ជនជាតិ​ចិន​នៅ​កម្ពុជា

ជនជាតិ​ចិន​នៅ​កម្ពុជា

សេចក្តីផ្តើម

ដោយ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ អ្នកដឹកនាំ​ប្រទេស​កម្ពុជា និង​ប្រជាជន​ខ្មែរ ពិតជា​បាន​ទទួល​ស្គាល់​សហគមន៍​ជនជាតិ​ភាគតិច​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ មាន​ជម្លោះ​តិចតួច​ប៉ុណ្ណោះ​កើត​មាន​ឡើង ប៉ុន្តែ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាណានិគម​បារាំង​ និង​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ ជនជាតិ​ចិន​បាន​ពើបប្រទះ​នូវ​ការ​រើសអើង​គួរ​ឲ្យ​កត់​សម្គាល់ ។ សិទ្ធិ​របស់​ជនជាតិ​ចិន​មិន​ត្រូវ​បាន​ទទួល​ស្គាល់ ហើយ​មាន​ការ​ហាមប្រាម​មិន​ឲ្យ​ប្រើ​ភាសា​ និង​វប្បធម៌​របស់​ខ្លួន​ទៀត​ផង ។ របាយការណ៍​នេះ​ពិនិត្យ​មើល​យ៉ាង​ពិសេស​ទៅ​លើ​ភ័ស្តុតាង​នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច​ចិន​នៅ​កម្ពុជា ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ ។

បន្ទាប់​ពី​បាន​ផ្តួលរំលំ​របប​សាធារណរដ្ឋ​ខ្មែរ​នា​ឆ្នាំ​១៩៧៥ មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ (អង្គការ) បាន​អនុវត្ត​ផែនការ​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ផែនការ​របស់​ប្រទេស​ចិន​កាន់​លទ្ធិ​ម៉ៅនិយម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ។ ផែនការ​ទាំងនោះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រៀបចំ​រចនាសម្ព័ន្ធ​សង្គម​កម្ពុជា​ឡើង​វិញ ។ ទោះបីជា​កម្ពុជា​ប្រជាធិបតេយ្យ​ងាក​ទៅ​រក​ប្រទេស​ចិន​ដើម្បី​សុំ​ការ​ឧបត្ថម្ភ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ និង​នយោបាយ​ដល់​គំនិត​ទាំងនេះ​យ៉ាងណា​ក៏​ដោយ ក៏​កម្ពុជា​ប្រជាធិបតេយ្យ​មិន​ញញើត​នឹង​ចាត់​ទុក​ជនជាតិ​ចិន​ជា​មុខសញ្ញា​សត្រូវ​របស់​ខ្លួន​នោះ​ឡើយ ។ ជនជាតិ​ចិន​ដែល​ភាគច្រើន​រស់នៅ​តាម​ទីក្រុង ត្រូវ​បាន​ជម្លៀស​ទាំង​បង្ខំ​ឲ្យ​ទៅ​រស់នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល ។ កម្ពុជា​ប្រជាធិបតេយ្យ​យល់​ថា ទីក្រុង​នានា ការ​ប្រកប​របរ​ជួញដូរ​របៀប​របប​រស់នៅ​ជា​លក្ខណៈ​ទីក្រុង និង​អ្នក​រស់នៅ​ទីក្រុង​តែ​ម្តង​គឺជា​សញ្ញា​បង្ហាញ​ពី​គំនាប​សង្កត់​បែប​លោក​ខាងលិច ។ ជនជាតិ​ចិន​នៅ​កម្ពុជា​ត្រូវ​បាន​កត់​ចូល​បញ្ជី​ស្បែក​ខ្មៅ​ថា​ជា​សត្រូវ​ផ្ទៃ​ក្នុង​ជាមួយនឹង​អ្នកចេះ​ដឹង ជា​ជន​ពុករលួយ មូលធន អតីត​ទាហាន ​និង​ជា​ជន​ក្បត់ជាតិ ។ ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​ជនជាតិ​ចិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ការ​តស៊ូ​វណ្ណៈ​បដិវត្តន៍ ។ ក្នុង​ចំណោម​ជនជាតិ​ចិន​៤​សែន​នាក់​រស់​ដែល​នៅ​លើ​ទឹកដី​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ មាន​ចំនួន​ប្រមាណ​ពីរ​សែន​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ក្រោម​ការ​កាន់​អំណាច​របស់​កម្ពុជា​ប្រជាធិបតេយ្យ ។

ក៏​ប៉ុន្តែ​គ្មាន​ហេតុផល​ណាមួយ​ដែល​ពន្យល់​យ៉ាង​ពេញលេញ​អំពី​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​សម្លាប់​ជនជាតិ​ចិន​ទេ ។ ជនជាតិ​ចិន​ជា​ច្រើន​មិន​ខុស​អំពី​រដ្ឋាភិបាល​ជាតិ​ខ្លួន​ទេ គឺ​គាំទ្រ​ដល់​ជន​កុម្មុយនិស្ត​កម្ពុជា ។ សញ្ញាណ​ដែល​បញ្ជាក់​ថា​ពូជសាសន៍​ឬ​ជាតិពន្ធុ​មាន​បញ្ហា គឺ​ចាប់ផ្តើម​លេច​ជា​រូបរាង​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៧៣ ។ នៅ​ពេល​នោះ ពួក​ឧទ្ទាម​ខ្មែរក្រហម​បាន​ផ្សព្វផ្សាយ​ក្រឹត្យ​មួយ​ដែល​ចែង​ថា ប្រទេស​កម្ពុជា​មាន​សញ្ជាតិ​ និង​ភាសា​តែ​មួយ​ប៉ុណ្ណោះ​ ពោល​គឺ​ជនជាតិ​ខ្មែរ​ និង​ភាសា​ខ្មែរ ហើយ​ចាប់ពី​ពេល​នោះ​មក​ក៏​លែង​មាន​ជាតិ​សាសន៍​ដទៃ​ទៀត ។ ប្រសិនបើ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ទៅ​លើ​ក្រុម​ជនជាតិ​ភាគតិច​វៀតណាម ចាម ចិន និង​ខ្មែរលើ មាន​លក្ខណៈ​ដូច​គ្នា និង​កើត​មាន​នៅ​ទូទាំង​ប្រទេស​ព្រម​គ្នា​នោះ ទង្វើ​នេះ​អាច​នឹង​ត្រូវ​បកស្រាយ​ថា​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ដាច់ខាត និង​ឃោរឃៅ នៅ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជាតិ​ដូច​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​របប​ណាហ្ស៊ី​នៃ​ប្រទេស​អាល្លឺម៉ង់​ដែរ ហើយ​ថ្មីៗ​នេះ​កើត​មាន​នៅ​ប្រទេស​រវ៉ាន់ដា និង ​បូស្ន៊ី ។ ពិត​ហើយ​ថា របប​កម្ពុជា​ប្រជាធិបតេយ្យ​លម្អៀង​ទៅ​រក​ជនជាតិ​ខ្មែរ ប៉ុន្តែ​ថា​តើ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​ខ្លួន​ទៅ​លើ​ជនជាតិ​ភាគតិច​នានា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ផ្អែក​តែ​ទៅ​លើ​ជាតិពន្ធុ ឬ​ដោយ​ការ​បកស្រាយ​ទៅ​តាម​ជាតិ​សាសន៍​នោះ មិន​អាច​យល់​បាន​ដោយ​ងាយ​ឡើយ ។ បទពិសោធន៍​របស់​ជនជាតិ​ចិន​នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​មាន​លក្ខណៈ​ខុស​គ្នា​ច្រើន រហូត​ដល់​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​កំណត់​បទពិសោធន៍​ជា​រួម​មួយ​ទៀត​ផង ។ ជាតិពន្ធុ ស្ថានភាព​សង្គម និង​ភូមិសាស្ត្រ ទាំង​អស់នេះ​សុទ្ធតែ​ជះ​ឥទ្ធិពល​ទៅ​លើស​ភាព​ជាក់ស្តែង​របស់​អ្នក​ទាំងនោះ ។ ភាព​ខុស​ប្លែក​គ្នា​ទាំងនេះ​មាន​នៅ​ក្នុង​ដំណើរ​រឿង​របស់​អ្នក​ផ្តល់​បទសម្ភាសន៍ ដែល​អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ខ្លួន​ក្លាយ​ជា​មុខ​សញ្ញា​ធ្វើទុក្ខ​បុកម្នេញ​ដោយសារ​តែ​ខ្លួន​ជា​ជនជាតិ​ចិន ហើយ​អ្នក​ខ្លះ​ទៀត​មិន​មាន​អារម្មណ៍​បែប​នេះ​ឡើយ ។ គួរ​កត់​សម្គាល់​ថា​មតិ​ភាគ​ច្រើន​ជឿ​ថា គ្មាន​នយោបាយ​មជ្ឈិម​ប្រឆាំង​នឹង​អ្នក​ទាំងនេះ​ទេ ប៉ុន្តែ​ជឿ​ថា​ការ​ប្រព្រឹត្ត​បែប​នេះ​គឺ​វា​អាស្រ័យ​ទៅ​លើ​កត្តា​មួយ​ចំនួន​ដូច​ជា ការ​ស្អប់ខ្ពើម​ពូជសាសន៍​ដែល​មាន​លក្ខណៈ​ជា​បុគ្គល និង​ការ​សងសឹក​ផ្ទាល់ខ្លួន ដែល​មាន​លក្ខណៈ​ខុស​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត និង​ទៅ​តាម​សម័យកាល ។​

ប៉ុន្តែ​អ្នក​សិក្សា​ជាន់ខ្ពស់​ទាំងនេះ​ពន្យល់​ថា ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​ជនជាតិ​ចិន​ពី​សំណាក់​កម្ពុជា​ប្រជាធិបតេយ្យ គឺជា​បញ្ហា​នយោបាយ​ទូទៅ​ឬ​បញ្ហា​វណ្ណៈ ។ ការ​ពន្យល់​ទាំងនេះ​មិនសូវ​មាន​លក្ខណៈ​ស៊ីគ្នា​ប៉ុន្មាន​ទេ ។ អ្នក​សិក្សា​ស្រាវជ្រាវ​ឈ្មោះ អេលីហ្សាប៊ែត ប៊ែកឃ័រ (ឆ្នាំ​១៩៨៦) ទាញ​ហេតុផល​ថា នយោបាយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ស្នើ​ឲ្យ​បំផ្លិចបំផ្លាញ​សាសនា​ និង​វប្បធម៌​ទាំងឡាយ មិន​ថា​ជា​របស់​ខ្មែរ​ឬ​របស់​ជនជាតិ​ណា​ទេ ។ ហេតុ​ដូច​នេះ ជនជាតិ​ចិន​ស្លាប់​មិន​មែន​ដោយសារ​អ្នក​ទាំងនោះ​ជា​ជនជាតិ​ចិន​ទេ ប៉ុន្តែ​ដោយសារ​ជនជាតិ​ចិន​ទាំងនោះ​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​អនុវត្ត​វប្បធម៌​ដែល​ត្រូវ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហាមឃាត់ ។ ស្រដៀង​គ្នា​នេះ​ដែរ វីលៀម វីលមុត ដែល​ពិនិត្យ​យ៉ាង​ស៊ីជម្រៅ​ទៅ​លើ​ជនជាតិ​ចិន​នៅ​ក្នុង​សង្គម​កម្ពុជា មាន​អំណះអំណាង​ថា ពូជសាសន៍​មិន​អាច​យក​មក​ពន្យល់​អំពី​ការ​រើសអើង​ប្រឆាំង​នឹង​ជនជាតិ​ចិន​បាន​ឡើយ ។ ការ​រក​ឃើញ​ដ៏​សំខាន់​របស់​គាត់​ដោយសារ​កត្តា​វណ្ណៈ ពិសេស​ដោយសារ​វា​ស៊ីគ្នា​ទៅ​នឹង​ការ​ពិត​ដែល​ថា ជនជាតិ​ចិន​ភាគច្រើន​រស់នៅ​ទីក្រុង​ឬ​ទីរួមខេត្ត ។ យោង​តាម​ប្រវត្តិវិទូ​ជនជាតិ​អាមេរិក ម៉ៃឃើល វីកឃ័ររី បាន​ឲ្យ​ដឹង​ថា ការ​ស្អប់ខ្ពើម​ដែល​បង្កើត​ឡើង​ដោយ​កម្ពុជា គឺជា​ផលវិបាក​ដែល​កើត​ចេញពី​ទំនាស់​ទាក់ទង​នឹង​ការ​បែងចែក​រវាង​ជនបទ និង​ទីក្រុង ។ ប្រជាជន​រស់នៅ​តាម​ជនបទ​បែរ​ប្រឆាំង​នឹង​ប្រជាជន​រស់នៅ​ទីក្រុង ។ ហេតុ​ដូចនេះ ជនជាតិ​ចិន​ត្រូវ​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ព្រោះ​គេ​ជា​អ្នក​រស់នៅ​ទីក្រុង​ និង​ទីប្រជុំជន ហើយ​ជនជាតិ​ចិន​ភាគច្រើន​ស្លាប់​ដោយសារ​ខ្លួន​មិន​ស៊ាំ​ទៅ​នឹង​ជីវិត​រស់​ និង​ការងារ​នៅ​តាម​ជនបទ ។ ប្រវត្តិវិទូ​ជាតិ​អាមេរិក ដេវីដ ឆេនដល័រ ជឿ​ថា ការ​រំលោភ​បំពាន​ទៅ​លើ​ជនជាតិ​ចាម​គឺ​អាស្រ័យ​ទៅ​លើ​នយោបាយ​ជា​ជាង​ជាតិពន្ធុ​ឬ​ហេតុផល​សាសនា ។ របប​កម្ពុជា​ប្រជាធិបតេយ្យ​ស្អប់​អ្នក​ណា​ដែល​ប្រឆាំង​នឹង​ខ្លួន ជា​ជាង​ស្អប់​ក្រុម​ជនជាតិ​ឬ​ក្រុម​សាសនា ។ អ្នក​សិក្សា​ស្រាវជ្រាវ​ជនជាតិ​បារាំង​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស់​គឺ​លោក សែកត្យុង បាន​បដិសេធ​ថា ជាតិពន្ធុ​វា​មិន​គ្រប់គ្រាន់​សម្រាប់​យក​មក​ធ្វើ​ជា​អំណះអំណាង​បញ្ជាក់​ពី​ការ​សម្លាប់​នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ ។ លោក​ទាញ​ហេតុផល​ថា​ការ​កាប់សម្លាប់​ក្រោម​ស្នាដៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​គឺ​មិនមែន​បណ្តាល​មក​ពី​ហេតុផល​ជាតិ​សាសន៍​ទេ ផ្ទុយ​ទៅ​វិញ​គឺ​បណ្តាល​មក​ពី​នយោបាយ​ និង​គោលនយោបាយ​សេដ្ឋកិច្ច​ដែល​គ្មាន​លក្ខណៈ​ប្រាកដប្រជា ។ យោង​តាម សែកត្យុង ជនជាតិ​ចិន និង​ជន​រងគ្រោះ​ផ្សេងៗ​ទៀត​ស្លាប់​ដោយសារ​ខ្លួន​មាន​លក្ខណៈ​គ្រោះថ្នាក់​ចំពោះ​នយោបាយ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​ក៏​ដោយសារ​ការ​បង្អត់​អាហារ ជំងឺ​ផ្សេងៗ ឬ​ធ្វើការ​បាក់​កម្លាំង ។ ប្រវត្តិវិទូ ប៊ែន ឃៀរនិន ក៏​ជឿ​ដែរ​ថា ជនជាតិ​ភាគតិច​នៅ​លើ​ទឹកដី​កម្ពុជា​ត្រូវ​បាន​សម្លាប់​ដោយ​លក្ខខណ្ឌ​សង្គម ជា​ជាង​លក្ខខណ្ឌ​ពូជសាសន៍ ។

