ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា-ជំពូក​ទី​៣

ប្រវត្ដិសាស្ដ្រ​ប្រទេស​កម្ពុជាដោយ​ អាដេម៉ារ ឡឺក្លែរ

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា

និពន្ធ​ដោយ​លោក អាដេម៉ារ ឡឺក្លែរ

ក្បាល​ទី​២

ប្រទេស​កម្ពុជា​តាម​រាជពង្សាវតារ

និង​ឯកសារ​ប្រវត្ដិសាស្ដ្រ​ផ្សេង​ទៀត

ជំពូក​ទី​៣

ពី​ការ​បែកបាក់​បន្ទាយលង្វែក

​នៅ​ក្នុង​ឆ្នាំ​១៥៨៥ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​

១. ព្រះបាទ​រាមាជើងព្រៃ (១៥៩៤-១៥៩៥)

យើង​បាន​ឃើញ​រួច​ហើយ​ពី​ខាងលើ​ថា​ព្រះរាជា​កម្ពុជា​ព្រះ​បរមឥន្ទរាជា​ (ព្រះ​សត្ថា) បាន​ភៀស​ព្រះ​អង្គ​ចេញ​ពី​បន្ទាយលង្វែក តាំង​តែ​ពី​មុន​ពេល​ដែល​សៀម​វាយលុក​ចូល​មក ដោយ​ទុក​ឱ្យ​ព្រះ​ឧភយោរាជ (1) ស្រីសុរិយោពណ៌ ដែល​ទើប​វាយ​សៀម​ឈ្នះ​នៅ​អម្រិតបូរ (បរិបូណ៌) នៅ​ការពារ​រាជធានី ។ ទ្រង់​បាន​យាង​ជាមួយ​នឹង​ព្រះរាជ​វង្ស​ទាំងអស់​កាត់​ទៅ​រក​ព្រះ​រាជបុត្រ​ច្បង ព្រះ​ជ័យជេដ្ឋា ដែល​រង​ការ​គាប​សង្កត់​ពី​ទ័ព​សៀម​មក​ពី​ទិស​ខាងត្បូង​ ហើយ​បាន​វាយ​ដកថយ​ទៅ​កាន់​ស្រីសឈរ (2) ជាមួយ​នឹង​ព្រះ​អនុជ​ចៅពញា​តន់​ និង​ពួក​អឺរ៉ុប​២​នាក់​ផង ។

គង់​នៅ​ស្រីសឈរ​បាន​បន្ដិច ព្រះរាជ​វង្សានុវង្ស​យល់​ឃើញ​ថា សុវត្ថិភាព​នៅ​ទី​នេះ​មិន​ល្អ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្ទឹងត្រែង (3) ។ ទីកន្លែង​ត្រង់​នេះ ប្រហែល​មិន​មែន​ជា​ទឹកដី​របស់​លាវ​ទេ​មើល​ទៅ​នា​សម័យ​នោះ ប៉ុន្ដែ ក៏​ប្រហែល​ជា​គ្មាន​ទំនាក់​ទំនង​អ្វី​ធំដុំ​ជាមួយ​កម្ពុជា​ដែរ ព្រោះ​នៅ​ឆ្ងាយ គឺ​នៅ​ពី​ខាងជើង​ជួរ​សម្បុក​សម្បូរ និង​ព្រះ​តាពាង (ប៉ាតាង) ទៅ​ទៀត ម្យ៉ាង​ទៀត អ្នកស្រុក​ភាគ​ច្រើន​ជា​ជនជាតិ​លាវ​ផង (4) ។

រាជពង្សាវតារ​បាន​លើក​មូលហេតុ​ផ្សេង​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​ស្ទឹងត្រែង​នេះ ដោយ​លើក​ឡើង​ថា មាន​ព្រះ​វង្ស​មួយ​អង្គ​ព្រះ​នាម​ថា​ ព្រះ​រាមាជើងព្រៃ (5) មាន​បំណង​ដណ្ដើម​យក​មហាក្សត្រីយ៍​ព្រះ​ភគវតី​ស្រី​ចក្រពត្ដិ ជា​ព្រះ​ជាយា​ទី​១​របស់​ព្រះ​សត្ថា ធ្វើ​ឱ្យ​ស្ដេច​អង្គ​នេះ​ភ័យ​បារម្ភ​ចំពោះ​ព្រះ​ក្សត្រីយ៍ ក៏​នាំ​គ្នា​រត់​ភៀស​ព្រះ​កាយ​ទៅ​ស្ទឹងត្រែង​ទៅ ដើម្បី​បាន​គេច​ផុត​ពី​គោល​បំណង​អាក្រក់​របស់​ព្រះ​រាមា​ជើងព្រៃ​ផង និង​បាន​គេច​ផុត​ពី​ទ័ព​សៀម ដែល​ធ្វើ​ដំណើរ​មក​ដល់​ទន្លេ​មេគង្គ​រួច​ទៅ​ហើយ​ផង ។

ពេល​នោះ ព្រះ​ទេវី​ក្សត្រីយ៍ ជា​ព្រះ​មាតុច្ឆា​របស់​ព្រះរាជា មិន​បាន​យាង​ទៅ​តាម​ព្រះរាជា​ទេ តែ​បាន​ភៀស​ព្រះ​កាយ​ចេញ​ពី​ស្រីសន្ធរ​ទៅ​គង់​នៅ​ឯ​ភ្នំ​ពាមជាំង ជាមួយ​រាជបុត្រា​របស់​ព្រះ​សត្ថា គឺ​ចៅពញា​តន់ និង ចៅពញា​យោម (6) ហើយ​និង​នាម៉ឺន​ដែល​ស្មោះត្រង់​មួយ​ចំនួន ។ ចំណែក​ឯ​ ឌីយឺហ្គោ​បែឡូសូ​ និង​មិត្ដភក្ដិ​របស់​គេ​វិញ ដែល​ទើប​តែ​ត្រលប់​មក​ពី​ម៉ានីល ប្រហែល​ជា​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ព្រះ​ឧភយោរាជ និង​ព្រះរាជា​នៅ​ឯ​ស្ទឹងត្រែង ហើយ​ទាល់​តែ​ដល់​ពេល​ក្រោយ​យូរ​ណាស់ គឺ​ពេល​ដែល​ទ័ព​ឆ្មក់​កម្ពុជា​ដែល​មិន​ទាន់​មាន​ការ​រៀបរយ​ត្រឹម​ត្រូវ បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ទ័ព​សៀម​ដែល​ចង់​ពង្រីក​អំណាច​មក​ទិស​ខាងកើត និង​ខាងត្បូង ទើប​ពួក​នេះ​ត្រលប់​ចុះ​មក​វិញ​ដើម្បី​ចូលរួម​ជាមួយ ។ បេឡូសូ ត្រូវ​សៀម​ចាប់​បាន​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​នៅ​ក្នុង​ឆ្នាំ​១៥៩៤ ។ ចំណែក​ឯ​ ប្លារូហ្ស៍​ អង់តូនីញ៉ូ​ម៉ាសាដូ​ និង​ប៉ង់តាលេអុង​ការណៃរ៉ូ ត្រូវ​ចាប់ខ្លួន​បាន​ពេល​ក្រោយ​បន្ដិច​នៅ​ក្នុង​ការ​ប្រយុទ្ធ​តាម​នាវា ។

ព្រះ​ឧភយោរាជ​ព្រះ​សត្ថា និង​ព្រះរាជា​ជ័យជេដ្ឋា បាន​សុគត​នៅ​ក្នុង​ឆ្នាំ​១៥៩៤ នៅ​ឯ​ស្ទឹងត្រែង ព្រះសត្ថា​ពេល​នោះ មាន​ព្រះ​ជន្មាយុ​៤១​ព្រះ​វស្សា ទ្រង់​បាន​សោយរាជ្យ​ ឬ​ដឹកនាំ​ប្រទេស​បាន​១៧​ឆ្នាំ ឯ​ព្រះ​ជ័យជេដ្ឋា​មាន​ព្រះ​ជន្មាយុ​៣០​ព្រះ​វស្សា​ទ្រង់​បាន​សោយរាជ្យ​ក៏​ប៉ុន្ដែ​មិន​បាន​ដឹកនាំ​ប្រទេស​ទេ​អស់​ពេល​១០​ឆ្នាំ (7) ។

បើ​តាម​ការ​និទាន​តៗ​គ្នា​នៅ​សម្បូរ ព្រះ​អដ្ឋិធាតុ​របស់​ស្ដេច​ទាំង​២​អង្គ បាន​ត្រូវ​គេ​នាំ​យក​មក​បញ្ចុះ​នៅ​ក្នុង​ចេតិយ​មួយ​នៅ​ក្នុង​បរិវេណ​វត្ដ​សម្បូរ ។ សម្បូរ​ពេល​នោះ គឺជា​ទីក្រុង​ធំ​មួយ ។

ដោយ​ពិនិត្យ​ឃើញ​ថានគរ​គ្មាន​ស្ដេច ហើយ​ពញា​តន់​ក៏​គ្មាន​សមត្ថភាព​នឹង​ឈ្លោះ​ដណ្ដើម​រាជសម្បត្ដិ​បាន (8) ព្រះវង្សា​រាមា​ជើងព្រៃ​ដែល​មាន​ព្រះ​ជន្ម​៥០​ព្រះ​វស្សា​ទៅ​ហើយ បាន​ចាប់​ផ្ដើម​ដណ្ដើម​យក​អំណាច ។ ទ្រង់​បាន​ចាប់​ផ្ដើម​រជ្ជកាល​របស់​ព្រះ​អង្គ​ដោយ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​មោះមុត​ឥត​ខ្លាច​ស្លាប់ គឺ​ទ្រង់​បាន​កេណ្ឌ​ទ័ព​ដោយ​ស្ងាត់​កំបាំង រួច​វាយ​ចូល​រាជធានី​ភ្លាម​ គ្មាន​ឱ្យ​នរណា​ដឹង​ទាន់ សម្លាប់​ឧត្ដមសេនីយ៍​ភ្យា​មហាមន្ដ្រី​សៀម ដែល​គ្រប់​គ្រង​នៅ​ទីនោះ​ជាមួយ​នឹង​ពលរេហ៍​សៀម​២​ម៉ឺន​នាក់ ។ បន្ទាប់​មក ប្រហែល​ដោយ​ខ្លាច​ពួក​សៀម​វិល​ត្រលប់​មក​វិញ ណា​មួយ​រាជធានី​ស្ថិត​នៅ​ជិត​ព្រំប្រទល់​ខែត្រ​បាត់ដំបង និង​អង្គរ ជាទី​ដែល​សៀម​បាន​ដាក់​ទ័ព​ប្រមូល​ផ្ដុំ​ផង ព្រះរាជា​ក៏​យាង​មក​គង់​នៅ​ឯ​ស្រីសន្ធរ​វិញ ហាក់​បីដូច​ថា​ព្រះ​អង្គជា​ព្រះរាជា​ពេញ​សិទ្ធិ មាន​បរិពារ​ហែហម និង​សេវា​បម្រើ​ផ្សេងៗ​សម្រាប់​ព្រះរាជវាំង ។

នៅ​ពេល​បាន​ទទួល​ព័ត៌មាន​ស្ដីពី​មរណភាព​របស់​ស្ដេច​ទាំង​ពីរ​អង្គ​ដែល​ជា​អ្នក​គាំពារ​របស់​ខ្លួន​ បេឡូសូ​ ដែល​នៅ​ជាប់​ក្នុង​ទី​ឃុំឃាំង​របស់​សៀម​មាន​ការ​អស់​សង្ឃឹម​ជា​ខ្លាំង​ថា​នឹង​លែង​អាច​វិល​ត្រលប់​មក​ជាន់​ដី​កម្ពុជា​វិញ​ជា​រៀង​រហូត​ហើយ ក៏​យល់​ព្រម​បំពេញ​បេសកកម្ម​ឱ្យ​ស្ដេច​សៀម ដោយ​ធ្វើ​ដំណើរ​ទៅ​ហ្វីលីពីន​ស្នើ​សុំ​ឱ្យ​អភិបាល​ក្រុង​ម៉ានីល ចង​មេត្រី​ភាព​រវាង​អេស្ប៉ាញ និង​ស្រុក​សៀម ។ ពេល​ទៅ​ដល់​ម៉ានីល​ បេឡូសូ បាន​ជួប​ជាមួយ​មិត្ដភក្ដិ​របស់​គាត់​ដែល​ទើបតែ​ទៅ​ដល់​ដែរ ក្រោយ​ពី​បាន​ចាប់​ពួក​ទាហាន​ដែល​ស្ដេច​សៀម​ប្រគល់​ភារកិច្ច​ឱ្យ​ថែរក្សា​ពួក​គេ​បោះ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ ឬ​ចង​ដាក់​ច្រវាក់ ដោយ​មាន​ការ​ឃុបឃិត​ពី​ក្រុម​អ្នក​ដើរ​សំពៅ​ចិន រួច​ក៏​បើក​សំពៅ​រត់​ទៅ ។ បេឡូសូ​ក៏​ចាប់​ប្រែ​ចិត្ដ​វិញ មិន​បាន​ធ្វើ​កិច្ចការ​ដើម្បី​គាំទ្រ​ឱ្យ​មាន​ចំណង​មេត្រីភាព​ជាមួយ​សៀម​ទេ តែ​បែរ​ជា​ទៅ​សំណូមពរ​ឱ្យ​ជួយ​គាត់​មក​កម្ពុជា​វិញ តែ​មិន​មែន​គាំទ្រ​ព្រះ​រាមា​ជើងព្រៃ​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ស្ដេច​ជ្រែករាជ្យ​ ហើយ​ដែល​ប្រហែល​ជា​នឹង​មិន​ស្វាគមន៍​ខ្លួន​ផង​នោះ​ទេ​តែ​គឺ​ដើម្បី​ជួយ​ដល់​រជ្ជទាយាទ​របស់​ព្រះមហាក្សត្រ​ដែល​សុគត​ទៅ​នៅ​ឯ​ស្ទឹងត្រែង​ទៅ​វិញ ។​ ដោយ​មាន​ការ​គាំទ្រ​ពី​ពួក​ដូមីនីកាំង​ និង​ពួក​អូហ្គូស្តាំង​នៅ​ម៉ានីល ដែល​មាន​បំណង​ចង់​ឱ្យ​អេស្ប៉ាញ​ដណ្ដើម​យក​កម្ពុជា ដើម្បី​ខ្លួន​បាន​ប្រែក្លាយ​ប្រទេស​នេះ​ឱ្យ​កាន់​សាសនា​កាតូលិក​វិញ រួច​ហើយ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ។ ទីបំផុត​បេឡូសូ​ក៏​និយាយ​បញ្ចុះ​បញ្ចូល​លោក​អភិបាល​ល្វីប៉េរ៉េដាស​ម៉ារីញ៉ា ដែល​ជា​កូន​របស់​សព​លោក ហ្គោមេ​ប៉េរ៉េដាស​ម៉ារីញ៉ា បាន​សម្រេច​ដោយ​ទទួល​បាន​ទ័ព​អេស្ប៉ាញ ១២០​នាក់ និង​កប៉ាល់​៣​គ្រឿង ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អនុសេនីយ៍ឯក ជន និង​ជេរៃ​ហ្គាលីណាតូ មាន​ដើម​កំណើត​មក​ពី​ឡាសប៉ាល់ម៉ាស (កោះ​កាណារី) ហើយ​និង​ពួក​ដូមីនីកាំង​៣​នាក់ ក្នុង​នោះ​មាន​លោក​ឪពុក អាឡុងសូ​ជីមឺណេ អាយុ​ប្រហែល​៧០​ឆ្នាំ និង​លោក​ឪពុក ឌីយឺហ្គោ​អាឌូអាត ដែល​ជា​មនុស្ស​អង់អាច​ក្លាហាន​ផង​ដែរ ។​កប៉ាល់​ទាំង​៣​ចេញដំណើរ​ពី​ម៉ានីល​នៅ​ថ្ងៃ​ទី​១៩​ខែមករា​ឆ្នាំ​១៥៩៦ ។​មាន​តែ​កប៉ាល់​២​ទេ​ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា គឺ​កប៉ាល់​ដែល​បញ្ជា​ដោយ​បេឡូសូ និង​ប្លារូហ្ស៍ ចំណែក​កប៉ាល់​១​ទៀត​ដែល​បញ្ជា​ដោយ ហ្គ្រេហ្គ័រ​ដឺវ៉ាហ្គាស វង្វេង​ផ្លូវ ឬ​មក​ដល់​ក្រោយ​ក៏​មិន​ដឹង ។

មក​ដល់​កម្ពុជា បេឡូសូ​ចត​កប៉ាល់​នៅ​បារ៉ារ៉ា (ខែត្រ​បារាជ) ។ គឺ​នៅ​ទីនោះ​ឯង ដែល បេឡូសូ បាន​ទទួល​ដំណឹង​ថា​ ព្រះ​រាមា​ជើងព្រៃ​ដណ្ដើម​យក​រាជសម្បត្ដិ​បាន​ហើយ​យាង​មក​គង់​នៅ​ស៊ីស្ទ័រ​(ស្រីសន្ធរ) ។ បេឡូសូ​គិត​ថា​ត្រូវ​ចុះចូល​នឹង​ព្រះរាជា​ថ្មី​នេះ​ហើយ​បាន​បញ្ជូន​ព័ត៌មាន​ស្ដីពី​ការ​មក​ដល់​របស់​ខ្លួន​ទៅ​ថ្វាយ​ព្រះ​រាមា​ជើងព្រៃ ។ ដើម្បី​លើក​ជើង បេឡូសូ ព្រះ​រាមា​ជើងព្រៃ បាន​បញ្ជូន​ទៅ​វិញ​នូវ​លិខិត​តែង​តាំង បេឡូសូ ជា​អភិបាល​ខែត្រ និង​លិខិត​អនុញ្ញាត​ឱ្យ ប្លាសរូហ្ស៍ មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​ទីណា​ក៏​បាន​នៅ​ក្នុង​ព្រះរាជា​ណាចក្រ រួច​ទ្រង់​រង់ចាំ​ស្ដាប់​ដំណឹង​ឆ្លើយ​តប​ពី​មិត្ដ​របស់​អតីត​ព្រះមហាក្សត្រ​ទាំង​ព្រះ​ទ័យ​ព្រួយ​បារម្ភ​ទៅ​វិញ ។ បេឡូសូ និង​ប្លាសរូហ្ស៍ បាន​ធ្វើ​ដំណើរ​ឡើង​តាម​ទន្លេ​មេគង្គ មក​ដល់​ភ្នំពេញ​ដែល​កាលនោះ​គេ​ហៅ​ថា​ ចតុម្មុខ ។ បើ​តាម​ឯកសារ​របស់​ពួក​អេស្ប៉ាញ និង​ព័រទុយហ្គាល់ ថា ចតុម្មុខ​នា​ពេល​នោះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​មួយ មាន​ជនជាតិ​ចិន​រស់នៅ​ចំនួន​៣​ពាន់​នាក់ ។ ពេល​នោះ​មាន​ជម្លោះ​មួយ​បាន​ផ្ទុះ​ឡើង​រវាង​ពួក​ចិន​នឹង​ពួក​អឺរ៉ុប ។ ដោយ​មាន​ការ​គាំទ្រ​ពី​ពួក​ជប៉ុន ដែល​កាន់​គ្រិស្ដសាសនា​ចំនួន​២០​នាក់ ពួក​អឺរ៉ុប​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ពួក​ចិន ហើយ​សម្លាប់​ពួក​នេះ អស់​៣​រយ​នាក់​រួច​រឹបអូស​យក​សំពៅ​ចិន​ទាំង​អស់​ព្រមទាំង​ទំនិញ​ផង ។​ ច្រើន​ថ្ងៃ​ក្រោយ​មក​ បេឡូសូ​ និង​ប្លាសរូហ្ស៍ បាន​បញ្ជូន​សំណើ​ទៅ​សុំ​ចូល​គាល់​ព្រះរាជា មិន​មែន​ដើម្បី​រាយការណ៍​ថ្វាយ​អំពី​ព្រឹត្ដិការណ៍​វាយ​ប្រហារ​នោះ​ទេ តែ​គឺ​ដើម្បី​ថ្វាយ​សត្វ​លា​មួយ​ក្បាល​ និង​ជំនូន​មួយ​ចំនួន​ដែល​អភិបាលក្រុង​ម៉ានីល​បាន​បន្ទុក​បណ្ដាក់​ឱ្យ​ខ្លួន​នាំ​យក​មក​ថ្វាយ ។ ប៉ុន្ដែ​ព្រះរាជា​បាន​បដិសេធ​មិន​ព្រម​ទទួល​ទេ ដរាបណា​ពួក​អឺរ៉ុប​មិន​ទាន់​ប្រគល់​សំពៅ និង​ទំនិញ​ទៅ​ឱ្យ​ពួក​ចិន​វិញ ។

ឆ្លើយ​តប​ទៅ​នឹង​ព្រះរាជ​ឥរិយាបថ​នេះ​ បេឡូសូ​ និង​ប្លាសរូហ្ស៍​បាន​សម្រេច​ចាត់​ចែង​សភាព​ការណ៍​ឱ្យ​បាន​លឿន ។ គេ​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​ទៅ​កាន់​ស្រីសន្ធរ ជាមួយ​នឹង​ដូមីនីកាំង​ឌីយ៉ឺហ្គោ​អាឌូអាត និង​កម្លាំង​មោះមុត​ដាច់​ខាត​ចំនួន​៣៨​នាក់ (9) ។ ចេញ​ដំណើរ​ពី​ក្បាល​ព្រលប់ ដើរ​ចម្ងាយ​៣០​គីឡូម៉ែត្រ ពួក​នេះ​បាន​មក​ដល់​រាជធានី​នៅ​ប្រហែលជា​ម៉ោង​២​ទៀប​ភ្លឺ ហើយ​បាន​ចាប់​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ព្រះរាជវាំង​មុន​ថ្ងៃ​រះ ។ ព្រះ​រាមា​ជើងព្រៃ បាន​ត្រូវ​ពួក​នេះ​ធ្វើឃាត នៅ​ពេល​ដែល​ទ្រង់​កំពុង​រៀបចំ​ភៀស​ខ្លួន​ចេញ​ជាមួយ​ស្រីស្នំ និង​សេនា​ការពារ ចំណែក​ឯ​ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី និង​រាជបរិពារ ដែល​មាន​តែ​លំពែង និង​ធ្នូ​ស្នា​ជា​អាវុធ បាន​ត្រូវ​បាញ់​សម្លាប់​អស់​ជា​ច្រើន (ព្រឹត្ដិការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​១៥៩៦) (10) ។ ប្រតិបត្ដិការ​នេះ ទទួល​បាន​ជោគជ័យ​ទាំងស្រុង ក៏​ប៉ុន្ដែ​ពួក​អ្នក​ផ្សងព្រេង​បាន​ត្រូវ​អ្នកស្រុក​ចោមរោម​វាយបក​វិញ ក្រោយ​ពី​បាន​ពិនិត្យ​ឃើញ​ថា​ពួក​នេះ​មាន​ចំនួន​តិច​ជាង ដោយ​បង្ខំ​ឱ្យ​ពួក​គេ​ដកថយ​មក​កាន់​ភ្នំពេញ​វិញ​ទាំង​លំបាក ជាទី​ដែល​គេ​ចត​កប៉ាល់​ទុក ។ បើ​កុំ​តែ​មេទ័ព​ខ្មែរ​ត្រូវ​របួស​ដោយ​លំពែង​ធ្លាយ​ពោះ​ស្លាប់ កុំ​អី​ពួក​នេះ​ពិបាក​នឹង​គេចខ្លួន​រួច​ណាស់ ។ គាប់​ជួន​ពេល​នោះ ហ្គាលីណាតូ និង​ពល​ទាហាន​របស់​គេ បាន​ធ្វើ​ដំណើរ​ពី​បារាជ​មក​ដល់​ល្មម ធ្វើ​ឱ្យ​សភាពការណ៍​នៅ​ភ្នំពេញ​ល្អ​ប្រសើរ​ឡើង​វិញ ។ ក៏​ប៉ុន្ដែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក្រោយ​ពី​បាន​បើក​ការ​ប្រជុំ​ក្រុមប្រឹក្សា​សង្គ្រាម​មួយ​រួច​មក ហើយ​ពិនិត្យ​ឃើញ​ថា ពួក​ខ្មែរ​អាច​នឹង​បើក​ការ​ប្រយុទ្ធ​បក​ម្ដង​ទៀត​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ទប់​ទល់ ហ្គាលី​ណាតូ បាន​សម្រេច​លើក​យុថ្កា​បើក​កប៉ាល់​ចេញ​ពី​ភ្នំពេញ​ចុះ​តាម​ទន្លេ​មេគង្គ ធ្វើ​ដំណើរ​ទៅ​កាន់​តុងកឹង​វិញ​ក្នុង​គោល​បំណង​ទៅ​ទាមទារ​យក​កប៉ាល់​មួយ​គ្រឿង​ដែល​ពួក​ចិន​បាន​នាំ​យក​ទៅ​ក្រោយ​ពី​បាន​ធ្វើ​ឃាត​លោក​អភិបាលក្រុង​ម៉ានីល និង​ក្រុម​នាវិក​រួច​មក ។ ទៅ​ដល់​តុងកឹង បែឡូសូ និង​ប្លារូហ្ស៍ ដែល​នៅ​តែ​មាន​គំនិត​មិន​ចង់​បោះបង់​គម្រោងការ​របស់​ខ្លួន​នៅ​កម្ពុជា​នោះ បាន​នាំ​គ្នា​ដើរ​បែក​ចេញពី​ជន​រួមជាតិ​គេ ឆ្លង​កាត់​ជួរ​ភ្នំ​អាណ្ណាម ស្រុក​របស់​អ្នកព្រៃ​ខា ចូល​មក​ស្រុក​លាវ រួច​ត្រលប់​មក​កម្ពុជា​វិញ ។ មក​ដល់​ស្ទឹងត្រែង​ ពួក​គេ​បាន​បញ្ចុះ​បញ្ចូល​អ្នក​អង្គ​ម្ចាស់​តន់​ថា​ ឱកាស​ដណ្ដើម​យក​រាជសម្បត្ដិ​មក​ដល់​ហើយ ហើយ​យាង​ព្រះ​អង្គ​ឱ្យ​ធ្វើ​ដំណើរ​មក​ជាមួយ​គេ ។ ពេល​ធ្វើ​ដំណើរ​មក​ដល់​ស្រីសន្ធរ ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី​ដែល​កំពុង​តែ​នឿយ​ណាយ​នឹង​អនាធិបតេយ្យ បណ្ដាល​មក​ពី​មរណភាព​របស់​ព្រះ​រាមា​ជើងព្រៃ​ផង ពីព្រោះ​ថា​កម្ពុជា​ពេល​នោះ មិន​មែន​គ្រាន់តែ​គ្មាន​ស្ដេច​សោយរាជ្យ​ប៉ុណ្ណោះ​ទេ គឺ​ខ្វះ​ទាំង​អ្នក​ឡើង​ស្នងរាជ្យ​បន្ដ​ថែម​ទៀត ក៏​សម្រេច​នាំ​គ្នា​លើក​ចៅពញា​តន់ ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៥៩៦ ទៅ ។

២. ព្រះ​បរមរាជា ឬ​ចៅពញា​តន់ (១៥៩៦-១៥៩៧)

ចៅពញា​តន់​ពេល​នោះ​មាន​ព្រះ​ជន្មាយុ​១៨​ព្រះ​វស្សា (11) ។ នាម៉ឺន​សព្វ​មុខមន្ដ្រី​បាន​ជ្រើសតាំង​ព្រះ​អង្គ​ជា​មហាក្សត្រ​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៥៩៦ ដោយ​ថ្វាយ​ព្រះ​នាម​ថា​ «សម្ដេចព្រះ​បរមរាជា »។

ក្រោយ​ពី​បាន​ឡើង​សោយរាជ្យ ព្រះ​បរមរាជា​បាន​សព្វ​ព្រះរាជហឫទ័យ​តបស្នង​សងគុណ​ដល់ បែឡូសូ និង​ប្លារូហ្ស៍ ភ្លាម ដោយ​ទ្រង់​លើក​អ្នក​ទី​១​ឱ្យ​ធ្វើ​ជា​ស្ដេចត្រាញ់​នៅ​លើ​ដី​បាភ្នំ និង​អ្នក​ទី​២​ឱ្យ​ធ្វើ​ជា​ស្ដេចត្រាញ់​នៅ​លើ​ដី​ទ្រាំង ។ តាម​មើល​ទៅ ប្រជាជន​ប្រហែលជា​មិនសូវ​ពេញចិត្ដ​ប៉ុន្មាន​ទេ នឹង​ការ​តែង​តាំង​ពួក​អ្នក​ផ្សងព្រេង​ទាំង​២ ឱ្យ​ក្លាយ​ទៅជា​អភិបាល​ខែត្រ​ដ៏​មាន​អំណាច​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​នេះ​ ហើយ​មាន​មន្ដ្រី​ជា​ច្រើន​នាក់​ដែល​មិន​សប្បាយ​ចិត្ដ ។ ដោយ​ហេតុ​នេះ ព្រះរាជា​ដែល​គង់​នៅ​ក្រោម​ស្វេតច្ឆត្រ មិន​សូវ​ជា​ស្រួល​ប៉ុន្មាន​ទេ ។ បែឡូសូ និង​ប្លារូហ្ស៍​ យល់​ហេតុការណ៍​នេះ​ច្បាស់​ណាស់​ ក៏​តាំង​ស្វះ​ស្វែង​រក​ជំនួយ​ពី​ខាងក្រៅ ។​ បែឡូសូ​បាន​សុំ​ជំនួយ​ពី​ពួក​ព័រទុយហ្គាល់ នៅ​ម៉ាឡាកា ឯ​ប្លារូហ្ស៍ ទៅ​សុំ​ជំនួយ​ពី​ពួក​អេស្ប៉ាញ​នៅ​ឯ​ហ្វីលីពីន ។ អភិបាល​ក្រុង​ម៉ានីល​បាន​ប្រគល់​ទាហាន ២០០​នាក់ ឱ្យ​ជិះ​កប៉ាល់​៣​គ្រឿង​ចេញ​មក ក៏​ប៉ុន្ដែ​គ្មាន​កប៉ាល់​ណាមួយ​បាន​មក​ដល់​កម្ពុជា​ទេ ហើយ​មាន​តែ​កប៉ាល់​១​ប៉ុណ្ណោះ​ដែល​បាន​ត្រលប់​ទៅ​ដល់​ហ្វីលីពីន​វិញ ។ ដូច្នេះ បែឡូសូ និង​ប្លារូហ្ស៍ មិន​អាច​ពឹង​ផ្អែក​អ្នក​ណា​បាន​ក្រៅ​តែ​ពី​ពឹង​លើ​ខ្លួនឯង​ឡើយ ។

នៅ​ពេល​នោះ ពួក​ចាម និង​ម៉ាឡេ ដែល​ព្រះរាជា​ខ្មែរ​មុនៗ​អនុញ្ញាត​ឱ្យ​រស់នៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ខែត្រ​ត្បូងឃ្មុំ បើ​ទោះបី​ថា​ពួក​នេះ​ជា​ជនបរទេស​ហើយ​កាន់សាសនា​មហាម៉ាត់​ក៏​ដោយ បាន​នាំ​គ្នា​បះបោរ​ឡើង ។ ពួក​នេះ​បាន​ពិនិត្យ​មើល​ឃើញ​ថា​ព្រះរាជា​ណាចក្រ​ចុះ​ទន់ខ្សោយ ក៏​មាន​បំណង​ចង់​កាន់​អាវុធ​ឡើង​ទាមទារ​ឯករាជ្យ ក្រោម​ការ​ដឹកនាំ​របស់​មេ​២​នាក់ គឺ​ចាម​ឈ្មោះ ពោធិរតន៍ ដែល​ប្រហែល​ជា​ជាប់​ខ្សែស្រឡាយ​នឹង​រាជវង្ស​ចាម​ពី​មុន​ និង​ជន​ម៉ាឡេ​ឈ្មោះ​ ល័កស្មណៈ (12) ដែល​ពង្រត់​ម្ចាស់​ក្សត្រី​១​អង្គ​ដែល​ខ្លួន​ធ្លាប់​ស្រឡាញ់​ប្រហែល​ជា​ក្សត្រីយ៍​ដែល​ធ្លាប់​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ បែឡូសូ ហើយ​ទ្រង់​មាន​គំនុំ​ស្អប់​ពួក​អឺរ៉ុប ជំរុញ​ឱ្យ​ល័កស្មណៈ​ធ្វើការ​សង​សឹក​ថ្វាយ ។ បែឡូសូ និង​ប្លារូហ្ស៍ បាន​កេណ្ឌ​ទ័ព​នៅ​ក្នុង​អាណា​ខែត្រ​ទឹកដី​របស់​ខ្លួន រួច​ចេញ​ច្បាំង​វាយ​កម្ទេច​ពួក​ចាម និង​ម៉ាឡេ បះបោរ​បរាជ័យ​អស់​ទៅ ។ ពេល​មក​ដល់​រាជធានី​ស្រីសន្ធរ ព្រះ​បរមរាជា​ចៅពញា​តន់ បាន​ចាត់​ឱ្យ​អ្នក​ទាំង​២​បន្ដ​ដំណើរ​ទៅ​កាន់​ភ្នំពេញ ដើម្បី​ជួយ​រៀបចំ​សណ្ដាប់​ធ្នាប់ ដែល​ល្អក់​កករ​ដោយ​ជម្លោះ​រវាង​ពួក​ជប៉ុន និង​អេស្ប៉ាញ ២​កប៉ាល់​ដែល​ទើបតែ​មក​ដល់ ដោយ​ដឹក​អាវុធ​យុទ្ធភណ្ឌ​មក​ផ្គត់ផ្គង់​កប៉ាល់​៣​មុន ដែល​នៅ​ម៉ានីល​គេ​មិនដឹង​ថា​បាត់​ដំណឹង​ទៅ​ហើយ​ទេ ។​ ក៏​ប៉ុន្ដែ​បែឡូសូ​ និង​ប្លារូហ្ស៍​មក​ដល់​យឺត​ពេល​ ពួក​ជប៉ុន​បាន​សម្លាប់​ពួក​អេស្ប៉ាញ​អស់​ជា​ច្រើន ។ បន្ទាប់​មក ពួក​ជប៉ុន​បាន​រួម​ដៃ​ជាមួយ​នឹង​ពួក​ម៉ាឡេ ព្រួត​គ្នា​វាយ​មក​លើ​ទ័ព​ដ៏​តិចតួច​របស់ បែឡូសូ និង​ប្លារូហ្ស៍ ហើយ​សម្លាប់​អ្នក​ទាំង​២​បាន ក្រោយ​ពី​ការ​ប្រយុទ្ធ​ដ៏​អង់អាច​ក្លាហាន​រួច​មក ។

ព្រះ​បរមរាជា​ចៅពញា​តន់​ក្រោយ​ពី​បាន​ជ្រាប​ពី​ដំណឹង​នេះ​បាន​បញ្ជា​ទ័ព​ផ្ទាល់​ខ្លួន​ព្រះ​អង្គ​ចេញពី​ស្រីសន្ធរ មក​វាយ​ពួក​ម៉ាឡេ​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជាការ​របស់​ល័កស្មណៈ និង​ពួក​ចាម​ដែល​ស្ដាប់​តាម​បញ្ជា​របស់​ពោធិរតន៍ ។ ក៏​ប៉ុន្ដែ​ដោយ​ចៃដន្យ​អាក្រក់​ ព្រះរាជា​ត្រូវ​បាន​សត្រូវ​ធ្វើឃាត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដំបូង នៅ​ក្នុង​ឆ្នាំ​១៥៩៧ ទៅ (13) ។

៣. ព្រះ​បរមរាជា​ទី​២ ឬ​ពញា​អន (១៥៩៧-១៥៩៩)

ព្រះរាជា​ដែល​នាម៉ឺន​សព្វ​មុខមន្ដ្រី និង​ព្រះរាជ​វង្សានុវង្ស បាន​ជ្រើសរើស​ឱ្យ​ឡើង​សោយរាជ្យ​បន្ដ​ពី​ចៅពញា​តន់ គឺ​ព្រះ​បិតុលា​របស់​ព្រះ​អង្គ​មួយ​អង្គ ព្រះ​នាម​ថា ពញា​អន ។ ទ្រង់មាន​ព្រះ​អភិសេក​នាម​ថា «សម្ដេច​ព្រះ​បរមរាជា​បរមបពិត្រ» ។

និយាយ​អំពី​ពួក​ចាម និង​ម៉ាឡេ​វិញ ក្រោយ​ពី​ទទួល​ជ័យជម្នះ​លើ​ចៅពញា​តន់​រួច​ហើយ​ បាន​ដណ្ដើម​យក​ខែត្រ​២​ដាក់​ជា​ចំណុះ ហើយ​ក៏​តាំង​រៀបចំ​ការ​គ្រប់គ្រង​ឡើង​វិញ​សា​ជា​ថ្មី ។ ក៏​ប៉ុន្ដែ​ពួក​អ្នកស្រុក​មិន​ព្រម​ស្ដាប់​បញ្ជា​ពួក​នេះ​ទេ ព្រោះថា​ជា​ជនបរទេស​មិន​ចេះ​និយាយ​ខ្មែរ ម្ល៉ោះ​ហើយ​ម្នាក់ៗ​គ្មាន​នរណា​ចង់​ធ្វើ​ជា​មន្ដ្រី ឬ​ក៏​ជា​ទាហាន​បម្រើ​ឡើយ ។ ទោះជា​យ៉ាងណា​ក្ដី ពួក​នេះ​នៅ​តែ​អាច​ជ្រើស​រើស​ទ័ព​បាន​ពី​ក្នុង​ចំណោម​ពួក​ចាម និង​ម៉ាឡេ មក​ពី​គ្រប់​ទិស​ទី​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​មាន​បំណង​ចង់​មក​ជួយ​ពួក​អ្នក​កាន់​សាសនា​ដូច​គ្នា​ដែរ ។ ប៉ុន្ដែ​ស្ថានភាព​របស់​ពួក​នេះ​បាន​ស្រុត​ចុះ​ជា​រៀង​រាល់​ថ្ងៃ ។

ព្រះរាជា​ដែល​ទើប​នឹង​ឡើង​សោយរាជ្យ​ថ្មី បាន​បើក​ការ​វាយ​ប្រហារ​មក​លើ​ពួក​នេះ​យ៉ាង​អង់អាច​ក្លាហាន​នៅ​លើ​សមរភូមិ​ជា​ច្រើន ។​ នៅ​ទី​បញ្ចប់​ទ្រង់​ទទួល​បាន​នូវ​ជ័យជម្នះ ។​ មេកោយ​របស់​ពួក​នេះ​ត្រូវ​ចាប់​បាន​ហើយ​សម្លាប់​ចោល​ជាមួយ​នឹង​កូនចៅ​បះបោរ​មួយ​ចំនួន ចំណែក​អ្នក​ដែល​ដោយ​រោយ​តាម​គេ​បាន​ត្រូវ​លើក​លែង​ទោស ។

ការ​បះបោរ​របស់​ពួក​បរទេស​ទើបតែ​ស្ងប់​បាត់​ទៅ​មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​ផង ក៏​លេច​មាន​ការ​បះបោរ​មួយ​ទៀត ដឹកនាំ​ដោយ​អ្នកស្រុក​អាយ​ម្នាក់​ឈ្មោះ​ថា នាយ​កែវ មាន​ដើម​កំណើត​ចេញ​មក​ពី​ខែត្រ​តាកែវ នៅ​ក្បែរ​ចតុម្មុខ (ភ្នំពេញ) ដែល​បាន​ប្រកាស​ខ្លួន​ថា​ជា​ ស្ដេច​កែវ​ព្រះ​ភ្លើង ។​ ជន​នេះ​ជា​មនុស្ស​ចេះ​ដឹង​ម្នាក់​ហើយ អាច​កៀងគរ​គេ​ឯង​ឱ្យ​ចុះចូល​ដើរ​តាម បង្ក​បាន​ជា​ទ័ព​មួយ​កង ។ ព្រះរាជា​ពញា​អន បាន​ដឹកនាំ​ទ័ព​មក​វាយ​ស្ដេច​កែវ​ព្រះ​ភ្លើង​នេះ​២​ដង ក៏​ប៉ុន្ដែ​មិន​អាច​ធ្វើ​អ្វី​បាន ។

ក្រោយ​ពី​ប្រតិបត្ដិការ​លើក​ទី​២ ព្រះរាជា​ដែល​មាន​ចរិត​ច្រឡើសបើស​បន្ដិច​ដែរ បាន​ជួប​នឹង​នារី​ម្នាក់​ឈ្មោះ ទាវ នៅ​ពេល​ទ្រង់​យាង​វិល​ត្រលប់​ទៅ​ស្រីសន្ធរ​វិញ ក៏​ចាប់​ចិត្ដ​ស្រលាញ់​ចង់​បាន​នាង​មក​ធ្វើ​ជា​ស្នំ ។ ប៉ុន្ដែ នាង​ទាវ​ដែល​ស្ម័គ្រស្មោះ​ជាមួយ​ពញាថី​ជា​ស្វាមី​បាន​ប្រកែក​មិន​យល់​ព្រម​ស្រលាញ់​ព្រះ​អង្គ​វិញ​ទេ​ ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះរាជា​ខ្ញាល់ ហើយ​បញ្ជា​ឱ្យ​គេ​ចាប់​នាង​ចង​ដាក់​ច្រវាក់ ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ ពញាថី ខឹង​សម្បា​នឹង​ព្រះរាជា​ជា​ខ្លាំង ក៏​រត់​មក​ចុះចូល​ជាមួយ​ស្ដេច​កែវ​ព្រះ​ភ្លើង ហើយ​រៀប​ផែនការ​ធ្វើ​គុត​ព្រះរាជា ប៉ុន្មាន​ខែ​ក្រោយ​មក នៅ​ក្នុង​ការ​ស្កាត់​លួច​វាយ​ប្រហារ​មួយ​ក្នុង​១៥៩៨ ។

នា​សម័យ​នោះ មាន​ពួក​អឺរ៉ុប​ជា​ច្រើន​នាក់ ជា​ពិសេស​គឺ​ពួក​ព័រទុយហ្គាល់ និង​អេស្ប៉ាញ សុទ្ធតែ​មាន​ឥទ្ធិពល​ជា​ខ្លាំង​មក​លើ​រាជវាំង​កម្ពុជា ។​ ពួក​នេះ​មាន​របរ​រកស៊ី​រីក​ចម្រើន​ល្អ​ណាស់​ បង្កើត​បាន​ជា​ការ​រំខាន​ដល់​ពួក​ចិន​ ចាម និង​ម៉ាឡេ ដែល​រកស៊ី​ធ្វើ​ពាណិជ្ជកម្ម​ដែរ ម្ល៉ោះ​ហើយ ក៏​នាំ​គ្នា​ខិតខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពួក​នេះ​ធ្លាក់​ចូល​ក្នុង​ភាព​អាប់​យស ។ ក្រោយ​ពី​មរណភាព​របស់ បែឡូសូ និង​ប្លារូហ្ស៍ នៅ​ក្នុង​ឆ្នាំ​១៥៩៧​រួច​មក ឥទ្ធិពល​របស់​ពួក​ព័រទុយហ្គាល់ និង​អេស្ប៉ាញ​ក៏​ធ្លាក់​ចុះ ហើយ​ពួក​នេះ​ត្រូវ​បង្ខំ​ចិត្ដ​ចាក​ចេញពី​កម្ពុជា វិល​ត្រលប់​ទៅ​ហ្វីលីពីន​វិញ ។

ប៉ុន្ដែ​ការ​បណ្ដេញ​កាត់កាល់​នេះ​មិន​មាន​អាយុកាល​យូរ​ប៉ុន្មាន​ទេ​ពី​ព្រោះ​ថា​ ប៉ុន្មាន​ឆ្នាំ​ក្រោយ​នោះ​បន្ដិច​គេ​ប្រទះ​ឃើញ​ពួក​សេស្វ៊ីត និង​កាតូលិក​និកាយ​ផ្សេងៗ​ទៀត​ជា​ច្រើន​នៅ​កម្ពុជា រួច​មាន​និគម​ព័រទុយហ្គាល់​មួយ ដែល​បាន​គេច​ចេញ​ផុត​ពី​ការ​សម្លាប់​រង្គាល​របស់​ពួក​ម៉ាកាសា តាម​ការ​អុចអាល​ពី​ពួក​ហូឡង់ ដែល​ជា​សត្រូវ​របស់​ពួក​គេ ពួក​ព័រទុយហ្គាល់​នេះ និង​បព្វជិត​សាសនា​កាតូលិក​របស់​គេ​បាន​មក​តាំង​ទីលំនៅ​មុន​ដំបូង​នៅ​ភ្នំពេញ ដែល​គេ​ហៅ​ថា កូលំប៉េ​ រួច​បន្ទាប់​មក​បាន​ទៅ​តាំងទី​លំនៅ​នៅ​ឯ​ពញាឮ​ដែល​គេ​ហៅ​ថា​ ពីញ៉ាលូ ។​ មាន​ពួក​ជប៉ុន​មួយ​ចំនួន​ដែល​ត្រូវ​គេ​ធ្វើបាប​នៅ​ឯ​ប្រទេស​ជប៉ុន​ដោយ​សារ​ការ​កាន់​សាសនា​កាតូលិក បាន​មក​ចូលរួម​ជាមួយ​ពួក​ព័រទុយហ្គាល់​នេះ​ដែរ ហើយ​បាន​មក​តាំង​នៅ​លើ​ដង​ទន្លេ​ក្បែរ​ភ្នំពេញ​ត្រង់​កន្លែង​មួយ​ដែល​ពួក​អឺរ៉ុប​ហៅ​តាម​ឈ្មោះ​របស់​គេ​ថា​ ចូវដុក ។

៤. ព្រះរាជានុសិទ្ធិ ចៅពញា​យោម (១៥៩៩-១៦០០)

ព្រះ​អង្គ​ម្ចាស់​យោម ជា​ព្រះរាជ​បុត្រា​ទី​៣​របស់​ព្រះ​សត្ថា ពេល​នោះ​ទើប​តែ​មាន​ព្រះ​ជន្មាយុ ១៥​ព្រះ​វស្សា​ប៉ុណ្ណោះ (14) ។ ទ្រង់​ត្រូវ​ទទួល​បន្ទុក​ដឹកនាំ​គ្រប់គ្រង​ប្រទេស​ជាតិ ដោយ​ទទួល​ព្រះ​ឋានៈ​ជា​សម្ដេច​ព្រះកែវ​ហ្វ៊ា (15) គឺ​ថា ទ្រង់​មាន​អំណាច​ដូចជា​ព្រះរាជា ក៏​ប៉ុន្ដែ​មិន​មែន​ជា​ស្ដេច​ទេ ។ ពេល​នោះ​នាម៉ឺន​សព្វ​មុខ​មន្ដ្រី មិន​ចង់​លើក​ចៅពញា​យោម ឱ្យ​ឡើង​សោយរាជ្យ​ទេ គេ​ស្រលាញ់​ព្រះ​ស្រីសុរិយោពណ៌​ជាង ដែល​ព្រះ​បរម​ឥន្ទរាជា (ព្រះ​សត្ថា) បាន​លើក​ឱ្យ​ធ្វើ​ជា​ឧបរាជ​រួច​ជា​ឧភយោរាជ​ ហើយ​ត្រូវ​សៀម​ចាប់​យក​ទៅ​ជា​ឈ្លើយ​តាំង​តែ​ពី​ពេល​ក្រុង​លង្វែក​ត្រូវ​បែក​បាក់​ម្ល៉េះ ។

ចៅពញា​យោម ក្នុង​ព្រះ​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ ទ្រង់​គង់​នៅ​ឯ​រាជធានី​ស្រីសន្ធរ ហើយ​បាន​ចាប់​បន្ដ​ធ្វើ​សង្គ្រាម​ជាមួយ​ស្ដេច​កែវ​ព្រះ​ភ្លើង ។ ទី​បញ្ចប់​ទ្រង់​ចាប់​ស្ដេច​កែវ​ព្រះ​ភ្លើង​បាន ហើយ​បាន​បញ្ជា​ឱ្យ​គេ​សម្លាប់​ចោល​ទៅ ។

ចៅពញា​យោម​មាន​ព្រះ​ទ័យ​ស្រាល ហើយ​ក៏​ខិលខូច​មិន​ចាញ់​ពញា​អន​ប៉ុន្មាន​ដែរ ។ ទ្រង់​សព្វព្រះទ័យ​នឹង​ការ​បរបាញ់​សត្វ និង​ការ​សប្បាយ​ផ្សេងៗ​ណាស់ ហើយ​មិន​ខ្លាច​នឹង​ចាប់​ប្រពន្ធ ឬ​កូន​ក្រមុំ​ប្រជាជន​ទេ កាលណា​ទ្រង់​សព្វព្រះទ័យ ហើយ​មិន​សូវ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​កិច្ចការ​ព្រះ​នគរ​ឡើយ ។ ម្ល៉ោះ​ហើយ​ក៏​កើត​មាន​អំពើ​ឧក្រិដ្ឋ​ពាសពេញ​ប្រទេស បណ្ដា​ចៅហ្វាយ​ខែត្រ​ក៏​មិន​បាន​យកចិត្ដ​ទុកដាក់ ហើយ​ក៏​មិន​ដែល​ទទួល​ទោស​ពៃរ៍​អ្វី​ដែរ ។ មាន​ការ​ចាប់​ពង្រត់​អ្នកស្រុក​ដែល​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​យក​ពី​កន្លែង​មួយ​ទៅ​លក់​ជា​ខ្ញុំ​នៅ​កន្លែង​មួយ​ទៀត គឺ​លក់​ទៅ​វិញ​ទៅ​មក​ចុះ​ឡើង​ជា​ច្រើន​លើក​ច្រើន​សា ។

សម្ដេចព្រះ​ទេវី​ក្សត្រីយ៍ ជា​ព្រះ​អយ្យកា​របស់​ចៅពញា​យោម​ដែល​គង់នៅ​ឯ​ចតុម្មុខ និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​ទាំងអស់ នៅ​ពេល​ដែល​សង្កេត​ឃើញ​ថា​ ប្រជារាស្ដ្រ​រង​ទុក្ខ​ខ្លោចផ្សា​ហើយ​មិន​សប្បាយ​ចិត្ដ​នឹង​ចៅពញា​យោម​ដូច្នេះ ក៏​បាន​ចាត់​គ្នា​ឱ្យ​ទៅ​គាល់​ស្ដេច​សៀម សុំ​ឱ្យ​បញ្ជូន​ព្រះ​ឧភយារាជ​ស្រីសុរិយោពណ៌ (16) និង​ព្រះរាជបុត្រ​ទាំងអស់​មក​វិញ ។

ស្ដេច​សៀម​ពេល​នោះ បាន​ទទួល​យក​សំណូមពរ​តែ​មួយ​ចំណែក​ទេ គឺ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រលប់​មក​កម្ពុជា​វិញ​តែ​ព្រះ​ស្រីសុរិយោពណ៌ និង​ព្រះរាជ​បុត្រា​ប្អូន​ព្រះ​នាម​ព្រះ​ឧទ័យ​ប៉ុណ្ណោះ ចំណែក​ឯ​ព្រះ​ជ័យចេស្ដា ជា​ព្រះរាជ​បុត្រា​ច្បង ទុក​ឱ្យ​នៅ​នឹង​ស្រុក​សៀម​សិន ។

ព្រះរាជានុ​សិទ្ធិ​ពញា​យោម នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​ថា ព្រះ​ស្រីសុរិយោពណ៌ យាង​មក​ដល់ ស្លាកែត (17) ហើយ ទ្រង់​បាន​ទប់​ព្រះ​ទ័យ​មិន​ឱ្យ​មាន​រឱសឋាន​អ្វី​ទេ ហើយ​បាន​នាំ​នាម៉ឺន​សព្វ​មុខ​មន្ដ្រី​ជា​ច្រើន​ទៅ​គាល់ រួច​បាន​បង្វែរ​អំណាច​ជា​ផ្លូវការ​ថ្វាយ​នៅ​ក្នុង​ឆ្នាំ​១៦០០ ។

៥. ព្រះ​ស្រីសុរិយោពណ៌ (១៦០០-១៦១៨)

ព្រះ​ឧបយុវរាជ បាន​ឡើង​គង់​លើ​រាជបល្ល័ង្ក​នៅ​ក្នុង​ឆ្នាំ​១៦០០ ដោយ​ទទួល​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការព្រះ​ស្រីសុរិយោពណ៌​ទេវតា​រាជា​បរមរាជា​ធិរាជ​រាមា» ។​ ពេល​នោះ​ទ្រង់​មាន​ព្រះ​ជន្មា​៤៦​ព្រះ​វស្សា​ហើយ ។ មហេសី​របស់​ព្រះ​អង្គ​បាន​ឡើង​ទៅ​ជា​ព្រះ​អគ្គមហេសី ហើយ​មាន​ព្រះ​ឋានៈ​ជា​ «សម្ដេច​ព្រះ​ភគវតី ស្រីសុជាតិ» ។ ព្រះ​ឧទ័យ​ជា​ព្រះរាជ​បុត្រា ដែល​ទើប​តែ​មាន​ព្រះ​ជន្មាយុ​១៣​ព្រះ​វស្សា បាន​ឡើងជា​ព្រះ​មហា​ឧបរាជ រីឯ​ព្រះរាជានុ​សិទ្ធិ​ចៅពញា​យោម នៅ​រក្សា​ព្រះ​ឋានៈ​ជា ព្រះកែវហ្វ៊ា ដដែល ។

ចៅពញា​យោម​បាន​សម្ដែង​ឱ្យ​ឃើញ​តាម​រយៈ​ការ​នាំ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ទៅ​ចូល​គាល់​ព្រះ​ឧបយុវរាជ​នៅ​ឯ​ស្លាកែត​ថា ព្រះ​អង្គ​ស្វាគមន៍​អបអរ​ការ​យាង​មក​ដល់​របស់​ព្រះរាជា ដែល​ព្រះ​អយ្យកា​ព្រះ​អង្គ​បាន​ជ្រើស​រើស​ឡើង តែ​ក្នុង​ព្រះ​ទ័យ​របស់​រាជានុសិទ្ធិ​វិញ បាន​សន្សំ​ទុក​នូវ​គម្រោងការ​ដ៏​សែន​ឧក្រិដ្ឋ​ជា​ច្រើន ។

បន្ទាប់​ពី​បាន​ឡើង​សោយរាជ្យ​សម្បត្ដិ​ភ្លាម ព្រះរាជា​ស្រីសុរិយោពណ៌​បាន​ចាត់​ឱ្យ​ឧកញ៉ា​តេជោ​ព្រះ​អង្គ​ដែល​អ្នកស្រុក​ហៅ​ថា​ តេជោ​ក្រហម​ក ហើយ​និង​ឧកញ៉ា​យមរាជ​មឿង ដឹកនាំ​ទ័ព​ទៅ​បង្ក្រាប​អ្នកស្រុក​កំពង់ស្វាយ ស្រីសន្ធរ នគរវត្ដ ត្បូងឃ្មុំ និង​បាភ្នំ ដែល​កន្លង​មក​បះបោរ​មិន​ព្រម​ទទួល​ស្គាល់​អំណាច​របស់​ព្រះកែវហ្វ៊ា ។ យុទ្ធនាការ​នេះ​មិន​ជា​យូរ​ប៉ុន្មាន​ទេ ពីព្រោះ​ខែត្រ​ទាំង​អស់​នោះ មិន​បាន​ប្រឆាំង​ទប់ទល់​នឹង​ទ័ព​របស់​ព្រះរាជា​ឡើយ ហើយ​ឆាប់​នាំ​គ្នា​មក​សារភាព​ចុះចូល​ជា​បន្ទាន់ ។

ក្រោយ​មក​ទៀត តេជោ​ព្រះ​អង្គ បាន​ទទួល​ព្រះរាជ​បញ្ជា​ឱ្យ​ទៅ​បង្ក្រាប​ជន​បះបោរ​ម្នាក់​ឈ្មោះ​ថា អ្នក​ព្រះ​រៀម​ ហៅ​ កូម៉ែល​ ដែល​កំពុង​តែ​ក​ទ័ព​នៅ​ក្នុង​ខែត្រ​ទ្រាំង​ប្រកប​ដោយ​ជោគជ័យ ។​ គេ​និយាយ​ថា​ជន​នេះ​បាន​ប្រើ​ប្រាស់​សីល​ធ្មប់​បំពុល​ទឹក​ត្រពាំង និង​ទឹក​អណ្ដូង​ទាំងអស់​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ដែល​ទ័ព​ព្រះរាជា​ធ្វើ​ដំណើរ​ទៅ ធ្វើ​ឱ្យ​ទាហាន​ពុល​ស្លាប់​អស់​ជា​ច្រើន ។

ពេល​នោះ​ស្ដេច​សៀម​បាន​យល់​ព្រម​បញ្ជូន​ព្រះ​ជ័យចេស្ដា ឱ្យ​វិល​ត្រលប់​មក​កម្ពុជា​វិញ តាម​សំណូមពរ​របស់​ព្រះរាជា​កម្ពុជា​ជា​ព្រះ​បិតា ។ ក្នុង​ព្រះរាជ​ដំណើរ​យាង​ត្រលប់​មក​វិញ​នេះ ព្រះ​ជ័យចេស្ដា​ បាន​បង្ក្រាប​ធ្វើ​ឱ្យ​បណ្ដា​ខែត្រ​ដែល​នៅ​តាម​ផ្លូវ​មាន​សន្ដិភាព​ឡើង​វិញ មាន​ខែត្រ​នាងរង បាត់ដំបង ពោធិ៍សាត់ កំពត រហូត​ដល់​កោះស្លាកែត រួច​ទ្រង់​យាង​កាត់​ទៅ​ជួប​ជាមួយ​តេជោ​ព្រះ​អង្គ​ដែល​ទើប​តែ​ដាក់​តាំងទ័ព​នៅ​ពីមុខ​បន្ទាយ​ខ្មាំង​នៅ​ទ្រាំង ។ ក្រោយ​ពី​បាន​ជួប​ជាមួយ​កងទ័ព ហើយ​ទទួល​ព័ត៌មាន​អំពី​យុទ្ធសាស្ដ្រ​បំពុល​ទឹក​របស់ កូម៉ែល ព្រះ​ជ័យចេស្ដា បាន​ចេញ​បញ្ជា​ហាម​មិន​ឱ្យ​ទាហាន​ផឹកទឹក​ត្រពាំង​ដែល​នៅ​តាម​ដងផ្លូវ​ទេ រួច​បាន​ចាត់​ឱ្យ​កេណ្ឌ​អ្នកស្រុក​ទៅ​ដង​ទឹក​ពី​ទី​ឆ្ងាយ ដាក់​បំពង់​រាប់​ពាន់​សែន យក​មក​ឱ្យ​ទាហាន​ផឹក​វិញ ។

យប់​មួយ​នៅ​ពេល​ដែល​ពួក​ខ្មាំង​នៅ​ក្នុង​បន្ទាយ​ទ្រាំង​មិន​បាន​គិត​ដល់​ថា​នឹង​មាន​ការ​ប្រយុទ្ធ​ តេជោ​ព្រះ​អង្គ និង​យមរាជ​មឿង​បាន​ប្រមូល​ទាហាន​ដែល​មាន​កាំភ្លើង​កាន់​នៅ​ដៃ វាយលុក​ចូល​ទៅ​ក្នុង​បន្ទាយ ហើយ​បាញ់​សម្លាប់​ពួក​ខ្មាំង​ទាំងអស់ រួម​ទាំង​កូម៉ែល និង​ពួក​ធ្មប់​ផង ។

ចប់​សង្គ្រាម ព្រះរាជាណាចក្រ​បាន​សុខ​សន្ដិភាព​ហើយ ព្រះ​ស្រីសុរិយោពណ៌ បាន​លើក​តេជោ​ព្រះ​អង្គ ឱ្យ​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​សំរោងទង ។

រយៈកាល​បន្ដិច​ក្រោយ​មក តេជោ​ព្រះ​អង្គ​បាន​ទទួល​មរណភាព​ទៅ​ដោយ​ជរាភាព ។ ពេល​នោះ​ព្រះរាជា​បាន​លើក​ខ្ញុំបម្រើ​របស់​តេជោ​ព្រះ​អង្គ​ម្នាក់​ឈ្មោះ យ៉ត (18) មាន​ដើម​កំណើត​ជា​ជនជាតិ​ព្នង ឱ្យ​ឡើង​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​បន្ដ ពីព្រោះ​ខ្ញុំ​នេះ​តែង​តែ​ដើរ​តាម​នាយ​ចៅហ្វាយ​ទៅ​គ្រប់​សមរភូមិ​ប្រយុទ្ធ និង​រៀន​សូត្រ​ចេះ​ដឹង​ពី​ចិត្ដ​គំនិត និង​ល្បិច​ប្រយុទ្ធ​ផ្សេងៗ​របស់​ចៅហ្វាយនាយ ហើយ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​ប្រាជ្ញា​ឈ្លាសវៃ​ជាច្រើន​លើក​ច្រើន​សា ។ នាយ​យ៉ត​នេះ​បាន​ចាប់​បន្ដ​ធ្វើការ​បង្ក្រាប​ឱ្យ​ស្រុក​មាន​សុខ​សន្ដិភាព​ប្រកប​ដោយ​ជោគ ជ័យ ដែល​ត្រូវ​អាក់ខាន​មួយ​រយៈ​ដោយ​មរណភាព​របស់​តេជោ​ព្រះ​អង្គ ។

គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ព្រះរាជា​បាន​សម្រេច​ប្ដូរ​ព្រះរាជវាំង​ពី​កោះស្លាកែត ដោយ​នាំ​ព្រះរាជ​បរិពារ រាជវង្សានុវង្ស និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​មក​គង់នៅ​ឯ​ល្វាឯម (19) ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​ភ្នំពេញ​វិញ ។ ទ្រង់​បាន​លើក​ព្រះ​អគ្គមហេសី​សម្ដេចព្រះ​ភគវតី​ស្រីសុជាតិ​ឱ្យ​ឡើង​ជា​ ព្រះ​មហាក្សត្រីយ៍ ។ ខែត្រ​ស្រីសឈរ​ក៏​ត្រូវ​បែងចែក​ជា​២​គឺ មួយ​ផ្នែក​ខាងលើ​នៅ​រក្សា​ឈ្មោះ​ថា ស្រីសឈរ ដដែល ឯ​មួយ​ផ្នែក​ខាងក្រោម​មាន​ឈ្មោះ​ថា ល្វាឯម នៅ​ក្នុង​ឆ្នាំ​១៦០៤ ។

ហើយ​នៅ​ពេល​នោះ​ដែរ​ដែល​ព្រះរាជា ដែល​ទ្រង់​គ្រង​តែ​អាវ​ផាយ​ពណ៌​លឿង​តាម​របៀប​សៀម និង​បាន​សម្រេច​ឱ្យ​នាម៉ឺន​សព្វ​មុខមន្ដ្រី តាំងពី​ពួក​មហាតលិក និង​នាយពល​ឡើង​ទៅ បោះបង់​សម្លៀក​បំពាក់​របៀប​លង្វែក ដែល​បង់​ក​ក្រមា​វែង​ចេញ​ ហើយ​ឱ្យ​ស្លៀក​ពាក់​ដូច​ព្រះ​អង្គ​វិញ ។​ ទាំង​ការ​និយាយ​ស្ដី​ក៏​ទ្រង់​ឱ្យ​ដូរ​គឺ​ឱ្យ​ហៅ​ព្រះ​អង្គ​ថា​ ព្រះ​ស្រីសុរិយោពណ៌​សម្ដេច​មនាថ ​វិញ ។ ស្ដ្រីៗ​ដែល​មាន​ឋានៈ​ខ្ពស់​ត្រូវ​ឆ្លើយ​នឹង​ព្រះរាជា​ថា​ ព្រះ​ពរ ឆ្លើយ​នឹង​ព្រះ​មហាក្សត្រីយ៍​ថា​ ព្រះម៉ែ​ ហើយ​ឆ្លើយ​នឹង​ពួក​អ្នក​អង្គ​ម្ចាស់​ថា ព្រះបាទម្ចាស់ ។

នៅ​ពេល​នោះ អតីត​រាជានុ​សិទ្ធិ​ព្រះកែវ​ហ្វ៊ា​យោម​មិន​អាច​លាក់​កំបាំង​គំនិត​ដែល​ចង់​ដណ្ដើម​យក​អំណាច​ត​ទៅ​ទៀត​បាន​ទេ ទ្រង់​បាន​គេច​ខ្លួន​ទៅ​គង់​នៅ​ក្នុង​ខែត្រ​ស្ទោង ចន្លោះ​ខែត្រ​ជីក្រែង និង​ខែត្រ​កំពង់ស្វាយ នៅ​ក្នុង​ឆ្នាំ​១៦១១ ហើយ​ចាប់​កេណ្ឌ​កងទ័ព ។ ព្រះ​ស្រីសុរិយោពណ៌ បាន​លើក​ទ័ព​ទៅ​វាយ​កែវហ្វ៊ា​យោម ចាប់ខ្លួន​បាន ហើយ​បាន​បញ្ជា​ឱ្យ​គេ​ធ្វើឃាត​ចោល​ទៅ ។

ពួក​សៀម​ដែល​តាមដាន​សភាពការណ៍​នៅ​កម្ពុជា​ជាប់ នៅ​ពេល​ដែល​ទទួល​ព័ត៌មាន​ស្ដី​អំពី​ការ​បំបែក​ខ្លួន​របស់​ពញា​យោម ក៏​បញ្ជូន​ទ័ព​មួយ​កង​ចូល​មក​ដល់​ក្នុង​ខែត្រ​ពោធិ៍សាត់ ដោយ​យក​លេស​ថាមក​ជួយ​ព្រះរាជា​កម្ពុជា ។ ព្រះ​ស្រីសុរិយោពណ៌ បាន​ដឹកនាំ​ទ័ព​ទៅ​ជួប​ជាមួយ​ទ័ព​សៀម ពួក​នេះ​ក៏​ចាប់​បើក​ការ​វាយ​ប្រហារ​មក​លើ​ព្រះរាជា តែ​ត្រូវ​ព្រះរាជា​រុញ​ច្រាន​ឱ្យ​ដក​ថយ​ទៅ​ប្រទល់​ដែន​វិញ​ទៅ ។ ព្រះរាជា​បាន​យាង​ទៅ​កាន់​ស្លាកែត​នៅ​ក្នុង​ខែត្រ​កំពត ជាទី​ដែល​ព្រះ​អង្គ​គង់​នៅ​តាំងពី​ពេល​យាង​ត្រលប់​ពី​ស្រុក​សៀម​ម្ល៉េះ ។

នៅ​ក្នុង​ឆ្នាំ​១៦០១ ព្រះ​សុរិយោពណ៌ បាន​កសាង​វត្ដ​សម្បុក ប្រទាន​ដី កាត់​ឫស​សីមា រួច​ទ្រង់​បញ្ជា​ចៅហ្វាយ​ខែត្រ​ឱ្យ​រៀបចំ​ទទួល​ទូត​មក​ពី​ទិសឧត្ដរ និង​ទិស​បូព៌ា បណ្ដា​អ្នកប្រាជ្ញ​បណ្ឌិត​មក​ពី​បរទេស ជា​ពិសេស ឱ្យ​ថ្វាយ​តង្វាយ​ដែល​ព្រះរាជា​កម្ពុជា​តាំងពី​បុរាណកាល​ធ្លាប់​ថ្វាយ​ជូន​ដល់​ស្ដេច​ភ្លើង និង​ស្ដេច​ទឹក​រាល់​៣​ឆ្នាំ​ម្ដង ដើម្បី​ឱ្យ​ជួយ​ថែរក្សា​ផ្លូវ និង​ព្រៃ​ព្រឹក្សា កុំ​ឱ្យ​សត្រូវ​បៀត​បៀន​បាន ។

ព្រះ​ស្រីសុរិយោពណ៌​គ្រង​រាជសម្បត្ដិ​បាន​១៣​ឆ្នាំ​ហើយ ប៉ុន្ដែ​មិន​ទាន់​ទទួល​ព្រះ​រាជាភិសេក​នៅ​ឡើយ ។ ព្រះ​រាជាភិសេក​នេះ​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​១៦១៣ (20) ព្រះរាជា​ទ្រង់​កាន់​ព្រះខ័នរាជ្យ គង់​នៅ​ក្រោម​ស្វេតច្ឆត្រ ហើយ​ទទួល​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេចព្រះ​បរមរាជាធិរាជ​រាមធិបតី​ព្រះ​ស្រីសុរិយោពណ៌» ។

៦. ព្រះ​ជ័យជេដ្ឋា ឬ​ជ័យជេស្ដា​ទី​២ (១៦១៨-១៦២២)

ប្រាំ​ឆ្នាំ​ក្រោយ​មក​គឺ​នៅ​ក្នុង​ឆ្នាំ​១៦១៨​ ដោយ​នឿយណាយ​នឹង​គ្រប់គ្រង​ប្រទេស​ជាតិ​ ណា​មួយ​មាន​អាពាធ​ផង ព្រះ​ស្រីសុរិយោពណ៌​បាន​ផ្ដល់​ដំណឹង​ដល់​ព្រះ​ជ័យជេដ្ឋា​ជា​ព្រះរាជ​បុត្រា​ច្បង​របស់​ព្រះ​អង្គ ដែល​សៀម​ទុក​ឱ្យ​នៅ​នឹង​ស្រុក​គេ​នៅ​ឡើយ​ថា​ ព្រះ​អង្គ​មាន​បំណង​ចង់​ដាក់​រាជសម្បត្ដិ​ថ្វាយ ។​ ព្រះ​ជ័យជេដ្ឋា​ក៏​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជា​អយុធ្យា ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ ដោយ​មាន​ទ័ព​សៀម​ហែហម​មក​ជាមួយ​ផង និង​ពួក​ខ្មែរ​ដែល​នៅ​បម្រើ​ព្រះ​អង្គ​ ហើយ​ដែល​មាន​បំណង​ចង់​មក​តាម​ដែរ ។ មក​ដល់​បរិបូណ៌ ទ្រង់​បាន​បញ្ជា​ឱ្យ​ទ័ព​សៀម​វិល​ត្រលប់​ទៅ​វិញ រួច​ក៏​យាង​កាត់​មក​រក​ល្វាឯម ។ ពេល​នោះ​ទ្រង់​មាន​ព្រះ​ជន្ម​៤០​ព្រះ​វស្សា​ហើយ ។

ព្រះ​ស្រីសុរិយោពណ៌​ក៏​លើក​ព្រះ​ជ័យជេដ្ឋា​ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក មាន​ព្រះ​នាម​ថា​ «ព្រះបាទ​សម្ដេច​ព្រះរាជឱង្កា​ព្រះ​ជ័យជេដ្ឋា​ធិរាជ​រាមាធិបតី​បរមបពិត្រ» ។ ព្រះ​ឧទ័យ​ជា​ព្រះ​អនុជ ដែល​មាន​ព្រះ​ជន្ម​៣៩​ព្រះ​វស្សា បាន​ទទួល​ព្រះ​ឋានៈ​ជា​ព្រះ​មហាឧបរាជ ។

មួយ​ឆ្នាំ​ក្រោយ​មក​ ព្រះ​ស្រីសុរិយោពណ៌​បាន​សោយ​ទិវង្គត​ទៅ នៅ​ក្នុង​ព្រះ​ជន្ម​៦៤​ព្រះ​វស្សា ។ ព្រះ​ជ័យជេដ្ឋា និង​ព្រះ​ឧទ័យ​បាន​រៀបចំ​ព្រះរាជ​ពិធី​បូជា​ព្រះសព​ព្រះ​វររាជបិតា រួច​ហើយ​បាន​យក​ព្រះ​អដ្ឋិធាតុ​ទៅ​បញ្ចុះ​នៅ​ក្នុង​ចេតិយ​មួយ​សង់​នៅ​លើ​ភ្នំ​ព្រះរាជទ្រព្យ នៅ​ក្បែរ​ឧត្ដុង្គ ភ្នំ​នោះ​ក៏​ដូរ​ឈ្មោះ​ទៅ​ជា​ត្រៃត្រិង្ស​ចាប់ពី​ពេល​នោះ​រហូត​មក ។

នៅ​រវាង​ឆ្នាំ​១៦២០ ព្រះរាជា​ជ័យជេដ្ឋា បាន​ធ្វើ​ដំណើរ​បូជនីយេសក៍​មក​កាន់​ភ្នំ​ត្រៃត្រិង្ស ទ្រង់​ចាប់​ព្រះ​ទ័យ​ជា​ខ្លាំង​នឹង​ស្រុក​ឧត្ដុង្គ ក៏​បញ្ជា​ឱ្យ​សង់​រាជវាំង​មួយ​នៅ​ពី​ខាងជើង​ស្រះ​កែវ រួច​បាន​ចេញ​បញ្ជា​ឱ្យ​ដូរ​ឈ្មោះ​រាជធានី​ដែល​នៅ​ក្បែរ​ព្រះរាជវាំង​នោះ​ថា​ជា «ឧត្ដុង្គ​មានជ័យ» វិញ ។ នៅ​ឆ្នាំ​១៦២២ ទ្រង់​បាន​ឱ្យ​ជីក​ស្រះ​មួយ​ទៀត​នៅ​ពី​ខាងក្រោយ​ស្រះ​កែវ​នោះ ។ គឺ​នៅ​ក្នុង​ឱកាស​នោះ​ឯង​ដែល​ទ្រង់​បាន​ចេញ​បញ្ជា​ឱ្យ​នាម៉ឺន​សព្វ​មុខមន្ដ្រី ហៅ​ព្រះ​អង្គ​ថា «សម្ដេចព្រះ​នរាយណ៍​មនាថ» ។

នៅ​ក្នុង​ឆ្នាំ​១៦២៣​ ទ័ព​សៀម​ពីរ​កង​បាន​ចូល​មក​លុកលុយ​ព្រះរាជាណាចក្រ​កម្ពុជា​ មួយ​កង​ចូល​មក​ពី​ទិស​ខាងជើង ដឹកនាំ​ដោយ​ព្រះរាជបុត្រ​ស្ដេច​សៀម និង​មួយ​កង​ទៀត​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​ភ្យា​ថៃណាំ ចូល​មក​ក្នុង​ខែត្រ​បន្ទាយមាស​ពី​ទិស​ខាងត្បូង ។ ព្រះ​ជ័យជេដ្ឋា បាន​ដឹកនាំ​ទ័ព​ចេញ​ទៅ​វាយ​ទ័ព​សៀម​នៅ​ទិស​ខាងជើង​ឱ្យ​បរាជ័យ​នៅ​បរិបូណ៌ ត្រង់​ភ្នំ​ចង្កង់ (21) ឯ​ព្រះ​ឧទ័យ បាន​ដឹកនាំ​ទ័ព​ចេញ​វាយ​សៀម​ឱ្យ​បរាជ័យ​នៅ​បន្ទាយមាស បង្ខំ​ឱ្យ​ចុះទូក​ចេញ​ទៅ​វិញ​ទៅ ។ មួយ​ឆ្នាំ​ក្រោយមក ទ័ព​សៀម​ចុះ​សំពៅ​វិល​ត្រលប់​មក​ម្ដង​ទៀត ក៏​ប៉ុន្ដែ​ត្រូវ​ព្យុះ​បក់​បោក​បង្ខំ​ឱ្យ​ត្រលប់​ចូល​ទៅ​ក្នុង​ទន្លេ​មេណាម​វិញ​ដើម្បី​ជៀសវាង​ការ​ខូចខាត ជា​ហេតុ​ធ្វើ​ឱ្យ​ស្ដេច​សៀម​ព្រះ​ចៅ ប្រាសាទថោង​ បោះបង់​យុទ្ធនាការ​នេះ​ចោល ។​ ដើម្បី​រំលឹក​ដល់​ជ័យជម្នះ​នេះ​ ហើយ​ដើម្បី​សម្ដែង​ការ​ដឹងគុណ​ដល់​ព្រះ​រតនត្រ័យ​ផង ព្រះរាជា​បាន​ចេញ​បញ្ជា​ឱ្យ​កសាង​ប្រាង្គ​មួយ​នៅ​លើ​កំពូល​ភ្នំ​ព្រះរាជ​ទ្រព្យ​ពី​លើ​ចេតិយ​ដែល​ដាក់​អដ្ឋិធាតុ​ព្រះ​បិតា​ព្រះ​អង្គ ។

ឡើង​គ្រង​រាជបល្ល័ង្ក​មិន​បាន​ប៉ុន្មាន​ផង​ ព្រះ​ជ័យជេដ្ឋា​បាន​ទទួល​យក​ក្សត្រី​អាណ្ណាម​មួយ​អង្គ​ដែល​ព្រះរាជា​អាណ្ណាម​បាន​បញ្ជូន​មក​ថ្វាយ ធ្វើ​ជា​ព្រះ​ជាយា ហើយ​បាន​លើក​ព្រះ​ក្សត្រី​នោះ​ឡើង​ជា​ «សម្ដេច​ភគវតី​ព្រះស្រីវរ​ក្សត្រីយ៍» ។

ព្រះ​ក្សត្រីយ៍​នេះ​មាន​សម្ពស្ស​ល្អ​ខ្លាំង​ណាស់​ហើយ​ចេះ​ធ្វើ​ឱ្យ​ព្រះរាជា​ស្រលាញ់​ និង​ស្ដាប់​បង្គាប់ ។​ គេ​បាន​ចាត់​ទុក​ថា ទំនាក់​ទំនង​រវាង​ព្រះរាជា​អាណ្ណាម​ជាមួយ​ព្រះរាជា​កម្ពុជា បាន​ចាប់ផ្ដើម​កើន​ឡើង​ពី​ត្រឹម​ពេល​ដែល​ក្សត្រីយ៍​រូប​នេះ​យាង​មក​ដល់​រាជវាំង​កម្ពុជា ។

នៅ​ក្នុង​ឆ្នាំ​១៦២៣ មាន​ទូត​អាណ្ណាម​មួយ​ក្រុម បាន​នាំ​យក​ជំនូន​ល្អៗ​មក​ថ្វាយ​ព្រះរាជា​ជ័យជេដ្ឋា ជា​ព្រះរាជបុត្រ​សុណិសា​របស់​ព្រះរាជា​អាណ្ណាម ហើយ​ស្នើ​សុំ​ព្រះ​រាជានុញ្ញាត​ឱ្យ​ប្រជាជន​អាណ្ណាម​ចូល​មក​រស់​នៅ​ចុង​ខាងត្បូង​នៃ​ព្រះរាជា​ណាចក្រ ហើយ​សុំ​ព្រះ​រាជានុញ្ញាត​បង្កើត​ទីស្នាក់ការ​គយ​មួយ​កន្លែង​នៅ​ព្រៃនគរ (សាយហ្គន) (22) ដើម្បី​គាំទ្រ​ដល់​កិច្ចការ​ទាំងអស់​នេះ ។ ព្រះរាជា​អាច​នឹង​លំបាក​ក្នុង​ការ​ប្រកែក​មិន​យល់​ព្រម​តាម​សំណើ ហើយ​ព្រះរាជ​ក្សត្រីយ៍​ក៏​ប្រហែល​ជា​បាន​ទទូច​ឱ្យ​ព្រះរាជា​បំពេញ​តាម​បំណង​របស់​ព្រះ​បិតា​ផង​ដែរ នៅ​ទីបញ្ចប់​ព្រះរាជា​ក៏​យល់​ព្រម​ផ្ដល់​ការ​អនុញ្ញាត​តាម​ការ​ស្នើ​សុំ​ទាំង​២ ។ គឺ​ដោយ​បែប​នេះ​ហើយ​ដែល​ពួក​យួន​ចូល​មក​រស់នៅ​ក្នុង​ស្រុក​ខ្មែរ ហើយ​ចាប់​ផ្ដើម​ទន្ទ្រាន​ដណ្ដើម​យក​ទឹកដី​ដែល​យើង​ហៅ​សព្វថ្ងៃ​ថា កូសាំងស៊ីន ។

នៅ​សម័យ​នោះ តាម​ការ​រៀបរាប់​ផ្សេងៗ​ដែល​ប្រហែល​ជា​គេ​និយាយ​បំផ្លើស​ច្រើន បាន​ដំណាល​ពី​អ្នក​ស្រុក​អាតូពឺ រើស​បាន​មាស​នៅ​នឹង​បាត​ស្ទឹង​ពេល​ទឹក​ស្រក ព្រះរាជា​ក៏​យាង​ទៅ​កាន់​ទីកន្លែង​នោះ (23) ។ ពាណិជ្ជករ​ជាតិ​ហូឡង់ លោក ហ្សេរ៉ា​វ៉ាន់​វូសូវ បាន​សរសេរ​ពី​រឿង​នេះ​នៅ​ក្នុង​ឆ្នាំ​១៦៤២​ថា «នៅ​ត្រង់​ទីកន្លែង​នោះ​(បឹតហ្សុង​-បាចុង​-ស្ទឹងត្រែង) មាន​ស្ទឹង​មួយ​ហូរ​ចុះ​ពី​ទិស​ខាង​កើត​មក ។​ បើ​ឡើង​តាម​ស្ទឹង​នេះ​ទៅ​ចម្ងាយ​៣០​ម៉ៃល៍​ មាន​កន្លែង​មួយ​ឈ្មោះ​ថា​ ណាមម៉យ​ មាន​ពួក​លូវែន ​(លាវ) រស់នៅ​ និង​មាន​ខ្មែរ​ខ្លះ​ដែរ​រស់​នៅ​ទីនោះ​ដែរ ។ កាល​ពី​២០​ឆ្នាំ​មុន ព្រះរាជា​កម្ពុជា​បាន​យាង​តាម​ទូក​មក​ដល់​កន្លែង​ដែល​អ្នកស្រុក​រើស​បាន​មាស នៅ​២០​ម៉ៃល៍​ពី​ខាងលើ​ណាមម៉យ ជាមួយ​ទ័ព​ជប៉ុន ចិន ម៉ាឡេ និង​ខ្មែរ​ចំនួន​៣០០​នាក់ ។ ក៏​ប៉ុន្ដែ​ទឹក​មិន​ស្អាត ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​អស់​ជា​ច្រើន នៅ​សល់​មិន​ដល់​៥០​នាក់​ផង​ទេ ដែល​អាច​វិល​ត្រលប់​ពី​បេសកកម្ម​នេះ​វិញ ។ ទោះជា​យ៉ាង​ណា​ក្ដី ពួក​លូវែន​បាន​អះអាង​ថា​ មាន​រ៉ែ​មាស​ជា​ច្រើន តែ​អ្នកស្រុក​មិន​បាន​ទាញ​យក​ផល​ទេ ដោយ​មិន​ចេះ​ធ្វើ​ជំនួញ» ។

ព្រះ​ជ័យជេដ្ឋា បាន​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៦២៨ ក្នុង​ព្រះ​ជន្មាយុ​៥៨​ព្រះ​វស្សា ក្រោយ​ពី​ទ្រង់​ឡើង សោយរាជ្យ​បាន​១០​ឆ្នាំ ។

៧. រយៈកាល​ចន្លោះ​រាជសម្បត្ដិ (១៦២៨-១៦២៩)

ព្រះ​ឧទ័យ​ជា​ព្រះ​អនុជ នៅ​ពេល​នោះ​មាន​ព្រះ​ជន្មាយុ​៤៨​ព្រះ​វស្សា​ហើយ ។ ព្រះ​អង្គ​បាន​ធ្វើ​ជា​ឧបរាជ​តាំងពី​ឆ្នាំ​១៦១៨​មក ទ្រង់​ក៏​ចាប់​កាន់​កិច្ចការ​ព្រះ​នគរ​ជា​បន្ដ​ក្នុង​ព្រះ​ឋានៈ​ជា​ព្រះ​ឧបយុវរាជ មាន​ព្រះ​នាម​ថា «ព្រះ​ធម្ម​នាថ​យោមរាជ​ធម្ម» ។

ព្រះ​ឧទ័យ​កាន់កាប់​អំណាច​រហូត​ដល់​ឆ្នាំ​១៦២៩ ដល់​ពេល​ដែល​ព្រះរាជបុត្រ​ច្បង​របស់​ព្រះ​ជ័យជេដ្ឋា ព្រះ​នាម​ថា​ ចៅពញា​សូរ ដែល​បាន​សាង​ព្រះ​ផ្នួស​តាំង​តែ​ពី​មុន​ពេល​ព្រះ​បិតា​ទ្រង់​សុគត បាន​លា​ចាក​ព្រះ​ផ្នួស​មក​វិញ ពេល​នោះ​ទ្រង់​មាន​ព្រះ​ជន្ម​២៦​ព្រះ​វស្សា​ហើយ ។ ព្រះ​ឧទ័យ​ជា​ព្រះរាជានុសិទ្ធិ ដែល​បាន​ទទួល​ព្រះ​ឋានៈ​មួយ ដែល​ធម្មតា​មិន​អនុញ្ញាត​ឱ្យ​ព្រះ​អង្គ​ទទួល​រាជសម្បត្ដិ​បាន​ទេ ទ្រង់​ក៏​សម្រេច​រៀបចំ​អភិសេក​ព្រះ​ភាគិនេយ្យ​ឱ្យ​ឡើង​សោយរាជ្យ​សម្បត្ដិ​ឡើង ។

៨. ព្រះ​ស្រីធម្មោរាជា​ទី​១​-ចៅពញា​សូរ (១៦២៩-១៦៣០)

ព្រះរាជ​ពិធី​អភិសេក​ចៅពញា​សូរ​បាន​ប្រព្រឹត្ដ​ទៅ​ក្នុង​ឆ្នាំ​១៦២៩ ហើយ​ទទួល​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការព្រះ​ស្រី​ធម្មោរាជាធិរាជ​រាមាធិបតី» ។ រាជពង្សាវតារ​ជួនកាល​ហៅ​ព្រះ​អង្គ​ថា ព្រះស្រីធម្មោរាជា ជួនកាល​ទៀត​ហៅ​ព្រះ​អង្គ​ថា​ ព្រះរាជសម្ភារ ។

ព្រះរាជា​វ័យក្មេង​នេះ មិន​ចង់​កាន់​អំណាច​ទេ ម្ល៉ោះ​ហើយ​ទ្រង់​បាន​ប្រគល់​កិច្ចការ​ព្រះ​នគរ​ទាំងអស់​ឱ្យ​ព្រះ​បិតុលា​ចាត់​ចែង ចំណែក​ខ្លួន​ព្រះ​អង្គ​បាន​យាង​ទៅ​គង់នៅ​ឯ​កោះ​ឃ្លោក សព្វថ្ងៃ​ហៅ​ថា ខ្សាច់កណ្ដាល គិតគូរ​អំពី​អក្សរសាស្ដ្រ​វិញ ។​ គឺជា​ក្សត្រ​មួយ​អង្គ​ពូកែ​ខាង​រឿង​សាសនា​ និង​អក្សរសាស្ដ្រ​ ហើយ​គេ​និយាយ​ថា​ព្រះ​អង្គ​បាន​និពន្ធ​កាព្យ​ឃ្លោង​ និង​រឿងរ៉ាវ​ប្រវត្ដិសាស្ដ្រ​ជា​ច្រើន​ ប៉ុន្ដែ​មិន​ឃើញ​មាន​សេស​សល់​អ្វី​រហូត​មក​ដល់​យើង​ទេ ។ ទ្រង់​បាន​ឱ្យ​ដូរ​ពិធីការ​ដែល​ព្រះរាជា​មុនៗ​បាន​ប្ដូរ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ដោយ​ឱ្យ​អ្នក​ទាំងពួង​ហៅ​ព្រះ​អង្គ​ថា ព្រះរាជ​សម្ភារបារមី​ពិសេស និង​ឱ្យ​ហៅ​អតីត​ព្រះរាជានុសិទ្ធិ​ថា ព្រះ​ភូវនាថ ។

ទ្រង់​បាន​ឯកភាព​ជាមួយ​ព្រះ​ជ័យជេដ្ឋា លះបង់​ភាព​ជា​បព្វជិត​នៅ​ឆ្នាំ​បន្ទាប់ ដើម្បី​ដឹកនាំ​ទ័ព​ទៅ​វាយ​លុក​ខែត្រ​កូរ៉ាត ក្នុង​ព្រះរាជ​បំណង​ដណ្ដើម​យក​ពី​សៀម​មក​វិញ ។ ក៏​ប៉ុន្ដែ​ត្រូវ​បរាជ័យ មិន​អាច​ឈរ​ជើង​បាន ក៏​ដក​ទ័ព​មក​វិញ ដោយ​នាំ​យក​ឈ្លើយ​ជា​ច្រើន​មក​ជាមួយ​ផង ។ ពេល​យាង​ត្រលប់​មក​ដល់​អង្គរវត្ដ​វិញ ព្រះ​ឧបយុវរាជ​បាន​យាង​ទាំង​គ្រួសារ​កាត់​ទៅ​ជួបនឹង​ព្រះ​អង្គ ធ្វើ​ឲ្យ​ព្រះ​អង្គ​បាន​ជួប​ជាមួយ​ព្រះ​សុជាតិ​ក្សត្រី ជា​ព្រះ​មហេសី​របស់​ព្រះ​បិតុលា​ព្រះ​អង្គ ដែល​គេ​បាន​ផ្គូផ្គង​ជាមួយ​ព្រះ​អង្គ​ពី​មុន តែ​ត្រូវ​ព្រះ​បិតុលា​រៀប​អាពាហ៍​ពិពាហ៍​ជា​មហេសី ក្នុង​ពេល​ដែល​ព្រះ​អង្គ​កំពុង​បំពេញ​បព្វជ្ជា ។ ទ្រង់​ក៏​ចាប់​ផ្ដើម​ស្រលាញ់​ព្រះ​នាង​ដោយ​បាន​សុំ​ណាត់​ជួប​ជាមួយ​ព្រះ​នាង​នៅ​មុខ​នាគ ហើយ​ក៏​ស្រលាញ់​គ្នា​ទៅ ។

ពេល​យាង​ត្រលប់​មក​ឧត្ដុង្គ​វិញ ព្រះ​ឧភយោរាជ​ក៏​ប្រឈួន ការ​ថែ​ធួន​ក៏​មិន​ដិត​ដល់ ទំនាក់​ទំនង​ស្នេហា​រវាង​ព្រះរាជា​ និង​ព្រះ​ក្សត្រី​អង្គវតី​ចេះ​តែ​បន្ដ​ទៅ ។​ រាជពង្សាវតារ​មួយ​និយាយ​ថា​អ្នក​ទាំង​២​សង្ឃឹម​ថា​បាន​ជួប​គ្នា​នៅ​ពេល​ដែល​ព្រះ​ឧភយោរាជ​សុគត ក៏​ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ ព្រះរាជានុ​សិទ្ធិ​បែរជា​ជា​សះស្បើយ ធ្វើ​ឱ្យ​អ្នក​ទាំង​២​មាន​ការ​ភិត​ភ័យ​ជាខ្លាំង ខ្លាច​ត្រូវ​គេ​វែកមុខ​រាយការណ៍​ថ្វាយ​ព្រះ​បិតុលា ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា ព្រះ​អង្គ​ស្រលាញ់​គ្នា ។ ភ័យ​ពេក ព្រះ​អង្គវតី បាន​លួច​រត់​ចេញពី​រាជវាំង​របស់​ព្រះ​ឧភយោរាជ ទៅ​គង់នៅ​ព្រះរាជា​វាំង​របស់​ព្រះរាជា​ជាមួយ​សហាយ​វិញ ។

ព្រឹត្ដិការណ៍​ក្នុង​រាជវង្ស​នេះ​បាន​បង្ក​ឱ្យ​កើត​មាន​រឿង​អាស្រូវ​ជា​ខ្លាំងៈ​ មនុស្ស​ជា​ច្រើន​បន្ទោស​ថា​ព្រះ​ឧភយោរាជ​បាន​ដណ្ដើម​យក​គូ​ស្នេហា​របស់​ព្រះ​រជ្ជទាយាទ​ អ្នកខ្លះ​ទៀត​បន្ទោស​ព្រះរាជា​ដែល​បាន​ដណ្ដើម​យក​ព្រះ​ជាយា​របស់​ព្រះ​ឧភយោរាជ ដែល​ខិតខំ​ដឹកនាំ​ប្រទេស​ជាតិ​ក្នុង​នាម​ជា​ព្រះ​យោមរាជ​ធំ រួច​ហើយ​បាន​ប្រគល់​រាជសម្បត្ដិ​មក​ឱ្យ​ថែរក្សា​វិញ​ ហើយ​មាន​អ្នក​ខ្លះ​ទៀត​កាន់​ជើង​ព្រះ​អង្គវតី​ដែល​សព្វព្រះទ័យ​នឹង​ព្រះរាជា​ក្មេង ដែល​ជា​គូសង្សារ​ចាស់​ជា​ជាង​ស្រលាញ់​ព្រះ​ស្វាមី​ចាស់​ដែល​គ្រាន់តែ​ជា​ឧភយោរាជ​ប៉ុណ្ណោះ ។​ ព្រះ​ឧភយោរាជ និង​ព្រះរាជា​ក៏​ចាប់​តាំង​កេណ្ឌ​ទ័ព​តែ​សព្វៗ​ខ្លួន ហើយ​សង្គ្រាម​បង្ហូរ​ឈាម​តែ​គ្រួសារ​ឯង​ក៏​បាន​ផ្ទុះ​ឡើង ។ ប៉ុន្ដែ តាំងពី​ការ​ប្រយុទ្ធ​គ្នា​ដំបូង​ម្ល៉េះ ទ័ព​ព្រះរាជា​ត្រូវ​បរាជ័យ ហើយ​មេទ័ព​របស់​ព្រះរាជា​៤​នាក់ ដែល​សុទ្ធ​ជា​ជនជាតិ​ចិន​ក៏​ត្រូវ​គេ​សម្លាប់​បាន ។​ ព្រះរាជា​ និង​ព្រះ​អង្គវតី​ក៏​នាំ​គ្នា​គេច​ខ្លួន​ទៅ​កាន់​ខែត្រ​កញ្ជរ​ តែ​ត្រូវ​ទ័ព​ព្រះ​ឧភយោរាជ​មួយ​កង​តាម​ទាន់ ហើយ​ធ្វើឃាត​នឹង​កាំភ្លើង​សុគត​ទៅ ។

ព្រះ​ស្រីធម្មោរាជា​សោយរាជ្យ​បាន​១​ឆ្នាំ ហើយ​ក៏​សុគត​ទៅ​ក្នុង​ព្រះ​ជន្មាយុ​២៩​ព្រះ​វស្សា (24) ។

៩. ព្រះ​អង្គទង​រាមាធិបតី​-ចៅពញា​នូ (១៦៣០-១៦៤០)

ព្រះរាជា​ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​សូរ គឺ​ចៅពញា​នូ ដែល​ទទួល​ការ​អភិសេក​ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ​ព្រះ​អង្គ​ទង​រាជាធិរាជ​រាមាធិបតី​បរមបពិត្រ» នៅ​ក្នុង​ព្រះ​ជន្មាយុ​២៣​ព្រះ​វស្សា ។ រាជពង្សាវតារ​និយាយ​ថា​ទ្រង់​សោយរាជ្យ​បាន​៥​ឆ្នាំ​ ក៏​ប៉ុន្ដែ​ការ​គណនា​បង្ហាញ​ថា​ទ្រង់​សោយរាជ្យ​បាន​៩​ឆ្នាំ​យ៉ាង​តិច ។ ទ្រង់​បាន​បង្ក្រាប​ការ​បះបោរ​មួយ​របស់​អ្នកស្រុក​រលាំងទ្រុល ដឹកនាំ​ដោយ​ជន​ហិណ្ឌូ​ម្នាក់ ដែល​ត្រូវ​ចាប់ខ្លួន​បាន រួច​ហើយ​ទ្រង់​បាន​បញ្ជា​ឱ្យ​គេ​កាត់​ក្បាល​សម្លាប់​ចោល ។

ព្រះ​រាមាធិបតី​ទ្រង់​បាន​ផ្លាស់​ប្ដូរ​រូបមន្ដ​ពិធីការ​ដែល​កំណត់​ឡើង​ដោយ​ព្រះ​ធម្មោរាជា ដោយ​ទ្រង់​ឱ្យ​អ្នក​ផង​ហៅ​ព្រះ​អង្គ​ថា ព្រះករុណា​ពិសេស​ព្រះ​អង្គ​រាជ ។ ទ្រង់​សោយរាជ្យ​សម្បត្ដិ​នៅ​រាជធានី​ឧត្ដុង្គ ។ ព្រះ​រាមាធិបតី​បាន​ចូល​ទិវង្គត នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​១៦៤០ (25) ។

១០. ព្រះ​បទុមរាជា​ទី​១​-ព្រះ​អង្គ​នន់ (១៦៤១)

តាម​ការ​បង្ហាញ​ពី​ព្រះ​ឧភយោរាជ​ព្រះឧទ័យ អតីត​ព្រះ​យោមរាជ​ធំ នាម៉ឺន​សព្វ​មុខមន្ដ្រី​បាន​លើក​ព្រះរាជ​បុត្រា​ច្បង​របស់​ព្រះ​អង្គ ដែល​មាន​ព្រះ​ជន្មាយុ​២៤​ព្រះ​វស្សា​ហើយ ឱ្យ​ឡើង​សោយរាជ្យ​បន្ដ ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការព្រះ​បទុមរាជា​ធិរាជ​រាមាធិបតី» ។ បើ​តាម​សម្ដី​របស់​លោក ហ្សេរ៉ាវ៉ាន់​វូសូវ ព្រះរាជា​អង្គ​នេះ​ត្រឹមត្រូវ ស្លូត ហើយ​មាន​ព្រះរាជ​អាកប្បកិរិយា​ល្អ ។ តាម​មើល​ទៅ គឺ​ប្រហែល​ដោយ​ទ្រង់​បាន​ការពារ​ពួក​ហូឡង់ ដែល​បាន​កសាង​អគារ​ពាណិជ្ជកម្ម​មួយ​នៅ​ខាងក្រោម​ពញាឮ​បន្ដិច (26) ។

ក្រោយ​ពេល​ទ្រង់​ឡើង​សោយរាជ្យ​បាន​បន្ដិច​ មាន​កើត​ជំងឺ​មួយ​ធំ​នៅ​ក្នុង​ខែ​កក្កដា​ ឆ្នាំ​១៦៤០​ ធ្វើ​ឱ្យ​ស្លាប់​ប្រជាជន​កម្ពុជា​អស់​ជា​ច្រើន ។ ជំងឺ​នេះ​បាន​ធ្វើ​ឱ្យ​មេ​អគារ​ពាណិជ្ជកម្ម​ហូឡង់​នៅ​កម្ពុជា​ឈ្មោះ វ៉ាន់ឌែរ​ហាហ្គិន ស្លាប់​ក្នុង​ពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះ ។

ព្រះ​បទុមរាជា​សោយរាជ្យ​សម្បត្ដិ​នៅ​ឧត្ដុង្គ​បាន​ប្រហែល​១​ឆ្នាំ ស្រាប់​តែ​ចៅពញាចន្ទ ជា​ព្រះរាជ​បុត្រា​ទី​៣​របស់​ព្រះ​ជ័យជេដ្ឋា​ជាមួយ​ម៉ម​លាវ​ឈ្មោះ​ថា នាង​អ្នក​បុស្សា ហើយ​ត្រូវជា​ព្រះ​អនុជ​របស់​ព្រះ​អង្គ​ទង​ចៅពញា​នូ មិន​សប្បាយ​ព្រះ​ទ័យ​នឹង​ព្រះ​ឧភយោរាជ​ព្រះ​ឧទ័យ ដែល​ដក​ហូត​រាជបល្ល័ង្ក​ពី​ព្រះ​អង្គ​យក​ទៅ​ឱ្យ​ព្រះអង្គ​នន់​វិញ ក៏​បាន​លើក​ផែនការ​ក្បត់ ហើយ​បាន​លួច​ធ្វើឃាត​ព្រះ​ឧទ័យ​ព្រមទាំង រាជវង្សានុវង្ស​ជា​ច្រើន​អង្គ​ទៀត នៅ​ក្នុង​ពិធី​កំសាន្ដ​មួយ នៅ​ក្នុង​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​១៦៤២ ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​ពួក​ម៉ាឡេ និង​ចាម ដែល​ទ្រង់​បាន​សន្យា​ថា នឹង​ផ្ដល់​ផលប្រយោជន៍​ឱ្យ​ជា​ក្រោយ (27) ។

រួច​ចៅពញាចន្ទ បាន​បញ្ជូន​ទ័ព​៥​កង ឱ្យ​ចេញ​ទៅ​ជួប​ជាមួយ​ព្រះរាជា​អង្គ​នន់ ដែល​កំពុង​តែ​ប្រពាត​ការ​បរបាញ់​សត្វ​នៅ​ចម្ងាយ​ប្រហែល​៦០​លីយឺ​ពី​រាជធានី​នៅ​ក្នុង​ខែត្រ​មួយ​នៅ​មាត់សមុទ្រ​ ហើយ​ដែល​មាន​មហាតលិក​ការពារ​តែ​៦០​នាក់​ប៉ុណ្ណោះ ។ ព្រះ​អង្គ​ត្រូវ​ទ័ព​ទាំង​៥​កង​ព័ទ្ធ​វាយ​ប្រហារ រួច​ចាប់​នាំ​ខ្លួន​មក​កាន់​រាជធានី​ឧត្ដុង្គ ។

បន្ទាប់​ពី​ឃាតកម្ម​មក​លើ​ព្រះ​ឧទ័យ មាន​រាជកុមារ​៣​អង្គ​បាន​ភៀសខ្លួន​រួច​ពី​ការ​កាប់​សម្លាប់​រង្គាល ។ គឺ​រាជបុត្រ​របស់​ព្រះរាជា និង​ត្រូវជា​ព្រះរាជ​នត្ដា​របស់​ព្រះ​ឧទ័យ ។ រាជកុមារ​ទាំង​៣​អង្គ​បាន​គេច​ចូល​ទៅ​ជ្រកកោន​នៅ​ក្នុង​វត្ដ​មួយ ម្ល៉ោះហើយ​ក៏​ទទួល​បាន​នូវ​សិទ្ធិ​ជ្រកកោន ដែល​នៅ​សម័យ​នោះ គ្មាន​នរណា​រំលោភ​បាន​ទេ​នៅ​ក្នុង​ឥណ្ឌូចិន​ទាំងមូល ។ ចៅពញាចន្ទ​ធ្វើ​ហាក់​ដូចជា​បាន​បំភ្លេច​កុមារ​ទាំងនោះ​ហើយ ប៉ុន្ដែ​បាន​តាមដាន​រហូត ។ រហូត​ដល់​ពេល​ដែល​មាន​ប្រជាជន​១​ម៉ឺន​២​ពាន់​នាក់​ខឹងសម្បា​ ហើយ​កាន់​អាវុធ​ឡើង​ធ្វើ​ឱ្យ​កុមារ​ទាំង​៣​រត់​ចេញពី​វត្ដ​រួច​ចាប់​កុមារ​បង​ទាំង​២​មក​ប្រគល់​ឱ្យ​ពញាចន្ទ ។​ រាជកុមារ​ពៅ​បាន​ត្រូវ​ព្រះ​វររាជ​មាតា​ជួយ​សង្គ្រោះ​យក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា មិន​ព្រម​ប្រគល់​ឱ្យ​ពញាចន្ទ​ទេ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះរាជា​បាន​លើក​ព្រះរាជ​កុមារ​នេះ ឱ្យ​ឡើង​ធ្វើ​ជា​មហាឧបរាជ ។

ឯកសារ​របស់​ពួក​ហូឡង់​បាន​រៀបរាប់​ថា រាជកុមារ​ទាំង​២​បាន​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​អាក្រក់​ខ្លាំង​ណាស់ មុន​នឹង​ត្រូវ​គេ​សម្លាប់ ។​ គេ​យក​ព្រះ​អង្គ​ទៅ​ដាក់​គុក​ ហើយ​ឱ្យ​សោយ​តែ​សាច់​ដែល​គេ​កាត់​ចេញ​ពី​ខ្លួន​ព្រះ​អង្គ ។​ តែ​រាជកុមារ​ទាំង​២​មាន​សេចក្ដី​ក្លាហាន ខុស​ប្លែក​ពី​កុមារ​ទាំងឡាយ ។ នៅ​ពេល​ដែល​ទ្រង់​ត្រូវ​គេ​សម្លាប់​ដោយ​ចង​ភ្ជាប់​ទៅ​នឹង​ដើម​ចេក ទ្រង់​បាន​សំណូមពរ​ហើយ​ពិនិត្យ​បញ្ជាក់​ថា គេ​បាន​សំលៀង​កាំបិត​ដែល​ត្រូវ​យក​មក​កាប់​ខ្លួន​ព្រះ​អង្គ​ជា​២​កំណាត់​នោះ​មុត​ល្អ​ហើយ ។ ការ​ធ្វើឃាត​រាជកុមារ​ទាំង​២​បាន​ធ្វើ​ឱ្យ​ប្រជារាស្ដ្រ​មាន​ការ​ភិតភ័យ​ជា​ខ្លាំង ហើយ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ចេញ​មុខ​មក​ជួយ​ឡើយ ។

តាម​ពិត​ទៅ អ្នក​អង្គ​ម្ចាស់​ចន្ទ ទ្រង់​ដឹកនាំ​ប្រទេស​ក្នុង​ព្រះ​នាម​ព្រះ​រៀម​របស់​ព្រះ​អង្គ ហើយ​អ្វីៗ​សុទ្ធតែ​ធ្វើ​ទៅ​តាម​បញ្ជា​របស់​ព្រះ​រៀម​ទាំងអស់ ។ ប៉ុន្ដែ​ដោយ​ប្រជារាស្ដ្រ​ស្អប់​ព្រះ​អង្គ តែ​ស្រលាញ់​ព្រះ​រៀម​ម្ល៉ោះ​ហើយ​ទ្រង់​ក៏​សម្រេច​ចិត្ដ​កម្ចាត់​ព្រះ​រៀម​ចេញ ។ ពួក​ហូឡង់​និយាយ​ថា ទ្រង់​បាន​រៀបចំ​ធ្វើ​ឱ្យ​ព្រះ​អនុជ​ថ្លៃ​របស់​ព្រះរាជា​ចោទ​ប្រកាន់​ព្រះរាជា​ថា​ បាន​ចែចង់​ព្រះ​ជាយា​របស់​ព្រះ​អង្គ រួច​ហើយ​ទ្រង់​បាន​ចេញ​បញ្ជា​ឱ្យ​គេ​កាត់​ក​ព្រះរាជា​ទៅ ។ បន្ទាប់​មក អ្នក​អង្គ​ម្ចាស់​ចន្ទ​បាន​បញ្ជា​ឱ្យ​គេ​សម្លាប់​ព្រះ​អនុជ​ថ្លៃ​នោះ​ចោល​ទៀត ដោយ​ចោទ​ថា បាន​ធ្វើការ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ​ទៅ​លើ​ព្រះរាជា ។ រឿង​កំប្លែង​ទាំង​អស់​នោះ មាន​គោល​បំណង​ជា​ពិសេស គឺ​ដើម្បី​រក្សា​រាជសម្បត្ដិ​ទុក​ខ្លួនឯង ។

១១. ព្រះ​បទុមរាជា​ទី​២ ពញាចន្ទ​-ស្ដេច​ចូល​សាសនា​ជ្វា (១៦៤២-១៦៥៩)

ក្រោយ​ពី​បាន​អនុវត្ដ​អំពើ​ឧក្រិដ្ឋ​ខាងលើ​រួច​ហើយ អ្នក​អង្គ​ម្ចាស់​ចន្ទ ដែល​មាន​ព្រះ​ជន្ម​២៦​ព្រះ​វស្សា បាន​ឱ្យ​គេ​រៀបចំ​ពិធី​អភិសេក​ព្រះ​អង្គ​ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេចព្រះ​បទុមរាជា​ធិរាជ​រាមាធិបតី» ។ អ្នក​អង្គ​ម្ចាស់​ឯម រាជបុត្រា​របស់​ព្រះ​ឧទ័យ ដែល​ព្រះ​វររាជ​មាតា​បាន​ជួយ​សង្គ្រោះ ត្រូវ​បាន​លើក​ឱ្យ​ឡើង​ឋានៈ ជា​ព្រះកែវហ្វ៊ា ។ ពួក​ហូឡង់​និយាយ​ថា​ ចៅពញាចន្ទ​នេះ មាន​កិត្ដិនាម​ល្បី​ខាង​មាន​ចិត្ដ​អាក្រក់ និង​កាច​សាហាវ ហើយ​ព្រះរាជា​ទាំងអស់ រួម​ទាំង​ព្រះរាជា​មុនៗ​ផង ខ្លាច​រអា​គ្រប់​គ្នា នៅ​ពេល​ទត​ឃើញ​នូវ​អត្ដចរិត​ឃោរឃៅ​របស់​ព្រះអង្គ​នា​ថ្ងៃ​មួយ (28) ។

ចាប់​តាំង​តែ​ពី​ពេល​ដែល​បាន​ឡើង​គ្រង​រាជបល្ល័ង្ក ទ្រង់​បាន​ចេញ​ព្រះរាជ​បញ្ជា​មួយ​បញ្ជាក់​អំពី​ព្រះ​ឋានៈ​របស់​ព្រះរាជ​វង្សានុវង្ស​ទាំងអស់​ជា​ភាសា​បាលី ហើយ​ទ្រង់​បាន​សម្រេច​ឱ្យ​ឆ្លើយ​នឹង​ព្រះរាជា​ថា ព្រះករុណា​ពិសេស ហើយ​ឆ្លើយ​នឹង​សមាជិក​ព្រះរាជ​វង្ស​ថា​ ព្រះបាទម្ចាស់ ។

នៅ​សម័យ​នោះ ពួក​ហូឡង់​បាន​បើក​អគារ​ពាណិជ្ជកម្ម​របស់​គេ​នៅ​កម្ពុជា​បាន​២​-​៣​ឆ្នាំ​ហើយ។ ពួក​នោះ បាន​ជួប​ជាមួយ​ពួក​ព័រទុយហ្គាល់​ដែល​មាន​វត្ដមាន​តាំង​តែ​ពី​ឆ្នាំ​១៥៥៣​មក​ម្ល៉េះ ហើយ​ថែម​ទាំង​បាន​បំពេញ​ភារកិច្ច​ធំៗ​ថ្វាយ​ដល់​រាជវង្ស​ថែម​ទៀត​ផង​ ដូច​ដែល​យើង​បាន​ឃើញ​រួច​មក​ហើយ​នៅ​ចុង​សតវត្សរ៍​មុន ។​ ពួក​ព័រទុយហ្គាល់​មាន​អគារ​ពាណិជ្ជកម្ម​នៅ​កំពង់ហ្លួង ឯ​ពួក​ហូឡង់​មាន​អគារ​នៅ​ពញាឮ ។ ពួក​ជាតិ​សាសន៍​នេះ​ទាំង​២​មាន​ការ​ប្រកួត​ប្រជែង​ខាង​ពាណិជ្ជកម្ម​ស្រួច​ស្រាល់​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​ការ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ខ្លាំង​ណាស់​ដែរ ។ គេ​បាន​ចាប់ផ្ដើម​ដណ្ដើម​ទីតាំង​គ្នា​ទៅ​វិញ​ទៅ​មក​រួច​មក​ហើយ​នៅ​ក្នុង​ចុង​បូព៌ា​ទាំងមូល ហើយ​គេ​ក៏​តាំង​ចាប់​ផ្ដើម​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក ដណ្ដើម​គាប់គួរ​ជាមួយ​ព្រះរាជា​កម្ពុជា សំដៅ​បំផ្លាញ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ។

នៅ​ក្នុង​ឆ្នាំ​១៦៣៦ ពួក​អ្នកស្រុក​បាន​ចូល​យក​ទំនិញ​របស់​កប៉ាល់​ឈ្មោះ ន័រវីក ដែល​លិច​នៅ​ក្បែរ​មាត់​សមុទ្រ​កម្ពុជា ពួក​ហូឡង់​ក៏​ប្ដឹង​រក​យុត្ដិធម៌ (29) ។ ពេល​នោះ​ព្រះរាជា​ដែល​ពិភាល់​ថា​ពួក​នេះ​ជា​ចារកម្ម​របស់​ពួក​សៀម​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​ ព្រះ​អង្គ​មាន​សិទ្ធិ​ និង​ទទួល​យក​រាល់​របស់របរ​ផ្សេងៗ​ដែល​បាន​មក​ពី​ការ​លិច​លង់​របស់​កប៉ាល់​បរទេស ។ ពួក​ហូឡង់​ឆ្លើយ​ថា​ពួក​គេ​មិន​មែន​ជា​ជនបរទេស​ទៀត​ទេ ព្រោះ​គេ​បាន​មក​តាំង​ទីលំនៅ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​រួច​ទៅ​ហើយ ។ ទឡ្ហីករណ៍​នេះ​មិន​ត្រឹម​ត្រូវ​ទេ ពីព្រោះ​ថា នៅ​ឯ​អឺរ៉ុប គេ​សន្មត់​ថា រាល់​កប៉ាល់​របស់​ប្រទេស​មួយ​ដែល​លិច​នៅ​លើ​ឆ្នេរសមុទ្រ​របស់​ប្រទេស​មួយ​ទៀត គេ​តែង​តែ​ចាត់​ទុក​ជា​កប៉ាល់​បរទេស​ហើយ ។ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​១៦៣៨ លោក​ឧត្ដមសេនីយ៍ វ៉ាន់ឌី​យ៉ឺម៉ិន ដែល​ឈរ​ជើង​នៅ​ឯ បាតាវីយ៉ា បាន​បញ្ជូន​ឈ្មោះ ប៉ូល​គ្រុក ឱ្យ​ធ្វើ​ដំណើរ​មក​កាន់​រាជវាំង​ឧត្ដុង្គ ដើម្បី​ធ្វើការ​ដោះស្រាយ ។ ពេល​នោះ ពួក​ព័រទុយហ្គាល់ ដែល​បាន​សម្លាប់​ពួក​ហូឡង់​អស់​២​នាក់​កាលពី​មួយ​ឆ្នាំ​មុន បាន​សម្រេច​ចិត្ដ​ថា នឹង​ធ្វើ​ឱ្យ​បេសកកម្ម​នេះ​បរាជ័យ ។ រឿងរ៉ាវ​នេះ​បាន​អូស​បន្លាយ​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ ដោយ​លោក​ឧត្ដមសេនីយ៍​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ហូឡង់​នឹក​គិត​ស្មាន​ថា ខ្លួន​នេះ​បាន​ត្រូវ​ព្រះរាជា និង​ព្រះ​មហាឧបរាជ​ចាត់​ទុក​ដូចជា​បងប្អូន​រួច​ទៅ​ហើយ តែ​ស្ដេច​ទាំង​២​អង្គ​នេះ បាន​ប្រកែក​មិន​យល់​ព្រម​ទទួល​លិខិត​របស់​គាត់​ទេ ហើយ​ទទួល​មាន​ព្រឹត្ដិការណ៍​ចៅពញាចន្ទ និង​ពួក​អ៊ិស្លាម​ធ្វើឃាត​ព្រះរាជា ព្រះ​ឧភយោរាជ​ជាមួយ​នឹង​មន្ដ្រី​អ្នកមុខ​អ្នកការ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​១៦៤២ ពួក​ហូឡង់​ក៏​ចាប់​ផ្ដើម​គិត​រក​ដំណោះស្រាយ​សា​ជា​ថ្មី ។

ព្រះរាជា​ថ្មី​បាន​ផ្ញើ​ព្រះរាជ​សារលិខិត​មួយ​ច្បាប់​ទៅ​ឱ្យ​ឧត្ដមសេនីយ៍ (30) ក្រុមហ៊ុន​ហូឡង់​ដែល​ឈរជើង​នៅ​ឯ​កោះ​ជ្វា បញ្ជាក់​ថា​ព្រះ​អង្គ​មាន​បំណង​ចង់​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា ។ លោក​ឧត្ដមសេនីយ៍​នៅ​ពេល​បាន​ដឹង​ថា បេសកជន​របស់​គាត់​មិន​ទាន់​បាន​ចូល​គាល់​ព្រះរាជា​នៅ​ឡើយ​ទេ ផ្ទុយ​ពី​ពួក​អេស្ប៉ាញ និង​ព័រទុយហ្គាល់ បែរ​ជា​ទទួល​បាន​នូវ​ការ​ប្រោសប្រណី​ជា​ច្រើន មិន​តែ​ប៉ុណ្ណោះ​ព្រះរាជា​បាន​ទាំង​បញ្ជូន​ដំរី​២​ក្បាល​ទៅ​ជូន​លោក​អភិបាល​ក្រុង​ម៉ានីល​ថែម​ទៀត​ផង​នោះ ក៏​ចាត់​តាំង​ឱ្យ​លោក គ័រណី​ក្លែក ជា​មេ​ខាង​ផ្នែក​ពាណិជ្ជកម្ម ធ្វើ​ដំណើរ​តាម​កប៉ាល់​២​គ្រឿង​មក​កម្ពុជា​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​១៦៤២ ។ លោក គ័រណី​ក្លែក មាន​ភារកិច្ច​មក​ទូល​សរសើរ​ព្រះរាជា​ដែល​ទទួល​បាន​ជ័យជម្នះ​លើ​ពួក​ខ្មាំង​សត្រូវ ដែល​កន្លង​មក​បាន​ធ្វើ​ឱ្យ​ព្រះ​អង្គ​បាត់បង់​អស់​នូវ​សិទ្ធិ​ស្រប​ច្បាប់​ទាំង​ឡាយ ហើយ​ទ្រង់​បាន​កម្ទេច​ចោល​ពួក​ស្ដេច​ជ្រែករាជ្យ​ទាំងអស់ ។ គាត់​ក៏​មាន​ភារកិច្ច​ត្រូវ​រាយការណ៍​ថ្វាយ​ព្រះរាជា សូម​ឱ្យ​ព្រះ​អង្គ​ប្រុង​ប្រយ័ត្ន​នឹង​ល្បិច​កល​របស់​ពួក​ព័រទុយហ្គាល់ ដែល​កន្លង​មក​បាន​លួច​បំពុល​ព្រះរាជា ប៊័រណេអូ និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​មួយ​ចំនួន និង​សូម​ឱ្យ​ព្រះ​អង្គ​រក្សា​ទំនាក់​ទំនង​ល្អជា​មួយ​ពួក​ហូឡង់ ដែល​ជា​និច្ច​ជា​កាល​ជា​មិត្ដ​ដ៏​ល្អ​សម្រាប់​ព្រះរាជា​ដែល​ទទួល​រាក់ទាក់​ពួក​គេ ។

