ព្រះស្ដេចកន

រូបសំណាក​របស់​ព្រះស្រីជេដ្ឋា (ស្ដេច​កន) សូន​រូប​ដោយ​​លោក ឈា ប៊ុណ្ណា

១. ឯកសារ​មហា​បុរស​ខ្មែរ

ផែនដី​ព្រះ​ស្រីសុគន្ធបទ ពីគ.ស​១៥០៤ ដល់​គ.ស​១៥១២

ចៅពញា​ដាំខត្តិយ​រាជា ជា​ព្រះរាជបុត្រ​ច្បង ស្ដេច​ឡើង​សោយរាជ្យ​ស្នង​សម្ដេចព្រះ​វរបិតា​ពី​ឆ្នាំជូត ឆស័ក​ព.ស​២០៤៨ គ.ស​១៥០៤ ម.ស​១៥២៦ ច.ស​៨៦៦ ក្នុង​ព្រះ​ជន្មាយុ​២៦​ព្រះ​វស្សា ព្រះ​អង្គ ទ្រង់​ព្រះ​នាម​ថា ព្រះបាទ​សម្ដេចព្រះ​ រាជឱង្កា ព្រះ​ស្រីសុគន្ធបទ​ចក្រពត្ដិ​ពង្សរ​វង្ស​ខត្តិយោ មហា​សេដ្ឋោ​វរោ រិទ្ធី​ពិធ្យាស្រ័យ​មហ័យ រាជាធិរាជ​រាមាធិបតី ជា​អម្ចាស់ជីវិតលើត្បូង​គ្រង​ព្រះ​មហានគរ​កម្ពុជា​សិរី​យសោធរ​បវរ​ឥន្ទបត្ដ​ កុរុរដ្ឋ​រាជធានី​បុរីរម្យ​ឧត្ដម​មហា​ស្ថាន ។ ស្ដេច​បាន​តែង​ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​សម្ដេចព្រះ​វរបិតា​ ស្រេច ស្ដេច​គង់នៅ​ចតុមុខ ស្រុក​ភ្នំពេញ ។

ក្នុងឆ្នាំឆ្លូវ សប្ដស័ក ព.ស​២០៤៩ គ.ស​១៥០៥ ម.ស​១៤២៧ ច.ស​៨៦៧ ព្រះ​អង្គ និង​រាជ​សេវកាមាត្យ ហែ​ព្រះ​បរម​អដ្ឋិ​សម្ដេចព្រះ​វរបិតា​ទៅ​សាង​ព្រះ​ចេតិយ​នៅ​ខាង​ព្រះ​ធាតុ ខេត្ដ​អាសន្ទុក ប្រប​ព្រះពុទ្ធ​ចេតិយ​ធ្វើបុណ្យ​ជា​ឱឡារិក​សន្ធឹក​មហិមា​បញ្ចុះ​ព្រះ​ បរមអដ្ឋិ​សម្ដេចព្រះ​បិតា​ស្រេច​ស្ដេច​ត្រឡប់​មក​ចតុមុខ​មង្គល​វិញ ។ ព្រះ​អង្គ​សោយរាជ្យ​ជា​សុខ​មក​បាន​៤​ឆ្នាំ ។

ក្នុង​ឆ្នាំរោង សំរឹទ្ធិស័ក ព.ស​១៥០៨ ម.ស​១៤៣០ ច.ស​៨៧០ ព្រះ​បរមបពិត្រ​ទ្រង់​ព្រះ​ចិន្ដា​ថា ទីទួល​បាសាន (ស្រុក​ស្រីសន្ធរ) ដែល​សម្ដេចព្រះ​បរម​រាជា​ពញាយ៉ាត ជា​សម្ដេចព្រះ​អយ្យកោ​សាង​មុន​ម្ដង​នោះ​ស្រួល​ណាស់ ។ បើ​យើង​មាន​សឹក​ទ័ព នឹង​ទប់ទល់​សង្គ្រាម​បាន​ដ្បិត​មាន​បឹង​ខណ្ឌ​ខាងកើត មាន​ទន្លេ​ខណ្ឌ​ខាង​អាគ្នេយ៍​ មាន​ព្រៃធំ​ខណ្ឌ​ខាង​ទិសទក្សិណ ។ ទ្រង់​ព្រះ​ចិន្ដា​ហើយ​ស្ដេច​ទ្រង់​ចេញ​ត្រាស់​ប្រឹក្សា​នឹង​អស់​ព្រះរាជ​ វង្សានុវង្ស អគ្គ​សេវកាមាត្យ ។ ព្រះរាជ​វង្សានុវង្ស អង្គ​អគ្គ​សេវកាមាត្យ​ក៏​យល់ព្រម​តាម​ព្រះរាជ​តម្រិះ ។ ព្រះបាទ​បរមនាថ​បរមបពិត្រ​កាលបើ​ទ្រង់​យល់​ថា អង្គ​អគ្គ​សេវកាមាត្យ ព្រមព្រៀង​ដូច្នេះ​ហើយ ស្ដេច​ត្រាស់​បង្គាប់​ឲ្យ​មុខងារ​ត្រៀម​ព្រះ​ទីនាំង​នាវា និង​ទូក​ជំនិះ​ខ្លះ​ឲ្យ​ទៅ​កាប់​ឆ្ការ​ធ្វើ​ព្រះរាជវាំង​ព្រះ​ដំណាក់​ដោយ​ ខ្ជីខ្ជា​ចាំ​មុន​សិន ។ លុះដល់​បាន​ពិជយឫក្ស (ឫក្ស​=​វេលា​មានជោគ​មាន​មង្គល) ហើយ​ព្រះ​អង្គ​ទ្រង់​នាំ​រាជ​សេវកាមាត្យ ទាំង​ខាងក្នុង​ទាំង​ខាង​ក្រៅ​ចុះ​ព្រះ​ទីនាំង​នាវា​ជលឫទ្ធី​ទៅ​គង់នៅ​ទួល​ បាសាន ព្រម​ដោយ​មុខ​មន្ដ្រី​គិត​ត​បន្ទាយ​កំផែង​តែង​ព្រះរាជវាំង តែ​ពេល​នោះ​ពុំ​ទាន់​ស្រេច​នៅឡើយ​ទេ ព្រះ​អង្គ​ប្រថាប់​ដោយ​ព្រះរាជវាំង​ខ្ជីខ្ជា​សិន ។ ព្រះបាទ​អ្នក​អម្ចាស់​អង្គ​នេះ ទ្រង់​សព្វព្រះទ័យ​ប្រពាត​បង់សំណាញ់​នេសាទ​ត្រី​រឿយៗ ។

នេះ​នឹង​និយាយ​អំពី​ព្រះ​ពិជ័យ​នាគ ជា​មន្ត្រី​ធំ​ក្នុង​ខេត្ដ​បាសាន អ្នក​ទៅ​យក​នាង​បាន​ជា​ពលព្រះ​ស្រី​រតនត្រ័យ (ពល​គឺ​ពួក​ជន​ពូជ សូទ្រៈ ជា​វណ្ណៈ​ទី​៤ ឬ​ពលព្រះ​រតនត្រ័យ គឺ​ពល​ដែល​មាន​មុខ​ងារ​ជា​អ្នក​ថែរក្សា​វត្ដ​អារាម) ធ្វើ​ជា​ភរិយា ។ កាល​ក្នុង​ផែនដី​ព្រះបាទ​សម្ដេចព្រះ​ធម្មរាជា​នៅឡើយ នាង​មាន​កូន​ស្រី​មួយ​ឈ្មោះ​  ។ គ្រានោះ​នាង​បាន​មានគភ៌​គ្រប់​ខែ​ទៀត រៀបនឹង​ប្រសូត​ទារក​ហើយ ។ ថ្ងៃមួយ​នាង​ចុះ​ទៅ​ដោះទុក្ខសត្វ​ក្នុង​បង្គន់ ក៏​របូត​ទារក​នោះ​ទៅ​ក្នុង​ទឹក​បាត់ ។ ពេល​នោះ​មាន​ហេតុ​ដ៏​អស្ចារ្យ​នាំ​ឲ្យ​ឃើញ​ថា ទារក​នោះ​មានបុណ្យ​មែន គឺថា​វេលា​នោះ​ស្រាប់តែ​ត្រី​ពោ​ធំ​មួយ​មក​ទទួល​លេប​ទារក​នោះ​ទៅ​ក្នុង​ពោះ​ បាត់​ទៅ បន្ទាប់​ពី​នោះ​មក​ព្រាន​ប្រមង់​ម្នាក់​ទៅ​បង់សំណាញ់ ក៏​ត្រូវ​ជាប់​ត្រី​ពោ​នោះ​បាន​មក ។ ជា​កុសល ទារក​មានបុណ្យ​មិន​ស្លាប់​ក្នុង​ថ្ងៃ​នោះ ក៏​មាន​ហេតុ​បណ្ដាល​ឲ្យ​ស្ដេច​ព្រះ​មហាសង្ឃរាជ (កាល​នៅ​ជា​ព្រះ​សង្ឃ​សត្ថា) យប់​នោះ​ផ្ទុំ​ស្កល់​ទៅ​យល់សប្ដិ​ឃើញ​ថា ៖ ដូច​ជា​មាន​ទេវតា​មក​ទូល​ថា ព្រឹក​នេះ​ឲ្យ​ស្ដេច​យាង​ទៅ​កំពង់ទឹក​ដើម្បី​ឲ្យ​ជួយ​សង្គ្រោះ​ទារក​ម្នាក់​ ជា​អ្នកមាន​បុណ្យ មាន​វាសនា​ផង ។ លុះ​តើន​ឡើង សម្ដេច​ក៏​ទ្រង់​នៅ​ត្រ័យចីវរ​ចុះ​គង់​ក្នុង​ទូក​ឲ្យ​សិស្សា​នុសិស្ស​អុំ​ ចេញ​ទៅ ។ ទ្រង់​បិណ្ឌបាត​ដូច​សព្វដង តែ​ព្រះនេត្រ​តែង​គន់​រំពៃ​ក្រែង​មាន​ហេតុ​អ្វី​ចម្លែក ដ្បិត​មាន​និម្មិត​ពី​យប់មិញ​នោះ​ដូច​ជា​ច្បាស់​ពេក​ណាស់ ។ លុះ​សិស្ស​អុំ​បាន​បន្ដិច​ទៅ ទូក​ក៏​ទៅ​អែប​ប្រប​ទូក​ព្រាន​ប្រមង់​នោះ ។ សម្ដេចព្រះសង្ឃរាជ​ស្ដេច​ឃើញ​ត្រី​ពោ​ក្នុង​ទូក​ព្រាន​ ប្រមង់​នោះ​ធំ​ប្លែក ស្ដេច​ប្រឹង​សង្កេត​ទត​ឲ្យ​ច្បាស់ ។ ព្រាន​ប្រមង់​ឃើញ​សម្ដេចព្រះ​មហាសង្ឃរាជ​ (សង្ឃ​សត្ថា) អើត​ទៅ​ទត​ត្រី​នោះ ក៏​បង្កើត​ឲ្យ​មាន​សទ្ធា​លើក​ត្រី​ពោ​នោះ​ថ្វាយ​ដល់​ព្រះ​អង្គ ពេល​ទ្រង់​ទទួល​ហើយ​ក៏​ឲ្យ​អុំទូក​បិណ្ឌបាត​ទៅ​ទៀត ។ លុះ​បិណ្ឌបាត​អស់​ពេល​ហើយ ស្ដេច​ឲ្យ​សិស្សានុសិស្ស​ត្រឡប់​មក​អារាម​វិញ ។ ខណៈនោះ​សម្ដេចព្រះសង្ឃរាជ​ស្ដេច​មាន​ព្រះ​ថេរ​វាចា​ថា ត្រី​ពោ​នេះ​ធំ​ប្លែក​ពី​ត្រី​ពោ​សព្វដង ប្រហែលជា​មាន​ហេតុ​អ្វី​ក្នុង​ពោះ​ត្រី​នេះ​ជា​ពុំខាន​ឡើយ ។ អស់​ពួក​សិស្សានុសិស្ស​ឮ​ពុទ្ធដីកា​ហើយ​ក៏​នាំ​គ្នា​យក​កាំបិត​ទៅ​វះ​ត្រី​ នោះ វះ​ទៅ​ឃើញ​ទារក​មួយ​នៅ​រស់ ។ ទើប​ស្ដេច​ឲ្យ​កូន​នោះ​ទៅ​អា​បាន​មេ​ទា គឺ​ប្រុស​ឈ្មោះ​ បាន និង​ស្រី​ឈ្មោះ​នាង​ ទា នេះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា សម័យ​ពី​ដើម​មនុស្ស​ដែល​ឥត​មាន​បណ្ដា​ស័ក្ដិ ឥត​បាន​បួស​រៀន (បើ​ប្រុស​គេ​ហៅ​អា បើ​ស្រី​គេ​ហៅ​មេ ជា​ខ្ញុំ​របស់​ស្ដេចសង្ឃរាជ) ឲ្យ​យក​ទៅ​ចិញ្ចឹម​រក្សា ។ ព្រះ​ពិជ័យ​នាគ និង​ភរិយា លុះ​បានដឹង​ថា កូន​ខ្លួន​ពុំ​ស្លាប់​ទេ ក៏​ទៅ​ក្រាបថ្វាយបង្គំ​ប្រគេន​ទារក​នោះ​ថា ឲ្យ​នៅ​នឹង​ស្ដេច​ព្រះ​សង្ឃរាជ​ចុះ ។ សម្ដេច​ព្រះសង្ឃរាជ​ឲ្យ​ទារក​នោះ​ឈ្មោះ​អា​កៅ តែ​ឪពុក​ម្ដាយ ហៅ​អា​កន​រៀង​មក ។

នេះ ​នឹង​និយាយ​ក្នុង​ផែនដី​ព្រះបាទ​សម្ដេច​ព្រះ​សុគន្ធបទ​វិញ ។ សម័យ​ថ្ងៃមួយ​នោះ ព្រះ​បរមបពិត្រ​ស្ដេច​ទៅ​ថ្វាយបង្គំ​ព្រះ​នៅ​វត្ដ ស្ដេច​ទ្រង់​ទតព្រះនេត្រ​ទៅ​ឃើញ​ស្ដ្រី​ស ឈរ​នៅ​លើ​ខឿន​ព្រះ​វិហារ​នោះ ជា​កូន​ព្រះ​ពិជ័យ​នាគ មេ​បាន​ជា​ភរិយា​មាន​រូបរាង​ល្អ​ប្រពៃ ។ ស្ដេច​ទត​ម្ដង​ហើយ​ម្ដងទៀត ។ ខណៈនោះ​ព្រះ​ពិជ័យ​នាគ​ស្គាល់​ច្បាស់​ព្រះរាជ​ហឫទ័យ ទើប​ក្រោយមក​ក៏​ចូល​ទៅ​ក្រាបថ្វាយបង្គំ​ព្រះ​បរមបពិត្រ​ថ្វាយ​កូនស្រី​នោះ​ ជា​ខ្ញុំបម្រើ​ល្អងធូលី​ព្រះបាទ​តរៀង​ទៅ ។ ព្រះ​បរមបពិត្រ​ទ្រង់​ព្រះ​សោមនស្ស​ណាស់ ស្ដេច​ត្រាស់​សួរ​ថា នាង​នេះ​កូន​ឯង​ឬ ? ព្រះ​ពិជ័យ​នាគ​ក្រាបទូល​ថា ៖ នាង​នេះ​ហើយ​ដែល​ទ្រង់​ទត​ឃើញ ហើយ​មាន​ព្រះ​បន្ទូល​ទៀត​ថា ៖ ស្រី​នេះ​មកពីណា កូនចៅ​អ្នក​ណា​ដែល​ឈរ​នៅ​ខឿន​ព្រះ​វិហារ​នោះ គឺ​នាង​ស​នេះឯង ។ ព្រះ​បរមបពិត្រ ព្រះ​អង្គ​ទ្រង់​ជ្រាប​ហើយ​ទ្រង់​ត្រូវ​ព្រះ​ទ័យ​ពន់ប្រមាណ​តាំង​នាម​នាង​ស​ ជា​អ្នក​ព្រះ​ម្នាង កេសរ​បុប្ផា ព្រះ​ស្នំ​ឯក ។ ទ្រង់​ព្រះ​ចិន្ដា​ថា នាង​នេះ​រូប​ក៏​ល្អ​សមសួន ចរិត​ឫកពារ ឥរិយា​ក៏​ថ្លៃថ្លា លើស​ស្រី​ទាំងពួង គួរ​គប្បី​នឹង​យក​នាម​នាង​នេះ​តាង​នាម​ព្រះ​នគរ​កុំឲ្យ​បាត់ឈ្មោះ​ តទៅ ។ តាំងពី​ថ្ងៃ​នោះ​រៀង​មក​ទ្រង់​ព្រះ​បញ្ញត្ដ​ឲ្យ​លើកលែង​ហៅ​ស្រុក​បាសាន​ឲ្យ​ ហៅ​ថា ស្រុក​ស្រីសឈរខេត្ដ​ស្រីសឈរ​វិញ តែ​ពាក្យ​នេះ​យូរៗ​មក ក៏​ប្រែ​ក្លាយ​ជា​ស្រុក​ស្រីសន្ធរ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ បិតា​មាតា​ព្រះ​នាង​កេសរ​បុប្ផា​នោះ ក៏​លើក​ឲ្យ​ខ្ពស់​ឡើង ។ បិតា​ឲ្យ​ហៅ​ថា អ្នក​ព្រះ​បិតា​ពិជ័យ​នាគ មាតា​ឲ្យ​ហៅ​ថា អ្នក​ព្រះ​មាតា​មេ​បាន ឯ​ឈ្មោះ​កន​ដែល​ជា​កូន​អ្នក​ព្រះ​ពិជ័យ​នាគ​នោះ លុះ​ចម្រើន​ធំ​ឡើង​មានចំណេះ​ប្រាជ្ញា​ឆ្លៀវឆ្លាត​បម្រើ​គ្រូ គ្រូ​ក៏​ពេញ​ព្រះ​ទ័យ និង​រៀនសូត្រ​អ្វីៗ​ប្រាប់​តែ​ម្ដង​ក៏​ចាំ​ជាប់ ។ សម្ដេច (ព្រះ​មហាសង្ឃរាជ​សត្ថា) ទ្រង់​ប្រិតប្រៀង​ទាំង​អក្សរ​សាស្ដ្រា ទាំង​សិល្ប៍សាស្ដ្រ មន្ដ​វិជ្ជាការ​គាថា កោទណ្ឌ​ក្បួនតម្រា​ផង​ទាំងឡាយ​គ្រប់សព្វ​សារពើ​ឥត​ចន្លោះ​ឡើយ ។ កន​ក៏​ចេះ​ស្ទាត់​លើស​សិស្សានុសិស្ស​ទាំងពួង ។ គ្រូ​បាន​ទំនាយ​ឲ្យ​ថា ៖ កន​នេះ​នឹង​បាន​គ្រង​ស្រុក​ថ្ងៃ​ណាមួយ​ជា​មិន​ខាន ។ អ្នក​ព្រះ​ពិជ័យ​នាគ អ្នក​ម៉ែបាន កាល​ឃើញ​កូនប្រុស​មាន​រូបរាង​ល្អ មានចំណេះ​វិជ្ជា​ប្រាជ្ញា​ក៏​ពូកែ អាយុ​១៦​ឆ្នាំ​ហើយ ក៏​នាំ​ខ្លួន​កូន​ទៅ​ទូល​ព្រះ​បរមបពិត្រ ។ ព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​ថា កន​ជា​ប្អូន​ព្រះ​ស្នំ​ឯក ក៏​ទ្រង់​ប្រោសប្រាណ​ឲ្យ​ហៅ​នាយ​កន​នៅ​ក្នុង​តំណែង​មហាតលិក ។ លុះ​យូរ​បន្ដិច​មក ព្រះ​បរមបពិត្រ​ទ្រង់​ប្រោស​តាង​នាយ​កន​ជា​ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ ។ អស់​រាស្ដ្រប្រជា​កោតខ្លាច​អ្នក​ម៉ឺន​ស្នេហា​ចម​ចិត្ដ ចូល​ពឹង​បុណ្យ​អំណាច​អ្នក​ព្រះ​ពិជ័យ​នាគ អ្នក​ម៉ែបាន​ អ្នក​ម៉ឺន​ស្នេហា​ចម​ចិត្ដ ជា​ច្រើន ។

មាន ​ថ្ងៃមួយ​នោះ ព្រះ​បរមបពិត្រ​ទ្រង់​ចង់​ទតព្រះនេត្រ​សិល្ប៍​ធ្នូ និង​ចំណេះវិជ្ជា​របស់​ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ​កន ទើប​ទ្រង់​ត្រាស់​ឲ្យ​សម្ដែង​ពី​ចំណេះ​ទាំងឡាយ​នោះ​ថ្វាយ ។ ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ​តម្លើង​ធ្នូ​ចាប់​ព្រួញ​ម្ដង​ប្រាំ​បាញ់​ទៅ​ ម្ដង ព្រួញ​ចេញ​ទៅ​ត្រូវ​ដើមឈើ​ផ្លែ​ឈើ​ទាំង​ប្រាំ​ទិស ។ ឧកញ៉ា​ម៉ឺន​សូត្រ​គាថា​បាលី និង​ក្បួនតម្រា​អ្វីៗ​ក៏​ឃើញ​ថា ស្ទាត់​ទាំងអស់ ទើប​ទ្រង់​ត្រាស់​សួរ​ថា វិជ្ជាការ​ទាំងនេះ​ចេះ​ពី​គ្រូ​ណា​មក ។ ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ​ក្រាបទូល​ថា «ទូលព្រះបង្គំជាខ្ញុំ រៀន​ពី​សម្ដេច​ព្រះសង្ឃរាជ​កាល​នៅ​ជា​ព្រះសង្ឃ​សត្ថា» ។ ខណៈនោះ​ព្រះ​បរមបពិត្រ​ស្ដេច​ត្រាស់​ឲ្យ​និមន្ដ​ព្រះ​សង្ឃរាជ «សង្ឃ​សត្ថា» នោះ​មក ទ្រង់​តាំង​ជា​សម្ដេច​ព្រះ​សុគន្ធាធិបតី​សិរី​សង្ឃ​នាយក​ លើ​ព្រះសង្ឃ​ទាំងអស់ ។ ឯ​អស់​សេនាបតី មន្ដ្រី​ធំ​តូច​យល់​ថា ព្រះ​នគរ​បាន​ក្សេមក្សាន្ដ​ហើយ ក៏​នាំ​គ្នា​កសាង​ព្រះ​វិហារ​សីមា ព្រះ​ស្ដូប ព្រះ​ចេតិយ​តាម​ធនធាន​តែ​រៀង​រាល់ខ្លួន ។ ព្រះបាទ​បរមបពិត្រ​ទ្រង់​យល់​ថា ៖ អស់​នាហ្មឺន​សព្វ​មន្ដ្រី​កសាង​ព្រះ​វិហារ សីមា​ទុកជា​កេរ​នោះ​ក៏​ជា​ការ​គួរសម​ហើយ ឯការ​នេះ​ពុំ​បាន​ចម្រើន​ទេ​នឹង​រលាយ​បាត់បង់​ទៅ​វិញ ។ ដូច្នេះ​គួរ​អញ​សាង​រូប​អញ និង​ប្រាសាទ​មួយ​ទុក​ក្នុង​ព្រះ​នគរ​បាជ័យ​បានការ បើ​អត់​ពី​ខ្លួន​អញ​ទៅ​គង់​រូប​អញ​នៅ​ឲ្យ​អ្នកផង​ធ្វើ​សក្ការបូជា​នោះ​ឃើញ​ ថា នឹង​ស្ថិតស្ថេរ​ជា​ជាង​ការ​ទាំងពួង ។ ទ្រង់​ព្រះ​តម្រិះ​តែ​ដូច្នេះ​ហើយ ក៏​ចាត់​ជាង និង​កូនជាង​ឲ្យទៅ​កសាង​ប្រាសាទ​មួយ ព្រះ​រូប​ព្រះ​អង្គ​មួយ ទុក​ក្នុង​កំផែង​នគរ​បាជ័យ​បានការ ។ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​មាន​រូប​ព្រះបាទ​សម្ដេចព្រះ​ស្រីសុគន្ធបទ​នៅ​ទីនោះ តែ​យូរៗ​មក​អ្នកស្រុក​ហៅ​ថា អ្នកតា​សុគន្ធបទ​ រហូត​ដល់​សព្វ​ថ្ងៃនេះ ។ លុះ​សាង​ព្រះ​រូប​នោះ​រួច​ស្រេច​ហើយ​ ស្ដេច​ឲ្យ​ធ្វើ​បុណ្យ​ឆ្លង​យ៉ាង​ធំសង្គាយនា​៧​ថ្ងៃ ទើប​ទ្រង់​ត្រឡប់​មក​ក្រុង​ស្រីសឈរ​វិញ ។

នៅ ​ឆ្នាំថោះ នព្វស័ក ព.ស​២០៥១ គ.ស​១៥០៧ ម.ស​១៤២៨ ច.ស​៨៦៨ ព្រះ​បរមបពិត្រ​ស្ដេច​ទ្រង់​ព្រះ​តម្រិះ​អំពី​កិច្ចការ​រាជការ​ផង​ទាំងពួង ទ្រង់​យល់​ឃើញ​ថា​ប្រទេស​កម្ពុជា​ត្រើយ​ខាងលិច​នោះ ឆ្ងាយ​ណាស់​ឆ្ងាយ​អំពី​កិច្ចការ​ត្រួតត្រា​គួរ​ជាទី​រងា​អស់​ អាណាប្រជានុរាស្ដ្រ ។ ទ្រង់​ព្រះ​ពិចារណា​ឃើញ​ថា ព្រះ​ពញា​ចន្ទរាជា ជា​ព្រះ​អនុជ​នោះ​មាន​តម្រិះ​ប្រាជ្ញា​ល្មម​ជាទី​កក់ក្ដៅ​របស់​រាស្ដ្រ​ ត្រើយ​ខាង​លិច​បាន ទើប​ទ្រង់​តាំង​ឲ្យ​ចៅពញា​ចន្ទរាជា ឡើង​យស​ជា​សម្ដេចព្រះ​បរម​រាជា​មហាឧបរាជ​រាជាធិរាជ ហើយ​ព្រះ​បរមបពិត្រ​ជា​អម្ចាស់​ស្ដេច​ឲ្យ​ចេញ​ទៅ​គង់នៅ​ក្នុង​ក្រុង​ចតុមុខ​មង្គល​ស្រុក​ភ្នំពេញ ឲ្យ​បាន​ជាទី​កោតក្រែង​អ្នក​ត្រើយ​ខាងលិច ។ សម្ដេចព្រះអនុជ​ចន្ទរាជាធិរាជ​ថ្វាយបង្គំ​ទទួល​ព្រះរាជ​ឱង្ការ ហើយ​ក៏​លា​ចេញ​មក​នាំ​បណ្ដារាស្ដ្រ​ជា​ខ្ញុំព្រះអង្គ​ចេញ​ទៅ​គង់​ចតុមុខ​ មង្គល (រាជធានី​ភ្នំពេញ​យើង​សព្វ​ថ្ងៃនេះ) ដើម្បី​ទំនុកបម្រុង​អ្នកស្រុក​ត្រើយ​ខាងលិច​ឲ្យ​បាន​ក្សេមក្សាន្ដ​ឥត​មាន​ កលិយុគ​រៀង​មក ។ សម្ដេចព្រះ​ស្រីសុគន្ធបទ​រាជា​ជា​អម្ចាស់​ជីវិតលើត្បូង កាល​សម្ដេចព្រះអនុជ​ថ្វាយ​បង្គំ​លា​ចេញ​ទៅ កាលនោះ​ទ្រង់​ព្រះ​តម្រិះ​យល់​ឃើញ​ថា ព្រះ​រូប​របស់​អញ អញ​ក៏​បាន​សាង​ទុកជា​ព្រះ​កេរ​ជា​ព្រះ​យស​រួច​ហើយ ខាង​រាជការ​ទៀត ត្រើយ​ខាងកើត​មានខ្លួន​អញ​ជា​អ្នកត្រួតត្រា​រក្សា​មាំមួន​ហើយ ត្រើយ​ខាងលិច អញ​ក៏​បាន​ចាត់​សម្ដេចព្រះអនុជ​ចន្ទរាជាធិរាជ​ឲ្យ​ទៅ​ត្រួតត្រា​មាំមួន​ ជ្រះស្រឡះ​ហើយ​ដែរ ។ នៅឡើយ​តែ​វង្ស​អ្នក​ព្រះ​ស្នំ​ឯក​ដែល​ជាប់​ក្នុង​ពលព្រះ​ស្រី​រតនត្រ័យ មិន​ទាន់​បាន​គិត​នឹង​លោះ​ដោះសា​ដូច​ម្ដេច​ឲ្យ​បាន​ស្រឡះ​ទាំង​មាតាបិតា ទាំង​អ្នក​ព្រះ​ស្នំ​ឯក​ផង​នោះ​សោះ ។ លុះ​ទ្រង់​ព្រះ​ចិន្ដា​តែ​ម្ល៉ោះហើយ​ព្រះ​បរមបពិត្រ​ស្ដេច​ចេញ​គង់​ចុង​ព្រះ ​រាជរោង​មេរុ​ជួបជុំ​ព្រះរាជ​វង្សានុវង្ស ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ សេនាបតី មន្ដ្រី​តូច​ធំ ខ្ញុំ​រាជការ​ទាំងអស់ ទើប​ទ្រង់​ត្រាស់​ប្រឹក្សា​ដូច​ទ្រង់​គិត​គ្រប់​ប្រការ​នោះ ។ ព្រះរាជវង្ស សេនាបតី មន្ដ្រី​ទាំង​ប៉ុន្មាន ព្រម​គ្នា​ក្រាប​ទូល​ថា ពល​ទាំងនេះ​ព្រះមហាក្សត្រ​អំពី​បុរាណ​ទ្រង់​បាន​ឧទ្ទិស​ថ្វាយ​ទៅ​ព្រះ​ស្រី​ រតនត្រ័យ ទ្រង់​សច្ចា​ថា​ឲ្យ​គ្រប់​៥០០០​ព្រះ​វស្សា​ទើប​មនុស្ស​អាច​ដោះសា​ចេញ​ឲ្យ​ រួច​បាន ។ ប្រសិនបើ​ទ្រង់​ដោះសា​ក្នុង​ពេល​ឥឡូវនេះ​ទៅ រឿង​នេះ​គឺ​ហាក់ដូចជា​ពុំ​ឈឺឆ្អាល​នឹង​ព្រះ​ស្រី​រតត្រ័យ​នោះ ក៏​ពុំ​បាន​ដែរ ដ្បិត​ព្រះ​ស្រី​រតនត្រ័យ​នេះ ព្រះ​អង្គ​ពុំ​ប្រាថ្នា​ចំពោះ​យសស័ក្ដិ​តម្លៃ​នោះ​សោះឡើយ ។ ព្រះបាទ​បរមនាថ​បរមបពិត្រ ទ្រង់​ព្រះ​សណ្ដាប់​មន្ដ្រី​ក្រាបទូល​គ្រប់​ប្រការ​ហើយ ទ្រង់​ចូល​ព្រះ​ទ័យ​គ្រប់​ទាំងអស់ ហើយ​ស្ដេច​ចូល​ទៅ​ខាងក្នុង​វិញ ។ លុះ​ក្រោយមក ព្រះ​ម៉ែ​នាង​កេសរ​បុប្ផា ព្រះ​ស្នំ​ឯក​កើត​រោគា​ជា​ទម្ងន់ ។ ពេទ្យហ្ម ច្រកថ្នាំ​ប៉ុន្មាន ក៏​មិន បាន​ស្រាកស្រាន្ដ​នោះ​ឡើយ ។ ព្រះ​អង្គ​ទ្រង់​ព្រួយព្រះទ័យ​ណាស់ ទើប​ទ្រង់​ឧទ្ទិស​ឋាន​ថា សូម​ឲ្យ​តែ ព្រះ​ម្នាង កេសរ​បុប្ផា ព្រះ​ស្នំ​ឯក ជា​សះស្បើយ​ចុះ​ព្រះ​អង្គ​នឹង​សាង​ព្រះ​វិហារ​ថ្វាយ ហើយ​ព្រះ​អង្គ នឹង​ឲ្យ ខ្លួន​អ្នក​ព្រះ​ម្នាង​កេសរ​បុប្ផា ព្រះ​ស្នំ​ឯក ទៅ​ជម្រះ​ស្មៅ​ព្រះ​អារាម​រាល់​ថ្ងៃសីល ។ ទ្រង់​បួងសួង​ត​មក​៧​ថ្ងៃ ជំងឺ​នោះ​បានជា​សះស្បើយ​ជា​ដូច​ព្រះ​ហឫទ័យ ។ ព្រះ​អង្គ​ស្ដេច​មាន​ព្រះ​អំណរ​ណាស់ ទ្រង់​ត្រាស់​ឲ្យ​សាង​ព្រះ​វិហារ​មួយ​ជា​ព្រះ​អារាម​ហ្លួង ។ អ្នក​ព្រះ​មាតាបិតា​ក៏​ធ្វើបុណ្យ​ឆ្លង​តាម​ព្រះ​ពុទ្ធានុញ្ញាត​រួច​ស្រេច ស្ដេច​ត្រាស់​បង្គាប់​ភ្នាក់ងារ​ព្រះ​សន្ធិយា (មក​ពី​ពាក្យ​សាណី ក្លាយ​មក​ជា សាណីយ ហើយ​ក្លាយ​មក​ទៀត ជា​សន្ធិយា ប្រែ​ថា វាំងនន) ឲ្យ​យក​វាំងនន​ទៅ​បាំង​ជួរ​ស្នួ​ទាំង​សងខាង​ផ្លូវ តាំងពី​ព្រះរាជវាំង​រៀង​ទៅ​ដល់​វត្ដ​នោះ ។ ទ្រង់​ត្រាស់​បញ្ញត្ដិ​លើ​ចាស់ទុំ​អករ៍​យាយ​ថា ៖ បើ​ដល់​ថ្ងៃ​ឧបោសថ​កាលណា ឲ្យ​នាំ​អ្នក​ព្រះស្នំ​ឯក​ទៅ​ជម្រះ​ស្មៅ​ព្រះ​វិហារ​នោះ​រៀងរាល់ថ្ងៃ​សីល​ កុំឲ្យ​ខាន​ឡើយ ។ តែ​ធ្វើ​ដូច្នេះ​លុះ​កន្លង​មក​ជា​យូរ​អង្វែង​វាំងនន​ក៏​ចេះ​តែ​ដាច់ដោច​ទៅ​ ជា​រឿយៗ និង​តាំង​ដេរ​ធ្វើ​សា​ជា​ថ្មី​ឡើង​វិញ ក៏​គ្មាន​ប្រយោជន៍​ប៉ុន្មាន ។ ខណៈនោះ​ព្រះ​បរមបពិត្រ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​មន្ដ្រី​ក្រុមវាំង​រក​កូន​ ឈើ​ឫស្សី​ព្រេច​មក​ដាំ​ជា​របង​ជា​កំផែង ទ័ព​រាយ​រៀប​ដាក់​ឲ្យ​ជិត​គ្នា​ជា​របាំង​វាំងនន ជា​ស្នួ​មិន​ឲ្យ​មនុស្ស​មើល​ពី​ក្រៅ​ទៅ​ឃើញ​អស់អ្នក អស់​នាង នោះ​ឡើយ ។ អាស្រ័យ​ហេតុនេះ​ហើយ​បាន​ជា​កាល​អនាគត​រៀង​មក​ខ្លះ​ហៅ​វត្ដ​ម៉ែបាន ខ្លះ​ហៅ​វត្ដ​ព្រៃបាំង ព្រោះ​ចូល​ចិត្ដ​តាម​ហេតុ​ដែល​ដឹងខ្លួន​ទីទៃៗ​គ្នា ។ ក្រោយ​ពី​នោះ​មក​អ្នក​ព្រះ​ស្នំ​ឯក​មាន​ព្រះរាជ​បុត្រា​មួយ​ព្រះ​អង្គ​ព្រះ​ នាម​ចៅពញា​យសរាជា ជា​ព្រះរាជ​ឧរសាធិរាជ​នៃ​ព្រះ​បរមបពិត្រ​អ្នក​ជា​ម្ចាស់ជីវិតលើត្បូង ។

ចំណែក ​អ្នកឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ ដែល​ត្រូវជា​ប្អូន​អ្នក​ស្នំ​ឯក​នេះ ព្រះ​បរមបពិត្រ​ចង់​តាំង​ឲ្យ​ជា​មន្ត្រី​ធំ​ស្ដី​រាជការ​ថ្វាយ ប៉ុន្ដែ​ព្រះ​អង្គ​ទើសទាល់​នឹង​មាតា​នៃ​ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ​នោះ​ ជាប់​ជា​ពលព្រះ ក្រែង​ខ្ញុំ​រាជការ​ផង​ទាំងពួង​គេ​និន្ទា​ព្រះ​អង្គ ព្រះ​អង្គ​នឹង​ខូច​កិត្ដិយស​ជា​មិន​ខាន ។ ដូច្នេះ​ព្រះ​បរមបពិត្រ​ស្ដេច​ទ្រង់​ប្រទាន​ងារ​ដល់​អ្នកឧកញ៉ា​ម៉ឺន​ស្នេហា​ ចម​ចិត្ដ ជា​ឃុន​ហ្លួង​ព្រះ​ស្ដេច​សមុហ​សេនាបតី​វិញ ។ ក្នុង​មុខងារ​នេះ ឃុន​ហ្លួង​ព្រះស្ដេច​ត្រូវ​មាន​ជំទប់​៤​នាក់​ដែល​មាន​ងារ​ឃុន​នរេន្ទ្ររា​ជបញ្ញោ​១ ឃុន​មនោរាជ​បញ្ញា​១ ឃុន​ធម្មធារា​១ ឃុន​បញ្ញាធិរាជ​ ១ ។ ឃុន​ហ្លួង​ព្រះស្ដេច​ក្នុង​មុខងារ​ថ្មី​នេះ មាន​អំណាច​ឲ្យ​ស្រដី​ត្រួតត្រា​មើល​ពល​បម្រើ​ព្រះ​ស្រី​រតនត្រ័យ​ទាំងអស់ តែ​ព្រះ​បរមបពិត្រ​ស្ដេច​ពុំ​ទាន់​បាន​ប្រទាន​ស័ក្ដិ​ដូច​មន្ដ្រី​ទាំងពួង​ ឡើយ ។ ឃុន​ហ្លួង​ព្រះស្ដេច​មាន​ព្រះរាជអាជ្ញា​ឲ្យ​ផ្ដន្ទា​យក​ទោស​មនុស្ស​ពាលា​ ពាលោ​មោហ៍​បិទ​ចិត្ដ អក្កតញ្ញូ និង​បង្ខូច​បង្ខុស​ព្រះ​ស្រី​រតនត្រ័យ ល្មើស​បុរាណរាជ​ប្រវេណី ចាស់ព្រឹទ្ធាចារ្យ​ផង​ទាំងពួង ។

កាលនោះ ​ព្រះរាជ​សីមា​អាណាចក្រ​នៅ​ជា​សុខក្សេមក្សាន្ដ​ឥត​មាន​ភ័យ​អន្ដរាយ​អ្វី​មក​ បៀតបៀន​ឡើយ ។ អស់​មន្ដ្រី​សេដ្ឋី​ពាណិជ្ជករ​ប្រកប​មុខរបរ​រៀង​មក​ជា​សុខ​គ្រប់ៗ​ គ្នា ។ ឃុន​ហ្លួង​ព្រះស្ដេច​ក៏​មាន​កេរ្ដិ៍​ឈ្មោះ អស់​ខ្ញុំ​រាជការ​ក៏​កោតក្រែង​ណាស់ ម្ល៉ោះហើយ​ឃុន​ហ្លួង​ព្រះស្ដេច​ក៏​កម្រើក​ចិត្ដ ព្រហើន​អាង​ខ្លួន​ជា​ប្អូន​ព្រះស្នំ​ឯក ជា​មា​របស់​ព្រះរាជ​ឱរសាថិរាជ​ផង ពុំ​កោតក្រែង​មន្ដ្រី​ចាស់ទុំ​ឡើយ ។

លុះ ​មក​ដល់​ឆ្នាំរោង សំរឹទ្ធិស័ក ព.ស​២០៥២ គ.ស​១៥០៨ ម.ស​១៤៣០ ច.ស​៨៧០ ក្នុង​ខែចេត្រ ចូល​មហាសង្ក្រាន្ដ នៅ​ថ្ងៃ​នក្ខត្ដឫក្ស​នោះ អស់​មហាជន​សឹង​ជួបជុំ​ធ្វើ​បុណ្យ​សក្ការបូជា​ទាំង​ទេពនិករ អម​មេឃ សូម​មង្គល​សួស្ដី​ចូល​ឆ្នាំ​ថ្មី​តទៅ ។ ខណៈនោះ​ទ្រង់​ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង ព្រះ​អង្គ​ធ្វើ​សក្ការបូជា​ថ្វាយ​ព្រះ​ស្រី​រតនត្រ័យ សព្វ​ទេព​ទិស​ទស​ស្រេច​ហើយ ស្ដេច​ចូល​ក្រឡាព្រះបន្ទំ បរម​សេយ្យាសន៍ (សេយ្យាសន៍​ប្រែ​ជាទី​ដេក ឬ​ទី​ងងុយ) ជា​សុខ​ស្កល់ ។ កាលដែល​នឹង​កើតជា​ហេតុ​ធំ​ក្នុង​ព្រះ​នគរ​នោះ ទ្រង់​ព្រះ​សុបិននិម្មិត​ឃើញ​ថា មាន​នាគ​មួយ​ធំ មាន​ឫទ្ធិ​មហិមា មក​ដេញ​ខាំ​ព្រះ​អង្គ និង​មនុស្ស​ម្នា​ឲ្យ​រត់​ចេញ​អស់ពី​ព្រះរាជវាំង ហើយ​ព្រួស​ពិស​ជា​ភ្លើង​ឆេះ​រាលដាល​ពេញ​ទាំង​ព្រះ​មហានគរ ។ អំណាច​ភ្លើង​នោះ​ក្ដៅ​ពន់ប្រមាណ​ណាស់ ឃើញ​ហាក់ដូចជា​នាគ​នោះ ស្ទុះ​ចូល​មក​ខាំ​ញំ​ស្វេតច្ឆត្រ​ទៅ​កាន់​ទិស​បូព៌ា ។ លុះ​ល្មម​ព្រឹក​ឡើង​ព្រាង​ស្វាង​ព្រះ​សុរិយា ព្រះករុណា​ជា​អម្ចាស់ជីវិតលើត្បូង ព្រះ​អង្គ​តើន​ចាក​ព្រះ​សេយ្យាសន៍​ស្រេច ស្ដេច​ព្រួយព្រះទ័យ​នឹង​ព្រះ​សុបិន​ប្លែក​នោះ​ពន់ប្រមាណ​ណាស់ ។ លុះ​ស្ដេច​ស្រង់​គ្រឿង​ស្រេច ស្ដេច​ចេញ​ព្រះរាជ​រោង​រម​គង់​លើ​ព្រះ​សុវណ្ណ​ទែន​ទិព្វ​អាសនា ។ សម្ដេចព្រះអនុជ​ចន្ទរាជាធិរាជ និង​សម្ដេច​ឱរសាធិរាជ ព្រម​ដោយ​ព្រះ​បរម​វង្សា ព្រាហ្មណ៍ ព្រឹទ្ធាចារ្យ សេនាបតី​មន្ដ្រី​តូច​ធំ គាល់​គ្រប់​តំណែង ថ្វាយ​ទៀន​ធូប មាលា ជាទី​តបស្នង​ឆ្លង​ព្រះ​តេជៈគុណ​តាម​ព្រះរាជ​ប្រវេណី ។ ក្នុង​វេលា​នោះ​គ្រប់​គ្នា​ទាំងអស់ ទាំង​ខ្ញុំ​ព្រះ​រាជការ​ក្នុង​ទាំង​ខ្ញុំ​ព្រះ​រាជការ​ក្រៅ មក​ថ្វាយ​ទៀន​ធូប មាលា ពុំ​មាន​សេសសល់​ម្នាក់​ឡើយ ។ ព្រះបាទ​បរមបពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​មាន​ព្រះរាជ​បន្ទូល​សួរ​ សីហនាថ ព្រះ​រាជទាន​ព្រះ​ពរ​សុន្ទរ​រាជ​មង្គល​ស្រេច​ហើយ ស្ដេច​ទតព្រះនេត្រ​ទៅ​អស់​ព្រះ​បរមវង្សា និង​ខ្ញុំ​រាជការ​រៀង​ទៅ​ដល់​ឃុន​ហ្លួង​ព្រះស្ដេច​ធិបតី ។ ខណៈនោះ​ស្ដេច​ទត​ឃើញ​តួ​នាគ​ពីរ​ព័ទ្ធព័ន្ធ​លើ​ឃុនហ្លួង​ព្រះស្ដេច ហើយ​ងើប​ក្បាល​ឆ្វេង​ស្ដាំ ទន្ទឹម​គ្នា​នឹង​សិរសា​ឃុន​ហ្លួង​ព្រះស្ដេច​កន ។ រូប​នាគ​នោះ​ដូច​នាគ​ដែល​ព្រះ​អង្គ​ទ្រង់​ព្រះ​សុបិន្ដ​និម្មិត ។ កិរិយា​នាគ​នោះ​ហាក់ដូចជា​ចង់​ស្ទុះ​ទៅ​ខាំ​ព្រះ​អង្គ​ទ្រង់​ភ្ញាក់​ព្រះ​ ទ័យ​ត្រាស់​ឲ្យ​មន្ដ្រី​មើល តែ​មើល​ពុំ​ឃើញ​តាម​ព្រះរាជ​បញ្ជា​សោះ ។ ដូច្នោះ​ហើយ​ព្រះ​អង្គ​ទ្រង់​ព្រួយ​ព្រះទ័យ​ណាស់ ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ ចៅពញា​មនោមេត្រី​ចៅហ្វាយស្រុក​បាត់ដំបង​បាន​បក​សំបុត្រ​ប្ដឹង​មក​ថា ព្រះ​ទឹក​សម្រាប់​ព្រះមហាក្សត្រ​ដែល​នៅ​ក្នុង​គុហារ​ភ្នំ​បាណន់​ នោះ​ចេញ​ជា​ឈាម​ដាល​ក្រហម​ដូច​ទឹក​ល័ក្ដ ។ ព្រះ​ចៅអធិការ​វត្ដ​ព្រះ​វិហារសួគ៌​ក៏​មាន​សង្ឃដីកា​បក​ចូល​មក​ថា ព្រះ​ជ្រៃ​ប្រផ្នូល​នោះ​បាក់មែក​ចេញ​ជា​ឈាម ថា​ព្រះ​ឥសូរ ព្រះ​នារាយណ៍ ប្រេះ​ព្រះ​ឧរា​ចេញ​ជា​ឈាម​ដែរ ។ ព្រះរាជ​គ្រូ​បុរោហិត​ក៏​ថ្វាយ​សេចក្ដី​ថា ព្រះ​ខ័ន​ជ័យ​មង្គល​នោះ​មាន​ស្នឹម​ច្រាល​ឈាម​ក្រហម​ពីលើ​ស្រោច​ដល់​ គល់ ។ ចៅហ្វាយស្រុក​ពោធិ៍សាត់​បក​សំបុត្រ​ប្ដឹង​មក​ថា ព្រះ​កាំបិត​ស្ដាំ​រង្គោះ​ផ្លែ​ពី​ដង​ថា មាន​ផេះ​នៅ​ក្នុង​ស្រោម​កាំបិត​នោះ ។ ចៅហ្វាយស្រុក​បាភ្នំ​បក​សំបុត្រ​ចូល​មក​ថា ព្រះ​ពុទ្ធរូប​នៅ​ក្នុង​ទី​បាភ្នំ​ហូរ​ទឹក​ព្រះនេត្រ​មក​ជា​ឈាម​ក្រហម​ដូច​ ល័ក្ដ ។ ព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ​ទ្រង់​ព្រួយព្រះទ័យ​ ណាស់ ។

លុះ​ផុត​វេលា​ក្រាប​បង្គំ​ គាល់​ហើយ ព្រះ​អនុជ​អង្គចន្ទ​រាមាធិបតី​ស្ដេច​យាង​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ។ ខ្ញុំ​រាជការ​ទាំងពួង​ក៏​ថ្វាយបង្គំ​លា​ទៅ​ផ្ទះ​ទីទៃៗ​រៀងខ្លួន ។ ឯ​ព្រះ​បរម​បពិត្រ​ព្រះ​អង្គ​ចូល​ទៅ​ដល់​រតន​បល្ល័ង្ក តាំង​ប្រថាប់​នៅ​មុខ​ស្វេតច្ឆត្រ ទើប​ត្រាស់​ព្រះ​ឥសីភ័ទ្ទ​មហារាជ​គ្រូ និង​ព្រះរាជ​ហោរា​ធិបតី​ឲ្យ​ចូល​ទៅ​គាល់​ខាង​ក្នុង​ជាទី​ស្ងាត់ ។ ខណៈនោះ​ទ្រង់​ប្រឹក្សា​ការងារ​ថា កាល​ផែនដី​ពេល​នេះ​មាន​ហេតុ​គ្រប់​ប្រការ​ដូច្នេះ​អស់​អ្នក​យល់​ថា​ដូច​ ម្ដេច ?

សម្ដេចព្រះ​ឥសីភ័ទ្ទ​យក​ សេចក្ដី​ក្រាប​បង្គំ​ទូល​ថា តាម​ហេតុនេះ​ផែនដី​កើត​កោលាហល​ដល់​អស្ចារ្យ ហើយ​ផែនដី​នឹង​មាន​ព្រះ​គ្រោះកាច​ខ្លាំង​ណាស់ ។ លុះ​ទ្រង់​ព្រះ​សណ្ដាប់​ទំនាយ​ឥសីភ័ទ្ទ និង​ហោរា​សព្វគ្រប់​ហើយ ទើប​ព្រះ​អង្គ​ត្រាស់​សួរ​ទៀត​ថា «រាជ​សត្រូវ​នោះ​មក​ពី​ខាងក្នុង ឬ​ក្រៅ​ក្រុង ឲ្យ​គន់គូរ​តទៅ​ទៀត​មើល ?» ហោរា​តាំង​លេខ​តម្រា​គន់គូរ​បូក​ហាត់​ទៅ​ទៀត ដឹង​ច្បាស់​ក្នុង​តម្រា​ហើយ​ក្រាបទូល​ថា «រាជ​សត្រូវ​នោះ​នៅ​ក្នុង​ព្រះ​នគរ» ។ វា​កើត​ឆ្នាំរោង​ពង្ស​នាគ ។ ទំនាយ​នោះ​ឃើញ​ចំពោះ​ត្រូវ​ត្រង់​ខ្លួន​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន ដ្បិត​ជតារាសី​របស់​វា​កំពុង​ឡើង​ខ្លាំង​ណាស់ ។ ទំនាយ​ថា បើ​កើត​កលិយុគ​ម្ដងនេះ គឺ​កើតមក​ពី​ឃុន​ហ្លួង​ព្រះស្ដេច​កន​នេះឯង ព្រោះ​វា​កើត​ឆ្នាំរោង​នាគរាជ ។ នាគ​ដើមឆ្នាំ​នេះ​កំពុង​ខ្លាំងក្លា​ណាស់ សូម​ទ្រង់​ជ្រាប​ហើយ​សូម​ព្រះ​អង្គ​ស្ដេច​កុំ​ប្រហែស​ព្រះ​អង្គ​ឡើយ ។

ព្រះ ​បរមបពិត្រ​បាន​ទ្រង់​ជ្រាប​ទំនាយ​ត្រូវ​នឹង​ហេតុ​និម្មិត​ដែល​ព្រះ​អង្គ​ យល់​ឃើញ​គ្រប់​ប្រការ​ហើយ​ទ្រង់​ស្លុត​ក្នុង​ព្រះរាជ​ហឫទ័យ​ណាស់ ទើប​ត្រាស់​ថា អញ​ក៏​ឃើញ​ពិត​ដូច​ហោរា​ឯង​ទាយ​ដែរ តែបើ​នឹង​ចាប់​វា​យក​ទៅ​ប្រហារជីវិត​តែ​ម្ដង វា​ឥត​ខុស​ឥត​ទោស​នឹង​អញ​សោះ ។ ការ​ធ្វើ​យ៉ាងនេះ​មុខជា​នឹង​មាន​ពាក្យ​គេ​និន្ទា​ជា​មិន​ខាន​ឡើយ ។ មួយ​វិញទៀត​បង វា​ក៏​ជា​ព្រះ​ស្នំ​ឯក​មាន​ទាំង​ព្រះរាជបុត្រ​ផង ។ បើ​បង​វា​ដឹង​ក្រែង​នឹង​ញុះញង់​កូន​វា​ឲ្យ​ចេញ​ជា​សត្រូវ​នឹង​អញ ។ អញ​នឹង​កើត​សត្រូវ​ចម្បាំង​ព្រោះ​កូន​ឯង​នាំ​ឲ្យ​លំបាក​រាស្ដ្រ ។ អញ​គិត​យល់​ឧបាយកល​ម្យ៉ាង​យ៉ាងនេះ គឺថា​ដល់​វេលា​ព្រឹក​នេះ យើង​ក្លែង​ទៅ​បង់សំណាញ់ ហើយ​ក្លែង​ធ្វើ​ជា​សំណាញ់​ជាប់​គល់ រួច​ហើយ​បង្គាប់​ឲ្យ​វា​មុជ​ចុះ​ទៅ​ដោះ ។ លុះ​វា​មុជ​ទៅ​ក្នុង​ទឹក​ហើយ យើង​ព្រួត​គ្នា​បង់​សំណាញ់​គ្រប់​ឲ្យ​ជាប់​ទាំង​ដៃ​ទាំង​ជើង វា​នឹង​ឡើង​មក​ក៏​មិន​រួច​ហែល​ក៏​មិន​បាន ។ វា​គង់តែ​ស្លាប់​ដោយ​ងាយ តែ​កាលណា​វា​បាត់​ខ្លួន​ទៅ​សេចក្ដី​ដែល​នឹង​កើត​ពាក្យ​និន្ទា​នោះ​ក៏​គ្មាន​ ដែរ ។ តើ​អ្នក​រាល់គ្នា​យល់​ដូច​ម្ដេច ? ព្រះ​ឥសីភ័ទ្ទ និង​រាជ​ហោរា​ឆ្លើយ​ថា យល់​តាម​ព្រះរាជ​បរិហារ​គ្រប់​គ្នា ។

ឯ ​ព្រះ​ម្នាង​កេសរ​បុប្ផា ព្រះ​ស្នំ​ឯក​ កាល​ស្ដេច​កំពុង​ប្រជុំ​មន្ដ្រី​ប្រឹក្សា​ការងារ​ផែនដី​នោះ លបស្ដាប់​ផ្ទាប់​ខាង​ឡប់ឡែ តែ​ឮ​ពុំ​សូវ​ច្បាស់ ។ អ្នក​ព្រះ​ម្នាង​ឮ​តែ​ចុង​ពាក្យ​ថា ឲ្យ​ព្រះស្ដេច​កន​មុជទឹក ហើយ​ឲ្យ​បង់សំណាញ់​គ្រប​ឲ្យ​ស្លាប់​តែ​ប៉ុណ្ណោះ ថា​ខុស​ពី​ហេតុ​អ្វី​ក៏​ពុំ​ដឹង ។ លុះ​លប​ស្ដាប់​បាន​ប៉ុណ្ណោះ​ហើយ ក៏​លប​វិល​ទៅ​ដំណាក់​ខ្លួន​វិញ ។ ឯមុខ​មន្ដ្រី​ដែល​ចូល​ជំនុំ​រោងការ​នោះ លុះ​ទៅ​ដល់​មុខ​ព្រលាន​ក្រៅ​ហើយ ក៏​បង្គាប់​ឲ្យ​ត្រៀម​ព្រះ​រាជយាន និង​ព្រះ​ទីនាំង​នាវា​សម្រាប់​គង់​ប្រពាត​មច្ឆា ។ អស់​ខ្ញុំ​រាជការ​ទាំងពួង​តម្រូវ​ឲ្យ​មាន​សំណាញ់​មួយ​ទូក​មួយ ។ សំណាញ់​មួយ​ម្នាក់​ប្រចាំ​ហែ​ស្ដេច​ទៅ​ប្រពាត​មច្ឆា​ក្នុង​បឹង​ថ្ងៃ​ព្រឹក​ ស្អែក​នោះ ។ មន្ដ្រី​គ្រប់​ក្រុម​ខ្ញុំ​ព្រះ​រាជការ​ក៏​ទទួល​តាម​បង្គាប់​ព្រៀង​ព្រម​ ស្រេច​រង់ចាំ​នៅ​តាម​តំណែង​ព្រះ​រាជការ ។

លុះ ​ព្រឹក​ស្វាង​ស្រេច ស្ដេច​គង់​ព្រះ​រាជយាន​នាំ​អស់​រាជការ​ខាងក្នុង​ខាងក្រៅ ហែ​ចុះ​ព្រះ​ទីនាំង​តូច​សម្រាប់​ទ្រង់​សំណាញ់​នោះ ។ ពួក​ពល​ក៏​តាំង​ស្រែក​ហ៊ោ​គឹកកង ឆ្លង​ទៅ​ដល់​ទំនាប​មាន​ម្លប់​ព្រឹក្សា​ទើប​ស្ដេច​ត្រាស់​ឲ្យ​ឈប់​តាំង​គ្រឿង ​សោយ ហើយ​ឲ្យ​រៀប​លាង​ភោជនាហារ អស់​ខ្ញុំ​ព្រះ​រាជការ​ទាំង​ក្នុង​ទាំង​ក្រៅ​ពុំ​រើស​មុខ​ជា​សុខ​សប្បាយ​ រាល់គ្នា ។ តែ​ព្រះ​ស្នំ​ឯក​ដែល​បាន​ដឹង​សេចក្ដី​នៃ​ការ​ប្រជុំ​ប្រឹក្សា​រាជការ​នោះ មាន​ចិត្ដ​ថប់​បារម្ភ​នឹង​ប្អូន​ពុំ​ស្រាកស្រាន្ដ​សោះ ។ កាល​ព្រះ​បរមបពិត្រ​ស្ដេច​ឲ្យ​អស់​ខ្ញុំ​រាជការ​ទទួល​លៀង​ភោជនាហារ​នោះ ព្រះ​ស្នំ​ឯក​បង្គាប់​ថា​ឲ្យ​ថយ​ទូក​ទៅ​ទី​ស្ងាត់ រួច​សឹម​បរិភោគ​គ្រប់​គ្នា ។

លុះ​ ទូក​ថយ​ទៅ​ដល់ទី​ស្ងាត់​ហើយ ព្រះ​ស្នំ​ឯក​ក៏​តាំង​សរសេរ​ជា​អក្សរ​រាយ​សេចក្ដី​តាម​ហេតុ​ស្រេច​ដាក់​ ក្នុង​កញ្ចប់​បាយ ហើយ​ឲ្យ​ទាសី​ម្នាក់​យក​ទៅ​ឲ្យ​ឃុន​ហ្លួង​ព្រះស្ដេច​ជា​ប្អូន ។ ឃុន​ហ្លួង​ព្រះស្ដេច​ធិបតី​កាល​ឃើញ​កញ្ចប់​បាយ​នោះ​ហើយ​ក៏​គិត​ថា បង​អញ​ពុំ​ដែល​ឲ្យ​បាយ​កញ្ចប់​ដូច្នេះ​សោះ ។ បង​ធ្លាប់​ឲ្យ​តែ​នឹង​តុ​នឹង​ថាស ។ ម្ដងនេះ​បង​ឲ្យ​យ៉ាង​ដូច្នេះ​គួរ​ឲ្យ​សង្ស័យ​ណាស់ ។ លុះ​គិត​ដូច្នេះ​ក៏​កាន់​បាយ​កញ្ចប់​នោះ ទៅ​ជ្រក​ក្នុង​ព្រៃ​ទ្រុប​ទ្រុល ។ ពេល​យល់​ថា​ស្ងាត់​ហើយ ហ្លួង​ព្រះស្ដេច​ក៏​លា​កញ្ចប់​បាយ​នោះ​មើល ឃើញ​កំណត់​មួយ​ច្បាប់​មាន​សេចក្ដី​ថា «ឲ្យ​ប្អូន​ ប្រយ័ត្ន​មែនទែន​គេ​នឹង​សម្លាប់​ហើយ ។ បើ​ហ្លួង​ប្រើ​ឲ្យ​មុជទឹក ឲ្យ​ប្អូន​ចេញ​រត់​ទៅ​ឲ្យ​ឆ្ងាយ​កុំ​ត្រឡប់​មក​វិញ​ឡើយ» ។ ឃុន​ហ្លួង​ព្រះស្ដេច​ធិបតី​ដឹង​ជាក់​សេចក្ដី​ហើយ​ធ្លាក់​ថ្លើម​ក្ដុក ភ័យ​ណាស់ ចាប់ដៃ​ដាក់​លើ​ក្បាល​ប្រណម្យ​ដៃ​ទាំង​ពីរ​ហើយ​តាំង​សច្ចា​ថា ខ្លួន​ខ្ញុំ​នេះ​សុចរិត​ពិត​ត្រង់​ណាស់ ឥត​មាន​នឹង​ទាស់​ខុស​នឹង​អ្នក​ណា​សោះ​ឡើយ ។ ដូច្នេះ​សូម​គុណបុណ្យ​លោក​ជួយ​ខ្ញុំ​ឲ្យ​បាន​គង់​ជីវិត​ក្នុង​គ្រានេះ ខ្ញុំ​តាំងពី​ថ្ងៃនេះ​តទៅ​ប្រាកដ​ជា​អស់​ទីពឹង​ហើយ ។ លុះ​សច្ចា​ចប់​ហើយ​ក៏​ត្រឡប់​ទៅ​ទីប្រជុំ​មន្ដ្រី​វិញ ។ ខណៈនោះ​ព្រះ​បរមបពិត្រ​ជា​អម្ចាស់​ជីវិតលើត្បូង កាល​សោយ​ស្រេច​ហើយ ស្ដេច​គង់​ចុះ​ព្រះ​ទីនាំង​សម្រាប់​បង់​សំណាញ់ អស់​ខ្ញុំ​រាជការ​ក៏​ចាប់​បង់សំណាញ់ លយ​តាម​ជលធី​ហែល​ទៅ ។ ចំណែក​ឃុន​ហ្លួង​ព្រះស្ដេច​ធិបតី ក៏​ចុះ​ទូក​តូច​តាម​ហែ​ទៅ​ជិត​ព្រះ​ទីនាំង​ដែរ អ្នក​ខាងក្នុង និង​ជំទាវ​នាង​ឃុន​ណាង ចាស់ទុំ​ប្រជុំ​គ្នា​នៅ​លើ​គោក មើល​ហ្លួង​ទ្រង់​សំណាញ់ និង​អស់​ខ្ញុំ​រាជការ​ធំ​តូច​បង់សំណាញ់ ។ អ្នក​ទាំងអស់​ទំនង​ល្អ​អាក្រក់​ផ្សេង​គ្នា ខ្លះ​បាន​ត្រី​ធំ ខ្លះ​បាន​ត្រី​តូច ខ្លះ​បាន​មែកឈើ ខ្លះ​បាន​ទៅ​លើ​ត្រឹប​ចឿន​ចក អស់អ្នក​អស់​នាង​ជំទាវ​ឃុន​ណាង​ដែល​នៅ​លើគោក​នោះ ក៏​ស្ដី​ចំអន់​ចំអក​សើច​ឡើង​តែ​សព្វ​ខ្លួន ។

ចំណែកឯ ​ព្រះ​បរមបពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ព្រះ​អង្គ​ទ្រង់​បង់សំណាញ់​ពាក់ ​ត្រូវ​មច្ឆា​តរៀង​ទៅ ។ លុះ​ដល់​អន្លង់​មួយ​អន្លើ​ជ្រៅ​ក្រៃ​លែង​ជាង​អន្លង់​ទាំងពួង មាន​ឫស​ឈើ​ក៏​ច្រើន ទើប​មន្ដ្រី​ម្នាក់​បង់​សំណាញ់​ចុះ​ទៅ​ក្នុង​ទីនោះ ហើយ​ក្លែង​ថា​ជាប់​សំណាញ់​ហើយ ។ ដោយ​ក្រាបទូល​ថា ត្រង់នេះ​ត្រី​ច្រើន​ណាស់ ទូលព្រះបង្គំ​បង់​ត្រូវ​ទាញ​លើក​ឡើង​ពុំ​រួច​សោះ ។ ខណៈ​នោះ​ព្រះ​បរមបពិត្រ​ទ្រង់​ព្រះ​សណ្ដាប់​ទ្រង់​ជ្រាប​ឧបាយ​ដូច្នេះ​ហើយ ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ប្រមូល​ទូក​សំណាញ់​មក​ព័ទ្ធ​ទីនោះ ហើយ​ទ្រង់​គ្រវែង​សំណាញ់​សម្រាប់​ព្រះ​ហស្ដ​ចុះ​ទៅ​ក្នុង​ព្រះ​គង្គា​ជាមួយ​ នឹង​មន្ដ្រី​ដែល​បង់​មុន​នោះ ។ ខណៈនោះ​ទ្រង់​បង្គាប់​ថា អា​កន​ឯង​លោត​ចុះ​ទៅ​ដោះ​សំណាញ់​ឲ្យ​អញ​មួយ​រំពេច ។ ឃុន​ហ្លួង​ព្រះស្ដេច​ធិបតី​ថ្វាយបង្គំ​លោត​ចុះ​ទៅ​ក្នុង​ទឹក​ចាប់​រាម (រាម​គឺ​រនាម) ក្រាប​រាប​ទៅ​នៅ​បាត​បឹង​នោះ ។ ទូក​មន្ដ្រី​ជាង​ពីរ​រយ​ចូល​ព្រួត​បង់សំណាញ់​គ្រប់​ប្រកិត​ច្រើន​ត្រួត​ ច្រើន​ជាន់ ដោយ​គិត​ថា​ឲ្យ​ស្លាប់​កុំ​ឲ្យ​ហែល​រត់​ចេញ​អំពី​ទីនោះ​រួច ។ ឃុន​ហ្លួង​ព្រះស្ដេច​ធិបតី​កន កាល​មុជ​ចុះ​ទៅ​ក្នុង​ទឹក​នោះ​ភ័យ​ណាស់ គិត​អ្វី​ក៏​ពុំ​ឃើញ លុះ​ទៅ​ដល់​បាតដី ហើយ​ឮ​ស័ព្ទ​សូរ​សំណាញ់​បង់​គ្រាំ​គ្រេង​ខ្វែង​ខ្វាត់ គឹកកង​រំពង​ទឹក​ពីលើ​ខ្លាំង​ណាស់ ក៏​ដកដង្ហើម​ធំ​ថប់​គិត​ថា អញ​មុខជា​នឹង​ស្លាប់​ប្រាកដ​ណាស់​ម្ដង​នេះ ។ សំណាញ់​ទាំងពួង​ក៏​កាន់តែ​រួបរឹត​ជិត​មក​ហើយ តែ​ដោយ​ហេតុ​ថា​ជា​តេជៈ​កុសល​ដែល​គាត់​បាន​កសាង​បណ្ដាល​ឲ្យ​នាគរាជ​មួយ​មក​ ព័ទ្ធ​កណ្ដាល​ខ្លួន នាំ​ហែល​រត់​យ៉ាង​រហ័ស​ផុត​ពី​សំណាញ់​រួច​អំពី​ចំណោម ហើយ​ហែល​បណ្ដោយ​បឹង​ទៅ​ទិស​ខាងជើង រួច​ហើយ​នាគ​នោះ​ក៏​ភៀស​កាយ​បាត់​ទៅ ។ ឃុន​ហ្លួង​ព្រះស្ដេច​ធិបតី​ក៏​ផុស​លោត​ឡើង​ដែរ បន្លុយ​ក្នុង​ទឹក​ទៅ ។ ហេតុតែ​ជា​បុណ្យ​ឲ្យ​បាន​សោយរាជ្យ ពេល​នោះ​មាន​សត្វ​ទាព្រៃ​ហើរ​ពីលើ​ខ្មួល​ខ្មៅ​ហើយ​ចុះ​ទៅ​ទំ​លើ​ក្បាល​ឃុន​ ហ្លួង​ព្រះស្ដេច​ប្រមាណ​ជា​ពីរ​ឱប មើល​ពី​ឆ្ងាយ​ទៅ​ដូច​ជា​គល់ឈើ​កំបាំង​បាត់​ខ្លួន​ព្រះស្ដេច ។ ព្រះស្ដេច​ខំ​បន្លុយ​ខ្លួន​ក្នុង​ទឹក រត់​ដោះ​ទៅ​ជ្រក​ពួន​ក្នុង​ត្រឹប​ច្រើន​មួយ​អន្លើ ទម្រាំ​យប់​នឹង​រត់​តទៅ​ទៀត ។ អាស្រ័យ​ហេតុនេះ​ហើយ​ទើប​បាន​ជា​បឹង​នោះ​មាន​ឈ្មោះ​ថា បឹង​ទា យូរ​មក​ហៅ​ថា បឹង​ទទា វិញ ទីបំផុត​ប្រែក្លាយ​ជា​បឹង​ទទង​លុះដល់​សព្វ​ថ្ងៃនេះ ។

សម្ដេចព្រះ ​បរមបពិត្រ​លុះ​បាត់​ព្រះស្ដេច​កន​យូរ​ពេក ទ្រង់​ឲ្យ​ស្រាវ​សំណាញ់​ឡើង តែ​ស្រាវ​មក​ពុំ​ឃើញ​ខ្លួន​ព្រះស្ដេច​កន​សោះ ។ ស្ដេច​ឲ្យ​យក​ច្បូក​សម​ចាក់​រក​គ្រប់​រាម​ក៏​ពុំ​ឃើញ​ទៀត ។ ទ្រង់​មិន​អស់​ព្រះ​ទ័យ​សោះ ទើប​ទ្រង់​ឲ្យ​មនុស្ស​ពូកែ​មុជទឹក​ឲ្យ​មុជ​ចុះ​រក​ទៀត​ក៏​ពុំ​ឃើញ ។ ស្ដេច​រឹង​ព្រួយ​ព្រះទ័យ​ណាស់ ទ្រង់​ត្រាស់​ថា «អានេះ​រត់​រួច​ទៅ​ដូច​ជា​ខ្លា​រួច​ពី​ទ្រុង វា​គង់​នឹង​ត្រឡប់​មក​សងសឹក​វិញ​ពុំខាន​ឡើយ» ។ ចៅពញា​យមរាជ ចៅពញា​វង្សាអគ្គរាជ ក្រាបទូល​ថា ចំពោះ​ស្ថានការណ៍​ដូច្នេះ សូម​ព្រះ​អង្គ​កុំ​ព្រួយ​ព្រះរាជ​ហឫទ័យ ។ ទូលព្រះបង្គំ​ទាំង​ពីរ​នាក់​នឹង​តាក់តែង​ទាហាន​ឲ្យ​តាម​ចាប់​ខ្លួន​ឃុន​ ហ្លួង​ព្រះស្ដេច​ថ្វាយ​ស្នង​ព្រះ​តេជៈគុណ​ឲ្យ​បាន ថា​ហើយ​ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់​ទាហាន​ស្រាល់​ឲ្យ​ទៅ​ល្បាត​ក្រវែល​ចាំ ​រក​ចាប់ខ្លួន​ឃុន​ហ្លួង​ព្រះស្ដេច​កន​ជុំវិញ​បឹង ។ សម្ដេចព្រះ​បរមបពិត្រ​ទ្រង់​គិត​មក​នេះ​ពុំ​បាន​សម្រេច​ដូច​ព្រះ​ចិន្ដា​ ទ្រង់​ពុំ​ស្បើយ​ព្រះ​វិតក្ក​សោះ ទើប​ស្ដេច​ត្រឡប់​ចូល​ក្នុង​ព្រះ​បរមរាជវាំង​វិញ ហើយ​ស្ដេច​ក៏​រឹត​ទ្រង់​ព្រះ​វិតក្ក​ណាស់​ទៅ​ទៀត ។

ចំណែកឯ ​ឃុន​ហ្លួង​ព្រះស្ដេច​ធិបតី​កន​វិញ កាល​ខំ​រត់ឡើង​អំពី​បឹង​ហើយ​ក៏​ខំ​ដើរ​ទាំង​យប់​ទាំង​អធ្រាត្រ​ឥត​ឈប់​ ឈរ ។ លុះ​ដើរ​មក​បាន​បន្ដិច​ក៏​ជួប​នឹង​មនុស្ស​ល្បាត ។ មនុស្ស​ល្បាត​ឃើញ​ឃុន​ហ្លួង​ព្រះស្ដេច​កន​ហើយ​ក៏​ដេញ​ភ្លាម​ឥត​ បង្អង់ ។ ឃុន​ហ្លួង​ព្រះស្ដេច​កន​រត់​ជ្រក​ពួន​តាម​គុម្ព​ព្រៃ​ចេញ​ផុត​ពី​ចំណោម​ទៅ​ ក៏​ទៅ​ប្រទះ​នឹង​មនុស្ស​ម្នាក់​ទៀត​កាន់​ដាវ​វែង ។ មនុស្ស​នេះ​ឃើញ​ហើយ​ក៏​ស្រែក​ថា នែ​លោក​ព្រះស្ដេច​ទៅ​ណា​ហ្លួង​ត្រាស់​បង្គាប់​ឲ្យ​ចូល​ទៅ​គាល់ ។ ព្រះស្ដេច​កន​ឮ​ហើយ​ភ័យ​ស្លុត​រត់​ទៅ​ជល់​នឹង​ដង្គត់​ឫស្សី​ក៏​ដួល​ ចុះ ។ នាយ​ល្បាត​ម្នាក់​នោះ​ដេញ​ទៅ​ទាន់ យា​ដាវ​បម្រុង​នឹង​កាប់ ត្រឡប់​ជា​ឃើញ​នាគ​មួយ​ធំ​បើក​ពពារ​ដេញ​មក ។ នាយ​ភ័យ​ធ្លាក់​ដាវ​ពី​ដៃ​ដួល​ចុះ​ទៅ​នៅ​ទីនោះ ។ ព្រះស្ដេច​កន​យល់​បាន​ការ​ហើយ ក៏​ស្ទុះ​កន្ដ្រាក់​យក​ដាវ​បាន​ហើយ​កាប់​ចៅ​នោះ​ស្លាប់​នៅ​នឹង​ កន្លែង ។ ព្រះស្ដេច​កន​បាន​ដាវ​នោះ រត់​ទៅ​ដល់​វត្ដ​សម្ដេច​ព្រះសង្ឃរាជ «សង្ឃ​សត្ថា» តាម​ដំណើរ ។ សម្ដេច​មាន​ថេរ​វាចា​ថា បា​កុំ​នៅ​ក្នុង​ទី​នេះ​ឡើយ បា​នឹង​មាន​រឿង​ភ័យ​អន្ដរាយ​ជា​មិន​ខាន ។ បើ​បា​ឯង​ចង់​ឲ្យ​រួច​ភ័យ ចូរ​បា​រត់​ទៅ​ទិស​បូព៌ា​ចុះ តែ​៣​ឆ្នាំ​បា​នឹង​បាន​ជា​ធំ​ពុំខាន​ឡើយ ។ ព្រះស្ដេច​កន​បាន​ឮ​ទំនាយគ្រូ​ហើយ ត្រេកអរ​ណាស់​ក៏​ថ្វាយបង្គំ​លា​ទៅ​ដល់​ក្រៅ​វត្ដ ។ នៅ​ទីនោះ ព្រះស្ដេច​កន​បាន​ប្រទះ​នឹង​ទាសកម្មករ​របស់​ខ្លួន​ដែល​បិតា​មាតា​ឲ្យ​មក​រក​ លោក​ចាំ​យាម​ឲ្យ ។ ព្រះស្ដេច​កន​ត្រេកអរ​ណាស់ ក៏​ប្រើ​ឲ្យ​ទៅ​យក​ធ្នូ​ព្រួញ​របស់​ខ្លួន​នៅ​ឯ​ផ្ទះ​ហើយ​ប្រមូល​បាវព្រាវ​ សន្មត​ឲ្យ​មក​ជួបជុំ​នៅ​ព្រៃ​ថ្មដា ។ ឯ​ខ្លួន​ក៏​រត់​ទៅ​ពួន​នៅ​ប្រប​ភូមិ​ថ្មដា​នោះ​ចាំ​អស់​បាវព្រាវ​ និង​ស្ម័គ្របក្សពួក ។ ទាសកម្មករ​នោះ លុះ​ទៅ​ដល់​ផ្ទះ​វិញ​ហើយ​ក៏​ជម្រាប​អ្នក​បិតា​ពិជ័យ​នាគ និង​អ្នក​មាតា​ម៉ែបាន​ថា ទៅ​ជួបនឹង​លោក​ព្រះស្ដេច​ហើយ ។ លោក​សុខ​សប្បាយ​ទេ ហើយ​លោក​ប្រើ​ខ្ញុំបាទ​ឲ្យ​ត្រឡប់​មក​យក​ធ្នូ​សម្រាប់​កាន់​នោះ​ទៅ​ជូន​លោក​ វិញ ។ មាតាបិតា​ទាំង​ពីរ​នាក់​បាន​កូន​នៅ​រស់​ទេ ក៏​មាន​ចិត្ដ​ត្រេកអរ​ណាស់ ក៏​យក​ធ្នូ​នោះ​ប្រគល់​ឲ្យ​ទៅ​ទាសកម្មករ​ជា​បម្រើ ។ បម្រើ​ទាំងនោះ​ក៏​ប្រមូល​បាវព្រាវ​ស្ម័គ្របក្សពួក​បាន​ប្រមាណ​៥០​នាក់ រួច​ក៏​រត់​ត្រឡប់​មក​ជួបនឹង​ស្ដេច​កន​វិញ ។ ព្រះស្ដេច​កន​នាំ​បក្សពួក​ទាំងនោះ​រត់​ទៅ​ដល់​ស្រុក​បាភ្នំ ។ វេលា​ព្រលប់​ហើយ​ទាំងអស់​គ្នា​ក៏​ឡើង​ទៅ​លើ​ផ្ទះ​ចៅហ្វាយស្រុក ។

ព្រះស្ដេច ​កន​ឃើញ​ចៅហ្វាយស្រុក​កំពុង​ស្ដី​រាជការ​យល់​ប្រហែល​ខ្លួន​ទើប​ស្ដេច​កន​ ក្លែង​ស្រែក​ថា មាន​ព្រះរាជ​ឱង្ការ​ឲ្យ​អញ​មក​ប្រហារជីវិត​ឯង ដ្បិត​ឯង​ក្បត់​ចូល​នឹង​ចៅពញា​ចន្ទរាជា ។ ថា​ហើយ​កន​ក៏​ស្ទុះ​ទៅ​កាប់​ចៅហ្វាយស្រុក​ដល់​អនិច្ចកម្ម​ទៅ ។ អស់​ក្រមការ​រាស្ដ្រប្រជា​ក៏​ភ្ញាក់ផ្អើល​ឆោឡោ អឺងកង​ទើប​ព្រះស្ដេច​កន​ឧបាយ​ស្រដី​ថា ហ្លួង​ទ្រង់​ជ្រាប​ថា ចៅហ្វាយស្រុក​នេះ​ក្បត់​ចូល​នឹង​ពញា​ចន្ទរាជា​ដើម្បី​នឹង​ដណ្ដើម​ រាជ្យ ។ ហេតុ​នោះ​ហើយ​បានជា​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​អញ​ចេញ​មក​សម្លាប់ ។ បើ​អញ​សម្លាប់​បាន​ហើយ ឲ្យ​កេណ្ឌ​ទ័ព​នាំ​ចូល​ទៅ​លើក​ចៅពញា​យសរាជា ជា​ព្រះ​រាជឱរស ដែល​ត្រូវជា​ក្មួយ​អញ​ឲ្យ​ឡើង​សោយរាជ្យ ។ អស់អ្នក​រាល់គ្នា​ដែល​ឥត​ទោស​កុំ​គិត​វឹកវរ​បារម្ភ​ឡើយ ។ ចូរ​អ្នក​នាំ​គ្នា​យកអាសា​ថ្វាយ​ព្រះករុណា​វិញ​ទើប​ល្អជា ។ បើ​បាន​សម្រេចការ​ថ្ងៃ​ណា​នោះ (គឺ​ពូជ​មនុស្ស​ដែល​ទុកជា​វណ្ណៈ​ថោកទាប​ជាងគេ​បំផុត បណ្ដា​វណ្ណៈ​ទាំង​បួន​គឺ ព្រាហ្មណ ក្សត្រិយ វៃស្យ សូទ្រ​ពល​គឺជា​ពូជ​សូទ្រ​នេះឯង រី​មនុស្ស​ដែល​មាន​ទោស​ធ្ងន់ ហើយ​ច្បាប់​តម្រូវ​ឲ្យ​ទុក​មនុស្ស​នេះ​ត​កូនចៅ​រៀង​ទៅ) នឹង​ឲ្យ​រួច​ជា​ព្រៃងារ (ព្រៃងារ​គឺ​មនុស្ស​អ្នកជា​ធម្មតា ជា​មនុស្ស​ភាគ​ទី​៣ ។ មនុស្ស​ពួក​នេះ​មាន​សេរីភាព​អាច​ធ្វើ​អ្វី​បាន​គ្រប់យ៉ាង) ។ ព្រៃងារ​នឹង​ឲ្យ​ឡើងជា​មន្ដ្រី ហើយ​មន្ដ្រី​នឹង​ឲ្យ​ជានា​ម៉ឺន​ធំ​តាម​គុណ​បំណាច់​តិច​ច្រើន ។ ឯ​អស់​ក្រមការ​ប្រជារាស្ដ្រ​បាន​ឮ​ឃុន​ហ្លួង​ព្រះស្ដេច​កន​និយាយ​បោកប្រាស់​ ដូច្នោះ​ក៏​ជឿចិត្ដ​ចុះចូល​ទាំងអស់ ។ ស្ដេច​កន​ចាត់ចែង​ជា​មេកង មេទ័ព ទៅ​កេណ្ឌ​ពល​ហើយ​ឲ្យ​ចេញ​ទៅ​សង្កត់​ស្រុក​តូច​ធំ ដោយ​ចាប់​ផ្ដើម​ពី​ខេត្ដព្រៃវែង​ជា ​មុន បណ្ដាល​ឲ្យ​ចៅហ្វាយស្រុក​ទាំងនោះ​ជឿ​ស្ដាប់​តាម ទើបបាន​ខេត្ដព្រៃវែង និង​ខេត្ដ​ឯទៀត​ជា​ច្រើន​ធ្វើ​ជា​ចំណុះ ។ ឯ​កង​ល្បាត​របស់​ពញា​យមរាជ និង​វង្សាអគ្គរាជ​ យល់​មនុស្ស​ម្នាក់​ស្លាប់​ក៏​ដឹង​ថា ព្រះស្ដេច​កន​សម្លាប់ តែ​ពុំ​ដឹង​ជា​រត់​ទៅ​ទិស​ណា ។ លុះ​ស៊ើប​តាម​រាស្ដ្រប្រជា​ទៅ​ទើប​ដឹង​ជាក់​រត់​ទៅ​តាំងខ្លួន​ឯ​ស្រុក​ បាភ្នំ ។ ទាហាន​របស់​ចៅពញា​យមរាជ និង​វង្សាអគ្គរាជ​គិត​គ្នា​ថា​នឹង​លើកទ័ព​ទៅ​តាម​ចាប់​ព្រះស្ដេច​កន តែ​រាស្ដ្រ​ទាំង​នោះ​ឃាត់​ថា នឹង​ទៅ​ជា​ល្បាត​ដូច្នេះ​ពុំ​បាន​ទេ ដ្បិត​ព្រះស្ដេច​កន​សង្កត់​បាន​ទាំង​ពល​ខេត្ដ​តូច​ធំ​ចុះចូល​ជា​ច្រើន មាន​កងទ័ព​រាប់​ម៉ឺន​រាប់​ពាន់​នាក់​ទៅ​ហើយ ។ ឯនាយ​កង​ល្បាត​ក្ដាប់​បាន​ដំណឹង​ជាក់​ហើយ ក៏​នាំ​គ្នា​យក​សេចក្ដី​នោះ​ចូល​ទៅ​ប្ដឹង​ចៅពញា​យមរាជ និង​ចៅពញា​វង្សាអគ្គរាជ​ជា​សេនាបតី ។ សេនាបតី​ទាំង​ពីរ​នេះ​យក​សេចក្ដី​នោះ​នាំ​ឡើង​ក្រាប​បង្គំ​ទូល​ថា សូម​ទ្រង់​ត្រាស់​បង្គាប់​លើ​ព្រះ​ពិជ័យ​នាគ​ឲ្យ​ធ្វើ​សំបុត្រ​ប្រាប់ប្រាម​ ទៅ​កូន​ឲ្យ​ចូល​មក​គាល់ ។ បើ​កូន​ពុំ​ចូល​មក​ទេ យើង​នឹង​លើកទ័ព​ធំ​ទៅ​ចាប់​ព្រះស្ដេច​កន គង់​រត់​មិន​រួច​ឡើយ ។

សម្ដេចព្រះ ​បរមបពិត្រ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ទ្រង់​ត្រូវ​ព្រះ​ទ័យ​ណាស់ ទើប​ទ្រង់​ត្រាស់​បង្គាប់​ព្រះ​ពិជ័យ​នាគ​ជា​បិតា និង​ព្រះ​ស្នំ​ឯក​ជា​បង​ឲ្យ​ធ្វើ​សំបុត្រ​ប្រាប់​ទៅ​ស្ដេច​កន​ឲ្យ​ចូល​មក​ គាល់​ចុះ ទ្រង់​នឹង​លើកទោស​លែង​ឲ្យ​មាន​ទោស​តទៅ​ទៀត​ហើយ ។ ព្រះ​ពិជ័យ​នាគ និង​ព្រះ​ស្នំ​ឯក​ក៏​បាន​ធ្វើ​តាម​ទ្រង់​ត្រាស់​បង្គាប់ ។ លុះ​បម្រើ​នោះ​ទៅ​ដល់​ទ្វាររបង​ហើយ ក៏​ស្រែក​ប្រាប់​នាយ​ទ្វារ​ថា ខ្ញុំ​ជា​រាជបម្រើ​ហ្លួង ។ ហ្លួង​ឲ្យ​នាំ​សំបុត្រ​របស់​ពិជ័យ​បិតា​មក​ជូន​ឃុន​ហ្លួង​ព្រះស្ដេច ។ ឃុន​ហ្លួង​ព្រះស្ដេច​ដឹង​កល​នេះ​យល់​ប្រាកដ​ជា​បិតា​ឲ្យ​មក​យក​ខ្លួន​ហើយ​ក៏ ​គិត​ថា អញ​បាន​ចំណាប់​ហើយ​អញ​ត្រូវ​និយាយ​ឲ្យ​រាស្ដ្រ​ដឹង​ឮ​ច្បាស់​ថា ហ្លួង​ឲ្យ​មក​តឿន​ការ​សង្គ្រាម​វិញ ។ លុះ​គិត​ដូច្នេះ​ហើយ ឃុន​ហ្លួង​ព្រះស្ដេច​កន​ក៏​ក្លែង​និយាយ​ប្រាប់​ក្រមការ​ទាំងពួង​ថា ព្រះរាជ​ឱង្ការ​នេះ​ឲ្យ​មក​តឿន​ការ​សម្ងាត់​ហើយ ។ យើង​ក៏​ត្រូវ​រៀបចំ​មិន​ទាន់​ស្រេច ដោយ​ក្រមការ​ធ្វើការ​ធ្វេស​ប្រហែល​ពេក​បានជា​យឺតយូរ ។ ឥឡូវ​ព្រះរាជ​ឱង្ការ​ឲ្យ​អញ្ជើញ​មក​ដល់​ហើយ ដូច្នេះ​សូម​អស់​ក្រមការ​រៀប​គ្រឿង​បូជា​ទៅ​អញ្ជើញ​ព្រះរាជ​ឱង្ការ​នោះ​ចូល​ មក ។ ក្រមការ​ឮ​ដូច្នេះ​ហើយ​ឃើញ​ថា​កល​របស់​ឃុន​ហ្លួង​ព្រះស្ដេច​នេះ​ជា​ការ​ពិត​ ណាស់ ក៏​តែងខ្លួន​តាម​យស​សក្ដិ ហើយ​មាន​សេនា​ទាហាន​កាន់​គ្រឿង​អាវុធ និង​គ្រែ​មួយ​ព្រមទាំង​តោក​៥​ជាន់​ចេញ​ទៅ​តម្កល់​សំបុត្រ​នោះ​ចូល​មក​ដំកល់​ ក្នុង​បន្ទាយ ។ ព្រះស្ដេច​កន​ក៏​ក្លែង​ធ្វើ​ជា​ក្រាប​បង្គំ​៣​ដង ហើយ​បណ្ដេញ​ក្រមការ​ទាំងអស់​ឲ្យ​ចេញ​ទៅ​ឆ្ងាយ​សិន ដ្បិត​ត្រូវ​ថ្លែង​ព្រះរាជ​ឱង្ការ​នោះ​សម្ងាត់ ។ ក្រមការ​ទាំងអស់​ក៏​ជឿ​ពិត​ថា សេចក្ដី​ព្រះរាជ​ឱង្ការ​នោះ​ជា​សម្ងាត់​ឲ្យ​មក​តឿន​ការ​សម្ងាត់ គឺ​ការ​សង្គ្រាម​នោះ​មែន ក៏​ដើរ​ចេញ​ទៅ​ក្រៅ​អស់​ទៅ ។ ខណៈនោះ​ព្រះស្ដេច​កន​ក៏​មើល​ដឹង​សេចក្ដី​ថា ព្រះ​ពិជ័យ​បិតា និង​ព្រះ​ស្នំ​ឯក​ប្រាប់​មក​ឲ្យ​ខ្លួន​ចូល​ទៅ​គាល់​ហ្លួង​ហ្លួង​នឹង​លើកទោស​ ហើយ ។

ព្រះស្ដេច​កន​មើល​ចប់​ដឹង​ សេចក្ដី​ហើយ​ក៏​ឆ្លើយ​ប្រាប់​ក្លែង​ទៅ​នឹង​បម្រើ​វិញ​ថា ឲ្យ​ជម្រាប​លោកឪពុក និង​អ្នក​បង​ថា​ ទ្រង់​ព្រះ​មេត្ដាប្រោស​លើកលែងទោស ដូច្នេះ​នោះ​ព្រះ​គុណ​ធំ​ឥត​ស្មើ​ជាទី​បំផុត ។ ខ្ញុំ​នឹង​ចូល​ទៅ​ជា​ខ្ញុំ​រាជការ​ដើម​វិញ តែ​សូម​បង្អង់​ចាំ​ចាត់​ឲ្យ​រាស្ដ្រប្រជា​ដែល​តាម​មក​ផង​នោះ​ត្រឡប់​ទៅ​ ទីលំនៅ​វិញ​សិន ។ ខ្ញុំ​ចាត់ការ​នេះ​ស្រេច​កាលណា​ខ្ញុំ​នឹង​ចូល​ទៅ​ជា​ក្រោយ កុំ​ឲ្យ​លោក​ឪពុក​អ្នក​បង​ព្រួយចិត្ដ​ឡើយ ។ លុះ​ប្រាប់​ចប់​ហើយ​នាយ​កន​ក៏​ឲ្យ​រាជបម្រើ​នោះ​ត្រឡប់​មក​វិញ ។ រាជ​បម្រើ​នោះ​ចេញ​ផុត​ទៅ​ព្រះស្ដេច​កន​ធ្វើ​ជា​រត់​តាម​ស្រែក​ផ្ដាំ​ថា ឲ្យ​លោកឪពុក និង​អ្នក​បង​ក្រាបទូល​ការ​នេះ​ថា ជិត​បាន​សម្រេច​ហើយ ខ្ញុំ​នឹង​លើក​ទៅ​ឆាប់​ហើយ ឲ្យ​ទ្រង់​ទុក​ព្រះរាជ​ហឫទ័យ​ចុះ ។ អ្នកឯង​មក​ឃើញ​មនុស្ស​ម្នា​មក​កក​នឹង​ភ្នែក​ហើយ ។ ខណៈ​ដែល​ព្រះស្ដេច​កន​ស្រែក​ផ្ដាំ​ដូច្នោះ បម្រើ​ចូល​ចិត្ដ​ថា ប្រាកដជា​នឹង​លែង​ក្បត់​ហើយ ហើយ​ឲ្យ​កងទ័ព​ត្រឡប់​ទៅ​ស្រុក​វិញ​មែន ។ ចំណែក​ក្រមការ និង​កំណែន​ទាំង​ប៉ុន្មាន កាល​បាន​ស្ដាប់​សម្ដី​ថ្លែង​របស់​ព្រះស្ដេច​កន​នេះ​ហើយ ក៏​ជឿ​ចូល​ចិត្ដ​ហ្លួង​ឲ្យ​មក​តឿន​កងទ័ព​ឲ្យ​ប្រញាប់​ទៅ​មែន ។

ក្រោយ ​នោះ​មក​ព្រះស្ដេច​កន​ឲ្យ​ធ្វើ​សំបុត្រ​ប្រកាស​ប្រាប់​ក្រមការ និង​រាស្ដ្រ​ឲ្យ​ដឹង​គ្រប់​គ្នា​ថា ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង​ត្រាស់​មក​ឲ្យ​តឿន​យើង​ឲ្យ​ចេញ​មក​ជា​ មេកង​ធ្វើ​គត​ចៅពញា​ចន្ទរាជា ។ ថា​ក្រែង​អស់​រាស្ដ្រ​ពុំ​ជឿ​ទ្រង់​ចាត់​រាជបម្រើ​ឲ្យ​អញ្ជើញ​ព្រះរាជ​ ឱង្ការ​បាន​ឡាយ​ព្រះហស្ដ​លេខា​ថែម​ទៀត​ផង ។ នោះ​បើ​ឈ្មោះ​ណា​យកអាសា​ចាប់​ចៅពញា​ចន្ទរាជា​សម្លាប់​បាន ទ្រង់​ឲ្យ​ជា​មាស​មួយ​រយ​តម្លឹង ហើយ​យើង​នឹង​ក្រាបទូល​ឲ្យ​លើក​យស​សក្ដិ​អ្នក​នោះ​ជានា​ម៉ឺន​ធំ​ផង ។ អស់​ក្រមការ​ប្រជារាស្ដ្រ​បាន​ឃើញ​សំបុត្រ​ប្រកាស​ហើយ​ពុំ​បាន​ដឹង​ឧបាយ​ក៏​ នាំ​គ្នា​ចុះចូល​ទទួល​អាសា​ជា​ច្រើន ។

ព្រះរាជ ​បម្រើ​នោះ​ត្រឡប់​ទៅ​ដល់​វិញ​ហើយ​ក៏​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ដំណើរ​តាម​ សេចក្ដី​ព្រះស្ដេច​កន​ផ្ដាំ​មក ។ ព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ក៏​ស្មានថា ជា​ការ​ពិតមែន ទ្រង់​ពុំ​បាន​ឲ្យ​កេណ្ឌ​កងទ័ព​រក្សា​ព្រះ​នគរ​ឡើយ ។ ទ្រង់​បង្គាប់​ព្រះ​ស្នំ​ឯក​ថា ឲ្យ​ចាត់​បម្រើ​ស្រីៗ​ឲ្យ​ស្ដី​ហ្លួងលោម​ព្រះស្ដេច​កន​ឲ្យ​ចូល​មក​ឲ្យ​ឆាប់ កុំ​ឲ្យ​បង្អង់​ឲ្យ​យឺតយូរ​ឡើយ ។ អ្នក​ព្រះ​ស្នំ​ឯក​ពុំ​ហ៊ាន​ទូល​ទាស់ ក៏​ចាត់​បម្រើ​ស្រី​ស្រដី​ថា ឲ្យ​ទៅ​ស្រដី​ហ្លួងលោម​បញ្ចុះបញ្ចូល​តាម​ត្រាស់​បង្គាប់ ។ លុះ​បម្រើ​ទៅ​ដល់​ជម្រាប​ថា អ្នកជា​ម្ចាស់​បាន​ក្រាប​បង្គំ​ទូល​សុំ​ព្រះ​រាជទាន​ទោស​អ្នក​ព្រះស្ដេច​ អស់ហើយ ។ បើ​អ្នក​ព្រះស្ដេច​មិន​ចូល​ទៅ​គាល់​ក្នុង​វេលា​នេះ​ទេ ព្រះ​បរមបពិត្រ​ស្ដេច​នឹង​លើកទ័ព​មក​ចាប់​ដោយ​ព្រះ​អង្គ​ឯង ។ ហេតុនេះ​បើ​លោក​បង្អង់​ឲ្យ​យូរ​ទៅ ការណ៍​នេះ​នឹង​កើតជា​សឹកសង្គ្រាម ហើយ​អ្នកជា​ម្ចាស់​នឹង​ជួយ​លោក​ពុំ​រួច​ទេ ។

ព្រះស្ដេច ​កន​ស្ដាប់​ហើយ ក៏​នឹក​ថា​ស្ដេច​នេះ​ល្ងង់​ណាស់ ។ បើ​ល្ងង់​យ៉ាងនេះ​គង់​នឹង​បាន​រាជសម្បត្ដិ​មក​អញ​ហើយ ។ លុះ​គិត​ដូច្នេះ​ហើយ ព្រះស្ដេច​កន​ក៏​តប​ជា​ឧបាយ​ថា ឲ្យ​អ្នក​បង​បង្អង់​ទម្រាំ​តែ​រាស្ដ្រ​ត្រឡប់​ទៅ​ស្រុក​ដើម​វិញ​ចុះ ប្រហែលជា​ខែ​ក្រោយៗ​នេះ​នឹង​ចូល​ទៅ​ក្រាប​បង្គំ​គាល់​ព្រះ​បរមនាថ​បរមបពិត្រ ​ហើយ សូមកុំ​ឲ្យ​ទ្រង់​ព្រួយព្រះទ័យ​ឡើយ ។ កុំ​ភ័យ​នឹង​ខ្ញុំ​មិន​ក្បត់​ទេ ។ ស្រី​បម្រើ​ទាំងនោះ​ត្រឡប់​វិល​មក​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​តាម​ដំណើររឿង ​គ្រប់​ប្រការ ។ ព្រះ​បរមបពិត្រ​ស្ដេច​បាន​ទ្រង់​ជ្រាប​ហើយ ក៏​ត្រាស់​ឲ្យ​បង្អង់​ស្ដាប់​ការណ៍​តទៅ​ទៀត ។ ព្រះស្ដេច​កន​កាលបើ​ពួក​ស្រី​បម្រើ​ទាំងនោះ​ត្រឡប់​មក​វិញ​ហើយ ខ្លួន​ក៏​រឹងរឹតតែ​ចាត់​កងទ័ព​ចេញ​ទៅ​ធ្វើការ​គាប​សង្កត់​បញ្ចុះបញ្ចូល​អាណា ​ប្រជានុរាស្ដ្រ បង្ហាត់​សេនា​ទាហាន​បាន​ច្រើន​កើន​ចំនួន​តែ​រាល់ថ្ងៃ ។ អស់​ប្រជានុរាស្ដ្រ​ដែល​ជា​ខ្ញុំ​រាជការ​ឃើញ​មាន​ព្រះរាជ​បម្រើ​ឲ្យទៅ​មក​ រកគ្នា​រឿយៗ ហើយ​ឮ​ពាក្យ​ប្រកាស​របស់​ព្រះស្ដេច​កន​ថា ព្រះបាទ​ជា​អម្ចាស់​ត្រាស់​ប្រើ​ឲ្យ​ចេញ​ទៅ​គិតការ​សម្លាប់​ចៅពញា​ចន្ទរាជា ដូច្នេះ​ក៏​យល់​ថា​មែន ។ រាស្ដ្រ​ទាំងនោះ​ស្រដី​តៗ​គ្នា​ថា ហ្លួង​ព្រះស្ដេច​កន​ទៅ​បង្កើត​ទ័ព​លើក​ទៅ​វាយលុក​សម្ដេច​ព្រះ​អនុជ​នេះ​ឃើញ​ ថា ពិតមែន​ហើយ​ព្រោះ​មាន​បម្រើ​ទៅ​មក​តឿន​ការងារ​រាជការ​នេះ​រឿយៗ សេចក្ដី​បរិហារ​នេះ​ពុំ​ស្ងាត់​រឹង​តែ​ឮ​ឡើងៗ​ពេញ​ទាំង​ព្រះ​នគរ​បវរ​ រាជធានី ។

