ប្រវតិ្ត «គងរីង»

គង​រីង

ពាក្យ​ «គង​រីង» គឺជា​ពាក្យ​ដើម​របស់​ជនជាតិ​ព្នង ដែល​រស់នៅ​ក្នុង​ខេត្ដ​មណ្ឌលគិរី ក្នុង​ឃុំ​ប៊ូទយ ។ តាម​ប្រសាសន៍​របស់​លោកតា​ បូត ខាំ ហៅ​ក្អាត់ ជា​ជនជាតិ​ព្នង​ថា «គង​រីង​មាន​ន័យ​ថា​ភ្លេង​កេះ» ។ ឧបករណ៍​នេះ​មិន​ប្រើ​ប្រាស់​នៅ​ក្នុង​វង់ភ្លេង​ណា​ឡើយ គឺ​សម្រាប់​កេះ​ស្ដាប់​កំសាន្ដ​ក្នុង​ពេល​អផ្សុក ក្នុង​ពេល​មាន​ទុក្ខព្រួយ​ បន់ស្រន់ ឬ​ថ្វាយ​អ្នកតា អ្នក​កេះ​គង​រីង​កេះ​ផង​ច្រៀង​ផង ។

គង​រីង

នៅ​ពាក់​កណ្ដាល​ឆ្នាំ​១៩៦៥ ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ​ផ្នែក​តន្ដ្រី​បុរាណ រួម​ជាមួយ​ក្រុមរបាំ​ប្រពៃណី​ដឹកនាំ​ដោយ​លោក​សាស្ដ្រាចារ្យ ឆេង ផុន បាន​ចុះ​ទៅ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​តន្ដ្រី និង​របាំ​នៅ​តំបន់​ខាងលើ​នេះ ។ នៅ​ទីនោះ​ពួកគេ​បាន​សិក្សា និង​បាន​ទិញ​ឧបករណ៍​គង​រីង​នេះ​ពី​ជនជាតិ​ព្នង​ផ្ទាល់ ថែម​ទាំង​បាន​យក​ឧបករណ៍​នោះ​មក​ទុក​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​ សិល្បៈ​ទៀត​ផង ។ ឧបករណ៍​នេះ​មាន​២​បែប១​បែប​មាន​ខ្សែ​សំនៀង​ធ្វើ​អំពី​សរសៃ​សម្បក​ឫស្សី ១​បែប​ទៀត​ធ្វើ​អំពី​សរសៃ​លោហធាតុ (ហ្វ្រាំ​កង់) ។

គង​រីង​ដែល​ប្រើ​សរសៃ​សម្បក​ឫស្សី​ជា​ខ្សែ​សំនៀង គឺជា​គង​រីង​ដើម​ដែល​ធ្វើ​ឡើង​ដោយ​មាន​បំពង់​សំនៀង​ធ្វើ​អំពី​បំពង់​ឫស្សី​ មួយ សាច់​មាន​ថ្នាំង​សងខាង ។ ខ្សែ​សំនៀង​ធ្វើ​ឡើង​ដោយ​យក​ចុង​កាំបិត​ស្រួច​ឆ្កឹះ​សម្បក​ឫស្សី​ពី​បំពង់​ សំនៀង​ឱ្យ​មាន​សរសៃ​ឆ្មារៗ​ចំនួន​៧ រាយ​ចន្លោះ​ស្មើគ្នា​ជុំវិញ​បំពង់​នោះ ។ នៅ​ចុង​បំពង់​សងខាង​គេ​យក​ចម្រៀក​ផ្ដៅ​មក​រុំ​យ៉ាង​ជាប់ ដើម្បី​ទប់​កុំ​ឱ្យ​សរសៃ​សំនៀង​ទាំង​នោះ​រហែក​បាន ។ គេ​យក​កំណល់​តូចៗ​មក​កល់​ខ្សែ​សំនៀង​ចុង​ដើម​ឱ្យ​ហើប​ផុត​ពី​បំពង់ និង​សម្រាប់​រាវ​រក​សំនៀង​ត្រូវ​របស់​ខ្សែ​នីមួយៗ ។ នៅ​ចន្លោះ​ខ្សែ​នីមួយៗ​មាន​ចោះ​ប្រហោង​តូច​វែង​សម្រាប់​ឱ្យ​សំនៀង​លាន់ ឮ​ចេញ​មក​ក្រៅ ។

ចំណែកឯ​គង​រីង​ដែល​ប្រើ​សរសៃ​លោហធាតុ​មាន ​បំពង់​សំនៀង​ដូច​គ្នា​នឹង​គង​រីង​ដែលប្រើ​សរសៃ​សម្បក​ឫស្សី​ដែរ ។ នៅ​ចុង​បំពង់​ម្ខាង​គេ​ចោះ​រន្ធ​តូចៗ​ចំនួន​១៣ ដើម្បី​ស៊ក​ខ្សែ​ចង​ភ្ជាប់​នឹង​បំពង់​នៅ​ចុង​ម្ខាង​ទៀត មាន​ព្រលួត​តូចៗ​ប៉ុន​ចង្កឹះ​សម្រាប់​រឹត​ខ្សែ​សំនៀង និង​មាន​កំណល់​តូច​សម្រាប់​កល់​ខ្សែ​សំនៀង​ឱ្យ​ហើប​ពី​បំពង់​ព្រមទាំង​មាន​ ប្រហោង​មូល​តូចៗ​ជា​ច្រើន​តាម​ចន្លោះ​ខ្សែ​ចោះ​សម្រាប់​ឱ្យ​សំនៀង​លាន់​ចេញ​ មក​ក្រៅ ។

នៅ​ពេល​កេះ​ម្ដង​ៗ គេ​យក​បំពង់​សំនៀង​មក​ទល់​នឹង​ពោះ ហើយ​ប្រើ​ម្រាមដៃ​ទាំងអស់​សម្រាប់​កេះ​ខ្សែ ប៉ុន្ដែ​បើ​អង្គុយ​កេះ​វិញ គេ​ត្រូវ​ដាក់​បំពង់​សំនៀង​ផ្ដេក​ត្រង់​ទៅ​មុខ ដោយ​កម្លាំង​ទាំង​ពីរ ឬ​យក​ខ្នងជើង​ម្ខាង​មក​ជួយ​ទល់​ទ្រ​ផង​ដែរ ៕

សារព័ត៌មាន​កោះសន្តិភាព ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០១០

 

ឧបករណ៍​ភ្លេង​ប្រពៃណី​ខ្មែរ​ដទៃទៀត

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in អរិយធម៌​ខ្មែរ. Bookmark the permalink.

Leave a comment