បច្ចេកសព្ទ​ខ្នាត​រង្វាល់​ខ្មែរ

ស្រាក់ (ន.) ខ្នាត​ឯកតា​ខ្មែរ​ពី​បុរាណ​ដែល​ដាក់​អ្វីៗ​តម្រួត​លើ​គ្នា ហើយ​ចង​រុំ​ឲ្យ​នៅ​ក្នុង​ដុំ​តែ​មួយ ដូចជា​ស្ករផែន​ឬ​ចាន ជាដើម ។ ចំពោះ​ស្រាក់​ស្ករផែន គេ​ខ្ចប់​ចង​រុំ​ដោយ​ស្លឹក​ត្នោត មាន ១០​ផែន ឬ​២០​ផែន ឬ​ក៏​ច្រើន​ជាង​នេះ ហៅ​មួយ​ស្រាក់ ។ រីឯ​ចាន​វិញ គេ​ចង​រុំ​ចំនួន ១០ ឬ​ចំនួន ១២ ហៅ​មួយ​ស្រាក់​ដែរ ។ ឧ. ស្ករ​ផែន​ពីរ​ស្រាក់ ចាន​បី​ស្រាក់ ។

បំពង់ (ន.) (បំពង់​ឫស្សី) 1. ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ ធ្វើ​ពី​បំពង់​ឫស្សី​ស្រុក ប្រើ​សម្រាប់​វាល់​ទឹកត្នោត ដែល​មាន​ចំណុះ​រវាង ២​លីត្រ ទៅ ៣​លីត្រ ។ ឧ. ទឹក​ត្នោត​ពីរ​បំពង់ ។ 2. ប្រដាប់​ឬ​ឧបករណ៍​ធ្វើ​ពី​បំពង់​ឫស្សី ប្រើ​សម្រាប់​វាល់​វត្ថុ​រាវ ដូចជា ទឹកត្នោត ជាដើម ។

កញ្ជើ (ន.) ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ សម្រាប់​វាល់​គ្រាប់​ធញ្ញជាតិ វត្ថុ​ល្អិតៗ ជាដើម ដែល​ត្បាញ​ដោយ​បន្ទះ​ឫស្សី ខាងលើ​មាន​រាង​មូល ហៅ​ថា មាត់​ក្ដាប់ និង​បន្ទោះ​ផ្ដៅ​ខាងក្រោម​រាប ហៅ​ថា បាត ។ ឧ. អង្ករ​មួយ​កញ្ជើ ។

ល្អី (ន.) ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ ដូច​កញ្ជើ​ដែរ តែ​មាន​រាង​ស្មើ​លើ​ស្មើ​ក្រោម សម្រាប់​វាល់​គ្រាប់​ធញ្ញជាតិ វត្ថុ​ល្អិតៗ ជាដើម ។ ឧ. ស្រូវ​មួយ​ល្អី ។

កន្តាំង (ន.) ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ (មាន​រាង​ដូច​ល្អី) សម្រាប់​វាល់​គ្រាប់​ធញ្ញជាតិ មាន​ស្រូវ​អង្ករ​ជាដើម ជា​រង្វាល់​អនុភាគ ដែល​មាន​ចំណុះ​ពីរ​ភាគ​ឬ​បី​ភាគ ឬ​ក៏​បួន​ភាគ​នៃ​តៅ ។ អ្នក​ខ្លះ​ហៅ​ថា ខ្ញឹង ។ ឧ. ស្រូវ​បី​កន្តាំង ។

តក់ (ន.) ខ្នាត​រង្វាស់​ខ្មែរ​ពី​បុរាណ ធ្វើ​ពី​ត្រឡោក​ដូង​តក់ ឬ​ដូង​ក្ដៀប ឬ​ក៏​ដូង​ស្ដ មាន​ទំហំ​តូច​ជាង​នាឡិ​បន្តិច ប្រើ​សម្រាប់​វាល់​អង្ករ ។ ជួនកាល​គេ​ហៅ នាឡិ​តូច​ក៏​បាន ។ ឧ. អង្ករ​បី​តក់ ។

