ជំពូក​៣-លក្ខណៈ​រូបសាស្ត្រ​នៃ​ដំណាំ​ស្រូវ

ព្រះមេ ឬ ព្រះមាតា ឬ ព្រះប្រពៃស្រព

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម

ជំពូក​៣

លក្ខណៈ​រូបសាស្ត្រ​នៃ​ដំណាំ​ស្រូវ

អ៊ុក ម៉ាការា, ពិន តារា និង ឡោ ប៊ុណ្ណា

លក្ខណៈ​រូបសាស្ត្រ​នៃ​ដំណាំ​ស្រូវ គឺជា​មូលដ្ឋាន​ដើម​ក្នុង​ការ​ស្វែង​យល់​ពី​ដំណាំ​ស្រូវ ។ ការ​យល់​ដឹង​ពី​លក្ខណៈ​រូបសាស្ត្រ​របស់​ដំណាំ​ស្រូវ​មាន​សារសំខាន់​ណាស់ ក្នុង​ការងារ​ជ្រើសរើស​ពូជ ការ​បង្កាត់​ពូជ និង​ការងារ​គ្រប់គ្រង​ដំណាំ​ស្រូវ ដើម្បី​បង្កើន​ទិន្នផល ។ ជា​ទូទៅ ដើម​ស្រូវ​ត្រូវ​បាន​បែង​ចែក​ជា ឫស ដើម ស្លឹក កួរ និង ​គ្រាប់ (រូប ៣.១) ។ ដោយ​ផ្អែក​ទៅ​លើ​ដំណើរការ​លូតលាស់​របស់​ដំណាំ​ស្រូវ លក្ខណៈ​រូបសាស្ត្រ​របស់​ដំណាំ​ស្រូវ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក​គឺ លក្ខណៈ​រូបសាស្ត្រ​នៃ​សរីរាង្គ​លូតលាស់ និង​លក្ខណៈ​រូបសាស្ត្រ​នៃ​សរីរាង្គ​បន្ត​ពូជ ។

រូប ៣.១ លក្ខណៈ​រូបសាស្ត្រ​របស់​ដើម​ស្រូវរូប ៣.១ លក្ខណៈ​រូបសាស្ត្រ​របស់​ដើម​ស្រូវ

៣.១. លក្ខណៈ​រូបសាស្ត្រ​នៃ​សរីរាង្គ​លូតលាស់

សរីរាង្គ​លូតលាស់​របស់​ដំណាំ​ស្រូវ​រួម​មាន គ្រាប់ស្រូវ (Rice grain) ឫស​ស្រូវ (Roots) ដើម​ស្រូវ (Culm) និង​ស្លឹក​ស្រូវ (Leaf) (រូប ៣.២) ។​

រូបភាព ៣.២ សរីរាង្គ​លូតលាស់​របស់​ដំណាំ​ស្រូវរូបភាព ៣.២ សរីរាង្គ​លូតលាស់​របស់​ដំណាំ​ស្រូវ

៣.១.១. គ្រាប់ស្រូវ (Rice grain)

គ្រាប់​ស្រូវ​មួយ​ផ្សំ​ឡើង​ដោយ សម្បក​គ្រាប់ (Rice hull) គ្រាប់​អង្ករសម្រូប (Brown rice) អ័ក្ស​ទ្រ​គ្រាប់ (Rachilla) សម្បក​និប្ជល (Sterile lemmas) កំពក​ចុង​ស្មែង (Rudimentary glumes) និង​ទង​គ្រាប់​ (Pedicel) (Matsuo and Hoshikow, 1993) (រូប ៣.៣) ។ គ្រាប់​អង្ករសម្រូប​ត្រូវ​បាន​រុំ​ព័ទ្ធ​ដោយ​សម្បក​គ្រាប់ ដែល​ផ្នែក​ទាំង​ពីរ​នេះ​ភ្ជាប់​ជាមួយ​ទង​គ្រាប់​ដោយ​អ័ក្ស​ទ្រ​គ្រាប់ នា​កំពក​នៃ​ចុង​ស្មែង ។ នៅ​ពីក្រោម​អ័ក្ស​ទ្រ​គ្រាប់​គឺ​សម្បក​និប្ជល ។

៣.១.១.១. សម្បក​គ្រាប់ (Rice hull)

សម្បក​នេះ​មាន​សភាព​រឹង​ដែល​ស្រោប​គ្រាប់​អង្ករសម្រូប​ពី​ខាងក្រៅ ។ កាលណា​គេ​យក​សម្បក​នេះ​ចេញពី​គ្រាប់​អង្ករ ត្រូវ​បាន​គេ​ហៅ​ថា «អង្កាម» ។ សម្បក​គ្រាប់​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ សម្បក​ធំ ឬ​សម្បក​ពោះ (Lemma) និង​សម្បក​តូច ឬ​សម្បក​ខ្នង (Palea) (​រូបភាព ៣.៣) ។ នៅ​លើ​សម្បក​គ្រាប់​មាន​រោម​ជា​ច្រើន ហើយ​ពូជស្រូវ​ខ្លះ នៅ​ផ្នែក​ខាង​ចុង​នៃ​សម្បក​ធំ​មាន​កន្ទុយ ។ សម្បក​ធំ (Lemma) និង​សម្បក​តូច (Palea) មាន​មុខងារ​សំខាន់​ណាស់​សម្រាប់​ការពារ​នូវ​ជាលិកា​របស់​គ្រាប់​អង្ករ កំណត់​ទម្រង់​ទំហំ​នៃ​គ្រាប់ ព្រមទាំង​រយៈពេល​ដុះ​ពន្លក​ឫស​នៃ​គ្រាប់ ។ កាល​ណា​សម្បក​គ្រាប់​មាន​កម្រាស់​ស្តើង​នោះ​ ការ​ដុះ​ពន្លក​គ្រាប់​បាន​ឆាប់ តែ​ផ្ទុយ​មក​វិញ​ ប្រសិនបើ​សម្បក​គ្រាប់​មាន​កម្រាស់​ក្រាស់​នោះ ​រយៈពេល​នៃ​ការ​ដុះ​ពន្លក​គ្រាប់​យូរ (CIAP, 1996) ។

