ឧបករណ៍​ភ្លេង រនាត​ថោង និង​រនាតដែក

រនាត​ថោង
រនាត​ថោង និង​រនាត​ដែក គឺ​ជា​រនាត​ដែល​មាន​ផ្លែ​សំនៀង​២១​ដូច​គ្នា ស្នូក​មាន​រាង​ដូច​គ្នា​សុទ្ធ​សាធ​ផ្លែ​សំនៀង​នីមួយៗ ក៏​មានសូរ​ដូច​គ្នា​ដែរ ប៉ុន្តែ​ហៅ​ថា រនាត​ថោង មក​ពី​រនាត​នេះ​មាន​ផ្លែ​សំនៀង​ធ្វើ​អំពី​លង្ហិន ​មាន​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​ ស្រដៀង​នឹង​ពណ៌​មាស រី​ឯ​រនាត​ដែក គឺ​ជា​រនាត​ដែល​មាន​ផ្លែ​សំនៀង​ធ្វើ​អំពី​ដែក​សុទ្ធ​មាន​ពណ៌​ខ្មៅ​ស្រអាប់ ។

​រនាតដែក
តាម​ដឹង​តៗ​គ្នា​មក​ថា កាល​ពី​សម័យ​ដើម​មាន​តែ​រនាត​ថោង​មួយ​បែប​ទេ​ដែល​ប្រើ​ប្រាស់​ជា​ទូទៅ​ ប៉ុន្តែ​ក្រោយ​មក​ដោយ​សារ​ការ​ធ្វើ​ផ្លែ​រនាត​ថោង​ពិបាក​ពេក គេ​ក៏​ប្តូរ​ផ្លែ​សំនៀង​ពី​លង្ហិន​មក​ផ្លែ​សំនៀង​ធ្វើ​​អំពី​ដែក​ដែល​ងាយ​រក​​ងាយ​ធ្វើ​ជាង ។ រនាត​ទាំ​ងពីរ​នេះ​ប្រើ​មួយ​ណា​ក៏​បាន ប៉ុន្តែ​​គេ​មិន​ដែល​យក​ទាំង​​ពីរ​ទៅ​ប្រើ​នៅ​ពេល​ជា​មួយ​គ្នា​នោះ​ឡើយ ។ តាម​ធម្មតា​ គេ​ច្រើន​​ឃើញ​រនាត​ថោង​ប្រើ​ប្រាស់​នៅ​ក្នុង​វង់​ភ្លេង​ព្រះ​រាជទ្រព្យ រី​ឯ​រនាត​ដែក​ច្រើន​តែ​ប្រើ​ប្រាស់​នៅ​ក្នុង​វង់​ភ្លេង​​ពិណពាទ្យ​ក្រៅ​វាំង ឬ​តាម​វត្ត​អារាម​នានា ។

រនាត​បែប​នេះ​មាន​ស្នូក​ត្រង់​មិន​ង​ដូច​ស្នូក​រនាត​ឯក​ឡើយ មាន​ប្រវែង​បណ្តោយ​១.០០​ម និង​ទទឹង​០.២០​ម ​ធ្វើ​អំពី​ឈើ​ខ្លឹម​រឹង ។

ផ្លែ​សំនៀង​ទាំង​២១ មិន​បិទ​ដុំ​ប្រមរ​សម្រាប់​រឹត​សំនៀង​ឡើយ គឺ​គេ​បាន​​ស្ល​ចាក់ ដំ​ ផែ ឱ្យ​ត្រូវ​ចំ​សំនៀង​នៃ​ផ្លែ​នីមួយៗ​នោះ​ស្រេច​តែ​ម្តង ។ ផ្លែ​រនាត​នេះ​មិន​ចោះ​រន្ធ​ស៊ក​ខ្សែ​ទេ គឺ​គេ​យក​ផ្លែ​ទាំង​នោះ​ទៅ​តម្រៀប​តាម​​លំដាប់​​លំដោយ​នៃ​ផ្លែ​ជា​ជួរ​តាម​បណ្តោយ​ស្នូក ប៉ុន្តែ​នៅ​ពេល​ណា​ដែល​គេ​ឈប់​លេង​ គេ​រើ​ផ្លែ​ទាំង​នោះ​ចេញ​យ៉ាង​ស្រួល ទុក​ដាក់​ទៅ​ក្នុង​ស្នូក ឬ​ក្នុង​ប្រអប់ ថង់​ណា​មួយ​វិញ ។ ផ្លែ​សំនៀង​របស់​រនាត​នេះ​មាន​សំនៀង​ខ្លាំង ហើយ​យោល​បាន​ឆ្ងាយ​ស្រដៀង​គ្នា​ទៅ​នឹង​ផ្លែ​សំនៀង​គង​វង់​ដែរ ។

