ជំពូក​៨-ដី និង​ការ​គ្រប់គ្រង​សារធាតុចិញ្ចឹម​សម្រាប់​​ស្រូវ

ព្រះមេ ឬ ព្រះមាតា ឬ ព្រះប្រពៃស្រព

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ពិនិត្យ​ដោយ បណ្ឌិត ម៉ែន សារុម

ជំពូក​៨

ដី និង​ការ​គ្រប់គ្រង​សារធាតុចិញ្ចឹម​សម្រាប់​ដំណាំ​ស្រូវ

សេង វ៉ាង, ភាវ សុវុទ្ធី, ហ៊ិន សារិត, នូរ ចន្ទ័ដា និង ទូច វាសនា

៨.១. ដី​នៃ​ដំណាំ​ស្រូវ​នៅ​កម្ពុជា (Rice Soils of Cambodia)

ការ​បង្កើន​ផលិតកម្ម និង​ប្រសិទ្ធភាព​នៃ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ទាមទារ​ការ​យល់​ដឹង​ច្បាស់លាស់​អំពី​ធនធាន​ដី​នៅ​ក្នុង​ប្រទេស ។ កម្រិត​ជី ការ​រៀបចំ​ដី ពូជ ការ​ឆ្លាស់​ដំណាំ ប្រព័ន្ធ​គ្រប់គ្រង ថែរក្សា និង​យុទ្ធសាស្ត្រ​ការពារ​សត្វ​ចង្រៃ​អាច​ត្រូវ​ទទួល​រង​ឥទ្ធិពល​ដោយសារ​ប្រភេទ​ដី​ដែល​កើត​ឡើង​នៅ​តំបន់​ជាក់លាក់​ណាមួយ ។ ដី​នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ផ្សេងៗ​គ្នា​នៅ​ទូ​ទាំង​ខេត្ត និង​ក្រុង ។ តំបន់​ដីខ្សាច់ និង​ដី​ខ្សត់​ជីជាតិ​មួយ​ភាគ​ធំ ក៏​ដូច​ជា​បណ្តា​ដី​ដែល​អំណោយ​ផល​ខ្ពស់ និង​មាន​សក្ដានុពល​ភាព ចំពោះ​ការ​ទ្រទ្រង់​ប្រព័ន្ធ​ដាំ​ដុះ​ក្នុង​កម្រិត​មួយ​ដ៏​ធំ​ទូលាយ ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​គ្រប់គ្រង​ដោយ​យកចិត្ត​ទុកដាក់ ។ អ្នក​វិទ្យាសាស្ត្រ អ្នក​ផ្សព្វផ្សាយ និង​កសិករ​ទាំងឡាយ​ទាមទារ​នូវ​លទ្ធភាព​យល់​ដឹង និង​ប្រាស្រ័យ​ទាក់ទង​គ្នា នូវ​ភាព​ខុស​គ្នា​នៃ​ដី​ទាំងនេះ ។​

ការ​ធ្វើ​ចំណាត់ថ្នាក់​ដី ពឹងផ្អែក​យ៉ាងច្រើន​ទៅ​លើ​ធនធាន​នៃ​ដីស្រទាប់លើ (Topsoil properties) ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ផលិតកម្ម​ដំណាំ និង​ដែល​ត្រូវ​បង្កើត​លើ​ទំនាក់​ទំនង​នៃ​ស៊េរី​ដី ។ ផែនទីដី​មួយ​មិន​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ ឬ​គ្រោងទុក​ក្នុង​ចិត្ត​ជា​មុន​ឡើយ ។ ក្នុង​ពេល​ដំបូង​ចំណាត់​ថ្នាក់​ដី​តាម​នេះ មាន​គោលបំណង​អនុញ្ញាត​ដល់​អ្នក​គ្មាន​ឯកទេស​ធ្វើ​ចំណាត់​ថ្នាក់​ដី ដែល​គាត់​កំពុង​ឈរ​នៅ​លើ ដោយ​មិន​ចាំបាច់​មាន​ជំនួយ​ពី​មន្ទីរពិសោធន៍​ឡើយ ។ ជា​ចម្បង​ប្រព័ន្ធ​នេះ មិន​ត្រូវ​រៀបចំ​ជំនួស​ចំណាត់ថ្នាក់​តាម​បែប Taxonomy (Soil Suvey Staff, 1994) ដែល​មាន​លក្ខណៈ​ជា​ផ្លូវការ​ច្រើន​នោះ ។

៨.១.១. ភូគព្ភសណ្ឋានវិទ្យា និង​ភូគព្ភវិទ្យា (Geomorphology and Geology)

គេ​អាច​ចែក​តំបន់​ដាំ​ស្រូវ​នៅ​ប្រទេស​កម្ពុជា​ជា​បី​តំបន់​យ៉ាង​ងាយ​យល់​តាម​លក្ខណៈ​រូបសាស្ត្រ​របស់​ដី: ក. ដី​ដែល​វិវឌ្ឍ​នៅ​លើ​វាលទំនាប​នៃ​ល្បាប់​ចាស់ (Old alluvial) និង/ឬ​ល្បាប់ Colluvial ខ. ដី​ដែល​វិវឌ្ឍ​ទាំងស្រុង​ពី​សិលា​មេ (Parent materials) នៅ​ខាងក្រោម និង គ. ដី​ដែល​វិវឌ្ឍ​នៅ​លើ​វាលទំនាប​លិច​ទឹក ទន្លេ​ឬ​បឹង​ដែល​ទទួល​កំណរ​ដីល្បាប់ (Alluvial) (រូប ៨.២ ដល់ ៨.៤, Saeki et al., 1959; Crocker, 1962; Kawguchi and Kyuma, 1974) ។

៨.១.១.១. ដី​ដែល​មាន​ប្រភព​ពី​ល្បាប់​ចាស់ (Old alluvial) និង/ឬ​ល្បាប់ Colluvium

ដី​ទំនាប​ល្បាប់​ចាស់ (Old alluvial): ប្រភេទ​ដី​នេះ​ជា​ដី​ដែល​កកើត​នៅ​គ្រប់​បណ្តា​ខេត្ត​ផលិត​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ តំបន់​នេះ​កាល​ពីដើម​វា​ជា​ស្ទឹង បឹង ឬ​វាលទំនាប​លិច​ទឹក (Marine floodplains) ដែល​វា​ឥឡូវ​នេះ​វា​ស្ថិត​នៅ​ខ្ពស់​ជាង​នីវ៉ូ​នៃ​ទឹកជំនន់​ធម្មតា (រូប ៨.១ និង​រូប ៨.២) ។ បណ្ដា​ដី​ទាំង​នេះ​មាន​ប្រភព​ពី​កំណក​កករ​នៃ​ល្បាប់ Alluvial ដែល​បាន​ហូរ​តាម​ទឹកទន្លេ ឬ​បឹង ហើយ​ដែល​បាន​ជន់​លិច​តំបន់​ទាំង​នេះ​ម្ដងម្កាល ។ បច្ចុប្បន្ន​ដី​ទាំង​នេះ​ត្រូវ​លិច​ដោយសារ​ទឹក​ភ្លៀង​ប៉ុណ្ណោះ ។ ជីជាតិ​ដី​មិន​ត្រូវ​បាន​បំពេញ​បន្ថែម​ដោយ​ដីល្បាប់ (Alluvial) ជា​រៀង​រាល់​ឆ្នាំ​ដូច​ពេល​មុន​ទៀត​ទេ ហើយ​ដី​ក៏​បាន​ទទួល​រង​នូវ​ការ​ឆ្លាស់​រេដុកម្ម និង​អុកស៊ីតកម្ម ជាមួយ​និង​ការ​ច្រោះ​ចុះ​ក្រោម​នៃ​ជីជាតិ និង​ដីឥដ្ឋ​នៅ​ស្រទាប់​ក្រោម បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​ជីជាតិ ដែល​មាន​សេសសល់​ពី​ផ្ទៃដី​លើ ។ ជួនកាល​នៅ​ក្នុង​ឆ្នាំ​ដែល​មាន​ទឹកជំនន់​ប្លែក​ពី​ធម្មតា ភាគ​ខ្លះ​នៃ​តំបន់​ទាំងនេះ ត្រូវ​ជន់​លិច​ដោយ​ទឹក​ពី​ទន្លេ​នៅ​ក្បែរៗ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ដោយ​សារ​ទឹក​ហូរ​ស្រក​ចេញ​អស់​វិញ ។ ដី​ទាំងនេះ​ក៏​អាច​ស្ថិត​នៅ​ជាយៗ​បឹង ឬ​វាលទំនាប​លិច​ទឹក​ទន្លេ​ផង​ដែរ ។ ក្នុង​មួយ​ឆ្នាំៗ​វា​អាច​ត្រូវ​ជន់​លិច​ក្នុង​រយៈពេល​កំណត់​មួយ​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​នៃ​អាកាសធាតុ ។ ទឹក​ដែល​ហូរ​ចូល​ទៅ​ក្នុង​ដី​នោះ​មាន​បរិមាណ​ល្បាយ​ម៉ដ្ឋ តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ហើយ​រយៈពេល​លិច មិន​ហួស​ពី​បី​ខែ​ឡើយ ។ បាតុភូត​កំណរ​ជាតិ​ដែក​នៅ​ស្រទាប់​ក្រោម (Brinkmann, 1970) ដែល​ជា​លទ្ធផល​ក្នុង​ការ​រលាយ​នៃ​ដីឥដ្ឋ និង ក្លរីតកម្ម​ដីឥដ្ឋ គឺជា​លក្ខណៈ​ពិសេស សម្គាល់​ដី​ទាំងនេះ​ផង​ដែរ ។

រូប ៨.១ សណ្ឋាន​ដី​សំខាន់ៗ សម្រាប់​ការ​ធ្វើ​ផលិតកម្ម​ស្រូវ​នៅ​តំបន់ ទំនាប​នៃ​ប្រទេស​កម្ពុជា

រូប ៨.២ តំបន់​វាលទំនាប​លិច​ទឹក ដែល​បន្ត​ពី​វាលទំនាប​ល្បាប់​ចាស់

ដី​ដែល​នៅ​ស្រទាប់​លើ​ដី​ល្បាប់ ប្រែប្រួល​ខ្លាំង​អាស្រ័យ​លើ អាយុកាល និង​សំណឹក (Erosion) ។ ដី​ចាស់ៗ​ខ្ពស់​បង្គួរ ដែល​ជា​ធម្មតា​បង្កើត​បាន​ជា​ខ្ពង់រាប​ធំៗ​ដែល​ផ្ដល់​ឲ្យ​ដី​នូវ​សណ្ឋាន (Topography) ខ្ពស់​ទាប​នោះ អាច​ត្រូវ​បាន​គេ​កំណត់ ដើម្បី​ធ្វើការ​សិក្សា ។ ដី​ថ្មីៗ​ដែល​ទើប តែ​បញ្ចប់​នូវ​ការ​លិច​ទឹក គឺ​មាន​ផ្ទៃរាប​ស្មើ ហើយ​វា​អាច​បង្ហាញ​លក្ខណៈ​ព្រំដែន​នៃ​ដី ដែល​ផ្លាស់​ប្ដូរ​ពី​វាលទំនាប​លិច​ទឹក ទៅ​ដី​ទំនាប​ចាស់ ។ សណ្ឋាន​ដី​របៀប​នេះ​កើត​មាន​ឡើង នៅ​តាម​បណ្តា​ខេត្ត​ដាំ​ដំណាំ​ស្រូវ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា (រូប ៨.១) ។

ដីល្បាប់ Alluvial-colluvial: ត្រូវ​បាន​បង្កើត​ដោយសារ​ការ​សឹក​រេចរឹល​នៅ​ជុំវិញ​តំបន់​ភ្នំ និង​កូនភ្នំ និង​បន្លាស់​ទី​នៃ​សារធាតុ​សំណឹក​ឆ្ពោះទៅ​កាន់​ដី​ទាបៗ ដែល​បង្កើត​បាន​ជា​រាង​ផ្លិត (រូប ៨.៣) ។ នៅ​កន្លែង​ដែល​មាន​ជាយ​ផ្លិត​ត្រួត​ពីលើ​គ្នា វាលទំនាប​មាន​ចំណោត​ខ្សោយ ដែល​លាត​សន្ធឹង​ពី​ចង្កេះភ្នំ ត្រូវ​បាន​បង្កើត​ឡើង (រូប ៨.២) ។ តំបន់​លិច​ទឹក (Wetland) ដែល​គេ​ដាំ​នៅ​វាល​ទំនាប Alluvial-colluvial ត្រូវ​បាន​ជួប​ប្រទះ​ច្រើន​នៅ​តាម​ចំណុច​ដែល​មាន​សណ្ឋាន​ដី​ទាបៗ ដែល​នៅ​ទីនោះ​ជា​ទូទៅ​ដី​មាន​លក្ខណៈ​ជា​ដីល្បាប់​ម៉ដ្ឋ ។ ដំណើរ Colluviation ក្នុង​ការ​បង្កើត​ដី​ទំនាប​នៅ​ក្នុង​ប្រទេស​កម្ពុជា ទោះជា​ដំណើរ Colluviation មាន​សារសំខាន់​ក៏​ដោយ ក៏​ដំណើរ​នេះ​បង្ក​ឲ្យ​មាន​ចលនការ​នៃ​ដី​ពីលើ​ដី​ខ្ពស់ ទៅ​ទី​ទាប​ដោយសារ​អំពើ​នៃ​ដែន​ទំនាញផែនដី​មាន​សភាព​ខ្សោយ​ទៅៗ ។ ដី​ទំនាប Alluvial-colluvial ជា​ទូទៅ​កកើត​លើ​ស្រទាប់​ដីល្បាប់​ចាស់ (Old alluvial) ។

រូប ៨.៣ តំបន់​វាលទំនាប​លិច​ទឹក Lacustrine ដែល​បន្ត​ពី​វាល​ទំនាប​ល្បាប់​ចាស់ និង​ល្បាប់ Colluvial-alluvial

រូប ៨.៤ ប្រព័ន្ធ​តំបន់​ច្រាំង​ទន្លេ

នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​កកើត​ទំនាប​ល្បាប់ alluvial-colluvial មាន​សារសំខាន់​ណាស់​នៅ​តំបន់​ដាំ​ដំណាំ​ស្រូវ ជា​ពិសេស​នៅ​ក្នុង​បណ្តា​ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​នៅ​ផ្នែក​ខ្លះ​ក្នុង​ខេត្តពោធិ៍សាត់ កំពង់ធំ កំពង់ចាម និង​ស្វាយរៀង ។ នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដែល​ពី​ដើម​ជា​ភ្នំ ឬ​កូនភ្នំ ត្រូវ​បាន​សឹក​រេចរឹល​អស់​ទៅ​ហើយ ហើយ​បង្កើត​បាន​ជា​ខ្ពង់រាប ដែល​មាន​សណ្ឋាន​ខ្ពស់​ទាបៗ ។

៨.១.១.២. ដី​ដែល​បាន​វិវឌ្ឍ​ទាំងស្រុង​ពី​សិលា​មេ​នៅ​ខាងក្រោម (Soils developed in situ from underlying parent materials)

ដី​នេះ​បាន​វិវឌ្ឍ​ដោយ​ឆ្លងកាត់​ដំណើរ​សឹក​រេចរឹល និង​ពុក​ផុយ​នៃ​សិលា​មេ ដែល​ស្ថិត​នៅ​ខាង​ក្រោម ។ ទោះបីជា​ដី​នេះ​ត្រូវ​កើត​ឡើង​នៅ​លើ​ផ្នែក​លើ​នៃ​សិលា​មេ​ក៏​ដោយ នៅ​ក្នុង​ករណី​ខ្លះ​ដី​ទាំងនេះ កកើត​នៅ​តាម​ជម្រាលភ្នំ​ដែល​មាន​ចំណោត​ទាបៗ ។ ដំណើរ​នៃ Colluviation និង Alluviation ក៏​បាន​ចូលរួម​ក្នុង​ការ​បង្កើត​ដី​នេះ នៅ​ក្នុង​កម្រិត​មួយ​ផង​ដែរ (រូបភាព ៨-១) ។​

នៅ​ក្នុង​ប្រទេស​កម្ពុជា ដី​ប្រភេទ​នេះ​ត្រូវ​ទទួល​បាន​មក​ពី​សិលា​មេ​ពីរ​ប្រភេទ ។ ទី​មួយ​បាន​មក​ពី​ថ្មសំលៀង (Sandstones) និង​ថ្ម Shales នៃ​ស័ក Palaeozoic ដែល​នៅ​ស័ក​នោះ​ភ្នំ​ជា​ច្រើន​នៅ​ជុំវិញ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង ។ ថ្ម Sandstones ខ្លួនឯង​ក៏​ត្រូវ​កើត​ចេញ​មក​ពី​សារធាតុ​សំណឹក​មុនៗ​ទៀត​ដែរ ។ ទី​ពីរ គឺ​ដី​ដែល​វិវឌ្ឍ​មក​ពី​កម្អែ​ម៉ាក់ម៉ា ។ សារធាតុ​ម៉ាក់ម៉ា​បាន​ត្រូវ​ក្អែ​មក​ពី​ភ្នំភ្លើង ឬ​ចេញ​មក​តាម​ស្នាម​ប្រេះ​របស់​ថ្ម Sandstones ក្នុង​អំឡុង​ពេល​ថ្មីៗ​នៃ​សកម្មភាព​ភូគព្ភសាស្ត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ទាំង​ថ្ម​អាស៊ីត (ឧ. ថ្ម​ក្រានីត) និង​ថ្ម​បាស (ឧ. ថ្ម​ឌីអូរីត) ត្រូវ​បាន​ក្អែ​ចេញ​មក បណ្ដាល​ឲ្យ​មាន​ដី​មួយ​ក្រុម​មាន​កម្រិត​pH​ប្លែកៗ​គ្នា ។ ដី​ដែល​កើត​មក​ពី​សារធាតុ​ទាំងនេះ គឺជា​ដី​ថ្មី និង​មាន​ជីជាតិ ជា​ពិសេស​ដី​ដែល​កើត​លើ​ថ្ម​បាសាល់ (Basaltic rocks) ។ មាន​តែ​ដី​ដែល​វិវឌ្ឍ​ចេញពី​សារធាតុ​កម្អែ​ភ្នំភ្លើង​ថ្មី​ទេ ដែល​បង្កើត​ជា​តំបន់​ដាំ​ដំណាំ​ស្រូវ​មួយ​ផ្នែក​ដ៏​សំខាន់ ។ ដី​ទាំងនេះ​ត្រូវ​បាន​គេ​ជួប​ប្រទះ ជា​ពិសេស​នៅ​ក្នុង​ខេត្តកំពង់ចាម កំពង់ធំ រតនគិរី ស្ទឹងត្រែង និង​ខេត្តបាត់ដំបង ។