សម្ដេចចៅពញា​ចន្ទរាជា​ ព្រះ​អង្គ​ប្រសូត​ឆ្នាំមមី អដ្ឋស័ក មក​ដល់​ចុល្លសករាជ​៨៧០ ឆ្នាំ​មមី​ឯកស័ក មាន​ព្រះ​ជន្មវស្សា​២៤​ឆ្នាំ ។ លុះ​បានឮ​ពាក្យ​ដូច្នេះ​ហើយ​ទើប​ទ្រង់​ព្រះ​ចិន្ដា​ថា ពាក្យ​ដែល​ឮ​នេះ​ប្រហែល​ជា​មែន​ហើយ​បាន​ជា​សម្ដេចព្រះ​ជេដ្ឋាធិរាជ​ធ្វើ​ ព្រងើយកន្ដើយ​ឲ្យ​បម្រើ​ស្រី​ទៅ​មក​យ៉ាងនេះ ណ្ហើយចុះ បើ​ព្រោះតែ​យើង​ម្នាក់ យើង​នឹង​នៅ​ឲ្យ​គេ​ទើសទាល់​រវល់​ថ្វី​ទើប​ស្ដេច​នាំ​អស់​សេនា​ជា​ខ្ញុំ​៥០​ នាក់​ដោយ​រត់​ជើង​គោក​ទាំង​រាត្រី​នោះ​ពីមុខ​ក្រុង​ចតុមុខ​ស្រូតរូត​ចូល​ទៅ​ ក្រុង​ទេព​បុរី ប្រទេស​សៀម ។ លុះ​ស្ដេច​ទៅ​ដល់​ខេត្ដពោធិ៍សាត់ សម្ដេចចៅពញា​ចន្ទរាជា​បាន​ចូល​ទៅ​សំណាក់​អាស្រ័យ​នៅ​ផ្ទះ​តា​មឿង (ក្នុង​សាស្ដ្រា​វត្ដ​កំពង់ត្រឡាច​ក្រោម​ដដែល​នេះ​មាន​កន្លែង​ខ្លះ​និយាយ​ថា​ តា​មឿង​នេះ​មិនមែន​ឈ្មោះ​មឿង ឬ​ឃ្លាំងមឿង​ដូច្នេះ​ទេ គឺថា​គាត់​មាន​ឈ្មោះ​ជា​ពេជ​ដូច្នេះ ​ទៅ​វិញ ។ គេ​និយាយ​បែប​នេះ​ក៏​សម​ដែរ ព្រោះ​តា​មឿង​នោះ​ស្លាប់​ទៅ​កើតជា​អ្នកតា​ស្រុក​ដែល​សៀម​ហៅ​អ្នកតា​ចាស់​ ស្រុក តាម​ពាក្យ​វាចា «ខ្លាង​មឿង» ហើយ​ខ្មែរ​យើង​ហៅ​តាម​វាយោៗ​មក​ជា​ឃ្លាំងមឿង​ដូច្នេះ​ទេ​ឬ ?) មេ​ស្មឹង​ ភ្នំក្រវាញ ។ តា​មឿង​ឃើញ​ស្ដេច​យាង​ទៅ​ដល់​ហើយ ក៏​អរ​ណាស់​ចុះ​មក​យាង​ស្ដេច​ឡើង​ទៅ​គង់​លើ​ផ្ទះ ហើយ​រៀប​ក្រយា​ស្ងោយ​ថ្វាយ​សោយ​តាម​ភាសា​អ្នកស្រែ ។ លុះ​ព្រឹក​ឡើង តា​មឿង​ថ្វាយ​ដំរី​៨ សេះ​១០ និង​កូនប្រុស​៤​នាក់ ជា​ខ្ញុំ​តាម​ហែ​ស្ដេច​ទៅ​ក្រុង​ទេព ។ ព្រះ​ចៅ​ចន្ទរាជា​បាន​ដង្វាយ​គួរសម​ហើយ ទ្រង់​ព្រះ​អំណរ​ណាស់ ។ ទ្រង់​ត្រាស់​ថា តា​ឯង​ធ្វើ​គុណ​នឹង​យើង យើង​ពុំ​ភ្លេចគុណ​តា​ឡើយ ហើយ​ស្ដេច​លា​តា​មឿង​ឡើង​ជិះ​ដំរី​ចេញ​ទៅ​តាម​រយៈផ្លូវ​ជា​ច្រើន​ ថ្ងៃ ។ លុះ​បាន​ដល់​ក្រុង​ទេព​មហានគរ​ហើយ ទ្រង់​ក៏​ឲ្យ​មន្ដ្រី​សៀម​នាំ​ឡើង​ក្រាប​បង្គំទូល​ព្រះ​ចៅ​ចក្រពត្ដិ​ តាម​ដំណើរ​គ្រប់​ប្រការ ។ ព្រះ​ចៅ​ចក្រពត្ដិ​ទ្រង់​ជ្រាប​ហើយ​ទ្រង់​ព្រះ​អំណរ​ណាស់ ។ ទ្រង់​ត្រាស់​ថា យើង​នឹង​ជួយ​ទំនុកបម្រុង​ដល់​អ្នក​ហើយ​ទ្រង់​ព្រះ​រាជទាន​គ្រឿងអម្ពរ​គ្រឿង​ ឧបភោគ​បរិភោគ​សម្រាប់​យសស័ក្ដិ និង​វាំង​ដំណាក់​ឲ្យ​ស្ដេច​គង់​ខាង​វត្ដ​ប្រណែងធឿន​ជា​សុខ​រៀង​មក ។

ព្រះស្ដេច ​កន​ដែល​បាន​បញ្ជា​ឲ្យ​មេទ័ព​ចេញ​ទៅ​សង្កត់​ខេត្ដ​តូច​ធំ កេណ្ឌ​ពល​រេហ៍ ពល​បាន​មក​ជួបជុំ​ល្មម​ជា​មាំមួន​ហើយ លុះ​បានដឹង​ថា​ចៅពញា​ចន្ទរាជា​រត់​ទៅ​ស្រុក​សៀម​ដូច​ឧបាយ​ដែល​ខ្លួន​គិត​ ដូច្នោះ​ហើយ ក៏​មាន​សេចក្ដី​អរ​ណាស់ ទើប​ប្រឹក្សា​នឹង​នាយកង​ទ័ព​ថា ពី​ដើម​អញ​ញញើត​តែ​ចៅពញា​ចន្ទរាជា​មួយ​អង្គ​នេះឯង ក្រៅពី​នេះ​អញ​ពុំ​ឃើញ​នរណា​នឹង​ក្លាហាន​ចេញ​នឹង​អញ​បាន​ឡើយ ។ ឥឡូវ​ចៅពញា​ចន្ទរាជា​រត់​ទៅ​ស្រុក​សៀម​បាត់​ហើយ បើ​ដូច្នេះ​គំនិត​អញ​នេះ​គង់​នឹង​បាន​សម្រេច​ដោយ​ងាយ​ជា​មិន​ខាន ។ ព្រះស្ដេច​កន​ថា​ហើយ​ក៏​ប្រជុំ​រេហ៍ពល​ចាត់​ទ័ព​ជា​ប៉ែក​ឆ្វេង​ប៉ែក​ស្ដាំ ទ័ពស្រួច​លើក​ទៅ​បោះ​នៅ​ចុង​ខេត្ដ​ស្រីសឈរ​ដែន​ព្រះ​នគរ​ហ្លួង ។

ចំណែកឯ ​ព្រះ​បរមបពិត្រ​ដែល​ស្ដេច​រង់ចាំ​ស្ដេច​កន​នោះ លុះ​យល់​បាត់​យូរ​ពេក ក៏​ត្រាស់​សួរ​អ្នក​ព្រះ​ស្នំឯក​ថា ប្អូន​ឯង​ម្ដេច​ក៏​ពុំ​ឃើញ​ចូល​មក តើ​ឯង​ឮដំណឹង​ដូច​ម្ដេច​ដែរ ? ព្រះ​ម្នាង​កេសរ​បុប្ផា​ក្រាបទូល​ថា ខ្ញុំម្ចាស់​ឲ្យ​បម្រើ​ទៅ​តឿន​វា វា​ថា​កុំ​ឲ្យ​ភ័យ​នឹង​វា វា​មិន​ក្បត់​ទេ ។ ថា​កាលណា​វា​ជូន​រាស្ដ្រ​ទៅ​ស្រុក​រួច​ហើយ វា​នឹង​ចូល​មក​ក្រាប​បង្គំ​គាល់ ។ ឥឡូវ​ស្រាប់តែ​បាត់​ទៅៗ ចាំ​ព្រឹក​នេះ​ខ្ញុំម្ចាស់​នឹង​ចាត់​បម្រើ​ឲ្យ​ទៅ​តឿន​វា​ទៀត ។ ចំណែកឯ​កង​ល្បាត​ព្រះ​នគរ​កាល​ឃើញ​ថា ព្រះស្ដេច​កន​លើក​កងទ័ព​ធំ​មក​បោះ​នៅ​ចុង​ខេត្ដ​ស្រីសឈរ​ដូច្នេះ​ហើយ ក៏​ស្រូតរូត​នាំ​យក​សេចក្ដី​នេះ​ទៅ​ប្ដឹង​ចៅពញា​យមរាជ​សេនាបតី​នេះ​ក៏​នាំ​ ឡើង​ក្រាប​បង្គំ​ទូល​ថា ឥឡូវនេះ​ព្រះស្ដេច​លើក​កងទ័ព​មក​បោះ​នៅ​ចុង​ខេត្ដ​ស្រីសឈរ គឺ​ចុង​ដែន​ក្រុង​ហើយ ។ កង​ល្បាត​ទប់​ពុំ​ជាប់​ក៏​រត់​ចូល​មក​ប្ដឹង ។ សម្ដេចព្រះ​បរមបពិត្រ​លុះ​បាន​ទ្រង់​ជ្រាប​ហើយ ទ្រង់​ខ្ញាល់​ណាស់ ទ្រង់​ត្រាស់​ថា ៖ «អញ​ស្មានថា​វា​នឹង​ចូល​មក​គាល់​បម្រើ​នៅ​ជា​ខ្ញុំ​រាជការ​តទៅ​ទៀត មិនដឹង​ជា​វា​មាន​គំនិត​ចិត្ដធំ​ដល់​ម្ល៉េះ​ឡើយ» ។ ទ្រង់​ត្រាស់​តែ​ប៉ុណ្ណោះ​ហើយ ក៏​ត្រាស់​បង្គាប់​ឲ្យ​កេណ្ឌ​កងទ័ព​បាន​ចំនួន​ជាង​ប្រាំ​ពាន់​បា្លយ​នាក់ ទើប​ទ្រង់​ចាត់​ហើយ​ឲ្យ​នៅ​ចាំ​រក្សា​ព្រះ​នគរ​ពីរ​ពាន់​នាក់ ចាត់​ឲ្យ​ចៅពញា​យោធា​សង្គ្រាម​លើក​ទៅ​ជា​ទ័ព​មុន​១០០០​នាក់ ចៅពញា​ចក្រី​ លើក​ទៅ​ជា​ទ័ព​ធំ​២០០០​នាក់ ។ លុះ​បាន​ឫក​ពារ​ពេលា​ល្អ​ហើយ ចៅពញា​យោធា​សង្គ្រាម​ក៏​លើកទ័ព​ទៅ​ជា​មុន ចៅពញា​ចក្រី​លើកទ័ព​ធំ​ទៅ​ជា​ក្រោយ​ដោយ​ក្បួន​ពិជ័យសង្គ្រាម ។ ព្រះបាទ​បរមបពិត្រ​ទ្រង់​យល់​ទ័ព​មុខទ័ព​ធំ​លើក​ចេញ​ហើយ ទ្រង់​ត្រាស់​បង្គាប់​ក្រុម​មន្ដ្រី​រក្សាព្រះអង្គ​ឲ្យ​ទៅ​អញ្ជើញ​សម្ដេច​ ព្រះអនុជ​ចន្ទរាជា នឹង​ឲ្យ​ចេញ​ជា​មេទ័ព​ហ្លួង​លើក​ទៅ​ជា​ក្រោយ​ទៀត ។ ខណៈនោះ​ក្រុម​មន្ដ្រី​មហា​ថៃ (សព្វថ្ងៃ​ហៅ​ក្រសួង​មហាផ្ទៃ) ក្រាបទូល​ថា សម្ដេច​ព្រះអនុជ​ជ្រាប​ថា ព្រះ​អង្គ​ត្រាស់​ប្រើ​ព្រះស្ដេច​កន​ឲ្យ​ប្រមូល​កងទ័ព​នឹង​លើក​ទៅ​លុក​ព្រះ​ អង្គ ។ ព្រះ​អង្គ​ភ័យ​ណាស់​ក៏​ប្រមូល​តែ​បណ្ដា​ខ្ញុំ​៥០​នាក់​រត់​ទៅ​ក្រុង​ទេព​ ទាំង​យប់​នោះ​ទៅ​ហើយ ។ ព្រះបាទ​បរមនាថ​បរមបពិត្រ​ទ្រង់​ជ្រាប​ហើយ ទ្រង់​ស្ដាយ​ណាស់ ទ្រង់​ត្រាស់​ថា មិន​គួរ​ជា​ប្អូន​មិន​សួរ​បង​សិន មិន​គួរ​រត់​ចោល​ឲ្យ​បង​ព្រួយ​ដល់​ម្ល៉េះ​ទេ ។ ត្រាស់​ហើយ​ព្រះអង្គ​យាង​ចូល​ទៅ​ខាងក្នុង ។

ចៅពញា ​យោធា​សង្គ្រាម​កាល​ជិះ​ដំរី​ចេញ​ទៅ​ជា​មេទ័ព​មុខ​នោះ​បាន​ជួបនឹង​ទ័ព​ ព្រះស្ដេច​កន ។ ព្រះស្ដេច​កន​ក៏​បរដំរី​ចេញ​នាំមុខ​កងទ័ព​នោះ ទើប​ចៅពញា​សង្គ្រាម​ស្រែក​ថា យើង​អ្នក​ព្រះស្ដេច​ម្ដេច​ក៏​អ្នកឯង​មិន​កោត​ក្រែង​ព្រះ​ចេស្ដា​សោះ ។ បំណាច់​ទ្រង់​ព្រះ​មេត្ដាប្រោស​អ្នកឯង​ដល់​ម្ល៉េះ ម្ដេច​ក៏​ហ៊ាន​ចេញ​ក្បត់ ប្រព្រឹត្ដ​អកតញ្ញូ​នឹង​ព្រះ​មហា​ករុណាទិគុណ​យ៉ាងនេះ ? ព្រះស្ដេច​កន​ឮ​ហើយ​គិត​ថា បើ​អញ​នឹង​បើក​ឲ្យ​ចៅពញា​យោធា​សង្គ្រាម​និយាយ​វែង​ទៅ​ទៀត ក្រែង​កងទ័ព​យល់​ថា ខ្លួន​ជា​មនុស្ស​ក្បត់​ពុំ​មែន​ជា​ត្រាស់​ប្រើ​ទេ ទើប​ឆ្លើយ​ថា ៖

អ្នកឯង​កុំ​និយាយ​ ការ​អ្វី​ជា​ជ្រៅ​ខាងក្នុង​នោះ​ឲ្យ​សោះ​ទ្រង់​ព្រះ​បណ្ដាំ​នឹង​ខ្លួន​ខ្ញុំ​ សព្វគ្រប់​ហើយ ។ ព្រះស្ដេច​កន​ថា​ហើយ​ក៏​យឺត​ធ្នូ​បាញ់​ទៅ​ត្រូវ​ដើម​ក​ចៅពញា​យោធា​សង្គ្រាម ចៅពញា​យោធា​សង្គ្រាម​ក៏​ធ្លាក់​ពីលើ​ដំរី​ស្លាប់​មួយ​រំពេច ។

កងទ័ព ​ឃើញ​នាយ​បរាជ័យ​ហើយ​ក៏​បែក​ទ័ព​រត់​ទៅ​រក​ទ័ព​ធំ ។ ចៅពញា​ចក្រី​កាល​ឃើញ​ទ័ព​មុខ​បែក​មក​ហើយ ក៏​បញ្ជា​ពល​ឲ្យ​ចូល​ប្រយុទ្ធ​នឹង​ព្រះស្ដេច​កន តែ​ចៅពញា​ចក្រី​ទប់​ពុំ​ឈ្នះ​ទើប​ថយ​ទ័ព​មក​ជិត​ព្រះ​នគរ​ហើយ​បញ្ឈប់​កងទ័ព​ នៅ​ទីនោះ​ដើម្បី​រាំង​ទ័ព​ព្រះស្ដេច​កន​កុំ​ឲ្យ​ដេញ​ចូល​មក​ទៀត ។ ខណៈនោះ ចៅពញា​ចក្រី​ក៏​បក​សំបុត្រ​ចាត់​បម្រើ​ឲ្យ​ចូល​មក​សុំ​កងទ័ព​ថែម​ទៅ​ ទៀត ។ ព្រះ​បរមបពិត្រ​ព្រះបាទ​សម្ដេច​ស្រីសុគន្ធបទ​ជា​អម្ចាស់​ជីវិតលើត្បូង​ព្រះ​ អង្គ​ទ្រង់​ជ្រាប​ហើយ ទ្រង់​ត្រាស់​ឲ្យ​ប្រជុំ​សេនាបតី​មន្ដ្រី​បុរោហិត ព្រឹទ្ធាចារ្យ អាមាត្យ​ទាំងឡាយ​មក​ជួបជុំ​ត្រាស់​ប្រឹក្សា​កិច្ចការ​រាជការ​ សង្គ្រាម ។ ខណៈនោះ ចៅពញា​យមរាជ​យក​សេចក្ដី​ក្រាបទូល​ថា ទ័ព​អា​ព្រះស្ដេច​កន​លើក​មក​ឥឡូវនេះ​ប្រកិត​ជិត​ព្រះរាជវាំង​ណាស់​ហើយ ថាបើ​យើង​ឲ្យ​ទៅ​កេណ្ឌ​កងទ័ព​ត្រើយ​ខាងលិច​មក​ក៏​មុខជា​យូរហើយ​មក​មិន​ទាន់​ ការណ៍​ផង ។ ថា​ពល​កង​ល្បាត​យើង​មាន​តែ​១០.០០០​នាក់​ប៉ុណ្ណោះ ទូលព្រះបង្គំ​យល់​ថា មិន​សួន​ការ​នឹង​ទទួល​ត​នឹង​ទ័ព​ធំ​អា​ព្រះស្ដេច​កន​បាន​ឡើយ ។ ហេតុ​ដូច្នេះ ហើយ​ទូលព្រះបង្គំ​សូម​យាង​ព្រះ​អង្គ​ថយ​ទាំងគ្រប់​គ្រួ​ទៅ​ឯ​ក្រុង​ចតុមុខ​ សិន ។ លុះ​បាន​ទ័ព​សព្វគ្រប់​ហើយ សឹម​លើក​ត្រឡប់​មក​កាត់​ក្បាល​អា​ក្បត់ផែនដី​នេះ​ដោត​ទុកជា​បម្រាម​ តទៅ ។ ឯ​ខ្លួន​ទូលព្រះបង្គំ​ជាខ្ញុំ និង​ចៅពញា​ចក្រី​ពីរ​នាក់​នេះ​នឹង​យកអាសា​ការ (គឺ​ការពារ ឬ​កាល់) គ្រប់​គ្រួ​មិន​ឲ្យ​អា​ព្រះស្ដេច​កន​វា​មក​ធ្វើ​អុកឡុក​ឲ្យ​អន្ដរាយ​បាន​ ឡើយ ។ លុះ​ធ្វើការ​រួច​សព្វគ្រប់​ហើយ ទូល​ព្រះបង្គំ​នឹង​លើកទ័ព​តាម​ដង្ហែ​ទ្រង់​ព្រះករុណា​ទៅ​ជា​ក្រោយ ។ ព្រះ​ពិជ័យ​នាគ​ខឹង​នឹង​ព្រះស្ដេច​កន​ណាស់​ថា ដ្បិត​វា​រឹងទទឹង​នឹង​សំបុត្រ​បង្គាប់​របស់​ខ្លួន​ដែល​ឲ្យ​ចូល​មក មិន​ចូល​មក​នេះ​មួយ​ថា​ទ្រង់​ប្រោសប្រាណ​ម្ល៉េះ​ហើយ​នៅ​តែ​ប្រែចិត្ដ​គិត​ ក្បត់​វិញ​នេះ​មួយ ទើប​ព្រះ​ពិជ័យ​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​ថា កូន​ប្រពន្ធ​ញាតិសន្ដាន​របស់​ទូលព្រះបង្គំ​ជាខ្ញុំ​ទាំង​ប៉ុន្មាន​នោះ​សូម​ ឲ្យ​នៅ​តាម​ហែព្រះករុណា​ជា​អម្ចាស់​ទៅ​ជា​មុន​ទាំងអស់​ចុះ តែ​ចំណែក​ខ្លួន​ទូលព្រះបង្គំជាខ្ញុំ​មួយ ទូលព្រះបង្គំ​សូម​ព្រះ​រាជទាន​ពល​១០០០​នាក់​ចេញ​ទៅ​តដៃ​នឹង​អា​កន​ដែល​ក្បត់ ​នោះ​យក​ថ្វីដៃ​ថ្វាយ ។ ថាបើ​ទូលបង្គំជាខ្ញុំ​ប្រែចិត្ដ​គិត​ក្បត់​ជាមួយនឹង​អា​កន​វិញ សូម​ឲ្យ​ទូលព្រះបង្គំ​ស្លាប់​តែ​នឹង​ត្រូវ​គ្រឿងសាស្ដ្រាវុធ ហើយ​សូម​ឲ្យ​សម្លាប់​បុត្រ ភរិយា ញាតិសន្ដាន​ទូល​ព្រះ​បង្គំ​ជាខ្ញុំ​ទាំងអស់​តាម​សព្វព្រះរាជហឫទ័យ ។ ព្រះ​បរមបពិត្រ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​ឲ្យ​បុរោហិត​អញ្ជើញគ្រឿង​អាវុធ​មក​ពិធី​សុំ​ទឹកពិភទ្ទសច្ចា​ ឲ្យ​ព្រះ​ពិជ័យ​នាគ​ផឹក ។ ព្រះ​ពិជ័យ​នាគ​ផឹក​ស្រេច​ហើយ ព្រះ​បរមបពិត្រ​ស្ដេច​ព្រះ​រាជទាន​ពល​១០០០​នាក់​ឲ្យ​ទៅ​ព្រះ​ពិជ័យ​នាគ​ឲ្យ​ លើក​ជា​ក្បួនទ័ព​ចេញ​ទៅ ។ ថ្ងៃ​៥​កើត ខែជេស្ឋ ឆ្នាំវក ចត្វា​ស័ក ព្រះ​បរមបពិត្រ​ព្រះ​អង្គ​នាំ​គ្រប់​គ្រួ​ហ្លួង និង​គ្រប់​គ្រួ​ខ្ញុំ​រាជការ​ទាំង​ក្នុង​ទាំង​ក្រៅ​ទៅ​ឈប់​នៅ​មុខ​បន្ទាយលង្វែក ហើយ​ទ្រង់​ត្រាស់​ឲ្យ​រក​កេណ្ឌ​កងទ័ព​ថែម​បាន​រេហ៍ពល​មក​ដល់​២៥.០០០​ នាក់ ។ ខេត្ដ​ណា​ដែល​នៅ​ឆ្ងាយ​ក៏​ពុំ​ទាន់​មក​ដល់ ។ ឯ​ពញា​យមរាជ លុះ​ឃើញ​ទ័ពហ្លួង​ចេញ​ផុត​ទៅ​ហើយ ហើយ​ពុំ​ឃើញ​មាន​កងទ័ព​ព្រះស្ដេច​កន​ក៏​លើក​កងទ័ព​ចូល​មក​សោះ ក៏​ថយ​ទ័ព​តាម​ហែ​ឆ្លង​មក​ចតុមុខ​ស្រុក​ភ្នំពេញ​ដែរ ។ ព្រះ​ស្ដេច​កន​លុះ​ដឹង​ថា​ទ័ព​ហ្លួង​ថយ​ចោល​ក្រុង​ហើយ ក៏​លើក​កងទ័ព​រេហ៍ពល​៥០.០០០​នាក់​ចូល​ទៅ​វាយ​ទ័ព​ចៅពញា​ចក្រី ។ ចៅពញា​ចក្រី​បែក​ទ័ព​ស្លាប់​ទាំង​ខ្លួន​ក្នុង​សង្គ្រាម​ទៀត ។ ព្រះស្ដេច​កន​លើក​កងទ័ព​ទៅ​ដល់​ទ្វារ​ព្រះ​នគរ ក៏​ប្រទះ​នឹង​ទ័ព​ព្រះ​ពិជ័យ​នាគ​ជា​បិតា ។ នាយ​កន​គិត​ថា បិតា​ខ្លួន​មក​នេះ​ប្រាកដជា​មក​ហាមប្រាម​បញ្ចុះបញ្ចូល​ខ្លួន ។ ថាបើ​ដូច្នេះ​ខ្លួន​នឹង​នៅ​ស្ងៀម​ឲ្យ​បិតា​និយាយ​ទៅ​ក្រែង​បែក​ការណ៍​ថា ខ្លួន​ជា​មនុស្ស​ក្បត់ ។ លុះ​គិត​ដូច្នេះ​ហើយ ព្រះស្ដេច​កន​ក៏​ស្រែក​ឲ្យ​កងទ័ព​ចូល​ប្រកាប់​នឹង​បិតា​ខ្លួន តែ​ឯ​បិតា​នោះ​ព្រះស្ដេច​កន​ឲ្យ​ពល​ចូលចាប់​នឹង​ដៃ កុំបី​ធ្វើ​ឲ្យ​សៅហ្មង​ដល់​រូប​កាយ​ឡើយ ។ នាយកង​ទ័ព និង​រេហ៍ពល​ឮ​ហើយ​ក៏​ស្ទុះ​ចូល​ទៅ​ដេញ​ចាក់​កាប់​តែ​ពលៗ ។ ខាង​ព្រះស្ដេច​កន​មាន​ពល​ច្រើន​ខាង​បិតា​មាន​ពល​តិច ។ ពល​ខាង​ព្រះស្ដេច​កន​សម្លាប់​ពល​ខាង​បិតា​ស្លាប់​ជា​ច្រើន ។ ព្រះ​ពិជ័យ​នាគ​ឃើញ​ដូច្នេះ​ក៏​ទាល់​ប្រាជ្ញា និង​ហាមាត់​ស្ដី​ហាមប្រាម​ពុំ​បាន ។ មួយ​រំពេច​នោះ​ពិជ័យ​នាគ​នាំ​រេហ៍ពល​ដែល​សល់​ពី​ស្លាប់​នោះ រត់​កាត់​តាម​ថ្នល់​ព្រះ​នគរ​ចេញ​ទៅ ។ អស់​រាស្ដ្រ​ដែល​សល់​នៅ​ក្នុង​ព្រះ​នគរ​ផ្អើល​វឹកវរ​កោលាហល ។ កងទ័ព​ព្រះស្ដេច​កន ក៏​លើក​ដេញ​ចូល​ទៅ​ក្នុង​ព្រះ​នគរ​ចាក់​កាប់សម្លាប់​រាស្ដ្រ​ដែល​នៅ​សល់​នោះ ហើយ​​ដេញ​ព្រះ​ពិជ័យ​នាគ​ទៀត ។ ព្រះ​ពិជ័យ​នាគ​សល់​ពល​តែ​៥០០​នាក់​នាំ​រត់​ទៅ​ជ្រកកោន​ព្រះ​អារាម​ សម្ដេចព្រះ​សុគន្ធាធិបតី ឈ្មោះ​ហៅ​វត្ដ​ស្ដីធំ ជា​គ្រូ​ព្រះស្ដេច​កន ហើយ​ឲ្យ​ពល​បិទទ្វារ​កំផែង​ជាន់​ក្នុង​ចាំ​ទទួល​ច្បាំង ។ កងទ័ព​ព្រះស្ដេច​កន​ដែល​ដេញ​ទៅ​ទាន់​ក៏​តាំង​ចោម​ព្រះ​អារាម​នោះ​ជា​មាំមួន ព័ទ្ធ​ច្រើន​ជាន់ ច្រើន​សង្កាត់ ។ វេលា​នោះ​មាន​ចលាចល​ជា​ខ្លាំង រេហ៍ពល​ក៏​ស្លាប់​ជា​ច្រើន​ណាស់ ទើប​សម្ដេចព្រះ​សុគន្ធាធិបតី​ទ្រង់​ឮ​អឹកធឹក ហើយ​ទ្រង់​ចេញ​មក​ទត ។ ឃើញ​ហើយ​ទ្រង់​វេទនា​នឹង​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​នោះ​ណាស់ ទើប​សម្ដេច ព្រះ​សុគន្ធាធិបតី​ចេញ​មក​ឲ្យ​កងទ័ព​ឈប់ ហើយ​ហៅ​ព្រះស្ដេច​កន​ឲ្យ​ចូល​ទៅ​សំពះ​សុំទោស​បិតា ។ លំដាប់​ត​មក ព្រះ​សុគន្ធាធិបតី​ប្រាប់​ពិជ័យ​នាគ​ថា កូន​អ្នកឯង​នេះ​នឹង​មាន​បុណ្យ​ជា​ព្រះមហាក្សត្រ​កម្ពុជា​នេះ​ហើយ ។ ព្រះ​ពិជ័យ​នាគ​កាល​បាន​ស្ដាប់​ថេរ​វាចា​ហើយ​ក៏​ក្រាបទូល​ថា បើ​សម្ដេច​មាន​ព្រះ​បន្ទូល​ដូច្នោះ បុត្រ​ភរិយា ញាតិសន្ដាន​របស់ខ្ញុំ​ព្រះករុណា​មិន​ស្លាប់​អស់​ហើយ​ឬ ? ថា​ហើយ​ព្រះ​ពិជ័យ​នាគ ក៏​ហូត​ដាវ​ស្ទុះ​ទៅ​នឹង​កាប់​ព្រះស្ដេច​កន ។ តែ​ពេល​នោះ​អស់​សេនា​ទាហាន រេហ៍ពល​ខាង​ព្រះស្ដេច​កន​ព្រួត​គ្នា​ចូល​ទៅ​ដណ្ដើម​យក​ដាវ​នោះ ។ សម្ដេចព្រះ​សុគន្ធាធិបតី​នាំ​ព្រះ​ពិជ័យ​នាគ​យក​ទៅ​ទុក​ក្នុង​ព្រះ​ វិហារ ។ ក្រោយ​នោះ​សម្ដេច​ព្រះ​សុគន្ធាធិបតី​ស្ដេច​មាន​ថេរ​វាចា​ឲ្យ​បិតា និង​បុត្រ​សះជា​នឹង​គ្នា​ទៅ ។ លុះ​ផ្សះផ្សា​ស្រេច​ហើយ សម្ដេច​ឲ្យ​កងទ័ព​យក​គ្រឿង​អាវុធ​មក​ប្រគង​ប្រគល់​ដល់​កម្ពស់​ស្មើ​ក្បាល ហើយ​ស្ដេច​ឲ្យ​ពិជ័យ​នាគ និង​ព្រះស្ដេច​កន​ឡើង​លើ​គំនរ​អាវុធ​ទាំង​ពីរ​នាក់​ឲ្យ​បិតា​ និង​បុត្រ​សត្យ​សញ្ញា (សម័យ​ពី​ដើម​បុរាណាចារ្យ​ច្រើន​យក​នាម​មក​ធ្វើ​កិរិយាសព្ទ) ។ សម្ដេចព្រះ​សុគន្ធាធិបតី​ធ្វើ​ជា​អាចារ្យ​ស្រោច​ទឹក​ចម្រើន​ជ័យមង្គល​សិរី​ សួស្ដី​ឲ្យ​ទាំង​ពីរ​នាក់ ។ ស្រេច​ហើយ ព្រះស្ដេច​កន​ឲ្យ​រេហ៍ពល​យក​គ្រឿង​អាវុធ​នោះ​ទៅ​ធ្វើ​ជា​ចបជីក​ដី​លើក​ជា​ ថ្នល់ (សាស្ដ្រា​ខ្លះ​ថា​យក​អាវុធ​នោះ​ទៅ​កប់ ហើយ​យក​ដី​លុប​ពីលើ​ធ្វើ​ជា​ថ្នល់) ថ្វាយ​សម្ដេចព្រះ​សុគន្ធាធិបតី ត្រង់​ផ្លូវ​ចេញពី​ព្រះ​វិហារ​ក្នុង​អារាម​រៀង​ទៅ ហើយ​ប្រែ​ឈ្មោះ​វត្ដ​ស្ដីធំ​នោះ​ឲ្យ​ឈ្មោះ​វត្ដ​ព្រះថ្នល់​ រៀង​មក​ដល់​ឥឡូវនេះ ។ លុះ​សម្រេចការ​ហើយ ព្រះស្ដេច​កន​ចាត់ចែង​នាយកង​ទ័ព​ឲ្យ​ចេញ​កេណ្ឌ​សង្កត់​ខេត្ដ​ធំ​តូច​ត្រើយ​ ខាង​កើត​ទាំងអស់ ហើយ​ឲ្យ​ប្រមូល​មក​ជួបជុំ​លើក​ទ័ព​ជើង​គោក ជើង​ទឹក​សន្ធឹក​មហិមា​ឆ្លង​ទៅ​វាយ​បន្ទាយ​ភ្នំពេញ​ទៀត ។ ព្រះ​បរមបពិត្រ​កាល​បាន​ទ្រង់​ជ្រាប​ថា ព្រះស្ដេច​កន​លើកទ័ព​មក​ហើយ ក៏​ស្ដេច​ចាត់​រេហ៍ពល​សកល​យោធា លើក​ចេញ​ទៅ​ទទួល​ច្បាំង​នឹង​ស្ដេច​កន​៣​ថ្ងៃ តែ​ពុំ​ទាន់​ចាញ់​ឈ្នះ​សោះ ។ ព្រះស្ដេច​កន​យល់​ថា ទ័ព​ខាង​ព្រះ​បរមបពិត្រ​រឹងរូស​ណាស់ នឹង​វាយ​បង្ខំ​មិន​បាន​ទេ លុះ​វេលា​យប់​ស្ងាត់​ក៏​ឲ្យ​កងទ័ព​៥០.០០០​នាក់​ឆ្លង​ទៅ​ព័ទ្ធ​បន្ទាយ​ ភ្នំពេញ​ពី​ទិស​ខាងលិច ឲ្យ​មួយ​កង​ទៀត​ទៅ​ព័ទ្ធ​ពី​ខាងត្បូង ។ កងទ័ព​ព្រះ​បរមបពិត្រ​តែ​៣០.០០០​នាក់ កងទ័ព​ខាង​ព្រះស្ដេច​កន នាយកង នាយ​ទ័ព​ចេះ​តែ​កេណ្ឌ​បញ្ចូល​មក​បាន​ជួបជុំ​ទាំង​មុន ទាំង​ក្រោយ​១២០.០០០​នាក់ លើក​ចោម​បន្ទាយ​ភ្នំពេញ​ជា​បី​ផ្លូវ ព្រម​ដោយនៅ​កាំភ្លើង​ធំ​តូច ធ្នូ ស្នា ឧបមា​បីដូច​ជា​ម្រោម​ចោម​សម្បុក​ជា​សន្ធឹក​គឹកកង​ពន់ប្រមាណ ។

ព្រះបាទ ​បរមបពិត្រ​ស្ដេច​ចេញ​កងទ័ព​ទៅ​ក៏​ឃើញ​ថា កងទ័ព​ព្រះស្ដេច​កន​ច្រើន​ក្ដាត់ ចោម​ព័ទ្ធ​ជា​បី​ផ្លូវ​ដូច្នេះ​ហើយ​កងទ័ព​ខាង​ព្រះ​អង្គ​ក៏​ចេះ​តែ​រត់រា​ មិន​ទទួល​ច្បាំង​សោះ ។ ខណៈនោះ​ព្រះ​អង្គ​ថយ​ទ័ព​ទៅ​តាំងនៅ​ខេត្ដ​លង្វែក បន្ថយ​គ្រប់​គ្រួ​ឲ្យ​ទៅ​ឈប់​នៅ​សំរោងសែន ដែន​ខេត្ដ​អាសន្ទុក (សព្វថ្ងៃ​សំរោងសែន​ជា​ឃុំ​មួយ​នៅ​ក្នុងស្រុក​កំពង់លែង ខេត្ដកំពង់ឆ្នាំង) ។ ស្ដេច​ចាត់​នាយកង​នាយ​ទ័ព​ឲ្យ​ទៅ​កេណ្ឌ​កងទ័ព​ពី​ខេត្ដ​ខាងជើង​ថែម​ ទៀត ។ ស្ដេច​កន​បាន​វាយ​បន្ទាយ​ភ្នំពេញ​បែក​ហើយ​ក៏​ដេញ​កងទ័ព​ចូល​បន្ទាយ​ចាប់​អស់ ​រាស្ដ្រប្រជា រឹប​យក​ស្បៀង​អាហារ សាស្ដ្រាវុធ​បាន​ជា​ច្រើន ហើយ​ក៏​តាំង​នាម៉ឺន​សព្វ​មុខមន្ដ្រី ចៅហ្វាយស្រុក​ធំ​តូច​ឲ្យ​ចេញ​ទៅ​សង្កត់ ខេត្ដ​ខាងត្បូង ខាងលិច​គឺ​ខេត្ដ​បាទី ព្រៃកប្បាស ទ្រាំង បន្ទាយមាស កំពត កំពង់សោម ខេត្ដ​បាសាក់ ព្រះត្រពាំង ឪម៉ោ ក្រមួនស ទឹកខ្មៅ រៀង​ដល់​ព្រៃនគរ បារៀន ដូនណាយ លង់ហោ ផ្សារដែក សឹង​ចុះចូល​ព្រះស្ដេច​កន​ទាំងអស់ ព្រោះ​ក្នុង​វេលា​នោះ​បណ្ដារាស្ដ្រ​ចូល​ចិត្ដ​ថា ព្រះស្ដេច​កន​នេះ​ជា​អ្នកមាន​បុណ្យ ទើប​អាណា​ប្រជានុរាស្ដ្រ​នាំ​គ្នា​មក​ថ្វាយបង្គំ​ចុះចូល​ជា​ច្រើន ។ លុះ​មក​ដល់​ឆ្នាំកុរ សប្ដស័ក ព.ស​២០៥៩ គ.ស​១៥១៥ ម.ស​១៤៣៧ ច.ស​៨៧៧ ព្រះស្ដេច​កន​ចាត់​ចែង​កងទ័ព​ជា​៤​កង​ឲ្យ​លើក​ទៅ​វាយ​បន្ទាយលង្វែក​មួយ​កង​ មាន​រេហ៍ពល​៤០.០០០​នាក់​ឲ្យ​លើក​ទៅ​នៅ​បន្ទាយ​ភ្នំពេញ​មួយ​កង​មាន​រេហ៍ពល​ ៥០.០០០​នាក់​ឲ្យ​លើក​ទៅ​ខាង​ផ្លូវ​ទន្លេធំ មួយ​កង​មាន​ពល​៣០.០០០​នាក់ ។ តែ​ខ្លួន​ព្រះស្ដេច​កន​ឯង​មាន​កងពល​៤០.០០០​នាក់ ត្រឡប់​ទៅ​ខេត្ដ​ស្រីសន្ធរ​វិញ ។ មេទ័ព​ដែល​ព្រះស្ដេច​កន​ឲ្យ​ទៅ​វាយ​បន្ទាយលង្វែក​នោះ បាន​លើក​ទៅ​ចោម​វាយ​មួយ​ថ្ងៃ​ហើយ​តែ​មិន​ទាន់​ជា​បានការ​យ៉ាងណា​ នៅឡើយ ។ ឯ​មេទ័ព​ដែល​នៅ​ខាង​ផ្លូវ​ទន្លេធំ​នោះ​លុះ​ទៅ​ដល់​ខេត្ដ​កំពង់សៀម​ហើយ ក៏​បោះ​បន្ទាយ​បញ្ឈប់​ទ័ព​ចាំ​ស្ដាប់​កិច្ចកល​ចៅហ្វាយស្រុក​នានា ។ ចៅហ្វាយស្រុក​ខេត្ដ​កំពង់សៀម ស្ទឹង​ត្រែង ដឹង​ថា មេទ័ព​ខាង​ព្រះស្ដេច​កន​លើកទ័ព​ចូល​មក​ដល់​ខេត្ដ​របស់​ខ្លួន​ហើយ​ក៏​កេណ្ឌ​ ទ័ព​បម្រុង​ទុក​ច្បាំង ចាំ​ទទួល​ច្បាំង ហើយ​ក៏​បក​សំបុត្រ​ប្ដឹង​ទៅ​សេនាបតី​គ្រប់​ប្រការ ។ សេនាបតី​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​តាម​ដំណើរ ។ ព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ ទ្រង់​ត្រាស់​ថា ខាង​នេះ​មាន​កងទ័ព​ចូល​មក​ចោមរោម​ខាង​នោះ​ក៏​មាន​កងទ័ព​ចូល​ទៅ​ចោម​ ដែរ ។ បើ​ដូច្នេះ​យើង​នឹង​ចែក​កងទ័ព​ឲ្យទៅ​ជួយ​ខ្លះ កាលណា​ទ័ព​យើង​ទ្រាំ​នឹង​ទ័ព​សត្រូវ​លែង​បាន ។ ព្រះ​បរមបពិត្រ​ទ្រង់​ត្រាស់​ត​ទៅ​ទៀត​ថា ពី​ដើម​ឡើយ​សង្ឃឹម​លើ​សម្ដេចព្រះអនុជ​ចន្ទរាជា ឥឡូវ​សម្ដេចព្រះអនុជ​ចាញ់​ឧបាយកល​ត្រូវ​រត់​ទៅ​ក្រុង​ទេព​បាត់​ទៅ​ ហើយ ។ នៅឡើយ​សង្ឃឹម​តែ​ចៅពញា​យសរាជា​ដែល​ឧកញ៉ា​យមរាជ​យក​ទៅ​រក្សា ។ តែ​បុត្រា​ក៏​ទើបតែនឹង​បាន​ព្រះ​ជន្ម​បួន​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ​នឹង​រំពឹង​ លើ​អ្នក​ណា​ក៏​ពុំ​បាន ទើប​ទ្រង់​ត្រាស់​ប្រើ​ចៅពញា​ក្រឡាហោម​ឲ្យ​ឃុំ​ពល​ដែល​ទើបនឹង​មក​ដល់​ថ្មី​ នោះ ១០.០០០​នាក់​ឲ្យ​លើក​ឆ្លង​ទៅ​ជួយ​ខេត្ដ​ខាងកើត ។ ចៅពញា​ក្រឡាហោម​បាន​ទទួល​រាជបញ្ជា​ហើយ ក៏​ថ្វាយបង្គំ​ឃុំ​ពល​១០.០០០​នាក់​នោះ​លើក​ឆ្លង​ទៅ​តាម​ព្រះរាជបញ្ជា ។ ព្រះ​បរមបពិត្រ​ស្ដេច​ទុក​ទាហាន​ឲ្យ​នៅ​រក្សា​បន្ទាយលង្វែក​តែ​ពល​២៥.០០០​ នាក់​ប៉ុណ្ណោះ ។ មេទ័ព​ដែល​ព្រះស្ដេច​កន​ឲ្យ​លើក​ទៅ​ចោម​ទ័ព​ហ្លួង​នៅ​បន្ទាយលង្វែក​នោះ​កាល​ ដឹង​ថា បន្ទាយ​នេះ​ធ្វើ​មាំមួន​ណាស់ ប៉ុន្ដែ​កងទ័ព​ដែល​នៅ​រក្សា​បន្ទាយ​នោះ​មាន​តែ​២៥.០០០​នាក់​ទេ ក៏​មាន​សំបុត្រ​បក​មក​សុំ​កងទ័ព​ពី​បន្ទាយ​ចតុមុខ​បាន​១០.០០០​នាក់​ទៀត​ជា​ ៥០.០០០​នាក់ ព្រម​ដោយ​គ្រឿងសាស្ដ្រាវុធ​ផង ។ កាល​បាន​ទ័ព​ហើយ មេទ័ព​ខាង​ព្រះស្ដេច​កន​ក៏​លើក​ទៅ​ចោម​បន្ទាយលង្វែក​ច្បាំង​គ្នា​អស់​៤​យប់​ ៤​ថ្ងៃ​ពុំ​ឈប់​ឈរ​សោះ ។ វាយ​ផ្លាស់​គ្នា​ចូល​ចោម​ជា​មាំមួន​ណាស់ ។ កងទ័ព​ហ្លួង​ដែល​មាន​រេហ៍ពល​តិច​ក្រឡេក​មើលទៅ​ខាងកើត​ទ័ព​សត្រូវ​ដែល​ផ្លាស់ ​គ្នា​ដូច​ជា​មាន​កងទ័ព​ថែម​មក​ទៀត ព្រះ​អង្គ​ក៏​យល់​ថា នឹង​ទ្រាំ​ទៅ​ទៀត​ពុំ​បាន​ឡើយ ទើប​ទ្រង់​ថយ​ទ័ព​ទៅ​តាំងនៅ​ខេត្ដ​អម្រាគគិរិន្ដបូណ៌ (គឺ​ស្រុក​បរិបូណ៌​សព្វ​ថ្ងៃនេះ) ។ ទ្រង់​ឲ្យ​បន្ថយ​គ្រប់គ្រួ​ទៅ​នៅ​សំរោងសែន​ក្នុង​ខេត្ដ​សន្ទុក​ អស់ ។ មេទ័ព​ព្រះស្ដេច​កន​ក៏​លើកទ័ព​ដេញ​តាម​ទៅ ។ ចំណែក​ចៅពញា​ក្រឡាហោម ជា​មេទ័ព​ហ្លួង ដែល​ហ្លួង​បង្គាប់​ឲ្យ​លើក​ឆ្លង​ទៅ​ជួយ​ខេត្ដ​ខាងកើត​នោះ លុះដល់​ពាក់កណ្ដាល​ផ្លូវ​ដឹង​ហ្លួង​បែក​នឹង​ទ័ព​សត្រូវ​ហើយ ក៏​លើក​កងទ័ព​ត្រឡប់​មក​វាយ​ទ័ព​សត្រូវ​ពី​ខាងក្រោយ​វិញ ។ ឯ​សត្រូវ​ក៏​រាយ​ទ័ព​ត្រឡប់​មក​ប្រកាប់​គ្នា​យ៉ាង​ក្លាហាន​នឹង​ទ័ព​ចៅពញា​ ក្រឡាហោម​ជា​មេទ័ព​ហ្លួង ។ ទ័ព​សត្រូវ​នៅ​ក្នុង​ចំណោម​រេហ៍ពល​ហ្លួង​ដែល​វាយ​ផ្ទប់​ទាំង​សងខាង ក៏​ស្លុត​ស្លាប់​ជា​ច្រើន​ពាន់​បា្លយ​អន្ដរាយ​បែក​ទ័ព​រត់​ត្រឡប់​ចូល​មក​ ភ្នំពេញ​វិញ ។ ឯ​សម្ដេចព្រះ​បរមបពិត្រ (មហាក្សត្រ​ខ្មែរ) ស្ដេច​ត្រាស់​ឲ្យ​ចៅពញាសួគ៌ាលោក (ចៅហ្វាយស្រុក​ខេត្ដ​ពោធិ៍សាត់) ជា​មេទ័ព​ឃុំ​ពល​១០.០០០​នាក់​ទៅ​ឈរ​រក្សាស្រុក​រលាប្អៀរ ឲ្យ​ចៅពញា​យមរាជ​ជា ​បិតា​លៀង (ឪពុកចិញ្ចឹម) របស់​ចៅពញា​យស​រាជ​នាំ​ពល​៥.០០០​នាក់​ទៅ​វាយ​យក​ខេត្ដ​ខាងកើត​ឲ្យ​បាន​មក​ វិញ ។ លុះ​ចាត់ការ​រួច​ហើយ សម្ដេចព្រះ​បរមបពិត្រ​លើកទ័ព​ទៅ​ប្រជុំ​នៅ​ខេត្ដ​អាសន្ទុក ។ ចៅពញា​យមរាជ​បាន​ទទួល​ព្រះរាជ​បញ្ជា​ហើយ​ក៏​ចាត់ចែង​កងទ័ព​ជា​ប៉ែក​មុខ​ប៉ែក ​ក្រោយ ប៉ែក​ឆ្វេង ប៉ែក​ស្ដាំ ហើយ​លើកទ័ព​ចេញ​ទៅ ។ លុះ​ទៅ​ដល់​ខេត្ដ​បារាយណ៍ ចៅពញា​យមរាជ​ក៏​បាន​ជួបនឹង​ទ័ព​ខាង​មេទ័ព​ព្រះស្ដេច​កន ហើយ​បាន​ច្បាំង​គ្នា​ជា​កោលាហល​យ៉ាង​ខ្លាំង ។ ក្រោយ​ដែល​បាន​ច្បាំង​គ្នា​ជា​ច្រើន​យប់​ច្រើន​ថ្ងៃ​មក​ទ័ព​ខាង​ចៅពញា​យមរាជ ​មាន​កម្លាំង​ជាង​ខាង​មេទ័ព​ព្រះស្ដេច​កន​ដូច្នេះ ចៅពញា​យមរាជ​ក៏​បញ្ជា​ឲ្យ​មេទ័ព​ដេញ​ទ័ព​ព្រះស្ដេច​កន​រហូត​ទៅ​ហើយ​បាន​យក​ខេត្ដ​បារាយណ៍​ជើងព្រៃ កំពង់សៀម ស្ទឹងត្រែង រួច​ចាត់​មន្ដ្រី​ឲ្យ​នៅ​រក្សា​ខេត្ដ​ទាំងនោះ​យ៉ាង​មាំមួន ។ ត​មក​ចៅពញា​យមរាជ​ក៏​លើកទ័ព​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បរមបពិត្រ​នៅ​ខេត្ដ​ អាសន្ទុក​ថា បាន​វាយ​ឈ្នះ​ហើយ​យក​បាន​ខេត្ដ​ទាំងនេះ​តាម​កិច្ច​រាជការ​ហើយ​ដើម្បី​ សូមទ្រង់ជ្រាប​គ្រប់​ប្រការ ។ សម្ដេចព្រះ​បរមបពិត្រ​ស្ដេច​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​ព្រះ​អណរ​ណាស់ ។ ស្ដេច​កន​តាំងពី​វាយ​យក​បាន​បន្ទាយ​ភ្នំពេញ​មក ក៏​ចាត់​មេទ័ព​ឲ្យ​នៅ​រក្សា​បន្ទាយ​នោះ​យ៉ាង​មាំមួន តែ​ខ្លួន​ព្រះស្ដេច​កន​ត្រឡប់​ទៅ​គ្រប់គ្រង​ស្រុក​បាសាន​វិញ ។ ត​មក​ព្រះស្ដេច​កន​ក៏​តាំង​តែ​ឲ្យ​កេណ្ឌ​ទ័ព​មក​ថែម​ទៀត បាន​ទ័ព​ថ្មី​ទាំងអស់​ចំនួន​ដប់​ម៉ឺន​នាក់ ហើយ​​ឲ្យធ្វើ​ព្រះរាជ​ពិធី​លើក​ខ្លួនឯង​ឡើងជា​មហាឧបរាជ​ភូ​សម្រេច​រាជការ​មហាក្រស័ត្រ​សឹក ។ ស្ដេច​កន​ឲ្យ​ធ្វើ​ទង់​ពណ៌​ក្រហម ប៉ាក់​រូប​នាគ​ក្បាល​៨​សម្រាប់ ​កងទ័ព ។ ខ្លួន​ស្ដេច​កន​បាំង​ក្លស់​ដូច​ស្ដេច ។ ហេតុនេះ​ហើយ​បាន​ជា​មាន​ពាក្យ​រាស្ដ្រប្រជា​ហៅ​ថា ស្ដេច​កន​តាម​ឈ្មោះ​ពី​ឪពុក​ឲ្យ​ខ្លះ​តាម​ឈ្មោះ​ដែល​ហ្លួង​ប្រទាន​ឲ្យ​ខ្លះ​ គឺ​ហៅ​តាម​ឈ្មោះ​ដែល​គ្រួ​ឲ្យ​ខ្លះ ។ មហាឧបរាជ​កន​តែងតាំង​មន្ដ្រី​ក្រៅ និង​ក្នុង​ក្រុង​ជា​ស្រេច​ហើយ ទើប​ឲ្យ​ព្រះ​ពិជ័យ​នាគ​រក្សា​បន្ទាយ​ក្នុង​នគរ ។ ឯ​ខ្លួនឯង​លើកទ័ព​ទៅ​បោះ​នៅ​ខេត្ដ​កំពង់សៀម ។ អស់​មុខមន្ដ្រី​ដែល​ចៅពញា​យមរាជ​ឲ្យ​នៅ​រក្សា​ខេត្ដ​ទាំងឡាយ​ដែល​ដណ្ដើម​យក​ បាន​ពី​មេទ័ព​ព្រះស្ដេច​កន កាលបើ​ឃើញ​ទ័ព​របស់​សត្រូវ​ច្រើន​លើសលប់​កម្លាំង​ណាស់ ក៏​រត់​ប្រាស​យក​តែ​អាយុ​សព្វ​ខ្លួន រួច​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បរម​បពិត្រ​គ្រប់ៗ​គ្នា ។

មហាឧបរាជ ​កន​លុះ​ចូល​តាំង​បន្ទាយ​រាយ​ទ័ព​ខ្ជាប់​ខ្លួន​ហើយ ទើប​គិត​ឧបាយកល​ចាត់​បម្រើ​ឲ្យ​ទៅ​ក្រាបទូល​ព្រះ​បរមបពិត្រ ។ លុះ​បម្រើ​ទៅ​ដល់​ក៏​ចូល​ប្ដឹង​សេនាបតី​សេនាបតី​នាំ​ឡើង​គាល់​ព្រះ​ បរមបពិត្រ​ជា​អម្ចាស់ ។ ខណៈនោះ​ព្រះបាទ​ស្រីសុគន្ធបទ​ស្ដេច​កំពុង​ចេញ​ជួបជុំ​រាជសេវកាមាត្យ​ជា​ នាយកង​ខាង​ទ័ព​ហ្លួង កាលបើ​ទ្រង់​បាន​ជ្រាប​ហើយ បម្រើ​ពី​អា​កន​ក្បត់​ចូល​មក​ហើយ ទ្រង់​ក៏​ត្រាស់​ឲ្យ​ដាក់​ក្ដី​ម្ចាស់ និង​ញាតិសន្ដាន​វា​៥​ប្រការ​ធ្វើ​ហាក់ដូចជា​នឹង​ប្រហារជីវិត ហើយ​ឲ្យ​ចេញ​មក​ទទួល​បម្រើ​ដែល​ចូល​មក​ក្រាប​បង្គំ​ពេល​នោះ ។ លុះ​បម្រើ​ចូល​មក​ដល់​ព្រះរាជ​ទីនាំង​ហើយ ព្រះ​បរមបពិត្រ​ស្ដេច​ត្រាស់​បង្គាប់​ឲ្យ​អាល័ក្ស​ទទួល​សំបុត្រ​ពី​បម្រើ​ នោះ​មក​សូត្រ​ថ្វាយ ។ សំបុត្រ​នោះ​មាន​សេចក្ដី​ថា ៖ «សូម ​ទ្រង់​ព្រះ​មេត្ដាប្រោស​ឃុន​ហ្លួង​ព្រះស្ដេច​ធិបតី​ទូលបង្គំជាខ្ញុំ​នេះ កាល​​ដើម​ឡើយ​មាន​ទោស សូម​ក្រាប​ថ្វាយបង្គំ​ក្រោម​ល្អងធូលី​ព្រះបាទ​សូមទ្រង់ជ្រាប ។ ដ្បិត​ទូលព្រះបង្គំ​ដែល​បាន​ធ្វើការ​មក​ទាំង​ម្ល៉េះ មិន​មានចិត្ដ​ប្រទូសរ៉ាយ​ដល់​ល្អងធូលីព្រះបាទ​ក៏​ទេ គឺ​ធ្វើ​នេះ​ដោយ​ខ្លាច​ព្រះរាជអាជ្ញា​ដោយ​ពិត​ណាស់​ទើប​បាន​ជា​ទូលព្រះបង្គំ ​គិត​ធ្វើការ​នោះ​ឲ្យ​គង់តែ​ជីវិត​ប៉ុណ្ណោះ ។ សព្វ​ថ្ងៃនេះ ទូលព្រះបង្គំ​មាន​ចិត្ដ​ចង់​នៅ​ជា​ខ្ញុំ​ល្អងធូលី​ព្រះបាទ ដូច​កាល​អំពី​ដើម​រៀង​មក ប៉ុន្ដែ​ក្រែង​ទ្រង់​ជា​អម្ចាស់​ពុំ​ប្រោស​ព្រះ​រាជទាន ។ សេចក្ដី​នេះ​បើ​ទ្រង់​ជា​អម្ចាស់​ទ្រង់​ព្រះ​មេត្ដាប្រោស​អភ័យ​ទោស​នោះ​សូម​ ព្រះ​បរមបពិត្រ​ស្ដេច​ព្រះ​រាជទាន​ម្ដាយ និង​ញាតិ​ការ​បងប្អូន​ទៅ​ទូលព្រះបង្គំ​ជា​មុន​សិន​ចុះ ដើម្បី​ឲ្យ​ទូលព្រះបង្គំ​បាន​ឃើញ​មុខ និង​បំបាត់​ទុក្ខ​ដោយសារ​ព្រះរាជ​ហឫទ័យ​ទ្រង់​ព្រះ​មេត្ដាប្រោស ។ ថាបើ​ព្រះ​បរមបពិត្រ​ទ្រង់​នៅ​ព្រះរាជ​ករុណា​មែន ទូល​ព្រះ​បង្គំ​នឹង​រំសាយ​កងទ័ព​ទាំង​ដប់​ម៉ឺន​ឲ្យ​ត្រឡប់​ទៅ​កាន់​លំនៅ​តាម ​ស្រុក​ទេស​រៀងៗ​ខ្លួន​វិញ​ជា​ពុំ​ខាន ។ គួរ​ពុំគួរ​សូម​ទ្រង់​ព្រះករុណា​ប្រោស» ។ សម្ដេចព្រះ​ស្រីសុគន្ធបទ​ស្ដេច​ទ្រង់​បាន​ព្រះ​សណ្ដាប់​ហើយ ទ្រង់​ព្រះ​ពិរោធ​ណាស់ ស្ដេច​ទ្រង់​ត្រាស់​ឲ្យ​ចៅពញា​ឧទ័យធិរាជ ជា​ចៅហ្វាយស្រុក​អាសន្ទុក​ធ្វើ​សំបុត្រ​តប​ហើយ​ប្រគល់​ឲ្យ​បម្រើ​វិញ ។ បម្រើ​បាន​សំបុត្រ​តប​ហើយ ក៏​ក្រាប​ថ្វាយបង្គំ​លា​នាំ​សំបុត្រ​នោះ​ដល់​សម្ដេច​មហាឧបរាជ​កន ។ សម្ដេច​មហាឧបរាជ​កន​បើក​ស្រោម​សំបុត្រ​មើល​ហើយ ឃើញ​មាន​សេចក្ដី​ថា «អ្នក ​ចៅពញា​ឧទ័យធិរាជ​អគ្គមហាសេនា​សេនា​ធិបតី ចៅហ្វាយខេត្ដ​អាសន្ទុក​ខាង​ក្រុង​មហានគរ ។ មក​ដល់​ឃុន​ហ្លួង​ព្រះស្ដេច​ធិបតី ឲ្យ​បានដឹង ។ ដ្បិត​សំបុត្រ​ឃុន​ដែល​ក្រាបទូល​ទៅ​ព្រះ​បរមបពិត្រ​ជា​អម្ចាស់​ជីវិតលើត្បូង ​នោះ​មាន​សេចក្ដី​ថា សូម​ឲ្យ​ទ្រង់​ព្រះ​រាជទាន​គ្រប់​គ្រួ និង​ម្ដា​យមក​ឲ្យ​ឃុន​ជា​មុន​នោះ​ពុំ​ត្រឹមត្រូវ​តាម​ទំនៀម​ទេ ។ បើ​ឃុន​មាន​ចិត្ដ​ស្លូតត្រង់​មែន គួរ​ឃុន​រៀបខ្លួន​រំលាយ​កងទ័ព​ចូល​តែ​ខ្លួន​ទៅ​ក្រាប​បង្គំ​ទូល​គាល់​ ព្រះបាទ​អ្នកជា​អម្ចាស់​ជា​មុន ទើបត្រូវ​តាម​សណ្ដាប់​អម្ចាស់​និង​ខ្ញុំ ។ បើ​ឃុន​ប្រែចិត្ដ​លែង​ក្បត់​មក​ប្រកាន់​ចិត្ដ​កតញ្ញូ ហើយ​រំលាយ​កងទ័ព​ចោល​ទៅ​នោះ យើង​នឹង​ជួយ​បង្គំ​ទូល​សុំ​ទោស​ឲ្យ​ឃុន ។ ប៉ុន្ដែ​បើ​ឃុន​ប្រឹង​តែ​រឹងទទឹង​មិន​ចូល​ទៅ​គាល់​ទេ យើង​នឹង​ឲ្យ​សម្លាប់​ម្ដាយ​ឃុន និង​គ្រប់​គ្រួ​ទាំងអស់​ឲ្យ​ស្លាប់​ពុំ​ត្រា​ប្រណី​ឡើយ ។» ស្ដេច​កន​មហាឧបរាជ​ភូស​ម្រេច​រាជការ​មហាក្រស័ត្រ​សឹក​លុះ​អាន​ចប់​សេចក្ដី​ ហើយ​យល់​ថា​សំបុត្រ​នោះ​ពុំ​ដូច​គំនិត​របស់​ខ្លួន​ទេ ក៏​ឲ្យ​បម្រើ​នាំ​សំបុត្រ​នោះ​ទៅ​ជូន​ពិជ័យ​នាគ​ជា​បិតា​ឲ្យ​បាន​ ដឹងផង ។ ព្រះ​ពិជ័យ​នាគ​កាលបើ​បាន​ដំណឹង​ថា​មាន​សំបុត្រ​ពី​ចៅ​ពញា​ឧទ័យធិរាជ​មក​ ដូច្នេះ ហើយ​ក៏​ស្ទុះ​រត់​ទៅ​ប្រុង​នឹង​ទទួល​សំបុត្រ​នោះ ហើយនឹង​ដើម្បី​សុំ​មហាឧបរាជ​កន​កុំ​ឲ្យ​ធ្វើ​ទ័ព​តទៅ​ទៀត ។ លុះ​រត់​ទៅ​ទន្ទឹម​នឹង​ទ្វារ ក៏​ភ្លាត់ជើង​ដួល ហើយ​ទៅ​ត្រូវ​នឹង​ចុង​ដាវ​ដែល​ដាក់​នឹង​ដៃកែវ​ចំ​ចន្លោះ​ឆ្អឹងដងកាំបិត ហើយ​ដួល​ចុះ​សន្លប់​បាត់ស្មារតី​ក្នុង​ទីនោះ​ទៅ ។ បាវព្រាវ​ដែល​នៅ​ក្នុង​ទីនោះ​ឃើញ​ហើយ ក៏​គ្រា​ព្រះ​ពិជ័យ​នាគ​ទៅ​ដាក់​ឲ្យ​ដេក​លើ​គ្រែ ហើយ​ឲ្យ​បម្រើ​ទៅ​ថ្វាយ​ដំណឹង​ដល់​មហាឧបរាជ​ភូ​សម្រេច​រាជការ​មហាក្រស័ត្រ​ សឹក​តាម​ដំណើរ​គ្រប់​ប្រការ ។ មហាឧបរាជ​ភូស​ម្រេច​រាជការ​មហាក្រស័ត្រ​បាន​ជ្រាប​ថា បិតា​ត្រូវ​អាវុធ​មាន​របួស​ជា​ទម្ងន់​​ណាស់​ហើយ​ក៏​ថយ​កងទ័ព​ស្រូតរូត​ចូល​ មក ។ លុះ​ស្ដេច​កន​ដល់​មក​បន្ទាយ​ក្នុង​ព្រះ​នគរ ក៏​ល្មម​នឹង​ពេល​ដែល​ព្រះ​ពិជ័យ​នាគ​អនិច្ចកម្ម​ទៅ​ដែរ ។ មហាឧបរាជ​ភូស​ម្រេច​រាជការ​មហា​ក្រស័ត្រ​សឹក​ដឹង​ថា​បិតា​ក្ស័យ​ហើយ​ក៏​ ទ្រង់​វិយោគ​សោកអាល័យ​ផ្សេងៗ ហើយ​ផ្អាក​ការ​ធ្វើសង្គ្រាម​ដើម្បី​ធ្វើ​បុណ្យសព​បិតា​ឲ្យ​បាន​ជា​ ឱឡារិក ។ ចំណែកឯ​សម្ដេចព្រះ​ស្រីសុគន្ធបទ​កាល​ទ្រង់​ជ្រាប​ថា ព្រះ​ពិជ័យ​នាគ​ក្ស័យជីវិត​ហើយ ហើយ​ព្រះស្ដេច​កន​ថយ​កងទ័ព​ទៅ​ធ្វើបុណ្យ​ឪពុក​ដូច្នោះ​ហើយ ទ្រង់​ក៏​ត្រាស់​បង្គាប់​ចៅពញា​ឧទ័យធិរាជ ជា​ចៅហ្វាយ​ស្រុក​ខេត្ដ​អាសន្ទុក​ឲ្យ​លើ​កងទ័ព​ទៅ​វាយ​បន្ទាយលង្វែក និង​ខេត្ដ​កំពង់សៀម​ឲ្យ​បាន ហើយ​ឲ្យ​លើក​ទៅ​វាយ​ខេត្ដ​ត្បូងឃ្មុំ​ទៀត ។ ទ្រង់​ឲ្យ​ចៅពញា​ក្រឡាហោម​លើកទ័ព​ទៅ​វាយ​បន្ទាយ​ភ្នំពេញ ។ ចៅពញា​ឧទ័យ​រាជាធិរាជ ចៅហ្វាយខេត្ដ​អាសន្ទុក ចៅពញា​ក្រឡាហោម ចៅពញា​សួគ៌ាលោក​ជា​មេទ័ព​ហ្លួង​ទាំង​បី​នាក់​នោះ​បាន​ទទួល​ព្រះរាជ​បញ្ជា​ ហើយ ក៏​ក្រាបថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់ចែង​សេនា​ទាហាន​រេហ៍​ពល​១០០០០​ម្នាក់ៗ ដើម្បី​លើក​ទៅ​វាយ​បន្ទាយ​សត្រូវ​ទាំង​បី​អន្លើ ។ ក្នុង​គ្រានោះ​មេទ័ព​ខាង​មហាឧបរាជ​ភូស​ម្រេច​រាជការ​មហាក្រស័ត្រ​សឹក ក៏​ចាត់​កងទ័ព​ឲ្យ​ឡើង​ទៅ​ច្បាំង​រក្សា​បន្ទាយ​គ្រប់​កង ហើយ​ធ្វើ​សំបុត្រ​ប្ដឹង​ទៅ​ដល់​មហាឧបរាជ​កន ។ មហាឧបរាជ​ភូស​ម្រេច​រាជការ​មហាក្រស័ត្រ​សឹក កាល​បាន​ដឹង​ព្រះ​បរមបពិត្រ​ស្ដេច​ចាត់​មេទ័ព​ហ្លួង​ឲ្យ​មក​វាយ​ទ័ព​ខ្លួន​ ដូច្នេះ ក៏​ស្រើបស្រួល​ជា​សេចក្ដី​ក្សេមក្សាន្ដ​ពន់ប្រមាណ ទើប​ចាត់​ភោជនាហារ​ឲ្យ​លៀង​សេនា​ទាហាន​យ៉ាង​ធំ ។ វេលា​កំពុងស៊ី​លៀង​នោះ សេនា​ទាហាន​ទាំងអស់​និយាយ​គ្នា​ដោយ​ឆ្ងល់​ថា មហាឧបរាជ​យើង​លោក​ធ្វើបុណ្យ​បិតា​នោះ​បើ​មើលទៅ​មុខ​លោក​ក៏​ឃើញ​ថា លោក​មានទុក្ខ​ជា​ទម្ងន់​ណាស់ ។ លោក​ធ្វើបុណ្យ​មិន​ទាន់​ហើយ​ផង គឺ​ទើបតែនឹង​បាន​មក​ដល់​សង្គាយនា​ប៉ុណ្ណោះ ហើយនឹង​គ្រាន់តែ​មាន​សំបុត្រ​ប្ដឹង​មក​ថា មាន​ទ័ព​ពី​ព្រះ​នគរ​ចោម​បន្ទាយ​ប៉ុណ្ណោះ លោក​ក៏​ត្រឡប់​ជា​ស្រើបស្រួល សប្បាយ​ទៅ​វិញ ។ ដូច្នេះ​តើ​ការ​ប្រែប្រួល​បែប​នេះ​មាន​ហេតុ​ដូច​ម្ដេច ក៏​បាន​ជា​មហាឧបរាជ​លោក​ស្រើបស្រួល​សប្បាយ​យ៉ាងនេះ ? ក្នុង​ពេល​ដែល​ពួក​សេនា​ទាហាន​កំពុង​និយាយ​អ៊ូអែ​ឆ្ងល់​អំពី​ការ​ប្រែប្រួល​ អាកប្បកិរិយា​នោះ មហាឧបរាជ​កន​ឮ​ហើយ​ក៏​ឆ្លើយ​ថា អ្នក​ទាំងឡាយ​ពុំ​ចាំ​ច្បាស់​ទំនៀម​ព្រះ​នគរ​នេះ​ទេ​ឬអ្វី ? តាម​ទំនៀម​រដូវ​ចូល​ឆ្នាំ​ថ្មី​នេះ មួយ​ពេល​គេ​ធ្វី​បុណ្យសព​បិតា​គេ​នេះ​មួយ ទោះបី​ម្ដេច​ម្ដា​ក៏​សត្រូវ​គេ​តែងតែ​ឈប់​ធ្វើសង្គ្រាម​កំណត់​មួយ​ថ្ងៃ​សិន​ ដែរ ។ ឥឡូវនេះ ស្ដេច​នេះ​លើកទ័ព​មក​ចោម​បន្ទាយ​យើង គឺថា​ធ្វើ​ល្មើស​នឹង​បទ​ព្រះ​អយ្យការ​យ៉ាងនេះ​ហើយ​នោះ យើង​យល់​ថា ស្ដេច​នឹង​អស់បុណ្យ​ជា​ការ​ពិត ហើយ​ផែនដី​នឹង​បាន​មក​យើង​ដូច​ទំនាយ​លោកគ្រូ​ទាយ​ឲ្យ​យើង​មិន​ខាន ។ ស្ដេច​កន​ថា​តែ​ប៉ុណ្ណេះ​ហើយ​ហេតុតែ​បុណ្យ​របស់​គាត់​ពី​អតីត​មក​ក៏​បណ្ដាល​ ឲ្យ​ឃើញ​អស្ចារ្យ​ជា​នាគ​មួយ​ហោះ​ព័ទ្ធ​រោង​បុណ្យ​នោះ​៣​ជុំ ។ ខណៈនោះ​មន្ដ្រី​សេនា​ទាហាន​ទាំងអស់​ក៏​ទះដៃ​តាំង​ហ៊ោ​ថា បន្ទូល​របស់​ព្រះ​មហាឧបរាជ​នោះ​ពិតជា​ត្រូវ​ដូច​ទំនាយ​ហើយ ។ ចាប់តាំងពី​ថ្ងៃ​នោះ​មក​មន្ដ្រី​សេនា​ទាហាន​របស់​ស្ដេច​កន​ក៏​ព្រមព្រៀង​ គ្នា​ប្រឹង​ខំធ្វើការ​ទ្វេ​មួយ​ជា​ប្រាំ ។ ពេល​នោះ​សេនា​ទាហាន​ដែល​ជា​មេ​កំណែន​កេណ្ឌ​រេហ៍ពល​បាន​ពី​ខេត្ដ​ខាងកើត​ ១២០.០០០​នាក់ ហើយ​នាំ​មក​ថ្វាយ​ស្ដេច​កន ។

មហាឧបរាជ​កន​ភូស​ម្រេច​រាជកា​មហាក្រស័ត្រ​សឹក​យល់​ថា ពល​ជួប​ហើយ​ទើប​តាំង​នាយ​កៅ​ជា​ប្អូន​ម៉ែបាន​ដែល​ត្រូវជា​មា​ខ្លួន​បង្កើត​ឲ្យ​ធ្វើ​ជា​សម្ដេចចៅហ៊្វា​ទឡៈ ហើយ​ឲ្យ​ឃុំ​ពល​១៥.០០០​នាក់​លើក​ទៅ​ជួយ​មេទ័ព​របស់​ខ្លួន​ដែល​តាំង​បន្ទាយ​ នៅ​ភ្នំពេញ​ត​នឹង​ទ័ព​ចៅពញា​ក្រឡាហោម​ដែល​ជា​មេទ័ព​ហ្លួង​ តាំង​ឧកញ៉ា​ម៉ឺន​កែវ ជា​ចៅពញា​ក្រឡាហោម ឲ្យ​ឃុំ​ពល​១៥.០០០​នាក់​ឲ្យ​ជួយ​មេទ័ព​ខ្លួន​ដែល​តាំង​បន្ទាយ​នៅ​លង្វែក​ត​ នឹង​ទ័ព​ចៅពញា​សួគ៌ាលោក​ជា​មេទ័ព​ហ្លួង ។ ឯ​ខ្លួន​មហាឧបរាជ​កន​ភូស​ម្រេច​រាជការ​មហាក្រស័ត្រ​សឹក​វិញ​ឃុំ​ពល​៤០.០០០​ នាក់​លើក​ទៅ​ជួយ​មេទ័ព​ខ្លួន​តាំង​បន្ទាយ​នៅ​ខេត្ដ​កំពង់សៀម​ត​នឹង​ទ័ព​ ចៅពញា​ឧទ័យធិរាជ ។ ខណៈ​មេទ័ព និង​ខ្លួន​មហាឧបរាជ​ភូស​ម្រេច​រាជការ​ក្រស័ត្រ​សឹក​លើក​ទៅ​ដល់​បន្ទាយ​ទាំង​ បី​ហើយ ក៏​ចូល​ត​នឹង​មេ​ទ័ព​ហ្លួង​ទាំង​បី​ផ្លូវ ។ ទ័ព​ទាំង​សងខាង​បាន​ចូល​តតាំង​ច្បាំង​គ្នា​តាំងពី​អាវុធ​វែង រហូត​ដល់​អាវុធ​ខ្លី​ចូល​ប្រកាប់​គ្នា​ឥត​មាន​សំចៃ​ដៃ​ទាំងអស់ ។ ខណៈនោះ​កងទ័ព​ពី​ក្នុង​បន្ទាយ​ក៏​បើកទ្វារ​ចេញ​មក​វាយ​ផ្ទប់​កងទ័ព​ ហ្លួង ។ កងទ័ព​ហ្លួង​ក៏​ធ្លាក់​នៅ​កណ្ដាល​ចំណោម ហើយ​ត្រូវ​កងទ័ព​ស្ដេច​កន​វាយ​កាប់​នឹង​អាវុធ​វែង​ខ្លី​ស្លាប់​អស់​ជា​ ច្រើន ។ មេទ័ព​ហ្លួង​ទាំង​បី​ផ្លូវ​ទ្រាំ​ពុំ​បាន​ក៏​បែក​ទ័ព​រត់​ថយ​ទៅ​ក្រាប​បង្គំ ​ទូល​ថ្វាយ​ទោស​គ្រប់ៗ​គ្នា ។ សម្ដេច​ព្រះ​បរមបពិត្រ​ទ្រង់​ប្រោសប្រណី​ដល់​មេទ័ព​ទាំង​បី​នាក់​ដែល​បរាជ័យ ​នោះ​មិន​ឲ្យ​មាន​ទោស​ឡើយ ។ ទ្រង់​ប្រោស​ឲ្យធ្វើ​រាជការ​រៀងខ្លួន​តទៅ​ទៀត ។ សម្ដេចព្រះ​ស្រីសុគន្ធបទ​ទ្រង់​អាណិត​លើក​ទោស​ឲ្យ​មេទ័ព​ទាំង​បី​ហើយ​ទ្រង់​ ត្រាស់​បង្គាប់​ឲ្យ​មន្ដ្រី​ចេញ​ទៅ​កេណ្ឌ​កងទ័ព​ពី​ខេត្ដ​ស្ទឹងត្រែង​មួយ គោកខាន់​មួយ សូរិន្ទ​មួយ ខ្លងសិញ​មួយ រិមជួស​មួយ ជាំក្សាន្ដ​មួយ ចុងកាល់​មួយ បាក្រង់​មួយ ទង់តែ​មួយ ទំនប់​មួយ មង្គលបុរី​មួយ ឫស្សីសាញ់​មួយ ទឹកជោរ​មួយ បាត់ដំបង​មួយ ពោធិ៍សាត់​មួយ ក្រគរ​មួយ ខ្លុងក្រង​មួយ អម្រាគគិរិន្ដបូណ៌​មួយ រលាប្អៀរ​មួយ ទាំង​១៩​ខេត្ដ​ នេះ​បាន​ពល​តែ​៥០.០០០​នាក់ រួម​ទាំង​ទ័ព​ហ្លួង​ដែល​កេណ្ឌ​នៅ​ខេត្ដ​ជិតៗ​នោះ​ផង ។ មហាឧបរាជ​កន​យល់​ឃើញ​ថា បានការ​ហើយ ក៏​លើកទ័ព​ទាំង​ពីរ​ផ្លូវ​ត្រូវជា​បី​ផ្លូវ ​និង​ទ័ព​ខ្លួនឯង​ផង ចេញ​ទៅ​ដល់​ចុង​ខេត្ដ​អាសន្ទុក ហើយ​ឲ្យ​ឈប់​ទ័ព​តាំង​បន្ទាយ​ប្រជុំ​នាយកង​ទ័ព​មក​ប្រឹក្សា​ការ​សង្គ្រាម​ថា ទ័ព​យើង​ដែល​លើក​ទៅ​នេះ​បាន​ពិជ័យ​ឫស្ស​ល្អ​ណាស់ ។ បើ​យើង​នឹង​លើក​ទៅ​យក​បាន​ជ័យ​ជំនះ​កាលណា​ប្រាកដជា​យើង​នឹង​យក​បាន​ដោយ​ងាយ​ ក្នុង​កាលនោះ ។ តែ​ការ​ធ្វើ​ដូច្នេះ​មុខជា​ស្លាប់​រេហ៍ពល​ទាំង​សងខាង​ខ្លះ​ពុំខាន​ ឡើយ ។ បើ​យើង​មាន​ជ័យ​ជំនះ​កាលណា ប្រាកដជា​ហ្លួង​ឲ្យ​សម្លាប់​ម្ដាយ​យើង និង​ញាតិសន្ដាន​យើង​ស្លាប់​អស់​ឥតប្រយោជន៍ ។ ដូច្នេះ​យើង​យល់​ថា យើង​ត្រូវ​គិត​ឧបាយកល​យក​ម្ដាយ និង​ញាតិសន្ដាន​យើង​ឲ្យ​បាន​ហើយ​ឲ្យ​មាន​ជ័យ​ជំនះ​ផង ។ ដូច្នេះ​តើ​អស់​កង​សេនា​ទាហាន​យើង​នេះ នរណា​នឹង​អាច​ទទួល​អាសា​យើង​យក​កេរ្ដិ៍ឈ្មោះ​ទុក​តទៅ​បាន ។ អស់​នាយ​កងទ័ព​ទូល​សួរ​ថា ឧបាយកល​មហាឧបរាជ​នោះ​ដូច​ម្ដេច​ខ្លះ ? មហាឧបរាជ​ថ្លែងប្រាប់​ថា កាល​ផែនដី​សម្ដេច​ព្រះ​បរម​រាជា​ពញាយ៉ាត​នោះ​ព្រះ​អង្គ​បាន​ប្រើ​ឧបាយ​មនុស្ស​១២​នាក់​ឲ្យ​ចូល​ទៅ​លុក​ព្រះឥន្ទកុមារ​រាជា (ស្ដេច ​សៀម) ។ ឧបាយ​នោះ​ក៏​នៅ​ជា​ពូំ​សូវ​ជ្រៅជ្រះ​ណាស់​នៅ​ឡើយ​ដែរ ។ ថា​បើ​នរណា​ទទួល​អាសា​យើង យើង​នឹង​ឲ្យ​រង្វាន់​យស​សក្ដិ​ឲ្យ​ពេញចិត្ដ ហើយ​យើង​នឹង​ចិញ្ចឹម​កូនចៅ​ផៅ​សន្ដាន​តទៅ​៧​ជួរ​គោត្រ ។ ខណៈនោះ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​ឧកញ៉ា​ម៉ឺន​សុរិន្ទកែវ ជា​កូន​របស់​ចៅពញា​យោធា​សង្គ្រាម​ដែល​មាន​ចិត្ដ​ឃោរឃៅ​ខឹង​នឹង​សម្ដេចព្រះ​ ស្រីសុគន្ធបទ​ថា ទ្រង់​ប្រើ​ចៅពញា​យោធា​សង្គ្រាម​ជា​បិតា​ខ្លួន​ទៅ​ឲ្យ​មហាឧបរាជ​កន​កាល​នៅ​ ជា​ឃុន​ហ្លួង​ព្រះស្ដេច​ធិបតី​បាញ់​សម្លាប់ ហើយ​មិន​បាន​តាំង​ចិញ្ចឹម​កូនចៅ​ឲ្យ​កាន់​នាទី​បិតា​តទៅ​ទៀត​ទេ ក៏​រត់​ពី​សម្ដេចព្រះ​ស្រីសុគន្ធបទ​ទៅ​នៅ​ពឹង​បុណ្យ​មហាឧបរាជ​កន បំណង​ប៉ង​តែ​នឹង​សងសឹក​ឈាម​បិតា​វិញ​តែ​ប៉ុណ្ណោះ ។ លុះ​ឮ​ប្រកាស​មហាឧបរាជ​ដូច្នោះ​ហើយ ឧកញ៉ាម៉ឺន​កែវ​ក៏​វារ​ចូល​ទៅ​សំពះ​ហើយ​និយាយ​ថា ខ្ញុំព្រះបាទម្ចាស់​សូម​ទទួល​អាសា​មហាឧបរាជ​ឲ្យ​បាន​សម្រេច ។ មហាឧបរាជ​កន កាល​បាន​ស្ដាប់​ឧកញ៉ាម៉ឺន​កែវ​សុំ​ខ្លួន​ហើយ ក៏​យល់​ថា​បានការ​ហើយ ទើប​ហៅ​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​ឲ្យទៅ​ទី​ស្ងាត់​រួច​ខ្សឹប​ប្រាប់​ឧបាយកល​ គ្រប់​ប្រការ ។ ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​សំពះ​គំនាប់​ហើយ​ជម្រាប​ថា ឧបាយកល​របស់​មហាឧបរាជ​នេះ ខ្ញុំព្រះបាទម្ចាស់​នឹង​ធ្វើ​ឲ្យ​បាន​សម្រេច តែត្រឹម​ចំនួន​ទាហាន​ពីរ​រយ​នាក់​ប៉ុណ្ណោះ ។ ដូច្នេះ​ខ្ញុំព្រះបាទម្ចាស់​សុំ​យក​ខ្លួន​ចៈម៉ឺន​ចៃចុងរ៉ាក់ ដែល​ជា​ក្រុម​របស់ខ្ញុំ​ព្រះបាទម្ចាស់​ឲ្យ​ឃុំ​ទាហាន​ក្រុម​ខ្ញុំប្របាទ​នោះ ​ទៅ​ផង ដ្បិត​មនុស្ស​នេះ​ជា​ទំនុកចិត្ដ​របស់ខ្ញុំ​ព្រះបាទម្ចាស់ ។ មួយ​រំពេច​នោះ មហាឧបរាជ​កន​ក៏​យក​មាស​ពីរ​រយ​ជញ្ជីង ប្រាក់​ស្លឹង​បុរាណ​៤០​ជញ្ជីង ប្រគល់​ឲ្យ​ទៅ​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​ឲ្យ​យក​ទុកជា​ស្បៀង​តាម​ផ្លូវ ហើយ​តាំង​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​ឲ្យ​គ្រង​ទី​ជា​យមរាជ ។ ស្ដេច​កន​ប្រាប់​ថែម​ទៀត​ថា បើ​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​ទៅ​ហើយ​ធ្វើ​ដូច​ប្រាថ្នា​មែន​នោះ ខ្លួន​ឧបរាជ​កន​នឹង​ឲ្យ​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​ឡើង​ស៊ប់​ក្នុង​ទី​យមរាជ​មួយ ​រំពេច ហើយនឹង​ឲ្យ​រង្វាន់​ឲ្យ​ពេញចិត្ដ​ទៀត កុំឲ្យ​ថប់​បារម្ភ​អ្វី ថា​ឯ​ទាហាន​ពីរ​រយ​នាក់​ដែល​ឯង​បាន​រើស ព្រមទាំង​ចៈម៉ឺន​ចៃចុងរ៉ាក់ ជា​ទាហាន​រួច​មិត្ដ​របស់​ឯង​ទៅ​នោះ ក៏​ឲ្យ​យក​តាម​ចិត្ដ​ចុះ ។ ស្ដេច​កន​និយាយ​ចប់​ត្រឹមនេះ​ហើយ​ក៏​ស្ទុះ​ទៅ​យក​មាស​២០០​ជញ្ជីង និង​ប្រាក់​៤០០​ជញ្ជីង​ឲ្យ​ទៅ​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​ទៀត ហើយ​ផ្ដាំ​ថា ឲ្យ​យក​មាស​និង​ប្រាក់​នោះ​ទៅ​ចែក​ម៉ឺន​ចៃចុងរ៉ាក់ ជា​សម្លាញ់​ឯង និង​កូនទាហាន​ពីរ​រយ​នាក់​នោះ​ទុកជា​ស្បៀង​តាម​ផ្លូវ​ចុះ ។ ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​ទទួល​រង្វាន់ និង​បណ្ដាំ​សព្វគ្រប់​ហើយ ក៏​សំពះលា​ថយ​ទៅ​ទីសំចត​របស់​ខ្លួន​វិញ​រួច​ហើយ​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​ក៏​ ហៅ​ចៈម៉ៃ​ចៃចុងរ៉ាក់ និង​កូនទាហាន​រួមចិត្ដ​ចូល​ទៅ​ក្នុង​ព្រៃ​ស្ងាត់ មក​ចែក​មាស​ចែក​ប្រាក់​នោះ​រួច ទើប​ប្រាប់​ឧបាយ​តាម​មហាឧបរាជ​កន​ផ្ដាំ​មក​គ្រប់​ប្រការ ។ ចៈម៉ឺន​ចៃចុងរ៉ាក់ និង​ទាហាន​ទាំង​ពីរ​រយ​នាក់​បាន​ទទួល​ប្រាក់​រង្វាន់​ហើយ ក៏​និយាយ​ថា យើង​តាំងចិត្ដ​ថា​នឹង​ធ្វើ​រាជការ​ពុំ​ស្ដាយ​ជីវិត​ឡើយ ក៏​ព្រោះតែ​ចង់បាន​ប្រយោជន៍ និង​គុណ​ទុក​ត​កេរ្ដិ៍​ឲ្យ​កូន​ចៅ ។ គ្រានោះ យើង​បាន​មុខការ​ត្រូវធ្វើ​ដូច​ប្រាថ្នា ហើយ​ត្រូវ​យើង​ប្រុង​របៀប​ខ្លួន​ធ្វើការ​ឲ្យ​បាន​សម្រេច​តាម​បង្គាប់​របស់​ លោក​មហាឧបរាជ ។ ចៈម៉ឺន​ចៃចុងរ៉ាក់ និង​បក្សពួក​យល់ព្រម​គ្នា​អស់ហើយ ក៏​ចូល​ទៅ​ដេក​សំណាក់​តាម​នាទី​របស់​ខ្លួន ។ ព្រឹក​ឡើង​មហាឧបរាជ​កន​ឃើញ​ឈ្មោះ​នេះ​ដេក​ទាល់​ថ្ងៃ​ចោល​នាទី​បន្ទាយ​របស់​ ខ្លួន ពុំ​បាន​ត្រួតត្រា​ឲ្យ​បាន​ដិត​ដល់​ទេ មហាឧបរាជ​កន​ក៏​ធ្វើ​ជា​ខឹង ហើយ​បង្គាប់​ឲ្យ​ភូ​ឃុំ​ចាប់​យក​ខ្លួន​ឧកញ៉ាម៉ឺន​សុរិន្ទ (កែវ) គ្រងងារ​យមរាជ​នោះ​ដាក់​ក្ដី​វាយ​ខ្នង​៣០​ខ្វាប់​ឲ្យ​បណ្ដើរ​អាក្រោស​ឲ្យ​ គ្រប់​៣​ថ្ងៃ ហើយ​ឲ្យ​សម្លាប់​ចោល​ក្នុង​ពេល​នោះ​កុំឲ្យ​ទុក ។ ក្នុង​គ្រានោះ​មហាឧបរាជ​កន និង​ចៅពញា​ឧទ័យធិរាជ​បោះ​បន្ទាយ​រាយ​ទ័ព​ល្បាត​ប្រទល់​គ្នា ។ លុះ​ភូ​ឃុំ​បណ្ដើរ​អាក្រោស​ឧកញ៉ា​ម៉ឺន​សុរិន្ទ (កែវ) ទៅ​ដល់​មុខ​បន្ទាយ​ចៅពញា​ឧទ័យធិរាជ ហើយ​ក៏​បោះ​បន្ទាយ​ឈើ​ចង​ឧកញ៉ាម៉ឺន​សុរិន្ទ (កែវ)​ បំណង​នឹង​សម្លាប់ ហើយ​បង្គាប់​ឲ្យ​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​ភាវនា ។ ខណៈនោះ ចៈម៉ឺន​ចៃចុងរ៉ាក់ និង​ទាហាន​រួមចិត្ដ​ពីរ​រយ​ឃើញ​ថា ដល់​សន្មត​ហើយ​ក៏​តាំង​ហ៊ោ​ចេញពី​ក្នុង​ព្រៃ​មក​ដេញ​ពួក​ភូ​ឃុំ​ដែល​បណ្ដើរ​ ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​នោះ ហើយ​ដោះ​ក្ដី​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​ចេញពី​បង្គោល រួច​នាំ​គ្នារត់ទៅ​រក​បន្ទាយ​ចៅពញា​ឧទ័យធិរាជ ។ ចៅពញា​ឧទ័យធិរាជ​ក្រឡេក​ឃើញ​ហើយ​សាកសួរ​ទៅ​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ និង​ចៈម៉ឺន​ចៃចុងរ៉ាក់ ព្រមទាំង​ទាហាន​ទាំង​ពីរ​រយ​នាក់​ពី​ដំណើរ​ហេតុការណ៍​នេះ ដោយ​ចង់​ដឹង​មនុស្ស​ទាំងនេះ​ក៏​ឆ្លើយ​សេចក្ដី​ត្រូវ​គ្នា​ថា ខ្លួន​ដើរ​យាមល្បាត​រាល់ថ្ងៃ រាល់​យប់​គ្មាន​ពេល​សម្រាក​សោះ ។

