ភូមិសាស្ត្រនៃប្រទេសកម្ពុជា

ភូមិវិទ្យា​ប្រទេស​កម្ពុជា

ភូមិវិទ្យា​ប្រទេស​កម្ពុជា

ប្រទេស​ខ្មែរ ជា​ប្រទេស​មួយ​នៃ​អាស៊ី​មូសុង​ដែល​ស្ថិត​នៅ​ចន្លោះ​ខ្សែស្រប​ទី​១០ និង​ខ្សែស្រប​ទី​១៥ នៃ​រយៈ​ទទឹង​ខាងជើង និង​នៅ​ចន្លោះ​ខ្សែ​បណ្ដោយ​ទី​១០២ និង​ខ្សែ​បណ្ដោយ​ទី​១០៨ នៃ​រយៈ​បណ្ដោយ​ខាងកើត ។ ដូច្នេះ ប្រទេស​ខ្មែរ​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​តំបន់​ត្រូពិក ។ បើ​គិត​តាម​ផ្ទៃក្រឡា​ដែល​មាន ១៨១.០៣៥ គម នោះ​ប្រទេស​ខ្មែរ​មាន​ទំហំ​តូច​ជាង​ប្រទេស​ចិន ៥៤ ដង តូច​ជាង​ប្រទេស​ឥណ្ឌា ១៨ ដង និង​តូច​ជាង​ប្រទេស​ឥណ្ឌូនេស៊ី ១០ ដង ស្មើ​នឹង​មួយ​ភាគ​បួន (១/៤) នៃ​ប្រទេស​ភូមា ស្មើ​នឹង ១/៣ នៃ​ប្រទេស​ថៃ ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ប្រទេស​វៀតណាម តូច​ជាង​ប្រទេស​ឡាវ​តែ​បន្តិច តែ​ធំ​ជាង​សហព័ន្ធ​ម៉ាឡាយូ ប្រទេស​នេប៉ាល់ ប្រទេស​ស្រីលង្កា និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​អឺរ៉ុប ដូចជា ប្រទេស​ស៊្វីស ប្រទេស​បែលហ្ស៊ិក ។

ប្រទេស​ខ្មែរ​មាន​រាង​ពហុកោណ​ស្ទើរ​ស្មើ​ជ្រុង ដែល​មាន​ចំណុច​កណ្ដាល​ក្បែរ​កំពង់ធំ និង​មាន​ប្រវែង​ពី​ជើង​ទៅ​ត្បូង​ជិត​ស្មើ​នឹង​ប្រវែង​ពី​កើត​ទៅ​លិច ។ ហើយ​ប្រវែង​អតិបរមា​នៃ​បណ្ដោយ និង​ទទឹង​គឺ ៥៦០ គម និង ៤៤០ គម ។ ដោយ​ហេតុ​ទាំង​នេះ​ហើយ​បាន​ជា​ប្រទេស​ខ្មែរ​ពុំ​មាន​តំបន់​ដាច់​ស្រយាល​ឡើងយ ។

ប្រទេស​ខ្មែរ​មាន​ព្រំប្រទល់​ខាងជើង​ទល់​នឹង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ខាងកើត​ទល់​នឹង​ប្រទេស​វៀតណាម ខាងត្បូង​ទល់​នឹង​ប្រទេស​វៀតណាម និង​ឈូង​សមុទ្រ​ថៃ ខាងលិច​ទល់​នឹង​ប្រទេស​ថៃ ។ ព្រំប្រទល់​ប្រទេស​ខ្មែរ​ទាំង​មូល​មាន​ប្រវែង ២.៦០០ គម គឺ ៥/៦ ជា​ដី​គោក និង ១/៦ ជា​មាត់​សមុទ្រ ។

សណ្ឋាន​ដី

១. សណ្ឋាន​ដី

ប្រទេស​ខ្មែរ​ជា​ប្រទេស​មួយ​ប្រកប​ដោយ​ទំនាប​ព័ទ្ធ​ជុំវិញ ហើយ​ជួនកាល​ព័ទ្ធ​ដោយ​ប្រជុំ​ភ្នំ ជួនកាល​ទៀត​ព័ទ្ធ​ដោយ​ខ្ពង់រាប​ដែល​មិន​សូវ​ខ្ពស់ ។ ការ​មាន​ភ្នំ​នៅ​តាម​បរិវេណ​មិន​មែន​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​ចរាចរណ៍​ឡើយ ។ ទំនាប​កណ្ដាល​ដែល​មាន​មួយ​ភាគ​ធំ​លិច​ទឹក សណ្ដូក​បន្ត​ពី​ទំនាប​ថៃ គឺ​សណ្ដូក​ពី​ទិស​ពាយ័ព្យ​ទៅ​ទិស​អាគ្នេយ៍ ។

កំពូល​ភ្នំ​ខ្ពស់​បំផុត​នៅ​ប្រទេស​ខ្មែរ​គឺ​ ភ្នំ​ឱរ៉ាល់ (១.៨១៣ ម) នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ។ បើ​គិត​តាម​សណ្ឋាន​ដី ប្រទេស​ខ្មែរ​ចែក​ជា​បី​ផ្នែក​ធំៗ ៖ តំបន់​ទំនាប​កណ្ដាល តំបន់​ប្រជុំ​ភ្នំ និង​ខ្ពង់រាប និង​តំបន់​កូនភ្នំ ។

ក. តំបន់​ទំនាប​កណ្ដាល

ផ្នែក​កណ្ដាល​នៃ​ប្រទេស​ខ្មែរ ជា​ទំនាប​មួយ​យ៉ាង​ធំ​ដែល​មាន​រយៈ​កម្ពស់​មធ្យម​តិច​ជាង ៥០ ម (ពី ២០ ម ទៅ ៣០ ម) និង​មាន​ចំណោត​ខ្សោយ​បន្តិច​ម្ដងៗ​ពី​ជើង​ទៅ​ត្បូង ។ គឺ​ជា​ទំនាប​មួយ​យ៉ាង​រាប ប្រកប​ដោយ​ចំណោត​ខ្សោយ (១%) និង​ជា​ទំនាប​ល្បប់​យ៉ាង​ធំ​សង្ខាង​បឹង​ទន្លេសាប និង​សង្ខាង​ទន្លេ​មេគង្គ ពី​ពាយ័ព្យ​ទៅ​អាគ្នេយ៍ ។ ហើយ​ទំនាប​នេះ​កាន់​តែ​រីក​ធំ​ឡើង​សំដៅ​ទៅ​ប្រទេស​វៀតណាម​ខាង​ត្បូង ។

ទំនាប​កណ្ដាល​នេះ ប្រកប​ទៅ​ដោយ​ល្បប់​ចាស់​ត្រង់​ជាយ​ខាង​ក្រៅ និង​ល្បាប់​ថ្មី​ត្រង់​តំបន់​ក្បែរ​ផ្លូវ​ទឹក ។ គឺ​ជា​តំបន់​មាន​ជីជាតិ​យ៉ាង​ល្អ និង​មាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់ ។ ម្យ៉ាង​ទៀត​ទំនាប​នេះ​ចែក​ជា ៤ ភូមិភាគ ៖

១. ភូមិភាគ​ល្បប់​ម៉ដ្ឋ

ភូមិភាគ​ល្បប់​ម៉ដ្ឋ ដែល​មាន​ទទឹង​ប្រវែង​ពី​បួន​ដប់​ម៉ែត្រ​ដល់​ច្រើន​រយ​ម៉ែត្រ គឺ​ជា​តំបន់​ច្រាំង​ទន្លេ និង​ជាយ​កោះ ។ ហើយ​ដី​នោះ​ជា​ដី​ល្អ​សម្រាប់​ដំណាំ​កប្បាស មន ថ្នាំជក់ និង​ត្រុំ ។ ម្យ៉ាង​ទៀត​ភូមិភាគ​នេះ​ជា​ទីប្រជុំ​ជន​យ៉ាង​កុះករ និង​សម្បូរ​ទៅ​ដោយ​ផ្លូវ​ថ្នល់ ។

២. ភូមិភាគ​លិច​ទឹក និង​វាល​ភក់

ភូមិភាគ​លិច​ទឹក និង​វាល​ភក់ ព័ទ្ធ​ពីក្រៅ​តំបន់​ល្បប់​ម៉ដ្ឋ ហើយ​មាន​ជីជាតិ​ល្មម​គួរ​សម​ដែរ ។ រីឯ​ប្រជាជន​ក៏​មាន​ច្រើន ដោយ​សារ​បឹង​មាន​ត្រី​ច្រើន ដោយសារ​ដំណាំ​ពោត ល្ង ឈូក ។ល។ ម្យ៉ាងទៀត​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេសាប​ជា​កន្លែង​ត្រី​ពង និង​ជា​កន្លែង​ត្រី​ធំធាត់​ដ៏​សន្ធឹក​សន្ធាប់ ។ ហេតុ​នេះ​ហើយ បាន​ជា​បឹង​ធំ​ក្លាយ​ជា​មជ្ឈមណ្ឌល​នេសាទ​មួយ​យ៉ាង​សំខាន់​នៃ​ប្រទេស​ខ្មែរ ។

៣. វាល​ស្រែ

វាល​ស្រែ ដែល​នៅ​ខាង​ក្រៅ​តំបន់​លិច​ទឹក មាន​ជីជាតិ​តិច​ជាង​ច្រាំង​ទន្លេ គឺ​ជា​តំបន់​ដែល​បំពេញ​មុខងារ​យ៉ាង​សំខាន់​ក្នុង​វិស័យ​កសិកម្ម ។ វាលស្រែ​ទាំងនោះ​មាន​ផ្ទៃ​ធំធេង​ដាច់​កន្ទុយ​ភ្នែក នៅ​ខេត្ត​បាត់ដំបង កំពង់ធំ តាកែវ ព្រៃវែង កំពង់ចាម និង​ស្វាយរៀង 

៤. ភ្នំ​តូចៗ

នៅ​លើ​វាល​ទំនាប​កណ្ដាល​នេះ គេ​ឃើញ​មាន​ភ្នំ​តូចៗ​ដាច់​តែ​ឯង​នៅ​ឯ​នេះ​មួយ​នៅ​ឯ​នោះ​មួយ គឺ​សុទ្ធ​តែ​ភ្នំ​ថ្ម​ក្រែ ដូចជា ភ្នំ​បាទី នៅ​ខេត្ត​តាកែវ ភ្នំ​បាភ្នំ នៅ​ខេត្ត​ព្រៃវែង ភ្នំ​បាធាយ នៅ​ខេត្ត​កំពង់ចាម ភ្នំក្រោម​ នៅ​ខេត្ត​សៀមរាប ភ្នំ​នាងកង្រី នៅ​ខេត្ត​កំពង់ឆ្នាំង ។