៨.១.១.៣. ដី​វាលទំនាប​លិច​ទឹក​សកម្ម (Soils of the active floodplains)

នៅ​ប្រទេស​កម្ពុជា វាលទំនាប​លិច​ទឹក​សកម្ម​បី​ប្រភេទ​សំខាន់ៗ​ត្រូវ​បាន​ចែក​ដាច់​ពី​គ្នា ។ វាល​ទំនាប​លិច​ទឹក​បត់បែន (Meander floodplain) កើត​ឡើង​តាម​បណ្តោយ​ផ្នែក​នៃ​ផ្លូវទឹក​ទន្លេ ហើយ​វា​មាន​ដៃទន្លេ (River channels) តំបន់​ក្រោយ​ច្រាំង​ទន្លេ (Natural levees) ខ្នង​ចំណោត (Backslope) និង​អាង​ទឹក (Basin) ។

ទំនាប​ទាំងនេះ​ត្រូវ​លិច​ទឹក​នៅ​រដូវវស្សា ពេល​ដែល​ទឹកជំនន់​ជន់​តាម​ដង​ទន្លេ ឬ​ព្រែក កំណក​កករ​ប្រព្រឹត្ត​ទៅ​តាម​កម្រិត​ផ្សេងៗ​អាស្រ័យ​ទៅ​តាម​ចរន្ត​ហូរ​របស់​ទឹក ។ កករ​គ្រាប់​ធំៗ​បំផុត (ខ្សាច់​គ្រាប់​ធំៗ និង​ក្រួស​ល្អិតៗ) ត្រូវ​កក​នៅ​ក្នុង​ផ្លូវទឹក រីឯ​ខ្សាច់​ម៉ដ្ឋ (Fine sand) និង​ល្បាប់ម៉ដ្ឋ (Silt) ត្រូវ​កក​ជាប់​នៅ​លើ​តំបន់​ក្រោយ​ច្រាំង​ទន្លេ ចំណែកឯ​ដីឥដ្ឋ​ត្រូវ​កក​ជាប់​នៅ​ក្នុង​អាង​ទំនាប (Basin) ។​

នៅ​ប្រទេស​កម្ពុជា តំបន់​ច្រាំង​ទន្លេ (Levees) និង​ខ្នង​ជម្រាល​ក្រោយ​ច្រាំង​ទន្លេ (Backslope) ត្រូវ​គេ​ប្រើប្រាស់​យ៉ាង​សំខាន់​សម្រាប់​ការ​សាងសង់​សំណង់ ដាំ​បន្លែ និង​ដំណាំ​សេដ្ឋកិច្ច (Cash crops) ឬ​សម្រាប់​ផលិតកម្ម​ដំណាំ​ស្រូវ ។ ជម្រាល​ក្រោយ​ច្រាំង​ទន្លេ (Backslope) គឺជា​តំបន់​កណ្តាល​ចន្លោះ​តំបន់​ច្រាំង​ទន្លេ និង​វាលទំនាប​លិច​ទឹក ។ ដី​នៅ​ក្នុង​អាង​ទឹក បង្ហាញ​ឲ្យ​ឃើញ​លក្ខណៈ​ជាំ​ទឹក (Hydromorphic properties) យ៉ាង​ច្បាស់លាស់ ហើយ​ដី​ទាំងនោះ​ត្រូវ​គេ​ប្រើ​ប្រាស់​ជា​សំខាន់ សម្រាប់​ផលិតកម្ម​ដំណាំ​ស្រូវ​នៅ​ពេល​រដូវ​ទឹកសម្រក ។ សារធាតុ​មមោក​អាច​ប្រមូលផ្តុំ​នៅ​បាត​អាង​ទំនាប ប្រសិនបើ​អាង​ទឹក​មិន​រីង ។ ផ្លូវទឹក​ដែល​ហូរ​បត់បែន តែងតែ​ប្ដូរ​ទ្រង់​ទ្រាយ​ខាងៗ​របស់​វា ដោយសារ​ការ​ហូរ​ច្រោះ ឬ​ការ​ដុះ​ដី​ដោយ​ចរន្តទឹក ពីព្រោះ​ថា​វា​ផ្លាស់​ទី (រូប ៨.២) ។

តំបន់​ច្រាំង​ទន្លេ ឬ​ព្រែក​បាក់ បណ្ដាល​ឲ្យ​ផ្លូវទឹក​ត្រូវ​កាត់​ផ្តាច់ ហើយ​បន្ទាប់​មក​ត្រូវ​បំពេញ​ដោយ​កំណក​កករ បង្កើត​ជា​ដីដុះ ។ ការ​នេះ​បង្កើត​ឲ្យ​មាន​តំបន់​ច្រាំង​ចាស់ និង​ថ្មី​មួយ ហើយ​ផ្លូវទឹក​បត់បែន​ត្រូវ​បាត់បង់ ។ ប្រព័ន្ធ​ទន្លេមេគង្គ និង​ទន្លេបាសាក់ បាន​បង្កើត​ឲ្យ​មាន​គំរូ​ដូច្នេះ​ជា​ច្រើន ។ ផ្លូវទឹក​ខ្លី​ដែល​មាន​ចំណោត​ខ្លាំង មិន​អាច​បង្កើត​អាង​ទឹក​ពិតប្រាកដ​បាន​ទេ ឬ​អាច​បង្កើត​បាន​តែ​អាង​ទឹក​តូចៗ ហើយ​រាក់ៗ​តែ​ប៉ុណ្ណោះ ។ សណ្ឋាន​ដី​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​ជា​ច្រើន​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ និង​តាម​ផ្នែក​ជា​ច្រើន​នៃ​ដង​ទន្លេបាសាក់ ព្រមទាំង​តាម​បណ្តោយ​ផ្លូវ​ទឹកជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស ។ សណ្ឋាន​ដី​លាតសន្ធឹង​ជួប​ជាមួយនឹង​វាលទំនាប​លិច​ទឹកធំៗ នៅ​ពាក់កណ្តាល​នៃ​ភាគ​ខាងត្បូង ខេត្តកណ្តាល តាកែវ និង​ព្រៃវែង ហើយ​ជួបនឹង​វាលទំនាប​លិច​ទឹក Lacustrine នៃ​បឹង​ទន្លេសាប ។

វាលទំនាប​លិច​ទឹកធំៗ (Expansive floodplains): ជា​សណ្ឋាន​ដី​សំខាន់​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​ទាមទារ​ត្រូវ​ញែក​ឲ្យ​ដាច់​ដោយឡែក​ពី​វាលទំនាប​លិច​ទឹក​បត់បែន (Meander floodplains) ។ វាលទំនាប​លិច​ទឹកធំៗ​នេះ​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវទឹក​ផ្នែក​ខាងក្រោម និង​នៅ​ជា​ទម្រង់​វាលទំនាប​លិច​ទឹកប្រៃ (Marine floodplains) ពេញលេញ​មួយ ។ តំបន់​ទាំងនេះ​កត់សម្គាល់​ដោយសារ​វត្តមាន​នៃ​ដង​ទន្លេ តំបន់​ច្រាំង​ទន្លេ​ដែល​ដី​មាន​លក្ខណៈ​ពី​ដីល្បាប់​ទៅ​ដីឥដ្ឋ បន្ត​ភ្ជាប់​ដោយ​ដី​ទំនាប​ដ៏​ធំ​រាប​ស្មើ​មួយ​ដែល​មាន​សណ្ឋាន​ផ្សេងៗ​គ្នា (រូប ៨.២, រូប ៨.៤) ។ ទំនាប​នេះ​អាច​លាតសន្ធឹង​ជា​ច្រើន​គីឡូម៉ែត្រ ពី​ដៃទន្លេ​ទៅ​តំបន់​ខ្លះ ស្ថិត​ក្នុង​ខេត្តតាកែវ ។ ក្នុង​មួយ​ឆ្នាំៗ ទំនាប និង​ច្រាំង​ទន្លេ​ភាគច្រើន​បាន​ត្រូវ​ជន់​លិច ក្នុង​ជម្រៅ ២​ម៉ែត្រ អស់​រយៈពេល​ដ៏​វែង ។ ផ្ទៃដី​ទាំងនេះ​គេ​ឃើញ​មាន​ចំនួន​ច្រើន គឺ​ប្រហែល​ពាក់កណ្តាល​ភាគ​ខាងត្បូង​នៃ​ខេត្ត​តាកែវ និង​ព្រៃវែង និង​នៅ​ជុំវិញ​តំបន់​ប្រព័ន្ធ​ទន្លេមេគង្គ និង​បាសាក់ ។

វាលទំនាប​លិច​ទឹកប្រៃ (Marine floodplains): ក៏​បាន​កើត​ឡើង​ផង​ដែរ នៅ​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា ។ ដំណាំ​ស្រូវ​ដែល​គេ​ដាំ​នៅ​តំបន់​នេះ ត្រូវ​រង​ឥទ្ធិពល​ដោយសារ​ចរន្ត​ទឹកជោរ​ជាប់​ជា​និច្ច និង​ការ​ទន្ទ្រាន​ចូល​នៃ​ទឹកសមុទ្រ ។ ទោះជា​យ៉ាងណា​ក៏​ដោយ តំបន់​ទាំងនេះ​គ្រាន់តែ​ជា​តំបន់​ដាំ​ដំណាំ​ស្រូវ​បន្ទាប់បន្សំ​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

វាលទំនាប​លិច​ទឹក​ឡាគូស្ទ្រីន (Lacustrine floodplains): ក្នុង​ប្រទេស​កម្ពុជា​វាលទំនាប Lacustrine មាន​លក្ខណៈ​រួម​ជា​ច្រើន​ដូច​គ្នា​នឹង​វាលទំនាប​ធំ (Expansive floodplains) ។ វាលទំនាប​ដែល​នៅ​ព័ទ្ធ​ជុំវិញ​បឹង​ទន្លេសាប គឺជា​គំរូ​មួយ​នៃ​វាលទំនាប Lacustrine ដែល​បាន​វិវឌ្ឍន​យ៉ាង​ល្អ (រូប ៨.៣) ជា​ទូទៅ​វា​មាន​ផ្ទៃ​រាបស្មើ ហើយ​មាន​លក្ខណៈ​ម៉ដ្ឋ​ល្អ ។

ទោះជា​យ៉ាងណា​ក៏​ដោយ កំណកំណើត​លក្ខណៈ​ដី​នេះ​អាស្រ័យ​ទៅ​លើ​សិលាវិទ្យា (Lithology) នៃ​របប​ទឹក​ជុំវិញ និង​របប​ទឹក​ដែល​ហូរ​ចេញ ឬ​ចូល​បឹង ។ ស្ថានភាព​ធារាសាស្ត្រ​នៃ​បឹង​ទន្លេសាប គឺ​មាន​លក្ខណៈ​ពិសេស​តែ​មួយ​គត់ ដោយសារ​ទឹកទន្លេ​មេគង្គ​ហូរ​ចាក់​ចូល​ទៅ​ក្នុង​បឹង​ទន្លេសាប​ជា​រៀង​រាល់​ឆ្នាំ ធ្វើ​ឲ្យ​កករ (Sediments) ត្រូវ​កក​ជាប់​ក្នុង​បឹង​នោះ ។ ក្រៅពី​នេះ​នៅ​មាន​ផ្លូវ​ទឹក​តូចៗ និង​មធ្យោបាយ​ជា​ច្រើន​ទៀត ដែល​ហូរ​ចាក់​ចូល​ទៅ​ក្នុង​បឹង ។ ដីសណ្ដ​តូចៗ ត្រូវ​ទទួល​ឥទ្ធិពល​ពី​ការ​ឡើង​ចុះ​ពី​នីវ៉ូទឹក​ក្នុង​បឹង​ជា​រៀង​រាល់​ឆ្នាំ ។ គំរូ​ដី​ដ៏​សាំញ៉ាំ​មួយ​បាន​កើត​ឡើង​ដោយ​សារ​ធាតុ​ខ្សាច់ ដែល​ហូរ​នាំ​មក​តាម​ទឹក​កក​ជាប់​នៅ​ក្បែរ​មាត់​ផ្លូវទឹក​ដ៏​ធំ​នេះ ។ នៅ​អំឡុង​ពេល​នោះ​ដោយ​មាន​ការ​ប្ដូរ​ទិស​ដៅ​របស់​ទឹកទន្លេ កករ​ដែល​មាន​លក្ខណៈ​ជា​ខ្សាច់ ឬ​ល្បាយ​ម៉ដ្ឋ ក៏​វិវឌ្ឍ​ជា​ស្រទាប់ដី​ផ្សេងៗ​គ្នា (រូប ៨.៣ និង រូប ៨.៤) ។​

៨.១.២. ក្រុម​ដី​សំខាន់ៗ​នៅ​កម្ពុជា (Main soil groups of Cambodia)

ប្រព័ន្ធ​ចំណាត់ថ្នាក់​ដី​ដែល​ត្រូវ​ប្រើ​មាន​បី​ថ្នាក់​គឺ ចំណាត់ថ្នាក់​ក្រុម​ដី ចំណាត់ថ្នាក់​អនុក្រុម​ដី និង​ចំណាត់ថ្នាក់​តាម​កម្រិត​ជីជាតិ​នៃ​ដី (តារាង ៨.១ និង រូប ៨.៥) ។ ក្រុម​ដី​ត្រូវ​បាន​កំណត់​ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​នៃ​ដើម​កំណើត​ដី និង​លើ​លក្ខណៈ​រូបសាស្ត្រ​របស់​ដី​ជា​ចម្បង ។ ចំណាត់​ថ្នាក់​តាម​អនុក្រុម​ដី បាន​កំណត់​ដោយ​ផ្អែក​លើ​លក្ខណៈ​ក្សេត្រវិទ្យា និង​លក្ខណៈ​របស់​ដី ដែល​មាន​ឥទ្ធិពល​លើ​ផលិតកម្ម​ដំណាំ ជា​កត្តា​សម្គាល់​អនុក្រុម ។ ចំណាត់ថ្នាក់​តាម​កម្រិត​ជីជាតិ គឺជា​ការ​វាយតម្លៃ​គុណភាព​កម្រិត​ជីជាតិ​របស់​ដី ហើយ​វា​ផ្ដល់​គោលការណ៍​ណែនាំ​សម្រាប់​ការ​គ្រប់គ្រង ។ ចំណុចខ្លាំង​របស់​ប្រព័ន្ធ​ចំណាត់ថ្នាក់​នេះ គឺ​ភាព​ងាយស្រួល​របស់​វា​ក្នុង​ការ​ប្រើប្រាស់ ដែល​អាច​ឲ្យ​ដី​ត្រូវ​ធ្វើ​ចំណាត់​ថ្នាក់​នៅ​តាម​បណ្តា​តំបន់​មួយ​ចំនួន​បាន​ដោយ​ឆាប់រហ័ស និង​ងាយ​ស្រួល ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ​ពឹងពាក់​លើ​ការ​វិនិច្ឆ័យ អាច​បណ្ដាល​ឲ្យ​មាន​ការ​លំបាក​ខ្លះ​នៅ​ក្នុង​ការ​ធ្វើ​ចំណាត់​ថ្នាក់​ដី​នៅ​តាម​តំបន់​ទោះជា​ចំណាត់​ថ្នាក់​ណា​មួយ ជាពិសេស​បើសិនជា​ចំណាត់ថ្នាក់​ដី ធ្វើ​ឡើង​នៅ​ព្រំប្រទល់​រវាង​ក្រុម​ដី​ពីរ​ផ្សេង​គ្នា ។ ដូច្នេះ​ការ​ធ្វើ​ចំណាត់ថ្នាក់​ដី​នៅ​ក្នុង​តំបន់​ណា​មួយ គួរតែ​ត្រូវ​ពឹងផ្អែក​លើ​ការ​អង្កេត​ច្រើន​ដង​នៅ​តាម​ទីកន្លែង​ផ្សេង​គ្នា​នៅ​ក្នុង​តំបន់​សិក្សា​នោះ ។

តារាង ៨.១ ទស្សនៈ​ទូទៅ​អំពី​ក្រុម (Group) ការ​ពិពណ៌នា​អំពី​អនុក្រុម (Phase) និង​ការ​ប៉ាន់ស្មាន​នៃ​ផ្ទៃ​ដី​ដាំ​ស្រូវ​សរុប​ក្នុង​ប្រទេស​កម្ពុជា ដែល​គ្របដណ្តប់​ដោយ​ក្រុម​ដី​នីមួយៗ (White et al., 1997a)

រូប ៨.៥ ផែនទី​បង្ហាញ​ពី​ចំណាត់ថ្នាក់​ក្រុម​ដី​សំខាន់ៗ​សម្រាប់​ដំណាំ​ស្រូវ​នៅ​ក្នុង​ប្រទេស

៨.២. ការ​គ្រប់គ្រង​ជីជាតិ​ដី (Soil fertility management)

ជីជាតិ​ដី គឺជា​លទ្ធភាព​របស់​ដី​ដែល​ផ្ដល់​នូវ​សារធាតុចិញ្ចឹម​ទាំងឡាយ នៅ​ក្នុង​បរិមាណ ទម្រង់ និង​សមាមាត្រភាព​ដែល​ត្រូវការ​សម្រាប់​ការ​លូតលាស់​ជា​អតិបរមា​របស់​រុក្ខជាតិ ។ វា​ត្រូវ​បាន​គេ​វាស់​ស្ទង់​ដោយ​បរិមាណ​នៃ​សារធាតុចិញ្ចឹម​សេរី ដែល​មាន​នៅ​ក្នុង​ដី​នា​ពេល​កំណត់​ណាមួយ ។ ចំពោះ​ដី​ដំណាំ​ស្រូវ​នៃ​ប្រទេស​កម្ពុជា ភាគច្រើន​ជា​ប្រភេទ​ដី​ខ្សត់​ជីជាតិ​ខ្លាំង ដោយសារ​វា​មាន​កម្រិត​នៃ​សារធាតុចិញ្ចឹម​ទាប មាន​លក្ខណៈ​ជា​ប្រភេទ​ដី​អាស៊ីត មាន​បរិមាណ​ខ្សាច់​ច្រើន មាន​កម្រិត​សារធាតុ​សរីរាង្គ​ទាប និង​សមត្ថភាព​បណ្ដូរ​កាចុង​ទាប (តារាង ៨.២) ។

