ព្រះពោធិសត្វ-ជំពូក ៧

ដើម​ឈើ​ទិព្វ​ដែល​កើត​មាន​នៅ​សាសនា​ព្រះ​ស្រីអារ្យមេត្រី

មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ

៧. ព្រះពុទ្ធ​មេត្តេយ្យ ឬ​ស្រីអារ្យមេត្រី

១. ព្រះស្រីអារ្យមេត្រី​ត្រាស់​ឡើង​ក្នុង​លោក

ថ្ងៃ​មួយ​ព្រះធម្មសេនាបតី​សារីបុត្រ ក្រាប​បង្គំ​ទូល​ព្រះបរម​សាស្ដា​ថា «បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ព្រះអជិតៈ​តាបស​នឹង​បាន​សម្រេច​ជា​ព្រះពុទ្ធ​ស្រីអារ្យមេត្រី​ដ៏​ចម្រើន​ក្នុង​ភទ្ទកប្ប​នេះ​មែន​ឬ​ទេ ?» ។

គ្រា​នោះ​ព្រះ​មាន​ព្រះភាគ ទ្រង់​ត្រាស់​តប​ព្រះសារីបុត្រ​ថា «ម្នាល​សារីបុត្រ អ្នក​ចូរ​កំណត់​ទុក​ក្នុង​ចិត្ត ហើយ​ស្ដាប់​តថាគត​ចុះ» ។

កាល​តថាគត​បរិនិព្វាន​ហើយ សាសនា​តថាគត​កន្លង​បាន​៥០០០​ព្រះវស្សា​ ហើយ ។ មនុស្ស​ទាំង​ឡាយ​ក្នុង​លោក ធ្លាក់​ចុះ​នូវ​សីលធម៌​បន្តិច​ម្ដងៗ រហូត​ដល់​លែង​គោរព លែង​ដឹង​គុណ​ឪពុក​ម្ដាយ លែង​ស្គាល់​គុណ​គ្រូ លែង​ស្គាល់​គុណ​ស្គាល់​ទោស លែង​ដឹង​ខុស​ដឹង​ត្រូវ ។ មនុស្ស​ទាំង​ឡាយ​ថយ​អាយុ​ចុះ​រហូត​ដល់​ទៅ​១០​ឆ្នាំ (បច្ចុប្បន្ន​កាល​អាយុ​កប្ប​របស់​មនុស្ស​មាន​ត្រឹម ៧៥​ឆ្នាំ ដូច្នេះ ១០០​ឆ្នាំ​ចុះ​១​ឆ្នាំ រហូត​ដល់​អាយុ​កប្ប​របស់​មនុស្ស​ត្រឹម​១០​ឆ្នាំ គិត​ពី​ឆ្នាំ​នេះ​ទៅ​នៅ​សល់​ ៦៧០០​ឆ្នាំ ទៀត មនុស្ស​នឹង​មាន​អាយុ​កប្ប​ត្រឹម​១០​ឆ្នាំ) ។ ក្នុង​កាល​នោះ មនុស្ស​អាយុ​ត្រឹម​៥​ឆ្នាំ ក៏​រៀបការ​មាន​គ្រួសារ ។ ពេល​នោះ មាន​ព្រឹត្តិការណ៍​ចម្លែក​បី​នឹង​កើត​មាន​ឡើង​ក្នុង​សង្គម​មនុស្ស​គឺ ៖

  1. មនុស្ស​ទាំង​ឡាយ​ប្រព្រឹត្ត​ខុស​សីលធម៌ គឺ​ឪពុក​ម្ដាយ និង​កូន បងប្អូន សេព​សន្ថវៈ​ជាមួយ​គ្នា​ដូច​សត្វ​តិរច្ឆាន ។
  2. មនុស្ស និង​មនុស្ស​ស្អប់​គ្នា ដោយ​ឃើញ​មុខ​គ្នា​មិន​បាន ។
  3. មនុស្ស​កាប់​សម្លាប់​គ្នា​ដូច​សត្វ ដែល​គួរ​ឲ្យ​ខ្លាច​តក់​ស្លុត​យ៉ាង​ខ្លាំង ។

ពេលនោះ សត្ថន្តរកប្ប (បាន​ដល់​លោក​វិនាស​ទៅ​ដោយ​គ្រឿង​សស្ត្រាវុធ) ក៏​កើត​ឡើង មនុស្ស​ទាំង​លាយ​ក៏​សម្លាប់​គ្នា​ដូច​ជា​សត្វ​តិរច្ឆាន ។ មនុស្ស​ខ្លះ​ដែល​មាន​និស្ស័យ​ល្អ រត់​ចូល​គេច​ទៅ​នៅ​តាម​ញក​ភ្នំ ដង​ព្រៃ ជាដើម ដោយ​មិន​បាន​បង្ក​វិវាទ​សម្លាប់​គ្នា​ឡើយ ។ ចំណែក​ជនពាល​ទាំង​ឡាយ​បាញ់​កាប់​សម្លាប់​គ្នា​វិនាស​អស់ ។

(អ្នក​ប្រាជ្ញ​លោក​តែង​ណែនាំ​ថា «នរជន ​ឯ​ណា​ដែល​ប្រាថ្នា​កុំ​ឲ្យ​ជួប​សត្ថន្តរកប្ប​នោះ ត្រូវ​ធ្វើ​ទាន រក្សា​សីល សាង​កុសល​ធម៌​ដើម្បី​បាន​ទៅ​កើត​នូវ​ទី​ខ្ពស់ មាន​ស្ថាន​តាវតិង្ស​ជាដើម ។»)

ពេល ​នោះ​កន្លង​៧​ថ្ងៃ​ទៅ មនុស្ស​ល្អ​ក៏​ចេញ​អំពី​ព្រៃ ឃើញ​គ្នា​ញញឹម​ញញែម រាក់​ទាក់​រក​គ្នា ហើយ​បបួល​គ្នា​រក្សា​សីល ចម្រើន​កម្មដ្ឋាន ។

សួរ​ថា «តើ​ចម្រើន​កម្មដ្ឋាន​ដូច​ម្ដេច ?»

ចម្លើយ​ឆ្លើយ​ថា «ចម្រើន​កម្មដ្ឋាន ពិចារណា​នូវ​អត្តភាព​នេះ​ថា មិន​ទៀង ជា​ទុក្ខ ជា​អនត្តា មិន​ស្អាត គួរ​ឲ្យ​ខ្ពើម ។»

គ្រា ​នោះ​មនុស្ស​ទាំង​ឡាយ​នាំ​គ្នា​រក្សា​សីល​ជានិច្ច នាំ​ឲ្យ​មាន​អាយុ​ចម្រើន​ឡើង​វិញ កូន​របស់​មនុស្ស​ដែល​មាន​អាយុ​១០​ឆ្នាំ ឡើង​រហូត​ដល់​២០​ឆ្នាំ កូន​របស់​មនុស្ស​២០​ឆ្នាំ ឡើង​រហូត​ដល់​៣០​ឆ្នាំ កូន​របស់​មនុស្ស​៣០​ឆ្នាំ​ ឡើង​រហូត​ដល់​៤០​ឆ្នាំ កូន​របស់​មនុស្ស​៤០​ឆ្នាំ ឡើង​រហូត​ដល់​៥០​ឆ្នាំ កូន​របស់​មនុស្ស​៥០​ឆ្នាំ ឡើង​រហូត​ដល់​១០០​ឆ្នាំ កូន​របស់​មនុស្ស​១០០​ឆ្នាំ ឡើង​រហូត​ដល់​១០០០​ឆ្នាំ កូន​របស់​មនុស្ស​១០០០​ឆ្នាំ ឡើង​រហូត​ដល់​១០.០០០​ឆ្នាំ កូន​របស់​មនុស្ស​១០.០០០​ឆ្នាំ ឡើង​រហូត​ដល់​១០០.០០០​ឆ្នាំ កូន​របស់​មនុស្ស​១០០.០០០​ឆ្នាំ ឡើង​រហូត​ដល់​១​អសង្ខេយ្យ​ឆ្នាំ ។

