ការ​វិភាគ​នយោបាយ​តាម​ក្រឡា​អុក

លោក សម រង្ស៊ី មេបក្ស​សង្គ្រោះជាតិ (រូបថត Bloomberg) និង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (រូបថត ហេង ជីវ័ន)


ដៃគូ​លេង​អុក​ដ៏​ស្វិតស្វាញ

កាល​នៅ​ពី​តូច​ខ្ញុំ​អង្គុយ​មើល​ចាស់ៗ​លេង​អុក និង​សូម​សរសើរ​គាត់​ក្នុង​ការ​គិត​ពិចារណា​មុន​នឹង​ការ​សម្រេច​ចិត្ត​ដើរ​មួយ​ជំហានៗ ។

រហូត​មក​ដល់​អាយុ​ជាង​៤០​ទៅ​ហើយ ខ្ញុំ​នៅ​តែ​ទទួល​ស្គាល់​ថា ខ្លួន​ឯង​មិន​អាច​លេង​បាន​ល្អ ដូច​ចាស់ៗ​ពី​ជំនាន់​មុន​ទេ ឣ៊ីចឹង​ហើយ បាន​ជា​ខ្ញុំ​តែង​តែ​លេង​ធ្វើ​ចាញ់​រហូត​ដើម្បី​រៀន​ពី​អ្នក​ពូកែៗ​ដទៃ​ទៀត​ ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​រៀន​មិន​ចេះ​អស់ ។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ​មាន​ការ​ប្រកួត​អុក​ថ្នាក់​ជាតិ​ ហើយ​ខ្ញុំ​អង្គុយ​មើល​ឡើង​ភ្លេច​បាយ​ភ្លេច​ទឹក​ដោយ​លាន់​មាត់​កោត​សរសើរ​ពី​យុទ្ធសាស្រ្ត​របស់​អ្នក​លេង​ថ្នាក់​ជាតិ​ទាំង​នោះ​ខ្លាំង​ណាស់  ។ ក្នុង​ល្បែង​នេះ គឺ​លេង​លើ​ក្តារ​បន្ទះ​ដែល​មាន ៦៤​ក្រឡា​ ហើយ​អ្នក​លេង​មាន​តែ​ពីរ​នាក់​ទេ គឺ​ភាគ​ច្រើន​ម្ខាង​កាន់​កូន​ពណ៌​ស និង​ម្ខាង​ទៀត​កាន់​កូន​ពណ៌​ខ្មៅ ។ កូន​អុក​គឺ​មាន​១៦ ក្នុង​នោះ​គឺ​មាន ត្រី​៨ សេះ​២ ទូក​២ គោល​២ នាង​១ និង​ស្តេច​(អង្គ)​ ហើយ​ត្រី​គឺ​ត្រូវ​បាន​គេ​រៀប​ឲ្យ​នៅ​ជួរ​មុខ ក្រៅ​ពី​នេះ គឺ​នៅ​ជួរ​ក្រោយ​ជាមួយ​ស្តេច ។

អ្នក​លេង​មាន​វិធី​ច្រើន​ផ្សេងៗ​គ្នា អ្នក​ខ្លះ​ដើរ​ត្រី​ទៅ​មុខ​កូន​នាង​មុន ដើម្បី​ឲ្យ​កូន​នាង​អាច​ឡើង​បាន ហើយ​បាន​បោះ​សេះ​ឡើង តែ​អ្នក​ខ្លះ គឺ​បោះ​សេះ​ឡើង​តែ​ម្តង ។ តែ​ទោះ​ជា​យ៉ាង​ណា ត្រី​នៅ​តែ​ចាត់​ទុក​ថា ជា​កូន​ដែល​មិន​សូវ​សំខាន់​សម្រាប់​អ្នក​លេង​មួយ​ចំនួន​ធំ ហើយ​ចុង​ក្រោយ​គឺ​ទុក​តែ​២ ឬ ៣ ដេញ​សម្លាប់​គូ​បដិបក្ខ ។ តាម​តែ​ជំនាញ​រៀងៗ​ខ្លួន ដែល​អ្នក​ខ្លះ​ពូកែ​សេះ​គឺ​គេ​ទុក​សេះ​ដើម្បី​សម្លាប់ ហើយ​អ្នក​ខ្លះ​ទៀត គឺ​គេ​ទុក​ត្រី​៣ ឬ​ហៅ​ថា ត្រី​ទឹម ។ តែ​អ្នក​ពូកែ​លេង គឺ​ទុក​កូន​សំខាន់ៗ​ទៅ​តាម​កាលៈទេសៈ ។ ជា​ធម្មតា​កូន​ដែល​គេ​ទុក គឺ​គេ​មិន​ដើរ​មុន​ដំបូង​ទេ គឺ​ដើរ​ក្នុង​ឱកាស​ដែល​ត្រូវ​ដើរ ហើយ​ដើរ​មក​រក​ស្តេច​តែ​ម្តង។ គ្រាន់​តែ​ឮ​គេ​និយាយ​តៗ​គ្នា​ថា យុទ្ធសាស្រ្ត​អ្នក​លេង​ដែល​ល្អ​បំផុត គឺ​ការពារ​មិន​ឲ្យ​ទូក ឬ​សេះ​របស់​សត្រូវ ចូល​មក​ទី​លាន​ខាង​ក្នុង​របស់​ខ្លួន ហើយ​ការពារ​ត្រី​មិន​ឲ្យ​ឡើង​មក​បក ។

ប្រិយមិត្ត​ដឹង​ទេ មាន​អ្នក​ពូកែ​លេង​អុក​ពីរ​នាក់​ដែល​លេង​តាំង​ពី​ឆ្នាំ​១៩៩៨ រហូត​មក​ដល់​ឥឡូវ នៅ​តែ​មិន​ទាន់​ដឹង​ឈ្នះ​ចាញ់ គឺ​រុញ​ទៅ​រុញ​មក ដេញ​ទៅ​ដេញ​មក ហើយ​ពេល​ខ្លះ ខ្ញុំ​ខំ​តាម​ដាន​រហូត​ដាច់​បាយ​ដាច់​ទឹក​ក៏​មាន ។

មុន​នេះ​បន្តិច ម្នាក់​ដែល​ពូកែ​លេង និង​ល្បី​ជាង​គេ គឺ​លេង ១ ទល់ ២ ។ មាន​ន័យ​ថា គាត់​លេង​លើ​ក្តារ​ពីរ​ក្នុង​ពេល​តែ​មួយ គឺ​គាត់​ម្នាក់​ឯង​ប្រកួត​ជាមួយ​អ្នក​លេង​ពីរ​នាក់​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ ។ តែ​គួរ​ឲ្យ​ស្តាយ ដៃ​គូ​ម្ខាង​ទៀត បាន​ចុះ​ចាញ់​យ៉ាង​អាម៉ាស់​មុខ​ ហើយ​លើក​ទង់​ជ័យ​ស ថា​ឈប់​លេង​អុក​ជា​រៀង​រហូត ។ ឥឡូវ​នៅ​សល់​តែ​មួយ​ទល់​មួយ គឺ​ សម្តេច​តេជោ ហ៊ុន សែន​ និង​ឯក​ឧត្តម សម រង្ស៊ី ។

ក្នុង​រូបភាព​ខាង​ក្រៅ សម្តេច​ ហ៊ុន សែន លេង​បាន​ល្អ​ និង​មាន​ប្រៀប​ជាង ឯកឧត្តម សម រង្ស៊ី តែ​តាម​ពិត​បែរ​ជា​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង​ជា​ច្រើន​ក្នុង​យុទ្ធសាស្រ្ត​របស់​ខ្លួន ។ មើល​ទៅ​សម្តេច​បាន​មើល​ស្រាល​ឯក​ឧត្តម សម រង្ស៊ី ពេក​ហើយ ។ អ្វី​ដែល​យើង​គ្រប់​គ្នា​មើល​ឃើញ​ពី​យុទ្ធសាស្រ្ត​របស់​សម្តេច ហ៊ុន សែន គឺ​វាយ​ប្រហារ​មុន បាន​ការពារ​ជា​ក្រោយ ឬ​ថា ពង្រីក​មុន ពង្រឹង​ក្រោយ ។ ជាក់​ស្តែង ដូច​ជា សម្តេច​បាន​វាយ​រុល​ទៅ​មុខ និង​សម្ញែង​ឫទ្ធិ​នៅ​ជួរ​មុខ​យ៉ាង​ខ្លាំង តែ​បែរ​ជា​បន្សល់​ទុក​នូវ​ចំណុច​ខ្សោយ​ជា​ច្រើន​កន្លែង​ជា​ពិសេស គឺ​ស្តេច (អង្គ) តែ​ម្តង មាន​ការ​ការពារ​ដែល​មិន​មាន​ភាព​រឹង​មាំ​ ធ្វើ​ឲ្យ​ត្រី​បក​ និង​សេះ​របស់​ឯកឧត្តម​ សម រង្ស៊ី ឡើង​សន្សឹមៗ ជិត​ដល់​ស្តេច​រៀប​តែ​នឹង​អុក​ទៅ​ហើយ ។ ពេល​នេះ ស្តេច (អង្គ) របស់​សម្តេច ហ៊ុន សែន កំពុង​តែ​ជិត​អស់​ក្រឡា​ដើរ​ហើយ នៅ​រង់ចាំ​តែ​កូន​មួយ ឬ​ពីរ​ទៀត​របស់​ឯកឧត្តម​ សម រង្ស៊ី ឡើង​មក គឺ​សង្គ្រប់​យក​តែ​ម្តង ។ តែ​ថ្មីៗ​នេះ សម្តេច ហ៊ុន សែន ហាក់​បី​ដូច​ជា​បាន​ដឹង​ខ្លួន​ជា​មុន ហើយ​ខំ​ការពារ​យ៉ាង​មុត​មាំ ដោយ​ប្រើ​គ្រប់​យុទ្ធសាស្រ្ត មិន​ឲ្យ​កូន​អុក​របស់​ឯកឧត្តម សម រង្ស៊ី ចុះ​មក​ថែម​ទៀត​ទេ​ ទោះ​ត្រូវ​អស់​គោល អស់​សេះ​ អស់​ទូក​ក៏​ដោយ ហើយ​ថែម​លើ​នេះ​ទៀត គឺ​កំពុង​តែ​រក​វិធី​កម្ចាត់​កូន​ដែល​កំពុង​តែ​កៀក​ស្តេច​របស់​សម្តេច​ចោល​ដែរ ។

ចំណែក​ឯ ឯកឧត្តម សម រង្ស៊ី វិញ ក៏​បាន​ដឹង​ថា សម្តេច​ ហ៊ុន​ សែន ដឹង​ខ្លួន និង​យល់​ពី​យុទ្ធសាស្រ្ត​របស់​ខ្លួន​ ក៏​បង្កើន​យុទ្ធសាស្រ្ត​បន្លំ​និង​ឆ្ពិន​ភ្នែក ជន្ល​ឆ្វេង វាយ​ស្តាំ ដោយ​ប្រើ​ប្រាស់​កូន​អុក​របស់​ខ្លួន​ផ្សេងៗ​ទៀត វាយ​លុក​ចំណុច​ខ្សោយ ដើម្បី​ឲ្យ​សម្តេច​ដក​កូន​មក​ជួយ​ចំណុច​ខ្សោយ តែ​តាម​ពិត​គឺ​ដើម្បី​បំបែក​ចំណុច​ខ្លាំង ថែម​ទាំង​ឡើង​កូន​សំខាន់ៗ​ទៅ​កាន់​តែ​កៀក​ស្តេច​របស់ សម្តេច ហ៊ុន សែន​ ដើម្បី​សម្លាប់​តែ​ម្តង ។

ថ្មីៗ​នេះ ត្រី​បក​របស់​ឯកឧត្ដម​ សម រង្ស៊ី ឡើង​បាន​ច្រើន​គួរសម ដោយ​បន្លំ​ដៃ​គូ​បដិបក្ខ​របស់​ខ្លួន​ថា កំពុង​តែ​វាយ​ប្រហារ​ចំណុច​សំខាន់ៗ​របស់​សម្តេច ហ៊ុន សែន តែ​តាម​ពិត​គឺ​កំពុង​បង្វែរ​ទិសដៅ​ទៅ​រក​ស្តេច​ដែល​កំពុង​តែ​ជិត​អស់​ក្រឡា​ដើរ​ឯ​ណោះ​ទេ ។ ជា​ការ​ធ្វេស​ប្រហែស​មួយ​គឺ​ថា សម្តេច ហ៊ុន សែន កំពុង​តែ​ប្រើ​វិធី​យក​ត្រី​សម្លាប់​ត្រី​ យក​សេះ​សម្លាប់​សេះ យក​ទូក​សម្លាប់​ទូក ឬ​ថា លូក​ដៃ​កាត់​ដៃ លូក​ជើង​កាត់​ជើង ។ វិធី​នេះ​ត្រូវ​ចិត្ត​ត្រូវ​ថ្លើម ឯកឧត្តម សម រង្ស៊ី ជា​ខ្លាំង ធ្វើ​ឲ្យ​ឯកឧត្តម​ជន្ល​កាន់​តែ​ខ្លាំង​ ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ នេះ​មក​ពី​សម្តេច​ឆេវឆាវ​ពេក​ គឺ​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ពេល​កំពុង​តែ​ភ័យ​ និង​កំពុង​តែ​ខឹង ។

តាម​យុទ្ធសាស្រ្ត​សង្រ្គាម​របស់ ស៊ុន ជឺ គឺ​ត្រូវ​គេច​ចេញ​ពី​ចំណុច​ខ្លាំង​របស់​សត្រូវ​ ហើយ​វាយ​ប្រហារ​ចំណុច​ខ្សោយ​របស់​សត្រូវ ។ យុទ្ធសាស្រ្ត​របស់​សម្តេច ហ៊ុន សែន គឺ​កំពុង​បង្ហាញ​ចំណុច​ខ្សោយ​ដល់​គូ​សត្រូវ​របស់​ខ្លួន ។ ចំណុច​ខ្សោយ​របស់​សម្តេច ហ៊ុន សែន កាន់​តែ​បង្ហាញ​ច្បាស់​ឡើងៗ ហើយ​បាន​ និង​កំពុង​តែ​ត្រូវ​បាន​ត្រី​បក​របស់​ឯកឧត្តម សម រង្ស៊ី វាយ​ប្រហារ​យ៉ាង​ទាន់​ពេល​វេលា ។ អ្វី​ដែល​គេ​ឃើញ​កាន់​តែ​ច្បាស់ គឺ​សម្តេច​បាន​បង្ហាញ​ភាព​ភ័យ​ខ្លាច ដោយ​យក​គោល យក​សេះ យក​ទូក ដែល​កំពុង​តែ​ការពារ​ស្តេច (អង្គ) ទៅ​ទប់​ការ​វាយ​ប្រហារ​នេះ​ទៅ​វិញ ។ ចំណុច​នេះ​សម្តេច ហ៊ុន សែន កំពុង​តែ​បើក​ចំហ​មុខ​ស្តេច​របស់​ខ្លួន​ឲ្យ​ទូក​របស់​គេ ដែល​រង់​ចាំ​នៅ​ទីនោះ​ជា​យូរ​ណាស់​មក​ហើយ ដោយ​រង់​ចាំ​តែ​ឱកាស​វាយ​ប្រហារ​ប៉ុណ្ណោះ ។ ឥឡូវ​សម្តេច ហ៊ុន សែន បាន​ស៊ី​កូន​ត្រី​ដែល​នៅ​រារាំង​ធ្វើ​ជា​របង​ការពារ​ស្តេច (អង្គ) របស់​សម្តេច​ ដែល​តាម​ពិត កូន​ត្រី​នោះ​ជា​នុយ​របស់​គេ​ទេ ។ ឥឡូវ​គឺ​ធ្លាយ​ពីរ​ច្រក​ហើយ គឺ​ច្រក​មុខ​ស្តេច និង​ខាង​ឆ្វេង​ស្តេច ។

អ្នក​លេង​អុក​ពូកែ​គឺ​យក​កូន​របស់​សត្រូវ​ធ្វើ​ជា​របង​ការពារ​ស្តេច ហើយ​នៅ​ពី​ក្រោយ គឺ​ត្រៀម​គោល​មួយ និង​សេះ​មួយ​ចាំ​ជួយ​ទប់ ។ គេ​រៀប​ការពារ​សិន មុន​នឹង​វាយ​ប្រហារ តែ​សម្តេច​ ហ៊ុន សែន ​វាយ​ប្រហារ​មុន បាន​មក​រៀប​ទ័ព​ការពារ​ស្តេច​ជា​ក្រោយ ។ ពិត​ជា​គ្រោះថ្នាក់​ណាស់ ។ សូម​កុំ​ភ្លេច​ថា ការ​បោះឆ្នោត​ឈ្នះ ​ឬ​ចាញ់​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ មិន​មែន​ជា​ចុង​បញ្ចប់​នៃ​ល្បែង​នេះ​ទេ ។ ឯកឧត្តម សម រង្ស៊ី អុក​បញ្ឆោត​ ឬ​ដេញ​បញ្ឆោត តែ​មិន​មែន​ជា​ចំណុច​របស់​ឯកឧត្តម ​សម រង្ស៊ី ចង់​បាន​ទេ ។

សម្តេច​ ហ៊ុន សែន ​ក៏​បាន​ដឹង​ដែរ​ថា ឯកឧត្តម សម រង្ស៊ី នឹង​ចំណាយ​គោល​មួយ​នេះ (លទ្ធផល​នៃ​ការ​បោះឆ្នោត ២០១៣) ដើម្បី​ឡើង​ត្រី​យក​ត្រី​បក និង​ឡើង​កូន​ផ្សេងៗ​ទៀត​មក​ក្បែរ​ស្តេច​របស់​សម្តេច ហ៊ុន សែន ។ ត្រូវ​ចាំ​ថា ចុង​បញ្ចប់​នៃ​ល្បែង​នេះ​ គឺ​អ្នក​ចាញ់​នឹង​អស់​សិទិ្ធ​ឡើង​សង្វៀន​បន្ត​ទៀត ដូច​ជា​ករណី​សម្តេច​ក្រុម​ព្រះ​ឣ៊ីចឹង​ ហើយ​អ្នក​ដែល​ឈ្នះ​នឹង​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ថ្មី​ទៀត ។

ចំណុច​ខ្សោយ​របស់​សម្តេច ហ៊ុន សែន គឺ​មាន​ជាក់​ស្តែង​ដូច​ជា​ការ​ដែល​សម្តេច​មិន​ឲ្យ​ឯកឧត្តម​ សម រង្ស៊ី​ ចូល​ស្រុក​ គឺ​សម្តេច​ចាញ់​បោក​ឯកឧត្តម សម​ រង្ស៊ី​ តែ​ម្តង ។ សម្តេច ហ៊ុន សែន ខ្លូន​ឯង​ក៏​ដឹង​ដែរ​ថា ឯកឧត្តម​សម​រង្ស៊ី​មិន​ចង់​ចូល​ស្រុក​ប៉ុន្មាន​ទេ​ ព្រោះ​នៅ​ក្នុង​ស្រុក​គឺ​មាន​គ្រោះថ្នាក់​គ្រប់​ជំហាន ។ តែ​បើ​គង់​តែ​ចេញ គឺ​ត្រូវ​វាយ​ប្រហារ​ចំណុច​ខ្សោយ​មួយ​សិន ឬ​ថា គង់​តែ​ចេញ ក៏​ត្រូវ​តែ​ចេញ​ឲ្យ​មាន​ហេតុផល ឬ​ស្រប​កាលៈទេសៈ ។ វិធី​នេះ​ហៅ​ថា យក​ឆ្ងាយ​បង្ក្រាប​ជិត ឬ​បោះ​សន្ទូច​រំលង​ភ្នំ ។ វិធី​នេះ គឺ​មាន​យូរ​ហើយ ហើយ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ក្នុង​សម័យ​បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន ។ តែ​ទោះ​ជា​យ៉ាង​ណា បើ​សម្តេច ហ៊ុន សែន ដក​ឃ្លា យក​ពេល​មក​គិត ពិភាក្សា​ជាមួយ​អ្នក​ប្រាជ្ញ​នៅ​ជុំវិញ​ខ្លួន កុំ​ស្តាប់​តែ​អ្នក​បញ្ចើច​បញ្ចើ សម្តេច​នឹង​អាច​រក​វិធី​ទប់​ទល់​បាន ។ សុភាសិត​ខ្មែរ​មួយ​ពោល​ថា មិត្ត​ដែល​ល្អ​គឺជា​អ្នក​ដែល​និយាយ​អាក្រក់​ពី​យើង​នៅ​ចំពោះ​មុខ​យើង​ ហើយ​និយាយ​ល្អ​ពី​យើង​ពេល​នៅ​ពី​ក្រោយ​យើង ។

វិធីសាស្រ្ត​មួយ​ក្នុង​ចំណោម​វិធី​ជា​ច្រើន​ដែល​អាច​ស្តារ​ស្ថានភាព​បាន គឺ​រក​វិធីសម្លាប់​ត្រី​បក​ឲ្យ​អស់ ហើយ​ទាញ​គោល​មក​ដេញ​សេះ​ដែល​គាប​ស្តេច​ជាប់ ។ វិធី​នេះ​ហៅ​ថា​វិធី​កាត់​បេះដូង​ជូន​ម្តាយ ។

ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា នរណា​ជា​តួ​អង្គ​ស្តេច ​(អង្គ) នរណា​ជា​តួ​អង្គ​គោល នរណា​ជា​តួអង្គ​សេះ នរណា​ជា​តួ​អង្គ​ត្រី នរណា​ជា​តួ​អង្គ​ទូក នោះ​ទេ។ តែ​ខ្ញុំ​ជឿ​ជាក់​ថា ក្នុង​នាម​ជា​អ្នក​លេង​ខ្លួន​ឯង គឺ​ដឹង​ច្បាស់​ណាស់ ជា​ពិសេស ខ្ញុំ​បាទ​ល្បី​ថា សម្តេច ហ៊ុន សែន​ ជា​កំពូល​អ្នក​លេង​អុក​លេខ​មួយ​នៅ​ស្រុក​ខ្មែរ ។ ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ ហើយ​សម្តេច ហ៊ុន សែន ក៏​បាន​ដឹង​ច្បាស់​ហើយ​ដែរ​ថា អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​សម្តេច គឺ​គាំទ្រ​សម្តេច​តែ​សម្បក​ខាង​ក្រៅ​ទេ តែ​កាលៈទេសៈ​មក​ដល់ គឺ​គេ​ប្រែ​ក្រឡាស់​ភ្លាម ។ ទាំង​នេះ គឺ​មក​ពី​សម្តេច​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នេះ នេះ​ហើយ​ជា​ត្រី​បក​មួយ​ក្នុង​ចំណោម​ត្រី​បក​ជា​ច្រើន​របស់​ឯកឧត្តម សម រង្ស៊ី កំពុង​តែ​ប្រើ ហើយ​សម្តេច​ក៏​ដឹង​ដែរ ។ យើង​ទាំង​អស់​គ្នា​នឹង​រង់​ចាំ​មើល​ការ​ប្រកួត​មួយ​នេះ តើ​លទ្ធផល​ទៅ​ជា​យ៉ាង​ណា ?

