សុមេធ​បណ្ឌិត និង​ការ​ប្រកាស​អភិនីហារ

កាល​សុមេធតាបស​យក​ខ្លួន​ធ្វើ​ជា​ស្ពាន​ចម្លង​​ព្រះពុទ្ធ​ទីបង្ករ និង​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​​មិន​ឲ្យ​ឆ្លង​កាត់​ភក់​

មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ

៤. សុមេធ​បណ្ឌិត និង​ការ​ប្រកាស​អភិនីហារ

១. សុមេធ​បណ្ឌិត​ចេញ​សាង​ផ្នួស

មុន​ភទ្ទកប្ប​នេះ​ចំនួន​៤​អសង្ខេយ្យ​១​សែន​កប្ប មាន​នគរ​មួយ​ឈ្មោះ​ថា អមរវតី ។ ក្នុង​កាល​នោះ​ឯង ព្រះ​សមណគោតម​ព្រះបរម​គ្រូ​នៃ​យើង បាន​យោន​កំណើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ ជា​ឧភតោ​សុជាត​បរិសុទ្ធ​ទាំង​ខាង​មាតា​ទាំង​ខាង​បិតា​រហូត​តំណ​៧​ជំនាន់ ហើយ​មាន​ឈ្មោះ​ថា សុមេធបណ្ឌិត ដែល​មិន​មាន​បុគ្គល​ណាមួយ​អាច​តិះ​ដៀល​បាន​ដោយ​ជាតិ​ ជា​អ្នក​មាន​រូប ជា​ទី​រមិល​មើល មាន​សម្បុរ​គួរ​ជា​ទី​ជ្រះ​ថ្លា ជា​អ្នក​ជំនាញ​ក្នុង​ត្រៃវេទ​ទាំង​បី (មធុត្ថ​វិលាសិនី អដ្ឋកថា ពុទ្ធ​វំស​បញ្ជាក់​ថា ត្រៃ​វេទ​ទាំង​បី​គឺ ឥរុ​វេទ​១ យជុ​វេទ​១ សាម​វេទ​១) ។ លោក​ជា​អ្នក​ឈ្លាស​ក្នុង​វេយ្យាករណ៍​ទាង​ឡាយ​មាន​គម្ពីរ​សនិឃណ្ឌុ​សាស្ត្រ កេ​ដុភ​សាស្ត្រ សាក្ខរប្ប​ភេទ​សាស្ត្រ និង​ឥតិហាសៈ​ជា​គម្រប់​៥ និង​ជំនាញ​ក្នុង​លោកា​យត​មហា​បរិស​លក្ខណៈ ។ ក្នុង​វ័យ​ពេញ​កំលោះ មាតា​បិតា​ក៏​ធ្វើ​មរណ​កាល​ទៅ ។ គ្រា​នោះ សិរីវឌ្ឍ​កាមាត្យ បាន​នាំ​បញ្ញី​ទ្រព្យ​មក ហើយ​បើក​ឃ្លាំង​មាន រតនៈ មាស ប្រាក់ កែវ​មណី កែវ​មុក្តា ជាដើម ហើយ​ប្រគល់​ឲ្យ​សុមេធ​បណ្ឌិត​ដោយ​បញ្ជាក់​ថា ៖

បពិត្រ​លោក​ម្ចាស់ ទ្រព្យ​មាន​ប្រមាណ​ប៉ុណ្ណោះ ជា​ចំណែក​ខាង​មាតា ឯ​ទ្រព្យ​មាន​ប្រមាណ​ប៉ុណ្ណេះ​ជា​ចំណែក​ខាង​បិតា និង​ចំណែក​ខាង​ជីដូន​ជីតា តា​ទួត​យាយ​ទួង រហូត​ទ្រព្យ​នេះ​បន្ត​មក​ប្រាំ​ពីរ​តំណ​មក​ហើយ ចូរ​លោក​ម្ចាស់​ទទួល​យក​ប្រើប្រាស់ ចាត់​ចែង​នូវ​ទ្រព្យ​នេះ​ចុះ​ពី​ថ្ងៃ​នេះ​ទៅ លោក​ម្ចាស់​នឹង​ជា​ទ្រព្យ​ទាំង​អស់​នេះ ។

គ្រា​នោះ សុមេធ​បណ្ឌិត​ពិចារណា​ថា ៖

ញាតិ​ទាំង​ឡាយ​មាន​មាតា​បិតា​ ជាដើម បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​រួម​មាន​ដី​ស្រែ​ចម្ការ គោ ក្របី​សេះ ដំរី និង​ខ្ញុំ​កំដរ​ទាសា​ទាសី​ដ៏​ច្រើន​ឥត​គណនា ។ លោក​លះ​បង់​នូវ​អត្តភាព​របស់​ខ្លួន​ទៅ​កាន់​លោក​ខាង​មុខ ដោយ​មិន​បាន​យក​ទ្រព្យ សូម្បី​ត្រឹម​មួយ​កហាបណៈ ទៅ​តាម​ខ្លួន​ឡើយ ។ បើ​ដូច្នេះ​មាន​តែ​អាត្មា​អញ​នឹង​ចាត់​ចែង​នូវ​ទ្រព្យ​នេះ​ឲ្យ​សម​គួរ​ដល់​ កុសល​កម្ម​ទាំង​ឡាយ​ដើម្បី​ជា​ទីពឹង​របស់​អាត្មា​អញ ។

ក្នុង​ពេល​នោះ​ឯង ព្រះពោធិសត្វ​ឡើង​ទៅ​កាន់​ប្រាសាទ​ខាង​លើ ពួន​សម្ងំ​អង្គុយ​ពែន​ភ្នែន​ក្នុង​ទី​ស្ងាត់ ពិចារណា​ទៀត​ថា ៖

ធម្មតា​ភព​ថ្មី​ទៀត​តែង​នាំ​ មក​នូវ​សេចក្ដី​ទុក្ខ​ ការ​បែ​ធ្លាយ​សរីរៈ ក៏​នាំ​មក​នូវ​សេចក្ដី​ទុក្ខ​ដូច​គ្នា ។ សេចក្ដី​ស្លាប់​ប្រកប​ដោយ​មោហៈ នាំ​មក​នូវ​សេចក្ដី​ទុក្ខ រូប​ដែល​ជារា​ញាំ​ញី ក៏​នាំ​មក​នូវ​សេចក្ដី​ទុក្ខ ។ អាត្មា​អញ​មាន​ជាតិ​ជា​ធម្មតា មាន​ជរា​ជា​ធម្មតា មាន​ព្យាធិ​ជា​ធម្មតា អាត្មា​អញ​នឹង​ស្វែង​រក ព្រះ​និព្វាន ដែល​មិន​ចាស់ មិន​ស្លាប់ ជា​ទី​ក្សេម​ក្សាន្ត ។ បើ​ដូច្នោះ អាត្មា​អញ​គួរ​តែ​លះបង់​កាយ​ស្អុយ​នេះ​ដែល​ពោរពេញ​ដោយ​សាក​សព​ផ្សេងៗ ជា​ទី​មិន​គួរ​ឲ្យ​អាឡោះ​អាល័យ មិន​មាន​សេចក្ដី​ត្រូវ​ការ ហើយ​នឹង​ចេញ​ទៅ ។ ផ្លូវ​នោះ​នឹង​មាន​ពិត ផ្លូវ​នោះ​មិន​មែន​គ្មាន​ហេតុ​នោះ​ទេ អាត្មា​អញ​នឹង​ស្វែង​រក​ផ្លូវ​នោះ​ដើម្បី​ដោះ​ខ្លួន​ចាក​ភព ។ កាល​បើ​ទុក្ខ​មាន សុខ​ក៏​មាន យ៉ាង​ណា កាល​បើ​ភព​មាន ការ​ប្រាស​ចាក​ភព បុគ្គល​គួរ​តែ​ប្រាថ្នា​រក ក៏​យ៉ាង​នោះ​ដែរ ។ កាល​បើ​ក្ដៅ​មាន ត្រជាក់​ដទៃ​ក៏​មាន យ៉ា​ណា កាល​បើ​ភ្លើង​៣​ប្រការ (លោភៈ​១ ទោសៈ​១ មោហៈ​១) មាន ព្រះ​និព្វាន​ដែល​បុគ្គល​គួរ​ប្រាថ្នា ក៏​មាន​យ៉ាង​នោះ​ដែរ ។ កាលបើ​បាប​មាន បុណ្យ​ក៏​មាន​យ៉ាង​ណា កាល​បើ​ជាតិ​មាន ព្រះនិព្វាន​មិន​មាន​ជាតិ​ដែល​បុគ្គល​គប្បី​ប្រាថ្នា​ក៏​មាន​យ៉ាង​នោះ​ ដែរ ។ បុរស​ដែល​ប្រឡាក់​លាមក ឃើញ​ស្រះ​ពេញ​ដោយ​ទឹក​ថ្លា ហើយ​មិន​ស្វែង​ចុះ​ក្នុង​ស្រះ​ដើម្បី​លាង​លាមក​ទោស​នោះ មិន​មែន​ជា​ទោស​នៃ​ស្រះ​ទេ យ៉ាង​ណា​មិញ កាល​បើ​ស្រះ គឺ​ព្រះនិព្វាន​មាន​ហើយ បុគ្គល​មិន​ស្វែង​រក​ស្រះ​សម្រាប់​លាង​នូវ​កិលេស​ជា​មន្ទិល​ចេញ​ទេ ទោស​នោះ​មិន​មែន​ជា​ទោស​នៃ​ស្រះ​គឺ​និព្វាន​ទេ គឺ​ជា​ទោស​របស់​បុរស​ ក៏​យ៉ាង​នោះ​ដែរ ។ បុរស​ដែល​ត្រូវ​សត្រូវ​ទាំង​ឡាយ​ចោម​ព័ទ្ធ​ហើយ កាល​បើ​ផ្លូវ​សម្រាប់​រត់​ទៅ​មាន តែ​បុរស​នោះ​មិន​រត់​ទៅ ទោស​នោះ​មិន​មែន​ជា​ទោស​នៃ​ផ្លូវ​ទេ យ៉ាងណា បុគ្គល​ត្រូវ​កិលេស​រួប​រឹត​ហើយ កាល​បើ​ផ្លូវ​ព្រះនិព្វាន​មាន តែ​មិន​ស្វែង​រក​ផ្លូវ​នោះ ទោស​នោះ​មិន​មែន​ជា​ទោស​នៃ​ផ្លូវ​និព្វាន​ទេ គឺ​ជា​ទោស​របស់​បុគ្គល​នោះ​ឯង​យ៉ាង​នោះ​ដែរ ។ បុរស​មាន​ជំងឺ កាល​បើ​ពេទ្យ​មាន តែ​មិន​ឲ្យ​ពេទ្យ​នោះ​ព្យាបាល​ជំងឺ​នោះ​ទេ ទោស​នោះ​មិន​មែន​ជា​ទោស​នៃ​ពេទ្យ​ទេ យ៉ាងណា បុគ្គល​មាន​ជំងឺ គឺ​កិលេស​ទាំង​ឡាយ​បៀតបៀន​ហើយ ដល់​នូវ​សេចក្ដី​ទុក្ខ មិន​ស្វះស្វែង​រក​អាចារ្យ ទោស​នើ​មិន​មែន​ជា​ទោស​នៃ​អាចារ្យ​ទេ គឺ​ជា​ទោស​របស់​បុគ្គល​នោះ​ឯង យ៉ាង​នោះ​ដែរ ។

