ការ​សិក្សា​អំពី​ផ្សារ​អាណានិគម​បារាំង​នៅ​កម្ពុជា

សម្ផស​ខូចខាត: ការ​សិក្សា​អំពី​ផ្សារ​អាណានិគម​បារាំង​នៅ​កម្ពុជា

ទោះបីជា​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ហាក់ដូច​ជា​ភ្លេច​ប្រវត្តិ​បារាំង​របស់​ពួកគេ​ក៏​ដោយ ក៏​ទីក្រុង​នានា​របស់​ពួកគេ​នៅ​តែ​ពង្រាយ​សំណល់​មរតក​អាណានិគម​ដដែល ដូចជា មហាវិថី​ធំៗ កន្លែង​បាញ់ទឹក និង​អាគារ​បារាំង ។ ក្នុង​ចំណោម​អាគារ​ទាំង​នោះ​មាន​ផ្សារ​ដំបូល​គ្រប​ពី​លើ​ប្រកប​ដោយ​រចនាសម្ព័ន្ធ​សង្ហា និង​រស់រវើក ។ ប៉ុន្តែ ខណៈ​ដែល​ពេល​វេលា​កន្លង​ទៅ ហើយ​សង្គ្រាម និង​ភាព​ក្រីក្រ​រុករាន​កម្ពុជា អាគារ​ទាំង​នោះ​បាន​ទ្រុឌទ្រោម​គ្មាន​ការ​ជួសជុល ក្លាយ​ទៅ​ជា​សម្ផស​ខូចខាត (Battered Beauties) ។ គេ​ត្រូវ​តែ​ធ្វើ​អ្វី​មួយ ប៉ុន្តែ​ហេតុអ្វី​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​មួយ​កំពុង​ខិតខំ​ប្រឹងប្រឹង​ដើម្បី​ផ្ដល់​នូវ​តម្រូវការ​មូលដ្ឋាន​ឲ្យ​បាន​គ្រប់គ្រាន់ បែរ​ជា​ត្រូវ​មក​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​មរតក​អាណានិគម​របស់​ខ្លួន ? ហើយ​ជាក់លាក់​ជាង​នេះ​ទៅ​ទៀត តើ​ក្នុង​ទិដ្ឋភាព​ណា​មួយ​ដែល​ផ្សារ​ចាស់ៗ​ទាំង​នោះ​គួរ​ត្រូវ​បាន​អភិរក្ស ?

ដើម្បី​ឆ្លើយ​នឹង​សំណួរ​ទាំង​ពីរ​នេះ ទិដ្ឋភាព (Theme) ចំនួន​២​ត្រូវ​បាន​លើក​យក​មក​សិក្សា​គឺ ប្រវត្តិ​របស់​ផ្សារ រួម​ទាំង​ប្រវត្តិ​ក្នុង​ស្រុក និង​បារាំង និង តួនាទី​បច្ចុប្បន្ន​របស់​ផ្សារ​ទាំង​នោះ ។ ទិដ្ឋភាព​ទាំង​ពីរ​នឹង​លើក​យក​មក​ពិភាក្សា​ខាង​ក្រោម​នេះ ។

រូប​១ ផ្សារ​នៅ​ជនបទ​ក្នុង​ប្រទេស​វៀតណាម: ការ​ប្រមូលផ្ដុំ​រោង​ដែល​ការពារ​ពី​ធាតុអាកាស​ដោយ​ដើម​ឈើ​ធំៗ (ប្រភព: គំនូរ​របស់​អ្នកនិពន្ធ)

ពពាក់ពពូន​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង: ផ្សារ​អន្តោគ្រាម

គោលដៅ​ដំបូង​នៃ Voyage d’Exploration en Indo-Chine ដែល​ជា​ការ​រុករក​របស់​បារាំង​នៅ​តាម​ដង​ទន្លេ​មេគង្គ​ពី​ចន្លោះ​ឆ្នាំ​១៨៦៦ និង ១៨៦៨ មិន​បាន​សម្រេច​ទេ ដោយសារ​ទន្លេ​មេគង្គ​ហាក់​ដូចជា​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ជា​ផ្លូវ​ជំនួញ​រវាង​ក្រុង​ព្រៃនគរ និង​ខេត្ត​យូណាន ដែល​ជា​ខេត្ត​មួយ​សម្បូណ៌​ទ្រព្យធន​របស់​ចិន ។ ប៉ុន្តែ ដំណើរ​រុករក​នេះ​មាន​សារប្រយោជន៍​ក្នុង​បរិបទ​ផ្សេង​ទៀត ដោយសារ​ទិដ្ឋភាព​ក្នុង​ស្រុក​នានា​ត្រូវ​បាន​រៀបរាប់​បង្ហាញ​នៅ​ក្នុង​រូប​គំនូរ និង​អត្ថបទ​ជាច្រើន ផ្ដល់​ព័ត៌មាន​ឲ្យ​យើង​ដឹង​អំពី​ថា​តើ​ផ្សារ​នានា​នៅ​សម័យកាល​នោះ​ដំណើរ​ការ​យ៉ាង​ដូចម្ដេច ។ ផ្សារ​ហ្លួងព្រះបាង​នៅ​ប្រទេស​ឡាវ​ត្រូវ​បាន​ពិពណ៌នា​ដូច​ត​ទៅ «ផ្លូវ​ធំ​ចម្បង​ជាង​គេ​របស់​ហ្លួងព្រះបាង​មាន​ប្រវែង ២​គីឡូម៉ែត្រ ពី​ខ្លោងទ្វារ​ក្រុង​ទៅ​ទន្លេ​ណាមហ៊ូ ។ នៅ​ថ្ងៃ​លក់ដូរ ផ្សារ​នេះ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង ។ អ្នកលក់ និង​អតិថិជន​បាន​មក​ទីនេះ​តាំង​ពី​ព្រឹក​ព្រលឹម ខ្លះ​នៅ​ចំហ​គ្មាន​ដំបូល ខ្លះ​ទៀត​នៅ​ក្រោម​ឆត្រ​ធំៗ ឬ​នៅ​ក្នុង​ទូក​ឫស្សី ។ អ្នកនេសាទ​នាំ​យក​ត្រី​ធំៗ​ដែល​ពួក​គេ​ប្រស់​ក្នុង​ទន្លេ​ឲ្យ​នៅ​រស់​ស្រស់ៗ ។ ជនជាតិ​ដើម​មក​ពី​តំបន់​ភ្នំ ដែល​គេ​សម្គាល់​បាន​តាម​រយៈ​សម្បុរ​ស្រអែម ឈ្នួត និង​សម្លៀកបំពាក់​ឆ្នូត​របស់​ពួកគេ មក​ដល់​ជាមួយ​នឹង​កន្ត្រក​ពេញ​ដោយ​សត្វ​ប្រមាញ់ បក្សាបក្សី និង​ផលដំណាំ​ខ្ពង់រាប ។ អ្នក​ជំនួញ​ជាតិ​ភូមា​មួយ​ចំនួន​លក់​កំណាត់ ម្ជុល និង​ប្រអប់​ម្លូ ។ ជនជាតិ​ចិន​មួយ​ចំនួន​តូច​លក់​អាភៀន គ្រឿង​ដេរប៉ាក់ និង​ត្បូង» ។

ផ្សារ​នៅ​សម័យ​មុន​អាណានិគម​ហាក់​ដូចជា​គ្រាន់​តែ​ការ​ជួបជុំ​មិន​ផ្លូវការ​រវាង​អតិថិជន និង​អ្នកលក់ ដែល​ស្រួល​បំផុត​គឺ​ជួប​គ្នា​នៅ​លើ​ផ្លូវ​ដែល​មមាញឹក​បំផុត ។ រោង​សាមញ្ញ និង​បំណែក​កំណាត់​នៅ​លើ​ដី​បង្កើត​បាន​ជា​រាន​តាំង​ទំនិញ ។ ធាតុ​សំណង់​នានា​មាន​គោលបំណង​ចម្បង​គឺ​ការពារ​ភ្លៀង និង​កម្ដៅ​ថ្ងៃ ។