ថា ​យប់​ម្សិលមិញ​នេះ ឧកញ៉ា​ម៉ឺន​សុរិន្ទ​កែវ​ទទួលទានដំណេក​ទាល់​ថ្ងៃ​ធ្វេស​មិន​បាន​យាម​ ប្រចាំការ ក៏​ទទួល​ជា​ពេល​នោះ​ព្រះស្ដេច​កន​ដែល​តាំងខ្លួន​ជា​ឧបរាជ​ភូស​ម្រេច​រាជការ​ មហាក្រស័ត្រ​សឹក​នោះ ចេញ​មក​ដើរ​ត្រួតត្រា​បន្ទាយ លុះ​ឃើញ​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​មាន​កំហុស​យ៉ាងនេះ​ហើយ​ក៏​ចាប់​ទោស​ឲ្យ​យក​ មក​សម្លាប់ ។ ហេតុនេះ​ហើយ​បានជា​ពួក​ខ្ញុំប្របាទ​ម្ចាស់​ទាំង​ពីរ​រយ​នាក់​នេះ អាណិតអាសូរ​វេទនា​ដល់​ជាតិ​ត្រកូល​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ ជា​កូនចៅ​ពញា​យោធា​សង្គ្រាម​ដែល​ស្លាប់​ដោយ​មាន​គុណ​បំណាច់​នឹង​ផែនដី​នោះ​ ផង ក៏​ខ្ញុំប្របាទ​ទាំងអស់​គ្នា ខំ​ដណ្ដើម​យក​ខ្លួន​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​មក​សុំ​ជ្រក​បុណ្យ​អំណាច​ព្រះ​ តេជគុណ សូម​ធ្វើរាជការ​សងសឹក​បិតា​ក្នុង​បុណ្យ​ព្រះ​តេជគុណ​តទៅ ។ ចៅពញា​ឧទ័យធិរាជ​សួរ​ថា ចៅពញា​យោធា​សង្គ្រាម​ដែល​អា​ព្រះ​ស្ដេច​កន​បាញ់​ធ្លាក់​ពីលើ​ក្បាលដំរី​នោះ​ ឬ​ជា​បិតា​របស់​ឯង ? ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​ឆ្លើយ​ថា បាទ​នុះឯង​ហើយ​វា​បាញ់​បិតា​ខ្ញុំប្របាទ​ស្លាប់ ហើយ​វាចា​ប់យក​ខ្លួន​ខ្ញុំប្របាទ​យក​ទៅ​រាប់អាន​បញ្ចុះ​បញ្ចូល​ឲ្យ​មូលចិត្ដ ​គំនិត​ជាមួយ​វា រួច​ក៏​ឲ្យ​ចូល​ទៅ​ធ្វើ​រាជការ​ជាមួយនឹង​វា​ទៅ ។ ឥឡូវនេះ​ខ្ញុំប្របាទ​ម្ចាស់​បាន​រួច​ពី​វា​មក​ហើយ ខ្ញុំប្របាទ​ម្ចាស់​ទាំងអស់​គ្នា​នេះ​សូម​ផ្ញើ​អាយុជីវិត​ធ្វើការ​រាជការ​ ក្នុង​ព្រះ​តេជគុណ​ដើម្បី​គិត​សម្លាប់​អា​ព្រះស្ដេច​កន​សង​ឈាម​បិតា​ ខ្ញុំប្របាទ​ខ្ញុំ​ឲ្យ​បាន​វិញ សូម​ប្របាទ​ម្ចាស់​លោក​មេត្ដា​សង្គ្រោះ​ដល់​ខ្ញុំប្របាទ​ម្ចាស់​ឲ្យ​ ទាន ។ ចៅពញា​ឧទ័យធិរាជ​បាន​ស្ដាប់​ចម្លើយ​អស់ទាំង​ពីរ​រយ​នាក់​នោះ​ហើយ ឃើញ​ថា​អស់ទាំង​នោះ​ឆ្លើយ​ត្រូវ​គ្នា​ទាំងអស់ ក៏​អាណិត​វេទនា​នឹក​ទៅ​ដល់​ចៅពញា​យោធា​សង្គ្រាម​ជា​បិតា​ឧកញ៉ាម៉ឺន​សុរិន្ទ​ កែវ ដ្បិត​ជា​ភ្នាក់ងារ​ខ្ញុំ​ព្រះ​រាជការ​ចាស់​ជាមួយ​គ្នា ជឿ​ទុកចិត្ដ​ថា សម្ដី​បោកប្រាស់​នេះ​ជា​សម្ដី​ពិតប្រាកដ​ណាស់ ទើប​លោក​មាន​ប្រសាសន៍​ថា ការណ៍​នេះ​បើ​អ្នក​ស្លូតត្រង់​ស្មោះ​ចំពោះ​នឹង​ព្រះ​បរមបពិត្រ​ជា​ ម្ចាស់ផែនដី​មែន យើង​នឹង​ជួយ​ទំនុកបម្រុង​ក្រាប​បង្គំ​ទូល​ព្រះ​អង្គ​ឲ្យ​អ្នក​បាន​សេចក្ដី​ គាប់​ទៅ​ជា​ខាងក្រោយ ប៉ុន្ដែ​ជាន់​នេះ​តាម​ច្បាប់អាជ្ញាសឹក យើង​នឹង​ខាន​ដាក់​ក្ដី​នាំ​ខ្លួនឯង​ទាំងអស់​គ្នា​ទៅ​ថ្វាយ​ព្រះ​អង្គ​ពុំ​ បាន​ឡើយ ។ ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ និង​បក្សពួក​ក៏​ព្រម​ឲ្យ​ដាក់​ក្ដី​តាម​ច្បាប់​អាជ្ញាសឹក ។ ចៅពញា​ឧទ័យធិរាជ​ថា​ហើយ ក៏​បង្គាប់​នាយកង​នាយ​ទ័ព​ឲ្យ​ដាក់​ក្ដី​ឈ្មោះ​ទាំង​២០២​នាក់ ហើយ​ចាត់​បម្រើ​ឲ្យ​នាំ​ខ្លួន​ទាំង​២០២​នាក់​នេះ​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ ព្រះ​បរមបពិត្រ​ដែល​ស្ដេច​គង់នៅ​ក្នុង​បន្ទាយ​ស្ទឹងសែន ដើម្បី​សុំ​ព្រះរាជ​វិនិច្ឆ័យ​តាម​ច្បាប់​ទាហាន​ទាំង​២០២​នាក់​បាន​ទៅ​ដល់​ ព្រះ​អង្គ​ហើយ ក៏​ក្លែង​ធ្វើ​ជា​ក្រាប​យំ​អណ្ដឺតអណ្ដក​រអាក់រអួល​ពន់​ប្រមាណ ។ សម្ដេចព្រះ​ស្រីសុគន្ធបទ​រាជា​ពេល​នោះ ព្រះ​អង្គ​ចេញ​គង់​ចុង​ព្រះ​រាជរោង​រម្យ​ជួបជុំ​អស់​នាម៉ឺន​មន្ដ្រី សេនាបតី មន្ដ្រី​តូច​ធំ ខ្ញុំ​រាជការ​នៅ​បន្ទាយ​ស្ទឹងសែន លុះ​ព្រះ​អង្គ​ទត​ឃើញ​បម្រើ​ចៅពញា​ឧទ័យធិរាជ​ថ្វាយ​សំបុត្រ​ចម្លើយ​ទាហាន​ ទាំង​២០២​នាក់​នោះ​ហើយ ទ្រង់​ក៏​ត្រាស់​បង្គាប់​មន្ដ្រី​ខាង​ទាហាន​ក្រុមមឿង ទាហាន​រក្សាព្រះអង្គ និង​ក្រុម​មហាផ្ទៃ​ឲ្យ​ពិចារណា​សួរ​កត់​យក​ចម្លើយ​ឈ្មោះ​ទាំង​នោះ ហើយ​ឲ្យ​យក​ទៅ​សូត្រ​រាយការណ៍​ថ្វាយ​ទ្រង់​ព្រះ​សណ្ដាប់ ។ មន្ដ្រី​ទាំង​៣​ក្រុម​ក៏​ធ្វើ​តាម​ព្រះរាជ​បង្គាប់ ។ លុះ​ឃើញ​ថា ចម្លើយ​របស់​ទាហាន​ទាំង​២០២​នាក់​នោះ ត្រូវ​ដូច​ចម្លើយ​ក្នុង​សំបុត្រ​ចៅពញា​ឧទ័យធិរាជ​ហើយ ព្រះ​បរមបពិត្រ​ទ្រង់​ព្រះ​អាសូរ​ដល់​ចៅពញា​យោធា​សង្គ្រាម​ណាស់ ទ្រង់​ក៏​លើកទោស​ដោះ​ក្ដី​ទាហាន​ទាំង​២០២​នាក់​នោះ​ចេញ ។ ទ្រង់​ទុក​អ្នក​ទាំងនោះ​ជា​មន្ត្រី​ទាហាន​រក្សាព្រះអង្គ​តទៅ ។ បន្ទាប់​មក​ទ្រង់​ព្រះ​រាជទាន​ប្រាក់​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​៥​ជញ្ជីង​ឲ្យ​ ចៈម៉ឺន​ចៃចុងរ៉ាក់​៤​ជញ្ជីង ឲ្យ​ទាហាន​ទាំង​២០០​នាក់​៥​តម្លឹងៗ​ម្នាក់ ។ មហាឧបរាជ​កន​ភូស​ម្រេច​ក្រស័ត្រ​សឹក​កាល​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ​គ្រងងារ​ជា​ យមរាជ​រត់​ចេញ​ទៅ​ហើយ​នោះ ក៏​លើកទ័ព​ទៅ​ចោម​វាយ​បន្ទាយ​ចៅពញា​ឧទ័យធិរាជ​យ៉ាង​សាហាវ ។ ចៅពញា​ឧទ័យធិរាជ​ក៏​ឲ្យ​កងទ័ព​ទទួល​ត​តាំង​ច្បាំង​តាំងពី​ព្រឹក​លុះដល់​ ថ្ងៃរសៀល​ជិត​ព្រលប់​ទើប​ឈប់ ។ កងទ័ព​ខាង​ចៅពញា​ឧទ័យធិរាជ​ស្លាប់​អស់យ៉ាង​ច្រើន ។ ចៅពញា​ឧទ័យ​រាជាធិរាជ​យល់​ថា ទ័ព​ខាង​ស្ដេច​កន​ច្រើន​លើស​កម្លាំង​ណាស់ នឹង​ទ្រាំ​ច្បាំង​តទៅ​ទៀត​ពុំ​បាន លុះ​វេលា​យប់​ក៏​នាំ​កងទ័ព​ដោះ​ថយ​ទៅ​ស្ទឹងសែន ហើយ​ឲ្យ​រៀប​ព្រះ​ទីនាំង​នាវា​ទូក​ចំណុះ​ និង​ទូក​ចម្លង ត្រៀម​ទុក​ដើម្បី​នឹង​អញ្ជើញ​ព្រះ​បរមបពិត្រ​ឲ្យ​ស្ដេច​នាំ​គ្រប់​គ្រួ​ទៅ​ គង់នៅ​ឯ​ខេត្ដពោធិ៍សាត់​វិញ ។ នៅ​វេលា​យប់​នោះ សម្ដេចព្រះ​ស្រីសុគន្ធបទ​ជា​អម្ចាស់​ផែនដី​ស្ដេច​ចូល​ក្រឡាបន្ទំ ទ្រង់​ព្រះ​សុបិន​និមិត្ដ​ឃើញ​ថា ព្រះ​អង្គ​ចុះ​ស្រង់​ក្នុង​ទឹក​ស្ទឹងសែន​ថា​វេលា​នោះ​មាន​នាគរាជ​មួយ​មក​ខាំ ​ញំ​ព្រះ​អង្គ ហើយ​ពន្លិច​ព្រះ​អង្គ​ទៅ​ក្នុង​គង្គា អត់​មាន​មន្ដ្រី​ណា​ជួយ​ព្រះ​អង្គ​ដល់​ម្នាក់​សោះ ថា​ក្នុង​ពេល​នោះ ស្ដេច​ឃើញ​ដូច​ជា​សម្ដេចព្រះ​វររាជ​បិតា​មក​ដាស់​ហៅ​ព្រះ​អង្គ​ថា «ឯង ​ទៅ​នៅ​នឹង​អញ ថា​ស្ដេច​នាគរាជ​នោះ​កុំឲ្យ​ឯង​ត​នឹង​វា​អី ថា​វា​នោះ​ដល់កំណត់​ព្រះ​ចន្ទ​រះ​មក​ពី​ទិស​ខាងលិច​កាលណា វា​ក៏​នឹង​រលាយ​រូប​ទៅ​ក្នុង​កាលនោះ​ដែរ ។» ទ្រង់​ព្រះ​សុបិន​តែ​ប៉ុណ្ណឹង​ហើយ ទ្រង់​តក្កមា​ខ្លាំង​ណាស់ ក៏​តើន​ចាក​ក្រឡាបន្ទំ ។ លុះ​ដឹង​ព្រះ​អង្គ​ស្រេច ស្ដេច​ចេញ​ទៅ​ខាងក្រៅ​ត្រាស់​ហៅ​ព្រះ​បុរោហិត និង​ហោរា​មក​ថ្វាយ​ព្យាករណ៍ ។ ព្រះ​ហោរា​ធិបតី​ថ្វាយ​ព្យាករណ៍​ថា ការណ៍​ដែល​ព្រះ​អង្គ​និមិត្ដ​ឃើញ​នាគ​ខាំ​ញំ​ព្រះ​អង្គ​នាំ​ទៅ​ក្នុង​ ទឹកស្ទឹងសែន​នោះ ត្រូវ​ត្រង់​ស្ដេច​កន​នាំ​អ្នក​ជា​មក​ប្រមាថ​ព្រះ​អង្គ​បាន ។ ថា​ត្រង់​ដែល​ឃើញ​សម្ដេចព្រះ​វររាជ​បិតា​មក​ស្រែក​ហៅ​ព្រះ​អង្គ​នោះ ទំនាយ​ថា​ព្រះ​អង្គ​គង់នៅ​ទី​នេះ​ពុំ​បាន​ទេ ។ ថាបើ​ចៅពញា​ឧទ័យធិរាជ​ឲ្យ​រៀប​ព្រះ​ទីនាំង​ឲ្យ​ថយ​ទៅ​ខេត្ដពោធិ៍សាត់​នោះ ឃើញ​ជា​ត្រូវ​ណាស់ សូម​ព្រះ​អង្គ​ទ្រង់​ធ្វើ​តាម​ចុះ ។ ថា​ត្រង់​ដែល​ព្រះ​ចន្ទ​រះ​មក​ពី​ទិស​ខា​លិច​កាលណា​នឹង​រលាយ​រូប​នាគ​នោះ ទំនាយ​ថា​អ្នកមាន​បុណ្យ​ក្នុង​ព្រះ​ត្រកូល​នឹង​ចេញ​មក​ពី​ទិសបស្ចឹម ក៏​មក​ប្រាមប្រាប់​ឲ្យ​រលាយ​ព្រះស្ដេច​កន​នេះ​ពុំខាន​ឡើយ ។ កាលដែល​ហោរា​ទំនាយ​ថា​នោះ​ត្រូវជា​ថ្ងៃ​១៨​កើត ខែជេស្ឋ ឆ្នាំវក ចត្វា​ស័ក ព.ស​២០៥៦ គ.ស​១៥១២ ម.ស​១៤៣៤ ច.ស​៨៧៤ ។ ផែនដី​ព្រះ​សុគន្ធបទ​ នេះ បើ​កើត​ពី​ត្រឹម​កាលដែល​ព្រះ​អង្គ​ស្ដេច​សោយរាជ្យ​ជា​សុខ​នោះ​បាន​៥​ឆ្នាំ ស្ដេច​ធ្វើសង្គ្រាម​បាន​៤​ឆ្នាំ បូក​រួម​ទៅ​ត្រូវជា​៩​ឆ្នាំ ព្រះ​ជន្មវស្សា​៣៤​ឆ្នាំ ។ ក្នុង​គ្រា​ដែល​ហោរា​កំពុង​ព្យាករណ៍​នោះ ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ គ្រងងារ​យមរាជ​មួយ ចៈម៉ឺន​ចៃចុងរ៉ាក់​មួយ​នាំ​ទាហាន​២០០​នាក់​ចូល​ទៅ​ស្រែក​ថា មាន​ការណ៍​ធំ​ណាស់ៗ​សូម​ក្រាប​បង្គំ​គាល់ ។ ខណៈនោះ ព្រះ​បរមបពិត្រ​ទ្រង់​តើន​ឡើង​ទើប​តែ​នឹង​គង់​ស្រង់​ព្រះ​អង្គ ទាហាន​ទាំង​ពីរ​កាយ​នេះ​ចូល​ដល់​ផ្ទាល់​ព្រះ​អង្គ ហើយ​កាប់​ត្រូវ​ព្រះ​អង្គជា​ទម្ងន់ ។ ព្រះ​បរមបពិត្រ​ទ្រង់​ស្រែក​ហៅ​ក្រុមរក្សាព្រះអង្គ​ឲ្យ​ចូល​មក​ជួយ ក្រុមរក្សាព្រះអង្គ​ស្ទុះ​ចូល​ទៅ កូនទាហាន​ទាំង​២០០​នាក់​នោះ​ទទួល​កាប់​ចាក់​គ្នា និង​ក្រុមរក្សាព្រះអង្គ​នោះ​ជា​ឱឡារិក ។ សូរ​សន្ធឹក​នេះ​ឮ​ដល់​ចៅពញា​យមរាជ​ដែល​ជា​បិតា​លៀង​នៃ​ចៅពញា​យសរាជា ជា​ព្រះរាជបុត្រ តែ​ចៅពញា​យមរាជ​លើក​ទៅ​ជួយ​ពុំ​ទាន់ ព្រះ​បរមបពិត្រ​ក៏​សុគត​ទៅ ។ កាល​ព្រះ​បរមបពិត្រ​ព្រះ​អង្គ​សុគត​ទៅ ចៅពញា​យមរាជ​អញ្ជើញ​ចៅពញា​យសរាជា​លើក​ព្រះ​សព​ព្រះ​បិតា​បញ្ចុះ​នៅ​ទី​សមគួរ ហើយ​នាំ​សេនា​ទាហាន​ខ្លះ​ចេញ​មក​កាប់​អា​ក្បត់​ស្លាប់​អស់​៣០​នាក់ ស្លាប់​ខាង​ទ័ព​ហ្លួង​ជាង​១០០​នាក់ ។ ចំណែកឯ​មហាឧបរាជ​កន​វិញ កាល​ព្រឹក​ឡើង​ដឹង​ថា ចៅពញា​ឧទ័យធិរាជ​នាំ​កងទ័ព​រត់​ចោល​បន្ទាយ​ហើយ ក៏​លើក​កងទ័ព​ទៅ​ដល់​បន្ទាយ​ទ័ព​ហ្លួង ។ ឯ​ទ័ព​ហ្លួង​ដែល​គ្មាន​មេកង​ត្រួតត្រា កាល​ឃើញ​ទ័ព​ស្ដេច​កន​មក​ដល់​ហើយ ក៏​បែក​ទ័ព​រត់​ខ្ចាត់ខ្ចាយ​ទៅ ។ ឯ​ចៅពញា​យមរាជ​កាល​ដេញ​កងទ័ព​ឧកញ៉ាម៉ឺន​សុរិន្ទ​កែវ រត់​ខ្ចាត់ខ្ចាយ​អស់ហើយ ក៏​ចេញ​មក​ទទួល​ច្បាំង​នឹង​ទ័ព​អា​សត្រូវ​កន​ទៀត តែ​ច្បាំង​ពុំ​បាន​ក៏​ចៅពញា​យសរាជា​ចុះទូក​រត់​ទៅ ។

ផែនដី​ព្រះស្ដេច​កន ពី​គ.ស​១៥១២ ដល់​គ.ស​១៥

លុះដល់ ​ខេត្ដ​មហានគរ​ហើយ ចៅពញា​យមរាជ​ក៏​សុំ​យក​ដំរី​សេះ​ពី​ចៅហ្វាយស្រុក​នោះ​មក​ដើម្បី​រត់​ទៅ​ ក្រុង​ទេព​ (ប្រទេស​សៀម) ។ ចៅពញា​យមរាជ លុះ​ធ្វើ​ដំណើរ​ដល់​ពាក់កណ្ដាល​ផ្លូវ​ក៏​ឈឺ​អនិច្ចកម្ម​ទៅ ។ អស់​មុខមន្ដ្រី​ក្រមការ​មហាតលិក​រៀប​ដាក់​ស្នែង​បញ្ចុះសព​នៅ​ទី​សមគួរ​ហើយ​ ក៏​នាំ​គ្នា​អញ្ជើញ​ចៅពញា​យសរាជា​ចូល​ទៅ​ក្រុង​ទេព ។

នេះ​នឹង​ស្រដី​អំពី​សម្ដេចព្រះ​ឥសីភ័ទ្ទ (សួស) ថា កាល​ដែល​បន្ទាយ​សំរោង​បែក​ទ័ព​នោះ សម្ដេចព្រះឥសីភ័ទ្ទ ព្រម​គ្នា​និង​ស្ម័គ្របក្សពួក​អញ្ជើញ​យក​ព្រះ​ខ័ន​រតន​មង្គល ព្រះ​លំពែងជ័យ និង​គ្រឿង​បញ្ចក្សេត្រ​ ចុះទូក​នាំ​ហែ​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ ។ នៅ​ទីនោះ​គាត់​គិត​ថា បើ​អញ​ទ្រាំ​ទៅ​ដល់​ស្រុក​សៀម មុខ​ជា​សៀម​មិន​ឲ្យ​អញ​ត្រឡប់​មក​វិញ​ទេ ។ លុះ​គិត​ដូច្នោះ​ហើយ សម្ដេច​ព្រះ​ឥសីភ័ទ្ទ ក៏​ធ្វើ​ជា​ចូល​ទូក​ទៅ​បន្ទោបង់​ឧច្ចារ (ដោះទុក្ខសត្វ​ធំ) ក្នុង​ព្រៃ ។ លុះ​ទូក​ទីនាំង​នាំ​ចៅពញា​យសរាជា​ហួស​ទៅ សម្ដេចព្រះឥសីភ័ទ្ទ គាត់​ក៏​បត់​ក្បាលទូក​នោះ​ចែវ​ត្រឡប់​មក​ត្រើយ​ខាងលិច​វិញ ហើយ​ក៏​ឡើងគោក​ចោល​ទូក​នោះ​ទៅ យក​តែ​ព្រះខ័នរាជ្យ និង​លំពែងជ័យ ព្រះ​កៅទណ្ឌ​សរ​នោះ​វេច​ស្ពាយ​រត់​ទៅ​ដល់​ចុង​ខេត្ដ​បាទី (គឺ​ស្រុក​កណ្ដាលស្ទឹង​សព្វ​ថ្ងៃនេះ ព្រោះ​​សម័យ​ពី​ដើម​ស្រុក​កណ្ដាលស្ទឹង, ស្អាង, សំរោង, ភ្នំស្រួច, ភ្នំស្រង់, គងពិសី ទាំង​អស់នេះ​នៅ​ក្នុង​ខេត្ដ​បាទី​ដែរ) ។ នៅ​ទីនោះ​សម្ដេចព្រះ​ឥសីភ័ទ្ទ​ក៏​ពួន​លាក់ខ្លួន​មិន​ឲ្យ​នរណា​ដឹង​ឡើយ ឯ​ព្រះ​ខ័ន​រាជ និង​លំពែងជ័យ និង​គ្រឿង​បញ្ចក្សេត្រ​នោះ សម្ដេចព្រះ​ឥសីភ័ទ្ទ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​រន្ធ​នៃ​ប្រហោង​ដើម​ចំបក់​ មួយ ។ ចំណែក​ចៅពញា​យសរាជា ជា​ព្រះរាជបុត្រ​ព្រះ​ស្រីសុគន្ធបទ​នោះ ព្រមទាំង​បណ្ដា​ជា​ខ្ញុំ​ក្រុម​មហាតលិក​នាំ​ព្រះ​អង្គរត់ទៅ​ដល់​ស្រុក​សៀម​ ហើយ ក៏​ចូល​ទៅ​នៅ​នឹង​សម្ដេចចៅពញា​ចន្ទរាជា ជា​ព្រះ​បិតុលា ហើយ​ថ្វាយ​បង្គំ​យំ​ខ្សឹកខ្សួល​ទូល​ពី​រឿង​ដែល​អា (កន) ព្រះស្ដេច​គិត​ប្រទូសរ៉ាយ​ក្លែង​ឧបាយ​ក្បត់ផែនដី ។ ទ្រង់​ថ្លែងសេចក្ដី​ពី​សម្ដេចព្រះ​វររាជ​បិតា​ក្ស័យ​ព្រះ​ជន្ម​នៅ​ស្ទឹងសែន​ សព្វគ្រប់​ប្រការ ។ សម្ដេចព្រះ​បរម​រាជា​មហាឧបរាជ ទ្រង់​ព្រះ​សណ្ដាប់​ទ្រង់មាន​សេចក្ដី​អាល័យ​សម្ដេចព្រះ​ជេដ្ឋា​ណាស់ ។ ទ្រង់​នឹក​តូច​ព្រះ​ទ័យ​នឹង​ការ​ចាញ់​ឧបាយកល​អា​កន​ព្រះស្ដេច​ដែល​វា​ចេញ​ ក្បត់ផែនដី​ទាល់តែ​អន្ដរាយ​ដល់​ព្រះ​អង្គ​ព្រះ​ជេដ្ឋា ស្ដេច​ទ្រង់​ព្រះ​កន្សែង​ទាំង​ពីរ​អង្គ​ទាំង​មុខមន្ដ្រី​ក៏​សោក​យំ​គ្រប់​ គ្នា ។ លុះ​បន្ទោ​សោក​ស្រេច សម្ដេចព្រះ​បរម​រាជា​មហាឧបរាជ​ស្ដេច​នាំ​ចៅពញា​យសរាជា​ចូល​គាល់​សម្ដេចព្រះ​ មហាចក្រពត្ដិ «ស្ដេច​សៀម» ទូល​រឿង​សព្វគ្រប់​ហើយ​ទូល​ពី​សម្ដេច​ព្រះរៀម​សុគត​គ្រប់​ប្រការ រួច​ទូល​សុំ​កងទ័ព​លើក​ទៅ​ចាប់​អា (កន)​ព្រះស្ដេច​ប្រហារជីវិត​ឲ្យ​បាន ។ ព្រះ​មហាចក្រពត្ដិ​ទ្រង់​ប្រារឰ​នឹង​ក្រស័ត្រ​ទាំង​ពីរ​ព្រះ​អង្គ​ហាក់​ ដូចជា​ឈឺឆ្អាល​ណាស់​ថា ចាំ​យើង​ចាត់​សេនា​ទាហាន​ឲ្យ​លើក​ទៅ​ជួយ​បង្ក្រាប​អា​ក្បត់​នោះ​ឲ្យ​វិនាស​ ឆាប់ៗ​កុំបី​ក្មួយ កុំបី​ចៅ​ព្រួយ​ព្រះទ័យ​ឡើយ ។

រីឯ ​មហាឧបរាជ​កន​ភូស​ម្រេច​រាជការ​មហាក្រស័ត្រ​សឹក កាល​បាន​ជ័យ​ជំនះ​ឈ្នះ​ព្រះមហាក្សត្រ​ហើយ ក៏​ទ្រើស​ចិត្ដ​ពន់ប្រមាណ​ណាស់ ហើយ​ឲ្យ​សម្ដេចចៅហ៊្វា​កៅ ត្រូវជា​មា និង​នាយកង នាយ​ទ័ព​លើក​ទៅ​សង្កត់​ខេត្ដ​ឲ្យ​រាបទាប​ទាំងអស់ គឺ​ខាងជើង​ទល់​នឹង​នគរ​លាវ និង​លិច​ទល់​នឹង​នគរ​សៀម ខាងកើត​ទល់​នឹង​នគរ​ចាម ខាងត្បូង​ទល់​នឹង​សមុទ្រ ។ លុះ​សង្កត់​បាន​រាបទាប​ហើយ ចៅហ៊្វា​កៅ​ក៏​តាំង​ចៅហ្វាយ​ស្រុក​ឲ្យ​នៅ​រក្សា​ខេត្ដ​យ៉ាង​មាំមួន រួច​ទើប​ត្រឡប់​មក​រក​មហាឧបរាជ​កន​វិញ ។ មហាឧបរាជ​ភូស​ម្រេច​រាជការ​មហាក្រស័ត្រ​សឹក​បានដឹង​ថា អាណាខេត្ដ​រាប​ទាប​អស់ហើយ ក៏​មានចិត្ដ​ត្រេកអរ​ណាស់​ឲ្យ​លើក​កងទ័ព​ត្រឡប់​មក​ក្រុង​ស្រីសន្ធរ​ វិញ ។ មហាឧបរាជ​លុះ​ចូល​ទៅ​ក្នុង​ព្រះរាជវាំង​ហើយ ក៏​តាំង​សម្ដេចចៅហ៊្វា​កៅ​ជា​មា​ឲ្យ​ជា​ធំ​សម្រេច​រាជការ​ខាង​ទាហាន ។ ក្រៅពី​នោះ​ស្ដេច​កន​តាំង​ឲ្យ​ជា​សេនាបតី​មន្ដ្រី​តូច​ធំ តាម​មាន​គុណ​បំណាច់​រាល់​រូប ។ លុះ​រៀប​សេនាបតី​រួច​ស្រេច​ហើយ មហាឧបរាជ​កន​ក៏​ប្រកាស​ថា បើ​អ្នក​ណា​រក​ព្រះខ័ន​រាជ្យ​មក​ថ្វាយ​បាន នឹង​ឲ្យ​រង្វាន់​ជា​មាស​៥០០​តម្លឹង តែ​ពេល​នោះ​គ្មាន​អ្នក​ណា​រក​ឃើញ​សោះ ។ ស្ដេច​កន​ឲ្យ​ធ្វើ​ព្រះខ័នរាជ្យ​ថ្មី​មួយ​វិចិត្រ​រចនា​ដោយ​សុវណ្ណរ័តន៍ រួច​ស្រេច​ហើយ​សម្ដេចចៅហ៊្វា​កៅ និង​អស់​សេនាបតី​មន្ដ្រី​តូច​ធំ ខ្ញុំ​ព្រះ​រាជការ ជំនុំ​ព្រម​គ្នា​រៀប​ពិធី​ប្រាបា្ដភិសេក​មហាឧបរាជ​កន​ឲ្យ​ឡើង​សោយរាជ្យ​ សម្បត្ដិ​គ្រប់គ្រង​ក្រុង​កម្ពុជា​ធិបតី​តទៅ ។ ព្រះ​មហាឧបរាជ​ភូស​ម្រេច​រាជការ​មហាក្រស័ត្រ​សឹក (កន) បាន​ឡើង​ប្រាបា្ដភិសេក​សោយរាជ្យ​សម្បត្ដិ​ក្នុង​ឆ្នាំវក ចត្វា​ស័ក ព.ស​២០៥៦ គ.ស​១៥១២ ម.ស​១៤៣៤ ច.៨៧៤ ក្នុង​ព្រះ​ជន្មាយុ​២៩​ឆ្នាំ ក្នុង​វាំង​បាសាន ខេត្ដ​ស្រីសឈរ ទ្រង់​ព្រះ​នាម​ជា​ព្រះបាទ​សម្ដេចព្រះ​ស្រីជេដ្ឋាធិរាជ​រាមាធិបតី​ក្រុង​ស្រីសឈរ​បាសាន ។ ស្ដេច​លើក​ព្រះរាជ​វង្សានុវង្ស និង​ពលព្រះ​ស្រី​រតនត្រ័យ​ទាំងអស់​ឲ្យ​ឡើង​សម្ដេច​ចៅ​ហ៊្វា​កៅ ដ្បិត​សម្ដេចចៅហ៊្វា​មាន​គុណ​បំណាច់​បាន​ជួយ​ច្បាំង​មាន​ជ័យ ហើយ​បាន​ដើរ​សង្កត់​រាប​ទាំង​អាណាខេត្ដ ។ ស្ដេច​លើកលែង​ឲ្យ​យក​សួយសារអាករ​មួយ​រដូវ​តាម​បុរាណ​ប្រវេណី​ដែល​ផ្លាស់​ ផែនដី​ថ្មី ។ ផែនដី​ព្រះ​មហាឧបរាជ​កន​ក៏​សុខ​សប្បាយ​រៀង​មក ។ លុះ​មក​ដល់​ឆ្នាំច ឆស័ក​ព.ស​២០៥៨ គ.ស​១៥១៤ ម.ស​១៤៣៦ ច.ស​៨៧៦ សម្ដេចព្រះ​ស្រីជេដ្ឋា​បរមបពិត្រ ទ្រង់​ព្រះ​តម្រិះ​ថា យើង​ជា​ស្ដេច​ផ្លាស់​វង្ស​ថ្មី​គប្បី​គិត​ឲ្យ​មាន​ជាប់​នៅ​ព្រះ​កេរ្ដិ៍​ទី​ ដំណែល​ព្រះរាជធានី​ថ្មី​នេះ​តទៅ ទើប​មាន​សេចក្ដី​ល្បាញ​ឮនាម​ច្បាស់​ប្រាកដ​ទៅ​អនាគត ។ លុះ​ទ្រង់​ព្រះ​តម្រិះ​យល់​ដូច្នេះ​ហើយ ទ្រង់​ត្រាស់​បង្គាប់​សម្ដេចចៅហ៊្វា​កៅ ជា​មា ឲ្យ​កេណ្ឌ​ប្រមូល​រាស្ដ្រប្រជា​គ្រប់​គ្រួ​លើក​ពី​ក្រុង​បាសាន​ទៅ​ទិស​ ខាងកើត ។ លុះដល់​ទៅ​ភូមិ​ចន្លក់​ដូនតី ព្រះ​ស្រីជេដ្ឋា​ស្ដេច​ឲ្យ​សាង​ក្រុង ហើយ​គង់នៅ​ទីនោះ​បាន​៥​ខែ ។ ថ្ងៃមួយ​ព្រះ​អង្គ​ទៅ​ពលីការ​ទេវតា​នៅ​ដើម​ព្រះ​ពោធិ រួច​ហើយ​ស្ដេច​ត្រឡប់​មក​ដំណាក់​វិញ ។ យប់​នោះ​ទ្រង់​ផ្ទំ​លក់​ទៅ ទ្រង់​ព្រះ​សុបិននិមិត្ដ​ឃើញ​ថា ទ្រង់​បានឮ​សន្ធឹក​អ្វី​ពី​ទិស​ខាងលិច​ថា​ទ្រង់​ឈរ​ទត​ព្រះ​នេត្រា​គ្រប់​៥​ ម៉ោង​ឃើញ​ខែរះ​ប៉ប្រះ​មាត់ព្រៃ ហើយ​ឃើញ​តា​ចាស់​ម្នាក់​ឈរ​នៅ​ទីនោះ​ស្រែក​ប្រាប់​មក​ព្រះ​អង្គ​ថា ៖ «ស្ដេច​ពុំ​ត្រូវ​នៅ​ទី​នេះ​ទេ ត្រូវ​តែ​នៅ​ឯ​ភូមិ​ស្រឡប់​ទើបបាន​សុខ​ថា ទៅ​មុខ​គង់តែ​នឹង​ដឹង​ទៀត» ។ លុះ​ចប់​ព្រះ​សុបិននិមិត្ដ​ហើយ ស្ដេច​តើន​ឡើង​ក៏​យល់​ថា ព្រះអាទិត្យ​រឿងរះ​ប្រពៃ​ណាស់ ។ ពេល​នោះ​ទ្រង់​ចោល​ទី​ចន្លក់ ហើយ​លើក​គ្រប់​គ្រួ​ទៅ​នៅ​ភូមិ​ស្រឡប់​ចុង​ខេត្ដ​ត្បូងឃ្មុំ ទល់ដែន​ខេត្ដ​បាភ្នំ សមគួរ​ជាទី​ពិជ័យ​ភូមិ​ល្អ ។ នៅ​ទីនោះ ទ្រង់​ចាត់ការ​លើកដី​ដុត​ឥដ្ឋ ដុត​កំបោរ ដុត​ក្បឿង និង​ស្បូវ​អំបែង តាក់តែង​លើក​កំផែង ជីក​គូ ជីក​អូរ តាំង​បន្ទាយ​ធំ​ខ្ពស់ ក្រាស់​ក្រួន​មាំមួន​ធំ​ទូលាយ​ណាស់ ល្មម​ធ្វើសឹក​កាន់​ឆ្នាំ​បាន ។ លុះ​ធ្វើការ​ស្រេច​ហើយ ស្ដេច​ឲ្យ​សាង​ប្រាសាទ​ព្រះរាជ​មន្ទីរ ត្រឡែងកែង​ចុង​រោង រោង​ជួង រោងទង រោង​ទីនាំង រោង​ឃ្លាំង និង​សួនឧទ្យាន​មាន​គ្រប់​ប្រការ ។ ស្ដេច​ចាប់​ធ្វើការ​តែ​ពីរ​ឆ្នាំ​បាន​រួច​ជា​ស្រេច ។ តែ​ទីនោះ​ឥត​ទឹក​ទេ ទើប​ទ្រង់​ព្រះ​បង្គាប់​ឧកញ៉ា​វៀង​មួយ ឧកញ៉ា​វាំង​មួយ ឧកញ៉ា​លំពាំង​មួយ ឧកញ៉ា​ស្រាល​មួយ ឲ្យ​ជីក​ស្រះ​ធំ​កណ្ដាល​កំផែង​ព្រះ​នគរ​មាន​ជ្រុង​៤ ។ លុះ​ជីក​បាន​ទឹក​ស្រេច ស្ដេច​សន្មត​ជ្រុង​មួយៗ​ឲ្យ​ហៅ​ថា កំពង់​វៀង ជ្រុង​មួយទៀត​ហៅ​ថា​កំពង់​វាំង​ កំពង់​ទី​៣ ហៅ​ថា​កំពង់​លំពាំង​ កំពង់​ទី​៤​ហៅ​ថា​កំពង់​ស្រាល គ្រប់​ចតុស្ដម្ភ (សេនាបតី)​ ទាំង​៤ ។ អាស្រ័យ​ហេតុ​ទាំងនេះ​ហើយ ទើប​បានជា​កំពង់​ទាំង​៤​នោះ​មាន​ជាប់​ឈ្មោះ​ឧកញ៉ា​ទាំង​៤​នោះ​រហូត​មក​ដល់​ សព្វ​ថ្ងៃនេះ ។

ស្ដេច​កន​កសាង​ នគរធំ​មាំមួន​ជាង​នគរ​ចាស់ ហើយ​បាន​រួច​រហ័ស​ឆាប់​ទៀត​ផង ព្រោះ​រាស្ដ្រ​ស្រុះស្រួល​ណាស់ កេណ្ឌ​តែ​ម្នាក់​ចូល​ជួយ​ជា​ពីរ​ជា​បី​នាក់ ។ លុះ​ស្ថាបនា​រួច​ស្រេច​ហើយ ស្ដេច​តាំង​ព្រះ​នគរ​នោះ​យក​នាម​ភូមិ​ដើម​មក​ផ្សំ​នឹង​ពាក្យ​ថ្មី ហៅ​ថា​ក្រុង​ស្រី​សន្លប់​ដូនតី​ព្រៃនគរ​បវរ​រាជធានី ។ ទ្រង់​ឲ្យ​ឧកញ៉ា​ស្រាល​ចាប់​ត្រី​តូច​ធំ​យក​ទៅ​លែង​ក្នុង​ស្រះ ក្នុង​គូ​ស្នាមភ្លោះ​ជា​ច្រើន ឲ្យ​ឧកញ៉ា​លំពាំង​តាំង​ខ្លោង​ព្នៀត​ដំរី (ធ្វើ​ក្រោល​ដំរី) ។ ស្ដេច​ឲ្យ​ឈ្មោះ​វាល​ដែល​ស្ដេច​ទៅ​ប្រពាត​ដេញ​សត្វ​នោះ​ថា​វាល​បានធំ (ខ្លះ​ថា​វាល​ចន្ទំ) ព្រោះ​ជា​វាល​ដែល​ស្ដេច​ដេញ​សត្វ​បាន​ច្រើន ឲ្យ​ឈ្មោះ​បឹង​មួយ​ដែល​ស្ដេច​ទៅ​ប្រពាត​មច្ឆា​ពុំ​បាន​នោះ​ឲ្យ​ហៅ​ថា​បឹង​ ស្មូរជន ។ ព្រះ​អង្គ​ឲ្យ​សាង​ព្រះ​វិហារ​សីមា​ជា​ច្រើន ។ ទ្រង់​ឲ្យ​តាំង​ទ្រទូង​រដ្ឋ​ទាំង​៧ គឺ​ព្រះសង្ឃ​បរិនាយក​មួយ ព្រះ​អរិយក​ស្សប​មួយ ព្រះ​ឯក​សត្ថា​មួយ ព្រះពុទ្ធ​ឃោសា​មួយ ព្រះ​ធម្មឃោសា​មួយ ព្រះ​វិបស្សនា​មួយ ព្រះ​បវរសេត្ថា​មួយ ។ ព្រះ​ទ្រទូង​រដ្ឋ​ទាំង​៧​នេះ ព្រះ​អង្គ​ឲ្យ​នៅ​គង់​ចាំ​ព្រះ​វស្សា​ក្នុង​អាវាស​មួយៗ​រាល់​ព្រះ​ អង្គ ។ ព្រះ​ស្រីជេដ្ឋា​ដែល​យាង​មក​គង់នៅ​ក្រុង​សន្លប់​ដូនតី​ព្រៃនគរ​នោះ​បាន​តែ​ បី​ឆ្នាំ រាស្ដ្រប្រជា អ្នក​បរទេស ចូល​មក​នៅ​កុះ​កុំ​ជុំ​ជិត ប្រកិត​គ្នា​ច្រើន​ក្រៃ​គណនា​ពុំ​បាន​ឡើយ លើស​ពី​ផែនដី​មុន​ពីរ​ភាគ ព្រះ​នគរ​ក៏​សុខសប្បាយ​សម្បូរ​គ្រប់ ។ ព្រះ​អង្គ​ឲ្យ​បោះ​ប្រាក់​ស្លឹង មាស​ស្លឹង ត្រា​រូប​នាគ​ឲ្យ​រាស្ដ្រ​ចាយ ហើយ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ល្បែង​ស្រី ទត​រាំ របាំ មហោស្រព​តូរ្យតន្ដ្រី​ណាស់ ។

នេះ​ នឹង​និយាយ​អំពី​សម្ដេចព្រះ​ឥសីភ័ទ្ទ​នោះ​ថា​ កាល​ស្ដេច​ឥសីភ័ទ្ទ​ទៅ​លាក់ខ្លួន​ពួន​អាត្មា​ក្នុង​ព្រៃ​ជា​យូរ​ទៅ​អាសូរ​ ព្នង​ជា​ខ្ញុំ (សម័យ​ពី​ដើម​គេ​ចាប់​ព្នង​មក​លក់​ឲ្យ​ធ្វើ​ជា​ខ្ញុំគេ) ក៏​ស្លាប់​ទៅ​ទៀត នៅ​តែ​ម្នាក់ឯង ក្រីក្រ​លំបាក​ណាស់ ។ លុះ​បាន​ដឹង​ដំណឹង​ថា ស្ដេច​កន​បាន​សោយរាជ្យ ហើយ​បាន​ប្រកាស​ឲ្យ​រក​ព្រះខ័នរាជ្យ និង​គ្រឿង​បញ្ច​ក្សេត្រ​ថា​ «បើ​នរណា​រក​ឃើញ​ហើយ​យក​ទៅ​ថ្វាយ​ស្ដេច​កន ស្ដេច​កន​នឹង​ប្រទាន​រង្វាន់​ជា​មាស​៥០០​តម្លឹង» ដូច្នេះ ឥសីភ័ទ្ទ​ក៏​មាន​ចិត្ដ​លោភ​ក្នុង​សន្ដាន​អាត្មា ដោយ​គិត​ថា បើ​យើង​យក​វត្ថុ​ទាំងនេះ​ទៅ​ថ្វាយ​ស្ដេច​កន​ទៅ មាសប្រាក់​ក៏​បាន យស​សក្ដិ​ក៏​បាន យើង​នឹង​ទុក​រតន​មង្គល​ទាំងនេះ​ទៅ​ក៏​អាសារ​ឥត​ការ​ដែរ កាលណា​ឡើយ​សម្ដេច​ចៅពញា​ចន្ទរាជា និង​សម្ដេចចៅពញា​យសរាជា​ទាំង​ពីរ​ព្រះ​អង្គ​នឹង​បាន​ត្រឡប់​មក​វិញ​ នោះ ។ គិត​យល់​ដូច្នេះ​ហើយ​សម្ដេច​ឥសីភ័ទ្ទ​ក៏​ដើរ​តែ​ម្នាក់ឯង​ទៅ​ដល់​ដើម​ចំបក់​ ធំ​នោះ ហើយ​ខំ​ប្រវា​ឡើង​បាន​ដល់​ប្រគាប​មួយ សម្ដេច​ឥសីភ័ទ្ទ​រៀប​នឹង​លូកដៃ​យក​ព្រះ​ខ័ន​នោះ ក៏​ស្រាប់តែ​ឃើញ​ពស់​មួយ​យ៉ាង​ធំ​លូន​ឡើង​ទៅ​លើ​ដើម​ចំបក់​នោះ​ដែរ ។ ពស់​នោះ​រង់ចាំ​នឹង​ចឹក​សម្ដេច​ឥសីភ័ទ្ទ ។ សម្ដេច​ឥសីភ័ទ្ទ​ឃើញ​ពស់​ក៏​ភ័យ​ញ័រ​រន្ធត់ ភ្លាត់ដៃ​ធ្លាក់​ចុះ​មក​បាក់​ក​ស្លាប់​ក្នុង​ព្រៃ​នោះ ឥត​មាន​អ្នក​ឯណា​ឃើញ​សោះឡើយ ។ ខ្មោច​នោះ​ចំណេរ​មក​ឯ​អនាគត​ក៏​ទៅ​ជា​បិសាច​ចាំ​រក្សា​ព្រះ​ខ័ន​នៅ​ទីនោះ​ រៀង​មក ។

នេះ​នឹង​សា​និយាយ​ទៅ​ខាង ​ដើម​បន្ដិច​វិញ កាល​សម្ដេចព្រះ​ស្រីសុគន្ធបទ​សុគត​ទៅ​នោះ នៅ​ក្នុង​ច.ស​៨៧៤ ឆ្មាំ​វក ចត្វា​ស័ក ។ កាល​ច.ស​៨៧១ ឆ្នាំម្សាញ់ ឯកស័ក​នោះ សម្ដេច​ពញា​ចន្ទរាជា ស្ដេច​យាង​ទៅ​គង់នៅ​ក្រុង​ទេព​បាន​៣​ឆ្នាំ ។ ដល់​មក​ឆ្នាំវក ចត្វា​ស័ក​នោះ ទើប​ព្រះ​ចៅពញា​យសរាជា​រត់​ទៅ​ដល់ ក៏​គង់នៅ​ជាមួយ​សម្ដេចចៅពញា​ចន្ទរាជា ជា​ព្រះ​បិតុលា ព្រមទាំង​ស្ដេច​ក្រាបទូល​ព្រះ​បិតុលា​ថា ក្រុង​កម្ពុជាធិបតី​នោះ ព្រះស្ដេច​កន​លុក​សម្ដេចព្រះ​ស្រីសុគន្ធបទ​ជា​សម្ដេចព្រះ​បរម​រាជបិតា ដែល​ត្រូវជា​ព្រះ​បរម​ជេដ្ឋា ព្រះ​អង្គ​នោះ​សុគត​ទៅ​ហើយ ។ សម្ដេច​ចៅពញា​ចន្ទរាជា​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ទ្រង់​ព្រះវិយោគ​អាឡោះអាល័យ​ ព្រះ​បរមសព​ពន់ប្រមាណ ។ ស្ដេច​ចង់​តែ​ត្រឡប់​មក​ក្រុង​កម្ពុជា​វិញ​ដើម្បី​សម្លាប់​ស្ដេច​កន​សង​សឹក​ ថ្វាយ​ព្រះ​ជេដ្ឋា ។ ស្ដេច​ទន្ទឹង​ចាំតែ​ព្រះ​ចៅ​ចក្រពត្ដិ ដែល​បាន​ព្រម​ថា​នឹង​ជួយ​ទំនុកបម្រុង​ព្រះ​អង្គ​ដោយ​ថ្វាយ​ទ័ព​ដល់​ព្រះ​ អង្គ​ឲ្យ​នាំ​ទៅ​ក្រុង​កម្ពុជា​វិញ​នោះ ក៏​មិន​ឃើញ​ចាត់​កងទ័ព​មក​ថ្វាយ​សោះ​ទេ ។ តាំងពី​ថ្ងៃ​នោះ​មក សម្ដេច​ចៅពញា​ចន្ទរាជា​អន្ទះសារ​ក្នុង​ព្រះ​អង្គ រកតែ​កល​នឹង​ដោះ​មក​ក្រុង​កម្ពុជា​វិញ តែ​រក​ពុំ​ទាន់​បាន​នោះ​ឡើយ ។ បើ​យើង​គិត​ពី​ត្រឹម​ស្ដេច​ចៅពញា​ចន្ទរាជា​ទៅ​គង់​នៅ​ក្រុង​សៀម​ពី​ ឆ្នាំម្សាញ់ ឯកស័ក ព.ស​២០៥៣ គ.ស​១៥០៩ ម.ស​១៤៣១ ច.ស​៨៧១ ឆ្នាំជូត នព្វស័ក មក​ដល់​ព.ស​២០៥៩ គ.ស​១៥១៥ ម.ស​១៤៣៧ ច.ស​៨៧៧ ឆ្នាំកុរ សប្ដស័ក​នេះ​ឃើញ​ថា ព្រះ​អង្គ​គង់នៅ​ស្រុក​សៀម​បាន​៧​ឆ្នាំ​ហើយ ។ ឆ្នាំជូត​នោះ​មាន​ដំរី​ស​មួយ កម្ពស់​៤​ហត្ថ នៅ​ស្រុក​កាញ្ចនបុរី ។ មាន​ហ្ម​សៀម​ម្នាក់​ឈ្មោះ​ ពាម នាំ​ស្ម័គ្រ​បក្សពួក​ទៅ​ចោម​ទាក់​ដំរី​នោះ តែ​ទាក់​ពុំ​បាន ។ ដំណឹង​នេះ​ជ្រាប​ដល់​ព្រះ​ចៅ​ចក្រពត្ដិ​ (ស្ដេច​សៀម) ព្រះ​ចៅ​កើត​ព្រះ​ទ័យ​ចង់​បាន​ដំរី​នោះ​ណាស់ តែ​ទ្រង់​នឹង​រក​អ្នក​ណា​ជា​ទំនុក​ទុក​ព្រះទ័យ​ល្មម​ជាទី​សង្ឃឹមថា បើ​ឲ្យ​ចេញ​ទៅ​ធ្វើការ​នេះ​ថ្វាយ​ពុំ​បាន ។ ខណៈនោះ​មន្ដ្រី​សៀម​ទាំង​ប៉ុន្មាន​ដែល​គង់​គាល់​ទូល​ថា ក្នុង​ចំណោម​រាជវង្សានុវង្ស​ក្ដី មន្ដ្រី​ទាំងពួង​ក្ដី ទូលព្រះបង្គំ​មិន​ឃើញ​មាន​អង្គ​ណា ឬ​អ្នក​ណា​ម្នាក់​ដែល​ស្ទាត់ជំនាញ​ខាង​កាន់​អាវុធ​ស្មើនឹង​ចៅពញា​ចន្ទរាជា​ បាន​ទេ ការ​នេះ​បើ​ទ្រង់​ព្រះ​ករុណា​ពិសេស​ស្ដេច​ប្រើ​ចៅពញា​ចន្ទរាជា​ឲ្យ​ចេញ​ទៅ​ ធ្វើការ​ថ្វាយ​ការ​នោះ​នឹង​បាន​សម្រេច​ជា​មិន​ខាន ។

ព្រះ ​ចៅ​ចក្រពត្ដិ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​ព្រះ​អំណរ​ណាស់ ទ្រង់​ក៏​ត្រាស់​សុំ​ឲ្យ​សម្ដេចព្រះ​អង្គចន្ទ​ស្ដេច​ជួយ​យកអាសារ​ផង ។ សម្ដេច​ចៅពញា​ចន្ទរាជា​ក្រាបទូល​ទទួល​ទៅ​ទាក់ដំរី​នោះ​យក​មក​ថ្វាយ​តាម​ ព្រះរាជ​តម្រិះ ។ ព្រះ​ចៅ​ចក្រពត្ដិ​មាន​ព្រះ​ទ័យ​ត្រេកអរ​ណាស់​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ កេណ្ឌ​យក​ធ្នាក់ យក​ហ្ម ទៅ​ទាក់ដំរី​ស​នោះ​តាម​សព្វព្រះទ័យ​របស់​សម្ដេច​ចៅពញា​ចន្ទរាជា ។ សម្ដេច​ចៅពញា​ចន្ទរាជា​ទាក់​បាន​ដំរី​នោះ​មក​ថ្វាយ​ព្រះ​ចៅ​ចក្រពត្ដិ​ព្រះ​ អង្គ​ទ្រង់​ព្រះ​អំណរ​ណាស់ ទ្រង់​សរសើរ​ឫទ្ធិ ចំណេះវិជ្ជា​ផ្សេងៗ ហើយ​ទ្រង់​ព្រះ​រាជទាន​រង្វាន់​ជា​ច្រើន​ដល់​សម្ដេច​ចៅពញា​ចន្ទរាជា ទើប​ទ្រង់​ប្រទាន​នាម​ដំរី​ស​នោះ​ជា​គជេន្ទ្រ​នរោត្ដម ។

សម្ដេច ​ព្រះមហាឧបរាជ​ចៅពញា​ចន្ទរាជា កាល​ទាក់ដំរី​បាន​ហើយ​នោះ ទ្រង់​យល់​ថា បាន​ឱកាស​ហើយ ទើប​ទ្រង់​ក៏​ក្រាបទូល​ថា សូម​បង្គំ​លា​សម្ដេច​ព្រះចៅ​ចក្រពត្ដិ​ទៅ​បង្ក្រាប​អា​ស្ដេច​កន ដែល​ក្បត់​ញាំញី​ព្រះពុទ្ធ​សាសនា​នូវ​ព្រះ​បរម​រាជវង្សានុវង្ស បណ្ដាល​ឲ្យ​បែក​ខ្ចាត់ខ្ចាយ​អស់ ថាបើ​ព្រះ​អង្គ​នឹង​បង្អង់​យូរ​ទៅ​ឃើញ​ថា​ពុំ​បាន​ឡើយ ។

សម្ដេចព្រះ ​ចៅ​ចក្រពត្ដិ​បាន​ទ្រង់​ជ្រាប​ហើយ ទ្រង់​ត្រាស់​ថា កុំឲ្យ​ក្មួយ​រួសរាន់​ពេក ចាំ​ដល់​ឆ្នាំ​ក្រោយៗ មា​នឹង​ឲ្យ​ជូន​ទៅ​ជា​មិន​ខាន ។ ទ្រង់​ត្រាស់​តែ​ម្ល៉ោះ​ហើយ ព្រះ​ចៅ​ចក្រពត្ដិ​ស្ដេច​ក៏​ចូល​ទៅ​ខាងក្នុង​ព្រះក្រឡាបន្ទំ​ទៅ ។

ចៅពញា ​ចន្ទរាជា​បាន​ឮ​ដូច្នោះ​ក៏​យល់​ថា ព្រះ​ចៅ​ចក្រពត្ដិ​មិន​ព្រម​បើក​ឲ្យ​ព្រះ​អង្គ​ទៅ​ឆាប់​ឡើយ ។ លុះ​ទ្រង់​ត្រឡប់​ពី​គាល់​ដល់​ទៅ​ដំណាក់​វិញ ស្ដេច​ទ្រង់​ព្រះ​ចិន្ដា​ថា បើ​អញ​នឹង​ចាំ​លា​ព្រះ​ចៅ​ដោយ​ស្រួល​នោះ មុខជា​ស្ដេច​សៀម​នេះ​មិន​បើក​ឲ្យ​អញ​ទៅ​ទេ ។ ដូច្នេះ​មាន​តែ​អញ​គិត​ឧបាយកល​យ៉ាង​ណាមួយ​ឲ្យ​ស្ដេច​នេះ​ចាញ់កល​អញ​វិញ​ម្ដង ទើប​អញ​បាន​ទៅ​ស្រុក​វិញ​ឆាប់ ។ ទ្រង់​ព្រះ​ចិន្ដា​យល់​ដូច្នោះ​ហើយ ទើប​ទ្រង់​ព្រះបង្គាប់​បណ្ដា​ពួក​ក្រុម​ជា​ខ្ញុំព្រះអង្គ​១៥​នាក់​ឲ្យ​យក​ឈើ ​ឆ្លាក់​ធ្វើ​ជា​ជើងដំរី​យ៉ាង​ធំៗ​៤ ហើយ​យក​ទៅ​លប​សង្កត់​ដី​ឲ្យ​មាន​ជា​ស្នាម​ដូច​ជា​ជើងដំរី​មែនទែន រួច​ឲ្យ​យក​លាមក​ដំរី​ញាត់​ក្នុង​ជាល​ធ្វើ​ឲ្យ​បានជា​ដុំ​ធំៗ​លុះ​បានជា​ ដុំៗ​ហើយ ឲ្យ​រលាក់​ចេញពី​ជាល ហើយ​ឲ្យ​យក​ទៅ​ទម្លាក់​រាយ​ចោល​ជា​ច្រើន​កន្លែង ។ ការ​ធ្វើ​យ៉ាងនេះ ដើម្បី​ឲ្យ​ប្រកប​នឹង​ដានជើង​ធំ​នោះ​ឲ្យ​ដូច​ជា​ដំរី​ទាំងពួង​ជុះ​ មែនៗ ។ ទ្រង់​ផ្ដាំ​ថា បើ​ដល់​ដើមឈើ​ណា​ល្មម​ជា​ដំរី​ឈរ​ស្រប​បាន ឲ្យ​ពួក​បណ្ដា​ជា​ខ្ញុំ​ទាំងនោះ យក​ដី​ភក់​ទៅ​លាប ហើយ​ឲ្យ​យក​រោមចៀម​ពីរ​បី​សរសៃ​សៀត​នឹង​សំបកឈើ​ធ្វើ​ជា​រោម​ដំរី​ត្រដុស​នឹង ​ដើមឈើ​មែនៗ ។

ទ្រង់​បញ្ជា​ទៀត​ថា បើ​ធ្វើ​ដូច្នេះ​រួច​ហើយ​ឲ្យ​ពួក​ក្រុម​បណ្ដា​ជា​ខ្ញុំ​ទាំងនោះ​ដើរ​បង្ហួស​ កន្លង​ដាន​ទៅ​ទិស​ឦសាន​ដល់​ទៅ​ខេត្ដ​នាងរង​ស្រុក​នគររាជ ហើយ​ខ្លួនឯង​ទាំង​១៥​នាក់ ត្រូវ​ស្រូតរូត​ទៅ​បញ្ចុះ​បញ្ចូល​ប្រជារាស្ដ្រ​នៅ​ស្រុក​នាងរង នាងផ្អែក ចុងកាល ស្រុក​ទំនប់ ទុងកែ ទឹកជោរ មង្គលបុរី នគររាជសីមា បាត់ដំបង​ឲ្យ​បាន​មក​ជួបជុំ​ចាំ​អញ​នៅ​ទី​បន្ទាយ ។ ទ្រង់​ផ្ដាំ​ទៀត​ថា បើកាលណា​ដើរ​តាម​ផ្លូវ​នោះ​ទៅ ហើយ​មាន​គេ​សួរ​ឯង​អំពី​ដំណើរ​នោះ ឯង​ត្រូវ​ប្រាប់​គេ​ថា ឯង​បាន​ឃើញ​ដំរី​ស​មួយ ស​ដូច​សំឡី​កម្ពស់​ប្រហែល​១០​ហត្ថ បាន​ជា​ដើរ​តាម​រក​មើល​ឲ្យ​ច្បាស់​ទីលំនៅ​វា ។ អស់​បណ្ដា​ជា​ខ្ញុំ​ទាំង​១៥​នាក់​ក៏​ចេញ​ទៅ​ធ្វើការ​តាម​ត្រាស់​បង្គាប់​ គ្រប់​ប្រការ ។ លុះ​កន្លង​មក​គ្រប់​មួយ​ខែ អស់​ចៅ​មឿង (មេឃុំ) ចៅ​បាន​ (មេ​ភូមិ) ក្នុង​ដែន​សៀម​ខាង​ទិស​កើត​បាន​ដំណឹង​ថា មាន​ដំរី​ស​មួយ​ក្នុងស្រុក​ភូមិ​របស់​ខ្លួន​ក៏​អរ​ណាស់ ទើប​នាំ​គ្នា​ចូល​ព្រៃ​ទៅ​ពិនិត្យ​មើល តែ​មើលឃើញ​តែ​ដានជើង និង​លាមក​វា​ធំ​ក្រៃ​លែង​នឹង​ដំរី​ទាំងពួង​មែន មើល​ទៅ​លើ​ដើមឈើ​ខ្លះ ក៏​ឃើញ​មាន​រោម​ស​សុទ្ធ ស​ដូច​ជា​សំឡី ជាប់​នៅ​លើ​ដើមឈើ​នោះ​ច្រើន​អន្លើ​មែន ។ ចៅ​មឿង ចៅបាន​ទាំង​អស់នោះ​ក៏​ប្រញាប់​ប្រញាល់​ធ្វើ​សំបុត្រ​បក​ប្ដឹង​ចូល​ទៅ​ សេនាបតី​ យក​សេចក្ដី​ក្រាបទូល​ព្រះ​ចៅ​ចក្រពត្ដិ​ ព្រះ​ចៅ​ចក្រពត្ដិ​ទ្រង់​ជ្រាប​ហើយ ទ្រង់​ព្រះ​អំណរ​ណាស់ ។ ថ្ងៃមួយ​ស្ដេច​ចេញ​គង់​ព្រះ​រាជរោង​រម្យ​ជួបជុំ​ព្រះរាជ​បុត្រា​ធម៌ គឺ​ចៅពញា​អុង ដែល​ត្រូវជា​រាជបុត្រា​នៃ​ព្រះស្រីរាជា”ខ្មែរ” និង​ព្រះ​វង្សា​សេនាបតី​មន្ដ្រី​ទាំងពួង ក្រាប​បង្គំ​គាល់​ត្រៀបត្រា ទើប​ស្ដេច​ត្រាស់​សួរ​ថា ឈ្មោះ​ណា​នឹង​ទទួល​យក​អាសា​ទៅ​តាម​ដំរី​ប្លែក​នោះ​បាន ? អស់​រាជសេវកាមាត្យ​សៀម​ក្រាបទូល​ថា ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងឡាយ​ឃើញ​តែ​ចៅពញា​ចន្ទរាជា​តែ​មួយ​ប៉ុណ្ណោះ​ដែល​ ជា​អ្នកក្លាហាន​មាន​តម្រិះ​ខាង​ទាក់ដំរី​នោះ​ជាងគេ ។ ម្យ៉ាងវិញទៀត​ចៅពញា​ចន្ទរាជា​នេះ ក៏​បាន​ធ្វើការ​ទាក់ដំរី​ថ្វាយ​រៀង​មក​ហើយ​ផង ។ សម្ដេច​ចៅពញា​ចន្ទរាជា​ឮ​ទីប្រជុំ​ឆ្លើយ​ដូច្នោះ ក៏​យល់​ថា បាន​ដូច​គំនិត​ព្រះ​អង្គ​ហើយ ទើប​ក្រាបទូល​ថា តាម​សំបុត្រ​ច្រើន​ច្បាប់​ដែល​ចៅហ្វាយស្រុក​ច្រើន​ស្រុក​ប្ដឹង​ចូល​មក​នោះ ដំរី​នោះ​ធំ​ខ្ពស់​ដល់​ទៅ​១០​ហត្ថ ហើយ​បើ​តាម​ដំណឹង​ក្រៅ​សំបុត្រ​ទៀត​ថា ដំរី​នោះ​មាន​បរិវារ​គោត​ស្ដ (គោត​គឺ​ដំរី​ឥត​ភ្លុក​ឥត​ចែ ស្ដ​គឺ​ដំរី​ឈ្មោល​ឥត​ភ្លុក មាន​តែ​ចែ) នៅ​ថែរក្សា​ជា​ច្រើន​លើស​ដំរី​ទាំងពួង ទាំង​សម្បុរ ទាំង​កម្ពស់​ទៀត ក៏​ល្អ​គួរ​ឲ្យ​ចេតនា​គួរតែ​ទូលព្រះបង្គំ​យកចិត្ដទុកដាក់​គិត​យក​ដំរី​នោះ​ មក​ទុកជា​មង្គល​ព្រះ​នគរ​ថ្វាយ​ឲ្យ​បាន ។ កាល​ដែល​ខ្ញុំ​ព្រះ​រាជការ​ទាំងឡាយ​ជំនុំ​យល់ព្រម​ថា​យក​ ទូលព្រះបង្គំជាខ្ញុំ​ឲ្យ​ទទួល​អាសា​នឹង​ទៅ​ទាក់​យក​ដំរី​នោះ​មក​ថ្វាយ​ឲ្យ​ បាន​ទៀត​ក៏​ជា​ការ​គួរសម​ណាស់​ហើយ ។ ក៏​ប៉ុន្ដែ​បើ​ដំរី​ស​នោះ មាន​បរិវារ​ធំ​ច្រើន​លើស​ដំរី​មុន​ណាស់ ដូច្នេះ​សូម​សម្ដេចព្រះ​រាជទាន​ពល​៥.០០០​នាក់ ដំរី​ធ្នាក់​១.០០០ និង កាំភ្លើង​ធ្នូ ស្នា សាស្ដ្រាវុធ​សម្រាប់​បាញ់​បង្អើល​ដំរី​កាចៗ​ដែល​នៅ​រក្សា​ដំរី​ស​នោះ​ច្រើន​ ណាស់​ឲ្យ​វា​ខ្លាច​ហើយ​ចៀស​ចេញ​ទៅ ។ ម្យ៉ាងវិញទៀត ដោយ​ឃើញ​ថា​ការ​ទាក់ដំរី​នោះ​មុខជា​ធ្វើ​អស់​ពេលវេលា​ជា​ច្រើន​ផង ក្រែង​រេហ៍ពល​ពុំ​គ្រប់គ្រាន់​ស្បៀងអាហារ​នឹង​កើត​ចលាចល​ការ​ក៏​ពុំ​បាន​ សម្រេច​ទៀត ។ ហេតុ​ដូច្នេះ​ទូលព្រះបង្គំ​ជាខ្ញុំ​សូម​ព្រះ​រាជទាន​ស្បៀងអាហារ​ឲ្យ​បាន​ គ្រប់គ្រាន់​ផង សូម​ព្រះ​រាជទាន​ព្រះរាជអាជ្ញា​ឲ្យ​បាន​មាំមួន​ទៀត​ទើប​ទៅ​ធ្វើការ​នោះ​បាន​ សម្រេច​ថ្វាយ ។ ព្រះ​ចៅ​ចក្រពត្ដិ​បាន​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​ព្រះ​អំណរ​ណាស់ ទើប​ទ្រង់​ព្រះ​រាជទាន​ព្រះ​សែង (គឺ​ដាវ​ស្រោម​ស អ្នក​កាន់​ដាវ​នេះ​មាន​អំណាច​កាប់​សម្លាប់​បាន​តាម​ចិត្ដ) ហើយ​ត្រាស់​បង្គាប់​ឲ្យ​ចៅពញា​ចក្រី​កេណ្ឌ​ពល​ពាហនៈ​ថ្វាយ​តាម​សុំ​កុំបី​ ខាន ។ ឧកញ៉ា​ចក្រី​ក៏​ចាត់ការ​ថ្វាយ​ព្រះ​ចៅ​ចន្ទរាជា​តាម​ព្រះរាជ​បង្គាប់​នៃ​ ព្រះពុទ្ធ​ចៅ​មហាចក្រពត្ដិ​គ្រប់​ប្រការ ។ ចៅពញា​ចន្ទរាជា​កាល​បាន​ពល​និង​ស្បៀងអាហារ ព្រមទាំង​ព្រះរាជអាជ្ញា ព្រះ​សែង​អាជ្ញាសឹក​គ្រប់​អស់​ហើយ ក៏​ថ្វាយបង្គំ​លា​ចេញ​មក​ក្រៅ ។ ក្នុង​គ្រានោះ​ព្រះ​អង្គ​សុវណ្ណខាត់លោក ស្ដេច​នៅ​ក្នុង​ក្រុង​ស្រីអយុធ្យា​នោះ​ដែរ ទើប​សម្ដេច​ចៅពញា​ចន្ទរាជា​ស្ដេច​យាង​ទៅ​ថ្វាយបង្គំ​ព្រះ​អង្គ​ សុវណ្ណខាត់លោក​គឺ​ពញា​អុង​រាជា ដែល​ត្រូវជា​ព្រះ​រៀម ព្រះ​អយ្យកោ​មួយ​នឹង​ព្រះ​អង្គ (សូមជ្រាប​ថា ពញា​នេះ​ត្រូវជា​ព្រះរាជបុត្រ​នៃ​ព្រះ​ស្រីរាជា​ ព្រះ​ស្រីរាជា​ត្រូវជា​សម្ដេចព្រះ​ជេដ្ឋា ព្រះ​អនុជ​មាន​ព្រះ​អយ្យកោ​មួយ​ជាមួយ​គ្នា) ។ សម្ដេច​ចៅពញា​ចន្ទរាជា ស្ដេច​ក្រាបទូល​ថា អ្នក​បង​លែង​គិត​ស្រុក​យើង​ហើយ​ឬ​ក៏​បាន​គង់នៅ​ព្រងើយ​មិន​អើពើ​នឹង​រឿង​អា​ ក្បត់​ឈ្មោះ​កន​យក​ព្រះរាជ​សម្បត្ដិ​បាន​ដូច្នេះ ? ទ្រង់​ពុំ​ស្ដាយ​ព្រះរាជ​វង្ស​មហាក្សត្រ និង​គ្រង​ព្រះ​មហានគរ​ទេ​ឬ ? ព្រះ​អង្គ​សុវណ្ណខាត់លោក​ទ្រង់​ឆ្លើយ​ថា​ «អូន​អើយ បង​មក​នៅ​ក្រុង​ទេព​នេះ​ជា​ឈ្លើយ​ព្រះពុទ្ធ​ចៅ​ទេ ។ ព្រះពុទ្ធ​ចៅ ស្ដេច​ពុំ​យកទោស​បង ស្ដេច​ប្រោស​បង​ឲ្យ​បង​គ្រង​ស្រុក​សុវណ្ណខាត់លោក​នេះ ជា​ខេត្ដ​ធំ​ស្មើនឹង​ខេត្ដ​ព្រះរាជបុត្រ​ទៅ​ហើយ ។ បង​បាន​ប៉ុណ្ណេះ​ហើយ បង​ក៏​បាន​សុខ​ណាស់​ហើយ ។ បើ​បង​បាន​សុខ​ដូច្នេះ​ហើយ បង​នឹកគិត​រក​សុខ​ឯណាទៀត ។ ចំណែកឯ​ស្រុក​ខ្មែរ​វិញ បង​លែង​នឹករលឹក​អាឡោះអាល័យ​ហើយ តាមតែ​អ្នក​អូន​គិត​ចុះ» ។ សម្ដេច​ចៅពញា​ចន្ទរាជា ស្ដេច​ដឹង​ព្រះរាជ​ហឫទ័យ​ចៅពញា​អុង​យ៉ាងនេះ​ហើយ ទ្រង់​មិន​ហ៊ាន​ត្រាស់​សួរ​តទៅ​ទៀត ក្រែង​រឿង​នេះ​ពុំ​បាន​ស្ងាត់​នឹង​នាំ​ឲ្យ​ខូច​ការណ៍ ។ ដូច្នេះ​ហើយ​ទ្រង់​ពុំ​បាន​ត្រាស់​ទៅ​វិញ​ឡើយ ទ្រង់​គង់​ក្រសាល​បន្ដិច ក៏​ថ្វាយបង្គំ​លា​វិល​មក​ដំណាក់​វិញ ។ មក​ដល់​ដំណាក់​ហើយ​ទ្រង់​នឹក​តែ​ក្នុង​ព្រះ​ទ័យ​ថា ឱ​អ្នក​បង​អុង​អើយ​បាន​សុខ​ហើយ​ត្រឡប់​ជា​ភ្លេច​ស្រុក​ទេស​អស់ ។ ស្ដេច​បណ្ដោយ​ឲ្យ​អា​អ្នកងារ​ញ៉ាំញី​ព្រះរាជ​ត្រកូល​តាម​ចិត្ដ​ឥត​ឈឺចាប់​ ក្នុង​ព្រះ​ទ័យ​សោះ ។ ទ្រង់​ព្រះ​វិតក្ក​តែ​ប៉ុណ្ណោះ ក៏​ស្ងៀម​នៅ​មិន​សួរនាំ​តទៅ​ទៀត​ទេ ។ លុះ​មក​ដល់​ថ្ងៃ​១០​រោច ខែ​ផល្គុន ឆ្នាំ​ជូត​ អដ្ឋស័ក ព.ស​២០៦០ គ.ស​១៥១៦ ម.ស​១៤៣៨ ច.ស​៨៧៨ នោះ​ចៅពញា​ចន្ទរាជា​មាន​ព្រះ​ជន្មវស្សា​៣៦​ឆ្នាំ ទ្រង់​រៀបចំ​ចាត់ចែង​ព្រះរាជ​ដំណើរ ស្ដេច​នាំ​ចៅពញា​យសរាជា និង​បណ្ដា​ជា​ខ្ញុំ​លើក​ពល​សៀម​ស្រូតរូត​តាម​ស្នាម​ជើងដំរី​ទាំង​យប់​ទាំង​ ថ្ងៃ ពុំ​មាន​ឈប់​ឈរ​សោះ ។ លុះ​ធ្វើ​ដំណើរ​បាន​៧​ថ្ងៃ ស្ដេច​ក៏​ទៅ​ជិត​ដល់​ដែន​ស្រុក​ខ្មែរ​ហើយ​ស្ដេច​ទ្រង់​ព្រះរាជ​ចិន្ដា​ថា អញ​មក​ដល់​នេះ​ហើយ បើទុកជា​ព្រះ​ចៅ​ចក្រពត្ដិ​បានដឹង​ថា​អញ​រត់​ហើយ​លើកទ័ព​មក​តាម​ក៏​តាម​ពុំ​ ទាន់​ដែរ ។ ទើប​ទ្រង់​ឲ្យ​ធ្វើ​សំបុត្រ​បក​ដាក់​ទាំង​រោមចៀម ដាក់​ទាំង​រោម​ចាមរី​ស ដែល​ជាប់​នៅ​ដើមឈើ គូរ​ទាំង​ស្នាមជើង​លាមក និង​កម្ពស់​ដំរី​នោះ​ឲ្យ​បម្រើ​សៀម​នាំ​វិល​ទៅ​ថ្វាយ​ព្រះ​ចៅ រួច​ហើយ​ព្រះ​អង្គ​ក៏​លើកទ័ព​ចេញ​មក​ទៀត ។ ព្រះ​ចៅ​ចក្រពត្រាធិរាជ (ស្ដេច​សៀម) កំពុង​ទ្រង់​បារម្ភ​ពី​រឿង​ដំរី​នោះ​ក្រែង​បាន​មិន​បាន​យ៉ាងណា លុះ​បម្រើ​នាំ​សំបុត្រ​ទៅ​ដល់​ហើយ ទ្រង់​ត្រាស់​សួរ​ថា ឥឡូវ​ក្បួន​ទាក់ដំរី​ដល់​ណា​ហើយ ? បម្រើ​ក្រាបទូល​ថា សូម​ទ្រង់​ព្រះ​មេត្ដាប្រោស​ក្រោម​ល្អងធូលីព្រះបាទ ក្បួន​នោះ​បាន​ទៅ​ជិត​ដែនកម្ពុជា​ហើយ ។ កាល​ទ្រង់​ព្រះ​សណ្ដាប់​ចម្លើយ​ដែល​បម្រើ​ក្រាបទូល​ហើយ ព្រះ​ចៅ​ចក្រពត្ដិ​នឹក​គ្នាន់​ក្នុង​ព្រះ​ទ័យ​ណាស់ ទើប​ត្រាស់​សួរ​ព្រះ​អង្គ​សុវណ្ណខាត់លោក​ថា ចៅពញា​ចន្ទរាជា​ទៅ​ទាក់ដំរី​ស​នោះ ហេតុ​អ្វី​ក៏​ស្រូតរូត​ទៅ​ឯ​ដែន​កម្ពុជា​ទៅ​វិញ ។ បើ​ដំរី​នៅ​ក្នុង​ដែន​ប្រទេស​យើង​ឯណេះ​ទេ ? ការ​នេះ​នាំ​ឲ្យ​អញ​សង្ស័យ​ណាស់ ។

ព្រះ ​អង្គ​សុវណ្ណខាត់លោក​ក្រាបទូល​ថា ចៅពញា​ចន្ទរាជា​នេះ​មាន​ចិត្ដ​មានះ​ណាស់ មាន​ស្មារតី​រឹងប៉ឹង ហើយ​ចិត្ដ​ក៏​រឹងរូស កាន់​វង្ស​ត្រកូល​ណាស់​ទៀត ។ តាំងពី​ចៅពញា​យសរាជា​មក​ប្រាប់​ថា អា​ព្រះស្ដេច​កន​សម្លាប់​បិតា​យក​ព្រះ​នគរ​ហើយ​នោះ ទូល​ព្រះ​បង្គំ​ឃើញ​កិរិយា​របស់​ចៅពញា​ចន្ទរាជា​ខឹង​ក្ដៅ​នឹង​អា​កន​ខ្លាំង​ ណាស់ ។ មិន​តែ​ប៉ុណ្ណេះ​សោត កាល​មុន​នឹង​ចេញដំណើរ​នេះ​ចៅពញា​ចន្ទរាជា​ក៏​បាន​សួរ​ទូលព្រះបង្គំ​ថា អ្នក​បង​លែង​នឹក​ស្រុក​ទេស​ហើយ​ឬ​យ៉ាងនេះ​ផង ។ ការ​ដែល​ចៅពញា​ចន្ទរាជា​ទៅ​ហើយ​ស្រូតរូត​យ៉ាងនេះ ទូលព្រះបង្គំ​ក៏​យល់​ឃើញ​ថា ចៅពញា​ចន្ទរាជា​លើកទ័ព​ទៅ​វាយ​អា​ព្រះស្ដេច​កន​ពុំខាន​ឡើយ គឺ​មិនមែន​ទៅ​ទាក់ដំរី​ដូច​ត្រាស់​បង្គាប់​ទេ ។ ព្រះ​ចៅ​ចក្រពត្ដិ​ទ្រង់​ជ្រាប​ដូច្នោះ​ហើយ ទ្រង់​ព្រះ​ពិរោធ​ខ្លាំង​ណាស់ ទ្រង់​ត្រាស់​ប្រើ​ម៉ឺន​ពេជ្រដាវិចិត្រ​ឲ្យ​នាំ​ទាហាន​សេះ​៣០​នាក់​លើក​ទៅ​ តាម​សម្ដេចចៅពញា​ចន្ទរាជា ហើយ​ទ្រង់​ផ្ដាំ​ថា បើ​ចៅពញា​ចន្ទរាជា​ពុំ​ព្រម​ត្រឡប់​មក​ទេ ឲ្យ​ឯង​ប្រាប់​ពល​ទាំង​៥.០០០​នាក់​នោះ​ឲ្យ​ត្រឡប់​មក​វិញ​ឲ្យ​ខាង​តែ​បាន​ មក ។ ម៉ឺន​ពេជ្រដាវិចិត្រ​បាន​ទទួល​ព្រះរាជ​បញ្ជា​ហើយ ក៏​ថ្វាយបង្គំ​លា​នាំ​ទាហាន​សេះ​ទាំង​៣០​នាក់​លើក​តាម​ទៅ ។ សម្ដេច​ចៅពញា​ចន្ទរាជា ព្រះ​អង្គ​ស្រូតរូត​មក​ដល់​ដែន​ខេត្ដ​ប្រទេស​ខ្មែរ​ហើយ ក៏​ទ្រង់​បញ្ចុះបញ្ចូល​អាណា​ប្រជានុរាស្ដ្រ​តាំងពី​ទល់ដែន​រៀង​មក​បាន​ពល​ ១.៨០០​នាក់ ។ ស្ដេច​លើកទ័ព​ទាំងអស់​មក​ដល់​ខេត្ដ​ទឹកជោរ ហើយ​ទ្រង់​បាន​ជួប​បណ្ដា​ជា​ខ្ញុំ​ដែល​ប្រើ​មុន​មក​នោះ ។ បណ្ដា​ជា​ខ្ញុំ​ទាំងនោះ​បាន​រេហ៍ពល​២០០​នាក់​ផ្សំគ្នា​ជា​២.០០០​នាក់ ហើយ​ស្ដេច​លើក​កងទ័ព​ខ្មែរ-សៀម​ចូល​វាយ​បន្ទាយ​ខេត្ដ​នគរ​សៀមរាប បាន​រហ៍​ពល​ថែម​ទៀត​រួម​ទាំង​៧.០០០​នាក់​ផង​ត្រូវ​ជា​១០.០០០​នាក់ ហើយ​លើក​ចូល​ទៅ​ក្នុង​បន្ទាយ​មហានគរ ។ ខណៈនោះ ម៉ឺន​ពេជ្រវិចិត្រ​នាំ​ទាហាន​សេះ​៣០​នាក់​ដល់​មក​ជិត​មហានគរ​ហើយ​ដោយ​សួរ​ គេឯង​តាម​ផ្លូវ​ទៅ​បាន​ដំណឹង​ថា ចៅពញា​ចន្ទរាជា​នាំ​រេហ៍ពល​ខ្មែរ-សៀម​ចូល​មក​តាំង​ក្នុង​មហានគរ​បាន​៣​ថ្ងៃ​ ហើយ ។ ម៉ឺន​ពេជ្រដា​វិចិត្រ​ក៏​នាំ​ទាហាន​ទាំង​៣០​នាក់​នោះ​ចូល​ទៅ​មហានគរ ហើយ​ក៏​បាន​ឃើញ​សម្ដេច​ចៅពញា​ចន្ទរាជា​ប្រថាប់​លើ​ផែន​សិលា​ជាមួយនឹង​សេនា​ ទាហាន​សៀម-ខ្មែរ​កំពុង​អង្គុយ​គាល់​ត្រៀបត្រា ។ រំពេច​នោះ ម៉ឺន​ពេជ្រដា​វិចិត្រ​ទូល​ថា ព្រះពុទ្ធ​ចៅ​ត្រាស់​ប្រើ​ទូលព្រះបង្គំ​ឲ្យមក​តាម​ទ្រង់​ឲ្យ​ទ្រង់​លើក​ពល​ ត្រឡប់​ទៅ​វិញ​ឲ្យ​ឆាប់ ។ ថា​អំពី​រឿង​ទាក់ដំរី​ស​នោះ​សូម​ទ្រង់​បង្អង់​សិន​ចុះ ។ សម្ដេច​ចៅពញា​ចន្ទរាជា​ដឹង​កល​យល់​ការណ៍​ថា សៀម​លើក​តាម​មក​ហើយ ទ្រង់​ក៏​ហូត​ព្រះ​សែង​អាជ្ញាសឹក​ដែល​ព្រះ​ចៅ​ចក្រពត្ដិ​ព្រះ​រាជទាន​មក​នោះ ហើយ​មាន​ព្រះ​មធុរស​វាចា​សន្ធាប់​ថា នេះ​គឺជា​អាជ្ញាសឹក​ព្រះចៅ​ប្រទាន​មក​ឲ្យ​អញ​ពេញ​អំណាច​ឲ្យ​អញ​ធ្វើ​នាទី​ ពីរ​យ៉ាង​គឺ មួយ​ឲ្យ​តាម​ទាក់ដំរី​ស ម្យ៉ាងទៀត​ឲ្យ​អញ​ទៅ​ចាប់​អា​ព្រះស្ដេច​កន​ថ្វាយ​ព្រះ​អង្គ ។ ខ្លួនឯង​នេះ​ឬ​មាន​អំណាច​លើស​ដាវ​អាជ្ញាសឹក​នេះ ? សម្ដី​ដែល​ឯង​ថា ព្រះ​ចៅ​សៀម​ឲ្យ​មក​តាម​អញ​នេះ តើ​ព្រះរាជ​ឱង្ការ ឬ​ចុតហ្មាយ​ឯង​នៅឯណា យក​មក​ឲ្យ​អញ​មើល ? បើ​ឯង​មិន​យក​មក​ឲ្យ​អញ​ទេ អញ​ទុក​ឯង​ជា​អ្នក​ក្លែង​ព្រះរាជ​ឱង្ការ ទុក​ឯង​ជា​បង្ខូច​សង្ខាន​រាជការ​ផែនដី ហើយ​អញ​ត្រូវ​កាត់​ក្បាល​ឯង​ដោត​ជា​បម្រាម ព្រមទាំង​គូកន​ផង ។ ទ្រង់​សន្ធាប់​ម្ដងទៀត​ថា តើ​ព្រះរាជ​ឱង្ការ​ឬ​ចុតហ្មាយ​ឯង​នោះ​នៅឯណា មក​យក​ឲ្យ​អញ​មើល ? ម៉ឺន​ពេជ្រដា​វិចិត្រ និង​កូនទាហាន​ជំនិត​៣០​នាក់​ដែល​ខ្លួន​នាំ​មក​នោះ គ្មាន​ព្រះរាជ​ឱង្ការ​របស់​ព្រះ​ចៅ​ជាទី​អាង​ទេ ។ លុះ​ឃើញ​ព្រះ​សែង​អាជ្ញាសឹក​ហើយ​ទាហាន​សៀម​ទាំង​៣០​នាក់ និង​៥.០០០​នាក់​ដែល​មក​តាម​សម្ដេច​ចៅពញា​ចន្ទរាជា​នោះ​ក៏​ភិតភ័យ​តក់ស្លុត​ លត់​ជង្គង់​សូម​ព្រះ​រាជទាន​ទោស​គ្រប់ៗ​គ្នា ។ សម្ដេច​ចៅពញា​ចន្ទរាជា​យល់​ឃើញ​ថា ចាញ់​សម្ញែង​អាជ្ញាសឹក​ត្រូវ​តាម​ព្រះ​ទ័យ​ហើយ ទ្រង់​ព្រះ​អំណរ​ណាស់ ទ្រង់​ត្រាស់​ថា អស់ឯង​រាល់គ្នា​ទាំង​៣០​នាក់​វិល​ទៅ​វិញ​ចុះ ទៅ​ក្រាបទូល​ព្រះ​ចៅ​ថា ដែល​ទ្រង់​ប្រោស​លៀង រក្សា​អញ​ជាង​៧​ឆ្នាំ​នេះ ជា​ព្រះ​គុណ​លើ​អញ​ខ្លាំង​ណាស់ រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​ទេ ។ មិន​តែ​ប៉ុណ្ណោះ​សោត​កាល​អញ​ត្រឡប់​មក​ស្រុក​នេះ ទ្រង់​ឲ្យ​រេហ៍ពល​៥.០០០​នាក់ ដំរី​ធ្នាក់​មួយ​រយ​ជូន​មក​ទៀត នេះ​ក៏​ជា​ព្រះ​គុណ​ធ្ងន់​លើសលែង​ទៅ​ទៀត ។ ប៉ុន្ដែ​ឥឡូវនេះ​អញ​នៅ​ក្រ​ណាស់ អញ​នឹង​រក​អ្វី​ថ្វាយ​ទៅ​វិញ​ឲ្យ​បាន​សមគួរ​នឹង​ព្រះ​គុណ​នោះ​គ្មាន​ ទេ ។ ដូច្នេះ​សូម​ឲ្យ​ព្រះ​ចៅ​ទ្រង់​កុំ​ពិរោធ​ឡើយ ។ ថាបើ​ដល់​អញ​ឈ្នះ ហើយ​ចាប់​អា​ព្រះស្ដេច​កន​បាន​ទាំង​ខ្លួន​វា បាន​ទាំង​ផែនដី​មក​វិញ​កាលណា​អញ​នឹង​នាំ​ពល​សៀម​ដែល​ទ្រង់​ប្រទាន​មកនេះ និង​សួយ​សារ​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​តាម​សម្ដី​ដែល​អញ​បាន​ក្រាប​បង្គំ​ ទូល​ទុកជា​សម្ងាត់​ស្រាប់​នោះ ។ ពួក​ពល​ទាំង​៥.០០០​នាក់​បាន​ឮ​ព្រះរាជ​បរិហារ​ហើយ ខ្សឹប​គ្នា​ថា​ចៅពញា​ចន្ទរាជា​នេះ​បាន​ថ្វាយ​ព្រះ​ចៅ​យើង​ស្រេច​ហើយ បានជា​ទ្រង់​ត្រាស់​ឲ្យ​យើង​ទាំង​៥.០០០​នាក់​នេះ​មក​ជាមួយ​ព្រះអង្គ ។ ឯ​ម៉ឺន​ពេជ្រដា​វិចិត្រ ដែល​មក​ស្រដី​មាត់ទទេ​នោះ​ប្រហែលជា​ក្លែង​ទេ យើង​នឹង​ជឿ​ស្ដាប់​ផង​មិន​បាន​ទេ ។ ម៉ឺន​ពេជ្រដា​វិចិត្រ​ឮ​ព្រះ​បន្ទូល​តឿន​រក​ព្រះ​ឱង្ការ ឬ​ចុតហ្មាយ​ជា​ច្រើន​ដង ក៏​រឹតតែ​កោតខ្លាច​ពល​ទាហាន​៣០​នាក់​ដែល​មក​នោះ ក៏​គិត​ពិនិត្យ​ទៅ​ឃើញ​ចិត្ដ​រេហ៍ពល​សៀម​ដែល​ហែ​មក​មុន​នោះ​ជឿ​ខាង​ចៅពញា​ ចន្ទរាជា​ច្រើន​ជា​ជាង​ខ្លួន​អស់​ទៅ​ហើយ​បើ​នឹង​គិត​ធ្វើ​តាម​ព្រះ​ចៅ​ទ្រង់ ​ព្រះ​បណ្ដាំ​នោះ​ឃើញ​ថា មិន​កើត​ទេ ។ ដូច្នេះ​ម៉ឺន​ពេជ្រដា​វិចិត្រ​ក៏​នាំ​ទាហាន​ជំនិះ​៣០​នាក់​នោះ​ត្រឡប់​ទៅ​ ក្រុង​ទេព​វិញ​ទៅ ។ ក្រោយ​ទាហាន​សេះ​ត្រឡប់​ទៅ​វិញ សម្ដេច​ចៅពញា​ចន្ទរាជា​ទ្រង់​លើក​កងទ័ព​ទៅ​ដល់​ក្រុង​បាត់ដំបង ហើយ​ទ្រង់​ក៏​ចាត់​ឲ្យ​នាយ​ទ័ព​ដើរ​បញ្ចុះបញ្ចូល​រាស្ដ្រ​ក្នុង​ ខេត្ដ ។ ខណៈនោះ​ពញា​មនោមេត្រី​ចៅហ្វាយស្រុក​បាត់ដំបង​បានដឹង​ថា ចៅពញា​ចន្ទរាជា ជា​ព្រះរាជ​ត្រកូល​ស្ដេច​ខ្មែរ​ត្រឡប់​មក​ដល់​ហើយ​ក៏​ចូល​ទៅ​ថ្វាយបង្គំ ថ្វាយ​រេហ៍ពល​១០.០០០​នាក់ និង​ស្បៀងអាហារ​១.០០០​រទេះ​ទៀត ។ សម្ដេច​ចៅពញា​ចន្ទរាជា​ទ្រង់​ព្រះ​អំណរ​ណាស់ ស្ដេច​គង់​សម្រាក​កម្លាំង​រេហ៍ពល​នៅ​ក្នុង​ខេត្ដ​នោះ​បី​ថ្ងៃ ហើយ​ស្ដេច​ក៏​លើក​ឆ្លង​ទៅ​តាំង​បន្ទាយ​នៅ​ខេត្ដពោធិ៍សាត់ ។ ចំណែកឯ​សម្ដេចចៅពញា​សួគ៌ាលោក​ចៅហ្វាយស្រុក​ខេត្ត​ពោធិ៍សាត់ ដែល​ជា​មន្ត្រី​ខាង​សម្ដេចព្រះ​ស្រីជេដ្ឋា (កន) បានដឹង​ដំណឹង​នេះ​ហើយ​ក៏​កេណ្ឌ​ពល​ទុក​បម្រុង​ការ ។ លុះ​បាន​ពល​៤០.០០០​នាក់​ហើយ ពញា​សួគ៌ាលោក​ក៏​ឲ្យ​រក្សា​នាទី​ភាគ​បន្ទាយ រាយ​ល្បាត​តាម​ច្រក​ផ្លូវ​ស្រាប់ ទើប​បក​សំបុត្រ​ប្ដឹង​ចូល​មក​សេនាបតី​ក្នុង​ក្រុង​សន្លប់​ពិជ័យ​ ព្រៃនគរ ។ រីឯ​ចៅពញា​មឿង​វិញ​លុះ​បានដឹង​ថា ចៅពញា​ចន្ទរាជា​ស្ដេច​ត្រឡប់​មក​ដល់​ស្រុក​បាត់ដំបង​ហើយ ក៏​ដើរ​បញ្ចុះបញ្ចូល​ស្ម័គ្របក្សពួក​ដែល​ចូល​ក្នុង​កងទ័ព​ចៅពញា​សួគ៌ាលោក​ បាន​ច្រើន​នាក់ ។ កាល​បានឃើញ​ចៅពញា​សួគ៌ាលោក​ជំនុំ​រាជការ​គិត​រឹងទទឹង ពុំ​ព្រម​ចុះចូល​នឹង​សម្ដេច​ចៅពញា​ចន្ទរាជា​ទេ ពញា​មឿង​លុះដល់​វេលា​យប់​ស្ងាត់ ក៏​នាំ​ស្ម័គ្របក្សពួក​ដែល​ចូល​ខាង​ខ្លួន​ចូលលុក (គឺ​ចូល​ទៅ​ប្រហារ​មិន​ឲ្យ​ដឹងខ្លួន​ជា​មុន) ចៅពញា​សួគ៌ាលោក​ស្លាប់​មួយ​រំពេច ហើយ​ស្រែក​ប្រកាសប្រាប់​អស់​ក្រុម​ការ​បណ្ដារាស្ដ្រ​ថា​ សម្ដេច​ចៅពញា​ចន្ទរាជា ដែល​ព្រះ​អង្គ​លើកទ័ព​ត្រឡប់​ពី​ស្រុក​សៀម​មក​នោះ ព្រះ​អង្គជា​ព្រះរាជ​ត្រកូល​នៃ​សម្ដេចព្រះ​ធម្មរាជា ដែល​ជា​ស្ដេច​ទ្រង់ធម៌​ហើយ ។ ឯ​ស្ដេច​កន​ជា​ចៅហ្វាយ​របស់​ពញា​សួគ៌ាលោក​នេះ ខាង​ម្ដាយ​ជា​ពលព្រះ​ស្រី​រតនត្រ័យ​សុទ្ធៗ ។

ដូច្នេះ តើ​អស់អ្នក​រាល់គ្នា​នឹង​សំពះ​ព្រះ ឬ​ក៏​ចង់​ថ្វាយបង្គំ​ប៉ាយាប (ប៉ាយាប​គឺ​អារក្សទឹក​សម្រាប់​ពួក​នេសាទ មច្ឆជាតិ​គោរព) ថាបើ​អស់អ្នក​ពេញចិត្ដ​ថ្វាយបង្គំ​ព្រះ​ស្រី​រតនត្រ័យ​នោះ​ចូរ​អ្នក​ទៅ​ ថ្វាយបង្គំ​ចៅពញា​ចន្ទរាជា ដ្បិត​ស្ដេច​យាង​មក​ដល់​ហើយ ត្រូវ​យើង​ចេញ​ទៅ​ថ្វាយបង្គំ​ទទួល​ព្រះ​អង្គ​ចុះ ។ ថាបើ​អស់អ្នក​ចូល​ចិត្ដ​ចង់​សំពះ​ប៉ាយាប​នោះ ចូរ​អស់អ្នក​រៀប​ស្បៀងអាហារ​នាំ​បុត្រ​ភរិយា​ទៅ​ថ្វាយបង្គំ​ព្រះស្ដេច​កន កូន​ពល (ក្នុង​ពេល​ដែល​ប្រទេស​យើង​នៅ​មាន​វណ្ណៈ​ច្រើន​នៅ​ឡើយ វណ្ណៈ​ពល​ជា​វណ្ណៈ​ថោកទាប​បំផុត ជា​ពូជ​អំបូរ​អ្នក​មានទោស​ដែល​មិន​អាច​លុបលាង​បាន​ឡើយ) ព្រះ​ស្រី​រតនត្រ័យ ឯ​បន្ទាយ​ស្រឡប់​ពិជ័យព្រៃនគរ​ឲ្យ​ឆាប់​ចុះ ។ អស់​ក្រមការ​បណ្ដារាស្ដ្រ​ក្នុង​កងទ័ព​តាំង​៤០.០០០​នាក់​បា្លយ លុះ​ឮ​ពញា​មឿង​ប្រកាស​ចេញ​ព្រះ​នាម​សម្ដេច​ចៅពញា​ចន្ទរាជា​ដូច្នោះ​ហើយ​ ហេតុតែ​ជា​បុណ្យ​បារមី​នៃ​ព្រះ​អង្គ​ក៏​បណ្ដាល​ចិត្ដ​គ្រប់​កងទ័ព​ទាំងអស់​ ឲ្យ​នឹក​ស្រឡាញ់​អាល័យ​ដល់​សម្ដេច​ចៅពញា​ចន្ទរាជា​ពន់ប្រមាណ ហើយ​ក៏​ស្រែក​ប្រកាស​តប​ថា​ យើង​រាល់គ្នា​ចូល​ចិត្ដ​ថ្វាយបង្គំ​ព្រះ​មិន​ព្រមទៅ​ថ្វាយបង្គំ​ប៉ាយាប​ ទេ ។ ហេតុនេះ​ហើយ​បានជា​មាន​ពាក្យ​ថា “ព្រះ​មាន​មិន​ចង់​សំពះ មិន​ចង់​ថ្វាយបង្គំ ម្ដេច​ក៏​ចង់​សំពះ​ឯ​ប៉ាយាប​ទៅ​វិញ” តាំងពី​ថ្ងៃ​នោះ​មក ។ ចៅពញា​មឿង​លុះ​ឮ​រាស្ដ្រ​ប្រកាស​ឆ្លើយ​តប​មក​ដូច្នោះ ល្មម​ពេល​ព្រឹក​ស្រាងៗ​ហើយ ក៏​នាំ​អស់​ក្រមការ និង​អស់អ្នក​មុខ​ អ្នកការ បណ្ដារាស្ដ្រ​ចេញ​ទៅ​យាង​ស្ដេច​ធ្វើ​ព្រះរាជ​ដំណើរ​ចូល​ទៅ​ប្រថាប់​ក្នុង​ បន្ទាយ​ស្រុក ។ សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បាន​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​មាន​ព្រះ​អំណរ​ណាស់ ទ្រង់​ត្រាស់​សួរ​សេចក្ដី​ដើមទង​គ្រប់សព្វ​ប្រការ ។ លុះ​ទ្រង់​ជ្រាប​ហើយ ស្ដេច​ឲ្យ​លើកទ័ព​ចូល​ទៅ​ប្រថាប់​ក្នុង​បន្ទាយ​ស្រុក ហើយ​ស្ដេច​ហាម​កងទ័ព​ទាំង​ខ្មែរ ទាំង​សៀម មិន​ឲ្យទៅ​កំហែងកំហល់​រាស្ដ្រប្រជា​ក្នុងស្រុក​ឲ្យ​សោះ ដើម្បី​កុំឲ្យ​រាស្ដ្រប្រជា​មាន​សេចក្ដី​ក្ដៅក្រហាយ ។ ទ្រង់​ដាក់​បញ្ជា​ថា “បើ​ឈ្មោះ​ណា​ពុំ​ស្ដាប់​ព្រះរាជ​ឱង្ការ​នេះ​ទេ​ស្ដេច​នឹង​យកទោស​ដល់​ ប្រហារជីវិត” ។ ខណៈនោះ​អស់​រាស្ដ្រប្រជា​ក៏​បាន​សេចក្ដី​សុខសាន្ដ ឥត​មានទុក្ខ​ ភ័យ​អំពី​ពួក​ពល​ទាហាន សរសើរ​ព្រះ​បារមី​ព្រមទាំង​ថ្វាយ​សព្ទសាធុការពរ​គ្រប់ៗ​គ្នា ។ សម្ដេចចៅពញា​ចន្ទរាជា កាលដែល​ទ្រង់​ហាម​សេនា​ពល​ទាហាន​មិន​ឲ្យ​រំលោភ​ជិះជាន់​រាស្ដ្រ នាំ​ឲ្យ​រាស្ដ្រ​បាន​សេចក្ដី​សុខកាយ​សប្បាយចិត្ដ ឥត​ក្ដៅក្រហាយ​យ៉ាងនេះ​ហើយ ទ្រង់​ឲ្យ​រឹប​យក​ទ្រព្យសម្បត្ដិ​របស់​ចៅហ្វាយ​ស្រុក​ដែល​ចៅពញា​មឿង​ចូលលុក​ សម្លាប់​នោះ មក​ព្រះ​រាជទាន​ជា​រង្វាន់​ដល់​អស់​នាយកង នាយពល​ហើយ​ទ្រង់​ចាត់តាំង​ចៅពញា​មឿង​ជា “ចៅពញា​សួគ៌ាលោក” ចៅហ្វាយស្រុក​ខេត្ដពោធិ៍សាត់​ ទាំង​តាំង​ឲ្យធ្វើ​ជា​មេទ័ព​សម្រេច​រាជការ​គ្រប់​ប្រការ ។ រួច​ទ្រង់​តាំង​កូន​តា​មឿង​ទាំង​បួន​នាក់​ឲ្យ​មាន​ឋានន្ដរ​សក្ដិ​ខ្ពង់ខ្ពស់ ​គឺ កូន​ទី​១​ឈ្មោះ កែវ ឲ្យធ្វើ​ជា “ចៅពញា​វង្សាអគ្គរាជ” កូន​ទី​២​ឈ្មោះ អង ឲ្យធ្វើ​ជា “ចៅពញា​បរទេសរាជ” កូន​ទី​៣​ឈ្មោះ ទេព ឲ្យធ្វើ​ជា “ចៅពញា​វិបុលរាជ” កូន​ទី​៤​ឈ្មោះ សុខ ឲ្យធ្វើ​ជា “ចៅ​រាជតេជៈ” ជា​មេទ័ព​មុខក្រោយ​ឆ្វេង​ស្ដាំ ។ ទើប​ទ្រង់​ចាត់​ទាំង​បួន​នាយ​ឲ្យ​លើក​ពល​៨០០​នាក់​ចេញ​ទៅ​វាយ​ខេត្ត​ក្រគរ​ ខ្លុង​ ក្រង ជា​មុន ។ ព្រះ​ស្រីជេដ្ឋា (ស្ដេច​កន) កាល​ខូច​ខេត្ត​ពោធិ៍សាត់​ហើយ នៅ​ថ្ងៃត្រង់​ម៉ោង​១១ ស្ដេច​នាំ​ព្រះ​ស្នំ ក្រុម​បរិពារ ចុះ​ស្រង់ទឹក​ក្នុង​ស្រះ រួច​ហើយ​នាំ​ទៅ​ប្រពាត​សួនឧទ្យាន​កំសាន្ដ​ព្រះ​ហឫទ័យ ។ ស្ដេច​នាំ​ព្រះ​ស្នំ ក្រុម​បរិពារ​យាង​រហូត​ដល់ទី​ក្រឡាបន្ទំ​ដែល​មាន​ក្នុង​សួនឧទ្យាន​ នោះ ។ នៅ​ទីនោះ ទ្រង់​ព្រះ​សណ្ដាប់​ក្រុម​ភ្លេង​មហោរី ក្រុម​ចម្រៀង​ច្រៀង ភ្លុំ​ប៉ី កែវ​ពីរោះ​ពេក បណ្ដាល​ឲ្យ​ភ្លើតភ្លើន​ព្រះរាជ​ហឫទ័យ ហើយ​ក៏​ទ្រង់​ទម្រេត​ព្រះ​អង្គ​ទៅ​លើ​ព្រះ​ស្នំ​ជាតិ​លាវ​ម្នាក់ ។ លុះ​ទ្រង់​ផ្ទុំ​ស្កប់ស្កល់​ទៅ​ទ្រង់​ព្រះ​សុបិននិមិត្ដ​ឃើញ​ថា “ព្រះ​ចន្ទ​រះ​ពី​ទិស​ខាងលិច​លឿន​គ្រឿន​មក​លើ​ប្រាសាទ ហើយ​ក៏​បណ្ដាល​ឲ្យ​កើត​ភ្លើង​ឆេះ​សន្ធោសន្ធៅ​លើ​ប្រាសាទ អណ្ដាតភ្លើង​រាលដាល​ទូទៅ​ពេញ​ទាំង​ព្រះ​នគរ ព្រមទាំង​រាល​ក្ដៅ​ដល់​ព្រះ​អង្គ​ផង ព្រះ​អង្គ​រត់​ទៅ​ទិសឦសាន ភ្លើង​ក៏​ឆេះ​រាល​ក្ដៅក្រហាយ​សព្វ​ព្រះ​សារពាង្គកាយ​ខ្លាំង​ណាស់” ។ ទ្រង់​បម្រះ​ដឹង​ព្រះ​ស្មារតី​ឡើង ក៏​ល្មម​ពេល​រសៀល​ម៉ោង​៣ ទ្រង់​ក៏​តើន​ចាក​ព្រះ​សុបិន​ឡើង​ពី​ក្រឡាបន្ទំ ទ្រង់​ក៏​ព្រួយព្រះទ័យ​ណាស់ ទើប​ទ្រង់​បញ្ជា​ឲ្យ​ហៅ​ព្រាហ្មណ៍​បុរោហិត និង​ពិជ័យ​ហោរា​ក៏​ប្រាប់​នូវ​និមិត្ដ​នោះ​គ្រប់​ប្រការ ។ ពិជ័យ​ហោរា​ទូល​ថ្វាយ​ព្យាករណ៍​ថា “ទ្រង់​និមិត្ដ​ក្នុង​ថ្ងៃ​សៅរ៍ ក្បួនទំនាយ​ថា ត្រូវ​លើ​ព្រះ​អង្គ​ហើយ គឺ​ព្រះ​អង្គ​នឹង​ត្រូវ​ទទួល​គ្រោះកាច ។ តាម​ព្រះ​សុបិន​នេះ ព្រះ​អង្គ​នឹង​ដឹង​ការណ៍​ឆាប់ ។ ឯ​ព្រះ​ចន្ទ​ដែល​រះ ហើយ​បង្កើត​ផ្កាភ្លើង​ឆេះ​រាល​ពាសពេញ​ទាំង​នគរ​នោះ ទំនាយ​ថា ទ្រង់​នឹង​មាន​សត្រូវ​មក​បៀតបៀន​លើ​ព្រះ​អង្គ នាំ​ឲ្យ​ព្រះ​អង្គ​ថ្លោះ​ការណ៍​ធំ​ណាស់”។ ព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ទ្រង់​ខ្ញាល់​ណាស់​ចំពោះ​ពិជ័យ​ ហោរា​ដែល​មិន​ចេះ​ប្រចុប​ឲ្យ​ស្រប​ព្រះ​ទ័យ ។ ព្រះ​ភក្ដ្រ​ទុំ​ទែង​ពន់ប្រមាណ​ទើប​ទ្រង់​ត្រាស់​ថា ហោរា​ទាយ​នេះ​ដូច​ជា​ក្រៅ​ក្បួនតម្រា​ហើយ ដូច្នេះ​ចូរ​បុរោហិត​ពិនិត្យ​ទាយ​មើល​វិញ តើ​ខាង​ណា​ទាយ​ខុស​ខាង​ណា​ទាយ​ត្រូវ ។ ព្រះ​បុរោហិត​ក្នុង​រាជត្រកូល​យល់​ថា “ទំនាយ​ហោរា​នេះ​ពុំ​សព្វព្រះទ័យ​នៃ​ព្រះ​ជ័យជេដ្ឋា​ទេ” ទើប​ក្រាបទូល​ប្រចុបប្រចែង​រក​ផ្លូវ​ឲ្យ​ស្រប​ព្រះរាជ​ហឫទ័យ ហើយ​ក្រាប​បង្គំ​ទូល​ថា ៖ “សូម​ទ្រង់​មេត្ដាប្រោស ! សុបិននិមិត្ដ​របស់​ព្រះ​អង្គ តាម​ក្បួន​ថា ទេវតា​មក​ប្រាប់​ឲ្យ​ទ្រង់​ជ្រាប​ទាំង​ប្រាំ​ប្រការ​គឺ ៖