បន្ទាប់​ពី​បាន​ពិចារណា​យ៉ាង​ល្អិត​ល្អន់ ជ្រាល​ជ្រៅ​លើ​មូល​ហេតុ​នៃ​ទុក្ខ​ទោស​កើត​កិលេស​ដែល​តែង​តែ​ជាន់​ឈ្លី​លើ​ សត្វ​លោក​ហើយ សុមេធ​បណ្ឌិត​បន្ត​ការ​ត្រិះរិះ​ទៀត​ថា ៖

គួរ​តែ​អាត្មា​អញ​លះបង់​កាយ​ ស្អុយ​នេះ ដែល​ពេញ​ដោយ​សាក​សព​ផ្សេងៗ​ចេញ គប្បី​ជា​អញនក​មិន​មាន​សេចក្ដី​អាឡោះ​អាល័យ មិន​មាន​សេចក្ដី​ត្រូវការ​រូប ដូច​បុរស​បាន​ស្រាយ​សាក​សព​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​ដែល​ជាប់​ព្ធដ៏​ក គម្បី​ជា​អ្នក​មាន​សេចក្ដី​សុខ​នៅ​តាម​ទំនើង​ខ្លួន មាន​អំណាច​ខ្លួន​ឯង យ៉ាង​ណា​មិញ ។ អាត្មា​អញ​គួរ​តែ​លះបង់​នូវ​កាយ​ស្អុយ​នេះ ដែល​ជា​ទី​ប្រមូល​មក​នូវ​សាក​សព​ផ្សេងៗ​ចេញ ហើយ​គប្បី​ជា​អ្នក​មិន​អាឡោះ​អាល័យ មិន​មាន​សេចក្ដី​ត្រូវ​ការ​ចេញ​ទៅ​យ៉ាង​នោះ​ដែរ ។ បុរស​ស្ត្រី​ទាំង​ឡាយ ទៅ​បន្ទោបង់​នូវ​ករីសៈ (លាមក) ក្នុង​បង្គន់​ហើយ ឥត​មាន​អាឡោះ​អាល័យ ឥត​មាន​សេចក្ដី​ត្រូវ​ការ ដើរ​ចេញ​ទៅ យ៉ាង​ណា​មិញ អាត្មា​អញ​នឹង​លះបង់​នូវ​កាយ​ស្អុយ​នេះ​ដែល​ពេញ​ដោយ​សាក​សព​ផ្សេងៗ​ចេញ​ទៅ ដូច​បុរស​ស្ត្រី​ទាំង​លាយ​ដែល​បន្ទោបង់​វច្ចៈ (លាមក) ក្នុង​បង្គន់ ដូច្នោះ​ឯង ។ ម្ចាស់​ទូក​ទាំង​ឡាយ តែង​លះបង់​ទូក​ចាស់ ដែល​ពយក​ផុយ​លិច​ចូល​ទឹក ឥត​មាន​អាឡោះ​អាល័យ ឥត​ត្រូវការ​វិញ យ៉ាងណា អាត្មា​អញ​នឹង​លះបង់​នូវ​កាយ​នេះ ដែល​មាន​រន្ធ​៩​ហូរ​ជានិច្ច ហើយ​​ចេញ​ទៅ​ដូច​ជា​ម្ចាស់​ទូក​លះ​ចោល​ទុក​ចាស់ ដូច្នោះ​ឯង ។ បុរស​កាល​ដើរ​ទៅ​ជាមួយ​នឹង​ពួក​ចោរ​ យក​ទ្រព្យ​ជាប់​ទៅ​ផង ឃើញ​ភ័យ​អំពី​ការ​ខូច​ខាត​ទ្រព្យ ក៏​លះបង់​ទ្រព្យ​ឲ្យ​ចោរ ហើយ​ដើរ​ទៅ យ៉ាងណា កាយ​នេះ ក៏​មាន​ឧបមា​ស្មើ​ដោយ​មហា​ចោរ អាត្មា​អញ​នឹង​លះបង់​នូវ​កាយ​នេះ​ចេញ ព្រោះ​ខ្លាច​ខូច​ខាត​កុសល​ធម៌ យ៉ាង​នោះ​ដែរ ។

កាល​សុមេធ​បណ្ឌិត​ពិចារណា​យ៉ាង​នេះ​ហើយ ក៏​បាន​ចូល​ទៅ​គាល់​ព្រះរាជា​ក្នុង​ដែន​អមរវតី ថ្វាយ​ទ្រព្យ​ទាំង​អស់​ចំពោះ​ព្រះរាជា ។ ទ្រង់​មិន​ទទួល​ដោយ​ទ្រង់​បដិសេធ​ថា យើង​មិន​ត្រូវ​ការ​ទ្រព្យ​ទាំង​នោះ​ឡើយ ចូរ​អ្នក​ចាត់​ចែង​យ៉ាងណា តាម​ចិត្ត​របស់​អ្នក​ចុះ ។

ក្នុង​កាល​នោះ ព្រះពោធិសត្វ​ឲ្យ​ចែក​ទ្រព្យ​សម្បត្តិ​ដល់​អ្នក​បម្រើ​ខ្ញុំ​កំដរ លែង​ទាសា​ទាសី​ឲ្យ​មាន​សេរីភាព ហើយ​ឲ្យ​អ្នក​បម្រើ​ដើរ​វាយ​ស្គរ​ប្រកូក​ប្រកាស​ឲ្យ​មហាជន​មក​ទទួល​យក​ ទ្រព្យ​ពី​គេហដ្ឋាន​របស់​លោក ។ កាល​បើ​ទ្រព្យ​ដែល​មហាជន​កំពុង​នាំ​គ្នា​មក​ទទួល​យក​ជា​បន្ត​បន្ទាប់​គ្នា​ មិន​ដាច់ នៅ​មិន​ទាន់​អស់​ពី​ឃ្លាំង​ផង ព្រះពោធិសត្វ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​ធម្មិក​បព៌ត​ដែល​ស្ថិត​នៅ​ក្នុង​ ព្រៃ​ហេមពាន្ត ។ ព្រះពោធិសត្វ​ក៏​សាង​អាស្រម​គង់​នៅ​ក្នុង​ទីនោះ​ទៅ ។

ព្រះពោធិសត្វ​មាន​ចិត្ត​បញ្ជូន​ទៅ​ក្នុង​កម្មដ្ឋាន​មិន​យូរ​ឡើយ ត្រឹម​តែ​ប្រាំពីរ​ថ្ងៃ​អំពី​ការ​បួស​ក៏​បាន​សម្រេច​នូវ​អភិញ្ញា​៥ សមាបត្តិ​៨ ក្នុង​អាស្រម​បទ​នោះ ។