ភ្នំ និង​កោះ នៅ​ប្រទេស​កម្ពុជា

ខ. តំបន់​ប្រជុំ​ភ្នំ និង​ខ្ពង់រាប

ទំនាប​កណ្ដាល​នៃ​ប្រទេស​ខ្មែរ​ព័ទ្ធ​ជុំវិញ​ដោយ​ភ្នំ និង​ខ្ពង់រាប គឺ​ភ្នំក្រវាញ នៅ​និរតី ភ្នំ​ដងរែក នៅ​ខាងជើង ខ្ពង់រាប​ខាងជើង ខ្ពង់រាប​ខាងកើត និង​ឦសាន 

១. ជួរ​ភ្នំ​ក្រវាញ

ជួរ​ភ្នំ​ក្រវាញ​ចែក​ពី​លិច​ទៅ​កើត​ជា ភ្នំ​ក្រវាញ​ខាងលិច ភ្នំក្រវាញ​កណ្ដាល និង​ភ្នំក្រវាញ​ខាងកើត ។ គឺ​ជា​ជួរ​ភ្នំ​ដែល​សណ្ដូក​តាំង​ពី​ខាងជើង​ខេត្ត​ចន្ទបូរ​នៃ​ប្រទេស​ថៃ ដល់​ខេត្ត​កំពត គឺ​ពី​ទិស​ពាយ័ព្យ​ទៅ​ទិស​អាគ្នេយ៍ ។ ហើយ​បាត​ភ្នំ​ទាំង​នោះ សុទ្ធ​សឹង​ប្រកប​ទៅ​ដោយ​ថ្ម​ក្រានីត គ្រប​ដណ្ដប់​ពី​ក្រៅ​ដោយ​ថ្មក្រែ​ល្បាយ​ខ្សាច់​យ៉ាង​ក្រាស់ ។ ម្យ៉ាងទៀត​សំណឹក​បាន​ផ្ដាច់​ជួរ​ភ្នំ​នេះ​ជា​ខ្ពង់រាប​ប្រកប​ដោយ​មុខ​ចំណោត ឬ​ជា​ភ្នំ​ដាច់​ពី​គ្នា ។ គឺ​នៅ​តំបន់​នេះ​ហើយ​ដែល​មាន​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ «ភ្នំ​ឱរ៉ាល់» មាន​កម្ពស់ ១.៨១៣ ម ។ នៅ​តំបន់​ភ្នំ​នេះ គេ​ពុំ​ទាន់​ធ្វើ​ការ​រុក​រក​ទេ ព្រោះ​ជា​តំបន់​ប្រកប​ទៅ​ដោយ​ព្រៃក្រាស់​ចូល​មិន​ចុះ ។ ទីនេះ មាន​បណ្ដា​ជន​រស់​នៅ​យ៉ាង​ស្ដួច​ស្ដើង​គឺ ពួក​ព័រ ពួក​ស្អូច ។ តែ​សំណង់​ផ្លូវ​ភ្នំក្រវាញ​ជា​ទ្វារ​ចំហរ​សម្រាប់​សម្រួល​ការ​ទាក់ទង​ជាមួយ​នឹង​តំបន់​ដទៃ ។

១. ភ្នំក្រវាញ​ខាងលិច: សណ្ដូក​ពី​ប៉ៃលិន​ដល់​ស្ទឹង​ពោធិ៍សាត់ គឺ​ជា​ភ្នំ​ប្រកប​ទៅ​ដោយ​ថ្មក្រាម និង​ថ្មស៊ីស​លាយ​ក្រែ ដែល​មាន​ពើង​ផ្នត់​យ៉ាង​ខ្លាំង ។ កំពូល​ភ្នំ​សំខាន់ៗ​នៃ​តំបន់​នេះ​មាន ភ្នំ​សពុក (៨៩៣ ម) ភ្នំ​តាដិត (១.១១៤ ម) ភ្នំ​ទឹកព្រិល (១.១២៣ ម) ភ្នំធំ (១.២៥៨ ម) ភ្នំមូស (១.៣៣៧ ម) ភ្នំខ្មោច (១.៤២៥ ម) និង​ភ្នំ​ទំពរ ខ្ពស់​ជាង​គេ​នៅ​ទី​នោះ (១.៥៦៣ ម) ។

២. ភ្នំ​ក្រវាញ​កណ្ដាល: ជា​ប្រជុំ​ភ្នំ​មួយ​ដ៏​ធំ ដែល​មាន​ផ្ទៃ​រាង​ទេរ​ពី​មោង​ទៅ​កោះកុង ។ ប៉ែក​ខាងលិច​មាន​ ភ្នំ​សំកុះ (១.៧៤៤ ម) ក្បែរ​ឈូង​សមុទ្រ​ថៃ ។ ខាងកើត​មាន​ភ្នំ​ជា​ច្រើន​ដែល​មាន​រយៈ​កម្ពស់​លើស​ពី ១.០០០ ម ដូចជា ភ្នំប៉ាន (១.៤០០ ម) ភ្នំ​បាកាន (១.២២០ ម) និង​ភ្នំ​ខ្នងត្រពាំង (១.១៧២ ម) ។

៣. ភ្នំក្រវាញ​ខាងកើត: ចែក​ជា​បី​ក្រុម​យ៉ាង​ច្បាស់ ៖

  1. ប្រជុំ​ភ្នំខ្យល់ នៅ​ចន្លោះ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ គឺ​នៅ​ខាងលិច​ខេត្ត​កំពង់ឆ្នាំង ។ គឺ​នៅ​ទី​នេះ​ហើយ​ដែល​មាន​ភ្នំ​ខ្ពស់​ជាង​គេ​នៃ​ប្រទេស​ខ្មែរ ឬ​ភ្នំ​ឱរ៉ាល់ (១.៨១៣ ម) ។
  2. ប្រជុំ​ភ្នំ​អូរម្លូ នៅ​ចន្លោះ​ស្រែអំបិល និង​ខេត្ត​កំពង់ស្ពឺ ហើយ​កំពូល​ខ្ពស់​បំផុត​ប្រហែល​ជា ១.០០០ ម ដូចជា ខ្ពង់រាប​គិរីរម្យ (៧០០ ម) ជាដើម ។
  3. ប្រជុំ​ភ្នំដំរី នៅ​ដាច់​ពី​ភ្នំ​អូរម្លូ​ដោយ​ច្រក​ពេជ្រនិល ដែល​កាត់​ដោយ​ផ្លូវ​ជាតិ​លេខ ៤ គឺ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ។ ហើយ​ពី​ខាងត្បូង​ប្រជុំ​ភ្នំ​នេះ​បញ្ចប់​ដោយ​មុខ​ចំណោត​នៃ​ភ្នំ​បូកគោ (១.០៧៥ ម) ។

២. ជួរ​ភ្នំ​ដងរែក

ជួរ​ភ្នំដងរែក​សណ្ដូក​ពី​ខាងកើត​ទៅ​ខាងលិច គឺ​ពី​ជ្រលង​ទន្លេ​មេគង្គ​ទៅ​ជ្រលង​ទន្លេ​ចៅប្រះយ៉ា ឬ​ទន្លេ​មេណាម​នៃ​ប្រទេស​ថៃ ។ តាម​ពិត ដងរែក​មិន​មែន​ជា​ជួរ​ភ្នំ​ទេ តែ​ជា​គែម​ខាងត្បូង​នៃ​ខ្ពង់រាប​នគររាជ ដែល​ស្ថិត​ក្នុង​ភូមិភាគ​ខាង​កើត​នៃ​ប្រទេស​ថៃ គឺ​ជា​ជញ្ជាំង​ថ្មក្រែ និង​ជា​មុខ​ចំណោត​មួយ​យ៉ាង​វែង បណ្ដោយ​ប្រហែល ៣០០ គម និង​មាន​រយៈ​កម្ពស់​ចុះ​ជា​លំដាប់​ពី​ខាងកើត​ទៅ​ខាងលិច (គឺ​ពី ៧០០ ម ទៅ ២០០ ម) ។

ជួរ​ភ្នំដងរែក​មាន​មុខ​ចំណោត​ខាង​លើ​ខ្ពង់រាប​ខ្មែរ​ខាងជើង តែ​មាន​ចំណោត​យ៉ាង​ទេរ​ទាប​ទៅ​ខាង​ប្រទេស​ថៃ ។ ការ​ដែល​មាន​ចំណោត​សង្ខាង​មិន​ស្មើ​គ្នា​ដូច្នេះ ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ថា ទំនាប​ខ្មែរ និង​ទំនាប​ថៃ មាន​រយៈ​កម្ពស់​ខុស​គ្នា​យ៉ាង​សម្បើម​គឺ​ពី ៥០ ទៅ ១៥០ ម នៅ​ប្រទេស​ខ្មែរ និង​ពី ១០០ ទៅ ៣០០ ម នៅ​ប្រទេស​ថៃ ។ ពី​ខាងកើត​ទៅ​ខាងលិច កំពូល​ខ្ពស់​ជាង​គេ​មាន ៖ ភ្នំដងរែក (៧៥៦ ម) ជា​កំពូល​ខ្ពស់​បំផុត ភ្នំ​ព្រះវិហារ (៦២៥ ម) ភ្នំ​អណ្ដូងស្វាយ (៤៥៧ ម) ភ្នំ​ម៉ាកកៃ (៥៣៧ ម) ។ នៅ​ចន្លោះ​ភ្នំ​មាន​ច្រក​ដែល​សម្រួល​ការ​ទាក់ទង​រវាង​ភូមិភាគ​ថៃ​ខាងកើត និង​ទំនាប​កណ្ដាល​នៃ​ប្រទេស​ខ្មែរ ។ ច្រក​សំខាន់ៗ​គឺ ច្រក​អន្សែ ច្រក​ដូនតាប៉ាយ ច្រក​ដូនឪ ច្រក​តាព្រហ្ម និង​ច្រកកូន ។

៣.ខ្ពង់រាប​ខាងជើង

ខ្ពង់រាប​ខាងជើង ជា​ខ្ពង់រាប​ប្រកប​ទៅ​ដោយ​ល្បប់​ចាស់ ឆ្លាស់​គ្នា​នឹង​ថ្ម​បាយក្រៀម និង​ជា​តំបន់​ព្រៃ​របោះ ។ ខ្ពង់រាប​នេះ​ស្ថិត​នៅ​ត្រង់​ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ គឺ​ភ្ជាប់​ទំនាប​កណ្ដាល​ទៅ​ជួរ​ភ្នំ​ដងរែក ។ នៅ​តាម​ទ្រនុង​កណ្ដាល​នៃ​ខ្ពង់រាប​នេះ​មាន​កូន​ភ្នំ​ដាច់ៗ​ពី​គ្នា​ដូចជា ភ្នំ​ស្វាយចេក ភ្នំកំបុត ភ្នំ​ចុងកាល់ ភ្នំត្បែង (៥២៤ ម) ភ្នំ​គូលែន (៤៩៦ ម) ភ្នំ​រយោង (៤៣៣ ម) ។