៣.១.១.២. អ័ក្ស​ទ្រ​គ្រាប់ (Rachilla) និង​សម្បក​និប្ជល (Sterile lemmas)

អ័ក្ស​ទ្រ​គ្រាប់ គឺជា​ផ្នែក​មួយ​នៃ​គ្រាប់​ស្រូវ ដែល​ជា​ចំណុច​ប្រសព្វ​រវាង​សម្បក​ធំ (Lemma) និង​សម្បក​តូច (Palea) ហើយ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាន់​ទ្រ​ផ្កា និង​គ្រាប់​នីមួយៗ​របស់​ដំណាំ​ស្រូវ ។ លើស​ពី​នេះ​ទៅ​ទៀត​ អ័ក្ស​ទ្រ​គ្រាប់​មាន​តួនាទី​ក្នុង​កា​រត​ភ្ជាប់​រវាង​សម្បក​និប្ជល (Sterile lemmas) និង​តួ​គ្រាប់ស្រូវ ។

សម្បក​និប្ជល គឺជា​សម្បក​គ្រាប់ស្រូវ​ដែល​គ្មាន​ការ​លូតលាស់ ដែល​ស្ថិត​នៅ​ពី​ខាងក្រោម​នៃ​សម្បក​ធំ (Lemma) និង​សម្បក​តូច (Palea) ។ សម្បក​និប្ជល​ចែក​ចេញ​ជា​២​គឺ សម្បក​និប្ជល​លើ (Upper glumme) និង​សម្បក​និប្ជល​ក្រោម (Lower glummer) (​រូបភាព ៣.៣) ។

រូប ៣.៣ លក្ខណៈ​រូបសាស្ត្រ​នៃ​គ្រាប់​ស្រូវរូប ៣.៣ លក្ខណៈ​រូបសាស្ត្រ​នៃ​គ្រាប់​ស្រូវ

៣.១.១.៣. កំពក​ចុង​ស្មែង (Rudimentary glumes) និង​ទង​គ្រាប់ ឬ​ទង​ផ្កា (Pedicel)

កំពក​ចុង​ស្មែង គឺជា​ផ្នែក​ខាង​ចុង​គេ​បំផុត​នៃ​ស្មែង ដែល​មាន​រាង​កំប៉ោង​ដូច​ពែង ។ វា​ស្ថិត​នៅ​ពីក្រោម​សម្បក​និប្ជល (Sterile lemmas) ។ កំពក​នេះ​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​រក្សា​នូវ​លំនឹង​របស់​គ្រាប់ស្រូវ ។

ទង​គ្រាប់ ឬ​ទង​ផ្កា គឺជា​ផ្នែក​នៅ​ខាងក្រោម​គេ​បំផុត​នៃ​គ្រាប់​ស្រូវ ។ ផ្នែក​នេះ​មាន​តួនាទី​ក្នុង​ការ​ភ្ជាប់​ផ្កា​ស្រូវ​ជាមួយនឹង​ស្មែង​កួរ ។

៣.១.១.៤. គ្រាប់​អង្ករសម្រូប (Brown rice)​

គ្រាប់​ស្រូវ​នៅ​ពេល​ដែល​គេ​បក​យក​សម្បក​គ្រាប់ (Rice hull) ឬ​អង្កាម​ចេញ គេ​ហៅ​ថា​ អង្ករ​សម្រូប (រូប ៣.៤) ។ គ្រាប់​អង្ករសម្រូប​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ស្រទាប់​សម្រូប​ខាងក្រៅ (Pericarp layer) និង​ស្រទាប់​សម្រូប​ខាងក្នុង (Aleurone layer) ដែល​ផ្ទុក​ទៅ​ដោយ​ខ្លាញ់ ប្រូតេអ៊ីន និង​វីតាមីន ។ នៅ​ខាងក្នុង​ស្រទាប់​ទាំង​ពីរ​នេះ​គឺ សាច់​គ្រាប់ ឬ​អង់ដូស្ពែម (Endosperm) និង​អំប្រ៊ីយ៉ុង (Embryo) ​ដែល​ខណ្ឌ​ដាច់​ភ្នាស​អេពីតេស្យូម (Epitelium) ។​

រូប ៣.៤ លក្ខណៈ​រូបសាស្ត្រ​នៃ​អង្ករសម្រូបរូប ៣.៤ លក្ខណៈ​រូបសាស្ត្រ​នៃ​អង្ករសម្រូប

អង់ដូស្ពែម ​ឬ​សាច់​គ្រាប់ (Endosperm) គឺជា​ផ្នែក​សារធាតុចិញ្ចឹម​នៃ​គ្រាប់​ទុំ ហើយ​ដែល​អាច​ទ្រទ្រង់​ការ​ដុះ​លូតលាស់​នៃ​ពន្លក​បាន ។ អង់ដូស្ពែម​រួម​ផ្សំ​ជា​ពិសេស​ដោយ​អាមីដុង​ប្រហែល ៨០% ​និង​សារធាតុ​សំខាន់ៗ​ដទៃ​ទៀត ដែល​រួម​មាន​សារធាតុ ស្ករ ប្រូតេអ៊ីន និង​សារធាតុ​ខ្លាញ់ (Vergara, 1989) ។ សារធាតុ​ទាំងនោះ​ជា​អាហារ​ធាតុ​បម្រុង​ចាំបាច់​របស់​អំប្រ៊ីយ៉ុង​សម្រាប់​ដំណើរ​ការ​ដំណុះ​គ្រាប់ ។ អង់ដូស្ពែម​មាន​ពីរ​ប្រភេទ​គឺ អង់ដូស្ពែម​ដែល​មាន​ភាព​ស្រអាប់ (អង្ករ​ដំណើប) និង​អង់ដូស្ពែម​ដែល​មាន​ភាព​ថ្លា (អង្ករ​ខ្សាយ) ។ ប្រភេទ​នីមួយៗ​របស់​អង់ដូស្ពែម​មាន​លក្ខណៈ​ខុសៗ​គ្នា​គឺ​អាស្រ័យ​ទៅ​នឹង​បរិមាណ​នៃ​អាមីឡូស​ដែល​មាន​នៅ​ក្នុង​នោះ ។