បើ​ប្រិយមិត្ត​គាំទ្រ​ ខ្ញុំបាទ​នឹង​សរសេរ​ការ​វិភាគ​នយោបាយ​តាម​របៀប​អ្នក​លេង​អុក​នេះ​ទៅ​ទៀត នៅ​ពេល​មាន​ការ​វិវឌ្ឍ​អ្វី​មួយ ។

ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​គ្រាន់​តែ​ជា​អ្នក​វិភាគ​ដែល​ចេញ​ពី​គំនិត និង​ចំណេះ​ដឹង​ស្តួច​ស្តើង​តែ​ប៉ុណ្ណោះ ហើយ​ខ្ញុំបាទ​រង់​ចាំ​ទទួល​ជានិច្ច​នូវ​ការ​ណែនាំ​ពី​រៀម​ច្បង និង​ប្រិយមិត្ត ៕

ពី​ខ្ញុំ​បាទ ប៉ែន សុជីវន្ត នៅ​ខេត្ត​រតនគិរី
សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៣
 

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ (រូបថត Bloomberg)


ក្រឡា​អុក​ដែល​កំពុង​ចង​យ៉ាង​ចាក់​ស្រែះ និង​ព្រឺព្រួច

ក្នុង​អត្ថបទ​ទី​មួយ​របស់​ខ្ញុំ​គឺ​បាន​ទទួល​ការ​ស្វាគមន៍​ផង និង​ការ​រិះ​គន់​ផង ពី​ប្រិយមិត្ត​អ្នកអាន​ដែល​ពិត​ជា​គួរ​ឲ្យ​មាន​មោទនភាព​មែន ។ ខ្ញុំ​ឮ​ថា មាន​ប្រតិកម្ម​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ពី​ស្រុក​មេមត់ ខេត្ត​កំពង់ចាម តែ​គួរ​ឲ្យ​ស្តាយ ខ្ញុំ​បាទ​មិន​បាន​ស្តាប់​នូវ​ប្រតិកម្ម​របស់​សម្តេច ។

សូម​អរគុណ​សម្តេច​ ហ៊ុន សែន ដែល​បាន​ចំណាយ​ពេល​អាន​អត្ថបទ​របស់​ខ្ញុំបាទ ដែល​ធ្វើ​ឲ្យ​ខ្ញុំបាទ​មាន​មោទនភាព​ជា​ពន់ពេក ។ ខ្ញុំ​ចង់​បន្ត​ពី​អត្ថបទ​មុន​បន្តិច ដោយ​និយាយ​សង្កត់​ធ្ងន់​ទៅ​លើ​ក្រឡា​អុក​ដែល​អ្នក​នយោបាយ​ពីរ​នាក់ (សម្តេច ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី) បាន​ចង ហើយ​ជំហាន​ដែល​ត្រូវ​ដើរ​បន្ទាប់ ។ ខ្ញុំ​នៅ​តែ​គិត​ដូច​ដែល​បាន​បរិយាយ​ក្នុង​អត្ថបទ​មុន​របស់​ខ្ញុំ គឺ​ថា ឯកឧត្តម សម រង្ស៊ី មិន​ទាន់​ចង់​ចូល​ស្រុក​ទេ បើ​កាលៈទេសៈ​មិន​ចាំ​បាច់ ហើយ​លោក​ក៏​ដឹង​ដែរ​ថា សម្តេច ហ៊ុន សែន​ នឹង​មិន​ឲ្យ​លោក​ចូល​ស្រុក​មុន​ពេល​បោះឆ្នោត​២០១៣​នេះ​ដែរ ។

ដូច្នេះ​ហើយ មុន​នឹង​លោក​សម្រេច​ចាក​ចេញ​ពី​ស្រុក​ខ្មែរ​កាល​ពី​ឆ្នាំ​២០០៩ គឺ​លោក​បាន​កំណត់​បេក្ខភាព​ជំនួស​លោក​រួច​ជា​ស្រេច​ហើយ ។ តាម​ពិត បើ​មើល​ពី​ការ​វិវត្ត​នៃ​ស្ថានការណ៍ គឺថា ឯកឧត្តម កឹម សុខា និង​ឯកឧត្តម សម រង្ស៊ី បាន​ព្រម​ព្រៀង រៀប​ក្បួន​នេះ​ទុក​ជា​មុន​រួច​ស្រេច​ហើយ ហើយ​ការ​ដែល​ពន្យារ​ពេល​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា ដោយ​យក​លេស​ពី​បញ្ហា​នេះ បញ្ហា​នោះ គឺ​គ្រាន់​តែ​យុទ្ធវិធី​បំភាន់​ភ្នែក​សម្តេច ហ៊ុន សែន មួយ​ប៉ុណ្ណោះ ។ ជា​ពិសេស គឺ​ឯកឧត្តម សម រង្ស៊ី ចង់​បង្ហាញ​ដល់​សាធារណជន​ថា សម្តេច ហ៊ុន សែន ជា​អ្នក​ដែល​មិន​ចង់​ឲ្យ​ពួក​គេ​រួប​រួម​គ្នា​ ដើម្បី​កេង​ចំណេញ​នយោបាយ ។ ពេល​នោះ បើ​សម្តេច ហ៊ុន សែន មិន​បញ្ចេញ​ខ្សែ​អាត់​សំឡេង​រវាង​ឯកឧត្តម កឹម សុខា និង​សម្តេច នោះ​ប្រហែល​ជា​ចំណេញ​ជាង ។ ក្នុង​ខ្សែ​អាត់​សំឡេង​នោះ គ្មាន​ពាក្យ​ពេចន៍​ណា​ដែល​ធ្វើ​ឲ្យ​គេ​ដាក់​ការ​សង្ស័យ​លើ​ឯកឧត្តម កឹម សុខា​ ទេ តែ​ឯកឧត្តម សម សង្ស៊ី ចេះ​តែ​ធ្វើ​ខឹង​ច្រឡោត​តោត​តូង ហើយ​ធ្វើ​ជា​ចោទ​ឯកឧត្តម កឹម សុខា ថា​ជា​គណបក្ស​ចំណុះ​ឲ្យ​សម្តេច ហ៊ុន សែន។ តែ​តាម​ពិត គឺ​ជា​វិធីសាស្រ្ត​ជន្ល​ឆ្វេង វ៉ៃ​ស្តាំ តែ​ប៉ុណ្ណោះ ។ វិធី​នេះ​បាន​ជោគជ័យ​ដោយ​បាន​បន្លំ​ភ្នែក​សម្តេច ហ៊ុន សែន រហូត​បាន​បង្កើត​គណបក្ស​រួម​គ្នា​មួយ​បាន​នៅ​ចុង​ឆ្នាំ​២០១២ ។

នេះ​ជា​ផែនការ​មួយ​របស់​ឯកឧត្តម សម រង្ស៊ី ក្នុង​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​គណបក្ស ដែល​ដាក់​ឈ្មោះ​ខ្លួន​ឯង ដោយ​កាលៈទេសៈ​បង្ខំ​កាល​ពី​ពេល​នោះ ឲ្យ​ទៅ​ជា​គណបក្ស​មួយ​ដែល​អាច​ទាក់​ទាញ​អ្នក​នយោបាយ​ផ្សេងៗ​ឲ្យ​មក​ចូល​រួម ជា​ពិសេស គឺ​អ្នក​នយោបាយ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​អតីត​គណបក្ស​របស់​លោក​តា សឺន សាន ដែល​អ្នក​នយោបាយ​ទាំង​នេះ កំពុង​តែ​តែល​តោល បង្ខំ​ចិត្ត​ធ្វើ​ជា​មនុស្ស​គ មនុស្ស​ថ្លង់​ជ្រក​ក្រោម​គណបក្ស​ប្រជាជន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​សព្វថ្ងៃ ហើយ​អ្នក​ខ្លះ​ក៏​សុខ​ចិត្ត​អង្គុយ​ទំនេរ​ផឹក​កាហ្វេ រង់​ចាំ​ម្ចាស់​ដែល​ខ្លួន​អាច​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​សា​ជា​ថ្មី ជាក់​ស្តែង ដូចជា ព្រះ​អង្គម្ចាស់ ធម្មិកោ ឯកឧត្តម ប៉ែន សុវណ្ណ ហើយ​ក៏​មាន​អ្នក​ប្រាជ្ញ​នយោបាយ និង​សេដ្ឋកិច្ច​ជាច្រើន​ទៀត កំពុង​តែ​លាក់​ខ្លួន​ក្រោម​ស្លាក​អង្គការ​សង្គម​ស៊ីវិល ឬ​ក៏​ចេញ​ឈ្មោះ​ដែរ តែ​ត្រឹម​តែ​ជា​អ្នក​វិភាគ​នយោបាយ ឬ​សេដ្ឋកិច្ច​ឯករាជ្យ​តែ​ប៉ុណ្ណោះ ។ ពីព្រោះ​ឯកឧត្តម សម រង្ស៊ី ដឹង​ខ្លួន​ឯង​ច្បាស់​ថា ទោះ​បី​ជា​ខ្លួន​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​ឥឡូវ​នេះ ក៏​មិន​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ដែរ គឺ​មាន​តែ​ក្បាល​ម៉ាស៊ីន​ដឹកនាំ ដែល​មិន​ដល់​១០០​នាក់​ផង ដែល​ការ​ដឹក​នាំ​ប្រទេស​មួយ យ៉ាង​ហោច​ណាស់ ក៏​តម្រូវ​ឲ្យ​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់ ចាប់​ពី​ថ្នាក់​ស្រុក រហូត​ដល់​ថ្នាក់​រដ្ឋមន្ត្រី ដែល​សរុប​ទៅ​ក៏​ជាង មួយ​ម៉ឺន​នាក់​ដែរ ។ មួយ​ម៉ឺន​នាក់​នេះ គឺ​គិត​តែ​ពី​បញ្ញវន្ត​ក្នុង​កៅអី​ជា​អ្នក​ដឹក​នាំ​ប៉ុណ្ណោះ ។

បើ​មិន​អាច​ប្រមូល​ធនធាន​មនុស្ស​ទាំង​នោះ​បាន​ទេ ការ​ឈ្នះ​ឆ្នោត​២០១៨ នឹង​ក្លាយ​ទៅ​ជា​ការ​យក​ដុំ​ថ្ម​ទម្លាក់​លើ​ជើង​ខ្លួន​ឯង​មិន​ខាន ។ ដូច្នេះ យុទ្ធសាស្រ្ត​របស់​ឯកឧត្តម សម រង្ស៊ី គឺ​ធ្វើ​ម៉េច​ឡើង​កូន​អុក​របស់​ខ្លួន​ឲ្យ​ប្រកៀក​នឹង​គណបក្ស​ប្រជាជន បន្ទាប់​ពី​បោះឆ្នោត​២០១៣ នេះ ដើម្បី​បើក​ផ្លូវ (ផ្តល់​ជា​សញ្ញា ឬ​ជា​ក្តី​សង្ឃឹម) ដល់​កូន​អុក (ធនធាន​មនុស្ស) របស់​ខ្លួន​ដទៃ​ទៀត​ដែល​កំពុង​តែ​រៀប​ជើងព្រួល ចូលរួម​ជា​កម្លាំង​វាយ​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​បោះឆ្នោត​ផ្តាច់​ព្រ័ត្រ​នៅ​ឆ្នាំ​២០១៨ ។

បើ​សិន​ជា​អ្វី​ដែល​ខ្ញុំ​និយាយ​ខាង​លើ​វា​ជា​ការ​ពិត ឯកឧត្តម សម រង្ស៊ី ពិត​ជា​មនុស្ស​ដែល​មាន​ក្រសែ​ភ្នែក​វែង​ឆ្ងាយ​ណាស់ ហើយ​ក៏​មាន​ន័យ​ថា ឯកឧត្តម សម រង្ស៊ី បាន​សម្លឹង​ឃើញ​ក្រឡា​អុក​មួយ​នេះ ១០ ទៅ ២០ ជំហាន​មុន​ទៅ​ហើយ ។ លើស​ពី​នេះ​ទៅ​ទៀត បើ​ខ្ញុំ​គិត​មិន​ខុស​ទេ វិបត្តិដីធ្លី (ករណីអ្នកភូមិ​បឹងកក់ អ្នកភូមិ​បុរីកីឡា ។ល។) បញ្ហា​អំពើ​ពុករលួយ បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បញ្ហា​អសន្តិសុខ​សង្គម បញ្ហា​ប្រាក់​បៀវត្សរ៍​របស់​កម្មករ មន្ត្រី​រាជការ ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ខ្មែរ វិបត្តិ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង គឺ​ឯកឧត្តម សម រង្ស៊ី​ បាន​ប្រមើល​មើល​ឃើញ​តាំង​ពី​ឆ្នាំ​ដែល​ឯកឧត្តម​បាន​បង្កើត​គណបក្ស​ជាតិខ្មែរ​ថា នឹង​ជា​វិបត្តិ​មួយ​ដែល​គណបក្ស​ប្រជាជន​របស់​សម្តេច ហ៊ុន សែន មិន​អាច​រ៉ាប់រង​បាន ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​ដុំ​ថ្ម​ដែល​ធ្លាក់​លើ​ជើង​សម្តេច​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន ។ ជាក់​ស្តែង រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​គណបក្ស​ប្រជាជន ដោះស្រាយ​ចំណុច​ណា​មួយ​ឲ្យ​ចេញ​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ ។

សម្រាប់​សម្តេច​ហ៊ុន សែន ក្រៅ​ពី​រក​វិធី​រំដោះ​ស្តេច (អង្គ) ចេញ​ពី​ការ​ឡោមព័ទ្ធ ដោយ​កូន (អុក) ខ្លួន​ឯង ដែល​ចង​ពី​អតីតកាល (ភាព​ចាក់​ស្រេះ​នៃ​គ្រួសារនិយម និង​បក្ខពួក​និយម ភាព​រង្គោះរង្គើ​នៅ​ក្នុង​បក្ស ការ​ឡោមព័ទ្ធ​ដោយ​អ្នក​បញ្ចើចបញ្ចើ ដែល​មិន​ស្មោះត្រង់ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន) សម្តេច​ត្រូវ​ចង​ក្រឡា​ដើម្បី​ឡើង​ត្រី​បក​របស់​ខ្លួន ត្រៀម​ជំនួស​កូន​ត្រី​ចាស់ៗ​ដែល​ប្រើ​ការ​លែង​កើត ហើយ​ពោរ​ពេញ​ដោយ​រឿង​អាស្រូវ ។ ជាក់​ស្តែង​ដូច​ជា​ការ​បង្កើត​យុវជន​ស្ម័គ្រ​ចិត្ត ក្នុង​ការ​ចុះ​ជួយ​វាស់​ដី​ជូន​ប្រជា​ពលរដ្ឋ ការ​ដាក់​ឈ្មោះ​បេក្ខភាព​ក្មេង​ជំនាន់​ក្រោយ​ដែល​ជា​កូន​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ប្រជាជន ក៏​ដូច​ជា​កូន​ផ្ទាល់​ខ្លួន​របស់​សម្តេច ការ​បញ្ចូល​អង្គរក្ស​ផ្ទាល់​ខ្លួន​ជា​កង​ទ័ព​ស្រប​ច្បាប់​របស់​ជាតិ​ជាដើម ។

ជាក់​ស្តែង​ណាស់ ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា សម្តេច​លេង​អុក​មិន​ឲ្យ​ចាញ់​គេ​ទេ តែ​បើ​ដឹង​ថា ក្រឡា​ប្រុង​នឹង​ចាញ់ គឺ​សម្តេច​នឹង​គំរាម ហើយ​យុទ្ធសាស្រ្ត​ចុង​ក្រោយ គឺ​ត្រូវ​លេង​ឲ្យ​ស្មើ។ ក្នុង​រឿង​សាមកុក ស៊ឺ ម៉ាអ៊ី ដែល​ជា​មេទ័ព​ខ្លាំង​របស់​ព្រះអង្គ​ម្ចាស់ ឆាវភី កូន​ឧបរាជ​ឆាវឆាវ​និយាយ​ថា «ក្នុង​ប្រតិបត្តិការ​សឹក បើ​មាន​សមត្ថភាព​វាយ​លុក គឺ​វាយ​លុក បើ​មិន​អាច គឺ​ត្រូវ​ការពារ បើ​ការពារ​មិន​បាន​ គឺ​ត្រូវ​ដក​ថយ បើ​ដក​ថយ​មិន​កើត គឺ​ត្រូវ​ចុះ​ចាញ់» ។ ក្នុង​ករណី​នេះ​ សម្តេច ហ៊ុន សែន​បាន​រៀប​ជើង​ព្រួល​ក្នុង​ករណី​ចាញ់ គឺ​ត្រូវ​តែ​ឲ្យ​ស្មើ ដូច​ជា​ឆ្នាំ​១៩៩៣ ជា​ដើម គឺ​យ៉ាង​ហោច​ណាស់​ក៏​បាន​ត្រឹម​នាយករដ្ឋមន្ត្រី​ទី២​ដែរ ។

មើល​ទៅ សម្តេច ហ៊ុន សែន បាន​មើល​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​លោក​ហើយ ហើយ​បន្ទាប់​ពី​ឈ្នះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៣ នេះ បើ​ខ្ញុំ​ទាយ​មិន​ខុស​ទេ គឺ​សម្តេច​នឹង​បោស​សម្អាត​ចោល​នូវ​កូន​ត្រី​សម្អុយ​ជាច្រើន ដែល​ឡោម​ព័ទ្ធ​សម្តេច ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច ចំណែក​ឯ​កូន (កូន​អុក) ចាស់ៗ ដែល​ប្រើ​មិន​កើត​ ច្បាស់​ជា​ដាក់​ឲ្យ​គេ​ស៊ី ដើម្បី​យក​ផ្លូវ​ដើរ​មិន​ខាន ។ ជាក់​ស្តែង​ដូចជា អ្នក​អត្ថាធិប្បាយ​លើក​ជើង​ខុស​រឿង​នៅ​តាម​ទូរទស្សន៍​មួយ​ចំនួន មន្ត្រី​ណា​ដែល​មាន​រឿង​អាស្រូវ​ច្រើន ឧកញ៉ា​ទុច្ចរិត​មួយ​ចំនួន ។ល។ និង ។ល។ ព្រោះ​មាន​តែ​វិធី​នេះ​ទេ ដែល​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជារាស្រ្ត​មក​វិញ។ ក្រៅ​ពី​នេះ​ គឺ​នៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ដើម្បី​ការពារ​ខ្លួន​ ក្រោយ​ពេល​អស់​ពី​អំណាច​ទៅ ។

ម្យ៉ាង​វិញ​ទៀត បើ​ខ្ញុំ​ទាយ​មិន​ខុស​ទេ សម្តេច​នឹង​មិន​ចេញ​មុខ​ច្រើន​ទេ ក្នុង​ឆ្នាំ​២០១៤ ទៅ​២០១៨ ។ សម្តេច​នឹង​ប្រើ​ត្រី​បក​របស់​សម្តេច​ជំនួស​វិញ ក្នុង​ការ​ដោះស្រាយ​វិបត្ត​នានា ហើយ​នៅ​ឆ្នាំ​២០១៨ សម្តេច​ក៏​ប្រហែល​ជា​មិន​ចេញ​មក​ប្រកួត​ជាមួយ​ឯកឧត្តម សម រង្ស៊ី​ ដោយ​ផ្ទាល់​ដែរ ។ តែ​ការ​ដោះ​ក្រឡា​ដែល​បាន​ចង​ពី​អតីតកាល​ ពិត​ជា​ស្មុគស្មាញ​ណាស់ ហើយ​ជា​ការងារ​រែក​ពន់​មួយ​ដ៏​ធ្ងន់​ធ្ងរ ។ មិន​ដឹង​ថា សម្តេច ហ៊ុន សែន ហ៊ាន ឬ​មិន​ហ៊ាន ។ តែ​កូន​ចៅ​របស់​សម្តេច ហាក់​បី​ដូច​ជា​ដឹង​ចិត្ត​ទៅ​ហើយ គឺ​សម្តេច​មិន​ហ៊ាន​ធ្វើ​ទេ ។

ក្រៅ​ពី​រៀប​ចំ​ក្រឡា​ការពារ និង​ប្រយុទ្ធ​ខាង​លើ សម្តេច ហ៊ុន សែន នឹង​ប្រើ​យុទ្ធសាស្រ្ត​បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង រវាង​ឯកឧត្តម សម រង្ស៊ី និង​ឯក ឧត្តម កឹម សុខា ហើយ​ឯកឧត្តម​ទាំង​ពីរ​នាក់​ក៏​កំពុង​តែ​ព្រឺព្រួច​នៅ​ចំណុច​នេះ​ខ្លាំង​ណាស់​ដែរ ។ ដូច្នេះ​ តើ​ក្រឡា​របស់​ឯកឧត្តម សម រង្ស៊ី និង សម្តេច ហ៊ុន សែន​ សម្រាប់​ឆ្នាំ ២០១៨ ដែល​ជា​វគ្គ​ផ្តាច់​ព្រ័ត្រ តើ​នរណា​មាន​ប្រៀប​ជាង ? ជា​ថ្មី​ម្តង​ទៀត និង​ជា​ចុង​បញ្ចប់​នៃ​អត្ថបទ​នេះ​ ខ្ញុំបាទ​គ្រាន់​តែ​ជា​អ្នក​វិភាគ​ដែល​ចេញ​ពី​គំនិត និង​មាន​ចំណេះ​ដឹង​ស្តួច​ស្តើង​តែ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាទ​រង់​ចាំ​ទទួល​ជានិច្ច​នូវ​ការ​ណែនាំ​ពី​រៀម​ច្បង និង​ប្រិយមិត្ត ៕

ដោយ ប៉ែន សុជីវន្ត ពី​រតនគិរី
សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៣
 

លោក ឈូក បណ្ឌិត ​ដើរ​ចេញ​ពី​សាលាឧទ្ធរណ៍​ កាល​ពី​ខែ​មីនា (រូបថត ហេង ជីវ័ន)


កូន​ត្រី​សម្អុយ ​៣ ​ដែល​សម្តេច ​ហ៊ុន ​សែន ​គួរតែចាត់ការ

អត្ថបទ​ទី​១ និង​ទី​២ របស់​ខ្ញុំបាទ ទទួល​ការ​អបអរ​សាទរ និង​ការ​ណែនាំ​ជា​ច្រើន​ពី​ប្រិយមិត្ត​អ្នក​អាន ដែល​ពិត​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ញុំបាទ​បន្ត​ការងារ​មួយ​នេះ​ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់ ។ ខ្ញុំបាទ​សូម​អរគុណ​ជា​អនេកប្បការ​ចំពោះ​ការ​គាំទ្រ​នេះ​ ជា​ពិសេស​គឺ​រៀម​ច្បង​ដែល​បាន​ផ្តល់​ការ​ណែនាំ​តាម​រយៈ​អត្ថបទ​ទាំង​ពីរ​របស់​ខ្ញុំបាទ​កន្លង​មក ។ សូម​អរគុណ និង សូម​ទទួល​នូវ​ការ​គោរព​ពី​ខ្ញុំបាទ​ពី​ចម្ងាយ ។

ដោយ​បន្ត​ពី​អត្ថបទ​ទី​២​ ក្នុង​អត្ថបទ​ទី​៣​នេះ ខ្ញុំ​បាទ​សូម​លើក​យក​តែ​យុទ្ធសាស្រ្ត​របស់​គណបក្ស​ប្រឆាំង (ឯកឧត្តម សម រង្ស៊ី) សម្រាប់​ពេល​បោះឆ្នោត​ខាង​មុខ​នេះ (វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ) ក្នុង​ការ​វាយ​លុក​ទៅ​លើ​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន (សម្តេច ហ៊ុន សែន) ដែល​បាន​ដើរ​កាល់​ជើង​ខ្លួនឯង​ក្នុង​ពេល​កន្លង​មក ។

តាម​ទ្រឹស្តី​អ្នក​លេង​អុក បើ​ត្រី​ណា​ឡើង​បក​មិន​បាន គឺ​នឹង​ត្រូវ​យក​ធ្វើ​ជា​របង​ការពារ បើ​ការពារ​មិន​បាន គឺ​ត្រូវ​ដាក់​ឲ្យ​គេ​ស៊ី ដើម្បី​បើក​ផ្លូវ ។ ថ្មីៗ​នេះ​ត្រី​មួយ​ចំនួន​ត្រូវ​បាន​សម្តេច ហ៊ុន សែន ដាក់​ឲ្យ​គេ​ស៊ី​ទទេ ដោយ​មិន​បាន​អី​សោះ ។ តែ​បើ​មិន​ស៊ី គឺ​ផ្លូវ​ត្រូវ​បិទ​រួម​ទៅៗ ហើយ​ត្រី​បក​របស់​ឯកឧត្តម សម រង្ស៊ី កាន់​តែ​ចូល​មក​ជិត ។ តែ​បើ​វិភាគ​ឲ្យ​ល្អិត​ល្អន់​ទៅ មិន​ដឹង​ថា បើក​ផ្លូវ​ដើម្បី​គេច​ខ្លួន ឬ​ដើម្បី​សម្រុក​ចូល ឬ​បើក​ឲ្យ​ដៃ​គូ​បដិបក្ខ​ចូល !