ប្រការ​ទី​១​ -ត្រង់​ទត​ឃើញ​ព្រះ​ចន្ទ​រះ​ពី​ទិស​ខាងលិច​នោះ​ទំនាយ​ថា ព្រះ​អង្គ​នឹង​បាន​សុខក្សេមក្សាន្ដ ត្រជាក់​ត្រជុំ​ទាំង​អាណាប្រជានុរាស្ដ្រ​ក៏​បាន​សេចក្ដីសុខ​រុងរឿង​ប្រៀប​ បាន​នឹង​ពន្លឺ​ព្រះ​ចន្ទ ។

ប្រការ​ទី​២​-ត្រង់ ​ព្រះ​ចន្ទ​ចេញ​ជា​ភ្លើង​ឆេះ​ពាសពេញ​ព្រះ​នគរ​នោះ​ទំនាយ​ថា ព្រះ​អង្គ​នឹង​មាន​អំណាច​អាច​ផ្សាយ​ពេញ​ទាំង​ប្រទេស ដូច​ភ្លើង​ឆេះ​ទូទៅ​ទាំង​៨​ទិស ។

ប្រការ​ទី​៣​-ត្រង់​ថា ចំហាយ​ក្ដៅ​ដល់​ព្រះ​អង្គ​នោះ​ទំនាយ​ថា នឹង​មាន​សត្រូវ​មក​ប្រមាថ​ព្រះ​នគរ ។

ប្រការ​ទី​៤​-ត្រង់​ទត​ឃើញ​ថា ព្រះ​ចន្ទ​ពេញបូណ៌មី​នោះ​ទំនាយ​ថា សត្រូវ​នោះ​នៅ​ក្នុង​ព្រះរាជ​ត្រកូល បង្កើត​ហេតុ​មក​ពី​ទិសបស្ចឹម ។

ប្រការ​ទី​៥ -ត្រង់​ឃើញ​ថា ព្រះ​អង្គរត់ទៅ​ទិសឦសាន ហើយ​ភ្លើង​នៅ​តែ​តាម​រោល​ក្ដៅ​ដល់​ព្រះ​អង្គ​នោះ ទំនាយ​ថា បើ​កើត​មាន​សត្រូវ​ហើយ សូម​ព្រះ​អង្គ​ស្ដេច​ទៅ​តាំងទ័ព​ទប់​សត្រូវ​ពី​ទិសឦសាន ទើបនឹង​មាន​ជ័យ​ជំនះ ។ សូម​ទ្រង់​ព្រះ​មេត្ដាប្រោស ! ព្រះ​សុបិន​នេះ​ល្អ​ទេ កុំ​ព្រួយព្រះទ័យ​ឡើយ” ។

សម្ដេចព្រះជ័យជេដ្ឋា​ស្ដាប់​បុរោហិត​ព្យាករណ៍​ថ្វាយ​ហើយ មាន​ព្រះ​ទ័យ​ត្រេកអរ​ខ្លាំង​ណាស់ តែ​ដើម្បី​នឹង​រំដោះ​ព្រះ​គ្រោះ​ខ្លះ​ព្រះ​អង្គ​ក៏​ឲ្យ​បុរោហិត​ផ្លុំ​ប្រគំ ​ត្រែ​ស័ង្ខ​ថ្វាយ ទឹក​ស័ង្ខ ស្លឹក​ព្នៅ សៀត​ព្រះ​កាណ៌​ព្រះ​អង្គ ព្រមទាំង​ព្រះ​រាជទាន​ស្លឹក​ព្នៅ​មួយ​សន្លឹក​ទៅ​ព្រះរាជបុត្រ​ព្រះ​ជន្ម​៥​ ឆ្នាំ ឲ្យ​សៀត​ព្រះ​កាណ៌​ដែរ ព្រោះ​ព្រះ​អង្គ​កំពុង​ជាប់​ព្រះ​ទ័យ​នឹង​ព្រះរាជបុត្រ​នេះ ហើយ​ព្រះ​រាជទាន​រង្វាន់​ឲ្យ​បុរោហិត​ដែល​ទាយ​ត្រូវ​ព្រះ​ទ័យ​នោះ​តាម​ សព្វព្រះទ័យ ។ លំដាប់​ត​មក​ទ្រង់​ត្រាស់​ថា “អា​ហោរ​ចង្រៃ​នោះ វា​ស្អប់​អញ ទើប​វា​ក្លែង​ទាយ​ឲ្យ​អញ​ខូចចិត្ដ​ទាំង​ខូច​ទ្រព្យសម្បត្ដិ ដោយ​វា​មាន​គោល​គំនិត​សម្ងាត់​ប្រការ​ណាមួយ​ក្នុង​ខ្លួន​វា ត​មក​ទ្រង់​ដៀលត្មះ​ហោរា​នោះ​ដោយ​ប្រការ​ផ្សេងៗ ។ ពិជ័យ​ហោរា​ខំ​ក្រាបទូល​ដោយ​ជំនះ​ថា “សូម​ទ្រង់​មេត្ដាប្រោស សូម​ព្រះ​អង្គ​កុំ​អាល​ទ្រង់​អរ​តាម​ទំនាយ​បុរោហិត​ក្រាបទូល​នេះ​ឲ្យ​សោះ ព្រោះ​ការណ៍​ម្ដងនេះ​ប្រាកដជា​មាន​ដូច​ទូល​ថ្វាយ​មិនមែន​ដូច​បុរោហិត​នេះ​ទេ” ។

សម្ដេចព្រះ​ស្រីជេដ្ឋា​ ទ្រង់​ខ្ញាល់​នឹង​សម្ដី​ទូល​តប​របស់​ហោរា​នោះ​ណាស់ ទើប​ទ្រង់​ស្ទុះ​ទៅ​ចាប់​ព្រះ​សែង (ដាវ) មក​កាប់​ហោរា​បណ្ដាល​ឲ្យ​ស្លាប់​នៅ​ទីនោះ​មួយ​រំពេច ។ ក្រោយ​ពី​នោះ​មក​ចំនួន​១០​ថ្ងៃ ព្រះ​ស្រីជេដ្ឋា​ស្ដេច​ចេញ​ចង​ព្រះ​រាជរោង​រម្យ​ជួបជុំ​ពញា​លំពាំង​ធិបតី សេនាបតី និង​មន្ដ្រី​ទាំងពួង ដែល​ក្រាប​បង្គំ​ជា​យស​បរិវារ ។ ខណៈនោះ​ចៅពញា​លំពាំង​ធិបតី​ក្រាប​បង្គំ​ទូល​ថា​ “សូម​ព្រះ​អង្គ​ព្រះ​មេត្ដាប្រោស ព្រះ​ពញា​ចន្ទរាជា​បាន​ត្រឡប់​មក​ពី​ស្រុក​សៀម​វិញ​ហើយ ឥឡូវ​ស្ដេច​សង្កត់​បាន​ខេត្ត​បាត់ដំបង ហើយ​ឆ្លង​មក​សង្កត់​ខេត្ត​ពោធិ៍សាត់​ថែម​ទៀត ចៅហ្វាយស្រុក​ពោធិ៍សាត់​បាន​ប្ដឹង​ដោយ​សំបុត្រ​ចូល​មក​សុំ​កងទ័ព​អំពី​ ទូលព្រះបង្គំ​ឲ្យទៅ​ជួយ​ជា​ឆាប់” ។ ចៅពញា​លំពាំង​ធិបតី​ក្រាបទូល​ពុំ​ទាន់​ផុត​វាចា​ផង ព្រះរាជ​វនុកូល​ក្រាបទូល​ថា​ “សូម​ទ្រង់​ព្រះ​មេត្ដាប្រោស មាន​សំបុត្រ​ចៅហ្វាយស្រុក​ខេត្ត​ក្រគរ​ប្ដឹង​ទូល​បង្គំ​ថា នៅ​ខេត្ត​ពោធិ៍សាត់​នោះ ចៅពញា​សួគ៌ាលោក​អនិច្ចកម្ម​ក្នុង​ចម្បាំង​ទៅ​ហើយ ឥឡូវនេះ​ចៅពញា​ចន្ទរាជា​តាំង​ពញា​មឿង​មេ​ស្មិល ឲ្យ​ឡើងជា​ចៅពញា​សួគ៌ាលោក​ហើយ ហើយ​ឲ្យធ្វើ​ជា​មេទ័ព​សម្រេច​រាជការ​ទាំងពួង​ផង​ទៀត ចៅពញា​ចន្ទរាជា​ឲ្យ​កូន​ពញា​មឿង​ទាំង​បួន​នាក់​នោះ​ធ្វើ​ជា​សេនាបតី​សម្រាប់ ​ទ្រង់ ហើយ​ឲ្យធ្វើ​ជា​បាឡាត់​ទ័ព​មុខ​ ក្រោយ ឆ្វេង ស្ដាំ លើក​មក​វាយ​ខេត្ត​ក្រគរ​ទៀត ឥឡូវនេះ​ខេត្ត​ក្រគរ​បែក​ហើយ” ។ ព្រះ​ស្រីជេដ្ឋា​ (ស្ដេច​កន) ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​គ្រវី​ព្រះ​សិរសា ហើយ​មាន​បន្ទូល​ថា “បង​ចក្រី ចូរ​បង​ឯង​ចេញ​ទៅ​ជា​មេទ័ព​ធំ កេណ្ឌ​បណ្ដារាស្ដ្រ​ខេត្ដ​ខាងលិច ហើយ​លើក​យ៉ាង​ស្រូតរូត​ទៅ​ទប់ទល់​ទ័ព​របស់​ចៅពញា​ចន្ទរាជា​ឲ្យទាន់​ការណ៍ សូម​បង​ប្រឹង​ជួយ​ខ្ញុំ​ឲ្យ​អស់ពី​កម្លាំងចិត្ដ​ណា៎” ។ ពញា​ចក្រី​ទទួល​ព្រះរាជ​បញ្ជា​ហើយ​ក្រាបទូល​ថា “ទូលព្រះបង្គំ​លើកទ័ព​ទៅ​ម្ដងនេះ បើ​ចាប់​បាន​តួ​ខ្លា ឬ​មិន​បាន​ក៏​គង់​ខ្លា​ត្រូវ​របួស​បង់​ជន្ម​ឲ្យ​រាងចាល​ជា​មិន​ខាន​ ដែរ” ។ ព្រះ​ស្រីជេដ្ឋា ទ្រង់​ព្រះ​សណ្ដាប់​ហើយ ព្រួយព្រះទ័យ​ណាស់ ទ្រង់​ព្រះ​រាជទាន​លំពែង​ក្រំមាស​មួយ​ជា​អាជ្ញាសឹក ហើយ​ឲ្យ​លើក​កងទ័ព​ទៅ​តាំងនៅ​ខេត្ត​លង្វែក ហើយ​ទ្រង់​ត្រាស់​បង្គាប់​សម្ដេចចៅហ៊្វា​កៅ ជា​មា ឲ្យធ្វើ​ជា​មេទ័ព​ធំ ដោយ​ទ្រង់​ប្រទាន​ជា​ដាវ​គ្រឿងមាស​មួយ​ជា​អាជ្ញាសឹក ហើយនឹង​ពាន​កន្ថោរ​ទិកោ​មាស​មួយ​សម្រាប់​ជា​គ្រឿង​សម្រាប់​យស និង​ស្គរ​ហែ​ពីរ​សម្រាប់​ទូង​តាម​ផ្លូវ​ខេត្ត​កំពង់សៀម ។ សម្ដេចចៅហ៊្វា​កៅ ទទួល​ព្រះរាជ​បញ្ជា​ហើយ​ក៏​ថ្វាយបង្គំ​លា លើកទ័ព​ទៅ​ដល់​ខេត្ត​កំពង់សៀម ហើយ​ចេញ​សំបុត្រ​ទៅ​កេណ្ឌ​រេហ៍ពល​គ្រប់​ខេត្ត ។ លុះ​បាន​រេហ៍ពល​គ្រប់​ខេត្ត​មក​ជួបជុំ​គ្នា​ហើយ ចៅហ៊្វា​កៅ​ក៏​ចាត់​ចៅពញា​ឧទ័យធិរាជ​ចៅហ្វាយស្រុក​ខេត្ដ​អាសន្នទុក ឲ្យ​លើកទ័ព​កាត់​សំដៅ​ទៅ​ខេត្ត​បាត់ដំបង ឆ្លង​មក​វាយ​ខ្ទប់​ពី​ខាងក្រោយ កុំឲ្យ​ចៅពញា​ចន្ទរាជា​រត់​រួច ។ ចំណែកឯ​ចៅហ៊្វា​កៅ ខ្លួនឯង ជា​មេទ័ព​ធំ​នោះ លើកទ័ព​ឆ្លង​មក​ត្រើយ​ខាងលិច ។ រីឯ​កងទ័ព​នៃ​ចៅពញា​ចក្រី កាល​កេណ្ឌ​រេហ៍ពល​បាន​៥.៥០០​នាក់​ហើយ ក៏​ឲ្យ​ចៅពញា​តេជោ​ចៅហ្វាយស្រុក​ខេត្ដ​សំរោងទង​លើកទ័ព​១០.០០០​នាក់ ជា​ទ័ព​មុខ ឲ្យ​ចៅពញា​មេត្រី ចៅហ្វាយស្រុក​ភ្នំពេញ កាន់​ពល​១០.០០០​នាក់ ជា​ប៉ែក​ស្ដាំ ឲ្យ​ចៅពញា​វង្សាអនុជិត ចៅហ្វាយ​ស្រុក​បាទី​ កាន់​ពល​១០.០០០​នាក់ ជា​ប៉ែក​ឆ្វេង ឲ្យ​ព្រះរាជ​វរានុកូល កាន់​ពល​១០.០០០​នាក់​ជា​ទ័ព​ក្រោយ ។ ឯ​ខ្លួន​ចៅពញា​ចក្រី​កាន់​ពល​១៥.០០០​នាក់​ជា​ទ័ព​ធំ ។ ទ័ព​ចៅពញា​ចក្រី លើក​ដល់​ខេត្ត​ក្រគរ ក៏​ប្រទះ​នឹង​ទ័ព​នៃ​ចៅពញា​សួគ៌ាលោក​មឿង ។ ចៅពញា​សួគ៌ាលោក​មឿង​យល់​ថា “ទ័ព​ខាង​ពញា​ចក្រី​លើក​មក​ដល់​ហើយ ព្រមទាំង​មាន​ពល​លើស​កងទ័ព​ខ្លួន​ច្រើន​ចំនួន​ណាស់​ផង ក៏​ចាត់​ប្រើ​ចៅពញា​វង្សាអគ្គរាជ​កែវ ជា​កូនច្បង​ឲ្យ​កាន់​ពល​២.០០០​នាក់​ជា​ទ័ព​មុខ ចៅពញា​បរទេសរាជ​អង ជា​កូន​ទី​២​ឲ្យ​កាន់​ទ័ព​១.០០០​នាក់​ជា​ប៉ែក​ស្ដាំ ចាត់​ចៅពញា​វិបុលរាជ​ទេព ជា​កូន​ទី​៣​ឲ្យ​កាន់​ទ័ព​១.០០០​នាក់​ជា​ប៉ែក​ឆ្វេង ចាត់​ចៅពញា​រាជតេជៈ​សុខ ជា​កូន​ទី​៤ ជា​ទ័ព​ក្រោយ កាន់​ពល​១.០០០​នាក់ ។ ឯ​ខ្លួន​ចៅពញា​សួគ៌ាលោក កាន់​ពល​៤.០០០​នាក់ ជា​មេទ័ព​ធំ ហើយ​ចេញ​ទៅ​ត​នឹង​ចៅពញា​ចក្រី ។ ចៅពញា​អគ្គ​វង្សាអគ្គរាជ​កែវ ជា​កូនច្បង ជា​មេទ័ព​មុខ​នោះ ដេញ​ទ័ព​ឲ្យ​ចូល​ទៅ​វាយលុក​កងទ័ព​ចៅពញា​តេជោ ។ រេហ៍ពល​ក្នុង​កងទ័ព​ទាំង​២.០០០​នាក់​នោះ កាល​ស្រែក​ហ៊ោយកជ័យ​យ៉ាង​កងរំពង​ហើយ ក៏​រត់​សំដៅ​ចូល​ទៅ​លុក​កងទ័ព​នៃ​ចៅពញា​តេជោ វាយ​កាប់សម្លាប់​គ្នា​ពពាក់ពពូន ស្លាប់​ហូរ​ឈាម​ដូច​ទឹក​ទរ ឬ​ហូរ​ដូច​ជា​ស្ទឹង តែ​ទ័ព​ពញា​តេជោ​ពុំ​ព្រម​បែក​សោះ ។ ចៅពញា​អគ្គរាជ​កែវ ឃើញ​ដូច្នោះ​ហើយ ក៏​ស្ទុះ​ចូល​ទៅ​ដេញ​កាប់​ចៅពញា​តេជោ ដែល​នៅ​លើ​ខ្នង​សេះ ។ សេះ​ចៅពញា​តេជោ ដោយ​ឃើញ​គេ​ស្ទុះ​ចូល​មក​ប្រញាប់​ពេក ក៏​ភ្ញាក់ខ្លួន​ទៅ​ប៉ះ​នឹង​ដើមឈើ បណ្ដាល​ឲ្យ​ធ្លាក់​ចៅពញា​តេជោ​ពី​ខ្នង​សេះ​ខ្ពោក ។ ចៅពញា​វង្សាអគ្គរាជ​ឃើញ​បាន​ចំណាប់​ហើយ ក៏​កាប់​ពញា​តេជោ​ស្លាប់​មួយ​រំពេច ។ រេហ៍ពល​ទាំង​សងខាង ក៏​ប្រកាប់ប្រចាក់​គ្នា​ច្របូក​ច្របល់​ទៅ​វិញ​ទៅ​មក​យ៉ាង​សាហាវ​ដូច​ម្រឹគ​ ពាឡ មាន​របឹងរឹងរូស​មិន​ព្រម​ចាញ់​គ្នា​ទៅ​វិញ​ទៅ​មក​សោះ ។ ចៅពញា​វង្សាអគ្គរាជ​យល់​ថា “ពល​ខ្លួន​តិច​ណាស់ ហើយ​កងទ័ព​ខាង​សត្រូវ​ដែល​មាន​ចំនួន​ច្រើន​ស្រាប់​ទៅ​ហើយ​នោះ ក៏​រឹង​តែ​មក​ដល់​ថែម​ហើយ​ថែម​ទៀត​ផង នឹង​យកជ័យ​តទៅ​ទៀត​ពុំ​បាន​ឡើយ ទើប​នាំ​រេហ៍ពល​ថយ​មក​ជម្រាប​បិតា​តាម​ដំណើរ ។ ឯ​ចៅពញា​រាជា​មេត្រី ចៅហ្វាយស្រុក​ខេត្ត​ភ្នំពេញ និង​ចៅពញា​វង្សា​អនុជិត​ចៅហ្វាយខេត្ត​បាទី ជា​មេទ័ព​ឆ្វេង​ស្ដាំ ដែល​លើក​តាម​ទ័ព​ពញា​តេជោ​នោះ ក៏​បាន​ប្រទះ​នឹង​កងទ័ព​ចៅពញា​បរទេសរាជ និង​ចៅពញា​វិបុលរាជ​ដែល​បង្កប់​តាម​សងខាង​ផ្លូវ​នោះ ។ កងទ័ព​ចៅពញា​បរទេសរាជ និង​ចៅពញា​វិបុលរាជ កាលបើ​បាន​ប្រទះ​ហើយ​ក៏​ដេញ​ពល​ចូល​ច្បាំង កាប់​ចាក់​ពល​នឹង​ពល​ចៅហ្វាយ​នឹង​ចៅហ្វាយ ប្រកាប់​គ្នា​ទៅ​វិញ​ទៅ​មក ។ ចៅពញា​វង្សា​អនុជិត ជា​ចៅហ្វាយស្រុក​បាទី ក្នុង​ពេល​ដែល​កំពុង​ប្រកាប់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ សេះ​របស់​ខ្លួន​ផុងជើង​ចូល​ក្នុង​រណ្ដៅ​ផង ច្រឡោត​ដោយ​ស្នូរ​កាំភ្លើង​ផង ក៏​បណ្ដាល​ឲ្យ​ធ្លាក់​ចៅពញា​នេះ​ទៅ​ដី ។ មួយ​រំពេច​នោះ​ចៅ​វិបុលរាជ​ស្ទុះ​ចូល​ទៅ​កាប់​ត្រូវ​ស្មា​ចៅហ្វាយស្រុក​ ខេត្ត​បាទី បណ្ដាល​ឲ្យ​គាត់​ពិការ​ជា​ទម្ងន់ ។ អស់​សេនា​ទាហាន​ខាង​ចៅពញា​វង្សា​អនុជិត​នាំ​គ្នា​គ្រាហ៍​ចៅហ្វាយ​ខ្លួន​គេច​ បាត់​ទៅ ។ ទ័ព​ស្ដាំ​របស់​ចៅពញា​ចក្រី កាលបើ​ឃើញ​ថា “នាយ​ទ័ព​របស់​ខ្លួន​ត្រូវ​របួស​ជា​ទម្ងន់​ហើយ” ក៏​នាំ​គ្នារត់ទៅ​រក​កងទ័ព​ចៅពញា​តេជោ ។ មេកង​ចៅពញា​ចក្រី កាលបើ​ដឹង​ថា “ចៅពញា​តេជោ​ស្លាប់​ក្នុង​សង្គ្រាម​ហើយ” ក៏​នាំ​សេនា​ទាហាន​ទៅ​ទាំង​ពីរ​កង​ទៅ​ប្ដឹង​ចៅពញា​ចក្រី ។ ចៅពញា​ចក្រី​បានដឹង​ហើយ​ក៏​លើកទ័ព​ធំ​តាម​មក ។ ចៅពញា​ចក្រី លុះ​ឃើញ​កងទ័ព​ចៅពញា​រាជា​មេត្រី ចៅហ្វាយស្រុក​ភ្នំពេញ និង​ទ័ព​ពញា​បរទេសរាជ និង​វិបុលរាជ ជា​កូន​ទី​២ និង​ទី​៣ របស់​ចៅពញា​សួគ៌ាលោក​មឿង​កំពុង​ច្បាំង​ប្រកាប់​គ្នា​យ៉ាង​គឹកកង​រំពង​ខ្លាំង ​ណាស់ ដូច្នោះ​ព្រមទាំង​បាន​ក្រឡេក​មើល​ពីលើ​ខ្នង​ដំរី​ទៅ​ឃើញ​កូន​តា​មឿង​ទាំង​ ពីរ​នោះ​ក្លាហាន​ណាស់ ក៏​នឹក​ថប់​ក្រែង​ចៅពញា​រាជា​មេត្រី​ថយ​ថ្វីដៃ​របស់​កូន​តា​មឿង​ទាំង​ពីរ​ នាក់​ទើប​ចៅពញា​ចក្រី​ដេញ​រេហ៍ពល​ឲ្យ​ចូល​ទៅ​ជួយ​ច្បាំង​ថែម​ទៀត ។ ចំណែកឯ​ចៅពញា​សួគ៌ាលោក​មឿង ចៅពញា​រាជតេជៈ​សុខ កូន​ទី​៤​របស់​តា​មឿង កាល​បានដឹង​កិច្ចការ​ទ័ព​ទាំងនោះ​ហើយ ក៏​លើកទ័ព​ទៅ​ដែរ ហើយ​ចូល​ជួយ​ច្បាំង​កូន​ទាំង​ពីរ​នាក់​នោះ​ទៀត ។ ការ​ប្រយុទ្ធ​រវាង​កងទ័ព​ខាង​ចៅពញា​ចក្រី និង​ចៅពញា​សួគ៌ាលោក​មឿង បាន​ប្រព្រឹត្ដ​ទៅ​អស់​ពេល​ដ៏​យូរ តែ​មិន​មាន​ខាង​ណា​អន់​ជាង​ខាង​ណា​ឡើយ ។ ទ័ព​ទាំង​សងខាង​សុទ្ធសឹងតែ​របឹង​រឹង​រួស​មោះមុត​ដូចៗ​គ្នា ។

ខណៈនោះ ​ចៅពញា​សួគ៌ាលោក​មឿង​យល់​ថា កងទ័ព​ចៅពញា​ចក្រី​មាន​ពល​ច្រើន​ណាស់ សេនា​ទាហាន​ទាំងនោះ​ក៏​មាន​ថ្វីដៃ​ខ្លាំងៗ​ទៀត ឯ​ពល​ខាង​ខ្លួន​ក៏​ស្លាប់​ប្រមាណ​ជា​៦០​នាក់​ទៅ​ហើយ ឃើញ​ថា​នឹង​តយក​ជ័យ​ជំនះ​ពុំ​បាន​ទេ ។ លុះ​វេលា​ព្រលប់​មក​ដល់​ហើយ ចៅពញា​សួគ៌ាលោក​មឿង ក៏​វាយ​ស្គរ​ជា​សញ្ញា​ឲ្យដំណឹង​ដល់​កងទ័ព​ឲ្យ​ឈប់​ច្បាំង​គ្នា​ទាំង​ សងខាង ។ ពញា​សួគ៌ាលោក​មឿង និង​កូន​ទាំង​បួន​នាក់ ក៏​នាំ​សេនា​ទាហាន​រេហ៍ពល​ថយ​ទ័ព​ទៅ​ក្រាប​បង្គំ​គាល់​ព្រះ​ចៅពញា​ចន្ទរាជា នៅ​បន្ទាយ​ខេត្ដពោធិ៍សាត់ ព្រមទាំង​ក្រាប​បង្គំ​ទូល​តាម​ហេតុការណ៍​គ្រប់​ប្រការ ។ ចៅពញា​ចក្រី​ឃើញ​ចៅពញា​សួគ៌ាលោក​មឿង​ថយ​ទ័ព​ទៅ​នោះ មិន​ហ៊ាន​ដេញ​តាម​ទៅ​ទេ ដោយ​ខ្លាច​ចាញ់​កល​តា​មឿង​ផង ដោយ​ព្រះអាទិត្យ​អស្ដង្គត​រលត់​រស្មី​ទៅ​ហើយ​ផង ។ លុះ​ព្រឹក​ឡើង​ចៅពញា​ចក្រី​បម្រុង​នឹង​លើក​កងទ័ព​តាម​ចៅពញា​សួគ៌ាលោក តែ​ទទួល​ពេល​នោះ​សម្ដេចចៅហ៊្វា​កៅ​នាំ​ពល​៥០.០០០​នាក់​លើក​ឆ្លង​មក​ដល់​ដែរ ចៅពញា​ចក្រី​ក៏​បញ្ឈប់​ទ័ព​រង់ចាំ​ស្ដាប់​ចៅហ៊្វា​កៅ​ដែល​នឹង​ចាត់​ទ័ព​ជា​ ថ្មី​វិញ ។ វេលា​នោះ​ចៅពញា​កៅ​បាន​ចាត់​កងទ័ព​ជា​៥​កង​ដូច​តទៅ​នេះ ១-ឲ្យ​ចៅពញា​ចក្រី​កែវ​ឃុំ​ពល​៣០.០០០​នាក់ ជា​មេទ័ព​មុខ​ (ទ័ពស្រួច) ។ ២-ឲ្យ​ចៅពញា​មេត្រី​ទិព្វ ចៅហ្វាយស្រុក​ភ្នំពេញ ឃុំ​ពល​២០.០០០​នាក់ ជា​មេទ័ព​ប៉ែក​ឆ្វេង ។ ៣-ឲ្យ​ចៅពញា​ស្រែន្យ​សេនា​ឫទ្ធីជ័យ ចៅហ្វាយស្រុក​ខេត្ត​លង្វែក ឃុំ​ពល​១​.៥០០​នាក់ ជា​ប៉ែក​ស្ដាំ ។ ៤-ចៅពញា​សេនា​សង្គ្រាម​សួស ចៅហ្វាយស្រុក​ខេត្ត​អមរគីរីន្ទបូរ ឬ​អម្រិន្ទបូរ​គឺ ស្រុក​បរិបូណ៌ ឃុំ​ពល​១៦.០០០​នាក់ ជា​ទ័ព​ក្រោយ ។ ៥-ឯ​ខ្លួន​ចៅហ៊្វា​កៅ​ឯង​ឃុំ​ពល​៤០.០០០​នាក់ ជា​មេទ័ព​ធំ ។ សម្ដេចចៅហ៊្វា​កៅ​លើកទ័ព​ដេញ​តាម​ទ័ព​ចៅពញា​សួគ៌ាលោក​មឿង ដែល​ថយ​ទ័ព​មក​ក្រាប​បង្គំ​ចៅពញា​ចន្ទរាជា​នោះ ។ គ្រា​ដែល​ចៅហ៊្វា​កៅ​លើកទ័ព​ដេញ​តាម​មក​នោះ កងទ័ព​ចៅពញា​សួគ៌ាលោក​មឿង​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​អស់​ទៅ​ហើយ ។ សម្ដេចចៅពញា​ចន្ទរាជា កាល​ទ្រង់​បាន​ជ្រាប​ថា “កងទ័ព​ខាងគេ​លើក​មក​ច្រើន​ណាស់​ដូច្នេះ​ហើយ” ទ្រង់​ក៏​ត្រាស់​ឲ្យ​កេណ្ឌ​ពល​បាន​២០.០០០​នាក់​ឲ្យ​ឡើង​ទៅ​ការពារ​ បន្ទាយ ។ លុះ​កងទ័ព​ខាង​ចៅពញា​កៅ​មក​ចោម​វាយ​បន្ទាយ ទ្រង់​ក៏​ឲ្យ​ទ័ព​ក្នុង​បន្ទាយ​បាញ់​ព្រួញ ចោល​ដុំ​ថ្ម​ទៅ​ត្រូវ​កងទ័ព​សម្ដេចចៅហ៊្វា​កៅ​ស្លាប់​អស់​ជា​ច្រើន ។ ចៅហ៊្វា​កៅ​ខំ​ដេញ​ពល​ឲ្យ​ពាន​កំផែង​បន្ទាយ​ណែនណាន់​តាន់តាប់ ដូច​ស្រមោច​រោម​ស្ករ តែ​វាយ​មិន​បាន ។ កាល​ដឹង​ថា វាយ​យក​បន្ទាយ​សម្ដេចចៅពញា​ចន្ទរាជា​ពុំ​បាន ចៅហ៊្វា​កៅ​បោះទ័ព​ព័ទ្ធ​ចោម​បន្ទាយ​នោះ​ជាប់ ដើម្បី​ទប់​ទ័ព​ខាងក្នុង​មិន​ឲ្យ​ចេញ​រួច​ផង ឲ្យ​អត់បាយ​បរិភោគ​រហូត​ដល់​ស្លាប់ ឬ​ត្រូវ​ដាច់​ពោះ​គ្រប់ៗ​គ្នា​ផង ។ សម្ដេចចៅហ៊្វា​កៅ ចៅពញា​ចក្រី​កែវ ឲ្យ​ពល​ចោមរោម​បន្ទាយ​រហូត​ដល់​១២​ខែ ។ កងទ័ព​ខាង​សម្ដេចចៅពញា​ចន្ទរាជា ចេញ​មិន​រួច​មែន ស្បៀងអាហារ​ក្នុង​បន្ទាយ​ក៏​ចេះ​តែ​ហោចទៅៗ​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់​ដោយ​ បន្ទាយ​នោះ​មិន​មានការ​ប្រុងប្រៀប​មាំមួន ប៉ុន្ដែ​ដោយហេតុ​បារមី​របស់​ព្រះ​អង្គ​ដែល​បាន​សាង​មក​ពី​អតីតកាល បណ្ដាល​ឲ្យ​កង​ជញ្ជូន​ស្បៀង​ខាង​សម្ដេចចៅហ៊្វា​កៅ បញ្ជូន​ទៅ​ពុំ​ទាន់ ។ ដូច្នេះ​សម្ដេច​ចៅហ៊្វា​កៅ​ក៏​ឲ្យ​កងទ័ព​មក​តាំង​បន្ទាយ​ឆ្ងាយ​ពី​បន្ទាយ​ ព្រះ​ចន្ទរាជា ចម្ងាយ​៣​សិន ឲ្យ​កងទ័ព​ព័ទ្ធ​ជុំវិញ​ទៀត ។ ការណ៍​ដែល​ចៅហ៊្វា​កៅ​ឲ្យ​ថយ​ទ័ព​នេះ ប្រយោជន៍​ឲ្យ​កងទ័ព​ផ្លាស់​ប្ដូរ​គ្នា​ចេញ​ទៅ​រក​ស្បៀង​អាហារ​ក្នុងភូមិ​ ជិតខាង ។ សម្ដេចចៅពញា​ចន្ទរាជា កាល​ទត​ឃើញ​ថា កងទ័ព​សត្រូវ​ថយ​ឃ្លាត​ពី​បន្ទាយ​ព្រះ​អង្គ​ហើយ ព្រះ​អង្គ​ក៏​ទ្រង់​ប្រឹក្សា​នឹង​នាយកង​នាយ​ទ័ព​ថា “ទ័ព​សត្រូវ​រំលៀក​ចេញពី​បន្ទាយ​យើង​បន្ដិច​ហើយ ការណ៍​នេះ​ល្អ​ប្រពៃ​ហើយ​ជា​ឱកាស​ឲ្យ​យើង​គិត​ដោះដៃ​ចេញពី​សត្រូវ​បាន​ដោយ​ ស្រួល ចុះ​យើង​នឹង​គិត​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ចេញ​រួច​ពី​ចំណោទ​ នេះ ?” ។ ចៅពញា​សួគ៌ាលោក​មឿង ក្រាបទូល​ថា “បើ​យើង​នឹង​គិត​វាយ​ទម្លាយ​ចេញ​នោះ ក៏​ចេញ​រួច​បាន​ដែរ ពីព្រោះ​ពល​យើង​មាន​២០.០០០​នាក់ ឯខាង​ពល​គេ​មាន​ចំនួន​ដល់​ទៅ​ជាង ១០០.០០០​នាក់ បើ​យើង​ចេញ​រួច​ទៅ ទ័ព​ទាំង​សងខាង​ក៏​គង់​ស្លាប់​ច្រើន​ជា​មិន​ខាន បើ​យើង​រឹង​នៅ​តែ​ក្នុង​បន្ទាយ​នេះ​មិន​ចេញ​ទទួល​ច្បាំង​សោះ​ក៏​មិន​បាន​ដែរ ពីព្រោះ​បន្ទាយ​របស់​យើង​ទើបនឹង​តាំង​ថ្មី ឯ​ស្បៀងអាហារ​ក៏​ពុំ​ទាន់​មាន​បរិបូណ៌​ដល់​យូរ​ទៅ​ក្រែង​លំបាក​ក្នុង​ការ​ ខ្វះខាត​គ្រប់យ៉ាង ទូលព្រះបង្គំជាខ្ញុំ​គិត​យកគំនិត​មួយ​មក​សូម​ទទួល​អាសា​គឺ​ទៅ​កេណ្ឌ​កងទ័ព​ បិសាច​ឲ្យមក​ចោមរោម​វាយ​ទ័ព​ចៅហ៊្វា​កៅ បើ​ទ្រង់​ព្រះ​រាជានុញ្ញាត ទូល​ព្រះបង្គំ​យល់​ឃើញច្បាស់​ថា មុខជា​ឈ្នះសត្រូវ​ដោយ​ងាយ បើ​ទ្រង់​ព្រះករុណា​ពិសេស​យល់ព្រម​ផង​នោះ សូម​ឲ្យ​ជីករណ្ដៅ​កណ្ដាល​បន្ទាយ​នេះ​ឲ្យ​បានជា​ប្រញាប់​ដើម្បី​ទូលព្រះបង្គំ ​នឹង​បាន​គិតការ​ថ្វាយ​ឲ្យទាន់​ពេលវេលា ។ សម្ដេចចៅពញា​ចន្ទរាជា កាល​ទ្រង់​សណ្ដាប់​ចៅពញា​សួគ៌ាលោក​ទូល​សុំ​យ៉ាងនេះ ទ្រង់​ពុំ​ជឿ​សោះ​ទេ ទើប​ព្រះ​គ្រវី​ព្រះ​សិរសា ហើយ​ត្រាស់​ថា “ពី​បូរាណ​រៀង​មក​យើង​ពុំដែល​ឮ​ថា មាន​ឈ្មោះ​ណា​ទៅ​កេណ្ឌ​យក​ទ័ព​ខ្មោច​បិសាច​មក​ជួយ​ច្បាំង​មនុស្ស​ដល់​ម្ដង​ ឡើយ ណ្ហើយ​អ្នក​ចៅពញា​លែង​គិត​គំនិត​បែប​នេះ​ចុះ ព្រោះ​ជា​គំនិត​មិន​ដែល​មាន​អ្នក​ណា​គិត​មក​ពី​មុន​ផង និង​ជា​កិច្ចការ​មួយ​ដែល​ខ្ញុំ​មិន​ជឿ​ថា​មាន​ប្រសិទ្ធភាព​ទាល់តែ​សោះ​ ផង” ។ ចៅពញា​សួគ៌ាលោក​មឿង ក្រាបទូល​ថា “បើ​ទ្រង់​មិន​សព្វព្រះរាជ​ហឫទ័យ​ឲ្យ​គិត​ធ្វើ​តាម​ចំណេះ និង​តាម​មន្ដ​វិជ្ជាការ​ទូលព្រះបង្គំ​ទេ នោះ​ទូល​បង្គំ​នឹង​អារ​ក​ឲ្យ​ស្លាប់​នៅ​ទី​នេះ ក្នុង​ពេល​ឥឡូវនេះ​ហើយ ព្រោះ​បើ​នឹង​រស់នៅ​តទៅ​ទៀត ក៏​មិន​បាន​ជួយ​យកអាសា​ផែនដី​ថ្វាយ​ព្រះ​អង្គ​ដល់​កម្រិត​ដែរ” ។ ថា​ហើយ ចៅពញា​សួគ៌ាលោក​មឿង ក៏​ហូត​ដាវ​បម្រុង​នឹង​អារ​ក​តាម​ពាក្យ​ដែល​ខ្លួន​បាន​ក្រាបទូល ។ ខណៈនោះ​សម្ដេចចៅពញា​ចន្ទរាជា ទ្រង់​ក្រឡេក​ព្រះ​នេត្រា​ឃើញ​ទាន់​ក៏​ស្ទុះ​ទៅ​ចាប់​ដាវ​នោះ​ចេញពី​ដៃ ហើយ​ទ្រង់​ត្រាស់​ថា “កុំ ! កុំ​ចៅពញា កុំ​សម្លាប់​ខ្លួន ខ្ញុំ​ស្ដាយ​លោក​ណាស់ ខ្ញុំ​ព្រម​តាម​ចៅពញា​ហើយ ដូច្នេះ​បើ​ចៅពញា​គិត​ឃើញ​ដូច​ម្ដេច​ស្រួល សូម​ចៅពញា​ធ្វើ​តាម​គំនិត​នោះ​ចុះ” ។ ចៅពញា​សួគ៌ាលោក​ឮ​ហើយ​មាន​អំណរ​ណាស់ ទើប​ថ្វាយបង្គំ​លា​ចេញ​មក​ក្រៅ​ដំណាក់ ហើយ​ក៏​ចាត់​កូនទាហាន​ឲ្យ​ជីករណ្ដៅ​ធំ​មួយ​ជម្រៅ​៨​ហត្ថ​បួន​ជ្រុង ធ្វើ​រាន​ទេវតា​៧​ថ្នាក់ ដាក់​បាយសី ទឹកអប់ និង​គ្រឿង​បូជា ហើយ​ធ្វើ​រាជវ័តិ​ព័ទ្ធ​ជុំវិញ ។ លុះ​ពួក​ពល​ធ្វើ​តាម​បង្គាប់​សព្វគ្រប់​ហើយ ចៅពញា​សួគ៌ាលោក​មឿង ក៏​ស្លៀក​ស ពាក់​ស ហើយ​ឲ្យ​រៀបចំ​ភ្លេង​ទាំង​៨​ទិស ។ រឿង​ចៅពញា​មឿង​នេះ​មាន​ក្នុង​ព្រះ​របាក្សត្រ​ថា ពញា​មឿង​នេះ​ជា​មេ​ស្មឹង មាន​កូន​ប្រុស​៤​នាក់ គឺ​ឈ្មោះ​កែវ​១ កែ​១ ទេព​១ សុខ​១ ។ ពញា​មឿង​មាន​សម្លាញ់​ម្នាក់​ឈ្មោះ ចន្ទ ធ្វើ​ជា​ជំទប់​ស្មឹង​ក្រវាញ ។ ក្នុង​គ្រានោះ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​មាន​អ្នក​ម្នាង​ម្នាក់​ឈ្មោះ អ្នក​ម្នាង​ខៀវ ។ អ្នក​ម្នាង​ខៀវ​នោះ​ទ្រង់​មានគភ៌​៧​ខែ ហើយ​អ្នក​ម្នាង​មាន​បាវ​ស្រី​មួយ​ឈ្មោះ​ នាង​ពេញ ។ សាស្ដ្រា​របាក្សត្រ​នោះ​និយាយ​ទៀត​ថា ក្នុង​គ្រា​ដែល​សម្ដេច​ចៅញា​ចន្ទរាជា ស្ដេច​លើកទ័ព​ពី​ក្រុង​អយុធ្យា​មក​ខេត្ត​ពោធិ៍សាត់​នោះ ពញា​មឿង នាំ​ដំរី សេះ ជា​ច្រើន ថ្វាយ​ទុក​ធ្វើសង្គ្រាម​ប្រយុទ្ធ​នឹង​ព្រះ​ស្រីជេដ្ឋា (ស្ដេច​កន) ។ សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​មក​ដល់​ខេត្ត​ក្រគរ បាន​ប្រយុទ្ធ​នឹង​ទ័ព​ព្រះ​ស្រីជេដ្ឋា ដូច្នេះ​ព្រះ​អង្គ​ក៏​ថយ​ទៅ​ប្រថាប់​ទ័ព​នៅ​បន្ទាយមានជ័យ ខេត្ត​ពោធិ៍សាត់​ក្នុង​ឃុំ​បាក់នឹម​វិញ ។ ខណៈនោះ​ពញា​មឿង កាល​ឲ្យ​ពល​ជីករណ្ដៅ​ជម្រៅ​៨​ហត្ថ​បួន​ជ្រុង​ហើយ ក៏​ថ្វាយបង្គំ​លា​សម្ដេច​ចៅពញា​ចន្ទរាជា​ទៅ​កេណ្ឌ​បិសាច​ឲ្យមក​ជួយ​ ធ្វើសង្គ្រាម ។

មុន​នឹង​ទៅ​កេណ្ឌ​ បិសាច​នោះ ពញា​មឿង​បាន​ផ្ដាំ​នឹង​ពញា​ចន្ទ​ជា​សម្លាញ់​ដែល​ជា​ជំទប់​មេ​ស្មឹង​ ភ្នំក្រវាញ​ថា “ឲ្យ​សម្លាញ់​ឯង​នៅ​ជា​មេ​ស្មឹង​ជំនួស​អញ ដើម្បី​និយាយ​ត​ពី​ព្រះមហាក្សត្រ​អញ កុំបី​ឲ្យ​ព្រះ​អង្គ​និយាយ​ផ្ទាល់​នឹង​អញ​ឡើយ មួយទៀត​បើ​ដល់​ថ្ងៃស្អែក​ពេញបូណ៌មី ខែ​ពិសាខ វេលា​យប់ បើ​ឯង​ឮ​សូរ​សន្ធឹក​ខ្ទខ្នរ​ខ្ទាខ្ទា​មេឃ​ក្នុង​ដី​ហើយ​ឲ្យ​ឯង​ក្រាបទូល​ ព្រះ​បរមបពិត្រ​សូម​ឲ្យ​ទ័ព​ទៅ​ចោម​បន្ទាយ​សត្រូវ​ជា​ប្រញាប់​ចុះ”។ ឯ​អ្នក​ម្នាង​ខៀវ កាល​ឮ​ថា “ពញា​មឿង​សម្លាប់​ខ្លួន​ទៅ​កេណ្ឌ​ទ័ព​បិសាច ហើយ​ក៏​មាន​ចិត្ដ​ឈឺឆ្អាល​ជួយ​ផែនដី ។ កាល​ឃើញ​ពញា​មឿង​ចូល​ក្នុង​រោង​រាជវ័តិ តាំង​ពិធីបួងសួង​ទេវតា​ដូច្នោះ អ្នក​ម្នាង​ក៏​ថ្វាយបង្គំ​លា​សម្ដេចចៅពញា​ចន្ទរាជា​ចូល​ទៅ​ក្នុង​ទី​ព្រះរាជ ​ពិធី​ដែរ ។ លុះ​បួងសួង​ទេវតា​ស្រេច​ហើយ អ្នក​ម្នាង​ខៀវ និង​ចៅពញា​សួគ៌ាលោក ក៏​លោត​ទាំង​ពីរ​នាក់​ទៅ​ក្នុង​រណ្ដៅ ។ ព្រះ​បរមបពិត្រ និង​បណ្ដា​ជា​ខ្ញុំ ក្រុម​រាជការ ជួយ​ឃាត់​ផង​ក៏​ពុំ​ស្ដាប់ ។ ក្នុង​គ្រានោះ​កូន​ពញា​មឿង​ទាំង​៤​នាក់​ដែល​ព្រះ​បរមបពិត្រ​ស្ដេច​បាន​តាំង​ ជា​មន្ដ្រី​ទាំង​៤​នាក់​នោះ​គឺ ៖

  1. ឈ្មោះ កែវ ទ្រង់​បាន​តាំង​ជា “ចៅពញា​វង្សាអគ្គរាជ
  2. ឈ្មោះ កែ ទ្រង់​បាន​តាំង​ជា “ចៅពញា​បរទេសរាជ
  3. ឈ្មោះ ទេព ទ្រង់​បាន​តាំង​ជា “ចៅពញា​វិបុលរាជ
  4. ឈ្មោះ សុខ ទ្រង់​បាន​តាំង​ជា “ចៅពញា​រាជតេជៈ” ។

កូន​ទាំង​បួន​នាក់ កាលនោះ​បាន​ឃើញ​បិតា​លោត​សម្លាប់​ខ្លួន​ទៅ​កេណ្ឌ​បិសាច​ដូច្នោះ ក៏​និយាយ​គិត​គ្នា​ថា “បិតា ​យើង​ទៅ​តែ​ម្នាក់ឯង​គ្មាន​គេ​ទៅ​ជួយ​បម្រើ ជួយ​គិត​កេណ្ឌ​បិសាច​ផង​សោះ បើ​យ៉ាងនេះ​ក្រែង​ឪពុក​យើង​ធ្វើការ​នេះ​ពុំ​ទាន់​ការ ដូច្នោះ​យើង​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​ជាមួយ​គាត់” ។ ថា​តែ​ប៉ុណ្ណោះ កូន​ទាំង​៤​នាក់​នោះ​ក៏​ស្ទុះ​ទៅ​លោត​តាម​បិតា​ទាំងអស់​គ្នា ។ តែ​ខណៈនោះ​ក្រុម​រាជការ​ចាប់​មិន​ឲ្យ​លោត​តាម ដើម្បី​ឃាត់​ឲ្យ​នៅ​ធ្វើ​រាជការ​បាន​ពីរ​នាក់​មក​វិញ គឺ​ចៅពញា​វិបុលរាជ​ទេព​១ និង​ចៅពញា​តេជៈ​សុខ​១ ។ ឯ ចៅពញា​វង្សាអគ្គរាជ​កែវ និង​ចៅពញា​បរទេសរាជ​កែ​ (ឬ​អង់) ជា​កូន​ទី​១ ទី​២ នោះ ខ្ញុំ​រាជការ​ចាប់​ឃាត់​ពុំ​ទាន់ ក៏​លោត​ចុះ​ទៅ​ក្នុង​រណ្ដៅ​ស្លាប់​ជាមួយ​បិតា​ទៅ ។ អ្នក​ម្នាង​ខៀវ ក៏​លោត​សម្លាប់​ខ្លួន​ទៅ​ក្នុង​រណ្ដៅ​រួម​ជា​៤​នាក់ ។ (ខ្មោច​ទាំង​៤​នោះ បាន​កើត​ឡើងជា​ដំបូក​ឃ្លាំងមឿង​ដល់​សព្វ​ថ្ងៃនេះ)។

លុះដល់ ​ព្រះ​ចន្ទ​ចរ​ត្រង់​ក្នុង​ថ្ងៃពេញបូណ៌មី​ខែ​ពិសាខ​នោះ​ក៏​ស្រាប់តែ​ឮ​សូរ​ សន្ធឹក​ខ្ទរខ្ទារ​មហិមា​នៅ​លើ​មេឃ និង​នៅ​ក្នុង​ដី នាំ​ឲ្យ​ភិតភ័យ​ក្រៃ​លែង ហាក់ដូចជា​កក្រើក​ក្រឡា​មហា​ប្រថពី ។ ខណៈនោះ​ពញា​ចន្ទ មេ​ស្មឹង​ បាន​យក​សេចក្ដី​ក្រាបទូល​សម្ដេចចៅពញា​ចន្ទរាជា​តាម​បណ្ដាំ​ចៅពញា​សួគ៌ាលោក​ មឿង​ដែល​បាន​ផ្ដាំ​នោះ ។ សម្ដេចចៅពញា​ចន្ទរាជា ក៏​លើកទ័ព​ទៅ​ចោម​បន្ទាយ​សត្រូវ ។ ឯ​កងទ័ព​សត្រូវ​បាន​ឮ​សូរ​សន្ធឹក​ខ្ទរខ្ទា​លើក​មក​ក្នុង​ដី​លើ​មេឃ សន្ធឹក​ដូច​ជា​រន្ទះ​ដូច្នោះ ក៏​ភិតភ័យ​ញ័រ​ដៃ​ញ័រ​ជើង​រន្ធត់​តក់​ស្លត់​រត់​ចោល​បន្ទាយ ចោល​សាស្ដ្រាវុធ រត់គេច​ខ្លួន​ដោះ​ឲ្យ​រួច​ជីវិត​តែ​សព្វ​ខ្លួន ។ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​លើក​ពល​យោធា​ចូល​ក្នុង​បន្ទាយ​សត្រូវ ហើយ​ទ្រង់​ចាត់​កងទ័ព​ឲ្យ​ដេញ​តាម​សត្រូវ​ទៅ ។ ព្រះ​អង្គ​បាន​គ្រឿងសាស្ដ្រាវុធ ស្បៀងអាហារ សេះ ដំរី ជា​ច្រើន​ដែល​នៅ​ក្នុង​បន្ទាយ​នោះ​ទាំង​ប៉ុន្មាន ។

ថ្ងៃ ​ក្រោយមក​នាង​ពេញ​ជា​បាវ​អ្នក​ម្នាង​ខៀវ​បានដឹង​ថា “ចៅហ្វាយ​ខ្លួន​ស្លាប់​ទៅ​ហើយ ហើយ​កើតជា​បិសាច​រក្សាស្រុក​ដូច្នោះ” នាង​អធិដ្ឋាន​ថា “ខ្ញុំ​សូម​ឲ្យ​បាន​ទៅ​ជួបនឹង​ចៅហ្វាយ​ខ្ញុំ​ហើយ​ឲ្យ​បានជា​ផ្នូក​ផ្នូល​ ព្រះ​នគរ” លុះ​បួងសួង​ហើយ នាង​ពេញ​ក៏​លោតទឹក​ស្ទឹង​ពោធិ៍សាត់​ជិត​ផ្សារ​ក្រោម​នោះ ហើយ​ស្លាប់​ទៅ​កើតជា​បិសាច​ស្ថិត​នៅ​ក្នុង​ទី​ដំបូក​ទាំង​បី ។ អ្នក​ម្នាង​ខៀវ កើតជា​ដំបូក​មួយ​នៅ​ខាងជើង​ ពញា​មឿង កើតជា​ដំបូក​មួយ​នៅ​ខាងត្បូង វង្សាអគ្គរាជ​កែវ និង​បរទេសរាជ​កែ ដែល​ជា​កូន​ពញា​សួគ៌ាលោក​មឿង​នោះ កើតជា​ដំបូក​មួយ​នៅ​ខាងលិច ។ ដំបូក​បី​ដុះ​ជាប់​គ្នា​ជា​បី​មុំ ទៅ​ជា​ដំបូក​ផ្នូក​ផ្នូល​នៃ​ព្រះ​នគរ ដូចដែល​និយាយ​ក្នុង​ទំនាយ​ដូច​ខាងក្រោម​នេះ ៖

  1. ដំបូក​ខាងជើង គឺជា​ដំបូក​អ្នក​ម្នាង​ខៀវ ជា​ដំបូក​ផ្នូក​ផ្នូល​ខាង​ម្ចាស់ផែនដី ។
  2. ដំបូក​ត្បូង គឺជា​ដំបូក​ចៅពញា​មឿង ជា​ដំបូក​ផ្នូក​ផ្នូល​ខាង​ចៅហ្វាយស្រុក ។
  3. ដំបូក​ខាងលិច គឺជា​ដំបូក​កូន​ពញា​មឿង ជា​ដំបូក​ផ្នូក​ផ្នូល​ខាង​ក្រវាញ ។
  4. កោះមួយ​នៅ​ក្នុង​ស្ទឹង​នៃ​ខេត្ត​ពោធិ៍សាត់​នោះ​នៅ​ផ្សារក្រោម​ជា​កោះ​នាង​ ពេញ ។ កោះ​នេះ​ជា​ផ្នូក​ផ្នូល​ខាង​ចៅហ្វាយស្រុក​ដែរ ។

ផ្នូក​ផ្នូល​នៃ​ដំបូក​ទាំង​បួន ៖

  1. ដំបូក ​អ្នក​ម្នាង​ខៀវ​នោះ​ប្រែ​ឈ្មោះ​ថា “ដំបូក​កន្ទោងខៀវ” ។ បើ​ដំបូក​នេះ​ដុះ​លូតលាស់​ទំនាយ​ថា ព្រះមហាក្សត្រ​នឹង​ក្សេមក្សាន្ដ ។ បើ​ដំបូក​នេះ​របេះ​រេចរឹល​ទំនាយ​ថា ព្រះមហាក្សត្រ​នឹង​មានទុក្ខ ឬ​មាន​ព្រះ​រោគ ។ បើ​ដំបូក​នោះ​ប្រេះ ឬ​បែក​ទំនាយ​ទាយ​ថា ព្រះមហាក្សត្រ​នឹង​អស់ព្រះជន្ម ។
  2. ដំបូក​ពញា​មឿង​ប្រែ​ ឈ្មោះ​ថា “ដំបូក​ឃ្លាំងមឿង” (ពី​ដើម​ហៅ​ថា “ខ្លាង​មឿង” តែ​ពាក្យ​នេះ​ជា​ពាក្យ​សៀម​ប្រែជា​ខ្មែរ​ថា “អ្នកតា​ចាស់​ស្រុក”) បើ​ដំបូក​នេះ​ដុះ​លូតលាស់​ល្អ​ទំនាយ​ថា ចៅហ្វាយស្រុក​នឹង​ក្សេមក្សាន្ដ ។ បើ​ដំបូក​នោះ​របេះ​រេចរឹល​ទំនាយ​ថា ចៅហ្វាយស្រុក​នឹង​មាន​ទុក្ខ​ព្រោះ​កិច្ចការ​រាជការ ឬ​មាន​រោគ ។ បើ​ដំបូក​នោះ​ប្រេះ​បែក ទំនាយ​ថា​ចៅហ្វាយស្រុក​នឹង​អស់បុណ្យ ឬ​អស់​ជីវិត ។
  3. ដំបូក​កូន​ពញា​មឿង​នៅ​ខាងលិច នោះ​ប្រែ​ឈ្មោះ​ថា “ដំបូក​ក្រវាញ” ។ បើ​ដំបូក​នោះ​ដុះ​លូតលាស់​ល្អ ទំនាយ​ថា ក្រវាញ​នឹង​កើត​ដើម​ច្រើន មាន​ផ្លែ មាន​ផ្កា​ច្រើន ។ បើ​ដំបូក​នោះ​របេះ​រេចរឹល​តែ​ខាងៗ​ទំនាយ​ថា ក្រវាញ​នោះ​ពុំ​សូវ​ផ្លែផ្កា​ទេ ។ បើ​ដំបូក​នោះ​របេះ​រេច​ទាប​ចុះ​មក​ទំនាយ​ថា ក្នុង​ព្រៃ​នឹង​ឆេះ​ក្រវាញ​អស់ ។ បើ​មាន​សត្វ​ទៅ​ធ្វើ​រូង​នៅ​ក្នុង​ដំបូក​នោះ​ទំនាយ​ថា និង​មាន​អ្នក​បរទេស​ដណ្ដើម​យក​សួយ​ក្រវាញ​នោះ ។
  4. កន្លែង ​ដែល​នាង​ពេញ​លោត​សម្លាប់​ខ្លួន​ក្នុង​ស្ទឹង​នោះ​ឈ្មោះ​ថា “កន្លែង​ដូនពេញ” បើ​ច្រាំង​ស្ទឹង​នោះ​ដុះ​លូតលាស់​ល្អ ទំនាយ​ថា ចៅហ្វាយស្រុក​នឹង​ក្សេមក្សាន្ដ ។ បើ​ច្រាំង​នោះ​បាច់​រេចរឹល​ទំនាយ​ថា ចៅហ្វាយស្រុក​មានទុក្ខ​ក្នុងផ្ទះ ឬ​មានទុក្ខ​ពី​រាជការ ។ បើ​ច្រាំង​ស្ទឹង​នោះ​បាក់​ទំនាយ​ថា ចៅហ្វាយស្រុក​នឹង​អស់បុណ្យ ។

របៀប​គោរព​អ្នកតា​ឃ្លាំងមឿង​នោះ​មាន​ដូចនេះ​គឺ ៖

  1. ដល់ ​ខែ​ពិសាខ មេ​ស្មឹង​ត្រូវ​តែងខ្លួន​ឲ្យ​មាន​មនុស្ស​ពាក់​ស្នែងទន្សោង​តាម​របៀប​ពញា​មឿង ​កាលដែល​នៅ​រស់​ដើរ​បរបាញ់​សត្វ​ក្នុង​ព្រៃ ។ ត្រូវ​ឲ្យ​មាន​ភ្លេង​លេង​ច្រៀង​រាំ​ថ្វាយ​ក្នុង​វេលា​ព្រឹក ។ សាស្ដ្រា​ច្បាប់​ដើម​មិន​មាន​បង្គាប់​ឲ្យ​លេងភ្លេង​បទ​អ្វីៗ​ទេ ប៉ុន្ដែ​តាម​ពាក្យ​ចចាមអារ៉ាម​ថា បទ​ភ្លេង​ត្រូវ​លេង​តាម​របៀប​ភ្លេងអារក្ស ។
  2. ឯ​របៀប​ តង្វាយអ្នកតា​ឃ្លាំងមឿង​នោះ​គឺ​ចម្អាប​ពីរ​គូ ប្រាក់​៥​ស្នឹង សំពត់​ស អាវ​មួយ កាស​៥, ទៀន ស្លាធម៌​៤ ស្លាជម​៤ ទឹកអប់​៤ ក្បាលដំរី​មួយគូ មាន់​ស្ងោរ​មួយគូ ផ្លែ​ឈើ​បួន​តោក ។ ក្នុង​មួយ​តោកៗ​ត្រូវ​មាន​អង្ករ​ទ្រាប់​បាត​តោក​នោះ​ចំនួន​មួយ​នាឡិ ស្លា​ពីរ​ពាន់ ស្រា​ពីរ​ដប ។ នេះ​ជា​តង្វាយ​ព្រមទាំង​របៀប​ដែល​ពួក​គេ​រៀបចំ​ឲ្យ​ពួក​អ្នកលេង​នោះ​សប្បាយ​ ជា​ច្រើន​ដង ។
  3. តង្វាយអ្នកតា​កន្ទោងខៀវ​នោះ របៀប​ដូច​តង្វាយអ្នកតា​ឃ្លាំងមឿង​ដែរ ខុស​គ្នា​ត្រង់​តង្វាយ​កន្ទោងខៀវ​ត្រូវ​មាន​កន្ទោង​ធំ​មួយ​ដាក់​បង្អែម ចម្អាប និង​ពងមាន់​៧ ។
  4. ក្នុង​ថ្ងៃ​ដែល​ឡើងអ្នកតា​នោះ​ មេស្រុក និង​អ្នកស្រុក​ទាំង​បួន​ទិស ត្រូវ​យក​ទឹក​ទៅ​ជូន​ចៅហ្វាយស្រុក ។ ឯ​ចៅហ្វាយស្រុក​ត្រូវ​ទទួល​ទឹក​នោះ​ហើយ​លើក​ទឹក​ចាក់​ឲ្យ​ចំ​អ្នកតា​ ឃ្លាំងមឿង ។ បើ​ទឹក​នោះ​ហូរ​ទៅ​ទិស​ខាង​ណា​ច្រើន​ជាង​ទំនាយ​ថា ភ្លៀង​ច្រើន​ទិស​ខាង​នោះ ។

ឯត្រង់​ទី​ដី​ដែល​ហៅ​ថា “កន្លែង​ដូនពេញ” នោះ​ក្នុង​មួយ​ឆ្នាំ​មេស្រុក និង​អ្នកស្រុក​ត្រូវ​យក​កន្ទោង​ធំ​មួយ​ដាក់​ពងមាន់​៧ និង​បង្អែមចម្អាប​ទៅ​ដាក់​ថ្វាយ​នៅ​ត្រង់នោះ សូម​សុខ​សប្បាយ បើ​ខានមិនបាន​ដាក់​ទេ អ្នកស្រុក​ភូមិ​នឹង​កើត​ជំងឺ​តម្កាត់​ជា​ខ្លាំង ។ ឥឡូវនេះ​និយាយ​ពី​ព្រឹត្តិការណ៍​ក្រោយ​ពញា​មឿង​បូជា​ខ្លួន ៖ កាល​ពញា​មឿង ពញា​វង្សាអគ្គរាជ ពញា​បរទេសរាជ​កែ អ្នក​ម្នាង​ខៀវ លោត​ចុះ​ទៅ​ក្នុង​រណ្ដៅ ហើយ​ពួក​តូរ្យតន្ដ្រី​តាំង​ប្រគំ​រងំ​ខ្ទរខ្ទារ​ទាំង​៨​ទិស​នោះ​មក ដំណឹង​ក៏​ជ្រាប​ដល់​ព្រះបាទ​សម្ដេច​ចន្ទរាជា ។ ព្រះ​បរមបពិត្រ​ទ្រង់​ឲ្យ​និមន្ដ​ព្រះសង្ឃ​បង្សុកូល ធ្វើបុណ្យ​សង្គាយនា​៣​ថ្ងៃ​៣​យប់ ទើប​ទ្រង់​តាំង​ចៅពញា​វិបុលរាជ​ទេព​ជា “សួគ៌ាលោក” ជំនួស​ពញា​មឿង ។ ចៅពញា​តេជៈ​សុខ​ជា​កូន​ពញា​មឿង ទ្រង់​ឲ្យ​គ្រងងារ​ជា “ចៅពញា​សង្គ្រាម” ជា​ចៅហ្វាយស្រុក​ខេត្ត​អមរគីរីន្ទបូរ (ឬ​អម្រិន្ទបូរ) ស័ក្ដិ​១០​ហ៊ូពាន​ដូចគ្នា ។ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ចៅពញា​សេនា​សង្គ្រាម សុខ ចាត់​ពល​នឹង​លើក​ទៅ​តាម​សឹកសត្រូវ ។ ក្រោយ​ថ្ងៃ​បុណ្យឧទ្ទិសកុសល​ជូន​ខ្មោច​ពញា​មឿង​នោះ ក្នុង​ពេល​ព្រឹក​មាន​មនុស្ស​ម្នាក់​ឈ្មោះ ហ្ម ជ័យ យក​ដំរី​ភ្លុក​មួយ​កម្ពស់​៦​ហត្ថ ១២​ធ្នាប់ មាន​រូបល្អ​បរិសុទ្ធ មក​ក្រាបទូល​ថ្វាយ​ព្រះ​ចន្ទរាជា ។ ដំរី​នោះ​មាន​កិរិយា​ប្រពៃ​ក្រៃ​លែង​ជាង​ដំរី​ទាំងពួង ។ សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​ទ្រង់​សព្វព្រះទ័យ​ណាស់ ទុក​ដំរី​នោះ​ជា​ព្រះ​ទីនាំង តាំង​ខ្នាន់​នាម​ជា “ព្រះ​ពិជ័យ​គជា” តាម​ឈ្មោះ​ហ្ម និង​តាម​ជាតិ​ដំរី ។ ទ្រង់​តាំង​ហ្ម​ជ័យ​នោះ​ជា​ចៅហ្វាយស្រុក​ខេត្ត​ក្រង រួច​ហើយ​ស្ដេច​យាង​ទៅ​ឯមុខ​ព្រះ​ពន្លា ។ លុះ​ឃើញ​អ្នកមុខ​អ្នកការ បណ្ដារាស្ដ្រ​នាំ​ដំរី សេះ មក​ក្រាប​បង្គំ​ទូល​ថ្វាយ ខ្លះ​មួយ ខ្លះ​ពីរ ស្ដេច​ទទួល​បាន​ដំរី​៣៥ និង​សេះ​៣០ ។ ទ្រង់មាន​ព្រះ​អំណរ​ណាស់ ស្ដេច​ប្រោស​ព្រះ​រាជទាន​រង្វាន់​ជា​មាស ប្រាក់ និង​យ័ស​សក្ដិ ដល់​ជន​ជា​ម្ចាស់​ដំរី ម្ចាស់​សេះ​ដែល​ថ្វាយ​ព្រះ​អង្គ ។ ឯ​សម្ដេចចៅហ៊្វា​កៅ និង​ពញា​ចក្រី​កែវ (មេទ័ព​ខាង​ស្ដេច​កន) កាល​បែក​ទ័ព​ដោយសារ​ទ័ព​បិសាច​នោះ ក៏​ថយ​មក​ឈប់​ប្រមូល​កងទ័ព​តាំង​ខ្ជាប់ខ្ជួន​នៅ​ខេត្ត​ក្រគរ ។ ក្រោយ​ពី​នោះ​បី​បួន​ថ្ងៃ​ចៅហ៊្វា​កៅ និង​ពញា​ចក្រី​កែវ លើកទ័ព​មក​ចោម​បន្ទាយ​ពោធិ៍សាត់ ហើយ​មិន​ទាន់​ចូល​ទៅ​វាយ​ទេ ព្រោះ​មេទ័ព​ទាំង​ពីរ​នោះ រង់ចាំ​មេទ័ព​ពញា​ឧទ័យធិរាជ ជា​ចៅហ្វាយខេត្ត​អាសន្ទុក ដែល​ត្រូវ​មក​ព័ទ្ធ​ទ័ព​សម្ដេចចៅពញា​ចន្ទរាជា ពីក្រោយ​ដើម្បី​កុំឲ្យ​ស្ដេច​ចៅពញា​ចន្ទរាជា នឹង​ស្ដេច​រត់​រួច ។ សម្ដេចចៅពញា​ចន្ទរាជា តាំងពី​បាន​ឈ្នះ​សង្គ្រាម សម្ដេចចៅហ៊្វា​កៅ និង​ចៅពញា​ចក្រី​កែវ​មក ទ្រង់​ក៏​តាំង​ឲ្យ​ផ្ដើម​កេណ្ឌ​ប្រមូល​កងទ័ព​ថែម​ទៀត ។ ថ្ងៃមួយ​នោះ​ទ្រង់​ជ្រាប​ថា សម្ដេចចៅហ៊្វា​កៅ និង​ចៅពញា​ចក្រី​កែវ លើកទ័ព​មក​បោះ​ចោម​បន្ទាយ​ម្ដងទៀត តែ​ពុំ​ទាន់​ឃើញ​ចូល​វាយ ។ យប់​នោះ​ទ្រង់​ចាត់ចែង តែង​នាយកង នាយ​ទ័ព តាម​ចំនួន​ដែល​ត្រូវការ ទ្រង់​តាំង​ចៅពញា​រាជតេជៈ​សុខ​ជា​កូនពៅ​នៃ​ពញា​មឿង ឲ្យ​គ្រងងារ​ជា “សេនាបតី” ធ្វើ​ជា​ទ័ព​មុខ ឃុំ​ពល​៥.០០០​នាក់ ឲ្យ​ចៅពញា​សួគ៌ាលោក​ទេព ជា​កូន​ទី​៣​របស់​ពញា​មឿង​ ធ្វើ​ជា​មេទ័ព ឃុំ​ពល​៥.០០០​នាក់ ទៅ​នៅ​ទល់មុខ​ទ័ព​នៃ​ចៅពញា​ចក្រី​កែវ និង​សម្ដេចចៅហ៊្វា​កៅ ដែល​មាន​ពល​៣០.០០០​នាក់ ជា​ទ័ព​មុខ ។ ព្រះ​ចន្ទរាជា ទ្រង់​ពល​១៥.០០០​នាក់ ជា​ទ័ព​ហ្លួង លើក​ទៅ​តាម​ជា​ក្រោយ រួច​ទ្រង់​ឲ្យ​ពញា​យសរាជ ជា​ព្រះ​ភាគិនេយ្យា និង​ឧកញ៉ា​វៀត ជា​ព្រះ​ពីលៀង ឃុំ​ពល​៣.០០០​នាក់ នៅ​រក្សា​បន្ទាយ ។ លុះ​ចាត់​ទ័ព​ស្រេច​ហើយ ល្មម​ពេល​ព្រះ​ចន្ទ​ចរ​ត្រង់​ចំ​ពីលើ​ទ្រង់​ហើយ សម្ដេចចៅពញា​ចន្ទរាជា​ក៏​អុជ​ទៀន​ធូប​ភ្ញីផ្កា តាំងធ្វើ​នមស្ការ ទ្រង់​ប្រតិស្ឋាន ដល់​គុណព្រះរតនត្រ័យ និង​ព្រះព្រហ្ម បរម​ឥន្ទ្រាធិរាជ ព្រមទាំង​ទេវតា​ទាំង​ឆកាមាសួគ៌ ដែល​មាន​ឫទ្ធិ​ស័ក្ដិសិទ្ធិ និង​អ្នកតា​ឃ្លាំងមឿង​ថា “ឲ្យ​យើងខ្ញុំ​មាន​ជ័យ​ជំនះ​ឈ្នះ បាន​សេចក្ដីសុខ ទាំង​រេហ៍ពល​សកល​យោធា” ។ ទ្រង់​បួងសួង​ស្រេច​ហើយ ស្ដេច​ឡើង​គ្រង​ព្រះ​ទីនាំង​ពិជ័យ​គជេន្ទ្រ​បវរ​ស​សុទ្ធ​ដ៏​ប្រពៃ ។ ខណៈនោះ​ស្រាប់តែ​ឮ​សូរ​ហ៊ោ​ក្រោម​ប្រថពី លើ​អាកាស ដាស់​កក្រើក​រំពើក​ទាំង​ផែនដី ។ សូរសព្ទ​ទាំងនោះ អស្ចារ្យ​ពន់ប្រមាណ​ណាស់ ។ ព្រះ​បរម​ក្សត្រ​ក្សាន្ដ​ទ្រង់​ឲ្យ​វាយគង ទូង​ភេរី លើក​យោធា​ចេញ​ទៅ​ទាំង​បួន​ទិស​តម្រង់​ទៅ​បន្ទាយ​សម្ដេចចៅហ៊្វា​កៅ និង​ចៅពញា​ចក្រី​កែវ ។ សម្ដេចចៅហ៊្វា​កៅ និង​ចៅពញា​ចក្រី​កែវ បានដឹង​ហើយ ក៏​ចេញ​កងទ័ព​ឲ្យ​បាញ់​ត ។ ក្នុង​ពេល​ដែល​កងទ័ព​កំពុង​តែ​ចាក់​កាប់​គ្នា​នោះ កងទ័ព​ខាង​សត្រូវ​គឺ​ខាង​លោក​កៅ និង​លោក​កែវ ទាំង​ប៉ុន្មាន​នោះ ក៏​ឮ​សូរ​សន្ធឹក​នៃ​កងទ័ព​ជា​ច្រើន​កង​ព័ទ្ធ​ពីក្រោយ​ខ្នង​ខ្លួន ។ សូរសព្ទ​ហ៊ោ​នោះ លាន់ឮ​កក្រើក​ទាំង​ប្រថពី ដូច​ជា​ស្នូរ​រន្ទះ ឮ​ដូច​ជា​ភ្នំ​រលំ​លើ​កងទ័ព​របស់​ខ្លួន ។ សូរសព្ទ​នេះ​កើតឡើង​ដោយសារ​ខ្មោច​ពញា​មឿង​កេណ្ឌ​បិសាច​មក​ជួយ ។ ខណៈនោះ​នាយកង​ទ័ព​សេះ ដំរី ខាង​សត្រូវ​ក៏​ផ្អើល​វឹកវរ ជាន់​ជល់​ដួល​អស់​សេនា ទាហាន​ខាង​ខ្លួនឯង ។ រេហ៍ពល​ខាង​សត្រូវ​ក៏​បែក​ទ័ព​រត់​យក​តែ​អាយុជីវិត​គ្រប់​ខ្លួន​ទីទៃៗ​ គ្នា ។ ចៅពញា​សួគ៌ាលោក​កែវ និង​ចៅពញា​មហា​សេនា​សង្គ្រាម​សុខ ក៏​ដេញ​រេហ៍ពល​ឲ្យ​ចូល​ចោម​កងទ័ព​ចៅពញា​ចក្រី​ជិតជុំ​វិញ ។ ចៅពញា​ចក្រី​កែវ​ឃើញ​ដូច្នោះ​ក៏​លោត​ឡើង​ជិះ​ដំរី​បរ​ចូល​តទល់​ជាមួយនឹង​ ចៅពញា​សួគ៌ាលោក​កែវ​ (កែវ​តទល់​នឹង​កែវ) ។ លុះ​ទៅ​ជិត​រៀប​នឹង​បាន​ប្រកាប់​ជាមួយ​ចៅពញា​សួគ៌ាលោក​ទៅ​ហើយ ក៏​ស្រាប់តែ​ដំរី​ជំនិះ​នៃ​ចៅពញា​ចក្រី​កែវ ភ្ញាក់ផ្អើល​ពេញទំហឹង បណ្ដាល​ឲ្យ​ដូច​គេ​គ្រវាត់​ខ្លួន​ចៅពញា​ចក្រី​កែវ​ទៅ​លើ​ភ្លុក​ដំរី​ជា​ ជំនិះ​នៃ​ចៅពញា​សួគ៌ាលោក ។ ភ្លាម​នោះ​ចៅពញា​សួគ៌ាលោក​ក៏​កាប់​ចៅពញា​ចក្រី​កែវ​នឹង​ដាវ​ដាច់​ក​ស្លាប់​ ភ្លាម​មួយ​រំពេច ។ រេហ៍ពល​ខាង​ចៅពញា​ចក្រី​កែវ ឃើញ​នាយ​ស្លាប់​ហើយ​មិន​ហ៊ាន​ទល់​ទៅ​ទៀត​ទេ ក៏​បែក​ទ័ពរត់ទៅ​ខ្ចាត់ខ្ចាយ​ទៅ​ទីទៃៗ​អស់ ។ ពញា​សួគ៌ាលោក​កែវ និង​ចៅពញា​សេនា​សង្គ្រាម​សុខ កាល​បាន​ជ័យ​ជំនះ​ហើយ ក៏​នាំ​យក​ក្បាល​ពញា​ចក្រី​កែវ​ទៅ​ក្រាប​បង្គំ​ទូល​សម្ដេចចៅពញា​ចន្ទរាជា សូមទ្រង់ជ្រាប​គ្រប់​ប្រការ ។ សម្ដេចចៅពញា​ចន្ទរាជា ទ្រង់មាន​ព្រះ​អំណរ​ណាស់ ។ លុះ​ព្រឹក​ឡើង​កងទ័ព​សម្ដេចចៅពញា​ចន្ទរាជា ចាប់​បាន​ដំរី សេះ គោ ក្របី ស្បៀងអាហារ សាស្ដ្រាវុធ និង​របស់​ផ្សេងៗ​ជា​ច្រើន​នាំ​មក​ក្រាប​ថ្វាយ​សម្ដេចចៅពញា​ចន្ទរាជា សម្ដេច​ទ្រង់​ឲ្យ​ដោត​ក្បាល​ចៅពញា​ចក្រី​កែវ ជា​សត្រូវ​រួច​ហើយ សម្ដេច​ក៏​រៀបចំ​ដំណើរ​កងទ័ព​ចេញ​មក​ដល់​ខេត្ត​ក្រគរ ។ នៅ​ទីនោះ​ទ្រង់​បញ្ឈប់​កងទ័ព​ឲ្យ​តាំង​បន្ទាយ​មួយ ។ ទ្រង់​ត្រាស់​បង្គាប់​ចៅហ្វាយស្រុក​ដែល​ទ្រង់​តាំង​ថ្មី​ឲ្យទៅ​ប្រមូល​ ស្បៀងអាហារ​អំពី​ប្រជារាស្ដ្រ​ទុក​ក្នុង​ខេត្ត​ក្រគរ ហើយ​ព្រះ​អង្គ​ស្ដេច​ចេញ​ព្រះរាជ​ដំណើរ​ក្បួនទ័ព​មក​ដល់​ខេត្ត​ក្រង ទ្រង់​លើក​រំលង​ទៅ​ដល់​ខេត្ត​ខ្លុង ។ នៅ​ទីនោះ​ទ្រង់​ត្រាស់​ឲ្យ​កងទ័ព​ឈប់​តាំង​បន្ទាយ​មួយ​ទៀត ហើយ​ទ្រង់​ត្រាស់​តាំង​ចៅហ្វាយស្រុក​ថ្មី​ឲ្យ​នៅ​ប្រមូល​ស្បៀងអាហារ​អំពី​ ប្រជានុរាស្ដ្រ​ទុក​ឲ្យ​បាន​ច្រើន​សម្រាប់​នឹង​បើក​ឲ្យ​កងទ័ព កុំឲ្យ​មាន​ខ្វះខាត ។ ត​មក ស្ដេច​ធ្វើ​ព្រះរាជ​ដំណើរ​ទៅ​ថ្វាយបង្គំ​ព្រះ​ពុទ្ធរូប​នៅ​ព្រះ​វិហារ​ប្រប​ ភូមិ​ប្រាសាទ កាល​សម្ដេច​ទ្រង់​បក​ព្រះ​សុភ័គ​ពី​ព្រះ​អង្គ យក​ទៅ​ឃ្លុំ​បូជា​ព្រះ​ពុទ្ធរូប រួច​ទ្រង់​អធិដ្ឋាន​បន់​ឲ្យ​បាន​ឈ្នះ​សឹកសង្គ្រាម ។ ហេតុនេះ​ហើយ​បានជា​មាន​ជាប់​ពាក្យ​ប្រជារាស្ដ្រ​ហៅ​វត្ដ​នោះ​ថា វត្ដ​ព្រះជីវ​ហ្លួង​បន់​នៅ​ក្នុង​ខេត្ត​ខ្លុង​រៀង​មក​ដល់​សព្វ​ ថ្ងៃនេះ ។ លុះ​ចប់​ពិធីបួងសួង​ដល់​គុណព្រះរតនៈត្រ័យ​ហើយ សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​លើក​កងទ័ព​ចេញពី​ខេត្ត​ខ្លុង លើក​សំដៅ​ទៅ​ខេត្ត​អម្រិន្ទបូរ​ (ឬ​អមរគីរីន្ទបូរ) ទៀត ។ កាលនោះ​អស់​រាស្ដ្រប្រជា​ក្នុង​ខេត្ត​អម្រិន្ទបូរ​ពុំ​ព្រម​ធ្វើ​កំណែន​តាម​ ចៅហ្វាយស្រុក​ចាស់​នាំ​គ្នា​រៀប​គ្រឿង​តង្វាយ​នាំ​ទៅ​ថ្វាយ​សម្ដេចចៅពញា​ ចន្ទរាជា ។ ចៅហ្វាយស្រុក​ចាស់​ឃើញ​រាស្ដ្រ​តម្អឹង​រឹង​នឹង​អំណាច​ខ្លួន ពុំ​ព្រម​ស្ដាប់ ហើយ​ទៅ​ក្រាបទូល​ស្ដេច​ដូច្នោះ ក៏​ភ័យ​រត់​ដោះខ្លួន​ទៅ​ខេត្ត​រលាប្អៀរ ។

សម្ដេចចៅពញាចន្ទរាជា ព្រះ​អង្គ​ឲ្យ​ជួសជុល​បន្ទាយ​ពី​បុរាណ រួច​ហើយ​ទ្រង់​ប្រថាប់​ទ័ព​នៅ​ទី​នេះ​ចំនួន​៣​ថ្ងៃ ។ ក្រោយ​ពី​នោះ​មក​ព្រះ​អង្គ​ឡើង​គង់​ព្រះ​ទីនាំង​អស្សតរ ព្រម​ដោយនូវ​សេនា​ទាហាន​យាង​ទៅ​ដល់ទី​ដី​ច​មួយ​អន្លើ ជា​ឯត្បូង​ចុង​ខេត្ត​អម្រិន្ទបូរ ។ កាល​ស្ដេច​យាង​ដល់ទី​នេះ ទ្រង់​ទត​ឃើញ​សណ្ឋាន​ដី​មួយ​អន្លើ​ដែល​មាន​ទី​ដី​រាបស្មើ​មាន​ជ័យ​ភូមិ​ល្អ ហើយ​ទ្រង់​ឲ្យ​លើក​បោះបង់​បន្ទាយ​ចាស់​ផ្លាស់​ទៅ​តាំង​បន្ទាយ​ថ្មី​នៅ​ដី​ ដែល​មាន​ជ័យ​ភូមិ​ល្អ​វិញ ព្រោះ​នៅ​ទីនោះ​ជាទី​ឧត្ដម​ធំ​ទូលាយ​មាំមួន ។ លុះ​ទ្រង់​ធ្វើ​បន្ទាយ​នោះ​រួច​ហើយ ព្រះ​អង្គ​លើក​យោធា​ទៅ​ប្រថាប់​ក្នុង​បន្ទាយ​ថ្មី​នោះ ។ ហេតុនេះ​បានជា​មាន​ពាក្យ​អ្នកស្រុក​ហៅ​បន្ទាយ​ដែល​បោះបង់​ចោល​នោះ​ថា “បន្ទាយ​ចាស់” រៀង​មក ។ ក្នុង​ពេល​ដែល​សម្ដេច​ពញា​ចន្ទរាជា​យាង​ទៅ​គង់នៅ​បន្ទាយ​ថ្មី​ក្នុង​ខេត្ត​ អម្រិន្ទបូរ​នោះ មាន​ចៅអធិការ​មួយ​អង្គ​ព្រះ​នាម​ជ័យ​ងារ​ជា “មង្គល​សត្ថា” ។ ព្រះ​ថេរៈ​អង្គ​នេះ​នាំ​ទូក​ង​មួយ​ជា​តង្វាយ​មក​ថ្វាយ ហើយ​ទូល​សម្ដេចចៅពញា​ចន្ទរាជា​ថា សូម​ថ្វាយព្រះពរ ! ទូក​ង​នេះ​ឈ្មោះ “សារាយអណ្ដែត” កាល​ក្នុង​ផែនដី​នៃ​ព្រះបាទ​សុគន្ធបទ​បរមបពិត្រ​ជា​សម្ដេចព្រះរៀម​នៃ​ទ្រង់​ ដែល​កើត​ចលាចល​ព្រោះ​ស្ដេច​កន សព្វ​ថ្ងៃនេះ អាចក្ដី​បាន​លាក់​ទុក​ឈើ​ដែល​ធ្វើ​ជា​ទូក​ពុំ​ទាន់​ហើយ​នោះ ទុក​ចោល​នៅ​វាល​មួយ​ឆ្ងាយ​ពី​ព្រៃ​ចម្ងាយ​៦​សិន​បា្លយ ។ ដល់​ខែប្រាំង​រាំងរឹះ​ត្រូវ​ថ្ងៃ​ក្ដៅ មាន​ហ្វូង​ដំរីព្រៃ​ទៅ​បោច​សារាយ​ត្រឹប​បឿន យក​ទៅ​គ្រប​ពីលើ​ឈើ​ដែល​ធ្វើ​ទូក​នោះ​មិន​ឲ្យ​ត្រូវ​ថ្ងៃ ក្រែង​ប្រេះស្រាំ ។ លុះ​ស្រុក​សាន្ដត្រាណ​បន្ដិច​ទៅ​អាចក្ដី​ក៏​នាំ​សិស្សានុសិស្ស​ទៅ​កាប់​ ចាំងឈើ​នោះ​ធ្វើ​ជា​ទូក​ង ។ លុះ​យក​ទូក​នោះ​មក​អុំ​ទៅ​អាចក្ដី​ក៏​ឃើញ​ថា ទូក​នេះ​លឿន​ជាង​ទូក​ទាំងពួង ។ ហេតុនេះ​ហើយ​បានជា​អាចក្ដី​ឲ្យឈ្មោះ​ទូក​នេះ​ថា “សារាយអណ្ដែត” មួយទៀត​កាលពី​ខែវស្សា​អាចក្ដី​ជិះទូក​នោះ​ទៅ​បិណ្ឌបាត​ឯ​ស្រុក​មហានគរ អាចក្ដី​ត្រឡប់​មក​វិញ​ទាន់​ពេល​ឆាន់ ហើយ​ចង្ហាន់​ក៏​នៅ​ក្ដៅ​ហុយៗ ។ ហេតុនេះ​ហើយ​បានជា​មាន​ពាក្យ​ហៅ​ថា “ទូក​ចង្ហាន់​ហុយ” ។ អាចក្ដី​យល់​ថា ទូក​ង​នេះ លឿន​លើស​ចម្លែក​នឹង​ទូក​ទាំងពួង​ជា​អស្ចារ្យ​ក្នុង​ព្រះ​នគរ​បានជា​អាចក្ដី​ នាំ​មក​ថ្វាយ​ព្រះ​បរមបពិត្រ ។ សម្ដេចចៅពញា​ចន្ទរាជា​ទ្រង់​ជ្រាប​ហើយ ទ្រង់មាន​ព្រះ​អំណរ​ណាស់​ទ្រង់​ថ្វាយ​អភិវន្ទ​កម្ម ហើយ​ត្រាស់​ថា “ព្រះ​ជីតុន​ឲ្យ​ទូក​នេះ​មក​ញោមៗ​មាន​អំណរ​ណាស់ តែ​សព្វ​ថ្ងៃនេះ ញោម​នៅ​ទ័ល​ពេក ។ បើ​ទៅ​ថ្ងៃ​មុខ ញោម​បាន​ព្រះ​នគរ​កាលណា ញោម​នឹង​តបស្នង​ព្រះ​គុណ​ឲ្យ​គាប់​ព្រះ​ទ័យ​ពុំខាន​ឡើយ” ។ លំដាប់​នោះ សម្ដេចចៅពញា​ចន្ទរាជា​ព្រះ​អង្គ​ឲ្យ​មន្ដ្រី​មុខងារ​ទទួល​ទូក​នោះ ហើយ​បញ្ចុះ​ពួក​ស៊ីថាយ​១២៤​នាក់ អុំ​ទៅ​មហានគរ​វត្ដ​សាកល្បង​មើល ។ លុះ​ទូក​នោះ​ត្រឡប់​មក​វិញ​បាយ​ដែល​ដាំ​នៅ​ក្ដៅ​ហុយៗ​នៅឡើយ ដូច​ព្រះពុទ្ធ​ដីកា​នៃ​ចៅអធិការ​នោះ​ថ្វាយព្រះពរ​មែន ។ សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​មាន​ព្រះ​តម្រាស់​ប្រាប់​មន្ដ្រី​ទាំងពួង​ថា យើង​មានភ័ព្វ​វាសនា​ល្អ​ណាស់ ខាងជើង​គោក​យើង​បាន “ព្រះ​ពិជ័យ​គជេន្ដ្រ” ស​សុទ្ធ​ជា​ព្រះ​ទីនាំង ខាងជើង​ទឹក​យើង​បាន​ទូក​ង “សារាយ អណ្ដែត” ជា​ព្រះ​ទីនាំង​លឿន​ដូច​ខ្យល់ ។ រួច​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​អ្នកងារ​ធ្វើ​រោង​ដាក់​រក្សា​ទូក​ទិព្វ​ នោះ ។ ទ្រង់​តាំង​នាម​ទូក​នោះ​ថា “ព្រះ​ទីនាំង​ចក្រពត្ដិ” លុះ​ទ្រង់​ត្រាស់​សន្មតនាម​ស្រេច​ហើយ ស្ដេច​បង្គាប់​ចៅពញា​សេនាធិបតី​សង្គ្រាម​សុខ ឲ្យ​ប្រមូល​ស្បៀងអាហារ និង​គ្រឿងសាស្ដ្រាវុធ​ទុក​ក្នុង​បន្ទាយ​នោះ ជា​កម្លាំង​ទ័ព ។ លុះ​ប្រមូល​រេហ៍ពល​បាន​រួច​ស្រេច​ហើយ ស្ដេច​ធ្វើ​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ដល់​វាល​សាប​អង្កាម​ (ភូមិ​នេះ​នៅ​ខាងលិច​កំពង់ឆ្នាំង) នៅ​ទីនោះ​ទ្រង់​បាន​ប្រទះ​នឹង​ទ័ព​សម្ដេចចៅហ៊្វា​កៅ ។ មួយ​រំពេច​នោះ​ស្ដេច​ចាត់​ឲ្យ​កងទ័ព​ចូល​ច្បាំង​នឹង​ទ័ព​ចៅហ៊្វា​កៅ​ឥត​ រួញរា ទ័ព​ទាំង​សងខាង​ច្បាំង​គ្នា​ជា​កោលាហល តាំងពី​អាវុធ​វែង រហូត​ដល់​អាវុធ​ខ្លី ។ ពួក​ពល​សេនា​ចូល​តតាំង​ច្បាំង​ប្រកាប់​គ្នា​ខ្លាំង​មហិមា​ណាស់ នឹង​រៀបរាប់​ឲ្យ​អស់​ពុំ​បាន ។ ខណៈនោះ​មាន​អភូតហេតុ​មួយ​គួរ​ឲ្យ​អស្ចារ្យ​ណាស់ គឺ​ដំរី​ភ្លុក​មួយ​ជា​ឧត្ដម​ធំ​ណាស់​របស់​សម្ដេចចៅហ៊្វា​កៅ (ខាង​ស្ដេច​កន) ជា​មេទ័ព​ត្រើយ​ខាងកើត វា​ផ្អើល​រត់ទៅ​ដល់​ព្រេច​ដំបូក​មួយ​រលើង​រលំ​ទាំង​ដើមឈើ​រមៀល​ទៅ​លើ​កងទ័ព​ ខ្លួនឯង បែក​ទាំង​សម្បុក​ឪម៉ាល់​ព្រលួតលាក់ ហើយ​ហើរ​ទៅ​ទិច​កងទ័ព​សម្ដេចចៅហ៊្វា​កៅ​ទៀត ។ រេហ៍ពល​ទាំងនោះ​ទ្រាំ​នឹង​ឪម៉ាល់​ព្រលួតលាក់​ពុំ​បាន ក៏​រត់​ខ្ចាត់ខ្ចាយ​បែក​ទ័ព​អស់​ទៅ ។ ខាង​កងទ័ព​នៃ​សម្ដេចចៅពញា​ចន្ទរាជា​ឃើញ​ដូច្នោះ ក៏​តាម​ទ័ព​សម្ដេចចៅហ៊្វា​កៅ​ទៅ​ទៀត ។ លុះ​កងទ័ព​នេះ​បានឃើញ​សម្ដេចចៅហ៊្វា​កៅ ហើយ​សម្ដេចចៅហ៊្វា​កៅ​ក៏​ប្រយុទ្ធ​នឹង​សេនា​ទាហាន​សម្ដេចចៅពញា​ ចន្ទរាជា ។ សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​ចូល​តយុទ្ធ​ទល់​គ្នា​នឹង​ចៅហ៊្វា​កៅ ។ លុះ​ប្រយុទ្ធ​មិន​បាន​ប៉ុន្មាន​ភ្លេង​ផង សម្ដេចចៅពញា​ចន្ទរាជា ក៏​កាប់​ត្រូវ​ស្មា​ចៅហ៊្វា​កៅ​មួយអន្លើ ចៅហ៊្វា​កៅ​មាន​របួស​ជា​ទម្ងន់ ។ សេនា​ទាហាន​ខាង​សម្ដេចចៅហ៊្វា​កៅ​ជួយ​ការពារ នាំ​រត់​ឆ្លង​ទៅ​ក្រាបទូល​ព្រះ​ស្រីជេដ្ឋា​ (ស្ដេច​កន) តាម​ការណ៍​ដែល​បែក​ទ័ព ហើយ​ស្លាប់​ចៅពញា​ចក្រី​កែវ​នោះ ។ ឯ​សេនា​ទាហាន​ខាង​សម្ដេចចៅពញា​ចន្ទរាជា កាល​បើ​សម្ដេចចៅហ៊្វា​កៅ​រត់ទៅ​នោះ ហើយ​ដេញ​តាម​ពុំ​ទាន់​ក៏​ចាប់​យក​តែ​គោ ក្របី ដំរី សេះ​ ស្បៀង​អាហារ សាស្ត្រាវុធ ជា​ច្រើន​នាំ​ទៅ​ក្រាបទូល​ថ្វាយ ។ សម្ដេចចៅពញា​ចន្ទរាជា​ស្ដេច​ទ្រង់​ជ្រាប​ហើយ ទ្រង់​លើក​កងទ័ព​ចូល​ទៅ​បោះទ័ព​នៅ​ខាងលិច​ភូមិ​រលាប្អៀរ (ខេត្ត​កំពង់ឆ្នាំង​សព្វថ្ងៃ) ។ ចំណែក​ខាង​ចៅពញា​ស្រែន្យាធិបតី​សោម ចៅហ្វាយស្រុក​រលាប្អៀរ ខាង​ព្រះ​ស្រីជេដ្ឋា​ (ស្ដេច​កន) បានដឹង​ហើយ​ក៏​កេណ្ឌ​កងទ័ព​ឡើង​រក្សា​នាទី​បន្ទាយ ។ ប៉ុន្ដែ​រាស្ដ្រ​ពុំ​ចុះ​កំណែន​សោះ បែរជា​នាំ​គ្នា​យក​បណ្ណាការ​ចូល​ទៅ​គាល់​ថ្វាយខ្លួន​ធ្វើ​រាជការ​ក្នុង​ សម្ដេចចៅពញា​ចន្ទរាជា​ជា​ច្រើន​នាក់​ទៅ​វិញ ។ ចៅហ្វាយស្រុក​សោម​ដឹង​ដូច្នោះ​ហើយ ក៏​នាំ​គ្រប់​គ្រួ​ដឹក​ជញ្ជូន​រត់​តាម​សម្ដេចចៅហ៊្វា​កៅ ។ លុះរត់ទៅ​ពុំ​ទាន់​ចៅហ៊្វា​កៅ ចៅហ្វាយស្រុក​សោម​ក៏​ចូល​ទៅ​ជ្រក​ក្នុង​បន្ទាយ​ភ្នំពេញ ហើយ​ស្លាប់​ក្នុង​ទីនោះ ។ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ទ្រង់​ជ្រាប​ថា “ចៅពញា​ស្រែន្យាធិបតី​សោម ចៅហ្វាយស្រុក​ខេត្ត​រលាប្អៀរ​រត់​ទៅ​ហើយ” ទ្រង់​ក៏​ជ្រើសរើស​យក​ហ្លួង​រាជា​ភឹម ឲ្យធ្វើ​ជា​ចៅហ្វាយស្រុក ។ ទ្រង់​ឲ្យ​ប្រមូល​រាស្ដ្រប្រជា ស្បៀងអាហារ សាស្ត្រាវុធ ទុកជា​កម្លាំង​សឹកសង្គ្រាម​សម្រាប់​ស្រុក​នោះ ។ ចៅពញា​ស្រែនសេនា​ទន់ ចៅហ្វាយស្រុក​ខេត្ត​លង្វែក កាល​ដឹង​ដើមទង​ថា​សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ត្រឡប់​មក​ពី​ស្រុក​សៀម​វិញ​ហើយៗ​ទ្រង់​បាន​នាំ​ទាំង​ឈ្នះ​ សង្គ្រាម​បាន​ខេត្ត​ខាងជើង​ជា​ច្រើន ទ្រង់​បាន​សម្លាប់​ចក្រី​កែវ ដេញ​ទាំង​ទ័ព​ចៅហ៊្វា​កៅ​ទៀត ចៅពញា​ក៏​នាំ​ស្ម័គ្របក្សពួក​រាស្ដ្រប្រជា និង​បណ្ណាការ យក​ទៅ​ថ្វាយ​សម្ដេចចៅពញា​ចន្ទរាជា ថ្វាយ​ទាំង​ខ្លួន​ចូល​ទៅ​ធ្វើការ​រាជការ​ជា​ច្រើន​នាក់ ។

