ចិន និង ​របប ប៉ុល ពត

ចិន និង​ របប ប៉ុល ពត

ការ​គាំទ្រ​របស់​ប្រទេស​ចិន​ដល់​របប ប៉ុល ពត នៅ​តែ​ជា​ទិដ្ឋភាព​មួយ​ក្នុង​ចំណោម​ទិដ្ឋភាព​ក្តៅ​ក្នុង​ប្រវត្តិសាស្ត្រ​សង្គ្រាមត្រជាក់​របស់​ប្រទេស​ចិន ។ ចន្លោះ​ខែមេសា​ ឆ្នាំ​១៩៧៥ ដល់​ខែមករា ឆ្នាំ​១៩៧៩ ប្រទេស​ចិន​គឺជា​ដៃគូ​បរទេស​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ឃោរឃៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ តាំងពី​យូរណាស់​មក​ហើយ រដ្ឋាភិបាល​ចិន​បាន​បន្ទាប​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ខណៈ​ដែល​មេដឹកនាំ​កម្ពុជា​មាន​បំណង​កសាង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង​សា​ជា​ថ្មី ។ ទោះបីជា​យ៉ាងនេះ​ក៏​ដោយ រឿងហេតុ​នេះ​ក៏​ត្រូវ​បាន​ជីក​កកាយ​ឡើង​អំឡុង​ពេល​ការ​ជំនុំ​ជម្រះក្តី​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដោយ​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ភ្នំពេញ ។ ក្នុង​ឆ្នាំ​២០០៩ នៅ​ពេល​ដែល​ការ​ជំនុំ​ជម្រះក្តី​ដំបូង​បាន​ចាប់ផ្តើម​ឡើង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ចាង យ៉ូ បាន​ការពារ​ទំនាក់ទំនង​មិត្តភាព​របស់​ចិន​ជាមួយនឹង​រដ្ឋាភិបាល​ជា​ច្រើន​ជំនាន់​រួម​មាន​របប​ប៉ុល​ពត​ផង ។ ក្នុង​ឆ្នាំ​២០១០ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំការ​នៅ​ប្រទេស​កម្ពុជា​បាន​ទទួលស្គាល់​ថា ប្រទេស​របស់​លោក​បាន​ផ្ដល់​ស្បៀងអាហារ ប៉ុន្តែ​បាន​ទទូច​ថា រដ្ឋាភិបាល​ចិន​មិន​ដែល​ចូលរួម​ឬ​ធ្វើ​អន្តរាគមន៍​ក្នុង​គោលនយោបាយ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ឡើយ ។ មាន​អ្នកប្រឆាំង​មួយ​ចំនួន​តូច​បាន​បញ្ចេញ​មតិ​ប្រឆាំង​ជា​សាធារណៈ ដោយ​ចោទប្រកាន់​ប្រទេស​ចិន​ពី​បទ​សម្លាប់​ប្រជាជន​កម្ពុជា​មួយ​ផ្នែក​តូច ហើយ​បាន​ប្រកាស​ថា «ប្រទេស​ចិន​ជំពាក់​ការ​សូមទោស​ប្រជាជន​កម្ពុជា» ។

តួនាទី​របស់​ចិន​នៅ​ក្នុង​របប ប៉ុល ពត ត្រូវ​បាន​លើក​មក​ពិចារណា​ក្នុង​បន្ទប់​សវនាការ​តាំងពី​ដំបូង​មក​ម្ល៉េះ ។ ក្នុង​ឆ្នាំ​១៩៧៩ តុលាការ​ប្រជាជន​បដិវត្តន៍​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​គាំទ្រ​ដោយ​វៀតណាម​ដើម្បី​ជំនុំជម្រះ ប៉ុល ពត និង អៀង សារី រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ តុលាការ​នោះ​បាន​ស្ដីបន្ទោស​ប្រទេស​ចិន​ជា​ច្រើន អំពី​អំពើ​យង់ឃ្នង​ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្អាប់​កិត្តិយស​ប្រទេស​ចិន នៅ​ពេល​ដែល​សង្គ្រាម​នៅ​ក្នុង​ឥណ្ឌូចិន​លើក​ទី​បី​បាន​កើត​ឡើង ។ សេចក្តីសម្រេច​របស់​តុលាការ​បាន​អះអាង​ថា ចិន​បាន​បង្កើន​ជំនួយ​ផ្នែក​យោធា​ជា​ច្រើន ហើយ​បាន​បង្កើត​ទីប្រឹក្សា​ដើម្បី​គ្រប់គ្រង​សកម្មភាព​របស់​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជំរុញ​ឲ្យ​ក្រុម​របស់​ខ្លួន​អនុវត្ត​គោលនយោបាយ​ប្រល័យពូជសាសន៍​ប្រឆាំង​ប្រជាជន​របស់​យើង និង​សង្គ្រាម​ឈ្លានពាន​ប្រឆាំង​វៀតណាម និង​បម្រើ​មុខងារ​ជា​អ្នក​ញុះញង់​លើ​ផែនការ​នេះ ។ ទោះបីជា​ដំណើរ​នីតិវិធី​នា​ពេល​បច្ចុប្បន្ន ទំនងជា​នឹង​មិន​ដាក់​បញ្ចូល​ភាព​លម្អៀង​ស្រដៀង​គ្នា​ប្រឆាំង​ទៅ​នឹង​ទីក្រុង​ប៉េកាំង មាន​សំណួរ​ជា​ច្រើន​នៅ​តែ​មាន​ទំនាក់ទំនង​ទៅ​នឹង​លក្ខណៈ និង​ឥទ្ធិពល​របស់​ប្រទេស​ចិន​មក​លើ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។

អត្ថបទ​នេះ គាំទ្រ​ការ​ឆ្លុះ​បញ្ចាំង​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​របប​កម្ពុជា​ប្រជាធិបតេយ្យ តាម​រយៈ​ការ​ត្រួតពិនិត្យ​មើល​លក្ខណៈ​នៃ​សម្ព័ន្ធមិត្ត​របស់​ប្រទេស​ទាំង​ពីរ ហើយ​ថា​តើ​សម្ព័ន្ធមិត្ត​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឥទ្ធិពល​របស់​ប្រទេស​ចិន​ថ្នាក់​មូលដ្ឋាន​យ៉ាងដូចម្តេច ។ ដើម្បី​ស្វែងរក​បញ្ហា​នេះ អត្ថបទ​នេះ​បាន​ទាញ​យក​បទសម្ភាសន៍​ជាមួយ​អតីត​កម្មាភិបាល​ខ្មែរក្រហម ដែល​ធ្វើការ​ជាមួយនឹង​មន្ត្រី​ចិន​ចន្លោះ​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩ ព្រមទាំង​កំណត់ហេតុ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជា​ផ្លូវការ ដែល​មិន​បាន​លើក​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ចម្លើយ​សារភាព​ថ្មីៗ​នៅ​សាលាក្ដី​ខ្មែរក្រហម ។ ទោះបីជា​ប្រភព​ថ្មី​ទាំង​នេះ​បាន​លាតត្រដាង​ព័ត៌មាន​ថ្មី​តិច​តួច​អំពី​ដំណើរការ​ក្នុង​ការ​សម្រេចចិត្ត​ក្នុង​រង្វង់​ខ្មែរក្រហម ឬ​អ្នកកាន់កាប់​ការិយាល័យ​នយោបាយ​ចិន​ក៏​ដោយ ក៏​ប្រភព​ថ្មី​ទាំង​នោះ​ផ្ដល់​នូវ​ទិដ្ឋភាព​ផ្នែក​ខាងក្នុង​ដ៏​សំខាន់​ដែល​ភាគី​ទាំង​ពីរ​យល់​ដឹង​អំពី​សម្ព័ន្ធភាព ហើយ​ត្រូវ​បាន​អនុវត្ត​នៅ​តាម​ថ្នាក់​មូលដ្ឋាន​យ៉ាង​ដូចម្តេច ។

ភ័ស្តុតាង​ទាំងនោះ​បង្ហាញ​នូវ​សម្ព័ន្ធភាព​ដែល​ភ្ជាប់​ដោយ​មន្ទិល​សង្ស័យ​ទៅ​វិញ​ទៅ​មក និង​គោលដៅ​ជា​យុទ្ធសាស្ត្រ និង​ការ​សហការ​ជា​រួម ជា​ជាង​ភាព​ដូច​គ្នា​នៃ​មនោគមវិជ្ជា ។ ប្រទេស​ចិន​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​ផ្នែក​បច្ចេកទេស និង​ការិយាធិបតេយ្យ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុន្តែ​ភ័ស្តុតាង​នោះ​បាន​លើក​ឡើង​ថា​ឥទ្ធិពល​របស់​ប្រទេស​ចិន​មាន​ភាព​ទន់ខ្សោយ​លើ​គោល​នយោបាយ​របស់​កម្មាភិបាល​ខ្មែរ​ក្រហម​ជាន់ខ្ពស់​ស្ដីពី​កិច្ចការ​សន្តិសុខ និង​ការងារ​ផ្ទៃក្នុង ។ មន្ត្រី​ចិន​មួយ​ចំនួន មិន​យល់​ស្រប​ជាមួយនឹង​គោលនយោបាយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​បាន​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ ប៉ុន្តែ​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ការពារ​ស្វយ័តភាព​របស់​ខ្លួន​យ៉ាង​មុតមាំ ។ ប្រទេស​ចិន​មិន​មាន​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ សូម្បី​តែ​នៅ​ពេល​ដែល​គោលនយោបាយ​យង់ឃ្នង​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បំផ្លាញ​ដល់​លទ្ធភាព​នៃ​ភាព​ជោគជ័យ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ធ្វើ​ឲ្យ​អាម៉ាស់មុខ​ដល់​ប្រទេស​ចិន​ក្នុង​ឆាក​អន្តរជាតិ និង​ការ​បង្ក​សង្គ្រាម​ជាមួយ​ប្រទេស​វៀតណាម​ក៏​ដោយ ។ ទស្សនៈ​របស់​ប្រទេស​ចិន​ស្ដីពី​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​ចុះ​ទន់ខ្សោយ​ដល់​ឥទ្ធិពល​ទីក្រុង​ប៉េកាំង ហើយ​អាច​ធ្វើ​ឲ្យ​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​អាច​គ្រប់គ្រង​ទំនាក់ទំនង​បាន​យ៉ាង​ប្រសើរ ។ ការ​សិក្សា​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺជា​គំរូ​ដ៏​សំខាន់​នៃ​សមត្ថភាព​របស់​រដ្ឋ​ទន់ខ្សោយ​ក្នុង​ការ​ជះ​ឥទ្ធិពល និង​ការ​ធ្វើ​ស្វយ័តភាព​ក្នុង​សម្ព័ន្ធមិត្ត ពេល​ខ្លះ​ជះ​ឥទ្ធិពល​ដល់​ការ​បំផ្លិចបំផ្លាញ​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដែល​នេះ​គឺជា​មេរៀន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ទំនាក់ទំនង​ការបរទេស នា​ពេល​បច្ចុប្បន្ន​របស់​ប្រទេស​ចិន ។

ការ​ជំរុញ​ឲ្យ​មាន​ភាព​ជា​ដៃគូ

បន្ទាប់​ពី​ជ័យជម្នះ​នៅ​ខែមេសា ឆ្នាំ​១៩៧៥ ជន​បដិវត្តន៍​ខ្មែរក្រហម​បាន​ងាក​ទៅ​រក​ប្រទេស​ចិន​ដោយ​គ្មាន​ជម្រើស ។ ជន​បដិវត្តន៍​ទាំងនោះ​បាន​មើលងាយ​លោក​ខាងលិច និង​សហភាព​សូវៀត ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​ប្រទេស​វៀតណាម​ខាងជើង ប៉ុន្តែ​លោក​ខាងលិច និង​សហភាព​សូវៀត បាន​ផ្ដល់​ការ​គាំទ្រ​សង្គ្រាម​ស៊ីវិល​របស់​ខ្មែរក្រហម ហើយ​បាន​ពិចារណា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្នុង​ឆ្នាំ​១៩៧២ ក្នុង​តំបន់​ឥណ្ឌូចិន ដែល​បាន​ធ្វើ​ឲ្យ​របប លន់ នល់ ស្តាំ​និយម​ចូល​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ភ្លាមៗ​បន្ទាប់​ពី​កាន់កាប់​ប្រទេស​ទាំងមូល កង​យោធា​ខ្មែរក្រហម​បាន​ចូល​ក្នុង​ស្ថានទូត​សូវៀត ហើយ​បាន​ចាប់ចង​អ្នកការទូត​សូវៀត រួច​ហើយ​បាន​បញ្ជូន​ចូល​ទៅ​ក្នុង​ស្ថានទូត​បារាំង​ដើម្បី​បណ្តេញ​ចេញ​ជាមួយនឹង​ជនបរទេស​ដទៃ​ទៀត ។ មេដឹកនាំ​ខ្មែរក្រហម​ក៏​បាន​ជំទាស់​នូវ​សំណើ​ក្រុង​ហាណូយ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជា​ពិសេស ដោយ​ភ័យ​ខ្លាច​ថា វៀតណាម​មាន​បំណង​គ្រប់គ្រង​ប្រទេស​កម្ពុជា ហើយ​បង្វែរ​ប្រទេស​កម្ពុជា​ទៅ​ជា​សហព័ន្ធ​ឥណ្ឌូចិន ។ ផ្ទុយ​ទៅ​វិញ នៅ​ដើម​ខែឧសភា កងកម្លាំង​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​វាយប្រហារ​កោះ​ចំនួន​ពីរ​ដែល​មាន​ជម្លោះ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​ក្នុង​ឈូង​សមុទ្រ​ថៃ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​របស់​វៀតណាម​មក​លើ​ដែន​កោះ​របស់​ប្រទេស​កម្ពុជា ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​រង្គោះរង្គើ​ទំនាក់ទំនង ។

សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ទើរតែ​មិន​មាន​កំណត់ត្រា​គាំទ្រ​ជន​កុម្មុយនិស្ត​កម្ពុជា ។ ប្រទេស​ចិន​បាន​គាំទ្រ​សម្ដេច​ព្រះ នរោត្តម សីហនុ ប្រឆាំង​ទៅ​នឹង​ក្រុម​ឧទ្ទាម​ខ្មែរក្រហម​អំឡុង​ទសវត្សរ៍​៦០ ហើយ​បាន​ប្រមូលផ្តុំ​ជន​បះបោរ​កម្ពុជា​បន្ទាប់​ពី លន់ នល់ ចូល​កាន់​អំណាច​ក្នុង​ឆ្នាំ​១៩៧០ ហើយ​បន្ត​ការ​ផ្សះផ្សា​ជាមួយនឹង​សហរដ្ឋអាមេរិក​ចន្លោះ​ពី​ឆ្នាំ​១៩៧១ និង ១៩៧២ ។ យ៉ាងណា​ក៏​ដោយ​ខ្មែរក្រហម​បាន​ទទួល​ស្គាល់​ទីក្រុង​ប៉េកាំង ពីព្រោះ​លទ្ធិ​ម៉ៅនិយម​ស្រប​ទៅ​នឹង​ការ​សិក្សា​អំពី​មនោគមវិជ្ជា​របស់​ខ្លួន ហើយ​ខ្មែរក្រហម​ទាំងនោះ មិន​បាន​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ​ដើម្បី​ក្រោក​ឈរ​ឡើង​ដោយ​ខ្លួនឯង​នោះ​ឡើយ ។ ប្រទេស​ចិន​បាន​អបអរ​សាទរ ប៉ុន្តែ​បាន​អះអាង​យ៉ាង​មុតមាំ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​សម្តេចព្រះ នរោត្តម សីហនុ ដែល​ជា​មិត្តភក្តិ​របស់​ប្រទេស​ចិន ដែល​កំពុង​គង់នៅ​ទីក្រុង​ប៉េកាំង​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ប្រឆាំង​នឹង​ព្រះ​អង្គ​មក ។

មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​តែងតាំង​សម្តេចព្រះ​នរោត្តម សីហនុ ជា​ប្រមុខរដ្ឋ​ធម្មតា នៅ​សម័យប្រជុំ​សភាជាតិ​ពិសេស​នៅ​ថ្ងៃ​ទី​២៥ ដល់ ២៧ ខែមេសា ប៉ុន្តែ​បាន​បញ្ជាក់​ថា​មេដឹកនាំ​ទាំងនោះ​នឹង​មិន​ក្លាយជា​តួអង្គ​ជំនួស​ឲ្យ​ជនបរទេស​ណា​មួយ​ឡើយ ៖

យុទ្ធសាស្ត្រ​យូរអង្វែង​របស់​ប្រទេស​កម្ពុជា​យើង​គឺ​ដើម្បី​បន្ត​គោលនយោបាយ​ឯករាជ្យ សន្តិភាព អព្យាក្រឹត និង​មិន​ចូលបក្ស​សម្ព័ន្ធ ។ ពិតប្រាកដ​ណាស់ ប្រជាជន​របស់​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ណា​មួយ​បង្កើត​មូលដ្ឋាន​យោធា​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជំទាស់​ដាច់ខាត​ទៅ​នឹង​ការ​ជ្រៀតជ្រែក​របស់​បរទេស​ក្នុង​កិច្ច​ការងារ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ។

ការ​ហាមឃាត់​មូលដ្ឋាន​បរទេស គឺជា​ការ​ព្រមាន​ដល់​ប្រទេស​វៀតណាម​ដែល​មាន​ទាហាន​ប្រហែល​ពីរ​ម៉ឺន​នាក់​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា ប៉ុន្តែ​ជា​ការ​ព្រមាន​ដល់​ការ​ជ្រៀតជ្រែក​ផ្ទៃក្នុង ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ចិន​ផង​ដែរ ។ ទីក្រុង​ប៉េកាំង​បាន​ឮ​សារ​មួយ​នេះ ។ អត្ថបទ​កាសែត ស៊ីនហ័រ ដែល​ចុះ​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា បាន​និយាយ​ដដែល​អំពី​ព័ត៌មាន​នោះ​ដោយ​ត្រង់ៗ​គ្មានលម្អៀង ហើយ​សេនាប្រមុខ​ចិន លោក យេ ចេននីយ៉ីង បាន​និយាយ​ថា ប្រទេស​ចិន​នឹង​គាំទ្រ​ដាច់ខាត​ដល់​ការ​តស៊ូ​របស់​ប្រជាជន​កម្ពុជា​ដើម្បី​ការពារ​ឯករាជ្យ​ជាតិ និង​អធិបតេយ្យភាព​ជាតិ​របស់​ប្រជាជន​កម្ពុជា ។ ខ្មែរក្រហម​បាន​ទទួល​ស្គាល់​តម្រូវការ​សម្រាប់​ជំនួយ​បរទេស ជា​ពិសេស​ពី​ប្រទេស​ចិន ។ នៅ​ថ្ងៃ​ទី​១៩ ខែមេសា ទន្ទឹម​ពេល​ដែល​ទាហាន​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុង​ភ្នំពេញ អៀង សារី បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ហើយ​បាន​ចរចា​ជាមួយ​ចិន​លើ​កិច្ចព្រមព្រៀង​ផ្ដល់​អាវុធ ១៣.៣០០​តោន ហើយ​ចែកចាយ​តាម​រយៈ​កំពង់ផែ​សមុទ្រ​កំពង់សោម ជា​ជាង​តាម​ផ្លូវគោក​កាត់​តាម​ប្រទេស​វៀតណាម ។ បួន​ថ្ងៃ​ក្រោយ​មក អៀង សារី បាន​ត្រលប់​មក​ដល់ទី​ក្រុងភ្នំពេញ ជាមួយ​នឹង​មន្ត្រី​ចិន និង​អ្នកជំនាញ​មួយ​ក្រុម ដោយ​មក​ជាមួយ​នូវ​ឧបករណ៍​ទំនាក់ទំនង និង​ឧបករណ៍​សំខាន់​ផ្សេង​ទៀត​សម្រាប់​បង្កើត​រដ្ឋាភិបាល​ថ្មី ។ នៅ​ដើម​ខែ​ឧសភា ប៉ុល ពត ត្រូវ​បាន​រាយការណ៍​ថា​បាន​ធ្វើ​ដំណើរ​ដោយ​សម្ងាត់​ទៅ​ទីក្រុង​ប៉េកាំង​ និង​បាន​ព្រមព្រៀង​លើ​ជំនួយ​សេដ្ឋកិច្ច​ ជំនួយ​ផ្នែក​បច្ចេកទេស និង​ការ​បណ្តុះបណ្តាល​ផ្នែក​យោធា​សម្រាប់​គាំទ្រ​ទស្សនៈ​ចិន​ស្ដីពី «ចក្កវាឡ​៣» និង​ការ​គាំទ្រ​ទីក្រុង​ប៉េកាំង​ប្រឆាំង​ទៅ​នឹង​ទីក្រុង​មូស្គូ ដែល​ជា​ការ​បញ្ជាក់​ខាង​ដើម​ថា ទំនាក់ទំនង​នោះ​នឹង​តម្រូវ​ឲ្យ​មាន​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។​

នៅ​ដើម​ខែ​ឧសភា ស្ថានទូត​ចិន​បាន​បើក​ឡើង​វិញ ប៉ុន្តែ​សក្ខីកម្ម​នៅ​តុលាការ​ខ្មែរក្រហម ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ដែល​ស្គាល់​ជា​ផ្លូវការ​ថា អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​បញ្ជាក់​ថា របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ចាត់​ទុក​ការ​មក​ដល់​របស់​គណៈប្រតិភូ​ចិន​ថា​ជា​រឿង​គួរ​ឲ្យ​សង្ស័យ ។ ក្នុង​ខែមិថុនា ឆ្នាំ​២០១២ អតីត​កម្មាភិបាល​ខ្មែរក្រហម ខឹម ងន បាន​ផ្ដល់​សក្ខីកម្ម​ថា ភ្លាមៗ​បន្ទាប់​ពី​ជ័យជម្នះ​របស់​ខ្មែរក្រហម គាត់ និង​កម្មាភិបាល​ប្រាំ​នាក់​បាន​ឈរជើង​នៅ​ស្ថានទូត​ចិន ហើយ​ត្រូវ​បាន​ចាត់តាំង​ឲ្យ​អមដំណើរ​ភ្ញៀវ ។ គាត់​បាន​ពន្យល់​ថា យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ទៅ​កាន់​ភ្ញៀវ​អំពី​រឿងនយោបាយ​ ហើយ​យើង​មិន​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​នោះ​ឡើយ ។ កម្មាភិបាល​ជា​ច្រើន​ត្រូវ​បាន​បង្រៀន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ស្គាល់​ខ្មាំង​ស៊ី​រូង​ផ្ទៃក្នុង និយាយ​បន្តិចបន្តួច​ទៅ​កាន់​មន្ត្រី​ចិន និង​រាយការណ៍​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ។ កំហុសឆ្គង​ណា​មួយ​នឹង​ត្រូវ​បញ្ជូន​ទៅ​សមរភូមិ​ក្រោយ​ ឬ​ត្រូវ​អប់រំ​ដែល​មាន​ន័យ​ថា ត្រូវ​ធ្វើ​ពលកម្ម​នៅ​តាម​វាលស្រែ​រយៈពេល​យូរ ប្រសិនបើ​កំហុស​នោះ​មិន​អាក្រក់​ហួសហេតុ​នោះ ។ សក្ខីកម្ម​របស់ ខឹម ងន ផ្ដល់​នូវ​ភាព​ដែល​អាច​ជឿជាក់​បាន​លើ​របាយការណ៍​របស់​មន្ត្រី​ចិន​ផ្សេង​ទៀត​ដែល​មាន​វត្តមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ការ​ទទួល​បាន​ព័ត៌មាន​ស្ដីពី​អំពើ​យង់ឃ្នង​មាន​ចំនួន​តិចតួច​បំផុត ហើយ​ការ​ទទួល​បាន​ព័ត៌មាន​ទាំងនោះ​ផ្អែក​លើ​ពាក្យ​ចចាមអារ៉ាម និង​របាយការណ៍​ដែល​ទទួល​បាន​មក​ពី​សម​ភាគី​កម្ពុជា ។

សញ្ញា​បញ្ហា

ថ្វីបើ​មាន​ការ​ដាក់​កំហិត​លើ​មន្ត្រី​ចិន វា​ច្បាស់​ដែល​ថា ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ត្រូវ​បាន​ធ្វើ​ឡើង ។ គណៈប្រតិភូ​ចិន​ដែល​មក​ដល់​បាន​យល់​ឃើញ​ថា ទីក្រុង​ភ្នំពេញ​ស្ទើរតែ​ជា​វាល​រហោឋាន​ ហើយ​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​កម្ទេច​រូបិយប័ណ្ណ​ដែល​ប្រទេស​ចិន​បាន​បោះពុម្ព​ឲ្យ ។ ឥរិយាបថ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​មាន​វិបត្តិ​ការទូត​នៅ​ពេល​ដែល​កងកម្លាំង​ប្រដាប់​អាវុធ​ខ្មែរក្រហម​បាន​រឹបអូស​យក​នាវា​ដឹក​ទំនិញ​ដែល​គ្មាន​បំពាក់​អាវុធ​ឈ្មោះ​ម៉ាយ៉ាហេ្គ​នៅ​ក្នុង​ដែនទឹក​អន្តរជាតិ​នា​ពាក់​កណ្តាល​ខែឧសភា ដែល​ជា​គ្រោះថ្នាក់​មួយ​ដែល​ជំរុញ​ឲ្យ​ប្រទេស​ចិន​ប្រយ័ត្នប្រយែង​ចំពោះ​ការ​ការពារ​សម្ព័ន្ធមិត្ត​ថ្មី​របស់​ខ្លួន និង​ការ​ជៀស​ផុត​ពី​ជម្លោះ​ជាមួយ​សហរដ្ឋអាមេរិក ។​

ជា​ជាង​ការ​ជំរុញ​ឲ្យ​ខ្មែរក្រហម​កែប្រែ​គោលនយោបាយ ចិន​បាន​ប្រញាប់​គាំទ្រ​សម្ព័ន្ធភាព​របស់​ខ្លួន ដោយ​បញ្ជូន​នាវា​យោធា​ទៅ​កំពង់សោម​ភ្លាម​បន្ទាប់​ពី​ឧប្បត្តិហេតុ​របស់​នាវា​ម៉ាយ៉ាហ្គេ ។ យោង​ទៅ​តាម​អតីត​កម្មាភិបាល​របប​កម្ពុជា​ប្រជាធិបតេយ្យ តេង លី ជំនួយ​ផ្នែក​សេដ្ឋកិច្ច​បាន​ចាប់​ផ្ដើម​ហូរ​ចូល​ស្រុក​ខ្មែរ ដូច​ជា ស្រូវ​អង្ករ ប្រេងសាំង និង​ផលិតផល​ដទៃ​ទៀត ។ នាវា​ចិន​ដែល​ផ្ទុកទំនិញ​ចាប់ពី​ពីរ​សែន​ទៅ​បួន​សែន​តោន បាន​ចាប់ផ្តើម​មក​ដល់​ជា​រៀង​រាល់​ខែ​ជាមួយនឹង​ជំនួយ ។ ការ​ដឹក​ជញ្ជូន​ដំបូង រួម​មាន អង្ករ និង​ទំនិញ ហើយ​ប្រទេស​ចិន​ត្រូវ​បាន​រាយការណ៍​ថា បាន​ចាប់ផ្តើម​ផ្គត់ផ្គង់​អាវុធ​ផង ។ មេដឹកនាំ​ចិន​បាន​មើល​ឃើញ​ការ​គាំទ្រ​ប្រទេស​កម្ពុជា ថា​ជា​របប​ដ៏​សំខាន់​ប្រឆាំង​ទៅ​នឹង​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​វៀតណាម​ដែល​ជា​អតីត​សម្ព័ន្ធមិត្ត ដែល​បាន​ងាក​ទៅ​រក​ទីក្រុង​មូស្គូ​អំឡុង​ពេល​សង្គ្រាម​នៅ​ឥណ្ឌូចិន​លើក​ទី​២ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​ហានិភ័យ​នៃ​អនុត្តរភាព​របស់​វៀតណាម​ក្នុង​ឥណ្ឌូចិន ។

ម៉ៅ សេទុង បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​គោលនយោបាយ​ខ្មែរក្រហម ។ នៅ​ក្នុង​អង្គប្រជុំ​ក្នុង​ទីក្រុង​ប៉េកាំង នៅ​ខែមិថុនា ម៉ៅ សេទុង បាន​ព្រមាន ប៉ុល ពត ថា «អ្នក​មិន​គួរ​ចម្លង​បទពិសោធន៍​ប្រទេស​ចិន ហើយ​គួរតែ​គិត​អំពី​ខ្លួនឯង» ។ យោង​ទៅ​តាម ម៉ាក្ស ទ្រឹស្ដី​របស់​ម៉ៅ សេទុង គឺជា​ការ​ចង្អុលបង្ហាញ​លើ​ចំណាត់ការ ប៉ុន្តែ​មិនមែន​ជា​លទ្ធិ​នោះ​ឡើយ ។ ប៉ុន្តែ គាត់​បាន​ភ្ជាប់​ការ​ទូន្មាន​ជាមួយនឹង​ការ​ស្ដីបន្ទោស​ដោយ​និយាយ​ថា «អ្នក​បាន​សម្រេច​ជោគជ័យ​លើ​អ្វី​ដែល​យើង​ទទួល​បរាជ័យ» ។ ម៉ៅ សេទុង បាន​សន្យា​ផ្ដល់​ជំនួយ​យោធា និង​សេដ្ឋកិច្ច​មាន​តម្លៃ​មួយ​ពាន់​លាន​ដុល្លារ រួម​មាន​ការ​ផ្ដល់​ជំនួយ​២០​លាន​ដុល្លារ​ភ្លាមៗ ដែល​ជា​កញ្ចប់​ជំនួយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ចិន ។

មាន​ការ​លើក​ឡើង​ស្រដៀង​គ្នា​នៅ​ខែសីហា នៅ​ពេល​ដែល​របាយការណ៍​អំពី​ការ​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ទ្វេ​ដង ។ ជូ អេនឡាយ បាន​ដាស់តឿន​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ខៀវ សំផន និង ​អៀង ធីរិទ្ធ ថា «អ្នក​ត្រូវ​តែ​ប្រយ័ត្នប្រយែង ពីព្រោះ​នៅ​លើ​កំណាត់​ផ្លូវ​ទៅ​រក​កុម្មុយនិស្ត​មាន​ជំហាន​គ្រោះថ្នាក់​ជា​ច្រើន ។ ប្រសិនបើ​អ្នក​មិន​បាន​គិត​លើ​វិធីសាស្ត្រ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ បន្ទាប់​មក​អ្នក​នឹង​នាំ​យក​មហន្តរាយ​ដល់​ប្រជាជន​កម្ពុជា ។ កុម្មុយនិស្ត​គួរតែ​ជា​កាដូ​ដែល​ពោរពេញ​ទៅ​ដោយ​ស្វ័យតភាព និង​សេរីភាព​ដែល​អ្នក​ឲ្យ​អ្នក​ដទៃ» ។