ក្នុង ​កាល​ដែល​មនុស្ស​មាន​អាយុ​វែង​យ៉ាង​នេះ ក៏​នាំ​ឲ្យ​មាន​សេចក្ដី​ប្រមាទ​ដោយ​សម្គាល់​ថា ខ្លួន​មិន​ចាស់ មិន​ស្លាប់ បណ្ដាល​ឲ្យ​អាយុ​ថយ​ចុះ​ពី​មួយ​អសង្ខេយ្យ​មក​វិញ​គឺ (១០០​ឆ្នាំ ចុះ​១​ឆ្នាំ) រហូត​មក​ដល់​អាយុ ៨០.០០០​ឆ្នាំ ។

កាល ​មនុស្ស​អាយុ​ថយ​ចុះ​មក​ដល់​៨០.០០០​ឆ្នាំ​នោះ បុរស​ស្ត្រី​មាន​អាយុ​៥០០​ឆ្នាំ ទើប​រៀបការ​ជា​គ្រួសារ ។ ពេល​នោះ សូម្បី​ភ្លៀង​ទាំង​ឡាយ ក៏​ភ្លៀង​ត្រូវ​កាល ១០​ថ្ងៃ​ភ្លៀង​ម្ដងៗ ឬ​១៥​ថ្ងៃ​ភ្លៀង​ម្ដង ។ ក្នុង​សម័យ​កាល​នោះ ក្នុង​ជម្ពូទ្វីប​មនុស្ស​ប្រុស​ស្រស់​ស្អាត ដូចជា​ទេវបុត្រ មនុស្ស​ស្រី​រូប​ស្រស់​ស្អាត​ ដូចជា​ទេព​អប្សរ​ក្នុង​សួគ៌ា ។ កាល​នោះ​ឯង ក្រុង​ពារាណសី មាន​ឈ្មោះ​ថា កេតុមតី បណ្ដោយ​១៦​យោជន៍ ទទឹង​១​យោជន៍ មាន​ទ្វារ​ក្រុង​៤ ដើម​ឈើ​កល្បព្រឹក្ស​៤​ដើម កំពែង​៧​ជាន់ សាង​ដោយ​កែវ​៧​ប្រការ (គឺ​មាស ប្រាក់ កែវ​មុក្តា កែវ​មណី កែវ​ពិទូរ្យ ពេជ្រ កែវ​ប្រពាឡ) ។

គ្រា​នោះ នឡការ​ទេវបុត្រ សោយ​សិរី​សម្បត្តិ​ក្នុង​សួគ៌ា​ទេវលោក​៦​ជាន់ ចុតិ​ចាក​អត្តភាព​នោះ​បាន​មក​កើត​ជា​ស្ដេច​ចក្រពត្តិ​ឈ្មោះ សង្ខៈ ក្នុង ​ក្រុង​កេតុមតី​នោះ ។ ដោយ​រាជានុភាព​នៃ​ស្ដេច​ចក្រពត្តិ​នោះ ប្រាសាទ​មាស​សម្រេច​ហើយ​ដោយ​កែវ​៧​ប្រការ ផុស​ចេញ​ពី​ទន្លេ​គង្គា អណ្ដែត​មក​តាម​អាកាស​ប្រតិស្ឋាន​ចំ​កណ្ដាល​ទីក្រុង​កេតុមតី ។ ស្រះកែវ​បាន​កើត​ឡើង​ប្រាកដ​ជិត​ប្រាសាទ​នោះ មាន​ក្លិន​ក្រអូប​គួរ​រីករាយ ដេរដាស​ទៅ​ដោយ​ផ្កា​បទុម​៥​ប្រភេទ​គឺ ឧប្បល​ខៀវ ឧប្បល​ស ឧប្បល​ក្រហម ឈូក​ស ។ កំពែង​ស្រះ​សាង​ហើយ​ដោយ​មាស កែវ​ពិទូរ្យ និង​ប្រាក់ ។ ស្ដេច​សង្ខៈ មាន​ជាយា​៨៤.០០០​នាក់ គង់​នៅ ក្នុង​ប្រាសាទ​នោះ ។ ព្រះរាជ​ឱរស​១០០០​អង្គ ។ ព្រះរាជ​ឱរស​ច្បង​មាន​នាម​ថា អជិត​កុមារ ជា​ឧបយុវរាជ ។ ព្រះរាជា​ទ្រង់​មាន​រតនៈ​៧​ប្រការ​គឺ ចក្ករ័តន៍​១ ហត្ថិរ័ន៍​១ អស្សរ័តន៍​១ មណីរ័តន៍​១ ឥត្ថីរ័តន៍​១ គហបតិរ័តន៍​១ រាប់​បរិនាយក​រ័តន៍​១ ផង​ជា​គម្រប់​៧ ។ ព្រះបាទ​សង្ខៈ​នោះ ទ្រង់​ត្រួត​ត្រា គ្រប់គ្រង​ដែន​ចក្រភព​ប្រកប​ដោយ​ធម៌ មិន​បាច់​ប្រើ​អាជ្ញា មិន​បាច់​ប្រើ​គ្រឿង​សស្ត្រាវុធ​ឡើយ ។ ក្នុង​សម័យ​កាល​នោះ មនុស្ស​ទាំង​ឡាយ​ក្នុង​ជម្ពូទ្វីប នឹង​មាន​តែ​រោគ​ធម្មជាតិ​៣​យ៉ាង​គឺ ឃ្លាន​អាហារ​១ បន្ទោរ​បង់​ទឹក​មូត្រ (ទឹក​នោម) និង​លាមក​១ និង​ចាស់​ជរា​មរណៈ​១ ។ ក្រៅ​ពី​នេះ ពុំ​មាន​ជំងឺ​អ្វី​ផ្សេង​ទៀត​មក​បៀត​បៀន​ឡើយ ។