នេះ​នឹង​និយាយ​អំពី​ព្រះ​ស្រីជេដ្ឋា (ស្ដេច​កន) តាំងខ្លួន​ជា​ម្ចាស់ផែនដី ៖

លុះមក​ដល់​ឆ្នាំជូត អដ្ឋស័ក ព.ស​២០៦០ គ.ស​១៥១៦ ម.ស​១៤៣៨ ច.ស​៨៧៨ សម្ដេចព្រះ​ស្រីជេដ្ឋា ព្រះ​អង្គ​សោយរាជ្យ​បាន​៤​ឆ្នាំ ។ លុះ​ទ្រង់​ជ្រាប​ថា “សម្ដេចចៅពញា​ចន្ទរាជា​វាយ​យក​បាន​ខេត្ត​ខាងលិច ប៉ែក​ខាងជើង​បាន​ហើយ ហើយ​បាន​សម្លាប់​ចៅហ្វាយស្រុក​ជា​ច្រើន​ផង មិន​តែ​ប៉ុណ្ណោះ​ទាំង​ពញា​ចក្រី​កែវ​ក៏​ស្លាប់ ទាំង​សម្ដេចចៅហ៊្វា​កៅ​ជា​មា​ក៏​របួស​ជា​ទម្ងន់​ទៀត ។ ទ្រង់មាន​ព្រះ​វិតក្ក​ទុក្ខទោមនស្ស​ណាស់​រហូត​ដល់​ព្រះ​កន្សែង​សោកស្ដាយ​ជា​ ខ្លាំង ។ លុះ​ស្វាង​សោក​ហើយ ទ្រង់មាន​ព្រះ​តម្រិះ​ពី​ការ​សង្គ្រាម​សព្វ​ប្រការ ទើប​ទ្រង់​ត្រាស់​បង្គាប់​មុខមន្ដ្រី​ឲ្យ​ចេញ​ទៅ​កេណ្ឌ​ទ័ព ។ លុះ​មន្ដ្រី​កេណ្ឌ​បាន​រេហ៍ពល​ត្រើយ​ខាងកើត​១២០.០០០​នាក់​ហើយ​ទ្រង់​ចាត់​ បម្រើ​សេះ​ឲ្យទៅ​តាម​កងទ័ព​ចៅពញា​ឧទ័យធិរាជ នាំ​រេហ៍ពល​៥០.០០០​នាក់ ទៅ​ជួបជុំ​គ្នា​នឹង​មេទ័ព​ឯទៀត​នៅ​បន្ទាយ​ភ្នំពេញ ហើយ​ក៏​ចាត់ចែង​ដាក់​រេហ៍ពល​ឲ្យ​ផ្លាស់​ប្ដូរ​គ្នា​នៅ​រក្សា​ទី​ បន្ទាយ ។

ចៅពញា​តេជោ​កុយ ចៅហ្វាយស្រុក​ខេត្ត​សំរោងទង និង​ចៅពញា​វង្សាអនុជិត​យស ចៅហ្វាយខេត្ត​បាទី​ថ្មី មាន​រេហ៍ពល​១.០០០​នាក់ ជា​កងទ័ព​ក្រវែល រួម​ទាំងអស់​ត្រូវជា​១៩០.០០០​នាក់ ។ ព្រះ​ស្រីជេដ្ឋា​ទ្រង់​ចាត់​កងទ័ព​ទាំង​១៩០.០០០​នាក់​នោះ​ជា​ពីរ​ ផ្លូវ ។ ក្នុង​មួយ​ផ្លូវ​ទ្រង់​តាំង​ដូច​មាន​ខាងក្រោម​នេះ ៖

ផ្លូវ​ទី​១-

  1. ទ្រង់​ចៅពញា​យមរាជ​ព្រាប ឃុំ​ពល​១០.០០០​នាក់ ជា​ទ័ព​មុខ ។
  2. ឲ្យ​ចៅពញា​វង្សាអគ្គរាជ​ស្រី ឃុំ​ពល​១០.០០០​នាក់ ជា​ប៉ែក​ឆ្វេង ។
  3. ចៅពញា​ពិស្ណុលោក​ទេព ចៅហ្វាយស្រុក​ទ្រាំង ឃុំ​ពល​១០.០០០​នាក់ ជា​ប៉ែក​ស្ដាំ ។
  4. ចៅពញា​អធិក​វង្សា​វេត ចៅហ្វាយស្រុក​ខេត្ត​បាសាក់ ឃុំ​រេហ៍ពល​១០.០០០​នាក់ ជា​ប៉ែក​ក្រោយ ។
  5. ទ្រង់ ​ឲ្យ​យក​ឧកហ្លួង​សូរ ត្រូវជា​មា​ម៉ែបាន តាំង​ឡើងជា “ចៅពញា​ចក្រីធិបតី​កុញ្ចរ” សម្រេច​រាជការ​មហាក្រស័ត្រសឹក ហើយ​ឲ្យ​លើកទ័ព​ទៅ​មុន ។

ផ្លូវទី​២​-ក្រោយ​ដែល​ឧកហ្លួង​សូរ​លើកទ័ព​ទៅ​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា ព្រះ​ចៅ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ ស្ដេច​រើស​យក​ក្មួយ​ម៉ែបាន​៤​នាក់​មក​តាំង​ជា​សេនាបតី​គឺ ៖

  1. ឧកហ្លួង​សូរ តាំង​ជា ឧកញ៉ា​វៀង ឲ្យ​ឃុំ​ពល​២០.០០០​នាក់ ជា​ទ័ព​មុខ ។
  2. ឧកហ្លួង​នៅ តាំង​ជា​ឧកញ៉ា​វាំង ឲ្យ​ឃុំ​ពល​១៥.០០០​នាក់ ជា​ទ័ព​ឆ្វេង ។
  3. ឧកហ្លួង​ទេព តាំង​ជា​ឧកញ៉ា​លំពាំង ឃុំ​ពល​១៥.០០០​នាក់ ជា​ទ័ព​ស្ដាំ ។
  4. ឧកហ្លួង​មាន់ តាំង​ជា​ឧកញ៉ា​ស្រាល ឲ្យ​ឃុំ​ពល​១៥.០០០​នាក់ ជា​ទ័ព​ក្រោយ ។

ឯព្រះ​អង្គ​ឯង (ព្រះ​ស្រីជេដ្ឋា) ឃុំ​ពល​៣០.០០០​នាក់​ជា​ទ័ពហ្លួង។ ឯ​អស់​ចៅហ្វាយស្រុក​ទាំងពួង​ទ្រង់​ចាត់​ឲ្យធ្វើ​ជា​បាឡាត់​ទ័ព យោក្ប័ត្រ​ទ័ព ជា​កង​ក្រវែល​១៥​កង សឹង​ឲ្យ​កាន់​ទង់ជ័យ​ពណ៌ ដែល​មាន​រូប​ខុសៗ​គ្នា ដើម្បី​មិន​ឲ្យ​ច្រឡូកច្រឡំ​ចូល​គ្នា​ឡើយ ។ ព្រះ​ស្រីជេដ្ឋា​នេះ​មានបុណ្យ​អស្ចារ្យ​ណាស់ ទ្រង់មាន​ព្រះ​ទីនាំង​គជេន្ទ្រ​ភ្លុក​ធំ​១ កម្ពស់​១០​ហត្ថ ឈ្មោះ “ព្រះ​គជេន្ទ្រ​យាវុធ” មាន​សេះ​ព្រះ​ទីនាំង​សម្បុរ​ស៊ីសាំ កម្ពស់​៣​ហត្ថ ៤​ធ្នាប់ មាន​កម្លាំង​បោល​ក្នុង​មួយ​ថ្ងៃ កំណត់ ២.០៥០​សិន ហែល​ទឹក​លឿន​បីដូច​រន្ទះ រូបល្អ​បីដូច​រូប​រាជសីហ៍ ឈ្មោះ “ព្រះ​ទីនាំង​ស័ង្ខ​រង្សី”។ សេនា​សេនីយ​ដែល​ទ្រង់​ចាត់ចែង​ហើយ​នោះ បាន​មក​គ្រប់​មុខងារ គឺ​អ្នក​កាន់​ស្វេតច្ឆត្រ អភិរម្យ សែនត្វាន់ ចាមរ ប៉ៃ​មន់ តូរ្យតន្ដ្រី តាម​លំដាប់​ព្រះមហាក្សត្រ ។ លុះដល់​ពេល​មានជោគ​ជ័យ​បើក​ហើយ បុរោហិត​ផ្លុំ​ស័ង្ខ ពួក​តូរ្យតន្ដ្រី​ក៏​ប្រគំ​នូវ​រគាំង​ស្គរ​ស្នែង ដែល​តាក់​ត្រង​សម្រាប់​បង្គាប់​ទ័ព ។ ព្រះ​ស្រីជេដ្ឋា ជា​ម្ចាស់ផែនដី​ស្រឡប់​ពិជ័យ​ព្រៃនគរ ស្ដេច​ឡើង​គង់​ព្រះ​ទីនាំង​គជេន្ទ្រ​បវរ​រតនមង្គល លើក​រេហ៍ពល​ចេញ​ទៅ សូរសព្ទ​រេហ៍ពល​ និង​សូរសព្ទ​រទេះសេះ ដំរី ព្រមទាំង​សូរសព្ទ​តូរ្យតន្ដ្រី​នោះ​នាំ​ឲ្យ​ព្យុហយាត្រា​កងទ័ព​ជា​ឧត្ដម​រងំ ខ្ទរខ្ទារ​ទាំង​ព្រៃព្រឹក្សា​ក្រឡា​មហាប្រថពី ។ លុះ​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ (សព្វថ្ងៃ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ក្បែរ​ផ្សារ​ឧដុង្គ) ហើយ​ព្រះ​អង្គ​ទ្រង់​តាំង​បន្ទាយ​ទ័ព​ធំ​នៅ​ស្ទឹង​ក្រាំងពន្លៃ​នោះ ទ្រង់​ត្រាស់​បង្គាប់​ចៅពញា​យមរាជ​ព្រាប​ជា​មេទ័ព​មុខ​ឲ្យ​ឃុំ​ពល​៤៥.០០០​ នាក់ លើក​ទៅ​ចោម​វាយ​បន្ទាយ​ខេត្ត​លង្វែក ។ ចៅហ្វាយស្រុក​ខេត្ត​លង្វែក ក៏​ដេញ​ពល​តតាំង​ច្បាំង​គ្នា​ជា​មាំមួន ។ ខណៈនោះ សម្ដេចចៅពញា​ចន្ទរាជា ទ្រង់​ជ្រាប​ថា “កងទ័ព​សត្រូវ​មក​ចោម​បន្ទាយលង្វែក​ហើយ” ព្រះ​អង្គ​ក៏​ប្រើ​ទ័ព​សេះ​ឲ្យទៅ​ប្រាប់​ចៅហ្វាយខេត្ត​លង្វែក​ថា “ឲ្យ​ក្លែង​ធ្វើ​ជា​ចាញ់​ទ័ព​សត្រូវ ហើយ​រត់​តាម​ផ្លូវ​ទៅ​ទិស​ខាងជើង” ។ ក្រោយ​បម្រើ​សេះ​ចេញ​ទៅ​នោះ ព្រះ​អង្គ​លើក​កងទ័ព​៤៥.០០០​នាក់ ស្រូតរូត​ទៅ​ជួយ​ចៅ​ស្រុក​ខេត្ត​លង្វែក ។ លុះ​ស្ដេច​ទៅ​ដល់​ព្រៃ​មួយ​ធំ ទ្រង់​ឮ​សូរកាំភ្លើង​ច្បាំង​គ្នា​ជា​ឱឡារិក​ណាស់ ទើប​ព្រះ​អង្គ​បង្កប់​រេហ៍ពល​នៅ​ទីនោះ ។ ឯ​ចៅហ្វាយស្រុក​រលាប្អៀរ​បានដឹង​ឧបាយកល​ដោយ​បម្រើ​សេះ ហើយ​ក៏​ឲ្យ​កងទ័ព​ទាំងនោះ​ថយ​តាម​ព្រះរាជ​បញ្ជា ។ ចៅពញា​យមរាជ និង​នាយកង​ទ័ព​មុខក្រោយ ឆ្វេង​ស្ដាំ​៥​កង ខាង​ព្រះ​ស្រីជេដ្ឋា​យល់​ថា “មាន​ជ័យ​ជំនះ​ហើយ” ក៏​មានចិត្ដ​កម្រើក កងទ័ព​ដេញ​ជិត​ប្រកិត​តាម​ទៅ​រហូត​ដល់ទី​ដែល​សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បង្កប់ទ័ព​ចាំ​នោះ ។ មួយ​រំពេច​នោះ​សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បរ​ព្រះ​ទីនាំង​គជេន្ទ្រ​ពិជ័យ នាំ​សេនា ទាហាន​រេហ៍ពល​លើក​ចេញ​ដេញ​ទៅ​វាយ​ខ្ចប់​សម្លាប់​កងទ័ព​សត្រូវ​ពីក្រោយ ដោយ​ទ័ព​សត្រូវ​ពុំ​ដឹងខ្លួន ។ កងទ័ព​ត្រូវ​ស្លាប់​ដោយ​ក្របី​វ័ធ ដំរី​ជល់​ព្រេច និង​ដោយ​អាវុធ​វែង​ខ្លី​ស្លាប់​អស់​ជាង​៣.០០០​នាក់ ឈាម​ក្រហម​ដាល​ច្រាល​ទាំង​ព្រៃ​វាល​ចាប់​បាន​ចៅពញា​យមរាជ និង​នាយកង​នាយ​ទ័ព​ទាំង​១០​នាក់​ទៀត ។ សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​ត្រាស់​បង្គាប់​ឲ្យ​កាត់​ក្បាល​ចៅពញា​យមរាជ និង​មេទ័ព​១០​នាក់ ហើយ​ឲ្យ​ចៀរ​ស្លឹកត្រចៀក​មេកង​ដែល​ចាប់​បាន​ទាំង​រស់​១០​នាក់​ទៀត ។ ទ្រង់មាន​ព្រះ​បន្ទូល​ថា “អាឯង​ទាំង​១០​នាក់​នេះ ចូល​នាំ​ក្បាល​គូកន​ឯង​ទាំង​១១​នាក់​នេះ​ទៅ​ឲ្យ​អា​ព្រះស្ដេច​កន​ចុះ ហើយ​ឲ្យ​ប្រាប់​អា​កន​ថា បើ​វា​អាង​ពល​ច្រើន​ឲ្យ​លើក​មក​ទៀត ឬ​បើ​យល់​ថា​ភ្លៀង​ធ្លាក់​មក ហើយ​ជិត​ដល់​ល្មម​នឹង​ឲ្យ​រាស្ដ្រ​ធ្វើស្រែ​ចម្ការ ហើយនឹង​ចង់​ឈប់​ច្បាំង​ឲ្យ​រាស្ដ្រ​ធ្វើស្រែ​ចម្ការ​សិន​ក៏​តាម​ចិត្ដ​ ចុះ” ។ ទ្រង់​ត្រាស់​ផ្ដាំ​រួច​ស្រេច​ហើយ ព្រះ​អង្គ​លើកទ័ព​ត្រឡប់​មក​បន្ទាយ​ខេត្ត​រលាប្អៀរ​វិញ ។ ទ្រង់​បម្រើ​ចេញ​ទៅ​ស៊ើបការណ៍​ក្នុង​កងទ័ព​សត្រូវ ។ បម្រើ​ដឹង​ការណ៍​ហើយ​ក៏​វិល​ត្រឡប់​មក​ក្រាប​បង្គំ​ទូល​សព្វគ្រប់​ពុំ​មាន​ ហ៊ាន​ធ្វេសប្រហែស​ឡើយ ។ នេះ​នឹង​ស្រដី​អំពី​បម្រើ​១០​នាក់​ដែល​រែក​យួរ​ក្បាល​១១​នាក់​នោះ​ទៅ​ដល់​ ស្ទឹង​ក្រាំងពន្លៃ ហើយ​ក៏​ចូល​ទៅ​ថ្វាយបង្គំ​យំ​ក្រាប​ម្ចាស់​របស់​ខ្លួន​សព្វគ្រប់​តាម​ ដំណើរ ។ ព្រះ​ស្រីជេដ្ឋា ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ ទ្រង់​បាន​ជ្រាប​ហើយ ទ្រង់​ញ័រ​ភ័យ​ខ្លាច​ព្រះ​បារមី ថ្វី​ព្រះ​ហស្ដ​នៃ​សម្ដេចចៅពញា​ចន្ទរាជា ។ លុះដល់​ភ្ញាក់ស្មារតី​យ៉ាងនេះ ព្រះ​ស្រីជេដ្ឋា​ត្រាស់​ថា “យើង​នឹង​ខ្លាច​អ្វី​ថ្វីដៃ​ចៅពញា​ចន្ទរាជា​នោះ ប៉ុន្ដែ​ឥឡូវនេះ គេ​សុំ​យើង​ឲ្យ​កងទ័ព​យើង​ធ្វើស្រែ​សិន យើង​ក៏​គួរ​ឈប់​តាម​សណ្ដាប់​ព្រះ​នគរ បើ​យើង​នឹង​រឹងទទឹង​ទៅ ក៏​ឃើញ​ថា ការណ៍​នេះ​មិន​ត្រឹមត្រូវ​ដែរ យើង​ត្រូវ​តែ​ព្រម​តាម​គេ​ចុះ” ។ ទើប​ទ្រង់​ត្រាស់​ឲ្យ​តែង​ព្រះ​រាជសារ​បោះត្រា​សម្រាប់​ផែនដី​ទៅ​ឲ្យ​ពញា​ មហាមន្ដ្រី​ជា​រាជទូត​ឲ្យ​ពញា​មន្ដ្រី​ជា​រាជទូត​ឲ្យ​ពញា​ឫទ្ធាធិបតី ជា​ឧបទូត ឲ្យ​ឧកញ៉ា​ជុំ​ជិត​ជំនិត​ទឡ​ជា​ត្រី​ទូត នាំ​ពានមាស​មួយ​តម្កល់​ព្រះរាជសារ​នោះ និង​ព្រែ​ផ្កាមាស​១០​កី ព្រែ​ញ័រ​១០ ព្រំ​យ៉ាង​ធំ​២​ក្បាល​ជា​គ្រឿង​បណ្ណាការ ។ លុះ​រាជទូត​ឧបទូត ត្រី​ទូត នាំ​ទៅ​ដល់​ខេត្ត​រលាប្អៀរ ហើយ​អស់​នាយកង​ទាហាន​ខាង​សម្ដេចចៅពញា​ចន្ទរាជា​ក៏​ឃុំខ្លួន នាំ​ទៅ​ក្រាបថ្វាយបង្គំ​គាល់​សម្ដេចចៅពញា​ចន្ទរាជា ។ ខណៈនោះ​ស្ដេច​ចេញ​ជួប​មុខមន្ដ្រី សេនា​យោធា​កងទ័ព​ក្រាប​បង្គំ​គាល់​តាម​បណ្ដា​ស័ក្ដិធំ​តូច ហើយ​ស្ដេច​ឲ្យ​អាល័ក្ស​ថ្លែង​ព្រះរាជសារ​ថ្វាយ ។ ឯ​ព្រះរាជសារ​នោះ​មាន​សេចក្ដី​ដូច​ខាងក្រោម​នេះ ៖

«ព្រះរាជសារ ​សម្ដេចព្រះ​ស្រីជេដ្ឋាធិរាជ​រាមាធិបតី​បរមបពិត្រ​ជា​អម្ចាស់ជីវិតលើត្បូង​ ក្រុង​កម្ពុជា​ធិបតី​សិរី​យសោធរ​បវរ​ឥន្ទ​កុរុរដ្ឋ​រាជធានី ដែល​រាស្ដ្រ និង​ព្រះរាជ​វង្សានុវង្ស​ស្រឡាញ់​ស្ម័គ្រចិត្ដ​លើក​ឡើង​ឲ្យ​សោយរាជ​សម្បត្ដិ ​ក្នុង​មហា​ស្រឡប់​ពិជ័យ​ព្រៃនគរ​បវរ​បូព៌ា​ទិសា ។ សូម​ចម្រើន​ព្រះរាជ​មេត្រី​មក​សម្ដេចព្រះ​អនុជាធិរាជ គឺ​សម្ដេចចៅពញា​ចន្ទរាជា​បាន​ទ្រង់​ជ្រាប ។ ដ្បិត​អ្នក​អូន​លើក​ចតុរង្គ​សេនា​ទាហាន​រេហ៍ពល​មក​ធ្វើសង្គ្រាម​នេះ យើង​មានចិត្ដ​អំណរ​ណាស់ ដោយហេតុ​ថា យើង​នឹង​បាន​ទត​នូវ​សេនា​ទាហាន​ច្បាំង​ប្រកាប់​គ្នា​ដោយ​អាវុធ​វែង​ខ្លី លើ​ខ្នង​សេះ ដំរី ជា​សិរី​សួស្ដី នៃ​ចក្ខុ​ទាំង​សងខាង ។

ប៉ុន្ដែ ​ឥឡូវនេះ ជិត​ដល់​វស្សា​រដូវ​ហើយ រាស្ដ្រ​ត្រូវ​ធ្វើស្រែ ដូច្នេះ​យើង​សូម​ឲ្យ​ឈប់​ធ្វើសង្គ្រាម​នឹង​គ្នា​ក្នុង​មួយ​រដូវ​នេះ​ចុះ តែ​សុំ​ឲ្យ​ចាំ​ពាក្យ​ដែល​សន្មត​សញ្ញា កុំឲ្យ​លប​លួច​វាយ​យក​ខេត្ត​គ្នា​ដូច​ជា​កងទ័ព​ចោរ​នោះ​ឡើយ ។ បើ​ដល់​រាស្ដ្រ​ធ្វើស្រែ​ចម្ការ​រួច​ហើយ មុន​នឹង​ធ្វើសង្គ្រាម​នឹង​គ្នា​កាលណា​ឲ្យ​មាន​រាជសារ​ចារ​ជា​ព្រះរាជ​កំណត់​ ទៅ​មក ទើប​គួរ​សមជា​ឧត្ដម​មហាក្សត្រ​ធិរាជ» ។ លុះ​អាល័ក្ស​ថ្លែង​ព្រះរាជសារ​ចប់​ហើយ សម្ដេចចៅពញា​ចន្ទរាជា ទ្រង់​ពិរោធ​ខ្លាំង​ណាស់ ទ្រង់​ត្រាស់​ថា អា​រាជទូត​ឯង​វិល​ទៅ​ប្រាប់​ម្ចាស់​ឯង​ចុះ​ថា​អញ​ព្រម​សម្រាក​ឲ្យ​រាស្ដ្រ​ ធ្វើស្រែ​ហើយ តែ​ថា​អញ​សុំ​កុំឲ្យ​ម្ចាស់​ឯង​ហៅ​អញ​ថា ជា​បង​ជា​ប្អូន​ឡើយ ដ្បិត​ម្ចាស់​ឯង និង​អញ​នេះ​មាន​ជាតិ​ត្រកូល​ឆ្ងាយ​ពី​គ្នា​ណាស់” ។ ទ្រង់​ត្រាស់​ហើយ ទ្រង់​ព្រះ​រាជទាន​មាស​ដួង​មួយ​ជញ្ជីង​សៀម ប្រាក់ដួង​ពីរ​ជញ្ជីង​ដែល​បាន​មក​ពី​ក្រុង​ស្រី​អយុធ្យា​នោះ ហើយ​ប្រទាន​ឲ្យ​ជា​រង្វាន់​រាជទូត​ជា​គ្រឿង​ឧបរាជ​បណ្ណាការ រួច​ទ្រង់​បណ្ដេញ​ឲ្យទៅ​ជា​ប្រញាប់ ។ លុះ​រាជទូត​ចេញ​ផុត​ទៅ​នោះ អស់​នាយ​កងទ័ព​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​ថា ៖

យើង​ធ្វើសង្គ្រាម​កំពុង​មាន​ជ័យ​ជំនះ ហើយ​ហេតុ​អ្វី​ក៏​ទ្រង់​ទទួល​សញ្ញា​ឲ្យ​ឈប់​សង្គ្រាម​ដូច្នេះ មួយទៀត ខេត្ត​ខាង​សត្រូវ​នៅ​ច្រើន​ជាង​យើង​ដែរ គឺថា​បាន​ទៅ​គេ​នោះ​ជាង​១០​សួន បាន​មក​យើង​មិន​ទាន់​បាន​១​សួន​ទេ ។ បើ​ខាង​សត្រូវ​ឲ្យ​កេណ្ឌ​បណ្ដារាស្ដ្រ​តាំងពី​ខេត្ត​ខាងជើង​ទល់​នឹង​ស្រុក​ លាវ ខាងត្បូង​ទល់​នឹង​សមុទ្រ ខាងកើត​ទល់​នឹង​នគរ​ចាម បាន​មក​ទាំងអស់​ប្រហែល​ជាង​១.០០០.០០០ (ដប់​សែន​នាក់) ទៅ​ហើយ ។ ឯខាង​យើង​ទើបតែ​វាយ​បាន​៦-៧​ខេត្ត គឺ​ខេត្ត​មហានគរ​ដែល​សម្ដេចព្រះ​បរម​រាជ​ពញាយ៉ាត​វាយ​ដណ្ដើម​បាន​ពី​សៀម​មក​ វិញ ហើយ​ឲ្យឈ្មោះ​ថា សៀមរាប នេះ​មួយ ខេត្ត​បាត់ដំបង​មួយ និង​ខេត្ត​តូចៗ​១២ ឬ​១៣​នេះ​មួយ ។ ម្យ៉ាងទៀត​ខេត្ដ​នេះ កាលបើ​បែក​ព្រះ​មហានគរ​កម្ពុជា​ហើយ សៀម​កៀរ​គ្រួ​យក​ទៅ​អស់ នៅ​តែ​ពីរ​ឬ​បី​ពាន់​នាក់​ប៉ុណ្ណោះ បើ​ដូច្នេះ តើ​យើង​ធ្វើ​ដូច​ម្ដេច​នឹង​ទទួល​ជ័យ​ពី​សត្រូវ​បាន បើ​សត្រូវ​កេណ្ឌ​ពល​ពី​ក្រុង​ខេត្ត​ទាំងអស់​លើក​មក​យើង​នឹង​មិន​បង់​ការណ៍​ ទេ​ឬអ្វី ? ។ ទូលព្រះបង្គំ​យល់​ថា យើង​នឹង​រក្សាខ្លួន​ពិបាក​ណាស់” ។ សម្ដេចចៅពញា​ចន្ទរាជា ជា​ម្ចាស់​បាន​ត្រាស់​ថា ការណ៍​នេះ​យើង​បាន​គិត​ស្រេច​ហើយ បានជា​យើង​ព្រម​ឈប់​ច្បាំង​សិន ព្រោះ​យើង​មាន​ប្រយោជន៍​៧​ប្រការ​គឺ ៖

ទីប្រការ​១​-មាន​សុភា​បុរាណ​ថា “ធ្វើស្រែ​នឹង​ទឹក​ធ្វើសឹក​នឹង​បាយ” បើ​យើង​ខំ​តែ​ធ្វើសង្គ្រាម​ទៅ កូន​ប្រពន្ធ​របស់​ឈ្មោះ​ដែល​មក​ចុះ​កំណែន​នោះ នឹង​ដាច់​ពោះ​ស្លាប់ បើ​កូន​ប្រពន្ធ​នោះ​អត់បាយ​ហើយ វា​ពុំ​យកចិត្ដ​ទុក​ដាក់​ក្នុង​ការ​ធ្វើការ​រាជការ​យើង​ឡើយ ។

ប្រការ ​២​-យើង​បាន​ខេត្ត​តូច​ធំ​ចំនួន​១២ ឬ​១៣​ខេត្ត​នេះ ល្មម​ទុកជា​សំណាក់​បាន​ហើយ បើ​យើង​មិន​ទាន់​ឲ្យ​ទៅ​បញ្ចុះបញ្ចូល​ខេត្ត​ផ្សេង​ទេ យើង​លើកទ័ព​ទៅ​វាយ​គេ​តែ​ម្ដងនោះ នឹង​ខ្ទេចខ្ទាំ​រកាំចិត្ដ​នៃ​អាណា​ប្រជារាស្ដ្រ​មិន​ខាន ។ លុះតែ​យើង​បញ្ចុះបញ្ចូល​ហ្លួង​ចិត្ដ​ចៅហ្វាយស្រុក និង​បណ្ដារាស្ដ្រ​ជា​មុន​សិន​ឲ្យ​ចូល​ចិត្ដ​យើង​ដែល​ជា​ព្រះរាជ​ត្រកូល ឬ​បើ​គេ​មិន​ចូល​ចិត្ដនឹង​យើង​ទេ គេ​បែរជា​ចូល​ចិត្ដ​ខាង​ពួក​ក្បត់​ដែល​តាំង​ខ្លួន​ជា​ស្ដេច​នោះ ចាំ​យើង​បាន​ចំណាប់​កាលណា សុំ​លើកទ័ព​ទៅ​បង្ក្រាប​ពួក​ដែល​រឹងទទឹង​នោះ ធ្វើ​ឲ្យ​សម្រេច​ការណ៍​ក្នុង​កាល​ខាងក្រោម ។

ប្រការ ​៣​-ខេត្ត​អាសន្ទុក​ជា​ខេត្ត​ធំ មាន​អាណា​ខេត្ត​ក៏​ច្រើន ចៅពញា​ឧទ័យធិរាជ​ប្រាង្គ​ជា​ចៅហ្វាយខេត្ត​នៃ​ស្រុក​នេះ គាត់​មាន​ថ្វីដៃ និង​តម្រិះ​ប្រាជ្ញា​មាំមួន​ណាស់ ប្រសិន​យើង​ខំ​ធ្វើ​ចម្បាំង​រហូត​ទៅ​មិន​ឈប់ ហើយ​ពញា​ប្រាង្គ​គេ​លើកទ័ព​មក​ព័ទ្ធ​យើង​ពីក្រោយ យើង​និង​ទៅ​ជា​កណ្ដាល​ចំណោម​គេ នោះ​យើង​នឹង​ពិបាក​រក្សាខ្លួន​ណាស់ ។ ហេតុនេះ​ហើយ​បានជា​យើង​ព្រម​បង្អង់​ចម្បាំង ចាំ​ប្រាប់ប្រាម​នូវ​ខេត្ត​ធំៗ​នេះ​ និង​ខេត្ត​តូចៗ​នៅ​ត្រើយ​ខាងកើត​ទិស​ខាងជើង​នោះ​ឲ្យ​បាន​មក​ជា​របស់​យើង​ សិន ។

ប្រការ​៤​-ខាង​ព្រះស្ដេច​កន​ ដែល​វា​តាំងខ្លួន​ជា​ស្ដេច​នោះ តែ​វា​ចេញ​ច្បាំង​កាលណា វា​បាំង​ស្វេតច្ឆត្រ និង​ចាមរបៃមន់ សែនត្វាន់ តាម​ទំនៀមទម្លាប់​ព្រះមហាក្សត្រ ។ ឯខាង​យើង​ដែល​ពេញ​ជា​ព្រះរាជ​ត្រកូល យើង​គ្មាន​អ្វី​សោះ យើង​ចេញ​ច្បាំង​កាលណា ឥស្សរិយយស​យើង​ជា​ទ័ព​ថោក​ជាង​វា ។ ទោះ​យើង​ឈ្នះ​ប៉ុន្មាន​ដង​ក្ដី ឥស្សរិយយស​យើង​នោះ​ក៏​នៅ​តែ​ថោកទាប​ជាង​វា ។

ប្រការ ​៥​-កាល​ដែល​បម្រើ​នៃ​ព្រះស្ដេច​កន​នាំ​ព្រះរាជសារ​មក​ហើយ​ទៅ​វិញ​នោះ យើង​បាន​ផ្ដាំ​ថា បើ​នឹង​ចង់​ឈប់​សង្គ្រាម​ឲ្យ​រាស្ដ្រ​ឈប់​ធ្វើស្រែ ក៏​ឈប់​តាម​ចិត្ដ​ចុះ ។ បើ​រាស្ដ្រ​កំពុង​ត្រេកអរ​ព្រោះ​បាន​នៅ​មូល​កូន​ប្រពន្ធ​ផង ត្រេកអរ​នឹង​យើង​ជាដើម​គំនិត​នេះ​ផង ហើយ​បើ​យើង​ត្រឡប់​ទៅ​ប្រែ​សម្ដី​វិញ រាស្ដ្រ​កំពុង​បាក់​ចិត្ដ​ស្រឡាញ់​យើង​នោះ ក៏​នឹង​ប្រែចិត្ដ​ស្អប់​យើង ព្រោះ​យើង​មាន​វាចា​ពុំ​ទៀងត្រង់ ។

ប្រការ​៦​-សេនា​ទាហាន​ខាងយើង​មាន​ថ្វីដៃ​ក៏​ច្រើន​នាក់ តែ​យើង​ពុំ​បាន​ប្រឡង​ថ្វីដៃ​ឲ្យ​ឃើញ​ជាក់ច្បាស់​នៅឡើយ ។

ប្រការ ​៧​-ខាងយើង​ពិតជា​ព្រះរាជ​ត្រកូល​មែន តែបើ​តាំងខ្លួន​ថ្មី​ពុំ​ទាន់​មាន​ទូក​ចម្បាំង​ដល់​មួយ​សោះ ។ ឯខាង​ព្រះស្ដេច​កន​វិញ គេ​ពិតជា​ក្រៅ​ត្រកូល តែ​គេ​តាំងខ្លួន​មក​យូរហើយ គេ​មាន​ទូក​ចម្បាំង​ក៏​ច្រើន ។ បើ​គេ​លើក​ទ័ពជើងទឹក​មក​ព័ទ្ធ​ចោម​យើង​កាលណា យើង​គ្មាន​អ្វី​ទប់ទល់​នឹង​គេ​ឡើយ ។

ហេតុនេះហើយ​បានជា​យើង​ព្រម​តាម​ស្ដេច​កនសុំ​ដែល​សុំ​តាម​គំនិត​របស់​យើង ។ ឯ​មន្ដ្រី​ខ្ញុំ​រាជការ សេនា​ទាហាន​ទាំង​ប៉ុន្មាន បាន​ថ្លែង​សរសើរ​ព្រះ​ប្រាជ្ញាញាណ​នៃ​ទ្រង់​គ្រប់ៗ​គ្នា ។ សម្ដេច​ចៅពញា​ចន្ទរាជា​ជា​អម្ចាស់ កាល​ទ្រង់​បាន​យល់ចិត្ដ​នៃ​មន្ដ្រី​ខ្ញុំ​រាជការ​ដែល​ទុកចិត្ដ​ជឿ​ចំពោះ​ ព្រះ​តម្រិះ​ប្រាជ្ញា​ព្រះ​អង្គ​ហើយ ព្រះ​អង្គ​ក៏​តាំង​ចៅពញា​សួគ៌ាលោក​ទេព​ជា​កូន​ទី​៣​របស់​ពញា​មឿង​ឲ្យ​សម្រេច ​រាជការ​លើ​ចៅហ្វាយស្រុក​ខេត្ត​រលាប្អៀរ ខេត្ត​លង្វែក ខាង​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​នោះ ស្ដេច​ត្រាស់​ឲ្យ​កងទ័ព​ឈរ​រក្សា​ខេត្ត​ជាប់​តាំងពី​ស្ទឹង​ក្រាំងពន្លៃ​រៀង​ ទៅ​ដល់​ខាងត្បូង ហើយ​ស្ដេច​លើកទ័ព​ត្រឡប់​ទៅ​ក្រុង​ពិជ័យ​ព្រៃនគរ​ទិស​ខាងកើត​វិញ ។

នេះ ​នឹង​និយាយ​អំពី​ចៅ​ឧទ័យធិរាជ ចៅហ្វាយស្រុក​អាសន្ទុក​វិញ ។ ចៅហ្វាយស្រុក​ខេត្ត​អាសន្ទុក​លុះ​ដឹង​ថា “សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​លើកទ័ព​ហួស​រហូត​ទៅ​ដល់​ខេត្ត​រលាប្អៀរ លង្វែក ហើយ” ក៏​តាំង​កេណ្ឌ​កងទ័ព​គ្រប់​ខេត្ត​ដែល​ឡើង​ខេត្ត​អាសន្ទុក​នោះ គឺ​មឿង ជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប់ មឿង​ទាំង​២៥​នេះ​កេណ្ឌ​បាន​ពល​៨០.០០០​នាក់ ហើយ​ឲ្យ​កេណ្ឌ​ទូក​រាស្ដ្រ​សម្រាប់​ចម្លង​កងទ័ព​ឆ្លង​ទៅ​ខេត្ត​ក្រគរ ដើម្បី​វាយ​កងទ័ព​សត្រូវ​ផ្ទប់​ពី​ខាងក្រោយ​កុំ​ឲ្យ​សម្ដេចចៅពញា​ចន្ទរាជា​ រត់គេច​ខ្លួន​បាន ។ ឯ​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់ ព្រះ​អង្គ​ប្រថាប់​ទ័ព​នៅ​បន្ទាយ​ស្រុក​អមរគីរីន្ទបូរ (អម្រិន្ទបូរី) ។ ក្នុង​មួយ​ថ្ងៃ​នោះ​ព្រះ​អង្គ​ជ្រាប​ថា “កង​ល្បាត​នៃ​ចៅពញា​ឧទ័យធិរាជ​កំពុង​ឲ្យ​កងទ័ព​ឆ្លងទន្លេ​សាប​មក​ខេត្ត​ ក្រគរ​ហើយ” ទ្រង់​ឈ្វេងយល់​គ្រប់​ប្រការ​ស្រេច ទើប​ស្ដេច​ត្រាស់​បង្គាប់​បម្រើ​សេះ​ឲ្យទៅ​ទូល​ចៅពញា​យសរាជា​ដែល​នៅ​រក្សា​ ខេត្ត​ពោធិ៍សាត់​ថា ឲ្យ​លើក​កងទ័ព​ទៅ​ស្ទាក់​ចាំ​នៅ​កំពង់​ដៃទន្លេ​សាប កុំ​ឲ្យ​កងទ័ព​សត្រូវ​ឡើងគោក​រួច ។ ឯ​ចៅពញា​យសរាជា​ជា​ស្ដេច​ព្រះ​ភាគិនេយ្យា (របស់​ព្រះ​ចន្ទរាជា) ទ្រង់​ជ្រាប​ហើយ​ទ្រង់​ឲ្យ​នាយកង​ទ័ព​នាំ​រេហ៍ពល​១០.០០០​នាក់ កាន់​កាំភ្លើង​ធំ​តូច​ទៅ​បង្កប់​ចាំ​នៅ​មាត់ព្រៃ​ទន្លេសាប​ពីរ​អន្លើ ហើយ​ឲ្យ​កេណ្ឌ​ទូក​បាន​ជា​ច្រើន ។ ទ្រង់​ត្រាស់​កំណត់​ថា បើ​កងទ័ព​សត្រូវ​វា​ថយ​រត់​ទៅ​ត្រូវ​ឲ្យ​តាម​បាញ់​តាម​ចាប់​យកជ័យ​ជំនះ​ឲ្យ​ បាន ។

សម្ដេចចៅពញា​ចន្ទរាជា កាល​ឲ្យ​បម្រើ​ទៅ​ទូល​សម្ដេចព្រះ​ភាគិនេយ្យា​ចៅពញា​យសរាជា​រួច​ហើយ ស្ដេច​ត្រាស់​បង្គាប់​ចៅពញា​ធិបតី​សេនា​ពេជ្រ និង​ចៅពញា​យោធា​សង្គ្រាម​ពៅ ឲ្យ​នាំ​រេហ៍ពល​២០.០០០​នាក់​ទៅ​បង្កប់​ចាំ​នៅ​មាត់​ព្រែក​ទន្លេសាប​ត្រើយ​ ខាងកើត ហើយ​ទ្រង់​ផ្ដាំ​ថា “បើ​ឮ​កាំភ្លើង​សន្យា​ទ័ព​ហើយ ឲ្យ​លើក​កងទ័ព​ចូល​ច្បាំង​ឲ្យ​បាន​សម្រេច​ចុះ” ។ ចៅពញា​ទាំង​ពីរ​ក៏​ក្រាប​បង្គំ​ថ្វាយ​លា​ចេញ​ទៅ​តាម​ព្រះរាជ​បញ្ជា ។ ឯ​សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ស្ដេច​ឡើង​គង់​លើ​ព្រះ​ទីនាំង​ចក្រពត្ដិ គឺ​ទូក​ង​សារាយអណ្ដែត​នោះ ព្រម​ដោយ​ទូក​ង​ផ្សេងៗ​២៥​ទៀត​ចេញ​ទៅ​បង្កប់​ស្ទាក់​នៅ​មាត់​ព្រែក​ទន្លេសាប ​ចាំ​ទ័ព​សត្រូវ ។ ចៅពញា​ឧទ័យធិរាជ​ចៅហ្វាយស្រុក​ខេត្ត​អាសន្ទុក (ខាង​ស្ដេច​កន) កាល​បាន​ទូក និង​ទ័ព​មក​ជួបជុំ​ហើយ​ក៏​ដេញ​ពល​ឲ្យ​ចុះទូក​ទៅ​ដល់​ជិត​ព្រៃ​ត្រើយ​ ខាងលិច ។ ខណៈនោះ​កងទ័ព​ចៅពញា​យសរាជា​ដែល​បង្កប់ខ្លួន​នោះ​ក៏​តាំង​ហ៊ោរ​បាញ់កាំភ្លើង​ ធំ​តូច​រំពង​ឡើង ។ កងទ័ព​ចៅពញា​ឧទ័យធិរាជ​ជិះទូក​កំណែន គ្មាន​ចំណាប់​នឹង​បាញ់ ក៏​បែក​កងទ័ព​រត់​ទៅ​ពួន​ក្នុង​ព្រៃ​មួយអន្លើ​ក្នុង​ខេត្ត​ អម្រិន្ទបូរ ។ នៅ​ទីនោះ​កងទ័ព​ចៅពញា​ឧទ័យធិរាជ​ទាំងនោះ​រត់ទៅ​ជួបនឹង​កងទ័ព​ចៅពញា​សេនា​ សង្គ្រាម ។ ខាង​កងទ័ព​ចៅពញា​សេនា​សង្គ្រាម​ក៏​ទទួល​បាញ់​កាប់​ចាក់​កងទ័ព​សត្រូវ​ឥត​ ត្រា​ប្រណី​ឡើយ ធ្វើ​ឲ្យ​កងទ័ព​សត្រូវ​ទ្រាំ​មិន​បាន​ក៏​រត់​ឆ្លង​ទៅ​ត្រើយ​ខាងកើត​ វិញ ។ ទ័ព​ដែល​ស្លាប់​ដោយ​ធ្លាក់ទឹក​ទន្លេសាប​នោះ​ប្រមាណ​ជា​ពីរ​ឬ​បី​ពាន់​ នាក់ ។ ឯ​សម្ដេចចៅពញា​ចន្ទរាជា​ដែល​បង្កប់​ក្នុង​ព្រៃ លុះ​ឮ​សូរកាំភ្លើង​ហើយ​ឃើញ​ទ័ព​នៃ​ចៅពញា​ឧទ័យធិរាជ​រារង់​ថយ​មក​នោះ ទ្រង់​ក៏​ឲ្យ​ទូក​ង​ទាំង​២៥ និង​ទូក​ព្រះ​ទីនាំង​ព្រះ​ចក្រពត្ដិ​អុំ​សម្រុកចូល​ទៅ​ចាប់ ហើយ​ចាប់​បាន​ទាំង​ពល​ទាំង​ពញា​ឧទ័យធិរាជ និង​ចៅ​មឿង​១០​នាក់​ទៀត ។ ឯ​ចៅ​មឿង​១១​នាក់​ទៀត​លោត​រត់​ដោះ​ខ្លួន​ទៅ​ដល់​ច្រាំង​ត្រើយ​ខាង​កើតជា​ មុន ។ ឯ​ចៅពញា​ធិបតី​សេនា និង​ចៅពញា​យោធា​សង្គ្រាម​ដែល​នៅ​បង្កប់ទ័ព​នៅ​មាត់ទន្លេ​ត្រើយ​ខាងកើត​នោះ លុះ​ឃើញ​ចៅ​មឿង​ទាំង​១១​នាក់​រត់ទៅ​ដល់​ហើយ ក៏​ឲ្យ​ទ័ព​ខ្លួន​ដេញចាប់​បាន​ទាំងអស់ ហើយ​ឲ្យ​ដាក់​ក្ដី​ប្រចាំការ​ទម្រាំ​ស្ដេច​យាង​ទៅ​ដល់ ។ លុះដល់​ថ្ងៃរសៀល​សម្ដេចចៅពញា​ចន្ទរាជា​ព្រះ​អង្គ​ចេញ​ព្រះរាជ​ដំណើរ​ទៅ​ដល់​ ព្រះ​ពន្លា​នៅ​ត្រើយ​ខាងកើត​នោះ​ហើយ ចៅពញា​អធិបតី​សេនា​ពេជ្រ និង​ចៅពញា​យោធា​សង្គ្រាម​ពៅ នាំ​ចៅហ្វាយស្រុក​ចៅ​មឿង​ទាំង​២២​នាក់ និង​ឈ្លើយ​ទាំង​៦០.០០០​នាក់​ដែល​ចាប់​បាន​នោះ នាំ​មក​ក្រាប​បង្គំ​ទូល​ថ្វាយ ។ ខណៈនោះ​ចៅហ្វាយស្រុក ចៅ​មឿង ចៅ​បាន សេនា​ទាហាន ឯក ទោ ត្រី ដែល​ចាប់​បាន​ជាប់​ទាំង​រេហ៍ពល​៦០.០០០​នាក់ ក៏​កោតខ្លាច​អំណាច​បុណ្យ​បារមី​នៃ​សម្ដេចចៅពញា​ចន្ទរាជា ហើយ​សន្មត​សញ្ញា​សូម​នៅ​ជា​ខ្ញុំ​រាជការ​ត្រា​អស់​មួយ​ជីវិត ។ សម្ដេច​ចៅពញា​ចន្ទរាជា​ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​តាម​សុំ ។ តែ​ក្នុង​គ្រានោះ​ព្រះ​អង្គ​ពុំ​ទាន់​រក​ឃើញ​នូវ​ក្រុម​ព្រះ​បុរោហិត​នៅឡើយ នឹង​ឲ្យធ្វើ​សច្ចាប្រណិធាន​តាម​ច្បាប់​ប្រពៃណី​ពុំ​កើត ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ក្រុម​ទាំងនេះ​ទទួល​ថា​តាម​ព្រះ​អង្គ​៣​ដង​ ម្នាក់ៗ ហើយ​ឲ្យ​ក្រុម​ទាំងនោះ​ទទួលទាន​ទឹកពិភទ្ទសច្ចា​ទុកជា​ការ​ស្រេច ។ លុះ​ពល​ទាំងនោះ​សុំ​ចុះចូល​អស់ហើយ ព្រះ​អង្គ​ត្រាស់​បង្គាប់​ទៅ​ពញា​ឧទ័យធិរាជ​ជា​ចៅហ្វាយ​ស្រុក​ខេត្ត​ អាសន្ទុក​ដែល​ទើបនឹង​សុំ​ចុះចូល​ឲ្យ​នាំ​មឿង​ទាំង​២២​ស្រុក និង​រេហ៍ពល​៦០.០០០​នាក់​ដែល​សល់​ពី​ស្លាប់​នោះ​ឲ្យ​លើកទ័ព​ទៅ​វាយ​បន្ទាយ​ ខេត្ត​កំពង់សៀម បន្ទាយ​ខេត្ត​ជើងព្រៃ និង​ស្ទឹងត្រង់ ទាំង​៣​ខេត្ត​នេះ​ឲ្យ​បាន ។ ចៅហ្វាយស្រុក​ទាំង​៣​ខេត្ត​នេះ​ធ្លាប់​ខ្លាច​ថ្វីដៃ​ចៅពញា​ឧទ័យធិរាជ​ស្រាប់ លុះ​ឃើញ​កងទ័ព​ពញា​ឧទ័យធិរាជ​ចាត់​សេនា​ទាហាន​ឲ្យ​នៅ​រក្សា​ខេត្ត​ទាំង​៣​ នោះ​ហើយ ក៏​លើកទ័ព​មក​គ្រាប​បង្គំ​ទូល​ស្ដេច​ចៅពញា​ចន្ទរាជា​អំពី​ជ័យ​ជំនះ​ដែល​ ខ្លួន​យក​បាន​គ្រប់​ប្រការ ។ ស្ដេច​ចៅពញា​ចន្ទរាជា​ទ្រង់មាន​ព្រះ​អំណរ​ណាស់ ទ្រង់​ត្រាស់​ព្រះ​រាជទាន​មាស ប្រាក់ យសស័ក្ដិ​ដល់​សេនា​ទាហាន​ទាំងនោះ​ឲ្យ​ឡើង​ទីទៃៗ​ពី​គ្នា​តាម​សមគួរ​ហើយ ទ្រង់​ផ្ដាំ​នឹង​ចៅពញា​ឧទ័យធិរាជ​ឲ្យ​ការពារ​សឹក​សង្គ្រាម​ត្រើយ​ខាងកើត ទិស​ខាងជើង​នេះ​ឲ្យ​ជាប់​នៅ​នឹង​បា​ឯង ឲ្យ​បា​ឯង​ខំ​រក្សា​អាណាខេត្ដ ព្រមទាំង​បញ្ចុះ​បញ្ចូល​ចៅហ្វាយស្រុក ចៅ​មឿង​ទីទៃៗ​ឲ្យ​បាន​មក​ជា​ចំណែក​ខាងយើង​ទាំងអស់ ។ ចៅពញា​ឧទ័យធិរាជ និង​ចៅ​មឿង​២១​ខេត្ត ក៏​ថ្វាយបង្គំ​ទូល​ថ្វាយ​ទទួល​ព្រះ​បន្ទូល​ពិសេស​ហើយ ក៏​លើក​ទ័ព​ត្រឡប់​ទៅ​ខេត្ត​ទីទៃៗ​រៀងខ្លួន ។ ចៅពញា​ឧទ័យធិរាជ​ទៅ​ដល់​ខេត្ត​ហើយ ក៏​ឲ្យ​កេណ្ឌ​សេនា​ទាហាន និង​អ្នកមាន​ប្រាជ្ញា​ស្មារតី​មាន​ថ្វីមាត់​ចេញ​ទៅ​និយាយ​បញ្ចុះបញ្ចូល​ ចៅហ្វាយស្រុក​ចៅ​មឿង​ដែល​នៅ​ទិស​ខាងកើត​ប៉ែក​ខាងលិច​នោះ​ទាំងអស់ ។ សេនា​ទាហាន និង​អ្នក​មាន​ប្រាជ្ញា​ស្មារតី​ថ្វីមាត់​ទាំងនោះ​ទៅ​បញ្ចុះបញ្ចូល​បាន​ ចៅហ្វាយស្រុក​មហានគរ ចៅ​មឿង​សូត្រ​និគម ចៅ​មឿង​ពួក ចៅ​មឿង​ក្រឡាញ់ ចៅ​មឿង​ចុងកាល់ និង​រហូត​រៀង​ទៅ​ដល់​ចុងផែន​បានជា​ច្រើន​នៅ​ទិស​ខាងលិច​ជា​ស្រេច​ដាច់ខាត​មក ​ខាង​ស្ដេច​ពញា​ចន្ទរាជា​ទាំងអស់ ។ ចៅពញា​ឧទ័យធិរាជ​ជោគជ័យ​ដូច្នោះ​ហើយ ក៏​ធ្វើ​សំបុត្រ​ក្រាប​បង្គំ​ទូល​ចូល​មក​ព្រះបាទ​ចន្ទរាជា​ជា​ម្ចាស់​តាម​ ដំណើរ ។ ព្រះបាទ​អ្នក​អង្គ​ម្ចាស់​ទ្រង់​ជ្រាប​ហើយ ទ្រង់មាន​ព្រះ​អំណរ​ណាស់ ទើប​ព្រះ​អង្គ​ថយ​ទ័ព​ត្រឡប់​មក​ខេត្ដ​អម្រិន្ទបូរ​វិញ ។ ក្នុង​ឆ្នាំជូត​អដ្ឋស័ក​នោះ ព្រះ​សង្ឃរាជ​រាជាគណៈ​ឋានានុក្រម និង​ព្រះ​បុរោហិត ព្រឹទ្ធាចារ្យ ព្រះរាជ​វង្សានុវង្ស​ដែល​រត់​ខ្ចាត់​ភ្លាត់​ចេញពី​ក្រុងភ្នំពេញ និង​ពី​ក្រុង​បាសាន​នោះ​ដឹង​ថា “សម្ដេច​ព្រះអនុជ (ព្រះ​ចន្ទរាជា) ព្រះ​អង្គ​មាន​ជ័យ​ជំនះ​ហើយ” ក៏​ចេញពី​ព្រៃ​ដែល​ពួន​ជ្រក​នោះ​មក​ជួបជុំ​នាយកង​នាយ​ទ័ព សុំ​ឲ្យ​នាំ​ខ្លួន​យក​ទៅ​ថ្វាយ​ជា​ខ្ញុំ​រាជការ ហើយ​ប្រឹក្សា​គ្នា​ថា “ទ្រង់​ព្រះករុណា​ពិសេស​ជា​អម្ចាស់​យើង​នេះ​ពេញ​ជា​ព្រះរាជ​បុត្រា​បង្កើត​ នៃ​ព្រះបាទ​សម្ដេចព្រះ​រាជឱង្ការ​ព្រះ​ធម្មរាជា​ដែល​ជា​ព្រះមហាក្សត្រ​ ទ្រង់ធម៌ ទ្រង់​ប្រាថ្នា​ជា​ពុទ្ធភូមិ វិរិយោធិក ព្រះ​អង្គ​ម្ចាស់​យើង​នេះ​ពេញ​ជា​មាន​សតិបញ្ញា​ឈ្លាសវៃ​ណាស់ ព្រះ​អង្គ​ឈម​ព្រះ​ភ័ក្ដ្រ​ទៅ​ធ្វើសង្គ្រាម​ទិស​ណា ក៏​វាយ​ទិស​នោះ​បាក់បប​ខ្លបខ្លាច​ទាំងអស់ ពុំដែល​ទើស​ទាក់ និង​ព្រះ​រាជានុភាព​បាន​ឡើយ ។ ព្រះ​អង្គ​មានបុណ្យ​បាន​របស់​ត្រកាល​ពីរ​យ៉ាង​គឺ ៖

១-ទ្រង់មាន​ពិជ័យ​គជេន្ទ្រ​ស​សុទ្ធ​មួយ កាលដែល​ទើបនឹង​បាន​កម្ពស់​តែ​៦​ហត្ថ​មក​ដល់​ឥឡូវនេះ​កម្ពស់​៧​ហត្ថ​បា្លយ ដំរី​នោះ​មាន​ដំណឹង (ការ​ចេះ​ដឹង) ច្រើន​ជំពូក​ណាស់ គឺ​ជំពូក​មួយ​វា​ចេះ​កាន់​អាវុធ​ចាក់​កាប់​ដូច​មនុស្ស ជើង​ទាំង​ពីរ​ចេះ​ធាក់​ផង រង​អាវុធ​ផង ។ ជំពូក​ពីរ បើ​មាន​ជំងឺ​តម្កាត់​នៅ​ទីណា ក្នុង​ព្រះ​នគរ​ព្រះករុណា​ជា​អម្ចាស់​យើង​ឲ្យ​ហ្ម​ធ្វើ​ពិធី​សុំ​ទឹក​យក​ទៅ​ ជះ​បាចសាច​នៅ​ទីណា​ដែល​មាន​ជំងឺ​នោះ​ជំងឺ​ក្នុង​ទិស​នោះ​សឹងតែ​ស្ងប់ស្ងាត់​ បាត់​ទៅ ។ ជំពូក​បី បើ​រដូវវស្សា ហើយ​រាំងភ្លៀង ព្រះ​អង្គជា​ម្ចាស់​យើង​ឲ្យ​ហ្ម​ថៅ​នាំ​ទៅ​ធ្វើ​ពិធី​ក្នុង​ទីនោះ​៣​ឬ​៤​ ថ្ងៃ​តែ​ប៉ុណ្ណោះ ភ្លៀង​ក៏​ធ្លាក់​បរិបូណ៌ ។ ជំពូក​បួន បើ​ព្រះ​អង្គជា​អម្ចាស់​យើង​ឡើង​គង់​ និង​ធ្វើសង្គ្រាម​យុទ្ធ​កាលណា បើ​វា​ស្រែក​ឲ្យ​ឮ​សំឡេង​ក្រអៅ​ហើយ​នោះ​ឲ្យ​សង្ឃឹម​ទុកចិត្ដ​ចុះ​ថា មុខជា​មាន​ជ័យ​ជំនះ​ឈ្នះ​បាន​ដំរី​ជា​បរិវារ​ច្រើន​ជា​មិន​ខាន ។

២-ព្រះ ​អង្គ​ទ្រង់​បាន​ទូក​ង​ឈ្មោះ​សារាយអណ្ដែត​មក​ជា​ព្រះ​ទីនាំង​ចក្រពត្ដិ​នោះ ក៏​មាន​បុញ្ញាធិការ​ច្រើន​ជំពូក គឺ​ជំពូក​មួយ បើ​ទូក​ធម្មតា​ទៅ​នគរវត្ដ​មិន​មាន​ខ្យល់​រលក​ទេ កំណត់​បី​បួន​ថ្ងៃ​ទើប​មក​ដល់ បើ​ខ្យល់​រលក​ផង​ទូក​ធម្មតា​ទៅ​នគរវត្ដ​ត្រូវ​ប្រើ​ពេល​អស់​១០​ឬ​១៥​ថ្ងៃ ឯ​ព្រះ​ទីនាំង​ចក្រពត្ដិ​នោះ ព្រះ​អង្គ​ទៅ​បិណ្ឌ​បាត្រ​នៅ​ព្រះ​នគរវត្ដ​ត្រឡប់​មក​ដល់​វត្ដ​យើង​វិញ កំណត់​តែ​បាយ​ចង្ហាន់​ហុយៗ​នៅឡើយ ព្រោះ​លឿន​បីដូច​ជា​ទូក​ទិព្វ ។ ជំពូក​ពីរ បើ​សេនា​ទាហាន​នឹង​ឡើង​ជិះ​ធ្វើសង្គ្រាម​ចំណុះ​ទូក​១២៥​នាក់​នោះ ទោះ​កាំភ្លើង ធ្នូ ស្នា ច្រើន​ប៉ុន្មាន​ក្ដី​ក៏​ពុំដែល​មក​ជិត​ចំណុះ​ទូក​នេះ​ឡើយ ។ ជំពូក​បី បើ​នឹង​លើកទ័ព​ចេញ​ទៅ​ហើយ គេ​លេងភ្លេង​ពិធី​អូស​ចេញពី​បង្គង​នោះ លុះ​លេង​រួច​ហើយ​ឲ្យ​ពិនិត្យ​មើល​ពងមាន់​១២៥​ដែល​ថ្វាយ​ទូក​នោះ បើ​បិសាច​ដែល​រក្សា​ទូក​នោះ​ឮ​សូរ​គាំ​ហ៊ោ​ជា​ត្រេកត្រអាល​នោះ អ្នក​ស្នែង​អាច​សែង​តែ​១៦​នាក់​រួច​យ៉ាង​ស្រួល ហើយ​ឲ្យ​សង្ឃឹមថា មុខជា​មាន​ជ័យ​បើ​ពងមាន់​នោះ​មិន​បាត់​មាត់​ក៏​ឮ​ហ៊ោ​ក្រេវ​ទេ ទូក​ដែល​ចេញ​ទៅ​នោះ​មុខជា​ពុំ​ប្រទះ​ច្បាំង​នឹង​សត្រូវ​សោះឡើយ ។ របស់​វិសេស​ទាំង​ពីរ​ប្រការ​នេះ​អស់​អាត្មាភាព និង​យើងខ្ញុំ​ទាំងឡាយ​យល់​ថា ចូល​ជា​របស់​ចុល្លចក្រ មហាចក្រ ទៅ​ធ្វើការ​ឯណា​ក៏​នឹង​មាន​ជ័យ​ជំនះ ហើយ​យើង​ទាំងអស់​គ្នា​មក​នៅ​ស្ងៀម​ពុំ​បាន​ធ្វើ​ព្រះរាជ​ពិធី​អភិសេក​ឲ្យ​ បាន​រុងរឿង​ឥស្សរិយយស​ខ្ពស់ ជា​ឯក​ព្រះមហាក្សត្រ ឲ្យ​បាន​ថ្កុំថ្កើង​ជាង​រាជ​សត្រូវ​នោះ​ពុំខាន​ឡើយ ។ លុះ​គិត​ព្រម​គ្នា​ហើយ ក៏​នាំ​គ្នា​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​សូម​អញ្ជើញ​ព្រះ​អង្គ​សោយរាជ្យ​ សម្បត្ដិ​តាម​សេចក្ដី​ពិភាក្សា ហើយ​យល់ព្រម​ជា​ឯកច្ឆន្ទ ។ ទើប​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់​ទ្រង់​ត្រាស់​ថា ព្រះ​នគរ​ក៏​ពុំ​ទាន់​បាន​រាបទាប ទាំង​ព្រះ​ខ័ន​ក៏​ពុំ​ទាន់​រក​ឃើញ បើ​រៀប​អភិសេក​ក្រែង​ពុំគួរ​ទេ​ដឹង ។ ពេល​នោះ​អស់​ព្រះសង្ឃ និង​ព្រះ​បុរោហិត ព្រះរាជ​វង្សានុវង្ស មន្ដ្រី​ចាស់ទុំ ខ្ញុំ​រាជការ​ក្រាប​បង្គំ​ទូល​ថា សូម​ព្រះ​រាជទាន​នឹង​រៀប​ព្រះរាជ​ពិធី​ជា​សង្គ្រាមមាភិសេក ថ្វាយ​ជា​សុវត្ថិ​មង្គល គ្រាន់​នឹង​គ្រប់គ្រង​រាស្ដ្រប្រជា​ជា​បណ្ដោះអាសន្ន​សិន​ប៉ុណ្ណោះ​ទេ បើ​ទ្រង់​ច្បាំង​ឈ្នះ​បាន​ព្រះ​នគរ​ស្រេច​កាលណា និង​សូម​ថ្វាយ​ប្រាបា្ដភិសេក​ក្នុង​កាលនោះ ។ ខណៈនោះ​សម្ដេច​បរមបពិត្រ​ទ្រង់​ព្រះរាជានុកូល​ចូល​ព្រះ​ហឫទ័យ​ផង ហើយ​ទ្រង់​ត្រាស់​ថា បើ​ព្រម​គ្នា​យល់​ថា​ត្រូវ​តែ​ឲ្យ​យើង​ទទួល​អភិសេក​ហើយ ក៏​ឲ្យ​គិត​សម្រេច​ធ្វើ​តាម​ក្បួន​សង្គ្រាម​មាភិសេក​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ​តាម​ប្រពៃណី​ចុះ ។ រំពេច​នោះ​ព្រះសង្ឃ និង​ខ្ញុំ​រាជការ​ទាំងឡាយ​ត្រេកអរ​សោមនស្ស​ណាស់ ហើយ​ក៏​ចេញ​ទៅ​ចាត់ចែង​កេណ្ឌ​កង​កំណែន​ឲ្យ​ចាំង​ដី​ជម្រះ​ស្មៅ​ជា​ឯលិច​ បន្ទាយ​ដែល​គង់​ឲ្យ​សង់រោង​រាជពិធី​តាម​ពុទ្ធ​សាសន៍ សេយ្យ​សាសន៍ ព្រះ​រាចវ័តី​ឆត្រ ទ្រង់​ធ្វើ​ភ្នំ​មហា​បណ្ឌប​ធ្វើ​ព្រះ​បុស្បុក មាន​ព្រះ​ស្វេតច្ឆត្រ គ្រឿង​រាជ​អភិសេក​សព្វសារពើ ។ ចំណែកឯ​ព្រះ​ស្វេតច្ឆត្រ​នោះ​សម្ដេចចៅពញា​ចន្ទរាជា​ទ្រង់​ពុំ​ឲ្យធ្វើ​គ្រប់ ​៩​ជាន់​ទេ ទ្រង់​ឲ្យធ្វើ​តែ​៥​ជាន់ ហើយ​ទ្រង់​ឲ្យធ្វើ​គ្រឿង​ព្រះ​ទីនាំង​គជេន្ទ្រ​យុទ្ធ គ្រឿង​ព្រះ​ទីនាំង​អស្សតរ តែងខ្លួន​ឲ្យ​ប្រពៃ​បម្រុង​កាន់​ទង់ជាតិ​ដើរ​ហែរ​ចូល​ទៅ​ក្នុង​រោង​ព្រះ​ ពិធី​ពរ​ជ័យ ។ ឯ​បណ្ដារាស្ដ្រ​ជិត​ឆ្ងាយ​ឮ​ថា ព្រះ​បរមបពិត្រ​ទ្រង់​រៀប​សង្គ្រាម​មាភិសេក​ហើយ​ត្រេកអរ​ណាស់ ក៏​នាំ​គ្នា​យក​គោ ក្របី សេះ ដំរី ទូក មាស ប្រាក់ សំពត់ អាវ សាវ​ស្បៃ តាម​ដែល​ខ្លួន​មាន​នោះ មក​ក្រាបទូល​ថ្វាយ​ជាច្រើន​អនេក ។ លុះ​មក​ដល់​ថ្ងៃ​ទី​៩​កើត ខែ​ផល្គុន ឆ្នាំជូត អដ្ឋស័ក ព.ស​២០៦០ គ.ស​១៥១៦ ម.ស​១៤៣៨ ច.ស​៨៧៨ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ទ្រង់គ្រឿង​មហា​ខត្តិយា​ធិបឌិន ទ្រង់​ធ្វើ​ព្រះរាជ​ដំណើរ​ចូល​ក្នុង​រោង​រាជពិធី ។ ព្រះរាជ​គ្រូ​ថ្វាយ​មហា​ស្វេតច្ឆត្រ ស្ដេច​ឋិត​នៅ​នា​បូព៌ា​មុខ​ស្វេតច្ឆត្រ ទើប​ព្រះរាជ​វង្សានុវង្ស សេនាមុខ​មន្ដ្រី​ក្រាប​ថ្វាយ​ព្រះរាជ​មង្គល​ព្រះរាជ​ពិធី​ពរ​ជ័យ ។ សម្ដេចចៅពញា​ចន្ទរាជា​ព្រះ​អង្គ​គ្រឿង​គ្រងរាជ្យ​សម្បត្ដិ ទ្រង់​ព្រះ​នាម​ថា “ព្រះ​បរម​រាជា​ចន្ទរាជា​គ្រង​ក្រុង​កម្ពុជា​ធិបតី” ។ លុះ​រួច​ពិធី​ហើយ ព្រះ​អង្គ​តាំង​ព្រះសង្ឃ និង​មន្ដ្រី​តាម​គុណ​បំណាច់ និង​ចំណេះវិជ្ជា​ដូច​តទៅ​នេះ ៖

  1. ចៅអធិការ​សួស ជាទី​សម្ដេចព្រះ​សុគន្ធធា​ធិបតី​សិរី​សោធរ​សង្ឃនាយក ។
  2. ចៅអធិការ​ស្រី ជាទី​សម្ដេច​មង្គល​ទេពពាចារ្យ ។
  3. ចៅអធិការ​សោម ជាទី​សម្ដេចព្រះ​ធម្មលិខិត ។
  4. ចៅអធិការ​លាស់ ជាទី​សម្ដេចព្រះ​ពោធិ​វង្ស ។
  5. ចៅអធិការ​ទន់ ជាទី​សម្ដេចព្រះ​វនរ័ត ។
  6. ចៅអធិការ​សោម ជាទី​សម្ដេចព្រះ​វន័រ ។
  7. ចៅអធិការ​ជ័យ ជាទី​សម្ដេច​មហាវិមលធម្ម ។

ចៅអធិការសួស​មាន​បណ្ដា​ស័ក្ដិ​ស្មើនឹង​ទី​ក្រឡាហោម ស្រី​ស្មើនឹង​ទី​យមរាជ លាស់​ស្មើ​ទី​វាំង ទន់​ស្មើ​ទី​ចក្រី សោម​ស្មើនឹង​មហាមន្ដ្រី ជ័យ​ស្មើនឹង​មហាទេព ។ លំដាប់​មក​ទ្រង់​តាំង​ព្រះ​រាជាគណៈ សម្រាប់ ទោ ត្រី ចត្វា តទៅ​ទៀត ។ លុះ​តាំង​ទាំង​ទ្រទូង​រត្ន​ទាំង​៧ គ្រប់​ទាំង​៤ សម្រាប់​នោះ​ហើយ ទ្រង់​តាំង​មន្ដ្រី​រត្ន​ទាំង​៧​ទៀត ហើយ​ទ្រង់​បញ្ញាត្ត​ទុក​ថា តាំងពី​ថ្ងៃនេះ​តទៅ​បើ​នឹង​តាំង​សេនា​ធិបតី​ក្នុង​ក្រៅ​ឲ្យ​តាំង​ដោយ​របៀប​ ដូច្នោះ ៖

បើ​ខ្ញុំ​រាជការ​ស័ក្ដិ​ ៥​ហ៊ូពាន់​ឲ្យ​តាំង​ជា​ហ្លូ​ង ។ បើ​៤​ហ៊ូពាន់​ឲ្យ​តាំង​ជា​ឃុនម៉ឺន ។ បើ​៣​ហ៊ូពាន់​ឲ្យ​តាំង​ជា​ឱកម៉ឺន ។ បើ​២​ហ៊ូពាន់​ឲ្យ​តាំង​ជា​ចៈម៉ឺន ។ បើ​មួយ​ម៉ឺន​ឲ្យ​តាំង​ជា​ម៉ឺន បើ​ខ្ញុំ​រាជការ​ហើយ​តែ​ពុំ​ទាន់​ប្រោស​ព្រះ​រាជទាន​ឲ្យ​យក​ស័ក្ដិ​ទេ នោះ​ឲ្យ​ហៅ​ថា​នាយ ។ មួយទៀត​សេនាបតី និង​ចៅហ្វាយស្រុក​ស័ក្ដិ​១០​ហ៊ូពាន់​ពី​បុរាណ​រៀង​មក គឺ​តាំងពី​ផែនដី​ព្រះបាទ​អរត្ដពល​ពាលោ​នោះ ទ្រង់​តាំង​ឲ្យ​សុទ្ធ​ធ្វើ​ជាទី “សម្ដេចចៅពញា” ព្រោះ​ចៅហ្វាយស្រុក​ទាំងនោះ​សុទ្ធតែ​សម្ដេចព្រះ​រាជត្រកូល​ដែល​ចេញ​ទៅ​គ្រង​ ស្រុក​ស័ក្ដិ​១០​ហ៊ូពាន់​ក៏​មាន​៩​ហ៊ូពាន់​ក៏​មាន មក​ដល់​ផែនដី​ព្រះបាទ​ធនញ្ជ័យ​កោរព្យារាជ​នោះ ចៅហ្វាយស្រុក​ទាំងនោះ​ពុំ​សូវ​កោតខ្លាច​សេនាបតី ទើប​ព្រះបាទ​កោរព្យារាជ​ទម្លាក់​ចៅហ្វាយស្រុក​ទាំងនោះ​មក​ត្រឹមតែ​ទី “ចៅពញា” វិញ ។ បើ​ស័ក្ដិ​៨​ហ៊ូពាន់​ចុះ​មក​តាំង​ជាទី “ពញា” ។ ឯ​សេនាបតី និង​មន្ដ្រី​ស័ក្ដិ​៩​ហ៊ូពាន់​ក្នុង​វង្ស​មន្ដ្រីរាជការ​នោះ​ពី​មុន​មក​បាន​ តែងតាំង​ជា “សម្ដេចចៅពញា” ដល់​មក​ផែនដី​នេះ​យើង​ពិនិត្យ​ទៅ​ក៏​ឃើញ​ថា នៅ​តែ​ច្រឡូកច្រឡំ​នៅឡើយ ។ ដូច្នោះ​យើង​ត្រូវ​គិត​រៀបចំ​ជា​ថ្មី​គឺថា នាម៉ឺន​ក្រៅពី​ខ្នង​ពស់​ទាំង​បួន​សម្រាប់​បើ​តាំង​ឡើង​ឲ្យ​តាំង​ជា “ឧកញ៉ា” ។ ឯ​ចៅហ្វាយស្រុក​ស័ក្ដិ​៩ ឬ​១០ ហ៊ូពាន់​នោះ​ឲ្យ​តាំង​ជា “ចៅពញា” ។ បើ ៧ ឬ​៨ ហ៊ូពាន់​ឲ្យ​តាំង​ជា “ពញា”។ ត​មក​ទ្រង់​តាំង​ភីលៀង​ខាង​ព្រះ​អង្គ​ទាំង​៤​នាក់​គឺ ៖

  1. ព្រះ​ទិព្វ​ជាញជ័យ​ទេព ឲ្យ​ជាទី​សម្ដេច​ចៅហ៊្វាទឡ្ហៈ (នាយក​រដ្ឋមន្ដ្រី) ។
  2. ហ្លួង​ស្នេហានុរ័ក្ស​ព្រំ ជាទី​ឧកញ៉ា​យមរាជ (រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌) ។
  3. ហ្លួង​វិជិត ព្រះ​អង្គ​ឲ្យ​តាំង​ជាទី​ឧកញ៉ា​ក្រឡាហោម (រដ្ឋមន្ដ្រី​ក្រសួង​ទ័ពជើងទឹក)។
  4. ហ្លួង​ឧត្ដមចិន្ដា​ស្រី ជាទី​ឧកញ៉ា​វាំង (រដ្ឋមន្ដ្រី​ក្រសួងព្រះបរមរាជវាំង) ។
  5. ហ្លួង​ភក្ដីនុរ័ក្ស​កែវ ជាទី​ឧកញ៉ា​ចក្រី (រដ្ឋមន្ដ្រី​ខាង​ទាហានជើងគោក) ។

ទ្រង់តាំង​ខ្ញុំ​រាជការ​ដែល​ជាទី​កំសត់​ជំនិត​នឹង​ព្រះ​អង្គ​ទាំង​៥០​នាក់​នោះ​ ជា​មន្ត្រី​ក្រុមរក្សាព្រះអង្គ​គ្រប់ៗ​គ្នា ។ ទ្រង់​តាំង​ចៅពញា​យស​រាជ​ជាទី​សម្ដេចព្រះ​ភាគិនេយ្យា​យសរាជា ។ ទ្រង់​តាំង​ព្រះ​ភីលៀង​សម្ដេចព្រះ​ភាគិនេយ្យា ៖

  1. ឃុន​ស្នេហា​នុរ័ក្ស​កែ ជាទី​ឧកញ៉ា​វង្សាអគ្គរាជ ។
  2. ម៉ឺន​វិជិត​សិទ្ធិ​រស​សម ជាទី​ឧកញ៉ា​វិបុលរាជ ។
  3. ម៉ឺន​ភក្ដី​នុរ័ក្ស​ទេព ជាទី​ឧកញ៉ា​ធម្មាធិរាជ ។
  4. ម៉ឺន​វិសេស​ហឫទ័យ​កៅ ជាទី​ឧកញ៉ា​រាជតេជៈ ។

ឯ​មន្ដ្រី​ក្នុង​សេនា​ទាហាន​ក្រៅពី​នេះ​ទ្រង់ តាំង ៖

  1. ចៅពញា​សេនា​រឿងឫទ្ធិ​ទ័យ ជាទី​សម្ដេច​ជេដ្ឋា​មន្ដ្រី​
  2. ចៅពញា​ជំរង់​ស្នេហា​ស៊ុន ជាទី​ឧកញ៉ា​ឯករាជ​
  3. ចៅពញា​សេនាវុធ​ស៊ុន ជាទី​ឧកញ៉ា​បរទេសរាជ​
  4. ចៅពញា​សេនា​សមសក្ដិ​នូរ ជាទី​ឧកញ៉ា​ស្រី​សូរ​ទិព្វ​វាំង
  5. ចៅពញា​សំដែង​អាវុធ​មោ ជាទី​ឧកញ៉ា​នរិន្ទ្រាធិបតី ។

ចំពោះ ​មន្ដ្រី​ក្នុង​សេនា​ទាហាន​ក្រៅពី​នេះ​តទៅ​ទៀត ព្រះបាទ​សម្ដេចព្រះ​ចន្ទរាជា ទ្រង់​តាំង​ឲ្យធ្វើ​ជា​ចៅហ្វាយស្រុក​ខ្លះ​ជា​ក្រុមព្រះ​តម្រួត ខ្លះ​ជា​ក្រុមវាំង ខ្លះ​ជា​នាយទាហាន គ្រប់​មន្ដ្រី​ដែល​មានគុណ​បំណាច់​ក្នុង​ការ​ធ្វើ​ចម្បាំង​គ្មាន​ខ្វះចន្លោះ​ អ្នក​ណា​ម្នាក់​ឡើយ ។ ទ្រង់​កោតសរសើរ​ពី​គុណ​បំណាច់​នៃ​ចៅពញា​សួគ៌ាលោក​មឿង (នូវ) ដែល​បាន​ថ្វាយ​សេះ ដំរី និង​ថ្វាយ​កូន​៤​នាក់​ក្នុង​គ្រា​ដែល​ព្រះ​អង្គ​ទ័ល​ព្រះ​សម្បត្ដិ ទាំង​គ្មាន​ពល​សោះ ហើយ​រត់ទៅ​ក្រុង​ទេព និង​កាល​ទ័ព​សត្រូវ​ចោម​បន្ទាយ​ពោធិ៍សាត់ ហើយ​ពញា​មឿង (នូវ) ប្ដូរជីវិត​ស្លាប់​នៅ​កេណ្ឌ​បិសាច​យក​មក​ជួយ​ឲ្យ​ឈ្នះ​សង្គ្រាម​ច្រើន​ គ្រានោះ​ថា ទ្រង់​តាំង​កូន​ទាំង​ពីរ​នាក់​ឲ្យធ្វើ​ជា​សួគ៌ាលោក​មួយ សេនា​សង្គ្រាម​មួយ នោះ​ឃើញ​ថា ពុំ​ទាន់​ធួន​ល្មម​នឹង​កម្លាំង​បំណាច់​ទើប​ទ្រង់​តាំង​ចៅពញា​សួគ៌ាលោក​ទេព កូន​ទី​៣ ជា​សម្ដេច​ចៅពញា​យោធារិន្ទ តាំង​ចៅពញា​សេនា​សង្គ្រាម​សុខ​កូន​ទី​៤ ជា​ឧកញ៉ា​សួគ៌ាលោក ឲ្យ​មាន​អាណាខេត្ដ​ឡើង (ខេត្ត​ឡើង​គឺជា​ខេត្ត​ចំណុះ) គឺ​ខេត្ត​ក្រគរ ក្រង​មួយ ខ្លុង​មួយ ។ ត​មក ទ្រង់​គិតដល់​គុណ​បំណាច់​នៃ​ពញា​មនោ​មន្ដ្រី​គល់ ជា​ចៅ​មឿង​ស្រុក​បាត់ដំបង ដែល​កាល​សម្ដេច​ត្រឡប់​ពី​ស្រុក​សៀម​មក​ដល់​នោះ ហើយ​ចៅពញា​មនោមេត្រី​បាន​ថ្វាយ​ដំរី​៥ និង​សេះ​១៥ ព្រមទាំង​ថ្វាយ​ស្បៀងអាហារ​១.០០០​រទេះ ។ ទ្រង់មាន​បន្ទូល​ថា ចៅ​មឿង​នេះ​មាន​សក្ដិ​ស្មើនឹង​ស័ក្ដិ​៦​ហ៊ូពាន់ តែ​ពញា​មឿង​មាន​ស្ម័គ្របក្សពួក​ច្រើន​ស្រុក ដូច្នេះ​ទ្រង់​លើក​ឡើងជា​ចៅហ្វាយ​ស្រុក​ធំ មាន​ស័ក្ដិ​៩​ហ៊ូពាន់ ហើយ​ឲ្យ​មាន​ចៅ​មឿង​ឡើង​ស្ដាប់បង្គាប់​៥​ស្រុក គឺ​ស្រុក​មង្គលបុរី​១ ទឹកជោរ​បរត្បូង​១ ពាម​សីមា​១ មោងឫស្សី​១ ស្រុក​ខាងលើ​ទាំង​៥​នេះ​ឲ្យ​ឡើង​ស្ដាប់​នៃ​ចៅពញា​មនោមេត្រី​ទាំងអស់ ។ សេចក្ដី​សារសព្ទ​អំពី​ព្រះ​កិត្ដិយស​ពីរោះ​ខ្ពស់​ប្រសើរ​ផ្សាយ​ចេញ​ទៅ​ដល់​ ខេត្ដ​នានា​ថា ទ្រង់​ពុំដែល​បក​ស័ក្ដិ​ខ្ញុំរាជការ​នេះ​មួយ​ថា​ទ្រង់​ពុំ​អួតអាង​មាន​ ថ្វីដៃ​នេះ​មួយ ថាបើ​មាន​ប្រាជ្ញា​ស្មារតី មាន​វោហារ​ចេះ​អធិប្បាយ​ធម៌អាថ៌​នេះ​មួយ អ្នក​ប្រាជ្ញា​រាជបណ្ឌិត​ដែល​ចេះ​ដឹង​គម្ពីរ​បាលី​ក្បួនតម្រា​នេះ​មួយ ទ្រង់​ឲ្យ​ស៊ើបសួរ​រក យក​ខ្លួន​មក​តាំង​ចិញ្ចឹម​ជានា​ម៉ឺន​តាម​ប្រាជ្ញា​ស្មារតី​របស់​ខ្លួន​ ទាំងអស់ ។ ម្លោះ​ហើយ​អ្នកប្រាជ្ញ​រាជបណ្ឌិត​អ្នក ចេះ​ដឹង​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​បុណ្យ​បារមី​នៃ​ព្រះ​អង្គ​ច្រើន​ ក្រៃពេក ។ ក្នុង​ថ្ងៃមួយ​នោះ ព្រះបាទ​សម្ដេច​ចន្ទរាជា ទ្រង់​ព្រះ​តម្រិះ​ថា “តាំងពី​យើង​បាន​មក​នៅ​ក្នុង​ខេត្ត​អម្រិន្ទបូរ​នេះ យើង​គិត​ការណ៍​អ្វីៗ​ក៏​ពុំ​ទាន់​សម្រេច​ដោយ​ធូរ​ទូលាយ អស់​អាណាប្រជានុរាស្ដ្រ​ក៏​មិត្ដ​មូល​ចូល​មក​យក​យើង​ជាទី​ពំនាក់ សម្បូរ​ទាំង​មនុស្ស ទាំង​សម្បត្ដិ ជាទី​ឋាន​នាំ​ឲ្យ​បាន​របស់​ចម្លែក​អស្ចារ្យ ទាំង​សេនា​ទាហាន​ក៏​មាន​បរិបូណ៌” ។ លុះ​ទ្រង់​ព្រះ​តម្រិះ​ឃើញ​យ៉ាងនេះ​ហើយ ទើប​ទ្រង់​ប្រែ​ឈ្មោះ​អមរ​គិរិន្ទបូរ ឬ​អម្រិន្ទបូរ​នោះ​ឲ្យ​ឈ្មោះ​ជា “ខេត្ត​បរិបូណ៌”វិញ​តាំងពី​ថ្ងៃ​នោះ​តរៀង​មក ។ ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​តែងតាំង​នាម៉ឺន​មុខមន្ដ្រី​នោះ ថ្ងៃ​រះ​ច្បាស់​គ្មាន​ភ្លៀង​សោះ ក៏​ស្រាប់តែ​មាន​ឥន្ទធនូ​៧​ពណ៌​ចុះ​ពាសពេញ​ទាំង​អាកាស ទាល់តែ​ព្រះ​អង្គ​ទ្រង់​តាំង​មន្ដ្រី​នាម៉ឺន​រួច ទើប​ស្ងប់ស្ងាត់​ទៅ​វិញ ។ ខណៈនោះ​ព្រះ​បរមបពិត្រ និង​សេនាបតី​មន្ដ្រី​ធំ​តូច ខ្ញុំ​ព្រះ​រាជការ​សង្ស័យ​ណាស់ ក៏​ទ្រង់​ត្រាស់​សួរ​ហោរា​សុំ​ឲ្យ​ទំនាយ​ថ្វាយ ។ សូម​ទ្រង់​ព្រះ​មេត្ដាប្រោស ! អព្ភូតហេតុ​ដ៏​អស្ចារ្យ​នេះ​ប្រាប់​ឲ្យ​ដឹង​ថា ព្រះ​អង្គ​នឹង​មានបុណ្យ​បារមី ជា​ឱកាស​ព្រះ​នគរ ទាំង​ព្រះ​ខ័ន​ជ័យ និង​ទេវរូប​ក៏​បាន​មក​ជា​របស់​សម្រាប់​ផែនដី​វិញ​មិន​ខាន ។ ព្រះ​បរមបពិត្រ​ទ្រង់​ត្រាស់​សួរ​បញ្ជាក់​ហោរា​ថែម​ទៀត​ថា ៖ ហេតុ​អ្វី​បានជា​ហោរា​ទាយ​ដូច្នេះ ? តើ​ឃើញ​ហេតុ​ដូច​ម្ដេច​ខ្លះ ? ហោរា​ក្រាប​បង្គំ​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្ដាប្រោស​! ទូលព្រះបង្គំ​បាន​ពិនិត្យ​សង្កេត​ក្នុង​ហោរាសាស្ដ្រ​ទៅ​ឃើញ​មាន​ហេតុ​៧​ ប្រការ​គឺ ៖ ប្រការ​១: កាល​ព្រះ​អង្គ​ចាប់បដិសន្ធិ​នោះ សម្ដេចព្រះ​កន្លោង (សម្ដេចព្រះ​មាតា) ទ្រង់​ព្រះ​សុបិន​ឃើញ​ចន្ទ​គ្រាស​ក្នុង​ផ្ទៃ​ពេញបូណ៌មី ។ ប្រការ​២: ពេល​ព្រះ​អង្គ​ប្រសូត​មក​ទៀត​នោះ ក៏​ប្រសូត​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ថ្ងៃ​នោះ​ក៏​មាន​ចន្ទ​គ្រាស​ទៀត ។ ប្រការ​៣: ទ្រង់មាន​ព្រះ​នាម​ទៀត​ក៏​ហៅ​ថា ព្រះ​ចន្ទ ។ ប្រការ​៤: កាល​សម្ដេចព្រះ​ជេដ្ឋា​នៃ​ព្រះ​អង្គ​គង់​ព្រះ​ជន្ម​នៅឡើយ ទ្រង់​បាន​ព្រះ​សុបិន​និម្មិត​ឃើញ​ថា ព្រះ​វររាជ​បិតា​នៃ​ទ្រង់​មក​ហៅ​ព្រះ​អង្គ​ទៅ​កុំឲ្យ​ព្រះ​អង្គ​នៅ​តស៊ូ​នឹង ​នាគ ថា​នាគ​នេះ​លុះត្រាតែ​ព្រះ​ចន្ទ​ពី​ទិស​ខាងលិច​មក​ក្នុង​ថ្ងៃ​ណា ទើប​វា​នោះ​រលាយ​បាត់បង់​ទៅ​វិញ ។ ឥឡូវនេះ​ព្រះ​អង្គ​ក៏​ស្ដេច​មក​ពី​ប្រទេស​សៀម​ជា​នគរ​នៅ​ទិស​ខាងលិច​នៃ​ព្រះ ​នគរ​កម្ពុជា​នេះ គឺ​ត្រូវ​នឹង​សុបិននិម្មិត​នេះ​មែន ។ ប្រការ​៥: ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ថា ព្រះ​ចន្ទ នេះ​ជា​និម្មិតរូប​នៃ​ទី​ត្រជាក់​របស់​អាណាប្រជានុរាស្ដ្រ ។ ប្រការ​៦: ឥឡូវនេះ​ឃើញ​ថា តាំងពី​ព្រះ​អង្គ​ស្ដេច​ចូល​មក​ជាន់​ដី​ក្រុង​កម្ពុជា​ថ្ងៃ​ណា អាណា​ប្រជានុរាស្ដ្រ​ក៏​ក្សេមក្សាន្ដ​ក្នុង​ចិត្ដ​ណាស់ ។ ប្រការ​៧: ព្រះ​នគរ​នេះ សម្ដេច​អម្រិន្ទ្រាធិរាជ​ទ្រង់​បាន​ឧបត្ថម្ភ​ជួយ​ទំនុកបម្រុង​ឲ្យ​កើតជា​ មហានគរ ។ ដល់​ទ្រង់​ព្រះករុណា​វិសេស​បាន​គ្រប់គ្រង​នគរ ទំនុកបម្រុង​ព្រះពុទ្ធ​សាសនា ក៏​ធ្វើ​ដោយ​បុណ្យ ដោយ​ឫទ្ធិ ទាំង​តែងតាំង​មន្ដ្រីរាជការ​ក៏​ត្រឹមត្រូវ​តាម​ដំណើរ​នៃ​អ្នក​មានគុណ​ បំណាច់ ។ ហេតុនេះ​ហើយ​ទើប​សម្ដេច​អម្រិន្ទ្រាធិរាជ​ទ្រង់​បណ្ដាល​ជា​ឥន្ទធនូ​៧​ពណ៌​ ពាសពេញ​ទាំង​អាកាស​ក្នុង​វេលា​ដែល​ទ្រង់​តាំង​មន្ដ្រី​នោះ ។ ​បាន​សេចក្ដី​ថា ព្រះ​ឥន្ទ្រាធិរាជ​ទ្រង់​ប្រទាន​សព្ទសាធុការពរ​ថ្វាយ​ព្រះ​អង្គ​ឲ្យ​បានជា​ កំពូល​ភព​ជា​ម្លប់​កម្ពុជា​នេះ ហើយ​កុំ​ឲ្យ​រាស្ដ្រ​ស្ដាប់​មនុស្ស​ក្រៅ​ពី​ព្រះរាជ​ត្រកូល​ឡើយ ។ ព្រះបាទ​សម្ដេចព្រះ​ចន្ទរាជា​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​យល់​ឃើញ​ថា ហោរា​ទាយ​នេះ​មាន​លក្ខណៈ មាន​គោល​ចារឹក​គ្រប់គ្រាន់​ល្មម​ជឿ​បាន ទើប​ទ្រង់មាន​ព្រះ​អំណរ​ណាស់ ។ ទ្រង់​បាន​ចំណាយ​ព្រះរាជ​ទ្រព្យ​ប្រទាន​ដល់​ហោរា​នោះ ហើយ​ទ្រង់​ចំណាយ​ព្រះរាជ​ទ្រព្យ​ដល់​កងទ័ព​ដែល​កាប់​ឈើ​ធ្វើ​ព្រះ​វិហារ​នៅ​ ជំរំ​ដែល​ធ្វើ​រោង​រាជពិធី​នៅ​មាត់​ស្ទឹង​នោះ ។ លុះ​ថ្ងៃ​ក្រោយមក សម្ដេចព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​ថា “ទឹកស្ទឹង​នេះ​រីងស្ងួត​អស់” ទ្រង់​សង្ស័យ​ក្នុង​ព្រះរាជ​ហឫទ័យ​ណាស់ ទើប​ស្ដេច​ឡើង​គង់​លើ​ព្រះ​ទីនាំង​អស្សតរ ព្រមទាំង​ពួក​និករ​ចេញ​ទៅ​ទត​ដល់​ក្បាល​ស្ទឹង ។ ទ្រង់​ឃើញ​ទឹកស្ទឹង​នោះ​ហូរ​ច្រោះ​ជា​រូង​ហូរ​ទៅ​ទិស​ខាងជើង​មាន​ឈើ មាន​ថ្ម​រលីង​រលំ​ត្រង់​មាត់​ស្ទឹង​ខាងត្បូង ។ ទើប​ត្រង់​ត្រាស់​បង្គាប់​ឧកញ៉ា​វង្សាធិបតី​សម​ក្រុមព្រះ​សុរិយោដី​ឲ្យ​ ប្រមូល​រាស្ដ្រ​ឲ្យ​បួងសួង​អ្នកតា​ធ្វើ​ពិធី​លើកដី​បិទ​ផ្ទៃ​ស្ទឹង​នោះ​មិន​ ឲ្យ​ហូរ​ទៅ​ទិស​ខាងជើង ។ ទឹក​នោះ​ក៏​ហូរ​តាម​ប្រឡាយ​ដែល​ជីក​ថ្មី ហើយ​ហូរ​ចុះ​ទៅ​ស្ទឹងធំ​ដូច​ដើម​វិញ ហើយ​ក៏​ស្ដេច​ព្រះរាជ​ដំណើរ​មក​បន្ទាយ​វិញ ។ ក្រោយ​ពី​នេះ​មក មាន​ស្រី​ពីរ​នាក់​មួយ​ឈ្មោះ​ឯក មួយទៀត​ឈ្មោះ​អាំ មាន​ប្ដី​ទាំង​ពីរ​នាក់ មាន​ផ្ទៃពោះ​ ហើយ​ផិត​ប្ដី ។ នាង​ឯក​សហាយ​នឹង​ចៅ​កៅ ហើយ​ចាក់​ចៅ​សួស​ជា​ប្ដី​ស្លាប់ ។ នាង​អាំ​សហាយ និង​ចៅ​គាំ​កាប់​ចៅ​សោម​ជា​ប្ដី​ស្លាប់ ។ ពេល​នោះ​ទី​ទំនប់​ស្ទឹង​ក៏​ហូរ​ធ្លាយ​ចេញ​ចុះ​ទិស​ខាងជើង​ដូច​ជា​មុន​ ទៀត ។ ចៅហ្វាយស្រុក​ក្រមការ​នៃ​ខេត្ត​បរិបូណ៌​ចាប់​បាន​អាចោរ​មេចោរ​ទាំងប្រុស​ ស្រី​នាំ​ខ្លួន​យក​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ ។ ព្រះ​បរមបពិត្រ​ត្រង់​ជ្រាប​សេចក្ដី​គ្រប់​ប្រការ ហើយ​ទ្រង់​ត្រាស់​ថា អញ​បិទ​ទំនប់​នេះ ព្រោះ​ត្រូវការ​ឲ្យ​ទឹក​ហូរ​ចេញ​ចុះ​មក​ក្នុង​ស្ទឹង​ដើម្បី​ឲ្យ​អ្នកស្រុក​ ធ្វើ​រហាត់ទឹក យក​ទឹក​ដាក់​ស្រែ យក​ស្រូវ​ឲ្យ​បរិបូណ៌ ពុំគួរ​ឡើយ​អាចោរ​មេចោរ​ពីរ​៤​នាក់​ទៅ​បំផ្លាញ​ពិធី​ទំនប់​ទឹក​នេះ​ ឡើយ ។ បើ​ដូច្នោះ​ត្រូវ​មាន​ទោស​៣​ស្ថាន​គឺ ៖

  1. ត្រូវ​ថា​វា​ទាំង​ពីរ​នាក់​លួចប្រពន្ធគេ ។
  2. ត្រូវ​វា​ទាំង​៤​នាក់​មានទោស ព្រោះ​បាន​សម្លាប់​មនុស្ស​ពីរ​នាក់ ។
  3. វា​ទាំង​៤​នាក់​ត្រូវ​មានទោស​ថា​បង្អត់បាយ​គេ​ទូទាំង​ខេត្ត ។

ទើប ​ទ្រង់​បង្គាប់​មន្ដ្រី​ក្រុមព្រះ​នគរបាល និង​ក្រុមព្រះ​សុរិយោដី​ឲ្យ​យក​អាចោរ​មេចោរ​ទាំង​៤​នាក់​ទៅ​ដាក់​ក្នុង​ ទំនប់​នោះ ។ មន្ដ្រី​ក្រុម​ទាំង​ពីរ​ក៏​ថ្វាយបង្គំ​លា​នាំ​ចោរ​ទាំង​៤​នាក់​នោះ​ទៅ​ សម្លាប់ ដោយ​បួងសួង​អាកាស ទេវតា អារក្ខទេវតា ហើយ​សម្រេច​ទោស​អា​មេ​ទាំង​៤​នាក់​រួច​លើកដី​លប់​ទៅ ។ បិសាច ខ្មោច​អា​មេ​ទាំង​៤​នាក់ និង​កូន​ក្នុង​ពោះ​២​នាក់​ទៀត ត្រូវជា​៦​នាក់​ក៏​នៅ​ឃុំ​រក្សា​ទំនប់​នោះ​ជាប់​រៀង​មក​ទល់​ឥឡូវនេះ ។ អស់​បណ្ដា​អ្នកស្រុក​ធ្វើស្រែ​ដោយហេតុ​ទំនប់​នេះ ចម្រើន​ផល​ស្រូវ​ជាង​សព្វ​ឆ្នាំ ។ ទឹកស្ទឹង​នេះ​ហូរ​ខ្លាំង​មក ប្រេះ​ដី​នោះ​ជ្រៅ​ធំ​ទូលាយ​អាច​ឲ្យ​ចេញចូល​ទូក​បាន​អ្នក​ឈ្មួញ​ជួញ​លក់​ ចេញចូល ទៅ​នៅ​រកស៊ី​តាំង​ជា​ផ្ទះ ផ្សារ​ជា​ច្រើន ។ ហេតុនេះ​ហើយ​បានជា​គេ​ហៅ​ថា “ផ្សារ​បរិបូណ៌” ត​មក​ដល់​សព្វ​ថ្ងៃនេះ ។ ឯ​ដី​ចុង​ស្ទឹង​នោះ​ទ្រង់​ត្រាស់​ឲ្យ​កងទ័ព និង​អ្នកស្រុក​ធ្វើស្រែ​សឹងតែ​បាន​ចម្រើន​ផល​ជា​ច្រើន​សមប្រកប​នឹង​នាម​ ខេត្ដ​បរិបូណ៌​ដែល​ទ្រង់​ប្រែ​ឈ្មោះ​នោះ ។

លុះ ​មក​ដល់​ឆ្នាំឆ្លូវ នព្វស័ក ព.ស​២០៦១ គ.ស​១៥១៧ ម.ស​១៤៣៩ ច.ស​៨៧៩ នោះ ព្រះ​បរម​បពិត្រ​ទ្រង់​ត្រាស់​ឲ្យ​រំលាយ​រេហ៍ពល​ទៅ​ធ្វើស្រែ​គ្រប់​ខេត្ត ហើយ​ត្រាស់​ឲ្យធ្វើ​ព្រះរាជ​បន្ទូល​ដែល​ជា​ព្រះរាជ​ត្រកូល ពុំ​ចូល​នឹង​ពួក​អា​ព្រះស្ដេច​កន​ជា​អ្នកងារ​ពលព្រះ​ទេ ក៏​ចូល​សារភាព​តាំងពី​ឥឡូវនេះ​ឲ្យ​ហើយ​ទៅ ។ តែ​ទុក​ឲ្យ​យូរ​ទៅ​ដរាប​ដល់​បាន​រាបទាប​ក្នុង​ព្រះ​នគរ​នោះ ព្រះ​អង្គ​នឹង​យកទោស​ចាត់​ទុក​ជា​ក្បត់ផែនដី​ដូច​ពួក​អា​ស្ដេច​កន​ជា​ប្រាកដ ​ពុំលែង​ឡើយ ។