នៅ​ពេល​ដែល​ការ​ចរចា​ខាងលើ​កំពុង​តែ​ប្រព្រឹត្ដ​ទៅ នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ ព្រះរាជា​ដែល​បាន​ទទួល​យក​នារី​ម៉ាឡេ​ម្នាក់​ជា​ព្រះ​ជាយា ។​ ប្រហែលជា​ដើម្បី​បំពេញ​ព្រះ​ទ័យ​ព្រះ​ជាយា​នេះ​ផង​ ហើយ​ក៏​ប្រហែល​ដើម្បី​លើក​ទឹកចិត្ដ​ពួក​ម៉ាឡេ និង​ចាម​ដែល​បាន​ជួយ​ឱ្យ​ព្រះ​អង្គ​ដណ្ដើម​យក​រាជបល្ល័ង្ក​មក​វិញ​បាន​ផង ទ្រង់​បាន​ប្ដូរ​ចូល​សាសនា​មហាម៉ាត់​វិញ​ដោយ​ឱ្យ​គេ​កាត់​ស្បែក​ ហើយ​ទ្រង់​ប្រកាស​ប្ដូរ​ព្រះ​នាម​ថា​ អ៊ីប្រាហ៊ីម ​វិញ ។​ លោក​ហ្សេរ៉ាវ៉ាន់​វូសូហ្វ បាន​និយាយ​ថា ព្រះរាជា​ទ្រង់​បាន​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​ពួក​ម៉ាឡេ និង​ចាម ។ ហេតុការណ៍​នេះ បាន​ធ្វើ​ឱ្យ​ប្រជាជន​មិន​សប្បាយចិត្ដ​ទេ គេ​បាន​ហៅ​ព្រះរាជា​ថា​ជា​ស្ដេច​ចេញ​សាសនា និង​ជា​ស្ដេច​ចូល​សាសនា​ជ្វា ។

ពួក​ម៉ាឡេ​ និង​ចាម​ដែល​កាន់​សាសនា​មហាម៉ាត់​ទាំង​អស់នេះ​ច្រើន​តែ​ជា​ពាណិជ្ជករ​ ម្ល៉ោះ​ហើយ​គឺជា​សត្រូវ​នឹង​ពួក​អឺរ៉ុប ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង ។ ដល់​ពេល​បាន​ក្លាយជា​អ្នក​ជិត​ស្និទ្ធ​នឹង​ព្រះរាជា ពួក​នេះ​ក៏​ប្រែក្លាយ​ទៅ​ជា​កាច​សាហាវ ។ ដោយ​ខ្លាច​រអា​ការ​វាយ​ប្រហារ​របស់​ពួក​នេះ និង​ដោយ​ពួក​ព័រទុយហ្គាល់​ចេះ​តែ​ផ្សព្វ​ផ្សាយ​ពាក្យ​មិន​ល្អ​ពី​ខ្លួន​ផង​ ពួក​ហូឡង់​ក៏​សម្រេច​ចិត្ដ​ដក​ថយ​ចេញ​ពី​កម្ពុជា​ដែល​មិន​មែន​ជាទី​សុខសាន្ដ​សម្រាប់​ខ្លួន​ទេ ។​ បេសកជន​របស់​ឧត្ដមសេនីយ៍​បាតាវីយ៉ា​ បាន​ចាក​ចេញពី​កម្ពុជា ហើយ​នាយ​អគារ​ពាណិជ្ជកម្ម​ហូឡង់​នៅ​កម្ពុជា ក៏​ត្រូវ​គេ​បញ្ជា​ឱ្យ​ដក​ចេញ​ទៅ​វិញ​ដែរ ដរាប​ណា​រាជរដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំពេញ​សេចក្ដី​ត្រូវការ​របស់​ខ្លួន​នោះ ។

តើ​មាន​អ្វី​កើត​ឡើង​ក្រោយ​ពី​ពួក​ហូឡង់​ចាក​ចេញ​ផុត​ទៅ ? យើង​បាន​ដឹង​អំពី​អ្វីៗ​ដែល​កើត​មាន​ជា​បន្ដ​មក​ទៀត​តែ​ដោយ​សារ​ឯកសារ​ពួក​ហូឡង់​ប៉ុណ្ណោះ ។ ពួក​ហូឡង់​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ពិត​ប្រាកដ​ថា​តើ​អ្នក​ណា​ដែល​ជា​មេភ្លើង​ទេ ក៏​ប៉ុន្ដែ​ពួក​គេ​បាន​សរសេរ​ថា ក្រោម​ការ​ញុះញង់​របស់​ពួក​ព័រទុយហ្គាល់ និង​ពួក​ម៉ាឡេ និង​ដោយ​មាន​ការ​ថ្វាយ​យោបល់​ពី​ឧកញ៉ា​ពីរេស្នេដុល​ (?) ព្រះរាជា​បាន​ចេញ​បញ្ជា​ឱ្យ​កាប់​សម្លាប់​ពួក​ហូឡង់​វាយ​កម្ទេច​អគារ និង​ដណ្ដើម​យក​កប៉ាល់​ហូឡង់​ឈ្មោះ​ន័រវីក​ និង​សំពៅ​ឈ្មោះ​ រីវីក ​ផង ។​ ព្រះរាជ​បញ្ជា​នេះ​ត្រូវ​បាន​គេ​អនុវត្ដ​តាម​នៅ​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​១៦៤៤​ លើក​លែង​តែ​កប៉ាល់​ន័រស្វ៊ីក​មួយ​ចេញ​ដែល​គេ​មិន​អាច​ចាប់​បាន ។​ ក៏​ប៉ុន្ដែ​ចៃដន្យ​អាក្រក់​នេះ បាន​ធ្លាក់​ទៅ​លើ​កប៉ាល់​ឈ្មោះ អូរ៉ង់ហ្សេ ដែល​ទើបតែ​មក​ដល់​ពី​កោះ​ហ្វៃយ៉ូវ៉ាន់ (តៃវ៉ាន់) (31) ទៅ​វិញ ដោយ​គ្មាន​បាន​ដឹង​រឿងរ៉ាវ​ដែល​កើត​មាន​នៅ​កំពង់ហ្លួង​ទេ ។ អ្នក​ដើរ​កប៉ាល់​នេះ បាន​ត្រូវ​ពួក​ជប៉ុន ដែល​មាន​គ្នា​ប្រហែល​ជា​១០​នាក់ បង្ខំ​ឱ្យ​ចុះ​មក​ដី​ហើយ​សម្លាប់​អស់​មួយ​ចំនួន មួយ​ចំនួន​ទៀត​ត្រូវ​ចាប់​ជា​ឈ្លើយ ។

ពេល​ទទួល​បាន​នូវ​ដំណឹង​នេះ ពួក​ហូឡង់​នៅ​បាតាវីយ៉ា​បាន​សម្រេច​ចិត្ដ​ធ្វើការ​សងសឹក​វិញ ដោយ​បញ្ជូន​កប៉ាល់​៥​គ្រឿង​មក​កម្ពុជា និង​ទូក​សំប៉ាន​ជា​ច្រើន ដឹកនាំ​ទាហាន​១៦០​នាក់ និង​នាវិក​២៤០​នាក់ ។ គេ​នឹង​ធ្វើការ​សងសឹក​ដោយ​ការ​បង្ហូរឈាម​ប្រសិនបើ​ព្រះរាជា​អ៊ីប្រាហ៊ីម មិន​ព្រម​ប្រគល់​ចំណាប់ខ្មាំង​មក​ឱ្យ​វិញ ហើយ​មិន​ធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​ដូច​កាល​ពីមុន​ឆ្នាំ​១៦៤០​ទេ ។ ក្រុមហ៊ុន​ពាណិជ្ជកម្ម​ហូឡង់​ទើប​តែ​បាន​ផ្ញើ​ការ​សរសើរ​មក​ថ្វាយ​ព្រះរាជា​ ស្រាប់តែ​ត្រូវ​ធ្វើ​សង្គ្រាម​មួយ​ទៅ​វិញ​ ក៏​ប៉ុន្ដែ​ពួក​គេ​ចង់​បាន​សន្ដិភាព ។​ កប៉ាល់​ទាំងអស់​បាន​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​១៦៤៤ ឡើង​មក​តាម​ទន្លេបាសាក់ ហើយ​បាន​មក​បោះ​យុថ្កា​នៅ​នឹង​ពាម​ទន្លេសាប ពី​ខាងលើ​ភ្នំពេញ​-​ចតុម្មុខ​បន្ដិច គឺ​ប្រហែល​ជា​ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​អគារ​ពាណិជ្ជកម្ម​ហូឡង់ ។

នៅ​ពេល​ដែល​កិច្ច​ចរចា​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ពួក​មន្ដ្រី​ខាង​កម្ពុជា​បាន​សំណូមពរ​ឱ្យ​ពន្យារ​ពេល​៧​ថ្ងៃ ដោយ​ហេតុ​ថា​ព្រះ​មាតា​របស់​ព្រះរាជា​ទើប​នឹង​សុគត ។ ដោយ​ពិនិត្យ​ឃើញ​ថា​គ្មាន​អ្វី​ប្លែក គួរ​ឱ្យ​សង្ស័យ​នៅ​តាម​មាត់ទន្លេ មេបញ្ជាការ​ហូឡង់​ក៏​យល់ព្រម​តាម​សំណើ ហើយ​ថែម​ទាំង​បាន​សម្ដែង​ការ​ចូលរួម​មរណទុក្ខ ដោយ​ការ​បាញ់​កាំភ្លើង​ធំ​គោរព​ទៀត​ផង ។

កប៉ាល់​ហូឡង់​នៅ​ក្នុង​ទឹក​រហូត​ដល់​៦​ខែ តែ​នៅ​មិន​ទាន់​មាន​លទ្ធផល​អ្វី​បន្ដិច​សោះ ។ ដល់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​១៦៤៥ មេបញ្ជាការ​ហូឡង់​ក៏​សម្រេច​ចិត្ដ​នាំ​គ្នា​ចេញ​កប៉ាល់​ធ្វើ​ដំណើរ​បន្ដ​ទៅ​កាន់​លង្វែក ។ ទៅ​ជិត​ដល់​កំពង់ហ្លួង​ទៅ​ហើយ ស្រាប់តែ​មាន​លេចឮ​ដំណឹង​ថា​ គេ​កំពុង​ប្រមូល​ឫស្សី​មក​គរ​នៅ​ភ្នំពេញ ជាមួយនឹង​អាវុធ​យុទ្ធភណ្ឌ​ផ្សេងៗ​ទៀត ។ មេបញ្ជាការ​ក៏​បញ្ជា​ឱ្យ​ធ្វើ​ដំណើរ​ចុះ​មក​វិញ តែ​ត្រូវ​ទូក​តូចៗ​ជា​ច្រើន​ស្កាត់​វាយ​នៅ​ពាក់​កណ្ដាល​ផ្លូវ ។ កប៉ាល់​ហូឡង់​បាន​វាយ​រុញច្រាន​ទូក​ទាំង​អស់​នោះ​ចេញ​បាន តែ​ត្រូវ​រង​ការ​បាញ់​ឥត​ដាច់​ពីលើ​គោក​ថែម​ទៀត ។ យប់​មក​ដល់ កប៉ាល់​បាន​បោះ​យុថ្កា​សម្រាក​សិន ។ ដល់​ពេល​ព្រឹកស្អែក​ឡើង គេ​ពិនិត្យ​ឃើញ​មាន​ស្ពាន​មួយ​ប្រវែង​១២០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ​នៅ​កាត់​ទទឹង​ទន្លេ និង​មាន​កាំភ្លើង​ធំ​៨​ដើម​រៀប​តម្រៀប​គ្នា​នៅ​លើ​ច្រាំង​ទន្លេ​ខាងលិច ឯ​ខាង​កើត​ទន្លេ​វិញ​មាន​ប៉ម​មួយ​កំពុង​សង់​ឡើង​មិន​ទាន់​រួច ។ មេបញ្ជាការ​ហូឡង់​បាន​សម្រេច​ថា ត្រូវ​តែ​វាយ​បើក​ផ្លូវ​ចេញ ហើយ​ការ​ប្រយុទ្ធ​ក៏​ចាប់​ផ្ដើម​ឡើង ។ មេបញ្ជាការ​នោះ​បាន​ត្រូវ​គ្រាប់​ដាច់​ក្បាល​បាត់ តាំង​តែ​ពី​ចាប់ផ្ដើម​ប្រយុទ្ធ​ភ្លាម​ម្ល៉េះ ហើយ​ខាង​ហូឡង់​បាន​បាត់បង់​កម្លាំង​អស់​១២០​នាក់ ក៏​ប៉ុន្ដែ​កប៉ាល់​បាន​ឆ្លង​ផុត​ចូល​ទៅ​ក្នុង​ទន្លេធំ​ខាងក្រោម​ភ្នំពេញ នៅ​វេលា​ម៉ោង​៤​រសៀល ហើយ​បោះ​យុថ្កា​សម្រាក​នៅ​ទីនោះ​ទៅ ។ ឯកសារ​ហូឡង់​និយាយ​ថា នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ ខាង​ខ្មែរ​បាន​ខូចខាត​កម្លាំង​រហូត​ដល់​ទៅ​១​ពាន់​នាក់ ។

ដោយ​មិន​អាច​ទប់ទល់​នឹង​ការ​វាយប្រហារ​តទៅ​ទៀត កប៉ាល់​ហូឡង់ ក៏​ធ្វើ​ដំណើរ​ចុះ​តាម​ទន្លេ​បន្ដ​ទៅ​ទៀត ហើយ​ទៅ​ដល់​ផានរ៉ាង​នៅ​ថ្ងៃ​ទី​១២​ខែកក្កដា ។​ ស្ដេច​នគរ​ចាម្ប៉ា​ដែល​សេស​សល់​ពី​ការ​វាតទី​របស់​ពួក​អាណ្ណាម​នៅ​ពេល​នោះ បាន​ទទួល​ស្វាគមន៍​ពួក​ហូឡង់ ហើយ​អនុញ្ញាត​ឱ្យ​ពួក​នេះ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​កំពង់​ផែ​របស់​គេ ក៏​ប៉ុន្ដែ បាន​ហាម​ប្រាម​មិន​ឱ្យ​វាយ​ពួក​ព័រទុយហ្គាល់​នៅ​ក្នុង​ទឹកដី​គេ​ទេ ។​ ស្ដេច​នគរ​ចាម្ប៉ា​នោះ​បាន​ប្រកាស​ថា​ អាកប្បកិរិយា​របស់​ស្ដេច​ចន្ទ​អ៊ីប្រាហ៊ីម​ គឺជា​អំពើ​ក្បត់ តែ​ព្រះ​អង្គ​បាន​ផ្ដាច់​ចំណង​ទាក់ទង​ជាមួយ​តាំង​តែ​ពី​ពេល​ដែល​ពញាចន្ទ​បាន​ធ្វើឃាត​ព្រះ​ឧភយោរាជ​ឧទ័យ និង​ព្រះ​អង្គ​នន់ ដែល​ជា​មិត្ដភក្ដិ​មក​ម្ល៉េះ ។ ក្នុង​ពេល​នោះ​មាន​នាវា​ហូឡង់​មួយ​គ្រឿង​ទៀត​ឈ្មោះ​ អេទ័ល​ប៉ូលែរ​ ចេញ​មិន​ទាន់​ផុត​ពី​ទន្លេបាសាក់​នៅឡើយ​ ហើយ​កំពុង​តែ​រង​ការ​វាយ​ប្រហារ​ពី​ទ័ពជើងទឹក​កម្ពុជា ដែល​ដឹកនាំ​ដោយ​ព្រះរាជា​ផ្ទាល់​ព្រះ​អង្គ និង​ពួក​ព័រទុយហ្គាល់ ម៉ាឡេ និង​ជប៉ុន ជា​អ្នកបញ្ជា​ផង ។ នាវា​នោះ​អាច​ទ្រាំទ្រ​ការ​វាយ​ប្រហារ​នោះ​បាន​យ៉ាង​ល្អ​ ហើយ​ចុះ​ផុត​ចូល​ទៅ​ក្នុង​លំហ​សមុទ្រ​ ឯ​នាវា​កម្ពុជា​ក៏​លែង​ហ៊ាន​ដេញ​តាម​ទៀត​ដែរ ។

បាតាវីយ៉ា​បាន​ស្នើ​សុំ​ជំនួយ​អន្ដរាគមន៍​ពី​ស្ដេច​សៀមៗ​បាន​បញ្ជូន​នាវា​១០​គ្រឿង​មក ក៏​ប៉ុន្ដែ​នៅ​ពេល​មក​ដល់​មាត់ពាម​ទន្លេមេគង្គ​ មិន​ឃើញ​កង​នាវា​ហូឡង់ នាវា​សៀម​ទាំង​អស់​នោះ​ក៏​ត្រលប់​ទៅ​វិញ​អស់​ទៅ នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៦៤៥ ។ ប៉ុន្មាន​ខែ​ក្រោយ​មក ព្រះរាជា​កម្ពុជា​បាន​យល់​ព្រម​ប្រទាន​សន្ដិភាព ដោយ​ទ្រង់​បាន​បញ្ជូន​រាជទូត​ទៅ​កាន់​បាតាវីយ៉ា នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​១៦៤៦ ។ មក​ខែ​មេសា ឆ្នាំ​១៦៤៧ ទ្រង់​បាន​ដោះ​លែង​ពួក​ឈ្លើយសឹក​ដែល​ទ្រង់​បាន​ចាប់​ពី​កប៉ាល់​អូរ៉ង់ហ្សេ ក៏​ប៉ុន្ដែ​បញ្ហា​លំបាក​នៅ​តែ​មាន​បន្ដ​តទៅ​ទៀត រហូត​ដល់​ខែ​កក្កដា ឆ្នាំ​១៦៥២ នៅ​ពេល​ដែល​ពួក​ហូឡង់​បាន​សំណូមពរ​ឱ្យ​ព្រះរាជា​បញ្ជូន​រាជទូត​ទៅ​ចរចា​សម្រេច​ជា​លើក​ចុង​ក្រោយ ។

នៅ​ខែកក្កដា ឆ្នាំ​១៦៥៣ ឧត្ដមសេនីយ៍​បាតាវីយ៉ា​បាន​ជូន​ដំណឹង​ទៅ​ព្រះរាជា​កម្ពុជា​វិញ​ថា​ ពួក​ហូឡង់​មិន​អាច​មក​បោះ​ទីតាំង​នៅ​លើ​ទឹកដី​កម្ពុជា​ជាមួយ​នឹង​សត្រូវ​របស់​ខ្លួន​បាន​ទេ លើក​លែងតែ​ព្រះ​អង្គ​បណ្ដេញ​ពួក​នោះ​ចេញ​សិន ។ តាម​ពិត​ពួក​ហូឡង់​ពេល​នោះ​កំពុង​តែ​មាន​សង្គ្រាម​ជាមួយ​ពួក​អង់គ្លេស ដែល​ទើបតែ​បាន​ធ្វើឃាត​ស្ដេច​របស់​គេ ។​ ព្រះរាជា​បាន​ច្រាន​សំណើ​នោះ​ ហើយ​ការ​ចរចា​បាន​បន្ដ​រហូត​ដល់​ខែកក្កដា​ ឆ្នាំ​១៦៥៦​ទើប​មាន​ចុះ​សន្ធិសញ្ញា​មួយ​ដែល​មិន​មាន​ចោទ​ប្រកាន់​ទោស​កំហុស​អ្វី​ដល់​ព្រះរាជា​អ៊ីប្រាហ៊ីម​ឡើយ ឯ​ពួក​ហូឡង់​ក៏​មិន​បាន​ទទួល​នូវ​ការ​សងសឹក​អ្វី​ដែរ តែ​បាន​ទទួល​ផល​ប្រយោជន៍​ខាង​ពាណិជ្ជកម្ម​ខ្លះ ដែល​ពួក​គេ​មិន​អាច​ថែរក្សា​ការពារ​បាន (32) ។

មក​ដល់​ពេល​នេះ គឺ​ក្នុង​ឆ្នាំ​១៦៥៨ ព្រះរាជា​អ៊ីប្រាហ៊ីម​សោយរាជ្យ​បាន​១៨​ឆ្នាំ​ហើយ ។ ពេល​នោះ​មាន​បុត្រា​២​អង្គ​របស់​អតីត​ព្រះ​ឧភយោរាជ​ព្រះ​ឧទ័យ​ដែល​ពញាចន្ទ​-ព្រះ​អ៊ីប្រាហ៊ីម​បាន​ធ្វើឃាត គឺ​ពញា​សូរ (ពញា​សូរ​នេះ​ក្រោយ​មក​បាន​ឡើង​សោយរាជ្យ​មាន​ព្រះ​នាម​ថា​ ព្រះ​បទុមរាជា) មាន​ព្រះ​ជន្ម​២៦​ព្រះ​វស្សា​ និង​ព្រះ​អង្គ​តន់​មាន​ព្រះ​ជន្ម​១៨​ព្រះ​វស្សា​បាន​ចាប់​កាន់​អាវុធ​បះបោរ​ប្រឆាំង​នឹង​ព្រះរាជា​ឡើង ។​ ពេល​នោះ​ព្រះ​រៀម​របស់​ក្សត្រា​ទាំង​២ គឺ​ព្រះ​អង្គ​ឯម ដែល​បាន​រួច​រស់រាន​មាន​ជីវិត ដោយ​ត្រូវ​ព្រះ​វររាជ​មាតាយក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ ហើយ​មាន​ឋានៈ​ជា​ព្រះកែវហ្វ៊ា​មិន​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​ទេ​ តែ​បែរជា​កាន់​ជើង​ខាង​ព្រះរាជា​ទៅ​វិញ ។

ពញា​សូរ​ និង​ព្រះ​អង្គ​តន់​បាន​ត្រូវ​ទ័ព​ព្រះរាជា​វាយ​ឱ្យ​បរាជ័យ​ ក៏​រត់​ទៅ​ជ្រកកោន​នឹង​ព្រះ​មហេសី​មេម៉ាយ​មាន​សញ្ជាតិ​អាណ្ណាម​របស់​ព្រះ​ជ័យជេដ្ឋា ដែល​ណែនាំ​ឱ្យ​ក្សត្រ​ទាំង​២​រត់​ទៅ​សុំ​ជំនួយ​ពី​ស្ដេច​អាណ្ណាម ។ ពេល​នោះ​មាន​ប្រជាជន​អាណ្ណាម​ជា​ច្រើន​ដែល​ជា​ជនអនាថា​ ជន​រត់​ចោល​ជួរ​ ជន​មាន​ទោស​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​ស្រុក និង​ជន​ផ្សេងៗ​ទៀត​ចូល​មក​រស់​នៅ​លាយឡំ​ជាមួយ​អ្នកស្រុក​ដើម​នៅ​ក្នុង​ខែត្រ​បារាជ និង​ដុងណាយ ។ ពេល​ឃើញ​ក្សត្រ​ខ្មែរ​ទាំង​២​អង្គ​រត់​មក​រក​ជំនួយ​ដូច្នេះ ស្ដេច​អាណ្ណាម​គិត​ថា​ឱកាស​ល្អ​មក​ដល់​ហើយ​ក្នុង​ការ​ដណ្ដើម​យក​ប្រទេស​នេះ ។ អ្នក​ប្រវត្ដិវិទូ​អាណ្ណាម​ឈ្មោះ ទ្រឿង វិញ ​គឺ​បាន​សរសេរ​ថា ប្រទេស​កម្ពុជា​មាន​ទន្លេ​ធំៗ មាន​ដៃ​ច្រើន ដីស្រែ​ក៏​មាន​ជីជាតិ​ល្អ គួរ​ឱ្យ​ចង់​បាន​ណាស់ ។ ព្រះរាជា​អាណ្ណាម​ក៏​យល់​ព្រម​ផ្ដល់​ជំនួយ​ដល់​ក្សត្រ​ទាំង​២ (33) ហើយ​បាន​បញ្ជូន​ទ័ព​២​ពាន់​នាក់​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​ ជាង​ធូ​ ឱ្យ​មក​ជួយ ។​ សង្គ្រាម​ក៏​ចាប់​ផ្ដើម​ឡើង ហើយ​ព្រះ​អង្គ​ឯម បុត្រា​ទី​៣​របស់​ព្រះ​ឧភយោរាជ ដែល​ចូល​ដៃ​ចូល​ជើង​ជាមួយ​នឹង​ឃាតក​សម្លាប់​ព្រះបិតា ក៏​ត្រូវ​សុគត​ទៅ​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​តាម​ជើង​ទឹក​នៅ​បារាជ ។ រីឯ​ព្រះរាជា​វិញ ត្រូវ​ពួក​អាណ្ណាម​ចាប់​បាន​ជាមួយនឹង​សេនា​អាមាត្យ​ ហើយ​ដាក់​ក្នុង​ទ្រុង​ដែក​នាំ​យក​ទៅ​កាន់​ខែត្រ​ក្វាងប៊ិញ​នៅ​ជាប់​នឹង​ព្រំដែន​តុងកឹង ។ ទ្រង់​បាន​សុគត​នៅ​ទីនោះ​នៅ​ក្នុង​ឆ្នាំ​១៦៥៩ ក្នុង​ព្រះ​ជន្មាយុ​៤០​ព្រះវស្សា ។ បើ​គិត​ទៅ ព្រះ​អង្គ​សោយរាជ្យ​បាន​ប្រហែល​ជា​១៨​ឆ្នាំ ។

ពួក​អាណ្ណាម​បាន​អះអាង​ថា អ្នកទោស​ដែល​គេ​ចាប់​បាន​ក្នុង​សង្គ្រាម​នោះ​បាន​ត្រូវ​គេ​ដោះ​លែង​មក​កម្ពុជា​វិញ​ តែ​នៅ​ក្រោយ​ពេល​ដែល​គេ​បាន​ចុះ​សន្ធិសញ្ញា​សន្ដិភាព​មួយ ដែល​បញ្ជាក់​ច្បាស់​ថា​ប្រទេស​កម្ពុជា​នឹង​នាំ​យក​សួយសារ​អាករ​ទៅ​ថ្វាយ​ស្ដេច​អាណ្ណាម​ជា​ទៀត​ទាត់ ហើយ​ពួក​ប្រជាជន​អាណ្ណាម​ដែល​ចូល​មក​រស់នៅ​លើ​ទឹកដី​ព្រះរាជា​ណាចក្រ​កម្ពុជា នឹង​ទទួល​បាន​នូវ​សិទ្ធិ​កម្មសិទ្ធិ​លើ​ដី​ដែល​ខ្លួន​កាន់​កាប់ ហើយ​នឹង​ត្រូវ​ចាត់​ទុក​ដូចជា​អ្នក​រដ្ឋវាសី​ប៉ុណ្ណោះ ។

ការ​ជ្រៀតជ្រែក​របស់​ពួក​អាណ្ណាម​ចូល​មក​ក្នុង​រឿងរ៉ាវ​របស់​កម្ពុជា​តាម​រយៈ​មហាក្សត្រី​មាន​ដើម​កំណើត​ជា​អាណ្ណាម​នេះ គឺ​ជា​សេចក្ដី​ផ្ដើម​នៃ​ការ​ខុស​ឆ្គង​ដ៏​វែង​អន្លាយ ដែល​នឹង​នាំ​មក​នូវ​ការ​បាត់បង់​ទឹកដី​បន្ដិច​ម្ដងៗ មិន​ខុស​ពី​ការ​លុកលុយ​រាតត្បាត​ពី​សំណាក់​ពួក​សៀម​ប៉ុន្មាន​ទេ ។ ហេតុការណ៍​នេះ​បាន​បញ្ចេញ​ឱ្យ​ឃើញ​នូវ​អ្វី​ដែល​អាច​នឹង​កើត​មាន​ភ្លាមៗ​តែ​ម្ដង ៖ ក្រោយ​ពី​ទទួល​ជ័យជម្នះ​ ហើយ​ម្ចាស់ការ​លើ​សភាពការណ៍​បាន​ហើយ ឧត្ដមសេនីយ៍​អាណ្ណាម​ក៏​ចាប់​សាកល្បង​កម្ទេច​ក្សត្រា​ខ្មែរ​ទាំង​២​អង្គ​ជា​បក្សពួក​ភ្លាម​ដែរ ។ ក៏​ប៉ុន្ដែ ដោយ​មិន​អាច​ធ្វើ​អ្វី​បាន​នៅ​ចំពោះ​មុខ​ប្រទេស​ទាំងមូល ណា​មួយ​ត្រូវ​បរាជ័យ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ទ័ព​របស់​ព្រះ​អង្គ​ខ្លះ​ផង ឧត្ដមសេនីយ៍​អាណ្ណាម​នោះ​ត្រូវ​បង្ខំចិត្ដ​វាយ​ដកថយ រត់​ចេញពី​កម្ពុជា​ទៅ​វិញ នៅ​ក្នុង​ឆ្នាំ​១៦៥៩ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​ជ័យ​ភណ្ឌ​ជា​ច្រើន​ទៅ​ផង ។

នៅ​ក្នុង​ឆ្នាំ​បន្ទាប់​មក ពួក​សៀម​ដែល​តែងតែ​គិត​ថា​កម្ពុជា​ជា​ចំណី​ដ៏​ឆ្ងាញ់​ពិសា​របស់​ខ្លួន​ទៅ​អនាគត បាន​បញ្ជូន​រាជទូត​មួយ​ទៅ​កាន់​រាជវាំង​កែចូ​នៅ​ហាណូយ សុំ​ចង​សម្ព័ន្ធ​មេត្រីភាព​ប្រឆាំង​នឹង​ពួក​ង្វៀង​នៅ​ខាងត្បូង (ក្រុង​វ៉េ) ដែល​ទីប​តែ​រើបម្រះ​រួច​ពី​នឹម​ត្រួតត្រា​របស់​ពួក​អាណ្ណាម​ខាងជើង ហើយ​បាន​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​អន្ដរាគមន៍​លើក​ទី​១​ខាងលើ​ថា ចង់​ងាក​មក​រក​ដណ្ដើម​យក​កម្ពុជា​ដែរ ។

១២. ព្រះ​បរមរាជា​ទី​៣​-​ពញា​សូរ (១៦៥៩-១៦៧២)

ព្រះ​បទុមរាជ​ពញា​សូរ ជា​រាជបុត្រា​ច្បង​របស់​ព្រះ​ឧភយោរាជ ដែល​ស្ដេច​ចូល​សាសនា​ជ្វា​បាន​ធ្វើឃាត ។ ទ្រង់​បាន​សុំ​ជំនួយ​ពី​អាណ្ណាម តែ​ត្រូវ​ពួក​នេះ​ប្រុង​នឹង​កម្ទេច​ចោល​ទៅ​វិញ ។ នាម៉ឺន​សព្វ​មុខមន្ដ្រី​បាន​លើក​ព្រះ​អង្គ​ឱ្យ​ទទួល​ការងារ​ដឹកនាំ​ព្រះ​នគរ ។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​២៨​ព្រះ​វស្សា​ហើយ (34) ។

នៅ​ពេល​នោះ​ពួក​ចាម និង​ម៉ាឡេ នៅ​ក្នុង​ខែត្រ​ត្បូងឃ្មុំ ដែល​ធ្លាប់​បាន​បះបោរ​ម្ដង​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​១៥៩៩ មិន​សប្បាយ​ចិត្ដ​នឹង​ភាព​ក្រឡាប់​ចាក់​ក្រោយ​ពី​ព្រះរាជា​អ៊ីប្រាហ៊ីម​បាន​ត្រូវ​ធ្វើឃាត​ដែល​ធ្វើ​ឱ្យ​បាត់បង់​ផល​ប្រយោជន៍​ខ្លួន​អស់ ក៏​បះបោរ​ឡើង​ម្ដង​ទៀត​ក្នុង​រវាង​ឆ្នាំ​១៦៦០ ។ ព្រះរាជា​បាន​ដឹកនាំ​ទ័ព​ផ្ទាល់​ព្រះ​អង្គ ចេញ​ទៅ​បង្ក្រាប​ពួក​នេះ​ឱ្យ​បរាជ័យ រត់​គេច​កាត់​ខែត្រ​កំពង់ស្វាយ​រហូត​ទៅ​ដល់​ខែត្រ​អង្គរ តែ​ត្រូវ​ទ័ព​ព្រះរាជា​តាម​ដេញ​វាយ​ប្រហារ​រហូត ហើយ​តម្រូវ​ចុះ​អនុសញ្ញា​មួយ​បង្ខំ​ឱ្យ​ពួក​មេៗ​របស់​ពួក​នោះ​ភៀស​ខ្លួន​ទៅ​រស់នៅ​ឯ​ស្រុក​សៀម​ទៅ ។

រាជបុត្រា​ទាំងអស់​របស់​ព្រះរាជា​ចោល​សាសនា គឺ​ព្រះ​អង្គ​នី ព្រះ​អង្គ​ឧទ័យ និង​ព្រះ​អង្គ​អំ ក៏​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​រស់​នៅ​ឯ​ស្រុក​សៀម​ដែរ ជាមួយ​នឹង​ស្រីស្នំ​ក្រមការ​ទាំងអស់​របស់​រាជវាំង​មុន មាន​ទាំង​ព្រះសង្ឃ​ផង សរុប​ទាំងអស់ ២.២២៤​នាក់ ។

ដោយ​ត្រូវ​ធ្វើ​ឱ្យ​ធូរស្រាល​ពី​សត្រូវ​ មាន​ពួក​ចាម​ម៉ាឡេ​ និង​រាជបុត្រ​របស់​អតីត​ព្រះមហាក្សត្រ​ និង​បក្សពួក ព្រះ​បទុមរាជា​ពញា​សូរ​ក៏​ចាប់​កាន់​ព្រះខ័នរាជ្យ​ឡើង​គង់​លើ​បល្ល័ង្ក​រាជ ទទួល​ព្រះ​រាជា​ភិសេក​នៅ​ក្នុង​ឆ្នាំ​១៦៦២ ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​បរមរាជា​ធិរាជ​រាមាធិបតី​បរមបពិត្រ» ។

នៅ​ក្នុង​ឆ្នាំ​១៦៦១ ទ្រង់​បាន​លើក​ព្រះ​អនុជ គឺ​ព្រះ​អង្គ​តន់ ឱ្យ​ឡើង​ជាទី​ឧភយោរាជ ប្រហែល​ដើម្បី​បំបែក​ព្រះ​អនុជ​ចេញ​ឱ្យ​ឆ្ងាយ​ពី​រាជបល្ល័ង្ក​ឱ្យ​ហើយ ហើយ​ទ្រង់​បាន​ទទួល​ព្រះ​នាង​អង្គ​ឡី ជា​បងប្អូន​ជីដូនមួយ ធ្វើ​ជា​ព្រះ​អគ្គមហេសី មាន​ព្រះ​នាម​ថា «សម្ដេចព្រះ​ភគវតី​ព្រះចម​ក្សត្រីយ៍» ។

នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៦៦១​នោះ មាន​ជន​បារាំង​ម្នាក់​ឈ្មោះ ល្វី​សឺវ្រឺយ បាន​ធ្វើ​ដំណើរ​ពី​ស្រុក​សៀម​មក​តាំងទី​នៅ​ត្រង់​បាសាក់ ក្បែរ​ស្វាយរៀង ក្នុង​នាម​ជា​សាសនទូត​របស់​ក្រុម​និកាយ​ផ្សព្វផ្សាយ​ជំនឿ ហើយ​បាន​បង្កើត​និគម​កាតូលិក​អាណ្ណាម​មួយ​នៅ​ទីនោះ​បាន​មួយ​រយៈ ។ បី​ឆ្នាំ​ក្រោយ​មក ល្វី​សឺវ្រឺយ បាន​ត្អូញត្អែរ​នៅ​ក្នុង​សារលិខិត​មួយ​ផ្ញើ​ទៅ​ស្រុក​បារាំង​ថា​គាត់​មិន​អាច​បញ្ចុះ​បញ្ចូល​ឱ្យ​អ្នកស្រុក​អាយ​ណា​ម្នាក់​ប្ដូរ​មក​កាន់​សាសនា​កាតូលិក​បាន​ទេ ។ នៅ​ពេល​ដែល​គាត់​មក​ពញាឮ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គាត់​បាន​ឃើញ​ថា នៅ​ទី​នេះ​មាន​អ្នក​កាន់សាសនា​កាតូលិក​ប្រហែល​៤០០​នាក់ ក្នុង​នោះ​មាន​ចម្រុះ​ពួក​ចិន ព័រទុយហ្គាល់ និង​អាណ្ណាម ដែល​គាត់​ហៅ​ថា ជា​ពួក​កូសាំងស៊ីន ។

នៅ​ឆ្នាំ​១៦៧១ ព្រះ​ស្រី​ជ័យជេដ្ឋា ជា​រាជបុត្រា​របស់​ព្រះ​បទុម​វង្សារាជា​ដែល​ត្រូវ​ព្រះរាជា​ចោល​សាសនា​ធ្វើឃាត ហើយ​ក៏​ត្រូវ​ជា​ព្រះ​ភាគិនេយ្យ​របស់​ព្រះរាជា និង​ជា​ព្រះរាជ​បុត្រា​ថ្លៃ​របស់​ព្រះរាជា​ផង​ដែរ បាន​ក្បត់​នឹង​ព្រះរាជា ហើយ​នាំ​ឱ្យ​ពួក​បេសកជន​ធ្វើឃាត​ព្រះរាជា​ចោល​ទៅ ។

ព្រះ​ឧភយោរាជ​តន់ និង​ព្រះ​អង្គ​នូ​ក៏​រត់គេច​ខ្លួន​ទៅ​កូសាំងស៊ីន សុំ​ជំនួយ​ពី​ពួក​អាណ្ណាម ដូច​ដែល​ព្រះ​ឧភយោរាជ និង​ព្រះរាជា​ទើប​សុគត​ធ្លាប់​បាន​ធ្វើ​រួច​ម្ដង​មក​ហើយ​ក្នុង​ឆ្នាំ​១៦៥៨ ។

១៣. ព្រះបាទ​ជ័យជេដ្ឋា​ទី​៣​-​ធម្មោ​សុរិយោវង្ស (១៦៧២-១៦៧៣)

ស្ដេច​នេះ​ជា​រាជបុត្រ​របស់​ព្រះ​អង្គ​នន់ និង​ត្រូវជា​ព្រះរាជ​នត្ដា​របស់​ព្រះ​ឧភយោរាជ​ឧទ័យ ដែល​បាន​ត្រូវ​គេ​ធ្វើឃាត​នៅ​ឧត្ដុង្គ​កាលពី​ឆ្នាំ​១៦៤២ ។ ព្រះ​អង្គ​ទើប​តែ​បាន​ឃុបឃិត​ធ្វើឃាត​ព្រះរាជា​មុន​រួច​ដែរ រួច​ហើយ​បាន​ចាប់​កាន់​អំណាច​ភ្លាម និង​បាន​ឱ្យ​គេ​រៀបចំ​អភិសេក​ព្រះអង្គ​ក្រោម​ព្រះ​នាម​ថា «ព្រះ​ធម្មោ​សុរិយោវង្ស​រាជាធិរាជ​បរមបពិត្រ» ។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​៣៣​ព្រះ​វស្សា​ហើយ ។ ព្រះ​អង្គ​បាន​ចាប់​បង្ខំ​ព្រះ​អគ្គមហេសី​របស់​ព្រះរាជា​ដែល​ទ្រង់​បាន​ធ្វើឃាត គឺ​សម្ដេចព្រះ​ភគវតី​ព្រះចម​ក្សត្រីយ៍​ឱ្យ​ទទួល​ធ្វើ​ជា​ព្រះ​អគ្គមហេសី​របស់​ព្រះ​អង្គ​ដែរ ប៉ុន្ដែ​ព្រះចម​ក្សត្រីយ៍​បាន​ធ្វើការ​សងសឹក​នឹង​ព្រះ​អង្គ​វិញ ដោយ​នាំ​ពួក​ម៉ាឡេ​ជា​កូនចៅ​ដែល​ធ្លាប់​គាំទ្រ​ព្រះរាជា​អ៊ីប្រាហ៊ីម ឱ្យ​មក​ធ្វើឃាត​ព្រះរាជា​៥​ខែ​ក្រោយ​ពី​អភិសេក​រួច ។ តែ​ឃាតកម្ម​នេះ​មិន​បាន​ប្រគល់​រាជសម្បត្ដិ​ទៅ​ឱ្យ​ព្រះរាជ​វង្ស​របស់​ព្រះរាជា​ចោល​សាសនា​វិញ​ទេ ។

១៤. អ្នក​អង្គជ័យ (១៦៧៣-១៦៧៤)

ព្រះកែវហ្វ៊ា​អ្នក​អង្គជ័យ ជា​រាជនត្ដា​របស់​ព្រះ​ឧទ័យ​យោមរាជ​ធំ និង​ជា​រាជបុត្រា​របស់​ព្រះរាជា​បទុមរាជា​អង្គ​សូរ (35) ដែល​មាន​ព្រះ​ជន្មាយុ​២១​ព្រះ​វស្សា​ហើយ បាន​ត្រូវ​នាម៉ឺន​សព្វ​មុខមន្ដ្រី​លើក​ឱ្យ​ឡើង​កាន់​អំណាច ក្រោម​ព្រះ​នាម​ថា «សម្ដេច​ព្រះកែវហ្វ៊ា» គឺថា​ជា​ព្រះរាជា​ដែល​មិន​បាន​ទទួល​ការ​អភិសេក ។

នៅ​ឆ្នាំ​បន្ទាប់​មក​ ព្រះ​ឧភយោរាជ​អង្គ​តន់​ និង​ព្រះ​អង្គ​នន់​ ដែល​បាន​រត់​ភៀស​ព្រះ​កាយ​ទៅ​ជ្រកកោន​នឹង​ពួក​អាណ្ណាម​ក្រោយ​ព្រឹត្ដិការណ៍​មាន​ឃាតកម្ម​ទៅ​លើ​ព្រះរាជា​បទុមរាជា បាន​ចូល​លុក​លុយ​ប្រទេស​ពី​ខាងត្បូង​មក និយាយ​ថា​មិន​មែន​មក​ដណ្ដើម​អំណាច​អ្វី​ទេ គ្រាន់​តែ​ចង់​សងសឹក​នឹង​ព្រះរាជា​ ដែល​បើ​តាម​ពិត​ទៅ​គ្មាន​មូលហេតុ​អ្វី​នឹង​មក​សងសឹក​សោះ ពីព្រោះ​ថា​អ្នក​អង្គ​ជ័យ​នេះ​មិន​មែន​ជា​រាជវង្ស​ខាង​ព្រះរាជា​អ៊ីប្រាហ៊ីម​ឯណា ។ ព្រះ​ឧភយោរាជ​បាន​នាំ​ទ័ព​អាណ្ណាម​យ៉ាង​ធំ​មក​ជាមួយ​ ហើយ​ធ្វើ​សង្គ្រាម​ពេញ​១​ឆ្នាំ ។​ ព្រះរាជា​បាន​ដឹកនាំ​ទ័ព​ចេញ​ប្រយុទ្ធ​នឹង​ទ័ព​ព្រះ​ឧភយោរាជ ហើយ​ត្រូវ​សុគត​នៅ​មុខ​កងទ័ព​នោះ​ទៅ (36) ។ ទ្រង់​បាន​សោយរាជ្យ​មិន​បាន​៣​ឆ្នាំ​ផង​ទេ ។

ពេល​នោះ ព្រះ​ឧភយោរាជ​អង្គ​តន់ ដែល​មាន​ព្រះ​ជន្ម​៥១​ព្រះ​វស្សា​ហើយ បាន​អាពាធ​ហើយ​សុគត​ទៅ​ដែរ ។ ដូច្នេះ​នៅ​សល់​តែ​ព្រះ​អង្គ​នន់​មួយ​អង្គ​ឯង​ប៉ុណ្ណោះ ។

១៥. រយៈកាល​ចន្លោះ​រាជ្យ​-​ព្រះ​ឧភយោរាជ​អង្គ​នន់ (១៦៧៤-១៦៧៥)

ស្ដេច​នេះ​ជា​បុត្រា​របស់​ព្រះ​អង្គ​ឯម ដែល​បាន​គាំទ្រ​ព្រះរាជា​ចោល​សាសនា​ប្រឆាំង​នឹង​ព្រះ​អនុជ​ទាំង​២ ដែល​បាន​រត់​ទៅ​សុំ​ជំនួយ​ពី​ស្ដេច​កូសាំងស៊ីន ។ ទ្រង់​បាន​នាំ​ព្រះរាជ​វង្ស​មក​គង់នៅ​ឯ​រាជធានី​ឧត្ដុង្គ​វិញ ហើយ​ក៏​ចាប់​កាន់​កាប់​អំណាច​ក្នុង​ព្រះ​នាម​ថា «សម្ដេច​បទុមរាជា​ឧភយោរាជ» គឺ​ទ្រង់​មិន​គ្រងរាជ្យ​ទេ ។ មាន​ឯកសារ​ខ្លះ​និយាយ​ថា ទ្រង់​មាន​ព្រះ​ឋានៈ​ជា​សម្ដេច​ព្រះកែវហ្វ៊ា ។ ការ​ដែល​ទ្រង់​ប្រកាន់​យក​ព្រះ​ឋានៈ​ជា​ព្រះ​ឧភយោរាជ​នេះ គឺ​ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ព្រះរាជ​បន្ទូល​ដែល​ទ្រង់​បាន​ប្រកាស​ពី​មុន​មក​ថា ទ្រង់​មិន​មែន​មក​ប្រយុទ្ធ​ដើម្បី​រាជបល្ល័ង្ក​នោះ​ទេ គឺ​ដើម្បី​តែ​ការ​សងសឹក​ប៉ុណ្ណោះ ។

ព្រះ​អង្គ​នន់​កាន់​អំណាច​មិន​បាន​ទាំង​៥​ខែ​ផង ព្រះ​អង្គ​សូរ​ដែល​ត្រូវជា​រាជបុត្រ​របស់​ព្រះ​បទុមរាជា ដែល​សុគត​ទៅ ហើយ​ត្រូវជា​ព្រះ​អនុជ​របស់​សព​អ្នក​អង្គ​ជ័យ ដែល​ពេល​នោះ​មាន​ព្រះ​ជន្ម​១៨​ព្រះ​វស្សា​ហើយ បាន​ប្រមែ​ប្រមូល​កងទ័ព​ប្រឆាំង​នឹង​ព្រះ​ឧភយោរាជ​អង្គ​នន់ ។ ព្រះ​អង្គ​សូរ​បាន​ទទួល​ជោគជ័យ​ល្អ​បង្គួរ ធ្វើ​ឱ្យ​ព្រះ​ឧភយោរាជ​ទ្រាំ​មិន​បាន​ក៏​រត់​គេច​ខ្លួន​ទៅ​នៅ​ឯ​កូសាំងស៊ីន​ក្បែរ​ភ្នំ​ដឺកា​ (ត្រង់​ព្រំប្រទល់​ដែន​កម្ពុជា​-​អាណ្ណាម​បច្ចុប្បន្ន) នៅ​ប្រាំតម្លឹង ។ បន្ដិច​ក្រោយ​មក​ រាជវង្សានុវង្ស​របស់​ព្រះ​អង្គ ក្នុង​នោះ​មាន​ស្រីស្នំ​ម្នាក់​ដែល​មាន​ដើម​កំណើត​ជា​ចិន បាន​នាំ​គ្នា​រត់​មក​រស់នៅ​ជាមួយ​ព្រះ​អង្គ​ដែរ ។

១៦. ព្រះ​ជ័យជេដ្ឋា​ទី​៤​-​ព្រះ​អង្គ​សូរ រជ្ជកាល​ទី​១ (១៦៧៥-១៦៨៨)

ព្រះ​អង្គ​សូរ​ពេល​នោះ​មាន​ព្រះ​ជន្ម​១៩​ព្រះ​វស្សា​ហើយ ។ កាលពី​ឆ្នាំ​កន្លង​ទៅ ទ្រង់​បាន​ទាមទារ​យក​អំណាច​ដែល​ព្រះ​អង្គ​ត្រូវ​ទទួល​បន្ដ​ពី​ព្រះ​អង្គ​ជ័យ​ជា​ព្រះ​រៀម ដែល​បាន​សុគត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ព្រះអង្គ​តន់​ និង​ព្រះ​អង្គ​នន់ ។​ នៅ​ពេល​ដែល​ព្រះ​អង្គ​នន់​រត់​ភៀស​ព្រះ​កាយ​ទៅ​នៅ​ឯ​កូសាំងស៊ីន​ ព្រះ​អង្គ​សូរ​ក៏​ចូល​កាន់​អំណាច​នៅ​ក្នុង​ឆ្នាំ​១៦៧៥​ ហើយ​បាន​ឱ្យ​គេ​អភិសេក​ព្រះអង្គ​នៅ​រាជធានី​ឧត្ដុង្គ​ក្រោម​ព្រះ​នាម​ថា​ «សម្ដេច​ព្រះ​ជ័យជេដ្ឋា​បរម​សុរិន្ទ្រ​ធិរាជ» ។ ទ្រង់​បាន​លើក​អ្នក​ព្រះ​អង្គ​នន់ ជា​បងប្អូន​ជីដូនមួយ​ឱ្យ​ឡើងជា​ព្រះ​ឧភយោរាជ ។

នៅ​ក្នុង​ឆ្នាំ​បន្ទាប់ ព្រះរាជា​បាន​យាង​មក​គង់នៅ​ទ្រនំជ្រឹង​ ក្នុង​ខែត្រ​សំរោងទង ហើយ​បាន​បញ្ជា​ឱ្យ​គេ​សង់​រាជវាំង​មួយ​ថ្វាយ ។

នៅ​សម័យ​នោះ ប្រហែលជា​ក្នុង​រវាង​ឆ្នាំ​១៦៨០ មាន​ឧត្ដមសេនីយ៍​ចិន​ម្នាក់​ខាង​រាជវង្ស​មិញ​ឈ្មោះ​ថា ឌួង​ង៉ានឌីច ក្រោយ​ពី​ច្បាំង​ចាញ់​កងទ័ព​របស់​ខាងហ៊ី អ្នក​កសាង​សន្ដតិវង្ស​ថាញ់ បាន​នាំ​ទ័ព​ដែល​នៅ​សល់​ចុះ​សំពៅ​២០០ ធ្វើ​ដំណើរ​មក​អាណ្ណាម ។ ប៉ុន្ដែ​ខ្យល់ព្យុះ​បក់​បោក​លិច​សំពៅ​អស់ សល់​តែ​សំពៅ​៥០ និង​ទ័ព​៣​ពាន់​នាក់​ប៉ុណ្ណោះ​ដែល​អាច​ឡើង​គោក​បាន​ ក៏​នាំ​គ្នា​មក​សុំ​ចុះចូល​នឹង​ស្ដេច​អាណ្ណាម​នៅ​នឹង​ទូរ៉ាន​តែ​ម្ដង​ ហើយ​សំណូមពរ​សុំ​ដីធ្លី​ដើម្បី​រស់នៅ ។ ស្ដេច​អាណ្ណាម​មិន​ចង់​រក្សា​ពួក​បរទេស​៣​ពាន់​នាក់​នេះ​ឱ្យ​នៅ​ជិត​ខ្លួន​ព្រះ​អង្គ​ទេ ក៏​បញ្ជូន​ឱ្យ​មក​រស់នៅ​ក្នុង​កម្ពុជា​វិញ​ដោយ​ថ្វាយ​ដំណឹង​ដល់​ព្រះ​ជ័យជេដ្ឋា​បាន​ជ្រាប​ផង​ដែរ​គឺ​ឱ្យ​នៅ​ខែត្រ​បារាជ​ និង​ដុងណាយ ដែល​មាន​ពួក​អន្ដោប្រវេសន៍​អាណ្ណាម​ចូល​មក​រស់នៅ​ច្រើន​បង្គួរ​រួច​ទៅ​ហើយ ហើយ​បាន​ចាត់​ទុក​ថា នេះ​គឺជា​ទឹកដី​ដែល​ខ្លួន​ដណ្ដើម​បាន ។ ឧត្ដមសេនីយ៍​ឌួង​ង៉ានឌីច មិន​សប្បាយ​ចិត្ដ​នឹង​ទឹកដី​ដែល​គេ​បាន​ធ្វើ​សម្បទាន​ឱ្យ​រស់​នៅ​ទេ ក៏​នាំ​ទ័ព​ពាក់​កណ្ដាល​ទៅ​រស់នៅ​ឯ​មីថ​ វិញ​ទុក​ឱ្យ​មេបញ្ជាការ​រង​ឈ្មោះ​ ត្រាន់​ រស់នៅ​នឹង​បារាជ​ជាមួយ​នឹង​ទ័ព​ពាក់​កណ្ដាល​ទៀត ។

ពួក​ចិន​ទាំង​អស់​នេះ​ត្រូវរ៉ូវ​គ្នា​ជាមួយ​នឹង​ពួក​អាណ្ណាម​ណាស់ ព្រោះ​ជា​អ្នក​មក​ពី​ក្រៅ​ដូច​គ្នា ប៉ុន្ដែ​មិន​សូវ​ត្រូវ​គ្នា​ជាមួយ​ពួក​ខ្មែរ​ទេ​ ជា​ពិសេស​ជាមួយ​អាជ្ញាធរ​ខ្មែរ​ដែល​គ្រប់គ្រង​ទឹកដី​ក្នុង​នាម​ព្រះរាជា​កម្ពុជា ។​ ម្យ៉ាង​ទៀត ពួក​នេះ​ចូល​ចិត្ដ​បង្ក​ចលាចល​យ៉ាង​ខ្លាំង មិន​ចូល​ចិត្ដ​ធ្វើ​ការងារ ហើយ​មិន​ចង់​គោរព​ច្បាប់​ទម្លាប់​របស់​ព្រះរាជា​ណាចក្រ​លើស​ពី​ពួក​អាណ្ណាម​ទៅ​ទៀត ។​ គេ​រស់នៅ​ជា​កង​មិន​មែន​ជា​អ្នកស្រុក​សម​ទៅ​តាម​អត្ថន័យ​របស់​ពាក្យ​នេះ​ទេ ហើយ​ហាក់​ដូចជា​ចូល​ចិត្ដ​នឹង​ការ​ធ្វើ​សង្គ្រាម​ជា​ជាង​រស់​នៅ​ក្នុង​សន្ដិភាព​ដូច​នៅ​កម្ពុជា​នេះ ។

គឺ​ដោយហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ព្រះ​អង្គ​នន់​ធ្លាក់​ចេញពី​អំណាច ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ចាប់​ផ្ដើម​ធ្វើការ​ប្រយុទ្ធ​តបត​ទៅ​នឹង​ព្រះ​អង្គ​សូរ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​១៦៨២ បើ​ទោះបី​ថា​ព្រះ​អង្គ​សូរ ធ្លាប់​បាន​លើក​ទ្រង់​ឱ្យ​ឡើង​ជាទី​ឧភយោរាជ​ហើយ​ក៏​ដោយ ក៏​ព្រះ​អង្គ​នន់​បាន​មក​ទាក់ទង​នឹង​ពួក​ចិន​ខាងលើ​នេះ ដែល​មាន​មេកង​ឈ្មោះ​ថា បាង​កន ឱ្យ​ធ្វើ​ជា​ស្នូល​នៃ​កងទ័ព​មួយ​ដ៏​រឹង​មាំ​ដែរ ។ ព្រះ​អង្គ​បាន​ទទួល​យក​ពួក​ចាម ដែល​កំពុង​តែ​រត់គេច​ខ្លួន​ពី​ស្រុក​ទេស​មក​ឱ្យ​ចូល​ក្នុង​កងទ័ព​របស់​ព្រះ​អង្គ​ថែម​ទៀត ។ បន្ទាប់​មក​ ទ្រង់​ក៏​ចាប់​វាយ​ដណ្ដើម​យក​ខែត្រ​បាសាក់ ព្រះត្រពាំង ភ្នំពេញ និង​ឧត្ដុង្គ ។

ព្រះ​ជ័យជេដ្ឋា​ព្រះ​អង្គ​សូរ ពេល​នោះ​មិន​បាន​គិត​ថា​នឹង​មាន​កើត​សង្គ្រាម​ដូច្នោះ​ទេ ម្ល៉ោះហើយ​គ្មាន​ប្រុង​ប្រៀប​អ្វី​នឹង​ទប់ទល់​ឡើយ ។ នៅ​ពេល​ដែល​កងទ័ព​របស់​ព្រះ​អង្គ​នន់​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ ដែល​កាល​នោះ​មាន​ឈ្មោះ​ថា ចតុម្មុខ​មក ទ្រង់​ក៏​ភៀស​ព្រះ​កាយ​ទៅ​គង់នៅ​ឯ​ទ្រនំជ្រឹង​ក្នុង​ខែត្រ​សំរោងទង ដែល​ទ្រង់​បាន​ចាត់​ឱ្យ​គេ​សង់​ព្រះរាជ​ដំណាក់​មួយ​ថ្វាយ​ពី​មុន​រួច​ហើយ ។ បន្ដិច​ក្រោយ​មក​ទើប​ទ្រង់​យាង​ចេញពី​ទ្រនំជ្រឹង​មក​វិញ​ជាមួយ​នឹង​ទ័ព​មួយ​កង​ដែល​ទ្រង់​កេណ្ឌ​បាន​ពី​បណ្ដា​ខែត្រ​នៅ​តំបន់​នោះ រួម​ជាមួយ​ទ័ព​ជំនួយ​របស់​សៀម​មួយ​កង ដែល​ស្ដេច​សៀម​បាន​បញ្ជូន​ឱ្យ​មក​ជួយ ។ ទ័ព​របស់​ព្រះ​អង្គ​បាន​វាយ​ទ័ព​ព្រះ​ឧភយោរាជ​ឱ្យ​បរាជ័យ ពួក​ចិន​រត់​ចោល​អស់ ព្រះ​ឧភយោរាជ​ក៏​គេច​ខ្លួន​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​កោះ​តេង (គឺ​កោះ​គូឡាវយាង​សព្វថ្ងៃ) ហើយ​លាក់​ខ្លួន​នៅ​ទីនោះ​ទៅ នៅ​ឆ្នាំ​១៦៨៤ ។

ព្រះរាជា​ក៏​យាង​ត្រលប់​ពី​ទ្រនំជ្រឹង មក​គង់នៅ​ឧត្ដុង្គ​វិញ (ឆ្នាំ​១៦៨៥) ។ ក្នុង​ពេល​នោះ ព្រះ​ឧភយោរាជ ក៏​បាន​យាង​មក​គង់នៅ​ក្នុង​ខែត្រ​ស្រីសន្ធរ ហើយ​បាន​ឱ្យ​គេ​សង់​បន្ទាយ​ការពារ​មួយ​នៅ​ទីនោះ ។

នៅ​ក្នុង​ឆ្នាំ​បន្ទាប់​មក​ទៀត ព្រះ​ឧភយោរាជ​បាន​ទទួល​ទ័ព​សៀម​មួយ​កង​ពី​ព្រះរាជា​អយុធ្យា ដែល​តែង​តែ​ចង់​ដុត​ភ្លើង​សង្គ្រាម​ស៊ីវិល​ឱ្យ​ឆេះ​រោលរាល​នៅ​កម្ពុជា ទ័ព​នោះ​មក​តាម​ជើង​គោក​ផង និង​តាម​ជើង​ទឹក​ផង ។ ទ្រង់​បាន​ប្រមូល​ទ័ព​ចិន និង​ទ័ព​ខ្មែរ​របស់​ព្រះ​អង្គ​បញ្ចូល​ជាមួយ​គ្នា រួច​បាន​ចាប់​បើក​ការ​ប្រយុទ្ធ​ជា​ថ្មី វាយ​សម្រុក​មក​ដល់​ភ្នំពេញ​នៅ​ដើម​ឆ្នាំ​១៦៨៤ ។ ព្រះរាជា​ជ័យជេដ្ឋា​អង្គ​សូរ​បាន​ដឹកនាំ​ទ័ព​ចេញ​ទៅ​ប្រយុទ្ធ​ទប់ទល់ វាយ​ទ័ព​ព្រះ​ឧភយោរាជ​ឱ្យ​បរាជ័យ បង្ខំ​ឱ្យ​ព្រះ​ឧភយោរាជ​ដក​ថយ​ទៅ​ស្រីសន្ធរ​ដែល​រាជពង្សាវតារ​២​ច្បាប់​នៅ​តែ​ហៅ ស្រីសឈរ​តាម​ឈ្មោះ​ដើម​ដដែល ។​ក្រោយ​បរាជ័យ​នេះ​ព្រះ​ឧភយោរាជ​អង្គ​នន់​បាន​បញ្ជូន​រាជទូត​ទៅ​សុំ​ជំនួយ​បន្ថែម​ពី​ស្ដេច​សៀម ។ គឺ​រាជទូត​របស់​ព្រះ​អង្គ​នន់​នេះ​ឯង ដែល​ពួក​រាជទូត​របស់​ស្ដេច ល្វី​ទី​១៤ បាន​ជួប​នៅ​អយុធ្យា​ក្នុង​ឆ្នាំ​១៦៨៥ ហើយ​និយាយ​ថា​មាន​តែ​ព្រះ​ភាគិនេយ្យ​របស់​ព្រះ​ឧភយោរាជ​មួយ​អង្គ​ទេ​ក្នុង​ចំណោម​ពួក​បរទេស​ទាំងអស់ ដែល​មាន​សិទ្ធិ​ទទួល​ព្រះរាជ​សង្ហា​មាស ។ លោក ដឺ​សូម៉ុង បាន​និយាយ​ថា រជ្ជទាយាទ​កម្ពុជា​មួយ​អង្គ​ដែល​បាន​ភៀស​ព្រះ​អង្គ​មក​គង់នៅ​ស្រុក​សៀម បាន​សំណូមពរ​ស្ដេច​សៀម​ឱ្យ​ជួយ​ព្រះ​អង្គ​បាន​គង់​លើ​រាជបល្ល័ង្ក​វិញ ហើយ​លោក​បាន​បន្ថែម​ទៀត​ថា សៀម​បាន​ធ្វើ​អន្ដរាគមន៍​រួច​មក​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ។

នៅ​ក្នុង​ឆ្នាំ​១៦៨៧ ព្រះរាជា​ជ័យជេដ្ឋា​អង្គ​សូរ បាន​ជា​សះស្បើយ​ពី​ជំងឺ​អុតធំ​ដែល​ស្ទើរតែ​ធ្វើ​ឱ្យ​ព្រះ​អង្គ​ក្ស័យ​ព្រះ​ជន្ម ។ ទ្រង់​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​មាតា ដើម្បី​យាង​សាង​ផ្នួស​៧​ថ្ងៃ លា​បំណន់​ដែល​បាន​បន់ស្រន់​នៅ​ពេល​ទ្រង់​អាពាធ ។

នៅ​ឆ្នាំ​១៦៨៨ សម្ដេច​ចៅពញា​កន និង​ចិន​ម្នាក់​ឈ្មោះ​ថា តាង​ចុងស៊ា ឯកសារ​មួយទៀត​ថា​ឈ្មោះ កាន ចុងអ៊ា មាន​បំណង​ទម្លាក់​ព្រះរាជា​ពី​រាជបល្ល័ង្ក ក៏​នាំ​គ្នា​ទៅ​ស្រីសន្ធរ​សុំ​ទ័ព និង​អាវុធ​យុទ្ធភណ្ឌ​ពី​ព្រះ​ឧភយោរាជ រួច​នាំ​គ្នា​មក​ឈរជើង​នៅ​ភ្នំពេញ ។​ ពួក​នេះ​ហៀប​តែ​នឹង​ចេញ​ដំណើរ​ទៅ​ឧត្ដុង្គ​ទៅ​ហើយ​ ស្រាប់តែ​ទ័ព​ព្រះរាជា​មក​ដល់​មុន ហើយ​បើក​ការ​ប្រយុទ្ធ​មក​លើ ធ្វើ​ឱ្យ​ពួក​នេះ​ភ្ញាក់​ខ្លួន​ភ័យ​រត់គេច​អស់​ទៅ​ដោយ​ចោល​អាវុធ និង​សំពៅ​២​គ្រឿង​នៅ​លើ​សមរភូមិ ។ ក្មួយ​ស្រី​ម្នាក់​របស់​សម្ដេច​ពញា​កន​ឈ្មោះ អ្នក​អង្គ​អី ដែល​នៅ​ក្នុង​សំពៅ​មួយ ក៏​ត្រូវ​ព្រះរាជា​ចាប់​បាន​ជា​ឈ្លើយ ហើយ​ទទួល​យក​ធ្វើ​ជា​ព្រះ​ជាយា​ប៉ុន្មាន​ខែ​ក្រោយ​មក ។

នៅ​ក្នុង​ឆ្នាំ​នោះ ក្រោយ​ពី​ទ្រង់​កាន់​អំណាច​អស់​ពេល​១៤​ឆ្នាំ ព្រះរាជា​ក៏​បង្គាប់​ឱ្យ​គេ​រៀបចំ​អភិសេក​ព្រះ​អង្គ​ក្រោម​ព្រះ​នាម​ថា «សម្ដេច​ព្រះ​ជ័យជេដ្ឋា​បរមោ​សុរិន្ទ​រាជា​ធិរាជ​រាមា» ។

ហើយ​នៅ​ក្នុង​ឆ្នាំ​ដដែល ព្រះ​ឧភយោរាជ​អង្គ​នន់ ក្រោយ​ពី​មិន​បាន​ទទួល​ជំនួយ​អ្វី​ពី​ពួក​សៀម ព្រះ​អង្គ​ក៏​យាង​ទៅ​កាន់​កូសាំងស៊ីន (អតីត​នគរ​ចាម្ប៉ា) ដើម្បី​សុំ​ជំនួយ​ពី​ស្ដេច​ហ៊ាន​វឿង (37) បាន​ទ័ព​២​ម៉ឺន​នាក់​បញ្ជា​ដោយ​ឧត្ដមសេនីយ៍​អាណ្ណាម​ឈ្មោះ អុង​ធាន​ឃួន និង​អុង​ធុម​មូ ។ ទ្រង់​បាន​ដឹកនាំ​ទ័ព​នេះ​រហូត​មក​ដល់​រាជធានី​ឧត្ដុង្គ ។

ទ័ព​អាណ្ណាម​របស់​ព្រះ​ឧភយោរាជ​វាយ​ដណ្ដើម​យក​រាជធានី​បាន រួច​ហើយ​បាន​កៀរ​អ្នកស្រុក​កំពង់ហ្លួង និង​បន្ទាយលើ​យក​មក​ដាក់​នៅ​ជ្រោយចង្វា​ពីមុខ​ភ្នំពេញ ។ សម្ដេច​ព្រះទាវ​ជា​ព្រះ​មាតុច្ឆា​របស់​ព្រះរាជា ព្រះ​ជន្ម​១៥​ព្រះ​វស្សា​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្រុក​ទាំង​នោះ​ដែរ ។ ចំណែក​ឯ​ព្រះរាជា​ជ័យជេដ្ឋា​បាន​គេច​ព្រះអង្គ​ទៅ​ឯ​ស្រុក​ប្រាំតម្លឹង រួច​ហើយ​បាន​ចាត់​ឱ្យ​ចៅពញា​ភក្ដី​សង្គ្រាម​សួស​តាម​មក​រក​ព្រះ​មាតុច្ឆា​យក​ទៅ​វិញ ។ ទ្រង់​បាន​ប្រទាន​ចិញ្ចៀន​មួយ​វង់​ដើម្បី​ឱ្យ​សម្ដេច​ព្រះទាវ​ជឿ​ទុកចិត្ដ រួច​ហើយ​ចៅពញា​ភក្ដី ក៏​ចេញដំណើរ​មក​ជាមួយ​អ្នក​បម្រើ​ម្នាក់​ឈ្មោះ អា​គោ នៅ​ថ្ងៃ​អាទិត្យ​ពេញបូណ៌​ខែ​ផល្គុណ (ចុង​ខែ​កុម្ភៈ) ។ មក​ដល់​ស្ទឹង​ឧកញ៉ា​ហ្លួង ពេល​ព្រលប់ ចៅពញា​ភក្ដី ក៏​ហែល​ទឹក​ឆ្លង​កាត់​ទៅ​ជ្រោយចង្វា ចូល​គាល់​ព្រះ​ក្សត្រី​បង្ហាញ​ព្រះ​ទម្រង់ ហើយ​យាង​ព្រះ​នាង​មក​ភ្លាម​តែ​ម្ដង ។ ចៅពញា​ភក្ដី​ដាក់​ព្រះ​ក្សត្រី​នៅ​លើ​ស្មា រួច​ហែល​ទឹក​ឆ្លង​ទន្លេ​មក​វិញ ឯ​អា​គោ​ក៏​ហែល​ចម្លង​ភីលៀង​ព្រះ​នាង​មក​ដែរ ។​ ហែល​មក​ដល់​ត្រើយ​ម្ខាង​ ចៅពញា​ភក្ដី​ធ្វើ​អង្រឹង​សែង​ព្រះ​ក្សត្រី​រួច​ចេញ​ដំណើរ​បន្ដ​ទៀត​ដោយ​មិន​ឱ្យ​នរណា​ឃើញ​ទាន់ ។​ មក​ដល់​ទំនប់​ព្រះ​ទេព​រួច​មក​ដល់​លំហាច​ជា​កន្លែង​ដែល​ព្រះរាជា​ទ្រង់​រង់ចាំ​ព្រះ​មាតុច្ឆា និង​សេនា​អង់អាច​ក្លាហាន ជាមួយ​នឹង​សេនា​ហែហម​មួយ​កង និង​ដំរី​ជា​ច្រើន ។ ព្រះ​ក្សត្រី​យាង​គង់​លើ​ដំរី​មួយ​ក្បាល​រហូត​មក​ដល់​ប្រាំតម្លឹង ។

ពេល​ទ្រង់​ជ្រាប​អំពី​ការ​បាត់​ខ្លួន​របស់​សម្ដេច​ទាវ ព្រះ​ឧភយោរាជ​អង្គ​នន់​បាន​ចាត់​ឱ្យ​ទ័ព​អាណ្ណាម​៥​ពាន់​នាក់​ធ្វើ​ដំណើរ​ដេញ​តាម ។ ទ័ព​អាណ្ណាម​មក​ជួប​ជាមួយ​ទ័ព​របស់​ព្រះរាជា ដែល​ដឹកនាំ​ដោយ​ចៅពញា​ភក្ដី​សង្គ្រាម នៅ​ត្រង់​វាល​ហុង ក៏​ត្រូវ​ទ័ព​ព្រះរាជា​វាយ​ឱ្យ​បរាជ័យ​រត់​ត្រលប់​ទៅ​ជ្រោយចង្វា​វិញ ។ ឃើញ​ទ័ព​អាណ្ណាម​បាក់​រត់​គ្មាន​សណ្ដាប់​ធ្នាប់​ដូច្នេះ​ទ័ព​ព្រះរាជា​ក៏​ដេញ​តាម​វាយ​រហូត​រួច​ឆ្លង​ក្បូន​ឡើង​វាយ​យក​បាន​បន្ទាយ​ជ្រោយចង្វា ។

ពេល​នោះ​ទ័ព​អាណ្ណាម​ភិត​ភ័យ​ខ្លាំង​ណាស់ បែកបាក់​ខ្ចាត់ខ្ចាយ រត់​នាំ​មេកោយ​របស់​គេ និង​ព្រះ​ឧភយោរាជ​យក​ទៅ​ដល់​កូសាំងស៊ីន​វិញ​ដោយ​លំបាក ។ អ្នកស្រុក​ឧត្ដុង្គ និង​កំពង់លែង​ក៏​វិល​ត្រលប់​ពី​ជ្រោយចង្វា​មក​ទីលំនៅ​រៀងៗ​ខ្លួន​វិញ ។

ពេល​នោះ​សម្ដេច​ទាវ​ក្សត្រី​បាន​ស្នើ​សុំ​ព្រះរាជា​ឱ្យ​យាង​ជាមួយ​ព្រះ​នាង​សាដាន​ ត្រលប់​តាម​ផ្លូវ​ដែល​ព្រះនាង​រត់គេច​ជាមួយ​ចៅពញា​ភក្ដី ដើម្បី​ពិនិត្យ​មើល​ទីកន្លែង​ដែល​ព្រះ​អង្គ​បាន​ឈប់​សម្រាក​លាក់​ខ្លួន រួច​ទ្រង់​បាន​ឱ្យ​គេ​សង់​វត្ដ​អារាម​ទុក​ជា​អនុស្សាវរីយ៍ ។ វត្ដ​ទី​១​គឺ​វត្ដ​កានឡាល សង់​នៅ​លើ​ទួល​ប្រាំតម្លឹង ជាទី​កន្លែង​ដែល​ព្រះ​រាជា​បាន​នាំ​ព្រះ​នាង​ទៅ​ដល់​ក្រោយ​ពី​គេច​ព្រះ​អង្គ​រួច​មក ។

ដោយ​យាង​បន្ដ​មក​ទៀត ឈប់​មើល​គ្រប់​ទីកន្លែង​ដែល​បាន​ឈប់​សម្រាក រហូត​មក​ដល់​ព្រៃពួន​ជាទី​កន្លែង​ដែល​ព្រះ​ក្សត្រី​ត្រូវ​ពួន​លាក់​ខ្លួន​កុំ​ឱ្យ​ពួក​អ្នក​ដែល​តាម​មក​រក​ព្រះ​នាង​ឃើញ ។ ព្រះរាជា​ក្រោយ​ពី​ព្រះ​សណ្ដាប់​ដំណើរ​រឿង​ឃើញ​ថា​ ព្រះ​នាង​គេច​ផុត​ពី​គ្រោះថ្នាក់​ដោយ​អព្ភូតហេតុ​ទ្រង់​ក៏​បញ្ជា​ឱ្យ​កសាង​វត្ដ​មួយ​នៅ​ទីនោះ ។​ ទ្រង់​បាន​លើក​ចៅពញា​ភុក​ឱ្យ​ឡើង​ជាទី​ឧកញ៉ា​ធម្មា រួច​ប្រគល់​ភារកិច្ច​ឱ្យ​សាងសង់​វត្ដ​នេះ និង​ជីក​ស្រះ​ទឹក​ធំ​មួយ​ផង ។

នៅ​ពេល​នោះ មាន​លេច​ពាក្យ​ចចាម​អារ៉ាម​មិន​ល្អ​ចំពោះ​ព្រះរាជា និង​ព្រះ​ក្សត្រី ពាស​ពេញ​ព្រះរាជា​ណាចក្រ​ដោយ​ចោទ​ថា​ ហេតុតែ​ព្រះរាជា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ព្រះ​មាតុច្ឆា​ក្មេង​យ៉ាង​នេះ​ពីព្រោះ​ព្រះ​នាង​បាន​សហាយ​ស្មន់​ជាមួយ​ព្រះរាជា ។ ព្រះ​ក្សត្រី​ដែល​កំពុង​តែ​គ្រង​ព្រះ​ពស្ដ្រា​តាម​របៀប​អ្នកស្រុក ទ្រង់​ខ្ញាល់​ខ្លាំង​ណាស់ ហើយ​បាន​ជេរ​ប្រទេច​ផ្ដាសា​តបត​ទៅ​អ្នក​ដែល​បាន​និយាយ​ប្រហារ​ព្រះ​នាង​វិញ​ថា «អ្នក​ណា​ក៏​ដោយ ទោះជា​មន្ដ្រី​ថ្នាក់​ណា​ក៏​ដោយ​ ឬ​ក៏​ជា​ប្រជារាស្ដ្រ​ក៏​ដោយ​ដែល​បាន​សង្ស័យ​មក​លើ​រូប​ខ្ញុំ​ និយាយ​មិន​ល្អ​ពី​អតីតកាល​របស់​ខ្ញុំ សូម​ឱ្យ​អ្នក​ទាំង​អស់នោះ​ស្លាប់​ទៅ​ហើយ​ធ្លាក់​ចុះ​នរក​ដ៏​សែន​ជ្រៅ កុំ​ឱ្យ​ព្រះពុទ្ធ​លោក​ប្រោស​បាន» ។

១៧. រយៈកាល​ចន្លោះ​រាជ្យ (១៦៨៨)

វត្ដ​ព្រៃពួន​កសាង​រួច​ក៏​រៀបចំ​ពិធី​បញ្ចុះសីមា ពិធី​នោះ​បាន​ធ្វើ​ឱ្យ​ព្រះរាជា​ទ្រង់​នឹកឃើញ​កាល​គ្រងចីវរ ៧​ថ្ងៃ​ក្រោម​ម្លប់​ព្រះរតនត្រ័យ ទ្រង់​ក៏​សម្រេច​ព្រះ​ទ័យ​បោះបង់​រាជសម្បត្ដិ​សាង​ព្រះ​ផ្នួស​ម្ដង​ទៀត ។ ព្រះ​អង្គ​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ចៅពញា​យ៉ង ត្រូវជា​ចៅ​ក្មួយ ព្រះ​ជន្ម​២២​ព្រះ​វស្សា ដែល​បួស​ជា​ភិក្ខុ ឯ​ព្រះ​ក្សត្រី​ក៏​បួស​ជា​ដូនជី ក្នុង​វត្ដ​ព្រៃពួន​នោះ​ដែរ ។

ក្សត្រ​ទាំង​២​អង្គ​គង់នៅ​ក្នុង​វត្ដ​នេះ​ប្រហែលជា​៣​ខែ រហូត​ដល់​ចេញ​វស្សា ទើប​ចាក​លា​សិក្ខាបទ​មក​វិញ ។ ព្រះរាជា​បាន​យក​អំណាច​មក​កាន់​ជា​ថ្មី ឯ​ព្រះ​ក្សត្រី​បាន​ឡើងជា​ព្រះ​ក្សត្រី​ឯក​នៅ​ក្នុង​ព្រះរាជវាំង ។

១៨. ព្រះ​ជ័យជេដ្ឋា រជ្ជកាល​ទី​២ (១៦៨៨)

ក្រោយ​ពី​លាចាក​សិក្ខាបទ ព្រះរាជា និង​ព្រះ​វររាជ​មាតុច្ឆា​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​គេ​កសាង​វត្ដ​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ខែត្រ​សំរោងទង​ត្រង់​កន្លែង​ដែល​ពេល​កំពុង​រត់គេច​ពី​សត្រូវ​ ស្នំ​ព្រះ​នាង​ឈ្មោះ​នាង​អំ​បាន​ថ្វាយ​ផ្កា​ដល់​ព្រះ​នាង​នៅ​ក្រោម​ម្លប់​ដើម​ជ្រឹង ។ វត្ដ​នោះ​មាន​ឈ្មោះ​ថា វត្ដ​អូជ្រឹង ។

នៅ​ទី​បញ្ចប់ ព្រះរាជា​បាន​ឱ្យ​គេ​សង់​វត្ដ​មួយ​ទៀត​នៅ​គោកចំបក់ ត្រង់​កន្លែង​មួយ​ដែល​អ្វីៗ​ទាំងអស់​នៅ​ជុំវិញ​ព្រះរាជា​កំពុង​តែ​រំជើប​រំជួល អ្នក​ទាំងអស់​គ្នា​កំពុង​តែ​ភ័យ​ខ្លាច ​រាជា​ទត​ឃើញ​មេគោ​មួយ​ក្បាល​បំបៅ​កូន ធ្វើ​វា​ហី ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះ​អង្គ​មាន​សេចក្ដី​ក្លាហាន​ឡើង​វិញ ។ វត្ដ​នោះ​មាន​ឈ្មោះ​ថា វត្ដ​មេគោ​បំបៅ​កូន ។

បន្ទាប់​មក ព្រះរាជា​បាន​ឱ្យ​គេ​សង់​ដំណាក់​មួយ​នៅ​ក្បែរ​វត្ដ​ចុង​ក្រោយ​នេះ រួច​ហើយ​ទ្រង់​ក៏​ចាប់​រៀបចំ​រចនាសម្ព័ន្ធ​រដ្ឋបាល​របស់​ព្រះរាជា​ណាចក្រ​ឡើង​វិញ ប្រទាន​រង្វាន់​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ធ្លាប់​តាម​ដង្ហែ​ព្រះ​អង្គ​ដោយ​ស្មោះស្ម័គ្រ ។ ទ្រង់​បាន​ចាត់​តាំង​ចតុស្ដម្ភ គឺ​ឧកញ៉ា​យោមរាជ ឧកញ៉ា​វាំង ឧកញ៉ា​ក្រឡាហោម និង​ឧកញ៉ា​ចក្រី​ឡើង​វិញ បន្ទាប់​មក​មាន​រាជ​តេជោ និង​មហាតលិក​ឆ្វេង​ស្ដាំ​គឺ​មហាទេព និង​មហាមន្ដ្រី ។

ព្រះរាជា​ក៏​បាន​ចាត់តាំង​ផង​ដែរ​នូវ​មន្ដ្រី​៥​រូប​សម្រាប់​តាម​បម្រើ​សម្ដេច​ព្រះទាវ​ជា​ព្រះ​មាតុច្ឆា ក្នុង​នោះ​មាន​ឈ្មោះ សួស ជា​អ្នក​បាន​ជួយ​សង្គ្រោះ​ព្រះ​ក្សត្រី ដែល​មាន​ឋានៈ​ជា​ក្រឡាពាស ហើយ​ដំឡើង​ឱ្យ​ទៅ​ជា​ថ្នាក់​សម្ដេច​ចៅពញា ទទួល​បាន​ភូមិ​៩ រួម​ទាំង​ខ្ញុំ និង​អ្នកស្រុក ដែល​រស់នៅ​ក្នុង​ភូមិ​នោះ​ទាំងអស់ (38) ជា​កម្មសិទ្ធិ ។

មន្ដ្រី​២​រូប គឺ​អ្នក​អ៊ីម ដែល​បាន​ចាប់​កាន់​អាវុធ​មុន​គេ និង​ចៅ​ជៃលី ដែល​បាន​បង្ក​ការ​លំបាក​ជា​ច្រើន​ដល់​ព្រះរាជា​ណាចក្រ​ត្រូវ​ដាក់​ទោស​ប្រហារ​ជីវិត​បង់​ ម្នាក់​ដោយ​ជ្រមុជ​ក្នុង​ទឹកស្រះ​ ម្នាក់​ទៀត​ជ្រមុជ​ក្នុង​ទឹក​ព្រែក ។

បន្ទាប់​ពី​ផ្ដល់​យុត្ដិធម៌​រួច ព្រះរាជា​បាន​យាង​ត្រលប់​វិល​មក​គង់នៅ​ឯ​ឧត្ដុង្គ ជា​ព្រះរាជ​ធានី​វិញ ។​

ពេល​នោះ​នៅ​ឯ​ខែត្រ​ស្រីសន្ធរ​មាន​រាជវង្ស​២​អង្គ​គឺ​ ព្រះ​អង្គ​អ្នក​ចន្ទ​ និង​ព្រះ​អង្គ​អ្នក​អុក​ ដែល​ជា​មិត្ដភក្ដិ​របស់​អតីត​ព្រះ​ឧភយោរាជ​ បាន​ដឹកនាំ​អ្នកស្រុក​ឱ្យ​បះបោរ​ឡើង​ ហើយ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ខែត្រ​ព្រៃវែង​ជាទី​កន្លែង​ដែល​ពួក​កាន់​សាសនា​កាតូលិក​រស់នៅ ពួក​នេះ​ពី​មុន​ដឹកនាំ​ដោយ​លោក​ឪពុក សឺវ្រឺយ ។ ព្រះរាជា​បាន​បញ្ជា​ឱ្យ​សម្ដេច​ព្រះ​ស្រឡៅ​ដឹកនាំ​ទ័ព​ទៅ​បង្ក្រាប​ពួក​នោះ​ ចាប់​រាជវង្ស​ទាំង​២​បាន​ហើយ​ធ្វើឃាត​ចោល​នៅ​នឹង​ជ្រោយ​បន្លៀ​ រួច​ទ្រង់​បាន​បែងចែក​ភូមិ​ទាំង​៩​ជា​កម្មសិទ្ធិ​របស់​រាជវង្ស​ទាំង​២​ឱ្យ​ទៅ​សម្ដេច​ពញា​ស្រឡៅ និង​រាជវង្ស​ផ្សេងៗ​ទៀត (39) ។

ការ​បះបោរ​ខាងលើ​នេះ​មាន​រយៈពេល​ប្រហែលជា​៣​ខែ ។ ក្រោយ​ព្រឹត្ដិការណ៍​នេះ ព្រះរាជា​បាន​យាង​ចេញ​ពី​រាជធានី​ឧត្ដុង្គ មក​គង់នៅ​ឯ​កំពង់ក្រសាំង ត្រង់​ទួល​ព្រះស្រី​វិញ ។ នៅ​ទួលក្រសាំង​នេះ​ព្រះ​អង្គ​បាន​ចាត់​តាំង​គណៈរដ្ឋមន្ដ្រី ដោយ​រាប់​បញ្ចូល​ទាំង​បុរោហិត​ ចៅក្រម​ជាន់ខ្ពស់​ ចៅហ្វាយ​ឃ្លាំង​ទាំង​៤ និង​ចៅហ្វាយ​ស្រុក​ទាំង​១០​ថ្នាក់ ។ គឺ​នៅ​ក្នុង​ភូមិ​ទួលក្រសាំង​នេះ​ឯង​ដែល​អា​គោ ខ្ញុំ​របស់​ពញា​ភក្ដី​សង្គ្រាម​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​នាង​អំ ភីលៀង​ដែល​បាន​ថ្វាយ​ផ្កា​មួយ​ទង​ដល់​ព្រះ​ទាវ ហើយ​ត្រូវ​បាន​លើក​ឱ្យ​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​គោកសេះ​ឡើង (40) ។

មាន​បញ្ហា​មួយ​ធំ​ជាង​បញ្ហា​អាពាហ៍ពិពាហ៍​នោះ​ទៅ​ទៀត ដែល​ធ្វើ​ឱ្យ​គណៈរដ្ឋមន្ដ្រី​ឈឺក្បាល គឺ​បញ្ហា​ផ្លាស់​ប្ដូរ​រាជធានី ។ ក្រោយ​ពី​បាន​សាកសួរ​ទីប្រឹក្សា ហោរា និង​ព្រះ​សង្ឃរាជ​រួច​មក គេ​សម្រេច​ថា​រាជធានី​ទួលក្រសាំង​នេះ មាន​ប្រជាជន​ច្រើន ចង្អៀត​ណាស់ គួរ​ដូរ​រាជធានី​ទៅ​ដាក់​នៅ​ឯ​បឹងក្បិន​វិញ ។ ការ​ផ្លាស់​ប្ដូរ​រាជធានី​នេះ​ប្រព្រឹត្ដ​ទៅ​នៅ​ឆ្នាំ​បន្ទាប់ ហើយ​រាជធានី​ថ្មី​មាន​ឈ្មោះ​ថា ដំណាក់ ។

មាន​ការ​បះបោរ​មួយ​ទៀត​កើត​ឡើង​ធ្វើ​ឱ្យ​សភាពការណ៍​ក្នុង​ព្រះរាជាណាចក្រ​ភាគ​ខាងត្បូង​ល្អក់​កករ​បន្ដិច ។ នោះ​គឺ​ការ​បះបោរ​របស់​ពួក​ចិន​នៅ​មីថ ក្រោម​ការ​អុជអាល​របស់​ឈ្មោះ ហ៊ិញ​តាំ ជា​ជំនួយការ​ម្នាក់​របស់​ឧត្ដមសេនីយ៍​ឌួង​ង៉ាន់ឌីច ។ ពួក​បះបោរ​បាន​សម្លាប់​ឌួង​ង៉ាន់ឌីច រួច​ហើយ​លើក​ហ៊ិញ​តាំ​ឱ្យ​ធ្វើ​មេ និង​ប្រកាស​ទឹកដី​ម្ដុំ​នោះ​ជា​ក្សត្រ​ប្រទេស​មួយ​ឯករាជ្យ ។ ពួក​បះបោរ​បាន​ស្លដែក​ចាក់​ធ្វើ​កាំភ្លើង​ធំ និង​កេណ្ឌ​បាន​ទូក​ក្ដារ​បាន​ជា​ច្រើន ។ គេ​បិទ​ផ្លូវ​ចរាចរ បង្កើត​គយ​យាម​ល្បាត ហើយ​ឃាត់​ពួក​ខ្មែរ​ឱ្យ​បង់ប្រាក់​លោះ ។

ព្រះរាជា​កម្ពុជា​ឈ្វេង​យល់​ថា ពួក​ចិន​នេះ​នឹង​មក​វាយប្រហារ​ព្រះរាជាណាចក្រ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន ទើប​ទ្រង់​បញ្ជា​ឱ្យ​គេ​សង់​កំពែង​ការពារ​នៅ​ភ្នំពេញ​នៅ​បាក់ណាម​ និង​នៅ​គោប៊ីច រួច​ហើយ​បាន​ឱ្យ​គេ​ធ្វើ​ធ្នស់​បិទ​ទន្លេ នៅ​ត្រង់​បាណាម ដោយ​ចង​ក្បូន​នឹង​ច្រវាក់​មាំៗ ។

ព្រះ​ឧភយោរាជ​អង្គ​នន់ ពេល​នោះ​ទ្រង់​គង់នៅ​ឯ​ព្រៃនគរ ។ ទ្រង់​មាន​ពិភាល់​ខ្លាំង​ណាស់​នឹង​ការ​បះបោរ​របស់​ពួក​ចិន​នេះ ដែល​គ្មាន​សម្ព័ន្ធភាព​អ្វី​ជាមួយ​ព្រះ​អង្គ​ទេ ក៏​សំណូមពរ​សុំ​ជំនួយ​ពី​ពួក​អាណ្ណាម ។ ពេល​នោះ​ពួក​អាណ្ណាម​ប្រុងប្រៀប​តែ​នឹង​ប្រកាស​សង្គ្រាម​ជាមួយ​កម្ពុជា​ទៅ​ហើយ បាន​ហៅ​ហ៊ិញ​តាំ​ឱ្យ​មក​ចុះចូល​នឹង​ខ្លួន ​រួច​ឱ្យ​ដឹក​ទ័ព​ដើរ​មុខ ។ ហ៊ិញ​តាំ​ពេល​នោះ​រីករាយ​ណាស់​នឹង​បាន​ត្រូវ​គេ​ទទួល​ស្គាល់ ចាត់​ទុក​ដូចជា​ស្ដេច ក៏​ចាប់​ចេញ​ដំណើរ ហើយ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​ពួក​អាណ្ណាម ដែល​មាន​ទូក​សំពៅ​ច្រើន​លើស​លុប​ព័ទ្ធ​ជិតជុំ ។ ហ៊ិញ​តាំ ក៏​ត្រូវ​ពួក​អាណ្ណាម​ចាប់​បាន រួច​សម្លាប់​ចោល​ទៅ ឯ​បន្ទាយ​ទាំងឡាយ​ក៏​ត្រូវ​គេ​បំផ្លាញ​ចោល​គ្មាន​សល់ ។ អាណានិគម​ចិន​នៅ​មីថ​ក៏​ត្រូវ​បាន​គេ​ប្រគល់​ឱ្យ​អុងប៉ាង​ចិន​នៅ​បារាជ​ឈ្មោះ ត្រាន់ កាន់​កាប់​គ្រប់​គ្រង​វិញ ។

ទ័ព​អាណ្ណាម​ក្រោយ​ពី​បាន​កម្ទេច​ទ័ព​ពួក​បះបោរ​ចិន​នៅ មីថ រួច​ហើយ មិន​បាន​ឈប់​នៅ​ស្ងៀម​ទេ ។ បាន​បន្ដ​ដំណើរ​មក​វាយ​ដណ្ដើម​យក​ភ្នំពេញ​ទៀត រហូត​ទាល់តែ​បាន ។

ព្រះរាជា​កម្ពុជា​បាន​ភៀស​ព្រះ​កាយ​មក​គង់នៅ​ឯ​កំពង់ហ្លួង លើ​ច្រាំង​ខាងស្ដាំ​ទន្លេសាប ត្រឹម​ឧត្ដុង្គ រួច​ទ្រង់​បាន​ផ្ញើ​ទូត​មក​សុំ​ចរចា​សន្ដិភាព ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ សន្ធិសញ្ញា​សន្ដិភាព​រវាង​កម្ពុជា និង​អាណ្ណាម ក៏​បាន​ត្រូវ​ចុះ​ហត្ថលេខា​ជា​ថ្មី ដោយ​កំណត់​ឱ្យ​កម្ពុជា​លើក​សួយសារ​អាករ​ថ្វាយ​ព្រះរាជា​អាណ្ណាម​ជា​រៀង​រាល់​ឆ្នាំ ។

មាន​ការ​និទាន​តៗ​គ្នា​ថា ក្បួនច្បាប់​ផ្សេងៗ​របស់​ព្រះរាជាណាចក្រ​បាន​ត្រូវ​ខ្ចាត់ខ្ចាយ​រប៉ាត់រប៉ាយ​បាត់​អស់​ជាមួយ​នឹង​ការ​បាក់បែក​លង្វែក​កាលពី​ឆ្នាំ​១៥៩៣ ធ្វើ​ឱ្យ​ពួក​ចៅក្រម​មាន​ការ​លំបាក​ណាស់​ក្នុង​ការ​កាត់​សេចក្ដី ព្រោះ​គ្មាន​អ្វី​ជា​សំអាង កាត់​សេចក្ដី​ទៅ​តាមតែ​ការ​ចង​ចាំ​ប៉ុណ្ណោះ ។ ព្រះរាជា​មុនៗ​បាន​បញ្ជា​ឱ្យ​ខិតខំ​ប្រមែ​ប្រមូល​ក្បួនច្បាប់​ទាំងអស់​ពី​តាម​បណ្ដា​ខែត្រ និង​វត្ដ​អារាម​ឡើង​វិញ​ដែរ ហើយ​គេ​ប្រមូល​បាន​មក​វិញ​ជា​ច្រើន ក៏​ប៉ុន្ដែ​ក្បួនច្បាប់​ទាំង​អស់​នោះ​មិន​ត្រូវ​គ្នា​ទេ មួយ​ចំនួន​ប្រែ​ខុស​ច្បាប់​ដើម​ដោយ​ការ​ចម្លង​តៗ​គ្នា​មក ។ ដោយ​ពិនិត្យ​ឃើញ​ដូច្នេះ ព្រះរាជា​បាន​ចេញ​បញ្ជា​ឱ្យ​ប្រមូល​ក្បួនច្បាប់​ទាំងអស់​យក​មក​សិក្សា​ប្រៀប​ធៀប​គ្នា​មើល ហើយ​បើ​ចាំបាច់​ទ្រង់​ឱ្យ​ធ្វើ​វិសោធនកម្ម ។ ទ្រង់​បាន​បន្ទុក​បណ្ដាក់​ឱ្យ​អ្នកប្រាជ្ញ​បណ្ឌិត​៦​រូប​ធ្វើការ​សើរើ ពិនិត្យ​ច្បាប់​ទាំង​១២​ក្បាល​ឡើង​វិញ ។ ពួក​អ្នកប្រាជ្ញ​បណ្ឌិត​បាន​ធ្វើ​ការងារ​នេះ​សម្រេច​ក្នុង​រយៈពេល​៥​ឆ្នាំ រួច​ហើយ​ព្រះ​ជ័យជេដ្ឋា​ក៏​ប្រកាស​ឱ្យ​ប្រើ ។

មាន​សេសសល់​ច្បាប់​នេះ​រហូត​មក​ដល់​សព្វថ្ងៃ​ចំនួន​២​ច្បាប់​ដែល​មាន​ភស្ដុតាង​បញ្ជាក់​អំពី​ការ​សើរើ​ពិនិត្យ​ឡើង​វិញ​នេះ​គឺ​ ក្រម​ចោរ​ រៀបរៀង​តាំងពី​ឆ្នាំ​៩៨៣​នៃ​ចុល្លសករាជ​ត្រូវ​នឹង​គ្រិស្ដ​សករាជ​១៦២១​ និង​ក្រម​សុភាធិបតី​ រៀបរៀង​ពី​ឆ្នាំ​៩៨០​នៃ​ចុល្លសករាជ​ត្រូវ​នឹង​គ្រិស្ដ​សករាជ​១៦១៨ ។​ ច្បាប់​ផ្សេងៗ​ទៀត​ដែល​មើល​ទៅ​ប្រហែល​ជា​រៀបរៀង​ឡើង​ក្នុង​សម័យ​កាលនោះ​ដែរ ប៉ុន្ដែ​មិន​មាន​បញ្ជាក់​ឈ្មោះ​ព្រះរាជា ឬ​កាល​បរិច្ឆេទ​ច្បាស់​លាស់ គឺ​ប្រហែលជា​ត្រូវ​បាន​គេ​សើរើ​ពិនិត្យ​ឡើង​វិញ​ជា​ច្រើន​ដង (41) ។

ក្រម​ចោរ​មាន​សេចក្ដី​បញ្ជាក់​ឱ្យ​ឃើញ​ច្បាស់​អំពី​ព្រះរាជ​បញ្ជា​ឱ្យ​សើរើ​ពិនិត្យ​ឡើង​វិញ «ព្រះរាជា​ជ័យជេដ្ឋា ដែល​សោយរាជ្យ​នៅ​រាជធានី​ឧត្ដុង្គ មាន​ព្រះ​ទ័យ​សន្ដោស​ត្រាប្រណី​ដល់​រាស្ដ្រ​របស់​ព្រះ​អង្គ ។ ព្រះ​អង្គ​ឈ្វេង​យល់​ថា​ទណ្ឌកម្ម​ដែល​ដាក់​ទៅ​លើ​ពួក​ឧក្រិដ្ឋ​ថ្នាក់​លេខ​១​នោះ​មាន​សភាព​ធ្ងន់ធ្ងរ​ព្រៃផ្សៃ​ខ្លាំង​ពេក​ណាស់​ ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ឱ្យ​លុប​ចេញ​វិញ ។ ដោយ​ហេតុ​នេះ ទ្រង់​បាន​បញ្ជា​ឱ្យ​យក​ទណ្ឌកម្ម​ដែល​បាន​កំណត់​ឱ្យ​ដាក់​លើ​ឧក្រិដ្ឋកម្ម​ថ្នាក់​លេខ​២ មក​ដាក់​លើ​ឧក្រិដ្ឋកម្ម​ថ្នាក់​លេខ​១ ហើយ​យក​ទណ្ឌកម្ម​សម្រាប់​ឧក្រិដ្ឋកម្ម​ថ្នាក់​លេខ​៣ មក​ដាក់​លើ​ឧក្រិដ្ឋកម្ម​ថ្នាក់​លេខ​២​វិញ ។ល ។» សេចក្ដី​ត្រង់​នេះ​មាន​ន័យ​ថា លុប​បំបាត់​ទណ្ឌកម្ម​ប្រហារ​ជីវិត​បង់ ។ យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា​ មាន​ស្ដេច​លាវ​មួយ​អង្គ​គឺ ហ្វា​ងោម ក៏​បាន​បញ្ជា​ឱ្យ​លុប​ទណ្ឌកម្ម​នេះ​ចោល​ដែរ ដោយ​ទ្រង់​ពន្យល់​ថា​ គេ​មិន​ត្រូវ​សម្លាប់​មនុស្ស​ដែល​បាន​សម្លាប់​គេ​នោះ​ទេ​ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​មរណភាព​មួយ​ថែម​ទៀត ។

ក្រោយមក មាន​ច្បាប់​មួយ​ទៀត​បាន​កែ​ច្បាប់​ព្រះ​ជ័យជេដ្ឋា ដោយ​ប្រែ​ដាក់​ឱ្យ​មាន​ទោស​ប្រហារជីវិត​ឡើង​វិញ ។ ច្បាប់​នោះ​រៀបរៀង​ឡើង​នៅ​ក្នុង​ឆ្នាំ​១៦៦០ ។ ខ្ញុំ​ជឿ​ថា​ច្បាប់​ឆ្នាំ​១៦២១​មិន​ត្រូវ​បាន​គេ​គោរព​តាម​ប៉ុន្មាន​ទេ បើ​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​ការ​អនុវត្ដ​ដែរ ។ ជាក់ស្ដែង​គឺ​មាន​រឿង​រ៉ាវ​ទាក់​ទង​ទៅ​នឹង​សម្ដេច​ព្រះទាវ​ក្សត្រី ដែល​មាន​លើក​ឡើង​នៅ​ក្នុង​ច្បាប់​ទំនៀម​ពី​បុរាណ ក្នុង​នោះ​មាន​និយាយ​អំពី​ករណី​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​ប្រហារ​ជីវិត​ដោយ​កាត់​ក្បាល (42) ។

ទោះជា​យ៉ាងណា​ក្ដី ប្រហែលជា​៧០​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ក្នុង​ឆ្នាំ​១៦៩០ ព្រះ​ជ័យជេដ្ឋា​ដែល​យើង​កំពុង​តែ​សិក្សា​នេះ ទ្រង់​បាន​បញ្ជា​ឱ្យ​គេ​ពិនិត្យ​ច្បាប់​ឆ្នាំ​១៦២១​ទាំង​១២​ច្បាប់​ឡើង​វិញ រួច​បាន​ប្រទាន​នាម​ឱ្យ​ថា «ច្បាប់​ព្រះ​ជ័យជេដ្ឋា» ប៉ុន្ដែ​ឱ្យ​ដាក់​កាលបរិច្ឆេទ​ត្រឹម​ឆ្នាំ​១៦៧៥ ជា​ឆ្នាំ​ដែល​ព្រះ​អង្គ​ឡើង​សោយរាជ្យ ។

នៅ​ក្នុង​ឆ្នាំ​១៦៨១​គឺ​១​ឆ្នាំ​បន្ទាប់​ពី​ច្បាប់​ទាំងឡាយ​បាន​ត្រូវ​ប្រកាស​ឱ្យ​ប្រើ​រួច​ហើយ​ ព្រះ​ឧភយោរាជ​អង្គ​នន់ បាន​យាង​ត្រលប់​ចូល​មក​ក្នុង​ស្រុក​ខ្មែរ​វិញ ហើយ​ក៏​សុគត​ទៅ​នៅ​ស្រីសន្ធរ ។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៣៧​ព្រះ​វស្សា និង​កាន់​អំណាច​បាន​១​ឆ្នាំ ហើយ​ការ​បះបោរ​របស់​ព្រះ​អង្គ​មាន​រយៈពេល​ពី​១៥​ទៅ​១៦​ឆ្នាំ ។ ពេល​នោះ ព្រះរាជា​ទ្រង់​គង់នៅ​ឯ​បឹងក្បិន ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ទ្រង់​បាន​យាង​ត្រលប់​មក​គង់នៅ​ឯ​ឧត្ដុង្គ​វិញ ។

រាជពង្សាវតារ​បាន​រៀបរាប់​ថា នៅ​ក្នុង​ឆ្នាំ​១៦៩២ ព្រះរាជ​វង្សានុវង្ស​របស់​ព្រះរាជា​នគរ​ចាម្ប៉ា​បាន​នាំ​គ្នា​យាង​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ទាំង​សេនា​ហែហម​៥​ពាន់​នាក់​មក​ជាមួយ​ផង ដើម្បី​សុំ​ជ្រក​កោន​ជាមួយ​ព្រះរាជា​កម្ពុជា ។ ព្រះ​ជ័យជេដ្ឋា បាន​ប្រទាន​ដីធ្លី និង​អនុញ្ញាត​ឱ្យ​ពួក​នោះ​រស់នៅ​ជិត​លង្វែក ។

មួយ​ឆ្នាំ​បន្ទាប់​មក​ទៀត ច្បាប់​អយ្យកោ​ទាក់ទិន​ទៅ​នឹង​ស្ថាន​សម្រាល​ទោស​បាន​ត្រូវ​ប្រកាស​ឱ្យ​ប្រើ ។ ហើយ​ច្បាប់​មន្ទីរ​រដ្ឋបាល គឺ​ច្បាប់​ទាក់ទង​នឹង «កងរក្សា​ព្រះអង្គ» ដែល​មិន​មែន​ជា​ច្បាប់​យើង​មាន​សព្វថ្ងៃ តែ​ជា​ច្បាប់​មួយ​ចាស់​ជាង ដែល​គេ​បាន​ធ្វើ​វិសោធនកម្ម​ជា​ច្បាប់​ថ្មី​នេះ ក៏​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ផង​ដែរ ។ តាម​ច្បាប់​នេះ អ្នកស្រុក​មិន​ត្រូវ​ចង​ត្រដោក​គោ​ទេ​នៅ​ពេល​បររទេះ​កាត់​រាជធានី មិន​ត្រូវ​បាំង​ឆត្រ​ពេល​ជិះរទេះ មិន​ត្រូវ​ក្រៀវ​គោ​ មិន​ត្រូវ​កាប់​សម្លាប់​គោ​យក​សាច់​បរិភោគ​ទេ​ រទេះ​ក៏​មិន​ឱ្យ​លាប​ពណ៌​ឆើតៗ​ចន្ទោល​ រទេះ​មិន​ឱ្យ​ដាក់​ចង្កំ​ពណ៌​មាស​ដែរ ។

បី​ឆ្នាំ​ម្ដង​អ្នកស្រុក​ត្រូវ​បង់ពន្ធ​រទេះ​ និង​គោ​ចំនួន​ស្មើនឹង​១​ភាគ​១០​ ហើយ​ព្រះរាជា​បាន​សម្រេច​ថា​គោ​ណា​ដែល​មាន​សម្បុរ​ពព្រុស​ដូច​រោម​លលក​ត្រូវ​ដកហូត​ទុកជា​ព្រះរាជ​ទ្រព្យ ។

នៅ​ក្នុង​ឆ្នាំ​១៦៩៥ ព្រះរាជា​ដែល​មាន​ព្រះ​ជន្ម​៣០​ព្រះ​វស្សា ហើយ​សោយរាជ្យ​សម្បត្ដិ​តាំងពី​ទ្រង់​មាន​ព្រះជន្ម​២០​ព្រះ​វស្សា​ម្ល៉េះ បាន​ដាក់​រាជ​ថ្វាយ​ដល់​ព្រះ​ភាគិនេយ្យ ព្រះ​ឧទ័យ ដែល​មាន​ព្រះ​ជន្ម​២២​ព្រះ​វស្សា (43) ។

១៩. ព្រះ​នរាយរាមាធិបតី​-​ព្រះ​ឧទ័យ ចៅពញា​យ៉ង (១៦៩៥-១៦៩៦)

ព្រះរាជា​អង្គ​នេះ​ទ្រង់​បាន​ទទួល​ការ​អភិសេក​នៅ​ក្នុង​ឆ្នាំ​១៦៩៥ ក្នុង​ព្រះ​ជន្ម​២៣​ព្រះ​វស្សា ក្រោម​ព្រះនាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះនរាយ​រាមាធិបតី​ព្រះឧទ័យ​រាជា​បរមបពិត្រ» ។ ព្រះ​អង្គ​បាន​យក​ព្រះ​មាតុច្ឆា​ជា​បុត្រី​របស់​ព្រះបាទ​សម្ដេច​ព្រះ​បរមរាជាធិរាជ​ជា​អគ្គមហេសី ។​ទ្រង់​សោយរាជ្យ​បាន​១០​ខែ​រួច​ក៏​សុគត​ទៅ​ក្នុង​ឆ្នាំ​១៦៩៦ ។

២០. ព្រះ​ជ័យជេដ្ឋា​-​រជ្ជកាល​ទី​៣ (១៦៩៦-១៦៩៩)

ព្រះបាទ​ជ័យជេដ្ឋា​ក្រោយ​ពី​បាន​សាង​ព្រះ​ផ្នួស​ជា​លើក​ទី​៣​អស់​រយៈកាល​៥​ថ្ងៃ​រួច​ហើយ​ ក៏​លាចាក​សិក្ខាបទ ហើយ​មក​ទទួល​យក​ព្រះ​អគ្គមហេសី រៀបចំ​ព្រះរាជ​ពិធី​អភិសេក​ឡើង​គង់​លើ​រាជសម្បត្ដិ​ជា​លើក​ទី​២ ដោយ​មាន​ព្រះ​នាម​ខុស​ពី​មុន​បន្ដិច​បន្ដួច ។

នៅ​ឆ្នាំ​១៦៩៩ មាន​មន្ដ្រី​ម្នាក់​ឈ្មោះ​ថា ឧកញ៉ា​នរិន្ទ​ឯម ត្រូវជា​កូន​លោក​ពញា​សេនា ម៉េង បាន​លើក​គម្រោង​ផែនការ​ក្បត់​ មិន​មែន​គ្រាន់តែ​ដើម្បី​ទម្លាក់​ព្រះរាជា​ពី​រាជបល្ល័ង្ក​ប៉ុណ្ណោះ​ទេ​គឺ​ប៉ុនប៉ង​គាស់​រំលើង​រាជវង្ស​ទាំងមូល​តែ​ម្ដង ។ ជន​ក្បត់​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កូសាំងស៊ីន សុំ​បាន​ទ័ព​អាណ្ណាម​២​ម៉ឺន​នាក់ ក៏​រៀបចំ​ជា​២​កង ធ្វើ​ដំណើរ​ឡើង​មក​តាម​ដៃទន្លេ​ទាំង​២ ។ ព្រះរាជា​ជ័យជេដ្ឋា ត្រូវ​បង្ខំ​ព្រះ​ទ័យ​រត់គេច​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​ខែត្រ​ពោធិ៍សាត់ ដើម្បី​កេណ្ឌ​ទ័ព ។ ទ័ព​អាណ្ណាម​របស់​ឧកញ៉ា​នរិន្ទ​ឯម​បាន​រៀបចំ​ដេញ​តាម​ព្រះរាជា ដែល​ធ្វើ​ដំណើរ​យឺតៗ​មក​ដល់​កំពង់ឆ្នាំង ក៏​តាំង​ដុត​បំផ្លាញ​ខ្ទេចខ្ទី ។

ពេល​នោះ​ព្រះ​ស្រី​ធម្មោរាជា​ជា​ព្រះរាជ​បុត្រា​របស់​ព្រះរាជា​ និង​អ្នក​អង្គ​ម្ចាស់​ឯម​ត្រូវជា​រាជបុត្រា​របស់​អតីត​ព្រះ​ឧភយោរាជ​ក្បត់ ដែល​ទើបតែ​ត្រលប់​មក​ពី​អាណ្ណាម​ពី​ឆ្នាំ​មុន បាន​ដឹកនាំ​ទ័ព​មួយ​កង​ម្នាក់​ចេញ​ពី​ខែត្រ​ពោធិ៍សាត់​មក​មួយ​កង​មក​តាម​ផ្លូវគោក​ មួយ​កង​ទៀត​ចុះ​តាម​ទន្លេសាប​មក​ចោម​វាយ​ទៅ​លើ​ទ័ព​អាណ្ណាម​ធ្វើ​ឱ្យ​ពួក​នោះ​រត់​ចោល​ឧកញ៉ា​នរិន្ទ​ឯម​ដក​ថយ​ទៅ​ខាងត្បូង​សាយហ្គន​ដល់​ខែត្រ​បៀនវ៉ា​ និង​បារាជ​ដែល​ស្ដេច​កូសាំងស៊ីន​ទើបតែ​ប្រគល់​ថ្វាយ​មក​ឱ្យ​ព្រះរាជា​កម្ពុជា​វិញ ។​ មុន​នេះ​ខែត្រ​ទាំង​២​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ពួក​អាណ្ណាម ។​

គេ​អាច​នឹង​ចោទ​សំណួរ​បាន​ថា​តើ​ព្រះ​ឧភយោរាជ​អង្គ​នន់​ឬ​ដែល​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៦៩១​ ជា​អ្នក​បាន​ប្រគល់​ខែត្រ​ទាំង​២​នេះ​ទៅ​ថ្វាយ​ស្ដេច​អាណ្ណាម ឬ​មួយ​ក៏​ឧកញ៉ា​នរិន្ទ​ឯម​ទេ​ដែល​ជា​អ្នក​ប្រគល់​ខែត្រ​ទាំង​២​នេះ​ជា​ថ្នូរ​នឹង​កងទ័ព​ដែល​ខ្លួន​បាន​សុំ ។ មាន​ឯកសារ​ខ្លះ​បាន​និយាយ​ថែម​ទៀត​ថា ដើម្បី​ទប់ទល់​កុំឱ្យ​ទាហាន​រត់​ចោល​កងទ័ព ស្ដេច​អាណ្ណាម​បាន​អនុញ្ញាត​ឱ្យ​ឧត្ដមសេនីយ៍​របស់​ព្រះ​អង្គ​នៅ​គ្រប់គ្រង​ខែត្រ​ទាំង​២​ឱ្យ​បាន ។ ក៏​ប៉ុន្ដែ​អ្វី​ដែល​ប្រាកដ​នោះ គឺថា​កងទ័ព​អាណ្ណាម​បាន​សម្លាប់​ឧកញ៉ា​នរិន្ទ​ឯម​ចោល​មុន​ពេល​ដែល​កងទ័ព​នេះ​ចាប់​បន្ដ​ដំណើរ​មក​ភាគ​ខាងត្បូង​បន្ដិច ។

នៅ​ឆ្នាំ​បន្ទាប់ ទឹកដី​ខែត្រ​ទាំង​២​នោះ​ក៏​ត្រូវ​គេ​បែងចែក​ជា​ស្រុក​ខណ្ឌ​តូចៗ គ្រប់គ្រង​ដោយ​នាម៉ឺន​អាណ្ណាម​ចំណុះ​ឱ្យ​ឧត្ដមសេនីយ៍​ដែល​ដឹកនាំ​ទ័ព​មក​ជួយ​ឧកញ៉ា​នរិន្ទ​ឯម​នោះ​ឯង ។ ពួក​ឧត្ដមសេនីយ៍​ទាំង​នោះ​នៅ​នឹង​បន្ទាយ​សាយហ្គន ហើយ​មាន​អំណាច​ទាំង​ខាង​ស៊ីវិល ទាំង​ខាង​កងទ័ព ។ ទឹកដី​ខែត្រ​ទាំង​២​នេះ​បាន​ក្លាយ​ទៅជា​របស់​អាណ្ណាម​ចាប់​តាំង​តែ​ពី​ពេល​នោះ​រហូត​មក ។

នៅ​ដំណាច់​ឆ្នាំ ក្រោយ​ពី​ទ្រង់​សោយរាជ្យ​ជា​លើក​ទី​៣​បាន​៤​ឆ្នាំ ព្រះរាជា​ជ័យជេដ្ឋា​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​អ្នក​អង្គ​ម្ចាស់​ឯម ដែល​ព្រះ​អង្គ​បាន​លើក​ឱ្យ​ឡើងជា​ព្រះកែវហ្វ៊ា​តាំង​តែ​ពី​ពេល​ត្រលប់​ពី​អាណ្ណាម​មក​វិញ ហើយ​ដែល​ព្រះ​អង្គ​បាន​រៀប​អភិសេក​បុត្រី​របស់​ព្រះ​អង្គ​មួយ​អង្គ​ថ្វាយ ពីព្រោះ​ថា​ព្រះកែវហ្វ៊ា បាន​បង្ហាញ​ឱ្យ​ឃើញ​ថ្វីដៃ​រួច​មក​ហើយ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ទ័ព​អាណ្ណាម​របស់​ឧកញ៉ា​នរិន្ទ​ឯម ។

២១. ព្រះកែវហ្វ៊ា​បរមបពិត្រ​អង្គ​ឯម (១៧០០-១៧០១)

អ្នក​អង្គ​ម្ចាស់​ឯម​ពេល​នោះ​ទ្រង់មាន​ព្រះ​ជន្ម​២៥​-​២៦​ព្រះវស្សា​ហើយ។ ព្រះ​អង្គ​ត្រូវជា​បុត្រា​របស់​ព្រះ​ឧភយោរាជ​អង្គ​នន់​ជាមួយ​ស្រី​ចិន​ម្នាក់ ។ ព្រះ​អង្គ​ត្រូវ​បាន​លើក​ឱ្យ​ឡើងជា​ព្រះបាទ​សម្ដេច​ព្រះកែវហ្វ៊ា​បរមបពិត្រ​នៅ​ក្នុង​គ្រិស្ដសករាជ​១៧០០ ត្រូវ​នឹង​មហាសករាជ​១៦២២ ចុល្លសករាជ​១០៦២ ។ ព្រះ​អង្គ​បាន​យាង​ទៅ​គង់នៅ​ឯ​ខែត្រ​ពោធិ៍សាត់ ។

ចំណែកឯ​ព្រះរាជា​ដាក់រាជ្យ​វិញ បាន​ចំណាយ​ពេល​វេលា​របស់​ព្រះ​អង្គ​ត្រួតពិនិត្យ​ការ​ជួសជុល​វត្ដ​ព្រះ​ពោធិមានបុណ្យ​ដែល​ព្រះ​ចន្ទរាជា​បាន​ឱ្យ​កសាង​ឡើង​កាលពី​ឆ្នាំ​១៥៣៤​ក្រោយ​ពី​ទ្រង់​មាន​ជ័យជម្នះ​លើ​ពួក​សៀម ។ ទ្រង់​បាន​ចំណាយ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​នៅ​ក្នុង​ការ​ជួសជុល​នេះ ។ នៅ​ពេល​ដែល​ការ​ជួសជុល​នេះ​ចប់​សព្វ​គ្រប់​រួច​ហើយ ព្រះ​អង្គ​ទ្រង់​បាន​យាង​ចូល​សាង​ព្រះ​ផ្នួស​ម្ដង​ទៀត ក៏​ប៉ុន្ដែ​បាន​តែ​៣​ថ្ងៃ ព្រះ​អង្គ​ក៏​លះបង់​សិក្ខាបទ មក​ទទួល​យក​រាជសម្បត្ដិ​វិញ​ជា​លើក​ទី​៤ រាជពង្សាវតារ​និយាយ​ថា​ តាម​សំណូមពរ​របស់​ព្រះកែវហ្វ៊ា ជា​ហេតុ​បង្ហាញ​ឱ្យ​ឃើញ​ថា ទ្រង់​ជា​ស្ដេច​ដ៏​មាន​អំណាច​ពិតប្រាកដ​មែន ។

២២. ព្រះ​ជ័យជេដ្ឋា​-​រជ្ជកាល​ទី​៤ (១៧០១-១៧០២)

ព្រះបាទ​ជ័យជេដ្ឋា បាន​ឡើង​សោយរាជ្យ​ជា​លើក​ទី​៤ នៅ​ក្នុង​ព្រះ​ជន្មាយុ​៤៥​ព្រះ​វស្សា ។

ទើប​ឡើង​គ្រង​រាជបល្ល័ង្ក​មិន​ទាន់​បាន​ប៉ុន្មាន​ផង ព្រះ​អង្គ​ត្រូវ​ប្រយុទ្ធ​ប្រឈម​មុខ​នឹង​ជន​បះបោរ​ម្នាក់​ឈ្មោះ​ថា ភីរែន​គីម ជា​កូន​របស់​មន្ដ្រី​ព្រះរាជវាំង​ម្នាក់ ។ ជន​ក្បត់​នេះ​ដែល​បាន​ទទួល​ទ័ព​ជំនួយ​ពី​ស្ដេច​អាណ្ណាម ក៏​ដឹកនាំ​ឡើង​តាម​ផ្លូវទឹក​រហូត​មក​ដល់​ត្រឹម​ឧត្ដុង្គ ។ ​ពេល​ទ័ព​សត្រូវ​មក​ជិត​ដល់​ហើយ​ ព្រះរាជា​ក៏​នាំ​ព្រះរាជ​វង្ស​ និង​សេនា មន្ដ្រី​ទាំងអស់ គេច​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​ខែត្រ​ពោធិ៍សាត់ ។ ភីរែន​គីម​បាន​ដឹកនាំ​ទ័ព​ដេញ​តាម ក៏​ប៉ុន្ដែ​ព្រះរាជា​ទ្រង់​មាន​ឱកាស​អាច​កេណ្ឌ​បាន​ទ័ព​មួយ​កង​តូច​ទាន់ ហើយ​បាន​បើក​ការ​វាយប្រហារ​បក​មក​លើ​ទ័ព​ក្បត់​វិញ វាយ​ឱ្យ​ពួក​នេះ​បរាជ័យ​បែក​បាក់​គ្នា​អស់​ទៅ ឯ​ភីរែន​គីម​ត្រូវ​ចាប់ខ្លួន​បាន ។

