​រយៈ​ការ​ធ្វើ​បសុកម្ម ដូចជា​ការ​ធ្វើ​បន្សុទ្ធកម្ម​ពូជ​ឬ​ការ​ធ្វើ​ឲ្យ​ពូជ​មាន​ភាព​អូម៉ូសែន​ដាច់ខាត គឺជា​ប្រការ​គ្រោះថ្នាក់​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ពូជ​នោះ​ឈាន​ទៅ​រក​ការ​បាត់បង់​ក្នុង​កាលៈទេសៈ​ដែល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​កើតឡើង ។ នា​ពេល​បច្ចុប្បន្ន ដើម្បី​ការពារ​ហេតុ​ការ​ជា​បច្ច័យ​អាក្រក់​នេះ នៅ​ក្នុង​កន្លែង​ខ្លះ គេ​បាន​អនុវត្ត​ការ​លាយ​ពូជស្រូវ​ពីរ​ឬ​បី​ពូជ​ដែល​អាច​មាន​សេណូទីប (Genotype) ខុស​គ្នា​តែ​មាន​ផេណូទីប (Phenotype) ប្រហាក់ប្រហែល​គ្នា​មុន​នឹង​យក​ទៅ​ដាំ ។ ក្នុង​ករណី​ដែល​ទីផ្សារ​ទាមទារ​ឲ្យ​មាន​ភាព​សុទ្ធ​ដាច់ខាត​នោះ ការ​អនុវត្ត​ខាងលើ​ប្រាកដជា​មិន​អាច​ធ្វើ​បាន​ឡើយ​ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ជា​អនុសាសន៍​គឺ​មិន​ត្រូវ​ដាំ​ពូជ​តែ​មួយ​នៅ​ក្នុង​តំបន់​ណា​មួយ​ឡើយ ។

ជា​ធម្មតា​ព្រឹត្តិការណ៍​បី​គឺ បសុកម្ម អរិយធម៌ និង​កសិកម្ម គឺ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតដិត ។ នៅ​ក្នុង​ន័យ​នេះ​ តំបន់​ដែល​បាន​ធ្វើ​បសុកម្ម​លើ​រុក្ខជាតិ​ផ្សេងៗ​ហាក់​ផ្សារ​ភ្ជាប់​ទៅ​នឹង​តំបន់​អរិយធម៌​ធំៗ​នៅ​ក្នុង​ពិភពលោក​ផង​ដែរ ។ ដោយឡែក​ចំពោះ​ដំណាំ​ស្រូវ បសុកម្ម​អាច​ចាប់​ផ្ដើម​នៅ​ប្រមាណ ៩០០០ ឆ្នាំ​កន្លង​មក (Khush, 2000) នៅ​ក្នុង​តំបន់​ផ្សេងៗ​គ្នា ប៉ុន្តែ​នា​ពេល​ប្រហាក់​ប្រហែល​គ្នា ។ តាម​ការ​សន្និដ្ឋាន តំបន់​ទាំងនោះ​អាច​លាតសន្ធឹង​ពី​ប៉ែក​ខាងជើង​ប្រទេស​ឥណ្ឌា ប្រទេស​ភូមា ប្រទេស​ថៃ ប្រទេស​កម្ពុជា ប្រទេស​ឡាវ វៀតណាម និង​ផ្នែក​ខាងត្បូង​ប្រទេស​ចិន ។ កំណាយ​បុរេប្រវត្តិ​បាន​រក​ឃើញ​នូវ​សំណាក​គ្រាប់ស្រូវ​នៅ​ក្នុង​ថូ នា​ខេត្ត​នគររាជសីមា ដែល​ជា​ខេត្ត​បុរាណ​របស់​ខ្មែរ (បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ថៃ) នា​ប្រមាណ ៤០០០​ឆ្នាំ​មុន​គ្រិស្តសករាជ ក៏​ជា​សក្ខីភាព​បង្ហាញ​ពី​ការ​ធ្វើ​បសុកម្ម​នៃ​ដំណាំ​ស្រូវ នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគេ្នយ៍​តាំងពី​យូរលង់​ណាស់​មក​ហើយ ។ ប៉ុនែ្ត​ជា​ការ​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ព្រោះ​បើ​តាម​រយៈ​ការ​ពិនិត្យ​មើល​លើ​ផែនទី​នៃ​ការ​បោះទីតាំង​របស់​ប្រជាជន​ដើម យើង​អាច​ឃើញ​នូវ​ទំនាក់ទំនង​យ៉ាង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​រវាង​ខ្សែ​លាត​សន្ធឹង​នៃ​តំបន់​ដែល​ដំណាំ​ស្រូវ​បាន​ធ្វើ​បសុកម្ម និង​ខ្សែ​លាតសន្ធឹង​នៃ​តំបន់​តាំងទី​លំនៅ​របស់​ជនជាតិ​ខ្មែរ​មន​នា​សម័យ​បុរេប្រវត្តិ (ប្រេមឌី, ១៩៧០) ។ ដូច្នេះ​ថា​តើ​គឺជា​ជនជាតិ​ខ្មែរ​មន​ឬ​អ្វី ដែល​បាន​ធ្វើ​បសុកម្ម​ដំណាំ​ស្រូវ​នា​ប្រមាណ ៩០០០​ឆ្នាំ​មុន​ទាំង​នៅ​ប្រទេស​ឥណ្ឌា ប្រទេស​ភូមា ប្រទេស​ថៃ ប្រទេស​កម្ពុជា ប្រទេស​ឡាវ និង​វៀតណាម​នោះ ? ។

នៅ​ក្នុង​ការ​បែងចែក​ឧប្បត្តិមណ្ឌល (Centre of origin) នៃ​ដំណាំ​ផ្សេងៗ ដែល​លោក​វ៉ាវីឡូហ្វ (Nikolai Ivanovich Vavilov) បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​ឆ្នាំ​១៩៥១ ក្រោយ​ពី​ឆ្លងកាត់​ការ​សិក្សា​យ៉ាង​ម៉ត់ចត់ អស់​រយៈពេល​ប្រមាណ ២០​ឆ្នាំ ទៅ​លើ​សំណាក​រុក្ខជាតិ​យ៉ាងច្រើន​ដែល​បាន​ប្រមូល​ពី​គ្រប់​ទិសទី​ក្នុង​ពិភពលោក លោក វ៉ាវីឡូហ្វ បាន​សម្រេច​បែងចែក​ឧប្បត្តិមណ្ឌល​នៃ​ដំណាំ ចំនួន ៨ គឺ ៖

ក. ឧប្បត្តិមណ្ឌល​ចិន (Chinese Centre): នៅ​ក្នុង​ឧប្បត្តិមណ្ឌល​នេះ​មាន​រួម​បញ្ចូល​តំបន់​នៅ​ក្នុង​ភូមិភាគ​ខាងលិច និង​កណ្តាល​នៃ​ប្រទេស​ចិន ។ ដំណាំ​សំខាន់ៗ​ដែល​មាន​ប្រភព​ចេញពី​ឧប្បត្តិមណ្ឌល​នេះ​មាន សណ្តែកសៀង ឆៃថាវ គូលែន ។ល។​

ខ. ឧប្បត្តិមណ្ឌល​ឥណ្ឌា (Hindustan Centre): នេះ​គឺជា​ឧប្បត្តិមណ្ឌល​ដ៏​ធំ ដែល​នៅ​ក្នុង​ឧប្បត្តិមណ្ឌល​នេះ​មាន​អនុឧប្បត្តិមណ្ឌល​តូចៗ​មួយ​ចំនួន​ថែម​ទៀត ។ នៅ​ក្នុង​ឧប្បត្តិមណ្ឌល​នេះ​រួម​បញ្ចូល​តំបន់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ភាគច្រើន និង ប្រទេស​ភូមា ។ ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក៏​ស្ថិត​នៅ​ក្នុង​ឧប្បត្តិមណ្ឌល​នេះ​ដែរ​តែ​ដោយឡែក​គឺ​នៅ​ក្នុង​អនុឧប្បត្តិមណ្ឌល​ឥណ្ឌូណេស៊ី (Indonesian Sub-Centre) ។ ភូមិភាគ​ខាងលិច និង​កណ្តាល​នៃ​ប្រទេស​ចិន ។ ដំណាំ​សំខាន់ៗ​ដែល​មាន​ប្រភព​ចេញពី​ឧប្បត្តិមណ្ឌល​នេះ​មាន ស្រូវ ចេក អំពៅ សណ្តែកសៀង ម្រេច ស្វាយ ៘

គ. ឧប្បត្តិមណ្ឌល​អាស៊ី​កណ្តាល (Central Asian Centre): នៅ​ក្នុង​ឧប្បត្តិមណ្ឌល​នេះ​មាន​រដ្ឋ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ប៉ែក​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​ ដូចជា កាស្មៀ និង​បញ្ចាប (Punjab) និង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ភូមិភាគ​ខាងត្បូង​ដូចជា បង់ក្លាដែស បាគីស្ថាន និង​មួយ​ចំណែក​ធំ​នៃ​សហព័ន្ធ​រុស្សី ។ រុក្ខជាតិ​ដែល​អាច​មាន​ប្រភព​មក​ពី​ឧប្បត្តិមណ្ឌល​អាស៊ី​កណ្តាល​នេះ​គឺ​មាន ស្រូវ​សាឡី សណ្តែក ល្ង (បន្លែ​ស្ពៃ) និង អាច​ផ្លែ​ប៉ោម ។

ឃ. ឧប្បត្តិមណ្ឌល​អាស៊ី​ខាងលិច (Near East or Western Asian Centre): ឧប្បត្តិមណ្ឌល​អាស៊ី​ខាងលិច​នេះ មាន​រួម​បញ្ចូល​ប្រទេស​មួយ​ចំនួន​ដូចជា អ៊ីរ៉ាក់ អ៊ីរ៉ង់ ទួរគី អ៊ីស្រាអែល ៘ រុក្ខជាតិ​ដែល​មាន​ដើម​កំណើត​នៅ​ក្នុង​ឧប្បត្តិមណ្ឌល​អាស៊ី​ខាងលិច​នេះ​មាន​ទំពាំងបាយជូរ បាលី (Barley) ៘

ង. ឧប្បត្តិមណ្ឌល​មេឌីទែរ៉ានេ (Mediterranean Centre): ជា​ឧប្បត្តិមណ្ឌល​ដែល​ស្ថិត​នៅ​តំបន់​ជុំវិញ​សមុទ្ទ​មេឌីទែរ៉ានេ ហើយ​ជា​ប្រភព​នៃ​រុក្ខជាតិ​សំខាន់ៗ​មួយ​ចំនួន​ដូចជា ស្ពៃក្តោប សណ្តែក ផ្កាស្ពៃ ។ល។

ច. ឧប្បត្តិមណ្ឌល​អាប៊ីស៊ីនី (Abyssinian Centre): មាន​ប្រទេស​អេត្យូពី និង​អេរីត្រេ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​នេះ ។ ឧប្បត្តិមណ្ឌល​អាប៊ីស៊ីនី នេះ​អាច​ជា​ប្រភព​នៃ​កាហ្វេ និង​ល្ង ៘

ឆ. ឧប្បត្តិមណ្ឌល​អាមេរិក​កណ្តាល (Central American Centre): ឧប្បត្តិមណ្ឌល​នេះ​មាន​ប្រទេស​ម៉ិកស៊ិក និង​ប្រទេស​ជិតខាង​មួយ​ចំនួន ហើយ​ជា​ប្រភព​នៃ ពោត ម្ទេស និង​ល្ពៅ ៘​

ជ. ឧប្បត្តិមណ្ឌល​អាមេរិក​ខាងត្បូង (South American Centre): នៅ​ក្នុង​ឧប្បត្តិមណ្ឌល​នេះ​មាន​រួម​បញ្ចូល​ប្រទេស​ប៉េរូ អេក្វាទ័រ និង​កោះ​ជិតខាង​មួយ​ចំនួន​ផ្សេង​ទៀត ។ ពូជ​រុក្ខជាតិ​ដែល​អាច​មាន​ប្រភព​នៅ​ក្នុង​ឧប្បត្តិមណ្ឌល​នេះ​មាន​ប៉េងប៉ោះ ថ្នាំជក់ និង​ដំឡូង ។

អាស្រ័យ​ដោយ​ដំណើរការ​បសុកម្ម ពូជ​ដំណាំ​ទាំងឡាយ​រួម​ទាំង​ដំណាំ​ស្រូវ​ផង​បាន​ត្រូវ​បំបែក​ចេញពី​ការ​ពឹងពាក់​អាស្រ័យ​ទាំងស្រុង​ទៅ​នឹង​ធម្មជាតិ មក​ជា​ដំណាំ​ដែល​ត្រូវ​ទទួល​នូវ​ការ​គ្រប់គ្រង និង​ថែទាំ​ពី​មនុស្ស​វិញ ។ ទោះបីជា​មាន​ការ​ខាតបង់​ខ្លះៗ​នៅ​លើ​ពន្ធុ​សំខាន់ៗ​មួយ​ចំនួន​ក៏​ដោយ ក៏​ដំណាំ​ទាំងនេះ​បាន​ផ្តល់​ផលប្រយោជន៍​យ៉ាង​ធំធេង​ដល់​ការ​រស់នៅ​របស់​មនុស្ស ដល់​កិច្ចការ​អភិវឌ្ឍ​នៅ​ក្នុង​សង្គម និង​មួយ​ចំណែក​ធំ​សម្រាប់​ការ​កសាង និង​ការពារ​ប្រទេស​ជាតិ ។​

៥.១.៤. ភាព​សាយភាយ​នៃ​ស្រូវ

នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដំណាំ​ស្រូវ​បាន​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាប ឬ​តំបន់​ជំរាលភ្នំ ឬ​តំបន់​ដែល​គ្មាន​ដក់​ទឹក រហូត​ដល់​តំបន់​ដែល​មាន​ជម្រៅ​ទឹក​រហូត​ដល់ ៤-៥ ម៉ែត្រ ។ ប៉ុន្តែ​ជា​ទូទៅ​ស្រូវ​ត្រូវ​បាន​ដាំ​ដុះ​នៅ​ក្នុង​តំបន់​ទំនាប​កណ្តាល​ក្បែរ​បឹង​ទន្លេសាប​ក្នុង​ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​កំពង់ធំ នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ និង​ទន្លេបាសាក់ ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ និង​កំពង់ស្ពឺ នៅ​តាម​តំបន់​ក្បែរ​មាត់សមុទ្រ​ក្នុង​ខេត្តកំពត កោះកុង និង​ក្រុងព្រះសីហនុ និង​នៅ​តំបន់​ខ្ពង់រាប​នា​ភាគ​ឧត្តរ និង​ឦសាន​នៃ​ផ្ទៃ​ប្រទេស ក្នុង​ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី និង​មណ្ឌលគិរី​ផង​ដែរ (រូប ៥.២) ។ អាស្រ័យ​ដោយ​ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​ប្រភព​បម្រែបម្រួល​ពន្ធុ​នៃ​ដំណាំ​ស្រូវ (Rich of genetic diversity) នេះ​ហើយ ទើប​ស្រូវ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​បន្សាំ (High adaptability potential) ទៅ​នឹង​ប្រព័ន្ធ​បរិស្ថាន​ផ្សេងៗ​ដែល​មាន ការ​ខុស​គ្នា​ខ្លាំង​លើ​របប​ទឹកជំនន់ កត្តា​អាកាសធាតុ ដី សត្វល្អិត​ចង្រៃ ជំងឺ និង​ចំណង់​ចំណូលចិត្ត​របស់​ប្រជា​កសិករ​នៅ​តាម​មូលដ្ឋាន និង​តំបន់​ខុសៗ​គ្នា ។ ដោយ​មូលហេតុ​នេះ​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​នៃ​ដំណាំ​ស្រូវ​បាន​ត្រូវ​បែងចែក​ជា ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ស្រូវ​ដែល​ដាំ​ដោយ​ប្រើ​ប្រព័ន្ធ​ស្រោចស្រព (Irrigated rice environments) ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ស្រូវ​ដែល​ដាំ​ដោយ​ពឹងផ្អែក​ទាំងស្រុង​នឹង​របប​ទឹកភ្លៀង​នៅ​តំបន់​ទំនាប (Rainfed lowland rice environments) ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ស្រូវ​ដែល​ដាំ​ដោយ​ពឹងផ្អែក​ទាំងស្រុង​នឹង​របប​ទឹកភ្លៀង​នៅ​តំបន់​ភ្នំ ឬ​តំបន់​ខ្ពង់រាប (Rainfed upland rice environments) និង​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ស្រូវ ដែល​ដាំ​នៅ​ក្នុង​តំបន់​ដែល​មានទឹក​ជ្រៅៗ (Deep water/floating rice environments) (រូប ៥.៣) (Javier, 1997; Javier et al., 1999; Men Sarom, 2001, Men Sarom et al., 2001) ។

រូប ៥.២ តំបន់​វប្បកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា

រូប ៥.៣ ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពូជស្រូវ​ប្រពៃណី​ជា​ច្រើន បាន​ត្រូវ​ធ្វើការ​ដាំ​ដុះ​រាប់​សិប​ជំនាន់​ដោយ​កសិកr​ខ្មែរ ហើយ​ដែល​ក្នុង​ចំណោម​នោះ ពូជ​មួយ​ចំនួន​ធំ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។ ឧទាហរណ៍ ពូជ​សូម៉ាលី ក្រចកចាប ផ្កាខ្ញី នាងមិញ សាមលាវ ផ្កាម្លិស ក្រយា នាងស ក្ងោកពង់ ។ល។ ដែល​បាន​ទទួល​ការ​ដាំ​ដុះ​យ៉ាង​ពេញ​និយម​ពី​ប្រជា​កសិករ​ខ្មែរ ទាំង​នៅ​ក្នុង​ទសវត្សរ៍​ទី ៥០-៦០ ក៏​ដូចជានា​ពេល​បច្ចុប្បន្ន ហើយ​ក៏​ធ្លាប់​ជា​ពូជ​នាំមុខ​សម្រាប់​ធ្វើការ​នាំ​ចេញ​ផង​ដែរ (Men Sarom, 2001; Chiew, 2002) ។ ដែល​នេះ​ក៏​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ឈ្លាសវៃ​នៃ​កសិករ​ខ្មែរ​ដែល​បាន​បង្កើត រក្សា និង​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ​នូវ​ពូជស្រូវ​ល្អៗ​ជា​ច្រើន​ហើយ​ដែល​បច្ចុប្បន្ន​ពូជ​ទាំងនេះ​កំពុង​ទទួល​ការ​ដាំ​ដុះ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស និង​ក៏​កំពុង​ចូលរួម​ចំណែក​យ៉ាង​ពិសេស​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ទូទាំង​ប្រទេស ។ ប៉ុន្តែ​ក៏​ជា​ការ​មួយ​គួរ​ឲ្យ​សោកស្តាយ​ផង​ដែរ ដោយ​ពូជ​មួយ​ចំនួន​ធំ​បាន​ត្រូវ​វិនាស​បាត់បង់​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដល់ ១៩៧៩ ដោយសារ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ។ ដូច្នេះ​ដើម្បី​រក្សា​នូវ​កេរ្តិ៍​ដំណែល​ដ៏​មាន​តម្លៃ​នេះ​ជា​បន្ត​ទៅ​ទៀត​ និង​ទោះបីជា​មាន​ភាព​រអាក់រអួល​ខ្លះៗ​ក្តី នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ ១៩៧៣ ដល់ ឆ្នាំ​១៩៩០ និង​ជា​ពិសេស​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក ពូជស្រូវ​ប្រពៃណី​កម្ពុជា​ជា​ច្រើន​ពាន់​ពូជ បាន​ត្រូវ​ប្រមូល​ពី​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​ដោយ​អ្នក​វិទ្យាសាស្ត្រ​កម្ពុជា និង​អន្តរជាតិ ហើយ​ត្រូវ​បាន​អភិរក្ស​ទុក​នៅ​ក្នុង​ធនាគារ​ពន្ធុ (Gene Bank) នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា និង​មួយ​ចំណែក​ទៀត​នៅ​ក្នុង​ធនាគារ​ពន្ធុ​នៃ​វិទ្យាសា្ថន​ស្រាវជ្រាវ​អន្តរជាតិ​ដំណាំ​ស្រូវ (International Rice Research Institute) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន (Sahai et al., 1992a & b, Javier et al., 1999) ។ តាម​រយៈ​ការ​ធ្វើ​សមូហកម្ម​ជីវករ (Germplasm collection) នេះ​ពូជស្រូវ​ប្រពៃណី​ជិត ៤០០០ ពូជ​បាន​ត្រូវ​ប្រមូល​ពី​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេស ហើយ​ត្រូវ​បាន​វាយតម្លៃ​លើ​គ្រប់លក្ខណៈ​ទាំងអស់ (៥២​លក្ខណៈ) រួម​ទាំង​លក្ខណៈ​រូប លក្ខណៈ​ក្សេត្រវិទ និង​លក្ខណៈ​សរីរៈ​ហើយ​បាន​រក្សា​ទុក យ៉ាង​គត់មត់ និង​ក្រោម​ការ​ត្រួតពិនិត្យ​ជា​ប្រចាំ ពី​អ្នកបច្ចេកទេស​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម​កម្ពុជា ។ ជា​ការ​មួយ​គួរ​ឲ្យ​មាន​មោទនៈ​បំផុត ក្រោយ​ពី​ការ​វាយ​តម្លៃ​តាម​លក្ខណៈ​ផ្សេងៗ​មក ពូជស្រូវ​ប្រពៃណី​កម្ពុជា​ចំនួន​ប្រមាណ​ជិត ១០​ភាគរយ​បាន​ត្រូវ​វាយតម្លៃ​ថា​ជា​ពូជស្រូវ​ក្រអូប (Men Sarom, 2001) (tarag 5-1) ។ ដូច្នេះ​នេះ​ក៏​ជា​ភស្តុតាង​មួយ​បន្ថែម​ទៀត​ដែល​ថា ប្រទេស​កម្ពុជា ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​យូរលង់​មក​ហើយ​ក្នុង​ការ​ដាំ​ដុះ និង​ប្រើប្រាស់​ពូជស្រូវ​ក្រអូប​ដូច​មាន​នៅ​ក្នុង​រឿងនិទាន និង​ដំណាល​តៗ​គ្នា​មក ។ ក្រៅពី​ពូជស្រូវ​ក្រអូប​តាម​រយៈ​ការ​វាយតម្លៃ​នេះ យើង​អាច​ឃើញ​ថា​ពូជ​មួយ​ចំណែក​ធំ គឺជា​ពូជស្រូវ​ខ្សាយ និង​សល់​ពី​នេះ គឺជា​ពូជស្រូវ​ដំណើប ។ បច្ចុប្បន្ន​ពូជស្រូវ​ថ្មីៗ​សម្រាប់​បរិស្ថាន​ដាំ​ដុះ​ផ្សេងៗ​ជា​ច្រើន បាន​ត្រូវ​អភិវឌ្ឍ និង​អនុសាសន៍​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា និង​កំពុង​តែ​ទទួល​នូវ​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​ប្រជាកសិករ ។ ក្នុង​ចំណោម​នោះ ពូជស្រូវ​ក្រអូប​មួយ​ចំនួន​ដូចជា ផ្ការំដួល ផ្ការំចង់ ផ្ការំចេក និង​សែនពិដោរ ដែល​បាន​រំដោះ (Release) ហើយ​ត្រូវ​បាន​អនុសាសន៍​ជូន​ប្រជាកសិករ បាន​និង​កំពុង​តែ​ជ្រាតចូល​ក្នុង​ទីផ្សារ​ជាតិ និង​អន្តរជាតិ​ផង​ដែរ (តារាង ៥.២) ។

៥.១.៤.១. ការ​ប្រមូល

នា​ពេល​បច្ចុប្បន្ន ពូជស្រូវ​ប្រពៃណី​ជា​ច្រើន​កំពុង​តែ​ប្រឈម​មុខ​ឈាន​ទៅ​រក​ការ​បាត់បង់​ជា​អលជ្ជី ដោយ​កត្តា​ផ្សេងៗ​ជា​ច្រើន​រួម​មាន ៖

  • មូលហេតុ​សង្គ្រាម ភាព​អសន្តិសុខ​ក្នុង​ភូមិ​ស្ថាន បាន​ធ្វើ​ឲ្យ​កសិករ​បោះបង់​ចោល​ភូមិករ​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​របស់​ខ្លួន​ទៅ​តាំងទី​លំនៅ នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​វិញ ។ តាម​រយៈ​ការ​បោះបង់​ចោល​ទីកន្លែង​ប្រពៃណី​នេះ ពូជ​ដែល​ធ្លាប់​បាន​ធ្វើការ​ដាំ​ដុះ​កន្លង​មក​ក៏​បាន​ត្រូវ​បោះបង់ និង​បាត់បង់​ដែរ ។
  • គ្រោះ​មហន្តរាយ​ធម្មជាតិ​ផ្សេងៗ​មាន ភាពរាំងស្ងួត និង​ទឹក​ជំនន់ ។
  • ការ​រីក​រាលដាល និង​កំណើន​នៃ​ប្រជាជន ជាមួយ​និង​ការ​ពង្រីក​ភូមិដ្ឋាន ទីក្រុង ដោយ​អគារ​រដ្ឋបាល សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និង​ការដ្ឋាន​សំណង់​រោងចក្រ​នានា ។
  • ស្ថានភាព និង​តម្រូវការ​ទីផ្សារ ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​គុណភាព និង​ស្ថិរភាព​ផ្គត់ផ្គង់​
  • ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ និង​ការ​ធ្វើ​គោលនយោបាយ​កសិ-ឧស្សាហូបនីយកម្ម​ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​បង្កើន​ផលិតភាព​កសិកម្ម ។
  • ការ​ធ្វើ​យន្តូបនីយកម្ម​នៅ​ក្នុង​ផលិតកម្ម​កសិកម្ម​ដោយ​កង្វះខាត​កម្លាំង​ពលកម្ម ។ល។​
តារាង ៥.១ ពូជស្រូវ​ប្រពៃណី​កម្ពុជា​ដែល​ត្រូវ​បាន​វាយតម្លៃ​ជា​ស្រូវ​ក្រអូប (Men Sarom, 2001)

តារាង ៥.២ ពូជស្រូវ​ដែល​បាន​រំដោះ​ដោយ​គណៈកម្មាធិការ​ជាតិ​អនុសាសន៍​ពូជ​ដំណាំ​ចាប់ពី​ឆ្នាំ​១៩៩០-២០០៧