៤. ខ្ពង់រាប​ខាងកើត និង​ឦសាន

១. ខ្ពង់រាប​នៃ​ខេត្ត​ស្ទឹងត្រែង និង​ក្រចេះ មាន​លក្ខណៈ​ដូចគ្នា​នឹង​ខ្ពង់រាប​ខាងជើង​ដែរ ហើយ​នៅ​ដាច់​ពី​ខ្ពង់រាប​នោះ​ដោយសារ​ជ្រលង​នៃ​ទន្លេ​មេគង្គ គឺ​ជា​តំបន់​មាន​រាង​តុ ជា​តំបន់​ល្បាប់​ចាស់​ប្រកប​ទៅ​ដោយ​ព្រៃរបោះ តែ​នៅ​ទីនោះ​ពុំ​សូវ​សម្បូរ​កូន​ភ្នំ​ដាច់​តែ​ឯង​ទេ ។

២. ខ្ពង់រាប​ខេត្ត​កំពង់ចាម ជា​ខ្ពង់រាប​មួយ​យ៉ាង​ទេរ​ទៅ​ឦសាន ហើយ​មាន​រយៈ​កម្ពស់ ២០០ ម ខាង​និរតី​ជាប់​នឹង​ទំនាប​កណ្ដាល ។ ខ្ពង់រាប​ទាំង​នោះ​ក៏​មាន​រាងតុ និង​ប្រកប​ទៅ​ដោយ​ល្បាប់​ចាស់ និង​ថ្មបាសាល់ ដែល​មាន​ស្រទាប់​លើ​ពុក​ជា​ដី​ក្រហម​ទៅ​ហើយ ។ ទីនោះ​ដែល​មាន​ទួល​ថ្មបាសាល់​ចំនួន​បួន​គ្រប​ពី​លើ​ថ្មក្រែ បាន​ក្លាយ​ជា​ចម្ការ​ដំណាំ​ធំៗ: ចម្ការលើ មេមត់ និង​ស្នួល ។ តំបន់​ដី​ក្រហម​ទាំងនោះ​សុទ្ធសឹង​ជា​ចម្ការ​កៅស៊ូ និង​ចម្ការ​ដំណាំ​ធំៗ ។

៣. ខ្ពង់រាប​ខេត្ត​រតនគីរី ជា​គែម​ខាងលិច​នៃ​ប្រជុំ​ភ្នំ​កន្ទំ​នៃ​ប្រទេស​វៀតណាម​កណ្ដាល ។ ខ្ពង់រាប​នេះ​ដាច់​ជា​ច្រើន​ផ្នែក​ដោយ​ដៃ​ទន្លេ​មេគង្គ ។ នៅ​ចន្លោះ​ទន្លេសាន និង​ទន្លេ​ស្រែពក មាន​ខ្ពង់រាប​កែវ ដែល​ជា​ខ្ពង់រាប​ថ្មបាសាល់ គ្រប​ដណ្ដប់​ដោយ​រីយ៉ូលីត ហើយ​មាន​កំពូល​ខ្ពស់​បំផុត​មិន​ហួស​ពី ៥០០ ម រីឯ​ច្រាំង​ខ្ពង់រាប​នេះ ជា​ថ្ម​គ្រីស្តាឡាំង ។ នៅ​ចន្លោះ​ទន្លេកុង និង​ទន្លេសាន ប្រជុំ​ភ្នំ​មួយ​ដែល​មាន​កម្ពស់​មធ្យម​ស្ថិត​ជា​ព្រំប្រទល់​រវាង​ប្រទេស​ខ្មែរ និង​ប្រទេស​ឡាវ ។ ភ្នំ​ដែល​មាន​កំពូល​ខ្ពស់​លើស​ពី ៧០០ ម គឺ​ភ្នំ​ពោងពាយ (៨១៦ ម) ភ្នំត្រង់ (៨១២ ម) ភ្នំរាំង (៧០១ ម) ។

៤. ខ្ពង់រាប​មណ្ឌលគីរី និង​ខ្ពង់រាប​ឆ្លូងលើ ជា​ខ្ពង់រាប​ដែល​មាន​រយៈ​កម្ពស់​ចុះ​ជា​លំដាប់​ពី​អូររាំង (៩០០ ម) ទៅ​គ្រប់​ទិស (៤០០ ម) ។ កំពូល​ខ្ពស់​បំផុត​គឺ ភ្នំ​ព្រះបាទ (ឬ ភ្នំ​ណាមលៀ) ដែល​មាន​កម្ពស់ ១.១០៣ ម ។ ខ្ពង់រាប​នេះ​មាន​មួយ​ភាគ​ធំ​គ្រប​ដណ្ដប់​ដោយ​ដី​ក្រហម ក្លាយ​មក​ពី​ថ្ម​បាសាល់ និង​ថ្ម​បាយក្រៀម គឺ​ជា​ឃ្លាំង​ទឹក​មួយ​ពិត​ប្រាកដ ជា​ប្រភព​នៃ​ផ្លូវ​ទឹក​នានា​ដែល​ហូរ​ចាក់​មក​ទន្លេ​មេគង្គ ។ ហើយ​នៅ​ចន្លោះ​រយៈ​កម្ពស់​ ៧០០ ម និង ៤០០ ម មាន​សុទ្ធ​តែ​ព្រៃរបោះ ។

គ. តំបន់​កូន​ភ្នំ

នៅ​ជុំវិញ​ភ្នំក្រវាញ​មាន​តំបន់​មួយ​ដែល​មាន​រយៈ​កម្ពស់​មធ្យម និង​មាន​កូន​ភ្នំ​ដាច់ៗ​ពី​គ្នា​ដែល​មាន​កំពូល​ដល់​ទៅ ៨០០ ម ។ តំបន់​នេះ​ភ្ជាប់​ជួរ​ភ្នំក្រវាញ​ទៅ​សមុទ្រ​មួយ​ផ្នែក ហើយ​មួយ​ផ្នែក​ទៀត​ភ្ជាប់​ជួរ​ភ្នំក្រវាញ​ទៅ​ទំនាប​កណ្ដាល ។ ម្យ៉ាងទៀត នៅ​តំបន់​នេះ​មាន​អ្នក​ស្រុក​រស់​នៅ​តែ​ត្រង់​វាល​ទំនាប និង​ជ្រលង​មាន​ជីជាតិ ។ រីឯ​តំបន់​ខ្ពស់​សុទ្ធសឹង​ប្រកប​ទៅ​ដោយ​ព្រៃ ។ គេ​អាច​ចែក​តំបន់​នោះ​ជា​ប្រាំមួយ​ផ្នែក ៖

១. តំបន់​មាត់​សមុទ្រ

តំបន់​មាត់​សមុទ្រ​ជា​ទំនាប​ដែល​មាន​រយៈ​កម្ពស់​កើន​យ៉ាង​រហ័ស​ពី​សមុទ្រ​ទៅ​ទល់​ជើង​ភ្នំក្រវាញ ។ ទំនាប​នេះ​ទាក់ទង​ជាមួយ​នឹង​ទំនាប​កណ្ដាល​ពី​ជើង​ទៅ​ត្បូង​តាម​ច្រក ៣ ៖ ពី​តំបន់​មោង​ទៅ​កោះកុង តាម​ច្រក​វាលវែង ពី​តំបន់​ពោធិ៍សាត់​ទៅ​ស្រែអំបិល តាម​ច្រក​តាសី និង​ពី​កំពង់ស្ពឺ​ទៅ​ស្រែអំបិល តាម​ច្រក​ពេជ្រនិល ។ តំបន់​នេះ​សម្បូរ​កូន​ភ្នំ​ដែល​ជួនកាល​ជា​កូន​ភ្នំ​នៅ​កណ្ដាល​ទំនាប ដូចជា ភ្នំ​ជំនាប វាលេញ ហើយ​ជួនកាល​ទៀត ជា​កូន​ភ្នំ​លេច​ពី​សមុទ្រ​ដែល​ជា​កោះ ដូចជា កោះកុង (ខ្ពស់​ដល់​ទៅ ៤១០ ម) ។

២. តំបន់​កូន​ភ្នំ​ខាងលិច​ខេត្ត​បាត់ដំបង

តំបន់​កូន​ភ្នំ​ខាងលិច​ខេត្ត​បាត់ដំបង​ដែល​សន្ធឹង​ពី​អូរជ្រៅ​ទៅ​មោង​ មាន​កូន​ភ្នំ​ប្រកប​ដោយ​រាង​ប្លែកៗ ដែល​មាន​កំណើត​ពី​ថ្ម​ច្រើន​បែប​គឺ ថ្ម​គ្រីស្តាឡាំង និង​ថ្មក្រែ (ភ្នំវែង) ថ្មក្រែ និង​ថ្មស៊ីស (ភ្នំរន្ទា ភ្នំ​ម៉ាកហឿន) ថ្ម​កំបោរ (ភ្នំសំពៅ ភ្នំ​សិរីសោភ័ណ) ។

៣. តំបន់​កូនភ្នំ​ចន្លោះ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង

តំបន់​កូនភ្នំ​ចន្លោះ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង​ជា​ខ្ពង់រាប​ល្បាប់​ចាស់​មួយ​ដែល​មាន​កូន​ភ្នំ​ច្រើន ដូចជា កូន​ភ្នំ​ថ្មក្រែ កំរែង ក្បែរ​ខេត្ត​ពោធិ៍សាត់ និង​កូន​ភ្នំ​ថ្មភ្នំភ្លើង ក្រាំងលាវ ក្បែរ​ខេត្ត​កំពង់ឆ្នាំង ។

៤. ខ្ពង់រាប​ខេត្ត​កំពង់ស្ពឺ

ខ្ពង់រាប​ខេត្ត​កំពង់ស្ពឺ មាន​រយៈ​កម្ពស់​ឡើង​ជា​លំដាប់​ពី​ទំនាប​កណ្ដាល​ទៅ​ជួរ​ភ្នំ​ក្រវាញ ហើយ​មាន​ប្រជុំ​ភ្នំ​ទាំងអស់​ចំនួន​បីៈ ភ្នំជំរាយ នៅ​ខាង​ឦសាន ភ្នំពិល ភ្នំក្រោល ភ្នំព្រះ នៅ​ចំកណ្ដាល ហើយ​ប្រជុំ​ភ្នំ​រាជីគង នៅ​ចុង​បំផុត ។

៥. តំបន់​កូន​ភ្នំ​ចន្លោះ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពត

តំបន់​កូន​ភ្នំ​ចន្លោះ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពត ជា​ខ្ពង់​រាប​ខ្សាច់​មាន​ផ្ទៃ​ចេះ​តែ​រួម​ទៅ​ខាងត្បូង និង​ប្រកប​ទៅ​ដោយ​ប្រជុំ​ភ្នំ​សំខាន់ៗ​បីៈ ភ្នំ​ចង្អោរ (៧២២ ម) ភ្នំព្រះ (៧៨០ ម) និង​ភ្នំទ្វារ ។

