ជំពូក​១០-ការ​ប្រមូលផល និង​ទុកដាក់

ព្រះមេ ឬ ព្រះមាតា ឬ ព្រះប្រពៃស្រព

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម

ជំពូក​១០

ការ​ប្រមូលផល និង​ទុកដាក់

សោម ប៊ុណ្ណា, ពៅ ស៊ីណាត និង ហួន សេរីវុធ

១០.១. ការ​ច្រូតកាត់

ការ​ច្រូតកាត់ គឺជា​កិច្ច​ប្រតិបត្តិ​ដើម្បី​ប្រមូល​យក​ផ្នែក​ដែល​មាន​ប្រយោជន៍​នៃ​ដំណាំ​ស្រូវ ។ វា​តែង​ធ្វើ​ឡើង​កាលណា​សារធាតុ​ជា​អាហារ​របស់​ដំណាំ​នេះ មាន​លក្ខណៈ​ពេញលេញ​សម្រាប់​ការ​បរិភោគ ឬ​សម្រាប់​ការ​ប្រើប្រាស់​ផ្សេងៗ​ទៀត ។

១០.១.១. គោលការណ៍ និង​វិធីសាស្ត្រ​នៃ​ការ​ច្រូតកាត់

ដើម្បី​ឲ្យ​ការងារ​ច្រូតកាត់​ស្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ដ៏​សម​ស្រប​បំផុត គេ​មិន​ត្រូវ​គិតតែ​ទៅ​លើ​អាយុកាល​លូតលាស់ ដែល​វា​ប្រែប្រួល​ទៅ​តាម​ប្រភេទ​ពូជ និង​លក្ខខណ្ឌ​ដាំ​ដុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ត្រូវ​ពិនិត្យ​មើល​នូវ​កម្រិត​ទុំ​ជាក់ស្ដែង​របស់​ស្រូវ (តារាង ១០.១) ។

តារាង ១០.១ អត្រា​សំណើម​គ្រាប់ស្រូវ និង លក្ខណៈ​រូបសាស្ត្រ​សម​ស្រប​សម្រាប់​ការ​ច្រូតកាត់ (AE, 2004)

ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ​មាន​ភាព​ខុសៗ​គ្នា មាន​ពេល​ខ្លះ​ស្រូវ​មាន​សភាព​ទុំ​គ្រប់គ្រាន់ សម្រាប់​ការ​ច្រូតកាត់ ប៉ុន្តែ​អត្រា​សំណើម​គ្រាប់​នៅ​មាន​កម្រិត​ខ្ពស់ ឬ​ទាប​ជាង​តួលេខ​ក្នុង​តារាង​ខាងលើ ។ ការ​ច្រូតកាត់​អាច​ធ្វើ​ឡើង​ដោយ​ដៃ ដោយ​ប្រើប្រាស់​ឧបករណ៍​សាមញ្ញ ឬ​ដោយ​គ្រឿងយន្ត ។ ការ​ជ្រើសរើស​កម្រិត​ប្រើប្រាស់​គ្រឿងយន្ត អាស្រ័យ​ទៅ​លើ​ភាព​ជាក់ស្ដែង​នៃ​តំបន់ ទំហំ​ដី​ដែល​ត្រូវ​ច្រូតកាត់​ជា​រៀង​រាល់​ឆ្នាំ និង​ទៅ​តាម​ការ​វិភាគ​តម្លៃ​ប្រាក់​ចំណេញ និង​លទ្ធភាព​របស់​កសិករ ឬ​ម្ចាស់​កសិដ្ឋាន ។

១០.១.២. ការ​ច្រូតកាត់​តាម​បែប​ប្រពៃណី

ការ​ច្រូតកាត់​ដោយ​ដៃ តែង​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​កណ្តៀវ ដោយ​បន្សល់​ទុក​នូវ​ជញ្ជ្រាំង​នៅ​ក្នុង​ស្រែ​កម្ពស់​ពី ២០ ទៅ ៣០ សង់ទីម៉ែត្រ ។ បន្ទាប់​ពី​ច្រូត​ហើយ គេ​តែង​ហាល​កណ្ដាប់​ស្រូវ​ពី ១-៣ ថ្ងៃ​នៅ​ក្នុង​ស្រែ ឬ​នៅ​លើ​ភ្លឺ ។ តាម​ធម្មតា គេ​ចំណាយ​កម្លាំង​ពលកម្ម​ប្រមាណ​ពី ២៥ ទៅ ៣០ នាក់ ដើម្បី​ច្រូតស្រូវ​មួយ​ហិកតា​ដោយ​ដៃ ។ នៅ​កន្លែង​ខ្លះ​នៃ​តំបន់​ត្រូពិក ជា​ពិសេស​នៅ​តំបន់​ខ្ពង់រាប គេ​ទម្លាប់​កាត់​យក​តែ​កួរស្រូវ​ដោយ​ប្រើប្រាស់​កាំបិត​នៅ​ឡើយ​ទេ ។

១០.១.៣. ការ​ច្រូតកាត់​ដោយ​គ្រឿងយន្ត

ការ​ច្រូតកាត់​ស្រូវ​ដោយ​ដៃ ដែល​នៅ​តែ​ត្រូវ​បាន​អនុវត្ត​ជា​ទូទៅ កំពុង​ត្រូវ​បាន​ជំនួស​ជា​បណ្តើរៗ ជា​ពិសេស​នៅ​តំបន់​ត្រូពិក ដោយ​ការ​ប្រើប្រាស់​គ្រឿងយន្ត​ដូច​ជា កុំបៃ (Combine Harvester) ជាដើម ។ កុំបៃ​ជា​គ្រឿងយន្ត ដែល​មាន​ផ្នែក​កាត់ បោក​បែន និង​សម្អាត​ក្នុង​ពេល​ព្រម​គ្នា​តែ​ម្ដង ។ អាស្រ័យ​ទៅ​តាម​សំណង់​របស់​វា (ពិសេស​ទទឹង​ច្រូតកាត់) វា​មាន​សមត្ថភាព​អាច​ច្រូតកាត់​ស្រូវ​ក្នុង​មួយ​ហិកតា ដោយ​ចំណាយពេល​តែ​ពី ១ ទៅ ៥ ម៉ោង ។ កុំបៃ​ដែល​គេ​ប្រើប្រាស់​នៅ​ប្រទេស​លោក​ខាងលិច​មាន​ទំហំ​ធំ ដោយ​ប្រដាប់​ច្រូតកាត់​របស់​វា​មាន​ប្រវែង​រហូត​ដល់ ៤ ទៅ ៥ ម៉ែត្រ ។ ការ​ប្រើប្រាស់​គ្រឿងយន្ត​នេះ បាន​ផ្ដល់​នូវ​គុណសម្បត្តិ​ខាង​ផ្នែក​សេដ្ឋកិច្ច កាលណា​ផ្ទៃដី​ច្រូតកាត់​ក្នុង​មួយ​ឆ្នាំ​មាន​ទំហំ​តូច​បំផុត ៧០​ហិកតា (រូប ១០.១) ។

រូប ១០.១ ការ​ច្រូតកាត់​ដោយ​ម៉ាស៊ីន Combine

១០.១.៤. ការ​បាត់បង់ និង​វិធានការ​ការពារ

ដំណាក់កាល​ដែល​សម​ស្រប​បំផុត​សម្រាប់​ប្រមូលផល​ស្រូវ គឺ​នៅ​ពេល​ដែល​គ្រាប់​វា​មាន​អត្រា​សំណើម​ពី ២២ ទៅ ២៨% ឬ​ក៏​នៅ​ពេល​ដែល​គ្រាប់​ស្រូវ​ប្រមាណ​ជា ៨០-៨៥ % មាន​ពណ៌​ដូច​ចំបើង ហើយ​គ្រាប់ស្រូវ​ដែល​នៅ​គល់​កួរ​ស្ថិត​ក្នុង​ដំណាក់កាល​ដាក់​ម្សៅ​ខ្លាំង (Hard dough grain stage) ។ វេលា​នេះ​គឺ​នៅ​ប្រមាណ​ជា ៣០​ថ្ងៃ​ក្រោយ​ពេល​ចេញ​ផ្កា ។ ការ​ប្រមូលផល​យឺត​ពេល​អាច​បណ្ដាល​ឲ្យ​គ្រាប់ស្រូវ​ជ្រុះ​ខ្ចាត់ខ្ចាយ​ក្នុង​ស្រែ​ច្រើន (រូប ១០.២) ឬ​ស្ងួត​ជ្រុល ធ្វើ​ឲ្យ​វា​ងាយ​ប្រេះស្រាំ​នៅ​ពេល​បោក​បែន ហើយ​គ្រាប់ស្រូវ​ដែល​ប្រេះ ឬ​ស្រាំ​នឹង​ត្រូវ​បាក់ នៅ​ពេល​កិន​ជា​អង្ករ ។ ការ​ប្រមូលផល​ឆាប់​ពេក​បណ្ដាល​ឲ្យ​មាន​គ្រាប់​ស្រូវ​ជា​ច្រើន​នៅ​ស្ទើរ​ដែល​ធ្វើ​ឲ្យ​ថយ​ចុះ​នូវ​បរិមាណ និង​គុណភាព​អង្ករដើម​ដែល​កិន​បាន ។ គ្រាប់ស្រូវ​នៅ​ស្ទើរ​មាន​រូបរាង​ស្តើង​ខ្លាំង និង​មាន​សាច់​ខាងក្នុង​ដូច​ដីស ដែល​ធ្វើ​ឲ្យ​កើត​មាន​កន្ទក់ និង​ចុងអង្ករ​ច្រើន​នៅ​ពេល​កិន​ជា​អង្ករ ។

រូប ១០.២ ស្រូវ​ទុំ​ដួល​នៅ​ក្នុង​ស្រែ​ដោយ​ការ​ប្រមូលផល​យឺត

១០.២. ការ​បោក​បែន

ការ​បោក​បែន គឺជា​ការ​ញែក​យក​គ្រាប់ស្រូវ​ចេញពី​ដើម កួរ និង​ស្លឹក​ស្រូវ ដោយ​វិធីសាស្ត្រ​ផ្សេងៗ​ ដូច​ជា ការ​បោក​ដោយ​ក្ដារបោក​ជាមួយ​តង្កៀប​បញ្ជាន់ ឬ​ការ​កាន់​កណ្ដាប់​ស្រូវ​ឲ្យ​ផ្នែក​កួរ​របស់​ស្រូវ​រង​នូវ​ការ​បោក​របស់​ត្បាល់​បោក ដែល​អូស​បង្វិល​ដោយ​ចលករ ។ ការ​បោក​បែន​ដោយ​ដៃ​ជា​វិធីសាស្ត្រ​សាមញ្ញ​គេ​អាច​ធ្វើ​វា​បាន​ដោយ​ប្រើប្រាស់​កម្លាំង​មនុស្ស សត្វ ឬ​ដោយ​គ្រឿងយន្ត ។​

១០.២.១. ការ​បោក​បែន​តាម​បែប​ប្រពៃណី

ការ​បោក​បែន​តាម​បែប​ប្រពៃណី​រួម​មាន ៖

  • ការ​បញ្ជាន់​ដោយ​ជើង ឬ​សត្វពាហនៈ ដោយ​ប្រើប្រាស់​ទីលាន និង​គរ​គំនរ​កណ្ដាប់​ស្រូវ​ជា​រង្វង់ ដោយ​ឲ្យ​សត្វពាហនៈ​ដើរ​ជាន់​ពីលើ ការងារ​នេះ​មាន​ភាព​ល្អ​ប្រសើរ គ្រាប់ស្រូវ​រាយ​ប៉ាយ​លើ​ផ្ទៃ​លាន ហើយ​ចំបើង​នៅ​គរ​ផ្នែក​ខាងលើ ។ ការ​បញ្ជាន់​តាម​បែប​ប្រពៃណី​លាន​បញ្ជាន់​ខ្លះ គេ​រៀបចំ​នៅ​ក្បែរ​ស្រែ​ឬ​នៅ​ក្នុងភូមិ​តែ​ម្ដង នៅ​តំបន់​ខ្លះ​ការ​បញ្ជាន់​ដោយ​សត្វពាហនៈ បាន​ជំនួស​ដោយ​ត្រាក់ទ័រ ។ ក្រោយ​ពី​ពេល​ឲ្យ​សត្វពាហនៈ​ដើរ​ជាន់ ហើយ​ចំបើង​បាន​ញែក​ចេញ​ពី​គ្រាប់ស្រូវ ។ ការ​រោយ​សម្អាត​ដោយ​ខ្យល់​ឬ​កង្ហារ​ដោយ​ប្រើប្រាស់​ចរន្ត​អគ្គិសនី ។
  • ក្ដារបោក និង​គ្រែ​បោក ជា​ទូទៅ​កសិករ​ប្រើ​តង្កៀប​ឈើ​គាប​ទៅ​លើ ១,៤​នៃ​កណ្ដាប់​ស្រូវ ហើយ​បោក​ទៅ​នឹង​ក្ដារបោក ឬ​គ្រែ​ដើម្បី​ប្រឡេះ​យក​គ្រាប់ស្រូវ​ចេញពី​កួរ ។​