ការ​ព្រមាន​របស់ ជូ អេនឡាយ មិន​មុត​ស្រួច​នោះ​ឡើយ​ដោយសារ​ការ​ប្ដេជ្ញា​របស់​ចិន​ក្នុង​ការ​មិន​ជ្រៀតជ្រែក ប៉ុន្តែ​វា​មាន​ឥទ្ធិពល​តិចតួច​បំផុត ។ យោង​ទៅ​តាម​សម្តេចព្រះ នរោត្តម សីហនុ ដែល​បាន​ចូលរួម​អង្គប្រជុំ​នោះ ខៀវ សំផន និង អៀង ធីរិទ្ធ បាន​ឆ្លើយ​តប​ដោយ​ញញឹម ។ ម៉ៅ​សេទុង​ បាន​ព្រមាន​ ខៀវ សំផន និង អៀង ធីរិទ្ធ អំពី​គ្រោះថ្នាក់​នៃ​សង្គ្រាម​ផ្ទៃក្នុង​ដែល​ជា​ពាក្យ​សម្រាល​សម្រាប់​គោលនយោបាយ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​ការ​បន្ទាប​តម្លៃ​សម្តេចព្រះ នរោត្តម សីហនុ តាម​រយៈ​ការ​បណ្តេញ​អតីត​ទាហាន លន់ នល់ ដែល​បាន​ផ្តាច់ខ្លួន​មក​ចូលរួម​បដិវត្តន៍ ហើយ​បាន​សម្លាប់ ឬ​ចាប់​ដាក់គុក​កម្មាភិបាល​ដែល​គាំទ្រ​វៀតណាម ។ ណុត ជឹម ជំនួយការ​សារព័ត៌មាន​របស់​សម្តេចព្រះ នរោត្តម សីហនុ បាន​អះអាង​ថា ចិន​មាន​ការ​ព្រួយបារម្ភ ។ ចិន​បាន​និយាយ​ថា ខ្មែរក្រហម​ដើរ​លឿន​ពេក ខ្មែរក្រហម​មិន​បាន​គាំទ្រ​ចិន​ដែល​ជា​ជន​ប្រាកដនិយម​នៅ​ពេល​ដែល​ធ្វើ​បដិវត្តន៍​ឡើយ ។

ចិន​បាន​ធានា​នូវ​ការ​ធ្វើ​សម្បទាន​គោលនយោបាយ​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុន្តែ​ផ្ដោត​លើ​ការងារ​ការបរទេស ។ នៅ​ខែសីហា ខៀវ សំផន និង​តំណាង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ដែល​ឆ្លុះ​បញ្ចាំង​គោលនយោបាយ​អន្តរជាតិ​របស់​ប្រទេស​ចិន​ទាំងស្រុង ដែល​ជា​ការ​និយាយ​សំដៅ​ទៅ​រក​ការ​គាំទ្រ​របស់​ខ្មែរក្រហម​លើ​គោលការណ៍​មានិត​ចិន ។ ខ្មែរក្រហម​បាន​យល់​ស្រប​ក្នុង​ការ​ប្រើ​ចំណាត់ការ​គោលនយោបាយ​ការបរទេស​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​ឥទ្ធិពល​របស់​វៀតណាម​ ដូច​ជា​ការ​បន្ត​ការ​ផ្សះផ្សា​ជាមួយ​នឹង​ប្រទេស​ថៃ និង​ការ​បើក​គោលនយោបាយ​ទំនាក់ទំនង​ជាមួយនឹង​ទីក្រុង​វ៉ាស៊ីងតោន ។ សូម្បី​តែ​កិច្ច​ការងារ​បរទេស​មន្ត្រី​របប​កម្ពុជា​ប្រជាធិបតេយ្យ បន្ត​អះអាង​អំពី​ឯករាជ្យ ការ​ប្រកាន់​យក​គោលនយោបាយ​ប្រឆាំង​ជន​ចក្រពត្តិ ប៉ុន្តែ​បដិសេធ​មិន​ទទួល​ស្គាល់​ការ​ប្រកួតប្រជែង​ជាមួយនឹង​អំណាច​កុម្មុយនិស្ត ។​

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចិន​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដាក់​កំហិត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​មិន​បាន​ទទួល​ជោគជ័យ​ឡើយ ។ សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បញ្ចុះបញ្ចូល​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឲ្យ​អនុញ្ញាត​ឲ្យ​សម្តេចព្រះ នរោត្តម សីហនុ យាង​មក​ប្រទេស​កម្ពុជា​វិញ ដោយ​សង្ឃឹមថា ព្រះ​អង្គ​នឹង​មាន​ឥទ្ធិពល​កែប្រែ​បង្កើន​ភាព​ស្របច្បាប់​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​កម្រិត​អន្តរជាតិ និង​បង្កើន​ឥទ្ធិពល​របស់​ប្រទេស​ចិន លើ​ការ​កម្ទេច​ក្រុមគាំទ្រ​ទីក្រុង​ហាណូយ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ ដោយ​ត្រលប់​មក​វិញ​ក្នុង​ខែកញ្ញា សម្តេចព្រះ នរោត្តម សីហនុ បាន​បដិសេធ​ទៅ​នឹង​គោលនយោបាយ​ឃោរឃៅ​របស់​ខ្មែរក្រហម ប៉ុន្តែ​បាន​អះអាង​ថា «ខ្ញុំ​ត្រូវ​លះបង់​ខ្លួនឯង​ដើម្បី​ប្រទេស​ចិន និង​ឯកឧត្តម ជូ អេនឡាយ ដែល​បាន​ជួយ​ប្រទេស​កម្ពុជា និង​រូប​ខ្ញុំ​យ៉ាងច្រើន» ។ ការ​មក​ដល់​របស់​ព្រះ​អង្គ​បាន​ជះ​ឥទ្ធិពល​តិចតួច​ដោយសារ​ខ្មែរក្រហម​បាន​ឃុំឃាំង​ព្រះ​អង្គ​នៅ​ក្នុង​វាំង ហើយ​មិន​បាន​ផ្ដល់​តួនាទី​សំខាន់​ណា​មួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ឡើយ ។ ផ្ទុយ​ទៅ​វិញ អំណាច​នៅ​ក្នុង​គណៈ​អចិន្ត្រៃយ៍​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ថ្មី​បាន​ប្រគល់​ឲ្យ ប៉ុល ពត នួន ជា និង​អ្នក​ផ្សេង​ទៀត រួម​មាន ខៀវ សំផន អៀង សារី និង អៀង ធីរិទ្ធ ។

ដោយ​ប្រឈម​មុខ​ទៅ​នឹង​ការ​ប្រឆាំង​របស់​ខ្មែរក្រហម ប្រទេស​ចិន​បាន​បន្ត​បញ្ជូន​ជំនួយ ។ ភ្លាមៗ​បន្ទាប់​ពី​សេចក្តីថ្លែងការណ៍​រួម​នៅ​ខែសីហា ក្រុម​ជំនាញ​មក​ពី​ក្រសួង​ការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​មក​ប្រទេស​កម្ពុជា​ដើម្បី​ស្ទាបស្ទង់​អំពី​តម្រូវការ​ក្នុង​ការ​ការពារ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ ក្នុង​ខែតុលា អនុប្រធាន​បក្ស​ចិន លោក វាង សានរុង បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ហើយ​បាន​ប្រកាស​ផែនការ​ព្រាង​ស្ដីពី​ជំនួយ​ផ្នែក​យោធា ។ ពាណិជ្ជកម្ម​របស់​ចិន​បាន​កើនឡើង ហើយ​អតីត​មន្ត្រី​បប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ធ្វើការ​នៅ​ខេត្ត​កំពង់សោម​ប៉ាន​ស្មាន​ថា ច្រើន​ជាង​៨០​ភាគរយ​នៃ​ការ​នាំ​ចូល​ទំនិញ​មក​កាន់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ចិន​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ ១៩៧៦ ។ អតីត​កម្មាភិបាល​នៅ​ក្រសួងពាណិជ្ជកម្ម​របស់​កម្ពុជា​ប្រជាធិបតេយ្យ​បាន​រាយការណ៍​ថា របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បញ្ជូន​ទំនិញ​ជា​ស្រូវ​អង្ករ​ផលិតផល​ជា​គ្រាប់​ធញ្ញជាតិ និង​សម្ភារ​ដទៃ​ទៅ​ប្រទេស​ចិន​ជា​ថ្នូរ​ទៅ​នឹង​គ្រឿងចក្រ ។​

មក​ត្រឹម​ពេល​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​១៩៧៥ ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​ផ្លាស់​ប្តូរ​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នឹង​ទទួល​យក​ជំនួយ​របស់​ចិន និង​ការ​ចង្អុល​បង្ហាញ​ផ្នែក​បច្ចេកទេស ប៉ុន្តែ​បាន​ការពារ​សេរីភាព​គោលនយោបាយ​របស់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់ ។ ប្រទេស​ចិន​បាន​ជំរុញ​ឲ្យ​មាន​ការ​កែសម្រួល​ជំនួយ​ដែល​លើស​ចំនួន​ដល់​ខ្មែរក្រហម ប៉ុន្តែ​មិន​គំរាម​កាត់​បន្ថយ​ជំនួយ​នោះ​ឡើយ ។ លោក រូប៊ើត រ៉ូស លើក​ឡើង​ពី​ចំណាប់អារម្មណ៍​របស់​ប្រទេស​ចិន​លើ​ការ​ប្រៀប​ធៀប​កម្លាំង​របស់​ប្រទេស​កម្ពុជា​ទៅ​នឹង​សម្ព័ន្ធមិត្ត​សូវៀត​-​វៀតណាម​បាន​ធ្វើ​ឲ្យ​មាន​ការ​ទាស់ចិត្ត និង​ការ​ភ្ញាក់ផ្អើល​ដល់​ប្រទេស​ចិន​ចំពោះ​អំពើ​ឃោរឃៅ​ដែល​បាន​បង្ក​ឡើង​ដោយ​ខ្មែរក្រហម ។ ទង្វើ​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ថា អាទិភាព​ទីក្រុង​ប៉េកាំង គឺ​ត្រូវ​ការពារ​សម្ព័ន្ធមិត្ត ដែល​ជា​វិធីសាស្ត្រ​មួយ​កែប្រែ​ភាព​ទន់ខ្សោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឲ្យ​ទៅ​ជា​របប​មួយ​ដែល​មាន​ឥទ្ធិពល និង​ជា​វិធីសាស្ត្រ​មួយ​ដែល​លុប​បំបាត់​ចោលការ​មិន​ស្រប​របស់​ប្រទេស​ចិន ។

ការ​គ្រាំទ្រ​ដោយ​ឥត​លក្ខខណ្ឌ

នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៦ វាង សានរុង បាន​ត្រលប់​ទៅ​ទីក្រុង​ភ្នំពេញ ហើយ​បាន​សម្រេច​កិច្ចព្រមព្រៀង​ជំនួយ​យោធា ដែល​ប៉ុល ពត បាន​ចាប់ផ្តើម​ចរចារ​ជាមួយនឹង​លោក តេង ស៊ីវភីង កាលពី​ខែឧសភា ឆ្នាំ​១៩៧៥ ។ យោង​តាម​ឯកសារ​មួយ​ដែល​បាន​បង្ហាញ​នៅ​តុលាការ​ឆ្នាំ​១៩៧៩ លោក វាង បាន​ប្រាប់​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ សុន សេន ថា ចិន​គ្រោង​នឹង​ផ្ដល់​អ្នក​ប្រឹក្សា​ផ្នែក​យោធា​ចំនួន ៣២០​នាក់ សម្ភារ​ដើម្បី​តម្លើង​រ៉ាដា កាំភ្លើង​ធំ និង​អាកាស​យានដ្ឋាន​យោធា កប៉ាល់​អម​បួន និង​កប៉ាល់ចម្បាំង សម្ភារ​សម្រាប់​កង​នាវា​ធំ កាំភ្លើង​ធំ​សម្រាប់​កងវរសេនាធំ​ទៀត ។​ លោក​វាង​បាន​និយាយ​ដែរ​ថា ប្រទេស​ចិន​នឹង​ទទួល​ខុសត្រូវ​ចំពោះ​ការ​សាងសង់​មូលដ្ឋាន​នាវា អាកាសយានដ្ឋាន ឃ្លាំង​ផ្ទុក​គ្រាប់ និង​ការ​បង្កើន​សម្បទា​ជួសជុល​អាវុធ ។ ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ត្រូវ​ផ្ដល់​ដោយ​ឥត​លក្ខខណ្ឌ ៖

«វា​ស្រេច​លើ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សម្រេចចិត្ត​ថា​តើ​ជំនួយ​ផ្នែក​យោធា​របស់​ប្រទេស​ចិន និង​ការ​ផ្គត់ផ្គង់​ត្រូវធ្វើ​ឡើង និង​ប្រើប្រាស់​ដោយ​របៀប​ណា ។ ប្រទេស​ចិន​នឹង​មិន​ជ្រៀតជ្រែក មិន​ដាក់​លក្ខខណ្ឌ និង​មិន​ទាមទារ​សិទ្ធិ​ពិសេស​ណា​មួយ​ឡើយ» ។

ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១២ ដោយ​ផ្ដល់​សក្ខីកម្ម​នៅ​ពេល​ជំនុំជម្រះ​នៅ​ក្នុង​តុលាការ​ខ្មែរក្រហម អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា នួន ជា បាន​សង្កត់ធ្ងន់​លើ​ជំនួយ​ចិន​ដោយ​ឥត​លក្ខខណ្ឌ ។ ជនជាប់ចោទ នួន ជា បាន​និយាយ​ថា ប្រទេស​ចិន​បាន​ផ្ដល់​អាវុធ​ធុន​ស្រាល​ឲ្យ​យើង ប៉ុន្តែ​មិន​ដែល​លក់​អាវុធ​ឲ្យ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ឡើយ ។ គាត់​បាន​បន្ថែម​ថា «មិន​មាន​ជំនួយ​ផ្នែក​នយោបាយ​នោះ​ឡើយ មាន​តែ​ជំនួយ​ផ្នែក​បច្ចេកទេស​តែ​ប៉ុណ្ណោះ​ដែល​ផ្ដល់​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដូច​ជា ជួយ​ជួសជុល​ផ្លូវដែក ។ បើ​តាម​ខ្ញុំ​ដឹង ជំនួយ​មក​ពី​ចិន ដូច​ជា ជំនួយ​ផ្នែក​យោធា សម្លៀក​បំពាក់ ឬ​វាយនភ័ណ្ឌ​ត្រូវ​បាន​ផ្ដល់​ដោយ​ឥត​លក្ខខណ្ឌ» ។ ដូច្នេះ​ហើយ សក្ខីកម្ម​របស់ នួន ជា ដូច​ទៅ​នឹង​ការ​ប្រកាស​របស់​ប្រទេស​ចិន​ជា​ផ្លូវការ ទោះបីជា​ការ​លើក​ឡើង​ទាំង​ពីរ​អាច​ជា​ការ​បំផ្លើស ដែល​ជំនួយ​នោះ​គ្មាន​លក្ខខណ្ឌ ។