ពេល​ខ្លះ​ រឿង​ដែល​ត្រូវ​ធ្វើ​ សម្តេច ហ៊ុន សែន មិន​រវល់​ទេ ដូច​ជា​ករណី​អ្នក​ភូមិ​បឹងកក់ អ្នក​ភូមិ​បុរីកីឡា ការ​កាប់​ព្រៃ​ខុស​ច្បាប់ ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​កាត់​ដេរ ករណី​លោក ឈូក បណិ្ឌត ដែល​បាញ់​កម្មករ ។ល។ និង ។ល។ ដែល​សម្តេច​សុទ្ធ​តែ​ដឹង​ថា គេ (គណបក្ស​ប្រឆាំង) នឹង​យក​រឿង​នេះ​មក​វាយ​ប្រហារ​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​នេះ ។

ឥឡូវ​នេះ​ យើង​មើល​ពី​យុទ្ធសាស្រ្ត​របស់​គណបក្ស​ប្រឆាំង​ដែល​គេ​បាន​រាយ​គ្នា​យ៉ាង​ស្អាត​ក្នុង​ការ​វាយ​លុក​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន ជា​ពិសេស​គឺ​សម្តេច ហ៊ុន សែន តែ​ម្តង ។ ជាក់​ស្តែង​ដូច​ជា​ករណី​កម្មករ​រោងចក្រ​កាត់​ដេរ គេ​មាន​តំណាង​សហជីព​កម្មករ ដែល​បាន​ និង​កំពុង​ដឹក​នាំ​ធ្វើ​បាតុកម្ម​គ្រប់​ទី​កន្លែង សូម្បី​តែ​បើក​ប្រាក់​ខែ​យឺត​១​ថ្ងៃ​ ក៏​គេ​យក​មក​ធ្វើ​លេស​ធ្វើ​បាតុកម្ម​ដែរ ។ ខាង​ព្រៃឈើ​ក៏​គេ​រៀប​ឲ្យ​សង្គម​ស៊ីវិល​ជា​អ្នក​ចេញ​មុខ ដើម្បី​រៀប​ចំ​ជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ ហើយ​សហគមន៍​នោះ ក៏​ចេញ​មុខ​បាតុកម្ម​គ្រប់​ទី​កន្លែង​ ខាង​មន្រ្តី​រាជការ​ក៏​គេ​មាន​សមាគម​តំណាង​របស់​គេ​ដែល​មាន​បណ្តាញ​គ្រប់​ខេត្ត​ក្រុង​ដែល​អាច​ប្រមូល​កម្លាំង​ធ្វើ​បាតុកម្ម​បាន​យ៉ាង​លឿន ដូច​ជា​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​កន្លង​ទៅ​ជា​ដើម ។ ចំណែក​ឯ​នៅ​ឯ​ក្រៅ​ស្រុក ​ក៏​មាន​អ្នក​ជួយ​ជ្រោម​ជ្រែង​ការងារ​ការទូត ដូច​ជា​ការ​ជួយ​ឲ្យ​អ្នក​ស្រី​ ទេព វណ្ណនី មាន​ឥទ្ធិពល​ និង​ប្រជាប្រិយ​ភាព​កាន់​តែ​ខ្លាំង ដើម្បី​ធ្វើ​បាតុកម្ម​កាន់​តែ​ខ្លាំង តាម​រយៈ​ការ​រៀបចំ​ឲ្យ​គាត់​ទទួល​បាន​មេដាយ​ថ្នាក់​ដឹកនាំ​នារី​ពិភពលោក ពេល​ដែល​រដ្ឋាភិបាល​សម្តេច ហ៊ុន សែន ធ្លាប់​បាន​ចាប់​គាត់​ដាក់​គុក ដោយ​សារ​តែ​ពួក​គាត់​ការពារ​ផ្ទះ​សម្បែង​របស់​គាត់ ។ ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​គេ​មាន​វិទ្យុ​ជាតិ​ និង​អន្តរជាតិ​ កាសែត​ក្នុង​ស្រុក និង​អន្តរជាតិ (ទោះ​តិច ឬ​ច្រើន​ក្តី) ដែល​ចាំ​តែ​សម្ភាស​ និង​ចាក់​ផ្សាយ​ពី​សកម្មភាព​សកម្មជន​ទាំង​នោះ​គ្រប់​ពេល នេះ​មិន​ទាន់​គិត​ដល់​គិញ​សម្ងាត់​ដែល​មាន​នៅ​ក្នុង​គណបក្ស​ប្រជាជន ជា​ពិសេស​គឺ​កៀក​នឹង​សម្តេច ហ៊ុន សែន តែ​ម្តង ដែល​អ្នក​ទាំង​នេះ សម្ងំ​លាក់​ខ្លួន ប្រមូល​យក​ភ័ស្តុតាង ស្ទាប​ស្ទង់​ផែនការ​រាក់​ជ្រៅ​របស់​គណបក្ស​ប្រជាជន សម្រាប់​វាយ​វគ្គ​ផ្តាច់​ព្រ័ត្រ ។

ករណី​ជាក់​ស្តែង​មួយ​ទៀត​ដែល​មើល​ទៅ​វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ពេល​ដែល​អង្គការ​ក្នុង​ស្រុក​ អន្តរជាតិ​ បាន​ចេញ​របាយ​ការណ៍​ស្តីពី​ការ​សិក្សា​ស្រាវជ្រាវ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថា មាន​ភាព​មិន​ប្រក្រតី​ ដើម្បី​ហុច​ដៃ​ឲ្យ​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម ហើយ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​អ្នក​សង្កេតការណ៍​អន្តរជាតិ​នានា ដាក់​ភាព​សង្ស័យ​ជា​ផ្លូវការ​លើ​ឯករាជ្យភាព​របស់ គ.ជ.ប. ហើយ​តាម​រយៈ​របាយការណ៍​នេះ​ ធ្វើ​ឲ្យ​ភ្នាក់ងារ​សង្កេត​ការណ៍​របស់​សហគមន៍​អន្តរជាតិ យក​ជា​លេស​មិន​ចេញ​មុខ​មក​ធ្វើ​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត ដើម្បី​ធ្វើ​ឲ្យ​ទម្ងន់​នៃ​ហេតុផល​សម្រាប់​លទ្ធផល​បោះឆ្នោត​នា​ពេល​ខាង​មុខ​ថា​មិន​មាន​សុក្រឹតភាព​ដែល​អាច​ទទួល​យក​បាន ។

លើស​ពី​នេះ​ទៀត​ ក៏​មាន​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ពួក​គេ​មិន​អាច​ចូល​រួម​សង្កេតការណ៍​បាន​ទេ ដោយ​ផ្អែក​លើ​របាយការណ៍​ខាង​លើ ។ ទាំង​នេះ​គឺ​ជា​ការ​រៀបចំ​ដ៏​ល្អិត​ល្អន់ និង​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត​របស់​ឯកឧត្តម សម រង្ស៊ី ។

តែ​ចំណែក​សម្តេច ហ៊ុន សែន ដល់​ពេល​ដែល​ត្រូវ​ធ្វើ គឺ​ធ្វើ​ខុស​រឿង ដូច​ជា​ដោះ​ដូរ​អភិបាល​រាជធានី ខេត្ត ការ​ទៅ​ចូល​រួម​បុណ្យ​សព​យុវជន​ស្ម័គ្រចិត្ត​ដែល​បាន​ទទួល​អនិច្ចកម្ម​ដោយ​រោគាពាធ ការ​មាន​ប្រសាសន៍​ក្នុង​ពេល​មាន​កំហឹង​តាម​វិទ្យុ និង​ទូរទស្សន៍​ថា ឈប់​ធ្វើ​បុណ្យ ឬ​ប្រទេស​ជាតិ​នឹង​មាន​សង្គ្រាម បើ​គណបក្ស​ប្រជាជន​ចាញ់​ឆ្នោត​ជាដើម ។ ទាំង​នេះ គឺ​កាន់​តែ​បង្ហាញ​ចំណុច​ខ្សោយ​របស់​ខ្លួន ឬ​ថា «ហុច​ផ្លែ​ដាវ​ឲ្យ​ប្តី ហុច​ដង​ដាវ​ឲ្យ​ចោរ» ។ តែ​ចំណែក​ឯ​កូន​ត្រី​ដែល​គ្មាន​ប្រយោជន៍ ចង់​ឡើង​បក ក៏​ឡើង​មិន​កើត សម្តេច ហ៊ុន សែន មិន​រវល់​ទេ ។ ជាក់​ស្តែង​ដូច​ជា​មាន​កូន​ត្រី​សម្អុយ​មួយ​ចំនួន​ដែល​មិន​ដឹង​ថា សម្តេច ហ៊ុន សែន ទុក​ធ្វើ​ស្អី ។ ​បើ​ចង់​ងាក​គោល ក៏​ងាក​មិន​កើត ងាកស្តេច (អង្គ) ក៏​មិន​កើត បោះ​សេះ​ឡើង ក៏​មិន​កើត ម៉េច​មិន​ឲ្យ​គេ​ស៊ី​ទៅ ? យូរៗ​ទៅ​រួញ​ក្រឡា ដោយ​សារ​តែ​កូន​ត្រី​ឥត​ប្រយោជន៍​ទាំង​នោះ ។

ដូច​ជា​ករណី​លោក ឈូក បណ្ឌិត ដែល​បាញ់​កម្មករ រហូត​ខ្លួន​គាត់​ផ្ទាល់​ក៏​សារភាព​ដែរ ។ តើ​ទុក​ធ្វើ​ស្អី ? អារ​កាត់​ភឹងៗ​ទៅ​ ក្រែង​ចំណេញ​ទទួល​បាន​ការ​គាំទ្រ​ពី​កម្មករ​ខ្លះ​ និង សម្លាប់ (ដោះ​ស្រាយ​បញ្ហា) កូន​អុក​របស់​ឯកឧត្តម សម រង្ស៊ី មួយ​នេះ​ចោល​ទៀត ។ ករណី​អ្នក​ភូមិ​នៅ​បឹងកក់ និង​បុរីកីឡា​ក៏​ជា​កូន​ត្រី​បក​ដ៏​ខ្លាំង និង​សំខាន់​របស់​គណបក្ស​ប្រឆាំង​ដែរ ហើយ​សម្តេច ហ៊ុន សែន ខ្លួន​ឯង​ក៏​ដឹង​ដែរ ។ ដូច្នេះ មិន​ដឹង​ទុក​ឲ្យ​រ៉ាំរ៉ៃ​ដល់​ណា​ទៀត​ទេ ?​ កាន់​តែ​ទុក គឺ​ខាង​គណបក្ស​ប្រឆាំង​កាន់​តែ​ចំណេញ ហើយ​ធ្វើ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ជា​ពិសេស​គឺ​ប្រជាជន​ខ្មែរ ដូច​ជា​បញ្ញវន្ត​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ដែល​សុទ្ធ​តែ​ជា​អ្នក​មាន​ឥទ្ធិពល​ចំពោះ​សង្គម​ និង​ក្រុម​គ្រួសារ​របស់​គេ (ម្ចាស់​ឆ្នោត) មើល​ឃើញ​កាន់​តែ​ច្បាស់​ពី​ចំណុច​ខ្សោយ​ និង​ចំណុច​អវិជ្ជមាន​របស់​គណបក្ស​ប្រជាជន ជា​ពិសេស​គឺ​សម្តេច ហ៊ុន សែន​ខ្លួន​ឯង​តែ​ម្តង ដែល​ក្នុង​នាម​ជា​អ្នកលេង (អុក) ហើយ​ក៏​ជា​អ្នកដឹកនាំ​ម្នាក់ តែ​បែរ​ជា​មិន​ហ៊ាន​អារ​កាត់ បែង​ចែក​ដាច់​ស្រេច​រវាង​ភារកិច្ច និង​មនោសញ្ចេតនា​បក្ខពួក​សាច់​ញាតិ ។

វិធី​សាមញ្ញ​គឺ​សម្តេច​គ្រាន់​តែ​ប្រើ (បេក្ខជន​តំណាងរាស្រ្ត​ក្មេងៗ​ដែល​កំពុង​តែ​ឈរ​ឈ្មោះ) កូន​ត្រី​ដែល​បាន​គ្រោង​ទុក​សម្រាប់​ឡើង​បក​ ឲ្យ​ឡើង​ទៅ​ស៊ី (ដោះស្រាយ​បញ្ហា​យក​ស្នាដៃ) ហើយ​សម្តេច​ចាំ​តែ​ជា​អ្នក​សម្រេច​ទៅ​គឺ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ដល់​ទៅ​បី​ឯណោះ ។ ចំណាយ​តែ​កូន​ត្រី​ស្អុយ​មួយ​ពីរ បាន​មក​វិញ គឺ​ស៊ី​សុទ្ធ​តែ​ត្រី​បក​ ហើយ​បាន​ឡើង​កូន​ត្រី​យក​បក​ទៀត ។ មាន​ន័យ​ថា បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ គណបក្ស​ប្រឆាំង​អស់​លេស​យក​មក​និយាយ ទទួល​បាន​ការ​គាំទ្រ​ពី​កម្មករ និង​ឲ្យ​គេ​ស្គាល់​តំណាងរាស្រ្ត​ថ្មី​ទៀត ។

សុភាសិត​ខ្មែរ​មួយ​ពោល​ថា ទោះ​ជា​មាន់​មិន​រងាវ ក៏​ថ្ងៃ​នៅ​តែ​រះ​ដែរ ។ ទោះ​ជា​រដ្ឋាភិបាល​មិន​ដោះ​ស្រាយ​ ក៏​បញ្ហា​ទាំង​នោះ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដែរ ។ ឣ៊ីចឹង បើ​ថ្ងៃ​គង់​តែ​រះ​ដដែល គឺ​មាន់​ត្រូវ​រងាវ​ឲ្យ​បាន​មុន ឣ៊ីចឹង​គេ​ថា​ថ្ងៃ​រះ​ហ្នឹង គឺ​មក​ពី​មាន់​រងាវ ។ តែ​បើ​ថ្ងៃ​រះ​ហើយ មាន់​បែរ​ជា​រងាវ​ទៅ​វិញ គឺ​លែង​មាន​ន័យ​ហើយ ។

ចំពោះ​ករណី​លោក ម៉ម សូណង់ដូ វិញ​ បើ​កុំ​ទៅ​ចាប់​គាត់​នោះ​ចំណេញ​ជាង តែ​បើ​ចាប់​គាត់​ហើយ ហើយ​ត្រូវ​បាន​គេ​បាតុកម្ម ចោទ​សួរ​ដេញ​ដោល​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ទី​បំផុត គឺ​ត្រូវ​បង្ខំ​ចិត្ត​ដោះ​លែង​ដដែល ។ នោះ​មាន​ន័យ​ថា ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច ។

ឥឡូវ​អ្នក​ដែល​ចំណេញ​គឺ​គណបក្ស​ប្រឆាំង ក្នុង​ពេល​ដែល​លោក ម៉ម សូណង់ដូ កាន់​តែ​មាន​ប្រជាប្រិយ​ភាព ។ ចំណែក​ឯ​អ្នក​ខូច​ខាត​ គឺ​គណបក្ស ប្រជាជន ជា​ពិសេស គឺ​សម្តេច ហ៊ុន សែន គឺ​ខាត​ទាំង​នយោបាយ ខាត​ទាំង​មុខ​មាត់ ខូច​ទាំង​យុទ្ធសាស្រ្ត ដែល​សូម្បី​តែ​តុលាការ (ដែល​ជា​កូន​អុក​សំខាន់​របស់​ខ្លួន) ក៏​កាន់​តែ​អស់​ជំនឿ​ចិត្ត​ពី​ម្ចាស់ឆ្នោត ថែម​ទាំង​កាន់​តែ​បង្ហាញ​ចំណុច​ខ្សោយ​ឲ្យ​គេ​ឯង​ឃើញ​កាន់​តែ​ច្បាស់ ។

កូន​ត្រី​ចុង​ក្រោយ​ដែល​មិន​គួរ​ទុក គឺ​អ្នក​អត្ថាធិប្បាយ​លើក​ជើង​ខុស​រឿង​នៅ​តាម​ប៉ុស្ត៍​ទូរទស្សន៍​មួយ​ចំនួន ដែល​លើក​ជើង​ជ្រុល​ទៅៗ ។ ឲ្យ​ពួក​គាត់​និយាយ​កាន់​តែ​ខ្លាំង​ គឺ​ខាត​កាន់​តែ​ខ្លាំង ។ ក្នុង​កាលៈទេសៈ​ពី​មុន​ ប្រហែល​អាច​ទុក​កូន​ត្រី​នេះ​បាន​សម្រាប់​ការ​បន្លំ​ភ្នែក​អ្នក​នៅ​តាម​ទី​ជនបទ ប៉ុន្តែ​ឥឡូវ​មិន​អាច​ទៀត​ទេ ពីព្រោះ​កូន​ត្រី​របស់​គណបក្ស​ប្រឆាំង​បាន​វាយ​លុក​ជ្រាប​ដល់​គ្រប់​ទិសទី​អស់​ហើយ ។ ដូច​ពាក្យ​ចាស់​ពោល​ថា «ដំរី​ស្លាប់​យក​ចង្អេរ​ទៅ​បាំង មិន​ជិត​ទេ ឬ​ថា មិន​អាច​យក​ក្រដាស​ខ្ចប់​ភ្លើង​បាន​ទេ»។

កូន​ត្រី​មួយ​នេះ មិន​មែន​ត្រឹម​តែ​មិន​បាន​ជួយ​គណបក្ស​ប្រជាជន​នោះ​ទេ គឺ​ថែម​ទាំង​បង្កើត​ចំណុច​ខ្សោយ​ឲ្យ​ខាង​គណបក្ស​ប្រឆាំង​វាយ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​ថែម​ទៀត ។ អ្នក​អត្ថាធិប្បាយ​លើក​ជើង​ខុស​រឿង​ទាំង​នេះ នឹង​ផ្លាស់​ប្តូរ​គោល​ជំហរ​របស់​ខ្លួន​ភ្លាម ប្រសិន​បើ​មាន​ស្ថានភាព​ប្រែប្រួល​នៅ​ពេល​ណា​មួយ ។

បើ​នៅ​តែ​ប្រើ​វិធី​នេះ​ទៀត នៅ​ក្រោយ​បោះឆ្នោត​២០១៣ នេះ ស្ថានការណ៍​នឹង​កាន់​តែ​ពិបាក​គ្រប់​គ្រង និង​កែច្នៃ​ បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង​របស់​ឯកឧត្តម សម រង្ស៊ី មិន​បាន​គ្រប់គ្រង​រដ្ឋាភិបាល​ក៏​ដោយ ។

ការ​ចំណាយ​កូន​ត្រី​ទាំង​នេះ គឺ​ដើម្បី​ស៊ី​បាន​គោល​របស់​ឯកឧត្តម សម រង្ស៊ី ហើយ​ឡើង​ត្រី​បក ថែម​ទាំង​បើក​ផ្លូវ​វាយ​លុក​ទៀត មើល​ទៅ គឺ​អាច​ស៊ី​សង​គ្នា​បាន​ហើយ ។

បើ​សម្តេច ហ៊ុន សែន កុំ​ស្តាប់​តែ​អ្នក​លើក​ជើង​បញ្ចើច​បញ្ចើ​ ហើយ​ចំណាយ​ពេល​តែ ៥​នាទី ស្តាប់​ក្រុម​អ្នក​ប្រាជ្ញ​ដែល​នៅ​ជុំវិញ​ខ្លួន​លោក​នោះ​ នឹង​មាន​វិធី​ដោះស្រាយ​ជា​ច្រើន​ទៀត ។

ជា​ចុង​បញ្ចប់ ខ្ញុំបាទ​គ្រាន់​តែ​ជា​អ្នក​វិភាគ​ដែល​ចេញ​ពី​គំនិត និង​ចំណេះ​ដឹង​ស្តួច​ស្តើង​តែ​ប៉ុណ្ណោះ​ ហើយ​ខ្ញុំ​បាទ​សូម​រង់ចាំ​ទទួល​ជានិច្ច​នូវ​ការ​ណែនាំ​ពី​រៀម​ច្បង និង​ប្រិយមិត្ត ៕

ដោយ ប៉ែន សុជីវន្ត ពី​ខេត្ត​រតនគិរី
សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៣
 

លោក ហ៊ុន សែន​ ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ (ស្តាំ) (រូបថត ម៉េង​ស្រ៊ុន)


យក​គោល​ចែវ​ទូក​ដេញ​ចាប់​ត្រី​ធ្វើ​ចំណី​សត្វ

អ្នក​លេង​អុក​សុទ្ធ​តែ​ដឹង​ថា កូន​អុក​ដែល​សំខាន់ៗ​តាម​ឋានានុក្រមគឺ ​ទូក​ទី​១ សេះ​ទី​២ គោល​ទី​៣ នាង​ទី​៤ ហើយ​ត្រី​គឺ​ទី​៥ ។ កាល​ណា​គេ​និយាយ​ពី​សត្វ ក្នុង​ល្បែង​អុក គឺ​សំដៅ​ដល់ កូន​សេះ​ ។ ក្នុង​អត្ថបទ​នេះ​ខ្ញុំ​នឹង​លើក​យក​យុទ្ធសាស្រ្ត ដែល​គណបក្ស​ប្រជាជន​នឹង​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រឆាំង ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ ដែល​ជា​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ។

តើ​គណបក្ស​ប្រជាជន​បញ្ជា​គោល​ជិះ​ទូក​ដេញ​ចាប់​ត្រី​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ម៉េច​ ហើយ​មក​ធ្វើ​ចំណី​របស់​សត្វ​សេះ​យ៉ាង​ម៉េច ? តើ​អ្វី​ជា​កូន​ត្រី ជា​កូន​គោល ជា​កូន​សេះ ឬ​ទូក​របស់​គណបក្ស​ប្រជាជន ? ការ​រៀប​កូន​អុក​គឺ​ត្រូវ​តែ​គិត​ឲ្យ​វែង​ឆ្ងាយ ហើយ​ត្រូវ​ដឹង​ជា​មុន​នូវ​យុទ្ធសាស្រ្ត​របស់​ដៃ​គូ ។ មួយ​ជំហានៗ​គឺ​ត្រូវ​តែ​គិត​ពី​ការ​ចល័ត​ទ័ព​របស់​ដៃ​គូ មុន​នឹង​ដើរ​កូន​របស់​ខ្លួន​ថា​តើ​គេ​ដើរ​កូន​ត្រី​ហ្នឹង​ដើម្បី​អ្វី ? តើ​កូន​ណា​ជា​អ្នក​វាយ​ប្រហារ ? តើ​កូន​ណា​ជា​អ្នក​បញ្ឆោត ? តើ​កូន​ណា​ជា​គិញ​សម្ងាត់ ? តើ​កូន​ណា​ធ្វើ​ជា​ទ័ព​អាកាស? តើ​កូន​ណា​ជា​ទ័ព​ស្រួច ? តើ​ចំណុច​ខ្សោយ​របស់​គេ​នៅ​កន្លែង​ណា ? ទាំង​អស់​នេះ​សុទ្ធ​តែ​ត្រូវ​ដើរ និង​គិត​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត ក្នុង​នាម​ជា​អ្នក​លេង​អុក ។

ការ​រៀប​ក្បួន​ទ័ព​សម្រាប់​កម្លាំង​នយោបាយ​របស់​គណបក្ស​នីមួយៗ​ក៏​ដូច្នេះ​ដែរ​គឺ​សុទ្ធ​តែ​មាន​ការ​ស្ទាប​ស្ទង់​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ នៃ​យុទ្ធសាស្រ្ត និង​កម្លាំង​រៀងៗ​ខ្លួន ។ ឆាវឆាវ (Cao Cao) ក្នុង​រឿង​សាមកុក និយាយ​ថា ទ័ព​ដែល​ឈ្នះ​ផ្ទូនៗ គឺជា​ទ័ព​ក្អេងក្អាង ទ័ព​ក្អេងក្អាង​គឺ​ជា​ទ័ព​ដែល​បរាជ័យ ។

និយាយ​ត្រឡប់​ទៅ​៣​អាណតិ្ត​កន្លង​មក​នេះ គណបក្ស​ប្រជាជន​ទទួល​បាន​ជ័យជម្នះ​ផ្ទូនៗ​ (ទោះ​ជា​មិន​ទាំង​ស្រុង​ក៏​ដោយ) ដែល​ធ្វើ​ឲ្យ​សមាជិក​គណបក្ស ​(កង​ទ័ព) មួយ​នេះ មាន​អំណួត​យ៉ាង​ខ្លាំង តែ​បាន​ក្លាយ​ជា​ក្តី​បារម្ភ​ដ៏​ខ្លាំង​បំផុត​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន ជា​ពិសេស​គឺ​សម្តេច ហ៊ុន សែន ព្រោះ​ថា ភាព​ជោគជ័យ​កន្លង​មក​បាន​ធ្វើ​ឲ្យ​សមាជិក​បក្ស​មាន​ភាព​ក្អេងក្អាង​មិន​មាន ​ការ​ខ្លាច​រអា​ចំពោះ​ម្ចាស់​ឆ្នោត ហើយ​ក៏​ក្លាយ​ទៅ​ជា​កង​ទ័ព​ដែល​ជិះ​សេះ​លែង​ដៃ​ ថែម​ទាំង​បង្ក​ការ​ឈឺ​ចាប់​ដល់​ម្ចាស់​ឆ្នោត ។

ខុង មិញ​ ដែល​ជា​ទីប្រឹក្សា​របស់​លាវប៉ី ក្នុង​រឿង​សាម​កុក និយាយ​ថា ទ័ព​ខ្លាំង​មិន​គួរ​ឲ្យ​ខ្លាច​ទេ អ្វី​ដែល​គួរ​ឲ្យ​ខ្លាច គឺ​អ្នក​មាន​ការ​ឈឺ​ចាប់ និង​អ្នក​មាន​ឆន្ទៈ​ធំ ។ ឈឺ​ចាប់​កាន់​តែ​ខ្លាំង ឆន្ទៈ​កាន់​តែ​ធំ ឆន្ទៈ​កាន់​តែ​ធំ ការ​តស៊ូ​ក៏​កាន់​តែ​ខ្លាំង​ដែរ ។ ដូច្នេះ​គណបក្ស​ប្រជាជន​ពិត​ជា​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​អ្នក​ដែល​ឈឺ​ចាប់​ខ្លាំង និង​អ្នក​ដែល​មាន​ឆន្ទៈ​ធំ​ទាំង​នេះ ។

អ្នក​ឈឺ​ចាប់​ដោយ​សមាជិក​របស់​គណបក្ស​កាន់​អំណាច​ដែល​អួត​ក្អេងក្អាង​បន្ទាប់​ពី​ឈ្នះ​ផ្ទួនៗ ហើយ​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​រំលោភ​បំពាន​ដល់​ប្រជារាស្រ្ត ។ ការ​ឈឺ​ចាប់​ដោយ​គ្មាន​ការងារ​ធ្វើ​ក្នុង​ស្រុក​ដែល​តម្រូវ​ឲ្យ​ប្រជាជន​ចាក​ចេញ​ទៅ​ធ្វើ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​ក្រៅ​ស្រុក អ្នក​ដែល​ទទួល​រង​គ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​ យុវជន​រាប់​ម៉ឺន​នាក់​ដែល​រៀន​ចប់​អត់​ការងារ​ធ្វើ​ មន្រ្តី​រាជការ​ដែល​ទទួល​ប្រាក់​បៀវត្សរ៍​ស្តួច​ស្តើង​មិន​គ្រប់​គ្រាន់ ហើយ​បង្ខំ​ចិត្ត​ឲ្យ​ពួក​គាត់​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី ខុស​ពី​វិជ្ជាជីវៈ និង​ឧត្តមគតិ ទំនិញ​សព្វ​សារពើ​ឡើង​ថ្លៃ ដោយ​សារ​ពាណិជ្ជកម្ម​គ្មាន​ការ​ប្រកួត​ប្រជែង​ដែល​មាន​តម្លាភាព ។ល ។ និង​។ល ។ អ្នក​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​មាន​អ្នក​ក្លាហាន​ជា​ច្រើន​ចេញ​មុខ ដែល​ក្លាយ​ទៅ​ជា​កម្លាំង​ទ័ព​ស្រួច​របស់​អ្នក​មាន​ឆន្ទៈ​ធំ​ ឬ​គណបក្ស​ ប្រឆាំង ។ តើ​គណបក្ស​ប្រជាជន​ទប់​ទល់​យ៉ាង​ណា​ជាមួយ​អ្នក​ទាំង​ពីរ​នេះ ?