កាលនោះ​ហេតុតែ​ បុណ្យ​បារមី​របស់​សម្ដេចចៅពញា​ចន្ទរាជា អស់​បណ្ដារាស្ដ្រ​ទាសកម្មករ គ្រប់​ភាសា ក្នុង​ក្រុង​កម្ពុជា ក៏​កើត​មានគំនិត​ប្រាជ្ញា​ស្នេហា​មេត្រី​នឹង​ព្រះ​បរមបពិត្រ​រាប់​រូប​កាយ​ ពុំ​មាន​ខាន ។ បណ្ដារាស្ដ្រ​ទាសកម្មករ​ទាំងនោះ​ក៏​នាំ​គ្នា​ចូល​មក​ថ្វាយបង្គំ​សុំ​សារភាព​ ច្រើន​ស្រុក​ច្រើន​ខេត្ដ ។

នេះ​នឹង ​និយាយ​អំពី​ព្រះ​ចៅ​ក្រុង​ស្រឡប់ពិជ័យ​ព្រៃនគរ​ទិស​ខាងកើត​វិញ ។ លុះដល់​វស្សានរដូវ​ក្នុង​ឆ្នាំឆ្លូវ នព្វស័ក​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា​ស្ដេច​កន ព្រះ​អង្គ​ចេញ​ជួបជុំ​សេនាបតី មន្ដ្រី​តូច​ធំ ខ្ញុំ​ព្រះ​រាជការ ហើយ​ត្រាស់​ថា “ចៅពញា​ចន្ទរាជា​លើក​កងទ័ព​ទៅ​វាយ​យក​ផែនដី​ត្រើយ​ខាងជើង ហើយ​លើកខ្លួន​ជា​ម្ចាស់ផែនដី​ទៀត ដូច្នេះ​ឲ្យ​សេនាបតី​ចេញ​សំបុត្រ​កេណ្ឌ​រេហ៍ពល​ឲ្យ​មក​គ្រប់​ខេត្ត​ថា កាលណា​ចេញ​ព្រះ​វស្សា ព្រះ​អង្គ​នឹង​លើកទ័ព​ទៅ​វាយ​យក​ខេត្ត​អម្រិន្ទបូរ​ពោធិ៍សាត់​វិញ​ឲ្យ​ បាន ។

សេនាបតី​ទទួល​ព្រះរាជ​បញ្ជា ​ហើយ ក៏​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក ចៅ​មឿង ចៅ​បាន ឲ្យ​កេណ្ឌ​កងទ័ព​តាម​ត្រាស់​បង្គាប់ ។ លុះដល់​ខែ​នោះ គ្រប់​ចៅហ្វាយស្រុក​បញ្ជូន​រេហ៍ពល​មក​ជួបជុំ​បាន​ចំនួន​១២០.០០០​នាក់ ។ ទ្រង់​ត្រាស់​ឲ្យ​បង្ហាត់​កាន់​អាវុធ​ឲ្យ​ស្ទាត់​តាម​ក្បួន​ពិជ័យសង្គ្រាម ទ្រង់​ត្រាស់​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល​ឲ្យ​ឃុំ​កងទ័ព​២០.០០០​នាក់​ឆ្លង​ទៅ​តាំងទ័ព​នៅ​ខេត្ដ​សំរោងទង ឲ្យ​សម្ដេច​ចៅហ៊្វា​កៅ​ឃុំ​ពល​៣០.០០០​នាក់​ទៅ​តាំង​បន្ទាយ​នៅ​ ភ្នំពេញ ។

ក្នុង​ខណៈនោះ​ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​ដោយ​បម្រើ​សេះ​ពី​ខេត្ដ​លង្វែក​ចូល​ទៅ​ក្រាប​ បង្គំ​ទូល​សព្វគ្រប់​ប្រការ​ហើយ ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង​ណាស់ ។ ទ្រង់​ប្រាប់​ឧកញ៉ា​ចក្រី​កែវ និង​ឧកញ៉ា​វង្សាអគ្គរាជ​កែ ឲ្យ​ឃុំ​ពល​២០.០០០​នាក់​លើក​ចេញ​ទៅ ។ ព្រះ​បរមបពិត្រ​អម្ចាស់​ត្រាស់​ឲ្យ​ស្ដេច​ព្រះ​ភាគិនេយ្យា​យសរាជា​នៅ​ចាំ​ រក្សា​បន្ទាយ ហើយ​ព្រះ​អង្គ​ព្រម​ដោយ​សេនា​ទាហាន រេហ៍ពល​៣០.០០០​នាក់ លើក​ចេញ​ទៅ​តាំង​នៅ​ភូមិ​ជ័យសួគ៌ នៅ​ខេត្ដ​លង្វែក រង់ចាំ​ស្ដាប់​រាជការ​សង្គ្រាម បើ​ឃើញ​អាសន្ន​ទ្រង់​នឹង​លើកទ័ព​ទៅ​ជួយ​ជា​ឆាប់ ។ ក្នុង​គ្រានោះ​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែ លើកទ័ព​ចូល​ច្បាំង​នឹង​កងទ័ព​ចៅពញា​ស្រាល ។ វង្សាអគ្គរាជ​លើកទ័ព​តទល់​នឹង​ចៅពញា​លំពាំង ជា​សេនាបតី​មេទ័ព​ត្រើយ​ខាងកើត ។ ខណៈនោះ​សេនា​ទាហាន​រេហ៍ពល​ទាំង​សងខាង​ចូល​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​វែង​ខ្លី ​ជា​សន្ធឹក​គឹកកង​កោលាហល ។

ពួក​ពល​ ស្លុត​ស្លាប់​ទាំង​សងខាង កងទ័ព​ដំរី (ទ័ព​ខាង​សម្ដេចចៅពញា​ចន្ទរាជា) ដែល​ឧកញ៉ា​ចក្រី​ឲ្យ​ឧកញ៉ា​នរិន្ទ​នាយក​ព្រះរាជា​នុកូល​ទៅ​បង្កប់​ក្នុង​ ព្រៃ​នោះ​ចំនួន​ដំរី​សឹក​១៤០​នាក់ វាង​បាន​ទៅ​ខាងក្រោយ​ទ័ព​សត្រូវ​ហើយ​ក៏​បរ​ចូល​ទៅ​រួសរាន់​ជាន់​ជល់​ពង្រាប​ ពីក្រោយ​កងទ័ព ។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាល ទ្រាំ​ពុំ​បាន​ក៏​បែក​ទ័ពរត់ទៅ​នៅ​ក្នុង​បន្ទាយ​ភ្នំពេញ​វិញ ។

មេទ័ព ​នៃ​សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទាំង​ពីរ​កង​ក៏​លើក​រហូត​ទៅ​វាយ​បាន​បន្ទាយ​ខេត្ដ​បាទី ខេត្ត​ទ្រាំង​មួយ ចាប់​បាន​ចៅហ្វាយស្រុក​បាទី​មួយ ចៅ​មឿង​ព្រៃកប្បាស​មួយ ចៅ​មឿង​កណ្ដាលស្ទឹង​មួយ ចៅ​មឿង​គងពិសី​មួយ ចៅ​មឿង​ភ្នំស្រួច​មួយ ព្រមទាំង​ចាប់​បាន​ចៅ​មឿង​បន្ទាយមាស​មួយ ចៅ​មឿង​ពាម​មួយ ចៅ​មឿង​ស្រែរនោង​មួយ ចៅ​មឿង​ជើងកញ្ជុំ​មួយ នាំ​មក​ក្រាបទូល​ថ្វាយ ។ ព្រះ​បរមបពិត្រ​ទ្រង់​ចាត់​ឲ្យ​ទទួលទាន​បាយ​ទឹក​ព្រះ​ពិភ័ទ្ធ​សច្ចា ហើយ​ទ្រង់​ព្រះ​មេត្ដាប្រោស​លើកលែង​ខ្លួន និង​ឲ្យ​នៅ​រក្សាស្រុក​ខេត្ត​ដូច​ដើម​វិញ ។ ចៅពញា​ពិស្ណុលោក​ឯក ជា​ចៅហ្វាយស្រុក​ខេត្ដ​ទ្រាំង ក្នុង​ពេល​នោះ​រត់​រួច ហើយ​ទៅ​រួម​នឹង​ចៅហ្វាយស្រុក​បាសាក់​មួយ ព្រះត្រពាំង​មួយ ក្រមួនស​មួយ ឪម៉ៅ​មួយ តាំង​បន្ទាយ​មាំមួន​នៅ​ខេត្ដ​នោះ ។ ដល់​រដូវ​ទ្វាទសមាស​អកអំបុក​នោះ អស់​មុខមន្ដ្រី​ខាង​សម្ដេចចៅពញា​ចន្ទរាជា ជា​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាង​ចតុមុខ​ទៅ​ធ្វើ​ប្រាសាទ​គ្រឿង​ ឈើ ប្រក​ស្បូវ នៅ​កំពង់​ខេត្ត​លង្វែក ។ លុះដល់​សម្រេច​ហើយ​ក៏​អញ្ជើញស្ដេច​ទៅ​ប្រថាប់​ទត​ប្រណាំងទូក និង​លយ​កន្ទោង​ធំ ទូក​ប្រទីប ថ្វាយ​ទៅ​ព្រះ​ចង្កូម​កែវ ដែល​តម្កល់​នៅ​ពិភពនាគ និង​អុជ​កាំជ្រួច​រន្ធ​ថ្វាយ​ទៅ​ចូឡាមណី​ចេតិយ​ដែល​តម្កល់​ព្រះ​ចង្កូម​កែវ​ នៅ​ឋាន​ត្រៃត្រិង្ស​៣​ថ្ងៃ ។ ទ្រង់​ប្រោស​ប្រទាន​ឈ្មោះ​ភូមិ​ជ័យសូរ​ដែល​ព្រះ​អង្គ​តាំង​បន្ទាយ​នោះ​ឲ្យ​ ហៅ​ថា “ភូមិ​សូរវង្ស” ។ ឯ​ភូមិ​កំពង់សែត​នោះ​ទ្រង់​ឲ្យ​ហៅ​ថា កំពង់​ប្រាសាទ ។ ហេតុនេះ​ហើយ​បានជា​មាន​ឈ្មោះ​ហៅ​ថា ភូមិ​សូរវង្ស​កំពង់ប្រាសាទ​រៀង​មក ។

លុះ ​ការ​បុណ្យ​ទ្វាទសមាស​ហើយ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ត្រាស់​បង្គាប់​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែ និង​ឧកញ៉ា​ក្រឡាហោម​គាំ​ឃុំ​ពល​រេហ៍​៣០.០០០​នាក់​លើក​ទៅ​ចោម​បន្ទាយ​ខេត្ដ​ ភ្នំពេញ ។ ឧកញ៉ា​ទាំង​៣​នាក់​ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់ចែង​កងទ័ព ព្រមទាំង​គ្រឿងសាស្ដ្រាវុធ​ស្រេច​ហើយ​ក៏​លើក​ចេញ​ទៅ​ចោម​វាយ​បន្ទាយ​នោះ​តាម ​ត្រាស់​បង្គាប់ ។ ខណៈ​នោះ​មេទ័ព​ខាង​ស្ដេច​កន គឺ​ចៅហ៊្វា​កៅ ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​តេជោ ចៅហ្វាយស្រុក​សំរោងទង ចៅពញា​រាជា​មេត្រី ចៅហ្វាយស្រុក​ភ្នំពេញ ជា​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ចេញ​ច្បាំង​នឹង​មេទ័ព​នៃ​អម្ចាស់​ត្រើយ​ ខាងលិច ជួន​ឈ្នះ ជួន​ចាញ់​ម្ដងម្នាក់​ជា​ច្រើន​ដង ។ លុះដល់​រដូវភ្លៀង​រាស្ដ្រ​អត់ឃ្លាន​បាយ គ្មាន​ស្រូវ វេទនាណាស់ ក៏​សន្យា​បើក​កងទ័ព​ទាំង​សងខាង​ឲ្យ​ឈប់​ច្បាំង​រហូត​ដល់​ធ្វើស្រែ​ ហើយ ។

លុះ​មក​ដល់​ឆ្នាំខាល ទោស័ក ព.ស​២០៧៤ គ.ស​១៥១៨ ម.ស​១៤៥២ ច.ស​៨៩២ តាំងពី​ខែ​មិគសិរ បុស្ស​រៀង​ទៅ មន្ដ្រី​ត្រើយ​ខាងកើត (ស្ដេច​កន) ចេញ​កេណ្ឌ​មនុស្ស​ចុះ​ក្បួនទ័ព​លើក​ច្បាំង​គ្នា ដណ្ដើម​យក​ខេត្ត​ត្រើយ​ខាងលិច​ទៀត ។ ច្បាំង​គ្នា​ជា​ច្រើន​គ្រា លុះ​ផុត​វេលា​ក៏​ឲ្យ​ទ័ព​ឈប់​ទាំង​សងខាង ។

“សង្គ្រាម ​លើក​ក្រោយ​នេះ​តាំងពី​ឆ្នាំឆ្លូវ​ដល់​ឆ្នាំខាល មេទ័ព​ទាំង​៣​យកជ័យ​ជំនះ​ពុំ​បាន​សោះ ។ ទើប​ទ្រង់​ត្រាស់​ប្រើ​ឃុន​វិជិត​តរង្គ​ពៅ​ឲ្យទៅ​ប្រាប់​ឧកញ៉ា​ចក្រី និង​ឧកញ៉ា​វង្សាអគ្គរាជ​ថា ច្បាំង​រា​រត់​ថយ​ក្រោយ​រហូត​ទៅ​ជួបនឹង​ទ័ព​ឧកញ៉ា​ក្រឡាហោម​ថា ឲ្យ​ឧកញ៉ា​ក្រឡាហោម​ក្លែង​ទង់ជ័យ​ជា​រូប​មនុស្ស​ថាបើ​ឃើញ​កងទ័ព​សត្រូវ​បាក់ ​រត់​មក ឲ្យធ្វើ​ជា​ភ្ញាក់ផ្អើល​រត់ទៅ​ជាមួយនឹង​កងទ័ព​ឧកញ៉ា​ចក្រី ឧកញ៉ា​វង្សា​អគ្គរាជ​ត្រង់​រហូត​ទៅ​ដល់​ស្រុក​ឧដុង្គ ។ ឃុន​វិជិត​តរង្គ​ពៅ​ក៏​ប្រាប់​ទៅ​មេទ័ព​ទាំង​៣​កង​តាម​ព្រះរាជ​បន្ទូល​ ពិសេស ។ ក្រោយ​ព្រះរាជ​បម្រើ​ទៅ​នោះ ទ្រង់​អនុញ្ញាត​ឲ្យ​ឧកញ៉ា​យមរាជ​ព្រំ ជា​មេទ័ព​ធំ ឧកញ៉ា​មហា​សេនា​សុខ ជា​មេទ័ព​មុខ ឧកញ៉ា​យោធា​សង្គ្រាម​ជា​ប៉ែក​ឆ្វេង ឧកញ៉ា​យោធា​សង្គ្រាម​ទេព ជា​ប៉ែក​ស្ដាំ ទៅ​ឃុំ​ពល​២០.០០០​នាក់​បង្កប់​នៅ​ក្នុង​ព្រៃ​មួយ​ខាង​ជើង​បឹង​ពោងពាយ ។ ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​កងទ័ព​សត្រូវ​នៅ​បន្ទាយ​ដេញ​កងទ័ព​យើង​៣​កង​ទៅ​ហើយ​នោះ​ឲ្យ​ដេញ​ កងទ័ព​យើង​ឲ្យ​លើក​ជណ្ដើរ​កាន់​គប់​ភ្លើង​យក​ទៅ​ចោម​អុជ​បន្ទាយ​នោះ​ឲ្យ​ បាន ។ ទើប​ទ្រង់​ចាត់​ឧកញ៉ា​វិបុលរាជ​គាំ ឧកញ៉ា​ប្រទេស​រាជ​សួរ ឲ្យ​កេណ្ឌ​ទូក​រាស្ដ្រ​ផ្សំ​នឹង​ទូក​ចម្បាំង​របស់​ខ្លួន​ទៅ​បោះ​នឹង​ជ្រោយ​ ពន្លា​ថា បើ​ឃើញ​កងទ័ព​សត្រូវ​លើក​ចេញ​មក​ឲ្យ​រា​ថយ​មក​ដល់​ព្រែក​ព្នៅ ។ ទ្រង់​ចាត់​សម្ដេចចៅហ៊្វាទឡ្ហៈ​ទេព ជា​កូន​ទី​៣​ចៅពញា​មឿង ឲ្យ​លើកទ័ព​ទូក​ទៅ​បង្កប់​នៅ​ព្រែក​តាទែន ដោយ​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេសរាជ​មក ឲ្យ​ព័ទ្ធ​ពីក្រោយ​ព្រួត​គ្នា​ច្បាំង​ដណ្ដើម​យកជ័យ​ជំនះ​ឲ្យ​បាន ។ មេទ័ព មេកង ទាំង​ជើង​ទឹក​ជើង​គោក ក៏​ថ្វាយបង្គំ​លា​ឃុំ​កងទ័ព​លើក​ទៅ​ធ្វើ​តាម​ព្រះរាជ​បញ្ជាការ ។ លុះ​មក​ដល់​ថ្ងៃ​១២​កើត ខែ​មិគសិរ ឆ្នាំខាល ទោស័ក​នេះ ឧកញ៉ា​ចក្រី​ ឧកញ៉ា​វង្សាអគ្គរាជ លើក​កងទ័ព​ចូល​ចោម​បន្ទាយ​ភ្នំពេញ​បាន​មួយស្របក់​ក៏​ថយ​រត់​ទៅ​វិញ ។ ចៅពញា​តេជោ និង​ចៅពញា​រាជា​មេត្រី ឃើញ​ហើយ​ពុំ​ដឹង​កល ក៏​បើកទ្វារ​បន្ទាយ​នាំ​កងទ័ព​របស់​ខ្លួន​២.០០០​នាក់​នោះ ដេញ​តាម​ទ័ព​ដែល​ចោមព័ទ្ធ​ខ្លួន​ដល់​អូរ​ផ្អរ ក៏​ប្រទះ​ទង់ជ័យ​ទ័ព​ហ្លួង​មួយ​កង​ទៀត​បែក​ទ័ពរត់ទៅ​វិញ ដូច្នេះ​ទ័ព​ខាង​ស្ដេច​កន ក៏​កម្រើកចិត្ដ​ពន់ប្រមាណ ។ លុះ​ឃើញ​ទង់​រូប​មេទ័ព​ទាំង​ពីរ​នោះ​ក៏​សម្គាល់​ថា ជា​ទ័ព​ហ្លួង​ចាញ់​បែក​ទ័ព​រត់​ទៅ​ហើយ ទើប​ឲ្យ​លើក​កងទ័ព​ដេញ​តាម​ទៅ​ទៀត ។ លុះ​ទៅ​ដល់​ដំបូក​មាន​លក្ខណ៍​ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​ចក្រី​ហួស​ទៅ ។ ខណៈនោះ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​នរិន្ទ្រាធិបតី (ទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា) ត្រឡប់​ទ័ព​បាន​ពីក្រោយ​ឡោម​ចោម​ច្បាំង​ផ្ទប់​មក ។ ឧកញ៉ា​ចក្រី (ខាង​សម្ដេច​ព្រះ​ចន្ទរាជា) ក៏​រា​ទ័ព​ត្រឡប់​មក​វិញ ចូល​បាញ់​ចាក់​កាប់សម្លាប់​ទ័ព​សត្រូវ​ដែល​នៅ​ជា​កណ្ដាល​សត្រូវ​ក៏​បែក​ ទ័ពរត់ទៅ មេទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា​ចាប់​បាន​ចៅហ្វាយស្រុក​ទាំង​ពីរ និង​ក្រុម​សេនា​ទាហាន​ទាំង​២៣​នាក់ ព្រមទាំង​គោ ក្របី ដំរី សេះ ហើយ​នាំ​ខ្លួន​ឈ្លើយ​ទាំងនោះ​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ ។ សម្ដេច​ព្រះ​មហា​ខត្តិយា​ចន្ទរាជា ទ្រង់​ឲ្យ​ដាក់​ក្ដី​ទាំងនោះ​ទុក​ចាំ​ជួប​មេទ័ព​គ្រប់​កង ។ ឯ​សម្ដេចចៅហ៊្វា​កៅ កាល​ក្រឡេក​ទៅ​ឃើញ​កងទ័ព​ទូក​បោះ​នៅ​ជ្រោយចង្វា​មាន​ចំនួន​តិច​តួច​ស្ដួច​ ស្ដើង​ណាស់ ក៏​គិត​ថា​ចៅហ្វាយស្រុក​ទាំង​ពីរ (ខាង​ខ្លួន) ច្បាស់​ជា​មាន​ជ័យ​ជំនះ​ហើយ ដែល​ដេញ​តាម​ទ័ព​ត្រើយ​ខាងលិច​នោះ ប្រហែលជា​បាន​សម្រេចការ​សង្គ្រាម​ក្នុង​គ្រានេះ​ហើយ​ ថាបើ​បាន​សម្រេច​ហើយ មុខជា​ចៅហ្វាយស្រុក​ទាំង​ពីរ​នោះ​នឹង​បាន​គុណ​គាប់​ជាង​អញ​ហើយ ។ ចៅហ៊្វា​កៅ​គិត​ទៀត​ថា “ពី​មុន​អញ​អធ្យាស្រ័យ​ឲ្យ​ម្ដង ពុំ​ទាន់​បាន​កែខ្លួន គ្រា​ម្ដងនេះ​ចៅហ្វាយស្រុក​ទាំង​ពីរ​មាន​ជ័យ​លើ​ទ័ព​ត្រើយ​ខាងលិច​ទៀត​នោះ​ ឃើញ​ថា មិន​ស្រួល​ដល់​អញ​ជា​ខ្លាំង”។ សម្ដេចចៅហ៊្វា​កៅ​គិត​ឃើញ​ដូច្នេះ​ហើយ ទើប​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​វៀង នៅ​រក្សា​បន្ទាយ ឯ​ខ្លួន​ចៅហ៊្វា​ដេញ​កងទ័ព​ឲ្យ​ចុះទូក​ចម្បាំង​ប្រមាណ​៦០ ទៅ​ច្បាំង​នឹង​ឧកញ៉ា​វិបុលរាជ​ ឧកញ៉ា​ប្រទេស​រាជ​ដែល​ចតទូក​នៅ​ជ្រោយចង្វា ។ កាល​ទ័ព​សត្រូវ​មក​ដល់​ហើយ ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេស​រាជ (មេទ័ព​ខាង​ព្រះ​ចន្ទរាជា) ក៏​ដេញ​ពល​ឲ្យ​ទទួល​ច្បាំង​ត​នឹង​អាវុធ​វែង​យ៉ាង​ឃោរឃៅ ។ មួយ​ស្របក់​ក្រោយមក​ឧកញ៉ា​ទាំង​ពីរ​នាក់​ក៏​ឲ្យ​ពល​ថយ​ទូក​រត់ទៅ​ដល់​ព្រែក​ ព្នៅ ។ ចៅហ៊្វា​កៅ​ឃើញ​ដូច្នេះ​ក៏​ចែវ​ទូក​ដេញ​ទៅ​តាម ។ សម្ដេចចៅពញា​ទេព កូនចៅ​ពញា​មឿង​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងលិច​កាល​ឃើញ​ចៅហ៊្វា​កៅ​ដេញ​ទ័ព​ ឧកញ៉ា​ទាំង​ពីរ​ហួស​ទៅ​ហើយ ក៏​បង្គាប់​ឲ្យ​នាយកង​នាយ​ទ័ព​ឲ្យ​ចេញ​ទូក​ចម្បាំង​ពី​ក្នុង​ព្រែក​តាទែន ហើយ​ដេញ​បាញ់​ពីក្រោយ ។ ឯ​កងទ័ព​ឧកញ៉ា​វិបុលរាជ ឧកញ៉ា​ទេស​រាជ មេទ័ព​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ពេល​នោះ​ក៏​រា​បែរមក​ច្បាំង​តាំង​ត​ជា​ ឱឡារិក ។ កងទ័ព​ខាង​ចៅហ៊្វា​កៅ នៅ​ជា​កណ្ដាល​នៃ​ទ័ព​សត្រូវ ទ័ល​កម្លាំង​ណាស់ ក៏​តទៅ​ទៀត​ពុំ​បាន ។ ដូច្នេះ​ហើយ​ក៏​លោតទឹក​ស្លាប់​ទៅ ខ្លះ​ក៏​ត្រូវ​នឹង​អាវុធ​ស្លាប់ ខ្លះ​ទៀត​ពិការ​ជា​ច្រើន ។ ចំណែកឯ​ចៅហ៊្វា​កៅ​វិញ​លោតទឹក​ទន្លេ​ហែល​រត់​ត្រាតែ​រួច​ទៅ​ដល់​ក្រុង​ បាសាន ។ កងទ័ព​ឧកញ៉ា​យមរាជ ឧកញ៉ា​មហា​សេនា ឧកញ៉ា​យោធា​សង្គ្រាម ដែល​បង្កប់ទ័ព​ក្នុង​ព្រៃ​មួយ​កាល​ឃើញ​កងទ័ព​ក្នុង​បន្ទាយ​សត្រូវ​ចេញ​ដេញ​ មេទ័ព​ត្រើយ​ខាងលិច​អស់​ជា​ច្រើន​កង​ហើយ យល់​ថា​មាន​មនុស្ស​តិច​ក្នុង​បន្ទាយ​ក៏​ឲ្យ​ពួក​សេនា​រេហ៍ពល​កាន់​គប់​ភ្លើង ​លី​ជណ្ដើរ​ទៅ​ព័ទ្ធ​ឡើង​បន្ទាយ​នោះ ។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាល ដេញ​ពល​ឲ្យ​ចូល​តទល់​នឹង​ទ័ព​ឧកញ៉ា​ទាំង​ពីរ តែ​ទ័ព​ចៅពញា​ទាំង​ពីរ​នេះ​ទប់​មិន​ឈ្នះ​កងទ័ព​ខាង​ព្រះ​ចន្ទរាជា ទើប​ចៅពញា​ទាំង​ពីរ​លោត​ចេញពី​បន្ទាយ​ចុះ​រត់​មក​ទៀត ។ សេនា​ទាហាន​ខាង​ឧកញ៉ា​យមរាជ មេទ័ព​ហ្លួង​ត្រើយ​ខាងលិច​ទទួល​ចាក់​កាប់សម្លាប់​ទាំង​ពីរ​នាក់​នោះ​ ទៅ ។ កងទ័ព​ជើងគោក ជើង​ទឹក របស់​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ទ្រង់​ព្រះ​សណ្ដាប់​មេទ័ព និង​នាយកង​ទ័ព​ទាំង​ជើង​ទឹក ជើង​គោក​ក្រាប​បង្គំ​ទូល​ថ្វាយ​មនុស្ស​ទោស​ក្បត់​គ្រប់​ប្រការ​ហើយ ទ្រង់​ឲ្យ​ចៅក្រម​ប្រឹក្សា​ទៅ​ឃើញ​ថា អា​ក្បត់​ដែល​មានទោស​ធ្ងន់​៣៥​នាក់​ទ្រង់​ឲ្យ​ប្រហារជីវិត​ទាំងអស់ ឃើញ​ថា មនុស្ស​សល់​ពី​នោះ មានទោស​ស្រាល​ល្មម​ត្រាស់​ឲ្យ​ដាក់​ក្ដី​ទាំង​៥០​នាក់ ។ ព្រះ​អង្គ​ឈ្នះ​សង្គ្រាម​ក្នុង​គ្រានេះ យក​បាន​ខេត្ត​ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និង​កំពង់សោម ។ ចៅ​មឿង​ដែល​ឡើង​ខេត្ត​ទាំងនេះ​នៅ​ទិស​ខាងលិច​ទាំង​ប៉ុន្មាន​នោះ ទ័ព​ហ្លួង​ត្រើយ​ខាងលិច​ចាប់​បាន​ខ្លួន​ទាំងអស់ នៅ​សល់​តែ​ខេត្ត​បាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែ​ប៉ុណ្ណោះ ព្រោះ​ចៅ​ពិស្ណុលោក​រត់ទៅ​ប្រមូល​ចៅហ្វាយស្រុក​ក្រៅ​បន្ទាយ​ទាំងនោះ​ឲ្យ​ តាំង​បន្ទាយ​រឹង​នៅឡើយ​មិន​ទាន់​យក​បាន ។ សម្ដេចព្រះ​ស្រីជេដ្ឋា​ម្ចាស់ផែនដី​ដែល​ឡើង​ខេត្ត​ត្រើយ​ខាងកើត ទ្រង់​ជ្រាប​អំពី​បរាជ័យ​នេះ​ហើយ ទ្រង់​ព្រះ​ពិរោធ​ណាស់​ថា ចៅពញា​ចន្ទ​នេះ​កាន់តែ​ទន្ទ្រាន​បាន​ទី​ច្រើន​ពន់ប្រមាណ ហើយ​មេទ័ព និង​នាយកង​ដែល​យើង​ប្រើ​ទៅ​ទាំង​ប៉ុន្មាន​ក៏​ចេះ​តែ​ធ្វេសប្រហែស​ឲ្យ​ចាញ់​ ឧបាយកល​គេ ខូច​រេហ៍ពល​ច្រើន​ដង មិន​គិត​សងសឹក​វិញ​ឲ្យ​បាន​សោះ ។ ទើប​ទ្រង់​គិត​ឧបាយកល​រើស​សេនា​ទាហាន​ដែល​មាន​ទំនុកចិត្ដ ទុក​ព្រះ​ទ័យ​បាន​១០០​នាក់ ហើយ​ត្រាស់​បង្គាប់​ថា “ឲ្យ​ក្លែង​រត់​ចូល​ទៅ​នៅ​នឹង​សម្ដេចចៅពញា​ចន្ទរាជា កាលបើ​ល្បង​ឲ្យ​ទុក​ព្រះ​ទ័យ​បាន​កាលណា​ហើយ​ឲ្យ​ទាហាន​ទាំងនោះ​នាំ​គ្នា​លុក ​សម្លាប់​ឲ្យ​បាន បើ​អ្នក​ទាំងឡាយ​ធ្វើ​បាន​យើង​នឹង​ឲ្យ​អ្នក​ឡើង​យសស័ក្ដិ​ឲ្យ​ ទ្រព្យសម្បត្ដិ​ឲ្យ​ពេញចិត្ដ”។ សេនា​ទាំង​១០០​នាក់​នោះ​ថ្វាយបង្គំ​សុំ​ទទួល​អាសា​ថា “ទូលព្រះបង្គំ​ទាំងឡាយ​នឹង​ធ្វើ​ឲ្យ​បាន​តាម​ព្រះរាជ​ហឫទ័យ” ។ ព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​សណ្ដាប់​ឮ​ថា​សេនា​ទាហាន​ព្រមព្រៀង​ហើយ​ទ្រង់​ ព្រះ​អំណរ​ណាស់ ទើប​ទ្រង់​តាំង​ឲ្យធ្វើ​ហ្លួង​ជ័យ​ជា​ក្មួយ​មេ​បាន (ម្ដាយ​ព្រះស្ដេច​កន) ឲ្យធ្វើ​ជា​ចៅពញា​មន្ដ្រី​តេជៈ (មេទ័ព) ឃុំ​ពល​ទាហាន​ទាំង​១០០​នាក់​នោះ​ឲ្យទៅ​ចាត់ការ​ឲ្យ​បាន​សម្រេច ។

លុះ ​ទៅ​ដល់​បន្ទាយ​ផែនដី​ទិស​ខាងលិច ទាហាន​ទាំង​១០១​នាក់​នោះ​ក៏​ចូល​ទៅ​រក​សេនាបតី​ឲ្យ​នាំ​ចូល​ទៅ​ថ្វាយខ្លួន​ នៅ​ជា​ខ្ញុំ​រាជការ​ទ្រង់​ព្រះករុណា​ពិសេស ។ លុះដល់​ខ្នើត ខែ​ពិសាខ ព.ស​២០៦៣ គ.ស​១៥១៩ ម.ស​១៤៤១ ច.ស​៨៨១ ឆ្នាំថោះ ឯកស័ក សម្ដេចព្រះ​ចន្ទរាជា ជា​អម្ចាស់ជីវិតលើត្បូង ព្រះ​អង្គ​ស្រង់​ក្នុង​ទឹកស្ទឹង​ខេត្ត​បរិបូណ៌​នោះ ព្រមទាំង​សេនា​ទាហាន​ស្និទ្ធ​ព្រះ​អង្គជា​ច្រើន​សុទ្ធតែ​ដៃទទេ​គ្មាន​ សាស្ត្រាវុធ​សោះ ។ ទ្រង់​ត្រាស់​ឲ្យ​ក្រុម​ទាំងនោះ​ផ្លាស់​សម្លៀក​បំពាក់​ឲ្យ​ចុះ​ងូតទឹក​គ្រប់ ​គ្នា ។ មន្ដ្រី​សេនា​ទាហាន​ស្និទ្ធ​ព្រះ​អង្គ​ទាំងអស់​ក៏​ផ្លាស់សំពត់​ងូតទឹក​តាម​ ព្រះរាជ​អធ្យាស្រ័យ ។ ឯ​ពញា​មន្ដ្រី​តេជៈ និង​ទាហាន​១០០​នាក់​ដែល​ព្រះ​ស្រីជេដ្ឋា​ប្រើ​ទៅ​នោះ ងូតទឹក​ទាំង​សំពត់​ស្លៀក ពុំ​ហ៊ាន​ផ្លាស់​ព្រោះ​ក្រែង​គេ​មើលឃើញ​កាំបិត​ដែល​ខ្លួន​ចង​ជាប់​នៅ​ភ្លៅ​ នោះ ។ សម្ដេច​បរមបពិត្រ​ទ្រង់​យល់​ដូច្នេះ​ហើយ ទ្រង់​មានការ​សង្ស័យ​ក្នុង​ព្រះ​ហឫទ័យ​ណាស់ ក៏​ត្រាស់​តឿន​ឲ្យ​ផ្លាស់​សម្លៀក​បំពាក់​ឲ្យ​អស់​គ្រប់​គ្នា ។ ពួក​ក្បត់​ទាំង​១០១​នាក់​នោះ​យល់​ថា មុខជា​ពុំ​រួចខ្លួន​ទេ​ក៏​ថោះ​ទឹកមុខ​គ្រប់ៗ​គ្នា ។ ទ្រង់​យល់​ពិរុទ្ធ​ដូច្នោះ​ហើយ ហេតុតែ​បុណ្យ​បារមី ទ្រង់​រឹតតែ​សង្ស័យ​ក្នុង​ព្រះរាជ​ហឫទ័យ ក៏​ស្ទុះ​ឡើង​ពី​ក្នុង​ស្ទឹង​ទៅ​ប្រថាប់​ក្រោម​ម្លប់ឈើ​មួយ ។ ទ្រង់​ចាប់​បាន​ព្រះស្ដែង​ដាវ​ទាំង​ស្រោម ឯ​ពួក​ក្បត់​ទាំងនោះ​គិត​ថា ការណ៍​ម្ដងនេះ​បើ​មិន​ធ្វើ​ឲ្យ​ហើយ​ទេ មុខជា​មិន​រួចខ្លួន​ឡើយ ទើប​ពួក​វា​ទាំងនោះ​ក្លែង​ថា សូម​ចូល​ទៅ​ក្រាបទូល​ត្បិត​ថា​វា​មាន​ការណ៍​ជា​សម្ងាត់​នឹង​ត្រូវ​ ក្រាបទូល ។ ព្រះ​អង្គ​ទ្រង់​ជ្រាប​ឧបាយកល ហើយ​ក៏​កាន់​ព្រះរាជ​អាវុធ​ជាប់​នឹង​ព្រះ​ហត្ថា ហើយ​ព្រះ​អង្គ​ក៏​ក្លា​នៅ​គុណ​អាវុធ​ផង ។ លុះ​ពួក​ក្បត់​ហូត​កាំបិត​ចូល​មក​ប្រហារ​ព្រះ​អង្គ ព្រះ​អង្គ​ទ្រង់​ត​នឹង​អាវុធ​ដាវ​នោះ ដោយ​កាប់​ត្រូវ​អា​មន្ដ្រី​តេជៈ​ជា​មុនគេ ហើយ​ទ្រង់​ស្ទុះ​ទៅ​ត​នឹង​អា​ក្បត់​១០០​នាក់​ទៀត ។ ឯ​អស់​ខ្ញុំ​រាជការ​ដែល​តាម​ហែ​ក៏​ផ្អើល​ឆោឡោ​ឡើង ខ្លះ​ចូលចាប់​ដោយ​ដៃទទេ តែ​ត្រូវ​ពួក​អា​ក្បត់​ចាក់​ត្រូវ​ស្លាប់ និង​ពិការ​ជា​ច្រើន ។ ខ្ញុំ​រាជការ​ខ្លះ​ទៀត​ស្ទុះ​ទៅ​ដក​បាន​បង្គោលរបង​ចូល​ត​នឹង​ពួក​អា​ក្បត់​ យ៉ាង​អង់អាច ។ ពួក​អា​ក្បត់​ស្លាប់ និង​ចាប់​បាន​៣៥​នាក់ ក្រៅពី​នោះ​រត់​រួច​ទាំងអស់ ឯ​ពួក​អា​ក្បត់​ដែល​ស្លាប់ និង​ត្រូវ​ចាប់​បាន​នោះ ទ្រង់​ត្រាស់​សុំ​ឲ្យ​កាត់​ក្បាល​ដោត​ជា​បម្រាម ហើយ​ស្ដេច​ព្រះរាជ​ដំណើរ​ត្រឡប់​ចូល​ទៅ​បន្ទាយ​វិញ​ដោយ​សុវត្ថិភាព ។ ក្រោយ​ពី​នោះ​មក​ទ្រង់​ព្រះ​តម្រិះ​យល់​ថា ការ​ធ្វើសឹក​សង្គ្រាម​នៅ​វែង​ឆ្ងាយ​ណាស់​ទៅ​ទៀត ឯមុខ​ដំរី​សឹក​ក៏​នៅ​តិច ទូក​ចម្បាំង គ្រឿងសាស្ដ្រាវុធ​ក៏​នៅ​មិន​ទាន់​គ្រប់គ្រាន់ ទើប​ទ្រង់​ត្រាស់​បង្គាប់​ក្រុម​ហ្ម​ថៅ ហ្ម​ទាំងពួង​ឲ្យ​ចេញ​ទៅ​ទាក់ដំរី ទ្រង់​បង្គាប់​ជាង​ទូក ឲ្យ​រកមក​ធ្វើ​ទូក​ចម្បាំង​ឲ្យ​ច្រើន ទ្រង់​បង្គាប់​ជាងដែក​ឲ្យ​សិត​កាំភ្លើង និង​លំពែង​ដាវ ផ្គាក់​ឲ្យ​បាន​ច្រើន ទ្រង់​បង្គាប់​ក្រុម​សេះ​ឲ្យ​ទិញ​សេះ​មក​បន្ថែម​ទៀត ។ ទ្រង់​បង្គាប់​ភ្នាក់ងារ​ដំរី​ថា ការ​ដែល​រង់ចាំ​ឲ្យ​ហ្ម​ទៅ​ទាក់ដំរី​នោះ​ឃើញ​ថា យឺតយូរ​ពុំ​ទាន់​ការណ៍​ទេ យើង​ត្រូវតែ​ឲ្យ​ទិញ​ដំរី​ពី​ស្រុក​លាវ​យក​មក​បង្ហាត់​ឲ្យ​បានជា​ដំរី​សឹក​ ឲ្យ​ស្ទាត់ ទាំង​ព្រេច ទាំង​ជាន់ ទាំង​ជល់​ឲ្យ​បាន​ជា​ច្រើន ។ លុះ​ចូល​ដល់​រដូវភ្លៀង ទ្រង់​បើក​កងទ័ព​ឲ្យ​ទៅ​ធ្វើស្រែ​ចម្ការ​ដាក់​ឲ្យ​មាន​នាយត្រួត​ត្រា​ធ្វើ​ ឲ្យ​បាន​ច្រើន ។ ស្រូវ​ក្នុង​ឆ្នាំ​នោះ​បង្កើត​ផល​ចម្រើន​ឡើង​បាន​១​ជា​៥​ជា​៦​ភាគ កាត់​យក​ជា​ពន្ធ​ដាក់​ឃ្លាំង​សម្រាប់​សេនា ទាហាន មិន​ឲ្យ​អត់ឃ្លាន ។ លុះ​ចេញ​វស្សា​រដូវ​រួច​ដល់​ខែ​មិគសិរ ឆ្នាំថោះ​នោះ ព្រះ​អង្គ​យក​ព្រះ​ក្សត្រី ព្រះ​វង្ស​ធំ លើក​ឡើងជា​ព្រះ​អគ្គមហេសី ទ្រង់​ព្រះ​នាម​សម្ដេចព្រះ​ភគវតី​សិរី​ចក្រពត្ដិ ហើយ​ព្រះ​អង្គ​តែងតាំង​ឲ្យ​មាន​ព្រះ​ស្នំ​ឯក ទោ ត្រី ចត្វា ឲ្យ​មាន​យស​ស័ក្ដិធំ​តូច​តាម​លំដាប់ ។ ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ទ្រង់​ជ្រាប​ថា សម្ដេចចៅពញា​ចន្ទរាជា​យក​បាន​ផែនដី​ខេត្ត​ខាងលិច​ទាំង​អស់ហើយ ចៅពញា​លំពាំង ចៅពញា​ស្រាល​ក៏​ស្លាប់​ក្នុង​សង្គ្រាម​អស់ ចៅពញា​វៀង ចៅពញា​វាំង ក៏​មាន​រោគ​អនិច្ចកម្ម​ទៅ​ទាំងអស់​គ្នា​ទៀត ទ្រង់​ព្រះ​ពិរោធ​ណាស់ ទើប​ទ្រង់​រើស​ព្រះ​ញាតិ​ខាង​ព្រះ​អង្គ​មក​តែងតាំង​ថ្មី ៖

  1. ឈ្មោះ​ព្រំ តាំង​ជា​ចៅពញា​វៀង “ទី​យមរាជ”
  2. ឈ្មោះ​ជុំ តាំង​ជា​ចៅពញា​វាំង “ទី​វាំង”
  3. ឈ្មោះ​ផាត់ តាំង​ជា​ចៅពញា​ស្រាល “ទី​ក្រឡាហោម”
  4. ឈ្មោះ​ពេញ តាំង​ជា​ចៅពញា​លំពាំង “ទី​ចក្រី”

ហើយ ​ទ្រង់​បង្គាប់​សេនា​ទាំង​៤​នេះ​ឲ្យ​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក​ គ្រប់​ខេត្ត​ដែល​ឡើង​ព្រះ​អង្គ​ទិស​ខាងកើត ទិសអាគ្នេយ៍​ទាំង​ប៉ុន្មាន កេណ្ឌ​កងទ័ព​ឲ្យ​បាន​ច្រើន ។ ចៅហ្វាយស្រុក​ទាំងនោះ​ទទួល​ព្រះរាជ​បង្គាប់​ហើយ ក៏​កេណ្ឌ​បាន​៨០.០០០​នាក់ មក​ជួបជុំ​តាម​ព្រះរាជ​កំណត់​គ្រប់​ប្រការ ។ ខណៈនោះ​ព្រះ​ស្រីជេដ្ឋា​ស្ដេច​ចាត់​សម្ដេចចៅហ៊្វា​កៅ ជា​មា ឲ្យ​នៅ​ចាំ​រក្សា​ព្រះ​នគរ​ជាមួយនឹង​ចៅពញា​វាំង ចាត់​ចៅពញា​វៀង (ព្រំ) និង​សេនា​ទាហាន​រេហ៍ពល​១៥.០០០​នាក់ ជា​ទ័ព​មុខ ចាត់​ចៅពញា​លំពាំង​ឲ្យ​ឃុំ​ពល​១០.០០០​នាក់​ជា​ប៉ែក​ឆ្វេង ចាត់​ចៅពញា​យោធាធិបតី (នួន) ឃុំ​រេហ៍ពល​១០.០០០​នាក់​ជា​ប៉ែក​ស្ដាំ ចាត់​ចៅពញា​មហា​សេនា “ទន់” ឃុំ​រេហ៍ពល​១០.០០០​នាក់ ជា​ទ័ព​ក្រោយ ។ ចំណែក​ព្រះ​អង្គ​ឯង​ឡើង​គង់​ព្រះ​ទីនាំង ព្រម​ដោយ​ស្វេតច្ឆត្រ ចាមរបៃមន​សែន​ក្វាន់​អភិរម្យ ឃុំ​រេហ៍ពល​២០.០០០​នាក់ លើក​ចេញ​ជា​ទ័ព​ហ្លួង ។ ទ្រង់​ចាត់​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជ ឃុំ​រេហ៍ពល​២០.០០០​នាក់​ចុះ​ទូក​ចម្បាំង​៣០០​លើក​ចេញ​ទៅ​ទាំង​ជើង​គោក ជើង​ទឹក ។ ខណៈនោះ​កងទ័ព​ជើងទឹក​ក៏​ចតទូក​បោះ​នៅ​កំពង់​ព្រែកពោធិ៍ ។ ទ័ពជើងទឹក​ជើង​គោក​បោះទ័ព​ហ្លួង​នៅ​ភូមិ​មាត់​ឃ្មុង​ក្នុង​ខេត្ត​ ត្បូងឃ្មុំ ។ ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងកើត ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​ត្រាស់​បង្គាប់​ចៅពញា​វៀង​ ចៅពញា​លំពាំង ឲ្យ​លើកទ័ព​ឆ្លង​ទៅ​ចោម​វាយ​បន្ទាយ​កំពង់សៀម ។ ចៅពញា​មន្ដ្រី​ភក្ដី ចៅហ្វាយស្រុក និង​ក្រមការ​ខេត្ត​កំពង់សៀម​ដឹង​ហើយ ក៏​ឲ្យ​កេណ្ឌ​កងទ័ព​រក្សា​នាទី​បន្ទាយ​យ៉ាង​មាំមួន ទើប​ធ្វើ​សំបុត្រ​ចាត់​បម្រើ​ឲ្យ​នាំ​ទៅ​ជូន​សេនាបតី​ត្រើយ​ខាងលិច សេនាបតី​នាំ​សេចក្ដី​ក្រាប​បង្គំ​ទូល​ទ្រង់​ជ្រាប​គ្រប់​ប្រការ ។ ព្រះ​បរមបពិត្រ​ចៅពញា​ចន្ទរាជា ជា​អម្ចាស់​ផែនដី​ទ្រង់​ជ្រាប​ហើយ​ក៏​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ា​ធម្មាធិរាជ​ ឈឹម ឧកញ៉ា​ពិភ័ក្ដិ​និវេសន៍​កោ ឲ្យ​នាំ​ព្រះ​អគ្គមហេសី ស្រីស្នំ ក្រុម​បរិពារ និង​គ្រប់​គ្រួ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ថយ​ទៅ​នៅ​ក្នុង​បន្ទាយ​ខេត្ត​ ពោធិ៍សាត់​សិន ហើយ​ព្រះ​អង្គ​ឲ្យ​សេនាបតី​មន្ដ្រី​តាម​ក្រសួង ចម្លង​រេហ៍ពល​៥០.០០០​នាក់ ដាក់​នៅ​ត្រើយ​ខាងកើត​ចុង​ខែត្រ​អាសន្ទុក ព្រម​ដោយ​សេះ​ដំរី ។ ព្រះ​អង្គ​ស្ដេច​ព្រះរាជ​ដំណើរ​ចុះ​ព្រះ​ទីនាំង​នាវា​ឆ្លង​ទៅ​ដល់​ហើយ ទ្រង់​ឡើង​ប្រថាប់​លើ​ព្រះ​ពន្លា​ស្រេច ទើប​ទ្រង់​ចាត់​កងទ័ព​ជើងទឹក​ដូច្នោះ ៖

  1. ឧកញ៉ា​វិបុលរាជ ជា​ទ័ព​មុខ ឃុំ​ទូក​ចម្បាំង​១០០ មាន​រេហ៍ពល​១.០០០​នាក់ ។
  2. ឧកញ៉ា​បរទេសរាជ ជា​ប៉ែក​ឆ្វេង ឃុំ​ទូក​ចម្បាំង​៥០ មាន​រេហ៍ពល​៥០០​នាក់ ។
  3. ឧកញ៉ា​រាជា​បវេរ​រាជ ឃុំ​ទូក​ចម្បាំង​៥០ មាន​រេហ៍ពល​៥០០​នាក់​ ជា​ប៉ែក​ស្ដាំ ។
  4. ឧកញ៉ា​ត្រាច ឃុំ​ទូក​ចម្បាំង​៥០ មាន​រេហ៍ពល​៥០០​នាក់​ ជា​ទ័ព​ក្រោយ ។
  5. ឧកញ៉ា​ក្រឡាហោម​ជា​ទ័ព​ហ្លួង ឃុំ​ទូក​ចម្បាំង​១០០ មាន​រេហ៍ពល​១.០០០​នាក់ ។

ព្រម​ដោយ​គ្រឿងសាស្ដ្រាវុធ​លើក​ទៅ​បោះទ័ព​នៅ​ភូមិ​ព្រៃ​រកាកោង ។ ទើប​ទ្រង់​ចាត់​ទ័ពជើងគោក តទៅ​ទៀត ៖

  1. ឧកញ៉ា​ចក្រី ឃុំ​រេហ៍ពល​១០.០០០​នាក់ លើក​ទៅ​ជា​ទ័ព​មុខ ។
  2. ឧកញ៉ា​វង្សាអគ្គរាជ ឃុំ​រេហ៍ពល​៦.០០០​នាក់ ជា​ប៉ែក​ស្ដាំ ។
  3. ឧកញ៉ា​រាជតេជៈ ឃុំ​រេហ៍ពល​៦.០០០​នាក់ ជា​ប៉ែក​ឆ្វេង ។
  4. ឧកញ៉ា​នរិន្ទ្រាធិបតី ឃុំ​ពល​៦.០០០​នាក់ ជា​ទ័ព​ក្រោយ ។
  5. ព្រះ ​អង្គ​ឯង ទ្រង់​ជា​ទ័ព​ហ្លួង នាំ​រេហ៍ពល​២.០០០​នាក់ ព្រម​ដោយ​សេនា​ទាហាន រេហ៍ពល​ដំរី សេះ និង​ស្វេតច្ឆត្រ អភិរម សែនក្វាន់​ត្រៀបត្រា ។
  6. ឲ្យ​ឧកញ៉ា​យមរាជ ជា​មេទ័ព​ធំ​មួយ​កង​ផ្សេង​ឃុំ​រេហ៍ពល​១០.០០០​នាក់ លើក​ទៅ​ព័ទ្ធ​ដី​ព្រៃ​ចម្ការលើ​ចុះ​មក ។
  7. សម្ដេចចៅពញា ​យោធា​នរិន្ទ ឃុំ​ពល​១០.០០០​នាក់ លើក​ទៅ​តាម​ផ្លូវ​ក្រោម គឺ​តាម​មាត់ព្រៃ​ខាងលិច កំណត់​ឲ្យ​ជួបជុំ​នៅ​បន្ទាយ​ខេត្ត​កំពង់សៀម ។
  8. ឯ ​ទ្រង់​ព្រះករុណា​ពិសេស ព្រះ​បរមបពិត្រ ព្រម​ដោយ​សេនា​ទាហាន នាយកង​ទ័ព​មុខ ក្រោយ ឆ្វេង ស្ដាំ លើក​តាម​ផ្លូវ​កណ្ដាល​ចេញ​ទៅ ។

តែ ​ដោយហេតុ​ថា ផ្លូវ​នោះ​មានទឹក​ច្រើន​ពេក រេហ៍ពល​ធ្វើ​ដំណើរ​យឺតយូរ ក៏​ចាត់​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី មេទ័ព​ស្ដេច​ខាងកើត​ដែល​ចោម​វាយ​បន្ទាយ​ខេត្ត​កំពង់សៀម​នោះ​វាយ​បែក​បន្ទាយ​ នោះ​មួយ​ថ្ងៃមុន ។ លុះ​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ដល់​ហើយ ស្ដេច​ឲ្យ​រេហ៍ពល​ឡើង​រក្សា​នាទី​បន្ទាយ​មាំមួន ។ ក្នុង​គ្រា​ដែល​ស្ដេច​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ប្រថាប់​នៅ​ប្រាសាទ​គុហ៍ពង្រ​ នោះ ក៏​ស្រាប់តែ​ឃើញ​ចៅពញា​មន្ដ្រី​ភក្ដី និង​ក្រមការ​ខេត្ដ​កំពង់សៀម​ចូល​ទៅ​ក្រាប​បង្គំ​យំ​ថ្វាយ​ទោស​ថា ស្ដេច​កន​ឲ្យ​ចៅពញា​លំពាំង និង​ចៅពញា​យោធាធិបតី​លើក​កងទ័ព​៤០.០០០​នាក់ មក​ចោម​វាយ​បន្ទាយ​នោះ​១៦​ថ្ងៃ​យ៉ាង​សាហាវ​ក្រៃពេក កងទ័ព​ក្នុង​បន្ទាយ​តែ​១០.០០០​នាក់ ហើយ​ខ្វះ​ស្បៀងអាហារ​ផង ទ្រាំ​ពុំ​បាន​ទើប​បានជា​បែក​ទ័ព​រត់​ជ្រក​ក្រោម​បុណ្យ​បារមី​នេះ ។ ព្រះបាទ​បរមនាថ​បរមបពិត្រ​ជា​អម្ចាស់ ទ្រង់​ត្រាស់​សណ្ដាប់​ហើយ ទ្រង់មាន​ព្រះ​បន្ទូល​ពិសេស​ថា ការ​ដែល​យើង​យឺតយូរ​ក្រ​មក​ជួយ​អ្នក​នេះ ពីព្រោះ​តាម​ផ្លូវ​មាន​ទឹក​ច្រើន​ណាស់ ហេតុនេះ​ហើយ​បានជា​សត្រូវ​វាយ​បែក​បន្ទាយ​អ្នក​ទាំងអស់​គ្នា ។ ការ​បាត់បង់​ជោគជ័យ​នេះ​មិនមែន​ជា​កំហុស​ឧកញ៉ា និង​ក្រមការ​ខេត្ដ​ធ្វេសប្រហែស​ទេ គឺជា​កំហុស​ពី​យើង​ដើរ​កាត់​យឺតយូរ​មក​ពុំ​ទាន់ ពុំ​ត្រូវ​ឲ្យ​អ្នក​រាល់គ្នា​មានទោស​ទេ ។ ស្អែក​នេះ​យើង​នឹង​វាយ​បន្ទាយ​នេះ​ឲ្យ​បាន​វិញ ចូល​កុំ​បារម្ភ​ឡើយ ។

ចៅពញា ​មន្ដ្រី​ភក្ដី និង​ក្រមការ​ទាំងអស់ ឮ​ព្រះ​បន្ទូល​ទ្រង់​ព្រះ​មេត្ដាប្រោស​លើកទោស​ដូច្នោះ​ក៏​ត្រេកអរ​ ណាស់ ។ លុះ​ព្រឹក​ឡើង​ព្រះ​បរមបពិត្រ​ទ្រង់​ចាត់​កលឧបាយ​ប្រាប់​នាយ​ទ័ព នាយកង​ឲ្យ​ដឹង​ឲ្យ​ធ្វើ​តាម​គ្រប់ៗ​គ្នា ហើយ​ទ្រង់​ចាត់​ឲ្យ​បម្រើ​សេះ​ចេញ​ទៅ​ជា​ពីរ​ផ្លូវ ទៅ​ប្រាប់​សម្ដេច​យោធា​នរិន្ទ​មួយ​ផ្លូវ ទៅ​ប្រាប់​ឧកញ៉ា​យមរាជ​មួយ​ផ្លូវ ឲ្យ​លើកទ័ព​វាយ​ប្រសព្វ​ចូល​មក ។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​រាជតេជៈ ឃុំ​រេហ៍ពល​របស់​ខ្លួន​ហើយ​ក៏​លើក​ទៅ​ចោម​បន្ទាយ​កំពង់សៀម​តាម​ត្រាស់​ បង្គាប់ ។ ខណៈនោះ ចៅពញា​លំពាំង​យោធាធិបតី មេទ័ព​សម្ដេច​ស្រីជេដ្ឋា​ឃើញ​ហើយ ក៏​លើកទ័ព​ចេញ​មក​ច្បាំង​គ្នា​យូរ​បន្ដិច​មក ឧកញ៉ា​វង្សាអគ្គរាជ​ឧកញ៉ា​តេជៈ ក៏​ក្លែង​ធ្វើ​ជា​ចាញ់ ហើយ​លើក​កងទ័ព​រត់ទៅ​ដល់​ភូមិ​សៀមបោយ ឧកញ៉ា​ចក្រី ឧកញ៉ា​នរិន្ទ​នាយក​ដែល​បង្កប់ទ័ព​នៅ​ទីនោះ​ឃើញ​ទ័ព​សត្រូវ​មក​ដល់​ហើយ ក៏​ដេញ​កងទ័ព​របស់​ខ្លួន​ស្ទាក់​ព័ទ្ធ​ពីឆ្វេង​ពីស្ដាំ ។ ឧកញ៉ា​វង្សាអគ្គរាជ​ឧកញ៉ា​រាជតេជៈ ក៏​ដេញ​ពល​ទ័ព​ឲ្យ​រា​មកត​វិញ ។ ទ័ព​សត្រូវ​ទាំង​ពីរ​កង​ដែល​ដេញ​ទៅ​នោះ​ក៏​ត្រឡប់​ជា​នៅ​កណ្ដាល​កងទ័ព​ហ្លួង ​ខាងលិច ។ លុះ​ឃើញ​ថា ទ័ព​នេះ​ច្រើន​លើស​កម្លាំង​តស៊ូ​ពុំ​បាន មេទ័ព​សត្រូវ​នោះ​ក៏​នាំ​កងទ័ព​របស់​ខ្លួន​វាយ​បំបែក​ការ​ឡោម​ព័ទ្ធ ហើយ​ចេញ​មក​ដល់​ព្រៃ​មួយអន្លើ​សិន ផ្នែក​ខាងកើត​ភូមិ​សៀមបោយ​ប្រមាណ​៣៥​សិន ។ ខណៈនោះ​ព្រះ​បរមបពិត្រ ព្រះ​អង្គ​ទ្រង់​បរ​ព្រះ​ទីនាំង​ពិជ័យ​គជេន្ទ្រ​នាំ​យោធា​ចេញពី​ព្រៃ​ស្ទាក់ ​ទ័ព​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី​ជាប់ ។ មេទ័ព​សត្រូវ​ក៏​ទទួល​ច្បាំង​គ្នា​ជា​មាំមួន​ដោយ​អាវុធ​វែង​ខ្លី ។ ឯ​អស់​ពល​ខាង​ទ័ព​ចៅពញា​លំពាំង និង​យោធាធិបតី​កាល​ឃើញ​សម្ដេច​ព្រះ​ចន្ទរាជា​គង់​លើ​ដំរី​ស​សុទ្ធ​ហើយ​នោះ​ ក៏​ចេះ​តែ​នឹក​ថា ព្រះ​បរមបពិត្រ​អង្គ​នេះ​ហើយ​ដែល​គេ​ហៅ​ថា​អ្នកមាន​បុណ្យ​មាន​តេជៈ ។ មិនយូរ​ប៉ុន្មាន​ពួក​ពល​ទាំងនោះ​ក៏​បោះចោល​គ្រឿងសាស្ដ្រាវុធ​ពី​ដៃ ហើយ​រត់​ចូល​ទៅ​ថ្វាយបង្គំ​សុំ​ព្រះ​រាជទាន​ឲ្យ​អភ័យទោស ។ ព្រះ​អង្គ​ក៏​ទ្រង់​លើកទោស​ឲ្យ​ទាំងអស់ ឯ​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី ទ័លគំនិត​នឹង​ច្បាំង​តទៅ​ទៀត​ពុំ​កើត​ក៏​គេច​ចូល​ព្រៃ​អារ​ក​ខ្លួនឯង​ស្លាប់ ​ទាំង​ពីរ​នាក់​ទៅ ។ ព្រះ​បរមបពិត្រ​ខត្តិយាមហា​ចន្ទរាជា​ទ្រង់​យល់​បាត់​មេទ័ព​ខាង​សត្រូវ​ទាំង​ ពីរ​នាក់​ហើយ​ឲ្យ​សេនា​ទាហាន​ដេញ​តាម​រក​សព្វ​ព្រៃ ។ លុះ​ឃើញ​ថា​ស្លាប់​ហើយ​សេនា​ទាហាន​ក៏​កាត់​ក្បាល​យក​ទៅ​ថ្វាយបង្គំ​ទូល​ព្រះ ​បរម​បពិត្រ ។ គ្រានោះ​ទ្រង់​ត្រាស់​ឲ្យ​ដោត​ក្បាល​មេទ័ព​សត្រូវ​ទាំង​ពីរ​ទុកជា​ បម្រាម ។ ឯ​សម្ដេចចៅពញា​យោធា​នរិន្ទ​១ ឧកញ៉ា​យមរាជ​១ ជា​មេទ័ព​ដែល​ចេញ​ទៅ​ទាំង​ពីរ​ផ្លូវ​លុះ​ដឹង​សេចក្ដី​ដោយ​ព្រះរាជ​បម្រើ​ ជិះសេះ​ទៅ​ប្រាប់​ហើយ ក៏​លើក​កងទ័ព​ស្រូត​ទៅ​ដល់​ទីណាត់ ហើយ​ចោម​បន្ទាយ​កំពង់សៀម ។ ខណៈនោះ​ចៅពញា​មហា​សេនា​មេទ័ព​ខាង​ស្ដេច​ត្រើយ​ខាងកើត​ដែល​នៅ​រក្សា​បន្ទាយ​ នោះ លុះ​ឃើញ​ហើយ​ក៏​ដេញ​រេហ៍ពល​ឲ្យ​ឡើង​រក្សា​នាទី​បន្ទាយ តែ​ដោយ​ពល​ខ្លួន​តិច​ពេក​យល់​ថា នឹង​ស៊ូ​ពុំ​បាន​ក៏​នាំ​ពួក​ពល​ចេញពី​បន្ទាយ​ទៅ​ចុះទូក តែ​ចុះ​ជា​បន្ទាន់​ពេក​ទូក​ភ្លូក​លិច​អស់​ជា​ច្រើន​ទៅ ពល​រេហ៍​ធ្លាក់​ស្លាប់​ក៏​ច្រើន រួម​ទាំង​ចៅពញា​មហា​សេនា​ផង ។

ឯ ​ព្រះ​បរមបពិត្រ ព្រះ​អង្គ​ធ្វើសង្គ្រាម​មាន​ជ័យ​ហើយ ព្រះ​អង្គ​ត្រឡប់​មក​បន្ទាយ​កំពង់សៀម​វិញ ។ សម្ដេច​ចៅពញា​យោធា​នរិន្ទ និង​ឧកញ៉ា​យមរាជ​ឃើញ​ស្ដេច​ព្រះរាជ​ដំណើរ​មក​ដល់ ក៏​ចេញ​មក​ទទួល​ស្ដេច​ចូល​ទៅ​ប្រថាប់​ក្នុង​បន្ទាយ ។ នៅ​ទីនោះ​ព្រះ​បរមបពិត្រ​ស្ដេច​ត្រាស់​បញ្ចុះបញ្ចូល​សេនា​ទាហាន រេហ៍ពល​ដែល​មេទ័ព​ព្រះ​អង្គ​ទាំង​ពីរ​ចាប់​បាន​មក​ថ្វាយ​នោះ​ជា​សេចក្ដី​ ស្រុះស្រួល ហើយ​កងទ័ព​ទាំងនេះ​ក៏​ទទួល​ខ្លបខ្លាច​អំណាច​ព្រះ​បារមី​ថ្វាយខ្លួន​ជា​ខ្ញុំ ​រាជការ​ទាំងអស់​គ្នា ។ ព្រះ​ស្រីជេដ្ឋា ព្រះចៅ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​បាន​ទ្រង់​ជ្រាប​ថា បែក​បន្ទាយ​កំពង់សៀម​ដូច្នោះ​ហើយ ទ្រង់​ត្រាស់​ឲ្យ​បម្រើ​ទៅ​ប្រាប់​ចៅពញា​ស្រាល ចៅពញា​វិបុលរាជ​ឲ្យ​លើក​កងទ័ព​ជើងទឹក​មក​ជួយ​ទ័ព​ជើងគោក​ទៀត ។ គ្រានោះ​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជ ជា​សេនាបតី​សម្រាប់​ឯក​ភូ​សម្រេច​រាជការ​ខាងជើង​ទឹកបាន​ដឹង​ហើយ ក៏​លើកទ័ព​ទៅ​ដល់ រួច​ក៏​ដេញ​កងទ័ព​ជើងទឹក​ឲ្យ​ឡើង​ចោម​បន្ទាយ​ខេត្ត​កំពង់សៀម ។ ខណៈនោះ​កងទ័ព​ហ្លួង​គ្រប់​កង​ដេញ​ពួក​ពល​ឲ្យ​ចេញ​ច្បាំង​បាញ់​គ្នា​ដោយ​ កាំភ្លើង​តូច​ធំ​សូរ​សន្ធឹក​កក្រើករំពើក​ទាំង​ប្រឹថពី ។ ឯ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វិបុលរាជ​សេនាបតី សម្រេច​រាជការ​ហ្លួង​ត្រើយ​ខាងលិច​ដែល​បោះទីតាំង​នៅ​រកាកោង​នោះ ចែវ​ទូក​ទៅ​ដល់​ភូមិ​អង្គរបាន ស្រាប់តែ​ឮ​សូរ​កាំភ្លើង​ធំ​តូច​ជា​ខ្លាំង​ណាស់ ក៏​ស្រូត​ទៅ​ដល់​កំពង់ចាម ។ លុះ​ឃើញ​ទូក​ចម្បាំង​ខាង​ហ្លួង​ត្រើយ​ខាងកើត ហើយ​ដែល​ទូក​នីមួយៗ​មាន​តែ​ពល​៥​ឬ​៦​នាក់​នៅ​រក្សា ។ ក្នុង​១៥០​ទូក​នោះ​មាន​រេហ៍ពល​តែ​១.៥០០​នាក់ ក៏​ឲ្យ​សេនា​ទាហាន​ចោម​បាញ់​ចាក់​កាប់​សត្រូវ​ទាំងនោះ​ឥត​សំចៃ​ឡើយ ហើយ​កងទ័ព​ទាំងនោះ​បែកបាក់​ទៅអស់ ។ មេទ័ព​ខាង​ព្រះ​បរមបពិត្រ​ចាប់​យក​ទូក​ចម្បាំង​ទាំងអស់​មក​ក្រាប​បង្គំ​ទូល​ ថ្វាយ​យក​ថ្វីដៃ ។ ខណៈនោះ រេហ៍ពល​ដែល​រត់​បែក​ពី​ទូក​ចម្បាំង​នោះ ខ្លះ​ក៏​បែកផ្លូវ​ទៅ​ទីទៃៗ កងទ័ព​ខាង​សម្ដេចចៅពញា​យោធា​នរិន្ទ និង​កងទ័ព​ឧកញ៉ា​យមរាជ ចាប់​បាន​សត្រូវ​ចំនួន​៨០០​នាក់ ហើយ​ក៏​នាំ​មក​ក្រាប​បង្គំ​ទូល​ដែរ ។ កងទ័ព​ដែល​ចាំ​ទូក​សត្រូវ​នោះ​ខ្លះ​ក៏​រត់​ទៅ​ពឹង​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជ រាយការណ៍​តាម​ដំណើរ ។ ចៅពញា​ទាំង​ពីរ​ជា​មេទ័ព​ស្ដេច​ត្រើយ​ខាងកើត​ឮ​ហើយ​ក៏​ស្លុតចិត្ដ អស់​គំនិត​ភិតភ័យ​បណ្ដាល​ឲ្យ​ដឹង​ដល់​នាយកង​នាយ​ទ័ព​គ្រប់​កង ។ នាយ​ទាំងនោះ​ក៏​អស់​ទឹកចិត្ដ​នឹង​ចូល​ច្បាំង​ទៀត ហើយ​ក៏​តាំង​បែក​ទ័ព​រត់​ខ្ចាត់ខ្ចាយ​ទៅ ខ្លះ​ក៏​លោតទឹក​ស្លាប់ ។

ឯ ​កងទ័ព​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ចេញពី​បន្ទាយ​ មក​ចាប់​បាន​ខ្លួន​សត្រូវ​ប្រមាណ​៥០០​នាក់ ។ លុះ​ជួបជុំ​នាយកង​ទ័ពជើងទឹក ជើង​គោក​គ្រប់​គ្នា ព្រមទាំង​ឈ្លើយ និង​ស្បៀង​អាហារ សាស្ត្រាវុធ និង​ទូក​ចម្បាំង​១៥០​នោះ ហើយ​ក៏​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ​បរមបពិត្រ​ជា​ អម្ចាស់ជីវិតលើត្បូង ។ ព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ជ្រាប​គ្រប់​ប្រការ ទ្រង់​ព្រះ​អំណរ​ណាស់ បាន​ប្រោស​ព្រះ​រាជទាន​រង្វាន់​ដល់​សេនា​ទាហាន​តាម​សមគួរ ។ សម្ដេច​ព្រះបាទ​ស្រីជេដ្ឋា​អម្ចាស់​ផែនដី​ទិស​ខាងកើត​កាល​ទ្រង់​ជ្រាប​ថា ចៅពញា​ស្រាល ចៅពញា​លំពាំង ជា​ក្មួយ​បរាជ័យ​រហូត​ដល់​ស្លាប់ ខូច​ទាំង​ទូក​ចម្បាំង​ដូច្នោះ​ហើយ​ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​រើស​យក​កូន​សម្ដេចចៅហ៊្វា​កៅ​ពីរ​នាក់​មក​គឺ​ឈ្មោះ​ពេជ​១ តាំង​ជា​ចៅពញា​ស្រាល (ទី​ក្រឡាហោម) ឈ្មោះ​ក្រេះ​១ តាំង​ជា​ចៅពញា​លំពាំង (ទី​ចក្រី) និង​ចៅពញា​វៀង ទី​យមរាជ (កុយ) រួម​ជា​៣ នាយ​ឲ្យ​លើកទ័ព​ទៅ​ច្បាំង​នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជ ជា​ទ័ព​អម្ចាស់​ត្រើយ​ខាងលិច ។ សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​ទ្រង់​ផ្ដាំ​ថា បើ​សម្ដេចចៅ​ពញា និង ឧកញ៉ា​យមរាជ​បែក​ទៅ​ហើយ ឲ្យ​ឃុំ​ពល​២០.០០០​នាក់ ទៅ​ចោម​បន្ទាយ​ខេត្ត​កំពង់សៀម​ទៀត ។ មេកង​ធំ​ទាំង​៣​នាក់​ទទួល​ព្រះរាជ​តម្រាស់​ហើយ​ក៏​ថ្វាយបង្គំ​លា​លើកទ័ព​ ឆ្លង​ទៅ​ចោម​បន្ទាយ​រាយ​ទ័ព​ច្បាំង និង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជ តាម​ត្រាស់​បង្គាប់ ។ ទ័ព​ទាំង​សងខាង​ច្បាំង​គ្នា​ជា​ច្រើន​ដង ច្រើន​គ្រា ម្ដង​ចាញ់​ម្ដង​ឈ្នះ ពុំ​បាន​សម្រេច​ជ័យ​ជំនះ​ទៅ​ខាង​ណាៗ​ឡើយ ។ លុះដល់​ខែ​ជេស្ឋ ជិត​ដល់​ពេល​ឲ្យ​រាស្ដ្រ​ធ្វើស្រែ សម្ដេច​ស្រីជេដ្ឋា​ស្ដេច​ពិជ័យ​នគរ​ទ្រង់​ឲ្យ​បន្ថយ​មេទ័ព​ទាំង​៣​នោះ​ចូល​ ទៅ​សម្រាក​ខ្លួន​វិញ ទើប​ទ្រង់​ព្រះ​តម្រិះ​ថា តាំងពី​ធ្វើសង្គ្រាម​នឹង​ពញា​ចន្ទ​មក​នេះ ការ​ខូចខាត​ទ្រព្យសម្បត្ដិ និង​ស្បៀង​អាហារ អាណា​ប្រជានុរាស្ដ្រ​ក៏​អស់​ជា​ច្រើន ដូច្នោះ​គួរតែ​យើង​បែក​ចែក​ផែនដី យក​សេចក្ដីសុខ​វិញ​ជា​ការ​ល្អ​ជាង ។ លុះ​ត្រង់​ឈ្វេងយល់​យ៉ាងនេះ ហើយ​ទើប​ទ្រង់​ឲ្យ​តែង​ព្រះរាជសារ​ដាក់​ក្នុង​បំពង់​មាស​តម្កល់​លើ​ពានមាស​ ពិសេស​ថ្លៃថ្លា​ប្រពៃ​ល្អ ហើយ​ទ្រង់​ត្រាស់​ប្រើ​ពញា​សង្គ្រាម​កែវ ជា​រាជទូត​ពញា​រក្សា​សម្បត្ដិ​ឯម ជា​ឧបទូត ព្រះ​ជំនាញ​អាវុធ​គាម ជា​ត្រី​ទូត ឲ្យ​យក​ព្រះរាជសារ​ចុះទូក​ង បាំង​សប្បធន​៣​លើក ព្រះ​ពាន​ព្រះរាជសារ​នោះ​មក​ថ្វាយ​សម្ដេចព្រះ​ចន្ទរាជា ។ រាជទូត ឧបទូត ឆ្លង​មក​ដល់​ដែន​កំពង់សៀម ប៉ង​នឹង​ឡើងគោក​ដើម្បី​យក​ព្រះរាជសារ​ទៅ​ថ្វាយ​ព្រះ​បរម​ខត្តិយាមហា​ ចន្ទរាជាធិរាជ ខណៈនោះ​ម៉ឺន​ជំនិត​ស​ទ្រង់​សួរ​ជា​ព្រះ​ញាតិ​ដែល​នាំ​រេហ៍ពល​៣០០​នាក់​ដើរ​ ល្បាត​ដូច​សព្វដង កាល​ឃើញ​រាជទូត​ទាំង​៣​ដែល​យក​ព្រះរាជសារ​មក​ហើយ​ក៏​ស្រែក​ឲ្យ​ពល​ ចូលចាប់ ។ រាជទូត​ទាំង​៣​នាក់​ក៏​ប្រយុទ្ធ​គ្នា​នឹង​ទ័ព​ល្បាត ធ្វើ​ឲ្យ​ធ្លាក់​បំពង់​ព្រះរាជសារ និង​ព្រះ​ពានមាស​នោះ​ទៅ​ក្នុង​ទឹក ។ ទ័ព​ល្បាត​ចាប់​យក​បាន តែ​រាជទូត ឧបទូត ត្រី​ទូត ទាំង​បី​នាក់ និង​ពល​១០០​នាក់ ចំណុះ​ទូក​ទាំង​៣​នោះ នាំ​ទៅ​ក្រាបទូល​ថ្វាយ​រាយ​សេចក្ដី​គ្រប់​ប្រការ ។ សម្ដេចព្រះ​បរម​ក្សត្រ​មហា​ចន្ទរាជា​ទ្រង់​ព្រះ​វិនិច្ឆ័យ​ទោស​ឧកញ៉ាម៉ឺន​ ជំនិត​ស ទ្រង់​សួរ​ថា “ដែល​ឧកញ៉ាម៉ឺន​ចាប់​បម្រើ​សត្រូវ​ដែល​មក​ជា​រាជទូត ឧបទូត ត្រី​ទូត​នេះ ទាស់​នឹង​ព្រះ​ច្បាប់​សម្រាប់​ស្រុក​អំពី​បុរាណ​រាជ​ប្រវេណី​ហើយ​ត្រូវ​តែ​ មានទោស ទើប​ទ្រង់​ប្រោស​ឲ្យ​ចុះ​ព្រះរាជអាជ្ញា (ឲ្យ​វាយ​ខ្នង) ២៤​ខ្វាត់​ម្នាក់,ឲ្យ​ដាក់​ឃ្នាង​បណ្ដើរ​អាក្រោស​ឧកញ៉ាម៉ឺន​ជំនិត “ស” ទ្រង់ “សួ” ៣​ជុំ​បន្ទាយទ័ព។ លុះ​ធ្វើ​ទោស​រួច​ស្រេច​ហើយ​ស្ដេច​មាន​ព្រះ​បន្ទូល​ត្រាស់​សួរ​ទៅ​ទូត​ទាំង​ ៣​ថា ឯង​មកនេះ​តើ​ដោយ​ប្រការ​ម្ដេច ? រាជទូត​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​ថា ទូលព្រះបង្គំ​ជា​រាជបម្រើ​ព្រះករុណា​ត្រើយ​ខាងកើត​ស្ដេច​ឲ្យ​នាំ​ព្រះរាជសារ ​មក​ថ្វាយ​ល្អងធូលី​ជា​ម្ចាស់ផែនដី​ប៉ែក​ខាងលិច ប៉ុន្ដែ​ឥឡូវនេះ​ព្រះរាជសារ​នោះ​ធ្លាក់ទឹក​បាត់​ក្នុង​គ្រា​ដែល​ចោមចាប់​នោះ ​អស់​ទៅ​ហើយ តែ​នៅ​ចាំ​សេចក្ដី​ខ្លះៗ បើ​នឹង​ក្រាបទូល​ទៅ​ក្រែង​សេចក្ដី​នោះ​ពុំ​សព្វគ្រប់ ។ ហេតុនេះ​សូម​ទ្រង់​ព្រះ​រាជទាន​ទោស ។ សម្ដេចព្រះ​ចន្ទរាជា​ស្ដេច​ទ្រង់​ប្រោស​ឲ្យ​ទូត​ទាំងនោះ​ទូល​ព្រះ​អង្គ​តាម​ ចាំ​រៀងខ្លួន​ចុះ ។ រាជទូត​ត្រើយ​ខាងកើត​ក៏​ទូល​ថា ដ្បិត​ហ្លួង​ជា​ម្ចាស់​លើ​ត្បូង​ទូលព្រះបង្គំជាខ្ញុំ​មាន​ព្រះ​ហឫទ័យ​ប្រណី​ រាស្ដ្រ​ដែល​វិនាស ស្លាប់ បាត់បង់​ជា​ច្រើន​ក្នុង​សង្គ្រាម​ដែល​បាន​ធ្វើ​មក​ជា​ច្រើន​ឆ្នាំ​ នោះ ។ ឥឡូវនេះ​ហ្លួង​ជា​ម្ចាស់​លើ​ត្បូង​​ទូលព្រះបង្គំ​ជាខ្ញុំ​ស្ដេច​មាន​ព្រះ​ ហឫទ័យ​ចង់​បញ្ឈប់​សង្គ្រាម សុំ​ចង​ជា​ព្រះរាជ​មេត្រី​ចែក​ផែនដី និង​ម្ចាស់​ត្រើយ​ខាង​លិច​ឲ្យ​ស្មើគ្នា ។ បើ​ទ្រង់​ព្រះករុណា​វិសេស​ជា​អម្ចាស់​លើ​ត្បូង​ខាង​នេះ​ទ្រង់​យល់ព្រម​ល្មម​ ផង​នោះ ព្រះពុទ្ធ​សាសនា និង​អាណាប្រជានុរាស្ដ្រ​នឹង​បាន​សុខក្សេមក្សាន្ដ​តទៅ ដោយសារ​ព្រះ​សតិ​ប្រាជ្ញា ទ្រង់​ព្រះករុណា​ពិសេស​ទាំង​ពីរ​អង្គ​បម្រុង​រាស្ដ្រ​ឲ្យ​សុខ​ជា​ព្រះ​ កិត្ដិយស​ប្រសើរ ។ សម្ដេចព្រះ​បរម​រាជ​បរមបពិត្រ​ជា​អម្ចាស់​ត្រាស់​ថា ក្រុង​កម្ពុជា​រាជធានី​នេះ​ជា​ព្រះរាជ​សម្បត្ដិ​អំពី​ព្រះ​បរម​រាជ​អយ្យកោ អយ្យិកា​យើង​រៀង​មក ។ ឯ​ព្រះស្ដេច​កន អម្ចាស់​ឯង​នោះ​ប្រៀប​ដូច​ជា​ចោរ មក​លួច​ផែនដី​យើង ហើយ​មក​សុំ​ចែក​សម្បត្ដិ​នឹង​ម្ចាស់ទ្រព្យ​នេះ​តើ​ឯង​ឃើញ​ថា​គប្បី​ហើយ​ ឬ ? ប៉ុន្ដែ​ឥឡូវនេះ បើ​ម្ចាស់​ឯង​ចង់​ឈប់​សង្គ្រាម​ក៏​ឈប់​តាម​ចិត្ដ​ចុះ ។ តែ​ថា​ឲ្យ​ម្ចាស់​ឯង​ថយ​ទៅ​ជា​មុន​ចុះ ចាំ​អញ​ថយ​ទៅ​ជា​ក្រោយ ។ មាន​ព្រះ​បន្ទូល​ចប់​ហើយ ស្ដេច​ព្រះ​រាជទាន​ពាន​មួយ​ជា​ជំនួស​ព្រះ​ពានមាស​ដែល​ធ្លាក់ទឹក​នោះ​ទៅ​ទូត​ ទាំង​៣​នាក់​វិញ ។ រាជទូត​ត្រើយ​ខាងកើត​ទាំង​៣​នាក់​ក្រាប​បង្គំ​លា​ចេញ​ទៅ​ចុះទូក​ង ឲ្យ​ពួក​ស៊ី​ផាយ​អុំ​ឆ្លង​ទៅ​ក្រាប​បង្គំ​ទូល​អម្ចាស់​ខ្លួន​សព្វ​ សេចក្ដី ។ សម្ដេចព្រះ​ស្រីជេដ្ឋា​ក្រុង​ពិជ័យ​នគរ (ស្ដេច​កន) ទ្រង់​ជ្រាប​ហើយ​ឃើញ​ថា ពុំ​សមប្រកប​តាម​ព្រះ​ហឫទ័យ​ដែល​ទ្រង់​ប្រាថ្នា​ទេ ទ្រង់​ព្រះ​ពិរោធ​ណាស់ តែ​ក្លែង​ធ្វើ​ជា​ទ្រង់​ព្រះ​សម្រួល​ហើយ​ត្រាស់​ថា ចៅពញា​ចន្ទរាជា​ដែល​លួច​មក​វាយ​ស្រុក​ខេត្ត​ខាងលិច​នេះ តែ​ត្រូវជា​ចោរ​ដែរ ឬ​ពុំ​មែន​ជា​ចោរ​ទេ ? ព្រះ​រាជទូត​ទាំង​៣​ក្រាប​បង្គំ​ទូល​ថា ទូលព្រះបង្គំ​ទាំងឡាយ​នឹកឃើញ​ថា នឹង​តប​ទូល​ទៅ​វិញ​ដែរ តែបើ​នឹង​ទូល​តបត​សេចក្ដី​ទៅ​វិញ ដូច្នេះ ពុំ​ហ៊ាន​ដ្បិត​នៅ​គ្នា​តិច​ពេក ហើយ​ទូលព្រះបង្គំ​ទាំងឡាយ​បាន​រួចខ្លួន​មក​នេះ ក៏​ព្រោះតែ​បុណ្យ​បារមី​សម្ដេច​ជា​អម្ចាស់​គ្រប់គ្រង​ហើយ​ទើបបាន​រួច​ មកនេះ ។ សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​សណ្ដាប់​សព្វគ្រប់​ហើយ ព្រះ​អង្គ​ចាត់​ចៅហ្វាយស្រុក និង​កងទ័ព​ឲ្យ​នៅ​រក្សា​បន្ទាយ​មាត់​ឃ្មុង​បន្ទាយស្រី​សឈរ ហើយ​ព្រះ​អង្គ​លើកទ័ព​ត្រឡប់​ទៅ​ក្រុង​ពិជ័យ​នគរ​វិញ ។ សម្ដេចព្រះ​បរមបពិត្រ​ជា​ម្ចាស់ផែនដី​ប៉ែក​ខាងលិច​ទ្រង់​ជ្រាប​ថា ព្រះស្ដេច​កន​លើកទ័ព​ត្រឡប់​ទៅ​មុន ហើយ​ទើប​ព្រះ​អង្គ​បង្គាប់​ចៅហ្វាយស្រុក​ឲ្យ​នៅ​រក្សា​បន្ទាយ​កំពង់សៀម បារាយណ៍ ជើងព្រៃ រួច​ស្ដេច​លើកទ័ព​ត្រឡប់​មក​បន្ទាយ​ខេត្ត​បរិបូណ៌​វិញ ។ ព្រះ​អង្គ​លើក​ហួស​ទៅ​ខេត្ត​ពោធិ៍សាត់​ទៀត ហើយ​ត្រាស់​ឲ្យ​ពល​ធ្វើ​ដំណាក់​តូច​ធំ ប្រក់​ស្លឹក មាន​សន្ធិយា​ចុង​រោង​ទី​ក្រៅ​ក្នុង ។ រួច​ស្រេច​ស្ដេច​ចូល​គង់ ទ្រង់​មាន​ព្រះរាជ​បន្ទូល​នឹង​អស់​សព្វ​មុខមន្ដ្រី​ថា ទំនៀមទម្លាប់​ពី​បុរាណ​រៀង​មក​ដល់​រដូវ​មហាសង្ក្រាន្ដ​ចូល​ឆ្នាំ​ថ្មី ហើយ​ព្រះមហាក្សត្រ​ធិរាជ ស្ដេច​តែង​ចេញ​ទតព្រះនេត្រ​អស់​សេនា​ទាហាន និង អាណា​ប្រជានុរាស្ដ្រ​ក្នុង​ខេត្ត​ដែល​បាន​ហាត់​ក្បួន​គុន​ដាវ​អាវុធ​មក​ ប្រជុំ​ថ្វាយ​ថ្វីដៃ ។ បើ​គូ​ណា​ដៃ​ជា​ទ្រង់​តែង​ប្រោស​ព្រះ​រាជទាន​រង្វាន់ និង​ចិញ្ចឹម​ឲ្យ​ជា​រេហ៍ពល​តទៅ​ទៀត ។ ៣​ឆ្នាំ​មក​ហើយ​យើង​បាន​ឃើញ​ថា មនុស្ស​ដែល​ចូល​មក​ប្រឡង​យក​ថ្វីដៃ​តិច​ណាស់ យើង​នឹង​រើស​ដាក់​ជា​ទាហាន​ក៏​ពុំ​គ្រប់គ្រាន់ ពុំ​ធួន​នឹង​រាជការ​ដែល​ត្រូវការ ។

ឥឡូវនេះ ​ជិត​ចូល​ឆ្នាំ​ថ្មី​ហើយ គប្បី​ឲ្យ​អស់​សេនាបតី​ប្រកាស​ឲ្យ​គ្រប់​ខេត្ត​បានដឹង​ថា បើ​ឈ្មោះ​ណា​បាញ់​កាំភ្លើង ធ្នូ ស្នា​ត្រង់ ច្បាំង​លើ​ខ្នង​ដំរី​ឈ្នះ​គេ​៣​ថ្ងៃ យើង​នឹង​ទុកជា​លេខ​១ ហើយនឹង​ប្រោស​ព្រះ​រាជទាន​ឲ្យ​មាន​យសស័ក្ដិ​៥​ហ៊ូពាន់ ព្រមទាំង​ព្រះរាជ​រង្វាន់​មាស ប្រាក់ ដីស្រែ​ចម្ការ​ច្បារ​ដំណាំ ភូមិឋាន ឲ្យ​មាន​សមគួរ ។ បើ​ឈ្មោះ​ណា​កាន់​អាវុធ​ច្បាំង​គ្នា​លើ​ខ្នង​សេះ​ឈ្នះ​គេ​៣​ថ្ងៃ យើង​ទុកជា​លេខ​២ ហើយ​នឹង​ព្រះ​រាជទាន​យសស័ក្ដិ​ជា​៤​ហ៊ូពាន់ និង​រង្វាន់​មាស​ប្រាក់ ភូមិឋាន​ឲ្យ​តាម​សមគួរ ។ បើ​ឈ្មោះ​ណា​កាន់​អាវុធ​ច្បាំង​គ្នា​ឈ្នះ​គេ​នៅ​លើ​ដី​៣​ថ្ងៃ ទុកជា​លេខ​៣ ហើយនឹង​ប្រោស​ព្រះ​រាជទាន​យសស័ក្ដិ​៣​ហ៊ូពាន់ និង​រង្វាន់​មាសប្រាក់​តាម​សមគួរ ។ បើ​គូ​ណា​មាន​ថ្វីដៃ​ចុះ​ជា​រណ្ដាប់​ក្រៅពី​នោះ​យើង​នឹង​ព្រះ​រាជទាន​ជា​ ឧកញ៉ាម៉ឺន ជា​ម៉ឺន ជា​នាយ​រាល់​រូប ។ អស់​សេនាបតី​ក្រាប​បង្គំ​ទទួល​ព្រះរាជ​បន្ទូល​ថ្លៃ​វិសេស​ហើយ​ក៏​ថ្វាយបង្គំ ​លា​ចេញ​ទៅ​ធ្វើ​សំបុត្រ​ប្រកាស​ប្រាប់​ទៅ​ចៅហ្វាយស្រុក​ឲ្យ​ប្រាប់​អស់​ អ្នកមុខ​អ្នកការ បណ្ដារាស្ដ្រ​ឲ្យ​ដឹង​គ្រប់​គ្នា​តាម​ត្រាស់​បង្គាប់ ។ ខណៈ​នោះ​អស់​មនុស្ស​ដែល​មាន​ចំណេះ​វិជ្ជាការ​ខំ​ហ្វឹកហ្វឺន​ហាត់រៀន​ រាល់គ្នា ។ លុះ​ចូល​សង្ក្រាន្ដ​ថ្មី ឆ្នាំរោង ទោស័ក​សេនា​ទាហាន អាណា​ប្រជានុរាស្ដ្រ​ចូល​មក​រក​នាយ​ចៅហ្វាយ​ទីទៃៗ ដើម្បី​រង់ចាំ​ដល់​ថ្ងៃ​ចូល​ប្រឡង​ចំណេះ​វិជ្ជាការ​ថ្វាយ​ថ្វីដៃ​គ្រប់ៗ​ គ្នា ។ ការ​ប្រឡង​ជាន់​នោះ​រើស​បាន​សេនា​ទាហាន​ច្រើន​លើស​ឆ្នាំ​មុនៗ​១០​សួន ។ ព.ស​២០៦៤ គ.ស​១៥២០ ម.ស​១៤៤២ ច.ស​៨៨២ ឆ្នាំរោង​ទោស័ក សិរី​រាជសម្បត្ដិ​ស្ដេច​គ្រប់គ្រង​នគរ​នៅ​ខេត្ត​ខាងលិច​បាន​៥​ព្រះ​វស្សា សម្ដេចព្រះ​អគ្គមហេសី​សម្ភព​ព្រះរាជ​បុត្រា​មួយ​អង្គ ទ្រង់​ព្រះ​នាម​ព្រះ​រាមាធិបតី​នោះ សម្ដេចព្រះ​បិតុរង្គាធិរាជ ជា​អម្ចាស់​ត្រាស់​ឲ្យ​ព្រះរាជ​គ្រូ​បុរោហិត ព្រឹទ្ធាចារ្យ សេនាបតី រៀប​ទទួល​តាម​ព្រះ​សិរី​យស សម្ដេចព្រះ​ឱរសាធិរាជ​ឯក​តាម​ទំនៀម ។ លុះ​បាន​មួយ​ខែ​ក្រោយមក​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​មុខងារ​ធ្វើ​ព្រះរាជ​ពិធី ​ចម្រើន​ព្រះកេសា​ព្រៃ ។ លុះ​ធ្វើ​ស្រេច​ហើយ អស់​សេនាបតី មន្ដ្រី​មុខងារ​ទាំងពួង​នាំ​កូនប្រុស​ស្រី និង​ទាសាទាសី គោ ក្របី សេះ រទេះ ទូក ចេញ​ហែ​សុវណ្ណមាលា​ថ្វាយ​ភួង​ព្រះ​ហស្ត​រាល់ៗ​គ្នា ។ ឯ​សម្ដេចព្រះ​វររាជ​បិតា​ក៏​ទ្រង់​ព្រះ​រាជទាន​សួយសារអាករ​ក្នុង​ខេត្ត​ បាត់ដំបង​ជា​ចំណង​ព្រះ​ហស្ត​នៃ​សម្ដេចព្រះ​ប្រិយ​បុត្រ​បរិសុទ្ធ​ រាមាធិបតី ។ ឆ្នាំម្សាញ់ ត្រីស័ក ព.ស​២០៦៥ គ.ស​១៥២១ ម.ស​១៤៥៣ ច.ស​៨៨៣ នោះ អ្នក​ម្នាង​បទុមបុប្ផា ជា​ព្រះ​ស្នំ​ឯក សម្ភព​ព្រះរាជ​បុត្រា​មួយ​អង្គ​ទ្រង់​ប្រោស​ព្រះ​នាម​ជា​ព្រះ​អង្គ​បរមិន្ទ​ រាជា ។ សម្ដេច​ព្រះ​វររាជ​បិតា​ទ្រង់​ពេញ​ព្រះ​ស្នេហា​ទាំង​ពីរ​អង្គ​ដូច​ គ្នា ។