មនុស្ស​ដែល​កើត​មាន​នៅ​សាសនា​ព្រះស្រីអារ្យមេត្រី

ព្រះពុទ្ធ​មេត្តេយ្យ ឬ ព្រះស្រី​អារ្យមេត្រី

សម័យ​នោះ បុរោហិត​របស់​ស្ដេច​ចក្រពត្តិ​មាន​នាម​ប្រាកដ​ថា សុព្រហ្ម​ព្រាហ្មណ៍ ជា​អ្នក​មាន​យស​ធំ​បន្ទាប់​ពី​ព្រះរាជា ។ ភរិយា​របស់​ហុរោហិត​នោះ​មាន​នាម​ថា ព្រហ្មវតី ។ ពេល​នោះ​ព្រះមេត្តេយ្យ​ពោធិសត្វ​ដែល​ពួក​ទេវតា​ទាំង​ឡាយ​បាន​អារាធនា​ហើយ ទ្រង់​ចុតិ​ចាក​តុសិត​បុរី​មក​ចាប់​បដិសន្ធិ​ក្នុង​គភ៌​ព្រះនាង​ព្រហ្មវតី​ពេល​ជិត​ភ្លឺ​ក្នុង​ថ្ងៃ​១៥​កើត ខែ​អាសាឍ ។ ស្ដេច​ចាតុម្មហារាជិកា ក៏​បាន​ចុះ​មក​ថែរក្សា​គភ៌​ព្រះនាង​ព្រហ្មវតី ។ គ្រប់​១០​ខែ​បរិបូរ ទ្រង់​ក៏​ប្រសូត​ចាក​គភ៌​ព្រះមាតា ។ ព្រះមត្តេយ្យ​ពោធិសត្វ ទ្រង់​គង់​នៅ​ជា​សុខ​ក្នុង​ឃរាវាស​ធម៌ ក្នុង​ប្រាសាទ​៣​គឺ សិរីវឌ្ឍនៈ​១ សិទ្ធត្ថៈ​១ ចន្ទកៈ​១ ។ ព្រះពោធិសត្វ​មាន​ស្នំ​១០០.០០០​នាក់​គាល់​បម្រើ ។ អគ្គមហេសី​ជា​ប្រធាន​លើ​ស្នំ​ទាំង​នោះ​មាន​នាម​ថា ចន្ទមុខី ។ បុត្រ​របស់​ព្រះពោធិសត្វ​មាន​នាម​ថា ព្រហ្មវឌ្ឍន​កុមារ ។ ព្រះពោធិសត្វ​ទ្រង់​ឡើង​កាន់​រាជរថ​ឆ្ពោះ​ទៅ​ឧទ្យាន​បាន​ឃើញ​នូវ​និម្មិត​៤​ប្រការ​គឺ មនុស្ស​ចាស់ មនុស្ស​ឈឺ មនុស្ស​ស្លាប់ និង​ភេទ​បព្វជិត ។ ទ្រង់​ក៏​នឿយ​ណាយ​ក្នុង​ភាព​ជា​ឃរាវាស ពេញ​ព្រះទ័យ​ក្នុង​ភេទ​បព្វជិត ហើយ​ក៏​ទ្រង់​ត្រលប់​ទៅ​កាន់​ប្រាសាទ​វិញ ។ ពេល​នោះ ស្រាប់​តែ​ប្រាសាទ​អណ្ដែត​ហោះ​ឡើង​ព្ធដ៏​អាកាស ដូចជា​សត្វ​ហង្ស ។ ពួក​ទេវតា​ទាំង​ឡាយ​នាំ​គ្នា​យក​កម្រង​ផ្កា​មាលា​មក​បូជា​ចំពោះ​ ព្រះពោធិសត្វ ។ ស្ដេច​ចក្រពត្តិ​សង្ខៈ ព្រម​ទាំង​អ្នក​និគម​ជនបទ​៨៤.០០០​ក្រុង ក៏​នាំ​គ្នា​ធ្វើការ​បូជា​ចំពោះ​ព្រះពោធិសត្វ​ដូច​គ្នា ។ ស្ដេច​អសុររាជ ជា​អ្នក​ថែរក្សា​ប្រាសាទ ស្ដេច​នាគរាជ កាន់​យក​កែវមណី ស្ដេច​គ្រុឌ កាន់​យក​ខ្សែ​សង្វារ​ក ស្ដេច​គន្ធព្វ លេង ​តូរ្យតន្ត្រី​បូជា​ថ្វាយ ។ ស្ដេច​សង្ខៈ​ចក្រពត្តិ ព្រម​ទាំង​បរិវារ​បាន​ប្រថាប់​នៅ​ជិត​ព្រះពោធិសត្វ ។ ដោយ​អានុភាព​ព្រះមហា​ពោធិសត្វ និង​បរម​រាជានុភាព​ស្ដេច​ចក្រពត្តិ មហា​ជន​ដែល​មាន​បំណង​បព្វជ្ជា អាច​ហោះ​ឡើង​ពី​ផែនដី​ចូល​ទៅ​កាន់​ប្រាសាទ​ដែល​កំពុង​អណ្ដែត​ព្ធដ៏​អាកាស​ បាន ។ កាល​នោះ​ឯង ស្ដេច​មហាព្រហ្ម កាន់​យក​ឆត្រ​៦០​យោជន៍​មក​បាំង​ពី​ប្រាសាទ ។ ស្ដេច​សក្កទេវរាជ ទ្រង់​វាយ​វិជ័យ​យុត្តរស័ង្ខ ។ ស្ដេច​សុយាមទេព ទ្រង់​កាន់​ផ្លិត​វិជនី​បក់​ថ្វាយ​ព្រះពោធិសត្វ ។ ស្ដេច​តុសិតទេព ទ្រង់​ថ្វាយ​បាត្រ​កែវមណី​ដល់​ព្រះពោធិសត្វ ។ បញ្ច​សិខគន្ធព្វទេព ឈរ​ដេញ​ពិណ​ពណ៌​លឿង​ដែល​ធ្វើ​ពី​កែវ​ពិទូរ្យ ។ ស្ដេច​មហាព្រហ្ម កាន់​ព្រះខ័ន​ឈរ​ការពារ​ក្នុង​ទិស​ទាំង​៤ ។ ពួក​មនុស្ស ទេវតា គន្ធព្វ យក្ខ នាគ និង​គ្រុឌ សុទ្ធតែ​ចោម​រោម​ព្រះពោធិសត្វ ។ កាល​ប្រាសាទ​ហោះ​ជិត​ដល់​ពោធិមណ្ឌល​ហើយ ស្ដេច​មហាព្រហ្ម​ក៏​បង្អោន​គ្រឿង​បរិក្ខារ​៨ ដែល​សម្រេច​អំពី​ឫទ្ធិ​ថ្វាយ​ព្រះពោធិសត្វ (គ្រឿង​បរិក្ខារ​៨​មាន សង្ឃាដី​១ ចីពរ​១ ស្បង់​១ វត្ថពន្ធ​ចង្កេះ​១ បាត្រ​១ កាំបិត​កោរ​១ ម្ជុល​១ ធម្មក្រក ឬ​តម្រង​ទឹក​១) ។

លំដាប់ ​នោះ​ឯង ព្រះពោធិសត្វ​កាត់​ព្រះមោលី (ព្រះ​ផ្នួង​សក់) ដោយ​ព្រះខ័ន បោះ​ឡើង​ទៅ​ព្ធដ៏​អាកាស ទ្រង់​សាង​ផ្នួស ។ បុរស​យ៉ាង​ច្រើន​ក៏​បួស​តាម​ព្រះពោធិសត្វ ។ ព្រះពោធិសត្វ​បំពេញ​ព្យាយាម​ក្នុង​ព្រះផ្នួស​អស់​៧​ថ្ងៃ ទ្រង់​ចូល​ទៅ​គង់​ក្រោម​ដើម​ខ្ទឹង ដែល​មាន​កម្ពស់​ពី​គល់​ដល់​ចុង​២៤០​ហត្ថ មាន​មែក​បែក​ជា​៤ ។ ក្នុង​មែក​នីមួយៗ​មាន​ប្រវែង​១២០​ហត្ថ មាន​ស្លឹក​ស្រស់​ខ្ចី​ជានិច្ច ។ ព្រះពោធិសត្វ​គង់​លើ​បរាជិត​បល្ល័ង្ក​ ក្នុង​បឋមយាម បាន​សម្រេច​បុព្វេ​និវាសានុស្សតិ​ញ្ញាណ ក្នុង​មជ្ឈិយាម បាន​សម្រេច​នូវ​ទិព្វ​ចក្ខុញ្ញាណ ក្នុង​បច្ឆិមយាម​នៃ​រាត្រី ទ្រង់​ពិចារណា​នូវ​បច្ចយាការៈ​១២​ប្រការ ត្រលប់​ចុះ​ត្រលប់​ឡើង ទ្រង់​បាន​សម្រេច​នូវ​សព្វញ្ញុតញ្ញាណ ក្នុង​វេលា​ជិត​ភ្លឺ​ក៏​បាន​ត្រាស់​ដឹង​ជា​ព្រះសម្មាសម្ពុទ្ធ​ក្នុង​លោក មាន​ព្រះនាម​ថា ព្រះអរិយមេត្តេយ្យ ។ បន្ទាប់​ពី​ព្រះអង្គ​ទ្រង់​ត្រាស់ដឹង ទ្រង់​ប្រកាស​សម្ដែង​ព្រះធម៌​ញ៉ាំង​មនុស្ស​មួយ​សែន​កោដិ និង​ទេវតា​រាប់​ប្រមាណ​មិន​បាន​ឲ្យ​បាន​ដល់​អមតរស​ពោល​គឺ​ ព្រះនិព្វាន ។