៦. តំបន់​កូន​ភ្នំ​ចន្លោះ​ខេត្ត​កំពត និង​ខេត្ត​តាកែវ

តំបន់​កូន​ភ្នំ​ចន្លោះ​ខេត្ត​កំពត និង​ខេត្ត​តាកែវ ជា​ខ្ពង់រាប​មួយ​ដ៏​ទាប និង​ប្រកប​ទៅ​ដោយ​កូន​ភ្នំ​កម្ពស់​ពី ១០០ ទៅ ៣០០ ម ដូចជា​ កូន​ភ្នំ​កែប ភ្នំ​ថ្មកំបោរ​នៅ​ស្រុក​កំពង់ត្រាច និង​ស្រុក​ទូកមាស ហើយ​និង​ប្រជុំ​ភ្នំ​បាក់នឹម នៅ​តានី ជា​ដើម ។

ផ្លូវ​ទឹក​នៅ​ប្រទេស​ខ្មែរ

២. ផ្លូវ​ទឹក​នៅ​ប្រទេស​ខ្មែរ

ប្រទេស​ខ្មែរ​ជា​ប្រទេស​មួយ​ដែល​មាន​ទន្លេ ស្ទឹង ព្រែក និង​បឹងបួ​ដ៏​ច្រើន ហើយ​ជា​ពិសេស ផ្ទៃទឹក​ទាំង​នោះ​សុទ្ធ​តែ​ជា​ប្រភព​ផ្ដល់​ត្រី​យ៉ាង​ច្រើន​អនេក ។ នៅ​ស្រុក​ខ្មែរ គេ​តែង​និយាយ​ថា «ឲ្យ​តែ​មាន​ទឹក មាន​ត្រី» ។ តាម​ធម្មតា គេ​ចែក​ព្រែក និង​ទន្លេ​ខ្មែរ​ជា​បី​ក្រុម ៖ ក្រុម​ទន្លេធំ ក្រុម​ទន្លេសាប និង​ក្រុម​ទន្លេ​ដែល​ស្ថិត​នៅ​តាម​ឈូង​សមុទ្រ​ថៃ ។

ក. ក្រុម​ទន្លេ​ធំ ឬ​ក្រុម​ទន្លេ​មេគង្គ​ខ្មែរ

ទន្លេ​មេគង្គ​ជា​ទន្លេ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ទន្លេ​ធំៗ​ទាំងឡាយ​ក្នុង​ពិភពលោក ។ ទន្លេ​នេះ​បណ្ដោយ ៤.២០០ គម និង​មាន​ប្រភព​នៅ​ទីបេ ប៉ែក​ខាង​កើត​ប្រទេស​ចិន ហើយ​កម្ពស់ ៥០០ ម ។ អាង​ទន្លេ​មេគង្គ​មាន​ផ្ទៃ ៨០០.០០០ គម គឺ​ជា​ទន្លេ​ទី​បួន​នៅ​ទ្វីប​អាស៊ី ។ ទន្លេ​នេះ​ហូរ​កាត់​ប្រទេស​ចិន ប្រទេស​ឡាវ ប្រទេស​ថៃ ប្រទេស​ខ្មែរ និង​ប្រទេស​វៀតណាម​ខាងត្បូង ។ ដង​ទន្លេ​នេះ​អាច​ចែក​ជា​បី​ផ្នែក ៖

១. ដង​ទន្លេ​ខាងលើ

ដង​ទន្លេ​ខាង​លើ ចាប់​ពី​ប្រភព​ដើម​មក​ដល់​ទីក្រុង​វៀងចន្ទន៍ (ប្រទេស​ឡាវ) ហើយ​បត់បែន​យ៉ាង​ខ្លាំង​ដោយសារ​សណ្ឋាន​ដី​ទី​នោះ ហើយ​ទទួល​ទឹក​ពី​ដៃ​ទន្លេ​ចំហៀង​ខាង​ឆ្វេង​ដែល​សុទ្ធ​សឹង​ជា​ជ្រោះ ។

២. ដង​ទន្លេ​កណ្ដាល

ដង​ទន្លេ​កណ្ដាល ចាប់​ពី​វៀងចន្ទន៍​ដល់​ក្រចេះ ប្រកប​ទៅ​ដោយ​ទឹក​ជួរ​ជា​ច្រើន​អន្លើ ដូចជា ខេមរដ្ឋ (បណ្ដោយ ១៥០ គម) ខោន (១២ គម) និង​សម្បូរ (៥០ គម) ។ ហើយ​ដៃ​ទន្លេ​ខាង​ឆ្វេង​ក៏​សំខាន់​ណាស់​ដែរ ។

៣. ដង​ទន្លេ​ខាងក្រោម

ដង​ទន្លេ​ខាង​ក្រោម ចាប់​ពី​ក្រចេះ​ទៅ​ដល់​សមុទ្រ​ចិន ។ ចាប់​ពី​ក្រចេះ​ចម្ងាយ ៥១០ គម ពី​សមុទ្រ គេ​អាច​ធ្វើ​នាវាចរ​បាន​គ្រប់​តែ​រដូវ​ក្នុង​ទន្លេ​មេគង្គ ។ នៅ​ភ្នំពេញ ទន្លេ​មេគង្គ​ប្រសព្វ​គ្នា​នឹង​ទន្លេសាប បង្កើត​ជា​ដៃ​ទន្លេ​បួន​ស្រប​ទៅ​តាម​ពាក្យ​ខ្មែរ​ថា «ទន្លេ​បួន​មុខ» ទន្លេ​សាប ទន្លេ​បាសាក់ (ទន្លេ​ក្នុង) ទន្លេ​ធំ​ខាងលើ (មេគង្គ) និង​ទន្លេធំ​ខាង​ក្រោម (ទន្លេ​ក្រៅ) ។ ដី​សណ្ដ​ទន្លេ​មេគង្គ​ចែក​ជា​ដៃ​ច្រើន​ដែល​ទទឹង​មាន​ប្រវែង​ជួន​ដល់​ទៅ ២ គម និង​ប្រកប​ទៅ​ដោយ​កូន​កោះ​យ៉ាង​ច្រើន ឬ​គំនរ​ខ្សាច់​យ៉ាង​វែងៗ​ដែល​សណ្ដូក​ទៅ​រក​មាត់​សមុទ្រ ។

ទន្លេ​មេគង្គ​ខ្មែរ

ទន្លេធំ ឬ​ទន្លេ​មេគង្គ​ខ្មែរ មាន​បណ្ដោយ ៥០០ គម ចាប់​ពី​ខោន ទៅ​ព្រំប្រទល់​វៀតណាម ។ ធារ​ទឹក​ទន្លេ​នេះ​នៅ​រដូវ​វស្សា​មាន ៣៤.០០០ ម គឺ​ស្មើ​នឹង​ម្ភៃ​ដង​នៃ​ធារ​នៅ​រដូវ​ប្រាំង ។ រីឯ​របប​ទន្លេ​ក៏​ទៀង​ទាត់​ណាស់​ដែរ ។

នៅ​រដូវ​ប្រាំង ពី​ខែវិច្ឆិកា ទៅ​ឧសភា ទន្លេសាប​ដែល​បញ្ចេញ​ទឹក​ពី​បឹង​ទន្លេសាប ហើយ​និង​ទន្លេ​មេគង្គ តែង​តែ​នាំ​ទឹក​បញ្ចូល​គ្នា​ត្រង់​ទន្លេ​ចតុមុខ​នៅ​ភ្នំពេញ រួច​ក៏​បង្ហូរ​ទឹក​នោះ​ទៅ​តាម​ដៃ​ទាំង​ពីរ​ចុះ​ទៅ​សមុទ្រ ។

នៅ​រដូវ​វស្សា ពី​ខែ​មិថុនា ដល់​ខែ​តុលា ទឹក​ដែល​បាន​មក​ពី​ការ​រលាយ​ទឹក​កក​នៅ​ទីបេ និង​ពី​ទឹក​ភ្លៀង តែង​ហូរ​ចាក់​មក​ក្នុង​ទន្លេ​មេគង្គ​ដោយ​ល្បឿន​ខ្លាំង ហើយ​នៅ​កន្លែង​ខ្លះ​ទឹក​មាន​កម្រិត​កម្ពស់​ដល់ ៣០ ម ។ ជំនន់​ដ៏​អស្ចារ្យ​នេះ​មិន​គ្រាន់​តែ​ផ្ដល់​ទឹក​ឲ្យ​ពេញ​បណ្ដាញ​ខាងត្បូង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចាល់​ចូល​ទៅ​ក្នុង​បឹងទន្លេសាប​ទៀត​ផង ។ ជំនន់​នេះ​ដំបូង​ចាប់​ផ្ដើម​នៅ​ប្រទេស​ឡាវ​នៅ​ខែ​កក្កដា រួច​ចុះ​មក​ក្រោម​ជា​លំដាប់ ហើយ​ជំនន់​អតិបរមា​នៅ​ក្រុង​ភ្នំពេញ​នៅ​ដំណាច់​ខែ​កញ្ញា (ទឹក​ឡើង​ពី ៧ ទៅ ៩ ម) ។

បឹង និង​កំហូង​ទាំងឡាយ​ដែល​នៅ​អម​ទន្លេ​មេគង្គ ពី​ក្រចេះ​ដល់​បាណាម មាន​មុខងារ​ខាង​ធ្វើ​ឲ្យ​របប​ទន្លេ​មេគង្គ​មាន​ភាព​ទៀងទាត់ ។ ទឹក​ឡើង ឬ​ស្រក​នៃ​បឹង​កើត​មាន​ក្រោយ​ទឹក​ភ្លៀង ឬ​ទឹក​ស្រក​នៃ​ទន្លេ​ជានិច្ច គឺ​បឹង​តែងតែ​ទាក់​ទង​ជាមួយ​នឹង​ទន្លេ​ដោយសារ​ព្រែក ។ នៅ​រដូវ​ទឹក​ស្រក ព្រែក​ច្រើន​តែ​ស្ងួត រីឯ​បឹង​មាន​សល់​ទឹក​ជា​អប្បបរមា ។