២. ព្រះសម្មាសម្ពុទ្ធ​ទីបង្ករ ទ្រង់​ត្រាស់​ដឹង​ក្នុង​លោក

សម័យ​កាល​ជាមួយ​គ្នា​នោះ​ដែរ ព្រះពុទ្ធ​ទីបង្ករ ទ្រង់ ​យោន​យក​កំណើត​ជា​ព្រះពោធិសត្វ​នៅ​ស្ថាន​តុសិត ហើយ​ដោយ​បាន​អារាធនា​ដោយ​ពួក​ទេវតា​ទាំង​ឡាយ ក៏​បាន​យាង​ចុះ​ពី​ឋាន​តុសិត​មក​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​ ព្រះនាង​សមេធេទេវី ជា​មហេសី​ព្រះបាទ​សុទេវរាជ ជា​ស្ដេច​ក្នុង​រម្មវតី​នគរ ក្នុង​ថ្ងៃ​១៥​កើត ខែ​អាសាឍ ។ ព្រះអង្គ​ទ្រង់​ស្ថិត​ក្នុង​ផ្ទៃ​គ្រប់​ទសមាស ក៏​ប្រសូត​ចាក​គភ៌​ព្រះមាតា​តាម​និយាម​របស់​ព្រះពោធិសត្វ​ទាំង​ឡាយ គឺ​ថ្ងៃ​១៥​កើត​ពេញ​បូណ៌មី ខែ​ពិសាខ ។ ក្រោយ​មក​ព្រះពោធិសត្វ នឿយ​ណាយ​ក្នុង​ភាព​ជា​គ្រហស្ថ ទ្រង់​ក៏​ចេញ​សាង​ផ្នួស​រួម​ជាមួយ​បុរស​១​កោដិ​នាក់ ។ ព្រះពោធិសត្វ​ទ្រង់​ធ្វើ​សេចក្ដី​ព្យាយាម​អស់​ចំនួន​១០​ខែ ។ ក្នុង​ថ្ងៃ​១៥​កើត​ពេញ​បូណ៌មី ខែ​ពិសាខ ទ្រង់​ចូល​ទៅ​ បិណ្ឌបាត​ក្នុង​នគរ រួម​ជាមួយ​បព្វជិត​ទាំងអស់​ដែល​ចេញ​បយស​តាម​ព្រះអង្គ ។ ក្នុង​ពេល​រសៀល ទ្រង់​ចូល​ទៅ​សម្រាក​ក្នុង​សាលវ័ន​ជាមួយ​បព្វជិត​ទាំងអស់ ។ ពេលនោះ ព្រះពោធិសត្វ​ទីបង្ករ គេច​ខ្លួន​ពី​ពួក​គណៈ​ធ្វើ​ដំណើរ​ទៅ​តែ​មួយ​ព្រះអង្គ​ឯង​ក៏​បាន​ទទួល​នូវ​ស្បូវ​ស្គា​ចំនួន​៨​ក្ដាប់​ពី​សុនន្ទ​អាជីវក ទ្រង់​ក៏​យក​ទៅ​ក្រាល​ក្រោម​ដើម​បិប្ឆលិ​ពោធិព្រឹក្ស (ដើម​ដីប្លី) ត្រង់​ផ្ចិត​នៃ​ផែន​ដី ។ ទ្រង់​ផ្ចាញ់​នូវ​ពួក​មារ​ព្រម​ទាំង​សេនាមារ​ហើយ ក្នុង​បឋម​យាម​នៃ​រាត្រី ទ្រង់​ចាក់​ធ្លុះ​នូវ​បុព្វេ​និវាសានុ​ស្សតិញ្ញាណ​ ក្នុង​មជ្ឈិម​យាម​នៃ​រាត្រី ទ្រង់​បាន​ចាក់​ធ្លុះ​នូវ​ចុតូបបាត​ញ្ញាណ ក្នុង​បច្ឆិម​យាម​នៃ​រាត្រី ទ្រង់​បាន​អស់​ទៅ​នៃ​អាសវក្កិលេស​ពី​ខន្ធ​សន្ដាន ។

ក្នុង​កាល​ពញរះអង្គ​ទ្រង់​បាន​ត្រាស់​ដឹង​ហើយ មាន​ព្រះអរហន្ត​៤​សែន​អង្គ​ទ្រង់​និមន្ត​តាម​លំដាប់​មក​ដល់ រម្មនគរ ព្រះអង្គ​គង់​អាស្រ័យ​នៅ​ក្នុង​សុទ្សន​មហា​វិហារ ។ អ្នក​រម្មនគរ​ទាំង​ឡាយ​បាន​ជ្រាប​ដំណឹង​នៃ​ការ​និមន្ត​មក​របស់​ព្រះពុទ្ធ​ ទីបង្ករ​នោះ ក៏​បាន​ចាត់​ចែង​នូវ​ភេសជ្ជៈ​ទាំង​ឡាយ​មាន​ទឹក​ដោះ​ថ្លា និង​ទឹក​ដោះ​ខាប់ និង​ផ្កា​កម្រង​គ្រឿង​ក្រអូប​ជា​ដើម​ចូល​ទៅ​ក្នុង​សុទស្សន​មហា​វិហារ បូជា​ចំពោះ​ព្រះ​ដ៏​មាន​ព្រះភាគ​អង្គ​នោះ ស្ដាប់​ព្រះសទ្ធម្ម មាន​សេចក្ដី​ជ្រះថ្លា ក៏​អារាធនា​និមន្ត​ព្រះអង្គ​ទទួល​ចង្ហាន់​ក្នុង​ស្អែក​ឡើង ។ លុះ​ថ្ងៃ​ស្អែក​ឡើង​មហាជន​ក្នុង​ទីក្រុង​ចាង់​ចែង​មាហទាន តុប​តែង​ទីក្រុង សម្អាត​ទីធ្លា​នៅ​តាម​ថ្នល់​ឲ្យ​រាប​ស្មើ ចាក់​ដី​ដែល​នៅ​ត្រង់​ទី​ដែល​មាន​ជង្ហុក រោយ​រាយ​ដី​ខ្សាច់​មាន​ពណ៌​ដូច​ជា​ប្រាក់ ចង​រំយោល​ផ្កា ដោត​ទង់​ជ្វាលា​យ់ាង​ស្រស់​ស្អាត​នៅ​ក្នុង​ទីក្រុង​នោះ ។

៣. ព្រះសុមេធ​បណ្ឌិត​ទទួល​ការ​ព្យាករ និង​ប្រកាស​អភិនីហារ

ក្នុង​ពេល​នោះ​ឯង សុមេធតាបស កំពុង​ហោះ​តាម​អាកាស បាន​ឃើញ​មនុស្ស​ទាំង​ឡាយ មាន​ចិត្ត​រីករាយ​កំពុង​ចាត់​ចែង​ការងារ តាក់តែង​ទីក្រុង ក៏​ចុះ​ពី​អាកាស ហើយ​សាក​សួរ​មនុស្ស​ទាំង​ឡាយ​នោះ​ថា «ការ​តាក់​តែង​ទីក្រុង​ដ៏​ប្លែក​អស្ចារ្យ​នេះ តើ​ដើម្បី​ប្រយោជន៍ និង​កិត្តិសយ​ដល់​បុគ្គល​ណា ?»

មនុស្ស​ទាំង​នោះ​ឆ្លើយ​ថា «យើង​នាំ​គ្នា​រៀប​ចំ​លម្អ​ទីក្រុង​នេះ​ដើម្បី​ទទួល​ព្រះពុទ្ធ​ជា​ម្ចាស់​ដែល​ទ្រង់​បាន​ត្រាស់​ដឹង​ឡើង​ក្នុង​លោក !»

សុមេធបណ្ឌិត​ក៏​គិត​ឡើង​ថា សូម្បី​ត្រឹម​តែ​ឮ​ពាក្យ​ថា ពុទ្ធោ ជា ​ពាក្យ​ដ៏​កម្រ​នៅ​ក្នុង​លោក មិន​ចាំ​បាច់​ពោល​ទៅ​ថ្វី ដល់​កាល​មាន​ភាព​ជា​ព្រះពុទ្ធ ។ បើ​ដូច្នោះ មាន​តែ​អាត្មា​អញ​នឹង​ចាត់​ចែង​ផ្លូវ​ដើម្បី​ទទួល​ព្រះ​ទសពល​អង្គ​នោះ​ ដែរ ។ ពេល​នោះ សុមេធបណ្ឌិត​ក៏​បាន​និយាយ​សុំ​ផ្ូវ​មួយ​ចំណែក​សម្រាប់​ខ្លួន​ចាត់​ចែង មនុស្ស​ទាំង​នោះ​ក៏​បាន​ទុក​ឱកាស​ដល់​សុមេធបណ្ឌិត​នូវ​ជង្ហុក​ដែល​មាន​ទឹក​ ច្រើន ដោយ​យល់​ឃើញ​ថា សមេធតាបស​នេះ​ជា​អ្នក​មាន​ឫទ្ធិ​ច្រើន គួរ​នឹង​អាច​ធ្វើ​បាន​យ៉ាង​ងាយ​ដោយ​ឫទ្ធិ​របស់​លោក ។

សុមេធតាបស​ មាន​ព្រះពុទ្ធ​ជា​អារម្មណ៍ បាន​ចាត់​ចែង​ផ្លូវ​នោះ​ដោយ​កម្លាំង​កាយ​ធម្មតា ដោយ​គិត​ថា «ប្រសិន​បើ​អាត្មា​អញ​ធ្វើ​ទី​នេះ​ដោយ​ឫទ្ធិ ហាក់​បី​ដូច​ជា​មិន​សម​គួរ​សម្រាប់​បូចា​ដល់​ព្រះពុទ្ធ​ជា​ម្ចាស់​ឡើយ ។»

កាលនោះ សុមេធបណ្ឌិត​នៅ​មិន​ទាន់​បាន​ធ្វើ​ផ្លូវ​ហើយ​ផង ស្រាប់​តែ​ព្រះពុទ្ធ​ទីបង្ករ ព្រះទាំង​ព្រះអរហន្ត​៤​សែន​អង្គ​និមន្ត​មក​ដល់ ។ សុមេធបណ្ឌិត​សម្លឹង​ឃើញ​ព្រះពុទ្ធ​ទីបង្ករ ដោយ​ភ្នែក​ទាំង​គូ ដែល​មាន​មហាបុរិស​លក្ខណៈ​៣២​ប្រការ អនុព្យញ្ជនៈ​៨០​ ពន្លឺ​១​ព្យាម ផ្សាយ​ចេញ​ពី​ព្រះវរកាយ មាន​ពុទ្ធ​រស្មី ឆព្វណ្ណរស្មី (៦​ពណ៌) ។ សុមេធបណ្ឌិត​មាន​សេចក្ដី​ជ្រះថ្លា​ធ្វើ​ទុក​ក្នុង​ចិត្ត​ថា «ថ្ងៃ ​នេះ​អាត្មា​អញ​នឹង​បរិច្ចាគ​ជីវិត​ថ្វាយ​ព្រះទសពល សូម​ព្រះ​មាន​ព្រះភាគ កុំ​និមន្ត​ជាន់​ភក់ ! អត្មា​អញ​នឹង​ធ្វើ​ជា​ស្ពាន​ចម្លង​ព្រះ​មាន​ព្រះភាគ និង​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ឆ្លង​កាត់​ដើម្បី​សេចក្ដី​ចម្រើន​ដើម្បី​ សេចក្ដី​សុខ​សម្រាប់​អាត្មា​អញ !»។