នៅ​តំបន់​ជនបទ​ក្នុង​ប្រទេស​វៀតណាម​បច្ចុប្បន្ន គេ​អាច​សម្គាល់​បាន​ថា​មាន​ផ្សារ​២​ប្រភេទប្រភេទ​ទី​១ គឺ​ដូច​គ្នា​ទៅ​នឹង​ប្រភេទ​ផ្សារ​ដែល​បាន​ពិពណ៌នា​ដោយ​អ្នក​រុករក​ជាតិ​បារាំង​ខាងលើ ។ វា​ជា​ការ​ប្រមូល​ផ្ដុំ​រោង​តូចៗ​ធ្វើ​ពី​សម្ភារៈ​មាន​ក្នុង​ស្រុក ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ចម្បង​របស់​ភូមិ (រូប​១) ។ ដើម​ឈើ​ធំៗ​ផ្ដល់​ឲ្យ​រោង​ទាំង​នោះ​នូវ​ការ​ការពារ​ពី​អាកាសធាតុ ។ ផ្សារ​ប្រភេទ​ទី​២ ជា​ការ​ប្រមូលផ្ដុំ​រាន​តាំង​ទំនិញ​នៅ​ខាងមុខ និង​ខាងក្រោយ​សាល​ធំ​មួយ ដែល​មាន​រូបសណ្ឋាន​ផ្ដើម​ចេញ​ពី​ទីតាំង​ផ្សារ​ធៀប​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់ (រូប​២) ។ ផ្សារ​ប្រភេទ​នេះ​ជា​ប្រពៃណី​ស្ថិត​នៅ​ផ្លូវ​បំបែក​រវាង​បណ្ដា​ភូមិ និង​ផ្លូវ​ទឹក ។ ផលិតផល​កសិដ្ឋាន​ត្រូវ​បាន​លក់ដូរ​នៅ​ច្រក​ចូល​ផ្សារ នៅ​ផ្ទាល់​នឹង​កន្លែង​ដែល​ផលិតផល​ត្រូវ​បាន​ទម្លាក់​ចុះ ។ សាច់ និង​ភាគច្រើន​ជាង​គេ​ត្រី ត្រូវ​បាន​លក់​នៅ​ខាង​ក្រោយ​ផ្សារ ដោយសារ​វា​ស្ថិត​នៅ​ជិត​ផ្លូវទឹក (ស្ទឹង ទន្លេ) ជាង​គេ ។ នៅ​ក្នុង​ផ្សារ មាន​តែ​ទំនិញ​ស្ងួត​ភាគច្រើន​ដែល​ត្រូវ​បាន​ដាក់​លក់ ដូចជា សម្លៀកបំពាក់ គ្រឿង​សម្អាង និង​សម្ភារៈ​ប្រើប្រាស់​នៅ​ផ្ទះ ។

ផលប៉ះពាល់​នៃ​អាកាសធាតុ​តាម​តំបន់​ទៅ​លើ​ទ្រង់ទ្រាយ​ប្លង់​ផ្សារ​គឺ​មាន​ជាក់​ស្ដែង ដោយសារ​វា​ទទួល​ឥទ្ធិពល​ដោយ​ផ្ទាល់​ពី​កម្ដៅ និង​ភ្លៀង​តំបន់​ត្រូពិក ។ ការ​ប្រៀបធៀប​ឧទាហរណ៍​មុន​សម័យ​អាណានិគម និង​សម័យ​បច្ចុប្បន្ន​ក៏​បាន​បង្ហាញ​ថា ទោះបី​ជា​ទំនិញ និង​អត្តចរិត​ត្រូវ​បាន​ផ្លាស់ប្ដូរ​តាម​ពេលវេលា ក៏​ផ្សារ​នៅ​តាម​ភូមិ​មិន​បាន​ផ្លាស់ប្ដូរ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា យើង​ឃើញ​ការ​បញ្ចូល​សាល​ធំ ដែល​អាច​ជា​ការ​រួមចំណែក​នៃ​អន្តរាគមន៍​របស់​បារាំង ។

រូប​២ ផ្សារ​នៅ​ជនបទ​ក្នុង​ប្រទេស​វៀតណាម: ទីតាំង​ផ្សារ​ធៀប​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ ។ ចំណុច​ចុចៗ​ជា​កន្លែង​ផ្លែឈើ និង​បន្លែ ផ្ទៃ​ឆ្នូត​ជា​កន្លែង​សម្រាប់​ត្រី និង​សាច់ (ប្រភព: គំនូរ​របស់​អ្នកនិពន្ធ)

ការ​កសាង​ប្រទេស​បារាំង​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រទេស​បារាំង: ផ្សារ​អាណានិគម​បារាំង

ជាមួយ​នឹង​ការ​បង្កើត​អាណាព្យាបាល​បារាំង​លើ​កម្ពុជា​ក្នុង​ឆ្នាំ​១៨៦៣ ទម្រង់​ថ្មី​មួយ​នៃ​សិល្បៈ​សំណង់ និង​ការ​រៀបចំ​ផែនការ​ទីក្រុង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​តំបន់ ។ មុន​អន្តរាគមន៍​របស់​បារាំង ភ្នំពេញ​គ្រាន់​តែ​ជា​រោង​ខ្ទម​មួយ​ជួរ​ស្ថិត​នៅ​តាម​ច្រាំង​ទន្លេសាប​ប៉ុណ្ណោះ ។ ប៉ុន្តែ បេសកកម្ម Civilisatrice បាន​ដាក់​កាតព្វកិច្ច​ឲ្យ​បារាំង​ប្រែក្លាយ​ទីក្រុង​ភ្នំពេញ​ទៅ​ជា​គជ់​បូព៌ា (Perle d’Orient) ពិត​ប្រាកដ ដោយសារ​វា​ជា​ការ​ទទួល​ខុសត្រូវ​របស់​បារាំង​ក្នុង​ការ​ចែករំលែក និង​ពង្រាយ​អរិយធម៌​ខ្ពង់ខ្ពស់​របស់​ខ្លួន ។ មហិច្ឆតា​នេះ​នឹង​ត្រូវ​សម្រេច​បាន​ជោគជ័យ​ដោយ​សិល្បៈ​សំណង់ និង​ការ​រៀបចំ​ផែនការ​ទីក្រុង ។ រដ្ឋបាល​អាណានិគម​បាន​ចាប់​ផ្ដើម​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​អាណានិគម​ជាមួយ​នឹង​ការ​សម្រេច​បាន​នូវ​ផ្លូវថ្នល់ ផ្លូវដែក និង​សំណង់​សាធារណការ ។

ដំបូង​ឡើយ រដ្ឋបាល​អាណានិគម​បារាំង​ឈាន​ទៅ​សម្រេច​បេសកកម្ម Civilisatrice របស់​ខ្លួន​នៅ​ក្នុង​លក្ខណៈ​គ្រប់គ្រង​ដោយ​គោលការណ៍​ធ្វើ​ឲ្យ​ជ្រួតជ្រាប (បញ្ជ្រាប) ដែល​ដាក់​មនុស្ស​ឲ្យ​ស្ថិត​ក្រោម​អំណាច​រដ្ឋបាល​មួយ​ដែល​កំណត់​រូបរាង​ដោយ​តម្លៃ​បែប​បារាំង ។ អភិក្រម​នេះ​ជំរុញ​ឲ្យ​មាន​សាធារណការ​បារាំង​មួយ​ចំនួន​ធំ​ជា​រចនាបថ Beaux-Arts ខុស​ប្លែក​គ្នា​ពី​សំណង់​ពន្ធនាគារ និង​បន្ទាយ​ទាហាន ទៅ​អាគារ​ប្រៃសណីយ៍ និង​រោង​មហោស្រប ដែល​អាគារ​ទាំងអស់​នេះ​កំណត់​រចនា​តាម​រចនាបថ​ចុង​ក្រោយ​បំផុត​នៃ Le Métropole

បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​១ ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​នយោបាយ​អាណានិគម​បារាំង​នៅ​តំបន់​ឥណ្ឌូចិន​ចាប់​ចេញ​ជា​រូបរាង​ឡើង គោលនយោបាយ​បញ្ជ្រាប​ត្រូវ​បាន​ជំនួស​ដោយ​ការ​រួបរួម ដែល​បាន​ផ្ដល់​ការ​យោគយល់​ដល់​ប្រពៃណី និង​វប្បធម៌​ក្នុង​ស្រុក ។ ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​នេះ សិល្បៈ​សំណង់​ប្រកប​ដោយ​បរិបទ​រសើប​ជាង​មួយ​បាន​លេច​រូបរាង​ឡើង ដែល​អាច​ពិពណ៌នា​បាន​ល្អ​បំផុត​ដោយ​ស្នាដៃ​របស់​វិចិត្រករ Ernest Hébrard ដែល​ជា​អ្នក​បង្កើត​រចនាបថ​ឥណ្ឌូចិន (Style Indochinois) ។ រចនាបថ​នេះ​ទទួល​បាន​លក្ខណៈ​លម្អិត និង​ការ​តែង​លម្អ​ចេញ​មក​ពី​សិល្បៈ​សំណង់​អន្តោគ្រាម និង​ត្រូវ​បាន​ទទួល​យក​ដោយ​ងាយស្រួល​ជាង​អាគារ​តាម​រចនាបថ Beaux-Arts ចំពោះ​អាកាសធាតុ​ត្រូពិក​របស់​កម្ពុជា ។ វប្បធម៌​ក្នុង​តំបន់​មិន​ត្រឹម​តែ​ក្លាយ​ជា​ឧទាហរណ៍​ដែល​យើង​អាច​រៀនសូត្រ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​មុខមាត់​ដ៏​សំខាន់​នៃ​សារធារណការ​ផង​ដែរ ។ ប៉ុន្តែ រចនាបថ​របស់ Hébrard នៅ​តែ​ពឹង​ផ្អែក​លើ​គោលការណ៍​ផ្លូវការ​នៃ​ទំនៀម​សិល្បៈ Beaux-Arts ដដែល ដែល​ផែនការ​របស់​គាត់​ជា​ញឹកញាប់​មាន​ភាព​ស៊ីមេទ្រី និង​មាន​ទំហំ​រៀបចំ​ជា​លំដាប់​ក្លាស៊ិក ។ ដូច្នេះ រចនាបថ​របស់​គាត់​មិន​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង​ពី​ទំនៀម​សិល្បៈ Beaux-Arts ប៉ុន្មាន​ទេ ។ រចនាបថ​ឥណ្ឌូចិន​ហាក់​បាន​បាត់​រូបរាង​ពី​ឆាក​សិល្បៈ​សំណង់​នៅ​ដើម​ទសវត្សរ៍​១៩៣០ ជា​អំឡុង​ពេល​ដែល​រចនាបថ​សង្ខេប​ជាង​មួយ​បាន​ចាប់​រូបរាង ។ រចនាបថ​នេះ​បាន​បន្ត​លក្ខណៈ​រសើប​របស់ Hébrard សំដៅ​ទៅ​បន្សាំ​នឹង​លក្ខខណ្ឌ​ក្នុង​តំបន់ ប៉ុន្តែ​វា​បាន​កំហិត​ពី​ទំនោរ​បង្ហាញ​ពី​អន្តោគ្រាម និង​ការ​យោង​ជា​ផ្លូវការ​របស់​គាត់​ចំពោះ​ទំនៀម​សិល្បៈ Beaux-Arts ។ ប្លង់ និង​ផ្នែក​នានា​ឆ្លើយតប​ជា​ចម្បង​ទៅ​នឹង​បរិបទ​ទីក្រុង សង្គម ឬ​វប្បធម៌ ជា​ពិសេស​ទៅ​នឹង​អាកាសធាតុ​ត្រូពិក ។ គេ​អាច​និយាយ​បាន​ថា រចនាបថ​សិល្បៈ​សំណង់​ចុង​ក្រោយ​នេះ​មាន​ជោគជ័យ​បំផុត​នៅ​ក្នុង​ការ​ចង​ភ្ជាប់​លក្ខណៈ​បារាំង និង​លក្ខណៈ​ឥណ្ឌូចិន​របស់​វា ។ ផ្សារ​មាន​ដំបូល​ចំនួន​បី​របស់​កម្ពុជា​ដែល​នៅ​តែ​បន្ត​ឈរ​នៅ​ចាប់​តាំង​ពី​សម័យ​អាណានិគម​គឺ ផ្សារ​ធំ​ថ្មី​នៅ​ភ្នំពេញ (រូប​៣) ផ្សារ​ណាត់​នៅ​បាត់ដំបង (រូប​៤) និង​ផ្សារ​ថ្មី​កំពង់ចាម ស្ថិត​ក្នុង​សម័យកាល និង​រចនាបថ​សិល្បៈ​សំណង់​ចុង​ក្រោយ​នេះ ។