ដៃ​ទន្លេមេគង្គ​សំខាន់ៗ​មាន ៖

  1. ទន្លេ​រពៅ នៅ​ស្ដាំដៃ ត្រង់​ព្រំប្រទល់​ប្រទេស​ឡាវ ។
  2. ទន្លេ​កុង និង​ដៃ​ទាំង​ពីរ ទន្លេ​សេសាន និង​ទន្លេ​ស្រែពក: ទន្លេ​កុង​ហូរ​មក​ពី​ខ្ពង់រាប​បរិវេណ (ប្រទេស​ឡាវ) ទន្លេសាន​មាន​ប្រភព​នៅ​ខ្ពង់រាប​កន្ទំ ហើយ​ទន្លេ​ស្រែពក​មាន​ប្រភព​នៅ​ខ្ពង់រាប​ដាឡាក់ (ប្រទេស​វៀតណាម) ។
  3. ព្រែក​ក្រៀង និង​ព្រែក​កាំពី ជា​ស្ទឹង​រីង​នៅ​រដូវ​ប្រាំង ។
  4. ព្រែក​ទេរ ដែល​មាន​ប្រភព​នៅ​ខ្ពង់រាប​ឆ្លូងលើ មាន​របប​មិន​ទៀងទាត់ តែ​ចរន្ត​ទឹក​លឿន​នៅ​រដូវ​ទឹក​ឡើង ។
  5. ព្រែកឆ្លូង ដែល​មាន​ប្រភព​នៅ​ខ្ពង់រាប​ឆ្លូងលើ​ដែរ ជា​ស្ទឹង​មួយ​យ៉ាង​ប្រណីត​ដោយ​ហូរ​កាត់​ព្រៃ​ស្ដុក ។
  6. ទន្លេ​តូច ហូរ​ចេញ​ពី​ជីហែ​ទៅ​ទល់​នឹង​បាណាម តាម​កំហូង​ទាប និង​តាម​វាល​ភក់ ។

មុខងារ​នៃ​ទន្លេ​មេគង្គ

ជា​បឋម ទន្លេ​មេគង្គ​ជា​ផ្លូវ​នាវាចរ​មួយ​ដ៏​សំខាន់​នៅ​គ្រប់​រដូវ ។ ប្រទេស​ខ្មែរ​រស់​យ៉ាង​រុងរឿង​ដោយសារ​ភោគ​ទ្រព្យ​ធម្មជាតិ​នៃ​រដុវ​ទឹក​ឡើង និង​រដូវ​ទឹក​ស្រក​អស់​មួយ​ភាគ​ធំ ។ ម្យ៉ាងទៀត នៅ​រាល់​រដូវ​ទឹក​ឡើង ទន្លេ​មេគង្គ​ផ្ដល់​ដល់​ដី​លិច​ទឹក​ទាំងឡាយ​នូវ​ល្បាប់​ម៉ដ្ឋ​ដ៏​មាន​ជីជាតិ ។ អ្នកស្រុក​មាត់​ទន្លេ​ច្រើន​រស់​នៅ​លើ​ខ្ពង់​ទន្លេ​តែ​ម្ដង ដែល​ជា​ទី​ដី​មាន​ទំហំ​តុច​តែ​មាន​ជីជាតិ គឺ​ជា​ដី​ចម្ការ​យ៉ាង​ប្រពៃ​ដែល​ផ្ដល់​ផលិតផល​កសិកម្ម​គ្រប់​បែប ។

រីឯ​បឹង​ទាំងឡាយ ជា​ឡូត៍​នេសាទ​យ៉ាង​សំខាន់​នៅ​រដូវ​សម្រក ពី​ព្រោះ​បឹង​ទាំង​នោះ​ជា​ទី​ប្រសើរ​ដល់​ការ​លូតលាស់ និង​កំណើន​ត្រី ។ នៅ​ពេល​ទឹក​សម្រក ត្រី​ទាំង​នោះ​តែង​តែ​នៅ​ផ្ដុំ​គ្នា​តាម​ព្រែក​ដែល​ជា​កន្លែង​នេសាទ ។

តំបន់​ទន្លេសាប​ប្រទេស​កម្ពុជា

ខ. ក្រុម​ទន្លេសាប

ក្រុម​ទន្លេសាប​មាន​បឹង​ទន្លេសាប ទន្លេ​បាសាក់ និង​ទន្លេ​មេគង្គ​ផ្នែក​ក្រោម ។ ផ្ទៃបឹង​នេះ​មាន​ទន្លេ​ទំហំ​ទាំង​អស់ ៣.០០០ គម នៅ​រដូវ​ប្រាំង និង ១០.០០០ គម នៅ​រដូវ​វស្សា ។ ទន្លេ​សាប​មុន​ទៅ​ជួប​នឹង​ទន្លេ​មេគង្គ ជា​ទន្លេ​ដែល​ទទួល​ទឹក​ពី​ទំនាប​កណ្ដាល​ទាំង​មូល និង​មាន​ប្រភព​នៅ​ភ្នំ​រន្ទា ហើយ​មាន​ផ្នែក​លើ​ទឹក ជា​ស្ទឹង​សិរីសោភ័ណ ។

បឹង​ទន្លេសាប មាន​ខេត្ត​ជា​ច្រើន​ព័ទ្ធ​ជុំវិញៈ សៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ។ នៅ​រដូវប្រាំង បណ្ដោយ​មាន​ប្រវែង​ប្រហែល ១៥០ គម ទទឹង​អតិបរមា​ប្រហែល ៣២ គម និង​ផ្ទៃ ៣.០០០ គម ។ រីឯ​នៅ​រដូវ​ទឹក​ឡើង ផ្ទៃ​អាច​ឡើង​ដល់​ទៅ ១០.០០០ គម ។ បឹង​ទន្លេសាប​ចែក​ជា​បី​ផ្នែក ៖

  1. បឹងធំ ស្ថិត​នៅ​ខាងជើង មាន​បណ្ដោយ ៧៥ គម និង​ទទឹង ៣២ គម ។
  2. បឹងតូច ស្ថិត​នៅ​ចំ​កណ្ដាល មាន​បណ្ដោយ ៣៥ គម និង​ទទឹង ២៨ គម ។
  3. វាល​ភក់ ជា​វាល​មួយ​ធំធេង ប្រកប​ទៅ​ដោយ​កូន​កោះ​ទាបៗ និង​សម្បូរ​ខ្សាច់ ។ ទី​នោះ​មាន​តែ​រុក្ខជាតិ​ក្រិនៗ ។

របប​ទឹក​ទន្លេសាប

បឹង​ទន្លេសាប​មាន​ទិដ្ឋភាព​ជា​សមុទ្រ​ក្នុង​មួយ​យ៉ាង​ជ្រៅ និង​អាច​ធ្វើ​នាវាចរ​បាន​នៅ​រដូវ​វស្សា ឬ​ផ្ទុយ​ទៅវិញ​នៅ​រដូវ​ប្រាំង បឹង​នេះ​មាន​ទិដ្ឋភាព​មិន​ខុស​អំពី​ស្រះ​ធំ​មួយ​ប្រកប​ទៅ​ដោយ​ភក់ ហើយ​រាក់​ថែម​ទៀត​ផង ។

រដូវ​ទឹក​សម្រក ចាប់​ផ្ដើម​នៅ​ខែធ្នូ ហើយ​ចប់​នៅ​ខែ​ឧសភា ។ ពេល​នោះ កម្ពស់​ទឹក​បឹង​ទន្លេសាប​មាន​ជា​អប្បបរមា​ពី ០,៨០ ម ដល់ ២ ម ជា​មធ្យម ។ ចាប់​ពី​កំពង់ឆ្នាំង ជា​ពិសេស នៅ​វាល​ភក់ ជម្រៅ​ទឹក​ចុះ​ជា​លំដាប់​រហូត​ដល់​នាវាចរ​ត្រូវ​ហាម​ឃាត់ លើក​លែង​តែ​កូន​ទូក​តូចៗ ។

នៅ​រដូវវស្សា ទិដ្ឋភាព​ទូទៅ​នៃ​បឹង​ទន្លេសាប ផ្លាស់​ប្ដូរ​ជា​ច្រើន ផ្ទៃ​ព្រមទាំង​ជម្រៅ​ទឹក​ក៏​កើន​ជា​លំដាប់ រហូត​ដល់​ជួនកាល​ទឹក​ជំនន់​ចូល​ពេញ​ទំនាប​ដែល​ព័ទ្ធ​ជុំវិញ​បឹង​នោះ ។ កម្ពស់​ទឹក​អាច​ឡើង​ដល់​ទៅ ១៤ ម គឺ​ខុស​គ្នា ១០ ម យ៉ាង​តិច​ពី​កម្ពស់​ទឹក​នៅ​រដូវ​ប្រាំង ។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​នាវា​មាន​ចំណុះ​ច្រើន​អាច​បើកបរ​ចូល​ទៅ​ដល់​បឹង​ទន្លេសាប ។

ដៃ​សំខាន់ៗ​នៃ​ក្រុម​ទន្លេសាប

ដៃ​ទន្លេសាប​ខាង​ស្ដាំ​មាន ៖

  1. ស្ទឹង​ស្រែង មាន​ប្រភព​នៅ​ជួរ​ភ្នំ​ដងរែក ហើយ​មក​ប្រសព្វ​គ្នា​ជាមួយ​នឹង​ស្ទឹង​សង្កែ ។ ដង​ស្ទឹង​ស្រែង​កណ្ដាល​ស្ថិត​ជា​ព្រំប្រទល់​រវាង​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ។
  2. ស្ទឹង​សៀមរាប និង​ស្ទឹង​រលួស ជា​កូន​ស្ទឹង​តូច​ពីរ ដែល​មាន​ប្រភព​នៅ​ភ្នំ​គូលែន ។ ស្ទឹង​សៀមរាប​ហូរ​ក្បែរ​ប្រាសាទ​អង្គរ ហើយ​ទឹក​ស្ទឹង​នេះ​ហូរ​បំពេញ​បារាយណ៍ (អង្គរ) ។
  3. ស្ទឹង​ជីក្រែង និង​ស្ទឹង​ស្ទោង ដែល​ហូរ​ចាក់​ទៅ​ក្នុង​តំបន់​វាលភក់ ឬ​ទន្លេ​ឆ្មារ ។
  4. ស្ទឹង​សែន ដែល​ហូរ​ចុះ​មក​ពី​ជួរ​ភ្នំ​ដងរែក មាន​ទឹក​ច្រើន ដោយសារ​មាន​អូរ​ជាច្រើន​ហូរ​មក​កាន់ ។ ស្ទឹង​នេះ​មាន​បណ្ដោយ ៤៥០ គម ហើយ​បត់​បែន​ជា​ភ្នែន​យ៉ាង​ច្រើន​មុន​មក​ដល់​កំពង់ធំ ហើយ​ហូរ​កាត់​ច្រក​ឆ្នុកទ្រូ ។
  5. ស្ទឹង​ជីនិត រីក​ធំ​ដោយ​សារ​ទឹក ស្ទឹង​តាំងក្រសាំង និង​ស្ទឹង​ពង្រង ហូរ​ចាក់​មក​ស្ទឹង​នេះ ហូរ​ចាក់​ទៅ​ក្នុង​វាល​ភក់ ដោយ​ឆ្លង​កាត់​កំពង់ថ្ម ។