ឆ្នាំ​បន្ទាប់​មក​ ព្រះ​ជ័យជេដ្ឋា​បាន​ដាក់​រាជសម្បត្ដិ​ម្ដង​ទៀត​ក៏​ប៉ុន្ដែ​ម្ដង​នេះ​ថ្វាយ​ដល់​ព្រះរាជ​បុត្រា​ច្បង​ព្រះ​នាម​ស្រី​ធម្មោរាជា​ដែល​មាន​ព្រះ​ជន្ម​១២​ព្រះ​វស្សា ។​ រួច​ហើយ​ព្រះ​អង្គ​ក៏​យាង​ចូល​សាង​ព្រះ​ផ្នួស​ម្ដង​ទៀត​ចំនួន​៣​ថ្ងៃ ។

២៣. ព្រះ​ធម្មោរាជា​ទី​៤ (១៧០២-១៧០៤)

ដោយ​ព្រះរាជា​ថ្មី​មាន​ព្រះ​ជន្ម​តិច​ពេក គេ​ក៏​បង្អង់​មិន​ទាន់​រៀបចំ​ព្រះរាជ​ពិធី​អភិសេក​ទេ ហើយ​ព្រះ​បិតា​នៅ​បន្ដ​ចាត់ចែង​កិច្ចការ​ព្រះរាជា​ណាចក្រ​ហាក់បី​ដូចជា​ទ្រង់​មិន​ដាក់​រាជ្យ​នៅ​ឡើយ ។

នៅ​ក្នុង​ឆ្នាំ​បន្ទាប់ មាន​ជន​សំរែ​ម្នាក់ ដែល​ទៅ​រស់នៅ​ឯ​ស្រុក​កូឡា (ភូមា) អស់​ពេល​ប៉ុន្មាន​ឆ្នាំ បាន​ត្រលប់​មក​វិញ ។ ពួក​កុលសម្ព័ន្ធ​សំរែ​នេះ​ធ្លាប់​មាន​បុព្វបុរស​ឡើង​ធ្វើ​ជា​ព្រះរាជា​កម្ពុជា​ហើយ​បង្កើត​បាន​ជា​សន្ដតិវង្ស​ថ្មី​មួយ គឺ​តា​ថី​ ឬ​តា​ត្រសក់ផ្អែម ។ ជន​សំរែ​នោះ​ហាក់​ដូចជា​មិន​សូវ​ជា​ទេ ក៏​ប៉ុន្ដែ​គេ​មាន​លក្ខណៈ​សម្បត្ដិ​សម​ល្មម​នឹង​ធ្វើ​ឱ្យ​ប្រជាជន​ជឿ​ថា​គេ​ជា​អ្នកមាន​បុណ្យ ដែល​ត្រូវ​មក​សោយរាជ្យ​នៅ​កម្ពុជា​នេះ ។ មាន​ប្រជាជន​ជា​ច្រើន​ជឿ ហើយ​ដើរ​តាម​ធ្វើ​ឱ្យ​ស្រុក​ទេស​ជ្រួល​ច្របល់​ជា​ខ្លាំង ។ នាម៉ឺន​សព្វ​មុខមន្ដ្រី បាន​ចាត់​ទ័ព​មួយ​កង​ឱ្យ​ចុះ​មក​ចាប់​ជន​សំរែ​នេះ ក៏​ប៉ុន្ដែ​ជន​នោះ​បាន​គេច​ខ្លួន​បាត់​ទៅ ហើយ​ព្រះរាជា​ណាចក្រ​ក៏​ត្រលប់​មាន​សណ្ដាប់​ធ្នាប់​ល្អ​ឡើង​វិញ ។

នៅ​ឆ្នាំ​១៧០៣ ព្រះរាជធានី​ដែល​ផ្ទេរ​ទៅ​តាំង​នៅ​ឯ​ពោធិ៍សាត់​តាំងពី​ឆ្នាំ​១៦៩៩​មក បាន​ប្ដូរ​មក​តាំង​នៅ​នឹង​ឧត្ដុង្គ​វិញ ។

នៅ​ឆ្នាំ​បន្ទាប់​មក​ទៀត ព្រះ​ស្រី​ធម្មោរាជា​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ដល់​ព្រះ​បិតា​វិញ ក្រោយ​ពី​សោយរាជ្យ​បាន​២​ឆ្នាំ ។

២៤. ព្រះ​ជ័យជេដ្ឋា​-​រជ្ជកាល​ទី​៥ (១៧០៤-១៧០៦)

ព្រះ​ជ័យជេដ្ឋា​បាន​ឡើង​គ្រង​រាជបល្ល័ង្ក​ម្ដង​ទៀត ជា​លើក​ទី​៥ ។ ពេល​នេះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៤៩​ព្រះ​វស្សា​ហើយ ។ រាជពង្សាវតារ​មិន​ឃើញ​មាន​និយាយ​ថា តើ​ព្រះ​អង្គ​ឱ្យ​គេ​រៀបចំ​ព្រះរាជ​ពិធី​អភិសេក​ថ្វាយ​ដែរ ឬ​អត់​ទេ ។

នៅ​ពេល​នោះ​គឺ​ឆ្នាំ​១៧០៥ មាន​ព្រះរាជ​វង្សានុវង្ស​លាវ​ជាមួយ​នឹង​ប្រជាជន​៥​ពាន់​នាក់ ដែល​ត្រូវ​បណ្ដេញ​ចេញពី​រាជធានី​វៀងចន្ទ បាន​នាំ​គ្នា​រត់​មក​សុំ​ជ្រកកោន និង​សុំ​ដី​រស់​នៅ​នៅ​កម្ពុជា ។ រាជវង្ស​នេះ​សោយ​រាជសម្បត្ដិ​នៅ​លើ​រាជបល្ល័ង្ក​លាវ​ជា​ច្រើន​ឆ្នាំ​មក​ហើយ មុន​ដំបូង​សោយរាជ្យ​នៅ​ហ្លួងប្រាបាង រួច​មក​នៅ​ឯ​វៀងចន្ទ ។ ព្រះរាជា​លាវ​ដែល​លោក ហ្សេរ៉ាវ៉ាន់ វូសូវ បាន​ជួប​នៅ​ក្នុង​ឆ្នាំ​១៦៤១​ក្រោយ​ពី​ទ្រង់​សោយរាជ្យ​បាន​៣​ឆ្នាំ​ហើយ ប៉ុន្ដែ​មិន​បាន​ឱ្យ​ដឹង​ព្រះ​នាម​ទេ គឺ​ព្រះ​អង្គ​ម្ចាស់​សុរិយា ព្រះ​នាម​ពេញ​គឺ​ ថាវ​សុរិយា​វង្ស​ធម្មិកៈរាជា​បរមបពិត្រ​ធិរាជ ។​ ព្រះរាជា​អង្គ​នេះ​បាន​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៥៩៥​ដោយ​បន្សល់​ទុក​នូវ​ព្រះរាជ​នត្ដា​ដែល​នៅ​តូចៗ​នៅ​ឡើយ ។

មាន​មន្ដ្រី​ម្នាក់​ក្នុង​ចំណោម​មន្ដ្រី​របស់​ព្រះ​អង្គ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង​គា​ម៉ង់ ជា​បុត្រី​មួយ​អង្គ​របស់​ព្រះរាជា​សុរិយា បំបែក​ព្រះរាជ​នត្ដា​តូចៗ​ទាំងនោះ​ចេញពី​រាជបល្ល័ង្ក ហើយ​ក៏​ឡើង​សោយរាជ្យ​ខ្លួនឯង ។ ពេល​នោះ​មាន​មន្ដ្រី​ម្នាក់​ទៀត អាច​ជា​ព្រះ​ឧភយោរាជ ឬ​ក៏​ជា​ពញា​សែន បាន​ងើប​ប្រឆាំង ឡើង​វាយ​ដណ្ដើម​បាន​ជ័យជម្នះ ហើយ​បង្ខំ​ឱ្យ​មន្ដ្រី​ក្បត់​នោះ​ធ្វើ​អត្ដឃាត រួច​ក៏​ឡើង​សោយរាជ្យ​បន្ដ​មក​ទៀត ដោយ​មាន​ព្រះ​នាម​ថា ភ្យា​នន់​អធិរាជ ។

មាន​ព្រះ​ភាគិនេយ្យ​របស់​ព្រះរាជា​សុរិយា​មួយ​អង្គ ជា​បុត្រា​របស់​ព្រះ​រៀម​មួយ​អង្គ​ទៀត ដែល​ភៀស​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​ក្រុង​វ៉េ បាន​វិល​ត្រលប់​មក​វិញ​ជាមួយ​នឹង​ទ័ព​មួយ​កង ហើយ​ប្រកាស​សង្គ្រាម​ជា​មួយ ភ្យា​នន់ ។ ព្រះរាជា​ភ្យា​នន់​អធិរាជ ដែល​ប្រហែល​ជា​រាជវង្ស​មួយ​អង្គ​របស់​ព្រះរាជា​សុរិយា​ដែរ បាន​ត្រូវ​សុគត​នៅ​ក្នុង​ការ​ប្រយុទ្ធ​នោះ ហើយ​ប្រាជ័យ​អុង​វ៉េ ដែល​ទទួល​បាន​ជ័យជម្នះ ក៏​ឡើង​សោយរាជ្យ​នៅ​វៀងចន្ទ រីឯ​ថាវ (ឬ​ចៅ) នង ដែល​ជា​អនុជ​មួយ​អង្គ ក៏​យាង​ទៅ​សោយរាជ្យ​នៅ​ហ្លួងប្រាបាង ។ ដល់​មក​ឆ្នាំ​១៦០៥ មាន​បុត្រា​មួយ​អង្គ​របស់​ព្រះរាជា​សុរិយា បាន​មក​ដេញ​ថាវនង​ចេញ ហើយ​ឡើង​សោយរាជ្យ​នៅ​ហ្លួងប្រាបាង​នោះ​ទៅ ។ ចាប់ពី​ពេល​នោះ​មក ប្រទេស​លាវ​ដែល​មាន​ឯកភាព​អស់​កាល​ជា​យូរណាស់​មក​ហើយ ក៏​ត្រូវ​បែងចែក​ជា​រាជាណា​ចក្រ​ពីរ ដែល​មាន​ព្រះរាជា​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា គឺជា​ព្រះ​ភាគិនេយ្យ និង​ជា​បុត្រា​របស់​ព្រះ​សុរិយា​ទាំង​អស់​គ្នា ហើយ​ត្រូវជា​បច្ឆាញាតិ​របស់​ព្រះរាជា​ហ្វា​ងោម ។ តាម​មើល​ទៅ គឺ​រាជវង្ស​របស់​ព្រះ​ឧបរាជ​ភ្យា​ណាកន ដែល​បាន​រត់គេច​មក​សុំ​ជ្រកកោន​នៅ​កម្ពុជា ។​

នៅ​ក្នុង​ឆ្នាំ​១៧០៦ ព្រះរាជា​ជ័យជេដ្ឋា ដែល​នឿយណាយ​នឹង​អំណាច​ក្រោយ​ពី​សោយរាជ្យ​បាន​២​ឆ្នាំ ក៏​ដាក់​រាជសម្បត្ដិ​ម្ដង​ទៀត​ជា​លើក​ទី​៥ ថ្វាយ​ដល់​ព្រះ​ស្រី​ធម្មោរាជា​ជា​ព្រះរាជ​បុត្រា ដែល​ទ្រង់​បាន​លើក​ឱ្យ​សោយរាជ្យ​ម្ដង​រួច​មក​ហើយ នៅ​ក្នុង​ឆ្នាំ​១៧០២ តែ​បាន​ដាក់រាជ្យ​ថ្វាយ​ព្រះ​បិតា​វិញ​នៅ​ក្នុង​ឆ្នាំ​១៧០៤ ។

២៥. ព្រះ​ធម្មោរាជា​ទី​៤​-​រជ្ជកាល​ទី​២ (១៧០៦-១៧១០)

ព្រះរាជា​អង្គ​នេះ​មិន​បាន​ទទួល​ព្រះរាជ​ពិធី​អភិសេក​ទេ​កាលពី​ទ្រង់​សោយរាជ្យ​លើក​មុន ព្រោះ​នៅ​ក្មេង​ពេក គឺ​ទើប​តែ​មាន​ព្រះ​ជន្មាយុ​១២​ព្រះ​វស្សា​ប៉ុណ្ណោះ ។ ទ្រង់​បាន​ដាក់​រាជសម្បត្ដិ​នៅ​ក្នុង​ឆ្នាំ​១៧០៤ ។ នៅ​ពេល​ដែល​ព្រះ​អង្គ​ឡើង​គ្រង​រាជបល្ល័ង្ក​សា​ជា​ថ្មី​នេះ ទ្រង់​មាន​ព្រះ​ជន្ម​១៧​ព្រះ​វស្សា​ហើយ ហើយ​បាន​ត្រូវ​អភិសេក​ក្រោម​ព្រះ​នាម​ថា «ព្រះ​ស្រី​ធម្មោរាជា​ធិរាជ​រាមាធិបតី​បរមបពិត្រ» ជា​ព្រះរាជា​ស្នង ឯ​ព្រះ​បិតា​របស់​ព្រះ​អង្គ​វិញ បាន​ទទួល​យក​ព្រះ​ឋានៈ​ជា​ព្រះ​ឧភយោរាជ គឺជា​ឋានៈ​ដែល​គេ​តែងតែ​ប្រគល់​ថ្វាយ​ដល់​ព្រះរាជា ដែល​មិន​ចង់​ទទួល​យក​រាជសម្បត្ដិ ឬ​ក៏​ត្រូវ​គេ​បំបែក​ពី​រាជសម្បត្ដិ ។

និយាយ​ពី​ពួក​លាវ​ដែល​នាំ​គ្នា​មក​កម្ពុជា​តាម​ស្ដេច​របស់​ខ្លួន​វិញ បាន​ត្រូវ​ព្រះរាជា​អនុញ្ញាត​ឱ្យ​ទៅ​រស់​នៅ​ក្នុង​ខែត្រ​បាទី​ជាមួយ​ពួក​លាវ​មួយ​ក្រុម​មុន​ដែល​កាលពី​ឆ្នាំ​១៥៦១​ក្រុម​នេះ​គេ​ឱ្យ​នៅ​ឯ​បារាយណ៍​ តែ​បន្ទាប់​មក បាន​ឱ្យ​មក​រស់នៅ​ទី​នេះ​ដែរ​ក្រោយ​ពី​មាន​បះបោរ​ម្ដង​រួច​មក ។ ភូមិ​ដែល​ពួក​លាវ​នេះ​រស់នៅ គេ​ដាក់​ឈ្មោះ​ឱ្យ​ថា ភូមិ​បារាយណ៍​ក្បាតជុំ​ មាន​ន័យ​ថា​ភូមិ​ពួក​អ្នក​បះបោរ​នៅ​បារាយណ៍ ។​ ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​បណ្ដា​ជនរួមជាតិ​គេ ពួក​អ្នក​មក​ដល់​ថ្មី​បាន​បង្ក​ការ​លំបាក​ដល់​អាជ្ញាធរ​មូលដ្ឋាន​ម្ដង​នៅ​ក្នុង​ឆ្នាំ​១៧០៨ ។ ព្រះរាជា​បាន​ចាត់​ឱ្យ​មន្ដ្រី​២​នាក់​មក​នាំ​ពួក​នេះ​ទៅ​រស់​នៅ​ឯ​កោះ​រាពណ៍​វិញ តែ​ពួក​នេះ​មិន​ព្រម ហើយ​ក៏​ប្រមែ​ប្រមូលគ្នា​បះបោរ​ជា​ចំហ​ឡើង ។ ព្រះរាជា​ក៏​ចាត់​ឱ្យ​កងទ័ព​ចេញ​មក​បង្ក្រាប ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​លាវ​នេះ​បំបែក​គ្នា​ជា​៣​កង គឺ​កង​ទី​១​រត់​ចូល​ព្រៃ កង​ទី​២​រត់​ទៅ​កូសាំងស៊ីន រីឯ​កង​ទី​៣​រត់​ទៅ​រក​ព្រះកែវហ្វ៊ា​អង្គ​ឯម ដែល​ត្រូវជា​ព្រះ​ភាគិនេយ្យ​របស់​ព្រះជ័ជេដ្ឋា​ផង និង​ត្រូវជា​បុត្រ​សុណិសា​ព្រះ​អង្គ​ផង ។ ព្រះកែវហ្វ៊ា​នេះ​បាន​ដក​ព្រះ​កាយ​ឆ្ងាយ​ពី​រាជវាំង​ប្រកប​ទៅ​ដោយ​ចរិត​ប្រឆាំង តាំង​តែ​ពី​ពេល​ដែល​ទ្រង់​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​បិតា​ក្មេក​វិញ នៅ​ក្នុង​ឆ្នាំ​១៧០១ ។ គេ​បារម្ភ​ព្រះកែវហ្វ៊ា​នេះ​ធ្វើ​តម្រាប់​តាម​ព្រះ​បិតា​ព្រះ​អង្គ​ដែរ គឺ​ព្រះ​ឧភយោរាជ​អង្គ​នន់ ។

តាម​ពិត​ទៅ​ព្រះកែវហ្វ៊ា​ទ្រង់​រង់​ចាំតែ​ឱកាស​នឹង​ចាប់​កាន់​អាវុធ​ប្រឆាំង​ប៉ុណ្ណោះ ។​ ព្រឹត្ដិការណ៍​បះបោរ​របស់​ពួក​លាវ​នេះ​ជា​ឱកាស​ល្អ​ហើយ​ ទ្រង់​ក៏​ប្រកាស​ខ្លួន​ព្រះ​អង្គ​ជា​អ្នក​ការពារ​ពួក​នោះ​ហើយ​បាន​ហៅ​មេ​ធំ​របស់​ពួក​គេ​ឈ្មោះ សុកុណា​បាទ​ ឱ្យ​ត្រលប់​មក​ពី​កូសាំងស៊ីន​មក​វិញ ។ សុកុណា​បាទ​ត្រលប់​កម្ពុជា​ជាមួយ​នឹង​ទ័ព​អាណ្ណាម​២​ម៉ឺន​នាក់​ដែល​គេ​បាន​កេណ្ឌ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​រួមគំនិត​ជាមួយ​ព្រះកែវហ្វ៊ា ។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ព្រះកែវហ្វ៊ា កេណ្ឌ​បាន​ទ័ព​កួយ និង​សំរែ​១​ម៉ឺន​នាក់​ដែរ ។ ព្រះកែវហ្វ៊ា​ដឹកនាំ​ទ័ព​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រាជធានី​ឧត្ដុង្គ រីឯ​សុកុណា​បាទ​ចាប់​វាយ​យក​អាណា​ខែត្រ​ខាងកើត ។ ទ័ព​ទាំង​២​ធ្វើ​សកម្មភាព​លឿន​រហ័ស​ណាស់ ទាល់​តែ​ព្រះរាជា និង​ព្រះ​អនុជ​អង្គ​ទង​ដែល​មាន​ព្រះ​ជន្ម​១៨​ព្រះ​វស្សា​ហើយ​ត្រូវ​ព័ទ្ធ​ជាប់​នៅ​ក្នុង​បន្ទាយ​ឧត្ដុង្គ ។​ ព្រះរាជា​ទប់ទល់​ជាមួយ​ទ័ព​សត្រូវ​អស់​ពេល​៣​ខែ ទ្រាំ​លែង​បាន​ទើប​ទ្រង់​វាយ​បើក​ខ្សែ​ត្រៀម​រត់​គេច​ចេញ​នា​ពេល​យប់​មួយ​សំដៅ​ទៅ​ស្រុក​សៀម ដោយ​នាំ​យក​ព្រះរាជ​បុត្រា​របស់​ព្រះរាជា​មួយ​អង្គ ដែល​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៧០៦ ទៅ​ជាមួយ​ផង ។

២៦. ព្រះកែវហ្វ៊ា​អង្គ​ឯម​-​រជ្ជកាល​ទី​២ (១៧១០-១៧២២)

ព្រះកែវហ្វ៊ា​អង្គ​ឯម បាន​សោយរាជ្យ​ម្ដង​នៅ​ក្នុង​ឆ្នាំ​១៧០០ ។ ក្រោយ​ពី​បាន​បណ្ដេញ​ព្រះរាជា​ស្នង​ឱ្យ​រត់​គេច​ព្រះ​អង្គ​ទៅ​ស្រុក​សៀម​រួច​មក ទ្រង់​ក៏​ចាប់​កាន់​កិច្ចការ​ព្រះរាជា​ណាចក្រ ប៉ុន្ដែ​មិន​ទាន់​ហ៊ាន​ឱ្យ​គេ​អភិសេក​ព្រះ​អង្គជា​ស្ដេច​នៅ​ឡើយ​ទេ ។ ព្រះ​អង្គ​រង់ចាំ​អស់​ពេល​៤​ឆ្នាំ គឺ​រហូត​ដល់​មក​ឆ្នាំ​១៧០៤ ទើប​ត្រូវ​បាន​អភិសេក​ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក​ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ព្រះកែវហ្វ៊ា​បរមបពិត្រ» ដែល​ទ្រង់​ធ្លាប់​បាន​ទទួល​រួច​មក ហើយ​នៅ​ក្នុង​ឆ្នាំ​១៧០០​-​១៧០១ ។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៣៤​ព្រះ​វស្សា​ហើយ ។

នៅ​ឆ្នាំ​បន្ទាប់​មក​ ស្ដេច​ស្រុក​សៀម​បាន​បញ្ជូន​ទ័ព​១​ម៉ឺន​៥​ពាន់​នាក់​ជាមួយ​នឹង​រាជទូត​ផង​មក​កាន់​ស្រុក​ខ្មែរ ដើម្បី​សុំ​ឱ្យ​ព្រះកែវហ្វ៊ា​ជ្រែករាជ្យ​លះបង់​រាជបល្ល័ង្ក​ថ្វាយ​ទៅ​ព្រះ​ស្រី​ធម្មោរាជា​វិញ ។ អតីត​ព្រះរាជា​នេះ បាន​ឈប់​សំចត​នៅ​ក្នុង​ខែត្រ​បាត់ដំបង ជាមួយ​នឹង​ព្រះ​អនុជ​អង្គ​ទង និង​ព្រះ​បុត្រា​អង្គ​ឯម ជាមួយ​នឹង​កងទ័ព ដែល​បញ្ជា​ដោយ​ចៅពញា​ពលទេព និង​ចៅពញា​រាជា​សោភាវតី ។ ព្រះរាជា​ថ្មី​កែវហ្វ៊ា​អង្គ​ឯម​បដិសេធ​មិន យល់ព្រម​ទទួល​យក​សំណើ​ខុស​ពី​ធម្មតា​នេះ​ទេ ហើយ​ក៏​មិន​ព្រម​អនុញ្ញាត​ឱ្យ​ក្សត្រា​ទាំង​៣​អង្គ​ស្នាក់​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​ដែរ ព្រោះ​វត្ដមាន​របស់​ក្សត្រ​ទាំង​៣​អង្គ​អាច​នាំ​ឱ្យ​មាន​ភាព​ល្អក់​កករ​បាន ។

នៅ​ក្នុង​ឆ្នាំ​១៧១៥ នៅ​ពេល​ដែល​ព្រះ​ជ័យជេដ្ឋា​ឧភយោរាជ​យាង​សាង​ព្រះ​ផ្នួស​ជា​លើក​ទី​៥ ចំនួន​មួយ​សបា្ដហ៍ ព្រះកែវហ្វ៊ា​អង្គ​ឯម​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​អគ្គមហេសី ជា​បុត្រី​ដែល​ព្រះ​ជ័យជេដ្ឋា​បាន​លើក​ថ្វាយ ព្រះ​អង្គ​កាលពី​ពេល​ដែល​ទ្រង់​យាង​ត្រលប់​ពី​អាណ្ណាម​មក​វិញ ក្រោម​ព្រះ​នាម​ថា ព្រះ​មហាក្សត្រី រួច​ទ្រង់​ក៏​យាង​ចូល​សាង​ព្រះ​ផ្នួស ។ សាង​ផ្នួស​បាន​៣​ថ្ងៃ ព្រះកែវហ្វ៊ា​អង្គ​ឯម​ក៏​លាចាក​សិក្ខាបទ រួច​ចាប់​កាន់​អំណាច​ឡើង​វិញ ។

នៅ​ចុង​ឆ្នាំ​១៧១៦ ព្រះ​អង្គ​ទង ជា​ព្រះ​អនុជ​របស់​ព្រះរាជា​ស្រី​ធម្មោរាជា​ដែល​ធ្លាក់​ពី​រាជសម្បត្ដិ បាន​ចេញ​មុខ​ដឹកនាំ​អ្នកស្រុក​ពោធិ៍សាត់​ដែល​បះបោរ​ឡើង​ប្រឆាំង​នឹង​ព្រះរាជា​ព្រះកែវហ្វ៊ា ។ ព្រះកែវហ្វ៊ា ពេល​នោះ​គ្មាន​កងទ័ព​ទេ ណា​មួយ​ប្រជានុរាស្ដ្រ​ក៏​មិន​ពេញចិត្ដ​នឹង​ព្រះ​អង្គ​ផង​ដែរ ព្រោះ​ទ្រង់​ចូល​ចិត្ដ​តែ​ការ​សប្បាយ ។ បើ​ទោះជា​ថា​ប្រទេស​កម្ពុជា​នា​សម័យ​នោះ​មិន​ទាន់​ធ្លាក់​ចុះ​ឱន​ខ្សោយ​ដូច​សព្វថ្ងៃ​ក៏​ដោយ ក៏​ប៉ុន្ដែ​គេ​មិន​អាច​ធ្វើ​ឱ្យ​ប្រជារាស្ដ្រ​ដើរ​តាម​ទាំង​មិន​សប្បាយ​ចិត្ដ​បាន​ដែរ ។​ ម្ល៉ោះ​ហើយ ដោយ​ដឹង​ច្បាស់​ថា ប្រជារាស្ដ្រ​មិន​គាំទ្រ​ព្រះ​អង្គ ព្រះកែវហ្វ៊ា មិន​បាន​រៀបចំ​កេណ្ឌ​ទ័ព​ក្នុង​ចំណោម​ប្រជារាស្ដ្រ​ខ្មែរ​ទេ ទ្រង់​បែរ​ទៅ​រក​ពួក​អាណ្ណាម ដែល​ជា​ឈ្លើយ​សឹក​នៅ​ក្នុង​កម្ពុជា​វិញ ។​ ទ័ព​អាណ្ណាម​នេះ​ក្រោយ​ពី​បាន​ទទួល​ការ​រៀបចំ​រួច​ហើយ​ក៏​ចេញ​ទៅ​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព្រះ​អង្គ​ទង ធ្វើ​ឱ្យ​ព្រះ​អង្គ​រង​របួស​នៅ​ក្នុង​សមរភូមិ​ដំបូង ហើយ​បង្ខំ​ឱ្យ​ព្រះ​អង្គ​វាយ​ដកថយ​ទៅ​ក្រោយ​វិញ ។ ពួក​អ្នកស្រុក​ពោធិ៍សាត់​ដែល​អស់​សង្ឃឹម​ក៏​បំបែក​គ្នា វិល​ត្រលប់​ទៅ​ស្រុក​ភូមិ​វិញ​អស់​ដែរ ។

ព្រះ​អង្គ​ទង ថ្វីបើ​ត្រូវ​រង​របួស ប៉ុន្ដែ​ព្រះ​អង្គ​មិន​អស់សង្ឃឹម​ទេ ។ ទ្រង់​បាន​ភៀស​ព្រះ​កាយ​ទៅ​គង់នៅ​ឯ​ឫស្សីសាញ់ ដើម្បី​ព្យាបាល​របួស ។ ដល់​មក​ឆ្នាំ​១៧២២ ស្ដេច​សៀម​បាន​ឱ្យ​ទ័ព​១​ម៉ឺន​នាក់​ជូន​ដំណើរ​ព្រះ​ស្រីធម្មោរាជា យាង​ឆ្លងកាត់​ព្រំដែន​ចូល​មក​កម្ពុជា​តាម​ជើង​គោក​ជាមួយ​នឹង​ព្រះ​បុត្រា​អង្គ​ឯម និង​ទ័ព​៥​ពាន់​នាក់​ទៀត ឡើង​សំពៅ​តាម​ជើង​ទឹក​មក​ចុះ​នៅ​ពាម (ហាទៀង) ។ ព្រះ​អង្គ​ទង​បាន​យាង​កាត់​ទៅ​រក​ទ័ព​ជើងគោក​របស់​ព្រះ​រៀម​នៅ​ទីនោះ ។

ពាម ឬ​ហាទៀង ដែល​ជាទី​ប្រជុំជន​របស់​ខែត្រ​ខម ឬ​មឿង​ខម ពេល​នោះ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​អស់​ពេល​ប៉ុន្មាន​ឆ្នាំ​រួច​មក​ហើយ​ដោយ​មេចោរ​សមុទ្រ​ជាតិ​ចិន​ម្នាក់ ដែល​ជា​អតីត​បក្សពួក​របស់​សន្ដតិវង្ស​មិញ ។ ចិន​នោះ​មាន​ឈ្មោះ​ថា​ ម៉ាក់​គូ (44) កាល​នៅ​ឯ​ភ្នំពេញ​ធ្វើ​ជា​មេបន​ល្បែង​ស៊ីសង ។ នៅ​ពេល​ក្លាយជា​អ្នកមាន​ ចិន​នេះ​កើត​គំនិត​ចង់​ធ្វើ​ឱ្យ​ជីវិត​ខ្លួន​កាន់តែ​ប្រសើរ និង​ថ្កុំថ្កើង​ឡើង ក៏​ទៅ​តាំងទី​លំនៅ​ឯ​ពាម ប្រមែ​ប្រមូល​ពួក​ចោរ​សមុទ្រ ចិន និង​អាណ្ណាម​ជា​ច្រើន​នាក់ ព្រមទាំង​ពួក​អាវាសែ​ផ្សេងៗ​ដែល​រង់​ចាំតែ​ពេល​បម្រើ​ចៅហ្វាយ​ខ្លាំង​ពូកែ​ម្នាក់ ឱ្យ​មក​រស់នៅ​ជាមួយ​ខ្លួន ។ ម៉ាក់​គូ​បាន​ដណ្ដើម​យក​ទីប្រជុំជន​ធំៗ​ចំនួន​៧​ដាក់​មក​ក្នុង​អំណាច​របស់​ខ្លួន ៖ ទី​១​គឺ ពាម (45) ដែល​ក្រោយ​មក​មាន​ឈ្មោះ​ថា ហាទៀង​ កោះ​ភូកុក​ ដែល​ខ្មែរ​ហៅ​ថា​ កោះត្រល់​ ស្រែលួងកៃ​ ដែល​ខ្មែរ​ហៅ​ថា ស្រែអំបិល នៅ​ក្នុង​ខែត្រ​កំពង់សោម​ វឿងធំ (កំពង់សោម) ក្រមួនស​ កានវត (កំពត) និង​កាម៉ៅ នៅ​ភាគ​ខាងត្បូង ដែល​កាល​ពីមុន​មាន​មាន​ឈ្មោះ​ថា ទឹកខ្មៅ ។

ការ​ប្រមូល​បាន​ទីប្រជុំជន​ទាំង​៧​ដាក់​មក​ក្នុង​អំណាច​របស់​ខ្លួន មាន​ន័យ​ថា​អតីត​មេចោរ​សមុទ្រ​នេះ​បាន​បង្កើត​បាន​ក្សត្រ​ប្រទេស​មួយ​នៅ​លើ​ទឹកដី​កម្ពុជា ។ ដើម្បី​ធានា​អនាគត​របស់​ខ្លួន ម៉ាក់​គូ​បាន​បញ្ជូន​ទូត​ទៅ​ចូល​គាល់​ស្ដេច​អាណ្ណាម ទូល​ថា​ទឹកដី​អាណា​ខែត្រ​ភាគ​អាគ្នេយ៍​នេះ​ខ្លួន​សូម​លើក​ថ្វាយ​ស្ដេច​អាណ្ណាម ហើយ​សុំ​ការ​អនុញ្ញាត​គ្រប់គ្រង​ជំនួស ។ ស្ដេច​អាណ្ណាម​បាន​ចាត់​តាំង​លើក​ម៉ាក់​គូ​ជា​អភិបាល ហើយ​ជា​ឧត្ដមសេនីយ៍​លើ​ទឹកដី​មាត់​ឈូង​សមុទ្រ​សៀម​ទាំងមូល (១៧១៥) បើ​ទោះបី​ថា​ម៉ាក់​គូ​នេះ​គ្មាន​សិទ្ធិ​អ្វី​បន្ដិច​បន្ដួច​លើ​ទឹកដី​ទាំង​អស់​នោះ​ក៏​ដោយ ព្រោះថា ទ័ព​របស់​គេ​មិន​ដែល​វាយ​ដណ្ដើម​បាន​ម្ដង​ណា​ទេ ហើយ​ក៏​គ្មាន​ការ​ធ្វើ​សម្បទាន​ឱ្យ ឬ​ក៏​មាន​ការ​ប្រទូសរ៉ាយ​អ្វី​ដែរ ។

គឺ​ដោយ​បែប​នេះ​ហើយ​ដែល​ម៉ាក់​គូ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​មន្ដ្រី​ដ៏​មហិមា​ម្នាក់ តែ​ក៏​ជា​មេចោរ​សមុទ្រ​ដ៏​សាហាវ​ម្នាក់​សម្រាប់​រាជវាំង​អាណ្ណាម​ក៏​ដូច​ជា​រាជវាំង​កម្ពុជា​ផង​ដែរ ។

នៅ​ពេល​ដែល​ពួក​សៀម​ចង់​ដឹកនាំ​ទ័ព​មក​ចុះ​នៅ​ហាទៀង ដើម្បី​បន្ដ​ដំណើរ​ឡើង​ទៅ​វាយ​អ្នក​អង្គ​ឯម ពួក​នេះ​បាន​មក​ជួប​ឧបសគ្គ​មួយ​គឺ​ម៉ាក់​គូ​នេះ​ឯង ដែល​គាំទ្រ​ស្ដេច​កំពុង​សោយរាជ្យ ហើយ​បាន​កេណ្ឌ​ទ័ព​ចេញពី​ពួក​មនុស្ស​យង់ឃ្នង​ចម្រុះ​ជាតិ​សាសន៍ ត្រៀម​ប្រយុទ្ធ​រួច​ជា​ស្រេច ។ ម៉ាក់​គូ​បាន​វាយ​ទ័ព​ជើងទឹក​សៀម ដែល​ដឹកនាំ​ដោយ​ពញា​កាសា​ និង​តេជោ​ឱ្យ​បរាជ័យ​ស្ទើរតែ​ទាំងស្រុង ។​ តែ​ទ័ព​សៀម​ខាង​ជើងគោក​ទទួល​បាន​លទ្ធផល​ល្អ អាច​រុញច្រាន​ទ័ព​អាណ្ណាម​របស់​ព្រះកែវហ្វ៊ា​អង្គ​ឯម​ឱ្យ​ដក​ថយ​មក​ត្រឹម​ពោធិ៍សាត់ និង​មក​ដល់​ឧត្ដុង្គ ក្រោយ​ពី​ច្បាំង​គ្នា​អស់​ពេល​១​ឆ្នាំ ។

ដោយ​ពិនិត្យ​ឃើញ​ថា​មិន​អាច​បន្ដ​ទ្រាំទ្រ​បាន​ទេ ព្រះកែវហ្វ៊ា​អង្គ​ឯម​បាន​សាកសួរ​យោបល់​សេនា​មន្ដ្រី​ដែល​តាម​ហែហម រួច​ក៏​ចាត់​បញ្ជូន​រាជទូត​ឱ្យ​ទៅ​ចរចា​ជាមួយ​ឧត្ដមសេនីយ៍​សៀម ពញា​ចក្រី ថា​ព្រះ​អង្គ​យល់​ព្រម​ដាក់​កម្ពុជា​ជា​ចំណុះ​សៀម ហើយ​នឹង​លើក​សួយសារ​អាករ​ជា​ផ្កា​មាស​ផ្កា​ប្រាក់​ទៅ​ថ្វាយ​រៀង​រាល់​ឆ្នាំ​ប្រសិន​ណា​បើ​សៀម​ទុក​ឱ្យ​ព្រះ​អង្គ​កាន់​អំណាច​ដដែល ហើយ​នាំ​យក​អ្នក​អង្គ​ម្ចាស់​ខ្មែរ​ដែល​នៅ​ជាមួយ​ទ័ព​សៀម​ទៅ​អយុធ្យា​វិញ ជា​ពិសេស គឺ​អតីត​ព្រះរាជា​ខ្មែរ​ដែល​ទ័ព​សៀម​ចង់​យក​មក​ឱ្យ​សោយរាជ្យ​នៅ​កម្ពុជា​វិញ ។

មេទ័ព​សៀម​បាន​យល់​ព្រម​តាម​បណ្ដា​ល័ក្ខខ័ណ្ឌ​ទាំង​អស់នេះ ហើយ​ក៏​នាំ​ទ័ព​ត្រលប់​ទៅ​អយុធ្យា​វិញ ដោយ​នាំ​យក​អ្នក​អង្គ​ម្ចាស់ និង​អតីត​ស្ដេច​ខ្មែរ​ទៅ​ផង ។

ប្រជារាស្ដ្រ និង​នាម៉ឺន​មួយ​ចំនួន​ដែល​មិន​គាំទ្រ​ព្រះកែវហ្វា​មាន​ការ​ខឹងសម្បា​ជា​ខ្លាំង ហើយ​តាម​ការ​ដំណាល​តៗ​គ្នា​មក​បាន​និយាយ​ថា គេ​នាំ​គ្នា​ហៅ​ព្រះកែវហ្វ៊ា​អង្គ​ឯម​ថា​ជា​ស្ដេច​សៀម ។ ដោយ​ទ្រាំ​នឹង​ពាក្យ​រអារអូម​នេះ​មិន​បាន ព្រះកែវហ្វ៊ា​ក៏​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ​គឺ​ អ្នក​អង្គ​ជ័យ ។ នៅ​ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៤២​ព្រះ​វស្សា​ហើយ ហើយ​ទ្រង់​សោយរាជ្យ​សម្បត្ដិ​បាន​៦​ឆ្នាំ ។

២៧. អ្នក​អង្គ​ជ័យ​-​ព្រះ​សត្ថា (១៧២២-១៧២៩)

អ្នក​អង្គ​ជ័យ​មាន​ព្រះ​ជន្មាយុ​២០​ព្រះ​វស្សា​ហើយ នៅ​ពេល​ដែល​ទ្រង់​ឡើង​សោយរាជ្យ ។ ក្រោយ​ពី​ព្រះ​បិតា​ដាក់​រាជសម្បត្ដិ​ថ្វាយ​បាន​២​ខែ ព្រះ​អង្គ​បាន​ត្រូវ​អភិសេក​នៅ​ឧត្ដុង្គ​ក្រោម​ព្រះ​នាម​ថា «ព្រះ​សត្ថា» និង​មាន​ព្រះ​ឋានៈ​ជា​ព្រះរាជា​ស្នង ។ ទ្រង់​បាន​យក​ព្រះ​មាតុច្ឆា​សម្ដេច​ព្រះស្រី​សុជាតា បុត្រី​របស់​ព្រះ​ជ័យជេដ្ឋា ជា​ព្រះ​អគ្គមហេសី ។

រជ្ជកាល​របស់​ព្រះ​អង្គ បាន​ចាប់ផ្ដើម​ឡើង​ជាមួយ​នឹង​ការ​វាយ​ពួក​ក្លឹង ឬ​ពួក​ហិណ្ឌូ​របស់​នាង​ភាក់ ឱ្យ​បរាជ័យ ។

ក្នុង​រជ្ជកាល​នេះ ព្រះ​អយ្យកោ​ជ័យជេដ្ឋា ដែល​បាន​សោយរាជ្យ ហើយ​ដាក់រាជ្យ​ជា​ច្រើន​លើក​ច្រើន​គ្រា​ដើម្បី​សាង​ព្រះ​ផ្នួស មាន​ព្រះ​ជន្ម​៦៥​ព្រះ​វស្សា ហើយ​មាន​ព្រះ​ឋានៈ​ជា​ព្រះ​ឧភយោរាជ ។ ព្រះ​អង្គ​ធ្លាក់​ព្រះកាយ​ប្រឈួន ហើយ​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៧២៥ ។

នៅ​ឆ្នាំ​១៧២៩ មិន​ដឹង​ជា​នឿយណាយ​នឹង​រាជកិច្ច ឬ​ក៏​ដោយ​មាន​ការ​ផ្ដល់​យោបល់​ពី​ព្រះ​បិតា​ព្រះកែវហ្វ៊ា​អង្គ​ឯម ព្រះ​សត្ថា​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​បិតា​វិញ ក្រោយ​ពី​គ្រង​រាជបល្ល័ង្ក​បាន​៨​ឆ្នាំ ។

២៨. ព្រះកែវហ្វ៊ា​បរមបពិត្រ​-​កែវ​ហ្វ៊ា​អង្គ​ឯម រជ្ជកាល​ទី​២ (១៧២៩-១៧៣០)

ព្រះកែវហ្វ៊ា​អង្គ​ឯម​បាន​សោយរាជ្យ​សម្បត្ដិ​ឡើង​វិញ ហើយ​បាន​ទទួល​ព្រះ​រាជាភិសេក​ក្រោម​ព្រះ​នាម​ថា «សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការព្រះ​ជ័យជេដ្ឋា​ធិរាជ​រាមា​សូរ​កំពូល​លោកិយ៍​ត្រៃ​ភាវនា» ។ ប៉ុន្ដែ បាន​តែ​៧​ខែ ប្រជារាស្ដ្រ​ក៏​បះបោរ​ប្រឆាំង​នឹង​ព្រះ​អង្គ ធ្វើ​ឱ្យ​ព្រះ​អង្គ​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះរាជបុត្រ​ព្រះ​សត្ថា​ម្ដងទៀត ។

២៩. ព្រះ​អង្គ​ជ័យ ហៅ ព្រះ​សត្ថា រជ្ជកាល​ទី​២ (១៧៣០-១៧៣៦)

ព្រះ​សត្ថា បាន​ត្រូវ​អភិសេក​ជា​លើក​ទី​២​នៅ​ដើម​ឆ្នាំ​១៧៣០ ក្រោម​ព្រះ​នាម​ថា​ «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះបរម្មោ​រាជា​ធិរាជ​រាមាធិបតី» ។ ពេល​នោះ​ទ្រង់​មាន​ព្រះ​ជន្ម​២៧​ព្រះ​វស្សា​ហើយ ។ ព្រះ​បិតា​របស់​ព្រះ​អង្គ​ដែល​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​អង្គ បាន​ទទួល​ព្រះ​ឋានៈ​ជា​ព្រះ​ឧភយោរាជ ។

នៅ​ក្នុង​ឆ្នាំ​បន្ទាប់ មាន​ជនភៀសខ្លួន​លាវ​ម្នាក់ រស់នៅ​ភូមិ​ព្រះសូត្រ​ក្នុង​ខែត្រ​បាភ្នំ ដែល​ឡប់សតិ បាន​ប្រកាស​ខ្លួន​ថា ជា​អ្នក​មាន​បុណ្យ ហើយ​ទទួល​ភារកិច្ច​ឱ្យ​ចុះ​មក​សម្លាប់​ផ្ដាច់​ពូជ​ពួក​អាណ្ណាម​ចេញ​ពី​កម្ពុជា ។ មាន​ប្រជាជន​ជា​ច្រើន​ជឿជាក់​លើ​ជន​នេះ​ហើយ​ដើរ​តាម​នៅ​ភាគ​ខាងត្បូង​នៃ​ព្រះរាជា​ណាចក្រ​រហូត​ទៅ​ដល់​ភាគ​ខាង​ម្ខាង​ទៀត​នៃ​ទល់ដែន ។ ពួក​នេះ​បាន​នាំ​គ្នា​ឆ្លង​ចូល​ទៅ​ក្នុង​កូសាំងស៊ីន ហើយ​ចាប់​កាប់​សម្លាប់​រាល់​ជន​អាណ្ណាម​ណា​ដែល​គេ​ជួប​ប្រទះ ។​ ពេល​នោះ​ឧត្ដមសេនីយ៍​ដែល​គ្រប់គ្រង​នៅ​សាយហ្គន​បាន​បញ្ជូន​ទ័ព​មួយ​កង​តូច​ឱ្យ​មក​បង្ក្រាប ពួក​នេះ​ហើយ​ដេញ​តាម​រហូត​ដល់​ឆ្លង​ផុត​ទល់ដែន ។ ពេល​មក​ដល់​ស្រុក ដោយ​មាន​ជំនឿ​ងប់ងុល​លើ​ជន​លាវ ពួក​នេះ​ក៏​ចាប់​តាំង​ធ្វើការ​កាប់​សម្លាប់​ជា​បន្ដ​ទៀត ។ ព្រះរាជា​បាន​ចាត់​ស្នងការ​ព្រះរាជា​ណាចក្រ​ឱ្យ​ទៅ​បង្ក្រាប ហើយ​ពួក​នេះ​ក៏​បែក​ខ្ញែក​គ្នា​អស់​ទៅ ។​ ស្ដេច​អាណ្ណាម​នៅ​ពេល​ដែល​បាន​ជ្រាប​អំពី​ហេតុការណ៍​កាប់​សម្លាប់​រង្គាល​នេះ ក៏​បញ្ជូន​កងទ័ព​មក​វាយ​កម្ពុជា ដោយ​មិន​បាន​គិត​ថា ព្រះរាជា​កម្ពុជា​បាន​ធ្វើ​អន្ដរាគមន៍​រួច​ទៅ​ហើយ​ទេ ។ ដោយ​មិន​អាច​ទប់ទល់​នឹង​ទ័ព​អាណ្ណាម​បាន ព្រះ​សត្ថា​ក៏​ភៀស​ព្រះ​កាយ​ទៅ​គង់នៅ​ឯ​ពាមត្រែង ក្នុង​ខែត្រ​សន្ទុក ។ ទ្រង់​បាន​កេណ្ឌ​ទ័ព​ប្រញិប​ប្រញាប់​រួច​ដឹកនាំ​មក​កាន់​ភ្នំពេញ​ជាទី​កន្លែង​ដែល​ពួក​អាណ្ណាម​ទើប​ធ្វើ​ដំណើរ​មក​ដល់ ។ ព្រះ​អង្គ​បាន​វាយ​ទ័ព​អាណ្ណាម​ឱ្យ​បរាជ័យ រត់​បែកខ្ញែក​គ្នា​ត្រឡប់​ទៅ​កូសាំងស៊ីន​វិញ តាម​ដៃទន្លេ​ទាំង​២ ។

ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​បរាជ័យ​នេះ ស្ដេច​អាណ្ណាម​បាន​ចេញ​បញ្ជា​ឱ្យ​កេណ្ឌ​ទ័ព​មួយ​កង​ធំ​ជាង​មុន ចេញ​ដំណើរ​មក​វាយ​កម្ពុជា​ទៀត ។

នៅ​ពេល​ដែល​ទ័ព​អាណ្ណាម​មក​ដល់​ភ្នំពេញ ព្រះរាជា​ដែល​ទើប​តែ​យាង​ត្រលប់​ជាមួយ​រាជវង្សានុវង្ស​មក​គង់នៅ​ឧត្ដុង្គ បាន​ភៀស​ព្រះ​អង្គ​ម្ដងទៀត ទៅ​គង់នៅ​ឯ​ពាមក្របៅ ក្នុង​ខែត្រ​សន្ទុក ។ ទ្រង់​ជ្រើសរើស​ទ័ព​នៅ​ទីនោះ រួច​ដឹកនាំ​មក​វាយ​ពួក​អាណ្ណាម ធ្វើ​ឱ្យ​ពួក​នេះ​បរាជ័យ​ម្ដង​ទៀត ហើយ​បង្ខំ​ឱ្យ​ដក​ថយ​ទៅ​ខែត្រ​មីថ និង​វិញឡុង​អស់​ទៅ ។ ខែត្រ​ទាំង​២​នេះ​ជា​ទឹកដី​របស់​កម្ពុជា​ទេ ក៏​ប៉ុន្ដែ​ពួក​អាណ្ណាម​កាន់កាប់ ហើយ​ដាក់​បញ្ចូល​ជា​ផ្លូវការ​ជាមួយ​ខែត្រ​៣​ទៀត​ដែល​គេ​វាយ​យក​បាន​ពី​មុន ។

នៅ​ពេល​នោះ ដោយ​ពិនិត្យ​ឃើញ​ថា​ឧត្ដុង្គ​ស្ថិត​នៅ​ជិត​ភ្នំពេញ​ពេក ព្រះរាជា​ក៏​សម្រេច​ព្រះ​ទ័យ​ចាក​ចោល​រាជធានី​នេះ ដោយ​នាំ​រាជបរិពារ​ទៅ​គង់នៅ​ឯ​លង្វែក​វិញ ឆ្ងាយ​ទៅ​ខាងជើង​បន្ដិច ដែល​ព្រះរាជា​មុនៗ​បាន​បោះបង់​ចោល​កាលពី​សតវត្សរ៍​មុន ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​រាជធានី​ខ្មែរ​រំកិល​ខិត​ទៅ​ខាងជើង​ទៀត ព្រោះ​ខ្លាច​អាណ្ណាម ផ្ទុយ​ខុស​ពី​ពេល​មុន​ដែល​រំកិល​ខិត​មក​ខាងត្បូង ដោយ​ខ្លាច​សៀម ។

នៅ​ក្នុង​ឆ្នាំ​១៧៣៦ ព្រះរាជា​ព្រះ​សត្ថា បាន​ដាក់​រាជសម្បត្ដិ​ដើម្បី​សាង​ផ្នួស​៣​ថ្ងៃ រួច​ទើប​លាចាក​សិក្ខាបទ​មក​គង់​លើ​រាជបល្ល័ង្ក កាន់​អំណាច​ឡើង​វិញ ។

នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ ព្រះរាជា​មាន​មន្ទិល​សង្ស័យ​ថា​ព្រះ​អគ្គមហេសី​ស្រីសុជាតា ជា​បុត្រី​របស់​ព្រះ​ជ័យជេដ្ឋា ក្បត់​នឹង​ព្រះ​អង្គ ឃុបឃិត​ជាមួយ​អ្នក​អង្គ​សូរ​ ឬ​សម្ដេចព្រះ​ឧទ័យ​ អ្នក​អង្គ​ស្ងួន ហៅ ព្រះ​ស្រី​ជ័យជេដ្ឋា​ និង​ចៅពញាចន្ទ​ ហៅ​បទុមរាជា ជា​បុត្រា​មួយ​អង្គ​របស់​ព្រះ​អង្គ​ទង និង​បុត្រា​របស់​អតីត​ព្រះរាជា​ស្រី​បទុមរាជា ដែល​សុទ្ធតែ​ត្រូវជា​បងប្អូន​ជីទួតមួយ​របស់​ព្រះ​អង្គ ចង់​ទម្លាក់​ព្រះ​អង្គ​ពី​អំណាច ឬ​ក៏​ចង់​ធ្វើឃាត​ព្រះ​អង្គ ។ នៅ​ឆ្នាំ​បន្ទាប់​មក​ទៀត ដោយ​សន្សំ​ព្រះ​ទ័យ​ចង់​សងសឹក​នឹង​ពួក​នេះ ព្រះរាជា​បាន​យាង​មក​គង់នៅ​ឯ​ភ្នំពេញ រួច​ហើយ​ក៏​រៀបចំ​វិធានការ​ចាប់ខ្លួន និង​កាប់​សម្លាប់​ព្រះ​មហេសី និង​បក្សពួក​ទាំងអស់ ។

ក្សត្រា​ទាំង​៣​ព្រះ​អង្គ ពេល​ដឹង​ខ្លួន​ថា​ព្រះរាជា​ប្រុង​នឹង​ធ្វើបាប​ហើយ ក៏​គេចខ្លួន​ចេញពី​រាជធានី ហើយ​ប្រមែ​ប្រមូល​កងទ័ព​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព្រះរាជា​វិញ ។ ការ​ប្រយុទ្ធ​ស៊ីសាច់​ហុតឈាម​សាហាវ​ខ្លាំង​ណាស់ អស់​រយៈពេល​ជា​ច្រើន​ខែ ។ នៅ​ទី​បញ្ចប់ ព្រះរាជា​សត្ថា និង​ព្រះ​អនុជ​អ្នក​អង្គ​ឯម​ត្រូវ​រត់​ភៀស​ព្រះ​កាយ​ទៅ​កូសាំងស៊ីន នៅ​ក្នុង​ឆ្នាំ​១៧៣៧ ។ បងប្អូន​ព្រះ​ស្រី​ជ័យជេដ្ឋា និង​បទុមរាជា​បាន​ដេញ​តាម​ប្រកិត​ពីក្រោយ រួច​ហើយ​ព្រះ​ស្រី​ជ័យជេដ្ឋា​ក៏​បោះទ័ព​នៅ​នឹង​បាភ្នំ​លើ​ត្រើយ​ខាងកើត​ទន្លេ ព្រះ​បទុមរាជា​បោះទ័ព​នៅ​លើ​ត្រើយ​ខាង​លិច ហើយ​រៀបចំ​វិធានការ​ទប់ទល់​កុំ​ឱ្យ​ព្រះរាជា​ព្រះ​សត្ថា​វិល​ត្រលប់​មក​វាយ​យក​កម្ពុជា​វិញ បើ​ទោះជា​ព្រះ​អង្គ​មាន​ទ័ព​អាណ្ណាម​ជួយ​ក្ដី ។ នៅ​ពេល​នោះ អ្នក​អង្គ​ម្ចាស់​ឯម ដែល​ព្រះ​ធម្មោរាជា​ជា​បិតា​បាន​ប្រទាន​ព្រះ​នាម​របស់​ព្រះ​អង្គ​ថ្វាយ -នៅ​សម័យ​នោះ ការ​ប្រទាន​ព្រះ​នាម​ផ្ទាល់​ថ្វាយ​មាន​ន័យ​ថា​ទ្រង់​បាន​ផ្ទេរ​រាល់​សិទ្ធិ​ទាំងឡាយ​ថ្វាយ បាន​វាយ​ចូល​លុក​លុយ​ខែត្រ​អង្គរ ជាមួយ​នឹង​កងទ័ព​ដែល​កេណ្ឌ​បាន​នៅ​កូរ៉ាត អស់​ពេល​ច្រើន​ឆ្នាំ​មក​ហើយ ។ ជាមួយ​គ្នា​នោះ ស្ដេច​សៀម​បាន​ប្រគល់​ទ័ព​២​ពាន់​នាក់​ឱ្យ​អ្នក​អង្គ​ទង​ជា​ព្រះ​បិតុលា ចេញ​តាម​ពីក្រោយ ដើម្បី​ជួយ និង​បានឱ្យ​ព្រះ​ធម្មោរាជ​ដឹកនាំ​ទ័ព​៣​ពាន់​នាក់​ឡើង​ទូក​មក​ចុះ​នៅ​ឯ​កំពត ។

នៅ​ពេល​ដែល​ទ័ព​អ្នក​អង្គ​ម្ចាស់​ឯម​ និង​ទ័ព​ព្រះ​អង្គ​ទង​ចុះ​មក​ជិត​ដល់​លង្វែក​នៅ​សល់​ប្រហែលជា​៥០​គីឡូម៉ែត្រ ព្រះ​មហាក្សត្រី​ស្រីសុជាតា​បាន​កោះ​ប្រជុំ​រាជវង្សានុវង្ស និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​ពិគ្រោះ​យោបល់ រួច​ហើយ​ព្រះ​នាង​ក៏​សម្រេច​នាំ​គ្នា​មក​ជួប​ក្សត្រ​ទាំង​២​អង្គ​នៅ​ឧត្ដុង្គ ។ ក្រោយ​ពី​ជួប​គ្នា​បន្ដិច​នៅ​លើ​ទន្លេសាប គេ​បាន​សម្រេច​ថា​ត្រូវ​មក​ជួបជុំ​គ្នា​ដោះស្រាយ​បញ្ហា​នៅ​ឯ​ភ្នំពេញ ។​ ក្សត្រា​ទាំង​២​យាង​ចូល​មក​ក្នុង​រាជធានី​ជាមួយ​នឹង​កងទ័ព​ទាំងអស់ ហើយ​គេ​បាន​ស្រុះស្រួល​ឯកភាព​គ្នា​ថា​លើក​ព្រះ​ធម្មោរាជា​ឱ្យ​គ្រង​រាជបល្ល័ង្ក​ឡើង​វិញ ។ ប៉ុន្ដែ ព្រះ​ធម្មោរាជា​ទើបតែ​បាន​ថ្វាយ​ព្រះ​នាម​របស់​ព្រះ​អង្គ​ថ្វាយ​ដល់​ព្រះរាជ​បុត្រា ព្រះ​ធម្មោរាជា​អង្គ​ឯម ម្ល៉ោះ​ហើយ​ទ្រង់​ប្រកែក​មិន​ព្រម​ទទួល​យក​រាជសម្បត្ដិ​ទេ សូម​ឱ្យ​ថ្វាយ​ទៅ​ព្រះរាជ​បុត្រា​ទៅ​ចុះ ។ ក៏​ប៉ុន្ដែ​រាជវង្សានុវង្ស​មិន​ព្រម ពីព្រោះ​ថា មាន​តែ​ព្រះ​អង្គ​ទេ​ដែល​ការ​ចរចា​គ្នា​អាច​ទទួល​យក​បាន ដូច្នេះ​ព្រះ​អង្គ​ត្រូវ​តែ​លះបង់​ការ​ផ្ទេរ​ព្រះ​នាម​ថ្វាយ​ព្រះរាជបុត្រ​សិន ។

ដោយ​មិន​សូវ​សព្វ​ព្រះរាជហឫទ័យ​ប៉ុន្មាន ព្រះ​ធម្មោរាជា​បាន​សម្រេច​ព្រះ​ទ័យ​គង់នៅ​ខែត្រ​ទ្រាំង រហូត​ដល់​ឆ្នាំ​១៧៣៨ ទាល់តែ​ដល់​ពេល​ដែល​មាន​ការ​ចាំបាច់​នៅ​ភ្នំពេញ ដែល​បាន​ក្លាយជា​មជ្ឈមណ្ឌល​របស់​ព្រះរាជា​ណាចក្រ ទើប​ព្រះរាជ​វង្សានុវង្ស​ទៅ​យាង​ព្រះ​អង្គ​ឱ្យ​វិល​ត្រលប់​មក​កាន់​រាជធានី​លង្វែក​វិញ (46) ។

៣០. ព្រះ​ធម្មោរាជា​-​រជ្ជកាល​ទី​៣ (១៧៣៨-១៧៤៧)

ព្រះ​ធម្មោរាជា​អង្គ​សូរ​ទ្រង់​មាន​ព្រះ​ជន្ម​៤៨​ព្រះ​វស្សា​នៅ​ពេល​ដែល​ទ្រង់​ត្រូវ​បាន​អភិសេក​ជា​លើក​ទី​៣ ។ ពេល​អភិសេក​លើក​នេះ​ទ្រង់​មាន​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ​ព្រះ​ជ័យជេដ្ឋា​ធិរាជ​រាមាធិបតី​បរមបពិត្រ» ។ ទ្រង់​ត្រូវជា​ព្រះរាជ​បុត្រា​របស់​ព្រះរាជា​ជ័យជេដ្ឋា ដែល​ទ្រង់​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​អង្គ ។ ទ្រង់​សោយរាជ្យ​ម្ដង​បាន​មួយ​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ​១៧០២​-​១៧០៣ រួច​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​បិតា​វិញ ។ បន្ទាប់​មក ក្រោយ​ពី​សោយរាជ្យ​បាន​២​ឆ្នាំ ព្រះ​បិតា​ព្រះ​អង្គ​ក៏​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​អង្គ​ទៀត ហើយ​សោយរាជ្យ​ពី​ឆ្នាំ​១៧០៦ ដល់​១៧១៤ ក៏​ត្រូវ​ព្រះកែវហ្វ៊ា​អង្គ​ឯម​បណ្ដេញ​ចេញពី​រាជបល្ល័ង្ក ។ ឥឡូវ​នេះ ក្រោយ​ពី​២៣​ឆ្នាំ​កន្លង​ផុត​ទៅ​ទ្រង់​បាន​ឡើង​គ្រង​រាជបល្ល័ង្ក​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត ។

អ្នក​អង្គ​ម្ចាស់​អង្គ​ទង ត្រូវជា​បុត្រា​របស់​ព្រះ​ឧទ័យ ដែល​យាង​ពី​ចន្ទតាប៊ុន មក​ចុះ​ចត​នៅ​កំពត មាន​ព្រះ​ជន្ម​៤៧​ព្រះវស្សា ហើយ​បាន​ត្រូវ​លើក​ឱ្យ​ឡើង​ជាទី​ឧភយោរាជ ។ ព្រះ​ឧទ័យ​ជា​បុត្រា​បាន​ត្រូវ​លើក​ឱ្យ​ឡើង​ជា​ព្រះឧបរាជ ។ ព្រះ​អគ្គមហេសី​ទ្រង់​ទទួល​ព្រះ​ឋានៈ​ជា​សម្ដេច​ព្រះជាតិ​ក្សត្រី ។ ចំណែក​ឯ​ព្រះ​ធម្មោរាជា​អង្គ​ឯម​ជា​ព្រះរាជ​បុត្រា​មួយ​អង្គ​ទៀត​ដែល​មាន​ព្រះ​ជន្ម​២៩​ព្រះ​វស្សា​បាន​ទទួល​ព្រះ​ឋានៈ​ជា​ព្រះកែវហ្វ៊ា​ ហើយ​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ម្ចាស់​ក្សត្រី​អ្នក​អង្គ​ម៉ី ជា​បុត្រី​របស់​នាង​អង្គ​សូរ​ដែល​សុគត​ទៅ​នៅ​ពេល​ប្រសូត​បុត្រ ។

រាជពង្សាវតារ​បាន​លើក​ឡើង​ថា នៅ​ពេល​នោះ​ទន្លេមេគង្គ​មាន​ជំនន់​មួយ​ធំ​ខុស​ប្លែក​ពី​រៀង​រាល់​ឆ្នាំ ហើយ​និង​មាន​ការ​ឈ្លោះ​ប្រកែក​ប្រយុទ្ធ​គ្នា​រវាង​ពួក​ខ្មែរ និង​ពួក​អាណ្ណាម​នៅ​ក្នុង​ខែត្រ​បាសាក់ (សុកទ្រាំង) ។ ពួក​អាណ្ណាម ត្រូវ​បាន​វាយ​ឱ្យ​បរាជ័យ ក៏​នាំ​គ្នា​ដកថយ​ទៅ​នៅ​លើ​កោះ​ហុងពាម​មីសា ក្នុង​ទន្លេ​មេគង្គ ហើយ​បាន​យក​ទីនោះ​រស់នៅ​រៀបចំ​ហាក់បី​ដូចជា​ម្ចាស់​កម្មសិទ្ធិ​តែ​ម្ដង ។

ពីរ​ឆ្នាំ​ក្រោយ​ពី​ម៉ាក់​គូ​ទទួល​មរណភាព​បាត់​ទៅ​ក្នុង​អាយុ​៧៨​ឆ្នាំ ឆ្នាំ​១៧៣៨ ព្រះរាជា​កម្ពុជា​ធម្មារាជា បាន​ឆ្លៀត​ឱកាស​ដែល​មាន​ជម្លោះ​មួយ​កើត​ឡើង​រវាង​ពួក​ខ្មែរ​ជាមួយ​នឹង​បក្សពួក​របស់​ម៉ាក់​តុង ជា​កូន​របស់​ម៉ាក់​គូ ដែល​ឡើង​កាន់​អំណាច​ត​ពី​ឪពុក បាន​មាន​បំណង​ចង់​ដណ្ដើម​យក​ហាទៀង​មក​វិញ ។ ក៏​ប៉ុន្ដែ​ហាទៀង មាន​កម្លាំង​ការពារ​យ៉ាង​រឹង​មាំ និង​ប៉ិន​ប្រសប់ ធ្វើ​ឱ្យ​ខាង​កម្ពុជា​ខាត​បង់​កម្លាំង​អស់​ជា​ច្រើន ក៏​ដកថយ​មក​វិញ ។

នៅ​ឆ្នាំ​១៧៤៧ ព្រះរាជា​បាន​អាពាធ ហើយ​សុគត​ទៅ​នៅ​ក្នុង​ព្រះ​ជន្ម​៥៧​ព្រះ​វស្សា ។ ព្រះ​អង្គ​សោយ​រាជ្យ​៣​ដង បាន​១២​ឆ្នាំ ហើយ​មាន​រយៈពេល​យូរ​ជាងគេ​នៅ​ក្នុង​រជ្ជកាល​ចុង​ក្រោយ គឺ​បាន​១០​ឆ្នាំ ។

៣១. ព្រះ​ធម្មោរាជា​ទី​៥​-​អង្គ​ឯម (១៧៤៧)

ព្រះកែវហ្វ៊ា​អង្គ​ឯម ដែល​ព្រះ​ធម្មោរាជា​ជា​ព្រះ​បិតា​បាន​លះបង់​ព្រះ​នាម និង​សិទ្ធិ​ទាំងអស់​ថ្វាយ​កាល​ពី​ឆ្នាំ​១៧៣៣ បាន​ឡើង​សោយរាជ្យ​បន្ដ​ក្នុង​ព្រះ​ជន្ម​៤២​ព្រះ​វស្សា ។ ការ​ដែល​ព្រះ​បិតា​លះបង់​ព្រះ​នាម និង​សិទ្ធិ​អំណាច​ថ្វាយ​កាល​ពី​ពេល​មុន​នេះ​បាន​ធ្វើ​ឱ្យ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ជ្រើស​តាំង​ព្រះ​អង្គ​ឡើង ។ ព្រះ​អនុជ​របស់​ព្រះ​អង្គ​ព្រះ​នាម​ថា​ អង្គ​ហ៊ីង ដែល​ព្រះ​បិតា​បាន​ថ្វាយ​ព្រះ​នាម​ថា ស្រីសុរិយោពណ៌ ​នៅ​ក្នុង​ឱកាស​ធ្វើ​ពិធី​កោរ​ជុក បាន​បះបោរ​ឡើង​ដណ្ដើម​រាជសម្បត្ដិ ទាំង​ព្រះ​អង្គ​ទើប​តែ​មាន​ព្រះ​ជន្ម​មិន​ទាន់​គ្រប់​១៦​ព្រះវស្សា​ផង (47) ។ ទ្រង់​បាន​ធ្វើ​ឃាត​ព្រះរាជា ហើយ​ចង់​ឡើង​សោយរាជ្យ​ជំនួស ក៏​ប៉ុន្ដែ​នាម៉ឺន​សព្វ​មុខមន្ដ្រី​មិន​ព្រម ហើយ​បាន​លើក​ព្រះ​ឧភយោរាជ​អ្នក​អង្គ​តន់ ហៅ​ថា ព្រះ​អង្គ​ទង ឱ្យ​ឡើង​កាន់​អំណាច​វិញ ។

៣២. រាមាធិបតី​-​ព្រះ​អង្គ​ទង (១៧៤៧-១៧៤៩)

ក្សត្រ​អង្គ​នេះ​មាន​ព្រះ​ជន្ម​៥៦​ព្រះ​វស្សា និង​មាន​ព្រះ​ឋានៈ​ជា​ព្រះ​ឧភយោរាជ​អស់​កាល​១០​ឆ្នាំ​មក​ហើយ ។ គេ​បាន​លើក​ឱ្យ​ទ្រង់​ឡើង​កាន់​អំណាច ក៏​ប៉ុន្ដែ​មិន​មែន​លើក​ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក​ទេ គឺ​ទុក​ឱ្យ​តែ​ព្រះ​អង្គ​ចាត់​ចែង​រាជកិច្ច​ក្នុង​ឋានៈ​ជា​ព្រះ​ឧភយោរាជ​ប៉ុណ្ណោះ ។

នៅ​ឆ្នាំ​១៧៤៨ ពួក​ក្សត្រា​ដែល​ភៀស​ព្រះ​កាយ​ទៅ​គង់​នៅ​កូសាំងស៊ីន​កាលពី​១០​ឆ្នាំ​មុន​ជាមួយ​ព្រះ​សត្ថា បាន​ចាប់​ដឹកនាំ​ទ័ព​អាណ្ណាម​ចូល​លុក​លុយ​កម្ពុជា ។ ពួក​គេ​បាន​វាយ​ចៅហ្វាយ​ខែត្រ​បាសាក់ លោក​ឧកញ៉ា​នរេន្ទ​គុក ដែល​ដឹកនាំ​ទ័ព​មួយ​កង​តូច​ដែល​កេណ្ឌ​បាន​ទាំង​ប្រញិប​ប្រញាប់​ទៅ​ទប់ទល់ ហើយ​ត្រូវ​បង្ខំ​ឱ្យ​ដក​ថយ​មក​កាន់​កោះ​ហុង​ពាម​មេស​វិញ ។ រួច​ហើយ​កងទ័ព​របស់​ព្រះ​អង្គ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ខាង​ជើង និង​មក​ជិត​ដល់​ឧត្ដុង្គ ។ មក​ដល់​ទី​នោះ គេ​ជួប​ជាមួយ​ទ័ព​របស់​លោក​នាយក​រដ្ឋមន្ដ្រី ចៅហ្វ៊ា​ឯក ក៏​វាយ​ទ័ព​នោះ​ឱ្យ​បែក​ខ្ញែក ខ្ចាត់​ខ្ចាយ​អស់​ទៅ ។​ ព្រះរាជា​អង្គ​ទង​ ព្រះ​ឧបរាជ​ព្រះ​ឧទ័យ​ជា​រាជបុត្រា​ព្រះ​ស្រី​ជ័យជេដ្ឋា​ (អ្នក​អង្គ​ស្ងួន) ជា​បងប្អូន​ជីដូនមួយ និង​ត្រូវជា​បុត្រា​របស់​ព្រះ​ស្រី​បទុមរាជា និង​ជា​ព្រះ​អនុជ​របស់​ព្រះ​ធម្មោរាជា​ដែល​ព្រះ​សុរិយោពណ៌​បាន​ធ្វើ​ឃាត ក៏​នាំ​គ្នា​រត់​ទៅ​ស្រុក​សៀម​សុំ​ជំនួយ ។

អតីត​ព្រះមហាក្សត្រ​បរមរាជា និង​ព្រះ​អនុជ​អ្នក​អង្គ​ឯម​ក៏​ឡើង​ជា​ម្ចាស់​ស្រុក ហើយ​បាន​យាង​មក​គង់​នៅ​ឧត្ដុង្គ នៅ​ក្នុង​រាជវាំង​របស់​ព្រះ​ឧភយោរាជ ដែល​ស្ថិត​នៅ​ពី​ខាង​លិច​បឹង​ប៉ាម៉ា ។ ព្រះ​អង្គ​មិន​អាច​បញ្ជា​ទៅ​លើ​កងទ័ព​អាណ្ណាម​បាន​ទេ ក៏​បណ្ដោយ​ឱ្យ​ពួក​នោះ​ដឹកនាំ​ប្រទេស ធ្វើ​បាប​ប្រជារាស្ដ្រ នាំ​ឱ្យ​រាស្ដ្រ​ក្ដៅ​ក្រហាយ ខឹង​សម្បា​កាន់តែ​ខ្លាំង​ឡើងៗ​រាល់​ថ្ងៃ ។

លោក​ក្រឡាហោម​អុក និង​ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់​លោក​ឧកញ៉ា​សួគ៌ាលោក អ៊ុក ក្រោយ​ពី​បាន​ជូន​ដំណើរ​ព្រះ​ឧភយោរាជ​ឆ្លង​កាត់​ទល់ដែន​រួច​ហើយ ក៏​ត្រលប់​មក​ពោធិ៍សាត់​វិញ រៀបចំ​ជ្រើស​រើស​កងទ័ព ។ ពួក​ឧត្ដមសេនីយ៍​អាណ្ណាម​ក៏​ដឹកនាំ​ទ័ព​ធ្វើ​ដំណើរ​សំដៅ​មក​កាន់​ខែត្រ​ពោធិ៍សាត់ ។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ព្រះ​អង្គ​ហ៊ីង​ស្រីសុរិយោពណ៌​ក៏​បាន​ដឹកនាំ​ទ័ព​ខ្មែរ​មួយ​កង តាម​ជើង​ទឹក​មក​ដែរ ។ មេ​ដឹកនាំ​ទ័ព​ក្រោយ​នេះ​បាន​ត្រូវ​ស្លាប់​នៅ​ពេល​ក្រោយ​បន្ដិច​មក តែ​ទ័ព​អាណ្ណាម​បាន​ធ្វើ​ដំណើរ​មក​ដល់​វាល​ស្រាប​អង្កាម (រលាប្អៀរ) ហើយ​បោះ​ទីតាំង​នៅ​កន្លែង​នោះ​តែ​ម្ដង ។​ ពេល​នោះ​លោក​ក្រឡាហោម​ក៏​លើក​ទ័ព​មក​ដល់​វាយ​ប្រហារ​ទៅ​លើ​ទ័ព​អាណ្ណាម​ដែល​ដឹកនាំ​ដោយ​អ្នក​អង្គ​អេង​ឱ្យ​បរាជ័យ​ទាំងស្រុង​ ហើយ​រត់គេច​ខ្លួន​កាត់​មុខ​ឧត្ដុង្គ​មិន​ហ៊ាន​ចូល​ក្នុង​ក្រុង​ទេ ។​ អ្នក​អង្គ​ឯម​ និង​អតីត​ព្រះរាជា​ធម្មោរាជា​ក៏​រួសរាន់​នាំ​គ្រួសារ​រត់​តាម​ពួក​អាណ្ណាម​វិល​ត្រលប់​ទៅ​កូសាំងស៊ីន​វិញ​ដែរ ។ អ្នក​អង្គ​ឯម យាង​មក​ដល់​កំពង់ឆ្នាំង​មិន​បាន​ប៉ុន្មាន​ផង ក៏​សុគត​ទៅ (១៧៤៨) ។ ចំណែក​ឯ​អតីត​ព្រះរាជា​ធម្មោរាជ បាន​យាង​ទៅ​ដល់​អាណ្ណាម ប៉ុន្ដែ​ដោយ​នឿយ​ហត់​ជា​ខ្លាំង ក៏​សុគត​ទៅ​ក្នុង​ឆ្នាំ​នោះ​ដែរ ក្នុង​ជន្មាយុ​៤៣​ព្រះវស្សា ។

លោក​ក្រឡាហោម​អុក និង​ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់​ក៏​ចាត់​ចែង​រៀបចំ​ស្រុក​ទេស​ឡើង​វិញ ផ្លាស់​ប្ដូរ​ចៅហ្វាយ​ខែត្រ​ណា​ដែល​គ្មាន​សមត្ថភាព គេច​វេះ​មិន​បាន​ទប់​ទល់​ជាមួយ​សត្រូវ រួច​បាន​ស្នើ​សុំ​ស្ដេច​សៀម​ឱ្យ​បញ្ជូន​ព្រះ​ស្រី​ជ័យជេដ្ឋា​អង្គ​ស្ងួន ដែល​ត្រូវជា​បុត្រា​របស់​ព្រះរាជា​ស្រី​បទុមរាជា ដែល​អង់​អាច​ក្លាហាន​ជាង ឱ្យ​មក​ទួល​រាជសម្បត្ដិ​នៅ​កម្ពុជា គឺ​មិន​បាន​សុំ​ឱ្យ​បញ្ជូន​ព្រះរាជា​អង្គ​ទង​ ឬ​ព្រះ​ឧភយោរាជ​ឧទ័យ ដែល​អស់​សេចក្ដី​ក្លាហាន​ទៅ​ហើយ​នោះ​ទេ ។ ស្ដេច​សៀម​បាន​យល់​ព្រម​តាម​សំណើ​នេះ ហើយ​ក៏​បញ្ជូន​ព្រះ​ស្រី​ជ័យជេដ្ឋា ឱ្យ​វិល​ត្រលប់​មក​វិញ​ជាមួយ​មន្ដ្រី​សៀម​ជា​ច្រើន​នាក់ សម្រាប់​ធ្វើ​ជាទី​ប្រឹក្សា​ជួយ​ព្រះ​អង្គ ។

៣៣. ព្រះ​ជ័យជេដ្ឋា​ទី​៥ អង្គ​ស្ងួន (១៧៤៩-១៧៥៥)

ព្រះ​ជ័យជេដ្ឋា ពេល​នោះ​មាន​ព្រះ​ជន្ម​៤២​ព្រះ​វស្សា​ហើយ ។ ព្រះ​អង្គ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះបាទ​ធម្មោរាជា ដែល​ព្រះ​សុរិយោពណ៌​អង្គ​ហ៊ីង​បាន​ធ្វើ​គុត ។ ព្រះ​អង្គ​ត្រូវ​បាន​អភិសេក​ឱ្យ​ឡើង​សោយរាជ្យ​ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​ស្រី​ជ័យជេដ្ឋា​ធិរាជ​បរម​បពិត្រ» ។

ព្រះ​អង្គ​ទទួល​ស្គាល់​គុណូបការៈ​របស់​ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់ ដែល​បាន​ស៊ូ​ប្ដូរ​នឹង​ព្រះ​អង្គ​នៅ​ក្នុង​ពេល​មាន​សង្គ្រាម​ ម្ល៉ោះ​ហើយ​ព្រះ​អង្គ​ក៏​តែង​តាំង​ឱ្យ​ធ្វើ​ជា​ចៅហ្វ៊ា​គឺ​នាយក​រដ្ឋមន្ដ្រី ។​ ការ​លើក​តម្កើង​ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់​នេះ បាន​ធ្វើ​ឱ្យ​នាម៉ឺន​មន្ដ្រី​ចាស់ៗ​កើត​ការ​ច្រណែន ក៏​ឃុបឃិត​គ្នា​ធ្វើ​យ៉ាង​ណា​បំបែក​លោក​ចៅហ្វ៊ា​ចេញ​ពី​ព្រះ​ទ័យ​ព្រះរាជា ។​ ពួក​មន្ដ្រី​ទាំង​អស់​នោះ​ចាក់រុក​ថា​លោក​ចៅហ្វ៊ា​ក្បត់​មាន​បំណង​ចង់​ដណ្ដើម​យក​រាជសម្បត្ដិ​រហូត​ដល់​ព្រះរាជា​ជឿ​ ហើយ​បាន​ចាត់​ឱ្យ​ជន​ម៉ាឡេ​ម្នាក់​ឈ្មោះ​ថា​ ប៉ូឡឺម៉ែន​លួច​ធ្វើឃាត​លោក​ចៅហ្វ៊ា​ចោល ។​ លោក​ចៅហ្វ៊ា​អុក​ដឹង​រឿង​នេះ​ក៏​គេច​ខ្លួន​ទៅ​នៅ​ឯ​ស្រុក​សៀម​ទៅ​ ហើយ​ព្រះរាជា​ក៏​លើក​ឧកញ៉ា​ចក្រី​ពូ​ឱ្យ​ឡើង​ជំនួស​វិញ ។

នៅ​ឆ្នាំ​១៧៥១ ពួក​អ្នក​អង្គ​ម្ចាស់​ដែល​ភៀស​ព្រះ​កាយ​ទៅ​គង់​នៅ​ឯ​ស្រុក​សៀម​តាំងពី​ឆ្នាំ​១៧៤៨ បាន​ទទួល​ការ​អនុញ្ញាត​ពី​ព្រះរាជា​សៀម​ឱ្យ​វិល​ត្រលប់​មក​ស្រុក​វិញ ហើយ​បាន​មក​តាំង​ព្រះរាជ​ដំណាក់​នៅ​ពាម​ចាស់ ក្នុង​ស្រុក​ពោធិ​មេបា ។ ព្រះ​ឧបរាជ​ឧទ័យ ដែល​ប្រហែល​ជា​មិន​គាំទ្រ​ផែនការ​របស់​ព្រះ​បិតា​របស់​ព្រះ​អង្គ​ក្នុង​ការ​ទម្លាក់​ព្រះរាជា​ស្រី​ជ័យជេដ្ឋា​ពី​រាជសម្បត្ដិ​បាន​យាង​ចូល​សាង​ព្រះ​ផ្នួស​នៅ​អង្គរវត្ដ ។​ ចំណែក​ព្រះ​អង្គ​ទង​ដែល​គេ​បង្ខំ​ឱ្យ​ទទួល​តួនាទី​ជា​ព្រះ​ឧភយោរាជ បន្ទាប់​ពី​ការ​ជ្រើស​រើស​ព្រះ​មហាក្សត្រ​ថ្មី​ឱ្យ​គ្រង​រាជបល្ល័ង្ក​ហើយ​នោះ បាន​យាង​ទៅ​គង់​នៅ​ក្នុង​ខែត្រ​ក្រង ស្ថិត​នៅ​តាម​មាត់​ច្រាំង​ទន្លេ​ខាងស្ដាំ​ភាគ​ខាងត្បូង​បំផុត​នៃ​បឹង​ទន្លេសាប ។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ មាន​មន្ដ្រី​ម្នាក់​ឈ្មោះ​ថា ក្សេត្រ​ឯក ដែល​ភៀសខ្លួន​ទៅ​នៅ​ស្រុក​សៀម បាន​រៀបចំ​ផែនការ​ទម្លាក់​ព្រះ​ស្រី​ជ័យជេដ្ឋា​ចេញ​ពី​រាជបល្ល័ង្ក ដើម្បី​លើក​អ្នក​អង្គ​ម្ចាស់​តន់ បុត្រា​របស់​ព្រះ​ឧបរាជ ដែល​យាង​ចូល​សាង​ព្រះ​ផ្នួស​នៅ​អង្គរវត្ដ​ឱ្យ​ឡើង​សោយរាជ្យ​វិញ ។ មន្ដ្រី​នោះ​បាន​បញ្ជូន​កូន​ប្រុស​របស់​ខ្លួន​ឱ្យ​ទៅ​កេណ្ឌ​ទ័ព​ក្នុង​ចំណោម​អ្នកស្រុក​ដែល​រស់នៅ​ឯ​ភ្នំ​ខ្ជោល ។ ទៅ​ដល់​ភ្នំ​ខ្ជោល កូន​មន្ដ្រី​នោះ​បាន​ជួប​ជាមួយ​មនុស្ស​ឡប់សតិ​ម្នាក់​ឈ្មោះ សួស ដែល​អ្នកស្រុក​គោរព​ស្រលាញ់ ជឿ​ថា​ជា​មនុស្ស​មាន​បុណ្យ​មាន​កម្លាំង​មហិមា ហើយ​នាំ​គ្នា​ហៅ​ថា សីល​សួស ។ ផែនការ​ក្បត់​នេះ​បាន​ធ្វើ​ឱ្យ​រំខាន​ដល់​ព្រះ​ឧភយោរាជ​ជា​ខ្លាំង ព្រះ​អង្គ​ក៏​រៀបចំ​អន្ទាក់​ចាប់​ក្សេត្រ​ឯក​បាន រួច​ហើយ​ក៏​សម្លាប់​ចោល​ទៅ ។ ពេល​នោះ​សីល​សួស​មាន​ទ័ព​៣​ពាន់​នាក់ បាន​ប្រកាស​ខ្លួន​ឡើង​ជា​ព្រះ​អង្គ​យ៉ង ជា​ឈ្មោះ​អ្នក​អង្គ​ម្ចាស់​មួយ​អង្គ​ដែល​សុគត​យូរ​ណាស់​មក​ហើយ ហើយ​បាន​លើក​ជន​ខ្វិនខ្វង់​ម្នាក់​ជា​ស្ដេច ដាក់​ឈ្មោះ​ថា ព្រះបាទ​អង្គុលី​រាជ ។ ព្រះ​ឧភយោរាជ​បាន​កេណ្ឌ​កម្លាំង រួច​ហើយ​យាង​ទៅ​កាន់​ភូមិ​ក្បាល​ក្របី នៅ​ខាងលិច​ឧត្ដុង្គ ជាទី​កន្លែង​ដែល​កូន​របស់​ក្សេត្រ​ឯក និង​សីល​សួស​រស់​នៅ ដោយ​មាន​ព្រះកែវ​ហ្វ៊ា និង​ព្រះ​អង្គ​អាត ទៅ​ជាមួយ​ផង ។ មនុស្ស​ទាំង​២​នាក់​នេះ ត្រូវ​គេ​ចាប់​បាន ហើយ​សម្លាប់​ចោល​ទៅ ។ បន្ទាប់​មក ព្រះ​ឧភយោរាជ​បាន​នាំ​ទ័ព​ទៅ​វាយ​ស្ដេច​អង្គុលីរាជ​ទៀត ។ ទ្រង់​បាន​វាយ​បំបែក​ទ័ព​របស់​ស្ដេច​នេះ រួច​ចាប់​ស្ដេច​អង្គុលីរាជ​យក​ទៅ​សម្លាប់​ចោល​នៅ​ឯ​កំរែង​ភ្នំ​ស្រង់ នៅ​ក្នុង​ខែត្រ​ក្រង ។

ប្រហែល​នៅ​ចុង​ឆ្នាំ​១៧៥៣ ព្រះ​ឧភយោរាជ​បាន​យាង​មក​គង់​នៅ​ឧត្ដុង្គ​វិញ ដើម្បី​ឱ្យ​បាន​ជិត​ព្រះរាជា ជា​ព្រះ​ភាគិនេយ្យ ។​ នៅ​ឆ្នាំ​បន្ទាប់​មក​ទៀត​ បុត្រា​របស់​ព្រះ​អង្គ​គឺ​អ្នក​អង្គ​សូរ​ ហៅ​ព្រះ​ឧបរាជ​ឧទ័យ​បាន​សោយ​ទិវង្គត​នៅ​ក្នុង​វត្ដ​អង្គរវត្ដ ។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៤០​ព្រះ​វស្សា ។ បុត្រា​របស់​ព្រះ​អង្គ បាន​ប្រកាន់​យក​នាម​ព្រះ​បិតា​ថា ព្រះ​ឧទ័យ ដើម្បី​ជា​ការ​បញ្ជាក់​ថា​ព្រះ​អង្គ​ទ្រង់​ឡើង​ស្នង​បន្ដ​ពី​ព្រះ​បិតា ។ ប៉ុន្ដែ​ឋានៈ​ជា​ព្រះ​ឧបរាជ​បាន​ត្រូវ​ធ្លាក់​ទៅ​លើ​ព្រះ​អង្គ​ហ៊ីង​ស្រី​សុរិយោពណ៌ ដែល​ត្រូវជា​បុត្រា​របស់​អតីត​ព្រះរាជា​ព្រះ​ជ័យជេដ្ឋា ហើយ​ជា​ឃាតក​ព្រះរាជា​ធម្មោរាជា​អង្គ​ឯម​នៅ​ឆ្នាំ​១៧៤៧ ។

ព្រះរាជា​ជ័យជេដ្ឋា​បាន​សុគត​នៅ​ក្នុង​ឆ្នាំ​១៧៥៥​ក្នុង​ព្រះ​ជន្មាយុ​៤៦​ព្រះ​វស្សា​ក្រោយ​ពី​ទ្រង់​សោយរាជ្យ​សម្បត្ដិ​បាន​៧​ឆ្នាំ ។

៣៤. ព្រះ​រាមធិបតី​-​អង្គ​ទង (១៧៥៦-១៧៥៧)

ព្រះ​ឧភយោរាជ​ដែល​ធ្លាប់​សោយរាជ្យ​បាន​មួយ​ឆ្នាំ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​១៧៤៨​-​១៧៤៩ បាន​ត្រូវ​ពួក​បារគូ និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​លើក​ឱ្យ​ឡើង​សោយរាជ្យ​ម្ដង​ទៀត​នៅ​ដើមឆ្នាំ​១៧៥៦ នៅ​ពេល​ដែល​ទ្រង់​មាន​ព្រះ​ជន្មាយុ​៥៧​ព្រះ​វស្សា ។ ព្រះ​អង្គ​មាន​ព្រះ​ឋានៈ​ជា​អ្នក​គ្រងរាជ្យ ឬ​រាជានុ​សិទ្ធិ ។

នៅ​ក្នុង​ឆ្នាំ​នោះ​ដែរ ក្រោយ​ពី​មាន​ជម្លោះ​តូចតាច​មួយ ព្រះ​ឧបរាជ​សុរិយោពណ៌​បាន​មាន​បំណង​ធ្វើ​ឃាត​ព្រះ​ឧទ័យ (អង្គ​តន់) ក៏​ប៉ុន្ដែ​ព្រះ​អង្គ​តន់​បាន​ភៀស​ព្រះ​កាយ​ទៅ​ដល់​ពាម​-​ហាទៀង ដែល​កូន​ម្នាក់​របស់​អតីត​មេចោរ​សមុទ្រ​ម៉ាក់គូ គឺ​ ម៉ាក់​តុង (48) កំពុង​ត្រួតត្រា​កន្លែង​នោះ​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ស្ដេច​អាណ្ណាម ។ ម៉ាក់​គូ​បាន​ព្រួត​ដៃ​ជាមួយ​ទ័ព​ខ្មែរ​មួយ​កង វាយ​ប្រហារ​ទៅ​លើ​ទ័ព​ជើងទឹក​សៀម​មួយ​កង ដែល​មាន​បំណង​ឡើង​គោក​នៅ​ពាម​នេះ​ឱ្យ​បរាជ័យ​នៅ​ក្នុង​ឆ្នាំ​១៧២២ ហើយ​គាត់​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​១៧៣៧ ។ ព្រះ​អង្គ​តន់​បាន​ព្រមព្រៀង​គ្នា​នឹង​ម៉ាក់​តុង ដើម្បី​ទម្លាក់​ព្រះ​អង្គ​ទង​ចេញ​ពី​រាជបល្ល័ង្ក ។ នៅ​ពេល​ដែល​ម៉ាក់​តុង បញ្ជូន​បេសកជន​ទៅ​បញ្ចុះ​បញ្ចូល​អ្នកស្រុក​នៅ​ក្នុង​ខែត្រ​ទ្រាំង បន្ទាយមាស បាទី និង​ព្រៃកប្បាស ព្រះ​អង្គ​តន់​បាន​យាង​ទៅ​កាន់​ខែត្រ​ត្រាវិញ ក្នុង​ចំណោម​ប្រជាជន​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​អាជ្ញាធរ​អាណ្ណាម​តាំងពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ។ ទ្រង់​កេណ្ឌ​ទ័ព​បាន​យ៉ាង​ឆាប់​រហ័ស ហើយ​រៀបចំ​ចេញ​ជា​៣​កង ដោយ​ដាក់​នៅ​ក្រោម​បញ្ជាការ​មន្ដ្រី​ខ្មែរ​ដែល​ស្មោះ​នឹង​ព្រះ​អង្គ​៣​នាក់ រួច​ឱ្យ​ចេញ​ដំណើរ​មក​កាន់​ឧត្ដុង្គ​តាម​ផ្លូវ​ផ្សេងៗ​គ្នា ។ ម៉ាក់​តុង​ដឹកនាំ​ទ័ព​ជា​ពួក​ចោរប្លន់​មួយ​កង ធ្វើ​ដំណើរ​ពី​ខាង​ក្រោយ​ទ័ព​ខ្មែរ​ទាំង​៣​កង ។ ទ័ព​ព្រះ​ឧទ័យ​រាជា​ទទួល​បាន​ទ័ព​ជំនួយ​មួយ​នៅ​ក្រសាំង នៅ​ខាងជើង​ជិត​មាត់ជ្រូក (ចូវដុក) ។ មក​ដល់​ភ្នំពេញ មេទ័ព​ទាំង​៣​បាន​វាយ​ទ័ព​ព្រះ​ឧបរាជ​ស្រីសុរិយោពណ៌​ឱ្យ​បរាជ័យ​នៅ​ក្នុង​សមរភូមិ​មួយ ព្រះ​ស្រីសុរិយោពណ៌​បាន​រត់​ភៀស​ព្រះ​កាយ​បាត់​ទៅ ។ ព្រះ​ឧទ័យ​បាន​ចាត់​កម្លាំង​ឱ្យ​ដេញ​តាម​ចាប់​ព្រះ​ស្រីសុរិយោពណ៌​បាន​នៅ​ខែត្រ​ព្រៃក្ដី ក្នុង​ដី​កំពង់ស្វាយ ហើយ​ធ្វើឃាត​ចោល​ទៅ ។ ព្រះ​អនុជ​របស់​ព្រះ​ឧបរាជ គឺ​ព្រះកែវ​ហ្វ៊ា​អង្គ​ដួង​ដែល​យាង​ចូល​សាង​ព្រះ​ផ្នួស​ព្រោះ​មិន​ចង់​មាន​បញ្ហា​ជាមួយ​ព្រះ​ឧទ័យ​បាន​ត្រូវ​គេ​បង្ខំ​ឱ្យ​លា​ចាក​សិក្ខាបទ (49) រួច​ហើយ​ត្រូវ​គេ​ធ្វើឃាត​ដែរ នៅ​ពេល​យាង​ចេញ​ផុត​ពី​បរិវេណ​វត្ដ​ស្បឹង ។

ក្រោយ​ពី​ធ្វើឃាត​ស្ដេច​ទាំង​២​អង្គ​រួច ព្រះ​ឧទ័យ​បាន​យាង​ចូល​គាល់​ព្រះរាជា​អង្គ​ទង​ជា​ព្រះ​អយ្យកោ ដោយ​ឥត​អៀន​ខ្មាស ហើយ​សុំ​ការ​អនុញ្ញាត​នាំ​យក​ព្រះរាជ​វង្សានុវង្ស និង​បរិពារ​មក​រស់នៅ​ខាងជើង​វត្ដ​ព្រះចេតិយ​ថ្មី ។ ព្រះរាជា​ទ្រង់​បាន​អនុញ្ញាត​តាម​សំណើ ដោយ​មិន​អាច​ធ្វើ​អ្វី​បាន ព្រោះ​ព្រះ​ឧទ័យ​មាន​ទ័ព​រឹង​មាំ ។

ពីរ​ខែ​ក្រោយ​មក នៅ​ពេល​ដែល​ពួក​ទាហាន​មួយ​ចំនួន​ធំ​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​ហើយ ព្រះ​ឧទ័យ​ទទួល​ដំណឹង​ថា មហេសី​មេម៉ាយ​របស់​ព្រះ​ឧបរាជ​ស្រីសុរិយោពណ៌ បាន​រៀបចំ​ផែនការ​ប្រឆាំង​នឹង​ព្រះ​អង្គ ដោយ​មាន​មន្ដ្រី​ធំៗ​ជា​ច្រើន​ចូលរួម​ផង ហើយ​ពួក​គេ​កំពុង​ប្រុង​ប្រៀប​បើក​ការ​វាយ​ប្រហារ​មក​លើ​ព្រះ​អង្គ​ហើយ ។​ ដោយ​ភ័យ​ខ្លាច​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ព្រះ​អង្គ​បាន​នាំ​ព្រះរាជ​វង្ស​ និង​សេនា​អាមាត្យ​យាង​ចេញពី​ឧត្ដុង្គ មក​គង់​នៅ​ឯ​ជ្រោយចង្វា ចំ​ពីមុខ​ភ្នំពេញ​វិញ រួច​ហើយ​បាន​ចាត់​តាំង​មន្ដ្រី និង​មេទ័ព​មួយ​ចំនួន​ឱ្យ​ចេញ​កេណ្ឌ​ទ័ព​សា​ជា​ថ្មី ។

ពេល​ពិនិត្យ​ឃើញ​ថា​ព្រះ​ឧទ័យ​ធ្វើខ្លួន​ជា​ស្ដេច ហើយ​ប្រុងប្រៀប​វាយប្រហារ​ទៅ​លើ​ព្រះ​មហេសី​មេម៉ាយ​របស់​ព្រះ​ឧបរាជ​ដូច្នេះ ព្រះរាជា​អង្គ​ទង​ក៏​មាន​សេចក្ដី​ក្លាហាន​ឡើង​វិញ ហើយ​កេណ្ឌ​ទ័ព​មួយ​កង​វាយ​ទៅ​លើ​ពួក​បះបោរ ។ ប៉ុន្ដែ​ទ័ព​នេះ​បរាជ័យ ព្រះរាជា​ក៏​គេច​ខ្លួន​ចេញពី​រាជធានី​ឧត្ដុង្គ ទៅ​គង់​នៅ​ឯ​ខែត្រ​ពោធិ៍សាត់ ដោយ​នាំ​យក​ក្សត្រា​ក្សត្រី មាន​អ្នក​អង្គ​ម្ចាស់​អង្គ​ទង អង្គ​នន់ ព្រះ​រាមា និង​សេនា​អាមាត្យ​ទាំងអស់​ទៅ​ជាមួយ ផង ។ ព្រះ​អង្គ​បាន​សុគត​នៅ​ទីនោះ ក្រោយ​ពី​យាង​ទៅ​ដល់​បាន​បន្ដិច ក្នុង​ព្រះ​ជន្មាយុ​៦៥​ព្រះវស្សា ។ សរុប​ទៅ ព្រះ​អង្គ​បាន​សោយរាជ្យ​សម្បត្ដិ​៣​ឆ្នាំ ក្នុង​ចន្លោះ​ពេល​មួយ​ដែល​មាន​រយៈ​៧០​ឆ្នាំ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ព្រះ​ឧទ័យ​បាន​ឱ្យ​គេ​ធ្វើឃាត​ព្រះ​មហេសី​មេម៉ាយ​របស់​ព្រះ​ឧបរាជ និង​ព្រះ​បុត្រា​ច្បង​របស់​អង្គ​ទង ដែល​ព្រះ​នាង​មាន​ជាមួយ​ព្រះ​ធម្មោរាជា​ជា​ព្រះ​ស្វាមី​មុន ក្រោយ​ពី​បាន​នាំ​យក​ពី​បវេល ជា​ភូមិ​មួយ​នៅ​ខាង​កើត​ព្រៃ​ឫស្សីសាញ់​មក​វិញ ។​ ទ្រង់​បាន​ដក​ចៅហ្វាយ​ខែត្រ​កំពង់ស្វាយ​ចេញ​ពី​តំណែង​ដែល​ទទួល​អ្នក​អង្គ​ម្ចាស់​អង្គ​នន់​រាមា និង​អង្គ​ជ័យ​ឱ្យ​ស្នាក់​នៅ ហើយ​ដាក់​អ្នក​ជំនិត​របស់​ព្រះ​អង្គ​ដែល​ចាប់​អ្នក​អង្គ​ម្ចាស់​ទាំង​២ ដាក់​ក្នុង​ទ្រុង​ថ្វាយ​ព្រះ​អង្គ​ជំនួស​វិញ ។ នៅ​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ មន្ដ្រី​ម្នាក់​របស់​ព្រះ​ឧទ័យ គឺ​ពញាចន្ទ បាន​កាប់​បំបាក់​ទ្រុង​រំដោះ​យក​ព្រះ​អង្គ​នន់​រាមា​រត់គេច​ទៅ​ស្រុក​សៀម ។​ នៅ​សល់​តែ​ព្រះ​អង្គ​ជ័យ​ប៉ុណ្ណោះ​ដែល​ព្រះ​អង្គ​ទង​បាន​ឱ្យ​គេ​សម្លាប់​ចោល​នៅ​ឧត្ដុង្គ ។

ដើម្បី​រំងាប់​ការ​តវ៉ា​របស់​ពួក​អាណ្ណាម ដែល​ចោទ​ថា​ព្រះ​អង្គ​បាន​ចូល​ទៅ​ក្នុង​ទឹកដី​កូសាំងស៊ីន រហូត​ដល់​ខែត្រ​វិញឡុង ជ្រើស​រើស​ទ័ព​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ព្រះរាជា​មុន ព្រះ​ឧទ័យ​បាន​ប្រគល់​ទៅ​ឱ្យ​អាណ្ណាម​នូវ​ទឹកដី​២​កន្លែង គឺ​ដី​តាំផុងឡុង​ដែល​ក្រោយ​មក​គឺ​ខែត្រ​អាងយ៉ាង និង​មួយ​កន្លែង​ទៀត​ដែល​ក្រោយ​មក គេ​បង្កើត​បាន​ជា​ស្រុក​២ គឺ​ចាន់ដន និង​ស៊ុយឡាប់ ហើយ​ភ្ជាប់​ទៅ​ក្នុង​ខែត្រ​វិញឡុង (១៧៥៧) ។

៣៥. ព្រះ​ស្រីសុរិយោពណ៌​-​ព្រះ​ឧទ័យ (១៧៥៨-១៧៧៥)

ក្រោយ​ពី​ទ្រង់​បាន​ប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋ​ផ្សេងៗ​ដូច​ដែល​បាន​រៀបរាប់​ខាងលើ​រួច​ហើយ អ្នក​អង្គ​តន់ ហៅ​ថា ព្រះ​ឧទ័យ​ជា​បុត្រា​របស់​ព្រះ​ឧបរាជ​ព្រះ​ឧទ័យ​ដែល​សុគត​ទៅ​នៅ​អង្គរវត្ដ​កាលពី​ឆ្នាំ​១៧៥៣​ និង​ត្រូវជា​ព្រះ​នត្ដា​របស់​ព្រះរាជា​អង្គ​ទង​ និង​ជា​កូនចិញ្ចឹម​របស់​ម៉ាក់​តុង​ បាន​ឡើង​សោយរាជ្យ​នៅ​ក្នុង​ព្រះ​ជន្ម​២០​ព្រះ​វស្សា​ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​នរាយណ៍​រាជា​ធិរាជ​រាមាធិបតី​ព្រះ​ស្រីសុរិយោពណ៌​បរម​សុរេន្ទ» ។

ព្រះ​ចៅ​អាណ្ណាម​បាន​ប្រកាស​ទទួល​ស្គាល់​ស្ដេច​កម្ពុជា​នេះ​ភ្លាម ។ ស្ដេច​នេះ​មិន​គ្រាន់តែ​ជា​ជនឧក្រិដ្ឋ​ចំពោះ​រាជវង្សានុវង្ស​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្ដែ​បាន​ក្បត់​ប្រទេសជាតិ​ថែម​ទៀត ។ ទ្រង់​បាន​ប្រគល់​ទឹកដី​ខែត្រ​ពីរ​ដែល​គេ​ហៅ​សព្វថ្ងៃ​ថា​ សុកត្រាំង​ និង​ត្រាវិញ​ទៅ​ឱ្យ​ពួក​អាណ្ណាម ។​ គឺ​ដោយ​បែប​នេះ​ហើយ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉េ​បាន​ឆ្លៀត​យក​ឱកាស​ដែល​ប្រទេស​កម្ពុជា​ជួប​ប្រទះ​នឹង​ការ​លំបាក ដណ្ដើម​យក​ទឹកដី​កូសាំងស៊ីន​ដាក់​បញ្ចូល​មក​ក្នុង​ការ​គ្រប់គ្រង​របស់​ខ្លួន​បន្ដិច​ម្ដងៗ ។ ហើយ​ពួក​អាណ្ណាម​នេះ​លោភលន់​មិន​ចេះ​ស្កប់ស្កល់​ទេ ។ រៀបចំ​ខែត្រ​ទាំង​២​មិន​ទាន់​ទាំង​បាន​ស្រួល​បួល​ផង ពួក​នេះ​ក៏​ចាប់​តាំង​កសាង​បន្ទាយ​នៅ​សាដែក (ផ្សារដែក) នៅ​គូឡាវយាង (កោះ​តេង) និង​នៅ​ចូវដុក (មាត់ជ្រូក) ថែម​ទៀត ។

ប៉ុន្ដែ​រាជពង្សាវតារ​ខ្មែរ​បាន​លើក​ឡើង​ថា ព្រះរាជា​ឧទ័យ​ជា​ស្ដេច​ល្អ មាន​ព្រះ​ទ័យ​ទូលាយ ហើយ​ចូល​ចិត្ដ​ដាក់​ទាន ។ ទ្រង់​បាន​បរិច្ចាគ​ព្រះរាជ​ទ្រព្យ​ជា​ច្រើន​ដាក់​ទាន​ដល់​ស្មូម​យាចក និង​បូជា​ថ្វាយ​ព្រះពុទ្ធ និង​ពុទ្ធសាសនិក ដើម្បី​សន្សំ​បុណ្យ​ជៀស​វាង​អកុសលកម្ម​ទាំង​៥​យ៉ាង និង​បាបកម្ម​ទាំង​១៤​បែប ។ មាន​ទុគ៌ត​ជន​ជា​ច្រើន​កាត់​ពី​ទី​ឆ្ងាយៗ មក​ទទួលទាន​ពី​ព្រះ​អង្គ ។ នេះ​គឺជា​ការ​វិនិច្ឆ័យ​អំពី​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​គេ​អាច​ឆ្លៀត​ទាញ​យក​បាន​ពី​ព្រះ​អង្គ ។

ព្រះ​អង្គ​សព្វព្រះទ័យ​នឹង​ផ្ដល់​ដំបូន្មាន យោបល់​ល្អៗ​ដល់​នាម៉ឺន​មន្ដ្រី និង​ជំរុញ​ឱ្យ​ពួក​នោះ​ធ្វើ​ទាន ជៀស​វាង​បាបកម្ម ។ ទ្រង់​ឈ្វេង​យល់​ថា​ព្រះ​អង្គ​គឺជា​ពោធិសត្វ​មួយ​អង្គ​ដែល​ត្រូវ​ចុះ​មក​ជួយ​សង្គ្រោះ​សត្វលោក ថ្ងៃ​ណា​មួយ ព្រះ​អង្គ​នឹង​នាំ​អ្នក​ទាំង​អស់នោះ​ជា​ច្រើន​រយ​ពាន់​ឡើង​ជិះ​លើ​សំពៅ​មាស​មួយ​ឆ្លង​កាត់​មហា​សមុទ្រ បើ​ទោះជា​មាន​ព្យុះ​បក់​បោក​យ៉ាង​ណា​ក្ដី ។

នៅ​ឆ្នាំ​១៧៦៣ ពេល​ដែល​សភាពការណ៍​ក្នុង​ប្រទេស​ស្ងប់ស្ងាត់​ល្អ​ហើយ ព្រះ​ឧទ័យ​បាន​ប្រគល់​ការ​ដឹកនាំ​ប្រទេស​ឱ្យ​មន្ដ្រី​ធំៗ​ទទួល រួច​ហើយ​ទ្រង់​យាង​គ្រង​ស្បង់​ពណ៌​លឿង សាង​ព្រះ​ផ្នួស​៣​ខែ ទើប​លាចាក​សិក្ខាបទ មក​គង់​លើ​រាជបល្ល័ង្ក​វិញ ។

នៅ​ក្នុង​ឆ្នាំ​១៧៦៥ ព្រះរាជា​បាន​លើក​ព្រះ​មហេសី​អ្នក​ម្នាង​មាលិន្ទ​បុប្ផាវតី ឱ្យ​ឡើង​ជា​សម្ដេច​ព្រះ​ភគវតី រួច​ហើយ​បាន​កែសម្រួល​ពិធីការ​ដោយ​ឱ្យ​មន្ដ្រី​ទាំងឡាយ​ឆ្លើយ​នឹង​ព្រះ​មហាក្សត្រី​ថា ព្រះករុណា​ពិសេស ចំណែក​ឯ​ភរិយា​មន្ដ្រី​ទាំងនោះ​វិញ ទ្រង់​ឱ្យ​ហៅ​ព្រះ​មហាក្សត្រី​ថា ព្រះ​ម៉ែ ។

២​ឆ្នាំ​ក្រោយ​មក ស្ដេច​ភូមា (50) ដែល​ធ្វើសង្គ្រាម​ជាមួយ​ស្ដេច​សៀម​តាំងពី​ខែមករា​ ឆ្នាំ​១៧៦៥​ ក្រោយ​ពី​បាន​ដណ្ដើម​យក​តាវ៉យ មែរគុយ ហើយ​និង​តេណាស់សេរីម​រួច​មក បាន​ដណ្ដើម​យក​អយុធ្យា​ទៀត ក្រោយ​ពី​ហ៊ុម​ព័ទ្ធ​ជាប់​អស់​រយៈពេល​២​ខែ រួច​ដុត​កម្ទេច​ខ្ទេចខ្ទី (ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​១៧៦៧) ។ ពេល​នោះ​មាន​អ្នក​អង្គម្ចាស់​សៀម​មួយ​អង្គ ដែល​រាជពង្សាវតារ​ខ្មែរ​ហៅ​ថា ​ព្រះចៅ​ឡេសាង បាន​រត់គេច​ទៅ​ឡើង​គោក​នៅ​ហាទៀង ដោយ​ទទួល​ការ​ថែទាំ​ពី​ព្រះសង្ឃ​កាតូលិក​ឈ្មោះ ពីញ៉ូ រួច​ហើយ​បាន​មក​ស្នើ​សុំ​ជ្រកកោន​នៅ​រាជវាំង​ឧត្ដុង្គ (51) ។

ក្រោយ​ពី​រាជធានី​សៀម​ធ្លាក់​ចូល​ក្នុង​ដៃ​សត្រូវ​រួច​មក មាន​កើត​ជំងឺ​ប៉េស្ដ និង​អាសន្នរោគ ព្រមទាំង​មាន​ចោរលួច​ចោរប្លន់​ពាសពេញ​ប្រទេស ។​ ពេល​នោះ​មាន​កូន​កាត់​ចិន​ក្នុង​សហគមន៍​ហៃហុង​ម្នាក់​ឈ្មោះ​ថា​ ភ្យា​តាក​ ឬ ចៅពញា​តាក ជា​ចៅហ្វាយ​ខែត្រ​មួយ​នៅ​ទិស​ខាងជើង ដែល​មាន​ទ័ព​១​ពាន់​នាក់ បាន​វាយ​ពួក​ភូមា​ឱ្យ​បរាជ័យ​ជាច្រើន​លើក​ច្រើន​សា ។ ដោយ​រាជធានី​អយុធ្យា​បាន​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​អស់ ហើយ​ព្រះរាជា​ក៏​ត្រូវ​បាន​គេ​ធ្វើ​គុត​ទៀត​ធ្វើ​ឱ្យ​រាជបល្ល័ង្ក​នៅ​ទំនេរ ភ្យា​តាក​ក៏​ប្រកាស​ខ្លួន​ឡើង​ជា​ព្រះរាជា​សៀម នៅ​ឯ​បាងផ្លាសយ ។ ភ្យា​តាក ដែល​ធ្វើ​ដំណើរ​មក​ដល់​រយ៉ង​បាន​ត្រូវ​ប្រជាជន​អបអរ​ទទួល​ចាត់​ទុក​ថា​ជា​អ្នក​រំដោះ​ ហើយ​នាំ​គ្នា​ចូល​បម្រើ​កងទ័ព​ធ្វើ​ឱ្យ​ចំនួន​កើន​ឡើង​ដល់​២​ពាន់​នាក់ ។ ពេល​នោះ​ចៅហ្វាយ​ខែត្រ​ចន្ទតាប៊ុន​មិន​ព្រម​ចំណុះ ទទួល​ស្គាល់​អំណាច​របស់​ភ្យា​តាក​ទេ​ ភ្យា​តាក​ក៏​វាយ​លុក​ដណ្ដើម​យក​ខែត្រ​ចន្ទតាប៊ុន រួច​ហើយ​ក៏​ដឹកនាំ​ទ័ព​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ទៅ​វាយ​ពួក​ភូមា​ទៀត ។ ភ្យា​តាក​វាយ​ឈ្នះ​ពួក​ភូមា​នៅ​សមរភូមិ​ជា​ច្រើន ហើយ​បាន​រុញច្រាន​ពួក​នេះ​ឱ្យ​ដក​ថយ​ចេញ​ពី​ព្រះរាជា​ណាចក្រ​ទៅ ។ ជ័យជម្នះ​ទាំង​អស់នេះ បាន​ធ្វើ​ឱ្យ​ភ្យា​តាក​ក្លាយ​ទៅ​ជា​មនុស្ស​អស្ចារ្យ​ជាង​គេ​នៅ​ក្នុងស្រុក​សៀម ប្រជារាស្ដ្រ​ទាំងអស់​ទទួល​ស្គាល់​ក្នុង​ឋានៈ​ជា​មេដឹកនាំ ។ ភ្យា​តាក​បាន​មក​តាំង​រាជវាំង​នៅ​បាងកក ប្ដូរ​ឈ្មោះ​ដាក់​ថា ចាណា​បុរី វិញ ត្រង់​កន្លែង​ដែល​ព្រះ​នរាយណ៍​បាន​ធ្វើ​សម្បទាន​ប្រគល់​ឱ្យ​ប្រទេស​បារាំង​ពី​មុន ដែល​នៅ​ជា​កម្មសិទ្ធិ​របស់​ពួក​បារាំង​នៅ​ឡើយ ថ្វីបើ​បារាំង​មិន​បាន​មក​តាំងទី​នៅ​ក៏​ដោយ ។

ភ្យា​តាក​ចង់​ឱ្យ​ព្រះរាជា​ខ្មែរ​ទទួលស្គាល់​អធិរាជ​ភាព​របស់​សៀម ហើយ​ចាត់​ទុក​កម្ពុជា​ជា​នគរ​សាមន្ដរាជ​មួយ ដូច​ដែល​ស្ដេច​សៀម​មុនៗ​តែងតែ​គិត​អីចឹង​ដែរ ក៏​ចាត់​បញ្ជូន​រាជទូត​ឱ្យ​នាំសារ​មក​ថ្វាយ មាន​អត្ថន័យ​ថា «សូម​ឱ្យ​ព្រះរាជា​កម្ពុជា​រក្សា​ទុក​នូវ​ប្រពៃណី​ដែល​ធ្លាប់​មាន​តាំង​តែ​ពី​មុន កុំបី​គិត​ដល់​ការ​ផ្លាស់​ប្ដូរ​ដែល​កើត​មាន​ឡើង​អាស្រ័យ​ដោយ​ព្រឹត្ដិការណ៍​ធំៗ​ប៉ះ​ពាល់​ដល់​ព្រះរាជា​ណាចក្រ​សៀម​នោះ» ហើយ​ថា​ព្រះរាជា​កម្ពុជា​ត្រូវ​លើក​សួយសារ​អាករ​ទៅ​ថ្វាយ ដូច​ដែល​ព្រះរាជា​មុនៗ​ធ្លាប់​បាន​អនុវត្ដ​កន្លង​មក ។ រាជពង្សាវតារ​ក៏​មាន​និយាយ ផង​ដែរ​ថា ព្រះ​អង្គ​បាន​ទាមទារ​ឱ្យ​ខ្មែរ​បញ្ជូន​អ្នក​អង្គ​ម្ចាស់​សៀម​មួយ​អង្គ ដែល​រត់​មក​ជ្រកកោន​នៅ​ក្នុង​រាជវាំង ឧត្ដុង្គ​ទៅ​វិញទៀត​ផង ។

ពេល​នោះ​ព្រះរាជា​កម្ពុជា​ព្រះ​ឧទ័យ​សុរិយោពណ៌​ដែល​ធ្លាប់តែ​ជា​ស្ដេច​បះបោរ​មួយ​អង្គ​ ហើយ​ដែល​បាន​ឡើង​សោយរាជ្យ​ដោយសារ​តែ​ការ​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​អាណ្ណាម រួច​បាន​ប្រគល់​ខែត្រ​២​ឱ្យ និង​ធ្លាប់​បាន​ធ្វើ​ឃាត​រាជវង្ស​ជា​ច្រើន​អង្គ​ដើម្បី​កុំ​ឱ្យ​មក​រារាំង​ការ​ឡើង​គ្រង​រាជបល្ល័ង្ក​របស់​ព្រះ​អង្គ គឺជា​សត្រូវ​នឹង​អតីត​ព្រះរាជា​ណាចក្រ​សៀម​ដែល​តែងតែ​ទំនុក​បម្រុង ជំរុញ​ឱ្យ​មាន​ស្ដេច​ប្រឆាំង​នឹង​ស្រុក​ខ្មែរ​ឥត​ដាច់ ទ្រង់​មិន​ទទួល​ស្គាល់​ថា រាស្ដ្រ​សាមញ្ញ​ម្នាក់​អាច​ឡើង​សោយរាជ្យ​លើ​រាជបល្ល័ង្ក​សៀម​បាន​ទេ ទោះបី​ថា​ជន​នោះ​បាន​ជួយ​សង្គ្រោះ​រំដោះ​ប្រទេស​ពី​ការ​ត្រួតត្រា​របស់​សត្រូវ​ក៏​ដោយ ។ ទ្រង់​បាន​ចាត់​ទុក​ភ្យា​តាក​ថា​មិន​មាន​ឋានៈ​ស្មើ​នឹង​ព្រះ​អង្គ​ទេ ។ ព្រះអង្គ​បាន​តប​ព្រះរាជសារ​ទៅ​វិញ​ថា​ «ទ្រង់​មិន​អាច​ចរចា​ស្មើភាព​គ្នា​ជាមួយ​មនុស្ស​ម្នាក់​ដែល​កើត​ចេញ​ពី​ពាណិជ្ជករ​ចិន​ម្នាក់​ជាមួយ​នឹង​ស្រី​សៀម​សាមញ្ញ​ម្នាក់​បាន​ទេ​បើ​ទោះ​ជា​ថា​ជន​នោះ​មាន​សមត្ថភាព​ផ្ទាល់​ខ្លួន​ដូច​ម្ដេចក្ដី» ។

ទទួល​បាន​រាជ​សារ​នេះ ភ្យា​តាក​ច្រឡោត​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​ប្ដេជ្ញា​ថា​នឹង​ទម្លាក់​ព្រះរាជា​កម្ពុជា​នេះ​ចេញ​ពី​រាជបល្ល័ង្ក​ឱ្យ​បាន ។ ដើម្បី​សម្រេច​បំណង​នេះ ទ្រង់​បាន​ចាប់​ផ្ដើម​បំផុស​បំផុល​រក​ស្ដេច​ប្រឆាំង​មួយ​អង្គ ហើយ​បាន​ជ្រើស​រើស​យក​អ្នក​អង្គ​ម្ចាស់​អង្គ​នន់​រាមា ដែល​បាន​រត់​ភៀស​ព្រះ​កាយ​មក​គង់​នៅ​ស្រុក​សៀម ជាមួយ​មន្ដ្រី​ម្នាក់​ដែល​ធ្លាប់​កាប់​បំបាក់​ទ្រុង​រំដោះ​ព្រះ​អង្គ​មក ។ ភ្យា​តាក​បាន​ឱ្យ​ទ័ព​សៀម​មួយ​កង​ជូន​ព្រះ​អង្គ​នន់​រាមា​ធ្វើ​ដំណើរ​មក​កាន់​ឧត្ដុង្គ​កាត់​តាម​ផ្លូវ​នគរវត្ដ ដើម្បី​ស្នើ​ប្រគល់​ឱ្យ​នាម៉ឺន​សព្វ​មុខមន្ដ្រី​នៅ​ក្នុង​ព្រះរាជា​ណាចក្រ ដែល​មិន​សូវ​ជា​ពេញចិត្ដ​នឹង​ព្រះ​ឧទ័យ​ស្រីសុរិយោពណ៌​ប៉ុន្មាន​នោះ​សម្រេច ។ ពេល​ធ្វើ​ដំណើរ​មក​ដល់​អង្គរវត្ដ កងទ័ព​នេះ​បោះ​ជំរំ​សម្រាក​រង់ចាំ​ការ​ប្រយុទ្ធ ។ ព្រះរាជា​កម្ពុជា​ពេល​នោះ បាន​ចាត់​ឱ្យ​កេណ្ឌ​ទ័ព​មួយ​កង ដាក់​នៅ​ក្រោម​បញ្ជាការ​របស់​លោក​ក្រឡាហោម​ប៉ាង ។ ក្រឡាហោម​ប៉ាង​បាន​ត្រូវ​គេ​ប្រហារ​បាន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដំបូង ក៏​ប៉ុន្ដែ​កងទ័ព​ខ្មែរ​ដែល​មិន​មាន​ការ​តក់ស្លុត​ព្រោះ​បាត់បង់​មេកោយ​នោះ បាន​បន្ដ​ការ​ប្រយុទ្ធ​រហូត​ទាល់​តែ​ទទួល​បាន​ជ័យជម្នះ​លើ​ទ័ព​សៀម ធ្វើ​ឱ្យ​ពួក​នេះ​បែក​បាក់​រត់​ខ្ចាត់​ខ្ចាយ​ទៅ​ស្រុក​វិញ​អស់​នៅ​ក្នុង​ឆ្នាំ​១៧៦៩ (52) ។