ព្រះពុទ្ធ​អរិយមេត្តេយ្យ​នោះ មាន​ព្រះវរកាយ​ខ្ពស់​៨៨​ហត្ថ ទទឹង​២៥​ហត្ថ ។ ពី​ផ្ទៃ​ព្រះបាទ​រហូត​ដល់​ព្រះជានុ​មាន​ប្រវែង​២២​ហត្ថ ពី​ជានុ​មណ្ឌល​ដល់​ព្រះនាភី​មាន​ប្រវែង​២២​ហត្ថ ពី​ព្រះនាភី​មក​ដល់​ព្រះអក្ខកៈ​មាន​ប្រវែង​២២​ហត្ថ ។ ពី​ព្រះអក្ខកៈ​មក​ដល់​ឧណ្ហីសៈ​មាន​ប្រវែង​២២​ហត្ថ ។ ព្រះហស្ត​ទាំង​២​ម្ខាងៗ​មាន​ប្រវែង​៤០​ហត្ថ ចន្លោះ​ព្រះពាហា​ទាំង​២​ម្ខាងៗ​មាន​ប្រវែង​២៥​ហត្ថ ចន្លោះ​អក្ខកៈ​ម្ខាងៗ​មាន​ប្រវែង​៥​ហត្ថ នៅ​ចន្លោះ​ពី​ស្មា​ម្ខាង​ទៅ​ស្មា​ម្ខាង​មាន​ប្រវែង​៥​ហត្ថ ចន្លោះ​ម្រាម​ដៃ​មួយ​ទៅ​ម្រាម​ដៃ​មួយ​មាន​ប្រវែង​៤​ហត្ថ ផ្ទៃ​ព្រះហត្ត​មាន​ប្រវែង​៥​ហត្ថ ព្រះសុរង​មាន​ប្រវែង​៥​ហត្ថ ព្រះឱស្ឋ​ខាង​លើ​ប្រវែង​២៥​ហត្ថ ព្រះឱស្ឋ​ខាងក្រោម​មាន​ប្រវែង​១៥​ហត្ថ ព្រះជីវ្ហា​ប្រវែង​១០​ហត្ថ ព្រះនាសកៈ​ប្រវែង​៧​ហត្ថ ព្រះនេត្រ​ទាំង​ពីរ​ម្ខាងៗ​ប្រវែង​៧​ហត្ថ ព្រះភមុកៈ​ម្ខាងៗ​ប្រវែង​៥​ហត្ថ ចន្លោះ​ភមុកៈ​ទាំង​ពីរ​មាន​ប្រវែង​៤​ហត្ថ ព្រះកាណ៌​ម្ខាងៗ​ប្រវែង​៧​ហត្ថ ដួង​ព្រះភ័ក្ត្រ​មាន​ប្រវែង​២៥​ហត្ថ ឧណ្ហីសៈ​ជុំវិញ​ប្រវែង​២៥​ហត្ថ ។ ព្រះពុទ្ធ​ជាម្ចាស់​ទ្រង់​ប្រកប​ព្រម​ដោយ​មហាបុរិស​លក្ខណៈ​៣២​ប្រការ និង​អនុព្យញ្ជនៈ​៨០ ។

ព្រះឆព្វណ្ណរង្សី ​បញ្ចេញ​រស្មី​អំពី​ព្រះវរកាយ​របស់​ព្រះ​មាន​ព្រះភាគ​ជា​ម្ចាស់​អង្គ​នោះ ហាក់​ដូចជា​ខ្សែ​ទឹក​ហូរ​ធ្លាក់​អំពី​ឆ្នាំង​មាស មាន​ពន្លឺ​ភ្លឺ​លើស​លប់ លើស​ពន្លឺ​របស់​ដួងចន្ទ និង​ដួង​អាទិត្យ​ផ្សាយ​នៅ​ក្នុង​ម៉ឺន​ចក្រវាល ពន្លឺ​ភ្លឺ​ស្វាង​ច្បាស់​ប្រាកដ​តាំង​នៅ​រហូត​អស់​កាល​ទាំង​យប់​ទាំង​ ថ្ងៃ ។ មនុស្ស​ទាំង​ឡាយ​មិន​អាច​កំណត់​ដឹង​ថា ពេល​នេះ​ជា​ពេល​ថ្ងៃ ឬ​យប់​បាន​ឡើយ ដោយ​ព្រះពុទ្ធ​រស្មី​បំភ្លឺ​ក្នុង​លោក ទាំង​ថ្ងៃ​ទាំង​យប់ ។ មនុស្ស​ទាំង​ពួង​ដឹង​ថា នេះ​ជា​យាម​យប់​នៅ​ពេល​ដែល​ព្រះអាទិត្យ​អស្ដង្គត ដោយ​សំឡេង​សត្វ​មក​កាន់​សម្បុក និង​ត្របក​ស្រទាប់​នៃ​ផ្កា​បទុម និង​ស្រទាប់​នៃ​ផ្កា​ឈើ​ដែល​បិទ ។ មនុស្ស​ទាំង​ឡាយ​ដឹង​ថា នេះ​ជា​ពេល​ថ្ងៃ ជា​ពេល​ដែល​ព្រះអាទិត្យ​រះ​ឡើង ដោយ​សំឡេង​សត្វ​ចេញ​ហើរ​ទៅ​រក​ស៊ី និង​ដោយ​ស្រទាប់​នៃ​ផ្កា​បទុម និង​ផ្កា​ឈើ​រីក​ឡើង ។ លំដាប់​នោះ បទុម​ផ្កា​ធំៗ​មាន​ត្របក​ស្រទាប់​ក្រៅ​៣០​ហត្ថ ស្រទាប់​ខាង​ក្នុង​២៥​ហត្ថ កេសរ​២០​ហត្ថ មាន​ទង​១៦​ហត្ថ លំអង​កេសរ​ផ្សាយ​ទៅ​ក្នុង​អាកាស ជ្រែក​ប្រឹថពី​ដុះ​ឡើង​រង់ចាំ​ទទួល​ស្នាម​ព្រះបាទ​ដែល​ទ្រង់​ឈាន​ទៅ​ហើយ គ្រប់ៗ​ជំហាន​នៃ​ការ​ឈាន​ព្រះបាទ​នៃ​ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ ។

មនុស្ស ​ទាំងពួង​មិន​ចាំ​បាច់​ត្រូវ​ទៅ​ភ្ជួរ​ស្រែ មិន​ត្រូវ​ទៅ​ធ្វើ​ចម្ការ ជួញ​ដូរ មិន​មាន​រោគភ័យ​បៀតបៀន គឺ​សម្បូណ៌​ដោយ​ភោគផល​ទ្រព្យ​សម្បត្តិ និង​សេចក្ដី​សុខ មាន​ពុទ្ធានុស្សតិ​ជា​អារម្មណ៍ បរិភោគ​បាយ​នៃ​អង្ករ​ស្រូវ​សាលី​ដែល​ជា​ភោជនាហារ​កើត​ដោយ​ពុទ្ធានុភាព ស្លៀក​ពាក់​សំពត់​អាវ គ្រឿង​អាភរណៈ គ្រឿង​រក្សា​ជីវិត​កើត​ឯង ពី​ផ្កា ស្លឹក ធម្មចក្រ ទេវតា​ប្រមាណ​៣០​កោដិ បាន​ត្រាស់​ដឹង​ធម៌ ។

២. អតីត​ជាតិ​នៃ​ព្រះពោធិសត្វ​មេត្តេយ្យ

ព្រះពុទ្ធ​បរមគ្រូ ទ្រង់​ត្រាស់​ជាមួយ​ព្រះសារីបុត្រ​ថា «ម្នាល ​សារីបុត្រ ព្រះពុទ្ធ​អរិយមេត្តេយ្យ​អង្គ​នោះ ទ្រង់​បំពេញ​បារមី​១០​ប្រការ ទ្រង់​មាន​បារមី​មួយ​ប្រាកដ​ជាក់​ច្បាស់ ទ្រង់​បាន​ទទួល​ពុទ្ធសម្បត្តិ​ក្នុង​លោក ដោយ​ពុទ្ធសិរី​ដែល​មិន​មាន​អ្វី​ប្រៀប​បាន​ដោយ​ពុទ្ធលីលា​រក​ទី​បំផុត​មិន​ មាន ដោយ​ប្រការ​ដូច្នេះ» ។