តារាង ៨.២ លក្ខណៈសម្បត្តិ​គីមី​របស់​ក្រុម​ដី​ដាំ​ស្រូវ​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា

មាន​សារធាតុ​ខនិជ​ជា​ច្រើន​ដែល​រុក្ខជាតិ​ស្រូប​យក​តាម​រយៈ​ឫស និង​តាម​រយៈ​ដំណើរ​រស្មីសំយោគ ដើម្បី​ជំរុញ​ដំណើរការ​លូតលាស់​របស់​វា ។ សារធាតុ​ទាំងនោះ កើត​មាន​នៅ​ក្នុង​ដី​ក្នុង​បរិមាណ​ដ៏​សន្ធឹកសន្ធាប់​នៃ​សមាសធាតុ​រ៉ែ និង​សរីរាង្គ​នៃ​ដី ដែល​ស្ថិត​ក្នុង​ទម្រង់​ជា​អ៊ីយ៉ុង​ដោះ​ដូរ ហើយ​មាន​ចំនួន​តិចតួច​នៅ​ក្នុង​បរិយាកាស​ក្នុង​ទម្រង់​ជា​ម៉ូលេគុល ។​

ជីគីមី​បាន​ផ្ដល់​សារធាតុចិញ្ចឹម​សម្រាប់​ការ​លូតលាស់ និង​ការ​ផ្ដល់​ផល​គ្រប់​ប្រភេទ​ដំណាំ ទន្ទឹម​នឹង​នេះ ការ​ផ្ដល់​សារធាតុចិញ្ចឹម​ទាំងនេះ ក៏​ទទួល​បាន​ពី​ប្រភព​ផ្សេងៗ​ទៀត ដូច​ជា ទឹក ដីល្បាប់ រុក្ខជាតិ និង​លាមក​សត្វ​ជាដើម ។ ការ​កប់​លុប​ចំបើង ឬ​ដាំ​ដំណាំ​ពពួក​ដែល​មាន​កំពក​ឫស ក៏​បាន​ជួយ​បង្កើន​អាហារ​ធាតុ​ចិញ្ចឹម​ដ៏​សំខាន់​ដល់​ការ​លូតលាស់​របស់​ដំណាំ​ផង​ដែរ ។​

ការ​ប្រើ​ជី​រួម​ផ្សំ​រវាង​ជីគីមី​ជាមួយនឹង​ជីធម្មជាតិ​ដូច​ជា ជី​កំប៉ុស្ត ចំបើង ឬ​ជី​ដែល​បាន​មក​ពី​រុក្ខជាតិ​បៃតង វា​មាន​លក្ខណៈ​ប្រសើរ​បំផុត សម្រាប់​ការ​ដុះ​លូតលាស់​របស់​ដំណាំ និង​ធ្វើ​ឲ្យ​ដី​មាន​តុល្យភាព​សារធាតុចិញ្ចឹម ប្រកបដោយ​និរន្តរភាព​បរិស្ថាន ។ ប៉ុន្តែ​ជា​រឿយៗ នៅ​តាម​តំបន់​ដាំ​ស្រូវ​ជា​ច្រើន​ពុំ​មាន​ជីធម្មជាតិ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ​នោះ​ទេ ។

៨.២.១. សារធាតុសរីរាង្គ (Organic matter)

ជីសរីរាង្គ គឺជា​ប្រភព​នៃ​អាហារ​ធាតុ​ដ៏​សំខាន់​នៅ​ក្នុង​ដី សម្រាប់​ទ្រទ្រង់​ដល់​ការ​លូតលាស់​របស់​ដំណាំ (តារាង ៨.៣) ។ សារធាតុសរីរាង្គ​កើត​ឡើង​ដោយ​ការ​ពុក​ផុយរលួយ​នៃ​កាក​សំណល់​រុក្ខជាតិ និង​សត្វ​ស្លាប់​ដែល​បាន​កប់​នៅ​ក្នុង​ដី ។ ក្នុង​រយៈពេល​មួយ​សម​ស្រប ក្រោម​អំពើ​ពី​ពពួក​មីក្រូ​សារពាង្គកាយ សីតុណ្ហភាព និង​កម្ដៅ​បាន​ធ្វើ​ឲ្យ​សារធាតុសរីរាង្គ​ស្រស់ និង​កាក​សំណល់​សត្វ​ស្លាប់​រលួយ​ទៅ​ជា​សារធាតុសរីរាង្គ បន្ទាប់​មក​ប្រែ​ទៅ​ជា​ទម្រង់​សារធាតុ​អសរីរាង្គ​ដែល​រុក្ខជាតិ​អាច​ស្រូប​យក​បាន ។ ជា​ទូទៅ​គេ​ប្រើ​ជីសរីរាង្គ ២-១០ តោន/ហត ឬ​ច្រើន​ជាង​នេះ អាស្រ័យ​លើ​តម្រូវការ និង​ភាព​សម្បូណ៌​បែប​របស់​វា (Dobermann and Fairhurst, 2000) ។​

តារាង ៨.៣ ធាតុ​ខនិជ​មួយ​ចំនួន​នៃ​សារធាតុសរីរាង្គ​សំខាន់ៗ​ដែល​គេ​និយម​ប្រើ

អស់​រយៈកាល​ជា​យូរ​មក​ហើយ កសិករ​បាន​ប្រើប្រាស់​សារធាតុសរីរាង្គ​ដែល​មាន​ស្រាប់​ក្នុង​ស្រែ ដើម្បី​បំពេញ​តម្រូវការ​ជីជាតិ​ដី​របស់​គេ​នៅ​កន្លែង​ដែល​ពុំ​សូវ​សម្បូណ៌​ជីគីមី ហើយ​សារធាតុ​សរីរាង្គ​ទាំងនេះ​មាន​តួនាទី​ជា​ប្រភព​សារធាតុចិញ្ចឹម​តែ​មួយ​គត់​របស់​ដំណាំ ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ដោយសារ​កាក​សំណល់​សារធាតុសរីរាង្គ​ទាំងនោះ កសិករ​អាច​កាត់​បន្ថយ​ប្រាក់​ចំណាយ​របស់​គាត់​បាន​មួយ​កម្រិតពី​ការ​ប្រើប្រាស់​ជីគីមី ។

៨.២.១.១. ចំបើង

ចំបើង ជា​សារធាតុសរីរាង្គ​ដែល​ចូលរួម​សកម្ម​ជាងគេ​នៅ​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ ។ ជា​ទូទៅ ចំបើង​មាន​សារធាតុ​អាសូត (N) ពី ០,៥-០,៨% ផូស្វ័រ (P) ពី ០,០៧-០,១២% ប៉ូតាស្យូម (K) ពី ១,២-១,៧% ស្ពាន់ធ័រ (S) ពី ០,០៥-០,១ % និង ស៊ីលីស្យូម (Si) ពី ៤-៧% (តារាង ៨.៤) ។ ប្រហែលជា ៤០% នៃ​អាសូត ៨០-៨៥% នៃ​ប៉ូតាស្យូម ៣០-៣៥%​នៃ​ផូស្វ័រ និង ៤០-៥០%​នៃ​ស្ពាន់ធ័រ ដែល​ដំណាំ​ស្រូប​យក​ត្រូវ​បាន​បន្សល់​ទុក​ក្នុង​សរីរាង្គ​លូតលាស់​របស់​ស្រូវ នៅ​ដំណាក់​កាល​ទុំ (Dobermann and Fairhurst, 2000) ។ ចំបើង​ជា​សារធាតុសរីរាង្គ​ដែល​ងាយ​រក ព្រោះ​វា​តែងតែ​មាន​រួច​ហើយ​នៅ​ក្នុង​ស្រែ​ដាំ​ស្រូវ ហើយ​វា​ជា​ប្រភព​នៃ​សារធាតុ​ស៊ីលីស្យូម (Si) ថែម​ទៀត​ផង ។

តារាង ៨.៤ កំហាប់​នៃ​សារធាតុចិញ្ចឹម​មួយ​ចំនួន​នៅ​ក្នុង​ចំបើង

ការ​ដុត​ចំបើង ឬ​ប្រមូល​យក​ចំបើង​ចេញពី​វាលស្រែ​ពុំ​មែន​ជា​បច្ច័យ​ល្អ​នោះ​ទេ ព្រោះ​ចំបើង​បាន​ផ្ដល់​សារធាតុចិញ្ចឹម​ជា​ច្រើន​ដល់​រុក្ខជាតិ​វិញ ជា​ពិសេស​ដំណាំ​ស្រូវ ។ ការ​ដុត​ចំបើង​បាន​បាត់បង់​សារធាតុ​អាសូត និង​ផូស្វ័រ​ប្រហែល ២៥% ប៉ូតាស្យូម​ប្រហែល ២០% និង​ស្ពាន់ធ័រ ៥-៦០% ។ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា ហ្វីលីពីន ឥណ្ឌា គេ​យក​ចំបើង​ទៅ​កែច្នៃ​ធ្វើ​ជា​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ ។ ដូច្នេះ​ចំពោះ​ដីស្រែ​មួយ​ភាគ​ធំ ពុំ​បាន​កប់​លុប​ចំបើង​ទៅ​វិញ​ទេ ដែល​អាច​ធ្វើ​ឲ្យ​ដី​បាត់​បង់​ជីជាតិ ហើយ​កាន់តែ​រេចរឹល​ទៅ (Dobermann and Fairhurst, 2000) ។ ចំបើង​នៅ​លើ​វាល​ស្រែ គួរ​តែ​ភ្ជួរ​កប់​លុប​បន្ទាប់​ពី​ច្រូតកាត់​រួច ដើម្បី​ធ្វើ​ឲ្យ​ចំបើង​រលួយ​បាន​ល្អ មុន​ពេល​ដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​រដូវ​កាល​ក្រោយ ។

៨.២.១.២. ជី​ស្រស់

ជី​ស្រស់​ជា​ប្រភេទ​ជី​ដែល​បាន​មក​ពី​ស្លឹក ដើម​រុក្ខជាតិ​ដែល​កប់​ចូល​ទៅ​ក្នុង​ដី​ក្នុង​ពេល​ស្រស់ៗ ឬ​បន្ទាប់​ពី​ទុំ​ភ្លាម ដើម្បី​ធ្វើ​ឲ្យ​លក្ខណៈ​រូបសាស្ត្រ និង​ជីជាតិ​ដី​កាន់តែ​ប្រសើរ​ឡើង ។ ជា​ទូទៅ​គេ​យក​ជី​ស្រស់​ទៅ​ពង្រាយ​នៅ​លើ​វាលស្រែ​រួច​ភ្ជួរ​កប់​លុប​ទៅ​ក្នុង​ដី​តែ​ម្ដង ។ ជី​ស្រស់​មាន​សារ​ប្រយោជន៍​ណាស់ ព្រោះ​វា​បាន​ផ្ដល់​នូវ​សារធាតុចិញ្ចឹម​ជា​ច្រើន​ទៅ​ឲ្យ​ដី ដូច​ជា អាសូត ផូស្វ័រ និង​ប៉ូតាស្យូម ជាដើម​ដែល​អាច​ជួយ​ផ្គត់ផ្គង់​តម្រូវការ​របស់​រុក្ខជាតិ​ផង និង​រក្សា​នូវ​តុល្យភាព​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ដី​ផង ។ ពពួក​សណ្តែក​ជា​ប្រភេទ​រុក្ខជាតិ ដែល​ត្រូវ​បាន​គេ​និយម​យក​មក​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​ជី​ស្រស់ ដោយសារ​រុក្ខជាតិ​ប្រភេទ​នេះ​មាន​អនុភាព​នៃ​ការ​បន្ថែម​ធាតុ​អាសូត​ទៅ​ក្នុង​ដី ។ ក្រៅពី​នេះ​គេ​និយម​ប្រើ​ពពួក​រុក្ខជាតិ​ស្នោ​ទឹក (Sesbania rostrata) និង​អាសូឡា​អាណាបាអេណា (Azolla anabaena) ។ ជី​ស្រស់​មាន​លក្ខណៈ​ក្សេត្រវិទ្យា និង​លក្ខណៈ​រូប​សំខាន់ៗ​មួយ​ចំនួន ដូចជា ការ​លូតលាស់​ឆាប់រហ័ស ផលិត​ម៉ាស់​ស្រស់​ច្រើន មាន​ធាតុ​អាសូត​ច្រើន មាន​តុល្យភាព​ទល់​នឹង​សត្វ​ចង្រៃ​និង​ជំងឺ មិន​ប្រកាន់​រដូវ ហើយ​ធន់​នឹង​ភាព​លិច​ទឹក​និង​រាំង​ស្ងួត ។

ក. ស្នោ​ទឹក

ស្នោ​ទឹក ធន់​នឹង​ដី​លិច​ទឹក ហើយ​អាច​បន្ត​ការ​លូតលាស់ និង​ចាប់​យក​ធាតុ​អាសូត​តាម​កំពក​នៅ​លើ​ដើម​ទោះ​ក្នុង​ពេល​វា​កំពុង​លូតលាស់​ក្នុង​ដី​លិច​ទឹក​ក៏​ដោយ ។ ដោយសារ​តែ​លក្ខណៈ​សម្គាល់​ទាំងនេះ ស្នោ​អាច​ផ្ដល់​ឲ្យ​ដី​នូវ​សារធាតុ​អាសូត និង​ធាតុ​សរីរាង្គ​សម្រាប់​ដំណាំ​នៅ​រដូវ​បន្ទាប់ ដោយ​ដាំ​វា​នៅ​ចន្លោះ​ស្រូវ​ពី​រដូវ​មួយ​ទៅ​រដូវ​មួយ ។

ក.១. ការ​ដាំ​ដុះ​ស្នោ​ទឹក

ស្នោ​ត្រូវ​ដាំ​នៅ​ដើមរដូវ​ភ្លៀង វា​លូតលាស់​យ៉ាង​យឺត​នៅ​ក្នុង​រយៈពេល ២០​ថ្ងៃ​ដំបូង ប៉ុន្តែ​វា​កើន​ទម្ងន់​យ៉ាង​ឆាប់រហ័ស​បន្ទាប់​ពី​នោះ​មក ។ បន្ទាប់​មក​យើង​ត្រូវ​ភ្ជួរ​កប់​លុប​ស្នោ​ទាំងនោះ​ទៅ​ក្នុង​ដី​នៅ​អាយុ ៤៥-៥៥​ថ្ងៃ ក្រោយ​ដាំ ។ ក្នុង​ផ្ទៃដី​មួយ​ហិកតា ស្នោ​ផ្ដល់​ផល​បាន ២-៤ តោន​ម៉ាស់​ស្ងួត ហើយ​វា​ផ្ដល់​សារធាតុ​អាសូត​បាន ៦០-១២០ គក/ហត ឬ​លើស​ពី​នេះ សម្រាប់​ដំណាំ​នៅ​រដូវ​បន្ទាប់ ។

ក.២. ការ​ភ្ជួរ​កប់​លុប​ស្នោ​ទឹក​ដោយ​ប្រើ​កម្លាំង​សត្វ

កាប់​ដើម និង​មែក​ជា​កំណាត់​តូចៗ​រួច​ដាក់​ពង្រាយ​នៅ​លើ​ផ្ទៃដី​ដែល​ត្រូវ​ប្រើប្រាស់ បន្ទាប់​មក​ភ្ជួរ​លុប និង​រាស់​ដី​នោះ​ឲ្យ​បាន​ច្រើន​សា​ហើយ​ស្មើ​ល្អ ។

ខ. ដំណាំ​ជី​ស្រស់ អាសូឡា (Azola)

វា​ជា​ប្រភេទ​មួយ​នៃ​បណ្ណង្គជាតិ ដែល​អាច​ចាប់​យក​អាសូត​ពី​បរិយាកាស ដោយ​សហការ​ជាមួយនឹង​សារាយ អាណា បាអេណា ដែល​រស់នៅ​ក្នុង​ផ្នែក​ក្រហូង​នៃ​ស្លឹក​អាសូឡា​លើ​បង្អស់ ។ ជា​ការ​មួយ​ច្បាស់​ណាស់ ដែល​ទំនាក់ទំនង​សំខាន់​បំផុត​រវាង​អាសូឡា និង​អាណាបា​អេណា គឺជា​ការ​ផ្ដល់​ដល់​បណ្ណង្គជាតិ​នូវ​សមាសធាតុ​អាសូត ដែល​បាន​មក​ពី​ការ​ចាប់​ឧស្ម័ន​អាសូត​ដោយ​សារាយ​បៃតង ដែល​ផ្ទុយ​មក​វិញ សារាយ​នេះ​ប្រើ​សមាសធាតុ​កាបូន​រស្មីសំយោគ​ដោយ​បណ្ណង្គជាតិ ។ អាសូឡា អាច​ជំនួស​ជី​អាសូត​បាន ព្រោះ​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ចាប់​យក​អាសូត​ពី​បរិយាកាស ហើយ​ជា​ប្រភេទ​រុក្ខជាតិ​ដែល​មាន​ភាព​ដុះ​លូតលាស់​ឆាប់​រហ័ស ។

ខ.១. ការ​ដាំ​ដុះ​អាសូឡា​មុន​ដាំ​ដំណាំ​ស្រូវ

អាសូឡា ជា​ជី​ស្រស់​ដ៏​ប្រសើរ​បំផុត​សម្រាប់​ស្រែ​ទំនាប​ស្រោចស្រព ។ ការ​ដាំ និង​ចំនួន​ដង​នៃ​ការ​បណ្ដុះ​មុន​ស្ទូងស្រូវ អាស្រ័យ​ទៅ​លើ​ភាព​មាន​ទឹក ។ ជម្រៅ​ទឹក​គប្បី​មិន​ឲ្យ​ជ្រៅ​ជាង ៥​សម ដើម្បី​រក្សា​បណ្ណង្គជាតិ​ឲ្យ​នៅ​ជិត​ដី សម្រាប់​ស្រូប​យក​ធាតុ​ចិញ្ចឹម​ក្នុង​ដី ។ ក្នុង​ការ​ដាក់​ជី​លើ​ការ​ដាំ​ដុះ​អាសូឡា ជាដំបូង​ត្រូវ​ដាក់​ជី​ផូស្វ័រ ១០​គក/ហត នៅ​មុន​ពេល​ប្រមូល​ផល ៧​ថ្ងៃ និង​លើក​ទី​២ ដាក់​ជី​ផូស្វ័រ ១០ គក/ហត នៅ​មុន​ពេល​ប្រមូល​ផល ២-៣ ថ្ងៃ ។ ការ​ដាក់​ជី​ធ្វើ​ឲ្យ​អាសូឡា​មាន​អាហារ​ចិញ្ចឹម​ច្រើន ហើយ​វា​នឹង​ដុះ​កូន​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ស្រែ​រហូត​ដល់​រយៈពេល ៣​អាទិត្យ ដោយ​​ពុំ​ចាំបាច់​បន្ថែម​ជី​ទៀត​ទេ ។ កម្រិត​នៃ​ការ​បណ្ដុះ​គឺ​ពី ២០០-៥០០ ក្រាម អាសូឡា​ស្រស់​ក្នុង​ផ្ទៃដី​មួយ​ម៉ែត្រការ៉េ ។