ដៃ​ទន្លេសាប​ខាង​ឆ្វេង​មាន ៖

  1. ស្ទឹង​សិរីសោភ័ណ ដែល​ហូរ​មក​ពី​ប្រទេស​ថៃ ទទួល​ទឹក​ស្ទឹង​មង្គលបូរី (មាន​ប្រភព​នៅ​ភ្នំ​សាយខាវ កម្ពស់ ១.៤៧០ ម ប្រទេស​ថៃ) និង​ទឹក​ស្ទឹង​សង្កែ (មាន​ប្រភព​នៅ​ភ្នំ​តាលរ កម្ពស់ ៧០០ ម ប្រទេស​ខ្មែរ) មុន​នឹង​ហូរ​ចាក់​ទៅ​ក្នុង​បឹង​ទន្លេសាប ។
  2. ស្ទឹង​មោង (ដូនទ្រី) ហូរ​ពី​ភ្នំ​ទឹកព្រិល (១.៤២៥ ម) កាត់​ស្រុក​មោងឫស្សី ។
  3. ស្ទឹង​ស្វាយដូនកែវ ហូរ​កាត់​ភូមិ​ស្វាយដូនកែវ ។
  4. ស្ទឹង​ពោធិ៍សាត់ មាន​ប្រភព​នៅ​ភ្នំខ្មោច (១.៤២៥ ម) ជា​ស្ទឹង​ប្រកប​ដោយ​របប​ប្រៀប​បាន​នឹង​របប​ទឹក​ជ្រោះ​ដែល​បណ្ដាល​ឲ្យ​មាន​ជំនន់ ។
  5. ស្ទឹង​បរិបូរណ៍ ហូរ​កាត់​ច្រក​បរិបូរណ៍​នៅ​កំពង់ឆ្នាំង ។
  6. ស្ទឹង​ជ្រៀវ ហូរ​កាត់​ឧដុង្គ ។
  7. ស្ទឹង​ព្រែកត្នោត កើត​មក​ពី​អូរ​ជាច្រើន ដែល​ហូរ​មក​ពី​ភ្នំ​ឱរ៉ាល់ និង​ពី​ប្រជុំ​ភ្នំ​អូរម្លូ ។ ស្ទឹង​នេះ​ហូរ​កាត់​ខេត្ត​កំពង់ស្ពឺ និង​តាខ្មៅ ។
  8. ស្ទឹង​តាកែវ ហូរ​ប្រសព្វ​នឹង​ទន្លេបាសាក់​ត្រង់​មាត់ជ្រូក ។

មុខងារ​ទន្លេសាប

ទន្លេសាប និង​ដៃ​ទាំងអស់ រួម​គ្នា​បង្កើត​ជា​ផ្លូវ​នាវាចរ​មួយ​ដ៏​មាន​ប្រយោជន៍ ។ នៅ​រដូវវស្សា បឹង​ទន្លេសាប​ប្រកប​ទៅ​ដោយ​ទូក​ប៉ុកចាយ​បើក​ក្ដោង ។ រីឯ​ស្ទឹង​មាន​តែ​កប៉ាល់​តូចៗ និង​ទូក​ប៉ុកចាយ ដែល​មាន​ចំណុះ​មិន​លើស​ពី ១០០ តោន ។ នៅ​រដូវ​ប្រាំង ក្នុង​បឹង​ទន្លេសាប គេ​អាច​ធ្វើ​នាវាចរ​បាន​ចំពោះ​តែ​កូន​ទូក​ប៉ុណ្ណោះ ។ ប៉ុន្តែ​បឹង​ទន្លេសាប​ជា​មជ្ឈមណ្ឌល​នេសាទ​មួយ​យ៉ាង​ធំ គឺ​ជា​មជ្ឈមណ្ឌល​ត្រី​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក ពីព្រោះ​ទី​នោះ​មាន​ព្រៃ​លិច​ទឹក​ជា​ជម្រក​ដ៏​សម្បូរ​អាហារ​នៃ​សត្វ​ត្រី​ទាំងឡាយ ។

គ. ក្រុម​ទន្លេ​ស្ថិត​នៅ​តាម​ឈូងសមុទ្រ​ថៃ

មួយ​ភាគ​ប្រាំមួយ (១/៦) នៃ​បរិវេណ​ព្រំប្រទល់​ខ្មែរ ជា​ឆ្នេរ​សមុទ្រ ។ ឆ្នេរ​នេះ​មាន​ប្រវែង ៤៥៥ គម នៅ​តាម​បណ្ដោយ​ឈូងសមុទ្រ​ថៃ ។ ហើយ​ទន្លេ​ដែល​ស្ថិត​នៅ​តាម​ឈូងសមុទ្រ​នេះ​ច្រើន​ជា​ព្រែក​តុចៗ ដែល​មាន​ទឹក​ឡើង និង​ស្រក​យ៉ាង​ឆាប់​រហ័ស អាស្រ័យ​មាន​ភ្លៀង ឬ​គ្មាន​ភ្លៀង ។ ផ្លូវ​ទឹក​សំខាន់ៗ​នៃ​តំបន់​នេះ ច្រើន​តែ​ហូរ​ធ្លាក់​ពី​រយៈ​កម្ពស់ ៥០០ ទៅ ៦០០ ម ពី​ធ្លាក់​ពី​ល្បាក់​មួយ​ទៅ​កាន់​ទំនាប​ជិតៗ ដោយ​បត់​ជា​ភ្នែន​ដ៏​ច្រើន​មុន​នឹង​ទៅ​ដល់​មាត់​សមុទ្រ ចម្ងាយ ១៥ ទៅ ២០ គម ។ នៅ​ត្រង់​ដី​សណ្ដ ផ្លូវ​ទឹក​ទាំងនោះ​តែង​ចែក​ជា​ដៃ​ដ៏​ច្រើន កប់​ក្រោម​ភក់​ជ្រាយ ដែល​មាន​ដើម​កោងកាង​ដុះ​ពាសពេញ ។

ម្យ៉ាងទៀត ជ្រោះ​ជា​ច្រើន​ដែល​ស្ងួត​នៅ​រដូវប្រាំង​តែងតែ​មាន​ទឹក​ច្រើន ហើយ​ហូរ​យ៉ាង​ខ្លាំង​នៅ​រដូវ​វស្សា ដោយ​នាំ​មក​នូវ​ដុំ​ថ្ម​ធំៗ និង​មែក​ឈើ​ផង ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ជំនន់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ។ ក្រៅ​អំពី​ទឹក​ភ្លៀង ព្រែក​តូចៗ​ក្នុង​តំបន់​នេះ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ជំនោរ​សមុទ្រ​ថែម​ទៀត ។ នៅ​រដូវ​ប្រាំង ទឹក​សមុទ្រ​តែង​តែ​ចូល​មក​ក្នុង​ព្រែក​យ៉ាង​ងាយ ។ ហេតុ​ដូច្នេះ ស្ទឹង​តាម​ឆ្នេរ​ទាំងអស់ ពុំ​មាន​សារសំខាន់​ប៉ុន្មាន​ទេ​ចំពោះ​ផ្នែក​សេដ្ឋកិច្ច ។ ស្ទឹង​សំខាន់ៗ​នៃ​តំបន់​ឆ្នេរ​សមុទ្រ​ពី​ជើង​ទៅ​ត្បូង​មាន ៖

  1. ស្ទឹងមេទឹក មាន​ប្រភព​នៅ​ភ្នំធំ (១.២៥៨ ម) ហើយ​ហូរ​ស្រប​នឹង​ព្រំប្រទល់ រួច​ចាក់​ទៅ​ក្នុង​សមុទ្រ​ត្រង់​ថ្នល់ក្របី ។ ស្ទឹង​នេះ​ទទួល​ទឹក​ពី​ស្ទឹង​ឫស្សីជ្រំ ពិ​ខាង​ឆ្វេង​ដៃ ។
  2. ព្រែក​តាតី យក​ឈ្មោះ​តាម​ភូមិ​តាតី ដែល​ស្ថិត​ជិត​ប្រភព​ដើម ព្រម​ទាំង​ទទួល​ទឹក​ពី​ខាង​ស្ដាំ​ដៃ​ចំនួន​ពិរ​គឺ​ស្ទឹងកែប និង​ស្ទឹង​សាលបន្ធន ។
  3. ស្ទឹង​ជាយអារែង មាន​រាង​បត់បែន ទទួល​ទឹក​ពី​ព្រែកយួន ព្រែកស្មៅ ព្រែក​តាចន្ទ ។ ម្យ៉ាងទៀត មុន​ទៅ​ដល់​សមុទ្រ ស្ទឹង​នេះ​កែង​ចូល​ទៅ​រក​ស្ទឹង​តាតី ដើរ​ធ្លាក់​ចូល​ទៅ​រក​ដៃ​សមុទ្រ​ជាមួយ​គ្នា ។
  4. ព្រែក​ជីផាត ដែល​ហូរ​ចាក់​ទៅ​ក្នុង​ឆក​កំពង់សោម ជា​ផ្លូវ​ធម្មជាតិ​មួយ​សម្រាប់​ឡើង​ទៅ​តំបន់​ខ្ពស់ ។ ដង​ខាងលើ​នៃ​ព្រែក​នេះ​ជា​ទីប្រជុំ​នៃ​ជ្រោះ​ជាច្រើន ។
  5. ព្រែក​កំពង់សោម ដែល​ហូរ​ចាក់​ទៅ​ក្នុង​ឆក​កំពង់សោម​ដែរ​នោះ ស្ថិត​នៅ​ក្បែរ​ស្រែអំបិល ដោយ​ទទួល​ទឹក​ខាងស្ដាំ​ដៃ​ពី​ស្ទឹង​កំបុត និង​ស្ទឹង​សំរោង ។
  6. ស្ទឹង​កំពត ដែល​មាន​ប្រភព​នៅ​ភ្នំ​ដំរី ជិត​ច្រក​ពេជ្រនិល ទទួល​ទឹក​ខាងស្ដាំ​ដៃ និង​នៅ​ពី​លើ​ខេត្ត​កំពត ពី​ស្ទឹង​មួយ​ដ៏​សំខាន់​គឺ​ស្ទឹង​កំចាយ ដែល​ហូរ​ធ្លាក់​មក​លើ​ភ្នំ​ពពកវិល (បូកគោ) ។
  7. ស្ទឹង​ទូកមាស ហូរ​ចូល​ទៅ​ប្រទេស​វៀតណាម​ត្រង់​ទាន់ហន់ រួច​ចាក់​ទៅ​ក្នុង​ឆក​សមុទ្រ​ហាទៀង ។ ហើយ​ស្ទឹង​នេះ​ហូរ​ភ្ជាប់​ទៅ​នឹង​ទន្លេ​បាសាក់ ដោយសារ​ព្រែក​វិញតេ ត្រង់​ព្រំប្រទល់​ប្រទេស​ខ្មែរ និង​ប្រទេស​វៀតណាម​តែ​ម្ដង ។