សហគមន៍​ចិន​នៅ​កម្ពុជា

១. និយមន័យ

ការ​ពិពណ៌នា​អំពី​ជនជាតិ​ចិន​នៅ​កម្ពុជា​គឺជា​ការងារ​ស្មុគស្មាញ​មួយ ។ មិន​ថា​លក្ខណៈ​សរីរាង្គ​ឬ​ក៏​ការ​ប្រតិបត្តិ​ទំនៀម​ទម្លាប់​ចិន គឺ​សុទ្ធតែ​មិន​អាច​ពិពណ៌នា​ឲ្យ​បាន​ប្រសើរ​ឡើយ ។ ការ​កំណត់​ថា​អ្នក​ណា​ជា​ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា គឺ​រឹតតែ​ពិបាក​ជាង​នេះ​ទៅ​ទៀត ដោយសារ​ទាំង​ខ្មែរ​ និង​ចិន​សុទ្ធតែ​មាន​ការ​ប្រតិបត្តិ​លាយឡំ​គ្នា​ជាមួយ​សហគមន៍​ដទៃៗ​ទៀត ។ ជនជាតិ​ចិន​ជា​ច្រើន​បាន​ថែរក្សា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន​តាម​រយៈ​ការ​គោរព​ប្រតិបត្តិ​ដល់​ជីដូន​ជីតា​ដែល​បាន​ចែក​ឋាន​ទៅ ប៉ុន្តែ​ជនជាតិ​ចិន​ក៏​បាន​គោរព​ប្រតិបត្តិ​ទៅ​តាម​វប្បធម៌​ខ្មែរ ដូច​ជា ការ​ទៅ​វត្ត​ធ្វើបុណ្យ​ទាន និង​ប្រារព្ធ​ពិធីបុណ្យ​ទាន​ផ្សេងៗ​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ ។ ដូច​គ្នា​នេះ​ដែរ ជនជាតិ​ខ្មែរ​ក៏​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន ពិធី​សង្កត់​ផ្នូរ និង​ពិធី​សែន​ក្បាលទឹក ។ ដូច្នេះ​ការ​បកស្រាយ​ទៅ​លើ​ការ​គោរព​ប្រតិបត្តិ​ជាក់ស្តែង​មួយ​ចំនួន​ថា​ជា​ទម្លាប់​ចិន (ឬ​ខ្មែរ) គឺ​មិន​ត្រឹមត្រូវ​តាម​បរិបទ​ប្រទេស​កម្ពុជា​ទេ ។ ប៉ុន្តែ​សំខាន់​ត្រូវ​កត់​សម្គាល់ថា ទោះជា​មាន​ការ​រួម​ចូល​គ្នា​ខាង​វប្បធម៌​ដល់​កម្រិត​នេះ​ក្តី ក៏​ការ​បកស្រាយ​របស់​ចិន និង​ខ្មែរ ចំពោះ​អត្តសញ្ញាណ​ជនជាតិ​ចិន មាន​លក្ខណៈ​ច្បាស់លាស់ គឺ​មាន​សហគមន៍​តូចៗ​និយាយ​ភាសា​ដោយឡែក​ពី​គ្នា​មាន​ចំនួន​៥​គឺ ចិន​ប៉េកាំង ចិន​ហៃណាំ ចិន​ខិ ចិន​ហុកគៀន និង ចិន​ទាជីវ ។ ទោះជា​ជនជាតិ​ខ្មែរ​ទទួល​ស្គាល់​ភាព​ខុស​គ្នា​ខាង​ភាសា​ក្តី ក៏​ខ្លួន​នៅ​តែ​ប្រើ​ពាក្យ «ចិន​ឆៅ» សំដៅ​ទៅ​លើ​ជនអន្តោប្រវេសន៍​ចិន​ទាំងអស់​ដែល​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​មិន​គិត​ថា​ជនជាតិ​ចិន​ទាំងនោះ​បាន​ទទួល​យក​វប្បធម៌​ខ្មែរ​ឬ​ក៏​មិន​ទទួល​នោះ​ឡើយ ។ ដូច្នេះ​នៅ​ក្រោម​ក្រសែ​ភែ្នក​ជនជាតិ​ខ្មែរ ជនជាតិ​ចិន​គឺ​នៅ​តែ​ចិន​ជានិច្ច ។

ដោយ​ពិចារណា​ទៅ​លើ​ភាព​ស្មុគស្មាញ​ទាំងនេះ និយមន័យ​របស់ វីលៀម វីលមុត ចំពោះ​ជនជាតិ​ចិន​នៅ​កម្ពុជា ហាក់​ដូចជា​ទាក់ទង​ច្រើន​បំផុត​ទៅ​នឹង​ការ​សិក្សា​នេះ ។ នៅ​ក្នុង​រចនាសម្ព័ន្ធ​នយោបាយ​នៃ​សហគមន៍​ចិន​នៅ​កម្ពុជា វីលមុត បាន​ឲ្យ​និយមន័យ​ជនជាតិ​ចិន​ថា ជា​បុគ្គល​ទាំងឡាយ​ណា​ដែល​គាំទ្រ​ឬ​ចូលរួម​នៅ​ក្នុង​សហគមន៍​ចិន ។ មិន​ដូច​ជា​និយមន័យ​ដែល​មាន​លក្ខណៈ​ចង្អៀត​នៅ​ក្នុង​ជំរឿន​ឆ្នាំ​១៩៦២ នៅ​ប្រទេស​កម្ពុជា​ដែល​កំណត់​ថា ជនជាតិ​ចិន​ជា​បុគ្គល​ទាំងឡាយ​ណា​ដែល​និយាយ​ភាសា​ចិន និង​មាន​សញ្ជាតិ​ជា​ចិន​ទេ ពោល​គឺ​និយមន័យ​របស់ វីលមុត ក៏​បញ្ចូល​ផង​ដែរ​នូវ​បុគ្គល​ទាំងឡាយ​ណា​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​ជា​ចិន ។ និយមន័យ​នេះ​ស័ក្តិសម​ទៅ​នឹង​ការ​សិក្សា​នេះ ព្រោះ​វា​រួម​បញ្ចូល​នូវ​ឥទ្ធិពល​ដែល​ប្រវត្តិសាស្ត្រ​កម្ពុជា​ថ្មីៗ​នេះ និង​ការ​ពិត​ដែល​ថា​មិនមែន​អ្នក​ដែល​ចាត់​ទុក​ខ្លួនឯង​ជា​ជនជាតិ​ចិន​ទាំងអស់​សុទ្ធតែ​បាន​ចូលរួម​ក្នុង​សហគមន៍​ចិន​ទេ ហើយ​បញ្ច្រាស​មក​វិញ​ក៏​មិនមែន​សមាជិក​ទាំងអស់​ក្នុង​សហគមន៍​សុទ្ធតែ​ចាត់​ទុក​ខ្លួនឯង​ជា​ជនជាតិ​ចិន​សុទ្ធសាធ​នោះ​ដែរ ។ អ្នក​ទាំងនោះ​ប្រហែលជា​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សញ្ជាតិ​ពីរ គឺ​ជាប់​ខ្សែស្រឡាយ​តាំងពី​ដូនតា​ជាមួយ​ប្រទេស​ចិន និង​ភក្តីភាព​ខាង​នយោបាយ​ចំពោះ​ប្រទេស​ខ្មែរ​ និង​ព្រះមហាក្សត្រ​ខ្មែរ ។

២. ប្រវត្តិសាស្ត្រ

ជនអន្តោប្រវេសន៍​ចិន​ភាគច្រើន​បំផុត​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដោយសារ​ខ្លួន​ជួប​ការ​លំបាក​នៅ​ប្រទេស​ចិន ។ ឯកអគ្គរដ្ឋទូត​ពិសេស​របស់​ចិន​បាន​សរសេរ​នៅ​ក្នុង​សតវត្សរ៍​ទី​១៣ ថា អ្នក​បើកទូក​ក្តោង​ចិន​ខាងត្បូង​បាន​ភៀសខ្លួន​មក​ប្រទេស​កម្ពុជា​ដោយ​សង្ឃឹម​ថា​នឹង​មាន​ជីវភាព​រស់នៅ​សុខ​ស្រួល​ជាង​មុន ។ អ្នកខ្លះ​ទៀត​មក​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងរក​ស្បៀងអាហារ រកប្រពន្ធ​ ផ្ទះសម្បែង គ្រឿងសង្ហារិម លទ្ធភាព​ធ្វើ​ជំនួញ ក្នុង​គោលបំណង​គេច​ពី​បន្ទុក​ពន្ធដារ និង​គ្រោះ​ទុរ្ភិក្ស ។ នៅ​ក្នុង​ចំណោម​ជនភៀសខ្លួន​ទាំងនេះ ក៏​មាន​ជនភៀសខ្លួន​ដោយ​មូលហេតុ​នយោបាយ​ដែរ ។ ជា​ទូទៅ មាន​កិច្ច​សហប្រតិបត្តិការ​ជា​លក្ខណៈ​ជាតិនិយម​តិចតួច​ណាស់​ក្នុង​ចំណោម​ជនជាតិ​ចិន​នៅ​កម្ពុជា ។ រហូត​ដល់​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៧ ទើប​មាន​ភ័ស្តុតាង​ខ្លះ​បញ្ជាក់​ថា ជនជាតិ​ចិន​ទាំងនោះ​មាន​សកម្មភាព​ជា​សហគមន៍​ចិន​មួយ ។

តាំងពី​ដើម​រៀង​មក ជនជាតិ​ចិន​នៅ​កម្ពុជា​គឺជា​អ្នកជំនួញ ។ ការ​ដោះ​ដូរ​ផ្នែក​សេដ្ឋកិច្ច​រវាង​ខ្មែរ​ និង​ចិន​បាន​ចាប់​ផ្ដើម​តាំងពី​សតវត្សរ៍​ទី​៣​មក​ម្ល៉េះ ហើយ​ការ​យក​សួយសារអាករ​ដែល​ត្រូវ​បាន​កត់ត្រា​ជា​លើក​ដំបូង​គឺ​នៅ​ឆ្នាំ​២២៥ ។ ចាប់ពី​សតវត្សរ៍​ទី​១៣​ដល់​១៩ អ្នកគ្រប់គ្រង​ប្រទេស​កម្ពុជា​បាន​ទទួលស្គាល់​តម្លៃ​វប្បធម៌​ និង​សេដ្ឋកិច្ច​របស់​អ្នក​តាំង​ទីលំនៅ​ដែល​មិនមែន​ជា​ជនជាតិ​ខ្មែរ ។ ម៉្លោះ​ហើយ ជនបរទេស​ទាំងនោះ​ក៏​ទទួល​បាន​នូវ​សិទ្ធិ​ស្របច្បាប់​ដូច​ជា​ប្រជាជន​កម្ពុជា​ដែរ ។ នៅ​ក្នុង​ជួរ​រាជការ​ក្រោយ​ពី​ច្បាប់​ភូមិបាល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ឆ្នាំ​១៦៩៣ ជនជាតិ​ចិន វៀតណាម ជ្វា ម៉ាឡេ និង ជប៉ុន ដែល​រស់នៅ​លើ​ទឹកដី​ខ្មែរ អាច​ក្លាយ​ជា​អភិបាលខេត្ត​បាន​ជា​ថ្នូរ​នឹង​សួយសារអាករ​ជា​ប្រចាំ ។ ក្នុង​នាម​ជា​មន្ត្រី​នៃ​រាជបល្ល័ង្ក ជនជាតិ​ចិន​បាន​ចូលរួម​នៅ​ក្នុង​សង្គម​កម្ពុជា ប៉ុន្តែ​ខ្លួន​នៅ​រក្សា​អត្តសញ្ញាណ​វប្បធម៌​របស់​ខ្លួន​ដដែល​ដូច​ជា​តាម​រយៈ​ការ​រក្សា​ម៉ូត​សក់ សម្លៀក​បំពាក់ ការ​គោរព​បូជា សិល្បៈ និង​ការ​កម្សាន្ត​នានា ។ ជា​ញឹកញាប់ អ្នក​ទាំងនេះ​ទទួល​បាន​នូវ​ការ​សរសើរ​ចំពោះ​លក្ខណៈ​ទាំង​ប៉ុន្មាន​ខាងលើ​នេះ ។ នៅ​តាម​មូលដ្ឋាន ជនជាតិ​ចិន​ក៏​បាន​ចូលរួម​មួយ​ផ្នែក​នៅ​ក្នុង​សង្គម​ខ្មែរ​ដែរ ។ នៅ​ពេល​ដែល​អាជ្ញាធរ​អាណានិគម​បារាំង​ហាមឃាត់​ការ​ធ្វើ​អន្តោប្រវេសន៍​នៃ​ស្ត្រី​ជនជាតិចិន បុរស​ជនជាតិ​ចិន​ភាគច្រើន​រៀបការ​ជាមួយ​ស្ត្រី​ខ្មែរ ។ ប្រពន្ធ​របស់​ជនជាតិ​ចិន​អាច​ដើរ​ចូល​ផ្ទះ​អ្នកស្រុក អ្នក​ភូមិ ដើម្បី​ដោះ​ដូរ​ទំនិញ​ និង​ផលដំណាំ​នៅ​ក្នុង​រដូវ​ប្រមូល​ផល ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​ជនជាតិ​ចិន​កាន់តែ​ងាយស្រួល​ក្នុង​ការ​ពង្រីក​ជំនួញ​របស់​ខ្លួន ។ ហេតុ​ដូចនេះ ការ​ផ្លាស់​ប្តូរ​ក្រោយៗ​មក​ទៀត​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​អន្តោប្រវេសន៍​ស្ត្រី​ជនជាតិ​ចិន ដែល​ធ្វើ​ឲ្យ​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​បុរស​ចិន​ និង​ស្ត្រី​ខ្មែរ កាន់តែ​មាន​ចំនួន​តិច​ទៅៗ និង​ធ្វើ​ឲ្យ​មាន​ការ​បំបែក​សហគមន៍​កាន់តែ​ច្រើន​ឡើងៗ ។​