លំដាប់​នោះ ព្រះសារីបុត្រ​ក្រាប​ទូល​ព្រះសាស្តា​ថា «បពិត្រ​ព្រះងង្គ​ដ៏​ចម្រើន បារមី​មួយ​ប្រាកដ​ដល់​ព្រះអរិយមេត្តេយ្យ​តើ​ដូច​ម្ដេច ?» ។

ព្រះបរម​សាស្តា ទ្រង់​នាំ​យក​អតីត​និទាន​មក​សម្ដែង​ថា «ម្នាល​សារីបុត្រ ក្នុង​សម័យ​កាល ព្រះពុទ្ធ​សរីមត្តៈ ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក ក្នុង​កាល​នោះ អរិយមេត្តេយ្យ​ពោធិសត្វ​បាន​កើត​ជា​ស្ដេច​នាម​ព្រះបាទ​សង្ខចក្រពត្តិរាជ ក្នុង​ឥន្ទបត្ត​នគរ (សង្ខចក្រពត្តិរាជ ​ជា​អង្គពោធិសត្វ​អរិយមេត្តេយ្យ​ដែល​មាន​នាម​ដូច​សង្ខចក្រពត្តិ​នៃ​ក្រុង​ កេតុមតី នា​ពេល​សម័យ​ព្រះមេត្តេយ្យ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ដឹង​ដែរ) ។ ព្រះរាជា​អង្គ​នោះ ទ្រង់​បរិបូណ៌​ដោយ​កែវ​៧​ប្រការ​គឺ ចក្ករ័តន៍​១ ហត្ថិរ័តន៍​១ អស្សរ័តន៍​១ មណិរ័តន៍​១ ឥត្ថីរ័តន៍​១ គហបតិរ័តន៍​១ បរិនាយករ័តន៍​១ ។ ឥន្ទបត្ត​នគរ​មាន​បណ្ដោយ​៧​យោជន៍ ទទឹង​៣​យោជន៍ មាន​ទ្វារ​ក្រុង​៤ និង​ដើម​កល្បព្រឹក្ស​កើត​ឡើង​៤​ដើម ត្រង់​កណ្ដាល​ក្រុង មាន​ប្រាសាទ​មួយ​ខ្នង​កម្ពស់​៧​ជាន់ បណ្ដោយ​២​យោជន៍ ។ ព្រះបាទ​សង្ខចក្រពត្តិ​សោយ​មហាសម្បត្តិ​ក្នុង​ប្រាសាទ​នោះ ។ ព្រះពុទ្ធ​សិរីមត្តៈ ទ្រង់​ឧបត្តិ​ឡើង​ក្នុង​លោក ។ ព្រះពុទ្ធ​អង្គ​នោះ ទ្រង់​គង់​ប្រថាប់​ឆ្ងាយ​អំពី​ឥន្ទបត្ត​នគរ​មាន​ប្រមាណ​១៦​យោជន៍ ។ ព្រះរាជា ទ្រង់​មិន​បាន​ជ្រាប​ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក​នេះ​ឡើយ» ។

សម័យកាល​មួយ​នោះ ថ្ងៃ​មួយ ព្រះបាទ​សង្ខចក្រពត្តិ​ប្រថាប់​លើ​បល្ល័ង្ក​ខាង​ក្រោម​ម្លប់​នៃ​ស្វេតច្ឆត្រ ទ្រង់​តាំង​សេចក្ដី​ប្រាថ្នា​ទុក​យ៉ាង​នេះ​ថា «យើង​នឹង​ប្រគល់​រាជសម្បត្តិ​របស់​ស្ដេច​ចក្រពត្តិ​ដល់​អ្នក​ដែល​ប្រាប់​ឲ្យ​ដឹង​ដំណឹង​នៃ​ព្រះពុទ្ធ​រតនៈ ព្រះធម្ម​រតនៈ ព្រះសង្ឃ​រតនៈ ដល់​យើង ហើយ​យើង​នឹង​ទៅ​កាន់​សំណាក់​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​អង្គ​នោះ» ។

មាន​កុលបុត្រ​ទលិទ្ធកជន (អ្នក​ក្រីក្រ) ម្នាក់​បួស​ជា​សាមណេរ​ក្នុង​សាសនា​ព្រះពុទ្ធ​ជា​ម្ចាស់​អង្គ​នោះ មាតា​របស់​សាមណេរ​នោះ​ជា​ទាសី​របស់​អ្នក​ដទៃ ។ សាមណេរ​នោះ​គិត​ថា «អាត្មា​អញ​នឹង​ស្វែង​រក​ទ្រព្យ ដោះ​ញោម​ស្រី​ចេញ​ពី​ទាសី​របស់​អ្នក​ដទៃ ដើម្បី​ឲ្យ​ញោម​ស្រី​របស់​អាត្មា​អញ​មាន​សិរីភាព» ។

កាល​ស្វែង​រក​ទ្រព្យ សាមណេរ​នោះ​បាន​និមន្ត​ចូល​ទៅ​កាន់​នគរ​នោះ​ហើយ ។ អ្នក​នៅ​ក្នុង​នគរ​បាន​ឃើញ​សាមណេរ ហើយ​មិន​ស្គាល់ (ថា​ជា​អ្វី) ក៏​នាំ​គ្នា​យក​ដំបង​ដេញ​វាយ​សាមណេរ​នោះ ដោយ​យល់​ឃើញ​ថា «សាមេណរ​នោះ​ជា​យក្ស» ។ សាមណេរ​ភ័យ​ខ្លាច​ក៏​រត់​ចូល​ទៅ​កាន់​ព្រះរាជវាំង បាន​ឈរ​នៅ​ខាង​មុខ​ព្រះភ័ក្ត្រ​ព្រះរាជា ។ ព្រះរាជា​ទត​ឃើញ​សាមណេរ ទើប​ត្រាស់​សួរ​ថា «នែ ! មាណព អ្នក​ចូល​មក​ចុះ តើ​អ្នក​មាន​ឈ្មោះ​អ្វី ?» ។

សាមណេរ​ទូល​ថា «បពិត្រ​មហារាជ អាត្មា​ភាព​ឈ្មោះ​សាមណេរ» ។

ព្រះរាជា «នែ​មាណព ហេតុ​ដូច​ម្ដេច​អ្នក​ទើប​ឈ្មោះ​ថា សាមណេរ» ។

សាមណេរ «បពិត្រ ​មហារាជ អាត្មា​ភាព​ជា​អ្នក​មិន​បាន​ធ្វើ​អំពើ​បាប ទាំង​ខាង​ក្នុង​ចិត្ត និង​ខាង​ផ្លូវ​កាយ ជា​អ្នក​ញ៉ាំង​កុសល​ឲ្យ​តាំង​នៅ​មាំ ដូច្នេះ​ទើប​មាន​ឈ្មោះ​ថា សាមណេរ» ។

ព្រះរាជា «បុគ្គល​ណា​ជា​អ្នក​ដាក់​ឈ្មោះ​ឲ្យ​អ្នក» ។

សាមណេរ «បពិត្រ​មហារាជ អាចារ្យ​របស់​អាត្មាភាព​បាន​ឲ្យ​ឈ្មោះ​នេះ​ដល់​អាត្មាភាព» ។

ព្រះរាជា «នែ​មាណព អាចារ្យ​របស់​អ្នក​មាន​ឈ្មោះ​ដូច​ម្ដេច ?» ។

សាមណេរ «បពិត្រ​មហារាជ អាចារ្យ​របស់​អាត្មាភាព​មាន​ឈ្មោះ​ថា ភិក្ខុ» ។

ព្រះរាជា «អាចារ្យ​របស់​អ្នក​មាន​ឈ្មោះ​ថា ភិក្ខុ ព្រោះ​ហេតុ​ដូច​ម្ដេច ?» ។

សាមណេរ «មហា​បពិត្រ អាចារ្យ​របស់​អាត្មាភាព​ហៅ​ថា ព្រះសង្ឃ​រតនៈ ដែល​រក​អ្វី​កាត់​ថ្លៃ​មិន​បាន» ។