អំប្រ៊ីយ៉ុង ឬ​ភ្រូណា (Embryo) ស្ថិត​នៅ​ផ្នែក​ចំហៀង​ពោះ​នៃ​សម្បក​គ្រាប់​ធំ ដែល​ជា​ពន្លក​នៃ​អនាគត​រុក្ខជាតិ​ថ្មី​មួយ​ដើម​ដែល​មាន​នៅ​ក្នុង​គ្រាប់ ។ នៅ​ក្នុង​អំប្រ៊ីយ៉ុង​រួម​មាន ពន្លក​ស្លឹក (Plumule) ពន្លក​ឫស​ដំបូង (Radicle) បណ្តុំ​សរសៃរ​នាំ​សារធាតុចិញ្ចឹម (Vascular bundle) ហើយ​ដែល​ផ្នែក​ទាំង​បី​នេះ​រុំ​ព័ទ្ធ​ដោយ ស្គូតេឡូម (Scutelum) (រូប ៣.៥) ។ គ្រប់​កោសិកា​នៃ​អំប្រ៊ីយ៉ុង​ផ្ទុក​ទៅ​ដោយ​ស្កររ ប្រូតេអ៊ីន និង​ខ្លាញ់ ដែល​ជា​ប្រភព​នៃ​ថាមពល និង​អង់ស៊ីម​នា​ពេល​គ្រាប់​ចាប់​ផ្តើម​ដុះ ។

រូប ៣.៥ អំប្រ៊ីយ៉ុងរូប ៣.៥ អំប្រ៊ីយ៉ុង

៣.១.២. ឫស​ស្រូវ (Roots)

ឫស គឺ​ជា​បណ្តុំ​សរីរាង្គ​ដែល​ប្រមូលផ្តុំ​ឡើង​ដោយ​សរសៃ​ចាក់ស្រេះ​ចូល​គ្នា​ដោយ​ចៃដន្យ និង​កំណត់​ដោយ​សរសៃ​តូចៗ​ជា​ច្រើន ។ ឫស​ស្រូវ​ចាប់​កើត​មាន​ឡើង​តាំងពី​គ្រាប់​ស្រូវ​ចាប់​ដុះ​ពន្លក នៅ​ពេល​គេ​យក​ទៅ​ធ្វើ​ដំណុះ ហើយ​មាន​មុខងារ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​ការ​លូតលាស់​របស់​សំណាប និង​បន្តបន្ទាប់​មក​ ឫស​ស្រូវ​ចាប់ផ្តើម​ដុះ​ចេញពី​សរីរាង្គ​ផ្សេងៗ ផ្នែក​ខាងក្រោម​របស់​ដើម​ ដូចជា គល់​ខ្នែង​បែក​ដំបូង និង​ថ្នាំង​របស់​ដើម (Fujil, 1974) ។ ឫស​របស់​ដំណាំ​ស្រូវ​ចែក​ចេញ​ជា ៣ គឺ ឫស​កែវ ឫស​ព្រយោង និង​ឫស​ខ្យល់ (រូប ៣.៦) ។

៣.១.២.១. ឫស​កែវ (Seminal root)

ឫស​កែវ គឺជា​ឫស​ដំបូង​បង្អស់​ដែល​ដុះ​ចេញពី​គ្រាប់​ស្រូវ នៅ​ពេល​ដែល​ស្រូវ​ចាប់ផ្តើម​ដុះ​ពន្លក​ដំបូង ហើយ​ឫស​នេះ​មាន​អាយុ​ពី ១ ទៅ ៣០ ថ្ងៃ​ប៉ុណ្ណោះ ។ ឫស​កែវ​ដុះ​ចេញ​ក្នុង​រយៈពេល ២ ទៅ ៣ ម៉ោង បន្ទាប់​ពី​ស្រោម​ពន្លក​ឫស (Coleorhiza) លេចឡើង (ដុះ​ចេញ) ។ ឫស​កែវ​នឹង​ងាប់​ទៅ​វិញ​ក្នុង​រវាង​អាយុ ១ ខែ នៅ​ក្រោយ​ពេល​ដែល​ឫស​ព្រយោង​ចាប់ផ្តើម​ដុះ និង​កើន​ឡើង​ជា​បន្ត​បន្ទាប់ ។ ឫស​កែវ​មាន​មុខងារ​ស្រូប​យក​ទឹក​សម្រាប់​ផ្តល់​ឱ្យ​គ្រាប់​ដើម្បី​ធ្វើ​ប្រតិកម្ម​បម្លែង​ម្សៅ​អាមីដុង បង្កើត​ទៅ​ជា​ស្ករ និង​បម្លែង​សារធាតុចិញ្ចឹម​ផ្សេងៗ​ទៀត ដើម្បី​ផ្តល់​ឱ្យ​ពន្លក​ដើម​អាច​រស់រាន្ត​មាន​ជីវិត ។