ទោះជា​មាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​ចិន​ក្តី ក៏​អាកប្បកិរិយា​របស់​បារាំង​ចំពោះ​ជនភៀសខ្លួន​ជនជាតិ​ចិន​មក​កម្ពុជា នៅ​តែ​មាន​ភាព​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង ។ នៅ​ឆ្នាំ​១៨៦០ អនុសញ្ញា​ស្តីពី​អាណាព្យាបាល​បារាំង​នៅ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​អន្តោប្រវេសន៍​ច្រើន​ថែម​ទៀត ហើយ​កិច្ចព្រមព្រៀង «ឈីង» ជាមួយ​អង់គ្លេស និង​បារាំង​បាន​ទទួល​ស្គាល់​សិទ្ធិ​ជនជាតិ​ចិន​ឲ្យ​ចូល​ធ្វើ​ការងារ​រាជការ និង​ការពារ​ជនជាតិ​ចិន​នៅ​ក្នុង​អាណានិគម​របស់​ខ្លួន ។ បារាំង​មាន​មន្ទិល​សង្ស័យ​មក​លើ​ជនអន្តោប្រវេសន៍​ជនជាតិ​ចិន ។ បារាំង​ជឿ​ថា ជនជាតិ​ចិន​គឺជា​ពាណិជ្ជករ​លោភលន់​ដែល​ត្រេកត្រអាល​សប្បាយ​នឹង​ការ​ជក់​អាភៀន លេងល្បែង​ស៊ីសង ជំរិត​លុយ និង​បូម​យក​ទ្រព្យសម្បត្តិ​ប្រទេស​ម្ចាស់ផ្ទះ រួច​ហើយ​បញ្ជូន​ទ្រព្យសម្បត្តិ​ទាំងនោះ​ទៅ​ឲ្យ​គ្រួសារ​របស់​ខ្លួន​ដែល​រស់នៅ​ប្រទេស​ចិន ។ បារាំង​ទទូច​ឲ្យ​មាន​ការ​បង្រៀន​គណិតវិទ្យា​នៅ​សាលា​ដើម្បី​ការពារ​កុំ​ឲ្យ​ជនជាតិ​ចិន​ដែល​មិន​ស្មោះត្រង់​ដើរ​ខ្សែលើ​ជនជាតិ​ខ្មែរ​បាន ។ ប៉ុន្តែ​ផ្ទុយ​ស្រឡះ​ពី​ការ​ព្រួយបារម្ភ​របស់​បារាំង ជនជាតិ​ខ្មែរ​ខ្លះ​ហាក់​ដូចជា​គោរព​ចរិត​ធ្វើ​ជំនួញ​របស់​ជនជាតិ​ចិន​ទៅ​វិញ ។ អត្ថបទ​មួយ​ចុះ​ផ្សាយ​ឆ្នាំ​១៩៣១ នៅ​ក្នុង​កាសែត «នគរវត្ត» ដែល​ជា​កាសែត​ជាតិ​របស់​ខ្មែរ​លើក​ដំបូង​បង្អស់ បាន​សរសើរ​ថា ជនជាតិ​ចិន​ឧស្សាហ៍​ព្យាយាម និង​ចេះ​សន្សំ​សំចៃ ។ អ្នកនិពន្ធ​បាន​ជំរុញ​ឲ្យ​ជនជាតិ​ខ្មែរ​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​ជា​ជនជាតិ​ចិន​ឣ៊ីចឹង​ដែរ ។ អ្នកនិពន្ធ​អះអាង​ថា ប្រជាជន​ខ្មែរ​មាន​ភាព​ឆ្លាតវៃ​មិន​ចាញ់​ជនជាតិ​ចិន​ទេ ​ប៉ុន្តែ​ភាព​ខុស​គ្នា​សំខាន់​នោះ​គឺ​ឆន្ទៈ​របស់​ជនជាតិ​ចិន​ចំពោះ​ការងារ​ និង​ការ​រៀបចំ​ចាត់ចែង​សង្គម​របស់​ជនជាតិ​ចិន ។ អ្នកនិពន្ធ​ស្នើ​ថា​ប្រជាជន​ខ្មែរ​គួរតែ​យក​គំរូ​តាម​អាកប្បកិរិយា​របស់​ជនជាតិ​ចិន ។​

បារាំង​បាន​ទទួលផល​ប្រយោជន៍​ពី​វត្តមាន​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា ប៉ុន្តែ​ចេះ​តែ​បន្ត​មាន​បំណង​រឹតត្បិត​សកម្មភាព​ជំនួញ​របស់​ជនជាតិ​ចិន ប៉ុន្តែ​មិន​ដែល​បាន​សម្រេច​ឡើយ ។ ជនជាតិ​ចិន​គឺជា​ឈ្មួញ​កណ្ដាល​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ។ ឯកសារ​អាណានិគម​ដំបូង​បង្អស់​បង្ហាញ​ថា ជនជាតិ​ចិន​ចូលរួម​ច្រើន​ជាងគេ​នៅ​ក្នុង​ជំនួញ​ខ្នាត​តូច បើកហាង​ទំនិញ លក់​គ្រឿង​ហូប​ចុក និង​ទិញ​កសិផល​ពី​កសិករ​ខ្មែរ ។ អភិបាល​អាណានិគម​ និង​សហគ្រិន​ខ្លះ ក៏​បាន​នាំ​ចូល​នូវ​កម្មករ​ចិន​ដែល​ពុំ​មាន​ជំនាញ ដើម្បី​បង្កើត​សហគមន៍​កសិកម្ម និង​ចម្ការ ។ ទោះជា​យ៉ាងនេះ​ក៏​ដោយ ក៏​បារាំង​ចង់​ការពារ​ជនជាតិ​ខ្មែរ​កុំ​ឲ្យ​ទទួល​នូវ​ការ​វាយលុក ដោយសារ​ជំនាញ​ដ៏​ចំណាន​របស់​ជនជាតិ​ចិន តាម​រយៈ​ការ​រឹតត្បិត​កម្មសិទ្ធិ​ដីធី្ល​ និង​ផ្តល់​ការងារ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដល់​ជនជាតិ​ចិន ។ បារាំង​ក៏​បាន​ព្យាយាម​រឹតត្បិត​ការ​រៀបចំ​ចាត់ចែង ពិសេស​រវាង​ជនជាតិ​ចិន​ខ្លះ​ និង​រាជវាំង​ទាក់ទង​នឹង​ភាព​ផ្តាច់មុខ និង​ឥទ្ធិពល​របស់​ជនជាតិ​ចិន ដោយ​បាន​ដាក់​ចេញ​នូវ​កំណែទម្រង់​ផ្នែក​ហិរញ្ញវត្ថុ បិទ​បន​ល្បែង និង​ហាមឃាត់​ការ​ផលិត​អាភៀន ។ ប៉ុន្តែ​ជា​ទូទៅ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បារាំង​មាន​ឥទ្ធិពល​តិចតួច​ណាស់​ទៅ​លើ​ការ​បែងចែក​សេដ្ឋកិច្ច​ និង​ការងារ​ផ្សេងៗ រវាង​ជនជាតិ​ខ្មែរ​ និង​ជនជាតិ​ចិន ។ លើស​ពី​នេះ​ទៀត អ្នក​រៀបចំ​ផែនការ​ទីក្រុង​របស់​អាណានិគម​បារាំង​បាន​បែងចែក​សេដ្ឋកិច្ច​ និង​ជនជាតិ ដោយ​ឲ្យ​ប្រជាជន​ខ្មែរ ជនជាតិ​ចិន វៀតណាម និង​អឺរ៉ុប រស់នៅ​សង្កាត់​ផ្សេងៗ​គ្នា​នៅ​ក្នុង​ទីក្រុង ។​

ទោះបីជា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​មិន​ចូល​ចិត្ត​ពី​សំណាក់​បារាំង​ក៏​ដោយ ជាតិនិយម​នៅ​ក្នុង​សហគមន៍​ចិន​នៅ​កម្ពុជា ដំបូង​ឡើយ​ហាក់​ដូចជា​ផលវិបាក​នៃ​វិវត្តន៍​នយោបាយ​ក្នុង​ប្រទេស​ចិន ។ ការ​តស៊ូ​រវាង​រដ្ឋាភិបាល​ឈីង និង​ក្រុម​ជាតិនិយម កួកម៉េងតាំង​ដែល​ដឹកនាំ​ដោយ ស៊ុន យ៉ាតសេន មាន​សារសំខាន់​ជា​ពិសេស ។ ការ​ជំរុញ​លើក​ទឹកចិត្ត​របស់ ស៊ុន យ៉ាតសេន ឲ្យ​មាន​សាលារៀន​ចិន ក្នុង​គោលបំណង​ពង្រឹង​វប្បធម៌​ចិន​នោះ បាន​ផ្តល់​ជា​មូលដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​សហគមន៍ និង​ការ​បែងចែក​កាន់តែ​ធំ​ឡើងៗ​ពី​ប្រជាជន​ខ្មែរ ដែល​ជា​ជនជាតិ​ភាគច្រើន ។ ការ​ដែល​រដ្ឋាភិបាល ឈីង ទទួល​ស្គាល់​ជនជាតិ​ចិន​នៅ​បរទេស​ថា​ជា​ជនរួមជាតិ​របស់​ខ្លួន​ បាន​ពង្រឹង​នូវ​អត្តសញ្ញាណ​ជាតិចិន​នៅ​ឯ​បរទេស ។ អត្តសញ្ញាណ​ចិន​លែង​ត្រូវ​បាន​រឹតត្បិត​ដោយសារ​ព្រំដែន​ភូមិសាស្ត្រ​ទៀត​ហើយ ។ អ្នក​ទាំងនោះ​គឺជា​ជនជាតិ​ចិន​មិន​គិត​ថា​គេ​កើត​នៅ​ទីណា​ទេ ។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​ទស្សនៈ​ចិន​ចំពោះ​ទឹកដី​កំណើត​ និង​ផ្លាស់​ប្តូរ​ទស្សនៈ​ដែល​ចាត់​ទុក​ខ្លួនឯង​ជនបរទេស ។ រដ្ឋាភិបាល​ចិន​ប្រមូល​ការ​ហូរ​ចូល​ឥត​ឈប់​ឈរ​នូវ​មូលធន​ទៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដែល​បាន​មក​ពី​ជនជាតិ​ចិន​នៅ​ក្រៅប្រទេស​ផ្ញើ​មក​ឲ្យ​បងប្អូន​សាច់ញាតិ​របស់​ខ្លួន ដែល​រស់នៅ​ប្រទេស​ចិនដីគោក ។ ប្រការ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​រំពឹង​ថា​រដ្ឋាភិបាល​ចិន​នឹង​ខកចិត្ត​ចំពោះ​ស្ថានភាព​រស់នៅ​របស់​ជនជាតិ​ចិន​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ។​

បន្ទាប់​ពី​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣ អ្នក​ជាតិ​និយម​ខ្មែរ​មិនសូវ​អត់ឱន​ចំពោះ​សហគមន៍​ចិន​នៅ​កម្ពុជា​ឡើយ ។ អ្នក​ជាតិ​និយម​ខ្មែរ​បាន​ដាក់​ការ​រឹតត្បិត​មួយ​ចំនួន​ទៅ​លើ​វប្បធម៌​ចិន ហើយ​សម្តេច​សីហនុ បាន​ប្រើ​ច្បាប់​លេខ 913-NS (ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​១៩៥៤) ក្នុង​គោលបំណង​រឹតត្បិត​ជនជាតិ​ចិន​មិន​ឲ្យ​ទទួល​បាន​នូវ​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ សិទ្ធិ​ធ្វើ​ជំនួញ និង​ធ្វើ​ការងារ​មួយ​ចំនួន ។ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ការ​ហាមប្រាម​បន្ថែម​ទៀត ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រារាំង​ជនបរទេស​មិន​ឲ្យ​ចូល​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​មួយ​ចំនួន ។ ជា​ទូទៅ គោលបំណង​ថ្មី​ក្នុង​ការ​រឹតត្បិត​ជនជាតិ​ចិន​នៅ​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​ និង​ឥទ្ធិពល​របស់​ខ្លួន ក៏​ត្រូវ​បរាជ័យ​ដែរ ។​

