រដ្ឋធម្មនុញ្ញ​ទាំងឡាយ​នៅ​កម្ពុជា

រដ្ឋធម្មនុញ្ញ​ទាំងឡាយ​នៅ​កម្ពុជា:  មហិច្ឆតា ការ​បន្ត និង ការ​លុប​ចោល

រដ្ឋធម្មនុញ្ញ​ទាំងឡាយ​នៅ​កម្ពុជា

មហិច្ឆតា ការ​បន្ត និង ការ​លុប​ចោល

រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែល​ប្រើ​ក្នុង​ពេល​សព្វ​ថ្ងៃនេះ មាន​ចំណាស់​៥០​ឆ្នាំ​មក​ហើយ ។ ប្រាកដ​ហើយ​ដែល​សេចក្ដី​ព្រាង​លើក​ដំបូង​នៃ​រដ្ឋធម្មនុញ្ញ​ទំនើប​ត្រូវ​បាន​តាក់តែង​ដោយ​គណៈកម្មការ​បារាំង និង​ខ្មែរ​មួយ​ក្រុម បន្ទាប់​មក​ត្រូវ​បាន​សម្រួល និង​អនុម័ត​ដោយ​ព្រះមហាក្សត្រ នរោត្តម សីហនុ ។ តាម​ព្រះរាជ​ប្រកាស​មួយ​ចុះ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​១៩៤៦ ព្រះមហាក្សត្រ​បាន​សម្តែង​ឲ្យ​ដឹង​ជា​បន្ត​ទៀត​នូវ​ព្រះរាជ​បំណង​ពិគ្រោះ​យោបល់​ពី​បញ្ហា​នេះ​ជាមួយនឹង​សភា​មួយ​ដែល​ប្រជារាស្ត្រ​បោះឆ្នោត​ជ្រើសតាំង មុន​នឹង​សម្រេច​យក​ជា​ស្ថាពរ ។ សភា​នេះ​កើត​ចេញពី​ការ​បោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​១៩៤៦ ដែល​មិន​ធ្លាប់​រៀបចំ​ចាត់ចែង​ឲ្យ​មាន​ដំណើរ​ឡើង​ទាល់តែ​សោះ​នៅ​ក្នុង​ប្រទេស​នេះ ។ (អ្នកនិពន្ធ​សរសេរ​យ៉ាងច្រើន​ថា ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​១៩៩៣ គឺជា​ការ​បោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ជា​លើក​ដំបូង​ដែល​មិន​ដែល​ចាត់ចែង​រៀបចំ​ទាល់តែ​សោះ​នៅ​ប្រទេស​កម្ពុជា ។ រឿង​នេះ​មិន​សូវ​ពិត​ទេ ព្រោះ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៤៦, ១៩៤៧ និង ​១៩៥១ យ៉ាង​ហោច​ណាស់​ក៏​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ដូច​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​ដែរ ហើយ​មិន​សូវ​មាន​លក្ខណៈ​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​ការ​សម្លុត​បំភ័យ​ និង​ហិង្សា​នយោបាយ​ដូច​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ឡើយ ដែល​ការ​បោះឆ្នោត​នេះ​មាន​របៀប​ដូច​គ្នា​នឹង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៥៥​យ៉ាងច្រើន) ។ ការ​បោះឆ្នោត​នេះ​បាន​ផ្តល់​ជ័យជម្នះ​ដល់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​ភាព​ច្រើន​លើស​លប់ ដោយ​បាន​បដិសេធ​តួនាទី​សម្រាប់​ឲ្យ​យោបល់​ដែល​ព្រះមហាក្សត្រ​មាន​ព្រះរាជ​បំណង​កំណត់​ព្រំដែន​ដល់​សភា​ថ្មី ។ ដូច​សភា​នៃ​រដ្ឋ​ទូទៅ​នៅ​ឆ្នាំ​១៧៨៩​ដែរ សភា​ថ្មី​នេះ​បាន​ប្រកាស​ខ្លួន​ឯង​ជា​សភាធម្មនុញ្ញ ដោយ​បដិសេធ​មិន​ជជែក​ពិភាក្សា​អំពី​រដ្ឋធម្មនុញ្ញ​ដែល​ដាក់​ថ្វាយ​សុំ​ព្រះរាជ​យោបល់​អនុញ្ញាត​ពី​ព្រះ​អង្គ​ឡើយ ។ ដូច​ដែល​លោក ឡាហ្សេ កត់សម្គាល់​ពី​រឿង​នេះ​ថា តាម​ការ​ពិត ពួក​អ្នក​ដែល​ប្រជាជន​ជ្រើសតាំង​មាន​បំណង​ធ្វើ​អ្វី​មួយ​ក្នុង​ឋានៈ​ជា​អ្នកតំណាង​រាស្ត្រ​នៃ​សភា​បញ្ញត្តិ​ច្បាប់​ពិតៗ ។ ដោយ​បំណង​ល្អ​ និង​ការ​សម្រុះសម្រួល​ដែល​សភាធម្មនុញ្ញ​នឹង​យល់ព្រម​ក្នុង​បំណង​បញ្ចៀស​ជម្លោះ​ជាមួយ​ព្រះមហាក្សត្រ ទើប​រដ្ឋធម្មនុញ្ញ​ចាប់កំណើត​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​១៩៤៧ ។ នេះ​ជា​ការ​ចាក់​គ្រឹះ​ពិតប្រាកដ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ក្នុង​ពេល​សព្វ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ។

ហាសិប​ឆ្នាំ​កន្លង​មក​ហើយ គឺជា​រយៈពេល​ខ្លី​ណាស់​ប្រសិនបើ​ពិនិត្យ​មើល​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​ដែល​សិលាចារឹក​របស់​ខ្មែរ​ត្រូវ​គេ​ស្គាល់​ថា​មាន​ឫសគល់​តាំងពី​ឆ្នាំ​៦០៤ គឺ​ត្រូវ​ជា​មួយ​ពាន់​បី​រយ​សែសិប​បី​ឆ្នាំ​មុន​ការ​ផ្តល់​រដ្ឋធម្មនុញ្ញ​សម្រាប់​រដ្ឋ​មួយ​ដែល​ព្រះមហាក្សត្រ នរោត្តម សីហនុ ទ្រង់​ហៅ​នៅ​ពេល​សព្វថ្ងៃ​ថា​ជា​ព្រះរាជាណាចក្រ​កម្ពុជា​ទី​១ ។ ក្នុង​រយៈពេល​ជាង​ដប់​ប្រាំ​សតវត្សរ៍ ព្រះរាជាណាចក្រ​ខ្មែរ​ធ្លាប់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់គ្រឹះ​ផ្សេងៗ​ដែល​ពុំដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ ហើយ​ជា​ញឹកញាប់​ពុំដែល​ចារ​ជា​លាយ​លក្ខណ៍​អក្សរ​ឡើយ ។ ប៉ុន្តែ​ដូច​ដែល​លោក ហ្សង់​អាំប៊ែរ សង្កត់​បញ្ជាក់​ឣ៊ីចឹង គឺ​ច្បាប់គ្រឹះ​ទាំងនេះ​មិន​សូវ​មាន​អត្ថិភាព​ដោយ​ភាព​ពិត​ជាក់លាក់​ទេ (ភ្នំពេញ, សៀវភៅ​ដែល​ចុះ​ព្រឹត្តិការណ៍​ផ្សេងៗ​គ្រប់​ឆ្នាំ​របស់​មហាវិទ្យាល័យ​ច្បាប់ ឆ្នាំ​១៩៦១) ។ ក៏​ប៉ុន្តែ​ ៥​ទសវត្សរ៍​វា​ល្មម​គ្រប់គ្រាន់​ហើយ ដើម្បី​ផ្តោត​ការ​ពិនិត្យ​មើល​ជា​ទូទៅ​មួយ​ទៅ​លើ​អត្ថបទ​រដ្ឋធម្មនុញ្ញ​ទាំងអស់ និង​ថ្លឹងថ្លែង​ព្រម​គ្នា​នូវ​មហិច្ឆតា​ ការ​បន្ត​ធ្វើ និង​ការ​លុប​ចោល ដែល​អត្ថបទ​ទាំងនោះ​បង្ហាញ​ឲ្យ​ឃើញ ។ មុន​នឹង​ចំណាយ​ពេលវេលា​ទៅ​ក្នុង​ការ​ធ្វើ​នេះ គេ​ត្រូវ​តែ​ផ្ទៀង​ពិនិត្យ​អត្ថបទ​រដ្ឋធម្មនុញ្ញ​អំពី​សារសំខាន់​ និង​សិក្សា​ចាប់ពី​ពេល​នេះ​ទៅ នូវ​យោបល់​ដែល​ប្រជាជន​កម្ពុជា​មាន​ចំពោះ​អត្ថបទ​នៃ​រដ្ឋធម្មនុញ្ញ​មួយ ។ ដោយ​ទទួលស្គាល់​ថា ការ​សិក្សា​រដ្ឋធម្មនុញ្ញ​មួយ​មិន​ប្រើប្រាស់​អស់​នូវ​ធាតុ​ផ្សំ​នៃ​ច្បាប់​ទាក់ទង​នឹង​រដ្ឋធម្មនុញ្ញ គេ​នឹង​សុំ​ឲ្យ​មន្ត្រី​ទទួល​កិច្ចការ​នេះ ទទួល​ស្រប​ថា​ព្រំដែន​នៃ​មធ្យោបាយ​ទាក់ទង​គ្នា​បច្ចុប្បន្ន ហាម​មិន​ឲ្យ​ទៅ​ហួស​ពី​ការ​ពិនិត្យ​មើល​ច្បាប់​រដ្ឋធម្មនុញ្ញ​ទាំងឡាយ​ដោយ​ខ្លួន​ឯង​ឡើយ ។

ដូច​ដែល​លោក ក្លូត ហ្គីលហ្គួរ សរសេរ​អំពី​រឿង​នេះ​ក្នុង​សៀវភៅ​គួរ​ឲ្យ​កត់សម្គាល់​របស់​គាត់​សម្រាប់​ស្ថាប័ន​នានា​ដែល​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ និង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា «ច្បាប់​រដ្ឋធម្មនុញ្ញ​មួយ​ពុំ​ដែល​បង្ហាញ​ឲ្យ​ឃើញ​អ្វី​ក្រៅ​តែ​ពី​ចម្លើយ​ផ្សេងៗ​ដែល​សម្តែង​ឲ្យ​ដឹង​តាម​រយៈ​ច្បាប់​ដែល​មាន​ពិត​នៃ​ប្រទេស​មួយ ចំពោះ​បញ្ហា​ទូទៅ មិន​ត្រឹមតែ​ខាង​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ខាង​សង្គមសាស្ត្រ​ឬ​ខាង​នយោបាយ​ទៀត» ។ ប៉ុន្តែ អ្វី​ដែល​អះអាង​នេះ​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ស្តីពី​ការ​ពិត​នៃ​ច្បាប់​វិជ្ជមាន​មួយ​របស់​កម្ពុជា ដែល​ជំរុញ​ឲ្យ​យើង​ពិនិត្យ​មើល​ដោយ​យកចិត្ត​ទុកដាក់​ដោយ​ផ្ទាល់​អំពី​លក្ខណៈ​នៃ​ទំនាក់ទំនង​របស់​ប្រជាជន​កម្ពុជា​ជាមួយ​អ្នក​កាន់​អំណាច ។ នៅ​ចំពោះ​មុខ​ប្រជាជន​មួយ និង​ជា​ពិសេស​ទៅ​ទៀត​វណ្ណៈ​អ្នកនយោបាយ​មួយ​ដែល​ក្នុង​កាលៈទេសៈ​នេះ​ច្រើន​ជា​អ្នកតំណាង​រាស្ត្រ បាន​បញ្ចេញ​ឲ្យ​ឃើញ​នៅ​ពេល​សព្វថ្ងៃ​ជាង​ពេល​ណាៗ​ទាំងអស់ នូវ​អសមត្ថភាព​មួយ​ដែល​ស្ទើរតែ​មាន​មក​ពី​កំណើត​ឬ​ការ​បដិសេធ​មួយ​ដែល​ស្ទើរតែ​ដាច់​អហង្ការ ក្នុង​ការ​ប្រតិបត្តិ​តាម​ច្បាប់​ផ្សេងៗ​ដែល​គេ​ទទួលស្គាល់​ជា​ទូទៅ គឺ​គេ​បាន​ត្រឹមតែ​សង្ស័យ​ពី​ភាព​ជាក់លាក់​នៃ​ច្បាប់​វិជ្ជមាន​មួយ​ប៉ុណ្ណោះ ។ មិន​ដែល​មាន​ពេល​ណា​ដូច​ពេល​សព្វ​ថ្ងៃនេះ​ទេ ប្រហែល​លើកលែងតែ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​ដ៏​ខ្លី​របស់ លន់ នល់ ប៉ុណ្ណោះ ដែល​ប្រទេស​កម្ពុជា​បញ្ចេញ​ឲ្យ​ឃើញ​នូវ​រូបភាព​នៃ​ការ​មិន​ព្រម​ធ្វើ​អ្វីមួយ​ដែល​ត្រូវធ្វើ​ក្នុង​អំឡុង​នៃ​ប្រវត្តិសាស្ត្រ​សព្វថ្ងៃ​របស់​ខ្លួន ។ មែនហើយ គេ​ត្រូវ​តែ​បន្ថែម​ថា មិន​ដែល​មាន​ពេល​ណា​ដូច​សព្វ​ថ្ងៃនេះ​ទេ ដែល​ប្រទេស​ជាតិ​ត្រូវ​ប្រឈម​មុខ​នឹង​កិច្ចការ​ស្តារ​ឡើង​វិញ​ដ៏​ធំ​សម្បើម​មួយ​ក្នុង​បរិបទ​នៃ​សេរីនិយម​ផ្នែក​សេដ្ឋកិច្ច​ដែល​បង្ហិនបង្ហោច​ជាងគេ ជាមួយ​កង្វះខាត​យ៉ាង​ខ្លាំង​នូវ​ក្របខណ្ឌ​មន្ត្រីរាជការ​ដែល​មាន​គុណសម្បត្តិ​ខាង​វិជ្ជាជីវៈ​ក្នុង​បរិបទ​មួយ ដែល​ដើរ​យ៉ាង​ជ្រៅ​ដោយសារ​សោកនាដកម្ម​មួយ​ក្នុង​ចំណោម​សោកនាដកម្ម​ធំៗ​ដែល​ប្រជាជន​មួយ​មិន​ដែល​ទទួល​រង និង​ដោយសារ​ការ​បាត់បង់​របៀប​វិនិច្ឆ័យ​យ៉ាង​ហួសប្រមាណ​ដែល​ជា​ផល​នៃ​សោកនាដកម្ម​នេះ ។ វា​បាន​ត្រឹមតែ​រាំងរា​ការ​ប្រព្រឹត្តិ​ផ្សេងៗ​ដែល​អាច​សង្កេត​បាន និង​បង្ហាញ​ឲ្យ​ឃើញ​ទំនៀមទម្លាប់​ដែល​នៅ​សល់​នៃ​ការ​លម្អៀង​យ៉ាង​ធ្ងន់​ដែល​គេ​មិន​អាច​ដឹង​នៅ​ក្នុង​ពេល​គេ​មាន​បំណង​ស្វែង​យល់​ពី​អំណាច​ដែល​ឆ្លងកាត់​សង្គម​របស់​កម្ពុជា និង​បែបផែន​នៃ​អំណាច​ត្រូវ​បាន​បកស្រាយ​ក្នុង​អត្ថបទ​រដ្ឋធម្មនុញ្ញ​ផ្សេងៗ ។ មាត្រា​១៣១ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ បាន​ធ្វើ​ឲ្យ​នឹក​ឃើញ​ពី​សារសំខាន់​ផ្នែក​គតិយុត្តិ​នៃ​អត្ថបទ​រដ្ឋធម្មនុញ្ញ និង​បញ្ជាក់​ពី​លំដាប់​លំដោយ​នៃ​បទដ្ឋាន (គោលការណ៍​ដែល​ទុកជា​វិធាន) ផ្សេងៗ ដែល​ជា​គ្រឹះ​មួយ​ក្នុង​ចំណោម​គ្រឹះ​នីតិរដ្ឋ ។ រដ្ឋធម្មនុញ្ញ​បង្ហាញ​ថា «រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា ។ ច្បាប់ និង​សេចក្ដីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត» ។ សញ្ញាណ​នៃ​ច្បាប់គ្រឹះ​នេះ​ហាក់​ដូចជា​គ្មាន​ទាក់ទង​ជាមួយនឹង​ទម្លាប់​ជា​ប្រពៃណី​ដែល​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​សោះ ។ នៅ​ប្រទេស​កម្ពុជា រដ្ឋធម្មនុញ្ញ​ពុំ​មែន​ជា​អត្ថបទ​មួយ​ដែល​ដាក់​បង្ខំ​ឲ្យ​មនុស្ស​ទាំងអស់​ព្រម​ទទួល​ដោយ​ដាច់ខាត​ឡើយ ហើយ​គេ​អាច​កែប្រែ​ដោយ​ប្រើ​នីតិវិធី​ដែល​ពន្យល់​ឲ្យ​ចោល​គំនិត​នោះ​ប៉ុណ្ណោះ ។ ប៉ុន្តែ​គំនិត​នៃ «ច្បាប់គ្រឹះ» មាន​ចារឹក​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​បន្តបន្ទាប់​គ្នា​ចំនួន​៧ ដែល​មាន​ជា​ធរមាន​តាំងពី​ឆ្នាំ​១៩៥៣ និង​ដែល​គ្មាន​ចែង​ច្បាស់លាស់​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ប្រជាធិបតេយ្យ ។ ការ​ពិនិត្យ​កត់ត្រា​នេះ​បាន​ផ្តល់​នូវ​ការ​បង្ហាញ​ឲ្យ​ឃើញ​ដំបូង​មួយ ស្ដីពី​គម្លាត​គ្នា​រវាង​បទដ្ឋាន​គតិយុត្តិ​ និង​ការ​អនុវត្ត​ជាក់ស្តែង ។

ក្នុងស្រុក​នេះ ការ​បញ្ញត្តិ​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​ពុំ​មែន​ចាត់ទុកជា​ការ​បង្ខំ​មួយ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​ត្រូវ​បាន​យល់ព្រម​ទុកដូចជា​អទត្តពលភាព​មួយ (ភាព​អាច​កើត​មាន​ទៅ​ខាង​មុខ) ឧត្តមគតិ​មួយ ដែល​តាម​រយៈ​នោះ គេ​ប្រឹងប្រែង​ចង​ជា​សម្ព័ន្ធ​ញាតិ​នឹង​គ្នា ហើយ​ដែល​គេ​នឹង​យកចិត្ត​ទុកដាក់​ធ្វើ​ឲ្យ​សម្រេច​ប្រសិនបើ​ភាព​ចាំបាច់​ធ្វើ​ឲ្យ​ខ្លួន​ដឹង​ពី​រឿង​នេះ ។ វា​មាន​របៀប​ជជែក​ពិភាក្សា​មួយ​ដោយ​ផ្អែក​លើ​ការ​អនុវត្ត​នូវ​បទបញ្ញត្តិ​ផ្សេងៗ​របស់​រដ្ឋធម្មនុញ្ញ ដែល​ខុស​គ្នា​ទាំងស្រុង​ពី​ការ​អនុញ្ញាត​ឲ្យ​ពិភាក្សា​ឯកសារ​ដូច​គ្នា​ក្នុង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​លោក​ខាងលិច​ជា​ច្រើន ។ តាំងពី​ឆ្នាំ​១៩៦៥​ម្ល៉េះ សាស្ត្រាចារ្យ​ហ្កួរ៍ បាន​សំអាង​លើ​ការ​ពិនិត្យ​កត់ត្រា​ដូច​គ្នា​អំពី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧ និង​ការ​ពិនិត្យ​មើល​ឡើង​វិញ​ជា​បន្តបន្ទាប់​របស់​គាត់ ។ ការ​ពិនិត្យ​មើល​របស់​គាត់​ពុំ​មែន​បដិសេធ​ប្រវត្តិសាស្ត្រ​រដ្ឋធម្មនុញ្ញ​ជា​បន្តបន្ទាប់​របស់​ប្រទេស​ទេ ។ ការ​ពិនិត្យ​ទាំងនោះ​សព្វ​ថ្ងៃនេះ​នៅ​តែ​មាន​លក្ខណៈ​សម​ហេតុផល​ពេញទី ។ (គាត់​បាន​បញ្ចេញ​យោបល់​ថា «រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ពុំ​មែន​ជា​ក្របខណ្ឌ​ដែល​ដាក់​កំហិត​ជា​ស្រេច ដែល​មិន​ប្រែប្រួល ហើយ​ដែល​ឲ្យ​គេ​គោរព​រាល់​អាជ្ញា​បញ្ជា​ខាង​គតិយុត្តិ​របស់​ខ្លួន ស្រប​ទៅ​នឹង​ជីវភាព​នយោបាយ​មួយ​ដែល​កំពុង​វិវឌ្ឍន៍​មិន​ឈប់​ឈរ​នោះ​ទេ ។​…») នេះ​ជា​ដំណើរ​ច្របូក​ច្របល់​ទូទៅ​មួយ​ដែល​មាន​ភាព​ជាប់​នឹង​បំផុត ដែល​ប្រែប្រួល និង​ដែល​តម្រូវ​ទៅ​តាម​ភាគ​ល្អិត​ល្អន់​នៃ​សេចក្ដី​ត្រូវការ​ផ្សេងៗ​តាម​ដំណើរ​មាន​ពិតប្រាកដ ។ នីតិវិធី​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​ដែល​មាន​លក្ខណៈ​សាមញ្ញ និង​រហ័ស​បំផុត មិន​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋធម្មនុញ្ញ​រួម​បង្ក​ជា​ហ្វ្រាំង​ទប់​មួយ ដែល​នាំ​ទៅ​ដល់​ភាព​ទ័លច្រក​ផ្នែក​គតិយុត្តិ​ទេ ផ្ទុយ​ទៅ​វិញ អាច​តាម​សង្កេត​មើល​យ៉ាង​ដិត​ដល់​បំផុត​នូវ​ការ​ប្រែប្រួល​ផ្សេងៗ​នៃ​ជីវភាព​នយោបាយ ហើយ​ជួនកាល ជួយ​សម្រួល​ថែម​ទៀត ដោយ​ដើរ​មុន​ការ​ប្រែប្រួល​នោះ និង​ទាញ​មេរៀន​ពី​បរាជ័យ​ខ្លះៗ ហើយ​បង្កើន​បទ​ពិសោធន៍​ទ្វេ​ឡើង ។ របៀប​ទុក​តម្លៃ​នៃ​ការ​ប្រតិបត្តិ​ជា​ធំ​ក្នុង​ការ​អាន​រដ្ឋធម្មនុញ្ញ​ពុំ​មាន​ទាក់ទង​នឹង​អត្ថន័យ​ដ៏​តិចតួច​នៃ​ទស្សនៈ​គិត​ពី​ផលប្រយោជន៍​ទូទៅ​ទេ ។ សញ្ញាណ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​មួយ​ដែល​ទទួល​កម្មសិទ្ធិ​ទាំងមូល​ដោយ​ប្រជាពលរដ្ឋ​ម្នាក់ៗ គឺ​គ្មាន​ឃើញ​ទាំងស្រុង ។ ដោយហេតុ​នេះ គេ​នឹង​មិន​ងឿងឆ្ងល់​ឡើយ​អំពី​ការ​ស្ទើរតែ​គ្មាន​ការ​វែកញែក​ឲ្យ​ដាច់​រវាង​កម្មសិទ្ធិសាធារណៈ​ និង​កម្មសិទ្ធិឯកជន ។ ដូច្នេះ​ហើយ​បាន​ជា​ក្នុង​ចំណោម​មេកោយ​ពួក​អ្នក​ទាំងឡាយ​ដែល​ធានា​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ស្ថាប័ន​ផ្សេងៗ​ គេ​សង្កេត​ឃើញ​ភាព​មិន​ច្បាស់លាស់​យ៉ាង​ធំ​មួយ​រវាង​ទ្រព្យសម្បត្តិ​រួម និង​ផលប្រយោជន៍​ឯកជន ។ ភាព​មិន​ច្បាស់លាស់​នេះ​បាន​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​សញ្ញាណ​រដ្ឋ​ដែល​គ្មាន​កាន់ជើង​ខាង​ណា ព្រោះតែ​មិន​ចង់​និយាយ​ថា​វា​បំផ្លាញ​រដ្ឋ ។

ពាក្យ​អំណាច​សាធារណៈ​បាន​ប្រឡូកប្រឡំ​គ្នា​ជាមួយ​អំណាច​របស់​បុគ្គល​ផ្សេងៗ​ដែល​រ៉ាប់រង ដោយ​ជាក់លាក់​នូវ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​អំណាច​នោះ ។ ពិត​ហើយ​នៅ​កម្ពុជា​ក៏​ដូច​នៅ​ប្រទេស​ដទៃ​ទៀត​ រដ្ឋធម្មនុញ្ញ​ឲ្យ​សច្ចាប័ន​ និង​បញ្ជា​រដ្ឋ កំណត់​នូវ​ចំណែក​ និង​រចនាសម្ព័ន្ធ​ផ្សេងៗ​របស់​ខ្លួន បញ្ជាក់​ដោយ​ច្បាស់លាស់​ពី​របៀប​ផ្សេងៗ​នៃ​ការ​កាន់កាប់​អំណាច និង​កំណត់​ពី​ច្បាប់​នានា​ដែល​នឹង​អនុញ្ញាត​ឲ្យ​ជ្រើសរើស​បុគ្គល​ទាំងឡាយ​ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ​ទទួល​ខុសត្រូវ​ក្នុង​ការ​កាន់កាប់​អំណាច ។ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា ​និង​នៅ​ប្រទេស​ផ្សេងៗ​ទៀត រវាង​អត្ថបទ​រដ្ឋធម្មនុញ្ញ ការ​បកស្រាយ និង​ការ​ប្រតិបត្តិ​ជា​យថាហេតុ​របស់​វា គេ​សង្កេត​ឃើញ​គម្លាត​ពី​គ្នា​ជា​បន្តបន្ទាប់​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​អនុវត្ត​ផ្សេងៗ​ស្រេច​តែ​ចិត្ត ដែល​ពិតជា​ស្រប​យ៉ាង​ខ្លាំង​ទៅ​នឹង​ទម្លាប់​ជា​ប្រពៃណី ប៉ុន្តែ​ឃ្លាតឆ្ងាយ​បន្តិច​ពី​បណ្ដា​គោលការណ៍​ធំៗ​ដែល​បង្កើត​នីតិរដ្ឋ​មួយ ។ របៀប​ធ្វើការ​ទាំងនេះ ដែល​បង្ហាញ​ឲ្យ​ឃើញ​និន្នាការ​ពិបាក​បំពេញ ត្រូវ​តែ​ធ្វើ​ឲ្យ​ដូច​គ្នា​ដោយ​ច្បាស់លាស់ ប្រសិនបើ​គេ​ចង់​សាកល្បង​ស្វែង​យល់​រឿងរ៉ាវ​ខ្លះៗ​នៃ​ជីវភាព​នយោបាយ​របស់​ប្រទេស​នេះ និង​ជៀសវាង​ការ​ធ្វើ​ឡើង​វិញ​នូវ​កំហុស​ផ្សេងៗ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ពួក​អ្នក​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​១៩៩១ និង​ក្រុម​អ្នក​ច្បាប់​ទាំង​ហ្វូង​របស់​អាជ្ញាធរ​បណ្តោះ​អាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា «អ៊ុនតាក់» (ឈ្មោះ​ដែល​ដាក់​ឲ្យ​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ធ្វើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ចុះហត្ថលេខា​នា​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ។ បេសកកម្ម​នេះ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​១៩៩២ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣) ដែល​មក​ទី​នេះ (កម្ពុជា) ជាមួយ​ការ​រៀបចំ​ដំឡើង​ច្បាប់​រដ្ឋធម្មនុញ្ញ​មួយ​ដែល​នាំ​ចូល​ពី​បស្ចិមប្រទេស​ក្នុង​គោលបំណង​ជួយ​ផ្តល់​ដល់​ពួក​អ្នក​ម្ចាស់​ស្រុក ដោយ​សូម​ឲ្យ​ពេញចិត្ត​នឹង​ច្បាប់​នេះ​ដែល​មាន​របៀប​បកស្រាយ​គតិយុត្តិ​មួយ​តាម​បែប​ធម៌​និព្វាន ។ អំពី​ច្បាប់​រដ្ឋធម្មនុញ្ញ​ក៏​ដូច​រឿង​ផ្សេង​ទៀត​ ទស្សនៈ​ដែល​ជឿ​អ្វីមួយ​ស៊ប់ គឺជា​គ្រោះថ្នាក់​មួយ​ដូច​គ្នា​នឹង​ការ​យោគយល់​ហួសហេតុ​ចំពោះ​គោលការណ៍​ផ្សេងៗ​ដែរ ។ ក្នុង​ការ​អនុវត្ត​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា អ្វី​ដែល​មាន​ភាព​លើសលប់​លើ​អត្ថបទ​ច្បាប់ និង​របប​ទាំងឡាយ​ដែល​ច្បាប់​នេះ​ប្រកាស​ថា​ដូច​គ្នា​គឺ​លក្ខណៈ «ប្រឹងប្រែង​ពង្រីក​បក្សពួក» ក្នុង​ទំនាក់ទំនង​ផ្សេងៗ​ក្នុង​សង្គម ។ ដោយ​បាត់​ក្របខណ្ឌ​ការពារ​ស្មើភាព​មួយ​ ប្រជាជន​បាន​ស្វែងរក​ការ​គាំពារ​ និង​ការ​តែងតាំង​ក្នុង​មុខងារ​អស់​រយៈពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ឆ្លងកាត់​តាម​រយៈ​ខ្សែបណ្ដាញ​ទំនាក់ទំនង​រវាង​បុគ្គល​ផ្សេងៗ​ដែល​គ្មាន​ទាក់ទង​នឹង​ប្រព័ន្ធ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​មួយ​ឡើយ ។ ការ​ស្វែងរក​នេះ​បាន​ក្លាយ​តាម​លំដាប់​លំដោយ ទៅ​ជា​លទ្ធិ​គ្រប់គ្រង​ពិតប្រាកដ​មួយ​ដែល​មាន​ច្បាប់​វិន័យ​ផ្សេងៗ​ផ្ទាល់​របស់​ខ្លួន​ដោយ​គ្មាន​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​ឡើយ ប៉ុន្តែ​បាន​ចារឹក​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ការ​ប្រព្រឹត្ត​ផ្សេងៗ ។ លទ្ធិ​អញ​និយម បក្សពួក​និយម​ និង​ការ​ស៊ីសំណូក គឺ​ចេញ​ដោយ​ត្រង់​មក​ពី​លទ្ធិ​គ្រប់គ្រង​នេះ ។ សព្វ​ថ្ងៃនេះ បើ​ការ​គាំពារ​គណបក្ស​មួយ បន​មួយ គ្រួសារ​មួយ​ បុគ្គល​ម្នាក់ មាន​ភាព​សំខាន់​ជាង​ការ​គោរព​ច្បាប់ គឺ​វា​ជា​លទ្ធផល​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​ក្នុង​រយៈពេល​នោះ ប្រព័ន្ធ​នេះ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ចិត្តគំនិត​របស់​ប្រជាជន​កម្ពុជា ដោយ​ឥត​មាន​បណ្ដា​រដ្ឋាភិបាល​ជាតិ​ ទាំង​រដ្ឋាភិបាល​អាណានិគម​ រដ្ឋ​កម្ពុជា​ដែល​ក្លាយទៅជា​រដ្ឋ​ឯករាជ្យ សាកល្បង​ដាក់​ជំនួស​ប្រព័ន្ធ​នេះ​ដោយ​ភាព​ស្មើគ្នា​របស់​ប្រជាពលរដ្ឋ​នៅ​ចំពោះ​មុខ​ច្បាប់​ដែល​ឲ្យ​ឈ្មោះ​ម្យ៉ាង​ទៀត​ថា «នីតិរដ្ឋ» ​ផង​ទេ ។ ទំនាក់ទំនង​រវាង​ថៅកែ​ និង​អតិថិជន បាន​ស្ថិត​នៅ​ក្នុង​ភាព​ដដែល​តាំងពី​ឆ្នាំ​១៩៥៣ ដោយ​ឆ្លងកាត់​របប​ជា​ច្រើន រួម​ទាំង​របប​ខ្មែរក្រហម​ផង ។ សព្វ​ថ្ងៃ​នេះ ទំនាក់ទំនង​នៅ​តែ​មាន​ទម្ងន់​យ៉ាង​ធ្ងន់​នៅឡើយ​ដែល​វា​មាន​ភាព​ជា​ឧបសគ្គ​ដល់​កិច្ច​ខិតខំ​ផ្សេងៗ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ផែ្នក​នយោបាយ​ និង​សង្គមកិច្ច ដែល​បង្អាក់​ការ​បង្កើត​រដ្ឋ​ទំនើប​មួយ និង​ប្រជាជាតិ​ប្រមូលផ្តុំ​មួយ ។ នៅ​ប្រទេស​កម្ពុជា​ ភាព​អចិន្ត្រៃយ៍​មួយ​ទៀត​ដែល​គេ​អាច​សង្កេត​បាន​ក្នុង​ការ​ប្រព្រឹត្តិ​ផ្សេងៗ​ផ្នែក​សង្គម គឺ​សេចក្ដី​រាយការណ៍​ទៅ​រដ្ឋាភិបាល​ឆ្លើយ​តប​ចំពោះ​អ្វី​ដែល​ជា​កម្មវត្ថុ​នយោបាយ ។ នៅ​ពេល​នេះ​គេ​ជួប​ប្រទះ​នៅ​ចំពោះ​មុខ​នូវ​បាតុភូត​ផ្នែក​វប្បធម៌​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ជា​ចាំបាច់ ដើម្បី​ស្វែង​យល់​ពី​តថភាព​របស់​កម្ពុជា​ប្រកបដោយ​ការ​ភ័ន្ត​ច្រឡំ​តិចតួច ។ ប្រទេស​កម្ពុជា​មាន​ប្រពៃណី​ដូច​បណ្ដា​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​ថេរវាទ​ឯទៀត​នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ដែរ ។ សង្គម​វប្បធម៌​នេះ​ខុស​ប្លែក​ពី​តម្លៃ​ផ្នែក​គតិយុត្តិ​បស្ចិមប្រទេស​ដែល​មានកំណើត​ពី​ច្បាប់​របស់​រ៉ូម៉ាំង​ក៏​ដូច​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​ចិន​តាម​ទម្លាប់​ជា​ប្រពៃណី​របស់​មន្ត្រី​ចិន​ជំនាន់​ដើម ។ «ស្រុក​ខ្មែរ» ត្រូវ​បាន​ឃើញ​រាលដាល​នូវ​ការ​ចាប់បដិសន្ធិ​ជា​មូលដ្ឋាន​នេះ​ដែល​បែក​ចេញពី​ព្រះពុទ្ធ​សាសនា​ថេរវាទ ដែល​មេ​ដឹកនាំ​កំពូល​គឺ​ព្រះមហាក្សត្រ​ជា​បុគ្គល​ប្រកបដោយ​យុត្តិធម៌​មួយ​អង្គ ជា​អ្នក​ធ្វើ​អំពើ​ល្អ​ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ និង​ជា​ប្រភព​នៃ​ច្បាប់​សីលធម៌ ។ ព្រះអង្គ​ជា​តំណាង​ភាព​សុខដុម​រវាង​ធម្មជាតិ​និង​មនុស្សជាតិ ។ តាំងពី​ពេល​នោះ​មក​ ជីវភាព​នយោបាយ ​និង​សង្គម​បាន​ក្រឡឹង​ជុំវិញ​ព្រះរាជា ព្រះរាជ​បរិពារ​ជាន់ខ្ពស់​របស់​ព្រះអង្គ បណ្ដា​ក្សត្រ​ដែល​ទាមទារ​រាជបល្ល័ង្ក និង​សង្ហា (ត្រា​សម្រាប់​ក្សត្រ ព្រះ​លញ្ឆករ) ដែល​ផ្តល់​ឲ្យ​ព្រះ​អង្គ​នូវ​ភាព​ពេញ​លក្ខណៈ​ច្បាប់ ។ គឺ​ចាប់ពី​ចំណុច​សំខាន់​នេះ​ហើយ​ដែល​លេច​ចេញ​ទម្រង់​ខ្សែបណ្ដាញ​បក្ខពួក​និយម ដែល​ប្រើប្រាស់​ចំណង​សាច់ញាតិ​ក្នុង​កម្រិត​ផ្សេងៗ ហើយ​ទ្រទ្រង់​ដល់​ការ​ប្រឆាំង​តាម​ក្រុម​តាម​ពួក​ និង​ការ​ប្រឈម​មុខ​រវាង​ពួក​អ្នក​ដែល​គិតតែ​រឿង​ខ្លួនឯង ។ ផលប្រយោជន៍​ដែល​មាន​លក្ខណៈ​គិតតែ​ខ្លួនឯង​ខ្លាំង​ជាងគេ គឺជា​ក្បួនខ្នាត​នៃ​ការ​សម្តែង​ចេញ​ជាក់ស្តែង​នូវ​បំណង​របស់​បុគ្គល​ម្នាក់ៗ​ឬ​ក្រុម​មួយ ។​