១០.២.២. ការ​បោក​បែន​ដោយ​គ្រឿងយន្ត

ការ​បោក​ដោយ​ឧបករណ៍​ជាន់​នឹង​ជើង (Pedal thresher or treadle thresher) ឧបករណ៍​ជាន់​នឹង​ជើង​បង្គំ​ដោយ​ធុង​បោក​ភ្ជាប់​ដោយ​ដែកពត់​រាង​ជា​ត្រីកោណ តួ​ផ្នែក​បញ្ជូន​ចលនា និង​ឈ្នាន់​ជាន់ ។ នៅ​ពេល​ដែល​យើង​ជាន់​ឈ្នាន់ ធុង​បោក​ធ្វើ​ចលនា​វិល ហើយ​ប្រឡេះ​គ្រាប់ស្រូវ​ចេញពី​កួរ ហើយ​គ្រាប់​ស្រូវ​ត្រូវ​ធ្លាក់​ទៅ​ក្រោម​លាយឡំ​ជាមួយ​កំណាត់​ចំបើង​ខ្លីៗ និង​សំដីស្រូវ ការ​ញែក​សម្អាត​គ្រាប់​ត្រូវ​ប្រើប្រាស់​ឧបករណ៍​រែង​សម្អាត ឬ​ការ​រោយ​សម្អាត​ដោយ​ប្រើ​ប្រាស់​ខ្យល់​ផ្លុំ (រូប ១០.៣) ។

រូប ១០.៣ ម៉ាស៊ីន​បោក​ស្រូវ

១០.២.៣. ម៉ាស៊ីន​ច្រូតស្រូវ

ការ​ប្រើប្រាស់​ម៉ាស៊ីន​ច្រូតស្រូវ​នៅ​ប្រទេស ឥណ្ឌា ចិន និង​ថៃ មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ការ​ច្រូតកាត់​ស្រូវ​ដោយ​ដៃ ដែល​បាន​អនុវត្ត​ជា​ទូទៅ​ជា​ពិសេស​នៅ​តំបន់​ត្រូពិក កំពុង​ត្រូវ​បាន​ជំនួស​ជា​បណ្តើរៗ​ដោយ​ការ​ប្រើប្រាស់​គ្រឿងយន្ត ដូច​ជា កុំបៃ (Combine Harvester) ជាដើម ។ ម៉ាស៊ីន​ច្រូតស្រូវ​ទាំង​អស់នោះ​បែងចែក​ជា​ពី​ប្រភេទ​ដូច​ជា ៖

  • ប្រភេទ​ពាក់កណ្តាល​ស្វ័យប្រវត្តិ ដែល​បង្គំ​ផ្នែក​មុខ​មាន​តែ​ឧបករណ៍​កាត់​ដើម​ស្រូវ​ឲ្យ​ដួល​ជា​ជួរ​ទៅ​ម្ខាង និង​ម៉ាស៊ីន​ខ្លះ​អាច​ចង​ជា​កណ្ដាប់​បាន ហើយ​ត្រូវ​យក​ទៅ​បោក​បន្ត​ទៀត ។​
  • ម៉ាស៊ីន​ច្រូត ឬ​កុំបៃ (Combine harvester) ដែល​កិច្ច​ប្រតិបត្តិ​របស់​វា​រួម​បញ្ចូល​ដោយ​ឧបករណ៍​កាត់​ស្រូវ ដឹក​ជញ្ជូន​ទៅ​ផ្នែក​បោក​ត្បាល់​បោក ឧបករណ៍​រោយ​សម្អាត និង​ផ្នែក​បញ្ជូន​ស្រូវ​ទៅ​ក្នុង​ធុង​ឬ​ច្រក​គ្រាប់ស្រូវ​ទៅ​ក្នុង​បាវ ហើយ​ចំបើង​ជា​ទូទៅ​ធ្លាក់​រាយ​នៅ​ក្នុង​ស្រែ (រូប ១០.១) ។

១០.២.៤. ការ​បាត់បង់ និង​វិធានការ​ការពារ

ដើម្បី​កាត់​បន្ថយ​ការ​បាត់បង់​ទាំង​បរិមាណ និង​គុណភាព ៖

  • ស្រូវ​ត្រូវ​មាន​ភាព​ទុំ ៨៥% នៅ​ពេល​ច្រូត និង​មាន​សំណើម​គ្រាប់​ពី ២០ ទៅ ២៤% សម្រាប់​ការ​បោក​ដោយ​ម៉ាស៊ីន ។
  • គួរ​ធ្វើ​ឲ្យ​ត្បាល់​បោក​វិល​ក្នុង​ល្បឿន​សម​ស្រប ព្រោះ​វា​មាន​សារសំខាន់​ដល់​គុណភាព និង​ការ​បាត់បង់ ។ ល្បឿន​ត្បាល់​យឺត​ពេក នឹង​បណ្ដាល​ឲ្យ​មាន​នៅ​សល់​គ្រាប់ស្រូវ​ប្រឡេះ​មិន​អស់ពី​កួរ ហើយ​ល្បឿន​លឿន​ពេក នឹង​បណ្ដាល​ឲ្យ​គ្រាប់ស្រូវ​រង​កម្លាំង​វាយ​ជម្រុះ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ខូច​គុណភាព ។ គួរ​ធ្វើ​ឲ្យ​ចុង​ធ្មេញ​របស់​ត្បាល់ មាន​ល្បឿន​ត្រឹមតែ​ពី ១២ ទៅ ១៤ ម៉ែត្រ/នាទី ឬ​ក៏​ប្រមាណ​ជា ៦០០-៦៥០ ជុំ/នាទី ។
  • ល្បឿន​វិល​របស់​កង្ហារ​បក់ និង​កញ្ច្រែង​ញាក់​កួរ​នៅ​ចន្លោះ​ពី ៨០០ ទៅ ៨៥០ ជុំ/នាទី ។
  • ចុង​ធ្មេញ និង​កញ្ច្រែង​កោង​ព័ទ្ធ​ត្បាល់ (Concave) គួរ​នៅ​ឃ្លាត​ពី​គ្នា​ប្រមាណ​ជា ២៥ មម ។
  • ការ​ប្រើប្រាស់​ម៉ាស៊ីន​ច្រូត ត្រូវ​ជ្រើសរើស​រក​ពូជស្រូវ​ដែល​ធន់​ទ្រាំ​នឹង​ការ​ដួល ផ្ទៃដី​ស្រែ​ត្រូវ​រាបស្មើ ហើយ​មុន​ពេល​ច្រូតកាត់ ត្រូវ​ឲ្យ​ដីស្រែ​ស្ងួត ។ ការ​ប្រើប្រាស់​ម៉ាស៊ីន​ច្រូត ត្រូវ​ត្រួតពិនិត្យ​លើ​ការ​បាត់បង់​របស់​វា​មិន​ឲ្យ​លើស​ពី ៥% ឡើយ ។

១០.៣. ការ​សម្ងួត

ការ​សម្ងួត​ត្រឹមត្រូវ គឺជា​ការ​ធ្វើ​ឲ្យ​សំណើម​ក្នុង​ផលិតផល​ធ្លាក់​ចុះ​ក្នុង​ល្បឿន​សម​ស្រប និង​ធ្លាក់​មក​ដល់​កម្រិត​មួយ​ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​ទុកដាក់ ។

១០.៣.១. ការ​សម្ងួត​តាម​បែប​ធម្មជាតិ

តាម​ធម្មតា ដើម្បី​ទទួល​បាន​អត្រា​សំណើម​កំណត់​មួយ គ្រាប់ស្រូវ​តែង​ត្រូវ​បាន​គេ​យក​ទៅ​ហាល​ក្រោម​កម្ដៅ​ថ្ងៃ នៅ​ត្រង់​កន្លែង​ដែល​មាន​ខ្យល់​បក់​ឆ្លងកាត់ ដោយ​ដាក់​រាយ​ក្នុង​កម្រាស់​ស្តើង​នៅ​លើ​កន្ទេល ឬ​កម្រាល ។ ដើម្បី​ឲ្យ​វា​ស្ងួត​ដំណាលគ្នា គេ​ចាំបាច់​ត្រូវ​វី​ត្រឡប់​គ្រាប់ស្រូវ​ដែល​ហាល​នោះ​ឲ្យ​បាន​ទៀងទាត់ ជា​ពិសេស​នៅ​ពេល​ដែល​ថ្ងៃ​ក្តៅ​ខ្លាំង (រូប ១០.៤) ។

រូប ១០.៤ ការ​សម្ងួត​បែប​ធម្មជាតិ

ជាង​នេះ​ទៅ​ទៀត អត្រា​សំណើម​ធៀប​របស់​ខ្យល់​មិន​ត្រូវ​ឲ្យ​លើស​ពី ៧០% ឡើយ ។ ក្នុង​មូលហេតុ​នេះ​គេ​មិន​គួរ​ដាក់​សំដិល​គ្រាប់ស្រូវ​ឲ្យ​ត្រូវ​ខ្យល់​ក្នុង​ពេល​យប់​ឡើយ ។ ដូច​គ្នា​នេះ​ដែរ វិធី​ហាល​សម្ងួត​បែប​នេះ​មិន​អាច​អនុវត្ត​បាន​នៅ​តំបន់ ដែល​មាន​សំណើម​បរិយាកាស​ខ្ពស់ ឬ​ក្នុង​រដូវភ្លៀង​ធ្លាក់​ឡើយ ។ ត្រូវ​ចង​ចាំ​ថា ការ​សម្ងួត​ពុំ​គ្រប់គ្រាន់ (អត្រា​សំណើម​នៅ​ខ្ពស់) អាច​ធ្វើ​ឲ្យ​ខូចខាត​ផលិតផល​ក្នុង​ពេល​ទុកដាក់ ដោយសារ​តែ​វា​អាច​កើត​មាន​នូវ​ការ​កើន​កម្ដៅ និង​ជំងឺ​ផ្សិត ។

ទោះបីជា​មាន​បញ្ហា​ខ្លះ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ក៏​ដោយ ក៏​ការ​សម្ងួត​តាម​វិធី​ធម្មជាតិ​អាច​ដំណើរការ​ទៅ​បាន​តែ​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​តទៅ ៖

  • កាលណា​អាកាសធាតុ​អំណោយផល​ល្អ
  • កាលណា​បរិមាណ​ស្រូវ​ដែល​ត្រូវ​សម្ងួត​មាន​មិន​ច្រើន​លើស​ពី​សមត្ថភាព ឬ​កម្លាំង​មនុស្ស ឬ​
  • កាលណា​លក្ខខណ្ឌ​ផលិតកម្ម និង​សេដ្ឋកិច្ច​មិន​អនុញ្ញាត​ឲ្យ​មាន​លទ្ធភាព​ប្រើប្រាស់​ម៉ាស៊ីន​សម្ងួត ។

ក. អត្រា​សំណើម​គ្រាប់ និង​រូបមន្ត

អត្រា​សំណើម​នៃ​ផលិតផល ត្រូវ​បាន​កំណត់​ដោយ​តម្លៃ​លេខ​គិត​ជា​ភាគរយ ។ វា​គឺជា​ផលធៀប​រវាង​ទម្ងន់​ទឹក​ដែល​មាន​នៅ​ក្នុង​ផលិតផល និង​ទម្ងន់​ផលិតផល​សរុប (គោលការណ៍​សើម) ឬ​ជា​ផលធៀប​រវាង​ទម្ងន់​ទឹក​ដែល​មាន​នៅ​ក្នុង​ផលិតផល និង​ទម្ងន់​សារធាតុ​ស្ងួត​នៃ​ផលិតផល (គោលការណ៍​ស្ងួត) វា​អាច​តាង​ដោយ​សមីការ (Norman, 1987) ខាងក្រោម ៖