កម្រិត​នៃ​អរិភាព​កើត​ចេញពី​រដ្ឋបាល​ចំពោះ​ជនជាតិ​ចិន​នៅ​កម្ពុជា​ចាប់ពី​ទទួល​បាន​ឯករាជ្យ​រហូត​ដល់​ការ​ដួល​រលំ​នៃ​សម្តេច​សីហនុ នៅ​ឆ្នាំ​១៩៧០ ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​ការ​វិវឌ្ឍ​ផ្នែក​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិន​ និង​កម្ពុជា ។ ទំនាក់ទំនង​ការទូត​រវាង​ចិន​ និង​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៦ ។ នៅ​ក្នុង​ឱកាស​នោះ ជូ អេងឡាយ បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សាធារណជន ដោយ​ជំរុញ​ជនជាតិ​ចិន​រស់នៅ​កម្ពុជា​ឲ្យ​គោរព​ច្បាប់​ និង​សាសនា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ។ ទំនាក់ទំនង​ដែល​មាន​លក្ខណៈ​ស្អិត​ល្មួត​រវាង​ប្រទេស​ទាំង​ពីរ​បាន​ចុះ​អន់​ថយ​ទៅៗ​នៅ​ពាក់កណ្តាល​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ជា​ពេល​ដែល​ប្រទេស​ចិន​កំពុង​ស្ថិត​ក្នុង​ចលនា​បដិវត្តន៍វប្បធម៌ ។ ការទូត​ជា​សាធារណៈ​ចេះ​តែ​បន្ត​បិទ​បាំង​នូវ​ទំនាក់ទំនង​មុខ​ពីរ​រវាង​ថ្នាក់ដឹកនាំ​ចិន​ និង​កម្ពុជា ។ ដោយ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​មាន​តែ​ទំនាក់ទំនង​កម្រិត​ជាតិ​ជាមួយ​កម្ពុជា រដ្ឋាភិបាល​ចិន​បាន​ស្វះស្វែង​ជះ​ឥទ្ធិពល​ទៅ​លើ​ជនជាតិ​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​រៀបចំ​សមាគម​ផ្សេងៗ ជា​ពិសេស​បើក​សាលារៀន បើក​សារព័ត៌មាន (កម្ពុជា​ថ្ងៃនេះ ១៩៦៣) ។ ជា​ប្រពៃណី សមាគម និង​បណ្តាញ​តូចៗ​ដទៃៗ​ទៀត​បាន​ផ្តល់​ឲ្យ​សមាជិក​របស់​ខ្លួន​នូវ​ការ​គាំទ្រ​របស់​សមាគម​នៅ​ក្នុង​គ្រា​មាន​អាសន្ន ។ ប៉ុន្តែ​មក​ដល់​ត្រឹម​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ សមាគម​ចិន​ត្រូវ​បាន​កាត់​ផ្តាច់​ពី​ប្រជាជន​ខ្មែរ ។ សិស្សានុសិស្ស​ចិន​ខ្លះ​ត្រូវ​បាន​បង្រៀន​ឲ្យ​គាំទ្រ​លទ្ធិ​ម៉ៅនិយម​នៅ​កម្ពុជា ហើយ​ម្តងម្កាល គឺ​ឲ្យ​គាំទ្រ​បក្ស​កួកម៉េងតាំង​ដែល​ប្រឆាំង​លទ្ធិ​ម៉ៅនិយម ។ បន្ទាប់​មក សិស្សានុសិស្ស​ចិន​ជា​ច្រើន​បាន​ចូលរួម​ជាមួយ​ពួក​ឧទ្ទាម​កុម្មុយនិស្ត ។ ស្ថានការណ៍​ចេះ​តែ​អាក្រក់​ទៅៗ ជា​ពិសេស​ទាក់ទង​ទៅ​នឹង​កាសែត​ជា​ភាសា​ចិន ។ សម្តេច​សីហនុ​ចូល​មក​ដោះស្រាយ ដោយ​មាន​ការ​ជ្រៀតជ្រែក​របស់​ចិន​ចូល​ក្នុង​កិច្ចការ​កម្ពុជា និង​ក្នុង​ពេល​ដែល​មាន​កុបកម្ម​ពួក​កុម្មុយនិស្ត​ដែល​ចេះ​តែ​កើន​ឡើងជា​លំដាប់ ។ កាសែត​ទាំងនោះ​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ សមាគម​មិត្តភាព​ខ្មែរ-ចិន​ត្រូវ​បាន​រំលាយ​ចោល​ ដូច​ជា ​សមាគម​និស្សិត​ខ្មែរ​ទូទៅ​ដែរ ។ កាសែត​ដែល​នាំ​ចូល​មក​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវ​បាន​ហាមប្រាម ហើយ​កាសែត​មក​ពី​ហុងកុង តៃវ៉ាន់ និង​សិង្ហបុរី ត្រូវ​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​បំផុត ។ កាសែត​អ្នក​ជាតិនិយម​ពន្យល់​ថា ការ​សម្រេចចិត្ត​ទាំងនេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង «ធ្វើ​ឲ្យ​មិត្ត​ចិន​របស់​យើង​យល់​ថា​កម្ពុជា​មិន​អាច​ផ្តល់​នូវ​អាជ្ញាប័ណ្ណ​នាំ​ចូល​ដ៏​សំខាន់​អំពី​បដិវត្តន៍​វប្បធម៌​ដែល​កម្ពុជា​មិន​ត្រូវការ​ឡើយ» ។

នៅ​ពេល​សង្គ្រាម​វៀតណាម​រាលដាល​កាន់តែ​ខ្លាំង​ឡើងៗ ស្ថានភាព​របស់​ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​ក៏​កាន់តែ​អាក្រក់​ទៅៗ ។ សេនាប្រមុខ លន់ នល់ ដែល​ជា​អ្នក​ផ្តួលរំលំ​សម្តេច​សីហនុ ក៏​ចាត់​ទុក​អត្តសញ្ញាណ​ជាតិ​ថា​ត្រូវ​មាន​លក្ខណៈ​ខ្មែរ​ទាំងស្រុង ។ ការ​សម្លាប់​រង្គាល​ដែល​ជា​ការ​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​ទៅ​លើ​ជនជាតិ​វៀតណាម​រាប់រយ​នាក់​កាលពី​ពីរ​ខែ​មុន​ពេល​លន់ នល់ ឡើង​កាន់​អំណាច បាន​ធ្វើ​ឲ្យ​ជនជាតិ​ចិន​រអើល​ខ្លួន ។ ជនជាតិ​ចិន​យល់​ថា សេចក្តីណែនាំ​របស់ លន់ នល់ ដល់​មន្ត្រី​រដ្ឋាភិបាល ឲ្យ​មាន​ការ​រារាំង​ការពារ​មិន​ឲ្យ​ប៉ះពាល់​ជនជាតិ​ចិន​គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ ។ លន់ នល់ បាន​វាយប្រហារ​ទៅ​លើ​ជនជាតិ​ចិន​ជាប់​រហូត ហើយ​បញ្ជា​ឲ្យ​បិទ​សាលា​ភាសា​ចិន​ជា​ច្រើន​ក្រោម​លេស​ថា​ សាលា​ទាំងនោះ​គឺជា​សាលា​ភាសា​កុម្មុយនិស្ត ។ នៅ​ក្នុង​យុទ្ធនាការ​ដើម្បី​រក​អ្នកគាំទ្រ​កុម្មុយនិស្ត ជា​ញឹកញយ​កម្លាំង​នគរបាល​របស់ លន់ នល់ បាន​ចាប់ខ្លួន​ប្រជាជន​ដែល​មាន​ដើម​កំណើត​ជនជាតិ​ចិន ។ ប៊ែកឃ័រ បាន​ពិពណ៌នា​កាលពី​ឆ្នាំ​១៩៨៦​ថា «លន់ នល់ បាន​ប្រើប្រាស់​សារព័ត៌មាន​ក្នុងស្រុក​ដើម្បី​ធ្វើ​យុទ្ធនាការ​ប្រឆាំង​វណ្ណៈ​នាយទុន​ដ៏​លោភលន់​ដែល​កំពុង​ឆ្លៀត​ទាញ​យក​ផលប្រយោជន៍​ពី​សភាពការណ៍​ស្រុក​ទេស​មាន​សង្គ្រាម ហើយ​ដំឡើង​ថ្លៃ​ទំនិញ​…» ។ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សាធារណរដ្ឋ​ខ្មែរ និង​នៅ​ចំ​ពេល​មាន​សង្គ្រាម​ស៊ីវិល ជីវិត​រស់នៅ​របស់​ជនជាតិ​ចិន​កាន់តែ​ពិបាក​ និង​មាន​គ្រោះថ្នាក់​ថែម​ទៀត ។​

៣. ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា

ប្រទេស​ចិន និង​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​រយៈពេល​បី​ឆ្នាំ​កន្លះ​ ជនជាតិ​ចិន​ជាង​ពាក់កណ្តាល​បាន​ស្លាប់​បាត់បង់​ជីវិត ។ ការ​គាំទ្រ​ពី​មុន​របស់​ជនជាតិ​ចិន​ចំពោះ​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត និង​ទំនាក់ទំនង​មិត្តភាព​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​របប​កម្ពុជា​ប្រជាធិបតេយ្យ មិន​បាន​ជួយ​ការពារ​ជនជាតិ​ចិន​នៅ​កម្ពុជា​ទេ ។ អ្វី​ដែល​ជា​លក្ខខណ្ឌ​អវិជ្ជមាន​សម្រាប់​លទ្ធភាព​នៃ​ការ​រស់រាន​មានជីវិត​របស់​ជនជាតិ​ចិន​នោះ​គឺថា ជនជាតិ​ចិន​ច្រើន​មាន​ការ​ប្រឡូក​ក្នុង​សកម្មភាព​ជំនួញ ហើយ​រស់នៅ​តាម​ទីក្រុង​ និង​ទីប្រជុំជន ។ លក្ខណៈ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ជនជាតិ​ចិន​ក្លាយជា​សត្រូវ​ដ៏​គ្រោះថ្នាក់​របស់​បដិវត្តន៍ និង​ជា​អ្នក​កេង​ប្រវ័ញ្ច​ខ្មែរ ។ យោង​តាម​ការ​ឃោសនា​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ថា ជនជាតិ​ចិន​បាន​រស់នៅ​យ៉ាង​សុខ​ស្រួល​ដោយសារ​ញើស​ឈាម​របស់​ប្រជាជន​ខ្មែរ ។ ដោយសារ​អត្តសញ្ញាណ​របស់​ខ្លួន​ងាយ​រងគ្រោះ​ជាង​ជនជាតិ​ចាម ថៃ និង ឡាវ ជា​ញឹកញយ ជនជាតិ​ចិន​គឺជា​គោលដៅ​នៃ​អំពើ​ហិង្សា ។ នៅ​តាម​ជនបទ ប្រជាជន​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្អប់ខ្ពើម​អ្នក​ចំណូល​ថ្មី​ដែល​រួម​មាន​ជនជាតិ​ចិន​ជា​ច្រើន​មក​ពី​ទីក្រុង​ផង ។ ប៉ុន្តែ​ដូច​ដែល​លើក​ឡើង​ពី​មុន​រួច មក​ហើយ​ថា​បទពិសោធន៍​របស់​ជនជាតិ​ចិន​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ទៅ​តាម​តំបន់​ និង​ពេលវេលា ។ អ្នកខ្លះ​ត្រូវ​បង្ខំ​ឲ្យធ្វើ​ខ្មែរូបនីយកម្ម ហាមឃាត់​មិន​ឲ្យ​និយាយ​ភាសា​ចិន​ បំបែក​ពី​ក្រុម​គ្រួសារ​ និង​សហគមន៍​របស់​ខ្លួន និង​ក្រុម​ជនជាតិ​ផ្សេង​ទៀត ។ ជីវិត​របស់​ជនជាតិ​ចិន​ត្រូវ​គ្របដណ្តប់​ទៅ​ដោយ​ការ​យក​ទៅ​អប់រំ​កសាង ធ្វើការ​ធ្ងន់ ចាប់​ឃុំឃាំង ការ​បង្អត់អាហារ ​ជំងឺ​តម្កាត់ ធ្វើការ​បាក់កម្លាំង​ និង​ការ​ភ័យ​ខ្លាច​ត្រូវ​យក​ទៅ​សម្លាប់​ចោល ។ ជនជាតិ​ចិន​ជា​ច្រើន​ដែល​មិន​ធ្លាប់​ធ្វើ​ការងារ​ធ្ងន់ៗ​ពី​មុន​មក ខ្លះ​ត្រូវ​ស្លាប់​ដោយ​ធ្វើការ​បាក់កម្លាំង​ និង​អត់​អាហារ​បរិភោគ ។ រឿងរ៉ាវ​ដ៏​លំបាក​វេទនា​របស់​ជនជាតិ​ចិន​ដែល​រស់នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពិបាក​នឹង​យក​មក​បញ្ជាក់​ឲ្យ​សម​នឹង​ទំហំ​នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​ណាស់ ។ កត្តា​ និង​ឥទ្ធិពល​ទូទៅ​អាច​ពិពណ៌នា​បាន ប៉ុន្តែ​នៅ​ពេល​ណា​មួយ​នោះ កត្តា​មួយ​ចំនួន (ឬ​ក៏​គ្មាន​សោះ) ប្រហែលជា​នឹង​កំណត់​ជោគវាសនា​របស់​ជនជាតិ​ចិន​ផង​ក៏​មិនដឹង ។​