ដូច្នេះ​ដោយ​មាន​ការ​គំរាមកំហែង​ទាំង​ប៉ុន្មាន​នេះ និង​ដើម្បី​រក្សា​ទុក​នូវ​ប្រភព​ធនធាន​ពន្ធុ (Plant Genetic Resources) ដ៏​មាន​តម្លៃ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​ពូជស្រូវ​ប្រពៃណី​ទាំងនោះ​កុំ​ឲ្យ​បាត់បង់​ជា​អលជ្ជី​ទៅ​បាន ទើប​ការងារ​ប្រមូល​ពូជ និង​ការងារ​អភិរក្ស​ពូជស្រូវ គឺជា​ប្រការ​ចាំបាច់​និង​ចំពោះ​មុខ ហើយ​ក៏​ជា​ការ​ទទួល​ខុសត្រូវ​របស់​យើង​គ្រប់​គ្នា​នា​ពេល​នេះ​ផង​ដែរ ។

ការងារ​ប្រមូល​ពូជស្រូវ​ជា​លើក​ដំបូង​នៅ​កម្ពុជា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៧២ ដោយ​អ្នក​ស្រាវជ្រាវ​កម្ពុជា​ហើយ​តាម​រយៈ​ការ​ប្រមូល​នេះ​ ពូជស្រូវ​ប្រពៃណី​កម្ពុជា​ចំនួន ២៦០​ពូជ ដែល​រួម​មាន​ទាំង​ពូជស្រូវ​ខ្សាយ​ និង​ពូជស្រូវ​ដំណើប​ផង​បាន​ត្រូវ​ប្រមូល ។ នា​ជំហាន​បន្ទាប់​ពូជស្រូវ​ចំនួន ៤០០ ក៏​បាន​ត្រូវ​ប្រមូល និង​ដោយ​រួម​ជាមួយ​ពូជស្រូវ​ដែល​បាន​ប្រមូល​នៅ​ជំហាន​ទី​១ ពូជ​ប្រមូល​ទាំង​ប៉ុន្មាន​ត្រូវ​ដាំ​នៅ​ក្នុង​ស្ថានីយ​ពិសោធន៍​បែកចាន និង​ស្ថានីយ​ពិសោធន៍​ទួលសំរោង នៅ​ក្នុង​ខេត្តបាត់ដំបង ។ ដោយ​ពូជ​មួយ​ចំនួន​ដែល​បាន​ប្រមូល​មាន​ការ​ស្ទួន​គ្នា​ច្រើន​ទើប​ក្រោយ​ពី​ការងារ​វាយតម្លៃ​ក្នុង​ចំណោម​នោះ មាន​តែ​ពូជ​ចំនួន ៤៦០ ប៉ុណ្ណោះ​បាន​ត្រូវ​រក្សា​ទុក ។​

នៅ​រវាង​ចុង​ឆ្នាំ​១៩៧២ និង​ដើម​ឆ្នាំ​១៩៧៣ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​វិទ្យាស្ថាន​អន្តរជាតិ​ស្រាវជ្រាវ​អំពី​ស្រូវ (International Rice Research Institute) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន បាន​ចុះ​មក​ធ្វើការ​ប្រមូល​ពូជស្រូវ​ជា​លើក​ទី​មួយ​នៅ​កម្ពុជា ហើយ​តាម​រយៈ​ការ​រុករក​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រមូល​ពូជស្រូវ​ប្រពៃណី​ចំនួន ៧៦៥​ពូជ ដែល​ក្នុង​នោះ​មាន ១៤៦​ពូជ បាន​មក​ពី​ខេត្តកណ្តាល ១១៩​ពូជ ពី​ខេត្តកំពង់ស្ពឺ និង​៥០០​ពូជ ពី​ខេត្តបាត់ដំបង (ដោយ​សរុប​បញ្ចូល​ទាំង​ពូជ ៤៦០​ពូជ ដែល​បាន​ដាំ​នៅ​ស្ថានីយ​បែកចាន និង​ស្ថានីយ​ទួលសំរោង​ពី​មុន​ផង) ។

ការ​ចុះ​ប្រមូល​ជា​លើក​ទី​ពីរ បាន​ធ្វើ​នៅ​ក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​១៩៨៩ ដល់​ខែមករា ឆ្នាំ​១៩៩០ ដោយ​អ្នក​ស្រាវជ្រាវ​កសិកម្ម​កម្ពុជា និង​ដោយ​មានការ​រួម​សហប្រតិបត្តិការ​ជា​មួយ​មន្ទីរ​កសិកម្ម​ខេត្ត​ក្រុង​ចំនួន ១១​ខេត្ត​នៅ​ក្នុង​ប្រទេស ។ ជា​លទ្ធផល​ពូជស្រូវ​ប្រពៃណី​ចំនួន ១៣៥៨ បាន​ត្រូវ​ប្រមូល​ហើយ​ក្រោយ​ពី​បាន​ធ្វើការ​វាយតម្លៃ​នៅ​រដូវវស្សា​ឆ្នាំ​១៩៩០ ពូជស្រូវ​ចំនួន ១២៤៦​ពូជ បាន​ត្រូវ​រក្សា​ទុក ។ នៅ​ក្នុង​រវាង​ខែវិច្ឆិកា ឆ្នាំ​១៩៩០ និង​ខែមករា ឆ្នាំ​១៩៩១ ពូជស្រូវ​ប្រពៃណី​ចំនួន ១៦០០​ពូជ បាន​ត្រូវ​ប្រមូល​ពី​ខេត្ត​ចំនួន ១៣ នៅ​ក្នុង​ការ​ចុះ​ប្រមូល​លើក​ទី​៣ ។ ក្រោយ​ពី​ធ្វើការ​ផ្ទៀងផ្ទាត់​ត្រួតពិនិត្យ មាន​ពូជ​ស្ទួន​ជា​ច្រើន​បាន​ត្រូវ​រក​ឃើញ ហើយ​ក្រោយ​ពី​ការ​ជម្រុះ​ចោល​មាន​តែ​ពូជ​ចំនួន​៣៧៣ ប៉ុណ្ណោះ​ដែល​បាន​យក​ទៅ​រក្សា​ទុក ។ ការ​ប្រមូល​ក៏​បាន​ធ្វើ​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ​១៩៩២ រហូត​ដល់​ឆ្នាំ​១៩៩៧ ពី​ក្រុងព្រះសីហនុ ខេត្តកំពត ខេត្តរតនៈគិរី ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តព្រះវិហារ និង​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត ។ នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ ពូជស្រូវ​ចំនួន ២០៩៤​ពូជ បាន​ត្រូវ​ប្រមូល ។ បច្ចុប្បន្ន​មាន​តែ​ខេត្តឧត្តរមានជ័យ និង​ក្រុងប៉ៃលិន​ប៉ុណ្ណោះ​ដែល​ការ​ប្រមូល​នៅ​មិន​ទាន់​បាន​ចាប់ផ្តើម ។

៥.១.៤.២. ការ​អភិរក្ស (Conservation)

ពូជ​ប្រពៃណី​ទាំងអស់​ដែល​បាន​ប្រមូល​បាន​ត្រូវ​ដាំ​ដុះ សម្រាប់​ការ​វាយតម្លៃ វាស់វែង​នូវ​លក្ខណៈ​ក្សេត្រវិទ លក្ខណៈ​រូបសាស្ត្រ និង​លក្ខណៈ​សរីរសាស្ត្រ​នានា របស់​ពូជ​នីមួយៗ ។ នៅ​ក្នុង​ការ​វាយតម្លៃ ក៏​ត្រូវ​មានការ​សិក្សា​ផង​ដែរ​អំពី​ប្រតិកម្ម​របស់​ពូជ​ក្រោម​ឥទ្ធិពល​នៃ​បាតុភូត​ធម្មជាតិ​ផ្សេងៗ ។

ក្រោយ​ពី​លទ្ធផល​នៃ​ការ​វាយតម្លៃ​បាន​ចប់​សព្វគ្រប់​ហើយ ទិន្នន័យ​ទាំងអស់​ត្រូវ​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ​ដើម្បី​រក្សា​ទុក ។ ជា​ធម្មតា​ក្រោយ​ពី​ច្រូតកាត់​រួច គ្រាប់ស្រូវ​ត្រូវ​ហាល​ក្នុង​ម្លប់​ចំនួន ៣-៤​ថ្ងៃ រហូត​ដល់​សំណើម​នៅ​ប្រមាណ ១៤% ទើប​រើស​សម្អាត​ឲ្យ​ស្អាត​ពី​កម្ទេចកម្ទី ហើយ​ត្រូវ​សម្ងួត​បន្ត​ជាមួយ Sillica gel ក្នុង​កែវ ឬ​ប្រអប់​ដែល​បិទ​ជិត​រហូត​ដល់​សំណើម​ទាប​ជាង ១០% ។ គ្រាប់ស្រូវ​នៃ​ពូជ​នីមួយៗ ប្រមាណ ៥០​ក្រាម ក្នុង​មួយ​ពូជ​ត្រូវ​ច្រក​ដាក់​ចូល​ក្នុង​ថង់​ក្រដាស រួច​ត្រូវ​ច្រកចូល​ក្នុង​ថង់​អាលុយមីញ៉ូម​មួយ​ជាន់​ទៀត ហើយ​ទើប​អ៊ុត​បិទ​មាត់​ថង់​ជា​បន្ទាន់​ជាមួយ​ម៉ាស៊ីន​សម្រាប់​អ៊ុត ។ ថង់​ទាំងនេះ​អាច​ដាក់​ក្នុង​ស្បោង​ប្លាស្ទិក ឬ​ក្រឡ ហើយ​ដាក់​ទៅ​ក្នុង​បន្ទប់​ត្រជាក់ ។

នៅ​ក្នុង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ពូជស្រូវ​ដែល​បាន​ប្រមូល បាន​ត្រូវ​វាយតម្លៃ និង​វាស់វែង​នូវ​គ្រប់លក្ខណៈ​ទាំង​ចំនួន ៥២ លក្ខណៈ (IRRI, 1996) និង​ធ្វើការ​សិក្សា​ទៅ​លើ​ភាព​ធន់​ទ្រាំ​ទៅ​នឹង​ភាពរាំងស្ងួត (Drought resistant) ភាព​រើប​ឡើង​វិញ (Drought recovery) និង​វេទរសភាព​ទៅ​នឹង​រយៈ​ពន្លឺ ឬ​ភាព​ប្រកាន់​រដូវ (Photoperiod sensitivity) នៃ​ពូជ​នីមួយៗ​ដោយឡែកៗ​ពី​គ្នា ។ ពូជ​ទាំងអស់​បាន​ត្រូវ​កំណត់ និង​បែងចែក​ទៅ​តាម​ប្រភេទ​ស្រូវស្រាល ស្រូវកណ្តាល ស្រូវធ្ងន់ ស្រូវ​ឡើង​ទឹក ស្រូវចម្ការ និង​ស្រូវ​ក្រអូប ហើយ​ពូជ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ បាន​ត្រូវ​ជ្រើសរើស​សម្រាប់​បញ្ចូល​ទៅ​ក្នុង​ការងារ​ពិសោធន៍​ពូជ​របស់​វិទ្យាស្ថាន ។ ដោយឡែក​ពូជ​ដែល​មាន​លក្ខណៈ​ពិសេសៗ​ផ្សេងៗ​ទៀត ដូចជា​កួរ​ធំ កួរ​វែង ក្លិនក្រអូប ក៏​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ធ្វើ​ជា​មេបា​ក្នុង​កម្មវិធី​បង្កាត់​របស់​វិទ្យាសា្ថន​ផង​ដែរ ។

ក្រោយ​ពី​បាន​ជម្រុះ​ចោល​នូវ​ពូជ​ស្ទួន​រួច​ហើយ ពូជ​ចំនួន ៣៤៥៧ បាន​ត្រូវ​រក្សា​ទុក​នៅ​ក្នុង​ធនាគារ​ពូជស្រូវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហើយ​ចំនួន​ដដែល​នេះ​ក៏​បាន​រក្សា​ទុក​នៅ​ក្នុង​វិទ្យាស្ថាន​អន្តរជាតិ​ស្រាវជ្រាវ​ដំណាំ​ស្រូវ (International Rice Research Institute) ដែល​មាន​ទីតាំង​នៅ​ប្រទេស​ហ្វីលីពីន​ផង​ដែរ ។ ទិន្នន័យ​ដែល​ទទួល​បាន​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ ឯ​ឈ្មោះ​ពូជ​ស្រូវ និង​លក្ខណៈ​ទាំង ៥២ បាន​ត្រូវ​រៀបចំ​ចងក្រង​ទៅ​ក្នុង​កាតាឡុក (Catalogue) សម្រាប់​ជា​ឯកសារ ក៏​ដូចជា​ការ​ផ្សព្វផ្សាយ ។ បច្ចុប្បន្ន​មាន​កាតាឡុក​ចំនួន ៣ រួច​មក​ហើយ​ដែល​បាន​បោះពុម្ពផ្សាយ គឺ Rice Germplasm Catalog of Cambodia I, II and III (Chaudhary et al., 1992, Sahai et al, 1992 a និង b, Javier et al., 1999) ។

ក្រោយ​ពី​ការ​ច្រូតកាត់ គ្រាប់ស្រូវ​ត្រូវ​បាន​ហាល​សម្ងួត​រហូត​ដល់​សំណើម​នៅ​ប្រមាណ ១៥% ទើប​រើស​សម្អាត​ឲ្យ​ស្អាត​ពី​កម្ទេចកម្ទី ហើយ​ទើប​សម្ងួត​បន្ត​ទៅ​ទៀត​ជាមួយ Sillica gel ក្នុង​កែវ ឬ​ប្រអប់​បិទ​ជិត​រហូត​ដល់​សំណើម​ប្រមាណ ១០% ។ គ្រាប់ស្រូវ​ទំងន់​ប្រមាណ ៥០​ក្រាម ក្នុង​មួយ​ពូជ​បាន​ត្រូវ​ច្រកចូល​កូន ថង់​ក្រដាស់ រួច​ទើប​ច្រកចូល​ក្នុង​ថង់​អាលុយមីញ៉ូម​មួយ​ជាន់​ទៀត ។

៥.១.៥. ភាព​សាយភាយ​នៃ​ស្រងែ​នៅ​កម្ពុជា

ស្រងែ (Wild rices) មាន​ដុះ​រាយ​ប៉ាយ​នៅ​គ្រប់​ច្រកល្ហក​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​តាម​ដី​ទំនាប​ជុំវិញ​មាត់បឹង ត្រពាំង ជាយព្រៃ ជាយ​ចម្ការ តាម​ប្រឡាយ ដងអូរ ក្បែរ​ប្រភព​ទឹក​ចេញ តាម​ជាយ ឬ​ជ្រុង​ស្រែ រហូត​ដល់​ដុះ​លាយ​ចម្រុះ​ក្នុង​ស្រែ​ជាមួយ​ពូជស្រូវ​វប្បកម្ម នៅ​ក្នុង​គ្រប់​លក្ខខណ្ឌ​ក្សេត្រ​បរិស្ថាន​ទាំងអស់ ៘ ប៉ុន្តែ​ភាព​សម្បូរ​ហូរហៀរ​នៃ​ពពួក​ស្រងែ​នេះ​បាន​ត្រូវ​ទទួល​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង និង​អាច​ឈាន​ទៅ​រក​ការ​បាត់បង់​ទាំងស្រុង ល្គឹកណា​មិន​មាន​ការ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ស៊ីជម្រៅ​នោះ​ទេ ។ ជានិច្ច​ជា​កាល បរិស្ថាន​របស់​ស្រងែ​បាន​ត្រូវ​រំខាន រុករាន ឬ​បំផ្លាញ​ដោយ​មនុស្ស ។ ការ​កសាង​លំនៅដ្ឋាន ទីក្រុង ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន​ ការ​កាប់​ឆ្ការព្រៃ​ធ្វើស្រែ​ចម្ការ ។ល។ និង ។ល។ បាន​ធ្វើ​ឲ្យ​បរិស្ថាន​របស់​ស្រងែ​ត្រូវ​រួញ​តូច​បន្តិច​ម្តងៗ និង​អាច​ឈាន​ទៅ​រក​ការ​បាត់បង់​ទាំងស្រុង​នា​ពេល​អនាគត​យ៉ាង​ខ្លី​ដ៏​រាប​ណា​មិន​មាន​វិធានការ​ការពារ​នោះ​ទេ ។​

គេ​បាន​រក​ឃើញ​ថា​មាន​សណ្តាន​ស្រងែ​ចំនួន ២១​ប្រភេទ ស្ថិត​នៅ​ក្នុង​អំបូរ Oryza មាន​ដុះ​នៅ​ពាសពេញ​ពិភពលោក ។ ប៉ុន្តែ​ក្នុង​នោះ​មាន​ស្រងែ​តែ ១១ ប្រភេទ​ប៉ុណ្ណោះ​ដែល​គេ​ឃើញ​មាន​ប្រភព​នៅ​ក្នុង​ទ្វីបអាស៊ី​ដែល​ក្នុង​នោះ​មាន ៖

  • O eichingeri Peter
  • O granulata Nees et Arn.ex Wall
  • O longiglumis Jansen
  • O meyeriana (Zoll. Et Mor.ex Steud) Baill
  • O minuta J.S. Presl.ex C.B. Presl
  • O nivara Sharma et Shastry
  • O officinalis Wall ex Watt
  • O rhizomatis Vaughan
  • O ridleyi Hook
  • O rufipogon Griff
  • O Schlechteri Pilger

ក្នុង​ចំណោម​អំបូរ​ស្រងែ​ដែល​ដុះ​នៅ​ទ្វីបអាស៊ី យើង​សង្កេត​ឃើញ​មាន​តែ​ស្រងែ ៥​អំបូរ ប៉ុណ្ណោះ ដែល​ដុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ៖

ក. អំបូរ Oryza nivara

គឺជា​ប្រភេទ​ស្មៅ​ដែល​មាន​កម្ពស់​ទាប​ឬ​មធ្យម ដោយ​ជា​ធម្មតា​វា​មាន​កម្ពស់​ទាប​ជាង ២​ម៉ែត្រ ។ ស្រងែ​ប្រភេទ​នេះ​គេ​ប្រទះ​ឃើញ​ប្រជាករ​របស់​វា​ដុះ​រាយ​ប៉ាយ​នៅ​គ្រប់​ទីកន្លែង​តាម​តំបន់​ដែល​សើម និង​មាន​ជម្រៅ​ទឹក​រាក់​តាម​ដី​លិច​ទឹក មាត់​ត្រពាំង អណ្តូង ក្បែរ​ស្ទឹង ថ្លុក រណ្តៅ តាម​ប្រឡាយ និង​ជុំវិញ​ជាយ​ស្រែ ឬ​ដុះ​លាយ​ជាមួយ​ស្រូវ​ក្នុង​ស្រែ ។ អំបូរ Oryza nivara នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង Oryza sativa និង Oryza rufipogon ដូច្នេះ​វា​អាច​ដុះ និង​បង្កាត់​ដោយ​សេរី​ជាមួយ​អំបូរ​ទាំង​ពីរ​នោះ ។ ប៉ុន្តែ​ជា​ទូទៅ​អំបូរ Oryza nivara ច្រើន​ដុះ​នៅ​ក្នុង​ស្រែ​ដែល​មានទឹក​រាក់ៗ ហើយ​ភាគច្រើន​គឺ​ដុះ​ជា​ស្មៅ​ស្រូវ ដោយឡែក Oryza rufipogon វិញ​ច្រើន​ដុះ​នៅ​តំបន់​ដែល​មានទឹក​ជ្រៅ (​រូប ៥.៤) ។ អាស្រ័យ​ដោយ​វា​ច្រើន​ដុះ​លាយ​ជាមួយនឹង​ស្រូវ​វប្បកម្ម​យ៉ាង​ដូច្នេះ​ហើយ ទើប​ជា​ញឹកញាប់​កើត​មាន​នូវ​ការ​បង្កាត់​ឆ្លង​រវាង Oryza nivara នឹង ស្រូវ Oryza sativa ដែល​យើង​ស្គាល់​ថា​ជា​ស្មៅ​ស្រូវ ដោយ​វា​មាន​លក្ខណៈ​មួយ​ចំណែក​ណា​ដូច​ស្រូវ ដូចជា​មាន​គ្រាប់​ពេញ​ណែន ប៉ុនែ្ត​មាន​កន្ទុយ​វែងៗ ។ អំបូរ Oryza nivara ជា​អំបូរ​ស្រងែ​ឌីប្លូអ៊ីត (Diploid) ដែល​មាន ២​ន = ២៤ ដូច​ស្រូវ​ដែរ ។ អាស្រ័យ​ទៅ​លើ​ប្រជាករ​ខុសៗ​គ្នា​ក្រុម​ស្រងែ Oryza nivara នេះ​ចេញ​ផ្កា​ចាប់ពី​ខែកញ្ញា ដល់​ខែធ្នូ ។ នៅ​ក្នុង​ពេល​ខ្វះខាត​ស្បៀង គ្រាប់​ស្រងែ​នេះ​ក៏​អាច​បរិភោគ​ជំនួស​បាយ​បាន​ដែរ ។ នៅ​ប្រទេស​ឥណ្ឌា ស្រងែ​ប្រភេទ​នេះ​បាន​ត្រូវ​បរិភោគ​ដោយ​ក្រុម​ជនជាតិ​ភាគតិច អ្នក​ក្រីក្រ និង​ពួក​ព្រាហ្មណ៍​ដែល​គេ​មិន​ទទួលទាន​បាយ​នៅ​ថ្ងៃ​តម ។ នៅ​ប្រទេស​កម្ពុជា អំបូរ Oryza Nivara បាន​ត្រូវ​ប្រទះ​ឃើញ​នៅ​គ្រប់​ទីកន្លែង ពិសេស​នៅ​ក្នុង​តំបន់​ស្រែ​ទំនាប​ទីពឹង​របប​ទឹកភ្លៀង (រូប ៥.៥) ។

រូប ៥.៤ ក្សេត្រ​បរិស្ថាន​នៃ O. nivara និង O. rufipogon (Vaughan, 1994) ។ ជា​ទូទៅ O. nivara ច្រើន​ដុះ​នៅ​ក្នុង​ស្រែ​លើ​ដែល​មាន​ទឹក​រាក់ៗ និង​ភាគច្រើន​ដុះ​ជា​ស្មៅ​ស្រូវ រីឯ O. rufipogon វិញ​ច្រើន​ដុះ​នៅ​ទី​ដែល​មាន​ទឹក​ជ្រៅ ។

រូប ៥.៥ អំបូរ​ស្រងែ Oryza nivara

ខ. អំបូរ Oryza rufipogon

ជា​ប្រភេទ​ស្រងែ​ដែល​មាន​ដើម​ដុះ​ជា​កញ្ចុំៗ អាច​វារ និង​មាន​ដើម​បែក​ចេញពី​ថ្នាំង​ដូច​ស្រូវ​ឡើង​ទឹក​ដែរ ។ វា​ច្រើន​ដុះ​នៅ​តាម បឹង ថ្លុក ស្រះ ត្រពាំង រណ្តៅ ដី​លិច​ទឹក​ជ្រៅៗ និង​តាម​វាលស្រែ ពិសេស​ដីស្រែ​ស្រូវ​ឡើង​ទឹក ។ ស្រងែ​អំបូរ​នេះ​អាច​ដុះ​ក្នុង​តំបន់​ដែល​មាន​ជម្រៅ​ទឹក​ពី ០,២​ម៉ែត្រ រហូត​ដល់​៤​ម៉ែត្រ ។ តាម​ការ​សិក្សា​ស្រងែ Oryza rufipogon គឺជា​បុព្វ​អំបូរ​នៃ Oryza sativa (Khush, 2000) ដូច្នេះ​ហើយ​ទើប​អំបូរ Oryza rufipogon មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ Oryza sativa និង Oryza nivara (សូម​មើល ៥.១.៥ ក) ហើយ​វា​ក៏​អាច​បង្កាត់​ដោយ​ធម្មជាតិ​ជាមួយ​អំបូរ​ទាំង​ពីរ​នោះ ។ ជាទូទៅ​ស្រងែ​នៃ​អំបូរ Oryza rufipogon មាន​គ្រាប់​ដែល​មាន​កន្ទុយ (awn) វែងៗ​រហូត​ដល់ ៦-១០ សង្ទីម៉ែត្រ ឬ​អាច​វែង​ជាង​នេះ​ទៅ​ទៀត ។ ពពួក​ស្រងែ​នេះ ចេញ​ផ្កា​ក្នុង​ចន្លោះ​ពេល​ពី​ខែកញ្ញា​ដល់​ខែធ្នូ ។ នៅ​កម្ពុជា​គ្រាប់​ស្រងែ​នេះ​ក៏​ត្រូវ​បាន​គេ​បរិភោគ​ជំនួស​បាយ​ដែរ ពិសេស​នៅ​ពេល​មាន​បញ្ហា​ខ្វះខាត​ស្បៀង ដូច​នា​ពេល​មាន​សង្គ្រាម ឬ​ពេល​ដែល​ស្រុក​ទេស​មាន​កើត​ទុរ្ភិក្ស ។ នៅ​ប្រទេស​ប្រេស៊ីល គ្រាប់​របស់​វា​គេ​ប្រមូល និង​បរិភោគ​ដូច​ស្រូវ​ធម្មតា រីឯ​នៅ​ឥណ្ឌា​ក៏​គេ​បរិភោគ​គ្រាប់​ស្រងែ​នេះ​ដែរ ។ ដូច​អំបូរ​ស្រងែ Oryza nivara ដែរ អំបូរ Oryza rufipogon ជា​ប្រភេទ​ស្រងែ​ឌីប្លូអ៊ីត ដែល​មាន ២​ន = ២៤ និង​មាន​ដុះ​រាយ​ប៉ាយ​នៅ​ទូទាំង​ប្រទេស​យើង​ផង​ដែរ (រូប ៥.៦) ។