នេះ​នឹង​និយាយ​អំពី​ឧកញ៉ា​ មន្ដ្រី​កែវ សេនាបតី​ភូស​ម្រេច​រាជការ​ផ្នែក​កងទ័ពជើងគោក ខាង​ព្រះ​ចៅ​ក្រុង​កម្ពុជា​ទិស​ខាងលិច​នោះ កាល​ជិត​ដល់​ចូល​ឆ្នាំ​ម្សាញ់ ត្រី​ស័ក ឧកញ៉ា​ក៏​គិត​ថា ពី​មុន​ព្រះស្ដេច​កន​បានឲ្យ​ពល​១០០​នាក់​មក​ក្លែង​កល​ប៉ង​នឹង​ធ្វើ​អន្ដរាយ​ អម្ចាស់​យើង យើង​ពុំ​ទាន់​បាន​សងកល​វា​ម្ដង​នៅឡើយ​ទេ ។ ឥឡូវនេះ​ជិត​ចូល​ឆ្នាំ​ថ្មី ហើយ​ព្រះស្ដេច​កន​មុខជា​នឹង​ប្រមូល​សេនា​ទាហាន​ឲ្យ​ល្បង​ថ្វីដៃ​ជា​មិន​ ខាន ។ ដូច្នោះ នរណា​ហ្ន៎ ! បណ្ដា​អ្នក​អាច​នឹង​ទទួល​អាសា​ទៅ​ប្លម​ធ្វើ​ជា​ពួក​របស់​ពួក​វា ហើយ​បាញ់​វា​សម្លាប់​ចេញ​បាន​សោះនឹង​នឿយ​ព្រួយ​រវល់​ច្បាំង​តទៅ​ទៀត​ថា បើ​ឯង​រាល់គ្នា​សម្រេចការ​នេះ​ឲ្យ​បាន​ដូច​ប្រាថ្នា យើង​នឹង​ក្រាបទូល​សុំ​ឲ្យ​ឡើង​យសស័ក្ដិ​ឲ្យ​បានជា​ធំ ។ ខណៈនោះ​សេនា​៤​នាក់​ដែល​មាន​ថ្វីដៃ​ត្រង់​ខាង​បាញ់​កាំភ្លើង​គឺ​ឈ្មោះ​ ប្រាច នៅ​ខេត្ត​ទ្រាំង ឈ្មោះ​ ក្ដាន់ នៅ​ខេត្ត​កំពត ឈ្មោះ​ តោ នៅ​ខេត្ត​បន្ទាយមាស ឈ្មោះ​ ជ័យ នៅ​ខេត្ត​សំរោងទង បាន​ចូល​មក​នៅ​ជា​ខ្ញុំ​រាជការ ហើយ​ចង​ជា​សម្លាញ់​នឹង​គ្នា​គិត​គ្នា​ថា យើង​ចូល​មក​នៅ​ជា​ខ្ញុំ​រាជការ​នេះ​ប្រាថ្នា​ស្វែងរក​គុណ​បំណាច់ បើ​បាន​កល​ហើយ​ត្រូវ​ទទួលយក​អាសា​អម្ចាស់​ផែនដី ។ លុះ​យល់ព្រម​គ្នា​ហើយ​សេនា​ទាំង​៤​នាក់​ក៏​ឆ្លើយ​ថា យើង​ខ្ញុំប្របាទ​ទាំង​៤​នាក់​នេះ​សុំ​ទទួលយក​អាសា​ធ្វើ​ការ​ថ្វាយ​ព្រះ​ បរមបពិត្រ​ថា ហើយ​សេនា​ទាំង​៤​នាក់​នោះ​ក៏​សំពះ​ជម្រាបលា​ចេញ​ទៅ ។ លុះ​មក​ដល់​កំពង់​ហ្លួង​ក្នុង​ខេត្ត​សំរោងទង​ទាំង​៤​នាក់ ក៏​សុំ​ដោយសារ​ទូក​គេ​ឆ្លងកាត់​ទៅ​ដល់​ខេត្ត​បាសាន ហើយ​កាត់​ទៅ​ដល់​ក្រុង​ស្រឡប់​ពិជ័យ​នគរ ។ ពេល​ទៅ​ដល់​ក្រុង​នេះ​ពីរ​ថ្ងៃ សេនា​ទាំងនោះ​បាន​សម្គាល់​ឃើញ​ថា មាន​មនុស្សម្នា​កាន់​កាំភ្លើង​គ្រឿង​អាវុធ​ចូល​ទៅ​ទី​រាំង​ព្រ័ត្រ​នៅ​វាល​ មុខ​ព្រះ​ពន្លា​ជា​ច្រើន ឃើញ​រាស្ដ្រប្រជា​នាំ​គ្នា​មើល​ពិធី​នោះ​រាប់​ម៉ឺន​នាក់ ។ លុះដល់​ថ្ងៃរសៀល​ម៉ោង​២ សេនា​ទាំង​៤​នាក់​ក៏​ចូល​ទៅ​បន្លំ​អែប​នឹង​អ្នកស្រុក​ដែល​ឈរ​មើល​នោះ ។ ក្នុង​វេលា​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា​ព្រះ​ចៅ​ក្រុង​ស្រឡប់​ពិជ័យ​នគរ​ស្ដេច​តើន​ចាក​ ក្រឡាព្រះបន្ទំ ហើយ​ចូល​ស្រង់​ទ្រង់គ្រឿង​សម្រាប់​ព្រះមហាក្សត្រ រួច​ទ្រង់​នាំ​អស់​ស្នំ​ធំ​តូច​ចេញ​ទៅ​គង់នៅ​ព្រះ​ពន្លា​ខ្ពស់​ចំពោះ​មុខ​ សេនា​ទាហាន​ធំ​តូច​ដែល​មក​ជួបជុំ រួច​ទ្រង់​ផ្គូ​មនុស្ស​ជិះសេះ ជិះ​ដំរី​ចូល​ប្រកាប់​គ្នា ។ អស់​ភ្នាក់ងារ​ក៏​វាយ​ស្គរ​ជ្វា​តាម​ទំនង​ចូល​សង្គ្រាម ។ ការ​ប្រឡង​យក​ថ្វីដៃ​លុះ​បាន​ឈ្នះ​ចាញ់​ហើយ ចៅពញា​មហា​សេនា​យោធា​សង្គ្រាម​ក៏​នាំ​មនុស្ស​ដែល​ខាង​ឈ្នះ​នោះ​ចូល​ទៅ​ ថ្វាយបង្គំ ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា​ប្រទាន​ប្រាក់​មួយ​ជញ្ជីង ហើយ​ឲ្យ​ជា​នាយពល​រេហ៍ រួច​ទ្រង់​ឲ្យ​លើក​វង់​ចង​ឲ្យ​ខ្ពស់​ស្មើ​ក្បាល ។ វង់​នោះ​គូស​ខ្សែ​ក្រៅ​ពណ៌​ខ្មៅ ខ្សែបន្ទាត់​ពណ៌​ក្រហម ចំណុច​ខាងក្នុង​វង់​នោះ លាប​ពណ៌​ស រួច​ឲ្យ​មនុស្ស​បាញ់​ម្នាក់​ម្ដង​គ្រប់ៗ​គ្នា ។ មនុស្ស​ដែល​បាន​បាញ់​ពេល​នោះ​ដល់​ទៅ​២៣​នាក់ តែ​បាញ់​ពុំ​ត្រូវ​ក្នុង​វង់​៣​ជាន់​នោះ​ឡើយ ។ អស់អ្នក​កាន់​ធ្នូ​ខ្លះ​បាញ់​ដល់ ខ្លះ​បាញ់​ពុំ​ដល់ ។ អ្នក​កាន់​ស្នា​បាញ់​ពុំ​ដល់​សោះ ។ អ្នក​កាន់​កាំភ្លើង​បាញ់​ដល់​តែ​មិន​ត្រូវ ។ ទើប​ព្រះ​អង្គ​បែរ​ព្រះ​ភ័ក្ដ្រ​ទៅ​ត្រាស់​នឹង​ស្នំ​ឯក ទោ ត្រី ចត្វា ថា អា​ចោលម្សៀត​ទាំង​អស់នេះ​មាន​ថ្វីដៃ​យ៉ាងនេះ ស្រី​ណា​នឹង​ដោយ​កើត ។ ខណៈនោះ ពួក​ព្រះ​ស្នំ​ក្រមការ​ឮ​ហើយ​ក៏​សើច​ទ្រហឹងអឺងកង ។ ខ្លះ​ទូល​ថា ក្រែង​វង់​នោះ​នៅ​ឆ្ងាយ​ណាស់​ដឹង​ឬ ? ទើប​ព្រះ​អង្គ​ថា ឆ្ងាយ​ប៉ុណ្ណឹង​ក៏​អញ​បាញ់​ត្រូវ​ដែរ បើ​អញ​បាញ់​ត្រូវ​ឲ្យ​អញ​ធ្វើ​ម្ដេច ? ពួក​ព្រះ​ស្នំ​ថា បើ​ទ្រង់​បាញ់​ត្រូវ​នឹង​ក្រងផ្កា​ថ្វាយ ។ ខ្លះ​ថាបើ​ទ្រង់​បាញ់​ត្រូវ​នឹង​ថ្វាយ​ព្រះ​ស្នំ​យ៉ាង​ក្រអូប​៥ ។ ខ្លះ​ថា ឲ្យ​ដក​រោម​ភ្នែក ។ ខ្លះ​ថា បើ​ទ្រង់​បាញ់​ត្រូវ​ខ្ញុំម្ចាស់​ទទួល​កោត ។ លុះ​អស់អ្នក​ព្រះ​ស្នំ​ទូល​ថ្វាយ​កំសាន្ដ​ចប់​ហើយ សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ត្រូវ​ព្រះ​ទ័យ​ណាស់ ទើប​ទ្រង់​ស្ទុះ​ចេញ​មក​ក្រៅ​កន្ត្រាក់​យក​ព្រះ​កៅទណ្ឌ​ចុះ​ទៅ​រានហាល ហើយ​ព្រះ​អង្គ​ឡើងឈរ​លើ​ព្រះ​កើយ ព្រះ​ហស្ដ​ស្ដាំ​ចាប់​ព្រួញ​ទាំង​៥​គង​ឡើង​ហើយ​ទ្រង់​ត្រាស់​ប្រាប់​នាម៉ឺន​ មុខមន្ដ្រី ស្រីស្នំ ក្រមការ​ដែល​ជួបជុំ​ក្នុង​ទីនោះ​ទាំង​ប៉ុន្មាន​ថា ឲ្យ​ចាំ​មើល​យើងៗ​នឹង​បាញ់​ឲ្យ​ត្រូវ​វង់ស ។ ទ្រង់​ថ្លែង​កៅទណ្ឌ​នោះ​ទៅ​សរ​ក៏​ត្រូវ​វង់​ស​មែន ។ លុះ​ទ្រង់​ថ្លែង​ព្រួញ​មួយទៀត ព្រួញ​នេះ​ក៏​ត្រូវ​បញ្ជូន​ព្រួញ​ចាស់​រហូត​ទៅ​ព្រួញ​ថ្មី​ជាប់​នៅ​ ទីនោះ ។ លុះ​បាញ់​ព្រួញ​ជាប់​គម្រប់​៣​ទៀត ព្រួញ​នេះ​ក៏​ត្រូវ​បញ្ជូន​ព្រួញ​ចាស់​រហូត​ទៅ​ព្រួញ​ថ្មី​ជាប់​នៅ​ ទីនោះ ។ លុះ​បាញ់​ព្រួញ​ជាប់​គម្រប់​៣​ទៀត ព្រួញ​គម្រប់​៣​នេះ​ទៅ​ត្រូវ​ព្រួញ​គម្រប់​២​រហូត​ទៅ​ត្រូវ​ជាប់​នឹង​ព្រួញ​ គម្រប់​មួយ ។ កាលនោះ អស់​ព្រះ​ស្នំ ក្រុម​ការ និង​សេនាបតី​មន្ដ្រី​ធំ​តូច​ឃើញ​ដូច្នោះ​ក៏​ស្រែក​ហ៊ោ​គឹកកង ។ ភ្នាក់ងារ​តូរ្យតន្ដ្រី​ក៏​តាំង​វាយ​ស្គរ​ថ្វាយ​សព្ទសាធុការពរ​ខ្ទរខ្ទារ​នៅ ​ទីនោះ ។ ឯ​បម្រើ​ទាំង​៤​នាក់​ដែល​ឧកញ៉ា​ចក្រី​កែវ​ប្រើ​ទៅ​ទីនោះ ឃើញ​វឹកវរ​ដូច្នោះ​ហើយ​ក៏​លើក​កាំភ្លើង​ឡើង​តម្រង់​ចំ​ទៅ​ឆ្អឹងជំនីរ​ ព្រះស្ដេច​កន​ខាងឆ្វេង ។ តែ​ដោយ​តេជៈ​ព្រះស្ដេច​កន​ពុំ​ទាន់​អស់បុណ្យ គ្រាប់​នោះ​បាញ់​ខុស​មួយ​ទះដៃ និង​បាញ់​ថែម​ទៀត​ក៏​ពុំ​ទាន់ ។ ខណៈនោះ​សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ផែនដី​ស្រឡប់​ពិជ័យ​នគរ​ស្ដេច​កំពុង​ ឈរ​មាន​នៅ​ជាប់​ព្រួញ​ពីរ​នៅ​ព្រះ​ហស្ត​នោះ លុះ​ឮ​សូរកាំភ្លើង​បាញ់​ខាងឆ្វេង​ហើយ ក៏​ក្រលេក​ប្រែ​ព្រះ​ភក្ដ្រ​បាញ់​តាម​ផ្សែង​រំសេវ​នោះ​ទៅ ព្រួញ​ក៏​ត្រូវ​ប្រជុំ​ចិញ្ចើម​អ្នក​បាញ់​ព្រះ​អង្គ​ស្លាប់​នៅ​ទីនោះ​មួយ​ រំពេច ។

ទង់​ទត​ទៅ​ឃើញ​ម្នាក់​ លូកដៃ​ទៅ​គ្រាហ៍​គ្នា​វា​នោះ​ក៏​បាញ់​មួយ​ព្រួញ​ទៅ​ទៀត ត្រូវ​ត្រង់​សៀតផ្កា​អ្នក​ដែល​លូកដៃ​ទៅ​គ្រាហ៍​នោះ ស្លាប់​មួយ​រំពេច​ទៀត ។ អស់​សេនាបតី មន្ដ្រី នាយកង​ទ័ព និង​ប្រជានុរាស្ដ្រ ក៏​ភ្ញាក់ផ្អើល​វឹកវរ​ជា​កោលាហល​រចល់​រក​ចាប់​ពួក​អា​ក្បត់ តែ​ពួក​ក្បត់​ក៏​រត់​រួច ។ ព្រះស្ដេច​កន​ក៏​បញ្ជា​ឲ្យ​កាត់​ក្បាល​អ្នក​ដែល​ស្លាប់​ទាំង​ពីរ​នាក់​នោះ​ ដោត​ជា​បម្រាម រួច​ស្ដេច​ត្រឡប់​ចូល​ព្រះរាជវាំង​វិញ ។ ក្រោយ​មក​សម្ដេចព្រះ​ស្រីជេដ្ឋា​ក្រុង​ស្រឡប់​ពិជ័យ​នគរ​ទ្រង់​ព្រះ​ចិន្ដា​ ថា ពញា​ចន្ទរាជា​បាន​ទទួល​ជោគជ័យ​ជា​ច្រើន ដោយហេតុ​ឲ្យ​រង្វាន់​សេនា​ទាហាន ហើយ​ឲ្យ​តែត្រឹម​ខ្លួន​ដែល​ចូល​មក​ធ្វើ​ខ្ញុំ​រាជការ ដូច្នេះ​គួរ​យើង​គិត​ឲ្យ​រង្វាន់​ឲ្យ​បាន​ច្រើន​ជាង​ចៅពញា​ចន្ទរាជា ។ គិត​ហើយ​ស្រេច​ស្ដេច​ចេញ​ទៅ​ជួបជុំ​សេនាបតី មន្ដ្រី​តូច​ធំ ខ្ញុំ​ព្រះ​រាជការ ហើយ​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​បទ​ប្បញ្ញត្ដិ​ជា​ច្រើន​ច្បាប់​ប្រាប់​ទៅ​ទូ​ ទាំង​ព្រះ​នគរ​ថា ឲ្យ​បណ្ដារាស្ដ្រ​ចូល​មក​ប្រឡង​ថ្វីដៃ​គ្រប់ៗ​គ្នា បើ​ឈ្មោះ​ណា​ជា​សេនា​ទាហាន​នោះ ឈ្មោះ​នោះ​ត្រូវ​បាន​យសស័ក្ដិ​ទ្រព្យសម្បត្ដិ​ដូច​បញ្ញត្ដិ​មុន ហើយ​ត្រូវ​បាន​រង្វាន់​ដល់​ឪពុក​ម្ដាយ បុត្រ ភរិយា ដែល​នៅ​រក្សា​ផ្ទះសម្បែង​នោះ​ថែម​ទៀត​ផង ។ អស់​បណ្ដារាស្ដ្រ​បានដឹង​ក្នុង​សេចក្ដី​បញ្ញតិ​ដូច្នោះ​ហើយ ក៏​ឲ្យ​កូនចៅ​និង​ប្ដី​ខំរៀន​សិល្ប៍សាស្ដ្រ មន្ដ​វិជ្ជាការ ចូល​មក​ថ្វាយខ្លួន​នៅ​ជា​ខ្ញុំ​រាជការ​ជា​ច្រើន​ចម្រើន​ឡើង​ជាង​អម្ចាស់​ ផែនដី​ទិស​ខាងលិច​មួយ​ភាគ​ជា​បី ។ ឯ​បម្រើ​ឧកញ៉ា​ចក្រី​ដែល​ទៅ​លុក​នោះ នៅ​រស់​ពីរ​នាក់ លុះ​ត្រឡប់​ឆ្លងទន្លេ​ដើរ​ទៅ​ដល់​ខេត្ត​ពោធិ៍សាត់​ហើយ ក៏​ចូល​ទៅ​ប្រណិប័តន៍​ប្ដឹង​អ្នកឧកញ៉ា​ចក្រី​តាម​ដំណើរ​សេចក្ដី​គ្រប់​ ប្រការ ។ ឧកញ៉ា​ចក្រី​ក៏​នាំ​ហេតុ​ដំណើរ​នោះ​ឡើង​ក្រាប​បង្គំ​ទូល​ក្រោម​ល្អងធូលី​ ព្រះបាទ​តាម​ដំណើរ​សេចក្ដី ទើប​ព្រះ​បរម​ចក្រ​មហា​ចន្ទរាជា​ធិរាជ​បរម​រាមា​ជា​អម្ចាស់​ទ្រង់​ត្រាស់​ នឹង​អស់​ខ្ញុំ​ព្រះ​រាជការ​សេនា​ទាំងឡាយ​ថា ឧកញ៉ា​ចក្រី​គិត​ធ្វើ​ដូច្នេះ​ពុំគួរ​ទេ ដ្បិត​ដើម​នោះ​អា​ស្ដេច​កន​វា​ជា​ស្ដេច​ព្រៃ វា​ឲ្យ​មនុស្ស​មក​លុក​យើង​មុន វា​ខុសច្បាប់ ខុស​ទំនៀម​ទ័ព​ទៅ​ហើយ ។ កាលដែល​ឧកញ៉ា​ចក្រី​ឲ្យ​មនុស្ស​ទៅ​លប​លុក​វា​វិញ នឹង​នាំ​ឲ្យ​ខូច​ព្រះ​កិត្ដិយស​ដែរ ។ ប៉ុន្ដែ​គ្រានោះ​យើង​អភ័យទោស​ឲ្យ​ម្ដង​ចុះ ហើយ​ទ្រង់​ត្រាស់​ប្រដៅ​ថា វិស័យ​សឹក​ក្រស័ត្រ បើ​ថា​នឹង​គិត​ជា​ឧបាយកល​បែប​ណាៗ​នោះ លុះត្រាតែ​កុំ​ប្រទល់​ប្រទះ​ទ័ព​គ្នា ។ ឥឡូវនេះ​គេ​នឹង​យើង​វិល​មក​លំនៅ​រាល់ខ្លួន​ហើយ ហើយ​យើង​ប្រើ​មនុស្ស​ឲ្យ​ទៅ​លប​លុក​គេ​នោះ ពាក្យ​បុរាណ​លោក​ហៅ​ថា ចោរ​សង្គ្រាម ពុំប្រសើរ​ឡើយ ។ ទ្រង់​ត្រាស់​ហើយ ស្ដេច​យាង​ចូល​ទៅ​ទី​ខាងក្នុង​ព្រះរាជ​រោង​រម​វិញ​ទៅ ។ តាំង​តែ​ពី​ខែ​នោះ​រៀង​មក ស្ដេច​ទាំង​ពីរ​ព្រះ​អង្គ​ទ្រង់​សម្រាក​ឈប់​ធ្វើសង្គ្រាម​នឹង​គ្នា រាស្ដ្រប្រជា​ក៏​បាន​សុខ​បន្ដិច ។ តែបើ​អ្នក​ឈ្មួញ លក់​រទេះ ទូក​នោះ ស្ដេច​ឲ្យ​មាន​កងទ័ព​នៅ​ត្រួតត្រា​មើល ។ បើ​ឃើញ​រទេះ​ណា ទូក​ណា​មាន​គ្រឿងសាស្ដ្រាវុធ​ត្រូវ​ដកហូត​ចេញ​ពុំ​ឲ្យ​មាន​ឡើយ ។ ពេល​នោះ​ឈ្មួញ​ទៅ​មក​ជួប​ទាំង​នគរ​ខាងកើត ខាងលិច​លក់ដូរ​ទំនិញ​ជា​សុខ​ទាំង​សងខាង ។ កងទ័ព​របស់​សម្ដេច​ត្រើយ​ខាងលិច​ខាងកើត​ប្រកាន់​ច្បាប់​តែ​សព្វ​ខ្លួន​ឥត​ ខុសឆ្គង​ឡើយ ។ ព.ស​២០៦៥ គ.ស​១៥២១ ម.ស​១៤៤៣ ច.ស​៨៨៣ ឆ្នាំម្សាញ់​ត្រី​ស័ក ក្នុង​វេលា​ចូល​ឆ្នាំ​ថ្មី​៣​ថ្ងៃ​នោះ អស់​អាណា​ប្រជានុរាស្ដ្រ​ក្នុង​បស្ចិមទិស​អាណាចក្រ​ចូល​មក​ប្រឡង​យក​ថ្វីដៃ គុន​ដាវ គុន​អាវុធ​គ្រប់​ធុន ច្រើន​អស្ចារ្យ អាណា​ប្រជានុរាស្ដ្រ​ចូល​មក​ក្រាប​បង្គំ​សុំ​ជ្រក​ក្រោម​ព្រះ​បារមី​ច្រើន​ លើស​ឆ្នាំ​មុន ។ សម្ដេច​ព្រះ​បរមបពិត្រ​ចន្ទរាជាធិរាជ​ទ្រង់​ក៏​ប្រោស​ប្រទាន​យសស័ក្ដិ​តាម​ ថ្វីដៃ​រាល់​រូប​កាយ ។ នាយកង នាយ​ទ័ព ក៏​កាន់តែ​មាន​ចំនួន​ច្រើន​នាក់​មួយ​ជា​ពីរ ។ ក្នុង​ឆ្នាំ​បញ្ចប់​សង្គ្រាម​នោះ ទ្រង់​ព្រះករុណា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច ស្ដេច​ព្រះរាជ​ដំណើរ​ចេញ​ពី​បន្ទាយ​ខេត្ត​ពោធិ៍សាត់​ទៅ​ប្រពាត​ព្រៃ​ ទាក់ដំរី ទ្រង់​ឲ្យ​តាំង​បន្ទាយ​ចោម​ដេញ​បញ្ចូល​ចាប់​បាន​ដំរី​ភ្លុក​ស្ដ​ញី​ក្នុង​ ខេត្ត​ពោធិ៍សាត់​៤០ ហើយ​ទ្រង់​ត្រាស់​បង្គាប់​ហ្ម​ថែម​ទៀត​ថា ឲ្យ​ឡើង​ទៅ​ទាក់ដំរី​នោះ​តាំង​ពី​ខេត្ត​ពោធិ៍សាត់​រហូត​ដល់​ខេត្ត​សំរោងទង និង​ខេត្ត​​ថ្ពង កំពង់សោម បាន​ដំរី​៣៥​ទៀត រួម​ទាំងអស់​បាន​ដំរី​៧៥ ។ ស្រេច​ហើយ​ស្ដេច​នាំ​ត្រឡប់​វិញ​មក​បន្ទាយ​ទ័ព​ហ្លួង​នៅ​ខេត្ត​ពោធិ៍សាត់​ វិញ ។ លុះ​ចូល​ឆ្នាំ​ថ្មី ព.ស​២០៦៦ គ.ស​១៥២២ ម.ស​១៤៤៤ ច.ស​៨៨៤ ឆ្នាំមមី ចត្វា​ស័ក ទាហាន​ដែល​ចូល​មក​ប្រឡង​ថ្វាយ​ថ្វីដៃ​ហើយ​រើស​សម្រាំង​បាន​ជាប់​លេខ ១, ២, ៣ ច្រើន​ជាង​មុន​មួយ​ភាគ​ទ្រង់​ប្រោស​ព្រះ​រាជទាន​យសស័ក្ដិ និង​ប្រាក់​មាស​តាម​សមគួរ ។ ខណៈនោះ​សេនាបតី មន្ដ្រី​ខ្ញុំ​រាជការ ក្រាប​បង្គំ​ទូល​ថា ក្រុម​ទាហាន​ក៏​មាន​សមគួរ និង​ធ្វើការ​ហើយ នៅ​ឡើយ​ជា​ខ្ញុំ​រាជការ​ក្នុងស្រុក​នោះ​មាន​ចំនួន​តិច​ពុំដែល​ដេញ​ប្រយោគ​ វិជ្ជាការ​របស់​អ្នករៀន​លេខ និង​អក្សរ​សោះ ព្រោះ​លោក​ទាំងនោះ​សម្គាល់​ថា កាល​នៅ​បួស​ជា​សាមណេរ​នោះ មាន​ដេញប្រយោគ​សាស្ដ្រា​បាលី រួច​ហើយ​បើ​លោក​ធ្វេសប្រហែស​ពុំ​បាន​សិក្សា​ឲ្យ​បាន​ស្ទាត់​ជំនាញ​ខាង​លេខ​ នោះ​ឡើយ ។ បុរាណ​រៀង​មក​ឈ្មោះ​ណា​ដេញ​បាន​ប៉ុន្មាន​ប្រយោគ​ដល់​ស័ក​មក​លោក​បញ្ជូន​ ឈ្មោះ​នោះ​ជា​ក្រុមព្រះ​រាជបណ្ឌិត​សម្រាប់​តែងតាំង​ជា​មន្ត្រី​ ក្នុងស្រុក ។ ក្នុង​ឆ្នាំ​នោះ​គួរតែ​ពួក​សង្ឃការី​និមន្ដ​ព្រះ​សង្ឃរាជ ព្រះ​រាជាគណៈ​ឋានានុក្រម និង​គ្រឹហាវាស​ទៅ​ប្រជុំ​ដេញ​សាស្ដ្រា ដេញ​លេខនព្វន្ដ​គុន​ហា ក្នុង​ខេត្ត​បរិបូណ៌​ឲ្យ​បាន​ច្រើន ។ ខណៈនោះ​ព្រះ​បរមបពិត្រ​ពិនិត្យ​តាម​ពាក្យ​មន្ដ្រី​យក​សេចក្ដី​ក្រាប​បង្គំ​ ទូល​នោះ​ទៅ​ឃើញ​ថា ពេញ​ព្រះរាជហឫទ័យ​ណាស់ ទើប​ស្ដេច​ព្រះរាជ​ដំណើរ​នាំ​ព្រះរាជ​បុរោហិត បណ្ឌិត​កវី ស្រី​ព្រះ​ស្នំ ក្រមការ និង​ពួក​សេវកា​មហាមាត្រ មាត្រា​ចាក​និគម​បរម​និវេសន៍ បន្ទាយ​ពោធិ៍សាត់​មក​ដល់​ខេត្ត​បរិបូណ៌ ។ ព្រះ​អង្គ​ចូល​គង់​ក្នុង​ព្រះ​ពន្លាជ័យ​ក្នុង​បន្ទាយ​ចាស់ ហើយ​ទ្រង់​បរិច្ចាគ​ព្រះរាជ​ទ្រព្យ​ថ្វាយ​ព្រះសង្ឃ និង​ព្រះ​រាជទាន​រង្វាន់​ឲ្យ​អស់អ្នក​ដែល​ដេញ​សាស្ដ្រា បាលី ប្រយោគ ។ ខាង​ព្រះសង្ឃ​ដេញប្រយោគ​បាន​លេខ ទ្រង់​នឹង​តាំង​ជា​បាឡាត់​សមុហ៍​បៃដីកា ។ បើ​ខាង​គ្រឹហាវាស​វិញ ទ្រង់​ព្រះ​រាជទាន​ជា​មន្ត្រី​ខ្ញុំ​រាជការ ក្រុម​ស្រុក​តាម​គុណ​វិជ្ជាការ ហើយ​ត្រាស់​បង្គាប់​ចាងហ្វាង​មហោស្រព​ឲ្យ​តាំង​ហាត់​ល្ខោន​ប្រុស​ស្រី ភ្លេង​តូរ្យតន្ដ្រី​ជា​សម្រាប់​ព្រះ​ឥស្សរិយយស ។

នេះ ​នឹង​និយាយ​ខាង​ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា អម្ចាស់​ផែនដី​នគរ​ខាងកើត​នោះ​ឃើញ​ការ​សង្គ្រាម​ស្ងាត់​ហើយ ក៏​ធ្វេសប្រហែស​ពុំ​សូវ​យក​ព្រះ​ទ័យ​ទុកដាក់​នឹង​រាជការ​ផែនដី ។ ទ្រង់​សម្រាន្ដ​ព្រះរាជ​ហឫទ័យ​តែ​នឹង​អស់​អ្នក​ស្នំ​ក្រមការ ព្រះ​ចិន្ដា​ភ្លើតភ្លើន​ទៅ​ដោយនូវ​ល្ខោន ចម្រៀង តូរ្យតន្ដ្រី​ជា​និច្ចកាល​ជា​អលជ្ជី ។ ក្នុង​ឆ្នាំមមី​នោះ​ក្នុង​ព្រះរាជ​នគរ​ខាងកើត អស់​រាស្ដ្រប្រជា​រកស៊ី​ពុំ​សូវ​សុខសាន្ដ ទាំង​ជំនួញ​ជួញដូរ​លក់ ក៏​ពុំ​សូវ​ចម្រើន​ដូច​សព្វ​ឆ្នាំ ។ ក្នុង​វេលា​យប់​មួយ​នោះ ទ្រង់​ព្រះ​តម្រិះ​យល់​ថា អញ​សោយរាជ្យ​នេះ​មក​យូរហើយ នៅឡើយ​តែ​ចិត្ដ​រាស្ដ្រ​ពុំ​ដឹង​ស្រឡាញ់​អញ ឬ​ប្រែចិត្ដ​គិត​ទៅ​ចូល​នឹង​ពញា​ចន្ទរាជា​វិញ​ទេ​ដឹង ។ លុះ​យប់​ស្ងាត់​ស្ដេច​យាង​ទៅ​តែ​មួយ​អង្គ​ឯង​លបស្ដាប់​រាស្ដ្រ ។ ខណៈនោះ​ទ្រង់​ឮ​រាស្ដ្រ​ជុំ​គ្នា​និយាយ​ថា អម្ចាស់​ផែនដី​យើង​សព្វ​ថ្ងៃនេះ​មានបុណ្យ​អស្ចារ្យ​ណាស់ ទ្រង់​ព្រះរាជ​ហឫទ័យ​ក៏​ធូរ​ទូលាយ យើង​សុខ​សប្បាយ​មក​រាល់​ឆ្នាំ តែ​ក្នុងឆ្នាំនេះ​ហេតុ​អ្វី​ក៏​ខាត​ពុំ​បាន​ចម្រើន​ផលប្រយោជន៍​សោះ ។ ហេតុ​ដូច​ម្ដេច​ក៏​ព្រះបាទ​អស់ជុំនុំ​ពុំ​ឃើញ​ជុំនុំ​ដោះ​ទុក្ខ​សុខ​រាស្ដ្រ ​ឲ្យ​បាន​រកស៊ី​ធូរ​ទូលាយ​ឡើង​វិញ ។ ខណៈនោះ​សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​សណ្ដាប់​បាន​ជ្រាប​គ្រប់​ប្រការ​ ហើយ ទ្រង់​ត្រឡប់​ទៅ​ដំណាក់​វិញ ។ លុះ​ព្រឹក​ឡើង​ទ្រង់​បង្គាប់​ព្រះ​អាល័ក្ស និង​ក្រុមព្រះ​សុភា​ធិបតី ឲ្យ​ត្រាទុក​ថា ព្រះរាជ​បញ្ញតិ​ឲ្យ​តុលាការ​ធ្វើ​ទោស​អ្នកទោស​ដែល​ចាញ់ក្ដី​គេ​ឲ្យ​បែង​ជា​ ភាគ​៣ ឲ្យ​ប្រណី​ចោល​ភាគ​១ ឲ្យ​យក​តែ​ភាគ​២ ជាទី​សម្រាល​ជាង​ពី​បុរាណ​ច្បាប់​មុន ។

សេចក្ដី ​ដែល​ព្រះ​ស្រីជេដ្ឋា​បន្ធូរ​បន្ថយ​ច្បាប់​ឲ្យ​ស្រាល​មក​នោះ ក៏​ជ្រាប​ដល់​សម្ដេចព្រះ​បរមខត្តិយា​មហា​ចន្ទរាជា អគ្គ​មហា​បុរស​រដ្ឋ​នគរ​ខាងលិច ទើប​ទ្រង់មាន​ព្រះរាជ​បរិយាយ​ត្រាស់​សួរ​អស់​មន្ដ្រី​កវី​រាជបុរោហិត​ថា តើ​នគរ​ខាងកើត​ធ្វើ​ច្បាប់​បង្គាប់​ឲ្យ​យកទោស​ស្រាល​នេះ​ត្រូវ​ឬ​ខុស ? អស់​សេវកា​មហាមាត្យ​យក​សេចក្ដី​ក្រាបទូល​ព្រះករុណា​ក្រោម​ល្អងធូលី​ព្រះបាទ​ ថា រាស្ដ្រ​សព្វថ្ងៃ​ក្រីក្រ​ណាស់ ព្រះករុណា​គេ​គិត​ប្រណី​នេះ​ត្រឹមត្រូវ​ហើយ ។ ទើប​ព្រះ​បរមបពិត្រ​ត្រាស់​តប​ថា អា​ព្រះស្ដេច​កន​នេះ​វា​ជា​មនុស្ស​ខូច បានជា​វា​ប្រណី​ទោស​អា​ពួក​ដែល​ធ្វើ​ខុស​នោះ ។ បើ​ដូច្នេះ​យើង​ឲ្យ​តាំង​ច្បាប់​បង្គាប់​ឲ្យ​លក់​អា​មនុស្ស​ខូច​កាច​នោះ ក្នុង​រឿង​នីមួយៗ​ឲ្យ​តាំង​ក្រយាពិន័យ​ជា​៤​ភាគ ចោល​១​ភាគ យក​ភាគ​៣ ដើម្បី​ឲ្យ​អា​មនុស្ស​នោះ​រាងចាល​លែង​ខូច​កាច​តទៅ​ទៀត ។ សេចក្ដី​ប្រណី​រាស្ដ្រ​ដែល​ព្រះស្ដេច​កន​វា​បន្ធូរ​ច្បាប់​ដូច្នេះ​នេះ គឺ​ធ្វើ​ដើម្បី​ឲ្យ​ញាតិ​ត្រកូល​វា​ដែល​ខូច​កាច​នោះ​កម្រើកចិត្ដ​លួច​ប្លន់​ តាម​ជាតិ​ត្រកូល​ឲ្យ​បាន​ច្រើន​ឡើង ហើយ​យើង​នឹង​យក​តាម​វា​មិន​បាន​ទេ ។ ឧកញ៉ា​សុភា​ធិបតី និង​ឧកញ៉ា​មន្ដ្រី​ធិរាជ ក៏​ក្រាប​បង្គំ​ទទួល​ព្រះរាជ​តម្រាស់​តម្កល់​លើ​ត្បូង ហើយ​កត់ត្រា​ទុកជា​ព្រះរាជ​បញ្ញតិ​ប្រតិបត្ដិ​តាម​តរៀង​មក ។ នេះ​នឹង​និយាយ​ថា មាន​រាស្ដ្រ​ម្នាក់​ឈ្មោះ ចៅ​ហ្លួង ប្រពន្ធ​ឈ្មោះ​ឥន្ទ មាន​ក្មួយ​ស្រី​ម្នាក់​ឈ្មោះ​នាង​ខ្មា បាវ​ស្រី​នាង​ខ្មា​ឈ្មោះ​នាង​គាំ ។ នៅ​ភូមិ​ជិត​នោះ​មាន​ប្រុស​ម្នាក់​ទៀត​ឈ្មោះ ចៅ​ពេជ បានជា​មាន​ពាក្យ រាស្ដ្រ​ទាំង​ផ្ដាស ហៅ​រួម​សេចក្ដី​ថា ចៅ​ហ្លួង​ឥន្ធ​ខ្មា​គាំ​ពេជ ។ ខណៈនោះ​ចៅ​ពេជ​ទៅ​ដណ្ដឹង​នាង​ខ្មា​យក​មក​ធ្វើ​ប្រពន្ធ លុះ​នៅ​យូរ​បន្ដិច​ចៅ​ពេជ​ទៅ​សហាយ​ និង​នាង​គាំ​ជា​ខ្ញុំ​នាង​ខ្មា ។ ដោយ​ខ្លាច​ចិត្ដ​ចៅ​ហ្លួង នាង​ឥន្ធ ជា​មា​ជា​មីង នាង​ខ្មា​ជា​ប្រពន្ធ​ចៅ​ពេជ ក៏​គិត​នឹង​ចៅ​ទន់ នាង​ទាន ជា​ខ្ញុំ​របស់​ខ្លួន​ឲ្យ​ជួយ​ធុរៈ ។ ចៅ​ទន់ នាង​ទាន ក៏​យល់ព្រម​នាំ​ពង្រត់​នាង​គាំ​ចុះទូក​រត់​ពី​ខេត្ត​ស្រីសឈរ​ទៅ​នគរ​ខាងលិច​ ដើម្បី​មិន​ឲ្យ​ចៅក្រម​នគរ​ខាងកើត​ជំនុំជម្រះ​យកទោស​បាន ។ ឯ​ចៅ​ហ្លួង នាង​ឥន្ធ លុះ​ព្រឹក​ឡើង​ដឹង​ហេតុ​ហើយ​ក៏​នាំ​បក្សពួក​៦​នាក់​ចុះទូក​ចេញពី​ខេត្ដ​ ស្រីសឈរ​តាម​ទៅ​ទាន់​ចៅ​ពេជ​នាង​គាំ​នៅ​កំពង់​លង្វែក ។ ទទួល​ជា​ពេល​នោះ មេ​គយ​កំពង់​លង្វែក​ដឹង​ហេតុការណ៍​ទាន់​ក៏​ចាប់​បញ្ជូន​ចៅ​ពេជ​នាង​គាំ​ទៅ​ ឲ្យ​មេ​គយ​ធំ​នៅ​កំពង់ឆ្នាំង ។ មេ​គយ​នៅ​កំពង់ឆ្នាំង​ក៏​ជូន​ខ្លួន​ទៅ​ឲ្យ​ចៅហ្វាយស្រុក​ដែល​រក្សា​បន្ទាយ​ ខេត្ត​រលាប្អៀរ ។ ចៅហ្វាយស្រុក​សួរ​កត់​យក​ចម្លើយ​ចៅ​ពេជ ហើយ​ចៅ​ពេជ​ឆ្លើយ​ដោះសា​ខ្លួន​ថា ខ្លួន​ប្រាថ្នា​នឹង​មក​ថ្វាយខ្លួន​ជា​អម្ចាស់​ត្រើយ​ខាងលិច តែ​ចៅ​ហ្លួង​ជា​មា​មិន​ព្រម​ឲ្យមក​ទើប​បាន​ជា​ខ្ញុំ​នាំ​ប្ដី​ប្រពន្ធ​រត់​ មកនេះ ។ តែ​ដោយ​ដំណើរ​របស់​ខ្ញុំ​មិន​បាន​ស្ងប់ស្ងាត់​ទើប​បានជា​ចៅ​ហ្លួង​ជា​មា​តាម ​មក​ទាន់​ចាប់ខ្លួន​ខ្ញុំ​យ៉ាងនេះ ។ ចម្លើយ​ចៅ​ហ្លួង​ឆ្លើយ​ថា ចៅ​ពេជ​ជា​ប្ដី​នាង​ខ្មា​ដែល​ត្រូវជា​ក្មួយ​ប្រសា​ខ្ញុំបាទ ។ វា​ផិត​នាង​ខ្មា ទៅ​សហាយ​នាង​គាំ​ជា​បាវ​នាង​ខ្មា ហើយ​នាំ​ពង្រត់​នាង​គាំ ព្រមទាំង​យក​ទ្រព្យ​របស់​មក​ជាមួយ​ផង ។ ចៅក្រម​បាឡាត់​ខេត្ត​វិនិច្ឆ័យ​សេចក្ដី​ថា បើ​លួច​ពង្រត់​ខ្ញុំគេ​មក​មាន​ក្នុង​មាត្រា​១ ច្បាប់ក្រម​ទាសកម្មករ ត្រូវ​មាន​ទោស ។ តែ​ក្នុង​រឿង​នេះ​លួច​ខ្ញុំ​ប្រពន្ធ​ឯង​នេះ គ្មាន​មាត្រា​ច្បាប់​ឲ្យ​ចៅ​ពេជ​មានទោស​ឡើយ ។ ចៅក្រម​កាត់សេចក្ដី​ដូច្នេះ ចៅ​ហ្លួង​មិន​សុខចិត្ដ ក៏​សុំ​ឲ្យ​សាលា​ខេត្ត​បញ្ជូន​ទៅ​តុលាការ​ក្នុង​ខេត្ត​បរិបូណ៌ ។ ឧកញ៉ា​សុភា​ធិបតី មន្ដ្រី​កុត្ដរាជ​កាត់សេចក្ដី​តាម​ច្បាប់​ត្រូវ​នឹង​សាលា​ខេត្ត ។ គូក្ដី​មិន​សុខចិត្ដ​នាំ​ក្រាប​បង្គំ​ទូល​ព្រះករុណា​មហា​ចន្ទរាជាធិរាជ ព្រះករុណា​ទ្រង់​កាត់សេចក្ដី​ថា ប្រពន្ធ​ជា​អ្នក​ទំនុកបម្រុង ហើយ​ខ្លួន​លួច​នាំ​ពង្រត់​ខ្ញុំ​ប្រពន្ធ​ឯង​នេះ ត្រូវ​មានទោស​ធ្ងន់​ជាង​លួច​ខ្ញុំ​អ្នក​ដទៃ ដូច្នោះ​អ្នក​ប្រព្រឹត្ដ​ខុស​នេះ ត្រូវ​ឲ្យ​បណ្ដើរ​អាក្រោស​៣​ថ្ងៃ ហើយ​វាយ​ខ្នង​១០០​ខ្វាប់ និង​ព្រ័ត្រ​លួស ហើយ​ហូត​នាង​គាំ​ជា​ខ្ញុំ​នាង​ខ្មា និង​ចៅ​ទន់ ចៅ​ទាន ជា​ខ្ញុំ​ចៅ​ពេជ​នាំ​ទៅ​ប្រគល់​ឲ្យ​នាង​ខ្មា​វិញ ឲ្យ​នាង​ខ្មា​ដាក់​មេត្រី​ក៏​បាន​ជាប់​មេត្រី​វិញ​ក៏​បាន ។ ក្រោយ​នោះ​ព្រះ​បរមបពិត្រ​ត្រាស់​ឲ្យ​តែង​ច្បាប់​គ្រប់​ក្រម ។ ឧកញ៉ា​សុភា​ធិបតី មន្ដ្រី​កុត្ដរាជ ក៏​ប្រជុំ​គ្នា​តែង​ច្បាប់​តាម​ព្រះ​ត្រាស់​បង្គាប់ ហើយ​ព្រះករុណា​ក៏​ចេញ​ត្រួតត្រា​រាល់ពេល​វេលា ។ លុះ​រួច​ជា​ស្រេច​ហើយ ទើប​ទ្រង់​ឲ្យ​កិត្ដិយស​ដល់​លោក​ជំទាវ​បែរ៉ា ជា​ព្រះ​មាតា​ចិញ្ចឹម​ត្រាស់​ព្រះរាជ​បញ្ញត្ត​ថា តាំងពី​ថ្ងៃនេះ​ទៅ​នឹង​ធ្វើ​ហត្ថ ធ្វើ​ព្យាយាម​ជា​អ្វីៗ​ឲ្យ​យក​ហត្ថ​លោក​ជំទាវ​បែរ៉ា​ជា​កំណត់ ។ ហេតុនេះ​ហើយ​បានជា​រៀង​មក មនុស្ស​ទាំងពួង​ក៏​យក​តាម​ហត្ថ​បែរ៉ា​នោះ ។ លុះដល់​ចេញ​វស្សា ឆ្នាំមមែ បញ្ច​ស័ក វស្សា​នោះ ព្រះ​បរម​រាជ​មហា​ចន្ទរាជា​ទ្រង់មាន​ព្រះរាជ​ឱង្កា​ថា កាល​មុន​យើង​មាន​ធ្វើ​ព្រះរាជ​ពិធី​ចេញ​ព្រះ​វស្សា​ម្ដង​ហើយ​នៅ​កំពង់​ ប្រាសាទ​ខេត្ត​លង្វែក ។ ក្រោយ​នោះ​យើង​រវល់​តែ​ការ​សង្គ្រាម​មិន​ទាន់​បាន​ធ្វើ​ទេ ។ ដូច្នេះ​តាំងពី​ថ្ងៃនេះ​ទៅ​យើង​ត្រូវធ្វើ​ព្រះរាជ​ពិធី​អុំទូក លយ​កន្ទោង ផ្ដាច់​ព្រះ​វស្សា​ម្ដង​៣​រដូវ អកអំបុក សំពះ​ព្រះ​ខែ ម្ដង​៣​ថ្ងៃ ជា​សណ្ដាប់​ព្រះមហាក្សត្រ​តទៅ តាម​ព្រះរាជ​ពិធី​កុំឲ្យ​ខាន​ឡើយ ។ នោះ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ក៏​បាន​រៀប​ព្រះរាជ​ពិធី​តាម​ព្រះរាជ​បញ្ញត្ដិ​ តាំងពី​ពេល​នោះ​រៀង​មក ។ ព្រះរាជ​ពិធី​អុំទូក​លយកន្ទោង​នោះ​រួច​មក​ហើយ ទ្រង់​ត្រាស់​ឲ្យ​បើក​ព្រះរាជ​ទ្រព្យ​ចំណាយ​ជួល​សេនា​ទាហាន​រេហ៍ពល​ឲ្យ​ លើកដី​ខឿន​ព្រះវិហារ​ខ្លះ​ កាប់​ឈើ​ធ្វើ​គ្រឿង​ព្រះ​វិហារ​ខ្លះ ធ្វើ​វត្ដ​អារាម នៅ​ទី​ដែល​តាំង​ព្រះ​ពន្លាជ័យ​ឯជើង​ផ្សារ​បរិបូណ៌ ។ ព្រះ​អង្គ​តែង​ឡើង​ទត​ព្រះ​នេត្រ​ត្រួតត្រា​ការ​នោះ​រឿយៗ ។ ខណៈនោះ​មាន​ពួក​ល្ខោន​ម្នាក់​ជា​តួ​ព្រះលក្សណ៍​ប្រកបដោយ​លោម​ឆោម​ពណ៌​ល្អ ថ្វីដៃ​រាំ​នោះ​ក៏​ឯក​ណាស់​ទ្រង់​ប្រោស​ឲ្យ​ហៅ​ឈ្មោះ​នេះ​ថា​នាយ​កំលោះ​ រូបល្អ ។ ស្ដេច​តែង​អញ្ជើញ​គ្រឿង​ជិត​ព្រះ​អង្គ ។ លុះដល់​ខែបុស្ស​ថ្ងៃ​ចន្ទ​នោះ កំលោះ​រូប​នោះ​ក៏​កាត់សក់ តែងខ្លួន​ចូល​ទៅ​ក្នុង​វាំង អស់​ជន​ទាំងឡាយ​សរសើរ​រាល់​មាត់​ថា នាយ​កំលោះ​រូបល្អ​នេះ​កាត់សក់​ម្ដងនេះ​សម​នឹង​រូប​កាយ​ណាស់ ទាំង​ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង​ក៏​ពេញ​ព្រះរាជ​ហឫទ័យ​ដែរ ទ្រង់​នាំ​ខ្លួន​ទៅ​បង្ហាញ​ព្រះ​អគ្គ​ទេពី និង​ព្រះ​ស្នំ​ក្រមការ ។ ព្រះ​អគ្គមហេសី​ក៏​ក្រាបទូល​សរសើរ​គ្រប់​មាត់ ។ តែ​នៅ​ពេល​នោះ​ទ្រង់​ទតព្រះនេត្រ​ទៅ​ឃើញ​សក់​នៅ​ជាប់​នឹង​កៀន​ត្រចៀក​ និង​ក​ចៅ​នោះ​នៅឡើយ ទើប​ទ្រង់​ត្រាស់​ថា ឲ្យ​ចៅ​នោះ​ទៅ​លាង​ក​នោះ​ចេញ ។ នាយ​កំលោះ​រូបល្អ​នោះ​ក្រាបថ្វាយបង្គំ​លា​ចេញ​ទៅ ។ សម្ដេចព្រះ​បរមបពិត្រ​ទ្រង់​ក្រែង​យឺតយូរ​ក៏​ក្រឡេក​ព្រះ​នេត្រ​ទៅ​ឃើញ​ ទាហាន​ក្រុមវាំង​ពីរ​នាក់ ទ្រង់​ត្រាស់​ថា ឲ្យទៅ​ជួយ​លាង​ក​វា​ឲ្យ​ឆាប់​ផង ។ ទាហាន​ក្រុមវាំង​ពីរ​នាក់​នោះ​ឮ​ពុំ​ច្បាស់​ស្មាន​ថា ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​យក​ទៅ​កាត់​ក ក៏​ចេញ​ទៅ​ទាន់​ឃើញ​ហើយ ក៏​ចាប់​ចៅ​នោះ​ចង​ចំណង​ប្រាំប្រការ​ឲ្យ​អង្គុយ​ភាវនា​នៅ​វាល​ខាងត្បូង​ បន្ទាយ ហើយ​ប្រហារជីវិត ។ ខណៈនោះ​មាន​តួល្ខោន​ម្នាក់​ទៀត​ជា​គូ​នឹង​ចៅ​នេះ ហើយ​ជា​មិត្ដ​ផង លុះ​បានដឹង​ហេតុ​អស់ហើយ​ក៏​ចូល​ទៅ​ក្រាប​បង្គំ​ទូល​អម្ចាស់​ផែនដី​ត្រើយ​ ខាងលិច​ឲ្យ​ជ្រាប ។ ក្រោយមក​ទ្រង់​យល់​ថា បម្រើ​ដែល​ទៅ​ឃាត់​នោះ មិន​ទាន់​ក៏​ឲ្យ​យួរ​ក្បាល​ទៅ​ចោល​ឲ្យ​ដាក់​នឹង​តោក ឬ​តុ​តម្កល់​ក្បាល​នោះ​កុំឲ្យ​ខូច ហើយ​ឲ្យ​ចូល​មក​នឹង​បាន​មើល​សក់ មើល​មុខ​ផ្លាស់​ប្ដូរ​ដូច​ម្ដេច ឬ​នៅ​ល្អ​ដូច​ដើម ។ ព្រះរាជ​បម្រើ​ចេញ​ទៅ​ឃើញ​ទាហាន​ក្រុម​នោះ​យួរ​ក្បាល​ចូល​មក ក៏​ស្រែកហៅ​ថា ស្ដាប់​មិន​ជាក់​ទៅ​កាប់​ក្បាល​កំលោះ ទ្រង់​ប្រោស​គេ​ម្ល៉េះ​ហើយ​ទៅ​កាប់​ចោល​អាសារ​ឥត​ការ តែបើ​បានជា​កាប់​ហើយ​កុំឲ្យ​យួរ ហេតុនេះ​ហើយ​បាន​ជា​ជាប់​ឈ្មោះ​ហៅ​ស្រែ​វាល​ភូមិ​កំលោះ​រហូត​រៀង​មក ។ ឯ​ទាហាន​ក្រុមវាំង​ទាំង​ពីរ​នាក់​នោះ​ឮ​ហើយ​ភិតភ័យ​ណាស់ គិត​ថា​ខ្លួន​មុខជា​អស់​ជីវិត​ហើយ រួច​ក៏​ប្រគល់​ក្បាល​នោះ​ឲ្យទៅ​ព្រះរាជ​បម្រើ​នាំ​ទៅ​ថ្វាយ ឯ​ខ្លួន​ក៏​រត់គេច​ពួន​ព្រៃ​ទៅ ។

ទាហាន ​ទាំងនោះ​គិត​ថា បើ​ខ្លួន​ខំ​តែ​នៅ​នគរ​ខាងលិច​នេះ​មុខជា​ហ្លួង​ឲ្យ​គេ​យក​ទៅ​សម្លាប់​មិន​ ខាន ដូច្នោះ​មាន​តែរត់ទៅ​ពឹង​បារមី​ហ្លួង​ខាងកើត​វិញ​ទើប​ជា ។ គិត​ព្រម​គ្នា​ហើយ ទាហាន​នោះ​ក៏​នាំ​គ្នារត់ទៅ លុះ​រត់ទៅ​ដល់​វាល​ស្រាប​អង្កាម ទាហាន​ទាំងនោះ​គិត​ថា ទៅ​ទាំង​ខ្លួន​ប្រឡាក់​ឈាម ប្រឡាក់​ដាវ​យ៉ាងនេះ តែ​ជួប​នឹង​កង​ល្បាត​មុខជា​គេ​ចាប់​យក​ទៅ​ថ្វាយ​វិញ​ជា​មិន​ខាន ។ គិត​ដូច្នោះ​ហើយ​ក៏​នាំ​គ្នា​ចូល​ទៅ​ងូតទឹក លាង​ដាវ ក្នុង​ត្រពាំង​វាល​ស្រាប​អង្កាម​នោះ “បានជា​ជាប់​ឈ្មោះ​ហៅ​ត្រពាំង​លាង​ដាវ​រៀង​មក” ។ ឯ​ព្រះរាជ​បម្រើ នាំ​ក្បាល​នាយ​កំលោះ​រូបល្អ​នោះ​ទៅ​ថ្វាយ​ព្រះ​បរមបពិត្រ ទ្រង់​ត្រាស់​សួរ​រក​ទាហាន​ក្រុមវាំង​ទាំង​ពីរ​នាក់​នោះ ។ ព្រះរាជ​បម្រើ​ក្រាបទូល​ថា ទាហាន​ទាំង​ពីរ​នាក់​នោះ មុខជា​រត់​ទៅ​ពឹង​អា​ព្រះស្ដេច​កន​ពុំខាន​ឡើយ ទើប​ទ្រង់​ត្រាស់​បង្គាប់​ឧកញ៉ា​ដ៏​រុង​សេនា​ចាងហ្វាង​ទាហាន​នោះ ឲ្យ​ចាត់​ទាហាន​សេះ​២០​នាក់​ឲ្យទៅ​តាម​ចាប់​យក​ខ្លួន​ទាហាន​ក្រុមវាំង​ទាំង​ ពីរ​នាក់​នោះ​ឲ្យ​បាន ។ ទាំង​២០​នាក់​ក៏​ស្រូត​តាម​ទៅ​បានឃើញ​ទាហាន​ក្រុម​វាំង​ទាំង​ពីរ​នាក់​កំពុង ​ងូតទឹក​លាង​ដាវ​ក៏​ចាប់​នាំ​ខ្លួន​មក​ក្រាប​បង្គំ​ថ្វាយ ។ ព្រះ​បរមបពិត្រ​ទ្រង់​ឲ្យ​តុលាការ​ពិចារណា​សួរ​កត់​ចម្លើយ​តាម​ ច្បាប់ ។ ទាហាន​ទាំង​ពីរ​នាក់​នោះ​ឆ្លើយ​ថា ខ្លួន​ស្ដាប់​ឮ​ថា​ទ្រង់​ត្រាស់​ឲ្យ​កាត់​ក ទើប​បានជា​កាប់ លុះ​កាប់​ហើយ​ទើប​ភិតភ័យ​ទើប​បានជា​នាំ​គ្នា​រត់​ចូល​ហ្លួង​ខាងកើត​ប្រាថ្នា ​ឲ្យ​រួច​ជីវិត ។ ព្រះ​បរមបពិត្រ​ជា​អម្ចាស់​ជីវិតលើត្បូង​ជ្រាប​ហើយ ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​ត្រាស់​ឲ្យ​សេនាបតី​ចេញ​សំបុត្រ​បញ្ញត្ដិ​ឲ្យ​លើកលែង​ហៅ​ហ្លួង​ខាងកើត ​ឲ្យ​ហៅ​តែ​ព្រះស្ដេច​កន​ថា បើ​នរណា​មិន​ស្ដាប់ និង​យក​ទោស​ដល់​ជីវិត ។ បន្ទាប់​មក​ព្រះបាទ​អ្នក​ម្ចាស់​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​យក​ក្បាល​នាយ​ កំលោះ​រូបល្អ​នោះ ទៅ​ធ្វើ​បុណ្យ​តាម​សមគួរ ។ ក្នុង​ខណៈនោះ​ទ្រង់​ត្រាស់​ឲ្យ​យក​ទាហាន​ក្រុមវាំង​ទាំង​ពីរ​នាក់​ទៅ​ ប្រហារជីវិត​ទុក​ជា​បម្រាម ។ ក្រោយមក​ក្នុង​ឆ្នាំ​ដដែល ព្រះ​បរមខត្តិយា​ចន្ទរាជា ព្រះ​អង្គ​ឲ្យ​តែង​សំពៅ​ពីរ​ផ្ទុកទំនិញ​ទៅ​ស្រុក​ជ្វា​ម៉ាឡាយូ ហើយ​ទិញ​បាន​កាំភ្លើង​ធំ​១០០ កាំភ្លើង​តូច​១.០០០​ដើម ថែម​លើ​កាំភ្លើង​ចាស់​ទុក​រក្សា​ព្រះ​នគរ ។ ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ត្រើយ​ខាងកើត​កាល​ជ្រាប​ថា សម្ដេចចៅពញា​ចន្ទរាជា​ទិញ​កាំភ្លើង​បាន​ជាច្រើន​មក​ទុក​សម្រាប់​ព្រះ​នគរ​ ហើយ ព្រះ​អង្គ​ក៏​ឲ្យធ្វើ​សំពៅ​ពីរ​ផ្ទុកទំនិញ​ទៅ​លក់​ឯ​ស្រុក​ម៉ាឡាយូ​ដែរ ហើយ​ទិញ​បាន​កាំភ្លើង​ធំ​១៥០ កាំភ្លើង​តូច​៣.០០០​ដើម។ លុះ​សំពៅ​នោះ​វិល​មក​វិញ ខ្យល់​ផាត់​សំពៅ​មួយ​ទៅ​ជាប់​ពាម “ប្រហែលជា​ពាម​មាត់ជ្រូក” សំពៅ​មួយទៀត​ជាប់​នៅ​ស្រុក​កំពត ។ ពេល​នោះ​នាយកង​ស្រុក​ពាម ស្រុក​កំពត ចាប់​បាន​សំពៅ​មួយ​យក​បាន​កាំភ្លើង​ធំ​១៥០ កាំភ្លើង​តូច​៣.០០០​ដាក់​ទុក​ក្នុង​រទេះ​ឲ្យ​មេឃុំ​នាំ​ទៅ​ថ្វាយ​ព្រះបាទ​ អ្នក​អម្ចាស់​នៅ​ខេត្ត​បរិបូណ៌ ។ ព្រះបាទ​ជា​អម្ចាស់​ត្រើយ​ខាងលិច កាល​ទ្រង់​ទត​ឃើញ​បម្រើ​នាំ​គ្រប់សព្វ​សាស្ត្រាវុធ​មក​ក្រាប​បង្គំ​ទូល​ ថ្វាយ​ហើយ​ទ្រង់​ព្រះ​អំណរ​ណាស់ ។ ទ្រង់​ប្រោស​ព្រះ​រាជទាន​រង្វាន់​ដល់​មេទ័ព​មេកង​នោះ​ជា​ច្រើន ។ សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ត្រើយ​ខាងកើត ស្ដេច​គង់នៅ​ព្រះរាជវាំង​ស្រីសឈរ ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​កងទ័ព​១៤០.០០០​នាក់ ទ្រង់​ឲ្យ​ចៅហ៊្វាទឡ្ហៈ​កៅ និង​ចៅពញា​មោង នៅ​រក្សា​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ ហើយ​ទ្រង់​ចាត់​ឲ្យ​ចៅពញា​ចក្រី​ឃុំ​ពល​៣០.០០០​នាក់​ជា​ទ័ព​មុខ ចៅពញា​ក្រឡាហោម ឃុំ​ពល​២០.០០០​នាក់ ជា​ទ័ព​ស្ដាំ ចៅពញា​វៀង ឃុំ​ពល​២០.០០០​នាក់ ជា​ទ័ព​ឆ្វេង ចៅពញា​វាំង ឃុំ​ពល​២០.០០០​នាក់ ជា​ទ័ព​ក្រោយ ចៅពញា​ស្រាល ឃុំ​ពល​១០.០០០​នាក់ ជា​ទ័ព​ក្រវែល​ខាងស្ដាំ ចៅពញា​លំពាំង ឃុំ​ពល​១០.០០០​នាក់ ជា​ទ័ព​ក្រវែល​ខាងឆ្វេង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ ឃុំ​ពល​១០.០០០​នាក់ ជា​ទ័ព​ក្រវែល​ខាង​មុខ ​ព្រះ​អង្គ​ស្រីជេដ្ឋា​ឯង ឃុំ​ពល​៣០.០០០​នាក់ ជា​ទ័ព​ហ្លួង ឆ្លង​មក​ដល់​ស្រុក​ភ្នំពេញ ហើយ​លើកទ័ព​គ្រប់​កង ព្រម​ដោយនូវ​ស្វេតច្ឆត្រ​អភិរម្យ សែនត្វាន់ ឡើង​គង់​ព្រះ​ទីនាំង​ស័ង្ខ​រស្មី លើកទ័ព​តម្រង់​ទៅ​ខេត្ត​បរិបូណ៌ ។ ឯ​សេះ​ល្បាត​ខាង​ព្រះ​បរមខត្តិយា​ចន្ទរាជា​ឃើញ​ហើយ ក៏​ឃ្មាតខ្មី​យក​សេចក្ដី​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បរម​បពិត្រ ។ លុះ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ ទ្រង់​ត្រាស់​ឲ្យ​សម្ដេច​ព្រះ​ភាគិនេយ្យា​យស​រាជ​ឡើង​ជាទី​នាយក និង​មន្ដ្រី​ខាងជើង​ទឹក​លើកទ័ព​ទូក គង់​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​នាំ​ទូក​ចម្បាំង​៤០០ ហើយ​ទ្រង់​ចាត់​ទ័ពជើងគោក​ថែម​ទៀត ។ ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​ចក្រី​ទេព កូន​ពញា​មឿង ឃុំ​ពល​២.០០០​នាក់ ជា​មេទ័ព​មុខ ឲ្យ​ចៅពញា​សួគ៌ាលោក​“សុខ” កូន​ពញា​មឿង ឃុំ​ពល​១០.០០០​នាក់ ជា​ទ័ព​ស្ដាំ​ ឲ្យ​ចៅពញា​ឧទ័យធិរាជ​សូរ ឃុំ​ពល​១០.០០០​នាក់​ ជា​ទ័ព​ឆ្វេង ឲ្យ​ឧកញ៉ា​រាជតេជៈ ឃុំ​ពល​១០.០០០​នាក់ ជា​ទ័ព​ក្រោយ​ ឲ្យ​ឧកញ៉ា​វង្សាអគ្គរាជ ឃុំ​ពល​១០.០០០​នាក់ ជា​កង​ជន្ល ឲ្យ​ឧកញ៉ា​នរិន្ទ្រាធិបតី​ ចៅពញា​មនោមេត្រី ចៅពញា​ស្រែន្យាធិបតី ចៅពញា​ស្រែន្យសេនា ឃុំ​ពល​ម្នាក់ៗ​៣.០០០​នាក់ ទៅ​បង្កប់​សងខាង​ផ្លូវ​ឲ្យ​សម្ដេចព្រះ​សុខត្ដ​ ឃុំ​ពល​ដំរី​៣.០០០ ទៅ​បង្កប់​ក្នុង​ព្រៃ​ខាងលិច​វាល​ស្រាប​អង្កាម ឲ្យ​ឧកញ៉ា​ដ៏រុងសេនា ឃុំ​ពល​សេះ​៥០០ ជា​កង​ជន្ល​ទី​២ ។ លុះ​បាន​ឫក​ជា​ពេលា​ល្អ​ហើយ បុរោហិត​ក៏​តាំង​ផ្លុំត្រែ​ស័ង្ខ​ហោរា​ថ្វាយ​ឫក្ស​រួច​ហើយ ព្រះ​បរមបពិត្រ​មហា​ខត្តិយា​ចន្ទរាជា​ទ្រង់គ្រឿង​កកុធភ័ណ្ឌ​សម្រាប់​ រាជយុទ្ធ​ឡើង​គង់​ព្រះ​ទីនាំង​ពិជ័យ​រាជ​កុញ្ជរ លើក​អស់​និករ​ចេញ​ទៅ ។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ​ជា​កង​ជន្ល​ទី​១ លើកទ័ព​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ​ជួបនឹង​ទ័ព​ព្រះ​ស្រីជេដ្ឋា (ព្រះស្ដេច​កន) ហើយ​បាន​តតាំង​ច្បាំង​គ្នា​នៅ​ទីនោះ​យូរ​បន្ដិច ឧកញ៉ា​វង្សាអគ្គរាជ​ក៏​នាំ​ពល​រត់​ថយ​ក្រោយមក​ដល់​ខាងលិច​ភូមិ​ឈូកស ខេត្ត​លង្វែក ។ ខណៈនោះ​ឧកញ៉ា​នរិន្ទ​សេនា​ឃុំ​ពល​ទាហាន​សេះ​៤០​នាក់​កាល់​ពល​ខ្លួន និង​ពល​ឧកញ៉ា​វង្សាអគ្គរាជ​ឲ្យ​ចូល​តតាំង​ច្បាំង​គ្នា​ទៀត ហើយ​បណ្ដែតទូក​ថយក្រោយ ។ មេទ័ព​ខាង​ព្រះស្ដេច​កន​ឃើញ​ហើយ​យល់​ថា ខ្លួន​មាន​ជ័យ​ជំនះ​ក្នុង​សង្គ្រាម​ពីរ​ដង​ហើយ ក៏​បរពល​សម្រុក​គ្រលុក​តាម​ដល់​ស្ទឹង​ជ្រៃ ។ ឧកញ៉ា​ចក្រី​ទេព ជា​កង​ជន្ល​ទី​៣​ក៏​ចេញពី​ក្នុង​ព្រៃ​បរពល​ចូល​មួយ​ស្របក់ ក៏​នាំ​ពល​គេច​រត់​ថយក្រោយ​ទៅ​ទៀត ។ ខណៈនោះ​នាយកង​នាយ​ទ័ព​ខាង​ព្រះស្ដេច​កន​ស្រែក​ក្រាបទូល​ថា ចក្រី​បាក់ទ័ព​ទៀត​ហើយ ឯ​កងទ័ព​គ្រប់​កង​ខាង​ព្រះស្ដេច​កន​ឮ​ថា​ចក្រី​បាក់ទ័ព​ទៀត ហើយ​ក៏​រឹត​តែ​មានចិត្ដ​ជោរ​ឡើង ក៏​ដេញ​តាម​ទៅ​ត្រាតែ​ជួបនឹង​ទ័ព​ក្រឡាហោម​ដែល​បង្កប់​ចាំ​នៅ​វាល​ស្រាប​ អង្កាម​នោះ ។ ឧកញ៉ា​ក្រឡាហោម ក៏​ទទួល​ច្បាំង​ជា​មាំមួន សម្ដេចព្រះ​សុទត្ដ​ដែល​ឃុំ​ពលដំរី​ច្បាំង​៣០០​នោះ បាន​ឫក​ហើយ ក៏​បរដំរី​ជល់​ជាន់​ពីក្រោយ ។ ឯ​កងទ័ព​ដែល​បង្កប់​សងខាង​នោះ ក៏​ប្រសព្វ​ពីឆ្វេង​ពីស្ដាំ ទាំង​ព្រះ​បរមបពិត្រ​ក៏​បែរ​ព្រះ​ទីនាំង​រាជ​កុញ្ជរ ចូលលុក​លុយ​កាប់​ចាក់​ប្រសព្វ​គ្នា​មក បណ្ដាល​ឲ្យ​ស្លាប់​ពល​ខាង​ព្រះស្ដេច​កន​ប្រមាណ​២០.០០០​នាក់ ។ លុះ​មក​ដល់​មុខ​ព្រះស្ដេច​កន ព្រះ​ទីនាំង​ពិជ័យ​រាជ​កញ្ជរ​ដែល​ចេះ​កាន់​នូវ​អាវុធ​គ្រវែង​ចាក់​សម្លាប់​ ពលព្រះ​ស្ដេច​កន​បណ្ដាល​ឲ្យ​ស្លាប់​ជា​ច្រើន ។ ព្រះស្ដេច​កនទ្រាំ​មិន​បាន​ក៏​បែក​ទ័ព​រត់​កាត់​ព្រៃ​មក​ដល់​ចុង​ព្រែក​ រលាប្អៀរ​ខាងស្ដាំ ចោល​ទ័ព​អស់ ជាប់​តែ​ខាង​ទាហាន​ស្ម័គ្រចិត្ដ​ប្រមាណ​១០០​នាក់ ហើយ​មក​ជួបជុំ​នឹង​ទ័ព​ឧកញ៉ា​សួគ៌ាលោក ឧកញ៉ា​មនោមេត្រី ឧកញ៉ា​ឧទ័យធិរាជ​ដែល​បង្កប់​ក្នុង​ព្រៃ ។ ទ័ព​ទាំងនោះ​ក៏​ស្ទុះ​ចេញ​មក​ក៏​តាំង​ហ៊ោ​ដេញ​ទ័ព​ព្រះស្ដេច​កន​ខ្ចាត់ខ្ចាយ ​ទៅ​ទៀត ។ ស្ដេច​កន​នៅ​សល់​តែ​ទាហាន​១០០​នាក់​រត់​តាម​លុះ​ទៅ​ដល់​ចុង​ភូមិ​តាជេស ខេត្ត​លង្វែក កងទ័ព​ទាំង​១០០​នាក់​នោះ​ពុំ​ចេះ​ហែល​ទឹក​ទាំងអស់​គ្នា​ទេ ចេះ​តែ​២០​នាក់​ប៉ុណ្ណោះ ។ អ្នកចេះ​ហែល​ទឹក​ក៏​រត់​ទៅ​លើ​កោះ​តូច នាំ​គ្នា​តោង​សេះ​ព្រះ​ទីនាំង​ស័ង្ខរស្មី​នោះ​ឆ្លង​ទៅ​ស្ទឹង​ស្ងួត​ជើងព្រៃ​ ជា​ត្រើយ​ខាងកើត ។

លុះ​កងទ័ព​ឧកញ៉ា ​យមរាជ ឧកញ៉ា​សួគ៌ាលោក​ដេញ​ទៅ​ដល់​ឃើញ​ទ័ព​សត្រូវ​កំពុង​ហែល ក៏​ស្រែក​ហៅ​កងទ័ព​ជើងទឹក​ឲ្យ​តាម​ចាប់ ។ សូរសព្ទ​ដែល​បង្កូក​ហៅ​ទ័ពជើងទឹក​តែ​មួយ​ម៉ាត់​ម្នាក់​ក៏​លាន់​ដូច​គេ​ស្រែក ​ហ៊ោ (ព្រោះហេតុនេះ​ហើយ​បានជា​កោះ​តូច​នោះ ប្រែ​ឈ្មោះ​ថា កោះ​ហ៊ោ រៀង​មក)។ ឯ​ម៉ឺន​ពិភក្ដី​លិខិត ម៉ឺន​ជំនិត​ស ទ្រង់​ម៉ឺន​បម្រុង​អក្ខរា​ទាំង​៣​នាយ​ជា​អាល័ក្ស ជា​មន្ត្រី​ព្រះស្ដេច​កន​ជាប់​បាវ​ប្រាំមួយ​ប្រាំពីរ​នាក់ ស្ពាយ​ត្រា​ជា​សម្រាប់​រាជ​របស់​សម្ដេច​កន​នោះ រត់​បែក​ទៅ​ដល់​ចុង​ភូមិ​កំពង់ម្ដា ខេត្ត​រលាប្អៀរ ក៏​ចាប់​យក​កូន​ទូក​អ្នកស្រុក​នោះ​ចុះ​ចែវ​តាម​ស្ដេច​កន​ទៅ ។ ខណៈ​នោះ​មាន​ខ្យល់ព្យុះ​រលក​បោកបក់​ខ្លាំង ទូក​លិចលង់​ទាំង​ត្រា​សម្រាប់​រាជ្យ​នោះ​បាត់​នៅ​ក្នុង​ព្រះធរណី​បាតទន្លេ​ នៅ​ទីនោះ​ក៏​ស្រុត​ទៅ​ជ្រៅ​ពន់ប្រមាណ ។ នាយ​អាល័ក្ស​ទាំង​៣​យក​ផ្ដៅ​ពីរ​បន្ទះ​មក​ត​តែ​មួយ សំយុង​ទៅ​ត្រង់​កន្លែង​ដែល​លិច​ត្រា​នោះ​ក៏​ពុំ​ដល់ នឹង​រក​មនុស្ស​ឲ្យ​មុជ​ទៅ​តាម មនុស្ស​ផង​ឃើញ​ជ្រៅ​ណាស់​ពុំ​ហ៊ាន​មុជ​តាម ។ នាយ​ទាំង​៣​នាក់​ខ្លាច​ខុស​នឹង​ព្រះស្ដេច​កន​ក៏​នាំ​គ្នា​មុជទឹក​ទៅ​តាម​ ត្រា​នោះ លុះដល់​ស្លាប់​ទាំង​៣​នាក់ “ព្រោះហេតុនោះ​បានជា​ទីនោះ​ហៅ​អន្លង់​ត្រារាជ្យ យារៗ​មក​ហៅ​តំបន់​អន្លង់រាជ្យ ទ្រង់​ស្រូត​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​ជ្រួស​តាម​ទៅ​ដល់​កៀន​ តាធឹង ។ ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា​ទត​ពីលើ​ខ្នង​សេះ​ព្រះ​ទីនាំង​ទៅ​ឃើញ ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​នាំ​ទាហាន​រួមចិត្ដ​មក​ដល់​ចុង​ភូមិ​កំពង់ចាម ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​ហែល​ឆ្លង​ទឹក​តម្រង់​ទៅ​តំបន់​ដូនម៉ៅ​ត្រើយ​ ខាងកើត ព្រមទាំង​ទាហាន​រួមចិត្ដ​២០​នាក់ ក៏​ហែល​តោង​សេះ​នោះ​ទៅ​ដល់​ច្រាំង​ទន្លេ​ម្ខាង សេះ​នោះ​ក្លាយជា​នាគ​មុជទឹក​បាត់​ទៅ ។

នេះ ​នឹង​និយាយ​អំពី​សម្ដេច​ចៅហ៊្វា​កៅ​ដែល​ចាំ​រក្សា​បន្ទាយ​ស្រឡប់​ពិជ័យ​ ព្រៃនគរ​នោះ មុន​នេះ​៣​ថ្ងៃ​យល់សប្ត​ឃើញ​ខ្យល់​កំបុតត្បូង​កួច​ទង់ជ័យ​សម្ដេចព្រះ​ ស្រីជេដ្ឋា​ជា​ភ្លើង​ឆេះ​អណ្ដែត​កណ្ដាល​អាកាស ហើយ​ធ្លាក់​នៅ​កំពង់ចាម ។ លុះ​ភ្ញាក់​ឡើង​ភ័យ​ណាស់​និយាយ​ប្រាប់​និមិត្ដ​នោះ​ឲ្យ​សម្ដេច​ពញា​ហែង ជា​បិតាក្មេក​សម្ដេចព្រះ​ស្រីជេដ្ឋា​ស្ដាប់ ហើយ​ហៅ​ហោរា​មក​ប្រាប់​ហេតុ​ឲ្យ​ទាយ ។ ហោរា​ពិនិត្យ​ទៅ​ឃើញ​ថា យល់សប្ដិ​ថ្ងៃ​អង្គារ​ជា​ភ្លើង ហើយ​ឃើញ​ឆេះ​ទង់ជ័យ​នោះ ទំនាយ​ថា ទ័ព​ហ្លួង​បរាជ័យ​ហើយ ត្រង់​ដល់​ឃើញ​ខ្យល់កំបុតត្បូង​កួច​នាំ​ទៅ​កណ្ដាល​អាកាស​នោះ ថា​បុណ្យ​បារមី​នៅ​មាន​ទេវតា​នាំ​ឲ្យ​រួច​ពី​ចំណោម​ត្រង់​ដែល​ភ្លើង​ ធ្លាក់ទឹក​នៅ​កំពង់ចាម​នោះ ថា​ហ្លួង​នឹង​រត់ទៅ​ដល់ទី​នោះ ។ សម្ដេច​ចៅហ៊្វា​កៅ​ឮ​ហើយ​ភ័យ​ណាស់ ក៏​ឲ្យ​សម្ដេចចៅពញា​ហែង​នៅ​រក្សា​បន្ទាយ រួច​ផ្ដាំ​ថា ឲ្យ​ខិតខំ​កេណ្ឌ​រេហ៍ពល​ទុក​បម្រុង​ឲ្យ​បាន​ច្រើន ។ ឯ​ខ្លួន​សម្ដេចចៅហ៊្វា​កៅ​នាំ​ខ្នាន់​ធ្នូ និង​ទាហាន​កាំភ្លើង​១.០០០​នាក់ និង​ព្រះ​ទីនាំង​គជេន្ទ្រ​យុទ្ធ​ទៅ​បោះទីតាំង​នៅ​ដូនម៉ៅ​ជា​ត្រើយ​ ខាងកើត ។ លុះ​ឃើញ​សម្ដេចព្រះ​ស្រីជេដ្ឋា​គង់​លើ​សេះ​នាំ​ទាហាន​ហែល​ឆ្លង​មក​ដល់​ ច្រាំង​ហើយ សេះ​នោះ​ក៏​លិច​វិនាស​ទៅ​ក្នុង​ទឹក​ទៅ ចៅហ៊្វា​កៅ​ក៏​ស្ទុះ​ទៅ​ទទួល​យក​រួច​តែ​សម្ដេចព្រះ​ស្រីជេដ្ឋា និង​ទាហាន​រួម​មិត្ដ​២០​នាក់​នោះ​ដល់​ទៅ​មាត់ច្រាំង​ល្មម​ព្រះ​ទីនាំង​ ចក្រពត្ដិ​នោះ​ត្រឡប់​មក​ដល់ សម្ដេចចៅហ៊្វា​កៅ​ឲ្យ​ទាហាន​បាញ់​ធ្នូ បាញ់​កាំភ្លើង កុំឲ្យ​ព្រះ​ភគិនេយ្យោ​យសរាជា​ឡើង​តាម​មក​ទាន់ ។ ព្រះ​យសរាជា​ក៏​ត្រឡប់​ព្រះ​ទីនាំង​មក​រក​ទ័ព​ទូក​ដែល​តាម​មក​ពីក្រោយ​នោះ​ វិញ លុះ​ជួប​ហើយ​ស្ដេច​ឲ្យ​ឈប់​នៅ​ទី​មួយអន្លើ ។ ជួន​ជា​ពេល​នោះ​មាន​ខ្យល់ព្យុះ​ខ្លាំង​ណាស់ ស្ដេច​ត្រាស់​ឲ្យ​យក​អាវុធ​សឹក​ទុក​សិន ហើយ​ចូល​ទូក​ចម្បាំង​ទៅ​ឈប់​ក្នុង​បឹង​មួយអន្លើ ។ ទ្រង់​ឲ្យ​សាង​វត្ដ​មួយ​នៅ​ទីនោះ​ទុកជា​ព្រះ​កេរ្ដិ៍ ហេតុនេះ​ហើយ​បានជា​ជាប់​ឈ្មោះ​ថា វត្ដ​ព្រែកហ្លួង​រៀង​មក​ដល់​សព្វ​ថ្ងៃនេះ ។ ឯ​សម្ដេចចៅហ៊្វា​កៅ​កាល​បាន​ទទួល​សម្ដេចព្រះ​ស្រីជេដ្ឋា​រួច​ហើយ ជួន​ជា​វេលា​យប់​ក៏​យាង​ស្ដេចផ្ទុំ​សម្រាក​កម្លាំង​នៅ​ក្នុង​ព្រៃ​ដូនម៉ៅ​ នោះ​ទៅ តែ​ទីនោះ​មាន​មូស​ខ្លាំង​ណាស់​ទ្រាំ​ពុំ​បាន ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ផ្សង​មិន​ឲ្យ​មាន​មូស មូស​ក៏​គ្មាន​ក្នុង​ទីនោះ​រៀង​មក ។ លុះ​ព្រឹក​ឡើង​សម្ដេចចៅហ៊្វា​កៅ​យាង​សម្ដេច​ព្រះ​ស្រីជេដ្ឋា​ឡើង​គង់​ព្រះ​ ទីនាំង​ពិជ័យ​គជ​យុទ្ធ​នាំ​រេហ៍ពល​ទាំង​១.០២០​នាក់​ស្រូត​រូត​ទៅ​ដល់​ភូមិ​ ដំរី​ស ព្រះ​ទីនាំង​ពិជ័យគជ​យុទ្ធ​នោះ​ឈឺ​ស្រុត​នៅ​ទីនោះ​ទៅ ព្រះស្ដេច​កន​ទ្រង់​ធ្វើបុណ្យ​ហើយ​ឲ្យ​កប់​ដំរី​នៅ​ទីនោះ បានជា​ជាប់​ហៅ​ទួល​កប់​ព្រះ​ដំរី​រៀង​មក ។ សម្ដេច​ស្រីជេដ្ឋា​ទ្រង់​ពិនិត្យ​ពី​ព្រះ​ទីនាំង​ពិជ័យគជ​យុទ្ធ និង​ព្រះ​ទីនាំង​ស័ង្ខ​រស្មី​កាលណា ទ្រង់​សង្ស័យ​នឹង​បុណ្យ​បារមី​ជា​ពន់ពេក ទ្រង់​នឹក​ថា កាលណា​ខ្លួន​អញ​នឹង​មានបុណ្យ ត្រូវ​បាន​ព្រះ​ទីនាំង​ពិជ័យ​គជ​យុទ្ធ​នោះ គឺ​បាន​ក្នុង​កាល​កសាង​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ​ដែល​កាលនោះ​មាន​ហ្ម​ ម្នាក់​ឈ្មោះ​ផៃ​នាំ​យក​ដំរី​មក​ថ្វាយ​មាន​កម្ពស់​១០​ហត្ថ ។ ថ្វាយ​រួច​ហើយ​ហ្ម​ផៃ​នោះ​ត្រឡប់​ទៅ​វិញ​បាត់ មិនដឹង​ជា​នៅ​ស្រុក​ណា ភូមិ​ណា​ទេ រកតែ​ខ្លួន​នឹង​ឲ្យ​រង្វាន់​ពេញចិត្ដ​ក៏​រក​ពុំ​ឃើញ ។ ឯ​ព្រះ​ទីនាំង​ស័ង្ខរស្មី​ទៀត កាល​អញ​លើកទ័ព​ដេញ​ព្រះ​ស្រីសុគន្ធបទ​ដល់​ទៅ​ក្បាល​កោះសូទិន​ទាំង​យប់​នោះ ក៏​មាន​ឈ្មោះ​ចៅ​ឥន្ទ​យក​សេះ​នោះ​មក​ថ្វាយ​មាន​កម្ពស់​១០​ហត្ថ​៤​ធ្នាប់ មាន​កម្លាំង​ហែល​ទឹក​សន្ធឹក​ដូច​រន្ទះ​នឹង​ឲ្យ​រង្វាន់​ក៏​រក​ពុំ​ឃើញ​ ដែរ ។ ព្រះ​ទីនាំង​ទាំង​ពីរ​នេះ​ដូច​ជា​ទេវតា​និម្មិត​ថ្វាយ ឥឡូវ​វិនាស​អស់ទាំង​ពីរ​ទៅ​ហើយ ដូច្នេះ​ឃើញ​ថា បុណ្យ​បារមី​អញ​មិន​យឺនយូរ​ប៉ុន្មាន​ឡើយ ។ គិត​ហើយ​ព្រះស្ដេច​កន​ក៏​ទ្រង់​ព្រះ​កន្សែង​សោក​ជា​រ៉ាំរ៉ៃ​ក្រៃពេក​ ណាស់ ។ សម្ដេចព្រះ​ចៅហ៊្វា​កៅ​យល់​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ក្មួយ​យំសោក​ស្ដាយ​ ព្រះ​ទីនាំង​ខ្លាំង​ពេក​ដូច្នោះ ក៏​គិត​ថា បើ​អញ​មិន​ក្លែង​និយាយ​ឲ្យ​មាន​តម្រេក​ទេ ឃើញ​ថា​សម្ដេចព្រះ​ស្រីជេដ្ឋា​នឹង​ដល់​អស់​ព្រះជន្ម​ក្នុង​គ្រានេះ​មិន​ ខាន ។ គិត​ហើយ ចៅហ៊្វា​កៅ​ក៏​ក្រាបទូល​ថា សូម​ទ្រង់​កំសាន្ដ​ព្រះរាជ​ហឫទ័យ​ខ្លះ​ទៅ កុំ​អាល័យ​ព្រះ​ទីនាំង​ទាំង​ពីរ​នោះ​ខ្លាំង​ពេក ព្រះ​ទីនាំង​នោះ​វា​ស្រុត​ស្នង​ព្រះ​អង្គ​ដែល​ទ្រង់មាន​ព្រះ​គ្រោះ​ជា​ ទម្ងន់​នោះ ។ ឯ​បុណ្យ​បារមី​ព្រះ​អង្គ​នៅ​មាន​ទៅ​មុខជា​ច្រើន ពីព្រោះ​ថា ក្រោយ​ព្រះ​អង្គ​លើកទ័ព​ទៅ​ធ្វើ​សង្គ្រាម​នឹង​ព្រះ​ចន្ទរាជា​នោះ ចៅហ្វាយស្រុក​ជើង​បាក់​ដែង​នាំ​ដំរី​២ សេះ​២ មក​ចាំ​ក្រាបទូល​ថ្វាយ ទំហំ និង​កម្ពស់​ប្រហែលៗ​គ្នា និង​ព្រះ​ទីនាំង​មុន​នេះ ហេតុនេះ​សូម​ទ្រង់​កុំ​ព្រួយព្រះទ័យ​ស្ដាយ​អ្វី​សេះ​១​ដំរី​១​នោះ ។ វា​បាត់​ទៅ​ទាំង​ពីរ យើង​បាន​ដល់​ទៅ​៤​ឡើង​វិញ​ហើយ ។ ព្រះ​ស្រីជេដ្ឋា​ទ្រង់​ជ្រាប​ដូច្នោះ​ហើយ ទ្រង់​ព្រឺព្រួច​ក្នុង​ព្រះរាជ​ហឫទ័យ​ណាស់ ទ្រង់​តម្រង់​ព្រះ​ស្មារតី​បាន ទ្រង់​ក៏​ត្រាស់​នឹង​សម្ដេចចៅហ៊្វា​កៅ​ថា យើង​នឹង​ទៅ​ក្រុង​ស្រឡប់​ពិជ័យ ឬ​នៅ​ក្រុង​ស្រីសឈរ ។ ដ្បិត​ក្នុង​ស្រុក​ស្រីសឈរ​នោះ​យើង​មាន​គ្រប់​គ្រួ​នៅ​ទីនោះ​ច្រើន ។ ទើប​សម្ដេចចៅហ៊្វា​កៅ​ទូល​ថា យើង​ធ្វើសង្គ្រាម​មាន​ជ័យ​ជា​ច្រើន​ដង យើង​បានជា​ស្ដេច​ជា​ចៅហ្វាយ​នេះ​តាំងពី​នៅ​តតាំង​ច្បាំង​គ្នា​នៅ​ស្រីសឈរ ដូច្នោះ​គួរ​យើង​យក​ក្រុង​ស្រីសឈរ​នោះ​ជាទី​ចម្បាំង ។ បើ​ពុំ​ឈ្នះ​នៅ​ទីនោះ​ទេ ចាំ​យើង​ទៅ​តាំង​ត​នៅ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ ហើយ​ត្រាស់​ផ្ដាំ​នឹង​សម្ដេចចៅហ៊្វា​កៅ​ថា ឲ្យ​កេណ្ឌ​រេហ៍ពល​ឲ្យ​បាន​ច្រើន​នៅ​រក្សា​បន្ទាយ​នោះ ។ សម្ដេចចៅហ៊្វា​កៅ​ក៏​ទទួល​ធ្វើ​តាម​ព្រះរាជ​បញ្ជាការ ។ ឯ​សម្ដេចព្រះ​ភាគិនេយ្យា​យសរាជា​កែវ​នាយក ព្រះ​អង្គ​ចាំ​បាត់​ពុំ​ឃើញ​ទ័ពជើងគោក​លើក​មក ព្រះ​អង្គ​ក៏​ថយ​ទ័ព​ទូក​មក​ភ្នំពេញ​វិញ ដើម្បី​នឹង​ស្ដាប់​ព្រះរាជា​សម្ដេចព្រះ​បិតុលា​រាជាធិរាជ ។ សម្ដេចព្រះ​បរមបពិត្រ​ខត្តិយា​ចន្ទរាជា ជា​អម្ចាស់​ជីវិតលើត្បូង ព្រះ​អង្គ​លើក​ពិជ័យសង្គ្រាម​មក​ដល់​ស្រុក​ឧដុង្គ​ហើយ ស្ដេច​ទៅ​ថ្វាយបង្គំ​ព្រះ​ចេតិយ ព្រះ​បដិមា ហើយ​ស្ដេច​ត្រឡប់​មក​គង់​ព្រះ​ពន្លា​វិញ ហើយ​ទ្រង់​ត្រាស់​ចាត់​កងទ័ព​ជា​ច្រើន​កង ៖

  1. ឲ្យ​ចៅពញា​តេជោ ចៅហ្វាយ​ស្រុក​សំរោងទង​ ជា​មេទ័ព​មុខ កាន់​ពល​២០.០០០​នាក់ ជា​ទ័ពស្រួច ។
  2. ឲ្យ​ឧកញ៉ា​មនោមេត្រី កាន់​ពល​១០.០០០​នាក់ ជា​មេទ័ព​ស្ដាំ ។
  3. ឲ្យ​ឧកញ៉ា​រាជា​មេត្រី ជា​មេទ័ព​ឆ្វេង កាន់​ពល​១០.០០០​នាក់ ។
  4. ឲ្យ​ឧកញ៉ា​សួគ៌ាលោក​”សុខ” កូនចៅពញា​មឿង កាន់​ពល​៣០.០០០​នាក់​ជា​ទ័ព​មុខ ។

ឲ្យ ​សម្ដេចចៅពញា​យសរាជា ជា​ព្រះរាជ​ភគិនេយ្យោ ជា​មេទ័ព​ហ្លួង ឃុំ​ពល​៥០.០០០​នាក់ ឆ្លង​ទៅ​ព័ទ្ធ​ពី​ខេត្ត​ព្រៃវែង ស្ទាក់ផ្លូវ​កុំឲ្យ​សម្ដេចចៅហ៊្វា​កៅ​មក​សួរ​គ្នា​បាន ។ ទើប​ទ្រង់​ចាត់​ទ័ព​មួយ​ផ្លូវ​ទៀត ៖

  1. ឲ្យ​ឧកញ៉ា​ឧទ័យធិរាជ ចៅហ្វាយស្រុក​អាសន្ទុក ជា​មេទ័ព​មុខ ។
  2. ចៅពញា​ពេជ​តេជោ ជា​មេទ័ព​ឆ្វេង ។
  3. ចៅពញា​ស្រែន្យ​ខាំងហ្វា ជា​មេកង​ទ័ព​ស្ដាំ ។
  4. ចៅពញា​មន្ដ្រី​ភក្ដី ជា​កងទ័ព​ក្រោយ ។

ទាំង ​៤​កងឃុំ​ពល​៥០.០០០​នាក់​លើក​ជា​ទ័ពជើងគោក​ទៅ​ខេត្ត​កំពង់សៀម ឆ្លង​ទៅ​មាត់​ឃ្មុង និង​ភ្នំ​ពានជាំង ស្ទាក់ផ្លូវ​កុំឲ្យ​សម្ដេចចៅពញា​កំហែង ជា​ឪពុកក្មេក​ព្រះស្ដេច​កន លើក​ទៅ​ជួយ​ព្រះស្ដេច​កន​បាន ។ ទើប​ព្រះ​អង្គ​ចាត់​ទ័ព​មួយ​ផ្លូវ​ទៀត ៖

  1. ឧកញ៉ា​ចក្រី​“ទេព” កូន​ទី​៣​ពញា​មឿង ឃុំ​ពល​២០.០០០​នាក់ ជា​មេកង​ទ័ព​មុខ ។
  2. ឧកញ៉ា​យមរាជ ឃុំ​ពល​១០.០០០​នាក់​ជា​ទ័ព​ឆ្វេង ។
  3. ឧកញ៉ា​ក្រឡាហោម​ ឃុំ​ពល​១០.០០០​នាក់ ជា​ទ័ព​ស្ដាំ ។
  4. ព្រះ​អង្គ​ឯង​ទ្រង់​ពល​៤០.០០០​នាក់ ជា​ទ័ព​ហ្លួង ។
  5. ឧកញ៉ា​មហាមន្ដ្រី ឃុំ​ពល​៥.០០០​នាក់ ជា​ទ័ព​បង្កប់ ហើយ​ទ្រង់​ត្រាស់​ផ្ដាំ​ឲ្យ​ធ្វើ​តាម​គ្រប់​ប្រការ ។

ព.ស ​២០៦៨ គ.ស​១៥២៥ ម.ស​១៤៤៦ ច.ស​៨៨៦ ឆ្នាំវក​ឆស័ក សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា លុះ​ទ្រង់​ចាត់​ទ័ព​ស្រេច​ហើយ ស្ដេច​ចូល​ស្រង់​ទ្រង់គ្រឿង​រង្គ​សង្គ្រាម​យុទ្ធ​បរិសុទ្ធ​នូវ​គ្រឿង​ កកុធភ័ណ្ឌ ព្រះ​ហោរា​ថ្វាយ​ពិជ័យ​ឫក្ស​ព្រះរាជ​គ្រូ​បុរោហិត ថ្វាយ​ទឹក​ស័ង្ខ ទឹក​កុណ្ឌី ទឹក​ក្លស់ ផ្លុំ​ត្រៃ​ស័ង្ខ ក្រុម​សុរិយា​តូរ្យតន្ដ្រី វាយគង ទូងស្គរ ខ្ទ័រ​ខ្ទារ ទាំង​ក្រឡា​ប្រឹថពី ស្ដេច​គង់​ព្រះ​រាជយាន ព្រម​ដោយនូវ​ស្វេតច្ឆត្រ​ស​៩​ជាន់ និង​ចាមរបៃមន់ សែនត្វាន់ ទង់ ឆត្រ​លឿង ខៀវ ស ព្រាត ឆ្លុះ​ស​សែង ព្រះ​សុរិយា​ស្ដេច​យាង​គង់​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត ។ ឯ​អស់​មន្ដ្រី​សេនា រេហ៍ពល​សឹង​ជិះទូក​ហ៊ោ​ទូក​ង មួង យោង​ពីមុខ នៅ​ពីក្រោយ តាម​អណ្ដាប់​អណ្ដោយ លើក​ចេញ​ទៅ​ប្រថាប់​ទ័ព​នៅ​ព្រះ​ប្រសប់ ឈប់​ចាំ​ស្ដាប់​សូរសព្ទ​គ្រប់​កង​ដែល​លើក​ទៅ ។ ផ្លូវ​ខាង​ណា​ទន់​នឹង​បាន​ទៅ​ជួយ​ខាង​នោះ ។

សេចក្ដី ​នេះ​ឈប់​ស្លេះ​តែ​ប៉ុណ្ណោះ និង​តាំង​និយាយ​អំពី​ព្រះស្ដេច​កន កាល​តាំងខ្លួន​សោយរាជ្យ​ជា​សម្ដេច​ព្រះ​ស្រីជេដ្ឋា​ក្នុង​ក្រុង​ស្រីសឈរ​រួច ​ហើយ ទ្រង់​ព្រះ​តម្រិះ​ថា ៖ គួរ​គិត​រក​ជ័យ​ភូមិ សាង​នគរ​ជា​ថ្មី ដ្បិត​ផ្លាស់​វង្ស​ថ្មី ។ ទ្រង់​ព្រះ​តម្រិះ​តែ​ម្ល៉ោះហើយ ក៏​លើក​ពួក​រាជ​សេវកាមហា​យោធា តាម​មាគ៌ា​រង្គាត់​គន់​រក​ទី​ជ័យ​ភូមិ ពុំ​ត្រូវ​ព្រះរាជ​ហឫទ័យ​ក្នុង​ខេត្ត​ស្រីសឈរ​សោះ ។ ស្ដេច​ទៅ​ឯ​ខេត្ដព្រៃវែង ក៏​ពុំ​ត្រូវ​ព្រះរាជ​ហឫទ័យ លុះ​ប្រាំបី​ថ្ងៃ​ដល់​ស្ទឹង​ពាម​មេ​ត្រេក ខេត្ដ​បាភ្នំ ទើប​មាន​ទី​ទំនួល​ស្រួល​ល្អ ទ្រង់​ក៏​ឲ្យ​តាំង​បន្ទាយ​វាំង​នៅ​ទីនោះ បានជា​ជាប់​ឈ្មោះ​នៅ​ទីកន្លែង​បឹង​កំពង់​ចៅហ៊្វា​១ កំពង់​យមរាជ​១ កំពង់​ក្រឡាហោម​១ កំពង់​ចក្រី​១ នៅ​ទីនោះ ឯ​អ្នកស្រុក​អំពី​ស្រុក​កណ្ដាល​ជ្រុំ​១ ជើង​បាក់ដែង​១ រោងដំរី​១ ព្រៃនគរ​១ គ្រប់​ទិស​តែង​ត្រេក​មេត្រី មក​ចុះចូល​ទៅ​ថ្វាយ​បណ្ដា​ការ​ច្រើន​ជា​អនេក ទើប​ទ្រង់​ប្រែ​ឈ្មោះ​ទី​ភូមិ​នោះ​ថា មេត្រេក​វិញ ។ ទ្រង់​សាង​ព្រះ​នគរ​បាន​៨​ខែ​ពុំ​ទាន់​សម្រេច ស្ដេច​ទ្រង់​ព្រះ​តម្រិះ​យល់​ជា​ថ្មី​ថា ៖ តាំង​ព្រះ​នគរ​នេះ​ជិត​ដែន​យួន​ណាស់ បើ​យួន​លើក​មក​នឹង​ពិបាក​កេណ្ឌ​ពល​ត​ច្បាំង​ឲ្យ​រួសរាន់​មិន​ទាន់​ការណ៍ ទ្រង់​ជំនុំ​ព្រះ​សេនាបតី​ហើយ ព្រមទាំង​រាជសេវកាមាត្យ មុខមន្ដ្រី ព្រះ​ស្នំ ក្រមការ​សេនា​យោធា​ទៅ​រក​ទីទៃ​ភូមិ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ។ លុះ​ដល់ទី​មួយអន្លើ​វាយគង​ហៅ​គ្នា​វាស់​នាទី​ជីកដី​ជា​ស្នាមភ្លោះ ក​បន្ទាយ​តែ​៥​សិន​បួន​ជ្រុង ។ កន្លែង​នោះ​មាន​ខ្លះ​មិន​ពេញចិត្ដ​ថា ដ្បិត​តូច​ខ្លះ​ថា​ទីនោះ​មិន​មាន​ជ័យ​ភូមិ​ល្អ​ទេ តែ​វាយគង​ហៅ​ប្រជុំ​គ្នា​កាលណា​ស្ដី​ដោល​គ្នា​ថា ព្រោះ​គំនិត​អ្នក​នេះ​យ៉ាងនេះ​អ្នក​នោះ​យ៉ាងនោះ​កើតជា​ជម្លោះ​ឈ្លោះ​ចេញ​ដោល ​គ្នា​វឹកវរ ។ លុះ​មាន​រាស្ដ្រ​ទៅ​នៅ​ជាប់​ឈ្មោះ​ហៅ​ភូមិ​អាដោល​គង​ជ័យ បន្ទាយ​វរ​តាម​ហេតុ​ដែល​ជេរ​ដោល​គ្នា និង​វាយគង​រៀង​មក ។ កាល​ធ្វើ​បន្ទាយ​នៅ​ទីនោះ​មិន​ស្រុះស្រួល​ហើយ ទើប​ទ្រង់​ពិនិត្យ​ទៅ​ឃើញ​ថា ត្រូវ​ទៅ​រក​ទីកន្លែង​មួយទៀត ឲ្យ​ជីកដី​ធ្វើ​បន្ទាយ​៤​សិន​បួន​ជ្រុង តែ​មិន​ទាន់​ហើយ​ទេ ទ្រង់​ឲ្យ​ឈ្មោះ​ហៅ​បន្ទាយ​ស្រឡប់​ពិជ័យ​នគរ​ធ្វើ​ជិត​នឹង​រួច​ហើយ​ពិគ្រោះ​ ទៅ​យល់​ថា តូច​ទាប​ណាស់ មិន​សមជា​ក្រុង​ធំ មិន​ល្មម​នឹង​ពល​ប្រាំពីរ​ប្រាំបី​ស្បែក​នៅ​បាន​ឡើយ ហើយ​ទីនោះ​ទឹក​ក៏​ពុំ​សូវ​បរិបូណ៌ ឃើញ​មាន​ទី​ខាងត្បូង​ទីនោះ​មាន​ចម្ងាយ​ប្រមាណ​ប្រាំមួយ​ប្រាំពីរ​សិន មាន​ដី​ទំនាប​ជ្រាប​មាន​ទឹក​មាន​ទួល​ល្អ ជំនុំ​ព្រម​ទើប​រើ​ពិធី​នោះ ទៅ​តាំង​បន្ទាយ​នៅ​ទីនោះ​បណ្ដោយ​២៥​សិន ទទឹង​១៥​សិន កម្ពស់​១៥​ហត្ថ ជា​បន្ទាយ​ស្ដេច​គង់ ។ ទ្រង់​ឲ្យធ្វើ​បន្ទាយ​មួយទៀត​នៅ​ខាងលិច​បន្ទាយ​ស្ដេច​គង់​នោះ​ចម្ងាយ​ពីរ​ សិន បន្ទាយ​សម្រាប់​ចម្បាំង​ទទឹង​បួន​សិន បណ្ដោយ​ប្រាំមួយ​សិន បន្ទាយ​ទាំង​ពីរ​នោះ​កម្ពស់​ខាងលើ​បី​ព្យាម កម្រាស់​ជើងទេ​ប្រាំមួយ​ព្យាម​កម្ពស់​ម្ភៃ​ហត្ថ ស្នាមភ្លោះ​អម​បន្ទាយ​ដែល​ស្ដេច​គង់​នោះ​ទទឹង​ពីរ​សិន​ជុំវិញ ។ ស្នាមភ្លោះ​បន្ទាយ​ចម្បាំង​នោះ​ទទឹង​មួយ​សិន បី​ជ្រុង​គិតតែ​ជ្រុង​ខាងជើង​ត្បូង ឯ​ក្នុង​បន្ទាយ​ស្ដេច​គង់​ទិស​ខាងលិច ទិស​ខាងកើត​បន្ទាយ​ចម្បាំង​នេះ ដាក់​រោង​ដំរី​រោង​សេះ រោង​ព្រះ​រាជយាន​ក្នុង​បន្ទាយ​ចម្បាំង​នោះ​មាន​រោង​ទាហាន​២២​ខ្នង ព័ទ្ធ​ជុំវិញ​ក្នុង​បន្ទាយ​ដែល​ស្ដេច​គង់​នោះ មាន​កំផែង​កែវ​បី​ព័ទ្ធ​ជុំវិញ ហើយ​ឲ្យ​សាង​ប្រាសាទ​ពីរ សាង​ព្រះ​ចន្ទ​ឆាយា​១​ ដំណាក់​ព្រះ​ស្នំ​២២ ក្នុង​ព្រះរាជ​មន្ទីរ​ធំ​នោះ មាន​ក្រឡា​ព្រះ​បន្ទុំ​ធំ​មួយ ក្រឡាព្រះបន្ទុំ​តូច​៧​សម្រាប់​តែង​ព្រះ​អង្គ​ទ្រង់គ្រឿង​តាម​ថ្លៃ​ទាំង​ ៧ ។ ប្រាសាទ​ដំណាក់​ទាំង​ប៉ុន្មាន​សឹងតែ​ឲ្យ​លាប​ម្រ័ក្សណ៍​ជាតិ​ហិង្គល បិទមាស​ឆ្លុះ​រន្ទាល​ច្រាលឆ្អៅ ។ ទ្រង់​ឲ្យ​ជីក​ស្រះស្រង់ សួនច្បារ ផ្កា​ស៊ុម​ខាងក្នុង​សម្រាប់​ស្រង់ និង​សម្រាប់​ព្រះ​ស្នំ​ក្រមការ​ងូតទឹក​ខាង​មុខ​កំផែង​កែវ​នោះ ។ ទ្រង់​ឲ្យ​ជីក​ស្រះ​ធំ​មួយ​ឲ្យ​ចៅពញា​វៀង​ជីក​ខាងត្បូង ចៅពញា​វាំង​ជីក​ខាងជើង ចៅពញា​ស្រាល​ជីក​ខាងកើត ចៅពញា​លំពាំង​ជីក​ខាងលិច ទំហំ​ស្រះ​នោះ​មួយ​សិន​ប្រាំ​ព្យាម​បួន​ជ្រុង ហើយ​ទ្រង់​ត្រាស់​បង្គាប់​ចៅពញា​ស្រាល​គឺ​ទី​ក្រឡាហោម​ឲ្យ​ចាប់​ត្រី​ព្រួល រ៉ស់ ឆ្ដោរ ទៅ​លែង​ក្នុង​ស្រះ​ខាងក្នុង​ខាងក្រៅ​តាម​ស្នាមភ្លោះ​បន្ទាយ​នោះ ។ ស្រុក​នោះ សម្បូណ៌​ត្រី មិន​ឲ្យ​ខ្ញុំ​រាជការ​អត់ឃ្លាន ហើយ​ក្នុង​ព្រះរាជវាំង​នោះ ទ្រង់​ឲ្យធ្វើ​ថែវ​ជុំវិញ និង​រោង​ផ្លូវ​ដើរទៅ​មក​មិន​ឲ្យ​ត្រូវ​ថ្ងៃ​ត្រូវ​ភ្លៀង​ទេ ។ ខាងក្រៅ​បន្ទាយ​ទាំង​ពីរ​នោះ ទ្រង់​ត្រាស់​ឲ្យធ្វើ​បន្ទាយ​ទាំង​៨​ទិស​សម្រាប់​ចម្បាំង ហើយ​ធ្វើ​ឃ្លាំង​តាំង​ទុក​ក្នុង​បន្ទាយ​១៥​ខ្នង​សម្រាប់​ដាក់​ស្រូវ​អង្ករ ត្រីងៀត ត្រីឆ្អើរ និង​ភោជនាហារ​សម្រាប់​ចែកចាយ​សេនា​ទាហាន រេហ៍ពល​មិន​ឲ្យ​អត់​ឃ្លាន ។ សម្ដេចព្រះ​ស្រីជេដ្ឋា​អង្គ​នេះ ព្រះ​អង្គ​ពុំ​មាន​អគ្គមហេសី​ទេ ព្រះ​អង្គ​មាន​ព្រះ​នាង​ជាលែង ជា​កូន​សម្ដេច​ពញា​ហែង លើក​ឡើងជា​ស្នំ​ឯក ។ ទ្រង់​សព្វព្រះទ័យ​នឹង​ព្រះ​ស្នំ​ឯក​ណាស់ ហើយ​តាំង​ប្អូន​ព្រះ​ស្នំ​ឯក​ជា​ស្នងធ្នឹម​ព្រះ​នគរ ។ ឯ​បន្ទាយ​នោះ​មាន​ទ្វារធំ​៤ ទ្វារ​តូច​តាម​ជ្រុង​បន្ទាយ​៤ ។ ទ្វារធំ​ខាងកើត​ឲ្យ​ឈ្មោះ ហៅ​ថា ទ្វា​ចក្រ ឲ្យ​ពញា​ឆ្លូក​រាជការ​នៅ​រក្សា​ជា​ទ្វារ​សម្រាប់​ស្ដេច​ឡើង​គង់​ព្រះ​បញ្ជា​ ទត​ទិស​នានា ។ ទ្វារធំ​ខាងត្បូង​ឲ្យ​ឈ្មោះ​ហៅ ថា​ទ្វារ​ស្នង​ទ្រង់ ស្ដេច​ឲ្យ​ស្នង​ធ្នឹម​ព្រះ​នគរ​ជា​ប្អូនថ្លៃ​នៅ​រក្សា​ត្រួតត្រា ហើយ​ជា​សម្រាប់​ស្ដេច​ចេញ​ទត​សេនា​ទាហាន​សម​ថ្វីដៃ ។ ទ្វារធំ​ខាងលិច​ឲ្យឈ្មោះ​ហៅ​ថា ទ្វារ​រោង​ ស្ដេច​ឲ្យ​ពញា​រោង​រាជភក្ដី​នៅ​ត្រួតត្រា​សម្រាប់​ស្ដេច​ចេញ​ទត​ដំរី​សេះ​ ព្រះ​រាជយាន ។ ទ្វារធំ​ខាងជើង​ឲ្យឈ្មោះ​ហៅ​ថា ទ្វារ​ត្រាច់ ឲ្យ​ពញា​ត្រាច់​សារវន្ដ​នៅ​ត្រួតត្រា​សម្រាប់​ស្ដេច​នាំ​ព្រះ​ស្នំ ក្រុម​ការ ចេញ​ទៅ​ប្រពាត​ព្រឹក្សា​ទាំងឡាយ​ជាទី​កំសាន្ដ​ព្រះរាជ​ហឫទ័យ ។ ក្នុង​កំផែង​ព្រះ​វិហារ ស្ដេច​សាង​វត្ដ សាង​ប្រាសាទ​មួយ ហើយ​យក​មាស​ខ្មៅ​សាង​ព្រះពុទ្ធរូប​មួយ​ព្រះ​អង្គ​មាន​ព្រះ​ភ្នែន​១២​ធ្នាប់ កម្ពស់​២០​ធ្នាប់ តម្កល់​ក្នុង​ប្រាសាទ​នោះ ។ ទ្រង់​តាំង​នាម​ហៅ​ព្រះ​អង្គ​ខ្មៅ ទ្រង់​តាំង​នាម​ចៅអធិការ​វត្ដ​នោះ​ថា ព្រះ​អរិយញាណ​សាគរ​អាប៉ោ រួច​ប្រគេន​រេហ៍ពល​៥០០​នាក់​ជា​សម្រាប់​វត្ដ ។ ទ្រង់​តាំង​នាម​វត្ដ​នោះ​ហៅ​ថា វត្ដ​ប្រាសាទ ខ្លះ​ហៅ​ថា​វត្ដខ្មៅ ។ ឯ​អ្នក​ព្រះ​ម្នាង​ជាលែង​នោះ​សាង​វត្ដ​អារាម​មួយ​ខាងជើង​បន្ទាយ​ពិជ័យ​ ព្រៃនគរ ។ លុះ​សាង​រួច​ហើយ នាង​ឲ្យ​ជញ្ជូន​សព្វ​ទ្រព្យ​ទាំងពួង​ទៅ​គរ​ថ្វាយ​ព្រះ​រតនត្រ័យ​នៅ​ទីនោះ​ បាន​ជាប់​ឈ្មោះ​មក​ហៅ​វត្ដគរ​សព្វ​ថ្ងៃនេះ ។ ឯ​ក្រុង​ពិជ័យ​ព្រៃនគរ​នោះ​ទ្រង់​ឲ្យ​សាង​ថ្នល់​មួយ​តម្រង់​ទៅ​ខេត្ដ​រោង​ ដំរី ដើម្បី​ជា​សម្រាប់​ព្រះ​អង្គ​យាង​ទៅ​ក្រសាល​សមុទ្រ​ថ្នល់​មួយ ទៅ​វត្ដ​ព្រះ​ធាតុ​ដើម្បី​ជា​សម្រាប់​ស្ដេច​ព្រះរាជ​ដំណើរ​ថ្វាយបង្គំ​គោរព​ ព្រះ​បរម​ធាតុ​ព្រះអរហន្ដ​ថេរ ។