ទី​បញ្ចប់ លក្ខណៈ​ពិសេស​ទី​បី​ដែល​មាន​ជា​អចិន្ត្រៃយ៍ សង្គម​កម្ពុជាៈ នៅ​ចំពោះ​មុខ​គេ​នឹង​មិន​ជួប​សង្គម​មួយ​ដែល​ព្រមព្រៀង​គ្នា​ជា​លាយលក្ខណ៍អក្សរ​ទេ ។ កិច្ចព្រមព្រៀង​ដោយ​មាត់ទទេ​កន្លង​មក​ក្នុង​ទម្រង់​ផ្សេងៗ​ដែល​ធ្លាប់​ធ្វើ​មក​ហើយ គឺ​មាន​លក្ខណៈ​បង្ខំ​ច្រើន​ជាង​សន្មត​ដែល​លាត​ត្រដាង​យ៉ាង​ជាក់លាក់​ដោយ​លាយ​លក្ខណ៍​អក្សរ នូវ​កិច្ចសន្យា​ផ្សេងៗ​របស់​គណបក្ស​នានា ។ ទម្លាប់​ជា​ប្រពៃណី​ដែល​ធ្វើ​ឡើង​ដោយ​វាចា និង​ដែល​ធ្លាប់​ធ្វើ​រាល់​ដង​នេះ បាន​ផ្តល់​ដល់​សញ្ញាណ​នៃ​កិច្ចសន្យា នូវ​តម្លៃ​មួយ​ខុស​ពី​តម្លៃ​ដែល​ឆ្លើយ​តប​ទៅ​នឹង​គំនិត​នៃ​បទបញ្ញត្តិ​ផ្សេងៗ​ដែល​កំពុង​អនុវត្ត​នូវ​ផ្នែក​ខ្លះៗ​ដែល​អាច​ទាក់ទង​ចរចា​បាន និង​អាច​កែ​ឲ្យ​ល្អ​បាន​ដោយ​ការ​ព្រមព្រៀង​រួម​គ្នា​ក្នុង​សង្គម​ទាំងឡាយ​ដែល​មាន​កិច្ចសន្យា​ជា​លាយ​លក្ខណ៍​អក្សរ ។ ទម្លាប់​ជា​ប្រពៃណី​នេះ​នឹង​មិន​នាំ​ចេញ​ទៅ​រក​ការ​ប្រមូល​ចងក្រង​ជា​លាយ​លក្ខណ៍​អក្សរ នូវ​ច្បាប់​ផ្សេងៗ​ដែល​ចារឹក​ក្នុង​សម័យកាល​ប្រកប​ដោយ​អំណាច​អចិន្ត្រៃយ៍​ទេ ។ ទម្លាប់​ជា​ប្រពៃណី​នេះ​ក៏​មិន​ជួយ​ឲ្យ​មាន​ការ​ផុស​ឡើង​នូវ​សញ្ញាណ​នៃ​ច្បាប់​កិច្ចសន្យា​ជា​លាយ​លក្ខណ៍​អក្សរ​រវាង​រដ្ឋ​ និង​ពលរដ្ឋ​ដែរ ។​

គេ​នឹង​ព្រមព្រៀង​គ្នា​ពី​អត្ថបទ​ច្បាប់​ដែល​មាន​ទម្ងន់​មួយ​អាច​ប្រែប្រួល​ទាំងស្រុង បើ​ប្រៀបធៀប​នឹង​ការ​លម្អៀង​យ៉ាង​ធ្ងន់​ទាំងនេះ ទោះបីជា​ត្រឹមត្រូវ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ក៏​ដោយ ។

ដូច្នេះ ដោយ​ប្រាប់​ឲ្យ​ដឹង​ពី​ខ្លឹមសារ​ដោយឡែក​តាម​ប្រភេទ​ពិតប្រាកដ​នៃ​ការ​ការ​ដាក់​បញ្ញត្តិ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ឥឡូវនេះ​គេ​ត្រូវ​តែ​ធ្វើ​ឲ្យ​ដូច​គ្នា​នូវ​មហិច្ឆតា​ និង​លក្ខណៈ​ពិសេស​ផ្សេងៗ ការ​បន្ត​ធ្វើ​ និង​ការ​លុប​ចោល ដែល​បញ្ជាក់​ឲ្យ​ឃើញច្បាស់​លាស់​ក្នុង​រដ្ឋធម្មនុញ្ញ​នីមួយៗ​ក្នុង​ចំណោម​រដ្ឋធម្មនុញ្ញ​ចំនួន​៧​ របស់​បណ្ដា​របប​ដែល​ឡើង​កាន់​អំណាច​បន្តបន្ទាប់​គ្នា តាំងពី​ប្រទេស​ជាតិ​ទទួល​បាន​ឯករាជ្យ​ពេញលេញ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ។

យើង​សូម​រំឭក​ថា រដ្ឋធម្មនុញ្ញ​ដំបូង​ត្រូវ​បាន​ផ្តល់​ឲ្យ​នៅ​ឆ្នាំ​១៩៤៧ គឺ​នៅ​មុន​ពេល​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ភាព​ ក្នុង​បរិបទ​ដែល​កាល​ណោះ​កម្ពុជា​ជា​រដ្ឋ​មួយ​ក្នុង​ជា​សហភាព​បារាំង ។ រដ្ឋធម្មនុញ្ញ​នេះ​បាន​ដៅ​ឲ្យ​ឃើញ​ដំណើរ​ផ្លាស់​ប្តូរ​ពី​របប​រាជាធិបតេយ្យ​ផ្តាច់ការ​មួយ​ដែល​ធ្វើ​ឲ្យ​ដូច​គ្នា​យ៉ាង​ច្បាស់​ដោយ​ក្រម​លេខ​៩ ចុះ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​១៩៤៥ ទៅ​ជា​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​មួយ ។ កំណែទម្រង់​ផ្សេងៗ​ដែល​បំពេញ​នៅ​ឆ្នាំ​១៩៥៦ បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ថ្មី​មួយ ដោយហេតុ​ថា កំណែទម្រង់​នេះ​បាន​រៀបចំ​ឲ្យ​មាន​ជា​លើក​ដំបូង នូវ​ប្រព័ន្ធ​មួយ​ដែល​មាន​ក្រុម​អ្នកតំណាង​ជាតិ​នៅ​ក្នុង​ក្របខណ្ឌ​នៃ​គណបក្ស​មួយ​ដែល​មាន​តែ​ម្នាក់ឯង ហើយ​ដែល​ផ្តល់​អំណាច​សំខាន់ៗ​ឲ្យ​ព្រះ​ប្រមុខរដ្ឋ លុះត្រាតែ​លែង​អាច​ទទួល​ស្គាល់​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៥៦ នូវ​លក្ខណៈ​ពិសេស​ទាំងឡាយ​សម្រាប់​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ ។ របៀប​គ្រប់គ្រង​ប្លែក​មួយ​ដែល​ចោទ​ជា​បញ្ហា​បាន​ចូល​មក​ជំនួស​របប​នេះ ។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧២ បាន​ធ្វើ​ឲ្យ​ការ​ផ្លាស់​ប្តូរ​ទាំងឡាយ​ដែល​កើត​មាន​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ស្ថិតស្ថេរ និង​បាន​បង្ហាញ​គំរូ​អាច​ទទួល​យក​បាន ហើយ​បាន​ដាក់​ឲ្យ​ពិនិត្យ​នូវ​គំរូ​សាធារណរដ្ឋ​មួយ​ដែល​លទ្ធិ​ផ្តាច់ការ​យោធា​របស់​លោក​សេនាប្រមុខ​មិន​ដែល​ប្រើ​វា​ឲ្យ​មាន​របៀប​រៀបរយ​ឡើយ ។ ត​មក​ទៀត​ដោយសារ​ការ​ដួល​រលំ​នៃ​របប​នេះ​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ទើប​បណ្ដាល​ឲ្យ​កើត​មាន​ជា​លើក​ដំបូង​នូវ​របប​ជាតិនិយម​ម៉ៅ របស់​ពួក​ខ្មែរក្រហម និង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧៦ របស់​ខ្លួន​ដែល​បន្ត​ដោយ​របៀប​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​មួយ​ដូច​ធ្លាប់​មាន​មក​ហើយ ហៅ​ប្រជាមានិត​ដែល​តំណាង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨១) បន្ទាប់​មក​ដោយ​រដ្ឋ​កម្ពុជា (រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨៩) ។ នៅ​ទីបំផុត​អាស្រ័យ​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ចុះហត្ថលេខា​នៅ​ទី​ក្រុងប៉ារីស​នា​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​សេចក្ដីសម្រេច (ក្រោយ​ពី​ពិភាក្សា) របស់​សភាធម្មនុញ្ញ​មួយ​ដែល​ជ្រើស​តាំង​នៅ​ខែមិថុនា ឆ្នាំ​១៩៩៣ រដ្ឋធម្មនុញ្ញ​មួយ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ និង​ផ្តល់​កំណើត​នូវ​អ្វី​ដែល​សម្តេចព្រះ​នរោត្តម សីហនុ ឲ្យឈ្មោះ​ថា «ព្រះរាជាណាចក្រ​កម្ពុជា​ទី​២» ពោល​គឺ​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ។

ក. មហិច្ឆតា និង លក្ខណៈពិសេស​ទាំង​ឡាយ

ជាដំបូង ចូរ​យើង​ពិនិត្យ​មើល​ដោយ​ល្អិតល្អន់​នូវ​លក្ខណៈ​អ្វី​ដែល​គួរ​ឲ្យ​សម្គាល់​ធំៗ មហិច្ឆតា​សំខាន់ៗ​របស់​រដ្ឋធម្មនុញ្ញ​នីមួយៗ​ក្នុង​ចំណោម​រដ្ឋធម្មនុញ្ញ​ទាំងនោះ ។

រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧

រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧ គឺ​ចេញ​មក​ពី​ចេតនា​មួយ​របស់​បារាំង ដើម្បី​ផ្តល់​លក្ខណៈ​ប្រជាធិបតេយ្យ​ដល់​ស្ថាប័ន​ផ្សេងៗ​ក្នុង​ក្របខណ្ឌ​នៃ​របៀប​គ្រប់គ្រង​អាណានិគម​មួយ​ដែល​ធ្វើ​ឲ្យ​ធូរស្រាល និង​ដែល​បង្ហាញ​ពី​ចំណុច​ទី​១៦ ដល់​១៨ នៃ​បុព្វកថា​របស់​រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ​ទី​​៤​​របស់​បារាំង ។​

ចំណុច​ទី​១៦: ប្រទេស​បារាំង​បាន​បង្កើត​ជាមួយនឹង​ប្រជាជន​នានា​នៃ​ប្រទេស​ឯនាយ​សមុទ្រ នូវ​សហភាព​មួយ​ផ្អែក​លើ​ភាព​ស្មើមុខ​គ្នា​ខាង​សិទ្ធិ​ និង​ករណីយកិច្ច​ផ្សេងៗ ដោយ​គ្មាន​រើសអើង​ពូជសាសន៍​ និង​សាសនា ។

ចំណុច​ទី​១៧: សហភាព​បារាំង​រួម​មាន​ប្រជាជាតិ និង​ប្រជាជន​ទាំងឡាយ​ដែល​ដាក់​រួម​គ្នា ឬ​សម្របសម្រួល​នូវ​ប្រភព​ធនធាន​ និង​ការ​ប្រឹងប្រែង​ទាំងអស់​របស់​ខ្លួន​ដើម្បី​ពង្រីក​អារ្យធម៌​របស់​ប្រទេស​រៀងៗ​ខ្លួន បង្កើន​សុខុមាលភាព​ និង​រក្សា​សន្តិសុខ​របស់​គេ ។​

ចំណុច​ទី​១៨: ដោយ​មិន​ឃ្លាត​ចាក​ពី​បេសកកម្ម​ជា​ប្រពៃណី​របស់​ខ្លួន ប្រទេស​បារាំង​មាន​បំណង​ដឹកនាំ​ប្រជាជន​ទាំងឡាយ​ដែល​ខ្លួន​ទទួល​បន្ទុក​ទៅ​រក​សេរីភាព​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ដោយ​ខ្លួនឯង និង​ចាត់ចែង​កិច្ចការ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​តាម​លទ្ធិប្រជាធិបតេយ្យ ។ ដោយ​បំបាត់​ប្រព័ន្ធ​គ្រប់គ្រង​បែប​អាណានិគម​ទាំងអស់​ដែល​សំអាង​លើ​អំណាច​ផ្តាច់ការ ប្រទេស​បារាំង​ធានា​ដល់​ប្រជាជន​គ្រប់​រូប​នូវ​ភាព​ស្មើគ្នា​ក្នុង​ការ​ចូល​បំពេញ​មុខងារ​សាធារណៈ និង​ការ​យក​មក​ប្រើ​ជា​បុគ្គល​ និង​ជា​រួម​នូវ​សិទ្ធិ​ និង​សេរីភាព​ផ្សេងៗ​ដែល​ប្រកាស​ឬ​ដែល​បញ្ជាក់​ដូច​ខាងលើ ។​

រដ្ឋធម្មនុញ្ញ​របស់​បារាំង​ឆ្នាំ​១៩៤៦ នឹង​បង្កបង្កើត​ជា​ប្រភព​នៃ​ការ​យក​គំនិត​តាម​ដ៏​សំខាន់​សម្រាប់​ពួក​អ្នក​បង្កើត​គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ខ្មែរ ដែល​នឹង​ត្រូវ​ដាក់​ជូន​រដ្ឋសភា​ជាតិ​ពិនិត្យ​បន្ទាប់​ពី​ការ​កែប្រែ​ដែល​ផ្តល់​ឲ្យ​ដោយ​ព្រះមហាក្សត្រ ។

តាម​ពិត រដ្ឋធម្មនុញ្ញ​នេះ​ដែល​ត្រូវការ​ដោយ​ព្រះមហាក្សត្រ​គឺជា​ស្នាដៃ​របស់​រដ្ឋសភា​ដែល​ប្រជាជន​បោះឆ្នោត​ជ្រើស​តាំង​នៅ​ឆ្នាំ​១៩៤៦ ។ រដ្ឋធម្មនុញ្ញ​នេះ​បាន​បង្ហាញ​ពី​គោលបំណង​បង្កើត​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​មួយ​ក្នុង​ក្របខណ្ឌ​លទ្ធិប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋសភា ។ ម្យ៉ាងទៀត រដ្ឋធម្មនុញ្ញ​នេះ​បាន​បង្ហាញ​នូវ​អ្វី​ដែល​ខ្ញុំ​ឲ្យ​ឈ្មោះ​ថា «ការ​ផ្តល់​លក្ខណៈ​ប្រជាធិបតេយ្យ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា» (សន្និសីទ​ដែល​រៀបចំ​នៅ​សាកលវិទ្យាល័យ ល្វាំងឡានឺវ ប្រទេស​បែលហ្ស៊ិក​នា​ខែមិថុនា ឆ្នាំ​១៩៩៥ ស្ដីពី​មូលបទ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​អាស៊ី ។ សកម្មភាព​ទាំងឡាយ​នៃ​សន្និសីទ​នេះ​កំពុង​រៀបចំ​ការ​បោះពុម្ពផ្សាយ) ។

គោល​សំខាន់​ដូច​ធ្លាប់​មាន​មក​ហើយ​នៃ​របៀប​គ្រប់គ្រង​អាស្រ័យ​សភា​មួយ​គឺ ទ្វេសភានិយម (របៀប​នយោបាយ​និយម​សភា​ពីរ) «ដែល​មិន​ពេញ​លេញ: រដ្ឋសភា​ជាតិ​ត្រូវ​បាន​ជ្រើសតាំង​ដោយ​ការ​បោះឆ្នោត​សកល ដោយ​មាន​ឧត្តមភាព​ជាង​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ» មាន​សិទ្ធិ​ចុះហត្ថលេខា​អម​ហត្ថលេខា​រដ្ឋមន្ត្រី សម្រាប់​សារលិខិត​ទាំងអស់​ទាក់ទង​នឹង​ព្រះមហាក្សត្រ​ ហើយ​រដ្ឋាភិបាល​ទទួលខុសត្រូវ​នៅ​មុខ​សភា ។

ក្រោម​លេស​នៃ​ហត្ថលេខា​អម​រដ្ឋមន្ត្រី ព្រះមហាក្សត្រ​ដែល​មាន​អំណាច​ធ្វើ​មុនគេ​ទៅ​លើ​ផ្នែក​នីតិបញ្ញត្តិ បាន​តែងតាំង​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី ហើយ​អាច​ធ្វើ​ជា​អធិបតី​នៃ​ក្រុមប្រឹក្សា​នេះ ។ ព្រះ​អង្គ​តែងតាំង​ចៅក្រម ផ្តល់​ឋានន្តរសក្តិ​ដល់​អ្នករាជការ​ស៊ីវិល​ និង​យោធា ចាត់តាំង​អគ្គរាជទូត តែងតាំង​សមាជិក​ពីរ​រូប​សម្រាប់​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ និង​សមាជិក​២​រូប សម្រាប់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ។ គេ​នឹង​ប្រទះ​ក្នុង​គម្រោង​បំប្រួញ​ដូច​ធ្លាប់​មាន​មក​ហើយ នៃ​របប​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​មួយ តាម​ការ​សម្របសម្រួល​ដែល​ធ្វើ​ឡើងជា​មួយ​ព្រះ​មហាក្សត្រ ប្រសិនបើ​មាត្រា​២១​នេះ​ប្រកាស​ថា «អំណាច​គ្រប់យ៉ាង​មក​ពី​ព្រះមហាក្សត្រ ។ អំណាច​ទាំងនោះ​ត្រូវ​ប្រើ​ទៅ​តាម​បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន» ទេ​នោះ ។ ដោយ​សំអាង​លើ​អ្វី​ដែល​រដ្ឋធម្មនុញ្ញ​ត្រូវ «ផ្តល់» ដោយ​ព្រះមហាក្សត្រ ។ បទបញ្ញត្តិ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​សញ្ញាណ​នៃ​ហត្ថលេខា​អម​រដ្ឋមន្ត្រី និង​ហត្ថលេខា​អម​ព្រះមហាក្សត្រ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​បាត់បង់​នូវ​លក្ខណៈ​ដាច់ខាត​របស់​ខ្លួន «រដ្ឋធម្មនុញ្ញ​ដែលកំណត់​ជា​គោលការណ៍​នូវ​អំណាច​ទាំងឡាយ​របស់​ព្រះមហាក្សត្រ​គឺ​គ្រាន់​ជា​ការ​ផ្តល់​ឲ្យ​គ្មាន​គេ​បង្ខំ​មួយ​ចំពោះ​ព្រះ​អង្គ​ប៉ុណ្ណោះ» ​តាម​ដែល​លោក ហ្គួរ សម្គាល់​ឃើញ​ពី​រឿង​នេះ ។ ដោយហេតុ​ថា​ព្រះ​អង្គ​មាន​បន្ទូល​ថា អធិបតេយ្យ​ជាតិ​ចេញ​មក​ពី​ប្រជារាស្ត្រ ។ ដូច​ដែល​លោក ហ្វ៊ីលីព ប្រេសស្ហេ បាន​សង្កេត​ឃើញ​ដែរ​ «ដូច្នេះ​ភាព​ខុស​គ្នា​ជា​សារវន្ត បាន​ចោទ​ឡើង​រវាង​ភាព​សំខាន់​នៃ​អំណាច​ទាំងអស់​ដែល​ទទួលស្គាល់​ចំពោះ​ព្រះមហាក្សត្រ និង​ការ​ប្រើ​អំណាច​ទាំងនេះ ដែល​តាម​ពិត​អាច​ប្រគល់​ទៅ​ឲ្យ​បណ្ដា​ឥស្សរជន​ឬ​បណ្ដា​អង្គការ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឯទៀតៗ» ។ ភាព​មាន​ន័យ​មិន​ច្បាស់លាស់ ដែល​បង្កើត​ដោយ​ជំពូក​ដំបូង​នៃ​មាត្រា​២១ ហើយ​ដែល​អះអាង​បន្ថែម​ដោយ​គោលការណ៍​នៃ​ការ​ផ្តល់​រដ្ឋធម្មនុញ្ញ នឹង​នាំ​ទៅ​រក​វិបត្តិ​មួយ​ដោយ​ជៀស​មិន​រួច​រវាង​សភា​ និង​ព្រះមហាក្សត្រ ។

ខ្ញុំ​មិន​សន្និដ្ឋាន​ឲ្យ​ហួសហេតុ​ដោយ​អះអាង​ថា រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧ គឺជា​ពុម្ព​នៃ​លក្ខណៈ​រដ្ឋធម្មនុញ្ញ​និយម​របស់​កម្ពុជា​ឡើយ ។ បើ​ការ​ភាន់ប្រែ​នៃ​ស្ថាប័ន​ផ្សេងៗ​លេច​ឡើង​ឲ្យ​ឃើញ​ក្រោយមក​ដូច​ដែល​គេ​នឹង​ឃើញ​បន្តិចទៀត​នេះ ស្ថាប័ន​ផ្សេងៗ​មុខជា​មាន​ឧត្តមភាព​លើ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​អង្គការ​នានា​មិន​ខាន ។ ឧទាហរណ៍​ដូច​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ជាដើម ។ រូបមន្ត​នេះ​ដែល​ជា​លក្ខណៈ​ពិសេស​នៃ​របៀប​គ្រប់គ្រង​ផ្សេងៗ ដែល​ក្នុង​នោះ​គេ​ចង់​បាន​ថា​ប្រធាន​ក្រុមប្រឹក្សា​គ្រាន់តែ​ជា «អធិបតី» ដូច​ដែល​ពួក​អង់ក្លូសាក់សុង​អះអាង គឺ​ប្រសើរ​ជាង​សញ្ញាណ «រដ្ឋាភិបាល» ដែល​ដឹកនាំ​ដោយ​ «រដ្ឋមន្ត្រី​ទី​មួយ» ម្នាក់ ដែល​ការ​មាន​អំណាច​ខ្លាំង​ពេក​របស់​បុគ្គល​នេះ អាច​នឹង​បង្កើត​ជា​ឧបសគ្គ​ព្រម​គ្នា​ចំពោះ​ប្រមុខរដ្ឋ​ផង​ និង​រដ្ឋសភា​ផង ។ ស្ថាប័ន​មួយ​ទៀត​ដែល​ធ្លាប់​មាន​មួយ​រយៈ​ក្នុង​ទ្រឹស្ដី​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា គឺ​ទ្វេសភានិយម ដូច្នេះ​វា​មាន​ភាព​ស្រដៀង​គ្នា​យ៉ាងច្រើន​រវាង​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​ឆ្នាំ​១៩៤៧ ឆ្នាំ​១៩៥៦ និង​ព្រឹទ្ធសភា​ឆ្នាំ​១៩៧២ ។ ប៉ុន្តែ របៀប​នយោបាយ​និយម​សភា​ពីរ​នេះ នឹង​ពុំ​បន្ត​មាន​អត្ថិភាព​ឡើយ​នៅ​ឆ្នាំ​១៩៧៥ ទោះបីជា​មាន​បញ្ហា​យ៉ាង​ច្រើន​ក្នុង​ការ​បញ្ចូល​ជា​ថ្មី​នៅ​ឆ្នាំ​១៩៩៣​ក៏​ដោយ ។

រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៥៦

ក្រោយ​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​ជ័យ​ជំនះ​ដោយ​សំឡេង​ភាគច្រើន​ក្នុង​ការ​បោះឆ្នោត​ចំនួន​បី​លើក វិបត្តិ​បាន​ផ្ទុះ​ឡើង​រវាង​សភា​ និង​ព្រះមហាក្សត្រ ។ នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​១៩៤៩ ព្រះ​អង្គ​បាន​រំលាយ​សភា និង​រៀបចំ​ការ​បោះឆ្នោត​មុន​ពេល​កំណត់​នៅ​ខែវិច្ឆិកា ។ ព្រះ​អង្គ​បាន​តែងតាំង​រដ្ឋាភិបាល​មួយ​ដែល​ទទួលខុសត្រូវ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​អង្គ​តែ​មួយ​គត់ ។ បន្ទាប់​ពី​រយៈពេល​២៣​ខែ​នៃ​ការ​កកស្ទះ​ស្ថាប័ន​សភា​ ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​១៩៥១ បាន​ផ្តល់​សំឡេង​ភាគច្រើន​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ជា​លើក​ទី​៤ ។ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ព្រះ​មហាក្សត្រ​បាន​បញ្ឈប់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ ហើយ​ដណ្តើម​យក​អំណាច​ទៅ​កាន់​ទាំងអស់​សម្រាប់​រយៈពេល​៣​ឆ្នាំ ។ នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​១៩៥៣ ក្រោយ​ពេល​ដែល​រដ្ឋសភា​បដិសេធ​មិន​ផ្តល់​អំណាច​ពិសេស​ដែល​ព្រះ​អង្គ​ស្នើ​សុំ​ ព្រះមហាក្សត្រ​បាន​ប្រកាស​ដាក់​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន ហើយ​ប្រកាស​រំលាយ​សភា ។ រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ​តាម​ព្រឹត្តិន័យ (តាម​ដំណើរការ​ដែល​មាន​រួច​មក​ហើយ) ។ បន្ទាប់​មក ព្រះមហាក្សត្រ​បាន​ចាប់ផ្តើម «ព្រះរាជ​បូជនីយកិច្ច» របស់​ព្រះ​អង្គ ដើម្បី​ទាមទារ​ឯករាជ្យ ជា​ឯករាជ្យ​ដែល​ព្រះ​អង្គ​បាន​ទទួល​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ជៀសវាង​សង្គ្រាម​ និង​ការ​បែងចែក​ទឹកដី ។ នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​១៩៥៥ ព្រះ​អង្គ​បាន​ដាក់​ជូន​រាស្ត្រ​ពិនិត្យ​អំពី​សកម្មភាព​ដឹកនាំ​របស់​ព្រះ​អង្គ​តាំងពី​ឆ្នាំ​១៩៥២​មក ក្នុង​ការ​បោះ​ប្រជាមតិ​មួយ​ដែល​ព្រះ​អង្គ​បាន​ទទួល​សំឡេង​គាំទ្រ​ ៩៩,៨​ភាគរយ ។ នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ព្រះ​អង្គ​បាន​បង្ហាញ​នូវ​ផែនការ​កែទម្រង់​រដ្ឋធម្មនុញ្ញ​ដ៏​ធំ​ទូលាយ​មួយ​ដែល​ត្រូវ​បាន​ច្រានចោល​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ។ នៅ​ថ្ងៃ​ទី​៣ ខែមីនា ព្រះមហាក្សត្រ​បាន​ដាក់រាជ្យ​ ហើយ​២៣​ថ្ងៃ​ក្រោយ​មក បាន​បង្កើត​គណបក្ស «សង្គមរាស្ត្រនិយម» ជា​សហគមន៍​សង្គមរាស្ត្រនិយម​ដែល​បង្ហាញខ្លួន​ឡើងជា​ «ការ​ប្រមូលផ្តុំ​ប្រជារាស្ត្រ​ដ៏​ទូលំទូលាយ​មួយ ផ្អែក​លើ​ស្វាមីភក្តិ​ចំពោះ​មេ​ដឹកនាំ​ជាតិ​ ជា​បុត្រ​ព្រះមហាក្សត្រ និង​ជា​អតីត​ព្រះមហាក្សត្រ​ផ្ទាល់» ។ គណបក្ស​សង្គម បាន​ទទួល​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទាំងអស់​ក្នុង​ឱកាស​បោះឆ្នោត នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ។ នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​១៩៥៦ រដ្ឋសភា​បាន​ប្រកាស​ឲ្យ​ប្រើ​នូវ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ ដែល​គេ​អាច​និយាយ​ថា​ជា​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ

រដ្ឋធម្មនុញ្ញ​នេះ​រួម​មាន​ ១២២​មាត្រា ចែក​ជា​ ១២​ជំពូក ។ សេចក្ដីស្រង់​នូវ​កំណែទម្រង់​ផ្សេងៗ បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ដែល​មាន​លទ្ធផល​ដូច​ខាងក្រោម ៖

  1. ការ​ធ្វើ​ឲ្យ​ចុះសម្រុង​នូវ​ភាព​ទាំងមូល​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ចំពោះ​តថភាព​ថ្មី ដែល​ចាប់ផ្តើម​មាន​បន្ទាប់​ពី​ប្រទេស​ទទួល​បាន​ឯករាជ្យ ។
  2. ការ​កំណត់​ឲ្យ​ស្ត្រី​មាន​សិទ្ធិ​បោះឆ្នោត ។
  3. ការ​បង្កើត​សភា​នានា ដែល​ជ្រើសតាំង​តាម​ការ​បោះឆ្នោត​សកល​ក្នុង​ខេត្ត​នីមួយៗ​រួម​ទាំង​រាជធានី​ផង ។
  4. ការ​បង្កើត​តួនាទី​នីតិបញ្ញត្តិ​ដល់​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ ។

ក្រោយមក ការ​កែទម្រង់​ផ្សេងៗ​ទៀត បាន​កើត​មាន​ដែល​នឹង​បញ្ចប់​ការ​ផ្លាស់​ទ្រង់ទ្រាយ​នៃ​គ្រឹះ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧ ។

  1. ការ​ធ្វើ​ឲ្យ «សមាជជាតិ» មាន​លក្ខណៈ​ជា​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​បង្ហាញ​ឲ្យ​ឃើញ​គោល​សំខាន់​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ផ្ទាល់ (១៩៥៨) ។​
  2. ការ​បង្កើត​ស្ថាប័ន​ប្រមុខរដ្ឋ (១៩៦០) ។​
  3. ការ​បង្កើត​តុលាការ​ប្រជារាស្ត្រ​មួយ (១៩៦៤) ។