បើ​មើល​ពី​អតីតកាល​យុទ្ធសាស្រ្ត​មួយ​ដែល​គណបក្ស​ប្រជាជន​យក​មក​ប្រើ​គឺ​បំបែក​បំបាក់​ដើម្បី​គ្រប់​គ្រង ។ យុទ្ធសាស្រ្ត​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្តេច​ក្រុម​ព្រះ ស្ទើរ​តែ​គ្មាន​ឈ្មោះ​ក្នុង​ឆាក​នយោបាយ​ ឬ​ថា​ «រស់​តែ​មិន​ខ្លាំង​ ខ្សោយ​តែ​មិន​ស្លាប់» ។ យុទ្ធសាស្រ្ត​បំបែក​បំបាក់​ច្បាស់​ណាស់​គឺ​ត្រូវ​ប្រើ​រនុក​ក្នុង​ (គិញ​សម្ងាត់) និង​ពាក្យ​ចចាម​អារ៉ាម ។ កុង​ជីញ មេ​ទ័ព​កំពូល​របស់ ស៊ុន ឈាន ក្នុង​រឿង​សាមកុក បាន​និយាយ​ថា អាវុធ​វាយ​ក្រុង​មិន​មែន​កាំភ្លើង​ធំ​ទេ​ គឺ​រនុក​ក្នុង​ឬ​គិញ​សម្ងាត់ ។ រនុក​ក្នុង​គឺ​ប្រៀប​បាន​ទៅ​នឹង​កូន​ត្រី​អុក ឬ​ត្រី​បក ។ គិញ​សម្ងាត់ ឬ​រនុក​ក្នុង​បាន​ធ្វើ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បែក​បាក់​ជា​បំណែកៗ​ស្ទើរ​តែ​ដាច់​ដង្ហើម​ ហើយ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ក៏​មាន​គិញ​របស់​គណបក្ស​ប្រជាជន ហើយ​ក្នុង​គណបក្ស​ប្រជាជន​ក៏​មាន​គិញ​របស់​គណបក្ស​ប្រឆាំង​ដែរ ។

ជាក់​ស្តែង ក្នុង​ឆ្នាំ ២០០៥ គ្មាន​នរណា​ចាប់​អារម្មណ៍​ថា លោក ​ហេង ពៅ អាច​ជា​គិញ​របស់​គណបក្ស​ប្រឆាំង​នោះ​ទេ​ គឺ​រហូត​ដល់​ពេល​វេលា​មួយ​ដែល​ធ្វើ​ឲ្យ​សម្តេច ហ៊ុន សែន មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ គឺ​ពេល​ដែល​ឯកសារ​ជា​ច្រើន​បាន​ទៅ​ដល់​ដៃ​តុលាការ​អាមេរិក ពេល​ដែល​ឯកឧត្តម សម រង្ស៊ី ប្តឹង​សម្តេច ហ៊ុន សែន នៅ​ទីក្រុង​ញូវយ៉ក ហើយ​ក៏​មាន​ឯកសារ​ពាក់​ព័ន្ធ​ក្នុង​អំពើ​ពុករលួយ ឯកសារ​នៃ​សែស្រឡាយ​កាប់​ព្រៃ​ឈើ កំណត់​ត្រា​ប្រចាំ​ថ្ងៃ​របស់​អ្នក​ស្រី ពិសិដ្ឋ​ ពីលីកា ឯកសារ​នៃ​ការ​ចុះ​ហត្ថលេខា​ជាមួយ​វៀតណាម​ពី​រឿង​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ឯកសារ​នៃ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​អង្គរក្ស​សម្តេច ហ៊ុន សែន ជាមួយ​នឹង​ការ​គប់​គ្រាប់​បែក​ឆ្នាំ​១៩៩៧ ។ល ។ បាន​ធ្លាក់​ដល់​ដៃ​អ្នក​សារព័ត៌មាន​អន្តរជាតិ និង FBI ។ តែ​លោក ហេង ពៅ ភ្លាត់​ស្នៀត បាន​ធ្វើ​ឲ្យ​បែក​ការ ដោយ​សារ​មាន​ជម្លោះ​ផ្ទាល់​ខ្លួន​ជាមួយ​លោក ហុក ឡងឌី ហើយ​លោក ហុក ឡងឌី ក៏​ចាត់​ការ​តែ​ម្តង​ទៅ ។ ឥឡូវ​នេះ សម្តេច ហ៊ុន សែន ពិត​ជា​មាន​ការ​បារម្ភ​ថា នៅ​ជុំវិញ​ខ្លួន​លោក មិន​ដឹង​ជា​មាន​រនុក​ក្នុង​របស់​គណបក្ស​ប្រឆាំង​ប៉ុន្មាន​នាក់​នោះ​ទេ ហើយ​អ្នក​ដែល​ស្រែក​ជេរ​គណបក្ស​ប្រឆាំង​សព្វ​ថ្ងៃ ក៏​មិន​ប្រាកដ​ថា ជា​អ្នក​ដែល​ជេរ​ដោយ​ស្មោះ​ដែរ ។ ដូច្នេះ មាន​តែ​ពេល​វេលា​ទេ​ដែល​នឹង​បង្ហាញ​ការ​ពិត ។

ព្រឹត្តិការណ៍​មួយ​ទៀត កាល​ពី​ឆ្នាំ​២០០៦ ឯកឧត្តម សម រង្ស៊ី បាន​ទទួល​បញ្ជី​ឈ្មោះ​សមាជិក​គណបក្ស​របស់​ខ្លួន ដែល​ជា​គិញ​សម្ងាត់​របស់​គណបក្ស​ប្រជាជន​តាម​រយៈ​រនុក​ក្នុង​របស់​ខ្លួន​ក្នុង​គណបក្ស​ប្រជាជន ធ្វើ​ឲ្យ​លោក​មាន​ការ​ភ្ញាក់​ផ្អើល និង​តក់​ស្លុត​យ៉ាង​ខ្លាំង ហើយ​នៅ​ឆ្នាំ​២០០៨ គណបក្ស​ប្រឆាំង​ក៏​រក​វិធី​ដក​ពួក​គេ​ចេញ ហើយ​អ្នក​ទាំង​នោះ បាន​ធ្វើ​ជា​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ដែល​តាម​ពិត​គឺ​គ្រាន់​តែ​រត់​ទៅ​រក​ម្ចាស់​ដើម​របស់​ខ្លួន​វិញ​ប៉ុណ្ណោះ ។ អ្នក​ទាំង​នោះ អ្នក​ខ្លះ​ក៏​បាន​ជា​ទីប្រឹក្សា​នាយករដ្ឋមន្រ្តី អ្នក​ខ្លះ​បាន​ធ្វើ​ការ​ក្នុង​ក្រសួង​នានា ជា​អនុ​រដ្ឋលេខាធិការ ឬ​រដ្ឋលេខាធិការ​ ។ មក​ដល់​ពេល​នេះ ក្នុង​ការ​ប្រជុំ​សម្ងាត់​ផ្សេងៗ​របស់​គណបក្ស​ប្រឆាំង​គឺ​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ដែល​រហូត​ពេល​ខ្លះ គឺ​ត្រូវ​ធ្វើ​នៅ​ក្រៅ​ប្រទេស ។ ការ​ប្រើ​គិញ​សម្ងាត់​នេះ គឺ​ពិត​ជា​ពិបាក​ទប់​ទល់​ណាស់ ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ព្រោះ​តែ​ជា​សត្រូវ​អត់​ស្រមោល ។ ទាំង​គណបក្ស​ប្រជាជន និង​គណបក្ស​ប្រឆាំង​គឺ​សុទ្ធ​តែ​មាន​រនុក​ក្នុង​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ដូច​គ្នា ។

កូន​អុក​ទី​២ គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​អាច​ហៅ​បាន​ថា ជា​កូន​សេះ​ព្រោះ​អាច​ផ្លោះ​ជា​រាង​អក្សរ «L» បាន​ដល់​គ្រប់​ទិសទី ។ គណបក្ស​ប្រជាជន​បាន​និង​កំពុង​តែ​ប្រើ​កូន​អុក​មួយ​នេះ ដើម្បី​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពាក្យ​ចចាម​អារ៉ាម​ឬ​ពត៌មាន​ដែល​លើស​ពី​ការ​ពិត​ដើម្បី​វាយ​ប្រហារ​ និង​បំភិត​បំភ័យ​គណបក្ស​ប្រឆាំង ក៏​ដូច​ជា​ប្រជាជន​ខ្មែរ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ធំ​នៅក្នុង​ស្រុក មិន​ហ៊ាន​និយាយ​ទិតៀន​ទៅ​លើ​រដ្ឋាភិបាល​ឡើយ ។ នេះ​មិន​មែន​ដោយសារ​សារព័ត៌មាន​ទាំង​អស់​នោះ​ខ្លាច​ទេ តែ​មក​ពី​ថ្នាក់​ដឹកនាំ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ សុទ្ធ​តែ​មាន​ចំណុច​ខ្សោយ ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ចាប់​ចំណុច​ខ្សោយ​បាន ហើយ​ចុច​មិន​ឲ្យ​រើ ។ ជាក់​ស្តែង​ដូច​ជា​ម្ចាស់​សារព័ត៌មាន​មួយ ដែល​ពី​មុន​ជា​អ្នក​កាសែត​ក្យូដូ​របស់​ជប៉ុន ហើយ​ក្រោយ​មក​ក៏​បង្កើត​សារព័ត៌មាន​មួយ ។

ដោយ​មិន​ទុក​ចិត្ត​នូវ​ភាព​ស្មោះ​ត្រង់ គណបក្ស​ប្រជាជន​បាន​ធ្វើ​ឲ្យ​ម្ចាស់​សារព័ត៌មាន​នេះ​ជាប់​បណ្តឹង​ជា​ច្រើន​នៅ​តុលាការ ។ បើ​ចង់​រើ តុលាការ​នឹង​ចាត់​ការ​បណ្តឹង​នោះ​ភ្លាម ហើយ​ជាប់​គុក​ក្នុង​ពេល​២៤​ម៉ោង ។ នេះ​គេ​ហៅ​ថា ជិះ​លើ​ខ្នង​ខ្លា បើ​ហ៊ាន​តែ​ចុះ​ គឺ​ខ្លា​នឹង​ស៊ី​ភ្លាម ។ ករណី​មួយ​ទៀត គណបក្ស​ប្រជាជន ជា​ពិសេស សម្តេច ហ៊ុន សែន បាន​បង្កើត​ព័ត៌មាន​បំភ្លៃ​ជា​ច្រើន ដូច​ជា​ករណី​គោល​នយោបាយ​គណបក្ស​ប្រឆាំង​ថា​នឹង​បញ្ចុះ​ការ​ប្រាក់​១​% ក្នុង​មួយ​ខែ សម្តេច ហ៊ុន សែន ថា គណបក្ស​ប្រឆាំង​ចង់​បញ្ចុះ​ការ​ប្រាក់​មក ១% ក្នុង​មួយ​ឆ្នាំ ។ លើស​ពី​នេះ​ថែម​ទៀត ក៏​មាន​ផ្សព្វផ្សាយ​នូវ​សំឡេង​ឌឺដង​គ្នា​រវាង​ឯកឧត្តម កឹម សុខា និង​ឯកឧត្តម​ សម រង្ស៊ី​ កាល​ពី​បោះឆ្នោត​២០០៨ ក្នុង​គោល​បំណង​ញុះញង់​ដើម្បី​បំបែក​បំបាក់ ហើយ​ថ្មីៗ​នេះ សម្តេច ហ៊ុន សែន បាន​យក​សំឡេង​របស់​ឯកឧត្តម កឹម សុខា មួយ​ផ្នែក មក​ចាក់​ផ្សាយ ថា ឯកឧត្តម កឹម សុខា មិន​ទទួល​ស្គាល់​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម ។

ទោះ​ចង់​មិន​ចង់​កូន​អុក​មួយ​នេះ ក៏​បាន​បញ្ចេញ​សារ​នយោបាយ​ខ្លះ ដើម្បី​បំភាន់​ភ្នែក​ដល់​ប្រជាជន​នៅ​តាម​ជនបទ ដែល​ពួក​គាត់​ទទួល​ព័ត៌មាន​តិច​តួច និង​តែ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​ ។ កូន​អុក​មួយ​ទៀត​គឺ​កូន​គោល ។ កូន​គោល​គឺ​ធ្វើ​ដំណើរ​យឺត​ស្រដៀង​ត្រី​ដែរ ។ អាច​និយាយ​បាន​ថា ជា​យុទ្ធសាស្រ្ត​ចល័ត​ទ័ព​ដោយ​ស្ងាត់​ស្ងៀម ដែល​ជា​យុទ្ធសាស្រ្ត​មួយ​របស់​ស៊ុន ជឺ ។ គណបក្ស​ប្រជាជន​បាន​គណនា​ចំនួន​អ្នក​បោះឆ្នោត ហើយ​ដឹង​ថា សំឡេង​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រជាជន ពិត​ជា​មាន​ការ​ថយ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ។ ដូច្នេះ ត្រូវ​តែ​ប្រើ​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​ឈ្នះ​ទោះ​បី​ជា​វិធី​ទាំង​នោះ​មិន​ល្អ​ក្តី ។

លោក លូ សួ (Lu Su) ​ទីប្រឹក្សា​កង​ទ័ព​របស់​តុង​ អ៊ូ ក្នុង​រឿង​សាមកុក បាន​និយាយ​ថា ក្នុង​សមរភូមិ គឺ​គ្មាន​ទេ អ្នក​ថា​ថោក​ទាប ឬ​អ្នក​ថ្លៃថ្នូរ គឺ​មាន​តែ​អ្នក​ខ្លាំង​និង​អ្នក​ខ្សោយ ឬ​ថា អ្នក​ឈ្នះ​ជា​ស្តេច អ្នក​ចាញ់​ជា​ចោរ ។ នេះ​ជា​ផ្នត់​គំនិត​របស់​គណបក្ស​ប្រជាជន ។ ដូច្នេះ គណបក្ស​ប្រជាជន​មិន​ខ្វល់​នូវ​អ្វី​ដែល​ថា អំពើ​ថោក​ទាប ឬ​ថ្លៃ​ថ្នូរ​អី​ទេ គឺ​ធ្វើ​ម៉េច​ឲ្យ​តែ​ឈ្នះ ។ ដូច្នេះ​ការ​កឹបកេង​សន្លឹក​ឆ្នោត​ក្នុង​ពេល​រាប់ ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង ការ​ចល័ត​និគម​បរទេស ទៅ​គ្រប់​ទិសទី ជា​ពិសេស គឺ​តំបន់​ឬ​ខេត្ត​ណា​ដែល​មាន​ការ​គាំទ្រ​តិច គឺ​ត្រូវ​តែ​ធ្វើ ។ យុទ្ធសាស្រ្ត​ទាំង​នេះ គឺ​ត្រូវ​ធ្វើ​ដោយ​រក្សា​ការ​សម្ងាត់​បំផុត ។

មើល​ទៅ គឺ​ដូច​ជា​ពិស​ពុល និង​មិន​ថ្លៃថ្នូរ​ទាល់​តែ​សោះ​ដែល​អនុញ្ញាត​ឲ្យ​ជន​ជាតិ​បរទេស​មួយ​ចំនួន​ដែល​ទើប​តែ​មក​រស់​នៅ​ស្រុក​ខ្មែរ ដែល​អ្នក​ខ្លះ​រស់​នៅ​លើ​ទឹក​នៅ​ឡើយ​ដោយ​មិន​ទាន់​ទាំង​មាន​ជម្រក​លើ​គោក​ស្រួល​បួល​ផង​ មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ជាមួយ​ជនជាតិ​ខ្មែរ ចូល​រួម​រើស​តំណាង​រាស្រ្ត​ជាមួយ​ខ្មែរ តែ​គណបក្ស​ប្រជាជន​មិន​ខ្វល់​ទេ គឺ​ធ្វើ​ម៉េច​ឲ្យ​តែ​ឈ្នះ ។ ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់ បើ​គណបក្ស​ប្រជាជន​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​តិច​ក្នុង​តំបន់​ណា​ គឺ​បញ្ជូន​និគម​បរទេស​ទៅ​កាន់​តំបន់​នោះ​កាន់​តែ​ច្រើន ដើម្បី​យក​ជ័យ​ជម្នះ ។ តែ​វិធី​នេះ វា​ជា​គុណវិបត្ត​ដ៏​ធ្ងន់ធ្ងរ​មួយ​របស់​ប្រទេស​ជាតិ ហើយ​បាន​និង​កំពុង​តែ​ក្លាយ​ទៅ​ជា​ការ​យក​ដុំ​ថ្ម​ទម្លាក់​លើ​ជើង​ខ្លួន​ឯង ឬ​បាច​អង្កាម​បញ្ច្រាស​ខ្យល់ ។ ពីព្រោះ​និគម​បរទេស​កាន់​តែ​ច្រើន​នៅ​តំបន់​ណា​គឺ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​នៅ​តំបន់​នោះ​កាន់​តែ​មាន​ការ​ឈឺ​ចាប់ ហើយ​អ្នក​ក្លាហាន និង​អ្នក​មាន​ឆន្ទៈ ក៏​មាន​កាន់​តែ​ច្រើន​ដែរ​ដែល​វា​កាន់​តែ​ចំណេញ​ដល់​គណបក្ស​ប្រឆាំង​ទៅ​វិញ ។

កូន​អុក​ទី​បី សម្រាប់​ធ្វើ​ការ​វាយ​ប្រហារ​ចំណុច​ខ្សោយ​សម្រាប់​បំភ័យ និង​លួង​លោម​គឺ​ទូក ។ ក្នុង​ល្បែង​អុក ទូក​គឺ​ដើរ​ត្រង់​ទៅ​មុខ​ទៅ​ក្រោយ ទៅ​ឆ្វេង និង​ទៅ​ស្តាំ គឺ​វា​ដូច​គ្នា​ក្នុង​ការ​វាយ​ប្រហារ​ចំណុច​ខ្សោយ​ចំៗ បំភ័យ​ត្រង់ៗ ហើយ​ក៏​លួង​លោម​ត្រង់ៗ តាម​រយៈ​អំណោយ និង​លាភ​សក្ការៈ​ដែរ ។ សម្តេច ហ៊ុន សែន បាន​និង​កំពុង​តែ​ប្រើ​ប្រាស់​កូន​អុក​មួយ​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព ។ ជាក់​ស្តែង​ដូច​ជា បំភ័យ​ប្រជាជន​ថា នឹង​មាន​សង្រ្គាម ឬ​របប​ខ្មែរ​ក្រហម​នឹង​ត្រឡប់​មក​វិញ​ បើ​គាត់​ចាញ់​ឆ្នោត ហើយ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ក៏​បាន​បង្ខំ​ប្រជាជន​ឲ្យ​ផឹក​ទឹក​សម្បថ គំរាម​មិន​ផ្តល់​សេវា​រដ្ឋបាល​សាធារណៈ​ដល់​អ្នក​ដែល​មិន​បោះ​ឆ្នោត​ឲ្យ​ ឬ​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ឬ​គំរាម​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​អំណោយ​ផ្សេងៗ​ជាដើម ។ វិធី​នេះ ក៏​ត្រូវ​បាន​គណបក្ស​ប្រជាជន​ធ្វើ​ចំពោះ​តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រឆាំង​ដែរ ។ ជាក់​ស្តែង ដូច​ជា​មាន​សមាជិក​គណបក្ស​ប្រឆាំង​ភាគ​តិច​ណាស់​ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំង ឬ​និយាយ​ទិតៀន​រដ្ឋាភិបាល​តាម​រយៈ​បណ្តាញ​សារព័ត៌មាន​ ឬ​ក្នុង​ពេល​ប្រជុំ​សភា បើ​មិន​ដូច្នោះ​ទេ​គឺ​នឹង​ទទួល​នូវ​គំនាប​ផ្សេងៗ​ពីព្រោះ​សមាជិក​គណបក្ស​ ប្រឆាំង​មួយ​ចំនួន​សុទ្ធ​តែ​មាន​ចំណុច​ខ្សោយ ដូច​ជា​អ្នក​ខ្លះ​មាន​ប្រពន្ធ​ចុង អ្នក​ខ្លះ​លេង​ល្បែង អ្នក​ខ្លះ​ជំពាក់​លុយ​គេ​ជាដើម ។ ចង់​មិន​ចង់​ ដំបៅ​ទាំង​អស់​នោះ ពិត​ជា​ធ្វើ​ឲ្យ​សមាជិក​ទាំង​នោះ មាន​ការ​រអើល​ និង​ព្រឺ​ឆ្អឹង​ខ្នង​ជា​ខ្លាំង ។ ហេតុ​នេះ​គណបក្ស​ប្រឆាំង​មិន​សូវ​ឲ្យ​អ្នក​ទាំង​នោះ​ចេញ​មុខ​ប៉ុន្មាន​ទេ ។

ទោះ​ជា​យ៉ាង​ណា ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ គណបក្ស​ប្រជាជន​នៅ​តែ​ឈ្នះ​ឆ្នោត ហើយ​គណបក្ស​ប្រឆាំង​នឹង​កើន​សំឡេង​ឆ្នោត ។ តែ​មនុស្ស​ទាយ​មិន​ដូច​ទេវតា​ទាយ​ទេ ដូច្នេះ​មាន​តែ​រង់​ចាំ​មើល​លទ្ធផល​ទាំង​អស់​គ្នា​ប៉ុណ្ណោះ ។

ជា​ចុង​បញ្ចប់​ខ្ញុំ​បាទ​សូម​អភ័យ​ទោស​សា​ជា​ថ្មី​នូវ​កំហុស​ឆ្គង​ដោយ​អចេតនា តាម​រយៈ​អត្ថបទ​វិភាគ​ដែល​ចេញ​ពី​គំនិត និង​ចំណេះ​ដឹង​ស្តួច​ស្តើង​របស់​ខ្ញុំ ។

ខ្ញុំ​បាទ​រង់​ចាំ​ទទួល​ជានិច្ច​នូវ​ការ​ណែនាំ​ពី​រៀម​ច្បង និង​ប្រិយមិត្ត តាម​រយៈ​អ៊ីមែលៈ chivann.pen@gmail.com

ដោយ ប៉ែន សុជីវន្ត ពី​ខេត្ត​រតនគិរី
សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៣
 

ក្បួន​ឃោសនា​បោះ​ឆ្នោត​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ (រូបថត ហេង ជីវ័ន)


ឡើង​ត្រី​ទឹម ៣

សុទ្ធ​តែ​ជា​ព្រហ្មលិខិត ។ ព្រហ្មលិខិត​បាន​ចារ​មក​ឣ៊ីចឹង ។ គឺ​ឲ្យ​មាន​អ្នក​ខ្លាំង អ្នក​ខ្សោយ មាន​អ្នក​ឆ្លាត អ្នក​ល្ងង់ មាន​អ្នក​ក្រ​អ្នក​មាន មាន​កើត​មាន​ស្លាប់ មាន​ចាប់​ផ្តើម មាន​ទី​បញ្ចប់ ។ គ្មាន​អ្វី​ស្ថិតស្ថេរ​នោះ​ទេ ។ មើល​ទៅ​អ្នក​ដែល​ធ្វើ​មុខ​ខ្លាច​ក្រោយ ធ្វើ​ថ្ងៃ​នេះ ខ្លាច​គេ​គាស់​ផ្នូរ​ដូន​តា​ថ្ងៃ​ស្អែក គឺ​មាន​តែ ស៊ឺម៉ាអ៊ី ក្នុង​រឿង​សាមកុក​ម្នាក់​គត់ ។ ចំណែក​ឯ​ស្រុក​ខ្មែរ ឲ្យ​តែ​ឈ្នះ​ថ្ងៃ​នេះ មិន​ខ្វល់​ពី​ថ្ងៃ​ស្អែក​ទេ​ ចង់​នរណា​ជេរ​បើក​កកាយ​ស្អី​នៅ​ថ្ងៃ​ក្រោយ មិន​ខ្វល់ ធ្វើ​ដូច​ខ្លួន​ឯង​ជា​ម្ចាស់​ព្រហ្មលិខិត​ឣ៊ីចឹង ។ ស៊ឺម៉ាអ៊ី សូម​ខ្មាស​អ្នក​ដឹកនាំ​ស្រុក​ខ្មែរ ។ ស៊ឺម៉ាអ៊ី​និយាយ​ថា «អ្នក​ឆ្លាត​សម្ងំ​ធ្វើ​ការងារ​ពិត ក្តោប​ក្តាប់​ឱកាស ចំណែក​ឯ​អ្នក​ល្ងង់ លង់​នឹង​អំណាច បុណ្យស័ក្តិ ដែល​មិន​ស្ថិត​ស្ថេរ ។ សម្ងំ​សំលៀង​កាំបិត ៣០​ឆ្នាំ ចាំ​ឱកាស​កាប់​តែ​មួយ​ដង ។ ចិញ្ចឹម​ទ័ព ១០​ឆ្នាំ រង់ចាំ​ឱកាស សម្រាប់​សង្រ្គាម​តែ​មួយ​ថ្ងៃ» ។

តាំង​ពី​ឆ្នាំ​១៩៩៥​មក បក្ស​ប្រឆាំង​សុខ​ចិត្ត​រាយ​ក្រឡា​ចាញ់​ផ្ទួនៗ រង់ចាំ​រដូវ​ខ្យល់​រំហើយ​បាច​អង្កាម​បញ្ច្រាស​ទៅ​គណបក្ស​ប្រជាជន ទុក​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខ្សោះ​ឈាម ន្អាលនឹង​ត្រង​យក​កងទ័ព អាវុធ និង​ស្បៀង យក​ពេល​យក​ចិត្ត​រាស្រ្ត បែរ​ជា​គណបក្ស​ប្រជាជន​មើល​មិន​ឃើញ ឬ​ក៏​មើល​ឃើញ​ហើយ តែ​មើល​ស្រាល​ធ្វើ​មិន​ដឹង បណ្តោយ​ឲ្យ​គណបក្ស​ប្រឆាំង​អាច​រួប​រួម​គ្នា​បាន កងទ័ព​កាន់​តែ​ច្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ សម្លាប់​មួយ​កើន ១០ គំរាម​មិន​ខ្លាច បន្លាច​មិន​ញិន ទិញ​មិន​លក់ ក្លាហាន​មោះមុត ។ ក្បួន​ទ័ព​ទៅ​ដល់​ទីណា ស្បៀង​ធ្លាក់​ពី​លើ​មេឃ​នៅ​ទីនោះ ។ បើ​នេះ​មិន​មែន​ជា​កងទ័ព​ទេវតា តើ​ជា​ស្អី​ទៅ ?

បើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​តែ​ខ្លាំង​ប្រហាក់​ប្រហែល​ជាមួយ​គណបក្ស​សមរង្ស៊ី ម៉្លេះ​គណបក្ស​ប្រជាជន មាន​ជ័យជម្នះ​រហូត ដោយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​សម្ព័ន្ធភាព​រដ្ឋាភិបាល ម្តង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ម្តង​គណបក្ស​សមរង្ស៊ី ពេល​នោះ ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​ច្របូក​ច្របល់ មិន​អាច​បែង​ចែក​ល្អ និង​អាក្រក់ រវាង​គណបក្ស​ទាំង​បី​បាន​ឡើយ ។ ធ្វើ​បែប​នេះ គណបក្ស​ប្រជាជន​នៅ​បន្ត​ដឹកនាំ​រដ្ឋាភិបាល​រហូត ។

ឱកាស​ល្អ​យ៉ាង​នេះ បែរ​ជា​គណបក្ស​ប្រជាជន​មិន​អាច​ក្តោប​ក្តាប់​បាន ។ ឈ្នះ​តែ​សមរភូមិ មិន​ឈ្នះ​ចិត្ត​រាស្រ្ត គ្រប់គ្រង​រដ្ឋការ តែ​បង្ក​គំនុំ​ក្នុង​ចិត្ត​មន្ត្រី ។ បំផ្លាញ​ចិត្ត​ស្មោះ បង្កើន​ចិត្ត​ស្អប់ មាន​ឈ្មោះ​ជា​អ្នក​បម្រើ​រាស្រ្ត​តែ​លួច​ប្លន់​រាស្រ្ត ។ ជា​មេ​គ្រួសារ​គ្មាន​សមត្ថភាព​ចិញ្ចឹម​រាស្រ្ត បែរ​ជា​លក់​កេរ្តិ៍អាករ​ដូន​តា ។ មាន​ចិត្ត​ចង់​កាន់​កិច្ចការ​ធំ​បាន​យូរ តែ​មាន​ចិត្ត​មិន​ដាច់​ស្រេច មិន​ហ៊ាន​អារ​កាត់ បែង​ចែក​ឲ្យ​ច្បាស់​លាស់​ពី​មនោសញ្ចេតនា និង​ភារកិច្ច ។ ហ៊ាន​ស៊ី តែ​មិន​ហ៊ាន​សង ទទួល​តែ​ពាក្យ​សរសើរ មិន​ទទួល​ពាក្យ​រិះគន់ ។ សុខ​ចិត្ត​ក្បត់​គេ មិន​ឲ្យ​គេ​ក្បត់​ខ្លួន​ឯង ។ នេះ​ហៅ​ថា បាច​អង្កាម​បញ្ច្រាស​ខ្យល់ ពេល​វេលា​មួយ​ក៏​គង់​តែ​នឹង​មក​ដល់​ទេ ។

មើល​ចុះ ! កូន​ពេញ​ក្តារ​អុក បែរ​ជា​ដើរ​តាម​តែ​អារម្មណ៍ គ្មាន​យុទ្ធសាស្រ្ត ។ ចាប់​កូន​លើក​ដាក់ៗ ដូចជា ការ​បិទ​បើក ការ​ផ្សាយ​បន្ត​របស់​វិទ្យុ​ខេមរភាសា និង​ការ​ដេញ​សមាជិក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង ។ នរណា​ក៏​សើច​ហៀរ​ទឹក​ភ្នែក​ទឹក​សម្បោរ ហួស​ចិត្ត​ដែរ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​នោះ​គឺ គ្រាន់​តែ​គេ (បក្ស​ប្រឆាំង) ឡើង​កូន​ត្រី​ឲ្យ​ស៊ី​ភ្លាម គឺ​ស៊ី​ភ្លែត គ្មាន​គិត​ខាត គិត​ចំណេញ​អី​ទេ ។ បើ​នេះ​មិន​ហៅ​ថា​ល្ងង់ ហៅ​ថា​ស្អី​ទៅ​វិញ​ទៅ ? ក្រឡា​ឈ្នះ​លើ​គោក បែរ​ជា​ដើរ​ឲ្យ​ខូច​ក្រឡា​អស់ ។ ពេល​នេះ លទ្ធផល​នៃ​ការ​បោះឆ្នោត ពិត​ជា​ពិបាក​ប៉ាន់​ស្មាន​ណាស់ ។

គេ​ថា ពេល​ឡើង​ត្រី គឺ​ត្រូវ​តែ​មាន​ពីរ​យ៉ាង​តិច​ពីរ​ជាប់​គ្នា បើ​ល្អ​បី ឬ​ហៅ​ថា ត្រី​ទឹម​បី ហើយ​កូន​ណា​នៅ​មុខ​ត្រី​ទឹម គឺ​ពិត​ជា​គ្រោះថ្នាក់​ណាស់ ព្រោះ​ត្រី​បក​ទឹម​បី អាច​ការពារ​ខ្លួន​ឯង​បាន​ប្រាំ​ក្រឡា​បួន​ជ្រុង ហើយ​អាច​ការពារ​គ្នា​បាន​យ៉ាង​ល្អ​ដែល​សូម្បី​តែ​សេះ គោល ទូក​ក៏​ពិបាក​ចូល​ដែរ ។

គណបក្ស​ប្រជាជន​បាន​មើល​ស្រាល​គូ​ប្រកួត គិត​ថា ខ្លួន​ឯង​មាន​ទ័ព​ច្រើន​តែ​សុទ្ធ​ជា​ទ័ព​ក្អេង​ក្អាង ឈ្នះ​តែ​លើ​សមរភូមិ​ដែល​គេ​ធ្វើ​ចាញ់ សប្បាយ​ភ្លេច​ខ្លួន អង្គុយ​បើក​ភ្នែក​មើល​បក្ស​ប្រឆាំង​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទ័ព​កាន់​តែ​កើន ទឹក​ចិត្ត​ទ័ព​កាន់​តែ​ពុះ​កញ្ជ្រោល ។ ក្បួន​ទ័ព​ទៅ​ដល់​ទី​ណា រាស្រ្ត​គាំទ្រ​ទីនោះ​ដែល​នេះ​ហៅ​ថា ត្រី​ទឹម​ពីរ ត្រី​ទី​មួយ គឺ​កង​ទ័ព​ (សកម្មជន) ត្រី​ទី​២ គឺ​ប្រជារាស្រ្ត ។ ខាង​គណបក្ស​ប្រជាជន ក៏​ខំ​ឡើង​ត្រី​ទឹម​ដែរ តែ​សុទ្ធ​តែ​ត្រូវ​ចំណាយ​លុយ​កាក់ សារុង ប៊ីចេង អស់​ជាច្រើន ដែល​គេ​ហៅ​ថា ជា​ទ័ព​ស៊ី​ឈ្នួល ។ ទ័ព​ស៊ី​ឈ្នួល ស៊ី​មិន​ឆ្អែត ចិត្ត​មិន​នឹង មាន​តែ​ចំនួន​ឥត​ប្រយោជន៍ ឲ្យ​តែ​សត្រូវ​មក​ដល់ ច្បាស់​ជា​ចុះ​ចូល​ជាមួយ​សត្រូវ បែរ​អាវុធ​ដាក់​ម្ចាស់​វិញ​មិន​ខាន ។

គេ​ថា​មរកត​គង់​មាន​រកាំ ថ្វី​ដ្បិត​តែ​បក្ស​ប្រឆាំង​មាន​កម្លាំង​ទ័ព​ស្រួច​ខ្លាំង តែ​សុទ្ធ​តែ​ក្មេងៗ មាន​ចិត្ត​ឆេវឆាវ ឲ្យ​តែ​ជួប​សត្រូវ ដឹង​តែ​ពី​សម្លាប់​ បើ​សម្លាប់​មិន​បាន ក៏​ជេរ​បញ្ចោរ​ដែរ ។ បើ​ធ្វើ​ឣ៊ីចឹង តើ​វា​មាន​អី​ខុស​ពី​កង​ទ័ព​ស៊ី​ឈ្នួល​ទៅ ?

មេ​ទ័ព​គ្រប់​តំបន់​ទាំង​អស់​ត្រូវ​តែ​សម្រួល​ក្បួន​ទ័ព​ឡើង​វិញ ។ បើ​តាំង​នាម​ជា​កងទ័ព​ប្រកាន់​សច្ចធម៌​លើក​ស្ទួយ​រាជបល្ល័ង្ក សង្គ្រោះ​នគរ គួរ​តែ​មាន​ពាក្យ​សម្ដី​ថ្លៃ​ថ្នូរ អាកប្បកិរិយា​ទន់​ភ្លន់ តែ​បើ​ហា​មាត់​ឡើង​ជេរ ហា​មាត់​ឡើង​យួន ហា​មាត់​ឡើង​អាក្បត់​ជាតិ តើ​មាន​កងទ័ព​ណា​ដែល​ហ៊ាន​ចុះ​ចូល​ជាមួយ​ទៅ ? អ្នក​ទាំង​នោះ បើ​មិន​មែន​ជា​ជន​បង្កប់ ក៏​ជា​ចោរ​ក្បត់​ដែរ គួរ​តែ​កាត់​ក្បាល​ភ្លាម ។

បើ​ចង់​ជួយ​ម្ចាស់ គួរ​តែ​ទាក់​ទាញ​ទ័ព​សត្រូវ​ឲ្យ​ក្លាយ​ជា​មិត្ត ហើយ​មិត្ត​ក្លាយ​ជា​ទ័ព​ស្មោះ​ស្ម័គ្រ ដោយ​ប្រើ​អាកប្បកិរិយា​ទន់​ភ្លន់ យក​ទន់​បង្រ្កាប​រឹង យក​ទឹក​បង្រ្កាប​ភ្លើង សម្ដី​ត្រជាក់ តែ​ស៊ី​ជម្រៅ ប្រកប​ដោយ​ហេតុ​ផល ហ៊ាន​ស៊ី​ហ៊ាន​សង ហ៊ាន​ទទួល​ត្រូវ ហ៊ាន​ទទួល​ពាក្យ​សរសើរ ហ៊ាន​ទទួល​ពាក្យ​បន្ទោស រៀន​ប្រើ​ពាក្យ «បាទ! ចាស!» បង្កើត​វប្បធម៌ «មិន​យក​ខ្មែរ​ណា​ជា​សត្រូវ» ទៅ​តាម​គោលការណ៍​ម្ចាស់​របស់​ខ្លួន ។ ម្យ៉ាង​ទៀត ពេល​ឡើង​តែ​ត្រី​ទៅ​មុខ​ទុក​ប្រហោង​ក្នុង​អារាត់​អារាយ​ពេញ​ក្តារ​អុក ដូច្នេះ​កំពុង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ការ​ប្រហោង​ពោះ​ខ្លាំង​ណាស់ ។ បើ​ដើរ​របៀប​នេះ ទ័ព​ស៊ី​ឈ្នួល​ច្បាស់​ជា​ស្ទាក់​វាយ​តាម​ផ្លូវ ម្តង​មួយ​កង់ៗ ស្លាប់​អស់​មិន​ខាន​ឡើយ ។

សង្រ្គាម​ថ្ងៃ​ខាង​មុខ (ថ្ងៃ​បោះឆ្នោត) ជា​ការ​សាក​កម្លាំង​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​សម្រេច​ជោគ​វាសនា​រាស្រ្ត​ទាំង​នគរ ល្អ​អាក្រក់ ស​ខ្មៅ នឹង​ត្រូវ​បែង​ចែក ។ ដូច្នេះ បើ​មិន​អាច​ឡើង​ត្រី​មួយ​ទៀត ធ្វើ​ជា​ត្រី​ទឹម​បី គឺ​លទ្ធផល​ពិត​ជា​ពិបាក​ប៉ាន់​ស្មាន​ណាស់ ។ ដូច្នេះ តើ​បក្ស​ប្រឆាំង​អាច​ឡើង​កូន​ត្រី​មួយ​ទៀត​បាន​ឬ​ទេ ?

និយាយ​ឲ្យ​ត្រង់​ទៅ កូន​ត្រី​ទី​បី​នោះ គឺជា​អ្នក​ទស្សនា ដែល​សុទ្ធ​តែ​អ្នក​ជិះ​លើ​ទូក​ក្តារ ជាមួយ​អ្នក​លេង ដែល​អ្នក​ខ្លះ​ជា​អ្នក​ប្រាជ្ញ​បណ្ឌិត អ្នក​មាន​ទ្រព្យធន អ្នក​មាន​កម្លាំង អ្នក​ក្បួន​យុទ្ធសាស្រ្ត ដែល​តែង​តែ​យក​រួច​ខ្លួន ចេញ​តែ​សម្ដី មិន​ចេញ​មុខ ចេញ​មុខ តែ​មិន​ចេញ​សកម្មភាព នេះ​ហើយ ។ បើ​អ្នក​ទាំង​អស់​គ្នា មិន​ជួយ​ស្រែក មិន​ជួយ​ហ៊ោ គឺ​ច្បាស់​ជា​អស់​លីអូ​ម្នាក់ៗ​ជា​មិន​ខាន​ទេ ។

ខុងមិញ ដែល​ដើរ​តួ​នៅ​ក្នុង​ខែ្ស​ភាពយន្ដ​រឿង​សាមកុក​បាន​និយាយ​ថា «បើ​ចេះ​តែ​សម្ងំ​សុខ បាន​សុខ​នោះ គ្រប់​គ្នា​មិន​បាច់​ប្រឹង​ទេ ហើយ​ក៏​មិន​ចាំ​បាច់​មាន​អ្នក​ក្លាហាន​ចេញ​មុខ​បញ្ចេញ​សមត្ថភាព​អីដែរ ។ បើ​គ្រាន់​តែ​សន្សំ​សុខ សម្រាប់​តែ​១០​ឆ្នាំ​ ឬ ២០​ឆ្នាំ​នោះ គឺ​មិន​អី​ទេ តែ​បើ​គិត​ដល់​ទៅ ៥០​ឆ្នាំ ១០០​ឆ្នាំ ដល់​កូន​ចៅ​ជំនាន់​ក្រោយ​រាប់​តំណ គឺ​មិន​អាច​សម្ងំ​សុខ​ពេល​ឥឡូវ​បាន​ទេ គ្រប់​គ្នា​ត្រូវ​តែ​ប្រឹង​ប្រែង ក្តាប់​ឱកាស​ពី​ឥឡូវ​ទៅ» ។

មេ​ដឹកនាំ សមាជិក សកម្មជន​នយោបាយ បាន​រៀប​ក្បួន​ទ័ព​ចេញ​ជា​ហូរហែ តែ​នៅ​មាន​អ្នក​ខ្លះ អង្គុយ​ផឹក​កាហ្វេ តែង​កំណាព្យ ស្តាប់​ភ្លេង សើច​ចំអក​ឲ្យ​អ្នក​ទាំង​អស់​នោះ​ទៅ​វិញ ។ បើ​ធ្វើ​បែប​នេះ តើ​មាន​អ្វី​ខុស​ពី​បញ្ញើ​ក្អែក​ទៅ ?

តើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​បាត់​ដោយ​របៀប​ណា ? ឮ​ចាស់ៗ​និយាយ​តៗ​គ្នា​ថា បារាំង​ចង់​ធ្វើ​ជំរឿន ថា​តើ​ជនជាតិ​ណា​រស់​នៅ​ច្រើន​ជាង​គេ តែ​ខ្មែរ​យើង​ចិត្ត​សឿង​ស្អប់​បារាំង​មិន​ទៅ​ចុះ​ឈ្មោះ​ធ្វើ​ជំរឿន​ទេ ។ ពេល​ធ្វើ​ជំរឿន​ចប់​សព្វ​គ្រប់ បារាំង​ឃើញ​ជនជាតិ​វៀតណាម មាន​ចំនួន​ច្រើន​ជាង​ជនជាតិ​ខ្មែរ ក៏​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​យួន​ទៅ ។ ទោះ​បី​រឿង​នេះ​ពិត ឬ​មិន​ពិត ក៏​សមហេតុ​សម​ផល​ដែរ ។ រឿង​នេះ មិន​ខុស​គ្នា​ទេ បើ​អស់​លោក បញ្ញវន្ត និង​អ្នក​មាន​ទ្រព្យ​ធន សម្ងំ​យក​តែ​សុខ គឺ​មេរៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​កម្ពុជា​ក្រោម និង​កើត​ឡើង​ម្តង​ទៀត នៅ​កម្ពុជា​កណ្តាល​នេះ ។

ជំនាន់​ខ្មែរក្រហម តើ​ប្រជាជន​ស្លាប់​ដោយ​របៀប​ណា ? គឺ​ដោយ​សារ​ម្នាក់ៗ សម្ងំ​យក​សុខ​រៀងៗ​ខ្លួន គ្មាន​គំនិត​រួប​រួម​គ្នា ។ សូម្បី​តែ​ក្មេង​ម្នាក់​ឈរ​កាន់​កាំភ្លើង​លើ​ភ្លឺ​ស្រែ ហើយ​មនុស្ស​ចាស់​កាន់​ចប​កាប់​រាប់​រយ​នៅ​លើ​ខ្នង​ប្រឡាយ មិន​ហ៊ាន​ទាំង​ក្អក​ផង ។ គេ​ចាំ​មើល​យើង យើង​ចាំ​មើល​គេ រហូត​ដាច់​បាយ ត្រូវ​ត្បូង​ចប​ស្លាប់​ទាំង​អស់​គ្នា ។

ដូច្នេះ​បើ​មាន​អ្នក​ស្ម័គ្រ​ស្លាប់​នៅ​សមរភូមិ​មុខ​ទៅ​ហើយ តើ​មាន​អ្វី​ធ្វើ​ឲ្យ​យើង​រា​រែក​ទៀត ? ក្បួន​ទ័ព​បាន​ចេញ​ដំណើរ​ហើយ ។ អ្នក​មាន​ស្បៀង ជួយ​ស្បៀង អ្នក​មាន​ល្បិច ផ្តល់​ល្បិច អ្នក​មាន​ព័ត៌មាន ផ្តល់​ព័ត៌មាន អ្នក​មាន​អាវុធ ផ្តល់​អាវុធ អ្នក​អត់​មាន ជួយ​ហ៊ោ ទូង​ស្គរ ឈរ​អម​ដង​ផ្លូវ ផ្តល់​កម្លាំង​ចិត្ត​ដល់​ទ័ព និង​អ្នក​នៅ​សមរភូមិ​មុខ ។

មើល​ចុះ ! ខ្យល់​អាគ្នេយ៍​សម្រាប់​បាច​អង្កាម​បញ្ច្រាស​ទៅ​សត្រូវ​ក៏​មក​ដល់ ។ កងទ័ព​សត្រូវ​កំពុង​តែ​ជ្រួល​ច្របល់ ។ បើ​ត្រី​បក​ទាំង​បី​នេះ មិន​អាច​ឡើង​ទន្ទឹម​គ្នា​បាន​ទេ លទ្ធផល​សង្រ្គាម​ (បោះឆ្នោត) ​ថ្ងៃ​ខាង​មុខ ដែល​បក្ស​ប្រឆាំង​ខំ​សំលៀង​កាំបិត​សន្សំ​ស្បៀង រើស​ទ័ព រាយ​ក្រឡា​ចាញ់​ផ្ទួនៗ ជាង​១០​ឆ្នាំ​មក​នេះ ពិត​ជា​អាណោច​អាធ័ម​មិន​ខាន​ទេ ។ ពេល​នោះ​ទាំង​ទ័ព ទាំង​រាស្រ្ត ទាំង​មន្រ្តី ច្បាស់​ជា​ត្រូវ​កង​ទ័ព​ស៊ី​ឈ្នួល​អារក​បឺត​ឈាម កាត់​ក្បាល វះ​ពោះ ហាល​ងៀត ដូច​ត្រី​មិន​ខាន​ទេ ។

ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​សូម​អភ័យទោស​សា​ជា​ថ្មី​ចំពោះ​កំហុស​ឆ្គង​ដោយ​អចេតនា​តាម​រយៈ​អត្ថបទ​វិភាគ ដែល​ចេញ​ពី​គំនិត និង​ចំណេះ​ដឹង​ស្តួច​ស្តើង ៕

ចូល​រួម​ផ្ដល់​យោបល់​តាម​រយៈ​អ៊ីមែល chivann.pen@gmail.com
ប៉ែន សុជីវន្ត ពី​រតនគិរី
សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៣
 
 

យោបល់​ឈូកខ្មែរ:  ការ​តែង​អត្ថបទ​មាន​លក្ខណៈ​ច្នៃប្រឌិត​គួរ​ឲ្យ​កោត​សរសើរ ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់​គឺ​ថា ​ខ្លឹមសារ​នៅ​ក្នុង​អត្ថបទ​នីមួយៗ ហាក់​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​គោល​គំនិត​នៅ​ក្នុង​ចំណងជើង​អត្ថបទ​ទាំង​នោះ​ទេ ។ អត្ថបទ​ទាំងអស់ មិន​ថា​ស្ថិត​ក្នុង​ចំណងជើង​អ្វី​ទេ ហាក់​សង្កត់​ធ្ងន់​តែ​ទៅ​លើ​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន អាច​នាំ​ឲ្យ​មាន​ចម្ងល់​ពី​ឯករាជ្យភាព​របស់​អ្នកវិភាគ ។

 

លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះ​ជាតិ​ និង លោក​ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (រូប​ថត ផា លីណា​ និង ហុង មិនា)


ត្រី​ទឹម​៣​ សម រង្ស៊ី​កំពុង​ព័ទ្ធ​ចាប់ «ខុន-ស្តេច​អង្គ» របស់​ហ៊ុន សែន

ជា​ធម្មតា​ក្នុង​ការ​លេង​អុក​គូ​ប្រកួត​តែង​តែ​ដាក់​ខ​សន្យា​នឹង​គ្នា​មុន​ពេល​ប្រកួត ដូចជា កាន់​កូន​ណា ដើរ​កូន​ហ្នឹង និង​មិន​ឲ្យ​មាន​អ្នក​ផ្សេង​ឲ្យ​យោបល់ ។ល ។ ប៉ុន្តែ​សម្រាប់​គូ​ប្រកួត​អុក​មួយ​ក្តារ​ចុង​ក្រោយ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី គឺ​មិន​បាន​ដាក់​ខ​សន្យា​ដូច​ខាង​លើ​នោះ​ទេ នេះ​ក៏​ព្រោះ​តែ​លោក ហ៊ុន សែន ជា​អ្នក​លេង​អុក​ជើង​ចាស់​ម្នាក់ ហើយ​ចាត់​ទុក​លោក សម រង្ស៊ី គ្រាន់​តែ​ជា​ដៃ​គូ​ជើង​ទន់ៗ​ម្នាក់ ។

ដោយ​សារ​មោទនភាព​នេះ​ហើយ​ទើប​លោក ហ៊ុន សែន ភ្លេច​គិត​ថា លោក សម រង្ស៊ី ដែល​ជា​អ្នក​លេង​អុក​ខ្សោយ​ទាំង​ក្រឡា​ដើរ និង​ខ្សោយ​ទាំង​ដេញ​សម្លាប់ «ចាប់​ស្តេច អង្គ» ពី​ពេល​មុន​នោះ​បាន​សិក្សា​ពី​ចំណុច​ខ្សោយ​ទាំង​នេះ និង​ភាព​បរាជ័យ​នា​ពេល​កន្លង​មក​របស់​ខ្លួន ។ លើស​ពី​នេះ​លោក សម រង្ស៊ី នៅ​មាន​ដៃ​គូ​ម្នាក់​ទៀត​ដែល​មាន​សមត្ថភាព​ប្រកួត​ជាមួយ​លោក ហ៊ុន សែន ដែរ​នោះ គឺ​លោក កឹម សុខា ។ អ្នក​ទាំង​ពីរ (លោក សម រង្ស៊ី និង​លោក កឹម សុខា) បាន​សហការ​គ្នា​ដាក់​ផុក ដើម្បី​លេង​អុក​មួយ​ក្តារ​ចុង​ក្រោយ​នេះ​ជាមួយ​លោក ហ៊ុន សែន យក​ឈ្នះ​ចាញ់​តែ​ម្តង ។

ការ​សហការ​គ្នា​យ៉ាង​ល្អ​នេះ ទើប​ធ្វើ​ឲ្យ​ក្រឡា​អុក​របស់​លោក សម រង្ស៊ី ឡើង​កូន​អុក​នីមួយៗ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​វាយ​បំបែក​ក្រឡា​អុក​ដ៏​រឹង​មាំ​របស់​លោក ហ៊ុន សែន នេះ​ដោយ​សារ​ការ​វាយ​ស្ថានការណ៍​ខុស ព្រោះ​លោក ហ៊ុន សែន ចាត់​ទុក​ការ​សហការ​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​រួម​គ្នា​ប្រកួត​ជាមួយ​គាត់ គ្រាន់​តែ​ជា​ព្យុះ​ក្នុង​ក្អម ឬ​ឆ្កែ​ពីរ​ស៊ី​បាយ​ចាន​តែ​មួយ ។ ផ្ទុយ​ទៅ​វិញ ការ​សហការ​គ្នា​បាន​យ៉ាង​ល្អ និង​មាន​ភាព​រឹង​មាំ ហើយ​ក្លាយ​ទៅ​ជា​ព្យុះ​ក្រៅ​ក្អម​បាន​បោក​បក់​កូន​អុក​របស់​លោក ហ៊ុន សែន បែក​ខ្ញែក​នាំ​ឲ្យ​លោក សម រង្ស៊ី​មាន​ឱកាស​ឡើង​បក​ត្រី​បាន ៣ ហើយ​ត្រី​នោះ​ជា​ត្រី​ទឹម​ទៀត​ផង ។