ខ.២. ការ​ដាំ​ដុះ​អាសូឡា​ជាមួយ​ដាំ​ដំណាំ​ស្រូវ

ការ​ទុក​អាសូឡា​ប្រហែល ២០% មុន​ពេល​ស្ទូង ជា​ការ​មួយ​ល្អ​សម្រាប់​ស្រូវ​សន្ទូង ដើម្បី​ឲ្យ​វា​ដុះ​នៅ​ពេល​ដែល​សន្ទូង​លាស់ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​វា​ទប់ស្កាត់​ការ​លូតលាស់​នៃ​ស្មៅ ។ បី​អាទិត្យ​បន្ទាប់​មក​នៅ​ពេល​ដែល​ត្រូវ​ធ្វើ​ស្មៅ​លើក​ទី​១ គេ​អាច​ភ្ជួរ​បង្កប់​វា​បាន ។

គ. ពពួក​រុក្ខជាតិ​សណ្តែក​ដែល​មាន​កំពក

រុក្ខជាតិ​ពពួក​សណ្តែក​ដែល​មាន​កំពក​នៅ​លើ​ដើម ឬ​នៅ​លើ​ឫស គឺជា​ប្រភេទ​សណ្តែក​ម្យ៉ាង​ដែល​មាន​សមត្ថភាព​អាច​ចាប់​យក​អាសូត​ពី​បរិយាកាស​មក​សំយោគ​ធ្វើ​ជា​សារធាតុ​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​វា ហើយ​រុក្ខជាតិ​ពពួក​នេះ​ភាគច្រើន​អាច​ដាំ​នៅ​ក្នុង​លក្ខខណ្ឌ​ដី ដែល​មិន​ប្រកប​សម្រាប់​ដំណាំ​ស្រូវ ។ ការ​បង្កប់​ស្នោ Sesbania បង្កើន​ការ​កែ​លម្អ​រចនា​សម្ព័ន្ធ​ដី បន្ថយ​ម៉ាស់មាឌ​ដី បង្កើន​រន្ធ​ខ្យល់​នៃ​ដី និង​បម្លាស់​ប្ដូរ​សមត្ថភាព​ជប់​ទឹក និង​ចម្រោះ​ទឹក​ក្នុង​ស្រែ ។ ការ​បង្កប់​ស្នោ Sesbania ទៅ​ក្នុង​ដី ក៏​បង្កើន​សារធាតុសរីរាង្គ​នៃ​ដី និង​សារធាតុចិញ្ចឹម​ផ្សេងៗ​នៅ​ក្នុង​ដី​ដែរ ។ ការ​បង្កប់​ស្នោ Sesbania ១៥-២២ តោន/ហត (ទម្ងន់​ស្រស់) អាច​បង្កើន​ទិន្នផល​ស្រូវ ៣៤៥-៩៤៧,៥ គក/ហត គឺ​ប្រហែល​ពី ១០-៤៧% (Dobermann and Fairhurst, 2000) ។

៨.២.១.៣. ការ​ប្រើប្រាស់​កំបោរ​លើ​ដំណាំ​ស្រូវ

កំបោរ ជា​សារធាតុ​កែ​លម្អ​ដី​ដែល​ផ្សំ​ឡើង​ពី​កាល់ស្យូម​កាបូណាត កាល់ស្យូម​អុកស៊ីត ម៉ាញ៉េស្យូម​-​អុកស៊ីត​កាល់ស្យូម ឬ​ម៉ាញ៉េស្យូម​អ៊ីដ្រុកស៊ីត ដែល​គេ​ប្រើប្រាស់​វា​ដើម្បី​បន្សាប​ភាពអាស៊ីត​របស់​ដី ។ ចំពោះ​ដី​ដំណាំ​ស្រូវ ការ​ពុល Al តែងតែ​កើត​មាន​ជា​រឿយៗ​នៅ​លើ​ដី​អាស៊ីត​ស៊ុលផាត ដែល​បញ្ហា​នេះ​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​កំបោរ​ដើម្បី​បន្សាប​ជាតិពុល​នៃ Al (តារាង ៨.៥) ។

តារាង ៨.៥ សារធាតុ​បន្សាប​ការ​ពុល​អាលុយមីញ៉ូម​លើ​ដំណាំ​ស្រូវ

ក. ឥទ្ធិពល​នៃ​ការ​ប្រើប្រាស់​កំបោរ

កំបោរ ធ្វើ​ឲ្យ​កម្រើក​ឡើង​នូវ​ពពួក​អតិសុខុមប្រាណ​នៅ​ក្នុង​ដី ។ ការ​កម្រើក​ឡើង​នេះ មិនមែន​គ្រាន់តែ​ធ្វើ​ឲ្យ​កើត​មមោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ជំរុញ​ដល់​ការ​លុប​បំបាត់​ចោល​នូវ​ផលិតផល​សរីរាង្គ​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​ពុល​ដល់​រុក្ខជាតិ ។ ការ​ប្រើប្រាស់​កំបោរ​សម្រួល​ដល់​ពពួក​អតិសុខុមប្រាណ និង​ពពួក​បាក់តេរី​ដែល​ចាប់​អាសូត​ពី​ខ្យល់ និង​ពពួក​បាក់តេរី​នៅ​ក្នុង​កំពក​ឫស​នៃ​រុក្ខជាតិ​ពពួក​សណ្តែក ត្រូវ​បាន​ធ្វើ​ឲ្យ​កើន​ឡើង​ដោយ​ការ​ប្រើប្រាស់​កំបោរ ។ ការ​រីក​លូតលាស់​ប្រកបដោយ​ជោគជ័យ​នៃ​ពពួក​មីក្រូ​សារពាង្គកាយ​ភាគច្រើន​នៅ​ក្នុង​ដី​អាស៊ីត អាស្រ័យ​យ៉ាង​ច្រើន​ទៅ​លើ​កំបោរ​ដែល​សកម្មភាព​ពពួក​មានជីវិត​មិន​អាច​ទ្រាំទ្រ​បាន​ប្រសិនបើ​កម្រិត Ca និង Mg ទាប ។

ខ. ផលវិបាក​នៃ​ការ​ប្រើប្រាស់​កំបោរ

ការ​ប្រើប្រាស់​កំបោរ ធ្វើ​ឲ្យ​ជីជាតិ​មាន​ការ​ប្រសើរ​ឡើង ជា​ពិសេស​ធ្វើ​ឲ្យ​បង្កើន​ពពួក​អតិសុខុមប្រាណ​នៅ​ក្នុង​ដី និង pH ដី​កើន​ទៅ​រក​ភាព​ណឺត ។ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ភាព​សេរី​នៃ​ផូស្វ័រ​នៅ​ក្នុង​ដី​ធ្លាក់​ចុះ ដែល​នាំ​ឲ្យ​ការ​ស្រូប​យក​ផូស្វ័រ​ដោយ​រុក្ខជាតិ​ត្រូវ​បាន​អាក់ខាន ឬ​មាន​កម្រិត​ទាប ហើយ​ការ​ស្រូប​យក និង​បម្រើបម្រាស់​នៃ​ប័រ (B) ក៏​អាច​ត្រូវ​បាន​បង្អាក់​ផង​ដែរ ។ ម្យ៉ាងទៀត​ការ​បាច​កំបោរ​លើស​កម្រិត ក៏​បង្ក​ឲ្យ​មាន​ផលវិបាក​ដែរ ដូច​ជា ធ្វើ​ឲ្យ​ដី​មាន​លក្ខណៈ​អាល់កាឡាំង​ពេក និង​ការ​ធ្លាក់​ចុះ​នៃ​ភាព​សេរី​របស់​ផូស្វ័រ​ជាដើម ។ ដូច្នេះ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​សម្រេចចិត្ត​ប្រើប្រាស់​កំបោរ ដោយ​ត្រូវ​ធ្វើការ​វិភាគ​ដី​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន ព្រោះ​ថា​បើ​មាន​ការ​លើស កំបោរ នោះ​ពិបាក​នឹង​កែ​លម្អ​ឡើង​វិញ​ណាស់ ។

គ. ពេលវេលា និង​កម្រិត​នៃ​ការ​ប្រើប្រាស់​កំបោរ

កំបោរ​ត្រូវ​បាន​ប្រើប្រាស់​ដ៏​ប្រសើរ​នៅ​លើ​ដី​អាស៊ីត​ស៊ុលផាត ឬ​ដី​ដែល​មាន​លក្ខណៈ​អាស៊ីត (pH<5.0) ។ ការ​បាច​កំបោរ​នៅ​លើ​ដី រួច​ភ្ជួរ​រាស់​លុប​វា​ឲ្យ​សព្វ​ល្អ ជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​បំផុត ។ ជា​ទូទៅ​កម្រិត​នៃ​ការ​ប្រើប្រាស់​កំបោរ​ប្រែប្រួល​ពី ១,៥ – ៥ តោន/ហត អាស្រ័យ​លើ​កម្រិត​អាស៊ីត និង​តម្រូវការ pH​ដី សម្រាប់​ដំណាំ​ដែល​ត្រូវ​ដាំ​ដុះ ។ ការ​ប្រើប្រាស់​កំបោរ ក៏​ត្រូវ​ផ្សារ​ភ្ជាប់​នឹង​ការ​ដាក់​ជីផូស្វាត​ផង​ដែរ ។

៨.២.២. សារធាតុចិញ្ចឹម​ខនិជ (Mineral nutrition)

ធាតុគីមី​ទាំង​ឡាយ​ណា ដែល​ចាំបាច់​បំផុត​សម្រាប់​ឲ្យ​ដំណើរការ​លូតលាស់​រីក​ចម្រើន និង​ផ្ដល់​នូវ​ផ្លែផ្កា​របស់​រុក្ខជាតិ ហៅ​ថា សារធាតុចិញ្ចឹម ឬ អាហារ​ធាតុ ។

ជា​ទូទៅ ដើម្បី​ការ​លូតលាស់ និង​ផ្ដល់​ផ្លែផ្កា ដំណាំ​គ្រប់​ប្រភេទ​ត្រូវការ​សារធាតុចិញ្ចឹម​ចាំបាច់​បំផុត ចំនួន ១៧ មុខ មាន​ជា​អាទិ៍ C, H, O, N, P, K, Ca, Mg, S, Cl, Cu, Zn, Fe, Mn, B, Ni និង Mo ហើយ​ដែល​គេ​បែងចែក​វា​ជា​ពីរ​ក្រុម​គឹ (White, 2006) ៖

  1. ម៉ាក្រូធាតុ (Macroelement): រុក្ខជាតិ​ត្រូវការ​ក្នុង​បរិមាណ​លើស​ពី ១០០ មក/គក (គិត​ម៉ាស់​ស្ងួត​រុក្ខជាតិ​ជា​មូលដ្ឋាន) រួម​មាន​ធាតុ C, H, O, N, P, K, Ca, Mg, S, និង Cl ។
  2. មីក្រូធាតុ (Microelement): រុក្ខជាតិ​ត្រូវការ​ក្នុង​បរិមាណ​តិច​ជាង ១០០០ មក/គក្រ (គិត​ម៉ាស់ ស្ងួត​រុក្ខជាតិ​ជា​មូលដ្ឋាន) រួម​មាន​ធាតុ Cu, Zn, Fe, Mn, B, Ni, និង Mo ។

ធាតុ C, H និង O ជា​ធាតុ​ដែល​មាន​នៅ​ក្នុង​បរិយាកាស និង​ក្នុង​ទឹក ។ រុក្ខជាតិ​ប្រើប្រាស់​វា​ក្នុង​ដំណើរ​រស្មីសំយោគ និង​ដំណក​ដង្ហើម​ក្នុង​ទម្រង់​ជា​ម៉ូលេគុល CO2, H2O និង O2 ។ សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត រុក្ខជាតិ​មិន​អាច​ស្រូប​យក​ក្នុង​ទម្រង់​ជា​ម៉ូលេគុល​បាន​ទេ ។ វា​ស្រូប​យក​ក្នុង​ទម្រង់​ជា​អ៊ីយ៉ុង (កាចុង + ឬ អាញ៉ុង ) ដូច​ជា NH4+, NO3, HPO42-, H2PO4 ,K+, Ca2+, Mg2+, SO42-, Cl, Cu2+, Zn2+, Fe2+, Mn2+, B(OH)3 ,B(OH)4, Ni2+ និង MoO42- ។

នៅ​ក្នុង​ផ្នែក​នេះ យើង​និយាយ​តែ​លើ​ធាតុ​ចិញ្ចឹម N, P និង K ដែល​ជា​ធាតុ​ចាំបាច់​បំផុត​សម្រាប់​ការ​លូតលាស់​របស់​ដំណាំ ។ ចំពោះ​ការ​ស្វែង​យល់​អំពី​ធាតុ​ចិញ្ចឹម​ផ្សេង​ពី​នេះ សូម​អាន​ឯកសារ​របស់ Dobermann and Fairhurst (2000) ឬ De Datta (1981) ។

៨.២.២.១. អាសូត (N)

ក. តួនាទី និង​ចលភាព N

អាសូត​ជា​ធាតុ​ផ្សំ​យ៉ាង​សំខាន់​នៃ អាមីណូអាស៊ីត អាស៊ីតនុយក្លេអ៊ិច នុយក្លេអូទីត និង​ក្លរ៉ូភីល ជំរុញ​ឲ្យ​លេច​នូវ​ពណ៌​បៃតង​ក្រមៅ​នៅ​លើ​រុក្ខជាតិ​នៅ​ក្នុង​សមាសធាតុ​ក្លរ៉ូភីល ជំរុញ​ការ​លូត​លាស់​រហ័ស បង្កើន​ទំហំ​ស្លឹក ទំហំ​គ្រាប់ ចំនួន​គ្រាប់ ភាគរយ​គ្រាប់​ពេញ និង​បរិមាណ​ប្រូតេអ៊ីន​ក្នុង​គ្រាប់ ។

ខ. កង្វះ N

ជា​ទូទៅ​ស្លឹក​ទាំងអស់​របស់​រុក្ខជាតិ​មាន​ពណ៌​បៃតង​ស្រាល ស្លឹក​ចាស់​ប្រែជា​ពណ៌​លឿង និង​ចាប់​ខ្លោច​ចុង​ហើយ​ងាប់​ក្នុង​ករណី​កង្វះ​មាន​សភាព​ធ្ងន់ធ្ងរ ។ រុក្ខជាតិ​មាន​ដើម​តឿ បន្ថយ​ការ​បែក​គុម្ព ចំនួន​កួរ ចំនួន​គ្រាប់ និង​ទម្ងន់​គ្រាប់ ។

គ. តម្រូវការ N

តម្រូវការ N នៃ​ដំណាំ​ស្រូវ​មាន​កម្រិត​ខ្ពស់​ចាប់​ពី​ដំណាក់កាល​បែក​គុម្ព​រហូត​ដល់​ចេញ​ផ្កា និង​ធ្លាក់​ចុះ​មក​វិញ​នៅ​ដំណាក់កាល​ទុំ ។

៨.២.២.២. ផូស្វ័រ (P)

ក. តួនាទី និង​ចលភាព P

ផូស្វ័រ ជា​ធាតុ​ផ្សំ​យ៉ាង​សំខាន់​នៃ ATP នុយក្លេអូទីត អាស៊ីតនុយក្លេអ៊ិច និង​លីពីត​ផូស្វ័រ ។ វា​មាន​មុខងារ​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកនាំ និង​រក្សា​ទុក​ថាមពល ។ ផូស្វ័រ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​នៅ​ដំណាក់កាល​លូតលាស់​ដំបូង​របស់​ដំណាំ ។ វា​ជួយ​រុក្ខជាតិ​ដល់​ការ​លូតលាស់​នៃ​ឫស ការ​បែក​គុម្ព និង​ដើម​បែក​ផ្ដល់​ផល ។ ម្យ៉ាងទៀត​វា​ជួយ​បង្កើន​គុណភាព​គ្រាប់ ធ្វើ​ឲ្យ​ដំណាំ​ឆាប់​ចេញ​ផ្កា និង​ទុំ (ជា​ពិសេស​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​មាន​សីតុណ្ហភាព​ទាប) ។

ខ. កង្វះ P

ស្លឹក​ស្រូវ​មាន​ពណ៌​បៃតង​ក្រមៅ ឈរ​ត្រង់ ហើយ​បែក​គុម្ព​តិច ។ រុក្ខជាតិ​ពន្យា​ពេល​ចេញ​ផ្កា និង​ទុំ ហើយ​ចំនួន​គ្រាប់​ស្កក​មាន​ច្រើន ។

គ. តម្រូវការ P

តម្រូវការ P នៃ​ដំណាំ​ស្រូវ​មាន​កម្រិត​ខ្ពស់ ចាប់​ពី​ដំណាក់កាល​បែក​គុម្ព​រហូត​ដល់​ចេញ​ផ្កា និង​ធ្លាក់​ចុះ​មក​វិញ​នៅ​ដំណាក់កាល​ទុំ ។

៨.២.២.៣. ប៉ូតាស្យ៉ូម ( K)