៣.១.២.២. ឫស​ព្រយោង (Nodal or adventitious roots)​

ឫស​ព្រយោង ជា​ប្រភេទ​ឫស​ដែល​ដុះ​ចេញពី​គល់​ថ្នាំង​នៃ​ដើម​ស្រូវ ដែល​កប់​ក្នុង​ដី ដែល​មាន​តួនាទី​សម្រាប់​ជា​ជំនួយ​ដល់​ឫស​កែវ (Seminal root) ។ នៅ​ពេល​ដែល​ស្រោម​ពន្លក​ឫស​ចាប់​ផ្តើម​ដុះ ស្រោម​ពន្លក​ស្លឹក​ក៏​ដុះ​ចេញ​ដែរ ។ ហើយ​ដែល​នៅ​ក្នុង​នោះ បន្ទាប់​មក​គឺ ថ្នាំង​ពន្លក (Mesocotyl) បាន​ដុះ​ចេញ ។ ថ្នាំង​ពន្លក​នេះ ជា​ថ្នាំង​ដំបូង​បង្អស់​របស់​ដើម​ស្រូវ ។ នៅ​ពេល​ដែល​ដើម​ស្រូវ​ដុះ​ស្លឹក​ទី​៣ នៅ​ផ្នែក​ខាង​ចុង​នៃ​ថ្នាំង​ពន្លក ឫស​ព្រយោង​ក៏​ចាប់ផ្តើម​ដុះ​ឡើង ។ ក្រោយ​ពី​ដុះ ឫស​ព្រយោង​ត្រូវ​បាន​លូតលាស់​ចាក់​ទៅ​ក្រោម​ដី​ប្រមាណ ១៨ ទៅ ២០ សម និង​ចាក់​ទៅ​សង្ខាង​ប្រវែង​ពី ៣០ ទៅ ៣៥ សម ។ ការ​លូតលាស់​របស់​ឫស​ព្រយោង និង​ស្លឹក​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា គឺ​មាន​ន័យ​ថា ប្រសិនបើ​ប្រវែង​នៃ​ស្លឹក​ស្រូវ​លូត​ចាក់​ចេញ​ទៅ​ផ្នែក​ខាង​ឆ្ងាយ​នៃ​ដើម​បាន​ប្រវែង​ត្រឹមណា​នោះ ឫស​ព្រយោង​ក៏​លូតលាស់​ចាក់​ចេញ​បាន​ដល់​ត្រឹមនោះ​ដែរ ។ ឫស​នេះ​មាន​មុខងារ​សម្រាប់​ទ្រទ្រង់​ជំហរ​ដើម​ស្រូវ​មិន​ឱ្យ​ដួល ស្រូប​យក​ទឹក និង​សារធាតុចិញ្ចឹម ជា​ពិសេស​សារធាតុ​អាសូត ផូស្វ័រ ប៉ូតាស្យូម​ពី​ក្នុង​ដី ដើម្បី​ផ្តល់​ទៅ​ឱ្យ​សរីរាង្គ​ដើម​ស្រូវ​ និង​មាន​តួនាទី​សម្រាប់​ផ្ទុក​ជាតិ​ទឹក និង​អាហារ​សម្រាប់​ទ្រទ្រង់​ជីវិត​របស់​ដំណាំ​ស្រូវ (រូប ៣.៦) ។ នៅ​ខាង​ក្បាល​ឫស​មាន​ស្រោម​រឹង​ព័ទ្ធ​ជុំវិញ​ដើម្បី​ការពារ​ឫស និង​ជា​ជំនួយ​ដល់​ឫស​ក្នុង​ការ​ទម្លុះ​ចូល​ក្នុង​ដី ដែល​ស្រោម​នេះ​គេ​ហៅ​ថា​ លលាដ៍​ឫស (Root cap) ។

រូប ៣.៦ លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​ដំណាំ​ស្រូវ រូប ៣.៦ លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​ដំណាំ​ស្រូវ
រូប ៣.៦ លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​ដំណាំ​ស្រូវ

៣.១.២.៣. ឫស​ខ្យល់ (Adventitious roots)

ឫស​នេះ​ដុះ​ចេញពី​ថ្នាំង​នៃ​ដើម​ស្រូវ​នៅ​ផ្នែក​ក្រោម (ឫស​ដែល​នៅ​លើ​ផ្ទៃដី) ហើយ​ការ​បែកខ្នែង គឺ​កើត​ឡើង​ដោយ​ឯកឯង ។ ចំពោះ​ពូជស្រូវ​ឡើង​ទឹក គេ​សង្កេត​ឃើញ​វា​កើត​ចេញពី​ថ្នាំង​ខាងលើ​បំផុត​នៃ​ដើម​វែង តែ​នៅ​ក្រោម​ស្រទាប់​សើៗ​នៃ​ផ្ទៃ​ទឹក ។ ឫស​ខ្យល់​មាន ២ ប្រភេទ​គឺ ឫស​ខ្យល់​ទី​១ (Primary adventitious roots) និង​ឫស​ខ្យល់​ទី​២ (Secondary adventitious roots) ។ ចំពោះ​ពពួក​ស្រូវ​ឡើង​ទឹក គឺ​មាន​ឫស​ខ្យល់​ទាំង​ពីរ​ប្រភេទ ហើយ​ដែល​ឫស​ខ្យល់​ទាំង​ពីរ​នឹង​ចាក់​ចូល​ទៅ​ក្នុង​ដី​ពេល​ទឹក​ស្រក ។ ចំពោះ​ពពួក​ស្រូវ​ដទៃ​ទៀត គឺ​ភាគច្រើន​មាន​តែ​ឫស​ខ្យល់​ទី​១​ប៉ុណ្ណោះ ។

៣.១.៣. ដើម​ស្រូវ (Culm)

ដើម​ស្រូវ​មាន​តួនាទី​សម្រាប់​ទ្រទ្រង់​ស្លឹក និង​កួរស្រូវ បង្កើត​ដើម​បែក​ថ្មី និង​ឫស ភ្ជាប់​សកម្មភាព​នៃ​ការ​ធ្វើ​រស្មី​សំយោគ ផ្ទុក និង​ដឹក​ជញ្ជូន​ជាតិ​ទឹក សារធាតុចិញ្ចឹម​ផ្សេងៗ និង​សម្រាប់​ធ្វើការ​ផ្គត់​ផ្គង់​ខ្យល់​ទៅ​កាន់​ឫស ។ ដើម​ស្រូវ​ត្រូវ​បាន​ចែក​ចេញ​ជា ២ ផ្នែក​គឺ ថ្នាំង (Nodes) និង​ចន្លោះ​ថ្នាំង (Internodes) (រូប ៣.៧) ។