ជំនួយ​ដោយ​ឥត​លក្ខខណ្ឌ​មិន​បាន​ធ្វើ​ឲ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រួច​ពី​ការ​សង្ស័យ​នោះ​ឡើយ ។ ក្នុង​ឆ្នាំ​១៩៧៦ រដ្ឋធម្មនុញ្ញ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ថ្មី​បាន​លើក​ឡើង​ថា របប​កម្ពុជា​ប្រជាធិបតេយ្យ​នឹង​តស៊ូ​ប្រឆាំង​ទៅ​នឹង​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​ដទៃ​ក្នុង​កិច្ច​ការងារ​ផ្ទៃក្នុង​របស់​ខ្លួន​ រួម​មាន ការ​ធ្វើ​អន្តរាគមន៍​ផ្នែក​យោធា នយោបាយ វប្បធម៌ សេដ្ឋកិច្ច សង្គម ការទូត និង​មនុស្សធម៌ ។ ឡូរ៉ង់ ពិក ដែល​ជា​ប្រពន្ធ​សញ្ជាតិ​បារាំង​របស់​កម្មាភិបាល​ខ្មែរក្រហម​មួយ​រូប​បាន​ចង​ចាំ​ថា បន្ទាប់​ពី​ការ​ប្រកាស​ការ​ស្លាប់​របស់ ជូ អេនឡាយ តាម​វិទ្យុ​ក្រុងភ្នំពេញ​នៅ​ខែមករា ឆ្នាំ​១៩៧៦ កម្មាភិបាល​ខ្មែរក្រហម​បាន​ចេញ​សេចក្តី​ក្រើន​រឭកថា «យើង​ត្រូវ​តែ​ប្រយ័ត្នប្រយែង​នឹង​ប្រទេស​ចិន ពិតប្រាកដ​ណាស់​យើង​បាន​ជំពាក់​គុណ​ប្រទេស​ចិន​យ៉ាងច្រើន ហើយ​ប្រទេស​ចិន​គឺជា​ប្រទេស​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​ប្រទេស​នោះ​ចង់​កែប្រែ​យើង​ឲ្យ​ទៅ​ជា​ប្រទេស​រណប​របស់​ខ្លួន​ដែរ» ។​

តួនាទី​របស់​សម្តេចព្រះ នរោត្តម សីហនុ នៅ​តែ​ជា​បញ្ហា​នៃ​ភាព​តានតឹង ។ ព្រះ​អង្គ​បាន​ខឹងសម្បារ​ទៅ​នឹង​ការ​ដាក់​កំហិត​សេរីភាព​នេះ ។ របាយការណ៍​នៃ​អង្គប្រជុំ​គណៈ​អចិន្ត្រៃយ៍​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​នា​ពាក់កណ្តាល​ខែមីនា ឆ្នាំ​១៩៧៦ បាន​បង្ហាញ​ថា មេដឹកនាំ​ខ្មែរក្រហម​បាន​ខិតខំ​គ្រប់គ្រង​ហានិភ័យ ។ គណៈ​អចិន្ត្រៃយ៍​បាន​សន្និដ្ឋាន​ថា «ប្រសិនបើ​ព្រះ​អង្គ​លាលែង​ពី​តំណែង យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ចាក​ចេញ​ពី​ប្រទេស​ឡើយ ។ ការ​ចាកចេញ​របស់​ព្រះ​អង្គ​នឹង​បង្ក​ស្ថានភាព​ស្មុគស្មាញ​ដល់​ប្រទេស​ចិន» ហើយ​ក៏​បាន​សម្រេចចិត្ត​ថា​នឹង​ឃុំឃាំង​ព្រះ​អង្គ​នៅ​ក្នុង​វាំង ។ នោះ​គឺជា​អ្វី​ដែល​បាន​កើតឡើង ប៉ុន្តែ​ប្រទេស​ចិន​មិន​បាន​ជំទាស់​នោះ​ឡើយ ប្រហែលជា​ដោយសារ​ការ​ប្រឆាំង​ផ្ទៃក្នុង​របស់​ខ្លួន និង​ការ​ងើបឡើង​នៃ​ក្រុម​ពាល​ទាំង​បួន​នាក់​នៅ​ដើម​ខែមេសា​ផង ។

បដិវត្តន៍​ក្រុម​ពាល​ទាំង​បួន​នាក់ ដែល​បាន​បន្សុទ្ធ តេង ស៊ីវភីង ហើយ​បាន​ធ្វើ​ឲ្យ​មាន​ភាព​វឹកវរ​រយៈពេល​ប្រាំមួយ​ខែ​មុន​ពេល​ដែល ម៉ៅ សេទុង ស្លាប់​នៅ​ខែកញ្ញា ហើយ​ការ​ត្រលប់​មក​សា​ជា​ថ្មី​របស់​ តេង​ស៊ីវភីង ​នៅ​ខែតុលា​គឺ​កាន់តែ​ព្រម​ទទួល​យក​គោលនយោបាយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ ក្រុម​ពាល​ទាំង​បួន​នាក់​បាន​ប្រកាន់​យក​មាគ៌ា​តឹងតែង​ចំពោះ​ប្រទេស​វៀតណាម ដោយ​ទាមទារ​ថា លេខា​បក្ស ឡេ យន់ គួរតែ​ប្រកាស «ការ​ធ្វើ​អនុត្តរភាព» របស់​សូវៀត ដែល​ធ្វើ​ឲ្យ​ក្រុង​ហាណូយ​មាន​ទំនោរ​ទៅ​រក​ក្រុង​មូស្គូ ហើយ​បង្កើន​ការ​ពឹងផ្អែក​របស់​ប្រទេស​ចិន​លើ​ប្រទេស​កម្ពុជា ។ នៅ​ខែឧសភា ថ្វីបើ​មាន​ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​កើនឡើង​ក្រុមគាំទ្រ​ក្រុង​ហាណូយ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចិន​បាន​យល់​ស្រប​សាងសង់​រោងចក្រ​ផលិត​អាវុធ​ថ្មី​មួយ​ដ៏​សម្ងាត់​ក្បែរ​ក្រុង​ភ្នំពេញ ។ នៅ​ខែមិថុនា របាយការណ៍​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ជូន​ចំពោះ​មេដឹកនាំ​យោធា បាន​រាយការណ៍​អំពី​ការ​សន្យា​របស់​មន្ត្រី​ស្ថានទូត​ចិន​ដែល​ថា ប្រទេស​ចិន​នឹង​ដឹក​ជញ្ជូន​សម្ភារ​យោធា​ប្រហែល ១.០០០​តោន ទៅ​ខេត្ត​កំពង់សោម​នៅ​ចុង​ខែ​មិថុនា ឬ​ដើម​ខែ​កក្កដា រួម​មាន​រថក្រោះ​ម្ភៃ​គ្រឿង រថពាសដែក​ខ្នាត​តូច​ដប់​គ្រឿង រថយន្ត​យោធា គ្រាប់កាំភ្លើង​រាប់​សែន ឧបករណ៍​បញ្ជូន​ព័ត៌មាន ឧបករណ៍​សាងសង់ និង​ឧបករណ៍​ដទៃ​ទៀត ។

មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​បន្ត​ស្វាគមន៍​ជំនួយ​របស់​ប្រទេស​ចិន ប៉ុន្តែ​បន្ត​ភ័យ​ខ្លាច​ចំពោះ​ការ​ពឹងផ្អែក​លើ​ប្រទេស​ចិន ។ នៅ​ក្នុង​កិច្ចប្រជុំ​បក្ស​នៅ​ខែមិថុនា ឆ្នាំ​១៩៧៦ មន្ត្រីជាន់ខ្ពស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​បាន​និយាយ​ថា «ប្រសិនបើ​យើង​រឹង​មាំ និង​មិន​ឆ្ពោះទៅ​មុខ​លឿន​នោះ​ទេ សត្រូវ​ខាងក្រៅ​នឹង​រង់ចាំ​កម្ទេច​យើង ។ ប្រទេស​ទាំងអស់​ចង់បាន​ប្រទេស​តូច​ធ្វើ​ជា​អ្នកបម្រើ​របស់​ខ្លួន» ។ នៅ​ខែកក្កដា មេដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា​បាន​អនុម័ត​ផែនការ​បួន​ឆ្នាំ​ដើម្បី​ចង្អុល​បង្ហាញ​ពី​គោលនយោបាយ​ជាតិ ហើយ​បាន​បញ្ជាក់​អំពី​តម្រូវការ​ដល់​មិត្ត​បរទេស​ដើម្បី​ជួយ និង​គាំទ្រ​ខ្លួន​ប៉ុន្តែ​បាន​បន្ថែម​ថា ៖

«នេះ​គឺជា​ជំនួយ​របស់​ប្រទេស​ចិន​មួយ​ចំនួន ប៉ុន្តែ​មិន​មាន​អ្វី​ច្រើន​នោះ​ឡើយ​បើ​ប្រៀបធៀប​ប្រទេស​ដទៃ ។ នេះ​គឺជា​គោលនយោបាយ​របស់​បក្ស​យើង ។ ប្រសិនបើ​យើង​ស្នើ​សុំ​ជំនួយ ពិតប្រាកដ​ណាស់​យើង​នឹង​ទទួល​បាន​មួយ​ចំនួន ប៉ុន្តែ​ប្រការ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មាគ៌ា​គោលនយោបាយ​របស់​យើង ។ វា​មិន​ងាយ​ក្នុង​ការ​ស្នើ​សុំ​ប្រជាជន​រុស្សី​នោះ​ឡើយ ។ ប្រទេស​វៀតណាម​នឹង​ស្នើ​សុំ​ប្រជាជន​រុស្សី ។ យើង​មិន​ធ្វើ​តាម​វៀតណាម​ឡើយ ។ ប្រសិនបើ​យើង​ស្នើ​សុំ​ជំនួយ​តិចតួច​ឬ​ច្រើន​ពី​សូវៀត នោះ​នឹង​មាន​លក្ខខណ្ឌ​នយោបាយ​ណា​មួយ​មក​លើ​យើង​ជា​មិន​ខាន​ដោយ​ជៀស​មិន​ផុត​ឡើយ» ។

សូម្បី​តែ​នៅ​ក្នុងអំឡុងពេល​ការ​បង្អត់អាហារ​ទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ​១៩៧៧ របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ពន្យល់​អំពី​ការ​ស្ទាក់ស្ទើរ​របស់​ខ្លួន​ដើម្បី​ទទួលយក​ជំនួយ​ស្បៀងអាហារ​បរទេស​ដូច​ខាងក្រោម ៖

«អង្គការ​មិន​ចង់​ឮ​អ្វីមួយ​អំពី​ជំនួយ​បរទេស ដោយសារ​គោលការណ៍​មូលដ្ឋាន​របស់​យើង​គឺជា​អ្នក​កំណត់​ជោគវាសនា​របស់​យើង ហើយ​ត្រូវ​ផ្អែក​លើ​ភាព​ខ្លាំង និង​ធនធាន​របស់​យើង​ឡើយ ។ ប្រសិនបើ​យើង​រំដោះប្រទេស​យើង ហើយ​តើ​ហេតុ​អ្វី​បាន​ជា​យើង​បាត់បង់​ឯករាជ្យ និង​សេចក្តី​ថ្លៃថ្នូរ ? ពិតប្រាកដ​ណាស់ ប្រទេស​យើង​មិន​មាន​ឯករាជ្យ​អស់​ពេល​ជា​ច្រើន​សតវត្សរ៍​រួច​ហើយ ដោយសារ​យើង​ស៊ាំ​ទៅ​នឹង​ការ​ពឹងផ្អែក​លើ​អ្នក​ដទៃ ។ យើង​ត្រូវ​តែ​ដឹង​ថា​បរទេស​មិន​ដែល​ផ្ដល់​អ្វីមួយ​ដោយ​ឥត​ប្រយោជន៍​នោះ​ទេ ។ ប្រសិនបើ​យើង​មាន​ឯករាជ្យ យើង​នឹង​មិន​ចរចា​សេរីភាព​របស់​យើង​ជាមួយនឹង​ជំនួយ​នោះ​ឡើយ» ។

ពេល​ខ្លះ មន្ត្រី​ចិន​បាន​ខកចិត្ត​ដោយសារ​ការ​បដិសេធ​របស់​ខ្មែរក្រហម​មិន​ទទួលយក​ជំនួយ និង​ដំបូន្មាន ។ នៅ​ពេល​ដែល​មន្ត្រី​ចិន លោក ហ្វាង យ៉ី ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​នៅ​ខែធ្នូ ឆ្នាំ​១៩៧៦ គាត់​បាន​អះអាង​ថា ខ្មែរក្រហម​បាន​លើក​ស្ទួយ​ហួសហេតុ​លើ​ការ​ពឹង​ផ្អែក​លើ​ខ្លួនឯង ដោយ​កត់​សម្គាល់ថា របប​កម្ពុជា​ប្រជាធិបតេយ្យ​មិន​បាន​ប្រើប្រាស់​ជំនួយ​ស្បៀង​ដែល​មាន​តម្លៃ​ ២០​លាន​ដុល្លារ ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្ដល់​ឲ្យ​នៅ​ឆ្នាំ​១៩៧៥ នោះ​ឡើយ ។ មន្ត្រី​ចិន​បាន​ជឿ​ថា ខ្មែរក្រហម​បាន​អនុវត្ត​គោលនយោបាយ​កសិកម្ម និង​ការ​ពឹង​ផ្អែកលើ​ខ្លួនឯង​ហួសហេតុ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ជា​ទូទៅ ចិន​បាន​ដើរតួ​នាទី​តាម​រយៈ​ការ​គ្រប់គ្រង​ដោយ​មិន​ជ្រៀត​ជ្រែក ដោយសារ​បទពិសោធន៍​នៃ​ការ​រងគ្រោះ​របស់​ខ្លួន ។ សូភី រីឆាតសាន់ លើក​ឡើងជា​ហេតុ​ផល​ថា គោលការណ៍​សហសន្តិវិជ្ជមាន​ទាំង​ប្រាំ​យ៉ាង​របស់​ប្រទេស​ចិន​ដែល​កត់​សម្គាល់​លើ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ការ​មិន​ជ្រៀតជ្រែក បាន​ធ្វើ​ទីក្រុង​ប៉េកាំង​ប្រព្រឹត្ត​ដាក់​របប​ថ្មី​ដូច​ទៅ​នឹង​របប​ដទៃ​ទៀត ហើយ​បាន​ជាន់ឈ្លី សូម្បី​តែ​បន្ទាប់​ពី​ការ​ស្តែង​ឲ្យ​ឃើញ​នូវ​អំពើ​យង់ឃ្នង និង​ការ​គ្រប់គ្រង​មិន​បាន​ល្អ​លើ​ចំណូល​ដុល ។ ការ​ប្រកាន់​យក​បទដ្ឋាន​នេះ គឺជា​បញ្ហា​មួយ​ដែល​ហួស​ពី​គោលការណ៍ ។ ការ​ប្រកាន់​យក​បទដ្ឋាន​នេះ​បាន​ជួយ​ប្រទេស​ចិន​កសាង​ឥទ្ធិពល​ក្នុង​ការ​កសាង​ប្រទេស​ដែល​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ជា​វិធីសាស្ត្រ​មួយ​បន្ត​ផ្ដល់​ផលប្រយោជន៍​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​ពេល​សព្វថ្ងៃ ។

ឥទ្ធិពល​របស់​ចិន​នៅ​តាម​មូលដ្ឋាន

របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​រក្សា​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន​លើ​ការ​សហការ​ផ្នែក​បច្ចេកទេស ទោះបីជា​បក្ស​កុម្មុយនិស្ត​របស់​រដ្ឋ​ទាំង​ពីរ ជា​រឿយៗ​បាន​សង្កត់ធ្ងន់​លើ​សុន្ទរកថា និង​ព្រឹត្តិបត្រ​ព័ត៌មាន​ស្ដីពី​មនោគមវិជ្ជា​ក៏​ដោយ ។ ការ​នាំ​ឥទ្ធិពល​របស់​ចិន​ចូល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​គឺ​តាម​រយៈ​យោធា​ក្នុង​កម្រិត​មូលដ្ឋាន​អ្នកបច្ចេកទេស ផ្នែក​សេដ្ឋកិច្ច​ឧស្សាហកម្ម និង​ទីប្រឹក្សា​ដែល​មាន​នៅ​ពាសពេញ​ប្រទេស​កម្ពុជា ។