នៅ​ពេល​លេង​ម្ដងៗ គេ​យក​អន្លូង​មាន​មេលំ​រឹង​ធ្វើ​ដោយ​ស្បែក​ក្របី ឬ​ស្បែក​ដំរី​មក​គោះ ។​ របៀប​ប្រើ​អន្លូង​ទាំង​ពីរ ក៏​ដូច​ជា​នឹង​របៀប​ប្រើ​អន្លូង​របស់​រនាត​ឯក​សុទ្ធ​សាធ​ដែរ គឺ​គោះ​ស្មើៗ​គ្នា​ទៅ​លើ​សំនៀង​គូៗ ។ រនាត​ថោង ឬ​រនាត​ដែក​មាន​ដំណើរ​សាច់​បទ​ដូច​រនាត​ឯក​សុទ្ធ​សាធ។ អ្នក​ដែល​ពូកែ​លេង​រនាត​ឯក​ក៏​ជា​អ្នក​ពូកែ​លេង​រនាត​ថោង ឬ​រនាត​ដែក​ដែរ ។ ឧបករណ៍​រនាត​ថោង​មាន​ចំណាស់​ច្រើន​សតវត្ស​មក​ហើយ ។

បើ​តាម​ប្រសាសន៍​ឃុន មាស ឌី​ ក្នុង​ឆ្នាំ​១៩៦៥​ថា ជី​តា​របស់​លោក​បាន​ប្រាប់​ថា រនាត​ថោង​យើង​នេះ​ធ្វើ​ត្រាប់​តាម​រនាត​ឥណ្ឌូណេស៊ី នៅ​ហ្សាវ៉ា ឈ្មោះ Gendér តាំង​ពី​ខ្មែរ​យើង​បាន​​ទទួល​ឥទ្ធិពល​វប្បធម៌​របស់​ហ្សាវ៉ា (Java) ក្នុង​រជ្ជ​កាល​ព្រះ​បាទជ័យវរ្ម័ន​ទី​២ ក្នុង​ចុងឆ្នាំ​នៃ​សតវត្ស​ទី​៨​ ក្នុង​ពេល​ដែល​ស្តេច​បាន​និរទេស​ទៅ Java ហើយ​បាន​ត្រលប់​មក​សោយរាជ្យ​នៅ​ស្រុក​ខ្មែរ​វិញ​ ដោយ​នាំ​មក​ជា​មួយ​នូវ​វប្បធម៌ Java មួយ​ចំនួន​ដូច​ជា​មាន​ឆ្លាក់​ទៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ មាន​ក្បួន​ហែ​របស់​តន្ត្រីករ​ច្រើន​ក្រុម​ជាមួយ​នឹង​ឧបករណ៍​របស់​ខ្លួន ប៉ុន្តែ​រនាត​ថោង​ខ្មែរ​បាន​ច្នៃ​រូប​រាង​ខុស​ពី​លំនាំ​ដើម Gendér ហើយ ៕

ដកស្រង់​ពី​សារព័ត៌មាន​កោះសន្តិភាព ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១០

 

​រនាតដែក​រនាតដែក

 

ឧបករណ៍​ភ្លេង​ប្រពៃណី​ខ្មែរ​ដទៃទៀត

 

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in អរិយធម៌​ខ្មែរ. Bookmark the permalink.

Leave a comment