នៅ​ពេល​នោះ ម៉ាក់​តុង​ដែល​ខ្មែរ​យើង​ហៅ​ថា ព្រះ​សុទត្ដ ចៅហ្វាយ​ខែត្រ​ហាទៀង ដែល​ទទួល​ដំណឹង​ពី​ការ​វាយប្រហារ​នេះ​ពី​ស្ដេច​អាណ្ណាម បាន​សម្រេច​ចិត្ដ​ធ្វើ​អន្ដរាគមន៍​ជួយ​ព្រះរាជា​កម្ពុជា ។ គាត់​បាន​កេណ្ឌ​ទ័ព​ខ្មែរ​មួយ​កង​ចេញ​ពី​ខែត្រ​ទ្រាំង​ និង​បន្ទាយមាស​រួច​បាន​ដឹកនាំ​ទាំង​តាម​ជើង​គោក​ និង​តាម​ជើង​ទឹក​ទៅ​វាយលុក​អាណា​ខែត្រ​មាត់សមុទ្រ​របស់​សៀម ។ នៅ​ពេល​មក​ដល់​ចន្ទតាប៊ុន ទ័ព​ម៉ាក់​តុង​បាន​ជួប​ប្រយុទ្ធ​ជាមួយ​ទ័ព​សៀម​មួយ​កង​ដែល​កំពុង​នៅ​រង់ចាំ ទ័ព​សៀម​នោះ​បាន​វាយ​ឱ្យ​ម៉ាក់​តុង​បរាជ័យ រត់​ចោល​ទូក​ក្ដារ និង​សម្ភារ​មួយ​ចំនួន ចូល​ទៅ​ហាទៀង​វិញ ។

ស្ដេច​សៀម​បាន​យាង​ត្រលប់​មក​បាងកក​វិញ​ហើយ​បាន​រៀបចំ​នាវា​មួយ​កង​រួច​នាំ​ទ័ព​ឡើង​ជិះ​សំពៅ​ជាមួយ​ព្រះ​អង្គ​ម្ចាស់​អង្គ​នន់​រាមា ចេញដំណើរ​សំដៅ​មក​ហាទៀង វាយ​ដណ្ដើម​យក​ខែត្រ​នេះ​បាន និង​ចាប់​ក្រុម​គ្រួសារ​ម៉ាក់​តុង​មួយ​ចំនួន​ជា​ចំណាប់​ខ្មាំង ឯ​ម៉ាក់​តុង​បាន​រត់គេច​ខ្លួន​បាត់​ទៅ ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ កងទ័ព​ជើងគោក​សៀម​មួយ​កង ដែល​នៅ​ក្រោម​បញ្ជាការ​របស់​យមរាជ​សៀម​ម្នាក់ បាន​ឆ្លងកាត់​ព្រំដែន​ខ្មែរ​ភាគ​ខាងជើង​ធ្វើ ដំណើរ​កាត់​នគរវត្ដ​ បាត់ដំបង និង​ពោធិ៍សាត់​សំដៅ​មក​រក​រាជធានី​ឧត្ដុង្គ ។ ភ្យា​តាក និង​អ្នក​អង្គ​នន់​រាមា ក៏​បាន​មក​ដល់​ភ្នំពេញ​ដែរ ដោយ​ធ្វើ​ដំណើរ​ពី​ហាទៀង​មក​មិន​ដល់​៦​ថ្ងៃ​ផង ព្រោះ​គ្មាន​ជួប​ទ័ព​ទប់ទល់​បន្ដិច​ណា​សោះ ។

ដោយ​ខ្លាច​សៀម​ចាប់​បាន ព្រះរាជា​កម្ពុជា​បាន​នាំ​ព្រះរាជ​វង្សានុវង្ស និង​បរិពារ​គេច​ចេញ​ពី​ឧត្ដុង្គ​មក​ចុះ​នាវា​នៅ​កំពង់ហ្លួង ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ត្រឡុង​ខ្លុះ​បាក់​អញ្ចៀន ឱ្យ​លោក​យមរាជ​ដឹកនាំ​ទ័ព​នាំមុខ ប្រយុទ្ធ​យ៉ាង​អង់អាច​ជាមួយ​ទ័ព​សៀម ។ ពួក​អ្នកស្រុក​ដែល​ខ្លាច​សៀម​ក៏​រត់​តាម​ព្រះរាជា​ទៅ​ដែរ អ្នក​ខ្លះ​ទៅ​ដល់​មាត់​ក្រសះ និង​អន្លង់ឫស្សី ខ្លះ​ទៀត​ទៅ​ដល់​ត្រឡុង​ខ្លុះ​បាក់​អញ្ចៀន​ដែរ ។

នៅ​ពេល​ដែល​ព្រះរាជា​កំពុង​តែ​រត់គេច​ទៅ​នោះ ទ័ព​ភ្យា​តាក និង​អ្នក​អង្គ​នន់​រាមា​បាន​ធ្វើ​ដំណើរ​តាម​មាត់​ទន្លេ​ច្រាបឈាម ចាប់​ស្រីៗ និង​យក​របស់​របរ​អ្នកស្រុក​ដែល​រត់​ទៅ​មាត់​ក្រសះ​អស់​ទៅ ។

នៅ​ពេល​នោះ​ហើយ​ដែល​ពួក​អាណ្ណាម​ចាប់ផ្ដើម​ធ្វើ​អន្ដរាគមន៍ (53) ដោយ​កេណ្ឌ​ទ័ព​មួយ​កង​មក​ជួប​គ្នា​ជាមួយ​នឹង​ទ័ព​លោក​យមរាជ​នៅ​ពាម​បញ្ចូសពាស ។​ ទ័ព​អាណ្ណាម​ និង​ខ្មែរ​បាន​ទទួល​ជ័យជម្នះ​លើ​ទ័ព​សៀម​រួច​បាន​មក​ដេញ​ភ្យា​តាក និង​អ្នក​អង្គ​នន់ ចេញពី​ភ្នំពេញ ឱ្យ​ធ្វើ​ដំណើរ​ទៅ​ហាទៀង​វិញ រួច​ទ័ព​សៀម និង​ភ្យា​តាក ក៏​ចុះទូក​ទៅ​ស្រុក​សៀម​វិញ​អស់​ទៅ ។ ឯ​អ្នក​អង្គ​នន់ ទ្រង់​គង់នៅ​នឹង​ហាទៀង​នេះ​ជាមួយ​ទ័ព​សៀម​៥​រយ​នាក់ ប៉ុន្ដែ​បន្ទាប់​មក បាន​ទៅ​គង់នៅ​ឯ​កំពត​វិញ ដោយ​មិន​អាច​ការពារ​ហាទៀង​ទប់ទល់​នឹង​ម៉ាក់​តុង​បាន ។ ទៅ​ដល់​កំពត ទ្រង់​បាន​បន្ដ​ជ្រើស​រើស​ទ័ព​បន្ថែម​ទៀត​ពី​ខែត្រ​ជិតខាង ។

នៅ​ភាគ​ខាងជើង​ ទ័ព​សៀម​ច្បាំង​ចេះ​តែ​ចាញ់​ជា​ញឹកញយ ។ ដល់​ទទួល​ដំណឹង​ថា ភ្យា​តាក​ចុះ​ទូក​ជាមួយ​កងទ័ព​ចេញពី​ហាទៀង​ទៅ​វិញ ក៏​យល់​ថា​ខ្លួន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​គ្រោះ​មហន្ដរាយ​ហើយ បាន​បោះបង់​ការ​ប្រយុទ្ធ វិល​ត្រលប់​ទៅ​ស្រុក​វិញ​ដែរ​ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​ឈ្លើយ​សឹក​១​ម៉ឺន​នាក់​ដែល​គេ​បាន​ប្រមូលផ្ដុំ​នៅ​ពោធិ៍សាត់ ។ គេ​និយាយ​ថា មាន​អ្នកស្រុក​ជា​ច្រើន​ត្រូវ​ស្លាប់​ដោយ​អត់​អាហារ​តាម​ផ្លូវ ។

នៅ​ពេល​អស់​ទ័ព​សៀម​ហើយ ទ័ព​លោក​យមរាជ​ក៏​បែក​ចេញ​ពី​ទ័ព​អាណ្ណាម ហើយ​ធ្វើ​ដំណើរ​ទៅ​រក​ទ័ព​អ្នក​អង្គ​នន់​រាមា ជួប​គ្នា​នៅ​នឹង​ពាមរកា ក៏​វាយ​ឱ្យ​បរាជ័យ​ទៅ (១៧៧១) ។

នៅ​ចុងឆ្នាំ​១៧៧១ ព្រះរាជា​បាន​យាង​មក​គង់​ជា​បណ្ដោះ​អាសន្ន​នៅ​មាត់​កណ្ដុរ ស្ថិត​នៅ​លើ​ទន្លេសាប ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ភ្នំពេញ ។​ ទ្រង់​បាន​ទទួល​យក​រ៉េស៊ីដង់​អាណ្ណាម​ម្នាក់​ហៅ​ បាវ​ហូ​ មក​នៅ​នឹង​ព្រះរាជវាំង ។ ធ្វើ​យ៉ាង​នេះ មាន​ន័យ​ថា ព្រះ​អង្គ​បាន​ដាក់​ព្រះរាជា​ណាចក្រ​នៅ​ក្រោម​អាណាព្យាបាល​របស់​អាណ្ណាម​ហើយ ។ បន្ទាប់​មក​ព្រះរាជា​បាន​យាង​មក​គង់នៅ​នឹង​ពាក់ព្រ័ត (54) រួច​បាន​ចាត់​រាជទូត​ទៅ​បាងកក ចរចា​សន្ដិភាព​ជាមួយ​ភ្យា​តាក ដោយ​លែង​ចាត់​ស្ដេច​សៀម​ថ្មី​នេះ​ថា​រាស្ដ្រ​សាមញ្ញ​មក​ជ្រែក​រាជសម្បត្ដិ​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ទៀត​ហើយ ។ ភ្យា​តាក​មិន​ព្រម​ទទួល​រាជទូត​ទាំង​អស់​នោះ​ទេ ក៏​បាន​ឱ្យ​គេ​ចាប់​ឃុំ​ទុក រួច​ផ្ញើ​រាជសារ​មួយ​មក​ថ្វាយ​ព្រះរាជា​កម្ពុជា និយាយ​ថា​ការ​ចរចា​អាច​នឹង​មាន​ទៅ​បាន​លុះណា​តែ​ទ្រង់​បញ្ជូន​ព្រះ​មាតា និង​រាជវង្សានុវង្ស​ទាំង​អស់​ឱ្យ​ទៅ​គង់នៅ​ឯ​ស្រុក​សៀម​សិន ។​ ចំណែក​ឯ​ម៉ាក់​តុង​វិញ​ គេ​ក៏​ចាប់​ចរចា​ជាមួយ​ស្ដេច​សៀម​ ហើយ​ហាក់​ដូចជា​បាន​បោះបង់​ការ​គាំទ្រ​ស្ដេច​ខ្មែរ​ដែរ ហើយ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ភ្យា​តាក​ឱ្យ​ក្រុម​គ្រួសារ​ដែល​ស្ដេច​សៀម​ចាប់​ទុកជា​ចំណាប់ខ្មាំ​ង​នៅ​ឯ​បាងកក​នោះ​វិល​ត្រលប់​ទៅ​ហាទៀង​វិញ ។​ ដើម្បី​ជា​ថ្នូរ​ ម៉ាក់​តុង​បាន​យល់ព្រម​ប្រគល់​អ្នក​អង្គ​ម្ចាស់​សៀម​មួយ​អង្គ​ដែល​ភៀស​ខ្លួន​មក​គង់​នៅ​រាជវាំង​កម្ពុជា ហើយ​ដែល​ព្រះរាជា​កម្ពុជា​ប្រកែក​មិន​ព្រម​ប្រគល់​ឱ្យ​ទៅ​ភ្យា​តាក ។ ភ្យា​តាក​ក៏​នាំ​យក​អ្នក​អង្គ​ម្ចាស់​សៀម​នោះ​ទៅ​បាងកក​វិញ​រួច​ធ្វើឃាត​ចោល​ទៅ ។

នៅ​ក្នុង​ឆ្នាំ​១៧៧៤ ព្រះរាជា​កម្ពុជា​បាន​យាង​ចេញពី​រាជដំណាក់​ពាក់ព្រ័ត មក​គង់នៅ​ឯ​កោះ​ចិន ជា​កោះ​មួយ​នៅ​ក្នុង​ទន្លេសាប ស្ថិត​នៅ​ចំ​ពីមុខ​កំពង់ហ្លួង មិន​ទាន់​ហ៊ាន​យាង​ត្រលប់​ចូល​រាជធានី​វិញ​ទេ ដោយ​ខ្លាច​ព្រះអង្គ​ម្ចាស់​អង្គ​នន់​រាមា ដែល​កំពុង​តែ​ឃោសនា​រើស​ទ័ព​នៅ​ក្នុង​អាណា​ខែត្រ​ខាងលិច ចាប់​ព្រះ​អង្គ​បាន ។

អនាធិបតេយ្យ​មាន​គ្រប់​ទីកន្លែង នគរ​ទាំងមូល​វិល​ត្រលប់​មក​រក​ភាព​ព្រៃផ្សៃ​ឡើង​វិញ ។ មាន​ខែត្រ​ជា​ច្រើន​ដែល​មិន​គោរព​ព្រះរាជា តែ​ក៏​មិន​ស្ដាប់​បញ្ជា​របស់​ស្ដេច​បះបោរ​ដែរ ។ ចៅហ្វាយ​ខែត្រ​ប្រមូល​ពន្ធ​បាន តែ​មិន​បាន​យក​មក​បង់​ជូន​រាជការ​ទេ ឯ​អ្នក​ប្រមូល​ពន្ធ​ត្រូវ​ប្រជារាស្ដ្រ​ដេញ​មិន​ឱ្យ​ចូល​ក្នុង​ភូមិ ។ នៅ​កន្លែង​ខ្លះ ប្រជាជន​ត្រូវ​គេ​បង្ខំ​ឱ្យ​បង់ពន្ធ​ឱ្យ​ភាគី​ទាំង​២ ។ រាស្ដ្រ​រង​ទុក្ខ​វេទនា ជំងឺ​អាសន្នរោគ​រាតត្បាត ហើយ​ជំងឺ​អុត​បាន​ធ្វើ​ឱ្យ​អ្នកស្រុក​ស្លាប់​អស់​ជា​ច្រើន ។

រាជពង្សាវតារ​បាន​និយាយ​ថា នៅ​ទី​បញ្ចប់ ដោយ​ទ្រង់​មាន​មេត្ដាករុណា​ដល់​ប្រជានុរាស្ដ្រ​ខ្លាំង​ពេក ព្រះរាជា​ក៏​សុខ​ព្រះ​ទ័យ​លះបង់​រាជសម្បត្ដិ​ថ្វាយ​ដល់​ព្រះ​អង្គ​នន់​រាមា ជា​គូប្រណាំង​ប្រជែង និង​ជា​សត្រូវ​ផង នៅ​ក្នុង​ឆ្នាំ​១៧៧៥ ។ ទ្រង់​សោយរាជ្យ​បាន​១៧​ឆ្នាំ ហើយ​រជ្ជកាល​របស់​ព្រះ​អង្គ​មាន​តែ​ទុក្ខ​វេទនា ។

៣៦. ព្រះ​អង្គ​រាមរាជា​-​អង្គ​នន់ (១៧៧៥-១៧៧៩)

ព្រះ​អង្គ​រាមរាជា​ជា​ព្រះរាជ​បុត្រា​របស់​ព្រះ​ស្រី​ជ័យជេដ្ឋា និង​ជា​ព្រះរាជ​នត្ដា​របស់​ព្រះ​ធម្មោរាជា​ទី​១ ។ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៣៦​ព្រះ​វស្សា​ហើយ​នៅ​ពេល​ដែល​ទ្រង់​ទទួល​ព្រះ​រាជាភិសេក​ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​រៀម​រាជា​ធិរាជ​បរមបពិត្រ» ។ ព្រះរាជា​មុន​ដែល​ដាក់​រាជ្យ បាន​ទួល​ព្រះ​ឋានៈ​ជា​ព្រះ​ឧភយោរាជ ឯ​ព្រះ​អង្គ​ថន ជា​ព្រះ​អនុជ​របស់​ព្រះ​អង្គ​រាមរាជា បាន​ទទួល​ព្រះ​ឋានៈ​ជា​ព្រះ​ឧបរាជ​ធំ ។

ដោយ​មាន​ការ​ព្រួយបារម្ភ​ខ្លាច​ពួក​អាណ្ណាម​ដែល​ប្រឆាំង​នឹង​ការ​ឡើង​សោយរាជ្យ​របស់​ព្រះ​អង្គ ធ្វើការ​វាយ​ប្រហារ​មក​លើ​ ព្រះរាជា​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​ធ្វើ​កាំភ្លើង​ធំ​ កាំភ្លើង​តូច​ រំសេវ​ គ្រាប់​កាំភ្លើង​ធំ​ គ្រាប់​កាំភ្លើង​តូច ហើយ​បាន​ឱ្យ​សង់​បន្ទាយ​ការពារ​រឹង​មាំ​២ មួយ​នៅ​ភ្នំពេញ មួយ​ទៀត​នៅ​មុខកំពូល ។ ក៏​ប៉ុន្ដែ​ចៅហ្វាយ​ក្រុង​សាយហ្គន​ និង​ស្ដេច​យ៉ាឡុង​ (ង្វៀង​ភុកធន់) ដែល​សោយរាជ្យ​នៅ​រាជធានី​វ៉េ​ពេល​នោះ​មាន​ការ​រវល់​នឹង​រឿង​ផ្សេង​ទៅ​វិញ ។​ នោះ​គឺ​ពួក​អ្នក​ភ្នំ​ខាងកើត​ ឬ​តៃសឺន​នៅ​នឹង​តៃភូ​បាន​បះបោរ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​បងប្អូន​២​នាក់ ឈ្មោះ​ឌុក​អុងថាញ់​និង​ឌុក​អុងឯម (៥៥) ហើយ​ធ្វើការ​គំរាម​កំហែង​មក​លើ​រាជធានី​វ៉េ​ក្នុង​ឆ្នាំ​១៧៧៥ ។ ​ចំណែក​នៅ​កូសាំងស៊ីន​ខាង​ក្រោម​វិញ មាន​ការ​បះបោរ​មួយ​កើត​ឡើង ធ្វើ​ឱ្យ​ចៅហ្វាយ​ខែត្រ​អាណ្ណាម​ឈ្មោះ ចាសចេ មាន​ការ​លំបាក​នឹង​បង្ក្រាប​យ៉ាង​ខ្លាំង ។​ ម្ល៉ោះ​ហើយ​ពួក​នេះ​មិន​បាន​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា​ទេ​ ផ្ទុយ​ទៅ​វិញ គេ​បាន​សំណូមពរ​ឱ្យ​កម្ពុជា​ជួយ​ទៅ​វិញ ។ ក៏​ប៉ុន្ដែ​ព្រះរាជា​កម្ពុជា​បាន​ប្រកែក មិន​ចង់​មាន​ទំនាក់​ទំនង​ជាមួយ​ពួក​អាណ្ណាម ដែល​ធ្លាប់តែ​វាយ​ប្រហារ​មក​លើ​ព្រះ​អង្គ មុន​ពេល​ដែល​ទ្រង់​បាន​ឡើង​សោយរាជ្យ​ឡើយ ។

ចៅហ្វាយ​ក្រុង​សាយហ្គន​មិន​បាន​អង្វរករ​អ្វី​ទៀត​ទេ ប៉ុន្ដែ​នៅ​ពេល​ដែល​បង្ក្រាប​ការ​បះបោរ​រួច គេ​ក៏​បែរ​មក​រក​ធ្វើ​សង្គ្រាម​សងសឹក​នឹង​កម្ពុជា​តែ​ម្ដង ។ គាត់​បាន​ដឹកនាំ​ទ័ព​ឡើង​តាម​ទន្លេ រហូត​មក​ដល់​ភ្នំពេញ ដោយ​គ្មាន​ជួប​ប្រទះ​ការ​ទប់ទល់​អ្វី​ឡើយ ។ ប៉ុន្ដែ​មក​ដល់​ភ្នំពេញ មាន​ទ័ព​ខ្មែរ​មួយ​កង​កំពុង​តែ​រង់ចាំ​ជា​ស្រេច ។ មាន​ការ​ប្រយុទ្ធ​គ្នា​ចំនួន​២០​លើក​នៅ​ជុំវិញ​រាជធានី ពួក​អាណ្ណាម​ត្រូវ​បរាជ័យ​ស្ទើរ​តែ​រាល់​លើក ។ នៅ​ពេល​ដែល​ច្បាំង​ទៅ​បាត់បង់​កម្លាំង​អស់​ច្រើន​ពេក ហើយ​ការ​ផ្គត់ផ្គង់​ស្បៀង​ក៏​លំបាក ព្រោះ​អ្នកស្រុក​បះបោរ​ប្រឆាំង​គ្រប់​ទិស​ទី ជា​ពិសេស​ពី​ខាងក្រោយ ពួក​អាណ្ណាម​ក៏​បែរខ្នង​រត់​ត្រលប់​ទៅ​កូសាំងស៊ីន​វិញ​ទៅ​នៅ​ចុង​ឆ្នាំ​១៧៧៦ ។

ព្រះរាជា​បាន​ដឹកនាំ​ទ័ព​ដេញ​តាម​រហូត​ដល់​ហួស​ព្រំដែន ដណ្ដើម​យក​បាន​ខែត្រ​វិញឡុង និង​មីថ​មក​វិញ ។ គេ​និយាយ​ថា​ទ្រង់​បាន​បំផុស​បំផុល​ពួក​អ្នកស្រុក​កូសាំងស៊ីន​ដែល​មាន​កំហឹង​នឹង​ពួក​អាណ្ណាម​ស្រាប់​ឱ្យ​កាប់​សម្លាប់​ពួក​អាណ្ណាម​ឱ្យ​អស់ពី​ទឹកដី ក៏​ប៉ុន្ដែ​បាន​ព្រះ​ឧភយោរាជ និង​ព្រះ​ឧបរាជ​ធំ​ឃាត់ ។

នៅ​ក្នុង​ឆ្នាំ​១៧៧៧ វិបុលរាជស្រី ដែល​ជា​ជំនួយការ​របស់​លោក​ក្រឡាហោម​រដ្ឋមន្ដ្រី​ខាង​ទ័ព​ជើងទឹក ដោយ​យល់​ឃើញ​ថា ព្រះ​ឧបរាជ​អង្គ​ធំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ទាមទារ​យក​រាជបល្ល័ង្ក​បាន ក៏​សុំ​ការ​អនុញ្ញាត​ចូល​គាល់​ហើយ​ថ្វាយ​យោបល់​ឱ្យ​ទ្រង់​យល់​ព្រម​ធ្វើ​គុត​ព្រះរាជា​ជា​ព្រះ​រៀម​ដើម្បី​ដណ្ដើម​រាជសម្បត្ដិ ។ ព្រះ​ឧបរាជ​ធំ​បាន​ច្រាន​ចោល​មតិ​នេះ ក៏​ប៉ុន្ដែ​ទ្រង់​មិន​និយាយ​ស្ដី​អ្វី​ទេ ព្រោះថា​តាម​ពិត​ទៅ​ទ្រង់​ក៏​ចង់​បាន​រាជបល្ល័ង្ក​បន្ដ​ពី​ព្រះ​រៀម​ដែរ ។ វិបុលរាជស្រី​ភ័យ​ខ្លួន ខ្លាច​ព្រះ​ឧបរាជ​ធំ​ចោទ​ប្រកាន់ ក៏​ទៅ​ចូល​គាល់​ព្រះរាជា​ទូល​បង្កាច់​ថា​ព្រះ​ឧបរាជ​ធំ​ក្បត់​បាន​ចាត់​ឱ្យ​ខ្លួន​មក​ធ្វើ​គុត​ព្រះរាជា ។ ព្រះរាជា​ទ្រង់​ជឿ​សម្ដី​វិបុលរាជស្រី ហើយ​បាន​ផ្ទុកផ្ដាក់​ឱ្យ​ជន​នេះ​ធ្វើ​គុត​ព្រះ​ឧបរាជ​វិញ នៅ​ពេល​ដែល​ទ្រង់​ក្រសាល​បាស្កា​ជាមួយ ហើយ​ញាក់​ភ្នែក​ធ្វើ​សញ្ញា ។ ព្រះរាជា​បាន​បបួល​ព្រះ​ឧបរាជ​ធំ​លេង​បាស្កា​នៅ​នឹង​រានហាល​ដំណាក់​ឧត្ដុង្គ តែ​ទ្រង់​មិន​បាន​ឱ្យ​សញ្ញា​សោះ ។ ស្អែក​ឡើង ទ្រង់​ក្រសាល​ទៀត តែ​នៅ​តែ​មិន​ផ្ដល់​សញ្ញា​ដដែល ធ្វើ​ឱ្យ​វិបុលរាជស្រី​មាន​ការ​អស់​សង្ឃឹម​ជា​ខ្លាំង បារម្ភ​ខ្លាច​តែ​ព្រះរាជា​បាន​ពិភាក្សា​សាកសួរ​ព្រះ​អនុជ​ដឹង​រឿងរ៉ាវ​សព្វគ្រប់​ទេ​ដឹង ព្រោះថា​ព្រះ​ឧបរាជ នឹង​ធឹង​ខ្លាំង​ណាស់ ហាក់​ដូចជា​គ្មាន​អារម្មណ៍​ច្របូក​ច្របល់​អ្វី​បន្ដិច​សោះ​ឡើយ ។ វិបុលរាជស្រី​បាន​ចូល​គាល់​ព្រះរាជា​ម្ដងទៀត ហើយ​ទូល​ព្រះ​អង្គ​អះអាង​ថា​ព្រះ​អនុជ​បាន​រៀបចំ​អាវុធ​យុទ្ធភណ្ឌ​ទុក​នៅ​ក្នុង​ព្រះរាជ​ដំណាក់ អំពើ​ក្បត់​នៅ​តែ​ពេល​នឹង​ផ្ទុះ​ឡើង​ប៉ុណ្ណោះ ព្រះរាជា​ត្រូវ​ចាត់ការ​ឱ្យ​រហ័ស​ទើប​ទប់ស្កាត់​ទាន់​សភាពការណ៍ ។ ព្រះរាជា​ចាប់​មាន​ការ​ភិតភ័យ​ជា​ខ្លាំង ហើយ​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​សញ្ញា​ឱ្យ​នៅ​ក្នុង​ពេល​លេង​បាស្កា​ល្ងាច​នេះ ។ ពេល​លេង​បាស្កា​ម្ដង​ទៀត ទ្រង់​នៅ​តែ​មិន​បាន​ឱ្យ​សញ្ញា​ដដែល ព្រោះ​ខ្លាច​ចាញ់​បញ្ឆោត​វិបុលរាជ ។ ប៉ុន្ដែ​នៅ​ពេល​ដែល​ទ្រង់​ងាក​ព្រះ​ភ័ក្ដ្រ​មើល​ទៅ​វិបុលរាជ ជន​នេះ​ចាត់​ទុក​ថា នោះ​ជា​សញ្ញា​ដែល​ព្រះរាជា​ឱ្យ​ហើយ​ក៏​ដក​កាំបិត​ស្នៀត​ចាក់​មក​លើ​ចង្កេះ​ឆ្វេង​របស់​ព្រះ​ឧបរាជ ធ្វើ​ឱ្យ​ព្រះ​ឧបរាជ​ស្រែក​យ៉ាង​ខ្លាំង ហើយ​ដួល​ទៅ​ឱប​ជើង​ព្រះ​រាជា ។ ព្រះរាជា​រំភើប​ខ្លាំង​ណាស់ ក៏​ឱន​ចាប់​បី​ព្រះ​អនុជ​ឡើង បបោស​អង្អែល និង​ព្រះ​កន្សែង​សោកា​ជា​ខ្លាំង ធ្វើ​ឱ្យ​ព្រះឧបរាជ​យល់​ថា ព្រះ​រៀម​ចាញ់​បោក​គេ​ហើយ ។ ព្រះ​ឧបរាជ​ក៏​រៀបរាប់​ថ្វាយ​ព្រះ​រៀម​អំពី​រឿង​ដែល​វិបុលរាជស្រី​បាន​ទៅ​បញ្ចុះ​បញ្ចូល​ព្រះ​អង្គ ព្រះ​អង្គ​បាន​ប្រកែក ប៉ុន្ដែ​ព្រះ​អង្គ​នៅ​ស្ងៀម មិន​បាន​ទូល​រឿង​នេះ​ថ្វាយ ហើយ​ទ្រង់​ថា​សុំ​ទោស​ចំពោះ​ការ​ដែល​មិន​បាន​រាយការណ៍​ថ្វាយ​នេះ ។ ព្រះរាជា​ក៏​ចេញ​បញ្ជា​ភ្លាម ឱ្យ​គេ​ចាប់​វិបុលរាជស្រី ប្រគល់​ឱ្យ​ចៅក្រម​ដាក់​ទោស​ទៅ​តាម​ច្បាប់ នៅ​ក្នុង​ខែធ្នូ ឆ្នាំ​១៧៧៧ ។

វិបុលរាជស្រី​នេះ​បាន​ប្រព្រឹត្ដ​ខុសឆ្គង​ម្ដង​រួច​មក​ហើយ​កាលពី​មួយ ឬ​ពីរ​ឆ្នាំ​មុន ហើយ​ត្រូវ​បាន​ព្រះរាជា​ប្រោសប្រណី​លើក​ទោស​ឱ្យ ។ ជន​នេះ​បាន​ស្រលាញ់​ស្នំ​ម្នាក់​ដែល​ព្រះរាជា​សព្វព្រះទ័យ ទើប​តែ​លើក​ធ្វើ​ជា​ស្នំឯក​នៅ​ក្នុង​ព្រះរាជវាំង ។ ដោយ​ត្រូវ​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ពេល​ទត​ឃើញ​វិបុលរាជ​នេះ​នៅ​លើ​ទែនសយនា​ស្នំ​ឯក នៅ​ពេល​ដែល​ទ្រង់​ទើបតែ​យាង​ចេញ​បាន​បន្ដិច ដើម្បី​ទៅ​បំពេញ​កិច្ចការ​សំខាន់​មួយ ជន​នេះ​បាន​ស្ទុះ​ទៅ​កញ្ឆក់​យក​ដាវ​មួយ​មក​កាន់​គំរាម​ព្រះរាជា​ដើម្បី​បើក​ផ្លូវ​រត់​ចេញ ។ ពួក​អ្នកយាម​ឃើញ​ដូច្នេះ ស្រឡាំងកាំង មិន​ដឹង​ថា​មាន​រឿង​ហេតុ​អ្វី​កើត​ឡើង​នៅ​ក្នុង​ព្រះរាជ​ដំណាក់ ក៏​បណ្ដោយ​ឱ្យ​វិបុលរាជ​រត់​ចេញ​ទៅ ។ ប៉ុន្ដែ ដល់​ដឹង​រឿងរ៉ាវ​សព្វគ្រប់​ពួក​អ្នកយាម​នោះ​ក៏​នាំ​គ្នា​ដេញ​តាម ហើយ​បាញ់​ព្រួញ​ត្រូវ​វិបុលរាជ​ត្រង់​ឆ្អឹងជំនីរ ដួល​ដេក​នឹង​ដី ។ ប៉ុន្ដែ ព្រះរាជា​ទ្រង់​បាន​លើក​ទោស​កំហុស​ឱ្យ​ទៀត ។ វិបុលរាជ​មក​ទូល​ព្រះរាជា​បង្ខូច​ព្រះ​ឧបរាជ​ថា មាន​បំណង​ចង់​ធ្វើ​ឃាត​ព្រះរាជា ដោយ​ទូល​ថា​ដើម្បី​សងគុណ​ព្រះ​អង្គ ដែល​បាន​លើក​លែង​ទោស​ឱ្យ​ពី​មុន​នោះ​ឯង ។ ទោស​កំហុស​លើក​នេះ​ជាក់ស្ដែង​ខ្លាំង​ណាស់ ក៏​ប៉ុន្ដែ​គេ​គិត​ថា​ព្រះរាជា​ដែល​ធ្លាប់​លើក​ទោស​កំហុស​ឱ្យ​វិបុលរាជ​ម្ដង​មក​ហើយ ទ្រង់​សព្វព្រះទ័យ​នឹង​ជន​នេះ​ខ្លាំង​ណាស់ ណា​មួយ​ទ្រង់​បាន​ជឿ​ទៅ​លើ​សម្ដី​បងប្អូន​របស់​វិបុលរាជ​ទាំង​៤​នាក់​គឺ តេជោ​ទែន ចៅហ្វាយ​ស្រុក​កំពង់ស្វាយ​ ពាង ចៅហ្វាយ​ស្រុក​បារាយណ៍​ សូរ ចៅហ្វាយ​ស្រុក​ព្រៃក្ដី​ និង​មូ ចៅហ្វាយ​ស្រុក​ទ្រាំង​ ថា​ព្រះ​ឧបរាជ​ធំ​ពិត​ជា​បាន​រៀប​ផែនការ​ក្បត់​ព្រះ​អង្គ​មែន ហើយ​បាន​ស្នើ​សុំ​ឱ្យ​ព្រះ​អង្គ​លើក​លែង​ទោស​ឱ្យ​ម្ដង ទៀត ។ ព្រះ​ឧភយោរាជ ក្រោយ​ពី​បាន​ជ្រាប​អំពី​ឧក្រិដ្ឋកម្ម​នេះ ហើយ ដោយ​កំពុង​តែ​ប្រឈួន ស្រាប់ ទ្រង់ មាន​ព្រះ​ទ័យ​រំជើប​រំជួល​ខ្លាំង​ណាស់ ណា​មួយ​ទ្រង់​បារម្ភ​ចំពោះ​ខ្លួន​ព្រះ​អង្គ​ផង ទើប​ថ្វាយ​ព្រះ​យោបល់​ដល់​ព្រះរាជា​ថា ត្រូវ​ដាក់​ទោស​វិបុលរាជស្រី​ឱ្យ​ធ្ងន់​ជាទី​បំផុត ។ ប៉ុន្ដែ​ព្រះ​ឧភយោរាជ​បាន​សុគត​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ក្នុង​ព្រះ​ជន្ម​៣៨​ព្រះ​វស្សា ។ គេ​និយាយ​ថា​ទ្រង់​ក៏​ត្រូវ​គេ​លួច​ធ្វើឃាត​ដូច​ជា​ព្រះ​អនុជ​អីចឹង​ដែរ ។​ ខ្ញុំ​បាន​ស្គាល់​តា​ចាស់​ម្នាក់ ដែល​ជីតា​របស់​គាត់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ បាន​និយាយ​ថា គាត់​ធ្លាប់​ឮ​ឪពុក​គាត់​ប្រាប់​ថា ព្រះ​ឧភយោរាជ​ត្រូវ​សុគត​ដោយ​គេ​ធ្វើឃាត​ចាក់​នឹង​ដាវ​ធ្លុះ​ព្រះ​កាយ ។ ពេល​នោះ​មន្ដ្រី​ទាំងឡាយ​មិន​បាន​គិត​ដល់​រឿង​អ្វី​វែង​ឆ្ងាយ​ទេ ក៏​សម្រេច​កាត់​ទោស​សម្លាប់​វិបុលរាជស្រី​ចោល​ទៅ ។

ការ​កាត់ទោស​ប្រហារ​វិបុលរាជស្រី​នេះ បាន​ធ្វើ​ឱ្យ​ម្ដាយ​ឈ្មោះ ជំទាវ​ឡាង មាន​កំហឹង​ជា​ខ្លាំង ហើយ​សម្រេច​ចិត្ដ​ធ្វើការ​សងសឹក​វិញ ប៉ុន្ដែ​មិន​មែន​សងសឹក​នឹង​ពួក​ចៅក្រម​ទេ គឺ​សងសឹក​នឹង​ព្រះរាជា​តែ​ម្ដង ព្រោះ​គឺ​ព្រះរាជា​នេះ​ឯង​ដែល​បាន​ឱ្យ​សញ្ញា​ឱ្យ​សម្លាប់​ព្រះ​ឧបរាជ​ក្បត់ ហើយ​បែរ​មក​ចាប់​កំហុស​អ្នក​ទទួល​រាជបញ្ជា​ទៅ​វិញ ។ ជំទាវ​ឡាង​បាន​ទៅ​សុំ​យក​សព​វិបុលរាជស្រី​មក​ធ្វើ​បុណ្យ​យ៉ាង​អធិក​អធម រួច​ហើយ​បញ្ចុះ​បញ្ចូល​កូន​គាត់​ទាំង​៤​នាក់​ទៀត ឱ្យ​នាំ​គ្នា​បះបោរ​ឡើង​ប្រឆាំង​នឹង​ព្រះរាជា ។ ក៏​ប៉ុន្ដែ​ចៅហ្វាយ​ខែត្រ​ទាំង​អស់នោះ ថ្វីបើ​គោរព​ម្ដាយ​នឹក​អាណិត​ពេល​ឃើញ​ទឹកភ្នែក​គាត់​ហូរ​ធ្លាក់​មក​ និង​ឃើញ​គាត់​បញ្ចេញ​កំហឹង​ទៅ​លើ​ព្រះរាជា​ក៏​ដោយ​ក៏​ពួកគេ​មិន​ចង់​ធ្វើ​តាម​គាត់​ដែរ ។ រឿងរ៉ាវ​ហាក់​ដូចជា​ស្ងប់​ទៅ​វិញ ទទួល​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ចូល​មក​ដល់ ។ ជំទាវ​ឡាង​បាន​អញ្ជើញ​ទៅ​វត្ដ​យក​ចង្ហាន់​ទៅ​ប្រគេន​លោក​ឧទ្ទិស​កុសល​ជូន​ដល់​មាតាបិតា​ជីដូន​ជីតា​ដូច​ធម្មតា ​រួច​ហើយ​គាត់​បាន​ហៅ​កូន​ទាំង​៤​ទៅ​ផ្ទះ ដើម្បី​បំពេញ​ពិធី​ក្នុង​គ្រួសារ​បន្ថែម​ទៀត ។ ទៅ​ដល់​ផ្ទះ គាត់​យក​អដ្ឋិធាតុ​របស់​វិបុលរាជ​ស្រី ដែល​ដាក់​ក្នុង​កោដិ​មាស​មក​បង្ហាញ ហើយ​និយាយ​ថា​ធាតុ​របស់​បង​កូន​ទាំងអស់​គ្នា​នេះ​កំពុង​តែ​ដង្ហោយ​ហៅ​ឱ្យ​កូន​សងសឹក​ជួស ដូច្នេះ​កូន​ត្រូវ​តែ​ប្រមែប្រមូល​មិត្ដភក្ដិ បក្សពួក ញាតិ​មិត្ដ​ទាំងឡាយ បង្កើត​ជា​ទ័ព​មួយ​ជា​ប្រញាប់​ដើម្បី​សងសឹក​នឹង​ព្រះរាជា ។​ ចៅហ្វាយ​ខែត្រ​ទាំង​៤​ស្រាប់​តែ​ច្រឡោត​ខឹង​តាម​ការ​ញុះញង់​របស់​លោកជំទាវ​ជា​ម្ដាយ ក៏​សន្យា​ថា​នឹង​សងសឹក​ព្រះរាជា​វិញ រួច​វិល​ត្រលប់​ទៅ​កាន់​ខែត្រ​រៀងៗ​ខ្លួន ក្នុង​ចិត្ដ​នឹក​គិតតែ​អំពី​រៀបចំ​ផែនការ​សងសឹក​ប៉ុណ្ណោះ ។

នៅ​ឆ្នាំ​បន្ទាប់​ ស្ដេច​សៀម​ភ្យា​តាក​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ព្រះរាជា​កម្ពុជា​ហើយ​បាន​រៀបចំ​ផែនការ​ទៅ​វាយ​ស្ដេច​លាវ​ដែល​សោយរាជ្យ​នៅ​វៀងចន្ទ ដោយ​សុំ​ជំនួយ​ពី​ទ័ព​ខ្មែរ​១​ម៉ឺន​នាក់ ។ សម្ព័ន្ធ​មេត្រីភាព​ជាមួយ​សៀម​ដើម្បី​វាយ​លាវ​ដែល​កម្ពុជា​មិន​ដែល​មាន​ផល​រមាស់​អ្វី​បន្ដិច​សោះ​នោះ បាន​ធ្វើ​ឱ្យ​ព្រះរាជា​អស់​ប្រជា​ប្រិយភាព ។ នៅ​ក្នុង​ខែត្រ​កំពង់ស្វាយ​ដែល​ទ័ព​ត្រូវ​ដើរ​កាត់ គឺ​មួយ​កង​បាន​សំដៅ​ទៅ​រក​ចំប៉ាសាក់ និង​មួយ​កង​ទៀត​សំដៅ​ទៅ​រក​ទន្លេមេគង្គ គេ​បាន​កេណ្ឌ​ស្រីៗ​ឱ្យ​បុក​ស្រូវ​ដែល​ប្រមូល​បាន​ពី​អ្នកស្រុក ធ្វើ​អង្ករ​ឱ្យ​កងទ័ព ធ្វើ​ឱ្យ​អ្នកស្រុក​ខឹងសម្បា​បះបោរ​ឡើង ។ ពេល​ទៅ​ដល់​ស្រុក​លាវ មាន​ទាហាន​មួយ​ចំនួន​ដែល​គេ​រើស​ចេញ​ពី​ខែត្រ​កំពង់ស្វាយ​នេះ បាន​រត់​ចោលជួរ​ត្រលប់​មក​វិញ ហើយ​ពួន​នៅ​ក្នុង​ព្រៃ ។ ព្រះរាជា​បាន​បញ្ជូន​មនុស្ស​ឱ្យ​តាម​ដើរ​រក​ពួក​ដែល​រត់​ចោលជួរ​ទាំងអស់​នោះ ដើម្បី​ចាប់​យក​មក​ដាក់​ទោស ក៏​ប៉ុន្ដែ​បេសកជន​ទាំងនោះ បាន​ត្រូវ​អ្នកស្រុក​ព្រួតគ្នា​ចាប់​កាប់​សម្លាប់​ចោល​អស់ ។ តេជោ​ទែន ជា​ស្ដេចត្រាញ់​ដែនដី​កំពង់ស្វាយ មិន​បាន​រាយការណ៍​អំពី​សភាពការណ៍​នេះ​ថ្វាយ​ព្រះរាជា​ទេ ចំណែក​ឯ​បងប្អូន​គាត់​២​នាក់​ទៀត គឺ​សែនខាងហ្វ៊ា​ពាង ចៅហ្វាយ​ខែត្រ​បារាយណ៍ និង​មន្ដ្រីស្នេហា​សូរ ចៅហ្វាយ​ខែត្រ​ព្រៃក្ដី ក៏​មិន​បាន​ធ្វើ​អ្វី​ដែរ ដើម្បី​ចាប់ចង​ពួក​ទាហាន​រត់​ចោលជួរ និង​ទប់ទល់​កុំ​ឱ្យ​ការ​បះបោរ​រីក​រាលដាល​ថែម​ទៀត ។ ចៅហ្វាយ​ខែត្រ​ទាំង​៣​នាក់​នេះ​បាន​ត្រូវ​គេ​កោះហៅ​ឱ្យ​មក​ចូល​គាល់​ព្រះរាជា​នៅ​បន្ទាយ​ពេជ្រ​រួច​ហើយ​កាត់​ទោស​ប្រហារ​ជីវិត ។​ ក៏​ប៉ុន្ដែ​ទោស​របស់​ពាង​ចៅហ្វាយ​ខែត្រ​បារាយណ៍ បាន​ត្រូវ​ព្រះរាជា​សម្រាល​មក​ត្រឹម​បញ្ចុះ​ឋានៈ និង​វាយ​៥០​រំពាត់ ឯ​ស្ដេចត្រាញ់​ទែន​ត្រូវ​ដក​ដំណែង​ចេញ ។​

អតីត​ស្ដេចត្រាញ់​តេជោ​ទែន​បាន​វិល​ត្រលប់​មក​ក្នុង​ខែត្រ​របស់​ខ្លួន​វិញ​ជាមួយ​នឹង​ប្អូន​ប្រុស​ពាង ហើយ​ក៏​តាំង​ប្រកាស​បះបោរ​ប្រឆាំង​នឹង​ព្រះរាជា​ចាប់ពី​ឆ្នាំ​បន្ទាប់​មក គឺ​ឆ្នាំ​១៧៧៩ ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​ទាំង​អស់​នេះ ព្រះរាជា​បាន​ចាត់​ឱ្យ​បងប្រុស​របស់​អ្នក​ទាំង​២ គឺ​ឧកញ៉ា​មូ ចៅហ្វាយ​ខែត្រ​ទ្រាំង ដែល​កាល​ពីមុន​ជា​ស្ដេចត្រាញ់​ដែនដី​កំពង់ស្វាយ ជា​អ្នក​ចាប់​អ្នក​អង្គ​ម្ចាស់​អង្គ​នន់​រាមា និង​អង្គ​ជ័យ​ដាក់​ទ្រុង​ដែក​ក្នុង​ឆ្នាំ​១៧៥៧ ឱ្យ​ចេញ​មក​បង្ក្រាប ។ ឈ្មោះ​មូ​នេះ ជា​មនុស្ស​សកម្ម នឹងនរ​មិន​ឆេវឆាវ ក៏​ប៉ុន្ដែ​នៅ​ក្នុង​ព្រះរាជវាំង​មិន​សូវ​មាន​គេ​ចូល​ចិត្ដ​ទេ ព្រោះ​ជា​មនុស្ស​លោភលន់ បើ​ចង់​បាន​អ្វី​ហើយ គាត់​ហ៊ាន​ធ្វើ​អ្វីៗ​ទាំង​អស់​ឱ្យ​តែ​បាន​ដូច​បំណង ។

មូ​ដឹកនាំ​ទ័ព​មក​ដល់​កំពង់ធំ ជួប​ទ័ព​បះបោរ​របស់​ប្អូន​ទាំង​២ ក៏​ឈប់​ចរចា​គ្នា​សិន ។ នៅ​ទី​បញ្ចប់ គាត់​ក៏​ជឿ​តាម​សម្ដី​ប្អូន ហើយ​យល់​ព្រម​ចូល​ដៃ​ជាមួយ ធ្វើសង្គ្រាម​ប្រឆាំង​នឹង​ព្រះរាជា​វិញ ។ ទាំង​៣​នាក់​បងប្អូន មូ ពាង និង​ទែន ក៏​នាំ​ទ័ព​មក​កាន់​បន្ទាយ​ពាមសែន ដែល​វិបុលរាជ​សួស​ដក​ចេញ​ទៅ​បាត់ ។

ជន​ក្បត់​នេះ​មាន​បក្សពួក​នៅ​ឯ​ខែត្រ​បាសាក់ និង​ព្រះត្រពាំង (ត្រាវិញ) ដែល​ពួក​អាណ្ណាម​ទើបតែ​ដណ្ដើម​យក​ដាក់​ជា​ទឹកដី​របស់​គេ​ក៏​ចាត់​តាំង​ភ្នាក់ងារ​ទៅ​ជ្រើស​រើស​កងទ័ព​ក្នុង​ចំណោម​ពួក​ខ្មែរ​នៅ​ទីនោះ​ឱ្យ​ឡើង​មក​វាយ​យក​បន្ទាយ​ពេជ្រ ដែល​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ឧត្ដុង្គ ។ ទ័ព​បះបោរ​ក៏​លើក​មក​ដណ្ដើម​យក​បន្ទាយ​នេះ​បាន ហើយ​ចាប់​អ្នក​អង្គ​ម្ចាស់​អង្គ​អេង ជា​បុត្រា​របស់​ព្រះ​ឧភយោរាជ​ឧទ័យ​សុរិយោពណ៌ ដែល​សុគត​ទៅ​កាលពី​ខែ​ធ្នូ ឆ្នាំ​១៧៧៧ ហើយ​ដែល​ទើបតែ​មាន​ព្រះ​ជន្ម​៦​ព្រះ​វស្សា​ប៉ុណ្ណោះ ។ រួច​ហើយ​ជន​ក្បត់​នេះ​បាន​ចាប់​បុត្រា​៤​អង្គ​ទៀត​របស់​ព្រះរាជានុសិទ្ធិ​ឱ្យ​គេ​សម្លាប់​ចោល ទើប​ចាក​ចេញ​ទៅ​វិញ ដោយ​នាំ​យក​ព្រះរាជ​ទ្រព្យ​ទាំងអស់​ទៅ​ជាមួយ​ផង ក្រោយ​ពី​បាន​បញ្ជា​ឱ្យ​ដុត​ព្រះរាជ​មន្ទីរ​ចោល​រួច​ហើយ ។

អ្នកស្រុក​ត្រូវ​រត់​ចោល​ផ្ទះ​សម្បែង ព្រោះ​ពួក​អាណ្ណាម​ដែល​ពួក​បះបោរ​បាន​ហៅ​មក ដេញ​ពីក្រោយ​តាម​ធ្វើ​បាប និង​ដណ្ដើម​យក​ទ្រព្យសម្បត្ដិ ។ គម្ពីរ​សាស្ដ្រា​ក្បួនច្បាប់​ផ្សេងៗ​ដែល​មាន​នៅ​តាម​វត្ដ​អារាម បាន​ត្រូវ​ពួក​នេះ​បោះ​គ្រវាត់​ចោល​ទៅ​ក្នុង​ទឹក អណ្ដែត​ពាសពេញ​ទន្លេ ធ្វើ​ឱ្យ​ប្រជាជន​ទាំង​មូល​អស់សង្ឃឹម​យ៉ាង​ខ្លាំង ។ រាជពង្សាវតារ​រៀបរាប់​ថា​មាន​នារីៗ​ជា​ច្រើន​នាក់​ស្រែក​យំ​នៅ​ពេល​ដែល​ឃើញ​ក្បួនច្បាប់​ជំនឿ​សាសនា​នេះ បាន​ត្រូវ​គេ​បំផ្លិច​បំផ្លាញ​ឱ្យ​ខូចខាត​បាត់បង់​យ៉ាង​នេះ ។

នៅ​ពេល​នោះ​ព្រះរាជា​ទ្រង់​កំពុង​តែ​គង់នៅ​ឯ​កំពង់ធំ ។ ពេល​ទ្រង់​បាន​ទទួល​ព័ត៌មាន​ស្ដីពី​អំពើ​ឃោរឃៅ​ទាំងនេះ ហើយ​ឃើញ​វិបុលរាជ​សួស​បង្ហាញ​ខ្លួន​ក្បែរៗ​រាជធានី ព្រះ​អង្គ​ក៏​យាង​ត្រលប់​មក​វិញ ហើយ​បាន​ជួប​ប្រយុទ្ធ​ជាមួយ​ទ័ព​ពួក​បះបោរ​នៅ​កំពង់ឆ្នាំង ។ ដោយ​មិន​អាច​វាយ​យក​ជ័យ​ជម្នះ​បាន​នៅ​ព្រែក​បូពាង​ ណា​មួយ​ទ្រង់​បារម្ភ​ខ្លាច​វិបុលរាជ ដែល​នៅ​កំពង់ពេជ្រ​លើក​គ្នា​មក​ព្រួត​វាយ​ថែម​ទៀត​នោះ ព្រះ​អង្គ​ក៏​ភៀស​ព្រះ​កាយ​ចេញពី​សមរភូមិ ថយ​ទៅ​ជ្រក​ព្រះ​កាយ​នៅ​ភ្នំ​កំរៀង ក្នុង​ខែត្រ​ក្រង ។

គេ​និយាយ​ថា នៅ​ទីនោះ ព្រះរាជា​ទ្រង់​ទាល់​ព្រះ​តម្រិះ​មិន​ដឹង​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ ស្រាប់​តែ​លេច​លោក​ធុតង្គ​មួយ​អង្គ​ឈ្មោះ​ថា​ សីល​មាស​ ចេញ​មក​ទូល​សុំ​អនុញ្ញាត​ដឹកនាំ​ទ័ព​ហើយ​ធានា​ថា​នឹង​ដណ្ដើម​យក​ជ័យ​ជម្នះ​មក​ថ្វាយ ។ ព្រះរាជា​ដែល​កំពុង​តែ​អស់​សង្ឃឹម​ទៅ​ហើយ ក៏​យល់​ព្រម​តាម ។ ប៉ុន្ដែ​សីល​មាស​ក៏​មិន​មាន​សំណាង​ល្អ​ជាង​ព្រះរាជា​ប៉ុន្មាន​ដែរ គាត់​បាន​ចេញ​ប្រយុទ្ធ តែ​មិន​បាន​ជោគជ័យ​សោះ ។ នៅ​ពេល​នោះ មូ បាន​ទទួល​ព័ត៌មាន​ច្បាស់​ថា​ព្រះរាជា​ទ្រង់​គង់នៅ​ឆ្ងាយ​ពី​កង​ពលរេហ៍​ និង​មាន​តែ​សេនា​បន្ដិច​បន្ដួច​ប៉ុណ្ណោះ​នៅ​ការពារ ហើយ​ដាច់​ស្បៀង​គ្មាន​គ្រឿង​សាស្ដ្រាវុធ​ផង​ ក៏​នាំ​ទ័ព​ចូល​រហូត​មក​ដល់​កន្លែង​ដែល​ព្រះ​អង្គ​គង់នៅ​ ចាប់​ព្រះ​អង្គ​នាំ​យក​ទៅ​ដល់​បឹងខ្យង (៥៦) នៅ​ខាងត្បូង​ឧត្ដុង្គ រួច​ចាប់​ជ្រមុជ​ក្នុង​ទឹក​សម្លាប់​ព្រះ​អង្គ​ទៅ នៅ​ក្នុង​ខែសីហា ឆ្នាំ​១៧៧៩ ត្រូវ​នឹង​មហាសករាជ​១៧០១ (ចុល្លសករាជ​១១៤១) ។

ព្រះ​អង្គ​រាមរាជា សោយរាជ្យ​បាន​៤​ឆ្នាំ ។ ពេល​នោះ ទ្រង់​មាន​ព្រះ​ជន្ម​៣៩​ព្រះវស្សា ។

៣៧. រយៈកាល​ចន្លោះ​រាជ្យ (១៧៧៩)

មូ ដណ្ដើម​អំណាច​បាន រួច​បាន​ប្រកាស​ខ្លួន​ជា​ចៅហ្វ៊ា គឺ​ថ្នាក់​ជា​នាយក​រដ្ឋមន្ដ្រី ។ គាត់​បាន​លើក​ឧកញ៉ា អធិវង្សា​ប៉ុក ឪពុក​ចិញ្ចឹម​របស់​អ្នក​អង្គ​ម្ចាស់​អង្គ​អេង ឱ្យ​ឡើង​ធ្វើ​ជា​ឧកញ៉ា​វាំង ឯ​ព្រះ​អង្គអេង​ផ្ទាល់​ជា​ព្រះ​មហា​ឧបរាជ ។​ វិបុលរាជ​សួស​បាន​ឡើងជា​ឧកញ៉ា​ក្រឡាហោម​គឺ​រដ្ឋមន្ដ្រី​ទ័ព​ជើងទឹក ។​ ពាង​ប្អូន​របស់​គាត់​គាត់​ឱ្យ​ឡើង​ជា​ឧកញ៉ា​ចក្រី គឺ​រដ្ឋមន្ដ្រី​ខាង​សង្គ្រាម ។ ក៏​ប៉ុន្ដែ​ប្រជារាស្ដ្រ និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​ចង់​ឱ្យ​មាន​ស្ដេច​សោយរាជ្យ​មួយ​អង្គ ។

ថ្វីបើ​មាន​ឧទាហរណ៍​ហូរហែ​មក​ពី​ខាង​ប្រទេស​ភូមា ដែល​អាឡោងផ្រា​បាន​ដណ្ដើម​យក​រាជបល្ល័ង្ក​នៅ​ក្នុង​ឆ្នាំ​១៧៥៣​ និង​ពី​ប្រទេស​សៀម​ដែល​ភ្យា​តាក​បាន​ប្រកាស​ខ្លួន​ជា​ព្រះរាជា​ក្នុង​ឆ្នាំ​១៧៦៧​ក៏​ដោយ​ក៏​ប៉ុន្ដែ​ចៅហ្វ៊ា មូ មិន​បាន​អនុវត្ដ​តាម ឬ​ក៏​មាន​មហិច្ឆតា​ខ្ពស់​ដល់​ម្លឹ​ង​ពេក​ទេ ។ គាត់​បាន​រៀបចំ​ឱ្យ​ធ្វើ​ការ​ជ្រើស​រើស​រក​ព្រះរាជា​មួយ​អង្គ​ចេញពី​ក្នុង​ព្រះរាជ​វង្សានុវង្ស ទៅ​តាម​បំណង​របស់​ប្រជារាស្ដ្រ និង​ប្រពៃណី​ពី​បុរាណ ។

៣៦. ព្រះ​អង្គអេង (១៧៧៩-១៧៩៦)

នាម៉ឺន​សព្វ​មុខមន្ដ្រី និង​ចៅហ្វ៊ា​មូ​បាន​ឯកភាព​គ្នា​ជ្រើសតាំង​អ្នក​អង្គ​ម្ចាស់​អង្គអេង ដែល​ត្រូវជា​បុត្រ​របស់​ព្រះ​ឧភយោរាជ​ស្រីសុរិយោពណ៌ (ព្រះ​ឧទ័យ) ដែល​សុគត​នៅ​ឆ្នាំ​១៧៧៧ ឱ្យ​ឡើង​គ្រង​រាជសម្បត្ដិ​ទាំង​ព្រះ​អង្គ​ទើប​តែ​មាន​ព្រះ​ជន្មាយុ​៦​ព្រះ​វស្សា​ប៉ុណ្ណោះ ។ ធ្វើ​យ៉ាង​នេះ ចៅហ្វ៊ា​មូ គាត់​អាច​គេច​ផុត​ពី​ការ​ទិតៀន​របស់​សាធារណ​មតិ ក៏​ប៉ុន្ដែ​គាត់​នៅ​រក្សា​អំណាច​បាន​ដដែល ។

ជន​ណា​ធ្វើការ​រំខាន ចៅហ្វ៊ា​មូ​បណ្ដេញ​ជន​នោះ​ចេញ ក្នុង​នោះ​រួម​មាន​ទាំង​ឧកញ៉ា​បែន ដែល​ជា​ឧកញ៉ា​យោមរាជ របស់​ព្រះ​បិតា​ព្រះរាជា​ផង​ដែរ ។ ក្រោយ​មក ចៅហ្វ៊ា​មូ​បាន​បញ្ជូន​ឧកញ៉ា​បែន​ទៅ​ឱ្យ​ស្ដេច​សៀម​ភ្យា​តាក តាម​រយៈ​ការ​ស្នើ​សុំ​របស់​អ្នក​អង្គ​ម្ចាស់​អង្គកែវ​ឌួង ដើម្បី​ធ្វើ​ទណ្ឌកម្ម​តប​ទៅ​នឹង​ការ​ដែល​បែន​បាន​ប្រយុទ្ធ​តទល់​នឹង​ព្រះ​អង្គ ពេល​ព្រះ​អង្គ​ដឹកនាំ​ទ័ព​ចូល​មក​ក្នុង​កម្ពុជា ។

ភ្យា​តាត នៅ​ពេល​ដែល​ពិនិត្យ​ឃើញ​ថា​ការ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ចុះ​ទន់ខ្សោយ​បែប​នេះ ក៏​គិត​ថា ខ្លួន​អាច​ដណ្ដើម​យក​ស្រុក​នេះ​បាន ហើយ​ក៏​រៀបចំ​ទ័ព​ជា​៣​កង មួយ​កងៗ​មាន​គ្នា​៧​ពាន់​នាក់ រួច​ឱ្យ​ចេញ​ដំណើរ​មក​វាយ​យក​បន្ទាយ​ពេជ្រ​នៅ​ជិត​ឧត្ដុង្គ នគរវត្ដ និង​កំពង់ស្វាយ ។ ចៅហ្វ៊ា​មូ​មិន​ព្រងើយ​កន្ដើយ​ទេ គាត់​បាន​ចេញ​បញ្ជា​ឱ្យ​កេណ្ឌ​ទ័ព​ជា​ច្រើន​នៅ​តាម​បណ្ដា​ខែត្រ​ដែល​ទទួល​ការ​គំរាម​កំហែង​ភ្លាម ។ គាត់​ដឹង​ថា​ការ​ប្រយុទ្ធ​នឹង​បុក​សំដៅ​មក​រក​រាជធានី ដែល​ជា​ចំណុច​សំខាន់​នៃ​សង្គ្រាម ដូច្នេះ​ត្រូវ​រៀបចំ​ការពារ​ទីតាំង​របស់​រដ្ឋាភិបាល​ឱ្យ​បាន​រឹង​មាំ​ទើប​គាត់​ចេញ​បញ្ជា​ប្រមូល​កម្លាំង​ទ័ព​ទាំង​អស់​ក្នុង​ព្រះ​នគរ​ឱ្យ​មក​ឈរ​ជើង​នៅ​ជុំវិញ​ឧត្ដុង្គ​នៅ​ត្រង់​កំពង់ហ្លួង ពាម​ជំនីក និង​កំពង់រទេះ ហើយ​ចាត់​ឱ្យ​កសាង​បន្ទាយ​ការពារ​យ៉ាង​រឹង​មាំ​នៅ​ទី​ទាំងនោះ ។ គាត់​ប្ដេជ្ញា​ថា​នឹង​តស៊ូ​ប្រយុទ្ធ​រហូត​ដង្ហើម​ចុង​ក្រោយ​បង្អស់ ។ គាត់​បាន​ចាត់​មនុស្ស​នាំ​បញ្ជា​ទៅ​ឱ្យ​អ្នកស្រុក​ក្រចេះ សម្បុក និង​សម្បូរ នៅ​លើ​ទន្លេ​មេគង្គ ឱ្យ​ប្រមូល​ទូក​យក​មក​ទុក​នៅ​កៀនស្វាយ (៥៧) រង់ចាំ​ទទួល​បញ្ជា រួច​ហើយ​បាន​បញ្ជូន​តំណាង​ទៅ​សុំ​ជំនួយ​ពី​កូសាំងស៊ីន​ភាគ​ខាង​ក្រោម ។ អាណ្ណាម​បាន​បញ្ជូន​ទ័ព​មួយ​កង​តូច ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​ឈ្មោះ អុង​ជរម៉ា មក​បោះទ័ព​នៅ​នឹង​ជ្រោយចង្វា ចំ​ពីមុខ​ភ្នំពេញ ។

ចំណែក​យុវក្សត្រ​ព្រះ​អង្គអេង ត្រូវ​គេ​យក​មក​ដាក់​នៅ​ជ្រោយចង្វា ឱ្យ​ឆ្ងាយ​ផុត​ពី​ការ​លប​វាយឆ្មក់ ដែល​អាច​នឹង​កើត​មាន​ឡើង ហើយ​ផ្ទុកផ្ដាក់​ឱ្យ​ក្រឡាហោម​សួស អតីត​វិបុលរាជ​នៅ​ការពារ ។

ទ័ព​ខ្មែរ​ដែល​ដឹកនាំ​ដោយ​ពញា​តេជោ​ទែន​បាន​ត្រូវ​ទ័ព​សៀម​វាយ​ឱ្យ​បរាជ័យ​នៅ​កំពង់ស្វាយ ។ ទ័ព​សៀម​ដែល​ឈ្នះ​នោះ​បាន​បន្ដ​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ឧត្ដុង្គ ទទួល​លេចឮ​ដំណឹង​ថា​ស្ដេច​សៀម​ភ្យា​តាក​ធ្លាក់​ខ្លួន​ឆ្កួត ហើយ​ត្រូវ​ពួក​អ្នកប្រឆាំង​ដែល​ដឹកនាំ​ដោយ​ពញា​សាន​ចាប់​បាន ក្រោយ​ពី​ការ​ប្រយុទ្ធ​អស់​៣​ម៉ោង ដែល​មាន​ការ​គាំទ្រ​ពី​ពួក​កាន់​សាសនា​កាតូលិក​ផង រួច​បាន​ត្រូវ​គេ​បំបួស​ជា​ព្រះសង្ឃ​តាម​សំណូមពរ និង​ឱ្យ​គង់​នៅ​ក្នុង​វត្ដ​មួយ ដោយ​មាន​ទាហាន​យាម​ការពារ​យ៉ាង​ហ្មត់ចត់ ។

មេទ័ព​សៀម​២​នាក់​ក្នុង​ចំណោម​មេទ័ព​ទាំង​៣​នាក់​ដែល​ជា​មេបញ្ជាការ​ប្រយុទ្ធ​នៅ​កម្ពុជា ពេល​បាន​ទទួល​ព័ត៌មាន​ខាងលើ​ពី​ចៅហ្វាយ​ខែត្រ​កូរ៉ាត ក៏​ស្រុះស្រួល​គ្នា​ហើយ​យល់​ព្រម​បោះបង់​សង្គ្រាម ហើយ​ដឹកនាំ​ទ័ព​ប្រញិប​ប្រញាប់​វិល​ត្រលប់​ទៅ​បាងកក​វិញ​ភ្លាម ។ ពេល​ទៅ​ដល់​រាជធានី​ដែល​មាន​ប្រជារាស្ដ្រ​កំពុង​តែ​បះបោរ ធ្វើ​បដិវត្ដន៍ ពួក​មេទ័ព​ទាំងនោះ​ក៏​ដណ្ដើម​យក​អំណាច ប៉ុន្ដែ​មិន​មែន​ធ្វើ​តាម​របៀប​ចៅហ្វ៊ា​មូ​ទេ គឺ​ធ្វើ​តាម​ភ្យា​តាក និង​អាឡោងផ្រា ៖ ពញា​មហាក្រសា​សែក នាយក​រដ្ឋមន្ដ្រី ដែល​តាំងខ្លួន​ជា​ព្រះមហាក្សត្រ​សៀម (ព្រះចៅ​វាំងហ្លួង) តែ​ម្ដង ។ សាសី ប្អូនប្រុស​របស់​ក្រសា​សែក ដែល​មាន​ឋានៈ​ត្រឹមតែ​ជា​ឧត្ដមសេនីយ៍ បាន​ឡើង​ជា​ឧបរាជ (ព្រះចៅ​វាំងណា) ។ ឯ​ក្មួយ​ប្រុស​របស់​គាត់​ឈ្មោះ ម៉ាឡាក់ ត្រូវ​បាន​ឱ្យ​ឡើង​ជា​កែវហ្វ៊ា ។ ចំណែក​ពួក​អ្នក​ធ្វើ​បដិវត្ដន៍​ផ្សេង​ទៀត​រួម​ទាំង​ពញាសាន​ផង​គេ​កាប់​សម្លាប់​ចោល​ដោយ​លាក់​លៀម​នៅ​ខែ​មីនា ឆ្នាំ១៧៨២ ។ មួយ​ខែ​ក្រោយ​មក ព្រះរាជា​ថ្មី​បាន​បញ្ជា​ឱ្យ​យក​ភ្យា​តាក​ចេញពី​វត្ដ មក​ធ្វើឃាត​ជាមួយនឹង​បុត្រ​ទាំងអស់ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​១៧៨២ ដោយ​យក​លេស​ថា ភ្យា​តាក​អាច​នឹង​បំផុស​ការ​បះបោរ​ឡើង​វិញ​បាន ។

នៅ​ពេល​ដែល​ហេតុការណ៍​ទាំង​អស់​នេះ​កើត​មាន​ឡើង​នៅ​ឯ​ស្រុក​សៀម នៅ​ស្រុក​អាណ្ណាម​ឯណោះ​វិញ ក៏​កើត​មាន​ព្រឹត្ដិការណ៍​ដែល​មិន​ជា​ស្រាល​ប៉ុន្មាន​ដែរ​ទេ ។ ពួក​តៃសឺន​ដែល​យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា​បាន​ងើប​បះបោរ​នៅ​កូសាំងស៊ីន បាន​លប​លួច​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដើម្បី​រៀបចំ​កម្លាំង​ឡើង​វិញ ។ ស្ដេច​អាណ្ណាម​ឈ្មោះ យ៉ាឡុង (58) (ង្វៀង​ភុកអាញ់) ដែល​គង់នៅ​សាយហ្គន​តាំងពី​ឆ្នាំ​១៧៧៧​មក បាន​ផ្ដល់​ដំណឹង​នេះ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ ដោយ​សុំ​ឱ្យ​ជួយ​បណ្ដេញ​ពួក​នេះ​ចេញ​ទៅ​វិញ ។ មេដឹកនាំ​កម្ពុជា គឺ​ចៅហ្វ៊ា​មូ និង​សួស បាន​ចាត់​ឱ្យ​ក្រឡាហោម​ពោធិ​ដឹកនាំ​ទ័ព​មួយ​កង​តូច​ទៅ​វាយ​ពួក​តៃសឺន នៅ​វាល​ពោធិ​យ៉ង​បណ្ដេញ​ចេញ​ពី​កម្ពុជា ។ ប៉ុន្ដែ លោក​ក្រឡាហោម​បរាជ័យ ត្រូវ​ពួក​បះបោរ​អាណ្ណាម​សម្លាប់​បាន ឯ​កងទ័ព​ក៏​រត់​បែក​ខ្ញែក​គ្នា​អស់ ។ ពួក​តៃសឺន បាន​វិល​ត្រលប់​ចូល​ទៅ​ក្នុង​កូសាំងស៊ីន​វិញ ដណ្ដើម​យក​សាយហ្គន​បាន​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​១៧៨១ ធ្វើ​ឱ្យ​ស្ដេច​យ៉ាឡុង រត់​ភៀស​ព្រះ​កាយ​ទៅ​ជ្រកកោន​នៅ​ឯ​ស្រុក​សៀម សុំ​ការ​ការពារ​ពី​ព្រះ​យុវៈចូឡាលោក (59) ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក មេទ័ព​អាណ្ណាម​ឈ្មោះ អុង​ជូរម៉ា បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​ស្រុក​សៀម​ជាមួយ​មន្ដ្រី​មួយ​ចំនួន ដើម្បី​នាំ​យក​ស្ដេច​យ៉ាឡុង​មក​វិញ ។ ចៅហ្វ៊ា​មូ និង​សួស បាន​ឯកភាព​ផ្ដល់​ការ​អនុញ្ញាត​ឱ្យ ហើយ​ថែម​ទាំង​បាន​ផ្ដល់​កម្លាំង​ការពារ​ជូន​ទៅ​ទៀត​ផង ។ ក៏​ប៉ុន្ដែ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ខែត្រ​បាត់ដំបង ពួក​កម្លាំង​ការពារ​បាន​សម្លាប់​អុង​ជូរម៉ា និង​បក្សពួក​ចោល រួច​ចែក​របស់​របរ​គ្នា វិល​ត្រលប់​មក​ស្រុក​វិញ​អស់​ទៅ ។ ឧក្រិដ្ឋកម្ម​នេះ​មិន​ត្រូវ​បាន​គេ​រកខុស​រកត្រូវ​ដាក់​ទណ្ឌកម្ម​ទេ ។ នៅ​កូសាំងស៊ីន គេ​គិត​ថា គឺ​រដ្ឋាភិបាល​កម្ពុជា​ដែល​បញ្ជា​ឱ្យ​ពួក​កងការពារ​ប្រព្រឹត្ដ​បទល្មើស​នេះ បើ​ពុំនោះ​ទេ គឺ​ពួក​នេះ​ត្រូវរ៉ូវ​ជាមួយ​ពួក​តៃសឺន ។ តែ​រឿង​នេះ​បាន​បញ្ចប់​បែប​នោះ​ទៅ ។

ទ័ព​សៀម​បាន​វិល​ត្រលប់​ទៅ​បាងកក​វិញ​ហើយ​ ឯ​ទ័ព​អាណ្ណាម​ក៏​បាន​ឆ្លង​ព្រំដែន​ទៅ​វិញ​ដែរ​ ព្រះរាជា​ក្មេង​ក៏​យាង​ត្រលប់​ចូល​មក​ក្នុង​រាជធានី​ឧត្ដុង្គ​វិញ​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ ។​ ទ័ព​ដែល​គេ​បាន​កេណ្ឌ​បាន​យ៉ាង​ច្រើន​ក៏​ត្រូវ​រំសាយ​ឱ្យ​វិល​ត្រលប់​ទៅ​ស្រុក​វិញ មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ចៅហ្វ៊ា​មូ និង​ឧកញ៉ា​សួស កើត​មាន​ទំនាស់​នឹង​គ្នា គឺ​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​១៧៨២ ។ មុន​ដំបូង សួស មិន​សប្បាយ​ចិត្ដ​ទាល់តែ​សោះ បាន​ចាប់​នឹកគិត​សោក​ស្ដាយ​ចំពោះ​អំពើ​ចូល​ដៃ​ចូល​ជើង​ជាមួយ​នឹង​ចៅហ្វ៊ា​មូ​ក៏​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​ឱ្យ​បែន​ដែល​នៅ​ជាប់​ជា​ឈ្លើយ​របស់​សៀម​ដោយ​បបួល​ឱ្យ​វិល​ត្រលប់​មក​កម្ពុជា​វិញ ។​ គេ​មិនដឹង​ថា​បែន​ធ្វើ​យ៉ាង​ណា​ទេ​ទើប​បាន​ជា​សៀម​យល់​ព្រម​ដោះ​លែង​ឱ្យ​វិល​មក​វិញ ពេល​ធ្វើ​ដំណើរ​មក​ដល់​បាត់ដំបង​បាន​ជួប​ជាមួយ​សួស​ដែល​រង់ចាំ​នៅ​ទីនោះ ។ អ្នក​ទាំង​ពីរ​បាន​បំផុស​អ្នកស្រុក​ខែត្រ​បាត់ដំបង​ឱ្យ​បះបោរ​ឡើង ជ្រើស​រើស​បាន​ទ័ព​មួយ​កង​ធំ រួច​នាំ​គ្នា​មក​វាយ​យក​រាជធានី​ឧត្ដុង្គ​បាន ។​ ចៅហ្វ៊ា​មូ​ត្រូវ​គេ​បាញ់​ព្រួញ​ចំ​ត្រង់​ចំហៀង​ខ្លួន​ខាងស្ដាំ​ហើយ​បាន​ត្រូវ​ខ្មែរ​មក​ពី​សុកត្រាំង​ដែល​មាន​តៃសឺន​ជា​មេកោយ​វាយ​បន្ថែម​សម្លាប់​ចោល​តែ​ម្ដង ។​ ចក្រី​ពាង​ប្អូន​របស់​ចៅហ្វ៊ា​មូ​ក៏​ត្រូវ​គេ​សម្លាប់​ដែរ ។

នៅ​ពេល​ទទួល​ដំណឹង​ថា​កូន​ទាំង​២​ចុង​ក្រោយ​របស់​គាត់​គឺ​ចៅហ្វ៊ា​មូ​ និង​ចក្រី​ពាង​ត្រូវ​គេ​សម្លាប់​អស់​ហើយ លោក​ជំទាវ​ឡាង ជា​ម្ដាយ បាន​ប្រកូក​ប្រកាស​ហៅរក​មិត្ដភក្ដិ​ទាំងអស់​របស់​កូន​គាត់ រួម​ទាំង​អ្នក​ដែល​ធ្លាប់​បាន​ទទួល​ផល​ពី​ខ្លួន​គាត់​ផង ឱ្យ​ចូលរួម​ជួយ​គាត់​ធ្វើការ​ឃោសនា​ប្រឆាំង​ឡើង ។ គាត់​ជិះ​ដំរី​ដឹកនាំ​ទ័ព​ប្រយុទ្ធ​យ៉ាង​អង់អាច​ក្លាហាន លើស​ពី​មនុស្ស​ប្រុស​ទៅ​ទៀត ។ ក៏​ប៉ុន្ដែ​ជំទាវ​ឡាង​ត្រូវ​គេ​ចាប់ខ្លួន​បាន​ជាមួយ​នឹង​មេទ័ព​មួយ​ចំនួន នៅ​ក្នុង​ការ​ប្រយុទ្ធ​ស៊ីសាច់​ហុតឈាម​មួយ​នៅ​ឧត្ដុង្គ ។ ពេល​នោះ​បែន​បាន​ឡើងជា​អ្នកដឹកនាំ​ប្រទេស ហើយ​គាត់​គ្មាន​ការ​សន្ដោស​ប្រណី​ទាល់តែ​សោះ​ចំពោះ​ពួក​អ្នកប្រឆាំង​នឹង​គាត់ ។ បែន​បាន​ឱ្យ​គេ​ខ្លុះ​ច្រមុះ​ជំទាវ​ឡាង និង​បក្សពួក​រួច​ធ្វើ​ទារុណកម្ម​ពួក​នេះ​ចាត់​ទុក​ដូចជា​សត្វ​ក្របី​ គឺ​ឱ្យ​វារ​នឹង​ជង្គង់​រាល់ថ្ងៃ​ទៅ​កាន់​ទីវាល​ណា​ដែល​នៅ​ជិត​ហើយ ធ្វើ​ហាក់​ដូចជា​ស៊ី​ស្មៅ​អីចឹង ។ គេ​ឱ្យ​ចំណី​ជា​បាយ​តែ​មួយ​ពំនូត​ប៉ុណ្ណោះ ហើយ​នៅ​ពេល​ណា​ដែល​ពួក​នេះ​ស្គម វារ​លែង​រួច ទើប​គេ​កាត់​ក្បាល​សម្លាប់​ចោល ។

ក្រោយ​ពេល​ដណ្ដើម​យក​អំណាច​បាន​ហើយ បែន​បាន​ប្រកាស​ខ្លួន​ជា​ចៅហ្វ៊ា គឺ​នាយក​រដ្ឋមន្ដ្រី រួច​ហើយ​ក៏​បែរ​មក​ប្រឆាំង​នឹង​សួស​ជា​ដៃគូ​ក្បត់​របស់​គាត់​វិញ​ ហើយ​ឱ្យ​គេ​សម្លាប់​ចោល​ទៅ​នៅ​ពេល​ដែល​សួស​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក​អរជូន (60) ចៅហ្វាយ​ខែត្រ​ត្បូងឃ្មុំ ប្រុង​កេណ្ឌ​ទ័ព​ប្រឆាំង​នឹង​គាត់ នៅ​ក្នុង​ឆ្នាំ​១៧៩០ ។ អ្នក​ដែល​សម្លាប់​សួស គឺ​កូនប្រសា​របស់​គាត់ មាស​កៃសឺន (៦១) ដែល​គាត់​បាន​សម្លាប់​ឪពុក​កាល​ពីមុន រួច​ហើយ​បាន​លើក​កូនស្រី​ឱ្យ​ដើម្បី​កុំ​ឱ្យ​ចងចិត្ដ​ខឹង​នឹង​គាត់ ។ សម្លាប់​ឪពុកក្មេក​រួច​ហើយ មាស​សម្លាប់​ប្រពន្ធ​ដែល​បាន​ស្ដីបន្ទោស​ឱ្យ​ខ្លួន​ចោល​ទៀត ដោយ​និយាយ​ថា ដើម្បី​សងសឹក​ជួស​ឪពុក ។

ពេល​ដឹង​ថា​សួស​ត្រូវ​គេ​សម្លាប់​ហើយ លោក​អរជូន​ក៏​ដឹកនាំ​ទ័ព​ដែល​មាន​ចាម​មួយ​ចំនួន​ធំ ធ្វើ​ដំណើរ​មក​កាន់​ភ្នំពេញ ហើយ​ចាត់​ឱ្យ​ជន​ម៉ាឡេ​ឈ្មោះ ទួន​សេត ដែល​កាន់​ទ័ពស្រួច ចេញ​វាយ​ប្រហារ​ទៅ​លើ​ចៅហ្វ៊ា​បែន ។ ចៅហ្វ៊ា​បែន និង​ឧកញ៉ា​ក្រឡាហោម​ប៉ុក​បាន​រត់គេច​ខ្លួន​ទៅ​កាន់​ខែត្រ​បាត់ដំបង រួច​ទៅ​ស្រុក​សៀម ដោយ​នាំ​យក​យុវ​ក្សត្រ​ព្រះ​អង្គអេង​ ព្រះ​មាតុច្ឆា​២​អង្គ​ និង​ព្រះ​រៀម​ក្សត្រី​៣​អង្គ​ទៅ​ជាមួយ​ផង ។​ ស្ដេច​សៀម​ទទួល​សាទរ​ក្រុម​អ្នក​ភៀសខ្លួន​ខ្មែរ ហើយ​ព្រះ​ឧបរាជ ឬ​ចៅ​វាំងណា​ក៏​ទទួល​យក​ព្រះ​ក្សត្រី​ទាំង​៣​អង្គ ជា​ព្រះ​ជាយា​តែ​ម្ដង ។ ស្ដេច​សៀម​បាន​លើក​ចៅហ្វ៊ា​បែន​ជា​ហួមឿង (ចៅហ្វាយ​ខែត្រ) បាត់ដំបង នៅ​ក្នុង​ឆ្នាំ​១៧៩១ មាន​ងារ​ជា​ចៅពញា​អភ័យ​ធីបែស​វិសេស​សង្គ្រាម​រាម ។ល ។ ដែល​ជា​ងារ​របស់​ស្ដេចត្រាញ់​ខែត្រ​បាត់ដំបង កាល​នៅ​ជា​ទឹកដី​កម្ពុជា​នៅ​ឡើយ ។

នៅ​ក្នុង​ឆ្នាំ​១៧៩៤ ចៅហ្វ៊ា​បែន បាន​រៀបចំ​ពិធី​អភិសេក​ព្រះរាជា​អង្គអេង ដែល​មាន​ព្រះ​ជន្ម​២០​ព្រះ​វស្សា​ហើយ​នៅ​បាងកក ដោយ​ថ្វាយ​ព្រះ​នាម​ថា​ «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​នរាយណ៍​រាជា​ធិរាជ» ។ ការ​ដែល​រៀបចំ​អភិសេក​ព្រះរាជា​កម្ពុជា​នៅ​ឯ​រាជធានី​បាងកក​របស់​សៀម ដោយ​ស្ដេច​សៀម​ដូច្នេះ ជា​ការ​បញ្ជាក់​ថា កម្ពុជា​ទទួល​ស្គាល់​ថា​ខ្លួន​ជា​នគរ​ចំណុះ ហើយ​ទទួល​ការ​គ្រប់​គ្រង​របស់​សៀម ។ គឺ​ក្នុង​នាម​ជា​អ្នកការពារ​នេះ​ឯង ដែល​ពេល​ក្រោយ​មក​ស្ដេច​សៀម​បាន​រៀបចំ​ឱ្យ​ទ័ព​សៀម​មួយ​កង​មាន​ចៅហ្វ៊ា​បែន​ជា​មេបញ្ជាការ ជូន​ដំណើរ​ព្រះរាជា​មក​កាន់​ឧត្ដុង្គ ។

ពេល​ទទួល​បាន​ដំណឹង​ថា​ចៅហ្វ៊ា​បែន​ធ្វើ​ដំណើរ​មក​ដល់​ខែត្រ​បាត់ដំបង​ហើយ លោក​យមរាជ​កុយ បាន​ដឹកនាំ​ទ័ព​មួយ​កង​តូច​ទៅ​ទប់ទល់ តែ​ត្រូវ​បរាជ័យ​ហើយ​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​នោះ​ទៅ ។ ឃើញ​ផ្លូវ​ចូល​ទៅ​ឧត្ដុង្គ​ស្រឡះ​ហើយ ចៅហ្វ៊ា​បែន​ក៏​ប្រញាប់​រួសរាន់​ដឹកនាំ​ទ័ព​ចូល​ទៅ​ជួប​ជាមួយ​ទ័ព​អាណ្ណាម​ពួក​តៃសឺន ដែល​ឡើង​មក​ជួយ​ពួក​ខ្មែរ​តាម​ការ​ស្នើ​សុំ មាន​អុង​ជូរម៉ា និង​អុង​ធុងប៊ិញ​ជា​មេបញ្ជាការ ។ ចៅហ្វ៊ា​បែន​បាន​វាយ​ទ័ព​អាណ្ណាម​នោះ បង្ខំ​ឱ្យ​ដក​ថយ​ចេញ​ទៅ​កូសាំងស៊ីន​វិញ ។ ពេល​នោះ​មាន​នៅ​សល់​តែ​មេទ័ព​អាណ្ណាម​ម្នាក់​ប៉ុណ្ណោះ​នៅ​កម្ពុជា ចំណែក​នៅ​បាសាក់​-​សុកត្រាំង គឺ​អុង​ចុកស៊ីម ។

ក្រោយ​ពី​ដណ្ដើម​បាន​ជ័យជម្នះ​លើ​ពួក​ខ្មែរ​ដែល​ជា​សត្រូវ និង​សម្ព័ន្ធ​មិត្រ​អាណ្ណាម​រួច​ហើយ ចៅហ្វ៊ា​បែន​បាន​ចាត់​ឱ្យ​លោក​ចក្រី​កែប និង​លោក​យមរាជ​កាន ដែល​តែងតាំង​ថ្មី ដឹកនាំ​ទ័ព​ជើងទឹក​ទៅ​មាត់ជ្រូក (ចូវដុក) វាយ​ដណ្ដើម​យក​ទឹកដី​មួយ​ចំនួន​មក​វិញ ។ ចក្រី​កែប​បាន​ជួប​ប្រយុទ្ធ​ជាមួយ​ទ័ព​របស់ អុង​ចុកស៊ីម នៅ​ព្រែក​ធ្លាង ហើយ​វាយ​បង្ខំ​ឱ្យ​អុង​ចុកស៊ីម​រត់​ចូល​ទៅ​សាយហ្គន តាម​មេទ័ព​២​នាក់​មុន​ទៅ ។

ពេល​នោះ​ពួក​តៃសឺន​នៅ​កូសាំងស៊ីន​មិន​ទាន់​មាន​លទ្ធភាព​ធ្វើការ​សងសឹក​មក​លើ​កម្ពុជា​បាន​នៅ​ឡើយ​ទេ ព្រោះ​ពួក​គេ​ទើបតែ​ប្រយុទ្ធ​ស៊ីសាច់​ហុតឈាម​ជាមួយ​ស្ដេច​យ៉ាឡុង ដណ្ដើម​យក​បាន​រាជធានី​វ៉េ ស្រុក​នៅ​រំជើប​រំជួល​នៅ​ឡើយ គេ​នៅ​ត្រូវ​ប្រយុទ្ធ​ជាមួយ​ទ័ព​ព្រះរាជា​ដែល​នៅ​សេស​សល់ ហើយ​ត្រូវ​បន្ដ​បង្ក្រាប​ភូមិ​ស្រុក​ដែល​មិន​ព្រម​ចំណុះ​ថែម​ទៀត ។ ចំណែក​ស្ដេច​យ៉ាឡុង​វិញ បាន​រត់​ទៅ​ស្រុក​សៀម​សុំ​ជំនួយ ហើយ​ត្រូវ​ភៀស​ព្រះ​កាយ​ពី​ក្រុង​បាងកក​មក​គង់នៅ​ឯ​កោះត្រល់​ (កោះ​ភូកុក) នៅ​ក្នុង​ឈូង​សមុទ្រ​សៀម​នៅ​ទន្ទឹម​នឹង​ហាទៀង​ និង​កំពត ។ ពេល​ជ្រើស​រើស​បាន​ទ័ព​ថ្មី និង​ប្រមូល​បាន​បក្សពួក​ជា​ច្រើន ទ្រង់​ចាប់​ផ្ដើម​លុកលុយ​យក​ខែត្រ​ទឹកខ្មៅ (កាម៉ៅ) និង​ត្រានយ៉ាង (រ៉ាចយ៉ា) ដាក់​មក​ក្នុង​អំណាច​ព្រះ​អង្គ ។ ប្រតិបត្ដិការ​នេះ​បាន​ធ្វើ​ឱ្យ​ព្រះ​អង្គ​ស្ដារ​បាន​នូវ​ព្រះ​កិត្ដិនាម​ឡើង​វិញ ទ្រង់​ក៏​យាង​មក​កាន់​រាជធានី​ឧត្ដុង្គ​សុំ​ជំនួយ​ពី​ចៅហ្វ៊ា​បែន ដើម្បី​បណ្ដេញ​ពួក​តៃសឺន​ចេញ​ពី​សាយហ្គន ធ្វើ​ឱ្យ​ព្រះ​អង្គ​បាន​ត្រួតត្រា​លើ​កូសាំងស៊ីន​ភាគ​ខាងត្បូង​ទាំង​មូល ។

ចៅហ្វ៊ា​បែន​បាន​រៀបចំ​ទ័ព​មួយ​កង​តូច ដាក់​ភ្ជាប់​ជាមួយ​ទ័ព​អាណ្ណាម​របស់​ស្ដេច​យ៉ាឡុង ហើយ​ចេញ​ដំណើរ​ទៅ​សាយហ្គន ជាមួយ​លោក​ចក្រី និង​លោក​យមរាជ ។ ទ័ព​សម្ព័ន្ធ​មិត្រ​បាន​វាយ​ពួក​តៃសឺន​ឱ្យ​បរាជ័យ ហើយ​មេ​របស់​គេ​គឺ​អុង​ចុកស៊ីម​ក៏​ត្រូវ​សម្លាប់​បាន ។ ស្ដេច​យ៉ាឡុង បាន​យាង​ត្រលប់​ទៅ​រាជធានី​វ៉េ​វិញ ឯ​ទ័ព​កម្ពុជា​ក៏​ត្រលប់​មក​កាន់​រាជធានី​ឧត្ដុង្គ​ឮ​ជ័យ​វិញ​ដែរ នៅ​ក្នុង​ឆ្នាំ​១៧៩២ ។

នៅ​ពេល​ទ័ព​ខ្មែរ​ត្រលប់​មក​ពី​សង្គ្រាម​នៅ​កូសាំងស៊ីន​បាន​បន្ដិច ស្ដេច​សៀម ក្នុង​នាម​ជា​ស្ដេច​មាន​អធិរាជភាព​លើ​កម្ពុជា បាន​សុំ​ឱ្យ​ចៅហ្វ៊ា​បែន​ប្រគល់​កម្លាំង​១​ម៉ឺន​នាក់​ទៅ​ជួយ​ជីក​ព្រែក​ស្រះកេត​នៅ​ឯ​បាងកក នៅ​ក្នុង​សង្កាត់​សមសែន មាន​ន័យ​ថា គ្រួសារ​១​សែន ។ ចៅហ្វ៊ា​បែន​គោរព​តាម​បញ្ជា​នេះ ហើយ​បាន​ធ្វើ​ឱ្យ​គាត់​មាន​សត្រូវ​ជា​ច្រើន​នៅ​កម្ពុជា ។

គឺ​នៅ​ពេល​នោះ​ឯង​ដែល​ស្ដេច​សៀម​បញ្ជូន​ព្រះ​អង្គអេង ដែល​គេ​បាន​រៀបចំ​ពិធី​អភិសេក​ថ្វាយ​នៅ​ឯ​បាងកក ឱ្យ​មក​ឧត្ដុង្គ​វិញ គឺ​រង់ចាំ​រហូត​ដល់​ពេល​នេះ​ទើប​គេ​ឱ្យ​ទ្រង់​មាន​សិទ្ធិ​គ្រប់គ្រង​ព្រះរាជា​ណាចក្រ ។ ព្រះរាជ​កាយវិការ​ដំបូង​របស់​ព្រះ​អង្គ​គឺ​ការ​លើក​លោក​ក្រឡាហោម​ឱ្យ​ឡើង​ជា​ចៅហ៊្វាទឡ្ហៈ និង​ការ​ប្រគល់​ត្រា​ទៅ​ឱ្យ​មន្ដ្រី​ដែល​ចៅហ្វ៊ា​បែន​បាន​តែង​តាំង ស្រប​ទៅ​តាម​ទំនៀម​ទម្លាប់​ពី​បុរាណ ។ រួច​ហើយ​ទ្រង់​បាន​ជម្រាប​ទៅ​ចៅហ្វ៊ា​បែន​ថា ព្រះរាជា​សៀម​ចង់​ឱ្យ​គាត់​ទៅ​នៅ​ចាត់​ចែង​គ្រប់គ្រង​ខែត្រ​បាត់ដំបង​របស់​គាត់​វិញ ។ ការ​លើក​ព្រះ​អង្គអេង ដែល​មាន​ព្រះ​ជន្ម​២១​ព្រះ​វស្សា ឱ្យ​ឡើង​គ្រង​រាជសម្បត្ដិ​វិញ​ដូច្នេះ វា​សម​ស្រប​ទៅ​នឹង​បំណង​របស់​ប្រជារាស្ដ្រ​ឧត្ដុង្គ​ដែល​នឿយ​ណាយ​នឹង​ការ​ខ្វះ​ស្ដេច​សោយរាជ្យ​យូរ​មក​ហើយ ព្រោះ​លោក​អរជូន ស្ដេចត្រាញ់​ដី​ត្បូងឃ្មុំ មិន​អាច​ធ្វើ​ឱ្យ​គេ​គោរព​បាន មិន​ចេះ​ដឹកនាំ​ចាត់ចែង​ការងារ ។ ចៅហ្វ៊ា​បែន ក្រោយ​ពី​បាន​ទទួល​ការ​អនុញ្ញាត​ពី​ព្រះរាជា​រួច​ហើយ ក៏​ដឹកនាំ​ទ័ព​សៀម​ត្រលប់​ទៅ​បាត់ដំបង​វិញ ជាទី​ដែល​យើង​បាន​ឃើញ​រួច​មក​ហើយ​ថា គាត់​បាន​ទទួល​ការ​តែង​តាំងពី​ស្ដេច​សៀម​ជា​ចៅហ្វាយ​ខែត្រ ។ ចាប់​តាំងពី​ពេល​នោះ​រហូត​មក​ដល់​ឆ្នាំ​១៩០៧ ដី​នោះ រួម​ទាំង​ខែត្រ​អង្គរ​ផង ដែល​គេ​បាន​ភ្ជាប់​ទៅ​នឹង​បាត់ដំបង នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ចៅហ្វ៊ា​បែន ដែល​ចំណុះ​ហើយ​ទទួល​បញ្ជា​ពី​ស្ដេច​សៀម បាន​ក្លាយ​ទៅជា​ទឹកដី​របស់​លោក​ម្ចាស់ គឺ​ចៅហ្វ៊ា​បែន​នេះ​ឯង គ្មាន​ទំនាក់​ទំនង​រដ្ឋបាល​អ្វី​ជាមួយ​នឹង​ព្រះរាជា​កម្ពុជា​ទេ ។ ចំណែក​ឯ​បណ្ដា​ខែត្រ​ដែល​ស្ថិត​នៅ​ពី​ខាងជើង​បាត់ដំបង​វិញ មាន​មង្គលបុរី​ សិរីសោភ័ណ និង​កូរ៉ាត គេ​មិន​ចាំបាច់​សង្ស័យ​អ្វី​ឡើយ​ ពួក​សៀម​បាន​យក​ដាក់​ធ្វើ​ជា​ទឹកដី​របស់​គេ​យ៉ាង​ស្ងៀម​ស្ងាត់ នៅ​ក្នុង​ឆ្នាំ​១៧៩៥ ។

គេ​អាច​នឹង​ងាយ​យល់​អំពី​សកម្មភាព​របស់​សៀម ហើយ​ទទួលស្គាល់​វិធីសាស្ដ្រ​ដែល​គេ​បាន​ប្រើ​ណាស់ ដើម្បី​ធ្វើ​ឱ្យ​ទឹកដី​ដ៏​ធំ និង​មាន​សារ​សំខាន់​ជា​យុទ្ធសាស្ដ្រ​ខាង​ផ្នែក​យោធា​នេះ បាន​ត្រូវ​ផ្ដាច់​ចេញ​ពី​កម្ពុជា ដោយ​មិន​ដឹង​ខ្លួន ។​ ចៅហ្វ៊ា​បែន​ជា​មនុស្ស​ក្បត់​ប្រាកដ​ណាស់​ព្រោះ​បាន​ដឹង​ហើយ​ថា​ខ្លួន​មាន​តួនាទី​ខ្ពង់ខ្ពស់​មួយ​តែ​បែរ​ជា​កាត់​យក​ទឹកដី​មួយ​ចំណែក​ធំ​ចេញពី​ព្រះរាជាណាចក្រ​យក​មក​គ្រប់គ្រង ក្រោម​គោរមងារ​សៀម​ជា​ ហួមឿង ប្រៀប​បាន​ទៅ​នឹង​ព្រះរាជា​ណាចក្រ​តូច​មួយ​ស្ថិត​នៅ​ចន្លោះ​កម្ពុជា​នឹង​សៀម​ទៅ​វិញ ។ ក្រោយ​ពី​បាន​រៀបចំ​ឱ្យ​មាន​ព្រះរាជា​គង់​លើ​រាជបល្ល័ង្ក​វិញ​រួច​ហើយ គាត់​បាន​រក្សា​ទ័ព​ដែល​បាន​ជួយ​គាំទ្រ​ដល់​ការងារ​នេះ​ទុក​នៅ​ក្នុង​ខែត្រ​របស់​គាត់​សិន ដោយ​គាត់​ថា​ដើម្បី​បង្ការ​សម្រាប់​ជួយ​ព្រះរាជា​បើសិនណា​ជា​ព្រះ​អង្គ​ទទួល​ការ​គំរាម​កំហែង ។ ដោយ​ទ័ព​នោះ​ជា​ទ័ព​បរទេស តែ​មាន​គាត់​ជា​មេបញ្ជាការ ត្រង់នេះ​មាន​ន័យ​ច្បាស់​ណាស់​ថា​គាត់​គឺជា​ចៅហ្វាយ​ខែត្រ​ខ្មែរ ប៉ុន្ដែ​គាត់​ស្ថិត​នៅ​ក្រោម​បញ្ជា​ការ​របស់​ស្ដេច​សៀម ឯ​ទឹកដី​ដែល​គាត់​រស់នៅ​ជា​ទឹកដី​ខ្មែរ ។ ប៉ុន្ដែ​អ្វីៗ​នៅ​ស្ងៀម​ស្ងាត់ គ្មាន​នរណា​បាន​គិត​ដល់​ទេ ។ នៅ​ពេល​ក្រោយៗ​មក ចៅហ្វ៊ា​បែន​គោរព​តាមតែ​បញ្ជា​មក​ពី​បាងកក មិន​ទទួល​បញ្ជា​ពី​ឧត្ដុង្គ​ទេ និង​ឡើង​ចុះ​ចេញចូ​ល​រាជវាំង​ទាំង​២ ក៏​ប៉ុន្ដែ​លើក​តង្វាយ​ទៅ​ថ្វាយ​តែ​ស្ដេច​សៀម មិនមែន​ក្នុង​នាម​ជា​ចៅហ្វាយ​ខែត្រ​ទេ គឺ​ក្នុង​នាម​ជា​មេទ័ព​សៀម ។ ចំណែក​ចំណូល​ផ្សេងៗ​នៅ​ក្នុង​ខែត្រ គាត់​រក្សា​ទុក​ដើម្បី​ចិញ្ចឹម​ទាហាន​ដែល​នៅ​ជាមួយ​គាត់ ក៏​ប៉ុន្ដែ​បាន​ថ្វាយ​ជំនូន​ទៅ​ស្ដេច​សៀម​ដដែល ដែល​រឹតតែ​បញ្ជាក់​ឱ្យ​ឃើញ​អំពី​ភាព​ចំណុះ​របស់​គាត់ ។ កូនៗ​របស់​គាត់​បាន​បន្ដ​ដំណែង​ពី​គាត់ ហើយ​ក៏​បាន​បន្ដ​នយោបាយ​នេះ​រហូត​មក ។ ការ​កាត់​យក​ទឹកដី​កម្ពុជា​ដាក់​ជា​ចំណុះ​សៀម បាន​ប្រព្រឹត្ដ​ទៅ​បែប​នេះ​បន្ដិច​ម្ដងៗ​ទៅ​តាម​កាលៈទេសៈ ដោយ​គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​ទាល់តែ​សោះ ដំបូង​ឡើយ​ដឹកនាំ​ដោយ​អ្នក​ដែល​មាន​បំណង​ច្បាស់​លាស់​រួច​បន្ដ​ដោយ​កូនចៅ​របស់​គាត់ ។​ ហេតុការណ៍​នេះ​បាន​ស្ថិតស្ថេរ​គង់វង្ស​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ដោយ​គ្មាន​ការ​ចុះ​អនុសញ្ញា​អ្វីមួយ​ជា​លាយ​លក្ខណ៍​អក្សរ ឬ​ជា​ពាក្យ​សម្ដី​សោះ​ទេ មាន​តែ​ការ​ចង​ចាំ​តៗ​គ្នា​មក​ប៉ុណ្ណោះ ។ តាម​ពិត​ទៅ កម្ពុជា​នៅ​ក្នុង​សតវត្សរ៍​ទី​១៩​គ្មាន​កម្លាំង​អ្វី​នឹង​ធ្វើការ​ទាមទារ​យក​ទឹកដី​មក​វិញ​ឡើយ តែ​ការ​កាត់​យក​ទឹកដី​ទៅ​ដោយ​ពួក​សៀម​នេះ​បាន​ត្រូវ​គេ​ទទួល​ស្គាល់​ក្នុង​ចិត្ដគំនិត​ទៅ​ហើយ តាំង​តែ​ពី​មុន​ពេល​ដែល​មាន​សន្ធិសញ្ញា​បារាំង​សៀម​នៅ​ក្នុង​ឆ្នាំ​១៨៦៧ ទៅ​ទៀត ។ សន្ធិសញ្ញា​នេះ​គ្មាន​តម្លៃ​អ្វី​សោះ ព្រោះ​គេ​នាំ​គ្នា​ចុះ​ហត្ថលេខា​ដោយ​មិន​បាន​សួរ​យោបល់​ព្រះរាជា​កម្ពុជា​ផង​ទេ ព្រះ​អង្គ​ក៏​បាន​ប្រកែក​មិន​ទទួល​ស្គាល់​ថែម​ទៀត ។ ក៏​ប៉ុន្ដែ​វា​នៅ​តែ​មាន​តម្លៃ​រហូត ដោយ​មក​ពី​ប្រទេស​បារាំង​ដែល​គ្មាន​ព័ត៌មាន​ច្បាស់​លាស់ បាន​ចុះ​ហត្ថលេខា ។

នៅ​ឆ្នាំ​បន្ទាប់​មក​ទៀត ក្នុង​ពេល​ដែល​គេ​កំពុង​តែ​រវល់​កសាង​រាជវាំង​ដើម្បី​ព្រះរាជា​ថ្មី​នៅ​ពី​ខាងកើត​វត្ដ​វាំងក្ដារ ព្រះបាទ​អង្គអេង​បាន​បញ្ជូន​សំណើ​ទៅ​ស្នើ​សុំ​ស្ដេច​សៀម សូម​ឱ្យ​បញ្ជូន​ព្រះ​មាតុច្ឆា​មួយ​អង្គ​ក្នុង​ចំណោម​ព្រះ​មាតុច្ឆា​ទាំង​២​អង្គ គឺ​សម្ដេចព្រះ​ភគវតី មហេសី​ទាំង​៣​អង្គ និង​រាជបុត្រ​ទាំង​៤​អង្គ ព្រមទាំង​សេនា​ភីលៀង​ផង មក​កម្ពុជា​វិញ ។ ព្រះរាជា​សៀម​បាន​បញ្ជូន​អ្នក​ទាំង​អស់នោះ​មក នៅ​ក្នុង​រវាង​ខែ​ឧសភា ឆ្នាំ​១៧៩៥ ។

ព្រះបាទ​អង្គអេង បាន​ចេញ​ព្រះរាជ​បញ្ជា​ជា​ច្រើន ដែល​គួរតែ​លើក​យក​មក​រៀបរាប់ ។ ព្រះរាជ​បញ្ជា​មួយ​នោះ​ទាក់ទង​ទៅ​នឹង​ពួក​មហាតលិក មហាទេព និង​មហាមន្ដ្រី ដែល​មាន​ត្រា​រំលេច​ទៅ​ដោយ​ភ្ញីផ្កា​មួយ​រង្វង់ ត្រូវ​បាំង​ក្លស់​២​ជាន់​ធ្វើ​អំពី​សូត្រ​ពណ៌​ក្រហម​ពាក់អាវ​ផាយ​ពណ៌​ផ្កាកូលាប​ និង​មាន​កាន់​ថង់រង​ផង (62) ពេល​ចូល​មក​ក្នុង​ព្រះរាជវាំង ។ មន្ដ្រី​ដែល​មាន​សក្ដិ ៨​-​៩​ហ៊ូពាន់ (63) អាច​ពាក់អាវ​ផាយ​ពណ៌​បៃតង ហើយ​បាំង​ក្លស់​សូត្រ​មួយ​ជាន់​ពណ៌​បៃតង​ដែរ ។ អ្នក​ដែល​មាន​សក្ដិ​៦​-​៧​ហ៊ូពាន់​មាន​អាវផាយ និង​ក្លស់​ពណ៌​ស្វាយ ។ ឯ​អ្នកមាន​សក្ដិ​៤​-​៥​ហ៊ូពាន់​វិញ អាច​មាន​ត្រឹមតែ​អាវ​ផាយ​ពណ៌​ខៀវ​ប៉ុណ្ណោះ ។ ព្រះរាជ​បញ្ជា​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ភរិយា​របស់​មន្ដ្រី​មាន​សក្ដិ ៩​-​១០​ហ៊ូពាន់ ត្រូវ​មាន​ឋានៈ​ជា ឃុនណាង (64) ។

នៅ​ឆ្នាំ​បន្ទាប់​មក​ ព្រះរាជា​អង្គអេង​ទ្រង់​ប្រឈួន​រួច​សុគត​ទៅ​នៅ​ក្នុង​ព្រះ​ជន្ម​២៦​ព្រះ​វស្សា ។​ ទ្រង់​សោយរាជ្យ​សរុប​ទាំងអស់​បាន​២០​ឆ្នាំ​ចែក​ចេញ​ជា​២​រជ្ជកាល ដែល​ចន្លោះ​ពី​គ្នា​៣​ឆ្នាំ ។ រាជពង្សាវតារ​ក៏​ដូច​ជា​ការ​និទាន​តៗ​គ្នា មិន​បាន​កត់​សម្គាល់​ឃើញ​មាន​អ្វី​ដែល​ជា​ស្នាដៃ​ពិសេស​របស់​ព្រះរាជា​អង្គ​នេះ​ទេ និង​គ្មាន​ការ​សាងសង់​អ្វី​ជា​ផល​ប្រយោជន៍​ដល់​សាសនា​ដែរ ។ ទ្រង់​មិន​បាន​ធ្វើ​អ្វី​ជា​ដុំ​កំភួន​ទេ ព្រោះ​ពេញ​មួយ​ជីវិត​របស់​ព្រះ​អង្គ​ត្រូវ​ដឹកនាំ​ដោយ​ជនបរទេស ឬ​ក៏​មន្ដ្រី​ដែល​ព្រះ​អង្គ​មិន​បាន​តែងតាំង​ឡើង តែ​គេ​បាន​ដាក់​មក​ឱ្យ​ព្រះ​អង្គ​ទទួល​យក ។ គេ​អាច​និយាយ​បាន​ថា ព្រះ​អង្គ​ក្បត់ជាតិ ព្រោះ​វា​ហាក់​ដូចជា​ទ្រង់​បាន​ដោះ​ដូរ​រាជសម្បត្ដិ​ជាមួយ​នឹង​ទឹកដី​បាត់ដំបង និង​អង្គរ ។

៣៩. រយៈកាល​ចន្លោះ​រាជ្យ ១០​ឆ្នាំ (១៧៩៦-១៨០៦)

ចៅហ្វ៊ា​ប៉ុក នាយក​រដ្ឋមន្ដ្រី បាន​ដឹកនាំ​កិច្ចការ​ព្រះរាជាណាចក្រ​ដោយ​មិន​បាន​ខិតខំ​ប្រឹងប្រែង​ជ្រើស​រើស​ព្រះរាជា​ថ្មី​មួយ​អង្គ​ណា​ទេ ។ ព្រះរាជ​វង្សានុវង្ស​ពេល​នោះ​ស្ទើរតែ​រលត់​បាត់​ផុត​ពូជ​អស់​ទៅ​ហើយ​នៅ​សល់​តែ​រាជបុត្រា​របស់​ព្រះ​អង្គអេង ដែល​នៅ​តូចៗ​នៅឡើយ ។ ចៅហ្វ៊ា​បែន​ដែល​សុខ​ស្រួល​ទៅ​ហើយ​នៅ​ក្នុង​ដី​របស់​គាត់ ក៏​នៅ​ស្ងៀម​មិន​បាន​ខ្វល់ខ្វាយ​នឹង​អ្វី​បន្ដិច​សោះ ។ ចំណែក​ស្ដេច​សៀម​ដែល​តែងតែ​ប្រកាស​ខ្លួន​ថា ជា​អ្នកការពារ​រជ្ជទាយាទ និង​នាម៉ឺន​សព្វ​មុខមន្ដ្រី ដែល​ហាក់​ដូចជា​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ទិតៀន​អំពី​ការ​គ្រប់គ្រង​គួរ​ឱ្យ​អៀនខ្មាស​នេះ ម្ល៉ោះ​ហើយ​ក៏​នៅ​ស្ងៀម​ដែរ​ទៅ ។ រីឯ​ប្រជាជន​ទៀត​សោត ក៏​ហាក់​ដូចជា​បាត់បង់​អស់​នូវ​សេចក្ដី​ក្លាហាន មិន​ចង់​ធ្វើ​សង្គ្រាម ចង់​បាន​សន្ដិភាព​វិញ​ម្ដង សម​នឹង​ពេល​ដែល​គេ​ទុក​ឱ្យ​រស់​ទៅ​តាមតែ​សម្មា​អាជីវោ ។ ពួក​ចៅហ្វាយ​ខែត្រ​កាន់តែ​ឯករាជ្យ​ឡើងៗ ដោយ​មក​ពី​គ្មាន​ការ​ដឹកនាំ ហើយ​ពេញ​ចិត្ដ​ណាស់​នឹង​សភាពការណ៍​បែប​នេះ​ ប្រមូល​ពន្ធ​បាន​រក្សា​ទុក​បង់​មក​ឱ្យ​នាយក​រដ្ឋមន្ដ្រី​តែ​អ្វី​ដែល​ខ្លួន​ចង់​បង់​ ជួនកាល​មិន​ទាំង​បង់​ឱ្យ​ទៀត​ក៏​មាន ។ និយាយ​ដោយ​ខ្លី​គឺ ព្រះរាជា​ណាចក្រ​ពេល​នោះ​កំពុង​តែ​រលួយ​ពុក​ផុយ បាត់បង់​ទៅៗ​ដោយ​ខ្សោះ​អស់​កម្លាំង​ អ្នក​ណា​ចង់​ធ្វើ​យ៉ាង​ណា​ក៏​បាន ។ ប្រសិនបើ​កម្ពុជា​មិន​ត្រូវ​អាណ្ណាម​ចូល​មក​កាន់កាប់​លុកលុយ​រាតត្បាត វាយ​ដណ្ដើម​យក រួច​កាត់​យក​ដី​កូសាំងស៊ីន​ដាក់​ជា​របស់​គេ​ទេ ពោល​គឺថា បើសិនណា​ជា​ស្រុក​ខ្មែរ​គ្មាន​ពួក​អ្នក​ឈ្លានពាន​មក​ពី​ទិស​ខាងត្បូង មាន​តែ​សត្រូវ​សៀម​តែ​មួយ​គត់​នោះ ប្រហែលជា​សៀម​កាត់​យក​ប្រទេស​ទាំងមូល​ដាក់​ទៅ​ក្នុង​ស្រុក​គេ​បាត់​ទៅ​ហើយ នៅ​ចុង​សតវត្សរ៍​ទី​១៨ ហើយ​វាសនា​កម្ពុជា​ក៏​ដូច​ជា​វាសនា​ប្រជាជន​ខ្មែរ​ទាំង​មូល​ក៏​ត្រូវ​ចប់​បាត់​ទៅ​ហើយ​ដែរ ។ ក៏​ប៉ុន្ដែ អាច​និយាយ​ថា​យើង​មាន​សំណាង​ដែរ ដែល​មាន​សត្រូវ​២​នាក់​នៅ​សងខាង​ដែល​ស្រេក​ឃ្លាន​សង្គ្រឺត​ចង់បាន​ទឹកដី​យើង​ដូច​គ្នា ម្ល៉ោះ​ហើយ ក៏​តាម​ដាន​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ សត្រូវ​ទាំង​២​នេះ​ខ្លាច​រអា​គ្នា​ទៅ​វិញ​ទៅ​មក ចំណែក​ចំណី​ដែល​ស្ថិត​នៅ​កណ្ដាល​វិញ ភ័យ​ញ័រ​ចំប្រប់ រង់​ចាំតែ​ឱ្យ​អ្នក​ណា​ដែល​មក​មុន​ហើយ​លេប​បាត់ ។ ប៉ុន្ដែ​សត្រូវ​ម្នាក់ៗ​ស្ទាក់​ស្ទើរ​មិន​ទាន់​ហ៊ាន​លូកដៃ​មក​ប៉ះ​ចំណី​នោះ​ទេ ដោយ​ខ្លាច​ធ្វើ​ឱ្យ​ម្ខាង​ទៀត​ភ្ញាក់​ដឹង​ខ្លួន ។ ស្ថានភាព​បែប​នេះ​បាន​រក្សា​កម្ពុជា​រហូត​ដល់​ពេល​ដែល​ពួក​បារាំង​មក​ដល់ ជួយ​ប្រទេស​នេះ​កុំ​ឱ្យ​ស្លាប់ មិន​តែ​ប៉ុណ្ណោះ បាន​ជួយ​ដាស់​ប្រជាជន​ឱ្យ​ភ្ញាក់​ក្រោក​ឡើង​វិញ​ធានា​បាន​នូវ​ឯករាជ្យ​ជាតិ​ជួយ​ការពារ​ព្រះរាជា​ជួយ​ផ្ដល់​កម្លាំង​ឱ្យ​ប្រទេស​ទាំងមូល​ផ្ដល់​សុភមង្គល​ដោយ​ការ​ធានា​បាន​នូវ​សុខ​សន្ដិភាព ពាណិជ្ជកម្ម រួច​បន្ទាប់​មក ផ្ដល់​ឱ្យ​នូវ​រាជរដ្ឋាភិបាល​អចិន្ដ្រៃយ៍​មួយ សុចរិត មាន​នាម៉ឺន​មន្ដ្រី​ធ្វើការ​ទទួល​បាន​នូវ​ប្រាក់​បៀវត្ស​ទៀង​ទាត់ ម្ល៉ោះ​ហើយ​មិន​បាន​ទិញ​មុខ​តំណែង​របស់​ខ្លួន​ទេ ។

ពួក​បារាំង​ទើបតែ​បាន​ប្រគល់​មក​ឱ្យ​ប្រជាជន​ខ្មែរ​វិញ​នូវ​ទឹកដី​ដែល​សៀម​បាន​កាត់​យក តាំងពី​មាត់​សមុទ្រ រហូត​ទៅ​ដល់​ភ្នំ​ដងរែក ទឹកដី​ទាំងនោះ​សៀម​មិន​ដែល​បាន​សន្យា​ថា​នឹង​ប្រគល់​មក​ឱ្យ​ខ្មែរ​វិញ​ម្ដង​ណា​ទេ តែ​បាន​យល់​ព្រម​ប្រគល់​ឱ្យ​បារាំង ។ ដោយហេតុ​នេះ អតីត​កម្ពុជា​នៃ​សតវត្សរ៍​ទី​១៧ អាច​រស់រាន​មាន​ជីវិត​ឡើង​វិញ មាន​ស្ដេច​សោយរាជ្យ ដោយ​មាន​អ្នក​ចាំ​ជួយ​ការពារ​ខ្លាំងក្លា​ដែល​មិន​ដែល​នឹកគិត​ចង់​លុប​បំបាត់​ព្រះរាជា​ណាចក្រ​នេះ​ទេ ផ្ទុយ​ទៅ​វិញ មាន​តែ​ចង់​ឱ្យ​ប្រជារាស្ដ្រ​ខ្មែរ​រស់​នៅ​មាន​សេរីភាព នៅ​ក្នុងស្រុក​មួយ​ដែល​មាន​ការ​គ្រប់គ្រង​ល្អ មាន​អារ្យធម៌ ហើយ​គ្មាន​សង្គ្រាម​មក​រំខាន ។

ព្រះរាជា​សៀម​បាន​ទាមទារ​ឱ្យ​គេ​យក​សព​ព្រះ​អង្គអេង​ទៅ​បូជា​នៅ​អយុធ្យា ។ ក៏​ប៉ុន្ដែ​នៅ​ពេល​ដែល​គេ​ដឹក​ព្រះ​សព​មក​ដល់​ខែត្រ​មង្គលបុរី ស្រាប់តែ​មាន​បញ្ជា​មក​ថា​ត្រូវ​ដឹក​ព្រះ​សព​យក​ទៅ​ឧត្ដុង្គ​វិញ (65) ហើយ​ឆាប់​បញ្ជូន​ទ័ព​ទៅ​ជួយ​វាយ​ពួក​ភូមា ដែល​ចូល​មក​លុកលុយ​ស្រុក​សៀម ។ លោក​ចក្រី​កែប បាន​ដឹកនាំ​ទ័ព​៥​ពាន់​នាក់​ចេញ​ទៅ​ភ្លាម ហើយ​គេ​និយាយ​ថា ទ័ព​ខ្មែរ​នេះ​ពូកែ​អស្ចារ្យ បាន​វាយ​ពួក​ភូមា​ឱ្យ​បរាជ័យ រួច​ទើប​វិល​ត្រលប់​មក​កម្ពុជា​វិញ ពោរពេញ​ទៅ​ដោយ​ជ័យជម្នះ ។