ប្រសិនបើ​កំណែទម្រង់​ផ្សេងៗ​ដែល​បំពេញ​ច្បាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧ ជួយ​ធ្វើ​ឲ្យ​បាន​សម្រេច​ពិតប្រាកដ​នូវ​ស្នាដៃ​មួយ​ក្នុង​ចំណោម​ស្នាដៃ​សំខាន់ៗ​របស់​គណបក្ស​សង្គម ដូច​ជា​ការ​ចូលរួម​ផ្ទាល់​របស់​ប្រជាជន​ក្នុង​ជីវភាព​នយោបាយ​នោះ ក៏​គ្មាន​សេចក្ដីសម្រេច​ណាមួយ​កំណត់​ពី​បញ្ហា​អធិបតេយ្យ​ដែរ ។​

តើ​លក្ខណៈ​របស់​របប​ថ្មី​យ៉ាងដូចម្តេច ? វា​ពិបាក​បញ្ចូល​លក្ខណៈ​របស់​របប​នេះ​ទៅ​ក្នុង​ប្រភេទ​មួយ ក្នុង​ចំណោម​ប្រភេទ​ដូច​ធ្លាប់​មាន​មក​ហើយ​នៃ​បណ្ដា​របប​អាស្រ័យ​រដ្ឋសភា​ណាស់ ។ ដូច្នេះ​គេ​នឹង​ប្រុង​ប្រយ័ត្ន​ជាង​មុន​ដោយ​សម្គាល់​ឃើញ​ថា នេះ​ជា​របប​ប្លែក​មួយ​ដែល​ដៅ​ឲ្យ​ឃើញ​យ៉ាង​ខ្លាំង​ដោយ​បុគ្គលភាព​របស់​សម្តេចព្រះ​នរោត្តម សីហនុ និង​ដោយ​ការ​សន្ទនា​ផ្ទាល់​ដែល​ព្រះ​អង្គ​មាន​ព្រះរាជ​បំណង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ ទោះ​ស្ម័គ្រ​ក្ដី​មិន​ស្ម័គ្រ​ក្ដី ក្នុង​ចលនា​មួយ​ដែល​ដើរ​តាម​គណបក្ស​មាន​តែ​មួយ ទោះបីជា​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ការពារ​ខ្លួន​ក៏​ដោយ ។ គឺ​ពុំ​មែន​ជា​ចៃដន្យ​មួយ​ទេ ប្រសិនបើ​លក្ខន្តិកៈ​ទាំងឡាយ​របស់​គណបក្ស​សង្គម ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​១៩៥៥ មាន​តម្លៃ​មួយ​ស្ទើរតែ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​នោះ ។​

ដោយ​សម្រប​តាម​ការ​កែប្រែ​ទាំងឡាយ​ដែល​មាន​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​១៩៥៦ លទ្ធិ​ប្រជាធិបតេយ្យ​អាស្រ័យ​សភា​បាន​ស្ថិត​នៅ​គង់វង្ស ។ លទ្ធិប្រជាធិបតេយ្យ​នេះ​ត្រូវ​បាន​ជំនួស​ដោយ​ការ​ផ្សំគ្នា​នូវ​អំណាច​ដ៏​ខ្លាំង​មួយ​នៃ​ជន​ម្នាក់ៗ ជាមួយ​រូបមន្ត​ដើម​ (ដែល​មាន​មុនគេ​បង្អស់) នៃ​លទ្ធិប្រជាធិបតេយ្យ​ពាក់​កណ្តាល​ផ្ទាល់​មួយ ។ គឺ​ប្រព័ន្ធ​នេះ​ហើយ​ដែល​នឹង​ដាក់​ឲ្យ​ជជែក​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ។

ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​១៩៦០ ក្រម​មួយ​បាន​បន្ថែម​ទៅ​ក្នុង​មាត្រា​១២២ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ ។ មាត្រា​នេះ​បាន​ប្រកាស​ឲ្យ​ប្រើ​បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ សុរាម្រិត ដែល​ឡើង​គ្រង​រាជបល្ល័ង្ក តាម​រយៈ​ការ​ដាក់​រាជ្យ​របស់​ព្រះ​អង្គ​សម្តេចព្រះ​នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៥៥ ។ មាត្រា​នេះ​អនុញ្ញាត​ឲ្យ​សភា​ទាំង​ពីរ​រួម​ប្រជុំ​គ្នា «ដើម្បី​ប្រគល់​អំណាច និង​បុព្វសិទ្ធិ​ទាំងឡាយ​របស់​ប្រមុខរដ្ឋ​ដល់​ឥស្សរជន​មួយ​រូប​ដែល​គ្មាន​នរណា​ជំទាស់» ។ ប្រាកដ​ណាស់ គឺ​ដោយ​សំអាង​លើ​មាត្រា​នេះ​ហើយ ដែល​ពួក​អ្នក​នាំអាទិ៍​ក្នុង​ការ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហនុ ពី​តំណែង​ និង​ដែល​ជា​អ្នក​ទទួល​ផលប្រយោជន៍​តែ​មួយ​គត់​ពី​ច្បាប់​នេះ​ខំប្រឹង​អះអាង​ពី​មូលដ្ឋាន​ត្រឹមត្រូវ​តាម​ច្បាប់​មួយ​ចំពោះ​សកម្មភាព​របស់​គេ ។

រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧២

សម្តេចព្រះ​នរោត្តម សីហនុ ត្រូវ​បាន​ទម្លាក់​ពី​តំណែង​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ក្នុង​ឋានៈ​ជា​ព្រះ​ប្រមុខរដ្ឋ ។ សាធារណរដ្ឋ​ត្រូវ​បាន​ប្រកាស​បង្កើត​នៅ​ថ្ងៃ​ទី​៩ ខែតុលា ។ ចន្លោះ​ថ្ងៃ​ទី​១១ ខែមេសា និង​ទី​៩ ខែតុលា ឈ្មោះ​ផ្លូវការ​របស់​ប្រទេស​គឺ «រដ្ឋ​កម្ពុជា» ។ (ពី​ឆ្នាំ​១៩៨៩ ដល់​១៩៩៣ ប្រទេស​កម្ពុជា​បាន​ដាក់​ឈ្មោះ​នេះ​ជា​ថ្មី) ។

រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧២ បាន​កំណត់​នូវ​របត់​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ។ រដ្ឋធម្មនុញ្ញ​នេះ​បាន​បញ្ចប់​ជា​បណ្តោះអាសន្ន ប៉ុន្តែ​នៅ​ជំនាន់​នោះ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ពី​របប​រាជាធិបតេយ្យ​មួយ​ដែល​មាន​ឡើង​តាំងពី​ឆ្នាំ​១១៦៨ ហើយ​បាន​បើក​ឡើង​នូវ​សម័យកាល​សាធារណរដ្ឋ​មួយ​សម្រាប់​រយៈពេល​២១​ឆ្នាំ ។ រដ្ឋធម្មនុញ្ញ​នេះ​ និង​រដ្ឋធម្មនុញ្ញ​ទាំង​បី​ដែល​នឹង​បន្ត​ពី​វា បាន​ប្តូរផ្លាស់​ទាំងស្រុង​នូវ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៥៦ ហើយ​តាម​ការ​មើល​ឃើញ​ជាក់​ប្រាកដ​មួយ វា​មាន​តួនាទី​ត្រឹមត្រូវ​មួយ បើ​ប្រៀបធៀប​នឹង​រដ្ឋធម្មនុញ្ញ​នោះ​ក៏​ដូច​អត្ថបទ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ថ្មីៗ​មុន​នេះ ។​

ជាមួយ​ការ​គោរព​ចំពោះ​ពួក​អ្នក​ច្បាប់​របស់​កម្ពុជា ដែល​បាន​តាក់តែង​ច្បាប់​រដ្ឋធម្មនុញ្ញ​នេះ គេ​ត្រូវ​ទទួល​ស្គាល់​ថា​រដ្ឋធម្មនុញ្ញ​បាន​បង្កើត​ឲ្យ​មាន​ «កូន​ឥតខាន់ស្លា» ​មួយ ។ គឺ​ក៏​ពុំ​មែន​រៀបចំ​ឡើង​វិញ​តាម​គំរូ​រដ្ឋធម្មនុញ្ញ​របស់​បារាំង​ឬ​អាមេរិកាំង​ទេ ។ វា​ជា​ការ​សាកល្បង​ទាញ​យក​អ្វី​ដែល​ប្រសើរ​ជាងគេ តាម​គំរូ​សភានិយម​របស់​បារាំង​ផង​ និង​គំរូ​ប្រធានាធិបតី​និយម​របស់​អាមេរិកាំង​ផង ។ នេះ​ជា​ការ​សាកល្បង​ដោយ​ខ្លួនឯង​ច្រើន​គួរ​សម ប៉ុន្តែ​ជា​ការ​សាកល្បង​ដែល​បំបែកបំបាក់​រវាង​ចេតនា​ទប់​ការ​រំលោភ​អំណាច​នៃ​របប​ដែល​មាន​ពី​មុន និង​កង្វល់​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ដោយ​សមរមុ​នូវ​សមតា​ថ្មីៗ ដែល​លេចឡើង​ក្នុង​សង្គម​របស់​កម្ពុជា​នា​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ។ តាម​ការ​ពិត នេះ​ជា​ការ​សាកល្បង​ដែល​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ទូលំទូលាយ​តាម​រយៈ​ការ​ប្រឆាំង​រវាង​ពួក​អ្នក​មាន​គំនិត​សាធារណរដ្ឋនិយម​ និង​ពួក​អ្នកនយោបាយ​ដែល​ពុំ​មាន​បំណង​ផ្លាស់​ប្តូរ​ទម្លាប់​កាន់កាប់​អំណាច​របស់​ពួក​គេ បន្ទាប់​ពី លន់ នល់ ឡើង​កាន់​អំណាច​ជំនួស​សម្តេច​សីហនុ ។

បន្ទាប់​ពី​ការ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហនុ ពី​អំណាច​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ សេចក្ដីសម្រេច​ចុះ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​១៩៩៣​ របស់​សភាធម្មនុញ្ញ​បាន​ប្រកាស​ថា នោះ​ជា​រដ្ឋប្រហារ​មួយ​-​សាធារណរដ្ឋ​ត្រូវ​បាន​ប្រកាស​បង្កើត​នៅ​ថ្ងៃ​ទី​៩ ខែតុលា ។ ប្រទេស​ជាតិ​ត្រូវ​បាន​លិចលង់​ទៅ​ក្នុង​សង្គ្រាម​ទាំងស្រុង ហើយ​មួយ​ផ្នែក​យ៉ាង​ធំ​នៃ​ទឹកដី​របស់​ប្រទេស​បាន​របូត​ផុត​ពី​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​យ៉ាង​ឆាប់​រហ័ស ។ គណៈកម្មការ​មួយ​ដែល​ទទួល​បន្ទុក​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ត្រូវ​បាន​រៀបចំ​បង្កើត​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​១៩៧១ ។ គណៈកម្មការ​នេះ​ត្រូវ​បាន​រំសាយ​ដោយ លន់ នល់ នៅ​ខែតុលា ហើយ​នៅ​ពេល​នោះ​គឺ​រដ្ឋ​សភាជាតិ​ជា​អ្នក​តាក់តែង​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ​មួយ​ដែល លន់ នល់ មិន​ត្រូវ​ចិត្ត​ទៀត ។ គណៈកម្មាធិការ​ថ្មី​មួយ​បាន​ពិនិត្យ​សេចក្ដី​ព្រាង​ខុសៗ​គ្នា​ជា​ច្រើន ហើយ​បាន​សម្រេចការ​សម្របសម្រួល​មួយ​ជាមួយ លន់ នល់ នៅ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​១៩៧២ ។ រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ប្រជាមតិ ទោះ​ជា​រដ្ឋាភិបាល​គ្រប់គ្រង​ទឹកដី​តែ​មួយ​ភាគ​បួន​ក៏​ដោយ ។ រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​យល់ព្រម​ដោយ​សំឡេង​ ៩៧,៥​ភាគរយ ​នៃ​ចំនួន​អ្នកបោះឆ្នោត ១,៥៦​លាន​នាក់ ដែល​តំណាង​ប្រហាក់ប្រហែល​ ៤៥​ភាគរយ​ នៃ​ចំនួន​ប្រជាជន​មាន​អាយុ​បោះឆ្នោត​សរុប ។​

ច្បាប់​រដ្ឋធម្មនុញ្ញ​នេះ​មាន​បុព្វកថា​មួយ មាត្រា​អវសាន​មួយ​ និង​ ១២១​មាត្រា​ ដោយ​ចែក​ជា​ ១១​ជំពូក ។ តាម​ការ​ពិត ឯកសារ​នេះ​ពុំ​បាន​ប្រើ​ឲ្យ​មាន​របៀប​រៀបរយ​ឡើយ ។ ដូច្នេះ​រដ្ឋធម្មនុញ្ញ​ដែល​ប្រកាស​ឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​១៩៧២ គឺ​ត្រូវ​ផ្អាក​យ៉ាង​ហោច​ជិត​មួយ​ឆ្នាំ​ក្រោយ​មក​ទៀត ទើប​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​១៩៧៣ ។ ដូច្នេះ​យើង​នឹង​ធ្វើការ​ពិនិត្យ​មើល​ត្រួសៗ​នូវ​ច្បាប់​រដ្ឋធម្មនុញ្ញ​នេះ ។​

រដ្ឋធម្មនុញ្ញ​បាន​ដាក់​ជំនួស​អំណាច​ព្រះមហាក្សត្រ​ដែល​ត​ពី​ឪពុក​មក​កូន ដោយ​អំណាច​មក​ពី​ប្រជាជន​វិញ ដែល​ធានា​ដោយ​ការ​ជ្រើសរើស​ប្រធានាធិបតី​ និង​សមាជិក​សភា​តាម​រយៈ​ការ​បោះឆ្នោត​សកល ។​

រដ្ឋធម្មនុញ្ញ​បាន​អនុញ្ញាត​ឲ្យ​មាន​របប​ប្រធានាធិបតី​និយម​មួយ: ប្រធានាធិបតី​គឺ​ត្រូវ​ជ្រើសតាំង​ដោយ​ការ​បោះឆ្នោត​សកល ហើយ​រដ្ឋាភិបាល​ដែល​តែងតាំង​ដោយ​ប្រធានាធិបតី​គឺ​ទទួល​ខុសត្រូវ​តែ​ចំពោះ​មុខ​ប្រធានាធិបតី​ប៉ុណ្ណោះ ។ ដោយហេតុ​នេះ អំណាច​ផ្សេងៗ​របស់​នាយក​រដ្ឋមន្ត្រី​ជា​អំណាច​ដែល​មាន​កំណត់ ។​

ប្រធានាធិបតី​ជា​អ្នក​តែងតាំង​ឯកអគ្គរដ្ឋទូត​ទាំងឡាយ​ សមាជិក​ក្រុមប្រឹក្សារដ្ឋ អភិបាលខេត្ត ឧត្តមសេនានី សាកលវិទ្យាធិការ នាយក​រដ្ឋការ​កណ្តាល និង​សមាជិក​នៃ​ក្រុមប្រឹក្សា​សេន្យានុភាព ។ ប្រធានាធិបតី​ជា​មេបញ្ជាការ​ជាន់ខ្ពស់​បំផុត​នៃ​កម្លាំង​ទ័ព​របស់​សាធារណរដ្ឋ ។​

សភា​មាន​ពីរ​គឺ ព្រឹទ្ធសភា និង សភាជាតិ ។ សហសភា​នេះ​មាន​អំណាច​សម្តែង​នូវ​ការ​មិន​ទុកចិត្ត​របស់​ខ្លួន​ចំពោះ​សមាជិក​ម្នាក់​ឬ​ច្រើន​នាក់​របស់​រដ្ឋាភិបាល ។ ទ្វេសភានិយម​នេះ​បាន​កំណត់​ឲ្យ​រដ្ឋ​សភាជាតិ​មាន​អំណាច​ខ្ពស់​ជាង ។​

លក្ខណៈ​ថ្មី​ដ៏​ធំ​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧២ គឺ​ការ​បង្កើត​អំណាច​តុលាការ​មួយ​ដែល​ឯករាជ្យ​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់ ។ ជា​ការ​បង្កើត​ដោយ​គ្មាន​គិត​ពី​ថ្ងៃ​បន្ទាប់ វា​បង្ហាញ​ឲ្យ​ឃើញ​នូវ​បំណង​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ប្លែក​មួយ​ពីរ​របៀប​គ្រប់គ្រង​ដែល​មាន​ពី​មុន​មក ។ លក្ខន្តិកៈ​របស់​ពួក​អ្នក​កាន់​អំណាច​តុលាការ​(ចៅក្រម) សមាសភាព​នៃ​តុលាការ​កំពូល និង​ឧត្តម​ក្រុមប្រឹក្សា​តុលាការ​ លក្ខខណ្ឌ​ផ្សេងៗ​នៃ​ការ​ចាត់តាំង​សមាជិក​ទាំងឡាយ​របស់​អង្គការ​ទាំង​ពីរ​នេះ បាន​ផ្តល់​ឲ្យ​អំណាច​តុលាការ​នូវ​ឋានៈ​ឯករាជ្យ​ដែល​គេ​បាន​ឃើញ​ជា​ថ្មី​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​យល់ព្រម​នៅ​ឆ្នាំ​១៩៩៣ ។ គួរ​កត់សម្គាល់​ផង​ដែរ​ពី​ឥទ្ធិពល​របស់​ពួក​អ្នក​កាន់​អំណាច​ជំនាន់​នោះ អនុក្រឹត្យ​ទាំងអស់​សម្រាប់​អនុវត្ត​នូវ​រាល់​បទបញ្ញតិ​ត្រឹមត្រូវ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ទាក់ទង​ទៅ​នឹង​អំណាច​តុលាការ ត្រូវ​បាន​យក​ជា​ការ​ក្នុង​រយៈពេល​៥​ខែ ដែល​មាន​បន្ត​ពី​ការ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​រដ្ឋធម្មនុញ្ញ ។​

ស្ថាប័ន​ថ្មីៗ​ដែល​ធ្វើការ​អ្វី​តែ​មួយ​មុខ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​នឹង​ពង្រីក​ការ​បែងចែក​អំណាច និង​ធ្វើ​ឲ្យ​អាច​អនុវត្ត​បាន​នូវ​បណ្ដា​ច្បាប់គ្រឹះ​ដែល​ទទួល​ស្គាល់​ដោយ​ប្រជាពលរដ្ឋ គឺ​តុលាការ​ធម្មនុញ្ញ តុលាការ​ជាន់ខ្ពស់ ក្រុមប្រឹក្សារដ្ឋ ក្រុមប្រឹក្សា​សេន្យានុភាព ក្រុមប្រឹក្សា​ជាតិ​ខាង​ការ​អប់រំ​ និង​ខាង​វប្បធម៌​ និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គមកិច្ច ។

បទបញ្ញតិ​ខ្លះៗ​នៃ​រដ្ឋធម្មនុញ្ញ​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី រដ្ឋសភា​ជាតិ និង​ព្រឹទ្ធសភា ។​

ដំណើរ​មាន​ត​គ្នា​ហូរហែ​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​ផ្នែក​យោធា​ពុំ​អនុញ្ញាត​ឲ្យ​រដ្ឋធម្មនុញ្ញ​នេះ​ទទួល​ការ​សាកល្បង​អ្វី​ពី​ហេតុការណ៍​ផ្សេងៗ​ទេ ។ ការ​សម្តែង​ឆន្ទៈ​របស់​ក្រុម​វរជន​មួយ​ដែល​ទាក់ទង​នឹង​បញ្ញា​និង​សង្គម ដែល​មាន​ភាគតិច​បំផុត​នៅឡើយ​ក្នុង​ប្រទេស​យល់​ថា រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧២ ហាក់​ដូចជា​ធ្វើ​មុន​ពេល​វេលា​របស់​ខ្លួន ។ ដោយហេតុ​នេះ វា​សម្តែង​ឲ្យ​ឃើញ​នូវ​មហិច្ឆតា​មួយ​ដែល​អាច​ចុះសម្រុង​តិចតួច​ជាមួយនឹង​សមត្ថភាព ​និង​ឆន្ទៈ​របស់​ប្រជាជន​ភាគច្រើន​បំផុត​ដែល​ទទួល​ស្គាល់​នូវ​កាតព្វកិច្ច​ផ្សេងៗ​នៃ​នីតិរដ្ឋ​មួយ ។ តាម​របៀប​ដ៏​ជាក់លាក់​មួយ រដ្ឋធម្មនុញ្ញ​នេះ​បាន​អះអាង​បន្ថែមនូវ​ការ​បន្សោយ​សកម្មភាព​របស់​ខ្លួន​បន្ទាប់​ពី​ការ​ប្រកាស​ឲ្យ​ប្រើ​ចំនួន​១១​ខែ ។​

រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៧៦

ពីរ​បី​សប្ដាហ៍​បន្ទាប់​ពី​ការ​ដណ្តើម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ ប្រភេទ​មហាសន្និបាត​ជាតិ​មួយ បាន​ធ្វើ​ឡើង​នៅ​ក្នុង​អតីត​មណ្ឌលកីឡា​មួយ ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​១៩៧៥ ដែល​មាន​កម្មាភិបាល​នៃ​របប​ថ្មី​ជា​ច្រើន​រយ​នាក់​ចូលរួម ។ នៅ​ក្នុង​ឱកាស​នោះ គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​តាក់តែង​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ ។ បន្ទាប់​មក​សេចក្ដី​ព្រាង​នេះ​ត្រូវ​បាន​យល់ព្រម​ដោយ​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ ហើយ​បន្ទាប់​មក​ទៀត ដោយ​ការ​ប្រជុំ​មួយ​ដែល​មាន​កម្មាភិបាល​៧០០​នាក់​ចូលរួម​ក្នុង​រយៈពេល​៦​សប្ដាហ៍​នៅ​ស្តាត​អូឡាំពិក​នា​ខែវិច្ឆិកា​-​ធ្នូ ឆ្នាំ​១៩៧៥ ។ រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​១៩៧៦ និង​ណែនាំ​ឲ្យ​ដឹង​តាម​វិទ្យុ​ដោយ ហ៊ូ នឹម ជា​រដ្ឋមន្ត្រី​ព័ត៌មាន​ និង​ឃោសនាការ ។ នៅ​ថ្ងៃ​បន្ទាប់ បទ​អត្ថាធិប្បាយ​មួយ​របស់ ខៀវ សំផន ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​វិទ្យុ​ដែរ ។ ទោះជា​យ៉ាងណា​ក៏​ដោយ នេះ​ជា​បុព្វហេតុ​ផ្លូវការ​របស់​រដ្ឋធម្មនុញ្ញ​នេះ ដែល​បង្ហាញ​ដោយ ខៀវ សំផន ថា «ជា​ផ្លូវ​ដែល​ត្រួសត្រាយ​ដោយ​ឈាម​ស្រស់​របស់​បណ្ដា​កម្មករ កសិករ កងទ័ព​បដិវត្តន៍ និង​ប្រជាជន​កម្ពុជា» ។​

យើង​សូម​ចាប់ផ្តើម​ដោយ​ពិនិត្យ​មើល​អ្វី​ដែល​ពុំ​ឃើញ​មាន​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ ។ វា​គួរ​ឲ្យ​ឆ្ងល់​ដែរ​ដែល​ប្រការ​នេះ​អាច​មាន ព្រោះ​គេ​មិន​ប្រទះ​ឃើញ​ទាល់តែ​សោះ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ នូវ​ពាក្យ​ «ខ្មែរ» «សង្គមនិយម» «កុម្មុយនិស្ត​និយម» «ម៉ាក្ស​និយម» «បក្ស» ។ សម្រាប់​អ្វី​ដែល​ទាក់ទង​នឹង​ការ​គ្មាន​ពាក្យ «ខ្មែរ» ដែល​រឹតតែ​ឲ្យ​ឆ្ងល់​ជាង​មូលបទ​នៃ «ពូជសាសន៍​ខ្មែរ» នឹង​លេចឡើង​កាន់តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​សុន្ទរកថា​ និង​សៀវភៅ​ទាំងឡាយ​របស់​ពួក​ខ្មែរក្រហម ។ អតីត​កម្មាភិបាល​នៃ​បក្ស​នេះ​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា នៅ​ពេល​ដំបូង​នៃ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ការ​ប្រើប្រាស់​ពាក្យ​ក្នុង​បំណង​ជាតិនិយម​ជ្រុល​ហួសហេតុ​ដោយ​របប លន់ នល់ នៅ​តែ​មាន​ក្នុង​ចិត្ត​គំនិត​ប្រជាជន​ទាំងអស់ ។ គេ​មិន​ត្រូវការ​រង់ចាំ​យូរ​ដើម្បី​នឹង​ឲ្យ​ការ​ស្អប់ខ្ពើម​នេះ​រលាយ​បាត់​ទេ ។ ចំពោះ​ការ​គ្មាន​ឃើញ​ពាក្យ​ផ្សេងៗ​ទៀត លោក ដេវីដ ឆេនដល័រ បាន​បកស្រាយ​ថា គឺ​ដោយ​បំណង​បង្កើត​ប្រភេទ​មនោ​គម​វិជ្ជា​មួយ​ដែល​ប្លែក​ខុស​គ្នា​រវាង​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ពួក​អ្នក​បដិវត្តន៍​ជិតខាង​ដែល​និយម​តាម​ក្បួន​ទ្រឹស្តី​ជាង ។ ការ​បកស្រាយ​នេះ​ពុំ​ផ្ទុយ​គ្នា​នឹង​ការ​បកស្រាយ​របស់ខ្ញុំ​ទេ: កង្វល់​បិទ​បាំង​អត្តសញ្ញាណ​ពិតប្រាកដ​នៃ​កម្លាំង​នយោបាយ​ដែល​លាក់ខ្លួន​ពីក្រោយ​អ្វី​ដែល​គេ​ធ្លាប់​ស្គាល់​ក្រោយ​ឈ្មោះ​អង្គការ ។ គេ​ដឹង​ថា គេ​ត្រូវ​តែ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​១៩៧៧ មុន​នឹង ប៉ុល ពត និយាយ​ឲ្យ​ដឹង​ថា អង្គការ​គ្មាន​អ្វី​ផ្សេង​ក្រៅពី​បក្សកុម្មុយនិស្ត​ឡើយ ។

រដ្ឋធម្មនុញ្ញ​នេះ​មាន​បុព្វកថា​មួយ និង​ ២១​មាត្រា ដោយ​ចែក​ជា ១៦​ជំពូក ។​

បុព្វកថា​បាន​រំឭក​ពី​តួនាទី​ដ៏​សំខាន់​ដែល​សម្តែង​ក្នុង​ជ័យជម្នះ​ដោយ​កម្មករ កសិករ​ក្រ កសិករ​កណ្តាល ថ្នាក់​ក្រោម​ និង​ស្រទាប់​ពលករ​ផ្សេង​ទៀត​នៅ​ជនបទ​ និង​ទីក្រុង ដែល​មាន​ចំនួន​ជាង​ ៩៥​ភាគរយ​នៃ​ប្រជាជាតិ​កម្ពុជា​ទាំងមូល «រួម​ទាំង​កងទ័ព​បដិវត្ត​កម្ពុជា​ទាំង​បី​ប្រភេទ​ផង» ។ ពួក​អ្នក​បង្កើត​ជ័យជម្នះ​ទាំងនេះ​ចង់​បាន​សង្គម​មួយ​ដែល «គ្មាន​អ្នកមាន គ្មាន​អ្នកក្រ គ្មាន​វណ្ណៈ​ជិះជាន់​គេ គ្មាន​វណ្ណៈ​ត្រូវ​គេ​ជិះជាន់» ។ ការ​បញ្ជាក់​អត្តសញ្ញាណ​របស់​ពួក​អ្នក​បង្កើត​ជ័យជម្នះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ការ​ប្រាប់​ឲ្យ​ដឹង​មួយ អំពី​ការ​បដិសេធ​មិន​ចាត់​ទុក​អង្គការ​សង្គម​ទាំងអស់​ជា​ប្រជាជាតិ​ទាំងមូល ។ ក្នុង​ពេល​ដំបូង ប្រជាជន​មួយ​ផែ្នក​គ្មាន​ដឹង​ពី​ការ​ប្រកាស​ប្រើ​រដ្ឋធម្មនុញ្ញ​នេះ​ទេ ។ គ្មាន​សេចក្ដី​បញ្ជាក់​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​បណ្ដា​ក្រុម​សង្គម​ជា​ប្រពៃណី​ទេ: គ្រួសារ សហគមន៍ សាសនា​នានា បណ្ដា​ជាន​ជាតិ​ភាគតិច ។ ទស្សនៈ​សមភាព​នៃ​រដ្ឋាភិបាល​ថ្មី​ក៏​ត្រូវ​បាន​ប្រកាស​តាំង​តែ​ពី​ដំបូង​ដែរ ។​

ជំពូក​១ មាត្រា​១ បាន​បង្ហាញ​ឈ្មោះ​រដ្ឋ​ថ្មី និង​បញ្ជាក់​ជា​ពិសេស​ថា គឺ​កម្មករ​-​កសិករ និង​ពលករ​កម្ពុជា​ផ្សេង​ទៀត​ទាំងអស់​សុទ្ធតែ​ម្ចាស់​កម្មសិទ្ធិ​រដ្ឋ​នេះ ។​

ជំពូក​២ មាត្រា​២ បាន​ចែង​ក្នុង​កថាខណ្ឌ​ដំបូង​ថា មធ្យោបាយ​ផលិតកម្ម​ទាំងអស់​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​សមូហភាព ។ កថាខណ្ឌ​ទី​ពីរ​បញ្ជាក់​ថា របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ស្ថិត​នៅ​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ឯកជន ។

លោក ដេវីដ ឆេនដល័រ បាន​សង្កេត​ឃើញ​នូវ​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ផ្នែក​ស័ព្ទ​ន័យ​រវាង​ពាក្យ​ទាំងឡាយ​ដែល​គូស​បញ្ជាក់​ក្នុង​ជំពូក​ និង​មាត្រា​ទាំង​ពីរ​ដំបូង ដើម្បី​ប្រាប់​ឲ្យ​ដឹង​ពី​ពាក្យ «មាន» ។ ពាក្យពេចន៍​ខ្មែរ​ដែល​ប្រើប្រាស់ គឺ​មាន​លក្ខណៈ​ខ្លាំង​ជាង​សម្រាប់​ចង្អុល​បង្ហាញ​នៅ​មាត្រា​២ កថាខណ្ឌ​ទី​១ ។ រដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ​គឺ​ដើម្បី​សម្គាល់ថា កម្មករ​-​កសិករ និង​ពលករ​ផ្សេង​ទៀត​ទាំងអស់​ជា​ម្ចាស់​របស់​រដ្ឋ (មាត្រា​១) និង​សម្រាប់​សម្គាល់​កម្មសិទ្ធិ​របស់​ប្រជាជន​ម្នាក់ៗ (មាត្រា​២ កថាខណ្ឌ​ទី​២) ។

គ្មាន​អត្ថន័យ​ណា​មួយ​បញ្ជាក់​ពី​អ្វី​ដែល​គេ​ចង់​និយាយ​ថា «របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ» ឡើយ ។ គេ​អាច​ត្រឹមតែ​វាយតម្លៃ​ថា​វា​ពុំ​មែន​ជា​មធ្យោបាយ​ផលិតកម្ម​ប៉ុណ្ណោះ ។ ចុះ​ចំណែក​របស់ទ្រព្យ​ដូច​ជា ទីលំនៅ ច្បារ​បន្លែ ចម្ការ ដើមឈើ​ហូប​ផ្លែ​ វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ (របស់​គ្រួសារ) ដែល​ពុំ​មែន​ជា​របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ពុំ​មែន​ជា​មធ្យោបាយ​ផលិតកម្ម តើ​ត្រូវ​គិត​យ៉ាង​ណា​វិញ ? ។ រដ្ឋធម្មនុញ្ញ​ពុំ​ទទួល​ស្គាល់​អត្ថិភាព​របស់​វា​ទេ ។​

ជំពូក​៣ មាត្រា​៣ និយាយ​អំពី​របប​វប្បធម៌ ដែល​ត្រូវ​តែ​មាន​លក្ខណៈ «ជាតិ ប្រជាជន និង​ចម្រើន​ស្អាតស្អំ» ដោយ​ប្រឆាំង​ដាច់ខាត​នឹង «វប្បធម៌​ពុក​រលួយ​ប្រតិកិរិយា​របស់​វណ្ណៈ​ជិះជាន់​ផ្សេងៗ និង​របស់​អាណានិគមនិយម​ចក្រពត្តិនិយម​នៅ​កម្ពុជា» ។​

ការ​ប្រឆាំង​នេះ​រួម​បញ្ចូល​ទាំង​ការ​បដិសេធ​មិន​ឲ្យ​មាន​ភាសាបរទេស​ទាំងអស់ គឺ​បារាំង​ និង​អង់គ្លេស ប៉ុន្តែ ក៏​បដិសេធ​ទស្សនៈ​ផ្សេងៗ​ដែល​ផ្ទុយ​នឹង​បដិវត្តន៍​ដែរ ដូច​ជា កម្មសិទ្ធិ​សួនតួ​ សិទ្ធិ​ឯកត្តជន សេចក្ដី​ថ្លៃថ្នូរ​ផ្ទាល់ខ្លួន​… ។