កម្បង់ (ន.) ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ ប្រើ​បាត​ដៃ​ទាំង​ពីរ​ផ្គុំ​គ្នា​ហើយ​ផ្ងារ ធ្វើ​ឲ្យ​ដក់​បន្តិច សម្រាប់​ក្បង់​គ្រាប់​ធញ្ញជាតិ​តូចៗ ឬ​វត្ថុ​អ្វី​មាន​ទំហំ​តូច​ល្អិតៗ ឬ​ក៏​ម៉ដ្ឋៗ ដាក់​ពេញ​ថ្នក់​បាត​ដៃ​ទាំង​ពីរ​នោះ ។ ឧ. អង្ករ​ពីរ​កម្បង់ ។

ទូកដៃ (ន.) ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ ប្រើ​បាតដៃ​ម្ខាង​ដាក់​ផ្ងារ​ធ្វើ​ឲ្យ​ដក់​បន្តិច សម្រាប់​ចូក​វាល់​គ្រាប់​ធញ្ញជាតិ​តូចៗ ឬ​វត្ថុ​អ្វីៗ​មាន​ទំហំ​តូច​ល្អិតៗ ឬ​ក៏​ម៉ដ្ឋៗ ដាក់​ពេញ​ថ្នក់​បាតដៃ​នោះ ។ ឧ. គ្រាប់​ល្ង​មួយ​ទូកដៃ ។

ក្ដាប់ (ន.) ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ ប្រើ​ម្រាម​ដៃ​ម្ខាង​រួប​ក្រសោប​បិទ សម្រាប់​ចាប់​គ្រាប់​ធញ្ញជាតិ​តូចៗ ឬ​វត្ថុ​អ្វីៗ​មាន​ទំហំ​តូច​ល្អិតៗ ឬ​ក៏​ម៉ដ្ឋៗ ។ ឧ. អង្ករ​មួយ​ក្ដាប់ ។

ចឹប (ន.) ខ្នាត​រង្វាន់​ខ្មែរ​ពី​បុរាណ ប្រើ​ចុង​ម្រាមដៃ​ម្ខាង​រួបប្រួម​ផ្គុំ​គ្នា ច្បិច​គ្រាប់​ធញ្ញជាតិ​តូចៗ ឬ​វត្ថុ​អ្វីៗ​មាន​ទំហំ​តូច​ល្អិតៗ ឬ ក៏​ម៉ដ្ឋៗ ។ ឧ. អំបិល​មួយ​ចឹប ។

លី (ន.) ខ្នាត​ខ្មែរ​ពី​បុរាណ ដែល​មាន​ទម្ងន់ ១/១០​ហ៊ុន ប្រមាណ ០,០៣៧៥​ក្រាម ។ ឧ. មាស​បី​លី ។

តយ (ន.) ប្រដាប់​ឬ​ឧបករណ៍​ធ្វើ​ពី​បំពង់​ឫស្សី ប្រើ​សម្រាប់​វាល់​វត្ថុ​រាវ ហើយ​ដែល​មាន​ចំណុះ ១/៤​លីត្រ ឬ ១/២​លីត្រ ។ ឧ. ទឹក​ត្នោត​ជូរ​ឬ​ផ្អែម​ពីរ​តយ ។

ដកស្រង់​ព្រឺត្តិបត្រ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ លេខ​៥ ឆ្នាំ​២០១៣

 

ភ្ជាប់​ជាមួយ​គ្នា​នេះ សូម​ជូន​រង្វាស់រង្វាល់​របស់​ខ្មែរ ចងក្រង​ដោយ «ភូមិកាព្យ»

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in ចំណេះ​ធ្វើ, វាក្យសព្ទខ្មែរ, អរិយធម៌​ខ្មែរ and tagged , , , , , , , , , , , , . Bookmark the permalink.

3 Responses to បច្ចេកសព្ទ​ខ្នាត​រង្វាល់​ខ្មែរ

  1. Dynasty Ou says:

    ជំរាបសួរបងម្ចាស់គេហទំព័រឈូកខ្មែរ សុំឆ្លើយតបខ្ញុំវិញផង។

  2. Hmm! សូម​ទោស​ផង មួយ​រយៈ​នេះ ខ្ញុំ​មមាញឹក​បន្តិច ។ ម្យ៉ាងទៀត គ្មាន​សំណួរ ឬ​សំណើ​ផង មិន​ដឹង​ជា​ឆ្លើយ​ថា​ដូច​ម្ដេច ?

  3. mkr says:

    Reblogged this on អក្ខរាវិរុទ្ធ​ភាសាខ្មែរ and commented:
    គួរតែ​ដឹង

Leave a comment