ក្នុង​ឆ្នាំ​១៩៧៥ ព្រលាន​យន្តហោះ​យោធា​នៅ​ខេត្តកំពង់ឆ្នាំង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សាងសង់ ។ នៅ​ខែមិថុនា ឆ្នាំ​១៩៧៦ មន្ត្រី​ចិន​បាន​ធ្វើ​ដំណើរ​ពី​ក្រុងភ្នំពេញ​ទៅ​ខេត្តកំពង់ឆ្នាំង​ដើម្បី​ពិនិត្យ​មើល​ការ​ធ្វើតេស្ត​ហោះហើរ ។ របាយការណ៍​យោធា​ខ្មែរក្រហម​បង្ហាញ​ថា នៅ​ខែសីហា ឆ្នាំ​១៩៧៦ អ្នក​ប្រឹក្សា​បច្ចេកទេស​មក​ពី​រដ្ឋាភិបាល​ចិន បាន​ផ្ដល់​ការ​ប្រឹក្សា​យោបល់ និង​ការ​បណ្តុះបណ្តាល​ដល់​កម្មាភិបាល​បក្ស​កុម្មុយនិស្ត​កម្ពុជា​ស្ដីពី​របៀប​សាងសង់​ព្រលាន​យន្តហោះ ។ មនុស្ស​ប្រហែល​មួយ​ម៉ឺន​នាក់​ត្រូវ​បាន​ជឿ​ថា​បាន​ធ្វើ​ការងារ​ដោយ​កម្លាំង​ពលកម្ម​នៅ​តំបន់​នោះ ហើយ​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ។ ព្រលាន​យន្តហោះ​ដែល​មិន​ទាន់​សាងសង់​រួច​នោះ គឺជា​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ឧក្រិដ្ឋកម្ម​ដែល​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ។

នៅ​ឆ្នាំ​២០១១ អតីត​យោធា​ខ្មែរក្រហម​ម្នាក់​បាន​និយាយ​ថា យោធា​ដែល​មិន​ពេញចិត្ត​ទៅ​នឹង​បដិវត្តន៍ ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​មុន​ពេល​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ព្រលាន​យន្តហោះ ។ អតីត​យោធា​ខ្មែរក្រហម​រូប​នេះ​បាន​បន្ថែម​ទៀត​ថា មិន​មាន​ឯកសារ​ដែល​និយាយ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់បាន​ស្លាប់ ប៉ុន្តែ​ខ្មែរក្រហម​គឺជា​មនុស្ស​ឃោរឃៅ ហើយ​នាំ​យោធា​មក​ទី​នេះ​ដើម្បី​ធ្វើ​ការងារ​ហើយ​សម្លាប់​ចោល ។ ខ្មែរក្រហម​បាន​ចាប់ចង​ជន​រង​គ្រោះ​ទាំងអស់​គ្នា ហើយ​បន្ទាប់​មក​ដឹក​តាម​រថយន្ត ។ អតីត​យោធា​ម្នាក់​ទៀត​នៅ​កងពលធំ​លេខ​៣១០ ឡេង គីម រាយការណ៍​ថា អ្នកបច្ចេកទេស​ និង​អ្នក​ប្រឹក្សា​ចិន​រាប់រយ​នាក់​បាន​មក​ជួយ​កសាង​ព្រលាន​យន្តហោះ និង​រៀបចំ​យោធា​ផ្សេងៗ ។ មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ទេ​ថា អ្នកបច្ចេកទេស​ជនជាតិ​ចិន និង​អ្នក​ប្រឹក្សា​យោបល់​បានឃើញ​ការ​កាប់សម្លាប់​ដោយ​ផ្ទាល់ ។

ចិន​បាន​ចូលរួម​ចំណែក​ដល់​ការ​កសាង​កំពង់ផែ​ខេត្ត​កំពង់សោម​ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ជា​តំបន់​ដ៏​សំខាន់​សម្រាប់​ការ​ធ្វើ​ជំនួញ​ទ្វេភាគី និង​ការ​សហការ​ផ្នែក​យោធា ។ ក្នុង​របាយការណ៍​ខែសីហា ឆ្នាំ​១៩៧៦ ប៉ុល ពត បាន​ផ្ដល់​ដំបូន្មាន​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ដើម្បី​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ដល់​អ្នកបច្ចេកទេស​ជនជាតិ​ចិន​លើ​ការងារ​ប្រចាំ​ថ្ងៃ ដូច​ជា ប្រភេទ​ប្រេងសាំង​ដែល​ប្រើ​សម្រាប់​ទូក​ល្បាត​ធម្មតា ដែល​រឹបអូស​បាន​នៅ​ក្នុង​សង្គ្រាម ។ របាយការណ៍​ពី​ខែកញ្ញា ឆ្នាំ​១៩៧៦ បង្ហាញ​ថា អ្នក​ប្រឹក្សា​យោបល់​ចិន​បាន​បណ្ដុះបណ្ដាល​ខ្មែរក្រហម​ស្ដីពី​របៀប​ប្រើ​កាំភ្លើង​ប្រឆាំង​រថក្រោះ និង​យន្តហោះ របៀប​រក្សា​កាំភ្លើង​ធំ និង​សម្ភារ​យោធា និង​រថយន្ត ។ ប្រទេស​ចិន​បាន​ផ្គត់ផ្គង់​គ្រឿងបន្លាស់​សម្រាប់​កប៉ាល់​ចម្បាំង​តូច​ដែល​មាន​ទីតាំង​នៅ​កំពង់សោម ។ ក្នុង​ឆ្នាំ​១៩៧៧ យោធា​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ខេត្ត​កំពង់សោម​ត្រូវ​បាន​បណ្តុះបណ្តាល​ដោយ​អ្នក​ប្រឹក្សា​យោធា​ជនជាតិ​ចិន ហើយ​បាន​សិក្សា​អំពី​របៀប​ប្រើ​នាវា​ចិន​ដែល​បាន​បញ្ជូន​ទៅ​ឲ្យ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ ក្នុង​ឆ្នាំ​១៩៧៨ អ្នក​ប្រឹក្សា​យោបល់​ចិន​បាន​ចាត់ចែង​កម្ពុជា​ឲ្យ​កសាង​កំពង់​ផែ​ថ្មី ។ ទូក​ជា​ច្រើន​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដោយ​មាន​សម្ភារ​យោធា​ រួម​មាន រថក្រោះ កាំភ្លើង​ធំ និង​កាំភ្លើង​តូច ។ យោង​ទៅ​តាម​អតីត​យោធា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​យ៉ាង​ហោច​ណាស់​កម្មករ​ចិន ១០០​នាក់ បាន​ឈរជើង​នៅ​កំពង់ផែ ។

អ្នក​ប្រឹក្សា​ចិន​ត្រូវ​បាន​បញ្ជូន​ទៅ​តាម​អង្គភាព​យោធា​ទាំងអស់ ។ មៃ អឿន ដែល​ជា​អតីត​មេបញ្ជាការ​កងវរសេនាតូច​នៅ​ក្នុង​កងវរសេនាធំ​លេខ​២៧០​នៅ​ក្នុង​ខេត្តតាកែវ​បាន​ពន្យល់​ថា គាត់​និង​ទាហាន​របស់​គាត់​ត្រូវ​បាន​បណ្តុះបណ្តាល និង​ណែនាំ​ដោយ​អ្នក​ប្រឹក្សា​ចិន​ប្រហែល​ម្ភៃ​នាក់ ចន្លោះ​ឆ្នាំ​១៩៧៦-១៩៧៨ ។ អ្នកបច្ចេកទេស​ចិន​បាន​ផ្ដល់​ការ​ណែនាំ​ដល់​ការ​ប្រើប្រាស់​អាវុធ ហើយ​ពេទ្យ​ទាហាន​ចិន​បាន​ជួយ​យោធា​ខ្មែរក្រហម​ដែល​រង​គ្រោះ ។ ទោះបីជា​ទីប្រឹក្សា​ចិន​នៅ​តែ​ឈរជើង​នៅ​តាម​មូលដ្ឋាន ហើយ​មិន​ត្រូវ​បាន​បញ្ជា​ឲ្យ​មាន​ការ​អនុវត្ត​គោលនយោបាយ​នៅ​តាម​មូលដ្ឋាន​ក៏​ដោយ ក៏​យោធា​ខ្មែរក្រហម​ជា​ច្រើន​ចង​ចាំ​ថា «យើង​មាន​កាតព្វកិច្ច​ស្តាប់​ទីប្រឹក្សា ។ ទីប្រឹក្សា​គឺជា​មន្ត្រី​ដែល​មាន​ឋានៈ​ខ្ពស់ ហើយ​បាន​មក​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​យើង» ។ មៃ អឿន បាន​បន្ថែម​ថា កម្មាភិបាល​យោធា​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​តែងតែ​អនុវត្ត​តាម​ដំបូន្មាន​របស់​ទីប្រឹក្សា ទន ទឹម ពេល​ដែល​អតីត​កម្មាភិបាល​រូប​នេះ​អះអាង​ថា អ្នក​ប្រឹក្សា​យោបល់​ចិន​មិន​ដែល​ផ្ដល់​យោបល់​ដល់​យោធា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​ការ​វាយប្រហារ​ទេ ។ មិន​មាន​ភ័ស្តុតាង​ណា​មួយ​ជំរុញ​ឲ្យ​មាន​ការ​ដាក់​កំហិត​ដោយ​សំអាង​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ឬ​សិទ្ធិ​មនុស្ស​នោះ​ឡើយ ។ ប៊ែន ឃៀរនិន បាន​បង្ហាញ​ភ័ស្តុតាង​ដែល​អ្នក​ប្រឹក្សា​យោបល់​បច្ចេកទេស​ចិន​បាន​ចូលរួម​ណែនាំ​ឲ្យ​មាន​ការ​ប្រើប្រាស់​កម្លាំងយោធា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​តាម​ព្រំដែន ។

វិធីសាស្ត្រ​ផ្សេង​ទៀត​នៃ​ការ​ផ្គត់ផ្គង់​ផ្នែក​យោធា​ក៏​ត្រូវ​បាន​បង្ហាញ​ក្នុង​ឯកសារ​របស់​ខ្មែរក្រហម​ដែរ ។ អ្នក​ប្រឹក្សា​បច្ចេកទេស​ចិន​បាន​ជួយ​កសាង​រោងចក្រ​ដែល​ផ្គត់ផ្គង់​សម្ភារ​យោធា ព្រលាន​យន្តហោះ និង​កំពង់ផែ​យោធា ។ វា​មិន​ច្បាស់​សោះ​ដែល​ថា​ចិន​បាន​រួមចំណែក​ដល់​ការ​បង្កើត​ឧបករណ៍​សម្រាប់​ការពារ​សន្តិសុខ​ផ្ទៃក្នុង​របស់​ខ្មែរក្រហម ។ ដេវីដ ឆេនដល័រ បាន​លើក​ឡើងជា​យោបល់​ថា មន្ទីរឃុំឃាំង និង​ជំរំ​លត់​ដំ​របស់​ចិន ទំនងជា​គំរូ​សម្រាប់​ប្រទេស​កម្ពុជា​ហើយ ស្ទីវ​ ហេដ័រ បាន​និយាយ​ថា មាន​ភ័ស្តុតាង​មួយ​ចំនួន​ស្ដីពី​ការ​បណ្តុះបណ្តាល​ផ្នែក​យោធា​របស់​ចិន​ដល់​ខ្មែរក្រហម​ដែល​ធ្វើការ​នៅ​គុក​ទួលស្លែង ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ភ័ស្តុតាង​ដែល​ភ្ជាប់​ប្រទេស​ចិន​ទៅ​នឹង​ការ​គ្រប់គ្រង​សន្តិសុខ​ផ្ទៃក្នុង មិនមែន​ជា​ភ័ស្តុតាង​ដោយ​ផ្ទាល់​នោះ​ឡើយ ហើយ​មិន​មាន​ភ័ស្តុតាង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​ការ​ជំនុំ​ជម្រះក្តី ឌុច ដែល​ជា​ប្រធាន​គុក​ទួលស្លែង​ដែរ ។ ពិតប្រាកដ​ណាស់ សេចក្តីសម្រេច​ប្រឆាំង​នឹង ឌុច បាន​កត់​សម្គាល់​ថា ជនជាតិ​ចិន​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នកទោស​ដែល​បាន​ស្លាប់​ឬ​ត្រូវ​បាន​សម្លាប់​នៅ​ទួលស្លែង​ដែរ ។ មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បែងចែក​រវាង​តម្រូវការ​ជំនួយ​របស់​ចិន​ក្នុង​ការ​តស៊ូ​ប្រឆាំង​ទៅ​នឹង​សត្រូវ​ស៊ី​រូង​ផ្ទៃក្នុង និង​សត្រូវ​ខាងក្រៅ ដែល​ជា​សញ្ញា​មួយ​ក្នុង​ការ​ភ័យ​ខ្លាច​ឥទ្ធិពល​បរទេស ។ នៅ​ខែមីនា ឆ្នាំ​១៩៧៦ គណៈ​មជ្ឈិម​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​សម្រេច​ថា ខ្លួន​ត្រូវការ​ជំនួយ​ផ្នែក​យោធា​របស់​ចិន​ដើម្បី​ការពារ​រដ្ឋ​ប្រឆាំង​ទៅ​នឹង​វៀតណាម ប៉ុន្តែ​សម្រាប់​សន្តិសុខ​ផ្ទៃក្នុង ក្នុង​រង្វង់​ប្រទេស​កម្ពុជា យើង​អាច​សម្រេច​ផែនការ​នេះ​បាន ។

អ្នក​ប្រឹក្សា​យោបល់​ចិន​បាន​ចូលរួម​ការ​រៀបចំ​រោងចក្រ និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជុំវិញ​ប្រទេស​កម្ពុជា ។ ក្នុង​ឆ្នាំ​១៩៧៦ បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ស្ថានទូត​ចិន បាន​ពិភាក្សា​អំពី​សហប្រតិបត្តិការ​លើ​ការ​សាងសង់​ព្រលាន​យន្តហោះ និង​កំពង់​ផែ​យោធា និង​រោងចក្រ​៤០​កន្លែង រួម​មាន រោងចក្រ​ផលិត​សម្ភារ​យោធា ឧស្សាហកម្ម និង​រោងចក្រ​ដទៃ​ទៀត ។ បក្ស​កុម្មុយនិស្ត​កម្ពុជា​បាន​ស្នើ​សុំ​ជំនួយ​បច្ចេកទេស​ពី​ចិន​ដើម្បី​ផ្គត់ផ្គង់​រោងចក្រ​ផលិត​អាវុធ រោងចក្រ​ផលិត​គ្រាប់ តំបន់​ផលិត​ដែក ឃ្លាំង​អាវុធ​អាកាសយានដ្ឋាន កំពង់ផែ រោងចក្រ​ផលិត​ក្រដាស និង​រោងចក្រ​ផលិត​ជ័រកៅស៊ូ ។