ក. តួនាទី និង​ចលភាព K

ប៉ូតាស្យ៉ូម មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​សម្ពាធ​អូស្មូស សកម្មភាព​អង់ស៊ីម ជា​អ្នក​កំណត់ pH របស់​សែ​លុយ​លូ​ស តុល្យភាព​នៃ​កាចុង និង​អាញ៉ុង ជា​អ្នក​កំណត់​បំភាយ​នៃ​ស្តូម៉ាត និង​ជា​អ្នកដឹកនាំ​សារធាតុចិញ្ចឹម​ទៅ​ឲ្យ​កោសិកា ។ ធាតុ K ធ្វើ​ឲ្យ​ភ្នាស​កោសិកា​រុក្ខជាតិ​មាន​ភាពរឹងមាំ ជួយ​បង្កើន​ទំហំ ស្លឹក និង​ក្លរ៉ូភីល​នៅ​ក្នុង​ស្លឹក ពន្យា​ពេល​ងាប់​នៃ​ស្លឹក និង​ចូល​រួមចំណែក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ធ្វើ​រស្មីសំយោគ និង​ការ​លូតលាស់​នៃ​ដំណាំ ។ ធាតុ K ជួយ​បង្កើន​ចំនួន​គ្រាប់​ក្នុង​១​កួរ ភាគរយ​នៃ​គ្រាប់​ដាក់ និង​ទម្ងន់​គ្រាប់ ។ ធាតុ K ជួយ​ឲ្យ​ដំណាំ​ស្រូវ​មាន​ភាព​ធន់​ទ្រាំ​នឹង​បញ្ហា​អាកាសធាតុ ការ​ដួល សត្វល្អិត និង​ជំងឺ ។

ខ. កង្វះ K

កង្វះ K កើត​មាន​នៅ​លើ​ស្លឹក​ចាស់​មុនគេ ពីព្រោះ​ធាតុ​នេះ ត្រូវ​បាន​ប្រើប្រាស់​យ៉ាងច្រើន​នៅ​ក្នុង​រុក្ខជាតិ ហើយ​វា​ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្លឹក​ខ្ចី​វិញ ចេញពី​ស្លឹក​ចាស់​ដែល​ជិត​ងាប់ ។ ស្លឹក​ស្រូវ​មាន​ពណ៌​បៃតង​ក្រមៅ ដើម​តឿ​ ប៉ុន្តែ​ការ​បែក​គុម្ព​របស់​វា​កើន​ឡើង (ចំនួន​ដើម​បែក​អាច​ថយ​ចុះ​កាលណា​កង្វះ K មាន​សភាព​ធ្ងន់ធ្ងរ) ។ ស្លឹក​ឡើង​ពណ៌​លឿង ហើយ​ក្លាយជា​ត្នោត​ខ្ចី ចាប់ផ្តើម​ស្ងួត​ពី​ចុង​ស្លឹក​ចុះ​មក​ក្រោម​តាម​សរសៃ​ស្លឹក ។ ពេល​ខ្លះ​ស្នាម​អុច​ពណ៌​ត្នោត​កើត​មាន​នៅ​លើ​ស្លឹក​បៃតង​ក្រមៅ និង​នៅ​លើ​គ្រាប់ ។ ស្លឹក​ចាស់ៗ​ចាប់ផ្តើម​ស្ងួត​ពី​ចុង​ស្លឹក ហើយ​ចាប់ផ្តើម​ងាប់​ជា​បន្តបន្ទាប់ ។ រុក្ខជាតិ​ពន្យា​ពេល​ទុំ មាន​កួរ​តូចៗ​ឆ្មារ និង​ភាគរយ​គ្រាប់​ស្កក​កើន​ឡើង ។

គ. តម្រូវការ K

តម្រូវការ K នៃ​ដំណាំ​ស្រូវ​មាន​កម្រិត​ខ្ពស់​ក្នុង​ដំណាក់កាល​បែក​គុម្ព រហូត​ដល់​កំណកំណើត​កួរ និង​ធ្លាក់​ចុះ​មក​វិញ​នៅ​ដំណាក់កាល​ចេញ​ផ្កា និង​ទុំ ។​

៨.២.២.៤. តម្រូវការ​ជី​សម្រាប់​ដំណាំ​ស្រូវ​នៅ​កម្ពុជា

កម្រិត​ណែនាំ​នៃ​ការ​ប្រើប្រាស់​ជី​ដែល​បង្ហាញ​នៅ​ក្នុង​ផ្នែក​នេះ (តារាង ៨.៦) គឺជា​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​គម្រោង​កម្មវិធី​ស្រាវជ្រាវ​ដំណាំ​ស្រូវ​នៅ​កម្ពុជា របស់​អង្គការ​អ៊ីរី (CIAP) ក្រោម​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CARDI) ។ អ្នក​ជំនាញ​កសិកម្ម និង​អ្នក​ផ្សព្វផ្សាយ​តាម​មូលដ្ឋាន​ស្រុក ខេត្ត​-​ក្រុង អាច​ប្រើប្រាស់ និង​កែប្រែ​កម្រិត​ណែនាំ​នេះ ដោយ​ផ្អែក​លើ​ការ​ស្គាល់​ស្ថានភាព​លក្ខខណ្ឌ​នៃ​ទីកន្លែង​ដែល​ខ្លួន​ធ្វើការ និង​រស់​នៅ ។ ទស្សនៈ​ជាក់លាក់​មួយ​ចំនួន ត្រូវ​បាន​រាប់​បញ្ចូល​ដើម្បី​ពិនិត្យ​មើល​នូវ​លក្ខខណ្ឌ​មជ្ឈដ្ឋាន​ដាំ​ដុះ និង​បញ្ហា​ហិរញ្ញកិច្ច ដែល​កសិករ​កំពុង​ជួប​ប្រទះ​ជាក់ស្តែង ។ នៅ​តំបន់​ខ្លះ កសិករ​មាន​ជំនឿ​ថា ទឹក​មិន​មែន​ជា​បញ្ហា​សំខាន់​សម្រាប់​ដំណាំ​ស្រូវ​ទេ ពីព្រោះ​នៅ​ទីនោះ​មាន​ការ​ចែកចាយ​ទឹក​បាន​ល្អ និង​គ្រប់គ្រាន់​ទាំង​រដូវវស្សា និង​ប្រាំង ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ខ្វះខាត​ទឹក​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី​អាច​នឹង​កើត​មាន​ឡើង​ជា​ញឹកញាប់ ជា​ពិសេស​នៅ​តំបន់​ទំនាប​អាស្រ័យ​ទឹកភ្លៀង ។ បញ្ហា​ដែល​សំខាន់​គឺ​ដូច​ជា ការ​ខ្វះ​ប្រាក់​ដើម្បី​ទិញ​ជី​បាច​ស្រូវ ឬ​ភាព​មិន​ប្រាកដប្រជា​នៃ​ទិសដៅ​អនាគត​របស់​កសិករ ។ កសិករ​ម្នាក់​ដែល​ប្រឈម​មុខ​ទៅ​នឹង​ទស្សនៈ​មិន​ពេញចិត្ត​មួយ នៅ​ពេល​ដំណាំ​របស់​គាត់​ទទួល​រង​នូវ​ភាព​រាំងស្ងួត​ម្ដង ឬ​ច្រើន​ដង ដែល​ធ្វើ​ឲ្យ​ការ​លូត​លាស់​របស់​ដំណាំ​ថយ​ចុះ ឬ​ពេល​ដែល​គាត់​មាន​ប្រាក់​មិន​គ្រប់គ្រាន់​ដើម្បី​ទិញ​ជី ។ ភាព​មិន​ប្រាកដប្រជា​អំពី​ទិសដៅ​ទៅ​អនាគត​របស់​គាត់ ក៏​ជា​លក្ខណៈ​មួយ​នៃ​ទស្សនៈ​ដែល​មិន​គួរ​ពេញ​ចិត្ត​ដែរ ។ ដូច្នេះ​កសិករ​មិន​ប្រាកដ​ថា គាត់​អាច​ទាញ​យក​ប្រាក់​ចំណេញ​ពី​ការ​ចំណាយ​ទៅ​លើ​ជី​ដែរ​ឬ​អត់​ទេ ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ក៏​មាន​កសិករ​ខ្លះ​បង្ហាញ​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​ទស្សនៈ​នេះ​យ៉ាង​ខ្លាំង ក្នុង​ករណី​ដែល​គាត់​ពុំ​បាន​ទទួល​ការ​ណែនាំ​ឲ្យ​ប្រើប្រាស់​ជី ។

តារាង ៨.៦ កម្រិត​ជីគីមី​ណែនាំ​សម្រាប់​ផលិតកម្ម​ស្រូវ​នៅ​តំបន់​ទំនាប​អាស្រ័យ​ទឹក​ភ្លៀង​ក្នុង​ប្រទេស​កម្ពុជា

ការ​ស្រាវជ្រាវ​បង្ហាញ​ថា ជា​ទូទៅ​កសិករ​មិន​ត្រូវ​ប្រើប្រាស់​ជី​ឡើយ ប្រសិនបើ​តម្លៃ​ស្រូវ​ដែល​លើស​បាន​មក​ពី​ការ​ប្រើ​ជី តិច​ជាង​ពីរ​ដង​នៃ​តម្លៃ​ជីគីមី​ដែល​គាត់​បាន​ចំណាយ​ដាក់​ស្រែ ។

៨.២.៣. ការ​ប្រើប្រាស់​ជីគីមី (Use of chemical fertilizers)

ជីគីមី​ទាំងអស់​មិន​ដូច​គ្នា​ទេ (តារាង ៨.៧) ។ វា​ទាមទារ​ឲ្យ​យើង​មាន​ការ​យល់​ដឹង​ឲ្យ​បាន​ល្អ​នូវ​ប្រភេទ និង​លក្ខណៈ​គីមី​របស់​វា ។ ប្រភេទ​ជី​ខ្លះ​អាច​លាយ​គ្នា​នៅ​ស្រែ​សម្រាប់​ងាយស្រួល​ប្រើ​ប្រាស់ តែ​មាន​ជី​ខ្លះ​មិន​អាច​លាយ​គ្នា​បាន​ទេ ។ ជីអ៊ុយរ៉េ មាន​ប្រតិកម្ម​ជាមួយ​ជី​ទ្រីស៊ុបពែរ​ផូស្វាត (TSP) បណ្ដាល​ឲ្យ​ជី​ក្លាយទៅជា​ស្អិត និង​កក​ក្ដាំង ។ ការ​កក​ក្ដាំង​ក៏​អាច​កើត​មាន​ផង​ដែរ​ប្រសិនជា​ជី DAP លាយ​ជាមួយ​ជី​ទ្រីស៊ុបពែរ​ផូស្វាត (TSP) តែ​ជី​ទាំង​ពីរ​ប្រភេទ​នេះ វា​មាន​ប្រតិកម្ម​យឺត ដូចនេះ​គេ​អាច​លាយ​វា​ចូល​គ្នា​រួច​បាច​ដាក់​ស្រែ​ជា​បន្ទាន់ ។

តារាង ៨.៧ ជីគីមី​ដែល​គេ​និយម​ប្រើ​សម្រាប់​ដំណាំ​ស្រូវ

ការ​បែក​គ្រាប់​ជី នៅ​ពេល​ដឹក​ជញ្ជូន​ធ្វើ​ឲ្យ​បំណែក​តូចៗ​ទៅ​កក​នៅ​បាត​បាវ ហើយ​បំណែក​ធំៗ​មក​ផ្តុំ​នៅ​ផ្នែក​ខាងលើ​បាវ ។ នេះ​ជា​ការ​គ្រោះថ្នាក់ ជា​ពិសេស​ចំពោះ​ជី​សមាស និង​អាច​បណ្ដាល​ឲ្យ​មាន​ប្រភេទ និង​អត្រា​នៃ​សារធាតុចិញ្ចឹម​ខុស​គ្នា​នៅ​ពេល​ប្រើប្រាស់ ។ ដូច្នេះ វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​លាយ​ជី​ច្របល់​គ្នា​ឲ្យ​បាន​សព្វ​ល្អ​មុន​ពេល​ប្រើប្រាស់ ។

៨.២.៣.១. ពេលវេលា​នៃ​ការ​ប្រើប្រាស់​ជី​អាសូត

ការ​ប្រើប្រាស់​ជី​អាសូត គួរតែ​ធ្វើ​ឡើង​ឲ្យ​ស្រប​ទៅ​នឹង​សេចក្តី​ត្រូវការ​អាសូត នៅ​ដំណាក់កាល​នីមួយៗ​របស់​ដំណាំ​ស្រូវ ។ តម្រូវការ​អាសូត គឺ​មាន​ជាប់​ជា​ប្រចាំ​នៅ​គ្រប់​ដំណាក់កាល​លូត​លាស់​របស់​ដំណាំ ។ នៅ​ក្នុង​ដំណាក់កាល​បែក​គុម្ព គឺជា​ពេលវេលា​មួយ​ដែល​តម្រូវការ​អាសូត​មាន​កម្រិត​ខ្ពស់ ដូច្នេះ​កង្វះ​ធាតុ​អាសូត​នៅ​ដំណាក់កាល​នេះ ធ្វើ​ឲ្យ​ចំនួន​ដើម និង​កួរ​ថយ​ចុះ ហើយ​ទិន្នផល​ក៏​ថយ​ចុះ​ដែរ ។ ដូច​គ្នា​ដែរ ចំពោះ​ពេលវេលា​នៅ​ចន្លោះ​ដំណាក់កាល​កំណ​កំណើត​កួរ និង​ចេញ​កកួរ ក៏​ជា​ពេលវេលា​មួយ​ដែល​តម្រូវការ​អាសូត​មាន​កម្រិត​ខ្ពស់​ដែរ ប្រសិនបើ​មាន​កង្វះ​ធាតុ​អាសូត​នៅ​ដំណាក់កាល​នេះ​នោះ​ វា​នឹង​បន្ថយ​នូវ​ចំនួន​គ្រាប់​ពេញ​ក្នុង​មួយ​កួរ ឬ​ប្រសិនបើ​វា​កើត​មាន​នៅ​ក្នុង​ដំណាក់កាល​គ្រាប់​ដាក់​ទឹកដោះ​នោះ ទម្ងន់​គ្រាប់​នឹង​ថយ​ចុះ ។ ការ​បាច​ជី​អាសូត​ហួស​កម្រិត​ក្នុង​វគ្គ​លូតលាស់​របស់​ដំណាំ​ស្រូវ អាច​បង្ក​ឲ្យ​មាន​ស្លឹក​ច្រើន​ហួស មាន​ម្លប់​និង​ដើម​ខ្ពស់ ដែល​ធ្វើ​ឲ្យ​មាន​ការ​ដួល​ដើម បន្ថយ​ការ​ធ្វើ​រស្មីសំយោគ ជា​ហេតុ​បណ្ដាល​ឲ្យ​ទិន្នផល​គ្រាប់​ថយ​ចុះ ។​

ការ​ពិសោធន៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា នៅ​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​ថា​ការ​បាច​ជី​អាសូត​រំលែក​ជា​បី​ផ្នែក (ដង) នៅ​ក្នុង​វដ្ត​ជីវិត​របស់​ដំណាំ​ស្រូវ​បាន​បង្កើន​ទិន្នផល​ជាង​ការ​បាច​ជី​អាសូត​តែ​ម្ដង ឬ​ពីរ​ដង ។ នៅ​ក្នុង​មជ្ឈដ្ឋាន​ដាំ​ដុះ​អាស្រ័យ​របប​ទឹកភ្លៀង ការ​បាច​ជី​អាសូត​បំបែក​មាន​អត្ថប្រយោជន៍​បន្ថែម​ទៀត​ក្នុង​ការ​គ្រប់​គ្រង​ជី​អាសូត​បាន​ល្អ​តាម​កាលៈទេសៈ និង​សម្រួល​ដល់​ការ​បាច​ជី​អាសូត​បន្ទាប់ នៅ​ពេល​ដែល​មាន​អាកាសធាតុ​ល្អ​ប្រសើរ ។ នៅ​ក្នុង​ស្រែ​ទំនាប​អាស្រ័យ​របប​ទឹកភ្លៀង ការ​ណែនាំ​ឲ្យ​បាច​ជី​គឺ ៣០ ទៅ ៤០% នៃ​បរិមាណ​ជី​អាសូត ត្រូវ​បាច​ភ្លាមៗ​នៅ​ពេល​ស្ទូង ។ សម្រាប់​ពូជស្រូវ​ស្រាល​សមាមាត្រ​ភាព​នៃ​ការ​បាច​ជី​អាសូត​ក្នុង​ពេល​ស្ទូង គឺ​រហូត​ដល់ ៤០% ហើយ​ចំពោះ​ស្រូវកណ្តាល និង​ធ្ងន់ គួរ​បាច​ត្រឹមតែ ៣០% ។ ជី​ដែល​នៅ​សល់​គឺ ៤០% បាច​នៅ ៣០​ថ្ងៃ ក្រោយ​ពេល​ស្ទូង និង ៣០%​ទៀត ត្រូវ​បាច​នៅ​ដំណាក់កាល​កំណកំណើត​កកួរ ។ សម្រាប់​ស្រូវពង្រោះ ជី​អាសូត​គួរ​បាច​បំបែក​ដូច​ត​ទៅ ៣០% បាច​មុន​ពេល​ព្រោះ ហើយ​៤០% បាច​នៅ​ពេល ៤០​ថ្ងៃ​ក្រោយ​ព្រោះ និង​សំណល់​៣០% ទៀត​បាច​នៅ​ពេល​ស្រូវ​ចាប់​កំណកំណើត​កួរ (តារាង ៨.៨) ។

តារាង ៨.៨ ពេលវេលា​ណែនាំ​សម្រាប់​ការ​បាច​ជី​អាសូត​តាម​កម្រិត​ណែនាំ

ពេលវេលា​នៃ​ការ​បាច​ជី​អាសូត វា​អាស្រ័យ​ផង​ដែរ​ទៅ​នឹង​លក្ខខណ្ឌ​ស្រែ ។ គួរ​បាច​ជីអ៊ុយរ៉េ ទៅ​ក្នុង​ដី​ដែល​មាន​ទឹក​តិចតួច ហើយ​បង្កប់​ភ្លាមៗ​មុន​ពេល​ស្ទូង ឬ​ព្រោះ​គ្រាប់ ។ ប្រសិនបើ​មាន​ភ្លៀង ហើយ​ទឹក​ហូរ​ឆ្លងកាត់​ពី​ស្រែ​មួយ​ទៅ​ស្រែ​មួយទៀត ចូរ​កុំ​បាច​ជី​ឲ្យ​សោះ ហើយ​រង់ចាំ​រហូត​ដល់​ទឹក​ឈប់​ហូរ ។ នៅ​ក្នុង​ស្រែ​ស្រោចស្រព​រដូវប្រាំង ការ​បាច​ជី​អាសូត​ទ្រាប់​បាត គួរ​ធ្វើ​នៅ​ក្នុង​ស្រែ​ដែល​បាន​បង្ហូរ​ទឹក​ចេញ​អស់ ហើយ​ជីអ៊ុយរ៉េ​គួរតែ​បង្កប់ បន្ទាប់​មក​ទើប​បញ្ចូល​ទឹក​សា​ជា​ថ្មី​នៅ ១ ឬ ២ អាទិត្យ​បន្ទាប់ ។