រូប ៥.៦ អំបូរ​ស្រងែ Oryza rufipogon

គ. អំបូរ Oryza officinalis

មាន​ដើមដង​ឈរ និង​ជា​ធម្មតា​មាន​គុម្ព​ធំៗ ដោយ​វា​មាន​គល់ (Rhizome) ហើយ​ច្រើន​ដុះ​នៅ​តាម​វាល​ព្រៃ ឬ​ព្រៃ​ដែល​មាន​ស្លឹកឈើ​ពណ៌​បៃតង​គ្រប់​រដូវ ដូចជា​ព្រៃ​ម៉ៃសាក់ នា​តំបន់​ដែល​មាន​ដុះ​រុក្ខជាតិ​ទាបៗ តាម​ទីវាល​ស្រែ​ដែល​គេ​បោះបង់​ចោល​យូរ និង​ដោយ​កម្រ​ក៏​គេ​ប្រទះ​ឃើញ​វា​មាន​ដុះ​នៅ​តាម​ជាយ​ស្រែ ឬ​ចម្ការ​ដំណាំ​ហូប​ផ្លែ​ផង​ដែរ ។ អំបូរ​ស្រងែ Oryza officinalis ក៏​ជា​ស្រងែ​ឌីប្លូអ៊ីត ដែល​មាន ២​ន = ២៤ ហើយ គេ​ក៏​អាច​ប្រទះ​ឃើញ​វា​ដុះ​នៅ​តាម​ស្នាមភ្លោះ វាលភក់​ល្បាប់ តាម​ព្រៃ​មាត់បឹង អូរ ឬ​ស្ទឹង​ដែរ (រូប ៥.៧) ។

រូប ៥.៧ អំបូរ​ស្រងែ Oryza officinalis

ឃ. អំបូរ Oryza granulata

ជា​ប្រភេទ​ស្មៅ​ដែល​ជា​ធម្មតា​មាន​កម្ពស់​ទាប​ជាង ១​ម៉ែត្រ មាន​ដុះ​តាម​តំបន់​ព្រៃធំៗ តាម​គុម្ពោត​ព្រៃ​ឫស្សី និង​អាច​ដុះ​នៅ​ក្នុង​ទីកន្លែង​សើម នៅ​ជិត​ដងអូរ កន្លែង​ទឹកជ្រោះ​ធ្លាក់ និង​ជិត​រណ្តៅ​ដែល​មាន​ទឹក​ដក់ ។ ជា​ទូទៅ​ប្រជាករ​ពពួក​នេះ​ច្រើន​ដុះ​នៅ​ក្រោម​ម្លប់ឈើ ។ វា​ជា​ប្រភេទ​រុក្ខជាតិ​ឌីប្លូអ៊ីត ២​ន = ២៤ អវេទរស​នឹង​រយៈ​ពន្លឺ (Photoperiod insensitive) ហើយ​អាច​ចេញ​ផ្កា​បាន​នៅ​គ្រប់​ខែ​ទាំងអស់ ។ នៅ​ប្រទេស​ឥណ្ឌា​គេ​អាច​ប្រើប្រាស់​ជា​ថ្នាំ​បង្ការ​កុំ​ឲ្យ​មាន​កូន (រូប ៥.៨) ។​

រូប ៥.៨ អំបូរ​ស្រងែ Oryza granulata

ង. អំបូរ Oryza ridleyi

ជា​ប្រភេទ​ស្មៅ​ដែល​ជា​ធម្មតា​មាន​កម្ពស់​ប្រមាណ ១-២ ម៉ែត្រ មាន​ដុះ​តាម​តំបន់​ព្រៃ​ធំៗ តាម​ចម្ការ​កៅស៊ូ​ចាស់ៗ​ដែល​គេ​បោះបង់​ចោល និង​នៅ​ក្នុង​ទី​ភក់ ឬ​កន្លែង​សើម​នៅ​ជិត​ទន្លេ និង​ដងអូរ ។ ជា​ទូទៅ​ប្រជាករ​ពពួក​នេះ ច្រើន​ដុះ​នៅ​ទី​ដែល​មាន​ដីមមោក និង​សារធាតុសរីរាង្គ​ខ្ពស់ ហើយ​ចូល​ចិត្ត​នៅ​ក្រោម​ម្លប់ឈើ ។ វា​ជា​ប្រភេទ​តេត្រាប្លូអ៊ីត ដែល​មាន​ក្រូម៉ូសូម​ចំនួន ២​ន = ៤៨ ហើយ​អាច​ចេញ​ផ្កា​បាន​នៅ​គ្រប់​ខែ​ទាំងអស់​លើកលែងតែ​ខែ​មីនា និង​សីហា ។ នៅ​ប្រទេស​កម្ពុជា​គេ​បាន​ប្រទះ​ឃើញ​ពពួក​នេះ នៅ​តំបន់​ព្រៃធំៗ​ក្នុង​ខេត្តសៀមរាប និង​ខេត្ត​មួយ​ចំនួន​នា​ភូមិភាគ​ឦសាន (រូប ៥.៩) ។

រូប ៥.៩ អំបូរ​ស្រងែ Oryza ridleyi

ក្រៅពី​នៅ​ទ្វីបអាស៊ី គេ​ក៏​ប្រទះ​ឃើញ​ពពួក​ស្រងែ ៤​អំបូរ​ដែល​មាន​ប្រភព​នៅ​ទ្វីបអាហ្វ្រិក​ផង​ដែរ​ដូចជា ៖

  • O barthii A.Chev
  • O brachyantha A. Chev.et Roehr
  • O longistaminata A. Chev.et Roehr
  • O punctata Kotschy ex Steud

នៅ​ទ្វីបអាមេរិក​ខាងត្បូង គេ​ក៏​ប្រទះ​ឃើញ​មាន​អំបូរ​ស្រងែ​មួយ​ចំនួន​រួម​មាន ៖

  • O alta Swallen
  • O glumaepatula Steud
  • O grandiglumis (Doell) Prod
  • O latifolia Desv

ហើយ​ក្រៅ​ពី​នេះ ស្រងែ​ក៏​មាន​ប្រភព​នៅ​អូស្ត្រាលី​ផង​ដែរ​ដូចជា ៖

  • O australiensis Domin
  • O meridionalis Ng

ដើម្បី​កំណត់​ទៅ​លើ​អំបូរ​ស្រងែ​ផ្សេងៗ​គ្នា​នេះ ការ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​អំពី​លក្ខណៈ​រូបសាស្ត្រ​នៃ​ដើម​ស្លឹក កួរ និង​គ្រាប់ (រូប ៥.១០) និង​លក្ខណៈ​សរីរសាស្ត្រ​មួយ​ចំនួន​ដូច​បាន​បរិយាយ​ពី​ខាងលើ​ត្រូវ​តែ​អនុវត្ត ។​

រូប ៥.១០ ទម្រង់​គ្រាប់​នៃ​អំបូរ (Species) ផ្សេងៗ នៅ​ក្នុង​សណ្តាន (Genus) Oryza (Vaughan, 1994)
1. O. schlechteri 2. O. brachyantha 3. O. longiglumis 4. O. ridleyi 5. O. granulate 6. O. meyeriana 7. O. minuta 8. O. officinalia 9. O. rhizomatis 10. O. eichingeri 11. O. punctata 12. O. latifolia 13. O. alta 14. O. grandiglumis 15. O. australiensis 16. O. meridionalis 17. O. rufipogon 18. O. nivara 19. O. sativa 20. O. longistaminata 21. O. barthii 22. O. glaberrima

៥.១.៥.១. ផលប្រយោជន៍​នៃ​ស្រងែ

តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ពពួក​ស្រងែ​ដែល​ស្ថិត​នៅ​ក្នុង​សណ្តាន Oryza មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ផ្នែក​ជីវៈប្រព័ន្ធ (biosystematic) ជាមួយ​អំបូរ​ស្រូវ​ធម្មតា ឬ Oryza sativa L. ។ ដូច្នេះ​ស្រងែ​មាន​ផលប្រយោជន៍​យ៉ាង​ពិសេស​នៅ​ក្នុង​ការងារ​បសិដ្ឋកម្ម​ស្រូវ (Rice Improvement Program) ដោយ​គេ​អាច​ផ្ទេរ​ពន្ធុ​ដែល​មាន​តម្លៃ​ពី​ស្រងែ​មក​ស្រូវ​ធម្មតា​តាម​រយៈ​ការ​បង្កាត់ (sexual crosses) ឬ​ដោយ​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​ក្នុង​ជីវៈបច្ចេកវិទ្យា (Biotechnology) ដូចជា wide hibridization, genetic engineering, tissue and cell culture, and protoplast fusion ៘ ជា​ទូទៅ​ស្រងែ​មាន​បម្រែបម្រួល​ពន្ធុ​ខ្ពស់​លើ​ភាព​ធន់​ត្រាំ​ទៅ​នឹង​ជំងឺ និង​សត្វល្អិត​ចង្រៃ​ជាង​ស្រូវ​ធម្មតា ។​

យោង​តាម​លទ្ធផល​នៃ​ការ​វាយតម្លៃ​សិក្សា​ទៅ​លើ​សណ្តាន​ស្រងែ​របស់​អំបូរ Oryza គេ​បាន​បង្ហាញ​ថា មាន​ប្រភេទ​ស្រងែ​យ៉ាងច្រើន​ដែល​មាន​លក្ខណៈ​ពិសេសៗ​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ការ​បង្កើន​ផលិតភាព​ដំណាំ​ស្រូវ ។ ក្នុង​នេះ​មាន​ដូចជា​ភាព​ធន់​ត្រាំ​ចំពោះ​ជំងឺ និង​សត្វល្អិត​ផ្សេងៗ ភាព​ធន់​ទ្រាំ​ទៅ​នឹង​កត្តា​អជីវ (Abiotic stresses) និង​និប្ផលភាព​នៃ​កេសរ​ឈ្មោល​នៅ​ស៊ីតូបា្លស (Cytoplasmic male sterility) ។ នា​រយៈ​កន្លង​មក​គេ​បាន​ផ្ទេរ​យ៉ាង​ជោគជ័យ​បញ្ចូល​ទៅ​ក្នុង​ពូជស្រូវ​វប្បកម្ម​នូវ​លក្ខណៈ​ដែល​មាន​សារៈ​ប្រយោជន៍​ជា​ច្រើន ដូចជា ស្រឡាយ​ចំនួន ៤ នៃ​ពូជ MTL98, MTL103, MTL105 និង MTL110 បាន​ពី​ការ​បង្កាត់​រវាង O. sativa និង O. officinalis ហើយ​ដែល​មាន​លក្ខណៈ​ធន់​ទ្រាំ​ទៅ​នឹង​ពពួក​មមាច​ត្នោត និង​ការ​ផ្ទេរ​ពន្ធុ​ដែល​ធន់​ទ្រាំ​នឹង​ជំងឺ​តឿ​ស្មៅ​ពី O. nivara មក​ក្នុង​ពូជ IR 36 ។ល។ (តារាង​ទី ៥.៣) ។

តារាង ៥.៣ សារប្រយោជន៍​នៃ​អំបូរ​ស្រងែ (Oryza) នៅ​ក្នុង​ការងារ​បសិដ្ឋកម្ម​ពូជស្រូវ

៥.១.៥.២. ការ​ប្រមូល​ស្រងែ

អាស្រ័យ​ដោយសារ​សំខាន់​ដូច​បាន​រៀបរាប់​ពី​ខាងលើ ទើប​ស្រងែ​ត្រូវ​បាន​ទទួល​ការ​យកចិត្តទុកដាក់ និង​បាន​ទទួល​ការ​ប្រមូល និង​អភិរក្ស​ទុកជា​ហូរហែ ។ នៅ​ប្រទេស​កម្ពុជា​ការ​ចុះ​ប្រមូល​ស្រងែ​ជា​លើក​ទី​១ បាន​ត្រូវធ្វើ​ឡើង​ក្នុង​ឆ្នាំ​១៩៩០ ដោយ​អ្នក​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​អន្តរជាតិ​ស្រាវជ្រាវ​អំពី​ស្រូវ (IRRI) នៅ​ក្នុង​ខេត្ត​ចំនួន​៤ (Vaughan 1994) ។ ពពួក​ស្រងែ​ដែល​ប្រមូល​បាន​ទាំងនោះ​មាន​នៅ​ក្នុង​អំបូរ Oryza nivara និង Oryza rufipogon ហើយ​នា​ពេល​ជាមួយ​គ្នា​ដែរ​ស្រងែ​អំបូរ Oryza spontanea និង​ពពួក​ស្រងែ ដែល​ជា​ការ​បង្កាត់​រវាង​អំបូរ Oryza nivara និង Oryza rufipogon ក៏​ត្រូវ​បាន​ប្រមូល​ផង​ដែរ ។ ក្នុង​ការ​ចុះ​ប្រមូល​នេះ ​សំណាក​ជា​ច្រើន​បាន​ប្រមូល​បាន​ជា​គ្រាប់ និង​ខ្លះ​ទៀត​គឺ​បាន​យក​ជាដើម ឬ​គុម្ព​ដើម្បី​យក​ទៅ​ដាំ​បន្ត​យក​គ្រាប់ ។ សំណាក​ទាំង​អស់នេះ បាន​បញ្ជូន​ទៅ​វិទ្យាស្ថាន​អន្តរជាតិ​ស្រាវជ្រាវ​អំពី​ស្រូវ ដើម្បី​ធ្វើការ​វាយតម្លៃ និង​សិក្សា​លើ​លក្ខណៈ​ផ្សេងៗ ចងក្រង​ជា​ឯកសារ និង​ដើម្បី​អភិរក្ស​ទុក ។

ការ​ប្រមូល​ពពួក​ស្រងែ​ជា​បន្ត​មក​ទៀត គឺ​បាន​ធ្វើ​ឡើង​ក្នុង​កំឡុង​ឆ្នាំ​១៩៩៥ ដល់ ឆ្នាំ​១៩៩៧ ដោយ​អ្នក​វិទ្យាសាស្ត្រ​កម្ពុជា ក្រោម​ការ​ឧបត្ថម្ភ​ពី​កម្មវិធី​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ស្វីស (Swiss Development Cooperation) តាម​រយៈ​វិទ្យាស្ថាន​អន្តរជាតិ​ស្រាវជ្រាវ​អំពី​ស្រូវ (IRRI) និង​អង្គការ​កម្ពុជា-អ៊ីរី (Cambodia-IRRI Australia Project) ។ ការ​ចុះ​ប្រមូល​នេះ​បាន​ធ្វើ​ជាមួយ​ការ​ប្រមូល​ពូជស្រូវ​ធម្មតា​ដែរ ហើយ​ជា​លទ្ធផល​គឺ​យើង​ប្រមូល​បាន​ស្រងែ​ចំនួន ៥៨០ សំណាក មក​ពី​ខេត្ត​ចំនួន ១៤ និង​រាជធានី​ភ្នំពេញ ។ សំណាក​ទាំងនោះ​ក្រោយ​ពី​បាន​សម្ងួត និង​សម្អាត​ច្រក​ខ្ចប់​ត្រឹមត្រូវ បាន​ត្រូវ​រំលែក​ជា​២​ផ្នែក​គឺ មួយ​ផ្នែក​បាន​ផ្ញើ​បញ្ជូន​ទៅ​វិទ្យាស្ថាន​អន្តរជាតិ​ស្រាវជ្រាវ​ដំណាំ​ស្រូវ ដើម្បី​ធ្វើការ​វាយតម្លៃ​នូវ​លក្ខណៈ​នានា និង​ថែរក្សា​ទុក​នៅ​ក្នុង​ធនាគារ​ពូជ​នៅ​ទីនោះ ឯ​មួយ​ចំណែក​ទៀត​បាន​រក្សា​ទុក​នៅ​បន្ទប់​ត្រជាក់ សម្រាប់​រក្សា​ពូជ​រយៈពេល​ខ្លី​នៅ​ក្នុង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ។

៥.២. ជម្រើសវិទ្យា​នៃ​ដំណាំ​ស្រូវ

មនុស្ស​សត្វ​គ្រប់ៗ​រូប​អាច​រស់នៅ​បាន អាស្រ័យ​ដោយ​មាន​អាហារ​សម្រាប់​បរិភោគ ។ មិន​ថា​អាហារ​នោះ​មាន​ប្រភព​មក​ពី​ណា​ទេ សុទ្ធតែ​មាន​ដើម​កំណើត​មក​ពី ឬ​ពាក់​ព័ន្ធ​ទៅ​នឹង​រុក្ខជាតិ​ទាំងអស់ ។ រុក្ខជាតិ​គឺជា​ភាវរស់​តែ​មួយ​គត់​ដែល​អាច​ចាប់​យក​ពន្លឺព្រះអាទិត្យ ហើយ​បម្លែង​ឲ្យ​ទៅ​ជា​ថាមពល និង​ជីវជាតិ​ផ្សេងៗ​សម្រាប់​ជា​ចំណីអាហារ​ដល់​មនុស្ស​សត្វ​គ្រប់​ប្រភេទ ។ ឧទាហរណ៍ ស្រូវ ពោត សណ្តែក គឺជា​រុក្ខជាតិ​ដែល​បាន​ផ្តល់​ជា​អាហារ​ដ៏​មាន​សារសំខាន់​ដល់​មនុស្ស​សត្វ​គ្រប់​រូប សម្រាប់​យក​ទៅ​កែច្នៃ​ជា​ប្រភេទ​ម្ហូបអាហារ​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​ខ្លួន ។ ក្រៅពី​នេះ សាច់សត្វ ស៊ុត និង​ផលិតផល​ទឹកដោះ ក៏​សុទ្ធតែ​មាន​ប្រភព​មក​ពី​រុក្ខជាតិ​ដែរ ព្រោះថា​រុក្ខជាតិ​ទាំងឡាយ​គឺជា​ប្រភព​មូលដ្ឋាន​ដើម​នៃ​អាហារ​ចម្បង និង​តែ​មួយ​គត់​សម្រាប់​មនុស្ស និង​សត្វ​ទាំងអស់​ដែល​រស់នៅ​លើ​ភព​ផែនដី​យើង​នេះ ។ អាស្រ័យ​ដោយសារ​សំខាន់​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នៃ​រុក្ខជាតិ​ចំពោះ​រាល់​ជីវិត​នៅ​លើ​លោក​នេះ​ហើយ ទើប​ចាប់តាំងពី​ដើមដំបូង​នៃ​ការ​វិវត្ត​របស់​ខ្លួន មនុស្ស​បាន​ព្យាយាម​កែ​លម្អ​រុក្ខជាតិ​ព្រៃ ឬ​បង្កើត និង​អភិវឌ្ឍ​ពូជ​ថ្មីៗ ស្រប​តាម​តម្រូវការ​របស់​ខ្លួន ។ ដូច្នេះ​ដោយ​សម្បជញ្ញៈ​កី្ត ឬ​ដោយ​មិន​សម្បជញ្ញៈ​ក្តី មនុស្ស​បាន​បង្កើត ឬ​អភិវឌ្ឍ​ពូជ​ដំណាំ​ថ្មីៗ​ទៅ​តាម​តម្រូវការ​ដែល​ខ្លួន​មាន ។ បច្ចុប្បន្ន​វិទ្យាសាស្ត្រ​ដែល​ប្រើ​សម្រាប់​ការ​អភិវឌ្ឍ​ពូជ​ថ្មីៗ​នេះ គេ​ឲ្យ​ឈ្មោះ​ថា រុក្ខជម្រើសវិទ្យា ឬ Plant Breeding ជា​ភាសា​អង់គ្លេស និង Selection ជា​ភាសា​បារាំង ។

៥.២.១. និយមន័យ

រុក្ខជម្រើសវិទ្យា (Plant Breeding) គឺជា​ខ្នែង​មួយ​នៃ​វិទ្យាសាស្ត្រ​ដែល​ប្រើប្រាស់​ពន្ធុវិទ្យា (Genetics) ជា​មូលដ្ឋាន​ក្នុង​ការ​អភិវឌ្ឍ​ពូជ​ថ្មីៗ ល្អ​ប្រសើរ​ជាង​ពូជ​ធ្លាប់​មាន ដោយ​សម្រប​ទៅ​តាម​តម្រូវការ​ជាក់​សែ្តង​នៃ​លក្ខខណ្ឌ​បច្ចេកទេស លក្ខខណ្ឌ​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​បរិស្ថាន​ក្នុង​យថា​តំបន់​ណា​មួយ ។

៥.២.២. គោលបំណង

គោលបំណង​ចម្បង​មួយ​នៃ​រុក្ខ​ជម្រើសវិទ្យា​គឺ​ការ​បង្កើន​ទិន្នផល​ដំណាំ ។ នេះ​គឺជា​គន្លឹះ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ផលិតភាព​កសិកម្ម និង​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ដែល​កំពុង​តែ​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ទាំងឡាយ​នៃ​ពិភពលោក ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចំនួន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពិភពលោក ចេះ​តែ​កើនឡើង​ឥត​ឈប់​ឈរ​ ហើយ​នា​ពេល​ជាមួយ​គ្នា​នេះ​ដែរ តម្រូវការ​ស្បៀង​ក៏​កើនឡើង​យ៉ាង​ខ្លាំង ។ ផ្ទុយ​ទៅ​វិញ​អាស្រ័យ​ដោយ​កត្តា​សេដ្ឋកិច្ច និង​សង្គម ផ្ទៃដី​បង្កបង្កើន​ផល​កាន់តែ​ថយ​ចុះ​ជា​លំដាប់ ។

នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ នៃ​សតវត្ស​ទី​២០ ការ​បង្កើត​ឡើង​នៃ​ពូជស្រូវ​ទំនើប​អ៊ីអ៊ែរ ៨ បាន​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​បដិវត្ត​បៃតង​សម្រាប់​ដំណាំ​ស្រូវ ។ ពូជស្រូវ​អ៊ីអ៊ែរ ៨ គឺជា​ពូជ​ដែល​បាន​អភិវឌ្ឍ​ឡើង​តាម​ការ​បង្កាត់​រវាង​ពូជ​ប្រពៃណី​ពីរ​ពូជ បាន​ផ្តល់​ទិន្នផល​ខ្ពស់​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វប្បកម្ម​ដំណាំ​ស្រូវ ហើយ​ដោយ​មូលហេតុ​នេះ​ក៏​ត្រូវ​បាន​ប្រើ​ជា​បន្តបន្ទាប់​ក្នុង​ការ​អភិវឌ្ឍ​ពូជស្រូវ​ថ្មីៗ ដែល​មាន​ទិន្នផល​ខ្ពស់​បនែ្ថម​ទៀត សម្រាប់​ផ្តល់​ឲ្យ​ប្រជា​កសិករ​ប្រើប្រាស់ ។ ដោយឡែក​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សមិទ្ធផល​នៃ​បដិវត្តន៍​បៃតង​មិន​បាន​សាយភាយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ឡើយ ដោយ​សង្គ្រាម​នៅ​ឥណ្ឌូចិន​បាន​ឆាបឆេះ​ ហើយ​ក៏​បាន​ទាញ​ប្រទេស​នេះ​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​អស់​រយៈកាល​ជិត​បី​ទសវត្សរ៍ ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​ដែល​ភ្នក់​ភ្លើង​សង្គ្រាម​បាន​រលត់​ផុត​ទៅ ពូជស្រូវ​ថ្មីៗ​ជា​ច្រើន​បាន​ត្រូវ​អភិវឌ្ឍ​តាម​វិធីសាស្ត្រ​ផ្សេងៗ​នៃ​រុក្ខ​ជម្រើសវិទ្យា ដែល​នេះ​គឺជា​កត្តា​យ៉ាង​សំខាន់​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំងក្លា​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ និង​ជា​គន្លឹះ​យ៉ាង​សំខាន់​ក្នុង​ការ​ឈាន​ទៅ​ម្ចាស់​ការ​ក្នុង​ការ​ផ្គត់ផ្គង់​ផលិតផល​ស្រូវ​នៅ​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​បរទេស ។

ទន្ទឹម​នឹង​នេះ តែ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ទិស​ដៅ​បង្កើន​ទិន្នផល​នេះ​ដែរ កត្តា​ផ្សេងៗ​ពាក់​ព័ន្ធ​មួយ​ចំនួន​ក៏​ត្រូវ​បាន​ប្រឈម និង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ផង​ដែរ ។ ការ​អភិវឌ្ឍ​ពូជស្រូវ​ថ្មីៗ ដែល​មាន​អាយុកាល​ខ្លី ឬ​អាយុកាល​សម​ស្រប​ទៅ​នឹង​ក្សេត្រ​បរិស្ថាន អវេទរសភាព​នឹង​រយៈ​ពន្លឺ មាន​លក្ខណៈ​រូបសាស្ត្រ​សម​ស្រប មាន​កម្ពស់​ទាប ទៅ​មធ្យម ៘ ក៏​បាន​ក្លាយជា​កម្មវត្ថុ​ចម្បង​ក្នុង​ការ​អនុវត្ត​ដើម្បី​ឈាន​ទៅ​រក​ការ​បង្កើន​ទិន្នផល​ចាំបាច់​មួយ ។​

ការ​បង្កើន​ផលិតភាព​កសិកម្ម ពិសេស​លើ​ដំណាំ​ស្រូវ​ត្រូវ​ប្រឈម​ផង​ដែរ​ទៅ​នឹង​កត្តា​បរិស្ថាន​ផ្សេងៗ​រួម​មាន​កត្តា​ជីវ (Biotic factors) និង កត្តា​អជីវ (Abiotic factors) ។ ភាព​តឹងតែង ឬ ស្ត្រេស (Stress) ដែល​បណ្តាល​មក​ពី​កត្តា​ជីវ (Biotic stresses) គឺ​មាន​មក​ពី​ការ​បំផ្លាញ​នៃ​ពពួកសត្វ​ល្អិត ជំងឺ ឬ​ទុរករ (កត្តាចង្រៃ) ផ្សេងៗ​ទៀត ។ ឯ​ភាព​តឹងតែង ឬ​ស្ត្រេស (Stress) ដែល​បណ្តាល​មក​ពី​កត្តា​អជីវ (Abiotic stresses) គឺ​មាន​មក​ពី​ការ​បំផ្លាញ​ដោយ​កត្តា​ធាតុអាកាស​ ដូចជា ភាពរាំងស្ងួត ភាព​ជន់​លិច​នៃ​ទឹកជំនន់ ភាព​ក្តៅហែង​ខ្លាំង​ពេក ឬ​ត្រជាក់​ខ្លាំង​ពេក ជាតិពុល​នៃ​ដី ភាព​ជូរ ឬ​ប្រៃ ឬ ភាព​ខ្វះ​ជីជាតិ​នៃ​ដី ៘

ដូច្នេះ​ការ​អភិវឌ្ឍ​ពូជស្រូវ​ធន់​ជាមួយនឹង​សត្វល្អិត ជំងឺ បញ្ហា​ដី​ផ្សេងៗ និង​កត្តា​អាកាសធាតុ​ក៏​បាន​ក្លាយជា​កម្មវត្ថុ​យ៉ាង​សំខាន់​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ ។