តាម​ធម្មតា គេ​ទទួល​បាន​អត្រា​សំណើម​ដូច​មាន​ក្នុង​សមីការ​ទី​១ តាម​រយៈ​ការ​វាស់​ដោយ​ប្រើប្រាស់​ឧបករណ៍​វាស់​សំណើម​នានា ។ ហើយ​អត្រា​សំណើម​នេះ តែង​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ការងារ​ជាក់ស្ដែង គឺថា​បើ​សំណាក​ស្រូវ​មាន​អត្រា​សំណើម ២៥ % មាន​ន័យ​ថា ក្នុង​ស្រូវ ១០០​ក្រាម មាន​ទឹក ២៥​ក្រាម និង​សារធាតុ​ស្ងួត ៧៥​ក្រាម នៅ​ក្នុង​នោះ ។

ឯ​អត្រា​សំណើម​ក្នុង​សមីការ​ទី​២ តែង​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ការងារ​សិក្សា​ស្រាវជ្រាវ ដោយ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គណនា ។

ខ. របៀប​នៃ​ការ​វាស់​កំណត់​អត្រា​សំណើម​គ្រាប់

កសិករ​មាន​ទម្លាប់​ប៉ាន់ស្មាន អត្រា​សំណើម​គ្រាប់​តាម​បទពិសោធន៍​ការងារ ។ វិធី​ទាំងនេះ​ច្រើន​ផ្អែក​ទៅ​តាម​បទពិសោធន៍​បុគ្គល ហើយ​ពុំ​សូវ​ផ្ដល់​នូវ​ភាព​ទៀងទាត់​ប៉ុន្មាន​ទេ ។ កសិករ​ខ្លះ​យក​គ្រាប់ស្រូវ​ទៅ​ខាំ ឬ​ញេច​ដោយ​ក្រចកដៃ ឬ​ច្របាច់​វា ដើម្បី​វាយតម្លៃ​ភាព​រឹង​ដែល​ទាក់ទង​នឹង​អត្រា​សំណើម​គ្រាប់ ហើយ​អ្នកខ្លះ​ទៀត​ធ្វើ​ការងារ​នេះ ដោយ​យក​គ្រាប់ស្រូវ​ទៅ​ក្រឡុក​ក្នុង​ប្រអប់​ដែក​ហើយ​ស្តាប់​សូរ​តើ​វា​លាន់​ស្រួយ (ស្ងួត) ឬ​អត់ ។

ទោះបីជា​វិធី​ពិសោធន៍​ទាំងនេះ តែង​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​ដោយ​កសិករ​ក៏​ដោយ ក៏​ការ​ប្រើប្រាស់​ឧបករណ៍​វាស់​សំណើម​បាន​ត្រូវ​គេ​និយម​កាន់តែ​ច្រើន​ឡើង ព្រោះ​វា​ផ្ដល់​នូវ​លទ្ធផល​ពិតប្រាកដ​ជាង ។ ឯ​នៅ​ក្នុង​ការងារ​ស្រាវជ្រាវ​វិញ គេ​ច្រើន​កំណត់​អត្រា​សំណើម​គ្រាប់​ដោយ​អនុវត្ត​វិធី​ឡ​សម្ងួត ។

គ. សំណើម​ធៀប​បរិយាកាស និង​របៀប​គណនា​តាម​រូបមន្ត

គ្រាប់ស្រូវ​មាន​លក្ខណៈ​អ៊ីដ្រូស្កូពិក (Hydroscopic) បាន​សេចក្តី​ថា កាលណា​បើ​យើង​ទុកដាក់​ក្នុង​បរិយាកាស​ធម្មតា វា​បំភាយ​ចេញ ឬ​ស្រូប​យក​ទឹក​ក្នុង​ទ្រង់ទ្រាយ​ជា​ចំហាយ ។ នៅ​ក្រោម​សីតុណ្ហភាព​កំណត់​មួយ​ខ្យល់​ពុំ​អាច​ស្រូប​យក​ចំហាយ​ទឹក​ក្នុង​បរិមាណ​ណា​ក៏​បាន​នោះ​ឡើយ ។ ខ្យល់​ត្រូវ​បាន​គេ​ហៅ​ថា «មាន​ភាព​ឆ្អែត​ទឹក» កាលណា​នៅ​ក្រោម​សីតុណ្ហភាព​មួយ វា​មិន​អាច​ស្រូប​យក​ចំហាយ​ទឹកជា​បន្ថែម ហើយ​នៅ​ពេល​នោះ វា​មាន​អត្រា​សំណើម​ធៀប ១០០% ។

សំណើម​ធៀប​របស់​ខ្យល់​ដែល​គិត​ជា​ភាគរយ គឺជា​ផលធៀប​រវាង​ទម្ងន់​នៃ​ចំហាយ​ទឹក ដែល​មាន​នៅ​ក្នុង​ខ្យល់ ១ គីឡូក្រាម និង​ទម្ងន់​នៃ​ចំហាយ​ទឹក​ដែល​មាន​នៅ​ក្នុង​ខ្យល់​មាន​ភាពឆ្អែត​ទឹក ១ គីឡូក្រាម ក្រោម​សីតុណ្ហភាព​កំណត់​មួយ ។ សំណើម​ធៀប​នេះ​តាង​ដោយ​សមីការ​ខាងក្រោម ៖

តារាង ១០.២ ទម្ងន់​អតិបរិមា​នៃ​ចំហាយ​ទឹក​នៅ​ក្នុង​ខ្យល់ ១ គក

តួលេខ​ក្នុង​តារាង ១០.២ ខាងលើ​នេះ​បង្ហាញ​ថា ខ្យល់​មាន​ចំហាយ​ទឹក​កំណត់​មួយ​មាន​ទំនោរ​ទៅ​រក​ភាពឆ្អែត​ទឹក កាលណា​សីតុណ្ហភាព​របស់​វា​ធ្លាក់​ចុះ ។ ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​គេ​ចង់​បង្កើន «សមត្ថភាព​សម្ងួត» របស់​ខ្យល់ (មាន​ន័យ​ថា​ឲ្យ​វា​អាច​ស្រូប​យក​ចំហាយ​ទឹក​បាន​កាន់តែ​ច្រើន) គេ​ចាំបាច់​ត្រូវ​ដុត​កម្ដៅ​វា ។ ជា​ឧទាហរណ៍​ខ្យល់​ដែល​មាន​ចំហាយ​ទឹក ១៥.២​ក្រាម មាន​សំណើម​ធៀប​ខុសៗ​គ្នា​ដូច​តទៅ ៖

ឃ. អត្រា​សំណើម​លំនឹង​នៃ​ខ្យល់ និង​គ្រាប់​ធញ្ញជាតិ

តារាង ១០.៣ អត្រា​សំណើម​លំនឹង​ន្រៃ​គាប់​ធញ្ញជាតិ​មួយ​ចំនួន ដែល​ប្រែប្រួល​ទៅ​តាម​អត្រា​សំណើម​ធៀប​បរិយាកាស​ក្រោម​សីតុណ្ហភាព ២៥ ០C (IRRI, 2005)

១០.៣.២. ការ​សម្ងួត​តាម​បែប​សិប្បនិម្មិត

មក​ទល់​សព្វថ្ងៃ មាន​ម៉ាស៊ីន​សម្ងួត​ជា​ច្រើន​ប្រភេទ និង​ច្រើន​ទម្រង់ ត្រូវ​បាន​គេ​ផលិត និង​ប្រើប្រាស់ ។ ក្នុង​ចំណោម​នោះ គេ​អាច​បែងចែក​ម៉ាស៊ីន​សម្ងួត​ជា ២ ប្រភេទ​សំខាន់ៗ​គឺ ប្រភេទ​ដែល​ផលិតផល​គ្មាន​ចលនា និង​មាន​ចលនា ។ សម្រាប់​ម៉ាស៊ីន​ប្រភេទ​ទី​១ ផលិតផល​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ធុង ឬ​ប្រអប់ ហើយ​ខ្យល់​ក្តៅ​ត្រូវ​បាន​ធ្វើ​ឲ្យ​បក់​ឆ្លងកាត់​វា ដែល​ប្រភេទ​ម៉ាស៊ីន​នេះ​ច្រើន​មាន​តម្លៃ​ថោក​ជាង​ប្រភេទ​ម៉ាស៊ីន​ដែល​ផលិតផល​មាន​ចលនា តែ​វា​មិន​សូវ​ធ្វើ​ឲ្យ​ការ​សម្ងួត​ប្រព្រឹត្ត​ទៅ​បាន​សព្វ​ល្អ​ឡើយ (រូប ១០.៥) ។

រូប ១០.៥ ការ​សម្ងួត​បែប​សិប្បនិម្មិត

ក្នុង​ម៉ាស៊ីន​សម្ងួត​ប្រភេទ​ផលិតផល​មាន​ចលនា (Continuous flow) គ្រាប់ស្រូវ​ត្រូវ​បាន​ដាក់​ឲ្យ​មាន​ចលនា​ជា​បន្តបន្ទាប់​ឆ្លងកាត់​ចរន្ត​ខ្យល់​ក្តៅ ។ ក្នុង​ពេល​ធ្វើ​ចលនា​នោះ​គ្រាប់ស្រូវ​អាច​ត្រូវ​បាន​ច្របល់​ជាប់​ជា​និច្ច ធ្វើ​ឲ្យ​វា​រង​ការ​សម្ងួត និង​ថយ​ចុះ​អត្រា​សំណើម​ប្រហាក់ប្រហែល ឬ​ដំណាលគ្នា (ស្មើ​សាច់ ឬ ស្ទើរ​ស្មើ​សាច់) ។

សម្រាប់​ម៉ាស៊ីន​ទាំង ២ ប្រភេទ សីតុណ្ហភាព​ខ្យល់​សម្ងួត​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​មួយ ដើម្បី​កុំឲ្យ​មាន​បញ្ហា​ដល់​គុណភាព​ផលិតផល (រាប់​ទាំង​ស្រូវ​ចំណី និង​ស្រូវពូជ) ។ តាម​ធម្មតា​គ្រាប់ស្រូវ​មិន​គួរ​ត្រូវ​បាន​ដាក់​ឲ្យ​រង​ខ្យល់​ក្តៅ​ខ្លាំង​ក្នុង​រយៈពេល​យូរ​ឡើយ ។ ត្រូវ​តែ​ចង​ចាំ​ជា​និច្ច​ថា ការ​សម្ងួត​លឿន​ជ្រុល​ដោយ​ប្រើប្រាស់​ខ្យល់ ដែល​មាន​សីតុណ្ហភាព​ខ្ពស់ ក៏​ដូច​ជា​ការ​ធ្វើ​ឲ្យ​គ្រាប់ស្រូវ​ត្រជាក់​ភ្លាមៗ អាច​បណ្ដាល​ឲ្យ​គ្រាប់ស្រូវ​ប្រេះ ដែល​ធ្វើ​ឲ្យ​វា​បាក់​នៅ​ពេល​កិន​ជា​អង្ករ ឬ​ធ្វើ​ឲ្យ​គ្រាប់ពូជ​មាន​ដំណុះ​ខ្សោយ ។ ដើម្បី​បន្ថយ​នូវ​គុណវិបត្តិ​នេះ គេ​អាច​ដាក់​ឲ្យ​គ្រាប់ស្រូវ​រង​ចរន្ត​ក្តៅ​ក្នុង​រយៈពេល​ខ្លី ហើយ​ច្រើន​ដង ។ វិធី​មួយ​ផ្សេង​ទៀត ដើម្បី​បន្ថយ​ការ​ប្រេះ ឬ​ស្រាំ​គ្រាប់​ដោយសារ​ការ​សម្ងួត គេ​គួរ​ដាក់​ឲ្យ​គ្រាប់ស្រូវ​រង​ខ្យល់​ក្តៅ រហូត​ទាល់តែ​អត្រា​សំណើម​របស់​វា​ធ្លាក់​ដល់​កម្រិត​មួយ​ទាប​ជាង​ឬ​ក្រោម​ការ​ចង់​បាន​ពី ២ ទៅ ៣% ហើយ​ទុក​វា​ពី ២ ទៅ ៣​ម៉ោង ឲ្យ​ត្រជាក់ (សម្ងួត​រហូត ១០-១៣%) ។

១០.៣.៣. ការ​បាត់បង់ និង វិធានការ​ការពារ

ក. បញ្ហា​នៃ​ការ​បាត់បង់

ក​១. ការ​បាត់បង់​បរិមាណ

  • មាន​សត្វ​ស៊ី​នៅ​ពេល​ហាល ឬ​
  • ដោយ​ការ​ធ្វេសប្រហែស​ធ្វើ​ឲ្យ​ជ្រុះ​កំពប់ ឬ សត្វ​កាយ​