អ្វី​ទៅ​ដែល​ហៅ​ថា ត្រី​ទឹម ? វា​មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ ? ក្នុង​ល្បែង​អុក គូ​ប្រកួត​មាន​ពីរ​នាក់ ហើយ​មាន​កូន​អុក​ម្នាក់ៗ​ចំនួន ១៦ ក្នុង​ចំណោម​កូន​អុក ១៦ មាន​កូន​អុក ៨ ដែល​គេ​តម្រៀប​នៅ​ជួរ​មុខ និង​មាន ឈ្មោះ​ហៅ​ថា «ត្រី ឬ​ត្រី​កូន​អុក» ។ នៅ​ពេល​កូន​ត្រី​នេះ បាន​ដើរ​ទៅ​ដល់​ក្រឡា​ដាក់​កូន​ត្រី​ម្ខាង​ទៀត​របស់​គូ​ប្រកួត កូន​ត្រី​នោះ​នឹង​បក ។ ពេល​បក​ហើយ កូន​ត្រី​នោះ​មាន​ភាព​ពិសេស​នៅ​ត្រង់​ថា វា​អាច​ដើរ​ខ្វែង​ក្រឡា​បាន​ទាំង​បួន​ទិស ដែល​ខុស​ពី​មុន​គឺ​អាច​ដើរ​បាន​តែ​ទៅ​មុខ​ត្រង់​ប៉ុណ្ណោះ ។

ត្រី​ទឹម ជា​កូន​ត្រី​អុក​បក​បាន​ចំនួន ២ ឡើង ហើយ​នៅ​ទន្ទឹម​គ្នា ប៉ុន្តែ​បើ​មិន​នៅ​ទន្ទឹម​គ្នា​ទេ គេ​ហៅ​ថា ត្រី​ចង ព្រោះ​វា​នៅ​ខ្វែង​ក្រឡា​គ្នា ។ ជា​ធម្មតា​អ្នក​លេង​អុក តែង​តែ​រារាំង​មិន​ឲ្យ​គូ​ប្រកួត​ឡើង​បក​ត្រី​ទឹម​បាន​ដោយ​ងាយៗ​នោះ​ទេ មាន​ន័យ​ថា គេ​នឹង​រក​វិធី​កម្ចាត់​សព្វ​បែប​យ៉ាង​ព្រោះ​កាល​ណា​បណ្តោយ​ឲ្យ​គេ​មាន​ត្រី​ទឹម គឺ​គេ​មាន​ប្រៀប​ឈ្នះ​ច្រើន ។ ត្រី​ទឹម គឺ​អាច​ចង​ប្រទាក់​ក្រឡា​គ្នា​បាន​យ៉ាង​ល្អ​ក្នុង​ការ​ការពារ ការ​វាយ​លុក​ពី​សត្រូវ និង​ជា​ទ័ព​ពិសេស​ដែល​ប្រើ​ដើម្បី​ព័ទ្ធ​ចាប់​ស្តេច (អង្គ) របស់​សត្រូវ​បាន​យ៉ាង​ងាយ​ទៀត​ផង ។

សម្រាប់​ក្រឡា​អុក​របស់​លោក សម រង្ស៊ី ដែល​មាន​ការ​សហការ​យ៉ាង​ល្អ​ជាមួយ​លោក កឹម សុខា បាន​ធ្វើ​ឲ្យ​ក្រឡា​អុក​នេះ​មាន​ត្រី​បក​ទឹម​ដល់​ទៅ  ។ ត្រី​បក​ទី​១ គឺ​លោក សម រង្ស៊ី មាន​អាសនៈ​សភា​មិន​តិច​ជាង ៥៥​កៅអី ដែល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដាក់​សម្ពាធ​នយោបាយ​ទៅ​ថ្ងៃ​មុខ ពិសេស​រារាំង​មិន​ឲ្យ​បង្កើត​រចនាសម្ព័ន្ធ​ដឹកនាំ​រដ្ឋសភា​ក្នុង​សម័យ​ប្រជុំ​ដំបូង​របស់​ខ្លួន ៦០ ថ្ងៃ​យ៉ាង​យូរ ក្រោយ​ពេល​បោះឆ្នោត​តាម​ការ​កោះ​ប្រជុំ​របស់​ព្រះ​មហាក្សត្រ ដែល​ទាមទារ​ឲ្យ​រដ្ឋសភា​មាន​សមាជិក​ជា​តំណាងរាស្ត្រ​យ៉ាង​តិច​១២០ រូប ។ ត្រី​បក​ទី​២ គឺ​លោក សម រង្ស៊ី បាន​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី តិច​ឬ​ច្រើន​គណៈកម្មការ​នេះ នឹង​រក​ឃើញ​ភាព​មិន​ប្រក្រតី និង​ធ្វើ​របាយ​ការណ៍​ដើម្បី​វាយ​តម្លៃ​ថា តើ​វា​អាច​ប៉ះពាល់​កម្រិត​ណា​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត ។

ចំណុច​នេះ លោក ហ៊ុន សែន យល់​ស្រប​ដោយ​បាន​ទាំង​បង្កើត​ក្រុម​ការងារ​សម្រាប់​កិច្ចការ​នេះ​ទៀត​ផង ។ នេះ​មាន​ន័យ​ថា ទឹក​មាត់​លោក សម រង្ស៊ី ប្រៃ​ជាង​មុន ដែល​អាច​ធ្វើ​ឲ្យ​លោក ហ៊ុន សែន បាន​ពិចារណា​រាល់​សំណើ​របស់​បក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ឬ​អាច​និយាយ​មួយ​បែប​ទៀត​ថា ទោះ​បី​លោក សម រង្ស៊ី ទាមទារ​អ្វី​ក៏​លោក ហ៊ុន សែន យល់​ព្រម​ដែរ​ក្នុង​កាលៈទេសៈ​នេះ ហើយ​បើ​សង្កេត​មើល​កាយវិការ និង​ពាក្យ​សម្ដី​របស់​លោក ហ៊ុន សែន កាល​ពីថ្ងៃ​ទី​៣១ ខែ​កក្កដា កន្លង​ទៅ ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​ស្ពាន​អាកាស​ស្ទឹងមានជ័យ គឺ​ហាក់​ដូច​ជា​ទន់ភ្លន់​ច្រើន​ជាង​មុន​ណាស់ ។

ត្រី​បក​ទី​៣ គឺ​លោក សម រង្ស៊ី មាន​សហគមន៍​អន្តរជាតិ​ចាប់​អារម្មណ៍ និង​យក​ចិត្ត ទុក​ដាក់​ចំពោះ​កង្វល់​នានា​ដែល​លោក សម រង្ស៊ី បាន​លើក​ឡើង ហើយ​មក​ដល់​ពេល​នេះ មាន​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប ប្រទេស​ជប៉ុន ជាដើម​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់ ដើម្បី​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង​ក្នុង​ការ​បោះឆ្នោត ។

តាម​រយៈ​ត្រី​បក​ទឹម​ទាំង​៣ បាន​ធ្វើ​ឲ្យ​លោក សម រង្ស៊ី មាន​ឱកាស​គ្រប់​គ្រាន់ ក្នុង​ការ​ចូល​ទៅ​ព័ទ្ធ​ចាប់​ស្តេច (អង្គ) របស់​លោក ហ៊ុន សែន បាន​គ្រប់​ពេល​ប្រសិន​បើ​លោក ហ៊ុន សែន ធ្វេស​ប្រហែស​ក្នុង​ការ​ទប់​ទល់​ចំពោះ​ក្រឡា​អុក​មួយ​ក្តារ​នេះ ប៉ុន្តែ​ដោយ​សារ​លោក ហ៊ុន សែន មាន​បទ​ពិសោធន៍ និង​មាន​ល្បិច​ច្រើន មិន​បណ្តោយ​ឲ្យ​ត្រី​បក​ទឹម​ទាំង​៣ របស់​លោក សម រង្ស៊ី អាច​ចូល​ទៅ​ព័ទ្ធ​ស្តេច (អង្គ) របស់​ខ្លួន​ដោយ​ងាយៗ​នោះ​ទេ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា មិន​បណ្តោយ​ឲ្យ​លោក សម រង្ស៊ី រុញ​រហូត​ផ្ទប់​នឹង​ជញ្ជាំង​ក្តារ​អុក​រក​ក្រឡា​រត់​មិន​រួច​នោះ​ឡើយ​ចង់​ មិន​ចង់​គឺ​លោក ហ៊ុន សែន ប្រឹង​រក​ឧបាយកល​យ៉ាង​ណា​ដើម្បី​បំបែក​ត្រី​បក​ទឹម​ទាំង ៣ របស់​លោក សម រង្ស៊ី ម្តង​មួយៗ ឬ​ក៏​រក​មធ្យោបាយ​ដើម្បី​ផ្លាស់​ប្តូរ​ស្ថានការណ៍​ពី​ចាញ់​មក​ឈ្នះ ឬ​ពី​ចាញ់​មក​ស្មើ ។

ល្បិច​ទី១ របស់​លោក ហ៊ុន សែន បាន​ប្រើ​ក្នុង​ការ​ទប់​ទល់​ជាមួយ​ត្រី​បក​ទឹម​ទាំង ៣ របស់​លោក សម រង្ស៊ី គឺ​ការ​បង្ហាញ​មុខ​លើក​ទី​១ ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៣១ កក្កដា ។ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ ប៉ុន្តែ​នេះ​ជា​យុទ្ធសាស្ត្រ​មួយ«Soft Approach» ដែល​បន្ទន់​ឥរិយាបថ សុំ​ចរចា​ដើម្បី​ស្ទាប​ស្ទង់​ស្ថានការណ៍ ឬ​ពន្យារ​ពេល​រង់ចាំ​ទ័ព​ជំនួយ​សម្រាប់​វាយ​បក​ទៅ​សត្រូវ​វិញ​នៅ​ពេល​មាន​ឱកាស​ហុច​ឲ្យ ។ នេះ​ដូច​ជា​ល្បិច​មួយ​ដែល ឆាវ ឆាវ បាន​ប្រើ​ក្នុង​រឿង​សាមកុក នៅ​ពេល​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​កង​ទ័ព ៧​សែន​នាក់​របស់​ស្តេច​ត្រាញ់ យៀង សាវ ។

ឆាវ ឆាវ បាន​សុំ​ចរចា និង​ទទួល​យក​គ្រប់​លក្ខខណ្ឌ​ដែល យៀង សាវ ទាមទារ តែ​នេះ​ជា​ការ​ពន្យារ​ពេល​មួយ​ដើម្បី​រង់ចាំ​ទ័ព​ជំនួយ ហើយ​នៅ​ពេល ឆាវ ឆាវ ក្តាប់​ស្ថានការណ៍​បាន និង​ខណៈ​ពេល​ទ័ព​ជំនួយ​មក​ដល់ ចាប់​ផ្តើម​គំរាម យៀង សាវ ថា ច្បាំង​មិន​ដែល​ចាញ់​ឡើយ នៅ​ពេល​ដែល ឆាវ ឆាវ នៅ​មាន​ដង្ហើម ។ ឆាវ ឆាវ បាន​ប្តូរ​ស្ថានការណ៍​ពី​ចាញ់​មក​ឈ្នះ ដោយ​បាន​ធ្វើ​ឲ្យ​ទ័ព ៧​សែន​នាក់​របស់ យៀង សាវ នៅ​សល់​មិន​ដល់ ១០០​នាក់ ហើយ​ស្តេច​ត្រាញ់ យៀង សាវ ឈឺ​ចាប់​រហូត​ក្អួត​ឈាម​ស្លាប់​នៅ​ក្នុង​សមរភូមិ​ នេះ​ដោយ​សារ​ទ័ព​ជំនួយ​របស់ ឆាវ ឆាវ ។

សម្រាប់​លោក ហ៊ុន សែន តើ​នរណា​ជា​ទ័ព​ជំនួយ ? តើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជា​ទ័ព​ជំនួយ​ឬ ? តាម​ការ​សង្កេត និង​វាយ​តម្លៃ​ទៅ​លើ​សកម្មភាព និង​ការ​សម្រេច​ចិត្ត​នានា​របស់ គ.ជ.ប គឺ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ អ្នក​វិភាគ​សង្គម​នានា​បាន​ហៅ គ.ជ.ប ថា​ជា​គណៈកម្មាធិការ​ជាតិ Yes, No, OK ឬ​គណៈកម្មាធិការ​ជាតិ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជាដើម ។ មួយ​ថ្ងៃ​ក្រោយ​បន្ទាប់​ពី​ចេញ​មុខ​សាធារណៈ ព្រម​ទាំង​យល់​ព្រម​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ ប៉ុន្តែ​គណៈកម្មការ​ចម្រុះ​មិន​ទាន់​ចេញ​ជា​រូប​រាង​ផង លោក ហ៊ុន សែន បាន​ប្រើ​ល្បិច​ទី​២ គឺ​ការ​គំរាម ដែល​ជា​សារ​នយោបាយ​មួយ​ផ្តាំ​ផ្ញើ​តាម​រយៈ​លោក វ៉ូលហ្គាំង ម៉ូស័រ (Wolfgang Moser) ឯក​អគ្គរដ្ឋទូត​អាល្លឺម៉ង់ ដែល​ទើប​នឹង​ចប់​អាណត្តិ​ថា​ នឹង​ប្រគល់​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​គណបក្ស​តូចៗ ប្រសិន​បើ​គណបក្ស​ប្រឆាំង​នេះ​បដិសេធ​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​រដ្ឋសភា​ទេ​នោះ ។

ល្បិច​ទាំង​ពីរ​ខាង​លើ មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់​ទល់​នឹង​ត្រី​បក​ទឹម​ទាំង ៣ របស់​លោក សម រង្ស៊ី នោះ​ឡើយ ព្រោះ​លោក សម រង្ស៊ី ឬ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មាន​ត្រី​មួយ​ទៀត ដែល​បាន​ត្រៀម​ខ្លួន​នឹង​បក​នៅ​ពេល​កាលៈទេសៈ​ហុច​ឲ្យ ។ ក្នុង​ការ​ប្រកួត​អុក ទោះ​បី​ជា​នៅ​សល់​កូន​អុក​សំខាន់ៗ​ដូចជា​ទូក ១ ឬ ២ គោល ១ ឬ ២ សេះ ១ ឬ ២ ក៏​ដោយ កាល​ណា​យើង​មាន​ត្រី​១​មិន​ទាន់​បក គឺ​យើង​មាន​ឱកាស​ក្នុង​ការ​ព័ទ្ធ​ចាប់​ស្តេច (អង្គ) របស់​គូ​ប្រកួត​ម្ខាង​ទៀត ដោយ​ប្រើ​ពេល​វេលា​យូរ​រហូត​ដល់ ៦៤ ជំហាន (ក្រឡា) ប៉ុន្តែ​បើ​ឱកាស​ហុច​ឲ្យ គេ​នឹង​បក​ត្រី​នោះ​ភ្លាម ទោះ​វា​ជា​ត្រី​ចង ឬ​ត្រី​ទឹម​ក៏​ដោយ​ ឬ​ត្រូវ​ចំណាយ​ពេល​ខ្លី សម្រាប់​ដេញ​ចាប់​ស្តេច (អង្គ) ដូច​ជា ១៦ ជំហាន​បើ​នៅ​ទូក ១ ៤៤ ជំហាន​បើ​នៅ​គោល ១ ឬ ៦៤ ជំហាន​បើ​នៅ​សេះ ១ រួម​ជាមួយ​ត្រី​បក​ចុង​ក្រោយ ។

ត្រី​ទី​៤​ដែល​លោក សម រង្ស៊ី នឹង​បក​ខាង​មុខ បើ​ទោះ​បី​ជា​ត្រី​ចង​ ឬ​ត្រី​ទឹម​ក៏​ដោយ​ហើយ​វា​មាន​ឥទិ្ធពល​ខ្លាំង​ណាស់ និង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន មិន​ហ៊ាន​លេង​ចូល​ជា​ដាច់​ខាត ព្រម​ទាំង​មិន​ចង់​ឲ្យ​លោក សម រង្ស៊ី បក​ផង​ដែរ ។ ត្រី​បក​ទី​៤ ដែល​លោក សម រង្ស៊ី នឹង​ប្រើ​នោះ​គឺ​កម្លាំង​គាំទ្រ​មហាជន ពិសេស​យុវជន ដែល​កំពុង​ស្រេក​ឃ្លាន​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​រង់ចាំ​តែ​ភ្លើង​ខៀវ​ពី​មេ​បក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ ហើយ​បើ​កើត​មាន វា​នឹង​ពុះ​កញ្ជ្រោល ។

លោក ហ៊ុន សែន មិន​ដែល​ប្រាថ្នា​ចង់​លេង​ជាមួយ​នោះ​ទេ ព្រោះ​គាត់​ធ្លាប់​ភ្លក្ស​ម្តង​រួច​ទៅ​ហើយ​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៩៨ ។ សម្រាប់​ឆ្នាំ​២០១៣ ភាព​ពុះ​កញ្ជ្រោល​នឹង​ខ្លាំង​ក្លា​ជាង​ឆ្នាំ​១៩៩៨ រាប់​សិប​ដង​ទៅ​ទៀត និង​ពិបាក​រក​វិធានការ​ណា​មួយ​ដើម្បី​ទប់​ស្កាត់​បាន​ឡើយ ។ សម្រាប់​លោក សម រង្ស៊ី និង​លោក កឹម សុខា ឬ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​លេង​ដើម្បី​ជា​ថ្នូរ​នឹង​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​ជូន​ជាតិ​និង​ប្រជា​ពលរដ្ឋ ប៉ុន្តែ​សម្រាប់​លោក ហ៊ុន សែន ច្បាស់​ជា​មិន​ហ៊ាន​លេង​ទេ បើ​ទោះ​បី​ជា​ធ្លាប់​គំរាម​ថា នឹង​បិទ​ទ្វារ​វាយ​ឆ្កែ​នា​ពេល​កន្លង​មក​ក៏​ដោយ​ ព្រោះ​សន្ទុះ​គាំទ្រ​ពី​សំណាក់​យុវជន​ចំពោះ​គណបក្ស​ប្រឆាំង​មាន​សភាព​ខ្លាំង​ក្លា ។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ វា​មិន​ទាន់​បិទ​បញ្ចប់​គ្រប់​សាច់​រឿង​នៅ​ឡើយ​ទេ ដូច​នេះ​យើង​ត្រូវ​រង់ចំា​មើល​ជា​បន្ត​ទៀត​ថា តើ​លោក ហ៊ុន សែន មាន​ល្បិច​អ្វី​ថ្មី​ទៀត ហើយ​លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ប្រើ​ប្រាស់​ត្រី​បក​ទី​៤ របស់​គាត់​ដែរ​ឬ​ទេ ?

ទស្សនៈ​ខាង​លើ​នេះ ជា​ការ​យល់​ឃើញ​របស់​បុគ្គល​ខ្ញុំ​ផ្ទាល់ ដែល​ជា​សាស្រ្តាចារ្យ និង​ជា​បញ្ញវន្ត ដែល​បាន​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ប្រវត្តិសាស្រ្ត​នយោបាយ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ ហើយ​សូម​ប្រើ​ប្រាស់​ពេល​ទំនេរ​ពី​ការងារ​ដើម្បី​សរសេរ​អត្ថបទ​នេះ ក្នុង​ការ​ចែក​រំលែក​នូវ​ពុទ្ធិ​បន្តិច​បន្តួច ជុំវិញ​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន ។ នេះ​ក៏​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្ញុំ​ផ្ទាល់ ក្នុង​នាម​ជា​ពលរដ្ឋ​ខែ្មរ​មួយ​រូប ដែល​ត្រូវ​បាន​ធានា​ដោយ​មាត្រា ៣៥ និង​មាត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញ​ព្រះ​រាជាណាចក្រ​កម្ពុជា ។ ទស្សនៈ​នេះ ក៏​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​នយោបាយ​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ។

ដូច​នេះ​ខ្ញុំ​សូម​ទទួល​យក​ដោយ​រីករាយ​នូវ​ការ​ទិតៀន​ដើម្បី​ស្ថាបនា​ពី​ សំណាក់​អស់​លោក លោក​ស្រី​ជា​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់​តាម​រយៈ​អ៊ីមែល hingsoksan@yahoo.com៕

ដោយ ហ៊ីង សុខសាន
សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៣
 

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទី​ស្នាក់​ការ​គណបក្ស (រូបថត លីណា)


ត្រី​ទឹម​ទី​៤ សម រង្ស៊ី នឹង​បក​ជា​ជម្រើស​ចុងក្រោយ

ការ​ចំណាយ​ពេល​ទំនេរ​ជិត​ពីរ​ម៉ោង​ក្នុង​ការ​សរសេរ​អត្ថបទ​ចុង​ក្រោយ​របស់​ខ្ញុំ «ត្រី​ទឹម ៣ សម រង្ស៊ី កំពុង​ព័ទ្ធ​ចាប់ (ខុន-ស្តេច អង្គ) របស់ ហ៊ុន សែន» ពិត​ជា​បាន​ធ្វើ​ឲ្យ​មិត្ត​អ្នក​អាន​រាប់​សិប​នាក់​មាន​ការ​ចាប់​អារម្មណ៍ ហើយ​ថែម​ទាំង​បញ្ចេញ​យោបល់​យ៉ាង​ច្រើន ។

ប៉ុន្តែ​យោបល់​ទាំង​នោះ ស្ទើរ​ទាំង​អស់ សុទ្ធ​តែ​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​គណបក្ស​នយោបាយ​ផ្សេងៗ ដែល​ផ្ទុយ​ពី​ទស្សនៈ​របស់​ខ្ញុំ​ពី​ខាង​ដើម គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ដូច​នេះ ខ្ញុំ​សុំ​សិទ្ធិ​មិន​ឆ្លើយ​តប​វិញ​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​យក​មក​សំយោគ​នឹង​គំនិត​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ។

ក្នុង​ការ​ប្រកួត​អុក ការ​សន្មត​ថា​ឈ្នះ ឬ​ចាញ់​នោះ គេ​កំណត់​លើ​កូន​ខុន ឬ​ស្តេច (អង្គ) ។ បើ​ភាគី​ណា​មួយ​អាច​ចូល​ទៅ​សម្លាប់​ស្តេច (អង្គ) របស់​គូ​ប្រកួត​ខ្លួន ទោះ​ដោយ​វិធី​អ្វី​ក៏​ដោយ គេ​ចាត់​ទុក​ថា ឈ្នះ ហើយ​អ្នក​ដែល​ត្រូវ​គេ​ចូល​ចាប់​ស្តេច (អង្គ) របស់​ខ្លួន​បាន គេ​ចាត់​ទុក​ជា​អ្នក​ចាញ់ ។ ចុះ​ខុន ឬ​ស្តេច (អង្គ) ក្នុង​រឿង​នយោបាយ​ជា​អ្វី​ទៅ ? «អំណាច​របស់​ពលរដ្ឋ​ដែល​ផ្តល់​ឲ្យ​អ្នក​នយោបាយ តាម​រយៈ​សន្លឹក​ឆ្នោត» គឺជា​ស្តេច (អង្គ) ។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ​ដើរ​តួនាទី​ជា​អន្តរការី «ឈ្នួញ​កណ្តាល» ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​រាស្រ្ត និង​រដ្ឋ ។ គណបក្ស​នយោបាយ​បង្កើត​ឡើង​សម្រាប់​ចាប់​យក​អំណាច​រដ្ឋ​ដើម្បី​បម្រើ​រាស្ត្រ មាន​ន័យ​ថា នៅ​ពេល​គណបក្ស​ណា​ឈ្នះ​ខ្លួន​នឹង​ឡើង​ទៅ​ដឹកនាំ​រដ្ឋ​ដែល​រាស្រ្ត​បាន​ផ្តល់​ឲ្យ​តាម​រយៈ​សន្លឹក​ឆ្នោត ហើយ​ផ្តល់​ប្រយោជន៍​មក​ឲ្យ​រាស្ត្រ​វិញ គឺ​ការ​ផ្តល់​សេវា​សាធារណៈ ទៅ​តាម​កម្មវិធី​នយោបាយ​របស់​ខ្លួន​ដែល​បាន​សន្យា​ក្នុង​ពេល​ឃោសនា ។