៨.២.៣.២. ពេលវេលា​នៃ​ការ​ប្រើប្រាស់​ជី​ផូស្វ័រ (P) និង​ជី​ប៉ូតាស្យូម (K)

ជី​ផូស្វ័រ និង​ប៉ូតាស្យូម​ជា​ទូទៅ ត្រូវ​បាច​ទ្រាប់​បាត​ទាំងអស់​មុន​ពេល​ស្ទូង ឬ​ព្រោះ​គ្រាប់​ភ្លាមៗ ស្ទើរ​តែ​នៅ​លើ​គ្រប់​ប្រភេទ​ដី​ទាំងអស់ ។ យោង​តាម​ការ​ពិសោធន៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CARDI, 2001) បាន​បង្ហាញ​ថា លើ​ក្រុម​ដី​ព្រៃខ្មែរ ជី​ប៉ូតាស្យូម​គួរតែ​បាច​បំបែក​ឲ្យ​បាន​ច្រើន​ដង​ក្នុង​វដ្ត​ជីវិត​របស់​ដំណាំ ព្រោះ​សមត្ថភាព​នៃ​ការ​ដោះ​ដូរ​កាចុង​របស់​ក្រុម​ដី​នេះ​មាន​កម្រិត​ទាប ហើយ​ភាពជ្រាបទឹក​ទៅ​ក្នុង​ដី​មាន​កម្រិត​រហ័ស​ពេក ។

ប្រសិនបើ​ជី​ប៉ូតាស្យូម ដែល​ត្រូវ​បាច​ទៅ​លើ​ក្រុម​ដី​ព្រៃខ្មែរ​មាន​កម្រិត​ទាប​នោះ វា​គួរតែ​ត្រូវ​បាច​បំបែក​ក្នុង​បរិមាណ​ពាក់​កណ្តាល​នៅ​ពេល​ស្ទូង ឬ​ព្រោះ​គ្រាប់ និង​ពាក់កណ្តាល​ទៀត​បាច​នៅ​ពេល​ស្រូវ​កកើត​កួរ ។ ប៉ុន្តែ​ប្រសិនបើ​ជី​ប៉ូតាស្យូម​ដែល​ត្រូវ​ប្រើ​មាន​កម្រិត​ខ្ពស់ គួរ​បាច ៤០% នៅ​ពេល​ស្ទូង ឬ​ព្រោះ​គ្រាប់ ៣០% នៅ​ពេល ៣០​ថ្ងៃ​ក្រោយ​ស្ទូង ឬ ៤០​ថ្ងៃ​ក្រោយ​ព្រោះ​គ្រាប់ និង ៣០% បាច​នៅ​ពេល​កំណកំណើត​កួរ ។​

៨.២.៤. សេដ្ឋកិច្ច​នៃ​ការ​ប្រើប្រាស់​ជី (Economic of fertilizer use)

ការ​ប្រើប្រាស់​ជី​ដែល​មាន​លក្ខណៈ​សេដ្ឋកិច្ច ត្រូវ​ពិចារណា​លើ​បរិមាណ​នៃ​កម្រិត​ជី​សម​ស្រប និង​ប្រាក់​ចំណេញ​ដែល​ទទួល​បាន​ពី​ការ​ដាំ​ដុះ​ស្រូវ​មួយ​លើកៗ ។ ការ​ប្រើប្រាស់​ជី​ក៏​ត្រូវ​គិត​ផង​ដែរ ចំពោះ​ជីជាតិ​ដែល​មាន​ឥទ្ធិពល​នៃ​កាក​សំណល់​រយៈពេល​វែង​ដូច​ជា អាសូត (N) និង​ផូស្វ័រ (P) ជាដើម ។ ប្រាក់​ចំណេញ​ដែល​ទទួល​បាន​ពី​ការ​ប្រើប្រាស់​ជី អាច​ធ្វើការ​គណនា​ទៅ​តាម​ប្រភេទ​នៃ​ជី​ដែល​ប្រើប្រាស់ ។

ជីជាតិ​ទោល

p = Gp x Y – PF x F
p = Gp x (Y-Y0) – PF x F
 

ជីជាតិ​រួម​ផ្សំ​ច្រើន​មុខ

p = Gp x Y – (PN x FN + PP x FP + PK x FK)
 

ដែល,

p គឺជា ប្រាក់​ចំណេញ (រៀល/ដំណាំ)
Gp គឺជា តម្លៃ​ស្រូវ​នៅ​ពេល​ប្រមូល​ផល (រៀល/គក)
Y គឺជា ទិន្នផល​គ្រាប់ស្រូវ​ដែល​ដាក់​ជី (គក/ហត)
Y0 គឺជា ទិន្នផល​គ្រាប់ស្រូវ​ដែល​គ្មាន​ដាក់​ជី (គក/ហត)
PF គឺជា តម្លៃ​ជី​នៅ​លើ​ទីផ្សារ (រៀល/គក)
F គឺជា បរិមាណ​ជី​ដែល​ប្រើ (គក/ហត)
FN, FP, FK គឺជា បរិមាណ​ជី (N, P, K) ដែល​ប្រើ (គក/ហត)
PN, PP, PK គឺជា តម្លៃ​ជី​នីមួយៗ​ដែល​បាន​ប្រើ (រៀល/គក)
 

តាម​លក្ខណៈ​សេដ្ឋកិច្ច «កម្រិត​ប្រើប្រាស់​ជី​សម​ស្រប» គឺជា​កម្រិត​ដែល​ផ្ដល់​ផល​ចំណេញ​សេដ្ឋកិច្ច​ខ្ពស់ នៅ​ពេល​ដែល​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​ជី​មាន​កម្រិត​ទាប​បំផុត ។ គេ​និយម​គណនា​វា​តាម​រយៈ​សមីការ​ខ្សែកោង​ចម្លើយ​តប​ដែល​ច្រើន​តែ​ជា​អនុគមន៍​សមីការ​ដឺក្រេ​ទី​២ ៖

Y = b0 + b1F – b2F2 (១)

ដែល Y គឺជា ទិន្នផល​គ្រាប់ស្រូវ (គក/ហត) F គឺជា បរិមាណ​ជី​ដែល​បាន​ប្រើ (គក/ហត) ហើយ b0, b1 និង b2 គឺជា​មេគុណ​នៃ​សមីការ ។ តាម​រយៈ​សមីការ​នេះ អាច​បញ្ជាក់​ថា ចម្លើយ​តប​នៃ​ដំណាំ​នឹង​ធ្លាក់​ចុះ​នៅ​ពេល​ដែល​កម្រិត​នៃ​ការ​ប្រើ​ជី​កើន​ឡើង ។ គួរ​កត់​សម្គាល់ថា ខ្សែកោង​ចម្លើយ​តប​មាន​ការ​ប្រែប្រួល​អាស្រ័យ​ទៅ​លើ​បច្ចេកទេស​នៃ​ការ​គ្រប់គ្រង​ដី និង​ដំណាំ បំណែក និង​ពេលវេលា​នៃ​ការ​បាច​ជី ពូជ​ដំណាំ និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​សង្គម ។

កម្រិត​ជី​សម​ស្រប (Y/F = 0) គឺជា ចំណុច​នៅ​លើ​ខ្សែកោង​ចម្លើយ​តប នៅ​ពេល​ដែល​អថេរ (Y/F) នៃ​អនុគមន៍​មាន​តម្លៃ​ស្មើ​នឹង​ផល​ធៀប​នៃ​តម្លៃ​ជី និង​តម្លៃ​ស្រូវ (Y/F = PF/Gp) ដែល PF គឺជា​តម្លៃ​ជី​ក្នុង ១ គក និង Gp គឺជា​តម្លៃ​ស្រូវ​ក្នុង ១ គក ។ តាម​រយៈ​សមីការ (១) យើង​អាច​គណនា​កម្រិត​ជី​សម​ស្រប (F) ដូច​ខាងក្រោម ៖

F = (PF /Gp – b1)/2b2

ឧទាហរណ៍: ការ​ពិសោធន៍​លើ​ជី​អាសូត (N) ផ្ដល់​នូវ​សមីការ​ចម្លើយ​តប​ទិន្នផល​ស្រូវ (Y) ដូច​ខាងក្រោម ៖

Y = 2470 + 33/5 N – 0/26 N2

បើ​តម្លៃ​មធ្យម​នៃ​ជី​អាសូត​ស្មើ ៩០០ រៀល/គក ហើយ​តម្លៃ​ស្រូវ​ស្មើ ៥០០ រៀល/គក នោះ​កម្រិត​ជី​អាសូត (FN) សម​ស្រប​ប្រើ​គឺ ៖

FN = (900/500 – 33/5) / (-0/26 x 2) = 61 គក/ហត

កំណត់ចំណាំ

  • ខ្លឹមសារ​នៃ​ផ្នែក​នេះ ត្រូវ​បាន​ធ្វើការ​បកប្រែ និង​កែសម្រួល​ចេញពី​ឯកសារ​របស់ Dobermann and Fairhurst (2000) ។
  • វិធីសាស្ត្រ​ដែល​បង្ហាញ​ខាងលើ​នេះ មិន​គិត​បញ្ចូល​នូវ​ការ​ចំណាយ​នានា​លើ​កម្លាំង​ពលកម្ម និង​អត្រា​ការ​ប្រាក់​កម្ចី​សម្រាប់​ទិញ​ជី​ទេ ។ ចំណុច​ទាំងនេះ ត្រូវ​តែ​គិតគូរ​បញ្ចូល​នៅ​ពេលធ្វើការ​វិភាគ​សេដ្ឋកិច្ច​ឲ្យ​បាន​ពេញលេញ ។
  • ជា​ទូទៅ​ក្នុង​ការ​អនុវត្ត កម្រិត​ជី​សម​ស្រប​ដែល​កំណត់​ឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​សេដ្ឋកិច្ច មាន​មិន​លើស​ពី ៨០% នៃ​កម្រិត​ជី​ដែល​ត្រូវការ​ដើម្បី​បង្កើត​ទិន្នផល​ជា​អតិបរមា​ឡើយ ។

៨.៣. បញ្ហា​ដី និង​ការ​គ្រប់គ្រង (Problem soils and their management)

នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ខាងត្បូង ដី​ដែល​បង្ក​បញ្ហា (ដី​ប្រៃ និង​ដី​អាស៊ីត​ស៊ុលផាត) សម្រាប់​ផលិតកម្ម​ស្រូវ​មាន​ប្រហែល ៥៤,៨ លាន​ហិកតា ក្នុង​នោះ​នៅ​កម្ពុជា​មាន​ចំនួន ១,៥ លាន​ហិកតា (De Datta, 1981) ។ នៅ​ក្នុង​ផលិតកម្ម​ស្រូវ ដី​ទាំងនេះ​បង្ក​ការ​ពុល​អាលុយមីញ៉ូម (Al) ម៉ង់កាណែស (Mn) ដែក (Fe) និង​ជាតិ​ប្រៃ (Salinity) ។ ការ​យល់​ដឹង​អំពី​ការ​ពុល​នៃ​ធាតុ​ខនិជ​នេះ និង​ការ​គ្រប់គ្រង​លើ​បញ្ហា​នេះ គឺជា​កត្តា​សំខាន់​ដើម្បី​ធានា​នូវ​ការ​លូតលាស់ និង​ផ្ដល់​ផល​របស់​ដំណាំ​ស្រូវ​នៅ​តំបន់​ដែល​មាន​ដី​បង្ក​បញ្ហា​អស់ទាំង​នេះ ។

៨.៣.១. ការ​ពុល​អាលុយមីញ៉ូម (Al toxicity)

អត្តសញ្ញាណ​សំខាន់​បំផុត​នៃ​ការ​ពុល​អាលុយមីញ៉ូម (Al) គឺ​ការ​មិន​លូតលាស់​នៃ​ឫស​ស្រូវ ព្រោះ Al វា​កើន​ឡើង​ច្រើន​នៅ​ផ្នែក​ខាង​ចុង​នៃ​ឫស ត្រង់​កន្លែង​ដែល​កោសិកា​ឫស​មាន​ការ​លូតលាស់ ។ Al មាន​ឥទ្ធិពល​ទៅ​លើ​មុខងារ​នៃ​ភ្នាស​ប្លាស្មា និង​កាត់​បន្ថយ​លំហូរ​ចូល​នៃ​អ៊ីយ៉ុង Ca2+ និង Mg2+ ។ ការ​ទុក​ឲ្យ​ដំណាំ​ស្ថិត​ក្នុង​ស្ថានភាព​ពុល Al យូរ ក៏​ធ្វើ​ឲ្យ​មាន​បញ្ហា​កង្វះ Mg Ca និង P មិន​ធន់​នឹង​ភាពរាំងស្ងួត និង​អតុល្យភាព​នៃ​កាតាលីករ​លូតលាស់ (Phytohormone) ។​

៨.៣.១.១. លក្ខខណ្ឌ​ដី

ដី​ដែល​មាន​ភាពឆ្អែត​នៃ Al លើស​ពី ៣០% pH(H2O) ទាប​ជាង ៥,០ និង​កំហាប់​នៃ​អ៊ីយ៉ុង Al3+ លើស​ពី ១-២ មក/លីត្រ ជា​ដី​ដែល​មាន​សក្ដានុពល​នៃ​ការ​ពុល Al ។ នៅ​ប្រទេស​កម្ពុជា ដី​ដាំ​ស្រូវ​ដែល​អាច​មាន​បញ្ហា​ពុល Al គឺ​ក្រុម​ដីគោកត្រប់ ដែល​លាតសន្ធឹង​ប្រហែលជា ៥% នៃ​ផ្ទៃដី​ដាំ​ស្រូវ​សរុប (Seng, 2000) ។

៨.៣.១.២. មូលហេតុ​បង្ក

ដី​ដែល​មាន pH(H2O) ទាប​ជាង ៥,០ ធ្វើ​ឲ្យ​លើស​អ៊ីយ៉ុង Al3+ នៅ​ក្នុង​សូលុយស្យុង​ដី ព្រោះ​សមត្ថភាព​បណ្ដូរ​កាចុង Al3+ ខ្ពស់​ជាង​របស់ H+ ។ កំហាប់​នៃ​អ៊ីយ៉ុង Al3+ អាស្រ័យ​ទៅ​នឹង​តម្លៃ pH ដី និង​កំហាប់​នៃ​កន្សោម​សរីរាង្គ និង​អសរីរាង្គ​ដែល​ចងសម្ព័ន្ធ​គ្នា​នឹង Al ។

៨.៣.១.៣. យុទ្ធសាស្ត្រ​បង្ការ

វិធានការ​ទូទៅ​ដើម្បី​បង្ការ និង​គ្រប់គ្រង​ការ​ពុល Al លើ​ដំណាំ​ស្រូវ​មាន​ជា​អាទិ៍ ការ​ប្រើ​ពូជ​ធន់ ការ​ដាំ​ដុះ (ពន្យា​ពេល​ដាំ​រហូត​ដល់ pH កើន​ឡើង​ជិត​ណឺត) ការ​គ្រប់គ្រង​ទឹក (រក្សា​ទឹក​ក្នុង​ស្រែ ជៀស​វាង​ការ​ធ្វើ​ឲ្យ​ស្ងួត​ដីស្រទាប់លើ) និង​ការ​គ្រប់គ្រង​ជី (ផ្ដោត​លើ​ការ​ប្រើ​ម្សៅ​ដូឡូមីត​នៅ​លើ​ដី​អាស៊ីត​តំបន់​ខ្ពង់រាប ព្រោះ​វា​ជួយ​បន្សាប​អាស៊ីត និង​ផ្គត់ផ្គង់ Mg ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​វា​មាន​ប្រសិទ្ធភាព​ជាងកំបោរ CaCO3) ។

៨.៣.១.៤. ការ​ព្យាបាល​ការ​ពុល Al

បាច​កំបោរ CaCO3 ក្នុង​កម្រិត ១-៣ តោន/ហត ដោយ​ត្រូវ​កំណត់​បរិមាណ​ជាក់លាក់ តាម​រយៈ​ការ​ធ្វើ​វិភាគ​រក​តម្រូវការ​កំបោរ (Seng et al., 2006) ។ ការ​បាច​កំបោរ ជួយ​បន្សាប​អាស៊ីត​ក្នុង​ដី​ស្រទាប់​ក្រោម​ដោយសារ​ការ​ហូរ​ច្រោះ​នៃ​កាចុង Ca2+ ទៅ​ស្រទាប់​ក្រោម ។ ម្យ៉ាងទៀត ត្រូវ​ផ្ដល់​អាញ៉ុង SO42- និង NO3 ដើម្បី​អម​ការ​ហូរ​ច្រោះ Ca2+ ទៅ​ក្នុង​ដី ស្រទាប់​ក្រោម តាម​រយៈ​ការ​បាច​ជី​បស៊ូម ជី​ស្រស់ ឬ​ជីអ៊ុយរ៉េ និង​កំបោរ​ដើម្បី​បន្សាប​ជាតិ​អាស៊ីត​កើត​ឡើង​ការ​ធ្វើ​នីត្រាតកម្ម ។ កុំ​ប្រើ Cl ព្រោះ​វា​ពុំ​មាន​ប្រសិទ្ធភាព​ទេ ។ សូម​មើល​ផ្នែក ៨.២.១.៣ បន្ថែម ។

៨.៣.២. ការ​ពុល​ជាតិ​ប្រៃ (Salinity)