ទ័ព​នេះ​មក​ដល់​មិន​ទាន់​រំសាយ​ចេញ​ទេ ស្រាប់តែ​ព្រះរាជា​អយុធ្យា​ផ្ញើ​បញ្ជា​មក​ចៅហ្វ៊ា​ប៉ុក ឱ្យ​បញ្ជូន​ទៅ​ជួយ​ស្ដេច​យ៉ាឡុង ដែល​បាន​ស្រែក​សុំ​ជំនួយ ។ ទ័ព​នោះ​ក៏​ចេញ​ដំណើរ​ទៅ ក្រោម​បញ្ជាការ​របស់​ឧកញ៉ាវាំង​ឡាង ។​ ក៏​ប៉ុន្ដែ​ការ​ដែល​រដ្ឋាភិបាល​មួយ​គោរព​ស្ដាប់​តាម​បញ្ជា​របស់​ស្ដេច​បរទេស​ប្រៀប​បាន​ទៅ​នឹង​ហ្វូង​ទាសករ​បែប​នេះ បាន​ធ្វើ​ឱ្យ​កើត​ការ​ក្ដៅ​ក្រហាយ និង​អាម៉ាស់​ជា​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន ។ ម្ល៉ោះហើយ​កងទ័ព​នោះ​មិន​បាន​ទៅ​ណា​ឆ្ងាយ គឺ​បាន​ធ្វើ​ដំណើរ​មក​ដល់​ត្រឹម​រំដួល ក៏​បែកខ្ញែក​គ្នា​អស់​ទៅ ព្រោះ​ទាហាន​ម្នាក់ៗ​វិល​ត្រលប់​ទៅ​រក​គ្រួសារ​របស់​គេ ។ ចៅហ្វ៊ា​ប៉ុក​បាន​ចេញ​បញ្ជា​ឱ្យ​គេ​តាម​ចាប់​ទាហាន​ដែល​រត់​ចោលជួរ​ទាំងអស់​នោះ​យក​មក​វិញ ហើយ​ធ្វើ​ទោស​សម្លាប់​ចោល ។ មាន​ទាហាន​ជា​ច្រើន​ដែល​ត្រូវ​គេ​អារ​ក​សម្លាប់ សេស​សល់​ប៉ុន្មាន​គេ​បញ្ជូន​ទៅ​រាជធានី​វ៉េ ។ ប្រជាជន​រឹតតែ​មាន​ទោមនស្ស​ខ្លាំង​ឡើងៗ ។ នៅ​ទី​បញ្ចប់ ស្ដេច​យ៉ាឡុង ទទួល​បាន​ជ័យជម្នះ​លើ​ពួក​តៃសឺន ដណ្ដើម​យក​អំណាច​បាន​មក​វិញ រួច​ហើយ​បាន​បញ្ជូន​កាំភ្លើង​ធំ​២​ដើម មាន​រំលេច​ដោយ​រូប​មករ​មក​កម្ពុជា កាំភ្លើង​នេះ​បាន​ត្រូវ​មេទ័ព​អាណ្ណាម​អុង​ហ៊ូ​យក​ទៅ ក្រោយ​ពី​គាត់​បាន​ធ្វើ​ឃាត​ព្រះ​រាមរាជា​រួច ។

កងទ័ព​ខ្មែរ​ដែល​ទៅ​ច្បាំង​នៅ​អាណ្ណាម​នោះ​ល្បីល្បាញ​ខ្លាំង​ណាស់ រហូត​ទាល់តែ​មេទ័ព​គឺ​ឧកញ៉ា​ក្រឡាហោម​ព្រហ្ម ទៅ​ជា​ក្រអឺត​ក្រទម គិត​ថា​ខ្លួន​បាន​ជួយ​ស្ដេច​យ៉ាឡុង​ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក​វ៉េ​វិញ​បាន ហើយ​ក៏​ចាប់​មើល​ងាយ​មើល​ថោក​ចៅហ្វ៊ា​ប៉ុក មិន​មក​ចូលរួម​ប្រជុំ​គណៈរដ្ឋមន្ដ្រី​ទេ ។ ចៅហ្វ៊ា​ប៉ុក​បាន​ឱ្យ​គេ​ចាប់​ខ្លួន​ក្រឡាហោម​ព្រហ្ម បញ្ជូន​ទៅ​ថ្វាយ​ស្ដេច​សៀម​ដើម្បី​ដាក់​ទោស​ទណ្ឌ ។ ព្រះរាជា​បាងកក​រក្សា​ព្រហ្ម​ទុក រួច​បាន​ឱ្យ​ហ្លួង​ពេជ្រ​ណាពិចិត្រ​មឿង​មក​ជំនួស​វិញ ហើយ​បាន​ទាំង​បញ្ជូន​អ្នក​អង្គ​ម្ចាស់​អង្គ​ចន្ទ​មក​ដែរ ដើម្បី​គ្រប់គ្រង​ប្រទេស​ជាតិ ។

នៅ​ឆ្នាំ​១៨០៥ ក្រោយ​ពី​ស្ដេច​អាណ្ណាម​បាន​បញ្ជូនន​ក្រណាត់​សូត្រ​៦៨​ដុំ​មក​ថ្វាយ ព្រះ​អង្គ​ចន្ទ បាន​យាង​នាំ​យក​កំណាត់​ទាំង​អស់​នោះ​មក​បាងកក​ជាមួយ​ចៅហ្វ៊ា​ប៉ុក ដើម្បី​ចូល​គាល់​ស្ដេច​សៀម ។ ចៅហ្វ៊ា​ប៉ុក ក៏​ស្លាប់​នៅ​ឯ​បាងកក​នោះ​ទៅ ក្នុង​អាយុ​៦៥​ឆ្នាំ ។ គាត់​បាន​ថែរក្សា​រាជបុត្រ​របស់​ព្រះ​អង្គអេង និង​ជា​រាជានុសិទ្ធិ ព្រះរាជា​ណាចក្រ​កម្ពុជា​អស់​ពេល​១១​ឆ្នាំ ។

៤០. ព្រះ​អង្គ​ចន្ទ (១៨០៦-១៨៣៤)

នៅ​ឆ្នាំ​១៨០៦ ព្រះ​អង្គ​ចន្ទ​ជា​រាជបុត្រា​ច្បង​របស់​ព្រះ​អង្គអេង​មាន​ព្រះ​ជន្ម​១៥​ព្រះ​វស្សា​ហើយ ។ ស្ដេច​សៀម​បាន​សម្រេច​អភិសេក​ព្រះអង្គ​ឱ្យ​ឡើង​គ្រងរាជ្យ​ដោយ​ថ្វាយ​ព្រះ​នាម​ថា​ «ព្រះបាទ​សម្ដេច​ព្រះ​រាជឱង្ការ​ព្រះ​ឧទ័យ​រាជា​ធិរាជ​រាមាធិបតី​ព្រះ​ស្រីសុរិយោពណ៌» ។ នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​ស្ដេច​សៀម​បង្ហាញ​ឱ្យ​ឃើញ​អំពី​អធិរាជ​ភាព​របស់​គេ​មក​លើ​កម្ពុជា ។

ព្រះរាជាណាចក្រ​កម្ពុជា​ពេល​នោះ​រង​នូវ​ការ​បាក់បែក​ប្រេះស្រាំ​ខ្លាំង​ណាស់ មិន​ប្រកែក​ប្រណាំង​អ្វី​ទេ យល់​ព្រម​ទទួល​ព្រះរាជា​តាម​តែ​ហេតុការណ៍​វិវឌ្ឍ ។ ពេល​នោះ​ចៅហ្វ៊ា​បែន​បាន​ធ្វើ​កិច្ចការ​មួយ​ដែល​នាំ​គាត់​ឱ្យ​អាច​វិល​ត្រលប់​មក​កាន់​កម្ពុជា​វិញ​បាន ។ គឺ​គាត់​បាន​នាំ​យក​បុត្រី​របស់​គាត់​ម្នាក់​មក​ថ្វាយ​ព្រះរាជា​អង្គ​ចន្ទ ។ ព្រះរាជា​ប្រហែល​ជា​មិន​ហ៊ាន​ប្រកែក​ទេ ទើប​ទ្រង់​យល់​ព្រម​ទទួល​យក​ធ្វើ​ជា​មហេសី​ទៅ ។

នៅ​ពេល​នោះ​ ស្ដេច​អាណ្ណាម​ក៏​ចាប់​ប្រឆាំង​ជំទាស់ ហើយ​បាន​បញ្ជូន​ទ័ព​មួយ​កង​មក​កាន់​ភ្នំពេញ ។ ស្ដេច​អាណ្ណាម​ទទួល​យល់​ព្រម​ថា​ឱ្យ​សៀម​រៀបចំ​ពិធី​អភិសេក​ព្រះរាជា​កម្ពុជា​នៅ​ឯ​បាងកក​ចុះ ក៏​ប៉ុន្ដែ​បើ​ព្រះរាជា​កម្ពុជា​យល់​ព្រម​ចំណុះ​ស្ដេច​សៀម ព្រះ​អង្គ​ក៏​ត្រូវ​ចំណុះ​ស្ដេច​អាណ្ណាម​ដែរ ហើយ​ត្រូវ​លើក​សួយសារ​អាករ​ទៅ​ថ្វាយ​ជា​ទៀង​ទាត់ ក្នុង​នោះ​មាន​ដំរី​ឈ្មោល​កម្ពស់​៥​ហត្ថ​២​ក្បាល ចែ​រមាស​២ ភ្លុក​ដំរី​៣​គូ ក្រវាញ ក្រមួន ម្រ័ក្សណ៍ ។ល ។

ពេល​នោះ​ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី​របស់​ព្រះរាជា​មិន​ហ៊ាន​ប្រកែក​នឹង​សំណើ​ដ៏​ប្រមាថ​នេះ​ទេ មិន​ដឹង​ថា​តើ​កម្ពុជា​គួរ​ចំណុះ​សៀម​ផង និង​ចំណុះ​អាណ្ណាម​ផង ឬ​ក៏​យ៉ាង​ណា គឺ​មាន​អធិរាជ​២​ដែល​នឹង​ប្រកាប់​ប្រចាក់​គ្នា​ដើម្បី​មូលហេតុ​នគរ​ចំណុះ វា​ល្អ​ជា​ជាង​មាន​អធិរាជ​តែ​មួយ ដែល​នឹង​លេប​ត្របាក់​យក​ទឹកដី​អស់​តែ​ម្ដង ។ ម្ល៉ោះ​ហើយ​ពួក​គេ​ក៏​យល់​ព្រម​តាម ធ្វើ​ឱ្យ​ទ័ព​អាណ្ណាម​វិល​ត្រលប់​ទៅ​សាយហ្គន​វិញ​ទៅ តែ​បាន​ទុក​មេទ័ព​២​នាក់​ឱ្យ​នៅ​ការពារ​ភ្នំពេញ ។ តាម​រយៈ​សន្ធិសញ្ញា​នេះ ពួក​សៀម និង​អាណ្ណាម​បាន​មក​ប្រឈម​ជួប​មុខ​គ្នា​នៅ​កម្ពុជា ហើយ​នេះ​មិន​មែន​ដោយ​សារ​កាលៈ​ទេសៈ​ចៃដន្យ​អ្វី​ទេ​ គឺ​ដោយ​មាន​គោលការណ៍​ច្បាស់​លាស់​ប្រឆាំង​គ្នា​តែ​ទទួល​ស្គាល់​ទាំងអស់​គ្នា ។ សង្គ្រាម​នឹង​កើត​មាន​យូរ​អង្វែង ប៉ុន្ដែ​គឺ​ដើម្បី​ឱ្យ​ព្រះរាជា​ណាចក្រ​រស់រាន​មាន​ជីវិត ។

ការ​ដែល​ព្រះរាជា​អង្គ​ចន្ទ​ទទួល​ស្គាល់​អធិរាជ​ភាព​របស់​អាណ្ណាម មិន​បាន​ធ្វើ​ឱ្យ​រាជវាំង​បាងកក​សប្បាយ​ចិត្ដ​ប៉ុន្មាន​ទេ ហើយ​ចាប់ពី​ពេល​នោះ​មក​ទំនាក់​ទំនង​ល្អ​ដែល​ធ្លាប់​តែ​មាន​រវាង​ស្ដេច​សៀម​ជាមួយ​ព្រះរាជា​ឧត្ដុង្គ​ក៏​ចាប់​ផ្ដើម​ប្រេះឆា​ដែរ ។

និយាយ​ពី​ស្ដេច​យ៉ាឡុង​វិញ ដើម្បី​បញ្ជាក់​ឱ្យ​រឹតតែ​ឃើញ​ច្បាស់​អំពី​អធិរាជ​ភាព​របស់​ព្រះ​អង្គ ទ្រង់​បាន​ស្រមើ​ស្រមៃ​ឃើញ​រហូត​ដល់​ឱ្យ​ធ្វើ​ត្រា​រាង​បួន​ជ្រុង​ស្មើ​មួយ​អំពី​មាស​យ៉ាង​ធ្ងន់ ផ្ញើ​មក​ថ្វាយ​ព្រះ​អង្គ​ចន្ទ (តាម​ធម្មតា​ត្រា​ខ្មែរ​មាន​រាង​មូល) ។ ព្រះរាជា​កម្ពុជា​បាន​ទទួល​យក​ត្រា​នោះ ហើយ​ពោល​សរសើរ​ថា​សព្វ​ព្រះរាជ​ហឫទ័យ​ខ្លាំង​ណាស់ ក៏​ប៉ុន្ដែ​ទ្រង់​មិន​ដែល​បាន​ប្រើ​វា​ម្ដង​ណា​ឡើយ ។

មរណភាព​របស់​ចៅហ្វ៊ា​បែន​ស្ដេច​ត្រាញ់​ដែនដី​បាត់ដំបង​ រួច​បន្ដ​មក​ទៀត​មរណភាព​របស់​ស្ដេច​សៀម​នៅ​ក្នុង​ឆ្នាំ​១៨១១ ហើយ​និង​ការ​លើក​បុត្រា​ព្រះ​នាម​ថា​ ភេនឌិន​ខ្លាង​ ឱ្យ​ឡើង​សោយរាជ្យ​បន្ដ មិន​បាន​ធ្វើ​ឱ្យ​ស្ថានការណ៍​ធូរ​ស្បើយ​ទេ ។ សៀម​មិន​យល់​ព្រម​ឱ្យ​កម្ពុជា​មាន​អធិរាជ​២​ដូច្នេះ​ទេ កម្ពុជា​ត្រូវ​ចំណុះ​តែ​សៀម​មួយ​គត់ ព្រោះ​ថា​មាន​តែ​សៀម​ទេ​ដែល​បាន​អភិសេក​ស្ដេច​ខ្មែរ ។ ការ​បញ្ជូន​អ្នក​អង្គ​ម្ចាស់​ស្ងួន និង​អ្នក​អង្គ​ម្ចាស់​ឯម ជា​ព្រះ​អនុជ​របស់​ព្រះរាជា​ទៅ​រាជវាំង​សៀម​ជាមួយ​នឹង​ក្រឡាហោម​មឿង​ដែល​ជា​ជនជាតិ​សៀម​ស្រាប់​ហើយ​និង​ចក្រី​បេន​ផង ដើម្បី​ទៅ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ឈាបនកិច្ច​ស្ដេច​សៀម នៅ​ក្នុង​ខែមេសា ឆ្នាំ​១៨១០ គឺជា​ការ​សម្ដែង​ឱ្យ​ឃើញ​អំពី​ការ​គោរព​ក្នុង​នាម​ជា​នគរ​ចំណុះ បាន​ធ្វើ​ឱ្យ​កំហឹង​របស់​សៀម​ធូរ​ស្បើយ​បន្ដិច ក៏​ប៉ុន្ដែ​មិន​បាន​ធ្វើ​ឱ្យ​វា​រលត់​បាត់​ទេ ។ ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​នូវ​សិទ្ធិ​អធិរាជ​របស់​ខ្លួន​ក្នុង​ការ​តែង​តាំង​ព្រះរាជា និង​រាជ​វង្សានុវង្ស ស្ដេច​សៀម​បាន​ប្រកាស​តែង​តាំង​យ៉ាង​ឱឡារិក​ឱ្យ​អ្នក​អង្គ​ម្ចាស់​ទាំង​២​អង្គ ឡើង​ជាទី​ឧភយោរាជ និង​ជា​ឧបរាជ ដោយ​មិន​បាន​សាកសួរ​យោបល់​ព្រះរាជា​កម្ពុជា​ផង​ទេ ។

នៅ​សម័យ​នោះ តេជោ​មឿង ចៅហ្វាយ​ខែត្រ​ដី​កំពង់ស្វាយ មាន​បំណង​ចង់​បំផុស​អ្នកស្រុក​ក្នុង​ខែត្រ​ឱ្យ​បះបោរ​ប្រឆាំង​នឹង​ព្រះរាជា​ឡើង ។ នៅ​បាត់ដំបង​ឯណោះ​វិញ ចៅហ្វាយ​ខែត្រ​ថ្មី​ដែល​បាន​យក​ឈ្មោះ​ថា បែន ដូច​ជា​ឪពុក​ខ្លួន​ដែរ​បាន​ចាប់​ផ្ដើម​កសាង​កំពែង​ការពារ​ទីក្រុង ។​ និយាយ​ពី​ក្រឡាហោម​មឿង​ និង​ឧកញ៉ា​ចក្រី​បែន នៅ​ពេល​វិល​ត្រលប់​មក​ដល់​រាជធានី​ឧត្ដុង្គ​វិញ​ក៏​ត្រូវ​ថ្កោល​ទោស​ថា​ជា​ភ្នាក់ងារ​របស់​សៀម និង​បាន​ឃុបឃិត​ឱ្យ​សៀម​តែង​តាំង​អ្នក​អង្គ​ម្ចាស់​ទាំង​២​អង្គ ។ សភាពការណ៍​ពេល​នោះ​បាន​បង្ហាញ​ថា​ពិតជា​មាន​ការ​រួម​គំនិត​ក្បត់​មែន ហើយ​គំរាម​កំហែង​មក​លើ​ព្រះរាជា ។ ប៉ុន្ដែ​ព្រះបាទ​អង្គ​ចន្ទ​មិន​បាន​ប្រហែស​បន្ដិច​ណា​ទេ ទ្រង់​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​ឃាត់​ខ្លួន​លោក​ក្រឡាហោម និង​លោក​ចក្រី ដែល​ស្ថិត​នៅ​ក្នុង​ដៃ​ព្រះ​អង្គ​ស្រាប់ រួច​ឱ្យ​គេ​សម្លាប់​ចោល ។​ បន្ទាប់​មក ទ្រង់​បាន​តែងតាំង​ឧកញ៉ា​វង្សាអគ្គរាជ​ឱ្យ​ឡើង​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​កំពង់ស្វាយ រួច​បញ្ជូន​ទៅ​កាន់​ទីនោះ ហើយ​ឱ្យ​ចាប់​តេជោ​មឿង ។ ប៉ុន្ដែ​មន្ដ្រី​ម្នាក់​នេះ​ឆ្លាត​នៅ​ពេល​បាន​ដឹង​ថា បក្សពួក​របស់​ខ្លួន​ទាំង​២​នាក់ បាន​ត្រូវ​គេ​ធ្វើឃាត​ទៅ​ហើយ និង​បំផុស​បំផុល​ប្រជាជន​ក្នុង​ខែត្រ​ឱ្យ​បះបោរ​មិន​បាន​សម្រេច គាត់​ក៏​គេច​ខ្លួន​រត់​ទៅ​ជ្រកកោន​នៅ​ឯ​ស្រុក​សៀម​ទៅ ។ នៅ​បាត់ដំបង​ឯណោះ​វិញ ចៅហ្វាយ​ខែត្រ​ថ្មី​រឹតតែ​ខិតខំ​ពង្រឹង​ការ​ការពារ​បន្ទាយ​ថែម​ទៀត ។

ស្ដេច​សៀម​កាន់ជើង​ពួក​បះបោរ ហើយ​បាន​បញ្ជូន​ទ័ព​មួយ​កង​មក​បាត់ដំបង ។ ការ​ដែល​សៀម​ធ្វើ​ដូច្នេះ នាំ​ឱ្យ​គេ​មាន​ជំនឿ​ថា ការ​រួមគំនិត​ក្បត់​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ឯ​បាងកក​មែន ដោយ​មាន​ការ​គាំទ្រ​ពី​ស្ដេច​សៀម​ផង ។ ព្រះរាជា​កម្ពុជា​បាន​កេណ្ឌ​ទ័ព​ជា​ប្រញាប់ រួច​បាន​ចាត់​ឱ្យ​យក​មួយ​កង​ទៅ​បោះ​ទីតាំង​នៅ​នឹង​ពាមសែន ត្រង់​មាត់ពាម​ស្ទឹង​កំពង់ធំ និង​កំពង់ស្វាយ ។ ទ័ព​មួយ​កង​ទៀត ទ្រង់​ឱ្យ​ទៅ​នៅ​កំពង់ឆ្នាំង ឯ​កង​ទី​៣ ទ្រង់​ឱ្យ​ទៅ​បោះ​ទីតាំង​នៅ​ស្ទឹង​ពាក់កន្ដិល ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ ព្រះ​អង្គ​ចន្ទ​ទ្រង់​បាន​ចាត់​មន្ដ្រី​២​នាក់ ឱ្យ​ទៅ​សុំ​ជំនួយ​ពី​ស្ដេច​អាណ្ណាម ។

ស្ដេច​យ៉ាឡុង ត្រេកអរ​ណាស់​នឹង​បាន​ចូល​មក​ធ្វើ​អន្ដរាគមន៍​ម្ដងទៀត​នៅ​កម្ពុជា ហើយ​បាន​ចាត់​បញ្ជូន​ទ័ព​អាណ្ណាម​មួយ​កង​ពី​សាយហ្គន​មក ដែល​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​៥​នាក់ ។ ទ័ព​អាណ្ណាម​នេះ​ធ្វើ​ដំណើរ​តាម​ទន្លេ ឡើង​មក​យ៉ាង​រួសរាន់ មក​ដល់​ភ្នំពេញ​មិន​បាន​ឈប់​ទេ ក៏​បន្ដ​ដំណើរ​ទៅ​បោះ​ទីតាំង​ចាប់ពី​ត្រឹម​ព្រែក​មានលាភ (ពី​មុន​ហៅ​ថា​ ព្រែក​ពាក់ព្រ័ត្រ) នៅ​លើ​កោះ​ជ្រោយចង្វា រហូត​ដល់​កោះ​ចិន ចំ​ពីមុខ​កំពង់ហ្លួង រួច​ហើយ​ក៏​នាំ​គ្នា​សម្រាក​ដោយ​ស្ងៀម​ស្ងាត់ រង់​ចាំតែ​បញ្ជា​នឹង​អាល​ចេញ​ប្រយុទ្ធ តែ​មិន​សូវ​ជា​ចង់​ប៉ុន្មាន​ទេ ។ គ្មាន​ទ័ព​ណា​បាន​មក​វាយ​ទៅ​លើ​ទ័ព​អាណ្ណាម​នេះ​ទេ រហូត​ដល់​ពេល​ដែល​ទ័ព​សៀម​ត្រូវ​បាន​គេ​វាយ​ឱ្យ​បរាជ័យ ហើយ​រត់​ទៅ​កាន់​ស្រុក​សៀម​វិញ​អស់​ទៅ ទ័ព​ជំនួយ​របស់​អាណ្ណាម​នេះ​ក៏​ដក​ថយ​ចេញ​ទៅ​វិញ​ដែរ ដោយ​គ្មាន​បាន​បាញ់​កាំភ្លើង​មួយ​គ្រាប់​ណា​សោះ​ទេ ។

ដោយ​សព្វព្រះទ័យ​ខ្លាំង​ណាស់​នឹង​ជ័យជម្នះ​លើក​នេះ ព្រះ​អង្គ​ចន្ទ និង​ព្រះ​អនុជ​ទាំង​៣​អង្គ បាន​យាង​ចូល​សាង​ព្រះ​ផ្នួស​នៅ​វត្ដ​ភ្នំ​ព្រះរាជទ្រព្យ នៅ​ជិត​ឧត្ដុង្គ បាន​ប៉ុន្មាន​សប្ដាហ៍ ទ្រង់​ក៏​លា​ព្រះ​ផ្នួស​ចាក​សិក្ខាបទ​មក​វិញ ។

រាជពង្សាវតារ​បាន​រៀបរាប់​ថា​នៅ​សម័យ​នោះ​នាវា​ព័រទុយហ្គាល់​មាន​បង្គោល​ក្ដោង​៣​បាន​មក​ចូល​ចត​នៅ​នឹង​កំពង់​ពោធិ​តូច (កំពង់ហ្លួង) ហើយ​មន្ដ្រី​ម្នាក់​ដែល​កាន់​សាសនា​កាតូលិក​បាន​ទិញ​របស់​របរ​មក​ពី​អឺរ៉ុប ពី​នាយ​កប៉ាល់​យក​ទៅ​ថ្វាយ​ព្រះរាជា ដោយ​ដោះ​ដូរ​ជាមួយ​ផលិតផល​របស់​កម្ពុជា (ខែមេសា ឆ្នាំ​១៨១១) ។

រាជពង្សាវតារ​ក៏​បាន​កត់សម្គាល់​អំពី​ព្រឹត្ដិការណ៍​មួយ​ចំនួន​ទៀត​ផង​ដែរ មាន​ការ​បះបោរ​របស់​មនុស្ស​ម្នាក់​មានឈ្មោះ​ថា សីលជ័យ ដែល​ត្រូវ​គេ​ដាក់​ទោស​សម្លាប់​បង់​ ការ​បកប្រែ​សៀវភៅ​ដក​ស្រង់​អត្ថបទ​គម្ពីរ​ព្រះ​ត្រៃ​បិដក​មក​ជា​ភាសា​សាមញ្ញ​ដោយ​គណៈកម្មការ​ចៅអធិការ​វត្ដ ដែល​ប្រមូល​ផ្ដុំ​គ្នា​ធ្វើការ​នៅ​វត្ដ​ភ្នំ​ព្រះរាជទ្រព្យ​ ការ​ចូល​ទិវង្គត​របស់​អ្នក​អង្គ​ម្ចាស់​ព្រះ​អង្គ​កែវ​ឌួង ដែល​មាន​ព្រះ​ជន្ម​៨២​ព្រះ​វស្សា​ ហើយ​និង​ការ​ឃើញ​មាន​ផ្កាយ​ដុះកន្ទុយ​លេច​ចេញ​នៅ​ទិស​ខាងលិច (66) ។

ខ្យល់ព្យុះ​ដែល​ប្រមូលផ្ដុំ​គ្នា​បន្ដិច​ម្ដងៗ​មក​នៅ​ពីលើ​ស្រុក​ខ្មែរ បាន​ផ្ទុះ​ខ្លាំង​ឡើង​នៅ​ពេល​ដែល​ព្រះរាជា​អង្គ​ចន្ទ​ប្រព្រឹត្ដ​កំហុស​ឆ្គង​មួយ ។ បញ្ហា​បាន​កើត​ឡើង​រវាង​ព្រះ​អង្គ​ជាមួយ​នឹង​ព្រះ​អង្គ​ស្ងួន ដែល​ស្ដេច​សៀម​ថ្មី​បាន​តែងតាំង​ជាទី​ឧភយោរាជ ។ ដោយ​មាន​ការ​ភ័យ​ខ្លាច ព្រះ​អង្គ​ស្ងួន​បាន​រត់​ភៀស​ព្រះ​កាយ​ទៅ​គង់នៅ​ពោធិ៍សាត់ ជាមួយ​ព្រះរាជ​វង្សានុវង្ស និង​ភីលៀង​សេនា​ទាំងអស់​ដែល​នៅ​ចម្ងាយ​តែ​៥០​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ដី​បាត់ដំបង ។ ព្រះរាជា​បាន​បញ្ជូន​ព្រះសង្ឃ​២​អង្គ រួច​មន្ដ្រី​៤​នាក់​ទៀត ឱ្យ​ទៅ​យាង​ព្រះ​អង្គ​ត្រលប់​មក​បន្ទាយ​ពេជ្រ​វិញ ប៉ុន្ដែ​ព្រះ​អង្គ​ស្ងួន​មិន​យល់​ព្រម​ត្រលប់​ទៅ​វិញ​ទេ ។ មិន​តែ​ប៉ុណ្ណោះ ទ្រង់​បាន​ចាប់​មន្ដ្រី​ទាំង​៤​នាក់​នោះ​ទុក​ធ្វើ​ជា​ចំណាប់​ខ្មាំង​ថែម​ទៀត រួច​ចាប់​ប្រមែ​ប្រមូល​ទ័ព និង​អាវុធ​យុទ្ធភណ្ឌ ទាមទារ​ឱ្យ​ព្រះរាជា​ប្រគល់​បណ្ដា​ខេត្ដ​ក្រង ក្រគរ និង​ខ្លុង​ថ្វាយ ។

ព្រះរាជា​អង្គ​ចន្ទ​មាន​ព្រះ​តម្រិះ​ថា ព្រះ​ឧភយោរាជ​បាន​ត្រូវ​ស្ដេច​សៀម​តែងតាំង​ឡើង ស្ដេច​សៀម​នឹង​គាំទ្រ​ព្រះ​ឧភយោរាជ រួម​ទាំង​ប្រជារាស្ដ្រ​ខែត្រ​ពោធិ៍សាត់ ដែល​ធ្លាប់​អបអរ​ស្វាគមន៍​ព្រះ​អង្គ​ផង ។ ឆ្លើយ​តប​ទៅ​នឹង​សភាព​ការណ៍​នេះ​ ព្រះ​អង្គ​ចន្ទ​បាន​ស្នើ​សុំ​ជំនួយ​ពី​ស្ដេច​យ៉ាឡុង ។​ ឧត្ដមសេនីយ៍​អាណា្ណម​ឈ្មោះ​ អុង​ជរអ៊ឹង ឌិញលឿង​ ដែល​បញ្ជា​នៅ​សាយហ្គន​ ហើយ​ជា​តំណាង​ស្ដេច​យ៉ាឡុង​ប្រចាំ​នៅ​កូសាំងស៊ីន​បាន​បញ្ជូន​ទ័ព​៥​រយ​នាក់ ឱ្យ​មក​ឈរ​ជើង​នៅ​នឹង​កោះ​ចិន នៅ​ក្នុង​ទន្លេសាប ទល់​មុខ​នឹង​កំពង់ហ្លួង ។ កម្លាំង​ទ័ព​ប៉ុន​នេះ​មិន​គ្រប់​គ្រាន់​ទេ អាច​ប្រៀប​បាន​ត្រឹម​កង​នគរបាល​ដែល​គេ​ប្រើ​សម្រាប់​តែ​ទប់ទល់​កុំ​ឱ្យ​មាន​ការ​លួច​ពង្រត់​ព្រះរាជា​ប៉ុណ្ណោះ ។ ក៏​ប៉ុន្ដែ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ព្រះរាជា​កម្ពុជា​បាន​រៀបចំ​ទទួល​ស្វាគមន៍​ទ័ព​នេះ​យ៉ាង​សមរម្យ បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ពេល​ដែល​មាន​ការ​គំរាម​កំហែង​ពី​ពួក​បះបោរ ព្រះ​អង្គ​សព្វព្រះទ័យ​នឹង​ហៅ​រក​ព្រះរាជា​អាណ្ណាម​ឱ្យ​មក​ជួយ ជា​ជាង​រត់​ទៅ​រក​ស្ដេច​សៀម ហើយ​ទ្រង់​ទុក​ចិត្ដ​អាណ្ណាម​ជាង​ទុកចិត្ដ​សៀម ។

ស្ដេច​សៀម​បាន​សម្រេច​ចិត្ដ​ធ្វើ​អន្ដរាគមន៍​ម្ដង ។ ទ្រង់​បាន​បញ្ជូន​ទ័ព​២​កង មួយ​កងៗ​មាន​គ្នា​៥​ពាន់​នាក់ ដែល​មួយ​កង​ដឹកនាំ​ដោយ​លោក​យមរាជ មួយ​កង​ទៀត​ដឹកនាំ​ដោយ​ពុហុល្លា​ទេព ។ ព្រះរាជា​កម្ពុជា​បាន​បញ្ចេញ​ទ័ព​២​កង​តូច​ទប់ទល់ មួយ​កងៗ​មាន​គ្នា​១​ពាន់​នាក់ ហើយ​និង​ទ័ព​ជើងទឹក​មួយ​កង​ដែល​ដឹកនាំ​ដោយ​ស្ដេចត្រាញ់​ខែត្រ​បាភ្នំ ។ ក៏​ប៉ុន្ដែ​ទ័ព​តូចៗ​ទាំង​អស់​នេះ​មិន​អាច​ទប់ទល់​ជាមួយ​នឹង​ទ័ព​សត្រូវ​ដែល​ច្រើន​ជាង​៥​ដង​បាន​ឡើយ ម្ល៉ោះ​ហើយ​ក៏​នាំ​គ្នា​ដកថយ​មិន​ហ៊ាន​ប្រយុទ្ធ​ទេ ។​ នៅ​ពេល​ដែល​ព្រះរាជា​ទទួល​បាន​ដំណឹង​ថា​ព្រះ​ឧភយោរាជ​កំពុង​ដឹកនាំ​ទ័ព​ខ្មែរ​៣​ពាន់​នាក់ និង​ទ័ព​សៀម​២​ពាន់​នាក់ ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ឧត្ដុង្គ ទ្រង់​ក៏​ភៀស​ព្រះ​កាយ​ចេញពី​រាជធានី​ទៅ​ជាមួយ​នឹង​ព្រះរាជ​វង្សានុវង្ស ក្រោម​កិច្ច​ការពារ​របស់​ទ័ព​អាណ្ណាម ទៅ​គង់នៅ​ឯ​កោះ​ដី​នៅ​ក្នុង​ទន្លេ​មេគង្គ នៅ​ខាងក្រោម​ភ្នំពេញ​បន្ដិច ។

នៅ​ពេល​ដែល​ព្រះរាជា​កំពុង​តែ​យាង​ចុះ​តាម​ទន្លេ ទ័ព​របស់​ព្រះ​អង្គ​បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​ទ័ព​សៀម​នៅ​កំពង់ឆ្នាំង តែ​ត្រូវ​បរាជ័យ ក៏​រត់​ចុះ​ទៅ​ទិស​ខាងត្បូង ដោយ​នាំ​ប្រជាជន​យក​ទៅ​ផង ដើម្បី​កុំឱ្យ​សៀម​កៀរ ។​ ពេល​ទទួល​បាន​នូវ​ព័ត៌មាន​ស្ដី​អំពី​បរាជ័យ​នេះ​ ព្រះ​ឧបរាជ​អង្គ​ឯម​ និង​អ្នក​អង្គ​ម្ចាស់​អង្គឌួង​បាន​នាំ​គ្នា​បោះ​បង់​ព្រះរាជា​ជា​ព្រះ​រៀម​ ហើយ​រត់​ត្រលប់​ក្រោយ​មក​កាន់​ឧត្ដុង្គ​វិញ​ដែល​ទ័ព​សៀម​កំពុង​តែ​កាន់​កាប់ ។​ ការ​បោះ​បង់​ចោល​ដោយ​ព្រះ​អនុជ​ទាំង​២ បាន​ធ្វើ​ឱ្យ​ព្រះរាជា​អង្គ​ចន្ទ​អស់​សង្ឃឹម​ជា​ខ្លាំង ទើប​បណ្ដោយ​ខ្លួន​ព្រះ​អង្គ​តាម​តែ​ពួក​អាណ្ណាម ដែល​បន្ទាប់​មក​បាន​នាំ​ព្រះ​អង្គ​ទៅ​កាន់​សាយហ្គន ។

ពេល​នេះ ព្រះរាជាណាចក្រ​ត្រូវ​គ្មាន​អ្នកដឹកនាំ​ម្ដងទៀត​ហើយ ព្រោះ​ព្រះរាជា​គង់នៅ​ឯ​ស្រុក​អាណ្ណាម ចំណែក​ឯ​អ្នក​អង្គ​ម្ចាស់​បះបោរ​មួយ​អង្គ​គឺ​ព្រះ​ឧភយោរាជ ក៏​មិន​ទាន់​ហ៊ាន​ចាប់​កាន់​អំណាច​នៅ​ឡើយ​ដែរ ហើយ​គង់នៅ​ឯ​ពោធិ៍សាត់​ឯណោះ ។ ព្រះ​ឧបរាជ​អង្គ​ឯម និង​ព្រះ​អង្គឌួង​ក៏​រៀបចំ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​មួយ​ឡើង ដែល​មាន​ពាក់​កណ្ដាល​ជា​ខ្មែរ និង​ពាក់​កណ្ដាល​ទៀត​ជា​សៀម រួច​ហើយ​បាន​នាំ​គ្នា​យាង​ទៅ​បាងកក​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៨១១ ដើម្បី​សុំ​យោបល់​ឯកភាព​ពី​ស្ដេច​សៀម ។

បន្ដិច​ក្រោយមក​ព្រះរាជា​អង្គ​ចន្ទ​មាន​សេចក្ដី​ក្លាហាន​ឡើង​វិញ បាន​ដឹកនាំ​ទ័ព​២​ម៉ឺន​នាក់​ចូល​មក​ក្នុង​រាជធានី​ឧត្ដុង្គ ក្នុង​នោះ​មាន​ទ័ព​អាណ្ណាម​៥​ពាន់​នាក់ និង​ទ័ព​ខ្មែរ​ដែល​គាំទ្រ​តាម​ដង្ហែ​ព្រះ​អង្គ ។ ប្រជារាស្ដ្រ​ទាំងអស់ ស្វាគមន៍​អបអរ​ទទួល​ព្រះ​អង្គ​ហើយ​ព្រះរាជា​បាន​យាង​ចូល​ក្នុង​ព្រះរាជវាំង​នៅ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​១៨១៣ ។ ទ័ព​សៀម​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នឹង​ការ​យាង​ត្រលប់​មក​វិញ​យ៉ាង​រហ័ស​របស់​ព្រះរាជា​បែប​នេះ​ ណា​មួយ​បាន​ឮ​សំឡេង​ប្រជាជន​ទះដៃ​អបអរសាទរ​អឺងកង​ផង អ្នកស្រុក​ស្រែ​ចម្ការ​ក៏​ដក​ដៃ​ចេញពី​ខ្លួន​អស់​ទៅ​ផង ឯ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ក៏​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ឧត្ដុង្គ ដើម្បី​ចូល​គាល់​ព្រះរាជា​ផង ទ័ព​សៀម​ទាំងនោះ​គិត​ថា នគរ​ទាំងមូល​នឹង​បះបោរ​ប្រឆាំង​នឹង​ខ្លួន​ជា​មិន​ខាន ម្ល៉ោះ​ហើយ​ក៏​ប្រញិប​ប្រញាប់​ឆាប់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​ជា​បន្ទាន់ ។ ប៉ុន្មាន​ខែ​ក្រោយ​មក ព្រះ​ឧភយោរាជ​អង្គ​ស្ងួន​សុគត​នៅ​បាងកក​នោះ ។ សៀម​បាន​បញ្ជូន​ព្រះ​អដ្ឋិធាតុ​របស់​ព្រះ​អង្គ​មក​ថ្វាយ​ព្រះ​អង្គ​ចន្ទ​នៅ​ក្នុង​ឆ្នាំ​១៨២៤ ។

ការ​ដែល​ពួក​អាណ្ណាម​បាន​ជួយ​លើក​ព្រះ​អង្គ​ចន្ទ ឱ្យ​យាង​មក​គង់​លើ​រាជសម្បត្ដិ​វិញ​នៅ​ពេល​នេះ​ហាក់​ដូច​ជា​បាន​ប្រព្រឹត្ដ​ទៅ​ដោយ​គ្មាន​ការ​បង្ហូរឈាម​សោះ​ឡើយ អ្វីៗ​ហាក់​ដូចជា​វិល​ត្រលប់​មក​រក​ភាព​ស្ងប់ស្ងាត់​វិញ ហើយ​ស្រាប់​តែ​ចៅហ្វាយ​ខែត្រ​កំពង់ស្វាយ​ឈ្មោះ ម៉េង ដែល​ជា​អ្នក​ចូលរួម​សម​គំនិត​ជាមួយ​នឹង​ព្រះ​អង្គ​ឯម និង​ព្រះ​អង្គឌួង បាន​ចាប់​ផ្ដើម​បំផុស​បំផុល​អ្នកស្រុក​ឱ្យ​បះបោរ​ឡើង ដើម្បី​ទាក់​ទាញ​ឱ្យ​មាន​អន្ដរាគមន៍​ពី​សៀម​សា​ជា​ថ្មី និង​ឱ្យ​គាត់​ទទួល​បាន​សិទ្ធិ​អំណាច​ដូច​មិត្ដ​ចាស់​របស់​គាត់​នៅ​ឯ​បាត់ដំបង គឺ​បែន​កាលពី​មុន​អីចឹង ។ ម៉េង​បាន​បញ្ចុះ​បញ្ចូល​ប្អូន​គាត់​ដែល​ជា​ចៅហ្វាយ​ខែត្រ​បារាយណ៍​ឱ្យ​ដើរ​តាម​គាត់ រួច​ចាប់ផ្ដើម​ជ្រើស​រើស​ទ័ព ស្រាប់​តែ​ព្រះរាជា​បាន​ចាត់​ទ័ព​មួយ​កង​តូច​ឱ្យ​ទៅ​កំពង់ស្វាយ ដើម្បី​ទប់​កុំឱ្យ​ការ​បះបោរ​រីក​រាលដាល ។ ម៉េង និង​ប្អូនប្រុស មិន​អាច​ទប់ទល់​នឹង​ទ័ព​ព្រះរាជា ព្រោះ​មិន​ទាន់​រើស​ទ័ព​បាន ក៏​នាំ​គ្នា​រត់​ទៅ​ជ្រកកោន​នៅ​ក្នុង​ខែត្រ​ទន្លេរពៅ (67) ។ បន្ដិច​ក្រោយ​មក ដោយ​ភ័យ​ខ្លាច​អ្នកស្រុក​ចាប់​យក​មក​ប្រគល់​ឱ្យ​ព្រះរាជា អ្នក​ទាំង​២​បាន​នាំ​គ្នា​រត់​ឆ្លង​ទៅ​នៅ​ឯ​ខោន​វិញ ។ ទឹកដី​ខោន​នេះ ខ្មែរ​មិន​ដែល​ប្រគល់​ឱ្យ​ទៅ​លាវ​ម្ដង​ណា​ទេ ក៏​ប៉ុន្ដែ​បាន​គោរព​ស្ដាប់​បញ្ជា​របស់​ចៅ​នៅ​បាសាក់ (៦៨) តាំង​តែ​ពី​៧៥​ឆ្នាំ​មុន​មក​ម្ល៉េះ ។

ម៉េង​បាន​ចេញ​ដំណើរ​បន្ដ​ពី​នោះ​ទៅ​កាន់​បាងកក ហើយ​បាន​ញុះញង់​ឱ្យ​ស្ដេច​សៀម​ដណ្ដើម​យក​ដី​កំពង់ស្វាយ ។ សៀម​បាន​រៀបចំ​ប្រតិបត្ដិការ​មួយ វាយ​ដណ្ដើម​យក​កំពង់ស្វាយ និង​បន្ទាយ​ការពារ ដែល​ចៅហ្វាយ​ខែត្រ​បាន​បោះបង់​ដោយ​កំសាក ក៏​ប៉ុន្ដែ​ពួក​សៀម​ត្រូវ​បង្ខំចិត្ដ​បោះបង់​ចោល​ទៅ​វិញ ក្រោយ​ពី​មាន​ការ​ខូចខាត​ច្រើន​ពេក ។

នៅ​ក្នុង​ឆ្នាំ​១៨១៤ ទ័ព​សៀម​បាន​លេចមុខ​នៅ​កូរ៉ាត រួច​ហើយ​បាន​ដណ្ដើម​យក​ទឹកដី​ទាំងអស់ ដែល​ស្ថិត​នៅ​ចន្លោះ​ខែត្រ​ព្រហ្មទេព និង​ភ្នំ​ដងរែក ហើយ​ក៏​បាន​យក​ខែត្រ​ម្លូព្រៃ និង​ទន្លេរពៅ​ផង​ដែរ ដែល​ស្ថិត​នៅ​ក្នុង​ដី​កំពង់ស្វាយ ក៏​ប៉ុន្ដែ​នៅ​ឆ្ងាយ​ពី​រាជធានី​ឧត្ដុង្គ​ខ្លាំង​ពេក ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះរាជា​មិន​សូវ​បាន​យក​ព្រះ​ទ័យ​ទុកដាក់ ។ ដណ្ដើម​យក​ទឹកដី​ទាំង​អស់នោះ​បាន​ដោយ​ស្រួល​រួច​ហើយ ទ័ព​សៀម​បាន​ឆ្លង​ទន្លេ​ទៅ​ដណ្ដើម​យក​ស្ទឹងត្រែង ដាក់​បញ្ចូល​ទៅ​ក្នុង​ព្រះរាជា​ណាចក្រ​សៀម​ថែម​ទៀត (៦៩) ។ គឺ​នៅ​ស្ទឹងត្រែង​នេះឯង​ដែល​ព្រះរាជា​លង្វែក​មួយ​អង្គ​បាន​រត់​មក​ជ្រកកោន​នៅ​ចុង​សតវត្សរ៍​ទី​១៦ ក្រោយ​ពី​សៀម​ចូល​លុក​លុយ ។

ព្រះរាជា​កម្ពុជា​ពេល​នោះ​មិន​បាន​ប្រកែក​តវ៉ា​ប្រឆាំង​អ្វី​ទេ បណ្ដោយ​ឱ្យ​សៀម​ធ្វើ​តាម​តែ​ចិត្ដ​ចង់ ម្ល៉ោះ​ហើយ កម្ពុជា​ក៏​ត្រូវ​កាត់​ផ្ដាច់​លែង​មាន​ព្រំប្រទល់​ដែន​ជាប់​ជាមួយ​ប្រទេស​លាវ​ទៀត​ហើយ ព្រោះ​មាន​ទឹកដី​ដែល​ក្លាយ​ទៅជា​របស់​សៀម​នៅ​ចន្លោះ​កណ្ដាល ។ នៅ​ក្នុង​ឆ្នាំ​១៨១៥​ កម្ពុជា និង​សៀម​បាន​ចុះ​សន្ធិសញ្ញា​សន្ដិភាព​មួយ ក៏​ប៉ុន្ដែ​គេ​មិន​បាន​និយាយ​អំពី​ទឹកដី​ដែល​សៀម​ទើបតែ​យក​ទៅ​នេះ​ទេ ។ ទឹកដី​នេះ​បាន​ក្លាយ​ទៅជា​របស់​សៀម ក៏​ប៉ុន្ដែ​បើ​គេ​គិត​តាម​ផ្លូវ​ទូត​វិញ គ្មាន​លក្ខណៈ​អ្វី​ឱ្យ​ច្បាស់​លាស់​ទេ ដូច​តែ​ដី​បាត់ដំបង និង​អង្គរ ដែល​យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ ។

គឺ​នៅ​សម័យ​នោះ​ឯង ដែល​គេ​បាន​ជីក​ព្រែកជីក​វិញតេ​ រាជពង្សាវតារ​កម្ពុជា​និយាយ​ថា​នៅ​ក្នុង​ឆ្នាំ​១៨១៥​ រាជពង្សាវតារ​អាណ្ណាម​និយាយ​ថា​ក្នុង​ឆ្នាំ​១៨១៦ តែ​សៀវភៅ​មួយ​មាន​ឈ្មោះ​ថា «យ៉ាឌិញ​អុង​ជី»=ប្រវត្ដិ​ដី​កូសាំងស៊ីន​ថា នៅ​ក្នុង​ឆ្នាំ​១៨២០ (70) ។ ព្រែក​នេះ​គេ​ជីក​ចេញពី​ស្ទឹង​វិញតេ តម្រង់​ទៅ​រក​ដៃសមុទ្រ​ហាទៀង ។ កម្លាំង​ចូលរួម​មាន​ទាំងអស់​១​ម៉ឺន​នាក់ គឺ​អាណ្ណាម​៥​ពាន់​នាក់ និង​ខ្មែរ​៥​ពាន់​នាក់ ជីក​ព្រែក​ប្រវែង​ទាំង​អស់​៥៣​គីឡូម៉ែត្រ​ ទទឹង​៣៣​ម៉ែត្រ​ ជម្រៅ​២​ម៉ែត្រ​៦០ ។​ ពលករ​ម្នាក់ៗ​ទទួល​បាន​ប្រាក់​៧​ហ្វ្រង់​ និង​អង្ករ​៣០​គីឡូក្រាម ក្នុង​១​ខែៗ ។ មាន​វិស្វករ​អាណ្ណាម​៣​នាក់​ដឹកនាំ​ការងារ​នេះ ក៏​ប៉ុន្ដែ​ពួក​ពលករ​មាន​មេកោយ​ផ្ទាល់ ជា​ជាតិ​សាសន៍​រៀងៗ​ខ្លួន ។ ស្ដេច​នគរ​ទាំង​២ គឺ​ស្ដេច​យ៉ាឡុង និង​ព្រះបាទ​អង្គ​ចន្ទ បាន​ឯកភាព​គ្នា​ឱ្យ​គេ​ជីក​ព្រែក​នេះ​ឡើង ដែល​ត​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​នឹង​ឈូង​សមុទ្រ​សៀម ក៏​ប៉ុន្ដែ​ប្រជាជន​ខ្មែរ​បាន​ចាត់​ទុក​កំណែន​នេះ​ថា ជា​ការ​ជិះជាន់​មួយ ហើយ​និង​ជា​ការ​អន់​ខ្សោយ​របស់​ព្រះរាជា​កម្ពុជា​នៅ​ចំពោះ​មុខ​ស្ដេច​អាណ្ណាម ព្រោះ​ជីក​ព្រែក​នៅ​ក្នុង​ទឹកដី​ខ្មែរ ។ អ្នកស្រុក​នៅ​ក្នុង​ខែត្រ​ពាម​បន្ទាយមាស​ ទ្រាំង​ និង​ព្រៃកប្បាស​ នៅ​ចង​ចាំ​អំពី​កំណែន​នេះ​នៅ​ឡើយ​បើ​ទោះបី​ថា កម្រៃ​ដែល​គេ​បាន​ទទួល​នៅ​ពេល​នោះ​សមរម្យ​ហើយ​ក៏​ដោយ ០,២៣​ហ្វ្រង់ (សម្រាប់​អង្ករ​១​ថ្ងៃ) ។ នៅ​ពេល​ដែល​អាជ្ញាធរ​បារាំង​ស្នើ​សុំ​ពលករ​ឱ្យ​ចូលរួម​ជួយ​លើក​ផ្លូវជាតិ ដោយ​បើក​កម្រៃ​ឱ្យ​ច្រើន​ជាង​៤​ដង គេ​តែងតែ​ឮ​អ្នកស្រុក​ត្អូញត្អែរ​ពី​សម័យ​ជីក​ព្រែក​នោះ ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើ​ការ​ពេញ​មួយ​រដូវ «ជីក​ព្រែក​ឱ្យ​យួន» ។

អ្វី​ដែល​ធ្វើ​ឱ្យ​ខ្មែរ​រឹតតែ​ខឹង​ខ្លាំង​ឡើង​ថែម​ទៀត​នោះ គឺ​នៅ​ក្រោយ​ពេល​ជីក​ព្រែក​នេះ​រួច ពួក​អាណ្ណាម​បាន​កាត់​យក​ដី​ទាំងអស់​ដែល​ស្ថិត​នៅ​ខាងត្បូង​ព្រែក ចាត់​ទុក​ព្រែក​នោះ​ថា​ជា​ព្រំដែន​នគរ​ទាំង​២ ។ មិន​តែ​ប៉ុណ្ណោះ អាណ្ណាម​បាន​បង្កើត​ប៉ុស្ដិ៍​គយ​នៅ​លើ​ត្រើយ​ខាងស្ដាំ​ទន្លេ​មេគង្គ ត្រង់​កន្លែង​ច្រក​ចូល​ទៅ​ក្នុង​ព្រែក នៅ​កោះ​ក្ដាក និង​នៅ​ពាមជរ​ថែម​ទៀត ។

នៅ​ពេល​ដែល​ខ្មែរ និង​អាណ្ណាម​កំពុង​តែ​ព្រួត​ដៃ​គ្នា​ជីក​ព្រែក​វិញតេ​ ខាង​និរតី​ប្រទេស នៅ​ខាងជើង​ប្រទេស​ឯណោះ​វិញ​ មាន​ពួក​បះបោរ​១​ក្រុម​បាន​លេចមុខ​ឡើង​នៅ​ក្នុង​ខែត្រ​កំពង់ស្វាយ ។

ឧកញ៉ា​តេជោ​ចៅហ្វាយខែត្រ​កំពង់ស្វាយ​បាន​រួសរាន់​កេណ្ឌ​ទ័ព​បាន​មួយ​កង​តូច ដើម្បី​ទប់ទល់​នឹង​ពួក​បះបោរ ក៏​ប៉ុន្ដែ​មិន​អាច​ទប់​បាន ក៏​វាយ​ដកថយ​មក​វិញ ក្រោយ​ពី​ជំនួយការ​របស់​ចៅហ្វាយ​ខែត្រ​ត្រូវ​សត្រូវ​សម្លាប់​បាន ។ ឧកញ៉ា​តេជោ​បាន​ដឹកនាំ​ទ័ព​គេច​ទៅ​កំពង់លែង នៅ​ក្នុង​ខែមីនា ឆ្នាំ​១៨១៦ ជាមួយ​នឹង​ចៅហ្វាយ​ខែត្រ​ព្រៃក្ដី ជា​ខែត្រ​តូច​មួយ​នៅ​លើ​ស្ទឹងសែន ។ ព្រះរាជា​ខ្ញាល់​ជា​ខ្លាំង​នឹង​ឧកញ៉ា​តេជោ ដែល​មិន​បំពេញ​ភារកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ ទ្រង់​ក៏​ដាក់​ឧកញ៉ា​នរិន្ទ​សេនា​ម៉ា​ជំនួស​វិញ ។ ឧកញ៉ា​នរិន្ទ​សេនា​បាន​កេណ្ឌ​ទ័ព​មួយ​កង​ភ្លាម ហើយ​បាន​វាយ​ទៅ​លើ​ពួក​បះបោរ ធ្វើ​ឱ្យ​ពួក​នោះ​បរាជ័យ​នៅ​ក្នុង​ខែឧសភា ឆ្នាំ​១៨១៦ ។

ព្រះរាជា​កម្ពុជា​ពេល​នោះ​ទ្រង់​ហាក់​ដូចជា​បាន​ខិតខំ​ថ្លឹងថ្លែង ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ភាព​ស្មើគ្នា​រវាង​ប្រទេស​ជា​អ្នក​ការពារ​ទាំង​២ ។ យ៉ាង​ណាមិញ ទ្រង់​បាន​ចាត់​បញ្ជូន​ឱ្យ​ទៅ​តាម​កំពត និង​តាម​សំពៅ នូវ​សាច់​ប្រាក់​ចំនួន​២០០​ឆ្នាំង ទៅ​ថ្វាយ​ស្ដេច​សៀម ហើយ​ក៏​បាន​ចាត់​មន្ដ្រី​២​រូប​ឱ្យ​នាំ​ក្រមួន​២​ហាប ក្រវាញ​១​ហាប ម្រ័ក្សណ៍​១​ហាប ស្ពាន់ធ័រ​១​ហាប ដង្កោ​១​ហាប ភ្លុក​ដំរី​២​ហាប និង​ស្នែង​ខ្ចី​២គូ ទៅ​ថ្វាយ​ស្ដេច​អាណ្ណាម​ដែរ ។

នៅ​ក្នុង​អំឡុង​ឆ្នាំ​១៨១៦​នោះ​ដែរ មាន​រឿង​ធំ​មួយ​កើត​ឡើង គឺ​កូនចៅ​ម្នាក់​របស់​ពួក​ព័រទុយហ្គាល់ ដែល​មក​រស់នៅ​កម្ពុជា​កាលពី​ប៉ុន្មាន​សតវត្សរ៍​មុន​បាន​ទទួល​ការ​ប្រោសប្រណី​ពី​ព្រះរាជា​ដែល​តែង​តាំង​ឱ្យ​ឡើងជា​ឧកញ៉ា​ក្រឡាហោម គឺ​រដ្ឋមន្ដ្រី​ទ័ព​ជើងទឹក ។ ជន​នោះ​មាន​នាម​ត្រកូល​ថា​ ម៉ុងតេរ៉ូ ហើយ​មាន​ឈ្មោះ​ផ្ទាល់ខ្លួន​ថា បែន និង​មាន​ឋានៈ​ជា​ព្រះរាជ​ពិភេក គឺ​គ្រូពេទ្យ​សម្រាប់​ព្រះរាជា ។ ជន​នេះ​ជា​កូនកាត់​ទេ ក៏​ប៉ុន្ដែ​គេ​ចាត់​ទុក​គាត់​ថា ជា​ជន​អឺរ៉ុប ។ ​ព្រះរាជា​បាន​ចាត់​ទុក​គាត់​ថា​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​ម្នាក់​ ក៏​ប៉ុន្ដែ​ពួក​សហសេវិក​ទាំងឡាយ​ស្អប់​គាត់​ដោយ​ព្រោះតែ​គាត់​ជាប់​ខ្សែ​ស្រឡាយ​អឺរ៉ុប ហើយ​គាត់​ឆ្លាត​វាងវៃ​ជាងគេ ម្ល៉ោះ​ហើយ​ក៏​រករឿង​ចោទ​ប្រកាន់​គាត់​ថា គៃ​បន្លំ សាហាវ មាន​បទឧក្រិដ្ឋ​១០​យ៉ាង ។ ព្រះរាជា​បាន​សម្រេច​ឱ្យ​គេ​នាំ​យក​គាត់​ទៅ​តុលាការ ។ តុលាការ​បាន​រក​ទៅ​ឃើញ​ថា គាត់​មាន​កំហុស​ដោយ​សារ​គាត់​បាន​យក​ប្រាក់​ពី​អ្នក​ដែល​គាត់​បាន​រក​បុណ្យ​សក្ដិ​ឱ្យ បាន​លាក់​ខ្ញុំ​របស់​គេ​ដែល​រត់​មក​ជ្រកកោន​នឹង​គាត់ ផ្ទុយ​ទៅ​នឹង​ច្បាប់​ព្រះ​នគរ​ដែល​កំណត់​ថា ត្រូវ​តែ​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ​បើ​ពុំនោះ​ទេ​ម្ចាស់​ថ្មី​ត្រូវ​ទិញ​ខ្ញុំ​នោះ​ពី​ម្ចាស់​ដើម​ បាន​ប្រព្រឹត្ដ​កាមគុណ​ជាមួយ​ប្រពន្ធ​ ឬ​សហាយ​របស់​អ្នក​ដទៃ ដែល​គាត់​បាន​ទាក់​ទាញ​ឱ្យ​មក​ផ្ទះ​គាត់ ជួន​កាល​គាត់​យក​រហូត​តែ​ម្ដង និង​កាត់​សេចក្ដី​ទៅ​តាម​តែ​លាភ​សក្ការៈ​ដែល​បាន​ទទួល ។ បែន​ម៉ុងតេរ៉ូ បាន​សារភាព​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ក៏​ប៉ុន្ដែ​ដល់​ស្អែក​ឡើង គាត់​គេចខ្លួន​បាត់ ។ គេ​បាន​តាម​ចាប់​គាត់​មក​វិញ ហើយ​ព្រះរាជា​បាន​សម្រេច​កាត់ទោស​គាត់​ឱ្យ​គេ​សម្លាប់​ដោយ​កាត់​ក្បាល ។ ចំណែក​កូនប្រុស​របស់​គាត់​ដែល​បាន​រៀបចំ​ការ​រត់គេច​របស់​គាត់ ព្រះរាជា​បាន​លើក​លែង​ទោស​កំហុស​ឱ្យ ដោយ​ទ្រង់​គិត​ថា​គ្នា​ប្រព្រឹត្ដ​ដូច្នេះ​ក៏​ដោយសារ​តែ​ដើម្បី​តបស្នង​សងគុណ​ឪពុក​ប៉ុណ្ណោះ ។

ព្រះ​អង្គ​ចន្ទ​មាន​ព្រះរាជ​បំណង​ចង់​ឱ្យ​ការ​ផ្ដល់​យុត្ដិធម៌​របស់​ព្រះ​អង្គ​ត្រូវ​បាន​អនុវត្ដ​ពេញ​លេញ ម្ល៉ោះ​ហើយ​ទ្រង់​បាន​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ដែល​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​បែន​ម៉ុងតេរ៉ូ ទាំងអស់ ទោះ​បីជា​អ្នក​ទាំង​អស់នោះ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​របស់​បែន​ក៏​ដោយ ។ ក្រឡាបញ្ជី​រ័ត្ន និង​ក្រឡាបញ្ជី​នូ​ត្រូវ​វាយ​៥០​រំពាត់ រួច​ហើយ​ត្រូវ​ចាត់​ទុកជា​ខ្ញុំ​រាជការ​ដូច​ជា​ពួក​អ្នក​ថែទាំ​សេះ​អីចឹង ។​ អ្នក​រួមគំនិត​ឯ​ទៀតៗ​ត្រូវ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ រួម​ទាំង​មន្ដ្រី​អ្នក​យាមគុក​ផង​ដែល​បាន​ធ្វើ​ឱ្យ​អ្នកទោស​រត់​រួច ។​ ពួក​រាជការ​ណា​ដែល​បាន​ទិញ​បុណ្យ​សក្ដិ​ត្រូវ​បញ្ចុះ​ឋានៈ ទម្លាក់​ឱ្យមក​ជា​រាស្ដ្រ​សាមញ្ញ ហើយ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​ត្រូវ​រឹបអូស (71) ។

នៅ​ក្នុង​ឆ្នាំ​១៨១៧ រាជការ​បាន​កំណត់​យក​ពន្ធ​ស្រូវ​៥​ថាំង​លើ​ស្រូវ​៥០​ថាំង​ដំបូង រួច​បាន​សម្រេច​ថា ត​ទៅ​អនាគត​ពន្ធ​នេះ​នឹង​ត្រូវ​គិត​រហូត​ដល់​ចំនួន​កូនចៅ​ និង​ខ្ញុំកំដរ​ដែល​ស្ថិត​នៅ​ក្នុង​បន្ទុក​គ្រួសារ​ថែម​ទៀត ។​ ម្ល៉ោះ​ហើយ ព្រះរាជា​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​គេ​ធ្វើ​សម្រង់​ចំនួន​ប្រជាជន មាន​រៀបរាប់​អំពី​ឈ្មោះ​មេ​គ្រួសារ ប្រពន្ធ កូន ចៅ និង​ខ្ញុំកំដរ ដោយ​បញ្ជាក់​ច្បាស់​អំពី​ភេទ និង​អាយុ​ផង​ដែរ ។

នៅ​ក្នុង​ឆ្នាំ​នោះ ក្រោយ​ពី​មាន​ភាព​រាំងស្ងួត​ខ្លាំង​រួច​មក មាន​ទឹកជំនន់​មួយ​យ៉ាង​ធំ​ប្លែក​ពី​សព្វដង ធ្វើ​ឱ្យ​ផល​ស្រូវ​ថយ​ចុះ​ម្យ៉ាង​ដោយ​សារ​ប្រជាជន​មិន​អាច​ភ្ជួរ​រាស់​ដី​បាន​ទាន់​ពេល​ ម្យ៉ាង​ទៀត​ដោយ​សារ​សំណាប​សន្ទូង​ត្រូវ​ទឹក​លិច​បាត់​អស់ ។ ផ្ទះ​ជា​ច្រើន​ត្រូវ​ទឹក​ជំនន់​ហូរ​នាំ​យក​ទៅ​បាត់ សត្វ​ពាហណៈ​ក៏​លង់​ទឹក​ស្លាប់​ច្រើន សត្វ​ធាតុ​រត់​ទៅ​ជ្រក​នៅ​ឯ​ដី​ខ្ពង់រាប​ខ្ពស់ៗ​អស់ ។ អ្នកស្រុក​ត្រូវ​នាំ​គ្រួសារ និង​គោក្របី​ទៅ​រក​ទី​ខ្ពស់​ដែរ ។ ពេល​នោះ​មាន​ការ​ចាប់​ជំរត់​មនុស្ស និង​លួច​គោក្របី​ជា​ច្រើន ។ បន្ទាយ​ល្វាឯម ដែល​ពួក​អាណ្ណាម​បាន​សាងសង់​ឡើង ត្រូវ​បំផ្លាញ​ខ្ទេច​អស់ ហើយ​ទឹក​លិច​ព្រះរាជវាំង​កម្ពស់​២​ហត្ថ​កន្លះ ។ ទុរ្ភិក្ស​រាលដាល​ពាស​ពេញ​នគរ ព្រោះ​ស្រូវ​លិច​ទឹក​ខូច​គ្មាន​សល់ ស្រូវ​១​ថាំង​តម្លៃ​៥​បាត គឺ​ប្រហែល​ជា​៤៧​ក្រាម​ប្រាក់​សុទ្ធ ស្មើ​នឹង​១០​ហ្វ្រង់ ។ មាន​កើត​ចោរ​ដើរ​កាប់​សម្លាប់​លួច​ប្លន់​ជា​ច្រើន ណា​មួយ​មាន​អាសន្នរោគ ជំងឺ​សត្វ និង​អុត ពាស​ពេញ​ប្រទេស​ទៀត​ផង ។

នៅ​ដំណាច់​ឆ្នាំ មេទ័ព​អាណ្ណាម​ត្រូវ​ផ្លាស់​ចេញ ព្រះរាជា​បាន​ជូន​ដំណើរ​រហូត​ទៅ​ដល់​សាយហ្គន ដើម្បី​បាន​ចូល​សម្ដែង​ការ​គួរសម​ចំពោះ​លោក​សេនាប្រមុខ​ដែល​ឈរ​ជើង​នៅ​ទីនោះ​ផង ។​ ប៉ុន្មាន​ខែ​ក្រោយ​មក​បន្ទាប់​ពី​បាន​សម្ដែង​ការ​គោរព​ក្នុង​ឋានៈ​ជា​នគរ​ចំណុះ​ដល់​អាណ្ណាម​រួច​ហើយ​ព្រះរាជា​បាន​ចាត់​មន្ដ្រី​ជាន់​ខ្ពស់​២​នាក់​ឱ្យ​ចុះ​សំពៅ​តាម​កំពត​ទៅ​ចូលរួម​ព្រះរាជ​ពិធី​បូជាសព​ព្រះ​ឧបរាជ​សៀម ។ នេះ​ជា​ការ​សម្ដែង​ឱ្យ​ឃើញ​នូវ​ការ​ទទួលស្គាល់​ភាព ជា​ចំណុះ​ស្ដេច​បាងកក ។

នៅ​ឆ្នាំ​១៨១៨​អ្នក​កាន់សីល​ម្នាក់​នៅ​បាភ្នំ​ឈ្មោះ​ថា​ កែ ​កើត​ជំងឺ​ឡប់សតិ​ហើយ​ប្រកាស​ថា​ខ្លួន​ជា​អ្នក​មាន​បុណ្យ បាន​កេណ្ឌ​ទ័ព​សម្លាប់​ឧកញ៉ា​តេជោ​ម៉ុន​ជា​ចៅហ្វាយ​ខែត្រ​ចោល ហើយ​ទាក់​ទាញ​មន្ដ្រី​៣​នាក់ ដែល​មិន​សប្បាយ​ចិត្ដ​ឱ្យ​ចូល​ដៃ​ជាមួយ ចាប់​ផ្ដើម​កាប់​សម្លាប់​ពួក​អាណ្ណាម​យ៉ាង​រង្គាល ។ ដើម្បី​ការពារ​ជន​រួម​ជាតិ​របស់​គេ មេទ័ព​អាណ្ណាម​២​នាក់​គឺ​ អុង​តាក្វាន (ឡេ​វ៉ាន់យៀត) និង​អុង​ចាន់ដូវ បាន​ដឹកនាំ​ទ័ព​៥​ពាន់​នាក់ មក​បោះ​ទីតាំង​នៅ​កោះសូទិន ក្នុង​ខែត្រ​កំពង់ចាម ។ ពេល​នោះ​ព្រះរាជា​កម្ពុជា​បាន​បញ្ជូន​ចៅហ្វ៊ា​ទួនផា ឱ្យ​ដឹកនាំ​ទ័ព​២​ពាន់​នាក់​ទៅ​វាយ​ពួក​បះបោរ​ដែរ ។​ ទ័ព​ទាំង​២​កង​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ទ័ព​បះបោរ​ដែល​មាន​ចំនួន​តិច​ជាង​ មិន​អាច​ទប់ទល់​បាន ហើយ​ឡោម​ព័ទ្ធ​ចាប់ កែ សម្លាប់​ចោល​ទៅ ។ ពួក​មន្ដ្រី​៣​រូប​ដែល​មិន​សប្បាយ​ចិត្ដ ហើយ​ចូល​ដៃ​ចូល​ជើង​ជាមួយ​ពួក​ក្បត់ ត្រូវ​ចាប់​បាន​ជា​ឈ្លើយ ហើយ​បញ្ជូន​ទៅ​ឱ្យ​មេទ័ព​អាណ្ណាម​នៅ​ឯ​បេនញែ (សាយហ្គន) ។ ក្រោយ​ពី​សាកសួរ​ចម្លើយ​រួច មេទ័ព​អាណ្ណាម​ក៏​បញ្ជូន​អ្នក​ទាំង​៣​នាក់​មក​ថ្វាយ​ព្រះរាជា​កម្ពុជា​វិញ ។ ព្រះ​អង្គ​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​សម្លាប់​ចោល​ទៅ ។

ដប់​ឆ្នាំ​ក្រោយមក គឺ​នៅ​ក្នុង​ឆ្នាំ​១៨២៩ ស្ដេច​សៀម​បាន​បញ្ជូន​ចៅ​ឃុន​បឌិន (៧២) ឱ្យ​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​ស្ដេច​លាវ ដណ្ដើម​យក​រាជធានី​វៀងចន្ទ​បាន ។ ចៅ​ឃុន​បឌិន​ចាប់​ស្ដេច​លាវ​បាន​ជា​ឈ្លើយ ហើយ​នាំ​យក​មក​បាងកក​ដាក់​ឱ្យ​ប្រជាជន​ស្ដីជេរ​រួច​ធ្វើ​ឃាត​ចោល​ទៅ ។​ សៀម​ដុត​បំផ្លាញ​រាជធានី​វៀងចន្ទ​ខ្ទេចខ្ទី​ ហើយ​បាន​កៀរ​អ្នកស្រុក​យក​មក​ដាក់​នៅ​លើ​ត្រើយ​ទន្លេ​មេគង្គ​ខាងស្ដាំ រួច​បែង​ចែក​ឱ្យ​ទៅ​រស់នៅ​តាម​ខែត្រ​ផ្សេងៗ ។ គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​ដែល​ពួក​បារាំង​បាន​មក​ត្រួតត្រា​លើ​ប្រទេស​លាវ ទើប​រាជធានី​នេះ​ត្រូវ​បាន​គេ​កែ​លម្អ កាប់​ព្រៃឈើ​ចេញ យក​ធ្វើ​ជា​រាជធានី​របស់​លាវ​ឡើង​វិញ ។ សព្វ​ថ្ងៃនេះ​មាន​រ៉េស៊ីដង់​ធំ​បារាំង​ម្នាក់​រស់នៅ​ទីនោះ ។

ក្រោយ​ពី​បាន​ធ្វើសង្គ្រាម​បំផ្លិចបំផ្លាញ​លាវ គម្ពីរ​ក្បួនច្បាប់ និង​អារ្យធម៌​របស់​ប្រជាជន​លាវ ឱ្យ​វិល​ធ្លាក់​ចូល​ទៅ​ក្នុង​សភាព​ព្រៃផ្សៃ​ដូច​កាលពី​៦-៧​សតវត្ស​មុន​រួច​មក ព្រះរាជា​បាងកក​បាន​ចូល​មក​លុក​លុយ​កម្ពុជា តាម​សំណើ​របស់​ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់ ដែល​ទើប​តែ​នាំ​អ្នកស្រុក​របស់​ខ្លួន​ចំនួន​២​ភាគ​៣ ទៅ​រស់​នៅ​ឯ​ស្រុក​សៀម ដោយ​មិន​ទាំង​បាន​ប្រកាស​សង្គ្រាម​ផង​ទេ ។ សៀម​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​កុំ​ឱ្យ​អាណ្ណាម​មាន​អធិរាជ​ភាព​មក​លើ​កម្ពុជា​ខ្លាំង​ពេក ។

ការ​ពើប​ប្រយុទ្ធ​ដំបូង​បាន​ផ្ទុះ​ឡើង​នៅ​កំពង់ឆ្នាំង ពេល​ដែល​ពួក​សៀម​បាន​ទៅ​ដល់​ក្រោយ​ពី​ឆ្លង​កាត់​បាត់ដំបង និង​ពោធិ៍សាត់​រួច ។ ពេល​នោះ​ព្រះរាជា​កម្ពុជា​មិន​ទាន់​កេណ្ឌ​ទ័ព​បាន​នៅ​ឡើយ ។ ទ័ព​ខ្មែរ​ត្រូវ​បរាជ័យ ហើយ​មេទ័ព​លោក​ឧកញ៉ា​ចក្រី​ភិតភ័យ​ជា​ខ្លាំង រត់​រហូត​ទៅ​ដល់​ខែត្រ​ព្រៃកប្បាស នៅ​ខាងត្បូង​ឯណោះ ។

ព្រះរាជា​ដែល​គង់នៅ​ភ្នំពេញ បាន​នាំ​ព្រះរាជ​វង្សានុវង្ស​រត់គេច​ព្រះ​អង្គ​ទៅ​នៅ​ឯ​លង់ហោ (វិញឡុង) ។ មួយ​ថ្ងៃ​បន្ទាប់​ពី​ព្រះរាជា​យាង​ចេញ​ដំណើរ​ផុត ទ័ព​សៀម​៤​កង​ចូល​មក​ដល់​ឧត្ដុង្គ រួច​បន្ដ​ដំណើរ​មក​ដល់​ភ្នំពេញ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ជាមួយ​នឹង​ព្រះ​អនុជ​របស់​ព្រះរាជា​ទាំង​២​អង្គ​គឺ​ព្រះ​ឧបរាជ​អង្គ​ឯម​ និង​ព្រះ​អង្គឌួង ។​ ទ័ព​ទាំង​៤​កង​នេះ​បញ្ជា​ដោយ​អគ្គបញ្ជាការ​ចៅឃុន​បឌិន ជា​វីរបុរស​ដែល​ទើបតែ​បាន​វាយ​កម្ទេច​រាជធានី​វៀងចន្ទ និង​អតីត​ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់​ឈ្មោះ កា ។ មក​ដល់​ភ្នំពេញ​បាន​ប៉ុន្មាន​ថ្ងៃ ពួក​នេះ​បាន​បន្ដ​ដំណើរ​ទៅ​វាយ​យក​ចូវដុក នៅ​នឹង​មាត់ពាម​ព្រែក​វិញតេ ដើម្បី​ធានា​រក្សា​ឱ្យ​បាន​ទំនាក់​ទំនង​ជាមួយ​ឈូង​សមុទ្រ​សៀម ដែល​មាន​ទ័ព​មួយ​កង​ត្រូវ​ចេញ​ដំណើរ​មក ។ ទ័ព​ជើងទឹក​នេះ​បាន​មក​ចុះ​ចត​នៅ​ហាទៀង វាយ​ដណ្ដើម​យក​ទីក្រុង​នេះ​បាន​ដោយ​គ្មាន​ការ​ប្រយុទ្ធ​ ហើយ​ទុក​ទ័ព​មួយ​កង​ឱ្យ​នៅ​ថែរក្សា រួច​ក៏​បន្ដ​ដំណើរ​ទៅ​ជួប​ជាមួយ​បឌិន​នៅ​ឯ​ចូវដុក ។ ចៅ​ឃុន​បឌិន​ក៏​សម្រេច​ធ្វើ​ដំណើរ​ចុះ​ទៅ​វិញឡុង​ដែល​ព្រះរាជា​គង់នៅ ហើយ​វាយ​យក​បាន​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​១៨៣១ ។

នៅ​ពេល​នោះ​នៅ​តាម​បណ្ដា​ខែត្រ​ភាគ​ខាងកើត​វិញ​ លោក​ចក្រី​ឡុង​ និង​លោក​យមរាជ​ហ៊ូ​បាន​រៀបចំ​ទ័ព បំពាក់​អាវុធ​យ៉ាង​រហ័ស រួច​វាយ​កងទ័ព​សៀម​មួយ​កង​ឱ្យ​បរាជ័យ​នៅ​ក្នុង​ខែត្រ​ព្រៃវែង ។ ក្រុម​អ្នកក្លាហាន​ខ្មែរ​ផ្សេងៗ​ទៀត បាន​ប្រមែ​ប្រមូល​គ្នីគ្នា រៀបចំ​ជា​កងទ័ព​ដែរ ហើយ​វាយ​ឆ្មក់​មក​លើ​ទ័ព​សៀម​ដែល​ដើរ​ពាស​ពេញ​ប្រទេស​រាល់ថ្ងៃ ។ មេទ័ព​សៀម​ទទួល​បាន​ដំណឹង​នេះ​ជា​ហូរហែ ក៏​សម្រេច​ចិត្ដ​ធ្វើការ​ប្រយុទ្ធ​ដោយ​គ្មាន​អែអង់ ។ ការ​ដណ្ដើម​យក​វិញឡុង​បាន​ជា​ជ័យជម្នះ​ដ៏​អស្ចារ្យ​មួយ ធ្វើ​ឱ្យ​អ្នកស្រុក​ខ្លាច​រអា​លែង​ហ៊ាន​បះបោរ​ប្រឆាំង និង​ទទួលស្គាល់​សៀម​ថា ជា​អ្នក​មក​រំដោះ​ទៅ​វិញ ។ ក៏​ប៉ុន្ដែ​ជា​គ្រោះ​ចង្រៃ ទ័ព​ជើង​ទឹក​របស់​បឌិន​បាន​ត្រូវ​វាយ​ឱ្យ​បរាជ័យ ហើយ​បំផ្លិច​អស់​ទាំង​ស្រុង រហូត​ដល់​មេទ័ព​សៀម​នេះ​គ្មាន​សល់​កម្លាំង​នឹង​បន្ដ​ការ​ប្រយុទ្ធ​ទប់ទល់​ពួក​អាណ្ណាម​ដែល​មក​ដល់​តាម​ជើង​គោក​ផង​ និង​ជើង​ទឹក​ផង​ ហើយ​ខ្លាំងក្លា​ព្រោះ​មាន​វិន័យ​ និង​រៀបចំ​ដោយ​នាយ​ទាហាន​បារាំង​ដែល​ទើបតែ​ចូល​បម្រើ​ស្ដេច​យ៉ាឡុង មាន​ជា​អាទិ​លោក​វរសេនីយ៍ទោ ឡូរ៉ង់​បារីស៊ី ។ ចៅ​ឃុន​បឌិន​បាន​វិល​ត្រលប់​ចូល​ទៅ​ស្រុក​សៀម​វិញ ក្រោយ​ពី​បាន​ដុត​កម្ទេច​ភ្នំពេញ​ចោល ព្រោះ​អ្នកស្រុក​មិន​ព្រម​ទៅ​តាម ។ ចំណែក​ទ័ព​ដែល​សេស​សល់​បាន​នាំ​គ្នា​ទៅ​ចុះ​សំពៅ​នៅ​ហាទៀង​ កំពត​ រួច​ត្រលប់​ទៅ​បាងកក​តាម​សមុទ្រ​អស់​ទៅ ។

ព្រះ​ឧបរាជ​អង្គ​ឯម និង​អ្នក​អង្គ​ម្ចាស់​អង្គឌួង ដែល​គង់នៅ​ឯ​ភ្នំពេញ ក៏​យាង​ចុះ​ទូក​ចេញ​ដំណើរ​ទៅ​តាម​ទ័ព​សៀម​ដែរ ហើយ​មិន​បាន​ឈប់​សម្រាក​នៅ​នឹង​ឧត្ដុង្គ​ទេ ព្រោះ​អ្នកស្រុក​មិន​អបអរ​ស្វាគមន៍ ដូច្នេះ​ទ្រង់​ក៏​ធ្វើ​ដំណើរ​រហូត​មក​ដល់​បាត់ដំបង ។​ តាម​ផ្លូវ​ទ្រង់​បាន​ចាប់​បង្ខំ​ទូក​ទាំង​អស់​ដែល​បាន​ជួប​ និង​អ្នកស្រុក​ដែល​រស់នៅ​តាម​មាត់​ច្រាំង​ទន្លេ ឱ្យ​ចូលរួម​ដំណើរ​ទៅ​ជាមួយ ។ ក៏​ប៉ុន្ដែ​នៅ​ពេល​ពួក​អ្នកស្រុក​មាន​ចំនួន​កាន់តែ​ច្រើន​ឡើងៗ ពួក​នោះ​ក៏​នាំ​គ្នា​បះបោរ​ឡើង រើបម្រះ​វិល​ត្រលប់​មក​ភូមិ​ស្រុក​វិញ​អស់ ។

ពេល​អស់​ទ័ព​សៀម អាណ្ណាម​បាន​ក្លាយជា​ម្ចាស់​កម្ពុជា​ម្ដង​ទៀត ។ ស្ដេច​អាណ្ណាម​បាន​បញ្ជូន​ទ័ព​១​ម៉ឺន​៥​ពាន់​នាក់​មក​កម្ពុជា ហើយ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​ឆន្ទៈ​យុត្ដិធម៌​របស់​ព្រះ​អង្គ ព្រះ​អង្គ​បាន​យក​ប្រាក់​ចំនួន​១៤១​ណែន​មក​ថ្វាយ​ព្រះរាជា​កម្ពុជា ជា​សំណង​ថ្លៃ​ដំរី​ចំនួន​៨៨​ក្បាល​ដែល​មេទ័ព​អាណ្ណាម​ម្នាក់​បាន​ចាប់​យក​ទៅ ដោយ​មិន​មាន​ព្រះរាជ​បញ្ជា​ផង​ទេ ។​ តាម​ពិត​ទៅ​តម្លៃ​សំណង​នេះ​មិន​ជា​ច្រើន​ប៉ុន្មាន​ទេ​គឺ​តែ​១៣០​ហ្វ្រង់​សម្រាប់​ដំរី​មួយ​ក្បាល​ប៉ុណ្ណោះ ។ ក៏​ប៉ុន្ដែ​ស្ដេច​អាណ្ណាម​ធ្វើ​យ៉ាង​នេះ​គឺ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា ទ្រង់​មិន​រំលោភ​បំពាន​ទេ ហើយ​ជា​នយោបាយ​ផង​ដែរ ។​ បន្ទាប់​មក​ស្ដេច​អាណ្ណាម​បាន​ធ្វើ​ត្រាប់​តាម​ព្រះ​ចៅ​អធិរាជ​ចិន​ និង​ពួក​ម៉ុងហ្គោល ដោយ​ទ្រង់​បាន​ផ្ញើ​សម្លៀក​បំពាក់​បែប​អាណ្ណាម មាន​រួម​ទាំង​មួក​ផង មក​ថ្វាយ​ព្រះរាជា​កម្ពុជា​ជា​ជំនូន ។ ថ្ងៃស្អែក​ឡើង ព្រះរាជា​កម្ពុជា​បាន​គ្រង​ព្រះ​ពស្ដ្រា​នេះ​យាង​ចូល​មក​ភ្នំពេញ ធ្វើ​ឱ្យ​នាម៉ឺន​សព្វ​មុខមន្ដ្រី​មួយ​ចំនួន​មាន​ការ​អាម៉ាស​ជា​ខ្លាំង ។ ក៏​ប៉ុន្ដែ​ក៏​នៅ​មាន​នាម៉ឺន​ខ្លះ​ដែល​ស្លៀក​ពាក់​តាម​ព្រះ​អង្គ​ដែរ​ដើម្បី​អែបអប​ផង និង​ដោយ​ភ័យ​ខ្លាច​ផង ព្រោះ​ពួក​គេ​ក៏​បាន​ទទួល​សម្លៀក​បំពាក់​នេះ​ពី​ស្ដេច​អាណ្ណាម​ដូច​គ្នា ។ ម្ដង​នេះ គេ​ឃើញ​ច្បាស់​ថា​ពួក​អាណ្ណាម​មាន​ប្រៀប​ខ្លាំង​ជាង​ពួក​សៀម​ប្រាកដ​ណាស់ ។

ក្រោយ​ពី​បាន​លើក​ព្រះរាជា​កម្ពុជា​ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក​វិញ​រួច​ហើយ ពួក​អាណ្ណាម​ក៏​នាំ​គ្នា​ដកថយ​ចេញ​ទៅ​កូសាំងស៊ីន​វិញ​អស់​ទៅ ដោយ​មាន​ជំនឿ​ជឿជាក់​ថា ម្ដង​នេះ​ពួក​សៀម​លែង​ហ៊ាន​មក​តវ៉ា​ដណ្ដើម​សិទ្ធិ​ត្រួតត្រា​លើ​ស្រុក​ខ្មែរ​ទៀត​ហើយ​ ព្រោះថា​ពួក​គេ​បាន​វាយ​សៀម​ឱ្យ​បរាជ័យ​ និង​បាន​លើក​ព្រះរាជា​ដែល​សៀម​ទម្លាក់​ពី​រាជសម្បត្ដិ​ឱ្យ​ឡើង​សោយរាជ្យ​វិញ ។

ក៏​ប៉ុន្ដែ​មាន​មូលហេតុ​មួយ​ផ្សេង​ទៀត​ដែល​បង្ខំ​ស្ដេច​អាណ្ណាម​មិញម៉ាង​ឱ្យ​ហៅ​ទ័ព​ត្រលប់​ទៅ​កូសាំងស៊ីន​វិញ គឺ​ដើម្បី​វាយ​បង្ក្រាប​ពួក​បះបោរ​ដែល​ចង់​បំបែក​កូសាំងស៊ីន​ចេញពី​អាណ្ណាម ។ ពួក​នោះ​បាន​គ្រប់គ្រង​លើ​សាយហ្គន ហើយ​ថែម​ទាំង​បាន​ស្រែក​ហៅ​រក​ជំនួយ​ពី​សៀម​ទៀត​ផង ។ ទ័ព​សៀម​បាន​ចូល​លុកលុយ​កម្ពុជា ហើយ​បង្ខំ​ឱ្យ​ព្រះរាជា​គេច​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​វិញឡុង​ម្ដង​ទៀត ។

ពេល​នោះ​ស្ដេច​អាណ្ណាម​បាន​កោះ​ហៅ​មេទ័ព​ដែល​នៅ​ប្រចាំការ​នៅ​ភ្នំពេញ​ឈ្មោះ អុង​បាវហូ ដែល​ទ្រង់​សង្ស័យ​ថា​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​មេ​របស់​ពួក​បះបោរ​ឈ្មោះ អុង​គាម៉ា ឱ្យ​វិល​ត្រលប់​ទៅ​រាជធានី​វ៉េ​វិញ ។ ក៏​ប៉ុន្ដែ​អុង​បាវហូ​មិន​បាន​គោរព​តាម​ព្រះរាជ​បញ្ជា​នេះ​ទេ បែរជា​រត់គេច​ខ្លួន​ទៅ​ស្រុក​សៀម​ទៅ​វិញ ។ ស្ដេច​អាណ្ណាម​បាន​ផ្លាស់ អុង​ថួយ ឱ្យមក​ជំនួស អុង​បាវហូ ។

ទ័ព​ស្ដេច​អាណ្ណាម​បាន​វាយ​ដណ្ដើម​យក​សាយហ្គន​បាន​មក​វិញ ក្រោយ​ពី​បាន​ឡោម​ព័ទ្ធ​អស់​ពេល​៤​ខែ និង​ធ្វើការ​ប្រយុទ្ធ​ជា​ច្រើន​លើក​ច្រើន​សា ។ ចៅហ្វាយ​ក្រុង​ឈ្មោះ អុង​ផូវេ​ខូយ ត្រូវ​គេ​សម្លាប់​បាន ធ្វើ​ឱ្យ​គ្នា​គាត់​ឈ្មោះ អុង​ដុងជុក (ចៅហ្វាយ​ស្រុក​មាត់ជ្រូក​ចូវដុក) រត់គេច​ចូល​មក​ក្នុង​កម្ពុជា ។ ព្រះរាជា​បាន​ឱ្យ​គាត់​ទៅ​ពួន​នៅ​ឯ​ពាមជីកង នៅ​ត្រើយ​ទន្លេធំ​ខាងឆ្វេង ក្រោម​កំពង់ចាម​បន្ដិច ។

នៅ​ឆ្នាំ​បន្ទាប់ ពេល​ដែល​ព្រះរាជា​អង្គ​ចន្ទ​សុគត​ដោយ​រោគ​រាក​មួល​នៅ​លើ​ព្រះ​ទីនាំង​នាវា ដែល​ចត​នៅ​កោះ​ពោធិ​ព្រះបាទ ពួក​អាណ្ណាម​គិត​ឃើញ​ថា ព្រះរាជា​ណាចក្រ​កម្ពុជា​ពេល​នេះ​ច្បាស់​ជា​ត្រូវ​ធ្លាក់​ក្នុង​ដៃ​ស្ដេច​មិញម៉ាង (៧៣) ដែល​បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ស្ដេច​យ៉ាឡុង​តាំង​តែ​ពី​ឆ្នាំ​១៨១១​មក​មែន​ទែន​ហើយ ។ គោរព​តាម​បញ្ជា​របស់​ស្ដេច​មិញម៉ាង​ អុង​ខាំម៉ាង​បាន​កោះ​ប្រជុំ​នាម៉ឺន​សព្វ​មុខ​មន្ដ្រី​ រដ្ឋមន្ដ្រី​ ព្រះ​សង្ឃរាជ​ និង​ពួក​បារគូ​ផង ដើម្បី​ធ្វើការ​ជ្រើស​រើស​ព្រះរាជា​ថ្មី​មួយ​ព្រះ​អង្គ ។ ការ​ជ្រើស​រើស​ព្រះរាជា​ថ្មី​នេះ គេ​មិន​បាន​ឱ្យ​ដំណឹង​ទៅ​ស្ដេច​សៀម​ជ្រាប​ផង​ទេ ។

ព្រះបាទ​អង្គ​ចន្ទ គ្មាន​ព្រះរាជ​បុត្រា​ទេ បុត្រា​មួយ​ព្រះ​អង្គ​ដែល​ប្រសូត​នៅ​ឯ​ឧត្ដុង្គ​បាន​សុគត​ទៅ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​ប្រសូត​រួច ។ និយាយ​អំពី​ព្រះ​អនុជ​របស់​ព្រះ​អង្គ មាន​ព្រះ​ឧបរាជ​អង្គ​ឯម អ្នក​អង្គ​ម្ចាស់​អង្គឌួង និង​អង្គ​ស្ងួន​វិញ ពួក​អាណ្ណាម​មិន​យល់​ព្រម​ឱ្យ​ឡើង​សោយរាជ្យ​ទេ ព្រោះ​អ្នក​ទាំង​២​ខាង​ដើម បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ព្រះរាជា ចូល​ដៃ​ជាមួយ​សៀម និង​ទៅ​រស់នៅ​ស្រុក​សៀម ។ ដូច្នេះ​គ្មាន​អ្នក​ស្នងរាជ្យ​ជា​បុរស​ទេ ។ ក្រុមប្រឹក្សា​មិន​យល់​ព្រម​ប្រគល់​ព្រះរាជ​បល្ល័ង្ក​ទៅ​ឱ្យ​ព្រះរាជ​បុត្រី​ច្បង​របស់​ព្រះ​អង្គ​ចន្ទ​ព្រះ​នាម​ បែន ​ឡើយ ព្រោះ​ព្រះ​នាង​ត្រូវជា​ចៅ​របស់​ចៅហ្វ៊ា​បែន ដែល​បាន​លើក​កូនស្រី​ថ្វាយ​ព្រះរាជា ក្រោយ​ពី​បាន​ប្រគល់​ដី​បាត់ដំបង​ឱ្យ​ទៅ​សៀម​រួច ណា​មួយ​ព្រះ​នាង​ប្រឆាំង​នឹង​អាណ្ណាម​ខ្លាំង​ណាស់​ទៀត ។ គេ​បាន​ឯកភាព​គ្នា​លើក​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​អង្គ ​ម៉ី​ ឱ្យ​ឡើង​សោយរាជ្យ​វិញ ។

៤១-ព្រះ​ក្សត្រី​អង្គ​ម៉ី (១៨៣៤-១៨៤១)

ព្រះ​ក្សត្រី​អង្គ​ម៉ី (៧៤) ជា​បុត្រី​របស់​ព្រះរាជា​អង្គ​ចន្ទ​ជាមួយ​ព្រះ​ជាយា​លំដាប់​ទី​៣​មាន​ឈ្មោះ​ថា អ្នក​ម្នាង​ក្រចាន់ ពេល​នោះ​ទ្រង់​មាន​ព្រះ​ជន្ម​២១​ព្រះ​វស្សា​ហើយ ។ ព្រះ​អនុជ​ក្សត្រី​របស់​ព្រះ​នាង​ព្រះ​នាម​ថា​ ព្រះ​អង្គម្ចាស់​ពៅ ត្រូវ​បាន​លើក​ឱ្យ​ឡើង​ធ្វើ​ជា​ព្រះ​ឧបរាជ ដែល​តាំង​តែ​ពី​ពេល​ណាមក​មិន​ដែល​មាន​នារី​ទទួល​នូវ​ឋានៈ​នេះ​ទេ ។ ព្រះ​ក្សត្រី​ស្ងួន ដែល​តូច​ជាងគេ បាន​គង់នៅ​ជាមួយ​ព្រះ​រៀម​ទាំង​២​អង្គ ហើយ​ទទួល​ឋានៈ​ជា​ព្រះកែវហ្វ៊ា ។

ប្រជាជន​ហាក់​ដូចជា​មិន​មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​ទេ​ចំពោះ​ការ​ដែល​គេ​ជ្រើសរើស​ព្រះ​ក្សត្រី​មួយ​អង្គ ឱ្យ​ឡើង​គង់​លើ​រាជបល្ល័ង្ក​ដូច្នេះ​ពីព្រោះ​ថា​ថ្វីបើ​កន្លង​មក​គេ​មិន​ដែល​ឃើញ​មាន​ព្រះ​មហាក្សត្រី​សោយរាជ្យ​សម្បត្ដិ​ក៏​ដោយ​ក៏​ប៉ុន្ដែ​គេ​ធ្លាប់​ប្រទះ​ឃើញ​ព្រះរាជា​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​អគ្គមហេសី ឬ​ព្រះ​មាតា​ជា​ញឹកញយ​ដែរ ដើម្បី​ទ្រង់​អាច​យាង​ចូល​សាង​ព្រះ​ផ្នួស​បាន ។ ម្ល៉ោះ​ហើយ​ប្រជាជន​ហាក់​ដូចជា​ត្រូវ​បង្វឹក​បង្ហាត់​ឱ្យ​ចេះ​ទទួល​យក​សភាពការណ៍​នេះ​ជា​បណ្ដើរៗ​មក​ហើយ ។ ក៏​ប៉ុន្ដែ​មាន​អ្នកខ្លះ​បាន​អះអាង​ប្រកប​ទៅ​ដោយ​មូលហេតុ​ត្រឹមត្រូវ​ថា ការ​ជ្រើស​រើស​យក​ក្សត្រី​មួយ​អង្គ​ឱ្យ​ឡើង​សោយរាជ្យ​ដូច្នេះ​ត្រូវ​ចាត់​ទុកជា​មោឃៈ ពីព្រោះ​ថា បើ​តាម​ទំនៀម​ពី​បុរាណ​ដែល​កន្លង​មក​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​ដល់ គឺថា​ប្រសិន​ណា​បើ​គ្មាន​រជ្ជទាយាទ​ជា​បុរស​ដើម្បី​បន្ដវេន​ពី​ព្រះរាជា​ទេ រដ្ឋមន្ដ្រី និង​អ្នកមុខ​អ្នកការ​ទាំងអស់​ត្រូវ​ជ្រើស​រើស​ព្រះរាជា​ចេញពី​ក្នុង​ចំណោម​មេក្រុម​បារគូ ។ អ្នកខ្លះ​ទៀត​និយាយ​ថា ទំនៀម​ពី​បុរាណ​នោះ​មិន​មែន​និយាយ​ថា «គ្មាន​រជ្ជទាយាទ​បុរស» នោះ​ទេ តែ​ថា «ក្នុង​ករណី​ដែល​គ្មាន​រាជវង្សានុវង្ស​បន្ដវេន» តែ​ម្ដង ។​ ឥឡូវនេះ​គេ​នៅ​មាន​សល់​អ្នក​អង្គ​ម្ចាស់​ក្នុង​រាជវង្សានុវង្ស​នៅឡើយ​ ដូច្នេះ​មិន​អាច​និយាយ​ថា​គ្មាន​រាជវង្សានុវង្ស​បន្ដវេន​បាន​ទេ ។ ពួក​មន្ដ្រី​ធំៗ​មួយ​ចំនួន​បាន​ប្រជុំ​គ្នា​ជា​សម្ងាត់​នៅ​លើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ​ពិភាក្សា​រឿង​នេះ ហើយ​មាន​មន្ដ្រី​ម្នាក់​ហ៊ាន​រហូត​ដល់​និយាយ​ថា «បើ​គេ​រើស​ក្សត្រា​មួយ​អង្គ​មិន​បាន​ទេ​ ការ​ជ្រើស​តាំង​នេះ​ត្រូវ​ចាត់​ទុកជា​មោឃៈ ។​ បើសិនជា​រើស​បាន​ក្សត្រា​មួយ​អង្គ​ក៏​ប៉ុន្ដែ​ប្រជារាស្ដ្រ និង​ព្រះរាជា​សៀម​មិន​ទទួល​ស្គាល់​នោះ ​យើង​នឹង​មាន​សង្គ្រាម ។ ប៉ុន្ដែ​បើសិន​ណា​ជា​គេ​រើស​បាន​ក្សត្រី​មួយ​អង្គ ហើយ​បើ​សិនជា​ស្ដេច​សៀម​មិន​ធ្វើ​អន្ដរាគមន៍​ទេ នោះ​វាសនា​ស្រុក​ខ្មែរ​នឹង​ត្រូវ​ចប់ ព្រោះ​ច្បាស់​ជា​អាណ្ណាម​កាត់​បញ្ចូល​ធ្វើ​ជា​ទឹកដី​របស់​គេ​ជា​សម្រេច​តែ​ម្ដង» ។ ព្រះសង្ឃ​មួយ​អង្គ​បាន​ស្នើ​ឡើង​ថា យើង​គួរ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​សៀម ។ ក៏​ប៉ុន្ដែ​អ្នក​ដែល​មាន​គំនិត​ទាំង​អស់​នេះ មិន​បាន​ត្រូវ​គេ​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​ការ​ជ្រើស​រើស​ព្រះរាជា​ផង​ទេ ។ ចំណែក​ឯ​ប្រជាជន​វិញ គេ​អស់​កម្លាំង​នឿយ​ណាយ​នឹង​សង្គ្រាម និង​ចង់​បាន​សន្ដិភាព​ណាស់ តែ​មិន​បាន​គិត​ដល់​ថា ព្រះ​មហាក្សត្រី​នឹង​គ្មាន​ឥទ្ធិពល ហើយ​ក៏​មិន​បាន​ដឹង​ថា​មេទ័ព​អាណ្ណាម អុង​ទួនគុន ដែល​នៅ​ពី​ខាងក្រោយ​ព្រះ​នាង​មាន​អំណាច​ខ្លាំង​ណាស់​អាច​នឹង​បញ្ជា​លើ​រាល់​រដ្ឋមន្ដ្រី​បាន ។​ ដោយ​ពិនិត្យ​ឃើញ​ថា​ព្រះ​មហា​ក្សត្រី​ទន់​ខ្សោយ ហើយ​ចំណុះ​អាណ្ណាម​ខ្លាំង​ពេក មាន​ពាក្យ​ចចាម​អារ៉ាម​លេច​ឡើង​ក្នុង​ចំណោម​បក្សពួក​អ្នក​អង្គម្ចាស់ និង​សៀម សាយ​ភាយ​ទៅ​ដល់​ក្នុង​ស្រទាប់​ប្រជាជន​ថា ព្រះ​នាង​បាន​សហាយ​ជាមួយ​មេទ័ព​អាណ្ណាម ។ រឿង​នេះ​មិន​ពិត​ទេ ក៏​ប៉ុន្ដែ​ការ​និយាយ​បង្ខូច​ព្រះ​កិត្ដិនាម​បាន​រីក​រាល​សាយ​ភាយ​ទប់​លែង​បាន រហូត​ទាល់​តែ​ព្រះ​មហាក្សត្រី​ធ្លាក់ខ្លួន​ទៅ​ជា​មនុស្ស​ឆ្កួត (៧៥) ។

ឥឡូវនេះ​អ្វីៗ​បាន​សម្ដែង​ចេញ​ឱ្យ​ឃើញ​ច្បាស់​ណាស់​ថា អាណ្ណាម​ប្រុងប្រៀប​នឹង​យក​កម្ពុជា​ធ្វើ​ជា​ទឹកដី​របស់​គេ​មែន​ទែន​ហើយ ហើយ​ការ​ដែល​គេ​រៀបចំ​ព្រះ​មហាក្សត្រី​អង្គ​ម៉ី​ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក​នេះ គឺ​គ្រាន់តែ​ដើម្បី​ទម្លាប់​ប្រជាជន​ឱ្យ​ស៊ាំ​នឹង​ភាព​គ្មាន​ស្ដេច​សោយរាជ្យ ឱ្យ​បំភ្លេច​ព្រះរាជ​វង្សានុវង្ស​ចោល​ប៉ុណ្ណោះ បើ​ទោះជា​ថា កន្លង​មក​ប្រជារាស្ដ្រ​ធ្លាប់​បាន​ធ្វើ​ពលី​កម្ម​ជា​ច្រើន​ដើម្បី​រាជ​បល្ល័ង្ក​ក៏​ដោយ ។

តាម​ព្រះរាជក្រឹត្យ​មួយ​របស់​ស្ដេច​អាណ្ណាម ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​គ្រប់គ្រង​ដោយ​មន្ដ្រី​អាណ្ណាម​៣​នាក់​គឺ​ទ្រឿង​មិញយ៉ាង ផាម​វ៉ាន់ឌាន និង​ត្រាន់​វ៉ាន់ណាង ដែល​មក​នៅ​ដឹកនាំ​ប្រទេស​ដោយ​មាន​ជំនួយ​ពី​រដ្ឋមន្ដ្រី និង​ចៅហ្វាយ​ខែត្រ​ខ្មែរ​ជា​ច្រើន​នាក់ ។

រាជធានី​ភ្នំពេញ​ពេល​នោះ​គេ​ដូរ​ឱ្យ​ហៅ​ថា​ ត្រានតាយ​ ឬ​ត្រាន​ណាំយ៉ាង​វិញ (ភ្នំ​=​ណាំ​ ពេញ​=​យ៉ាង) ។

រ៉េស៊ីដង់​អាណ្ណាម​ពេល​នោះ​នឹក​គិត​ថា​ គេ​មាន​អំណាច​ខ្លាំង​ណាស់ ហើយ​បាន​បង្ខំ​ឱ្យ​មន្ដ្រី​ទាំងអស់​ស្លៀក​សម្លៀក​បំពាក់​តាម​របៀប​អាណ្ណាម (76) ឱ្យ​បួងសក់ និង​ផ្ដល់​ឋានៈ​ឱ្យ​តាម​របៀប​អាណ្ណាម ហើយ​បាន​ដាក់​មេ​អាណ្ណាម​ម្នាក់​នៅ​ជាប់​នឹង​ចៅហ្វាយ​ខែត្រ​កម្ពុជា ដើម្បី​ត្រួត​ពិនិត្យ​លើ​រាល់​សកម្មភាព​ផង និង​ដឹកនាំ​ការងារ​រដ្ឋបាល​ផង ។

មិន​តែ​ប៉ុណ្ណោះ អាណ្ណាម​មាន​បំណង​ចង់​ធ្វើ​ឱ្យ​ព្រះរាជាណាចក្រ​ខ្មែរ​បាត់បង់​អស់​នូវ​ធាតុ​ដើម​របស់​ខ្លួន ដោយ​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ទេស​ទាំងអស់​ថែម​ទៀត ។ យោង​តាម​សំណើ​របស់​ពួក​អ្នក​ដែល​នៅ​ជាប់​នឹង​ចៅហ្វាយ​ខែត្រ​ខ្មែរ ព្រះរាជា​អាណ្ណាម​បាន​សម្រេច​ប្ដូរ​ឈ្មោះ​ខែត្រ ដោយ​បន្ថយ​ចំនួន​ពី​៥៦​មក​នៅ​ត្រឹម​៣៣​វិញ ហើយ​បាន​បង្កើត​ស្រុក​២​សម្រាប់​ទឹកដី​ដែល​មាន​ពួក​អ្នកស្រុក​ព្រៃ​រស់​នៅ រួច​ឱ្យ​ហៅ​តាម​ឈ្មោះ​អាណ្ណាម​ទាំងអស់ ។

ឈ្មោះ​ខែត្រ​ទាំង​៣៣​នោះ​មាន ណាមយ៉ាង ឬ​ត្រានតាយ សម្រាប់​ភ្នំពេញ​ ក្រៅពី​នេះ​ជា​ឈ្មោះ​ខែត្រ​ថ្មី​ដែល​គេ​បាន​បង្រួម​ឱ្យ​តិច ដែល​ខ្ញុំ​មិន​ដឹង​ថា​ឈ្មោះ​ណា​ត្រូវ​នឹង​ខែត្រ​ចាស់​ណា​មួយ​ទេ ៖ ថានធូ​ តាំដន​ ទុយឡាប់​ បាណាម​ (បាក់ណាម) បាឡាយ​ (បារាយណ៍) ប៊ិញធាន ​(កោះអញ្ចៀន) ខាបាត​ ឡាវេន ​(ព្រៃវែង) ហៃដុង​ គិមទ្រឿង ​ចាវជុង ​កាអាវ​ វ៉ាងវ៉ាន​ ហាប៊ិញ​ ជុងឡយ ​សានភូ​ (ប្រហែល​គឺ​សម្បូរ) សានបុក​ (សម្បុក) តាំវូ​ ខាយបៀន​ ហៃតាយ​ ខាស៊ុម (កោះសូទិន) ថេឡាប់​ តាំកាយ​ ឡូវៀត (លង្វែក) ឡុងទន (សំរោងទង) ក្វាងបៀន​ ហួយី​ ចានតាយ​ អ៊ីយី​ ចានថាញ់​ ម៉ាត់លួត​ អ៊មអាន ។ ឯ​ស្រុក​សម្រាប់​អ្នកស្រុក​ព្រៃ​២​នោះ​គឺ កាញ់ចេ (ក្រចេះ) និង​កាន់យ៉ើ (កញ្ជរ) ។

មាន​មន្ដ្រី​ទាំងអស់​១០៧​រូប​ដែល​ទទួល​បន្ទុក​ការងារ​រដ្ឋបាល​ស៊ីវិល និង​ខាង​កងទ័ព ។ គឺ​មាន ៖ ទួងក្វាន ឬ សេនាប្រមុខ​១​រូប​ ថាមតាន់ ឬ​អ្នក​មាន​ភារៈ​ចាត់ចែង និង​ថែរក្សា​ទ្រព្យ​កងទ័ព​១​រូប​ ដេដុក ឬ​អគ្គមេ​បញ្ជាការ​១​រូប​ ហ៊ាបតាន់ ឬ​វរសេនីយ៍ឯក​១​រូប​ ឡាញ់ប៊ិញ ឬ​វរសេនីយ៍ត្រី​២​រូប​ ផឡាញ់​ប៊ិញ ឬ​ជំនួយការ​វរសេនីយ៍ត្រី​២​រូប ប៊ិញប៊ីដាវ ឬ​ឆ្មាំ​កងទ័ព​១​រូប​ លឿង​ប៊ីដាវ ឬ​ឆ្មាំ​ខាង​ភស្ដុភារ​១​រូប​ វៀន​ង៉យឡាង ឬ​នាយ​ការិយាល័យ​ក្រសួង​២​រូប​ ជូស៊ូ​ ឬ​នាយ​រង​ការិយាល័យ​ក្រសួង​៣​រូប​ បាតវូ​ ឬ​ផ្នែក​ខាង​របៀប​៤​រូប​ បាតផាម​ ឬ​លេខាធិការ ថ្នាក់​ទី​៨​ចំនួន​៨​រូប​ គួនផាម ឬ​លេខា​ថ្នាក់​ទី​៩​ចំនួន​៨​រូប​ ថឡាយ ឬ​នាយទោ​ផ្គត់ផ្គង់​ស្បៀង​៦០​រូប​ ហួនដាវ ឬ សាស្ដ្រាចារ្យ​១២​រូប​ ហើយ​និង​យ៉ាវថ ឬ​គ្រូ​បង្រៀន ។

ទ្រឿង​មិនយ៉ាង​បាន​ទទួល​ការ​ចាត់តាំ​ង​ឱ្យ​ធ្វើ​ជា​ទួងក្វាន​នៅ​ភ្នំពេញ​ ឯ​ឡេ​ដៃគឿង​ គឺជា​ថាមតាន់ ។​ មាន​ ជាន​ភូស៊ូ ម្នាក់​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​អ្នក​ទាំង​២ មាន​ភារកិច្ច​ត្រួត​ពិនិត្យ​សេវា​ស៊ីវិល និង​យោធា​នៅ​ក្នុង​ភូ (ខែត្រ) ៣ គឺ​ហាយតាយ​ ហាយដុង និង​សានទិញ ។

ទ័ព​អាណ្ណាម​នៅ​កម្ពុជា​ក៏​បាន​ត្រូវ​គេ​រៀបចំ​ឡើង​វិញ​ដែរ ដោយ​បែងចែក​ជា​២៥​កង​ពល និង​មាន​កងពល​ពិសេស​មួយ ទទួល​បន្ទុក​ថែរក្សា​ពង្រាប និង​បង្ហាត់​ដំរី​ចម្បាំង ។

យើង​នឹង​វិល​ត្រលប់​មក​មើល​ការ​រៀបចំ​នេះ​នៅ​ពេល​ក្រោយ ។ កម្ពុជា​ទាំងមូល​បាន​ត្រូវ​អាណ្ណាម​បែង​ចែក​ចេញ​ជា​៨​ភូ (ខែត្រ) មាន​ទាំងអស់​១៨​ហ្វៀន (មណ្ឌល​រដ្ឋបាល) គឺ ៖

  • ភូ​ត្រាន់តាយ​ ភ្នំពេញ​ មាន​ហ្វៀន​២​គឺ ថៃអាន និង​លូអាន
  • ភូ​ញាហ្វា មាន​ហ្វៀន​២​ដែរ​គឺ ធឿងផុង និង​ផុងញួង
  • ភូ​ណាមនិញ មាន​ហ្វៀន​៣​គឺ ណាមធិញ​ ណាមថៃ និង​ភូណាម
  • ភូ​វ៉ូកុង មាន​ហ្វៀន​៣​ដែរ​គឺ ប៊ិញជុង​ គីតូ និង​ជុងធុយ

ភូ​ទាំង​៤​នេះ ត្រួតត្រា​ដោយ ទួងក្វាន និង ថាមតាន់ ។

  • ភូ​ហាយ​តាយ មាន​ហ្វៀន​២​គឺ ហាយប៊ិញ និង​ថានជុង
  • ភូ​ហាប៊ិញ មាន​ហ្វៀន​២​ដែរ​គឺ ជុងហា និង​ភូឡាយ​

ភូ​ទាំង​២​នេះ ត្រួតត្រា​ដោយ ជាន​ភូស៊ូ ។​

  • ភូ​សានទិញ មាន​ហ្វៀន​២​គឺ ក្វេឡាំ និង​សានដុង
  • ភូ​មីឡាម មាន​ហ្វៀន​២​ដែរ​គឺ មីឡាម និង​ដាវឡាម

ភូ​ទាំង​២​នេះ ត្រួតត្រា​ដោយ ជាន​ភូស៊ូ នៅ​សានទិញ ។

ចំណែក​ឯ​កងពល​ទាហាន​ទាំង​៥ មួយៗ​មាន​៥​កង​វរសេនា​ធំ ដោយ​មិន​មាន​គិត​ដល់​កង​អនុសេនា​ធំ​កម្ពុជា​ផង​ទេ មាន ៖ កងពល​កណ្ដាល មាន​២៦៩៦​នាក់​ កងពល​បើក​ផ្លូវ​ មាន​២១១៦​នាក់​ កងពល​ស្លាប​ខាងឆ្វេង​ មាន​២៥៣០​នាក់​ កងពល​ស្លាប​ខាងស្ដាំ​ មាន​២២០០​នាក់​ និង​កងពល​បិទ​គូទ​មាន​២២៥៥​នាក់ សរុប​ទាំងអស់​ត្រូវជា​១១.៧៩៦​នាក់ ។

រៀបចំ​ដូច្នេះ​រួច​ហើយ ស្ដេច​អាណ្ណាម​បាន​ចាត់តាំង ឡេ​វ៉ាន់ឌុក ឱ្យ​ធ្វើ​ជា​ធិញលុក​រាជ​អធិការ​របស់​ព្រះរាជា​ប្រចាំ​កម្ពុជា ។

ពួក​អាណ្ណាម​បាន​ហៅ​ព្រះ​ក្សត្រី​អង្គ​ម៉ី​ ថា​ ង៉ុក​វ៉ាន​ ហើយ​ថ្វាយ​ព្រះ​ឋានៈ​ជា​ភាសា​អាណ្ណាម​ថា​ មីឡាម​ក្វានជួ (ព្រះ​មហាក្សត្រី​នៃ​ភូ​មីឡាម) ។ ព្រះ​រៀម​របស់​ព្រះ​នាង​ព្រះ​ក្សត្រី​បែន ទទួល​ឋានៈ​ថា​ លូអាន​ក្វាន (ក្សត្រី​ទី​២​នៃ​លូអាន) ព្រះ​អនុជ​ក្សត្រី​មួយ​អង្គ​ទទួល​ឋានៈ​ជា​ ថាវជុង​ក្វានក្វាន​ និង​មួយ​អង្គ​ទៀត​ជា តាប់និញ​ក្វានក្វាន ។

មាន​ការងារ​មួយ​ដែល​មាន​ប្រយោជន៍ ក៏​ប៉ុន្ដែ​បាន​ធ្វើ​ឱ្យ​អ្នកស្រុក​ខឹងសម្បា​ជា​ខ្លាំង គឺ​កំណែន​ឱ្យ​ធ្វើ​ផ្លូវ​យុទ្ធសាស្ដ្រ​មួយ​ដោយ​គ្មាន​ផ្ដល់​កម្រៃ ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ស្ពាន​យមរាជ បច្ចុប្បន្ន​នៅ​លើ​ផ្លូវ​ទៅ​កំពត (ប្រហែល​ជា​៤​គីឡូម៉ែត្រ​ពី​ភ្នំពេញ) រួច​បន្ដ​ទៅ​ទ្រាំង​ និង​បន្ទាយមាស​ និង​ការ​បង្កើត​ឱ្យ​មាន​ក្រុម​រត់​សំបុត្រ​បន្ដ​គ្នា​ប្រចាំ​តាម​សាលា​នីមួយៗ ដែល​មាន​គ្នា​៣០​នាក់​ផ្លាស់​ប្ដូរ​វេន​គ្នា ជ្រើស​រើស​ចេញ​ពី​អ្នកស្រុក​រស់នៅ​ក្នុងភូមិ​ជិតៗ ។ ផ្លូវ​នេះ​ដែល​ក្រោយ​មក​គឺ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​កំពត ខ្មែរ​ហៅ​ថា​ ផ្លូវ​អាណ្ណាម (77) ។

នៅ​សម័យ​នោះ គឺ​ក្នុង​ឆ្នាំ​១៨៣៥ នៅ​ឯ​កំពង់សោម មាន​បងប្អូន​២​នាក់​ដែល​មាន​ឋានៈ​ជា​ឧកញ៉ា​គឺ ឧកញ៉ា​ជ័យ និង​ឧកញ៉ា​ជូ បាន​ប្រកែក​មិន​ព្រម​គោរព​តាម​បញ្ជា​របស់​អាណ្ណាម​ទេ ហើយ​ចាប់​ផ្ដើម​កាន់​អាវុធ​ប្រឆាំង​ឡើង ។ ទាំង​២​នាក់​បងប្អូន​ធ្វើការ​ប្រយុទ្ធ​អស់​កាល​យ៉ាង​យូរ​ តែ​មិន​អាច​បង្ក្រាប​ទ័ព​ចម្រុះ​អាណ្ណាម​-​ខ្មែរ​បាន​ ហៀប​តែ​នឹង​ត្រូវ​គេ​ចាប់​បាន​ទៅ​ហើយ ក៏​នាំ​គ្នា​រត់គេច​ឆ្លង​ព្រំដែន​ទៅ​ជ្រក​កោន​នៅ​ឯ​បាងកក​បាត់​ទៅ ។

នៅ​ឆ្នាំ​១៨៣៦​ នៅ​ខែត្រ​កំពង់ស្វាយ​ឯណោះ​វិញ​ តេជោ​រាម​ដែល​បះបោរ​ប្រឆាំង​នឹង​របប​ថ្មី​បាន​ត្រូវ​គេ​ចាប់​យក​មក​ភ្នំពេញ ហើយ​អុង​ទួងគុន​ចេញ​បញ្ជា​ឱ្យ​គេ​សម្លាប់​ចោល​ទៅ ។ គេ​បាន​លើក​ស្នងអី​ជំនួយការ​របស់​តេជោ​រាម ឱ្យ​ឡើង​កាន់​អំណាច​បន្ដ​ពី​គាត់ ។ មុន​ដំបូង​ស្នងអី​បាន​បំពេញ​ការងារ​ល្អ​ណាស់ ក៏​ប៉ុន្ដែ​ដល់​មក​ឆ្នាំ​១៨៣៧ ស្រាប់តែ​ឈ្មោះ​នេះ​បាន​ចាប់​រ៉េស៊ីដង់​អាណ្ណាម​សម្លាប់​ចោល ហើយ​ចាប់​កេណ្ឌ​ទ័ព ។ ស្នងអី​ធ្វើ​សកម្មភាព​បាន​ប៉ុន្មាន​សប្ដាហ៍ ក៏​រត់គេច​ខ្លួន​ដោយ​នាំ​យក​អ្នកស្រុក​ស្ទោង និង​ជីក្រែង​មួយ​ចំនួន​ធំ​ផង ទៅ​នៅ​ឯ​ទន្លេ​រពៅ ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​សៀម​នៅ​ឡើយ ។ ពួក​អាណ្ណាម​បាន​សម្លាប់​ប្រជាជន​ខែត្រ​កំពង់ស្វាយ​អស់​ជា​ច្រើន ដែល​គេ​ចោទ​ថា​បាន​គាំទ្រ​ស្នង​អី ។ អ្នកស្រុក​មួយ​ចំនួន​ទៀត គេ​នាំ​យក​ទៅ​អាណ្ណាម ។