នៅ​ក្នុង​ល្បែង​អុក ក្រៅ​ពី​កូន​ត្រី កូន​ឈ្នាង កូន​ខុន​ឬ ស្តេច (អង្គ) គឺ​នៅ​មាន​កូន​សំខាន់ៗ ៣ ប្រភេទ​ទៀត ដូចជា​កូន​គោល កូន​សេះ និង​កូន​ទូក ប៉ុន្តែ​កូន​ទាំង​នេះ​លោក សម រង្ស៊ី និង លោក កឹម សុខា មិន​ទាន់​ប្រើ​ទេ គឺ​កូន​គោល ទុក​សម្រាប់​ការពារ​បន្ទាយ កូន​សេះ​ទុក​សម្រាប់​លោត​ឆ្វេង ឬ​លោត​ស្តាំ និង​កូន​ទូក​ទុក​សម្រាប់​ចែវ​ក្នុង​ការ​កៀង​កូន​ខុន ឬ​ស្តេច (អង្គ) របស់ លោក ហ៊ុន សែន ឲ្យ​វង្វេង​ក្រឡា ហើយ​ភ័យ​រត់​ចូល​ក្រឡា​ត្រី​ទឹម ដែល​កំពុង​ដេញ​តាម​សម្លាប់ ។ ម្យ៉ាង​ទៀត អុក​មួយ​ក្តារ​នេះ ជិត​ដល់​ពេល​ឈ្នះ​ចាញ់​ហើយ ដូចនេះ លោក សម រង្ស៊ី ចង់​យក​ឈ្នះ​លោក ហ៊ុន សែន ដោយ​ប្រើ​ត្រី​ទឹម ។ ដើម្បី​ធ្វើ​ការ​សន្និដ្ឋាន​បាន​ថា តើ​ត្រី​បក​ទី​៤ របស់​លោក សម រង្ស៊ី នឹង​បក​មែន​ឬ​ទេ ? យើង​ត្រូវ​វាយ​តម្លៃ​ទៅ​លើ​ក្រឡា​អុក​របស់​អ្នក​ទាំង​ពីរ​ជា​មុន​សិន ថា​តើ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន បណ្តោយ​ឲ្យ​លោក សម រង្ស៊ី អាច​ឈាន​ទៅ​បក​ត្រី​បាន ៣ ហើយ​ត្រី​នោះ​ជា​ត្រី​ទឹម​ទៀត​ផង ។

ទី ១. ការ​មើល​ស្រាល​របស់​លោក ហ៊ុន សែន ដោយ​ហ៊ាន​ត​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា រួម​គ្នា​ប្រកួត​ដាក់​អុក​ជាមួយ​គាត់ ដែល​ភ្លេច​គិត​ថា​អ្នក​ទាំង​ពីរ (សម រង្ស៊ី និង កឹម សុខា) សុទ្ធ​តែ​មាន​សមត្ថភាព ដើរ​ក្រឡា​អុក​ប្រហាក់​ប្រហែល​នឹង​គាត់ (ហ៊ុន សែន) ដែរ​នោះ ។

ទី២. ក្រឡា​អុក​របស់​លោក ហ៊ុន សែន នៅ​ដដែល ដោយ​អាង​ថា​ខ្លួន​ធ្លាប់​ឈ្នះ និង​ស្មាន​ថា អ្នក​ទាំង​ពីរ (សម រង្ស៊ី និង កឹម សុខា) ដើរ​ក្រឡា​ចាញ់​ដដែល​ដូច​មុន​ទៀត ផ្ទុយ​ទៅ​វិញ​គេ​ដូរ​ក្រឡា​ថ្មី ហើយ​ថែម​ទាំង​បាន​សិក្សា​ពី​ការ​បរាជ័យ​បួន (៤) ក្តារ (អាណត្តិ) កន្លង​មក​ទៀត​ផង ។

ទី​៣. ក្រឡា​អុក​របស់​លោក ហ៊ុន សែន ជា​ក្រឡា​អុក​អត្តនោម័ត ដោយ​គ្មាន​ការ​ឲ្យ​យោបល់​ពី​អ្នក​ទស្សនា​នៅ​ជុំវិញ​ខ្លួន ហើយ​បើ​ទោះ​ជា​មាន ក៏​មិន​ហ៊ាន​ឲ្យ​យោបល់​ណា​ដែល​មិន​ស្រប​នឹង​ក្រឡា​អុក ដែល​លោក ហ៊ុន សែន បម្រុង​នឹង​ដើរ​ដែរ ។

ចំពោះ​ក្រឡា​អុក​របស់​លោក សម រង្ស៊ី មុន​នឹង​ដើរ សុទ្ធ​តែ​មាន​ការ​ពិភាក្សា​ជាមួយ​លោក កឹម សុខា ព្រម​ទាំង​ទទួល​យក​គំនិត​យោបល់​របស់​អ្នក​ទស្សនា​នៅ​ជុំវិញ​ខ្លួន​ទៀត​ផង ដូច​នេះ​ក្រឡា​អុក​នីមួយៗ របស់​លោក សម រង្ស៊ី ហាក់​ដូច​ជា​មាន​ផែនការ​ដើរ​ច្បាស់​លាស់​ពី​មួយ​ក្រឡា​ទៅ​មួយ​ក្រឡា ។ ជា​ធម្មតា​អ្នក​លេង​អុក​ពូកែ លុះ​ត្រា​តែ​អាច​មើល​ដឹង​ក្រឡា​អុក​របស់​គូ​ប្រកួត ៣ ឬ ៤ ជំហាន​មុន ដោយ​ដឹង​ថា​គេ​ដើរ​ក្រឡា​ណា និង​ដើរ​កូន​អ្វី ។ល ។ លោក សម រង្ស៊ី និង​លោក កឹម សុខា រួម​គ្នា​ដើរ​ក្រឡា​ថ្មី ហើយ​ថែម​ទាំង​ដឹង​ថា លោក ហ៊ុន សែន ដើរ​ក្រឡា​ណា និង​កូន​អ្វី​បាន​យ៉ាង​ច្បាស់​ទៀត​ផង ។ មួយ​ក្រឡាៗ​លោក សម រង្ស៊ី និង​លោក កឹម សុខា សុទ្ធ​តែ​ជា​ក្រឡា​វាយ​លុក ។ បញ្ហា​ព្រំដែន បញ្ហា អន្តោប្រវេសន៍ ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ពី​ផ្ទះ​សម្បែង ការ​ចំណាក​ស្រុក និង​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន អំពើ​ពុករលួយ ប្រាក់​ខែ​តិច​សម្រាប់​កម្មករ គ្រូ​បង្រៀន មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ ។ល ។

ជា​ពិសេស កម្មវិធី​នយោបាយ ៧​ចំណុច ដែល​ចាក់​ចំ​បេះដូង​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត ទាំង​នេះ​ហើយ ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា យក​មក​ធ្វើ​ជា​ក្រឡា​អុក​សម្រាប់​វាយ​លុក ។ ចំណែក​លោក ហ៊ុន សែន គ្មាន​អ្វី​ថ្មី ដោយ​ឃោសនា​នូវ ៧ មករា ការ​កសាង​សមិទ្ធផល​ដែល​គ្មាន​គុណភាព នយោបាយ​ចាស់​សកម្មភាព​ថ្មី ដែល​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​មួយ​ចំនួន មិន​សប្បាយ​ចិត្ត ជា​ពិសេស សារ​នយោបាយ​គ្មាន​ខ្លឹមសារ ហើយ​ត្រូវ​សកម្មជន​បក្ស​ប្រឹង​ទន្ទេញ​តៗ​គ្នា «បើ​ស្រឡាញ់ បើ​អាណិត បើ​ពេញ​ចិត្ត បើ​ជឿ​ទុក​ចិត្ត​លើ…» ជាដើម ។ ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រឡា​អុក​លោក ហ៊ុន សែន ចាំ​តែ​ទប់​នឹង​ក្រឡា​អុក​វាយ​លុក​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ។ នៅ​ទី​បំផុត​ធ្វើ​ឲ្យ​ក្រឡា​អុក របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា វាយ​បំបែក​ក្រឡា​អុក​លោក ហ៊ុន សែន ដោយ​ងាយ រហូត​ដល់​ឡើង​បក​កូន​ត្រី​បាន​ម្តង​មួយៗ​ចំនួន ៣ ដែល​ជា​កូន​ត្រី​ទឹម​ទៀត​ផង ។

ការ​បក​ត្រី​នីមួយៗ សុទ្ធ​តែ​ផ្តល់​ប្រយោជន៍​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ។ ត្រី​បក​ទី​១ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ច្រើន​ដូច​ការ​រំពឹង​ទុក ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​មួយ​នេះ មាន​ឥទ្ធិពល​នយោបាយ ឬ​សាច់​ដុំ​ធំ​ប៉ុន​គណបក្ស​ប្រជាជន​ដែរ ។ ត្រី​បក​ទី​២ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​មហា​អំណាច​ធំៗ រួម​ទាំង​អង្គការ សហ​ប្រជាជាតិ​ផង បាន​ចាប់​អារម្មណ៍​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត នេះ​ជា​កម្លាំង​នយោបាយ ដ៏​មាន​ទម្ងន់​មួយ​ទៀត ។

ដោយ​មើល​ឃើញ​ឱកាស​ហុច​ឲ្យ​លោក សម រង្ស៊ី ឡើង​បក​ត្រី​ទី ៣ មួយ​ទៀត គឺ​ការ​រុញ​ឲ្យ​បង្កើត​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ​មួយ ដើម្បី​ស្រាវជ្រាវ​រាល់​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ដែល​កើត​មាន​មុន នឹង​ថ្ងៃ​បោះឆ្នោត ដោយ​មាន​តំណាង​អង្គការ​សហប្រជាជាតិ និង​អង្គការ​ជាតិ-អន្តរជាតិ​ផ្សេង​ទៀត​ជា​អ្នក​សង្កេតការណ៍ ។ ចំណុច​នេះ បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ប្រឹង​រត់​តាម​ក្រោយ ដោយ​បាន បញ្ជូន​មន្ត្រី ៣ រូប ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រី ៣ រូប​ផ្សេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី០៩ ខែ សីហា កន្លង​ទៅ ។ គ.ជ.ប សម្រេច​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា នៅ​មុន​ការ​បង្កើត​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ​ទៅ​វិញ នេះ​ជា​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន​មួយ​ទៀត ទី​១. អ្វីៗ​ទាំង​អស់​ត្រូវ​ជាប់​គាំង និង​ក្លាយ​ទៅ​ជា​ការ​ដុត​កម្ដៅ​ស្ថានភាព​នយោបាយ​ថែម​ទៀត ដែល​អាច​ឆាប​ឆេះ​មក​លើ​ខ្លួន​ឯង​នៅ​ថ្ងៃ​ណា​មួយ ។

ទី​២. ចង់​មិន​ចង់​សហគមន៍​ជាតិ-អន្តរជាតិ ច្បាស់​ជា​វាយ​តម្លៃ​ថា​គណបក្ស​ប្រជាជន​ដែល​អះអាង​ថា ខ្លួន​ឈ្នះ​ការ​បោះឆ្នោត​នោះ ច្បាស់​ជា​មាន​អាថ៌កំបាំង​អ្វី​មួយ​នៅ​ពី​ក្រោយ ។ ប៉ុន្តែ​នេះ​ក៏​ជា​ល្បែង​នយោបាយ​មួយ​ដែល​លោក ហ៊ុន សែន ចង់​បង្វែរ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​រត់​តាម​វិញ គឺ​ការ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ដែល​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ទៅ​កាន់ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ រយៈ​ពេល ៤៨​ម៉ោង​ក្រោយ​ការ​ប្រកាស​លទ្ធផល ដូច​នេះ កិច្ចការ​ចំពោះ​មុខ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ធ្វើ​គឺ​រក្សា​ជំហរ​ បន្ត​ការ​ទាមទារ​របស់​ខ្លួន​ដូច​ពី​មុន និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដែល​តម្រូវ​ឲ្យ​ធ្វើ ។

សូម​ងាក​មក​មើល​ក្រឡា​អុក​របស់​គណបក្ស​ប្រជាជន ដែល​ប្រឹង​ទប់​ទល់​នឹង​ត្រី​បក​នីមួយៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ៖ ទី​១. បាន​ចេញ​លទ្ធផល​បំផ្លោង​មុន គ.ជ.ប ទៅ​ទៀត គឺ​គណបក្ស​ប្រជាជន​បាន ៦៨​កៅអី​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន ៥៥​កៅអី ជា​ប្រយោជន៍​ដើម្បី​ពង្វាង​ការ​ចាប់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ និង​អ្នក​សារ​ព័ត៌មាន ចំពោះ​ភាព​ជោគជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​បិទ​ផ្លូវ​មួយ​ចំនួន និង​ចល័ត​កម្លាំង​ប្រដាប់​អាវុធ ដែល​នេះ​តិច​ឬ​ច្រើន​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភិត​ភ័យ​ រហូត​ដល់​តម្លៃ​ទំនិញ និង​ប្រេង​សាំង​ឡើង​ថ្លៃ​យ៉ាង​ចម្លែក ។

ក្រោយ​មក លោក ហ៊ុន សែន បាន​ចេញ​មុខ​ជា​សាធារណៈ​ដើម្បី​សម្រួល​ស្ថានភាព​នយោបាយ និង​ក្តាប់​ស្ថានការណ៍​រួម ព្រម​ទាំង​វាស់​ស្ទង់​កម្រិត​សន្ទុះ​គាំទ្រ​យ៉ាង​ផុល​ផុស​របស់​ប្រជា​ពលរដ្ឋ​ចំពោះ​គណបក្ស​ប្រឆាំង ។ ទី​២. បញ្ជូន​មន្រ្តី​សំខាន់ៗ​ទៅ​បញ្ចុះ​បញ្ចូល​អ្នក​ការ​ទូត​បរទេស​ឲ្យ​ជួយ​ទប់​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង ។ ទី៣. ដោយ​មើល​ឃើញ​មិន​ស្រួល ដែល​ត្រី​បក​ទី៣​របស់​លោក សម រង្ស៊ី នឹង​ធ្វើ​ឲ្យ​ខ្លួន​ចាញ់​ឆ្នោត ព្រោះ​មាន​ការ​ចូល​ពាក់​ព័ន្ធ​របស់​អង្គការ​សហ​ប្រជាជាតិ លោក ហ៊ុន សែន រិះ​រក​វិធី​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ក្រឡា​អុក​របស់​ត្រី​បក​ទី​៣​នេះ ដោយ​ថា​ហួស​ពី​សមត្ថភាព​របស់ គ.ជ.ប និង​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្មែរ ។

ដោយ​ស្រេក​ឃ្លាន​នឹង​ការ​ចង់​ឈ្នះ​ខ្លាំង​ពេក លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​រួម​គ្នា​សម្រេច​ចិត្ត​ប្រើ​កូន​ទូក​មួយ​របស់​ខ្លួន ដើម្បី​អុក​ទៅ​លើ​កូន​ខុន ឬ​ស្តេច (អង្គ) របស់​លោក ហ៊ុន សែន ។ ស្នូរ​ស្រែក​យ៉ាង​ខ្លាំង​របស់​លោក សម រង្ស៊ី «អុក!!!» បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ហ៊ោ​មួយ​ប្រាវ មាន​ន័យ​ថា លោក សម រង្ស៊ី គំរាម​មិន​ចូល​ប្រជុំ​បង្កើត​សភា នេះ​ក៏​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ភ័យ​មិន​តិច​ដែរ ក៏​ប្រឹង​ទាញ​កូន​គោល​យក​បិទ​ពី​មុខ​កូន​ស្តេច (អង្គ) ដើម្បី​ទប់​ទល់​នឹង​ទូក មាន​ន័យ​លោក ហ៊ុន សែន គំរាម​នឹង​យក​កៅអី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ។ ប៉ុន្តែ​កាលៈទេសៈ​នេះ លោក សម រង្ស៊ី អាច​ប្តូរ​កូន​ទូក​នឹង​កូន​គោល​របស់​លោក ហ៊ុន សែន ដែល​យក​ចង​នោះ ហើយ​រុញ​ត្រី​ទឹម​ទាំង​បី ទៅ​ព័ទ្ធ​ចាប់​កូន​ស្តេច​អង្គ​របស់​លោក ហ៊ុន សែន តែ​ម្តង មាន​ន័យ​ថា លោក សម រង្ស៊ី អាច​ទទួល​យក​ការ​សុំ​ចរចា​របស់​លោក ហ៊ុន សែន អំពី​ការ​បង្កើត​រចនា​សម្ព័ន្ធ​ដឹកនាំ​សភា ។

ដោយ​រក្សា​មហិច្ឆតា​ចង់​ផ្ចាញ់​ក្រឡា​អុក លោក ហ៊ុន សែន ដោយ​ប្រើ​កូន​ត្រី​បក​ទាំង​អស់ និង​មិន​ចង់​ចំណាយ​កូន​អុក​ណា​មួយ​របស់​ខ្លួន លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​សម្រេច​ចិត្ត​រក្សា​កូន​ទូក នៅ​កន្លែង​ដដែល ដើម្បី​ដាក់​អង្គ​ចង​ក្រឡា​មិន​ឲ្យ​លោក ហ៊ុន សែន ចេញ​កូន​គោល​ទៅ​ប្រើ ហើយ​បើ​ហ៊ាន​យក​ចេញ​ទៅ​ប្រើ​នោះ កូន​ទូក​នឹង​ចាប់​កូន​ស្តេច​អង្គ​របស់​លោក ហ៊ុន សែន ដាក់​កំប៉ុង​តែ​ម្តង មាន​ន័យ​ថា បន្ត​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​អង្គការ​សហប្រជាជាតិ យ៉ាង​ហោច​ណាស់​ក៏​ជា​អ្នក​សង្កេត​ការណ៍​ដែរ ។

ទន្ទឹម​នឹង​នេះ​លោក សម រង្ស៊ី និង លោក កឹម សុខា បាន​រុញ​កូន​ត្រី​ទី​បួន​របស់​ខ្លួន ដែល​នឹង​បក​ឆាប់ៗ​នេះ គឺ​បាតុកម្ម​មហាជន​នៅ​ទូទាំង​ប្រទេស​ដើម្បី​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត ។ រឿង​នេះ​លែង​ទៅ​ជា​រឿង​រវាង​គណបក្ស និង​គណបក្ស​ទៀត​ហើយ ប៉ុន្តែ​វា​ក្លាយ​ទៅ​រឿង​មហាជន​ខ្មែរ និង គ.ជ.ប ដែល​ជា​ស្ថាប័ន​ជាតិ ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទៅ​អស់​ជំនឿ និង​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន ។ ដោយ​សារ គ.ជ.ប ជា​ស្ថាប័ន​ជាតិ ដូច​នេះ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ចូល​ខ្លួន​ដោះស្រាយ ហើយ​អ្នក​ដែល​ដឹកនាំ​រដ្ឋាភិបាល​គឺ​គណបក្ស​ប្រជាជន ដែល​មាន​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ ។

ដូច​នេះ លោក ហ៊ុន សែន ត្រូវ​ដើរ​តួនាទី​ពីរ ទី១. ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ ត្រូវ​ធានា​ការពារ​ស្ថាប័ន​ជាតិ​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន និង​ទី២. ជា អនុ​ប្រធាន និង​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណបក្ស​ប្រជាជន ត្រូវ​តែ​ការពារ​លទ្ធផល​ឆ្នោត ដែល​ខ្លួន​អះអាង​ថា​ឈ្នះ ដើម្បី​ឲ្យ​ឈ្នះ​បាន លុះ​ត្រា​តែ​ការពារ គ.ជ.ប មាន​ន័យ​ថា បើ​ការពារ គ.ជ.ប មិន​បាន​គឺ​ស្មើ​នឹង​ចាញ់ ។ ជា​ការ​ពិត លោក ហ៊ុន សែន នៅ​មាន​កូន​អុក​ខ្លះ ដើម្បី​ទប់​ទល់​នឹង​កូន​ត្រី​បក​ទី​៤ របស់​លោក សម រង្ស៊ី គឺ​កូន​គោល និង​កូន​សេះ ។ ប៉ុន្តែ​កូន​ទាំង​ពីរ​នេះ​លោក ហ៊ុន សែន ប្រើ​ប្រាស់​ទាំង​ប្រថុយ​ប្រថាន ដូចជា កូន​គោល​ដែល​ប្រើ​សម្រាប់​បិទ «ការ​អុក» របស់​លោក សម រង្ស៊ី គឺ​ធ្វើ​ការ​គំរាម​ទាំង​បំពាន​ច្បាប់ បើ​លោក ហ៊ុន សែន ហ៊ាន​ដណ្តើម​កៅអី​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ន័យ​ថា បំពាន​នឹង​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​នាំ​ឲ្យ​កម្ពុជា ដឹកនាំ​ដោយ​ឯកបក្ស ។

ជម្រើស​ដ៏​ល្អ​បំផុត​នោះ គឺ​ប្រើ​កូន​សេះ ហើយ​ក៏​ប្រើ​ទាំង​ប្រថុយ​ប្រថាន​ទៀត​ផង ព្រោះ​កូន​សេះ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​គឺ​កម្លាំង​មហាជន​ដែរ ។ ចំណុច​នេះ លោក សម រង្ស៊ី ប្រើ​មហាជន​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​លោក ហ៊ុន សែន ក៏​ប្រើ​មហាជន​គាំទ្រ​លទ្ធផល​បោះឆ្នោត ប៉ុន្តែ​មហាជន​ដែល​អ្នក​នយោបាយ​ប្រើ​នៅ​ពេល​នេះ​គឺ​ផ្សេង​ពី​គ្នា ។ ផ្សេង​ពី​គ្នា​នៅ​ត្រង់​ថា ក្នុង​សង្គម​ទូទៅ កម្លាំង​មហាជន​មាន ៥​ក្រុម ទី១. កម្មករ​និង​កសិករ ទី២. យុវជន និង​សិស្ស-និស្សិត ទី៣. បញ្ញវន្ត​និង​គ្រូ​បង្រៀន ទី៤. ព្រះសង្ឃ និង​ដូនជី​តាជី និង​ទី៥. មន្ត្រី​រាជការ​ស៊ីវិល​និង​កង​កម្លាំង​ប្រដាប់​អាវុធ ។ ពី​ក្រុម​ទី១ ដល់​ក្រុម​ទី​៤ ភាគ​ច្រើន គឺ​ជា​កម្លាំង​មហាជន​គាំទ្រ​លោក សម រង្ស៊ី ចំណែក​ក្រុម​ទី៥ គឺជា​កម្លាំង​មហាជន​គាំទ្រ​លោក ហ៊ុន សែន ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​មួយ​ផ្នែក​ដែរ​គាំទ្រ​លោក សម រង្ស៊ី ។ ចំណុច​នេះ​ហើយ​ដែល​ខ្ញុំ​វាយ​តម្លៃ​ថា លោក ហ៊ុន សែន ប្រើ​កូន​អុក​សេះ​ទាំង​ប្រថុយ​ប្រថាន ព្រោះ​មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ផ្នែក​ដែរ​គាំទ្រ​លោក សម រង្ស៊ី ហើយ​មួយ​ផ្នែក​ទៀត​ទោះ​បី​មិន​គាំទ្រ លោក សម រង្ស៊ី ក៏​ដោយ ក៏​ពួក​គាត់​មាន​សាច់​ញាតិ​ជា​កម្មករ កសិករ សិស្ស-និស្សិត គ្រូ​បង្រៀន មន្ត្រី​រាជការ​ស៊ីវិល ដែល​ភាគ​ច្រើន​លើស​លប់​ជា​អ្នក​គាំទ្រ​លោក សម រង្ស៊ី ។

មាន​ករណី​សិក្សា​មួយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ឆ្នាំ​១៩៩៨ ដំបូង​កង​កម្លាំង​ប្រដាប់​អាវុធ យាម​ការពារ​សុវត្ថិភាព ស៊ូ ហារតូ ជា​ប្រធានាធិបតី​ផ្តាច់ការ មិន​ឲ្យ​អ្នក​តវ៉ា​ប៉ះពាល់​បាន ប៉ុន្តែ​ក្រោយ​មក​កង​កម្លាំង​ប្រដាប់​អាវុធ​បែរ​ជា​យាម​ការពារ ស៊ូ ហារតូ មិន​ឲ្យ​រត់​ទៅ​វិញ ដើម្បី​រង់ចាំ​អ្នក​តវ៉ា​ចូល​ចាប់ ។ ករណី​នេះ អាច​នឹង​កើត​ឡើង​បើ​សិន​អ្នក​នយោបាយ​ចង់​ឲ្យ​មហាជន​ប៉ះ​ទង្គិច​គ្នា ។ ទិដ្ឋភាព​ពីរ​ដែល​យើង​ត្រូវ​វិភាគ ទី១. តាម​រយៈ​ការ​ចុះ​សំណេះ​សំណាល និង​ថ្លែង​អំណរគុណ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ចំពោះ​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​បង្ហាញ​ថា សន្ទុះ​ខ្លាំង​ណាស់​ចង់​ឲ្យ​មាន​បាតុកម្ម​មហាជន ហើយ​ស្រេក​ឃ្លាន​ការ​ផ្លាស់​ប្តូរ និង​កំពុង​ទន្ទឹង​រង់ចាំ​ភ្លើង​ខៀវ ។ ទី២. គណបក្ស​ប្រជាជន គឺ​ប៉ោង​ធំ​ដូច​ជា​ប៉េងប៉ោង​ឣ៊ីចឹង ហើយ​រង់ចាំ​តែ​ធូលី​ដី ឬ​កម្ទេច​ឈើ ហើរ​មក​ប៉ះ នឹង​ធ្វើ​ឲ្យ​បែក​ធ្លាយ ព្រោះ​វា​ដល់​ដំណាក់កាល​ដូច​ម្សៅ​នំ​ដែល​គេ​យក​មក​ច្របាច់ ហើយ​បើ​ច្របាច់​កាន់​តែ​ខ្លាំង វា​នឹង​ហៀរ​ចេញ​តាម​ចន្លោះ​ដៃ​កាន់​តែ​ខ្លាំង​ដែរ មាន​ន័យ​ថា កម្លាំង​នេះ​ក៏​ចង់​រំដោះ​ខ្លួន​ចេញ​ពី​ការ​គាប​សង្កត់​ផង​ដែរ ។ កម្លាំង​ទាំង​ពីរ​នេះ នឹង​កើត​ឡើង​បន្ត​បន្ទាប់ ដើម្បី​សេរីភាព និង​ការ​ផ្លាស់​ប្តូរ ទោះ​ជា​មួយ​ណា​កើត​មុន​ក៏​ដោយ ។ ត្រី​បក​ទី​៤ នឹង​បក ទោះ​ជា​ត្រី​ទឹម ឬ​ត្រី​ចង​ក៏​ដោយ វា​អាស្រ័យ​ទៅ​លើ​ការ​ដើរ​ត្រូវ​ក្រឡា​របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា ។