៣.១. ជន​កុម្មុយនិស្ត​កម្ពុជា និង​ជនជាតិ​ចិន

មុន​ពេល​ចូល​មក​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ ក្រុម​ឧទ្ទាម​កុម្មុយនិស្ត​កម្ពុជា​បាន​ទទួល​ការ​គាំទ្រ​គួរ​ឲ្យ​កត់​សម្គាល់​ពី​ជនជាតិ​ចិន​ដែល​មាន​សមានចិត្ត​ចំពោះ​ខ្លួន ។ ការ​បិទ​សាលារៀន​របស់​ជនជាតិ​ចិន​ដោយ​លោក លន់ នល់ បាន​ដុត​កំហឹង​ជនជាតិ​ចិន​ឲ្យ​ក្លាយជា​អ្នកប្រឆាំង​នឹង​របប​នេះ ហើយ​ជា​លទ្ធផល ជនជាតិ​ចិន​បែរ​មក​គាំទ្រ​ជន​កុម្មុយនិស្ត​កាន់តែ​ច្រើន​ឡើងៗ ។ ជនជាតិ​ចិន​ខ្លះ​ក៏​បាន​ចូលរួម​ជាមួយ​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត​តាម​ការ​អំពាវនាវ​របស់​សម្តេច​សីហនុ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​សាធារណរដ្ឋ​និយម ។ នៅ​តំបន់​រំដោះ ជនជាតិ​ចិន​បាន​ផ្តល់​ព័ត៌មាន​ដែល​បកប្រែ​ពី​វិទ្យុ​ក្រុង​ប៉េកាំង និង​បាន​ផ្គត់ផ្គង់​ស្បៀង​ដល់​ខ្មែរក្រហម ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី មក​ដល់​ចុងឆ្នាំ​១៩៧៣ មេដឹកនាំ​ឧទ្ទាម​បាន​ចាប់ផ្តើម​សង្ស័យ​ជនជាតិ​ចិន​ដែល​រស់នៅ​ភាគ​ខាងកើត​ទន្លេមេគង្គ ថា​មាន​សមានចិត្ត​ចំពោះ​បក្ស​កួកម៉េងតាំង និង​ធ្វើការ​ឲ្យ​ សេ.អ៊ី.អា ។ ពួក​កុម្មុយនិស្ត​លែង​ត្រៀម​ខ្លួន​ទទួល​យក​សហវិជ្ជមាន​ពហុជាតិ​នៃ​វប្បធម៌ សិល្បៈ និង​ទំនៀមទម្លាប់​ទៀត​ហើយ ។ នៅ​ក្នុង​តំបន់​រំដោះ​ក្នុង​ឆ្នាំ​១៩៧៣ ខិតប័ណ្ណ​របស់​ជន​កុម្មុយនិស្ត​បាន​ចាប់ផ្តើម​ពិពណ៌នា​ថា ជនជាតិ​ចិន​ជា​ពួក​មូលធននិយម​ដែល​បាន «ជញ្ជក់​ឈាម​ប្រជាជន​ខ្មែរ» ។​

៣.២. ភាព​ខុស​គ្នា​ទៅ​តាម​តំបន់

ការ​ស្ទាបស្ទង់​ជា​ទូទៅ​មួយ​ទៅ​លើ​ប្រវត្តិ​របស់​អ្នក​ដែល​បាន​ផ្តល់​បទសម្ភាសន៍ ដែល​បង្ហាញ​ជូន​នៅ​ក្នុង​ស្នាដៃ​សិក្សា​ស្រាវជ្រាវ​ថ្មីៗ​នេះ អះអាង​ថា ការ​ជម្លៀស​គឺជា​កត្តា​សំខាន់​ដែល​កំណត់​វាសនា​ជនជាតិ​ចិន​នៅ​ក្រោម​ការ​គ្រប់គ្រង​អំណាច​របស់​កម្ពុជា​ប្រជាធិបតេយ្យ ។ ខែមេសា ឆ្នាំ​១៩៧៥ នៅ​ពេល​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចេញពី​ទីក្រុង​ និង​ទីប្រជុំជន ជនជាតិ​ចិន​ភាគច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​ស្រុក ​និង​ជនបទ​នៅ​ភាគ​ខាងកើត​ និង​និរតី​នៃ​ប្រទេស​កម្ពុជា ។ បន្ទាប់​មក​ត្រូវ​ជម្លៀស​បន្ត​ទៅ​ភូមិភាគ​ពាយ័ព្យ ។ ដូចដែល​បាន​បញ្ជាក់​រួច​មក​ហើយ​ថា អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ភូមិភាគ​ពាយ័ព្យ ទំនងជា​មិន​សូវ​នៅ​រស់រាន​មាន​ជីវិត​ទេ ។ យោង​តាម​អតីត​នាយទាហាន​សាធារណរដ្ឋ​ខ្មែរ​ម្នាក់​បានឲ្យ​ដឹង​ថា កម្មាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​បាន​សម្លាប់​អតីត​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ និង​ជនជាតិ​ចិន​យ៉ាងច្រើន ។ នាយទាហាន​រូប​នោះ​ជឿជាក់​ថា ជនជាតិ​ចិន​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត និង​ស្រុក​លង្វែក ខេត្តកំពង់ឆ្នាំង​ ត្រូវ​បាន​សម្លាប់​ចោល​ទាំងអស់​នៅ​អំឡុង​ឆ្នាំ​១៩៧៧​ និង​១៩៧៨ ។ សាក្សី​ម្នាក់​ទៀត​បាន​រៀបរាប់​អំពី​របៀប​ដែល​ជនជាតិ​ចិន​ត្រូវ​បាន​យក​ទៅ​សម្លាប់​ចោល​ដោយសារ​តែ​អ្នក​ទាំងនោះ​បាន​ប្រព្រឹត្ត​កំហុសឆ្គង​បន្តិចបន្តួច​ប៉ុណ្ណោះ​ ឧទាហរណ៍​ដូច​ជា​ជនជាតិ​ចិន​ពីរ​នាក់​បាន​លួច​ដំឡូង​មួយ​មើម​មក​ពី​ចម្ការ​នៅ​ក្នុង​ឃុំ​មួយ ។ អ្នក​ទាំង​ពីរ​ត្រូវ​ចាប់ខ្លួន​នាំ​យក​ទៅ​កន្លែង​មួយ​ចម្ងាយ​៥០០​ម៉ែត្រ​ពី​ភូមិ រួច​ក៏​សម្លាប់​ចោល​តែ​ម្តង ។ ហុង វ៉ា អ្នក​រស់រាន​មានជីវិត​ម្នាក់​ពី​ភូមិភាគ​ពាយ័ព្យ ក៏​បាន​ឲ្យ​ដឹង​ថា បើ​គាត់​និយាយ​ត្រង់​ថា​គាត់​ធ្លាប់​ធ្វើ​គ្រូបង្រៀន​នោះ ខ្មែរក្រហម​យក​គាត់​ទៅ​វាយ​ចោល​បាត់​ទៅ​ហើយ ។ គាត់​បាន​និយាយ​ថា គាត់​ជា​អ្នកលក់​ចេកចៀន​នៅ​ផ្សារ​ថ្មី​នៅ​ទីក្រុង​ភ្នំពេញ ។ រឿង​ជា​ច្រើន​បែប​នេះ​បាន​កើត​មាន​នៅ​តំបន់​៣៧​ភូមិភាគ​បស្ចិម ។ នៅ​ទីនោះ​ជនជាតិ​ចិន គឺជា​មុខសញ្ញា​ដែល​ត្រូវ​យក​ទៅ​សម្លាប់​ចោល ។ ជា​ទូទៅ ជនជាតិ​ចិន​ត្រូវ​បាន​ផ្តល់​អាហារ​ឲ្យ​ហូប​តិច​ជាង​អ្នក​ដទៃ​ ប៉ុន្តែ​ត្រូវ​យក​ទៅ​សម្លាប់​ចោល​ច្រើន​ជាង​អ្នក​ដទៃ ។ ជា​ពិសេស​គឺ​នៅ​ឆ្នាំ​១៩៧៧ ជនជាតិ​ចិន​ត្រូវ​បាន​ចោទប្រកាន់​ថា​ក្បត់​ប្រទេស​ចិន​ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​ស្ថានភាព​រស់នៅ​របស់​ជនជាតិ​ចិន​រឹតតែ​មិន​ទៀង​ថែម​មួយ​កម្រិត​ទៀត ។​

ដូចដែល ឃៀរនិន កត់សម្គាល់​កាលពី​ឆ្នាំ​១៩៩៦​ថា ជនជាតិភាគតិច​ចិន​នៅ​តំបន់​មួយ​ចំនួន​នៃ​ភូមិភាគ​និរតី​ឬ​បូព៌ា​ដែល​ជា​ក្រុម​មួយ​តូច មាន​ការ​ហូប​ចុក​គ្រាន់បើ​ជាង​អ្នក​នៅ​ភូមិភាគ​ពាយ័ព្យ​ និង​បស្ចិម រហូត​ដល់​ឆ្នាំ​១៩៧៨ ។ លី ឈីវហា រស់នៅ​ខេត្តព្រៃវែង​ភូមិភាគ​បូព៌ា​អស់​រយៈពេល​៨​ខែ កាលពី​ឆ្នាំ​១៩៧៥ រួម​ជាមួយ​មនុស្ស​៦​គ្រួសារ​ផ្សេង​ទៀត​ដែល​មក​ពី​ទីក្រុង​ភ្នំពេញ ។ អ្នកស្រី​បាន​មក​រស់នៅ​លាយឡំ​ជាមួយ​ប្រជាជន​មូលដ្ឋាន​៧០​គ្រួសារ​ដែល​សុទ្ធតែ​មាន​ស្វាមីភក្តិ​ចំពោះ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ ដំបូង​មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់​ បន្ទុក​ការងារ​ក៏​តិចតួច ហើយ​គាត់​មិន​ដែល​ឮ​នរណា​ម្នាក់​និយាយ​អំពី​ការ​សម្លាប់​ទេ ។ តាម​សម្តី​របស់​អ្នកស្រី តាំង អេង បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​ចិន​ដែល​រស់នៅ​តំបន់​១៣ ត្រូវ​បាន​បង្ខំ​ឲ្យ​រស់នៅ​ក្នុង​ភូមិ​ចិន​ដាច់​ស្រយាល​មួយ ។ តាំង អេង មិន​បាន​រៀបរាប់​អំពី​ការ​ប្រព្រឹត្ត​មិន​គប្បី​ណា​មួយ​ដោយ​ហេតុផល​ពូជសាសន៍​ឡើយ ប៉ុន្តែ​គាត់​នៅ​ចាំ​ថា ជនជាតិ​ចិន​ត្រូវ​តែ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ ជនជាតិ​វៀតណាម​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ មាន​តែ​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ​អាច​រស់នៅ​ប្រទេស​កម្ពុជា​បាន ។ ជនជាតិ​ចិន​រស់នៅ​ខេត្តក្រចេះ តំបន់​៥០៥ បាន​ទទួល​រង​ការ​លំបាក​វេទនា​តិច​ជាង​ជនជាតិ​ចិន​ដែល​រស់នៅ​តំបន់​ផ្សេងៗ​ទៀត ។ ជនជាតិ​ចិន​ទាំងនេះ​មាន​អាហារ​ហូប​គ្រប់គ្រាន់ ហើយ​អាច​និយាយ​ភាសា​ចិន​ជា​លក្ខណៈ​ឯកជន​បាន​ទៀត​ផង ។ លក្ខខណ្ឌ​រស់នៅ​បែប​នេះ​មិន​មាន​ដូច​គ្នា​នៅ​គ្រប់​តំបន់​ទេ ។ នៅ​ខេត្តកំពត​ដែល​ស្ថិត​ក្នុង​ភូមិភាគ​និរតី​ដែរ​នោះ មាន​ជនជាតិ​ចិន​តែ​មួយ​ភាគ​ប្រាំ​ប៉ុណ្ណោះ​ដែល​មាន​វាសនា​រស់រាន​មានជីវិត ។ នៅ​ឃុំ​ព្រៃធំ​ និង​ឃុំ​សម្រាប់បុត្រ​ ខេត្តកំពត បុរស​ជនជាតិ​ចិន​ត្រូវ​បាន​យក​ទៅ​សម្លាប់​ចោល​ទាំងអស់ ។