រំពេច​នោះ​សុមេធបណ្ឌិត​រំសាយ​ផ្នួង​សក់ ហើយ​ក្រាល​នូវ​សំពត់​សម្បក​ឈើ ព្រម​ទាំង​ស្បែក​សត្វ​លើ​ភក់​ពណ៌​ខ្មៅ ហើយ​ក្រាប​ចុះ​លើ​ភក់​ធ្វើ​ជា​ស្ពាន​ថ្វាយ​ព្រះសម្មា​សម្ពុទ្ធ ។ កាល​សុមេធបណ្ឌិត​បាន​សម្លឹង​ឃើញ​នូវ​ពុទ្ធ​សិរី​របស់​ប្រះបុទ្ធ​ទីបង្ករ​ ទសពល លោក​ក៏​ពិចារណ​គិត​ក្នុង​ចិត្ត​ថា «បើ​អាត្មា​ អញ​ប្រាថ្នា​ដុត​កិលេស​របស់​អាត្មា​អញ​ក្នុង​ថ្ងៃ​នេះ ក៏​បាន​តែ​ថា​ប្រយោជន៍​អ្វី អាត្មា​អញ​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ធម៌​ដោយ​ភេទ​ដែល​គេ​មិន​ស្គាល់​ក្នុង​ ទី​នេះ ! អាត្មា​អញ​គប្បី​ដល់​នូវ​សព្វញ្ញុត​ញ្ញាណ​ជា​អ្នក​រួច​ស្រឡះ​ចាក​កិលេស ហើយ​ញ៉ាំង​លោក​ព្រម​ទាំង​ទេវលោក​ឲ្យ​រួច​ចាក​សង្សារវដ្ដ ! ប្រយោជន៍​អ្វី អាត្មា​អញ ជា​បុរស​សម្ដែង​កម្លាំង​ឆ្លង​ទោ​តែ​ម្នាក់​ឯង អាត្មា​អញ​គួរ​ដល់​នូវ​សព្វញ្ញុត​ញ្ញាណ ចម្លង​មនុស្ស​លោក ព្រម​ទាំង​ទេវលោក ។ អាត្មា​អញ​នឹង​បាន​ដល់​នូវ​សព្វញ្ញុតញ្ញាណ ចម្លង​ប្រជុំ​ជន​ច្រើន​ដោយ​អធិការ​នេះ​ដែល​អាត្មា​អញ​ធ្វើ​ចំពោះ​ព្រះពុទ្ធ ជា​មហាបុរស​ដ៏​ខ្ពង់ខ្ពស់​បំផុត !»។

ក្នុង​កាល​នោះ មាន​នាង​យុវតី​ម្នាក់​ជា​កូន​ព្រាហ្មណ៍​ឈ្មោះ សុមិត្តា នៅ​ក្នុង​ទី​ប្រជុំ​មហាជន ក៏​មាន​ចិត្ត​ជ្រះ​ថ្លា​ចំពោះ​កិរិយា​ធ្វើ​របស់​សុមេធបណ្ឌិត​ក៏​បាន​យក​ផ្កា​ឧប្បល​៨​ក្ដាប់ ចូល​ទៅ​ជិត​សុមេធបណ្ឌិត ហើយ​ពោល​ថា «បពិត្រ ​ឥសី ខ្ញុំ​មិន​ឃើញ​វត្ថុ​ដទៃ​គួរ​ថ្វាយ​ទេ ខ្ញុំ​សូម​ថ្វាយ​ផ្កា​ទាំង​លាយ​ដល់​លោក ។ បពិត្រ​ឥសី ផ្កា​៥​ក្ដាប់​ ចូរ​មាន​ដល់​លោក ផ្កា​៣​ក្ដាប់ ចូរ​មាន​ដល់​ខ្ញុំ សម្រាប់​ថ្វាយ​ព្រះសម្មាសម្ពុទ្ធ ។ បពិត្រ​ឥសី ខ្ញុំ​សូម​ឲ្យ​មាន​អនិសង្ស​ស្មើ​គ្នា​មួយ​អន្លើ ដើម្បី​ជា​ប្រយោជន៍​ពោធិញ្ញាណ​ដល់​លោក​ចុះ ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សូម​ស្ម័គ្រ​ចិត្ត​ជួយ​បំពេញ​បារមី​របស់​លោក ទោះ​បី​ជា​មាន​សេចក្ដី​លំបាក​យ៉ាង​ណា​នៅ​ក្នុង​សង្សារវដ្ដ ក៏​ខ្ញុំ​សុខ​ចិត្ត​ព្រម​ដែរ សូម​ឲ្យ​នាង​ខ្ញុំ​បាន​ជា​កន្សៃសារពេជ្រ​របស់​លោក​ផង ។»

ពេល​នោះ សុមេធតាបស​បាន​ទទួល​យក​ផ្កា​ឧប្បល​ចំនួន​៥​ដើម ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​ព្រះពុទ្ធ​ទីបង្ករ ហើយ​បូជា​ថ្វាយ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​អង្គ​នោះ ។ ចំណែក​នាង​សុមិត្តា យក​ផ្កា​របស់​ខ្លួន​ចំនួន​៣​ដើម ចូល​ទៅ​ថ្វាយ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​អង្គ​នោះ​ដែរ ។ បន្ទាប់​ពី​ការ​ថ្វាយ​ផ្កា​ហើយ សុមេធបណ្ឌិត​លើក​ដៃ​ប្រណម្យ​អញ្ជលី​បញ្ចេញ​សំឡេង​ដ៏​ក្រអៅ​ក្រអួន​ប្រាថ្នា​ នូវ​ភាព​ជា​ព្រះពុទ្ធ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះពុទ្ធ​ជា​ម្ចាស់​ថា «បពិត្រ ​ព្រះអង្គ​ដ៏​ចម្រើន ដោយ​អំណាច​អធិការ​ដែល​ខ្ញុំ​ព្រះអង្គ​បំពេញ​ហើយ​មាន​ប្រមាណ​ប៉ុណ្ណោះ ខ្ញុំ​ព្រះអង្គ​សូម​ប្រាថ្នា​ឲ្យ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ក្នុង​លោក​ព្ធដ៏​ អនាគត​កាល ដូច​ព្រះអង្គ​បាន​ត្រាស់​ដឹង​ហើយ នា​បច្ចុប្បន្ន​នេះ​ផង​ចុះ ។»

នៅ​ពេល​នោះ ព្រះពុទ្ធ​ទីបង្ករ​ទ្រង់​គង់​នៅ​ជិត​សីសៈ​របស់​សុមេធបណ្ឌិត​ទ្រង់​ពិចារណា​ ដោយ​អនាវរណ​ញ្ញាណ ឃើញ​ថា សេចក្ដី​ប្រាថ្នា​នេះ​មិន​មាន​អ្វី​ជា​គ្រឿង​រារាំង​ឡើយ ហើយ​ព្រះអង្គ​ទ្រង់​ញាញ​ច្បាស់​ថា សុមេធបណ្ឌិត​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ពិត​ប្រាកដ​ក្នុង​លោក ទើប​ព្រះអង្គ​ទ្រង់​ព្យាករ​ថា «ម្នាល​ភិក្ខុំ​ទាំង​ ឡាយ អ្នក​ទាំង​ឡាយ ចូរ​មើល​តាបស​នេះ ជា​ជដិល​មាន​តបៈ​ដ៏​ខ្ពង់ខ្ពស់ តាបស​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ក្នុង​លោក​ក្នុង​កប្ប​ប្រមាណ មិន​បាន​អំពី​កប្ប​នេះ​ទៅ ។ សត្វ​នេះ​នឹង​ចេញ​ចាក​ក្រុង​ឈ្មោះ កបិលវត្ថុ​ជា​ទី​រីករាយ តម្កល់​ព្យាយាម​ធ្វើ​ទុក្ករ​កិរិយា ។ សត្វ​នេះ​អង្គុយ​ទៀប​គល់​អជបាលព្រឹក្ស ទទួល​មធុបាយាស​ដែល​នាង​សុជាតា ថ្វាយ​ក្នុង​ទីនោះ នឹង​ចូល​ទៅ​កាន់​ស្ទឹង​នេរញ្ជរា ហើយ​នឹង​ត្រឡប់​មក​តាម​ផ្លូវ​ដែល​គេ​តាក់​តែង​យ៉ាង​ប្រសើរ ។ បន្ទាប់​មក សត្វ​នេះ​អង្គុយ​ទៀប​គល់​ពោធិព្រឹក្ស លំដាប់​នោះ តាបស​មាន​យស​ធំ​នេះ ធ្វើ​ប្រទក្សិណ​ពោធិមណ្ឌល នឹង​បាន​ត្រាស់​ដឹង​នូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណ ទៀប​គល់​អស្សត្ថព្រឹក្ស ។ ព្រះជនិកា​មាតា​របស់​តាបស​នោះ​នឹង​មាន​នាម​ថា ព្រះនាង​មហា​មាយា​ទេវី ព្រះបិតា​ព្រះនាម សុទ្ធោទនៈ ឯ​តាបស​នេះ​នឹង​មាន​ឈ្មោះ​ថា ព្រះគោតម អគ្គសាវ័ក​ទាំង​ពីរ​រូប​គឺ ឧបតិស្សៈ​១ កោលិតៈ​១ ជា​អ្នក​មិន​មាន​អសវៈ ប្រាស​ចាក​រាគៈ មាន​ចិត្ត​ស្ងប់​រម្ងាប់ មាន​ចិត្ត​ខ្ជាប់​ខ្ជួន ។ ភិក្ខុ​ជា​ឧបដ្ឋាក​ឈ្មោះ អានន្ទ នឹង​បម្រើ​ព្រះជិនស្រី​អង្គ​នេះ ។ អគ្គ​សាវិកា​ពីរ​រូប​គឺ នាង​ខេមា​១ ឧប្បលវណ្ណា​១ ជា​អ្នក​មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មាន​ចិត្ត​ស្ងប់​រម្ងាប់ មាន​ចិត្ត​ខ្ជាប់​ខ្ជួន ។ ដើម​ឈើ​ជា​ទីត្រាស់​ដឹង​របស់​ព្រះដ៏​មាន​ព្រះភាគ​នោះ​ហៅ​ថា អស្សត្ថ​ព្រឹក្ស ឯ​ឧបាសក​ជា​ឧបដ្ឋាក​ដ៏​ប្រសើរ​ពីរ​រូប​គឺ ចិត្តៈ​១ ហត្ថឡវកៈ​១ ។ នាង​នន្ទមាតា និង​ឧត្តរា ជា​ឧបដ្ឋាយិកា​ដ៏​ប្រសើរ​នៃ​ព្រះគោតម​មាន​យស​នោះ ។»