ដូច​គ្នា​នេះ ចិន​បាន​ផ្ដល់​ការ​ចង្អុលបង្ហាញ​ផ្នែក​បច្ចេកទេស​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ។ ក្នុង​ឆ្នាំ​២០១២ អតីត​អនុប្រធាន​គ្រប់គ្រង​ធនាគារ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ផ្ដល់​សក្ខីកម្ម​នៅ​សាលាក្ដី​ខ្មែរក្រហម​ដោយ​បរិយាយ​ពី​របៀប​ដែល​ចិន​បាន​ជួយ​ផ្ដល់​មូលនិធិ បង្កើត​ធនាគារ និង​បណ្ដុះបណ្ដាល​កម្មាភិបាល​ខ្មែរ​ឲ្យ​សម្របសម្រួល​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម ។ រីឯ​ផលិតផល​នៅ​រោងចក្រ កម្ពុជា​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ប្រទេស​ចិន​ជា​ថ្នូរ​ទៅ​នឹង​គ្រឿងចក្រ និង​ការ​នាំ​ចូល​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មក​កាន់​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ មាន​ការ​បញ្ជាក់​មួយ​ចំនួន​ដែល​កម្មាភិបាល​ខ្មែរក្រហម​បាន​ទប់​ស្កាត់​ការ​ព្រួយបារម្ភ​អំពី​ការ​ពឹងផ្អែក​លើ​សេដ្ឋកិច្ច ។ ឧទាហរណ៍ នៅ​ពេល​ដែល​កម្មាភិបាល​បក្ស​កុម្មុយនិស្ត​កម្ពុជា​ពិភាក្សា​អំពី​ការ​សាងសង់​រោងចក្រ កម្មាភិបាល​ទាំងនោះ​បាន​លើក​ឡើង​ថា ប្រជាជន​កម្ពុជា​អាច​សម្រេច​គម្រោង​ហួស​ពី​ការ​ព្យាករណ៍ និង​ការ​ប៉ាន់​ស្មាន ។ ខ្មែរក្រហម​បាន​ស្នើ​ថា​ការងារ​ជា​បន្តបន្ទាប់ គួរតែ​ទុក​ឲ្យ​ខាង​កម្ពុជា​ទទួល​ខុសត្រូវ ហើយ​បាន​បន្ថែម​ថា «សម្រាប់​សម្ភារ​ដែល​ត្រូវ​ដឹក​ជញ្ជូន​ពី​ប្រទេស​ចិន​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​បញ្ជូន​សម្ភារ​ទាំងនោះ​ទៅ​ប្រទេស​កម្ពុជា» ។ កិច្ចព្រមព្រៀង​នោះ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ចង់បាន​ជំនួយ និង​ដំបូន្មាន​ពី​ចិន​ប៉ុន្តែ​បន្ត​ឲ្យ​តម្លៃ​ដល់​ស្វ័យតភាព ។

ក្រៅពី​ការ​ផ្ដល់​ប្រឹក្សា​យោបល់​ដល់​ធនាគារ និង​ហិរញ្ញវត្ថុ​អ្នក​ប្រឹក្សា​យោបល់​ចិន បាន​ធ្វើការ​នៅ​តាម​ការដ្ឋាន ។ ឧទាហរណ៍ អ្នក​ប្រឹក្សា​យោបល់​ជនជាតិ​ចិន​ជា​ច្រើន​ត្រូវ​បាន​រាយការណ៍​ថា​បាន​ទៅ​មើល​គម្រោង​សាងសង់​ប្រឡាយ និង​ទំនប់​អាង​ត្រពាំងថ្ម​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា ជាទី​ដែល​ពលករ​បាន​ស្លាប់ ជួនកាល​ត្រូវ​ក្រុម​កងចល័ត​សម្លាប់ ។ អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា អ្នក​ប្រឹក្សា​យោបល់​ចិន​បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​រោងចក្រ​ផលិត​ជ័រកៅស៊ូ​នៅ​ខេត្តកំពង់ចាម ហើយ​ជនជាតិ​ចិន​ជា​ច្រើន​បាន​ធ្វើការ​ជាមួយ និង​បាន​ជួយ​ចាត់ចែង​ប្រជាជន​កម្ពុជា​នៅ​តាម​មូលដ្ឋាន ។ អ្នក​រួច​រស់​ជីវិត​ពី​របប​ខ្មែរក្រហម​ម្នាក់​បាន​ចង​ចាំ​ថា អ្នក​ប្រឹក្សា​យោបល់​ចិន​ប្រហែលជា​ម្ភៃ​នាក់​បាន​មក​ធ្វើ​ទស្សនកិច្ច​ ហើយ​បាន​ឃើញ​ជា​ទៀងទាត់​នៅ​ក្រុង​តាខ្មៅ ។ គ្រប់​តំបន់​ការដ្ឋាន​ទាំងអស់​មាន​ទីតាំង​រណ្ដៅ​ដែល​ខ្មែរក្រហម​សម្លាប់​មនុស្ស ទោះបីជា​វា​មិន​ច្បាស់​ថា​តើ​មន្ត្រី​ចិន​បាន​ឃើញ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​នោះ​ដែរ​ឬ​យ៉ាងណា ?

អតីត​កម្មាភិបាល​ខ្មែរក្រហម​ដដែល​លើក​ឡើង​ថា ជនជាតិ​ចិន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​យ៉ាង​ហោច​ណាស់​ក្នុង​រង្វង់​នៃ​តួនាទី​ជា​អ្នក​ប្រឹក្សា​ផ្នែក​បច្ចេកទេស ។ នៅ​ឯ​រោងចក្រ​ក្រដាស​ក្នុង​ទីក្រុង​ភ្នំពេញ អតីត​កម្មាភិបាល​ម្នាក់​ទៀត​បាន​និយាយ​ថា អ្នក​ប្រឹក្សា​យោបល់​ចិន​ជា​ច្រើន​ត្រូវ​បាន​គោរព​គ្រប់​ទង្វើ​ទាំងអស់ ។ ជា​ពិសេស គាត់​បាន​អះអាង​ថា នរណា​ម្នាក់​ដែល​មិន​គោរព​ទីប្រឹក្សា​ចិន អ្នក​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ទួលស្លែង​ដែល​ជា​កន្លែង​ធ្វើ​ទារុណកម្ម និង​ការ​កាប់​សម្លាប់ ។ នៅ​រោងចក្រ​ផលិត​ជ័រកៅស៊ូ​ក្នុង​ខេត្តកណ្តាល កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​ត្រូវ​បាន​មេ​របស់​ខ្លួន​ប្រាប់​ឲ្យ​គោរព​ទីប្រឹក្សា​ចិន​ ពីព្រោះ​ប្រសិនបើ​យើង​ចង់​បាន​ការ​គាំទ្រ​ពី​ចិន យើង​ត្រូវ​តែ​គោរព​អ្វី​ដែល​ទីប្រឹក្សា​នោះ​បាន​និយាយ ។ កម្មាភិបាល​ដដែល​នោះ​រាយការណ៍​ថា មន្ត្រី​ចិន​បាន​ផ្ដល់​សុន្ទរកថា​ដោយ​គូស​បញ្ជាក់​អំពី​បទ​ពិសោធ​របស់​ចិន​ក្នុង​ការ​កសាង​ប្រទេស​របស់​ខ្លួន​នៅ​មហាសន្និបាត​បក្ស​ប្រចាំឆ្នាំ​ដែល​ធ្វើ​ឡើង​ទូទាំង​ប្រទេស​ដើម្បី​រំឭក​ខួប​ថ្ងៃ​ទី​១៧ ខែមេសា ។ គ្រប់​សន្និបាត​ទាំងអស់​មាន​កម្មាភិបាល​ខ្មែរក្រហម និង​សមាជិក​ដែល​មាន​តំណែង​ខ្ពស់​ជា​ច្រើន​នាក់​បាន​ចូលរួម ។ វាគ្មិន​ជនជាតិ​ចិន​បាន​ប្រើប្រាស់​ឱកាស​នោះ​ដើម្បី​ផ្ដល់​ជា​អនុសាសន៍​លើ​គោល​នយោបាយ​សប្បុរស​ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ឡើយ ។ គោលនយោបាយ​ថ្នាក់​ក្រោម​បាន​ឆ្លុះ​បញ្ចាំង​អំពី​យុទ្ធសាស្ត្រ​ថ្នាក់លើ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

អេនឌ្រូ មាថា បាន​បង្ហាញ​ថា តាម​រយៈ​បទ​សម្ភាស​ជាមួយ​អតីត​បុគ្គលិក​ជនជាតិ​ចិន ដែល​ឈរជើង​នៅ​ក្នុង​ប្រទេស​កម្ពុជា បុគ្គលិក​ជនជាតិ​ចិន​ជា​ទូទៅ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​តិចតួច​ជាមួយ​នឹង​ប្រជាជន​ក្នុង​តំបន់ ក្រៅពី​ការ​ប្រាស្រ័យ​ទាក់ទង​លើ​ជំនាញ ។ បទពិសោធន៍​របស់​ជនជាតិ​ចិន​ទាំងនោះ​គឺជា​មិត្តភាព​ពោរពេញ​ទៅ​ដោយ​ភាតរភាព​ឬ​ការ​ណែនាំ​ពី​ជំនាញ​តិច​ជាង​ការ​មាក់ងាយ​ដល់​ភាព​អសមត្ថភាព​លើ​ផ្នែក​បច្ចេកទេស​របស់​សមភាគី​ខ្មែរក្រហម និង​ការ​ខកចិត្ត​លើ​ការិយាធិបតេយ្យ​ដែល​មិន​មាន​ប្រសិទ្ធភាព​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ នៅ​ពេល​ដែល​អ្នក​ប្រឹក្សា​យោបល់​ចិន​ទាំងនោះ​បាន​យល់​ដឹង​អំពី​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ អ្នក​ប្រឹក្សា​មួយ​ចំនួន​បាន​ទទួល​ស្គាល់​ថា ខ្លួន​មាន​ការ​ប្រឆាំង​ខាង​ផ្លូវ​សីលធម៌ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នក​ដែល​ត្រូវ​បាន​សម្ភាស​បាន​គូស​បញ្ជាក់​ថា វា​អាច​នឹង​ជា​ការ​លំបាក​សម្រាប់​ចិន​ដែល​ត្រូវ​ទប់ស្កាត់​ការ​បង្ហូរឈាម ហើយ​វា​នឹង​មិន​អាច​ទៅ​រួច​ទេ ។ បទពិសោធន៍​ផ្ទាល់​របស់​ចិន​អំឡុង​បដិវត្តន៍​វប្បធម៌ បាន​ផ្ដល់​ការ​ក្រើនរំឭក​ថា វា​ជា​ការ​គ្រោះថ្នាក់​ដែល​ត្រូវ​សាកល្បង​បដិវត្តន៍​បែប​នេះ ។ ប្រសិនបើ​ការ​ផ្លាស់​ប្តូរ​ក្នុង​ទំនាក់ទំនង​រវាង​ចិន និង​របប​កម្ពុជា​ប្រជាធិបតេយ្យ​កើត​ឡើង ការ​ផ្លាស់​ប្តូរ​នោះ​នឹង​ចាំបាច់​ត្រូវ​តែ​កើតឡើង​នៅ​ថ្នាក់​កំពូល ។

ការ​បន្ត​ថ្វីបើ​មាន​ការ​បាត់បង់​មនោគមវិជ្ជា

ការ​ស្លាប់​របស់ ម៉ៅ សេទុង នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​១៩៧៦ និង​ការ​ចាប់ខ្លួន​ក្រុម​ពាល​ទាំង​បួន​បាន​ធ្វើ​ឲ្យ​គោលនយោបាយ​ចិន​កាន់តែ​ស្តែង​ឡើង និង​បង្កើត​នូវ​ភាព​មន្ទិល​សង្ស័យ​ដល់​ខ្មែរក្រហម​អំពី​អនាគត​នៃ​ជំនួយ​របស់​ចិន ដោយសារ​ចលនា​របស់​ខ្មែរក្រហម​ដូច​គ្នា​ទៅ​នឹង​នយោបាយ​របស់ ម៉ៅ ។ យោង​ទៅ​តាម​កំណត់ត្រា​នៃ​អង្គប្រជុំ​ថ្ងៃ​ទី​១៦ ខែកញ្ញា របស់​កម្មាភិបាល​យោធា​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា បក្ស​កុម្មុយនិស្ត​កម្ពុជា​បាន​រៀបចំ​ពិធី​ដើម្បី​រំឭក​ដល់ ម៉ៅ សេទុង ទន្ទឹម​ពេល​ដែល​ខ្លួន​បាន​គូស​បញ្ជាក់​អំពី​តម្រូវការ​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​លើ​ការ​ពឹងផ្អែក​លើ​ខ្លួនឯង​ទៅ​នឹង​តម្រូវការ​សម្រាប់​ការ​ការពារ​អំណាច ។ បក្ស​កុម្មុយនិស្ត​កម្ពុជា​បាន​អះអាង​ថា យើង​នឹង​ឈរ​លើ​ឯករាជ្យភាព និង​ការ​ផ្គត់ផ្គង់​ខ្លួនឯង​ហើយ​មិន​ត្រូវ​ព្យាយាម​ពាក់ព័ន្ធ​ទៅ​នឹង​កិត្តិយស​របស់​មនុស្ស​ណា​នោះ​ឡើយ ប៉ុន្តែ​ពិធី​រំឭក​នោះ​គឺជា​ការ​អនុវត្ត​ដ៏​ត្រឹមត្រូវ​នៃ​គោលនយោបាយ​របស់​បក្ស​ដើម្បី​ទទួល​បាន​អំណាច ។ បក្ស​បាន​បន្ថែម​ថា ៖

«យើង​ធ្វើ​ដូច្នេះ​ដើម្បី​ចាប់​យក​ឱកាស​ដែល​ប្រទេស​ចិន​កំពុង​កាន់​មរណទុក្ខ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព​របស់​យើង និង​សាមគ្គីភាព​លើ​ការ​ធ្វើ​សង្គ្រាម ។ ដោយសារ​ប្រទេស​ចិន​ពិនិត្យ​មើល​ថា​តើ​យើង​ស្មោះត្រង់​ចំពោះ​ខ្លួន​គេ​ដល់​កម្រិត​ណា​ វៀតណាម​អាច​ចាប់​យក​ឱកាស​នេះ​ដើម្បី​បោកប្រាស់​យើង ហើយ​វៀតណាម​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ពង្រីក​អំណាច​របស់​ខ្លួន ។ តាម​រយៈ​ការ​ប្រារឰ​ពិធី​រំឭក​ខួប​នេះ យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទំនាក់ទំនង​នេះ​ក្នុង​ការ​ការពារ​សត្រូវ​មិន​ឲ្យ​បំបែកបំបាក់​យើង​បាន ។ ស្ថានភាព​បច្ចុប្បន្ន​ទាមទារ​ឲ្យ​យើង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ​នឹង​មិត្តភក្តិ​ដែល​ល្អ និង​មាន​ឥទ្ធិពល» ។

ឯកសារ​នេះ​បាន​អះអាង​ថា កម្មាភិបាល​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​មន្ត្រី​យោធា ដែល​ចូលរួម​ក្នុង​ពិធី​នៅ​ពហុកីឡាដ្ឋាន ត្រូវ​តែ​ជា​មនុស្ស​ចាស់ទុំ សុភាព​រាបសា និង​ស្លៀកពាក់​សមរម្យ ពីព្រោះ​វា​គូសបញ្ជាក់​អំពី​ឱកាស​ដំបូង​របស់​បក្ស​យើង ក្នុង​ការ​ចូល​ប្រជុំ​ជាមួយ​ជនបរទេស ដែល​នេះ​គឺជា​សូចនាករ​សំខាន់​ដែល​បក្ស​កុម្មុយនីស្ត​កម្ពុជា​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​ស្លាប់​របស់ ម៉ៅ សេទុង ។