ព្រឹត្ដិការណ៍​ទាំង​អស់នេះ រួម​ទាំង​ការ​បះបោរ និង​ការ​ប្រឆាំង​អាណ្ណាម​ផង បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ។ គេ​ក៏​ចាប់​តាំង​នាំ​គ្នា​ងាក​បែរ​ទៅ​រក​ខែត្រ​បាត់ដំបង ដី​ខ្មែរ​ពី​មុន តែ​ឥឡូវ​បាន​ក្លាយ​ទៅជា​របស់​សៀម​ហើយ ដែល​មាន​រាជវង្ស​២​អង្គ​កំពុង​រស់នៅ គឺ​ព្រះ​អង្គ​ឯម និង​ព្រះ​អង្គឌួង (78) ។ ស្ដេច​សៀម​បាន​អនុញ្ញាត​ឱ្យ​ព្រះ​អង្គ​ឯម​គង់នៅ​នឹង​បាត់ដំបង​ ឯ​ព្រះ​អង្គឌួង​ឱ្យ​គង់នៅ​មង្គលបុរី ។​ ក្សត្រ​ទាំង​២​អង្គ​បាន​ឃ្លាតឆ្ងាយ​ពី​រាជបល្ល័ង្ក​ហើយ ដោយ​ត្រូវ​អាណ្ណាម​បំបែក បណ្ដេញ​កាត់​កាល​ចោល និង​នៅ​ជាមួយ​សៀម ក៏​ស្ដេច​សៀម​មិន​បាន​ផ្គត់ផ្គង់​ឱ្យ​ល្អ​ណាស់​ណា​ដែរ ព្រោះ​មាន​គេ​ច្រណែន​និន្ទា ។ ក៏​ប៉ុន្ដែ​ព្រះ​អង្គ​នៅ​តែ​ជា​សេចក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​ប្រទេស​ជាតិ​ដដែល ។ ទម្លាប់​ជា​ប្រពៃណី​មួយ​បាន​និទាន​តៗ​គ្នា​ថា «កាលណា​ទឹក​ហូរ​ចុះ​ពី​ខាងជើង​មក​ខាង​ត្បូង កាត់​ពីមុខ​កំពង់ហ្លួង ទឹក​នោះ​បាន​ប្រាប់​អ្នកស្រុក​ថា ព្រះ​អង្គ​ម្ចាស់​ទាំងឡាយ​មាន​ព្រះ​កាយពល​ល្អ​ទេ ព្រះមហេសី​ទាំងអស់​របស់​ព្រះ​អង្គ​បាន​ប្រសូត​ព្រះរាជ​បុត្រា​ថ្វាយ​ព្រះ​អង្គ ហើយ​អ្នកស្រុក​និយាយ​ថា ព្រះអាទិត្យ​នៅ​តែ​រះ​ឯជើង​មេឃ​រៀង​រាល់ថ្ងៃ មិន​ទាន់​រលត់​បាត់​នៅ​ឡើយ» ។

នៅ​ពេល​ដែល​ហៀប​នឹង​រលត់​ទៅ​ហើយ ប្រជាជន​ខ្មែរ​ដ៏​កម្សត់​នៅ​តែ​នឹក​ដល់​ព្រះរាជ​វង្សានុវង្ស​នៅ​ឡើយ បើ​ទោះបី​ថា​រាជវង្សានុវង្ស​នោះ​បាន​ដឹកនាំ​គេ​អស់​កាល​ជា​ច្រើន​សតវត្ស ឱ្យ​ធ្វើ​សង្គ្រាម​កាប់​សម្លាប់​តែ​គ្នា​ឯង ឬ​ប្រឆាំង​នឹង​បរទេស​ឱ្យ​គាំទ្រ​សមាជិក​រាជវង្ស​ដណ្ដើម​អំណាច ដណ្ដើម​រាជបល្ល័ង្ក​គ្នា​ កាត់​យក​ខែត្រ​ផ្សេងៗ​ទៅ​កាន់កាប់ ក៏​ប៉ុន្ដែ​មិន​ចេះ​គ្រប់គ្រង​ ហើយ​មិន​ដែល​បាន​នឹកគិត​ដល់​សុខទុក្ខ​របស់​ប្រជាជន​ដ៏​កម្សត់​បន្ដិច​ណា​ក៏​ដោយ ។ ទោះជា​យ៉ាង​ណា​ក្ដី ប្រជាជន​នៅ​មាន​សេចក្ដី​សង្ឃឹម​តែ​លើ​រាជវង្ស​មួយ​នេះ​ប៉ុណ្ណោះ ព្រោះថា​គ្មាន​អ្នក​មាន​បុណ្យ​ណា​ម្នាក់​ចេញ​មុខ​មក​ជួយ ដូច​ជា​នៅ​ស្រុក​ចិន​ អាណ្ណាម​ ភូមា​ សៀម ដើម្បី​បំផុស​អ្នកស្រុក​ឱ្យ​នាំ​គ្នា​បះបោរ​ឡើង​វាយ​ប្រហារ​ទៅ​លើ​ពួក​សត្រូវ​របស់​ព្រះរាជា​ណាចក្រ ហើយ​បណ្ដេញ​ចេញ ដណ្ដើម​យក​រាជបល្ល័ង្ក​មក​វិញ រួច​ឡើង​អង្គុយ​លើ​រាជបល្ល័ង្ក​នោះ ក្រោម​ស្នូរ​ទះដៃ​អបអរសាទរ​ពី​ប្រជាជន​ទាល់​តែ​សោះ ។ ចៅហ្វ៊ា​បែន និង​ចៅហ្វ៊ា​មូ​ប្រហែល​ជា​អាច​បំពេញ​នូវ​តួនាទី​ជា​វីរជន​នេះ​បាន ក៏​ប៉ុន្ដែ អ្នក​ទាំង​២​នាក់​នេះ​មិនមែន​ជា​អ្នក​មាន​បុណ្យ​ទេ ហើយ​ក៏​គ្មាន​ឆន្ទៈ​ខ្ពស់​នឹង​បំពេញ​ភារកិច្ច​នេះ​ដែរ មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​បាន​ក្បត់​ជាតិ​ជា​បន្ដ​បន្ទាប់​ទៅ​ទៀត កាត់​ផ្ដាច់​យក​ទឹកដី​មាតុភូមិ​ទៅ​ឱ្យ​សៀម​ទៅ​វិញ ។ ម្ល៉ោះ​ហើយ ប្រជាជន​ដែល​ហាក់​បី​ដូចជា​ត្រូវ​សណ្ដំ​ទៅ​ហើយ បាន​ភ្លេច​អ្នក​ទាំង​អស់​នោះ​សូន្យ​ឈឹង ទើប​បាន​ជា​នាំ​គ្នា​បែរ​មក​រក​រាជវង្ស​ស្ដេច​ដែល​សោយរាជ្យ​លើ​ពួក​គេ ហើយ​សម្លឹង​មើល​ទៅ​បាត់ដំបង ដែល​មាន​ក្សត្រា​ទាំង​២​អង្គ​គង់នៅ ។

មេទ័ព​អាណ្ណាម​អុង​ទួងគុន បាន​យល់​ច្បាស់​ណាស់​ថា​កម្ពុជា​នៅ​មាន​ថាមពល​ដែល​កំពុង​តែ​ក្រាប​សម្ងំ ហើយ​អាច​នឹង​ងើប​ក្រោក​ឡើង​បះបោរ​ប្រឆាំង​នឹង​ការ​ត្រួតត្រា​របស់​យួន លើ​រាជវង្សា​នុវង្ស​នេះ​ឯង ។ គាត់​បាន​ប្ដេជ្ញា​ថា​នឹង​កម្ចាត់​កម្ចាយ​ក្សត្រ​ទាំង​២​អង្គ​នេះ​ចេញ ដោយ​ធ្វើ​យ៉ាង​ណា​បំបែក​បំបាក់​ពី​គ្នា​សិន ព្រោះ​កន្លង​មក ក្សត្រ​ទាំង​២​អង្គ​សាមគ្គី​គ្នា​ស្អិត​ល្មួត​ណាស់ ​រួច​សឹម​ឆ្លៀត​យក​ឱកាស​ដែល​លេច​ចេញពី​ព្រឹត្ដិការណ៍​នេះ​ដើម្បី​បំផ្លិច​បំផ្លាញ​ចោល​តែ​ម្ដង ។

អុង​ទួងគុន​បាន​ចាត់​ឱ្យ​ជន​អាណ្ណាម​ម្នាក់​ក្លែង​ខ្លួន​ធ្វើ​ជា​ខ្មែរ ដោយ​ដាក់​ឈ្មោះ​ថា ភគវា នាំ​លិខិត​មួយ​ទៅ​ថ្វាយ​ព្រះ​ឧបរាជ​អង្គ​ឯម​ទូល​ថា​អាណ្ណាម​មក​កម្ពុជា​នេះ​ក្នុង​គោលបំណង​ដើម្បី​ជួយ​ធ្វើ​ឱ្យ​មាន​សន្ដិភាព ។​ ការ​ដែល​លើក​ព្រះ​មហាក្សត្រី​អង្គ​ម៉ី​ឱ្យ​ឡើង​សោយរាជ្យ​នេះ ក៏​ព្រោះតែ​ថា​ព្រះ​នាង​គ្រាន់​តែ​ជា​ព្រះ​មហាក្សត្រី​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ រង់​ចាំតែ​ពេល​ដែល​មាន​ក្សត្រា​ខ្មែរ​មួយ​អង្គ​ចង់​វិល​ត្រលប់​មក​សោយរាជ្យ​វិញ អាណ្ណាម​នឹង​ជួយ​ជ្រោមជ្រែង ។ ក៏​ប៉ុន្ដែ​ព្រះ​ឧបរាជ​មាន​គូប្រជែង​មួយ គឺ​ព្រះ​អង្គឌួង ជា​អនុជ​របស់​ព្រះ​អង្គ ដែល​រៀបចំ​ផែនការ​ក្បត់​នឹង​ព្រះ​អង្គ​រួច​ទៅ​ហើយ ។

ព្រះ​ឧបរាជ​គិត​ថា​ភ័ព្វសំណាង​ព្រះ​អង្គ​បាន​មក​ដល់​ហើយៗ ជឿ​សម្ដី​អាណ្ណាម​ថា ព្រះ​អនុជ​ជា​គូប្រជែង​របស់​ព្រះ​អង្គ ទ្រង់​ក៏​បាន​ចារ​ព្រះ​សារលិខិត​មួយ​ច្បាប់​ទៅ​ថ្វាយ​ស្ដេច​សៀម​ថា ព្រះ​អនុជ​កំពុង​តែ​ធ្វើ​ចលនា​ប្រឆាំង​នឹង​ផលប្រយោជន៍​សៀម​នៅ​ស្រុក​ខ្មែរ ។ ស្ដេច​សៀម​បាន​ចាត់​មន្ដ្រី​២​នាក់​ឱ្យ​មក​យាង​ព្រះ​អង្គឌួង​ទៅ​បាងកក​ភ្លាម ហើយ​ហាម​ផ្ដាច់​មិន​ឱ្យ​យាង​មក​មង្គលបុរី​វិញ​ទេ ។

ដោយ​កម្ចាត់​ព្រះ​អនុជ​ឱ្យ​បាត់​ពីមុខ​ពី​មាត់​រួច​ហើយ ព្រះ​ឧបរាជ​បាន​យាង​ទៅ​គង់នៅ​ពោធិ៍សាត់​ជាមួយ​ព្រះរាជ​វង្ស ព្រះរាជ​បុត្រាបុត្រី​របស់​ព្រះ​អង្គឌួង ដែល​ទ្រង់​រក្សា​ទុកជា​ចំណាប់​ខ្មាំង និង​មន្ដ្រី​ខ្មែរ​ជា​ច្រើន​ទៀត​នៅ​បាត់ដំបង​ដែល​ទ្រង់​មិន​អាច​ទុក​ចោល​បាន ។ មេទ័ព​អាណ្ណាម​ដែល​បញ្ជា​នៅ​ទីនោះ​បាន​ចាប់​ខ្លួន​អ្នក​ទាំង​អស់នោះ ហើយ​បញ្ជូន​មក​ភ្នំពេញ ។​ ព្រះ​ឧបរាជ​អង្គ​ឯម​មិន​យល់​ថា​ហេតុ​អ្វី​ក៏​មាន​រឿង​ដូច្នេះ​ទេ​ តែ​ចំពោះ​ខ្លួន​ព្រះ​អង្គ​ មេទ័ព​អាណ្ណាម​ទទួល​រាក់ទាក់​បំផុត ម្ល៉ោះ​ហើយ​ទ្រង់​ក៏​យាង​មក​ភ្នំពេញ​ជាមួយនឹង​គេឯង មាន​កង​ការពារ​ជូន​ដំណើរ​ហាក់បី​ដូចជា​មាន​កិត្ដិយស​ណាស់ ។ ពេល​យាង​មក​ដល់​ភ្នំពេញ អុង​ទួងគុន​បាន​ទទួល​ស្វាគមន៍​ព្រះ​អង្គ​គគ្រឹក​គគ្រេង​ទាំង​ប្រជាជន​ក៏​ទះដៃ​អបអរសាទរ​ព្រោះ​មើល​ឃើញ​ថា​ព្រះ​អង្គ​នេះ​ហើយ​ជា​អ្នក​មក​រំដោះ​គេ ។​ ការ​ដែល​ប្រជាជន​អបអរ​សាទរ​ទទួល​ព្រះ​ឧបរាជ​ខ្លាំង​ហួសហេតុ​ពេក​បាន​ធ្វើ​ឱ្យ​អុង​ទួងគុន​អន់ចិត្ដ ដល់​យប់​ឡើង​ក៏​ចាប់​ព្រះ​អង្គ​ដាក់​ក្នុង​ទ្រុង​ដែក ហើយ​បញ្ជូន​ទៅ​កាន់​រាជធានី​វ៉េ​នៅ​ថ្ងៃស្អែក​ឡើង (១៨៤០) ។

ចំពោះ​មន្ដ្រី​មក​ពី​ខែត្រ​បាត់ដំបង មាន​មួយ​ចំនួន​ធំ​ត្រូវ​គេ​សម្លាប់​ចោល​ភ្លាម​ដោយ​មិន​ចាំបាច់​កាត់​ទោស នៅ​សល់​ខ្លះ​គេ​បញ្ជូន​ទៅ​វ៉េ​ដែរ​ហើយ​ឃុំ​ទុក​នៅ​ទីនោះ ។

ចំណែក​នៅ​បាងកក​ឯណោះ​វិញ ព្រះ​អង្គឌួង​ដែល​ព្រះ​រៀម​ចោទប្រកាន់​ថា​ក្បត់ បាន​ត្រូវ​សៀម​ឃាត់ខ្លួន ដាក់​ច្រវាក់​ទុក​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ដែរ ។

នៅ​ពេល​ដែល​ស្ថានការណ៍​នៅ​កម្ពុជា​កំពុង​តែ​អាក្រក់​ទៅៗ រ៉េស៊ីដង់​អាណ្ណាម​ក៏​មិន​ចេះ​ស្កប់ស្កល់​នឹង​ចំណង់​របស់​គេ​ដែរ ។ គេ​ចង់​ឱ្យ​ខ្មែរ​ប្ដូរ​សាសនា​កាន់​តាម​គេ​វិញ ម្ល៉ោះ​ហើយ​គេ​បណ្ដេញ​លោក​សង្ឃ​ចេញពី​វត្ដ​អារាម បញ្ជា​ឱ្យ​កាប់​ដើម​ពោធិ​គាស់​រំលើង​ព្រះពុទ្ធ​បដិមា​ និង​ឱ្យ​វាយ​កម្ទេច​ចេតិយ​ចោល ។ លើស​ពី​នោះ​ទៅ​ទៀត គេ​ចង់​ឱ្យ​ស្រុក​នេះ​គ្មាន​អ្វី​ជា​តំណាង ដោយ​បាន​ឱ្យ​រដ្ឋមន្ដ្រី​របស់​ព្រះ​មហាក្សត្រី​ធ្វើ​ដំណើរ​ទៅ​សាយហ្គន តែ​បាន​ភរ​ថា​ឱ្យ​ទៅ​វ៉េ​ ក្នុង​នោះ​មាន​លោក​ចៅហ្វ៊ា​ឡុង​សម្ដេច​ចៅពញា​ហ៊ូ​ និង​លោក​ក្រឡាហោម​គិញ​ដោយ​យក​លេស​ថា​ស្ដេច​អាណ្ណាម​ចង់​ជួប​រួម​គ្នា​ជាមួយ​នឹង​ព្រះ​ឧបរាជ​ដែល​ទើបតែ​យាង​ទៅ​ដល់ ។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក គេ​បាន​បញ្ជូន​ព្រះ​មហាក្សត្រី ព្រះ​អនុជ​អង្គ​ពៅ​ជា​ព្រះ​ឧបរាជ និង​ព្រះ​អនុជ​អង្គ​ស្ងួន ទៅ​សាយហ្គន​ទៀត ។ ព្រះ​រៀម​ក្សត្រី​អង្គ​បែន ជា​ចៅ​របស់​ចៅហ្វ៊ា​បែន ដែល​បាន​ប្រគល់​ខែត្រ​បាត់ដំបង​ទៅ​ឱ្យ​សៀម​កាល​ពីមុន ពេល​នេះ​ទ្រង់​មាន​ព្រះ​ជន្ម​៣២​ព្រះវស្សា​ហើយ (១៨៤១) បាន​ត្រូវ​គេ​នាំ​យក​ទៅ​លង់ហោ​ (វិញឡុង) ។ គេ​បាន​និយាយ​ថា​ព្រះក្សត្រី​អង្គ​នេះ​នឹង​ត្រូវ​ដោះស្រាយ​ខុស​ពី​ព្រះ​អនុជ​ទាំងអស់ ព្រោះ​ទ្រង់​មាន​ព្រះ​មាតា​ជា​បុត្រី​របស់​ចៅហ្វ៊ា​បែន ដែល​បាន​គេច​ព្រះ​អង្គ​ទៅ​នៅ​ឯ​បាត់ដំបង ហើយ​ទ្រង់​មាន​ព្រះ​បិតុលា​ម្នាក់​ជា​សត្រូវ​ស្លាប់​រស់​របស់​អាណ្ណាម ។ ទៅ​ដល់​វិញឡុង គេ​ឃុំ​ព្រះ​នាង​ទុក​សិន បន្ទាប់​មក គេ​យក​ព្រះ​នាង​ចេញពី​ទី​ឃុំឃាំង​ទៅ​ជ្រមុជ​ទឹក​ទន្លេ​សម្លាប់​ចោល​ដោយ​មិន​ដឹង​ជា​មាន​រឿង​អ្វី (១៨៤២) ។

ការ​ដែល​អាណ្ណាម​ធ្វើ​ទាំង​ប៉ុន្មាន​នេះ​ ប្រជាជន​បាន​ឃើញ​ និង​ដឹង​ឮ​ទាំងអស់​ ធ្វើ​ឱ្យ​គាត់​អាច​កាត់​ស្មាន​បាន​ថា បើ​ព្រះរាជវាំង​អាណ្ណាម​បន្ដ​ធ្វើ​អ្វី​តទៅ​ទៀត​នោះ​គឺ​មិន​យូរ​មិន​ឆាប់​គេ​នឹង​យក​ព្រះរាជា​ណាចក្រ​កម្ពុជា​ដាក់​បញ្ចូល​ទៅ​ក្នុង​ទឹកដី​កូសាំងស៊ីន​ជា​មិន​ខាន ។ អាណ្ណាម​បាន​រៀបចំ​អនុវត្ដ​វិធានការ​២ ដែល​មាន​សារសំខាន់​គ្រាន់បើ​ដែរ ហើយ​ដែល​រាល់​ប្រជាជន​ស៊ីវីល័យ​តែងតែ​ធ្វើ​គឺ​ការ​ធ្វើ​សម្រង់​ស្ថិតិ​ប្រជាជន និង​ការ​ចុះបញ្ជី​សុរិយោដី​អចលន​ទ្រព្យ ដូច​ដែល​គេ​បាន​ធ្វើ​រួច​ហើយ​នៅ​អាណ្ណាម ។ ក៏​ប៉ុន្ដែ​ប្រជាជន​យល់​ថា នេះ​គឺជា​សកម្មភាព​ដំបូង​នៃ​ការ​កាត់​យក​ទឹកដី​ហើយៗ​មាន​កំហឹង​កាន់តែ​ខ្លាំង​ឡើងៗ ។ ពេល​នោះ​ពួក​អ្នក​ដែល​ស្រលាញ់​សៀម គឺ​បក្សពួក​របស់​ព្រះឧបរាជ​អង្គ​ឯម និង​អ្នក​អង្គ​ម្ចាស់​អង្គឌួង បាន​លួច​ចុះ​ទៅ​បំផុស​ប្រជាជន​តាម​ស្រុក​ស្រែ​ចម្ការ​ឱ្យ​បះបោរ​ឡើង ហើយ​ចាប់​ផ្ដើម​កាប់​សម្លាប់​ជន​អាណ្ណាម​ឥត​រើស​មុខ ។ ការ​កាប់​សម្លាប់​នេះ បាន​រីក​រាលដាល​រហូត​មក​ដល់​ភ្នំពេញ ដែល​ទ័ព​អាណ្ណាម​បាន​នាំ​គ្នា​រត់​មក​ជ្រក​នៅ​ទាំង​កងៗ តែ​ក៏​ត្រូវ​គេ​លួច​សម្លាប់​នៅ​ពេល​យប់​ដែរ ។ ក្នុង​រយៈពេល​តែ​៨​ថ្ងៃ​ប៉ុណ្ណោះ កម្ពុជា​ទាំងមូល​សឹងតែ​គ្មាន​វត្ដមាន​អាណ្ណាម​តទៅ​ទៀត លើក​លែងតែ​នៅ​តាម​ទីប្រជុំជន​ធំៗ ដែល​គេ​មិន​នឹក​ស្មានថា​ប្រជាជន​ខ្មែរ​ពេល​នោះ​អាច​ធ្វើ​ដូច្នេះ​បាន​សោះ ។

ប្រជាជន​បាន​បះបោរ​ជា​ទូទៅ ហើយ​ពួក​មន្ដ្រី​ធំៗ​បាន​លួច​ប្រជុំ​គ្នា​ជា​សម្ងាត់ និង​បាន​សម្រេច​ថា ត្រូវ​ហៅ​រក​សៀម​ឱ្យ​មក​ជួយ​កម្ពុជា​ម្ដង​ទៀត ។ គេ​នាំ​គ្នា​បង្កើត​គណៈកម្មការ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​មួយ រួច​បាន​ចាត់តាំង​មន្ដ្រី​ធំ​២​រូប​គឺ​ឧកញ៉ា​វិបុល​ឡុង ជា​អនុរដ្ឋមន្ដ្រី​ខាង​ទ័ព​ជើងទឹក និង​ឧកញ៉ា​សួគ៌ាលោក មួក ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់ ឱ្យ​នាំ​យក​ញត្ដិ​មួយ​ទៅ​បាងកក សុំ​អន្ដរាគមន៍​របស់​សៀម និង​ការ​លើក​ព្រះ​អង្គឌួង​ឱ្យ​ឡើង​សោយរាជ្យ​លើ​រាជបល្ល័ង្ក​កម្ពុជា តាម​ចំណង់​ចំណូល​ចិត្ដ​របស់​ប្រជារាស្ដ្រ ។

ស្ដេច​សៀម​បាន​ឯកភាព​តាម​ការ​ស្នើ​សុំ​ទាំង​២ រួច​បាន​ចាត់តាំង​ចៅ​ឃុន​បឌិន​ឱ្យ​កេណ្ឌ​ទ័ព​មក​រៀបចំ លើក​រាជវង្ស​កម្ពុជា​ឱ្យ​សោយរាជ្យ​ឡើង​វិញ ។

ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក មេទ័ព​អាណ្ណាម​ទាំង​៣​នាក់​ដែល​ឈរជើង​នៅ​ពោធិ៍សាត់​បាន​ត្រូវ​វាយ​ឱ្យ​បរាជ័យ ហើយ​បាន​នាំ​គ្នា​រើ​សម្ភារ​ដកថយ​ចេញ ដោយ​បោះបង់​បន្ទាយ​ពោធិ៍សាត់​ទុក​ឱ្យ​ទ័ព​សៀម ។ ចៅ​ឃុន​បឌិន​បាន​ដឹកនាំ​ទ័ព​បន្ដ​ដំណើរ​ចូល​មក​ក្នុង​ផ្ទៃ​ប្រទេស ក្រោម​ស្នូរ​ទះដៃ​អបអរ​សាទរ​ពី​ប្រជាជន​ដែល​បាន​នាំ​គ្នា​ងើប​ក្រោក​ឈរ​ឡើង​ជួយ​គាំទ្រ​វាយ​ប្រហារ​ទៅ​លើ​កងទ័ព​សត្រូវ​ដែល​រត់គេច​ពាស​ពេញ​ប្រទេស ។

ពេល​នោះ​ព្រះ​ចៅ​អធិរាជ​អាណ្ណាម​បាន​បញ្ជូន​ទ័ព​ជំនួយ​មួយ​កង​មក​ជាមួយ​ព្រះ​ឧបរាជ​អង្គ​ឯម​ រាជបុត្រា​របស់​ព្រះ​អង្គ​ព្រះ​នាម​ថា​ អង្គភឹម​ និង​ព្រះ​ក្សត្រី​ទាំង​៣​អង្គ​ដែល​ជា​បុត្រី​របស់​ស្ដេច​អង្គ​ចន្ទ​ដោយ​សង្ឃឹម​ថា នឹង​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​គ្នា​រវាង​ខ្មែរ​ និង​ខ្មែរ ។ ក៏​ប៉ុន្ដែ​ក្រោយ​ពី​មាន​អាវុធ​កាន់​នៅ​ក្នុង​ដៃ ក្រុម​នេះ​បាន​បែរ​ទៅ​ប្រឆាំង​នឹង​ពួក​អាណ្ណាម​ដែល​ជិះជាន់​ពួក​គេ​អស់​ពេល​៧​ឆ្នាំ​មក​ហើយ រួច​ក៏​នាំ​គ្នារត់​ទៅ​ចុះចូល​ជាមួយ​ទ័ព​សៀម​វិញ ភ្លេច​អស់​អំពើ​ឃោរឃៅ​របស់​សៀម​កាលពី​ពេល​មុន ។

ទ័ព​សៀម​វាយ​រុញច្រាន​ទ័ព​អាណ្ណាម ដែល​ដក​ថយ​ទៅ​ជា​ក្រុម​តូចៗ ដោយ​ដេញ​តាម​រហូត​ទៅ​ជិត​ដល់​ចូវដុក ។ នៅ​ទីនោះ មាន​មេទ័ព​អាណ្ណាម​ជា​ច្រើន ក្នុង​នោះ​រួម​មាន​ទាំង​មេទ័ព​ប្រចាំ​ខែត្រ​ពោធិ៍សាត់​ទាំង​៣​នាក់​ផង បាន​នាំ​គ្នា​ផឹក​ថ្នាំ​សម្លាប់​ខ្លួន ដើម្បី​ជៀសវាង​ការ​ទទួល​ទណ្ឌកម្ម​ពី​ព្រះ​ចៅ​អធិរាជ ។

៤២. ព្រះ​អង្គឌួង (១៨៤១-១៨៥៩)

នៅ​ពេល​នោះ នៅ​រាជធានី​ឧត្ដុង្គ​ឯណោះ​វិញ ប្រជាជន​កំពុង​តែ​នាំ​គ្នា​រាក់ទាក់​ស្វាគមន៍​មេទ័ព​សៀម ចៅ​ឃុន​បឌិន និង​ព្រះ​អង្គឌួង ដែល​បាន​ចាប់​ផ្ដើម​ដឹកនាំ​កិច្ចការ​ប្រទេស​ជាតិ​ហើយ ។ ព្រះ​អង្គ​បាន​ចេញ​ព្រះរាជ​បញ្ជា​ទៅ​គ្រប់​ខែត្រ​ខណ្ឌ តែង​តាំង​ចៅហ្វាយ​ខែត្រ ឬ​ទទួល​ស្គាល់​អំណាច​របស់​ពួក​មេដឹកនាំ​បះបោរ រួច​បាន​យាង​មក​គង់នៅ​ក្នុង​ព្រះរាជវាំង​មួយ​ធ្វើ​អំពី​ឈើ​នៅ​ឃ្លាំង​ស្លឹក​ជិត​ពញាឮ ដែល​ប្រជារាស្ដ្រ​បាន​នាំ​គ្នា​សង់​ថ្វាយ​ក្នុង​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ ។

ចំណែក​ពួក​អាណ្ណាម​វិញ បាន​ប្រមូល​កម្លាំង​ទ័ព និង​ភស្ដុភារ​ជា​ច្រើន​នៅ​ក្នុង​ព្រែកជីក​ហាទៀង ធ្វើ​ឱ្យ​ចៅឃុន​បឌិន​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ព្រោះ​បាន​រំសាយ​ទ័ព​ទៅ​វិញ​ខ្លះ​ទៅ​ហើយ ហើយ​បើ​នៅ​ទាំង​អស់ ក៏​ទ័ព​នោះ​តិច​មិន​អាច​ប្រៀប​ទៅ​នឹង​ទ័ព​អាណ្ណាម​បាន​ទេ ។ ស្រាប់តែ​លេច​កប៉ាល់​ទឹក​សៀម​មួយ​កង​មក​ចុះ​ចត​នៅ​នឹង​កំពត ដោយ​មាន​ដឹក​ទ័ព​ជំនួយ​មាន​សៀម​ខ្មែរ​ម៉ាឡេ​ និង​ពួក​អឺរ៉ុប​មក​ផង ។​ ចៅ​ឃុន​បឌិន​ប្រុង​ថា​នឹង​ចេញ​ទ័ព​ទៅ​ត​ភ្ជាប់​ជាមួយ​ទ័ព​ជំនួយ​នោះ ទទួល​មាន​ដំណឹង​លេច​ឮ​ថា​ពួក​នោះ​ត្រូវ​អាណ្ណាម​វាយ​ប្រហារ ហើយ​បាន​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ​ស្រុក​សៀម​វិញ​ទៅ​ហើយ ។ បរាជ័យ​នេះ​បាន​ធ្វើ​ឱ្យ​ចៅ​ឃុន​បឌិន​រឹតតែ​មាន​ការ​លំបាក​ថែម​ទៀត ព្រោះ​ទើប​តែ​បរាជ័យ​នៅ​ក្នុង​ការ​ប្រយុទ្ធ​តាម​ជើង​ទឹក​មួយ​នៅ​លើ​ចូវដុក​ដែរ ក្រោយ​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​អស់​ពេល​២​ថ្ងៃ ។

ពេល​នោះ​ព្រះ​អង្គឌួង​បាន​យាង​មក​គង់នៅ​ឯ​ខែត្រ​ទ្រាំង​វិញ​ជាមួយ​ទ័ព​ខ្មែរ​មួយ​កង ។​ ទ័ព​អាណ្ណាម​ដែល​ទើបតែ​វាយ​ប្រហារ​ទៅ​លើ​ទ័ព​សៀម ហើយ​បង្ខំ​ឱ្យ​ចុះ​ទូក​ចេញ​ទៅ​ស្រុក​វិញ បាន​បែរ​មក​វាយ​ទ័ព​ព្រះ​អង្គ​ម្ដង ដោយ​ជួប​ប្រយុទ្ធ​គ្នា​ស៊ីសាច់​ហុត​ឈាម​នៅ​ជើង​កញ្ចុំ (១៨៤១) ។

ព្រះ​អង្គឌួង​បាន​យាង​ត្រលប់​មក​ឧត្ដុង្គ​វិញ ទាំង​ក្ដី​អស់​សង្ឃឹម ។ ក៏​ប៉ុន្ដែ​បឌិន​បាន​ប្ដេជ្ញា​នៅ​តតាំង ហើយ​បាន​ចាត់​ឱ្យ​គេ​សង់​របាំង​ការពារ​នៅ​ទន្លេធំ លើ​ដៃទន្លេ​ចូវដុក និង​ដៃទន្លេ​តូចៗ​១០​កន្លែង​ទៀត សម្រាប់​ទប់​បង្អាក់​ដំណើរ​រុល​ទៅ​មុខ​របស់​ពួក​អាណ្ណាម ថ្វីបើ​របាំង​ខ្លះ​តូច​ក៏​ដោយ ។

ទ័ព​សត្រូវ​ទាំង​សងខាង​បាន​បោះទីតាំង​នៅ​លើ​ទឹកដី​ដែល​គេ​ដណ្ដើម​យក​បាន ហើយ​លួច​ចេញ​វាយ​គ្នា​មួយ​ដង​មួយ​កាល ជួនកាល​នៅ​ពេល​យប់ ធ្វើ​ឱ្យ​មាន​ការ​ខូចខាត​ហិន​ហោច​ជា​ខ្លាំង ។ សៀម និង​អាណ្ណាម​ច្បាំង​គ្នា​នៅ​លើ​ទឹកដី​កម្ពុជា ម្ល៉ោះ​ហើយ​គេ​មិន​ប្រញាប់​ប្រញាល់​នឹង​ដណ្ដើម​យក​ជ័យ​ជម្នះ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ។ ម្នាក់ៗ​គិតតែ​ដណ្ដើម​យក​អាណា​ខែត្រ​កម្ពុជា​មួយ​ចំនួន​ដាក់​ចូល​ទៅ​ក្នុង​ទឹកដី​របស់​ខ្លួន បែង​ទឹកដី​ខ្មែរ​ចែក​គ្នា ម្ល៉ោះ​ហើយ​ខិតខំ​ធ្វើ​ម៉េច​កាន់កាប់​ទឹកដី​ឱ្យ​បាន​ច្រើន តាម​តែ​អាច​ធ្វើ​ទៅ​បាន ។ អ្នក​ទាំង​២​មាន​កង្វល់​តែ​មួយ​ដូច​គ្នា គឺ​កាន់កាប់​ភ្នំពេញ​ចតុម្មុខ​ឱ្យ​បាន​ព្រោះ​ជា​បេះដូង​ និង​ជា​ចំណុច​យុទ្ធសាស្ដ្រ​របស់​ប្រទេស ។​ បើសិនជា​មិន​គិត​ពី​ចតុម្មុខ​នេះ​ទេ គេ​ប្រហែល​ជា​បាន​ចុះ​សន្ធិសញ្ញា​សន្ដិភាព​រួច​បាត់​ទៅ​ហើយ​ ហើយ​កម្ពុជា​ទាំងមូល​ក៏​នឹង​ត្រូវ​បែងចែក​រវាង​សៀម និង​អាណ្ណាម​អស់​ទៅ​ហើយ​ដែរ ។

ដូច្នេះ​ភ្នំពេញ​ដែល​២០​ឆ្នាំ​ក្រោយ​មក​ជា​រាជធានី​របស់​កម្ពុជា​ក្រោម​កិច្ច​ការពារ​របស់​បារាំង​គឺជា​ឧបសគ្គ​មួយ​ដែល​បើ​ដើរ​ជំពប់​ទៅ​នឹង​មាន​កើត​សង្គ្រាម ឬ​មួយ​សន្ដិភាព ។ ទ័ព​អាណ្ណាម​យល់​អំពី​បញ្ហា​នេះ​ច្បាស់​ណាស់ ក៏​ប៉ុន្ដែ​ដោយ​ប្រជាជន​ទូ​ទាំង​ប្រទេស​បាន​ងើប​ប្រឆាំង​ហើយ ហើយ​រដ្ឋាភិបាល​អាច​នឹង​ត្រូវ​គេ​ដណ្ដើម​យក​ អុង​ទួងគុន​បាន​សម្រេច​ចិត្ដ​ដក​ស្នាក់​ការ​ពី​ភ្នំពេញ​ទៅ​ដាក់​នៅ​ឯ​ចូវដុក​វិញ ។ ចៅ​ឃុន​បឌិន​បាន​ឱកាស​ក៏​ចូល​មក​កាន់​កាប់​រាជធានី​ដែល​អាណ្ណាម​បោះបង់​ចោល រួច​បាន​បញ្ជា​ឱ្យ​គេ​សង់​វាំង​មួយ​នៅ​កំពង់​វៀងភ័ក្ដ្រ ត្រង់​កន្លែង​ដែល​មាន​សាលា​ឃុំ​តាំងពី​ឆ្នាំ​១៨៨៥​មក សព្វ​ថ្ងៃជា​ទីតាំង​រោងចក្រ​ទឹកកក​នៅ​ខាងជើង​វត្ដ​ឧណ្ណាលោម ។

ពេល​នោះ​ពួក​អាណ្ណាម​បាន​ដោះ​លែង​ព្រះ​អង្គ​ឯម​ឱ្យ​មាន​សេរីភាព និង​ចាត់​ទុក​ព្រះ​អង្គជា​ស្ដេច​មួយ​អង្គ​ឡើង​វិញ ហើយ​នាំ​ព្រះ​អង្គ​មក​ភ្នំពេញ រួច​នាំ​ទៅ​ចូវដុក​ជាមួយ​នៅ​ពេល​ដែល​ពួក​គេ​ដកថយ​ទៅ ក្នុង​ក្ដី​សង្ឃឹម​ថា នឹង​ឱ្យ​ព្រះ​អង្គ​ប្រឆាំង​នឹង​ព្រះ​អង្គឌួង​ដែល​រាស្ដ្រ​ស្រលាញ់​ចូល​ចិត្ដ និង​ឱ្យ​ព្រះ​អង្គ និង​អ្នក​ដែល​គាំទ្រ​ព្រះ​អង្គ​បន្ដ​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​សៀម​តទៅ​ទៀត ។ ដើម្បី​លាក់​បាំង​គោល​បំណង​អាក្រក់​របស់​ខ្លួន​កុំ​ឱ្យ​ប្រជាជន​មើល​ឃើញ ពួក​អាណ្ណាម​បាន​រៀប​អាពាហ៍​ពិពាហ៍​ព្រះ​ឧបរាជ​អង្គ​ឯម​ជាមួយ​អ្នក​អង្គ​ពៅ ដែល​គេ​បាន​លើក​ឱ្យ​ធ្វើ​ជា​ឧបរាជ​ដែរ រួច​ហើយ​រៀប​អាពាហ៍​ពិពាហ៍​អ្នក​អង្គ​ម្ចាស់​អង្គភឹម បុត្រា​របស់​ព្រះ​អង្គ​ឯម ជាមួយ​ព្រះ​ក្សត្រី​អង្គ​ស្ងួន ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅជា​មហេសី​មួយ​អង្គ​របស់​ព្រះ​អង្គឌួង ក្រោយ​ពី​ព្រះ​អង្គភឹម​សុគត​ទៅ ។ ការ​រៀបចំ​ទុក​ដាក់​នេះ​ល្អ​ណាស់ ក៏​ប៉ុន្ដែ​មិន​បាន​ប៉ុន្មាន​ផង ព្រះ​ឧបរាជ​អង្គ​ឯម (79) ដែល​ប្រជាជន​មិន​ដែល​ចូល​ចិត្ដ​បន្ដិច​ណា​សោះ តាំង​តែ​ពី​យូរណាស់​មក​ហើយ​បាន​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៨១៣​ ហើយ​អ្វីៗ​ក៏​ត្រូវ​បញ្ចប់​ទៅ​ដែរ​ទុក​ឱ្យ​ព្រះ​អង្គឌួង​នៅ​ទាមទារ​ព្រះរាជ​បល្ល័ង្ក​តែ​មួយ​ព្រះ​អង្គ​ឯង ។

អត់​ពី​ព្រះ​អង្គ​ឯម​ទៅ ពួក​អាណ្ណាម​គិត​ថា​ត្រូវ​តែ​បង្ខំ​សភាពការណ៍​ឱ្យ​បាន​ឆាប់​រហ័ស បើ​ពុំនោះ​ទេ​ត្រូវ​ធ្វើ​ការ​ចរចា ។ ពួក​គេ​ចាប់​វាយ​បន្ទាយ​ពាម​មានជ័យ (បាណាម) (80) ដណ្ដើម​យក​បាន​នៅ​ក្នុង​ខែ​សីហា រួច​ហើយ​បាន​ឡើង​តាម​ទន្លេតូច​មក​វាយ​ទៅ​លើ​បន្ទាយដែក ដែល​ព្រះរាជា​កំពុង​តែ​គង់នៅ​ដោយ​គ្មាន​ដឹង​ថា ពាម​មានជ័យ​ត្រូវ​អាណ្ណាម​ដណ្ដើម​យក​បាន​ទៅ​វិញ​ទេ ។ ប្រយុទ្ធ​គ្នា​អស់​ពេល​៣​ថ្ងៃ ព្រះរាជា​បាន​វាយ​ដកថយ​ជាមួយ​ចៅ​ឃុន​បឌិន​ទៅ​ភ្នំពេញ​វិញ ជាមួយ​នឹង​ទ័ព​សៀម​ដែល​សេស​សល់ រួច​គេច​បន្ដ​ទៅ​កាន់​ឧត្ដុង្គ ដោយ​បោះបង់​ចោល​ទឹកដី​មួយ​ចំណែក​ធំ រួម​ទាំង​ចតុម្មុខ​ផង ឱ្យ​ទៅ​សត្រូវ ។

ឧត្ដុង្គ​ត្រូវ​បាន​រៀបចំ​កំផែង​ការពារ ក៏​ប៉ុន្ដែ​គេ​ហាក់​ដូចជា​អស់​សង្ឃឹម​ថា​នឹង​អាច​ឈ្នះ​បាន​ទៀត​ហើយ ណា​មួយ​ចៅ​ឃុន​បឌិន ដែល​ធ្លាប់​តែ​មាន​ឈ្មោះ​ល្បីល្បាញ​ដោយ​សារ​តែ​ធ្លាប់​ដុត​បំផ្លាញ​រាជធានី​វៀងចន្ទ​ខ្ទេចខ្ទី ក៏​លែង​មាន​ទំនុក​ចិត្ដ​លើ​អ្វីៗ​ទៀត​ដែរ ។ ជា​ថ្មី​ម្ដង​ទៀត​នេះ ប្រជាជន​លែង​មាន​សង្ឃឹម​លើ​នរណា​ម្នាក់​ទៀត​ហើយ ស្រាប់តែ​លេច​ដំណឹង​ថា​ទ័ព​រប៉ាត់​រប៉ាយ​ដែល​ដឹកនាំ​ដោយ​ពួក​អ្នកស្រុក​ដណ្ដើម​បាន​ជ័យជម្នះ​ទៅ​លើ​ទ័ព​អាណ្ណាម​មួយ​កង​ធំ​នៅ​ជិត​លង្វែក ដោយ​សម្លាប់​មេទ័ព​សត្រូវ​បាន ហើយ​ធ្វើ​ឱ្យ​ទ័ព​សត្រូវ​នេះ​បាក់បែក​ខ្ចាត់ខ្ចាយ ។ មេទ័ព​សត្រូវ​ម្នាក់​ទៀត​ត្រូវ​ចាប់​បាន ឯ​ទ័ព​ដែល​រត់​ខ្ចាត់ខ្ចាយ​នោះ​ត្រូវ​អ្នកស្រុក​នាំ​គ្នា​ដេញ​ចាប់​កាប់​សម្លាប់​យ៉ាង​រង្គាល ។

ពេល​នោះ​បរិយាកាស​សប្បាយ​រីករាយ​កើត​មាន​ពាសពេញ​ព្រះរាជាណាចក្រ អ្នក​ដែល​បាក់​ស្មារតី​ក៏​ចាប់​មាន​សេចក្ដី​ក្លាហាន​ឡើង​វិញ ។ គេ​នាំ​គ្នា​ចាប់​កាន់​អាវុធ​ម្ដង​ទៀត ហើយ​នៅ​ទីណា​ដែល​គេ​ប្រទះ​ឃើញ​កងទ័ព​អាណ្ណាម​កំពុង​តែ​រត់​បែក​ខ្ញែក ប្រជាជន​ក៏​ប្រមូលគ្នា​លើក​នរណា​ម្នាក់​ឱ្យធ្វើ​ជា​មេ រួច​តាម​វាយ​ពួក​អាណ្ណាម​ដោយ​ឥត​ញញើត​ដៃ ។ ក៏​ប៉ុន្ដែ​ក្នុង​ចំណោម​មេទ័ព​ដែល​ប្រជាជន​បាន​លើក​ឱ្យ​ធ្វើ​ជា​មេ ដោយ​មិន​បាន​ព្រាង​ទុកជា​មុន​នេះ មាន​ខ្លះ​ជា​មេចោរ ដែល​បាន​ជ្រើសរើស​គ្នីគ្នា​គេ​ក្នុង​បំណង​ធ្វើការ​ឆក់​ប្លន់​ផង​ដែរ ។ ព្រះ​អង្គឌួង​បាន​ចេញ​បញ្ជា​ឱ្យ​ចាប់​មេទ័ព​បែប​នេះ​២​នាក់ ដែល​មិន​ព្រម​ចូល​ខ្លួន​មក​បង្ហាញ​មុខ​នៅ​ក្នុង​ព្រះ​បរមរាជវាំង ម្នាក់​មាន​រហ្សនាម​ថា ចក្រី​នង ម្នាក់​ទៀត​គេ​ហៅ​ថា​ ក្រឡាហោម​មួក ។ ព្រះ​អង្គ​បាន​កាត់​ទោស​ឱ្យ​គេ​សម្លាប់​ចក្រី​នង​ចោល​ទៅ ក៏​ប៉ុន្ដែ​ទ្រង់​បាន​លើក​លែង​ទោស​ឱ្យ​ក្រឡាហោម​មួក ហើយ​បាន​ចាត់តាំង​ឱ្យទៅ​នៅ​ការពារ​ខែត្រ​បាភ្នំ និង​បន្ទាយ​ពាម​ក្បាល (១៨៤៤) ។ រួច​ហើយ​ព្រះរាជា​បាន​យាង​ត្រលប់​ចូល​មក​ភ្នំពេញ​វិញ ។

នៅ​ក្នុង​ឆ្នាំ​បន្ទាប់ ព្រះ​អង្គឌួង​បាន​ទទួល​ដំណឹង​ថា​មន្ដ្រី​របស់​ព្រះ​អង្គ​ម្នាក់​គឺ​ចក្រី​ម៉ី (ឬ​មឿន) បាន​ដឹកនាំ​ចលនា​ក្បត់​មួយ​ប្រឆាំង​នឹង​ព្រះ​អង្គ ។ ទ្រង់​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​ចាប់​មេ​ក្បត់​ធំៗ​៧​នាក់​សម្លាប់​ចោល អ្នក​ឯទៀតៗ​ដែល​នាំ​គ្នា​រត់គេច​ភៀសខ្លួន​ទៅ​ចូវដុក​ទៅ​ជ្រកកោន​ជាមួយ​ពួក​អាណ្ណាម​ហើយ​ទ្រង់​បាន​ឱ្យ​រឹប​អូស​យក​ទ្រព្យសម្បត្ដិ​ទាំងអស់ ។

ក្នុង​រយៈពេល​ដែល​អាណ្ណាម​ត្រួតត្រា​កម្ពុជា​ជាង​៧​ឆ្នាំ​នេះ គេ​បាន​សង់​បន្ទាយ​រឹង​មាំ ប៉ម​ច្រើន​ជាង​៥០​កន្លែង​ គឺ​មាន​តាំងពី​សម្បូរ​រហូត​ដល់​កូសាំងស៊ីន​ ពី​ស្រែអំបិល​កំពង់សោម​ដែល​គេ​បាន​សង់​ប៉ម​មួយ​នៅ​លើ​ភ្នំ​វត្ដ​ផុង រហូត​ទៅ​ដល់​ហាទៀង ដោយ​កាត់​តាម​កំពត​ដែល​សព្វថ្ងៃ​មាន​សេស​សល់​បង្គោល​ទូរគមនាគមន៍​មួយ និង​ស្លាកែត នៅ​តាម​ផ្លូវ​ទៅ​ហាទៀង ដែល​គេ​អាច​មើល​ឃើញ​លេណដ្ឋាន​មួយ​នៅ​ឡើយ ។ បន្ទាយ​ទាំង​អស់នេះ​សុទ្ធតែ​ត្រូវ​ពួក​អ្នកស្រុក​វាយ​ទៅ​លើ ធ្វើ​ឱ្យ​ទ័ព​អាណ្ណាម​ដែល​នៅ​ខាងក្នុង​ភ័យ​ញាប់​ញ័រ​រត់​គេច​ចេញ​អស់ ។

ពេល​នោះ​ព្រះ​អង្គឌួង និង​ចៅ​ឃុន​បឌិន ដោយ​ពិនិត្យ​ឃើញ​ថា​គ្មាន​អ្វី​នឹង​បន្ដ​ធ្វើ​សង្គ្រាម​តទៅ​ទៀត​ហើយ ដោយ​ទ្រង់​បាក់​ទឹកចិត្ដ​អស់​កម្លាំង​ផង ក៏​បាន​ស្នើ​សុំ​ចរចា​សន្ដិភាព​ជាមួយ​អាណ្ណាម ដែល​មាន​អគ្គ​បញ្ជាការដ្ឋាន​នៅ​កំពង់ហ្លួង ។ មេទ័ព​អាណ្ណាម​មិន​ព្រម​ទទួល​សំបុត្រ​ដែល​ផ្ញើ​ទៅ​ឱ្យ​ទេ​ហើយ​បាន​ដឹកនាំ​ទ័ព​ធ្វើ​ដំណើរ​មក​កាន់​ឧត្ដុង្គ ។ ទ័ព​ខ្មែរ និង​សៀម​ពេល​នោះ បាន​ពង្រឹង​ការ​ទប់ទល់​យ៉ាង​ស្វិត​ស្វាញ រហូត​ទាល់តែ​អាច​បំផ្លាញ​រាល់​ការ​វាយ​ប្រហារ​របស់​ពួក​អាណ្ណាម​បាន ។ នៅ​ពេល​វាយ​ប្រហារ​ទៅ​ពិនិត្យ​ឃើញ​ថា​មិន​អាច​ដណ្ដើម​យកជ័យ​ជម្នះ​លើ​ពួក​ខ្មែរ​ដែល​មាន​ថាមពល​ និង​យុទ្ធវិធី​ខ្ពង់ខ្ពស់​បាន​ ពួក​អាណ្ណាម​ដែល​ទើបតែ​ប្រកែក​មិន​យល់ព្រម​ចរចា​សន្ដិភាព​បាន​ចាប់​ផ្ដើម​ស្នើ​សុំ​ចរចា​ខ្លួនឯង​ម្ដង ។ ព្រះរាជា​អង្គឌួង និង​ចៅ​ឃុន​បឌិន​បាន​បញ្ជូន​សារលិខិត​របស់​អាណ្ណាម​ទៅ​វិញ ដោយ​មិន​មាន​ឆ្លើយ​តប​ទេ ។ មេទ័ព​អាណ្ណាម​បាន​ទទូច​សុំ​ចរចា​ទៀត ។ ព្រះ​អង្គឌួង​បាន​ឆ្លើយ​តប​ថា ព្រះ​អង្គ​នឹង​ជឿ​ថា​អាណ្ណាម​មាន​បំណង​ចង់​ចរចា​ពិតប្រាកដ​មែន តែ​លុះ​ណា​អាណ្ណាម​យល់ព្រម​បញ្ជូន​ព្រះរាជ​វង្សានុវង្ស​ទាំងអស់ ព្រមទាំង​នាម៉ឺន​មន្ដ្រី​ហើយ​និង​ប្រជាជន​ខ្មែរ​ណា​ដែល​អាណ្ណាម​ចាប់​ទុក​នៅ​សាយហ្គន ឬ​នៅ​ឯ​រាជធានី​វ៉េ ត្រឡប់​មក​វិញ ។ ក៏​ប៉ុន្ដែ​មេទ័ព​អាណ្ណាម​បាន​ទូល​តប​មក​ព្រះ​អង្គ​ថា ខ្លួន​គ្មាន​អំណាច​អ្វី​គ្រប់គ្រាន់​នឹង​សម្រេច​លើ​កិច្ចការ​ទាំងអស់​នោះ​បាន​ទេ ខ្លួន​គ្រាន់តែ​ជា​មេទ័ព​ម្នាក់​ប៉ុណ្ណោះ ។ ព្រះរាជា​បាន​យល់ព្រម​ធ្វើការ​ចរចា​សន្ធិសញ្ញា​សន្ដិភាព​ជាមួយ​មេទ័ព​អាណ្ណាម ហើយ​បាន​ណាត់ជួប​គ្នា​នៅ​ក្នុង​ភូមិ​ពពៃ បើសិនជា​បន្ទាប់​ពី​នោះ​ទៅ​ស្ដេច​អាណ្ណាម​យល់ព្រម​តាម​សន្ធិសញ្ញា​នោះ​ដែរ ។

កិច្ចប្រជុំ​នោះ​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​១៨៤៥ ដោយ​មាន​ការ​ចូលរួម​អំពី​ចៅ​ឃុន​បឌិន និង​ឧត្ដម​សេនីយ៍​អាណ្ណាម​ផង ។ ការ​ចរចា​បាន​ឯកភាព​គ្នា​ថា នឹង​លើក​ព្រះ​អង្គឌួង​ឱ្យ​ឡើង​សោយរាជ្យ​ជា​ព្រះរាជា​កម្ពុជា ដោយ​មាន​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​សៀម និង​អាណ្ណាម​ទាំងអស់​គ្នា រួច​ហើយ​អាណ្ណាម​នឹង​បញ្ជូន​ព្រះរាជ​វង្សានុវង្ស​ខ្មែរ ដែល​គេ​បាន​ឃាត់​ទុក​ឱ្យ​វិល​ត្រលប់​មក​វិញ ជា​ថ្នូរ​នឹង​ឈ្លើយ​សឹក​អាណ្ណាម​ទាំង​នាយ​ទាហាន និង​កូន​ទាហាន ដែល​ខ្មែរ​ចាប់​បាន ។ រួច​ហើយ​គេ​ក៏​បំបែក​គ្នា​ទៅ ។

ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក​ សន្ធិសញ្ញា​នេះ​បាន​ទទួល​សច្ចាប័ន​ពី​រដ្ឋាភិបាល​សៀម​ និង​អាណ្ណាម​ ហើយ​គេ​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​ឈ្លើយ​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​១៨៤៦ ។ អាណ្ណាម​បាន​បង្វិល​ព្រះខ័នរាជ្យ​មក​ភ្នំពេញ​ថ្វាយ​ទៅ​ព្រះ​អង្គឌួង ដែល​បាន​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ដំណាក់​ពិសេស​មួយ​នៅ​ឧត្ដុង្គ ។

សិលាចារឹក​មួយ​នៅ​ក្នុង​វត្ដ​បារាយណ៍​បាន​និយាយ​ថា «ព្រះបាទ​អង្គឌួង​មិន​បាន​ដេញ​តាម​កម្ចាត់​កម្ចាយ​សត្រូវ​របស់​ព្រះ​អង្គ​ឱ្យ​រលត់​រលាយ​ទាំងអស់​ទេ​ ហើយ​ក៏​មិន​យក​គុណ​ធម៌​អំណាច​វិទ្យាសាស្ដ្រ​ និង​ភាពល្អ​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ​មក​គ្រប​សង្កត់​លើ​ពួក​នេះ​ដែរ​» ។ ព្រះអង្គ​បាន​ទទួល​ព្រះរាជា​ភិសេក​នៅ​ចុង​ឆ្នាំ​១៨៤៧ នៅ​ចំពោះ​មុខ​តំណាង​ម្នាក់​ពី​រាជវាំង​វ៉េ គឺ​អុង​ខាំម៉ាង និង​តំណាង​២​នាក់​របស់​ស្ដេច​សៀម គឺ​ចៅ​ភ្យា​ពេជ្រពិជ័យ និង​បារគូ​ម្នាក់​មក​ពី​បាងកក ។

មាន​ចំណុច​មួយ​ចំនួន​ដែល​គួរតែ​លើក​យក​មក​និយាយ​ដើម្បី​ឱ្យ​ឃើញ​នូវ​រហស្សូបាយ​ដែល​នគរ​ទាំង​ពីរ​បាន​ប្រើ​សម្រាប់​ព្រឹត្ដិការណ៍​ដ៏​ឱឡារិក​នេះ​ដែរ ។ ស្ដេច​អាណ្ណាម​បាន​ផ្ញើ​ជា​ជំនូន​សម្រាប់​ការ​លើក​ឱ្យ​សោយរាជ្យ​នេះ​នូវ​ត្រា​រាង​៤​ជ្រុង​មួយ​ធ្វើ​អំពី​មាស និង​ព្រះ​ឋានៈ​ថា​ កាវមេន​ក្វួកវឿង (មាន​ន័យ​ថា​ព្រះរាជា​កម្ពុជា) ។ ស្ដេច​សៀម​បាន​បញ្ជូន​មក​ឱ្យ​វិញ​នូវ​គ្រឿង​ឥស្សរិយយស​សម្រាប់​រាជបល្ល័ង្ក​កម្ពុជា​ដែល​គេ​បាន​យក​ទៅ​បាងកក​កាល​ពីមុន រួច​ហើយ​បាន​សុំ​ឱ្យ​ព្រះ​អង្គឌួង​អនុម័ត​យល់​ព្រម​តាម​រយៈ​សន្ធិសញ្ញា​សម្ងាត់​មួយ​ដែល​ចៅហ្វាយ​ខែត្រ​កំពង់ស្វាយ​បាន​ថ្វាយ គឺ​ប្រគល់​ទឹកដី​ម្លូព្រៃ ទន្លេរពៅ និង​ទឹកដី​ឯទៀតៗ​ដែល​ខ្មែរ​បាន​យក​តាំង​តែ​ពី​៣០​ឆ្នាំ​មុន​មក​ម្ល៉េះ ។ ព្រះរាជា​បាន​មាន​ព្រះ​បន្ទូល​ថា «យើង​មិន​យល់ព្រម​ប្រគល់​ដី​សូម្បី​តែ​បន្ដិច​ទៅ​ឱ្យ​ពួក​សៀម​ទេ ។ ក៏​ប៉ុន្ដែ​ដោយ​ពួក​គេ​ខ្លាំង​ជាង ឱ្យ​គេ​រក្សា​ទុក​ដី​ដែល​គេ​បាន​យក​រួច​ទៅ​ហើយ​មួយ​រយៈ​ទៀត​សិន​ចុះ»។ ចៅហ្វាយ​ខែត្រ​កំពង់ស្វាយ​បាន​នាំពាក្យ​ទៅ​ប្រាប់​ស្ដេច​សៀម​វិញ ហើយ​បាន​ចេញ​លិខិត​មួយ​ច្បាប់ ចុះ​ហត្ថលេខា និង​បោះត្រា​ខ្លួនឯង​បញ្ជាក់​ថា​បាន​យល់ព្រម​ប្រគល់​ដី​ដែល​សៀម​ស្នើ​សុំ​ក្នុង​នាម​ព្រះរាជា​កម្ពុជា ។ ខែត្រ​ទាំង​២​នេះ ស្ដេច​សៀម​បាន​យល់ព្រម​បង្វិល​មក​ឱ្យ​បារាំង​តាម​រយៈ​សន្ធិសញ្ញា​រវាង​រដ្ឋាភិបាល​បារាំង និង​សៀម​ឆ្នាំ​១៩០៤ រួច​ហើយ​បាន​ដាក់​បញ្ចូល​មក​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​បន្ទាប់ ។

នៅ​ទី​បញ្ចប់ សង្គ្រាម​អស់​រយៈពេល​៨​ឆ្នាំ​ដែល​ធ្វើ​ឱ្យ​ប្រជារាស្ដ្រ​រង​ទុក្ខ​ខ្លោចផ្សា​ជា​ខ្លាំង បាន​ធ្វើ​ឱ្យ​សៀម​ទទួល​បាន​ត្រលប់​មក​វិញ​នូវ​សិទ្ធិ​អធិរាជ​ភាព​មក​លើ​កម្ពុជា​ដែល​គេ​បាន​បាត់បង់​ទៅ​កាលពី​ឆ្នាំ​១៨៣៣ និង​បាន​ធ្វើ​ឱ្យ​កម្ពុជា​ដែល​មាន​អធិរាជ​ត្រួត​ត្រាតែ​មួយ​អស់​ពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ហើយ​ស្ទើរតែ​ត្រូវ​អាណ្ណាម​ស្រូប​យក​បាត់​ទៅ ត្រលប់​មក​មាន​អធិរាជ​ត្រួតត្រា​២​សា​ជា​ថ្មី​ឡើង​វិញ ដូច​ដែល​មាន​កាល​ពីមុន​កាលបរិច្ឆេទ​នេះ (81) ។

ក្រោយ​ពី​មាន​សន្ធិសញ្ញា​សន្ដិភាព​រួច​ហើយ គេ​បាន​វាយ​កម្ទេច​កំពែង​ការពារ​ភ្នំពេញ​ចោល ចំណែក​ដុំឥដ្ឋ និង​សម្ភារ​ផ្សេងៗ​ដែល​សេស​សល់​ពី​កំពែង​នេះ ត្រូវ​បាន​យក​ទៅ​ធ្វើការ​សាងសង់​នៅ​ឧត្ដុង្គ រួម​មាន​វត្ដ​វាំងចាស់ ព្រះពុទ្ធ​និព្វាន ព្រះ​វិហារ​សមណៈ ប្រាង្គ​ក្រាំងពន្លៃ សាលា​គោ ជាដើម ។ គេ​បាន​នាំ​គ្នា​លើក​ព្រះ​ពុទ្ធរូប ដែល​ពួក​អាណ្ណាម​បាន​រុញ​ផ្ដួល​ទៅ​ដី និង​តុបតែង​លម្អ​ឡើង​វិញ ។

ព្រះរាជា​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​គេ​សាងសង់​ព្រះរាជវាំង​មួយ​ថ្វាយ​ព្រះ​អង្គ​នៅ​ឧត្ដុង្គ ។

គឺ​ចាប់ពី​មាន​សន្ធិសញ្ញា​នោះ​ឯង ដែល​ប្រជាជន​កម្ពុជា​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ចាក​ចេញពី​បណ្ដា​អាណា​ខែត្រ​នៅ​កូសាំងស៊ីន​ដែល​ពួក​យួន​បាន​ដណ្ដើម​យក​ពី​មុន​ដោយ​បោះបង់​ដីស្រែ​ចម្ការ​ទុក​ឱ្យ​ពួក​អាណ្ណាម​ពីព្រោះ​ពួក​នេះ ចេះ​តែ​ចាក់រុក​រករឿង​ឈ្លោះ យប់​ឡើង​ចេញ​ដើរ​លួច​ឆក់ បង្ក​ការ​លំបាក​មិន​ឱ្យ​ខ្មែរ​រស់នៅ​បាន​សុខ​ស្រួល ។ គ្មាន​យុត្ដិធម៌​ចំពោះ​ម្ចាស់​ដី​ទេ ៖ តុលាការ​ទទួល​ស្គាល់​រាល់​ការ​បំពាន​ដណ្ដើម​យក​ដី​ដោយ​ជន​អាណ្ណាម​ម្នាក់​កាលណា​ជន​នោះ​បង្ហាញ​ឱ្យ​ឃើញ​ថា​គេ​ជា​អ្នក​សាប​ព្រោះ​លើ​ដី​នៅ​ពេល​ចុង​ក្រោយ​នេះ ដោយ​មិន​គិត​ទេ​ថា​តើ​គេ​បាន​ជួល​ដី​នោះ ឬ​មួយ​ក៏​គេ​បាន​លួច​សាប​ព្រោះ​មិន​ឱ្យ​ម្ចាស់​ដឹង បើ​ទោះជា​ថា​ម្ចាស់​ដី​ជា​ខ្មែរ​នោះ​បាន​ភ្ជួរ​ដី​រួច​ហើយ យួន​មក​លួច​សាប​ក៏​ដោយ ។​ ដី​ដែល​គេ​ទុក​ទំនេរ​កាលបើ​មាន​ជន​អាណ្ណាម​ណា​ម្នាក់​មក​កាន់​កាប់​ តុលាការ​សម្រេច​ថា​ម្ចាស់​ដើម​បាន​បោះបង់​ចោល​ហើយ ។ ភាព​អយុត្ដិធម៌​នេះ​បាន​បណ្ដាល​ឱ្យ​មាន​ការ​សងសឹក​គួរ​ឱ្យ​ភ័យ​ខ្លាច​កើត​មាន​ឡើង ។ មាន​ការ​លួច​ដុត ការ​កាប់​សម្លាប់ ការ​កាយ​ភ្លឺស្រែ​ទម្លាយ ការ​លែង​សត្វ​ពាហណៈ​ឱ្យ​ស៊ី​បំផ្លាញ​ភោគផល​ជាដើម ដែល​បន្ទាប់​មក​បាន​ត្រូវ​ចៅក្រម​អាណ្ណាម​ដាក់​ទណ្ឌកម្ម​ជា​ទម្ងន់ ។ បើសិនជា​គេ​រក​ជន​ប្រព្រឹត្ដ​ល្មើស​មិន​ឃើញ​ទេ គេ​ប្រគល់​ឱ្យ​ភូមិ​ទាំងមូល​ទទួល​ខុសត្រូវ ។ គេ​ចាប់​មេ​ភូមិ​ចាប់​ចាស់ទុំ និង​កសិករ​សាមញ្ញ​ឱ្យ​សង​សំណង​យ៉ាង​ធ្ងន់ធ្ងរ​ ឬ​វាយ​នឹង​ដំបង​ផ្ដៅ​សួរ​ចម្លើយ​រហូត​ដល់​ស្លាប់ ។​ ជួនកាល​ទៀត​មាន​កើត​ជា​ការ​ប្រយុទ្ធ​រវាង​ពួក​យួន​ជាមួយ​ពួក​ខ្មែរ​ទាំង​ហ្វូងៗ ជា​ហេតុ​ធ្វើ​ឱ្យ​ខ្មែរ​មិន​អាច​ទ្រាំ​បាន ក៏​នាំ​គ្នា​រត់​បោះបង់​ដី​ចោល​ទុក​ឱ្យ​យួន ហើយ​មក​រក​ជ្រកកោន​នៅ​ឯ​កម្ពុជា​វិញ ។ ពួក​អាណ្ណាម​បាន​ប្ដូរ​ឈ្មោះ​ភូមិ​ស្រុក​ដែល​ពួក​គេ​បាន​មក​តាំងនៅ រហូត​ទាល់តែ​គេ​ភ្លេច​ឈ្មោះ​ដើម​ជា​ខ្មែរ​របស់​ភូមិ​ស្រុក​នោះ​អស់ ។ បើសិនជា​ឈ្មោះ​នោះ​មាន​អត្ថន័យ​អាច​ឱ្យ​គេ​បកប្រែ​បាន គេ​នឹង​បកប្រែ​ឈ្មោះ កម្ពុជា​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​បាត់​ឈ្មោះ​នោះ​រហូត​តែ​ម្ដង ។

ខែត្រ​ព្រៃនគរ​គេ​ដូរ​ឈ្មោះ​ទៅ​ជា​ខែត្រ​យ៉ាឌិញ ។ កំពាប​ស្រកាត្រី​ដូរ​ទៅ​ជា បៀនវ៉ា​ បារិយា ទៅ​ជា បារាជ (82) ផ្សារ​ដែក​ទៅ​ជា​ អានយ៉ាង​រួច​ជា​សាដែក​ ពោធិលើ​ទៅ​ជា​បាក់លីវ​ ទឹកខ្មៅ​ទៅ​ជា​កាម៉ៅ​ បាយឆៅ ទៅ​ជា​បាយសាវ​ ពាមមានជ័យ ទៅ​ជា មីថាង​ ស្រុកទ្រាំង ទៅ​ជា សុកត្រាង​ ពាម​មេសែន ទៅ​ជា ដុងណាយ ង៉ាយ​ ក្រមួនស ទៅ​ជា រ៉ាជយ៉ា​ ព្រែកឫស្សី​ទៅ​ជា កាន់ថឺ​ អូរមរ ទៅ​ជា អូម៉ូន នៅ​ក្នុង​ខែត្រ​កាន់ថឺ​ កំពូលមាស ទៅ​ជា ប៊ិញធុយ​ មាត់ជ្រូក ទៅ​ជា ចូវដុក ហើយ​ភ្នំ​ស្វាម ទៅ​ជា នូយសាម​ បារាជ ទៅ​ជា ឡុងស្វៀង ឯ​ភ្នំ​បាធី ទៅ​ជា​ នូយបាធី ។​ ខែត្រ​មួញខាំ​ទៅ​ជា​ហាទៀង​ ហើយ​ពាម​ដែល​គេ​ហៅ​ថា​ មួញខាំ​ដែរ​ក៏​ទៅ​ជា​ហាទៀង​ដែរ ។ ព្រះត្រពាំង​ទៅ​ជា​ត្រាវិញ​ កំពង់ឫស្សី​ទៅ​ជា​ បេនត្រែ​ លង់ហោ​ទៅ​ជា​វិញឡុង​ មេសរ​ទៅ​ជា​មីថ​ កោះកុង ទៅ​ជា​ហ្គូកុង​ កំពង់គោ​ទៅ​ជា​ទ្រឿងអាញ់​ សព្វថ្ងៃ​គឺ​តាន់អាន​ បានលិច​ទៅ​ជា​បេនលុក​ រោងដំរី​ទៅ​ជា​តៃនិញ ឯ​ភ្នំ​រោងដំរី​ដែល​គេ​ហៅ​ពី​មុន​ថា​ភ្នំ​ជើងមេដែង​ទៅ​ជា​ភ្នំ​តៃនិញ​ កោះ​ត្រឡាច​ទៅ​ជា​កោះ​ពូឡូកុងឌ័រ​ កោះត្រល់ ទៅ​ជា​ភូគ្វួក​ ភ្នំ​យួក​ទៅ​ជា​នូយ​កាវុយ​ ពាម​ជើងកញ្ជើ​ទៅ​ជា​កាន់យ៉ើ (ជ្រោយ​សាំងហ្សាក់),ឈើទាល​មួយ​ដើម ទៅ​ជា​ធូដូ​ម៉ូត​ បន្ទាយ​ជីឫស្សី​ទៅ​ជា​ហុង​ង្វៀង​ កំពង់​កោះក្របី​ទៅ​ជា​បេនងែ (សាយហ្គន) ផ្សារធំ​ទៅ​ជា​ ចឺឡឺង តាម​ពាក្យ​ចិន​ដែល​មាន​ន័យ​ដូច​គ្នា​ដែរ​ កង្វារ​ដាក់ពាង ទៅ​ជា បៀនវ៉ា​ ដូងណាយ ទៅ​ជា តុងថាញ់ និង​ដុងណាយ​ កនកាវ ទៅ​ជា បាថាក់ គឺជា​ស្រុក​មួយ​នៅ​លើ​ត្រើយ​ទន្លេ​មេគង្គ​ខាងលិច ។

នៅ​ពេល​នោះ ពួក​អាណ្ណាម​ក៏​ដូច​ជា​ពួក​សៀម មិន​បាន​បោះបង់​ចោល​គំនិត​ដែល​ចង់​បាន​ទឹកដី​កម្ពុជា​ទេ ក៏​ប៉ុន្ដែ​ព្រះបាទ​អង្គឌួង ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​ឈ្លាសវៃ បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ពួក​នោះ​មាន​ឱកាស​ល្អ​ឡើយ ។ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​បារម្ភ​នឹង​ពួក​សៀម​តិច​ជាង​ពួក​អាណ្ណាម ព្រោះ​ទ្រង់​ធ្លាប់​បាន​ស្គាល់​ចិត្ដសាស្ដ្រ​ និង​គម្រោងការ​របស់​សៀម​រួច​មក​ហើយ ឯ​ពួក​អាណ្ណាម​វិញ​ទ្រង់​មិន​ទាន់​យល់​អំពី​ការ​គិតគូរ​របស់​គេ​នៅ​ឡើយ ម្ល៉ោះហើយ​ទ្រង់​បាន​ខិតខំ​ថ្លឹងថ្លែង​អធិរាជ​ទាំង​២ ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​មាន​លម្អៀង​នឹង​គ្នា​ទេ ។ ពួក​អាណ្ណាម​បាន​ចាត់​គ្នីគ្នា​គេ​ឱ្យ​តាម​ដាន​ព្រះ​អង្គ​ជាប់ ព្រោះ​គេ​យល់​ច្បាស់​ណាស់​ថា នៅ​កម្ពុជា​បើ​គេ​មិន​ស្រលាញ់​សៀម​ទេ គេ​ក៏​ស្អប់​អាណ្ណាម​ណាស់​ដែរ ។

នៅ​ក្នុង​ឆ្នាំ​១៨៤៨ ព្រះរាជា​បាន​បញ្ជូន​អ្នក​អង្គ​ម្ចាស់​ច្រឡឹង (83) និង​អង្គភឹម (84) ដែល​ទើបតែ​កោរ​ជុក​រួច​កាលពី​ឆ្នាំ​មុន ហើយ​បាន​សាង​ផ្នួស​ប៉ុន្មាន​ខែ​នៅ​ក្នុង​វត្ដ​ក្រាំងពន្លៃ​ទៅ​កាន់​បាងកក ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ស្ដេច​អាណ្ណាម​ខឹង​ជា​ខ្លាំង ។ កំហឹង​នេះ​បាន​ស្ដែង​ចេញ​ឱ្យ​គេ​ឃើញ​តាម​រយៈ​ការ​លំបាក​ដែល​ពួក​អាណ្ណាម​បាន​បង្ក​ឡើង​ចំពោះ​ទូក​ខ្មែរ នៅ​ពេល​ធ្វើ​ដំណើរ​ចុះឡើង​តាម​ទន្លេ ចេញ​ចូល​កម្ពុជា ដែល​ត្រូវ​ឆ្លង​កាត់​គយ និង​ការ​ត្រួតពិនិត្យ​ពី​មន្ដ្រី​អាណ្ណាម​ច្រើន​អន្លើ ហើយ​ក៏​មាន​ការ​លំបាក​ដែល​បង្ក​ឡើង​ដោយ​ពួក​ពាណិជ្ជករ​អាណ្ណាម​ផង​ដែរ ។ នេះ​ស​ឱ្យ​ឃើញ​នូវ​ឆន្ទៈ​របស់​ស្ដេច​អាណ្ណាម ដែល​ចង់​បិទ​ខ្មែរ​មិន​ឱ្យ​ចេញ​ទៅ​សមុទ្រ​រួច ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ទៅ​ជា​ឯកោ​ពី​ពិភពលោក ។

ព្រះបាទ​អង្គឌួង​ទ្រង់​គោរព​បូជា​សាសនា​ណាស់ ហើយ​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​លើស​គេឯង​នៅ​ក្នុង​ព្រះរាជា​ណាចក្រ ។ ទ្រង់​មាន​សុភនិច្ឆ័យ​ល្អ ហើយ​ជា​មិត្ដ​របស់​កវី​បណ្ឌិត​ទាំងឡាយ ។ ព្រះ​អង្គ​មាន​គំនិត​រីក​ចម្រើន ហើយ​មាន​គម្រោងការ​ល្អៗ ក៏​ប៉ុន្ដែ​ព្រះរាជា​ណាចក្រ​ពេល​នោះ​ចុះ​ក្រ​ខ្លាំង​ពេក​ណាស់​ទៅ​ហើយ ប្រជាជន​ក៏​នៅ​សេស​សល់​តិចតួច មិន​អាច​ឱ្យ​ទ្រង់​ធ្វើ​អ្វី​កើត​ក្រៅ​តែ​អំពី​ស្រោច​ស្រង់​សេវកាមាត្យ​ជា​ព្រះរាជ​បរិពារ ព្រះរាជវាំង និង​ព្រះរាជ​វង្សានុវង្ស​ឱ្យ​នៅ​ស្ថិតស្ថេរ​តទៅ​ប៉ុណ្ណោះ ។ អ្នក​ដែល​នៅ​បម្រើ​ព្រះ​អង្គ​តាំងពី​ស្រីស្នំ​ក្រមការ​រហូត​ដល់​អ្នក​អង្គ​ម្ចាស់​ក្សត្រី និង​មហាក្សត្រី​ផង ទទួល​បាន​នូវ​រង្វាន់ និង​ប្រាក់​បៀវត្ស​យ៉ាង​តិចតួច​បំផុត ។ នៅ​ពេល​ដែល​ព្រះ​វររាជ​មាតា​សុគត​ទៅ ប្រាក់​កាស​ដែល​ព្រះ​អង្គ​បាន​សន្សំ​សំចៃ មាន​នៅ​សល់​ត្រឹមតែ​ប្រាក់​៦​ណែន ស្មើនឹង​៤៨០​ហ្វ្រង់ (សព្វថ្ងៃ​គឺ​នៅ​តែ ២៣៥​ហ្វ្រង់) ប៉ុណ្ណោះ ។

ព្រះរាជា​បាន​ប្រគល់​ភារកិច្ច​ទារ​យក​ភាស៊ី​ទៅ​ឱ្យ​ពួក​ចិន​ដែល​តែងតែ​កេងកិប ក៏​ប៉ុន្ដែ​មិន​សូវ​ជា​សង្កត់​សង្កិន​ប្រជារាស្ដ្រ​ណាស់​ណា​ទេ ។ ប្រាកដ​ណាស់​ថា ប្រជារាស្ដ្រ​ក្រ​ជាង​ពួក​មេ​ភាស៊ី​ទាំង​នោះ ។

ពាណិជ្ជកម្ម​ប្រព្រឹត្ដ​ទៅ​តែ​តាម​ការ​ដោះ​ដូរ ។ ពួក​ចិន​យក​ទំនិញ​ពី​ស្រុក​ចិន ឬ​ពី​សិង្ហបុរី មក​ដូរ​យក​ស្រូវ ឬ​ស្បែក​សត្វ ស្នែង ម្រ័ក្សណ៍ និង​ផលិតផល​ព្រៃឈើ​ផ្សេង​ទៀត ហើយ​ចំណេញ​៥​ដង ។ មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ទៅ​ដោយ​មិន​ដែល​មាន​ប្រាក់​មួយ​កាក់​សោះ​ក្នុង​ហោប៉ៅ ធ្លាប់​ស្គាល់​តែ​ប្រាក់​កាក់​ធ្វើ​ពី​ស័ង្កសី (85) ដែល​គេ​បោះ​នៅ​អាណ្ណាម មាន​រន្ធ​៤​ជ្រុង​នៅ​កណ្ដាល និង​មាន​អក្សរ​ចិន​នៅ​ពីលើ ។ មាស​ដែល​មាន​តែ​បន្ដិច​បន្ដួច គេ​យក​ទៅ​ធ្វើ​ជា​គ្រឿង​អលង្ការ​សម្រាប់​ពួក​មន្ដ្រី និង​ភរិយា និង​ធ្វើ​ប្រអប់​ស្លា​ដែល​ជា​សញ្ញា​បញ្ជាក់​អំពី​អំណាច​អស់​ទៅ​ហើយ ។​ គេ​លែង​យក​សន្លឹក​មាស​ដែល​ពួក​ចិន​កិន​ឱ្យ​សំប៉ែត​រួច​កាត់​ជា​រាង​ការ៉េ​មាន​ជ្រុង​ប្រវែង​ប្រហែល​៣​សង់ទី​ម៉ែត្រ​ ហើយ​លក់​ថ្លៃ​ណាស់​មក​ស្រោប​ព្រះពុទ្ធ​បដិមា​ទៀត​ហើយ ។ កាល​ពីមុន​គេ​ធ្លាប់​ឃើញ​មន្ដ្រី​ធំ​ម្នាក់ ឬ​ស្ដ្រី​ដែល​គោរព​បូជា​ព្រះពុទ្ធ​សាសនា ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​មាស​សន្លឹក​នោះ​យក​មក​ស្រោប​ព្រះពុទ្ធ​បដិមា​ធំៗ ។ ឥឡូវនេះ​គ្មាន​អ្នក​ណា​មាន​សមត្ថភាព​ធ្វើ​ដូច្នេះ​បាន​ទេ​លើក​លែងតែ​ព្រះរាជា ។ អ្នក​ដែល​គោរព​បូជា​ព្រះ​ពុទ្ធសាសនា​ខ្លាំង គេ​អាច​ធ្វើ​បាន​ត្រឹមតែ​យក​សន្លឹក​មាស​តូចៗ​មក​ស្រោប​ពីលើ​ទ្រូង​ព្រះ​ពុទ្ធរូប ហើយ​ដល់​យូរៗ​ទៅ​ទើប​ព្រះ​ពុទ្ធរូប​នោះ​អាច​ត្រូវ​បាន​ស្រោប​ជុំ​ជិត ដោយ​មាន​អ្នក​ឯទៀតៗ ចេះ​តែ​យក​សន្លឹក​មាស​មក​ស្រោប​តៗ​គ្នា ។ កម្ពុជា​លែង​ជា​ប្រទេស​មួយ​សម្បូរ​សប្បាយ មាន​កេរ្ដិ៍ឈ្មោះ​ល្បី​សុះសាយ​រហូត​ទៅ​ដល់​ស្រុក​ចិន​ដូច​ពី​មុន​ទៀត​ហើយ ។ សង្គ្រាម​ជាមួយ​បរទេស ជា​ពិសេស គឺ​សង្គ្រាម​រវាង​គ្នា​ឯង​នឹង​គ្នា​ឯង បាន​ធ្វើ​ឱ្យ​ប្រទេស​ហិន​ហោច​ទៅៗ ៖ គេ​បាន​នាំ​យក​ភោគផល​ទាំងអស់​របស់​កម្ពុជា យក​មាស​ប្រាក់​ទាំងអស់ ព្រមទាំង​ប្រជាជន​ផង ទៅ​កូសាំងស៊ីន ទៅ​ស្រុក​សៀម បន្សល់​ទុក​នៅ​តែ​អ្នកស្រុក​ស្គាំង​ស្គម ទីទ័ល​ក្រ​នៅ​លើ​ដី​ដែល​ខ្សោះ​អ្វីៗ​អស់​ទៅ​ហើយ អ្នក​ទាំង​អស់នោះ​ភ័យ​ខ្លាច​តែ​ពួក​សៀម ឬ​អាណ្ណាម​លេច​ខ្លួន​មក​ទៀត កាប់​សម្លាប់​ប្រជាជន រំលោភ​នារី មេម៉ាយ និង​កុមារី (86) ដុត​បំផ្លាញ​វត្ដ​អារាម ផ្ទះ​សម្បែង កាប់​ដើម​ឈើ​ស៊ីផ្លែ និង​ដើម​ត្នោត​ចោល រួច​ដុត​ភូមិ​ទាំងមូល មុន​នឹង​កៀរ​អ្នកស្រុក​យក​ទៅ​ជា​ឈ្លើយ​ទាំង​ពាន់ៗ​នាក់ ។

ព្រះបាទ​អង្គឌួង​នៅ​ពេល​ដែល​អស់​រតនសម្បត្ដិ​ហើយ​នៅ​សល់​តែ​ពន្ធ​អាករ​ដែល​ប្រមូល​បាន​ពី​ពួក​ខ្ញុំ ទ្រង់​ស្ទើរតែ​មិន​អាច​ស្ដារ​ព្រះរាជា​ណាចក្រ និង​ប្រជារាស្ដ្រ​ឱ្យ​ងើប​ក្រោក​ឈរ​ឡើង​វិញ​បាន​ទេ ។ ដោយ​ពួក​អាណ្ណាម​ដែល​កាន់​កាប់​ទឹកដី​កូសាំងស៊ីន​នៅ​លើ​ទន្លេ​មេគង្គ​ខាង​ក្រោម កាត់​ផ្ដាច់​រារាំង​មិន​ឱ្យ​កម្ពុជា​ធ្វើ​ដំណើរ​ចុះ​ទៅ​សមុទ្រ​បាន​ ទ្រង់​ក៏​សម្រេច​ព្រះរាជ​ហឫទ័យ​បើក​ច្រក​មួយ​ចេញ​ទៅ​ខាង​ឈូង​សមុទ្រ​សៀម​វិញ​ដើម្បី​អាច​ដឹក​ផលិតផល​ដែល​បាន​មក​ពី​ពន្ធ​អាករ​ជា​វត្ថុ​យក​ទៅ​ក្រៅ​បាន ហើយ​រក្សា​បាន​នូវ​ទំនាក់​ទំនង​ជាមួយ​ពិភពលោក ។ ព្រះ​អង្គ​បាន​ជ្រើសរើស​យក​កំពង់​ផែ​កំពត រួច​ហើយ​ទ្រង់​បាន​ឱ្យ​គេ​ធ្វើ​សំពៅ​សមុទ្រ​ធំ​មួយ​ប្រគល់​ឱ្យ​ជនជាតិ​ម៉ាឡេ​ម្នាក់ ដែល​ជា​អ្នក​ដើរ​សមុទ្រ​ដ៏​ពូកែ ស្គាល់​សិង្ហបុរី ស្គាល់​កំពង់​ផែ​ទាំងឡាយ​នៅ​ទៀបកោះ​ម៉ាឡាកា និង​សៀម​ច្បាស់ ។ រួច​ហើយ ដើម្បី​ត​ភ្ជាប់​កំពង់​ផែ​នេះ​នឹង​រាជធានី​ឧត្ដុង្គ ទ្រង់​បានឱ្យ​គេ​សង់​ផ្លូវ​វែង​មួយ​ចម្ងាយ​១៤០​គីឡូម៉ែត្រ មាន​ស្ពាន​ធ្វើ​អំពី​ឈើ ​និង​សាលា​សំណាក់​សង់​នៅ​ក្បែរ​ត្រពាំង​មួយ​ និង​ដាក់​បង្គោល​គីឡូ​ម៉ែត្រ​រួច​ទ្រង់​ប្រគល់​ឱ្យ​ភូមិ​ដែល​នៅ​ក្បែរៗ​ផ្លូវ​នោះ​មើលថែ​រក្សា​ឱ្យ​បាន​ល្អ និង​ឱ្យ​ផ្លាស់​វេន​គ្នា​យាម​សាលា​សំណាក់​ដើម្បី​បម្រើ​អ្នក​ធ្វើ​ដំណើរ ។ ព្រះ​អង្គ​ក៏​បាន​ចំណាយ​ថវិកា​ឱ្យ​គេ​លើក​ដី​សង់​ផ្លូវ​ពី​រាជវាំង​ឧត្ដុង្គ​មក​កាន់​កំពង់ហ្លួង​ផង​ដែរ ។

ក៏​ប៉ុន្ដែ​គួរ​ឱ្យ​ស្ដាយ​ណាស់ ពីព្រោះ​ប្រភព​ធនធាន​របស់​ព្រះ​អង្គ​ពេល​នោះ​មាន​កំណត់ ។ នៅ​តាម​បណ្ដា​ខែត្រ​ជា​ច្រើន​គេ​មិន​ដែល​បាន​ធ្វើ​កំណែន​ប្រជាជន​ឱ្យ​ធ្វើ​ពលកម្ម​ដោយ​ទៀង​ទាត់​អស់​ជា​ច្រើន​ឆ្នាំ​ច្រើន​សតវត្ស​មក​ហើយ ម្ល៉ោះ​ហើយ​នៅ​ពេល​ដែល​មាន​កំណែន​ម្ដងៗ អ្នកស្រុក​មិន​ចង់​ចូល​រួម​ទេ ហើយ​អាជ្ញាធរ​ក៏​មិន​សូវ​ហ៊ាន​បង្ខិត​បង្ខំ​ប៉ុន្មាន​ដែរ ។ ការ​មិន​ចូលរួម​របស់​ប្រជាជន​នេះ​បាន​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​គម្រោងការ​របស់​ព្រះរាជា បង្ខំ​ឱ្យ​ទ្រង់​កាត់​បន្ថយ​គម្រោង​ផែនការ​សាងសង់​ផ្លូវ ស្ពាន ដែល​ព្រះ​អង្គ​បាន​សន្យា​ថា​នឹង​ធ្វើ​ដើម្បី​ទុកជា​កេរ្ដិ៍​ដំណែ​ល​ជូន​ប្រជាជន​ពេល​អត់​ពី​ព្រះ​អង្គ​ទៅ ។

ដោយ​ទ្រង់​មិន​អាច​កសាង​អ្វី​បាន​ដោយសារ​ខ្វះ​ថវិកា ព្រះ​អង្គ​ក៏​មិន​អាច​រៀបចំ​អំណាច​រាជា​ធិបតេយ្យ​ឡើង​វិញ​បាន​ដែរ ពីព្រោះ​ថា​កម្ពុជា​ពេល​នោះ​បាក់បែក​ខ្ទេចខ្ទាំ​ខ្លាំង​ណាស់ ព្រះ​អង្គ​បាន​បែរ​ទៅ​ធ្វើ​កំណែ​ទម្រង់​ផ្សេងៗ​វិញ ។ មុន​ដំបូង​ទ្រង់​បាន​សើរើ​ពិនិត្យ​ច្បាប់​ឡើង​វិញ កែសម្រួល​ជា​ច្រើន ហើយ​បាន​ចេញ​ព្រះរាជក្រឹត្យ​បំពេញ​បន្ថែម ។ ព្រះ​អង្គ​បាន​បង្កើត​សាលា​ឧទ្ធរណ៍​តាំងពី​ឆ្នាំ​១៨៤៧ ដែល​ព្រះ​អង្គ​បាន​យាង​ទៅ​ចូលរួម​ផ្ទាល់​ព្រះ​អង្គ​ផង បើសិនជា​ចាំបាច់ ។ ទ្រង់​បាន​ទទួល​ការ​យល់​ព្រម​ពី​ព្រះសង្ឃ​ក្នុង​ការ​រៀបចំ​កម្មវិធី​សិក្សា​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ហើយ​វត្ដ​នីមួយៗ​មាន​សិស្ស​យ៉ាង​ច្រើន​មក​សិក្សា ។ ព្រះ​អង្គ​បាន​ដក​អ្នក​ល្ងង់ខ្លៅ និង​អ្នក​គ្មាន​សមត្ថភាព​ចេញពី​កិច្ចការ​រាជការ ហើយ​បាន​បដិសេធ​ជំនូន​ផ្សេងៗ​ដែល​ពួក​ចៅហ្វាយ​ខែត្រ​តែងតែ​ថ្វាយ​ព្រះរាជា​នៅ​ពេល​ដែល​ទ្រង់​ប្រទាន​ត្រា ។ ទ្រង់​ម៉ឺងម៉ាត់​ណាស់​ចំពោះ​អ្នក​ណា​ដែល​បំពាន​ច្បាប់ ហើយ​បាន​ដាក់​ទោស​ធ្ងន់ៗ​ដល់​មន្ដ្រី​ធំ​ណា​ដែល​មិន​ព្រម​គោរព​ព្រះរាជ​បញ្ជា ។ ក៏​ប៉ុន្ដែ​ព្រះ​អង្គ​ប្រកប​ទៅ​ដោយ​យុត្ដិធម៌ មាន​ព្រះ​ទ័យ​ល្អ​ចំពោះ​អ្នក​ក្រីក្រ ទ្រង់​មាន​អំណត់​អត់ធន់​ចំពោះ​អ្នក​ទាំងនោះ លើក​លែងតែ​ការ​ប្ដឹងផ្ដល់​ដែល​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ សរសេរ​មិន​ត្រូវ​តាម​ក្បួនខ្នាត​នោះ​ព្រះ​អង្គ​មិន​អត់ឱន​ឱ្យ​ទេ ពីព្រោះ​ព្រះ​អង្គ​មិន​ចង់ឱ្យ​សរសេរ​ចម្លង​តាម​តែ​គ្នា មិន​ច្បាស់​លាស់ ចង់​ប្ដឹងផ្ដល់​ត្រូវរត់​ទៅ​រក​អ្នកចេះ​ដឹង​ឱ្យ​គេ​សរសេរ​ពាក្យ​ឱ្យ ។

ព្រះ​អង្គ​បាន​ហាម​ប្រាម​មន្ដ្រីរាជការ​មិន​ឱ្យ​ផឹក​សុរា អ្នក​ណា​ជក់​អាភៀន​ត្រូវ​បណ្ដេញ​ចោល ទ្រង់​តឹង​តែង​ត្រង់​ចំណុច​នេះ​រហូត​ទាល់តែ​គ្មាន​មន្ដ្រី​ណា​ម្នាក់​ជក់​អាភៀន​ទេ​នៅ​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ ។ ទ្រង់​បាន​ហាម​មិន​ឱ្យ​ធ្វើ​ធ្នស់​បិទ​ជិត​ស្ទឹង​ទេ ដើម្បី​ឱ្យ​មាន​ត្រី​មួយ​ចំនួន​រួច​ផុត​ពី​អ្នកនេសាទ និង​ដើម្បី​ឱ្យ​ត្រី​អាច​ធ្វើ​ចរាចរ​ទៅ​មក​បាន​ផង ។ តាម​ស្មារតី​គោរព​ព្រះពុទ្ធ​សាសនា ទ្រង់​ក៏​បាន​ហាម​ប្រាម​ការ​បរបាញ់​សត្វ​ផង​ដែរ ។

នៅ​ក្នុង​ឆ្នាំ​១៨៤៨ ទ្រង់​បាន​សម្រេច​ប្ដូរ​ពិធីការ​ឱ្យ​គេ​ហៅ​ព្រះរាជា​ថា «ព្រះករុណា​ពិសេស» និង «អង្គ​ម្ចាស់​ជីវិត​លើ​ត្បូង» វិញ ។ ព្រះរាជ​មាតា​ទទួល​ព្រះ​ឋានៈ​ថា​ព្រះ​វររាជ​ជននី ហើយ​ទ្រង់​មាន​ត្រា​មួយ​មាន​រូប​កិន្នរី​ផង ។ ព្រះរាជ​បុត្រី​ច្បង ព្រះ​អង្គ​ថ្វាយ​ព្រះ​ឋានៈ​ថា​សម្ដេច​ព្រះ​រាជធីតា ព្រះ​ជាយា​របស់​ព្រះ​អង្គ អ្នក​ម្នាង​ប៉ែន ដែល​ជា​មាតា​របស់​ព្រះរាជ​បុត្រា​ច្បង​ទ្រង់​បាន​លើក​ឱ្យ​ឡើង​ជា​ព្រះ​ជាតិ​ក្សត្រី ។ ​អ្នក​ម្នាង​ពៅ​មាតា​របស់​ព្រះរាជបុត្រា​បន្ទាប់ ទ្រង់​លើក​ឱ្យ​ឡើង​ជា​ព្រះ​អច្ឆរា​អក្សរ ។ រួច​ហើយ​ទ្រង់​បាន​រៀបចំ​ព្រះរាជ​សង្ហារ​សម្គាល់​អ្នក​ទាំងអស់​នោះ ព្រមទាំង​ពាក្យពេចន៍​ដែល​ត្រូវ​ប្រើ​ផង គឺ​ឆ្លើយ​ថា​ព្រះបាទម្ចាស់​ចំពោះ​បុរសៗ និង​ព្រះ​ម៉ែ​ចំពោះ​នារីៗ ។ ទ្រង់​ក៏​បាន​រៀបចំ​ឋានៈ​ស្ដ្រីៗ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ផង​ដែរ ហើយ​បាន​សម្រេច​ឱ្យ​ហៅ​ភរិយា​របស់​មន្ដ្រី​សក្ដិ​៤ ដល់​សក្ដិ​១០​ថា​ ជំទាវ​ ហើយ​បាន​អនុញ្ញាត​ឱ្យ​អ្នក​ទាំងនោះ​បង់​កន្សែង​ពណ៌​ពាក់​រយ៉ា​មាស​ដោត​ផ្កា​លើ​សក់​ ហើយ​មាន​ប្រអប់​ស្លា​ដូច​របស់​ប្ដី​ដែរ​នៅ​ពេល​ចូល​មក​ក្នុង​វាំង ។

ព្រះ​អង្គ​បាន​ឱ្យ​កាត់​បន្ថយ​ក្បួន​ដង្ហែ​មន្ដ្រី​ធំៗ ហើយ​ចេញ​បញ្ជា​ឱ្យ​ពួក​មន្ដ្រី​ទាំងនោះ​ត្រូវ​ស្លៀក​ខោ​វែង​ធំ​ទូលាយ​មាន​ជរ​មាស​ ឬ​ស្លៀក​សំពត់​សូត្រ នៅ​ក្នុង​ពេល​មាន​ពិធី​ផ្សេងៗ ពាក់អាវ​ពណ៌ ក្រវាត់​ក្រណាត់​ប៉ាក់ឌិន​ពណ៌​មាស ក្រវាត់​ដាវ​នៅ​ចង្កេះ ទៅ​ណា​មក​ណា​ជិះ​គ្រែ​ស្នែង បាំង​ក្លស់​ពណ៌​ក្រហម​១​ជាន់ ។

ការ​កែទម្រង់​នេះ​មើល​ទៅ​ដូច​ជា​រឿង​កំប៉ិកកំប៉ុក​ទេ ក៏​ប៉ុន្ដែ​ត្រូវ​បាន​គេ​អបអរសាទរ​ណាស់ ព្រោះ​វា​បាន​ជួយ​រៀបចំ​ឱ្យ​ព្រះរាជវាំង​របស់​ព្រះរាជា​កម្ពុជា​មាន​របៀប​របប​ឡើង​វិញ​ និង​ជួយ​ស្ដារ​កិត្ដិនាម​ដែល​បាន​បាត់បង់​អស់​កាល​ជា​យូរ​ណាស់​មក​ហើយ​នៅ​ចំពោះ​មុខ​ប្រជារាស្ដ្រ ។

នៅ​ក្នុង​ឆ្នាំ​១៨៤៩​ ជំងឺ​ប៉េស្ដ​បាន​កើត​រាលដាល​យ៉ាង​ខ្លាំង​ក្នុង​១​ថ្ងៃៗ​មាន​មនុស្ស​នៅ​ជុំវិញ​រាជធានី​ឧត្ដុង្គ​ស្លាប់​រហូត​ដល់​ទៅ​៥​រយ​នាក់ ។ ជំងឺ​នេះ​រាតត្បាត​អស់​ពេល​៣​ខែ បន្ទាប់​មក​ក៏​រលាយ​បាត់​ទៅ​វិញ​នៅ​ក្នុង​រដូវ​វស្សា ។

ក្នុង​ឆ្នាំ​នោះ​ដែរ ដោយ​មាន​មេត្ដាធម៌​ដល់​ប្រជារាស្ដ្រ​របស់​ព្រះ​អង្គ ទ្រង់​បាន​បញ្ជា​ឱ្យ​គេ​សង់​សាលា​ឆទាន​ដើម្បី​ទ្រង់​បាន​យាង​ទៅ​ចែក​បាយ​សម្ល និង​ក្រមា​ដល់​អ្នកបួស និង​ទុគ៌ត​ជន ។

ព្រះ​អង្គ​បាន​រៀបចំ​ខែត្រ​សា​ជា​ថ្មី ខែត្រ​ណា​ធំ​ទ្រង់​ឱ្យ​ចែក​ជា​២ ឬ​៣ ឬ​៤​ស្រុក ។ រួច​ហើយ​ទ្រង់​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ឱវាទ​មន្ដ្រី​ធំៗ​ត្រួតត្រា ។

ព្រះ​អង្គ​បាន​កំណត់​កាលបរិច្ឆេទ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស​ទាំង​១៧ ហើយ​បាន​ឱ្យ​យក​ចិត្ដ​ទុក​ដាក់​គោរព​ថ្ងៃ​សីល និង​សិក្ខាបទ ។

នៅ​ក្នុង​ឆ្នាំ​១៨៥៣ ព្រះរាជា​មាន​បំណង​ផ្លាស់​ប្រាក់​បាត​ថៃ​ដែល​ចេះ​តែ​ក្រ​ទៅៗ​ចេញ ហើយ​បាន​ឱ្យ​បោះពុម្ព​កាក់​សំប៉ែត​ជា​ប្រាក់សុទ្ធ​៣​ប្រភេទ ដែល​មាន​តម្លៃ​នៅ​ពេល​នោះ​ស្មើនឹង​៤​ហ្វ្រង់ ១​ហ្វ្រង់ និង​៥​កាក់ ។ នៅ​លើ​មុខ​ម្ខាង​មាន​រូប​ហង្ស​ក​វែង​ដូច​រូប​ហង្ស​ដែល​គេ​តែងតែ​ដាក់​នៅ​លើ​ចុង​ដងទង់​ខាង​មុខ​ព្រះ​វិហារ ។ ​នៅ​លើ​មុខ​ម្ខាង​ទៀត មាន​រូប​ប្រាសាទ​បុរាណ​កំពូល​៣ ដែល​តំណាង​អង្គរវត្ដ ។

បើ​តាម​សម្ដី​មន្ដ្រី​ចាស់​ម្នាក់​ដែល​ព្រះរាជា​ឧស្សាហ៍​ពិគ្រោះ​យោបល់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា មើល​ពី​ខាង​ក្រៅ​គេ​ឃើញ​ព្រះរាជា ដូច​ជា​សប្បាយ​រីករាយ​ណាស់ ក៏​ប៉ុន្ដែ​ក្នុង​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​វិញ ទ្រង់​ដូច​ជា​គ្មាន​ទំនុក​ចិត្ដ​ចំពោះ​អនាគតកាល​សោះ ម្យ៉ាង​ទ្រង់​ខ្លាច​ពួក​សៀម​ដែល​ព្រះ​អង្គ​ចាត់​ទុក​ដូចជា​សត្រូវ (87) ស្ទើរតែ​ដូច​ពួក​អាណ្ណាម ដែល​ព្រះ​អង្គ​ស្អប់​ខ្លាំង​ណាស់​អីចឹង​ដែរ ។ ពួក​អាណ្ណាម​នេះ​មាន​ទំនៀម​ទម្លាប់ សាសនា សម្លៀក​បំពាក់ សក់​បួង និង​ទម្លាប់​ផ្សេងៗ ដែល​ព្រះ​អង្គ​មិន​ចូល​ចិត្ដ​សោះ ណា​មួយ​ពួក​នេះ​ឈ្លាន​ពាន​អាណា​ខែត្រ​ភាគ​ខាងត្បូង​ឥត​ឈប់​ឈរ​ផង ។ ព្រះ​អង្គជា​អ្នកគាំទ្រ​សន្ដិភាព មិន​ចូល​ចិត្ដ​សង្គ្រាម ព្រោះ​ទ្រង់​ឈ្វេង​យល់​ថា​សង្គ្រាម​មិន​អាច​ដណ្ដើម​យក​ខែត្រ​ដែល​បាត់បង់​ទៅ​នោះ​មក​វិញ​បាន​ទេ ។ ក៏​ប៉ុន្ដែ​ដើម្បី​រារាំង​សត្រូវ​កុំឱ្យ​ចូល​មក​រុក​គួន​ព្រះរាជា​ណា​ចក្រ ទ្រង់​បាន​បញ្ជា​ឱ្យ​គេ​សង់​បន្ទាយ​ការពារ​ជា​ច្រើន ។ ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ថា «មិន​ត្រូវ​គិត​ពី​រឿង​ដណ្ដើម​យក​អ្វី​ដែល​បាត់បង់​ទៅ​ហើយ​មក​វិញ​ទេ ប៉ុន្ដែ​ត្រូវ​ការពារ​អ្វី​ដែល​នៅ​សល់​ឱ្យ​បាន» ។ ព្រះ​អង្គ​បារម្ភ​ណាស់​ចំពោះ​អនាគត ហើយ​បាន​ពិភាល់​ថា​កម្ពុជា​នឹង​ត្រូវ​បែងចែក​គ្នា​រវាង​សៀម និង​អាណ្ណាម ។ ពួក​សៀម​នឹង​យក​ទឹកដី​ពោធិ៍សាត់ កំពង់ស្វាយ ឧត្ដុង្គ សម្បូរ ក្រចេះ ត្បូងឃ្មុំ ឯ​អាណ្ណាម​វិញ​នឹង​យក​អាណា​ខែត្រ​ខាងត្បូង​ទាំងអស់​រួម​មាន បាភ្នំ ទ្រាំង ភ្នំពេញ ផង ។ បើ​សិនជា​មាន​សង្គ្រាម​មួយ​ផ្ទុះ​ឡើង ទោះជា​ជាមួយ​សៀម ឬ​ជាមួយ​កូសាំងស៊ីន​ក៏​ដោយ ក៏​សង្គ្រាម​នោះ​នឹង​ធ្វើ​ឱ្យ​ការ​បែងចែក​ទឹកដី​គ្នា​នេះ​កើត​មាន​កាន់តែ​ឆាប់ ម្ល៉ោះហើយ​ព្រះ​អង្គ​មិន​ចង់​ឱ្យ​កើត​មាន​សង្គ្រាម​ជាមួយ​នរណា​ម្នាក់​ទេ ។

គំនិត​ដែល​គិត​ថា​ថ្ងៃ​ណា​មួយ​ជា​ពិសេស​កាលណា​អត់​ពី​ព្រះ​អង្គ​ទៅ​កម្ពុជា​អាច​នឹង​ត្រូវ​បាត់បង់​នៅ​ដិត​ជាប់​នឹង​ព្រះ​ទ័យ​របស់​ព្រះ​អង្គជា​និច្ច ហើយ​បាន​ធ្វើ​ឱ្យ​ព្រះ​អង្គ​គិត​ងាក​ទៅ​រក​សុំ​ជំនួយ​ការពារ​ពី​ប្រទេស​អឺរ៉ុប​ណា​មួយ ដើម្បី​ផ្ញើ​វាសនា​ស្រុក​ខ្មែរ និង​សន្ដតិវង្ស​ព្រះរាជា​វិញ​ម្ដង ។ គំនិត​សុំ​ជំនួយ​របស់​ព្រះ​អង្គ​ពេល​នោះ មិនមែន​ជា​ការ​សុំ​អាណាព្យាបាល​ក្នុង​ន័យ​ដូច​ដែល​យើង​យល់​សព្វ​ថ្ងៃនេះ​ទេ គឺ​សុំ​ឱ្យ​ការពារ​ព្រះរាជា​ណាចក្រ​កុំឱ្យ​នគរ​ផ្សេង​ដណ្ដើម​យក​បាន ទោះជា​នៅ​ក្នុង​អាស៊ី ឬ​ក៏​នៅ​អឺរ៉ុប​ក្ដី ។

ទ្រង់​បាន​នឹក​គិត​ទៅ​ដល់​ប្រទេស​បារាំង ដែល​មិន​ទាន់​មាន​ដែនដី​ជា​កម្មសិទ្ធិ​នៅ​ចុង​បូព៌ា​នៅ​ឡើយ ហើយ​ដែល​ព្រះ​អង្គ​ធ្លាប់​បាន​ឮ​ល្បី​កិត្ដិនាម​កាលពី​ពេល​ដែល​ព្រះ​អង្គ​គង់នៅ​ឯ​រាជធានី​បាងកក ។ ដល់​មក​ខែវិច្ឆិកា ឆ្នាំ​១៨៥៣ ក្រោយ​ពី​បាន​ពិចារណា​ល្អិន​ល្អន់​រួច​ហើយ ព្រះបាទ​អង្គឌួង​បាន​ចាត់​បច្ឆាញាតិ​២​រូប​របស់​ពួក​ព័រទុយហ្គាល់ ដែល​កាន់​សាសនា​កាតូលិក​គឺ​ចៅពញា​កុយ​ និង​ចៅពញា​ប៉ែន​ ឱ្យ​ធ្វើ​ដំណើរ​ជា​សម្ងាត់​ទៅ​សិង្ហបុរី​នាំ​យក​សារលិខិត​សរសេរ​ជា​ភាសាបារាំង​ដោយ​ព្រះសង្ឃ​កាតូលិក (អេវ៉ែក) នៅ​កម្ពុជា​ឈ្មោះ មីស្ហ តាម​សម្ដី​របស់​ព្រះ​អង្គ ទៅ​ប្រគល់​ជូន​កុងស៊ុល​បារាំង​នៅ​ទីនោះ ឱ្យ​ផ្ញើ​បញ្ជូន​បន្ដ​ទៅ​ថ្វាយ​ព្រះ​ចៅ​អធិរាជ​ណាប៉ូ​ឡេអុង​ទី​៣ «ដើម្បី​សម្ដែង​មិត្ដភាព និង​ការ​គោរព​ដ៏​ជ្រាលជ្រៅ​ពី​ព្រះ​អង្គ» ។ ជាប់​ជាមួយ​នឹង​សារលិខិត​នេះ​មាន​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ហិប រួម​មាន​ភ្លុក​ដំរី​ធំៗ​៤ កុយ​រមាស​២ ជ័ររង្គ​៧​បាវ​ទម្ងន់​៣០០​គីឡូក្រាម ស្កសរ​៧​បាវ​ទម្ងន់ ៣០០​គីឡូក្រាម និង​ម្រេច​៧​បាវ​ទម្ងន់​៣០០​គីឡូក្រាម​ផង​ដែរ ។ កុងស៊ុល​បារាំង​ប្រចាំ​សិង្ហបុរី​បាន​ទទួល​យក​ព្រះ​សារលិខិត និង​អំណោយ​ទាំង​អស់ពី​ទូត​ទាំង​២ រួច​បាន​ផ្ញើ​សារ​ឆ្លើយ​តប​មក​ព្រះបាទ​អង្គឌួង​វិញ​ថា​ខ្លួន​នឹង​ផ្ញើ​ព្រះរាជ​សារ និង​អំណោយ​ទាំងអស់​ទៅ​ប្រទេស​បារាំង​តាម​នាវា​ចម្បាំង​ក្ដោង​៣​ឈ្មោះ ឡាកា​ព្រីស៊ីយ៉ឺ មាន​វរសេនីយ៍ត្រី រ៉ូកឺ​ម៉ូរ៉ែល ជា​មេបញ្ជាការ ដែល​នឹង​នាំ​របស់​ទាំង​អស់​នេះ​ទៅ​សាលា​ខែត្រ​ទូឡុង ភ្លាម​នៅ​ពេល​ដែល​កប៉ាល់​ទៅ​ដល់ ដើម្បី​ឱ្យ​បញ្ជូន​បន្ដ​ទៅ​ថ្វាយ​ព្រះ​ចៅ​អធិរាជ (១៨៥៤) ។

នៅ​ឆ្នាំ​បន្ទាប់​មក លោក​ដឺម៉ុង​ទីញី បេសកជន​របស់​បារាំង​ប្រចាំ​ស្រុក​សៀម និង​ស្រុក​ចិន​បាន​ទទួល​បញ្ជា​ឱ្យ​មក​ចុះ​សន្ធិសញ្ញា​មេត្រីភាព និង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ព្រះរាជា​កម្ពុជា​តាម​បំណង​ប្រាថ្នា​របស់​ព្រះបាទ​អង្គឌួង ។ ឯកអគ្គរាជទូត​នេះ​ទើប​តែ​បាន​ចុះ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​មួយ​ជាមួយ​ស្ដេច​សៀម ព្រះ​មហា​មង្គត ដែល​ថ្វាយ​ដំណឹង​តាម​រយៈ​អេវ៉ែក​មីស្ហ តាំងពី​ខែឧសភា ថា​នឹង​មក​កម្ពុជា​ឆាប់ៗ​នេះ តែ​បាន​ប្រហែស​និយាយ​ប្រាប់​គេឯង​នៅ​បាងកក​ឱ្យ​ដឹង​ពី​គម្រោងការ​ថា​នឹង​មក​ចុះ​សន្ធិសញ្ញា​ជាមួយ​ព្រះបាទ​អង្គឌួង ។ ដំណឹង​នេះ​បាន​លេច​ឮ​ទៅ​ដល់​ស្ដេច​សៀមៗ​មិន​យល់​ព្រម​ឱ្យ​កម្ពុជា​ដែល​ទ្រង់​ចាត់ទុកជា​នគរ​សាមន្ដរាជ​មួយ អាច​ចុះ​សន្ធិសញ្ញា​ណា​មួយ​បាន​ដោយ​គ្មាន​ការ​ឯកភាព​ពី​ព្រះ​អង្គ​ទេ ។ ស្ដេច​សៀម​បាន​ចាត់​មន្ដ្រី​ម្នាក់​ឱ្យ​ចុះ​កប៉ាល់​ជាមួយ លោក​ដឺម៉ុង​ទីញី ជា​សម្ងាត់ ដើម្បី​ត្រួតពិនិត្យ​មើល​សកម្មភាព​របស់​រាជទូត​បារាំង​នេះ​ផង និង​ដើម្បី​នាំសារ​ណែនាំ​មួយ​មក​ថ្វាយ​ព្រះរាជា​កម្ពុជា​ផង ដែល​អ្នកខ្លះ​និយាយ​ថា​គឺជា​រាជសារ​ហាម​ឃាត់​មិន​ឱ្យ​ព្រះ​អង្គ​ធ្វើ​អ្វី​ជា​មួយ​បារាំង ។ លោក ដឺម៉ុង​ទីញី បាន​ឡើង​កប៉ាល់​មក​ចុះ​នៅ​កំពត​នៅ​ក្នុង​ខែសីហា ឆ្នាំ​១៨៥៦ ។ រាជសារ​របស់​ស្ដេច​សៀម​ពោរពេញ​ទៅ​ដោយ​ពាក្យ​គំរាម​កំហែង ដែល​ធ្វើ​ឱ្យ​ព្រះបាទ​អង្គឌួង​វិតក្ក​យ៉ាង​ខ្លាំង ។ ទ្រង់​មាន​បំណង​ចង់​ចុះ​សន្ធិសញ្ញា​ជាមួយ​បារាំង​ជា​សម្ងាត់​សិន កាល​ណា​បាន​សច្ចានុមតិ​រួច​ហើយ​សឹម​ផ្សព្វផ្សាយ​ឱ្យ​គេ​ដឹង​ឮ នៅ​ពេល​នោះ​ទ្រង់​នឹង​គ្មាន​បារម្ភ​អំពី​សៀម​ ឬ​អាណ្ណាម​ទៀត​ទេ ព្រោះ​បាន​ទទួល​ការ​ការពារ​ពី​ប្រទេស​អឺរ៉ុប​មួយ​រួច​ហើយ ។ ក៏​ប៉ុន្ដែ​ឥឡូវ ព្រះរាជ​បំណង​នេះ​បាន​ត្រូវ​គេ​ដឹង​មុន​អស់​ទៅ​ហើយ​នៅ​បាងកក​តាំងពី​មុន​ពេល​ដែល​រាជទូត​បារាំង​ចេញ​ដំណើរ​មក​ម្ល៉េះ ។ ឯកអគ្គរាជទូត​បារាំង​អាច​នឹង​កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​ការ​គំរាម​កំហែង​របស់​ស្ដេច​សៀម​មក​លើ​ព្រះរាជា​កម្ពុជា ហើយ​ជួយ​រំងាប់​ការ​ព្រួយ​បារម្ភ​របស់​ព្រះបាទ​អង្គឌួង​បាន ដោយ​ធ្វើ​ដំណើរ​រហូត​មក​ដល់​ឧត្ដុង្គ រួច​ហើយ​រាយការណ៍​ថ្វាយ​អំពី​អំណាច​ដ៏​ខ្លាំងក្លា​របស់​បារាំង ។ ក៏​ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ លោក ដឺម៉ុង​ទីញី ដែល​មិន​បាន​យល់​ច្បាស់​អំពី​ល្បិច​កល​របស់​សៀម​មក​លើ​ព្រះរាជា​កម្ពុជា​មាន​ការ​ប្រហែស បែរ​ទៅ​ជា​មិន​ចង់​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ឆ្ងាយ​ចម្ងាយ​ជាង​១៤០​គីឡូម៉ែត្រ កាត់​ទីរហោឋាន​តាម​ដែល​គាត់​ឮ​គេ​និយាយ​ប្រាប់​ទេ ។ គាត់​ឈប់​នៅ​នឹង​កំពត ហើយ​បាន​ចាត់​ព្រះសង្ឃ​កាតូលិក (អាបេ) ហេស្ដ្រិស ដែល​អេវ៉ែក​មីស្ហ ទើប​នឹង​តែងតាំង​មក​ឈរជើង​នៅ​ទី​នេះ ឱ្យ​នាំ​យក​សន្ធិសញ្ញា​ពាណិជ្ជកម្ម​មួយ​ចម្លង​តាម​សន្ធិសញ្ញា ដែល​បាន​ចុះ​ជាមួយ​សៀម មក​ថ្វាយ​ព្រះបាទ​អង្គឌួង​ឡាយ​ព្រះហស្ដ​លេខា ។ សន្ធិសញ្ញា​នោះ គ្មាន​អត្ថន័យ​គ្រប់គ្រាន់​សម​តាម​បំណង​របស់​ព្រះបាទ​អង្គឌួង​ទេ ព្រោះ​មិនមែន​ជា​សន្ធិសញ្ញា​មេត្រីភាព​ដែល​ទ្រង់​ចង់​បាន ហើយ​ក៏​មិន​បាន​ធានា​អត្ថិភាព​របស់​កម្ពុជា​ក្រោម​អាណាព្យាបាល​ភាព​របស់​ប្រទេស​បារាំង​ដែរ បើ​ទោះជា​ថា មាន​តែ​ក្នុង​ពាក្យ​សម្ដី​ក៏​ដោយ​ចុះ ។ ព្រះបាទ​អង្គឌួង​បាន​ឱ្យ​គេ​សង់ផ្ទះ​សំណាក់​មួយ​សម្រាប់​ទទួល​លោក ដឺម៉ុង​ទីញី នៅ​កំពត ហើយ​ទ្រង់​រង់ចាំ​ទទួល​គាត់​នៅ​ឧត្ដុង្គ ។ ព្រះ​អង្គ​ខក​ព្រះ​ទ័យ​ជា​ខ្លាំង​នៅ​ពេល​ឃើញ​កូន​សង្ឃ​កាតូលិក​តូច​មួយ​មក​ចូល​គាល់​ព្រះ​អង្គ​ទៅ​វិញ ជា​ជាង​បាន​ឃើញ​ឯកអគ្គរាជទូត​ដែល​ព្រះ​អង្គ​កំពុង​តែ​រង់ចាំ​ទាំង​អេវ៉ែក​មីស្ហ ក៏​មិន​យល់​ស្រប​តាម​ដែរ ម្ល៉ោះ​ហើយ​ទ្រង់​បាន​ប្រកែក​មិន​យល់​ព្រម​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ដែល​គ្មាន​កិច្ចធានា​អ្វី​បន្ដិច​សោះ​នោះ​ទេ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ធ្វើ​ឱ្យ​ព្រះ​អង្គ​មាន​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ជាមួយ​ពួក​សៀម​ទៀត​ផង ។

ភាព​ខ្វះ​ការ​ប៉ិន​ប្រសប់ និង​ការ​ធ្វេស​ប្រហែស​របស់​ឯកអគ្គរាជទូត​នៃ​ព្រះ​ចៅ​អធិរាជ​បារាំង​បាន​ធ្វើ​ឱ្យ​ព្រះរាជា​កម្ពុជា​ជួប​ប្រទះ​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង​ដែល​ព្រះ​អង្គ​កំពុង​តែ​ខ្លាចរអា​ផង ហើយ​ក៏​ធ្វើ​ឱ្យ​បារាំង​បាត់បង់​ឱកាស​ក្នុង​ការ​ដាក់​អាណាព្យាបាល​មក​លើ​កម្ពុជា​តាំងពី​ឆ្នាំ​១៨៥៦ គឺ​នៅ​មុន​សង្គ្រាម​ឥណ្ឌូចិន​ជា​ច្រើន​ឆ្នាំ ។ ប្រសិនបើ​បារាំង​បាន​ដាក់​អាណាព្យាបាល​មក​លើ​កម្ពុជា​តាំង​តែ​ពី​ពេល​នោះ​មក បារាំង​អាច​ប្រើ​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ប្រតិបត្ដិការ ដែល​នឹង​ផ្ដល់​ការ​ងាយ​ស្រួល​ជា​ច្រើន​ដល់​សង្គ្រាម​នោះ ។ ហើយ​បើសិនណា​ជា​បារាំង​បាន​មក​ឈរជើង​នៅ​កម្ពុជា ហើយ​ធ្វើ​សកម្មភាព​ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះរាជា​កម្ពុជា​ផង​នោះ ម្ល៉េះ​សម​បារាំង​អាច​ដណ្ដើម​យក​កូសាំងស៊ីន​ទាំងមូល​បាន​ក្នុង​ពេល​តែ​មួយ​ជាមួយ​គ្នា​ទៅ​ហើយ ។

ពេល​នោះ​មាន​ការ​បះបោរ​មួយ​របស់​អ្នកស្រុក​នៅ​រលាប្អៀរ និង​បរិបូណ៌ ដឹកនាំ​ដោយ​មេ​បះបោរ​ឈ្មោះ អា​សុខ និង​អា​ជ្រុម ។ ព្រះបាទ​អង្គឌួង​បាន​ចេញ​បញ្ជា​ឱ្យ​គេ​ចាប់​ពួក​មេ​បះបោរ​នោះ​ជាមួយ​បក្សពួក​មួយ​ចំនួន​សម្លាប់​ចោល ។