នៅ​ពេល​វាយ​តម្លៃ​ពី​របៀប​របប​ដែល​រដ្ឋបាល​បារាំង​កំណត់​រូបរាង​ទីក្រុង​អាណានិគម​របស់​ពួកគេ​ក្នុង​រយៈកាល​ជា​ច្រើន​ឆ្នាំ យើង​ក៏​ឃើញ​មាន​ការ​កើន​ឡើង​នូវ​ឥទ្ធិពល​អន្តោគ្រាម ។ ការ​វិនិច្ឆ័យ​ក្រុង​បាត់ដំបង ដែល​ជា​ក្រុង​ធំ​បំផុត​ទី​២​របស់​កម្ពុជា គឺ​ជា​ឧទាហរណ៍​នៃ​កំណើន​ឥទ្ធិពល​នេះ ។ ក្រុង​បាត់ដំបង​ស្ថិត​នៅ​តាម​បណ្ដោយ​ស្ទឹង​សង្កែ ជា​ស្ទឹង​ដែល​មាន​ប្រភព​នៅ​តំបន់​ភ្នំក្រវាញ និង​ហូរ​ចាក់​ទៅ​បឹង​ទន្លេសាប ។ មាត់​ស្ទឹង​នេះ​ត្រូវ​បាន​តាំង​ទី​លំនៅ​ដោយ​កសិករ និង​អ្នកនេសាទ​អស់​រយៈពេល​ជាច្រើន​សតវត្ស​មក​ហើយ ។ មុន​ការ​កាន់កាប់​របស់​បារាំង ក្រុង​បាត់ដំបង​មាន​វត្ត​អារាម និង​ខ្ទម​ជា​ជួរ​នៅ​តាម​បណ្ដោយ​មាត់​ស្ទឹង ជាមួយ​នឹង​ផ្សារ​មេឃ​មួយ​នៅ​ចំ​ទីបំបែក​នៃ​ផ្លូវ​ដី​នៅ​មាត់​ស្ទឹង​ប៉ែក​ខាងលិច ។ ប៉ុន្តែ ប្លង់​សម្រាប់​ការ​ពង្រីក​ផ្សារ​នេះ​ត្រូវ​បាន​គូស​ភ្លាមៗ​បន្ទាប់​ពី​ការ​មក​ដល់​របស់​បារាំង​នៅ​ឆ្នាំ​១៩០៧ វា​គឺ​ជា​ការ​ផ្លាស់ប្ដូរ​ទាំងស្រុង​ពី​រីកចម្រើន​ដោយ​ឯកឯង​ដែល​ក្រុង​នេះ​ធ្លាប់​ជួប​ប្រទះ ។ ប្លង់​នោះ​មាន​បណ្ដាញ​ផ្លូវថ្នល់ និង​ប្លុក​ផ្ទះ​នៅ​ស្រប​នឹង​ស្ទឹង ដោយ​មាន​ផ្សារ​មេឃ​មាន​ស្រាប់​ជា​មណ្ឌល​កណ្ដាល ។ នៅ​ឆ្នាំ​១៩២៦ នៅ​ពេល​ដែល​ផ្លូវដែក​រវាង​បាត់ដំបង និង​ភ្នំពេញ​ត្រូវ​បាន​សាងសង់ ប្លង់​ទីក្រុង​លើក​ទី​២​ ត្រូវ​បាន​រៀបចំ​ឡើង ។ គំនូស​ខ្វែង (Grid) នៅ​ឆ្នាំ​១៩០៧ ត្រូវ​បាន​ពង្រីក​ទៅ​ទិស​ខាងលិច ហើយ​ផ្លូវ​បញ្ជៀង​មួយ​ចំនួន​ត្រូវ​បាន​សាងសង់ ដែល​ជា​ការ​ព្យាយាម​ផ្ដល់​ឲ្យ​ទីក្រុង​អាណានិគម​មួយ​នេះ​នូវ​ទិដ្ឋភាព​កាន់​តែ​សម្បើម និង​ឲ្យ​មាន​លក្ខណៈ​ដូច​ក្រុង​ប៉ារីស ។ មហាវិថី​បញ្ជៀង​ជួប​ប្រសព្វ​គ្នា​នៅ​ផ្សារ​មេឃ​មាន​ស្រាប់ ដែល​ត្រូវ​បាន​ក្លាយ​ជា​ផ្សារ​ផ្លូវការ​ដោយ​ការ​សាងសង់​ដំបូង​នៅ​ឆ្នាំ​១៩៣៧ ។ សំណង់​ផ្សារ​នេះ​ច្បាស់​ណាស់​គឺ​ជា​គំនិត​ទស្សនៈ​បារាំង ជា​សម្ភារៈ​ស្ថាបត្យកម្ម​អឺរ៉ុប​មួយ​ដែល​ត្រូវ​បាន​ដក​ពិសោធន៍​យ៉ាង​ផុសផុល​នៅ​ជំនាន់​នោះ ។ ប៉ុន្តែ ដំណាល​គ្នា​នោះ​ដែរ ប្លង់​រចនា​ឆ្លើយ​តប​យ៉ាង​ច្បាស់​ទៅ​នឹង​ការ​រៀបចំ​ក្នុង​ស្រុក និង​បរិស្ថាន​ត្រូពិក ។ វា​បាន​អនុញ្ញាត​ឲ្យ​ផ្សារ​អន្តោគ្រាម​បន្ត​ស្ថិត​នៅ​លើ​ទីតាំង​ដើម និង​អនុញ្ញាត​ឲ្យ​ខ្យល់​ធម្មជាតិ​បក់​ចូល​ជា​ដរាប​តាម​ជើងតាង និង​ដំបូល​បើក​ជាច្រើន ដែល​ផ្ដល់​ជា​លទ្ធផល​នូវ​អាកាសធាតុ​ខាងក្នុង​គួរ​ឲ្យ​ពេញ​ចិត្ត ។ គោលបំណង​អាណានិគម​ត្រូវ​បាន​សម្រេច​ដោយ​សំណង់​ផ្សារ​នេះ អនាម័យ​របស់​ផ្សារ​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ ជា​ប្រយោជន៍​ដល់​ជន​អន្តោគ្រាម ស្រប​ពេល​ដែល​ពន្ធដារ​ត្រូវ​បាន​ប្រមូល​កាន់​តែ​ងាយ​ស្រួល ជា​ប្រយោជន៍​ដល់​អ្នក​តាំង​អាណានិគម ។

ទាំង​ការ​វិវឌ្ឍ​ផ្នែក​រចនាបថ​សិល្បៈ​សំណង់ និង​កំណើន​ទីក្រុង​អាណានិគម គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​កម្រិត​ខ្ពស់​នៃ​មជ្ឈការ​របស់​រដ្ឋបាល​អាណានិគម ដែល​បាន​ផ្លាស់ប្ដូរ​ពី​អភិក្រម​មជ្ឈការ​ខ្លួនឯង​ដោយ​ការ​បញ្ជ្រាប​ទៅ​ជា​អភិក្រម​កាន់​តែ​សាកល​ជាង​នៃ​ការ​រួបរួម ។ ប៉ុន្តែ ទោះបី​ជា​ឥទ្ធិពល​អន្តោរគ្រាម​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​កាន់​តែ​ច្រើន​នៅ​ទីបញ្ចប់ គោលបំណង​អាណានិគម​មិន​ត្រូវ​បាន​បោះបង់​ចោល​ម្ដង​ណា​ឡើយ រដ្ឋបាល​បារាំង​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ​គោលជំនឿ​អាណានិគម​របស់​ពួកគេ ។ វា​ផ្ដល់​ជា​លទ្ធផល នៅ​ក្នុង​ករណី​ផ្សារ​ណាត់​នេះ នូវ​ការ​ដាក់​បញ្ចូល​នូវ​សាល​ដ៏​ធំ​ធ្វើ​ពី​បេតុង ។

រូប​៣ ទិដ្ឋភាព​មើល​ពី​លើ​អាកាស​នៃ​ផ្សារ​ធំ​ថ្មី​នៅ​ភ្នំពេញ​នៅ​ឆ្នាំ​១៩៥២ (ប្រភព: បេសកកម្ម​បេតិកភណ្ឌ ភ្នំពេញ)

បញ្ហា​សតិ​ចងចាំ​: ​ភាព​ពាក់ព័ន្ធ​នៃ​បេតិកភណ្ឌ​សិល្បៈ​សំណង់

នៅ​កម្ពុជា ជាពិសេស​ក្នុង​ក្រុង​ភ្នំពេញ ការ​អភិរក្ស​សំណង់​បេតិកភណ្ឌ​មាន​លក្ខណៈ​អថាវារៈ ។ តម្លៃ​អចលនទ្រព្យ​នៅ​ភ្នំពេញ​ឡើង​ថ្លៃ​នៅ​ដំណាក់កាល​អន្តរាគមន៍​របស់​អ៊ុនតាក់ ចាប់​ពី​ឆ្នាំ​១៩៩២ ដល់ ១៩៩៣ ។ គោលដៅ​របស់​អ៊ុនតាក់​គឺ​ធានា​ភាព​ស្មោះត្រង់ និង​សុវត្ថិភាព​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ទី​១​របស់​ប្រទេស​កម្ពុជា​បន្ទាប់​ពី​របប​ខ្មែរក្រហម ។ ប៉ុន្តែ ជា​ផលប៉ះពាល់​បន្ទាប់បន្សំ ទ្រព្យធន​របស់​អ៊ុនតាក់​បាន​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​ភ្នំពេញ​មាន​បញ្ហា ផ្ដល់​ជា​លទ្ធផល​នូវ​ការ​រំពឹង​ទុក​ពី​ដី​ឡើង​ថ្លៃ និង​ការ​វាយ​កម្ទេច​ចោល ដែល​នៅ​តែ​បន្ត​ធ្វើ​រហូត​មក​ដល់​បច្ចុប្បន្ន ។ បេតិកភណ្ឌ​មាន​តម្លៃ​ជា​ពិសេស​ដោយ​សារ​វា​ជា​ញឹកញាប់​ស្ថិត​នៅ​តំបន់​ស្នូល​នៃ​អចលនទ្រព្យ ។ ភាគ​ច្រើន ការ​អភិវឌ្ឍ​ដោយ​សាងសង់​អាគារ​ជំនួស​គឺ​ធ្វើ​ឡើង​ក្នុង​គោលដៅ​សាមញ្ញ​គឺ​ទទួល​បាន​ប្រាក់​ចំណេញ​ភ្លាមៗ ។ មាន​ច្បាប់​បេតិកភណ្ឌ​ដែរ ប៉ុន្តែ​ការ​អនុវត្ត​ជា​ញឹកញាប់​នៅ​ជាប់​គាំង​ដោយ​សារ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​នយោបាយ ។ គេ​អាច​និយាយ​បាន​ថា ប្រទេស​កំពុង​អភិវឌ្ឍ​មាន​សិទ្ធិ​ទទួល​ប្រាក់​ចំណូល​របស់​ខ្លួន​តាម​ឆាប់​ដែល​អាច​ធ្វើ​បាន តែ​ការ​អភិវឌ្ឍ​ទាំង​នេះ ជា​ញឹកញាប់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​វិនិយោគ​បរទេស ប្រជាជន​ខ្មែរ​សាមញ្ញ​ហាក់​ដូចជា​មិន​ទទួល​បាន​ផលប្រយោជន៍​អ្វី​សោះ​ទេ ។