រូប ៣.៧ លក្ខណៈ​រូបសាស្ត្រ​នៃ​ដើម​ស្រូវរូប ៣.៧ លក្ខណៈ​រូបសាស្ត្រ​នៃ​ដើម​ស្រូវ

៣.១.៣.១. ថ្នាំង (Nodes)

ថ្នាំង គឺជា​ផ្នែក​រឹង​នៃ​ដើម​ស្រូវ​ដែល​មាន​ភាព​តាន់ និង​គ្មាន​ប្រហោង ហើយ​ជា​កន្លែង​សម្រាប់​បង្កើត​ស្លឹក​ និង​ពន្លក​ខ្នែង​នៃ​ដើម​ស្រូវ ។ ពន្លក​ខ្នែង​មាន​ទីតាំង​នៅ​ចន្លោះ​របស់​ថ្នាំង និង​គល់​ស្រទប​ស្លឹក ។ ចំណែក​ថ្នាំង​ដែល​នៅ​ខាង​ចុង​នៃ​ដើម ជា​ថ្នាំង​ដែល​បង្កើត​កួរស្រូវ ។

៣.១.៣.២. ចន្លោះ​ថ្នាំង (Internodes)

ចន្លោះ​ថ្នាំង ជា​ផ្នែក​រលោង​ហើយ​មាន​លក្ខណៈ​រឹង និង​តាន់​នៅ​ពេល​ដែល​វា​នៅ​ខ្ចី ប៉ុន្តែ​ប្រែ​ក្លាយ​ទៅជា​មាន​ប្រហោង​នៅ​ពេល​វា​កាន់តែ​ចាស់ ។ ផ្នែក​នេះ​មាន​ស្នាម​ចង្អូរ​តូចៗ ហើយ​ជា​ផ្នែក​មូល​រលោង​នៃ​ដើម ។ ចន្លោះ​ថ្នាំង​ខាងក្រោម​ជា​ទូទៅ​ខ្លីៗ ខុស​ពី​ចន្លោះ​ថ្នាំង​ខាងលើ​ដែល​វែងៗ ។ ចន្លោះ​ថ្នាំង​នេះ ត​ភ្ជាប់​គ្នា​បាន​ពី​មួយ​ទៅ​មួយ​ដោយសារ​ថ្នាំង (Nodes) ។ ចំពោះ​ចន្លោះ​ថ្នាំង​របស់​ដំណាំ​ស្រូវ​មាន​ច្រើន ឬ​តិច គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ពូជ​ផ្សេងៗ​គ្នា ដោយសារ​ពូជ​ខ្លះ​មាន​ចន្លោះ​​ថ្នាំង​ច្រើន​ដែល​ធ្វើ​ឱ្យ​ដើម​មាន​កំពស់​ខ្ពស់ និង​ពូជ​ខ្លះ​ទៀត​មាន​ចន្លោះ​ថ្នាំង​តិច ដែល​ធ្វើ​ឱ្យ​ដើម​មាន​កម្ពស់​ទាប ។ ជា​ទូទៅ ចន្លោះ​ថ្នាំង​ចាប់ផ្តើម​លូត​បណ្តោយ ឬ​លូត​ប្រវែង ចាប់ពី​ផ្នែក​ខាងក្រោម​ទៅ​ផ្នែក​ខាងលើ​នៃ​ដើម​ស្រូវ ។ យ៉ាងណាមិញ ចន្លោះ​ថ្នាំង​ដែល​មាន​ទីតាំង​នៅ​ផ្នែក​ខាងលើ​បំផុត​នៃ​ដើម​ស្រូវ​តែងតែ​មាន​ទំហំ​តូច ជា​ពិសេស​ចន្លោះ​ថ្នាំង​ដែល​ផ្ទុក​ផ្កា និង​គ្រាប់ ។

៣.១.៣.៣. ការ​បែក​គុម្ព (Tillering)