ក្រៅ​ពី​ទន្លេ​សំខាន់ៗ​ខាងលើ​នេះ មាន​កូន​ជ្រោះ​ជាច្រើន ដែល​តែង​តែ​នាំ​នូវ​កម្ទេច​វត្ថុ​គ្រប់​យ៉ាង​មក​ចាក់​បំពេញ​ត្រើយ​សមុទ្រ​នៅ​រាល់​រដូវ​ភ្លៀង ។

ឆ្នេរ​សមុទ្រ និង​សមុទ្រ​ប្រទេស​ខ្មែរ

៣. ឆ្នេរ​សមុទ្រ និង​សមុទ្រ​នៃ​ប្រទេស​ខ្មែរ

មួយ​ភាគ​ប្រាំមួយ​នៃ​ប្រទេស​ខ្មែរ​ជា​ឆ្នេរ​សមុទ្រ​ប្រវែង ៤៥៥ គម ដែល​ជា​ឆ្នេរ​នៃ​សមុទ្រ​តែ​មួយ​គឺ​ឈូងសមុទ្រ​ថៃ ។

ក. ឆ្នេរ​សមុទ្រ​ខ្មែរ

មាន​ស្ទើរ​កោះ​ពីរ​យ៉ាង ដាច់​ពី​គ្នា​ដោយ​ឆក​កំពង់សោម​គឺ ស្ទើរ​កោះ​ស្មាច់ និង​ស្ទើរកោះ​វាលរេញ ។ ឆ្នេរ​សមុទ្រ​ខ្មែរ​មិន​សូវ​ជ្រៅ​ប៉ុន្មាន​ទេ ដោយ​មាន​ជម្រៅ​ទឹក​មធ្យម​មិន​ហួស​ពី ៥៦ ម ជា​ហេតុ​នាំ​ឲ្យ​មាន​លទ្ធភាព​ជា​ច្រើន​ក្នុង​ការ​ពង្រីក​សកម្មភាព​នៅ​តាម​សមុទ្រ ។ គឺ​នៅ​តាម​ឆ្នេរ​សមុទ្រ​នេះ​ហើយ​ដែល​រដ្ឋាភិបាល​ស្ថាបនា​កំពង់ផែ​យ៉ាង​ល្អ​ពីរ​គឺៈ កំពង់ផែ​រាម និង​កំពង់ផែ​កំពង់សោម ។ ទីក្រុង​កែប ដែល​ស្ថិត​នៅ​តាម​ឆ្នេរ​សមុទ្រ​នេះ​ដែរ ជា​បុរី​ទេសចរណ៍​ទំនើប​មួយ ប្រកប​ដោយ​សោភណភាព​យ៉ាង​ប្រសើរ ។ គេ​អាច​ចែក​ឆ្នេរ​សមុទ្រ​ខ្មែរ​ជា​ប្រាំ​ផ្នែក ពី​ពាយ័ព្យ​ទៅ​អាគ្នេយ៍ ៖

១. ពី​ចាំយាម​ទៅ​ព្រែកគគីរ

ពី​ព្រំប្រទល់​ថៃ​ត្រង់​ចាំយាម​ទៅ​ទល់​ព្រែកគគីរ ឆ្នេរ​សមុទ្រ​តំបន់​នោះ​ទាប ប្រកប​ទៅ​ដោយ​ភក់ និង​ព្រៃ​កោងកាង ។ នៅ​ទីនោះ​មាន​ភូមិ​ច្រើន​ដែល​ជា​ភូមិ​អ្នក​នេសាទ ដូចជា ថ្នល់ក្របី បឹងក្រសោប កោះចៅលាវ កោះកាពិ ។ល។ រីឯ​ទីតាំង​មណ្ឌល​ស្រុក​កោះកុង គឺ​កោះមូល ដែល​ជា​កោះ​មួយ​ដុះ​ភ្ជាប់​មក​ដី​គោក​ដោយសារ​ទំនប់​ផែ ។

២. ពី​ព្រែកគគីរ​ទៅ​ជ្រោយសូរិយាវង្ស

ពី​ព្រែកគគីរ​ទៅ​ទល់​ជ្រោយ​សូរិយាវង្ស ឆ្នេរ​សមុទ្រ​ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំ និង​នៅ​ចំ​ផ្លូវ​ខ្យល់​មូសុង គឺ​ជា​ឆ្នេរ​ប្រកប​ទៅ​ដោយ​ថ្ម និង​មាន​រាង​រឆិញរឆុញ ។ ប៉ុន្តែ ផ្ទាំង​ថ្ម​ធំៗ​ពុំ​សូវ​សម្បូរ​ទេ មាន​តែ​ជ្រោយ​ខ្លះ​ដែល​ជា​ជម្រក​នៃ​ឆក​សមុទ្រ ដែល​វិចិត្រ​ទៅ​ដោយ​ដើម​ស្ងាវ ដុះ​ង​តាម​ឆ្នេរ ដូចជា ជ្រោយ​យាយសែន ជ្រោយស្មាច់ និង​ជ្រោយ​សូរិយាវង្ស ។ មាន​កោះ​ និង​កូន​កោះ​ជាច្រើន​នៅ​រាយ​បន្ត​ពី​មុខ​ជ្រោយ​ទាំង​នោះ ចុះ​ទៅ​ឈូងសមុទ្រ​ថៃ ។ តំបន់​ឆ្នេរ​នេះ​ពុំ​សូវ​មាន​មនុស្ស​រស់​នៅ​ទេ ។

៣. ឆក​កំពង់សោម

ឆក​កំពង់សោម ព័ទ្ធ​ពីក្រៅ​ដោយ​កោះ​ភ្នំ​មួយ​ជួរ ។ ទីនេះ​សម្បូរ​ព្រៃ តែ​គ្មាន​មនុស្ស​រស់​នៅ​ទេ ។​នៅ​ខាងកើត និង​ខាងលិច​ឆក​នេះ មាន​ជ្រោយ​សូរិយាវង្ស និង​ជ្រោយ​ថ្មស​ដែល​មាន​ភូមិ​អ្នក​នេសាទ​ចម្លងគោ និង​ជ្រោយ​វាលរេញ ដែល​មាន​កំពង់ផែ​កំពង់សោម ។

ទិដ្ឋភាព​ទូទៅ​នៃ​ឆក​កំពង់សោម​ប្រសើរ​ណាស់ ព្រោះ​ឆក​នេះ​បែរ​មុខ​ចំ​ខ្យល់​មូសុង​វស្សា​ពី​ទិស​និរតី ។ ទទឹង​ឆក​នេះ​មាន​ប្រវែង ៣០ គម ។ ខាង​លិច​ឆ្នេរ​ទាប​ហើយ​ត្រង់ ខាង​កើត​ឆ្នេរ​ទាប​ត្រង់​តំបន់​ខាងជើង ហើយ​មាន​ថ្ម​ប៉ប្រះ​ទឹក​ត្រង់​តំបន់​ខាងត្បូង ។ ម្យ៉ាងទៀត ឆក​នេះ​ចាប់​គោក​បន្តិច​ម្ដងៗ ដោយសារ​ល្បប់​ដី​ច្រើន​ដែល​ទឹក​ព្រែក​ទាំងឡាយ​នាំ​ចូល​មក ។

៤. ពី​កំពង់សោម​ដល់​ឆក​ទឹកសាប

ពី​ក្រុង​ព្រះសីហនុ​ទៅ​ដល់​ឆក​ទឹកសាប មាន​ឆ្នេរ​ខ្សាច់​ជាច្រើន ប្រកប​ទៅ​ដោយ​ដើម​ស្ងាវ​ដុះ​ឆ្លាស់​គ្នា​នឹង​ដុំ​ថ្ម ។ នៅ​ចំ​កណ្ដាល​វាល​ឆ្នេរ​នេះ មាន​ឆក​រាប ជា​ជម្រក​យ៉ាង​ល្អ​សម្រាប់​កំពង់ផែ​រាម ដែល​គេច​ផុត​ពី​ខ្យល់​មូសុង ។

៥. ពី​ឆក​ទឹកសាប​ទៅ​ហាទៀត

ពី​ឆក​ទឹកសាប​ទៅ​ហាទៀង (ប្រទេស​វៀតណាម) មាត់​សមុទ្រ​មាន​រាង​ផត​ចូល​ក្នុង​ដោយសារ​ឆកទឹកសាប និង​ឆក​វាលរេញ ដែល​មាន​ឆ្នេរ​ទាប ហើយ​ពោរពេញ​ទៅ​ដោយ​ភក់ ។ បន្ទាប់​ពី​ឆក​ទាំង​ពីរ​នេះ ក្បែរ​ជើង​ឆ្នេរ​ចោត​នៃ​ភ្នំ​បូកគោ មាន​ឆ្នេរ​រាង​ដង​ធ្នូ​ប្រកប​ដោយ​ដើម​កោងកាង ។ ខាងកើត​ពាម​សមុទ្រ​នៃ​ស្ទឹង​កំពត ឆ្នេរ​នៅ​តែ​ទាប លើក​លែង​តែ​ជ្រោយ​កែប ដែល​មាន​ស្ថានីយ​ងូត​ទឹក​នោះ​ចេញ ។

ខ. ឈូងសមុទ្រ​ថៃ

ឈូងសមុទ្រ​ថៃ ជា​សមុទ្រ​មួយ​ពុំ​សូវ​ជ្រៅ ហើយ​មាន​បាត​រាបស្មើ ។ ឈូង​សមុទ្រ​នេះ​ផ្ដាច់​ប្រទេស​ខ្មែរ​ពី​ឧបទ្វីប​ម៉ាឡាកា កោះ​សូម៉ាត្រា និង​កោះជ្វា ។ គឺ​ជា​ជាយ​ទ្វីប​ដែល​មាន​ជម្រៅ​មធ្យម ១០ ម ហើយ​ជម្រៅ​អតិបរមា​មិន​ដល់ ៧៥ ម ឡើយ ។

ទឹក​នៃ​ឈូង​សមុទ្រ​នេះ មាន​សភាព​ស្ងប់​នៅ​រដូវ​ប្រាំង ឬ​សិសិរ​រដូវ (ពី​ខែធ្នូ​ទៅ​ខែ​មេសា) និង​មាន​ភាព​រញ្ជួយ​ដោយ​រលក​ធំៗ​នៅ​រដូវវស្សា (ពី​ខែឧសភា​ទៅ​ខែ​វិច្ឆិកា) ។ ភាព​ស្ងប់ ឬ​ភាព​រញ្ជួយ​នៃ​ទឹក​ប្រែប្រួល​ទៅ​តាម​របប​ខ្យល់​មូសុង​ដែល​បក់​មក​ពី​ទិស​ឦសាន ឬ​មក​ពី​ទិស​និរតី ។