ពួក​មនុស្ស និង​ទេវតា លុះ​ឮ​ពាក្យ​ព្យាករណ៍​របស់​ព្រះពុទ្ធ​ទីបង្ករ ក៏​រីក​រាយ​ដោយ​គិត​ថា «សុមេធតាបស ​នេះ ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ» ។ សំឡេង​ហ៊ោ​ទាំង​ឡាយ​ក៏​ប្រព្រឹត្ត​ទៅ ពួក​លោក ព្រម​ទាំង​ទេវលោក ទាំង​មួយ​ម៉ឺន​លោកធាតុ ទះដៃ​ផង សើច​ផង ផ្គង​អញ្ជលី​នមស្ការ​ផង​ពោល​ថា «បើ​ពួក​យើង​ឃ្វាង​មគ្គផល​ក្នុង​សាសនា​ព្រះ​លោក​នាថ​នេះ ក្នុង​កាល​ជា​អនាគត ពួក​យើង​នឹង​បាន​សម្រេច​ក្នុង​ទី​ចំពោះ​ព្រះភ័ក្ត្រ​នៃ​ព្រះគោតម​នេះ ។ ពួក​មនុស្ស​កាល​ឆ្លង​ស្ទឹង បើ​ឃ្វាង​កំពង់​ចំពោះ​មុខ​ហើយ តែង​កាន់​យក​កំពង់​ខាង​ក្រោម ក៏​ឈ្មោះ​ថា ឆ្លង​ស្ទឹង​ធំ​ដែរ យ៉ាងណា​វិញ ពួក​យើង​ទាំង​អស់​គ្នា បើ​ឃ្វាង​ព្រះជិនស្រី​នេះ​ហើយ​ក្នុង​កាល​ជា​អនាគត​គង់​នឹង​បាន​សម្រេច​ក្នុង ​ទី​ចំពោះ​ព្រះភ័ក្ត្រ​នៃ​ព្រះគោតម​នេះ​ក៏​យ៉ាង​នោះ​ដែរ ។»

មនុស្ស​ទាំង​ឡាយ មាន​ចិត្ត​រីក​រាយ​ប្រកប​ដោយ​សោមនស្ស​បាន​ស្រែក​ប្រកាស​ថា «សុមេធតាបសោ កិរ ពុទ្ធពី​ជង្កុរោ» មាន​ន័យថា ពួក​យើង​ទាំង​អស់​គ្នា​បាន​ឮ​ថា «សុមេធតាបស ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ​ហ្ន៎» ។ ព្រះពុទ្ធ​ទីបង្ករ​ទសពល សរសើរ​ព្រះពោធិសត្វ​ហើយ ព្រះអង្គ​បូជា​នូវ​ផ្កា​ឧប្បល​៨​ក្ដាប់​មក​ចំពោះ​សុមេធតាបស​វិញ ។ ព្រះអរះន្ត​ខីណា​ស្រព​ចំនួន​៤​សែន​អង្គ ធ្វើ​ការ​បូជា​សុមេធតាបស​ដោយ​ផ្កា និង​គ្រឿង​ក្រអូប ហើយ​ធ្វើ​ប្រទក្សិណ​និមន្ត​ចេញ​ទៅ ។ ទេវតា​ទាំងឡាយ​ក្ដី មនុស្ស​ទាំង​ឡាយ​ក្ដី​ ក៏​នាំ​គ្នា​យក​ផ្កា​គ្រឿង​ក្រអូប​រៀងៗ​ខ្លួន មក​បូជា​ចំពោះ​សុមេធបណ្ឌិត ។

លំដាប់​នោះ សុមេធបណ្ឌិត​បន្ទាប់​ពី​ទទួល​ការ​ព្យាករ​ពី​ព្រះពុទ្ធ​ទីបង្ករ​ទសពល​ហើយ ក៏​អង្គុយ​លើ​គំនរ​ផ្កា ពិចារណា​នូវ​បារមី​ទាំងឡាយ ។ កាល​សុមេធបណ្ឌិត​កំពុង​អង្គុយ​នោះ ទេវតា​ទាំង​ឡាយ​មួយ​ម៉ឺន​ចក្រវាល​ឲ្យ​សាធុការ​ថា «បពិត្រ ​សុមេធតាបស លោក​អង្គុយ​ពែន​ភ្នែន​ពិចារណា​នូវ​បារមី​ទាំង​ឡាយ​ដែល​បោរាណក​ពោធិសត្វ​ទាំង ​ឡាយ​បាន​ពិចារណា​ហើយ បុព្វនិមិត្ត​ទាំង​ឡាយ​នឹង​កើត​ឡើង​ប្រាកដ ការ​កើត​បុព្វ​និមិត្ត​ទាំង​ឡាយ​ បញ្ជាក់​ថា អ្នក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ពិត​ប្រាកដ ព្រោះ​ហេតុ​នោះ ចូរ​អ្នក​ផ្គូរផ្គង​នូវ​សេចក្ដី​ព្យាយាម​ឲ្យ​មាំមួន​ចុះ ។»

៤. បុព្វនិមិត្ត

តាម​និយាម​នៃ​ការ​ត្រាស់​ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ បុព្វនិមិត្ត​ជា​ព្រឹត្តិការណ៍​នៃ​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​ដែល​កើត​មាន​ ឡើង​បញ្ជាក់​ពី​ការ​ត្រាស់​ដឹង​ប្រាកដ​នៃ​ព្រះសម្មា​សម្ពុទ្ធ​ក្នុង​អនាគត​ កាល​ខាង​មុខ ។

តើ​បុព្វនិមិត្ត​ទាំង​ឡាយ​មាន​ដូច​ម្ដេច​ខ្លះ ?