ក្រៅពី​កត្តា​ទិន្នផល កម្មវិធី​បង្កើន​គុណភាព​ផលិតផល​ដំណាំ ក៏​កំពុង​តែ​ជា​ប្រធានបទ​យ៉ាង​សំខាន់​នៅ​ក្នុង​ផលិតកម្ម​កសិកម្ម ជា​ពិសេស​លើ​ផលិតកម្ម​ដំណាំ​ស្រូវ ។ នេះ​គឺជា​ប្រការ​មួយ​ដែល​តឹងតែង និង​ស្មុគ្រស្មាញ ដោយហេតុ​ថា​គុណភាព​គឺជា​អ្វី​ដែល​អាច​វាស់វែង​បាន (Measurable) និង​មិន​អាច​វាស់វែង​បាន (Immeasurable) ។

នៅ​ក្នុង​ការ​សិក្សា​ពី​គុណភាព អ្វី​ដែល​អាច​វាស់វែង​បាន គឺ​មាន​នៅ​លើ​លក្ខណៈ​ប្រែប្រួល​ដោយ​បរិមាណ (Quantitative traits) ដូចជា ទំហំ ប្រវែង ឬ ទម្ងន់ ។ល។ ឯ​អ្វី​ដែល​មិន​អាច​វាស់វែង​បាន គឺជា​អ្វី​ដែល​មាន​នៅ​លើ​លក្ខណៈ​ប្រែប្រួល​ដោយ​គុណភាព (Qualitative traits) ដូចជា​រសជាតិ ក្លិន ។ល។ ដែល​នេះ​គឺជា​ការ​ពិបាក​ដោយហេតុ​ថា​នៅ​ក្នុង​ការ​វាស់វែង លក្ខណៈ​ទាំងនេះ​វា​មាន​ភាព​អាស្រ័យ​ច្រើន​ទៅ​នឹង​អ្នក​វាយតម្លៃ ដូច្នេះ​លទ្ធផល​របស់​វា​ក៏​មាន​ការ​ប្រែប្រួល​ខ្លាំង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត ។ ទោះជា​យ៉ាងនេះ​ក្តី វិធីសាស្ត្រ​ជា​ច្រើន​បាន​ត្រូវ​យក​មក​អនុវត្ត​ជា​បណ្តើរៗ​នៅ​ក្នុង​មន្ទីរពិសោធន៍​ដើម្បី​កាត់​បន្ថយ​នូវ​អាស្រ័យ​ភាព​នេះ ។​

ជា​ការ​ពិត ការ​អភិវឌ្ឍ​ពូជ​មួយ​ដែល​មាន​រួម​បញ្ចូល​នូវ​គ្រប់លក្ខណៈ​សំខាន់ៗ​ដែល​ចង់បាន គឺ​ពិតជា​ពុំ​អាច​ធ្វើ​បាន ឬ​ក្នុង​លក្ខណៈ​តឹងតែង​បំផុត​ទាំង​នា​អតីតកាល ក៏​ដូច​នា​ពេល​បច្ចុប្បន្ន ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី និង​អាស្រ័យ​ដោយ​មាន​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នៃ​វិទ្យាសាស្ត្រ​អនុវត្តន៍​នានា ជា​ពិសេស​ការ​រីក​ចម្រើន​ជឿនលឿន​យ៉ាង​ខ្លាំងក្លា​នៃ​ជីវបច្ចេកវិទ្យា​នោះ ក្តី​ស្រមៃ​នៃ​រុក្ខ​ជម្រើស​វិទូ​ក្នុង​ការ​អភិវឌ្ឍ​ពូជស្រូវ​ទំនើប​ល្អៗ បម្រើ​នូវ​តម្រូវការ​កសិករ និង​ទីផ្សារ​អាច​ឈាន​ដល់​ការ​សម្រេច​ជា​ពិតប្រាកដ​នា​ពេល​អនាគត​ខាង​មុខ ។

៥.២.៣. ប្រភេទ​នៃ​ការ​បន្តពូជ (Mode of Reproduction)

ការ​យល់​ដឹង​អំពី​ប្រភេទ​នៃ​ការ​បន្ត​ពូជ​នៅ​ក្នុង​ពិភព​រុក្ខជាតិ និង​រូបសាស្ត្រ​នៃ​ផ្កា​របស់​វា​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ដល់​ការ​ជ្រើសរើស​វិធីសាស្ត្រ​នៃ​ជម្រើសវិទ្យា​សម្រាប់​យក​មក​អនុវត្ត ។ នៅ​ក្នុង​អាណាចក្រ​រុក្ខជាតិ មាន​ប្រភេទ​បន្ត​ពូជ​បី​យ៉ាង​គឺ ៖

៥.២.៣.១. ការ​បន្ត​ពូជ​ដោយ​សរីរាង្គ​លូតលាស់ (Vegetative Reproduction)

គឺជា​ការ​បន្ត​ពូជ​អភេទ (Asexual Reproduction) ដោយ​សរីរាង្គ​លូតលាស់ ។ ជា​ធម្មតា​នៅ​ក្នុង​ការ​បន្ត​ពូជ​បែប​នេះ​គឺ​មាន​នៅ​ជា​ពិសេស​លើ​ក្រុម​រុក្ខជាតិ​ដែល​មាន អេតេរ៉ូស៊ីកូតភាព (Heterozygosity) នៅ​ក្នុង​សេណូទីប​របស់​វា ។ ការ​បន្ត​ពូជ​ប្រភេទ​នេះ​មាន​ជា​ទូទៅ​នៅ​លើ ៖

  1. រុក្ខជាតិ​ដែល​គ្មាន​ផ្កា ឬ​រុក្ខជាតិ​និប្ផល (Flowerless or sterile flower) ដូចជា ស្លឹកគ្រៃ ខ្ទឹមស ដំឡូងជ្វា ដំឡូងដូង ត្រាវ ខ្ញី ។ល។
  2. រុក្ខជាតិ​ដែល​មាន​ដំណាក់កាល​យុវភាព (Juvenile phase ឬ Juvenile Stage ឬ Basic Vegetative Period) វែង ឬ​ជា​រុក្ខជាតិ​ដែល​មាន​រយៈពេល​យូរ​ពី​ពេល​ដាំ​ដោយ​គ្រាប់ ដល់​ថ្ងៃ​ចេញ​ផ្កា (Men Sarom, 1996) ។ ជា​ទូទៅ​ក្រុម​នេះ​គឺជា​ពពួក​ឈើ​ហូប​ផ្លែ ដូចជា ស្វាយ ក្រូច ធុរេន គូលែន មៀន ប៉ោម និង​ពពួក​រុក្ខជាតិ​លម្អ​មួយ​ចំនួន​ធំ ៘
  3. រុក្ខជាតិ​ដែល​មាន​ផ្កា​ប៉ុន្តែ​មិន​មាន​ដាក់​គ្រាប់ ឬ​ការ​ដាក់​គ្រាប់​មិន​បាន​ល្អ ។ ក្រុម​នេះ​មាន​នៅ​លើ​រុក្ខជាតិ​មួយ​ចំនួន​ដូចជា ដំឡូងមី អំពៅ ចេក ៘

តាម​រយៈ​ការ​បន្ត​ពូជ​ដោយ​សរីរាង្គ​លូតលាស់ លើកលែងតែ​មាន​កត្តា​ដែល​ជំរុញ ដែល​នឹង​នាំ​ឲ្យ​មានការ​ប្រែប្រួល​លើ​ពន្ធុសាស្ត្រ​ណា​មួយ​កើតឡើង ដូចជា​អំពើ​នៃ​បរិវត្តកម្ម (Mutation) ជាដើម ពន្ធុសាស្ត្រ​នៃ​ពូជ​មេ​បាន​ត្រូវ​ចម្លង​ទាំងស្រុង​ទៅ​កូនចៅ​ជំនាន់​ក្រោយ ។ ដោយ​ឈរ​នៅ​លើ​មូលដ្ឋាន​នេះ និង​ដើម្បី​រក្សា​ឲ្យ​បាន​ទាំងស្រុង​នូវ​ពន្ធុសាស្ត្រ​របស់​ពូជ​មេ ឬ​នូវ​លក្ខណៈ​ដើម​ទាំងស្រុង​របស់​ពូជ​រុក្ខជាតិ​មួយ​ចំនួន ដែល​ជា​ធម្មតា​បន្ត​ពូជ ដោយ​ភេទ ឬ​ដោយ​គ្រាប់ (ឧទាហរណ៍ ពពួក​ឈើ​ហូប​ផ្លែ) ក៏​ត្រូវ​បាន​បន្ត​ពូជ​ដោយ​សរីរាង្គ​លូតលាស់​ដែរ ។ មាន​វិធីសាស្ត្រ​ជា​ច្រើន​ដែល​ត្រូវ​បាន​អនុវត្ត​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ការ​បន្ត​ពូជ​ដោយ​សរីរាង្គ​លូតលាស់ ដូចជា ៖

  • ការ​កាត់​បណ្តុះ: មែក ឬ​ដើម​នៃ​រុក្ខជាតិ​មេ​បាន​ត្រូវ​កាត់​ជា​កំណាត់​ខ្លីៗ​ប្រវែង​ប្រមាណ ២០ ទៅ ៣០ សង្ទីម៉ែត្រ រួច​យក​ទៅ​ដោត​នៅ​នឹង​ដី​ដែល​បាន​រៀបចំ ។ តាម​វិធី​នេះ គេ​ឃើញ​មានការ​បន្ត​ពូជ​នៃ​ដំឡូងមី អំពៅ និង​រុក្ខជាតិ​លម្អ​មួយ​ចំនួន ។ ក្រៅពី​ការ​កាត់​ដើម ឬ​មែក ចំពោះ​រុក្ខជាតិ​ខ្លះ​អាច​បន្ត​ពូជ​បាន​ដោយ​ស្លឹក (ដើម​តែ) ឬ​ដោយ​កាត់​ឫស (ចំប៉ាដក់) ។
  • ការ​ផ្សាំ (Grafting): នេះ​គឺជា​វិធីសាស្ត្រ​ដែល​គេ​និយម​ប្រើ​ច្រើន ដូច្នេះ​ផ្នែក​រុក្ខជាតិ​ដែល​ប្រើ​នៅ​ក្នុង​នេះ ក៏​មាន​ការ​ប្រែប្រួល​ខុសៗ​គ្នា​ទៅ​តាម​ប្រភេទ​រុក្ខជាតិ​ផង​ដែរ ។ ជា​ធម្មតា​នៅ​ក្នុង​វិធី​នេះ​ចាំបាច់​ត្រូវ​ឲ្យ​មាន​ដើម​ទម្រ (Rootstock) និង​មែក​ទម្រ (Scion) ។ ដើម​ទម្រ គឺជា​រុក្ខជាតិ ឬ​ពូជ ឬ​ដើម​ដែល​មាន​ភាព​បន្សាំ​ខ្ពស់​ទៅ​នឹង​យថា​បរិស្ថាន ដោយ​វា​មាន​ប្រព័ន្ធ​ឫស​មាំ​ឬ​ធន់​ជាមួយនឹង​ជំងឺ​ផ្សេងៗ​ដែល​មាន​ប្រភព​ពី​ដី ឯ​មែក​ទម្រ​គឺជា​រុក្ខជាតិ ឬ ពូជ ឬ​ដើម​ដែល​ផ្តល់​ផល​ខ្ពស់ ឬ​មានគុណ​ភាពល្អ​តាម​ការ​ចង់បាន ។ នៅ​ក្នុង​ការ​ផ្សាំ​មែក​ទម្រ អាច​ជា​មែក (Branch) ឬ​ជា​ភ្នែក (Bud) អាស្រ័យ​លើ​ប្រភេទ​រុក្ខជាតិ​ដែល​ត្រូវ​ធ្វើ ។
  • ការ​សាក ឬ​បំបៅ (Layering): គឺជា​វិធីសាស្ត្រ​បន្ត​ពូជ​ដោយ​ទុក​ឲ្យ​កូន​រុក្ខជាតិ​នៅ​ជាមួយ​ដើម​មេ​ទម្រាំ​ដុះ​ឫស និង​អាច​រស់​ដោយ​ខ្លួនឯង​បាន ទើប​កាត់​ចេញ​យក​ទៅ​ដាំ​ដោយ​ផ្ទាល់​នៅ​ដី ។ យើង​អាច​ចែក​វិធី​នេះ​ជា​ពីរ​ទៀត​គឺ ៖ ការ​បំបៅ​ខ្យល់ (Air-layering) និង​បំបៅ​ដី (Groundlayering) ។ ចំពោះ​ការ​បំបៅ​ខ្យល់ គឺជា​ការ​សាក​មែក​រុក្ខជាតិ​ដែល​ស្ថិត​នៅ​ខ្ពស់​ពី​ដី​រហូត​ទាល់តែ​មែក​នោះ​ដុះ​ឫស​គ្រប់គ្រាន់ ទើប​កាត់​មែក​ដែល​បាន​បំបៅ​នោះ​យក​ទៅ​ដាំ​នៅ​ដី ។ ដោយឡែក​ការ​បំបៅ​ដី​គឺ​ការ​សាក​មែក​រុក្ខជាតិ​ដែល​ងាយ​ពត់ និង​ងាយ​ដុះ​ឫស ដោយ​ទាញ​ពត់​កប់​ទៅ​ក្នុង​ដី រហូត​ទាល់តែ​មែក​នោះ​ដុះ​ឫស​ដោយ​ខ្លួនឯង ទើប​កាត់​យក​ទៅ​ដាំ ។ ករណី​ចុង​ក្រៅ​នេះ​មាន​ដូចជា​ការ​សាក​ដើម​ម្លិះ​ជាដើម ។

នៅ​ក្នុង​វប្បកម្ម​ដំណាំ​ស្រូវ ការ​បន្ត​ពូជ​ដោយ​សរីរាង្គ​លូតលាស់ ក៏​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ ពិសេស​នៅ​ក្នុង​ការ​ពង្រីក​ពូជ​ដែល​មាន​លក្ខណៈ​អេតេរ៉ូស៊ីកូត​ខ្លាំង (ពពួក​ស្រងែ)​ ឬ​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​គ្រាប់ពូជ​មេ​មាន​តិច​ពេក ហើយ​ការ​ពង្រីក​គ្រាប់ពូជ​ឲ្យ​បាន​ច្រើន​បន្ទាន់​គឺជា​កិច្ចការ​ចាំបាច់ ។ នៅ​ក្នុង​បរិបទ​នេះ​ដើម​បែក​របស់​ដើម​មេ​បាន​ត្រូវ​បំបែក​យក​ទៅ​ដាំ​បន្ត ។

៥.២.៣.២. ការ​បន្ត​ពូជ​ដោយ​ភេទ (Sexual Reproduction)

ការ​បន្ត​ពូជ​ប្រភេទ​នេះ ចាំបាច់​តម្រូវ​ឲ្យ​មាន​ការ​រលាយ​បញ្ចូល​គ្នា​នៃ​កាម៉ែតញី និង​កាម៉ែត​ឈ្មោល និង​ការ​បង្កើត​ឲ្យ​មាន​ជា​គ្រាប់ ។ អាស្រ័យ​លើ​ធម្មជាតិ​នៃ​ការ​ធ្វើ​លម្អង​ចរ (Pollination) ប្រភេទ​នៃ​ការ​បន្ត​ពូជ​នេះ​អាច​ចែក​ចេញ​ជា​ពីរ​ក្រុម​ទៀត​គឺ ៖

ក. ស្វ័យចរ​លម្អង (Self-pollinated) នេះ​គឺជា​ប្រភេទ​រុក្ខជាតិ​ដែល​នៅ​ក្នុង​កន្សោម​ផ្កា​របស់​វា​មាន​កេសរ​ញី និង​ឈ្មោល​នៅ​ជាមួយ​គ្នា ដូច្នេះ​ជា​ធម្មតា​ការ​រលាយ​បញ្ចូល​គ្នា នៃ​កាម៉ែតញី និង​កាម៉ែតឈ្មោល គឺ​ស្ថិត​នៅ​ក្នុង​ផ្កា​តែ​មួយ ឬ​ផ្កា​ជាមួយ​គ្នា​តែ​ម្តង ។ ស្រូវ សណ្តែកបាយ សណ្តែកសៀង សណ្តែកដី ៘ ស្ថិត​នៅ​ក្នុង​ក្រុម​រុក្ខជាតិ​ស្វ័យចរ​លម្អង ។ ទោះជា​ស្ថិត​នៅ​ក្នុង​ក្រុម​រុក្ខជាតិ​ស្វ័យ​ចរ​លម្អង​ក៏​ដោយ ក៏​ការ​បង្កាត់​ឆ្លង​រវាង​កេសរ​ញី និង​កេសរ​ឈ្មោល ដែល​ស្ថិត​នៅ​ក្នុង​ផ្កា​ផ្សេង​គ្នា ក៏​នៅ​តែ​មាន​ដែរ ប៉ុន្តែ​ត្រូវ​តែ​មាន​កម្រិត​ទាប​ជាង ៥ ភាគរយ ។

ខ. ចរ​លម្អង​បង្កាត់ (Cross-pollinated) នេះ​គឺជា​ប្រភេទ​រុក្ខជាតិ​ដែល​កេសរ​ញី និង​កេសរ​ឈ្មោល​ស្ថិត​នៅ​ផ្កា​ទីទៃ​ពី​គ្នា ដូច្នេះ​ជា​ធម្មតា​ការ​កកើត​នៃ​គ្រាប់​គឺជា​លទ្ធផល​នៃ​ការ​បង្កាត់​រវាង​កេសរ​ញី​និង​កេសរ​ឈ្មោល ដែល​ស្ថិត​នៅ​ក្នុង​ផ្កា​ផ្សេង​គ្នា ។ នៅ​ក្នុង​ករណី​ខ្លះ កេសរ​ញី និង​កេសរ​ឈ្មោល​ស្ថិត​នៅ​ក្នុង​ផ្កា​ផ្សេង​គ្នា​តែ​នៅ​ក្នុង​ដើម​តែ​មួយ (Dioecious) ដូចជា ស្វាយ ស្វាយចន្ទី ពោត ល្ហុង ឪឡឹក និង​ត្រសក់ ៘ ប៉ុន្តែ​មាន​ពេល​ខ្លះ​ទៀត​ផ្កា​ទាំង​ពីរ ស្ថិត​នៅ​ដើម​ផ្សេង​គ្នា (Monoecious) ដូចជា​ក្នុង​ករណី ដើម​ល្ហុង ក្រចៅ កប្បាស ។ល។ ពេល​ខ្លះ​រុក្ខជាតិ​មួយ​ប្រភេទ ជួនកាល​អាច​ជា Dioecious ផង និង​ជួនកាល​ក៏​អាច​ជា Monoecious ផង​ដូច​ក្នុង​ករណី ដើម​ល្ហុង និង ក្រចៅ​ជាដើម ។

៥.២.៣.៣. ការ​បន្ត​ពូជ​តាម​អាប៉ូមីក (Apomixis)

គឺជា​ប្រភេទ​នៃ​ការ​បន្ត​ពូជ​ដែល​សរីរាង្គ​ភេទ​នៃ​ផ្កា​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន ដោយ​អំប៊្រីយ៉ូ (Embryo) របស់​វា​មិន​មាន​ការ​រួម​ផ្សំ​នៃ​ណ្វៃយ៉ូ​រវាង​សរីរាង្គ​ភេទ​ទាំង​ពីរ ឬ​មិន​បាន​ធ្វើ​ពហុពលកម្ម (Fertilization) ហើយ​ប្រែជា​លូតលាស់​ដំណើរការ​តាម​លក្ខណៈ​ការ​បន្ត​ពូជ​ដោយ​សរីរាង្គ​លូតលាស់​វិញ ។ រុក្ខជាតិ​ដែល​កើត​ចេញ​តាម​រយៈ​ការ​បន្ត​ពូជ​តាម​អាប៉ូមីក​អាច​ជា អាប្លូអ៊ីត (Haploidy) ឬ ឌីប្លូអ៊ីត (Diploidy) អាស្រ័យ​លើ​កោសិកា​ដែល​អាប៉ូមីក​កើត ។ ពេល​ខ្លះ​តាម​រយៈ​អាប៉ូមីក គ្រាប់​រុក្ខជាតិ​អាច​មាន​ពន្លក​លើស​ពី​មួយ ហើយ​ពេល​ខ្លះ​ទៀត​ផ្កា​នៃ​រុក្ខជាតិ​អាច​មិន​អភិវឌ្ឍ​ជា​គ្រាប់​ ប៉ុន្តែ​អភិវឌ្ឍ​សរីរាង្គ​ដូចជា​ស្រទាប់​ខ្ទឹមបារាំង​ទៅ​វិញ ។

៥.២.៤. វិធីសាស្ត្រ​នៃ​ជម្រើសវិទ្យា (Breeding Methods)

៥.២.៤.១. ជម្រើស​ដោយ​ឯកត្តៈ (Pure line breeding)

ការ​អនុវត្ត​នៅ​ក្នុង​វិធីសាស្ត្រ នេះ​មាន​គោលបំណង​ជា​ចម្បង​គឺ​អភិវឌ្ឍ​ពូជ​ដែល​ជា​ស្រឡាយ​សុទ្ធ​ពិតប្រាកដ​ចេញពី​ប្រជាករ​ដែល​មាន​ភាព​មិន​សុទ្ធ ។ ដូច្នេះ​តាម​និយម​ន័យ​នេះ ប្រសិទ្ធិភាព​នៃ​វិធីសាស្ត្រ​ជម្រើស​ដោយ​ឯកត្តៈ​ក្នុង​ការ​អភិវឌ្ឍ​ពូជស្រូវ​ថ្មីៗ គឺ​អាស្រ័យ​លើ​បម្រែបម្រួល​ពន្ធុ​ដែល​មាន​នៅ​ក្នុង​ពូជ​មេ ។ បើសិនជា​ពូជ​មេ​មាន​ភាព​សុទ្ធ​ខ្ពស់​ទៅ​ហើយ​នោះ ការ​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​គឺ​គ្មាន​ប្រសិទ្ធិភាព​ទេ ។ ពូជស្រូវ​ប្រពៃណី​ជា​ទូទៅ​គឺជា​ប្រជាករ​ដែល​មាន​បម្រែបម្រួល​ពន្ធុ​ខ្ពស់ ឬ​ក៏​អាច​និយាយ​បាន​ថា មិនមែន​ជា​ស្រឡាយ​សុទ្ធ​ទេ ដូច្នេះ​វិធីសាស្ត្រ​នៃ​ជម្រើស​ដោយ​ឯកត្តៈ អាច​នឹង​អនុវត្ត​បាន​ក្នុង​ករណី​នេះ បើសិនជា​យើង​ចង់​អភិវឌ្ឍ​ពូជ​ថ្មីៗ ចេញពី​ពូជ​មេ​ណា​មួយ​នោះ ។​

នៅ​ក្នុង​ការ​អនុវត្ត វិធីសាស្ត្រ​ជម្រើស​ដោយ​ឯកត្តៈ ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​បី​ជំហាន​គឺ ៖

ជំហាន​ទី​មួយ: ជ្រើសរើស​រុក្ខ​ឯកត្តៈ ឬ​កួរស្រូវ យ៉ាងច្រើន​ចេញពី​ពូជ​មេ​មួយ​ដែល​មាន​ពន្ធុ​ភាព​មិន​សុទ្ធ ។ គួរ​ជ្រើសរើស​យក​តែ​កួរ​មួយ​នៅ​ក្នុង​គុម្ព​នីមួយៗ ។ ចំនួន​នៃ​រុក្ខ​ឯកត្តៈ (កួរ​ស្រូវ) ដែល​ត្រូវ​ជ្រើសរើស គួរ​មាន​ចំនួន​ច្រើន​អាស្រ័យ​ទៅ​នឹង​គោលបំណង​នៃ​ការ​ជ្រើសរើស ពេលវេលា និង​ថវិកា​ដែល​មាន ។ ជា​ធម្មតា កួរស្រូវ​ចំនួន​ពី ៥០០ ទៅ ២០០០ កួរ គួរ​ត្រូវ​ពិចារណា​ជ្រើសរើស ។

ជំហាន​ទី​ពីរ: រាល់​រុក្ខ​ឯកត្តៈ ឬ​កួរស្រូវ ដែល​បាន​ជ្រើសរើស​នៅ​ក្នុង​ជំហាន​ទី​មួយ​ត្រូវ​យក​ទៅ​ដាំ​នៅ​នឹង​វាលស្រែ​ជា​ជួរ​តាម​ក្រុម (កួរ) ដើម្បី​ធ្វើការ​វាយតម្លៃ​ដោយ​ភ្នែក មុន​នឹង​ធ្វើការ​ជ្រើសរើស ។ ដើម​ស្រូវ​ដែល​ល្អ​ត្រូវ​ធ្វើការ​ជ្រើសរើស​រួច​យក​ទៅ​ដាំ​បន្ត សម្រាប់​ធ្វើការ​វាយតម្លៃ​ជ្រើសរើស​នា​ឆ្នាំ​ទី​ពីរ និង​ទី​បី ឬ​ទី​បួន​ទៀត ។ ស្រឡាយ​ដែល​មិន​មាន​ភាព​ធន់​ទ្រាំ​ទៅ​នឹង​សត្វល្អិត ឬ ជំងឺ ឬ​មាន​លក្ខណៈ​មិនល្អ​ផ្សេង​ទៀត​ត្រូវ​បោះបង់​ចោល ។

ជំហាន​ទី​បី: រាល់​ស្រឡាយ​ដែល​បាន​ជ្រើសរើស​ពី​ជំហាន​ទី​ពីរ ត្រូវ​ធ្វើការ​វាយតម្លៃ​លម្អិត​នៅ​ក្នុង​ការ​ពិសោធន៍​ដែល​មាន​បី ឬ បួន​សារ នៅ​ក្នុង​រយៈ​កាល​ពី​ពីរ​ទៅ​បី​ឆ្នាំ ឬ​រដូវ​ ដោយ​ប្រៀបធៀប​ជាមួយនឹង​ពូជស្រូវ​ដែល​កសិករ​កំពុង​ពេញ​និយម​នៅ​ក្នុង​តំបន់ មុន​នឹង​ធ្វើការ​ជ្រើសរើស​សម្រេច ។ ស្រឡាយ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាងគេ​ត្រូវ​ជ្រើសរើស និង​ពង្រីក​ពូជ​ដើម្បី​រំដោះ​ជូន​ដល់​កសិករ (រូប ៥.១១) ។