មាន​ការ​បះបោរ​មួយ​ទៀត​កើត​ឡើង​នៅ​រវាង​ឆ្នាំ​១៨៥៧ ដោយ​ពួក​ខ្មែរ​រស់នៅ​ក្នុង​ខែត្រ​តៃនិញ នៅ​កូសាំងស៊ីន ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​ខ្មែរ​ជា​ច្រើន​នាក់​មក​ពី​កម្ពុជា ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ព្រះរាជា​មាន​ព្រះ​ទ័យ​ព្រួយបារម្ភ​ជា​ខ្លាំង ខ្លាច​តែ​ពួក​អាណ្ណាម​ឆ្លៀត​ឱកាស​គាំទ្រ​ជនជាតិ​គេ​ហើយ​តាម​វាយ​ពួក​បះបោរ​ចូល​មក​ដល់​ព្រះរាជា​ណាចក្រ ។ ព្រះ​អង្គ​បាន​ចាត់​ឱ្យ​សង់​បន្ទាយ​ការពារ​នៅ​តាម​ព្រំដែន​ខាងត្បូង ហើយ​បាន​ហាម​ប្រាម​ប្រជារាស្ដ្រ​នៅ​កម្ពុជា​លើ​មិន​ឱ្យ​ផ្ដល់​ជំនួយ​ទៅ​ពួក​ខ្មែរ​នៅ​កូសាំងស៊ីន​ដែល​ទ្រង់​ចាត់​ទុក​ថា ជា​ប្រជារាស្ដ្រ​របស់​ព្រះ​អង្គ​ដែរ បើ​ទោះជា​ថា​ពួក​នោះ​ធ្លាប់​បាន​ជួយ​វាយ​ពួក​អាណ្ណាម​ឱ្យ​បរាជ័យ ដោយ​ជិះ​តែ​លើ​ក្របី ហើយ​មាន​អាវុធ​មិន​គ្រប់គ្រាន់​ក៏​ដោយ ។ នៅ​ពេល​នោះ ការ​ចាកចោល​ស្រុក​មួយ​លើក​ទៀត​បាន​កើត​មាន​ឡើង​នៅ​កូសាំងស៊ីន ។ ប្រជាជន​ខ្មែរ​ដ៏​កម្សត់​ជា​ច្រើន​នាក់​ដែល​ងើប​បះបោរ​ឡើង​ប្រឆាំង​នឹង​ការ​គាប​សង្កត់​ពី​ពួក​អាជ្ញាធរ​អាណ្ណាម​ និង​ញាតិ​ជិតខាង​យួន​ដែល​លួច​ឆក់​សម្បត្ដិទ្រព្យ​ វាយដំ​ធ្វើបាប​បំបែក​បំបាក់​ឥត​មាន​លស់​ពេល បាន​នាំ​គ្នា​រត់​កាត់​ព្រំដែន​ឆ្លង​មក​ជ្រកកោន​នៅ​កម្ពុជា​វិញ ។

នៅ​ក្នុង​ឆ្នាំ​បន្ទាប់​មក​ទៀត ពួក​ចាម​នៅ​ខែត្រ​ត្បូងឃ្មុំ ដែល​ធ្លាប់​បាន​បះបោរ​២​លើក​រួច​មក​ហើយ​ប្រឆាំង​នឹង​ព្រះរាជា​កម្ពុជា​ម្ដង​នៅ​ក្នុង​ឆ្នាំ​១៥៩៩ និង​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ​១៦៦០ បាន​នាំ​គ្នា​ចាប់​កាន់​អាវុធ​ប្រឆាំង​នឹង​ចៅហ្វាយ​ខែត្រ​ដែល​មិន​យល់​ព្រម​អនុញ្ញាត​ឱ្យ​ពួក​នេះ​បង្កើត​រដ្ឋ​តូច​មួយ​នៅ​ក្នុង​រង្វង់​ទឹកដី​ខែត្រ​របស់​គាត់ ។ ពួក​នេះ​ស្ដាប់​តែ​បញ្ជា​របស់​មេ​គេ​ប៉ុណ្ណោះ (88) ។ ព្រះរាជា​បាន​បញ្ជូន​លោក​យោធា​សង្គ្រាម​ឱ្យ​ទៅ​បង្ក្រាប​ពួក​នេះ តែ​ត្រូវ​ពួក​នេះ​សម្លាប់​បាន ព្រោះ​គាត់​មាន​កងការពារ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ។ ព្រះរាជា​បាន​កេណ្ឌ​ទ័ព​មួយ​កង​ភ្លាម រួច​ដឹកនាំ​ចេញ​ទៅ​ត្បូងឃ្មុំ​ដោយ​ផ្ទាល់​ព្រះ​អង្គ ។ ពួក​ចាម​ដែល​ជួនកាល​ត្រូវ​ទ័ព​ព្រះរាជា​វាយប្រហារ​ឱ្យ​បរាជ័យ ជួនកាល​ទៀត​ទទួល​បាន​ជ័យជម្នះ​វិញ ប៉ុន្ដែ​នៅ​ទី​បញ្ចប់​ក៏​ត្រូវ​បរាជ័យ បែកខ្ញែក​គ្នា រួច​បង្ខំ​ឱ្យ​គេច​ទៅ​ជ្រកកោន​នៅ​ឯ​ចូវដុក បង្កើត​បាន​ជា​ភូមិ​ចាម​៥ ដែល​គេ​ប្រទះ​ឃើញ​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ពួក​ចាម​ដែល​មិន​អាច​គេច​ខ្លួន​បាន​ត្រូវ​គេ​ប្រមូល​ចាប់​យក​ទៅ​ទុក​នៅ​ពោធិ៍សាត់ នៅ​លង្វែក នៅ​កំពង់ត្រឡាច និង​នៅ​កំពង់ហ្លួង ។ អ្វីៗ​ហាក់​ដូចជា​បាន​ចប់​ទៅ​ហើយ ស្រាប់តែ​ពួក​ចាម​ដែល​រត់​ភៀស​ខ្លួន​ទៅ​រស់នៅ​ឯ​ចូវដុក​នោះ បាន​នាំ​គ្នា​ឡើង​មក​តាម​ទន្លេ​យ៉ាង​រហ័ស ការពារ​ដោយ​កម្លាំង​ថ្មើរ​ជើង​មួយ​កង​ឆ្លង​កាត់​ភ្នំពេញ រហូត​ទៅ​ដល់​ជំរំ​ដែល​គេ​ដាក់​ពួក​ចាម​នាំ​មក​ពី​ត្បូងឃ្មុំ ជម្លៀស​ពួក​នោះ​យក​ទៅ​អស់ ។ ប្រតិបត្ដិការ​នេះ​ត្រូវ​បាន​គេ​ត្រៀម​អស់​ពេល​ជា​យូរ​មក​ហើយៗ​ទទួល​ពួក​ចាម​នៅ​កម្ពុជា​ប្រុង​តែ​លួច​រត់គេច​ផង ម្ល៉ោះ​ហើយ​ក៏​ប្រព្រឹត្ដ​ទៅ​យ៉ាង​លឿន រហូត​ទាល់​តែ​ព្រះរាជា​កម្ពុជា​មិន​អាច​ចាត់​វិធានការ​អ្វី​ទប់ទល់​ទាន់ ធ្វើ​ឱ្យ​ពួក​អ្នក​កាន់​សាសនា​មហាម៉ាត់​នាំ​គ្នា​រត់​ឆ្លង​ចូល​ទៅ​កូសាំងស៊ីន​អស់​ទៅ ។ ចាស់ៗ​បាន​និយាយ​ថា ហេតុការណ៍​នេះ​អាច​កើត​ឡើង​បាន មក​ពី​ភាគ​ច្រើន​នៃ​ពួក​ចាម​ដែល​ព្រះរាជា​បាន​ចាប់​ជា​ឈ្លើយ​នោះ​ច្រើន​តែ​ជា​ស្ដ្រី កុមារ និង​មនុស្ស​ចាស់ ពួក​បុរសៗ​បាន​រត់គេច​ទៅ​កូសាំងស៊ីន​អស់​ទៅ​ហើយៗ​ការ​ដែល​ព្រះ​អង្គ​ធ្វើ​ដូច្នេះ ព្រោះ​មិន​ចង់​ឱ្យ​ពួក​គេ​ចាកចោល​ព្រះរាជា​ណាចក្រ ។

ឯកសារ​មួយ​និយាយ​ថា ព្រះរាជា​ខ្ញាល់​ខ្លាំង​ណាស់ ណា​មួយ​ខ្មាស់​នឹង​ល្បិច​ពួក​ចាម​ផង ទ្រង់​បាន​ព្រមាន​ឱ្យ​អាណ្ណាម​ដែល​គ្រប់គ្រង​ចូវដុក​បញ្ជូន​ពួក​បះបោរ​នោះ​មក​ថ្វាយ​ព្រះ​អង្គ​វិញ ។ ចៅហ្វាយ​ខែត្រ​អាណ្ណាម​នោះ​ប្រកែក​មិន​ព្រម​ធ្វើ​តាម​សំណើ​របស់​ព្រះ​អង្គ​ទេ ព្រះបាទ​អង្គឌួង​ក៏​បញ្ជូន​ទ័ព​មួយ​កង​តូច ដឹកនាំ​ដោយ​ស្ដេចត្រាញ់​ដែនដី​ទ្រាំង ឈ្មោះ កែប ដើម្បី​ទៅ​នាំ​យក​ពួក​ចាម​ទាំង​នោះ​មក​វិញ ។ ពួក​ចាម​នោះ​បាន​ព្រួត​ដៃ​គ្នា​ជាមួយ​ទ័ព​អាណ្ណាម​ដែល​គេ​បញ្ជូន​ឱ្យ​មក​ជួយ​ច្បាំង​ជាមួយ​ទ័ព​ខ្មែរ​តែ​មិន​អាច​ទប់ទល់​មិន​ឱ្យ​ទ័ព​ខ្មែរ​ឆ្លង​ចូល​ទៅ​ឆ្ងាយ​ពី​ព្រំដែន​បាន​ទេ ។ ដូច្នេះ​សង្គ្រាម​បាន​កើត​មាន​ឡើង​ម្ដង​ទៀត​ជាមួយ​អាណ្ណាម ដែល​នឹង​ធ្វើ​ឱ្យ​មាន​អន្ដរាគមន៍​ពី​សៀម​ដោយ​ចៀស​មិន​រួច ប្រសិនបើ​គ្មាន​វត្ដមាន​របស់​បារាំង​នៅ​កូសាំងស៊ីន​ទេ (89) ។

នៅ​ពេល​នោះ ពួក​អាណ្ណាម​គ្មាន​លទ្ធភាព​ទប់ទល់​ជាមួយនឹង​ទ័ព​ខ្មែរ​ទេ ។ ក្រោយ​ពី​ត្រូវរ៉ូវ​គ្នា​ជាមួយ​ពួក​អង់គ្លេស និង​ចាប់​បង្ខំ​ព្រះ​ចៅ​អធិរាជ​ចិន​ឱ្យ​ចុះ​សន្ធិសញ្ញា​រួច​ហើយ ពួក​បារាំង​បាន​វិល​ត្រលប់​ពី​ស្រុក​ចិន​មក​វិញ ហើយ​ដើម្បី​ជា​ការ​សងសឹក​ឱ្យ​ពួក​សាសនទូត​របស់​បារាំង និង​ពួក​អាណ្ណាម​កាន់​សាសនា​កាតូលិក ដែល​ត្រូវ​ពួក​មន្ដ្រី​ដេញ​ចេញ​ពី​ស្រុក និង​បង្ខំ​ឱ្យ​អាណ្ណាម​អនុវត្ដ​តាម​កិច្ចសន្យា​កាល​ពីមុន​ផង​នោះ ពួក​បារាំង​បាន​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ទីក្រុង​ទួរ៉ាន​នៅ​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​១៨៥៨​ ចូល​កាន់កាប់​សាយហ្គន​នៅ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​១៨៥៩ ហើយ​កំញើញ​ថា នឹង​ដណ្ដើម​យក​កូសាំងស៊ីន​ទាំងមូល​ថែម​ទៀត ។

ព្រះបាទ​អង្គឌួង​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ទទួល​បាន​ដំណឹង​នេះ ហើយ​ទ្រង់​ដូច​ជា​មាន​ការ​ព្រួយ​បារម្ភ មិន​ដឹង​ថា​តើ​ហេតុការណ៍​នោះ​នឹង​នាំ​មក​នូវ​ផល​ល្អ​ ឬ​ផល​អាក្រក់​ចំពោះ​កម្ពុជា ម្ល៉ោះ​ហើយ​ទ្រង់​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង ។ ព្រះ​អង្គ​ចង់​ដឹង​អំពី​គោលបំណង​របស់​ពួក​បារាំង ថា​តើ​គេ​ធ្វើ​នេះ​គ្រាន់តែ​ដើម្បី​សងសឹក​ទៅ​នឹង​ការ​ប្រមាថ​មើល​ងាយ​របស់​អាណ្ណាម រួច​កាន់កាប់​ចំណុច​ណា​មួយ​នៅ​តាម​ឆ្នេរ​សមុទ្រ ឬ​ក៏​គេ​ចង់​ដណ្ដើម​យក​កូសាំងស៊ីន​ផ្នែក​ខាងក្រោម​ទាំងអស់ ។ បើ​ដូច្នោះ​មែន បារាំង​នឹង​ក្លាយ​ទៅជា​អ្នក​មាន​ព្រំដែន​ជាប់​នឹង​កម្ពុជា ហើយ​ដើរតួ​ជំនួស​អាណ្ណាម​ក្នុង​ការ​ទាមទារ​សិទ្ធិ​អធិរាជ​ភាព​មក​លើ​កម្ពុជា​ទេ​ដឹង ? តាម​ពិត​ទៅ សកម្មភាព​របស់​បារាំង​នៅ​ពេល​នោះ​គ្មាន​អ្វី​ជាក់​លាក់​ទេ ហើយ​កំហុស​របស់​លោក ដឺម៉ុងទីញី បាន​ធ្វើ​ឱ្យ​ព្រះបាទ​អង្គឌួង​ទីទើ ណា​មួយ​បារាំង​ក៏​មិន​បាន​បញ្ជូន​តំណាង​ឱ្យ​មក​រាយការណ៍​ថ្វាយ​ដើម្បី​ឱ្យ​ទ្រង់​អស់​សង្ស័យ​ផង​ដែរ ។ បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ដែល​បារាំង​វាយ​ដណ្ដើម​យក​សាយហ្គន​បានៗ​ធ្វើ​ឱ្យ​ព្រះ​អង្គ​មាន​សេចក្ដី​ក្លាហាន​ឡើង​វិញ ។ ហើយ​នៅ​ពេល​ឃើញ​ថា​ទ័ព​បារាំង​មិន​បាន​ឈរជើង​នៅ​ទីនោះ គឺ​វិល​ត្រលប់​មក​ទួរ៉ាន​វិញ ប៉ុន្ដែ​បាន​ធ្វើការ​វាយ​ប្រហារ​ទៅ​លើ​អតីត​សត្រូវ​របស់​ព្រះ​អង្គ​គ្រប់​ទីកន្លែង ព្រះ​អង្គ​ក៏​សម្រេច​ចិត្ដ​ចាប់​វាយ​មក​លើ​អាណ្ណាម​នៅ​ចូវដុក ចូល​មក​ក្នុង​កូសាំងស៊ីន​របៀប​ជា​កង​ជំនួយ​ឱ្យ​ពួក​បារាំង​ដោយ​គ្មាន​ការ​ចរចា​ឯកភាព​គ្នា​ជា​មុន​ទេ ។​ គេ​និយាយ​ថា នោះ​ហើយ​ជា​ការ​សម្ងាត់​នៃ​សង្គ្រាម​ដែល​ហាក់​ដូចជា​ផ្ទុយ​ទៅ​នឹង​នយោបាយ​របស់​ព្រះ​អង្គ​ដែល​មាន​ពី​មុន ។

បន្ដិច​ក្រោយមក ព្រះរាជា​បាន​យាង​ទៅ​កំពត​ដើម្បី​ទៅ​ទត​មើល​សំពៅ​ពាណិជ្ជកម្ម​មួយ ដែល​ទ្រង់​បាន​ឱ្យ​គេ​ធ្វើ​ឡើង​រួច​ប្រគល់​ឱ្យ​ជន​ម៉ាឡេ​ម្នាក់​នៅ​ត្រីកា​កាន់​កាប់ ។ នៅ​ទីនោះ​ព្រះ​អង្គ​បាន​ជួប​ជាមួយ​អ្នក​ស្រាវជ្រាវ មូហូត ជជែក​ជាមួយ​បាន​បន្ដិច ទ្រង់​ក៏​បញ្ជា​ឱ្យ​គេ​ផ្ដល់​មធ្យោបាយ​សម្រាប់​គាត់​ធ្វើ​ដំណើរ​មក​ឧត្ដុង្គ​ទៀត ។

នៅ​ពេល​យាង​ត្រលប់​មក​កាន់​រាជធានី​វិញ ក្រោយ​ពេល​ដែល​លោក មូហូត ចូល​គាល់​ព្រះ​អង្គ​នៅ​នឹង​ព្រះរាជ​ដំណាក់​ធ្វើ​ពី​ឈើ​បាន​បន្ដិច ព្រះបាទ​អង្គឌួង​ក៏​ធ្លាក់​ព្រះ​កាយ​ប្រឈួន ហើយ​បាន​សុគត​ទៅ​នៅ​ឆ្នាំ​១៨៦០ នៃ​គ្រិស្ដ​សករាជ ត្រូវ​នឹង​មហាសករាជ​១៧៨២ ចុល្លសករាជ​១២២២ (ក្នុង​ខែកត្ដិក ថ្ងៃ​៥​កើត ចុង​ខែ​វិច្ឆិកា) ។

ការ​ចូល​ទិវង្គត​របស់​ព្រះរាជា​បាន​ធ្វើ​ឱ្យ​ចលនា​របស់​ខ្មែរ​នៅ​ចូវដុក​ត្រូវ​បញ្ចប់ ហើយ​ឧកញ៉ា​កែប​ក៏​នាំ​ទ័ព​វិល​ត្រលប់​ចូល​មក​កម្ពុជា​វិញ ។

៤៣. ព្រះបាទ​នរោត្ដម (១៨៦០-១៩០៤)

ព្រះបាទ​អង្គឌួង​មាន​រាជបុត្រា​៣​ព្រះ​អង្គ​គឺ​ អ្នក​អង្គ​ម្ចាស់​អង្គវតី​ (ច្រឡឹង) ជា​ព្រះរាជ​បុត្រា​ច្បង​ ពេល​នោះ​មាន​ព្រះ​ជន្ម​២៦​ព្រះ​វស្សា​ហើយ​ អ្នក​អង្គ​ម្ចាស់​អង្គ​ស (អួ) (90) ជា​ព្រះរាជ​បុត្រា​បន្ទាប់ មាន​ព្រះ​ជន្ម​២០​ព្រះវស្សា និង​អ្នក​អង្គ​ម្ចាស់​វត្ថា (ស៊ីវត្ថា​-​អង្គភឹម) ជា​រាជបុត្រា​ទី​៣ មាន​ព្រះ​ជន្ម​១៩​ព្រះ​វស្សា ទាំង​៣​ព្រះ​អង្គ​នេះ​មាន​ព្រះ​មាតា​ផ្សេងៗ​គ្នា ។

ព្រះ​វររាជ​មាតា​របស់​ព្រះបាទ​អង្គឌួង ដែល​ត្រូវជា​ព្រះ​អយ្យកា​ខាង​ព្រះ​បិតា​របស់​អ្នក​អង្គ​ម្ចាស់​ទាំង​៣​អង្គ បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សា​មន្ដ្រី​ធំៗ​ ហើយ​បាន​ជ្រើសតាំង​អ្នក​អង្គ​ម្ចាស់​អង្គវតី​ជា​ព្រះ​រៀម​ និង​ជា​ព្រះ​ឧបរាជ​ផង​ឱ្យ​ឡើង​សោយរាជ្យ​បន្ដ តាម​បណ្ដាំ​របស់​ព្រះបាទ​អង្គឌួង ។

នៅ​ថ្ងៃ​រៀបចំ​ព្រះរាជា​ពិធី​រាជាភិសេក ព្រះរាជា​ថ្មី​បាន​ប្រកាន់​យក​ព្រះ​នាម​ថា «នរោត្ដម» ដែល​ស្ដេច​សៀម​បាន​ដាក់​ថ្វាយ​នៅ​ពេល​ព្រះ​អង្គ​បាន​ឡើង​ជា​ព្រះ​ឧបរាជ​នៅ​ក្នុង​ឆ្នាំ​១៨៥៦ ។ នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​ពី​ការ​ជ្រើសតាំង​ព្រះរាជា​ថ្មី​នេះ​ភ្លាម ស្ដេច​សៀម​បាន​បញ្ជូន​នូវ​ការ​យល់​ព្រម​របស់​ព្រះ​អង្គ​មក​ភ្លាម ហើយ​បាន​សន្យា​មិន​ច្បាស់​លាស់​ថា​ ទ្រង់​នឹង​យាង​មក​ចូលរួម​ជា​អធិបតី​ដោយ​ផ្ទាល់​ព្រះ​អង្គ​ឯង ។​ ក៏​ប៉ុន្ដែ​ព្រម​ជាមួយ​គ្នា​នោះ ស្ដេច​សៀម​ដែល​ដឹង​ច្បាស់​អំពី​ការ​ច្រណែន​របស់​អ្នក​អង្គ​ម្ចាស់​វត្ថា​ចំពោះ​ព្រះ​រៀម​ បាន​អនុញ្ញាត​ឱ្យ​ព្រះ​អង្គ​យាង​ត្រលប់​ចូល​មក​កម្ពុជា​វិញ​ផង​ដែរ ។

នៅ​ពេល​ឡើង​គង់​លើ​រាជបល្ល័ង្ក​ភ្លាម ព្រះបាទ​នរោត្ដម​បាន​បញ្ជា​ឱ្យ​គេ​សង់​ព្រះរាជវាំង​សម្រាប់​ព្រះ​អង្គ​នៅ​ឧត្ដុង្គ នៅ​ពី​ខាងលិច​ស្រះស្រង់ រួម​ទាំង​ដំណាក់​សម្រាប់​មហេសី និង​ស្រីស្នំ​ក្រមការ សាល​របាំ​សម្រាប់​ការ​សម្ដែង​ល្ខោន​ និង​ព្រះរាជ​បណ្ណាល័យ​មួយ​ផង​ដែល​មាន​ជញ្ជាំង​ធ្វើ​ពី​បាយអ​ដំបូល​ប្រក់​ស្បូវ ។​ ព្រះ​អង្គ​បាន​យាង​ចូល​គង់នៅ​ក្នុង​ព្រះរាជវាំង​ថ្មី​នេះ​នៅ​ក្នុង​ខែសីហា ឆ្នាំ​១៨៦០ ។

ព្រះរាជា​ទ្រង់​ស្រលាញ់​អ្នក​អង្គ​ម្ចាស់​វត្ថា​ណាស់ ចាត់​ទុក​ដូចជា​ព្រះ​អនុជ​រួម​ព្រះ​មាតា ។ ព្រះ​អង្គ​បាន​ប្រទាន​ប្រាក់​១០០​ណែន (៨​ពាន់​ហ្វ្រង់) ចិញ្ចៀន​មាស និង​គ្រឿង​អលង្ការ​ផ្សេងៗ​ថែម​ទៀត រួច​បាន​សន្យា​ថា នឹង​រៀប​អាពាហ៍​ពិពាហ៍​ព្រះ​អង្គ​ជាមួយ​ព្រះ​ក្សត្រី​សិរីវង្ស ដែល​ត្រូវជា​ព្រះ​អនុជ​រួម​ព្រះ​បិតា​ទាំងអស់​គ្នា​ទៀត​ផង ។ ក៏​ប៉ុន្ដែ អ្នក​អង្គ​ម្ចាស់​វត្ថា ដែល​រំពឹង​គិត​ថា​ក្រុមប្រឹក្សា​មហាមន្ដ្រី​ចូល​ចិត្ដ​ព្រះ​អង្គ​ច្រើន​ជាង​ព្រះ​រៀម​ទាំង​២ បែរជា​ចាប់ផ្ដើម​ប្រើ​កលឧបាយ​ប្រឆាំង​នឹង​ព្រះរាជា ប្រឆាំង​នឹង​រដ្ឋមន្ដ្រី​របស់​ព្រះ​អង្គ ប្រឆាំង​នឹង​ចៅហ្វ៊ា​មាស ជា​មន្ដ្រី​មាន​វ័យ​ចំណាស់​ជាងគេ​ហើយ​ក៏​ជា​មេ​គេ​ដែរ ដែល​អ្វីៗ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ដ​របស់​គាត់ ។ អ្នក​អង្គម្ចាស់​វត្ថា​មាន​បំណង​ចង់​ធ្វើឃាត​ចៅហ្វ៊ា​មាស​នេះ​ចោល​ដើម្បី​ជា​ការ​ដាក់ទោស​ ព្រោះ​គឺ​គាត់​នេះ​ហើយ​ដែល​បាន​ជ្រើសរើស​ព្រះ​រៀម​ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក ហើយ​បាន​ប្រើ​ឥទ្ធិពល​ការពារ​ព្រះ​រៀម​ទៀត ។ ចៅហ្វ៊ា​មាស​បាន​យាង​អ្នក​អង្គ​ម្ចាស់​វត្ថា​ឱ្យ​ទៅ​ផ្ទះ​គាត់ ដើម្បី​អប់រំ​ណែនាំ​ព្រះ​អង្គ ធ្វើ​ឱ្យ​ព្រះ​អង្គ​មាន​ការ​ភ័យ​ខ្លាច រួច​នៅ​ស្ងៀម​បាន​១​ឆ្នាំ​ដែរ ។ ប៉ុន្ដែ​បន្ទាប់​មក ទ្រង់​ក៏​ចាប់​ផ្ដើម​ប្រើ​កលឧបាយ​ឡើង​វិញ ។

អ្នក​អង្គ​ម្ចាស់​វត្ថា​ពេល​នោះ​ជា​យុវជន​សង្ហា​ម្នាក់ ប៉ិន​ប្រសប់​ក្នុង​ការ​និយាយ​ស្ដី​ទៅ​កាន់​មនុស្សម្នា ហើយ​ត្រូវ​បាន​នារីៗ និង​ប្រជារាស្ដ្រ​ស្រលាញ់​ចូល​ចិត្ដ​ច្រើន ។ ទ្រង់​មាន​ប្រាជ្ញា​ឈ្លាសវៃ មាន​ការ​ចេះ​ដឹង​ខ្ពស់ និយាយ​ខ្មែរ​បាន​ល្អ​ជាង​ព្រះបាទ​នរោត្ដម ដែល​ចូល​ចិត្ដ​ប្រើ​តែ​ភាសា​សៀម ក៏​ប៉ុន្ដែ​ទ្រង់​មាន​ការ​ច្រណែន​ច្រើន ។ ទ្រង់​ប៉ិន​ប្រសប់​ក្នុង​ការ​ថ្លែង​សុន្ទរកថា​បាន​ល្អ​ណាស់ ពូកែ​និយាយ​ថែម​ថយ​បញ្ឆិត​បញ្ឆៀង​លើ​ព្រឹត្ដិការណ៍​ប្រចាំ​ថ្ងៃ ឌឺដង​ឱ្យ​ព្រះរាជា​ជា​ព្រះ​រៀម លើក​អំពី​ទម្លាប់​ធូររលុង​របស់​ព្រះ​អង្គ អំពី​សេចក្ដី​ស្នេហា​របស់​ព្រះ​អង្គ​ជាមួយ​បងប្អូន​ស្រីៗ និង​ជាមួយ​ជាយា​របស់​ព្រះ​បិតា ជាដើម ។ ទ្រង់​មាន​មហិច្ឆតា​ខ្ពស់ ហើយ​មិន​ចេះ​គិត​ខ្លាច​រអែង​អ្វី​ឡើយ អាច​នឹង​បំផ្លិច​បំផ្លាញ​ព្រះរាជា​ណាចក្រ​បាន ដោយ​ហេតុតែ​ចង់​ដណ្ដើម​យក​អំណាច​នេះ ។

ក្នុង​ចំណោម​បក្សពួក​របស់​អ្នក​អង្គ​ម្ចាស់​វត្ថា​មាន​ញាតិ​ខាង​ព្រះ​មាតា​ម្នាក់ គឺ​ស្នង​សូរ ដែល​បាន​ដើរ​បំផុស​បំផុល​ប្រជារាស្ដ្រ​នៅ​ដី​បាភ្នំ ស្វះស្វែង​ជ្រើស​រើស​គ្នីគ្នា ។ ព្រះរាជា​បាន​ចេញ​បញ្ជា​ឱ្យ​ស្នង​សូរ​ចូល​ខ្លួន​មក​ឧត្ដុង្គ ដើម្បី​ប្រគល់​ឱ្យ​ចៅហ្វ៊ា​មាស​កាត់​ទោស ។ ស្នង​សូរ​មិន​ព្រម​ចូល​ខ្លួន​តាម​ព្រះរាជ​បញ្ជា​ទេ ហើយ​បាន​រត់​ទៅ​ជ្រក​កោន​នៅ​ក្នុង​ដំណាក់​របស់​អ្នក​អង្គ​ម្ចាស់​វត្ថា ដែល​ឈប់​ចូល​គាល់​ព្រះរាជា​ដែរ ។ ម្យ៉ាង​ទៀត មាន​លេចឮ​ពាក្យ​ចចាម​អារ៉ាម​និយាយ​ថា ស្ដេច​សៀម​បាន​បញ្ជូន​អ្នក​អង្គ​ម្ចាស់​វត្ថា​មក​កម្ពុជា ដើម្បី​ត្រួតពិនិត្យ​តាមដាន​មើល​រាជវង្ស និង​មន្ដ្រីរាជការ​ទាំងអស់ តើ​មាន​អ្នក​ណា​មិន​ស្មោះត្រង់​នឹង​ពួក​សៀម​ដែរ​ឬ​ទេ ?

បន្ដិច​ក្រោយ​មក​ដោយ​អ្នក​អង្គ​ម្ចាស់​វត្ថា​ និង​ព្រះ​ជាយា​មិន​បាន​ទៅ​ចូលរួម​ព្រះរាជ​ពិធី​មួយ​ដែល​គេ​រៀប​ចំ​ថ្វាយ​សព​ព្រះបាទ​អង្គឌួង ព្រះបាទ​នរោត្ដម​បាន​បញ្ជា​ឱ្យ​ព្រះ​អនុជ​នេះ​យាង​ចេញ​ពី​ព្រះរាជា​ណាចក្រ ធ្វើ​ដំណើរ​ជាមួយ​មិត្ដភក្ដិ​ទាំងអស់​ទៅ​បាងកក ជាមួយ​ទូត​ដែល​ស្ដេច​សៀម​ឱ្យ​នាំ​យក​កោដ្ឋ​មាស​មួយ​មក​ថ្វាយ​ព្រះរាជា ដើម្បី​ដាក់​ធាតុ​ព្រះ​បិតា ។​ អ្នក​អង្គ​ម្ចាស់​វត្ថា​ និង​ព្រះ​ជាយា​បាន​ប្រកែក​មិន​ព្រម​គោរព​តាម​ទេ​ធ្វើ​ឱ្យ​ព្រះរាជា​ខ្ញាល់​ជា​ខ្លាំង​ អត់ទ្រាំ​មិន​បាន​ក៏​បញ្ជា​ឱ្យ​ពួក​មន្ដ្រី​ចាប់ខ្លួន​ព្រះ​អង្គ ។​ ពួក​មន្ដ្រី​ទាំងនោះ​ទីទើ​មិន​ដឹង​ថា​ត្រូវ​គោរព​តាម​នរណា មួយ​គឺ​ព្រះបាទ​នរោត្ដម​ដែល​ជា​ព្រះរាជា​គង់​លើ​រាជបល្ល័ង្ក មួយ​ទៀត​គឺ​អ្នក​អង្គ​ម្ចាស់​វត្ថា ដែល​ប្រជារាស្ដ្រ​ស្រលាញ់​ចូល​ចិត្ដ ។ ទាល់​តែ​គេ​បង្កើត​កងកម្លាំង​មួយ​ដែល​មាន​សុទ្ធតែ​ពួក​អ្នក​កាន់​សាសនា​កាតូលិក​ជា​បច្ឆាញាតិ​របស់​ពួក​ព័រទុយហ្គាល់ ទើប​ពួក​នេះ​សម្រេចចិត្ដ​ដាច់​ខាត​ចាប់ខ្លួន​ព្រះ​អង្គ ។ អ្នក​អង្គ​ម្ចាស់​វត្ថា​បាន​តតាំង​តប​វិញ ក៏​ប៉ុន្ដែ​ត្រូវ​គេ​ឡោម​ជុំជិត ទ្រង់​ក៏​លោត​ឡើង​លើ​សេះ​បំបោល​កាត់​ខ្សែត្រៀម ហើយ​រត់គេច​ខ្លួន​ព្រះ​អង្គ​ចេញ​ទៅ​ជាមួយ​នឹង​ស្រី​ក្មេង​ម្នាក់ ដែល​ព្រះ​អង្គ​បាន​ចាប់​ពង្រត់​ចេញពី​ព្រះរាជវាំង ជា​ហេតុ​ធ្វើ​ឱ្យ​គេ​កាត់​ស្មានថា នោះ​ហើយ​ជា​មូលហេតុ​អាថ៌​កំបាំង​នៃ​ទំនាស់​រវាង​បងប្អូន​ទាំង​២​ព្រះអង្គ ។ គេ​បាន​ចាប់​ព្រះ​មាតា​របស់​អ្នក​អង្គ​ម្ចាស់​វត្ថា​ឃុំ​ទុក​ក្នុង​ព្រះរាជវាំង ដោយ​ចោទ​ថា ព្រះ​នាង​បាន​ឃុបឃិត​ជាមួយ​ព្រះរាជ​បុត្រា ។

សង្គ្រាម​បាន​ផ្ទុះ​ឡើង​រវាង​បងប្អូន​ទាំង​២​ព្រះ​អង្គ ហើយ​ជា​ថ្មី​ម្ដង​ទៀត ការ​បែកបាក់​គ្នា​ដើម្បី​ដណ្ដើម​អំណាច​រវាង​សមាជិក​២​អង្គ​របស់​ព្រះរាជ​វង្សានុវង្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កើត​មាន​សា​ជា​ថ្មី ដោយ​គ្មាន​គិត​ថា ព្រះរាជា​ណាចក្រ​កំពុង​តែ​ជួប​ប្រទះ​គ្រោះ​វិនាស​ហិន​ហោច​អ្វី​ទេ ។ មុន​ដំបូង​ទ័ព​របស់​ចៅហ្វាយ​ខែត្រ​បាភ្នំ​ខាង​ព្រះរាជា​ត្រូវ​ទ័ព​របស់​ស្នង​សូរ​ និង​រាមា​យោធា (91) វាយ​ឱ្យ​បរាជ័យ​តែ​បន្ទាប់​មក​ក៏​ទទួល​ជ័យជម្នះ​តិចតួច​មក​វិញ ដែល​មិន​សូវ​ជា​ធំដុំ​ប៉ុន្មាន​ទេ ធ្វើ​ឱ្យ​ព្រះបាទ​នរោត្ដម​អស់​សង្ឃឹម​ជា​ខ្លាំង ណា​មួយ​ប្រជារាស្ដ្រ​ក៏​ឈរ​មើល​ការ​ធ្វើ​សង្គ្រាម​នេះ​ដោយ​មិន​កាន់ជើង​ខាង​ណា​ជាង​ខាង​ណា​ដែរ ទ្រង់​ក៏​ចុះទូក​ចេញ​ដំណើរ​តាម​ទន្លេ និង​បឹង​ទន្លេសាប ទៅ​កាន់​ខែត្រ​បាត់ដំបង​បាត់​ទៅ​ដោយ​បាន​នាំ​យក​កេតនភណ្ឌ​ព្រះរាជា​ណាចក្រ​ទៅ​ជាមួយ​ផង​ (ខែសីហា​ ឆ្នាំ​១៨៦១) ។

ដំណើរ​យាង​ចាក​ចោល​រាជធានី​នេះ​បាន​ធ្វើ​ឱ្យ​សត្រូវ​របស់​ព្រះរាជា​ទទួល​បាន​ជ័យជម្នះ ។ រាមា​យោធា ដែល​ជា​វីរបុរស​តែ​ម្នាក់​គត់​នៅ​ក្នុង​សង្គ្រាម​បង្ហូរ​តែ​ឈាម​គ្នា​ឯង​នេះ ហើយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ថាមពល និង​ល្បិច​ខ្លះៗ បាន​វាយ​ដណ្ដើម​យក​ឧត្ដុង្គ​បាន ក៏​ប៉ុន្ដែ​បន្ទាប់​មក​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​តទៅ​ទៀត​ដើម្បី​បន្ដ​វាត​អំណាច​ទៅ​លើ​ព្រះ​នគរ​ទាំងមូល ចាប់​បង្ខំ​ឱ្យ​ចៅហ្វាយ​ខែត្រ​ទាំងអស់​ទទួល​ស្គាល់​គោរព​ខ្លួន​ផង​ទេ ។ គាត់​ជា​អ្នក​ពូកែ​ខាង​ធ្វើ​ចម្បាំង ក៏​ប៉ុន្ដែ​មិន​ដឹង​មិន​យល់​អំពី​ការ​គ្រប់គ្រង​ប្រទេស និង​អំពី​នយោបាយ​បន្ដិច​ទាល់តែ​សោះ ។ ពេល​នោះ​ស្រាប់តែ​ពួក​ចាម និង​ម៉ាឡេ​នៅ​ត្បូងឃ្មុំ​ដែល​ធ្លាប់​បាន​បះបោរ​រួច​មក​ហើយ​កាល​ក្នុង​រជ្ជកាល​ព្រះបាទ​អង្គឌួង ដល់​ច្បាំង​ចាញ់​បាន​រត់គេច​ទៅ​នៅ​ឯ​ចូវដុក​នោះ បាន​ស្រុះស្រួល​ត្រូវរ៉ូវ​គ្នា​ជាមួយ​ពួក​អ្នក​កាន់​សាសនា​នៅ​លង្វែក និង​កំពង់ហ្លួង ដែល​ទើបតែ​ប្រកែក​មិន​ព្រម​ផ្ដល់​ការ​គាំទ្រ​ដល់​ព្រះរាជា បាន​សំណូមពរ​ឱ្យ​ព្រះ​មហា​ក្សត្រិយានី​ជា​ព្រះ​អយ្យកា ដែល​គង់នៅ​ឧត្ដុង្គ​ជាមួយ​នឹង​រាជវង្សានុវង្ស​មួយ​ចំនួន និង​ស្រីស្នំ​ក្រមការ​ទាំងអស់​ជួយ​គាំទ្រ​ព្រះរាជា ។ គេ​បាន​បង្វិល​ទ្រព្យ​របស់​ដែល​គេ​បាន​រឹបអូស​យក​ឋានៈ​តួនាទី មុខ​តំណែង​ពី​មុន​ទៅ​ឱ្យ​ពួក​នោះ​វិញ រួច​ហើយ​ពួក​គេ​ក៏​ចាប់​ចេញ​ធ្វើ​សកម្មភាព ។ ព្រះ​មហាក្សត្រិយានី​បាន​កោះហៅ​រាមា​យោធា​ឱ្យ​ចូល​គាល់ រួច​បាន​ស្ដីបន្ទោស​ចំពោះ​អំពើ​ក្បត់​របស់​ខ្លួន ហើយ​បាន​បញ្ជា​ឱ្យ​ដកថយ​ចេញពី​ឧត្ដុង្គ​ជា​បន្ទាន់ ។ រាមា​យោធា​ក៏​នាំ​ទ័ព​របស់​ខ្លួន​ចេញ​មក​កាន់​ភ្នំពេញ​វិញ ។

មក​ដល់​ភ្នំពេញ រាមា​យោធា​បាន​ជួប​ជាមួយ​នាវា​ចម្បាំង​តូច​មួយ​ដែល​ទើបតែ​ឡើង​មក​ពី​កូសាំងស៊ីន ដើម្បី​ផ្ដល់​កិច្ច​ការពារ​ដល់​បេសកកម្ម​កាតូលិក​របស់​បារាំង ហើយ​ដោយ​ភ័យ​ខ្លាំង​ណាស់ គាត់​បាន​សន្យា​សុខចិត្ដ​ជួសជុល​ការ​ខូចខាត​ទាំងអស់ ដែល​បណ្ដាល​មក​អំពី​ការ​ដុត​ពញាឮ​ក្នុង​ពេល​វាយ​គ្នា​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ។ រាមា​យោធា​បាន​ប្រគល់​សំណង​ជា​ប្រាក់​៤​ពាន់​ហ្វ្រង់​ជូន​ទៅ អេវ៉ែក​មីស្ហ ភ្លាម ហើយ​បាន​សន្យា​ថា​នឹង​ជូន​១​ម៉ឺន​២​ពាន់​ទៀត​នៅ​ខែ​ក្រោយ ។ តាម​ពិត​ទៅ​នាវា​ចម្បាំង​តូច​នេះ​ត្រូវ​បាន​បញ្ជូន​ឱ្យ​មក​ភ្នំពេញ​ដើម្បី​គ្រាន់​តែ​ការពារ​ពួក​សាសនទូត​កាតូលិក​ជាតិ​បារាំង​ប៉ុណ្ណោះ ក៏​ប៉ុន្ដែ​ពួក​បះបោរ​មើល​ឃើញ​ថា ជា​អន្ដរាគមន៍​ជួយ​ព្រះបាទ​នរោត្ដម​ទៅ​វិញ ។ ក៏​ប៉ុន្ដែ​នោះ​ហើយ​ជា​អ្វី​ដែល​គេ​ចង់​បាន ណា​មួយ​ពួក​កាតូលិក​ក៏​ទទួល​បញ្ជា​ពី​អេវ៉ែក​របស់​គេ ឱ្យ​ធ្វើ​ការ​ប្រយុទ្ធ​ជួយ​ព្រះរាជា​ផង​ដែរ នៅ​ពេល​ដែល​ព្រះរាជា​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​ចាប់ខ្លួន​អ្នក​អង្គ​ម្ចាស់​វត្ថា និង​ព្រះ​ជាយា​សិរីវង្ស ។

នៅ​ពេល​នោះ​សង្គ្រាម​បាន​ចាប់ផ្ដើម​ឡើង​នៅ​ភាគ​ខាងត្បូង​តាម​បណ្ដោយ​ព្រំដែន​ ហើយ​បាន​បន្ដ​ទៅ​យ៉ាង​យូរ ដោយ​គ្មាន​បាន​ផល​អ្វី​ប៉ុន្មាន​ទេ ។ ចៅហ្វាយ​ខែត្រ​ដី​បាភ្នំ​បាន​ចេញ​ធ្វើការ​ប្រយុទ្ធ​យ៉ាង​អង់អាច​ក្លាហាន ជួន​ក៏​ត្រូវ​រាមា​យោធា​វាយ​ឱ្យ​បរាជ័យ​ជួន​ក៏​ទទួល​បាន​នូវ​ជ័យជម្នះ​ខ្លះ​វិញ ។​ ពេល​នោះ​មាន​ទាហាន​បារាំង​៥​នាក់​បាន​ទទួល​ច្បាប់​ឱ្យ​ឈប់​សម្រាក​នៅ​កូសាំងស៊ីន មុន​ដំបូង​អ្នក​ទាំង​៥​បាន​ចូល​បម្រើ​ពួក​បះបោរ ។ ក៏​ប៉ុន្ដែ​លុះដល់​បាន​ទទួល​ព័ត៌មាន​ច្បាស់​លាស់​ពី​សភាពការណ៍​ពិត​ពី​អេវ៉ែក​មីស្ហ ក៏​ត្រលប់​មក​ជួយ​ខាង​ឧត្ដុង្គ​វិញ ។ ពេល​នោះ​ប្រជាជន​ខ្មែរ​រីករាយ​ត្រេកអរ​ខ្លាំង​ណាស់ វា​ហាក់​ដូចជា​ថា​គេ​នឹង​អាច​គាស់​រំលើង​អ្វីៗ​ទាំងអស់​បាន នៅ​ពេល​ដែល​មាន​ពួក​ទាហាន​បារាំង​៥​នាក់​នោះ​បញ្ជា ។ ព្រះ​អង្គ​ស ជា​ព្រះ​អនុជ​បន្ទាប់​របស់​ព្រះរាជា​សព្វថ្ងៃ​នេះ ដែល​ពេល​នោះ​ទ្រង់​ជា​ព្រះកែវ​ហ្វ៊ា ហើយ​ក៏​ជា​ព្រះរាជា​នុសិទ្ធិ​ផង​ដែរ​ពេល​អវត្ដមាន​ព្រះរាជា​ដែល​កំពុង​តែ​គង់នៅ​ឯ​បាងកក បាន​ប្រគល់​នាវា​មួយ​កង​ឱ្យ​ពួក​នោះ​ទៅ​វាយ​ដណ្ដើម​យក​បន្ទាយ​របស់​រាមា​យោធា​នៅ​មាត់​ក្រសារ ។ នៅ​ពេល​ទទួល​បាន​ដំណឹង​ថា​ពួក​បារាំង​ជា​អ្នកបញ្ជា​ដឹកនាំ​ទ័ព​នាវា​នោះ រាមា​យោធា​មិន​បាន​នៅ​តទល់​ទេ តែ​បាន​នាំ​ទ័ព​រត់​គេច​អស់​ទៅ ។

ពេល​នោះ ព្រះបាទ​នរោត្ដម​បាន​ចាប់​គិត​ឃើញ​ថា ព្រះ​អង្គ​មិន​គួរ​នឹង​យាង​ចេញពី​ព្រះ​នគរ​សោះ ដល់​ឃើញ​ព្រះ​អនុជ​ព្រះកែវ​ហ្វ៊ា​ចាត់ចែង​កិច្ចការ​ព្រះរាជា​ណាចក្រ​ ហើយ​ដឹកនាំ​សង្គ្រាម​ប្រឆាំង​នឹង​អ្នក​អង្គ​ម្ចាស់​វត្ថា​ផង ព្រះ​អង្គ​ពិភាល់​ថា​ព្រះ​អនុជ​មាន​បំណង​ប្រឆាំង​នឹង​ព្រះ​អង្គ ហើយ​ឱ្យ​គេ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​ជំនួស​ព្រះ​អង្គ​វិញ ។ ការ​ដែល​ព្រះរាជា​ទ្រង់​គិត​ដូច្នេះ​ខុស​ស្រឡះ ក៏​ប៉ុន្ដែ​បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី​អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ បាន​ត្រូវ​រង​គ្រោះ​ដោយសារ​ព្រះរាជា​ជា​ព្រះ​រៀម​រហូត ។

ពេល​នោះ​ពួក​មន្ដ្រីៗ​នៅ​ឧត្ដុង្គ​បាន​ជំរុញ​ឱ្យ​អេវ៉ែក​មីស្ហ សរសេរ​លិខិត​មួយ​ទៅ​កុងស៊ុល​បារាំង​ប្រចាំ​រាជធានី​បាងកក​ឱ្យ​ទៅ​ជួប​ស្ដេច​សៀម សំណូមពរ​សុំ​ព្រះ​អង្គ​ចាត់​ឱ្យ​កប៉ាល់​មួយ​ដឹក​ព្រះបាទ​នរោត្ដម​មក​ចុះ​ចត​នៅ​កំពត ហើយ​និង​សុំ​ឱ្យ​បញ្ជូន​ទ័ព​មួយ​កង​មក​តាម​បាត់ដំបង សម្រាប់​ជួយ​ការពារ​ព្រះរាជា​នៅ​ឧត្ដុង្គ​ផង ។ ស្ដេច​សៀម​រីករាយ​ណាស់​នឹង​បាន​លូកដៃ​ចូល​មក​ក្នុង​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត ហើយ​សង្ឃឹម​ថា​នឹង​អាច​ស្ដារ​ឥទ្ធិពល​ចាស់​របស់​សៀម​មក​លើ​កម្ពុជា​ឡើង​វិញ​បាន ។ ទ្រង់​បាន​ចាត់​ឱ្យ​គេ​ជូន​ដំណើរ​ព្រះបាទ​នរោត្ដម​មក​កំពត ។ ព្រះរាជា​យាង​ចូល​មក​ឧត្ដុង្គ​វិញ​នៅ​ក្នុង​ខែមីនា ឆ្នាំ​១៨៦២ ហើយ​ក៏​ចាប់​ទទួល​អំណាច​ទាំង​អស់ពី​មុន​មក​ភ្លាម​ដែរ ។ ការ​ដែល​អេវ៉ែក​មីស្ហ ធ្វើ​ដូច្នេះ​គឺ​ផ្ទុយ​នឹង​នយោបាយ​របស់​បារាំង ថ្វីបើ​បាន​ធ្វើ​ឱ្យ​ព្រះរាជា​យាង​ត្រលប់​មក​កាន់​ព្រះ​នគរ​វិញ​ក៏​ដោយ ព្រោះ​វា​បាន​ធ្វើ​ឱ្យ​មាន​អន្ដរាគមន៍​របស់​សៀម​ឡើង​វិញ ដែល​នៅ​ពេល​នោះ បារាំង​មាន​វត្ដមាន​នៅ​កូសាំងស៊ីន​រួច​ទៅ​ហើយ ហើយ​ជិត​ជាង​បាងកក​ផង ។ ម្ល៉ោះ​ហើយ​គេ​បាន​ស្ដីបន្ទោស​អេវ៉ែក​មីស្ហ​បន្ដិច​បន្ដួច ហើយ​ស្ដេច​សៀម​ក៏​មិន​បាន​បញ្ជូន​ទ័ព​មក​ដែរ ។

ក្រោយមក គេ​សម្លាប់​រាមា​យោធា​បាន (92) ហើយ​ស្នង​សូរ​ក៏​ត្រូវ​ចាប់ខ្លួន​ដាក់​ក្នុង​ទ្រុង​ដែរ ប៉ុន្ដែ​បាន​រត់​រួច​ទៅ​វិញ ហើយ​គេចខ្លួន​ទៅ​កូសាំងស៊ីន​បាត់​ទៅ ។ អ្នក​អង្គ​ម្ចាស់​វត្ថា​ក៏​គេច​ព្រះ​អង្គ​បាត់ បក្សពួក​មួយ​ចំនួន​បាន​ត្រូវ​គេ​ដឹក​យក​ទៅ​ដាក់​នៅ​ឯ​កោះ​ត្រឡាច (ពូឡូកុងឌ័រ) ការ​បះបោរ​ក៏​ស្ងាត់​បាត់​ទៅ ។ ក៏​ប៉ុន្ដែ ចាប់​ពី​ទ្រង់​បាន​យាង​ត្រលប់​មក​វិញ​នេះ ព្រះរាជា​កម្ពុជា​ហាក់​ដូចជា​កាន់តែ​ចំណុះ​ស្ដេច​សៀម​ខ្លាំង​ឡើងៗ រហូត​ដល់​មើល​ទៅ​ឃើញ​ថា រ៉េស៊ីដង់​សៀម​ទេ​ដែល​មាន​សិទ្ធិ​អំណាច​មែន​ទែន ។

នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ​មាន​ជន​កំបុត​ជើង​ត្រឹម​ភ្លៅ​ម្នាក់​ឈ្មោះ​ថា​ បា​ បាន​បំបះ​បំបោរ​យុវជន​ក្មេងៗ​នៅ​ក្នុង​ខែត្រ​សំរោងទង ឱ្យ​សែង​ខ្លួន​ទៅ​រាជធានី​ឧត្ដុង្គ ហើយ​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ព្រះរាជវាំង ។ ក៏​ប៉ុន្ដែ​ទ័ព​របស់ បា ត្រូវ​បរាជ័យ បែកខ្ញែក​គ្នា​អស់ ឯ​បា​បាន​រត់គេច​ខ្លួន​រួច​រហូត​ទៅ​ដល់​ខែត្រ​ពោធិ៍សាត់ ។ គេ​តាម​ចាប់​មេ​បះបោរ​នេះ​បាន រួច​ដឹក​តាម​រទេះ​មក​រាជធានី​វិញ ប៉ុន្ដែ បា បាន​ស្លាប់​តាម​ផ្លូវ​ទៅ​ហើយ ។ គេ​បាន​យក​ខ្មោច​ជន​ក្បត់​នេះ​ដាក់​តាំង​ជា​សាធារណៈ​អស់​ពេល​៣​ថ្ងៃ រួច​យក​មក​ព្យួរ​នៅ​ខាងកើត​ផ្សារ​ដែក ដាក់​ក្បាល​សំយុង​ចុះ​ក្រោម ទ្រូង​ត្រូវ​គេ​វះ​ចំហ​ធ្លុង ។

នៅ​សម័យ​នោះ​គេ​បាន​រៀបចំ​ពិធី​បូជា​ព្រះសព​របស់​ព្រះបាទ​អង្គឌួង ហើយ​រើស​អដ្ឋិធាតុ​ដាក់​ក្នុង​កោដិ​មាស​មួយ​ដែល​ស្ដេច​សៀម​បាន​ផ្ញើ​មក​ឱ្យ​កាលពី​ឆ្នាំ​មុន ។

កាលពីមុន គឺ​ក្នុង​ខែមីនា ឆ្នាំ​១៨៦១ លោក​ឧត្ដមនាវី ស្ហាកនេ ដែល​ជា​មេបញ្ជាការ​នៅ​សាយហ្គន បាន​បញ្ជូន​នាយ​ទាហាន​ជើងទឹក​ម្នាក់​ឱ្យ​មក​ថ្វាយ​ដំណឹង​ដល់​ព្រះបាទ​នរោត្ដម​ថា រដ្ឋាភិបាល​បារាំង​បាន​សម្រេច​មក​តាំង​នៅ​កូសាំងស៊ីន​យូរ​អង្វែង ហើយ​មាន​ចេតនា​ចង់​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា ។ នៅ​ក្នុង​ការ​សន្ទនា​ពេល​ចូល​គាល់​ព្រះរាជា នាយ​ទា​ហា​ជើង​ទឹក​នោះ​បាន​ទូល​ព្រះ​អង្គ​ថា​លោក​ឧត្ដមនាវី​ចង់​ឱ្យ​ព្រះរាជា​ណាចក្រ​កម្ពុជា​មាន​ចំណង​មេត្រីភាព​សេរី​ជាមួយ​បរទេស មិន​ចំណុះ​អ្នក​ណា​មួយ​ទេ ហើយ​នៅ​ពេល​នោះ បារាំង​នឹង​ទៅ​ជា​មិត្ដ​របស់​ប្រជាជន​កម្ពុជា​វិញ ។ ព្រះរាជា​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា កម្ពុជា​មាន​សេរីភាព​ពេញ​លេញ​ជាមួយ​សៀម ហើយ​គ្មាន​បាន​ចុះ​សន្ធិសញ្ញា​អ្វី​ដែល​ចង​កម្ពុជា​ដែរ ក៏​ប៉ុន្ដែ​ព្រះ​អង្គ​បាន​មាន​បន្ទូល​ដោយ​ឥត​លាក់​លៀម​ប្រាប់​ទៅ​នាយ​ទាហាន​ជើងទឹក​នោះ​ដែរ​ថា សៀម​នៅ​មាន​គុណ​លើ​កម្ពុជា​ច្រើន​ក្នុង​ការ​ដែល​គេ​បាន​ជួយ​ដណ្ដើម​យក​យើង​ចេញ​ពី​ដៃ​ពួក​អាណ្ណាម​មក​វិញ នៅ​ពេល​ដែល​ពួក​អាណ្ណាម​នេះ​បាន​គ្រប់គ្រង​កម្ពុជា​តាម​របៀប​របប​ស្រុក​គេ​ទៅ​ហើយ ដោយ​ប្រើប្រាស់​មន្ដ្រី​របស់​គេ​ទៀត ។ តាម​ពិត​ទៅ គេ​សង្កេត​ឃើញ​ថា ព្រះបាទ​នរោត្ដម​ហាក់​ដូចជា​ចំណុះ​បញ្ជា​របស់​ស្ដេច​សៀម​កាន់តែ​ខ្លាំង​ឡើងៗ ចាប់​តាំង​តែ​ពី​ពេល​ដែល​ព្រះ​អង្គ​បាន​យាង​ត្រលប់​ចូល​មក​ក្នុង​រាជធានី​ឧត្ដុង្គ​វិញ អាច​ប្រហែល​ជា​ស្ដេច​សៀម​បាន​ចាត់​មន្ដ្រី​របស់​គេ​ណា​ម្នាក់​ឱ្យ​មក​នៅ​អែប​នឹង​ព្រះ​អង្គ​ជាប់ ដែល​យើង​មិន​ទាំង​ស្គាល់​ផង​ក៏​មិន​ដឹង ។

ប្រទេស​បារាំង​មិន​អាច​គាំទ្រ​ឱ្យ​ប្រជាជន​មួយ​ដែល​នៅ​ជិត​បង្កើយ​នឹង​កូសាំងស៊ីន ក្លាយ​ទៅជា​ចំណុះ​អធិរាជ​មួយ​ដែល​នៅ​ឆ្ងាយ​ជាង​ហើយ​ដែល​តែងតែ និង​កំពុង​មាន​បំណង​ចង់​ដណ្ដើម​យក​នគរ​ទៅ​ដាក់​បញ្ចូល​ជា​ទឹកដី​របស់​គេ​បាន​ទេ ។​ ដោយ​ស្ដេច​សៀម​បញ្ជូន​រ៉េស៊ីដង់​សៀម​ម្នាក់​គឺ​ពញា​រាជ​ជា​សម្ងាត់​ឱ្យ​មក​នៅ​ឧត្ដុង្គ​អែប​នឹង​ព្រះរាជា លោក​ឧត្ដមនាវី​ក៏​សម្រេច​បញ្ជូន​រ៉េស៊ីដង់​បារាំង​ម្នាក់​មក​ដែរ ដោយ​ចេញ​មុខតែ​ម្ដង ។ នៅ​ក្នុង​ខែមេសា ឆ្នាំ​១៨៦២ លោក​អនុនាវីឯក ឌូដា​ដឺឡាគ្រេ បាន​ចេញ​កប៉ាល់​ពី​យ៉ាឌិញ​មក​ចុះ​នៅ​កំពង់ហ្លួង ជាមួយ​បេសកកម្ម​ត្រូវ​បង្ហាញ​ខ្លួន​នៅ​គ្រប់​ទីកន្លែង ធ្វើ​ដំណើរ​ទៅ​សព្វ​ទិសទី​ក្នុង​ប្រទេស ធ្វើ​ដំណើរ​ឡើង​ចុះ​តាម​ទន្លេ និង​ចូល​គាល់​ព្រះរាជា​ឱ្យ​បាន​ញឹក​ញាប់ ដោយ​មិន​ចាំបាច់​មាន​អន្ដរការី​នៅ​ចន្លោះ​កណ្ដាល​រវាង​ព្រះរាជា​ និង​គាត់​ទេ ។

មិន​យូរ​ប៉ុន្មាន​លោក​អនុនាវីឯក​ក៏​ក្ដាប់​បាន​រឿងរ៉ាវ​ទាំងអស់​ដែល​គេ​ខិតខំ​លាក់​នឹង​គាត់ ហើយ​ពិនិត្យ​ឃើញ​ថា នៅ​ឧត្ដុង្គ​ស្ដេច​សៀម​មាន​អំណាច​ខ្លាំង​ជាង​ព្រះបាទ​នរោត្ដម​ទៅ​ទៀត ។ គាត់​បាន​រាយការណ៍​អំពី​ស្ថានភាព​នេះ​ទៅ​ទេសាភិបាល​កូសាំងស៊ីន ។ លោក​ឧត្ដមនាវី ឡាហ្គ្រង់​ឌីយែរ ដែល​ជំនួស​លោក​ឧត្ដមនាវី បូណា បាន​សម្រេច​ថា​ត្រូវ​បញ្ចប់​ស្ថានភាព​នេះ ព្រោះ​ថា​បើ​បណ្ដោយ​ទុក​យូរៗ​ទៅ ឥទ្ធិពល​របស់​សៀម​នឹង​កាន់​តែ​រឹង​មាំ​ឡើងៗ ហើយ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចំពោះ​កម្ពុជា ក៏​ដូច​ជា​ចំពោះ​បារាំង ។

នៅ​ក្នុង​ខែកក្កដា ឆ្នាំ​១៨៦៣ លោក​ឧត្ដមនាវី ឡាហ្គ្រង់​ឌីយែរ បាន​មក​ឡើងគោក​នៅ​កំពង់ហ្លួង រួច​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ឧត្ដុង្គ​មួយ​ម៉ោង​ក្រោយ​មក ។ គាត់​បាន​ចូល​គាល់​ព្រះរាជា ទូល​ប្រាប់​ព្រះ​អង្គ​អំពី​ស្ថានភាព​ស្រុក​ទេស ហើយ​ក្រោយ​ពី​បាន​ស្ដាប់​ការ​ប្រកាស​របស់​ព្រះរាជា​ថា​ព្រះ​អង្គ​នៅ​ឯករាជ្យ​ពី​ប្រទេស​សៀម គាត់​បាន​ស្នើ​ព្រះ​អង្គ​ឱ្យ​ដាក់​កម្ពុជា​នៅ​ក្នុង​អាណាព្យាបាល​បារាំង​ដែល​នៅ​ជិត​ខាង​ជាង ហើយ​ដែល​នឹង​ការពារ​កម្ពុជា​ឱ្យ​រួច​ផុត​ពី​សត្រូវ​គឺ​អាណ្ណាម និង​សៀម ធានា​ឱ្យ​ព្រះរាជា​ណាចក្រ​ស្ថិតស្ថេរ​តទៅ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។ ព្រះរាជា​បាន​យល់​ព្រម​ទទួល​យក​អាណាព្យាបាល​របស់​បារាំង ក៏​ប៉ុន្ដែ​ទ្រង់​នៅ​មាន​ការ​ញញើត​ញញើម​ខ្លះ ដោយ​ទ្រង់​បារម្ភ​ខ្លាច​ដល់​ពេល​មួយ​បារាំង​បោះបង់​កូសាំងស៊ីន​ចោល ហើយ​ទុក​ឱ្យ​កម្ពុជា​នៅ​ទទួល​រង​កំហឹង​របស់​អាណ្ណាម និង​សៀម​សា​ជា​ថ្មី​ទៀត ។ អ្វី​ដែល​បណ្ដា​រដ្ឋ​នៅ​ឥណ្ឌូចិន​បាន​ដឹង គឺ​បារាំង​មិន​ដែល​រក្សា​ទឹកដី​ដែល​ខ្លួន​ដណ្ដើម​យក​បាន​ទេ ហើយ​រឿង​នេះ រ៉េស៊ីដង់​សៀម​បាន​លើក​យក​មក​ទូល​ប្រាប់​ព្រះរាជា​ម្ដង​ហើយ​ម្ដង​ទៀត ក្រោម​គ្រប់​រូបភាព ។

មក​ដល់​ពេល​នោះ ដើម្បី​ធ្វើ​សៀម​សប្បាយ​ចិត្ដ ឈប់​គិត​ពី​កម្ពុជា ហើយ​ផ្ដល់​សេរីភាព​ឱ្យ​ព្រះ​អង្គ​ធ្វើ​ការ​ចរចា​ជាមួយ​បារាំង ព្រះបាទ​នរោត្ដម​បាន​សម្រេច​ប្រគល់​ខែត្រ​ពោធិ៍សាត់ និង​កំពង់ស្វាយ​ទៅ​ឱ្យ​សៀម នៅ​ក្នុង​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​១៨៦៣ ។ សៀម​បាន​យល់ព្រម​ទទួល​យក​ខែត្រ​ទាំង​២ តែ​បាន​ប្រកាស​ថា​ទុក​ឱ្យ​កម្ពុជា​ប្រើប្រាស់​ជា​ប្រយោជន៍​តទៅ​ទៀត​សិន ។ តាម​ពិត​ស្ដេច​សៀម​ចង់​បាន​ខែត្រ​ទាំង​២​ណាស់​ទៅ​ហើយ ក៏​ប៉ុន្ដែ​មិន​ហ៊ាន​ទទួល​យក​ដោយ​ខ្លាច​អន្ដរាគមន៍​របស់​បារាំង ណា​មួយ​ធ្វើ​យ៉ាងនេះ​ដើម្បី​អាច​រក្សា​ឥទ្ធិពល​របស់​ខ្លួន​លើ​រាជវាំង​ឧត្ដុង្គ​តទៅ​ទៀត​ផង ។

ពេល​នោះ​ព្រះបាទ​នរោត្ដម ដែល​មាន​ការ​ច្រណែន​នឹង​ព្រះ​អនុជ​អ្នក​អង្គ​ម្ចាស់​ស​ដែល​បាន​ចាត់ចែង​កិច្ចការ​ព្រះ​នគរ​បាន​យ៉ាង​ល្អ​នៅ​ពេល​អវត្ដមាន​របស់​ព្រះ​អង្គ ហើយ​បារម្ភ​ខ្លាច​ព្រះ​អនុជ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​ បាន​ស្នើ​សុំ​ឱ្យ​ស្ដេច​សៀម​កោះហៅ​ព្រះ​អនុជ​យក​ទៅ​បាងកក ។​ ស្ដេច​សៀម​បាន​ចាត់​ឱ្យ​មន្ដ្រី​សៀម​ម្នាក់​មក​រាជធានី​ឧត្ដុង្គ​នៅ​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​១៨៦៣​ ដើម្បី​នាំ​អ្នក​អង្គ​ម្ចាស់​ស​ទៅ​បើ​ទោះជា​ព្រះ​អង្គ​ប្រកែក​មិន​ចង់​យាង​ទៅ​ក៏​ដោយ ។ ស្ដេច​សៀម​គិត​ថា​ខ្លួន​អាច​ប្រើ​ប្រាស់​អ្នក​អង្គ​ម្ចាស់​ស​នេះ​ដើម្បី​ធ្វើ​ជា​ឧបករណ៍​សម្រាប់​កកូរ​កកាយ​កម្ពុជា​បាន​នៅ​ពេល​ក្រោយៗ​ទៀត ។

ស្ដេច​សៀម​មិន​សូវ​ជា​សប្បាយចិត្ដ​ប៉ុន្មាន​ទេ ព្រោះ​ព្រះ​អង្គ​ចង់​ឱ្យ​បារាំង​ចរចា​ជាមួយ​នឹង​ព្រះ​អង្គ​ផ្ទាល់​អំពី​រឿងរ៉ាវ​ដែល​ទាក់ទិន​ជាមួយ​កម្ពុជា និង​ព្រះរាជា​ឧត្ដុង្គ ដែល​ព្រះ​អង្គ​បាន​ចាត់​ទុក​ថា​គ្រាន់​តែ​ជា​ព្រះរាជា​រង​បន្ទាប់​ពី​ព្រះ​អង្គ​ប៉ុណ្ណោះ ។ នៅ​ពេល​ដែល​បាន​ជ្រាប​ពី​ហេតុការណ៍​នេះ ព្រះបាទ​នរោត្ដម​បាន​ប្រកែក​ដោយ​ព្រះ​ទ័យ​ក្រេវក្រោធ ហើយ​មិន​ចង់​ឱ្យ​មាន​ដូច្នេះ​តទៅ​ទៀត​ទេ ទើប​ព្រះ​អង្គ​ទាមទារ​ឱ្យ​សៀម​បញ្ជូន​កេតនភណ្ឌ​របស់​ព្រះរាជា​កម្ពុជា​មក​ឱ្យ​វិញ ក្នុង​នោះ​មាន​ទាំង​ព្រះខ័នរាជ្យ​ផង ដែល​ព្រះ​អង្គ​បាន​នាំ​យក​ទៅ​កាលពី​ខែសីហា ឆ្នាំ​១៨៦១ ហើយ​ទុក​ចោល​នៅ​ក្នុង​រាជវាំង​បាងកក មិន​បាន​យក​មក​វិញ​ទេ ។ ស្ដេច​សៀម​បាន​ឆ្លើយ​តប​មក​ថា ទ្រង់​នឹង​យាង​មក​ផ្ទាល់​ព្រះ​អង្គ​ដើម្បី​រៀបចំ​អភិសេក​ព្រះរាជា​កម្ពុជា ។ និយាយ​យ៉ាង​នេះ ជា​ការ​បញ្ជាក់​ឱ្យ​ឃើញ​សា​ជា​ថ្មី​នូវ​សិទ្ធិ​អធិរាជ​ភាព​របស់​សៀម​មក​លើ​កម្ពុជា និង​ថា​ស្ដេច​សៀម​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំងអស់​មក​លើ​ព្រះរាជា​នៅ​ឧត្ដុង្គ ។ លោក​ឧត្ដមនាវី​បាន​ប្រកែក​មិន​យល់​ស្រប​តាម ហើយ​ស្ដេច​សៀម​ក៏​រក្សា​កេតនភណ្ឌ​ទាំង​អស់​ទុក​ទៅ (ខែវិច្ឆិកា ឆ្នាំ​១៨៦៣) តែ​ក៏​មិន​បាន​បដិសេធ​ថា មិន​ឱ្យ​មក​វិញ​នោះ​ទេ ធ្វើ​ឱ្យ​ព្រះរាជា​ចេះ​តែ​រង់ចាំ​ដូច្នេះ​រហូត​ទៅ ។ ស្ដេច​សៀម​បាន​គិត​ថា មើល​ទៅ​ប្រហែល​ជា​រដ្ឋាភិបាល​ទី​ក្រុងប៉ារីស​នឹង​មិន​ឱ្យ​សច្ចាប័ន​លើ​សន្ធិសញ្ញា​ដែល​បារាំង​បាន​ចុះហត្ថលេខា​ជាមួយ​ស្ដេច​នរោត្ដម​ទេ សម​នឹង​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​សំបុត្រ​ទៅ​ស្រុក​បារាំង​ផង ការ​ឱ្យ​សច្ចាប័ន​នេះ​ហាក់​ដូចជា​ត្រូវ​នឹង​គំនិត​គិត​ឃើញ​របស់​ខ្លួន ។

រហូត​មក​ដល់​ខែមករា ឆ្នាំ​១៨៦៤ សៀម​នៅ​តែ​មិន​ទាន់​បញ្ជូន​កេតនភណ្ឌ​របស់​ព្រះរាជា​កម្ពុជា​មក​ឱ្យ​វិញ​ទេ ព្រះបាទ​នរោត្ដម​ក៏​សម្រេច​ឱ្យ​ធ្វើ​ការ​ប្រកាស​ព្រះ​អង្គជា​ព្រះរាជា ដោយ​ឱ្យ​រៀបចំ​ស្វេតច្ឆត្រ​៧​ជាន់ ដាក់​នៅ​ពីលើ​ព្រះរាជ​បល្ល័ង្ក ។ ដោយ​គ្មាន​ព្រះខ័នរាជ្យ ការ​ប្រកាស​នេះ​ហាក់បី​ដូចជា​មិន​គ្រប់គ្រាន់​ទេ ក៏​ប៉ុន្ដែ​មាន​ប្រសិទ្ធភាព​សម​ល្មម​ដែរ ដោយ​ប្រជារាស្ដ្រ​ទាំងអស់​បាន​ស្វាគមន៍​អបអរ ។

នៅ​ពេល​នោះ​រាជវាំង​បាងកក​ក៏​មិន​ដឹង​ថា​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដែរ ស្រាប់តែ​បាន​ទទួល​ដំណឹង​នៅ​ក្នុង​ខែមីនា​ថា រដ្ឋាភិបាល​បារាំង​បាន​ឱ្យ​សច្ចាប័ន​លើ​សន្ធិ​សញា្ញ​ដែល​បាន​ចុះ​កាលពី​ខែកក្កដា ឆ្នាំ​១៨៦៣​ហើយ ។ ដោយ​មិន​អាច​ត្រលប់​ក្រោយ​បាន បាងកក​ក៏​ស្នើ​ទៅ​ឧត្ដមនាវី​បារាំង​នៅ​កូសាំងស៊ីន​ថា​ឱ្យ​រៀបចំ​ព្រះរាជ​ពិធី​អភិសេក​ព្រះរាជា​កម្ពុជា​ក្រោម​អធិបតីភាព​របស់​តំណាង​ពី​រដ្ឋាភិបាល​បារាំង​ និង​សៀម​រួម​គ្នា ។​ លោក​ឧត្ដមនាវី​ឡាហ្គ្រង់​ឌីយែរ​បា​ន​យល់ព្រម​តាម​សំណើ​នេះ​ដែល​ធ្វើ​ឱ្យ​គេ​នឹក​ដល់​ការ​អភិសេក​ព្រះបាទ​អង្គឌួង​ដោយ​តំណាង​របស់​សៀម និង​អាណ្ណាម​ដែរ ពេល​នេះ​បារាំង​បាន​មក​ជំនួស​អាណ្ណាម ម្ល៉ោះ​ហើយ​ត្រូវ​បន្ដ​សិទ្ធិ​គ្រប់គ្រង​លើ​កម្ពុជា​ជំនួស​អាណ្ណាម​វិញ ។​ ដោយ​ហេតុ​នេះ​ព្រះបាទ​នរោត្ដម​ត្រូវ​បាន​គេ​រៀបចំ​ព្រះរាជ​ពិធី​អភិសេក​ថ្វាយ​យ៉ាង​ឱឡារិក​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​១៨៦៤ ដោយ​មាន​កេតនភណ្ឌ​គ្រប់គ្រាន់​ដែល​បញ្ជូន​មក​ពី​បាងកក ។

នៅ​ពេល​នោះ​មាន​ជន​ម្នាក់​ឈ្មោះ អា​ស្វា បាន​ប្រកាស​ខ្លួន​ថា ជា​អ្នក​អង្គ​ម្ចាស់​ភឹម ដែល​ត្រូវជា​បុត្រា​របស់​អតីត​ព្រះ​ឧបរាជ​អង្គ​ឯម បាន​ចាប់​បះបោរ​ឡើង អង្គភឹម​នេះ​បាន​សុគត​ទៅ​ហើយ​នៅ​បាងកក​កាលពី​ឆ្នាំ​១៨៥៥ ក្នុង​ព្រះ​ជន្ម​៣១​ព្រះ​វស្សា​ដោយសារ​រោគ​ឆ្កួត ។ តាម​ពិត​អា​ស្វា​នោះ​ជា​ខ្ញុំ​ម្នាក់​ដែល​ធ្លាប់​បាន​ប្រកាស​ខ្លួន​ថា​ជា​អ្នក​មាន​បុណ្យ ហើយ​ត្រូវ​បាន​គេ​ចាប់ខ្លួន​បញ្ជូន​យក​មក​ថ្វាយ​ព្រះបាទ​អង្គឌួង​ម្ដង​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​១៨៥៩ ក៏​ប៉ុន្ដែ​ព្រះ​អង្គ​បាន​លស់លា​ត្រា​ប្រណី​ទោស​បញ្ជូន​ទៅ​ឱ្យ​ម្ចាស់​វិញ​ទៅ ។​ ចាប់ពី​ពេល​នោះ​មក​ជន​នេះ​បាន​ដើរ​គ្មាន​ទិស​ដៅ​ទៅ​សព្វ​ទីកន្លែង ដោយ​ប្រកាន់​ថា​ខ្លួន​ជា​អ្នកមាន​បុណ្យ ។ ឥឡូវនេះ​ជន​នោះ​ប្រកាស​ខ្លួន​ថា ជា​អ្នក​អង្គ​ម្ចាស់​មួយ​អង្គ ដែល​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ទ្រង់​បាន​សុគត​ទៅ​ហើយ ។ ជន​នោះ​បាន​សរសេរ​លិខិត​១​ច្បាប់​ទៅ​ឱ្យ​លោក​ឧត្ដមនាវី (93) ទាមទារ​នូវ​សិទ្ធិ​ទាំងឡាយ​ដែល​ខ្លួន​ត្រូវ​ទទួល​បាន ។ លោក​ឧត្ដមនាវី​មិន​បាន​ឆ្លើយ​តប​ទៅ​វិញ​ទេ ជន​នោះ​ក៏​ចាប់​ផ្ដើម​ប្រមែ​ប្រមូល​បក្សពួក​នៅ​ក្នុង​ខែត្រ​ទ្រាំង​ បាទី​ ពាម​ និង​ព្រៃកប្បាស​ អ្នកខ្លះ​ចូលរួម​ដោយ​ជឿ​តាម​ការ​ឃោសនា ខ្លះ​ទៀត​មាន​បំណង​ចង់​ធ្វើ​ចោរកម្ម ធ្វើ​ឱ្យ​ច្របូក​ច្របល់​ពេញ​ប្រទេស ។ មនុស្ស​មួយ​ចំនួន​ដែល​អា​ស្វា ទទួល​យក​មក​បញ្ចូល​ក្នុង​ជួរ​កង​កម្លាំង​របស់​ខ្លួន គឺជា​អតីត​ទាហាន​របស់​រាមា​យោធា និង​ស្នង​សូរ ។ ពួក​បះបោរ​បាន​សម្លាប់​ឧកញ៉ា​ចក្រី​កែប​ចៅហ្វាយ​ខែត្រ​ទ្រាំង​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​ រួច​ហើយ​បាន​ដុត​បំផ្លាញ​ខែត្រ​កំពត​ខ្ទេចខ្ទី ។ បន្ទាប់​មក ដោយ​កង​កម្លាំង​របស់​ខ្លួន​កើន​កាន់តែ​ច្រើន​ឡើង អា​ស្វា​ក៏​ធ្វើ​ដំណើរ​មក​កាន់​ភ្នំពេញ ក៏​ប៉ុន្ដែ​បាន​ត្រូវ​ទ័ព​ព្រះរាជា​កាត់​វាយ​តាម​ផ្លូវ ធ្វើ​ឱ្យ​បរាជ័យ រួច​ដកថយ​ទៅ​កាន់​កូសាំងស៊ីន​វិញ​ទៅ ។ អា​ស្វា​បាន​ទទួល​ការ​ការពារ​ពី​ពួក​អាណ្ណាម​នៅ​ក្នុង​ខែត្រ​វិញឡុង ចូវដុក និង​ហាទៀង និង​ពី​ស្ដេចត្រាញ់​របស់​ខែត្រ​ទាំង​នោះ​ផង​ដែរ ព្រោះ​អាណ្ណាម​គិត​ថា​សង្គ្រាម​ស៊ីវិល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចេះ​តែ​រេចរឹល​ទៅៗ ។ ប៉ុន្ដែ​នៅ​ទីបំផុត​ពួក​អាណ្ណាម​ក៏​ចាប់​អា​ស្វា​ប្រគល់​ឱ្យ​លោក ដឺឡាគ្រេ នៅ​ចូវដុក នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​១៨៦៦ ។

នៅ​ពេល​ដែល​ព្រឹត្ដិការណ៍​នេះ​បញ្ចប់​ទៅ​នៅ​ភាគ​និរតី​ព្រះរាជាណាចក្រ មាន​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត​បាន​កើត​ឡើង​នៅ​ឧត្ដុង្គ ។ ថ្ងៃមួយ​ព្រះរាជា​បាន​ទទួល​ភ្នាក់ងារ​ម្នាក់​មក​ពី​បាងកក សុំ​យាង​ព្រះ​អង្គ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កំពត ដើម្បី​ទៅ​ទទួល​ស្ដេច​សៀម​ដែល​រង់ចាំ​ជួប​ជាមួយ​ព្រះ​អង្គ ។ ព្រះរាជា​បាន​ប្រាប់​លោក​ឌូដា​ដឺឡាគ្រេ អំពី​ការ​អញ្ជើញ​នេះ ហើយ​បាន​មាន​ព្រះ​បន្ទូល​ថា​នេះ​គឺជា​កិត្ដិយស​មួយ​ចំពោះ​ព្រះ​អង្គ​ហើយ​ទ្រង់​នឹង​យាង​ទៅ​តាម​ការ​អញ្ជើញ ។ លោក ឌូដា​ដឺឡាគ្រេ មិន​ចង់​ឱ្យ​ព្រះរាជា​យាង​ទៅ​ទេ ហើយ​បាន​ទូល​តប​ទៅ​វិញ​ថា​ ស្ដេច​សៀម​មិន​បាន​យាង​មក​ទេ ។​ ព្រះរាជា​មិន​ព្រម​ស្ដាប់​ឡើយ​ហើយ​បាន​យាង​ទៅ​កំពត​ដោយ​មាន​លោក​ឌូដា​ដឺឡាគ្រេ​ជូន​ដំណើរ​ទៅ​ផង ។ ទៅ​ដល់​កំពត ព្រះ​អង្គ​ទទួល​បាន​សារលិខិត​របស់​ស្ដេច​សៀម​មួយ​ច្បាប់​ទូល​ព្រះ​អង្គ​ថា ស្ដេច​សៀម​មិន​បាន​យាង​មក​តាម​ការ​ណាត់​ទេ ហើយ​សូម​ឱ្យ​ព្រះ​អង្គ​យាង​ត្រលប់​ទៅ​រាជធានី​វិញ​ចុះ ។ ព្រះបាទ​នរោត្ដម​ទ្រង់​ខ្ញាល់​ជា​ខ្លាំង ក៏​យាង​ត្រលប់​ទៅ​ឧត្ដុង្គ​វិញ​ទាំង​ខ្មាស់​អៀន ដែល​ត្រូវ​រំខាន​អត់​ប្រយោជន៍​ដូច្នេះ ។

នៅ​សម័យ​នោះ គឺ​នៅ​ចុងឆ្នាំ​១៨៦៥ មាន​ខ្មែរ​ម្នាក់​ទៀត​បាន​ប្រកាស​ខ្លួន​ថា​ជា​ ពោធិ​កំបោរ (94) ត្រូវជា​បុត្រា​របស់​ព្រះ​អង្គ​ចន្ទ បង្ហាញ​ខ្លួន​នៅ​ក្រចេះ រួច​នៅ​តាម​បណ្ដា​ខែត្រ​ខាងកើត ចុះ​រហូត​ទៅ​ដល់​ទឹកដី​កូសាំងស៊ីន នៅ​ត្រាវិញ​(បាសាក់) ។ ប្រជាជន​ជាច្រើន​នាក់​បាន​ជឿ​តាម​សម្ដី​របស់​ជន​នេះ ហើយ​នាំ​គ្នា​ដើរ​តាម​ជា​ហូរហែ ។

លោក​ឧត្ដមនាវី​ជា​ចៅហ្វាយ​ក្រុង​សាយហ្គន​បាន​កោះហៅ​ឈ្មោះ​នេះ​ឱ្យ​ទៅ​ជួប ហើយ​បាន​ឃាត់ខ្លួន​ទុក ។ តាម​ពិត​ជន​នោះ​មាន​ឈ្មោះ​ថា ពោធិ អ្នកខ្លះ​និយាយ​ថា​កើត​នៅ​ត្បូង​ព្រះ​ឃ្លាំង​ក្នុង​ខែត្រ​កំពង់ស្វាយ តែ​អ្នកខ្លះ​ថា​ជន​នេះ​មាន​កំណើត​ជា​ជនជាតិ​ភាគតិច​រដែ ។​ ទោះជា​យ៉ាងណា​ក្ដី​ជន​នេះ​បាន​ធ្វើ​ដំណើរ​ចេញពី​ភូមិ​ពួក​រដែ​មក​មុន​នឹង​មក​ដល់​ក្រចេះ ។​ ជន​នោះ​មាន​ប្រពន្ធ​៤​នាក់​ នារី​ព្នង​ម្នាក់​ នារី​អាណ្ណាម​ម្នាក់​ និង​នារី​ខ្មែរ​២​នាក់ ។​ មក​ដល់​ក្រចេះ គាត់​បាន​យក​ប្រពន្ធ​ខ្មែរ​ម្នាក់​ទៀត ។ ពោធិ​បាន​សម្លាប់​ចៅហ្វាយ​ខែត្រ​ក្រចេះ និង​សម្បុក​ដែល​ប្រកែក​មិន​ព្រម​គោរព​បញ្ជា​របស់​ខ្លួន រួច​បាន​ទៅ​សង់​បន្ទាយ​មួយ​នៅ​ក្នុង​ភូមិ​ឈើទាល​ភ្លោះ នៅ​ក្នុង​ខែត្រ​កញ្ជរ ។ ពេល​នោះ​អាណា​ខែត្រ​ទាំងឡាយ​នៅ​ខាងកើត​ទន្លេមេគង្គ​បាន​ចុះចូល​ជាមួយ​នឹង​ជន​ក្បត់​នេះ ។ ព្រះរាជា​បាន​បញ្ជា​ឱ្យ​លោក​ក្រឡាហោម​ចេញ​តាម​វាយ​ទៅ​លើ​ពោធិ​កំបោរ​ដល់​បាភ្នំ​នៅ​ក្នុង​ខែមិថុនា​ ឆ្នាំ​១៨៦៦ ។​ មុន​ដំបូង​ទ័ព​ពោធិ​កំបោរ​ទទួល​បាន​ជ័យជម្នះ​ ប៉ុន្ដែ​បន្ទាប់​មក​ក៏​បរាជ័យ​វិញ​ ហើយ​បាន​គេចខ្លួន​បាត់​ទៅ ។​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ពោធិ​កំបោរ​បាន​បង្ហាញ​ខ្លួន​ឡើង​វិញ ក៏​ត្រូវ​ទ័ព​បារាំង​វាយ​លើក​ទី​១​នៅ​ថ្ងៃ​ទី​២៥​-​២៦ ខែវិច្ឆិកា ឆ្នាំ​១៨៦៦ លើក​ទី​២​នៅ​ក្នុង​ខែមករា ឆ្នាំ​១៨៦៧ ។ ពោធិ​កំបោរ​បាន​បាត់​ខ្លួន​ម្ដង​ទៀត បន្ដិច​ក្រោយ​មក​លេច​ឃើញ​នៅ​ក្នុង​ខែត្រ​បារាយណ៍ និង​កំពង់លែង ហើយ​ធ្វើការ​គំរាម​កំហែង​មក​លើ​រាជធានី​ឧត្ដុង្គ ។ ពោធិ​កំបោរ​បាន​ត្រូវ​វាយ​ឱ្យ​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​សា ក៏​បាត់​ខ្លួន​ម្ដង​ទៀត​រួច​មក​ដល់​កំពង់ធំ ។ នៅ​កំពង់ធំ​នោះ អ្នកស្រុក​ស្រីៗ​បាន​ជំរុញ​ឱ្យ​ប្ដី​ខ្លួន​ដេញ​តាម​ចាប់​ពោធិ​កំបោរ​បាន​នៅ​ក្នុង​ត្រពាំង​ទឹក រួច​សម្លាប់​ចោល​ទៅ ។ គេ​បាន​កាត់​ក្បាលពោធិ​កំបោរ​ប្រឡាក់​អំបិល​ផ្ញើ​ថ្វាយ​ព្រះរាជា ដែល​ទ្រង់​បាន​ចេញ​បញ្ជា​ឱ្យ​យក​ទៅ​ដោត​នៅ​ចុង​ដើម​ឫស្សី​មួយ​នៅ​ភ្នំពេញ (ខែធ្នូ ឆ្នាំ​១៨៦៧) ។

កន្លង​មក នៅ​ពេល​ដែល​មាន​ព្រឹត្ដិការណ៍​អស់នេះ​កើតឡើង ក្រោយ​ពី​បាន​ពិនិត្យ​ឃើញ​ថា​ពួក​អាជ្ញាធរ​អាណ្ណាម​តែងតែ​ជួយ​ពួក​បះបោរ ដោយ​ផ្ដល់​ឱ្យ​ជ្រកកោន​លើ​ទឹកដី​ ឬ​ជួនកាល​ជួយ​ទាំង​កម្លាំង​ថែម​ទៀត បញ្ជាក់​ឱ្យ​ឃើញ​ថា ពួក​នេះ​មាន​បំណង​ចង់​បង្ក​ការ​រំខាន​ដល់​សកម្មភាព​របស់​បារាំង​នៅ​កម្ពុជា លោក​ឧត្ដមនាវី ឡាហ្គ្រង់​ឌីយែរ បាន​សម្រេច​ប្រកាស​ថា ត្រូវ​បញ្ចប់​ការ​ដណ្ដើម​យក​កូសាំងស៊ីន​ភាគ​ខាងក្រោម​ទាំងមូល​តែ​ម្ដង ដោយ​កាត់​យក​ខែត្រ​៣​ថែម​ទៀត​ដែល​ខ្មែរ​បាន​បោះបង់​ចោល​ឱ្យ​អាណ្ណាម​គឺ​ចូវដុក​ វិញឡុង​ និង​ហាទៀង​ដាក់​បញ្ចូល​ជាមួយ​ខែត្រ​៣​មុន គឺ​បៀនវ៉ា យ៉ាឌិញ និង​ឌិញទឿង ។ ការ​កាត់​យក​ទឹកដី​នេះ​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​១៨៦៧ ៖ វិញ​ឡុង​បាន​ធ្លាក់​ចូល​មក​ក្នុង​ដៃ​បារាំង​នៅ​ថ្ងៃ​ទី​២០​ ចូវដុក​ក្នុង​ថ្ងៃ​ទី​២២​ ហើយ​ហាទៀង​នៅ​ក្នុង​ថ្ងៃ​ទី​២៤​ ដោយ​គ្មាន​អស់​គ្រាប់​កាំភ្លើង​១​គ្រាប់ ។ ចៅហ្វាយ​លើ​ទឹកដី​ទាំងនោះ គឺ​ផាន​ថានយ៉ាង ដោយ​ពិនិត្យ​ឃើញ​ថា​មិន​អាច​តទល់​នឹង​ពួក​បារាំង​បាន​ប្រកែក​មិន​ព្រម​ចូល​បម្រើ​បារាំង​តាម​សំណើ​របស់​លោក​ឧត្ដមនាវី​ឡាហ្គ្រង់​ឌីយែរ​ទេ​តែ​បាន​ចេញ​បញ្ជា​ឱ្យ​ប្រគល់​ទីក្រុង​ទាំង​អស់នោះ​ឱ្យ​បារាំង​វិញ រួច​ហើយ​បាន​ផឹកថ្នាំ​សម្លាប់​ខ្លួន​បាត់​ទៅ ដើម្បី​ជា​ការ​ដាក់ទោស​ចំពោះ​អសមត្ថភាព​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ។

ដោយហេតុ​នេះ បារាំង​មាន​ព្រំប្រទល់​ជាប់​ពី​ខាងត្បូង​កម្ពុជា​ហើយ ហើយ​ក៏​មិន​អាច​មាន​រឿង​អ្វី​កើត​ឡើង​ដែល​បារាំង​មិន​បាន​ដឹង​នោះ​ទេ ។ ស្ថានភាព​នេះ​អាច​ឱ្យ​យើង​ផ្ដល់​ជំនួយ​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព​ដល់​ព្រះរាជា​កម្ពុជា ជា​អាវុធ​យុទ្ធភណ្ឌ​ដែល​ព្រះ​អង្គ​ត្រូវការ​ក្នុង​ការ​ប្រយុទ្ធ​តទល់​នឹង​ពួក​បះបោរ ជួនកាល​ជា​ទ័ព​ដឹកនាំ​ដោយ​នាយទាហាន​បារាំង​តែ​ម្ដង​ក៏​មាន ។

ដោយ​មាន​ការ​ចាក់ចុច​ពី​តំណាង​ស្ដេច​សៀម​នៅ​ឧត្ដុង្គ ព្រះបាទ​នរោត្ដម​បាន​លួច​ចុះ​សន្ធិសញ្ញា​មួយ​ជា​សម្ងាត់​ជាមួយ​សៀម ប្រហាក់​ប្រហែល​នឹង​សន្ធិសញ្ញា​ដែល​ព្រះ​អង្គ​បាន​ចុះ​ជាមួយ​បារាំង​ដែរ ។ នៅ​ខែមីនា ឆ្នាំ​១៨៦៧ ពេល​ពិនិត្យ​ឃើញ​ថា​បារាំង​មាន​ការ​សង្ស័យ​អំពី​សន្ធិសញ្ញា​នេះ អភិបាល​រាជធានី​បាងកក​បាន​ប្រកាស​យ៉ាង​ប្រញាប់​ថា​គេ​បាន​ចុះ​សន្ធិសញ្ញា​មួយ​នេះ​ជាមួយ​ព្រះបាទ​នរោត្ដម​នៅ​ក្នុង​សម័យ​មួយ​ដែល​ពួក​គេ​មិន​បាន​ដឹង​ថា​កម្ពុជា​បាន​ចុះ​សន្ធិសញ្ញា​មួយ​ជាមួយ​បារាំង​រួច​ទៅ​ហើយ​ទេ ។ នៅ​ពេល​បាន​ដឹង​ពី​សន្ធិសញ្ញា​ជាមួយ​បារាំង​នេះ គេ​បាន​ប្រកាស​បដិសេធ​សន្ធិសញ្ញា​របស់​គេ​ជា​អសារ​បង់​ហើយ​ដើម្បី​កុំ​ឱ្យ​រំខាន​ដល់​ការ​អនុវត្ដ​សន្ធិសញ្ញា​ជាមួយ​បារាំង​ផង ។ ក៏​ប៉ុន្ដែ​នៅ​ពេល​នោះ​ដែរ ស្ដេច​សៀម​ដែល​ទើបតែ​បាន​ចុះ​សន្ធិសញ្ញា​មួយ​ជាមួយ​កុងស៊ុល​បារាំង​ប្រចាំ​រាជធានី​បាងកក បាន​ទទួល​ស្គាល់​ថា​ទឹកដី​អង្គរ និង​បាត់ដំបង​ជា​របស់​សៀម ទាំង​ដែល​កុងស៊ុល​នោះ​មិន​បាន​ដឹង​អំពី​ស្ថានភាព​ពិតប្រាកដ ហើយ​ក៏​មិន​បាន​ជូនដំណឹង​ដល់​លោក​ឧត្ដមនាវី​ជា​អភិបាលក្រុង​សាយហ្គន​ឱ្យ​ដឹងផង​ទេ ។

គេ​បាន​ដឹង​អំពី​ការ​មាន​សន្ធិសញ្ញា​នេះ​នៅ​ឯ​សាយហ្គន នៅ​ក្នុង​ខែកក្កដា ឆ្នាំ​១៨៦៧ ។ រដ្ឋាភិបាល​បារាំង​នា​សម័យ​នោះ​ដែល​មិន​បាន​យកចិត្ដ​ទុកដាក់​ដល់​រឿង​នេះ​បាន​ឱ្យ​សច្ចាប័ន​ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ​ជា​ហេតុ​ធ្វើ​ឱ្យ​ខែត្រ​ដ៏​មាន​សារសំខាន់​ទាំង​២​នេះ​ដែល​លោក​ឧត្ដមនាវី​ និង​លោក​ដឺឡាហ្គ្រង់​ឌីយែរ​មាន​បំណង​ទាមទារ​យក​មក​ប្រគល់​ឱ្យ​កម្ពុជា​វិញ​តាំង​តែ​ពី​ពេល​នោះ​ម្ល៉េះ ត្រូវ​បាត់បង់​ទៅ​អស់​កាល​៤០​ឆ្នាំ​ថែម​ទៀត ។ លោក​ឧត្ដមនាវី​មិន​សប្បាយចិត្ដ​ទេ រីឯ​លោក​ដឺឡាគ្រេ ដែល​ជា​តំណាង​អាណាព្យាបាល​បារាំង​ប្រចាំ​នៅ​រាជធានី​ឧត្ដុង្គ​វិញ បាន​ខឹង​សម្បា​ជា​ខ្លាំង ។​ ដើម្បី​កុំ​ឱ្យ​លោក​ដឺឡាគ្រេ​ខឹង​ខ្លាំង​ពេក​ព្រះរាជា​កម្ពុជា​បាន​ប្រកែក​ថា​ទ្រង់​មិន​បាន​ដឹង​អ្វី​ទេ​ ហើយ​ថា​ព្រះរាជា​កម្ពុជា​មុនៗ​មិន​ដែល​បាន​ទទួល​ស្គាល់​ការ​ដែល​ស្ដេច​សៀម​យក​ខែត្រ​បាត់ដំបង និង​អង្គរ​នេះ​ម្ដង​ណា​ទេ ដូចនេះ ប្រទេស​បារាំង​ដែល​ជា​អ្នក​ការពារ​កម្ពុជា​ក៏​គ្មាន​សិទ្ធិ​អ្វី​យក​ទឹកដី​កម្ពុជា​ទៅ​ប្រគល់​ឱ្យ​គេ​ដោយ​គ្មាន​ការ​ឯកភាព​ពី​ព្រះ​អង្គ​ដែរ ។ ព្រះរាជ​បន្ទូល​របស់​ព្រះរាជា​នេះ​ត្រឹមត្រូវ​ណាស់ គឺ​ដោយ​សារ​ព្រះ​អង្គ​បាន​ទទួល​ឥទ្ធិពល​ខ្លះៗ​ពី​លោក​តំណាង ក៏​ប៉ុន្ដែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ បារាំង​មាន​ចំណង​ការទូត​ជាមួយ​សៀម ម្ល៉ោះ​ហើយ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ។​ មក​ដល់​សព្វ​ថ្ងៃនេះ​យើង​បាន​ដោះស្រាយ​កំហុសឆ្គង​ខាងលើ​នេះ​រួច​វិញ​ហើយៈ​ បាត់ដំបង អង្គរ​ ស៊ីសូផុន​ ម្លូព្រៃ​ ទន្លេរពៅ​ ស្ទឹងត្រែង​ និង​ទឹកដី​ទាំងអស់​នៅ​ខាងត្បូង​ភ្នំ​ដងរែក ​ព្រមទាំង​ខែត្រ​កោះកុង​នៅ​លើ​ឈូង​សមុទ្រ​សៀម​ផង បាន​វិល​ត្រលប់​មក​ជា​ដី​កម្ពុជា​វិញ​ហើយ ក្រោយ​រយៈពេល​កន្លះ​សតវត្សរ៍ ។ ព្រះបាទ​នរោត្ដម និង​ព្រះ​វររាជ​មាតា ដែល​មាន​បំណង​ឱ្យ​បារាំង​ទាមទារ​យក​ទឹកដី​ទាំងនោះ​មក​ឱ្យ​កម្ពុជា​វិញ​យ៉ាង​ខ្លាំង​នោះ បាន​សុគត​អស់​ទៅ​ហើយ ដោយ​មិន​បាន​ឃើញ​ទឹកដី​ទាំងនោះ​វិល​ត្រលប់​មក​វិញ​ផង​ទេ ។

ព្រះបាទ​នរោត្ដម​បាន​សម្រេច​លើក​រាជធានី​មក​តាំង​នៅ​ភ្នំពេញ​វិញ​តាំងពី​ឆ្នាំ​១៨៦៣​មក​ម្ល៉េះ ។​ ព្រះ​អង្គ​បាន​យាង​មក​ពិនិត្យ​ទីតាំង​ថ្មី​នៅ​ត្រង់​កណ្ដាល​ភូមិ​តាកែវ ចំ​ពី​ខាង​មុខ​ទន្លេចតុម្មុខ​នៅ​ដំណាច់​ឆ្នាំ​មុន បន្ទាប់​មក​ទ្រង់​ក៏​ចាត់​ឱ្យ​រៀបចំ​ពង្រាបដី​ភ្លាម ។ ដើម្បី​មាន​ថវិកា​ចំណាយ​ក្នុង​ការ​រៀបចំ​រាជធានី​ថ្មី​នេះ ព្រះរាជា​បាន​រៀបចំ​ឱ្យ​មាន​ការ​យកពន្ធ​លើ​បុគ្គល យកពន្ធ​បន​អាភៀន​ឡើង​វិញ ដែល​ព្រះ​បិតា​ព្រះ​អង្គ​បាន​ការពារ​មិន​ឱ្យ​យក ហើយ​ក៏​បាន​រៀបចំ​ប៉ុស្ដិ​គយ​មួយ​ចំនួន​ដែល​គេ​បិទ​ក្នុង​មួយ​រយៈ​ពេល​ប្រទេស​មាន​អសន្ដិសុខ​កន្លង​មក​ឡើង​វិញ​ផង​ដែរ ។ វិធានការ​ទី​៣​នេះ​គ្មាន​ការ​តវ៉ា​អ្វី​ទេ ។ មន្ដ្រី​ចាស់ៗ​ដែល​ធ្លាប់តែ​ឃើញ​គ្រឿង​ញៀន​នេះ​ធ្វើ​ចរាចរ​ដោយ​សេរី​ក្នុង​ព្រះរាជា​ណាចក្រ បាន​មាន​ប្រតិកម្ម​តប​ទៅ​នឹង​វិធានការ​ទី​២ ។ ក៏​ប៉ុន្ដែ​វិធានការ​ទី​១ គឺ​ការ​បង្កើត​ពន្ធដារ​ប្រភេទ​ថ្មី​មួយ​ដែល​មិន​ដែល​មាន​ពី​មុន​មក​មាន​ផលវិបាក​អាក្រក់​ជាងគេ​ គឺ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ទូ​ទាំង​ប្រទេស​មិន​ពេញ​ចិត្ដ ។ ពេល​នោះ បើសិនជា​គ្មាន​វត្ដមាន​របស់​បារាំង​នៅ​ជួយ​ទេ ប្រហែលជា​ព្រះបាទ​នរោត្ដម​ត្រូវ​បាន​ព្រះ​អនុជ​វត្ថា ឬ​ស៊ីសុវត្ថិ បើ​ពុំនោះ​ទេ​គឺ​ពួក​បះបោរ​អា​ស្វា និង​ពោធិ​កំបោរ ទម្លាក់​ពីលើ​រាជបល្ល័ង្ក​បាត់​ទៅ​ហើយ (95) ។ គឺ​អំណាច និង​ការ​គាំទ្រ​របស់​បារាំង​ដែល​ជួយ​ព្រះ​អង្គ​ឱ្យ​គង់នៅ​លើ​រាជបល្ល័ង្ក​ជាប់ និង​បាន​ជួយ​ឱ្យ​ស្រុក​នេះ​មាន​សន្ដិភាព​ឡើង​វិញ ឱ្យ​ពាណិជ្ជកម្ម​ចាប់​កំណើត​ជា​ថ្មី ហើយ​អភិវឌ្ឍន៍​រីក​លូតលាស់ គ្មាន​អ្នក​ណា​គិត​ស្មាន​ដល់ ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ឆ្ងាយ​ណាស់ ។ ព្រះរាជា​ណាចក្រ​មាន​សុភមង្គល អ្នក​តូចតាច​ក៏​មាន​ប្រាក់​កាស​ចាយ អ្នកស្រុក​ក៏​លែង​រអ៊ូរទាំ ហើយ​ចាប់​គោរព​ព្រះរាជា​ឡើង​វិញ និង​ទម្លាប់ខ្លួន​ជាមួយ​នឹង​អាណាព្យាបាល​របស់​បារាំង ។

សន្ដិភាព​បាន​កើត​មាន​ឡើង​រវាង​ស្ដេច​នរោត្ដម​ជាមួយ​នឹង​អនុជ​របស់​ព្រះ​អង្គ គឺ​អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ ដែល​មាន​ឋានៈ​ជា​ព្រះកែវ​ហ្វ៊ា​នៅ​ក្រោម​រជ្ជកាល​របស់​ព្រះ​បិតា​ព្រះ​អង្គ នៅ​ពេល​ដែល​ព្រះ​អង្គជា​ព្រះ​ឧបរាជ ។ អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​បាន​គង់នៅ​ឯ​សាយហ្គន​ចាប់​តាំងពី​ខែឧសភា ឆ្នាំ​១៨៦៦​មក ហើយ​ព្រះរាជា​ទ្រង់​ប្រទាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​១៤០​ណែន (ប្រហែល​ជា​១​ម៉ឺន​ហ្វ្រង់) ក្នុង​១​ឆ្នាំៗ ដែល​អាច​ឱ្យ​ព្រះ​អង្គ​រស់​ជាមួយ​មហេសី និង​សេនា​អាមាត្យ​បាន​យ៉ាង​ស្រួល ។ ដល់​មក​ខែឧសភា ឆ្នាំ​១៨៧០ ព្រះរាជា​បាន​តែងតាំង​ព្រះ​អនុជ​ជា​ព្រះ​ឧបរាជ​ទាំង​បង្ខំ​ព្រះ​ទ័យ តាម​សំណើ​របស់​លោក​ទេសាភិបាល​ទឹកដី​កូសាំងស៊ីន ។

និយាយ​អំពី​ព្រះ​អនុជ​មួយ​ព្រះ​អង្គ​ទៀត គឺ​អ្នក​អង្គ​ម្ចាស់​វត្ថា ក្រោយ​ពី​ទទួល​បរាជ័យ​ដណ្ដើម​យក​រាជសម្បត្ដិ​ពី​ព្រះបាទ​នរោត្ដម​មិន​បាន​រួច​មក បាន​គេច​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​ដី​កំពង់ធំ ខែត្រ​កំពង់ស្វាយ រួច​ទៅ​នៅ​ខែត្រ​ស្ទោង បន្ទាប់​មក​ទៀត​ទ្រង់​បាន​នាំ​បក្សពួក​ប្រហែលជា​១០០​នាក់ ទៅ​គង់នៅ​ខែត្រ​សម្បូរ​តាម​មាត់​ទន្លេ​មេគង្គ​ត្រើយ​ខាងស្ដាំ ។ នៅ​ទីនោះ​មិនសូវ​មាន​ប្រជាជន​រស់នៅ​ទេ តែ​អ្នកស្រុក​បាន​បង់ពន្ធ​ជា​ស្រូវ​ថ្វាយ ។ គ្មាន​នរណា​គិត​ពី​ព្រះ​អង្គ​ទៀត​ទេ តែ​ព្រះ​អង្គ​ចេះ​តែ​ទន្ទឹង​រង់ចាំ​ក្រែង​មាន​ឱកាស​បាន​យាង​មក​សោយរាជ្យ​សម្បត្ដិ​វិញ រហូត​ទាល់តែ​ទ្រង់​សុគត​ទៅ​នៅ​ក្នុង​ភូមិ​ក្រាក់ នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​១៨៩១ ក្នុង​ព្រះ​ជន្មាយុ​៥០​ព្រះ​វស្សា ។

នៅ​ក្នុង​ឆ្នាំ​១៨៧២ មាន​អតីត​ជំនួយការ​របស់​ពោធិ​កំបោរ​ម្នាក់ បាន​ចេញ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ខែត្រ​ត្បូងឃ្មុំ ជាមួយ​ទ័ព​៤​រយ​នាក់ ។ ពួក​នេះ​ចេញពី​ស្រុក​ពួក​ស្ទៀង​ដែល​មិន​ចេះ​ចំណុះ​គេ តែ​ត្រូវ​បង្ខំ​ចិត្ដ​វិល​ត្រលប់​ទៅ​ទីនោះ​វិញ ដោយ​មាន​ទ័ព​លោក​ទេសាភិបាល​កូសាំងស៊ីន​ដេញ​ប្រកិត​ពីក្រោយ ។

នៅ​ខែកក្កដា និង​ខែសីហា ឆ្នាំ​ដដែល ព្រះរាជា​ទ្រង់​បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​យ៉ាង​យូរ​នៅ​ហុងកុង ម៉ាកាវ​ កង់តុង​ និង​ម៉ានីល​ ដោយ​ជិះ​នាវា​ចម្បាំង​ឈ្មោះ​ ឡឺ​ប៊ួរីយ៉ាន ​ដែល​លោក​ទេសាភិបាល​ដី​កូសាំងស៊ីន​ប្រគល់​ថ្វាយ​សម្រាប់​ជូន​ដំណើរ (96) ។

ពេល​យាង​ត្រលប់​មក​ពី​ទស្សនកិច្ច​វិញ ព្រះរាជា​កម្ពុជា​ហាក់​ដូចជា​រំភើប​នឹង​អ្វីៗ​ដែល​ព្រះ​អង្គ​បាន​ទត​ឃើញ​ណាស់ ហើយ​យល់​ឃើញ​ថា​ព្រះ​អង្គ​ត្រូវ​រៀបចំ​ប្រទេស​របស់​ព្រះ​អង្គ​ឱ្យ​មាន​ការ​វិវត្ដន៍​ដូច​គេ ។ ក៏​ប៉ុន្ដែ ព្រះរាជ​បំណង​នេះ​មាន​តែ​ក្នុង​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ មិន​បាន​ប៉ុន្មាន​ផង​ទ្រង់​ក៏​ត្រលប់​មក​ប្រកាន់​តាម​ទម្លាប់​ចាស់​វិញ ហើយ​មិន​បាន​ធ្វើ​អ្វី គិត​អ្វី​ជា​ប្រយោជន៍​ដល់​ប្រជារាស្ដ្រ​របស់​ព្រះ​អង្គ​បន្ដិច​ណា​ទេ ទោះបីជា​ស្ដេច​សៀម​បាន​បង្ហាញ​ឱ្យ​ឃើញ​ឧទាហរណ៍​ខ្លះៗ​ក៏​ដោយ ។ នោះ​ហើយ​ជា​គ្រោះថ្នាក់ ។ តើ​ប្រទេស​បារាំង​សុខចិត្ដ​បណ្ដោយ​ឱ្យ​ជាតិ​សាសន៍​មួយ​ដែល​គេ​បាន​ស្រោច​ស្រង់​ចេញ​ពី​ការ​ប្រញី​ដណ្ដើម​ហែកហួរ​គ្នា ហើយ​សព្វថ្ងៃ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​គេ​ឱ្យ​រលត់​រលាយ​ទៅ​បាន​ដែរ​ឬ​ទេ ? ប្រាកដ​ណាស់​ថា​បារាំង​នឹង​ជំរុញ​ព្រះរាជា​ឱ្យ​ចាប់​ផ្ដើម​ធ្វើ​កំណែ​ទម្រង់​ខ្លះៗ​ជា​បន្ទាន់ ដោយ​មិន​មាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះរាជ​បុព្វសិទ្ធិ​របស់​ព្រះ​អង្គ​ទេ ដូច​ជា​នាំ​ព្រះ​អង្គ​ឱ្យ​រៀបចំ​ខ្លួន​ធ្វើការ​កែប្រែ​ខ្លះ​ដែល​នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បន្ដិច​ម្ដងៗ ដើម្បី​ប្រែក្លាយ​ប្រជាជន​កម្ពុជា​ទៅ​ជា​ប្រជាជន​មួយ​ប្រកប​ទៅ​ដោយ​មធ្យោបាយ​អាច​រស់រាន​មាន​ជីវិត​រហូត​ទៅ ។

ប្រទេស​បារាំង​មិន​មាន​ញញើត​ទេ ដើម្បី​បញ្ជាក់​ឱ្យ​ឃើញ​អន្ដរាគមន៍​របស់​ខ្លួន​មក​លើ​កម្ពុជា​ថា ពិតជា​ត្រឹម​ត្រូវ ។ គេ​បាន​សម្រេច​ចិត្ដ​ធ្វើ​សកម្មភាព​ទៅ​លើ​ប្រជារាស្ដ្រ តាម​រយៈ​ព្រះរាជា ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ព្រះបាទ​នរោត្ដម​បាន​ចុះ​ព្រះ​ហស្ដ​លេខា​លើ​ព្រះរាជក្រឹត្យ​មួយ​ចំនួន​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​១៨៧៧ លុប​បំបាត់​ឋានៈ​ឧបរាជ​ចេញ ដូច​ដែល​គេ​បាន​អនុវត្ដ​រួច​មក​ហើយ​នៅ​ស្រុក​សៀម លុប​ឋានៈ​ឧភយោរាជ​ដែល​អស់​ន័យ​ទៅ​ហើយ លុប​ឋានៈ​ព្រះ​វររាជ​ជននី​ដែល​នៅ​ឯ​បាងកក​ឯណោះ​គឺជា​ឋានៈ​របស់​ព្រះ​វររាជ​មាតា តែ​គ្មាន​អំណាច​អ្វី​ទេ ព្រមទាំង​លុប​បំបាត់​ឋានៈ និង​មុខងារ​មន្ដ្រី​មួយ​ចំនួន​ធំ​ដែល​គ្មាន​ការងារ​អ្វី​ជា​សំខាន់ ។

ចំនួន​ខែត្រ​ក៏​ត្រូវ​កែប្រែ​ និង​កាត់​បន្ថយ ។​ ការ​យកពន្ធ​ដារ​ឈប់​ប្រគល់​ឱ្យ​ពួក​ចិន​ប្រមូល​ទៀត​ហើយ​ព្រោះ​ពួក​នេះ​តែងតែ​កាត់​យក​មួយ​ចំណែក​ធំ​សម្រាប់​ខ្លួនឯង ។ ល្បែង​ស៊ីសង​មួយ​ចំនួន​ត្រូវ​ហាម​ឃាត់ ដូចជា ល្បែង សត្វ​៣៦​បែប​ ល្បែង​ឯទៀតៗ​ត្រូវ​រៀបចំ​ត្រួតពិនិត្យ ។​ កំណែន​ធ្វើការ​ចំនួន​៩០​ថ្ងៃ​អាច​គេច​ផុត​បាន​ដោយ​បង់​ប្រាក់​ចំនួន​២០​ហ្វ្រង់ ស្មើនឹង​៤​ពីយ៉ាស (97) ។ កំណែ​ទម្រង់​តុលាការ ដោយ​ចាត់តាំង​តែ​ចៅក្រម​ដែល​បាន​សិក្សា ចេះ​ចាំច្បាប់​ច្បាស់​លាស់ ។ លុប​បំបាត់​មិន​ឱ្យ​មាន​ខ្ញុំបម្រើ​ដែល​មិន​ឱ្យ​រំដោះខ្លួន​ចេញ និង​រៀបចំ​លុប​បំបាត់​ចោល​ទាំងស្រុង រង់​ចាំតែ​ព្រះរាជា​ចេញ​ច្បាប់​កំណត់​ឱ្យ​ផ្ដល់​ប្រាក់​បៀវត្ស​ឱ្យ ដែល​ពួក​ខ្ញុំ​ទាំងនោះ​អាច​កាត់​សងបំណុល​របស់​គេ​បាន ។

កំណែទម្រង់​ទាំង​អស់នេះ​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ឡើង​ប្រសិនបើ​គេ​អនុវត្ដ​បាន​ត្រឹមត្រូវ ព្រោះថា​វា​មាន​អត្ថប្រយោជន៍​ផ្ទាល់​ភ្លាម​តែ​ម្ដង ហើយ​នឹង​ទាក់ទាញ​ឱ្យ​មាន​កំណែ​ទម្រង់​ផ្សេងៗ​ជា​បន្ដ​ទៀត ដែល​នឹង​នាំ​មក​នូវ​ការ​រីក​ចម្រើន ហើយ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ឈាន​ឡើង​មាន​ឋានៈ​ស្មើ​នឹង​បណ្ដា​ប្រទេស​ស៊ីវីល័យ​ឯទៀតៗ និង​មាន​ជីវិត​រស់រាន​ជា​អង្វែង​តទៅ ។ ក៏​ប៉ុន្ដែ​ឥទ្ធិពល​របស់​បារាំង​ទៅ​លើ​ព្រះរាជា​ពេល​នោះ ដែល​ធ្លាប់តែ​គ្មាន​កម្រៃ​ជា​យូរណាស់​មក​ហើយ​ដែល​មាន​ឆន្ទៈ​តែ​មិន​ច្បាស់​លាស់​មិន​ទៀងទាត់​ ខ្វះ​ការ​ប៉ិន​ប្រសប់​ហើយ​អកម្ម​ គ្មាន​គំនិត​ជាប់​បន្ដ ដោយ​ហេតុ​នេះ​ព្រះ​អង្គ​នៅ​ខ្សោយ​ខ្លាំង​ណាស់ ។ បារាំង​គ្មាន​ឥទ្ធិពល​បន្ដិច​បន្ដួច​ទៅ​លើ​ពួក​មន្ដ្រី​ដែល​កំពុង​តែ​ព្រឺ​ខ្លាច​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ដែល​គ្រោង​ទុកជា​មុន ពីព្រោះ​នោះ​គឺ​កា​រប​ញ្ជូ​ល​របៀប​ថ្មី ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងឿង​ឆ្ងល់​ ប៉ះពាល់​ដល់​ទម្លាប់​ ភ័យ​ព្រួយ​ខ្លាច​បាត់បង​ផលប្រយោជន៍​របស់​គេ ។​ ពួក​ស្រីៗ​នៅ​ក្នុង​ព្រះរាជវាំង​មាន​ពួក​អ្នក​អង្គ​ម្ចាស់​ក្សត្រី ពួក​ស្រីស្នំ ពួក​ភីលៀង បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រែប្រួល​ទាំងឡាយ បាន​ព្រួត​គ្នា​ធ្វើ​ប្រតិកម្ម​តប​មួយ ដែល​បារាំង​មិន​ដឹង​តទល់​យ៉ាង​ណា ឬ​ក៏​មិន​បាន​ឱ្យ​តម្លៃ​ដល់ ដោយ​ធ្វេស​ប្រហែស ។

ចំណែក​ប្រជាជន​វិញ មិន​មាន​ព្រួយបារម្ភ​អ្វី​ទេ ដោយ​គិត​ថា​បារាំង​មក​ជួយ​រៀបចំ​សណ្ដាប់​ធ្នាប់​ឱ្យ ជួយ​ធ្វើ​ឱ្យ​មាន​សន្ដិសុខ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ ខុស​ពី​អាណ្ណាម និង​សៀម ។ ប្រជាជន​ធ្លាប់​បាន​ឃើញ​បារាំង​ធ្វើ​ដំណើរ​ពាសពេញ​ស្រុក​ហើយ​គាត់​រីករាយ​នឹង​ឃើញ​អ្នកតំណាង​អាណាព្យាបាល​រស់នៅ​ភ្នំពេញ​ក្បែរ​ព្រះរាជា តែ​គ្មាន​រវីរវល់​លូកដៃ​ចូល​ក្នុង​កិច្ចការ​អ្វីៗ​ទេ ។ ការ​បើក​ឱ្យ​ធ្វើ​នាវាចរ​តាម​ទន្លេ​ពី​កូសាំងស៊ីន​ឡើង​វិញ ដែល​ពី​មុន​អាណ្ណាម​បិទ​ជិត ធ្វើ​ឱ្យ​មាន​នាវា​ប្រើ​ចំហាយ​ជា​ច្រើន​ឡើង​មក​ដល់​ទឹកដី​ព្រះរាជា​ណាចក្រ ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​រីក​ចម្រើន និង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​រីករាយ​សប្បាយ​ចិត្ដ​ជា​ខ្លាំង ហើយ​គេ​បាន​និយាយ​ថា នេះ​គឺ​ដោយសារ​បារាំង ម្ល៉ោះ​ហើយ​អ្នកស្រុក​ស្រលាញ់​បារាំង​ណាស់ ។