ព្យុះ​ស៊ីក្លូន ឬ​ព្យុះ​ទីហ្វុង​បែប​សមុទ្រ​ចិន ពុំ​ដែល​មាន​នៅ​លើ​ឈូង​សមុទ្រ​នេះ​ឡើយ​គឺ​មាន​តែ​ព្យុះ​ភ្លៀង​ខ្លះ​នៅ​ពេល​ប្ដូរ​របប​មូសុង​ប៉ុណ្ណោះ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​តិច និង​មាន​ថ្ម​ប៉ប្រះ​ទឹក​ក៏​តិច​ដែរ ។

ឈូង​សមុទ្រ​ថៃ​នេះ ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ជំនោរ​ទឹក​ដូចជា​សមុទ្រ​ដទៃ​ទៀត​ដែរគឺ​​ក្នុង​មួយ​ថ្ងៃ (២៤ ម៉ោង) មាន​ជំនោរ​ចំនួន​ពីរ​ឆ្លាស់​គ្នា​នឹង​លំនាច​ចំនួន​ពីរ​ដែរ ។ ចលនា​នៃ​ជំនោរ​នេះ កើត​ឡើង​ដោយ​ការ​ប្រែប្រួល​នៃ​ផ្ទៃ​ទឹក​សមុទ្រ​ទាំងឡាយ​ក្រោម​ឥទ្ធិពល​នៃ​ទំនាញ​ព្រះអាទិត្យ និង​ព្រះចន្ទ ។ ក្រៅ​ពី​ជំនោរ​ទឹក មាន​ចរន្ត​សមុទ្រ​ដែល​កើត​ឡើង​ដោយ​ការ​បក់​បោក​នៃ​ខ្យល់​នៅ​តំបន់​នោះ ។ ទិស និង​កម្លាំង​ខ្យល់​បញ្ជាក់​ទិស និង​ល្បឿន​នៃ​ចរន្ត​ទឹក​សមុទ្រ​តែ​ម្ដង ដូចជា នៅ​តាម​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ខ្មែរ ចរន្ត​ក្បែរ​ឆ្នេរ​ជួនកាល​ខ្លាំងក្លា​ណាស់​គឺ​អាច​មាន​ប្រវែង​ជិត ១៣០ គម ក្នុង​រយៈពេល ២៤ ម៉ោង នៅ​ពេល​ខ្លះ ។

នៅ​រដូវ​ខ្យល់​មូសុង​ឦសាន​ក្នុង​សមុទ្រ​ចិន​ ចរន្ត​សមុទ្រ​បែរ​ទៅ​ពាយ័ព្យ​ដោយ​មាន​មួយ​ផ្នែក​បែរ​ទៅ​រក​ឆ្នេរ​ម៉ាឡាកា រួច​បង្វិល​មួយ​ជុំ​ស្រប​ទៅ​នឹង​ទ្រនិច​នាឡិកា ។ ចំពោះ​ឆ្នេរ​ខ្មែរ ចរន្ត​កើត​ឡើង​ពី​ទិស​ពាយ័ព្យ​ទៅ​អាគ្នេយ៍ ជា​ហេតុ​បណ្ដាល​ឲ្យ​ឆ្នេរ​នេះ​គេច​ផុត​ពី​គ្រោះថ្នាក់ គឺ​ខ្យល់​មូសុង​ឦសាន​នេះ​ហើយ បង្កើត​រដូវ​នេសាទ​តាម​ឆ្នេរ​សមុទ្រ​ខ្មែរ​យើង ។

នៅ​រដូវ​ខ្យល់​មូសុង​និរតី គេ​សង្កេត​ឃើញ​មាន​បាតុភូត​មួយ​ផ្ទុយ​ទៅ​វិញ គឺ​ចរន្ត​សមុទ្រ​ចូល​មក​ប៉ះ​នឹង​ឆ្នេរ​ខ្មែរ រួច​ឡើង​ទៅ​ទិស​ខាងជើង ។ បន្ថែម​ពី​លើ​នេះ មាន​រលក​ធំៗ​នៅ​កណ្ដាល​សមុទ្រ ចូល​មក​បែក​ត្រង់​ឆ្នេរ​នេះ​តែ​ម្ដង ។ គឺ​ខ្យល់​មូសុង​និរតី​នេះ​ហើយ ដែល​បង្កើត​រដូវ​យ៉ាង​អាក្រក់​នៅ​សមុទ្រ បណ្ដាល​ឲ្យ​នាវាចរ​ប្រព្រឹត្ត​ទៅ​ដោយ​ពិបាក និង​ដោយ​គ្រោះថ្នាក់ ។ ជា​សង្ខេប ឈូងសមុទ្រ​ថៃ​មាន​ការ​អនុគ្រោះ​ច្រើន​ដល់​នាវាចរ ដូចជា នាវាចរ​នៃ​កាណូត កប៉ាល់​តូចៗ ឬ​ទូក​ប៉ុកចាយ​បើក​ក្ដោង​ជា​ច្រើន ដែល​ចេញ​នេសាទ ដើម្បី​ចិញ្ចឹម​អ្នក​មាត់​សមុទ្រ ព្រម​ទាំង​ដើម្បី​ទទួល​យក​ផល​ពី​សមុទ្រ​គ្រប់​បែប​យ៉ាង ។ កំពង់ផែ​ព្រះសីហនុ ជា​កំពង់ផែ​មួយ​ដែល​មាន​នាវា​សមុទ្រ​ធំៗ​ចូល​ចត​បាន ។ នេះ​ជា​មូលហេតុ​នៃ​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​តំបន់​មាត់​សមុទ្រ​នៃ​ប្រទេស​ខ្មែរ ។

គ. កោះ​ទាំងឡាយ​នៃ​ឈូង​សមុទ្រ​ថៃ

ក្រុម​កោះ​នៅ​ខាងជើង​ពៀប​សមុទ្រ​ព្រែកតាគី ជា​កោះ​កើត​ឡើង​ដោយ​សម្រុត​សមុទ្រ​នៃ​តំបន់​នោះ ដូចជា កោះពរ កោះកាពិ កោះចៅលាវ កោះស្កេត ។

កោះកុង ជា​កោះ​ធំជាង​គេ​នៅ​ប្រទេស​ខ្មែរ (ប្រហែល ៨០ គម) គឺ​ជា​កូន​ភ្នំ​មួយ​កម្ពស់ ៤១០ ម ដែល​ដាច់​ចេញ​ពី​ទ្វីប​ដោយសារ​បំណាក់​ភ្នំ​ភ្លើង ។ ខាងលិច​ឆ្នេរ​កោះ​នេះ​ដែល​តែង​ទទួល​ខ្យល់​មូសុង​និរតី សុទ្ធសឹង​ប្រកប​ទៅ​ដោយ​ថ្ម ហើយ​រឆិញរឆុញ​ខ្លាំង​ស្ទើរ​ចូល​ពុំ​ចុះ ។ ផ្ទុយ​ទៅ​វិញ ឆ្នេរ​ខាងកើត គេច​ផុត​ពី​ខ្យល់​មូសុង ហើយ​មាន​ចម្ការ​ដំណាំ​ជា​ច្រើន​កន្លែង ។

កូនកោះ ប្រកប​ទៅ​ដោយ​ថ្ម​មួយ​ជួរ នៅ​តាម​បណ្ដោយ​ជុំវិញ​ជ្រោយស្មាច់ គឺ​កូន​កោះ​ដំបង កោះព្រះ កោះបួន 

កោះរង់ និង​កោះរង់សន្លឹម ស្ថិត​នៅ​ពី​មុខ​ឆក​កំពង់សោម កោះ​ទាំង​ពីរ​នេះ​ភ្ជាប់​មក​ដី​គោក​ដោយសារ​កូន​កោះ​មួយ​ជួរ ។

កោះ​នៅ​ឯនាយ​ស្ទើរកោះ​វាលរេញ​មាន​បី​ក្រុមៈ ក្រុម​ទី​មួយ នៅ​ពីមុខ​កំពង់ផែ​ព្រះសីហនុ មាន​កោះពស់ ក្រុមទី​ពីរ នៅ​ពី​មុខ​រាម មាន​កោះតាកៀវ ព័ទ្ធ​ជុំវិញ​ដោយ​កោះឫស្សី កោះត្រែស កោះចន្លុះ និង​កោះស្រមោច និង​ក្រុម​ទី​បី បន្ត​ទៅ​កោះត្រង់ មាន​កោះថ្មី និង​កោះសេះ ។

កោះត្រល់ ដែល​ពី​ដើម​ជា​កោះ​ប្រទេស​ខ្មែរ ឥឡូវ​បាន​ទៅ​ប្រទេស​វៀតណាម ជា​កោះ​មួយ​ដ៏​ធំ ដែល​ការពារ​ឆ្នេរ​ពី​ខ្យល់​មូសុង​និរតី ហើយ​បាំង​ជា​ជម្រក​នៃ​ភូមិ​នេសាទ​ជា​ច្រើន ។

ជា​ចុង​ក្រោយ​បង្អស់ នៅ​ខាងត្បូង​ស្ថានីយ​កែប មាន​កោះស្វាយ កោះទន្សាយ កោះត្បាល់ កោះអង្គុញ និង​កោះសេះ ។

កោះ​ទាំងអស់​នៃ​ឈូង​សមុទ្រ​ថៃ មាន​បណ្ដា​ជន​រស់​នៅ​តិច​តួច​ទេ ព្រមទាំង​ប្រកប​ទៅ​ដោយ​ព្រៃស្ដុក ដែល​គេ​ពុំ​ទាន់​ទាញ​យក​ផល​បាន​នៅ​ឡើយ ។ តែ​ផ្ទុយ​ទៅ​វិញ កោះ​ទាំង​នេះ​ជា​មជ្ឈមណ្ឌល​នេសាទ​នៅ​រដូវ​មូសុង​ឦសាន ៕

ដកស្រង់​ពី​សៀវភៅ ស្រុក​ខ្មែរ: ការវិវត្ត​ចលនា​នយោបាយ
និពន្ធ​ដោយ សាគូ សាមុត
 
Advertisements

5 Responses to ភូមិសាស្ត្រនៃប្រទេសកម្ពុជា

  1. Sereyrith says:

    Do you have link download this file in PDF? If you have please fill it at the end of this page. Thank

  2. ជំរាបសួរម្ចាស់ទំព័រ តើលោកអាចចងក្រង ភូមិសាស្ត្រកម្ពុជាក្រោម ឱ្យខ្ញុំបានអានជាភាសាខ្មែរដែរឬទេ? អរគុណចំពោះការឆ្លើយតប។

  3. Rithy says:

    តើមានសំណួរចម្លើយឬទេ?

    • Sok Chira says:

      លោកគ្រូខ្ញុំចង់បានទិន្នន័យគ្រោះរាំងស្ងួតនិងទឹកជំនន់នៅខេត្តកំពត

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s