ក​២. ការ​បាត់បង់​គុណភាព

  • គ្រាប់​ប្រេះស្រាំ

ខ. វិធានការ​ការពារ

  • នៅ​ពេល​ហាល​យើង​មិន​ត្រូវ​ហាល​ក្រាស់ ឬ ស្តើង​ពេក​ទេ
  • ត្រូវ​វី​ត្រឡប់​ឲ្យ​បាន​ញឹកញាប់ ជា​ពិសេស​នៅ​ពេល​ដែល​ថ្ងៃ​ក្តៅ​ខ្លាំង
  • មិន​ត្រូវ​ធ្វើ​ឲ្យ​សីតុណ្ហភាព​គ្រាប់ស្រូវ​ដែល​ហាល​សម្ងួត​លើស​ពី ៤២ អង្សា​សេ និង
  • ត្រូវ​លៃលក​កុំ​ឲ្យ​គ្រាប់ស្រូវ​ដែល​ហាល​ហើយ ត្រជាក់​លឿន​ពេក ។

១០.៤. ការ​ទុកដាក់

ការ​ទុកដាក់​គ្រាប់ស្រូវ គឺ​ជា​កិច្ចការ​មួយ​នៅ​ក្រោយ​ពេល​ប្រមូលផល ដែល​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ថែរក្សា​ផលិតផល​ឲ្យ​មាន​សុវត្ថិភាព សម្រាប់​ការ​ប្រើប្រាស់​ជា​ស្បៀងអាហារ ឬ​ជា​គ្រាប់ពូជ ។ គោលបំណង​ទាំងនោះ​មាន​ជា​អាទិ៍​គឺ ៖

  • សម្រាប់​ជា​គ្រាប់ពូជ​ឬ​សម្រាប់​បរិភោគ​រហូត​ដល់​រដូវ​ច្រូតកាត់​ខាង​មុខ (អាច​មាន​រយៈពេល​១ ឬ​ច្រើន​ឆ្នាំ)
  • សម្រាប់​វិស័យ​ឧស្សាហកម្ម ដោយ​ធានា​ឲ្យ​បាន​នូវ​ការ​ផ្គត់ផ្គង់​ជា​ទៀងទាត់​នូវ​វត្ថុធាតុដើម​
  • សម្រាប់​ទីផ្សារ ដោយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​ផ្គត់ផ្គង់ និង​សេចក្តី​ត្រូវការ (ស្ថេរភាព​តម្លៃ) ។

១០.៤.១. គោលការណ៍​នៃ​ការ​ទុកដាក់

ដើម្បី​រក្សា​គុណភាព​ផលិតផល​ក្នុង​រយៈពេល​យូរ ចាំបាច់​ត្រូវ​បន្ថយល្បឿន​នៃ​ការ​ថយ​ចុះ​គុណភាព ឬ​បញ្ឈប់​វា​ទាំងស្រុង ។ ការ​ចុះ​ថយ​ចុះ​គុណភាព​គ្រាប់ស្រូវ​ក្នុង​ពេល​ទុកដាក់ អាស្រ័យ​ជា​សំខាន់​ទៅ​លើ​កត្តា ៣ គឺ សីតុណ្ហភាព សំណើម និង​បរិមាណ​អុកស៊ីសែន ។

ក. សីតុណ្ហភាព និង​សំណើម

សីតុណ្ហភាព និង​សំណើម គឺជា​កត្តា​ដែល​ធ្វើ​ឲ្យ​កើត​មាន​នូវ​បាតុភូត​ផ្សេងៗ ដូច​ជា​ការ​ដកដង្ហើម​របស់​គ្រាប់ស្រូវ​ជាដើម ។ បាតុភូត​នេះ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​លក្ខណៈ​ជីវគីមី​នៃ​ផលិតផល ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ការ​ថយ​ចុះ​គុណភាព ។ ជាង​នេះ​ទៅ​ទៀត កត្តា​ទាំង​២ ខាងលើ​ក៏​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​ការ​កើត​មាន​សត្វល្អិត និង​មីក្រូ​សរីរាង្គ (Microorganisms) ផ្សេងៗ​ដូច​ជា ផ្សិត និង​បាក់តេរី ព្រមទាំង​ទៅ​លើ​ដំណុះ​គ្រាប់​មុន​កាល​វេលា​កំណត់ ។​

សីតុណ្ហភាព​គ្រាប់ មិន​អាស្រ័យ​ទាំងស្រុង​តែ​ទៅ​លើ​លក្ខខណ្ឌ​អាកាសធាតុ​ប៉ុណ្ណោះ​ទេ តែ​វា​ទាក់ទង​ទៅ​នឹង​ការ​ប្រែប្រួល​បែប​ជីវគីមី ដែល​កើត​មាន​នៅ​ក្នុង​គំនរ​ស្រូវ ហើយ​បង្ក​ឲ្យ​មាន​កម្ដៅ​ខ្លួន​វា ។ ឯ​អត្រា​សំណើម​គ្រាប់​ក៏​ប្រែប្រួល​ផង​ដែរ ទៅ​តាម​អត្រា​សំណើម​ធៀប​បរិយាកាស គឺ​ទៅ​តាម​កម្រិត​លំនឹង ឬ​សមតា រវាង​ខ្យល់ និង​គ្រាប់​ធញ្ញជាតិ ។ រយៈពេល​ទុកដាក់​គ្រាប់ស្រូវ​សម​ស្រប​មាន​បង្ហាញ​នៅ​ក្នុង​តារាង ១០.៤ ។

តារាង ១០.៤ រយៈពេល​ទុកដាក់​ស្រូវ​នៅ​ក្នុង​ឃ្លាំង (គិត​ជា​ចំនួន​ថ្ងៃ​អតិបរិមា) ដែល​ប្រែប្រួល​ទៅ​តាម​សំណើម​គ្រាប់ និង​សីតុណ្ហភាព​បរិយាកាស (Joost et al., 1996 និង IRRI, 2005)

តារាង ១០.៥ អត្រា​សំណើម​សម​ស្រប​សម្រាប់​ទុកដាក់​ផលិតផល​នានា​នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ក្តៅ (Driscoll and Srzednicki, 1995)

ខ. បរិមាណ​អុកស៊ីសែន

ដូច​គ្រាប់​ធញ្ញជាតិ​ដែរ​មីក្រូ​សរីរាង្គ​នានា និង​សត្វល្អិត​គឺជា​រូបធាតុ​មាន​ជីវិត​ដែល​ត្រូវការ​ខ្យល់​អុកស៊ីសែន ។ ការ​ទុកដាក់​គ្រាប់​ធញ្ញជាតិ​នៅ​ក្នុង​មជ្ឈដ្ឋាន​ដែល​មាន​អុកស៊ីសែន​តិច​ធ្វើ​ឲ្យ ៖

  • សត្វល្អិត​មិន​អាច​រស់រាន​បាន​
  • បញ្ឈប់​ការ​រាលដាល​នៃ​មីក្រូ​សរីរាង្គ និង​
  • ទប់ស្កាត់ ឬ បន្ថយល្បឿន​នៃ​បាតុភូត​នានា​ដែល​នាំ​ឲ្យ​គុណភាព​ថយ​ចុះ ។

១០.៤.២. វិធីសាស្ត្រ​នៃ​ការ​ទុកដាក់

ក. ការ​ទុកដាក់​ជា​លក្ខណៈ​គ្រួសារ

បន្ទាប់​ពី​ការ​ច្រូតកាត់​ហើយ កសិករ​តែង​រក្សា​គ្រាប់ស្រូវ​ក្នុង​ជង្រុក ដែល​មាន​លក្ខណៈ​ជា​ប្រពៃណី​ក្នុង​រយៈពេល​ពី ៦ ទៅ ១២​ខែ ។ ជា​ទូទៅ​ជង្រុក​ទាំងនោះ​តែង​មាន​លក្ខណៈ​សម​ស្រប​ទៅ​នឹង​លក្ខខណ្ឌ​សង្គម​សេដ្ឋកិច្ច និង​អាកាសធាតុ ហើយ​ដែល​ត្រូវ​បាន​គេ​សាងសង់​វា​ឡើង ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ទាំងឡាយ​ដែល​មាន ឬ​អាច​រកបាន​ក្នុង​តំបន់ (រូប ១០.៦) ។ ការ​ទុកដាក់​ផលិតផល​នៅ​តាម​កសិដ្ឋាន​តូចៗ អាច​ចែក​ចេញ​ជា ៣ ប្រភេទ សំខាន់ៗ​គឺ ជង្រុក​បែប​ចំហ ពាក់កណ្តាល​ចំហ និង​បិទ​ជិត ។

រូប ១០.៦ វិធីសាស្ត្រ​ទុកដាក់​ស្រូវ​ផ្សេងៗ

ជង្រុក​បែប​ចំហ

ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល​ល្អ (គឺ​មាន​សភាព​ក្តៅ​ហើយ​សើម) គេ​ច្រើន​ប្រើប្រាស់​ជង្រុក​ទុកដាក់ ដែល​មាន​សភាព​ចំហ​ស្ទើរតែ​ទាំងស្រុង ព្រោះថា​ផលិតផល​ច្រើន​នៅ​មាន​សភាព​សើម​នៅ​ឡើយ​នៅ​ពេល​ដែល​គេ​យក​វា​ទៅ​ទុកដាក់ ។ គេ​ច្រើន​ធ្វើ​ទម្រ​ធ្នើ​ពី​បន្ទះក្ដារ ឬ​រនាប ហើយ​ទ្រ​វា​ដោយ​បង្គោល​ឈើ និង​មាន​ដំបូល​ប្រក់​ការពារ​ទឹកភ្លៀង ។ ជួនកាល​ទៀត​គេ​យក​ផលិតផល (ដូច​ជា​ផ្លែ​ពោត​ជាដើម) ទៅ​ព្យួរ​តាម​ធ្នឹម ឬ​នៅ​ពីក្រោម​ដំបូលផ្ទះ ។ សម្រាប់​ករណី​ចុង​ក្រោយ ភ្លើង​ផ្សែង​ដែល​គេ​ដុត​ពី​ខាងក្រោម តែង​ធ្វើ​ឲ្យ​ផលិតផល​នោះ​កាន់តែ​ស្ងួត និង​បណ្ដេញ​សត្វល្អិត​ចង្រៃ​ចេញ ។

ជា​ទូទៅ សំណង់​ជង្រុក​ទុកដាក់​ចំហ​បែប​នេះ​គឺ​ភាគច្រើន​មាន​លក្ខណៈ​សាមញ្ញ ប៉ុន្តែ​វា​ច្រើន​បង្ក​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​សម្អាត ឬ​ធ្វើ​អនាម័យ ។

គុណសម្បត្តិ​នៃ​ជង្រុក​ទុកដាក់​បែប​ចំហ ៖

  • ខ្យល់​ធម្មជាតិ​ដែល​បក់​ឆ្លងកាត់ នឹង​ធ្វើ​ឲ្យ​ផលិតផល​ដែល​កំពុង​ទុកដាក់​កាន់តែ​ស្ងួត​ជា​បន្ត ហើយ​សភាព​បែប​នេះ​ក៏​អាច​ទប់ស្កាត់​បាន​ផង​ដែរ​នូវ​ការ​កើត​មាន​ជំងឺផ្សិត ។​

គុណវិបត្តិ​នៃ​ជង្រុក​ទុកដាក់​បែប​ចំហ ៖

  • សត្វល្អិត កណ្តុរ និង​សត្វ​ស្លាប​អាច​ចេញ​ចូល​បាន​ដោយ​ងាយ ។

ជង្រុក​បែប​ពាក់កណ្តាល​ចំហ

ជង្រុក​បែប​នេះ តែង​ត្រូវ​បាន​គេ​អនុវត្ត​យ៉ាង​ទូលំទូលាយ​នៅ​តំបន់​នានា ដែល​មាន​ភ្លៀង​ធ្លាក់​មធ្យម​ ហើយ​ត្រូវ​បាន​គេ​សាងសង់​ឡើយ​ដោយ​មែកឈើ​តូចៗ ឬ ចំបើង​វេញ​បញ្ចូល​គ្នា និង​គ្រោង​ឈើ​ដែល​មាន​ក្រាល​ចំបើង ។ ជា​ទូទៅ​គេ​ច្រើន​ប្រើប្រាស់​ជង្រុក​ទាំងនេះ​សម្រាប់​ទុកដាក់​ផលិតផល​ដែល​មិន​ទាន់​បោក​បែន ឬ មិន​ទាន់​ប្រឡេះ​គ្រាប់​រួច ។ ការ​ដែល​ផលិតផល​ប៉ះ​ផ្ទាល់​ជាមួយនឹង​ដី អាច​ធ្វើ​ឲ្យ​ផលិតផល​ស្រូប​យក​សំណើម​ពី​ដី​ថែម​ទៀត ។ ដើម្បី​ចៀសវាង​បញ្ហា​នេះ គេ​តែង​ដាក់​កល់​ថ្ម​ពីក្រោម​ជង្រុក​ខាងលើ ។ ការ​ប្រក់​ដំបូល​តែង​ផ្ដល់​នូវ​ការពារ​ផលិតផល​មិន​ឲ្យ​រងទឹក​ភ្លៀង ។ បរិក្ខារ​ទុកដាក់​បែប​ពាក់កណ្តាល​ចំហ អាច​ការពារ​ផលិតផល​មិន​ឲ្យ​រង​លក្ខខណ្ឌ​អាកាសធាតុ​បាន​ល្អ​ជាង​ជង្រុក​បែប​ចំហ ប៉ុន្តែ​វា​បែរ​ជា​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​ឆ្លងកាត់​ផលិតផល​តិច​ជាង​មុន ហើយ​សត្វ​ចង្រៃ​នានា ក៏​នៅ​តែ​ចេញចូល​បាន​ដោយ​គ្មាន​ការ​ពិបាក​ដូច​គ្នា​ដែរ ។