ព្រះរាជា ​ទ្រង់​ស្ដាប់​ឮ​ដំណឹង​ដែល​កម្រ​បាន​ឮ ស្រាប់​តែ​ស្រាល​ខ្លួន​ហោះ​ឡើង​ផុត​អំពី​បល្ល័ង្ក ទៅ​ធ្លាក់​ចុះ​ក្នុង​សំណាក់​សាមណេរ ។ ក្នុង​ពេល​ដែល​ព្រះរាជា​ប្រថាប់​ឈរ​ក្បែរ​ជើង​សាមណេរ ផ្កា​ឈូក​ប៉ុន​កង់​រទេះ​បាន​ផុស​ចេញ​អំពី​ផែនដី ទ្រ​ទទួល​ព្រះរាជា​នោះ​ដោយ​អានុភាព​បីតិ​របស់​ព្រះអង្គ ។

ព្រះរាជា​គង់​ប្រថាប់​លើ​ផ្កា​ឈូក​ផ្គង​អញ្ជលី​សំពះ​សាមណេរ ហើយ​ត្រាស់​សួរ​ថា «បពិត្រ​សាមណេរ អ្នក​ណា​បាន​ឲ្យ​នាម​ព្រះសង្ឃ​រតនៈ រក​អ្វី​ប្រៀប​មិន​បាន​នេះ​ដល់​អាចារ្យ​របស់​អ្នក ?» ។

សាមណេរ​ទូល​ថា «ព្រះពុទ្ធ​ជា​ម្ចាស់​ព្រះនាម​ថា សិរិមត្តៈ បាន​ប្រទាន​ឲ្យ» ។

ព្រះរាជា​ទ្រង់​ស្ដាប់​ឮ​សំឡេង​ថា ពុទ្ធោ ហើយ​ទ្រង់​វិសញ្ញិភាព (សន្លប់) ព្រោះ​ទ្រង់​រន្ធត់​ដោយ​ក្ដី​ត្រេកអរ​ដ៏​ខ្លាំង ។

ខាង​ក្រោយ​មក ព្រះរាជា​ទ្រង់​ដឹង​ខ្លួន ទើប​ត្រាស់​សួរ​សាមណេរ​ទៀត​ថា «បពិត្រ​សាមណេរ​ដ៏​ចម្រើន ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​គង់​ប្រថាប់​នៅ​ទី​ណា ?» ។

សាមណេរ «មហាបពិត្រ ព្រះ​ដ៏​មាន​ព្រះភាគ​ជា​ម្ចាស់ ទ្រង់​គង់​ប្រថាប់​នៅ​ក្នុង​បុព្វារាម ចម្ងាយ​ប្រមាណ​១៦​យោជន៍ ផ្នែក​ទិស​ឧត្ដរ​នៃ​នគរ​នេះ» ។

ព្រះរាជា​ត្រាស់​ថា «បពិត្រ​សាមណេរ ខ្ញុំ​នឹង​ទៅ​ក្នុង​ទិស​ដែល​មាន​ព្រះពុទ្ធ​ជា​ម្ចាស់​គង់​ប្រថាប់» ។

ដូច្នេះ ទ្រង់​មិន​អើពើ មិន​អាល័យ​សម្បត្តិ​របស់​ចក្រពត្តិ​នេះ​ទេ ទ្រង់​អភិសេក​សាមណេរ​នោះ​ឲ្យ​ជា​ព្រះចៅ​ចក្រពត្តិ ។

ព្រះរាជា កាល​ទ្រង់​អភិសេក​សាមណេរ​ក្នុង​រាជសម្បត្តិ​ហើយ ព្រះអង្គ​ទ្រង់​ឆ្ពោះ​ព្រះភ័ក្ត្រ​ទៅ​ទិស​ឧត្ដរ ស្ដេច​យាង​ទៅ​កាន់​ទី​គង់​អាស្រ័យ​របស់​ព្រះពុទ្ធ​សិរីមត្តៈ​ជា​ម្ចាស់​តែ​ មួយ​ព្រះអង្គ​ឯង ។ កាល​ព្រះរាជា​អង្គ​នោះ ទ្រង់​ជា​ក្សត្រ​សុខុមាល​ជាតិ ស្ដេច​យាង​ដោយ​ព្រះរាជ​ដំណើរ ដោយ​ព្រះបាទ​ផ្ទាល់​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ ព្រះបាទ​ក៏​បែក​ព្រះលោហិត​ហូរ​ចេញ​អំពី​ព្រះបាទ​ទាំង​គូ កាល​ព្រះបាទ​ទាំង​គូ​បែក​ហូរ​ព្រះលោហិត​ហើយ ព្រះរាជា​យាង​វារ (លូន) ដោយ​ជង្គង់ និង​ព្រះហស្ត​ទាំង​ពីរ អស់​រយៈ​ពេល​៣​ថ្ងៃ ។ ក្នុង​ថ្ងៃ​ទី​៤ ព្រះលោហិត​ទើប​ហូរ​ចេញ​អំពី​ព្រះហស្ត និង​ជង្គង់​ទាំង​ពីរ ។

ក្នុង​កាល​នោះ ព្រះរាជា​ទ្រង់​មាន​ព្រះ​តម្រិះ​ថា «យើង​នឹង​ទៅ​ដោយ​ការ​លូន​យ៉ាង​ពិត​ប្រាកដ» ។ ទើប​ទ្រង់​ធ្វើ​ដំណើរ​ដោយ​ការ​លូន​ដោយ​ព្រះឧរៈ (ទ្រូង) ក្នុង​ពេល​ជា​ខាង​ក្រោយ ។ ព្រះរាជា កាល​ទ្រង់​លូន​ទៅ​ដោយ​ព្រះឧរៈ​នោះ ទ្រង់​លំបាក​យ៉ាង​ខ្លាំងក្លា មិន​មាន​ឆន្ទះ​ដាក់​ចុះ ដោយ​មាន​ចិត្ត​មោះមុត​ឆ្ពោះ​ទៅ​គាល់​ព្រះពុទ្ធ​សិរីមត្តៈ​ជា​គោល​សំខាន់ ទ្រង់​អត់​ទ្រាំ​ទាំង​ទុក្ខ​វេទនា ខំ​ធ្វើ​ដំណើរ​ដោយ​លូន​បន្ត​ទៅ​ទៀត ។

ក្នុង​កាល​នោះ ព្រះពុទ្ធ​សិរិមត្តៈ ទ្រង់ ​មាន​ព្រះមហា​ករុណាធិគុណ ប្រមើល​មើល​សត្វ​លោក​ដោយ​សព្វញ្ញុតញ្ញាណ ទ្រង់​ឃើញ​កម្លាំង​នៃ​វិរិយភាព​របស់​ព្រះរាជា​អង្គ​នោះ ទើប​ទ្រង់​ព្រះចិន្តា​ថា «ព្រះរាជា​អង្គ​នេះ ជា​ពុទ្ធង្កូរ ពុទ្ធពីជ និង​ជា​ពុទ្ធវង្ស ព្រោះ​អាស្រ័យ​តថាគត ទើប​សោយ​ទុក្ខ​ដ៏​ធ្ងន់ ចំណែក​តថាគត​នឹង​ទៅ​កាន់​សំណាក់​របស់​ព្រះរាជា​អង្គ​នោះ» ។

ដូច្នេះ ​ហើយ ទើប​ព្រះពុទ្ធ​ដ៏​មាន​សិរី​ក្លែង​អត្តភាព​ជា​បុរស​ម្នាក់​បររថ (បរ​រទេះ) ឆ្ពោះ​ទៅ​កាន់​ទី​ព្រះបាទ​សង្ខចក្រពត្តិ​នោះ ។ កាល​ព្រះពុទ្ធ​ជា​ម្ចាស់​យាង​ទៅ​ដល់​ហើយ ប្រថាប់​ឈប់​នៅ​ត្រង់​ពី​មុខ​ព្រះភ័ក្ត្រ​ស្ដេច​ចក្រពត្តិ ។ ព្រះ​ដ៏​មាន​ព្រះភាគ​ជា​ម្ចាស់​ ទ្រង់​ត្រាស់​ថា «ម្នាល​អ្នក​ដ៏​ចម្រើន លោក​ធ្វើ​ដំណើរ​ដោយ​លូន ចូរ​ចៀស​ចេញ​ យើង​ត្រូវ​ការ​បរ​រថ​ទៅ​មុខ» ។