៣.៣. ភាព​ខុស​គ្នា​អំពី​បញ្ជា

កម្រិត​ទទួលខុសត្រូវ​ផ្សេងៗ​ពី​គ្នា​ទៅ​លើ​ជនជាតិ​ចិន​នៅ​តំបន់​ផ្សេងៗ គឺ​ស្ថិត​នៅ​ក្រោម​ថ្នាក់ដឹកនាំ​ខ្មែរក្រហម​ដែល​មាន​អំណាច​បញ្ជា ។ សមាជិក​បក្ស​មិន​បំបាត់​ចោល​នូវ​ភាព​ខុស​គ្នា​ដ៏​សំខាន់​ខាង​ផ្នែក​គំនិត​ និង​ការ​អធ្យាស្រ័យ​ដែល​លេចឡើង និង​ជះ​ឥទ្ធិពល​ទៅ​លើ​តំបន់​នានា​ក្រោម​ការ​គ្រប់គ្រង​របស់​ថ្នាក់ដឹកនាំ​ទាំងនោះ​ឡើយ ។ ជា​ឧទាហរណ៍​ជាក់ស្តែង កម្ពុជា​ប្រជាធិបតេយ្យ​នៅ​តំបន់​២៤​ក្នុង​ខេត្តព្រៃវែង មិន​ញញើត​នឹង​សម្លាប់​ប្រជាជន​១៧​មេសា​ភ្លាមៗ​ទេ​ក្រោយ​ពី​បាន​ចោទ​ថា​ជា​មូលធន​ចិន ។ ដូច​គ្នា​នេះ​ដែរ មន្ត្រី​កម្ពុជា​ប្រជាធិបតេយ្យ​ម្នាក់​ឈ្មោះ វ៉ា ដែល​រស់នៅ​ខេត្តកំពត ស្អប់​ជនជាតិ​ចិន ។ វ៉ា បាន​ប្រកាស​ថា ជនជាតិ​ចិន​ជា​អ្នក​ជិះជាន់​ប្រជាជន​ខ្មែរ ហើយ​បើ​មិន​យក​អ្នក​ទាំងនោះ​ទៅ​អប់រំ​ទេ មាន​តែ​យក​ទៅ​សម្លាប់​ចោល ។ នៅ​ឆ្នាំ​១៩៧៦ វ៉ា បាន​រៀបចំ​ផែនការ​រក​ចាប់ខ្លួន​ពួក​មូលធន​ជា​ពិសេស​ជនជាតិ​ចិន​តែ​ម្តង ។ វ៉ា បាន​ធ្វើ​ដូច្នេះ​ម្តង​ទៀត​នៅ​ឆ្នាំ​បន្ទាប់ ។ ប៉ុន្តែ​ក៏​មាន​ឧទាហរណ៍​ដទៃ​ទៀត​បញ្ជាក់​អំពី​ការ​ដែល​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​មាន​សមានចិត្ត​ចំពោះ​ជនជាតិ​ចិន​ដែរ ។ ជនជាតិ​ចាម វៀតណាម និង​ចិន ត្រូវ​បាន​ប្រមូលផ្តុំ​ដាក់​នៅ​ផ្សារ​ក្រូចឆ្មារ​ដើម្បី​សម្លាប់​ចោល ប៉ុន្តែ​ពេល​នោះ កម្មាភិបាល​ដែល​ទទួល​ខុសត្រូវ​រឿង​នេះ​ដែល​ជា​កូនកាត់​ខ្មែរ-ចិន​ទាជីវ​ចេះ​និយាយ​ភាសា​ចិន បាន​បញ្ជា​ឲ្យ​កូនចៅ​កុំ​ឲ្យ​សម្លាប់​ជនជាតិ​ចិន​ទាំងនេះ ហើយ​ឲ្យ​ជម្លៀស​ទៅ​កាន់​ស្រុក​ស្ទឹងត្រង់ (ខ្មែរ​ចិន​ទាជីវ​នៅ​ស្រុក​ក្រូចឆ្មារ) ។ នៅ​កន្លែង​មួយ​ទៀត មាន​អ្នកជំនួញ​ចិន​ទាជីវ​ម្នាក់​មិន​បាន​រង​ការ​ឈឺចាប់​នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ ពីព្រោះ​កម្មាភិបាល​ដែល​ទទួល​បន្ទុក​គ្រប់គ្រង​គាត់ ចាប់អារម្មណ៍​ និង​ដៅ​តែ​មន្ត្រី​របស់​របប​មុនៗ​ប៉ុណ្ណោះ ។ ដូច្នេះ​ឃើញ​ថា ក្នុង​រូបភាព​ខ្លះ ភាព​ខុស​គ្នា​តាម​តំបន់​ហាក់​ដូចជា​ពាក់ព័ន្ធ​ទៅ​នឹង​អ្នក​ដែល​មាន​អំណាច​បញ្ជា​ដែរ ។ ប្រការ​នេះ​ប្រហែលជា​ផ្តល់​នូវ​ការ​ការពារ​ខ្លះៗ​ដល់​ជនជាតិ​ចិន​ទៅ​តាម​កាលៈទេសៈ​ជាក់ស្តែង ។ ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​នៅ​ក្នុង​តំបន់​មួយ ឬ​ក៏​នៅ​ថ្នាក់ទាប​ជាង​នេះ​នៃ​ឋានានុក្រម​បក្ស អាច​កែប្រែ​រូបភាព​បែប​នេះ​ជា​ដុំ​កំភួន ជា​ពិសេស​បើ​អ្នក​ទាំងនោះ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បន្ទច់បង្អាក់​ផ្នែក​នយោបាយ​ក្នុង​បក្ស និង​វិសុទ្ធកម្ម​នានា ដូច​ជា​ករណី​នៅ​ខេត្តកោះកុង​ជា​តឹកតាង​ស្រាប់ ។ នៅ​តំបន់​១១​នៃ​ខេត្តកោះកុង ជនជាតិ​ចិន​ត្រូវ​បាន​ការពារ​ដូច​ជា​ករណី​ខាងលើ​នេះ​ដែរ ពី​សំណាក់​ថ្នាក់ដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​មាន​គំនិត​សេរីនិយម​គួរ​សម ។ ប៉ុន្តែ​ជនជាតិ​ចិន​ត្រូវ​បាន​បោស​សម្អាត​ដោយ​ពួក​កងទ័ព​ដាច់ខាត​មក​ពី​មជ្ឈិម ។

៣.៤. ការ​ផ្លាស់​ប្តូរ​ទីលំនៅ និង​ការ​ជួប​លំបាក​ក្នុង​ការងារ

អ្វី​ដែល​ប៉ះពាល់​មួយ​ទៀត​ចំពោះ​ជោគវាសនា​របស់​ជនជាតិ​ចិន​នៅ​តំបន់​នានា​ខាងលើ គឺ​បទពិសោធន៍​នៃ​ការ​ផ្លាស់​ប្តូរ​ទីលំនៅ ជា​ពិសេស​លក្ខណៈ​តំបន់​ និង​កម្រិត​នៃ​ការ​លំបាក​ទាំង​ការងារ​ទាំង​ការ​រក​ចំណីអាហារ​ហូប និង​របស់​ដែល​ត្រូវការ​ជា​ចាំបាច់​ផ្សេង​ទៀត ។ ជនជាតិ​ចិន​នៅ​ទីក្រុង​ភាគច្រើន​មិន​ស៊ាំ​ទៅ​នឹង​ការងារ​ធ្ងន់ៗ​ប្រើ​កម្លាំង​ទេ ទោះបីជា​អ្នក​ដែល​មាន​កំណើត​នៅ​តាម​ជនបទ​ស្រុកស្រែ​ចម្ការ​ក៏​ដោយ ។ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា​ប្រជាធិបតេយ្យ ទោះបីជា​ភាព​ខុស​គ្នា​រវាង​ការ​សម្លាប់​ និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ហួសកម្លាំង​ដោយ​ចេតនា​ហាក់​ដូចជា​មាន​តិចតួច ហើយ​សូម្បី​តែ​មិន​ត្រឹមត្រូវ​ក៏​ដោយ ក៏​វា​ជា​ការ​សំខាន់​ដែល​ត្រូវ​កត់​សម្គាល់ថា ជា​ញឹកញាប់ កម្មាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​មិន​បាន​សម្លាប់​ជនជាតិ​ចិន​ដោយសារ​តែ​ពូជសាសន៍​ទេ ប៉ុន្តែ​កម្ពុជា​ប្រជាធិបតេយ្យ​បង្ខំ​ឲ្យ​ជនជាតិ​ចិន​ និង​ប្រជាជន​ថ្មី​ដទៃ​ទៀត​ធ្វើការ​ធ្ងន់ធ្ងរ​ជាង​កសិករ​ខ្មែរ ។ ដោយ​ពុំ​មាន​អាហារ​គ្រប់គ្រាន់ អ្នកខ្លះ​បាន​ស្លាប់​ដោយសារ​ការ​អត់ឃ្លាន ។ ឃៀរនិន (ឆ្នាំ​១៩៩៦) បាន​កត់​សម្គាល់​ថា ជន​ភៀស​ខ្លួន​ខ្មែរ​បាន​រាយការណ៍​ថា ជនជាតិ​ភាគតិច​ចិន​រង​ទុក្ខ​ខ្លាំង​ជាងគេ​បង្អស់​ដោយសារ​មិន​ធ្លាប់​ធ្វើ​ការងារ​ធ្ងន់​នៅ​ស្រែ​ចម្ការ ទោះបីជា​អ្នក​ទាំងនោះ​មាន​ដើម​កំណើត​នៅ​ជនបទ​ក្តី ។ ជនជាតិ​ចិន​ត្រូវ​តែ​ខំប្រឹង​ធ្វើការ​ឲ្យ​ខ្លាំង​ជាង​អ្នក​មូលដ្ឋាន ហើយ​រស់នៅ​លំបាក​វេទនា​ជាង​ប្រជាជន​មូលដ្ឋាន ។ នៅ​តំបន់​៣៧ ក្នុង​ចំណោម​យុវជន​យុវនារី​ក្មេងៗ​១​ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន​ លើក​ទំនប់​ជីក​ប្រឡាយ មាន​២០​ភាគរយ​នៃ​អ្នក​ទាំងនោះ​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៧៦​ ដោយសារ​អត់​អាហារ​ និង​ជំងឺ​តម្កាត់ ។ ពួក​ឈ្លប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏​សម្លាប់​អ្នកធ្វើការ​ដែល​មាន​កម្លាំង​ល្ហិតល្ហៃ​ដទៃ​ទៀត​ដែរ ។ ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នៅ​ពេល​ដែល​ភាព​អត់ឃ្លាន​ចេះ​តែ​រាលដាល​ខ្លាំង​ឡើងៗ​នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​ចុងឆ្នាំ​១៩៧៧ ។ ដំណើររឿង​លំបាក​វេទនា​នេះ​វា​ស៊ីគ្នា​ទៅ​នឹង​ការ​រក​ឃើញ​របស់ ស្ទីវ ហេដឌ័រ ដែល​ថា ជនជាតិ​ចិន​ស្លាប់​ដោយ​ឃាតកម្ម ការ​បង្អត់អាហារ និង​ជំងឺ ក្នុង​ចំនួន​ស្មើ​គ្នា ។ ឧទាហរណ៍ អ្នក​ផ្តល់​បទ​សម្ភាសន៍​ម្នាក់​រាយការណ៍​ថា ក្នុង​ចំណោម​ជនជាតិ​ចិន​៤៦០០​នាក់​រស់នៅ​ភូមិ​ជាមួយ​គាត់ មាន​មនុស្ស​ជាង​១០០០​នាក់​បាន​ស្លាប់​ដោយសារ​អត់​អាហារ​ និង​ជំងឺ​តម្កាត់​ ហើយ​មាន​តែ​១០​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៧៧ ។ លើស​ពី​នេះ​ទៀត​ វា​ជា​ការ​សំខាន់​ដែរ​ក្នុង​ការ​ពិចារណា​អំពី​វិសាលភាព​នៃ​ការ​បន្ទច់បង្អាក់ ឬ​ការ​បំផ្លិចបំផ្លាញ​បណ្តាញ​សង្គម​ជនជាតិ​ចិន ។ នៅ​ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​ដំណើរ​ និង​ការ​តាំងទី​លំនៅ​ជា​ថ្មី​របស់​ជនជាតិ​ចិន និង​ភាព​ងាយ​ទទួល​រងគ្រោះថ្នាក់​ដែល​កាន់តែ​កើន​ខ្ពស់​ឡើងៗ ។ ដើម្បី​ជីវិត​រស់ ជនជាតិ​ចិន​ខ្លះ​បាន​សម្រប​ខ្លួន​រស់នៅ​ជាមួយ​ប្រជាជន​ខ្មែរ ។​

៣.៥. ការ​ហាមឃាត់​ខាង​វប្បធម៌

កម្រិត​នៃ​ភាព​ទទួល​ស្រប​មិន​ប្រឆាំង​នឹង​វប្បធម៌​ដទៃ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​អត្រា​នៃ​ការ​រស់រាន​មានជីវិត​របស់​ជនជាតិ​ចិន​នៅ​ក្នុង​តំបន់​ផ្សេងៗ​ដែរ ។ ការ​ហាមឃាត់​ប្រឆាំង​នឹង​អាកប្បកិរិយា​មួយ​ចំនួន មិន​គ្រោះថ្នាក់​ដល់​ជីវិត​ដោយ​ផ្ទាល់​ទេ​ ប៉ុន្តែ​វា​ក្លាយជា​ហេតុផល​ និង​លក្ខខណ្ឌ​សម្រាប់​ការ​ស្លាប់​របស់​ជនជាតិ​ចិន​ជា​ច្រើន​នាក់ ។ បើ​ចង់​រស់ ជនជាតិ​ចិន​ត្រូវ​តែ​បង្ខំចិត្ត​សម្រប​ខ្លួន​តាម​របៀប​របប​រស់នៅ​របស់​ប្រជាជន​ខ្មែរ ។ សម្រាប់​អ្នកខ្លះ ដូច​ជា ម៉ុក ឆុត ជា​ជនជាតិ​ចិន​មក​ពី​ភ្នំពេញ បាន​ច្របាច់​បញ្ចូល​គ្នា​ទាំង​បង្ខំ​នូវ​វប្បធម៌​ខុស​គ្នា​ ដូច​ជា ការ​ហូប​រួម​ជាមួយ​ជនជាតិ​ខ្មែរ​គឺ​មាន​សារសំខាន់ ព្រោះថា ម៉ុក ឆុត និង​ក្រុម​គ្រួសារ​គាត់​មិន​ចេះ​រក​ត្រី​ឬ​ស្វែងរក​ម្ហូបអាហារ​ហូប​ផង​ទេ ។ ការ​ហាម​មិន​ឲ្យ​និយាយ​ភាសា​ចិន​ហាក់​ដូចជា​រាលដាល​ឆាប់​បំផុត ដែល​នេះ​ជា​វិធី​សម្រាប់​យក​ធ្វើ​ជា​លេស​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ ។ ប្រាកដ​ហើយ​ថា ការ​ស្លាប់​ដែល​ទាក់ទង​នឹង​ការ​ប្រើ​ភាសា​ចិន​ជា​ភាសា​មួយ​ដែល​ត្រូវ​ហាមឃាត់ អាច​នឹង​ត្រូវ​បកស្រាយ​ថា ជា​ហេតុផល​ជាតិ​សាសន៍ ហើយ​ក៏​អាច​ពន្យល់​ដូច​អ្វី​ដែល ឆេនដល័រ​បាន​ឲ្យ​ហេតុផល​ទៅ​លើ​ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​ជនជាតិ​ភាគតិច​ចាម ។ នៅ​ក្នុង​ការ​រំលោភ​ដែល​ទាក់ទង​នឹង​ភាសា​នេះ គឺ​មាន​លក្ខណៈ​ជា​ការ​រំលោភ​ទៅ​លើ​បទបញ្ជា​អ្នកមាន​អំណាច ជា​ជាង​ការ​បង្ហាញ​អំពី​ក្រុម​ជនជាតិ​មួយ​ណា​នោះ ។ ពោល​គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ស្អប់​អ្នក​ដែល​ប្រឆាំង​នឹង​វិន័យ ជា​ជាង​ស្អប់​ពូជសាសន៍​ខុស​គ្នា ។​