ជង្រុក​បែប​បិទ​ជិត

គេ​ច្រើន​ទុកដាក់​គ្រាប់​ធញ្ញជាតិ​ក្នុង​ជង្រុក​បែប​បិទ​ជិត ដែល​ធ្វើ​អំពី​ដីឥដ្ឋ និង​ដែល​ជួនកាល​មាន​លាយ​ចំបើង​ផង ។ តាម​ធម្មតា ផលិតផល​ដែល​ទុកដាក់​ត្រូវ​បាន​គេ​ប្រឡេះ​គ្រាប់ ឬ​បោក​បែន​ហើយ ។ សភាព​បែប​នេះ​មិន​បង្ក​ឲ្យ​គេ​មាន​បញ្ហា​ជាមួយ​សំណើម និង​កំណ​ជា​ញើស​ឡើយ ព្រោះថា​ផលិត​ផល​ច្រើន​មាន​អត្រា​សំណើម​ទាប ហើយ​ដីឥដ្ឋ​នោះ​អាច​ទប់ស្កាត់​ការ​ជ្រាប​សំណើម​បាន​យ៉ាង​ល្អ ។ ជង្រុក​ទុកដាក់​បែប​នេះ តែង​ត្រូវ​បាន​គេ​សាងសង់​ក្នុង​ទម្រង់ និង​ទំហំ​ជា​ច្រើន​ខុសៗ​គ្នា ដោយ​មាន​គម្រប​បិទ​បើក និង​ដំបូល​ប្រក់​ពីលើ ។ គេ​ច្រើន​យក​ថ្ម​ធំៗ​ទៅ​កល់​ពីក្រោម​វា​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​សំណើម​ពី​ដី​ទៅ​ក្នុង​ផលិតផល ។

ពាង​ធ្វើ​ពី​ដី​ដុត ពី​ឈើ ឬ​ពី​ធុងសាំង ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់ ហើយ​ត្រូវ​បាន​រក​ឃើញ​ថា វា​បាន​ផ្ដល់​នូវ​លទ្ធផល​យ៉ាង​ល្អ​ដល់​ការ​ទុកដាក់​គ្រាប់ពូជ ឬ​គ្រាប់​ធញ្ញជាតិ​នៅ​តាម​ផ្ទះ ។ ក្នុង​បរិក្ខារ​ទុកដាក់​បិទ​ជិត កំណ​ជា​ញើស​អាច​នឹង​កើត​មាន ជា​ពិសេស​នៅ​ពេល​ដែល​គ្រឿងសំណង់​របស់​វា​ធ្វើ​ពី​លោហធាតុ ដូច​ជា​ធុងសាំង​ជាដើម ។ ក្នុង​ករណី​នេះ គេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ដើម្បី​រក្សា​ឲ្យ​សីតុណ្ហភាព​ក្នុង​ជង្រុក​មាន​សភាព​ថេរ គឺថា​ត្រូវ​ដាក់​វា​នៅ​ក្នុង​ម្លប់ ។

គុណសម្បត្តិ​នៃ​ជង្រុក​ទុកដាក់​បែប​បិទ​ជិត

  • តាម​ធម្មតា ជង្រុក​បែប​នេះ​អាច​ទប់​ស្កាត់​នូវ​ការ​ជ្រៀត​ចូល​នៃ​សត្វ​ល្អិត​បាន​យ៉ាង​ល្អ​
  • បរិយាកាស​នៅ​ខាងក្នុង​ជង្រុក​ធ្វើ​ពី​ដីឥដ្ឋ ច្រើន​មាន​សភាព​ត្រជាក់ និង​ស្ងួត​
  • ជង្រុក​បែប​បិទ​ជិត​អាច​ទប់ស្កាត់​បាន​នូវ​ការ​ជ្រៀត​ចូល​នៃ​ខ្យល់ ហើយ​ការ​ដកដង្ហើម​របស់​សត្វល្អិត និង​ផលិតផល ដែល​ធ្វើ​ឲ្យ​មាន​កង្វះ​អុកស៊ីសែន និង​ធ្វើ​ឲ្យ​សត្វល្អិត​ពុំ​អាច​ទ្រាំ​រស់នៅ​តទៅ​ទៀត​បាន ។ ប៉ុន្តែ​បរិមាណ​អុកស៊ីសែន​ដែល​នៅ​សល់​តិចតួច គឺ​មាន​បរិមាណ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​គ្រាប់ពូជ​នៅ​តែ​រក្សា​បាន​នូវ​ថាមពល​ដំណុះ​គ្រាប់ (គ្រាប់​ធញ្ញជាតិ​ត្រូវការ​អុកស៊ីសែន​តិច​ជាង​សត្វល្អិត​សម្រាប់​ការ​ដកដង្ហើម) ។

គុណវិបត្តិ​នៃ​ជង្រុក​ទុកដាក់​បែប​បិទ​ជិត

  • សំណង់​ជង្រុក​មួយ​ចំនួន​ដូច​ជា ធ្វើ​ពី​ដីឥដ្ឋ​ជាដើម មិន​អាច​ទប់ស្កាត់​នូវ​ការ​ជ្រាប​ទឹកបាន​ទាំងស្រុង​ឡើយ ហើយ​វា​ងាយ​បែក​ប្រេះ ឬ​ខូចខាត ដែល​តម្រូវ​ឲ្យ​យើង​ឧស្សាហ៍​ធ្វើការ​ជួសជុល ឬ​សាងសង់​វា​ឡើង​វិញ ឯ​ស្នាម​ប្រេះ​នានា គឺជា​ជម្រក​ដ៏​ល្អ​របស់​សត្វល្អិត ។​
  • កំណ​ជា​ញើស​គឺជា​បញ្ហា​ដ៏​ធំ ជា​ពិសេស​នៅ​ពេល​ដែល​ជង្រុក​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ពី​លោហធាតុ ។

ការ​ទុកដាក់​តិចតួច​ក្នុង​រណ្តៅ ឬ​អន្លុង​ជីក គឺជា​ទម្រង់​ដ៏​ពិសេស​មួយ​នៃ​ប្រព័ន្ធ​ទុកដាក់​បិទ​ជិត ហើយ​ដែល​ត្រូវ​បាន​គេ​អះអាង​ជា​ញឹកញាប់​ក្នុង​ឯកសារ​នានា​ថា ជា​វិធី​ដ៏​កក់ក្តៅ​មួយ​ក្នុង​ការ​ទុកដាក់​គ្រាប់​ធញ្ញជាតិ ដោយហេតុ​ថា​ទម្រង់​ទុកដាក់​បែប​នេះ អាច​បង្ក​ឲ្យ​មាន​ខ្យល់​ចេញចូល​តិចតួច ហើយ​បរិយាកាស​នៅ​ទីនោះ​ទៀត​សោត​ក៏​ច្រើន​មាន​ភាព​ត្រជាក់​ជាង​នៅ​ខាងលើ​ដែរ រួម​ផ្សំ​ទៅ​ដោយ​ភាព​មិន​ងាយ​ប្រែប្រួល​នៃ​សីតុណ្ហភាព​ផង ។ ក្នុង​ករណី​ដែល​រណ្តៅ ឬ​អន្លុង​ទាំងនោះ​ត្រូវ​បាន​រក្សា​មិន​ឲ្យ​ខ្យល់ ឬ​ទឹក​ជ្រាប​ចូល សត្វល្អិត សត្វ​កកេរ​ក៏​ដូច​ជា​ការ​ដុះ​ផ្សិត អាច​កើត​មាន​បាន​តែ​ក្នុង​កម្រិត​តិចតួច​បំផុត ។

ខ. ការ​ទុកដាក់​ជា​លក្ខណៈ​សហគមន៍

វិធី​ទុកដាក់​កម្រិត​ភូមិ

ការ​ទុកដាក់​ស្បៀងអាហារ​កម្រិត​ភូមិ ក្នុង​ទម្រង់​ជា​ធនាគារ​គ្រាប់​ធញ្ញជាតិ ត្រូវ​បាន​គេ​អនុវត្ត​ចាប់តាំងពី​ដើម​ទសវត្ស​ឆ្នាំ​៧០ ។ ធនាគារ​កណ្តាល​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សហករណ៍ ឬ​ក្រុម​កសិករ ក្នុង​ន័យ​ប្រឹងប្រែង​រក្សា​ឲ្យ​មាន​សុវត្ថិភាព​ស្បៀង​សម្រាប់​សហគមន៍​ភូមិ និង​ដើម្បី​បង្ក​លទ្ធភាព​ឲ្យ​កសិករ​អាច​លក់​ផលិតផល​ដែល​លើស​ពី​សេចក្តី​ត្រូវការ​ក្នុង​តម្លៃ​ខ្ពស់​សម​ស្រប ។​

ជា​ទូទៅ ឃ្លាំង​ទុកដាក់​ចំណុះ​ពី ១០ ទៅ ៥០​តោន តែង​ត្រូវ​បាន​គេ​សាងសង់​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​ដោយ​ផ្អែក​លើ​គោលការណ៍​ផ្សេងៗ​សម្រាប់​សំណង់​ឃ្លាំង​ធំៗ គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ការ​បាត់បង់​អាច​កើត​មាន​តែ​ក្នុង​កម្រិត​តិចតួច​បំផុត​ប៉ុណ្ណោះ ។

គុណសម្បត្តិ​ទាំងឡាយ​របស់​ឃ្លាំង​ទុកដាក់​ប្រភេទ​នេះ​មាន​ដូច​តទៅ ៖

  • សំណង់​មាន​លក្ខណៈ​មិន​ស្មុគស្មាញ ដែល​ការ​សាងសង់​អាច​ធ្វើ​ទៅ​បាន​ដោយ​សហគមន៍​ភូមិ ក្រោម​ការ​ត្រួតពិនិត្យ​ពី​អ្នក​ជំនាញ
  • មាន​ភាព​ងាយស្រួល​ក្នុង​ការ​សម្អាត ឬ​ធ្វើ​អនាម័យ​
  • ប្រភេទ​នៃ​វត្ថុធាតុដើម និង​ទម្រង់​នៃ​ដំបូល​តែង​ផ្ដល់​នូវ​លក្ខខណ្ឌ​សីតុណ្ហភាព​សម​ស្រប​ (ផ្ទុយ​ពី​ស័ង្កសី)
  • មាន​សភាព​ជិត​ល្អ បង្ក​ឲ្យ​មាន​ភាព​ងាយស្រួល​ធ្វើ​ការ​ដាក់​ថ្នាំ​សម្លាប់​សត្វល្អិត (Fumigation)
  • មាន​កន្លែង​បិទ​បើក​ខ្យល់​ចេញចូល​ក្នុង​ឃ្លាំង ដែល​អាច​បញ្ជា​បាន​ពី​ខាងក្រៅ​
  • ទប់ស្កាត់​បាន​ល្អ​ជាមួយនឹង​ការ​ជ្រៀតចូល​នៃ​សត្វល្អិត និង​សត្វ​កណ្តុរ ហើយ​
  • សំណង់​មាន​ភាព​ជាប់​មាំ​ប្រើ​បាន​យូរ ។​

១០.៤.៣. ការ​ទុកដាក់​គ្រាប់​ធញ្ញជាតិ​ក្នុង​ឃ្លាំង

ដោយសារ​តែ​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​របស់​មនុស្សជាតិ​ចេះ​តែ​មានការ​ប្រែប្រួល​ជា​លំដាប់ ដូច​ជា ការ​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ស្បៀង​អាហារ ការ​ផ្ដល់​ជំនួយ​ជា​ស្បៀង ការ​កើនឡើង​នូវ​ចំនួន​មនុស្ស​តាម​ទីក្រុង ការ​ទុកដាក់​ក្នុង​ឃ្លាំង​ធំៗ​ត្រូវ​បាន​កើន​ឡើង​ទាំង​បរិមាណ ព្រមទាំង​កាន់តែ​មាន​សារសំខាន់​នៅ​បណ្តា​ប្រទេស​ទាំងអស់ ។