ក៏​ប៉ុន្ដែ ដើម្បី​បញ្ជាក់​ពី​អាណាព្យាបាល និង​វត្ដមាន​របស់​បារាំង​នៅ​កម្ពុជា និយាយ​ឱ្យ​ខ្លី​ថា​ដើម្បី​អាច​ធ្វើការ​កែប្រែ​ស្រុក​នេះ​ស្រប​ទៅ​តាម​កម្មវិធី​មួយ ដោយ​ផ្លាស់​ប្ដូរ​ស្ថាប័ន​ចាស់​គំរឹល​ចេញ បារាំង​ត្រូវការ​ឱ្យ​មាន​ភ្នាក់ងារ​ដែល​មាន​ការ​គិតគូរ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន មាន​ស្ថាប័ន​ថ្មី​បំពេញ​កាតព្វកិច្ច​ច្បាស់​លាស់ ជា​ពិសេស​គឺ​ត្រូវ​ឱ្យ​ព្រះរាជា​ស្ដាប់​ការ​ផ្ដល់​យោបល់ មាន​មន្ដ្រី​ដែល​ស្ដាប់​ព្រះរាជ​បញ្ជា ហើយ​បារាំង​ខ្លួនឯង​ក៏​ឈប់​លែង​ជា​ទីប្រឹក្សា​គ្មាន​ឥទ្ធិពល តែ​ជា​អ្នក​គ្រប់គ្រង​រដ្ឋបាល​មាន​សិទ្ធិ​ចាត់ចែង​ការងារ​ក្នុង​នាម​ព្រះរាជា ហើយ​ក៏​អាច​បញ្ជា​ពួក​មន្ដ្រី​ឱ្យ​អនុវត្ដ​ភារកិច្ច​បាន​ផង​ដែរ ។

នៅ​ស្រុក​សៀម​ឯណោះ​វិញ នៅ​ពេល​ដែល​ព្រះរាជា​បាងកក​សម្រេច​ថា​នឹង​ធ្វើការ​កែទម្រង់​ដូច​ដែល​បារាំង​មាន​គម្រោង​ចង់​ធ្វើ និង​មាន​កាតព្វកិច្ច​ត្រូវធ្វើ​នៅ​កម្ពុជា ដោយ​សៀម​គ្មាន​ប្រទេស​អាណា​ព្យាបាល​ដូច​កម្ពុជា ព្រះរាជា​បាន​អំពាវនាវ​រក​ប្រទេស​នៅ​អឺរ៉ុប​ឱ្យ​មក​ជួយ ហើយ​បាន​ប្រគល់​ការ​ដឹកនាំ​បច្ចេកទេស​លើ​គ្រប់​សេវា​ទៅ​ឱ្យ​គេ​កាន់កាប់​ទាំងអស់ ។ ចំពោះ​កម្ពុជា​ដែល​មាន​បារាំង​ជា​អាណា​ព្យាបាល គេ​ក៏​ត្រូវការ​ជា​ចាំបាច់​ណាស់​នូវ​អ្នកបច្ចេកទេស​អឺរ៉ុប​មក​ធ្វើការ​បម្រើ​ផល​ប្រយោជន៍​ត្រឹមត្រូវ​ទៅ​តាម​បច្ចេកទេស​ដែល​គេ​កំពុង​តែ​ប្រើ​នៅ​អឺរ៉ុប​ដែរ ហើយ​អ្នក​បច្ចេកទេស​នោះ​សម​ណាស់​តែ​មាន​សញ្ជាតិ​ជា​ប្រទេស​អាណាព្យាបាល​គឺ​បារាំង ។

ព្រះបាទ​នរោត្ដម​បាន​យល់​ច្បាស់​ណាស់​អំពី​សារសំខាន់​ទាំង​អស់​នេះ ក៏​ប៉ុន្ដែ​ទ្រង់​អាច​មិន​ទាន់​បាន​យល់​ច្បាស់​ទាំងអស់​នៅ​ឡើយ ព្រោះ​គ្មាន​អ្នក​ណា​ផ្ដល់​គំនិត​ថ្វាយ គ្មាន​អ្នក​ណា​ផ្ដល់​ទីប្រឹក្សា​ល្អិត​ល្អន់ ជា​ពិសេស​គឺ​មក​ពី​បារាំង​មិន​ហ៊ាន​បង្ខិតបង្ខំ​ព្រះ​អង្គ​ខ្លាំង​ពេក ។ ម្ល៉ោះ​ហើយ​ព្រះ​អង្គ​មាន​ការ​ញញើត​ញញើម មិន​ហ៊ាន​សម្រេច​យ៉ាង​ណា​ជា​យ៉ាង​ណា​ទេ ណា​មួយ​ទ្រង់​ចង់​ស្ថិត​នៅ​ជា​ព្រះរាជា​ផ្ដាច់​ការ​ផង ចង់​ក្ដាប់​ក្នុង​ព្រះ​ហស្ដ​នូវ​ជីវិត​ សេចក្ដី​ស្លាប់ និង​ទ្រព្យធន​ទាំងអស់​របស់​ប្រជារាស្ដ្រ​ព្រះ​អង្គ​ផង ហើយ​គ្មាន​សេចក្ដី​ក្លាហាន​នឹង​អនុវត្ដ​កំណែ​ទម្រង់​ទាំងនោះ​ទេ ។ ​ព្រះ​អង្គ​ចង់​ក្ដាប់​ផល​នៃ​ពន្ធដារ​ទាំងអស់​ហើយ​ចាត់​ចែង​ទៅ​តាម​តែ​ព្រះ​ទ័យ​ដោយ​មិន​បាន​គិត​ធ្វើ​អ្វី​ជា​ផលប្រយោជន៍​ដល់​ប្រជារាស្ដ្រ ឬ​ធ្វើ​អ្វី​ជា​ប្រយោជន៍​សាធារណៈ​សោះ​ឡើយ ។ ធ្វើ​យ៉ាង​នេះ មិន​សម​នឹង​ការ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​បារាំង​ទេ (98) ។

ដោយ​អត់ទ្រាំ​នឹង​ពិនិត្យ​មើល​របាយការណ៍​ស្ដី​ពី​ការ​យឺតយ៉ាវ​នេះ​តទៅ​ទៀត​មិន​បាន លោក ហ្ស៊ុល​ហ្វ៊េរី ដែល​កាលនោះ​ជា​នាយក​រដ្ឋមន្ដ្រី​បារាំង​បាន​ចាត់​ឱ្យ​លោក​ ស្ហាល​ ថុមសុន​ ជា​ទេសាភិបាល​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ​ប្រទេស​បារាំង​នៅ​កូសាំងស៊ីន សហការ​ជាមួយ​អ្នកតំណាង​អាណាព្យាបាល​បារាំង​នៅ​ភ្នំពេញ ចូល​គាល់​ព្រះបាទ​នរោត្ដម ហើយ​យាង​ព្រះ​អង្គ​ឱ្យ​ឡាយ​ព្រះហស្ដលេខា​លើ​អនុសញ្ញា​មួយ​ដើម្បី​ប្រគល់​កិច្ច​ដឹកនាំ​ព្រះរាជា​ណាចក្រ​ដែល​កន្លង​មក​ព្រះ​អង្គ​ក្ដោប​ក្ដាប់​តែ​មួយ​ព្រះ​អង្គ​ឯង ឱ្យ​អាណាព្យាបាល​បារាំង​ចាត់ចែង​ជំនួស​វិញ​ម្ដង ។ ដោយ​មិន​បាន​គិត​អ្វី​វែង​ឆ្ងាយ លោក​ទេសាភិបាល​កូសាំងស៊ីន​បាន​ឡើង​ជិះ​កប៉ាល់​ជាមួយ​ទាហាន​១០០​នាក់ មក​ឡើង​គោក​នៅ​ខាង​អាគ្នេយ៍​ព្រះរាជវាំង ។ គាត់​បាន​ចុះ​ពី​កប៉ាល់ ហើយ​ចូល​គាល់​ព្រះបាទ​នរោត្ដម​ សម្ដែង​ការ​គួរសម​តាម​របៀប​ពិធីការ រួច​បាន​ដកខ្លួន​ចេញ​ទៅ​វិញ ។ បន្ដិច​ក្រោយ​មក ព្រះរាជា​បាន​យាង​ទៅ​ជួប​ជាមួយ​លោក​ទេសាភិបាល​នៅ​ក្នុង​វិមាន​អាណាព្យាបាល ។

លោក ថុមសុន ជា​មនុស្ស​ខ្វះ​ការ​ប៉ិន​ប្រសប់ គ្មាន​បទ​ពិសោធន៍​ជា​អ្នកការទូត​ម្នាក់​ដែល​ឆ្លាត​វាងវៃ មាន​អំណត់ យល់​ដឹង​ពី​កាលៈទេសៈ​ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ល្អ​ជាមួយ​ព្រះរាជា​កម្ពុជា ដែល​ទ្រង់​ក៏​មិន​យល់​ដឹង​ច្បាស់​អំពី​របៀប​ធ្វើការ​របស់​បារាំង​ដែរ ។ គាត់​មិន​ចេះ​ប្រើ​វិធីសាស្ដ្រ​ពន្យារ​ពេល​ដែល​នឹង​នាំ​មក​នូវ​លទ្ធផល​ល្អ​នៅ​ពេល​ក្រោយ​ទេ ។ គាត់​បាន​សម្រេច​ចិត្ដ​ថា​ត្រូវ​បង្ខំ​សភាពការណ៍ ចាប់​បង្ខំ​ឱ្យ​ព្រះរាជា​ឡាយ​ព្រះហស្ដលេខា ដោយ​ធ្វើ​ឱ្យ​ព្រះ​អង្គ​ភ័យ​ខ្លាច​តាម​ការ​បង្ហាញ​កម្លាំង​ទ័ព ។ គាត់​បាន​ចាត់​មន្ដ្រី​ម្នាក់​នាំ​យក​អនុសញ្ញា​ដែល​លោក​រដ្ឋមន្ដ្រី​មហាផ្ទៃ ក្លូប៊ូ​កូវស្គី បាន​រៀបចំ​ប្រញិប​ប្រញាប់​ជាមួយ​គាត់​មុន​នឹង​ចេញ​ពី​សាយហ្គន​មក​ដើម្បី​ឱ្យ​ព្រះរាជា​ឡាយ​ព្រះហស្ដលេខា ។

មុន​ដំបូង​ព្រះរាជា​មិន​យល់​ថា​តើ​គេ​ចង់​ឱ្យ​ព្រះ​អង្គ​ធ្វើ​អ្វី​ទេ ។​ ពួក​មន្ដ្រី​ទាំងឡាយ​គិត​ថា​បារាំង​ចង់​លុប​បំបាត់​ព្រះរាជា​ណាចក្រ​ចោល ហើយ​ដឹកនាំ​ប្រទេស​ដោយ​គ្មាន​ពួក​គេ គឺ​ទុក​កម្ពុជា​ជា​អាណានិគម​របស់​បារាំង ម្ល៉ោះ​ហើយ​ពួក​គេ​បាន​ថ្វាយ​យោបល់​ដល់​ព្រះរាជា​សូម​កុំ​ឱ្យ​ព្រះ​អង្គ​យល់​ព្រម​តាម ។ មាន​ការ​តឹងតែង​អស់​ពេល​ប៉ុន្មាន​ថ្ងៃ រហូត​ដល់​មាន​ឱសានវាទ ៖ ព្រះរាជា​បាន​ប្រកែក​មិន​ព្រម​ទទួល​លោក​ទេសាភិបាល​ដោយ​យក​លេស​ថា ព្រះ​អង្គ​ប្រឈួន ។​ បារាំង​កំញើញ​ថា​បើ​ព្រះ​អង្គ​មិន​យល់​ព្រម​ទេ​គេ​នឹង​យក​ព្រះ​អង្គ​ទៅ​ដាក់​នៅ​ប្រទេស​អាល់ហ្សេរី ។ ព្រះ​អង្គ​បាន​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​នាយ​ទាហាន និង​មន្ដ្រី​បារាំង​ជា​ច្រើន​រូប​ក្នុង​នោះ​មាន​លោក ហ៊្វូរ៉ែស អ្នកតំណាង​អាណាព្យាបាល​បារាំង​នៅ​កម្ពុជា​លោក​លូស​ដែល​ក្រោយ​មក​ជា​រ៉េស៊ីដង់​ជាន់ខ្ពស់​នៅ​កម្ពុជា​(១៨៩៨) ហើយ​គេ​ធ្វើ​ឱ្យ​ព្រះ​អង្គ​អាច​ទត​ពី​ព្រះ​បរមរាជវាំង​ទៅ​ឃើញ​កប៉ាល់​ដែល​ចាំតែ​ដឹក​យក​ព្រះ​អង្គ​ទៅ​ ធ្វើ​ឱ្យ​ព្រះរាជា​ភ័យ​ញ័រ រន្ធត់ អត់​មិន​បាន​ក៏​ឡាយ​ព្រះហស្ដលេខា​លើ​អនុសញ្ញា​ដែល​បារាំង​យក​មក​បង្ខំ​ព្រះ​អង្គ​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៨៨៤ ។​ តាម​ពិត​ទៅ​មាន​ព្រឹត្ដិការណ៍​ដ៏​គួរ​ឱ្យ​សោក​ស្ដាយ​មួយ​បាន​កើត​ឡើង​ដែល​ធ្វើ​ឱ្យ​ព្រះរាជា​ទ្រង់​ភិតភ័យ ​​ខ្លាំងៈ​ លោក​ កុល​ដឺ​ម៉ុងតេរ៉ូ​ ដែល​ជា​អ្នកបកប្រែ​របស់​ព្រះ​អង្គ​បាន​ប្រែពាក្យ​មួយ​ម៉ាត់​ខុស​មក​ពី​ពាក្យ​នោះ​មាន​ន័យ​២​យ៉ាង ។ លោក ប៉ាវី អ្នករុករក​បារាំង​សម្រាប់​ប្រទេស​លាវ​បាន​កែតម្រូវ​លើ​ការ​បកប្រែ​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ឃាត់ខ្លួន​លោក​កុល​ដឺ​ម៉ុងតេរ៉ូ​ ហើយ​ឱ្យ​ទាហាន​២​នាក់​ដែល​ឈរ​សងខាង​បាន​វាយ​ធ្វើបាប​គាត់​បន្ដិច​បន្ដួច ។

ព្រះរាជា​មិន​បាន​ដឹង​ថា បើសិនជា​ព្រះ​អង្គ​រក្សា​បាន​នូវ​ពាក្យ​ដែល​ព្រះ​អង្គ​បាន​សន្យា​កាលពី​ឆ្នាំ​១៨៧៧ ព្រះ​អង្គ​មិន​ចាំបាច់​ត្រូវ​គេ​បង្ខំ​ឱ្យ​ចុះ​អនុសញ្ញា​ឆ្នាំ​១៨៨៤​នេះ​ទេ ។ ក៏​ប៉ុន្ដែ​គ្មាន​នរណា​ម្នាក់​បាន​ជួយ​រំលឹក​ព្រះ​អង្គ​អំពី​រឿង​នេះ​សោះ តាំង​តែ​ពី​ពេល​នោះ​មក ។ ហើយ​ព្រះ​អង្គ​រឹតតែ​មិន​បាន​ដឹង​សោះ​ថា ទ្រង់​នឹង​មិន​មាន​ខាតបង់​អ្វី​ទាំងអស់​ជាមួយ​អនុសញ្ញា​ថ្មី​នេះ ។ បើ​និយាយ​អំពី​អ្នកតំណាង​របស់​ប្រទេស​បារាំង​ប្រចាំ​នៅ​កម្ពុជា​វិញ អស់​លោក​មិន​បាន​គិត​ថា​អស់​លោក​គ្មាន​បាន​ធ្វើ​អ្វី​សោះ​ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លង​ទៅ​នេះ ដើម្បី​ធ្វើ​ឱ្យ​ការ​កែទម្រង់​ដែល​មាន​កត់ត្រា​នៅ​លើ​ក្រដាស​រួច​ហើយ​ប្រែ​ក្លាយ​ទៅជា​ការ​ពិត ។ អស់​លោក​មិន​ដែល​បាន​រំលឹក​ព្រះរាជា​អំពី​អ្វី​ដែល​ព្រះ​អង្គ​បាន​សន្យា​រួច​មក​ហើយ​ទេ ។​ ជា​ពិសេស​អស់លោក​មិន​ដែល​ពន្យល់​ព្រះរាជា​ឱ្យ​ទ្រង់​ជ្រាប​អំពី​គោល​បំណង​ល្អ​ដែល​បារាំង​ចង់​ធ្វើ ហើយ​ក៏​មិន​បាន​ចង្អុល​បង្ហាញ​ឱ្យ​ព្រះ​អង្គ​ជ្រាប​ថា តើ​ត្រូវ​ចាត់​វិធានការ​ដូច​ម្ដេច​ទេ ។ អស់​លោក​អ្នកតំណាង​អាណាព្យាបាល​បាន​មក​រស់នៅ​ក្បែរ​ព្រះរាជា​របៀប​ដូច​ជា​កុលស៊ុល​អីចឹង​មិន​មែន​របៀប​ជា​រ៉េស៊ីដង់​ដែល​ប្រទេស​បារាំង​ផ្ទុកផ្ដាក់​ឱ្យ​មក​ជំរុញ​ការ​កសាង​ទេ ។

ពេល​ត្រលប់​មក​កាន់​វិមាន​អាណាព្យាបាល​វិញ លោក​ទេសាភិបាល​កូសាំងស៊ីន​បាន​ចេញ​បញ្ជា​ឱ្យ​គេ​រៀបចំ​សេចក្ដី​សម្រេច​ផ្សេងៗ​ដែល​គាត់​យល់​ថា​ចាំបាច់ ហើយ​បាន​បង្ខាំង​លោក ឌៀប ជា​អ្នក​បកប្រែ​របស់​ព្រះរាជា ដែល​សព្វ​ថ្ងៃនេះ​ជា​រដ្ឋមន្ដ្រី​ខាង​ទ័ពជើងទឹក ឱ្យ​ធ្វើ​ការ​តែ​មិន​ឱ្យ​មាន​ទំនាក់​ទំនង​ទៅ​ខាងក្រៅ​ទេ ។ ដោយ​មិន​បាន​ប្រុងប្រៀប​រៀបចំ​ទុកជា​មុន មិន​បាន​គិត​ឱ្យ​ល្អិត​ល្អន់ កិច្ចការ​ដែល​គេ​បាន​ធ្វើ​ពេល​នោះ​ក៏​ខ្វះ​នូវ​ប្រសិទ្ធភាព ហើយ​ក៏​គ្មាន​អនាគត​វែង​ឆ្ងាយ​ប៉ុន្មាន​ដែរ ។ គេ​អាច​ពិនិត្យ​មើល​ឃើញ​នូវ​ការ​ប្រញិប​ប្រញាប់​ដែល​គួរ​ឱ្យ​អស់​សំណើច​ហើយ​ប៉ាន់ស្មាន​បាន​នូវ​អ្វី​ដែល​គេ​បាន​ស្រមើ​ស្រមៃ ។

ពេលវេលា​បាន​កន្លង​ផុត​ទៅ​ប៉ុន្មាន​ខែ​ហើយ បារាំង​ហៀប​តែ​នឹង​ចាប់ផ្ដើម​ធ្វើការ​សើរើ​រៀបចំ​ព្រះរាជា​ណាចក្រ​ឡើង​វិញ​ទៅ​ហើយ ស្រាប់តែ​លោក​តំណាង​អាណាព្យាបាល​ទទួល​ដំណឹង​ថា​មាន​ការ​បង្កបង្កើត​ជា​ទ័ពទីង​នៅ​កន្លែង​ជា​ច្រើន​ក្នុង​ប្រទេស​ ហើយ​គំរាម​កំហែង​មក​លើ​ទីតាំង​រ៉េស៊ីដង់​ថ្មីៗ​របស់​បារាំង ។

ដូច្នេះ សង្គ្រាម​បាន​ផ្ទុះ​ឡើង ហើយ​គេ​បាន​ចេញ​បញ្ជា​ពី​កូសាំងស៊ីន​មក​ឱ្យ​កាន់កាប់​ទីប្រជុំជន​ឱ្យ​បាន​ ហើយ​ឱ្យ​ចាត់​បញ្ចេញ​ទ័ព​ចល័ត​តាម​វាយ​ទៅ​លើ​ពួក​បះបោរ ។ ពួក​នេះ​ត្រូវ​បរាជ័យ​ជានិច្ច ហើយ​បាន​រត់គេច​ខ្លួន​រាល់​ពេល​ដែល​បាន​ជួប​ទាហាន​បារាំង ។

ការ​បះបោរ​នេះ​បាន​កើត​ឡើង​ក្រោម​ការ​ញុះញង់​ពី​ពួក​មន្ដ្រី និង​តាម​បញ្ជា​ពី​ព្រះរាជា ហើយ​ស៊ី​ពេល​អស់​១៨​ខែ ។ មិន​មាន​ការ​ប្រយុទ្ធ​អ្វី​ធំ​ដំ​ប៉ុន្មាន​ទេ ក៏​ប៉ុន្ដែ​វា​បាន​ធ្វើ​ឱ្យ​ប្រទេស​ហិនហោច​យ៉ាង​ឆាប់​រហ័ស ។ តាម​ពិត បារាំង​ជា​អ្នក​ខ្លាំង​ជាង ហើយ​ព្រះរាជា​ដែល​គង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ទ្រង់​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​បារាំង ។ បារាំង​អាច​ចាប់ខ្លួន​ព្រះរាជា​ប្រកាស​លើក​ព្រះ​ឧបរាជ​ឱ្យ​ឡើង​កាន់​ការ​ជំនួស​ និង​អាច​បញ្ចប់​សង្គ្រាម​បាន​ដោយ​នាំ​យក​ព្រះរាជា​ទៅ​ប្រទេស​បារាំង ឬ​ទៅ​កាន់​ទឹកដី​នៅ​អាហ្វ្រិក ។ ក៏​ប៉ុន្ដែ​បារាំង​មិន​ធ្វើ​ដូច្នេះ​ទេ គឺ​ពេញចិត្ដ​នឹង​ចាត់ការ​ទៅ​លើ​ព្រះរាជា ពួក​នាម៉ឺន​មន្ដ្រី​នៅ​ក្នុង​ប្រទេស​តែ​ម្ដង ធ្វើ​ឱ្យ​ទាំងអស់​គ្នា​យល់​ស្រប​តាម ហើយ​ចាប់​ធ្វើការ​កែ​ទម្រង់​ដែល​ចាំបាច់​វិញ ។

ការ​បះបោរ​បាន​រីក​រាលដាល​ទៅ​ពេញ​ទូទាំង​កម្ពុជា​នៅ​ចុងឆ្នាំ​១៨៨៥ បារាំង​មាន​ប៉ុសិ៍្ដ​យោធា​ទាំង​អស់​៥២ នៅ​ក្នុង​ព្រះរាជា​ណាចក្រ ។ សង្គ្រាម​នោះ​គឺ​ព្រះរាជា​បាន​បង្ក​ឡើង ក៏​ប៉ុន្ដែ​ពួក​អ្នកស្រុក​ស្រលាញ់​ចូល​ចិត្ដ​បារាំង សប្បាយ​រីករាយ​ទទួល​បារាំង​ថា​ជា​អ្នក​ការពារ ។ សង្គ្រាម​នោះ​បាន​ធ្វើ​ឱ្យ​បារាំង​បាត់បង់​កម្លាំង​អស់​ប្រហែល​ជា​១​ពាន់​នាក់ ដែល​ភាគ​ច្រើន​ត្រូវ​ស្លាប់​ដោយ​ជំងឺ​គ្រុន និង​កម្ដៅ​ព្រះអាទិត្យ មិន​មែន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​សត្រូវ​ទេ ។ ក៏​ប៉ុន្ដែ​សង្គ្រាម​នោះ​បាន​ធ្វើ​ឱ្យ​ខ្មែរ​ប្រហែល​១​ម៉ឺន​នាក់​ស្លាប់​ដោយ​អត់ឃ្លាន​ដោយ​ទុរ្ភិក្ស និង​ការ​ខ្វះខាត ដោយ​ជំងឺ​គ្រុន និង​ជំងឺ​ផ្សេងៗ​ទៀត​នៅ​ពេល​រត់គេច​ទៅ​រស់នៅ​ក្នុង​ព្រៃរបោះ និង​ព្រៃរនាម ។

គេ​បាន​បញ្ជូន​ទ័ព​ពី​សាយហ្គន​មក ដែល​ធ្វើបាប​អ្នកស្រុក​ហើយ​ដុត​រោល​ឱ្យ​អ្នកស្រុក​អត់ទ្រាំ​មិន​ចូលរួម​ធ្វើ​សង្គ្រាម​មិន​បាន ។ ក៏​ប៉ុន្ដែ​សង្គ្រាម​ដែល​ផ្ទុះ​ឡើង​ក្រោម​ការ​ញុះញង់​របស់​ពួក​មន្ដ្រី តាម​បញ្ជា​របស់​ព្រះរាជា ដែល​ផ្ទុយ​នឹង​ឆន្ទៈ​របស់​អ្នកស្រុក​ស្រែ​ចម្ការ​ដែល​ចង់​បាន​សន្ដិភាព បាន​ចាប់​ផ្ដើម​ស្ងប់ស្ងាត់​នៅ​ចុង​ឆ្នាំ​បន្ទាប់ ។ គេ​ចាប់​បិទ​ប៉ុស្ដិ៍​យោធា​ជា​បន្ដបន្ទាប់ ហើយ​ព្រះរាជា​ណាចក្រ​ទាំងមូល​មាន​សភាព​ស្ងប់ស្ងាត់​ឡើង​វិញ​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៨៨៧ ដោយ​មិន​មាន​ការ​បង្ហូរ​ឈាម​ច្រើន​ពេក​ទេ តែ​ក៏​បាន​ធ្វើ​ឱ្យ​ខូចខាត​ជីវិត​អ្នកស្រុក និង​ទាហាន​បារាំង​អស់​ចំនួន​ច្រើន​គួរសម​ដែរ បណ្ដាល​មក​ពី​ចលាចល ការ​ផ្លាស់​ប្ដូរ​ទីកន្លែង ការ​រត់​ចូល​ព្រៃ និង​ជំងឺ ។

ពួក​បះបោរ​ចាប់​វិល​ត្រលប់​ចូល​ក្នុង​ស្រុក​វិញ មក​ចុះចូល​សារភាព​នៅ​តាម​ទីកន្លែង​ដែល​មាន​រ៉េស៊ីដង់​បារាំង​នៅ ហើយ​ដោយ​បារាំង​បាន​ស្រុះស្រួល​មូលមតិ​ជាមួយ​ព្រះរាជា និង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ដ្រី បង្អង់​មិន​ទាន់​អនុវត្ដ​ការ​កែទម្រង់ ដើម្បី​ធ្វើការ​សិក្សា​ឱ្យ​ល្អិតល្អន់​សិន សន្ដិភាព​ក៏​បាន​វិល​ត្រលប់​មក​ក្នុង​ស្មារតី​ប្រជាជន​ម្នាក់ៗ​ឡើង​វិញ​ដែរ ។ មាន​តែ​រ៉េស៊ីដង់​បារាំង​នៅ​កំពត ក្រចេះ កំពង់ធំ និង​ពោធិ៍សាត់​ប៉ុណ្ណោះ ដែល​លោក ពីកេ (99) ជា​រ៉េស៊ីដង់​ធំ​នៅ​កម្ពុជា បាន​បញ្ជា​ឱ្យ​បន្ដ​ធ្វើការ​សិក្សា​អំពី​ទឹកដី ទំនៀម​ទម្លាប់​របស់​អ្នកស្រុក​ដោយ​មិន​ឱ្យ​លូកដៃ​ជ្រៀតជ្រែក​ទៅ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​ក្នុង​ស្រុក​ទេ ហើយ​ត្រូវ​រក្សា​ទំនាក់​ទំនង​ល្អជា​មួយ​អភិបាល​ខែត្រ ត្រួត​ពិនិត្យ​សកម្មភាព​អភិបាល​ខែត្រ​ទាំងនោះ ជា​ពិសេស​ត្រូវ​ចេះ​ធ្វើ​ឱ្យ​ប្រជាជន​ស្រលាញ់​ផង ។

នៅ​ឆ្នាំ​១៨៨៨ ព្រះរាជា​ដែល​យល់​កាន់តែ​ច្បាស់​ជាង​មុន បាន​ប្រគល់​ការ​គ្រប់គ្រង​ព្រះរាជាណាចក្រ​ដែល​នៅ​តែ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ​អង្គ ទៅ​ឱ្យ​បារាំង​ចាត់ចែង​ជំនួស​វិញ ។ ព្រះ​អង្គ​បាន​ឱ្យ​លោក​តំណាង​អាណាព្យាបាល​ធ្វើ​ជា​អធិបតី​លើ​ក្រុមប្រឹក្សា​រដ្ឋមន្ដ្រី តែ​បាន​ស្នើ​សុំ​ឱ្យ​គេ​ថ្វាយ​ជូន​នូវ​ប្រាក់​៤​សែន​ពីយ៉ាស (ប្រហែល​១​លាន​៧​សែន​ហ្វ្រង់) ។ ការ​កែទម្រង់​ទាំងឡាយ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ព្រះ​អង្គ សេចក្ដី​សម្រេច​ផ្សេងៗ​ត្រូវ​មាន​ព្រះ​ហស្ដ​លេខា និង​ត្រា​របស់​ព្រះ​អង្គ​ផង ។

ចាប់ពី​ពេល​នោះ​មក អាណាព្យាបាល​បាន​ដំណើរការ​ទៅ មិន​ជា​ល្អ​មិន​ជា​អាក្រក់​ណាស់​ណា​ទេ គឺ​សម​ស្រប​ទៅ​នឹង​ផល​ប្រយោជន៍​របស់​ព្រះរាជាណាចក្រ​ដែរ ។ បារាំង​កាន់កាប់​ការងារ​រដ្ឋបាល​មាន​មធ្យោបាយ​គ្រប់គ្រាន់​នឹង​ចាប់​ផ្ដើម​ធ្វើ​កំណែ​ទម្រង់​ដែល​ចាំបាច់ ហើយ​ការ​រៀបចំ​ស្រុក​ទេស​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​យឺតៗ ។ មក​ដល់​សព្វ​ថ្ងៃនេះ ព្រះរាជាណាចក្រ​មាន​ផ្លូវ មាន​ស្ពាន​ខ្លះៗ​ហើយ ។ គេ​ចាប់​ធ្វើការ​សិក្សា​លើ​កិច្ចការ​ធំៗ ចាប់​សាងសង់​សាលារៀន ហើយ​រដ្ឋាភិបាល​បារាំង​បាន​ចាប់ផ្ដើម​តាំងពី​ដប់​ពីរ​ឆ្នាំ​មក​ហើយ​ក្នុង​ការ​គិតគូរ​ពី​គម្រោង​សាងសង់​ផ្លូវដែក​មួយ ។ គេ​ក៏​បាន​សើរើ​ពិនិត្យ​ច្បាប់​ឡើង​វិញ​ដែរ ។

ព្រះបាទ​នរោត្ដម បាន​សុគត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​១៩០៤ ក្នុង​ព្រះ​ជន្មាយុ​៧០​ព្រះវស្សា ។

៤៤. ព្រះបាទ​ស៊ីសុវត្ថិ (១៩០៤- …)

ព្រះ​អនុជ​របស់​ព្រះបាទ​នរោត្ដម​គឺ​ព្រះបាទ​ស៊ីសុវត្ថិ​ដែល​ជា​ព្រះ​ឧបរាជ​ ទ្រង់​មាន​ព្រះ​ជន្ម​៦៥​ព្រះ​វស្សា​ហើយ ហើយ​បាន​ត្រូវ​គេ​លើក​ឱ្យ​ឡើង​សោយរាជ្យ​បន្ដ​នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ។ ព្រះ​អង្គ​បាន​ទទួល​ព្រះរាជ​ពិធី​រាជាភិសេក​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​១៩០៦ ដោយ​មាន​លោក បូ ជា​ទេសាភិបាល​បំពាក់​ម្កុដ​រាជ​ថ្វាយ ក្នុង​នាម​នៃ​សាធារណរដ្ឋ​បារាំង ។

ព្រះរាជា​ថ្មី​បាន​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​នៅ​ខែ​បន្ទាប់ រួច​បាន​យាង​ត្រលប់​មក​វិញ​នៅ​ខែសីហា ឆ្នាំ​១៩០៦ ។ ទ្រង់​មាន​ព្រះ​ទ័យ​រីករាយ​ខ្លាំង​ណាស់​ចំពោះ​ព្រះរាជ​ទស្សនកិច្ច​នេះ ដែល​បាន​ឃើញ​ថា ប្រទេស​ដែល​ជា​អាណាព្យាបាល​លើ​កម្ពុជា ហើយ​ដែល​កម្ពុជា​ផ្ញើ​វាសនា​ជាមួយ​នោះ ជា​ប្រទេស​ធំ​មួយ ។

សន្ធិសញ្ញា​មួយ​ជាមួយ​ប្រទេស​សៀម ចុះ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​១៩០៧ បាន​មក​បំពេញ​បន្ថែម​ឱ្យ​សន្ធិសញ្ញា​ឆ្នាំ​១៩០៤ ដោយ​បាន​នាំ​យក​ទឹកដី​មួយ​ចំនួន​ដែល​កម្ពុជា​បាន​បាត់បង់​ទៅ ត្រលប់​មក​វិញ ធ្វើ​ឱ្យ​ទឹកដី​ព្រះរាជាណាចក្រ​ពេល​នោះ​ប្រហាក់​ប្រហែល​ទៅ​នឹង​ទឹកដី​កាលពី​សតវត្សរ៍​ទី​១៦​ដែរ ។ ខែត្រ​បាត់ដំបង​ជាមួយ​នឹង​ស្រុក​៤​ក្នុង​បណ្ដា​ស្រុក​ទាំង​៥​មាន​ សិរីសោភ័ណ​ មង្គលបុរី​ សៀមរាប​ និង​ត្នោត (100) បាន​ក្លាយមក​ជា​ទឹកដី​របស់​កម្ពុជា​ឡើង​វិញ ហើយ​ព្រំប្រទល់​ដែន​របស់​កម្ពុជា​បាន​ត្រូវ​លើក​ទៅ​ទល់​នឹង​ភ្នំ​ដងរែក​នៅ​ខាងជើង​ នៅ​ខាងលិច រហូត​ជិត​ដល់​អារញ្ញ​តាម​ផ្លូវ​ទៅ​វឌ្ឍនៈ និង​ទៅ​ទល់​នឹង​មុន​សាលា​ប៉ាកាត​បន្ដិច តាម​ផ្លូវ​ទៅ​ចន្ទតាប៊ុន ។

ជាមួយនឹង​ទឹកដី​ដែល​សន្ធិសញ្ញា​ឆ្នាំ​១៩០៤​ជាមួយ​សៀម​បាន​ប្រគល់​មក​ឱ្យ​បារាំង ហើយ​បារាំង​បាន​ដាក់​បញ្ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ទន្លេរពៅ ម្លូព្រៃ កោះកុង​ ជាមួយ​នឹង​ការ​កាត់​ខែត្រ​ស្ទឹងត្រែង​របស់​លាវ​ក្រោម​ការ​គ្រប់គ្រង​របស់​បារាំង ឱ្យ​មក​ព្រះរាជាណាចក្រ​ខ្មែរ​វិញ ទឹកដី​កម្ពុជា​ពេល​នោះ​បាន​កើន​ឡើង​ទ្វេ ដោយសារ​តែ​ការ​ត្រួតត្រា​របស់​បារាំង ។

ប្រជាជន​កម្ពុជា​រួបរួម​គ្នា​ជា​ប្រជាជាតិ​មួយ​ដោយសារ​តែ​ព្រះរាជា ។ ប្រជាជន​នេះ​មាន​សាមគ្គី​គ្នា តែ​នៅ​ពេល​ណា​ដែល​ទុក្ខវេទនា​នៅ​ត្រង់​កន្លែង​ណា​មួយ ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់ទី​កន្លែង​ផ្សេងៗ​ទៀត ។ ដរាបណា​ការ​ឈ្លានពាន​ចូល​មក​ក្នុង​ទឹកដី​មួយ ឬ​ការ​ឆក់​ប្លន់​នៅ​តាម​ព្រំប្រទល់​ដែន​មួយ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះរាជា​ទេ ប្រជារាស្ដ្រ​ក៏​មិន​បាន​គិត​ថា ហេតុការណ៍​នោះ​ធ្វើ​ឱ្យ​ខូចខាត​ដល់​ផល​ប្រយោជន៍​របស់​គេ​ដែរ ។ គេ​ស្ដាប់​ការ​ដំណាល​រឿង​ដែល​ឮ​តៗ​គ្នា​មក​ដល់​គេ ដោយ​មិន​បាន​គិត​ថា​ត្រូវ​ចូលរួម​ជួយ​សងសឹក​ផង​ទេ ។ សព្វ​ថ្ងៃនេះ បារាំង​កំពុង​តែ​ខិតខំ​ជួយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាជន​នេះ​មាន​ថាមពល​ឡើង​វិញ ឱ្យ​មាន​ទំនុក​ចិត្ដ​លើ​ខ្លួនឯង និង​ឱ្យ​ពួក​គេ​មាន​ស្មារតី​សាមគ្គី​ជាតិ និង​គំនិត​ច្នៃ​ប្រឌិត​ឡើង​វិញ ។ បារាំង​មិន​ចង់​ធ្វើ​ជា​ម្ចាស់​លើ​ប្រជាជន​នេះ​ទេ ក៏​ប៉ុន្ដែ​ចង់​ធ្វើ​ជា​មេកោយ ដូច​ដែល​គេ​តែងតែ​និយាយ​នៅ​កម្ពុជា​ថា ជា​គ្រូអាចារ្យ និង​ជា​អ្នក​ការពារ (101) ។

(1) ពាក្យ​នេះ​មាន​ប្រភព​ចេញពី​ភាសាសំស្ក្រឹត ប្រើ​សម្រាប់​សម្គាល់​រាជវង្ស​ដែល​មិន​អាច​ទទួល​រាជសម្បត្ដិ​បាន បើ​ទោះបី​ជា​ព្រះ​រាជបុត្រា​ ឬ​នត្ដា​របស់​ស្ដេច​គ្រងរាជ្យ​ក៏​ដោយ ។ និយាយ​ឱ្យ​ខ្លី​គឺថា​ឋានៈ​នេះ​គេ​ប្រើ​សម្រាប់​ធ្វើ​ឱ្យ​រាជវង្ស​មួយ​អង្គ​ឃ្លាត​ឆ្ងាយ​ចេញពី​រាជសម្បត្ដិ ។​

(2) ឈ្មោះ​នេះ​បាន​ប្រែ​មក​ជា​ស្រីសន្ធរ​តាំងពី​យូរយារ​ណាស់​មក​ហើយ​ ហើយ​ដែល​ពួក​អេស្ប៉ាញ​និង​ព័រទុយហ្គាល់​ហៅ​ថា ស៊ីស្ធរ ឬ​ស៊ីស្ទ័រ នៅ​ក្នុង​សតវត្សរ៍​ទី​១៧ ។ គឺជា​រាជធានី​របស់​កម្ពុជា​នា​សម័យ​នោះ ហើយ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ មាន​ប្រជាជន​៩​ម៉ឺន​នាក់ ។ ពាក្យ​ស៊ីស្ទ័រ​ ក្លាយ​មក​ពី​ស្រីសន្ធរ ហើយ​កាលពី​ពេល​នោះ​គេ​មាន​ស្រុក​៣ គឺ​ស៊ីធរ​ឆ្វេង ស៊ីធរ​ស្ដាំ និង​ស៊ីធរ​កណ្ដាល នៅ​ខាងកើត​ខែត្រ​ខ្សាច់កណ្ដាល ។ ទីក្រុង​នេះ​ស្ថិត​នៅ​ខាងត្បូង​បឹង​ស៊ីធរ ខាងកើត​បឹង​តាគង់ និង​នៅ​ខាងជើង​ព្រែក​មួយ​ដែល​ហូរ​កាត់​ផ្លូវ​ទៅ​ល្វាឯម ដែល​ស្ថិត​នៅ​ចំ​ពីមុខ​ចតុម្មុខ ឬ​ភ្នំពេញ ។ ចម្ងាយ​ត្រង់​ពី​ស៊ីធរ​មក​ភ្នំពេញ គឺ​៣០​គីឡូម៉ែត្រ ។

(3) ត្រង់​នេះ គឺ​ដូចដែល​លោក​កាបាតុង​បាន​រៀបរាប់​អីចឹង ព្រះរាជា​មិន​បាន​ភៀស​ព្រះ​អង្គ​ទៅ​រាជវាំង​ស្ដេច​លាវ គឺ​វៀងចន្ទ នោះ​ទេ ។

(4) ជនជាតិ​ហូឡង់​ឈ្មោះ​ ហ្សេរ៉ាវ៉ាន់ វូសូវ ដែល​ធ្វើ​ដំណើរ​ឡើង​តាម​ទន្លេមេគង្គ​ទៅ​ដល់​វៀងចន្ទ​នៅ​ក្នុង​ឆ្នាំ​១៦៤១​-​១៦៤២ បាន​រៀបរាប់​ថា ព្រំដែន​កម្ពុជា​ពេល​នោះ​នៅ​ខ្ពស់​ណាស់ គឺ​រហូត​ដល់​ចន្លោះ​ខោន និង​បាសាក់ ។

(5) ជើងព្រៃ​ ជា​ឈ្មោះ​ខែត្រ​មួយ​របស់​កម្ពុជា​ស្ថិត​នៅ​លើ​ច្រាំង​ខាងស្ដាំ​របស់​ទន្លេមេគង្គ​ចន្លោះ​ខែត្រ​ស្ទឹងត្រង់​ និង​ខែត្រ​អន្លង់រាជ ។

(6) ចៅពញា​តន់ ទ្រង់​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៥៦៨ ឯ​ចៅពញា​យោម ដែល​ជា​បុត្រ​របស់​ព្រះ​សត្ថា​ជាមួយ​អ្នក​ម្នាង​លាវ​មួយ​អង្គ ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៥៧៣ ។ ដូច្នេះ​ពេល​នោះ ពញា​តន់ មាន​ព្រះ​ជន្ម​២៦​ព្រះវស្សា​ហើយ ហើយ​ពញា​យោម​មាន​ព្រះ​ជន្ម​២១​ព្រះ​វស្សា ។ ក៏​ប៉ុន្ដែ​រាជ​ពង្សាវតារ និង​ការ​និទាន​តៗ​គ្នា​និយាយ​ថា ពញា​តន់ ទើបតែ​មាន​ព្រះ​ជន្ម​១៦​ព្រះវស្សា​ទេ ហើយ​ពញា​យោម មាន​ព្រះ​ជន្ម​១១​ព្រះវស្សា ។

(7) កន្លែង​នេះ​មាន​ការ​ច្របូកច្របល់​ជា​ខ្លាំង ប្រហែល​ដោយ​មក​ពី​ខ្ញុំ​គិត​ថា​ព័ត៌មាន​ដែល​បាន​ពី​ឯកសារ​អេស្ប៉ាញ​ផ្ដល់​ថ្ងៃខែ និង​ហេតុការណ៍​ច្បាស់លាស់​ជាង និង​ម្យ៉ាង​ទៀត ខ្ញុំ​កំណត់​យក​ឆ្នាំ​១៥៩៣ ជា​ឆ្នាំ​ដែល​សៀម​ដណ្ដើម​យក​រាជធានី​លង្វែក​បាន ។ រាជពង្សាវតារ​បាន​កំណត់​ថា​ព្រះ​សត្ថា​ទ្រង់​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៥៤៣ ហើយ​ព្រះ​ជ័យជេដ្ឋា​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៥៦៤ រួច​ហើយ​ថា ស្ដេច​ទាំង​២​អង្គ​បាន​សុគត​ទៅ​នៅ​ស្ទឹងត្រែង​ក្នុង​ឆ្នាំ​១៥៨៥​ បាន​សេចក្ដី​ថា​នៅ​ពេល​ដែល​ព្រះ​សត្ថា​មាន​ព្រះ​ជន្មាយុ​៤២​ព្រះ​វស្សា ហើយ​ព្រះ​ជ័យជេដ្ឋា​មាន​ព្រះ​ជន្មាយុ​២០​ព្រះ​វស្សា ។ ប៉ុន្ដែ​បើ​យើង​គិត​ថា​សៀម​វាយ​យក​លង្វែក​បាន​នៅ​ឆ្នាំ​១៥៩៣ ហើយ​ស្ដេច​ទាំង​២​អង្គ​សុគត​នៅ​ក្នុង​ឆ្នាំ​១៥៩៤ នោះ​ស្ដេច​ទាំង​២​នឹង​ត្រូវ​មាន​ព្រះ​ជន្មាយុ​៥១​ឆ្នាំ​ និង​៣០​ឆ្នាំ ។ ហើយ​រាជពង្សាវតារ​បាន​លើក​បន្ថែម​ទៀត​ថា​ស្ដេច​ឪពុក​សោយរាជ្យ​បាន​១៧​ឆ្នាំ ស្ដេច​កូន​សោយរាជ្យ​បាន​១០​ឆ្នាំ ។ ឃើញ​ថា​កាលបរិច្ឆេទ​ដែល​ផ្ដល់​ឱ្យ​ដោយ​រាជពង្សាវតារ​ឆ្លើយ​គ្នា​ល្អ​ណាស់ ហើយ​ព័ត៌មាន​របស់​ឯកសារ​អេស្ប៉ាញ​មិន​ត្រឹមត្រូវ​ទេ ។ បើ​ដូច្នេះ តើ​យើង​ត្រូវ​ទាត់​ព័ត៌មាន​ឯកសារ​អេស្ប៉ាញ​ចោល ហើយ​និយាយ​ថា លោក​ឪពុក សង់​អង់តូនីញ៉ូ ច្រឡំ​ពេលវេលា​ដល់​ទៅ​១០​ឆ្នាំ​ឬ ? ឬ​មួយ​ក៏​ថា កំហុស​មក​ពី​ពួក​អ្នក​ដែល​ចម្លង​រាជពង្សាវតារ​ទៅ​វិញ​ទេ ដែល​បាន​ខិតខំ​កែសម្រួល​កាលបរិច្ឆេទ​ឱ្យ​សម​ស្រប​ទៅ​តាម​គ្នា ដើម្បី​កុំ​ឱ្យ​គេ​មើល​ទៅ​មិន​ត្រូវ ? ខ្ញុំ​គិត​ថា​សម្មតិកម្ម​ក្រោយ​នេះ អាច​នឹង​ចាត់​ទុក ថា​មាន​ពិតប្រាកដ​បាន ពីព្រោះ​ថា​ចំពោះ​ហេតុការណ៍​ខ្លះ យើង​ជា​ជនជាតិ​អឺរ៉ុប​មាន​ការ​ស្មុគស្មាញ​នឹង​សម្រេច ខ្មែរ​មិន​ញញើត​នឹង​ធ្វើការ​កែសម្រួល​តម្រឹម​ទេ ដរាបណា​គេ​គ្មាន​ការ​ទទួល​ខុសត្រូវ​ផ្ទាល់ ឬ​មិន​មាន​ការ​ដាក់​ទណ្ឌកម្ម​ជាក់​ស្ដែង គឺ​អ្នក​ដែល​កែសម្រួល​ប្រវត្ដិសាស្ដ្រ​មិន​ដែល​មាន​ទោស​ទេ​នៅ​កម្ពុជា ។ បើ​ទោះជា​យ៉ាងណា​ក្ដី យើង​ត្រូវ​រង់ចាំ​ដល់​ពេល​ដែល​មាន​ឯកសារ​ផ្សេងៗ​ទៀត ដើម្បី​កាត់​សេចក្ដី​លើ​រឿង​នេះ ជា​ពិសេស​ឯកសារ​មក​ពី​ម៉ានីល ដែល​គេ​បាន​ប្រកាស​ថា ជិត​នឹង​ផ្សព្វផ្សាយ​ហើយ ។

(8) ចំណុច​ត្រង់​នេះ​បើសិនណា​ជា​ពញា​តន់​មាន​ព្រះ​ជន្ម​២៦​ព្រះ​វស្សា​ដូច​ដែល​រាជពង្សាវតារ​បាន​លើក​មែន​ ពីព្រោះ​ថា​ទ្រង់​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៥៦៨ ហើយ​លង្វែក​ត្រូវ​សៀម​វាយ​យក​បាន​នៅ​១៥៩៣ រួច​ព្រះ​ជ័យជេដ្ឋា​សុគត​នៅ​ក្នុង​ឆ្នាំ​១៥៩៤ ព្រះ​អង្គ​មាន​វ័យ​សម​ល្មម​អាច​នឹង​ទាមទារ​យក​អំណាច​ពី​ស្ដេច​ជ្រែករាជ្យ​បាន​ដោយ​បង្ក​បក្សពួក​មួយ​ក្រុម ។ ក៏​ប៉ុន្ដែ​ប្រហែលជា​ព្រះ​អង្គ​មាន​ព្រះជន្ម​តែ​១៦​ព្រះ​វស្សា​ទេ ទើប​បាន​ជា​មិន​អាច​កេណ្ឌ​គ្នា​ឱ្យ​គាំទ្រ ព្រោះ​នៅ​វ័យក្មេង​ពេក មិន​ទាន់​អាច​សម្រេច​កិច្ចការ​ធំៗ​បាន ។

(9) រាជពង្សាវតារ​និយាយ​ថា​តែ​១០​នាក់​ទេ ។

(10) រាជពង្សាវតារ​បាន​អះអាង​ថា ព្រះ​រាមា​ជើងព្រៃ បាន​ចេញ​បញ្ជា​ឱ្យ​កាប់​សម្លាប់​ពួក​អឺរ៉ុប​មុន ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​នេះ​បើក​ការ​វាយប្រហារ​មុន​ពេល​អនុវត្ដ​ព្រះរាជ​បញ្ជា ។ ប៉ុន្ដែ​កំណត់​ត្រា​មួយ​ជា​ភាសា​អេស្ប៉ាញ​ដែល​លោក​កាបាតុង​ទើបតែ​រក​ឃើញ មិន​បាន​និយាយ​ដូច្នេះ​ទេ ។

(11) បើសិនជា​គេ​គិត​ថា ព្រះ​អង្គ​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៥៦៨​នោះ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​២៨​ព្រះ​វស្សា ក៏​ប៉ុន្ដែ​លោក​កាបាតុង​និយាយ​ថា​ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​១៨​ព្រះ​វស្សា​នេះ​ឯង​មិន​ដឹង​ថា​លោក​ផ្អែក​ទៅ​លើ​ឯកសារ​អេស្ប៉ាញ​ ឬ​ក៏​ឯកសារ​រាជពង្សាវតារ​ខ្មែរ ?

(12) ពាក្យ​នេះ​ក្នុង​ភាសា​ម៉ាឡេ គឺជា​ឋានៈ​របស់​ឧត្ដមនាវី ។ ជន​នេះ​មាន​ដើម​កំណើត​នៅ​ឯ​ហ្សូហ័រ ។

(13) បើ​តាម​រាជពង្សាវតារ​ដែល​ខ្ញុំ​មាន ទ្រង់​បាន​ត្រូវ​ចាម​ម្នាក់​ធ្វើឃាត ។

(14) បើ​គេ​ឯកភាព​គ្នា​ថា​រាជធានី​លង្វែក​បែកបាក់​នៅ​ក្នុង​ឆ្នាំ​១៥៩៣ ហើយ​ពញា​យោម​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៥៧២ នោះ ព្រះ​អង្គ​ត្រូវ​មាន​ព្រះ​ជន្ម​២៥​ព្រះវស្សា​ហើយ ។

(15) ពាក្យ «កែវហ្វ៊ា» ក្នុង​ភាសា​ភូមា គឺជា​ឋានៈ​ជា​ព្រះរាជា ។

(16) តើ​ពាក្យ «ពណ៌» ក្លាយ​មក​ពី «វរ្ម័ន» ឬ​យ៉ាង​ណា ? រាជពង្សាវតារ​និយាយ​ថា​ទ្រង់​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៥៤៨ តែ​បើសិនជា​ក្នុង​មូលហេតុ​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ គេ​ត្រូវ​គិត​ថា ១៥៥៨​វិញ ។

(17) នៅ​ជិត​កំពត លើ​ផ្លូវ​ពី​កំពង់ក្នុង​ទៅ​កំពង់ត្រាច ត្រង់​កន្លែង​ដែល​ពួក​វៀតណាម​កសាង​ប៉ម​មួយ​នៅ​ក្នុង​ឆ្នាំ​១៨៤០ ។

(18) និទាន​ស្ដី​អំពី​រឿង​នេះ​និយាយ​ថា តេជោ​ព្រះ​អង្គ​បាន​បញ្ជា​ឱ្យ​ទ្រមាក់​ដំរី​របស់​គាត់​រៀបចំ​គំនរ​ឧស ហើយ​ដុត​គាត់​ទាំង​រស់ ដើម្បី​បំពេញ​ការ​សប្បាយ​របស់​ភរិយា​គាត់ ។ និទាន​នោះ​និយាយ​ទៀត​ថា គាត់​ជា​ស្ដេចត្រាញ់​នៅ​ដី​កំពង់ស្វាយ មិន​មែន​នៅ​សំរោងទង​ទេ ហើយ​បាន​និយាយ​បន្ថែម​ទៀត​ថា ព្នង​យ៉ត​នេះ​បន្ទាប់​មក​បាន​យក​ប្រពន្ធ​របស់​តេជោ​ព្រះ​អង្គ​ធ្វើ​ជា​ភរិយា ។

(19) រាជធានី​នេះ​ព្រះរាជា​បាន​ឱ្យ​កសាង​ឡើង​នៅ​ក្នុង​ព្រៃ​ល្វាផ្អែម ក្រោយ​មក​បាន​ក្លាយ​ទៅជា​ទីក្រុង​សំខាន់​មួយ​ដែល​ពួក​ព័រទុយហ្គាល់ និង​អេស្ប៉ាញ ហៅ​ថា ឡូអ៊ីម ។

(20) កាលបរិច្ឆេទ​នេះ​មាន​កំណត់ហេតុ​មួយ​បញ្ជាក់​ច្បាស់​អំពី​ព្រះរាជ​ពិធី​អភិសេក​ព្រះ​ស្រីសុរិយោពណ៌ ។

(21) មាន​ទ័ព​សៀម​ជា​ច្រើន​ត្រូវ​ចាប់​បាន​ជា​ឈ្លើយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​នៅ​ជើងភ្នំ​ចងកង ប្រហែល​ជា​៥០​គីឡូម៉ែត្រ ពី​ខាងជើង​ទន្លេសាប ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ហៅ​ថា សៀម​ចង្កង់ៗ ដូច្នេះ​រហូត​មក ។

(22) ខែត្រ​ចុង​ខាងត្បូង​របស់​កម្ពុជា​នេះ និយាយ​ឱ្យ​ចំ​ថា​កន្លែង​ដែល​ជា​ទីតាំង​របស់​ទីក្រុង​សាយហ្គុង និង​ច្រឺឡឺង​សព្វថ្ងៃ មិន​មាន​ឈ្មោះ ថា​ព្រៃនគរ​ទេ តែ​មាន​ឈ្មោះ​ថា ព្រៃគរ ឯ​ពាក្យ​វៀតណាម​ថា សាយហ្គន មាន​ន័យ​ថា​ព្រៃគរ​ដូច្នេះ​ឯង ។

(23) ហេតុការណ៍​ជា​ភស្ដុតាង​មួយ​ទៀត​បញ្ជាក់​ថា​នៅ​ក្នុង​សតវត្សរ៍​ទី​១៧ ស្ទឹងត្រែង​ និង​អាតូពឺ​ជា​ទឹកដី​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ហើយ​ព្រះរាជា​ក្រោយ​បង្អស់​របស់​លង្វែក​ ព្រះ​ជ័យជេដ្ឋា​ពេល​ភៀស​ព្រះ​អង្គ​ទៅ​ស្ទឹងត្រែង ទ្រង់​គង់នៅ​ក្នុង​ទឹកដី​កម្ពុជា​មិនមែន​ចូល​ទៅ​ស្រុក​លាវ​ទេ ។

(24) ឯកសារ​ខ្លះ​និយាយ​ថា ទ្រង់​សោយរាជ្យ​បាន​៨​ឆ្នាំ ហើយ​សុគត​ក្នុង​ជន្មាយុ​៣៧​ព្រះ​វស្សា ។​

(25) កាលបរិច្ឆេទ​នេះ​បាន​មក​ពី​ឯកសារ​មួយ​សរសេរ​ដោយ​ជនជាតិ​ហូឡង់​ម្នាក់ ឯកសារ​នោះ​មាន​ឈ្មោះ​ថា Récit succinct de ce qui s’est passé de curieux aux Indes Orientales dans le Royaume du Cambodge ។ បើ​តាម​រាជពង្សាវតារ​ថា​ទ្រង់​សុគត​នៅ​ក្នុង​ឆ្នាំ​១៦៦៤ ។

(26) ឯកសារ​ខាងលើ​បាន​លើក​ពី​ព្រះ​អង្គ​ថា «ទ្រង់​ស្លូតបូត ហើយ​មាន​ព្រះ​ភ័ក្ដ្រ​ស្រស់​ល្អ» ហើយ​ថា «ទ្រង់​ចូល​ចិត្ដ​ពួក​ហូឡង់» ។

(27) ឯកសារ​របស់​ពួក​ហូឡង់​ខាងលើ​បាន​ឱ្យ​ដឹង​ថា ព្រះ​ឧភយោរាជ​ព្រះ​ឧទ័យ​បាន​ត្រូវ​ធ្វើឃាត​នា​ល្ងាច​មួយ​នៅ​ពេល​ដែល​ទ្រង់​កំពុង​តែ​ក្រសាល​បៀ​ចិន​ជាមួយ​អ្នក​អង្គ​ម្ចាស់​ចន្ទ ហើយ​និង​មន្ដ្រី​ធំៗ​ផ្សេង​ទៀត​នៅ​ក្នុង​ព្រះរាជាណាចក្រ ។ ពេល​ព្រះ​អង្គ​កំពុង​តែ​ក្រសាល​នោះ​ មហាតលិក​របស់​ព្រះ​អង្គ​ដែល​បាន​ចូល​ដៃ​ចូល​ជើង​ជា​ពួក​ក្បត់​បាន​លូន​ចូល​មក​ជិត​ព្រះ​អង្គ ពី​ខាងក្រោយ​ហាក់​ដូចជា​ចង់​មក​ចូល​ទូល​ព្រះ​អង្គ​អំពី​បញ្ហា​អ្វីមួយ ដូច​ដែល​ធ្លាប់តែ​ធ្វើ​ដូច្នេះ​ជា​ធម្មតា រួច​ហើយ​ក៏​ដក​កាំបិត​ស្នៀត​ចាក់​សម្លាប់​ព្រះ​អង្គ​តែ​ម្ដង ។ ភ្លាម​នោះ​ពួក​ដៃជើង​ឯទៀតៗ​ក៏​ស្ទុះ​ក្រោក​ឡើង ពន្លត់​ភ្លើង វាយ​សំពង​ទៅ​លើ​អ្នក​ទាំងអស់​ដែល​នៅ​ទីនោះ រួច​ហើយ​ក៏​ដុត​វាំង​ចោល​តែ​ម្ដង​ទៅ ។ ភ្លើង​ឆេះ​ឡើង​នេះ ជា​សញ្ញា​ប្រាប់​ដល់​ពួក​ក្បត់​ឯទៀតៗ​ឱ្យ​សំរុក​ចូល​ទៅ​ក្នុង​គេហដ្ឋាន​របស់​ពួក​មន្ដ្រី​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​ឧភយោរាជ ហើយ​ដុត​ចោល​ទាំងអស់​ដែរ ។ មាន​មន្ដ្រី​ខ្លះ​ដែល​ដឹងខ្លួន​ទាន់ បាន​ឆ្លៀត​ឱកាស​កំពុង​ច្របូក​ច្របល់​រត់គេច​ខ្លួន​ទៅ​កាន់​ស្រុកស្រែ​ចម្ការ​បាន ក៏​ប៉ុន្ដែ​បន្ទាប់​មក​ត្រូវ​ចាប់ខ្លួន​នាំ​យក​មក​រាជធានី​វិញ ហើយ​ទទួល​ការ​វាយដំ​ធ្វើបាប​ឥត​ត្រា​ប្រណី​មិន​គួរ​នឹង​មើល រួច​ហើយ​ក៏​ត្រូវ​សម្លាប់​ចោល​ទៅ ។ ទារុណកម្ម​ចំពោះ​មន្ដ្រី​ទាំង​អស់​នោះ​សាហាវ​ព្រៃផ្សៃ​ណាស់ ៖ គេ​យក​ឈើ​ដោត​ទម្លាយ​ពោះ ខ្វេះ​យក​កំប៉េះគូទ រួច​ប្រើ​កាំបិត​ចុង​ស្រួច​ឆ្កៀល​សាច់​ឆ្អឹងខ្នង​តាំងពី​ក្រោម​រហូត​ដល់​ក​ដៃ​ទាំង​២ គេ​ចង​ភ្ជាប់​ទៅ​នឹង​បង្គោល​ចង​ខ្វែង​ជើង​ក្អែក ជើង​ជាន់​លើ​ក្ដារ​១​បន្ទះ ហើយ​គេ​ទុក​ចោល​ហាល​ថ្ងៃ​នៅ​លើ​ផ្លូវ​សាធារណៈ ទុក​ឱ្យ​អ្នកស្រុក​ដើរ​មក​ជេរ ប្រទេច​ផ្ដាសា​រហូត​ដល់​ស្លាប់​ក្នុង​២​ ឬ​៣​ថ្ងៃ ។ ឯកសារ​មួយ​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​ដៃ និយាយ​ថា ចេតិយ​ជា​ច្រើន​ដែល​គេ​សង់​នៅ​ជុំវិញ​ភ្នំ​ផ្នែក​ខាង​ក្រោម គឺ​សម្រាប់​ដាក់​អដ្ឋិធាតុ​របស់​មន្ដ្រី​ទាំង​អស់នោះ​ឯង ដែល​ត្រូវ​សម្លាប់​ដោយ​បញ្ជា​ពញាចន្ទ ។

(28) ចៅពញាចន្ទ​មាន​ព្រះ​មាតា​ជា​ជនជាតិ​លាវ ។

(29) ពួក​ខ្មែរ​បាន​ដណ្ដើម​យក​ទំនិញ​អស់​ពី​កប៉ាល់ ក្នុង​នោះ​មាន​ទាំង​ស្ពាន់​មក​ពី​ជប៉ុន​ចំនួន​៥០០​ហាប និង​កាំភ្លើង​ធំ​១៣​ដើម​ផង ។​

(30) ឧត្ដមសេនីយ៍​របស់​ក្រុមហ៊ុន​ហូឡង់​នៅ​ចុង​បូព៌ា (Compagnie hollandaise des Indes – Orientales) ដែល​នៅ​បាតាវីយ៉ា​ហើយ​ដឹកនាំ​គ្រប់គ្រង​រាល់​អគារ​ពាណិជ្ជកម្ម​ហូឡង់​ទាំងអស់ គឺជា​មេដឹកនាំ​ពាណិជ្ជកម្ម មិន​មែន​ជា​មេទ័ព​ទេ ។

(31) កោះ​ហ្វ័រម៉ូស ចិន​ហៅ​ថា តៃវ៉ាន់ អ្នកស្រុក​អាយ​ហៅ​ថា ប៉េកាន ។ ពួក​ហូឡង់​កាន់​កាប់​កោះ​នេះ​បាន​នៅ​ក្នុង​ឆ្នាំ​១៦៣៤ ក៏​ប៉ុន្ដែ​ដល់​មក​ឆ្នាំ​១៦៦១ មាន​ចោរ​សមុទ្រ​ឈ្មោះ​ កុក​ស៊ីងហ្គា ​ដែល​ជា​ដៃជើង​របស់​រាជវង្ស​មិញ​ដណ្ដើម​យក​វិញ ក្រោយ​ពី​បាន​កាន់កាប់​មួយ​រយៈ ។ មាន​បន្ទាយ​សំខាន់​២ គឺ​តៃវ៉ាន់ ឬ​ហ្វៃយ៉ូវ៉ាន់ និង​ហ្គាឡង់ដាំង ។ ឈ្មោះ​ដែល​ពួក​ហូឡង់​ហៅ​ថា កុកស៊ីងហ្គា តាម​មើល​ទៅ​ប្រហែល​គឺ បេវឌិញ ។

(32) មាន​សង្គ្រាម​មួយ​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៦៥៨​-​៥៩ ។ ពេល​នោះ​ផ្ទះ​ពាណិជ្ជកម្ម​របស់​ហូឡង់​បាន​ត្រូវ​ពួក​អាណ្ណាម​ដុត​បំផ្លាញ​ខ្ទេចខ្ទី ហើយ​មាន​ពួក​ហូឡង់​ជា​ច្រើន​នាក់​បាន​ត្រូវ​ចាប់ខ្លួន និង​សម្លាប់​ចោល ។ អ្នក​ដែល​គេចខ្លួន​រួច​បាន​រត់ទៅ​ស្រុកស្រែ រួច​បន្ដ​ដំណើរ​ទៅ​ស្រុក​សៀម​ទើប​ឆ្លង​ទៅ​បាតាវីយ៉ា​បាន​ជាមួយ​នឹង​មេ​របស់​គេ​ម្នាក់​ឈ្មោះ​ថា ពីយែរ​ឃែទីញ​ នៅ​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​១៦៥៩ ។

មាន​ចុះ​សន្ធិសញ្ញា​មួយ​ទៀត នៅ​ក្នុង​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​១៦៦៥ ជាមួយនឹង​ព្រះរាជា​បទុមរាជា ។ ពីយែ​ឃីទីញ​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​តាំង​អគារ​ពាណិជ្ជកម្ម​នៅ​លង្វែក ក៏​ប៉ុន្ដែ​ពួក​ហូឡង់​នៅ​តែ​មិន​អាច​ស្ដារ​ស្ថានភាព​របស់​គេ​នៅ​កម្ពុជា​បាន បើ​ទោះបីជា​ពួក​ព័រទុយហ្គាល់ ម៉ាឡេ និង​ចាម លែង​បាន​ទទួល​នូវ​ការ​ប្រោសប្រណី​ទៀត​ហើយ​ក៏​ដោយ ។

(33) រាជពង្សាវតារ​អាណ្ណាម​បាន​និយាយ​ថា ក្សត្រា​ទាំង​២​អង្គ​បាន​ទូល​ថ្វាយ​ព្រះរាជា​អាណ្ណាម​ថា ក្សត្រា​ទាំង​២​សុខចិត្ដ​លះបង់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​អង្គ ឱ្យ​តែ​ព្រះ​អង្គ​ជួយ​សងសឹក​នឹង​ព្រះ​អង្គ​ចន្ទ ដែល​បាន​ធ្វើឃាត​បិតា​ក្សត្រា​ទាំង​២ ។ អ្នក​ប្រវត្ដិ​វិទូ​ខ្មែរ មិន​ឯកភាព​នឹង​សម្ដី​នេះ​ទេ ហើយ​មាន​ព្រះសង្ឃ​ចាស់​មួយ​អង្គ​មាន​សង្ឃដីកា​ថា សូម្បី​តែ​ព្រះរាជា​ដែល​កំពុង​តែ​សោយរាជ្យ​សម្បត្ដិ ក៏​មិន​អាច​ចេះ​តែ​លើក​ស្រុក​ប្រគល់​ឱ្យ​នរណា​បាន​តាម​ចិត្ដ​នោះ​ទេ ។

(34) មាន​ឯកសារ​មួយ​និយាយ​ថា ព្រះ​អង្គជា​ព្រះរាជ​បុត្រា​របស់​មហេសី​មួយ​អង្គ​ព្រះ​នាម​ថា នាង​សួស ហើយ​ទ្រង់​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៦២៨ ។ ឯកសារ​មួយទៀត​ថា​ទ្រង់​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៦៣១ ចំណែក​ឯកសារ​ដែល​ខ្ញុំ​មាន​ថា​ប្រសូត​ឆ្នាំ​១៦២១ និង​មាន​ព្រះ​ជន្ម​៣៨​ព្រះវស្សា នៅ​ពេល​ទ្រង់​ឡើង​សោយរាជ្យ ។

(35) ព្រះរាជា​អង្គ​នេះ​បាន​ត្រូវ​ព្រះរាជា​មុន គឺ​ព្រះ​ជ័យជេដ្ឋា ធ្វើឃាត​នៅ​ក្នុង​ឆ្នាំ​១៦៧២ ។

(36) មាន​ឯកសារ​មួយទៀត​និយាយ​ថា​ទ្រង់​ត្រូវ​បរាជ័យ ក៏​ភៀស​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​ស្រុក​ប្រាំដំឡឹង ក្នុង​ខែត្រ​សំរោងទង ហើយ​សុគត​នៅ​ទីនោះ​ដោយ​សារ​ជំងឺ ។

(37) ស្ដេច​អាណ្ណាម​នេះ​សុគត​នៅ​ក្នុង​ឆ្នាំ​១៦៨៨ ។

(38) ភូមិ​ទាំង​៩​នោះ​មាន​នៅ​រហូត​ដល់​សព្វថ្ងៃ នៅ​ខាងលិច​ភ្នំពេញ ពី​ក្រោយ​បឹង ។ ម្យ៉ាង​ទៀត ចៅពញា​សួស​មាន​សល់​កូនចៅ​រស់នៅ​ដល់​សព្វ​ថ្ងៃនេះ​ដែរ ។

(39) ការ​លើក​អំពី​ភូមិ​ចំនួន​៩​ជា​កម្មសិទ្ធិ​របស់​រាជវង្ស​មួយ​អង្គ​នេះ ក៏​ដូច​ជា​ការ​បញ្ជាក់​ខាងលើ​អំពី​ចៅពញា​សួស​ទទួល​បាន​ភូមិ​៩​ដែរ ហាក់​ដូចជា​បង្ហាញ​ឱ្យ​ឃើញ​ថា​នៅ​សម័យ​នោះ​ព្រះរាជា​ប្រទាន​រង្វាន់​ដល់​អ្នក​ដែល​តាម​បម្រើ​ព្រះ​អង្គ ដោយ​ប្រគល់​ភូមិ​មួយ​ចំនួន​ឱ្យ ។

(40) មឿង​គោកសេះ​នេះ​នៅ​ក្នុង​ខែត្រ​បារាយណ៍ ដោយ​មាន​វត្ដ​បារាយណ៍​នៅ​ចំ​កណ្ដាល ។​

(41) ដូច​ជា​ក្រម​ស្រុក ជា​ប្រភេទ​ច្បាប់​រដ្ឋធម្មនុញ្ញ​មួយ​បែប​ដែល​គេ​ច្រើន​ហៅ​ថា ក្រម​ស្រុក​ជ័យជេដ្ឋា ។

(42) ខ្ញុំ​សូម​លើក​រឿង​មួយ​គឺ​នៅ​ក្នុង​ពេល​ដែល​លោក​ដឺ​សូម៉ុង​ជា​រាជទូត​របស់​ស្ដេច​ល្វី​ទី​១៤​អញ្ជើញ​មក​ដល់​រាជវាំង​សៀម​នៅ​ក្នុង​ឆ្នាំ​១៦៩៥ ទោស​ប្រហារជីវិត​មាន​អនុវត្ដ​តែ​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ដ​បទល្មើស​ឧក្រិដ្ឋ​ចំពោះ​ព្រះរាជា​ប៉ុណ្ណោះ ។ ហើយ​ច្បាប់​សៀម​ពេល​នោះ​មិន​សូវ​ខុស​ពី​ច្បាប់​ខ្មែរ​ប៉ុន្មាន​ទេ ។

(43) រាជពង្សាវតារ​បាន​និយាយ​ថា ព្រះ​ជ័យជេដ្ឋា ទ្រង់​មាន​ដំរី​ញី​ពណ៌​ស​មួយ​ក្បាល ។

(44) ម៉ាក់គូ កើត​នៅ​ក្នុង​ភូមិ​ឡេក្វាត សង្កាត់​ហៃគឿង ស្រុក​ឡយចៅ ខែត្រ​កង់តុង ។ គាត់​ស្លាប់​នៅ​ហាទៀង នៅ​ក្នុង​ឆ្នាំ​១៧៣៦ ក្នុង​អាយុ​៧៨​ឆ្នាំ ។ កូនប្រុស​គាត់​ឈ្មោះ ម៉ាក់​តុង​ បាន​ឡើង​កាន់​អំណាច​ត​ពី​គាត់ មាន​ឋានៈ​ជា​បេសកជន​របស់​ព្រះ​ចៅ​អធិរាជ​ចិន ហើយ​មាន​សិទ្ធិ​បោះពុម្ព​កាក់​ស័ង្កសី ។ គេ​និយាយ​ថា​ម៉ាក់​តុង​នេះ​បាន​កសាង​ផ្លូវ​ជា​ច្រើន​ដែល​យើង​បាន​ជួសជុល​ឡើង​វិញ ហើយ​ក៏​បាន​ជីក​ព្រែកជីក​ប្រឡាយ​ច្រើន​ផង​ដែរ តែ​អ្នក​ក្រោយៗ​មិន​បាន​ថែរក្សា​ឱ្យ​ល្អ​ទេ ។ គាត់​បាន​ឱ្យ​គេ​សាងសង់​ផ្សារ​មួយ ហើយ​បាន​ចាត់​ឱ្យ​ពង្រឹង​ប្រព័ន្ធ​ការពារ​ទីក្រុង ដែល​ឪពុក​របស់​គាត់​បាន​សង់​ឡើង​នៅ​ត្រង់​ច្រកចូល​កំពង់​ផែ ។ គាត់​ល្បីល្បាញ​ពូកែ​ខាង​ការ​ការពារ​ទីក្រុង​ប្រឆាំង​នឹង​មេចោរ​សមុទ្រ​ជាតិចិន​ឈ្មោះ ហួកញាន នៅ​ក្នុង​ឆ្នាំ​១៧៧០ និង​ប្រឆាំង​អ្នក​ផ្សងព្រេង​ចិន​ម្នាក់​ទៀត​ឈ្មោះ ត្រាន់​ថាយ ដែល​ត្រូវរ៉ូវ​គ្នា​ជាមួយ​បងប្អូន​ជីដូនមួយ​គាត់​២​នាក់ ហើយ​ប្រឆាំង​នឹង​ឧកញ៉ា​ខែ និង​ជនជាតិ​ម៉ាឡេ​ឈ្មោះ លី​ម៉ាលូ ដែល​បាន​ដឹកនាំ​កម្លាំង​១​ពាន់​នាក់ មក​វាយ​ប្រហារ​លើ​គាត់ ។ មាន​តែ​ពួក​សៀម​ទេ​ដែល​អាច​ដណ្ដើម​យក​ហាទៀង​បាន​នៅ​ក្នុង​ឆ្នាំ​១៧៧២ ក្រោយ​ពី​ឡោម​ព័ទ្ធ​អស់​ពេល​៣​ថ្ងៃ ។ ប៉ុន្ដែ​ម៉ាក់​តុង​បាន​ទទួល​អំណាច​គ្រប់គ្រង​លើ​ហាទៀង​វិញ​នៅ​ឆ្នាំ​១៧៧៥ ក្រោយ​ពី​បាន​ចុះ​សន្ធិសញ្ញា​មួយ​ជាមួយ​សៀម ។ នៅ​ចុងឆ្នាំ​១៧៧៩ នៅ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​បាងកក ចូល​គាល់​ស្ដេច​សៀម ម៉ាក់​តុង​បាន​ត្រូវ​ស្ដេច​សៀម​ឃាត់​មិន​ឱ្យ​វិល​ត្រលប់​មក​ហាទៀង​វិញ​ទេ ។ ស្ដេច​សៀម​បាន​ឱ្យ​គេ​កាត់​ក​កូនច្បង​គាត់ ជាមួយនឹង​រាជវង្ស​អាណ្ណាម​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​គ្នា​ និង​បរិពារ​ហែហម​៥០​នាក់​ទៀត ។ ម៉ាក់​តុង​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​យ៉ាង​ខ្លាំង ។ ដោយ​ទ្រាំ​មើល​ទារុណកម្ម​នោះ​មិន​បាន ជនជាតិ​សៀម​ម្នាក់ ក៏​បាន​លួច​ប្រគល់​ថ្នាំពុល​ឱ្យ​គាត់​ផឹក​សម្លាប់​ខ្លួន​ទៅ​នៅ​ក្នុង​ឆ្នាំ​១៧៨១ ហើយ​បាន​ជួយ​ជីវិត​កូន​គាត់​៣​នាក់ និង​ចៅ​គាត់​៤​នាក់ ។ ក្នុង​ពេល​ដែល ម៉ាក់​តុង ជាប់​ឃុំឃាំង​នៅ​ឯ​ស្រុក​សៀម កូន​គាត់​ឈ្មោះ ម៉ាក់​ទឺសាញ បាន​ឡើង​កាន់​អំណាច​ត​ពី​គាត់​នៅ​ឯ​ហាទៀង ហើយ​បាន​ក្លាយ​ខ្លួន​ជា​អ្នកគាំទ្រ​ស្ដេច​យ៉ាឡុង​យ៉ាង​ដាច់ខាត​ម្នាក់ ដែល​កំពុង​តស៊ូ​ដណ្ដើម​អំណាច​ពី​ពួក​តៃសឺន​នៅ​អាណ្ណាម ។ នៅ​ពេល​ដែល​ម៉ាក់​ទឺសាញ ស្លាប់​នៅ​ក្នុង​ឆ្នាំ​១៧៩០ ប្អូនប្រុស​របស់​គាត់​ឈ្មោះ ម៉ាក់​កុងប៊ិញ បាន​ឡើង​កាន់​អំណាច​បន្ដ ។ គឺ​ម៉ាក់​កុងប៊ិញ​នេះ​ឯង​ដែល​បាន​ទទួល​សព ម៉ាក់​តុង ពី​ស្ដេច​សៀម ដែល​ផ្ញើ​មក​ឱ្យ​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ ។ ម៉ាក់​កុងប៊ិញ បាន​រៀបចំ​បញ្ចុះសព​ជីតា​នៅ​លើ​ភ្នំ​ប៊ិញសឺន ។ គាត់​ស្លាប់​នៅ​ក្នុង​ឆ្នាំ​១៨០៩ ដោយ​បន្សល់​ទុក​តែ​កូន​តូចៗ មិន​អាច​កាន់​អំណាច​បន្ដ​ពី​គាត់​បាន ។ ក៏​ប៉ុន្ដែ​ដល់​មក​ឆ្នាំ​១៨១៦ មាន​កូន​ប្រុស​គាត់​ម្នាក់​ឈ្មោះ ម៉ាក់​ឌិន បាន​ឡើង​ធ្វើ​ជា​អ្នកគ្រប់គ្រង​ក្រុង​ហាទៀង រួច​ជា​ចៅហ្វាយ​ក្រុង​នៅ​ក្នុង​ឆ្នាំ​១៨១៨ ។ ដូច​ជា​គ្មាន​អ្នក​ស្នង​ត្រកូល​នេះ រស់នៅ​រហូត​មក​ដល់​សព្វថ្ងៃ​ទេ ក៏​ប៉ុន្ដែ​គេ​និយាយ​ថា នៅ​មាន​ត្រកូល​នេះ​នៅ​ឡើយ​នៅ​ក្នុង​ឆ្នាំ​១៨៦៧ នៅ​ពេល​ដែល​ពួក​បារាំង​ចូល​កាន់កាប់​ហាទៀង ពួក​នោះ​បាន​រត់គេច​ខ្លួន​ទៅ​កាន់​ទីក្រុង​វ៉េ​ទៅ ។

(45) ពាម នេះ ជា​ឈ្មោះ​ទីប្រជុំជន​របស់​ខែត្រ​ខម ឬ​មឿង​ខម ។ ពួក​អាណ្ណាម​ហៅ​ថា ភួនថាញ់ ។

(46) គេ​និយាយ​ថា នៅ​ពេល​នោះ​រាជវាំង​កម្ពុជា​មាន​ដំរី​ស​មួយ​ក្បាល ។

(47) ក្សត្រា​កម្ពុជា​ច្រើន​តែ​បាន​ទទួល​ឈ្មោះ​៣​ដង​នៅ​ក្នុង​១​ជីវិត ៖ គឺ​ទទួល​ឈ្មោះ​ម្ដង​នៅ​ពេល​ដែល​គេ​រៀបចំ​ពិធី​កោរ​សក់ព្រៃ​ពី​កំណើត​ ម្ដងទៀត​នៅ​ក្នុង​ឱកាស​កោរ​ជុក ដែល​ជា​ពិធី​រៀបចំ​ថ្វាយ​ពេល​ពេញវ័យ ហើយ​ម្ដងទៀត​នៅ​ពេល​ដែល​រៀបចំ​ពិធី​អភិសេក​ជា​ស្ដេច ជា​ឧបរាជ ឬ​ក៏​ជា​ព្រះ​ឧភយោរាជ ។ ព្រះ​អង្គ​អាច និង​មាន​ព្រះ​នាម​ទី​៤ មួយ​ទៀត​នៅ​ពេល​ដែល​ទ្រង់​សុគត ។ មុន​ពេល​ទទួល​ព្រះ​នាម​ក្នុង​ពិធី​កោរ​ជុក ព្រះ​ក្សត្រា​អង្គ​នេះ​មាន​ព្រះ​នាម​ថា អង្គ​ហ៊ីង ។ ទ្រង់​ជា​បុត្រា​របស់​ព្រះ​ធម្មោរាជា​ជាមួយ​នឹង​អ្នក​ម្នាង​សៀម​ម្នាក់​ឈ្មោះ អ្នកម្នាង​រ័ត្ន (១៧៣០) ហើយ​ទ្រង់​មាន​ព្រះ​អនុជ​រួម​មាតា​មួយ​អង្គ​ទៀត​ព្រះ​នាម​ថា ព្រះ​អង្គ​ដួង ។

(48) ពួក​អាណ្ណាម​ហៅ​ថា ម៉ាក់​ធានទឺ ខ្មែរ​ហៅ​ថា ព្រះ​សុទត្ដ ។

(49) ការ​គ្រងចីវរ​លឿង​អាច​ធ្វើ​ឱ្យ​គេច​ផុត​ពី​ការ​ចាប់ទោស​ពៃរ៍​បាន ។ គេ​នឹង​ជួប​រឿង​ដូច​គ្នា​នៅ​ស្រុក​សៀម នៅ​ពេល​ដែល​ស្ដេច​ជ្រែករាជ្យ ភ្យាទន ត្រូវ​ធ្វើឃាត ។

(50) នោះ​គឺ​ព្រះរាជា​ទី​៣​នៃ​សន្ដតិវង្ស​អាឡោងផ្រា ដែល​បាន​ឡើង​សោយរាជ្យ​លើ​រាជបល្ល័ង្ក​អវ៉ា​ក្រោយ​ពី​បដិវត្ដន៍​ឆ្នាំ​១៧៥៤ ។

(51) អ្នក​អង្គ​ម្ចាស់​នេះ​បាន​សុគត​កម្ពុជា​ក្នុង​ឆ្នាំ​១៧៧១ ។​ រាជពង្សាវតារ​អាណ្ណាម​ហៅ​ព្រះ​អង្គ​ថា​ ចៅ​ស៊ីសាង ។ ចំណែក​បព្វជិត​ពីញ៉ូ វិញ ក្រោយ​មក​បាន​ទទួល​ឋានៈ​ជា អេវ៉ែក​អាដ្រង់ ។

(52) តាម​រាជពង្សាវតារ​បាន​និយាយ​ថា នៅ​ក្នុង​ឆ្នាំ​នោះ​មាន​ផ្កាយ​ដុះ​កន្ទុយ​មួយ​ល្អ​ណាស់ លេច​ឡើង​នៅ​ក្នុង​ដើម​ខែ​កញ្ញា ចេញ​ពី​ទិស​ខាងកើត ហើយ​បន្ដ​សំដៅ​ទៅ​ទិសនិរតី ។​

(53) រាជពង្សាវតារ​ខ្មែរ​និយាយ​ថា ស្ដេច​អាណ្ណាម​ពេល​នោះ​មាន​ព្រះ​នាម​ថា យ៉ាឡុង ។ តាម​ពិត​ស្ដេច​នោះ​មាន​ព្រះ​នាម​ថា ហ្វេវឿង អភិសេក​នាម​គឺ ង្វៀង​ភុកធន់ ។ គឺជា​បុត្រា​របស់​ស្រីស្នំ​ម្នាក់ ។ ព្រះ​អង្គ​សោយរាជ្យ​បាន​១៣​ឆ្នាំ ពី​ឆ្នាំ​១៧៥៦ ដល់​១៧៧៨ ។

(54) ភូមិ​នេះ​នៅ​ជិត​ឧត្ដុង្គ ត្រង់​កន្លែង​មួយ​មាន​នៅ​រហូត​ដល់​សព្វថ្ងៃ សម្រាប់​ទុក​ស្បែក​គោក្របី​ដែល​បារគូ​វះ​ទុក​ធ្វើ​ជា​ព្រ័ត្រ​នៅ​ក្នុង​ព្រះរាជ​ពិធី​អុំទូក​នា​ថ្ងៃ​ពេញ​បូណ៌មី​ខែតុលា ។

(55) ពួក​អាណ្ណាម​ដាក់​ឈ្មោះ​គេ​ថា ង្វៀង​វ៉ាន់ញ៉ាក់ និង​ង្វៀង​វ៉ាន់ហ្វេធុង ។

(56) ឯកសារ​ខ្លះ​និយាយ​ថា នៅ​បឹង​ប្រមា នៅ​ចំ​ពី​ខាង​មុខ​ព្រះរាជវាំង ។

(57) នៅ​ក្នុង​ខែត្រ​កៀនស្វាយ ខាងត្បូង​ភ្នំពេញ នៅ​លើ​ទន្លេមេគង្គ​ខាងក្រោម ។

(58) ស្ដេច​នេះ​ឡើង​សោយរាជ្យ​នៅ​ក្នុង​ឆ្នាំ​១៧៧៩ បន្ដ​ពី​ង្វៀង​ភុកតាន់​ចាញ​ដែល​ទទួល​រាជសម្បត្ដិ​បន្ដ​ពី​ង្វៀង​ភុកធន់​ដែល​ដាក់​រាជ្យ​ថ្វាយ​កាលពី​១​ឆ្នាំ​មុន ។​

(59) លោក ប៉ាឡឺហ្គ័រ ហៅ​ព្រះ​អង្គ​ថា ព្រះ​ពុទ្ធិចៅហ្លួង បាន​និយាយ​ថា ទ្រង់​សោយរាជ្យ​បាន​២៩​ឆ្នាំ គឺ​ពី​ឆ្នាំ​១៧៦៦​ដល់​១៨១១ ។

(60) អរជូន ជា​ងារ​របស់​ស្ដេចត្រាញ់ ដែល​ជា​ចៅហ្វាយខែត្រ​ដី​ត្បូងឃ្មុំ ។

(61) តាម​មើលទៅ​កៃសឺន​មាស​នេះ​គឺជា​ឈ្មោះ​មាស​ដែល​មាន​ដើម​កំណើត​នៅ​សុកត្រាំង​ជាប់​នឹង​ព្រំដែន​របស់​អាណ្ណាម​នៅ​កូសាំងស៊ីន​ខាងក្រោម ហើយ​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​ពួក​តៃសឺន តែ​ខ្មែរ​យើង​ហៅ​ថា កៃសឺនៗ ទៅ​វិញ ដោយហេតុ​នោះ​ហើយ ទើប​បាន​ជា​មាន​ឈ្មោះ​ថា កៃសឺន​មាសៗ ដូច្នេះ​ទៅ ។ តាម​ការ​និទាន​តៗ​គ្នា​នៅ​កម្ពុជា ក៏​ដូច​ជា​នៅ​ឯ​សុកត្រាំង មាស​នេះ​ជា​មនុស្ស​ស្វាហាប់ ក្លាហាន​មិន​ចេះ​ខ្លាច ហើយ​សាហាវ ។

(62) ប្រអប់​ស្លា​ធ្វើ​អំពី​ឈើ​ស្រោប​ដោយ​ក្រណាត់ ។​

(63) ពាក្យ «ហ៊ូពាន់» នេះ​សម្គាល់​ឋានន្ដរសក្ដិ​មន្ដ្រី​មក​ពី​ពាក្យ​សៀម​២​ម៉ាត់​គឺៈ ហ៊ូ ឬ ហួ​=​មេកោយ​ ពាន់​=​១​ពាន់ ។ ដូច្នេះ​ពាក្យ​នេះ មាន​ន័យ​ថា មេកោយ​កាន់​ពល​១​ពាន់​នាក់ ។

(64) គឺ ឃុន​=​មេ​ និង ណាង​=​នាង ។

(65) តាម​មើល​ទៅ​ប្រហែលជា​គេ​យក​មក​បន្ទាយ​ពេជ្រ​ទេ ។ ទោះជា​យ៉ាងណា​ក្ដី សព​ព្រះរាជា​បាន​ត្រូវ​គេ​បូជា​នៅ​ពេល​ដែល​ទ័ព​នាំ​ត្រលប់​មក​វិញ​នៅ​ក្នុង​ឆ្នាំ​១៧២៨ រួច​ហើយ​គេ​បាន​យក​ព្រះ​អដ្ឋិធាតុ​ព្រមទាំង​រូបចម្លាក់​២ ធ្វើ​អំពី​លង្ហិន​ទៅ​បញ្ចុះ​នៅ​ក្នុង​ចេតិយ​មួយ ដែល​គេ​បាន​សង់​ឡើង​ពី​ខាងកើត​ចេតិយ​ធំ​នៅ​លើ​ខ្នងភ្នំ​ព្រះរាជ​ទ្រព្យ​ក្បែរ​ឧត្ដុង្គ ។ ពិធីបុណ្យ​បូជា​ព្រះសព​នេះ​មាន​រយៈកាល​ពេញ​មួយ​ឆ្នាំ ។

(66) ផ្កាយដុះកន្ទុយ​នេះ​មាន​ឈ្មោះ​ថា ហាឡី គេ​មើល​ឃើញ​គ្រប់​គ្នា​នៅ​លើ​សកលលោក ។ នៅ​ស្រុក​បារាំង ផ្កាយ​ដុះកន្ទុយ​នេះ​បាន​ធ្វើ​ឱ្យ​គេ​ដាក់​ឈ្មោះ​ស្រា​ទំញំងបាយជូរ​ដែល​ផលិត​នៅ​ក្នុង​ឆ្នាំ​១៨១១ ថា​ជា​ស្រា​ផ្កាយដុះកន្ទុយ ។ ផ្កាយដុះកន្ទុយ​ដដែល​នេះ​បាន​បង្ហាញ​ខ្លួន​ម្ដងទៀត​នៅ​ក្នុង​ឆ្នាំ​១៩១០ មាន​ពណ៌​ស្អាត​ល្អ​ណាស់ ហើយ​បាន​ធ្វើ​ឱ្យ​មាន​ការ​រំជើប​រំជួល​ក្នុង​បណ្ដា​អ្នក​តារាសាស្ដ្រ​ទាំងឡាយ​នា​សម័យ​នោះ ព្រោះ​គេ​មាន​ជំនឿ​ថា​ពិភពលោក​អាច​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​នោះ ។ គេ​បាន​ឃើញ​ផ្កាយដុះកន្ទុយ​នេះ​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៤៥៦ នៅ​ពេល​ដែល​ពួក​មូស៊្លីម​ចូល​កាន់កាប់​ទីក្រុង​បែលក្រាដ ។ ការ​លេច​ចេញ​នូវ​ផ្កាយដុះកន្ទុយ​នេះ នៅ​ពេល​នោះ​បាន​ធ្វើ​ឱ្យ​ទ័ព​ទាំង​សងខាង មាន​ការ​ភិតភ័យ ហើយ​សម្ដេច​ប៉ាប​កាលីស​ទី​៣​បាន​សម្រេច​ថា ចាប់ពី​ពេល​នោះ​មក គេ​ត្រូវ​សូត្រធម៌​អង់ហ្សេលុស​រាល់​ថ្ងៃ​នៅ​ពេល​ថ្ងៃត្រង់ ។

(67) ខែត្រ​នេះ​សព្វ​ថ្ងៃជា​ទឹកដី​របស់​កម្ពុជា​វិញ​ហើយ ហើយ​ស្ថិត​នៅ​លើ​ត្រើយ​ទន្លេមេគង្គ​ខាងឆ្វេង នៅ​ខាងជើង​ខែត្រ​ម្លូព្រៃ និង​ខាងត្បូង​ខែត្រ​គង់​របស់​លាវ ។

(68) ចាប់​តាំងពី​ឆ្នាំ​១៧១៥​មក ដី​បាសាក់​នៅ​ចំណុះ​វៀងចន្ទ​នៅឡើយ ក៏​ប៉ុន្ដែ​បាន​ពង្រីក​ឯករាជ្យ​ភាព​ល្អ​គ្រាន់បើ​ហើយ ។ ពេល​នោះ​ហ្លួងប្រាបាង​បាន​ផ្ដាច់ខ្លួន​ចេញ​ផុត​ពី​ការ​គ្រប់គ្រង​របស់​វៀងចន្ទ​ដែរ ។ សៀម​មិន​បាន​ជំទាស់​ទេ​នៅ​ពេល​ដែល​ស្ដេច​បាសាក់​ប្រកាស​ខ្លួន​ជា​ព្រះរាជា ។​

(69) ខែត្រ​ស្ទឹងត្រែង​បាន​ក្លាយទៅជា​ខែត្រ​លាវ​-​បារាំង​នៅ​ក្នុង​ឆ្នាំ​១៨៩៤ ក្រោយ​ពេល​ដែល​ត្រើយ​ខាងឆ្វេង​របស់​ទន្លេ​មេគង្គ​បាន​ត្រូវ​កាត់​បញ្ចូល​មក ។ បារាំង​បាន​បង្វិល​មក​ឱ្យ​កម្ពុជា​វិញ​ហើយ​នៅ​ក្នុង​ឆ្នាំ​១៩០៤ ។

(70) គេ​ចាប់ផ្ដើម​ជីក​នៅ​ក្នុង​ឆ្នាំ​១៨១៥​-​១៨១៦ ក្នុង​ខែ​មិគសិរ ហើយ​ជីក​ចប់​នៅ​ក្នុង​ខែមករា ។

(71) មាន​កូនចៅ​របស់ បែន​ម៉ុងតេរ៉ូ ម្នាក់ ឈ្មោះ​ថា កុល​ដឺ​ម៉ុងតេរ៉ូ ដែល​បាន​ស្លាប់​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​១៩០៨ ក្នុង​ឋានៈ​ជា​អគ្គ​មហាសេនា គឺ​នាយក​រដ្ឋមន្ដ្រី ។

(72) ចៅឃុន​បឌិន​នេះ​ស្លាប់​នៅ​បាងកក​ក្នុង​អាយុ​៧៧​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ​១៨៤៧​ ឬ​១៨៤៨ ។ អ្នកខ្លះ​គិត​ថា​គាត់​នេះ​មាន​សញ្ជាតិ​បារាំង ក៏​ប៉ុន្ដែ​តាម​ពិត គាត់​ជា​ជនជាតិ​សៀម​ទេ ។

(73) ស្ដេច​នេះ​មាន​ព្រះ​ជន្ម​៤៤​ឆ្នាំ ហើយ​បាន​សោយរាជ្យ​១៨​ឆ្នាំ​ហើយ ។​

(74) ពួក​អាណ្ណាម​ថ្វាយ​ព្រះ​ឋានៈ​ថា បាកុងជួ មាន​ន័យ​ថា ព្រះ​ក្សត្រី​ជា​ម្ចាស់ជីវិត តែ​ខ្មែរ​យើង​សរសេរ បាគុនចាវ ទៅ​វិញ ។

(75) ព្រះ​នាង​សុគត​នៅ​ឧត្ដុង្គ នៅ​រវាង​ឆ្នាំ​១៨៧៨ ។

(76) ឋានៈ​នោះ​មាន អុង​ចាញ់ អុង​ផ​ ដូយ​ កាយឡាង​ ថុន​ ទ្រឿង​ ត្រាំ ។ល ។

(77) ផ្លូវ​នេះ​សង់​ចេញ​ពី​ភ្នំ​ត្រង់​ក្បែរ​ផ្ទះ​លោក​គ្រូ​ពេទ្យ​ធំ ។ មាន​មួយ​ចំណែក គេ​ហៅ​ថា ផ្លូវ​ប៉េត្រូល ។

(78) ព្រះ​អង្គឌួង​មាន​បុត្រា​៣​ព្រះ​អង្គ និង​បុត្រី​មួយ​ព្រះ​អង្គ ពី​ឆ្នាំ​១៨៣៤​ដល់​១៨៤៤ ៖ មាន​ព្រះ​រាជឱរស​មួយ​ព្រះ​អង្គ​បាន ប្រសូត​ពី​អ្នក​ម្នាង​ប៉ែន​ជា​មហេសី​ទី​៣​នៅ​ក្នុង​ខែមាឃ​ធំ​ឆ្នាំ​១៨៣៤​ ទ្រង់​ទទួល​ព្រះ​នាម​ថា​ ច្រឡឹង ​រួច​ថា​ អង្គវតី ​គឺ​ព្រះបាទ​នរោត្ដម ។ នៅ​ក្នុង​ឆ្នាំ​១៨៣៩ ទ្រង់​មាន​បុត្រី​មួយ​អង្គ គឺ​អ្នក​អង្គ​ម្ចាស់​ចង្កុលណី ។ ដល់​មក​ឆ្នាំ​១៨៤០ អ្នក​ម្នាង​ពៅ​ប្រសូត​បាន​បុត្រា​មួយ​អង្គ ដែល​ក្រោយ​មក​មាន​ឋានៈ​ជា​ព្រះកែវ​ហ្វ៊ា​រួច​ជា​ព្រះ​ឧបរាជ​ ហើយ​ជា​ព្រះរាជា ស៊ីសុវត្ថិ​ ក្រោយ​ពី​ព្រះ​នរោត្ដម​សុគត​ទៅ ។ នៅ​ក្នុង​ឆ្នាំ​១៨៤១​ អ្នកម្នាង​ខាំ​ប្រសូត្រ​បាន​បុត្រា​មួយ​អង្គ​គឺ​ព្រះអង្គម្ចាស់ វត្ថា​ ឬ​ស៊ីវត្ថា ​ដែល​ក្រោយមក​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​រៀម ។

(79) ទ្រង់​មាន​ព្រះ​ជន្ម​៥១​ព្រះ​វស្សា នៅ​ពេល​ដែល​សុគត​នោះ ។

(80) ស្ថិត​នៅ​លើ​ត្រើយ​ទន្លេមេគង្គ​ខាងឆ្វេង ចម្ងាយ​ប្រហែល​៧០​គីឡូម៉ែត្រ ខាងលើ​ភ្នំពេញ ។

(81) សៀម​បាន​ទាក់ទាញ​យក​អ្នក​អង្គ​ម្ចាស់​អង្គភឹម បុត្រា​របស់​ព្រះ​អង្គ​ឯម ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​សៀម​នៅ​ក្នុង​ជួរ​កងទ័ព​អាណ្ណាម​ឱ្យ​យាង​ទៅ​បាងកក ហើយ​ក៏​រក្សា​ទុក​នៅ​ទីនោះ​ទៅ ។ ធ្វើ​ដូច្នេះ គេ​អាច​មាន​មធ្យោបាយ​មួយ​នៅ​ក្នុង​ដៃ​របស់​គេ ដើម្បី​ញាក់​កម្ពុជា​ជា​បន្ដ​ទៅ​ទៀត ។ ក៏​ប៉ុន្ដែ​ចៃដន្យ​អាក្រក់ ក្សត្រា​អង្គ​នេះ​បាន​ធ្លាក់​អាពាធ ហើយ​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៨៤៨ ។

(82) ពួក​អេស្ប៉ាញ​ និង​ព័រទុយហ្គាល់​ហៅ​ថា​ បារីរាជា​ទី​ដែល​បេឡូសូ​បាន​ចុះ​ចត​កប៉ាល់​ពេល​វិល​ត្រលប់​មក​ពី​ម៉ានីល​វិញ​នៅ​ក្នុង​ឆ្នាំ​១៥៩៧ មុន​ពេល​ដែល​មាន​ឃាតកម្ម​ទៅ​លើ​ព្រះ​រាមា​ជើងព្រៃ​បន្ដិច ។

(83) ក្រោយ​ព្រះរាជ​ពិធី​កោរ​ជុក​រួច អ្នក​អង្គ​ម្ចាស់​ច្រឡឹង បាន​ប្ដូរ​ព្រះ​នាម​ថា ព្រះ​អង្គវតី ។ ក្រោយ​មក​ទ្រង់​បាន​ឡើងជា​ព្រះ​ឧបរាជ​មាន​ព្រះ​នាម​ថា នរោត្ដម រួច​ឡើង​គ្រង​រាជសម្បត្ដិ​ក្រោម​ព្រះ​នាម​ដដែល​នេះ ។​

(84) អ្នក​អង្គ​ម្ចាស់​អង្គភឹម ជា​បុត្រា​ទី​៣​របស់​ព្រះបាទ​អង្គឌួង ។ ក្រោយ​ព្រះរាជ​ពិធី​កោរ​ជុក ទ្រង់​បាន​ប្ដូរ​ព្រះ​នាម​ថា ស៊ីវត្ថា ជា​ព្រះ​នាម​ដែល​គេ​ស្គាល់​ព្រះ​អង្គ​ច្រើន​ជាងគេ ។ នៅ​ពេល​ដែល​ព្រះ​រៀម​នរោត្ដម​ឡើង​សោយរាជ្យ ទ្រង់​បាន​បះបោរ​ប្រឆាំង ។ ទ្រង់​សុគត​ទៅ​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​១៨៩១ នៅ​ភូមិ​ភ្នំ​ក្រែក ខាងជើង​ខែត្រ​សម្បូរ លើ​ត្រើយ​ទន្លេមេគង្គ​ខាងស្ដាំ ជាទី​កន្លែង​ដែល​ព្រះ​អង្គ​បាន​គង់នៅ​ជាមួយ​បក្សពួក​ជាង​២០​ឆ្នាំ​មក​ហើយ ។

(85) ដើម្បី​ឱ្យ​បាន​មួយ ពីយ៉ាស​ម៉ិកស៊ីក (លុយ​ជំនាន់​ដើម) ដែល​មាន​២៩​ក្រាម​ជា​ប្រាក់​សុទ្ធ គេ​ត្រូវការ​កាក់​៦​ចង្កោម មាន​ទាំងអស់ ៣៦០០​កាក់ ។

(86) ពួក​សៀម​ច្រើន​រំលោភ​តែ​ស្រី​ក្រមុំ និង​មេម៉ាយ ម្ល៉ោះ​ហើយ កាលណា​មាន​ទ័ព​សៀម​ចូល​មក គេ​នាំ​គ្នា​ប្រញាប់​ប្រញាល់​រៀបចំ​ការកូន​ស្រី​ឱ្យ​ហើយ ។ ពួក​អាណ្ណាម​មិនសូវ​ជា​អាក្រក់​ពេក​ទេ ។

(87) ទ្រង់​ខ្លាចរអា​ពួក​សៀម ព្រោះថា ព្រះ​អង្គ​មិន​អាច​តែងតាំង​រដ្ឋមន្ដ្រី​ណា​ម្នាក់​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ស្ដេច​សៀម​បាន​ទេ ។ ជាក់ស្ដែង គឺ​នៅ​ក្នុង​ឆ្នាំ​១៨៤៨ ព្រះ​អង្គ​បាន​បញ្ជូន​ឧកញ៉ា​ចក្រី និង​ឧកញ៉ា​ក្រឡាហោម ទៅ​ស្រុក​សៀម ដើម្បី​សុំ​ការ​ឯកភាព​ពី​ស្ដេច​សៀម តែងតាំង​ជា​ចៅហ៊្វាទឡ្ហៈ និង​ជា​សម្ដេច​ចៅពញា តែ​ស្ដេច​សៀម​ក្នុង​នាម​ជា​ស្ដេច​អធិរាជ បែរជា​តែងតាំង​មន្ដ្រី​២​រូប ពី​ខែត្រ​បាត់ដំបង ឱ្យ​ទទួល​តួនាទី​នេះ​ជំនួស​វិញ ។

(88) មេ​សំខាន់​៣​នាក់​របស់​ពួក​បះបោរ​នោះ​ត្រូវជា​កូន​របស់​ចាម​ម្នាក់​មាន​ឈ្មោះ​ថា​ ទួន​សែតអស្មិត​ ឬ​ទួនផា ។ ទួនផា​នេះ​បាន​វាយ​ពួក​អាណ្ណាម​នៅ​ប៊ិញធន់ រួច​ហើយ​បាន​មក​តាម​វាយ​ពួក​អាណ្ណាម​នៅ​កម្ពុជា​ទៀត នៅ​ក្នុង​រជ្ជកាល​ស្ដេច​អង្គ​ចន្ទ ។ ព្រះបាទ​អង្គ​ចន្ទ បាន​លើក​ទួនផា​ឱ្យ​ឡើង​ធ្វើ​ជា​រដ្ឋមន្ដ្រី ប៉ុន្ដែ​ដល់​ក្រោយ​មក​បាន​បោះបង់​ចោល​ទៅ​វិញ នៅ​ក្នុង​ឆ្នាំ​១៨២០ តាម​ការ​ញុះញង់​របស់​អាណ្ណាម ។ កូន​គាត់​ទាំង​៣​នាក់ គឺ​ទួន​ហ៊ីម ទួន​ស៊ូ និង​ទួន​អ៊ិត មាន​ឥទ្ធិពល​ទៅ​លើ​ពួក​អ្នក​កាន់​សាសនា​ដូច​គ្នា ។ ចំណែកឯ​កូន​ទី​៤ ដែល​ការពារ​ពួក​ចាម និង​ម៉ាឡេ ខ្លាំង​ណាស់​ដែរ​នៅ​ក្នុង​ព្រះរាជវាំង​កម្ពុជា បាន​ឡើងជា​សម្ដេច​ចៅពញា​នៅ​ក្នុង​រជ្ជកាល​ស្ដេច​នរោត្ដម ។

(89) រាជពង្សាវតារ​បាន​កត់​សម្គាល់​ថា​មាន​ផ្កាយដុះកន្ទុយ​មួយ​នៅ​ក្នុង​ឆ្នាំ​១៨៥៨ ដែល​លេច​ឡើង​នៅ​ទិសពាយ័ព្យ ហើយ​មាន​កន្ទុយ​វែង​ចុះ​ទៅ​ខាង​ទិស​អាគ្នេយ៍ ។ ផ្កាយដុះកន្ទុយ​នេះ​មាន​ប្រវែង​៩០​អង្សា​ដែល​គេ​អាច​មើល​ឃើញ​ច្បាស់​នៅ​ស្រុក​បារាំង​ក្នុង​រដូវក្ដៅ ។

(90) នៅ​ពេល​ដែល​អ្នក​អង្គ​ម្ចាស់​អង្គវតី ត្រូវ​បាន​លើក​ឱ្យ​ឡើងជា​មហាឧបរាជ ស្ដេច​សៀម​បាន​លើក​អ្នក​អង្គ​ម្ចាស់​ស​នេះ​ឱ្យ​ឡើងជា​ព្រះកែវ​ហ្វ៊ា ។ ព្រះ​អង្គ​បាន​ទទួល​យក​បុត្រី​របស់​ព្រះ​អនុជ​ក្សត្រី​មួយ​អង្គ​របស់​ព្រះ​ក្សត្រី​អង្គ​ម៉ី ជា​ព្រះ​ជាយា ដែល​ត្រូវជា​ព្រះ​ភាគិ​នេយ្យេ​របស់​ព្រះ​អង្គ តែ​មាន​ព្រះ​ជន្ម​ច្រើន​ជាង​ព្រះ​អង្គ​១​ឆ្នាំ ។ អ្នក​អង្គ​ម្ចាស់​ស​នេះ ប្រុង​តែ​នឹង​ដើរ​តាម​អ្នក​អង្គ​ម្ចាស់​វត្ថា ធ្វើការ​បះបោរ​ទៅ​ហើយ តែ​ទ្រង់​បាន​ត្រូវ​គេ​លើក​ឱ្យ​ឡើងជា​ព្រះ​ឧបរាជ​នៅ​ក្នុង​ឆ្នាំ​១៨៦៨ រួច​បាន​សោយរាជ្យ​បន្ដ​ពី​ព្រះ​រៀម នរោត្ដម នៅ​ក្នុង​ឆ្នាំ​១៩០៤ ។

(91) មេដឹកនាំ​ក្រុម​បះបោរ​ទាំង​២​នាក់​នេះ​ជា​មិត្ដ​ជិត​ស្និទ្ធ និង​ជា​ដៃស្ដាំ​របស់​អ្នក​អង្គ​ម្ចាស់​វត្ថា មាន​ដើម​កំណើត​ចេញពី​ខែត្រ​បាភ្នំ ។ អ្នក​ម្នាង​ជា​ព្រះ​មាតា​របស់​អ្នក​អង្គ​ម្ចាស់​ក៏​មាន​ដើម​កំណើត​នៅ​បាភ្នំ​នេះ​ដែរ ហើយ​បាន​យក​អ្នក​ទាំង​២​ទៅ​នៅ​បម្រើ​បុត្រា​ព្រះ​នាង ។

(92) គេ​បាន​កាត់​ក្បាល​យក​មក​ថ្វាយ​ព្រះរាជា រួច​ឱ្យ​ជន​ក្បត់​ម្នាក់​ទៀត​ទូល​ដើរ​កាត់​ផ្សារ រួច​យក​ទៅ​ដោត​ចុង​ឫស្សី​ដែល​បោះ​នៅ​ពី​ខាង​មុខ​ព្រះរាជវាំង ។

(93) នៅ​ក្នុង​សេចក្ដី​សំបុត្រ​នោះ អា​ស្វា​បាន​អះអាង​ថា ខ្លួន​គេ​គឺជា​អ្នក​អង្គ​ម្ចាស់​អង្គភឹម ត្រូវជា​រាជបុត្រ​របស់​ព្រះ​អង្គ​ឯម ដែល​ជា​ព្រះ​រាម​របស់​ព្រះ​អង្គឌួង ។ ខ្លួន​គេ​បាន​បែកបាក់​ព្រាត់​ឆ្ងាយ​ពី​ព្រះ​មាតា និង​ព្រះ​ជាយា​ព្រះ​នាម​ស្ងួន ហើយ​ត្រូវ​គេ​នាំ​ខ្លួន​យក​ទៅ​បាងកក​នៅ​ពេល​ដែល​គេ​រៀបចំ​ព្រះរាជ​ពិធី​អភិសេក​ព្រះបាទ​អង្គឌួង ធ្វើ​ឱ្យ​គេ​កើតទុក្ខ​ជា​ខ្លាំង ស្ទើរតែ​ឆ្កួត ក៏​ឱ្យ​មិត្ដភក្ដិ​ក្លែងបន្លំ​ថា ខ្លួន​ស្លាប់​ហើយៗ​បាន​យក​សព​ខ្មែរ​ម្នាក់​ផ្សេង​ទៀត​មក​ដាក់​នៅ​ក្នុង​មឈូស​ជំនួស​វិញ ។ ឯ​ព្រះ​អង្គភឹម​ផ្ទាល់ បាន​រត់គេច​ខ្លួន​ទៅ​រស់នៅ​ជាមួយ​ពួក​ស្ទៀង និង​ព្នង ទើបតែ​ចេញ​មក​វិញ​នេះ​ដើម្បី​កេណ្ឌ​ទ័ព​ទាមទារ​យក​សិទ្ធិ​របស់​ខ្លួន​មក​វិញ ។ នៅ​កម្ពុជា​សព្វថ្ងៃ នៅ​មាន​អ្នកខ្លះ​យល់​ថា​រឿង​នេះ​ជា​ការ​ពិត ។

(94) អ្នក​អង្គ​ម្ចាស់​ពោធិ​កំបោរ នេះ បាន​សុគត​ទៅ​ក្រោយ​ពី​ប្រសូត​បាន​ប៉ុន្មាន​ម៉ោង​នៅ​ឧត្ដុង្គ ។

(95) លោក​ឌូដា​ដឺឡាគ្រេ​បាន​សរសេរ​នៅ​ក្នុង​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​១៨៦៥ ថា ៖ «ព្រះរាជា​មិនសូវ​មាន​ប្រជាប្រិយភាព​ប៉ុន្មាន​ទេ ដោយសារ​អតីតកាល​របស់​ព្រះ​អង្គ​ និង​ដោយសារ​ទ្រង់​ចំណាយ​ច្រើន​លើស​លុប» ។ ឯ​លោក​ប៉ូធីយេ​ក៏​បាន​និយាយ ដែរ​នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​១៨៦៧ ថា ៖ «អ្នក​ណាៗ​ក៏​ស្អប់​ព្រះរាជា​ដែរ គ្មាន​នរណា​ម្នាក់​ចូល​ចិត្ដ​ព្រះ​អង្គ​ទេ» ។ តាម​ពិត​ទៅ ទាំង​ប្រជារាស្ដ្រ​ទាំង​នាម៉ឺន​សព្វ​មុខមន្ដ្រី គេ​ចូល​ចិត្ដ​ព្រះ​អនុជ​ស៊ីសុវត្ថិ​ខ្លាំង​ជាង ។

(96) ព្រះរាជា​ទ្រង់​បាន​នាំ​យក​ពួក​ភ្លេង​មួយ​ក្រុម មាន​ឈ្មោះ​ថា​តាហ្គាល់ ពី​ម៉ានីល​មក​កម្ពុជា ដែល​ជា​ប្រភព​នៃ​ក្រុម​ភ្លេង​មួយ​ក្រុម ដែល​តែង​សម្ដែង​ជូន​សាធារណជន​ទស្សនា​នៅ​វត្ដ​ភ្នំ រាល់ថ្ងៃ​អាទិត្យ​ចាប់ពី​ម៉ោង​៥​កន្លះ​ដល់​ម៉ោង​៦​កន្លះ និង​រាល់ថ្ងៃ​ព្រហស្បតិ៍ ចាប់ពី​ម៉ោង​៨​កន្លះ ដល់​ម៉ោង​៩​កន្លះ ។

(97) សព្វ​ថ្ងៃនេះ ៤​ពីយ៉ាស ស្មើ​នឹង​៩​ហ្វ្រង់​កន្លះ ។

(98) នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​១៨៧៧ អ្នក​អង្គ​ម្ចាស់​វត្ថា បាន​បង្ហាញ​វត្ដមាន​ឡើង​វិញ​នៅ​ក្នុង​ខែត្រ​បាភ្នំ ដោយ​មាន​ទ័ព​មួយ​កង ។ គេ​បាន​បញ្ជូន​ទ័ព​មួយ​កង​ទៅ​វាយ​ទ័ព​នោះ​ឱ្យ​បរាជ័យ ដណ្ដើម​យក​បន្ទាយ​បាភ្នំ​បាន ក៏​ប៉ុន្ដែ​សង្គ្រាម​នោះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់ និង​ខូចខាត​ទ្រព្យសម្បត្ដិ​អស់​ជា​ច្រើន ។ ហេតុការណ៍​នេះ​បញ្ជាក់​ថា នៅ​ពេល​នោះ​ប្រជាជន​មិនសូវ​ជា​ចូល​ចិត្ដ​ព្រះបាទ​នរោត្ដម​ប៉ុន្មាន​ទេ ។

(99) លោក​ពីកេ​នេះ មុន​ដំបូង​ជា​អនុនាវី​កប៉ាល់ បន្ទាប់​មក​ជា​អ្នកធ្វើ​ការងារ​រដ្ឋបាល រួច​ជា​ចាងហ្វាង​មហាផ្ទៃ​នៅ​កូសាំងស៊ីន ។ នៅ​ពេល​ចូល​និវត្ដន៍ គាត់​បាន​ត្រូវ​គេ​លើក​ឱ្យធ្វើ​ជា​ភ្នាក់ងារ​ទារពន្ធ​នៅ Flèche រួច​ជា​រ៉េស៊ីដង់​ធំ​នៅ​កម្ពុជា ។ គាត់​បាន​មក​ដល់​កម្ពុជា​នៅ​ខែមីនា ឆ្នាំ​១៨៨៦ ដើម្បី​ទទួល​ដំណែង​ជំនួស​លោក​វរសេនីយ៍ទោ បាដេន ដែល​បាន​មក​កាន់​តំណែង​ស្ដីទី​ជាង​១​ឆ្នាំ​មក​ហើយ ដោយ​មាន​លោក ហ៊្វូរ៉ែស ជាទី​ប្រឹក្សា ។ ពេល​នោះ លោក​រ៉េស៊ីដង់​ពេញ​សិទ្ធិ​គឺ​លោក អៃម៉ូនីញេ ដែល​ជាប់​ចូលរួម​ធ្វើ​បេសកកម្ម​វិទ្យាសាស្ដ្រ​មួយ ។

(100) អារញ្ញ និង​វឌ្ឍនៈ ដែល​មាន​រ៉ែ​មាស​កំពុង​តែ​យក​ផល​ដោយ​ក្រុមហ៊ុន​អង់គ្លេស​មួយ បាន​នៅ​ជា​របស់​សៀម​តទៅ​ទៀត ។ នោះ​គឺ​ជា​ការ​ខុសឆ្គង​មួយ ពីព្រោះ​ថា​វា​ជា​មជ្ឈមណ្ឌល​ចោរកម្ម និង​ការ​ឃុបឃិត​គ្នា​រវាង​សត្រូវ​របស់​របប​ថ្មី ដែល​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ជា​ច្រើន​ដល់​នគរបាល​ព្រំដែន ។ បើសិន​ជា​វឌ្ឍនៈ​បាន​មក​កម្ពុជា នោះ​ប្រហែលជា​គ្មាន​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​អ្នកស្រុក​ទេ ។ ក៏​ប៉ុន្ដែ​វា​មាន​ផលប្រយោជន៍​របស់​ពួក​បរទេស​ដែល​បារាំង​ត្រូវ​តែ​គិតគូរ​កុំ​ឱ្យ​ប៉ះពាល់​ដល់ ។

(101) មាន​ចំណុច​ជា​ច្រើន​ដែល​ត្រូវ​លើកយក​មក​រៀបរាប់ ការ​ទិតៀន​ជា​ច្រើន​ដែល​ត្រូវ​និយាយ ការ​ខ្វះ​ការ​ប៉ិន​ប្រសប់​មួយ​ចំនួន​ដែល​ត្រូវ​លើក និង​កំហុសឆ្គង​ដែល​ត្រូវ​បញ្ជាក់ ។ ក៏​ប៉ុន្ដែ​ក្រោយ​ពី​បាន​ពិចារណា​រួច ខ្ញុំ​គិត​ថា​ស្នាដៃ​នេះ​មិន​គួរ​បើ​នឹង​លើក​យក​សកម្មភាព​គ្រប់គ្រង​ដែល​កំពុង​តែ​ដំណើរការ​ទៅ មក​ធ្វើការ​ទិតៀន​ទេ ។ ខ្ញុំ​ទើបតែ​បាន​ទទួល​ព័ត៌មាន​ចុង​ក្រោយ​នេះ​ថា គេ​ទើបតែ​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សភា​ពិគ្រោះ​យោបល់​មួយ ដែល​មាន​តំណាងរាស្ដ្រ​ចំនួន​៤២​នាក់ ជ្រើស​រើស​ចេញពី​គ្រប់​ខែត្រ ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ដឹង​អ្វី​វែង​ឆ្ងាយ​ទេ ។ និយាយ​ប៉ុន​នេះ​មិន​គ្រប់គ្រាន់​ទេ ក៏​ប៉ុន្ដែ​ខ្ញុំ​អាច​បាន​ត្រឹម​ជម្រាប​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​មាន​សារសំខាន់​នេះ ដែល​ទាមទារ​ឱ្យ​មាន​ការ​ប៉ិន​ប្រសប់ ហើយ​ចេះ​អនុវត្ដ ។

 

ត្រលប់ទៅ​មាតិកា​រឿង

 

Leave a comment