រូប ៥.១១ គំនូស​បម្រួញ​នៃ​ដំណើរការ​អនុវត្ត​នៅ​ក្នុង​វិធីសាស្ត្រ​ជម្រើស​ឯកត្តៈ (Pure-line Selection)

ជោគជ័យ​នៃ​វិធីសាស្ត្រ​ជម្រើស​ឯកត្តៈ បាន​ត្រូវ​ទទួលស្គាល់​នៅ​ទូ​ទាំង​ពិភពលោក​ពិសេស​នៅ​ក្នុង​ដើម​សតវត្ស​ទី​២០ ដោយ​មាន​ពូជ​ដំណាំ​ជា​ច្រើន​បាន​ត្រូវ​អភិវឌ្ឍ​តាម​រយៈ​វិធីសាស្ត្រ​នេះ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​យើង​មាន​ពូជ​ស្រូវ​ជា​ច្រើន​ដែល​បាន​អភិវឌ្ឍ​ដោយ​វិធីសាស្ត្រ​នេះ ហើយ​ក៏​កំពុង​តែ​ប្រើប្រាស់​យ៉ាង​ពេញ​និយម​ពី​ប្រជា​កសិករ​ខ្មែរ ។

៥.២.៤.២. ជម្រើស​ជា​ក្រុម (Mass selection)

គឺជា​ការ​ជ្រើសរើស​យក​តែ​រុក្ខជាតិ ឬ​ឯកត្តៈ​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈ​ល្អ​បំផុត ពី​ប្រជាករ​មេ​មួយ​មក​ដាក់​បញ្ចូល​គ្នា​បង្កើត​ជា​ប្រជាករ​ថ្មី ដែល​មាន​លក្ខណៈ​សម​ស្រប​ទៅ​តាម​ការ​ចង់បាន ។ នេះ​គឺជា​វិធីសាស្ត្រ​មួយ​ដែល​បាន​អនុវត្ត​តាំងពី​យូរយារ​ណាស់​មក​ហើយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ពូជ​ថ្មីៗ ។ នៅ​ក្នុង​វិធីសាស្ត្រ​នេះ កួរ​ពី​ដើម​ស្រូវ​ដែល​ល្អៗ​ត្រូវ​បាន​ជ្រើសរើស​ហើយ​ដាក់​បញ្ចូល​គ្នា​មុន​នឹង​យក​ទៅ​បោក​បែន​រួម ។ គ្រាប់ស្រូវ​ដែល​ទទួល​បាន​ត្រូវ​ប្រើ​ជា​គ្រាប់ពូជ​សម្រាប់​ដាំ​ដុះ​នៅ​ក្នុង​ឆ្នាំ​ក្រោយ​ទៀត ។​

នៅ​ក្នុង​ការ​អនុវត្ត​វិធីសាស្ត្រ​ជម្រើស​ជា​ក្រុម​នេះ ដើម​ស្រូវ​ត្រូវ​បាន​ជ្រើសរើស​តាម​រយៈ​ការ​ពិនិត្យ​ទៅ​លើ​ផេណូទីប​នៃ​លក្ខណៈ​មួយ​ចំនួន​ដូចជា កម្ពស់​ដើម រយៈកាល​លូតលាស់ ភាព​ធន់​ទៅ​នឹង​កត្តា​ជីវៈ ឬ​អជីវៈ លក្ខណៈ​លូតលាស់ ឬ​លក្ខណៈ​គ្រាប់ស្រូវ ៘ ការ​ជ្រើសរើស​អាច​អនុវត្ត​នៅ​ក្នុង​ស្រែ​ទាំងមូល​តែ​ម្តង ឬ​ក៏​អាច​បែងចែក​ស្រែ​ធំ​ជា​កូន​ស្រែ​តូចៗ រួច​ចាំ​ជ្រើសរើស​ដើម​ស្រូវ​ក្នុង​ចំនួន​ស្មើ​គ្នា​ពី​ក្នុង​កូន​ស្រែ​តូចៗ​ទាំងនោះ ។ ជា​ធម្មតា គួរ​ជ្រើសរើស​ប្រមាណ ៥០០ ទៅ ១០០០ ដើម​សម្រាប់​ដាក់​បញ្ចូល​គ្នា (រូប ៥.១២) ។ ជា​ទូទៅ​វិធីសាស្ត្រ​ជម្រើស​ជា​ក្រុម​នេះ ត្រូវ​បាន​គេ​អនុវត្ត​ច្រើន​នៅ​លើ​ការងារ​ផលិតកម្ម​គ្រាប់ពូជ​សុទ្ធ ដោយ​គេ​កាត់​ដើម​ស្រូវ​ដែល​គេ​សន្មត​ថា​ជា​ពូជ​លាយ​ចេញ ហើយ​រុក្ខជាតិ​ដែល​នៅ​សល់​ត្រូវ​បាន​ប្រមូល​ចូល​គ្នា​សម្រាប់​ដាំ​នៅ​ពេល​ក្រោយៗ​ទៀត ។

រូប ៥.១២ គំនូសបម្រួញ​នៃ​ដំណើរការ​អនុវត្ត​នៅ​ក្នុង​វិធីសាស្ត្រ ជម្រើស​ជា​ក្រុម (Mass Selection)

៥.២.៤.៣. បង្កាត់កម្ម (Hybridization)

បង្កាត់កម្ម​គឺជា​ដំណើរការ​បន្សំ​នូវ​លក្ខណៈ​មួយ​ចំនួន​នៃ​ពូជ​ពីរ ឬ​ច្រើន ទៅ​ក្នុង​សេណូទីប​មួយ ។ នៅ​ក្នុង​ន័យ​នេះ ជំហាន​ដំបូង​របស់​បង្កាត់កម្ម​គឺ​ការ​បង្កាត់​រវាង​ពូជស្រូវ​ដែល​មាន​សេណូទីប​ខុសៗ​គ្នា ដោយ​ការ​ក្រៀវ (Emasculation) ឬ​ការ​កាត់​យក​កេសរ​ឈ្មោល (Stamen) ពី​ពូជ​ដែល​កំណត់​ថា​ជា​ពូជ​មេ និង​ការ​ចាប់​យក​លម្អង (Polen) ពី​ពូជ​ដែល​កំណត់​ថា​ជា​ពូជ​បា ទៅ​ដាក់​នៅ​លើ​មាត់​នៃ​កេសរ​ញី (Stigma) ។ បង្កាត់កម្ម​អាច​ជា ៖

  • ការ​បង្កាត់​ទោល (Single cross) = A x B
  • បង្កាត់​បន្ថែម (Top cross) = (A x B) x C
  • បង្កាត់​ទ្វេ (Double cross) = (A x B) x (C x D)

ជា​បន្តបន្ទាប់​ក្រោយ​ពេល​ដែល​ការ​បង្កាត់​បាន​ត្រូវ​ធ្វើ កូន​បង្កាត់​ជំនាន់​ទី​មួយ (F1) បាន​ត្រូវ​ដាំ ហើយ​គ្រាប់ស្រូវ​ទាំង​ប៉ុន្មាន​ដែល​ទទួល​បាន ត្រូវ​ប្រមូល​សម្រាប់​ដាំ​នៅ​ឆ្នាំ​ខាង​មុខ ។ គ្រាប់ស្រូវ​នេះ គឺជា​គ្រាប់ពូជ​សម្រាប់​ដាំ​កូន​បង្កាត់​ជំនាន់​ទី​ពីរ (F2) ដែល​ធាតុ​ពិត​គឺជា​ជំនាន់​ទី​មួយ​នៃ​ការ​ធ្វើ​វិយោគកម្ម (Segregation) ហើយ​ដែល​ការ​ជ្រើសរើស​អាច​ចាប់ផ្តើម​បាន ។ នៅ​ក្នុង​ការ​អនុវត្ត​មាន​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​ក្នុង​ការ​ដាំ ថែទាំ និង​ជ្រើសរើស​ដូចជា ៖

ក. ពង្សាវិធី (Pedigree method)

នៅ​ក្នុង​វិធីសាស្ត្រ​នេះ ក្រោយ​ពេល​ដែល​ការ​បង្កាត់​បាន​ត្រូវ​អនុវត្ត គ្រាប់ស្រូវ​ដែល​បាន​ប្រមូល​ពី​ដើម​បង្កាត់ (កួរ​បង្កាត់) បាន​យក​ទៅ​ដាំ​ឲ្យ​កើត​មាន​ជា​ប្រជាករ​នៃ​កូន​បង្កាត់​ជំនាន់​ទី​១ (F1) ។ នា​ពេល​ទុំ​រាល់​គ្រាប់​ដែល​មាន​នៅ​ក្នុង​ប្រជាករ​នៃ​ជំនាន់​ទី​១ នេះ​ត្រូវ​បាន​ប្រមូល និង​យក​ទៅ​ដាំ​សម្រាប់​ជំនាន់​ទី​២ (F2) ដែល​ពេល​នោះ​ភាព​ជា​វិយោគកម្ម (Segregation) នៃលក្ខណៈ​បាន​ត្រូវ​សម្ដែង​ចេញ ។ ដើម​ស្រូវ (ឯកត្តៈ) ដែល​មាន​លក្ខណៈ​ឆ្លើយ​តប​ស្រប​ទៅ​នឹង​គោលបំណង​នៃ​ការ​បង្កាត់​ត្រូវ​បាន​ជ្រើសរើស និង​ដាំ​ជា​បន្ត​ដោយ​រក្សា​នូវ​ឯកត្តភាព​ដាច់​ខាត​នេះ ពី​កូន​បង្កាត់​ជំនាន់​ទី​៣ (F3) ទី​៤ (F4) ទី​៥ (F5) ទី​៦ (F6) ឬ​រហូត​ទាល់តែ​ស្រឡាយ​នៃ​ឯកត្តៈ​មាន​ភាព​ឯកសណ្ឋាន ប៉ុន្តែ​ក៏​មិន​លើស​ពី​ជំនាន់​ទី​៨ (F8) ដែរ ។ ការ​ជ្រើសរើស​បាន​ត្រូវ​អនុវត្ត​រវាង​ឯកត្តៈ​នៅ​ក្នុង​ស្រឡាយ​នា​ជំនាន់​ដំបូងៗ ប៉ុន្តែ​ដោយ​សន្សឹមៗ​ការ​ជ្រើសរើស​នេះ​បាន​ឈាន​ទៅ​រក​ការ​ជ្រើសរើស​រវាង​ស្រឡាយ​វិញ​នៅ​ជំនាន់​ក្រោយៗ ។ ដោយ​វិធីសាស្ត្រ​នេះ​អាច​ត្រួតពិនិត្យ ឬ​តាម​រក​ប្រភព​ដើម​នៅ​ជំនាន់​ទី​២ (F2) បាន​ទើប​គេ​ឲ្យ​ឈ្មោះ​ថា​ពង្សាវិធី​ដូច្នេះ (រូប ៥.១៣) ។

រូប ៥.១៣ គំនូសបម្រួញ​នៃ​ដំណើរការ​អនុវត្ត​នៅ​ក្នុង​វិធីសាស្ត្រ​ពង្សាវិធី (Pedigree Method)

ខ. សមូហវិធី (Bulk method)

ខុស​ប្លែក​ពី​ពង្សាវិធី​ដែល​ការ​ជ្រើសរើស (Selection) បាន​ចាប់ផ្តើម​តាំងពី​កូន​បង្កាត់​ជំនាន់​ទី​២ (F2) នៅ​ក្នុង​សមូហវិធី ការ​ជ្រើសរើស​នេះ មិន​ត្រូវ​បាន​អនុវត្ត​នៅ​ដំណាក់កាល​ដំបូងៗ​ឡើយ រហូត​ដល់​រុក្ខជាតិ​ភាគច្រើន​នៃ​ប្រជាករ បាន​ឈាន​ទៅ​រក​អ៉ូម៉ូសែន​ភាព​ស្ទើរ​ទាំងស្រុង ដែល​ជា​ធម្មតា​គឺ​នៅ​ជំនាន់​ទី​៦ (F6) ទើប​ការ​ជ្រើសរើស​បាន​ចាប់​ផ្តើម ។ នៅ​ក្នុង​ជំនាន់​នេះ ដោយ​ឯកត្តៈ​ភាគ​ច្រើន​នៃ​ប្រជាករ​បាន​ឈាន​ទៅ​រក​ភាព​ជា​អ៉ូម៉ូសែន​ហើយ​នោះ​ ដូច្នេះ​ការ​ជ្រើសរើស​មាន​លក្ខណៈ​ងាយស្រួល និង​ប្រាកដ​ដោយហេតុ​ថា​អ្វី​ដែល​បាន​ជ្រើសរើស គឺជា​អ្វី​ដែល​យើង​ចង់បាន ។ នៅ​ក្នុង​វិធីសាស្ត្រ​នេះ​ចាប់ពី​ជំនាន់​ទី​២ រហូត​ដល់​ជំនាន់​ទី​៥ ដោយ​អាស្រ័យ​លើ​គោលបំណង​នៃ​ការ​បង្កាត់​រុក្ខជាតិ​នៃ​កូន​បង្កាត់ ជា​ញឹកញាប់​បាន​ត្រូវ​ដាក់​នៅ​ក្រោម​សម្ពាធ​នៃ​ជំងឺ សត្វល្អិត និង​កត្តា​មិន​អំណោយផល​ផ្សេង​ទៀត​ដូចជា ការ​រាំង​ស្ងួត ឬ​ទឹកជំនន់ ៘ ធ្វើ​ដូចនេះ​គឺ​ដើម្បី​ជា​ជំនួយ​ដល់​ការ​សម្រេចចិត្ត​ក្នុង​ការ​បោះចោល​នូវ​រាល់​ឯកត្តៈ ឬ​រុក្ខជាតិ​ទាំងឡាយ​ណា​ដែល​មិន​មាន​ភាព​ធន់​ទ្រាំ​ទៅ​នឹង​បរិស្ថាន​មិន​អំណោយផល​ទាំងនោះ ។

នៅ​ក្នុង​ការ​អនុវត្ត​សមូហវិធី រាល់​គ្រាប់ស្រូវ​ដែល​មាន​នៅ​ក្នុង​ស្រែ ត្រូវ​បាន​ប្រមូល និង​សម្អាត ហើយ​ត្រូវ​យក​ទៅ​ដាំ​សម្រាប់​ជំនាន់​ក្រោយ​ទៀត ។ ដំណើរការ​នេះ អាច​ត្រូវ​អនុវត្ត​ជា​ហូរហែរ​ចាប់ពី​ជំនាន់​ទី​២ រហូត​ដល់​ជំនាន់​ទី​៥ ។ នា​ជំនាន់​ទី​៦ ការ​ជ្រើសរើស​អាច​ត្រូវ​បាន​អនុវត្ត​ដោយ​ដើម​ស្រូវ (រុក្ខ​ឯកត្តៈ) នីមួយៗ​ត្រូវ​បាន​តាមដាន និង​ជ្រើសរើស​ដោយឡែកៗ​ពី​គ្នា ។ ដើម​ស្រូវ​ដែល​បាន​ជ្រើសរើស​ទាំងនេះ ត្រូវ​ដាំ​ផ្សេងៗ​ពី​គ្នា តាម​ជួរ និង​ជា​ស្រឡាយ​នៅ​ក្នុង​ជំនាន់​ទី​៧ និង​នៅ​ក្នុង​ជំនាន់​ជា​បន្ត​ទៅ​ទៀត ។ ស្រឡាយ​ដែល​មាន​លក្ខណៈ​ល្អ​ឆ្លើយ​តប​ទៅ​តាម​គោលបំណង​នៃ​ការ​បង្កាត់ តាម​តម្រូវការ​ចាំបាច់ និង​មាន​ភាព​អ៉ូម៉ូសែន អាច​ត្រូវ​ជ្រើសរើស​សម្រាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ពិសោធន៍​ប្រៀបធៀប​ទិន្នផល​ជា​ការ​ពិនិត្យ​បន្ត ។ ស្រឡាយ​ដែល​ល្អ​បំផុត អាច​ត្រូវ​បាន​ជ្រើសរើស និង​អាច​រំដោះ​ទៅ​ជា​ពូជ​ថ្មី សម្រាប់​ជា​អនុសាសន៍​ជូន​ដល់​កសិករ​ប្រើប្រាស់ (រូប ៥.១៤) ។

រូប ៥.១៤ គំនូសបម្រួញ​នៃ​ដំណើរការ​អនុវត្ត​នៅ​ក្នុង​វិធីសាស្ត្រ​សមូហវិធី (Bulk Method)

សមូហវិធី​មាន​លក្ខណៈ​សាមញ្ញ ងាយស្រួល​ក្នុង​ការ​ប្រតិបត្តិ ហើយ​មាន​តម្លៃ​ទាប​ក្នុង​ការ​អនុវត្ត ប៉ុន្តែ​វា​ទាមទារ​ពេលវេលា​ច្រើន ដើម្បី​សម្រេច​ជ្រើសរើស​យក​អ្វី​ដែល​ត្រូវការ ។ ម្យ៉ាងវិញទៀត​នៅ​ក្នុង​ការ​អនុវត្ត​វិធីសាស្ត្រ​រុក្ខជម្រើសវិទ្យា​នេះ ហាក់​ដូចជា​មាន​ការ​ពឹងផ្អែក​ច្រើន​ពេក​ទៅ​លើ​សម្ពាធ​ធម្មជាតិ ក្នុង​ការ​សម្រិតសម្រាំង​ជ្រើសរើស​យក​អ្វី​ដែល​ជា​តម្រូវការ​ចាំបាច់ ដែល​រុក្ខ​ជម្រើស​វិទូ​ចង់បាន ។ ដើម្បី​កាត់​បន្ថយ​នូវ​ចំណុច​អវិជ្ជមាន​ទាំងនេះ វិធីសាស្ត្រ​ក្លាយ​មួយ​ចំនួន​នៃ​សមូហ​វិធី​បាន​ត្រូវ​អនុវត្ត ។

គ. សមូហវិធី​ក្លាយ (Modified Bulk Method)

សមូហវិធី​ក្លាយ​គឺជា​វិធីសាស្ត្រ​មួយ​បែប កើត​ចេញពី​ការ​បន្សំ​រវាង​សមូហវិធី និង​ពង្សាវិធី ដោយនៅ​ក្នុង​ការ​អនុវត្ត​នៃ​វិធីសាស្ត្រ​នេះ​ជំហាន​មួយ​ចំនួន​នៃ​ពង្សាវិធី​បាន​ត្រូវ​យក​មក​បញ្ចូល​ជាមួយ​សមូហ​វិធី ។ ឧទាហរណ៍​មួយ​នៅ​ក្នុង​នេះ​គឺ​នៅ​ជំនាន់​ទី​២ ការ​ជ្រើសរើស​បាន​ត្រូវ​ចាប់ផ្តើម​អនុវត្ត ដោយ​ដើម​ស្រូវ​ត្រូវ​បាន​ជ្រើសរើស​លើ​លក្ខណៈ​ដែល​ចង់​បាន ប៉ុន្តែ​គ្រាប់ស្រូវ​ដែល​មាន​នៅ​លើ​ដើម​ទាំងអស់ ត្រូវ​ដាក់​ជាមួយ​គ្នា​សម្រាប់​ដាំ​នៅ​ជំនាន់​ទី​៣ ។ ការ​អនុវត្ត​នេះ ត្រូវ​ធ្វើ​នៅ​ជំនាន់​ជា​បន្តបន្ទាប់​រហូត​ដល់​ជំនាន់​ទី​៦ នា​ពេល​ដែល​ដើម​ស្រូវ​ជ្រើសរើស​បាន​ត្រូវ​ទុកដាក់​ដោយឡែក​សម្រាប់​ដាំ​ជា​ជួរៗ ។ ការ​អនុវត្ត​ផ្សេង​ទៀត​គឺ​ដូចជា​ការ​អនុវត្ត​នៅ​ក្នុង​សមូហវិធី​ដែរ ។

ឃ. ឯក​គ្រាប់​វិធី (Single seed descent method)

ជា​គោលការណ៍ ឯក​គ្រាប់​វិធី ឬ Single Seed Descent Method ក៏​ជា​បច្ច័យ​ប្រែប្រួល​មួយ​របស់​សមូហវិធី​ដែរ ប៉ុន្តែ​ខុស​ប្លែក​ពី​សមូហវិធី​ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​សម្ពាធ​ធម្មជាតិ​ក្នុង​ការ​សម្រិតសម្រាំង​ជ្រើសរើស ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ឯកត្តៈ​ទាំងឡាយ​អាច​នឹង​ទទួល​រង​នូវ​សម្ពាធ​ខុសៗ​គ្នា​នោះ នៅ​ក្នុង​វិធីសាស្ត្រ​នេះ​មាន​ការ​ផ្តល់​នូវ​លទ្ធភាព​ស្មើ​ភាព​មួយ សម្រាប់​ការ​រស់នៅ និង​សម្ដែងកម្ម​ដល់​រាល់​រុក្ខជាតិ​នៅ​ក្នុង​ប្រជាករ ។ នៅ​ក្នុង​ការ​អនុវត្ត​តាម​វិធីសាស្ត្រ​នេះ​នៅ​ក្នុង​ជំនាន់​ទី​២ គ្រាប់ស្រូវ​តែ ១ ឬ​២​គ្រាប់​បាន​ត្រូវ​ប្រមូល​យក​ពី​ដើម​ស្រូវ​នីមួយៗ រួច​ដាក់​បញ្ចូល​គ្នា​ដើម្បី​ដាំ​ជា​ជំនាន់​ទី​៣ ។ ការ​អនុវត្ត​របៀប​នេះ ត្រូវ​បន្ត​រហូត​ដល់​ជំនាន់​ទី​៥ ឬ​ជំនាន់​ទី​៦ នា​ពេល​ដែល​ឯកត្តៈ (ដើម​ស្រូវ) ដែល​បាន​ជ្រើសរើស ត្រូវ​ដាំ​ដោយឡែកៗ​ពី​គ្នា​ដូច​ក្នុង​សមូហវិធី​ដូច្នេះ​ដែរ ។ នា​ពេល​បច្ចុប្បន្ន ​វិធីសាស្ត្រ​នេះ​ច្រើន​អនុវត្ត​នៅ​ក្នុង​ការ​ដាំ​ដោយ​ចន្លោះ​គុម្ព​កៀក​គ្នា ឬ​ញឹក​ខ្លាំង ក្នុង​បរិមាណ​ដង់ស៊ីតេ​រហូត​ដល់ ១០០០ ដើម​នៅ​ក្នុង ១​ម៉ែត្រការ៉េ ប្រៀបធៀប​ទៅ​នឹង​ដង់ស៊ីតេ ២៥ ទៅ ៣៥​ដើម នៅ​ក្នុង ១​ម៉ែត្រការ៉េ សម្រាប់​ការ​ដាំ​ធម្មតា ។ ជា​ទូទៅ​ឯក​គ្រាប់​វិធី​ត្រូវ​គេ​ប្រើប្រាស់​ក្នុង​ការ​បង្កើន​ល្បឿន​ជំនាន់​នៃ​កូន​បង្កាត់​ឬ​ដែល​គេ​ស្គាល់​ថា Rapid Generation Advance (RGA) ។ តាម​វិធីសាស្ត្រ​នេះ គេ​អាច​បង្កើន​ល្បឿន​ជំនាន់​នៃ​កូន​បង្កាត់​ចំពោះ​ទាំង​ពូជ​អវេទរស​នឹង​រយៈ​ពន្លឺ និង​ទាំង​ពូជ​វេទរសភាព​នឹង​រយៈ​ពន្លឺ ដោយ​ចំពោះ​ពូជ​វេទរសភាព​នឹង​រយៈ​ពន្លឺ​គេ​អាច​ដាំ​វា នៅ​ក្នុង​ប្រអប់​ឈើ​ដែល​អាច​នាំ​ចូល​បន្ទប់​ដែល​មាន​និយ័តកម្ម​ពន្លឺ (Light control) និង​កម្ដៅ យ៉ាង​ងាយស្រួល ។​

ង. វិធីសាស្ត្រ​បង្កាត់​ត្រលប់ (Back cross method)

វិធីសាស្ត្រ​បង្កាត់​ត្រលប់​គឺជា​ការ​បង្កាត់​នៃ​រុក្ខជាតិ (ឯកត្តៈ) ណា​មួយ​នៅ​ក្នុង​ប្រជាករ​នៃ​កូន​បង្កាត់​ជំនាន់​ទី​១ ជាមួយ​មេ ឬ​បា​របស់​ខ្លួន ។ វិធីសាស្ត្រ​នេះ ត្រូវ​យក​មក​អនុវត្ត​ពិសេស​នា​ពេល​ដែល​ពូជ​ណា​មួយ​មាន​ការ​ខ្វះខាត​លើ​លក្ខណៈ​១ ឬ ២ ដែល​អាច​បំពេញ​បាន​ដោយ​ពូជ​ណា​មួយ​ផ្សេង​ដែល​ឲ្យ​ឈ្មោះ​ថា ជ្មូន (Donor) ។ ដោយឡែក​ពូជ​ដែល​ត្រូវ​បំពេញ​នោះ ឬ​ដែល​កូន​បង្កាត់​នៅ​ជំនាន់​ទី​១ ត្រូវ​បង្កាត់​ជាមួយ​វិញ​នោះ​មាន ឈ្មោះ​ថា ផ្ទួន (Recurrent) ។ ជា​ធម្មតា​ចំនួន​នៃ​ការ​បង្កាត់​ត្រលប់​ប្រែប្រួល​ពី ៣ ទៅ ១០ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី​ការ​បង្កាត់​ត្រលប់​ត្រូវ​អនុវត្ត​រហូត​ដល់​លក្ខណៈ​ចាំបាច់​បាន​ត្រូវ​ផ្ទេរ​មក​ពូជ​ផ្ទួន (រូប​៥.១៥) ។ លក្ខណៈ​ពិសេស​នៃ​ការ​បង្កាត់​ត្រលប់​គឺ ទី​មួយ មិន​ប៉ះពាល់​ដល់​បន្សាំ​ភាព​នៃ​រុក្ខជាតិ​របស់​ពូជ​ដែល​ត្រូវ​កែ​លម្អ (ពូជ​ផ្ទួន) ទី​ពីរ គេ​អាច​ប្រើ​ពេលវេលា​ខ្លី​ដើម្បី​អភិវឌ្ឍ​ពូជ​ថ្មី និង​ទី​បី ទោះបីជា​មាន​លក្ខណៈ​ខ្លះ​ដែល​ចង​គ្នា (Linkage) ជាប់​ខ្លាំង​ក៏​ដោយ​ក៏​អាច​ត្រូវ​បំបែក​បាន​ដោយ​វិធីសាស្ត្រ​នេះ​ដែរ ។ ជា​ធម្មតា​វិធីសាស្ត្រ​នេះ​ប្រើ​តែ​ក្នុង​ការ​បង្កើន​គុណភាព​ផលិតផល និង​មិន​សម្រាប់​ការ​បង្កើន​ទិន្នផល​ទេ ។