ក. ឃ្លាំង​

ឃ្លាំង​មួយ​ចំនួន ដែល​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​តំបន់​ត្រូពិក មាន​លក្ខណៈ​មិន​សម​ស្រប​បង្ក​ឲ្យ​ផលិតផល​ថយ​ចុះ​គុណភាព និង​ជួប​ការ​បាត់បង់​ក្នុង​កម្រិត​ខ្ពស់ ។ ទោះបីជា​សេចក្ដី​ប្លង់ ក៏​ដូច​ជា​សម្ភារៈ​សំណង់ និង​ឃ្លាំង​ធ្វើ​ឲ្យ​មាន​ខ្យល់​ចេញចូល បាន​ត្រូវ​គេ​ផ្សព្វផ្សាយ​ជា​ទូទៅ និង​មាន​ផ្ដល់​ជូន​ហើយ​ក៏​ដោយ ក៏​ចំណាប់​អារម្មណ៍​ទៅ​លើ​សារសំខាន់​របស់​វា​នៅ​តែ​មាន​កម្រិត ។ គេ​អាច​សង្កេត​ឃើញ​ហេតុការណ៍​នេះ នៅ​លើ​សំណង់​ឃ្លាំង​នានា ដែល​ទើប​សង់​ហើយ​ថ្មីៗ ។

សំណង់​ឃ្លាំង​នានា​ដែល​មាន​រៀបរាប់​ជា​បន្ត​ទៅ​នេះ តែង​ត្រូវ​បាន​គេ​សាងសង់​ឡើង​នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ក្តៅ ។ សក្តានុពល​ភាព​នៃ​ការ​ប្រើប្រាស់​គ្រឿងសំណង់ និង​គុណសម្បត្តិ​របស់​វា​មាន​ភាព​ខុស​គ្នា ។

អាគារ​ដែល​ធ្វើ​ពី​ដែក​ស័ង្កសី

អាគារ​បែប​នេះ​ងាយស្រួល​ក្នុង​ការ​សាងសង់ ប៉ុន្តែ​សម​ស្រប​សម្រាប់​តែ​ការ​ទុកដាក់​បណ្តោះអាសន្ន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​វា​មិន​ល្អ​ជាមួយ​អាកាសធាតុ និង​មាន​បញ្ហា​កំណ​ញើស​ច្រើន (Condensation) ។

ការ​ទុកដាក់​ដោយ​ប្រើប្រាស់​តង់​កៅស៊ូ

ក្នុង​លក្ខខណ្ឌ​គ្មាន​ភ្លៀង ការ​ទុកដាក់​របៀប​នេះ​អាច​ប្រើប្រាស់​បាន ដើម្បី​ទុកដាក់​គ្រាប់​ធញ្ញជាតិ ដែល​គេ​ផលិត​ក្នុង ឬ​តាម​តំបន់​សម្រាប់​ត្រៀម​បង្ការ​ប្រើប្រាស់​នៅ​ពេល​ខ្វះខាត ។ ដើម្បី​ចៀសវាង​បញ្ហា​កំណ​ជា​ញើស​នៅ​ពេល​ទុកដាក់ ចាំបាច់​ត្រូវ​សម្ងួត​ផលិតផល​ឲ្យ​ស្ងួត​មែនទែន (អត្រា​សំណើម​គ្រាប់​ប្រមាណ​ជា ១០%) ។ ក្នុងង​ករណី​ដែល​ស្បៀង​ត្រូវ​បាន​នាំ​យក​មក​ពី​តំបន់​ត្រជាក់ ឬ​ផលិតផល​មាន​អត្រា​សំណើម​ខ្ពស់ ជង្រុក​បែប​នេះ​អាច​ប្រើប្រាស់​បាន​តែ​ក្នុង​លក្ខណៈ​ជា​បណ្តោះអាសន្ន ឬ​ក្នុង​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ព្រោះ​វា​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេងៗ ដូច​អាគារ​ធ្វើ​ពី​ដែក​ស័ង្កសី​ដែរ ។ ការ​បាញ់ថ្នាំ (Fumigation) អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ស្រួល​ជាមួយនឹង​ការ​ប្រើប្រាស់​តង់​កៅស៊ូ​បែប​នេះ ប៉ុន្តែ​វា​មិន​មាន​ភាព​សម​ស្រប​សម្រាប់​ការ​ដឹក​ជញ្ជូន​ទេ ដោយសារ​តែ​គេ​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើម្បី​ចាក់​បំពេញ ហើយ​វា​ងាយ​ធ្លុះ​រហែក ។

ការ​ទុកដាក់​ដោយ​ច្រក​បាវ​ដាក់​ក្នុង​ឃ្លាំង

ដោយ​សន្មត​ថា​គោលការណ៍​បច្ចេកទេស​មូលដ្ឋាន​នានា​នា​ត្រូវ​បាន​ប្រកាន់​យក ការ​ច្រក​ផលិតផល​ក្នុង​បាវ ហើយ​ទុកដាក់​ក្នុង​ឃ្លាំង ដែល​បាន​សង់​ដោយ​មាន​ការ​គិតគូរ​ត្រឹមត្រូវ គឺជា​វិធី​ដែល​សម​ស្រប​ជាងគេ​បំផុត​នៅ​តំបន់​ត្រូពិក ។ ការ​ទុកដាក់​បែប​នេះ គឺ​មាន​ការ​ងាយស្រួល​ដល់​ការ​គ្រប់គ្រង​មាន​តម្លៃ​ថោក មាន​ប្រសិទ្ធិ​ភាព និង​អាច​ទទួលយក​ទៅ​អនុវត្ត​បាន​ដោយ​មិន​ពិបាក ។ វា​អាច​បង្ក​ឲ្យ​មាន​ភាព​ប្រថុយប្រថាន​ខ្លះ​ដែរ នៅ​ពេល​ដែល​ផលិតផល​ត្រូវ​បាន​រក្សា​ទុក ដើម្បី​ត្រៀម​បង្ការ​ភាព​អាសន្ន​ក្នុង​រយៈពេល​យូរ (រូប ១០.៧) ។

រូប ១០.៧ ការ​ច្រក​ស្រូវ​ដាក់​បាវ ហើយ​ទុក​ក្នុង​ឃ្លាំង

ការ​ទុកដាក់​ជា​គំនរ

ការ​ទុកដាក់​បែប​នេះ​នៅ​ក្នុង​ឃ្លាំង និង​ក្នុង​ជង្រុក​មានគុណ​សម្បត្តិ​ត្រង់​ថា វា​បង្ក​ឲ្យ​ចំណាយ​អស់​ពលកម្ម​តិច មិន​សូវ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​កត្តា​ចង្រៃ និង​ក្នុង​ការ​ដឹក​ជញ្ជូន ។ ទោះជា​ដូច្នេះ​ក៏​ដោយ ក៏​ការ​ទុកដាក់​របៀប​នេះ ទាមទារ​នូវ​ការ​គ្រប់គ្រង​មួយ​ដែល​ប្រកបដោយ​ភាព​ប្រុង​ប្រយ័ត្ន ព្រោះ​ត្រូវ​ទប់ស្កាត់ ឬ​បង្ការ​ការ​បាត់បង់​ដែល​កើត​មាន​ឡើង​ដោយ​ភាព​សើម​នៃ​គ្រាប់​ធញ្ញជាតិ និង​បញ្ហា​កំណ​ជា​ញើស ។

ការ​ទុកដាក់​ក្នុង​បរិយាកាស​ធម្មតា

ការ​ទុកដាក់​របៀប​នេះ គឺជា​វិធី​មួយ​ដែល​គេ​តែង​ធ្វើ​ឡើង​ជា​បណ្តោះអាសន្ន និង​សម្រាប់​តែ​ក្នុង​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ។ ផលិតផល​ត្រូវ​តែ​រៀប​ទុកដាក់​លើ​ទម្រ​ឈើ (Pallet) ដើម្បី​ចៀសវាង​ការ​ស្រូប​យក​សំណើម​ពី​ដី ។ ការ​ក្រាល​តង់​កៅស៊ូ ឬ​កម្រាល​ស៊ីម៉ង់ត៍​ពីក្រោម ក៏​ជួយ​ការពារ​ផលិតផល​ដែរ ហើយ​វា​ត្រូវ​តែ​មាន​ពេល​អនុវត្ត​ការ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត (Fumigation ) ។​

គំនរ​ផលិតផល​ក៏​ត្រូវ​តែ​គ្រប​ដោយ​តង់​កៅស៊ូ កាលណា​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល ។ មុន​និង​សម្រេច​ជ្រើសរើស​យក​ប្រព័ន្ធ​ទុកដាក់​បែប​ណាមួយ គេ​ត្រូវ​គិតគូរ​ពិចារណា​ដោយ​ពិនិត្យ​ទៅ​លើ​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​វា ព្រមទាំង​លក្ខខណ្ឌ​ជាក់ស្ដែង​ក្នុង​តំបន់ ។ ជាង​នេះ​ទៅ​ទៀត គេ​គួរ​ចង​ចាំ​ថា ការ​ទុកដាក់​គ្រាន់តែ​ជា​កិច្ច​ប្រតិបត្តិ ឬ​ជា​ផ្នែក​មួយ​នៅ​ក្នុង​ខ្សែ​សង្វាក់​នៃ​ការ​ផ្គត់ផ្គង់​ស្បៀង ពី​អ្នក​ផលិត​ទៅ​អ្នក​ប្រើប្រាស់​តែ​ប៉ុណ្ណោះ ហើយ​ប្រព័ន្ធ​ទុកដាក់​ណា​ក៏​ដោយ ក៏​ត្រូវ​តែ​ជា​ផល​នៃ​ការ​សំយោគ​ចូល​គ្នា និង​ជា​ការ​ទទួលយក​នូវ​ទម្រង់​ដែល​មាន​ជាក់ស្ដែង​ផ្សេងៗ ។

ខ. ការ​ណែនាំ​មួយ​ចំនួន​សម្រាប់​សាងសង់​ឃ្លាំង

ដោយ​សង្កេត​ឃើញ​ថា​មាន​កំហុស​ជា​ច្រើន ត្រូវ​បាន​គេ​ប្រព្រឹត្ត​ឡើង​នៅ​ពេល​សាងសង់​ឃ្លាំង​ទំហំ​ធំ និង​មធ្យម ការ​ណែនាំ​មួយ​ចំនួន​សម្រាប់​ជា​មូលដ្ឋាន​នៃ​ការ​សាងសង់​ឃ្លាំង ត្រូវ​បាន​គេ​ចងក្រង​ឡើង​ដើម្បី​ផ្ដល់​នូវ​លក្ខខណ្ឌ​ប្រសើរ​បំផុត​ដល់​គ្រាប់​ធញ្ញជាតិ និង​ស្បៀងអាហារ​ផ្សេងៗ ។

ការ​កំណត់​ទីតាំង និង​ទិស​សំណង់

  • តាំង​សាងសង់​គួរ​ជា​កន្លែង​ទួល​ខ្ពស់ ឬ កន្លែង​ដែល​មាន​ប្រព័ន្ធ​បង្ហូរទឹក​ចេញ ដើម្បី​ចៀសវាង​ទឹក​ហូរ​ចូល​ឃ្លាំង ឬ​នៅ​ដក់​ជុំវិញ ។
  • ដី​បាត​សំណង់​គួរ​មាន​ភាពរឹងមាំ​អាច​ទ្រ​ទម្ងន់​ឃ្លាំង​បាន
  • ទិស​សំណង់​គួរ​ធ្វើ​បណ្តោយ​ថ្ងៃ (លិច​-​កើត) ដើម្បី​បន្ថយ​ការ​កើន​កម្ដៅ​ដោយ​ពន្លឺព្រះអាទិត្យ ឬ​បែរ​ឲ្យ​ចំ​ទិស​ខ្យល់ ដើម្បី​ឲ្យ​សីតុណ្ហភាព​ក្នុង​ឃ្លាំង​មាន​លំនឹង ឬ​ស្មើៗ​គ្នា ក្នុង​ន័យ​កាត់​បន្ថយ​បញ្ហា​ដែល​កើត​ពី​កំណ​ជា​ញើស ។
  • នៅ​តាម​បណ្តោយ​ផ្លូវថ្នល់ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ចេញចូល ។​

