ភូត​នៅ​ហោរ ចោរ​នៅ​ជាង

អត្ថាធិប្បាយ

«ភូត​នៅ​ហោរ ចោរ​នៅ​ជាង» គឺ​ជា​ពាក្យ​មួយ​ដែល​អ្នក​ផង​តែង​និយាយ​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​ណា​ដែល​គេ​ឃើញ​ជន​ណា​ម្នាក់​មាន​ទុក្ខ​ហើយ​ទៅ​រក​គ្រូទាយ​មើល តើ​ថ្ងៃ​ណា​ទៅ​ទើប​ទុក្ខ​ព្រួយ​នោះ​វា​រលាយ​បាត់​ទៅ​វិញ ។

ទុក្ខព្រួយ​ដែល​កើត​មាន​ដល់​មនុស្ស​យើង​មាន​ច្រើន​បែប​ខុសៗ​គ្នា ប៉ុន្តែ​ទុក្ខព្រួយ​ដែល​គេ​ច្រើន «ពឹង​ហោរ» ឲ្យ​ជួយ​គន់គូរ​មើល​ឲ្យ​នោះ ភាគ​ច្រើន​ទាក់​ទង​នឹង ៖

  • ប្ដី ឬ​ប្រពន្ធ​បែក​ចិត្ត​ទៅ​មាន​សហាយ​ថ្មី​ទៀត
  • រក​ស៊ី​ចេះ​តែ​ខាត
  • មើល​គូព្រេងៈ តើ​នៅ​ទិស​ខាង​ណា ?
  • តើ​ថ្ងៃ​ណា ឆ្នាំ​ណា ទើប​រក​ស៊ី​ធូរ ។ល។

ពាក្យ​ហោរ កាល​ណា​និយាយ​ពី​រឿង​រ៉ាវ​ដែល​កើត​មាន​ក្នុង​អតីតកាល​ច្រើន «ត្រូវ» ទៅ​តាម​ដំណើរ​ដែល​កើត​មាន​មក ។ ហេតុ​អ្វី ? ពីព្រោះ​រឿងរ៉ាវ​របស់​មនុស្ស​មិន​សូវ​មិន​ការ​ប្លែក​គ្នា​ប៉ុន្មាន​ទេ ។ បើ​គេ​រៀន​អំពី​មនុស្ស​ទាំង​៤​ប្រភេទ​ឲ្យ​ចេះ​ច្បាស់ គេ​អាច​ទាយ​មនុស្ស​ណា​ម្នាក់ មិន​ឲ្យ​ខុស ហើយ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់ កោត​… ស្ងើច​… ជឿ អស់​មួយ​ជីវិត ។

សម្ដី កាយវិការ សណ្ដាប់​ធ្នាប់ សម្លៀក​បំពាក់ លំនៅ ដំណើរ​ដើរ បែប​បទ​នៃ​ឥរិយាបថ​ទាំង​៤​… ទាំង​អស់​នេះ​អាច​ប្រាប់​ឲ្យ​ដឹង​ថា តើ​មនុស្ស​នោះ​ជា​មនុស្ស​ធុន​ណា ? សប្បុរស ? ឃោរឃៅ ? ជួរជាតិ ? មាន​ពូជ ? ឥត​ពូជ ? ជា​អាចារ្យ ? ជា​ចោរ ?

មនុស្ស​ដែល​នៅ​ក្នុង​ជំពូក «រាគ​ចរិត» ច្រើន​មាន​លក្ខណៈ​ដូច​ត​ទៅ​នេះ ៖

  • កិច្ចការ​ស្អាត មាន​របៀប ត្រឹមត្រង់
  • ម៉ត់ចត់ មិន​ខ្ជីខ្ជា
  • មាន​កាម​តណ្ហា​ច្រើន
  • ធ្វើ​អ្វីៗ​ច្រើន​ថ្នម មិន​ក្ដុងក្ដាំង មិន​ស្ទុះស្ទា

មនុស្ស​ដែល​មាន​ភាព​ជា «ទោស​ចរិត» ច្រើន​មាន​ដំណើរ​ដូច​ត​ទៅ​នេះ ៖

  • ធ្វើ​អ្វីៗ ច្រើន​រម៉ាំងរម៉ោក ក្ដុងក្ដាំង មិន​ចេះ​ស្ងាត់
  • ឆាប់​ខឹង មិន​ងាយ​ត្រូវ​ចិត្ត មិន​ងាយ​ផ្គាប់
  • សម្ដី​ច្រើន​ថ្លោស មិន​សូវ​ចេះ​ឈឺ​ឆ្អាល​យក​អាសា​អ្នក​ណា​ឡើយ

ឯ​មនុស្ស​ដែល​ជា «មោហ​ចរិត» ជា​មនុស្ស​មាន​លក្ខណៈ​ដូច​ខាងក្រោម​នេះ ៖

  • មិន​សូវ​មាន​របៀប​រៀប​រយ​ក្នុង​កិច្ចការ​ទូទៅ
  • ភ្លេច​ច្រើន
  • ធ្វើ​អ្វីៗ​ច្រើន​មិន​ដាច់​ស្រេច ឡប់ឡែ​ច្រើន
  • មិន​សូវ​ស្រើប​ស្រាល​ក្នុង​កាម​តណ្ហា​ប៉ុន្មាន​ទេ
  • ស្លៀក​ពាក់​ច្រើន​មិន​សូវ​សម

នេះ​ជា​សេចក្ដី​សង្ខេប​ស្ដីពី​ចរិត​ធំៗ​ទាំង​បី​របស់​មនុស្ស ។ គ្រូទាយ​ច្រើន​ជា​មនុស្ស​ដែល​យល់​អំពី​ចរិត​ទាំង​បី​នេះ​យ៉ាង​ស្ទាត់​ជំនាញ គឺ​ថា​គ្រាន់​តែ​ឃើញ និង​ឮ​សម្ដី​អ្នក​ណា​ម្នាក់ គេ​អាច​ដឹង​ភ្លាម​ថា តើ​អ្នក​នោះ​ប្រកប​ដោយ​ចរិត​ណា រួច​ហើយ​គេ​ទាយ​ទៅ​តាម​នោះ​… មិន​សូវ​ខុស​ឡើយ ។

«ភូត​នៅ​ហោរ» មាន​ន័យ​ថា ទំនាយ​ដែល​ហោរ​បាន​និយាយ​ទាំង​ប៉ុន្មាន​នោះ ភាគ​ច្រើន​ជា​សម្ដី​មិន​ពិត (ភូត) ជា​សម្ដី​ស្មាន ជា​សម្ដី​ផ្សែផ្សំ​ទៅ​តាម​លំនាំ​ដែល​គេ​បាន​ដឹង​ខ្លះ​មក​ហើយ ដើម្បី​ឲ្យ​អ្នក​ស្ដាប់​ស្ងើច​សរសើរ​ថា «ឆុត​ណាស់» ។

តាម​ការ​ពិត មនុស្ស​ម្នាក់ៗ​រស់​នៅ​ក្នុង​អវិជ្ជា គ្មាន​អ្នកណា​អាច​ដឹង​បាន​ថា តើ​នឹង​មាន​រឿង​អាក្រក់​ល្អ​កើត​ឡើង​ដល់​យើង​នៅ​ថ្ងៃ​ស្អែក​… សប្ដាហ៍​ក្រោយ ខែ​ក្រោយ​… ឆ្នាំ​ក្រោយ ។ល។ នោះ​បាន​ទេ ៕

ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ឃ្លាំង​គំនិត. Bookmark the permalink.

Leave a comment