ជំពូក​៤ មាត្រា​៤ បញ្ជាក់​ពី​របប​សមូហភាព​ដឹកនាំ និង​ធ្វើ​ការងារ ។​

ជំពូក​៥ ដែល​មាន​៣​មាត្រា អធិប្បាយ​អំពី​អំណាច​ធ្វើ​ច្បាប់ ។ «សភា​តំណាង​ប្រជាជន​កម្ពុជា» មួយ​ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​តាំង​ឡើង​ក្នុង​រយៈកាល​៥​ឆ្នាំ​ម្ដង រួម​មាន​សមាសភាព​តំណាង​កសិករ​ ១៥០​នាក់ តំណាង​កម្មករ​ និង​ពលករ​ផ្សេងៗ​ទៀត​ ៥០​នាក់ និង​តំណាង​កងទ័ព​បដិវត្តន៍​ ៥០​នាក់ ។ សភា​តំណាង​ប្រជាជន​មាន​ភារៈ​សម្រេច​ច្បាប់​ និង​កំណត់​មាគ៌ា​នយោបាយ​ផ្សេងៗ​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស ។ នៅ​ខែមីនា ឆ្នាំ​១៩៧៦ ការ​បោះឆ្នោត​ជ្រើសតាំង​សភា​នេះ​បាន​ដាក់​កំណត់​ដល់​ពួក​អ្នកបោះឆ្នោត​តាម​ការ​ជ្រើសរើស​ជា​មុន​មួយ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ ។ វា​ហាក់​ដូចជា​ថា សភា​តំណាង​ប្រជាជន​នេះ​ដែល​ប្រគល់​អំណាច​ដ៏​ទូលំទូលាយ​ដោយ​រដ្ឋធម្មនុញ្ញ​បាន​រួម​ប្រជុំ​គ្នា​តែ​មួយ​ដង​គត់​ពី​ថ្ងៃ​ទី​១១ ដល់ទី​១៣ ខែមេសា ឆ្នាំ​១៩៧៦ ។ ការ​ប្រជុំ​នេះ​ដឹកនាំ​ដោយ នួន ជា ជា​ជន​ទី​២ នៃ​ឋានានុក្រម​នយោបាយ ។ ដោយ​អាស្រ័យ​អំណាច​នៃ​រដ្ឋធម្មនុញ្ញ ដែល​ឲ្យ​សភា​តំណាង​ប្រជាជន​ជ្រើសតាំង​រដ្ឋាភិបាល ​តុលាការ​ប្រជាជន គណៈ​ប្រធាន​រដ្ឋ សភា​តំណាង​ប្រជាជន​នេះ​មិន​ដែល​ប្រើ​អំណាច​ដែល​រដ្ឋធម្មនុញ្ញ​ប្រគល់​ឲ្យ​ទាល់តែ​សោះ ។​

ជំពូក​៦ មាន​២​កថាខណ្ឌ និយាយ​អំពី​អង្គការ​នីតិប្រតិបត្តិ​ដែល «មាន​ភារកិច្ច​អនុវត្ត​ច្បាប់​ និង​មាគ៌ា​នយោបាយ​ទាំងអស់​របស់​សភា​តំណាង​ប្រជាជន​កម្ពុជា» ។ រដ្ឋាភិបាល​ត្រូវ​ជ្រើសតាំង​ឡើង​ដោយ​សភា​តំណាង​ប្រជាជន​កម្ពុជា ហើយ​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​សភា​តំណាង​ប្រជាជន​កម្ពុជា ។

ជំពូក​៧ មាន​២​មាត្រា​និយាយ​អំពី​តុលាការ ជា​តុលាការ​របស់​រដ្ឋ សំដៅ​ការពារ​រដ្ឋ ពោល​គឺ​រដ្ឋអំណាច ។ តុលាការ​ជា​ «តុលាការ​របស់​ប្រជាជន តំណាង​យុត្តិធម៌​របស់​ប្រជាជន​ ការពារ​សិទ្ធិ​សេរីភាព​ ប្រជាធិបតេយ្យ​របស់​ប្រជាជន ហើយ​ផ្តន្ទាទោស​ដល់​គ្រប់​សកម្មភាព​ដែល​ប្រឆាំង​នឹង​រដ្ឋ​របស់​ប្រជាជន ឬ​ល្មើស​នឹង​ច្បាប់​រដ្ឋ​របស់​ប្រជាជន ។ ប្រភេទ​សកម្មភាព​ប្រឆាំង​នេះ​នឹង​ត្រូវ​ផ្តន្ទាទោស​កម្រិត​ខ្ពស់​បំផុត ហើយ​ចំពោះ​ប្រភេទ​ល្មើស​ក្រៅពី​ប្រភេទ​ល្មើស​ខាងលើ ត្រូវ​អប់រំ​កសាង​ក្នុង​អង្គការ​រដ្ឋ ឬ​ក្នុង​ក្របខណ្ឌ​អង្គការ​ប្រជាជន ។ តុលាការ​គ្រប់​ជាន់​ថ្នាក់​ត្រូវ​ជ្រើសរើស​ និង​តែងតាំង​ដោយ​សភា​តំណាង​ប្រជាជន» ។​

មាត្រា​១១ នៃ​ជំពូក​ទី​៨ និយាយ​អំពី​គណៈ​ប្រធាន​រដ្ឋ​ រួម​មាន ប្រធាន​មួយ​រូប និង​អនុប្រធាន​២​រូប (ទី​១​ និង​ទី​២) ដែល​ជ្រើសរើស​ និង​តែងតាំង​ឡើង​ដោយ​សភា​តំណាង​ប្រជាជន​កម្ពុជា​សម្រាប់​រយៈពេល​៥​ឆ្នាំ​ម្ដង ។ មុខងារ​របស់​គណៈ​ប្រធាន​រដ្ឋ​នេះ គ្រាន់តែ​ជា​តំណាង​ប៉ុណ្ណោះ ។​

ជំពូក​៩ មាន​៣​មាត្រា និយាយ​អំពី​សិទ្ធិ​ និង​ករណីយកិច្ច​របស់​ប្រជាជន​ម្នាក់ៗ សិទ្ធិ​ជីវភាព​ពេញទី​ខាង​សម្ភារៈ ខាង​ស្មារតី​ និង​ខាង​វប្បធម៌ ដែល​ត្រូវ​បាន​កែប្រែ​ឲ្យ​រីក​ចម្រើន​ខ្ពស់​ឡើង​ជានិច្ច ។ ប្រជាជន​គ្រប់​រូប​សុទ្ធតែ​ត្រូវ​បាន​ធានា​អះអាង​ខាង​ជីវភាព​ទាំងអស់ កម្មករ​គ្រប់​រូប​ជា​ម្ចាស់​រោងចក្រ កសិករ​គ្រប់​រូប​ជា​ម្ចាស់​ស្រែ​ចម្ការ ។ មាត្រា​នេះ​និយាយ​ថា ពួក​គេ​សុទ្ធតែ​ជា​ម្ចាស់ ហើយ​លោក ដេវីដ ឆេនដល័រ បាន​សង្កេត​ឃើញ​ថា ពាក្យពេចន៍​ដែល​ប្រើប្រាស់​បង្ហាញ​ថា ពួក​គេ​ពុំ​មែន​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ទាំងនោះ ។ ច្បាប់​នេះ​គឺ​ត្រូវ​បញ្ចូល​ទៅ​ក្នុង​បរិបទ​ជា​ប្រវត្តិសាស្ត្រ​របស់​វា បើ​គេ​ចង់​យល់​ច្បាស់​ថា​គោលបំណង​ដែល​សម្តែង​ឲ្យ​ឃើញ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ គឺ​បញ្ចប់​នូវ​សិទ្ធិ​នានា ដែល​រហូត​មក​ទល់​ពេល​នេះ មាន​យ៉ាងច្រើន​លើសលប់​របស់​ពួក​ម្ចាស់​កម្មសិទ្ធិ​ដី ពួក​ព្រឹទ្ធិករ (អ្នក​យកការប្រាក់​ហួសហេតុ) ពួក​អ្នកជំនួញ ។ តាម​ការ​ពិត គេ​ក៏​ដឹង​ដែរ​ថា ចៅហ្វាយ​ថ្មី​របស់​ប្រទេស​កំពុង​បង្ខំ​ឲ្យ​ប្រជាជន​ទាំងអស់​ព្រម​ទទួល​ច្បាប់​នេះ​ដោយ​អំណាច​ ហើយ​ដែល​គ្មាន​បញ្ចូល​ទាល់តែ​សោះ ក្នុង​រដ្ឋធម្មនុញ្ញ គឺ​បក្ស ។ សិទ្ធិ​មាន​ការងារ​ធ្វើ​ និង​ភាព​គ្មាន​ការងារ​ធ្វើ ក៏​ត្រូវ​ប្រកាស​ក្នុង​រដ្ឋធម្មនុញ្ញ​ដែរ ។ ប៉ុន្តែ​គេ​ត្រូវ​តែ​យល់​ថែម​ទៀត​ថា បទបញ្ញត្តិ​នេះ​ជា​ការ​ហាម​មួយ​មិន​ឲ្យ​ប្រជាជន​នៅ​ទំនេរ ពីព្រោះ​ប្រជាជន​គ្រប់​រូប​មាន​សិទ្ធិ​មាន​ការងារ​ធ្វើ​មួយ ។ មាត្រា​១៣ ជំពូក​៩ ចែង​ថា ត្រូវ​មាន​សមភាព​ពេញទី​រវាង​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុង​សង្គម​កម្ពុជា​មួយ​ស្មើភាព យុត្តិធម៌ ប្រជាធិបតេយ្យ ជា​សមភាព​ដែល​មាន​ន័យ​ជា​អាទិ៍​ថា ការ​ស្ដាប់​បង្គាប់​ដូច​គ្នា​ទាំងអស់​ចំពោះ​បដិវត្តន៍ ។ ការ​ហាម​ឃាត់​ពីរ ត្រូវ​បាន​បន្ថែម​ទៅ​លើ​សិទ្ធិ​ទាំងនោះ គឺ​ការ​មិន​អនុញ្ញាត​ឲ្យ​មាន​ប្រពន្ធ​ច្រើន​ឬ​ប្តី​ច្រើន​ឡើយ ។

មាត្រា​១៥ ជំពូក​១០ ប្រាប់​ឲ្យ​ដឹង​ថា ភ្នំពេញ​នៅ​តែ​ជា​រដ្ឋធានី ។ មាត្រា​១៦ ជំពូក​១១ រៀបរាប់​ពី​ទង់ជាតិ​ដែល​មាន​រូប​ប្រាសាទ​កំពូល​បី​ពណ៌​លឿង​នៅ​ចំ​កណ្តាល​ផ្ទៃ​ក្រហម ។ ប្រាសាទ​អង្គរវត្ត​ពណ៌​លឿង​ជា​និមិត្តរូប​នៃ​ប្រពៃណី​ជាតិ​ និង​ប្រជាជន​កម្ពុជា​ដែល​ជា​អ្នក​ការពារ​ប្រទេស ជា​អ្នក​ស្ថាបនា​ប្រទេស​ឲ្យ​បាន​ថ្កុំថ្កើង​រុងរឿង ។ គេ​នឹង​សម្គាល់​ឃើញ​ថា ទង់ជាតិ​នេះ​មិន​សូវ​ខុស​គ្នា​នឹង​ទង់ជាតិ​របស់​ពួក​ខ្មែរឥស្សរៈ​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​វត្តមាន​របស់​បារាំង​នៅ​ចុង​សតវត្សរ៍​ឆ្នាំ​១៩៤០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៥០ ប៉ុន្មាន​ទេ លើកលែងតែ​ចំណុច​មួយ​ប៉ុណ្ណោះ គឺ​ប្រាសាទ​កំពូល​បី​ជំនួស​ប្រាសាទ​កំពូល​ប្រាំពី​មុន ។

មាត្រា​១៧ ជំពូក​១២ រៀបរាប់​ពី​សញ្ញា​ជាតិ​គឺ​មាន​ប្រព័ន្ធ​ភ្លឺស្រែ ​និង​ប្រឡាយ​ទឹក ជា​និមិត្តរូប​នៃ​ភាព​ជឿនលឿន រោងចក្រ​មួយ​មាន​កម្រង​កួរស្រូវ​ព័ទ្ធ​ពី​ក្រៅ​ជា​រាង​ស្នែងក្របី និង​មាន​ឈ្មោះ​ប្រទេស​ពីក្រោម ។ សញ្ញា​ជាតិ​នេះ​មាន​លក្ខណៈ​សាមញ្ញ​ជាង​សញ្ញា​ជាតិ​ដែល​មាន​ពី​មុនៗ ហើយ​ដែល​គ្មាន​សញ្ញា​យោង​ពី​ព្រះពុទ្ធ​សាសនា​ទាល់តែ​សោះ ។​

មាត្រា​១៨ ជំពូក​១៣ បញ្ជាក់​ថា ភ្លេងជាតិ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​គឺ «១៧ មេសា មហា​ជោគជ័យ» ដែល​ជា​ព្រឹត្តិការណ៍​មួយ​មាន​ន័យ​ធំធេង​ជាង​សម័យ​អង្គរ​ទៅ​ទៀត ។ តាម​ពិត​នេះ​ជា​ចម្រៀង​កងទ័ព​មួយ​ឧទ្ទិស​ដល់​ជោគជ័យ​របស់​កងទ័ព​ច្រើន​ជាង​ជោគជ័យ​របស់​ប្រទេស ។​

មាត្រា​១៩ ជំពូក​១៤ និយាយ​ពី​កងទ័ព​បដិវត្តន៍​ដែល​រួម​មាន​កងទ័ព​ស្រួច​ តំបន់ ឈ្លប ដែល​យុទ្ធ​ជន​-​យុទ្ធ​នារី​កម្មាភិបាល​សុទ្ធតែ​ជា​កូនចៅ​របស់​ប្រជាជន កម្មករ កសិករ ពលរដ្ឋ​កម្ពុជា​ផ្សេង​ទៀត ។ កងទ័ព​នេះ​រ៉ាប់រង​ការពារ​រដ្ឋអំណាច​របស់​ប្រជាជន​ និង​រួមចំណែក​កសាង​ប្រទេស​ជាតិ​ឲ្យ​ថ្កុំថ្កើង​រុងរឿង ។ ប្រការ​នេះ​បង្ហាញ​ថា កងទ័ព​រួម​បង្ក​ជា​ឧបករណ៍​ដ៏​សំខាន់​ក្នុង​ការ​កាន់កាប់​អំណាច ។​

ជំពូក​២០ មាត្រា​១៥ និយាយ​អំពី​សិទ្ធិ​ខាង​ជំនឿ​ និង​សាសនា ហើយ​ជា​ពិសេស​សិទ្ធិ «មិន​ជឿ​លើ​ជំនឿ​អ្វី ឬ​មិន​ជឿ​សាសនា» ក៏​បាន ។ សិទ្ធិ​មិន​ជឿ​នេះ​គឺ​ត្រូវ​បាន​លើក​ឡើង​ដោយ​ខៀវ សំផន ក្នុង​ការ​និយាយ​របស់​គាត់​ផ្សាយ​តាម​វិទ្យុ​ថា ជា​ការ​រីក​លូតលាស់​ដ៏​សំខាន់​មួយ និង​ជា​ការ​បង្កើត «សេរីភាព​ថ្មី» មួយ ។ គ្រប់ការ​និយាយ​យោង​ពី​ព្រះពុទ្ធ​សាសនា គឺ​គ្មាន​តែ​ម្ដង​ដែល​មាន​ភាព​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង​នឹង​រដ្ឋធម្មនុញ្ញ​ផ្សេងៗ​ទៀត​ទាំងអស់ ។​

មាត្រា​ចុង​ក្រោយ​គឺ​មាត្រា​២១ មាន​លក្ខណៈ​វែង​ជាងគេ ។ មាត្រា​នេះ​និយាយ​អំពី​នយោបាយ​ក្រៅប្រទេស​ទាំងស្រុង​ និង​បាន​រំឭក​អំពី​បំណង​គោរព​អធិបតេយ្យភាព បូរណភាព​ដែនដី​គ្នា​ទៅ​វិញ​ទៅ​មក ប្រកាន់ខ្ជាប់​នូវ​នយោបាយ​ឯករាជ្យ​ សន្តិភាព អព្យាក្រឹត និង​មិន​ចូលបក្ស​សម្ព័ន្ធ ដែល​បង្ហាញ​ឲ្យ​ដឹង​រួច​មក​ហើយ​ក្នុង​មាត្រា​១ ដើម្បី​បញ្ជាក់​លក្ខណៈ​ប្រទេស និង​ក្នុង​មាត្រា​១៩ ដើម្បី​បង្ហាញ​ពី​រដ្ឋអំណាច​ដែល​កងទ័ព​ទាំង​បី​ប្រភេទ​ត្រូវ​តែ​ការពារ ។ មាត្រា​នេះ​ប្រឆាំង​ដាច់ខាត​នឹង​ការ​ជ្រៀតជ្រែក​គ្រប់​បែប​យ៉ាង​ពី​ខាងក្រៅ​មក រួម​ទាំង​តាម​រូបភាព «មនុស្សធម៌» ផង ។ មាត្រា​នេះ​បាន​ប្រកាស​ពី​ការ​ស្ថិត​នៅ​ក្នុង​មហា​គ្រួសារ​នៃ​បណ្ដា​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ ហើយ​ខិតខំ​បង្កើន​សាមគ្គីភាព​របស់​ខ្លួន​ជាមួយ​ប្រទេស​នានា ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ចក្រពត្តិនិយម ។ សារៈសំខាន់​នៃ​មាត្រា​នេះ ដែល​ផ្តល់​ឲ្យ​មក​អំពី​នយោបាយ​ការបរទេស ភាព​វែង​នៃ​មាត្រា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​សំខាន់​ពីរ​ដង​ច្រើន​ជាង​មាត្រា​ឯទៀតៗ គឺ​មាត្រា​និយាយ​ពី​កងទ័ព បាន​បង្ហាញ​ការ​ប្រើ​មាត្រា​នេះ​សំដៅ​បញ្ជូន​ជា​អាទិ៍​នូវ​ន័យ​នយោបាយ​ដ៏​ធំ​មួយ​ចំពោះ​ពិភព​ខាងក្រៅ ។​

ការ​កត់សំគាល់​សំខាន់​ខ្លះៗ ៖

  1. គំរូ​នៃ​សង្គម​ដែល​ដាក់​គ្រឿង​បង្កើត​ផលិតកម្ម​ទាំង​ប៉ុន្មាន​ឲ្យ​ទៅ​ជា​សម្បត្តិ​រួម ជា​សញ្ញា​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ថា សមភាព​និយម​ក្នុង​ភាព​ជា​អ្នកបម្រើ​រដ្ឋ ត្រូវ​បាន​សង្កត់​បញ្ជាក់​ក្នុង​មាត្រា​ជា​ច្រើន (មាត្រា​២, ៤, ១៣, ១៤, ១៩) ។​
  2. រដ្ឋធម្មនុញ្ញ​នេះ​ប្រកាស​នូវ​ការ​កាត់​ផ្តាច់​ដាច់​ស្រឡះ​មួយ​ជាមួយ​អតីតកាល ។​

អ្វីៗ​ទាំងអស់​ដែល​បង្កបង្កើត​ជា​ប្រពៃណី​របស់​កម្ពុជា​ ដូច​ជា​ គ្រួសារ សាសនា ព្រះរាជវាំង រដ្ឋបាល​ជាន់ខ្ពស់ ឋានានុក្រម​នៃ​សង្គម គឺ​គ្មាន​និយាយ​ទាល់តែ​សោះ បើ​មិន​ដូច្នេះ​ទេ ត្រូវ​រំលាយ​ចោល​តែ​ម្ដង ។ សភា​តំណាង​រដ្ឋាភិបាល តុលាការ​ប្រជាជន​គ្រប់​ជាន់ថ្នាក់ និង​កង​ទ័ព គឺជា​ស្ថាប័ន​តែ​មួយ​គត់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ ។​

ដើម្បី​បញ្ចប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ប្រជាធិបតេយ្យ​នេះ យើង​សូម​វាយតម្លៃ​ពី​សារៈសំខាន់​ដ៏​តិចតួច​របស់​វា ។ ភាគច្រើន​នៃ​មាត្រា​ដែល​មាន​ចំនួន​តិច​បំផុត​ស្រាប់​ទៅ​ហើយ គឺ​មិន​ដែល​ត្រូវ​បាន​អនុវត្ត​ទេ ។ ចំពោះ​ពួក​មេ​ដឹកនាំ​បាន​ណែនាំ​ឲ្យ​ជឿ​ថា អំណាច​ពុំ​មែន​ចេញពី​ប្រជាជន ពី​ក្បួន​ទ្រឹស្តី​មួយ​ទេ ប៉ុន្តែ​គឺ​ពិតជា​ចេញពី​កងទ័ព ។ រដ្ឋធម្មនុញ្ញ​នេះ គ្រាន់តែ​ជា​ការ​តុបតែង​មួយ​សំដៅ​ធ្វើ​ឲ្យ​គេ​ជឿ​ពី​អត្ថិភាព​នៃ​រដ្ឋ​មួយ​ទៅ​តាម​ន័យ​របស់​ពាក្យ​ដូច​ធ្លាប់​មាន​មក​ហើយ​ប៉ុណ្ណោះ ។​

រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨១

ក្នុង​ឱកាស​នៃ​ការ​បង្កើត​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ ក្នុង​ស្រុក​ស្នួល​ ខេត្តក្រចេះ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​បង្ហាញ​ឲ្យ​ដឹង​នូវ​កម្មវិធី​មួយ​មាន​ ១១​ចំណុច​ ដែល​មាន​ខ្លឹមសារ​ជា​ពិសេស​គឺ ការ​សន្យា​រៀបចំ​តាក់តែង «រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ដោយ​អះអាង​នូវ​សិទ្ធិ​ផ្សេងៗ​អំពី​សមភាព ​សេរីភាព​ពិតប្រាកដ និង​លទ្ធិប្រជាធិបតេយ្យ» ។​

លោក រស់ សម័យ សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​នៃ​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដែល​ជា​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​មួយ​ធ្លាប់​គ្រប់គ្រង​ដឹកនាំ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នៅ​ពេល​ដំបូងៗ ត្រូវ​បាន​ផ្ទុកផ្តាក់​ឲ្យ​រៀបចំ​តាក់តែង​រដ្ឋធម្មនុញ្ញ​ដំបូង​មួយ ។ បើ​គេ​សំអាង​លើ​កិច្ចការ​ផ្សេងៗ​របស់​លោក រូហ្គ័រ ឃឺសូ និង ម៉ៃឃើល វីកឃើរី គឺ​អត្ថបទ​ផ្សេងៗ​ទៀត​នៃ​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​រៀបចំ​ដោយ​ក្រុមការងារ​ជាច្រើន​នៅ​រវាង​ឆ្នាំ​១៩៧៩ និង ១៩៨១ ។ ការ​រៀបចំ​រដ្ឋធម្មនុញ្ញ​បាន​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​យ៉ាង​ខ្លាំងក្លា​ក្នុង​ផ្ទៃ​បក្ស​ និង​រដ្ឋាភិបាល ។ មហា​សន្និបាត​មួយ​ដែល​មាន​កម្មាភិបាល​បក្ស​ជា​ច្រើន​នាក់​ចូលរួម បាន​ពិភាក្សា​គ្នា​ក្នុង​រយៈពេល​៣​ថ្ងៃ​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៨១ ហើយ​របៀប​អធិប្បាយ​ថ្មី​មួយ​អំពី​ច្បាប់​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​បង្ហាញ​ជូន​មនុស្ស ១០០០០​នាក់ ដែល​ប្រមូលផ្តុំ​នៅ​ស្តាត​អូរឡាំពិក​នា​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​១៩៨១ ។​

ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១ ខែឧសភា ។ ចំនួន​បេក្ខជន​ឈរ​ឈ្មោះ​មាន ១៤៨​រូប ច្រើន​ជាង​អាសនៈ​ដែល​មាន​ចំនួន​១១៧ ។ ក្នុង​ចំណោម​បេក្ខជន​ទាំងនោះ មាន​ឥស្សរជន​ជា​ច្រើន​រូប​ដែល​គ្មាន​អតីតកាល​ជា​កុម្មុយនិស្ត ជួនកាល​ពុំ​មែន​ជា​អ្នកនយោបាយ​ពី​មុន​មក​ផង ។ នៅ​ពេល​បើក​ការ​ប្រជុំ​របស់​ខ្លួន​នា​ថ្ងៃ​ទី​២៤ ខែមិថុនា រដ្ឋសភា​បាន​ចាប់ផ្តើម​ពិភាក្សា​សេចក្ដី​ព្រាង​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ ។ ការ​ធ្វើ​វិសោធនកម្ម​ជា​ច្រើន​ត្រូវ​បាន​បញ្ចូល ហើយ​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ។​

រដ្ឋធម្មនុញ្ញ​រួម​មាន​បុព្វកថា​មួយ និង​ ៩៣​មាត្រា ចែក​ជា​ ១០​ជំពូក ។​

ជំពូក​ទី​១ និយាយ​ពី​ប្រព័ន្ធ​នយោបាយ​មួយ​ដែល «បោះ​ជំហាន​ទៅ​មុខជា​លំដាប់ៗ ឆ្ពោះទៅ​សង្គមនិយម» (មាត្រា​១) ។ អំណាច​ទាំងអស់​ជា​របស់​ប្រជាជន​ដែល​ប្រើ​រដ្ឋអំណាច តាម​រយៈ​រដ្ឋសភា​ និង​អង្គការ​រដ្ឋ​នានា​ដែល​ប្រជាជន​ជ្រើសតាំង​ឡើង ​(មាត្រា​២) ។ ភារកិច្ច​ដឹកនាំ​របស់​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​គឺ​មាន​បញ្ជាក់​ក្នុង​មាត្រា​៤ ។ រដ្ឋ​អនុវត្ត​នយោបាយ​សាមគ្គីភាព​ និង​ស្មើភាព​រវាង​ជនជាតិ​ទាំងអស់​ដែល​រស់នៅ​ក្នុង​សហគមន៍​ជាតិ​កម្ពុជា ។ ភាសា​ និង​អក្សរ​ ព្រមទាំង​ទម្លាប់​ល្អៗ​របស់​ជនជាតិ​ភាគតិច ត្រូវ​គោរព​ និង​អភិវឌ្ឍ ។ អំពើ​ប្រមាថ​មាក់ងាយ អំពើ​ជិះជាន់ និង​ការ​បែងចែក​ជនជាតិ​នានា ត្រូវ​បាន​ហាម​ឃាត់ (មាត្រា​៥) ។ សេរីភាព​ខាង​ជំនឿ​ត្រូវ​បាន​គោរព ប៉ុន្តែ​សាសនា​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​របៀប​រៀបរយ​សាធារណៈ​ឡើយ (មាត្រា​៦) ។ បុរស​ និង​ស្ត្រី​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​អាពាហ៍ពិពាហ៍​ និង​ក្នុង​គ្រួសារ អាពាហ៍ពិពាហ៍​ត្រូវ​ធ្វើ​តាម​លក្ខការណ៍​ស្ម័គ្រចិត្ត​ប្តី​មួយ​ប្រពន្ធ​មួយ ។ ការ​បង្ខិតបង្ខំ​ក្នុង​អាពាហ៍ពិពាហ៍​ត្រូវ​ហាមឃាត់ (មាត្រា​៧) ។ មាតាបិតា​មាន​ករណីយកិច្ច​អប់រំ​ថែទាំ​ចិញ្ចឹម​កូន កូន​មាន​កាតព្វកិច្ច​បីបាច់​ថែរក្សា​មាតាបិតា (មាត្រា​៨) ។ ប្រជាជន​ម្នាក់ៗ​មាន​ករណីយកិច្ច​ការពារ​ប្រទេស ហើយ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​សម​នឹង​ការ​ស្រលាញ់​រាប់អាន ​និង​ការ​ទុកចិត្ត​របស់​ប្រជាជន (មាត្រា​៩) ។ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​អនុវត្ត​នយោបាយ​ក្រៅប្រទេស​មួយ​តាម​ទិស​ដៅ «ឯករាជ្យ សន្តិភាព​ និង​មិន​ចូលបក្ស​សម្ព័ន្ធ» ហើយ​ «រឹតចំណង​សាមគ្គីភាព​មិត្តភាព​ និង​សហប្រតិបត្តិការ​ជាមួយ​វៀតណាម ឡាវ សហភាព​សូវៀត​ និង​ប្រទេស​សង្គមនិយម​ជា​បងប្អូន​ឯទៀតៗ» (មាត្រា​១០) ។​

ដោយ​រៀបចំ​ប្រទេស​ទៅ​តាម​ប្រព័ន្ធ​កុម្មុយនិស្ត​ និង​ចំណងទាក់ទង​ទាំងឡាយ​របស់​ខ្លួន​ជាមួយ​អន្តរជាតិ ជំពូក​ទី​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវ​គោល​សំខាន់ៗ​ជា​ប្រពៃណី​របស់​សង្គម​កម្ពុជា​ដែរ ការ​រួមរស់​ដោយ​សុខដុមរមនា​រវាង​ជនជាតិ​ភាគតិច​ទាំងអស់​របស់​ប្រជាជាតិ គ្រួសារ ហើយ​ជា​ពិសេស​ទំនាក់ទំនង​រវាង​មាតាបិតា កូន ការ​ប្រតិបត្តិ​សាសនា ទោះជា​ត្រង់​ចំណុច​នេះ ព្រះពុទ្ធ​សាសនា​ពុំ​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ស្ថានភាព​ខ្ពស់​ជាងគេ​ដូច​ពី​ដើម​វិញ​ក៏​ដោយ ។​

ជំពូក​២ និយាយ​ពី​រឿង​សេដ្ឋកិច្ច វប្បធម៌ អប់រំ និង​សុខាភិបាល ។ បន្ទាប់​ពី​បាន​បញ្ជាក់​ការ​គ្រប់គ្រង​របស់​រដ្ឋ​លើ​សេដ្ឋកិច្ចជាតិ (មាត្រា​១១) រដ្ឋធម្មនុញ្ញ​បាន​បែងចែក​សេដ្ឋកិច្ច​ជា​៣​ផ្នែក: សេដ្ឋកិច្ច​រដ្ឋ សេដ្ឋកិច្ច​សមូហភាព និង​សេដ្ឋកិច្ច​គ្រួសារ ​(មាត្រា​១២) ។ រដ្ឋ​យកចិត្ត​ទុកដាក់​ពង្រីក​ផលិតកម្ម​កសិកម្ម​ ផលិតកម្ម​ឧស្សាហកម្ម​ដែល​បម្រើ​កសិកម្ម ពង្រីក​ផលិតកម្ម​របស់​ប្រើប្រាស់ ពង្រីក​ពាណិជ្ជកម្ម គមនាគមន៍ និង​ការ​ដឹក​ជញ្ជូន (មាត្រា​១៣) ។ រដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដីធ្លី ព្រៃឈើ សមុទ្រ ទន្លេ បឹង ធនធានធម្មជាតិ មជ្ឈមណ្ឌល​សេដ្ឋកិច្ច វប្បធម៌​មូលដ្ឋាន​ការពារ​ប្រទេស និង​សំណង់​ផ្សេងៗ (មាត្រា​១៤) ។ រដ្ឋ​ប្រគល់​ឲ្យ​គ្រួសារ​នីមួយៗ​នូវ​ដី​មួយ​កន្លែង​តាម​កំណត់​នៃ​ច្បាប់​ដើម្បី​សង់ផ្ទះ​នៅ និង​ធ្វើ​ជា​សួនច្បារ​សួន​បន្លែ ហើយ​ដី​សម្បទាន​គឺជា​មរតក​ត​ពី​ឪពុក​ម្តាយ​ទៅ​កូន (មាត្រា​១៥) ។ ក្រៅពី​ដី​សម្រាប់​សង់ផ្ទះ​នៅ និង​ធ្វើ​ជា​សួនច្បារ​សួន​បន្លែ ដែល​មាន​កំណត់​ក្នុង​ច្បាប់ និង​ក្រៅពី​ចំណែក​ដី​ដែល​ក្រុមសាមគ្គី​បង្កបង្កើន​ផល​ប្រគល់​ឲ្យ​គ្រួសារ​នីមួយៗ​អាច​បាន​រដ្ឋ​ឲ្យ​ខ្ចី​ដី​បន្ថែម ហើយ​មាន​សិទ្ធិ​ទទួលផល​ពី​ដី​នេះ (មាត្រា​១៦) ។ ជន​ណា​ក៏​ដោយ គ្មាន​សិទ្ធិ​ទិញ លក់ បញ្ចាំ ឬ​ប្រវាស់​ដីធ្លី​ឡើយ ។ ជន​ណា​ក៏​ដោយ មិន​អាច​ប្រើប្រាស់​ដីធ្លី​កសិកម្ម ដី​ព្រៃ ដោយ​ចិត្ត​ឯង ក្នុង​គោលបំណង​ផ្សេង​ទៀត​បាន​ឡើយ បើ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​មាន​សមត្ថកិច្ច (មាត្រា​១៧) ។ កម្មសិទ្ធិ​ឯកជន​នៃ​ពលរដ្ឋ​លើ​កម្រៃ​ការងារ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ (មាត្រា​១៨) ។ រដ្ឋ​គ្រប់គ្រង​ពាណិជ្ជកម្ម​ក្រៅប្រទេស​ផ្ដាច់មុខ និង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស ដែល​ពលរដ្ឋ​ទាំងអស់​អាច​លក់ដូរ​ផលិតផល​កសិកម្ម និង​ផលិតផល​សិប្បកម្ម​គ្រួសារ (មាត្រា​១៩) ។ នយោបាយ​គ្រប់គ្រង​រូបិយវត្ថុ​ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​គឺជា​បុព្វសិទ្ធិ​មួយ​របស់​រដ្ឋ ។ ការ​យក​ពន្ធដារ​អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​មាន​ច្បាប់​អនុញ្ញាត ។ ការ​តម្រូវ​ឲ្យ​លក់​ជូន​រដ្ឋ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​អនុលោម​ទៅ​តាម​ច្បាប់​កំណត់ (មាត្រា​២០) ។ មាត្រា​២១​ដល់​២៤ និយាយ​ពី​រដ្ឋ​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ពង្រីក​វប្បធម៌ នវូបនីយកម្ម (ការ​ធ្វើ​ឲ្យ​ទំនើប) ភាសា​ខ្មែរ ការ​ពង្រីក​វិស័យ​អប់រំ ការ​ផ្តល់​អាហារូបករណ៍​សិក្សា ការ​លុប​បំបាត់​ភាព​មិន​ចេះ​អក្សរ ការ​ជំរុញ​ការ​លូតលាស់​វិទ្យាសាស្ត្រ​ និង​បច្ចេកទេស ការ​ធ្វើ​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌​ជា​អន្តរជាតិ ការ​ការពារ​បេតិកភណ្ឌ​ ការ​ពង្រីក​ផ្នែក​ទេសចរណ៍ ។ មាត្រា​២៥​ដល់​២៩ និយាយ​ពី​រដ្ឋ​យកចិត្ត​ទុកដាក់​រៀបចំ​ប្រព័ន្ធ​សុខាភិបាល​មួយ ។ រដ្ឋ​យកចិត្ត​ទុកដាក់​ជា​ពិសេស​ចំពោះ​មាតា​ និង​កុមារ អតីត​យុទ្ធជន អ្នក​របួស​ពិការ ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា ។​

ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ គេ​ឃើញ​ដំណើរ​មាន​ជា​ថ្មី​នូវ​កម្មសិទ្ធិឯកជន​មួយ ក្នុង​កម្រិត​នៃ​ការ​ធ្វើ​អាជីវកម្ម​កសិកម្ម​គ្រួសារ​ក៏​ដូច​ការ​ធ្វើ​ជំនួញ ។ រូបមន្ត​នៃ​ការ​ធ្វើ​រួម​គ្នា ពោល​គឺ​ក្រុមសាមគ្គី ត្រូវ​តែ​រ៉ាប់រង​ព្រម​ជាមួយ​គ្នា​ក្នុង​ការ​បង្កើត​ផល​ដ៏​តិចតួច​ស្តួចស្តើង​មួយ និង​ពើបប្រទះ​ការ​ខ្វះ​ប្រភព​ធនធានមនុស្ស​ដ៏​សម្បើម​មួយ​ដែល​ទទួល​ដំណែល​ពី​របប​មុន (មេ​គ្រួសារ​ជាង​៣០​ភាគរយ​សុទ្ធតែ​ជា​ស្ត្រី​មេម៉ាយ) ។ រដ្ឋ​បាន​រៀបចំ​ឲ្យ​មាន​ឡើង​វិញ​នូវ​សេវា​ផ្សេងៗ​ខាង​វិស័យ​វប្បធម៌ អប់រំ និង​សុខាភិបាល ។

ជំពូក​ទី​៣ និយាយ​អំពី​សិទ្ធិ​ និង​ករណីយកិច្ច​របស់​ពលរដ្ឋ ។ ការ​គោរព​សិទ្ធិ​ផ្សេងៗ​របស់​មនុស្ស ភាព​ស្មើគ្នា​របស់​ពលរដ្ឋ​ចំពោះ​មុខ​ច្បាប់ សិទ្ធិ​បោះឆ្នោត​ និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត សិទ្ធិ​ទទួល​ប្រាក់​បំណាច់​សម​ស្រប​តាម​បរិមាណ​ និង​គុណភាព​នៃ​ការងារ​ សិទ្ធិ​ក្នុង​ការ​ឈប់​សម្រាក​លម្ហែ ភាព​មិន​អាច​រំលោភ​លើ​រូប​កាយ​ពលរដ្ឋ​គ្រប់​រូប សេរីភាព​ក្នុង​ការ​សម្តែង​មតិ ការ​ប្រជុំ​ និង​ការ​បង្កើត​សហគមន៍​ត្រូវ​បាន​ទទួល​ស្គាល់ (មាត្រា​៣០​ដល់​៣៨) ។ ពលរដ្ឋ​ត្រូវ​គោរព​គោល​ការណ៍​នៃ​ការ​រស់នៅ​ក្នុង​សង្គម អនុវត្ត​គោលនយោបាយ​របស់​រដ្ឋ​ និង​គោរព​ទ្រព្យសម្បត្តិ​រួម (មាត្រា​៣៩) ។ ពលរដ្ឋ​ត្រូវ​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​រដ្ឋ និង​មាន​ករណីយកិច្ច​បម្រើ​កិច្ចការ​របស់​រដ្ឋ​ព្រមទាំង​បម្រើ​ក្នុង​កងទ័ព​តាម​បញ្ញត្តិ​ច្បាប់ (មាត្រា​៤០​ និង​៤១) ។ ពលរដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​កំពុង​រស់នៅ​បរទេស ត្រូវ​បាន​គាំពារ​ដោយ​ច្បាប់​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (មាត្រា​៤២) ។ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ជនបរទេស​ទាំងឡាយ​ណា​ដែល​ត្រូវ​ចោទ​ពី​បទ​បាន​ធ្វើ​សកម្មភាព​តស៊ូ​ជា​គុណប្រយោជន៍​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សង្គមនិយម (មាត្រា​៤៣) ។ អាណិកជន​បរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​គោរព​ច្បាប់​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (មាត្រា​៤៤) ។

គេ​ដឹង​ថា ក្នុង​នាទី​ដ៏​ជាក់លាក់​នៃ​សេរីភាព​សំខាន់ៗ​នេះ​ រដ្ឋធម្មនុញ្ញ​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​មិន​សូវ​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ប៉ុន្មាន​ទេ ។ ការ​ចាប់ខ្លួន​ដែល​ធ្វើ​ដោយ​អំណាចចិត្ត ការ​ដាក់​គុក​ដោយ​គ្មាន​ការ​វិនិច្ឆ័យ​ទោស ភាព​គ្មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​បង្កើត​សហគមន៍ ការ​កម្រិត​ព្រំដែន​ក្នុង​ការ​ធ្វើ​ដំណើរ ការ​ដាក់​ប្រជាជន​ឲ្យ​នៅ​ក្នុង​ក្របខណ្ឌ​នយោបាយ​ នគរបាល​បាន​ធ្វើ​ឲ្យ​គេ​កត់សម្គាល់​ក្នុង​បណ្ដា​ឆ្នាំ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ។

ជំពូក​ទី​៤ រៀបរាប់​ពី​អាណត្តិ សមាសភាព និង​ការ​ប្រព្រឹត្តិ​ទៅ​របស់​រដ្ឋ​សភាជាតិ (មាត្រា​៤៥​ដល់​៥៨) ។ ក្នុង​ជំពូក​នេះ​ យើង​បាន​ជួប​ជា​ថ្មី​នូវ​បញ្ញត្តិ​ផ្សេងៗ​ដូច​ធ្លាប់​មាន​មក​ហើយ ដែល​ទាក់ទង​ទៅ​នឹង​សភា​តំណាង​មួយ ។ យើង​ដឹង​ថា សភា​ដែល​ជ្រើស​តាំង​នៅ​ឆ្នាំ​១៩៨១ មាន​អាណត្តិ​មួយ​សម្រាប់​រយៈពេល​៥​ឆ្នាំ (មាត្រា​៤៧ ជំពូក​១) ។ ពុំ​មាន​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៨៦ ទេ ទាំង​ក្នុង​បណ្ដា​ឆ្នាំ​ដែល​មាន​ជា​បន្តបន្ទាប់ ពីព្រោះ​គេ​ប្រាប់​ឲ្យ​ដឹង​ថា «រដ្ឋសភា​អាច​ប្រកាស​បន្ត​នីតិកាល​របស់​ខ្លួន​បាន​ក្នុង​ពេល​មាន​សង្គ្រាម ឬ​ក្នុង​កាលៈទេសៈ​ពិសេស​ដទៃ​ទៀត» (មាត្រា​៤៧ ជំពូក​២) ។ ដូច​គ្នា​ដែរ រដ្ឋសភា​បាន​ប្រើ​សិទ្ធិ​របស់​ខ្លួន​តិចតួច​ក្នុង​ការ​ត្រួត​ពិនិត្យ​សកម្មភាព​របស់​ក្រុមប្រឹក្សារដ្ឋ និង​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ដែល​ផ្តល់​ឲ្យ​ដោយ​មាត្រា​៤៨ ជំពូក​៧ ។ ទីបំផុត គឺ​ភាព​មិន​ប្រែប្រួល​ដែល​អាច​សង្កេត​បាន​អំពី​របប​កុម្មុយនិស្ត ប៉ុន្តែ​ក៏​មាន​ក្នុង​ការ​អនុវត្ត​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែរ រដ្ឋសភា​ពុំ​បាន​បង្ហាញ​ឲ្យ​ឃើញ​ស្វ័យភាព​របស់​ខ្លួន​ទេ បើ​ប្រៀបធៀប​នឹង​អង្គការ​នីតិប្រតិបត្តិ ។

ជំពូក​ទី​៥ និយាយ​អំពី​ក្រុមប្រឹក្សារដ្ឋ (មាត្រា​៥៩​ដល់​៦៣) ។ រីឯ​ជំពូក​ទី​៦ និយាយ​អំពី​ក្រុមប្រឹក្សារដ្ឋមន្ត្រី (មាត្រា​៦៤​ដល់​៧០) ។ គ្មាន​លក្ខណៈ​ពិសេស​អ្វី​ដែល​ត្រូវ​លើក​យក​មក​និយាយ​អំពី​ជំពូក​ទាំង​ពីរ​នេះ ដែល​ស្រប​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដូច​ធ្លាប់​មាន​មក​ហើយ​របស់​បណ្ដា​របប​កុម្មុយនិស្ត​ទេ ។

ជំពូក​ទី​៧ និយាយ​អំពី​រចនាសម្ព័ន្ធ​ខេត្ត​ និង​មូលដ្ឋាន (មាត្រា​៧១​ដល់​៧៨) ។ ស្ថាប័ន​ផ្សេងៗ គណៈកម្មាធិការ​ប្រជាជន​បដិវត្តន៍​ត្រូវ​មាន​នៅ​គ្រប់​ក្រុង ខេត្ត ស្រុក និង​ឃុំ ។ ទីក្រុង​នានា​ដែល​ចំណុះ​រដ្ឋអំណាច​មជ្ឈិម​ផ្ទាល់ (ក្រុងភ្នំពេញ កំពង់សោម) ត្រូវ​បែងចែក​ជា​សង្កាត់​ដែល​គ្រប់គ្រង​ដោយ​ប្រភេទ​គណៈកម្មាធិការ​ប្រជាជន​មួយ​ដូច​គ្នា ។ គណៈកម្មាធិការ​សង្កាត់​ឬ​ឃុំ​ទាំងនេះ​ត្រូវ​បាន​ប្រជាជន​នៅ​ឃុំ​ និង​សង្កាត់​ជ្រើសរើស​តាម​គោលការណ៍​បោះឆ្នោត​ជា​សកល ។ ការ​បោះ​ឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​ប្រជាជន​បដិវត្តន៍​នៅ​ថ្នាក់​ក្រុង ខេត្ត ឬ ស្រុក ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នកតំណាង​ថ្នាក់​ក្រុង ខេត្ត ស្រុក និង​ដោយ​អ្នកតំណាង​បក្ស​ និង​អង្គការ​មហាជន​ទៅ​តាម​ថ្នាក់​នីមួយៗ​នោះ ។ គណៈកម្មាធិការ​ប្រជាជន​បដិវត្តន៍​ទាំងនេះ បំពេញភារកិច្ច​ព្រម​គ្នា​ក្នុង​ឋានៈ​ជា​អង្គការ​វិមជ្ឈការ​របស់​រដ្ឋាភិបាល​ផង ជា​រដ្ឋអំណាច​គ្រប់គ្រង​ការងារ​រដ្ឋបាល​ថ្នាក់​ក្រោម​ឱវាទ​ផង និង​ជា​អង្គការ​មួយ​អនុវត្ត​សេចក្ដីសម្រេច​ព្រមទាំង​សារាចរ​របស់​អង្គការ​រដ្ឋ​ថ្នាក់លើ​ផង ។

ជំពូក​ទី​៨ និយាយ​អំពី​សាលា​ជម្រះក្ដី​ និង​អយ្យការ (មាត្រា​៧៩​ដល់​៨៦) ។ មាន​តុលាការ​២​ប្រភេទ​គឺ តុលាការ​ប្រជាជន​ និង​តុលាការយោធា ។ ក្រុមប្រឹក្សារដ្ឋ​អាច​បង្កើត​តុលាការ​ពិសេស ។ ការ​ជំនុំជម្រះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចៅក្រម​ម្នាក់ និង​ទីប្រឹក្សា​ប្រជាជន ។ ការ​ជំនុំជម្រះ​ត្រូវធ្វើ​ជា​សាធារណៈ ។ ពលរដ្ឋ​ដែល​ជា​ជនជាតិ​ភាគតិច អាច​ប្រើ​ភាសា​ និង​អក្សរ​របស់​ខ្លួន​បាន ។ ជនជាប់ចោទ​មាន​សិទ្ធិ​ការពារ​ខ្លួន​ដោយ​ខ្លួនឯង ឬ​ពឹង​មេធាវី​ម្នាក់​ឲ្យ​ជួយ​ការពារ ។​

ការ​ប្រព្រឹត្តិ​ទៅ​នៃ​ប្រព័ន្ធ​យុត្តិធម៌ គឺជា​ចំណុច​ខ្សោយ​មួយ​ក្នុង​ចំណោម​ចំណុច​ខ្សោយ​ជា​ច្រើន​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ។ ឯករាជ្យ​ភាព​របស់​វា បើ​ប្រៀបធៀប​នឹង​អង្គការ​នីតិប្រតិបត្តិ ហើយ​ជា​ពិសេស​បើ​ប្រៀបធៀប​នឹង​បក្ស គឺ​គ្មាន​សោះ ។ កម្រិត​នៃ​ការ​ធ្វើ​ម្ចាស់​លើ​ច្បាប់​គឺ​ខ្សោយ​មែន​ទែន ។ គេ​គួរតែ​ពិនិត្យ​មើល​ថា ការ​សម្រេច​បង្កើត​មហាវិទ្យាល័យ​ច្បាប់​ឡើង​វិញ ដែល​មាន​លក្ខណៈ​នយោបាយ​ខ្ពស់​បំផុត មិន​ដែល​ត្រូវ​បាន​យល់ព្រម​ឡើយ ក្នុង​រយៈពេល​នៃ​អត្ថិភាព​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ។

ជំពូក​ទី​៩ និយាយ​អំពី​សញ្ញា​ជាតិ ទង់ជាតិ ភ្លេងជាតិ​ បុណ្យ​ជាតិ និង​រដ្ឋធានី (មាត្រា​៨៧​ដល់​៩០) ។ យើង​គ្រាន់តែ​ប្រាប់​ឲ្យ​ដឹង​ថា ទង់ជាតិ​គឺជា​ទង់​របស់​ចលនា​ខ្មែរឥស្សរៈ ផ្ទៃ​ពណ៌​ក្រហម​ចំ​កណ្តាល មាន​ប្រាសាទ​អង្គរវត្ត​កំពូល​ប្រាំ​ពណ៌​លឿង ។ ថ្ងៃ​បុណ្យ​ជាតិ ៧​មករា គឺជា​ថ្ងៃ​នៃ​ការ​ដណ្តើម​បាន​ទីក្រុង​ភ្នំពេញ​ និង​ការ​ដួល​រលំ​នៃ​របប ប៉ុល ពត ។​

ជំពូក​ទី​១០ (មាត្រា​ទី​៩១ ដល់​៩៣) និយាយ​ពី​អានុភាព​នៃ​រដ្ឋធម្មនុញ្ញ​ទៅ​លើ​ច្បាប់​ផ្សេងៗ​ទៀត​ទាំងអស់ និង​កំណត់​នូវ​យន្តការ​នៃ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ ។​

ពួក​អ្នក​ដៀល​បង្អាប់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​មិន​ភ្លេច​សង្កត់​បញ្ជាក់​ពី​ភាព​ដូច​គ្នា​រវាង​រដ្ឋធម្មនុញ្ញ​នេះ និង​រដ្ឋធម្មនុញ្ញ​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ឡើយ ។ ដោយ​ដកឃ្លា​ឆ្ងាយ​ពី​ពួក​អ្នក​ទាំងឡាយ​ដែល​ចូល​ចិត្ត​បន្ត​ជម្លោះ​នយោបាយ​របស់​ពួក​គេ​តាម​រយៈ​ការ​បញ្ចូល​កម្ពុជា​ជា​អ្នក​កណ្តាល ការ​ពិនិត្យ​មើល​ច្បាប់​ និង​នីតិវិធី​ដ៏​ហ្មត់ចត់​មួយ​ដែល​នាំមុខ​ការ​ប្រកាន់​យក​របស់​ខ្លួន អាច​បញ្ចេញ​ឲ្យ​ឃើញ​ការ​វិភាគ​ដូច​តទៅ ៖

  1. ទោះបីជា​វាក្យសព្ទ​នៃ​រដ្ឋធម្មនុញ្ញ​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ត្រាប់​តាម​តិចតួច​ជាង​សព្វដង នូវ​ភាសា​មិន​ត្រឹមត្រូវ​ដោយឡែក​សម្រាប់​ប្រភេទ​នៃ​រដ្ឋធម្មនុញ្ញ​នេះ​ក៏​ដោយ​ក៏​គំរូ​នៃ​អំណាច​គឺជា​គំរូ​នៃ​របៀប​គ្រប់គ្រង​កុម្មុយនិស្ត​ដូច​ធ្លាប់​មាន​មក​ហើយ ដែល​ត្រូវ​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា «ប្រជាធិបតេយ្យ​ប្រជាមានិត» ។ ដូច្នេះ គ្មាន​ការ​ងឿងឆ្ងល់​អ្វី​ឡើយ​ក្នុង​ការ​បង្កើត​ក្រុមប្រឹក្សារដ្ឋ​មួយ គឺ​ស្ថាប័ន​ដែល​បំពេញ​ព្រម​គ្នា​នូវ​មុខងារ​ផ្សេងៗ​ដែល​ត្រូវ​បាន​ទទួល​សិទ្ធិ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​តាម​លទ្ធិប្រជាធិបតេយ្យ ជា​ប្រមុខរដ្ឋ​ផង ជា​អង្គការនីតិបញ្ញត្តិ​ផង និង​ជា​អង្គការ​នីតិប្រតិបត្តិ​ផង ។
  2. កិច្ចការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ និង​នីតិក្រម​នៃ​ការ​សុំ​យោបល់ គឺ​មាន​រយៈពេល​២​ឆ្នាំ និង​បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​ពិតប្រាកដ​មួយ នេះ​បើ​តាម​មតិ​របស់​ពួក​អ្នក​សង្កេតការណ៍​ដែល​ជំទើត​ហួស​បន្តិច​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ។ រដ្ឋសភា​ដែល​ជ្រើស​តាំងនៅ​ថ្ងៃ​ទី​១ ខែឧសភា បាន​ជជែក​ពិភាក្សា​រដ្ឋធម្មនុញ្ញ​ក្នុង​រយៈពេល​៣​ថ្ងៃ និង​បំពេញ​វិសោធនកម្ម​ជា​ច្រើន​ដែល​គ្មាន​ទម្រង់​ត្រឹមត្រូវ​ឡើយ ។
  3. ការ​ពិនិត្យ​មើល​ដែល​ធ្វើ​ឡើង​ជា​ក្បួន នូវ​លក្ខណៈ​ផ្សេងៗ​គ្នា​នៃ​សេចក្ដី​ព្រាង ការ​កែប្រែ​ដែល​បំពេញ​ជា​បន្តបន្ទាប់ ការ​ប្រៀបធៀប​រវាង​រដ្ឋធម្មនុញ្ញ​វៀតណាម ដែល​មាន​ ១៤៧​មាត្រា និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​មាន​ ៩៣​មាត្រា បាន​បញ្ចេញ​ឲ្យ​ឃើញ​ភាព​ប្រាកដ​ក្នុង​ចិត្ត​ថា របប​បាន​ប្រឹងប្រែង​អះអាង​ចរិតលក្ខណៈ​ជា​កម្ពុជា​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ ទោះបីជា​នៅ​ខ្ចី​គំនិត​ទន់​ខ្សោយ និង​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្នែក​ការទូត យោធា និង​សេដ្ឋកិច្ច​ក៏​ដោយ ។

ថ្វីបើ​មាន​ភាព​តិចតួចស្តួចស្តើង​របស់​ខ្លួន​ក៏​ដោយ ក៏​រដ្ឋធម្មនុញ្ញ​នេះ​បាន​សម្តែង​ឲ្យ​ឃើញ​ពី​មហិច្ឆតា​ដ៏​សម្បើម​មួយ​បន្ទាប់​ពី​ការ​ផ្តួលរំលំ​របប ប៉ុល ពត ២​ឆ្នាំ: បង្កើត​រដ្ឋ​មួយ សង្គម​ដែល​មាន​រចនាសម្ព័ន្ធ​មួយ ជីវភាព​ឯកជន​មួយ ឡើង​វិញ​ដែរ ។

រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨៩

ចាប់តាំងពី​ឆ្នាំ​១៩៨៦ គឺជា​ការ​ជាក់ច្បាស់​ណាស់ ដែល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​មិន​ដែល​ត្រូវ​បាន​ទទួលស្គាល់​នៅ​អង្គការ​សហប្រជាជាតិ ហើយ​ក៏​មិន​ដែល​ត្រូវ​ទទួល​ស្គាល់​ដោយ​ប្រទេស​ចិន ដោយ​សហរដ្ឋអាមេរិក និង​ដោយ​បណ្ដា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ដែរ ។ វា​ជា​ការ​ជាក់ស្តែង​ដែរ ដែល​ថា​មាន​តែ​ដំណោះស្រាយ​ដោយ​ការ​ចរចា​មួយ​ប៉ុណ្ណោះ ដែល​នឹង​បញ្ចប់​ភាព​ឯកោ​តាំងពី​ឆ្នាំ​១៩៧៩​មក របស់​ប្រទេស​នេះ ។ នៅ​ទីបំផុត​ប្រព័ន្ធ​នយោបាយ ដែល​រៀបចំ​ឲ្យ​មាន​ជា​លើក​ដំបូង​កាលពី​ ៥​ឆ្នាំ​មុន ការ​ផ្លាស់​ប្តូរ​បាន​កើត​មាន​ឡើង ។ ការ​ផ្លាស់​ប្តូរ​សំខាន់​បំផុត គឺ​ការ​ឈាន​ឡើង​ទៅ​រក​ភាព​ខ្លាំង​នៃ​ស្ថាប័ន​មួយ​ដែល​ក្នុង​របប​កុម្មុយនិស្ត​ដូច​ធ្លាប់​មាន​ពី​មុនៗ​មក គឺជា​អំណាច​ប្រតិបត្តិ​មួយ​ក៏​ដូច​អំណាច​សម្រេច​មួយ​គឺ រដ្ឋាភិបាល ។ ក្រោម​ការ​ជំរុញ​របស់​លោក ហ៊ុន សែន ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី រដ្ឋាភិបាល​បាន​ក្លាយ​ទៅ​ជា​ចលករ​ពិតប្រាកដ​របស់​ស្ថាប័ន​គ្រប់គ្រង​ដឹកនាំ​ប្រទេស​ដែល​ត្រួតត្រា​យ៉ាង​តឹងរ៉ឹង​ថែម​ទៀត ដោយ​ការិយាល័យ​នយោបាយ​របស់​បក្ស ។ ប្រទេស​មួយ​ដែល​ងើប​ចេញ​ពី​ភាព​គ្មាន​អ្វី​ទាំងអស់​ដោយ​សន្សឹមៗ ហើយ​ដែល​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នោះ​នៅ​មិន​ទាន់​បាត់​ភ័យ​ខ្លាច​នៅឡើយ បាន​បណ្តោយ​ឲ្យ​ជ្រាប​ចូល​នូវ​បំណងប្រាថ្នា​ទៅ​រក​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន ។​

មូលហេតុ​ទាំង​អស់នេះ​ហើយ គឺជា​ដើមហេតុ​នៃ​ការ​កែប្រែ​ផ្សេងៗ​ដែល​ផ្តល់​ដល់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨១ ។ ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​១៩៨៩ នៅ​ក្នុង​ឱកាស​នៃ​សម័យប្រជុំ​ពិសេស​មួយ រដ្ឋសភា​ជាតិ​បាន​អនុម័ត​វិសោធនកម្ម​មាត្រា​ច្បាប់​រដ្ឋធម្មនុញ្ញ​មួយ ជា​វិសោធនកម្ម​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ពិសេស​មួយ​សម្រាប់​ការងារ​នេះ ដោយ​មាន​ការ​ចូលរួម ឬ​បញ្ចូល​ឥស្សរជន​ជា​ច្រើន​ដែល​កាល​ពីដើម​ធ្លាប់​បម្រើ​ចលនា​សង្គមរាស្ត្រនិយម ឬ​សាធារណរដ្ឋ​ខ្មែរ រួម​ទាំង​ពួក​អ្នក​ជំនាញការ​បស្ចិមប្រទេស​ផង ។ តើ​អាច​និយាយ​អំពី​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ទេ ? យើង​អាច​ត្រឹមតែ​និយាយ​ពី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៥៦ ដោយ​ប្រៀបធៀប​នឹង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧​ប៉ុណ្ណោះ ។ ក្នុង​ករណី​រដ្ឋធម្មនុញ្ញ​ទាំង​ពីរ អ្នកខ្លះ​បាន​សម្តែង​ឲ្យ​ឃើញ​ពី​ការ​យកចិត្ត​ទុកដាក់​អំពី​ភាព​ត្រឹមត្រូវ​ និង​ភាព​បរិសុទ្ធ​នៃ​ភាសា​ដែល​ប្រើ ជាង​អ្នក​ឯទៀតៗ​នឹង​សង្កត់​បញ្ជាក់​ពី​របប​គ្រប់គ្រង (តាម​រដ្ឋធម្មនុញ្ញ) ដោយ​សម្គាល់ថា រដ្ឋធម្មនុញ្ញ​ខាង​ដើម​បាន​ធ្វើ​វិសោធនកម្ម​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ។ ដោយ​ជ្រើសរើស​រដ្ឋធម្មនុញ្ញ​ទី​ពីរ យើង​នឹង​ចាត់ចែង​តាម​របៀប​ដ៏​ជាក់លាក់​មួយ​សម្រាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨៩ ដូច​ដែល​យើង​ធ្លាប់​បាន​ធ្វើ​សម្រាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៥៦​ដែរ ។

រដ្ឋធម្មនុញ្ញ​ថ្មី​ក៏​ដូច​រដ្ឋធម្មនុញ្ញ​ចាស់ រួម​មាន​ដោយ​ជាក់លាក់​ ៩៣​មាត្រា (មាត្រា​៤៣​ និង​ ៤៤ ​ត្រូវ​លុប​ចោល) ចែក​ជា​ ១០​ជំពូក

ការ​កែប្រែ​មាត្រា​ផ្សេងៗ​ដែល​ផ្តល់​ឲ្យ​រដ្ឋធម្មនុញ្ញ​មាន​ពីរ​បែប​គឺ ការ​ផ្តោត​ទៅ​លើ​និមិត្តរូប​ទាំងឡាយ​របស់​រដ្ឋ និង​ការ​ផ្តោត​ទៅ​លើ​លក្ខណៈ​ឬ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​របប ។​

ជាដំបូង ឈ្មោះ​របស់​ប្រទេស​ និង​ទង់ជាតិ​ត្រូវ​បាន​កែប្រែ ។ អំណឹះ​តទៅ ប្រទេស​កម្ពុជា​មាន​នាម​ជា​ផ្លូវការ​ថា «រដ្ឋ​កម្ពុជា» (មាត្រា​១) ហើយ​ទង់ជាតិ​មាន​ពណ៌​ពីរ​ឡើង​វិញ ដូច​ទង់ជាតិ​មុន​ឆ្នាំ​១៩៧៥​ដែរ គឺ​ពណ៌​ខៀវ​ និង​ពណ៌​ក្រហម ។ ប៉ុន្តែ​ពណ៌​ស​ជា​ពណ៌​តំណាង​រាជាធិបតេយ្យ ពុំ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​តំណាង​ប្រាសាទ​អង្គរវត្ត​កំពូល​ប្រាំ​ឡើយ ។ ពណ៌​លឿង​គឺជា​ពណ៌​ដែល​ចូល​ចិត្ត​ប្រើ​ជាងគេ ព្រោះ​តាម​រដ្ឋធម្មនុញ្ញ​អះអាង​ថា ជា​ពណ៌ «តំណាង​អារ្យធម៌​ដ៏​យូរលង់​របស់​ប្រជាជន​កម្ពុជា​ និង​សាសនា» (មាត្រា​៨៨) ។​

មាត្រា​១​ស្ទួន បាន​បញ្ចូល​សញ្ញាណ​ថា រដ្ឋ​កម្ពុជា​ជា​រដ្ឋ​មួយ​មិន​អាច​បំបែក​បាន ហើយ​ស្ថាប័នរដ្ឋ​នានា​ត្រូវ​ចាត់តាំង​ និង​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​នៃ​រដ្ឋ​កម្ពុជា ។​

កំណែទម្រង់​ដ៏​សំខាន់​លើក​ដំបូង​គឺ ការ​លើកតម្កើង​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​ឡើង​វិញ (មាត្រា​៦) ។ មិន​ត្រូវ​ឲ្យ​មាន​ការ​ពិភាក្សា​ណា​មួយ​តាម​បែប​អឺរ៉ុប​ចំពោះ​លក្ខន្តិកៈ​នេះ​ទេ ។ វា​ពុំ​បណ្ដាល​ឲ្យ​មាន​ការ​ច្រឡំបល់​ណា​មួយ​រវាង​សាសនា ​និង​រដ្ឋ ហើយ​ក៏​ពុំ​អនុញ្ញាត​ឲ្យ​មាន​ការ​បង្ខិតបង្ខំ​ណា​មួយ​ដែរ ។ នេះ​ជា​ការ​ទទួល​ស្គាល់​មួយ​អំពី​នាទី​ដ៏​សំខាន់​នៃ​ចរន្ត​គំនិត​ក្នុង​សង្គម​ និង​មុខងារ​សង្គម​ដ៏​ច្រើន​សន្ធឹក​ដែល​ត្រូវ​បំពេញ ។ ការ​ទទួល​ស្គាល់​នេះ​ជា​មូលដ្ឋាន​នៃ​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​ដោយ​ខ្លួនឯង ។ រហូត​មក​ដល់​ពេល​នេះ​ ព្រះពុទ្ធ​សាសនា គឺ​ត្រូវ​បាន​យោគយល់ ។ លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​ត្រូវ​បាន​បំពេញ​ក្នុង​រដ្ឋធម្មនុញ្ញ​សម្រាប់​បួស​ជា​ព្រះសង្ឃ ។ វត្ត​អារាម​មួយ​ចំនួន​ធំ ភាគច្រើន​បាន​ត្រូវ​ដុត​បំផ្លាញ​ដោយ​ពួក​ខ្មែរក្រហម ក៏​នៅ​តែ​គ្មាន​នរណា​យកចិត្ត​ទុកដាក់​ថែទាំ​ដែរ ។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨៩ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​តែ​មួយ​នេះ នឹង​បើកទ្វារ​ឆ្ពោះទៅ​រក​ការ​ធ្វើ​ឲ្យ​ប្រែប្រួល​ដ៏​សម្បើម ក្នុង​សកម្មភាព​របស់​សង្គម ដូច​ជា​ការ​កសាង​វត្ត​អារាម​នានា​ឡើង​វិញ ដែល​ប្រកប​ទៅ​ដោយ​ភាព​ស្វាហាប់​មួយ​នឹង​មាន​ជាប់​រហូត ចំនួន​ព្រះសង្ឃ​នឹង​កើនឡើង ។ ព្រះសង្ឃ​ទាំងឡាយ​នឹង​រក​ឃើញ​ជា​លំដាប់​នូវ​ឋានៈ​ និង​តួនាទី​របស់​ព្រះ​អង្គ​ក្នុង​សង្គម ។ គេ​និយាយ​ថា កាលដែល​ព្រះ​សង្ឃ​ធ្វើ​សកម្មភាព​ខ្លាំងក្លា​នៅ​ឆ្នាំ​១៩៩៣ ដើម្បី​ផ្តើម​ចលនា​សន្តិភាព ទាមទារ​រដ្ឋធម្មនុញ្ញ​មួយ​ដែល​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ សង្កត់​ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​បុគ្គល​ម្នាក់ៗ​គឺ​ដោយសារ​ការ​កែ​រដ្ឋធម្មនុញ្ញ​ឡើង​វិញ ដែល​ផ្តើម​ប្រើ​នៅ​ឆ្នាំ​១៩៨៩​នោះ​ឯង ។​

កំណែទម្រង់​ដ៏​សំខាន់​ទី​២ គឺ​ការ​ទទួលស្គាល់​កម្មសិទ្ធិឯកជន​ក្នុង​សេដ្ឋកិច្ចជាតិ (មាត្រា​១២) ។ ផលវិបាក​ផ្សេងៗ​នៃ​ការ​បញ្ចូល​ដ៏​គំហុក​នេះ ដោយ​គ្មាន​ការ​រៀបចំ គ្មាន​ការ​ដាក់​ឲ្យ​មាន​ក្របខណ្ឌ​ជាមួយ​វត្តមាន​ដែល​ឡើង​ស្រឺតៗ​នៃ​ពួក​អ្នក​រកស៊ី​បរទេស​គ្រប់​ប្រភេទ​ទាំងអស់ នឹង​បង្ហិនបង្ហោច​ដល់​សេដ្ឋកិច្ច​ដ៏​ផុយ​ស្រួយ​របស់​ប្រទេស ។ ប្រទេស​ជាតិ​នឹង​ក្លាយទៅជា​គំរូ​សេដ្ឋកិច្ច​សេរីនិយម​មួយ​ដែល​មាន​លក្ខណៈ​ពុះពោរ​បំផុត ។​