លក្ខណៈ​សំណង់​ទូទៅ

  • គួរ​កុំ​ធ្វើ​ឲ្យ​មាន​ជ្រុង​លើស​ពី ៤ តែ​ត្រូវ​ឲ្យ​មាន​ភាព​ទូលាយ ចៀសវាង​មាន​សសរ​ធ្នឹម ឬ​ទ្វារ​ច្រើន​ដែល​មិន​ចាំបាច់ ដើម្បី​ងាយស្រួល​ក្នុង​ការ​សម្អាត និង​កាត់​បន្ថយ​ច្រកចូល ឬ​ជម្រក​សត្វ​ចង្រៃ ។
  • បន្ទប់​ការិយាល័យ និង​បន្ទប់ទឹក ឬ​បង្គន់ គួរ​ធ្វើ​ឲ្យ​ឃ្លាត ឬ​បាំង​ឲ្យ​ដាច់​ពី​ឃ្លាំង ដើម្បី​ឲ្យ​ការ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត (Fumigation) និង​ការ​គ្រប់គ្រង​សត្វ​ចង្រៃ អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​ប៉ះពាល់ ឬ​មាន​គ្រោះថ្នាក់​ដល់​បុគ្គលិក​ធ្វើការ ។
  • គួរ​មាន​កន្លែង​ទុកដាក់​ថ្នាំពុល ជី និង​អ្វីៗ​ផ្សេង​ទៀត​ដាច់​ដោយឡែក ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ផលិតផល​ដែល​ទុកដាក់​ក្នុង​ឃ្លាំង និង​ដើម្បី​អនាម័យ ឬ​ភាព​ស្អាត​ក្នុង​ឃ្លាំង ។

ទម្រ​បាត​ឃ្លាំង

  • គួរ​ធ្វើ​ឲ្យ​វា​ខ្ពស់​ផុត​ពី​ដី ប្រមាណ​ជា ១​ម៉ែត្រ ដោយ​មាន​ផ្លូវ​ជម្រាល​ចេញចូល ដើម្បី​ចៀសវាង​ការ​ឆ្លង​សំណើម​ពី​ដី ការពារ​ជញ្ជាំង​កុំ​ឲ្យ​ងាយ​ខូច​ដោយ​ការ​ប៉ះ​ទង្គិច​ពី​មធ្យោបាយ​ដឹក​ជញ្ជូន និង​ធ្វើ​ឲ្យ​ស្រួល​ដល់​ការ​លើកដាក់​ចេញ ឬ​ចូល​រថយន្ត​ធុន​ធំ ។​
  • គួរ​មាន​របាំង​ទប់​សំណើម ដែល​អាច​ជ្រាប​ពី​ដី ។ វិធី​ដ៏​សម​ស្រប​មួយ​គឺ​ការ​ដាក់​សំពត់​កៅស៊ូ ដែល​មាន​កម្រាស់​ស្តើង​បំផុត ០.២ មម ឬ​ចាក់​កៅស៊ូ​កម្រាស់ ៥ សម ជា​កម្រាល ។ គួរ​ពាស​កៅស៊ូ​ក្នុង​កម្រាស់​ដដែល​នេះ លើ​ផ្ទៃ​ជញ្ជាំង​ឲ្យ​បាន​កម្រាស់​តិច​បំផុត ។

កម្រាល​បាត​ឃ្លាំង

  • គួរ​ចាក់​ក្រាល​ស៊ីម៉ង់ត៍​ឲ្យ​បាន​ស្មើ កុំ​ឲ្យ​មាន​ភាព​ក្រហេង​ក្រហូង​ដែល​អាច​ជា​ជម្រក​របស់​សត្វ​ចង្រៃ និង​
  • គួរ​ចាក់​ក្រាល​ស៊ីម៉ង់ត៍​ឲ្យ​បាន​រឹង​មាំ​ដើម្បី​អាច​ទ្រ​ទម្ងន់​បាន​គ្រប់គ្រាន់ ។​
  • ជញ្ជាំង
  • គួរ​ធ្វើ​សសរ​បង្កប់​នៅ​ក្នុង​ជញ្ជាំង​ដើម្បី​ធ្វើ​ឲ្យ​ផ្ទៃក្នុង​ឃ្លាំង​រៀបស្មើ ងាយស្រួល​ក្នុង​ការ​ធ្វើ​អនាម័យ​
  • គួរ​ធ្វើ​ឲ្យ​បាន​រលោង​កុំ​ឲ្យ​មាន​រន្ធ ឬ​ប្រហោង​ផ្សេងៗ​នៅ​ផ្ទៃ​ខាងក្នុង ឬ​ខាងក្រៅ ដើម្បី​កុំឲ្យ​សត្វ​ចង្រៃ​ប្រើប្រាស់​ធ្វើ​ជា​ជម្រក ។ ទោះបីជា​មាន​រន្ធ​តូចៗ​យ៉ាងណា​ក៏​ដោយ ក៏​គួរ​ភ្ជិត​វា​ឲ្យ​បាន​ស្អាត​ដែរ​
  • គួរ​លាបថ្នាំ​ប្រេង​ព័ណ៌​ស​នៅ​ផ្ទៃ​ជញ្ជាំង​ខាងក្រៅ ដើម្បី​ឲ្យ​វា​ជះ​ពន្លឺ​ថ្ងៃ​ចេញ​សម្រាប់​បន្ថយ​កម្ដៅ និង​កុំ​ឲ្យ​សំណើម​ជ្រា​ប​ចូល និង​
  • គួរ​កុំ​ប្រើ​ដែក​ស័ង្កសី​ធ្វើ​ជញ្ជាំង ពីព្រោះ​វា​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​សីតុណ្ហភាព​ខ្លាំង​នៅ​ក្នុង​ឃ្លាំង ហើយ​ធ្វើ​ឲ្យ​មាន​កំណ​ជា​ញើស ។

ដំបូល

  • គួរ​ធ្វើ​ឲ្យ​មាន​សំយាប​លយ​ហួស​ជញ្ជាំង​យ៉ាងតិច ១​ម៉ែត្រ ដើម្បី​ជា​ម្លប់ និង​ការពារ​ទឹកភ្លៀង​ដល់​ជញ្ជាំង
  • គួរ​ធ្វើ​ឲ្យ​មាន​សំយាប​លយ​ហួស​ជញ្ជាំង​យ៉ាងតិច ២​ទៅ ៣ ម៉ែត្រ នៅ​ត្រង់​ទ្វារ​ឃ្លាំង ដើម្បី​សម្រួល​ដល់​ការងារ​លើកដាក់​ផលិតផល​ចេញចូល ទោះបីជា​មាន​ពេល​ភ្លៀង
  • គួរ​បាំង​សំណាញ់​នៅ​ចន្លោះ​ជញ្ជាំង និង​ដំបូល​ដើម្បី​កុំ​ឲ្យ​សត្វល្អិត​ចង្រៃ ឬ​សត្វ​ស្លាប​ចេញចូល​ឃ្លាំង​បាន
  • នៅ​ពេល​ប្រើប្រាស់​ដំបូល​ស័ង្កសី គួរ​រក​សម្ភារៈ​អ្វី​មួយ​សម្រាប់​ទប់​ការ​ឡើង​ចុះ​កម្ដៅ ប៉ុន្តែ​តោង​ប្រយ័ត្ន​ថា វា​អាច​ក្លាយជា​ជម្រក​សត្វ​ចង្រៃ ឬ​ធ្វើ​ឲ្យ​ពិបាក​សម្អាត​ឃ្លាំង​
  • ក្នុង​ន័យ​កាត់​បន្ថយ​ការ​ឡើង​ចុះ​កម្ដៅ គួរ​ប្រើប្រាស់​ដំបូល​អាលុយមីញ៉ូម ឬ ហ្វីប្រូ​ស៊ីម៉ង់ត៍ និង​
  • គួរ​ដាក់​ទរ​បង្ហូរ​ទឹកភ្លៀង​ឲ្យ​ចូល​ទៅ​ក្នុង​លូ ឬ ប្រឡាយ​បង្ហូរទឹក​ចេញពី​បរិវេណ​ឃ្លាំង ដើម្បី​កុំឲ្យ​ជញ្ជាំង និង​ផ្ទៃ​ខាងក្រោម​វា​សើម​នៅ​ពេល​ភ្លៀង ។​

ទ្វារ

  • គួរ​ធ្វើ​ឲ្យ​មាន​ទ្វារ​តែ​ពីរ​នៅ​ជញ្ជាំង​សងខាង​ដែល​មាន​ហោជាង (មិនមែន​ជញ្ជាំង​មុខក្រោយ​ទេ)
  • ទ្វារ​ដែល​មាន​ត្រចៀក​សម្រាប់​បិទ​បើក អាច​បិទ​ជិត​ការពារ​កណ្តុរ​បាន​ល្អ​ជាង​ទ្វារ​រុញ ដែល​តែងតែ​ធ្វើ​ឲ្យ​មាន​ចន្លោះ​រវាង​ទ្វារ និង​ជញ្ជាំង (កូនកណ្តុរ​អាច​ជ្រៀតចូល​តាម​ប្រឡោះ​ដែល​មាន​ទំហំ​ត្រឹមតែ ៦ មម)
  • ទ្វារ​រមូរ​ច្រើន​មាន​ច្រែះ និង​ពិបាក​បិទ​បើក​នៅ​ពេល​ប្រើ​យូរ​ទៅ​
  • ទ្វារ​ធ្វើ​ពី​ដែក ឬ​លោហធាតុ​អាច​ទប់ទល់​បាន​ល្អ​ជាមួយនឹង​ការ​បំផ្លាញ​របស់​សត្វ​កណ្តុរ ។ ក្នុង​ករណី​ប្រើប្រាស់​ទ្វារ​ឈើ គួរ​ពាស​ផ្នែក​ខាងក្រោម​វា​ដោយ​បន្ទះ​ដែក​ឲ្យ​បាន​កម្ពស់​តិច​បំផុត ០.៥ ម៉ែត្រ ។

ប្រឡោះ​ឲ្យ​ខ្យល់​ឆ្លងកាត់

  • គួរ​ធ្វើ​ឲ្យ​មាន​សន្ទះ​បិទ​បើក​ប្រឡោះ​នេះ ដើម្បី​មាន​លទ្ធភាព​គ្រប់គ្រង​បរិមាណ ឬ​ល្បឿន​ខ្យល់​បក់​ឆ្លងកាត់ ឬ​បញ្ចេញ​កម្ដៅ​ពី​ឃ្លាំង ។ គួរ​ធ្វើ​ឲ្យ​ប្រឡោះ​នេះ​មាន​ទំហំ​ដូច​តទៅៈ ០.៥ ម៉ែត្រការ៉េ សម្រាប់​ផ្ទៃ​ឃ្លាំង ១០០ ម៉ែត្រការ៉េ ដើម្បី​ឲ្យ​មាន​ខ្យល់​ចូល​នៅ​ផ្នែក​ខាងក្រោម​នៃ​ផ្ទៃ​ជញ្ជាំង និង ១.៥ ម៉ែត្រ ការ៉េ សម្រាប់​ផ្ទៃ​ឃ្លាំង ១០០ ម៉ែត្រការ៉េ ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញ​នៅ​ផ្នែក​ខាងលើ​នៃ​ជញ្ជាំង ។​
  • ប្រឡោះ​ខាងក្រោម​គួរ​ស្ថិត​នៅ​ក្នុង​កម្ពស់​ប្រមាណ ០.៥​ម៉ែត្រ​ពី​ដី ចំណែក​ប្រឡោះ​ខាងលើ​គួរ​ឲ្យ​ឃ្លាត​ពី​ដំបូល​ប្រមាណ​ជា ០.៥​ម៉ែត្រ ។ ប្រឡោះ​ទាំងអស់​គួរ​ធ្វើ​នៅ​លើ​ជញ្ជាំង​ទាំង​ខាង​មុខ ទាំង​ខាងក្រោយ
  • ការ​បិទ​ប្រឡោះ​ទាំងនោះ​ឲ្យ​ជិត​ទាំងស្រុង អាច​ការពារ​មិន​ឲ្យ​ចំហាយ​ថ្នាំ​សម្លាប់​សត្វល្អិត​ភាយ​ចេញ
  • ការ​បាំង​សំណាញ់​ដែក​លើ​ប្រឡោះ​នេះ​អាច​ការពារ​មិន​ឲ្យ​កណ្តុរ និង​សត្វ​ស្លាប​ចេញចូល​ឃ្លាំង​បាន
  • គួរ​ធ្វើ​ជា​ដំបូល ឬ គម្រប​សំយាប ពីលើ​រន្ធ​ទាំងនេះ​ដើម្បី​ការពារ​ទឹកភ្លៀង​កុំ​ឲ្យ​សាច​ចូល​ឃ្លាំង ។