នៅ​ខែកញ្ញា ឆ្នាំ​១៩៧៦ ប៉ុល ពត បាន​ប្រកាស​ថា គាត់​បាន​លាលែង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ដោយ​បង្កើត​មន្ទិល​សង្ស័យ​អំពី​ទំនាក់ទំនង​ផ្ទៃក្នុង​នៃ​កងកម្លាំង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ បន្ទាប់​ពី​ការ​ចាប់ខ្លួន​ក្រុម​ពាល​ទាំង​បួន ប៉ុល ពត ទទួល​បាន​មុខមាត់​ឡើង​វិញ​នៅ​ខែតុលា ដោយ​ថ្លែង​ជា​សាធារណៈ​អំពី​ក្រុម​ក្បត់​ទាំង​បួន​ប្រឆាំង​ទៅ​នឹង​បដិវត្តន៍​ចិន ។ ដូច្នេះ​ហើយ កម្មាភិបាល​ខ្មែរក្រហម​បាន​គាំទ្រ​ប្រធាន​ថ្មី​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​គឺ​លោក ហួរ ខៃសាង ថ្វីបើ​មនោគមវិជ្ជា​របស់​ក្រុម​ទាំង​បួន​មាន​ការ​ប្ដេជ្ញា​ចិត្ត​ជា​យុទ្ធសាស្ត្រ​ចំពោះ​ប្រទេស​កម្ពុជា​ក៏​ដោយ ។ ទិដ្ឋភាព​បែប​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ នៅ​ពេល​ដែល​ប្រទេស​ចិន​ប្រកាស​អំពី​កិច្ចព្រមព្រៀង​ផ្ដល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ថ្មី​មួយ និង​ជំនួយ​ផ្នែក​យោធា​បន្ថែម​ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ ជំនួយ​របស់​ចិន​ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​អំឡុងពេល​ការ​បង្រួបបង្រួម និង​ការ​បែកបាក់​មនោគមវិជ្ជា បាន​បង្ហាញ​ថា ទន្ទឹម​ពេល​ដែល​ទ្រឹស្ដី​របស់​ម៉ៅនិយម​បាន​រួមចំណែក​ដល់​ការ​បង្កើត​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទស្សនៈ​អំពី​ផលប្រយោជន៍​ជាតិ​ និង​កិច្ចសហការ​បាន​រឹតចំណង​ដល់​របប​ទាំង​ពីរ ។​

អតីតកាល​ដែល​មិន​វិល​ត្រលប់

នៅ​ដើមឆ្នាំ​១៩៧៧ នៅ​ពេល​ដែល​ការ​សម្លាប់​របស់​ខ្មែរក្រហម​នៅ​តែ​បន្ត ហើយ​យោធា​ខ្មែរក្រហម​បង្ក​ជម្លោះ​ជាមួយ​នឹង​ទ័ព​វៀតណាម​នៅ​តាម​បណ្តោយ​ព្រំដែន ប្រទេស​ចិន​បាន​ព្រួយបារម្ភ​ថា ឥរិយាបថ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​នឹង​បង្ក​សង្គ្រាម​ជាមួយនឹង​ប្រទេស​វៀតណាម ។ ចិន​ចង់​បាន​ការ​ដោះស្រាយ​តាម​រយៈ​ការ​ចរចា​ចំពោះ​បញ្ហា​ព្រំដែន ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សុខចិត្ត​ការពារ​របប ប៉ុល ពត ជា​ជាង​ការ​ជំរុញ​ឲ្យ​មាន​ការ​ដាក់​កំហិត ។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន លោក ហ័ង ហួរ បាន​និយាយ​ថា ចិន​នឹង​គាំទ្រ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​នឹង​ចក្រពត្តិនិយម​សូវៀត ហើយ​ខ្លួន​នឹង​ផ្ដល់​ជំនួយ​ទាំងអស់​ដល់​ការ​ជួយ​ការពារ​អធិបតេយ្យភាព​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​បូរណភាព​ទឹកដី ។ សន្ធិសញ្ញា​មិត្តភាព​ខែកក្កដា ឆ្នាំ​១៩៧៧ របស់​វៀតណាម​ជាមួយ​នឹង​ប្រទេស​លាវ បាន​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​មាន​ការ​សង្ស័យ​ថា ប្រទេស​វៀតណាម​ខិតខំ​សាបព្រោះ​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​ឥណ្ឌូចិន​តាម​រយៈ​ការ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​លាវ និង​ប្រទេស​កម្ពុជា ។ បន្ទាប់​ពី​ការ​សម្លាប់​កម្មាភិបាល​ដែល​គាំទ្រ​វៀតណាម និង​ការ​ទទួល​បាន​ការ​គាំទ្រ​របស់​ចិន​នៅ​ពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​វៀតណាម បាន​បែក​បាក់ ប៉ុល ពត បាន​បង្កើត​ជំហរ​កាន់តែ​រឹង​មាំ​តាម​រយៈ​ប្រទេស​ចិន ។

ចិន​បាន​ស្នើ​ឲ្យ​មាន​ការ​តបស្នង​ចំពោះ​ជំនួយ​របស់​ខ្លួន​ដែល​ប្រឆាំង​ទៅ​នឹង​វៀតណាម ដោយ​ផ្ដោត​លើ​គោលនយោបាយ​ការបរទេស ។ អំពើអាក្រក់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្ក​ការ​អាម៉ាស់​ដល់​ចិន​នៅ​នៅ​សហគមន៍​អន្តរជាតិ​នៅ​ពេល​ដែល​ចិន​ប៉ុនប៉ង​ផ្តាច់​ចេញ​ពី​ទំនាក់ទំនង​ជាមួយ​នឹង​ពិភពលោក​ខាងក្រៅ ។ ទីក្រុង​ប៉េកាំង​បាន​ជះ​ឥទ្ធិពល​លើ​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឲ្យ​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ការ​កែ​លម្អ​មុខមាត់​របស់​ខ្លួន ។ អៀង សារី បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ញូវយ៉ក ហើយ​បាន​និយាយ​ថា អ្នកកាសែត​ជនជាតិ​បរទេស​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ និង​និយាយ​សម្រាល​ស្ថានការណ៍​ដល់​ជនភៀសសឹក ។ អៀង សារី បាន​ប្រកាស​អំពី​សេរីកម្ម​តិចតួច ហើយ​បាន​អញ្ជើញ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក ឃិត វលដាម មក​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​របប​កម្ពុជា​ប្រជាធិបតេយ្យ ជា​ការ​អញ្ជើញ​មួយ​ដែល​លោក​អគ្គលេខាធិការ​បដិសេធ ។

ប្រទេស​ចិន​បាន​ស្នើ​សុំ​ឲ្យ ប៉ុល ពត ប្រកាស​ការ​គាំទ្រ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​បាន​ទទួល​ស្គាល់​សមាជិកភាព​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​ចលនា​កុម្មុយនិស្ត​អន្តរជាតិ ។ ប៉ុល ពត បាន​ធ្វើ​ដូច្នេះ​នៅ​ពិធី​មួយ​នៅ​ទីក្រុង​ប៉េកាំង​នៅ​ខែកញ្ញា ឆ្នាំ​១៩៧៧ ដែល​ជា​ការ​បង្ហាញ​មុខជា​សាធារណៈ​លើក​ដំបូង​របស់ ប៉ុល ពត ក្នុង​នាម​ជា​រដ្ឋមន្ត្រី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ។ ទន្ទឹម​ពេល​ដែល​គណៈប្រតិភូ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉េកាំង នាយក​រដ្ឋមន្ត្រី ហួរ កៃសាង បាន​កោតសរសើរ​រដ្ឋាភិបាល​ខ្មែរក្រហម​ចំពោះ​មាគ៌ា​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ខ្មែរក្រហម​ហើយ​បទវិចារណកថា​ភាសា​ចិន​ជា​ផ្លូវការ​បាន​ហៅ​ទំនាក់ទំនង​រវាង​ចិន​ និង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ថា​ជា «ការ​ដែល​មិន​អាច​បែកបាក់​បាន» ដែល​ពី​មុន​ជា​ពាក្យ​និយាយ​សំដៅ​ទៅ​រក​ប្រទេស​អាល់បានី ។ ចិន​បាន​បោះពុម្ពផ្សាយ​ទស្សនាវដ្តី​មួយ​ដែល​ហៅ​ថា «របប​កម្ពុជា​ប្រជាធិបតេយ្យ​នឹង​ឆ្ពោះទៅ​មុខ» ហើយ​បាន​ផលិត​ខ្សែភាពយន្ត​មួយ​ដែល​បង្ហាញ​ពី​មេបញ្ជាការ​ភូមិភាគ​បូព៌ា សោ ភឹម និង​អ្នកស្រែ​ដែល​ឧស្សាហ៍​ព្យាយាម​ក្នុង​កសាង​ប្រទេស​កម្ពុជា ។

ប៉ុល ពត នៅ​តែ​រឹងទទឹង ។ ទន្ទឹម​ពេល​ដែល​គាត់​នៅ​ក្នុង​ប្រទេស​ចិន គាត់​បាន​ចាក់​ផ្សាយ​សុន្ទរកថា​រយៈពេល​ប្រាំ​ម៉ោង​ដែល​បាន​ថត​រួច​ជា​ស្រេច​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​រំឭក​ដល់​ជ័យជម្នះ​ថ្ងៃ​ទី​១៧ ខែមេសា និង​ស្នាដៃ​ថ្នាក់​ជាតិ​ជា​បន្តបន្ទាប់ ។ សុន្ទរកថា​នោះ​មិន​បាន​និយាយ​ច្បាស់ៗ​អំពី​ជំនួយ​របស់​ចិន​ឡើយ ដោយ​សង្កត់ធ្ងន់​អំពី​ការ​ពឹងផ្អែក​លើ​ខ្លួនឯង​របស់​ចលនា​ខ្មែរក្រហម​ដោយ​និយាយ​ថា «ជំនួយ​មក​ពី​មិត្ត​បរទេស​គ្រាន់តែ​ជា​ការ​បំពេញ​បន្ថែម​ប៉ុណ្ណោះ ហើយ​ថា មាគ៌ា​នយោបាយ​ដែល​ចម្លង​ពី​អ្នក​ដទៃ​នឹង​មិន​មាន​ផលប្រយោជន៍​នោះ​ឡើយ» ។ ប្រទេស​ចិន​បាន​ព្រងើយ​កន្តើយ​ទៅ​នឹង​ការ​មើល​ងាយ​នេះ​ដោយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​ជំនួយ​យោធា​ផ្សេង​ទៀត​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​នេះ ។​

នៅ​ពេល​ដែល ប៉ុល ពត ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ប្រហែលជា​បាន​អនុម័ត​ជំនួយ​របស់​ខ្លួន​សម្រាប់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដោយ​មិន​គិត​ពី​សំណង ។ លោក​ហួរ​បាន​ប្រាប់​ប៉ុល ពត ថា គាត់​បាន​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​រវាង​កម្ពុជា និង​ប្រទេស​វៀតណាម ប៉ុន្តែ​គាត់​បាន​ទទួលស្គាល់​អំពី​សម្ពាធ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​សូវៀត និង​រវាង​ប្រទេស​ចិន និង​វៀតណាម ដែល​បាន​លើក​ឡើង​អំពី​តម្រូវការ​របស់​ទីក្រុង​ប៉េកាំង​ដល់​កម្ពុជា ។ ពិតប្រាកដ​ណាស់ មន្ត្រី​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ជឿ​ថា របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ទន់ខ្សោយ នឹង​ដួល​រំលំ ប្រសិនបើ​ចិន​កាត់​ជំនួយ ហើយ​លើក​ឡើង​អំពី​ការ​ដែល​អាច​កើត​ឡើង​នៃ​ការ​ធ្វើ​អន្តរាគមន៍​របស់​វៀតណាម ។ របាយការណ៍​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឆ្នាំ​១៩៧៩ បាន​បញ្ជាក់​ថា មន្ត្រី​ចិន​បាន​ចាត់​ទុក​រឿង​នោះ​ថា​ជា​ការ​សំខាន់​ក្នុង​ការ​គាំទ្រ​សម្ព័ន្ធមិត្ត​របស់​ខ្លួន ទោះបីជា​មាន​បញ្ហា​អ្វី​ក៏​ដោយ​ដែល​បក្ស​កុម្មុយនិស្ត​កម្ពុជា​បាន​ប្រព្រឹត្ត​កាលពី​អតីតកាល ។ របាយការណ៍​ដូច​គ្នា​នេះ​ដែរ​បាន​កត់​សម្គាល់​ថា នៅ​ខែវិច្ឆិកា ការ​ខ្វែងគំនិត​គ្នា​រវាង​វៀតណាម និង​កម្ពុជា​មិន​អាច​ធ្វើការ​រាយការណ៍​នៅ​តាម​បណ្តាញ​សារព័ត៌មាន​បាន​តទៅ​ទៀត​ឡើយ ។ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​ទប់ស្កាត់​ការ​ខ្វែងគំនិត​រវាង​ប្រទេស​ទាំង​ពីរ​ទទួល​បរាជ័យ ។ ដោយសារ​ទំនាក់ទំនង​រវាង​ចិន និង​វៀតណាម​កាន់តែ​អាក្រក់​ជុំវិញ​ការ​ប្រព្រឹត្ត​របស់​វៀតណាម​មក​លើ​ជនជាតិ​ចិន និង​កត្តា​ផ្សេងៗ ចិន​បាន​ផ្ដោត​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​កម្ពុជា ។

នៅ​ចុងឆ្នាំ​១៩៧៧ វៀតណាម​ចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ជាមួយនឹង​ក្រុម​ឧទ្ទាម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ភូមិភាគ​បូព៌ា​នៃ​ប្រទេស​កម្ពុជា រួម​មាន សោ ភឹម ហើយ​វៀតណាម​បាន​ធ្វើការ​វាយប្រហារ​តាម​រយៈ​យោធា​នៅ​តាម​ព្រំដែន ។ ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ឧបនាយករដ្ឋមន្ត្រី​ចិន លោក ជេន យងងី ជា​ការ​បង្ហាញ​យ៉ាង​ជាក់ស្តែង​អំពី​ការ​គាំទ្រ ទន ទឹម ពេល​ដែល​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ទីក្រុង​ប៉េកាំង​អនុញ្ញាត​ឲ្យ​បញ្ជូន​អាវុធ​ធុន​ធ្ងន់ និង​សម្ភារ​យោធា​ផ្សេងៗ​ចូល​មក​កម្ពុជា ។ ក្រសួង​ការបរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ចេញ​ឯកសារ​ជា​សាធារណៈ​ដល់​មិត្ត​របស់​ខ្លួន​ទោះ​នៅ​ជិត​ឬ​ឆ្ងាយ​ដោយ​ប្រកាស​ថា វៀតណាម​បាន​ឈ្លានពា ​ហើយ​ខ្លួន​បាន​រិះគន់​វៀតណាម​ពី​ការ​បដិសេធ​មិន​ព្រម​ចេញ​ពី​កន្លែង​លាក់ខ្លួន​នៅ​តាម​ព្រំដែន ហើយ​បាន​ចោទ​ប្រកាន់​វៀតណាម​ពី​បទ​ព្យាយាម​ធ្វើ​រដ្ឋប្រហារ​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ និង ១៩៧៦ ។ នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ផ្តាច់​ចំណង​ការទូត ហើយ​ចិន​បាន​កាត់​ផ្តាច់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​ជាមួយ​ប្រទេស​វៀតណាម​ដោយ​ចោទប្រកាន់​វៀតណាម​ពី​បទ​ឈ្លានពាន​ប្រទេស​កម្ពុជា ។