ជាតិ​ប្រៃ គឺជា​បរិមាណ​ដ៏​ច្រើន​លើសលុប​នៃ​អំបិល​រលាយ​នៅ​ក្នុង​ដី ដែល​ជា​ទូទៅ​គេ​វាស់វែង​វា​តាម​រយៈ​តម្លៃ​នៃ​ភាព​ចម្លង​អគ្គិសនី (Electrical Conductivity, EC) ។ អ៊ីយ៉ុង​សំខាន់ៗ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជាតិ​ប្រៃ​នៃ​ដី​គឺ Na+, Ca2+, Mg2+, ក្លរ (Cl) និង​ស៊ុលផាត (SO42-) ។ ឥទ្ធិពល​នៃ​ជាតិ​ប្រៃ​លើ​ដំណាំ​ស្រូវ ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ដោយ​ទឹក (Water stress) ការ​ពុល​ដោយសារ​ការ​ស្រូប​យក​អ៊ីយ៉ុង Na និង Cl លើសលុប និង​ការ​កាត់​បន្ថយ​ការ​ស្រូប​យក​ធាតុ​ចិញ្ចឹម K និង Ca ដោយ​សារ​ឥទ្ធិពល​នៃ​ការ​ប្រឆាំង​គ្នា ។ មូលហេតុ​ដ៏​ចម្បង​នៃ​ភាព​រង​គ្រោះ​របស់​ដំណាំ​ស្រូវ​ដោយសារ​សារធាតុ​ប្រៃ គឺ​ការ​ស្រូប​យក​បរិមាណ​ដ៏​ច្រើន​លើសលុប​នៃ​អ៊ីយ៉ុង Na ជា​ជាង​ភាព​តានតឹង​ដោយសារ​ទឹក ក៏​ប៉ុន្តែ​ការ​ស្រូប​យក​ទឹក ត្រូវ​បាន​កាត់​បន្ថយ​នៅ​ពេល​ដែល​កម្រិត​អំបិល​ឡើង​ខ្ពស់ ។​

ធាតុ​សូដ្យូម (Na) ជា​អ្នក​រារាំង​ដល់​ការ​ស្រូប និង​ដឹកនាំ​ធាតុ ជា ដែល​ជា​ហេតុ​នាំ​ឲ្យ​កាត់​បន្ថយ​ការ​លូតលាស់​នៃ​ពន្លក​រុក្ខជាតិ ។ ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ប្រៃ រារាំង​ដល់​សកម្មភាព​របស់​កាតាលីករ​រេដុកម្មនីត្រាត​បន្ថយ​នូវ​បរិមាណ​ក្លរ៉ូភីល និង​កម្រិត​នៃ​ការ​ធ្វើ​រស្មីសំយោគ ហើយ​និង​បង្កើន​កម្រិត​ដំណក​ដង្ហើម និង​បរិមាណ N នៅ​ក្នុង​រុក្ខជាតិ ។ នៅ​ក្នុង​ជាលិកា​ពន្លក បរិមាណ K និង Ca ថយ​ចុះ ប៉ុន្តែ​កំហាប់​នៃ NO3-N, Na, S និង Cl កើន​ឡើង ។ ការ​ធន់​ទ្រាំ​នៃ​ដំណាំ​ស្រូវ​ទៅ​នឹង​ជាតិ​ប្រៃ ប្រែប្រួល​ទៅ​តាម​ដំណាក់កាល​លូតលាស់​របស់​វា ពោល​គឺ​វា​ធន់​ក្នុង​ពេល​ដំណុះ មិន​ធន់​នៅ​ពេល​ដើម​ខ្ចី (ស្លឹក​២-៣) ធន់​នៅ​ក្នុង​ដំណាក់កាល​បែក​គុម្ព និង​ពន្លូត​កម្ពស់​ដើម​ហើយ​វា​មិន​ធន់​ម្ដង​ទៀត​ក្នុង​ដំណាក់កាល​ចេញ​ផ្កា ។

៨.៣.២.១. លក្ខខណ្ឌ​ដី

សម្រាប់​ការ​ដុះ​លូតលាស់​នៃ​ដំណាំ​ស្រូវ​លើ​ដី​លិច​ទឹក គេ​វាស់​តម្លៃ EC នៅ​ក្នុង​សូលុយស្យុង​ដី ឬ​នៅ​ក្នុង​និស្សារណា​ឆ្អែត (Saturation extract, ECe) ។ នៅ​តំបន់​ខ្ពង់រាប​ភ្នំ ស្រូវ​ដុះ​លូតលាស់​នៅ​កម្រិត​សំណើម​ដីស្រែ (Field capacity) ឬ​ក្រោម​កម្រិត​នេះ ដូច្នេះ EC នៅ​ក្នុង​សូលុយស្យុង​ដី មាន​កម្រិត​ខ្ពស់​ជាង​ប្រហែល​ពីរ​ដង​នៃ ECe ។ ការ​សិក្សា​ស្រាវជ្រាវ (Dobermann និង Fairhurst, 2000) បាន​បង្ហាញ​អំពី​ទំនាក់ទំនង​នៃ​ជាតិ​ប្រៃ​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​ស្រូវ​តាម​រយៈ​សមីការ ៖

ទិន្នផល​ទំនាក់ទំនង (%) = 100 – [12 x (ECe – 3)] បើ​តម្លៃ​នៃ ៖

ECe <2 dS/m: សម​ស្រប (Optimum), ទិន្នផល​មិន​ធ្លាក់​ចុះ
ECe >4 dS/m: ទិន្នផល​ធ្លាក់​ចុះ​បន្តិចបន្តួច (១០-១៥%)
ECe >6 dS/m: ការ​លូតលាស់ និង​ទិន្នផល​ធ្លាក់​ចុះ​ជា​មធ្យម (២០-៥០%)
ECe >10 dS/m: ទិន្នផល​ថយ​ចុះ​លើស​ពី ៥០% ចំពោះ​ពូជ​មិន​ធន់
 
៨.៣.២.២. មូលហេតុ​បង្ក

ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​លើ​ដី​ប្រៃ ទទួល​រង​នូវ​ឥទ្ធិពល​ជា​ចម្បង ដោយសារ​តែ​កម្រិត​ដ៏​ខ្ពស់​នៃ​អំបិល​ដែល​អាច​រលាយ​បាន (NaCl) ដែល​បណ្ដាល​ឲ្យ​មាន​ការ​ពុល​អ៊ីយ៉ុង អតុល្យការ​អ៊ីយ៉ុង និង​ភាព​អន់​ថយ​នៃ​តុល្យភាព​ទឹក ។ មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឲ្យ​មាន​ជាតិ​ប្រៃ ឬ​បាស មាន​ដូច​ជា ការ​ស្រោចស្រព​មិន​គ្រប់គ្រាន់ ឬ​ការ​ខ្វះខាត​ទឹក​នៅ​រដូវ ឬ​ឆ្នាំ​ដែល​មាន​ភ្លៀង​ធ្លាក់​តិចតួច ជាតិ​អំបិល​ជា​រឿយៗ​ត្រូវ​បាន​កើត​ឡើង​នៅ​លើ​ដី​អាល់កាឡាំង នៅ​តំបន់​ដែល​ឆ្ងាយ​ពី​មាត់សមុទ្រ ជា​កន្លែង​ដែល​មាន​កម្រិត​រំហួត​ខ្ពស់​ជាង​ទឹកភ្លៀង ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ប្រៃ​នៅ​ក្នុង​ទឹក​ក្រោម​ដី និង​ការ​ជ្រាប​ចូល​របស់​ទឹកប្រៃ​នៅ​តំបន់ឆ្នេរ (ឧ. ដីសណ្ដ​ទន្លេមេគង្គ) ។

៨.៣.២.៣. យុទ្ធសាស្ត្រ​បង្ការ

ការ​គ្រប់គ្រង​ជាតិ​ប្រៃ ឬ​បាស​ត្រូវ​តែ​រួម​បញ្ចូល​គ្នា​នូវ​វិធីសាស្ត្រ​ជា​ច្រើន ។ ជម្រើស​សំខាន់ៗ​នៃ​វិធីសាស្ត្រ​ទាំងនេះ​មាន​ដូច​ជា ៖

ក. ប្រព័ន្ធ​ដាំ​ដុះ

នៅ​ក្នុង​ប្រព័ន្ធ​ដាំ​ដុះ​ដំណាំ​ស្រូវ​តំបន់​ខ្ពង់រាប គួរ​ផ្លាស់​ប្តូរ​ទៅ​ដាំ​ដំណាំ​ស្រូវ​ទ្វេ​ដង ប្រសិនបើ​មាន​ទឹក​គ្រប់គ្រាន់ និង​អាកាសធាតុ​អនុគ្រោះ ។ បន្ទាប់​ពី​ជាតិ​ប្រៃ​ត្រូវ​បាន​ហូរ​ច្រោះ គំរូ​នៃ​ការ​ដាំ​ដុះ​ដែល​មាន​ស្រូវ និង​ដំណាំ​ដែល​ធន់​នឹង​ជាតិ​ប្រៃ​ផ្សេង​ទៀត ជា​ពិសេស​ពពួក​សណ្តែក​ដូច​ជា ស្នោ Sesbania ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ច្រើន​ឆ្នាំ ។

ខ. ពូជ​ដំណាំ

ប្រើ​ពូជ​ដែល​ធន់​នឹង​ជាតិ​ប្រៃ ប៉ុន្តែ​ជម្រើស​នេះ នៅ​តែ​មិន​អាច​ជំនួស​វិធានការ​ត្រឹមត្រូវ​នៃ​ការ​គ្រប់គ្រង​ទឹក និង​ប្រព័ន្ធ​ស្រោចស្រព​បាន​ទេ ។ ពូជ​ដែល​បន្សាំ​ទៅ​នឹង​កម្រិត​ជាតិ​ប្រៃ​ក្នុង​ពេល​បច្ចុប្បន្ន អាច​នឹង​មិន​សម​ស្រប​ទេ ប្រសិនបើ​កម្រិត​ជាតិ​ប្រៃ​កើន​ឡើង ដោយសារ​តែ​ការ​អនុវត្ត​ការ​គ្រប់គ្រង​ទឹក​មិន​បាន​ត្រឹមត្រូវ ។ នៅ​លើ​ដី​បាស និង​ដី​ប្រៃ ការ​ដាំ​ដុះ​ស្រូវ​នាំ​ឲ្យ​មាន​ការ​យក​ចេញ​នូវ​បរិមាណ Na ដ៏​ច្រើន​ជា​បន្តបន្ទាប់ និង​ការ​ហូរ​ច្រោះ​នៃ​អំបិល​ចេញពី​ក្នុង​ដី ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ប្រើ​ពូជ​ធន់​ជា​ដំណោះស្រាយ​រយៈពេល​ខ្លី ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ជាតិ​ប្រៃ​ក្នុង​ដី​នា​ពេល​អនាគត​ប្រសិនបើ​មិន​មាន​មធ្យោបាយ​ថ្មី​ដែល​ប្រសើរ​ណា​មួយ មក​អនុវត្ត​ជំនួស​ទេ​នោះ ។

គ. ការ​គ្រប់គ្រង​ទឹក

ពន្លិចទឹក​ស្រែ​រយៈពេល ២-៤ សប្ដាហ៍ មុន​ពេល​ដាំ​ដុះ​ស្រូវ ។ មិន​ត្រូវ​ស្រោចស្រព​ដោយ​ប្រើប្រាស់​ទឹក​ដែល​មាន​កំហាប់​អំបិល​ខ្ពស់​នោះ​ទេ ។ ច្រោះ​ដី​បន្ទាប់​ពី​ដាំ​ដំណាំ ដោយ​ធ្វើការ​ពន្លិចទឹក ដើម្បី​លាង​ជម្រះ​ជាតិ​ប្រៃ​ដែល​នៅ​សេសសល់ ។ ត្រូវ​ធ្វើការ​ប្រមូល និង​រក្សា​ទឹកភ្លៀង​ទុក សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ស្រោចស្រព​ដំណាំ​នៅ​រដូវប្រាំង ។ នៅ​តាម​តំបន់ឆ្នេរ គួរ​រក​វិធានការ​ការពារ​ការ​ហូរ​ចូល​នៃ​ទឹកប្រៃ ដូច​ជា​លើក​ទំនប់ ។

ឃ. ការ​គ្រប់គ្រង​ជីជាតិ

ប្រើប្រាស់​ស័ង្កសី Zn ពី ៥-១០ គក/ហត ជួយ​កាត់​បន្ថយ​កង្វះខាត​សារធាតុ​នេះ ។ ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ការ​ប្រើប្រាស់​ជី N, P និង K ដើម្បី​ជៀសវាង​ភាព​មិន​ប្រក្រតី​នៃ​សារធាតុចិញ្ចឹម​របស់​ដំណាំ ។ ការ​បាច​ជី K មាន​សារសំខាន់​ណាស់ ពីព្រោះ​វា​ជួយ​បង្កើន​នូវ​សមាមាត្រ K:Na, K:Mg និង K:Ca នៅ​ក្នុង​រុក្ខជាតិ ។ ប្រើប្រាស់ (NH4)2SO4 ជា​ប្រភព​នៃ​សារធាតុ N សម្រាប់​បាច​បំប៉ន​ក្នុង​ដំណាក់កាល​លូតលាស់​សំខាន់ៗ ដែល​មាន​ភាព​រស​ទៅ​នឹង​ជាតិ​ប្រៃ ។

ង. សារធាតុសរីរាង្គ

សារធាតុសរីរាង្គ អាច​ជួយ​កែ​លម្អ​ដី​បាស ដោយ​ធ្វើ​ឲ្យ pH ដី​ថយ​ចុះ ។ ប្រើប្រាស់​ចំបើង​ដើម្បី​ផ្ដល់​ត្រលប់​មក​ដី​វិញ​នូវ​សារធាតុ K ឬ ប្រើ​ជី​ដែល​បាន​មក​ពី​កាក​សំណល់​ផ្ទះបាយ ។

៨.៣.២.៤. ការ​ព្យាបាល​បញ្ហា​ជាតិ​ប្រៃ

ជម្រើស​មួយ​ចំនួន ដើម្បី​ព្យាបាល​ការ​ពុល​ជាតិ​ប្រៃ​មាន​ដូច​ជា ការ​ធ្វើ​ឲ្យ​ហូរ​ច្រោះ​នូវ​ជាតិ​អំបិល​ចេញពី​ក្នុង​ដីស្រទាប់លើ (០-២០ សម) ដោយ​ប្រើ​ទឹក​ស្រោចស្រព​ដែល​មាន​គុណភាព​ល្អ ព្រោះ​ឫស​ស្រូវ​មាន​តែ​នៅ​ស្រទាប់​លើ​នេះ​ប៉ុណ្ណោះ ។ នៅ​លើ​ដី​ដែល​មាន​កម្រិត​ភាគរយ​នៃ Na ខ្ពស់ (>១៥%) គួរ​បាចជី​បស៊ូម (CaSO4) ដើម្បី​កាត់​បន្ថយ​ភាពឆ្អែត​នៃ Na នៅ​ក្នុង​ដី ។ វិធី​មួយទៀត​គឺ​បាញ់​សូលុយស្យុង​ជី K ទៅ​លើ​ដំណាំ​ស្រូវ​នៅ​ចុង​ដំណាក់កាល​បែក​គុម្ព និង​កំណកំណើត​ក​កួរ ។

៨.៣.៣. ការ​ពុល​ដែក (Fe toxicity)

ការ​ពុល​ដែក​បណ្ដាល​មក​ពី​រុក្ខជាតិ​ស្រូប​យក​ធាតុដែក​ច្រើន​ពេក​ពី​ក្នុង​សូលុយស្យុង​ដី ដែល​សម្បូណ៌​ទៅ​ដោយ​ដែក​រលាយ (Fe2+) ។ ការ​ស្រូប​យក​ធាតុដែក​ច្រើន បាន​ជំរុញ​នូវ​សកម្មភាព​នៃ​ការ​ធ្វើ​អុកស៊ីតកម្ម​របស់ ប៉ូលីហ្វេណុល Polyphenol ហើយ​ដែល​ការ​នេះ​បណ្ដាល​ឲ្យ​ស្លឹក​ស្រូវ​ប្រែ​ពណ៌​ទៅ​ជា​លឿងទុំ (Bronzing) ។ ការ​ពុល​ដែក ក៏​ទាក់ទិន​ផង​ដែរ​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​សារធាតុចិញ្ចឹម​ច្រើន​មុខ ដែល​ធ្វើ​ឲ្យ​កម្រិត​ធ្វើ​អុកស៊ីតកម្ម​របស់​ឫស​ធ្លាក់​ចុះ ព្រោះថា​ការ​ធ្វើ​អុកស៊ីតកម្ម​នៃ​ឫស​នាំ​ឲ្យ​កម្រិត​ដែក​រលាយ​ធ្លាក់​ចុះ ។

រេដុកម្ម (Reduction) នៃ​អ៊ីយ៉ុង Fe3+ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្ដល់ Fe2+ ល្មម​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​អាហារ​ធាតុ​នៃ​ដំណាំ​ស្រូវ ។ ប៉ុន្តែ​បើ​ដី​អាស៊ីត​នោះ​មាន​បរិមាណ​ដែក​រលាយ (Fe2+) ខ្ពស់​ហើយ​មាន pH ទាប នោះ​ការ​ពន្លិចទឹក​អាច​បង្ក​ឲ្យ​មាន​ការ​ពុល​ដែក (Ponnamperuma, 1972) ។

ជា​រឿយៗ នៅ​លើ​ដី​ដែល​លិច​ទឹក គេ​តែងតែ​សង្កេត​ឃើញ​មាន​ករណី​ពុល​ជាតិ​ដែក បាន​កើត​ឡើង​នៅ​លើ​ដី​ដែល​មាន pH ទាប​ជាង ៥ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ដី​លិច​ទឹក​ភាគច្រើន​ដែល​មាន pH ទាប​ជាង ៥ នោះ ការ​ប្រមូលផ្តុំ​ជាតិ​ដែក កើត​មាន​កម្រិត​ខ្ពស់​តែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ ចំពោះ​ដី​អាស៊ីត​ស៊ុលផាត​កើត​ថ្មី និង​ដី​អាស៊ីត​ខ្សោយ ជាតិ​ដែក​អាច​ថយ​ចុះ ហើយ​ការ​ប្រមូលផ្តុំ​របស់​វា​មាន ៥៥០ មក/លីត្រ សម្រាប់​រយៈពេល​វែង ។

លក្ខណៈ​ដី​ដែល​លិច​ទឹក​អាច​បង្ហាញ​ពី​វត្តមាន​នៃ​ចំនួន​ដ៏​គ្រោះថ្នាក់​របស់ Fe2+ ។ ដែក Fe2+ ដែល​រលាយ​កើត​ឡើងជា​ប្រចាំ​រហូត​ដល់​ចន្លោះ​ពី​រាប់រយ​ទៅ​រាប់​ពាន់ មក/លីត្រ លើកលែងតែ​នៅ​ពេល pH កើន​ជិត​ណឺត ទើប Fe2+ បន្ថយ​នូវ​កម្រិត​ជាតិពុល​របស់​វា (<៤០០ មក/លីត្រ) (Ponnamperuma, 1972) ។