តាម​ការ​វិភាគ​នេះ យើង​អាច​សន្មត​ថា ត្រី​បក​ទី​៤ របស់​លោក សម រង្ស៊ី នឹង​បក ។ ប៉ុន្តែ​កត្តា​ដែល​ធ្វើ​ឲ្យ​បក​ឬ​មិន​បក អាស្រ័យ​លើ​លោក ហ៊ុន សែន តែ​ម្នាក់​គត់ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ជា​ជម្រើស​ចុង​ក្រោយ​របស់​អ្នក​នយោបាយ មាន​ន័យ​ថា វា​មិន​មែន​សុទ្ធ​តែ​គ្មាន​ដំណោះស្រាយ​ផ្សេង​នោះ​ទេ ដូច​ជា ការ​កូត​ទ្រ បើ​ចង់​ឲ្យ​ពីរោះ គឺ​គេ​រឹត​ខ្សែ​ឲ្យ​តឹង ប៉ុន្តែ​ត្រូវ​គិត​ថា វា​អាច​ដាច់​បាន បើ​វា​ដាច់​គឺ​ខាត​បង់​ទាំង​អ្នក​ស្តាប់ ទាំង​អ្នក​កូត ។

ដូចនេះ យើង​អាច​បញ្ជាក់​បាន​តាម​រយៈ ទី១. អ្នក​នយោបាយ និង​មហាជន​គាំទ្រ​ទាំង​ពីរ​បក្ស ត្រូវ​ធ្វើ​សម្បទាន​ទៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ ទី​២. មាន​ការ​ចូល​រួម​ពី​អន្តរជាតិ​ជា​ភាគី​ទី​៣ ព្រោះ​ប្រវត្តិសាស្ត្រ​ខ្មែរ យើង​បែក​បាក់​គ្នា ឬ​រួប​រួម​គ្នា​បាន​វិញ ភាគ​ច្រើន តែង​មាន​អន្តរជាតិ​លូក​ដៃ​ចូល ។ ទី​៣. តួ​អង្គ​ព្រះ​មហាក្សត្រ​គឺ​សំខាន់​ណាស់ ព្រោះ​ព្រះអង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាពជាតិ និង​និរន្តរភាព​ជាតិ ជា​ពិសេស​ដោះស្រាយ​ដោយ​ឈរ​លើ​ខ្លឹមសារ​នៃ​ព្រះ​រាជសារ​របស់​ព្រះអង្គ ដែល​ចេញ​ផ្សាយ​សាធារណៈ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៣ ៕

ទស្សនៈ​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​នយោបាយ​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ។ សូម​ទទួល​យក​ដោយ​រីករាយ​នូវ​ការ​ទិតៀន តាម​រយៈ​អ៊ីមែល hingsoksan@yahoo.com។

ដោយ ហ៊ីង សុខសាន្ត
សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣
 

ប្រជាជន​ចូល​រួម​បាតុកម្ម​​គណបក្ស​សង្គ្រោះជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី១៥ ខែកញ្ញា (រូបថត លីណា)


គេច​អង្គ

ប្រាប់​ហើយ​មិន​ជឿ ! អួត​សុទ្ធ​តែ «បើ​ឈរ​មិន​រឹង មិន​រត់» សុទ្ធ​តែ «មេ​យុទ្ធសាស្រ្ត» សុទ្ធ​តែ «លេង​ត​ទូក» មាន​ឯណា ! ប៊ិះ​អស់​លីអូ! ។ ក្រឡា​ឈ្នះ​លើ​គោក ដើរ​ឲ្យ​ខូច​ក្រឡា​អស់ ។ សំណាង​ហើយ​ដែល​មាន​គោល​មួយ និង​ទូក​មួយ​នៅ​មុខ​អង្គ ហើយ​ជើង​ទូក​គេ​នៅ​ឆ្ងាយ កុំ​អី ទោះ​បី​ជា​ដូរ​ទូក ក៏​ទប់​មិន​ឈ្នះ​ដែរ​ ។ ហា​ហា​ហា…. សើច​ចំអក​ឲ្យ​ជីវ័ន្ត​ថា «យុទ្ធសាស្រ្ត​ក្តារ​អុក​នៅ​ក្មេង​ខ្ចី»  ។ ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ ដែល​សើច​ចំអក​ឲ្យ​ខ្ញុំ​ពី​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ពេល​ខ្ញុំ​ចេញ​អត្ថបទ​ទី​១ ។ ខ្ញុំ​មិន​ពូកែ​ទេ តែ​អាច​មើល​ឃើញ​ថា ក្រឡា​ដែល​កំពុង​ដើរ គឺ​ក្រឡា​ទាល់ ។ នេះ​ហើយ ជា​លទ្ធផល​មើល​ស្រាល​ក្បួន​ទ័ព​គូ​ប្រកួត​ដែល​ជា​ព្យុះ​ក្នុង​ក្អម ចាត់​ទុក​ទឹក​ចិត្ត​រាស្រ្ត មិន​ស្មើ​នឹង​ស្មៅ​មុខ​ផ្ទះ​ខ្លួន ស្តាប់​តែ​ពាក្យ​សរសើរ​ពី​អ្នក​អែបអប មិន​ស្តាប់​សម្ដី​អ្នក​ប្រាជ្ញ ដែល​ជា​អ្នក​យុទ្ធសាស្រ្ត ។ បើ​ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត វគ្គ​ក្រោយ តិច​ថា ជីវ័ន្ត​មិន​បាន​ប្រាប់ ។

ប្រើ​គោល ទូក​រំដោះ​អង្គ គ្រាន់​តែ​ជា​វិធី​បណ្តោះ​អាសន្ន គ្រាន់​ដក​ដង្ហើម​តែ​ប៉ុណ្ណោះ ។ បើ​មិន​ឆាប់​រៀប​ក្បួន​សា​ដើម​ទេ គឺ​មិន​ដល់​ពាក់​កណ្តាល​អាណត្តិ​នេះ​ទេ គឺ​ច្បាស់​ជា​ជួប​ការ​វាយ​ប្រហារ​ជាក់​ជា​មិន​ខាន ។ លើក​នេះ លីអូ​ក៏​មិន​សល់​ផង ។

សួរ​ដោយ​ឆោត​ចុះ ! ចេះ​លេង​អុក ឬ​អត់ ? មើល​ដឹង​ថា ក្រឡា​រួញ​ឬ​អត់ ? ល្ងង់ ឬ​ធ្វើ​ល្ងង់​ដែល​យក​ត្រី​ស្អុយ​ទៅ​បាំង​មុខ​ទូក ហើយ​មក​អួត​ក្អេង​ក្អាង​ហ្នឹង ? លេង​អុក គឺ​មិន​អាច​ប្រើ​អារម្មណ៍​ឬ​ប្រើ​កម្លាំង​បាយ​ទេ គឺ​ប្រើ​ល្បិច ប្រើ​យុទ្ធសាស្រ្ត ។ ល្បិច និង​យុទ្ធសាស្រ្ត សុទ្ធ​តែ​មាន​ក្បួន ។ ដើរ​មួយ​ជំហាន ត្រៀម ៣ ជំហាន ។ វាយ​ទៅ​មុខ ទប់​ខាង​ក្រោយ ។ ដឹង​ឬ​អត់ ថា​បាត់​ជំរំ​ទ័ព​ជាង ២០ ដោយ​សារ​អី ? គឺ​ដោយ​សារ​យក​ត្រី​ស្អុយ​ទៅ​បាំង​មុខ​ទូក យក​សេះ​ទាំង​ពីរ​ទៅ​ពាំង​មុខ​អង្គ ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច​ហ្នឹង​ហើយ ។ «យក​ទឹក​ពី​គេ​ទាំង​ធុង សង​គេ​វិញ​មួយ​តំណក់ តើ​គេ​ព្រម​ឬ​ទេ ?» ។

រំឭក​ទៅ​រឿង​សាមកុក ពេល​ដែល ឆាវ ឆាវ ប្រើ​ឪ​កូន​ត្រកូល ឈិន គឺ ឈិន គួ និង ឈិន តុង ឲ្យ​មក​ចុះ​ចូល​ជាមួយ លីពូ ។ ឈិន កុងថាយ ដែល​ជា​ទីប្រឹក្សា​របស់ លីពូ ដឹង​ពី​ល្បិច​នេះ តែ​និយាយ​ជាមួយ​លីពូ​មិន​ស្តាប់​ ។ មួយ​ថ្ងៃៗ ឪ​កូន​ត្រកូល​ឈិន​នេះ ដឹង​តែ​ពី​លើក​ជើង​លីពូ «លោក​ម្ចាស់​ឆ្លាត ! លោក​ម្ចាស់​អស្ចារ្យ ! លោក​ម្ចាស់​ជា​កំពូល​មេ​ដឹកនាំ​ដែល​ទេវតា​ចាត់​មក​សង្គ្រោះ​នគរ មេ​ទ័ព​ក្បត់​ឆាវ ឆាវ នឹង​ត្រូវ​កម្ចាត់… ។ល ។ និង ។ល ។» ចុង​បញ្ចប់ ទីក្រុង ស៊ីយ៉ូវ ត្រូវ​ធ្លាក់​ចូល​ដៃ ឆាវ ឆាវ ហើយ​លីពូ​ត្រូវ​កាត់​ក្បាល ដោយ​សារ​តែ​រនុក​ក្នុង​ឪ​កូន​ពីរ​នាក់​នេះ ។

យក​ទូក​ទៅ​ពាំង​អង្គ តើ​បាន​ប៉ុន្មាន ? ឆាប់​ចាត់​ការ​ត្រី​ស្អុយ ដើម្បី​ឲ្យ​មាន​ក្រឡា​គេច​អង្គ ជា​បណ្តោះ​អាសន្ន ។ យក​ល្អ ថយ​អង្គ​ចេញ​ពី​ទីលាន​វាយ​ប្រហារ កាន់​តែ​ឆ្ងាយ​កាន់​តែ​ល្អ ។ កាលៈទេសៈ​ឥឡូវ​នេះ បើ​ត្រី​របស់​គេ​ឡើង​តែ​មួយ​ជំហាន​ទៀត ច្បាស់​ជា​ម៉ដ្ឋ​ទាំង​ទូក ជាប់​ទាំង​អង្គ​មិន​ខាន ។

អង្គ​ជា​ស្អី ? អង្គ​គឺជា​រាស្រ្ត​ទាំង​នគរ ។ ធ្វើ​នយោបាយ​ត្រូវ​ការពារ​រាស្រ្ត លេង​អុក​ត្រូវ​ការពារ​អង្គ ។ នេះ​ជា​ច្បាប់ ។ មិន​មែន​ឡើង​ទូក ឡើង​ត្រី ប្រសេច​ប្រសាច​ពេញ​ក្តារ​អុក ទុក​អង្គ​នៅ​តែ​ឯង ហើយ​យក​ទូក​ទៅ​បាំង​សេះ​ទៅ​ពាំង​រក​តែ​ងាក​ខ្លួន​មិន​រួច​នោះ​ទេ ។

តាម​ក្បួន​ច្បាប់​អុក គេ​មិន​ដែល​យក​សេះ យក​ទូក​ទៅ​ពាំង​អង្គ​ទេ លើក​លែង​តែ​ករណី​ចាំ​បាច់ ដែល​ត្រូវ​ដូរ​កូន​តែ​ម្តង ។ ដូច​គ្នា​នេះ​ដែរ ក្នុង​របប​គ្រប់​គ្រង​ស្រុក​ទេស គេ​មិន​ដែល​យក​កម្លាំង​ប៉ូលិស ទាហាន ទៅ​ធ្វើ​បាប​រាស្រ្ត​ខ្លួន​ឯង ប្លន់​ដីធ្លី​ពី​រាស្រ្ត​ខ្លួន​ឯង​នោះ​ទេ ។ តើ​ធ្វើ​បែប​ហ្នឹង​ឬ​ដែល​ថា ការពារ​រាស្រ្ត ? ឬ​ក្នុង​ភាសា​អុក​ថា​ការពារ​អង្គ ?

ឥឡូវ​នេះ បើ​មិន​គេច​អង្គ​សិន គឺ​កាន់​តែ​កុន​មែន​ទែន​ហើយ ។ ថ្វី​ដ្បិត​តែ​ទូក​គេ​នៅ​ឆ្ងាយ​បន្តិច តែ​អាច​មក​ដល់​គ្រប់​ពេល​វេលា​ដែល​ត្រូវ​ការ ហើយ​ម្យ៉ាង​ទៀត ត្រី​បក​ទាំង​បី​ក៏​ឡើង​កាន់​តែ​កៀក​កិត​មក​ក្បែរ​អង្គ ។ តើ​ទូក​និង​សេះ​អាច​ទប់​ជាប់​ទេ ?

និយាយ​ឲ្យ​ចំ តើ​គិត​ថា រាស្រ្ត​ល្ងង់ ? រាស្រ្ត​គ្មាន​ភ្នែក គ្មាន​ត្រចៀក ? រាស្រ្ត​ជឿ​លើ​អ្នក​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​ហ្នឹង ? កូន​ត្រី​សម្អុយ​ទាំង​នេះ គឺ​សរសើរ​តែ​ពី​មុខ តែ​តាម​ពិត​ជា​ជន​បង្កប់ ដែល​ធ្វើ​ឲ្យ​រាស្រ្ត​ទាំង​នគរ កាន់​តែ​ក្តៅ​ក្រហាយ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ពី​លើក​មុន រាស្រ្ត​ខឹង​មិន​អាច​បញ្ចេញ​កំហឹង​បាន ។ តែ​លើក​នេះ ឲ្យ​តែ​រាស្រ្ត​ទើស​ចិត្ត ច្បាស់​ជា​ផ្អើល​ពេញ Facebook មិន​ខាន​ទេ ដូច​ជា ឯកឧត្តម ផៃ ស៊ីផាន ឯកឧត្តម ឈាង វុន លោក សយ សុភាព ជា​ឧទាហរណ៍​ស្រាប់ ដែល​សុទ្ធ​តែ​ទទួល​រង​នូវ​ការ​វាយ​ប្រហារ ជេរ​ប្រមាថ​សព្វ​បែប​យ៉ាង​ពី​ប្រជារាស្រ្ត ។ ម្នាក់​ជេរ មួយ​រយ​នាក់​បន្ទរ មួយ​ម៉ឺន​នាក់​គាំទ្រ​ការ​ជេរ ។

តើ​យក​ក្រដាស​ទៅ​ខ្ចប់​ភ្លើង​យ៉ាង​ម៉េច ? តើ​ដំរី​ស្លាប់ យក​ចង្អេរ​ទៅ​បាំង​កើត​ដែរ​ឬ ? យុវជន​រាប់​លាន​នាក់​អត់​ការងារ​ធ្វើ​ទ្រព្យ​សម្បត្តិ​ដី​ធ្លី​ប្រជារាស្រ្ត ត្រូវ​គេ​រឹប​អូស ។ ត្រី​អស់​ពី​ទឹក ឈើ​អស់​ពី​ព្រៃ រ៉ែ​អស់​ពី​ដី ។ ប្លន់​ពី​អ្នក​ក្រ​ទៅ​ឲ្យ​អ្នក​មាន គាប​ពី​អ្នក​មាន​ទៅ​ឲ្យ​មន្រ្តី ច្បូត​ពី​មន្រ្តី​ទៅ​ឲ្យ​បក្ស យក​ពី​បក្ស​ទៅ​ចែក​អំណោយ តើ​បាន​ប៉ុន្មាន​វិល ? យក​ទឹក​ពី​គេ​ទាំង​ធុង សង​គេ​មួយ​តំណក់ តើ​គេ​ព្រម​ឬ​ទេ ? ថ្ងៃ​នេះ គេ​មិន​ទារ មិន​មែន​មាន​ន័យ​ថា គេ​ភ្លេច​នោះ​ទេ ។ គឺ​គេ​ទុក​ឲ្យ​ការ​កាន់​តែ​ថ្លៃ ។ ដឹង​ទេ​ថា ធ្វើ​បាប​រាស្រ្ត​ម្នាក់ គឺ​ឈឺ​ចាប់​រាស្រ្ត​ទាំង​នគរ ។ ប៉ុណ្ណឹង​ហើយ​នៅ​មាន​អ្នក​អត្ថាធិប្បាយ​លើក​ជើង «សុទ្ធ​តែ​ក្រោម​ការ​ដឹក​នាំ​ដ៏​ភ្លឺ​ស្វាង​របស់​សម្តេច​បាន​ធ្វើ​ឲ្យ​ប្រជារាស្រ្ត​សម្បូរ​សប្បាយ មាន​សន្តិសុខ​ មាន​ស្ថិរភាព​ មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ» ។ និយាយ​ឡើង​យក​ទៅ​ប្រៀប​ធៀប​ជាមួយ​ជំនាន់​ខ្មែរក្រហម ។ ពួក​នេះ បើ​មិន​មែន​ជា​ជន​បង្កប់ ក៏​ជា​ជន​ក្បត់​ដែរ ។ បើ​មិន​ឆាប់​សា​ចេញ​ទេ កុំ​ថា​ឡើយ​មាន​ទ័ព ២០​ម៉ឺន​នាក់ អាង​ជំនួយ​ពី​ខាង​កើត ពី​ខាង​ជើង ក៏​ទប់​ជាមួយ​នឹង​កំហឹង​ប្រជារាស្រ្ត​ទាំង​នគរ​មិន​ជាប់​ដែរ ។ ភ្លើង​កំពុង​ឆេះ តែ​ពួក​នេះ​ចេះ​តែ​នាំ​គ្នា​ចាក់​សាំង​បន្ថែម បើ​មិន​មែន​ជា​ជន​ក្បត់ តើ​ជា​ស្អី​ទៅ​វិញ ?

ដង្កូវ​ក្នុង​សាច់​គឺ​វា​ស៊ី​សាច់ ។ បើ​មិន​ឆ្កឹះ​វា​ចេញ វា​ស៊ី​កាន់​តែ​ជ្រៅ ។ ជាតិ​ជា​ដង្កូវ គ្មាន​ចំណេញ​អី​ទេ គឺ​មាន​តែ​បំផ្លាញ ។ នៅ​ក្នុង​សាច់ ស៊ី​សាច់ នៅ​លើ​ដើម​ឈើ ស៊ី​ដើម​ឈើ ។ បើ​មិន​ឆ្កឹះ​ចេញ យក​ទៅ​ហាល​ថ្ងៃ​ឲ្យ​ចំណី​មាន់​ទា​ទេ​ គឺ​ច្បាស់​ជា​ស្លាប់​ប្រាណ​ទាំង​មូល ។ ដង្កូវ​រុំ​ព័ទ្ធ​ស៊ី​ក្នុង​ស៊ី​ក្រៅ​ពេញ​ខ្លួន​ប្រាណ​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​មនុស្ស​ឃ្លង់​ទៅ​ហើយ ។ ដូច្នេះ​ត្រូវ​តែ​ឆ្កឹះ​ចេញ​ម្តង​មួយៗ ។

រឿង​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់ គឺ ត្រូវ​កសាង​ទំនុក​ចិត្ត​ឲ្យ​រាស្រ្ត​ទាំង​នគរ​ឡើង​វិញ ។ បើ​រាស្រ្ត​គ្មាន​ជំនឿ​តើ​ដឹក​នាំ​ប្រទេស​យ៉ាង​ម៉េច ? បើ​រាស្រ្ត​មិន​ចូល​រួម មាន​តែ​ប្រឆាំង តើ​គ្រប់​គ្រង​យ៉ាង​ម៉េច ? គឺ​មួយ​ថ្ងៃៗ​ច្បាស់​ជា​ដោះស្រាយ​តែ​ការ​បះបោរ​របស់​ប្រជាជន​ជាក់​ជា​មិន​ខាន ។ ចង់​ប្រើ​កម្លាំង​ទ័ព ? តើ​ទ័ព​មិន​មាន​ម៉ែ​ឪ​ជា​រាស្រ្ត​ទេ​ឬ ? តើ​កង​ទ័ព​ច្រើន​ជាង​ចំនួន​ប្រជាជន​មែន​ទេ ? និយាយ​ឲ្យ​ចំ គឺ​មិន​អាច​យក​អំណាច​ទៅ​បង្រ្កាប​រាស្រ្ត​ជា​ដាច់​ខាត ។ គឺ​ត្រូវ​យក​អំណាច​ទៅ​ពង្រឹង​ច្បាប់ ។

អំណាច​ពង្រឹង​ច្បាប់​ដើម្បី​បង្កើន​ជំនឿ​ចិត្ត​ប្រជារាស្រ្ត ទើប​ជា​យុទ្ធសាស្រ្ត​ការពារ​អង្គ បន្ថយ​កម្លាំង​ទ័ព​របស់​សត្រូវ​វាយ​លុក​ចំណុច​ខ្សោយ​ ។ ឥឡូវ​នេះ រាស្រ្ត​ទាំង​នគរ​គ្មាន​ជំនឿ​លើ​មន្រ្តី​អនុវត្ត​ច្បាប់​ ប្រាក់​ខែ​កងទ័ព​មិន​គ្រប់​គ្រាន់ ហើយ​ត្រូវ​មេ​កាត់​យក​ពាក់​កណ្តាល​ទៀត ។ សួរ​ចិត្ត​ខ្លួន​ឯង​ទៅ​មើល តើ​ក្នុង​ចិត្ត​គិត​យ៉ាង​ម៉េច ? ទោះ​ជា​មេ​ទាហាន​ស្មោះ ក៏​កូន​ទាហាន​មាន​ចិត្ត​មិន​នឹង​នរ​ដែរ ។ ប្រទេស​មួយ ដែល​ពឹង​តែ​លើ​អំណាច​ទាហាន ហើយ​ទឹក​ចិត្ត​ទ័ព​មិន​នឹង​នរ តើ​អំណាច​គង់វង្ស​បាន​ប៉ុន្មាន ?

ច្បាប់ ជំនឿ និង អំណាច ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ដឹក​នាំ​ប្រទេស ដែល​ប្រៀប​ដូច​ជា «ថ្ម​ចង្រ្កាន​បី​ដុំ» ។ បើ​ថ្ម​ចង្ក្រាន​មិន​ស្មើ​គ្នា ឆ្នាំង​បាយ​ច្បាស់​ជា​រលំ ។ បើ​មាន​អំណាច មិន​ខ្លាច​ច្បាប់ ធ្វើ​បាប​រាស្រ្ត តើ​អំណាច​គង់វង្ស​បាន​ប៉ុន​ណា ? ប្រទេស​មាន​ច្បាប់​ត្រូវ​តែ​អនុវត្ត​ច្បាប់ ។ មន្រ្តី​ធ្វើ​ខុស ត្រូវ​តែ​ទទួល​ទោស ។ ឥឡូវ​នេះ រាស្រ្ត​មិន​ចង់​ឃើញ​ការ​សន្យា​ទៀត​ទេ គឺ​ចង់​ឃើញ​ការ​អនុវត្ត​ភ្លាម ។ ដូច្នេះ​មិន​បាច់​ចាំ​សន្យា​ថា ដាក់​ទោស​មន្រ្តី​ធ្វើ​ខុស​ក្នុង​អាណត្តិ​ទី​៥​នេះ​ទេ គឺ​ចាប់​មន្រ្តី​ដែល​ធ្វើ​ខុស​ក្នុង​អាណត្តិ​ទី៤ ដូចជា ឈូក បណ្ឌិត និង​ឧកញ៉ា​ទុច្ចរិត​មួយ​ចំនួន មក​កាត់​ទោស​តាម​ច្បាប់​ ដោះលែង​អ្នក​ជាប់​គុក​ដែល​គ្មាន​ទោស​ភ្លាម ក្រែង​ទឹក​មាត់​មាន​ជាតិ​ប្រៃ​បន្តិច ។ បើ​មិន​ឣ៊ីចឹង​ រាស្រ្ត​ទាំង​នគរ គ្មាន​នរណា​ម្នាក់ មាន​ជំនឿ​លើ​ការ​សន្យា​នោះ​ទេ ។ បើ​រាស្រ្ត​មិន​ជឿ គឺ​ច្បាស់​ជា​ចាំ​តែ​ចាប់​កំហុស ធ្វើ​ការ​បះបោរ​ជាក់​ជា​មិន​ខាន ហើយ​បើ​ពេល​បះបោរ​ហើយ យក​កម្លាំង​បាយ​ទៅ​ទប់​ទល់​នោះ គឺ​ក្រឡា​អុក​នេះ រួញ​ត្បៀត​មែន​ទែន​ហើយ ។ ពេល​នោះ​ខ្លាច​តែ​លីអូ មិន​សល់​ផង ។ ដូច្នេះ បើ​គេច​អង្គ ហើយ​មិន​សម្រួល​ក្បួន ចាត់​ការ​ជន​ក្បត់ និង​រនុក​ក្នុង​ចោល​ទេ តែ​លីអូ​ក៏​មិន​សល់​ផង ។

ជា​ចុង​បញ្ចប់​ខ្ញុំ​បាទ​សូម​អភ័យទោស​សា​ជា​ថ្មី នូវ​កំហុស​ឆ្គង​ដោយ​អចេតនា​តាម​រយៈ​អត្ថបទ​វិភាគ​ដែល​ចេញ​ពី​គំនិត​និង ចំណេះ​ដឹង​ស្តួច​ស្តើង ៕

ប៉ែន សុជីវ័ន្ត ពី​ខេត្ត រតនគិរី ផ្ដល់​យោបល់​តាម​អ៊ីមែល chivann.pen@gmail.com
សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០១៣
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s