ព្រះរាជា​ទ្រង់​ស្ដាប់​ព្រះ​តម្រាស់​នេះ​ហើយ​ ត្រាស់​ថា «ម្នាល ​នាយ​សារថី​ដ៏​ចម្រើន កាល​យើង​ដើរ​ផ្លូវ​ទៅ​ដោយ​ការ​ឆ្ពោះ​មុខ​ត្រង់​ទី​ជា​ទី​ដែល​គួរ​ធ្វើ ហេតុ​អ្វី​ទើប​នឹង​ថាយ​ចេញ យើង​ប្រកាន់​យក​ព្រះពុទ្ធ​ជា​ម្ចាស់​ជា​ប្រមុខ មាន​ព្រះពុទ្ធ​ជា​ម្ចាស់​ជា​អារម្មណ៍ សូម​អ្នក​បញ្ជា​រថ​របស់​អ្នក​ឲ្យ​ជាន់​លើ​ខ្លួន​ប្រាណ​របស់​យើង​ក្ដី យើង​នឹង​មិន​ចៀស​ចេញ​អំពី​ផ្លូវ​ដល់​អ្នក​ទេ» ។

នាយ​សារថី​ពោល​ថា «ម្នាល ​មាណព​ដ៏​ចម្រើន ប្រសិនបើ​អ្នក​ទៅ​កាន់​សំណាក់​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​នុ៎ះ ចូរ​អ្នក​ឡើង​រថ​យើង​ចុះ យើង​នឹង​ទៅ​កាន់​សំណាក់​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​ដែរ» ។

ព្រះរាជា​ទ្រង់​ស្ដាប់​ពាក្យ​នេះ​ហើយ ទ្រង់​ទទួល​ពាក្យ​ថា «ល្អ​ហើយ» ស្ដេច​ឡើង​រថ​ហើយ ។ ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់ ស្ដេច​បែរ​ព្រះភ័ក្ត្រ​ទៅ​កាន់​វត្ត​បុព្វារាម​ព្រម​ដោយ​ព្រះរាជា ។ កាល​ព្រះ​សាស្ដា​ស្ដេច​យាង​ដល់​ត្រឹម​កណ្ដាល​ផ្លូវ ក្នុង​កាល​នោះ នាង​សុជាតា ចុះ​អំពី​សួគ៌​តាវតិង្ស​និម្មិត​ភេទ​ជា​បុរស​កាន់​ឆ្នាំង​បាយ​ទិព្វ​មួយ​មក​ឈរ​ចំ​ពី​មុខ​រថ ហើយ​ពោល​ថា «ម្នាល ​នាយ​សារថី​ដ៏​ចម្រើន ប្រសិនបើ​លោក​ត្រូវ​ការ​ឆ្នាំ​បាយ​ទិព្វ​មួយ​ឆ្នាំង​នុ៎ះ យើង​នឹង​ឲ្យ​ដល់​លោក តែ​បើ​លោក​មិន​ត្រូវ​ការ​ទេ យើង​នឹង​បោះ​ចោល» ។

នាយ​សារថី​ពោល​ថា «ម្នាល​មាណព​ដ៏​ចម្រើន ខ្ញុំ​មាន​បុរស​ម្នាក់ មាន​ទុព្វលភាព សូម​អ្នក​ចូរ​ឲ្យ​បាយ​ដល់​យើង​ដើម្បី​បុរស​នេះ​ចុះ» ។

នាង ​សុជាតា​បាន​ឲ្យ​ភត្ត​ដល់​នាយ​សារថី​ហើយ ។ លំដាប់​នោះ ព្រះ​មាន​ព្រះភាគ​ជា​ម្ចាស់​ទទួល​ភត្ត​ហើយ បាន​ប្រទាន​ដល់​ព្រះរាជា​អង្គ​ហើយ ។ ក្នុង​កាល​នោះ សក្កទេវរាជ ទ្រង់​កាន់​ទឹក​ទិព្វ យាង​ចុំ​អំពី​សួគ៌​ជាន់​តាវតិង្ស ក្លែង​ភេទ​ជា​បុរស​ស្ពាយ​ទឹក​មួយ​បំពង់ ស្ដេច​យាង​មក​ត្រាស់​ពាក្យ​នោះ​ដូច​គ្នា ហើយ​ប្រទាន​ទឹក​នោះ​ដល់​នាយ​សារថី​ដូច​គ្នា ។

ព្រះបាទ​សង្ខចក្រពត្តិ ទ្រង់​សោយ​ព្រះក្រយា​ទិព្វ ទឹក​ទិព្វ ក្នុង​ពេល​ដែល​សោយ​រួច​ស្រេច​ហើយ ដោយ​អានុភាព​ព្រះក្រយា​ទិព្វ ទឹក​ទិព្វ ឧបទ្ទវៈ​ទាំង​ពួង ក៏​វិនាស​ទៅ ។ ព្រះរាជា​រមែង​ប្រសព្វ​នូវ​សេចក្ដី​សុខ ។

ព្រះពុទ្ធ ​សិរិមត្តៈ និមន្ត​យាង​ទៅ​ដល់​វត្ត​បុព្វារាម​ហើយ ព្រះអង្គ​ត្រលប់​ពី​ភេទ​នាយ​សារថី មក​ជា​ពុទ្ធអង្គ​វិញ ហើយ​គង់​ប្រថាប់​លើ​ពុទ្ធាសនៈ​ដែល​បាន​ក្រាល​ទុក​ហើយ ។ ក្នុង​វេលា​ដែល​ព្រះ​ដ៏​មាន​ព្រះភាគ​ជា​ម្ចាស់ គង់​ប្រថាប់​ក្នុង​វត្ត​បុព្វារាម ព្រះរាជា​ស្ដេច​ចុះ​អំពី​រថ ទ្រង់​ចូល​ទៅ​ក្នុង​វត្ត​បុព្វារាម ល្មម​ទត​ព្រះនេត្រ​ឃើញ​ពុទ្ធ​រស្មី​ប៉ុណ្ណោះ ទ្រង់​ក៏​វិសញ្ញីភាព​ម្ដង​ទៀត ។ ព្រះបរម​សាស្ដា​ត្រាស់​ថា ម្នាល​មហា​បុរស ព្រះពុទ្ធ​ជា​ម្ចាស់​គង់​ប្រថាប់​នៅ​ក្នុង​ទី​នេះ ។ ភ្លាម​នោះ ព្រះរាជា​ទ្រង់​ដឹង​ខ្លួន​ឡើង ស្ដេច​ចូល​ទៅ​ជិត​ព្រះបរម​សាស្ដា​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ផ្គង​អញ្ជលី​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះភាគ​ជា​ម្ចាស់​ដូច្នេះ​ថា «បពិត្រ ​ព្រះអង្គ​ដ៏​ចម្រើន ព្រះអង្គ​ជា​ប្រធាន​នៃ​លោក​ព្រះអង្គ ជា​ទីពឹង​របស់​សត្វ​លោក សូម​ព្រះអង្គ​ទ្រង់​សម្ដែង​ធម៌​ដ៏​ខ្ពស់​បំផុត​មួយ​គាថា​ដល់​ខ្ញុំ​ព្រះអង្គ ​ផង​ចុះ» ។

ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា «មហាបពិត្រ សូម​ព្រះអង្គ​ទ្រង់​សណ្ដាប់ ទ្រង់​ពិចារណា​ធម្មកថា​គឺ និព្វាន ចុះ» ។