កំណែទម្រង់​ទី​៣ គឺ​ការ​ទទួលស្គាល់​ និង​ការ​ការពារ​កម្មសិទ្ធិឯកជន (មាត្រា​១៥,១៧,១៨​ និង​១៨​ស្ទួន) ជាមួយ​ការ​បោះបង់​ចោល​ក្រុមសាមគ្គី ហើយ​ខ្ញុំ​សន្និដ្ឋាន​ថា គេ​ប្រហែលជា​សោកស្តាយ ។ ការ​រលាយ​បាត់​ក្រុមសាមគ្គី​បាន​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ដល់​ការ​ត្រឡប់​មក​វិញ​នៃ​ជន​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​ម្នាក់​ទៅ​តាម​ជនបទ​នៃ​ប្រទេស គឺ​អ្នក​យក​ការប្រាក់​ហួស​កំណត់ ។​

នៅ​ជំពូក​ស្តី​អំពី​សិទ្ធិ​ និង​ករណីយកិច្ច​របស់​ពលរដ្ឋ (មាត្រា​៣៥) ដែល​និយាយ​ទាក់ទង​នឹង​ការ​ការពារ ការ​រំលោភ​បំពាន​លើ​រូបរាង​កាយ​ពលរដ្ឋ បាន​ត្រូវ​បន្ថែម​សេចក្ដី​មួយ​ចំនួន​ធំ​ដោយ​ការ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ចាប់ខ្លួន និង​ការ​ឃុំឃាំង​ស្រេច​តែ​នឹង​ចិត្ត​ ព្រមទាំង​ការ​ហាម​មិន​ឲ្យ​ធ្វើ​បាប​លើ​រាងកាយ ដោយ​ការ​បញ្ចូល​ឃ្លា​ថា បើ​បទល្មើស​គ្រាន់តែ​មាន​វិមតិសង្ស័យ ជនជាប់ចោទ​ត្រូវ​បាន​ឲ្យ​រួចខ្លួន​ និង​ការ​លុប​បំបាត់​ទោស​ប្រហារ​ជីវិត ។ ប៉ុន្តែ​ការ​កែប្រែ​ថ្មី​នេះ​នឹង​មិន​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ហេតុការណ៍​ផ្សេងៗ​ឡើយ ។

មាត្រា​៤៩ (ស្ទួន​១) និង​មាត្រា​៤៩ (ស្ទួន​២) និយាយ​អំពី​ការ​បង្កើត​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ដែល​កិច្ចការ​ផ្សេងៗ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​កិច្ចការ​ដែល​ធ្វើ​តាម​ទម្លាប់​នៅ​ការិយាល័យ​ក្នុង​របប​អាស្រ័យ​រដ្ឋសភា​ពី​មុន​មក​ដែរ ។ មាត្រា​៥៨​ស្ទួន និយាយ​អំពី​ការ​ផ្តល់​ប្រាក់​បំណាច់​មួយ​ឲ្យ​សមាជិក​រដ្ឋសភា​គ្រប់​រូប ។

ការ​កែប្រែ​មាត្រា​៤៨ (អំណាច​របស់​រដ្ឋ​សភាជាតិ) និង​មាត្រា​៦០ (អំណាច​របស់​ក្រុមប្រឹក្សារដ្ឋ) បាន​អនុញ្ញាត​ឲ្យ​បង្កើត​តុលាការ​កំពូល​មួយ និង​មហាអយ្យការ​អម​តុលាការ​កំពូល​នេះ ។ ប៉ុន្តែ​គ្មាន​ការ​បញ្ជាក់​ច្បាស់លាស់​ណាមួយ​អំពី​អំណាច​ដែល​ផ្តល់​ឲ្យ​ស្ថាប័ន​ថ្មី​ទាំង​ពីរ​នេះ​ទេ ដោយ​ត្រូវ​រង់ចាំ​ការ​បង្កើត​ច្បាប់​មួយ​បន្ថែម​ទៀត ។ ប្រធាន​តុលាការ​កំពូល​ និង​អគ្គ​រដ្ឋអាជ្ញា​អម​តុលាការ​កំពូល ត្រូវ​បាន​ជ្រើសតាំង​ដោយ​រដ្ឋ​សភាជាតិ ។ រដ្ឋសភា​ជាតិ​ជា​អ្នក​ត្រួត​ពិនិត្យ​សកម្មភាព​របស់​តុលាការ​កំពូល ​និង​មហាអយ្យការ​អម​តុលាការ​កំពូល (មាត្រា​៤៨​ និង​៥៧) ដែល​នេះ​គឺជា​ការ​ដណ្តើម​ឯករាជ្យ​ទាំងស្រុង​ពី​ស្ថាប័ន​តុលាការ ។ ចំណែក​ក្រុមប្រឹក្សារដ្ឋ​បាន​កត់​សម្គាល់​ថា អំណាច​នីតិបញ្ញត្តិ​របស់​ខ្លួន​ត្រូវ​កាត់​បន្ថយ ជា​ពិសេស​ដោយសារ​ការ​បង្កើត​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភាជាតិ​(មាត្រា​៦០) ។

នៅ​ទីបំផុត រចនាសម្ព័ន្ធ​ថ្នាក់​ខេត្ត​ និង​ថ្នាក់​មូលដ្ឋាន​បាន​ទទួលស្គាល់​នូវ​ការ​ផ្លាស់​ប្តូរ​ទម្រង់​មួយ​ដែរ: គណៈកម្មាធិការ​ទាំងអស់​លែង​ត្រូវ​ឲ្យ​ឈ្មោះ​ថា «បដិវត្តន៍» ទៀត​ហើយ ។ ការ​កែប្រែ​មួយ​ទៀត​ចំពោះ​ច្បាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨១ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ការ​ពង្រីក​ទីក្រុង​ធំៗ​ជា​ថ្មី ពោល​គឺ​ក្រុង​ត្រូវ​បែងចែក​ជា​ខណ្ឌ​ សង្កាត់ ស្រុក និង​ជាយក្រុង ។

អ្នកខ្លះ​បាន​និយាយ​ពី​កំណែទម្រង់​ឆ្នាំ​១៩៨៩ ថា​ហាក់ដូចជា​គេ​ធ្វើការ​បោសសម្អាត​ផ្នែក​ខាងក្រៅ​មួយ ដែល​គ្រាន់តែ​ជា​ការ​ផាត់ម្សៅ​លាប​ក្រែម​ប៉ុណ្ណោះ ។ អ្នកខ្លះ​ទៀត​ចង់​ឃើញ​ការ​ដាក់​ឲ្យ​ប្រើ​ធម្មនុញ្ញ​នះ​ឲ្យ​សម​ស្រប​ទៅ​នឹង​ការ​ពិត​ និង​បំណង​ប្រាថ្នា​ថ្មីៗ ។ អ្នកខ្លះ​ទៀត​យល់​ថា រដ្ឋធម្មនុញ្ញ​នេះ​គ្រាន់តែ​ជា​កាយវិការ​នយោបាយ​មួយ​សំដៅ​បញ្ឆោត​បណ្ដា​ប្រទេស​លោក​ខាងលិច​ប៉ុណ្ណោះ ។ ខ្ញុំ​ជឿ​ថា​វា​មាន​ទាំងអស់​ក្នុង​សេចក្ដី​ស្នើការ​ជា​ហូរហែ​នៅ​ខែមេសា ឆ្នាំ​១៩៨៩ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ដែល​ទទួល​បន្ទុក​សិក្សា​ប្រព័ន្ធ​នយោបាយ​-​រដ្ឋបាល​នៃ​រដ្ឋ​កម្ពុជា​បាន​កត់ត្រា​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា «វិសោធនកម្ម​ដែល​ទើប​មាន​ថ្មីៗ​បាន​ធ្វើ​ឲ្យ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨១​ នា​ការ​កែប្រែ​ជា​ដុំ​កំភួន» ។​

រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣

កិច្ចព្រមព្រៀង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​មួយ​នៃ​ជម្លោះ​នៅ​ប្រទេស​កម្ពុជា ដែល​ចុះហត្ថលេខា​នៅ​ទី​ក្រុងប៉ារីស​នា​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ បាន​បញ្ជាក់​នៅ​ក្នុង​មាត្រា​១២ របស់​ខ្លួន​ថា «ប្រជាជន​កម្ពុជា​ត្រូវ​មាន​សិទ្ធិ​សម្រេច​អនាគត​នយោបាយ​របស់​ខ្លួន​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ដើម្បី​ជ្រើសរើស​សភាធម្មនុញ្ញ​មួយ​ដែល​ត្រូវ​ព្រាង​ និង​អនុម័ត​រដ្ឋធម្មនុញ្ញ​កម្ពុជា​មួយ​ថ្មី​ស្រប​ទៅ​តាម​មាត្រា​២៣ រួច​នឹង​ប្រែ​ក្លាយ​ទៅជា​សភា​នីតិបញ្ញត្តិ​ដែល​នឹង​ត្រូវ​បង្កើត​រដ្ឋាភិបាល​កម្ពុជា​ថ្មី »។ មាត្រា​២៣ បញ្ជាក់​ថា បណ្ដា​គោលការណ៍​ជា​មូលដ្ឋាន​ដែល​បាន​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ថ្មី​នោះ គឺ​មាន​ចែង​នៅ​ក្នុង​ឧបសម្ព័ន្ធ​ទី​៥​នៃ​កិច្ចព្រមព្រៀង ។

បណ្ដា​គោលការណ៍​សម្រាប់​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​របស់​កម្ពុជា​ដែល​ចែង​នៅ​ក្នុង​ឧបសម្ព័ន្ធ​ទី​៥ មាន​ដូច​តទៅ ៖

  1. រដ្ឋធម្មនុញ្ញ​គឺជា​ច្បាប់​កំពូល​របស់​ប្រទេស ។ ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​អាច​ធ្វើ​បាន​លុះត្រាតែ​មាន​របៀបរបប​ចាត់តាំង​មួយ​ទាក់ទង​ដល់​ការ​យល់ព្រម​ពី​អង្គការ​នីតិបញ្ញត្តិ ការ​ធ្វើ​ប្រជាមតិ​ឬ​ក៏​ដោយ​វិធី​ទាំង​ពីរ​នេះ​តែ​ម្ដង ។
  2. ប្រវត្តិសាស្ត្រ​ថ្មីៗ​ប្រកបដោយ​សោកនាដកម្ម​នៅ​កម្ពុជា​ទាមទារ​ឲ្យ​មាន​វិធានការ​ពិសេស​ដើម្បី​ធានា​ការពារ​សិទ្ធិ​មនុស្ស ។ ហេតុ​ដូច្នេះ រដ្ឋធម្មនុញ្ញ​ត្រូវ​រួម​មាន​សេចក្ដី​ថ្លែងការណ៍​មួយ​អំពី​សិទ្ធិ​ជា​មូលដ្ឋាន នៅ​ក្នុង​នោះ​មាន​សិទ្ធិ​ក្នុង​ការ​មាន​ជីវិត​រស់នៅ​សន្តិសុខ សេរីភាព​របស់​បុគ្គល សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ សេរីភាព​ក្នុង​ជំនឿ​សាសនា រួម​ប្រជុំ​គ្នា​ និង​ការ​បង្កើត​សមាគម រួមមាន គណបក្ស​នយោបាយ និង​សហជីព ដំណើរការ​តុលាការ​ត្រឹមត្រូវ ​និង​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ ការ​ការពារ​កុំ​ឲ្យ​មាន​ការ​ដកហូត​កម្មសិទ្ធិ​ដោយ​វិធី​ផ្តាច់​ការ ឬ​ការ​ដកហូត​កម្មសិទ្ធិឯកជន​ដោយ​គ្មាន​ការ​សងជំងឺចិត្ត​ដ៏​ត្រឹមត្រូវ​ និង​សេរីភាព​ដោយ​គ្មាន​ការ​ប្រកាន់​រើសអើង​ពូជសាសន៍ ជនជាតិ ជំនឿ​សាសនា ឬ​ភេទ​ឡើយ ។ រដ្ឋធម្មនុញ្ញ​ត្រូវ​ហាមឃាត់​នូវ​ការ​អនុវត្ត​ច្បាប់​ឧក្រិដ្ឋ​ទៅ​លើ​ឧក្រិដ្ឋកម្ម ដែល​កើត​ឡើង​ក្នុង​អតីតកាល ។ សេចក្ដី​ប្រកាស​ត្រូវ​សម​ស្រប​ទៅ​នឹង​ប្រការ​ទាំងឡាយ​នៃ​សេចក្ដី​ប្រកាស​ជា​សាកល​អំពី​សិទ្ធិ​មនុស្ស ព្រមទាំង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដទៃ​ទៀត​ដែល​ពាក់ព័ន្ធ ។ បុគ្គល​ដែល​ត្រូវ​រំលោភ​បំពាន មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ​ដើម្បី​កាត់សេចក្ដី​ និង​ធ្វើ​ឲ្យ​គេ​គោរព​សិទ្ធិ​ទាំង​អស់នេះ ។
  3. រដ្ឋធម្មនុញ្ញ​ត្រូវ​ប្រកាស​អំពី​លក្ខន្តិកៈ​ប្រទេស​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ ឯករាជ្យ និង​អព្យាក្រឹត​មួយ និង​អំពី​ឯកភាព​ជាតិ​របស់​ប្រជាជន​កម្ពុជា ។
  4. រដ្ឋធម្មនុញ្ញ​ត្រូវ​ប្រកាស​ថា កម្ពុជា​នឹង​អនុវត្ត​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ដោយ​ឈរ​លើ​មូលដ្ឋាន​ពហុបក្ស ។ រដ្ឋធម្មនុញ្ញ​ត្រូវ​កំណត់​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ​ និង​តាម​ពេលវេលា ។ រដ្ឋធម្មនុញ្ញ​ត្រូវ​អនុញ្ញាត​សិទ្ធិ​សម្រាប់​បោះឆ្នោត​ និង​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​តាម​របៀប​បោះឆ្នោត​ដោយ​សកល​ និង​ស្មើភាព ។ រដ្ឋធម្មនុញ្ញ​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សម្ងាត់ ដោយ​តម្រូវ​ឲ្យ​ទម្រង់​បែបបទ​នៃ​ការ​បោះឆ្នោត​ត្រូវ​ផ្តល់​ឱកាស​គ្រប់គ្រាន់​និង​សមរម្យ ដើម្បី​រៀបចំ​ និង​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត ។​
  5. ៥) ត្រូវ​បង្កើត​អង្គការ​តុលាការ​មួយ​ឯករាជ្យ ដែល​ត្រូវ​មាន​អំណាច​ដាក់​ឲ្យ​អនុវត្ត​នូវ​បណ្ដា​សិទ្ធិ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ។
  6. រដ្ឋធម្មនុញ្ញ​ត្រូវ​អនុម័ត​ដោយ​សំឡេង​ភាគច្រើន ពីរ​ភាគ​បី​នៃ​សមាជិក​របស់​សភាធម្មនុញ្ញ ។ ការ​រំឭក​អំពី​គោលការណ៍​ទាំងនេះ គឺ​មាន​ប្រយោជន៍​ដើម្បី​ពិនិត្យ​បញ្ជាក់​មិន​ត្រឹមតែ​ថា​វា​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​ទេ (តាម​ការ​ពិត​វា​ត្រូវ​បាន​បញ្ចូល​មែន) ប៉ុន្តែ​ដើម្បី​វាយតម្លៃ​ថា វា​ត្រូវ​បាន​បញ្ចូល​ដោយ​របៀប​វះកាត់ ហើយ​ដែល​ត្រូវ​បាន​អនុវត្ត​សព្វថ្ងៃ​នេះ ។​

មុន​នឹង​ចាត់ចែង​ធ្វើ​ច្បាប់​នេះ យើង​សូម​រំឭក​ថា សភាធម្មនុញ្ញ​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ដែល​រៀបចំ​ឲ្យ​មាន​ដំណើរ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​២៣​ និង​ ២៨ ខែឧសភា ត្រូវ​បាន​ដាក់​ឲ្យ​ចូល​កាន់​មុខ​តំណែង​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​១៩៩៣ ។ គណៈកម្មាធិការ​មួយ​ដែល​មាន​សមាជិក​២១​រូប (គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ៦​រូប គណបក្ស​ប្រជាជន ៥​រូប គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ​សាសនា​ ១​រូប) អ្នក​ជំនាញការ​កម្ពុជា​ជា​ច្រើន​រូប​បាន​រួបរួម​ក្នុង​កិច្ចការ​នេះ​ដែរ បាន​ស្ថិត​នៅ​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែសីហា​ ជា​កាលបរិច្ឆេទ​ដែល​គណៈកម្មាធិការ​បាន​សម្រេច​អំពី​ច្បាប់​រដ្ឋធម្មនុញ្ញ​មួយ ។ ប៉ុន្តែ​ហាក់​ដូចជា​ថា គណៈកម្មាធិការ​ពុំ​ចង់ ឬ​ពុំ​អាច​សម្រេចចិត្ត​ស្តី​អំពី​ជំពូក​ទាក់ទង​ទៅ​នឹង​ប្រមុខរដ្ឋ​ទេ ហើយ​ថា​ត្រូវ​ទុក​ចំហ​សម្រាប់​ការ​ជ្រើសរើស​រវាង​សិទ្ធិ​ជ្រើសរើស​ជា​ច្រើន: សាធារណរដ្ឋ​ជាមួយនឹង​ប្រព័ន្ធ​ប្រធានាធិបតី​និយម​មួយ ឬ​ប្រព័ន្ធ​សភានិយម ឬ​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ ឬ​ការ​បង្កើត​ឡើង​វិញ​នូវ​របប​ដែល​មាន​មុន​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ដែល​ត្រូវ​គ្រោង​គិត​ពី​ផ្នែក​គតិយុត្តិ​កាន់តែ​ច្រើន​ថែម​ទៀត ហើយ​ជា​ពិសេស​ដែល​គ្រោង​គិត​ដោយ​លោក សឺន សាន ជា​ប្រធាន​ធម្មនុញ្ញ ដែល​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា សភា​នេះ​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​បញ្ញត្តិ​មួយ​លុប​ចោល​ការ​សម្រេច (ទម្លាក់​សម្តេច​សីហនុ) នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ។ ការ​បញ្ចេញ​មតិ (សម្រេច​ពី​បញ្ហា​នេះ) មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ភាព​គ្មាន​តម្លៃ​នៃ​ទង្វើ​ទាំងអស់​របស់​បណ្ដា​របប​បន្ទាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​បង្កើត​ឲ្យ​មាន​និរន្តរភាព​មួយ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ ។​

គណៈប្រតិភូ​មួយ​នៃ​គណៈកម្មាធិការ​តាក់តែង​រដ្ឋធម្មនុញ្ញ​បាន​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង ជាទី​កន្លែង​ដែល​សម្តេចព្រះ​នរោត្តម សីហនុ គង់​ប្រថាប់​នៅ​ទីនោះ ។ ការ​ចរចា​មួយ​បាន​បញ្ចប់​ដោយ​ការ​ជ្រើសរើស​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​វា​ច្បាស់លាស់​ណាស់​ថា ជា​ការ​ជ្រើសរើស​អនាគត​ព្រះមហាក្សត្រ ។ គេ​នៅ​ចាំ​នៅឡើយ​អំពី​សេចក្ដី​សង្ឃឹម​ដែល​ថ្លែង​ជាមួយនឹង​បំណង​ដ៏​ខ្ជាប់​ខ្លួន​គួរ​ចាប់អារម្មណ៍​មួយ ដែល​សម្តេចព្រះ​នរោត្តម សីហនុ ចង់​ទត​ឃើញ​ការ​រៀបចំ​ជា​ប្រព័ន្ធ​គ្រប់គ្រង​មួយ ដោយ​យក​គំនិត​តាម​រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ​ទី​៥ របស់​បារាំង​ឲ្យ​បាន​ទូលំទូលាយ ។ គេ​មិន​សូវ​ភ័ន្ត​ច្រឡំ​ប៉ុន្មាន​ទេ​ចំពោះ​ការ​អះអាង​ថា របប​បច្ចុប្បន្ន​ដែល​ព្រះមហាក្សត្រ​គោរព​ច្បាប់​ផ្សេងៗ​ដោយ​ឥត​ល្អៀង ពុំ​មែន​ជា​របប​ដែល​ព្រះ​អង្គ​សព្វព្រះទ័យ​ចង់​បាន​នៅ​ឆ្នាំ​១៩៩៣ សម្រាប់​ប្រទេស​កម្ពុជា​ឡើយ ។

លទ្ធផល​នៃ​ការ​សម្របសម្រួល​នៅ​ក្រុង​ព្យុងយ៉ាង ត្រូវ​ដាក់​ឲ្យ​សភាធម្មនុញ្ញ​ពិនិត្យ​នៅ​ថ្ងៃ​ទី​១៥​ ខែកញ្ញា ឆ្នាំ​១៩៩៣ ដែល​បាន​ពិភាក្សា​អំពី​ច្បាប់​រដ្ឋធម្មនុញ្ញ​ក្នុង​សម័យប្រជុំ​ជា​សាធារណៈ​ ហើយ​ក៏​បាន​សម្រេច​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន ។ រដ្ឋធម្មនុញ្ញ​បាន​ត្រូវ​អនុម័ត​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​១៩៩៣ ដោយ​១១៣​សំឡេង​យល់ព្រម ៥​សំឡេង​ជំទាស់ និង​ ២​សំឡេង​អនុបវាទ ។ រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ប្រមុខរដ្ឋ​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ។ នា​ថ្ងៃ​ដដែល​នោះ សម្តេចព្រះ​នរោត្តម សីហនុ ត្រូវ​បាន​ក្រុមប្រឹក្សារាជបល្ល័ង្ក​ជ្រើសរើស និង​សុំ​ឲ្យ​ព្រះ​អង្គ​ធ្វើ​សច្ចាប្រណិធាន​ដើម្បី​ឲ្យ​ក្លាយជា​ព្រះមហាក្សត្រ​មួយ​អង្គ​អាស្រ័យ​រដ្ឋធម្មនុញ្ញ ។

រដ្ឋធម្មនុញ្ញ​រួម​មាន​បុព្វកថា​មួយ​ និង​ ១៣៩​មាត្រា ចែក​ជា ១៤​ជំពូក ។ នេះ​ជា​រដ្ឋធម្មនុញ្ញ​ដែល​វែង​ជាងគេ ។ រដ្ឋធម្មនុញ្ញ​នេះ​បាន​ក្លាយ​ទៅ​ជា​កម្មវត្ថុ​នៃ​ការ​សិក្សា​ពិនិត្យ​អំពី​លទ្ធិ​គ្រប់គ្រង​តាំងពី​ពេល​នោះ​មក​ម្ល៉េះ ដែល​ធ្វើ​ឲ្យ​លើស​តម្រូវការ​នាំ​ឲ្យ​ស្គាល់​មួយ ។ ផ្ទុយ​ទៅ​វិញ ដូច​បាន​បង្ហាញ​រួច​មក​ហើយ​ថា វា​អាច​មាន​សារសំខាន់​ដែល​ត្រូវ​ពិនិត្យ​របៀប​អនុវត្ត​បញ្ញត្តិ​ផ្សេងៗ​ដែល​បញ្ចូល​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​បី​ឆ្នាំ​បន្ទាប់​ពី​ចូល​ជា​ធរមាន​យ៉ាងណា​ខ្លះ ហើយ​ជា​ពិសេស ពិនិត្យ​មើល​ផលវិបាក​ទាំងឡាយ​ទៅ​លើ​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​ចាប់ផ្តើម​កែទម្រង់​ដោយ​ល្បឿន​យឺតៗ អំណាច​ជ្រើសរើស​ខ្លះៗ (រួម​ទាំង​ការ​ជ្រើសរើស​ដែល​គ្មាន​បញ្ចូល​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ផង) និង​ការ​ថ្លែង​ដោយ​សម្តី​ជាក់លាក់​មួយ​ចំនួន​តូច​របស់​សមាជិក​សភាធម្មនុញ្ញ ។​

រដ្ឋធម្មនុញ្ញ​គ្មាន​និយាយ​ពី​ប្រព័ន្ធ​បោះឆ្នោត​ដែល​នឹង​ត្រូវ​ដាក់​ប្រើ​តាម​ច្បាប់​ដែល​រៀបចំ​មុន​ដោយ​មាត្រា​៧៦​ឡើយ ។ ប៉ុន្តែ​គេ​ដឹង​ពី​យោបល់​ផ្សេងៗ​ដែល​សម្រេច​ក្នុង​ការ​ជ្រើសរើស​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ (ប្រព័ន្ធ​បោះឆ្នោត​ផ្អែក​ដែល​លើ​មតិ​ភាគច្រើន ប្រព័ន្ធ​បោះឆ្នោត​ជុំ​ទី​១ ឬ​ជុំ​ទី​២ និង​ប្រព័ន្ធ​សមាមាត្រ) តាម​របៀប​គ្រប់គ្រង​នយោបាយ ។ រយៈពេល​២​ឆ្នាំ​បន្ទាប់​ពី​ការ​បោះឆ្នោត​ដែល​ត្រូវ​ពិនិត្យ​មើល​ការ​បន្ត​សភា​ដែល​បាន​ជ្រើស​តាំងនៅ​ឆ្នាំ​១៩៩៣ គឺ​ច្បាប់បោះឆ្នោត​នៅ​តែ​ពុំ​ទាន់​បាន​អនុម័ត​ដោយសារ​មួយ​ផ្នែក​ធំ​មក​ពី​ការ​លំបាក​វះកាត់ ការ​ជ្រើសរើស​មួយ​ដែល​ត្រូវ​ពន្យារ​ពេល​ដោយ​សមាជិក​សភា​បញ្ញត្តិ​ច្បាប់ ។

មាត្រា​៨៨ បាន​តម្រូវ​ឲ្យ​មាន​កូរ៉ុម​ពីរ​ភាគ​ដប់​នៃ​សមាជិក​សភា​ទាំងមូល ទើប​ការ​ប្រជុំ​របស់​រដ្ឋសភា​អាច​យក​ជា​ការ​បាន ។ ការ​តម្រូវ​នេះ​ក្រៅពី​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ការ​ចាប់​បដិសន្ធិ​របស់​ក្រុម​អ្នកតំណាង​ជាតិ ដែល​ស្រប​តិចតួច​នឹង​បណ្ដា​គោលការណ៍​ជា​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​តាម​រយៈ​តំណាង វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​គាំង​ដំណើរ​ដូច​បាន​ពិនិត្យ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ទូលំទូលាយ​រួច​មក​ហើយ ។ តាម​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ជាតិ​ថា រដ្ឋសភា​ជាតិ​បាន​រួម​ប្រជុំ​ត្រឹមតែ​ពាក់កណ្តាល​សម័យកាល​ដែល​គ្រោង​ទុកជា​មុន សម្រាប់​សម័យប្រជុំ​បី​ខែ​ដែល​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ។ គេ​តោង​តែ​ពិនិត្យ​មើល​ការ​ប្រព្រឹត្តិ​របស់​បណ្ដា​សមាជិក​សភា​នេះ​នូវ​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​នៃ​ភាព​ទន់ខ្សោយ​ក្នុង​ការ​ផលិត​ច្បាប់​របស់​សភា​មួយ ដែល​ក្នុង​រយៈពេល​បី​ឆ្នាំ​បាន​អនុម័ត​ច្បាប់​តែ​ចំនួន​៣០​ប៉ុណ្ណោះ ។​

ពី​មាត្រា​១១៧​ ដល់​មាត្រា​១២៥ គឺ​និយាយ​អំពី​ក្រុមប្រឹក្សាធម្មនុញ្ញ​មួយ​ដែល​នៅ​តែ​រង់ចាំ​ការ​អនុម័ត​ច្បាប់​ស្តី​អំពី​ការ​បង្កើត និង​បញ្ជាក់​អំពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​អង្គការ​នេះ ដែល​បញ្ញត្តិ​ដោយ​មាត្រា​១២៥ ។ កង្វះខាត​ក្រុមប្រឹក្សាធម្មនុញ្ញ តើ​វា​ធ្វើ​ឲ្យ​លិខិត​ស្នាម​ទាំងអស់​របស់​រដ្ឋាភិបាល​បានការ​ដែរ​ឬ​ទេ ? ទោះបីជា​យ៉ាងណា​ក៏​ដោយ នេះ​ជា​យោបល់​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ និង​ជា​ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ គឺ​ឯកឧត្តម ញឹក ជូឡុង ដែល​ជ្រើសរើស​ទុកជា​មុន​ដោយ​ព្រះមហាក្សត្រ ដើម្បី​ធ្វើ​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នះ ។ ម្យ៉ាងទៀត គេ​អាច​កាត់​យល់​ពី​សេចក្ដីសម្រេច​នេះ​របស់​ប្រមុខរដ្ឋ​ក្នុង​ការ​ជ្រើស​តាំងពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​១៩៩៣ នូវ​បុគ្គល​បី​រូប ដោយ​សំអាង​ទៅ​លើ​មាត្រា​១១៨ សមាជិក​បី​រូប​បាន​ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ ។ នេះ​ជា​ព្រះរាជ​កាយវិការ​មួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ព្រះរាជ​បំណង​របស់​ព្រះមហាក្សត្រ ដែល​ចង់​ទត​ឃើញ​ស្ថាប័ន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឆាប់រហ័ស​បំផុត ។

អន្តរបញ្ញត្តិ​ត្រង់​ជំពូក​១៣៨ ដែល​និយាយ​អំពី​ការ​មាន​នាយករដ្ឋមន្ត្រី​ពីរ​រូប​ក្នុង​នីតិកាល​ទី​១ គឺ​សម្បូរ​ដោយ​ព័ត៌មាន​អំពី​សកម្មភាព​នយោបាយ​របស់​កម្ពុជា​សម្រាប់​អ្នក​សង្កេតការណ៍ ។ ជាបឋម វា​បាន​អះអាង​បន្ថែម​អំពី​ការ​បែងចែក​អំណាច​រវាង​កម្លាំង​នយោបាយ​សំខាន់​ពីរ ក្នុង​ពេល​ដែល​មាន​ការ​សរសេរ​ច្បាប់​រដ្ឋធម្មនុញ្ញ ។ ប្រការ​នេះ​ស​ឲ្យ​ឃើញ​ថា សភា​ដែល​ផ្តល់​រដ្ឋធម្មនុញ្ញ​ត្រូវ​តែ​ធ្វើ​សម្បទាន​ចំពោះ​ស្ថានភាព​នយោបាយ​មួយ​តាម​កាលៈទេសៈ ។ លក្ខណៈ​បណ្តោះ​អាសន្ន​នៃ​អន្តរបញ្ញត្តិ​នេះ​គឺជា​ការ​បង្ហាញ​មួយ​អំពី​បំណង​ដែល​មិន​ចង់​ប្រកាន់​យក​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​តម្រូវ​ឲ្យ​ទទួល​ដោយ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ និង​ច្បាប់​បោះឆ្នោត​របស់​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (អ៊ុនតាក់) ។ ភាព​ព្រលាំ​គ្នា​ដែល​ចារឹក​ក្នុង​លំដាប់​ឋានានុក្រម​មួយ​រវាង​នាយក​រដ្ឋមន្ត្រី​ពីរ​រូប អាច​ធ្វើ​ឲ្យ​ជឿ​ថា​គេ​ស្ថិត​នៅ​ចំពោះ​មុខ​រដ្ឋាភិបាលចម្រុះ​មួយ​ដែល​នៅ​ក្នុង​នោះ​ការ​បែងចែក​អំណាច​បាន​ធ្វើ​ឡើង​លើ​មូលដ្ឋាន​នៃ​លទ្ធផល​បោះឆ្នោត​ដូច​ដែល​មាន​ប្រើ​ក្នុង​បណ្ដា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​អាស្រ័យ​សភា​ដែរ ។ ពួក​អ្នក​សង្កេតការណ៍​ខ្លះ​ដែល​ប្រាប់​ឲ្យ​ដឹង​តិចតួច​អំពី​ប្រព័ន្ធ​នយោបាយ​ដែល​រដ្ឋាភិបាល​ចម្រុះ​បំពេញ​មុខងារ​បាន​ងឿង​ឆ្ងល់​ដែល​ឃើញ​រដ្ឋមន្ត្រី​ម្នាក់​របស់​គណបក្ស​មួយ​ត្រូវ​អបអរ​ដោយ​រដ្ឋលេខាធិការ​ម្នាក់​របស់​គណបក្ស​មួយ​ទៀត​ទោះបី​នេះ​ជា​ទម្លាប់​ធម្មតា​ក្នុង​ប្រភេទ​រដ្ឋាភិបាល​នេះ​ក៏​ដោយ ។ ផ្ទុយ​ទៅ​វិញ មនុស្ស​មួយ​ចំនួន​តូច​បាន​សង្កេត​ឃើញ​ថា ការ​បែងចែក​អំណាច​ពុំ​បាន​ធ្វើ​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទេ ។ រដ្ឋាភិបាល​ទី​១​ដែល​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ និង​ដែល​រៀបចំ​ជាដំបូង​នៅ​ខែតុលា ឆ្នាំ​១៩៩៣ រួម​មាន​សមាជិក​ ៣៤​រូប គឺ​រដ្ឋមន្ត្រី​ ១៨​រូប និង​រដ្ឋលេខាធិការ​ ១៦​រូប ក្នុង​នោះ​មាន​ ១៨​រូប ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ១១​រូប​ ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ៣​រូប​ ខាង​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ​សាសនា និង​ ២​រូប គ្មាន​ឈ្មោះ​ក្នុង​គណបក្ស​ណា​ទេ ។ គេ​មិន​អាច​និយាយ​ថា​ការ​បែងចែក​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឡើយ (កៅអី​ដែល​ទទួល​បាន​ត្រូវ​បែងចែក​ដូច​តទៅ: គណបក្ស​ហ៊្វុនស៊ិនប៉ិច​៥៨ គណបក្ស​ប្រជាជន​កម្ពុជា​៥១ គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ​សាសនា​១០ គណបក្ស​ម៉ូលីណាកា​១) ។ ប្រការ​នេះ​បាន​អះអាង​បន្ថែម​ដោយ​សេចក្ដី​ថ្លែងការណ៍​ថ្មី​មួយ​របស់​ព្រះមហាក្សត្រ ដែល​តាម​រយៈ​នេះ​ថា ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ពុំ​បាន​ចាត់ចែង​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ទេ ហើយ​រដ្ឋាភិបាល​បច្ចុប្បន្ន​ពុំ​មាន​ផ្អែក​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឡើយ​ ប៉ុន្តែ​គឺ​ផ្អែក​លើ​ការ​ព្រមព្រៀង​បែងចែក​អំណាច​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិន​គិតដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឡើយ ។​