ទោះជាយ៉ាងណា​ក៏​ដោយ អាគារ​មួយ​ចំនួន​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ហើយ​ផ្សារ​ធំ​ថ្មី​ជា​អាគារ​មួយ​ក្នុង​ចំណោម​អាគារ​ទាំង​នេះ ។ រចនាសម្ព័ន្ធ​ចាស់​របស់​ផ្សារ​នេះ​ត្រូវ​បាន​ពង្រឹង និង​លាប​ថ្នាំ​ថ្មី ហើយ​មើល​ទៅ​អស្ចារ្យ​ឡើង​វិញ ។ ពន្លា​ថ្មីៗ​ត្រូវ​បាន​សាងសង់ ជំនួស​រោង​ទ្រុឌទ្រោម​សង់​ដោយ​ខ្លួនឯង​នៅ​ជុំវិញ​ផ្សារ បង្គន់ អាង​លុបលាង និង​សម្ភារៈ​ដាក់​សំរាម​ថ្មីៗ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​យ៉ាង​ច្រើន​នូវ​ស្ថានភាព​អនាម័យ ។ ប៉ុន្តែ ការ​ជួសជុល​ឡើង​វិញ​ក៏​បាន​បង្ហាញ​ពី​សំណួរ​អភិរក្ស​ផង​ដែរ​ថា​តើ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យភាព​រវាង​សោភ័ណវិទ្យា ការ​អភិរក្ស និង​តួនាទី ។ ឧទាហរណ៍ ខណៈ​ដែល​ផ្សារ​ដើម​ត្រូវ​បាន​រុំព័ទ្ធ​ដោយ​ពន្លា​ថ្មីៗ​នា​បច្ចុប្បន្ន​នេះ ទិដ្ឋភាព​ដើម​នៃ​រចនាសម្ព័ន្ធ​ដ៏​ធំ និង​ភាព​លេច​អណ្ដែត មិន​អាច​មើល​ឃើញ​ទៀត​ឡើយ ។ លើស​ពី​នេះ​ទៀត ទំនិញ​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​តិច ដូចជា កសិផល​ស្រស់ បាន​បាត់​រូបរាង​ពី​រចនាសម្ព័ន្ធ​ដើម ។ បច្ចុប្បន្ន មាន​តែ​មុខ​ទំនិញ​ប្រណិត​ត្រូវ​បាន​ដាក់​លក់​នៅ​តាម​តូប​ទាំង​នោះ ។ ដូច្នេះ ការ​ប្រើប្រាស់​ផ្សារ​នេះ​នៅ​ពេល​អនាគត​ត្រូវ​បាន​ធានា ប៉ុន្តែ​គេ​ត្រូវ​ចាំ​មើល​អំពី​អនាគត​នៃ​សោភ័ណវិទ្យា​ជា​បន្ត​ទៀត ។

ទោះបីជា​តម្លៃ​ខ្ពស់​នៃ​អចលនទ្រព្យ​ពន្យល់​អំពី​ការ​រំពឹង​ថា​ដី​ឡើង​ថ្លៃ​នៅ​ភ្នំពេញ​ក្នុង​កម្រិត​ណា​មួយ​ក៏​ដោយ ក៏​មាន​ការ​ពន្យល់​ផ្សេង​ទៀត​ផង​ដែរ ។ Theodora Burgeat មន្ត្រី​ទំនាក់ទំនង​នៅ​បេសកកម្ម​បេតិកភណ្ឌ​នៅ​ភ្នំពេញ​ពន្យល់​ថា «កម្ពុជា​មាន​បញ្ហា​សតិ​ចងចាំ ការ​និយាយ​អំពី​អតីតកាល​មិន​មែន​ជា​ការ​ងាយស្រួល​ទេ ចាប់​តាំង​ពី​សម័យ​ខ្មែរក្រហម ។ អាជ្ញាធរ​ភាគច្រើន​ជ្រើស​យក​ការ​ផ្ដោត​លើ​ការ​កសាង​អាគារ​ថ្មី​ខ្ពស់ៗ ដោយ​ចាត់​ទុក​អាគារ​ទាំង​នោះ​ថា​ជា​និមិត្តរូប​នៃ​ទំនើបកម្ម​របស់​ប្រទេស» ។

ការ​រំលឹក​ពី​អតីតកាល​បាន​ក្លាយ​ទៅ​ជា​បទពិសោធន៍​ដ៏​ឈឺចាប់​សម្រាប់​ប្រជាជន​ខ្មែរ ។ ជាពិសេស យុវជន​ខ្មែរ​ជ្រើស​យក​ការ​បំភ្លេច​អតីតកាល និង​រំលឹក​អំពី​បច្ចុប្បន្នកាល និង​អនាគត ។ ទឹកចិត្ត​ដូច​នេះ​ផ្ដល់​ជា​លទ្ធផល​នូវ​ការ​មិន​យល់ដឹង​អំពី​តម្លៃ​ប្រវត្តិសាស្ត្រ​នៃ​បេតិកភណ្ឌ​សំណង់ ក្នុង​នោះ​ក៏​រាប់​បញ្ចូល​រចនាសម្ព័ន្ធ​អាណានិគម​បារាំង​ផង​ដែរ ។

សំណាង​ល្អ​ដែរ គ្រាន់​តែ​ប៉ុន្មាន​រយ​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ប៉ុណ្ណោះ សាលាក្រុង​បាត់ដំបង​កំពុង​តែ​ការពារ​យ៉ាង​សកម្ម​នូវ​បេតិកភណ្ឌ​សំណង់ ។ ក្រុម​ការងារ​មួយ​ពី​សេវាកម្ម​អភិវឌ្ឍ​អាល្លឺម៉ង់ និង​រដ្ឋបាល​ក្រុង​បាត់ដំបង​មាន​ឱកាស​ធ្វើ​ផែនទី ស្រាវជ្រាវ និង​វាយតម្លៃ​បេតិកភណ្ឌ​សំណង់​នៅ​បាត់ដំបង ។ ការ​ចូលរួម​របស់​សាលាក្រុង​បាត់ដំបង​គឺ​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ ដោយសារ​ពួកគេ​មាន​អំណាច​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​នានា ។ ការ​ស្រាវជ្រាវ​បង្កើត​បាន​ជា​ផែនការ​ប្រើប្រាស់​ដី​នៅ​ពេល​អនាគត​សម្រាប់​ឆ្នាំ​២០២០ សម្រាប់​ក្រុង​បាត់ដំបង ។ ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ផែនការ​នេះ​គឺ «តំបន់​ការពារ​បេតិកភណ្ឌ» ជា​មណ្ឌល​ប្រជុំជន​នៃ​ក្រុង​អាណានិគម​បាត់ដំបង ដែល​មាន​អាគារ​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​ប្រហែល ៨០០ ។ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ទៅ​ទស្សនា​បាត់ដំបង​នៅ​មណ្ឌល​ប្រជុំជន​នៃ​ក្រុង​អាណានិគម ការ​អភិរក្ស​បេតិកភណ្ឌ​សំណង់​បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​ទាំង​ក្នុង​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ និង​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​កាន់​តែ​ងាយស្រួល​ក្នុង​ការ​បញ្ចុះបញ្ចូល​ម្ចាស់​បេតិកភណ្ឌ​ឯកជន​ឲ្យ​អភិរក្ស​អាគារ​របស់​ពួកគេ ។ ការណ៍​នេះ​បង្ហាញ​ពី​របៀប​ដែល​គោលនយោបាយ​រដ្ឋបាល​មាន​ឥទ្ធិពល​លើ​អនាគត​នៃ​បេតិកភណ្ឌ និង​ពី​វិធី​ដែល​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ត្រូវ​បាន​ធ្វើ​ឡើង ។