សេចក្ដី ​នេះ​ស្លេះ​ទុក​ត្រឹមនេះ​សិន​នឹង​អធិប្បាយ​អំពី​ព្រះ​ធាតុ​នេះ​តទៅ កាល​ផែនដី​ព្រះបាទ​អរត្ដពល​ពាសា​នោះ ព្រះ​អង្គ​ចាត់​ព្រះរាជ​បុត្រា​មួយ​ព្រះ​អង្គ​ព្រះ​នាម​ពញា​អរ តាំង​ជា​សម្ដេចចៅពញា​អរជូន ឲ្យមក​គ្រង​ស្រុក​ត្បូងឃ្មុំ​ជា​សាមន្ដរាជ​ធំ ។ សន្ដតិវង្ស​ពញា​អរ គ្រង​ស្រុក​នេះ​បាន​៨​ត លុះ​ផុត​បុត្រ​ព្រះ​ត្រកូល​នោះ​ទៅ ដោយ​ព្រះរាជា​ជាន់ក្រោយៗ​របស់​សម្ដេចចៅពញា​អរជូន​នោះ អា​ឥត​រាជបុត្រ​នឹង​ត​វង្ស​នោះ​ក្នុង​ផែនដី ព្រះបាទ​ធម្មាសោក​រាជ ព្រះ​អង្គ​ចាត់​ព្រះរាជ​នត្ដា​មួយ​ព្រះ​អង្គ ទ្រង់​ព្រះ​នាម​ព្រះ​អង្គ​កែម​ឲ្យ​មក​គ្រង​ស្រុក​ត្បូងឃ្មុំ​តាំង​ព្រះ​នាម​ ជា​សម្ដេចពញា​អរជូន ព្រះ​អង្គ​កែម​មាន​ទ្វារ​៤ ចៅ​មឿង​៥​គឺ មឿង​ទួល​អង្គុញ​ងារ​ជា​ឧកញ៉ា​រិទ្ធី​ជោ​១ ចៅ​មឿង​ព្រៃ​ជីក​តួ​ងារ​ជា​ឧកញ៉ា​ក្រៃសរ​សេនា​ចាប់​ជូន​១ ចៅ​មឿង​ជុំ​ចែ ងារ​ជា​ឧកញ៉ា​មន្ដ្រី​ស្នេហា​១ ចៅ​មឿង​ជ្រៃ​ហោ ងារ​ជា​ឧកញ៉ា​ចន្ទ​អន្សា​១ ចៅ​មឿង​ជុំ​គ្រៃ​ងារ​ជា​ឧកញ៉ា​គីរីពុទ្ធបាទ​១ ។ មាន​ទ្វារ​៤​រូង​ងារ​ជា​ឧកញ៉ា​ក្រៃសរ​សង្គ្រាម​រូង​១ ទ្វារ​រៀល ងារ​ជា​ឧកញ៉ា​ក្រៃ​យោធា​រៀល​១ ទ្វារ​លោ​ងារ​ជា​ឧកញ៉ា​ក្រៃ​អនុជិត ទ្វារ​លោ​១ ទ្វារ​កត់​១ ងារ​ជា​ឧកញ៉ា​រឿង​រង្គ​ទ្វារ​កត់ ។ សម័យ​ថ្ងៃមួយ​នោះ បណ្ដា​អ្នកស្រុក​ទាំង​ប៉ុន្មាន​ក្រឡេក​ទៅ​ឃើញ​ព្រះអរហន្ដ​ហោះធ្យាន​លើ​អាកាស ​ធ្លាក់​មក​លិចទៅ​ក្នុង​ដី​បាត់ ចែក​រស្មី​៧​ពណ៌ ក៏​នាំ​គ្នា​ឆោឡោ​ជីកដី​នៅ​ទីនោះ ជ្រាប​ដល់​សម្ដេចចៅពញា​អរជូន​អង្គ​កែម ព្រះ​អង្គ​ក៏​ទ្រង់​សាទរ​ចេញ​មក​ឃោសនា​ក្រមការ​ឲ្យ​ជួយ​ជីកដី​នៅ​ទីនោះ​ទៅ​ ឃើញ​ព្រះ​បរម​សារីរិកធាតុ ហើយ​ក៏​ឆោឡោ​ធ្វើ​ទី​សក្ការបូជា ធ្វើ​ព្រះ​អារាម ធ្វើ​ព្រះ​វិហារ សីមា ព្រះ​ចេតិយ សុទ្ធសឹងតែ​ថ្ម​ល្អ​ថ្លៃថ្លា​បញ្ចុះ​ព្រះ​បរម​សារីរិកធាតុ រួម​តាំង​នាម​ព្រះ​ចៅអធិការ​វត្ដ​នោះ​ជា​សម្ដេចព្រះ​សិរី​ធម្មធាតុ តាំង​នាម​វត្ដ​នោះ​ហៅ​វត្ដ​ព្រះធាតុ បានជា​ជាប់​ហៅ​វត្ដ​ព្រះ​ស្រី​ព្រះធាតុ​រៀង​មក ។ ព្រះ​អង្គ​ធ្វើបុណ្យ​ឆ្លង​៣​ខែ និមន្ដ​ព្រះសង្ឃ​ទេសនា​តាំងពី​៥០​ជាតិ​មក​ទស​ជាតិ ហើយ​សម្ដេចចៅពញា​អរជូន​អង្គ​កែម​សព្វព្រះទ័យ​នឹង​រឿង​ព្រះមហោសថ​ណាស់ ទ្រង់​ត្រាស់​ឲ្យ​ជីក​ជា​អុង​ម៉ុង​១ តែ​អុង​ម៉ុង​នោះ​តូច ទ្រង់​សព្វព្រះទ័យ ទ្រង់​ឲ្យ​ជីក​មួយទៀត​ទំហំ​ទទឹង​១៤​ហត្ថ កម្ពស់​១៥​ហត្ថ ជម្រៅ​ទទឹង​ចម្ងាយ​វែង​ឆ្ងាយ​ទៅ​ដល់​មាត់សមុទ្រ ដែល​នៅ​ស្រុក​យួន ជា​តំណាង​អុង​ម៉ុង​ព្រះ​មហោសថ បានជា​អ្នកស្រុក​ហៅ​អុង​ម៉ុង​ព្រះ​មហោសថ​រៀង​មក ។

នេះ ​នឹង​និយាយ​អំពី​សម្ដេចព្រះ​ស្រីជេដ្ឋា ម្ចាស់​ត្រើយ​ខាងកើត ដែល​ទ្រង់​ចាត់​ឲ្យ​ចៅហ៊្វា​កៅ​នាំ​គ្រប់​គ្រួ​ទៅ ហើយ​ត្រាស់​បង្គាប់​ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង កេណ្ឌ​កងទ័ព​មក​ឲ្យ​រក្សា​ព្រះ​នគរ​បាន​តែ​១០.០០០​នាក់ នោះ​នាយគយ​ខាង​ពាម​ផ្កាយ​សម្រេច​១ នាយគយ​ខាង​ខេត្ត​ព្រៃវែង​១ នាយគយ​ខាង​ពាមរ​១ ទាំង​៣​មេ​គយ​នេះ​យល់​កងទ័ព​ទាំង​បី​ផ្លូវ​លើក​មក​ដល់​ហើយ​ក៏​ភិតភ័យ ឡើង​សេះ​ចូល​ទៅ​ប្ដឹង​សេនាបតី​ឲ្យ​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​សម្ដេចព្រះ​ ស្រីជេដ្ឋា សម្ដេចព្រះ​ស្រីជេដ្ឋា​ត្រាស់​ថា យើ ! ពញា​ចន្ទរាជា អញ​ស្មានថា បាន​ផែនដី​តែ​ប៉ុណ្ណោះ​ក៏​នឹង​គិត​នៅ​ស្ងៀម​រក្សា​ផែនដី ដោយ​ខ្លួនឯង​ឲ្យ​រាស្ដ្រ​រកស៊ី​ឲ្យ​សុខ​សប្បាយ​ទៅ​ហើយ ឥឡូវ​រុករាន​ទន្ទ្រាន​លើក​យោធា​ទាហាន​តាម​មក​ទៀត ។ ខណៈនោះ​ទ្រង់​ត្រាស់​សេនាបតី​ទាំង​៤​ឲ្យ​តឿន​ពល​ឡើង​រក្សា​នាទី​ភាគ​បន្ទាយ តែ​កាល​ពិនិត្យ​រេហ៍ពល​ទៅ​ឃើញ​បាន​ចំនួន​បាន​តែ​១០.០០០​នាក់ ទ្រង់​យល់​ថា នឹង​ទប់​រក្សា​បន្ទាយ​ព្រះរាជវាំង​នោះ​ពុំ​បាន ទើប​ទ្រង់​ត្រាស់​ឲ្យ​កៀរ​គ្រួ​លើកចោល​បន្ទាយ​បាសាន ។ លុះ​ធ្វើ​ដំណើរ​មក ទ័ព​ព្រះ​ស្រីជេដ្ឋា​ក៏​មក​ជួប​ប្រទះ​នឹង​កងទ័ព​ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង ។ ទ័ព​ទាំង​សងខាង​ក៏​បាន​ច្បាំង​គ្នា​ពី​ព្រឹក​លុះ​ថ្ងៃត្រង់ តែ​ពុំ​ទាន់​ឈ្នះ​ចាញ់ ។ ឧកញ៉ា​ចក្រី​ទេព​កូន​ទី​៣​របស់​ចៅពញា​មឿង និង​ចៅពញា​តេជោ ចៅហ្វាយស្រុក​ខេត្ត​សំរោងទង​បានដឹង​ថា ព្រះស្ដេច​កន​ និង​មុខមន្ដ្រី​រេហ៍ពល​រត់​ចោល​បន្ទាយ​ដូច្នោះ​ហើយ ព្រមទាំង​ឮ​សូរ​កាំភ្លើង​កំពុង​ច្បាំង​គ្នា​យ៉ាង​ខ្លាំង​ណាស់​ទៀត ក៏​តឿន​កងទ័ព​ស្រូត​តាម​ទៅ​ហើយ​បាន​ទាន់​កំពុង​ច្បាំង​គ្នា ។ មេទ័ព​ខាងលិច​ទាំង​ពីរ​កង​ក៏​ដេញ​ពល​ឲ្យ​ចូល​ជួយ​ច្បាំង​ប្រកាប់​គ្នា​យ៉ាង​ សាហាវ ពល​ខ្មាំង​ស្លាប់​ជា​ច្រើន ។ មេទ័ព​ត្រើយ​ខាងលិច​ព្រួត​គ្នា​ចូល​ទៅ​ប្រយុទ្ធ​នឹង​ព្រះស្ដេច​កន​ទៀត តែ​ស្ដេច​កន​ខំ​បរពល​វាយ​ទម្លាយ តែ​ពុំ​រួច​ក៏​ថយ​ទ័ព និង​គ្រប់​គ្រួ​ចូល​ទៅ​ក្នុង​បន្ទាយ​ស្រីសឈរ​វិញ ហើយ​ឲ្យ​បិទទ្វារ​បន្ទាយ​ឲ្យ​រេហ៍ពល​ឡើង​រក្សា​បន្ទាយ​ជា​មាំមួន ។ ឯ​ស្នា​ព្រះ​អង្គជា​ក្មួយ​ព្រះស្ដេច​កន ឃុំ​ពល​៥០០​នាក់​នៅ​ក្រៅ​បន្ទាយ លុះ​ឃើញ​ព្រះស្ដេច​កន​ជាប់​ចំណង​ហើយ នាំ​ពល​៥០០​នាក់​នោះ​វាយ​ជ្រែកចូល​ទៅ​ក៏​ពុំ​បាន ទើប​ស្នា​ព្រះ​អង្គ​ជិះសេះ​បរជា​ប្រញាប់​ទៅ​ជម្រាប​សម្ដេចចៅហ៊្វា​កៅ​នៅ​ បន្ទាយ​ពិជ័យ​ព្រៃនគរ តាម​ហេតុ​គ្រប់​ប្រការ ។ សម្ដេច​ចៅហ៊្វា​កៅ លុះ​បានដឹង​ហើយ ក៏​និយាយ​នឹង​សម្ដេច​ពញា​ហែង ជា​បិតាក្មេក​ស្ដេច​កន និង​ឧកញ៉ា​ចក្រី ជា​មា​ព្រះស្ដេច​កន​ ពញា​ស្នង​ស្នឹម​ព្រះ​នគរ​“ផាលង់” ជា​ប្អូនថ្លៃ​ព្រះស្ដេច​កន​ថា ឲ្យទៅ​ត្រួត​បន្ទាយ​ឲ្យ​មាំមួន​កុំឲ្យ​ធ្វេសប្រហែស ។ កាល​មន្ដ្រី​ទាំង​៣​នាយ​ទទួល​ពាក្យ​ហើយ សម្ដេចចៅហ៊្វា​កៅ​ក៏​ឡើង​ជិះសេះ​នាំ​ពល​៥០.០០០​នាក់​លើក​ស្រូត​ទៅ​ជួយ​ ព្រះស្ដេច​កន ។ លុះ​ឃើញ​ទ័ព​ខាងលិច​កំពុង​ចោម​បន្ទាយ​ដូច្នោះ ក៏​បរពល​វាយ​ជ្រែកចូល​ទៅ ។ សម្ដេចព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​នៅ​លើ​ក្បាល​បន្ទាយ​ឃើញ​មាន​កងទ័ព​វាយ​ ចូល​មក អរ​ណាស់​ក៏​នាំ​ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង វាយ​ជ្រែក​ចំណោម​ចេញ​ទៅ តែ​វាយ​បាន​៣​ថ្ងៃ​ហើយ​ក៏​នៅ​តែ​ចេញ​ពុំ​រួច ។ ឯ​សម្ដេចព្រះ​ឧត្ដម​បរមខត្តិយាមហា​ចន្ទរាជាធិរាជ ព្រះ​អង្គ​លើកទ័ព​ចេញ​ទៅ​ដល់​ភូមិ​ស្វាយ​ឫស្សីស្រុក ហើយ​ទ្រង់​ជ្រាប​ថា មេទ័ព​ទាំង​បី​ចោម​បន្ទាយ​ព្រះស្ដេច​កន​៣​ថ្ងៃ​ហើយ​ពុំ​បែក ចាប់ខ្លួន​ពុំ​បាន ពុំ​ទាន់​ឈ្នះ​ចាញ់ ទើប​ទ្រង់​ត្រាស​ប្រើ​សម្ដេចចៅហ៊្វាទឡ្ហៈ​ឲ្យ​លើកទ័ព​ទៅ​ជួយ​ថែម​ទៀត ហើយ​ព្រះ​អង្គ​លើកទ័ព​ទៅ​តាំង​បន្ទាយ​ឈប់​ទ័ព​នៅ​ទន្លេ​បិទ​ខេត្ត​ ត្បូងឃ្មុំ ។ ស្រេច​ហើយ​ទ្រង់​ចាត់​ឧកញ៉ា​មហាមន្ដ្រី​ឲ្យ​ឃុំ​ពល​១០.០០០​នាក់​ឲ្យ​លើក​ទ័ព ​ចេញ​ទៅ​បង្កប់​ក្នុង​ព្រៃ​រំលោង​ប្របផ្លូវ​ចង្អៀត ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​អា​ខ្មាំង​លើក​ទៅ​ជួយ ឬ​លើក​រត់​ចេញពី​បន្ទាយ​មក ឲ្យ​លើកទ័ព​ទៅ​បោះ​ស្កាត់​ពីមុខ​វា ចាប់​វា​ឲ្យ​បាន កុំឲ្យ​អា​ខ្មាំង​រត់​រួច ។ ទ្រង់​ត្រាស់​បង្គាប់​ព្រះ​សុទត្ដ​ឲ្យ​ឃុំ​ពល​កាំភ្លើង​តូច​២៥០​នាក់​ឲ្យទៅ​ បង្កប់​ចាំ មើលឃើញ​កងទ័ព​ខ្មាំង​ចុះចូល​ក្នុង​ផ្លូវ​រំលោង ហើយ​ទ្រង់​ផ្ដាំ​ថា ឲ្យ​ព្រួត​គ្នា​បាញ់​កុំឲ្យ​អា​ខ្មាំង​រត់​រួច ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ា​មហាទេព​ឲ្យ​ឃុំ​ពល​៤០០​នាក់​ទៅ​ពួន​ចាំ ​មើល​លើ​ភ្នំ​ពានជាំង​ថា បើ​ឃើញ​ខ្មាំងសត្រូវ​ចូល​មក​ដល់​ឲ្យ​ព្រួត​គ្នា​បាញ់​កាំភ្លើង​ធំ និង​ព្រួត​គ្នា​ប្រមៀល​ដុំ​ថ្ម​ទម្លាក់​ឲ្យ​ត្រូវ​ពួក​ខ្មាំង​ចាប់​ខ្មាំង​ ឲ្យ​បាន ។ មេកង​ទាំង​បី​ក៏​ថ្វាយបង្គំ​លា​ធ្វើ​តាម​ត្រាស់​បង្គាប់ ។

ចៅពញា ​តេជោ មេទ័ព​ខាងលិច​យល់​ទ័ព​ខ្មាំង​វាយ​ផ្ទប់​ទាំង​សងខាង​នឹង​ទ្រាំ​ទៅ​មុខ​មិន​ បាន ទើប​ស្រែក​ឲ្យ​ពល​បើកផ្លូវ​ឲ្យ​ខ្មាំង​ចេញ​ទៅ ។ ឯ​ព្រះស្ដេច​កន យល់​ឃើញ​ដូច្នោះ​ហើយ​ក៏​នាំ​រេហ៍ពល​ចេញពី​បន្ទាយ​ទៅ​ទម្លាយ​ទ័ព​ដែល​ព័ទ្ធ​ ចេញ​ទៅ​បាន ។ ក្នុង​គ្រានោះ មេទ័ព​ទាំង​បី​កង​ក៏​ដេញ​ពល​សត្រូវ​ចាក់​កាប់សម្លាប់​ពល​ខ្មាំងសត្រូវ​អស់​ ជាង​១០.០០០​នាក់ ។ ស្ដេច​កន និង​ចៅហ៊្វា​កៅ ខំ​បរពល​ស្រូតរូត​ឆ្លង​ទន្លេតូច​ទៅ​តាម​ផ្លូវ​មេស​ព្រះ​ចន្ទ​កាត់​តម្រង់​ទៅ ​ក្រុង​ពិជ័យ​ព្រៃនគរ ។ ពេល​នោះ​សម្ដេចចៅពញា​បែន មេទ័ព​ខាងលិច​លើក​ទៅ​ប្រទះ​នឹង​ទ័ព​ខាងកើត​ដែល​បែក​ខ្ចាត់ខ្ចាយ​ដូច្នោះ ក៏​បរពល​ឲ្យ​ចូល​កាប់​ចាក់​សត្រូវ​អស់​ជា​ច្រើន ហើយ​សម្ដេច​បែន​ជិះសេះ​រាំ​ដាវ​បរដេញ​ទៅ​ទាន់​សម្ដេច​ចៅហ៊្វា​កៅ ។ សម្ដេចចៅហ៊្វា​កៅ​ឲ្យ​ព្រះស្ដេច​កន​បរសេះរត់ទៅ​មុន ឯ​ចៅហ៊្វា​កៅ​បែរមក​ប្រកាប់​ប្រចាក់​គ្នា​មួយ​ស្របក់ តែ​ទទួល​ជា​ពេល​នោះ សេះ​សម្ដេចចៅពញា​បែន​ស្រុត​ជើង​ក្នុង​អន្លង់ សម្ដេច​បែន​ក៏​ធ្លាក់​អាវុធ​ពី​ដៃ ដូច្នេះ​សម្ដេចចៅហ៊្វា​កៅ​យល់​បានការ​ហើយ ក៏​ពួយ​មួយ​លំពែង​ទៅ​ត្រូវ​សម្ដេច​ពញា​បែន​ធ្លាក់​ពី​សេះ​ស្លាប់​មួយ​ រំពេច ។ ឯ​មេទ័ព​ខាងលិច​ទាំង​បី​កង​លើក​ទៅ​ដល់​ក៏​បរពល​ចូល​ច្បាំង ។ សម្ដេច​ចៅហ៊្វា​កៅ​ឃើញ​ទ័ព​ខាងលិច​ច្រើន​លើសលប់​កម្លាំង​ក៏​បរសេះ​រត់ទៅ​តាម ​ព្រះស្ដេច​កន កំពុង​រត់​ក្នុង​ផ្លូវ​រំលោង លុះ​ឃើញ​សម្ដេចចៅហ៊្វា​កៅ​មក​ដល់​ហើយ​ក៏​នាំ​ស្រូត​ទៅ ។ រំពេច​នោះ​ឧកញ៉ា​មហាមន្ដ្រី យល់​ទ័ព​ខ្មាំង​នៅ​ក្នុង​រំលោង ហើយ​ក៏​បរពល​ស្កាត់​ស្ទាក់​ពីមុខ​ភ្លាម ។ ទ័ព​ខ្មាំង​នឹង​វាយ​ទម្លាយ​ទៅ​ក៏​ពុំ​រួច នឹង​ងាកឆ្វេង​ស្ដាំ​ក៏​ពុំ​បាន ព្រោះ​ទើស​ច្រាំង​ខ្ពស់​ណាស់ និង​ថយក្រោយ​ក៏​ពុំ​បាន​ឡើយ ហើយ​កងទ័ព​ពីក្រោយ​ក៏​ដេញ​មក​ដែរ ។ ឃុន​ហ្លួង​ព្រះស្ដេច​កន​ភ័យ​ណាស់ ទើប​ប្រឹក្សា​នឹង​សម្ដេចចៅហ៊្វា​កៅ​ថា យើង​ម្ដងនេះ​នឹង​រត់ទៅ​ខាង​ណា​ក៏​ពុំ​បាន ព្រោះ​សងខាង​មាន​ច្រាំង​ខណ្ឌ​ខាង​មុខ​មាន​គេ​បោះ​ស្កាត់ ខាងក្រោយ​ទ័ព​គេ​ដេញ​នឹង​ជ្រែក​ទៅ​ខាង​ណា​ក៏​ពុំ​រួច​ដែរ យើង​មុខជា​ស្លាប់​នៅ​ទី​នេះ​ពុំខាន ។ និយាយ​រួច​ហើយ​ហើយ​ស្ដេច​កន​ក៏​ក្រាប​យំ​លើ​ខ្នង​សេះ ។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ ក៏​ចាប់ដៃ​ទាញ​ឡើង​ហើយ​ថាបើ​មា​ស្លាប់ សុំ​ក្មួយ​ស្លាប់​តាម ។ បើ​មា​មាន​ជីវិត​រស់​ទេ ក្មួយ​នឹង​ភ័យ​ខ្លាច វា​ថ្វី​ថា​ហើយ​ចៅហ៊្វា​កៅ​ក៏​បោល​សេះ​ទម្លាយ​ចេញ​ទៅ ។ ឯ​ព្រះ​សុទ្ដ​យល់​ទ័ព​ខ្មាំង​ជាប់​ចំណោម​ហើយ​ក៏​បរពល​កាំភ្លើង​២៥០​នាក់​ទៅ​ ឈរ​បាញ់​ពី​មាត់ច្រាំង​ត្រូវ​ពល​ខ្មាំង​ស្លាប់​ជា​ច្រើន​ណាស់ ។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ​ក៏​ស្រែក​ប្រកាស​ថា បើ​យើង​មិន​ខំប្រឹង​គង់​នឹង​ស្លាប់​គ្រាប់​កាំភ្លើង​គេ​ទាំងអស់​ជា​មិន​ខាន យើង​ស៊ូ​ចូល​ទៅ​ប្រកាប់ បើ​ស្លាប់​នឹង​ប្រយុទ្ធ​គេ​យើង​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ដែរ បើ​រស់​យើង​ក៏​រស់​បាន​រួច​ទៅ​ដល់​បន្ទាយ​ជួប​ប្រពន្ធ​កូន​ជា​មិន​ ខាន ។ ឯ​អស់​ពួក​ខ្មាំង​ស្ដាប់​ឮ​អស់​ហើយ​ក៏​ចូល​ចិត្ដ​ពួតដៃគ្នា ចូល​វាយ​ទម្លាយ​ទ័ព​មុខ​ត្រាតែ​រួច​ចេញ​មក​នៅ​សល់​តែ​មនុស្ស​៥.០០០​នាក់ ក្រៅពី​នោះ​ស្លាប់​អស់ ។ កងទ័ព​ទាំងនោះ​ក៏​ខំ​ស្រូត​រូត​រត់ទៅ​ដល់​ច្រក​ចង្អៀត​ផ្លូវ​ភ្នំ​ពានជាំង អស់កម្លាំង​ណាស់​ក៏​នាំ​គ្នា​ឈប់​ដាំបាយ​ស៊ី ។ ឧកញ៉ា​មហាទេព​ឃើញ​ហើយ​ក៏​ប្រមៀល​ដុំ​ថ្ម​បាញ់​កាំភ្លើង​ ធ្នូ ស្នា ត្រូវ​ពួក​ស្ដេច​កន​ស្លាប់​ជា​ច្រើន​នាក់​ទៀត ។ ព្រះស្ដេច​កន និង​ចៅហ៊្វា​កៅ ព្រមទាំង​ពល​ទាហាន​៥.០០០​នាក់ នាំ​គ្នារត់ទៅ​ទៀត ។ ឧកញ៉ា​មហាទេព​ដេញ​តាម​ទៅ​ឃើញ​ច្រក​ចង្អៀត​ណាស់ ក្រែង​ចាញ់​កលឧបាយ​សត្រូវ ក៏​វាយ​ស្គរ​ហៅ​ពល​ថយ​មក​ជួប​នឹង​កងទ័ព​ទាំង​៥​កង​វិញ​ហើយ​នាំ​គ្នា​ទៅ​ ក្រាប​បង្គំ​ទូល​សម្ដេច​បរមខត្តិយាមហា​ចន្ទរាជា​សូម​ទ្រង់ជ្រាប​គ្រប់​ ប្រការ ។ សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ត្រាស់​ថា ៖ សម្ដេចចៅពញា​បែន​ស្លាប់ ចាប់​ខ្មាំង​មិន​បាន ហើយ​ទ្រង់​ស្ដាយ​ណាស់ ទ្រង់មាន​ព្រះ​បន្ទូល​ថា ចៅពញា​បែន​មិន​គួរ​ជា​ស្លាប់​ក្នុង​ដៃ​អា​ខ្មាំង​ឡើយ ។ ទ្រង់​ព្រះ​ពិរោធ​នឹង​ពួក​អា​ខ្មាំង​ណាស់ ទើប​ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​យមរាជ​សួស ឃុំ​ពល​២០.០០០​នាក់ ទៅ​វាយ​បន្ទាយ​ពិជ័យ​នគរ ឧកញ៉ា​វាំង ឃុំ​ពល​២០.០០០​នាក់ ទៅ​វាយ​ទិស​ខាងលិច​ ឲ្យ​សម្ដេចព្រះ​ភាគិយ្យោ​យសរាជា ជា​កែវ​នាយក​មេទ័ព​ធំ​ត្រួតត្រា​លើ​មេទ័ព​ទាំងអស់ ។ មេទ័ព​ទាំង​បី​កង​ក៏​លើក​ពល​ចោម​បន្ទាយ​តាម​ត្រាស់​បង្គាប់​រៀងៗ​ខ្លួន​ពុំ​ មាន​ធ្វេសប្រហែស​ឡើយ ។ (សាស្ដ្រា​ទាំង​ប៉ុន្មាន​និយាយ​ថា ព្រះ​បរម​ខិត្ដិយាមហា​ចន្ទរាជា​ឲ្យ​លើកទ័ព​ទៅ​ប្រាំ​កង តែ​រាប់​ឈ្មោះ​មេទ័ព ឃើញ​តែ​បី​កង)។

សម្ដេចចៅហ៊្វា​កៅ​ដែល​ នាំ​ព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​រត់​ទៅ​នោះ​លុះរត់ទៅ​ដល់​បន្ទាយ​ហើយ ក៏​រួបរួម​នឹង​សម្ដេចចៅពញា​ហែង ចៅពញា​ចក្រី និង​ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ផាលន នឹង​ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង តាំង​ឲ្យ​ត្រួតត្រា​រក្សា​ពុំ​ហ៊ាន​ធ្វេសប្រហែស​ទាំង​យប់​ទាំង​ថ្ងៃ ។ មេទ័ព​ទាំង​បី​កង​ខាង​ព្រះ​បរមខត្តិយាមហា​ចន្ទរាជា លុះ​លើក​ទៅ​ដល់​បង្គាប់​ពល​ឲ្យ​ឡើង​ក្បាល​បន្ទាយ​ខាង​សត្រូវ អត់​មាន​បង្អែបង្អង់​ឡើយ ។ ពួក​ពល​ខ្មាំង​ក៏​ពួយ​នឹង​លំពែង បាញ់​នឹង​កាំភ្លើង ប្រមៀល​ដុំ​ថ្ម​ទម្លាក់​មក​ត្រូវ​អស់​រេហ៍ពល​មេទ័ព​ខាងលិច បណ្ដាល​ឲ្យ​ស្លុត​ស្លាប់​អស់​ជា​ច្រើន ។ មេទ័ព​ខាងលិច​យល់​ថា ទ្រាំ​ពុំ​បាន​ហើយ​ក៏​វាយ​ស្គរ​បរពល​ថយ​មក​វិញ មេទ័ព​ខាងលិច​ព្យាយាម​បរពល​ឲ្យ​ចូល​ចោម​បន្ទាយ​ព្រះស្ដេច​កន​ឥត​មាន​ឈប់​ឈរ តែ​ឡើង​បន្ទាយ​នោះ​ពុំ​បាន ត្បិត​បន្ទាយ​នោះ​ធំ​ហើយ​ខ្ពស់​ណាស់ ។ ក្នុង​ខណៈនោះ ចូល​ក្នុង​ឆ្នាំមមី ចត្វា​ស័ក ព.ស​២០៦៦ គ.ស​១៥២២, ម.ស​១៤៤៤ ច.ស​៨៨៤ ខែជេស្ឋ ដែល​គួរ​ទុក​ឱកាស​ឲ្យ​រាស្ដ្រ​ធ្វើស្រែ​ចម្ការ​ច្បារ​ដំណាំ ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា ម្ចាស់ផែនដី​គ្រប់គ្រង​ពិជ័យ​នគរ មាន​ព្រះរាជសារ​ចាត់​ឲ្យ​ចៅពញា​មន្ដ្រី​ជា​រាជទូត​នាំ​ទៅ​ថ្វាយ​ព្រះ​បរម​ ខត្តិយាមហា​បពិត្រ​ជា​អម្ចាស់ជីវិតលើត្បូង​ផែនដី​ត្រើយ​ខាងលិច ដែល​មាន​សេចក្ដី​ថា ៖ ព្រះរាជសារ​មហា​ទ័ព​វិសេស​ព្រះបាទ​សម្ដេច ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​ស្រីជេដ្ឋា បរមខត្តិយាមហា​ធិបតី​សិរី​យសោធរ គ្រង់​ពិជ័យ​នគរ​បវរ​រាជធានី​ជា​អម្ចាស់​លើ​ត្បូង ។ ចម្រើន​ផ្លូវ​ព្រះរាជ​មេត្រី​មក​ព្រះបាទ​សម្ដេចព្រះ​រាជឱង្ការ​ព្រះ​មហា​ ចន្ទរាជា​រាមាធិបតី​ទិស​ខាងលិច​បាន​ទ្រង់​ជ្រាប ។ យើង​ធ្វើ​មហា​ពិជ័យសង្គ្រាម​នឹង​គ្នា​ជា​អង្វែង​ឆ្នាំ​មក​ហើយ អស់​អាណា​ប្រជានុរាស្ដ្រ ទាសកម្មករ បវរ​រាជធានី ក៏​នឿយ​ព្រួយ​ព្រាត់ប្រាស់​បុត្រ​ភរិយា​ជា​ច្រើន ។ ឥឡូវនេះ​រដូវ​ដែល​ត្រូវ​ឲ្យ​រាស្ដ្រ​ធ្វើស្រែ​ក៏​មក​ដល់​ហើយ ។ យើង​ជា​ម្ចាស់ផែនដី​ទិស​ខាងកើត​យល់​ថា គួរ​ឈប់​ធ្វើសង្គ្រាម​មួយ​វេលា បង្អង់​ឲ្យ​រាស្ដ្រ​ធ្វើស្រែ​ចម្ការ​សិន លុះ​រាស្ដ្រ​ធ្វើ​រួច​កាលណា​សុំ​យើង​ធ្វើសង្គ្រាម​ល្បង​ព្រះ​បារមី​តទៅ​ ទៀត ។ ព្រះ​អង្គ​ជា​អម្ចាស់​ទិស​ខាងលិច​យល់​ដូច​ម្ដេច ? ថាបើ​យល់ព្រម​ហើយ ឲ្យ​រំសាយ​កងទ័ព​ទៅ​ធ្វើស្រែ​ចម្ការ​យក​ប្រយោជន៍​ចិញ្ចឹម​បុត្រ​ភរិយា​តាម​ ប្រវេណី​ចុះ ។ ព្រះបាទ​សម្ដេចព្រះ​បរមខត្តិយា​មហា​ចន្ទរាជាធិរាជ ជា​អម្ចាស់​លើ​ត្បូង ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​ត្រាស់ និង​ព្រះ​រាជទូត​ថា ម្ចាស់​ឯង​គិត​នេះ​ក៏​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ហើយ ។ សេចក្ដី​នេះ​អញ​យល់ព្រម​តាម​ហើយ តែ​ឲ្យ​ម្ចាស់​ឯង​រំលាយ​កងទ័ព​ទៅ​ជា​មុន​ចុះ ចាំ​អញ​រំសាយ​កងទ័ព​ទៅ​តាម​ក្រោយ ។ វេលា​នោះ ចៅពញា​មន្ដ្រី​រាជទូត​ក៏​ថ្វាយបង្គំ​ត្រឡប់​ទៅ​ក្រាបទូល​សម្ដេចព្រះ​ ស្រីជេដ្ឋា​វិញ ។ សម្ដេចព្រះ​ស្រីជេដ្ឋា គឺ​ព្រះស្ដេច​កន បាន​ទ្រង់​ជ្រាប​ហើយ​ក៏​ឲ្យ​រំសាយកងទ័ព​ទៅ​ធ្វើស្រែ​ចម្ការ តាម​ភូមិ​លំនៅ​ទីទៃៗ ។ ឯ​សម្ដេចព្រះ​បរម​ឧត្ដម​ខត្តិយា​ចន្ទរាជា​ទ្រង់​ជ្រាប​ដោយ​កង​ល្បាត​ថា ព្រះស្ដេច​កន​រំសាយ​កងទ័ព​ហើយ ព្រះ​អង្គ​ក៏​រំសាយ​កងទ័ព​ដែរ ទ្រង់​ទុក​នៅ​សម្រាប់​តែ​បន្ទាយ​ប្រមាណ​១.០០០​នាក់ ។

ក្នុង ​ថ្ងៃមួយ​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា ព្រះ​ហត្ថា​ម្ខាង​កៅទណ្ឌ ព្រះ​ហត្ថា​ម្ខាង​ទ្រង់​នូវ​ធ្នូ​២៥ ស្ដេច​នាំ​អ្នក​ព្រះ​ម្នាង​ជាលែង និង​ព្រះ​ស្នំ​ក្រមការ យាង​ព្រះបាទា​តាម​ផ្លូវថ្នល់​ទៅ​ថ្វាយបង្គំ​ព្រះអរហន្ដ​ធាតុ​នៅ​វត្ដ​ព្រះ​ ធាតុ​តាម​សព្វដង ។ ព្រះរាជកិច្ច​នោះ​ដឹង​ដល់​ឧកញ៉ា​យមរាជ​សួស ជា​មេទ័ព​ហ្លួង​ខាងលិច ទើប​មេទ័ព​នេះ​ក៏​ចាត់​កងទ័ព​កាំភ្លើង​តូច​១០០​នាក់​ឲ្យទៅ​បង្កប់​ចាំ​ក្នុង ​ព្រៃ​ដើម្បី​លប​លុក​ព្រះស្ដេច​កន ។ លុះ​ព្រះ​ស្រីជេដ្ឋា​ទៅ​ដល់​ទាហាន​កាំភ្លើង​ដែល​ឧកញ៉ា​យមរាជ​សួស​ចាត់​ទៅ​ នោះ ក៏​បាញ់​ត្រូវ​ដាច់​ព្រះ​ពស្ដ្រ​សម្ដេចព្រះ​ស្រីជេដ្ឋា​៥​គ្រាប់ ។ សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​ទាញ​កៅទណ្ឌ​បាញ់​ទៅ​វិញ បាញ់​ម្ដង​ចេញ​ទៅ​៥​ព្រួញ បាញ់​៥​ដង​ត្រូវជា​២៥​ព្រួញ បណ្ដាល​ឲ្យ​ស្លាប់​ពល​ឧកញ៉ា​យមរាជ​សួស​២៥​នាក់ ទ័ព​សល់​ពី​នោះ​មិន​ហ៊ាន​តទៅ​ទៀត ក៏​បែក​រត់ទៅ​ប្ដឹង​ឧកញ៉ា​សួស​វិញ តាម​ដំណើរ​គ្រប់​ប្រការ ។ ខណៈនោះ​សម្ដេចព្រះ​ស្រីជេដ្ឋា​ក៏​នាំ​ព្រះ​ស្នំ​ក្រមការ​ត្រឡប់​ទៅ​បន្ទាយ​ ពិជ័យ​ព្រៃនគរ​វិញ ហើយ​ទ្រង់​ឲ្យ​តែង​ព្រះរាជសារ ហើយ​ចាត់​ឧកញ៉ា​មហាមន្ដ្រី​ទេព​ឲ្យ​អញ្ជើញ​ព្រះរាជសារ​នោះ​ទៅ​ថ្វាយ​ព្រះ​ បរមខត្តិយា​មហា​ចន្ទរាជា​សូម​ទ្រង់ជ្រាប ។ រាជទូត​ក៏​ក្រាបថ្វាយបង្គំ​លា​អញ្ជើញ​ព្រះរាជសារ​ទៅ​ដល់​សេនាបតី សេនាបតី​នាំ​ចូល​ទៅ​ថ្វាយ​ព្រះ​បរមបពិត្រ ។ ព្រះ​បរមបពិត្រ​ស្ដេច​ទ្រង់​អាល័ក្ស​ថ្លែង​សេចក្ដី​តាម​ព្រះរាជសារ​ថា យើង​ជា​ម្ចាស់ផែនដី​ទិស​ខាងកើត​មាន​ព្រះរាជសារ​សុំ​ឲ្យ​បញ្ឈប់​សង្គ្រាម​ ដើម្បី​រាស្ដ្រ​ធ្វើស្រែ ម្ចាស់ផែនដី​ខាងលិច​ក៏​ព្រម​ហើយ ។ ឥឡូវនេះ​ហេតុ​អ្វី​ម្ចាស់ផែនដី​ទិស​ខាងលិច​ដែល​ធ្វើ​ជា​ព្រះមហាក្សត្រ​ធំ ហើយ​ស្ដេច​មក​ស្រដី​គ្មាន​ពាក្យ​សត្យ​សោះ គឺថា​ឲ្យ​ពល​ទាហាន​ទៅ​លប​បាញ់​យើង ធ្វើ​ដូច​ទ័ព​ចោរ​ប្លន់​ដូច្នេះ ? ព្រះបាទ​ព្រះ​បរមបពិត្រ​ខត្តិយាមហា​ចន្ទរាជា ទ្រង់​ពិរោធ​នឹង​កងទ័ព​ដែល​ទៅ​លួច​បាញ់​នោះ​ពន់ប្រមាណ ។ ទ្រង់​ត្រាស់​ឲ្យ​សួរ​រកមុខ​ទៅ​ឃើញ​ថា ឧកញ៉ា​យមរាជ​សួស​ឲ្យ​កងទ័ព​ទៅ​លប​បាញ់ ទើប​សេនា​ទាហាន​ក្រុម​រក្សាព្រះអង្គ​ចាប់​យក​ឧកញ៉ា​យមរាជ​សួស​ទៅ​សម្លាប់​ ភ្លាម ។ ឧកញ៉ា​យមរាជ​ស្លាប់ ហើយ​គ្មាន​នរណា​ហ៊ាន​កប់​សោះ លុះ​ខ្មោច​យមរាជ​ហើម​ស្អុយ ទ្រង់​ជ្រាប​ហើយ​ក៏​ត្រាស់​បង្គាប់​ប្រោស​អនុញ្ញាត​ឲ្យ​ញាតិសន្ដាន​យក​ខ្មោច ​នោះ​ទៅ​ធ្វើបុណ្យ រួច​ត្រាស់​បង្គាប់​ឲ្យ​បញ្ជូន​កងទ័ព​ដែល​នៅ​សេសសល់​៧៥​នាក់​នោះ​ជា​ពល​ រក្សា​ផ្នូរខ្មោច​ឧកញ៉ា​យមរាជ ហេតុនេះ​ហើយ​បាន​ជា​ជាប់​មាន​ពល​សម្រាប់​ងារ​យមរាជ​នោះ​រៀង​មក ។ ឯ​ទី​ដែល​ឧកញ៉ា​យមរាជ​ស្លាប់​ហើម​នោះ អ្នកស្រុក​ហៅ​ថា ភូមិ​យមរាជ​ហើម តែ​យូរៗ​មក​ក៏​ហៅ​ភូមិ​ហើម​រៀង​មក​ទល់​សព្វ​ថ្ងៃនេះ ។ ឯ​ព្រះបាទ​សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា គ្រា​ដែល​ឈប់​សង្គ្រាម​នោះ ព្រះ​អង្គ​តាំង​បន្ទាយ​នៅ​ភូមិ​ក្ដុល មាន​រេហ៍ពល​សម្រាប់​ការពារ​បន្ទាយ​១០.០០០​នាក់ ហើយ​ព្រះ​អង្គ​ទុក​តែ​សម្ដេចព្រះ​ភាគិនេយ្យា​យស​រាជា​កែវ​នាយក​ និង​សេនា​ទាហាន​៤.០០០​នាក់​ឲ្យ​នៅ​រក្សា​បន្ទាយ ។ ឯ​ព្រះ​អង្គ​ និង​រេហ៍ពល​៦.០០០​នាក់ យាង​ត្រឡប់​ទៅ​ខេត្ត​ពោធិ៍សាត់​វិញ ហើយ​ព្រះ​អង្គ​ឲ្យឈ្មោះ​បន្ទាយ​ដែល​ព្រះ​អង្គ​គង់​នោះ​ហៅ​ថា បន្ទាយ​ជ័យ​វិញ ។

និយាយ​អំពី​សម្ដេច​ ស្រីជេដ្ឋា ព្រះ​អង្គ​គ្រង​ពិជ័យ​ព្រៃនគរ​នោះ​វិញ លុះដល់​ខែ​មិគសិរ បុស្ស ហើយ​ទ្រង់​គិត​ថា ទ្រង់​នឹង​ធ្វើ​សង្គ្រាម​យកជ័យ​ជំនះ​លើ​សម្ដេចចៅពញា​ចន្ទរាជា​ក្នុង​គ្រានេះ ​ឲ្យ​ខាង​តែ​បាន ទើប​ទ្រង់​ត្រាស់​បង្គាប់​ចៅហ៊្វា​កៅ សម្ដេចចៅពញា​ហែង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល និង​ចៅពញា​លំពាំង​ជា​សេនាបតី​ឲ្យ​កេណ្ឌ​រេហ៍ពល​បាន​១៥.០០០​នាក់​មក​សម​ហាត់​ ឲ្យ​ស្ទាត់ ហើយនឹង​យក​ទៅ​វាយ​បន្ទាយ​ក្ដុល​វិញ ។ បើ​មាន​ជ័យ​ជំនះ​ហើយ ទ្រង់​នឹង​លើក​រហូត​ដល់​បន្ទាយ​មានជ័យ សម្រេច​ផែនដី​ក្នុង​ឆ្នាំ​នេះ​ឲ្យ​បាន ។ សេនាបតី​ទាំង​ប្រាំមួយ​នាក់ ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់​សំបុត្រ​ឲ្យ​កេណ្ឌ​មក​គ្រប់គ្រាន់​តាម​ព្រះ​ បន្ទូល​ពិសេស ។ សេចក្ដី​ដែល​កេណ្ឌ​រេហ៍ពល​មក​សមហាត់​នេះ​ឮ​សូរសព្ទ​ទៅ​ដល់​សម្ដេចព្រះ​ ភាគិនេយ្យោ​យសរាជា​ជា​កែវ​នាយក​ទើប​ទ្រង់​ត្រាស់​ប្រឹក្សា​នឹ​ឧកញ៉ា​ចក្រី​ ទេព ឧកញ៉ា​សួគ៌ាលោក​សុខ កូន​ពញា​មឿង និង​សម្ដេចចៅពញា​កែវ ចៅពញា​ឧទ័យធិរាជ ចៅពញា​តេជោ​នោះអស់​នាយ​កងទ័ព​ថា ពល​គេ​ដល់​ទៅ​១៥០.០០០​នាក់​ពល​យើង​មាន​តែ​៤.០០០​នាក់ ដូច្នោះ​នឹង​គិត​ដូច​ម្ដេច​កើត ។ វេលា​នោះ​ឧកញ៉ា​ចក្រី​កែវ ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង​យក​សេចក្ដី​ក្រាប​ទូល​ពល​យើង​សម្ដេចព្រះ​បរមបពិត្រ​ជា​អម្ចាស់​ ទ្រង់​ឲ្យ​បន្ថយ​អស់​ទៅ​ហើយ បើ​យើង​នឹង​ទៅ​កេណ្ឌ​ថែម​ទៀត ក្រែង​ពុំ​ទាន់ តែ​កាល​បិតា​ទូលព្រះបង្គំ​លោត​អន្លង់​សម្លាប់​ខ្លួន​ទៅ​កេណ្ឌ​ទ័ព​បិសាច​ឲ្យ ​ជួយ​ធ្វើការ​នោះ បាន​ផ្ដាំ​ទុក​នឹង​ចៅពញា​ចាន់ មេ​ស្មឹង​ជា​ភឿន​ថា បើ​ម្ចាស់ផែនដី​មាន​សេចក្ដី​ទ័ល​ធុរៈ​ដូច​ម្ដេច កុំឲ្យ​ស្ដេច​មាន​បន្ទូល​ផ្ទាល់​ថា ឲ្យ​មេ​ស្មឹង​និយាយ​ឆ្លង​ព្រះ​បន្ទូល លោក​នឹង​កេណ្ឌ​ទ័ព​បិសាច​មក​ជួយ​ឲ្យ​បាន​សម្រេច ។ ឥឡូវ​ការណ៍​យើង​ក៏​ប្រទាល​ខ្លួន​ណាស់​ហើយ គួរ​យើង​ធ្វើ​តាម​បណ្ដាំ​នោះ​ល្បងមើល សម្ដេចព្រះ​ភាគិនេយ្យោ​យសរាជា​ជា​កែវ​នាយក​ទ្រង់​ជ្រាប​ហើយ ទ្រង់​ត្រាស់​ឲ្យ​ចៅពញា​ចាន់ មេ​ស្មឹង ចូល​មក​ត្រាស់​ប្រាប់​ដូន​កូន​ពញា​មឿង​ពីរ​នាក់​យក​សេចក្ដី​ក្រាប​បង្គំ​ ទូល ។ ខណៈនោះ ពញា​ចាន់​មេ​ស្មឹង ទទួល​ព្រះ​បន្ទូល​ពិសេស​ហើយ​ក៏​ឲ្យធ្វើ​រោង​រាជវ័តិ និង​ឆត្រ គ្រឿង​សក្ការៈបូជា ស្លៀក​ស​ស្រេច​ហើយ ក៏​ចូល​ទៅ​ក្នុង​រោង​រាជពិធី​ឧទ្ទិស​ដល់​ខ្មោច​ពញា​មឿង​ថា សុំ​ឲ្យ​ពញា​ជួយ​ឲ្យ​បាន​សម្រេច​ដូច​ជួយ​ការណ៍​ក្នុង​ខេត្ត​ ពោធិ៍សាត់ ។ ក្នុង​គ្រានោះ​បិសាច​ពញា​មឿង​ចូល​សណ្ឋិត​នឹង​មេ​ស្មឹង ហើយ​ប្រាប់​កូន​ទាំង​ពីរ​ថា ឲ្យ​យក​ចំបើង​ចង​ជា​រូប​មនុស្ស​ឲ្យ​កាន់​ប្រឆេះ​ឲ្យ​ពួក​ពល​ចេះ​តែ​តាំង​ហ៊ោ ​បាញ់​កាំភ្លើង​ពី​ចម្ងាយ​ទៅ​សុំ​យើង​កេណ្ឌ​ទ័ព​បិសាច​ទៅ​ជួយ​ឲ្យ​ សម្រេច ។ វេលា​នោះ​កូន​ពញា​មឿង​ទាំង​ពីរ​នាក់ លុះដល់​ពេល​យប់​ហើយ ឲ្យ​រេហ៍ពល​យក​ចំបើង​ចង​ជា​រូប​មនុស្ស រួច​ចង​ប្រឆេះ​នៅ​រូប​ចំបើង​នោះ យក​ទៅ​ដាក់​នៅ​ក្បាល​ត្រោក​ជុំវិញ​បន្ទាយ​ព្រះស្ដេច​កន ។ ឯ​បិសាច​ពញា​មឿង​ក៏​កេណ្ឌ​ឲ្យ​តាំង​ហ៊ោ​បីដូច​គេ​ប្លន់​យក​បន្ទាយ ។ ទ័ព​ស្ដេច​កន​ឮ​ហើយ ក៏​តាំង​តែ​បាញ់កាំភ្លើង ធ្នូ ស្នា ចោល​ដុំ​ថ្ម​ពី​ក្នុង​បន្ទាយ​មក​ជា​ច្រើន​រាត្រី ។ សម្ដេចចៅហ៊្វា​កៅ​ធ្វើ​តែ​ដូច្នោះ​១៥​រាត្រី ។ កងទ័ព​ក្នុង​បន្ទាយ​បាញ់​អស់​ព្រួញ ធ្នូ ស្នា និង​ជិត​អស់ទាំង​គ្រាប់រំសេវ លុះដល់​យប់​គម្រប់​១៥​នោះ ស្រាប់តែ​ឮ​តាំង​ហ៊ោ​ទូងស្គរ​ក្រោម​ដី និង​លើ​អាកាស​ដូច​រន្ទះ កក្រើក​ទាំង​ព្រះធរណី ធូលី​ក៏​បក់​បោក​ចូល​ភ្នែក ។ អស់​សេនា​ទាហាន​ទ្រាំ​ពុំ​បាន​ក៏​បើកទ្វារ​បន្ទាយ​ខាងកើត ហើយរត់ទៅ​ទិស​អាគ្នេយ៍​ប៉ង​ទៅ​ខេត្ត​រោងដំរី​ដើម្បី​ទៅ​ពឹង​ប្រទេស​ចាម​ឲ្យ​ ជួយ ។ កងទ័ព​បិសាច​បណ្ដាល​អាត្មា​ឲ្យ​ឃើញ កងទ័ព​ឈរ​តាំង​ហ៊ោ​តាម​ផ្លូវថ្នល់​ដល់​ទៅ​ខេត្ត​រោងដំរី​នោះ ។ ឯ​ព្រះស្ដេច​កន សម្ដេចចៅហ៊្វា​កៅ ចក្រី និង​ស្នង​ធ្នឹម​ព្រះ​នគរ​ផាលន់ នាំ​អ្នក​ម្នាង​ជាលែង រត់​ចេញ​តាម​ទ្វារ​ប៉ម​ទិសឦសាន ដើម្បី​ទៅ​ទិស​ខាងជើង​កាត់​ស្រុក​លាវ ។ លុះ​ទៅ​ដល់​ព្រៃ​មួយអន្លើ​ឲ្យ​បោះទ័ព​បង្អង់​នៅ​ទីនោះ យូរ​ទៅ​ជាប់​ឈ្មោះ​បង្អង់​យារៗ​មក ហៅ​ហូរ​ជើង​វាំង ។ ទីនោះ​ជា​ព្រៃ​គគីរ​មាន​ដើម​គគីរ​ជា​ច្រើន ព្រះស្ដេច​កន​ឃើញ​ដើម​គគីរ​មួយ​ធំ​ក្រៃ​លែង ឲ្យ​បាំង​ស្រមោល​វាស់​ល​មើល ឃើញ​២៤​ព្យាម សំណុំ​៩​ព្យាម ទើប​ព្រះស្ដេច​កន​ប្រឹក្សា​នឹង​អស់​មន្ដ្រី​នាយកង​ទ័ព​ថា ចៅពញា​ចន្ទរាជា​មាន​ទូក​សារាយអណ្ដែត​វែង​តែ​១៨​ព្យាម ទើប​ព្រះស្ដេច​កន​នឹង​អស់​មន្ដ្រី​នាយកង​ទ័ព​ថា ចៅពញា​ចន្ទរាជា​មាន​ទូក​សារាយអណ្ដែត​វែង​តែ​១៨​ព្យាម ។ ដូច្នោះ​គួរ​យើង​ឲ្យ​កាប់​ដើម​គគីរ​ធ្វើ​ទូក​ឲ្យ​បានជា​ស្រេច ហើយនឹង​ឲ្យ​រាជសារ​ទៅ​បបួល​ចៅពញា​ចន្ទរាជា​អុំ​ភ្នាល់​ដាក់​ព្រះ​នគរ ។ បើ​មិន​ភ្នាល់ យើង​នឹង​ឲ្យ​រេហ៍ពល​តាំង​ហ៊ោ​ចំអកចំអន់​ឲ្យ​ឈឺចិត្ដ ។ បើ​ហ៊ាន​អុំ​ភ្នាល់ ទូក​យើង​វែង​ជាង​ដល់​ទៅ​៧​ព្យាម​នោះ គង់​មាន​ជ័យជំនះ​ដោយ​ងាយ​បាន ។ គិត​ព្រមព្រៀង​គ្នា​ហើយ ស្ដេច​កន​ក៏​ឲ្យ​រេហ៍ពល​កាប់​ដើម​គគីរ​នោះ​ចាំង​លុង​បានជា​ទូកង​មួយ​វែង​២៥​ ព្យាម ទទឹង​១២​ហត្ថ ទើប​ឲ្យ​ឈ្មោះ​ព្រៃ​គគីរ​នោះ​ហៅ​ថា ព្រៃ​គគីរ​រៀង​មក ។ ឯ​ទូក​ដែល​កាប់​បាន​នោះ​សិត​ពុំ​ទាន់​រួច ហើយ​ស្ដេច​កន​ឲ្យ​អូស​យក​ទៅ​ធ្វើ​នៅ​ឯ​បន្ទាយ​សង់រោង និង​សិត​ទូក​នោះ ហើយ​ឲ្យ​សាង​ព្រះចេតិយ​មួយ​គិត​នឹង​យក​បន្ទាយ​សាង​ថ្មី​នេះ​ជា​ មហានគរ ។ កំពុង​តែ​សាង​ព្រះ​ចេតិយ​ធ្វើ​បន្ទាយ និង​សិត​ទូក​នោះ កងទ័ព​បិសាច​ក៏​តាម​ទៅ​សំដែង​ឫទ្ធិ​តាំង​ហ៊ោ​ឮ​សូរសព្ទ​ដូច​ជា​ស្គរ​រន្ទះ​ ទាំង​ផែន​ប្រឹថពី ។ ស្ដេច​កន ចៅហ៊្វា​កៅ និង​អស់​នាយ​កងទ័ព​មើល​មិនឃើញ ច្បាំង​ពុំ​កើត ឃើញ​ប្លែក​អស្ចារ្យ​ណាស់ ទ្រាំ​ពុំ​បាន​ក៏​នាំ​គ្នា​រត់​ពី​ទីនោះ​ទៅ​ទៀត ។ ស្ដេច​កន សម្ដេច​កៅ សម្ដេចចៅពញា​ហែង​រត់​បែក​គ្នា​ទៅ​ចុង​ម្ខាង ឯ​អ្នក​ម្នាង​ជាលែង និង​ចក្រី​នី រត់​បែកផ្លូវ​ទៅ​ទិស​ខាងត្បូង​ទៅ​ដល់​ភូមិ​គោក​ស្រុក ហើយ​ទី​ដែល​បែកផ្លូវ​នោះ ជាប់​ហៅ​ភូមិ​នាង​ឃ្វាងផ្លូវ​យារៗ​មក​ហៅ​ថា​ភូមិ​ស៊ាងឃ្វាង ។ ក្រោយមក​អ្នក​ម្នាង​ជាលែង​រត់ទៅ​ទៀត ចូល​ព្រៃ​លេច​វាល​គិត​ថា ក្រែង​ស្ដេច​កន​តាម​រក​ខ្លួន​ពុំ​ឃើញ​ក៏​កាត់សក់​ចង​នឹង​មែកឈើ​នោះ​ប្រាថ្នា ​ឲ្យ​ស្ដេច​កន​ឃើញ​ហើយ​តាម​រក​បាន​ជា​ជាប់​ហៅ​វាល​ចង​សក់​ដល់​សព្វ​ ថ្ងៃនេះ ។ ត​មក​ទៀត​នាង​ដើរ​ហួស​ទៅ​ទៀត​ត្រូវ​ថ្ងៃ​ក្ដៅ​ណាស់ ខណៈ​នោះ​មាន​សត្វ​ខ្លែង​មួយ​ហ្វូង​ចម្កាង​ស្លាប ហើរ​បាំង​ពីលើ​មិន​ឲ្យ​ក្ដៅ លុះ​មាន​គេ​ទៅ​នៅ​ភូមិ​នោះ​ក៏​ជាប់​ឈ្មោះ​ហៅ​ថា ភូមិ​បង្ហើរខ្លែង ។ នាង​ដើរ​ហួស​ទៅ​ទៀត ឃើញ​ត្រពាំង​មួយ​ទឹកថ្លា​ល្អ នាង​ក៏​ចូល​ទៅ​កក់​ក្បាល​នៅ​ទីនោះ លុះ​មាន​គេ​ទៅ​នៅ​ភូមិ​បាន​ជាប់​ឈ្មោះ​ហៅ​ថា ភូមិ​ស្រែ​កក់​រៀង​មក ។ នាង​ដើរទៅ​ទៀត​មាន​អូរ​មួយ​នឹង​ដើរ​ឆ្លង​មិន​រួច​នាង​បន់​ដល់​អ្នកតា​បង់បត់ ​សុំ​ឲ្យ​មាន​ទូក​ឆ្លង ពេល​នោះ​អ្នកតា​បង់បត់​តំណែង​ជា​ក្រពើ​មួយ​ឲ្យ​នាង​ដើរ​ជាន់​ឆ្លង​ទៅ ក្រពើ​នោះ​ប្រែ​ក្លាយទៅជា​ក្រពើ​ថ្ម​រហូត​ដល់​សព្វ​ថ្ងៃនេះ គេ​ហៅ​ថា​ភូមិភាគ​ក្រពើ​រៀង​មក ។ នាង​ដើរ​ហួស​ទៅ​ទៀត​រោយ​ជើង​ដើរ​ពុំ​រួច អស់​កងទ័ព​សុំ​ពរ​នាង​នៅ​ទួល​នោះ សព្វ​ថ្ងៃនេះ​ជាប់​ហៅ​ថា​ ទួល​សុំ​ពរ ។ លុះ​ដើរទៅ​ទៀត នាង​សួស​ជា​មាតា​នាង​ជាលែង រោយ​ជើង​ដើរ​មិន​រួច ចៅពញា​ចក្រី​នី ឲ្យ​យក​សំពត់​ធ្វើ​អង្រឹង ហើយ​យក​ដង​ផ្គាក់​ធ្វើ​ស្នែង​ សព្វថ្ងៃ​នេះ​ជាប់​ឈ្មោះ​ហៅ​ថា ព្រែក​ដង​ផ្គាក់ ។ តពី​នេះទៅ​ទៀត​ដល់​វាល​មួយ​អន្លើ ធ្លាក់​ខ្នើយ​នាង​សួស​ពី​អង្រឹង​បានជា​ជាប់​ឈ្មោះ​ហៅ​ថា វាល​ជ្រុះ​ខ្នើយ ។ លុះ​ទៅ​ដល់​អូរ​មួយ​អន្លើ ចោល​ស្នែង​ដែល​សែង​នាង​សួស​នោះ​ទៅ​ក្នុង​អូរ​នោះ​សព្វថ្ងៃ​គេ​ហៅ​ថា អូរ​ចោល​ស្នែង ។ ក្នុង​ស្រុក​ត្បូងឃ្មុំ​នោះ​មាន​អុង​ម៉ុង​ពីរ (ដូច​ដែល​យើង​បាន​ពណ៌នា​រួច​មក​ហើយ​ក្នុង​ដើម​នេះ) អ្នកស្រុក​សន្មត​ហៅ​ថា អុង​ម៉ុង​ព្រះ​មហោសថ ។ អុង​ម៉ុង​តូច​នោះ​មាន​ទំហំ​៧​ហត្ថ​បួន​ជ្រុង អុង​ម៉ុង​ធំ​នោះ មាន​ទំហំ​១៣​ហត្ថ​បួន​ជ្រុង ។ ទឹក​ដែល​ហូរ​លើ​អុង​ម៉ុង​នោះ ធ្លាក់​ទៅ​លើ​ព្រែក​ឆ្លូង​ឆ្ពោះ​ត្រង់​ទៅ​ស្រុក​យួន ។ លុះ​ពេល​សែង​នាង​ទៅ​ដល់​អុង​ម៉ុង​នោះ​សម្រាក​មួយសន្ទុះ នាង​ទៅ​ពួន​ក្នុង​ហោង​តូច សព្វ​ថ្ងៃនេះ​គេ​ហៅ អុង​ម៉ុង​តូច​នោះ​ថា ហោង​ពល​សែង ។ លុះ​ឃើញ​ថា​ស្ងប់ស្ងាត់​គ្មាន​កងទ័ព​លើក​តាម​ទេ នាង​នាំ​បក្សពួក​ទៅ​ដល់​ហោង​អុង​ម៉ុង​ធំ​នោះ នាង​ក៏​សួស​ទាំង​កូន និង​ម្ដាយ​ចូល​ទៅ​ពួន​ក្នុង​អុង​ម៉ុង​នោះ សព្វថ្ងៃ​គេ​ហៅ​ថា ហោង​ពួន ។ ពួក​នេះ​ហួស​ទៅ​ខាងកើត​បាន​ជួបជុំ​ព្រះស្ដេច​កន សម្ដេច​កៅ ។ ស្ដេច​កន​ជំនុំ​គ្នា​នឹង​ធ្វើ​បន្ទាយ​ទៀត តែ​ធ្វើ​មិន​កើត លុះ​មាន​គេ​ទៅ​នៅ​ភូមិ​នោះ​ជាប់​ឈ្មោះ​ថា​ភូមិ​ស្រែ​បន្ទាយ ។ រត់​ពី​នោះ​ទៅ​ទៀត​ដល់​វាល​មួយ​វែង​បណ្ដោយ​ទៅ​ខាងកើត ក្រោយមក​មាន​គេ​ទៅ​នៅ​ស្រែ សព្វ​ថ្ងៃនេះ​ជាប់​ហៅ​ឈ្មោះ​ភូមិ​ស្រែ​វែង ។ រត់​ទៅ​ទៀត​ច្រឡំ​ផ្លូវ​លោជា​គេច​ទៅ​ឦសាន​ព្រៃ​ដែល​មក ។ ក្រោយមក​មាន​គេ​ទៅ​នៅ​សព្វ​ថ្ងៃនេះ​ហៅ​ថា ភូមិ​រលា​រៀង​មក ។ បក្សពួក​ស្ដេច​កន​នាំ​គ្នារត់ទៅ​ទិស​ខាងកើត​ទៀត​ជួបនឹង​ស្វា​ស​មួយ​ស្វា​នោះ ​ក៏​បេះ​ផល្លានុផល​ទម្លាក់​មក​ឲ្យ​ក្រោយមក​គេ​ទៅ​រានភូមិ​នៅ​សព្វ​ថ្ងៃនេះ​ ជាប់​ជា​ភូមិ​ស្វា​ស ។ រត់​ទៅ​ឯកើត​ទៅ​ទៀត ដល់​ចម្ការ​ពោត​មួយអន្លើ ម្ចាស់​ចម្ការ​ឈ្មោះ​ថៅកែ យក​ពោត​មក​ថ្វាយ​ស្ដេច​កន ហើយ​ស្ដេច​កន​ឲ្យ​ពរ​ថា ឲ្យ​រកស៊ី​កើត​កាល​វាលគុម្ព ។ លុះ​ក្រោយមក​មាន​គេ​ទៅ​នៅ​គេ​ហៅ​ថា ភូមិ​ជីកែ​រៀង​មក ។ រត់​ទៅ​ទិស​ខាងកើត​ស្ដេច​នឹង​នាង​អស់កម្លាំង​ណាស់ អស់​ពួក​ពល​ឃើញ​ថ្ម​មួយ​ដុំ​ចាំង​ធ្វើ​ជា​គ្រែ បណ្ដោយ​៦​ហត្ថ កម្ពស់​១​ហត្ថ ទទឹង​៣​ហត្ថ​ថ្វាយ​ស្ដេចផ្ទុំ​លុះ​ក្រោយមក​មាន​គេ​ទៅ​រាន ភូមិ​នៅ​គេ​ហៅ​ភូមិ​ថ្ម​គ្រែ ។ ឯ​សម្ដេចចៅហ៊្វា​កៅ ចៅពញា​ចក្រី​នី ចៅពញា​វៀង ចៅពញា​វាំង​៤​នាយ​នេះ​កាល​ភ័យ​ពេក​ក៏​រត់​បែក​គ្នា ចូល​ទៅ​ខេត្ត​បាភ្នំ​មឿង រមាសហែក​មាន​ស្ម័គ្របក្សពួក​២០០​នាក់ ។ វេលា​នោះ​កងទ័ព​នាយ​ទាំង​៤​បាន​ប្រទះ​នឹង​ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង កងទ័ព​ទៅ​ដេញរត់ទៅ​ទៀត ។ ឯ​ស្ដេច​កន​ឃ្លានបាយ​ណាស់ ក៏​ឈប់​ឲ្យ​ដាំបាយ តែ​ដាំ​ពុំ​ទាន់​ឆ្អិន ទ័ព​គេ​ទៅ​ដល់​ក៏​រត់​ទៅ​ចោល​បាយ​នៅ​ទីនោះ​ទាំង​បាយ​ឆៅ​ផង ។ លុះ​កងទ័ព​ចៅពញា​សួគ៌ាលោក​ទៅ​ដល់​ក៏​យក​បាយ​ឆៅ​នោះ​ស៊ី ក្រោយមក​ទៀត​មាន​គេ​ទៅ​រានភូមិ​នៅ​គេ ហៅ​ភូមិ​បាយ​ឆៅ​រៀង​មក ។ ឯនាយ​កងទ័ព​ខ្មាំង​ទាំង​៤​នាក់​ឃើញ​ត្រឡាច​ផ្លែ​ក្នុង​ព្រៃ​ក៏​បបួល​គ្នា​ បេះ ។ កំពុង​តែ​បេះ​នោះ​ទ័ព​គេ​ទៅ​ដល់​ចាក់​កាប់សម្លាប់​ចៅពញា​វៀង ចៅពញា​វាំង ហើយ​ទ័ព​ដែល​នៅ​សល់​ក៏​បែក​រត់​ទៅ​ទៀត ។ ក្រោយ​ដែល​បេះ​ត្រឡាច​នោះ​មក​មាន​គេ​ទៅ​នៅ​ក៏​ជាប់​ហៅ​ថា​ភូមិ​ត្រឡាច​រៀង​ មក ។ ឯ​សម្ដេចចៅហ៊្វា​កៅ និង​ចក្រី​នី នាំ​ស្ម័គ្របក្សពួក​រត់ទៅ​ដល់​ព្រៃ​មួយ​អន្លើ​មានទឹក​ត្រពាំង​ល្មម​ពេល​ដាំ​ បាយ​ស្ល​ស៊ី​ក៏​ឈប់​កាប់​ត្រី​ធ្វើ​ម្ហូប ។ លុះ​កងទ័ព​គេ​ទៅ​ដល់​សម្ដេចចៅហ៊្វា​កៅ ចៅពញា​ចក្រី​នី ប្រថុយ​ជីវិត​ចូល​មក​តដៃ​ក៏​កំពប់​ត្រី​ពី​ចាន​បានជា​ជាប់​ហៅ​ថា ភូមិ​ចាន​ត្រី​រៀង​មក ។ ឯ​ចៅហ៊្វា​កៅ ចក្រី​នី​នាំ​ស្ម័គ្រ​បក្សពួក​រត់ទៅ​ទៀត ចៅពញា​សួគ៌ាលោក​ក៏​ដេញ​តាម​ទៅ​បន្ដិច ចៅពញា​តេជោ​លើកទ័ព​ទៅ​ដល់​ក៏​ចូល​ប្រកាប់​គ្នា ចក្រី​នី​នឹង​ចៅពញា​សួគ៌ាលោក សម្ដេច​កៅ​ត​នឹង​ចៅពញា​តេជោ អ្នក​ទាំងនោះ​ស្ទាត់​ក្នុង​ការ​កាន់​អាវុធ​ចិត្ដមុត​ដូច​គ្នា ។ ប្រយុទ្ធ​គ្នា​ពី​ថ្ងៃត្រង់​ដល់​រសៀល បិសាច​ពញា​មឿង​បណ្ដាល​ឲ្យ​ចៅហ៊្វា​កៅ ចក្រី​នី ឮ​សូរដូច​គេ​ស្រែក​សន្ធាប់​នាំ​ឲ្យ​ធ្លាក់​អាវុធ​ពី​ដៃ ។ ខណៈនោះ​ចៅពញា​សួគ៌ាលោក ចៅពញា​តេជោ​សម្លាប់​បាន ហើយ​កាត់​ក្បាល​នាំ​មក​ថ្វាយ​សម្ដេចព្រះ​ភាគិនេយ្យា​យស​រាជ​ជា​កែវ​នាយក​ ទ្រង់​ព្រះ​អំណរ​ណាស់ ទ្រង់​ប្រោស​រង្វាន់​តាម​សមគួរ ។ ឯ​សម្ដេចចៅពញា​ហែង នាង​ជាលែង ចៅពញា​ស្រាល ចៅពញា​លំពាំង​នោះ​នៅ​ជាមួយ​នឹង​ព្រះស្ដេច​កន​ធ្វើ​បន្ទាយ​រាយ​ល្បាត​យាម​ ក្នុង​ព្រៃ​នោះ តែ​ជិត​កើតជា​បន្ទាយ​កាលណា​ក៏​ចេះ​តែ​ឮ​សូរដូច​ជា​កងទ័ព​គេ​លើក​ទៅ​ ចោម ។ ដូច្នោះ​ហើយ​ស្ដេច​កន​ក៏​នាំ​គ្នា​ជិះ​ដំរី​ទៅ​ជ្រក​ក្នុង​ព្រៃ​មួយ​ក្រោយមក ​មាន​គេ​ទៅ​នៅ​គេ​ហៅ​ភូមិ​ដំរី​ជ្រាប ។ រត់​ពី​នោះ​ទៅ​ទៀត​ស្ដេច​កន​ជួប​មេមត់​ម្នាក់​ល្បី​ថា​ឆុត​ណាស់ ស្ដេច​កន​ឲ្យ​បញ្ជាន់​សួរ​ពី​សុខ​ឬ​មិន​សុខ ។ មេមត់​នោះ​ឆ្លើយ​ថា ពុំ​សុខ​ទេ បើ​ចង់​សុខ​ឲ្យ​ទៅ​សុំ​ទោស​ហ្លួង​ខាងលិច ក្រោយមក​នោះ​មាន​គេ​ទៅ​នៅ​ទីនោះ​ក៏​ជាប់​ហៅ​ថា ភូមិ​មេមត់​រៀង​មក ។ រត់​ពី​នោះ​ទៅ​ទៀត​ដល់​ព្រៃ​មួយអន្លើ ពួក​យាម​គ្មាន​ឫស្សី​ធ្វើ​ត្រដោក តែ​ឃើញ​ផ្ទាំង​ថ្ម​មួយ​មាន​រូង​ពួក​យាម​ក៏​វាយ​ថ្ម​នោះ​ខ្ទ័រ​ដូច​ស្គរ​ដូច​ ត្រដោក ។ ក្រោយមក​មាន​គេ​ហៅ​ឈ្មោះ​ភូមិ​នោះ​ថា ភូមិ​ត្រដោក ។ រត់​ទៅ​ទៀត​ស្ដេច​កន​ឃើញ​ទន្លេ​ចាម​មាន​ទឹក​ហូរ​ចុះ​ទៅ​ស្រុក​ព្រៃ ក៏​ឈប់​ទ័ព​នៅ​ទីនោះ ។ មាន​កំពង់​ចុះ​ងូត​ដងទឹក​នោះ​ដោយ​ខ្លួន មាន​ឈ្មោះ​កំពង់​នាង​ជាលែង កំពង់ហ្លួង កំពង់​សម្ដេចចៅពញា​ហែង​រៀង​មក ។

លុះ ​នៅ​ទីនោះ​យូរ​ទៅ​សម្ដេចចៅពញា​ហែង ជំទាវ​សួស ក៏​មាន​ជំងឺ​ហើយ​អនិច្ចកម្ម​ទៅ នៅ​តែម​ន្ដ្រី​សេនា​ទាហាន​ជាន់​តូចៗ និង​រេហ៍ពល​ប្រាំ ឬ​ប្រាំមួយ​រយ​នាក់ ទើប​ព្រះ​ស្រីជេដ្ឋា​ជំនុំ​នឹង​រេហ៍ពល​ទាំងឡាយ​ថា យើង​រត់​មក​នោះ​ឆ្ងាយ​ណាស់ ស្បៀងអាហារ​ក៏​តិច​ណាស់ កេណ្ឌ​រេហ៍ពល​ថែម​ទៀត​ក៏​ពុំ​បាន ។ យើង​យល់​ថា ព្រះ​ចន្ទរាជា​ទៅ​ខេត្ត​ពោធិ៍សាត់​ទៅ​ហើយ នៅ​តែ​ពញា​យសរាជា​នោះ​ជា​ក្មួយ​អញ​បង្កើត ដូច្នោះ​បើ​ទុក​ជា​ម្ដេច​ម្ដា ក៏​ចៅពញា​យសរាជា​មិន​យកទោស​អញ​ទេ ទ្រង់​ឲ្យ​អញ​ធ្វើ​ជា​សម្ដេច ជា​សម្ដេច​ចៅហ៊្វា​ដែរ ហើយ​ពួក​ឯង​រាល់គ្នា​គង់​បាន​សេចក្ដីសុខ​ដែរ ។ ការណ៍​ដែល​ឯង​មាន​គុណ​គាប់​នឹង​អញ អញ​និង​ទំនប់​បម្រុង​បាន​ដោយ​ងាយ ។ អញ​យល់​ថា យើង​ចាក់ចោល​គ្រាប់រំសេវ​ឲ្យ​អស់ ហើយ​សុំ​ចុះចូល​វិញ​ឃើញ​ថា បាន​សេចក្ដីសុខ​ប្រសើរ​ជាង ។ អស់​ពល​ក៏​យល់​ព្រម​តាម សព្វថ្ងៃ​ទីនោះ​ហៅ​ថា ភូមិ​ជំនុំ​រៀង​មក ។ ព.ស​២០៦៩ គ.ស​១៥២៥. ម.ស​១៤៤៧. ច.ស​៨៨៧ ឆ្នាំរកា​សប្ដស័ក សម្ដេចព្រះ​ស្រីជេដ្ឋា គឺ​ព្រះស្ដេច​កន បាន​ចាក់ចោល​គ្រាប់រំសេវ ហើយ​ក៏​នាំ​រេហ៍ពល​មក​ដល់​វត្ដ​គរ​ដែល​ព្រះ​នាង​ជាលែង​សាង​នោះ ។ នៅ​ទីនោះ​ស្ដេច​កន​ឲ្យ​រេហ៍ពល​ជីក​ស្រះ​មួយ​នៅ​ផ្នែក​កើត​ព្រះ​វិហារ​ទុក​ ជាទី​សម្រាប់​វត្ដ ។ ក្រោយមក​ស្ដេច​កន​នាំ​រេហ៍ពល​ទៅ​ទិស​ខាងជើង ដល់​វត្ដ​មួយ​ដែល​សម្ដេច​ចៅពញា​ហែង បិតា​ព្រះ​ម្នាង​ជាលែង​សាង​នោះ​ឲ្យឈ្មោះ​ជាប់​នឹង​វត្ដ​ដែល​សាង​នោះ​ហៅ​ថា វត្ដ​គរ​ការ​ទួល​តា​ហែង តាម​នាម​សម្ដេច​ហែង ។ រួច​ចេញ​ទៅ​ខាងលិច​ភូមិ​ព្រះ​អង្គ​ឲ្យ​ជីក​ស្រះ​មួយ​បណ្ដោយ​ប្រវែង​៥០​ព្យាម ទទឹង​២៥​ព្យាម ហើយ​សាង​វត្ដ​មួយ​សាង​ព្រះពុទ្ធរូប និង​ដើម​រកា​៥​ព្រះ​អង្គ​បាន​ដាក់​ឈ្មោះ​ហៅ​ថា វត្ដ​ភូមិ​រកា​ព្រះ​ប្រាំ​រៀង​មក ។ ឯ​ពញា​មន្ដ្រី​អរជូន​កែ មេ​គយ​ទទួល​ដំណឹង​នេះ​ហើយ ក៏​កេណ្ឌ​ពល​ចោមចាប់​បាន​នាង​ជាលែង និង​ស្ដេច​កន ។ ស្ដេច​កន​ស្រែក​រោទិ៍​ជា​ខ្លាំង​ហើយ​ថា «អញ​មិន​គួរ​ជា​ឲ្យ​គេ​ចាប់​បាន​សោះ» ។ ឯ​ពញា​មន្ដ្រី​អរជូន​កែ ជា​មេ​គយ កាល​ចាប់​ដាក់​ក្ដី​ស្ដេច​កន និង​នាង​ជាលែង​បាន​ហើយ​គិត​ថា បើ​អញ​នាំ​ទៅ​ទាំង​រស់​សម្ដេច​ព្រះ​ភាគិនេយ្យោ​យសរាជា​នោះ ត្រូវជា​ក្មួយ​ស្ដេច​កន​ផង កាលណា​នឹង​ហ៊ាន​សម្លាប់​ស្ដេច​កន​ត្រូវជា​ឪពុកមា ។ បើ​អញ​ពុំ​ហ៊ាន​សម្លាប់ ហើយ​តែ​កាលណា​ស្ដេច​លែងខ្លួន​វា ចិញ្ចឹម​វា​ឲ្យ​ធំ​មុខជា​យើង​នឹង​ស្លាប់​ទាំងអស់​គ្នា​វិញ​ពុំខាន ។ លុះ​គិត​យល់ព្រម​គ្នា​វិញ​ហើយ អរជូន «កែ» ក៏​កាត់​យក​ក្បាល​ស្ដេច​កន និង​នាង​លែង​ដាក់​ជាល ព្រមទាំង​ឲ្យ​ប្រហារជីវិត​ទាំងអស់​ស្ម័គ្រ​ពួក​២៥​នាក់​ទៀត ។ ឯ​ព្រៃ​ដែល​គេ​ចោមចាប់​ស្ដេច​កន​នោះ សព្វថ្ងៃ​គេ​ហៅ​ថា ព្រៃ​ចំណោម ហើយ​ត្រង់​កន្លែង​ដែល​ស្ដេច​កន​ស្រែក​រោទិ៍​នោះ សព្វថ្ងៃ​គេ​ហៅ​ថា​ព្រៃ​ទំរនរោទិ៍ យារៗ​មក​គេ​ហៅ​ថា​ព្រៃរោទិ៍ ។ ត្រង់​កន្លែង​ដែល​ថា មិន​គួរ​ចាប់​បាន​នោះ គេ​ហៅ ថា​ព្រៃ​មិន​គួរ​យារៗ​មក​គេ​ហៅ​ថា ព្រៃ​ជើងគួរ ។ ឯ​សម្ដេចព្រះ​ភាគិនេយ្យា​យសរាជា ជា​កែវ នាយក​ព្រះ​អង្គ​មាន​កងទ័ព​៤.០០០​នាក់ ឯខាង​ស្ដេច​កន​មាន​កងទ័ព​ដល់​ទៅ​៧​ស្បែក គឺ​១៤០.០០០​នាក់ ។ ស្ដេច​នឹង​លើក​វាយ​បន្ទាយ​នោះ ពល​តិច​ក្រែង​ថ្លស់​ការណ៍ ដ្បិត​បន្ទាយ​នោះ​ធំ​ណាស់ ហើយ​ខ្ពស់​ផង ទាំង​រេហ៍ពល​ក៏​ច្រើន​ណាស់​ទៀត ។ ព្រះ​អង្គ​ឲ្យ​រេហ៍ពល​ជញ្ជូន​តែ​រូប​ចំបើង និង​ប្រឆេះ​ទៅ​អុជ​តាំង​ហ៊ោ​នៅ​ក្បាល​ត្រោក​រាល់ៗ​យប់ ។ ទាហាន​ក្នុង​បន្ទាយ​ជ័យ​ព្រៃនគរ ក៏​បាញ់កាំភ្លើង ធ្នូ ស្នា ត​គ្នា​យូរ​មក​ទៀត ស្រាប់តែ​បាត់​ពុំ​ឃើញ​មាន​ឮ​សូរកាំភ្លើង​បាញ់​ចេញពី​ក្នុង​បន្ទាយ​ទាំង​ ចៅពញា​តេជោ ពញា​សួគ៌ាលោក​ក៏​នាំ​ក្បាល​ចៅហ៊្វា​កៅ និង​ចក្រី​នី ហើយ​និង​ក្បាល​ចៅពញា​វៀង ចៅពញា​វាំង មក​ថ្វាយ​ចំណែក​ឧកញ៉ា​ចក្រី «ទេព» កូន​ពញា​មឿង​ក៏​ក្រាបទូល​ថា ក្នុង​ដប់​យប់​នោះ ពុំ​មាន​ទ័ព​ខ្មាំង​បាញ់​ត​មក​ពី​ក្នុង​បន្ទាយ​ទេ គឺ​ឃើញ​តែ​មនុស្ស​រត់​ចេញពី​ក្នុង​បន្ទាយ​ទាំង​យប់​ទាំង​ថ្ងៃ​ពុំដែល​ ដាច់ ។ ខណៈនោះ សម្ដេចចៅពញា​យសរាជា​ភាគិនេយ្យា ជា​កែវ​នាយក​ទ្រង់​ជ្រាប​ហើយ មាន​ព្រះ​បន្ទូល​ប្រឹក្សា​នឹង​នាយកង​ទ័ព​ថា អ្នក​រាល់គ្នា​ចំពោះ​ការ​នេះ​យល់​ដូច​ម្ដេច​ខ្លះ ? មេកង​ខ្លះ​ទូល​ថា ការណ៍​នេះ​គឺថា ព្រះស្ដេច​កន​ធ្វើ​ឧបាយកល​ឲ្យ​យើង​ទៅ​ឲ្យ​ស៊ុន​ខ្លួន​ដើម្បី​គេ​ចោម​ព័ទ្ធ​ យើង ។ ខ្លះ​ថា ព្រះស្ដេច​កន​វា​ឃើញ​កងទ័ព​យើង​តិច បាន​ជា​វា​បន្ថយ​កងទ័ព​ខ្លះ​ចេញ ។ ក្នុង​វេលា​កំពុង​ជំនុំ​គ្នា​នោះ បណ្ដាល​ឲ្យ​ព្រះ​ទ័យ​នៃ​ព្រះ​អរិយបញ្ញា​សាគរ អា​ប៉ៅ​ចៅអធិការ​ដែល​រក្សា​វត្ដ​ប្រាសាទ​ក្នុង​ឲ្យ​យល់​ថា អាត្មាអញ​នឹង​នៅ​បង្អង់​ពុំ​ថ្វាយ​ព័ត៌មាន​ទៅ​ហ្លួង​ខាងលិច​ទេ តែ​ហ្លួង​ខាងលិច​ចូល​នគរ​បាន ហ្លួង​នឹង​យកទោស​ដល់​អាត្មាអញ​ជា​ពុំខាន ។ គិត​យល់​ដូច្នោះ​ហើយ ព្រះ​អង្គ​ឡើង​គង់​លើ​គ្រែ​ឲ្យ​រេហ៍ពល​សែង​បាំង​សម្បទាន​មាន​ពល​ហែ​មុខក្រោយ ​៥០០​នាក់ និង​ភិក្ខុ​សាមណេរ​១៦០​អង្គ​ហែ​សម្ដេចព្រះ​អរិយបញ្ញា​សាគរ អា​ប៉ោ ចេញពី​បន្ទាយ​ពិជ័យ​ព្រៃនគរ តម្រង់​ទៅ​បន្ទាយ​ក្ដុល ។ លុះ​ទៅ​ដល់​ហើយ​លោក​ឲ្យ​ភិក្ខុ​ជា​សិស្សានុសិស្ស​ទៅ​ប្ដឹង​សេនាបតី ក្រាប​បង្គំ​ទូល​សម្ដេច​យសរាជា​ជា​កែវ​នាយក ។ ទ្រង់​ជ្រាប​ហើយ ទ្រង់​ត្រាស់​ឲ្យ​និមន្ដ​លោក​ចូល​ទៅ​ក្នុង​ព្រះ​ពន្លា ទើប​សម្ដេចព្រះ​អរិយបញ្ញា​សាគរ អា​ប៉ោ ថ្វាយព្រះពរ​ថា ស្ដេច​កន​បែក​បន្ទាយ រត់​ចោល​បន្ទាយ​ទៅ​៣​ខែ​ហើយ​ដោយ​ភ័យ​នឹង​សូរសព្ទ​សន្ធឹក​ខាងក្រោម​ដី លើ​អាកាស ដាស់​ព្រះធរណី ដូច​ជា​រន្ទះ​ជា​អចិន្ដ្រៃយ៍ ។ ហេតុនេះ​អាត្មាភាព​មក​ថ្វាយព្រះពរ​សូមទ្រង់ជ្រាប ។ សម្ដេចព្រះ​យសរាជា ជា​កែវ​នាយក ទ្រង់​ព្រះ​អំណរ​ណាស់ ហើយ​ទ្រង់​ត្រាស់​ថា ឧកញ៉ា​ចក្រី ចៅពញា​សួគ៌ាលោក ក្រាបទូល​នេះ ឃើញ​ថា ពិត​ណាស់ ។ ត្រាស់​តែ​ម្ល៉ោះហើយ ព្រះ​អង្គ​ក៏​លើក​យោធា​ចូល​ទៅ​ប្រថាប់​ក្នុង​បន្ទាយ​ពិជ័យ​ព្រៃនគរ ទ្រង់​ទត​ប្រាសាទ​ព្រះរាជវាំង​សួនច្បារ ផ្កា​ដំណាំ ព្រះ​ដំណាក់ ឃ្លាំង និង​រោង​ដំរី សេះ​ទាំង​ប៉ុន្មាន​ទ្រង់​ស្ញើច​ទន់​ព្រះ​ហឫទ័យ​ទ្រង់​ត្រាស់​សរសើរ​ថា ព្រះស្ដេច​កន​នេះ​មាន​បុណ្យ​អស្ចារ្យ​ណាស់ ហើយ​ត្រាស់​ឲ្យ​រឹប​រើ​យក​របស់​ទ្រព្យ​ទាំងនោះ​ចាត់​បម្រើ​ឲ្យ​នាំ​ទៅ​ ក្រាបទូល​ថ្វាយ​ព្រះ​បរម​រាជ​បិតុលា​ឯ​បន្ទាយ​ខេត្ត​ពោធិ៍សាត់ ហើយ​សម្ដេចព្រះ​យសរាជា ជា​កែវ​នាយក ទ្រង់​ប្រោស​ឲ្យ​សម្ដេចព្រះ​អរិយបញ្ញា​សាគរ​អា​ប៉ោ ឲ្យ​រួច​ទោស​ឲ្យ​គង់​ទី​គ្រង​ពល​សម្រាប់​វត្ដ​ដូច​ដើម ។ ទ្រង់​ចាត់​នាយក​កងទ័ព​ឲ្យ​លើក​តាម​ចាប់​ព្រះស្ដេច​កន​ឲ្យ​បាន ហើយ​ត្រាស់​ឲ្យ​ដាក់​គយ​ល្បាត​ស្ទាក់​រក​ចាប់​គ្រប់​អន្លើ ។ ឯ​ពញា​មន្ដ្រី​អរជូន លុះ​ធ្វើ​គុត​ស្ដេច​កន និង​នាង​ជាលែង ព្រមទាំង​សេនា​ទាហាន​២៥​នាក់​រួច​ហើយ ក៏​ឲ្យ​ធ្វើ​ជាល​ដាក់​ក្បាល​ទាំងអស់​នាំ​យក​ទៅ​ថ្វាយ​សម្ដេចព្រះ​ភាគិនេយ្យា ​កែវ​នាយក​ក្នុង​បន្ទាយ​ពិជ័យ​ព្រៃនគរ ។ ឯ​សម្ដេចព្រះ​យសរាជា ជា​កែវ​នាយក​ព្រះ​អង្គ​ស្គាល់​ហើយ ឲ្យ​យក​ក្បាល​ស្ដេច​កន និង​ម្នាង​ជាលែង​ធ្វើបុណ្យ​បូជា​ព្រះ​ភ្លើង​សាង​ព្រះ​ចេតិយ​ដាក់​ក្នុង​វត្ដ ​ប្រាសាទ​ដោយ​ហេតុ​ជាប់សាច់​សាលោហិត​ខាង​ព្រះ​អង្គ ហើយ​ទ្រង់​ប្រោស​លើកទោស​អស់​អាណា​ប្រជានុរាស្ដ្រ​ដែល​ចូល​ក្បត់​ជាមួយនឹង​ ស្ដេច​កន​ទាំង​ប៉ុន្មានៗ​នោះ​ឲ្យ​រួច​ទោស​ទៅ​រកស៊ី​ដូច​ប្រក្រតី ។ បណ្ដារាស្ដ្រ​ផង​ទាំងពួង​ក៏​មានចិត្ដ​ត្រេកអរ​សោមនស្ស​នាំ​គោ ក្របី ដំរី សេះ​របស់​ខ្លួន​យក​មក​ក្រោប​ទូល​ថ្វាយ​ដោយ​ស្រលាញ់​ព្រះរាជ​ហឫទ័យ​បុណ្យ​ បារមី​ជា​អនេក ។ ឯ​ពញា​មន្ដ្រី​អរជូន​កែ​ដែល​មាន​គុណ​បំណាច់​កាត់​ក្បាល​ស្ដេច​កន នាង​ជាលែង​នោះ ទ្រង់​តាំង​ចៅហ្វាយ​ស្រុក​ខេត្ដ​ត្បូងឃ្មុំ​ថែម​ជា​ថ្មី​ទៀត ជា​ចៅពញា​អរជូន​ចាប់​បាន ៕

 

អត្ថបទ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ព្រះស្ដេច​កន

របក​គំហើញ​ថ្មី​របស់​សាស្ត្រាចារ្យ​បណ្ឌិត រស់ ចន្ត្រាបុត្រ

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s