មាត្រា​១៣៩ ដែល​កំណត់​គោលបំណង​សម្រាប់​ធានា​និរន្តរភាព​របស់​រដ្ឋ និង​ជៀសវាង​ភាព​ចំហ​ផ្នែក​គតិយុត្តិ បាន​ធ្វើ​ឲ្យ​ងាយស្រួល​ដល់​ការ​ងាករេ​មួយ ក្នុង​ករណី​ដែល​ផ្នែក​មួយ​ ប៉ុន្តែ​សំខាន់​នៃ​មាត្រា​នេះ​ពុំ​ត្រូវ​បាន​គោរព ។ មាត្រា​នេះ​បញ្ជាក់​ថា «ច្បាប់​ និង​លិខិត​បទដ្ឋាន​ទាំងអស់​នៅ​កម្ពុជា ដែល​ធានា​ការ​ការពារ​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ សិទ្ធិ​សេរីភាព និង​សម្បត្តិ​ត្រឹមត្រូវ​តាម​ច្បាប់​របស់​បុគ្គល​ដែល​សម​នឹង​ប្រយោជន៍​ជាតិ ត្រូវ​មាន​អានុភាព​អនុវត្ត​បន្ត​ទៅ​មុខ​ទៀត​រហូត​ដល់​មាន​អត្ថបទ​ថ្មី​មក​កែប្រែ ឬ​លុប​ចោល លើកលែងតែ​បទបញ្ញត្តិ​ណា​ដែល​ផ្ទុយ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​នេះ» ។ ផ្អែក​លើ​មូលដ្ឋាន​នៃ​មាត្រា​នេះ ជា​ឧទាហរណ៍​គេ​បាន​ប្តឹង​ និង​ផ្តន្ទាទោស​ពួក​កាសែត គេ​បាន​រំលោភសិទ្ធិ​ក្នុង​ការ​រួម​ប្រជុំ​ និង​ការ​បង្កើត​សមាគម ដោយ​អាង​លើ​បទបញ្ញត្តិ​ផ្សេងៗ​ដែល​ត្រឹមត្រូវ​តាម​ច្បាប់​កាលពីមុន ហើយ​ដែល​ផ្ទុយ​នឹង​ស្មារតី​សេរីនិយម​របស់​រដ្ឋធម្មនុញ្ញ​យ៉ាង​ជាក់ស្តែង ។

កំណត់សម្គាល់​ទូទៅ​ចំនួន​បី​មុន​នឹង​បញ្ចប់​

១. បទបញ្ញត្តិ​ផ្សេងៗ​នៅ​ជំពូក​ទី​៣​ ទាក់ទង​ទៅ​នឹង​សិទ្ធិ​ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ (មាត្រា​៣១​ ដល់​៥០) មាត្រា​៧៦ (និយាយ​អំពី​ភាព​អាច​ជ្រើសតាំង​បាន​នៃ​បណ្ដា​សមាជិក​រដ្ឋសភា​ជាតិ)​ និង​មាត្រា​១២៨ (ការ​ចូលរួម​សមាជជាតិ)​ បាន​តម្រូវ​សម្រាប់​តែ «ប្រជាពលរដ្ឋ​ខ្មែរ» ​ប៉ុណ្ណោះ ។ ការ​ជ្រើសរើស​រូបមន្ត​នេះ​ដើម្បី​សម្គាល់​អ្នក​រស់​ក្នុងស្រុក ដោយ​ចាត់ទុកជា​សមាជិក​ពេញ​សិទ្ធិ​របស់​សហគមន៍​ជាតិ ជា​ជាង​ថា «កម្ពុជា» ឬ «ប្រជាពលរដ្ឋ» ​បាន​បង្ហាញ​នូវ​ការ​រើសអើង​មួយ​ចំពោះ​សមាជិក​ដទៃៗ​ទៀត​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ពុំ​មែន​ជា​សាសន៍​ខ្មែរ (ហើយ​អាច​សម្គាល់​ឃើញ​ថា​ខ្លួន​ត្រូវ​បញ្ចៀស​ចេញពី​អត្ថប្រយោជន៍ ?) ដែល​ត្រូវ​បាន​ពី​សិទ្ធិ​ និង​សេរីភាព​សំខាន់ៗ ដែល​ចារឹក​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ: ប្រជាជន​ដើម​កំណើត​ចិន​ឬ​ថៃ ជនជាតិ​ភាគតិច​ដែល​រស់នៅ​លើ​ភ្នំ ឬ​ប្រជាជន​អ៊ិស្លាម ។ ការ​រើសអើង​នេះ (គ្មាន​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​២​មុន ដែល​យកចិត្ត​ទុកដាក់​ចំពោះ​ «ប្រជាពលរដ្ឋ​កម្ពុជា») បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ព្រួយបារម្ភ​មួយ​ទៀត​ចំពោះ​ជោគវាសនា​ដែល​បម្រុង​ទុក​ចំពោះ​ជន​ទាំងឡាយ​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​ជនបរទេស ហើយ​ជា​ពិសេស ប្រជាជន​វៀតណាម​ដែល​តាំងពី​ឆ្នាំ​១៩៧០​មក បាន​ទទួល​រង​ការ​បាត់បង់​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ប្រកាន់​ពូជសាសន៍ និង​ការ​ស្អប់ខ្ពើម​ជនបរទេស​របស់​ប្រជាជន​ខ្មែរ​មួយ​ភាគ ។ សមាជិក​នៃ​សភាធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ហាក់​ដូចជា​មិនដឹង​ឬ​ធ្វើ​ជា​មិនដឹង​ថា សេចក្ដី​ប្រកាស​ជា​សកល​ស្តី​អំពី​សិទ្ធិ​មនុស្ស ក៏​ដូច​អនុសញ្ញា​អន្តរជាតិ​ស្តី​អំពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ និង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជនជាតិ​ភាគតិច បាន​យកចិត្ត​ទុកដាក់​ចំពោះ​ជនបរទេស​ដូច​គ្នា​នឹង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ដែរ ។ បំណង​របស់​សភាធម្មនុញ្ញ​បាន​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង ដល់​ភាព​គួរ​ឲ្យ​ជឿជាក់​នៃ​ការ​រួបរួម​របស់​ប្រទេស​កម្ពុជា​ និង​ស្ថាប័ន​អន្តរជាតិ​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស​ដែល​មាន​បញ្ជាក់​នៅ​ជំពូក​១ មាត្រា​៣១ ដូច​គ្នា​នឹង​ការ​យល់ព្រម​របស់​ខ្លួន​អំពី​គោលការណ៍​នៃ​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​ដែរ​ដែល​មាន​និយាយ​នៅ​ជំពូក​២ មាត្រា​ដដែល​នេះ ។ បើ​មាន​តែ​ «ប្រជាពលរដ្ឋ​ខ្មែរ» ​ប៉ុណ្ណោះ ដែល​មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ តើ​អត្ថន័យ​នៃ​កថាខណ្ឌ​បន្ទាប់​នៃ​មាត្រា​នេះ ដែល​បង្ហាញ​ថា​ពួក​គេ​មាន​សិទ្ធិ​សេរីភាព​ និង​ករណីយកិច្ច​ដូច​គ្នា​ទាំងអស់​ «ដោយ​ឥត​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ជំនឿ សាសនា​និន្នាការ​នយោបាយ ឋានៈ​សង្គម ធនធាន​ ឬ​ស្ថានភាព​ឯទៀតៗ» ​វា​យ៉ាងណា​ទៅ​វិញ ? ភាព​ស្មើមុខ​គ្នា​នៃ​សិទ្ធិ​ និង​ករណីយកិច្ច​ផ្សេងៗ​ត្រូវ​សម្រប​ទៅ​តាម​មនុស្ស​ខុសៗ​គ្នា ។

២. ចំពោះ​ការ​ពិនិត្យ​មើល​ស័ព្ទវិទ្យា​ជា​លើក​ដំបូង​នេះ ត្រូវ​បាន​គេ​ថែម​ស័ព្ទ​មួយ​ទៀត: ភាព​ទន់ខ្សោយ​ទូទៅ ទស្សនៈ​គតិយុត្តិ​មួយ ពាក្យ​ដែល​ប្រើប្រាស់ ។ ពាក្យ​ឬ​របៀប​ថ្លែង​ទាំងអស់ ដែល​ប្រើប្រាស់​គឺ​គ្មាន​ន័យ​ណា​មួយ​សោះ​ខាង​ច្បាប់ ។ អ្វី​ខ្លះទៅ​ជា​ទំនៀមទម្លាប់​ «ល្អ» តើ​ទំហំ​នៃ «ការ​ដាក់​ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង» មួយ​មាន​ប៉ុណ្ណា ? តើ​ «ប្រជាពលរដ្ឋ​ល្អ» ​ម្នាក់​មាន​លក្ខណៈ​ដូច​ម្តេច ?

ឃ្លោងឃ្លា​ខ្លះៗ​ដែល​ប្រើ​ក្នុង​នោះ មាន​លក្ខណៈ​មិន​ជាក់លាក់ ធ្វើ​ឲ្យ​មាន​ការ​បកស្រាយ​ផ្សេងៗ​ដែល​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង ​ហើយ​ដែល​ធ្វើ​ឲ្យ​ចុះ​ខ្សោយ ជួនកាល​ថែម​ទាំង​ធ្វើ​ឲ្យ​ការ​ទាក់ទង​គ្នា​នៃ​បញ្ញត្តិ​មួយ​រលាយ​បាត់បង់​ទៀត​ផង ។

រូបមន្ត​ខុសៗ​គ្នា​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​មាត្រា​ជា​ច្រើន​ដើម្បី​សម្គាល់​បញ្ហា​មួយ​ដូច​គ្នា ។ ឧទាហរណ៍​មាត្រា​២២ មាត្រា​៧៨ និង​មាត្រា​៨៦ និយាយ​អំពី «ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់» «ពេល​មាន​សង្គ្រាម» «កាលៈទេសៈ​ពិសេស» «ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន» ដោយ​គ្មាន​កំណត់​ច្បាស់លាស់​អំពី​សញ្ញាណ​ទាំងនេះ​ឡើយ ទោះបីជា​វា​ឆ្លើយ​តប​ទាំងស្រុង​ចំពោះ​ការ​ប្រាប់​លក្ខណៈ​នូវ​អ្វី​ដែល​នីតិ​សាធារណៈ​ហៅ​ថា «កាលៈទេសៈ​ពិសេស» ក៏​ដោយ ។

ពាក្យ​ច្បាប់​ទាំងឡាយ​ត្រូវ​បាន​ប្រើ​ដោយ​គ្មាន​រវល់​ការពារ​ភាព​ទាក់ទង​គ្នា​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​ទាំងមូល​ឡើយ ។ ឧទាហរណ៍​ការ​បញ្ជាក់​លក្ខណៈ​នៃ​ពាក្យ​ «អធិបតេយ្យ» បាន​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ផ្សេងៗ​ដែល​ផ្ទុយ​គ្នា​នឹង​ការ​ប្រគល់​អំណាច ។ មាត្រា​៥០ និយាយ​អំពី​ការ​គោរព​អធិបតេយ្យភាព ចំណែក​មាត្រា​៥១ និយាយ​អំពី​អធិបតេយ្យ​ប្រជាពលរដ្ឋ​ដោយ​កំណត់​ថា​ជា​ប្រភព​នៃ​អំណាច ។ នៅ​មាត្រា​៧៧ គេ​បាន​លុប​ចោល​អាណត្តិ​អាជ្ញា​បញ្ជា​ ប៉ុន្តែ​មាត្រា​៨៨ បាន​តម្រូវ​ឲ្យ​មាន​កូរ៉ុម​ប្រាំពីរ​ភាគ​ដប់ ទើប​ការ​ប្រជុំ​សភា​អាច​យក​ជា​ការ​បាន ។ ដោយសារ​ប្រភេទ​នៃ​ភាព​ផ្ទុយ​គ្នា​នេះ​ហើយ ដែល​គេ​អាច​ដកហូត​អ្នក​ដែល​ត្រូវ​បាន​ជ្រើស​តាំងពី​អំណាច​ដែល​ប្រគល់​ឲ្យ​ដោយ​បំពាន​ច្បាប់​នោះ ។

ភាសា​ខ្មែរ​គឺជា​ភាសា​វិភាគី (ដែល​វិនិច្ឆ័យ​ដោយ​ប្រើ​ការ​វែកញែក) ។ ការ​សម្បូណ៌​ពាក្យ​ឥត​ប្រយោជន៍​បាន​ធ្វើ​ឲ្យ​ឃ្លា​កាន់តែ​ធ្ងន់​គ្មាន​បាន​ការ​ បង្កើត​ភាព​មិន​ច្បាស់លាស់ និង​ការ​សង្ស័យ​អំពី​ចេតនា​របស់​សភាធម្មនុញ្ញ​ និង​ន័យ​ដែល​សភា​នេះ​កំណត់​ឲ្យ​ពាក្យពេចន៍​ទាំងឡាយ​ដែល​ខ្លួន​ប្រើ​ប្រាស់ ។ មាត្រា​៥៣ មាន​លក្ខណៈ​ប្រកបដោយ​សំនួនវោហារ​យ៉ាង​ចម្លែក​ចំពោះ​ទស្សនៈ​នេះ: ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​នយោបាយ​អព្យាក្រឹត​អចិន្ត្រៃយ៍ ។ ការ​ពោល​អះអាង​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​មួយ​សម្តែង​ចេញ​ឲ្យ​ដឹង​នូវ​បំណង​មួយ​ដែល​មិន​ប្រែប្រួល​ឣ៊ីចឹង​ឬ ? តើ​គេ​អាច​គ្រោង​ប្រតិបត្តិ​ជា​និច្ច​នូវ​នយោបាយ​អព្យាក្រឹត​មួយ​ដែល​មាន​ឡើង​ដោយ​កាលៈទេសៈ​ដែរ​ឬទេ ? ឧទាហរណ៍​មួយ​ទៀត សិទ្ធិ​ «ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច​សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ» (មាត្រា​៣៥) ។ តើ​ការ​ចូលរួម​អកម្ម (ដែល​គ្មាន​ធ្វើ​អ្វី​សោះ) នឹង​ត្រូវ​ហាមឃាត់​ឬ ? តាម​ការ​ពិត សិទ្ធិ​នេះ​ដែល​លេច​ឡើង ហាក់​ដូចជា​ករណីយកិច្ច​មួយ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ពី​មុន តើ​មាន​រួម​បញ្ចូល​នូវ​លទ្ធភាព​ផ្សេងៗ​ទៀត ដូចជា​លទ្ធភាព​ដែល​បង្ហាញ​ក្នុង​បទបញ្ញត្តិ​ផ្សេងៗ​ទាក់ទង​ទៅ​នឹង​សេរីភាព​ក្នុង​ការ​សម្តែង​មតិ ការ​ប្រជុំ និង​ការ​បង្កើត​សមាគម​ដែរ​ទេ ?

បើ​ប្រៀបធៀប​នឹង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧ ឆ្នាំ​១៩៥៦ ឬ​ឆ្នាំ​១៩៧២ រដ្ឋធម្មនុញ្ញ​១៩៩៣ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ភាព​ថយក្រោយ​មួយ​យ៉ាង​ច្បាស់​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​គំនិត​ផ្សេងៗ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ និង​សេចក្ដី​ទៀងទាត់​ឥត​ល្អៀង​ផ្នែក​គតិយុត្តិ ។​

៣. ចំនួន​៣៣​លើក អត្ថបទ​ទាំងស្រុង​នៃ​ច្បាប់គ្រឹះ​បាន​ប្រគល់​ឲ្យ​រដ្ឋសភា​មើល​ខុស​ត្រូវ​ធ្វើ​ច្បាប់​ដោយ​ប្រើ​បទបញ្ញត្តិ​មួយ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ ។ ភាព​ទន់ខ្សោយ​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​មាន​តាំងពី​ការ​កកើត​មក ត្រូវ​បាន​អះអាង​បន្ថែម​ដោយ​ភាពយឺត​យ៉ាវ ដោយសារ​ច្បាប់​ទាំងនោះ​ត្រូវ​ដាក់​ឲ្យ​ពិនិត្យ​ និង​អនុម័ត ។ នៅ​ថ្ងៃនេះ ក្នុង​ចំនួន​ច្បាប់​៣៣​ដែល​ប្រកាស​ឲ្យ​ធ្វើ​ដោយ​រដ្ឋធម្មនុញ្ញ គឺ​មាន​តែ​ច្បាប់​ចំនួន​៩​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុម័ត ។ គេ​អាច​ពោល​អះអាង​ដោយ​សម​ហេតុ​សម​ផល​ថា​ នៅ​ចំពោះ​មុខ​យើង​មាន​រដ្ឋធម្មនុញ្ញ​មួយ​ដែល​ខ្វះ​ការ​អនុវត្ត​យ៉ាង​ខ្លាំង ។

វា​ក្លាយទៅជា​រឿង​សាមញ្ញ​មួយ​ទៅ​ហើយ​ដែល​គេ​សម្គាល់​ឃើញ​ថា រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ មាន​លក្ខណៈ​ប្លែក​ជាទី​បំផុត​ដោយសារ​កាលៈទេសៈ​នៃ​ការ​តាក់តែង​ខ្លឹមសារ​របស់​វា ។ ក្នុង​ន័យ​នេះ រដ្ឋធម្មនុញ្ញ​បាន​ត្រឹមតែ​បង្កើត​ដោយ​ផ្នែក​នូវ​របប​មួយ​ដែល​បី​ឆ្នាំ​ក្រោយមក​នៅ​តែ​ស្វែងរក​លក្ខណៈ​ពិសេស​នៃ​ស្ថិរភាព​របស់​ខ្លួន​នៅឡើយ ។ ដោយហេតុ​នេះ រដ្ឋធម្មនុញ្ញ​មុខជា​នឹង​មាន​ភាព​ឃ្លាត​ពី​គ្នា​យ៉ាង​ឆាប់រហ័ស បើ​ប្រៀបធៀប​នឹង​លក្ខណៈ​ពិសេស​ផ្សេងៗ​នៃ​ប្រព័ន្ធ​នយោបាយ​ដែល​ខំប្រឹង​កែទម្រង់​របស់​ខ្លួន ។ តាម​ការ​មើល​ឃើញ​នេះ គេ​នឹង​មិន​អាច​បន្ទោស​ថា អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​បាន​កំណត់​លក្ខណៈ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ទៅ​តាម​លក្ខណៈ​របស់​ខ្លួន​ឡើយ ។ ក៏​ប៉ុន្តែ​ ការ​ពោល​អះអាង​នេះ​ត្រូវ​តែ​កុំ​ឲ្យ​ជ្រុល​ដោយ​ការ​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នូវ​សេរីភាព​សំខាន់ៗ ច្បាប់​ផ្សេងៗ​ខាង​សេដ្ឋកិច្ច និង​សង្គមកិច្ច ដែល​ជួយ​ឲ្យ​មាន​ការ​ពង្រីក​សង្គម​ស៊ីវិល​មួយ ដែល​នៅ​យឺតយាវ​នៅ​ឡើយ ប៉ុន្តែ​ក្នុង​ជំហាន​ពិតប្រាកដ ទោះបីជា​មាន​ការ​បណ្តែត​បណ្តោយ​ជា​ច្រើន​ដែល​គេ​អាច​សង្កេត​ឃើញ​នៅ​ពេល​សព្វថ្ងៃ​ក៏​ដោយ ។ ប្រសិនបើ​ជា​រដ្ឋធម្មនុញ្ញ​អាច​ប្លែក​ពី​គ្នា​ពង្រឹង​ការ​ចាក់​ឫស​ និង​ស្វ័យភាព​របស់​ខ្លួន សង្គម​ស៊ីវិល​នេះ​គឺជា​តំណាង​អ្វីៗ​ដែល​ឲ្យ​សម្រេច​ផល​ច្រើន​ប្រការ​សម្រាប់​អនាគត​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ ។ ជាមួយ​ភាព​ទាក់ទង​គ្នា​ហូរហែ​មួយ​ដែល​កំពុង​តែ​រីក​លូតលាស់​ជាមួយនឹង​សារព័ត៌មាន​ដ៏​សម្បូណ៌ ទោះបីជា​សេចក្ដី​ខាងក្នុង​របស់​វា​មាន​លក្ខណៈ​ជា​ការ​ធ្វើ​ឬ​និយាយ​ដោយ​ប្រុង​ប្រយ័ត្ន (មិន​និយាយ​ឲ្យ​អស់​រឿង) យ៉ាងណា​ក៏​ដោយ ឲ្យ​កាសែត​ជា​ច្រើន​ដែល​កំពុង​ផ្សាយ​នៅ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ហាម​ឃាត់​ទាំងស្រុង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ហើយ​មាន​កាសែត​យ៉ាងច្រើន​នឹង​ត្រូវ​ប្តឹង ​និង​ផ្តន្ទាទោស​នៅ​ក្នុង​បណ្ដា​ប្រទេស​លោក​ខាងលិច​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ជាងគេ ។ សេរីភាព​ក្នុង​ការ​សម្តែង​មតិ​ពុំ​មែន​បង្ហាញ​ភ័ស្តុតាង​ពី​ការ​ប៉ិន​ប្រសប់​ដែល​ធ្វើ​ឡើងជា​ក្បួន​តាម​ការ​ជេរ​ប្រមាថ ការ​មួលបង្កាច់ ការ​បរិហារកេរ្តិ៍ ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស ការ​អុជអាល​ឲ្យ​មាន​ការ​ស្អប់ខ្ពើម​ និង​អំពើ​ហិង្សា ភាព​ចំអេសចំអាស​នោះ​ទេ ។ សូម​អាន​រឿង​នេះ​នៅ​ក្នុង​របាយការណ៍​របស់​យើង​ស្ដីពី​សារព័ត៌មាន​របស់​កម្ពុជា ដែល​បោះពុម្ពផ្សាយ​ដោយ រីព័កទ័រ សង់ហ្វ្រង់ជែ (បោះពុម្ពផ្សាយ​នៅ​ទី​ក្រុងប៉ារីស​ចុង​ឆ្នាំ​១៩៩៦) ។ ជាមួយនឹង​ពហុ​និយម​មួយ​ខាង​នយោបាយ​ដែល​ដាក់​ឲ្យ​គេ​ព្រម​ទទួល (ដោយ​សេចក្ដី​គោរព) ក្នុង​ហេតុការណ៍​ផ្សេងៗ ទោះបីជា​វា​ពើបប្រទះ​នឹង​ការ​ប្រឆាំង​ជំទាស់​ដ៏​ខ្លាំងក្លា​ក៏​ដោយ ក៏​ប្រទេស​កម្ពុជា​មាន​អ្វីៗ​ដែល​ឲ្យ​សម្រេច​លទ្ធផល​ច្រើន​ប្រការ ដើម្បី​ដើរទៅ​មុខ​តាម​បែបផែន​របស់​ខ្លួន ហើយ​ទំនងជា​ប្រកបដោយ​ភាព​យឺត​យ៉ាវ​ប្រាកដ​មួយ​ និង​ដំណើរ​ផ្លាស់​ប្តូរ​ដែល​មិន​បាន​គិត​ទុកជា​មុន​ច្រើន​ឥត​គណនា​ឆ្ពោះទៅ​រក​សង្គម​ពហុនិយម​ដែល​ប្រកាស​ដោយ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​មិន​ខាន ។​

ខ. ការ​បន្ត និង ការ​លុប​ចោល

ឆ្លងកាត់​តាម​ច្បាប់គ្រឹះ​ចំនួន​៧​ ដែល​ទើបនឹង​ពិនិត្យ​មើល​ជា​បន្តបន្ទាប់​គ្នា លក្ខណៈ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​បន្ត​ដ៏​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​ក៏​មាន​ការ​លុប​ចោល​មួយ​ចំនួន​ផង​ដែរ ។ គេ​អាច​ដកស្រង់​ខ្លះៗ​ដោយ​ពិនិត្យ​មើល​យ៉ាង​ល្អិតល្អន់​អំពី​មូលបទ​សំខាន់ៗ​នៃ​សកម្មភាព​សាធារណៈ​ដែល​គេ​ដឹង​ឮ​គ្រប់ៗ​គ្នា​របស់​ប្រទេស​នេះ ។​

ព្រះពុទ្ធសាសនា

ព្រះពុទ្ធ​សាសនា​គឺជា​ធាតុ​មួយ​ដែល​មាន​សារជាតិ​តែ​មួយ​ដូច​ពាក្យ​ «ស្រុក​ខ្មែរ» ដែរ ។ តាម​ការ​ពិត បើ​គ្មាន​ព្រះពុទ្ធ​សាសនា​ គេ​ពិបាក​នឹង​ស្វែង​យល់​ពី​វប្បធម៌​ និង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ណាស់ ។ នៅ​ប្រទេស​កម្ពុជា ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ដាក់​ឲ្យ​ត្រួតត្រា​ដោយ​ព្រះសង្ឃ​មួយ​ក្រុម​ដែល​បង្កើត​ជា​អង្គការ​មាន​ទម្រង់​ត្រឹមត្រូវ​មួយ ហើយ​ដែល​រចនាសម្ព័ន្ធ​ត្រូវ​បាន​រៀបចំ​តាម​ឋានានុក្រម​ច្រើន​ជាន់ថ្នាក់ ។ ព្រះពុទ្ធ​សាសនា​មាន​លក្ខណៈ​ឯករាជ្យ​ទាំងស្រុង ហើយ​គ្មាន​ចំណង​ទាក់ទង​ណា​មួយ ទាំង​សម្ភារៈ​ទាំង​នយោបាយ ជាមួយ​បណ្ដា​ព្រះសង្ឃ​នៃ​ប្រទេស​ផ្សេងៗ​ទៀត​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ថេរវាទ​ឡើយ ។ លោក ប្រេសស្ហេ បាន​គូសបញ្ជាក់​ពី​រឿង​នេះ​ថា «សង្ឃ (ពាក្យ​នេះ តាម​វចនានុក្រម​ខ្មែរ​ឲ្យ​ន័យ​ថា ពួក​ប្រជុំ​បន ហ្វូង ហើយ​តាម​លទ្ធិ​ពុទ្ធសាសនា​សំដៅ​ចំពោះ​ក្រុម​ភិក្ខុ​ចាប់ពី​៤​រូប​ឡើង​ទៅ) របស់​កម្ពុជា គឺជា​គណៈសង្ឃ​មួយ​របស់​ជាតិ» ។ ក្រៅពី​មាន​អំណាច​គ្រប់​យ៉ាង ព្រះសង្ឃ​បាន​បំពេញ​តួនាទី​សង្គមកិច្ច​អប់រំ​មួយ​ដែល​មាន​សារសំខាន់​បំផុត ។ ព្រះសង្ឃ​រួម​បង្ក​ជា​កម្លាំង​សង្គម​ដ៏​សំខាន់​មួយ ។

ឋានៈ​ជា​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​សង្គម​របស់​កម្ពុជា​គឺថា​ត្រូវ​បាន​ទទួល​ស្គាល់ ជួនកាល​ត្រូវ​លុប​ចោល ប៉ុន្តែ​នៅ​តែ​ត្រូវ​យកចិត្ត​ទុកដាក់​ជា​និច្ច​ដោយ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ជា​បន្តបន្ទាប់ ។ ដោយ​អនុម័ត​ព្រះពុទ្ធ​សាសនា​ជា​ «សាសនា​របស់​រដ្ឋ» ​ក្នុង​រដ្ឋធម្មនុញ្ញ​ចំនួន​ប្រាំ (១៩៤៧, ១៩៥៦, ១៩៧២, ១៩៨៩, ១៩៩៣) ក្នុង​ចំណោម​រដ្ឋធម្មនុញ្ញ​ទាំង​ប្រាំពីរ ព្រះពុទ្ធ​សាសនា​បាន​ត្រូវ​ហាម​ឃាត់​ដោយ​គ្មាន​ចែង​ច្បាស់លាស់​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ប្រជាធិបតេយ្យ និង​ដែល​គាំពារ​ដោយ​គ្រាន់តែ​មាន​លំនាំ​ក្រៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នោះ ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ឧបករណ៍​ដោយ​រដ្ឋអំណាច ដែល​ជួនកាល​ល្បង​ប្រើ​សាសនា ដើម្បី​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ពេញ​ច្បាប់​ផ្ទាល់​របស់​ខ្លួន ជួនកាល​ចាត់​ទុក​សាសនា​ជា​គ្រោះថ្នាក់​ថែម​ទៀត (កម្ពុជា​ប្រជាធិបតេយ្យ) ។​

នយោបាយ​របស់​គណបក្ស​សង្គមរាស្ត្រនិយម​ពឹងផ្អែក​លើ​គោល​សីលធម៌​សំខាន់ៗ​របស់​ព្រះពុទ្ធ​សាសនា ។ សាធារណរដ្ឋ​ខ្មែរ​របស់ លន់ នល់ បាន​ប្រើ​វិធី​ធ្វើ​កំណែន​ព្រះពុទ្ធ​សាសនា និង​ព្រះ​សង្ឃ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទាំងស្រុង​ទល់​នឹង​លទ្ធិ​កុម្មុយនិស្ត ។ តាម​ការ​ប្រឆាំង​តប​វិញ ប៉ុន្តែ​អាស្រ័យ​ដោយ​ភាព​ប្រាកដ​ក្នុង​ចិត្ត​មិន​ជឿ​សាសនា​អ្វី​ទាំងអស់ ដែល​ជាប់​ទាក់ទាម​យ៉ាង​ស្អិត​នឹង​មនោគមវិជ្ជា​របស់​គេ ពួក​ខ្មែរក្រហម​បាន​ចាត់​ទុក​ព្រះពុទ្ធ​សាសនា​ជា​ «អាភៀន​ដែល​ធ្វើ​ឲ្យ​ទេព​កោសល្យ​ និង​កម្លាំង​ប្រាជ្ញា​ និង​កម្លាំងកាយ​របស់​ប្រជាជន​ចុះ​អន់​ថយ» ។ ព្រះសង្ឃ​ទាំងឡាយ​ត្រូវ​បាន​ចាត់ទុកជា​ «ព្រូន​សង្គម» ដែល​ «ចេះ​តែ​ស៊ី​គ្មាន​ចេះ​ផលិត» ។ ក្រោម​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ព្រះពុទ្ធ​សាសនា​បាន​លូតលាស់​ឡើង​វិញ​ពី​ផេះ​ផង់​របស់​ខ្លួន ប៉ុន្តែ​តាម​នីតិក្រម​យ៉ាង​តឹងរ៉ឹង​មួយ​ដែល​ឃ្លាំមើល​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ។ ជាមួយ​រដ្ឋ​កម្ពុជា គឺ​ដំណើរ​ប្រែ​ត្រឡប់​ទៅ​រក​ស្ថានភាព​ជា​សាសនា​របស់​រដ្ឋ​វិញ ហើយ​ជាមួយ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ គឺ​ការ​ទទួលស្គាល់​និកាយ​ទាំង​ពីរ​របស់​ព្រះពុទ្ធ​សាសនា (ធម្មយុត្តិកនិកាយ និង​មហានិកាយ) ដែល​សម្តេច​សង្ឃ​ទាំង​ពីរ​និកាយ​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ជ្រើសរើស​ព្រះមហាក្សត្រ​ថ្មី ។