រូប​៤ ទិដ្ឋភាព​មើល​ពី​លើ​អាកាស​នៃ​ផ្សារ​ណាត់​នៅ​ខេត្ត​បាត់ដំបង​នៅ​ឆ្នាំ​១៩៦០ (ប្រភព: Grant Ross, បាត់ដំបង, Le Bâton Perdu)

កង្កែប​បក​ស្បែក និង​អន្ទង់​ដក​ជាតិ​រអិល: តួនាទី​បច្ចុប្បន្ន​របស់​ផ្សារ

ការ​ចូល​ក្នុង​ផ្សារ​ណា​មួយ​នៅ​កម្ពុជា​បង្ហាញ​ពី​អារម្មណ៍​យ៉ាង​សម្បូណ៌​បែប​ដែល​អ្នក​អាច​នឹង​មិន​ធ្លាប់​ជួប​ប្រទះ ។ ជាដំបូង ក្លិន​មុត​នៃ​បង្គា និង​មឹក​ក្រៀម បន្លែ​រលួយ និង​សាច់អាំង​ថ្មីៗ ។ ប៉ុន្តែ​ក៏​ឃើញ​មាន​ទិដ្ឋភាព​គួរ​ឲ្យ​ខក​ចិត្ត ដូចជា ​ត្រី​រស់​ត្រូវ​បាន​វះពោះ និង​កាត់​ជា​កង់ៗ រូបរាង​សត្វ​សម្លាប់​រុំព័ទ្ធ​ដោយ​រុយ និង កង្កែប​បក​ស្បែក និង​អន្ទង់​ដក​ជាតិ​រអិល ។ អ្នកលក់​ដែល​អៀម​ការពារ​ខោអាវ​របស់​ពួកគេ​ប្រឡាក់​ដោយ​ឈាម កាន់​កាំបិត​មុត និង​ឈរ​នៅ​ក្នុង​គំនរ​សំរាម​សរីរាង្គ​រលួយ ។ ពួក​កុមារ គ្មាន​ស្បែកជើង និង​ស្លៀកពាក់​ខោអាវ​រហែក កាយ​សំរាម​ដើម្បី​ស្វែង​រក​ចំណី​ដែល​អាច​ហូប​បាន ។ កម្ដៅ​ដែល​មិន​អាច​ទ្រាំ​បាន​ទៅ​ហើយ​នៅ​ខាងក្រៅ​ផ្សារ គឺ​កាន់​តែ​ក្ដៅ​ជាង​នេះ​ទៀត​នៅ​ក្នុង​ផ្សារ ។ បណ្ដា​ជួរ​តូប​លក់​មាន​ភាព​ទទើសទទែង ហើយ​តូបលក់​នីមួយៗ​ដាក់​ឥវ៉ាន់​លក់​លយ​ចេញ​មក​ក្រៅ ។ ផ្សារ​ទាំងនោះ​ច្បាស់​ណាស់​គឺ​រវល់​ដូច​ពី​សម័យ​មុន ប៉ុន្តែ​តើ​ពួកវា​មាន​តួនាទី​យ៉ាង​ណា​បច្ចុប្បន្ន​នេះ ? តើ​មាន​លក់​អ្វី​ខ្លះ​នៅ​ក្នុង​នោះ ? យើង​នឹង​ពិនិត្យ​មើល​ឲ្យ​ច្បាស់​អំពី​ផ្សារ​នៅ​ភ្នំពេញ និង​នៅ​បាត់ដំបង ។

រូប​៥ គំនូស​កាត់​ទទឹង​ពី​លិច​ទៅ​កើត​នៃ​ផ្សារ​ធំ​ថ្មី (ប្រភព: គំនូរ​របស់​អ្នកនិពន្ធ)

ផ្សារ​ធំ​ថ្មី (រូប​៥) ស្ថិត​នៅ​មណ្ឌល​កណ្ដាល​នៃ​តំបន់​ពាណិជ្ជកម្ម​បារាំង​នៃ​ក្រុងភ្នំពេញ និង​ត្រូវ​បាន​សាងសង់​នៅ​ចន្លោះ​ឆ្នាំ​១៩៣៥ និង ១៩៣៧ ។ ផ្សារ​នេះ​តែង​ជា​ផ្សារ​មាន​គុណភាព​ខ្ពស់​សម្រាប់​ប្រជាជន​ខ្មែរ វា​ជា​ផ្សារ​ធំ​ជាង​គេ និង​ពិសេស​បំផុត ។ រចនាសម្ព័ន្ធ​ដើម​មាន​កំពូល​ក្រឡូម​កម្ពស់ ២៦​ម៉ែត្រ ដែល​ចែកចេញ​ជា​ស្លាប​ចំនួន​៤​ដូចៗ​គ្នា ។ ច្រក​ចូល​ចម្បង​ទៅ​កាន់​ផ្សារ​បែរ​មុខ​ទៅ​ខាងកើត បែរ​ទៅ​រក​ទន្លេសាប​ពី​ចម្ងាយ ។ ចម្រឹង​ដែក​ជា​ច្រើន​នៅ​ដំបូល​ក្រឡូម និង​ជើងតាង​ចំហ​ផ្ដល់​នូវ​ចរន្ត​ខ្យល់​ចេញ​ចូល​ជានិច្ច ។ ជា​លទ្ធផល​ផ្ដល់​នូវ​សីតុណ្ហភាព​មធ្យម​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ ពន្លឺ​ថ្ងៃ​ត្រូវ​បាន​ត្រងច្រោះ​ជា​ធម្មជាតិ​ដោយ​ចម្រឹង​ដែក ដែល​បែង​ចែក​គំរូ​ម្លប់​ផ្លាស់ប្ដូរ​ជានិច្ច​ទៅ​លើ​ជញ្ជាំង​នៅ​ជាប់​នោះ ។ នៅ​ពី​ក្រោម​ដំបូល​មូល​ធំ​មាន​សសរ​ស្រាវ​មួយ​ទ្រ​នាឡិកា​ចំនួន​៤ ។ នៅ​ជិត​បំផុត​នឹង​សសរ​នេះ មាន​តូប​លក់​មុខ​ទំនិញ​ប្រណិត ដូចជា នាឡិកា ត្បូង និង​អលង្ការ ។ កន្លែង​នេះ​ស្ងប់ស្ងាត់ និង​ធំទូលាយ អ្នកលក់​រង់ចាំ​អតិថិជន​របស់​ពួកគេ​ក្នុង​លក្ខណៈ​លំហែ ។ នៅ​តាម​ស្លាប ទំនិញ​មិន​រលួយ​ប្រណិត​ដទៃ​ទៀត​ត្រូវ​បាន​ដាក់​លក់ ដូចជា គ្រឿង​អេឡិចត្រូនិក ខោអាវ​រោងចក្រ សំពត់​កំណាត់ និង​ខោអាវ​ដេរដៃ ។ កសិផល​ស្រស់​ត្រូវ​បាន​ផ្លាស់​ចេញ​ពី​រចនាសម្ព័ន្ធ​ដើម​ទៅ​នៅ​ក្នុង​សាល​ថ្មី​ធំៗ ស្ថិត​នៅ​ខាងក្រោយ​ផ្សារ​ដើម ។ រចនាសម្ព័ន្ធ​ថ្មី​ទាំងនេះ បន្ថែម​ពី​លើ​កសិផល​ស្រស់ មាន​ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ​ផ្សេង​ទៀត ដូចជា ស្បែកជើង គ្រឿងទេស គ្រឿងសម្អាង ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ សម្លៀក​បំពាក់ និង​ឧបករណ៍​អេឡិចត្រូនិក​សាមញ្ញ ។ សីតុណ្ហភាព​នៅ​ពន្លា​ថ្មី​ទាំង​នេះ​គួរ​ឲ្យ​រីករាយ​តិច​ជាង​សីតុណ្ហភាព​នៅ​ក្នុង​រចនាសម្ព័ន្ធ​ដើម ដែល​ជួនកាល​ឡើង​ដល់ ៣៥​អង្សាសេ ធ្វើ​ឲ្យ​អ្នកលក់​ស្ថិត​នៅ​ពី​មុខ​កង្ហា​ដោយ​អស់​កម្លាំង រង់ចាំ​ឲ្យ​កម្ដៅ​ខ្លាំង​កន្លង​ផុត​ទៅ ។ នៅ​ទីតាំង​ពាណិជ្ជកម្ម​ចម្បង ដូចជា​នៅ​តាម​ផ្លូវ​ចូល មាន​តូប​លក់​វត្ថុ​សិប្បកម្ម និង​អនុស្សាវរីយ៍ ។ ខណៈ​ដែល​ម្ហូបអាហារ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ជីវិត​របស់​ប្រជាជន​ខ្មែរ អាហារ​សម្រន់ និង​ភេសជ្ជៈ​ត្រូវ​បាន​លក់​នៅ​គ្រប់​ទីកន្លែង ។ ហើយ​ដូច​គ្នា​នឹង​ចំនួន​តូប​ម្ហូបអាហារ​ដែរ​គឺ​កន្លែង​សក្ការៈបូជា ដែល​ក្លិន​ផ្សែង​ធូប​គឺ​សព្វវត្តមាន ។