ប្រភេទ​នៃ​សំណង់​ឃ្លាំង​មួយ​ផ្សេង​ទៀត ដែល​អាច​ប្រើប្រាស់​បាន​សម្រាប់​ការ​ទុកដាក់​កម្រិត​ភូមិ គឺ​ការ​ប្រើប្រាស់​ឥដ្ឋ ។ ជញ្ជាំង​របស់​សំណង់​ប្រភេទ​នេះ​តែង​ត្រូវ​បាន​គេ​ពាស ឬ ប៉ាត​ដោយ​បាយអ​លាយ​ស៊ីម៉ង់ត៍ ។ ប្រព័ន្ធ​គ្រឹះ និង​សសរ ដែល​មាន​ភាព​មាំទាំ​តែង​បាន​បង្ក​ឲ្យ​គេ​អាច​សង់​ដំបូល​ពី Bitumen ឬ​ភក់​ទៅ​តាម​កម្រិត​ចំណុះ​របស់​ឃ្លាំង ។

១០.៤.៤. ការ​បាត់បង់ និង​វិធានការ​ការពារ

ក. ការ​សម្អាត​ឃ្លាំង

វិធានការ​នានា​ដើម្បី​សម្អាត​ឃ្លាំង មាន​សារសំខាន់​ជាទី​បំផុត​ក្នុង​ការ​រក្សា​គុណភាព និង​កាត់​បន្ថយ​ការ​បាត់បង់​ផលិតផល​នៅ​ពេល​ទុកដាក់ ។ វិធានការ​ទាំងនេះ​ច្រើន​តែ​មាន​ភាព​សាមញ្ញ និង​ថោក ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់ គឺថា​អ្នកគ្រប់គ្រង​ឃ្លាំង​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្មាន​ពិបាក ប៉ុន្តែ​វា​ទាមទារ​ឲ្យ​មាន​ការ​យល់​ដឹង ការ​យកចិត្ត​ទុកដាក់ ការ​ពិនិត្យ​ថែទាំ ការ​ទទួលខុសត្រូវ និង​ភាព​មធ្យ័ត ។​

គោលការណ៍​ជា​មូលដ្ឋាន​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ការ​ទុកដាក់​ទទួល​បាន​ជោគជ័យ​មាន​ជា​អាទិ៍​គឺ ៖

  • ជា​និច្ច​ជា​កាល ត្រូវធ្វើ​ឲ្យ​ឃ្លាំង និង​បរិវេណ​ជុំវិញ​ស្អាត
  • ជា​និច្ច​ជា​កាល ចូរ​ធ្វើ​ឲ្យ​គ្រាប់​ធញ្ញជាតិ​ត្រជាក់ និង ស្ងួត ហើយ​រក្សា​ឲ្យ​ឃ្លាំង​ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ ។

ខ. វិធាន​ការណ៍​ដើម្បី​រក្សា​គុណភាព​ផលិតផល​ដែល​ទុកដាក់

កំណត់​ត្រា ឬ ការ​ចង​ចាំ នៅ​មុន​ពេល​អនុវត្ត​ការ​ទុកដាក់

  • ចូរ​ពិនិត្យ​លក្ខខណ្ឌ​ផ្សេងៗ​ក្នុង​ឃ្លាំង​ដោយ​ប្រើប្រាស់​តារាង​ត្រួតពិនិត្យ ហើយ​ចាត់​វិធានការ​ជា​បន្ទាន់​លើ​រាល់​ភាព​មិន​ប្រក្រតី ឬ​គុណវិបត្តិ​ទាំងឡាយ​ដែល​ពិនិត្យ​ឃើញ​
  • ចូរ​ធ្វើ​ឲ្យ​បាន​ប្រាកដ​ថា រាល់​ការ​ខូចខាត​នានា​នៃ​សំណង់​ឃ្លាំង​ត្រូវ​បាន​ជួសជុល (ដំបូល ជញ្ជាំង និង​បាត កម្រាល​ធ្លុះ ឬ​ប្រេះ) ទ្វារ​បិទ​មិន​ជិត​ល្អ ចម្រឹង ឬ​សំណាញ់​ប្រឡោះ​ខ្យល់​ខូច កញ្ចក់​បែក ៘
  • ចូរ​សម្អាត​ឲ្យ​បាន​ស្អាត​សព្វ​នូវ​បាត​កម្រាល ជញ្ជាំង ដំបូល ទ្វារ និង ប្រឡោះ​ខ្យល់​ចេញចូល​ឃ្លាំង
  • ចូរ​សម្អាត ហើយ​យក​ចេញ​នូវ​កាក​សំណល់​គ្រាប់​ធញ្ញជាតិ សំរាម សំបុក​សត្វ ស្មៅ និង​គុម្ពោត​នានា​ឲ្យ​ស្រឡះ​ពី​បរិវេណ​ឃ្លាំង ក្នុង​ចម្ងាយ​តិច​បំផុត ៥ ម៉ែត្រ​កុំ​ឲ្យ​មាន​ជម្រក​ដល់​សត្វ​ចង្រៃ​
  • ចូរ​ប្រមូល​សំរាម​ដាក់​ក្នុង​ធុង (ឧ. ធុងសាំង​ចាស់ៗ) ហើយ​បំផ្លាញ​វា​ជា​បន្ទាន់​ដោយ​ដុត ឬ កប់​វា ។
  • ចូរ​ជួសជុល​ជា​បន្ទាន់​នូវ​ក្ដារ​ទម្រ​ដែល​បាក់បែក ឬ​ខូចខាត (ចូរ​យកចិត្ត​ទុកដាក់ ជា​ពិសេស​ទៅ​លើ​ដែកគោល​ដែល​លៀន​ចេញ)
  • ចូរ​ដាក់​ថ្នាំពុល (ប្រភេទ​មាន​ឥទ្ធិពល​នៅ​ពេល​ប៉ះ​ផ្ទាល់) នៅ​តាម​កន្លែង​ទំនេរ​ក្នុង​ឃ្លាំង ឬ​បើ​មាន​លទ្ធភាព ចូរ​ដាក់​នៅ​តាម​ទម្រ​ផង​
  • ចូរ​គូរ​ប្លង់​ទុកដាក់​សម្រាប់​ឃ្លាំង​នីមួយៗ​កំណត់​ត្រា ឬ​ការ​ចង​ចាំ មុន​ពេល​ទទួល​ផលិតផល​ចូល​ឃ្លាំង
  • ចូរ​អនុវត្ត​ការ​ត្រួតពិនិត្យ​គុណភាព ដោយ​ជ្រើស​យក​សំណាក​នានា​ដែល​មាន​លក្ខណៈ​តំណាង
  • ចូរ​ស្រង់ក្លិន និង​ពិនិត្យ​សភាព​ខាងក្រៅ​នៃ​ផលិតផល
  • ចូរ​វាស់​អត្រា​សំណើម​ផលិតផល​ក្នុង​បាវ​នីមួយៗ
  • បើ​អត្រា​សំណើម​មាន​កម្រិត​ខ្ពស់​ពេក ចូរ​ហាល​សម្ងួតវា​ជា​បន្ទាន់ ឬ បដិសេធ​មិន​ទទួលយក​ផលិតផល​តែ​ម្ដង
  • ចូរ​ពិនិត្យ​ផលិតផល​ក្រែង​វា​រង​ការ​បំផ្លាញ ដោយ​ប្រើប្រាស់​វិធី​ជ្រើស​យក​សំណាក
  • ចូរ​យកចិត្តទុកដាក់​ពិនិត្យ​លើ​ភាព​ប្រេះស្រាំ និង​ប្រឡោះ​នានា​នៅ​លើ​រថយន្ត ដែល​អាច​ជា​ជម្រក​លាក់ខ្លួន​នៃ​សត្វល្អិត​
  • ប្រសិនបើ​ផលិតផល​បាន​ទទួល​រង​ការ​បំផ្លាញ ចូរ​ធ្វើ​ឲ្យ​បាន​ប្រាកដ​ថា វា​នឹង​ត្រូវ​ទុកដាក់​ដោយឡែក​ពី​គេ ហើយ​ធ្វើ​យ៉ាងណា​ការពារ​កុំ​ឲ្យ​សត្វល្អិត​ឆ្លង​ទៅ​បំផ្លាញ​ផលិតផល​ដែល​មិន​ទាន់​រង​ការ​បំផ្លាញ ។ ក្នុង​ករណី​ដែល​ការ​បំផ្លាញ​មាន​សភាព​ធ្ងន់ធ្ងរ មិន​ត្រូវ​ទទួល​យក​ផលិតផល​នោះ​មក​ទុកដាក់​ឡើយ
  • ចូរ​ពិនិត្យ​មើល​អត្រា​នៃ​ភាព​មិន​ស្អាត​នៅ​ក្នុង​ផលិតផល ។ ប្រសិនបើ​វា​មាន​កម្រិត​នៃ​ភាព​មិន​ស្អាត​ខ្ពស់​ពេក (ដោយ​ពិនិត្យ​ប្រៀបធៀប​ជាមួយ​ស្តង់ដារ) ចូរ​ធ្វើការ​សម្អាត​ផលិតផល​នោះ​ជា​បន្ទាន់ ឬ​បដិសេធ​មិន​ទទួល​ទុកដាក់​តែ​ម្ដង ។

កំណត់​ត្រា ឬ ការ​ចង​ចាំ​ក្នុង​ពេល​រៀបចំ​ទុកដាក់

  • ចូរ​ចៀសវាង​ការ​យក​ផលិតផល​ដែល​រង​ការ​បំផ្លាញ ទៅ​លាយឡំ​ជាមួយ​ផលិតផល​ដែល​មិន​មាន​រង​ការ​បំផ្លាញ
  • ចូរ​លើកដាក់​បាវ​ផលិតផល​ដោយ​ប្រុង​ប្រយ័ត្ន​ដោយ​កុំ​ប្រើប្រាស់​តម្ពក់​ដើម្បី​ទាញ ឬ​លើកដាក់
  • ចូរ​ធ្វើ​ឲ្យ​បាន​ប្រាកដ​ថា បាវ​ដែល​រហែក​ត្រូវ​បាន​ជំនួស​ដោយ​បាវ​ថ្មី ឬ​ត្រូវ​បាន​ដេរ​ប៉ះ​
  • ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា បាវ​ផលិតផល​ទាំងឡាយ​ត្រូវ​បាន​រៀប​គរ​ត្រឹមត្រូវ​លើ​ឈើ​ទម្រ និង​ពុំ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ។

កំណត់​ត្រា ឬ ការ​ចង​ចាំ​ក្នុងអំឡុងពេល​ទុកដាក់ ជា​រៀងរាល់ថ្ងៃ

  • ចូរ​បោសសម្អាត​បាត​ឃ្លាំង ដោយ​យកចិត្តទុកដាក់​ជា​ពិសេស​ទៅ​តាម​ជ្រុង ឬ​កន្លៀត​នានា ដែល​អាច​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​ភាព​កខ្វក់ និង​សត្វ​ចង្រៃ
  • ចូរ​សម្អាត​ជញ្ជាំង ប្រឡោះ​ខ្យល់​ចេញចូល រួម​ទាំង​សំណាញ់ និង​ចម្រឹង ព្រមទាំង​គំនរ​បាវ​ផលិតផល
  • ចូរ​យក​ច្រាស់​ដុស​ធ្នឹម​ដំបូល ពីព្រោះ​សត្វល្អិត​នានា​អាច​លាក់ខ្លួន ឬ​រស់នៅ​ទីនោះ​
  • ចូរ​សម្អាត​បរិក្ខារ​ដែល​បាន​ប្រើប្រាស់​ហើយ ដើម្បី​យក​ចេញ​នូវ​គ្រាប់​ធញ្ញជាតិ ដែល​នៅ​ជាប់​តាម​កន្លុកកន្លៀត
  • ចូរ​យក​ទៅ​ចោល​ជា​បន្ទាន់​នូវ​កាក​សំណល់​ផ្សេងៗ​ដោយ​ដុត ឬ កប់
  • ចូរ​ពិនិត្យ​មើល​សំណង់​ឃ្លាំង​ក្រែង​មាន​ការ​បាក់បែក ឬ​ខូចខាត ហើយ​ត្រូវ​ជួសជុល​ជា​បន្ទាន់​
  • ចូរ​ពិនិត្យ​រក​មើល​ក្រែង​មាន​សត្វល្អិត​ពពួក​ចេះ​ហើរ និង​ចេះ​វារ ។
 
 

ត្រលប់​ទៅ​មាតិកា​រឿង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s