ស្រូវ គឺជា​ដំណាំ​ដែល​មាន​លទ្ធភាព​ក្នុង​ការ​បែក​គុម្ព​ខ្លាំង ។ បែក​គុម្ព គឺជា​ដំណើរការ​មួយ​ដែល​ក្នុង​នោះ​ដើម​បែក​ថ្មីៗ បាន​ដុះ​លូតលាស់​ចេញពី​ដើម​មេ ឬ​ដើម​បែក​ចាស់ៗ ។ លោក Katayama (1951) បាន​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​អំពី​ដំណើរការ​បែក​គុម្ព​នេះ ហើយ​បាន​បង្កើត​ជា​ប្រព័ន្ធ​មួយ ដែល​គេ​បាន​បន្ត​ប្រើប្រាស់​រហូត​មក​ដល់​បច្ចុប្បន្ន ។ រូប ៣.៨ គឺជា​គំនូស​បំប្រួញ​អំពី​ការ​បែក​គុម្ព ដែល​មាន​លក្ខណៈ​សម្រាយ​ជាង​លោក Katayama (1951) បន្តិច ដោយសារ​គំនូស​បំប្រួញ​នេះ​មិន​បាន​បញ្ជាក់​អំពី​លេខ​រៀង​របស់​ថ្នាំង ដែល​ដើម​បែក​បាន​ដុះ​ចេញ​មក ។ ដើម​បែក​របស់​ដំណាំ​ស្រូវ ត្រូវ​បាន​ចែក​ជាដើម​មេ ដើម​បែក​ទី​មួយ (Primary tiller) ដើម​បែក​ទី​ពីរ (Secondary tiller) និង​ដើម​បែក​ទី​បី (Tertiary tiller) ។ ដើម​មេ គឺជា​ដើម​ដែល​ដុះ​ចេញពី​គ្រាប់ ហើយ​ចេញពី​ដើម​មេ​នេះ​មាន​ដើម​បែក​ទី​មួយ (Ti, i=1,…,n)  ជា​ច្រើន​ដុះ​ចេញ​មក​តាម​លំដាប់លំដោយ​នៃ​ថ្នាំង ។ ដើម​បែក​ទី​ពីរ គឺជា​ដើម​បែក​ដែល​ដុះ​ចេញពី​ដើម​បែក​ទី​មួយ ហើយ​ដើម​បែក​ទី​បី គឺជា​ដើម​បែក​ដែល​ដុះ​ចេញពី​ដើម​បែក​ទី​ពីរ ។ នៅ​ក្នុង​រូបភាព ៣.៨ ដើម​មេ គឺ​តាង​ដោយ T0 ដើម​បែក​ទី​មួយ គឺ​តាង​ដោយ​អក្សរ T និង​លេខ​មួយ​ខ្ទង់ (ឧទាហរណ៍ T1, T2, …) ដើម​បែក​ទី​ពីរ​គឺ​តាង​ដោយ​អក្សរ T និង​លេខ​ពីរ​ខ្ទង់ (ឧទាហរណ៍ T11, T21, …) និង​ដើម​បែក​ទី​បី​គឺ​តាង​ដោយ​អក្សរ T និង​លេខ​បី​ខ្ទង់ (ឧទាហរណ៍ T111, T211, …) លំដាប់​លេខ 1-n បញ្ជាក់​ពី​ដើម​បែក​ដែល​ដុះ​លំដាប់​បន្ត​គ្នា ដូច​ជា T1 គឺ​ដើម​បែក​ទី​មួយ​ដែល​ដុះ​មុន​គេ​ពី​ដើម​មេ ហើយ T5 គឺជា​ដើម​បែក​ទី​មួយ​ដែល​ដុះ​ចេញពី​ដើម​មេ បន្ទាប់​ពី​ដើម​បែក​ទី​មួយ បួន​ទៀត​បាន​ដុះ​ចេញពី​ដើម​មេ​រួច​ហើយ ។ ចំនួន​ដើម​បែក គឺ​អាស្រ័យ​ទៅ​លើ​ពូជ​ រយៈពេល​លូតលាស់ លក្ខខណ្ឌ​ដាំដុះ (ពន្លឺ និង​សារធាតុចិញ្ចឹម) និង​វិធីសាស្ត្រ​ដាំដុះ ។

រូប ៣.៨ ប្រព័ន្ធ​បែក​គុម្ព​នៃ​ដំណាំ​ស្រូវរូប ៣.៨ ប្រព័ន្ធ​បែក​គុម្ព​នៃ​ដំណាំ​ស្រូវ

៣.១.៤. ស្លឹក​ស្រូវ (Leaf)

ស្លឹក​ស្រូវ​ទាំងអស់​ត្រូវ​បាន​ទ្រ​ដោយ​ដើម ហើយ​តម្រៀប​ជា​ពីរ​ជួរ ។ គេ​សង្កេត​ឃើញ​ថា នៅ​ផ្នែក​ខាងលើ​នៃ​ថ្នាំង​មួយ គឺ​មាន​ដុះ​ស្លឹក​មួយ ដែល​មាន​ពីរ​ផ្នែក​គឺ​ស្រទប​ស្លឹក (Leaf sheath) និង​បន្ទះ​ស្លឹក (Leaf blade) (រូប ៣.៩) ។ ក្នុង​មួយ​វដ្ត​ជីវិត​របស់​ដើម​ស្រូវ​មាន​ស្លឹក​ពី ១០ ទៅ ២០ ប៉ុន្តែ​មាន​តែ​ស្លឹក​ពី ៥ ទៅ ១០ ប៉ុណ្ណោះ​ដែល​នៅ​រស់​រហូត​ដល់​ពេល​ប្រមូល​ផល​គ្រាប់ ចំណែក​ស្លឹក​ដទៃ​ទៀត​ចាប់ផ្តើម​ស្វិត និង​ងាប់​បន្តបន្ទាប់​ទៅ​តាម​ការ​អភិវឌ្ឍ​នៅ​ក្នុង​វគ្គ​នីមួយៗ​នៃ​ដំណាំ​ស្រូវ ។ ស្លឹក​ខាងលើ​បំផុត ដែល​ស្ថិត​នៅ​ខាងក្រោម​កួរ គឺជា​ស្លឹក​ទង់ជ័យ ឬ​ស្លឹក​អម​កួរ (Flag leaf) ។ ស្លឹក​ស្រូវ​មាន​មុខងារ​សម្រាប់​ទទួល​ពន្លឺ និង​ដឹកនាំ​ការ​ធ្វើ​រស្មី​សំយោគ សកម្មភាព​ដំណក​ដង្ហើម បំភាយ​​ចំហាយ​ទឹក សម្រាប់​ផ្ទុក​អាហារ​ចិញ្ចឹម​ផ្សេងៗ សម្រាប់​នាំ​ខ្យល់​ទៅ​ឱ្យ​ឫស ដើម និង​ស្រទប​​ស្លឹក​ដែល​ស្ថិត​នៅ​ក្នុង​ទឹក ។ នៅ​ផ្នែក​ត​ភ្ជាប់​រវាង​ស្រទប​ស្លឹក (Leaf sheath) និង​បន្ទះ​ស្លឹក (Leaf blade) មាន​សរីរាង្គ​បី​ទៀត​គឺ ចង្កំ​ស្លឹក (Collar) អណ្តាត​ស្លឹក (Ligule) និង​ត្រចៀក​ស្លឹក (Auricle) ។​