រូប ៥.១៥ គំនូសបម្រួញ​នៃ​ដំណើរការ​អនុវត្ត​នៅ​ក្នុង​វិធីសាស្ត្រ​បង្កាត់​ត្រលប់ (Back Crossing)

៥.២.៤.៤. បរិវត្តកម្ម (Mutation)

បរិវត្តកម្ម​គឺជា​ដំណើរការ​ផ្លាស់​ប្តូរ​យ៉ាង​ចៃដន្យ និង​ទាន់ហន់​នៅ​ក្នុង​ពន្ធុសាស្ត្រ​នៃ​រុក្ខជាតិ ។ បរិវត្តកម្ម​អាច​កើតឡើង​បាន​អាស្រ័យ​ដោយ​កត្តា​ច្រើន​យ៉ាង ប៉ុន្តែ​ជា​សំខាន់​គឺ​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​កំហុស​នៅ​ក្នុង​ដំណើរការ​ពហុបំបែក​នៃ DNA (Errors of DNA replication) ឬ​ភាព​ចៃដន្យ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ខូចខាត​ដល់ DNA (Damage to DNA) ។ បរិវត្តកម្ម​អាច​ចែក​ចេញ​ជា​ពីរ​គឺ បរិវត្តកម្ម​ដោយ​ធម្មជាតិ (Spontaneous mutation) និង​បរិវត្តកម្ម​ដោយ​មនុស្ស (Induced mutation) ។​

ក. បរិវត្តកម្ម​ដោយ​ធម្មជាតិ (Spontaneous or natural mutation)

​គឺជា​ការ​ដំណើ​ការ​ដែល​បរិវត្តកម្ម​បាន​កើតឡើង​ដោយ​ឯកឯង និង​ជា​ហូរហែ​នៅ​ក្នុង​ធម្មជាតិ ហើយដោយ​គ្មាន​អន្តរាគមន៍​ពី​មនុស្ស​សោះ​ឡើយ (រូប ៥.១៦) ។ អត្រា​នៃ​ការ​កើតឡើង​បរិវត្តកម្ម​ប្រភេទ​នេះ មាន​តិចតួច​ណាស់ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​បម្រែបម្រួល​ពន្ធុ​កើន​ឡើង សម្រាប់​ជា​មូលដ្ឋាន​នៅ​ក្នុង​ការ​ជ្រើសរើស​នៅ​ក្នុង​ការងារ​អភិវឌ្ឍ​ពូជស្រូវ​ថ្មីៗ​ដែរ ។ ផ្ទុយ​ទៅ​វិញ​ការ​កើត​ឡើង​នៃ​បរិវត្តកម្ម​នេះ មិន​ជា​ប្រការ​ចង់​បាន​នៅ​ក្នុង​ការងារ​ផលិតកម្ម​គ្រាប់ពូជ​ឡើយ ។ ហេតុផល​ដែល​បណ្តាល​ឲ្យ​មាន​បរិវត្តកម្ម​នេះ គឺ​មិន​អាច​ដឹង​ដោយ​ពិតប្រាកដ​បាន​ឡើយ​ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​គេ​ដឹង​ថា​អាច​មាន​ឥទ្ធិពល​ដល់​បាតុភូត​នេះ ដូចជា លក្ខណៈ​ពន្ធុសាស្ត្រ លក្ខខណ្ឌ​សរីរៈសាស្ត្រ សារធាតុចិញ្ចឹម សីតុណ្ហភាព ពន្លឺ និង​កាំរស្មី ៘ (រូប ៥.១៧) ។

រូប ៥.១៦ អំពើ​នៃ​បរិវត្តកម្ម​ដោយ​ធម្មជាតិ (Spontaneous mutation) លើ​រុក្ខជាតិ​លម្អ និង​ពោត

ខ. បរិវត្តកម្ម​ដោយ​មនុស្ស (Induced Mutation)

ផ្ទុយ​ពី​បរិវត្តកម្ម​ដោយ​ធម្មជាតិ ដែល​អ្វីៗ​កើតឡើង​ដោយ​គ្មាន​ការ​គ្រោងទុក និង​មិន​ដឹង​ពី​បុព្វហេតុ​ច្បាស់លាស់​នោះ នៅ​ក្នុង​នេះ​មនុស្ស​គឺជា​អ្នក​បង្កើត​ឲ្យ​មាន​បរិវត្តកម្ម ដោយ​ប្រើ​ភ្នាក់ងារ​បង្ក ឬ​ភ្នាក់ងារ​ដែល​ជា​អ្នក​បង្ក​ឲ្យ​មាន​បរិវត្ត ។ ភ្នាក់ងារ​បង្ក​នេះ​មាន​ឈ្មោះ​ថា បរិវត្តករ (Mutagenic agents ឬ Mutagens) ។ ដោយឡែក​ឯកត្តៈ​ដែល​ទទួល​រង​នូវ​បរិវត្តកម្ម​នេះ មាន​ឈ្មោះ​ថា បរិវត្តរូប (Mutant) ។ មាន​បរិវត្តករ​ជា​ច្រើន​ដែល​គេ​ស្គាល់​ និង​បាន​បែងចែក​វា​ជា​ពីរ​ក្រុម​ធំៗ​គឺ បរិវត្តករ​រូបធាតុ (Physical mutagens) និង បរិវត្តករ​គីមី​ធាតុ (Chemical mutagens) ។

១. បរិវត្តករ​រូបធាតុ (Physical mutagens)

បរិវត្តករ​រូបធាតុ បែកចេញ​ជា​ពីរ​ក្រុម​ទៀត​គឺ ក្រុម​អេឡិចត្រូម៉ាញ៉េទិក (Electromagnetic) ដែល​មាន​ដូចជា កាំរស្មី​អ៊ិច (X ray) និង​អ៊ុលត្រាវីយ៉ូឡេត (Ultra-violet) ៘ និង​ក្រុម​អ៊ីយ៉ុង (Ionizing) ដែល​មាន​ដូចជា កាំរស្មី​ហ្កាម៉ា ( γ ray) កាំរស្មី​អាល់ហ្វា (α ray) និង​កាំរស្មី បេតា (β ray) ។ ល ។

រូប ៥.១៧ ការ​បង្ហាញ​អំពី​ដំណើរការ​ដែល​បង្ក​ឲ្យ​មាន​បរិវត្តកម្ម​ដោយ​ធម្មជាតិ​នៅ​លើ​រុក្ខជាតិ

២. បរិវត្តករ​គីមីធាតុ (Chemical mutagens)

បរិវត្តករ​គីមីធាតុ​ដែល​គេ​ស្គាល់​ច្រើន​មាន ម៉េទីល​ម៉េតាន​ស៊ុលហ្វូណាត (Methyl Methane Sulphonate) អេទីល​ម៉េតាន​ស៊ុលហ្វូណាត (Ethylen Methane Sulphonate) និង​អេទីឡែន​អ៊ីមីន (Ethylen Imine) ។ ល ។

ការ​សិក្សា​ទៅ​លើ​បរិវត្តកម្ម​បាន​ចាប់​ផ្ដើម​នា​ឆ្នាំ​១៩២៧ នា​ពេល​ដែល​លោក Muller បាន​បង្ហាញ​ថា កាំរស្មី​អ៊ិច (X-rays) អាច​ជំរុញ​ឲ្យ​មាន​បម្រែបម្រួល​នៅ​ក្នុង​ពន្ធុ​នៃ​ប្រភេទ​រៃ (Drosophila) ហើយ​អាច​កើត​ចេញ​នូវ​ប្រភេទ Drosophila ថ្មី​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ធម្មជាតិ (Allard, 1960) ។ ជា​បន្ត​នៅ​ឆ្នាំ​១៩៥៤ លោក Stadler ដែល​បាន​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​អំពី​ឥទ្ធិពល​នៃ​កាំរស្មី​អ៊ិច​លើ​រុក្ខជាតិ ក៏​បាន​ប្រកាស​ផង​ដែរ​ថា កាំរស្មី​អ៊ិច​អាច​ធ្វើ​ឲ្យ​មាន​បរិវត្តកម្ម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពន្ធុសាស្ត្រ​នៃ​ពោត និង​ស្រូវ​បាលី (Barley) ។

បរិវត្តកម្ម​គឺជា​វិធីសាស្ត្រ​មួយ​ដ៏​ប្រសើរ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​ពន្ធុ​នៅ​ក្នុង​ប្រជាករ​រុក្ខជាតិ​ដើម្បី​ងាយស្រួល​ដល់​ការ​ជ្រើសរើស ឬ​ដល់​ការ​អភិវឌ្ឍ​ពូជ​ថ្មីៗ ។ ដូច្នេះ បើសិនជា​ប្រជាករ​ណា​មួយ​មាន​បម្រែបម្រួល​ពន្ធុ​ខ្ពស់​ស្រាប់​ហើយ​នោះ បរិវត្តកម្ម​មិន​ជា​ការ​ចាំបាច់​ឡើយ ។ ការ​ប្រើ​បរិវត្តកម្ម​ដើម្បី​អភិវឌ្ឍ​ពូជ​ថ្មីៗ​គឺ​មាន​ព្រំដែន ដោយសារ​ថា​ជា​ទូទៅ​ប្រសិទ្ធភាព​នៃ​បរិវត្តកម្ម​ទាំង​ពីរ​ប្រភេទ (បរិវត្តកម្ម​ធម្មជាតិ និង​បរិវត្តកម្ម​ដោយ​មនុស្ស) អាច​ផ្តល់​ឥទ្ធិពល​មិន​ល្អ ច្រើន​ជាង​ល្អ​ដល់​ផេណូទីប​នៃ​រុក្ខជាតិ ហើយ​ម្យ៉ាងវិញទៀត វា​អាច​មាន​ប្រសិទ្ធិភាព​តែ​ក្នុង​ការ​ធ្វើ​បសិដ្ឋកម្ម លើ​លក្ខណៈ​មួយ ឬ ពីរ​ប៉ុណ្ណោះ ។ ឧទាហរណ៍ កម្ពស់​ដើម ឬ ប្រវែង​កួរ ។ល។ នៅ​ក្នុង​ករណី​ដែល​បរិវត្តកម្ម​ត្រូវ​យក​មក​អនុវត្ត ការ​ជ្រើសរើស​បរិវត្តករ គឺជា​ការ​ចាំបាច់ ប៉ុន្តែ​នេះ​ក៏​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​រុក្ខសម្ភារៈ (Plant materials) ដែល​ត្រូវ​ទទួល​រង​នូវ​បច្ច័យ​បរិវត្តកម្ម​ដែរ ។ ចំពោះ​ដំណាំ​ស្រូវ​រុក្ខសម្ភារៈ​ចម្បង ដែល​ប្រើ​នៅ​ក្នុង​ការ​ធ្វើ​បរិវត្តកម្ម​គឺ​គ្រាប់ស្រូវ ។ ជំហាន​នៃ​ការ​អនុវត្ត​សម្រាប់​ការ​ធ្វើ​បរិវត្តកម្ម​នៅ​លើ​ដំណាំ​ស្រូវ​មាន​ជា​បន្តបន្ទាប់​ដូច​តទៅ ៖

  • ការ​បង្កើត​ឲ្យ​មាន​ជំនាន់​ទី​១ ឬ M1: គ្រាប់ស្រូវ​ត្រូវ​យក​ទៅ​ជ្រលក់​ក្នុង​បរិវត្តករ​គីមីធាតុ ឬ ដាក់​ក្រោម​កាំរស្មី​ធាតុ​វិទ្យុសកម្ម (បរិវត្តករ​រូបធាតុ) ក្នុង​កម្រិត​កំណត់​ណា​មួយ រួច​ទើប​យក​ទៅ​ដាំ ។ តាមដាន​ការ​ដុះ​លូតលាស់​នៃ​រុក្ខជាតិ​ទាំងអស់​ក្នុង​ប្រជាករ ។ រុក្ខជាតិ​ទាំងឡាយ​ណា​ដែល​បាន​កំណត់​ថា​ជា​បរិវត្តរូប​អាច​ត្រូវ​ជ្រើសរើស​សម្រាប់​ដាំ​នៅ​ក្នុង​ជំនាន់​ទី​២ (M2) ។
  • ជំនាន់​ទី​២ (M2): ដើម​ស្រូវ​ដែល​កំណត់​ថា​ជា​បរិវត្តរូប​បាន​ត្រូវ​ជ្រើសរើស ហើយ​ដាំ​នៅ​ក្នុង​ជំនាន់​ទី​២ នេះ ។ នេះ​គឺជា​ដំណាក់កាល​សំខាន់​ដោយ​បរិវត្តរូប​បាន​ត្រូវ​ធ្វើ​វិយោគកម្ម (Segregate) និង​បម្លែង​ទៅ​ជា​ឌីប្លូអ៊ីត (Diploid) វិញ ។​
  • ជំនាន់​ទី​៣ (M3): ប្រជាករ​បរិវត្តរូប​ដែល​បាន​ជ្រើសរើស​ពី​ជំនាន់​ទី​២ (M2) ត្រូវ​ដាំ​នៅ​ក្នុង​ជំនាន់​ទី​៣ នេះ ហើយ​ត្រូវ​ធ្វើការ​វាយតម្លៃ​យ៉ាង​ប្រុង​ប្រយ័ត្ន ។ ប្រជាករ ឬ​ដើម​ស្រូវ បរិវត្តរូប​ដែល​ល្អ​ត្រូវ​បាន​ជ្រើសរើស ហើយ​ដាំ​នៅ​ក្នុង​ជំនាន់​ទី​៤ និង​ហូរហែ​ជា​បន្ត​បន្ទាប់ ដើម្បី​វាយតម្លៃ បន្សុទ្ធ និង​ពង្រីក ។ បរិវត្តរូប​ដែល​ល្អ​អាច​ត្រូវ​ជ្រើសរើស និង​ធ្វើការ​សាកល្បង​ក្នុង​រយៈពេល ២-៣​ឆ្នាំ មុន​នឹង​សម្រេច​ផ្តល់​ជូន​កសិករ​សម្រាប់​ធ្វើការ​ដាំ​ដុះ (រូប ៥.១៨) ។

រូប ៥.១៨ ការ​បង្កើត​ឲ្យ​មាន​បរិវត្តកម្ម​ដោយ​អន្តរាគមន៍​របស់​មនុស្ស (Induced mutation) និង​ដំណើរការ​ជ្រើសរើស

៥.២.៤.៥. វិស្វកម្ម​ពន្ធុ (Genetic engineering)

គឺជា​វិធីសាស្ត្រ​រុក្ខ​ជម្រើស​ថ្មី​មួយ​ដែល​ប្រើប្រាស់​ការ​យល់​ដឹង​ពាក់ព័ន្ធ​ដល់​ការ​គ្រប់គ្រង (Gene manipulation) ញែក (Gene isolation) និង​ផ្ទេរ​ពន្ធុ (Gene Transfer) ពី​អង្កត់​ក្រូម៉ូសូម​នៃ​សរីរាង្គ​មួយ​ទៅ​សរីរាង្គ​មួយ​ទៀត សម្រាប់​ការ​អភិវឌ្ឍ​ពូជ​ថ្មីៗ​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ធម្មជាតិ ។ វិធីសាស្ត្រ​នេះ​បាន​ត្រូវ​ប្រើ​ជា​លើក​ដំបូង​ជាមួយ​នឹង​ពពួក​មីក្រូប (មីក្រូសរីរាង្គ) ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន បាន​ត្រូវ​ប្រើ​យ៉ាង​ទូលំទូលាយ​ជាមួយនឹង​រុក្ខជាតិ និង​សត្វ ។ នៅ​ក្នុង​វិធីសាស្ត្រ​នេះ​សំណុំ​ពន្ធុ (Genome) នៃ​រុក្ខជាតិ ឬ​សត្វ​បាន​ត្រូវ​កែប្រែ​ដោយ​ការ​បញ្ចូល​អង្កត់​ក្រូម៉ូសូម DNA ដែល​មាន​ផ្ទុក​ពន្ធុ​ចង់​បាន​មក​ពី​សរីរាង្គ​នៃ​អម្បូរ​ផ្សេងៗ​ពី​គ្នា ។ អង្កត់ DNA នេះ​បាន​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ក្រូម៉ូសូម​នៃ​សរីរាង្គ ដែល​ត្រូវ​ប្តូរ​តាម​វិធីសាស្ត្រ​ច្រើន​យ៉ាង ។ កោសិកា​ដែល​ត្រូវ​ប្តូរ​តាម​វិធីសាស្ត្រ​នេះ​មាន​ឈ្មោះ​ថា កោសិកា​បមែ្លង​ពន្ធុ (Trangenic cell) ឯ​រុក្ខជាតិ​ដែល​មាន​កោសិកា​បម្លែង​ពន្ធុ មាន​ឈ្មោះ​ថា​សរីរាង្គ​បម្លែង​ពន្ធុ (Trangenic organism) ។ វិស្វកម្ម​ពន្ធុ​គឺជា​ផែ្នក​មួយ​នៃ​ជីវបចេ្ចកវិទ្យា (Biotechnology) ។​

នា​ពេល​បច្ចុប្បន្ន នៅ​ក្នុង​ការ​អភិវឌ្ឍ​សរីរាង្គ​បម្លែង​ពន្ធុ គេ​និយម​ប្រើ​ភ្នាក់ងារ​ចម្លង (Vector) ដែល​គេ​បាន​យក​មក​ពី​ពពួក​បាក់តេរី​នៅ​ក្នុង​ដី​ឈ្មោះ Agrobacterium tumefaciens ។ ជា​ធម្មតា​ពពួក​បាក់តេរី​នេះ​បង្ក​ឲ្យ​មាន​ជំងឺ​ពក​គល់ (Crown gall disease) ដោយ​រុក្ខជាតិ​ដែល​មាន​ជំងឺ​តែង​លូតលាស់​ខុស​ធម្មតា​ពិសេស​នៅ​នឹង​គល់​របស់​វា ។ ការ​បង្កើត​ពក​នេះ​គឺ​បណ្តាល​មក​ពី​ការ​បញ្ជូន និង​ជ្រាតចូល (Tranfer and insert) ទៅ​ក្នុង​សំណុំ​ពន្ធុ (Genome) នៃ​រុក្ខជាតិ​ទទួល​រង ដោយ​ផ្នែក​មួយ​នៃ​ក្រូម៉ូសូម​របស់​បាក់តេរី ដែល​គេ​ឲ្យ​ឈ្មោះ​ថា Ti-Plasmid (រូប ៥.១៩) ។ ភាព​សមប្រកប​នៃ Ti Plasmid នេះ​បាន​ធ្វើ​ឲ្យ​គេ​ប្រើប្រាស់​វា​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​ធ្វើ​ជា​ភ្នាក់ងារ​ចម្លង​នាំ​យក​ពន្ធុ​ពី​រុក្ខជាតិ​មួយ ទៅ​ដាក់​រុក្ខជាតិ​មួយ​ផ្សេង​ទៀត (រូប ៥.២០) ។

រូប ៥.១៩ ដំណើរការ​ជំរុញ​ឲ្យ​មាន​ជំងឺ​ពក​គល់ ដែល​បណ្តាល​មក​ពី​បាក់តេរី Agrobacterium tumefaciens តាម​ការ​ជ្រៀតចូល​របស់ Ti-Plasmid (Griffiths et al., 1996)

រូប ៥.២០ ដំណើរការ​ផលិត​រុក្ខជាតិ​បម្លែង​ពន្ធុ (Griffiths et al., 1996)

នា​ពេល​បច្ចុប្បន្ន​ ជោគជ័យ​មួយ​នៅ​ក្នុង​ការងារ​ស្រាវជ្រាវ​ដំណាំ​ស្រូវ​ដោយ​ប្រើ​វិស្វកម្ម​ពន្ធុ គឺ​ការ​អភិវឌ្ឍ​ស្រូវ​ដែល​សម្បូរ​ដោយ​ប្រូជីវជាតិ​អា (Provitamine A) ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា ស្រូវ​មាស (Golden rice) ។ ស្រូវ​មាស​គឺជា​សរីរាង្គ​បម្លែង​ពន្ធុ ផ្ទុក​ទៅ​ដោយ Beta-carotene ដែល​ជា​ប្រភព​នៃ​វីតាមីន​អា ។ ការ​អភិវឌ្ឍ​ប្រភេទ​ស្រូវ​នេះ​ឡើង​គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កង្វះ​វីតាមីន​អា ដែល​ជា​មូលហេតុ​ចម្បង​បណ្តាល​ឲ្យ​មាន​មនុស្ស​ខ្វាក់​ប្រមាណ​កន្លះ​លាន​អ្នក និង​អ្នក​ស្លាប់​ប្រមាណ​មួយ​លាន​អ្នក​ក្នុង​មួយ​ឆ្នាំៗ នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​នៅ​ក្នុង​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា​ផង ។ ស្រូវ​មាស​បាន​ត្រូវ​អភិវឌ្ឍ​ឡើង​ដោយ​លោក​បណ្ឌិត Ingo Potrykus និង លោក​បណ្ឌិត Peter Beyer មក​ពី​ប្រទេស​ស្វីស នា​ឆ្នាំ​១៩៩៩ (រូប ៥.២១) ។

រូប ៥.២១ ស្រូវ​មាស (Golden rice) ដែល​បាន​អភិវឌ្ឍ​ដោយ​ប្រើប្រាស់​ជីវបច្ចេកវិទ្យា​ទំនើប (Biotechnology) តាម​វិធីសាស្ត្រ​វិស្វកម្ម​ពន្ធុ (Genetic engineering) ។ រូប​ខាងឆ្វេង​គឺជា​ស្រូវ​ធម្មតា ឯ​រូប​កណ្តាល​គឺជា ស្រូវ​មាស ដោយឡែក​រូប​ខាងស្តាំ​គឺ​បង្ហាញ​ពី​សាច់​គ្រាប់​នៃ​ស្រូវ​មាស និង​បម្រែបម្រួល​ដែល​មាន ។

៥.២.៥. លក្ខណៈ​នៃ​ពូជ​អនុសាសន៍

៥.២.៥.១. ពូជស្រូវ​ចម្ការ ឬ​ស្រូវ​ភ្នំ (Upland rice variety)

ពូជស្រូវ​ប្រភេទ​នេះ ត្រូវ​មាន​លក្ខណៈ​ជា​ស្រូវ ដែល​មាន​អាយុកាល​ស្រាល ទៅ​កណ្តាល មាន​ដើមដង​រឹង​មាំ មិន​ដួល​ពេល​ទុំ មាន​ស្លឹក​ទង់ជ័យ​ឈរ​ត្រង់​តែ​ស្លឹក​ខាងក្រោមៗ ធ្លាក់​ចុះ​ក្នុង​កម្រិត​ប្រមាណ ៤៥ អង្សា ហើយ​ត្រូវ​មាន​វេទរសភាព​ខ្សោយ​ទៅ​នឹង​រយៈ​ពន្លឺ (រូប ៥.២២) ។ ពូជស្រូវ​ចម្ការ​ត្រូវ​ធន់​ផង​ដែរ​ទៅ​នឹង​ការ​រាំង​ស្ងួត ទៅ​នឹង​ភាព​ប្រជែង​ជាមួយ​នឹង​ស្មៅ និង​ការ​បំផ្លាញ​ពី​ជំងឺ ពិសេស​ជំងឺ​ខ្នារអំបោះ (Blast) ។ កន្លង​មក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ធ្លាប់​បាន​រំដោះ​ពូជស្រូវ​ចម្ការ​មួយ​ចំនួន​ផង​ដែរ​ ដូចជា ពូជ​សីតា និង ពូជ​រាមកេរ្តិ៍ ។

រូប ៥.២២ ពូជស្រូវ​ចម្ការ ឬ​ស្រូវ​ភ្នំ

៥.២.៥.២. ពូជស្រូវ​ស្រែ​ទំនាប​ទីពឹង​របប​ទឹកភ្លៀង (Rainfed lowland rice variety)

នៅ​ក្នុង​ក្រុម​នេះ ពូជស្រូវ​ត្រូវ​មាន​ដើមដង​ខ្ពស់​មធ្យម ស្លឹក​ឈរ រាង​ទ្រេត ហើយ​ត្រូវ​ធន់​ជាមួយ​នឹង​កត្តាបរិស្ថាន​ផ្សេងៗ ដូចជា​កត្តា​ជីវ (Biotic stresses) និង​អជីវ (Abiotic stresses) ជាដើម (រូប ៥.២៣) ។ ភាព​ធន់​ជាមួយនឹង​ការ​រាំង​ស្ងួត (Drought resistant) និង​ជាមួយ​ការ​លិច​ទឹក (Submergence tolerant) គឺជា​ប្រការ​ចាំបាច់ សម្រាប់​ក្រុម​ស្រូវ​ប្រភេទ​នេះ ។

រូប ៥.២៣ ពូជស្រូវ​ស្រែ​ទំនាប​ទីពឹង​របប​ទឹកភ្លៀង

ក. ពូជស្រូវ​ស្រាល (Early maturity rice variety)

ពូជស្រូវ​ស្រាល គឺជា​ពូជ​ដែល​មាន​អាយុកាល​ខ្លី​ជាង ១២០​ថ្ងៃ​ អវេទរស​នឹង​រយៈ​ពន្លឺ ហើយ​ច្រើន​ដាំ​ដុះ​នៅ​ក្បែរ​ភូមិ នៅ​ស្រែ​លើ ឬ​ស្រែ​ដែល​មាន​ទឹក​រាក់ និង​ងាយស្រួល​ដល់​ការ​គ្រប់គ្រង ។ ជា​ទូទៅ ពូជស្រូវ​នេះ ក៏​ប្រើ​ផង​ដែរ​នៅ​ក្នុង​ផលិតកម្ម​ស្រូវ​បង្កើន​រដូវ ឬ​នៅ​ដើម​រដូវ​វស្សា ។ ពូជស្រូវ​សម្រាប់​ស្រែ​ដែល​មាន​ប្រព័ន្ធ​ស្រោចស្រព អាច​នឹង​ប្រើ​នៅ​ក្នុង​លក្ខខណ្ឌ​នេះ (សូម​មើល​ចំណុច ៥.២.៥.៤) ។

ខ. ពូជស្រូវ​កណ្តាល (Medium duration rice variety)