ជា​ទូទៅ អ្នក​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​និយាយ​ភាសា​ខ្មែរ​ក្នុង​លក្ខណៈ​ទន់ភ្លន់ ឬ​មិន​ឲ្យ​និយាយ​គ្រាមភាសា​ចិន​ផ្ទាល់​ឡើយ ។ មាន​ករណី​លើកលែង​ដែរ ។ អ្នកខ្លះ​មិន​ហ៊ាន​សូម្បី​តែ​ខ្សឹប​គ្នា​ផង ខ្លាច​ឈ្លប​លួច​ស្តាប់​ឮ ។ អ្នកខ្លះ​ទៀត​និយាយ​ភាសា​ចិន​ដោយ​សេរី ដោយ​ពុំ​មាន​ការ​យកទោស​ពៃរ៍​អ្វី​ទាំងអស់ ។ ឈឹម កសិករ​មក​ពី​ខេត្តបាត់ដំបង បាន​រំឭក​ឡើង​វិញ​ថា មាន​ពេល​មួយ​នោះ ខ្មែរក្រហម​ឮ​គាត់​និយាយ​ភាសា​ចិន ។ ប្រការ​នេះ​ធ្វើ​ឲ្យ​មេកង​រិះគន់ ឈឹម ហើយ​ផ្តាច់​របប​អាហារ​គាត់​ពេញ​មួយ​ថ្ងៃ ។ ចាប់ពី​ពេល​នោះ​មក ឲ្យ​តែ​អ្នក​ណា​ហ៊ាន​និយាយ​ភាសា​ចិន គឺ​ត្រូវ​ចាប់ខ្លួន​ទាំងអស់ ។ ការ​សរសេរ​អក្សរ​ចិន​ក៏​ត្រូវ​ហាមឃាត់​ដែរ ។ អ្នក​ដែល​មិន​ធ្វើ​តាម​ការ​ហាមឃាត់ ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​ឬ​យក​ទៅ​សម្លាប់​ចោល ។ អ្នកខ្លះ​ច្រឡំ​មាត់​និយាយ​ចិន ហើយ​ក្នុង​ចំណោម​អ្នក​ច្រឡំ​មាត់​ទាំងនេះ មាន​អ្នក​ខ្លះ​ត្រូវ​យក​ទៅ​ធ្វើ​ទារុណកម្ម ចំណែក​អ្នក​ខ្ល​ទៀះ​ត​ត្រូវ​បាត់បង់​ជីវិត ។ នៅ​ភូមិ​ជប់ មាន​ស្ត្រី​វ័យ​កណ្តាល​ពីរ​នាក់​បាន​ភ្លេចខ្លួន​និយាយ​ភាសា​ចិន ។ ថ្ងៃ​បន្ទាប់​មក ស្ត្រី​ទាំង​ពីរ​ត្រូវ​បាន​យក​ទៅ​សម្លាប់​ចោល​ដូច​ជា​ករណី​ជនជាតិ​ចិន​២៧​គ្រួសារ​ដទៃ​ទៀត​ដែរ ។ ម្យ៉ាងវិញទៀត កត្តា​តំបន់​ និង​កត្តា​ដទៃ​ទៀត​ក៏​ជះ​ឥទ្ធិពល​ដល់​កម្រិត​នៃ​ការ​អត់ឱន​ទាក់ទង​នឹង​ការ​ប្រើ​ភាសា​ដែល​មិនមែន​ជា​ភាសា​ខ្មែរ​ដែរ ។ ភាសា​មាន​សារសំខាន់​ដល់​ការ​រស់រាន​មាន​ជីវិត ។ ដោយ​គ្មាន​មធ្យោបាយ​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង ជនជាតិ​ចិន​កាន់តែ​ងាយ​ទទួល​គ្រោះថ្នាក់​ជាង​អ្នក​ដទៃ​ទៀត​ចំពោះ​មុខ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។​

កត្តា​ដទៃ​ទៀត​ដែល​ជះ​ឥទ្ធិពល​ដល់​ស្ថានភាព​រស់នៅ​របស់​ជនជាតិ​ចិន​នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​ការ​បំបែក​ចេញពី​សហគមន៍​ឬ​ពី​ក្រុម​គ្រួសារ ។ ដូច​ជា​ករណី តាំង អេង ដែល​ពិពណ៌នា​ថា ​នៅ​តំបន់​១៣​នៃ​ខេត្តតាកែវ ជនជាតិ​ចិន​ត្រូវ​បាន​បង្ខំ​ឲ្យ​រស់នៅ​តាម​ភូមិ​ចិន​ដាច់​ដោយឡែក​ ដូចជា​នៅ​តំបន់​២​ដែរ ។ ការ​បែងចែក​ជនជាតិ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​បាត់ដំបង កំពង់ឆ្នាំង និង​កំពង់ស្ពឺ ។ នៅ​ក្នុង​ករណី​ខ្លះ ការ​បែងចែក​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​តាម​សាវតារ​ជាតិ​នៃ​ពូជសាសន៍ ប៉ុន្តែ​ក្រោយមក ជនជាតិ​ចិន​ត្រូវ​បាន​បញ្ជូន​ឲ្យទៅ​រស់នៅ​លាយឡំ​ជាមួយ​ជនជាតិ​ខ្មែរ ។ ម្យ៉ាង​វិញទៀត ក្នុង​ចំណោម​ជនជាតិ​ចិន​ទាំងនេះ ការ​សម្របសម្រួល​ទៅ​តាម​សង្គម​មិនមែន​ជា​គ្រោះថ្នាក់​ដល់​ជីវិត​ទេ ប៉ុន្តែ​ការ​បែងចែក​ពូជសាសន៍​ធ្វើ​ឲ្យ​ជនជាតិ​ចិន​កាន់តែ​ងាយ​នឹង​ក្លាយ​ទៅជា​មុខសញ្ញា​មួយ ។ ការ​បែងចែក​ប្រហែលជា​កាន់តែ​គ្រោះថ្នាក់​ថែម​ទៀត​នៅ​ពេល​ដែល​កុមារ​ត្រូវ​បាន​បោក​បញ្ឆោត​ឲ្យ​បែក​ពី​ឪពុក​ម្តាយ និង​យក​ទៅ​ធ្វើការ​ជាមួយ​កុមារ​ដទៃ​ទៀត ហើយ​កុមារ​ទាំងនោះ​មាន​ឱកាស​ជួប​ឪពុក​ម្តាយ​បាន​តិចតួច​ណាស់ ។ ជាក់ស្តែង​ដូច​ជា​ករណី មុត ឆុត គាត់​បាន​ជួប​កូនៗ​ដែល​មាន​អាយុ​ពី​៨-១០​ឆ្នាំ តែ​មួយ​ដង​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ពីរ​ខែ ។ វិធី​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ប្រព័ន្ធ​ដល់​រចនាសម្ព័ន្ធ​សង្គម​ដែល​ទាក់ទង​ទៅ​នឹង​ភាព​គង់វង្ស​នៃ​វប្បធម៌​ និង​សហគមន៍ ។ ជាង​នេះ​ទៅ​ទៀត កាលៈទេសៈ​ទាំងនេះ​ច្បាស់​ជា​បាន​បង្កើត​នូវ​ការ​បង្ខិតបង្ខំ​កាន់តែ​ខ្លាំង​ឡើង ហើយ​បង្កើន​នូវ​លទ្ធភាព​នៃ​ការ​ល្មើស​ច្បាប់​ថែម​ទៀត ។ ប៉ុន្តែ​ការ​បែងចែក​ក្រុម​ពូជសាសន៍​ប្រហែលជា​បាន​ដើរតួ​ស្ថាបនា​ទំនាក់ទំនង​សហគមន៍​ខ្លះ​ដោយ​ឯកឯង ។​

៣.៦. ការ​គំរាមកំហែង​ចំពោះ​កម្ពុជា​ប្រជាធិបតេយ្យ

អារម្មណ៍​នៃ​ការ​គំរាមកំហែង​នោះ ទោះ​ពិត​ឬ​មិន​ពិត​ក្តី​ក៏​ជា​កត្តា​កំណត់​សំខាន់​មួយ​ដែល​បង្កើត​ជា​លក្ខខណ្ឌ​នានា​នៃ​ជីវិត​រស់នៅ​របស់​ជនជាតិ​ចិន​នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែរ ។ លក្ខខណ្ឌ​ខ្លះ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​វិសុទ្ធកម្ម​ផ្ទៃ​ក្នុង​ប្រឆាំង​នឹង​ជនជាតិ​ចិន​នៅ​ក្នុង​ជួរ​បក្ស ដែល​ទាក់ទង​នឹង​ការ​ជ្រៀតចូល​របស់​បក្ស​កួកម៉េងតាំង ។ ការ​ស៊ើបអង្កេត​ធ្វើ​ឡើង​ដោយ​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ដើមឆ្នាំ​១៩៧៨ បាន​បញ្ជាក់​អំពី​សេចក្តី​ភ័យ​ខ្លាច​របស់​ខ្លួន​ថា សមាជិក​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​មាន​សែស្រឡាយ​ចិន កំពុង​តែ​គាំទ្រ​ដល់​បក្ស​កួកម៉េងតាំង និង​មាន​ផែនការ​ក្បត់​ដណ្តើម​អំណាច​ដោយ​សហការ​ជាមួយ​កងទ័ព​វៀតណាម ។ បន្ទាប់​ពី​រក​ឃើញ​ដូច្នេះ នៅ​ដើមឆ្នាំ​១៩៧៨ កម្ពុជា​ប្រជាធិបតេយ្យ​បាន​ធ្វើ​វិសុទ្ធកម្ម​មួយ​នៅ​ក្នុង​បក្ស និង​ចំណោម​ជនជាតិ​ចិន​នៅ​ទីក្រុង​ និង​ខេត្ត​នានា ។ នៅ​ភូមិ​កំចាយ​ ជនជាតិ​ចិន​មួយ​ចំនួន​ត្រូវ​បាន​សម្លាប់​ដោយ​ចោទប្រកាន់​ថា​ជា​ភ្នាក់ងារ​របស់​កួកម៉េងតាំង ។ នៅ​ទីក្រុង​ភ្នំពេញ​ និង​ខេត្តកណ្តាល​មាន​ជនជាតិ​ចិន​ប្រមាណ​២៦​នាក់​ត្រូវ​បាន​ចាប់​យក​ទៅ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​នៅ​គុក​ទួលសែ្លង ។​

៣.៧. ទំនាក់ទំនង​រវាង​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ប្រទេស​ចិន