បុព្វនិមិត្ត​ទាំង​ឡាយ​ដែល​សម្ដែង​ដោយ​ព្រះ​សមណគោតម​សម្មាសម្ពុទ្ធ​មាន​ដូច​តទៅ ៖

  1. និមិត្ត​ទាំង​ឡាយ​ណា​ ក្នុង​កាល​ជា​ទី​ពត់​ភ្នែន​នៃ​ពោធិសត្វ​ទាំង​ឡាយ​ប្រាកដ​ក្នុង​កាល​មុន និមិត្ត​ទាំង​នោះ​ក៏​មាន​ប្រាកដ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ជា​ប្រាកដ ។
  2. ត្រជាក់​ក៏​ស្ងាត់​បាត់​ទៅ ទាំង​ក្ដៅ​ក៏​ស្ងប់​រម្ងាប់ និមិត្ត​ទាំង​នោះ​ក៏​ប្រាកដ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  3. លោកធាតុ​ទាំង​មួយ​ម៉ឺន ក៏​ឥត​មាន​សំឡេង ឥត​វឹកវរ និមិត្ត​ទាំង​នោះ​ក៏​ប្រាកដ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  4. ខ្យល់​ធំ​ទាំង​ឡាយ​ក៏​ឈប់​បក់ ស្ទឹង​ទាំង​ឡាយ​ក៏​ឈប់​ហូរ និមិត្ត​ទាំង​នោះ​ក៏​ប្រាកដ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  5. ផ្កា​ទាំង​ពួង​ដែល​កើត​លើ​គោក កើត​ក្នុង​ទឹក ក៏​រីក​ក្នុង​ខណៈ​នោះ ផ្កា​ទាំង​អស់​នោះ​ក៏​បញ្ចេញ​ផ្កា​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  6. វល្លិ​ទាំង​ឡាយ​ក្ដី ឈើ​ទាំង​ឡាយ​ក្ដី ទ្រទ្រង់​នូវ​ផ្លែ​ក្នុង​ខណៈ​នោះ វល្លិ និង​ឈើ​ទាំង​អស់​នោះ ក៏​បញ្ចេញ​ផ្លែ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  7. កែវ​ទាំង​ឡាយ ដែល​ឋិត​នៅ​ព្ធដ៏​អាកាស​ក្ដី ឋិត​នៅ​លើ​ផែនដី​ក្ដី ដែល​រុងរឿង​ក្នុង​ខណៈ​នោះ កែវ​ទាំង​នោះ​ក៏​រុង​រឿង​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  8. គ្រឿង​តូរ្យ​តន្ត្រី​ទាំងឡាយ ជា​របស់​មនុស្ស និង​ជា​ទិព្វ​ដែល​ប្រគំ​ក្នុង​ខណៈ​នោះ តូរ្យ​តន្ត្រី​ទាំង​ពីរ​នោះ ក៏​លាន់​ឮ​ឡើង​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  9. ផ្កា​ដ៏​វិចិត្រ​ទាំង​ឡាយ រុះ​រោយ​ចុះ​អំពី​អាកាស​ក្នុង​ខណ់​នោះ ផ្កា​ដ៏​វិចិត្រ​ទាំង​នោះ​ ក៏​ប្រាកដ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  10. មហា​សមុទ្រ​ក៏​ស្រក​ចុះ លោក​ធាតុ ទាំង​មួយ​ម៉ឺន​ក៏​ញាប់​ញ័រ​ក្នុង​ខណៈ​នោះ មហា​សមុទ្រ និង​លោក​ធាតុ​ទាំង​ពីរ​នោះ ក៏​លាន់​ឮ​កង​រំពង​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  11. ភ្លើង​ក្នុង​នរក​ទាំង​មួយ​ម៉ឺន​ក៏​រលត់​ក្នុង​ខណៈ​នោះ ភ្លើង​ទាំង​នោះ ក៏​រលត់​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  12. ព្រះអាទិត្យ​ប្រាស​ចាក​មន្ទិល​ផ្កាយ​ទាំង​ពួង​ក៏​ប្រាកដ​ ព្រះអាទិត្យ និង​ផ្កាយ​ទាំង​នោះ ក៏​បាន​ប្រាកដ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  13. ក្នុង​កាល​គ្មាន​ភ្លៀង ទឹក​ក៏​ផុស​ឡើង​លើ​ផែនដី ក្នុង​ខណ់​នោះ​ទឹក​ក៏​ផុស​ឡើង​លើ​ផែនដី​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  14. ពួក​ផ្កាយ​ទាំងឡាយ​ក៏​រុងរឿង ផ្កាយ​នក្ខត្តឫក្ស​ទាំង​ឡាយ​ប្រកប​ដោយ​ព្រះចន្ទ ខែ​វិសាខ ក៏​រុងរឿង​ក្នុង​មណ្ឌល​នៃ​អាកាស លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  15. ចំណែក​ឯ​ពួក​សត្វ​នៅ​ក្នុង​រន្ធ ពួក​សត្វ​ដេក​ក្នុង​ជ្រោះ ក៏​ចេញ​ចាក​លំនៅ​របស់​ខ្លួន ពួក​សត្វ​ទាំង​អស់​នោះ​ក៏​បោះបង់​លំនៅ​ចោ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  16. សេចក្ដី​អផ្សុក​មិន​មាន​ដល់​សត្វ​ទាំងឡាយ សត្វ​ទាំង​ឡាយ​ជា​អ្នក​ត្រេក​អរ​ក្នុង​ខណៈ​នោះ ពួក​សត្វ​ទាំងអស់​នោះ ជា​អ្នក​ត្រេកអរ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  17. រោគ​ទាំង​ឡាយ​ដ៏​ស្រាលៗ ក៏​ស្ងប់​រម្ងាប់​ទៅ ទាំង​សេចក្ដី​ស្រេក​ឃ្លាន​ក៏​វិនាស​ទៅ ការ​ស្ងប់​រោគ និង​ការ​វិនាស​នៃ​សេចក្ដី​ស្រេក​ឃ្លាន​ទាំង​នោះ​ក៏​ប្រាកដ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  18. រោគ​ក៏​ស្រាក​ស្រាន្ត​ទៅ ទោសៈ មោហៈ ក៏​បាត់​បង់​ទៅ​ក្នុង​កាល​នោះ រោគ និង​កិលេស​ទាំង​អស់​នោះ ក៏​ប្រាស​ចេញ​ទៅ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  19. ឯ​ភ័យ​មិន​មាន​ក្នុង​កាល​នោះ​ ការ​មិន​មាន​ន័យ​នុ៎ះ​ក៏​ប្រាកដ​ក្នុង​ថ្ងៃ​នេះ ព្រោះ​ហេតុ​នោះ​ទើប​យើង​ដឹង​ថា លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  20. ធូលី​ក៏​ខ្ចាត់ខ្ចាយ​ទៅ​ខាង​លើ ការ​ខ្ចាត់​ខ្ចាយ​ធូលី​ក៏​ប្រាកដ​ក្នុង​ថ្ងៃ​នេះ ព្រោះ​ហេតុ​នោះ ទើប​ពួក​យើង​ដឹង​ថា លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  21. ក្លិន​ស្អុយ​ក៏​ផាត់​ចេញ ក្លិន​ទិព្វ​ក៏​ផ្សាយ​ទៅ ក្លិន​ទិព្វ​នោះ​ក៏​ផ្សាយ​ចេញ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  22. ពួក​ទេវតា​ទាំង​ពួង វៀរលែង​តែ​អរូប​ព្រហ្ម​ចេញ ដែល​ប្រាកដ​ ពួក​ទេវតា​ទាំង​អស់​នោះ ក៏​ប្រាកដ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  23. ពយក​សត្វ​នរក​ទាំង​ឡាយ​អម្បាល​ម៉ាន​ដែល​ប្រាកដ​ក្នុង​ខណៈ​នោះ ពួក​សត្វ​នរក​ទាំង​អស់​នោះ​ឯង ក៏​ប្រាកដ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  24. ជញ្ជាំង​ទាំង​ឡាយ​ក្ដី សន្ទះ​ទ្វារ​ទាំង​ឡាយ​ក្ដី ភ្នំ​ទាំង​ឡាយ​ក្ដី ជា​គ្រឿង​រារាំង​មិន​មាន​ឡើយ កំពែង​សន្ទះ​ទ្វារ​និង​ភ្នំ​ទាំង​ឡាយ​នោះ ក៏​ក្លាយ​ទៅ​ជា​អាកាស​ប្រាកដ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។
  25. ចុតិ និង​ឧបបត្តិ​មិន​មាន​ក្នុង​ខណៈ​នោះ និមិត្ត​ទាំង​នោះ​ក៏​ប្រាកដ​ក្នុង​ថ្ងៃ​នេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។

និមិត្ត​ទាំង​នេះ​ក៏​ប្រាកដ​ដល់​សត្វ​ទាំង​ឡាយ ដើម្បី​ត្រាស់​ដឹង​នូវ​អនុត្តរ​សម្ពោធិញ្ញាណ ។

ពួក​មនុស្ស និង​ទេព្ដា​ទាំង​ឡាយ​ពោល​ថា «បពិត្រ ​សុមេធតាបស​សូម​លោក​ផ្គង​ព្យាយាម​ឲ្យ​មាំមួន​ឡើង កុំ​ត្រឡប់ កុំ​ថយ​ក្រោយ​ឡើយ ពួក​យើង​ដឹង​ច្បាស់​នូវ​ហេតុ​នុ៎ះ​ថា លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។»

សុមេធបណ្ឌិត​លុះ​ឮ​ពាក្យ​របស់​ជន​ទាំង​ពីរ​ពួក គឺ​ព្រះពុទ្ធ និង​ទេវតា​ទាំង​មួយ​ម៉ឺន​ចក្រវាល​ហើយ ក៏​ត្រេក​អរ ស្រស់​ស្រាយ រីករាយ គិត​ក្នុង​កាល​នោះ​យ៉ាង​នេះ​ថា «ធម្មតា​ ព្រះពុទ្ធ​ទាំង​ឡាយ មិន​ដែល​មាន​ព្រះពុទ្ធដីកា​បែក​ជា​ពីរ​ទេ ព្រះជិនស្រី​ទាំង​ឡាយ មិន​ដែល​មាន​ព្រះពុទ្ធ​ដីកា​ឥត​អំពើ​ទេ ព្រះពុទ្ធ​ដីកា​របស់​ព្រះពុទ្ធ​ទាំង​ឡាយ មិន​ដែល​ឃ្លៀង​ឃ្លាត​ទេ អាត្មា​អញ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ ។ ដុំ​ដី​ដែល​គេ​ចោល​ទៅ​ព្ធដ៏ ទៀត​តែ​ធ្លាក់​មក​លើ​ផែនដី​វិញ​យ៉ាងណា ពាក្យ​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ​ទាំង​ឡាយ ក៏​ទៀង​ទាត់​ប្រាកដ​យ៉ា​នោះ​ដែរ ។ ព្រះបន្ទូល​របស់​ព្រះពុទ្ធ​ទាំង​ឡាយ មិន​ចេះ​ឃ្លៀង​ឃ្លាត​ទេ អាត្មា​អញ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ សេចក្ដី​ស្លាប់​របស់​សព្វ​សត្វ ទៀង​ទាត់​ប្រាកដ​យ៉ាង​ណា ព្រះបន្ទូល​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ​ទាំង​ឡាយ ក៏​ទៀង​ទាត់​ប្រាកដ​ដូច្នោះ​ដែរ ។ កាល​ដែល​រាត្រី​អស់​ទៅ ព្រះអាទិត្យ​ទៀត​តែ​រះ​ឡើង​វិញ​យ៉ាងណា ព្រះបន្ទូល​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ​ទាំង​ឡាយ ក៏​ទៀង​ទាត់​ប្រាកដ​យ៉ាង​នោះ​ដែរ ។ សីហៈ​ដែល​ចេញ​អំពី​ដំណេក​តែង​បន្លឺ​សំឡេង យ៉ាង​ណា ព្រះ​បន្ទូល​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ​ទាំង​ឡាយ ក៏​ទៀង​ទាត់​ប្រាកដ​យ៉ាង​នោះ​ដែរ ។ ការ​សម្រាល​គភ៌​នៃ​ស្រី​ដែល​មាន​គភ៌​ធ្ងន់​ ជា​របស់​ទៀត​ទាត់​យ៉ាង​ណា ព្រះបន្ទូល​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ​ទាំង​ឡាយ ក៏​ទៀត​ទាត់​ប្រាកដ​យ៉ាង​ណោះ​ដែរ ។ បើ​ដូច្នេះ អាត្មា​អញ​នឹង​ជ្រើស​រើស​រក​ពុទ្ធការកធម៌​ទាំង​ឡាយ​ពី​ខាង​នេះ ពី​ខាង​នោះ គឺ​ខាងលើ ខាងក្រោម ទិស​ទាំង​១០ ដរាប​ដល់​ធម្មធាតុ ។»

៥. សុមេធតាបស​អង្គុយ​ពិចារណា​នូវ​ពុទ្ធការកធម៌

កាលនោះ ព្រះពោធិសត្វ​ជ្រើស​រើស​រក​នូវ​ពុទ្ធការកធម៌​ទាំង​ឡាយ ក៏​បាន​ឃើញ​នូវ​បារមី​ដូច​ខាង​ក្រោម ៖

១. ទាន​បារមី

ជា​ដំបូង ជា​គន្លង​ធំ ដែល​ព្រះពោធិសត្វ​ទាំង​ឡាយ​ពី​បុរាណ​ធ្លាប់​សន្សំ​មក ។ ពេល​នោះ សុមេធបណ្ឌិត​បាន​ទូន្មាន​ខ្លួនឯង​ថា «ម្នាល ​សុមេបណ្ឌិត ចូ​អ្នក​សមាទាន​ធ្វើ​នូវ​ទាន​បារមី​ជា​ដំបូង​នេះ​ឲ្យ​បាន​មាំមួន បើ​អ្នក​ចង់​លុះ​នូវ​ពោធិញ្ញាណ ចូរ​បំពេញ​នូវ​ទាន​បារមី​នេះ​ចុះ ។ ក្អម​ដែល​មាន​ទឹក​ពេញ បុគ្គល​ណា​មួយ​ផ្កាប់​ចុះ​ចាក់​មិន​ឲ្យ​សល់​ទឹក​មួយ​តំណក់​យ៉ាង​ណា​មិញ បើ​អ្នក​ឃើញ​ពួក​ស្មូម​ចូល​មក​ ទោះ​ថោក​ទាប ខ្ពង់ខ្ពស់ ឬ​មធ្យម ចូរ​អ្នក​ឲ្យ​ទាន​កុំ​ឲ្យ​សេស​សល់​ឲ្យ​ដូច​ជា ក្អម​ដែល​គេ​ផ្កាប់​ដូច្នោះ ។»