រូប ៣.៩ ស្លឹក​ស្រូវរូប ៣.៩ ស្លឹក​ស្រូវ

៣.១.៤.១. ស្រទប​ស្លឹក (Leaf sheath) និង​បន្ទះ​ស្លឹក (Leaf blade)

ស្រទប​ស្លឹក ស្ថិត​នៅ​ផ្នែក​ខាងក្រោម​នៃ​ស្លឹក ដែល​ស្រោប​រុំព័ទ្ធ​ជុំវិញ​ដើម ។ ជួនកាល​ស្រទប​ស្លឹក និង​បន្ទះ​ស្លឹក​ត​ភ្ជាប់​គ្នា​នៅ​ចន្លោះ​ថ្នាំង ។ ស្រទប​ស្លឹក​ដែល​ស្ថិត​នៅ​ត្រង់​គល់​ថ្នាំង មាន​រាង​ប៉ោង​ចេញ ដែល​គេ​ឱ្យ​ឈ្មោះ​ថា ផ្នែក​ប៉ោង​នៃ​ស្រទប​ស្លឹក ។ បន្ទះ​ស្លឹក គឺជា​ផ្នែក​ខាងលើ​នៃ​ស្លឹក​មាន​រាង​ជា​បន្ទះ​ស្រួច​ហើយ​រាបស្មើ ។ នៅ​ផ្នែក​ខាងក្រោម​នៃ​ផ្ទៃ​ស្លឹក​ចំ​កណ្ដាល​មាន​ទ្រនុង​ធំ​មួយ​លយ​ចេញ​ជាង​គេ គឺជា​ទ្រនុង​កណ្ដាល​នៃ​ស្លឹក (Midrib) ។ ផ្ទៃ​ខាងលើ​នៃ​បន្ទះ​ស្លឹក​មាន​ជួរ​ឆ្នូតៗ​ជា​ច្រើន ដែល​ស្របគ្នា​ជាមួយ​ទ្រនុង​ស្លឹក ។ ស្លឹក​ដុះ​ចេញ​មក​ឆ្លាស់គ្នា​នៅ​លើ​ដើម ។

៣.១.៤.២. ចង្កំ​ស្លឹក (Collar) អណ្តាត​ស្លឹក (Ligule) និង​ត្រចៀក​ស្លឹក (Auricle)

ចង្កំ​ស្លឹក គឺជា​ផ្នែក​មួយ​សម្រាប់​ត​ភ្ជាប់​រវាង​ស្រទប​ស្លឹក និង​បន្ទះ​ស្លឹក ឬ​ជា​ផ្នែក​ដែល​ខណ្ឌ​ស្រទប​ស្លឹក និង​បន្ទះ​ស្លឹក ។ អណ្តាត​ស្លឹក គឺជា​ភ្នាស​ស្តើង​ឈរ​ត្រង់​ទៅ​លើ ហើយ​ស្ថិត​នៅ​ខាង​ក្នុង​បន្ទះ​ស្លឹក ពោល​គឺ​នៅ​កន្លែង​ណា​ដែល​បន្ទះ​ស្លឹក​ត​ភ្ជាប់​នឹង​ស្រទប​ស្លឹក ។ ទម្រង់​របស់​វា​មាន​សភាព​ស្តើង​ស្រួច​ចុង ដែល​ចុង​នោះ​អាច​បែក​ជា​ពីរ ឬ​មិន​បែក​អាស្រ័យ​ដោយ​ពូជ ។ ត្រចៀក​ស្លឹក គឺជា​ព្រុយ​មួយ​គូ​ដែល​ស្ថិត​នៅ​គែម​សងខាង ផ្នែក​គល់​ខាងក្រោយ​នៃ​បន្ទះ​ស្លឹក​ស្រូវ ។ ជា​ធម្មតា​ត្រចៀក​​ស្លឹក​លូត​ឡើង​នៅ​ផ្នែក​ចំហៀង ពោល​គឺ​កន្លែង​ដែល​អណ្តាត និង​គល់​នៃ​ចង្កំ​ស្លឹក​ត​ភ្ជាប់​គ្នា ។​

អណ្តាត​ស្លឹក និង​ត្រចៀក​ស្លឹក ជា​សរីរាង្គ​ដែល​សំខាន់​បំផុត​ក្នុង​ការ​កំណត់​ពី​ភាព​ខុស​គ្នា​រវាង​ដំណាំ​ស្រូវ និង​ស្មៅ ក្នុង​ដំណាក់កាល​លូតលាស់ ។ ជា​ទូទៅ​ស្លឹក​របស់​ពូជស្រូវ​ទាំងអស់ គឺ​មាន​សរីរាង្គ​ទាំង​ពីរ​នេះ ផ្ទុយ​ទៅ​វិញ​ស្លឹក​ស្មៅ​គឺ​អាច​គ្មាន​មាន​សរីរាង្គ​ទាំង​ពីរ​នេះ ឬ​ក៏​មាន​តែ​មួយ​ប៉ុណ្ណោះ ។

៣.២. លក្ខណៈ​រូបសាស្ត្រ​នៃ​សរីរាង្គ​បន្ត​ពូជ

៣.២.១. កួរស្រូវ (Panicle or Inflorescence)

កួរស្រូវ​រួម​មាន​កកួរ (Panicle base) អ័ក្ស​នៃ​កួរ (Panicle axis) ស្មែង​ទី​មួយ (Primary branch) ស្មែង​ទី​ពីរ (Secondary branch) ទង​គ្រាប់ (Pedicel) និង​កន្សោម​ផ្កា (Spikelet) (រូប ៣.១០) ។ កកួរ គឺ​ជា​ផ្នែក​ដែល​ភ្ជាប់​តួ​កួរ​ជាមួយ​ចន្លោះ​ថ្នាំង​លើ​បំផុត​នៃ​ដើម (Uppermost internodes) ។ ស្មែង​ទី​មួយ គឺជា​ស្មែង​ដែល​ដុះ​ចេញពី​អ័ក្ស​នៃ​កួរ ដែល​នៅ​លើ​ស្មែង​ទី​មួយ​នេះ មាន​ស្មែង​ទី​ពីរ​ដុះ​ចេញ ។ ជា​ទូទៅ​កន្សោម​ផ្កា គឺ​ដុះ​ចេញពី​ស្មែង​ទី​ពីរ ដែល​មាន​ទង​គ្រាប់​ជា​សរីរាង្គ​ភ្ជាប់ ។