ទោះជា​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បង្ហាញ​ឆន្ទៈ​ជ្រៀត​ជ្រែក​ចូល​ក្នុង​នយោបាយ​កម្ពុជា​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ក៏​ដោយ មិន​ថា​នៅ​ពេល​នោះ​ឬ​នៅ​ពេល​កម្ពុជា​ប្រជាធិបតេយ្យ​កំពុង​កាន់​អំណាច​ទេ ក៏​រដ្ឋាភិបាល​ចិន​មិន​ដែល​តំណាង​ឲ្យ​ជនជាតិ​ចិន​នៅ​ក្រៅប្រទេស​ម្តងណា​ដែរ ។ ជា​ពិសេស​នៅ​ក្នុង​ករណី​កម្ពុជា​ប្រជាធិបតេយ្យ​តែ​ម្តង រដ្ឋាភិបាល​ចិន​មិន​ដែល​រវល់​នឹង​ជនជាតិ​ចិន​ដែល​គាំទ្រ​ការ​ថែរក្សា​ទំនាក់ទំនង​នយោបាយ​ជាមួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​សម្លាប់​ជនជាតិ​របស់​ខ្លួន​ឡើយ ។ ដំបូង កម្ពុជា​ប្រជាធិបតេយ្យ​ទទួល​បានការ​គាំទ្រ​គួរ​ឲ្យ​កត់សម្គាល់​ពី​រដ្ឋាភិបាល​ចិន ។ ចាប់ពី​ឆ្នាំ​១៩៧០​មក ចិន​បាន​ជំរុញ​ឲ្យ​មាន​សម្ព័ន្ធភាព​រវាង​សម្តេច​សីហនុ ជាមួយ​ពួក​ឧទ្ទាម​កុម្មុយនិស្ត ។ ចិន​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ទស្សនវិស័យ​មនោគមវិជ្ជា​រ៉ាឌីកាល់​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ ហើយ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ជំនួយ​ខាង​សេដ្ឋកិច្ច​ និង​យោធា ។ បញ្ហា​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ និង​រដ្ឋាភិបាល​ចិន រឹតតែ​ជិត​ស្និទ្ធ​ឡើងៗ គឺ​មិនមែន​ដោយសារ​ផលវិបាក​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ទៅ​លើ​ជនជាតិ​ភាគតិច​ចិន​ទេ ប៉ុន្តែ​គឺ​ដោយសារ​ការ​ផ្លាស់​ប្តូរ​នយោបាយ​នៅ​ប្រទេស​ចិន និង​លក្ខខណ្ឌ​នយោបាយ​ភូមិសាស្ត្រ​នៅ​ក្នុង​តំបន់ ។ គ្មាន​អ្វី​ជា​មន្ទិល​សង្ស័យ​ទេ​ថា ថ្នាក់​ដឹកនាំ​ចិន​បាន​ដឹង​អំពី​ការ​ប្រព្រឹត្ត​របស់​កម្ពុជា​ប្រជាធិបតេយ្យ មក​លើ​ជនជាតិ​ចិន​នៅ​កម្ពុជា ។ អៀង សារី បាន​សារភាព​អំពី​ទង្វើ​នេះ​នៅ​ឆ្នាំ​១៩៧៧ ។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ចិន​ក៏​បាន​ទទួល​សំណូមពរ​ពី​សំណាក់​ជនជាតិ​ចិន​កាត់​ខ្មែរ​រស់នៅ​ទីក្រុង​ប៉ារីស​ឲ្យ​បង្កើត​គណៈកម្មាធិការ​ជួយ​សង្គ្រោះ​មួយ ក្នុង​គោលបំណង​សង្គ្រោះ​ជនជាតិ​ចិន​ពី​ការ​សម្លាប់​រង្គាល ។ រដ្ឋាភិបាល​ចិន​បាន​ប្រាប់​ទៅ​គណៈកម្មាធិការ​នោះ​ឲ្យ​អត់ធ្មត់​សិន ។ អ្នកនាំពាក្យ​ចិន​បាន​បន្ត​ស្ងើច​សរសើរ​ជា​សាធារណៈ​ដល់​កម្ពុជា​ប្រជាធិបតេយ្យ ។ ទីប្រឹក្សា​ចិន​នៅ​កម្ពុជា​មិន​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ជនជាតិ​ចិន​ទេ ។ ជា​ថ្មី​ម្ដង​ទៀត ទីប្រឹក្សា​ចិន​នៅ​កម្ពុជា​ឆ្លើយ​តប​ទៅ​នឹង​អ្នកចោទ​ប្រកាន់​កម្ពុជា​ប្រជាធិបតេយ្យ​ថា គួរតែ​ «អត់ធ្មត់» ។ ទស្សនវិស័យ​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​ទទួល​ឥទ្ធិពល​យ៉ាង​សំខាន់​ដោយសារ​នយោបាយ​ផ្ទៃក្នុង​របស់​ចិន តួយ៉ាង​ដូច​ជា​ការ​ស្លាប់​របស់​ប្រធាន ម៉ៅ ការ​ចាប់ខ្លួន «ក្រុម​បួន​នាក់» និង​នយោបាយ​ភូមិសាស្ត្រ​តំបន់​ដែល​កំពុង​តែ​ប្រែប្រួល ។ និយាយ​ឲ្យ​ខ្លី ការ​ដឹកនាំ​របស់​លោក តេង ស៊ាវភីង និង​រ៉ាឌីកាល់និយម​របស់​កម្ពុជា​ប្រជាធិបតេយ្យ មិន​សូវ​ស៊ីសង្វាក់​គ្នា​ទេ ។ ប្រការ​នេះ​កាន់តែ​ច្បាស់​ទៅ​ទៀត​នៅ​ពេល​ដែល​រដ្ឋាភិបាល​ចិន​បាន​សម្តែង​នូវ​ការ​ស្ទាក់ស្ទើរ ក្នុង​ការ​គាំទ្រ​ការ​វាយប្រហារ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ទៅ​លើ​ប្រទេស​វៀតណាម ជា​ពិសេស​នៅ​ក្រោយ​ឆ្នាំ​១៩៧៧ ។ ដើម​ឡើយ​រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​នូវ​ឆន្ទៈ​ថា​ ខ្លួន​ជា​អ្នកគាំទ្រ​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់ ។ នៅ​ក្នុង​ឱកាស​ប្រារឰ​ពិធី​បុណ្យខួប​រំឭក​ថ្ងៃជ័យ​ជំនះ​១៧​មេសា ឆ្នាំ​១៩៧៦ នៅ​ទីក្រុង​ប៉េកាំង ដែល​ជា​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​រំដោះប្រទេស​កម្ពុជា មាន​ការ​ប្រកាស​ថា ប្រជាជន​ចិន​នឹង​ប្រយុទ្ធ​រួម​គ្នា​ជាមួយ​ប្រជាជន​កម្ពុជា​ ហើយ​បោះ​ជំហាន​ទៅ​មុខជា​មួយ​គ្នា​ជា​រៀង​រហូត ។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៧៧​ទៅ រឿង​បែប​នេះ​ទំនង​លែង​កើត​ឡើង​ទៀត​ ហើយ​ចំណែក​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​កាន់តែ​រឹងរូស​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​ឧបត្ថម្ភ​ខ្លួន​ដ៏​សំខាន់​ជាងគេ​នេះ ។ ទោះបីជា​ខ្លួន​មាន​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​កម្ពុជា​ក្នុង​ខណៈ​ដែល​ទ័ព​វៀតណាម​មាន​ប្រៀប​លើ​កងទ័ព​កម្ពុជា ភាព​លែង​មាន​ចេតនា​របស់​ចិន​ក្នុង​ការ​ជួយ​គាំទ្រ​ការ​បង្កជម្លោះ​តាម​ព្រំដែន​របស់​កម្ពុជា​ប្រជាធិបតេយ្យ គឺ​អាច​ស្តែង​ចេញ​តាម​រយៈ​ការ​ព្រួយបារម្ភ​ដែល​ថា​ការ​វិវត្តន៍​នយោបាយ​ភូមិសាស្ត្រ អាច​បន្ទច់បង្អាក់​ដល់​កម្មវិធី​ទំនើបកម្ម​របស់​ចិន ។

៤. សេចក្តីសន្និដ្ឋាន

កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ជនជាតិ​ចិន​ជា​ច្រើន​នាក់​នៅ​កម្ពុជា នៅ​ក្នុង​ដំណើរការ​កសាង​នូវ​សង្គម​បដិវត្តន៍​ថ្មី​មួយ ។ ទិន្នន័យ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ច្បាស់​ថា ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ក្រុម​ជនជាតិ​ភាគតិច​ទាំងអស់​បាន​ទទួល​រង​ទុក្ខវេទនា​ខ្លាំង​ណាស់ ។ កម្រិត​នៃ​ការ​ឈឺចាប់​នឹង​ប្រការ​ថា​តើ​ជាតិពន្ធុ​ជា​មូលហេតុ​ចម្បង​ឬ​យ៉ាងណា​នោះ គឺ​ពិតជា​ពិបាក​កំណត់​ឲ្យ​បាន​ច្បាស់​ណាស់ ។ ភ័ស្តុតាង​បង្ហាញ​ថា ចំពោះ​ជនជាតិ​ចិន​នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ ជាតិពន្ធុ​គឺ​គ្រាន់តែ​ជា​កត្តា​មួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​កត្តា​ជា​ច្រើន​ទៀត​ដែល​បាន​កំណត់​លក្ខណៈ​នៃ​ការ​ប្រព្រឹត្ត​របស់​កម្ពុជា​ប្រជាធិបតេយ្យ ។ ជាតិនិយម​ហួសហេតុ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​មាន​ន័យ​ថា ជនជាតិ​ចិន​ក៏​ដូច​ជា​ជនជាតិ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​ដែរ គឺ​ងាយ​នឹង​ទទួល​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ជាងគេ ។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការ​ពន្យល់​មួយ​ផ្នែក​អំពី​ការ​សង្កត់សង្កិន និង​អារម្មណ៍​ប្រឆាំង​នឹង​ជនជាតិ​ចិន​តែ​ប៉ុណ្ណោះ ។ ដើម្បី​យល់​ដឹង​ឲ្យ​កាន់តែ​ច្បាស់​ថែម​ទៀត​អំពី​ស្ថានភាព​របស់​ជនជាតិ​ចិន ជា​ការ​សំខាន់​ណាស់​គឺ​ត្រូវ​យល់​ថា ស្ថានភាព​សេដ្ឋកិច្ច​របស់​ជនជាតិ​ចិន​ត្រូវ​បាន​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​ចាត់​ទុក​ថា​ជា​ផល​ផ្លែផ្កា​ដែល​បាន​មក​ពី​ការ​កេងប្រវ័ញ្ច​ជញ្ជក់​ញើស​ឈាម​គេ ។ ចាប់​តាំងពី​មាន​ការ​គ្រប់គ្រង​របស់​អាណានិគម​បារាំង ការ​ប៉ុនប៉ង​រឹតត្បិត​ឥទ្ធិពល​នៅ​ក្នុង​ជំនួញ​របស់​ជនជាតិ​ចិន និង​ការ​បង្កើត​សកម្មភាព​របស់​ខ្មែរ​នៅ​ក្នុង​ផ្នែក​នេះ ជា​ទូទៅ​តែងតែ​ទទួលផល​បញ្ច្រាស​ទៅ​វិញ ។ ការ​ដែល​ជនជាតិ​ចិន​ឈាន​ចូល​ទៅ​ក្នុង​វិស័យ​ជំនួញ​ និង​រួម​ផ្សំ​ជាមួយ​នគរូបនីយកម្ម​វិស័យ​ជំនួញ មាន​ន័យ​ថា ជនជាតិ​ចិន​ពិតជា​មុខសញ្ញា​យ៉ាង​ពិតប្រាកដ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​កាន់​លទ្ធិ​កុម្មុយនិស្ត​ និង​ប្រពៃណី​និយម​ក្លែងក្លាយ ។ ជនជាតិ​ចិន​គឺជា​និមិត្តរូប​ចម្បង​នៃ​មូលធននិយម កេងប្រវ័ញ្ច និង​ទីក្រុង​និយម​ទំនើប​ ពុករលួយ ។ ម្យ៉ាងទៀត សំខាន់​ត្រូវ​យល់​អំពី​គំនិត​នយោបាយ​របស់​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ ​និង​កម្មាភិបាល​របស់​ខ្លួន ។ ដូចដែល​អ្នក​សិក្សា​ស្រាវជ្រាវ​មុនៗ​បាន​គូសបញ្ជាក់​អំពី​គំនិត «យើង​និង​គេ» ដែល​ប្រាប់​ឲ្យ​ដឹង​ថា ខ្សែ​សង្វាក់​នៃ​ការ​បញ្ជា មិន​ចាំបាច់​តែ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទេ ប៉ុន្តែ​ថា ខ្សែ​សង្វាក់​បញ្ជា​ដែល​បង្កើត​ឡើង​ពី​អ្វី​ក៏​ដោយ ដែល​មើលទៅ​ហាក់​ដូចជា​ប្រឆាំង​ទៅ​នឹង​ក្រឹត្យក្រម​របស់​ខ្លួន​នៅ​ពេល​ណា​មួយ​ជាក់លាក់ ។ បើ​ពិនិត្យ​មើល​ឲ្យ​ទូលំទូលាយ​ទៅ​ឃើញ​ថា ប្រការ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បញ្ហា​ជាតិពន្ធុ​ និង​ការ​បែងចែក​រវាង​អ្នក​ទីក្រុង ​និង​ជនបទ ។ ប៉ុន្តែ​បើ​ពិនិត្យ​មើល​តាម​ន័យ​ចង្អៀត​វិញ​ឃើញ​ថា ប្រការ​នេះ​វា​អាស្រ័យ​ទៅ​នឹង​លក្ខណៈ​ពិសេស​នៃ​កាលៈទេសៈ និង​បុគ្គលិកលក្ខណៈ​ជាក់ស្តែង ។ បើ​ច្របាច់​បញ្ចូល​គ្នា ឃើញ​ថា ផ្នែក​ផ្សេងៗ​នៃ​ជាតិពន្ធុ​អាច​ត្រូវ​បាន​បញ្ចូល​គ្នា​ដើម្បី​បង្កើត​ជា​បរិយាកាស​គាបសង្កត់​មួយ ។ ប្រការ​នេះ​គឺ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ការ​រក​ឃើញ​របស់​អ្នក​ស្រាវជ្រាវ​មុនៗ ។ ដូច្នេះ ដើម្បី​បកស្រាយ​ការ​ឆ្លង​កាត់​របស់​ជនជាតិ​ចិន​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ថា​ជា​បទពិសោធន៍​មួយ​ដោយ​ផ្អែក​ទៅ​លើ​ជាតិពន្ធុ​តែ​មួយ​ចំណែក​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ ។ ផ្ទុយ​មក​វិញ ជាតិពន្ធុ​អាច​ត្រូវ​ចាត់​ទុក​ថា​បាន​ជះ​ឥទ្ធិពល​ប្រវត្តិសាស្ត្រ​ទៅ​លើ​ឥទ្ធិពល​ផ្សេងៗ​ទៀត​នៃ​ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា ដែល​រួម​ជាមួយនឹង​ការ​ប្រតិបត្តិ​វប្បធម៌​របស់​ខ្លួន​ទៀត​នោះ បាន​ធ្វើ​ឲ្យ​ជនជាតិ​ចិន​កាន់តែ​ងាយ​ក្លាយជា​មុខសញ្ញា​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​កម្ពុជា​ប្រជាធិបតេយ្យ ទោះបីជា​កម្ពុជា​ប្រជាធិបតេយ្យ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ចិន​ក៏​ដោយ ៕

ច័ន្ទ សម្បត្តិ
ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​៣៧ ខែមករា និង លេខ​៣៨ ខែកុម្ភៈ ឆ្នាំ​២០០៣
 

2 Responses to ជនជាតិ​ចិន​នៅ​កម្ពុជា

  1. Wenlong says:

    អរគុណចំពោះអត្ថបទដ៏ល្អនេះ​ ។ ប៉ុន្តែខ្ញុំសម្រួលតែមួយចំនុចលើឭពាក្យថាចិនប៉េកាំង ព្រោះក្នុងប្រវត្តិសាស្ត្រចិននៅកម្ពុជាគឺមិនមានក្រុមចិនប៉េកាំងទេ សូមពិនិត្យឡើងវិញម្តងទៀត ។

  2. អត្ថបទ​នេះ​សរសេរ​ដោយ ច័ន្ទ សម្បត្តិ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ។ បើ​តាម​ខ្ញុំ​យល់ គាត់​ចែក​ក្រុម​ជនជាតិ​ចិន​តាម​ភាសា​និយាយ ហើយ​ពាក្យ «ប៉េកាំង» ប្រហែល​សំដៅ​លើ​ភាសា «កុកងឺ» ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s