ទ្រង់​បាន​សម្ដែង​ធម៌ ប្រោស​ព្រះរាជា​ហើយ ។ ព្រះរាជា​ទ្រង់​ស្ដាប់ ព្រះធម្មបទ​មួយ​បទ​ហើយ ទូល​ឃាត់​ថា «បពិត្រ ​ព្រះអង្គ​ដ៏​ចម្រើន សូម​ព្រះ​ដ៏​មាន​ព្រះភាគ​សម្ដែង​ធម៌​ត្រឹម​ប៉ុណ្ណេះ​ចុះ សូម​ព្រះអង្គ​ទ្រង់​កុំ​សម្ដែង​ព្រះធម្មបទ​ដទៃ​ទៀត​ឡើយ» ។

សួរ​ថា «ព្រោះ​ហេតុ​អ្វី ? ទើ​ព្រះរាជា​ទ្រង់​អង្វរ​ឃាត់​ សូម​ព្រះពុទ្ធ​ជា​ម្ចាស់ កុំ​សម្ដែង​ធម្មបទ​បន្ត​ទៀត» ។

ចម្លើយ​ឆ្លើយ​ថា ព្រះរាជា​ទ្រង់​ត្រិះរិះ​ថា «ប្រសិនបើ ​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្ដែង​ព្រះធម៌​ច្រើន​ជាង​នេះ យើង​នឹង​មិន​មាន​ទេយ្យធម៌​ដែល​គួរ​ដល់​ការ​បូជា យើង​ស្ដាប់​ព្រះធម៌​មួយ​បទ​នេះ យើង​នឹង​ថ្វាយ​ទាន​ដ៏​លើស​លប់​របស់​យើង​ដែល​គួរ​ដល់​ការ​បូជា ព្រោះ​ហេតុ​នេះ បាន​ជា​ព្រះរាជា​ទ្រង់​ទូល​អង្វរ​ឃាត់» ។

ក្នុង​កាល​នោះ ព្រះបាទ​សង្ខចក្រពត្តិ ទ្រង់​ក្រាប​ទូល​ព្រះដ៏​មាន​ព្រះភាគ​ជា​ម្ចាស់​ដូច្នេះ​ថា «បពិត្រ ​ព្រះអង្គ​ដ៏​ចម្រើន កាល​ព្រះអង្គ​ទ្រង់​សម្ដែង​ព្រះនិព្វាន​ដែល​ជា​ធម៌​វិសេស​លើស​លប់ ជា​ធម៌​ខ្ពស់​បំផុត​ជាង​ធម៌​ទាំង​ពួង​ សូម្បី​ខ្ញុំ​ព្រះអង្គ​កាត់​សីលៈ​ដែល​ជា​អវយវៈ​ដ៏​ខ្ពស់​បំផុត​ជាង​អវយវៈ​ ទាំង​ពួង​របស់​ខ្ញុំ​ព្រះអង្គ បូជា​ព្រះធម៌​ចំពោះ​ព្រះអង្គ​ជា​ការ​បូជា​ដ៏​វិសេស​ណាស់» ។

ពេល​ដែល​ត្រាស់​ហើយ ទើប​ទ្រង់​កាត់​ព្រះសីសៈ​ដោយ​ក្រចក ទ្រង់​ដាក់​ព្រះសីសៈ​លើ​បាទ​ព្រះហស្ត ត្រាស់​គាថា​មួយ​បទ​ថា «បពិត្រ ​ព្រះពុទ្ធ​សិរិមត្តៈ​ដ៏​ចម្រើន សូម​ព្រះអង្គ​ទ្រង់​ទម្លុះ​អមត​ធម៌​មុន​ចុះ ដោយ​ការ​ថ្វាយ​សីសៈ​នេះ ខ្ញុំ​ព្រះអង្គ​នឹង​បាន​សម្រេច​ព្រះនិព្វាន​ក្នុង​កាល​ជា​ខាង​ក្រោយ» ។

នេះ ​ជា​ភាព​អស្ចារ្យ​របស់​ព្រះពោធិសត្វ​មេត្តេយ្យ ទោះ​បី​ព្រះ​សីសៈ​ត្រូវ​បាន​កាត់​ចេញ​ពី​ព្រះសូរង​ហើយ​ក៏​ដោយ ព្រះពោធិសត្វ​នៅ​មិន​ទាន់​ស្លាប់ អាច​ពោល​គាថា​ថ្វាយ​ព្រះពុទ្ធ​សិរិមត្តៈ​យ៉ាង​នេះ​ទៀត ។

ក្នុង​វេលា​ចប់​ព្រះគាថា ដូច​ពណ៌នា​មក​ ព្រះរាជា​ក៏​ចុតិ​ទៅ​កើត​ក្នុង​តុសិត​បុរី ។

ព្រះពុទ្ធ​សមណគោតម​បរមគ្រូ ទ្រង់​បន្ត​អនុសន្ធិ​ថា «ម្នាល ​សារីបុត្រ បារមី​មួយ​ដែល​ប្រាកដ​ជាក់​ច្បាស់​ដោយ​ប្រការ​ដូច្នេះ​យ៉ាង​នេះ​ឯង ។ ម្នាល​សារីបុត្រ ព្រះ​មាន​ព្រះភាគ​ជា​ម្ចាស់ ទ្រង់​ព្រះនាម​ថា អរិយមេត្តេយ្យ ព្រោះ​ផល​នៃ​ការ​ថ្វាយ​សីសៈ​ឲ្យ​ជា​ទាន ទ្រង់​មាន​ព្រះវរកាយ​ខ្ពស់​៨៨​ហត្ថ ព្រោះ​ផល​នៃ​ករ​ហូរ​ឈាម​ធ្លាក់​អំពី​ព្រះបាទ និង​ព្រះ​ជានុ (ជង្គង់) ទើប​ទ្រង់​មាន​ពន្លឺ​ភ្លឺ​ទាំង​យប់​ទាំង​ថ្ងៃ ។ ព្រោះ​ផល​នៃ​លោហិត​ដែល​ហូរ​ធ្លាក់​អំពី​ព្រះសីសៈ ព្រះពុទ្ធ​រស្មី​នឹង​មាន​ដល់​អវិចី​នរក និង​ភវគ្គ​ព្រហ្ម ។ ព្រោះ​ផល​នៃ​លោហិត​លើ​ព្រះសីសៈ​នឹង​មាន​ពន្លឺ​ភ្លឺ​ស្វាង​អំពី​ព្រះ​ ឧណ្ណាលោម (រោម​ប្រជុំ​ចិញ្ចើម) មិន​អាច​កំណត់​បាន ។ ព្រោះ​ផល​ដែល​ទ្រង់​យាង​ដើរ​១​សប្ដាហ៍ ទើប​កើត​ឡើង​នូវ​ដើម​កល្បព្រឹក្ស​មួយ​ដើម ។ ម្នាល​សារីបុត្រ ជន​ទាំង​អស់ មិន​បាន​ឃើញ​តថាគត ក្នុង​កាល​ឥឡូវ​នេះ ប្រសិន​បើ​ជន​ទាំង​នោះ​ធ្វើ​ទាន រក្សា​សីល ចម្រើន​ភាវនា ដោយ​ផល​នៃ​កុសល​កម្ម​នោះ​នឹង​បាន​កើត​ឡើង​ក្នុង​សម័យ​កាល​នៃ​ព្រះពុទ្ធ​ជា​ ម្ចាស់​ព្រះនាម​អិរយមេត្តេយ្យ​មិន​ខាន» ។

ដូច​អធិប្បាយ​កន្លង​មក យើង​អាច​សន្និដ្ឋាន​បាន​ថា «ព្រះស្រីអារ្យមេត្តេយ្យ សាង​ពុទ្ធការកធម៌​ក្រាស់​ដោយ​វិរិយៈ​គឺ​ការ​ព្យាយាម​ជា​វិរិយាធិក​១៦​ អសង្ខេយ្យ និង​១០០.០០០​កប្ប បន្ទាប់​ពី​បាន​ទទួល​ព្យាការណ៍​លើក​ទី​១» ៕

 

ត្រលប់​ទៅ​មាតិកា​រឿង

 
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s