២. សីល​បារមី

ជា​បារមី​ទី​២ ដែល​ពោធិសត្វ​ទាំងឡាយ​ពី​បុរាណ​ធ្លាប់​ប្រារព្ធ ធ្លាប់​អាស្រ័យ​មក ។ ពេល​នោះ សុមេធបណ្ឌិត​បាន​ទូន្មាន​ខ្លួន​ឯង​ថា «ម្នាល ​សុមេធបណ្ឌិត ចូរ​អ្នក​សមាទាន ធ្វើ​សីល​បារមី​នេះ​ឲ្យ​បាន​មាំមួន បើ​អ្នក​ចង់​លុះ​នូវ​ពោធិញ្ញាណ ចូរ​បំពេញ​នូវ​សីល​បារមី​ចុះ ។ សត្វ​ចាមរី កាលណា​រោម​កន្ទុយ​ជាប់​ជំពាក់​នឹង​អ្វី​មួយ ស៊ូ​ស្លាប់​ក្នុង​ទីនោះ មិន​ព្រម​ផ្ដាច់​កន្ទុយ​របស់​ខ្លួន​ចោល​ឡើយ យ៉ាង​ណា​មិញ ចូរ​អ្នក​បំពេញ​នូវ​សីល​ទាំង​ឡាយ​ក្នុង​ភូមិ​ទាំង​៤ ។ ចូរ​អ្នក​រក្សា​សីល​សព្វ​កាល​ឲ្យ​ដូចជា​សត្វ​ចារី​រក្សា​កន្ទុយ​យ៉ាង​នោះ​ ចុះ ។» ដូច្នេះ អាត្មា​អញ​តាំង​ចិត្ត​ប្ដូរ​ផ្ដាច់​ការពារ​សីល​របស់​ខ្លួន ដោយ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​វេលា ហើយ​កុំ​ធ្វេស​ប្រហែស​ឲ្យ​សោះ ។

៣.​នេក្ខម្ម​បារមី

ជា​បារមី​ទី​៣ ដែល​ព្រះពោធិសត្វ​ទាំង​ឡាយ​ពី​បុរាណ​ធ្លាប់​បាន​ប្រារព្ធ ធ្លាប់​អាស្រ័យ​មក ។ ពេល​នោះ សុមេធបណ្ឌិត​បនា​ទូន្មាន​ខ្លួន​ឯង​ថា «ម្នាល ​សុមេធបណ្ឌិត ចូរ​អ្នក​សមាទាន ធ្វើ​នេក្ខម្ម​បារមី​នេះ ឲ្យ​បាន​មាំមួន បើ​អ្នក​ចង់​លុះ​នូវ​ពោធិញ្ញាណ ចូរ​បំពេញ​នូវ​នេក្ខម្ម​បារមី​នេះ​ចុះ ។ បុរស​ដែល​ជាប់​នៅ​ក្នុង​គុក​អស់​កាល​ដ៏​យូរ ត្រូវ​សេចក្ដី​ទុក្ខ​បៀត​បៀន​ហើយ រមែង​មិន​ញ៉ាំង​សេចក្ដី​ត្រេក​អរ​ឲ្យ​កើត​មាន​ឡើង​នៅ​ក្នុង​គុក​នោះ​ទេ គឺ​រមែង​ស្វែង​រក​ការ​រួច​ខ្លួន​ចាក​គុក​នោះ​យ៉ាង​ណា ចូរ​អ្នក​ឃើញ​នូវ​ភព​ទាំង​អស់​ដូច​ជា​គុក​ចុះ ។ ចូរ​បែរ​មុខ​ទៅ​រក នេក្ខម្មៈ ដើម្បី​រួច​ចាក​ភព​យ៉ាង​នោះ​ដែរ ។»

៤. បញ្ញា​បារមី

ជា​បារមី​ទី​៤ ដែល​ពោធិសត្វ​ទាំង​ឡាយ​ពី​បុរាណ​ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក ។ ពេល​នោះ សុមេធបណ្ឌិត​បនា​ទូន្មាន​ខ្លួន​ឯង​ថា «ម្នាល ​សុមេធបណ្ឌិត ចូរ​អ្នក​សមាទាន​ធ្វើ​បញ្ញា​បារមី​នេះ​ឲ្យ​បាន​មាំមួន បើ​អ្នក​ចង់​ដល់​នូវ​ពោធិញ្ញាណ ចូរ​បំពេញ​នូវ​បញ្ញា​បារមី​នេះ​ចុះ ។ ភិក្ខុ​កាល​ប្រព្រឹត្ត​បិណ្ឌបាត​មិន​រំលង​នូវ​ត្រកូល​ទាំង​ឡាយ ទោះ​ថោក​ទាប ខ្ពង់ខ្ពស់ ឬ​មធ្យម​ក្ដី រមែង​បាន​ចង្ហាន់​ល្មម​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា បើ​អ្នក​សាក​សួរ​ជន​អ្នក​ប្រាជ្ញ​សព្វ​កាល​នឹង​ដល់​នូវ​បញ្ញា​បារមី ហើយ​បាន​លុះ​នូវ​ពោធិញ្ញាណ​មិនខាន ក៏​យ៉ាង​នោះ​ដែរ ។»

៥. វិរិយ​បារមី

ជា​បារមី​ទី​៥ ដែល​ពោធិសត្វ​ទាំង​ឡាយ​បី​បុរាណ​ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក ។ ពេល​នោះ សុមេធបណ្ឌិត​បាន​ទូន្មាន​ខ្លួន​ឯង​ថា «ម្នាល ​សុមេធបណ្ឌិត ចូរ​អ្នក​សមាទាន​ធ្វើ​វិរិយ​បារមី​នេះ ឲ្យ​បាន​មាំមួន បើ​អ្នក​ចង់​លុះ​នូវ​ពោធិញ្ញាណ ចូរ​បំពេញ​នូវ​វិរិយ​បារមី​នេះ​ចុះ ។ សត្វ​សីហៈ ជា​ស្ដេច​ម្រឹគ​មាន​ការ​ព្យាយាម​មិន​រួញរា មាន​ចិត្ត​ផ្គូផ្គង​ព្យាយាម​ឲ្យ​មាំមួន​ក្នុង​ភព​ទាំង​ពួង​យ៉ាង​នោះ​ចុះ លុះ​ដល់​នូវ​វិរិយ​បារមី​ហើយ អ្នក​នឹង​បាន​សម្រេច​នូវ​ពោធិញ្ញាណ​មិន​ខាន​ឡើយ ។»

៦. ខន្តិ​បារមី

ជា​បារមី​ទី​៦ ដែល​ពោធិសត្វ​ទាំង​ឡាយ​ពី​បុរាណ​ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក ។ ពេល​នោះ សុមេធបណ្ឌិត​បាន​ទូន្មាន​ខ្លួន​ឯង​ថា «ម្នាល ​សុមេធបណ្ឌិត ចូរ​អ្នក​សមា​ទាន​ធ្វើ​ខន្តិ​បារមី​នេះ ឲ្យ​បាន​មាំមួន ចូរ​អ្នក​កុំ​មាន​ចិត្ត​បែក​ជា​ពីរ​ក្នុង​ខន្តិ​បារមី​នោះ អ្នក​នឹង​បាន​ដល់​នូវ​ពោធិញ្ញាណ​មិន​ខាន​ឡើយ ។ ធម្មតា​ផែន​ដី រមែង​អត់​ទ្រាំ​ចំពោះ​វត្ថុ​ទាំង​ពួង ទោះ​ស្អាត​ក្ដី មិន​ស្អាត​ក្ដី ដែល​គេ​ដាក់​ចុះ ហើយ​រមែង​មិន​ធ្វើ​នូវ​សេចក្ដី​ថ្នាំង​ថ្នាក់ និង​សេចក្ដី​ត្រេកអរ​ឡើយ យ៉ាង​ណា​មិញ អ្នក​គួរ​អត់​ទ្រាំ​នូវ​ការ​រាប់​អាន និង​ការ​មើល​ងាយ​របស់​ពួក​ជន​ទាំង​ពួង​យ៉ាង​នោះ​ដែរ ។ លុះ​ដល់​នូវ​ខន្តិ​បារមី​ហើយ អ្នក​នឹង​បាន​សម្រេច​នូវ​ពោធិញ្ញាណ​មិន​ខាន​ឡើយ ។»

៧. សច្ច​បារមី

ជា​បារមី​ទី​៧ ដែល​ពោធិសត្វ​ទាំង​ឡាយ​ពី​បុរាណ​ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក ។ ពេល​នោះ សុមេធបណ្ឌិត​បាន​ទូន្មាន​ខ្លួន​ឯង​ថា «ម្នាល ​សុមេធបណ្ឌិត ចូរ​អ្នក​សមាទាន​ធើវ​សច្ច​បារមី​នេះ ឲ្យ​បាន​មាំ​មួន អ្នក​កុំ​មាន​ពាក្យ​បែក​ជា​ពីរ​ក្នុង​សច្ច​បារមី​នោះ អ្នក​នឹង​បាន​សម្រេច​នូវ​ពោធិញ្ញាណ​មិន​ខាន​ឡើយ ។ ធម្មតា​ផ្កាយ​ព្រឹក ជា​ជញ្ជីង​របស់​លោក​ព្រម​ទាំង​ទេវលោក រមែង​មិន​ឃ្លាត​ចាក​វិថី​ក្នុង​រដូវ​ភ្លៀង ឬ​ហេមន្ត​រដូវ​យ៉ាង​ណា ។ ចូរ​អ្នក​កុំ​ឃ្លាត​ចាក​វិថី​ក្នុង​សច្ចៈ​ទាំង​ឡាយ​យ៉ាង​នោះ​ដែរ លុះ​ដល់​នូវ​សច្ច​បារមី​ហើយ អ្នក​នឹង​បាន​សម្រេច​នូវ​ពោធិញ្ញាណ​មិន​ខាន​ឡើយ ។»