ការ​ពុល​ដែក​កើត​ឡើង​នៅ​លើ​ដី​ច្រើន​បែប ប៉ុន្តែ​ជា​ទូទៅ​វា​កើត​នៅ​លើ​ដី​ដំណាំ​ស្រូវ​តំបន់​ទំនាប ដែល​លិច​ទឹកជា​អចិន្ត្រៃយ៍​ក្នុង​រដូវ​កាល​ដាំ​ដុះ ។ ប្រភេទ​ដី​ដែល​ងាយ​ទទួល​រង​នូវ​ការ​ពុល​ដែក​មាន​ដូច​ជា ដី​នៃ​តំបន់​ជ្រលង​ភ្នំ​ដែល​ពុំ​សូវ​មាន​ការ​បង្ហូរ​ទឹក​ចេញ ហើយ​ដែល​ទទួល​នូវ​លំហូរ​ពី​ដី​អាស៊ីត​នៃ​តំបន់​ខ្ពង់រាប ដី​កាអូលីនីត (Kaolinite) ដែល​មាន​សមត្ថភាព​បណ្ដូរ​កាចុង​ទាប និង​មាន​បរិមាណ P និង K តិចតួច ដីល្បាប់​ឥដ្ឋ​អាស៊ីត ដី​អាស៊ីត​ស៊ុលផាត​ក្មេង ដី​អាស៊ី​តំបន់​ទំនាប ឬ​វាល​ល្បាប់​ខ្ពស់​ដែល​សម្បូណ៌​ទៅ​ដោយ​សារធាតុសរីរាង្គ ។

ការ​ពុល​ដែក​អាច​បណ្ដាល​មក​ពី​បុព្វហេតុ​សំខាន់ៗ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

  • មាន​កំហាប់​អ៊ីយ៉ុង​ដែក Fe2+ ច្រើន​នៅ​ក្នុង​ដី​បណ្ដាល​មក​ពី​ដី​មាន pH ទាប ហើយ​ធ្វើ​រេដុកម្ម​ដ៏​ខ្លាំងក្លា​ក្នុង​ពេល​វា​លិច​ទឹក ។
  • មាន​សារធាតុចិញ្ចឹម​មិន​គ្រប់គ្រាន់ និង​គ្មាន​តុល្យភាព​នៃ​សារធាតុចិញ្ចឹម​ក្នុង​ដី ។ កង្វះ​សារធាតុ​ចិញ្ចឹម​ផូស្វ័រ (P) កាល់ស្យូម (Ca) មាញ៉េស្យូម (Mg) ឬ ប៉ូតាស្យូម (K) ធ្វើ​ឲ្យ​កម្រិត​អុកស៊ីតកម្ម​នៃ​ឫស និង​កម្លាំង​នៃ​ការ​ច្រានចោល​អ៊ីយ៉ុង​ដែក Fe2+ ចុះ​ខ្សោយ ។ កង្វះ K ច្រើន​ទាក់ទិន​និង​ដី ដែល​មាន​បរិមាណ​បាស និង​តម្លៃ pH ទាប ហើយ​ដែល​កត្តា​ទាំងនេះ វា​មាន​ទំនាក់ទំនង​ជាមួយនឹង​កំហាប់​ដែក​ខ្ពស់​នៅ​ក្នុង​ដី ។
  • កម្រិត​អុកស៊ីតកម្ម​នៃ​ឫស​ខ្សោយ ដោយសារ​តែ​នៅ​ក្នុង​តំបន់​ឫស (Rhizosphere) សម្បូណ៌​ទៅ​ដោយសារ​ធាតុ​អ៊ីដ្រូសែន​ស៊ុលផួ (H2S) ដែក​ស៊ុលភីត (FeS) និង​អាស៊ីត​សរីរាង្គ ដែល​ជា​សារធាតុ​រារាំង​ដល់​ដំណក​ដង្ហើម​របស់​ឫស​ស្រូវ ។
  • មាន​ការ​ប្រើប្រាស់​កាក​សំណល់​ធាតុ​សរីរាង្គ​ជា​ច្រើន ដែល​មិន​ទាន់​រលួយ​ពេញលេញ ។
  • ការ​ផ្ដល់​ជា​បន្តបន្ទាប់​នូវ​ធាតុដែក​ចូល​ទៅ​ក្នុង​ដី តាម​រយៈ​ទឹក​ក្រោម​ដី ឬ​ការ​ជ្រាប​ចេញពី​ភ្នំ ។
  • ការ​ប្រើប្រាស់​ទឹក​ស្អុយ ឬ​កាក​សំណល់​ឧស្សាហកម្ម​ដែល​មាន​ផ្ទុក​ជាតិ​ដែក​ខ្ពស់ ។
៨.៣.៣.១. រោគ​សញ្ញា​នៃ​ការ​ពុល​ដែក

រោគ​សញ្ញា​នៃ​ការ​ពុល​ដែក​នេះ ដំបូង​លេច​ចេញ​នូវ​អុច​តូចៗ ពណ៌​ត្នោត​នៅ​លើ​ផ្ទៃ​ស្លឹក​ទាបៗ​ជាងគេ ហើយ​អុច​តូចៗ​ទាំងនេះ ចាប់ផ្តើម​រាលដាល​ពី​ចុង​ស្លឹក ឬ​កើត​ពាសពេញ​ផ្ទៃ​ស្លឹក​ទាំងមូល ។ បន្ទាប់​មក​អុច​ទាំងនេះ ក៏​រាលដាល​ពេញ​ផ្ទៃ​ស្លឹក​ធ្វើ​ឲ្យ​ស្លឹក​មាន​ពណ៌​លឿង​ត្នោត រួច​ក៏​ងាប់​ជា​បន្តបន្ទាប់ ។ ស្លឹក​មាន​សភាព​តូច​ហើយ​តែងតែ​នៅ​មាន​ភាព​បៃតង​ដដែល ។ ក្នុង​ករណី​ដែល​មាន​ការ​ពុល​ដែក​ខ្លាំង ស្លឹក​ទាំងឡាយ​ប្រែជា​ពណ៌​ត្នោត​ស្វាយ ។ ចំពោះ​ពូជ​ខ្លះ ចុង​ស្លឹក​មាន​ពណ៌​លឿងទុំ​ហើយ​ស្ងួត ។ ការ​លូតលាស់ និង​ការ​បែក​គុម្ព​ក៏​ថយ​ចុះ រីឯ​ប្រព័ន្ធ​ឫស​ស្រូវ​ក៏​ឡើង​គ្រោតគ្រាត មិន​ដុះ​ចេញ​ច្រើន​ហើយ​មាន​ពណ៌​ត្នោត​ចាស់​ទៅ​ក្រមៅ ។ រោគ​សញ្ញា​នៃ​ការ​ពុល​ដែក​អាច​កើត​ឡើង​ក្នុង​អំឡុងពេល​ពី ១-២ សប្ដាហ៍​ក្រោយ​ស្ទូង ប៉ុន្តែ​ជួនកាល​វា​ក៏​អាច​កើត​មាន ២​ខែ ក្រោយ​ស្ទូង​ផង​ដែរ អាស្រ័យ​ទៅ​តាម​ប្រភេទ​ដី ។

៨.៣.៣.២. វិធានការ​បង្ការ​ការ​ពុល​ដែក

ការ​ប្រើ​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង និង​ការ​បង្ការ​ការ​ពុល​ដែក​ជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ ព្រោះថា​ការ​ព្យាបាល​ការ​ពុល​ដែក​ក្នុង​អំឡុង​ពេល​ដាំ​ដុះ​ដំណាំ​មាន​ការ​លំបាក​ណាស់ ។ វិធានការ​ទូទៅ​ដើម្បី​បង្ការ​ការ​ពុល​ដែក​មាន​ដូច​ខាងក្រោម ៖

  • ពូជ: ប្រើ​ពូជស្រូវ​ដែល​ធន់​នឹង​ភាព​ពុល​ដែក ។ ពូជស្រូវ​ដែល​មាន​ប្រព័ន្ធ​ឫស​លូតលាស់​ខ្លាំង ហើយ​ឫស​មាន​កម្លាំង​ធ្វើ​អុកស៊ីតកម្ម​ខ្លាំង មាន​ភាព​ធន់​ទៅ​នឹង​ការ​ពុល​ដែក ប្រសិនបើ​បាច​ជីជាតិ​បាន​គ្រប់គ្រាន់ ។
  • គ្រប់គ្រង​ការ​ដាំ​ដុះ: ពន្យា​ពេល​ដាំ​ដុះ​ដំណាំ​រហូត​ដល់​ផុត​ពេល​ដែល​កំហាប់​នៃ​ដែក​រលាយ (Fe2+) ឡើង​ដល់​កំពូល បាន​ន័យ​ថា​គួរ​ដាំ​ដំណាំ​ក្នុង​រយៈពេល ១០-២០​ថ្ងៃ ក្រោយ​ពេល​ដី​លិច​ទឹក ។
  • គ្រប់គ្រង​ទឹក: ជៀសវាង​ការ​ពន្លិច​ទឹកជា​ប្រចាំ ចំពោះ​ដី​ដែល​មាន​បរិមាណ​សារធាតុសរីរាង្គ​ច្រើន និង​កំហាប់​ដែក​ខ្ពស់ ។ អនុវត្ត​ការ​បង្ហូរទឹក​ចេញ​នៅ​ពាក់កណ្តាល​រដូវ​កាល​ដាំ​ដុះ ដើម្បី​ជួយ​កាត់​បន្ថយ​បរិមាណ Fe2+ នៅ​ក្នុង​ដី ។ នៅ​ពាក់កណ្តាល​ដំណាក់កាល​បែក​គុម្ព (២៥-៣០​ថ្ងៃ ក្រោយ​ស្ទូង ឬ​ព្រោះ) ត្រូវ​បង្ហូរទឹក​ចេញពី​ស្រែ​ឲ្យ​អស់ ដោយ​គ្រាន់តែ​ទុក​ដី​ឲ្យ​នៅ​សើម​រយៈពេល ៧-១០​ថ្ងៃ ដើម្បី​ផ្គត់ផ្គង់​អុកស៊ីសែន (O2) នៅ​ដំណាក់កាល​ស្រូវ​បែក​គុម្ព ។
  • គ្រប់គ្រង​ជីជាតិ: ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ការ​ប្រើ​ជីជាតិ NPK ឬ NPK​+​កំបោរ ដើម្បី​ជៀសវាង​ភាព​មិន​ប្រក្រតី​នៃ​សារធាតុចិញ្ចឹម​របស់​ដំណាំ ។ ប្រើ​ជី K ឲ្យ​បាន​គ្រប់គ្រាន់ ឬ​បាច​កំបោរ​ទៅ​លើ​ដី​អាស៊ីត ប្រើ​ជីអ៊ុយរ៉េ​ប្រសើរ​ជាង​ជី​អាម៉ូញ៉ូមស៊ុលផាត ។
  • គ្រប់គ្រង​ដី: អនុវត្ត​ការ​ភ្ជួរ​ដី​ហាល​បន្ទាប់​ពី​ប្រមូល​ផល​រួច ដើម្បី​បង្កើន​ការ​ធ្វើ​អុកស៊ីតកម្ម​នៃ​ដែក (Fe2+) ក្នុង​ពេល​ដី​នៅ​ទំនេរ ។ ការ​នេះ​ជួយ​កាត់​បន្ថយ​កំណើន​នៃ​ដែក (Fe2+) ដែល​រលាយ​បន្ទាប់​ពី​មាន​ការ​ពន្លិច​ទឹក​ឡើង​វិញ ។
 

សទ្ទានុក្រម (Glossary)

ភេត្រូហ្វៀរិច (Petroferric phase)= អនុក្រុម​ដី​នៅ​កម្ពុជា ដែល​ស្រទាប់​ក្រោម (០-៥០ សម) មាន​វត្តមាន​ក្រួស​គ្រវៀន ។ ពាក្យផ្ទុយ Nonpetroferric phase ។

រេដុកម្ម (Reduction) = ការ​ចំណេញ​អេឡិចត្រុង និង​ការ​បាត់បង់​វ៉ាឡង់​នៃ​បន្ទុក (+) របស់​សារធាតុ​មួយ ។ ក្នុង​ករណី​ខ្លះ ក៏​ពាក់​ព័ន្ធ​នឹង​ការ​ចំណេញ​អ៊ីដ្រូសែន និង​ការ​បាត់បង់​អុកស៊ីសែន​ដែរ ។ ឧទាហរណ៍ Fe(OH)3 [Fe3+] + 3H+ + e ó Fe2+ + 3H2O ។

ថ្ម​ឌីអូរីត (Diorite) = ថ្ម នៃ​ពពួក​ថ្ម​កម្អែ​ភ្នំភ្លើង​ដែល​មាន​ពណ៌​ប្រផេះ ឬ​ប្រផេះ​ក្រមៅ​មាន​លក្ខណៈ​គគ្រាត ហើយ​សម្បូណ៌​ទៅ​ដោយ​ស៊ីលីកា និង អាលុយមីញ៉ូម ។

ថ្ម​ខ្សាច់ (Sandstone) = ថ្ម​ដែល​កកើត​ឡើង​ដោយសារ​កំណក​នៃ​សារធាតុ​ខ្សាច់ ហើយ​មាន​លក្ខណៈ​អាស៊ីត ។

ថ្មភក់ (Shale) = ថ្ម​ដែល​កកើត​ឡើង​ដោយសារ​កំណក​នៃ​សារធាតុ​ល្បាប់ និង​ឥដ្ឋ ។

អាលូវីអាល (Alluvials) = ដី​ដែល​កកើត​ឡើង​ដោយសារ​កំណក​នៃ​កករ​ខ្សាច់ ល្បាប់ និង​ឥដ្ឋ​ក្នុង​ទឹក ។ ដី​ប្រភេទ​នេះ​មិន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នូវ​ការ​វិវត្ត​នៃ​ប្រូហ្វីល​របស់​វា​ទេ ។

កាអូលីនីត (Kaolinite) = រ៉ែ​អាលុយមីញ៉ូម​ស៊ីលីកាត ដែល​ផ្សំ​ឡើង​ដោយ​ការ​ត្រួត​គ្នា​នៃ​សន្លឹក ស៊ីលីកា ១ និង​សន្លឹក​អាលុយមីញ៉ូម ១ (Al2Si2O5(OH)4) ។

កូលូវីអាល (Colluvial) = សារ​ធាតុដី រួម​មាន​ទាំង​កម្ទេច​ថ្ម​ដែល​ត្រូវ​បាន​ពាំនាំ​ពី​ទី​ជម្រាល​ជិតៗ ដោយ​កម្លាំង​ទឹក និង​ទំនាញ ហើយ​មក​តាំងនៅ​ផ្នែក​ខាងក្រោម​នៃ​ទី​ជម្រាល ។

ភូគព្ភវិទ្យា (Geology) = ការ​សិក្សា​អំពី​លក្ខណៈ​រូបសាស្ត្រ និង​រូបធាតុ​នៃ​ដី ។

ភូគព្ភសណ្ឋានវិទ្យា (Geomorphology) = ការ​សិក្សា​អំពី​លក្ខណៈ​រូបសាស្ត្រ​នៃ​ផ្ទៃដី និង​ទំនាក់ទំនង​របស់​វា​ទៅ​នឹង​រចនាសម្ព័ន្ធ​ភូគព្ភសាស្ត្រ ។

ប្រូនហ្ស៊ីង (Bronzing) = ភាព​ច្របូកច្របល់​សារធាតុចិញ្ចឹម​លើ​ដំណាំ​ស្រូវ ដែល​ច្រើន​តែ​កើត​មាននៅ​លើ​តំបន់​ទំនាប​ត្រូពិក ។ អត្តសញ្ញាណ​របស់​វា​បង្ហាញ​ឲ្យ​ឃើញ​នូវ​អុច​ត្នោត​តូចៗ​នៅ​លើ​ចុង​ស្លឹក​ចាស់ ហើយ​ច្រើន​តែ​កើត​មាន​នៅ​ដំណាក់កាល​ស្រូវ​បែក​គុម្ព​សកម្ម ។

សិលា​មេ (Parent material) = បណ្តុំ​សារធាតុ​រ៉ែ ឬ​សរីរាង្គ ដែល​ទទួល​រង​នូវ​ការ​រេចរឹល​ខ្លាំង ឬ​ខ្សោយ​ដោយ​លក្ខណៈ​គីមី ហើយ​តាម​ដំណើរ​វិវត្តន៍​នៃ​ធរណី បង្កបង្កើត​បាន​ជា​ដី ។

សមត្ថភាព​បណ្ដូរ​កាចុង (CEC) = ផលបូក​សរុប​នៃ​បណ្ដូរ​កាចុង (+) ដែល​ដី​អាច​ស្រូប​យក​បាន ។ គិត​ជា​សង់ទីម៉ូល​នៃ​បន្ទុក (+) ក្នុង​មួយ​គីឡូក្រាម​ដី (cmol+/kg) ។

ស្នាម​ចម្រុះ (Mottles) = ស្នាម​ដែល​មាន​ពណ៌​ចម្រុះ​នៅ​ក្នុង​ប្រូហ្វីល​ដី ។ របាយ និង​ភាព​សម្បូណ៌​បែប​របស់​វា​មាន​ការ​ប្រែប្រួល​ពី​តិចតួច (តិច​ជាង ២%) ច្រើន​បង្គួរ (២-២០%) ទៅ​ច្រើន (លើស​ពី ២០%) ។

ស្យូនិក (Thionic phase) = អនុក្រុម​ដី​នៅ​កម្ពុជា ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ដី​អាស៊ីត​ស៊ុលផាត ។ ស្រទាប់​ក្រោម​របស់​វា​មាន pH ទាប​ជាង ៤,៥ ។ ពាក្យផ្ទុយ Nonthionic phase ។

តំបន់​ឫស (Rhizosphere) = ផ្នែក​មួយ​នៃ​ដី​ស្ថិត​នៅ​ផ្ទាល់​នឹង​បរិវេណ​ឫស​រុក្ខជាតិ ដែល​ក្នុង​នោះ សមាសភាព និង​ភាព​សម្បូណ៌​បែប​នៃ​ពពួក​មីក្រុប ទទួល​រង​ឥទ្ធិពល​នៃ​វត្តមាន​របស់​ឫស ។

វាលទំនាប Lacustrine = តំបន់​វាលទំនាប​ដែល​ទទួល​រង​នូវ​ការ​លិច​ដោយ​ទឹក​បឹង ។ ឧទាហរណ៍ តំបន់​វាលរាប​ជុំវិញ​ជាប់​បឹង​ទន្លេសាប ។

 
 

ត្រលប់​ទៅ​មាតិកា​រឿង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s