ពូជស្រូវ​កណ្តាល​ចែក​ចេញ​ជា ២​ប្រភេទ​គឺ ក្រុម​អវេទរស​នឹង​រយៈ​ពន្លឺ (Photoperiod insensitive) និង​ក្រុម​វេទរស​នឹង​រយៈ​ពន្លឺ (Photoperiod sensitive) ។ ក្រុម​អវេទរស​នឹង​រយៈ​ពន្លឺ​មាន​អាយុ​កាលពី​១២០ ទៅ ១៥០​ថ្ងៃ ឯ​ក្រុម​វេទរស​នឹង​រយៈ​ពន្លឺ ត្រូវ​ចេញ​ផ្កា​ចាប់ពី​ពាក់កណ្តាល​ខែតុលា រហូត​ដល់​ពាក់​កណ្តាល​ខែវិច្ឆិកា ។ ពូជ​ដែល​បាន​អនុសាសន៍​កន្លង​មក មានពូជ សន្តិភាព​១ សន្តិភាព​២ សន្តិភាព​៣ ពពូល និង​សារិកា ដែល​ជា​ពួក​អវេទរស​នឹង​រយៈ​ពន្លឺ និង​ពូជ ខា​១ ខា​២ ខា​៣ ខា​១១ រាំងជ័យ និង​ពូជស្រូវ​ក្រអូប​មួយ​ចំនួន​ដូចជា ពូជ​ផ្ការំដួល ផ្ការំចេក ផ្ការំចង់ ផ្កា​រំដេង និង ផ្កា​រមៀត ដែល​ជា​ពូជ​វេទរស​នឹង​រយៈ​ពន្លឺ ។

គ. ពូជស្រូវ​ធ្ងន់ (Late maturity rice variety)

ជា​ប្រភេទ​ពូជស្រូវ​ដែល​មាន​វេទរសភាព​ខ្លាំង​នឹង​រយៈ​ពន្លឺ ។ ជា​ទូទៅ​ពូជស្រូវ​នៅ​ក្នុង​ក្រុម​នេះ ចេញ​ផ្កា​ក្រោយ​ពាក់កណ្តាល​ខែវិច្ឆិកា ។ ពូជ​ដែល​បាន​អនុសាសន៍​កន្លង​មក​មាន ពូជ​ខា​៤ ខា​៥ ខា​៦ ខា​៧ ខា​៨ ខា​១២ និង​ខា​១៣ ។

៥.២.៥.៣. ពូជស្រូវ​វារ ឬ​ស្រូវ​ឡើង​ទឹក (Floating rice variety)

ជា​ប្រភេទ​ស្រូវ​ដែល​មាន​លក្ខណៈ​ពិសេស អាច​ដុះ​លូតលាស់​នៅ​ក្នុង​ស្រែ​ដែល​មាន​ជម្រៅ​ទឹក​ជ្រៅ ចាប់ពី​កន្លះ​ម៉ែត្រ​ឡើង​ទៅ ។ លក្ខណៈ​ពិសេស​ដែល​ពូជ​ទាំងនេះ​ត្រូវ​មាន គឺ​លទ្ធភាព​អាច​លូត​ឡើង​តាម​ទឹក​បាន (Elongation ability) និង​មាន​លទ្ធភាព​លុតជង្គង់ (Kneeing ability) ដើម្បី​កុំឲ្យ​កួរស្រូវ​កប់​ទៅ​ក្នុង​ភក់​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ទៅ​ដល់​គុណភាព​ក៏​ដូច​ជា​ទិន្នផល​ដែរ (រូប ៥.២៤) ។​

ជា​ធម្មតា​ពូជស្រូវ​វារ ឬ​ស្រូវ​ឡើង​ទឹក​មាន​វេទរសភាព​ខ្លាំង​នឹង​រយៈ​ពន្លឺ ។ ពូជ​ដែល​បាន​អនុសាសន៍​កន្លង​មក​មាន​ពូជ ដូន ខាវតាពេជ្រ និង​ទេវតា ។

រូប ៥.២៤ ពូជស្រូវ​វារ​ឬ ស្រូវ​ឡើង​ទឹក

៥.២.៥.៤. ពូជស្រូវ​សម្រាប់​ស្រែ​ដែល​មាន​ប្រព័ន្ធ​ស្រោចស្រព (Rice variety for irrigated conditions)

សម្រាប់​លក្ខខណ្ឌ​ស្រែ​ស្រោចស្រព ពូជ​ដែល​គួរ​ផ្តល់​អនុសាសន៍​ត្រូវ​មាន​អាយុកាល​ខ្លី​មិន​លើស​ពី ១២០​ថ្ងៃ និង​មាន​អវេទរសភាព​ទៅ​នឹង​រយៈ​ពន្លឺ ។ ពូជ​សម្រាប់​លក្ខខណ្ឌ​នេះ​ត្រូវ​មាន​កម្ពស់​ពី​ទាប​ទៅ​មធ្យម (៨០-១២០​សង្ទីម៉ែត្រ) ស្លឹក​ក្រាស់ មាន​ពណ៌​បៃតងចាស់ ឈរ​ត្រង់ និង​មាន​សក្តានុពល​ទិន្នផល​ខ្ពស់ (រូប ៥.២៥) ។ សក្តានុពល​ភាព​នៃ​ការ​បែក​គុម្ព​អាច​ជា​កត្តា​សំខាន់ ប៉ុន្តែ​ការ​បែក​គុម្ព​ខ្លាំង​ពេក​អាច​មិន​មាន​អំណោយផល​ល្អ​ដល់​គុណភាព​គ្រាប់ និង​ទិន្នផល ដោយ​បណ្តាល​ឲ្យ​មានការ​ប្រណាំងប្រជែង (Competition) រវាង​ដើម​មេ និង​ដើម​បែក​ក្នុង​ការ​ស្រូប​យក​ពន្លឺ ក៏​ដូចជា​ជីជាតិ​ដី ដែល​នេះ​គឺជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ទំហំ​គ្រាប់ និង​រយៈពេល​ដែល​គ្រាប់​ត្រូវ​អភិវឌ្ឍ​មាន​ការ​ខុស​គ្នា​ខ្លាំង​រវាង​ដើម​មេ និង​ដើម​បែក និង​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នូវ​អត្រា​កិន (Milling recovery) និង​ជា​ពិសេស​ការ​ថយ​ចុះ​នូវ​អត្រា​អង្ករដើម (Head rice recovery) ។ ដូច្នេះ​ហើយ​ទើប​ទស្សនៈ​ថ្មីៗ​បាន​ផ្ដោត​ទៅ​រក​ការ​អភិវឌ្ឍ​ពូជស្រូវ​ថ្មីៗ ដែល​មាន​ដើម​មេ​តែ​មួយ (Single tillering) ឬ​ដោយ​មាន​ដើម​បែក​តែ​ពីរ ឬ​បី​ប៉ុណ្ណោះ (រូប ៥.២៥) ។ សម្រាប់​លក្ខខណ្ឌ​ស្រោចស្រព​នេះ ពូជ​ដែល​បាន​អនុសាសន៍​កន្លង​មក មាន​ពូជ​សែនពិដោរ អ៊ីអ៊ែរ​៦៦ អ៊ីអ៊ែរ​៧២ គ្រូ អ៊ីអ៊ែរ​កេសរ បារាយណ៍ ជលសារ រហាត់ និង​រំពេរ ។

រូប ៥.២៥ ពូជស្រូវ​សម្រាប់​ស្រែដែល​មាន​ប្រព័ន្ធ​ស្រោចស្រព

៥.២.៥.៥. ពូជស្រូវ​ក្រអូប (Aromated /Scented /fragrant rice variety)

អាស្រ័យ​ដោយ​តម្រូវការ​ទីផ្សារ ស្រូវ​ក្រអូប​កំពុង​តែ​ទទួល​នូវ​ការ​ផ្តោតអារម្មណ៍​យ៉ាង​ពិសេស ។ នេះ​គឺជា​ប្រភេទ​ពូជស្រូវ​ដែល​មាន​ក្លិនក្រអូប​ប្រហើរ​នៅ​ពេល​ដាំបាយ​បរិភោគ ប៉ុន្តែ​ភាព​ខ្លាំង​នៃ​ក្លិន ប្រែប្រួល​ពី​ពូជ​មួយ​ទៅ​ពូជ​មួយ ពី​រដូវ​មួយ​ទៅ​រដូវ​មួយ និង​ពី​រយៈពេល​ទុកដាក់​នៅ​ក្នុង​ជង្រុក​ឆាប់ ឬ​យូរ ។ ស្រូវ​ក្រអូប​អាច​មាន​នៅ​ក្នុង​គ្រប់​ក្រុម​ស្រូវ​ពី​ខាងលើ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន ច្រើន​មាន​នៅ​ក្នុង​ក្រុម​ស្រូវស្រាល និង​ស្រូវកណ្តាល ។ ក្រៅពី​មាន​ក្លិនក្រអូប​ប្រហើរ ពូជ​ទាំងនេះ​ក៏​ត្រូវ​មាន​អង្ករ​ដែល​មាន​ភាព​រលូន ថ្លា និង​បាយ​ទន់​ផង​ដែរ ។ ពូជ​ដែល​បាន​អនុសាសន៍​កន្លង​មក​មាន ពូជ សែនពិដោរ ពូជ​ផ្ការំដួល ផ្ការំចង់ ផ្ការំចេក ផ្កា​រំដេង និង​ផ្កា​រមៀត ។

៥.៣. ផលិតកម្ម​គ្រាប់ពូជ​សុទ្ធ (Seed production system)

៥.៣.១. វិធីសាស្ត្រ​នៃ​ការ​ផលិត​គ្រាប់ពូជ​

នៅ​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ គ្រាប់ពូជ​ដែល​យក​មក​ប្រើប្រាស់​សម្រាប់​ដាំ​នៅ​ក្នុង​រដូវ ឬ​ឆ្នាំ​នីមួយៗ​អាច​ទទួល​បាន​ពី​ប្រភព​ខុសៗ​គ្នា ។ ប្រភព​ទាំងនោះ​អាច​ជា​ប្រភព​មក​ពី​កសិករ​ផ្ទាល់ ឬ​មក​ពី​កសិដ្ឋាន​ផលិត​គ្រាប់ពូជ ។

៥.៣.១.១. ប្រភព​ពី​កសិករ​ផ្ទាល់

ដោយ​អនុវត្ត​ទៅ​តាម​ប្រពៃណី និង​ទម្លាប់ ការ​ទុកដាក់ ឬ​ការ​ប្រមូល​គ្រាប់ពូជ​សម្រាប់​ប្រើប្រាស់​បន្ត​នៅ​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ អាច​មាន​លក្ខណៈ​ខុសៗ​គ្នា​ទៅ​តាម​កសិករ ទៅ​តាម​កម្រិត​យល់ដឹង និង​តាម​ការ​យកចិត្តទុកដាក់​របស់​កសិករ​ទៅ​លើ​ការងារ​នេះ ។

ក. ក្រោយ​ពេល​បោក​បែន កសិករ​រំលែក​គ្រាប់ស្រូវ​ដែល​បាន​បោក​បែន​រួច​ដាក់​ក្នុង​បាវ ឬ​ការ៉ុង​ដោយឡែក​សម្រាប់​ទុក​ធ្វើ​ជា​គ្រាប់ពូជ​នា​រដូវ​ក្រោយ​ទៀត ។ គ្រាប់ពូជ​ដែល​ទទួល​បាន​ពី​ការ​ទុកដាក់​តាម​វិធី​នេះ មិន​អាច​ចាត់​ទុក​ថា​ជា​គ្រាប់ពូជ​ល្អ​បាន​ឡើយ ព្រោះ​វា​អាច​មាន​បញ្ហា​ច្រើន​ពាក់​ព័ន្ធ​ដល់​គុណភាព​គ្រាប់ពូជ ដូចជា​គ្រាប់ស្រូវ​អាច​មាន​សុខភាព​ទន់ខ្សោយ និង​មាន​ភាព​សុទ្ធ (Seed purity) ទាប​ដោយ​មាន​ការ​លាយ​ពី​គ្រាប់ពូជ​នៃ​ពូជស្រូវ​ផ្សេងៗ​ច្រើន ហើយ​ក៏​អាច​មាន​លាយ​គ្រាប់​ស្មៅ ឬ​ក្រួស​ផង​ដែរ ។

ខ. ក្រោយ​ពេល​ច្រូត​កាត់​រួច កសិករ​ជ្រើសរើស​កួរស្រូវ​ល្អៗ​មួយ​ចំនួន​ទៅ​តាម​តម្រូវការ​ជាក់ស្តែង ដើម្បី​ធ្វើការ​បោក​បែន​ដោយឡែក និង​សម្រាប់​ទុកជា​គ្រាប់ពូជ​នា​រដូវ​ក្រោយ​ទៀត ។ គ្រាប់ពូជ​ដែល​ទទួល​បាន​ពី​ការ​ទុកដាក់​តាម​វិធី​នេះ​អាច​បាន​ល្អ​ជាង​វិធីសាស្ត្រ​ខាងលើ ប៉ុន្តែ​ក៏​នៅ​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ចាត់​ទុក​ថា​ជា​គ្រាប់ពូជ​ល្អ​បាន​ឡើយ ។ នៅ​ក្នុង​វិធីសាស្ត្រ​នេះ​កសិករ​ចាប់អារម្មណ៍​ជា​ចម្បង​លើ​កួរស្រូវ​ដែល​ធំ និង​មាន​គ្រាប់​ពេញ​ហើយ​ណែន​ល្អ ។ គ្រាប់ស្រូវ​ដែល​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង​ពី​ពូជ​ដើម ក៏​អាច​ត្រូវ​បាន​ពិចារណា​ដក​ចេញ​ផង​ដែរ ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ការ​ពិនិត្យ​មើល​តែ​លើ​កួរ និង​គ្រាប់ស្រូវ មិន​ទាន់​គ្រប់គ្រាន់​ឡើយ​ដោយហេតុ​ថា ពូជ​ពីរ​ខុស​គ្នា​ក៏​អាច​មាន​កួរស្រូវ និង​គ្រាប់ស្រូវ​ដូច​គ្នា ឬ​ប្រហាក់ប្រហែល​គ្នា​ដែរ តែ​ក៏​នៅ​មិន​អាច​ប្រាកដ​ថា​លក្ខ​ណៈ​ដទៃ​ទៀត​ដូចជា​លក្ខណៈ​រូបសាស្ត្រ (Morphology) សរីរសាស្ត្រ (Physiology) និង​ជា​ពិសេស​លក្ខណៈ​ពន្ធុសាស្ត្រ (Genetic) ដូច​គ្នា ឬ​ខុស​គ្នា​យ៉ាង​ណា​នោះ​ក៏​មិន​អាច​ថា​បាន​ឡើយ ។ ដូច្នេះ​គ្រាប់ពូជ​ដែល​ទទួល​បាន​តាម​វិធីសាស្ត្រ​នេះ ក៏​អាច​មាន​បញ្ហា​ជា​ច្រើន​ពាក់​ព័ន្ធ​ដល់​គុណភាព​ដោយ​មាន​ភាព​សុទ្ធ​ទាប ដែល​បណ្តាល​មក​ពី​ការ​លាយ​ពី​គ្រាប់ពូជ​នៃ​ពូជស្រូវ​ផ្សេងៗ ។

គ. កសិករ​បាន​ជ្រើសរើស រក្សា​ទុក​ផ្នែក​មួយ​នៃ​ស្រែ​ដែល​ជា​ធម្មតា​ស្រូវ​នៅ​ក្នុង​ផែ្នក​នោះ ត្រូវ​មាន​ដើមដង​ល្អ គ្រាប់​ពេញ និង​គ្មាន​ជំងឺ ឬ​សត្វ​ល្អិត​បំផ្លាញ ។ ទំហំ​ស្រែ​នៃ​ផែ្នក​ដែល​ត្រូវ​កំណត់​ទុក​សម្រាប់​យក​គ្រាប់ពូជ​នេះ​គឺ​អាស្រ័យ​ទៅ​តាម​តម្រូវការ​គ្រាប់ពូជ​ដែល​កសិករ​មាន ។ ជា​ទូទៅ​កសិករ​អាច​ធ្វើការ​សម្រិតសម្រាំង​ដោយ​កាត់​ចោល ឬ​ដក​ចេញ​នូវ​ដើម​ដែល​ខុស​ប្លែក​ពី​ដើម​ស្រូវ​ផ្សេង​ទៀត ។ ការ​ច្រូតកាត់ បោក​បែន និង​រាល់​ការ​ប្រតិបត្តិ​ផ្សេងៗ​នៅ​ក្នុង​ផ្នែក​នេះ​នៃ​ស្រែ បាន​ត្រូវធ្វើ​ដោយឡែក​ពី​ការងារ​ផលិតកម្ម​ទូទៅ​នៃ​ស្រែ​ទាំងមូល ។ គ្រាប់ពូជ​ដែល​ទទួល​បាន​ពី​ការ​ទុកដាក់​តាម​វិធី​នេះ មាន​ភាព​ប្រសើរ​ជាង​វិធីសាស្ត្រ​ទាំង​ពីរ​ពី​ខាងលើ ប៉ុន្តែ​អាច​ចាត់​ទុក​ថា​ជា​គ្រាប់ពូជ​ល្អ​បាន​តែ​ក្នុង​ករណី​ដែល​ពូជ​មេ​សម្រាប់​ជា​ចំណុច​ផ្តើម​នៃ​ធ្វើការ​ជ្រើសរើស​នោះ មាន​ភាព​សុទ្ធ​ខ្ពស់​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​ដើម្បី​ឲ្យ​វិធីសាស្ត្រ​នេះ​អាច​ទទួល​បាន​ផល​ល្អ កសិករ​ចាំបាច់​ត្រូវ​ប្រើប្រាស់​គ្រាប់ពូជ​ដំបូង​ដែល​មាន​ភាព​សុទ្ធ​ខ្ពស់​ទទួល​បាន​មក​ពី​អ្នកជំនាញ​ផ្នែក​ខាង​ផលិតកម្ម​គ្រាប់ពូជ ហើយ​ត្រូវ​ដូរ​គ្រាប់ពូជ​សម្រាប់​ប្រើ​នៅ​រវាង​២-៣​ឆ្នាំ​ម្តង​យ៉ាង​យូរ ។

៥.៣.១.២. ប្រភព​មក​ពី​កសិដ្ឋាន​ផលិត​គ្រាប់ពូជ

នៅ​ក្នុង​វិធីសាស្ត្រ​នេះ​ផលិតកម្ម​គ្រាប់ពូជ​សុទ្ធ គឺ​បាន​អនុវត្ត​ទៅ​តាម​លក្ខណៈ​បចេ្ចកទេស ដូច្នេះ​គុណភាព​គ្រាប់ពូជ​ក៏​ត្រូវ​បាន​ធានា ។ ជា​ទស្សនៈ និង​ជា​ការ​អនុវត្ត ការ​ផលិត​គ្រាប់ពូជ​សុទ្ធ​នៅ​ក្នុង​កសិដ្ឋាន​ផលិត​គ្រាប់ពូជ​ត្រូវ​ផ្អែក​ជា​មូលដ្ឋាន​ទៅ​លើ​ចំណេះដឹង​បច្ចេកទេស និង​សម្ភារៈ​ទំនើបៗ ហើយ​ក៏​ត្រូវ​អនុលោម​ទៅ​តាម​បែបបទ​នីតិក្រម​ច្បាប់ និង​នីតិវិធី​វិទ្យាសាស្ត្រ​ផង​ដែរ ។ ជា​ទូទៅ​ការ​ផលិត​គ្រាប់ពូជ​តាម​វិធីសាស្ត្រ​នេះ គឺ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​កសិកម្ម​ទំនើប​ជឿនលឿន និង​តម្រូវការ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន ។

៥.៣.២. គ្រាប់ពូជ​សុទ្ធ (Seed)

៥.៣.២.១. និយមន័យ

គ្រាប់ពូជ​សុទ្ធ គឺជា​គ្រាប់ពូជ​ដែល​មាន​ពន្ធុ​ដូច​គា្ន ពី​គ្រាប់ពូជ​មួយ​ទៅ​គ្រាប់ពូជ​មួយ ឬ​ក៏​អាច​និយាយ​បាន​ថា​គ្រប់​ឯកត្តៈ​នៃ​គ្រាប់ពូជ​នៅ​ក្នុង​ប្រជាករ​មួយ គឺ​មាន​ពន្ធុ​ដូច​គ្នា ។ ដូច្នេះ​ក្រោយ​ពេល​ដែល​គ្រាប់​ទាំងនោះ បាន​យក​ទៅ​ដាំ​នៅ​ក្នុង​យថា​លក្ខខណ្ឌ​ណា​មួយ​ដូច​គ្នា​គ្រប់​រុក្ខជាតិ​ដែល​ដុះ​ចេញ​គឺ​មាន​លក្ខណៈ​ដូច​គ្នា ។

៥.៣.២.២. សារសំខាន់

បទពិសោធន៍ និង​ឧទាហរណ៍​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ប្រើ​គ្រាប់ពូជ​សុទ្ធ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ ។

  1. ធ្វើ​ឲ្យ​ទិន្នផល​កើនឡើង ហើយ​ការ​កើនឡើង​នេះ​កាន់តែ​មាន​ទំហំ​ធំ​ទៅ​ទៀត ពិសេស ចំពោះ​ពពួក​ស្រូវស្រាល (Sakhan Sophany et al., unpublished) ។
  2. ក្រៅពី​ការ​កើនឡើង​នៃ​ទិន្នផល ការ​ប្រើ​គ្រាប់ពូជ​សុទ្ធ​ក៏​អាច​ធ្វើ​ឲ្យ​អត្រា​កិន (Milling recovery) និង​អត្រា​អង្ករដើម (Head rice recovery) កើនឡើង​ដែរ ដែល​នេះ​ក៏​ជា​កត្តា​សំខាន់​មួយ​យ៉ាង​សំខាន់​សម្រាប់​ទីផ្សារ ។​
  3. ក្នុង​ករណី​ដែល​ការ​ប្រើ​គ្រាប់ពូជ​មិន​សុទ្ធ ផលិតកម្ម​ដំណាំ​ស្រូវ​អាច​ធ្វើ​ឲ្យ​ពូជស្រូវ​ក្លាយ ឬ​អាច​បាត់បង់​នូវ​អត្តសញ្ញាណ​ខ្លួន​ទាំងស្រុង (Variety deterioration) ។
៥.៣.២.៣. ចំណាត់ថ្នាក់​គ្រាប់ពូជ (Seed Classification)

នៅ​ក្នុង​ប្រព័ន្ធ​ផលិតកម្ម​គ្រាប់ពូជ ជា​ទូទៅ​គេ​បាន​បែងចែក​ជា​បួន​ចំណាត់​ថ្នាក់ អាស្រ័យ​ទៅ​តាម​គម្លាត​នៃ​រយៈពេល​ដាំ​ដុះ​ពី​គ្រាប់ពូជ​ដំបូង ឬ​គ្រាប់​មេ​ទៅ​ដល់​ជំនាន់​ដែល​គ្រាប់ពូជ​ត្រូវ​បាន​ផលិត​ជាក់ស្តែង (រូប ៥.២៦) ។ ប៉ុន្តែ​ដោយឡែក​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​មាន​រហូត​ដល់​ចំណាត់​ថ្នាក់​ទី​៥ ។ នៅ​ក្នុង​ផលិតកម្ម គ្រាប់ពូជ​ទោះ​នៅ​ក្នុង​ចំណាត់ថ្នាក់​ណា​ក៏​ដោយ រាល់​ការ​អនុវត្ត​តាំង​តែ​ពី​ការ​រៀបចំ​សាប រហូត​ដល់​ពេល​ប្រមូលផល និង​ទុកដាក់ គឺ​ត្រូវធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ។ ជា​ធម្មតា​ការ​ផលិត​គ្រាប់ពូជ គឺ​ច្រើន​អនុវត្ត​ដោយ​ការ​ស្ទូង​ជា​ជួរ និង​តែ​មួយ​ដើម​គត់​ក្នុង​មួយ​គុម្ព ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ការ​ដាំ​ជា​ជួរ​ដោយ​គ្រឿងចក្រ ក៏​អាច​ជា​វិធីសាស្ត្រ​ដែល​ត្រូវ​ពិចារណា​ដែរ ពិសេស​នា​ពេល​កម្លាំង​ពលកម្ម​ត្រូវ​ចោទ​ជា​បញ្ហា ។ ការ​ថែទាំ ដក​ស្មៅ និង​កាត់​ពូជ​លាយ​ចេញ​ត្រូវ​ធ្វើ​ឡើង​ជា​ប្រចាំ​ទៅ​តាម​ដំណាក់កាល​លូតលាស់​នៃ​ដំណាំ​ដើម្បី​ទទួល​បាន​នូវ​ភាព​សុទ្ធ​ល្អ ។​

គ្រាប់ពូជ​សុទ្ធ​ត្រូវ​បាន​ចែក​ជា គ្រាប់ពូជ​សុទ្ធ​ជម្រើសវិទូ គ្រាប់ពូជ​សុទ្ធ​គ្រឹះ គ្រាប់ពូជ​សុទ្ធ​ទទួលស្គាល់ គ្រាប់ពូជ​សុទ្ធ​អនុញ្ញាត និង​គ្រាប់ពូជ​សុទ្ធ​ល្អ ។ ដោយឡែក​ពី​នេះ​គឺ​នៅ​មាន​គ្រាប់ពូជ​មេ ដែល​ជា​គ្រាប់ពូជ​ដំបូង​សម្រាប់​ជា​ការ​ចាប់ផ្តើម​កម្មវិធី​ផលិតកម្ម​គ្រាប់ពូជ ។

រូប ៥.២៦ គំនូសបម្រួញ​នៃ​ដំណើរការ​អនុវត្ត​នៅ​កម្ពុជា​ក្នុង​ប្រព័ន្ធ​ផលិតកម្ម​គ្រាប់ពូជ​សុទ្ធ

ក. គ្រាប់ពូជ​មេ (Nucleus seed) ជា​ទូទៅ​គ្រាប់ពូជ​មេនេះ​គឺ​ត្រូវ​ផលិត និង​រក្សា​ទុក​ដោយ​រុក្ខ​ជម្រើស​វិទូ ហើយ​ក៏​មិនមែន​ជា​ប្រភេទ​គ្រាប់ពូជ​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ដែរ ។