រូប​៦: គំនូស​កាត់​ទទឹង​ពី​ត្បូង​ទៅ​ជើង​នៃ​ផ្សារ​ណាត់ (ប្រភព: គំនូរ​របស់​អ្នកនិពន្ធ)

ផ្សារ​ណាត់ (រូប​៦) ស្ថិត​នៅ​ចំ​កណ្ដាល​សង្កាត់​បារាំង​នៃ​ក្រុង​បាត់ដំបង និង​ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ​១៩៣៧ ។ ផ្សារ​នេះ​មាន​អាគារ​ចំនួន​២​ដាច់​ពី​គ្នា មាន​រូបរាង​ដូច​គ្នា ប៉ុន្តែ​ចែក​ដាច់​ពី​គ្នា​ដោយ​ផ្លូវ​មួយ ។ អាគារ​តូច​ជាង​ស្ថិត​នៅ​តាម​ស្ទឹង​សង្កែ និង​មាន​ទ្វារ​ចូល​ចម្បង សម្គាល់​ដោយ​ប៉ោម​នាឡិកា ។ ប៉ុន្តែ​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង ច្រក​ចូល​ដែល​ពេញ​និយម​ជាង​គេ ស្ថិត​នៅ​ខាងក្រោយ​ផ្សារ ។ វា​គឺ​ជា​តំបន់​សកម្ម​ជាង​គេ​បំផុត​នៃ​ផ្សារ ដោយសារ​វា​ជា​កន្លែង​ដែល​កសិផល​ស្រស់​ត្រូវ​បាន​លក់ ទំនិញ​ចាប់​ពី​កញ្ច្រែង កន្ត្រក កំណាត់ ស្លឹកចេក ឡើង​ទៅ ។ អ្នកលក់​អង្គុយ​នៅ​លើ​ជើងម៉ា ឬ​ចោងហោង​នៅ​លើ​ដី​ជា​ច្រើន​ម៉ោង​ម្ដងៗ ។ កំណាត់ និង​ឆត្រ​ផ្ដល់​នូវ​ម្លប់​ខ្លះ ។ នៅ​ឯ​កៅអី​វែង​អចល័ត បញ្ចប់​ដោយ​កន្លែង​ដែល​ធ្លាប់​ក្រាល​ការ៉ូ​ពណ៌​ស កសិផល​ស្រស់​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​បន្តិច ។ នៅ​ក្នុង​ផ្សារ មាន​តែ​ទំនិញ​មិន​រលួយ​ត្រូវ​បាន​លក់ ដូចជា ម្ហូប​កំប៉ុង អាហារ​ចម្បង គ្រឿង​សម្អាង ខោអាវ សម្ភារៈ​ការិយាល័យ ស្បែកជើង អលង្ការ ។ មាន​ទាំង​ហាង​ធ្វើ​សក់ និង​ក្រចក តុបតែង​ដោយ​ភ្លើង​បញ្ចាំង​បែប​ហូលីវូត​ដើម្បី​ផ្ដល់​ទាំង​ពន្លឺ និង​ភាព​ស្រស់​បំព្រង ។ គេ​អាច​រំពឹង​បាន​ថា មាន​សីតុណ្ហភាព​បង្គួរ​នៅ​ខាង​ក្នុង​ផ្សារ ដោយសារ​ខ្យល់​ក្ដៅ​បក់​ចេញ​តាម​រចនាសម្ព័ន្ធ​ដំបូល​បាន​យ៉ាង​ស្រួល ។ ប៉ុន្តែ ដោយសារ​មាន​តូប​ច្រើន​ពេក​ហាក់​បាន​បិទ​ចរន្ត​ខ្យល់​ទៅ​វិញ ធ្វើ​ឲ្យ​អាកាសធាតុ​ខាង​ក្នុង​ផ្សារ​ក្ដៅ និង​ថប់ ។ នៅ​តាម​ផ្លូវ​ដែល​បំបែក​អាគារ​ទាំង​ពីរ ភោជនីយដ្ឋាន​ដែល​មិន​មាន​អ្វី​លើស​ពី​ចង្ក្រាន​ខ្ទះ​មួយ និង​សង្ហារិម​ប្លាស្ទិក​មួយ​ចំនួន ធ្វើ​ម្ហូប​តាម​ការ​បញ្ជា ។ នៅ​ពី​ក្រោម​ប៉ោម​នាឡិកា កន្លែង​សក្ការៈ​តូច​មួយ​រង់ចាំ​ការ​បួងសួង​របស់​អ្នកលក់ ។

មាន​ការ​ដូច​គ្នា​យ៉ាង​ច្រើន​រវាង​ផ្សារ​ទាំង​ពីរ ។ ជាដំបូង ផ្សារ​ទាំង​ពីរ​នេះ​មមាញឹក​ដូច​ពី​សម័យ​មុន ។ ពួកវា​មាន​កាលបរិច្ឆេទ​ក្នុង​ដំណាក់កាល​ជាមួយ​គ្នា ធ្វើ​ពី​សម្ភារៈ​ដូច​គ្នា និង​មាន​ភាសា​សិល្បៈ​សំណង់​ដូច​គ្នា ។ ផ្សារ​ទាំង​ពីរ​នេះ​បង្ហាញ​ពី​ការ​លំបាក​ក្នុង​ការ​ថែរក្សា​ប្រព័ន្ធ​បញ្ចេញ​បញ្ចូល​ខ្យល់​ដើម​នៅ​ពេល​ផ្សារ​ហួស​ចំណុះ​រចនាសម្ព័ន្ធ​ដើម​របស់​ខ្លួន ។ ការ​រៀបចំ​ដាក់​ទំនិញ​លក់​គឺ​ដូច​គ្នា​នៅ​ផ្សារ​ទាំង​ពីរ: នៅ​ខាងក្រៅ​ផ្នែក​ខាងក្រោយ​ផ្សារ​ជា​ផ្នែក​ទំនិញ​ស្រស់ ហើយ​នៅ​ខាង​ក្នុង​មាន​តែ​ទំនិញ​ស្ងួត​ត្រូវ​បាន​ដាក់​លក់ ។ ផ្សារ​ធំ​ថ្មី​មាន​លក្ខណៈ​លើ (កាលីប) ជាង​ផ្សារ​នៅ​បាត់ដំបង​បន្តិច ប៉ុន្តែ​ជា​សារសំខាន់ ផ្សារ​ទាំង​ពីរ​ផ្ដល់​នូវ​ទំនិញ​ប្រចាំ​ថ្ងៃ​ដល់​ប្រជាជន​ខ្មែរ​សាមញ្ញ​ដូច​គ្នា ។