នៅ​ដើមឆ្នាំ​១៩៧៨ លោក តេង ស៊ីវភីង បាន​បន្ត​ឆាក​នយោបាយ​មជ្ឈិម​របស់​ខ្លួន​ក្នុង​ប្រទេស​ចិន ។ ចិន​បាន​ដកខ្លួន​ថយ​ពី​សង្គ្រាម ដោយ​បញ្ចប់​កិច្ចព្រមព្រៀង​ផ្នែក​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​នឹង​វៀតណាម ហើយ​បាន​បញ្ជូន​ភរិយា​លោក ជូ អេនឡាយ មក​ទីក្រុង​ភ្នំពេញ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ ។ ទោះបីជា​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំពោះ​របប ប៉ុល ពត លោកស្រី​ទំនងជា​បាន​នាំ​យកសារ​មួយ​ពី​ទីក្រុង​ប៉េកាំង ដែល​បាន​ផ្ដល់​ដំបូន្មាន​ដល់​បក្ស​កុម្មុយនីស្ត​កម្ពុជា​ក្នុង​ការ​កែប្រែ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ចំពោះ​ជម្លោះ​តាម​ព្រំដែន ។ វា​មិន​ច្បាស់លាស់​សោះ​ថា​តើ​លោកស្រី​បាន​គំរាម​កាត់​ផ្តាច់​ជំនួយ ប៉ុន្តែ​លោកស្រី​ទទួល​បាន​ការ​តប​សម្តី​បក​មក​វិញ​ពី​សំណាក់​ខ្មែរក្រហម ។ ប៉ុល ពត និង​គូកន​របស់​ខ្លួន​មិន​ចាប់អារម្មណ៍​នឹង​ការ​កែប្រែ និង​ការ​សម្របសម្រួល​ណា​មួយ​នោះ​ឡើយ ។

លោក តេង ស៊ីវភីង និង​ទីប្រឹក្សា​មួយ​ចំនួន​បាន​យល់​ដឹង​តិចតួច​អំពី ប៉ុល ពត និង​គោល​នយោបាយ ប៉ុល ពត ។ ប៉ុន្តែ​ឥរិយាបថ​ដំបូង​របស់​ចិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ស្តែង​ឲ្យ​ឃើញ​នូវ​ទ្វេ​គ្រោះ​ចំពោះ​ការ​ដែល​ត្រូវ​គំរាម​កាត់​ផ្តាច់ជំនួយ​របប ប៉ុល ពត ឬ​ត្រូវ​ផ្ដល់​អាទិភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ដួល​រលំ និង​ការ​ឈ្លានពាន​របស់​វៀតណាម ។ ជា​ថ្មី​ម្ដង​ទៀត ចិន​បាន​ជ្រើសរើស​ការ​ទប់​ស្កាត់​ការ​ដួល​រលំ​របប ប៉ុល ពត និង​ការ​ឈ្លានពាន​របស់​វៀតណាម ។ គណៈ​មជ្ឈិមបក្ស​កុម្មុយនិស្ត​កម្ពុជា​បាន​សម្លាប់​កម្មាភិបាល​ភូមិភាគ​បូព៌ា និង​ប្រជាជន​ដើម្បី​វែកមុខ​ជន «ក្បាល​យួន​ខ្លួន​ខ្មែរ» និង​សម្លាប់​ខ្សែ​ក្បត់​ដោយ​មិន​ចាំបាច់​ធ្វើការ​ជំនុំជម្រះ ។ មនុស្ស​ជាង​មួយ​សែន​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ក្រោយ​មក ដែល​ជា​ដំណាក់កាល​ឃោរឃៅ​បំផុត​ក្នុង​សម័យ​ខ្មែរក្រហម ។ រដ្ឋាភិបាល​ចិន​ទំនងជា​បាន​ដាក់​ទណ្ឌកម្ម​ដល់​ការ​កាប់​សម្លាប់​នេះ ។ របាយការណ៍ ជីង បៅ បង្ហាញ​ថា ចិន​បាន​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ សុន សេន ក្នុង​ការ​ដាក់​ពិន័យ​ដល់​យោធា និង​កម្ចាត់​ចោល​ទ័ព​ដែល​គាំទ្រ​វៀតណាម ហើយ​បាន​ផ្ដល់​ជំនួយ​ចាំបាច់​ដល់​គាត់​ដែល​នេះ​ជា​ការ​និយាយ​សំដៅ​ដោយ​ប្រយោល​ទៅ​រក​ពាក្យ​បោស​សម្អាត​ខ្មាំង ។

នៅ​ខែមីនា ឆ្នាំ​១៩៧៨ ការ​បង្ក្រាប​របស់​វៀតណាម​ដ៏​ឃោរឃៅ​មក​លើ​អ្នកជំនួញ​ឯកជន​ចិន​បាន​បង្ក​ឲ្យ​មាន​ជនភៀសសឹក​ជា​បន្តបន្ទាប់ និង​បង្ក​ឲ្យ​មាន​កំហឹង​កាន់តែ​ខ្លាំង ។ ចិន​បាន​ប្រើប្រាស់​ភាសា​ការទូត​គ្រោតគ្រាត ហើយ​គោលនយោបាយ​របស់​ចិន​បាន​កែប្រែ​ពី​ការ​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ឆ្ពោះទៅ​រក​ការ​ទប់ស្កាត់​ប្រទេស​វៀតណាម​ពី​ការ​ឈ្លានពាន​ប្រទេស​កម្ពុជា ។ ប្រទេស​ចិន​បាន​បញ្ជូន​ស្ថាបនិក​មួយ​ក្រុម​ដើម្បី​កសាង​ផ្លូវដែក​ឡើង​វិញ​ចន្លោះ​កំពង់សោម​មក​កាន់​ភ្នំពេញ កាត់​តាម​ជិត​ព្រំដែន​វៀតណាម ហើយ​ស្ថាបនិក​ទាំងនោះ​នៅ​តែ​មាន​វត្តមាន សូម្បី​តែ​បន្ទាប់​ពី​បាន​បញ្ចប់​កាតព្វកិច្ច​របស់​ខ្លួន​ក៏​ដោយ ។ លោក តេង បាន​សន្យា​ចំពោះ សុន សេន ថា លោក​នឹង​ផ្គត់ផ្គង់​សម្ភារ​គ្រប់គ្រាន់​ដល់​បី​កងពលធំ និង​ស្បៀង ថ្នាំពេទ្យ និង​អាវុធយុទ្ធភណ្ឌ​ដល់​ទាហាន​ប្រហែល​ដប់​ម៉ឺន​នាក់​នៅ​ត្រឹម​បំណាច់​ឆ្នាំ​១៩៧៨ ។ ដោយ​មាន​សព្វាវុធ និង​អ្នក​ប្រឹក្សា​យោបល់​យោធា​ខ្មែរក្រហម​មាន​លទ្ធភាព​បន្ថែម​ក្នុង​ការ​លុកលុយ​ប្រទេស​វៀតណាម ។ ក្រុង​ហាណូយ​បាន​ឆ្លើយ​តប​ដោយ​មធ្យោបាយ​វាយបក ហើយដោយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ថា បន អៀង សារី ប៉ុល ពត គឺជា​ឧក្រិដ្ឋជន​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​នៅ​ក្នុង​ពាក់​កណ្តាល​សតវត្ស​នេះ ហើយ​ចិន​បាន​ប្រើប្រាស់​បន ប៉ុល ពត អៀង សារី ជា​អាយ៉ង​របស់​ខ្លួន ៖

«អ្នក​ដែល​នៅ​ពីក្រោយ​អា​យ៉ង​ដែល​ប្រឡាក់​ដោយ​ឈាម​កម្ពុជា ក៏​មាន​ជនជាតិភាគតិច​ចាម​ដែរ​ដែល​ត្រូវ​បាន​សម្លាប់​ដូច​ជនជាតិ​ភាគតិច​វៀតណាម​ដែរ ។ នេះ​មិនមែន​ជា​រឿង​អាថ៌​កំបាំង​នៅ​ក្នុង​ពិភពលោក​នោះ​ទេ ។ បន អៀង សារី ប៉ុល ពត គឺជា​ឧបករណ៍​ថោកទាប​របស់​សត្រូវ​ប្រឆាំង​នឹង​សន្តិភាព និង​មនុស្សជាតិ» ។

នៅ​ចន្លោះ​ខែកញ្ញា និង​ខែធ្នូ ទីប្រឹក្សាយោធា​ជនជាតិ​ចិន​ប្រហែល​ ៦០០០​នាក់ ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​ជាមួយនឹង​អ្នកបច្ចេកទេស​ចិន​ផ្សេង​ទៀត ។ ចិន​បន្ត​បង្ហាញ​ការ​គាំទ្រ​ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​កម្មាភិបាល​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​រាយការណ៍​អំពី​កិច្ចព្រមព្រៀង​លើ​បញ្ហា​ទាំងអស់ ជា​ពិសេស​ការ​គាំទ្រ​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​លើ​ការ​ឈ្លានពាន​របស់​ប្រទេស​សូវៀត និង​ប្រទេស​រណប និង​ប្រទេស​វៀតណាម​ដែល​កំពុង​ឈ្លានពាន​ទឹកដី ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ខ្មែរក្រហម​មិន​បាន​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​ចិន​នោះ​ឡើយ ។ តេង ស៊ីវភីង បាន​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ដល់​អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា នួន ជា ដើម្បី​កុំ​ឲ្យ​សូវ​រករឿង​ប្រទេស​វៀតណាម ហើយ​លោក​បដិសេធ​មិន​ផ្ដល់​ទាហាន​ចិន​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការ​ចំណាយ​ច្រើន​លើ​ផ្នែក​យោធា និង​ប៉ះពាល់​ដល់​កិត្តិយស​របស់​ខ្លួន ហើយ​មិនមែន​ជា​កម្លាំង​ស្នូល​ដល់​ការ​ប្រព្រឹត្ត​អំពើ​យង់ឃ្នង​របស់​យោធា​ខ្មែរក្រហម​នោះ​ឡើយ ។ ដោយ​មិន​មាន​ឆន្ទៈ​បោះបង់​ចោល​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុន្តែ​មើលឃើញ​សង្គ្រាម​ថា​ជា​ការ​មិន​អាច​ចៀស​ផុត ចិន​បាន​បញ្ជូន​ជំនួយ​បន្ថែម​រួម​មាន​សព្វាវុធ វិទ្យុទាក់ទង​ អាហារ​កំប៉ុង​ដល់​កម្ពុជា​សម្រាប់​យុទ្ធនាការ​ទ័ពព្រៃ​របស់​ខ្មែរក្រហម​ដែល​អាច​បង្ហូរ​ឈាម​វៀតណាម​ដោយ​មិន​ធ្វើ​ឲ្យ​ប្រទេស​ចិន​ធ្លាក់​ចូល​ក្នុង​ជម្លោះ ។ នៅ​ពេល​ដែល​ទ័ព​វៀតណាម​បាន​ចូល​មក​ប្រទេស​កម្ពុជា ហើយ​បាន​ចូល​ទីក្រុង​ភ្នំពេញ​នៅ​ដើម​ខែមករា ឆ្នាំ​១៩៧៩ ចិន​បាន​ជម្លៀស​ទីប្រឹក្សា និង​អ្នក​ការទូត​របស់​ខ្លួន បំផ្លាញ​ឯកសារ​ស្ថានទូត បញ្ជូន​សម្តេច សីហនុ និង​ព្រះរាជវង្ស​របស់​ព្រះ​អង្គ​ទៅ​ប្រទេស​ថៃ ហើយ​បាន​បង្កើត​ស្ថានទូត​មួយ​នៅ​ជួរ​ភ្នំ​ក្រវាញ​ដើម្បី​ជួយ​គាំទ្រ​ការ​បះបោរ​របស់​ខ្មែរក្រហម ។

សេចក្តីសន្និដ្ឋាន

ភ័ស្តុតាង​ដែល​អាច​រកបាន​បង្ហាញ​ថា ជំនួយ​បច្ចេកទេស និង​សម្ភារ​របស់​ចិន​ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​ការ​ផ្សំ​គំនិត​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​យង់ឃ្នង​កាន់តែ​ស្តែង​ឲ្យ​ឃើញ ។ ប៉ុន្តែ​សាច់​រឿង​នោះ​មិនមែន​ជា​ទិសដៅ​មួយ​ក្នុង​ចំណោម​ទិស​ដៅ ឬ​ការ​យល់​ស្រប​របស់​ចិន​នោះ​ឡើយ ។ វា​គឺជា​ភាព​ទន់ខ្សោយ​មួយ​ក្នុង​ចំណោម​ភាព​ទន់ខ្សោយ​របស់​ប្រទេស​ចិន ហើយ​ជា​ការ​ដាក់​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​មនុស្សធម៌​ឲ្យ​ស្ថិត​ក្រោម​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដែល​ទន់ខ្សោយ​របស់​ចិន ។ ពិតប្រាកដ​ណាស់ ចិន​មិនមែន​ជា​តួអង្គ​ខាងក្រៅ​ដែល​ទទួល​ខុសត្រូវ​នោះ​ឡើយ ។ ការ​បណ្តុះបណ្តាល​របស់​វៀតណាម និង​សព្វាវុធ ការ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋអាមេរិក ការ​គាំទ្រ​របប លន់ នល់ ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ការ​ព្រងើយ​កន្តើយ​របស់​អន្តរជាតិ​ចំពោះ​កម្ពុជា​បន្ទាប់​ពី​ការ​ដកថយ​របស់​សហរដ្ឋអាមេរិក​ចេញ​ពី​ឥណ្ឌូចិន​ក្នុង​ខែឧសភា ឆ្នាំ​១៩៧៥ បាន​រួមចំណែក​ដល់​សោកនាដកម្ម​ក្នុង​របប​ខ្មែរក្រហម ។ ប៉ុន្តែ ប្រទេស​ចិន​បាន​ដើរ​តួនាទី​ដោយឡែក​ដោយសារ​តែ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​របប ប៉ុល ពត ។

ទំនាក់ទំនង​រវាង​ចិន និង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នាំ​មក​នូវ​មេរៀន​ដល់​ការ​ធ្វើ​ទំនាក់ទំនង​ការបរទេស​នា​ពេល​សព្វថ្ងៃ ។ ការ​ព្រួយបារម្ភ​អំពី​ការ​បរាជ័យ​របស់​រដ្ឋ​ទន់ខ្សោយ​បង្ហាញ​គោល​នយោបាយ​ចិន​នា​សម័យ​ទំនើប​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង និង​ការ​ធ្វើ​ឲ្យ​ចុះ​អន់​ថយ​ដល់​សមត្ថភាព​របស់​ក្រុង​ប៉េកាំង​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​កំណែទម្រង់​ក្នុង​ប្រទេស​នោះ ។ ការ​បន្ត​គោលដៅ​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី ដែល​ជា​រឿយៗ​លើក​ឡើង​ពាក្យ​សម្តី​មិន​ជ្រៀតជ្រែក បាន​រួមចំណែក​ដល់​ការ​គាំទ្រ​របស់​ចិន​ដល់​រដ្ឋាភិបាល​រំលោភ​បំពាន ដូច​ជា ប្រទេស​ស៊ីមបាវ៉េ និង ស៊ូដង់ ជា​ពិសេស​ធ្វើ​ឲ្យ​ចិន​មិនមែន​ជា​ប្រទេស​ឯកោ​នោះ​ឡើយ ។ សហរដ្ឋអាមេរិក និង​មហាអំណាច​ដទៃ​ទៀត​បាន​បង្ក​ឲ្យ​មាន​មហន្តរាយ​ដល់​ជីវិត​មនុស្ស​នៅ​ពេល​ដែល​ប្រទេស​ទាំងនោះ​ការពារ​របប​ជិះជាន់​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ និង​ការពារ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ។ ករណី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ក្រើនរំឭក​អំពី​ភាព​លំបាក​អំពី​ការ​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​ប្រទេស​តូចតាច និង​ហានិភ័យ​ចំពោះ​រឿង​បែប​នោះ ៕

ចន ឆរឆីអារី
ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​១៦៤ ខែសីហា និង លេខ​១៦៥ ខែកញ្ញា ឆ្នាំ​២០១៣
 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s