ខ. គ្រាប់ពូជ​សុទ្ធ​ជម្រើសវិទូ (Breeder Seed)- គឺជា​ប្រភេទ​គ្រាប់ពូជ​ដែល​ចាំបាច់​ត្រូវ​ផលិត ដោយ​រុក្ខ​ជម្រើសវិទូ ដោយ​ប្រើប្រាស់​គ្រាប់ពូជ​មេ (NS) និង​ដែល​ត្រូវ​ដាំ​ជា​ជួរ​ដោយ​កួរស្រូវ ដែល​បាន​ប្រមូល​ពី​ពូជ​មេ​ណា​មួយ ។ ជា​ទូទៅ​កួរស្រូវ​ប្រមាណ​ពី ៤០០០ ទៅ ១០០០ កួរ ត្រូវ​បាន​ជ្រើសរើស​ពី​ពូជ​មេ ដើម្បី​យក​ទៅ​ដាំ​ជា​ស្រឡាយ​ដាច់ៗ​ពី​គ្នា ។ ឯកសណ្ឋាន​ភាព​នៅ​ក្នុង​ស្រឡាយ និង​រវាង​ស្រឡាយ​គឺជា​ប្រការ​ចាំបាច់​បំផុត ។ ស្រឡាយ​ដែល​បង្ហាញ​នូវ​ភាព​ខុស​គ្នា​រវាង​ដើម (ឯកត្តៈ) នៅ​ក្នុង​ស្រឡាយ ឬ​ខុស​គ្នា​ជាមួយ​ស្រឡាយ​ដទៃ​ទៀត ទោះបីជា​តិចតួច​ក្តី​ត្រូវ​កាត់​ចោល​ទាំងស្រុង​តែ​ម្តង ។ ស្រឡាយ​ដែល​នៅ​សល់​ដែល​មាន​លក្ខណៈ​ជា​ពូជ​មេ​សុទ្ធសាធ (Truetype progenies) និង​មាន​ឯកសណ្ឋាន​ភាព (Uniformity) ទាំងស្រុង​ត្រូវ​ច្រូតកាត់ និង​ប្រមូល​ចូល​គ្នា​សម្រាប់​ការ​ផលិត​គ្រាប់ពូជ​សុទ្ធ​នៅ​ក្នុង​តំណាក់កាល​ក្រោយ​ទៀត ។

គ. គ្រាប់ពូជ​សុទ្ធ​គ្រឹះ (Foundation Seed) គឺជា​ប្រភេទ​គ្រាប់ពូជ​ដែល​ចាំបាច់​គួរ​ត្រូវ​ផលិត​ដោយ​រុក្ខ​ជម្រើស​វិទូ ដោយ​ប្រើប្រាស់​គ្រាប់ពូជ​សុទ្ធ​ជម្រើស​វិទូ (BS) និង​ដែល​ត្រូវ​ដាំ​ជា​ជួរ ។ រាល់​ដើម​ស្រូវ​ដែល​មាន​លក្ខណៈ​ដូច​ពូជ​មេ​សុទ្ធសាធ​ត្រូវ​ធ្វើការ​ប្រមូល និង​ដាក់​បញ្ចូល​គ្នា សម្រាប់​ការ​ផលិត​គ្រាប់ពូជ​សុទ្ធ​នៅ​ក្នុង​ដំណាក់កាល​ក្រោយ​ទៀត ។

ឃ. គ្រាប់ពូជ​សុទ្ធ​ទទួលស្គាល់ (Register Seed) គឺជា​ប្រភេទ​គ្រាប់ពូជ​ដែល​ចាំបាច់​ត្រូវ​ផលិត​ដោយ​ប្រើប្រាស់​គ្រាប់ពូជ​សុទ្ធ​គ្រឹះ (FS) និង​ដែល​ត្រូវ​ដាំ​ជា​ជួរ ។ ជា​រួម​ការ​ផលិត​គ្រាប់ពូជ​នៅ​ក្នុង​ដំណាក់កាល​នេះ​គឺ​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ការ​ផលិត​គ្រាប់ពូជ​គ្រឹះ​ដែរ​ ប៉ុន្តែ​នៅ​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង ។

ង. គ្រាប់ពូជ​សុទ្ធ​អនុញ្ញាត (Certified Seed)- គឺជា​ប្រភេទ​គ្រាប់ពូជ​ដែល​ត្រូវ​ផលិត ដោយ​ប្រើប្រាស់​គ្រាប់ពូជ​សុទ្ធ​ទទួល​ស្គាល់ (RS) និង​ដែល​ត្រូវ​ដាំ​ជា​ជួរ​ដូច​ក្នុង​ករណី​ផលិត​គ្រាប់ពូជ​សុទ្ធ​ដទៃ​ទៀត​ដែរ ។

ច. គ្រាប់ពូជ​សុទ្ធ​ល្អ (Graded Seed) គឺជា​ប្រភេទ​គ្រាប់ពូជ​ដែល​ផលិត​ចេញពី​គ្រាប់ពូជ​សុទ្ធ​គ្រឹះ ឬ​ពី​គ្រាប់ពូជ​សុទ្ធ​នៃ​ចំណាត់ថ្នាក់​ដទៃ​ទៀត ដោយ​មិន​រក្សា​នូវ​គោលការណ៍​នៃ​ការ​ផលិត​គ្រាប់ពូជ​សុទ្ធ​ទាំងស្រុង​ឡើយ ។ ជា​ទូទៅ​នៅ​ក្នុង​ការ​ផលិត​គ្រាប់ពូជ​សុទ្ធ​ប្រភេទ​នេះ គឺ​អនុវត្ត​ដូច​ក្នុង​លក្ខណៈ​ផលិតកម្ម​ស្រូវ​ធម្មតា​ដែរ ដោយ​ក្នុង​មួយ​គុម្ព​អាច​ស្ទូង​លើស​ពី​មួយ​ដើម​គត់ (២-៣ ដើម​) ប៉ុន្តែ​ក៏​ត្រូវ​ប្រតិបត្តិ​តាម​គោលការណ៍​ផលិត​គ្រាប់ពូជ​សុទ្ធ​ផ្សេង​ទៀត​ទាំងអស់​ដែរ ដូចជា​ការ​កាត់​ពូជ​លាយ ឬ​ការ​ទុកដាក់​គ្រាប់ពូជ ៘ ការ​ផលិត​គ្រាប់ពូជ​ប្រភេទ​នេះ​គឺ​មាន​នៅ​តែ​កម្ពុជា​យើង​ប៉ុណ្ណោះ ដោយ​មូលហេតុ​ដើម្បី​កាត់​បន្ថយ​ថ្លៃដើម​ក្នុង​ការ​ផលិត ងាយស្រួល​ក្នុង​ការ​ទាក់ទាញ​កសិករ​ឲ្យ​ចូលរួម​ក្នុង​ការ​ប្រី​ប្រាស់​គ្រាប់ពូជ​សុទ្ធ ។

៥.៣.៣. បមាណីយ​គុណភាព​គ្រាប់ពូជ

គុណភាព​គ្រាប់ពូជ គឺ​មាន​សំខាន់​ណាស់​យ៉ាង​ខ្លាំង​ក្នុង​ការ​កំណត់​ទិន្នផល​នៅ​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ​ឬ​ដំណាំ​ផ្សេង​ទៀត​ទាំងអស់ ។ ដូច្នេះ​ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់ ការ​ប្រើប្រាស់​គ្រាប់ពូជ​ដែល​មាន​គុណភាព​គឺជា​ប្រការ​ចាំបាច់​បំផុត ។ គុណភាព​គ្រាប់ពូជ​ត្រូវ​កំណត់​ដោយ​កត្តា​មួយ​ចំនួន​ដូចជា ភាព​សុទ្ធ​នៃ​គ្រាប់ពូជ ការ​លាយ​នៃ​គ្រាប់ពូជ​មក​ពី​ពូជ​ដទៃ​ទៀត ពី​ដំណាំ​ដទៃ​ទៀត ឬ​ពី​គ្រាប់​ស្មៅ អត្រា​ដុះ និង​សំណើម (តារាង​ទី ៥.៤) ។

តារាង​ទី ៥.៤ បមាណីយ​នៃ​គ្រាប់ពូជ

ដូច្នេះ​គ្រាប់ពូជ​ដែល​មាន​គុណភាព គឺ​ត្រូវ​តែ​មាន​អូម៉ូសែនភាព​ខ្ពស់ ឬ​មាន​ន័យ​ថា រាល់​ឯកត្តៈ​នៅ​ក្នុង​ប្រជាករ​ត្រូវ​មាន​ពន្ធុ​ដូច​គ្នា ដែល​នេះ​វា​នឹង​ស្តែង​ចេញ​ដោយ​លក្ខណៈ​ដើមដង និង​គ្រាប់​ដូច​គ្នា ។ គ្រាប់ពូជ​ដែល​ប្រមូលផល​រួច ត្រូវ​តែ​មាន​ការ​សម្អាត​ឲ្យ​បាន​ស្អាត​ល្អ​ពី​គ្រាប់​ស្មៅ គ្រាប់​ពូជ​នៃ​ពូជ​ដទៃ ឬ​ពូជ​ដំណាំ​ផ្សេង​ទៀត កម្ទេចកម្ទី​នៃ​សារធាតុ​ផ្សេងៗ ដូចជា ចំបើង សម្បក​អង្កាម និង​កម្ទេច​ដី​ជាដើម ។ គ្រាប់ពូជ​ត្រូវ​តែ​មាន សម្បុរ និង​ទ្រង់ទ្រាយ​ល្អ គ្មាន​ការ​បាក់បែក និង​ត្រូវ​តែ​ទុំ​ល្អ​ពេញ​លេញ​ ពោល​គឺ​គ្រាប់ពូជ​ត្រូវ​តែ​ពេញ​ណែន​ល្អ មិន​ស្ពៀត ឬ​ខៀវ​និង​គ្មាន​ការ​បំផ្លាញ​ពី​សត្វ​ល្អិត​ផ្សេងៗ ។ គ្រាប់ពូជ​ត្រូវ​តែ​ស្ងួត​ល្អ ក្នុង​សំណើម​មិន​លើស​ពី ១៤% និង​ត្រូវ​តែ​មាន​លក្ខណៈ​ជា​ពូជ​ដើម​សុទ្ធសាធ (True-type) ។

៥.៣.៤. កត្តា​ដែល​មាន​ឥទ្ធិពល​លើ​គុណភាព​គ្រាប់ពូជ

៥.៣.៤.១. កត្តា​ពន្ធុសាស្ត្រ (Genetic factors)

ក. បរិវត្តកម្ម (Mutation) ការ​ផ្លាស់​ប្តូរ​កើត​មាន​ឡើង​យ៉ាង​ទាន់ហន់​នៅ​ក្នុង​លក្ខណៈ​ពន្ធុសាស្ត្រ (ពន្ធុ ឬ​ក្រូម៉ូសូម) របស់​រុក្ខជាតិ ឬ​គ្រាប់ស្រូវ​ណា​មួយ ហើយ​អាច​ឲ្យ​លេច​ចេញ​នូវ​លក្ខណៈ​ខុស​ប្លែក​ពី​ពូជ​មេ​ក្នុង​លក្ខណៈ​ណា​មួយ ។ កត្តា​ដែល​បណ្តាល​ឲ្យ​មាន​បរិវត្តន៍​នេះ គឺ​អាច​មក​ពី​កត្តា​ច្រើន​យ៉ាង រួម​ទាំង​ពន្លឺព្រះអាទិត្យ កាំរស្មី​ផ្សេងៗ​ទៀត​ដូចជា​កាំរស្មី X,γ,β សារធាតុ​គីមី​នៅ​ក្នុង​ដី និង​ការ​បំផ្លាញ​ពី​សត្វល្អិត ៘

ខ. សំណល់​នៃ​ពន្ធុ (Genetic residue) គឺជា​លក្ខណៈ​វិយោគកម្ម (Segregation) ដែល​នៅ​មាន​ជា​បន្ត ចំពោះ​ពន្ធុ​ដែល​កំណត់​ទៅ​លើ​លក្ខណៈ​របស់​ពូជ មាន​ន័យ​ថា​ទោះ​តិច ឬ​ច្រើន​ដំណើរ​វិយោគកម្ម អាច​នឹង​នៅ​បន្ត​ក្រោយ​ពី​ពូជ​ត្រូវ​បាន​រំដោះ ។​

គ. ការ​បង្កាត់ (Hybridization) ទោះបី​ស្រូវ​ជា​ប្រភេទ​ស្វ័យចរ​លម្អង​ក៏​ដោយ ការ​បង្កាត់​ជាមួយ​ពូជ​ផ្សេង​ទៀត​ដែល​ដុះ​នៅ​ក្បែរ អាច​នឹង​ប្រព្រឹត្ត​ទៅ​បាន ។ ដូច្នេះ​ការ​ដាំ​ពូជ​ពីរ ឬ​ច្រើន​នៅ​ក្បែរ​គ្នា​ពេក និង​បង្ក​ឲ្យ​ការ​បង្កាត់​ឆ្លង​កើត​មាន​ឡើង ។ ដើម្បី​ចៀសវាង​បញ្ហា​នេះ នៅ​ក្នុង​ផលិតកម្ម​គ្រាប់ពូជ​សុទ្ធ ស្រែ​ដែល​ប្រើ​សម្រាប់​ផលិតកម្ម​គ្រាប់ពូជ​សុទ្ធ ត្រូវ​មាន​ផ្ទៃ​ដី​ការពារ​ គឺ​ត្រូវ​ដាំ​ពូជ​ដូច​គ្នា​ជុំវិញ​ស្រែ​យ៉ាង​ហោច​ណាស់ ៤​ម៉ែត្រ​ពី​ភ្លឺ ដើម្បី​ទប់ទល់​នឹង​ការ​ហើរ​លម្អង​តាម​ខ្យល់ ឬ​ត្រូវ​អនុវត្ត​ពេលវេលា​ដាំ​ដុះ ដោយ​បង្កើត​ឲ្យ​មាន​ពេលវេលា​ដាំ​ដុះ ខុស​គ្នា​ពី​ពូជ​ដទៃ​ទៀត ដើម្បី​កុំ​ឲ្យ​ពូជ​ទាំងនោះ​ចេញ​ផ្កា​នា​ពេល​ប្រហាក់ប្រហែល​គ្នា ។ វត្តមាន​ពូជ​ផ្សេង​ទៀត (ដោយ​ប្រើ​គ្រាប់ពូជ​មិន​សុទ្ធ) ពូជ​ដុះសារ (Ratooning) ឬ​មួរ (Volunteer) នៅ​ក្នុង​ស្រែ ដុះ​លាយឡំ​ជាមួយ​គ្នា ក៏​ជា​កត្តា​អាច​បណ្តាល​ឲ្យ​មានការ​បង្កាត់​ឆ្លង​កើតឡើង​បាន​ដែរ ។​

៥.៣.៤.២. កត្តា​មេកានិច (Mechanical factors)

ក. ការ​ដាំ ការ​ប្រើ​ថ្នាល កញ្ជើរ ល្អី មិន​ស្អាត​ល្អ ឬ​គ្រាប់ពូជ​ដាក់​ដាំ​ដោយ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​អាច​បណ្តាល​ឲ្យ​មាន​ការ​លាយ​កើតឡើង ។

ខ. មុន​ពេល​ប្រមូលផល ការ​ស្ទូង​ជួស​មិន​បាន​ប្រុង​ប្រយ័ត្ន​ដោយ​ប្រើ​សំណាប​នៃ​ពូជ​ផ្សេង​មក​ជួស ។

គ. ក្រោយ​ពេល​ប្រមូលផល រាល់​ដំណើរការ​ប្រតិបត្តិ​ក្រោយ​ពេល​ប្រមូលផល​អាច​ធ្វើ​ឲ្យ​មាន​ការ​លាយ​ពូជ​កើត​ឡើង​ល្គឹកណា ការ​អនុវត្ត​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រុង​ប្រយ័ត្ន​ទេ​នោះ ។ ដំណើរការ​ប្រតិបត្តិ​ទាំងនោះ​មាន​ដូចជា ការ​ច្រូតកាត់ បោក​បែន ហាល រោយ ការ​ដឹក​ជញ្ជូន ការ​ច្រក​បាវ ឬ​ការ៉ុង និង​ការ​ទុកដាក់ ៘

សទ្ទានុក្រម (Glossary)

ឧប្បត្តិមណ្ឌល (Centre of origin) = តំបន់​ដើម​កំណើត​នៃ​រុក្ខជាតិ ឬ​សត្វ

បម្រែបម្រួល​ពន្ធុ (Genetic diversity) = គឺជា​ភាព​ចម្រុះ និង​សម្បូរ​បែប​នៃ​បណ្តុំ​ប្រជាករ​រុក្ខជាតិ ឬ​ឯកត្តៈ​ដែល​មាន​ពន្ធុ​ប្រហាក់ប្រហែល​គ្នា​ដោយ​កើត​ចេញពី​ប្រភព​ជាមួយ​គ្នា

ពន្ធុសាស្ត្រ (Genetic) = ការ​សិក្សា​អំពី​ការ​បន្ត​ពូជ មនុស្ស សត្វ ឬ​រុក្ខជាតិ

បន្សុទ្ធកម្ម​គ្រាប់ពូជ (Seed Purification) = ដំណើរ​ប្រព្រឹត្ត​ក្នុង​ការ​សម្រិតសម្រាំង​ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រាប់ពូជ​ដែល​នឹង​ត្រូវ​ប្រមូល​បាន មាន​ភាព​សុទ្ធ​ខ្ពស់

បរិវត្តកម្ម (Mutation) = គឺជា​អំពើ​ដែល​ពាក់ព័ន្ធ​ដល់​ការ​ប្រែប្រួល​នៅ​ក្នុង​ពន្ធុសាស្ត្រ​របស់​រុក្ខជាតិ ឬ​សត្វ

បសុកម្ម (Domestication) = ដំណើរការ​ផ្សាំង ឬ​បន្សាំ​រុក្ខជាតិ​ព្រៃ ឬ​សត្វព្រៃ​ឲ្យ​រស់នៅ​ក្នុង​លក្ខខណ្ឌ​ស្រុក ឬ​គឺជា​ការ​បន្សាំ​រុក្ខជាតិ​ព្រៃ​ទៅ​នឹង​បរិស្ថាន​ដែល​រៀបចំ​ដោយ​មនុស្ស និង​តាម​តម្រូវការ​របស់​មនុស្ស

បសុរុក្ខជាតិ (Domesticated plant) = រុក្ខជាតិ​ដែល​បាន​ផ្សាំ​ទៅ​នឹង​លក្ខខណ្ឌ​យថា​បរិស្ថាន​ដោយ​អំពើ​របស់​មនុស្ស

ពូជស្រូវ​វប្បកម្ម (Cultivated rice) = ពូជស្រូវ​ដែល​ធ្វើការ​ដាំ​ដុះ

ដំណេក​ភាព​នៃ​គ្រាប់ (Seed dormancy) = រយៈពេល​ដែល​គ្រាប់​មិន​អាច​ដុះ​បាន ទោះជា​មាន​លក្ខខណ្ឌ​ល្អ​សម្រាប់​ការ​ដុះ​លូតលាស់​ក៏​ដោយ

ដុះសារ (Ratooning) = គឺជា​ការ​ដុះ​ចេញពី​គល់​នៃ​ដើម​ចាស់​ដែល​គេ​បាន​ប្រមូលផល​រួច​ហើយ

ឯកពិជបត្ត​រុក្ខជាតិ (Monocotyledon) = រុក្ខជាតិ​ដែល​មាន​ពន្លក​ស្លឹក​មួយ​នៅ​ក្នុង​គ្រាប់

ផេណូទីប (Phenotype) = គឺជា​លក្ខណៈ​រូប​នៃ​រុក្ខជាតិ ឬ​ឯកត្តៈ​មួយ​ដែល​ស្តែង​ចេញពី​លទ្ធផល​នៃ​អន្តរ​អំពើ​រវាង​សេណូទីប​របស់​វា ទៅ​នឹង​បរិស្ថាន​ដែល​វា​រស់នៅ

សេណូទីប (Genotype) = គឺជា​សមាស​ពន្ធុ ឬ​បណ្តុំ​នៃ​សម្ព័ន្ធករ​ពន្ធុ​នៃ​កោសិកា​មួយ​

វេទរសភាព​នឹង​រយៈ​ពន្លឺ (Sensitivity to day length/photoperiod sensitivity) = គឺជា​ការ​ឆ្លើយ​តប​របស់​រុក្ខជាតិ​ទៅ​នឹង​បម្រែបម្រួល​នៃ​ប្រវែង​ថ្ងៃ ឬ​រយៈពេល​នៃ​ពន្លឺ​របស់​ព្រះអាទិត្យ​ចាប់ពី​ពេល​រះ​នៅ​ឰដ៏​ជើងមេឃ​នា​ទិស​បូព៌ា រហូត​ដល់​ពេល​អស្តង្គត​លិច​បាត់​ទៅ​វិញ​ក្នុង​ជើងមេឃ​ឯ​ទិសបស្ចឹម ។ នេះ​គឺជា​ភាព​ប្រកាន់​ទៅ​នឹង​រយៈពេល​នៃ​ថ្ងៃ ឬ​នៃ​ពន្លឺ ក្នុង​រយៈពេល​កំណត់​ច្បាស់លាស់​មួយ​ដែល​ខុស​ពី​នេះ​ រុក្ខជាតិ​មិន​អាច​ចេញ​ផ្កា​បាន ។ ជា​ទូទៅ​គេ​បែងចែក​រុក្ខជាតិ​ជា​ពីរ​ក្រុម​ធំៗ​គឺ​ក្រុម​វេទរសភាព និង​ក្រុម​អវេទរសភាព ។ ដោយឡែក​ក្រុម​វេទរសភាព​អាច​បែងចែក​ជា​ពីរ​ក្រុម​ទៀត​គឺ ក្រុម​វេទរសភាព​ទៅ​នឹង​រយៈ​ពន្លឺ​ខ្លី (ឧ. រុក្ខជាតិ​នៅ​តំបន់​ត្រូពិក ដូចជា​ស្រូវ) និង​ក្រុម​វេទរសភាព​ទៅ​នឹង​រយៈ​ពន្លឺ​វែង (ឧ. រុក្ខជាតិ​នៅ​តំបន់​ត្រជាក់ ដូចជា​ស្រូវ​សាលី)

ការ​បន្សាំ (Adaptation) = ភាព​សម្រប​ទៅ​នឹង​លក្ខខណ្ឌ​នៃ​យថា​បរិស្ថាន​កំណត់

លម្អងកម្ម (Pollination) = គឺជា​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ធ្វើ​លម្អងចរ​ពី​កេសរ​ឈ្មោល​ទៅ​កេសរ​ញី ឬ​ពី​ថង់​លម្អង (Anther) ទៅ​មាត់​កេសរ​ញី (Stigma) ហើយ​ដែល​ជា​លទ្ធផល​នៃ​អំពើ​នេះ​គឺ​ការ​ធ្វើ​ពហុ​ពលក​ម្មៃ​ន​ផ្កា

និប្ផលភាព (Sterility) = ភាព​អារ ឬ​ភាព​មិន​អាច​បន្ត​កូនចៅ​បាន

ភាព​រុះ​នៃ​គ្រាប់ (Seed shattering)= ការ​បែក​ជ្រុះ​នៃ​គ្រាប់​នៅ​ពេល​ដែល​ទុំ ដោយ​អំពើ​នៃ​បរិយាកាស​ជុំវិញ

រុក្ខជាតិ​ដុះ​មួរ (Volunteer plant) = គឺជា​រុក្ខជាតិ​ដែល​ដុះ​ពី​គ្រាប់​មិន​បាន​ដាំ ។ ឧទាហរណ៍ ស្រូវ​ដែល​ដុះ​ចេញពី​គ្រាប់ស្រូវ​ដែល​ជ្រុះ​ក្នុង​ពេល​ទុំ ឬ​ពេល​ប្រមូលផល ហៅ​ថា ស្រូវ​មួរ

រុក្ខជាតិ​ឯកវត្ស (Annual plant) = គឺជា​រុក្ខជាតិ​ដែល​ចាប់ពី​ដាំ​ដល់​ផ្លែ​មាន​រយៈពេល​មិន​លើស​ពី​មួយ​ឆ្នាំ

រុក្ខជម្រើសវិទ្យា (Plant Breeding)= គឺជា​ខ្នែង​មួយ​នៃ​វិទ្យាសាស្ត្រ ដែល​ប្រើប្រាស់​ពន្ធុវិទ្យា (Genetics) ជា​ពិសេស​សម្រាប់​ការ​អភិវឌ្ឍ​ពូជ​ថ្មីៗ ល្អ​ប្រសើរ​ជាង​ពូជ​ធ្លាប់​មាន ដោយ​សម្រប​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​នៃ​លក្ខខណ្ឌ​បច្ចេកទេស លក្ខខណ្ឌ​សង្គម សេដ្ឋកិច្ច វប្បធម៌ និង បរិស្ថាន​ក្នុង​យថា​តំបន់​ណា​មួយ

សមូហកម្ម​ជីវករ (Germplasm collection) = គឺជា​ការ​ប្រមូល​នូវ​ពូជ​ប្រពៃណី​ដែល​បាន​ដាំ​ដុះ​ដោយ​កសិករ និង​ពូជ​ព្រៃ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​តំបន់ ឬ​ប្រទេស ក្នុង​គោលបំណង​យក​មក​វាយតម្លៃ និង​រក្សា​ទុក សម្រាប់​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន ក៏​ដូចជានា​ពេល​អនាគត

វិយោគកម្ម (Segregation) = គឺជា​ការ​ដំណើរ​ប្រព្រឹត្ត​ទៅ​ដែល​ក្នុង​នោះ​លក្ខណៈ​នៃ​រុក្ខ​ប្រជាករ​នៅ​តែ​បែក​ជា​បន្ត​ដោយ​សម្ព័ន្ធករ (Allels) នៃ​ពន្ធុ​របស់​វា​នៅ​មាន​ភាព​អេតេរ៉ូស៊ីកូត ចាប់ពី​ជំនាន់​ទី​២ នៃ​កូន​បង្កាត់​រហូត​ដល់​ពេល​ដែល​សម្ព័ន្ធករ​នៃ​ពន្ធុ​របស់​វា​នៅ​មាន​ភាព​អូម៉ូស៊ីកូត​វិញ ។

វគ្គីករណ៍វិទ្យា (Taxonomy) = វិទ្យាសាស្ត្រ​ដែល​សិក្សា​ពី​ការ​បែងចែក​ក្រុម ឬ​ពួក

 
 

ត្រលប់​ទៅ​មាតិកា​រឿង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s