៨. អធិដ្ឋាន​បារមី

ជា​បារមី​ទី​៨ ដែល​ពោធិសត្វ​ទាំង​ឡាយ​ពី​បុរាណ​ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក ។ ពេល​នោះ សុមេធបណ្ឌិត​បាន​ទូន្មាន​ខ្លួន​ឯង​ថា «ម្នាល ​សុមេធបណ្ឌិត ចូរ​អ្នក​សមា​ទាន​ធ្វើ​អធិដ្ឋាន​បារមី​នេះ ឲ្យ​បាន​មាំមួន អ្នក​កុំ​ប្រញាប់​ញ័រ​ក្នុង​អធិដ្ឋាន​បារមី​នោះ អ្នក​នឹង​បាន​សម្រេច​នូវ​ពោធិញ្ញាណ​មិន​ខាន​ឡើយ ។ ភ្នំ​ថ្ម​ឥត​កម្រើក ទាំង​នៅ​ស៊ប់ មិន​រញ្ជួយ​ដោយ​ខ្យល់​ដ៏​ខ្លាំងក្លា រមែង​តាំង​នៅ​ក្នុង​ទី​របស់​ខ្លួន​ដដែល​យ៉ាង​ណា ចូរ​អ្នក​កុំ​កម្រើក​ក្នុង​អធិដ្ឋាន​បារមី​សព្វ​កាល​យ៉ាង​នោះ​ដែរ លុះ​ដល់​នូវ​អធិដ្ឋាន​បារមី​ហើយ អ្នក​នឹង​បាន​សម្រេច​នូវ​ពោធិញ្ញាណ​មិន​ខាន​ឡើយ ។»

៩. មេត្តា​បារមី

ជា​បារមី​ទី​៩ ដែល​ពោធិសត្វ​ទាំង​ឡាយ​ពី​បុរាណ​ធ្លាប់​សេព ធ្លាប់​អាស្រ័យ​មក ។ ពេល​នោះ សុមេធបណ្ឌិត​បាន​ទូន្មាន​ខ្លួន​ឯង​ថា «ម្នាល ​សុមេធបណ្ឌិត ចូរ​អ្នក​សមាទាន​ធ្វើ​នូវ​មេត្តា​បារមី​នេះ ឲ្យ​បាន​មាំ​មួន ចូរ​អ្នក​ផ្ដល់​ឲ្យ​មាន​ដល់​បុគ្គល​ដទៃ​ស្មើ​ដោយ​មេត្តា បើ​អ្នក​ចង់​លុះ​នូវ​ពោធិញ្ញាណ ។ ធម្មតា​ទឹក រមែង​ផ្សព្វផ្សាយ​ភាព​ត្រជាក់​ស្មើ​ចំពោះ​ជន​ទាំង​ល្អ ទាំង​អាក្រក់ រមែង​កម្ចាត់​បង់​នូវ​ធូលី និង​មន្ទិល​យ៉ាង​ណា ចូរ​អ្នក​ចម្រើន​មេត្តា​ឲ្យ​ស្មើ ចំពោះ​មិត្រ និង​សត្រូវ​យ៉ាង​នោះ​ដែរ លុះ​ដល់​នូវ​មេត្តា​បារមី​ហើយ អ្នក​នឹង​បាន​សម្រេច​នូវ​ពោធិញ្ញាណ​មិន​ខាន​ឡើយ ។»

១០. ឧបេក្ខា​បារមី

ជា​បារមី​ទី​១០ ដែល​ពោធិសត្វ​ទាំង​ឡាយ​ពី​បុរាណ​ធ្លាប់​សេព​ធ្លាប់​អាស្រ័យ​មក ។ ពេល​នោះ សុមេធបណ្ឌិត​បាន​ទូន្មាន​ខ្លួន​ឯង​ថា «ម្នាល ​សុមេធបណ្ឌិត ចូរ​អ្នក​សមា​ទាន​ធ្វើ​ឧបេក្ខា​បារមី​នេះ ឲ្យ​បាន​មាំ​មួន អ្នក​គួរ​ជា​បុគ្គល​ដូចជា​ជញ្ជីង​ដ៏​មាំ​មួន អ្នក​នឹង​បាន​សម្រេច​នូវ​ពោធិញ្ញាណ​មិន​ខាន​ឡើយ ។ ធម្មតា ផែនដី​តែង​ព្រងើយ​កន្តើយ​ចំពោះ​វត្ថុ​មិន​ស្អាត​ក្ដី ស្អាត​ក្ដី ដែល​គេ​ដាក់​ចុះ​ហើយ តែង​វៀរ​ចាក​នូវ​សេចក្ដី​ក្រោធ និង​សេចក្ដី​ត្រេអរ​ចំពោះ​វត្ថុ​ទាំង​ពីរ​នោះ​យ៉ាង​ណា ចូរ​អ្នក​ធ្វើ​ខ្លួន​ឲ្យ​ដូចជា​ជញ្ជីង​ចំពោះ​សុខ និង​ទុក្ខ​សព្វ​កាល​យ៉ាង​នោះ​ដែរ អ្នក​នឹង​លុះ​ដល់​នូវ​ឧបេក្ខា​បារមី ហើយ​អ្នក​នឹង​បាន​សម្រេច​នូវ​ពោធិញ្ញាណ​មិន​ខាន​ឡើយ ។»

បន្ទាប់​មក​ទៀត សុមេធ​បណ្ឌិត​បាន​ពិចារណា​ថា «ធម៌ ​ទាំង​ឡាយ​ជា​គ្រឿង​ញ៉ាំង​ពោធិញ្ញាណ​ឲ្យ​សម្រេច ធម៌​ទាំង​នោះ​មាន​ក្នុង​លោក​ត្រឹម​ប៉ុណ្ណេះ ។ ពុទ្ធការកធម៌​ដទៃ​ក្រៅ​អំពី​បារមី​១០​នោះ​មិន​មាន​ឡើយ ។ ចូរ​អ្នក​តាំង​នៅ​ក្នុង​បារមី​ធម៌​ទាំង​១០​នោះ​ឲ្យ​មាំ​មួន​ចុះ ។»

នៅ​ពេល​ដែល​ព្រះសុមេធបណ្ឌិត អធិដ្ឋាន​ប្ដេជ្ញា​ចិត្ត​អនុវត្ត​នូវ​បារមី​ទាំង​១០​នេះ​ចប់​ហើយ ផែនដី​ទាំង​១​ម៉ឺន​លោក​ធាតុ រំជួយ​ញាប់​ញ័រ ដោយ​តេជៈ​នៃ​ពុទ្ធការកធម៌ ។ ទេវតា ឥន្ទ្រ ព្រហ្ម​ទាំង​អស់​ក៏​ប្រកាស ត្រេក​អរ​ថ្វាយ​ព្រះសុមេធបណ្ឌិត​ម្ដង​ទៀត ដោយ​បាច់​ផ្កាភ្ញី ស្រោច​ស្រព គ្រប់​ទី​កន្លែង លើ​ដែនដី​ទាំង​មូល ជាមួយ​តូរ្យ​តន្ត្រី​ទិព្វ​ក៏​ប្រគំ​ឡើង​គ្រប់​ទិសទី ។

សូម​កត់​សម្គាល់​ថា ព្រះពោធិសត្វ​ទាំងឡាយ​តាំង​ពី​បាន​ទទួល​ពុទ្ធ​ព្យាករណ៍​ហើយ រមែង​មិន​ទៅ​កើត​ក្នុង​ភព​នោះៗ​ទៀត​គឺ ៖

  1. មិន​កើត​ជា​មនុស្ស​ព្រៃ
  2. មិន​កើត​ជា​ទេវបុត្រ​មារ
  3. មិន​កើត​ជា​អសញ្ញី​សត្តព្រហ្ម
  4. មិន​កើត​ក្នុង​សុទ្ធា​វាសព្រហ្ម
  5. មិន​ទៅ​កើត​ក្នុង​ចក្រវាល​ដទៃ
  6. មិន​ទៅ​កើត​ក្នុង​អរូប​ព្រហ្ម
  7. មិន​ទៅ​កើត​ជា​ស្ត្រី
  8. មិន​ទៅ​កើត​ជា​មនុស្ស​ខ្ញុំ​គេ
  9. មិន​ទៅ​កើត​ជា​មនុស្ស​ខ្វាក់​ថ្លង់
  10. មិន​ទៅ​កើត​ជា​មនុស្ស​ឃ្លង់
  11. មិន​ផ្លាស់​ប្ដូរ​ភេទ
  12. មិន​ធ្វើ​អនន្តរិយកម្ម​ទាំង​៥
  13. មិន​ទៅ​កើត​ក្នុង​លោកន្តរ​នរក
  14. មិន​ទៅ​កើត​ក្នុង​អវិចី​មហានរក
  15. មិន​ទៅ​កើត​ជា​ខុប្បិបាសិក​ប្រេត
  16. មិន​កើត​ជា​និជ្ឈាមតណ្ហិក​ប្រេត
  17. មិន​កើត​ជា​កាលកញ្ចិក​ប្រេត
  18. មិន​សម្រេច​ជា​ព្រះអរិយៈ​ក្នុង​ចន្លោះ​៤​អសង្ខេយ្យ និង​១​សែន​កប្ប ។
 

ត្រលប់​ទៅ​មាតិកា​រឿង

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in អរិយធម៌​ខ្មែរ and tagged , , , , , , , . Bookmark the permalink.

Leave a comment