រូប ៣.១០ កួរស្រូវរូប ៣.១០ កួរស្រូវ

កួរស្រូវ​បាន​ចាប់ផ្តើម​អភិវឌ្ឍ​នា​ចុង​ដំណាក់កាល​ពន្លូត​ដើម ។ កំពក​កួរ (Panicle primordial) បាន​លេច​ចេញ​មុន​គេ រួច​បន្ទាប់​មក​កំណ​កួរ(Panicle initiation) បាន​ចាប់​ដំណើរការ រហូត​បាន​ជា​រូបរាង​កួរ​ទាំងមូល​ហើយ​ដែល​ដំណើរការ​នេះ គឺ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ស្រទប​ស្លឹក​ទង់ជ័យ ។ នៅ​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​កួរ​នេះ ផ្នែក​ខាង​ចុង​នៃ​ដើម​ស្រូវ ដែល​រុំ​ព័ទ្ធ​ដោយ​ស្រទប​ស្លឹក​ទង់ជ័យ​រីក​ប៉ោង និង​លូត​វែង ដូចនេះ​បាន​ជា​គេ​ហៅ​ថា ដំណាក់កាល​ផើម (Booting stage) ។ ជា​ទូទៅ ដំណាក់កាល​ផើម​នេះ​មាន​រយៈពេល ៣៥ ថ្ងៃ ទើប​កួរស្រូវ​ចេញ​ផុត​ពី​ស្រទប​ស្លឹក​ទង់ជ័យ ។ លទ្ធភាព​របស់​កួរស្រូវ​ដែល​អាច​លូត​ផុត​ពី​ស្រទប​ស្លឹក​ទង់ជ័យ​គឺជា​ដំណក​កួរ (Panicle exertion) ហើយ​ដំណក​កួរ​នេះ គឺ​អាស្រ័យ​ទៅ​តាម​ពូជស្រូវ ។

៣.២.២. កន្សោម​ផ្កា (Spikelet)

ស្រូវ​គឺជា​រុក្ខជាតិ​ស្វ័យ​ចរ​លម្អង (Autogram/Self-pollinated) ដោយ​មាន​កេសរ​ឈ្មោល (Stamen) និង​កេសរ​ញី (Pistil) ស្ថិត​នៅ​ក្នុង​កន្សោម​ផ្កា​តែ​មួយ ។ ផ្នែក​បន្សំ​នៃ​កន្សោម​ផ្កា​មាន​បង្ហាញ​នៅ​ក្នុង​រូប ៣.១១ ឯ​ផ្នែក​ខាងក្រៅ ក៏​បាន​រៀបរាប់​ក្នុង​ចំណុច ៣.១.១ រួច​ហើយ​ដែរ ។ ផ្នែក​ខាងក្នុង​នៃ​កន្សោម​ផ្កា​មាន កេសរ​ឈ្មោល (Stamen) និង​កេសរ​ញី (Pistil) ។ កេសរ​ឈ្មោល ផ្សំ​ឡើង​ដោយ​ទង​នៃ​ថង់​លម្អង (Filament) និង ថង់​លម្អង (Anther) ដែល​ផ្ទុក​ទៅ​ដោយ​លម្អង​ឈ្មោល (Pollens) ។ កេសរ​ឈ្មោល​មាន​ចំនួន​ប្រាំមួយ​ក្នុង​កន្សោម​ផ្កា​មួយ ។ កេសរ​ញី​ផ្សំ​ឡើង​ដោយ អូវែ (Ovary) មួយ កកេសរ​ញី (Style) ពីរ និង​មាត់​កេសរ​ញី (Stigma) ពីរ ។

រូប ៣.១១ ផ្នែក​នីមួយៗ​នៃ​កន្សោម​ផ្ការូប ៣.១១ ផ្នែក​នីមួយៗ​នៃ​កន្សោម​ផ្កា

បន្ទាប់​ពី​កួរស្រូវ (ទាំងមូល ឬ​ផ្នែក​ខ្លះ) ចេញ​ផុត​ពី​ស្រទប​ស្លឹក​ទង់ជ័យ​ហើយ កន្សោម​ផ្កា​នឹង​បើក ហើយ​បន្ទាប់​មក​ថង់​លម្អង​ក៏​បែក រួច​លម្អង​ឈ្មោល​ដែល​ទុំ​នឹង​ជ្រុះ​ធ្លាក់​ទៅ​លើ​មាត់​កេសរ​ញី ។ លម្អង​ឈ្មោល​នឹង​ត្រូវ​ចូល​ទៅ​អូវែ តាម​រយៈ​កកេសរ​ញី ហើយ​ដែល​នៅ​ទីនោះ លម្អង​ឈ្មោល​ប្រសព្វ​ជាមួយ​បុប្ជាណករ (Ovule) ។ ដំណើរការ​រោយ​លម្អង​ប្រព្រឹត្ត​ទៅ​ក្នុង​ចន្លោះ​ពេល​ពី​ម៉ោង ៩:០០ – ១២:០០ ព្រឹក ។ បន្ទាប់​ពី​ភព​ប្រសព្វ​ហើយ អូវែ​នឹង​អភិវឌ្ឍ​ទៅ​ជា​គ្រាប់ស្រូវ ។

 
 

ត្រលប់​ទៅ​មាតិកា​រឿង

 

Leave a comment