សេចក្ដីសន្និដ្ឋាន

តើ​មាន​ភាព​ពាក់ព័ន្ធ​អ្វី​ខ្លះ​ដែល​បេតិកភណ្ឌ​សិល្បៈ​សំណង់​មាន​ចំពោះ​កម្ពុជា ដែល​ជា​ប្រទេស​មួយ​កំពុង​ប្រយុទ្ធ​នឹង​កង្វះ​អាហារូបត្ថម្ភ ការ​ថែទាំ​សុខភាព​មិន​បាន​គ្រប់គ្រាន់ និង​កង្វះ​ការ​អប់រំ ? ចម្លើយ​គឺ​ងាយ​យល់ និង​សាមញ្ញ: បេតិកភណ្ឌ​សំណង់​ជា​សក្ខីកម្ម​នៃ​ប្រវត្តិសាស្ត្រ និង​ផ្ដល់​ឲ្យ​ទីក្រុង​មួយ​នូវ​អត្តសញ្ញាណ​របស់​ខ្លួន ។ ផ្សារ​នានា​ឆ្លុះ​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​បាន​យ៉ាង​ល្អ ដោយសារ​ពួកវា​ជា​ចំណុច​ផ្ដោត​របស់​សង្គម​ជា​ច្រើន​ឆ្នាំ​ត​រៀង​មក ។ ដូច្នេះ​មាន​មូលហេតុ​ច្បាស់លាស់​ណាស់​ក្នុង​ការ​អភិរក្ស​ផ្សារ​មាន​ដំបូល​របស់​កម្ពុជា ។

ប៉ុន្តែ​អ្វី​ទៅ​ដែល​កំណត់​ជា​ពិសេស​អំពី​សិល្បៈ​សំណង់​នៃ​ផ្សារ​ទាំង​នេះ អ្វី​ទៅ​ដែល​ជាក់លាក់​ចាំបាច់​ត្រូវ​អភិរក្ស ? ដើម្បី​យល់​ពី​សិល្បៈ​សំណង់​នៃ​ផ្សារ​របស់​កម្ពុជា គេ​ត្រូវ​តែ​យល់​ដឹង​អំពី​ឥទ្ធិពល​នៃ​អាកាសធាតុ​ត្រូពិក​របស់​ប្រទេស​នេះ ។ ទាំង​ផ្សារ​មុន និង​ផ្សារ​សម័យ​អាណានិគម​បង្ហាញ​ពី​ការ​គ្រប​ដណ្ដប់​របស់​អាកាសធាតុ សិល្បៈ​សំណង់​របស់​ផ្សារ​ទាំង​នោះ​នឹង​មាន​ការ​ខុស​ប្លែក​ខ្លាំង​ពី​នេះ​ប្រសិនបើ​គ្មាន​ភ្លៀងខ្លាំង ឬ​សីតុណ្ហភាព​ថប់​ដង្ហើម ។ ការ​គ្រប់គ្រង​របស់​អាណានិគម​បារាំង​ច្បាស់​ណាស់​មាន​ឥទ្ធិពល​មក​លើ​ផ្សារ​របស់​កម្ពុជា ដោយ​ធ្វើ​ផ្សារ​មេឃ​មុន​សម័យ​អាណានិគម​ជា​ផ្លូវការ​ដោយ​បន្ថែម​សាល​បេតុង​ធំៗ ជា​ការ​ខុស​គ្នា​ដ៏​ខ្លាំង​ពី​រោង​លក់​ដូរ​លើក​ផ្លាស់​កន្លែង​របស់​ផ្សារ​ដើម ។ ពួកគេ​បាន​ប្ដូរ​ផ្សារ​ឲ្យ​ឆ្ងាយ​ពី​ស្ទឹង​ទន្លេ និង​ដាក់​នៅ​ចំ​មណ្ឌល​កណ្ដាល​នៃ​ក្រុង​អាណានិគម​របស់​ពួកគេ ។ ពួកគេ​បន្ថែម​ទៅ​ឲ្យ​ផ្សារ​ទាំង​នេះ​ជាមួយ​គំនិត​សិល្បៈ​សំណង់​របស់​ពួកគេ ។ ប៉ុន្តែ ពួក​បារាំង​ពុំ​មាន​ឥទ្ធិពល​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​លើ​តួនាទី​របស់​ផ្សារ​ទាំង​នេះ​ទេ កសិផល​ស្រស់​នៅ​តែ​ដាក់​លក់​នៅ​ខាងក្រៅ​ផ្សារ ទំនិញ​ស្ងួត​ស្ថិត​នៅ​ក្នុង​ផ្សារ ។ តូប​នៅ​ខាងក្រៅ​ផ្សារ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​តូប​នានា​នៃ​ផ្សារ​មុន​សម័យ​អាណានិគម ។ សូម្បី​ឧបករណ៍​ទំនើប ដូចជា ម៉ាស៊ីន​ត្រជាក់ និង​ទូរទឹកកក​ក៏​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ខុស​ប្លែក​គ្នា​គួរ​ឲ្យ​កត់​សម្គាល់​ដែរ ។ ការពិត ការណ៍​នេះ​បង្ហាញ​ថា ផ្សារ​អន្តោគ្រាម ជា​ការ​ជួប​គ្នា​គ្មាន​បិទបាំង (Open air) រវាង​អ្នកលក់ និង​អតិថិជន​នៅ​ចំណុច​ប្រសព្វ​ណា​មួយ​នៃ​បណ្ដា​ផ្លូវ​ថ្នល់ ដែល​នេះ​ជា​អ្វី​ដែល​បាន​កំណត់​ទ្រង់ទ្រាយ​ផ្សារ​បច្ចុប្បន្ន​នេះ ។ ហើយ​ជាក់លាក់​ទៅ​ទៀត ភាព​ចម្លែក​នេះ​ជា​ការ​រួម​បញ្ចូល​គ្នា​ប្រកប​ដោយ​ជោគជ័យ​នៃ​គោលជំនឿ​របស់​អាណានិគម និង​ភាព​ធន់ទ្រាំ​របស់​អន្តោគ្រាម ដែល​ធ្វើ​ឲ្យ​ផ្សារ​ទាំងនេះ​មាន​ភាព​ឯក​ខុស​ពី​គេ ជា​អ្វី​ដែល​គួរ​តែ​ត្រូវ​បាន​អភិរក្ស ៕

ដោយ Simone Bijlard ​អ្នកស្រាវជ្រាវ​សិល្បៈ​សំណង់​ឯករាជ្យ និង​បម្រើការ​ឲ្យ​បណ្ដាញ​ចំណេះដឹង​ទីក្រុង​អាស៊ី​នៃ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​ពី​អាស៊ី (s.f.bijlard@iias.nl)

ប្រែសម្រួល​ពី​ព្រឹត្តិបត្រ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​ពី​អាស៊ី លេខ​៥៩ រដូវ​ផ្ការីក ឆ្នាំ​២០១២
 

One Response to ការ​សិក្សា​អំពី​ផ្សារ​អាណានិគម​បារាំង​នៅ​កម្ពុជា

  1. Chout Sry says:

    ហេតុអ្វីបានជាបារាំង យល់ព្រមប្រគាល់ ឯករាជ្យឲ្យកម្ពុជា?
    ហេតុអ្វិបានមានចលនាតស៊ូជាមួយបារាំង?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s