រាជាធិបតេយ្យ

មួយ​ចំណែក យើង​ពិនិត្យ​មើល​ឋានៈកណ្តាល​ដែល​កាន់កាប់​ដោយ​ព្រះមហាក្សត្រ​ក្នុង​វប្បធម៌​ពុទ្ធសាសនា​ថេរវាទ ។ ម្យ៉ាងទៀត​អង្គ​ព្រះមហាក្សត្រ​ដែល​តាម​គោលការណ៍​នៃ​រាជាធិបតេយ្យ​គឺជា​កម្មវត្ថុ​នៃ​ការ​គោរព​បូជា ស្វាមីភក្តិ និង​ការ​ស្ដាប់​ឱវាទ​របស់​ប្រជារាស្ត្រ គឺ​មាន​ភាព​ស្របគ្នា​ទាំងស្រុង​នឹង​ទស្សនៈ​នៃ​ចំណង​ទាក់ទង​ផ្ទាល់ខ្លួន​មួយ​រវាង​ «ថៅកែ» និង​ «អតិថិជន» របស់​ខ្លួន នេះ​ជា​ទស្សនៈ​ដែល​ថ្លែង​ដោយ​សម្តេចព្រះ​នរោត្តម សីហនុ «សម្តេចឪ» ​ទៅ​កាន់​ «កូនចៅ» របស់​ព្រះ​អង្គ​ក្នុង​ន័យ​ស្និទ្ធស្នាល ប្រៀប​ដូច​ជា​សមាជិកគ្រួសារ​មួយ ។ ឋានៈ​នេះ​ត្រូវ​បាន​ការពារ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧ និង​ត្រូវ​បាន​លើក​តម្កើង​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៥៦ ទៀត ។ ឋានៈ​នេះ​ត្រូវ​រលាយ​បាត់​ជាមួយនឹង​រដ្ឋធម្មនុញ្ញ​របស់​សាធារណរដ្ឋ​ខ្មែរ ។ ជា​ធម្មតា ទស្សនៈ​ស្ដីពី​របប​រាជាធិបតេយ្យ​ពុំ​មាន​ឃើញ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ប្រជាធិបតេយ្យ ក៏​ដូច​ជា​រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ​និយម ​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ និង​រដ្ឋ​កម្ពុជា​ឡើយ ។ ដូច​ដែល​គេ​បាន​ដឹង​រួច​មក​ហើយ​ថា​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ បាន​បង្កើត​រាជាធិបតេយ្យ​ឡើង​វិញ ប៉ុន្តែ​ដោយ​រឹតត្បិត​អំណាច​របស់​ព្រះមហាក្សត្រ​យ៉ាង​តឹងរ៉ឹង ។​

យើង​ក៏​សម្គាល់​ដែរ អំពី​យន្តការ​នៃ​ការ​ឡើង​ស្នងរាជ្យ​ជា​បន្តបន្ទាប់​ដែល​ប្រែ​ភាព​ប្លែក​ជា​លំដាប់​រវាង​ឆ្នាំ​១៩៤៧ និង​ឆ្នាំ​១៩៩៣ ។ នៅ​ឆ្នាំ​១៩៤៧ បើសិនជា​រាជាធិបតេយ្យ​នៅ​តែ​ត្រូវ​ជ្រើសតាំង ព្រះមហាក្សត្រ​អាច​ជ្រើសរើស​អ្នក​ស្នង​រាជសម្បត្តិ​ទុកជា​មុន ។ អំណាច​នេះ​បាន​រក្សា​ទុក​សម្រាប់​ព្រះ​អង្គ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៥៦ ប៉ុន្តែ​បាន​ត្រូវ​បំបាត់​ចោល​ដោយ​ពាក្យ​ច្បាស់លាស់​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​កំពុង​ប្រើ​សព្វ​ថ្ងៃ ។ មួយ​ចំណែក​ទៀត យើង​ពិនិត្យ​មើល​ថា ក្នុង​រយៈពេល​៤៣​ឆ្នាំ​នៃ​ឯករាជ្យ​ភាព​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គឺ​កម្ពុជា​ស្គាល់​របប​រាជាធិបតេយ្យ​២០​ឆ្នាំ​ និង​របប​សាធារណរដ្ឋ​និយម​២៣​ឆ្នាំ ។ ការ​សម្គាល់​ឃើញ​នេះ​ប្រហែលជា​នៅ​តែ​ដក់​ជាប់​នៅ​ក្នុង​គំនិត​អ្នក​ទាំងឡាយ​ដែល​នឹង​ឃ្លាំ​មើល​សកម្មភាព​នយោបាយ​នៅ​ក្នុង​អំឡុង​បណ្ដា​ឆ្នាំ​ដែល​នឹង​មក​ដល់​ខាង​មុខ ។ ភាគច្រើន​បំផុត​នៃ​ប្រជាពលរដ្ឋ​បច្ចុប្បន្ន​របស់​កម្ពុជា ទើបតែ​បាន​ស្គាល់​របប​រាជាធិបតេយ្យ​ចំនួន​បី​ឆ្នាំ​កន្លង​ទៅ​ប៉ុណ្ណោះ ។ សម្រាប់​ហេតុផល​ដែល​ទាក់ទង​ជា​សំខាន់​នឹង​ព្រះរាជ​សុខភាព ព្រះមហាក្សត្រ​ពុំ​សូវ​មាន​ព្រះរាជ​វត្តមាន​នៅ​ក្នុង​ប្រទេស​ទេ​សម្រាប់​រយៈពេល​បី​ឆ្នាំ​នេះ ។ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ នឹង​មាន​កំណត់​ក្នុង​ច្បាប់​មួយ​ដែល​គ្រោងទុក​ដោយ​រដ្ឋធម្មនុញ្ញ​ដើម្បី​ជ្រើសរើស​ព្រះមហាក្សត្រ​ឲ្យ​ឡើង​សោយរាជ្យ​បន្ត នៅ​តែ​ពុំ​ទាន់​អនុម័ត​សម្រេច​នៅ​ឡើយ ។ ប្រសិនបើ​ពុំ​ត្រូវ​បាន​គាំទ្រ​ដោយ​អ្នក​មាន​អំណាច​ខ្លាំង​ម្នាក់​ដែល​គ្រាន់តែ​ព្រមព្រៀង គេ​អាច​ដណ្តឹងសួរ​ដោយ​សម​ហេតុផល​អំពី​ស្ថិរភាព​នៃ​គោលការណ៍​របប​រាជាធិបតេយ្យ និង​អំពី​សមត្ថភាព​នៅ​គង់វង្ស​ចំពោះ​ការ​សាកល្បង​មើល​ផ្សេងៗ​នៅ​ពេល​ខាង​មុខ ។

អធិបតេយ្យ (អំណាច​ធំ​បំផុត)

ពី​ឆ្នាំ​១៩៥៦​ដល់​ឆ្នាំ​១៩៨៩ រដ្ឋធម្មនុញ្ញ​ទាំងអស់​បាន​ឆ្លើយ​តប​នឹង​បំណង​របស់​អ្នក​ទាំងឡាយ​ដែល​កាន់កាប់​អំណាច គឺ​ពុំ​មែន​ឆ្លើយ​តប​នឹង​បំណង​អ្នក​ទាំងឡាយ​ជា​អ្នកតំណាង​ជាតិ​ទេ ។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៥៦​ ឆ្លើយ​តប​នឹង​បំណង​ព្រះ​ប្រមុខរដ្ឋ​នរោត្តម សីហនុ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧២​ អនុលោម​ទៅ​តាម​បំណងប្រាថ្នា​របស់ លន់ នល់ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧៦, ១៩៨១ និង​១៩៨៩ បាន​បង្ហាញ​ពី​បំណង​របស់​គណបក្ស​តែ​មួយ​ដែល​ជា​អ្នកកាន់កាប់​អំណាច ។​

រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧ និង​១៩៩៣ ត្រូវ​លើកលែង​ដោយសារ​វា​ចេញពី​សភាធម្មនុញ្ញ​មួយ ។ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​ដែល​រៀបចំ​ដោយ​សភាធម្មនុញ្ញ​ត្រូវ​បាន​វាយតម្លៃ​ដោយ​សម្មតិកម្ម​ជា​លើក​ចុង​ក្រោយ​ហើយ​មុន​នឹង​អនុម័ត​តែងតែ​មាន​ការ​សម្រុះសម្រួល​ជាមួយ​សម្តេចព្រះ​នរោត្តម សីហនុ រៀង​រាល់​លើក ។

តើ​ប្រភព​អំណាច​ចេញ​មកពីណា ? ព្រះមហាក្សត្រ ? ប្រជាជាតិ ? ពលរដ្ឋ ? បក្ស ? ប្រភព​នៃ​អធិបតេយ្យ​ខុស​គ្នា​ទាំង​ពីរ​នេះ​នឹង​មាន​ទាំងអស់​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងឡាយ​របស់​កម្ពុជា​ដោយ​ឆ្លាស់គ្នា​មួយ​ដង​មួយ​ពេល ។

រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៥៦ ដែល​យកតម្រាប់​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧​ បញ្ជាក់​ថា​ព្រះមហាក្សត្រ​គឺជា​ប្រភព​នៃ​អំណាច​ទាំងអស់ ។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧២​ បាន​អះអាង​ថា អំណាច​ទាំងអស់​ចេញ​មក​ពី​ប្រជារាស្ត្រ ដោយ​ប្រើប្រាស់​គោលការណ៍​ស្តី​អំពី​អធិបតេយ្យ​ប្រជារាស្ត្រ ។ រដ្ឋធម្មនុញ្ញ​កម្ពុជា​ប្រជាធិបតេយ្យ​អះអាង​ថា រដ្ឋ​ជា​កម្មសិទ្ធិ​របស់​ប្រជាជន កម្មករ កសិករ និង​ពលករ​ផ្សេង​ទៀត​ទាំងអស់ ប៉ុន្តែ​តាម​ពិត​គេ​ដឹង​ថា ប្រភព​នៃ​អំណាច​គឺ​អង្គការ​ដែល​ជា​ឡប់ឡែ​មួយ​របស់​បក្សកុម្មុយនិស្ត​កម្ពុជា ។ ក្រោម​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ក៏​ដូច​ជា​រដ្ឋ​កម្ពុជា​ ការ​អះអាង​ដែល​ថា​អំណាច​ទាំងអស់​ជា​របស់​ប្រជាជន គឺ​មាន​ភាព​ជា​ឧបសគ្គ​ដោយ​ការ​ប្រកាស​ពី​តួនាទី​ដឹកនាំ​របស់​បក្ស​ប្រជាជន​បដិវត្ត​កម្ពុជា ។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ ប្រកាស​ថា អំណាច​ទាំងអស់​ចេញ​មក​ពី​ប្រជារាស្ត្រ​ដែល​ប្រើ​អំណាច​របស់​ខ្លួន​តាម​រយៈ​រដ្ឋសភា ដោយ​ប្រើប្រាស់​គោលការណ៍​នៃ​អធិបតេយ្យ​ជាតិ​ ហើយ​ដែល​និយាយ​ច្រំ​ដែល​នៅ​មាត្រា​៥០​យ៉ាង​ជាក់លាក់ ។​

គ្មាន​ពេល​ណា​មួយ​នៃ​ប្រវត្តិសាស្ត្រ​បច្ចុប្បន្ន​របស់​ខ្លួន​ដែល​អធិបតេយ្យ​ប្រជារាស្ត្រ​ត្រូវ​បាន​សម្តែង​ចេញ​ដូច្នេះ​ទេ ទោះបីជា​មាន​ការ​ប្រឹងប្រែង​ពិតប្រាកដ​ធ្លាប់​ត្រូវ​បាន​សាកល្បង​ដើម្បី​បង្កើត​ឲ្យ​មាន​ប្រភេទ​ប្រជាធិបតេយ្យ​ដោយ​ផ្ទាល់​មួយ​នៅ​សម័យ​សង្គមរាស្ត្រនិយម​ក៏​ដោយ ។ ចំពោះ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ភាព​មិន​ច្បាស់លាស់​របស់​ខ្លួន​អំពី​ចំណុច​នេះ ត្រូវ​បាន​សម្រេច​នៅ​ពេល​ដែល​រដ្ឋសភា​បាន​លើក​តម្លៃ​អំណាច​របស់​ខ្លួន​ក្នុង​ការ​បញ្ឈប់​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ទាំងអស់​នៃ​អាណត្តិ​របស់​ខ្លួន ។

ការ​បែងចែក​អំណាច

រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧ បាន​បង្កើត​ឲ្យ​មាន​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ទទួល​បន្ទុក​ឃ្លាំមើល​ឯករាជ្យ​ភាព​របស់​តុលាការ​ ប៉ុន្តែ​ស្ថាប័ន​នេះ​គឺ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល​ធ្វើ​ឲ្យ​ឯករាជ្យ​ភាព​ និង​ភាព​គួរ​ឲ្យ​ទុកចិត្ត​នៃ​ឧបករណ៍​ទទួល​បន្ទុក​ធានា​ដោយ​ជាក់លាក់​នូវ​ឯករាជ្យ​ភាព​នៃ​អំណាចតុលាការ​ថយ​ដល់​កម្រិត​សូន្យ ។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៥៦ បាន​ប្រគល់​តំណែង​ប្រធាន​ក្រុមប្រឹក្សា​នេះ​ដល់​ចៅក្រម​ម្នាក់​នៅ​ពេល​ដែល​ប្រមុខរដ្ឋ​មិន​ធ្វើ​ជា​អធិបតី​ដោយ​ផ្ទាល់​ព្រះ​អង្គ ។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧២ បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​ការ​សាកល្បង​បញ្ឈប់​ជា​ស្ថាពរ ដោយសារ​ចំណុះ​របស់​អង្គការ​តុលាការ​ដោយ​ប្រៀបធៀប​នឹង​អង្គការនីតិប្រតិបត្តិ​ និង​អង្គការនីតិបញ្ញត្តិ ។ រដ្ឋធម្មនុញ្ញ​នានា ដែល​នឹង​មាន​ក្រោយមក​ទៀត នឹង​រៀបចំ​ប្រព័ន្ធ​យុត្តិធម៌​ទាំងអស់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ផ្នែក​នយោបាយ​មួយ រួម​ទាំង​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ដែល​នៅ​ក្នុង​ធរមាន​បញ្ញត្តិ​ (ចំពោះ​ច្បាប់​ដែល​នៅ​ប្រើ)​ ផង ។​

អំពី​រឿង​នីតិបញ្ញត្តិ គោលការណ៍​ដ៏​មាន​តម្លៃ​របស់​លោក​ម៉ុងតេសគីយើ ដែល​ថា «តាម​ប្រភេទ​នៃ​រឿងរ៉ាវ អំណាច​អាច​បញ្ឈប់​អំណាច​បាន» មិន​សូវ​ត្រូវ​បាន​អនុវត្ត​ទៅ​តាម​គោលការណ៍​នៅ​ប្រទេស​កម្ពុជា​ទេ ។ ដើម្បី​ជៀសវាង​លទ្ធិ​ផ្តាច់​ការ អំណាច​នីតិបញ្ញត្តិ​តោង​តែ​អាច​បញ្ឈប់​អំណាចនីតិប្រតិបត្តិ​ និង​ទៅ​វិញ​ទៅ​មក ។ តែ​ថា​ដូច​លោក​សាស្ត្រាចារ្យ ហ្គួ បាន​កត់សម្គាល់​ពី​រឿង​នេះ​នៅ​ឆ្នាំ​១៩៦៥​ថា «ប្រទេស​កម្ពុជា​មិន​បាន​អនុម័ត​គោលការណ៍​នៃ​ការ​បែងចែក​អំណាច​ទេ ហើយ​បាន​ច្រានចោល​ទស្សនៈ​ស្តី​អំពី​អំណាច​នៃ​ប្រព័ន្ធ​តុលាការ ។ ការ​បែងចែក​អំណាច គឺ​គ្មាន​ទាក់ទង​នឹង​ទម្លាប់​ជា​ប្រពៃណី​របស់​កម្ពុជា​ឡើយ ។ វា​ក៏​ជា​ច្បាប់​វិជ្ជមាន​របស់​ខ្មែរ​នា​បច្ចុប្បន្ន​ដែរ» ។ គេ​ពុំ​អាច​ប្រកែក​បាន​ថា រដ្ឋធម្មនុញ្ញ​ដែល​មាន​អានុភាព​គតិយុត្តិ​ក្រោម​របប​សង្គម​រាស្ត្រនិយម​បាន​ប្រគល់​មុខងារ​ផ្នែក​នីតិប្រតិបត្តិ​ និង​តុលាការ​ឲ្យ​ព្រះមហាក្សត្រ​ រដ្ឋាភិបាល រដ្ឋសភា និង​រាស្ត្រ ព្រម​គ្នា​ដោយ​បង្កើត​ឲ្យ​មាន​ភាព​ច្របូកច្របល់​ពិតប្រាកដ​មួយ​នៃ​អំណាច ។​

រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧ ក៏​ដូច​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ បាន​អនុញ្ញាត​ឲ្យ​មាន​រដ្ឋ​សភាជាតិ​តែ​មួយ​ប៉ុណ្ណោះ ដើម្បី​ធ្វើការ​អនុម័ត​ច្បាប់ ។ រដ្ឋសភា​ជាតិ​គឺជា​កន្លែង​ទីតាំង​តែ​មួយ​គត់​នៃ​អំណាច​នីតិបញ្ញត្តិ ដែល​បញ្ជាក់​ព្រម​គ្នា​ដោយ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨១ និង ១៩៨៩ ចំណែក​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧២ បាន​កំណត់​ឲ្យ​សហសភា​(រដ្ឋសភា និង​ព្រឹទ្ធសភា) នូវ​សិទ្ធិ​អនុម័ត​ច្បាប់ ហើយ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧៦ បាន​ផ្តល់​ដូច​គ្នា​ចំពោះ​សភា​តំណាង​ប្រជាជន ។ ការ​មូលមតិ​គ្នា​ដ៏​ល្អ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ភាព​មិន​ចុះសម្រុង​មួយ​ដែល​កំពុង​មាន​អត្ថិភាព​រវាង​ច្បាប់​ដែល​ប្រកាស​ឲ្យ​ប្រើ​ និង​ការ​អនុវត្ត​ដែល​សង្កេត​ឃើញ ។ ភាព​ឃ្លាត​គ្នា​មួយ​បែប​នោះ បាន​ធ្វើ​ឲ្យ​អាជ្ញាយុកាល​នៃ​រដ្ឋធម្មនុញ្ញ​ទៅ​ជា​ការ​សម្គាល់​លក្ខណៈ​ដូច​គ្នា​នៃ​ទម្រង់​និយម​មួយ ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ឧបករណ៍​ដោយ​ប្រភព​ពិតប្រាកដ​នៃ​អំណាច ពោល​គឺ​កាលពីមុន​ព្រះមហាក្សត្រ​ ថ្មីៗ​នេះ​បក្ស​តែ​មួយ ហើយ​សព្វ​ថ្ងៃនេះ​រដ្ឋាភិបាលចម្រុះ ។​

ច្បាប់

អ្វី​ទៅ​ជា​សារសំខាន់​នៃ​ច្បាប់​ក្នុង​ច្បាប់​ទាំងមូល​របស់​កម្ពុជា ? ច្បាប់​គឺជា​វិញ្ញត្តិ (ការ​ជម្រាប​ការ​សម្តែង)​នៃ «ឆន្ទៈ​របស់​ជាតិ» ដែល​អះអាង​ដោយ​ពាក្យពេចន៍​ដូច​គ្នា​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧ ១៩៥៦ និង ១៩៧២ ខណៈ​ដែល​រដ្ឋធម្មនុញ្ញ​ចំនួន​បួន​ដែល​មាន​ជា​បន្តបន្ទាប់​មក​ទៀត​គឺ​គ្មាន​និយាយ​តែម្ដង ។ តើ​អ្វី​ដែល​បង្ហាញ​ឲ្យ​ដឹង​ពី​ឆន្ទៈ​ជាតិ ? ក្នុង​ប្រព័ន្ធ​មួយ​ដែល​ប្រើ​អធិបតេយ្យ​ជាតិ​គឺ​ស្ថាប័ន​រដ្ឋសភា​ដោយ​មិន​អាច​ប្រកែក​បាន​ឲ្យ​តែ​ឯករាជ្យ​ភាព​របស់​ខ្លួន​ត្រូវ​បាន​ការពារ ។ ក្នុង​ប្រព័ន្ធ​ផ្សេងៗ​ទៀត ច្បាប់​គឺជា​វិញ្ញត្តិ​របស់​អ្នក​បង្កើត​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ព្រម​គ្នា​ដល់​ភាព​ពេញ​ច្បាប់​របស់​ខ្លួន ហើយ​ក្នុង​ករណី​ខ្លះ​ប៉ះពាល់​ដល់​ភាព​គតិយុត្តិ​របស់​ខ្លួន ។​

ដើម្បី​ឲ្យ​ច្បាប់​អាច​ឲ្យ​គេ​ព្រម​ទទួល​ទុកដូចជា​វិធាន​រួម​ដែល​កើត​ចេញពី​ឆន្ទៈ​ជាតិ ច្បាប់​ត្រូវ​តែ​មាន​ដើម​កំណើត​មក​ពី​ក្រុម​អ្នកតំណាង​ជាតិ​ដោយ​អាជ្ញា​បញ្ជា​ដែល​ត្រូវ​សម្តែង​ឲ្យ​ដឹង​ដោយ​ចំពោះ​មុខ ។ ភាព​ច្របូកច្របល់​នៃ​អំណាច​ដែល​នៅ​ស្ថិតស្ថេរ​ក្នុង​រយៈពេល​៥៥​ឆ្នាំ​នៃ​ការ​អនុវត្ត ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​បាន​ចូលរួម​មួយ​ចំណែក​ក្នុង​ការ​បកស្រាយ​ពីសារ​សំខាន់​តិចតួច​នៃ​ច្បាប់​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ទាំងឡាយ ។

ក្នុង​រយៈពេល​យូរ​មក​ហើយ ច្បាប់​ធ្លាប់​ត្រូវ​បាន​បញ្ចូល​មក​ប្រទេស​កម្ពុជា​របៀប​ដូច​ការ​ចម្លង​ពី​សេចក្ដី​បង្គាប់​នៃ​លោកធាតុ​តាម​រយៈ​ការ​ប្រគល់​អំណាច​ដែល​ប្រកាស​ថា​ដូច​គ្នា​ដោយ​លោក​ទស្សនៈ​ព្រាហ្មណ៍​និយម​ផង និង​ដោយ​លោកទស្សនៈ​ពុទ្ធនិយម​ផង ។ ច្បាប់​ពុំ​មែន​ចេញពី​ប្រជារាស្ត្រ​ទេ ហើយ​ក៏​ពុំ​មែន​សម្តែង​ឲ្យ​ឃើញ​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ភាគច្រើន​ដែរ ។ ច្បាប់​គឺជា​ឧបករណ៍ ដែល​តាម​រយៈ​នេះ បាន​បញ្ញត្តិ​នូវ​របៀបរបប​នយោបាយ​មួយ​ដែល​ចេញ​ឲ្យ​ឃើញ​ឡើង​ដោយ​របៀប​ម្យ៉ាង​ដូច​ជា​ព្រំដែន​រួម​នៃ​សេចក្ដី​បង្គាប់​នៃ​លោកធាតុ ។ ការ​រៀបចំ​តម្រូវ​គ្នា​តាម​រយៈ​ច្បាប់​នូវ​របៀបរៀបរយ​នយោបាយ​នេះ​គឺជា​ស្នាដៃ​រដ្ឋាភិបាល ។ ច្បាប់​ថែទាំ​សេចក្ដី​រៀបរយ​សកល ដោយ​ធ្វើ​ឲ្យ​មាន​ភាព​ស្របគ្នា​រវាង​សេចក្ដី​បង្គាប់​នៃ​លោកធាតុ និង​របៀបរបប​នយោបាយ ។ តាម​ពិត ភាព​ច្របូកច្របល់​នៃ​សាសនា​ និង​នយោបាយ គឺ​សំដៅ​ធ្វើ​ឲ្យ​នយោបាយ​រឹង​មាំ​ជាង​មុន ដោយ​ការ​សំអាង​លើ​សាសនា ។ ច្បាប់​គឺជា​របៀប​ធ្វើ​ឲ្យ​សាសនា​ជា​ឧបករណ៍​បម្រើ​ឲ្យ​រដ្ឋាភិបាល ។ កាលណា​រដ្ឋាភិបាល​ធ្វើ​ឲ្យ​បាត់បង់​សេចក្ដី​រាប់អាន​ពី​អ្នក​ផ្សេង​ទៀត ការ​បាត់បង់​ជំនឿ​ទុកចិត្ត​នេះ​ច្បាស់​ជា​បង្ហាញ​ឲ្យ​ឃើញ​មុន​អ្វីៗ​ទាំងអស់​នូវ​ការ​បាត់បង់​តម្លៃ​នៃ​ច្បាប់​ និង​ការ​សម្តែង​ចេញ​នូវ​ការ​មិន​សប្បាយចិត្ត​ចំពោះ​រដ្ឋាភិបាល​ដែល​នឹង​ស្តែង​ចេញ​ដោយ​ការ​មើលងាយ​មួយ​ចំពោះ​ច្បាប់ ។​

រដ្ឋធម្មនុញ្ញ​ផ្សេងៗ​បាន​បញ្ចូល​ដោយ​របៀប​មួយ​ឬ​របៀប​មួយ​ទៀត​នូវ​គោលការណ៍​នៃ​ឧត្តមភាព​របស់​រដ្ឋធម្មនុញ្ញ​លើ​ច្បាប់​ឯទៀតៗ​ទាំងអស់ និង​បញ្ជាក់​ពី​កាតព្វកិច្ច​ធ្វើ​ឲ្យ​ច្បាប់​ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ដាច់ខាត​លើក​លែង​តែ​រដ្ឋធម្មនុញ្ញ​ដ៏​ខ្លី​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ។ នេះ​ជា​ការ​ធ្វើ​ឲ្យ​មាន​រូបរាង​នូវ​គោលការណ៍​នៃ​លំដាប់​លំដោយ​របស់​ច្បាប់​ទាំងឡាយ​ដែល​ត្រូវ​តែ​ធានា​ភាព​ស្អិត​ល្មួត​នៃ​នីតិរដ្ឋ ។ ប៉ុន្តែ​ការ​ត្រួតពិនិត្យ​ភាព​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​នេះ​គឺ​ត្រូវ​បាន​ប្រគល់​លើ​ស្ថាប័ន​ផ្សេងៗ ។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧ ឆ្នាំ​១៩៥៦ ឆ្នាំ​១៩៨១ និង​ឆ្នាំ​១៩៨៩ បាន​បម្រុង​ទុក​តួនាទី​នេះ​ឲ្យ​រដ្ឋសភា ចំណែក​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៧២ និង​១៩៩៣ បាន​ប្រគល់​តួនាទី​នេះ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ ។

គ. តើ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​មាន​លក្ខណៈ​យ៉ាងដូចម្តេច ?

ក្បួន​ទ្រឹស្ដី​នៃ​អ្នក​ធ្វើ​រដ្ឋធម្មនុញ្ញ​គឺ​ធ្វើ​ឲ្យ​មាន​នីតិរដ្ឋ ។ ទម្លាប់​ជា​ប្រពៃណី​របស់​កម្ពុជា បាន​ឲ្យ​អត្ថប្រយោជន៍​ដល់​របៀប​គ្រប់គ្រង​មួយ​ដែល​និយម​ពង្រីក​បក្សពួក ។ តើ​ភាព​ចូល​គ្នា​ចុះ​ស្ថិត​នៅ​ត្រង់​ណា ?

ពី​ឆ្នាំ​១៩៤៦​ ដល់​ឆ្នាំ​១៩៥២ គណបក្ស​ប្រជាធិបតេយ្យ​បាន​ល្បង​បញ្ចូល​របប​សភានិយម (របៀប​គ្រប់គ្រង​អាស្រ័យ​សភា​គឺ​គណៈរដ្ឋមន្ត្រី​ទទួល​ខុសត្រូវ​ចំពោះ​រដ្ឋសភា) ពីព្រោះ​វា​ជា​វិធី​ទំនើប​ក្នុង​ការ​គ្រប់គ្រង​កិច្ចការ​សាធារណៈ ។ បទ​ពិសោធន៍​នេះ​បាន​ទទួល​បរាជ័យ​ព្រោះតែ​ហេតុផល​ផ្សេងៗ​ដែល​នៅ​ខាងក្រៅ​កម្មវត្ថុ​គម្រោង​នេះ ។ វា​មាន​ភាព​ស័ក្តិសម​នឹង​ត្រូវ​សិក្សា​ដោយ​ល្អិតល្អន់ ដើម្បី​ដកស្រង់​មេរៀន​ផ្សេងៗ​សម្រាប់​អនាគត ។

គណបក្ស​សង្គមរាស្ត្រនិយម​បាន​ធ្វើការ​សាកល្បង​មួយ​ទៀត​ដែល​ទុក​តម្លៃ​នៃ​ការ​ប្រតិបត្តិ​ជា​ធំ​ដើម្បី​រក​ការ​ខិតចូល​ជិត​គ្នា​មួយ​រវាង​ការ​គ្រប់គ្រង​កិច្ចការរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រព័ន្ធ​និយម​បក្ខពួក​ជា​អចិន្ត្រៃយ៍​មួយ ។ គេ​អាច​អះអាង​ថា​នេះ​ជា​ការ​សាកល្បង​ការ​រួម​បញ្ចូល​ការ​ដឹកនាំ​ផ្សេងៗ​ដែល​ជា​ការ​ផ្ទុយ​ពី​នីតិរដ្ឋ​ក្នុង​ប្រព័ន្ធ​ដែល​រដ្ឋ​គ្រប់គ្រង ។ គេ​ប្រហែលជា​ពុំ​បាន​សិក្សា​ឲ្យ​បាន​គ្រប់គ្រាន់​អំពី​បទពិសោធន៍​នេះ ដូច​គ្នា​អំពី​ទស្សនៈ​នៃ​ច្បាប់​ដែល​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឡើយ ដោយ​បណ្តោយ​ឲ្យ​បឺត​ស្រូប​ខ្លាំង​ពេក​ដោយ​ដំណើរ​ប្រែប្រួល​នយោបាយ​ដែល​មិន​បាន​គិត​ទុកជា​មុន ។​

នៅ​ប្រទេស​កម្ពុជា រដ្ឋធម្មនុញ្ញ​អាច​តម្រូវ​ឲ្យ​មាន​ការ​ពិត​ថ្មី​មួយ ដទៃ​ពី​ការ​ប្រព្រឹត្តិ​ផ្សេងៗ​ដែល​លេចឡើង​ខ្លាំង​ជាងគេ​ដោយ​ក្រឹត្យ​ដែរ​ឬទេ ? ខ្ញុំ​មិន​យល់​ឃើញ​ដូច្នេះ​ទេ ។ ឬ​មួយ​រដ្ឋធម្មនុញ្ញ​បង្ហាញ​ជា​ថ្មី​អំពី​ការ​ពិត​ទាំងឡាយ​ដែល​នៅ​មាន​តែ​ក្នុង​គ្រា​បច្ចុប្បន្ន ឬ​មួយ​សម្តែង​ឲ្យ​ឃើញ​បំណង​មួយ ? ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ច្បាប់​ផ្សេងៗ គេ​សម្គាល់​ឃើញ​ថា ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​បាន​ដាក់​ឲ្យ​ពិនិត្យ​ថែម​ទៀត​អំពី​លក្ខណៈ​រដ្ឋធម្មនុញ្ញ​មួយ​ដែល​អាច​កើត​មាន ឬ​លក្ខណៈ​រដ្ឋធម្មនុញ្ញ​មួយ​ដែល​ទាក់ទង​នឹង​ការ​សិក្សា​ពី​ភាព​វត្ថុ​ដែល​មាន​ទី​បញ្ចប់ ប្រសិនបើ​គេ​ចង់ឲ្យ​វា​មាន​លក្ខណៈ​វិជ្ជមាន​ជាង​មុន ។

ប្រពៃណី​របស់​កម្ពុជា​បាន​ចាក់​ឫស​របស់​ខ្លួន​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ។ ព្រះពុទ្ធ​សាសនា​បាន​បង្រៀន​អំពី​តម្លៃ​ផ្សេងៗ​ដែល​មាន​លក្ខណៈ​រួម​ចំពោះ​អ្នក​ទាំងអស់​ណា​ដែល​សម្រេចចិត្ត​ប្រតិបត្តិ​ធម៌​នៅ​ទី​នេះ​ក៏​ដូចជា​នៅ​ទី​ដទៃ​ទៀត ព្រម​ជាមួយ​គ្នា​នឹង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស និង​ផល​ប្រយោជន៍​រួម​គ្នា ។ ដោយ​ស្រង់​ចេញពី​ក្នុង​អ្វី​ដែល​ពួក​គេ​មាន ពី​ក្នុង​អ្វី​ដែល​ពួក​គេ​ធ្លាប់​ពិសោធន៍ ហើយដោយ​សម្រប​ខ្លួន​ទៅ​តាម​អ្វី​ដែល​ពួក​គេ​ប្រាថ្នា​ប្រជាជន​កម្ពុជា​នឹង​រក​ឃើញ​តែ​ខ្លួនឯង និង​ដោយ​ខ្លួនឯង នូវ​ពាក្យពេចន៍​ត្រឹមត្រូវ​ដែល​ប្រើប្រាស់​ដើម្បី​សម្តែង​ពី​គំនិត​របស់​ខ្លួន​ក្នុង​គោលបំណង​រស់នៅ​រួម​ជាមួយ​គ្នា​ទាំងអស់ ៕

រ៉ាអ៊ូល ជែន័រ
ទស្សនាវដ្តី​ស្វែងរក​ការ​ពិត លេខ​៣៥ ខែវិច្ឆិកា និង លេខ​៣៦ ខែធ្នូ ឆ្នាំ​២០០២
 

2 Responses to រដ្ឋធម្មនុញ្ញ​ទាំងឡាយ​នៅ​កម្ពុជា

  1. sokneak says:

    អរគុណរាល់ការពន្យល់របស់ការពិត សង្ឃឺមថាតាមរយះនេះ ខ្ញុំអាចស្កាល់អំពីប្រទេសរបស់ខ្ញុំកាន់តែច្បាស់ សំរាប់ខ្ញុំជាក្មេងជំនាន់ក្រោយ។​ ដឺងថាការស្គាល់អោយ​បានច្បាស់នូវទឹកដីខ្ញុំ ពិតមានសារះសំខាន់ណាស់សំរាប់ខ្ញុំ៕

  2. Socheth says:

    សួមអរគុណ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s